អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន

គ្រប់អំពើ និងសកម្មភាពរបស់អ្នករាល់គ្នានៅក្នុងជីវិត បង្ហាញថា អ្នករាល់គ្នាត្រូវការទទួលយកព្រះបន្ទូលមួយចំនួនរបស់ខ្ញុំរាល់ថ្ងៃ ដើម្បីបំពេញអ្នករាល់គ្នាឡើងវិញ ដ្បិតអ្នករាល់គ្នាខ្វះខាតខ្លាំងណាស់ ហើយចំណេះដឹង និងសមត្ថភាពទទួលយករបស់អ្នករាល់គ្នា មានតិចតួចណាស់។ នៅក្នុងជីវិតប្រចាំថ្ងៃ អ្នករាល់គ្នារស់នៅក្នុងបរិយាកាស និងបរិស្ថានដែលគ្មានការពិត ឬបញ្ញាញាណល្អ។ អ្នករាល់គ្នាខ្វះដើមទុនក្នុងការរស់រាន ហើយគ្មានគ្រឹះក្នុងការស្គាល់ខ្ញុំ ឬការពិតទេ។ ជំនឿរបស់អ្នករាល់គ្នាត្រូវបានបង្កើតឡើងនៅលើភាពទទេសូន្យ មានតែជំនឿមិនច្បាស់លាស់ និងអរូបី ឬជាចំណេះដឹងបែបមានះខ្លាំង ហើយជាពិធីសាសនាផង។ ជារៀងរាល់ថ្ងៃ ខ្ញុំសង្កេតមើលចលនារបស់អ្នករាល់គ្នា ដោយពិនិត្យមើលចេតនា និងផលអាក្រក់របស់អ្នករាល់គ្នា ហើយខ្ញុំមិនដែលឃើញមនុស្សណាម្នាក់ដែលពិតជាដាក់ដួងចិត្ត និងវិញ្ញាណរបស់ពួកគេនៅលើអាសនៈដែលមិនចេះប្រែប្រួលរបស់ខ្ញុំសោះ។ ដូច្នេះខ្ញុំមិនចង់ខាតពេលក្នុងការបញ្ចេញព្រះបន្ទូលទាំងអស់ដែលខ្ញុំចង់បង្ហាញដល់មនុស្សជាតិប្រភេទនេះទេ ផែនការតែមួយគត់នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺសម្រាប់កិច្ចការដែលមិនទាន់បញ្ចប់របស់ខ្ញុំ និងសម្រាប់មនុស្សលោកទាំងឡាយណា ដែលខ្ញុំមិនទាន់បានសង្គ្រោះនៅឡើយ។ ដូច្នេះ ខ្ញុំចង់ឱ្យអស់អ្នកដែលដើរតាមខ្ញុំ ទទួលបានសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងសេចក្ដីពិតដែលព្រះបន្ទូលរបស់ខ្ញុំប្រទានឱ្យមនុស្សលោក។ ខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយ ពេលដែលអ្នកបិទភ្នែក អ្នកនឹងឃើញពិភពមួយដែលមានក្លិនក្រអូបពេញខ្យល់ និងមានអូរទឹករស់ហូរ មិនមែនជាពិភពអាប់អួ ឬសោះកក្រោះ និងជាកន្លែងដែលពពកខ្មៅបាំងជិតផ្ទៃមេឃ និងមានសំឡេងស្រែកថ្ងូររមិនចេះឈប់នោះឡើយ។

ជារៀងរាល់ថ្ងៃ អំពើ និងគំនិតរបស់មនុស្សម្នាក់ៗ ត្រូវបានទតឃើញដោយព្រះនេត្យរបស់ព្រះដ៏ពិតតែមួយអង្គ ហើយក៏ជាការត្រៀមសម្រាប់ថ្ងៃស្អែកផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងពេលជាមួយគ្នានេះដែរ។ នេះគឺជាផ្លូវដែលត្រូវតែដើរដោយអស់អ្នកដែលកំពុងរស់នៅ វាគឺជាផ្លូវដែលខ្ញុំបានកំណត់ទុកមុនសម្រាប់គ្រប់គ្នា ហើយគ្មាននរណាម្នាក់អាចគេចផុត ឬត្រូវបានលើកលែងឡើយ។ ព្រះបន្ទូលដែលខ្ញុំបានថ្លែង គ្មានចំនួនកំណត់ទេ ហើយលើសពីនេះទៅទៀត កិច្ចការដែលខ្ញុំធ្វើ គឺមិនអាចវាស់ស្ទង់បានទេ។ តាមធម្មតា រៀងរាល់ថ្ងៃខ្ញុំទតមើលមនុស្សម្នាក់ៗអនុវត្តការងារទាំងអស់ដែលពួកគេធ្វើ អាស្រ័យតាមចរិតកំណើតរបស់ពួកគេ និងការវិវឌ្ឍនៃធម្មជាតិរបស់ពួកគេ។ មនុស្សជាច្រើន បានស្ថិតនៅលើ «ផ្លូវត្រូវ» ដែលខ្ញុំបានកំណត់ ដើម្បីពន្យល់ពីជំពូកមនុស្សខុសៗគ្នា ដោយមិនដឹងខ្លួន។ មនុស្សជំពូកខុសៗគ្នាទាំងនេះ ខ្ញុំបានដាក់ពួកគេនៅក្នុងបរិស្ថានខុសគ្នា តាំងពីយូរមកហើយ ហើយម្នាក់ៗបានបង្ហាញលក្ខណៈពីកំណើតរបស់គេ តាមកន្លែងរៀងៗខ្លួនរបស់គេដែរ។ គ្មានអ្នកណាចងពួកគេទេ ហើយក៏គ្មានអ្នកណាបោកបញ្ឆោតពួកគេដែរ។ ពួកគេមានសេរីភាពពេញលេញទាំងស្រុង ហើយកិរិយាដែលពួកគេស្ដែងចេញ គឺចេញមកតាមលក្ខណៈធម្មជាតិ។ មានតែវត្ថុមួយប៉ុណ្ណោះដែលរក្សាពួកគេឱ្យស្ថិតក្នុងការត្រួតពិនិត្យគឺ៖ ព្រះបន្ទូលរបស់ខ្ញុំ។ ដូច្នេះ មនុស្សមួយចំនួនពិតជាបានអានព្រះបន្ទូលរបស់ខ្ញុំទាំងមិនពេញចិត្ត ទាំងមិនដែលអនុវត្តតាមព្រះបន្ទូលខ្ញុំឡើយ តែគេធ្វើដូច្នោះដើម្បីចៀសវាងពីសេចក្ដីស្លាប់ប៉ុណ្ណោះ ទន្ទឹមនឹងនេះ អ្នកផ្សេងទៀតពិបាកទ្រាំរស់ណាស់ បើថ្ងៃណាគ្មានព្រះបន្ទូលរបស់ខ្ញុំមកណែនាំ និងផ្គត់ផ្គង់ពួកគេទេ ដូច្នេះហើយ ពួកគេជាធម្មតាកាន់តាមព្រះបន្ទូលរបស់ខ្ញុំគ្រប់ពេលវេលា។ ពេលវេលាចេះតែកន្លងទៅ ពួកគេរកឃើញអាថ៌កំបាំងនៃជីវិតមនុស្ស ទិសដៅរបស់មនុស្សលោក និងតម្លៃជីវិតជាមនុស្ស។ នេះគ្រាន់តែជាសភាពដែលមនុស្សជាតិ ស្ថិតក្នុងវត្តមាននៃព្រះបន្ទូលរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែអនុញ្ញាតឱ្យរឿងរ៉ាវកើតឡើងតាមដំណើររបស់ពួកវា។ ខ្ញុំមិនធ្វើកិច្ចការណាមួយដែលបង្ខំមនុស្សឱ្យយកព្រះបន្ទូលរបស់ខ្ញុំធ្វើជាគ្រឹះនៃអត្ថិភាពរបស់ពួកគេនោះទេ។ ដូច្នេះ មនុស្សដែលមិនធ្លាប់មានមនសិការ និងដែលអត្ថិភាពរបស់ពួកគេ មិនធ្លាប់មានគុណតម្លៃអ្វីសោះ ហ៊ានបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅម្ខាង ហើយធ្វើតាមចំណង់របស់ពួកគេ ក្រោយពេលអង្កេតមើលរឿងរ៉ាវកើតឡើងយ៉ាងស្ងៀមស្ងាត់។ ពួកគេចាប់ផ្ដើមធុញទ្រាន់នឹងសេចក្ដីពិត និងគ្រប់យ៉ាងដែលចេញមកពីខ្ញុំ។ លើសពីនេះទៅទៀត ពួកគេធុញទ្រាន់នឹងការស្នាក់នៅក្នុងដំណាក់របស់ខ្ញុំ។ មនុស្សទាំងនេះ ស្នាក់នៅក្នុងដំណាក់របស់ខ្ញុំមួយរយៈ សម្រាប់ជាប្រយោជន៍ដល់គោលដៅរបស់ពួកគេ និងដើម្បីរួចផុតពីការដាក់ទណ្ឌកម្ម ទោះបីជាពួកគេកំពុងបម្រើព័ន្ធកិច្ចក៏ដោយ។ ដោយឡែក ចេតនា និងសកម្មភាពរបស់ពួកគេ មិនដែលផ្លាស់ប្តូរឡើយ។ ទង្វើនេះបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេចំពោះព្រះពរ និងបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការចូលទៅនគរព្រះតែមួយដង ហើយស្ថិតនៅទីនោះជារៀងរហូតតទៅ ទាំងចូលក្នុងស្ថានសួគ៌ដ៏អស់កល្ប។ កាលណាពួកគេរឹតតែចង់ឱ្យថ្ងៃរបស់ខ្ញុំឆាប់មកដល់ ពួកគេកាន់តែមានអារម្មណ៍ថា សេចក្ដីពិតក្លាយជាឧបសគ្គ ជាថ្មជំពប់ដល់ផ្លូវរបស់ពួកគេ។ ពួកគេស្ទើរតែមិនអាចរង់ចាំឈានជើងចូលក្នុងនគរព្រះ ដើម្បីទទួលបានព្រះពរពីនគរស្ថានសួគ៌ជារៀងរហូត ដោយមិនចាំបាច់តាមរកសេចក្ដីពិត ឬទទួលយកការជំនុំជម្រះ និងការដាក់ទោសអ្វីទាំងអស់ ហើយសំខាន់ជាងគេ គឺមិនចាំបាច់លុតក្រាបនៅក្នុងដំណាក់ខ្ញុំ និងធ្វើតាមខ្ញុំបញ្ជា។ មនុស្សទាំងនេះចូលក្នុងដំណាក់ខ្ញុំ មិនមែនដើម្បីបំពេញសេចក្ដីប្រាថ្នារបស់គេ ក្នុងការស្វែងរកសេចក្ដីពិត ឬសហការជាមួយការគ្រប់គ្រងរបស់ខ្ញុំទេ គោលបំណងរបស់ពួកគេ គឺគ្រាន់តែឱ្យបានស្ថិតក្នុងចំណោមមនុស្សដែលមិនរងសេចក្ដីវិនាសនៅក្នុងយុគសម័យដែលនឹងមកដល់។ ហេតុដូច្នេះ ដួងចិត្តរបស់ពួកគេមិនដែលស្គាល់អ្វីទៅជាសេចក្ដីពិត ឬធ្វើដូចម្ដេចទើបទទួលបានសេចក្ដីពិតឡើយ។ នេះជាមូលហេតុដែលមនុស្សបែបនេះ មិនដែលអនុវត្តសេចក្ដីពិត ឬដឹងពីជម្រៅនៃសេចក្ដីពុករលួយរបស់ពួកគេ ហើយនៅតែរស់នៅក្នុងដំណាក់របស់ខ្ញុំ ក្នុងនាមជា «អ្នកបម្រើ» រហូត។ ពួកគេរង់ចាំថ្ងៃរបស់ខ្ញុំមកដល់ «ទាំងអត់ធ្មត់» ហើយក៏មិនចេះនឿយហត់ ខណៈពេលដែលពួកគេត្រូវបានរុញទៅរុញមកដោយលក្ខណៈនៃកិច្ចការរបស់ខ្ញុំ។ ប៉ុន្តែមិនថាពួកគេខិតខំប្រឹងប្រែងខ្លាំងយ៉ាងណា ឬពួកគេបង់សងក្នុងតម្លៃណានោះទេ ក៏គ្មាននរណាម្នាក់ធ្លាប់ឃើញពួកគេរងទុក្ខដើម្បីសេចក្ដីពិតទេ ឬក៏ផ្ដល់អ្វីមួយ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំដែរ។ ក្នុងដួងចិត្តរបស់ពួកគេ កំពុងតែរសាប់រសល់ចង់ឃើញថ្ងៃដែលខ្ញុំបញ្ចប់យុគសម័យចាស់ ហើយលើសពីនេះទៅទៀត គេមិនអាចទ្រាំចាំមើលភាពអស្ចារ្យនៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ខ្ញុំឡើយ។ រឿងដែលពួកគេមិនដែលរួសរាន់ធ្វើសោះនោះ គឺការកែខ្លួន និងតាមរកសេចក្តីពិត។ ពួកគេស្រឡាញ់អ្វីៗដែលខ្ញុំធុញទ្រាន់ ប៉ុន្តែពួកគេធុញទ្រាន់នឹងអ្វីៗដែលខ្ញុំស្រឡាញ់។ ពួកគេចង់បានយ៉ាងខ្លាំងនូវអ្វីៗដែលខ្ញុំស្អប់ ហើយពួកគេខ្លាចបាត់បង់អ្វីៗដែលខ្ញុំស្អប់ខ្ពើមខ្លាំង។ ពួកគេរស់នៅក្នុងលោកិយដ៏អាក្រក់នេះ មិនដែលស្អប់ខ្ពើមវា ហើយបែរជាខ្លាចខ្ញុំបំផ្លាញវាចោលយ៉ាងខ្លាំងទៅវិញ។ ក្នុងចេតនាផ្ទុយគ្នារបស់ពួកគេ ពួកគេស្រឡាញ់លោកិយដែលខ្ញុំស្អប់ខ្ពើមនេះ ប៉ុន្តែពួកគេក៏ចង់ឱ្យខ្ញុំបំផ្លាញវាយ៉ាងរួសរាន់ ដើម្បីឱ្យពួកគេអាចរួចជីវិតពីការរងទុក្ខដោយក្ដីអន្តរាយ ហើយក្លាយទៅជាចៅហ្វាយនៃយុគសម័យបន្ទាប់ មុនពេលពួកគេងាកចេញពីផ្លូវពិត។ នេះក៏ព្រោះតែពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយក៏ធុញទ្រាន់នឹងគ្រប់យ៉ាងដែលចេញមកពីខ្ញុំ។ ពួកគេអាចក្លាយជា «មនុស្សដែលស្តាប់បង្គាប់» ក្នុងរយៈពេលខ្លី ដើម្បីកុំឱ្យបាត់បង់ព្រះពរ ប៉ុន្តែភាពអន្ទះសារបស់ពួកគេក្នុងការទទួលបានព្រះពរ ព្រមទាំងការភ័យខ្លាចការវិនាស និងការចូលក្នុងបឹងភ្លើង មិនអាចបិទបាំងបានរហូតនោះទេ។ នៅពេលដែលថ្ងៃរបស់យើលជិតមកដល់ សេចក្ដីប្រាថ្នារបស់ពួកគេ ក៏ដុះដាលខ្លាំងឡើងជាលំដាប់។ ហើយពេលមហន្តរាយកាន់តែខ្លាំង វាកាន់តែធ្វើឱ្យពួកគេគ្មានទីពឹង ទាំងមិនដឹងថា ត្រូវចាប់ផ្ដើមពីកន្លែងណា ដើម្បីធ្វើឱ្យខ្ញុំរីករាយព្រះទ័យ និងចៀសវាងការបាត់បង់ព្រះពរដែលពួកគេចង់បានយ៉ាងខ្លាំងជាយូរមកហើយ។ មនុស្សបែបនេះ ទទូចចង់ធ្វើសកម្មភាពបម្រើការជាទ័ពស្រួច ឱ្យបានទាន់ពេលដែលដៃរបស់ខ្ញុំចាប់ផ្តើមធ្វើការ។ ពួកគេគិតតែពីការកញ្ជ្រោលឡើងទៅជួរមុខបំផុតរបស់កងទ័ព ដោយខ្លាចខ្ញុំមើលមិនឃើញពួកគេយ៉ាងខ្លាំង។ ពួកគេធ្វើ និងនិយាយនូវអ្វីដែលពួកគេគិតថាត្រឹមត្រូវ ដោយមិនដែលដឹងថា អំពើ និងសកម្មភាពរបស់ពួកគេ មិនទាក់ទងនឹងសេចក្ដីពិតទាល់តែសោះ ហើយអំពើរបស់ពួកគេបានត្រឹមតែរំខាន និងបង្អាក់ផែនការរបស់ខ្ញុំប៉ុណ្ណោះ។ ពួកគេប្រហែលជាបានប្រឹងប្រែងយ៉ាងខ្លាំង ហើយអាចជាមានឆន្ទៈ និងចេតនាស្មោះត្រង់ពិតក្នុងការស៊ូទ្រាំនឹងភាពលំបាក ប៉ុន្តែពួកគេមិនបានធ្វើអ្វីសោះដែលទាក់ទងនឹងខ្ញុំ ដ្បិតខ្ញុំមិនដែលឃើញថា អំពើរបស់ពួកគេចេញមកពីចេតនាល្អសោះ ហើយខ្ញុំរឹតតែមិនធ្លាប់ឃើញពួកគេថ្វាយអ្វីមួយនៅលើអាសនៈរបស់ខ្ញុំដែរ។ ទាំងនេះ គឺជាអំពើដែលពួកគេបាន និងកំពុងធ្វើនៅចំពោះមុខខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

កាលពីដើម ខ្ញុំធ្លាប់ចង់ផ្គត់ផ្គង់ដល់អ្នករាល់គ្នានូវសេចក្តីពិតច្រើនជាងនេះ ប៉ុន្តែខ្ញុំត្រូវតែអត់ធ្មត់ មិនផ្ដល់ឱ្យច្រើនទៀតទេ ព្រោះអាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះសេចក្តីពិត គឺសោះកក្រោះ និងតោះតើយពេកហើយ ខ្ញុំមិនចង់ឱ្យការខំប្រឹងប្រែងរបស់ខ្ញុំត្រូវចោលទទេ ហើយខ្ញុំក៏មិនចង់ឃើញមនុស្សដែលកាន់តាមព្រះបន្ទូលរបស់ខ្ញុំ បែរជាធ្វើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងខ្ញុំ បង្ខូចខ្ញុំ និងប្រមាថខ្ញុំដែរ។ ដោយសារតែអាកប្បកិរិយា និងភាពជាមនុស្សរបស់អ្នករាល់គ្នា ទើបខ្ញុំគ្រាន់តែផ្គត់ផ្គង់ដល់អ្នករាល់គ្នានូវចំណែកដ៏តិចតួច និងសំខាន់បំផុតនៃព្រះបន្ទូលរបស់ខ្ញុំ ដែលជាកិច្ចការសាកល្បងរបស់ខ្ញុំក្នុងចំណោមមនុស្សជាតិ សម្រាប់អ្នករាល់គ្នា។ មានតែឥឡូវនេះទេ ដែលខ្ញុំបានបញ្ជាក់យ៉ាងពិតប្រាកដថា ការសម្រេចចិត្ត និងផែនការដែលខ្ញុំបានធ្វើ គឺសក្តិសមនឹងសេចក្តីត្រូវការរបស់អ្នករាល់គ្នា ហើយជាងនេះទៅទៀត អាកប្បកិរិយារបស់ខ្ញុំចំពោះមនុស្សជាតិ គឺជាឥរិយាបថដ៏ត្រឹមត្រូវ។ អាកប្បកិរិយាជាច្រើនឆ្នាំរបស់អ្នករាល់គ្នានៅចំពោះមុខខ្ញុំ បានផ្ដល់ឱ្យខ្ញុំនូវចម្លើយដែលមិនធ្លាប់មានពីមុនមក ហើយសំណួរចំពោះចម្លើយនេះគឺ៖ «តើមនុស្សមានអាកប្បកិរិយាបែបណា នៅចំពោះមុខសេចក្តីពិត និងព្រះដ៏ពិត?» ការប្រឹងប្រែង ដែលខ្ញុំបានបូជាចំពោះមនុស្ស គឺបញ្ជាក់ពីទម្ងន់នៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះមនុស្ស ហើយរាល់សកម្មភាពរបស់មនុស្សនៅចំពោះមុខខ្ញុំ បញ្ជាក់ពីទម្ងន់ នៃការស្អប់ខ្ពើមរបស់ពួកគេចំពោះសេចក្តីពិត ហើយទាស់ទទឹងនឹងខ្ញុំ។ គ្រប់ពេលវេលា ខ្ញុំបារម្ភពីអស់អ្នកដែលដើរតាមខ្ញុំ ប៉ុន្តែគ្មានពេលណាមួយដែលអ្នកដើរតាមខ្ញុំទាំងនោះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំទេ ពួកគេមិនអាចទទួលយកសូម្បីតែការទូន្មានរបស់ខ្ញុំ។ នេះជារឿងដែលធ្វើឱ្យខ្ញុំក្រៀមក្រំបំផុត។ គ្មានអ្នកណាម្នាក់អាចយល់ពីខ្ញុំសោះ ហើយជាងនេះទៅទៀត ក៏គ្មានអ្នកណាម្នាក់អាចទទួលយកខ្ញុំ ទោះបីជាអាកប្បកិរិយាខ្ញុំស្មោះត្រង់ ហើយព្រះបន្ទូលខ្ញុំទន់ភ្លន់ក៏ដោយ។ គ្រប់គ្នាព្យាយាមធ្វើកិច្ចការដែលខ្ញុំបានប្រគល់ឱ្យ តាមគំនិតផ្ទាល់ខ្លួនរបស់គេ ពួកគេមិនស្វះស្វែងរកហឫទ័យរបស់ខ្ញុំឡើយ កុំថាឡើយសួរពីអ្វីដែលខ្ញុំទាមទារពីពួកគេ។ ពួកគេនៅតែអះអាងថា បម្រើខ្ញុំដោយស្មោះត្រង់ ខណៈដែលពួកគេបះបោរប្រឆាំងនឹងខ្ញុំគ្រប់ពេល។ មនុស្សជាច្រើនជឿថា សេចក្តីពិតដែលពួកគេមិនអាចទទួលយក ឬដែលពួកគេមិនអាចអនុវត្តបាន គឺមិនមែនជាសេចក្តីពិតទេ។ ចំពោះមនុស្សបែបនេះ សេចក្តីពិតរបស់ខ្ញុំក្លាយជារបស់ដែលត្រូវបានបដិសេធ និងបោះចោលទៅម្ខាង។ ក្នុងពេលជាមួយគ្នានោះ មនុស្សទទួលស្គាល់ខ្ញុំថាជាព្រះជាម្ចាស់ ត្រឹមតែពាក្យសម្ដី ក៏ជឿថាខ្ញុំជាអ្នកក្រៅ ដែលមិនមែនជាសេចក្តីពិត មិនមែនជាផ្លូវ ឬមិនមែនជាជីវិតផងដែរ។ គ្មានអ្នកណាស្គាល់សេចក្តីពិតនេះទេ៖ ព្រះបន្ទូលរបស់ខ្ញុំ គឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថាមនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែសារជាតិនៃព្រះបន្ទូលទេ ដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឱ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឱ្យពួកវាបង្ហាញថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឱ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឱ្យអស់អ្នកដែលដើរតាមខ្ញុំ ដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០៣

ខាង​ដើម៖ បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)

បន្ទាប់៖ ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ