ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស

ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលកើតមានមនុស្សជាលើកដំបូងមក ព្រះជាម្ចាស់តែងតែបំពេញកិច្ចការរបស់ទ្រង់បែបនេះជានិច្ច ដោយគ្រប់គ្រងលើចក្រវាលទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់របស់សព្វសារពើ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្សកំពុងទទួលបានការចិញ្ចឹមបីបាច់ស្ងាត់ៗ និងមិនដឹងខ្លួន ដោយភាពផ្អែមល្ហែម ទឹកភ្លៀង និងទឹកសន្សើមពីព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ទាំងមិនដឹងខ្លួន មនុស្សរស់នៅក្រោមការចាត់ចែងនៃព្រះហស្ដរបស់ព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ទី ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង។

នៅពេលដែលពេលរាត្រីចូលមកដល់យ៉ាងស្ងៀមស្ងាត់ មនុស្សមិនដឹងខ្លួននោះទេ ព្រោះដួងចិត្តរបស់មនុស្សមិនអាចដឹងថា ពេលរាត្រីចូលមកដល់ដោយរបៀបណា ហើយក៏មិនដឹងថាវាមកដល់នៅពេលណាដែរ។ នៅពេលដែលពេលរាត្រីរសាត់បាត់ទៅដោយស្ងៀមស្ងាត់ មនុស្សក៏ស្វាគមន៍ចំពោះការមកដល់នៃពន្លឺថ្ងៃ ប៉ុន្ដែថាពន្លឺបានមកដល់នៅពេលណា ហើយថាវាបានដេញភាពងងឹតនៃពេលរាត្រីចេញទៅដោយរបៀបណា នោះមនុស្សដឹងតិចតួចណាស់ ហើយក៏មិនសូវដឹងដែរ។ ភាពឆ្លាស់គ្នាដដែលៗនៃពេលថ្ងៃ និងពេលយប់ នាំមនុស្សឆ្លងកាត់ពីរយៈពេលមួយទៅរយៈពេលមួយទៀត ពីបរិបទប្រវត្តិសាស្ដ្រមួយទៅបរិបទប្រវត្តិសាស្ដ្រមួយទៀត ខណៈដែលមានការធានាថា កិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រប់ពេល និងផែនការរបស់ទ្រង់គ្រប់សម័យកាលទាំងអស់ ត្រូវបានអនុវត្ត។ មនុស្សបានដើរឆ្លងកាត់សម័យកាលផ្សេងៗគ្នាទាំងនេះ ដោយដើរតាមព្រះជាម្ចាស់ ប៉ុន្តែគេមិនដឹងថា ព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាពលើវាសនានៃរបស់សព្វសារពើ និងភាវៈរស់ ឬមិនដឹងថា ព្រះជាម្ចាស់ចាត់ចែង និងដឹកនាំរបស់សព្វសារពើដោយរបៀបណាឡើយ។ មនុស្សសម័យបច្ចុប្បន្នមិនយល់ដល់រឿងនេះទេ និងសូម្បីតែមនុស្សនៅសម័យបុរាណកាល ក៏មិនយល់ដល់ផង។ ចំពោះមូលហេតុវិញ វាមិនមែនដោយសារតែការប្រព្រឹត្តរបស់ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងខ្លាំងពេកនោះទេ ហើយក៏មិនមែនដោយសារតែផែនការរបស់ព្រះជាម្ចាស់មិនទាន់សម្រេចនៅឡើយដែរ ប៉ុន្តែគឺដោយសារតែចិត្ត និងវិញ្ញាណរបស់មនុស្ស នៅឆ្ងាយពីព្រះជាម្ចាស់ពេក រហូតដល់ថ្នាក់មនុស្សនៅតែបម្រើសាតាំង ខណៈដែលពួកគេ «ដើរតាមព្រះជាម្ចាស់» ក៏ដោយ ហើយនៅតែមិនដឹងខ្លួនទៀតផង។ គ្មាននរណាម្នាក់សកម្មក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងការលេចមករបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មាននរណាម្នាក់សុខចិត្តរស់នៅក្នុងការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេសុខចិត្តទទួលយកការស៊ីរូងរបស់សាតាំង ដែលជាអារក្សកំណាច ដើម្បីសម្របខ្លួនទៅនឹងពិភពលោកនេះ និងទៅនឹងច្បាប់នៃការរស់នៅដែលមនុស្សជាតិដ៏អាក្រក់នេះអនុវត្តតាម។ នៅត្រង់ចំណុចនេះ ចិត្ត និងវិញ្ញាណរបស់មនុស្ស ក្លាយជាសួយសារអាករដែលមនុស្សថ្វាយទៅសាតាំង និងក្លាយជាចំណីរបស់សាតាំង។ លើសពីនេះទៅទៀត ចិត្ត និងវិញ្ញាណរបស់មនុស្ស ក្លាយជាកន្លែងដែលសាតាំងស្នាក់នៅ ព្រមទាំងជាកន្លែងកម្សាន្ដដ៏ស្របច្បាប់របស់វាផងដែរ។ ដូច្នេះ មនុស្សបាត់បង់ការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍នៃភាពជាមនុស្ស និងគុណតម្លៃ ព្រមទាំងអត្ថន័យនៃជីវិតមនុស្ស ទាំងមិនដឹងខ្លួន។ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងសម្ព័ន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស បានរលាយចេញពីដួងចិត្តរបស់មនុស្សបន្ដិចម្ដងៗ ហើយគេក៏ឈប់ស្វែងរក ឬក៏លែងយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់។ តាមរយៈការឆ្លងកាត់ពេលវេលា មនុស្សលែងយល់ពីមូលហេតុដែលព្រះជាម្ចាស់បានបង្កើតខ្លួនមក ហើយក៏មិនយល់ពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ដែរ។ ដូច្នេះ មនុស្សក៏ចាប់ផ្ដើមប្រឆាំងចំពោះច្បាប់ និងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយដួងចិត្ត និងវិញ្ញាណរបស់គេក៏ប្រែជាស្ពឹកស្រពន់...។ ព្រះជាម្ចាស់បាត់បង់មនុស្សដែលទ្រង់បានបង្កើតពីដំបូងមក ហើយមនុស្សបាត់បង់ឫសគល់ដែលមានពីដើមកំណើតរបស់ខ្លួនមក៖ នេះគឺជាទុក្ខព្រួយនៃពូជមនុស្ស។ តាមពិតទៅ តាំងពីដើមដំបូងមកដល់ពេលនេះ ព្រះជាម្ចាស់បានរៀបចំសោកនាដកម្មមួយសម្រាប់មនុស្សជាតិ ជាសោកនាដកម្មដែលមនុស្សគឺជាអ្នកបង្កហេតុផង និងជាជនរងគ្រោះផង ហើយគ្មាននរណាម្នាក់អាចឆ្លើយបានថា អ្នកដឹកនាំនៃសោកនាដកម្មនេះជានរណាឡើយ។

នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មហាសមុទ្រប្រែក្លាយទៅជាស្រែចម្ការ ហើយស្រែចម្ការប្រែក្លាយទៅជាមហាសមុទ្ររាប់ដងមិនអស់។ ក្រៅពីព្រះអង្គដែលមានអធិបតេយ្យភាពលើអ្វីៗទាំងអស់ក្នុងចំណោមរបស់សព្វសារពើ នោះគឺគ្មាននរណាម្នាក់ដែលអាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាន «នរណាម្នាក់ខ្លាំងពូកែ» ដែលលះបង់កម្លាំងកាយចិត្ត ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ រឹតតែគ្មានអ្នកណាដែលអាចដឹកនាំពូជមនុស្សនេះដើម្បីឆ្ពោះទៅកាន់គោលដៅនៃពន្លឺ និងរំដោះខ្លួនឱ្យរួចពីភាពអយុត្តិធម៌នៅលើពិភពមនុស្សលោកបានឡើយ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ខូចព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកការធ្លាក់ចុះ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតរឿងនេះទេ៖ តើមនុស្សជាតិបែបនេះ ដែលបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំទាំងស្រុង និងបានលះបង់ទ្រង់ទៅស្វែងរកមេកំណាច អាចនឹងឆ្ពោះទៅទីណា? ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងទេថា មូលហេតុដែលព្រះជាម្ចាស់រំលឹក និងដាស់តឿនដល់មនុស្សម្ដងហើយម្ដងទៀត គឺដោយសារទ្រង់បានរៀបចំទុកនៅក្នុងព្រះហស្តរបស់ទ្រង់នូវភយន្តរាយដែលមិនធ្លាប់មានពីមុនមក ជាភយន្តរាយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាន ដែលមិនគ្រាន់តែជាការដាក់ទោសខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការដាក់ទោសដែលសំដៅទៅលើព្រលឹងរបស់មនុស្ស។ អ្នកត្រូវដឹងពីរឿងនេះ៖ តើព្រះជាម្ចាស់នឹងបញ្ចេញសេចក្ដីក្រោធបែបណា នៅពេលផែនការរបស់ទ្រង់បរាជ័យ ហើយនៅពេលការរំលឹក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង? វានឹងក្លាយដូចជារឿងមួយដែលភាវៈដែលព្រះបានបង្កើតណាមួយ មិនធ្លាប់បានជួបប្រទះ ឬមិនធ្លាប់បានដឹងពីមុនមកឡើយ។ ដូច្នេះហើយ ខ្ញុំសូមប្រាប់ថា ភយន្តរាយទាំងនេះគឺមិនធ្លាប់មានពីមុនមកនោះទេ ហើយក៏នឹងមិនដែលកើតឡើងម្ដងទៀតឡើយ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចទទួលដឹងពីចេតនាដ៏ផ្ចិតផ្ចង់ និងការទន្ទឹងរង់ចាំដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិនៅគ្រានេះទេ។

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឱ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្សបានសម្លឹងមើលពិភពលោកខាងសម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឱ្យរស់នៅក្នុងការចាត់តាំងរបស់ទ្រង់ទៅហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឱ្យលូតលាស់រហូតដល់ពេញវ័យ។ ក្នុងអំឡុងពេលនៃដំណើរការនេះ គ្មាននរណាម្នាក់មានអារម្មណ៍ថាមនុស្សធំធាត់ឡើងក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេជឿថា មនុស្សធំធាត់ឡើងក្រោមការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រលាញ់របស់ឪពុកម្ដាយខ្លួន ហើយជឿថាសភាវគតិនៃជីវិតរបស់គេ គឺជាអ្វីដែលជម្រុញដល់ការធំធាត់របស់ពួកគេ។ នេះគឺដោយសារតែមនុស្សមិនស្គាល់អ្នកដែលបានផ្ដល់ជីវិតរបស់ខ្លួនមក ឬមិនដឹងថាជីវិតរបស់ខ្លួនបានមកពីណា ពោលគឺមិនដឹងពីរបៀបដែលសភាវគតិនៃជីវិតបង្កើតការអស្ចារ្យ។ គេដឹងត្រឹមតែថា ចំណីអាហារគឺជាមូលដ្ឋានដែលធ្វើឱ្យជីវិតរបស់គេបន្ដរស់នៅតទៅទៀត និងថាភាពតស៊ូគឺជាប្រភពនៃការរស់នៅរបស់គេ ព្រមទាំងថាជំនឿនៅក្នុងគំនិតរបស់គេ គឺជាដើមទុនដែលការរស់នៅរបស់គេត្រូវពឹងផ្អែកលើ។ មនុស្សភ្លេចទាំងស្រុងនូវព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាគេមិនខ្វល់ពីជីវិតដែលព្រះជាម្ចាស់បានប្រទានដល់គេ...។ គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្ស ដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះ ព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឱ្យមនុស្សវិលត្រលប់មករកទ្រង់វិញ។ គ្មាននរណាម្នាក់ធ្លាប់សម្លឹងមើលទៅអាថ៌កំបាំងដែលគ្រប់គ្រងលើដើមកំណើត និងការបន្ដនៃជីវិតរបស់មនុស្សទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលយល់ពីការទាំងអស់នេះ ហើយទ្រាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះការឈឺចាប់ និងការវាយប្រហារដែលមនុស្សផ្ដល់ឱ្យទ្រង់ គឺជាមនុស្សដែលបានទទួលអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ ប៉ុន្ដែមិនចេះដឹងគុណទ្រង់ឡើយ។ ដូចគ្នាផងដែរ មនុស្សរីករាយចំពោះអ្វីៗដែលកើតមានតាមសភាពធម្មតា ហើយដូចគ្នានេះដែរ វាជា «រឿងធម្មតា» ទេ ដែលព្រះជាម្ចាស់ត្រូវបានមនុស្សក្បត់ បំភ្លេច និងគំរាមកំហែង។ តើវាអាចទេដែលថា ផែនការរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? តើវាអាចទេដែលថា មនុស្សដែលជាសភាវមានជីវិតដែលចេញមកពីព្រះហស្ដរបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់បែបនេះ? ផែនការរបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្ដែសភាវមានជីវិតដែលបានកើតមកដោយសារព្រះហស្ដរបស់ព្រះជាម្ចាស់ រស់នៅសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបោះបង់ផែនការរបស់ទ្រង់ចោល ដោយសារតែសេចក្ដីស្អប់ចំពោះពូជមនុស្សនេះឡើយ។ ព្រះជាម្ចាស់ទ្រាំទទួលទារុណកម្មគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់ និងខ្យល់ដង្ហើមដែលទ្រង់បានផ្លុំចេញមក មិនមែនសម្រាប់ជាប្រយោជន៍ដល់សាច់ឈាមរបស់មនុស្សទេ ប៉ុន្ដែសម្រាប់ជាប្រយោជន៍ដល់ជីវិតរបស់មនុស្សវិញ។ ទ្រង់ធ្វើដូច្នេះដើម្បីយកជីវិតដែលទ្រង់បានផ្លុំចេញ ឱ្យត្រលប់មកវិញ មិនមែនដើម្បីយកសាច់ឈាមរបស់មនុស្សទេ។ នេះគឺជាផែនការរបស់ទ្រង់។

មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ បានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះគឺជាដំណើរជីវិតដែលរៀបចំដោយព្រះជាម្ចាស់សម្រាប់សត្វលោកមានជីវិតនីមួយៗ។ ប៉ុន្តែ ដំណើរ និងវដ្ដទាំងនេះ គឺជាការពិតជាក់ស្ដែងដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សមើលឃើញថា៖ ជីវិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺបន្តឥតដាច់ ហើយមិនត្រូវបានកម្រិតដោយរូបកាយភាព ពេលវេលា ឬលំហឡើយ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងជាភស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីទ្រង់។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតរបស់មនុស្សកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលកើតមកពីព្រះជាម្ចាស់ ដោយចៀសមិនរួចដែរ មិនថាពួកគេជឿ ឬបដិសេធពីអត្ថិភាពរបស់ទ្រង់ឡើយ។ ប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យភ្លាមៗ ហើយចង់យកមកវិញនូវអ្វីៗសព្វសារពើដែលមាននៅក្នុងពិភពលោក និងដកយកជីវិតដែលទ្រង់បានប្រទានមកនោះ នោះអ្វីៗទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងរបស់ដែលមានជីវិត និងគ្មានជីវិត ដោយធ្វើឱ្យអ្វីៗទាំងអស់មានសណ្ដាប់ធ្នាប់ល្អ តាមរយៈព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាការពិតមួយដែលគ្មាននរណាម្នាក់អាចគិតឃើញដល់ ឬយល់ដឹងបានឡើយ។ ការពិតដ៏មិនអាចយល់ដឹងបានទាំងនេះគឺជាការស្ដែងចេញ និងជាទីបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ខ្ញុំនឹងប្រាប់អាថ៌កំបាំងមួយដល់អ្នក៖ ភាពអស្ចារ្យនៃជីវិតរបស់ព្រះជាម្ចាស់ និងថាមពលនៃព្រះជន្មរបស់ទ្រង់ គឺគ្មានភាវៈដែលត្រូវបានបង្កើតណាមួយអាចវាស់ស្ទង់បានឡើយ។ ពេលនេះគឺបែបនេះ កាលពីអតីតកាលក៏បែបនេះ ហើយទៅអនាគតក៏នឹងនៅតែបែបនេះដែរ។ អាថ៌កំបាំងទីពីរដែលខ្ញុំនឹងប្រាប់គឺ៖ ប្រភពនៃជីវិតសម្រាប់គ្រប់ភាវៈទាំងអស់ គឺមកពីព្រះជាម្ចាស់ បើទោះបីជាពួកវាអាចមានភាពខុសគ្នានៃទម្រង់ជីវិត ឬរចនាសម្ព័ន្ធយ៉ាងណាក៏ដោយ ហើយមិនថាអ្នកជាភាវៈមានជីវិតប្រភេទណានោះទេ គឺគ្មានភាវៈណាមួយអាចងាកចេញពីគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកនោះឡើយ។ ទោះក្នុងករណីណាក៏ដោយ អ្វីទាំងអស់ដែលខ្ញុំប្រាថ្នា គឺឱ្យមនុស្សយល់អំពីចំណុចនេះថា៖ ប្រសិនបើគ្មានការបីបាច់ ការថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបាននូវអ្វីៗសព្វសារពើដែលខ្លួនត្រូវទទួលបានឡើយ ទោះបីជាគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ឬតស៊ូយ៉ាងពិបាកយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការផ្គត់ផ្គង់ជីវិតមកពីព្រះជាម្ចាស់ទេ នោះមនុស្សនឹងបាត់បង់គុណតម្លៃនៃការរស់នៅ និងអត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឱ្យសោះថា ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឱ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឱ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឱ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឱ្យដល់គេផងដែរ។

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៣

ខាង​ដើម៖ អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន

បន្ទាប់៖ ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ