ជំពូកទី ៣៨

មិនដែលមានដានណាមួយរបស់ខ្ញុំឡើយ មិនដែលមានការណែនាំអំពីព្រះបន្ទូលរបស់ខ្ញុំឡើយ នៅក្នុងអ្វីដែលមនុស្សមានបទពិសោធន៍។ ជាលទ្ធផល ខ្ញុំតែងតែនៅឆ្ងាយពីមនុស្ស ហើយក្រោយមក ខ្ញុំបានចាកចេញពីពួកគេ។ ខ្ញុំស្អប់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ។ វាហាក់ដូចជាខ្ញុំបានស្អប់មនុស្សចាប់តាំងពីដំបូងមកអ៊ីចឹង ប៉ុន្តែខ្ញុំមានអារម្មណ៍អាណិតអាសូរដ៏ជ្រាលជ្រៅសម្រាប់គេ។ ដូច្នេះ ទើបមនុស្សតែងតែមានអាកប្បកិរិយាពីរយ៉ាងចំពោះខ្ញុំ គឺខ្ញុំស្រឡាញ់មនុស្ស ហើយខ្ញុំក៏ស្អប់គេដែរ។ តើនរណាក្នុងចំណោមមនុស្ស ដែលពិតជាយកចិត្តទុកដាក់ចំពោះសេចក្ដីស្រឡាញ់របស់ខ្ញុំ? ហើយនរណាដែលយកចិត្តទុកដាក់ចំពោះសេចក្ដីស្អប់របស់ខ្ញុំ? នៅក្នុងក្រសែភ្នែករបស់ខ្ញុំ មនុស្សគឺជារបស់ដែលស្លាប់ គ្មានជីវិត ដូចជារូបសំណាកដីឥដ្ឋនៅកណ្ដាលរបស់សព្វសារពើអ៊ីចឹង។ ដោយសារតែការមិនស្ដាប់បង្គាប់របស់គេ មនុស្សធ្វើឱ្យសេចក្ដីខ្ញាល់របស់ខ្ញុំឆួលឡើងពីមួយពេលទៅមួយពេល។ នៅពេលដែលខ្ញុំរស់នៅក្នុងចំណោមមនុស្ស នោះពួកគេផ្ដល់ស្នាមញញឹមតិចតួចនៅពេលខ្ញុំយាងមកភ្លាមៗ ដោយសារតែពួកគេតែងតែ «ស្វែងរក» ខ្ញុំយ៉ាងភ្ញាក់រលឹក ហាក់ដូចជាខ្ញុំកំពុងតែប្រឡែងលេងជាមួយមនុស្សនៅលើផែនដីអ៊ីចឹង។ ពួកគេមិនដែលយកចិត្តទុកដាក់ខ្លាំងចំពោះខ្ញុំនោះទេ ហើយដោយសារតែអាកប្បកិរិយារបស់ពួកគេចំពោះខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពី «ចូលនិវត្តន៍» ពី «អង្គភាពកិច្ចការ» របស់មនុស្សជាតិនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំចង់លើកឡើងថា ទោះបីជាខ្ញុំ «ចូលនិវត្តន៍» ក៏ដោយ ក៏ «ប្រាក់ចូលនិវត្តន៍» របស់ខ្ញុំ មិនអាចបាត់សូម្បីតែមួយកាក់ដែរ។ ដោយសារតែ «ភាពចាស់ជុំ» របស់ខ្ញុំនៅក្នុង «អង្គភាពកិច្ចការ» របស់មនុស្សជាតិ នោះខ្ញុំបន្តទាមទារពីមនុស្សឱ្យសងនូវប្រាក់ចំណាយដែលពួកគេនៅជំពាក់ខ្ញុំ។ ទោះបីជាពួកគេបានចាកចេញពីខ្ញុំក៏ដោយ តើពួកគេអាចរត់គេចពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំបានទេ? ខ្ញុំធ្លាប់បន្ធូរបន្ថយកណ្ដាប់ព្រះហស្ដរបស់ខ្ញុំលើមនុស្សក្នុងកម្រិតមួយជាក់លាក់ ដោយអនុញ្ញាតឱ្យពួកគេផ្ដេកផ្ដួលយ៉ាងសេរីនៅក្នុងបំណងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេ ហើយដោយសារតែមូលហេតុនេះ ទើបពួកគេហ៊ានប្រព្រឹត្តនៅក្នុងឥរិយាបថតាមអំពើចិត្ត ដោយគ្មានការទប់ស្កាត់ណាមួយឡើយ ដែលនេះអាចមើលឃើញថា ពួកគេមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដនោះទេ ដោយសារតែពួកគេទាំងអស់កំពុងតែរស់នៅក្នុងសាច់ឈាម។ អាចទៅរួចទេ ដែលសេចក្ដីស្រឡាញ់ដ៏ពិត ត្រូវបានផ្ដល់ជាថ្នូរនឹងសាច់ឈាមនោះ? អាចទៅរួចទេ ដែលអ្វីខ្ញុំសូមពីមនុស្ស គឺគ្រាន់តែជា «សេចក្ដីស្រឡាញ់» នៃសាច់ឈាម? ប្រសិនបើពិតជាបែបនោះមែន នោះតើតម្លៃអ្វីដែលមនុស្សនឹងមាន? មនុស្សទាំងអស់គឺជាសំរាមដែលគ្មានតម្លៃ! បើមិនមែនដោយសារតែ «ព្រះចេស្ដាពិសេស» នៃការអត់ទ្រាំរបស់ខ្ញុំទេ នោះខ្ញុំបានចាកចេញពីមនុស្សជាតិតាំងពីយូរមកហើយ ហេតុអ្វីត្រូវអំពល់ស្នាក់នៅជាមួយពួកគេ ដើម្បី «ឱ្យគេចំអក»? តែខ្ញុំនៅតែអត់ទ្រាំបាន។ ខ្ញុំចង់រកឱ្យឃើញពីប្រភពនៃ «កិច្ចការ» របស់មនុស្ស។ នៅពេលដែលកិច្ចការរបស់ខ្ញុំនៅលើផែនដីត្រូវបានបញ្ចប់ នោះខ្ញុំនឹងហោះឡើងយ៉ាងខ្ពស់ទៅលើមេឃ ដើម្បីជំនុំជម្រះ «ចៅហ្វាយ» នៃរបស់សព្វសារពើ។ នេះគឺជាកិច្ចការចម្បងរបស់ខ្ញុំ ដោយសារតែវាសនារបស់ខ្ញុំចំពោះមនុស្សបានឈានដល់កម្រិតមួយជាក់លាក់ហើយ។ តើនរណានឹងមិនស្អប់សត្រូវរបស់គេ? តើនរណានឹងមិនបំផ្លាញសត្រូវរបស់គេឱ្យវិនាសនោះ? នៅស្ថានសួគ៌ សាតាំងគឺជាសត្រូវរបស់ខ្ញុំ។ នៅលើផែនដី មនុស្សគឺជាសត្រូវរបស់ខ្ញុំ។ ដោយសារតែការរួមបញ្ចូលគ្នារវាងស្ថានសួគ៌ និងផែនដី នោះខ្ញុំបានដាក់ពួកគេទាំងអស់ឱ្យជាប់មានពិរុទ្ធរហូតដល់សាច់ញាតិជំនាន់ទី ៩ ហើយគ្មាននរណាម្នាក់នឹងត្រូវបានលើកលែងទោសនោះទេ។ តើនរណាដែលបានប្រាប់ពួកគេឱ្យប្រឆាំងនឹងខ្ញុំ? តើនរណាដែលបានប្រាប់ពួកគេមិនឱ្យស្ដាប់បង្គាប់ខ្ញុំ? ហេតុអ្វីបានជាមនុស្សមិនអាចកាត់ផ្ដាច់ចំណងដែលស្អិតជាប់ទៅនឹងធម្មជាតិចាស់របស់ពួកគេ? ហេតុអ្វីបានជាសាច់ឈាមរបស់ពួកគេ តែងតែដុះឡើងនៅក្នុងពួកគេ? ទាំងអស់នេះ គឺជាភស្ដុតាងនៃការជំនុំជម្រះរបស់ខ្ញុំចំពោះមនុស្ស។ តើនរណាដែលមិនហ៊ានចុះចូលទៅនឹងតថភាពនេះ? តើនរណាហ៊ាននិយាយថា ការជំនុំជម្រះរបស់ខ្ញុំ ធ្វើឡើងដោយអារម្មណ៌? ខ្ញុំខុសពីមនុស្ស ដូច្នេះហើយ ខ្ញុំក៏ចាកចេញពីពួកគេ ដ្បិតខ្ញុំមិនមែនជាម្នាក់នៃពូជមនុស្សទេ។

មានមូលដ្ឋានគ្រឹះមួយសម្រាប់គ្រប់យ៉ាងដែលខ្ញុំធ្វើ។ នៅពេលដែលមនុស្ស «បើកសម្ដែង» «តថភាដ៏ពិត» ចំពោះខ្ញុំដោយមាត់របស់គេ នោះខ្ញុំជូនដំណើរគេដល់ «កន្លែងប្រហារជីវិត» ដ្បិតការប្រព្រឹត្តល្មើសរបស់មនុស្សជាតិ គឺគ្រប់គ្រាន់នឹងទទួលបានការវាយផ្ចាលរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមិនមែនចេះតែកំណត់ការវាយផ្ចាលរបស់ខ្ញុំដោយខ្វាក់ភ្នែកនោះទេ ប៉ុន្តែខ្ញុំវាយផ្ចាលមនុស្សដោយផ្អែកលើស្ថានភាពពិតនៃបទល្មើសរបស់ពួកគេ។ ប្រសិនបើមិនដូច្នោះ ដោយសារតែការបះបោររបស់ពួកគេ នោះមនុស្សនឹងមិនដែលឱនក្បាល ហើយសារភាពពីកំហុសរបស់ពួកគេដាក់ខ្ញុំទេ។ ដោយសារតែពួកគេបានមកដល់សភាពបច្ចុប្បន្ននៃកិច្ចការ ទើបមនុស្សទាំងអស់ស្ទាក់ស្ទើរក្នុងការឱនក្បាលរបស់ពួកគេ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេនៅតែមិនជឿដដែល។ ខ្ញុំបានប្រទាន «អាហារដែលមានសារធាតុបារីយ៉ូម» ឱ្យមនុស្សផឹក ដូច្នេះ សរីរាង្គខាងក្នុងរបស់ពួកគេបង្ហាញខ្លួនយ៉ាងល្អ និងច្បាស់ក្រោម «កែវពង្រីក»។ ភាពកខ្វក់ និងភាពមិនបរិសុទ្ធនៅមិនទាន់ត្រូវបានបញ្ចេញពីពោះរបស់មនុស្សនៅឡើយទេ។ របស់ស្មោកគ្រោកគ្រប់ប្រភេទហូរកាត់សរសៃឈាមរបស់ពួកគេ ដូច្នេះ ថ្នាំពុលដែលមាននៅក្នុងរាងកាយរបស់ពួកគេ កាន់តែលូតលាស់ច្រើនឡើង។ ដោយសារតែមនុស្សបានរស់នៅក្នុងស្ថានភាពបែបនេះអស់រយៈពេលជាច្រើនឆ្នាំ ទើបពួកគេស៊ាំទៅនឹងថ្នាំពុលទាំងនោះ ហើយលែងមើលឃើញថ្នាំពុលនោះថា ចម្លែកទៀតហើយ។ ជាលទ្ធផល មេរោគនៅក្នុងរាងកាយរបស់ពួកគេធំធាត់ ក្លាយជាធម្មជាតិរបស់ពួកគេ ហើយគ្រប់គ្នារស់នៅក្រោមការត្រួតត្រារបស់ពួកវា។ នេះគឺជាមូលហេតុដែលមនុស្សរត់ចេញទៅគ្រប់ទីកន្លែងដូចជាសេះព្រៃ។ ប៉ុន្តែពួកគេមិនដែលទទួលស្គាល់រឿងនេះយ៉ាងពេញលេញនោះទេ។ ពួកគេគ្រាន់តែងក់ក្បាលរបស់ពួកគេដើម្បីបង្ហាញ «ការយល់ព្រម» របស់ពួកគេប៉ុណ្ណោះ។ ការពិតគឺថា មនុស្សមិនទទួលយកព្រះបន្ទូលរបស់ខ្ញុំដាក់ក្នុងចិត្តនោះទេ។ ប្រសិនបើពួកគេយកព្រះបន្ទូលរបស់ខ្ញុំជាឱសថកែរោគដ៏ល្អ នោះពួកគេនឹង «ធ្វើតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ» ហើយអនុញ្ញាតឱ្យឱសថនេះព្យាបាលជំងឺដែលមាននៅក្នុងខ្លួនពួកគេជាមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះព្រះតម្រិះរបស់ខ្ញុំ វិធីដែលពួកគេប្រព្រឹត្តមិនអាចបំពេញបំណងនេះបានទេ ដូច្នេះអ្វីដែលខ្ញុំអាចធ្វើបានគឺ «ខាំគ្រាប់កាំភ្លើង» ហើយបន្តមានបន្ទូលទៅកាន់ពួកគេតទៅទៀត មិនថាពួកគេស្ដាប់ឬអត់នោះទេ៖ ខ្ញុំគ្រាន់តែធ្វើតាមភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ។ មនុស្សមិនចង់រីករាយនឹងព្រះពររបស់ខ្ញុំទេ ប៉ុន្តែពួកគេចង់ឆ្លងកាត់ទារុណកម្មនៃនរកច្រើនជាង។ ដូច្នេះអ្វីដែលខ្ញុំអាចធ្វើបាន គឺយល់ព្រមតាមសំណើររបស់ពួកគេ។ ទោះបីជាយ៉ាងក៏ដោយ ដោយសារតែព្រះនាមរបស់ខ្ញុំ និងវិញ្ញាណរបស់ខ្ញុំមិនអាម៉ាស់នៅក្នុងនរក នោះដំបូងឡើយខ្ញុំនឹងប្រៀនប្រដៅពួកគេ ហើយក្រោយមក «ចុះចូល» ចំពោះបំណងរបស់ពួកគេ ដោយធ្វើឱ្យពួកគេ «ពេញដោយក្ដីរីករាយ»។ ពេលណាក៏ដោយ ទីណាក៏ដោយ ខ្ញុំមិនព្រមអនុញ្ញាតឱ្យពួកគេធ្វើឱ្យខ្ញុំអាម៉ាស់នោះទេ ខណៈដែលខ្ញុំកំពុងបង្ហោះទង់របស់ខ្ញុំឡើង នេះជាមូលហេតុដែលខ្ញុំប្រៀនប្រដៅគេម្ដងហើយម្ដងទៀត។ បើគ្មានការរាំងស្ទះនៃការបញ្ចេញព្រះសូរសៀងដ៏ម៉ឺងម៉ាត់របស់ខ្ញុំទេ តើមនុស្សអាចបន្តឈរនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ រហូតដល់សព្វថ្ងៃបានយ៉ាងដូចម្ដេច? តើមនុស្សមិនវៀរចាកពីអំពើបាប ដោយសារតែពួកគេភ័យខ្លាចថា ខ្ញុំនឹងចាកចេញទេឬ? តើវាមិនពិតទេឬដែលពួកគេមិនរអ៊ូរទាំ ដោយសារតែពួកគេភ័យខ្លាចការវាយផ្ចាលនោះ? តើមានការតាំងចិត្តរបស់អ្នកណាដែលធ្វើឡើងសម្រាប់តែប្រយោជន៍នៃផែនការរបស់ខ្ញុំឬទេ? មនុស្សទាំងអស់គិតថា ផែនការរបស់ខ្ញុំគឺជាធម្មជាតិនៃព្រះដែលខ្វះ «គុណភាពនៃបញ្ញា» ប៉ុន្តែតើនរណាអាចយល់ថា ខ្ញុំអាចមើលធ្លុះគ្រប់យ៉ាងនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ? ដូចមនុស្សនិយាយថា «ហេតុអ្វីបានជាប្រើញញួរធំដើម្បីដំដែកគោលអ៊ីចឹង?» មនុស្ស «ស្រឡាញ់» ខ្ញុំ មិនមែនព្រោះតែសេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្ញុំមានពីកំណើតនោះទេ ប៉ុន្តែដោយសារតែពួកគេភ័យខ្លាចចំពោះការវាយផ្ចាល។ តើនរណាក្នុងចំណោមមនុស្ស ដែលកើតមកដើម្បីស្រឡាញ់ខ្ញុំ? តើមាននរណាម្នាក់ដែលប្រព្រឹត្តចំពោះខ្ញុំដូចជាពួកគេប្រព្រឹត្តចំពោះចិត្តផ្ទាល់ខ្លួនរបស់ពួកគេទេ? ដូច្នេះហើយ ខ្ញុំសរុបវាឡើងជាសុភាសិតសម្រាប់ពិភពរបស់មនុស្សថា៖ ក្នុងចំណោមមនុស្សគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំនោះទេ។

ដោយសារតែខ្ញុំចង់បញ្ចប់កិច្ចការរបស់ខ្ញុំនៅផែនដីប៉ុណ្ណោះ ទើបខ្ញុំពន្លឿនជំហាននៃកិច្ចការរបស់ខ្ញុំ ក្រែងលោមនុស្សត្រូវបានខ្ញុំគ្រវែងចោលទៅឆ្ងាយ រហូតដល់ពួកគេធ្លាក់ចូលទៅក្នុងមហាសមុទ្រដែលឥតព្រំដែន។ វាច្បាស់ជាដោយសារតែខ្ញុំបានប្រាប់ពួកគេ នូវសេចក្ដីពិតរបស់បញ្ហាជាមុន ទើបពួកគេប្រយ័ត្នប្រយែង។ ប្រសិនបើមិនមែនដើម្បីរឿងនេះទេ តើមាននរណាម្នាក់ដែលនឹងលើកក្ដោងឡើង នៅពេលដែលអាកាសធាតុមានព្យុះមកដល់ហើយនោះ? គ្រប់គ្នានៅកន្លែងធ្វើការ កំពុងមានការប្រុងប្រយ័ត្ន។ នៅក្នុងចិត្តរបស់ពួកគេ វាដូចជាខ្ញុំបានក្លាយជាចោរប្លន់មួយរូបអ៊ីចឹង។ ពួកគេភ័យខ្លាចថា ខ្ញុំនឹងរឹបអូសគ្រប់យ៉ាងពីផ្ទះរបស់ពួកគេ ដូច្នេះហើយទើបពួកគេរុញទប់ទ្វាររបស់ពួកគេ ដោយប្រើកម្លាំងទាំងអស់ដែលពួកគេមាន ដោយភ័យខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងសម្រុកចូលភ្លាមៗ។ ដោយមើលឃើញពួកគេប្រព្រឹត្តដូចជាសត្វកណ្ដុរដ៏កំសាកបែបនោះ ទើបខ្ញុំចាកចេញយ៉ាងស្ងៀមស្ងាត់។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស វាហាក់ដូចជាពិភពលោកនេះ កំពុងតែជិតវិនាសអ៊ីចឹង ដូច្នេះហើយពួកគេទាំងអស់គ្នា រត់ភៀសខ្លួនដោយភាពច្របូកច្របល់ ភ័យខ្លាចលោះព្រលឹងរបស់ពួកគេ។ មានតែពេលនេះទេ ដែលខ្ញុំឃើញខ្មោចដើរទ្រេតទ្រោតនៅគ្រប់ទីកន្លែងនៅលើផែនដី។ ខ្ញុំមិនអាចជួយអ្វីបានក្រៅពីសើចនោះទេ ហើយនៅក្នុងសម្លេងសំណើចរបស់ខ្ញុំ នោះមនុស្សរំជើបរំជួល និងភ័យខ្លាចញាប់ញ័រ។ មានតែពេលនោះទេ ដែលខ្ញុំដឹងអំពីសេចក្ដីពិតនៃបញ្ហា ដូច្នេះហើយខ្ញុំក៏ទប់ស្នាមញញឹមរបស់ខ្ញុំ ហើយឈប់ទតមើលអ្វីដែលកំពុងកើតឡើងនៅលើផែនដី ផ្ទុយទៅវិញ ខ្ញុំត្រឡប់ទៅធ្វើកិច្ចការដោយទៅតាមផែនការដើមរបស់ខ្ញុំ។ ខ្ញុំលែងចាត់ទុកមនុស្សថាជាគំរូដែលធ្វើជាភាគសំណាកមួយនៃការស្រាវជ្រាវរបស់ខ្ញុំទៀតហើយ ដោយសារតែពួកគេគ្មានអ្វីក្រៅពីកំទេចដ៏តូចនោះទេ។ នៅពេលដែលខ្ញុំបោះបង់ចោលពួកគេ នោះពួកគេលែងមានប្រយោជន៍តទៀតហើយ។ ពួកគេគឺជាកំទេចសម្រាមដ៏តូចល្អិត។ នៅពេលនេះ ខ្ញុំបំផ្លាញពួកគេ ហើយបោះពួកគេទៅក្នុងភ្លើង។ នៅក្នុងចិត្តគំនិតរបស់មនុស្ស សេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ខ្ញុំ គឺមាននៅក្នុងការជំនុំជម្រះ ឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ខ្ញុំ។ ប៉ុន្តែ ពួកគេដឹងតិចតួចទេ ថាខ្ញុំបានបោះបង់ភាពទន់ខ្សោយរបស់ពួកគេតាំងពីយូរមកហើយ ដូច្នេះ តាំងពីនោះមកខ្ញុំក៏បានដកយកសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ខ្ញុំចេញ ហើយដោយហេតុនោះទើបពួកគេស្ថិតក្នុងសភាពដូចពេលបច្ចុប្បន្ន។ គ្មាននរណាម្នាក់អាចស្គាល់ខ្ញុំ ហើយក៏គ្មាននរណាម្នាក់យល់ព្រះបន្ទូលរបស់ខ្ញុំ ឬឃើញព្រះភ័ក្រ្តរបស់ខ្ញុំ ឬយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ តើទាំងអស់នេះ មិនមែនជាសភាពដែលមនុស្សរកឃើញនៅក្នុងខ្លួនគេ នៅពេលនេះទេឬ? ដូច្នេះ តើធ្វើដូចម្ដេចទើបអាចនិយាយបានថា ខ្ញុំមានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរស? ខ្ញុំមិនព្រះតម្រិះពីភាពទន់ខ្សោយរបស់មនុស្ស ហើយខ្ញុំក៏មិន «យកព្រះទ័យទុកដាក់» លើភាពខ្វះខាតរបស់គេដែរ។ តើនេះនៅតែអាចជាសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ខ្ញុំឬ? ឬ តើវានៅតែជាសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះមនុស្សឬ? មនុស្សទាំងអស់គិតថា ខ្ញុំកំពុងតែមានបន្ទូល «ពាក្យលេងសើចឥតបានការ» ដូច្នេះហើយ ពួកគេមិនជឿព្រះបន្ទូលដែលខ្ញុំថ្លែងនោះទេ។ ប៉ុន្តែតើមាននរណាម្នាក់ដែលដឹងពីការនេះ៖ «នេះគឺជាយុគខុសគ្នាមួយ សេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ខ្ញុំ មិនមាននៅក្នុងពេលបច្ចុប្បន្នទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគឺជាព្រះជាម្ចាស់អស់កល្បជានិច្ច ដែលធ្វើនូវអ្វីដែលទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើ» ទេ? នៅពេលដែលខ្ញុំនៅក្នុងចំណោមមនុស្សជាតិ មនុស្សមើលឃើញខ្ញុំនៅក្នុងចិត្តរបស់ពួកគេថា ជារបស់ខ្ពស់បំផុត ដូច្នេះហើយ ពួកគេជឿថា ខ្ញុំចូលចិត្តមានព្រះបន្ទូលចេញពីបញ្ញាញាណរបស់ខ្ញុំ។ ការណ៍នេះបណ្ដាលឱ្យពួកគេតែងតែយកព្រះបន្ទូលរបស់ខ្ញុំប៉ុនគ្រាប់អំបិល។ ប៉ុន្តែ តើមាននរណាម្នាក់ដែលអាចយល់បទបញ្ញត្តិដែលនៅពីក្រោយព្រះបន្ទូលរបស់ខ្ញុំទេ? ឬយល់ពីប្រភពដើមនៃព្រះបន្ទូលរបស់ខ្ញុំទេ? តើមាននរណាម្នាក់ដែលអាចយល់នូវអ្វីដែលខ្ញុំពិតជាសព្វព្រះទ័យចង់សម្រេចឬទេ? ឬតើនរណាអាចយល់សេចក្ដីលម្អិតនៃការសរុបផែនការគ្រប់គ្រងរបស់ខ្ញុំបាន? តើនរណាអាចក្លាយជាមនុស្សជំនិតចំពោះខ្ញុំបាន? ក្នុងចំណោមរបស់សព្វសារពើ តើនរណាក្រៅពីខ្ញុំ ដែលអាចដឹងយ៉ាងពិតប្រាកដនូវអ្វីដែលខ្ញុំកំពុងធ្វើ? ហើយតើនរណាអាចដឹងគោលបំណងចុងក្រោយរបស់ខ្ញុំ?

ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៣៧

បន្ទាប់៖ ជំពូកទី ៣៩

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ