ជំពូកទី ៣៧
គ្រប់កិច្ចការដែលខ្ញុំបានធ្វើនៅក្នុងយុគសម័យទាំងអស់ គ្រប់ដំណាក់កាលនៃកិច្ចការនោះ គឺសុទ្ធតែពាក់ព័ន្ធនឹងវិធីសាស្រ្ដបំពេញកិច្ចការដ៏សមស្របរបស់ខ្ញុំទាំងអស់។ ដោយមូលហេតុនេះហើយ ទើបរាស្ត្រជាទីស្រឡាញ់របស់ខ្ញុំ ត្រូវបានប្រោសឱ្យកាន់តែបរិសុទ្ធឡើងៗ ហើយកាន់តែសមស្របឡើងៗ សម្រាប់ឱ្យខ្ញុំប្រើ។ ក៏ប៉ុន្តែ «រឿងអកុសល» នោះគឺថា ដោយសារតែមូលហេតុដូចគ្នានេះហើយ ទើបពេលដែលវិធីសាស្រ្ដបំពេញកិច្ចការរបស់ខ្ញុំកើនឡើង តែចំនួនមនុស្សបែរជាមានការថយចុះទៅវិញ ហើយរឿងនេះធ្វើឱ្យមនុស្សធ្លាក់ទៅក្នុងការសញ្ជឹងគិតកាន់តែខ្លាំង។ ពិតណាស់ កិច្ចការនៅពេលបច្ចុប្បន្ននេះ ក៏គ្មានអ្វីខុសគ្នាដែរ។ មនុស្សភាគច្រើនបានធ្លាក់ទៅក្នុងការសញ្ជឹងគិតជាថ្មីម្ដងទៀត។ ហេតុនេះ ដោយសារការផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្ញុំ នោះមនុស្សមួយចំនួនក៏នឹងនៅតែត្រូវដកខ្លួនចេញដដែល។ រឿងនេះអាចរៀបរាប់ដោយបែបនេះថា៖ រឿងនេះជាអ្វីដែលខ្ញុំបានកំណត់ទុកជាមុនរួចហើយ មិនមែនជាអ្វីដែលខ្ញុំបានធ្វើនោះទេ។ ចាប់តាំងពីការបង្កើតរបស់សព្វសារពើមក មានមនុស្សជាច្រើនបានដួលចុះ ហើយក៏មានមនុស្សជាច្រើនបានវង្វេងផ្លូវរបស់ខ្លួន ដោយសារតែវិធីសាស្ត្របំពេញកិច្ចការរបស់ខ្ញុំនេះដែរ។ ក៏ប៉ុន្តែ ខ្ញុំមិនខ្វល់ថាមនុស្សធ្វើអ្វី មិនខ្វល់ថាពួកគេគិតថាខ្ញុំមិនគួរឱ្យស្រឡាញ់ ឬសាហាវឃោរឃៅខ្លាំងយ៉ាងណានោះទេ មិនថាការយល់ដឹងរបស់ពួកគេត្រូវឬខុសនោះទេ ខ្ញុំចៀសវាងមិនធ្វើការពន្យល់ណាមួយឡើយ។ ដំបូង យើងគួរនាំគ្នាប្រកបគ្នាអំពីចំណុចសំខាន់នៃការពិភាក្សានេះ ដើម្បីឱ្យគ្រប់គ្នាអាចទទួលបានការយល់ពេញលេញជាមុនសិន ដើម្បីបង្ការក្រែងលោពួកគេមិនយល់ពីមូលហេតុដែលពួកគេរងទុក្ខ។ ខ្ញុំនឹងមិនបង្ខំមនុស្សឱ្យរងទុក្ខដោយស្ងាត់ៗ ដូចជាមនុស្សគឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងរៀបរាប់ពីគ្រប់យ៉ាងឱ្យបានច្បាស់ ដើម្បីបង្ការកុំឱ្យពួកគេរអ៊ូរទាំដាក់ខ្ញុំ។ ថ្ងៃមួយ ក្នុងអំឡុងពេលនៃការវាយផ្ចាលរបស់មនុស្សគ្រប់គ្នា ខ្ញុំនឹងធ្វើឱ្យពួកគេពោលពាក្យសរសើរដោយស្មោះ។ តើអ្នកឯកភាពចំពោះវិធីសាស្ត្រនេះទេ? តើវិធីសាស្ត្រនេះ បំពេញតាមសេចក្ដីតម្រូវរបស់មនុស្សដែរឬទេ?
ក្នុងការបើកទំព័រចូលទៅក្នុងសម័យនៃការវាយផ្ចាល ដំបូង ខ្ញុំនឹងថ្លែងប្រាប់មនុស្សអំពីអត្ថន័យទូទៅបង្កប់នៅក្នុង «សម័យ» នេះ ដើម្បីកុំឱ្យពួកគេបំពានដល់ខ្ញុំ។ និយាយទៅ ខ្ញុំនឹងធ្វើការរៀបចំកិច្ចការរបស់ខ្ញុំ ដែលនឹងគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ ហើយខ្ញុំក៏នឹងមិនឱ្យនរណាម្នាក់កែប្រែការៀបចំនេះតាមអំពើចិត្តជាដាច់ខាត៖ ខ្ញុំនឹងថ្កោលទោសពួកគេ។ តើអ្នកនឹងចងចាំរឿងនេះទេ? ទាំងអស់នេះគឺសុទ្ធតែជា «ការចាក់វ៉ាក់សាំង»។ នៅក្នុងវិធីសាស្ត្រថ្មីនេះ ដំបូង មនុស្សរាល់គ្នាត្រូវតែដឹងថា គោលដៅដំបូងនិងមុនគេងបំផុតដែលត្រូវសម្រេចឱ្យបានគឺ ត្រូវមានការយល់ដឹងអំពីស្ថានភាពជាក់ស្ដែងផ្ទាល់ខ្លួនរបស់ពួកគេសិន។ មុនពេលដែលពួកគេបានស្គាល់ពីខ្លួនឯងខ្លះ នោះគ្មាននរណាម្នាក់នឹងត្រូវអនុញ្ញាតឱ្យនិយាយអ្វីនៅក្នុងក្រុមជំនុំដោយធ្វេសប្រហែសឡើយ ហើយខ្ញុំច្បាស់ជានឹងវាយផ្ចាលនរណាដែលបំពានច្បាប់នេះមិនខាន។ ចាប់ពីថ្ងៃនេះតទៅ ពួកសាវ័កទាំងអស់នឹងត្រូវចុះឈ្មោះក្នុងបញ្ជីក្រុមជំនុំ ហើយហាមមិនឱ្យផ្លាស់ពីទីនេះទៅទីនោះតាមអំពើចិត្តឡើយ។ ធ្វើបែបនេះ នឹងហុចផលផ្លែតិចតួចមិនខាន។ មើលទៅហាក់ដូចជាពួកគេរាល់គ្នាកំពុងតែបំពេញភារកិច្ចរបស់ខ្លួនដូច្នោះដែរ ប៉ុន្តែជាក់ស្ដែង ពួកគេកំពុងតែបោកបញ្ឆោតខ្ញុំវិញទេ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ បច្ចុប្បន្ននេះគឺគ្រប់យ៉ាងស្ថិតនៅក្នុងអតីតកាល ហើយមិនចាំបាច់លើកមកនិយាយម្ដងទៀតឡើយ។ ដូច្នេះហើយ ពាក្យថា «សាវ័ក» នេះ ត្រូវលុបបំបាត់ចោល ហើយមិនត្រូវប្រើម្ដងទៀតឡើយ ដើម្បីឱ្យមនុស្សទាំងអស់អាចចុះចេញពី «តំណែង» របស់ខ្លួន និងចាប់ផ្ដើមស្គាល់ពីខ្លួនឯង។ ពិតណាស់ ទង្វើនេះគឺដើម្បីតែសេចក្ដីសង្គ្រោះរបស់ពួកគេប៉ុណ្ណោះ។ «តំណែង» មិនមែនជាម្កុដឡើយ។ វាគ្រាន់តែជាពាក្យសម្រាប់ហៅប៉ុណ្ណោះ។ តើអ្នកយល់ពីន័យរបស់ខ្ញុំទេ? អ្នកណាដែលដឹកនាំក្រុមជំនុំ នឹងនៅតែត្រូវរស់នៅក្នុងជីវិតជាពួកជំនុំនៅតាមក្រុមជំនុំផ្ទាល់ខ្លួនពួកគេដដែល ទោះបីជាតាមពិតទៅ នេះមិនមែនជាច្បាប់តឹងរ៉ឹងក៏ដោយ។ នៅពេលណាដែលចាំបាច់ ពួកគេអាចទៅសួរសុខទុក្ខក្រុមជំនុំ ដោយមានការសម្របសម្រួលពីអតីតសាវ័កដទៃទៀត។ អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវបង្កើនការប្រកបគ្នារបស់ក្រុមជំនុំ លើកលែងតែគ្មាននរណាម្នាក់ក្នុងចំណោមសមាជិកពួកជំនុំ ដែលបានរស់នៅក្នុងជីវិតក្រុមជំនុំដោយពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែសង្កត់ធ្ងន់ថា អ្នកទាំងអស់គ្នាត្រូវតែរួបរួមគ្នាដើម្បីបានស្គាល់ខ្លួនឯង និងត្រូវរួមគ្នាក្នុងការបះបោរប្រឆាំងនឹងសត្វនាគដ៏ធំមានសម្បុរក្រហម៖ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំ។ មនុស្សនិយាយច្រើនប៉ុនណា គឺមិនសំខាន់ឡើយ ផ្ទុយទៅវិញ អ្វីដែលសំខាន់បំផុតនោះគឺ រាស្ត្ររបស់ខ្ញុំទាំងអស់ អាចរួមគ្នាជាធ្លុងតែមួយ ដ្បិតនោះគឺជាវិធីតែមួយគត់ ក្នុងការធ្វើបន្ទាល់យ៉ាងពិតប្រាកដ។ កាលពីអតីតកាល មនុស្សទាំងអស់សុទ្ធតែបាននិយាយថា ពួកគេនឹងបានស្គាល់ខ្លួនឯង តែខ្ញុំនៅតែត្រូវថ្លែងព្រះបន្ទូលច្រើនរាប់មិនអស់ទៀត តើអ្នករាល់គ្នាបានស្គាល់ខ្លួនឯងច្រើនប៉ុនណាហើយ? កាលណាតំណែងរបស់មនុស្សណាម្នាក់កាន់តែខ្ពស់ នោះគេកាន់តែលំបាកក្នុងការលះបង់ខ្លួនឯង កាលណាក្ដីសង្ឃឹមរបស់គេកាន់តែធំ នោះគេនឹងកាន់តែរងទុក្ខខ្លាំង នៅពេលត្រូវវាយផ្ចាល។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ខ្ញុំសម្រាប់មនុស្សជាតិ។ តើអ្នកយល់ទេ? ចូរកុំគ្រាន់តែទទួលយកអ្វីដោយមិនបានគិតគូរវែងឆ្ងាយឱ្យសោះ។ ការធ្វើដូច្នោះ គឺជាការគិតរាក់ពេកហើយ និងគ្មានតម្លៃនោះទេ។ តើអ្នកយល់ពីអត្ថន័យបង្កប់ត្រង់ចំណុចនេះទេ? ប្រសិនបើសមាជិកក្រុមជំនុំពិតជាអាចស្គាល់ខ្លួនពួកគេបានមែន សេចក្ដីនេះនឹងបង្ហាញឱ្យឃើញថា មនុស្សប្រភេទនោះ ពិតជាស្រឡាញ់ខ្ញុំប្រាកដមែន។ មានន័យថា ប្រសិនបើអ្នកមិនធ្លាប់កាច់នំប៉័ងចែកគ្នាញ៉ាំជាមួយមនុស្សទេ នោះអ្នកនឹងមិនយល់ពីការលំបាករបស់ពួកគេឡើយ។ តើអ្នកបកស្រាយសម្ដីនេះដូចម្ដេច? ចុងក្រោយ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់បានស្គាល់ខ្លួនឯង ក្នុងអំឡុងពេលនៃការវាយផ្ចាលរបស់ពួកគេ និងធ្វើឱ្យពួកគេច្រៀង និងសើច ពេលការវាយផ្ចាលកំពុងកើតឡើងផង។ តើអ្នកពិតជាមានទំនុកចិត្តក្នុងការធ្វើតាមបំណងព្រះហឫទ័យខ្ញុំដែរឬទេ? ដូច្នេះ តើអ្នករាល់គ្នានឹងធ្វើអ្វីខ្លះនៅក្នុងការអនុវត្តរបស់អ្នករាល់គ្នា? ចាប់ពីពេលនេះតទៅ កិច្ចការរបស់ក្រុមជំនុំនីមួយៗនឹងត្រូវទទួលខុសត្រូវដោយបុគ្គលសមស្របនៅក្នុងក្រុមជំនុំនោះ ហើយពួកសាវ័កនឹងគ្រាន់តែរស់នៅក្នុងជីវិតជាក្រុមជំនុំប៉ុណ្ណោះ។ នេះហៅថា «ការដកពិសោធន៍ជីវិត»។ តើអ្នកយល់ទេ?
នៅមុនពេលដែលការវាយផ្ចាលកើតមានលើមនុស្សជាតិជាផ្លូវការ ដំបូង ខ្ញុំត្រូវបំពេញ «កិច្ចការនៃការធ្វើបដិសណ្ឋារកិច្ច» ចំពោះមនុស្សសិន ប្រយោជន៍ដើម្បីឱ្យនៅទីបញ្ចប់ទៅ ពួកគេទាំងអស់អាចធ្វើតាមបំណងព្រះហឫទ័យខ្ញុំបាន។ សូម្បីតែអ្នកដែលត្រូវដកខ្លួនចេញក៏ដោយ ក៏ពួកគេត្រូវតែរងទុក្ខ និងបញ្ចប់ការធ្វើបន្ទាល់ដែរ នៅមុនពេលដែលពួកគេចាកចេញ បើមិនដូច្នោះទេ ខ្ញុំនឹងមិនឱ្យពួកគេចាកចេញទៅដោយងាយៗនោះទេ។ នេះបង្ហាញពីនិស្ស័យរបស់ខ្ញុំដែលមិនអត់ឱនចំពោះការប្រមាថរបស់មនុស្ស ក៏ដូចជានិស្ស័យរបស់ខ្ញុំដែលថា ខ្ញុំមានបន្ទូលបែបណា ខ្ញុំនឹងធ្វើបែបនោះ។ បែបនេះ ខ្ញុំនឹងបានធ្វើតាមបន្ទូលសន្យារបស់ខ្ញុំថា «ខ្ញុំមានបន្ទូលបែបណា គឺខ្ញុំចង់បានន័យបែបនោះឯង ហើយអ្វីដែលខ្ញុំមានបន្ទូលហើយ ត្រូវតែធ្វើឱ្យបាន ហើយកិច្ចការដែលខ្ញុំធ្វើ ត្រូវតែស្ថិតស្ថេរអស់កល្បជានិច្ច»។ ពេលណាព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ ពេលនោះព្រះវិញ្ញាណរបស់ខ្ញុំក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ផងដែរ។ តើនរណានឹងហ៊ានលេង «តុក្កតា» ដែលកាន់នៅក្នុងដៃរបស់ពួកគេតាមអំពើចិត្តទៅ? មនុស្សគ្រប់គ្នាត្រូវតែទទួលយកការវាយផ្ចាលរបស់ខ្ញុំដោយការគោរព និងការស្ដាប់បង្គាប់។ តើនរណាអាចគេចផុតពីការវាយផ្ចាលនេះបាន? តើអាចមានផ្លូវណាផ្សេងទៀតក្រៅពីផ្លូវរបស់ខ្ញុំទេ? ថ្ងៃនេះ ខ្ញុំអនុញ្ញាតឱ្យអ្នកបានស្ថិតនៅលើផែនដីនេះ ហើយអ្នកក៏ត្រេកអរ។ ថ្ងៃស្អែក ខ្ញុំនឹងអនុញ្ញាតឱ្យអ្នកចូលទៅស្ថានសួគ៌ នោះអ្នកនឹងថ្វាយការសរសើរតម្កើងមិនខាន។ នៅថ្ងៃបន្ទាប់ទៀត ខ្ញុំនឹងដាក់អ្នកនៅក្រោមដី ជាកន្លែងដែលអ្នកនឹងត្រូវទទួលការវាយផ្ចាល។ តើទាំងអស់នេះ មិនមែនសុទ្ធតែជាសេចក្ដីតម្រូវនៃកិច្ចការរបស់ខ្ញុំទេឬអី? ដើម្បីតែសេចក្ដីតម្រូវរបស់ខ្ញុំនេះ តើមានអ្នកណាដែលមិនរងទុក្ខជួបគ្រោះអកុសល ហើយមិនទទួលបានព្រះពរនោះ? តើអាចមានការលើកលែងចំពោះអ្នករាល់គ្នាដែរឬទេ? ក្នុងនាមជារាស្ត្ររបស់ខ្ញុំនៅលើផែនដីនេះ តើអ្នកគួរធ្វើអ្វីខ្លះដើម្បីសេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ខ្ញុំ? តើវាអាចទេដែលថា អ្នកសរសើរព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំតែមាត់ តែក្នុងក្នុងចិត្តរបស់អ្នកវិញ បែរជាស្អប់ខ្ពើមខ្ញុំ? ការបំពេញកិច្ចការដើម្បីខ្ញុំ ការធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ក៏ដូចជាការស្គាល់ពីខ្លួនឯង និងការបះបោរប្រឆាំងនឹងសត្វនាគដ៏ធំមានសម្បុរក្រហម ទាំងអស់នេះមិនមែនជាកិច្ចការងាយស្រួលឡើយ ហើយអ្នកត្រូវតែលះបង់តម្លៃក្នុងការធ្វើកិច្ចការបែបនេះ។ នៅពេលដែលខ្ញុំមានបន្ទូលថា «តម្លៃ» តើអ្នករាល់គ្នាគិតថា ខ្ញុំចង់បានន័យដូចម្ដេច? ខ្ញុំនឹងមិនពិភាក្សាពីរឿងនេះនៅពេលនេះឡើយ ហើយខ្ញុំនឹងមិនផ្ដល់ចម្លើយដល់មនុស្សដោយផ្ទាល់តែម្ដងនោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងឱ្យពួកគេរិះគិតវាដោយខ្លួនឯង ហើយបន្ទាប់មក ឱ្យពួកគេឆ្លើយសំណួររបស់ខ្ញុំតាមជាក់ស្ដែង តាមរយៈឥរិយាបថ និងសកម្មភាពរបស់ពួកគេ។ តើអ្នកអាចធ្វើបែបនេះបានទេ?
ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩២