បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ

នៅពេលដែលព្រះជាម្ចាស់កំពុងតែវាយផ្ចាលគាត់ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! សាច់ឈាមរបស់ទូលបង្គំមិនស្ដាប់បង្គាប់ឡើយ ហើយទ្រង់វាយ​ផ្ចាល និងជំនុំជម្រះទូលបង្គំ។ ទូលបង្គំអរសប្បាយនៅក្នុងការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយទោះបីជាទ្រង់មិនសព្វ​ព្រះ​ហឫទ័យ​ចង់បានទូលបង្គំក៏ដោយ ប៉ុន្តែ នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ នៅពេលដែលទ្រង់ជំនុំជម្រះទូលបង្គំ ដើម្បីឲ្យអ្នកដទៃអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមានអារម្មណ៍ពេញចិត្តណាស់។ ប្រសិនបើវាអាចស្ដែងចេញពីនិស្ស័យរបស់ទ្រង់ និងអនុញ្ញាតឲ្យសត្តនិករ​ទាំងអស់មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយប្រសិនបើវាអាចធ្វើឲ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះ​ទ្រង់កាន់តែបរិសុទ្ធ ដើម្បីឲ្យទូលបង្គំអាចមានលក្ខណៈជាមនុស្សសុចរិត នោះការជំនុំជម្រះរបស់ទ្រង់ គឺជារឿងល្អហើយ ព្រោះថាការជំនុំជម្រះបែបនេះគឺធ្វើឡើងចេញពីព្រះហឫទ័យដ៏ពេញដោយព្រះគុណរបស់ទ្រង់។ ទូលបង្គំដឹងថា នៅក្នុងទូលបង្គំមាននូវសារជាតិបះបោរជាច្រើនទៀត និងដឹងទៀតថា ទូលបង្គំមិនទាន់សក្ដិសមចូលមកចំពោះទ្រង់នៅឡើយទេ។ ទូលបង្គំចង់ឲ្យទ្រង់ជំនុំជម្រះទូលបង្គំកាន់តែច្រើន មិនថាតាមរយៈបរិយាកាសឃោរឃៅ ឬទុក្ខវេទនាដ៏ខ្លាំងនោះឡើយ ហើយមិនថាទ្រង់ធ្វើចំពោះទូលបង្គំបែបណាក៏ដោយ ក៏វាជារឿងមានតម្លៃជានិច្ចដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់ជ្រាលជ្រៅណាស់ ហើយទូលបង្គំសុខចិត្តលះបង់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំសូម្បីតែបន្ដិចឡើយ»។ នេះគឺជាចំណេះដឹងរបស់ពេត្រុស ក្រោយពេលដែល​គាត់ដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាទីបន្ទាល់មួយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ថ្ងៃនេះ អ្នករាល់គ្នាត្រូវបានទ្រង់យកឈ្នះរួចហើយ ប៉ុន្តែ តើការយកឈ្នះនេះត្រូវបានស្ដែងចេញនៅក្នុងអ្នករាល់គ្នាយ៉ាងដូចម្ដេច? មនុស្សខ្លះនិយាយថា «ការយកឈ្នះរបស់ខ្ញុំគឺជាព្រះគុណ និងការលើកតម្កើងដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់។ ឥឡូវនេះ ទូលបង្គំទើបតែដឹងថា ជីវិតរបស់មនុស្សគឺប្រហោងក្នុង ហើយគ្មានភាពសំខាន់ឡើយ។ មនុស្សចាយជីវិតរបស់គេមមាញឹកក្នុងការធ្វើការ បង្កើតកូន និងចិញ្ចឹមបីបាច់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ ហើយចុងបញ្ចប់ វាគ្មានសល់អ្វីសោះ។ នៅថ្ងៃនេះ ក្រោយពេលដែល​ខ្ញុំត្រូវបានព្រះជាម្ចាស់បានយកឈ្នះហើយ ទើបខ្ញុំមើលឃើញថា វាគ្មានតម្លៃអ្វីឡើយក្នុងការរស់នៅបែបនេះ ព្រោះវាជាជីវិតមួយដែលគ្មានខ្លឹមសារ។ ខ្ញុំអាចស្លាប់ទៅ ហើយអ្វីៗនឹងចប់តាមនោះដែរ!» តើមនុស្សដែលត្រូវបានព្រះអង្គយកឈ្នះ អាចឲ្យព្រះជាម្ចាស់ទទួលបានដែរឬទេ? តើពួកគេអាចក្លាយជាមនុស្សគំរូដែរឬទេ? មនុស្សបែបនេះគឺជាមេរៀនមួយអំពីភាពអសកម្ម ដ្បិតពួកគេគ្មានការជំរុញចិត្ត ហើយមិនខំប្រឹងអភិវឌ្ឍខ្លួនឡើយ។ ទោះបីពួកគេតាំងខ្លួនជាមនុស្សដែលត្រូវបានយកឈ្នះក៏ដោយ ប៉ុន្តែ មនុស្សបែបនេះគ្មានសមត្ថភាពទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ឡើយ។ នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឲ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងដើម្បី​ទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បី​ទ្រង់ គឺជារឿងកំសាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឲ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បី​ទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឲ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឲ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ និង​វាយ​ផ្ចាលនិងសាក​ល្ប​ងទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឲ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឲ្យទូលបង្គំអាចរស់នៅក្នុង​ជីវិតដែល​កាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់ដើម្បី​ទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់​»។

មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុង​ជីវិតដែលមានអត្ថន័យ ហើយគេមិនគួរស្កប់ចិត្តជាមួយកាលៈទេសៈបច្ចុប្បន្នរបស់គេឡើយ។ ដើម្បីរស់នៅតាមរូបភាពរបស់ពេត្រុស គេត្រូវតែមានចំណេះដឹង និងបទពិសោធន៍ដូចជាពេត្រុស​​។ មនុស្សត្រូវតែបន្តស្វែងរកអ្វីៗដែលខ្ពស់ជាង និងជ្រាល​ជ្រៅជាង។ គេត្រូវតែមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងកាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ហើយមានជីវិតមួយដែលមានតម្លៃ និងមានន័យខ្លឹមសារ។ មានតែបែបនេះទេ ទើបជាជីវិត ហើយមានតែដូច្នេះប៉ុណ្ណោះ ទើបមនុស្សនឹងអាចក្លាយដូចជាពេត្រុស។ អ្នកត្រូវផ្ដោតទៅលើការប្រុងប្រៀបខ្លួនជាស្រេចឆ្ពោះ​ទៅ​រក​ច្រកចូលរបស់អ្នកនៅខាងផ្នែកវិជ្ជមាន ហើយមិនត្រូវបណ្ដែតបណ្តោយខ្លួនឲ្យទៅ​ប្រព្រឹត្តការ​អាក្រក់​ឡើង​វិញ ដោយសារតែភាពសុខស្រួលក្នុងពេលបច្ចុប្បន្ន តែបែរជាព្រងើយ​កន្ដើយចំពោះសេចក្តីពិតដែលកាន់តែជ្រាលជ្រៅ កាន់តែជាក់លាក់ និងកាន់តែជាក់ស្ដែងនោះឡើយ។ សេចក្តីស្រឡាញ់របស់អ្នកត្រូវតែជាក់ស្ដែង ហើយអ្នកត្រូវតែរកផ្លូវដើម្បីរំដោះខ្លួនចេញពីជីវិតដែលឥតកង្វល់ ខូចអាក្រក់នេះ ជាជីវិតដែលមានលក្ខណៈមិនខុសពីសត្វនោះឡើយ។ អ្នកត្រូវតែរស់នៅក្នុង​ជីវិតដែលមានអត្ថន័យ ជីវិតដ៏មានតម្លៃ ហើយអ្នកមិនត្រូវបញ្ឆោតខ្លួនអ្នក ឬចាត់ទុកជីវិតរបស់អ្នក ដូចជាតុក្កតាក្មេងលេងនោះឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុង​ជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហ​ឫទ័យ​របស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយ​អ្នក​មិន​ដឹង​ខ្លួន​ ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេល​ដែល​គេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនអ្នកនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលបន្តស្វែងរកព្រះជាម្ចាស់ អ្នកត្រូវតែចេះពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នក របៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែល​កាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ អ្នកក៏គួរតែដឹងអំពីរបៀបស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អដែរ។ នៅថ្ងៃនេះ អ្នកមិនអាចស្កប់ចិត្តជាមួយនឹងរបៀបដែលអ្នកត្រូវបានព្រះអង្គយកឈ្នះប៉ុណ្ណឹងទេ ប៉ុន្តែ អ្នកក៏ត្រូវពិចារណាទៅលើផ្លូវដែលអ្នកនឹងត្រូវដើរនៅក្នុងពេលអនាគតផងដែរ។ អ្នកត្រូវតែមានការជំរុញចិត្ត និងចិត្តក្លាហាន ដើម្បីឲ្យព្រះអង្គប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ ហើយមិនគួរគិតថា ខ្លួនអ្នកគ្មានសមត្ថភាពគ្រប់ពេលនោះឡើយ។ តើសេចក្តីពិតមានការបែងចែកបក្សពួកដែរឬ? តើសេចក្តីពិតមានចេតនាប្រឆាំងនឹងមនុស្សឬ? ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីពិត តើវាអាចជះឥទ្ធិពលលើអ្នកដែរឬទេ? ប្រសិន​បើអ្នកឈរមាំនៅក្នុងសេចក្តីយុត្តិធម៌ តើវានឹងផ្ដួលអ្នកឲ្យដួលដែរឬ? ប្រសិនបើការជំរុញចិត្តរបស់អ្នក គឺជាការបន្តស្វែងរកជីវិតយ៉ាងពិតប្រាកដ តើជីវិតអាចគេចចេញពីអ្នកបានដែរឬ? ប្រសិនបើអ្នកគ្មានសេចក្តីពិតទេ នោះវាមិនមែនដោយសារតែសេចក្តីពិតព្រងើយកន្ដើយចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគេចចេញពីសេចក្តីពិតវិញទេ។ ប្រសិនបើអ្នកមិនអាចឈរមាំនឹងសេចក្តីយុត្តិធម៌ នោះមិនមែនដោយសារតែសេចក្តីយុត្តិធម៌មានអ្វីមួយខុសនោះឡើយ ប៉ុន្តែ ដោយសារតែអ្នកជឿថា វាមានបញ្ហាណាមួយខុសពីការពិត។ ប្រសិនបើអ្នកមិនទទួលបានជីវិត ក្រោយពេលបន្តស្វែងរកជីវិតអស់រយៈ​ពេលជាច្រើនឆ្នាំហើយ នោះមិនមែនដោយសារតែជីវិតគ្មានមនសិការគិតចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគ្មានមនសិការគិតចំពោះជីវិត ហើយបានបែរចេញពីជីវិតវិញទេ។ ប្រសិនបើអ្នករស់នៅក្នុងពន្លឺ ហើយគ្មានសមត្ថភាពទទួលបានពន្លឺ នោះមិនមែនដោយសារតែពន្លឺគ្មានសមត្ថភាពបំភ្លឺអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃពន្លឺ ដូច្នេះ ពន្លឺក៏បានចាកចេញពីអ្នកស្ងាត់ៗ។ ប្រសិនបើអ្នកមិនបន្តស្វែងរកទេ ដូច្នេះ គឺអាចនិយាយបានថា អ្នកដូចជាសំរាមដែលគ្មានតម្លៃ គ្មានចិត្តក្លាហាននៅក្នុងជីវិត និងគ្មានស្មារតី ដើម្បីប្រឆាំងទល់នឹងកម្លាំងនៃសេចក្ដីងងឹតឡើយ។ អ្នកជាមនុស្សទន់ខ្សោយពេកហើយ! អ្នកមិនអាចរត់គេចចេញពីពួកបរិវាររបស់អារក្សសាតាំងដែលឡោមព័ទ្ធអ្នក ហើយអ្នកសុខចិត្តរស់នៅជីវិតបែបសុខសុវត្ថិភាព ហើយស្លាប់ទៅក្នុងភាពល្ងីល្ងើបែបនេះ។ អ្វីដែលអ្នកគួរតែសម្រេច គឺជាការបន្តស្វែងរករបស់អ្នកនូវការឲ្យព្រះអង្គយកឈ្នះ ព្រោះថានេះគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកស្កប់ចិត្តនឹងការឲ្យព្រះអង្គយកឈ្នះ នោះវាដូចជាអ្នកបណ្ដេញអត្ថិភាពនៃពន្លឺអ៊ីចឹង។ អ្នកត្រូវតែរងទុក្ខលំបាកដើម្បី​សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនអ្នកដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយដើម្បីសេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ​។ អ្នកគួរតែបន្តស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អ ហើយអ្នកគួរតែបន្តស្វែងរកផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុង​ជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកកម្មវត្ថុណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់​សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បី​សេចក្តីសប្បាយតែបន្ដិច​នោះឡើយ​។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

ព្រះជាម្ចាស់វាយ​ផ្ចាល និងជំនុំជម្រះមនុស្ស ដោយសារតែវាជាកិច្ចការដែលទ្រង់ត្រូវតែធ្វើ ហើយលើសពីនេះទៅទៀត វាជាអ្វីមួយដែលមនុស្សត្រូវការ។ មនុស្សត្រូវតែទទួលការវាយ​ផ្ចាល និងការជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបគេអាចមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នាបានជឿលើព្រះអង្គទាំងស្រុងហើយ ប៉ុន្តែ នៅពេលដែលអ្នកជួបឧបសគ្គដ៏កំប៉ិកកំប៉ុកបំផុត អ្នកបែរជាគិតថា អ្នកមានបញ្ហា បើដូច្នេះ ឋានៈរបស់អ្នកនៅតូចពេកហើយ ហើយអ្នកនៅតែត្រូវមានពិសោធន៍អំពីការវាយ​ផ្ចាល និងការជំនុំជម្រះបែបនេះជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ។ នៅថ្ងៃនេះ អ្នករាល់គ្នាមានការគោរព និងកោតខ្លាចខ្លះចំពោះព្រះជាម្ចាស់ ហើយអ្នករាល់គ្នាដឹងថា ទ្រង់ជាព្រះជាម្ចាស់ដ៏ពិត ប៉ុន្តែ អ្នកមិនមានសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះទ្រង់ឡើយ ហើយក៏គ្មានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែរ ចំណែកឯចំណេះដឹងរបស់អ្នករាល់គ្នាវិញក៏រាក់កំផែលទៀត ហើយឋានៈរបស់អ្នកវិញ ក៏នៅតែមិនគ្រប់គ្រាន់ដដែល។ នៅពេលដែលអ្នកជួបបរិយាកាសបែបនេះ អ្នកនៅតែមិនបាន​ធ្វើបន្ទាល់ដ៏ពិត ឯច្រកចូលវិញ អ្នកមិនសូវមានការប្រុងប្រៀបជាមុនឡើយ ហើយអ្នកក៏គ្មានគំនិតអំពីការអនុវត្តដែរ។ មនុស្សភាគច្រើនជាមនុស្សអកម្ម និងគ្មានសកម្មភាព។ ពួកគេស្រឡាញ់ព្រះជាម្ចាស់លួចលាក់នៅក្នុងដួងចិត្តរបស់ពួក​គេ ប៉ុន្តែ ពួក​គេគ្មានវិធី​ក្នុង​ការអនុវត្ត ហើយក៏មិនដឹងច្បាស់អំពីគោលដៅរបស់គេនោះដែរ។ អស់អ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសេចក្តីពិតដែលលើសពីខ្នាតវាស់នៃមនសិការ និងខ្ពស់ជាងបទដ្ឋាននៃមនសិការផងដែរ ហើយពួកគេមិនគ្រាន់តែប្រើប្រាស់មនសិការរបស់គេ ដើម្បីតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ពួកគេបានស្គាល់ព្រះជាម្ចាស់ និងបានឃើញថា ព្រះជាម្ចាស់ជាព្រះគួរឲ្យស្រឡាញ់ និងសក្តិសមទទួលសេចក្តីស្រឡាញ់របស់មនុស្ស ហើយបានឃើញទៀតថា នៅក្នុងព្រះជាម្ចាស់ មាននូវរឿងជាច្រើនទៀតដែលត្រូវស្រឡាញ់ ដូច្នេះ មនុស្សគ្មានអ្វី ក្រៅពីស្រឡាញ់ទ្រង់នោះឡើយ! សេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់របស់មនុស្សទាំងឡាយណាដែលត្រូវប្រោសឲ្យ​គ្រប់លក្ខណ៍ គឺត្រូវបំពេញតាមការជំរុញចិត្តរបស់ពួក​គេរៀងៗខ្លួន។ សេចក្តីស្រឡាញ់របស់ពួក​គេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលស្ម័គ្រចិត្ត ដែលមិនសុំផលតបស្នងមកវិញឡើយ ហើយក៏មិនមែនជាការជួញដូរនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែចំណេះដឹងរបស់ពួក​គេអំពីទ្រង់តែប៉ុណ្ណោះ។ មនុស្សបែបនេះមិនខ្វល់ឡើយថាតើព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេឬក៏អត់ ហើយមិនចេះស្កប់ចិត្តក្នុងការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេមិនតថ្លៃជាមួយព្រះជាម្ចាស់ ហើយក៏មិនវាស់សេចក្តីស្រឡាញ់របស់ពួក​គេចំពោះព្រះជាម្ចាស់ តាមរយៈមនសិការនោះដែរ៖ «ទ្រង់បានប្រទានពរទូលបង្គំ ដូច្នេះ ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់វិញ ជាការសងគុណ។ ប្រសិនបើទ្រង់មិនប្រទានដល់ទូលបង្គំទេ នោះទូលបង្គំគ្មានអ្វីដែលត្រូវថ្វាយ​ទ្រង់វិញឡើយ​»។ មនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តែងតែជឿថា៖ «ព្រះជាម្ចាស់ជាព្រះអាទិករ ហើយទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយើង។ ដោយសារតែខ្ញុំមានឱកាស លក្ខខណ្ឌ និងគុណសម្បត្តិនេះ ដើម្បីឲ្យទ្រង់ប្រោសឲ្យ​បានគ្រប់លក្ខណ៍ ដូច្នេះ ខ្ញុំគួរតែបន្តស្វែងរក ដើម្បីរស់នៅក្នុង​ជីវិតដែលមានអត្ថន័យ ហើយខ្ញុំគួរតែបំពេញតាមបំណងទ្រង់»។ នេះហើយជាចំណេះដឹងដែលពេត្រុសមាន៖ នៅពេលដែលគាត់ខ្សោយបំផុត គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! មិនថាពេលណា ឬនៅទីកន្លែងណានោះឡើយ ទ្រង់ជ្រាបដឹងថា ទូលបង្គំតែងតែនឹកគិតអំពីទ្រង់ជានិច្ច។ មិនថាពេលណា ឬនៅទីកន្លែងណានោះទេ ទ្រង់ជ្រាបដឹងថា ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែ ឋានៈរបស់ទូលបង្គំតូចពេក ទូលបង្គំខ្សោយពេក និងគ្មានកម្លាំងឡើយ ហើយសេចក្តីស្រឡាញ់របស់ទូលបង្គំនៅមានកម្រិតច្រើនណាស់ ហើយភាពស្មោះត្រង់របស់ទូលបង្គំចំពោះទ្រង់ក៏ស្ដួចស្ដើងដែរ។ បើប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ទូលបង្គំមិនសក្ដិសមក្នុងការរស់នៅឡើយ​។ ទូលបង្គំប្រាថ្នាសុំកុំឲ្យជីវិតរបស់ទូលបង្គំទៅជាឥតប្រយោជន៍ និងប្រាថ្នាថា ទូលបង្គំមិនអាចគ្រាន់តែតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ទូលបង្គំប្រាថ្នាថា ទូលបង្គំអាចថ្វាយដល់ទ្រង់នូវអ្វីៗទាំងអស់ដែលទូលបង្គំមាន​។ ប្រសិនបើទូលបង្គំអាចបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់ នោះក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំនឹងមានសន្ដិភាពផ្លូវចិត្ត ហើយទូលបង្គំនឹងមិនសុំអ្វីផ្សេងទៀតនោះឡើយ។ ទោះបីជាឥឡូវនេះ ទូលបង្គំខ្សោយ និងគ្មានកម្លាំងក៏ដោយ ប៉ុន្តែ ទូលបង្គំនឹងមិនភ្លេចឡើយអំពីពាក្យដាស់តឿនរបស់ទ្រង់ ហើយទូលបង្គំនឹងមិនភ្លេចអំពីសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ​។ ឥឡូវនេះ ទូលបង្គំគ្មានអ្វីដែលត្រូវធ្វើ ក្រៅពីតបស្នងសងគុណចំពោះសេច​ក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍អាក្រក់ក្រៃលែង! តើទូលបង្គំអាចតបស្នងចំពោះសេចក្តីស្រឡាញ់ដែលមាននៅក្នុងដួងចិត្តរបស់ទូលបង្គំទៅកាន់ទ្រង់ដោយរបៀបណាទៅ? តើទូលបង្គំអាចធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ហើយអាចបំពេញបំណងរបស់ទ្រង់ និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់បានដោយរបៀប​ណា? ទ្រង់ជ្រាបដឹងអំពីសេចក្តីកម្សោយរបស់មនុស្ស ដូច្នេះ តើទូលបង្គំអាចសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ដោយរបៀបណា? ឱ ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបដឹងថា ទូលបង្គំមានឋានៈតូចទេ និងដឹងទៀតថា សេចក្តីស្រឡាញ់របស់ទូលបង្គំក៏ស្ដួចស្ដើងបំផុតដែរ។ តើទូលបង្គំអាចធ្វើការយ៉ាងអស់ពីចិត្តបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ? ទូលបង្គំដឹងថា ទូលបង្គំគួរតែតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់វិញ ទូលបង្គំដឹងថា ទូលបង្គំគួរតែថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ប៉ុន្តែ នៅថ្ងៃនេះ ឋានៈរបស់ទូលបង្គំនៅតូចពេក។ ទូលបង្គំអធិស្ឋានសុំឲ្យទ្រង់ប្រទានកម្លាំង និងទំនុកចិត្តដល់​ទូល​បង្គំ ដើម្បីឲ្យទូលបង្គំកាន់តែមានសេចក្តីស្រឡាញ់បរិសុទ្ធថ្វាយដល់ទ្រង់ និងកាន់តែអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ព្រោះថាទូលបង្គំមិនគ្រាន់តែអាចតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទូលបង្គំនឹងកាន់តែអាចមានពិសោធន៍អំពីការវាយ​ផ្ចាល​ ការជំនុំជម្រះ និងការវិនិច្ឆ័យរបស់ទ្រង់ និងបណ្ដាសាដ៏ធ្ងន់ធ្ងរកាន់តែច្រើន។ ទ្រង់បានអនុញ្ញាតឲ្យទូលបង្គំមើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់ ហើយទូលបង្គំគ្មានសមត្ថភាពស្រឡាញ់ទ្រង់ឡើយ ហើយទោះបីជាទូលបង្គំខ្សោយ និងគ្មានកម្លាំងនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ តើទូលបង្គំអាចភ្លេចទ្រង់បានយ៉ាងដូចម្ដេចកើត? សេចក្តីស្រឡាញ់ ការកាត់ទោស និងការជំនុំជម្រះរបស់ទ្រង់ បានធ្វើឲ្យទូលបង្គំស្គាល់ទ្រង់ ប៉ុន្តែ ទូលបង្គំក៏មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពបំពេញតាមសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ ដ្បិតទូលបង្គំធំធេងពេកហើយ។ តើទូលបង្គំអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ព្រះអាទិករយ៉ាងដូចម្ដេច?» នេះជាសំណើរបស់ពេត្រុស ប៉ុន្តែ ឋានៈរបស់គាត់នៅមិនគ្រប់គ្រាន់ឡើយ។ នៅពេលនោះ គាត់មានអារម្មណ៍ដូចជាគេយកកាំបិតមកចាក់ក្នុងចិត្តរបស់គាត់អ៊ីចឹង។ គាត់មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ព្រោះគាត់មិនបានដឹងអំពីអ្វីដែលត្រូវធ្វើឡើយ ពេលស្ថិតនៅក្រោមស្ថានភាពបែបនេះ។ ប៉ុន្តែ គាត់នៅតែបន្តអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! មនុស្សមានឋានៈក្មេងពេក មនសិការរបស់គេក៏ខ្សោយ ហើយកិច្ចការតែមួយគត់ដែលទូលបង្គំអាចសម្រេចបាន គឺត្រូវតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ នៅថ្ងៃនេះ ទូលបង្គំមិនដឹងពីរបៀបបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់ឡើយ ហើយទូលបង្គំចង់ធ្វើអ្វីៗគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន គឺថ្វាយគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់។ មិនថាទ្រង់ជំនុំជម្រះ វាយ​ផ្ចាល ប្រទានពរ ឬក៏ដកព្រះពរចេញពីទូលបង្គំនោះឡើយ សូមទ្រង់ជួយទូលបង្គំកុំឲ្យមានការរអ៊ូរទាំសូម្បីតែបន្ដិចចំពោះទ្រង់នោះឡើយ​។ មានពេលជាច្រើនដង នៅពេលដែលទ្រង់បានវាយ​ផ្ចាល និងជំនុំជម្រះទូលបង្គំ ទូលបង្គំបានរអ៊ូដាក់ខ្លួនអ្នក ហើយទូលបង្គំគ្មានសមត្ថភាពទៅទទួលបានភាពបរិសុទ្ធ ឬបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់នោះឡើយ។ ការតបស្នងរបស់ទូលបង្គំចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ បានកើតចេញពីការបង្ខំចិត្ត ហើយនៅពេលនេះ ទូលបង្គំស្អប់ខ្លួនអ្នកកាន់តែខ្លាំងជាងមុន»។ នេះ​គឺ​ដោយសារតែគាត់បានព្យាយាម​ចង់មានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ដែលនាំឲ្យពេត្រុសបានអធិស្ឋានបែបនេះ។ គាត់កំពុងស្វែងរក និងអង្វរករ ហើយលើសពីនេះ គាត់កំពុងតែតិះដៀលខ្លួនអ្នក និងសារភាពអំពើបាបរបស់គាត់ទៅកាន់ព្រះជាម្ចាស់។ គាត់មានអារម្មណ៍ថា គាត់ជំពាក់គុណព្រះជាម្ចាស់ និងមានអារម្មណ៍ស្អប់ខ្លួនអ្នក ប៉ុន្តែ គាត់ក៏មានអារម្មណ៍កើតទុក្ខ និងអសកម្មដែរ។ គាត់តែងតែមានអារម្មណ៍បែបនេះ គឺដូចជាគាត់មិនល្អគ្រប់គ្រាន់សម្រាប់បំណងព្រះ​ហឫទ័យ​របស់ព្រះជាម្ចាស់ និងមិនអាចធ្វើកិច្ចការឲ្យអស់ពីសមត្ថភាពរបស់គាត់ឡើយ។ ស្ថិតនៅក្រោមលក្ខខណ្ឌបែបនេះ ពេត្រុសនៅតែបន្តស្វែងរកចង់បានសេចក្តីជំនឿដូចជាយ៉ូបទៀត។ គាត់បានមើលឃើញថា សេចក្តីជំនឿរបស់យ៉ូបពិតជាអស្ចារ្យខ្លាំងណាស់ ដ្បិតយ៉ូបបានមើលឃើញថា អ្វីៗគ្រប់យ៉ាងដែលគាត់​មាន គឺព្រះជាម្ចាស់បានប្រទានដល់គាត់ ហើយមើលឃើញថា វាជារឿងធម្មតា ដែលព្រះជាម្ចាស់ដកហូតអ្វីៗគ្រប់យ៉ាងចេញពីគាត់វិញ និងមើលឃើញទៀតថា ព្រះជាម្ចាស់អាចប្រទានពរទៅកាន់នរណាក៏បាន តាមតែទ្រង់សព្វ​ព្រះ​ហឫទ័យចង់ប្រទានពរ ព្រោះថានេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ យ៉ូបមិនបានរអ៊ូរទាំឡើយ ប៉ុន្តែ គាត់នៅតែសរសើរព្រះជាម្ចាស់ទៀត។ ពេត្រុសក៏បានស្គាល់ខ្លួនអ្នក ហើយគាត់បានអធិស្ឋាននៅក្នុងចិត្តរបស់គាត់ថា៖ «នៅថ្ងៃនេះ ទូលបង្គំមិនគួរស្កប់ចិត្តជាមួយការតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដោយប្រើមនសិការរបស់ទូលបង្គំ និងស្កប់ចិត្តជាមួយសេចក្តីស្រឡាញ់ដ៏ច្រើនដែលទូលបង្គំថ្វាយត្រឡប់ដល់ទ្រង់នោះឡើយ ដោយសារតែគំនិតរបស់ទូលបង្គំពុករលួយ​អស់ និងដោយសារតែទូលបង្គំគ្មានសមត្ថភាពមើលឃើញទ្រង់ ជាព្រះអាទិករ។ ដោយសារតែទូលបង្គំនៅតែមិនសក្ដិសមក្នុងការស្រឡាញ់ទ្រង់ ដូច្នេះ ទូលបង្គំត្រូវតែអភិវឌ្ឍសមត្ថភាព ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់ ដែលទូលបង្គំនឹងធ្វើដោយចេញពីចិត្ត។ ទូលបង្គំត្រូវតែដឹងអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើ ទូលបង្គំគ្មានជម្រើសឡើយ ហើយទូលបង្គំត្រូវតែមើលទៅកាន់សេចក្តីស្រឡាញ់របស់ទ្រង់ ហើយថ្លែងនូវការសរសើរ និងការលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ឡើង ដើម្បីឲ្យទ្រង់អាចទទួលបានសិរីល្អដ៏ធំតាមរយៈទូលបង្គំ​។ ទូលបង្គំព្រមឈររឹងមាំនៅក្នុងទីបន្ទាល់នេះអំពីទ្រង់​។ ឱ ព្រះជាម្ចាស់អើយ! សេចក្តីស្រឡាញ់របស់ទ្រង់មានតម្លៃ និងស្រស់ស្អាតពេកហើយ ដូច្នេះ តើទូលបង្គំអាចចង់ទៅរស់នៅក្នុងដៃរបស់មេកំណាចយ៉ាងដូចម្ដេចកើតទៅ? តើទូលបង្គំមិនត្រូវបានបង្កើតមក ដោយព្រះអង្គទេឬអី? តើទូលបង្គំអាចរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំងដោយរបៀបម៉េចទៅ? ទូលបង្គំចង់ឲ្យជីវិតរបស់ទូលបង្គំរស់នៅក្នុងការវាយ​ផ្ចាល​របស់ទ្រង់។ ទូលបង្គំមិនចង់រស់នៅក្រោមដែនត្រួត​ត្រារបស់មេកំណាចឡើយ។ ប្រសិនបើទូលបង្គំអាចត្រូវបានប្រោសឲ្យបរិសុទ្ធ និងអាចថ្វាយអ្វីៗទាំងអស់របស់ទូលបង្គំដល់ទ្រង់បាន នោះទូលបង្គំព្រមថ្វាយរូបកាយ និងគំនិតរបស់ទូលបង្គំដល់ការជំនុំជម្រះ និងការវាយ​ផ្ចាល​របស់ទ្រង់មិនខាន ព្រោះថាទូលបង្គំស្អប់ខ្ពើមអារក្សសាតាំង ហើយក៏មិនព្រមរស់នៅក្រោមដែនត្រួត​ត្រា​របស់វាដែរ។ តាមរយៈការជំនុំជម្រះរបស់ទ្រង់ចំពោះទូលបង្គំ ព្រះអង្គបង្ហាញឲ្យឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយដោយមើលឃើញបែបនេះ ទូលបង្គំមានសេចក្តីរីករាយ និងគ្មានពាក្យរអ៊ូរទាំសូម្បីតែបន្ដិចឡើយ។ ប្រសិនបើទូលបង្គំអាចបំពេញតាមភារកិច្ចជាមនុស្សបាន នោះទូលបង្គំព្រមដាក់ជីវិតទាំងស្រុងរបស់ទូលបង្គំ ឲ្យហ៊ុមព័ទ្ធដោយការជំនុំជម្រះរបស់ទ្រង់ ព្រោះថាមានតែតាមរយៈការជំនុំជម្រះនេះប៉ុណ្ណោះ ទើបទូលបង្គំនឹងស្គាល់អំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវានឹងដកទូលបង្គំចេញពីឥទ្ធិពលរបស់មេកំណាច»។ ពេត្រុសតែងតែអធិស្ឋានបែបនេះ តែងតែស្វែងរកបែបនេះ បើនិយាយជារួមទៅ គាត់បានទៅដល់ពិភពដ៏ខ្ពស់មួយ។ គាត់មិនគ្រាន់តែតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ កាន់តែសំខាន់ គាត់ក៏បានបំពេញភារកិច្ចរបស់គាត់ ក្នុងនាមជាសត្តនិករម្នាក់ដែរ។ គាត់មិនគ្រាន់តែត្រូវបានចោទប្រកាន់ពីមនសិការរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ គាត់ក៏អាចធ្វើលើសពីបទដ្ឋាននៃមនសិការនោះដែរ។ ពាក្យអធិស្ឋានរបស់គាត់បានបន្តទូលថ្វាយនៅចំពោះព្រះភ័ក្ត្ររបស់​ព្រះជាម្ចាស់ ដែលនេះបង្ហាញថា ការជំរុញចិត្តរបស់គាត់មានកាន់តែខ្ពស់ ហើយសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ក៏មានកាន់តែខ្លាំងដែរ។ ទោះបីគាត់បានរងការឈឺចាប់យ៉ាងខ្លាំងក៏ដោយ ក៏គាត់នៅតែមិនភ្លេចក្នុងការស្រឡាញ់ព្រះជាម្ចាស់ដែរ ហើយគាត់ក៏នៅតែព្យាយាមចង់ទទួលបានសមត្ថភាព ដើម្បីយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ថែមទៀត។ នៅក្នុងពាក្យអធិស្ឋានរបស់គាត់ គាត់បានបន្លឺឡើងថា៖ «ទូលបង្គំមិនបានសម្រេចអ្វីសោះឡើយ ក្រៅពីតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់។ ទូលបង្គំមិនបានធ្វើបន្ទាល់អំពីទ្រង់នៅចំពោះអារក្សសាតាំង ហើយទូលបង្គំនៅតែរស់នៅក្នុងចំណោមសាច់ឈាមនៅឡើយទេ។ ទូលបង្គំចង់ប្រើសេចក្តីស្រឡាញ់របស់ទូលបង្គំ ដើម្បីបង្រ្កាបអារក្សសាតាំង ធ្វើឲ្យវាបាក់មុខ និងបំពេញតាមបំណងព្រះ​ហឫទ័យរបស់ទ្រង់​។ ទូលបង្គំចង់ថ្វាយអ្វីៗគ្រប់យ៉ាងរបស់ទូលបង្គំដល់ព្រះអង្គ ហើយមិនចង់ប្រគល់​ខ្លួនទូលបង្គំឲ្យ​ដល់អារក្សសាតាំង សូម្បីតែបន្ដិចនោះឡើយ ព្រោះថាអារក្សសាតាំងគឺជាខ្មាំងសត្រូវរបស់ទ្រង់​»។ បើគាត់ស្វែងរកនៅក្នុងទិសដៅនេះកាន់តែច្រើន បើគាត់កាន់តែមានអារម្មណ៍រំជួលចិត្ត នោះចំណេះដឹងរបស់គាត់អំពីកិច្ចការទាំងនេះ ក៏មានកាន់តែខ្ពស់ដែរ។ ដោយមិនដឹងខ្លួន គាត់បានចាប់ផ្ដើមដឹងថា គាត់អាចដកខ្លួនចេញពីឥទ្ធិពលរបស់អារក្សសាតាំង ហើយគាត់គួរតែថ្វាយខ្លួនគាត់ទាំងស្រុងដល់ព្រះជាម្ចាស់វិញ។ នេះហើយជាពិភពមួយដែលគាត់បានទទួល​។ គាត់កំពុងតែទៅហួសពីដែនឥទ្ធិពលរបស់អារក្សសាតាំង និងដកខ្លួនរបស់គាត់ចេញពីសេចក្តីសប្បាយភ្លើតភ្លើនខាងសាច់ឈាម និងព្រមទទួលបទពិសោធន៍កាន់តែជ្រាលជ្រៅជាមួយការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់​។ គាត់បាននិយាយថា «ទោះបីទូលបង្គំរស់នៅក្នុងការការ​វាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយមិនថាវាពិបាកប៉ុនណានោះឡើយ ក៏ទូលបង្គំនៅតែមិនព្រមរស់នៅក្រោមដែនត្រួ​តត្រារបស់អារក្សសាតាំង និងរងទុក្ខជាមួយឧបាយកលរបស់វាដែរ។ ទូលបង្គំបែរជាមានអំណរចេញពីការរស់នៅក្នុងការដាក់បណ្ដាសារបស់ទ្រង់ ហើយទូលបង្គំឈឺចាប់ ដែលរស់នៅក្នុងពររបស់អារក្សសាតាំង​។ ទូលបង្គំស្រឡាញ់ទ្រង់ ដោយរស់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ហើយការនេះនាំឲ្យទូលបង្គំមានសេចក្តីអំណរដ៏ធំ។ ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ គឺជាសេចក្តីសុចរិត និងភាពបរិសុទ្ធ ហើយទ្រង់ធ្វើវាឡើង គឺដើម្បីលាងជម្រះទូលបង្គំ ហើយកាន់តែសំខាន់នោះគឺ ដើម្បីសង្រ្គោះទូលបង្គំវិញទេ។ ទូលបង្គំសុខចិត្តចំណាយពេលមួយជីវិតរបស់ទូលបង្គំនៅក្នុងការជំនុំជម្រះរបស់ទ្រង់ ដើម្បីឲ្យទូលបង្គំអាចស្ថិតនៅក្រោមការមើលថែរបស់ទ្រង់។ ទូលបង្គំមិនព្រមរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំង សូម្បីតែមួយភ្លែតនោះឡើយ។ ទូលបង្គំចង់ឲ្យទ្រង់លាងជម្រះទូលបង្គំ ហើយទោះបីជាទូលបង្គំត្រូវរងទុក្ខលំបាកក៏ដោយ ក៏ទូលបង្គំមិនព្រមឲ្យអារក្សសាតាំងកេងចំណេញ និងប្រើល្បិចចំពោះទូលបង្គំនោះដែរ។ ក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំគួរតែត្រូវបានប្រើប្រាស់ដោយព្រះអង្គ កាន់កាប់ដោយទ្រង់ ជំនុំជម្រះដោយទ្រង់ និងវាយ​ផ្ចាល​ដោយទ្រង់វិញ។ ទូលបង្គំគួរតែត្រូវរងបណ្ដាសាដោយទ្រង់។ ដួងចិត្តរបស់ទូលបង្គំអរសប្បាយ នៅពេលដែលទ្រង់មានព្រះទ័យចង់ប្រទានពរដល់ទូលបង្គំ ដ្បិតទូលបង្គំបានឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់ជាព្រះអាទិករ ហើយទូលបង្គំជាស្នាព្រះហស្តរបស់ទ្រង់៖ ទូលបង្គំមិនគួរក្បត់ទ្រង់ ហើយទៅរស់នៅក្រោមដែនត្រាតត្រា​របស់អារក្សសាតាំង ឬឲ្យវាកេងចំណេញលើទូលបង្គំនោះឡើយ។ ទូលបង្គំគួរតែធ្វើ​ជាសេះ ឬគោរបស់ទ្រង់ ជាជាងរស់នៅសម្រាប់អារក្សសាតាំង។ ទូលបង្គំសុខចិត្តរស់នៅក្នុងការវាយ​ផ្ចាល​របស់ទ្រង់ ទោះបីគ្មានសុភមង្គលខាងរូបកាយក៏ដោយ ហើយការនេះនឹងនាំឲ្យទូលបង្គំមានភាពរីករាយជាង ទោះបីជាទូលបង្គំត្រូវបាត់បង់ព្រះគុណរបស់ទ្រង់ក៏ដោយ។ ទោះបីព្រះគុណទ្រង់មិននៅជាមួយទូលបង្គំក៏ដោយ ក៏ទូលបង្គំនៅតែរីករាយក្នុងការទទួលយក​ការវាយ​ផ្ចាល​ និងការជំនុំជម្រះពីទ្រង់ដដែល ដ្បិតនេះជាព្រះពរដ៏ល្អបំផុតរបស់ទ្រង់ ជាព្រះគុណដ៏ធំបំផុតរបស់ទ្រង់។ ទោះបីទ្រង់តែងតែប្រើឫទ្ធា​នុភាព និងសម្ដែង​សេចក្ដី​ក្រោធចំពោះទូលបង្គំក៏ដោយ ក៏ទូលបង្គំគ្មានសមត្ថភាពអ្វីទៅចាកចេញពីទ្រង់ដែរ ហើយទូលបង្គំនៅតែស្រឡាញ់យ៉ាងខ្លាំងដដែល។ ទូលបង្គំសុខចិត្តរស់នៅក្នុងដំណាក់របស់ទ្រង់ ទូលបង្គំសុខចិត្តឲ្យទ្រង់ដាក់បណ្ដាសា វាយ​ផ្ចាល និងធ្វើឲ្យឈឺចាប់ ក៏ទូលបង្គំមិនព្រមទៅរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំងឡើយ ហើយក៏មិនព្រមមមាញឹកនឹងជីវិតសម្រាប់តែខាងសាច់ឈាម ហើយក៏មិនព្រមរស់នៅសម្រាប់សាច់ឈាមដែរ»។ សេចក្តីស្រឡាញ់របស់​ពេត្រុស គឺជាសេចក្តីស្រឡាញ់បរិសុទ្ធ។ នេះជាបទពិសោធន៍នៃការប្រោសឲ្យបានគ្រប់លក្ខណ៍ ហើយវាជាពិភពដ៏ខ្ពស់បំផុតនៃការប្រោសឲ្យបានគ្រប់លក្ខណ៍ ព្រោះថាគ្មានជីវិតណាមួយដែលមានអត្ថន័យជាងនេះទៀតឡើយ​។ គាត់បានទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ គាត់បានឲ្យតម្លៃខ្លាំងទៅលើនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីមួយអំពីពេត្រុស ដែលមានតម្លៃជាងនោះទៀតឡើយ។ គាត់បានមានប្រសាសន៍ថា «សាតាំងផ្ដល់ឲ្យទូលបង្គំមានសេចក្តីរីករាយខាងសម្ភារៈ ប៉ុន្តែ ទូលបង្គំមិនឲ្យតម្លៃទៅលើ​សម្ភារៈ​ទាំងនោះឡើយ។ ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ កើតមានចំពោះទូលបង្គំ ហើយនៅក្នុងការនេះ ទូលបង្គំចាត់ទុកដូចជាព្រះគុណ និងរកឃើញសេចក្តីអំណរ ហើយនៅក្នុងការនេះ ទូលបង្គំបែរជាមានពរទៅវិញ។ ប្រសិនបើគ្មានការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះទូលបង្គំនឹងមិនអាចស្រឡាញ់ព្រះជាម្ចាស់បានឡើយ ទូលបង្គំនឹងនៅតែរស់នៅក្រោមដែនត្រួ​តត្រារបស់អារក្សសាតាំង ហើយប្រាកដជាបន្តស្ថិតនៅក្រោមការគ្រប់គ្រង និងក្រោមបញ្ជារបស់វាមិនខាន។ ប្រសិនបើបែបនេះមែន ទូលបង្គំនឹងមិនអាចក្លាយជាមនុស្សដ៏ពិតឡើយ ព្រោះថាទូលបង្គំនឹងគ្មានសមត្ថភាពបំពេញតាមបំណងព្រះ​ហឫទ័យរបស់ទ្រង់ ហើយ​ទូលបង្គំនឹងមិនបានថ្វាយអ្វីៗទាំងអស់របស់ទូលបង្គំដល់ព្រះជាម្ចាស់ឡើយ។ ទោះបីព្រះជាម្ចាស់មិនប្រទានពរដល់ទូលបង្គំ ចាកចេញពីទូលបង្គំ ដោយគ្មានការកំសាន្តចិត្ត ដូចជាភ្លើងដែលកំពុងតែឆេះនៅក្នុងទូលបង្គំ និងគ្មានសេចក្តីសុខសាន្ត ឬសេចក្តីអំណរក៏ដោយ ហើយទោះបីការវាយ​ផ្ចាល​ និងការលត់ដំរបស់ព្រះជាម្ចាស់ នៅមិនឆ្ងាយពីទូលបង្គំក្ដី ក៏នៅក្នុងការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ទូលបង្គំអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ ទូលបង្គំរីករាយនឹងទទួលយក ដ្បិតនៅក្នុងជីវិតនេះ គ្មានអ្វីដែលមានតម្លៃ ឬអត្ថន័យជាងនេះទៀតឡើយ។ ទោះបីការការពារ និងការមើលថែរបស់ទ្រង់ប្រែក្លាយជាការវាយ​ផ្ចាល ការជំនុំជម្រះ ការដាក់បណ្ដាសា និងការផ្ចាញ់ផ្ចាលដ៏គ្មានមេត្តាក៏ដោយ ក៏ទូលបង្គំនៅតែព្រមទទួលយកដោយក្ដីរីករាយដដែល ព្រោះថាការទាំងនេះអាចលាងជម្រះ និងអាចបំផ្លាស់​បំប្រែទូលបង្គំឲ្យកាន់តែប្រសើរ អាចនាំឲ្យទូលបង្គំចូលកាន់តែជិតព្រះជាម្ចាស់ អាចធ្វើឲ្យទូលបង្គំកាន់តែស្រឡាញ់ព្រះជាម្ចាស់ និងអាចធ្វើឲ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ។ ការនេះធ្វើឲ្យទូលបង្គំបំពេញតាមភារកិច្ចរបស់ទូលបង្គំ ក្នុងនាមជាសត្តនិករម្នាក់ និងនាំទូលបង្គំចូលទៅចំពោះព្រះជាម្ចាស់ ហើយចេញឆ្ងាយពីឥទ្ធិពលរបស់អារក្សសាតាំង ដូច្នេះ ទូលបង្គំលែងបម្រើអារក្សសាតាំងទៀតហើយ។ នៅពេលដែលទូលបង្គំលែងរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំង និងអាចថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ថ្វាយព្រះជាម្ចាស់ដោយគ្មានលាក់ទុកអ្វីមួយ នោះហើយជាពេលដែលទូលបង្គំនឹងមានអារម្មណ៍ស្កប់ចិត្តទាំងស្រុង។ ដូច្នេះ គឺការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់នេះ​ហើយ​ ដែលបានសង្រ្គោះទូលបង្គំ ហើយជីវិតរបស់ទូលបង្គំមិនអាចដាច់ចេញពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បានឡើយ។ ជីវិតទូលបង្គំនៅលើផែនដីស្ថិតនៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំង ហើយប្រសិនបើវាមិនមែនសម្រាប់ការមើលថែ និងការការពារចេញពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះទូលបង្គំនឹងតែងតែរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំងមិនខាន ហើយលើសពីនេះ ទូលបង្គំនឹងមិនមានឱកាស ឬមធ្យោបាយណា ដើម្បីរស់នៅក្នុង​ជីវិតដែលមានអត្ថន័យនោះឡើយ។ មានតែការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅជាប់ជាមួយទូលបង្គំជានិច្ចទេ ទើបទូលបង្គំអាចនឹងត្រូវបានលាងជម្រះដោយព្រះជាម្ចាស់។ មានតែការប្រើពាក្យសម្ដីគំរោះគំរើយ និស្ស័យ​ដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដែលប្រកបដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ទេ ទើបទូលបង្គំទទួលបានការការពារដ៏ខ្ពស់បំផុត និងរស់នៅក្នុងពន្លឺ ហើយទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ការត្រូវបានលាងជម្រះ ការដកខ្លួនចេញពីអារក្សសាតាំង និងការរស់នៅក្រោមដែនត្រួត​ត្រារបស់ព្រះជាម្ចាស់ គឺជាព្រះពរដ៏ធំបំផុតនៅក្នុងជីវិតរបស់ទូលបង្គំនាពេលសព្វថ្ងៃ»។ នេះគឺជាពិភពដ៏ខ្ពស់បំផុត ដែលពេត្រុសបានដកពិសោធន៍។

នេះហើយជាសភាពពិត​ប្រាកដ​មួយដែលមនុស្សត្រូវតែទទួលបាន ក្រោយពេលដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចសម្រេចការនេះបានច្រើនទេ នោះអ្នកមិនអាចរស់នៅក្នុង​ជីវិតដែលមានន័យបានឡើយ។ មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់​មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយ​ផ្ចាល​របស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាអារក្សសាតាំងអ៊ីចឹង។ តើមនុស្សអាចក្លាយជាបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ពេត្រុសបានជឿថា ការវាយ​ផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរប​ស់មនុស្ស​។ មានតែតាមរយៈការវាយ​ផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់អារក្សសាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឲ្យមានសេរីភាពពីឥទ្ធិពលរបស់អារក្សសាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឲ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយ​ផ្ចាល និងការជំនុំជម្រះឡើយ! ​ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ដរាបណាទ្រង់វាយ​ផ្ចាល និងជំនុំជម្រះទូលបង្គំ នោះទូលបង្គំនឹងដឹងថា ទ្រង់មិនបានចាកចោលទូលបង្គំឡើយ។ ទោះបីជាទ្រង់មិនប្រទានឲ្យទូលបង្គំមានអំណរ ឬសេចក្តីសុខសាន្ត និងដាក់ទូលបង្គំឲ្យរស់នៅក្នុងទុក្ខវេទនា ហើយឲ្យទូលបង្គំរងទុក្ខមិនចេះចប់ក៏ដោយ ហើយបើទ្រង់មិនចាកចោលទូលបង្គំ នោះដួងចិត្តរបស់ទូលបង្គំនឹងធូរស្រាលមិនខាន។ នៅថ្ងៃនេះ ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានក្លាយជាការការពារដ៏ល្អបំផុត និងជាព្រះពរដ៏ធំបំផុតរបស់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំ ផ្ដល់នូវការការពារដល់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំនៅថ្ងៃនេះ គឺជាការស្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាជាការ​វាយ​ផ្ចាល និងការជំនុំជម្រះ។ លើសពីនេះ វាគឺជាការល្បង​ល ហើយជាងនេះទៀត វាជាជីវិតនៃការរងទុក្ខ»។ ពេត្រុសអាចលះបង់ចោលសេចក្តីសប្បាយខាងសាច់ឈាម ហើយស្វែងរកសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងការការពារកាន់តែធំ ដោយសារតែគាត់បានទទួលព្រះគុណដ៏ច្រើនចេញពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុង​ជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោល​គឺ​ជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបាន​ការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយ​ផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏​ដោយ ទោះបីជា​មានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំ​ដែរ​។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែ ទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះ​ហ​ឫទ័យ​របស់ទ្រង់។ ការវាយ​ផ្ចាល​របស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឲ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយ​ផ្ចាល​ និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែ លើសពីនេះទៅទៀត វាជាការវាយ​ផ្ចាល​ និងការជំនុំជម្រះ។ ការវាយ​ផ្ចាល​ និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់​។ បើគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានពិសោធន៍នូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។ ទោះបីទូលបង្គំបានជួបការល្បងល និងទុក្ខវេទនារាប់រយ ហើយទោះបីជាទូលបង្គំប៊ិះនឹងស្លាប់ក៏ដោយ ប៉ុន្តែ វាបានជួយឲ្យទូលបង្គំស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងទទួលបានសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតវិញទេ។ ប្រសិនបើការវាយ​ផ្ចាល ការជំនុំជម្រះ និងការលត់ដំរបស់ទ្រង់ ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះទូលបង្គំនឹងរស់នៅក្នុងសេចក្តីងងឹត ក្រោមដែនត្រួ​តត្រា​របស់អារក្សសាតាំងមិនខាន។ តើសាច់ឈាមរបស់មនុស្សមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ប្រសិនបើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះវាប្រៀបបីដូចជាព្រះវិញ្ញាណរបស់ទ្រង់បានបោះបង់ចោលទូលបង្គំ និងដូចជាទ្រង់លែងគង់នៅជាមួយទូលបង្គំអ៊ីចឹង។ ប្រសិនបើបែបនេះមែន តើទូលបង្គំអាចបន្តរស់នៅយ៉ាងម៉េចកើតទៅ? ប្រសិនបើទ្រង់ប្រទានឲ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែ ប្រសិនបើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ? ទូលបង្គំមិនអាចទ្រាំទ្រនឹងសេចក្តីងងឹត និងជីវិតបែបនេះបានឡើយ។ ដោយមានទ្រង់គង់នៅជាមួយទូលបង្គំ គឺដូចជាទូលបង្គំមើលឃើញទ្រង់អ៊ីចឹង ដូច្នេះ តើទូលបង្គំអាចចាកចេញពីទ្រង់បានយ៉ាងដូចម្ដេចកើត? ទូលបង្គំសូមអង្វរ សូមទ្រង់កុំដកសេចក្តីកំសាន្តចិត្តដ៏ធំបំផុតរបស់ទូលបង្គំចេញពីជីវិតរបស់ទូលបង្គំឡើយ ទោះបីវាគ្រាន់តែជាព្រះបន្ទូលនៃសេចក្តីធានាអះអាងតែពីរបីពាក្យក៏ដោយ។ ទូលបង្គំបានរីករាយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនៅថ្ងៃនេះ ទូលបង្គំមិនអាចរស់នៅដោយគ្មានទ្រង់បានឡើយ​។ តើទូលបង្គំអាចមិនស្រឡាញ់ទ្រង់យ៉ាងដូចម្ដេចកើត? ទូលបង្គំបានបង្ហូរទឹកភ្នែកនៃទុក្ខព្រួយជាច្រើនដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែ ទូលបង្គំតែងតែមានអារម្មណ៍ថា ជីវិតបែបនេះទើបជាជីវិតដែលមានអត្ថន័យជាង ធ្វើឲ្យជីវិតទូលបង្គំកាន់តែប្រសើរឡើង កាន់តែអាចបំផ្លាស់បំប្រែទូលបង្គំ និងកាន់តែអាចជួយឲ្យទូលបង្គំទទួលបានសេចក្តីពិត ដែលសត្តនិករគួរតែមាន»។

ជីវិតទាំងស្រុងរបស់មនុស្សត្រូវបានរស់នៅក្រោមដែនត្រួត​ត្រារបស់អារក្សសាតាំង ហើយគ្មានមនុស្សណាម្នាក់ អាចរំដោះខ្លួនចេញពីឥទ្ធិពលរបស់អារក្សសាតាំងដោយខ្លួនអ្នកបានឡើយ។ មនុស្សទាំងអស់រស់នៅក្នុងពិភពដ៏ស្មោកគ្រោក នៅក្នុងសេចក្តីពុករលួយ និងភាពទទេ ដោយគ្មានអត្ថន័យ ឬតម្លៃអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានផង ហើយពួកគេរស់នៅក្នុងជីវិតដែលមិនខ្វល់ គឺរស់នៅសម្រាប់តែខាងសាច់ឈាម សម្រាប់សេចក្តីស្រើប​ស្រាល និងសម្រាប់តែអារក្សសាតាំងប៉ុណ្ណោះ។ វាគ្មានតម្លៃអ្វីសោះឡើយចំពោះអត្ថិភាពរបស់ពួក​គេ។ មនុស្សគ្មានសមត្ថភាពរកឃើញសេចក្តីពិតដែលនឹងរំដោះគេឲ្យចេញផុតពីដែនឥទ្ធិពលរបស់អារក្សសាតាំងឡើយ។ ទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងអានព្រះគម្ពីរក៏ដោយ ក៏គេមិនយល់អំពីរបៀបរំដោះខ្លួនចេញពីឥទ្ធិពលគ្រប់គ្រងរបស់អារក្សសាតាំងដែរ។ នៅគ្រប់យុគសម័យ មានមនុស្សតិចតួចណាស់ដែលបានរកឃើញនូវអាថ៌កំបាំងនេះ ហើយមានមនុស្សតិចតួចណាស់ដែលបានយល់អំពីការ​នេះ។ ដូច្នេះហើយ ទោះ​បីជាមនុស្សស្អប់ខ្ពើមអារក្សសាតាំង និងស្អប់សាច់ឈាមក៏ដោយ ក៏គេមិនដឹងពីរបៀបដកខ្លួនចេញពីឥទ្ធិពលទាក់ចិត្តរបស់អារក្សសាតាំងដែរ។ នៅថ្ងៃនេះ តើអ្នករាល់គ្នាមិនស្ថិតនៅក្រោមដែនគ្រប់គ្រងរបស់អារក្សសាតាំងទេឬអី? អ្នករាល់គ្នាមិនស្ដាយក្រោយចំពោះទង្វើមិនស្ដាប់បង្គាប់របស់ខ្លួនហើយ ថែមទាំងមិនមានអារម្មណ៍ថា ខ្លួនអ្នកស្មោកគ្រោក និងមិនស្ដាប់បង្គាប់ទៀត។ ក្រោយពេលដែល​ប្រឆាំងនឹងព្រះជាម្ចាស់ អ្នករាល់គ្នាថែមទាំងមានសេចក្តីសុខផ្លូវចិត្ត និងសេចក្តីសុខសាន្តថែមទៀត។ តើសេចក្តីសុខសាន្តរបស់អ្នក មិនមែនដោយសារតែអ្នកជាមនុស្សពុក​រលួយ​ទេឬអី? តើសេចក្តីសុខផ្លូវចិត្តនេះមិនមែនចេញមកពីការមិនស្ដាប់បង្គាប់របស់អ្នកទេឬអី? មនុស្សរស់នៅក្នុងស្ថាននរករបស់មនុស្ស គេរស់នៅក្រោមឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំង ហើយនៅទូទាំងទឹកដី ខ្មោចរស់នៅរួមជាមួយមនុស្ស ដោយចូលទន្ទ្រានលើសាច់ឈាមរបស់មនុស្ស។ នៅលើផែនដី អ្នកមិនរស់នៅក្នុងស្ថានបរមសុខដ៏ស្រស់ស្អាតឡើយ។ ទីកន្លែងដែលអ្នករស់នៅ គឺជាពិភពរបស់អារក្ស ជានរករបស់មនុស្ស ជាស្ថានអវចី។ ប្រសិនបើមនុស្សមិនត្រូវបានលាងជម្រះទេ នោះគេចេញពីអ្វីៗដែលស្មោកគ្រោកហើយ។ ប្រសិនបើគេមិនត្រូវបានព្រះជាម្ចាស់ការពារ និងមើលថែទេ នោះគេនៅតែជាឈ្លើយសឹករបស់អារក្សសាតាំងដដែល​។ ប្រសិនបើគេមិនទទួលការជំនុំជម្រះ និងការវាយ​ផ្ចាល​ទេ នោះគេនឹងគ្មានផ្លូវរត់គេចខ្លួនចេញពីការសង្កត់សង្កិននៃឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំងបានឡើយ។ និស្ស័យដ៏ពុកខូចដែលអ្នកបង្ហាញចេញ និងអាកប្ប​កិរិយា​មិនស្ដាប់បង្គាប់ដែលអ្នកបង្ហាញ​ចេញ​មក​តាម​រយៈ​ការ​រស់នៅ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា អ្នកកំពុងតែរស់នៅក្រោមដែនត្រួត​ត្រា​របស់អារក្សសាតាំងដដែល។ ប្រសិនបើគំនិត និងចិត្តរបស់អ្នកមិនត្រូវបានលាងជម្រះទេ ហើយនិស្ស័យរបស់អ្នកមិនត្រូវបានជំនុំជម្រះ និងវាយ​ផ្ចាល​ទេ នោះជីវិតទាំងមូលរបស់អ្នកនឹងនៅតែត្រូវបានត្រួតត្រា ដោយដែនត្រួត​ត្រារបស់អារក្សសាតាំង គំនិតរបស់អ្នកត្រូវបានបង្គាប់បញ្ជាដោយសាតាំង ហើយរូបកាយទាំងមូលរបស់អ្នកក៏ត្រូវបានត្រួតត្រាដោយដៃរបស់សាតាំងដែរ។ ឥឡូវនេះ តើអ្នកដឹងដែរឬទេថា អ្នកនៅឆ្ងាយប៉ុនណាពីបទដ្ឋានរបស់ពេត្រុស? តើអ្នកមាននូវគុណសម្បត្តិនោះដែរឬទេ? តើអ្នកដឹងច្រើនប៉ុនណាអំពីការវាយ​ផ្ចាល និងការជំនុំជម្រះនៅថ្ងៃនេះ? តើអ្នកមានគុណសម្បត្តិដែលពេត្រុសបានដឹងច្រើនកម្រិតណាទៅ? ប្រសិនបើអ្នកមិនដឹងនៅថ្ងៃនេះទេ តើអ្នកនឹងអាចទទួលបានចំណេះដឹងនេះនៅថ្ងៃខាងមុខដែរឬទេ? មនុស្សដែលមានចរិតខ្ជិលច្រអូស និងកំសាកដូចអ្នកនេះ គឺគ្មានសមត្ថភាពដឹងអំពីការវាយ​ផ្ចាល និងការជំនុំជម្រះឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីសុខនៃសាច់ឈាម និងសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម នោះអ្នកនឹងគ្មានផ្លូវទទួលការលាងជម្រះបានឡើយ ហើយនៅទីចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅឯសាតាំងវិញ ដ្បិតអ្វីដែលអ្នកបង្ហាញ​ចេញ​តាម​រយៈ​ការ​រស់នៅ គឺជាសាតាំង និងសាច់ឈាម​។ នាពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមិនបន្តស្វែងរកជីវិតឡើយ នេះមានន័យថា ពួកគេមិនខ្វល់អំពីការលាងជម្រះ ឬអំពីការចូលទៅក្នុងបទពិសោធន៍ជីវិតកាន់តែស៊ីជម្រៅឡើយ​។ បើដូច្នេះ តើពួកគេអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដោយរបៀបណា? អស់អ្នកដែលមិនបន្តស្វែងរកជីវិត គ្មានឱកាសទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ឡើយ ហើយអស់អ្នកដែលមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ អ្នកដែលមិនបន្តស្វែងរកការផ្លាស់ប្ដូរ​នៅក្នុងនិស្ស័យរបស់គេ ក៏គ្មានសមត្ថភាពរួចខ្លួនពីឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំងដែរ។ ពួកគេគ្មានភាពហ្មត់ចត់ចំពោះចំណេះដឹងអំពីព្រះជាម្ចាស់ និងអំពីការចូលទៅផ្លាស់ប្ដូរ​និស្ស័យរបស់គេឡើយ។ ពួកគេដូចជាមនុស្សកាន់សាសនា ដែលគ្រាន់តែធ្វើតាមពិធីសាសនា និងចូលរួមកម្មវិធីបុណ្យជាទៀងទាត់ប៉ុណ្ណោះ។ តើការនេះមិនមែនជាការខ្ជះខ្ជាយពេលវេលាទេឬអី? នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ប្រសិនបើគេមិនហ្មត់ចត់អំពីកិច្ចការនៃជីវិត មិនបន្តស្វែងរកច្រក​ចូលទៅ​កាន់​សេចក្តីពិត មិនបន្តស្វែងរកការផ្លាស់ប្ដូរ​នៅក្នុងនិស្ស័យរបស់គេ និងមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះគេមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ នោះអ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ ជាពិសេស អ្នកត្រូវតែយល់អំពីភាពសំខាន់នៃការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ និងហេតុផលដែលកិច្ចការនេះត្រូវអនុវត្តទៅលើមនុស្ស។ តើអ្នកអាចទទួលយកបានដែរឬទេ? ក្នុងអំឡុងពេលនៃការវាយ​ផ្ចាល តើអ្នកអាចទទួលបានបទពិសោធន៍ និងចំណេះដឹង ដូចជាពេត្រុសដែរឬទេ? ប្រសិនបើអ្នកបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសិនបើអ្នកបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក នោះអ្នកនឹងមានឱកាសទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ហើយ​។

សម្រាប់អស់អ្នកដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ជំហាននៃកិច្ចការត្រូវបានយកឈ្នះនេះ គឺជារឿងមួយដែលមិនអាចចៀសផុតឡើយ ព្រោះមានតែពេលដែលមនុស្សត្រូវបានយកឈ្នះប៉ុណ្ណោះ ទើបគេអាចមានបទពិសោធន៍អំពីកិច្ចការនៃការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ វានឹងគ្មានប្រយោជន៍ឡើយក្នុងការបំពេញតួនាទីនៃការត្រូវបានយកឈ្នះ ដែលនឹងមិននាំអ្នកឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យព្រះជាម្ចាស់ប្រើប្រាស់នោះ។ អ្នកនឹងគ្មានវិធី​បំពេញ​តួនាទី​របស់អ្នកនៅក្នុងការផ្សាយដំណឹងល្អបានឡើយ ព្រោះថាអ្នកមិនបន្តស្វែងរកជីវិត និងមិនបន្តស្វែងរកការផ្លាស់ប្ដូរ​ និងការកែជាថ្មីនៅក្នុងជីវិតរបស់អ្នក ដូច្នេះ អ្នកគ្មានបទពិសោធន៍ដ៏ពិតអំពីជីវិតឡើយ។ ក្នុងអំឡុងពេល​នៃកិច្ចការមួយជំហានម្ដងៗនេះ ជាដំបូង អ្នកប្រព្រឹត្ត ដូចជាអ្នកបម្រើ និងដូចជាខ្ញុំបម្រើ ប៉ុន្តែ ចុងក្រោយ ប្រសិនបើអ្នកមិនបន្តស្វែងរកឲ្យក្លាយដូចជា​ពេត្រុសទេ នោះការបន្តស្វែងរករបស់អ្នកនឹងមិនស្របតាមផ្លូវមួយ ដែលប្រោស​ពេត្រុសឲ្យបានគ្រប់លក្ខណ៍នោះឡើយ ដូច្នេះ ជាលទ្ធផល អ្នកនឹងមិនទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកនោះឡើយ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឲ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឲ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយ​ផ្ចាល​របស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឲ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយ​ផ្ចាល​របស់ទ្រង់នេះ​ហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយ​ផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជា​មិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំង​អស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឲ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានអារក្សសាតាំងធ្វើឲ្យពុក​រលួយ​ គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយ​ផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ»។ នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធន៍អំពីការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មាន​លក្ខណៈ​ដូចជាពេត្រុស ព្រោះ​ពួកគេមានបទពិសោធន៍ដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធន៍រហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។

ក្រោយពេលដែល​មនុស្សត្រូវបានព្រះជាម្ចាស់យកឈ្នះ ពួកគេមិនមានទីបន្ទាល់ដ៏លាន់រំពងអ្វីឡើយ។ ពួកគេគ្រាន់តែបានធ្វើឲ្យអារក្សសាតាំងបាក់មុខប៉ុណ្ណោះ ប៉ុន្តែ ពួកគេមិនទាន់បានបង្ហាញ​ចេញ​នូវ​ភាព​ពិត​នៃ​ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅ​ក្នុងជីវិតរបស់គេនៅឡើយទេ។ អ្នកមិនទាន់បានទទួលសេចក្តីសង្រ្គោះទីពីរនៅឡើយទេ ហើយអ្នកគ្រាន់តែទទួលបានតង្វាយ​លោះបាបមួយប៉ុណ្ណោះ ប៉ុន្តែ អ្នកមិនទាន់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅ​ឡើយទេ នេះហើយជាការបាត់បង់ដ៏ធំមួយ។ អ្នករាល់គ្នាត្រូវតែយល់អំពីអ្វីដែលអ្នកគួរតែចូលទៅកាន់ និងអ្វីដែលអ្នកគួរតែរស់នៅតាម ហើយអ្នកត្រូវតែចូលទៅក្នុងសេចក្តីទាំងនោះ។ នៅទីបញ្ចប់ ប្រសិនបើអ្នកមិនសម្រេចបានការប្រោសឲ្យគ្រប់លក្ខណ៍ទេ នោះអ្នកនឹងមិនក្លាយជាមនុស្សដ៏ពិត ហើយអ្នកនឹងមានវិប្បដិសារីមិនខាន។ អ័ដាម និងអេវ៉ា ដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់កាល​ពី​ដើមដំបូងបង្អស់ គឺជាមនុស្សបរិសុទ្ធ ដែលអាចនិយាយបានថា ក្នុងពេលដែលស្ថិតនៅក្នុងសួនអេដែន ពួកគេជាមនុស្សបរិសុទ្ធ ដោយគ្មានប្រឡាក់ប្រឡូសនឹងសេចក្តីស្មោកគ្រោកឡើយ។ ពួកគេក៏ស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ ហើយមិនដឹងអ្វីសោះអំពីទង្វើក្បត់ចំពោះព្រះយេហូវ៉ា។ នេះគឺដោយសារតែពួកគេគ្មានសេចក្តីរំខាននៃឥទ្ធិពលរបស់អារក្សសាតាំង គ្មានពិសរបស់អារក្សសាតាំង ហើយពួកគេបរិសុទ្ធ​បំផុត​ក្នុង​ចំណោមមនុស្សជាតិទាំង​អស់​។ ពួកគេបានរស់នៅក្នុងសួនអេដែន មិនប្រឡាក់កខ្វក់ដោយអ្វីៗដែលស្មោកគ្រោក មិនត្រូវបានកាន់កាប់ដោយសាច់ឈាម ហើយគោរពកោតខ្លាចចំពោះ​ព្រះយេហូវ៉ា។ ក្រោយមក នៅពេលដែលពួកគេត្រូវបានអារក្សសាតាំងល្បួង ពួកគេមានពិសរបស់សត្វពស់ និងមានបំណងចង់ក្បត់ព្រះយេហូវ៉ា ហើយពួកគេបានរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង។ កាលពីដើមដំបូង ពួកគេជាមនុស្សបរិសុទ្ធ ហើយគោរពកោតខ្លាចព្រះយេហូវ៉ា គឺមានតែនៅក្នុងសភាពបែបនេះទេ ទើបពួកគេជាមនុស្ស។ ក្រោយមកទៀត បន្ទាប់ពីអារក្សសាតាំងបានល្បួងពួកគេ ពួកគេបានទទួលទានផ្លែឈើចេញពីដើមដឹង​ខុស​ត្រូវ​ ហើយបានរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង។ បន្ដិច​ម្ដង​ៗ សាតាំងបានធ្វើឲ្យពួកគេពុក​រលួយ​ ហើយពួក​គេបានបាត់បង់រូបភាពដើមជាមនុស្ស។ កាលពីដើមដំបូង មនុស្សមានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ា គេគ្មានការមិនស្ដាប់បង្គាប់សូម្បីតែបន្ដិច ហើយគ្មានសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់គេឡើយ។ នាពេលនោះ មនុស្សគឺជាមនុស្សដ៏ពិតប្រាកដ។ ក្រោយពេលដែល​អារក្សធ្វើឲ្យពុក​រលួយ មនុស្សបានក្លាយជាសត្វតិរច្ឆាន។ គំនិតរបស់គេបានពេញដោយការអាក្រក់ និងសេចក្តីស្មោកគ្រោក ដោយគ្មានការល្អ ឬភាពបរិសុទ្ធសោះឡើយ។ តើនេះមិនមែនជាសាតាំងទេឬអី? អ្នកបានមានពិសោធន៍អំពី​កិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ប៉ុន្តែ អ្នកនៅមិនទាន់ផ្លាស់ប្រែ ឬលាងជម្រះទៀត។ អ្នកនៅតែរស់នៅក្រោមដែនត្រួត​ត្រា​របស់សាតាំង ហើយនៅតែមិនទាន់ចុះចូលចំពោះព្រះជាម្ចាស់ទៀត។ នេះជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់យកឈ្នះ ប៉ុន្តែ នៅមិនទាន់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទៀត។ ហេតុអ្វីបានជាគេនិយាយថា មនុស្សបែបនេះនៅតែមិនទាន់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទៀត? នេះ​គឺដោយសារតែបុគ្គលនេះមិនបន្តស្វែងរកជីវិត ឬចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយលោភលន់ចង់បានតែសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម និងការកំសាន្តចិត្តតែមួយគ្រា។ ជាលទ្ធផល គ្មានការផ្លាស់ប្ដូរ​នៅក្នុងនិស្ស័យជីវិតរបស់គេទេ ហើយពួកគេមិនទទួលបានមកវិញនូវរូបរាងដើមនៃមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកនោះឡើយ។ មនុស្សបែបនេះ ប្រៀប​ដូចជាខ្មោចឆៅ ពួកគេជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណឡើយ! អស់អ្នកណាដែលមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការខាងវិញ្ញាណ អស់អ្នកដែលមិនបន្តស្វែងរកភាពបរិសុទ្ធ និងអស់អ្នកដែលមិនបន្តស្វែងរកការរស់នៅតាមសេចក្តីពិត អស់អ្នកដែលស្កប់ចិត្តតែជាមួយការត្រូវបានយកឈ្នះនៅផ្នែកអវិជ្ជមាន និងអស់អ្នកដែលមិនអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្លាយជាមនុស្សបរិសុទ្ធ អ្នកទាំងនោះគឺជាមនុស្សដែលមិនត្រូវបានសង្រ្គោះឡើយ។ ប្រសិនបើគេគ្មានសេចក្តីពិត នោះមនុស្សមិនអាចឈររឹងមាំក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ឡើយ ដ្បិតមានតែមនុស្សដែលអាចឈររឹងមាំនៅក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្ស​ដែលទទួលបានសេចក្តី​សង្រ្គោះ​។ អ្វីដែលខ្ញុំសព្វ​ព្រះ​ហឫទ័យ​ចង់បាន គឺជាមនុស្សដូច​ពេត្រុស ជាមនុស្សដែលបន្តស្វែងរកការ​ប្រោស​ឲ្យបានគ្រប់លក្ខណ៍។ សេចក្តីពិតនៅថ្ងៃនេះ ត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លាន និងស្វែងរកវាប៉ុណ្ណោះ។ សេចក្តីសង្រ្គោះនេះត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លានចង់ឲ្យព្រះជាម្ចាស់សង្រ្គោះ ហើយវាមិនមែនសម្រាប់​ឲ្យអ្នករាល់គ្នាទទួលបានម្នាក់អ្នកនោះឡើយ។ នៅថ្ងៃនេះ ខ្ញុំបានមានបន្ទូលទាំងនេះទៅកាន់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឮព្រះបន្ទូលទាំងនោះហើយ ដូច្នេះ អ្នករាល់គ្នាគួរតែអនុវត្តតាមព្រះបន្ទូលទាំងនេះចុះ។ នៅចុងបញ្ចប់ នៅពេលដែលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលទាំងនេះ នោះវានឹងក្លាយជាពេលវេលាមួយដែលខ្ញុំទទួលបានអ្នករាល់គ្នាតាមរយៈព្រះបន្ទូលទាំងនេះ ហើយក្នុងពេលជាមួយគ្នា អ្នករាល់គ្នាក៏នឹងបានទទួលព្រះបន្ទូលទាំងនេះដែរ គឺអាចនិយាយបានថា អ្នករាល់គ្នានឹងបានទទួលសេចក្តីសង្រ្គោះដ៏ខ្ពង់ខ្ពស់នេះ។ នៅពេលដែលអ្នករាល់គ្នាត្រូវបានលាងជម្រះ នោះអ្នកនឹងក្លាយជាមនុស្សដ៏ពិត។ ប្រសិនបើអ្នកគ្មានសមត្ថភាពរស់នៅតាមសេចក្តីពិត ឬរស់នៅឲ្យដូចជាមនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទេ នោះគឺអាចនិយាយបានថា អ្នកមិនមែនជាមនុស្សឡើយ ប៉ុន្តែ គឺដូចជាខ្មោចឆៅ ជាសត្វតិរច្ឆានវិញ ពី​ព្រោះ​អ្នកគ្មានសេចក្តីពិតទេ គឺអាចនិយាយម្យ៉ាងទៀតថា អ្នកគ្មានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាឡើយ បើដូច្នេះ អ្នកជាមនុស្សស្លាប់ ដែលគ្មានវិញ្ញាណហើយ​! ក្រោយពេលដែល​ត្រូវបានព្រះជាម្ចាស់យកឈ្នះ ទោះបីជាអ្នកអាចធ្វើទីបន្ទាល់បានក៏ដោយ ប៉ុន្តែ អ្វីដែលអ្នកទទួលបាន គឺគ្មានអ្វីក្រៅពីសេចក្តីសង្រ្គោះដ៏តិចតួចនោះ​ឡើយ ហើយអ្នកមិនបានក្លាយជាមនុស្សរស់ដែលមានវិញ្ញាណទេ។ ទោះបីជា​អ្នកធ្លាប់មានពិសោធន៍អំពីការវាយ​ផ្ចាល និងការជំនុំជម្រះក៏ដោយ ប៉ុន្តែ ជាលទ្ធផល និស្ស័យរបស់អ្នកមិនត្រូវបានកែជាថ្មី ឬផ្លាស់ប្ដូរឡើយ។ អ្នកនៅតែជាជីវិតចាស់របស់អ្នក អ្នកនៅតែជាកម្មសិទ្ធិរបស់សាតាំង ហើយអ្នកមិនបានក្លាយជាមនុស្សម្នាក់ដែលត្រូវបានលាងជម្រះនោះឡើយ។ មានតែមនុស្សដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបជាមនុស្សមានតម្លៃ ហើយមានតែមនុស្សបែបនេះទេ ដែលទទួលបានជីវិតដ៏ពិត។ នៅថ្ងៃមួយ មនុស្សនឹងនិយាយទៅកាន់អ្នកថា «អ្នកធ្លាប់មានពិសោធន៍អំពី​កិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ សូមនិយាយអំពីព្រះបន្ទូលរបស់ទ្រង់បន្ដិចមើល៍។ ដាវីឌធ្លាប់មានពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានឃើញពីទង្វើរបស់ព្រះយេហូវ៉ា ម៉ូសេក៏បានឃើញពីទង្វើរបស់ព្រះយេហូវ៉ាដែរ ហើយអ្នកទាំងពីរអាចពណ៌នាអំពីទង្វើរបស់ព្រះយេហូវ៉ា និងអាចថ្លែងអំពីភាពអស្ចារ្យរបស់ព្រះយេហូវ៉ាបាន។ អ្នករាល់គ្នាបានឃើញកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ក្នុងអំឡុងពេលនៃគ្រាចុងក្រោយហើយ តើអ្នកអាចថ្លែងអំពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរឬទេ? តើអ្នកអាចថ្លែងអំពីភាពអស្ចារ្យនៃកិច្ចការរបស់ទ្រង់បានដែរឬទេ? តើព្រះជាម្ចាស់បានទាមទារអ្វីខ្លះពីអ្នករាល់គ្នា? ហើយតើអ្នករាល់គ្នាបានមានពិសោធន៍អំពី​ការទាំងនោះយ៉ាងដូចម្ដេច? អ្នករាល់គ្នាធ្លាប់មានពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ តើអ្វីទៅជានិមិត្តដ៏ធំបំផុតរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាអាចថ្លែងអំពីការនេះបានដែរឬទេ? តើអ្នករាល់គ្នាអាចថ្លែងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់បានដែរឬទេ?» តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច នៅពេលដែលជួបសំណួរទាំងនេះ? ប្រសិនបើអ្នកនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ដូច្នេះ ទ្រង់វាយ​ផ្ចាល និងជំនុំជម្រះយើង ទ្រង់លាតត្រដាងយើងដោយឥតសំចៃឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់មិនអាចអត់ឱនចំពោះសេចក្តីល្មើសដែលមនុស្សប្រព្រឹត្តបាន​ឡើយ ហើយក្រោយពេលដែល​មានពិសោធន៍អំពី​កិច្ចការរបស់ព្រះជាម្ចាស់ហើយ ខ្ញុំបានចាប់ផ្ដើមស្គាល់ពីភាពជាសត្វតិរច្ឆានរបស់យើង ហើយខ្ញុំបានឃើញពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ»។ បន្ទាប់មក បុគ្គលម្នាក់ទៀតនឹងបន្តសួរអ្នកថា «តើអ្នកដឹងអ្វីផ្សេងទៀតអំពីព្រះជាម្ចាស់? តើមនុស្សម្នាក់ចូលទៅក្នុងជីវិតបានដោយរបៀបណា? តើអ្នកមានការជំរុញចិត្តផ្ទាល់ខ្លួនណាមួយដែរឬទេ?» អ្នកនឹងតបវិញថា «ក្រោយពេលដែល​ត្រូវបានពុករលួយដោយអារក្សសាតាំងហើយ សត្ដនិកររបស់ព្រះជាម្ចាស់បានក្លាយជាសត្វតិរច្ឆាន ហើយគ្មានខុសអ្វីពីសត្វលាឡើយ។ នៅថ្ងៃនេះ ខ្ញុំរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំត្រូវតែបំពេញតាមបំណងព្រះ​ហឫទ័យ​របស់ព្រះអាទិករ និងស្ដាប់បង្គាប់គ្រប់ទាំងសេចក្តីដែលទ្រង់បង្រៀន​។ ខ្ញុំគ្មានជម្រើសណាផ្សេងឡើយ»។ ប្រសិនបើអ្នកនិយាយទូទៅបែបនេះ បុគ្គលនោះនឹងមិនយល់អំពីអ្វីដែលអ្នកកំពុងតែនិយាយឡើយ។ នៅពេលដែលគេសួរអ្នកទាក់ទងនឹងចំណេះដឹងអ្វីដែលអ្នកមានអំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេកំពុងតែចង់សំដៅទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកហើយ​។ ពួកគេកំពុងតែសួរនាំអំពីចំណេះដឹងអ្វីខ្លះដែលអ្នកមានអំពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ក្រោយពេលដែលអ្នកមានពិសោធន៍រួចហើយ ហើយនៅក្នុងចំណុចនេះ ពួកគេកំពុងតែសំដៅទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក និងចង់សុំឲ្យអ្នកនិយាយចេញពីចំណេះដឹងរបស់អ្នកអំពីសេចក្តីពិត។ ប្រសិនបើអ្នកមិនអាចនិយាយចេញបែបនេះបានទេ នោះវាបញ្ជាក់ថា អ្នកមិនដឹងអ្វីសោះឡើយអំពីកិច្ចការនាពេលសព្វថ្ងៃ។ អ្នកតែងតែនិយាយពាក្យក្លែងបន្លំ ឬពាក្យដែលគេស្គាល់ជាទូទៅ។ អ្នកគ្មានបទពិសោធន៍ជាក់លាក់ ចំណេះដឹងរបស់អ្នកក៏គ្មានខ្លឹមសារ ហើយអ្នកក៏គ្មានទីបន្ទាល់ដ៏ពិតដែរ ដូច្នេះ អ្នកមិនអាចធ្វើឲ្យគេជឿលើអ្នកបា​ន​ឡើយ​។ ចូរ​កុំក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ដែលអសកម្ម ហើយក៏កុំបន្តស្វែងរកអ្វីដែលធ្វើឲ្យអ្នកចង់ដឹងចង់ស្គាល់នោះដែរ។ តាមរយៈការ​ត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅនេះ អ្នកនឹងបំផ្លាញខ្លួនអ្នក ហើយពន្យារពេលជីវិតរបស់អ្នកមិនខាន។ អ្នកត្រូវតែកម្ចាត់ចោលភាពអសកម្ម និងភាពគ្មានសកម្មភាពទាំងនេះចេញពីខ្លួនអ្នក ហើយបែរជាប៉ិនប្រសប់ខាងការបន្តស្វែងរកអ្វីដែលវិជ្ជមាន និងយកឈ្នះលើសេចក្តីកម្សោយរបស់អ្នកវិញ ដើម្បីឲ្យអ្នកអាចទទួលបានសេចក្តីពិត និងរស់នៅតាមសេចក្តីពិតបាន។ សេចក្តីកម្សោយរបស់អ្នកគ្មានអ្វីដែលត្រូវឲ្យខ្លាចឡើយ ហើយកំហុសរបស់អ្នកក៏មិនមែនជាបញ្ហាដ៏ធំបំផុតនោះដែរ។ បញ្ហាដ៏ធំបំផុត និងកំហុសដ៏ធំបំផុតរបស់អ្នក គឺជាការក្ដៅមិនក្ដៅ ត្រជាក់មិនត្រជាក់ និងជាការគ្មានបំណងចង់ស្វែងរកសេចក្តីពិត។ បញ្ហាដ៏ធំបំផុតជាមួយអ្នករាល់គ្នា គឺជាផ្នត់គំនិតរបស់មនុស្សកំសាក ដែលរីករាយនឹងស្ថានភាពបច្ចុប្បន្ន ហើយគ្រាន់តែអង្គុយរង់ចាំដោយគ្មានធ្វើអ្វីសោះ។ នេះហើយគឺជាឧបសគ្គដ៏ធំបំផុតរបស់អ្នករាល់គ្នា និងជាសត្រូវដ៏ធំបំផុតចំពោះការបន្តស្វែងរកសេចក្តីពិតរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នកគ្រាន់តែស្ដាប់បង្គាប់ដោយ​សារ​តែព្រះបន្ទូលដែលខ្ញុំថ្លែងទៅមានអត្ថន័យជ្រាលជ្រៅខ្លាំង នោះអ្នកមិនមានចំណេះដឹងដ៏ពិត ហើយក៏មិនឲ្យតម្លៃលើសេចក្តីពិតនោះដែរ។ ការស្ដាប់បង្គាប់បែបនេះ មិនមែនជាទីបន្ទាល់ឡើយ ហើយខ្ញុំមិនទទួលយកការស្ដាប់បង្គាប់បែបនេះទេ។ មនុស្សម្នាក់អាចសួរអ្នកថា «តើព្រះជាម្ចាស់របស់អ្នកចេញមកពីណាឲ្យប្រាកដទៅ? តើព្រះជាម្ចាស់របស់អ្នកនេះមានលក្ខណៈ​សំខាន់​អ្វីខ្លះ?» អ្នកនឹងឆ្លើយតបថា «លក្ខណៈ​សំខាន់​របស់ទ្រង់ គឺជាការវាយ​ផ្ចាល និងការជំនុំជម្រះ»។ នោះគេនឹងបន្ដសួរថា «តើព្រះជាម្ចាស់មិនមានចិត្តក្ដួលអាណិត និងចិត្តស្រឡាញ់ចំពោះមនុស្សទេឬអី? តើអ្នកមិនដឹងអំពីការនេះទេឬអី?» អ្នកនឹងនិយាយថា «នោះជាព្រះរបស់អ្នកដទៃ​។ នោះគឺជាព្រះដែលអ្នកកាន់សាសនាជឿ ហើយមិនមែនជាព្រះរបស់យើងទេ»។ នៅពេលដែលមនុស្សបែបអ្នកផ្សាយដំណឹងល្អ អ្នកនឹងបង្ខូចដល់ផ្លូវដ៏ពិត បើដូច្នេះ តើអ្នកមានប្រយោជន៍អ្វីទៅ? តើអ្នកដទៃអាចទទួលបានផ្លូវដ៏ពិតចេញពីអ្នកដោយរបៀបណា? អ្នកគ្មានសេចក្តីពិត ហើយអ្នកមិនអាចនិយាយអ្វីចេញពីសេចក្តីពិតទេ លើសពីនេះទៅទៀត អ្នកមិនអាចរស់នៅតាមសេចក្តីពិតបានឡើយ។ តើអ្វីទៅដែលធ្វើឲ្យអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីរស់នៅចំពោះព្រះជាម្ចាស់? នៅពេលដែលអ្នកផ្សាយដំណឹងល្អទៅកាន់អ្នកដទៃ ហើយនៅពេលដែលអ្នកប្រកប​គ្នា​អំពី​សេចក្តីពិត និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានសមត្ថភាពនាំពួកគេឲ្យជឿបានទេ នោះពួកគេនឹងបដិសេធពាក្យសម្ដីរបស់អ្នកមិនខាន។ តើអ្នកមិនមែនជាមនុស្សគ្មានបានការទេឬអី? អ្នកធ្លាប់មានបទពិសោធន៍ជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ នៅពេលដែលអ្នកនិយាយអំពីសេចក្តីពិត អ្នកបែរជានិយាយទាំងមិនដឹងខ្យល់អីទៅវិញ។ តើអ្នកមិនមែនជាមនុស្សគ្មានប្រយោជន៍ទេឬអី? តើអ្នកមានប្រយោជន៍អ្វីខ្លះទៅ? តើអ្នករាល់គ្នាអាចមានបទពិសោធន៍ដ៏ច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ បែរជាមានចំណេះដឹងបន្ដិចបន្ដួចអំពីទ្រង់បានយ៉ាងដូចម្ដេចទៅ? នៅពេលដែលពួកគេសួរថា អ្នកមានចំណេះដឹងដ៏ពិតអ្វីខ្លះអំពីទ្រង់ អ្នកក៏ស្ងាត់មាត់ឈឹង បើមិនដូច្នោះទេ ក៏ឆ្លើយតបបែបចាកប្រធាន ដោយនិយាយថា ព្រះជាម្ចាស់ពេញដោយព្រះ​ចេស្ដា​ ថាព្រះពរដ៏ធំបំផុតដែលអ្នកបានទទួល គឺជាការលើកតម្កើងព្រះជាម្ចាស់ដ៏ពិត និងនិយាយទៀតថា វាគ្មានឯកសិទ្ធិណាដែលធំធេងជាងការអាចមើលឃើញព្រះជាម្ចាស់ដោយផ្ទាល់នោះឡើយ។ តើការនិយាយបែបនេះមានតម្លៃអ្វីទៅ? វាជាពាក្យដែលឥតន័យ គ្មានប្រយោជន៍អ្វីឡើយ! ដោយបានឆ្លង​កាត់​បទពិសោធន៍ជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ តើអ្នកដឹងត្រឹមតែថា ការលើកតម្កើងព្រះជាម្ចាស់ គឺជាសេចក្តីពិតទេឬ? អ្នកត្រូវតែស្គាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមានតែបែបនេះទេ ទើបអ្នកនឹងធ្វើទី​បន្ទាល់ដ៏ពិតអំពីព្រះជាម្ចាស់បាន។ តើអស់អ្នកដែលមិនបានទទួលសេចក្តីពិតអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?

ប្រសិនបើកិច្ចការជាច្រើន និងព្រះបន្ទូលជាច្រើន គ្មានឥទ្ធិពលអ្វីទៅលើអ្នកផង នោះនៅពេលដែលដល់ពេលផ្សព្វ​ផ្សាយអំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកនឹងគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ហើយអ្នកនឹងត្រូវអាម៉ាស់ និងបាក់មុខមិនខាន។ នៅពេលនោះ អ្នកនឹងមានអារម្មណ៍ថា អ្នកជំពាក់ព្រះជាម្ចាស់យ៉ាងច្រើន និងថាចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅរាក់កំផែលពេកហើយ។ ប្រសិនបើអ្នកមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់នៅថ្ងៃនេះ ក្នុងពេលដែលទ្រង់កំពុងតែធ្វើការទេ នោះក្រោយមក វានឹងយឺតពេលមិនខាន។ នៅទីបញ្ចប់ អ្នកនឹងគ្មានចំណេះដឹងក្នុងការនិយាយអំពី​ការ​នេះ​ឡើយ ពោល​គឺ​អ្នកនឹងគ្មានសល់អ្វីទេ គឺនៅទទេស្អាតតែម្ដង។ តើអ្នកនឹងប្រើអ្វីខ្លះ ដើម្បីរាយការណ៍ទូល​ព្រះជាម្ចាស់ទៅ? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? អ្នកគួរតែខំប្រឹងធ្វើការនៅក្នុងការបន្តស្វែងរករបស់អ្នកឥឡូវនេះ ដូច្នេះ នៅទីបញ្ចប់ អ្នកនឹងដឹងអំពីអត្ថប្រយោជន៍នៃការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដូចពេត្រុសដែរ និងដឹងថា បើគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ មនុស្សមិនអាចបានសង្រ្គោះឡើយ ហើយគេលិចលង់កាន់តែជ្រៅទៅក្នុងដីដ៏ស្មោកគ្រោកនេះ និងធ្លាក់ទៅក្នុងភក់ជ្រាំកាន់តែជ្រៅ។ មនុស្សត្រូវបានអារក្សសាតាំងធ្វើឲ្យពុក​រលួយ​ បានប្រើល្បិចកិច្ចកលចំពោះគ្នា ហើយបានជិះជាន់គ្នាទៅវិញទៅមក ដោយពួកគេបានបាត់បង់ការកោតខ្លាចចំពោះព្រះជាម្ចាស់​។ ការមិនស្ដាប់បង្គាប់របស់ពួក​គេ គឺធំធេងពេកហើយ សញ្ញាណរបស់ពួក​គេក៏មានច្រើនពេកដែរ ហើយអ្វីៗទាំងអស់នេះជាកម្មសិទ្ធិរបស់អារក្សសាតាំង​។ បើគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យដ៏ពុករលួយ​របស់មនុស្សមិនអាចត្រូវបានលាងជម្រះ​ ហើយគេមិនអាចទទួលបានការសង្រ្គោះនោះឡើយ។ អ្វីដែលស្ដែងចេញតាមរយៈកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនៅក្នុងសាច់ឈាម គឺជាកិច្ចការដែលត្រូវបានស្ដែងចេញតាមរយៈព្រះវិញ្ញាណ ហើយកិច្ចការដែលទ្រង់ធ្វើ ត្រូវបានអនុវត្តស្របតាមកិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ។ នៅថ្ងៃនេះ ប្រសិនបើអ្នកគ្មានចំណេះដឹងអំពីកិច្ចការនេះទេ នោះអ្នកពិតជាល្ងីល្ងើ និង​បានខាតបង់ច្រើនណាស់! ប្រសិនបើអ្នកមិនបានទទួលសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ទេ នោះជំនឿរបស់អ្នកគឺជាសេចក្ដី​ជំនឿបែបសាសនា ហើយអ្នកជាគ្រីស្ទបរិស័ទបែបសាសនាប៉ុណ្ណោះ។ ដោយសារតែអ្នកបានប្រកាន់ខ្ជាប់នឹងគោលលទ្ធិដែលស្លាប់ ដូច្នេះ អ្នកបានបាត់បង់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ សម្រាប់អ្នកផ្សេងដែលបន្តស្វែងរកសេចក្តីស្រឡាញ់ចំពោះ​ព្រះជាម្ចាស់ គេអាចទទួលបានសេចក្តីពិត និងជីវិត ចំណែកឯសេចក្តីជំនឿរបស់អ្នក គ្មានសមត្ថភាពអ្វីនឹងទទួលបានការយល់ព្រមរបស់ព្រះជាម្ចាស់ឡើយ​។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សទុច្ចរិត ជាម្នាក់ដែលប្រព្រឹត្តទង្វើដែលបំផ្លិចបំផ្លាញ និងគួរឲ្យស្អប់។ អ្នកបានក្លាយជាតួអង្គនៃការសើចចំអករបស់អារក្សសាតាំង និងជាឈ្លើយសឹករបស់សាតាំង។ មនុស្សមិនត្រូវគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ គេក៏ត្រូវស្រឡាញ់ បន្តស្វែងរក និងថ្វាយបង្គំទ្រង់ទៀត​ដែរ។ ប្រសិនបើអ្នកមិនបន្តស្វែងរកនៅថ្ងៃនេះទេ នោះថ្ងៃមួយនឹងមកដល់ ជាពេលដែលអ្នកនឹងនិយាយថា៖ «កាលគ្រានោះ ហេតុអ្វីបានជាខ្ញុំមិនដើរតាមព្រះជាម្ចាស់ឲ្យបានត្រឹមត្រូវ មិនបំពេញតាមបំណងព្រះ​ហឫទ័យ​របស់​ទ្រង់ឲ្យបានត្រឹមត្រូវ មិនបន្តស្វែងរកការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់ខ្ញុំអ៊ីចឹង? ខ្ញុំពិតជាស្ដាយក្រោយណាស់ ដែលមិនអាចចុះចូលចំពោះព្រះជាម្ចាស់នៅពេលនោះ និងមិនបន្តស្វែងរកចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើននៅពេលនោះ ម៉េចបានជាខ្ញុំមិនបន្តស្វែងរកដូច្នេះ? ខ្ញុំពិតជាល្ងង់ពេកហើយ!» អ្នកនឹងស្អប់ខ្លួនអ្នកនៅកម្រិតណាមួយ។ ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមាន​បន្ទូល​ឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែ នៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែ អ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែ អ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឲ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេច​ក្តី​ពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឲ្យអ្នកដឹងទេឬអី? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឲ្យភ្ញាក់ទេឬ? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឲ្យអ្នកស្អប់ខ្លួនអ្នកទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះ​ឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែ បែរជាមិនបន្តស្វែងរកឲ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្ស​ដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយអារក្សសាតាំង​។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឲ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត​។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នក និងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់​ឮ​​? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់​គ្នា​ឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មានហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយ​សារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែល​ជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឲ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឲ្យស្វាមីមានការងារល្អធ្វើ ចង់ឲ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឲ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឲ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឲ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឲ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឲ្យខ្លួនអ្នករួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេល​ដែល​វាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែ អ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុង​ជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឲ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធន៍បែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ​។ មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះ​មនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែ មានលក្ខ​ខណ្ឌ​ដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់​មនុស្ស និង​ជា​អ្វីដែលខ្ញុំទាមទារឲ្យមនុស្ស​ទាំងអស់ត្រូវតែសម្រេចឲ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែ ខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយ​ស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះ​បន្ទូល​ដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែ អ្នកមិនបានរស់នៅតាមព្រះ​បន្ទូល​ដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបាន​រងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន»។ វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែ សេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឲ្យទូលបង្គំនូវព្រះពរ​បន្ដិច​បន្ដួច​បានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះ​បន្ទូល​របស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដី​សង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះ​បន្ទូល​របស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេល​ដែល​ខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះ​បន្ទូល​របស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែ អ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយស្វែងរកវា ដោយសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល​ និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏សុចរិត ហើយវាក៏ជាការដាក់ទោសដ៏សុចរិតចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលនិស្ស័យដ៏សុចរិតនេះត្រូវបានស្ដែងចេញនៅក្នុងការដាក់ទោសមនុស្ស នោះគេនឹងស្រឡាំងកាំង ហើយមានអារម្មណ៍ស្ដាយក្រោយថា ក្នុងពេលគេកំពុងតែដើរតាមព្រះជាម្ចាស់ គេមិនបានដើរនៅក្នុងផ្លូវរបស់ទ្រង់។ «នៅគ្រានោះ ខ្ញុំបានរងទុក្ខលំបាកតែបន្ដិចបន្ដួចប៉ុណ្ណោះ ក្នុងពេលដើរតាមព្រះជាម្ចាស់ ប៉ុន្តែ ខ្ញុំមិនបានដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ តើមានការដោះសាអ្វីទៀតទៅ? អ្នកគ្មានជម្រើសអ្វី ក្រៅពីទទួលទោសឡើយ!» ប៉ុន្តែ នៅក្នុងគំនិត អ្នកកំពុងតែគិតថា៖ «និយាយអ៊ីចឹង ទូលបង្គំបានដើរតាមទ្រង់ដល់ទីបញ្ចប់ហើយ ដូច្នេះ ទោះបីទ្រង់វាយ​ផ្ចាលទូលបង្គំក៏​ដោយ​ ក៏វាមិនអាចជាការវាយ​ផ្ចាលដ៏ធ្ងន់ធ្ងរឡើយ ហើយក្រោយពេលដែល​ដាក់ទោសហើយ នោះទ្រង់នឹងនៅតែសព្វ​ព្រះ​ហឫទ័យ​ចង់បានទូលបង្គំដដែល។ ទូលបង្គំដឹងថា ទ្រង់ជាព្រះដ៏សុចរិត ហើយទ្រង់នឹងមិនប្រព្រឹត្តចំពោះទូលបង្គំបែបនេះជារៀងរហូតឡើយ។ ជារួមមក ទូលបង្គំមិនដូចជាមនុស្សដែលនឹងត្រូវកម្ចាត់ចោលនោះឡើយ ព្រោះថាអស់អ្នកដែលត្រូវកម្ចាត់ចោល នឹងទទួលការវាយ​ផ្ចាលដ៏ធ្ងន់ធ្ងរ ឯការវាយ​ផ្ចាលរបស់ទូលបង្គំវិញ នឹងមានទម្ងន់ស្រាលជាង»។ និស្ស័យដ៏សុចរិត មិនដូចអ្វីដែលអ្នកនិយាយនេះឡើយ។ មនុស្សដែលពូកែសារភាពអំពើបាបរបស់ខ្លួន នឹងមិនត្រូវបានដោះស្រាយដោយក្ដីអត់ឱនឡើយ។ សេចក្តីសុចរិត គឺជាភាពបរិសុទ្ធ ហើយវាជានិស្ស័យមួយដែលមិនអត់ឱនចំពោះ​សេច​ក្តី​ល្មើសដែលមនុស្សបានប្រព្រឹត្តឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលស្មោក​គ្រោក និងមិនបានផ្លាស់ប្ដូរ គឺជាគោលដៅនៃភាពស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ហើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនមែនជាក្រឹត្យវិន័យឡើយ ប៉ុន្តែ ជាបញ្ញត្តិរដ្ឋបាលវិញ៖ វាជាបញ្ញត្តិ​រដ្ឋបាលនៅក្នុងនគរទ្រង់ ហើយបញ្ញតិ្ដ​រដ្ឋបាលនេះ គឺជាការដាក់ទោសដ៏សុចរិតចំពោះមនុស្សណាដែលមិនមានសេចក្តីពិត និងមិនបានផ្លាស់ប្ដូរ ហើយវាគ្មានកន្លែងសម្រាប់សេចក្តីសង្រ្គោះឡើយ។ ព្រោះថានៅពេលណាដែលមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេហើយ នោះមនុស្សល្អនឹងទទួលរង្វាន់ ហើយមនុស្សអាក្រក់នឹងត្រូវទទួលទោស។ វាជាពេលវេលា​មួយដែលវាសនារបស់មនុស្សនឹងត្រូវបានកំណត់យ៉ាងច្បាស់។ វាជាពេលវេលាដែលកិច្ចការនៃសេចក្តីសង្រ្គោះនឹងចូលមកដល់ទីបញ្ចប់ ក្រោយមកទៀត កិច្ចការនៃការសង្រ្គោះមនុស្សនឹងលែងកើតមានទៀត ហើយការតបស្នងតាមទង្វើរបស់គេ នឹងត្រូវធ្លាក់ទៅលើមនុស្សម្នាក់​ៗ​ដែលប្រព្រឹតអាក្រក់។ មនុស្សខ្លះនិយាយថា «ជារឿយៗ ព្រះជាម្ចាស់នឹកចាំដល់មនុស្សគ្រប់គ្នាដែលនៅខាងទ្រង់។ ទ្រង់នឹងមិនបំភ្លេចពួកយើងណា​ម្នាក់ចោលឡើយ។ យើងប្រាកដជាទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់មិនខាន​។ ទ្រង់នឹងមិននឹកចាំពីអស់អ្នកណាដែលនៅខាងក្រោមឡើយ ដ្បិតអស់អ្នកដែលនៅក្នុងចំណោមមនុស្សខាងក្រោម ដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ត្រូវបានធានាថា គេនឹងអន់ជាងយើងដែលជា​អ្នក​តែង​ជួបព្រះជាម្ចាស់ជារឿយៗ ហើយនៅក្នុងចំណោមយើងរាល់គ្នា ព្រះជាម្ចាស់មិនបានបំភ្លេចនរណាម្នាក់ចោលឡើយ ព្រោះយើងទាំងអស់គ្នាត្រូវបានព្រះជាម្ចាស់ទទួលយក ហើយយើងត្រូវបានធានាថា ព្រះជាម្ចាស់នឹងប្រោសឲ្យបានគ្រប់លក្ខណ៍»។ អ្នករាល់គ្នាសុទ្ធតែមានសញ្ញាណបែបនេះ។ តើនេះជាសេចក្តីសុចរិតឬ? តើអ្នកបានយកសេចក្តីពិតទៅអនុវត្តហើយឬនៅ? តាមពិតទៅ អ្នកផ្សាយពាក្យចចាមអារ៉ាមទាំងនេះ ហើយអ្នកដូចជាគ្មានភាពអាម៉ាស់សោះ!

នៅថ្ងៃនេះ មនុស្សខ្លះបន្តស្វែងរកឲ្យព្រះជាម្ចាស់ប្រើប្រាស់ ប៉ុន្តែ ក្រោយពេលដែលព្រះជាម្ចាស់យកឈ្នះលើពួក​គេហើយ ព្រះអង្គបែរជាមិនអាចប្រើប្រាស់ពួកគេដោយផ្ទាល់ទៅវិញ។ សម្រាប់ពាក្យដែលបានថ្លែងនៅថ្ងៃនេះ នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់មនុស្ស ប្រសិនបើអ្នកនៅតែមិនអាចសម្រេចតាមព្រះបន្ទូលទាំងនោះទៀត នោះអ្នកមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ឡើយ។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា ការមកដល់នៃគ្រាចុងក្រោយនៃអំឡុងពេលមួយដែលមនុស្សត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ នឹងត្រូវកំណត់ថាតើមនុស្សនឹងត្រូវជម្រុះចោល ឬក៏ត្រូវបានប្រើប្រាស់ដោយព្រះជាម្ចាស់។ អស់អ្នកដែលត្រូវបានទ្រង់យកឈ្នះរួចហើយ គ្មានបានធ្វើអ្វីក្រៅពីធ្វើជាឧទាហរណ៍អំពីភាពអសកម្ម និងភាពអវិជ្ជមាននោះឡើយ។ ពួកគេគួរតែធ្វើជាគំរូល្អ ប៉ុន្តែ ពួកគេគ្មានធ្វើអ្វី ក្រៅពីរកចំណុចប្រឆាំងឡើយ។ មានតែនៅ​ពេលដែលនិស្ស័យជីវិតរបស់មនុស្ស​បានផ្លាស់ប្ដូរ និងទទួលបានការផ្លាស់ប្ដូរ​ទាំងខាងក្នុង និងខាងក្រៅទេ ទើបគេនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងពេញលេញ​តែម្ដង​។ នៅថ្ងៃនេះ តើអ្នកចង់បានមួយណា៖ ឲ្យទ្រង់យកឈ្នះ ឬក៏ឲ្យទ្រង់ប្រោសឲ្យគ្រប់លក្ខណ៍? តើអ្នកចង់សម្រេចបានមួយណា? តើអ្នកបានបំពេញតាមលក្ខខណ្ឌសម្រាប់ការប្រោសឲ្យគ្រប់លក្ខណ៍ហើយឬនៅ? តើលក្ខខណ្ឌណាខ្លះដែលអ្នកនៅតែមិនទាន់មាន? តើអ្នកគួរតែបំពាក់បំប៉នខ្លួនអ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែប៉ះប៉ូវចំណុចខ្វះខាតរបស់អ្នកដោយរបៀបណា? តើអ្នកគួរតែចូលទៅកាន់​មាគ៌ា ដើម្បីប្រោសឲ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? តើអ្នកគួរតែចុះចូលទាំងស្រុងដោយរបៀបណា? អ្នកទូលសុំឲ្យបានគ្រប់លក្ខណ៍ ដូច្នេះ តើអ្នកព្យាយាមស្វែងរកភាពបរិសុទ្ធដែរឬទេ? តើអ្នកជាមនុស្សម្នាក់​ដែលស្វែងរកបទពិសោធន៍អំពីការវាយ​ផ្ចាល និងការជំនុំជម្រះ ដើម្បីឲ្យខ្លួនអ្នកត្រូវបានញែក​ជា​បរិសុទ្ធដែរឬទេ? អ្នកព្យាយាមស្វែងរកការលាងជម្រះ ដូច្នេះ តើអ្នកព្រមទទួលការវាយ​ផ្ចាល និងការជំនុំជម្រះដែរឬទេ? អ្នកទូលសុំចង់ស្គាល់ព្រះជាម្ចាស់ ប៉ុន្តែ តើអ្នកមានចំណេះដឹងអំពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ហើយឬនៅ? នៅថ្ងៃនេះ កិច្ចការភាគច្រើនដែលទ្រង់ធ្វើទៅលើអ្នក គឺជាការវាយ​ផ្ចាល និងការជំនុំជម្រះ ដូច្នេះ តើអ្នកមានចំណេះដឹងអ្វីខ្លះអំពីកិច្ចការនេះ ដែលត្រូវបានអនុវត្ត​នៅលើអ្នក? តើការវាយ​ផ្ចាល និងការជំនុំជម្រះដែលអ្នកមានបទពិសោធន៍នោះ បានលាងជម្រះអ្នកហើយឬនៅ? តើវាបានផ្លាស់​ប្ដូរ​អ្នកដែរឬទេ? តើវាបានជះឥទ្ធិពលលើអ្នកដែរឬទេ? តើអ្នកនឿយណាយនឹងកិច្ចការដ៏ច្រើននៅថ្ងៃនេះ ដូចជាការដាក់បណ្ដាសា ការជំនុំជម្រះ និងការលាតត្រដាង ឬក៏អ្នកមានអារម្មណ៍ថា ចំណុចទាំងនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដ៏ធំធេងចំពោះអ្នក? អ្នកស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែ ហេតុអ្វីបានជាអ្នកស្រឡាញ់ទ្រង់? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែអ្នកបានទទួលព្រះគុណបន្ដិចបន្ដួចឬ? ឬក៏អ្នកស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលទទួលបានសេចក្តីសុខសាន្ត និងអំណរ? ឬក៏អ្នកស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលត្រូវបានលាងជម្រះ ដោយការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់? តើជាអ្វីឲ្យប្រាកដទៅដែលនាំឲ្យអ្នកស្រឡាញ់ព្រះជាម្ចាស់? តើលក្ខខណ្ឌណាខ្លះដែលពេត្រុសបានបំពេញ ដើម្បីទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍? ក្រោយពេលដែលគាត់ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ហើយ តើអ្វីទៅជាផ្លូវដ៏សំខាន់ដែលវាត្រូវបានស្ដែងចេញ? តើគាត់បានស្រឡាញ់ព្រះ អម្ចាស់ព្រះយេស៊ូវ ដោយសារតែគាត់ទន្ទឹងចង់បានទ្រង់ ឬក៏ដោយសារតែគាត់មិនអាចមើលឃើញទ្រង់ ឬដោយសារតែគាត់បានទទួលការប្រៀនប្រដៅ? ឬតើគាត់បានស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូវកាន់តែខ្លាំង ដោយ​សារតែគាត់បានទទួលយកការរងទុក្ខលំបាក និងបានស្គាល់ពីសេចក្តីស្មោក​គ្រោក និងការមិនស្ដាប់បង្គាប់របស់ខ្លួន ព្រម​ទាំងបានស្គាល់ពីភាពបរិសុទ្ធរបស់ព្រះអម្ចាស់? តើសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់កាន់តែបរិសុទ្ធ ដោយសារតែការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែអ្វីមួយផ្សេង? តើវាជាអ្វីទៅ? អ្នកស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ និងដោយសារតែថ្ងៃនេះ ទ្រង់បានប្រទាននូវព្រះពរបន្ដិចបន្ដួចដល់អ្នក។ តើនេះជាសេចក្តីស្រឡាញ់ដ៏ពិតដែរឬទេ? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? ប្រសិនបើអ្នកទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយក្រោយពេលមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ អ្នកអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ តើបែបនេះពិតជាធ្វើឲ្យអ្នកជឿទាំងស្រុង និងមានចំណេះដឹងអំពីទ្រង់ឬ? តើអ្នកអាចនិយាយថា អ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំងដូច​ជា​ពេត្រុស​ឬ? តើវាជាអ្វីទៅដែលអ្នកព្យាយាមស្វែងរក ដើម្បីឲ្យទ្រង់យកឈ្នះ ក្រោយការវាយ​ផ្ចាល និងការជំនុំជម្រះ ឬក៏ដើម្បីឲ្យទ្រង់លាងជម្រះ ការពារ និងមើលថែអ្នក ក្រោយពេលការវាយ​ផ្ចាល និងការជំនុំជម្រះ? តើចំណុចណាខ្លះដែលអ្នកព្យាយាមស្វែងរក? តើជីវិតរបស់អ្នកជាជីវិតដែលមានអត្ថន័យ ឬក៏ជាជីវិតដែលគ្មានតម្លៃ និងគ្មានប្រយោជន៍? តើអ្នកចង់បានសាច់ឈាម ឬក៏ចង់បានសេចក្តីពិត? តើអ្នកចង់បានការជំនុំជម្រះ ឬក៏ភាពសុខស្រួល? ដោយបានឆ្លង​កាត់បទពិសោធន៍ជាច្រើនអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងបានមើលឃើញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ តើអ្នកគួរតែស្វែងរកដោយរបៀបណា? តើអ្នកគួរតែដើរនៅក្នុងផ្លូវនេះយ៉ាងដូចម្ដេច? តើអ្នកគួរតែអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដោយរបៀបណា? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទទួលបានផលនៅក្នុងអ្នកដែរឬអត់? អ្នកមានចំណេះដឹងអំពីការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បាន គឺអាស្រ័យលើអ្វីដែលអ្នករស់នៅតាម និងអាស្រ័យលើកម្រិតដែលអ្នកស្រឡាញ់ព្រះជាម្ចាស់! បបូរមាត់របស់អ្នកប្រកាសថា អ្នកស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែ អ្វីដែលអ្នករស់នៅ គឺតាម​និស្ស័យ​ចាស់ ដែលពុករលួយ។ អ្នកគ្មានការកោតខ្លាចព្រះជាម្ចាស់ ហើយក៏គ្មានមនសិការដែរ។ តើមនុស្សបែបនេះស្រឡាញ់ព្រះជាម្ចាស់កើតឬ? តើមនុស្សបែបនេះមានចិត្តស្វាមីភក្ដិចំពោះព្រះជាម្ចាស់ឬ? តើពួកគេជាមនុស្សដែលព្រមទទួលយកការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? អ្នកនិយាយថា អ្នកស្រឡាញ់ព្រះជាម្ចាស់ និងជឿលើទ្រង់ ប៉ុន្តែ អ្នកមិនលះបង់ចោលសញ្ញាណរបស់ខ្លួនឡើយ។ នៅក្នុងការងាររបស់អ្នក​ ច្រកចូល ពាក្យសម្ដីដែលអ្នកនិយាយ និងនៅក្នុងជីវិតរបស់អ្នក វាគ្មានការស្ដែងចេញអំពីសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឡើយ ហើយក៏គ្មានការគោរពចំពោះព្រះជាម្ចាស់ដែរ។ តើនេះជាបុគ្គលម្នាក់ដែលបានទទួលការវាយ​ផ្ចាល និងការជំនុំជម្រះឬ? តើបុគ្គលបែបនេះ អាចមានលក្ខណៈដូចជាពេត្រុសដែរឬ? តើមនុស្សដែលមាន​លក្ខណៈ​ដូចជាពេត្រុស មានតែចំណេះដឹង ប៉ុន្តែ មិនព្រមរស់នៅតាមឬ? នៅថ្ងៃនេះ តើអ្វីទៅជាលក្ខខណ្ឌដែលតម្រូវឲ្យមនុស្សត្រូវរស់នៅក្នុងជីវិតពិត? តើពាក្យអធិស្ឋានរបស់ពេត្រុស គ្មានតម្លៃអ្វី ក្រៅពីពាក្យដែលចេញពីមាត់របស់គាត់ឬ? តើពាក្យទាំងនោះមិនមែនជាពាក្យដែលចេញពីជម្រៅចិត្តរបស់គាត់ទេឬ? តើ​ពេត្រុសគ្រាន់តែអធិស្ឋាន ហើយមិនយកសេចក្តីពិតទៅអនុវត្តឬ? តើការស្វែងរករបស់អ្នកសម្រាប់ជាប្រយោជន៍របស់នរណា? តើអ្នកអាចធ្វើខ្លួនយ៉ាងដូចម្ដេច ដើម្បីទទួលបានការការពារ និងការលាងជម្រះ ក្នុងអំឡុងពេលនៃការវាយ​ផ្ចាយ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានប្រយោជន៍សម្រាប់មនុស្សទេឬអី? តើគ្រប់ការជំនុំជម្រះ សុទ្ធតែជាការដាក់ទោសទណ្ឌឬ? តើមានតែសេចក្តីសុខសាន្ត និងអំណរ មានតែព្រះពរខាងសម្ភារៈ និងភាពសុខស្រួលបណ្ដោះអាសន្ន ទើបអាចក្លាយជាអ្វីដែលមានប្រយោជន៍ចំពោះជីវិតរបស់មនុស្សឬ? ប្រសិនបើមនុស្សរស់នៅក្នុងបរិយាកាសសប្បាយ និងសុខស្រួល ប៉ុន្តែ គ្មានជីវិតនៃការជំនុំជម្រះ តើគេអាចទទួលបានការលាងជម្រះដែរឬទេ? ប្រសិនបើមនុស្សចង់បានការផ្លាស់ប្ដូរ និងទទួលបានការលាងជម្រះ ដូច្នេះ តើគេគួរតែទទួលយកការប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? តើមាគ៌ាណាដែលអ្នកគួរតែជ្រើសរើសនៅថ្ងៃនេះ?

ខាង​ដើម៖ ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់

បន្ទាប់៖ អ្នករាល់គ្នាត្រូវយល់កិច្ចការរបស់ព្រះជាម្ចាស់៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ