ផ្លូវផ្សាយដំណឹងល្អរបស់ខ្ញុំ ពោរពេញដោយឧបសគ្គ និងការលំបាក

07-08-2023

ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយនៅឆ្នាំ២០១៩។ តាមរយៈការអានព្រះបន្ទូល ខ្ញុំបានដឹងថា ព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សពីឥទ្ធិពលសាតាំងទាំងស្រុង ដោយនាំយើងទៅកាន់ទិសដៅដ៏ស្រស់បំព្រងមួយ។ ខ្ញុំដឹងគុណខ្លាំងណាស់ចំពោះសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់។ ដោយសារគ្រោះមហន្តរាយកំពុងតែកើនឡើង ហើយមនុស្សជាច្រើនដែលចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ មិនទាន់បានស្តាប់ឮព្រះសូរសៀងទ្រង់ ឬបានទទួលយកសេចក្តីសង្គ្រោះរបស់ទ្រង់នៅគ្រាចុងក្រោយនៅឡើយទេ ខ្ញុំខ្វល់ចិត្ត ហើយយល់ថាត្រូវរួសរាន់ទើបបាន។ ដូច្នេះ ខ្ញុំបានអធិស្ឋានទូលសុំព្រះជាម្ចាស់ឱ្យដឹកនាំខ្ញុំផ្សាយដំណឹងល្អនៃគ្រាចុងក្រោយរបស់ទ្រង់ដល់មនុស្សថែមទៀត។

នៅដើមខែកក្កដា ឆ្នាំ២០២២ ខ្ញុំបានទៅភូមិមួយជាមួយបងប្អូនប្រុសស្រីមួយចំនួន ដើម្បីផ្សាយដំណឹងល្អ។ បងប្រុសម្នាក់ត្រូវគេរាយការណ៍ ហើយត្រូវចាប់ខ្លួន ព្រោះផ្សាយដំណឹងល្អនៅទីនោះ ដូច្នេះ រាល់ពេលមេភូមិមកពីប្រជុំការងាររដ្ឋថ្នាក់ស្រុកវិញ គាត់តែងប្រាប់អ្នកភូមិកុំឱ្យជឿព្រះ។ បើគេរកឃើញថាអ្នកណាជឿ អ្នកនោះនឹងត្រូវគេផាកពិន័យប្រាក់ជាច្រើន ឬត្រូវចាប់ខ្លួនទៀតផង។ ដូច្នេះ គ្មានអ្នកណាហ៊ានស្តាប់នូវអ្វីដែលយើងបានអធិប្បាយនោះទេ។ ពួកគេថា យើងគួរនិយាយជាមួយមេភូមិជាមុនសិន មុននឹងពួកគេស្តាប់។ ខ្ញុំជាអ្នកស្រុកក្រៅ។ អ្នកដែលផ្សាយដំណឹងល្អប្រាប់ខ្ញុំសុទ្ធតែមកពីភូមិជិតខាង ហើយយើងមិនបានស្គាល់មេភូមិទេ។ អ្នកស្រុកក៏មិននាំយើងទៅជួបគាត់ដែរ។ ខ្ញុំមិនដឹងពីរបៀបដោះស្រាយការលំបាកទាំងនេះទេ ហើយយើងស្ថិតក្នុងគ្រោះថ្នាក់នៃការរាយការណ៍ និងការចាប់ខ្លួនគ្រប់ពេល។ ខ្ញុំបានអធិស្ឋានទូលសុំព្រះឱ្យបង្ហាញផ្លូវដល់យើង។ យើងអានអត្ថបទព្រះបន្ទូលមួយរបស់ព្រះនៅក្នុងការប្រជុំមួយ។ «អ្នកត្រូវតែមានសេចក្ដីជំនឿថា គ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយថា មនុស្សគ្រាន់តែសហការជាមួយទ្រង់ប៉ុណ្ណោះ។ បើចិត្តរបស់អ្នកស្មោះត្រង់ នោះព្រះជាម្ចាស់នឹងទតឃើញ ហើយទ្រង់នឹងបើកផ្លូវទាំងអស់សម្រាប់អ្នក ដោយធ្វើឱ្យការលំបាកលែងជាការលំបាកទៀតហើយ។ នេះគឺជាសេចក្ដីជំនឿដែលអ្នកត្រូវតែមាន។ ដូច្នេះ អ្នកមិនត្រូវបារម្ភអំពីអ្វីឡើយ ខណៈពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន ដរាបណាអ្នកប្រើប្រាស់កម្លាំងទាំងអស់របស់អ្នក ហើយដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ចនេះ។ ព្រះជាម្ចាស់នឹងមិនធ្វើឱ្យអ្វីមួយលំបាកសម្រាប់អ្នក ឬបង្ខំឱ្យអ្នកធ្វើអ្វីដែលអ្នកមិនមានសមត្ថភាពធ្វើបានឡើយ» (ដកស្រង់ពី «នៅក្នុងជំនឿលើព្រះជាម្ចាស់ អ្វីដែលសំខាន់បំផុត គឺត្រូវអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះបានផ្តល់សេចក្តីជំនឿនិងកម្លាំងដល់ខ្ញុំ។ មិនថាការផ្សាយដំណឹងល្អពិបាកប៉ុនណា ឬរដ្ឋាភិបាលបានគាបសង្កត់យើងយ៉ាងណា មិនថាខ្ញុំអាចជួបមេភូមិ ឬក៏ត្រូវគេរាយការណ៍ និងចាប់ខ្លួនឡើយ ទាំងអស់នេះស្ថិតនៅក្នុងព្រះហស្តរបស់ព្រះ។ ការផ្សាយដំណឹងល្អ ជាសេចក្តីបង្គាប់ពីព្រះ ដែលទ្រង់ចង់សម្រេចឱ្យបាន។ ទោះជារដ្ឋាភិបាលគាបសង្កត់ ហើយមេភូមិរារាំងក៏ដោយ ក៏ពួកគេមិនអាចបញ្ឈប់ការផ្សាយដំណឹងល្អអំពីនគរព្រះបានដែរ។ ពួកគេមិនអាចរារាំងចៀមរបស់ព្រះជាម្ចាស់ មិនឱ្យត្រឡប់ទៅរកទ្រង់វិញបានឡើយ។ ឱ្យតែយើងប្រឹងប្រែងបំពេញកិច្ចការរបស់យើង ខ្ញុំដឹងថា ព្រះនឹងបង្ហាញផ្លូវ ហើយបើកផ្លូវសម្រាប់យើង។ ពេលយើងបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះ យើងទាំងអស់គ្នាមានទំនុកចិត្តដើម្បីទៅផ្សាយដំណឹងល្អ ស្រាប់តែមានបងប្រុសម្នាក់ មកពីភូមិក្បែរនោះ គាត់ជាប់សាច់ឈាមជាមួយមេភូមិនោះ។ គាត់ថា គាត់នឹងនាំយើងទៅជួបមេភូមិនៅថ្ងៃបន្ទាប់។ នៅល្ងាចនោះ យើងបានត្រឡប់ទៅភូមិនោះវិញ ហើយបានទៅផ្សាយប្រាប់អ្នកស្រុកមួយចំនួន ដែលមានភាពជាមនុស្សល្អ។ ពេលយើងកំពុងប្រកបគ្នា មេភូមិរងនិងអ្នករក្សាប្រាក់បានបង្ហាញមុខដោយមិននឹកស្មានដល់ បន្ទាប់ពីស្តាប់បានបន្តិច ក៏បានចេញទៅ។ អ្នកភូមិម្នាក់បាននិយាយថា «ពួកគាត់មកមើលថាតើពួកបងកំពុងផ្សាយដំណឹងល្អឬអត់។ យើងមិនគួរស្តាប់ទៀតទេ។ យើងមិនគួរស្តាប់ទៀតទេ។ ទៅនិយាយជាមួយមេភូមិសិន ហើយបើគាត់យល់ព្រម យើងនឹងស្តាប់បន្ថែមទៀត»។ យើងគ្មានជម្រើសអ្វី ក្រៅពីចាកចេញទេ។ មកដល់ផ្ទះវិញ ខ្ញុំមិនសប្បាយចិត្តសោះ។ អនុភូមិដឹងថា យើងបានផ្សាយដំណឹងល្អ។ បើគាត់រារាំង អ្នកភូមិច្បាស់ជាមិនស៊ើបសួររកផ្លូវពិតទេ។ ម្យ៉ាងទៀត ពីមុនគេបានចាប់ខ្លួនបងប្រុសនោះ ដោយសារអ្នករក្សាប្រាក់រាយការណ៍ប្រាប់គេ។ ខ្ញុំមិនចង់ទៅនិយាយជាមួយមេភូមិទេ ព្រោះខ្លាចគេចាប់ខ្លួនខ្ញុំដែរ។ អ្នកមើលការខុសត្រូវបានដឹងពីសភាពរបស់ខ្ញុំ ក៏បានប្រកបគ្នាជាមួយខ្ញុំថា «ប្រឈមមុខនឹងស្ថានភាពបែបនេះ យើងមិនអាចដកខ្លួនបានទេ។ យើងត្រូវប្រើឱកាសនោះដើម្បីផ្សាយដំណឹងល្អប្រាប់ពួកគេ។ ឱ្យតែយើងបំពេញទំនួលខុសត្រូវរបស់យើង មិនថាពួកគេទទួលយកដំណឹងល្អឬអត់ទេ មនសិការរបស់យើងដឹងច្បាស់លាស់»។ ភ្លាមនោះ ខ្ញុំបានគិតដល់អត្ថបទព្រះបន្ទូលរបស់ព្រះ ដែលខ្ញុំបានអានពីមុន។ «ក្នុងការផ្សាយដំណឹងល្អ អ្នកត្រូវបំពេញទំនួលខុសត្រូវរបស់អ្នក និងដោះស្រាយជាមួយមនុស្សគ្រប់គ្នាដែលអ្នកផ្សាយដំណឹងល្អទៅកាន់នោះដោយស្មោះត្រង់។ ព្រះជាម្ចាស់ទ្រង់សង្គ្រោះមនុស្សតាមលទ្ធភាពដែលអាចសង្គ្រោះបាន ហើយអ្នកត្រូវតែគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមិនត្រូវធ្វេសប្រហែសមិនអើពើចំពោះអ្នកណាដែលកំពុងស្វែងរក និងពិចារណាអំពីផ្លូវពិតឡើយ។ ... ឱ្យតែពួកគេសុខចិត្តពិចារណាពីផ្លូវពិត និងអាចស្វែងរកសេចក្តីពិតបាន អ្នកគួរតែធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីអានព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ និងធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងដោះស្រាយសញ្ញាណ និងសំណួររបស់ពួកគេ ដើម្បីឱ្យអ្នកអាចទទួលបានពួកគេ និងនាំពួកគេមកចំពោះព្រះជាម្ចាស់។ នេះជាអ្វីដែលស្របតាមគោលការណ៍ផ្សាយដំណឹងល្អ។ ដូច្នេះ តើអាចទទួលបានពួកគេដោយរបៀបណា? នៅក្នុងដំណើរការនៃការប្រាស្រ័យទាក់ទងជាមួយពួកគេ ប្រសិនបើអ្នកប្រាកដចិត្តថា បុគ្គលម្នាក់នេះមានគុណសម្បត្តិល្អ និងមានភាពជាមនុស្សល្អ អ្នកត្រូវធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីបំពេញការទំនួលខុសត្រូវរបស់អ្នក។ អ្នកត្រូវធ្វើការលះបង់ និងប្រើប្រាស់វិធី និងមធ្យោបាយជាក់លាក់ណាមួយ ហើយមិនថាអ្នកប្រើប្រាស់វិធីឬមធ្យោបាយអ្វី វាមិនសំខាន់នោះទេ ឱ្យតែអ្នកអាចប្រើវិធីនិងមធ្យោបាយនោះដើម្បីទទួលបានពួកគេ។ និយាយឱ្យខ្លីទៅ ដើម្បីទទួលបានពួកគេ អ្នកត្រូវបំពេញទំនួលខុសត្រូវរបស់អ្នក និងប្រើប្រាស់សេចក្ដីស្រឡាញ់ និងធ្វើគ្រប់យ៉ាងក្នុងអំណាចរបស់អ្នក។ អ្នកត្រូវប្រកបគ្នាពីគ្រប់ទាំងសេចក្ដីពិតដែលអ្នកយល់ និងធ្វើគ្រប់យ៉ាងដែលអ្នកគួរធ្វើ។ បើទោះបីជាមិនអាចទទួលបានបុគ្គលម្នាក់នេះក្ដី ក៏អ្នកនឹងមានសតិសម្បជញ្ញៈជ្រះស្រឡះដែរ។ នេះជាការធ្វើអ្វីឱ្យអស់ពីលទ្ធភាព និងធ្វើអ្វីដែលអ្នកគួរធ្វើ» (ដកស្រង់ពី «ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលផ្សាយដំណឹងល្អ យើងត្រូវមានទំនួលខុសត្រូវ ដើម្បីកុំឱ្យមានអារម្មណ៍ខុសឆ្គង។ ឱ្យតែបុគ្គលដែលត្រូវផ្សាយប្រាប់នោះ ត្រូវតាមគោលការណ៍។ យើងគួរផ្សាយដំណឹងល្អប្រាប់ពួកគេ តាមមធ្យោបាយដែលអាចធ្វើទៅបាន។ អ្នកភូមិចាប់អារម្មណ៍នឹងការស៊ើបរកផ្លូវពិត។ មកពីមានការគាបសង្កត់ពីរដ្ឋាភិបាលប៉ុណ្ណោះ ទើបពួកគេខ្លាចត្រូវពិន័យ ឬត្រូវចាប់ខ្លួន ហើយមិនព្រមស្តាប់។ ខ្ញុំគួរតែបំពេញទំនួលខុសត្រូវរបស់ខ្ញុំ និងការប្រកបគ្នាបន្ថែមអំពីព្រះបន្ទូលរបស់ព្រះ ដើម្បីដោះស្រាយបញ្ហា និងការលំបាករបស់ពួកគេ។ បើមេភូមិជាមនុស្សល្អដែលត្រៀមខ្លួនស្តាប់ព្រះបន្ទូលរបស់ព្រះ ខ្ញុំគួរតែព្យាយាមគ្រប់បែបយ៉ាងដើម្បីផ្សាយប្រាប់គាត់។ នោះពិតជាបំពេញទំនួលខុសត្រូវរបស់ខ្ញុំហើយ។ តែបើខ្ញុំមិនបានផ្សាយដំណឹងល្អដោយខ្លាចគេរាយការណ៍ និងត្រូវចាប់ខ្លួន នោះខ្ញុំនឹងជំពាក់ព្រះជាម្ចាស់មិនខាន។ ពេលខ្ញុំបានយល់ពីបំណងព្រះហឫទ័យព្រះ ខ្ញុំមានទំនុកចិត្តក្នុងការនិយាយជាមួយមេភូមិ ហើយផ្សាយប្រាប់អ្នកភូមិ។

នៅថ្ងៃបន្ទាប់ បងប្រុសនោះបាននាំពួកយើងទៅផ្ទះរបស់មេភូមិ។ មេភូមិរង និងអ្នករក្សាប្រាក់ក៏នៅទីនោះដែរ។ យើងបានប្រកបគ្នាអំពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ ដែលឥឡូវនេះ យើងស្ថិតនៅក្នុងគ្រាចុងក្រោយ ហើយព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះអង្គសង្គ្រោះដែលយាងមក។ ព្រះអង្គកំពុងសម្តែងចេញសេចក្តីពិត ហើយធ្វើកិច្ចការនៃការជំនុំជម្រះ ដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្ស។ យើងត្រូវតែទទួលយកការជំនុំជម្រះនិងការបន្សុទ្ធពីទ្រង់ ដើម្បីទទួលបានការការពារពីព្រះនៅក្នុងគ្រោះមហន្តរាយ និងចូលទៅនគរទ្រង់។ មេភូមិគាត់ចាប់អារម្មណ៍ និងចង់ដឹងទៀត។ ទោះយ៉ាងណា ទោះមេភូមិរងនិងអ្នករក្សាប្រាក់មានអាកប្បកិរិយាមិនល្អឡើយ។ ពួកគាត់ថា «យើងស្តាប់តាមរដ្ឋាភិបាល។ រដ្ឋាភិបាលមិនឱ្យជឿសាសនាទេ ដូច្នេះ យើងជឿមិនបានឡើយ។ មិនអ៊ីចឹង គេនឹងចាប់ខ្លួនយើង»។ ឃើញពួកគាត់ប្រកាន់ជំហររឹងមាំបែបនេះ ខ្ញុំក៏អធិស្ឋានទៅព្រះ ដោយថ្វាយពួកគាត់ទៅព្រះ ហើយទូលសុំទ្រង់ឱ្យដឹកនាំ។ ក្រោយមក ខ្ញុំក៏បានអានអត្ថបទបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តាឱ្យពួកគាត់ស្តាប់។ «ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងរីកចម្រើន ប៉ុន្តែប្រសិនបើអ្នកអនុញ្ញាតឱ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់។ អរិយធម៌នៃប្រទេសរបស់អ្នក នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ ដូច្នេះហើយ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនឱ្យមនុស្សដឹង។ ព្រះជាម្ចាស់នឹងលើកប្រទេសដែលមានអំណាចឱ្យខ្ពស់ឡើង ដើម្បីប្រឈមមុខជាមួយប្រទេសនានាដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឱ្យអស់ពីផែនដីផង។ ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឱ្យមានភាពស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់» (ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក ខ្ញុំបានប្រកបគ្នាថា «ឥឡូវ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានសេចក្តីជំនឿទេ ហើយថែមទាំងប្រឆាំងនឹងព្រះទៀតផង។ ពួកបងស្តាប់ពួកគេ ហើយមិនហ៊ានជឿព្រះទេ។ តើនរណាពិតជាអាចជួយសង្គ្រោះមនុស្សបាន តើព្រះជាម្ចាស់ ឬរដ្ឋាភិបាល? សព្វថ្ងៃនេះ ជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរឡើងៗ។ មិនថាអ្នកមាន ឬអ្នកក្រ អ្នកមានអំណាច ឬអ្នកទន់ខ្សោយទេ ពេលប្រឈមនឹងគ្រោះមហន្តរាយ មនុស្សគ្មានបានការអ្វីឡើយ។ គ្មានបុគ្គលណាអាចសង្គ្រោះយើងពីអំណាចសាតាំង ឬការពារយើងពីគ្រោះមហន្តរាយបានឡើយ។ មានតែព្រះ ទើបអាចសង្គ្រោះយើងបាន! ព្រះបានត្រឡប់ជាសាច់ឈាមនៅគ្រាចុងក្រោយ សម្តែងចេញសេចក្ដីពិត និងធ្វើការដើម្បីសង្គ្រោះមនុស្ស។ នេះជាឱកាសតែម្តងគត់ក្នុងមួយជីវិត។ ពួកបងមើលការខុសត្រូវភូមិនេះ។ វាសនារបស់អ្នកភូមិ ស្ថិតនៅលើរបៀបដែលពួកបងដឹកនាំហើយ។ បើពួកបងមិននាំពួកគេថ្វាយបង្គំព្រះទេ តែបែរជាប្រឆាំងនឹងទ្រង់ទៅវិញ ពេលនោះ ភូមិនេះនឹងត្រូវវិនាស ហើយវាសនារបស់អ្នករាល់គ្នានឹងត្រូវបំផ្លាញដោយសារពួកបង»។ ក្រោយមក មេភូមិបាននិយាយថា «ខ្ញុំជឿថា វាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្តព្រះជាម្ចាស់ ហើយខ្ញុំចង់ណែនាំអ្នកភូមិឱ្យជឿលើព្រះ»។ អ្នករក្សាប្រាក់និយាយថា «ខ្ញុំដឹងថា ការជឿព្រះជារឿងល្អ តែបើយើងមិនធ្វើតាមរដ្ឋាភិបាល គេនឹងចាប់ខ្លួន។ យើងក៏ជួយអ្វីមិនបានដែរ»។ យើងបានអានអត្ថបទព្រះបន្ទូលមួយទៀតឱ្យពួកគេស្តាប់។ «យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរំខាន និងធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។ ខ្ញុំអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឱ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឱ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ដើម្បីធ្វើឱ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះជាម្ចាស់តែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន» (ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានប្រកបគ្នាថា «និស្ស័យរបស់ព្រះមិនអត់ឱនចំពោះការប្រមាថរបស់មនុស្សឡើយ។ ទ្រង់នឹងដាក់ទោសអស់អ្នកដែលប្រឆាំងទាស់នឹងកិច្ចការរបស់ទ្រង់។ នោះជានិស្ស័យសុចរិតរបស់ព្រះ ហើយគ្មាននរណាអាចគេចផុតពីនិស្ស័យនេះបានទេ។ គ្រោះមហន្តរាយកំពុងបន្តកើនឡើង។ នេះជាការរម្លឹក និងការព្រមានរបស់ព្រះចំពោះមនុស្សជាតិ ក៏ដូចជាការដាក់ទោសដែរ។ ដូចជាការរញ្ជួយដីនៅ វិនឈាន់ (Wenchuan) នៅប្រទេសចិន មនុស្សនៅទីនោះមិនបានថ្វាយបង្គំព្រះទេ។ បងប្អូនប្រុសស្រីបានផ្សាយដំណឹងល្អប្រាប់ពួកគេ តែពួកគេមិនបានទទួលយកទេ ថែមទាំងជេរប្រមាថបងប្អូនប្រុសស្រីនិងប្រមាថព្រះទៀតផង។ ពេលរញ្ជួយដីបានកើតឡើង ពួកគេសុទ្ធតែយំនិងសង្កៀតធ្មេញ តែស្ដាយក្រោយក៏យឺតពេលដែរ។ រដ្ឋវ៉ា ភាគខាងត្បូងមីយ៉ាន់ម៉ា ក៏ប្រឆាំងនឹងកិច្ចការព្រះដែរ។ ជារឿយៗ រដ្ឋាភិបាលចាប់អ្នកជឿ ហើយមិនអនុញ្ញាតឱ្យទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាទេ។ នៅខែមិថុនា មានទឹកជំនន់នៅទីនោះ ហើយផ្ទះជាច្រើនត្រូវទឹកហូរកួចយកទៅ។ គ្រោះមហន្តរាយដ៏ធំមិនទាន់មកដល់យើងនៅឡើយទេ ដូច្នេះ ព្រះនៅតែប្រទានឱកាសឱ្យយើងប្រែចិត្ត។ បើគ្រោះមហន្តរាយមកដល់ យឺតពេលនឹងស្តាយក្រោយហើយ។ ការប្រមាថអ្នកដទៃមិនអីនោះទេ តែការប្រឆាំងនឹងព្រះ នឹងមានផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់។ កាលពីមុន យើងសុទ្ធតែបានធ្វើកិច្ចការប្រឆាំងទាស់នឹងព្រះ តែឱ្យតែយើងប្រែចិត្តចំពោះព្រះ ហើយយើងណែនាំអ្នកភូមិឱ្យស៊ើបរកផ្លូវពិត ហើយបែរមករកព្រះ នោះព្រះនឹងមានសេចក្ដីមេត្តាករុណា ហើយអត់ទោសឱ្យយើងមិនខាន»។ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំ អាកប្បកិរិយារបស់អ្នករក្សាប្រាក់ ហាក់ធូរស្រាលបន្តិច។ មេភូមិនិងអ្នកដទៃទៀតបានយល់ព្រមឱ្យយើងផ្សាយដំណឹងល្អប្រាប់អ្នកភូមិ។ នៅព្រឹកបន្ទាប់ យើងបានហៅអ្នកភូមិមកជុំគ្នា ហើយបានធ្វើបន្ទាល់ប្រាប់ពួកគេអំពីកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ។ បន្ទាប់ពីការប្រកបគ្នាបានជាង ១០ថ្ងៃ មនុស្សនៅក្នុងភូមិជាង ៤០នាក់ រួមទាំងមេភូមិ និងអនុភូមិផង សុទ្ធតែបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ពួកគេស្រេកឃ្លានបន្ទូលព្រះ ដោយចូលរួមការជួបជុំយ៉ាងសកម្ម និងនាំគ្នាទៅបបួលអ្នកដទៃមកស្តាប់សេចក្តីអធិប្បាយ។ ក្រោយមក ដោយបានបងប្អូនប្រុសស្រីខំធ្វើការងាររួមគ្នា ទើបពលរដ្ឋក្នុងភូមិជាច្រើននៅមីយ៉ាន់ម៉ា ទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តា។

គេបានរាយការណ៍ពីខ្ញុំពីរបីដង ដោយសារខ្ញុំផ្សាយដំណឹងល្អ។ មនុស្សភាគច្រើនដែលមកពីស្រុកកំណើតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្តា ហើយប៉ូលិសបានតាមរកខ្ញុំគ្រប់កន្លែង។ ដោយសារខ្ញុំមិននៅផ្ទះ ពួកគេបានទៅផ្ទះឪពុកម្តាយខ្ញុំ បន្ទាប់មកចាប់ឃុំខ្លួនម្តាយខ្ញុំដែលមិនជឿ។ ខ្ញុំខឹងខ្លាំងណាស់។ សេចក្តីជំនឿរបស់ខ្ញុំត្រឹមត្រូវ ហើយការផ្សាយដំណឹងល្អក៏ជារឿងត្រឹមត្រូវដែរ។ រដ្ឋាភិបាលតាមប្រមាញ់ខ្ញុំគ្រប់កន្លែង ដោយសារសេចក្តីជំនឿរបស់ខ្ញុំ ហើយនិយាយថា ពួកគេនឹងមិនដោះលែងម្តាយខ្ញុំឡើយ ទាល់តែគេចាប់ខ្ញុំបាន។ តើឯណាទៅភាពត្រឹមត្រូវ ឬយុត្តិធម៌នោះ? គ្រួសារខ្ញុំមិនយល់ពីខ្ញុំទេ និយាយថាដោយសារសេចក្តីជំនឿខ្ញុំ ទើបគេចាប់ម្តាយខ្ញុំ។ ពួកគាត់ទូរសព្ទមកខ្ញុំ ចោទខ្ញុំថាអត់ចិត្ត។ បងប្អូនប្រុសស្រីខ្ញុំ ថែមទាំងប្រាប់ឱ្យខ្ញុំប្រគល់ខ្លួនឱ្យគេទៀតផង។ ខ្ញុំពិបាកចិត្តណាស់ បារម្ភខ្លាច ម្តាយខ្ញុំត្រូវរងទុក្ខ។ ខ្ញុំបន្តផ្សាយដំណឹងល្អទៀត តែមិនសកម្មដូចមុនទេ។ ខ្ញុំអធិស្ឋានទៅព្រះទាំងឈឺចាប់ថា «ព្រះអង្គអើយ កម្ពស់ខ្ញុំម្ចាស់ទាបណាស់។ ម្តាយខ្ញុំម្ចាស់ត្រូវគេចាប់ខ្លួន ហើយគ្រួសារមិនយល់ចិត្ត ខ្ញុំម្ចាស់ពិបាកចិត្តណាស់។ សូមទ្រង់ប្រទានសេចក្តីជំនឿឱ្យខ្ញុំម្ចាស់អាចរឹងមាំផង»។ អធិស្ឋានរួច ខ្ញុំក៏អានព្រះបន្ទូល។ «ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ 'បានបោះបង់' អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់» (ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះពិតជាទាក់ទាញចិត្តខ្ញុំណាស់។ ជាអ្នកជឿព្រះ ការផ្សាយដំណឹងល្អ ការដើរផ្លូវត្រូវក្នុងជីវិត ជារឿងល្អបំផុតក្នុងលោកនេះ។ តែអ្នកជឿនៅក្នុងប្រទេសប្រឆាំងនឹងព្រះ មិនទទួលបានការការពារពីច្បាប់នោះទេ ពួកគេត្រូវបានគេថ្កោលទោស និងចាប់ខ្លួន សូម្បីសមាជិកគ្រួសារក៏ត្រូវជាប់ពាក់ព័ន្ធដែរ។ រដ្ឋាភិបាលថា អ្នកជួញដូរគ្រឿងញៀន និងឃាតករអាចត្រូវបានលើកលែងទោស មានតែអ្នកជឿប៉ុណ្ណោះដែលមិនអាចលើកលែងទោសបាន។ ម្យ៉ាងទៀត ពេលដែលអ្នកជឿត្រូវគេចាប់បាន ពួកគេត្រូវរងការពិន័យ ដាក់គុក ឬប្រគល់ឱ្យមន្ត្រីធ្វើជាកម្មករ។ គេប្រព្រឹត្តដាក់អ្នកជឿដូចសត្វដូចធាតុអ៊ីចឹង។ នេះជាប្រទេសដ៏ខ្មៅងងឹតនិងអាក្រក់ណាស់។ វាជាទីក្រុង សូដុំមសម័យទំនើប ដែលប្រឆាំងនឹងព្រះ។ ការធ្វើជាអ្នកជឿ ការដើរតាមព្រះសព្វថ្ងៃនេះ មានន័យស្មើនឹងត្រូវគេបៀតបៀន តែខ្ញុំបានយល់ពីបំណងព្រះហឫទ័យព្រះ។ ព្រះប្រើការលំបាកទាំងនោះ ដើម្បីប្រោសសេចក្តីជំនឿរបស់ខ្ញុំឱ្យគ្រប់លក្ខណ៍ ទន្ទឹមនឹងនោះ ធ្វើឱ្យខ្ញុំយល់អំពីសារជាតិអាក្រក់របស់រដ្ឋាភិបាលដែលប្រឆាំងនឹងព្រះ ដូច្នេះ ខ្ញុំអាចបដិសេធនិងលះបង់សាតាំងចោល ហើយងាកមករកព្រះយ៉ាងប្រាកដ។ ពេលខ្ញុំយល់ពីព្រះហឫទ័យព្រះ ខ្ញុំលែងកើតទុក្ខទៀតហើយ។ ខ្ញុំត្រៀមខ្លួនដើម្បីពឹងអាងលើព្រះ ហើយបន្តផ្សាយដំណឹងល្អ។

ខ្ញុំប្រមូលអ្នកជឿថ្មីមកជុំគ្នា ហើយប្រកបគ្នាជាមួយពួកគេពីបន្ទូលព្រះ ដើម្បីជួយពួកគេឱ្យស្គាល់កិច្ចការរបស់ព្រះ និងយល់ពីបំណងព្រះហឫទ័យទ្រង់។ យើងបានស្តាប់ទំនុកតម្កើងនៃបន្ទូលព្រះជាមួយគ្នា «ពេលវេលាដែលបាត់បង់ មិនត្រឡប់មកវិញឡើយ»។ «បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ពេលវេលារបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការឆក់យកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! បើអ្នករាល់គ្នាបរាជ័យក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀនសូត្រ ហើយប្រលងម្ដងទៀតជាច្រើនដងតាមតែអ្នកចង់ធ្វើ។ យ៉ាងណាមិញ ពេលវេលារបស់ខ្ញុំនឹងលែងពន្យារពេលទៀតឡើយ។ ចូរចាំ! ចូរចាំទុកចុះ! ខ្ញុំសូមដាស់តឿនអ្នកដោយពាក្យពីរោះៗ។ ទីបញ្ចប់នៃពិភពលោកលាតត្រដាងនៅនឹងភ្នែកអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏សម្បើមក៏ចូលមកជិតយ៉ាងឆាប់រហ័សដែរ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាបានមកដល់សម្រាប់អ្នករាល់គ្នាដែលត្រូវថ្លឹងថ្លែងអំពីការទាំងនេះហើយ» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ស្តាប់ទំនុកតម្កើងរួច ខ្ញុំបានប្រកបគ្នាថា «មនុស្សខ្លះថា ពួកគេនឹងជឿព្រះ ពេលកម្លាំងសាតាំងដួលរលំ ហើយលែងមានការគាបសង្កត់ទៀត តែទម្រាំដល់ពេលនោះ កិច្ចការព្រះក្នុងការសង្គ្រោះមនុស្សជាតិនឹងចប់បាត់ហើយ ហើយយើងនឹងបាត់បង់ឱកាសទាំងស្រុងក្នុងការទទួលបានសេចក្តីសង្គ្រោះពីព្រះ។ បើរដ្ឋាភិបាលរារាំង មិនអនុញ្ញាតឱ្យយើងជឿ ហើយយើងមិនហ៊ានជឿ តើរដ្ឋាភិបាលអាចសង្គ្រោះយើងបានទេ? មិនអាចនោះទេ។ មានតែព្រះប៉ុណ្ណោះ ទើបអាចសង្គ្រោះយើងបាន។ បើយើងស្តាប់រដ្ឋាភិបាល ហើយមិនជឿ នោះយើងនឹងបាត់បង់សេចក្តីសង្រ្គោះពីព្រះនៅគ្រាចុងក្រោយ។ នៅពេលដែលកិច្ចការរបស់ព្រះចប់ យើងនឹងត្រូវវិនាសជាមួយរដ្ឋាភិបាលដែរមិនខាន។ យើងបានរងការបង្ក្រាប និងចាប់ខ្លួនពីរដ្ឋាភិបាល ដោយសារតែសេចក្តីជំនឿរបស់យើង តែការរងទុក្ខនេះមានតម្លៃណាស់។ យើងត្រូវលះបង់ បើយើងចង់ទទួលបានសេចក្ដីសង្គ្រោះពីព្រះ។ ហើយព្រះគ្រប់គ្រងលើរបស់សព្វសារពើ ដូច្នេះ គេចាប់ខ្លួនយើងឬអត់ គឺស្ថិតនៅលើព្រះហស្តទ្រង់ទាំងស្រុង។ បើគេចាប់ខ្លួនយើង គឺដោយសារមានការអនុញ្ញាតពីព្រះ។ យើងគួរតែចុះចូលចំពោះទ្រង់ ហើយរៀនមេរៀនរបស់យើង»។ ក្រោយមក ខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបន្ថែមទៀត។ «អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា 'អ្នកដែលមានជ័យជំនះ' គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា 'អ្នកមានជ័យជម្នះ'» (ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពេលនេះ អ្នកគួរមើលឃើញថា មូលហេតុដែលព្រះជាម្ចាស់មិនបំផ្លាញសាតាំងក្នុងពេលនៃសេចក្ដីសង្គ្រោះរបស់ទ្រង់លើមនុស្ស គឺដោយសារមនុស្សអាចមើលឃើញច្បាស់ថា សាតាំងបានធ្វើឱ្យពួកគេពុករលួយដោយរបៀបណា ហើយវាបានធ្វើឱ្យពួកគេពុករលួយខ្លាំងប៉ុនណា និងឃើញថាព្រះជាម្ចាស់បានបន្សុទ្ធ និងសង្គ្រោះពួកគេតាមរបៀបណា។ ចុងក្រោយ នៅពេលមនុស្សបានយល់ពីសេចក្ដីពិត និងបានឃើញច្បាស់ពីមុខមាត់អាក្រក់របស់សាតាំង ហើយបានឃើញពីអំពើបាបយ៉ាងធំក្រៃលែងដែលសាតាំងធ្វើឱ្យពួកគេពុករលួយរួចហើយ ព្រះជាម្ចាស់នឹងបំផ្លាញសាតាំង ដោយបង្ហាញពួកគេពីសេចក្ដីសុចរិតរបស់ទ្រង់» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានប្រកបគ្នាថា «ព្រះអនុញ្ញាតឱ្យរដ្ឋាភិបាលគាបសង្កត់និងចាប់ខ្លួន។ នេះជាការសាកល្បង ថាតើយើងជឿព្រះពិតឬអត់ ថាតើយើងមានសេចក្តីជំនឿឬអត់។ តាមរយៈការគាបសង្កត់ និងការលំបាកបែបនេះ បើយើងអាចរក្សាសេចក្តីជំនឿយើងបាន ហើយមិនរាថយក្នុងភាពអវិជ្ជមាន ឬក្បត់ព្រះ តែផ្ទុយទៅវិញ បន្តដើរតាមព្រះ ជួបជុំ និងផ្សាយដំណឹងល្អ ពេលនោះមានទីបន្ទាល់ ហើយសាតាំងនឹងត្រូវអាម៉ាស់ ហើយចាញ់មិនខាន។ ការរងទុក្ខនោះមានតម្លៃណាស់។ ហេតុអ្វីបានជាព្រះមិនបំផ្លាញសាតាំងនៅពេលនេះ? គឺទុកសាតាំងប្រើជាមធ្យោបាយមួយ ដើម្បីប្រោសក្រុមអ្នកមានជ័យជម្នះឱ្យគ្រប់លក្ខណ៍ ទន្ទឹមនឹងនោះ ក៏ឱ្យយើងរៀនស្គាល់ល្អចេញពីអាក្រក់ដែរ។ យើងអាចមើលឃើញពីរបៀបដែលព្រះធ្វើការដើម្បីសង្គ្រោះមនុស្ស និងរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ និងធ្វើបាបមនុស្ស។ ថ្ងៃណាមួយពេលព្រះបំផ្លាញសាតាំង នោះយើងនឹងឃើញថា ព្រះសុចរិតប៉ុនណា។ បើព្រះកម្ចាត់សាតាំងចោលដោយផ្ទាល់យកតែម្ដង នោះយើងនឹងមិនស្គាល់សាតាំងច្បាស់ទេ ក៏មិនបានស្អប់វា និងបោះបង់វាចោលដែរ។ ដូចជារបបទាស់នឹងព្រះរបស់សាតាំង ដែលពួកគេពូកែក្លែងបន្លំខ្លួន និងបោកបញ្ឆោតណាស់។ ពេលពួកវាធ្វើល្អ គឺគ្រាន់តែដើម្បីឱ្យមនុស្សគោរពស្រឡាញ់ពួកវាប៉ុណ្ណោះ។ ព្រះដ៏មានគ្រប់ព្រះចេស្តាបានលេចមក និងកំពុងបំពេញកិច្ចការនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិ។ ទ្រង់លាតត្រដាងសារជាតិអារក្សទាស់នឹងព្រះនៃរបបទាំងនោះ។ ពួកគេបដិសេធ និងថ្កោលទោសព្រះដ៏មានព្រះចេស្តា ហើយចាប់ខ្លួន ពិន័យ កាត់ទោស និងដាក់គុកអ្នកជឿទ្រង់។ ពួកគេមិនខុសពីអារក្សសាតាំងទេ ដែលធ្វើឱ្យមនុស្សថ្វាយបង្គំវា ហើយមិនឱ្យពួកគេជឿនិងដើរតាមព្រះឡើយ។ ចុងក្រោយ ពួកនោះក៏ធ្លាក់នរក ហើយត្រូវដាក់ទោសជាមួយវា»។ ប្រកបគ្នារួច អ្នកជឿថ្មីក៏បានយល់ និងមានសេចក្តីជំនឿ ហើយបានចូលរួមយ៉ាងសកម្មក្នុងការជួបជុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់។

ក្រោយមក អ្នកជឿថ្មីទាំងនោះបាននាំមនុស្សជាទីស្រឡាញ់របស់ខ្លួនខ្លះមកស្តាប់សេចក្តីអធិប្បាយ។ ពីពីរបីថ្ងៃក្រោយមក មនុស្សជាង ៨០នាក់មកពីភូមិនោះ បានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយ។ ខ្ញុំយល់ពីព្រះប្រាជ្ញាញាណរបស់ព្រះ ត្រូវបានប្រើដោយផ្អែកលើកលល្បិចរបស់សាតាំង។ សាតាំងប្រើគ្រប់ល្បិចកល ដើម្បីរារាំងកិច្ចការផ្សាយដំណឹងល្អ ដើម្បីឱ្យយើងខកចិត្ត និងបាក់ទឹកចិត្ត តែបន្ទូលរបស់ព្រះបានប្រទានសេចក្តីជំនឿ និងកម្លាំងដល់យើង។ យើងដាក់ចិត្តដាក់កាយផ្សាយដំណឹងល្អ និងបានឃើញព្រះពរ និងការណែនាំពីព្រះ។ ខ្ញុំពិតជាដឹងគុណចំពោះព្រះណាស់។ ខ្ញុំឃើញថា អ្វីដែលព្រះចង់សម្រេច គ្មានមនុស្សណាអាចបញ្ឈប់បានឡើយ ខ្ញុំកាន់តែមានការជឿជាក់ជាងមុនក្នុងការផ្សាយដំណឹងល្អ។

នៅខែកញ្ញា ឆ្នាំ២០២២ អ្នកជឿថ្មីម្នាក់បាននាំពួកយើងទៅផ្សាយដំណឹងល្អនៅភូមិឪពុកម្តាយគាត់ ដែលមានមនុស្សជាង ៤០នាក់ បានចាប់អារម្មណ៍លើផ្លូវពិត។ ខ្ញុំសប្បាយចិត្តណាស់ ក៏ចាប់ផ្ដើមចែកចាយទីបន្ទាល់ដល់ពួកគាត់អំពីកិច្ចការព្រះនៅគ្រាចុងក្រោយ។ បន្ទាប់មក ខ្ញុំបានទទួលដំណឹងថា រដ្ឋបាលថ្នាក់តំបន់បានបង្ហាញរូបថតរបស់ខ្ញុំនៅក្នុងកិច្ចប្រជុំរបស់ពួកគេដោយនិយាយថា គេតាមចាប់ខ្ញុំ ហើយប្រាប់ពលរដ្ឋឱ្យរាយការណ៍ បើឃើញខ្ញុំផ្សាយដំណឹងល្អ ប៉ូលិសបិទផ្លូវ ឃាត់រថយន្ត ដើម្បីឆែកឆេររកខ្ញុំ។ ខ្ញុំបានគិតថា ដោយមានប៉ូលិសកំពុងស្វែងរកខ្ញុំគ្រប់ទីកន្លែង បើថ្ងៃណាមួយពួកគេចាប់ខ្ញុំបាន នោះពួកគេប្រហែលសម្លាប់ខ្ញុំហើយ។ តើខ្ញុំគួរបន្តផ្សាយដំណឹងល្អទៀតទេ? បើខ្ញុំឈប់ តើអ្នកភូមិដែលកំពុងស៊ើបរកកិច្ចការព្រះនឹងទៅជាយ៉ាងណា? ពួកគាត់នឹងមិនអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះ ហើយទទួលយកកិច្ចការថ្មីរបស់ទ្រង់ឡើយ។ ខ្ញុំនឹងមិនបំពេញការទទួលខុសត្រូវរបស់ខ្ញុំទេ។ បងប្អូនប្រុសស្រីចង់បញ្ជូនខ្ញុំទៅឆ្ងាយ ដោយគិតគូរពីសុវត្ថិភាពខ្ញុំ។ ខ្ញុំខ្លាចណាស់ ដូច្នេះ ខ្ញុំក៏បន្តចេញទៅ។ ក្រោយមក ខ្ញុំមានអារម្មណ៍ខុសឆ្គងណាស់។ ខ្ញុំចង់ត្រឡប់មកវិញ ហើយបន្តផ្សាយដំណឹងល្អប្រាប់អ្នកភូមិទាំងនោះទៀត។ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះថា «ព្រះអង្គអើយ ប៉ូលិសកំពុងតាមរកខ្ញុំម្ចាស់គ្រប់ទីកន្លែង ខ្ញុំម្ចាស់ខ្លាចណាស់។ តែខ្ញុំម្ចាស់ដឹងថា គេចាប់ខ្លួនខ្ញុំម្ចាស់បានឬអត់ គឺអាស្រ័យលើព្រះហស្តទ្រង់ទាំងស្រុង។ ខ្ញុំម្ចាស់ចង់ថ្វាយគ្រប់យ៉ាងទៅទ្រង់។ សូមណែនាំខ្ញុំម្ចាស់ ឱ្យមានទំនុកចិត្តបន្តផ្សាយដំណឹងល្អ ធ្វើបន្ទាល់ថ្វាយទ្រង់ផង»។ ក្រោយមក ខ្ញុំអានរឿងខ្លះក្នុងព្រះបន្ទូលនេះ។ «តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងធ្វើខ្លួនឱ្យស័ក្តិសមជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើអ្នកនឹងពន្យល់ពីម្ចាស់នៃរបស់សព្វសារពើយ៉ាងដូចម្តេច? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹតសួរថា តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ ដើម្បីបណ្តេញអំណាចនៃភាពអន្ធការ ដែលបានគ្របបាំងមនុស្សអស់ពេលរាប់សិបឆ្នាំមកហើយ។ តើមានអ្នកណាដែលអាចដឹងពីទំហំនៃក្ដីសង្ឃឹមយ៉ាងអន្ទះសារបស់ពួកគេ ដែលចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ដែរឬទេ? សូម្បីនៅថ្ងៃណាមួយដែលមានពន្លឺចាំងជះទៅផុតហើយក្ដី ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ពួកគេមិនដែលបានសម្រាកឡើយ ហើយពួកគេត្រូវជាប់នៅក្នុងសភាពបែបនេះជាយូរមកហើយ ដោយត្រូវជាប់ចំណងដែលគ្មានក្ដីមេត្តាករុណា និងជាប់ក្នុងប្រវត្តិសាស្ត្រដែលមិនចេះផ្លាស់ប្តូរ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានគិតគូរពីសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលមិនដឹងអ្វីសោះ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ រងទណ្ឌកម្មបែបនេះយ៉ាងដូចម្តេចទៅ? ចុងក្រោយ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងនេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? បន្ទាប់ពីបានគិតនិងបានធ្វើគ្រប់យ៉ាងហើយ តើអ្នកនឹងបកស្រាយពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះយ៉ាងដូចម្តេចវិញ? តើអ្នកពិតជាមានការតាំងចិត្ត និងជំនឿចិត្ត ដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ជាបុគ្គលដែលស្មោះត្រង់ និងបម្រើព្រះជាម្ចាស់មែនទេ?» (ដកស្រង់ពី «តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះពិតជាលើកទឹកចិត្តមែន តែក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ខុសឆ្គងដែរ។ មនុស្សជាច្រើននៅតែមិនទទួលយកសេចក្តីសង្គ្រោះពីព្រះនៅគ្រាចុងក្រោយ ហើយរស់នៅក្រោមអំណាចសាតាំង។ ពួកគេគ្មានទីពឹង និងឈឺចាប់។ ព្រះមានព្រះទ័យសោកសៅ និងបារម្ភចំពោះពួកគេ។ អ្នកខ្លះធ្វើការរកលុយពីព្រឹកទល់យប់ រស់ទាំងលំបាក ជីវិតនឿយហត់ជាខ្លាំង អ្នកខ្លះរកលុយបានតិចតួចហើយ ក៏នៅតែមានអារម្មណ៍ឥតន័យ ក្រៀមក្រំដដែល។ ពួកគេមិនស្គាល់តម្លៃនៃជីវិតមនុស្ស ហើយរកមិនឃើញទិសដៅណាមួយឡើយ។ អ្នកខ្លះវិញ ចង់ស្វែងរកផ្លូវពិត តែពួកគេខ្លាចពេក ដោយសារតែការគាបសង្កត់និងការចាប់ខ្លួនពីរដ្ឋាភិបាល។ មានន័យថា ពួកយើងត្រូវការប្រកបគ្នាអំពីបន្ទូលព្រះជាមួយពួកគេ ធ្វើបន្ទាល់ពីកិច្ចការព្រះ ហើយប្រើបន្ទូលព្រះ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ដើម្បីឱ្យពួកគេមើលឃើញសេចក្តីពិត ពន្លឺ និងក្តីសង្ឃឹមក្នុងបន្ទូលព្រះ ហើយទទួលយកសេចក្តីសង្គ្រោះពីព្រះ។ ម្យ៉ាងទៀត សព្វថ្ងៃនេះ មហន្តរាយកាន់តែអាក្រក់ឡើងៗ ហើយមនុស្សជាច្រើននៅតែមិនទាន់បានឮព្រះសូរសៀងរបស់ព្រះ។ ពួកគេគ្មានជំនួយនិងទីពឹងក្នុងគ្រោះមហន្តរាយទេ។ ការផ្សាយដំណឹងល្អប្រាប់មនុស្សទាំងនេះគឺជាទំនួលខុសត្រូវរបស់ខ្ញុំ។ ព្រះមិនសព្វព្រះទ័យឱ្យនរណាដែលទ្រង់ចង់សង្គ្រោះ ធ្លាក់ក្នុងមហន្តរាយនោះទេ។ បើខ្ញុំឈប់ផ្សាយដំណឹងល្អដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខ្ញុំនឹងបោះបង់ភារកិច្ចខ្ញុំ។ ពេលនោះ ខ្ញុំនឹងជំពាក់ព្រះច្រើន ហើយមិនសមនឹងគេហៅថាជាផ្នែកនៃគ្រួសារទ្រង់ទេ។ ខ្ញុំគិតថា ពីមុនខ្ញុំក៏ធ្លាប់មានទម្លាប់ដូចអ្នកភូមិដែរ រស់នៅក្រោមការត្រួតត្រារបស់សាតាំងដោយគ្មានគោលដៅ ឬក្តីសង្ឃឹមឡើយ។ ព្រះបានលើកទឹកចិត្តបងប្អូនប្រុសស្រីឱ្យផ្សាយដំណឹងល្អប្រាប់ខ្ញុំម្តងហើយម្តងទៀត រហូតដល់ទីបំផុត ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះ ហើយបានទទួលយកសេចក្ដីសង្គ្រោះពីទ្រង់នៃគ្រាចុងក្រោយ។ នោះជាក្តីស្រឡាញ់និងក្តីមេត្តាករុណារបស់ព្រះសម្រាប់ខ្ញុំ។ ខ្ញុំត្រូវគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះ ហើយខ្ញុំខំប្រឹងធ្វើគ្រប់យ៉ាង ដើម្បីធ្វើបន្ទាល់ពីកិច្ចការព្រះ ហើយតបស្នងសេចក្តីស្រឡាញ់របស់ទ្រង់។ ថ្ងៃបន្ទាប់ ខ្ញុំបានត្រឡប់ទៅភូមិនោះវិញ ដើម្បីបន្តផ្សាយដំណឹងល្អ។ តែប៉ុន្មានថ្ងៃក្រោយមក អ្នកជឿថ្មីដែលនាំពួកយើងទៅទីនោះបានចាកចេញទៅដោយមានរឿងបន្ទាន់។ ខ្ញុំព្រួយបារម្ភបន្តិចដែរ។ តើខ្ញុំនឹងត្រូវគេចាប់ខ្លួន ដោយគ្មានអ្នកស្រុកការពារឬ? តែបើខ្ញុំឈប់ផ្សាយដំណឹងល្អ នោះអ្នកដែលកំពុងស៊ើបរកផ្លូវពិត នឹងយឺតយ៉ាងក្នុងការទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគាត់លួចឡើងភ្នំ ស្តាប់ពួកយើងអធិប្បាយ ដោយព្យាយាមស្វែងរកនិងស៊ើបសួរផ្លូវពិត។ ពួកគាត់ស្រេកឃ្លានផ្លូវពិត។ បើខ្ញុំរត់ចេញដោយខ្លាចគេចាប់ខ្លួន ដោយមិនចង់បន្តផ្សាយដំណឹងល្ ខ្ញុំនឹងជំពាក់ពួកគាត់ និងធ្វើឱ្យព្រះឈឺចាប់។ ដូច្នេះ ខ្ញុំបានជួបអ្នកដែលស៊ើបរករកផ្លូវពិតម្តងម្នាក់ៗ ហើយអានបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ឱ្យពួកគេស្តាប់។ ចុងក្រោយ ពួកគាត់ក៏ទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ក្រោយមក ពួកគាត់នាំអ្នកផ្សេងមកស្តាប់យើងអធិប្បាយ។ មានមនុស្សកាន់តែច្រើនបានទទួលយកកិច្ចការថ្មីរបស់ព្រះ បន្ទាប់ពីបានស្តាប់បន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ពេលឃើញការណែនាំរបស់ព្រះ ខ្ញុំដឹងគុណយ៉ាងខ្លាំងដល់ទ្រង់។ កងជីវពលភូមិបានល្បាតពេលយប់ជាញឹកញាប់ ដោយរឹតត្បិតការជួបជុំរបស់ពួកយើង។ ដូច្នេះ ខ្ញុំបានប្រកបគ្នាអំពីបន្ទូលព្រះជាមួយអ្នកជឿថ្មី ដើម្បីជួយពួកគាត់ឱ្យមើលធ្លុះល្បិចរបស់សាតាំង ហើយរៀនជួបជុំដោយសម្ងាត់។ ពេលដឹងរឿងនោះ ពួកគាត់មិនរងឥទ្ធិពលពីរដ្ឋាភិបាលទៀតនោះទេ។ ពួកគាត់នាំគ្នាលួចឡើងភ្នំ ឬទៅចម្ការបន្លែពេលយប់ ដើម្បីជួបជុំគ្នា។ ពេលខ្ញុំឃើញបែបនេះ ខ្ញុំមានកម្លាំងរឹតតែខ្លាំងដើម្បីផ្សាយដំណឹងល្អ។

ខ្ញុំចាំបានថា មានបងស្រីម្នាក់បានប្រាប់ខ្ញុំថា មនុស្សពីរបីនាក់ដែលខ្ញុំបានផ្សាយដំណឹងល្អប្រាប់ ត្រូវរដ្ឋាភិបាលចាប់ខ្លួនហើយ ដោយសារស្តាប់សេចក្តីអធិប្បាយរបស់ពួកយើង។ គ្រួសាររបស់ពួកគាត់ដែលមិនជឿព្រះ បានទៅផ្ទះខ្ញុំ រកខ្ញុំ ប្រាប់ថាគេនឹងសម្លាប់ខ្ញុំ។ បងស្រីនោះប្រាប់ខ្ញុំឱ្យប្រយ័ត្នខ្លួន។ ខ្ញុំខ្លាចរឿងនេះខ្លាំងណាស់។ កាលនោះ បើខ្ញុំនៅផ្ទះ មិនដឹងថាពួកគេនឹងធ្វើអ្វីមកលើខ្ញុំនោះទេ។ បើខ្ញុំបន្តផ្សាយដំណឹងល្អនៅទីនោះ ហើយគេចាប់ខ្ញុំបាន នោះគេប្រាកដជាមិនលែងខ្ញុំដោយងាយឡើយ។ ខ្ញុំចង់ចេញពីកន្លែងនោះ ហើយលែងផ្សាយដំណឹងល្អនៅទីនោះទៀត។ តែពេលគិតពីការចាកចេញ ធ្វើឱ្យខ្ញុំពិបាកចិត្តណាស់។ ពេលនោះ ខ្ញុំនឹកចាំព្រះបន្ទូលទាំងនេះ៖ «អ្នកដឹងថា អ្វីៗទាំងអស់នៅក្នុងបរិយាកាសដែលព័ទ្ធជុំវិញអ្នក គឺនៅមាន ដោយសារការអនុញ្ញាតពីខ្ញុំ ដែលខ្ញុំបានគ្រោងទុក។ ចូរមើលឱ្យច្បាស់ ហើយបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងបរិយាកាសដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាច ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាដែលរៀបចំចាត់ចែងច្បាស់ជានឹងគង់នៅជាមួយអ្នក។ ទ្រង់ឈរនៅពីក្រោយអ្នករាល់គ្នា ហើយទ្រង់គឺជាខែលរបស់អ្នក» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈបន្ទូលព្រះ ខ្ញុំអាចយល់ថា ខ្ញុំបានប្រឈមនឹងស្ថានភាពនេះដោយមានការអនុញ្ញាតពីព្រះ។ ដោយសារខ្ញុំផ្សាយដំណឹងល្អ ធ្វើបន្ទាល់ពីកិច្ចការព្រះ សាតាំងមុខជាមិនព្រមឈប់រារាំងខ្ញុំ និងរំខានសភាពផ្លូវចិត្តខ្ញុំឡើយ ដើម្បីឱ្យខ្ញុំខ្លាចលែងហ៊ានផ្សាយដំណឹងល្អទៀត។ នោះជាចេតនាអាក្រក់របស់សាតាំង។ បើខ្ញុំឈប់ផ្សាយដំណឹងល្អ ព្រោះខ្ញុំខ្លាចបាត់បង់អាយុជីវិត នោះខ្ញុំមិនចាញ់ល្បិចសាតាំងទៅហើយទេ? មិនថាខ្ញុំត្រូវគេចាប់ខ្លួន ហើយមិនថាខ្ញុំត្រូវស្លាប់ឬអត់ទេ គឺសុទ្ធតែស្ថិតក្នុងព្រះហស្តព្រះ។ យ៉ូបបានរងទុក្ខជាច្រើនរឿង នៅពេលសាតាំងបានសាកល្បងគាត់។ គាត់បានបាត់បង់កូនរបស់គាត់ ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ហើយគាត់បានកើតដំបៅពេញខ្លួន។ តែព្រះមិនអនុញ្ញាតឱ្យសាតាំងសម្លាប់យ៉ូបទេ។ សាតាំងមិនហ៊ានប្រឆាំងនឹងបន្ទូលព្រះទេ។ វាមិនហ៊ានធ្វើបាបជីវិតយ៉ូបឡើយ។ បើព្រះមិនអនុញ្ញាតឱ្យអ្នកទាំងនោះធ្វើបាបខ្ញុំ ក៏ពួកគេធ្វើអ្វីខ្ញុំមិនកើតដែរ។ ជីវិតខ្ញុំស្ថិតនៅក្នុងព្រះហស្តរបស់ព្រះ ពួកគេមិនអាចសម្រេចថាតើខ្ញុំរស់ ឬស្លាប់បាននោះទេ។ បើខ្ញុំត្រូវបានគេចាប់ខ្លួន នោះនឹងមានបំណងព្រះហឫទ័យព្រះនៅពីក្រោយវា ហើយខ្ញុំគួរតែចុះចូល។ ខ្ញុំបានគិតក្នុងចិត្តថា ដោយសារធ្លាប់មានរឿងមិនល្អនៅភូមិនេះ ខ្ញុំអាចទៅផ្សាយដំណឹងល្អនៅភូមិមួយផ្សេងទៀត។ បើខ្ញុំឆ្លាត ចេះការពារខ្លួន ខ្ញុំមុខជាមិនអីទេ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «នៅពេលពួកគេធ្វើទុក្ខបុកម្នេញដល់អ្នកនៅក្នុងក្រុងនោះ ចូរចេញទៅក្រុងមួយផ្សេងទៀតចុះ» (ម៉ាថាយ ១០:២៣)។ ពេលនោះ ខ្ញុំអានបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបន្ថែម។ «អ្នកដើរតាមព្រះជាម្ចាស់គ្រប់រូប សុទ្ធតែមានផែនការដែលព្រះបានរៀបចំទុកសម្រាប់ពួកគេ។ មនុស្សម្នាក់ៗមានមជ្ឈដ្ឋានរៀងខ្លួន ដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់ពួកគេ ជាមជ្ឈដ្ឋានមួយដែលពួកគេត្រូវបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេមានព្រះគុណ និងសេចក្តីសន្ដោសពីព្រះជាម្ចាស់ ដែលមនុស្សត្រូវទទួលយក។ ពួកគេក៏មានកាលៈទេសៈពិសេសៗដែលព្រះជាម្ចាស់រៀបចំទុកសម្រាប់មនុស្ស ហើយក៏មានទុក្ខវេទនាជាច្រើនដែលពួកគេត្រូវឆ្លងកាត់ផងដែរ ពោលគឺគ្មានការធ្វើដំណើរណាដែលរលូន ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ ជាងនេះទៅទៀត ប្រសិនបើអ្នកទទួលស្គាល់ថា អ្នកគឺជាភាវៈដែលព្រះបានបង្កើតមក អ្នកត្រូវត្រៀមខ្លួនរងទុក្ខ និងលះបង់ ដើម្បីបំពេញទំនួលខុសត្រូវក្នុងការផ្សាយដំណឹងល្អ និងដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ។ ការលះបង់នោះ អាចជាការមានជំងឺផ្លូវកាយ ឬរងការលំបាកខ្លះ ឬជាការរងការបៀតបៀនពីនាគដ៏ធំមានសម្បុរក្រហម ឬការយល់ច្រឡំពីមនុស្សខាងលោកីយ៍ ក៏ដូចជាទុក្ខលំបាកដែលគេឆ្លងកាត់នៅពេលផ្សាយដំណឹងល្អផងដែរ ដូចជា ការត្រូវគេក្បត់ ត្រូវគេវាយដំនិងជេរប្រទេច ត្រូវគេថ្កោលទោស ហើយថែមទាំងត្រូវគេវាយប្រហារ និងធ្លាក់ចូលក្នុងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ក្នុងពេលផ្សាយដំណឹងល្អ អ្នកអាចនឹងស្លាប់ មុនពេលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ម្ល៉ោះហើយអ្នកនឹងមិនអាចរស់នៅ ដើម្បីបានឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់រឿងនេះ។ និយាយបែបនេះ មិនមែន ចង់បំភ័យអ្នករាល់គ្នាទេ តែនេះគឺជាការពិត។ ... តើពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវបានស្លាប់ដោយរបៀបណា? ក្នុងចំណោមពួកសិស្សទាំងនោះ មានអ្នកខ្លះត្រូវគេគប់នឹងដុំថ្ម ត្រូវគេអូសពីក្រោយសេះ ត្រូវគេឆ្កាងបញ្ច្រាសជើង ត្រូវគេប្រើសេះប្រាំបំបែកសាកសព ពោលគឺការស្លាប់គ្រប់បែបយ៉ាងនេះ សុទ្ធតែបានកើតមានចំពោះពួកគេអស់ហើយ។ តើពួកគេស្លាប់ដោយសារមូលហេតុអ្វី? តើពួកគេត្រូវគេសម្លាប់ស្របច្បាប់ ទៅតាមបទឧក្រិដ្ឋរបស់ពួកគេដែរឬទេ? អត់ទេ។ ពួកគេត្រូវបានគេថ្កោលទោស វាយដំ ជេរប្រមាថ និងកាត់ទោសឱ្យស្លាប់ ដោយសារតែពួកគេផ្សាយដំណឹងល្អអំពីព្រះអម្ចាស់ ហើយត្រូវមនុស្សខាងលោកីយ៍នេះបដិសេធ។ ពួកគេបានរងទុក្ករកម្មបែបនេះឯង។ ... មិនថាពួកគេស្លាប់ និងចាកចេញទៅតាមមធ្យោបាយណា ឬរឿងរ៉ាវកើតឡើងដោយរបៀបណានោះទេ ក៏ព្រះជាម្ចាស់មិនបានកំណត់ពីលទ្ធផលចុងក្រោយនៃជីវិតទាំងនោះ ពីលទ្ធផលចុងក្រោយនៃភាវៈដែលព្រះបានបង្កើតមកទាំងនោះ តាមរបៀបនេះដែរ។ អ្នកត្រូវយល់ឱ្យបានច្បាស់ពីចំណុចនេះ។ ពួកគេបែរជាប្រើមធ្យោបាយជាក់លាក់ទាំងនោះ ដើម្បីថ្កោលទោសលោកីយ៍នេះ និងដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។ ភាវៈដែលព្រះបានបង្កើតមកទាំងនេះ បានប្រើជីវិតរបស់ខ្លួន ដែលមានតម្លៃបំផុតនោះ ពោលគឺ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេ ដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងដើម្បីប្រកាសប្រាប់ទៅសាតាំង និងលោកីយ៍នេះថា កិច្ចការរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់ ថាព្រះអង្គ គឺជាព្រះអម្ចាស់ និងជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ សូម្បីដល់ពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវដែរ។ តើនេះមិនមែនជាទម្រង់នៃការជំនុំជម្រះមកលើលោកីយ៍នេះទេឬអី? ពួកគេបានប្រើជីវិតរបស់ខ្លួន ដើម្បីប្រកាសប្រាប់ទៅលោកីយ៍ ដើម្បីបញ្ជាក់ទៅកាន់មនុស្សលោកថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះអម្ចាស់ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ថាទ្រង់គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ថាកិច្ចការនៃការប្រោសលោះដែលព្រះអង្គបានធ្វើសម្រាប់មនុស្សជាតិទាំងមូល អនុញ្ញាតឱ្យមនុស្សជាតិបន្តរស់រាន្តមានជីវិតតទោទៀត។ ការពិតនេះមិនផ្លាស់ប្ដូរជារៀងរហូត។ អស់អ្នកណាដែលរងទុក្ករកម្ម ព្រោះតែការផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ តើអ្នកនោះបំពេញភារកិច្ចរបស់ខ្លួនដល់កម្រិតណា? តើដល់កម្រិតចុងក្រោយដែរឬទេ? តើកម្រិតចុងក្រោយនោះត្រូវបើកបង្ហាញឱ្យឃើញតាមរបៀបណា? (ពួកគេបានបូជាជីវិតរបស់ខ្លួន)។ ត្រឹមត្រូវហើយ ពួកគេបានលះបង់ជីវិតរបស់ខ្លួន។ ក្រុមគ្រួសារ ទ្រព្យសម្បត្តិ និងសម្ភារៈនៅក្នុងជីវិតនេះ គឺសុទ្ធតែជារបស់ក្រៅខ្លួនទាំងអស់។ របស់តែម្យ៉ាងគត់ ដែលជារបស់ក្នុងខ្លួន គឺជីវិត។ ចំពោះមនុស្សគ្រប់រូបដែលនៅរស់ ជីវិតគឺជារបស់សមនឹងឱ្យតម្លៃខ្លាំងបំផុត ជារបស់ដ៏វិសេសវិសាលបំផុត តែមនុស្សទាំងនេះពិតជាអាចបូជាជីវិត ដែលជាទ្រព្យដ៏វិសេសវិសាលបំផុតរបស់ពួកគេ ដើម្បីបញ្ជាក់ និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិបានប្រាកដមែន។ រហូតដល់ថ្ងៃដែលពួកគេស្លាប់ ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនដែលបដិសេធកិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីធ្វើបន្ទាល់ពីអត្ថិភាពនៃការពិតនេះ។ តើនេះមិនមែនជាទម្រង់នៃការធ្វើបន្ទាល់ដ៏ខ្ពស់បំផុតទេឬអី? នេះគឺជាវិធីដ៏ល្អបំផុតក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ។ ការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ គឺត្រូវធ្វើតាមរបៀបនេះឯង។ នៅពេលសាតាំងគំរាមកំហែង និងសម្លុតបំភ័យពួកគេ ហើយចុងក្រោយ សូម្បីពេលវាឱ្យអ្នកទាំងនោះលះបង់ជីវិតរបស់ពួកគេក្ដី ក៏ពួកគេមិនបដិសេធការទទួលខុសត្រូវរបស់ពួកគេដែរ។ នេះហើយជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗឱ្យដល់កម្រិតខ្ពស់បំផុតនោះ។ និយាយបែបនេះ តើខ្ញុំចង់មានន័យដូចម្ដេច? តើខ្ញុំចង់បានន័យថា អ្នកគួរតែប្រើវិធីសាស្ត្រដូចគ្នានេះ ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងផ្សាយដំណឹងល្អមែនទេ? អ្នកមិនចាំបាច់ត្រូវធ្វើបែបនេះទេ ប៉ុន្តែអ្នកត្រូវយល់ថា នេះគឺជាទំនួលខុសត្រូវរបស់អ្នក ហើយប្រសិនបើព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើបែបនោះមែន អ្នកគួរទទួលយក ហើយចាត់ទុកវាជាកាតព្វកិច្ចរបស់អ្នក» (ដកស្រង់ពី «ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបានជួយខ្ញុំឱ្យដឹងពី ការប្រឹងប្រែងផ្សាយដំណឹងល្អនៃពួកសិស្សព្រះអម្ចាស់យេស៊ូវ ពួកគេត្រូវបានលោកិយនេះថ្កោលទោស ដាក់គុក និងរងការបៀតបៀនគ្រប់ប្រភេទ។ ពួកគេជាច្រើន ត្រូវរងទុក្ករកម្ម។ តែទោះពួកគេមានលទ្ធផលបែបណាក៏ដោយ ពួកគេអាចលះបង់ជីវិតដ៏មានតម្លៃរបស់ខ្លួន ដោយមិនដែលបដិសេធព្រះ សូម្បីតែពេលស្លាប់។ ពួកគេធ្វើបន្ទាល់ថ្វាយព្រះ យកជីវិតខ្លួនថ្វាយសិរីល្អដល់ទ្រង់។ នោះជាទីបន្ទាល់ដ៏ខ្ពស់បំផុតនិងជាវិធីដ៏ល្អបំផុតដើម្បីបំពេញភារកិច្ច។ តែសម្រាប់ខ្ញុំវិញ រដ្ឋាភិបាលបានដេញតាម ហើយមនុស្សអាក្រក់បានគំរាមកំហែង ខ្ញុំចង់រស់ទៀត មិនចង់ស្លាប់ទេ ហើយក៏ចង់រត់ចោលភូមិ ឈប់បន្តផ្សាយដំណឹងល្អ និងស្រោចស្រពអ្នកជឿថ្មីទៀត។ តើទីបន្ទាល់របស់ខ្ញុំនៅត្រង់ណា? ខ្ញុំបានឆ្លុះបញ្ចាំងថា៖ ហេតុអ្វីបានជាខ្ញុំភ័យខ្លាចពេលប្រឈមនឹងស្ថានភាពស្លាប់រស់នេះ? នេះក៏ដោយសារខ្ញុំឱ្យតម្លៃជីវិតខ្លាំងពេក មិនយល់ពីការរស់និងការស្លាប់។ តាមពិត ព្រះបានកំណត់ពីការរស់និងការស្លាប់របស់យើងរួចហើយ។ ត្រូវគេសម្លាប់ដើម្បីព្រះ ទោះសាច់ឈាមស្លាប់ តែនោះមិនមែនការស្លាប់ពិតឡើយ។ វាមិនមានន័យថា អ្នកនឹងគ្មានលទ្ធផលនិងទិសដៅល្អនោះទេ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ បើខ្ញុំមិនបានបំពេញភារកិច្ច និងក្បត់ព្រះ ព្រោះតែខ្ញុំភ័យខ្លាចស្លាប់ សាច់ឈាមខ្ញុំអាចមិនរងទុក្ខអ្វីមែន តែព្រះនឹងផាត់ខ្ញុំចោលដោយស្អប់ខ្ពើម ហើយព្រលឹងខ្ញុំនឹងត្រូវដាក់ទោស។ បើខ្ញុំអាចលះបង់ជីវិតដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយសុខចិត្តស្លាប់មិនក្បត់នឹងទ្រង់ នោះនឹងធ្វើឱ្យសាតាំងអាម៉ាស់ ហើយគ្មានអ្វីដែលអាចមានន័យជាងនេះទេ។ នៅពេលដឹងរឿងនេះ ខ្ញុំលែងភ័យខ្លាចស្លាប់ទៀតហើយ ខ្ញុំបានតាំងចិត្តថា៖ ឱ្យតែខ្ញុំមិនជាប់ឃុំឃាំង ហើយនៅមានដង្ហើមដក ខ្ញុំនឹងបន្តផ្សាយដំណឹងល្អ ហើយធ្វើបន្ទាល់ថ្វាយព្រះ ដើម្បីបំបាក់មុខសាតាំង។ ក្រោយមក ខ្ញុំបានបន្តផ្សាយដំណឹងល្អទៀត។ មិនយូរប៉ុន្មាន មនុស្សភាគច្រើននៅក្នុងភូមិបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។

ក្រោយមក ខ្ញុំបានទៅភូមិមួយផ្សេងទៀត ដើម្បីផ្សាយដំណឹងល្អ។ ដំបូង មានមនុស្សជាងដប់នាក់បានចូលរួម តែក្រោយមក រដ្ឋបាលឃុំបានដឹងថា ពួកយើងបានផ្សាយដំណឹងល្អប្រាប់ប្ដីប្រពន្ធពីរនាក់។ លោកមេឃុំ អនុឃុំ អ្នករក្សាប្រាក់ និងសមាជិកកងជីវពលមួយចំនួន មនុស្សជាងដប់នាក់បានសម្រុកចូល ហើយនិយាយថា ពួកយើងត្រូវតែទៅជាមួយពួកគេ។ នៅពេលនោះ ខ្ញុំភ័យខ្លាំងមែនទែន។ តើពួកគេ នឹងចាប់ខ្ញុំ ហើយបញ្ជូនខ្ញុំចូលគុកឬ? រដ្ឋបានដេញតាមចាប់ខ្ញុំយូរហើយ។ ពួកគេបានប្រាប់ឈ្មោះខ្ញុំទៅអ្នកស្រុកគ្រប់ផ្ទះ ដោយនិយាយថា បើឃើញខ្ញុំផ្សាយដំណឹងល្អ ត្រូវរាយការណ៍ប្រាប់ពួកគេ។ បើគេចាប់ខ្ញុំបាន គេនឹងមិនដោះលែងខ្ញុំងាយៗទេ អ្នកជឿថ្មីទាំងនោះនឹងត្រូវរងការប៉ះពាល់។ រឿងនោះទៅជាយ៉ាងណា? ខ្ញុំអធិស្ឋានជាប់រហូត ទូលសុំទំនុកចិត្តពីព្រះ ដើម្បីឱ្យខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនបាន។ មិនយូរប៉ុន្មាន បងប្អូនម្នាក់ទៀត ដែលបានទៅភូមិនោះ ដើម្បីផ្សាយដំណឹងល្អជាមួយពួកយើង ក៏ត្រូវគេចាប់ខ្លួនដែរ។ ពួកគេបាននាំយើងទាំងអស់គ្នាទៅកាន់រដ្ឋបាលឃុំ ហើយបានដកយកទូរសព្ទរបស់យើង។ បន្ទាប់មក លោកមេឃុំចាប់ផ្ដើមសួរចម្លើយពួកយើង៖ តើពួកអ្នកជានរណា? តើពួកអ្នកមកទីនេះដើម្បីផ្សាយដំណឹងល្អឬ? ពួកយើងមិនបានឆ្លើយតបទេ។ ដូច្នេះ ពួកគេក៏ឃុំពួកយើងទុកនៅក្នុងបន្ទប់ងងឹត ហើយឱ្យសមាជិកកងជីវពលប្រាំ ឬប្រាំមួយនាក់ឃ្លាំមើលយើង។ ខ្ញុំបារម្ភថា ពួកគេនឹងស្គាល់ខ្ញុំ។ បើគេបញ្ជូនខ្ញុំទៅស្រុកកំណើតវិញ ខ្ញុំប្រាកដជាត្រូវគេកាត់ទោសឱ្យជាប់គុក ធ្វើទារុណកម្ម និងបង្ខូចឈ្មោះមិនខាន។ ប្រធានរដ្ឋបាលប្រចាំតំបន់បាននិយាយថា ពេលគេចាប់ខ្ញុំបាន គេនឹងកាត់សក់ខ្ញុំ ព្យួរស្លាកនៅនឹងកខ្ញុំ ហើយឱ្យខ្ញុំដើរឱ្យគេមើល។ ខ្ញុំបានអធិស្ឋានទៅព្រះ «ព្រះអង្គអើយ ខ្ញុំម្ចាស់ត្រៀមខ្លួនដើម្បីចុះចូលនឹងការចាប់ខ្លួនហើយ តែកម្ពស់ខ្ញុំម្ចាស់ទាបណាស់។ សូមប្រទានទំនុកចិត្ត និងឃុំគ្រងខ្ញុំម្ចាស់ ដើម្បីឱ្យខ្ញុំម្ចាស់អាចប្រកាន់ខ្ជាប់ទីបន្ទាល់នេះផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតដល់វីដេអូទីបន្ទាល់ដែលខ្ញុំបានមើលពេលមុន។ បងប្អូនប្រុសស្រីមួយចំនួនដែលត្រូវប៉ូលិសចិនវាយសម្លាប់ក្នុងគុក មិនបានបដិសេធ ឬក្បត់ព្រះឡើយ ទោះជាប្រឈមនឹងសេចក្តីស្លាប់ក៏ដោយ។ មនុស្សជាច្រើននាក់ទៀតត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ កាត់ទោស និងដាក់គុក តែតាមការអធិស្ឋាន និងការពឹងលើព្រះ ពួកគេក៏កើតមានសេចក្ដីជំនឿពិតតាមរយៈបន្ទូលព្រះ។ ពួកគេបានស្បថថា នឹងមិនក្បត់ព្រះឡើយ ទោះត្រូវស្លាប់ ឬត្រូវជាប់គុកអស់មួយជីវិតក៏ដោយ។ ពួកគេប្រកាន់ខ្ជាប់នូវទីបន្ទាល់កងរំពងរបស់ខ្លួន។ ខ្ញុំទទួលបានការលើកទឹកចិត្តណាស់។ ខ្ញុំបាននឹកចាំបន្ទូលព្រះ។ «កិច្ចការក្នុងដំណាក់កាលនេះត្រូវការសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុតពីយើងទាំងអស់គ្នា។ យើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្សជាតិ ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប។ ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេស្ដាប់បង្គាប់រហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់» (ដកស្រង់ពី «ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបានបង្ហាញខ្ញុំថា កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយនឹងប្រើព្រះបន្ទូលដើម្បីឱ្យសេចក្តីជំនឿនិងក្តីស្រឡាញ់របស់យើងគ្រប់លក្ខណ៍ ដូច្នេះ យើងអាចអនុវត្តនិងដកពិសោធន៍បន្ទូលទ្រង់តាមរយៈការគាបសង្កត់និងការលំបាក ដើម្បីឱ្យបន្ទូលទ្រង់ក្លាយជាជីវិតរបស់យើង។ ខ្ញុំបានគិតឡើងវិញអំពីការគាបសង្កត់និងដេញតាមពីសំណាក់រដ្ឋាភិបាល។ នៅពេលដែលខ្ញុំញញើតនិងភ័យខ្លាច ពេលនោះ បន្ទូលព្រះដឹកនាំខ្ញុំ ផ្តល់ទំនុកចិត្តដល់ខ្ញុំ ឱ្យខ្ញុំបន្តផ្សាយដំណឹងល្អ។ ឥឡូវ គេចាប់ខ្លួនខ្ញុំបាន ខ្ញុំត្រូវមានទំនុកចិត្តប្រកាន់ខ្ជាប់ទីបន្ទាល់។ ទោះខ្ញុំត្រូវជាប់គុក ត្រូវគេបង្ខូចឈ្មោះ ឬដល់ថ្នាក់ស្លាប់ ក៏ខ្ញុំត្រៀមខ្លួនចុះចូលដែរ។ ពេលនោះ ទំនុកតម្កើងក្រុមជំនុំមួយហៅថា «ទីបន្ទាល់នៃជីវិត» បានផុសក្នុងគំនិត។

ថ្ងៃណាមួយខ្ញុំអាចនឹងត្រូវគេចាប់ខ្លួន និងបៀតបៀន ព្រោះធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយខ្ញុំដឹងនៅក្នុងចិត្តថា ការរងទុក្ខនេះ គឺដើម្បីសេចក្តីសុចរិត។ បើជីវិតរបស់ខ្ញុំត្រូវរលត់ទៅដូចជាផ្កាភ្លើង ត្រឹមមួយប៉ប្រិចភ្នែក នោះខ្ញុំនៅតែមានមោទនភាពដែលខ្ញុំអាចដើរតាមព្រះគ្រីស្ទ និងធ្វើបន្ទាល់ថ្វាយទ្រង់ក្នុងជីវិតនេះបាន។ បើខ្ញុំមិនអាចមើលឃើញពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការរីកសាយដំណឹងល្អអំពីនគរព្រះទេ ខ្ញុំនឹងនៅតែលះបង់បំណងប្រាថ្នាដ៏ល្អដដែល។ បើខ្ញុំមិនអាចមើលឃើញថ្ងៃដែលនគរព្រះសម្រេចការពិត តែខ្ញុំអាចបំបាក់មុខសាតាំងនៅថ្ងៃនេះបាន នោះចិត្តខ្ញុំនឹងពោរពេញដោយអំណរនិងសេចក្ដីស្ងប់។

............

បន្ទូលរបស់ព្រះបានរីកសុសសាយពេញពិភពលោក ពន្លឺបានលេចមកក្នុងចំណោមមនុស្ស។ នគរព្រះគ្រីស្ទត្រូវបានបង្កើតឡើងនៅក្នុងគ្រានៃទុក្ខវេទនាខ្លាំង។ ភាពងងឹតជិតផុតរលត់ទៅអស់ហើយ ហើយព្រឹកព្រលឹមនៃសេចក្ដីសុចរិតក៏បានមកដល់។ ពេលវេលា និងតថភាព បានធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។

(ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»)

ទំនុកតម្កើងនេះពិតជាជំរុញទឹកចិត្តខ្ញុំណាស់។ ខ្ញុំយល់ហើយថា បើគេចាប់ខ្ញុំ ព្រោះតែខ្ញុំផ្សាយដំណឹងល្អ វាជាការបៀតបៀនដើម្បីសេចក្ដីសុចរិត។ ពេលនេះ គេចាប់ខ្ញុំបានហើយ ខ្ញុំប្រហែលជាជាប់គុក មិនអាចផ្សាយដំណឹងល្អបានទៀតទេ។ តែទោះបីជាគេចាប់ខ្ញុំបាននិងបៀតបៀនក៏ដោយ ក៏ខ្ញុំមានឱកាសធ្វើបន្ទាល់ដ៏អស្ចារ្យថ្វាយព្រះនិងបំបាក់មុខសាតាំងដែរ។ ខ្ញុំពិតជាមានមោទនភាពណាស់។ ពេលគិតបែបនេះ ធ្វើឱ្យខ្ញុំមានទំនុកចិត្ត។ ព្រលឹមឡើង ពួកគេក៏បានសួរពួកយើងម្ដងទៀត។ ដោយមិនបានព័ត៌មានអ្វីពីពួកយើង ពួកគេក៏ពិន័យយើងចំនួន ៣០០០ក្យាដ រួចដោះលែងពួកយើង។ ពួកគេក៏បានព្រមានពួកយើងឱ្យឈប់ផ្សាយដំណឹងល្អ ហើយនិយាយពាក្យជាច្រើនប្រមាថដល់ព្រះទៀត។ ខ្ញុំស្អប់អារក្សទាំងនោះកាន់តែខ្លាំង ហើយនៅតែបន្តផ្សាយដំណឹងល្អទៀត បន្ទាប់ពីខ្ញុំបានរួចខ្លួន។

ថ្ងៃមួយ បងប្រុសម្នាក់បានទូរសព្ទមកប្រាប់ខ្ញុំថា «មន្ត្រីឃុំដឹងថាប្អូនជាមនុស្សមកពីស្រុកក្រៅ មកផ្សាយដំណឹងល្អ។ គេចាប់ខ្ញុំនិងអ្នកជឿថ្មីពីរនាក់ ដើម្បីឱ្យពួកយើងក្បត់បង។ តែដោយពួកយើងមិនព្រមឆ្លើយ ទើបពួកគេពិន័យយើង រួចក៏ដោះលែងយើវិញ។ ពួកគេក៏និយាយថា បើពួកគេឃើញប្អូនផ្សាយដំណឹងល្អទៀត ពួកគេនឹងចាប់រំលោភប្អូននៅនឹងកន្លែងតែម្តង។ ពួកគេតាមរកប្អូនគ្រប់ទីកន្លែង ប្រញាប់រត់ទៅ...»។ ខ្ញុំស្ទើរតែមិនជឿត្រចៀកខ្លួនឯង ពេលឮបងប្រុសប្រាប់ខ្ញុំបែបនេះ។ ពេលខ្ញុំឮពួកគេថា ពួកគេនឹងចាប់រំលោភខ្ញុំ បើគេឃើញខ្ញុំផ្សាយដំណឹងល្អ ខ្ញុំខឹងខ្លាំងណាស់។ មនុស្សទាំងនោះពិតជាអារក្សមែន ហើយគ្មានភាពជាមនុស្សទេ! ខ្ញុំគ្រាន់តែជាអ្នកជឿដែលផ្សាយដំណឹងល្អប៉ុណ្ណោះ តែពួកគេគួរឱ្យស្អប់ណាស់។ ពួកគេមិនអនុញ្ញាតឱ្យយើងជឿព្រះ ចង់ចាប់ខ្លួន បៀតបៀន ហើយពិន័យយើង ថែមទាំងចង់រំលោភនិងបំផ្លាញខ្ញុំទៀត។ ពួកគេពិតជាអារក្សដែលប្រឆាំងនឹងព្រះមែន។ ខ្ញុំកើតចិត្តស្អប់ និងលះបង់ពួកគេចោល។ កាលណាគេគាបសង្កត់ខ្ញុំកាន់តែខ្លាំង នោះខ្ញុំកាន់តែចង់ផ្សាយដំណឹងល្អនិងធ្វើបន្ទាល់។

ក្រោយមកនៅខែតុលា ពួកយើងបានទៅភូមិមួយផ្សេងទៀត ដើម្បីផ្សាយដំណឹងល្អ។ បងប្អូនប្រុសស្រីធ្លាប់ផ្សាយដំណឹងល្អនៅទីនោះ តែគ្រូគង្វាលរបស់ពួកគេបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីរារាំងអ្នកជឿកុំឱ្យស៊ើបរកផ្លូវពិត ហើយរដ្ឋាភិបាលបានចាប់ផ្តើមចាប់ខ្លួនអ្នកជឿព្រះ។ អ្នកភូមិដែលចាញ់បោកពាក្យចចាមអារ៉ាម ហើយខ្លាចគេចាប់ខ្លួន មិនហ៊ានស៊ើបរកផ្លូវពិតទេ។ ការផ្សាយដំណឹងល្អនឹងពិបាកសម្រាប់ពួកយើង។ ខ្ញុំបានអធិស្ឋាន ទូលសុំការណែនាំពីព្រះជាម្ចាស់។ ពេលនោះ ខ្ញុំស្វែងរកឃើញមនុស្សបួននាក់ដែលមានការយល់ដឹងពីសេចក្តីពិតល្មមគួរសម ហើយបានប្រកបគ្នាជាមួយពួកគាត់អំពីអ្វីដែលជាផ្លូវពិត អ្វីជាផ្លូវមិនពិត និងរបៀបដែលព្រះប្រើការគាបសង្កត់និងការរារាំងរបស់សាតាំងនៅគ្រាចុងក្រោយ ដើម្បីបើកសម្តែងនិងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ដើម្បីញែកស្រូវចេញពីស្រងែ ញែកស្ត្រីព្រហ្មចារីមានគំនិតចេញពីស្ត្រីល្ងង់។ ស្ត្រីល្ងង់ស្តាប់តែនុស្ស ស្តាប់តែសាតាំង។ ពេលឮដំណឹងថា ព្រះអម្ចាស់យាងមក និងថ្លែងព្រះបន្ទូល ពួកគេមិនស្វែងរក ក៏មិនស៊ើបសួរដែរ ដូច្នេះ ពួកគេមិនអាចស្វាគមន៍កូនកំលោះបានទេ។ មានតែអ្នកដែលព្យាយាមស្តាប់សូរសៀងរបស់ព្រះ ដែលមានសេចក្តីជំនឿរឹងមាំដើរតាមទ្រង់ប៉ុណ្ណោះ ទើបជាអ្នកមានគំនិត។ មានតែពួកគាត់ទេ ទើបអាចស្វាគមន៍ព្រះអម្ចាស់ ហើយចូលរួមពិធីជប់លៀងមង្គលការជាមួយទ្រង់ ក្រោយពីប្រកបគ្នារួច ពួកគាត់ទាំងបួននាក់ចង់បន្តស៊ើបរកទៀត។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានចាប់ផ្ដើមរៀបចំការជួបជុំពួកគាត់ ដោយប្រកបគ្នាអំពីបន្ទូលព្រះ។ ម្នាក់ក្នុងចំណោមពួកគាត់ថា «កាលពីមុន ខ្ញុំធ្លាប់ស្តាប់គ្រូគង្វាលនិងលោកមេភូមិ។ ពួកគេថាកុំស្តាប់បន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដូច្នេះ ខ្ញុំមិនហ៊ានស្តាប់ទេ។ ខ្ញុំស្ទើរតែបាត់បង់ឱកាសដើម្បីស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់។ ខ្ញុំនឹងមិនស្តាប់មនុស្សទៀតទេ។ ខ្ញុំនឹងស្តាប់ព្រះ»។ ម្នាក់ទៀតនិយាយថា «ការអានបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ធ្វើឱ្យខ្ញុំជឿថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ទោះជាអ្នកដទៃអាចរារាំងខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងទទួលយកព្រះដ៏មានគ្រប់ព្រះចេស្តាដែរ»។ ខ្ញុំសប្បាយចិត្តណាស់ដែលឮគាត់និយាយបែបនោះ។ បន្ទាប់មក ពួកគាត់បាននាំបងប្អូនមួយចំនួនមកស្តាប់សេចក្តីអធិប្បាយ ហើយមិនយូរប៉ុន្មាន មនុស្សជាង ២០នាក់បានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។ ការដែលអ្នកជឿថ្មីទាំងនេះអាចស្វែងរកផ្លូវពិត ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនចំពេលមានពាក្យចចាមអារ៉ាមបែបនេះ ខ្ញុំពិតជារំជួលចិត្តណាស់។ នេះសុទ្ធតែជាការណែនាំពីបន្ទូលព្រះ។ ទីបំផុតម្តាយរបស់ខ្ញុំ ត្រូវគេដោះលែងនៅខែធ្នូ។ ពេលជាប់ឃុំឃាំងជាច្រើនខែនោះ គាត់ធ្វើការងារធ្ងន់រាល់ថ្ងៃ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកគេប្រាកដជានឹងចាប់ខ្ញុំបាន ហើយបញ្ជូនខ្ញុំចូលគុក។ ខ្ញុំបានគិតពីអតីតកាល មុនពេលម្តាយខ្ញុំត្រូវគេដោះលែង ប៉ូលិសកាន់កាំភ្លើងនិងដំបងឆក់ តែងទៅផ្ទះខ្ញុំ រកចាប់ខ្លួនខ្ញុំ ហើយថា បើខ្ញុំមិនមកផ្ទះវិញ គេមិនដោះលែងម្ដាយខ្ញុំឡើយ។ តែឥឡូវ គេដោះលែងគាត់ ទាំងដែលចាប់ខ្ញុំបាន។ ខ្ញុំពិតជាបានដកពិសោធន៍ថា ព្រះជាម្ចាស់គ្រប់គ្រងគ្រប់យ៉ាង ហើយខ្ញុំត្រូវគេចាប់ខ្លួនឬអត់នោះ អាស្រ័យលើព្រះហស្តទ្រង់ទាំងស្រុង។ ខ្ញុំមិនតានតឹងក្នុងចិត្តទេ ខ្ញុំបានបន្តផ្សាយដំណឹងល្អនិងធ្វើបន្ទាល់ថ្វាយព្រះ។

នៅតាមផ្លូវនេះ ខ្ញុំបានជួបនឹងការលំបាកជាច្រើន ពេលកំពុងផ្សាយដំណឹងល្អ ទាំងពិបាកចិត្តនិងទន់ខ្សោយ។ តែរាល់ពេលដែលបន្ទូលព្រះបានណែនាំខ្ញុំ ឱ្យខ្ញុំរឹងមាំក្នុងពេលបាក់ទឹកចិត្តនិងទន់ខ្សោយ រួចប្រទានទំនុកចិត្តឱ្យខ្ញុំបន្តផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះ។ ខ្ញុំពិតជាបានដកបទពិសោធន៍ថា ព្រះកំពុងប្រើការលំបាកទាំងនេះដើម្បីប្រោសសេចក្តីជំនឿរបស់ខ្ញុំឱ្យគ្រប់លក្ខណ៍។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់។ ខ្ញុំនឹងបំពេញទំនួលខុសត្រូវរបស់ខ្ញុំ ផ្សាយដំណឹងល្អរបស់ព្រះនៃគ្រាចុងក្រោយប្រាប់មនុស្សកាន់តែច្រើន ហើយតបស្នងក្តីស្រឡាញ់របស់ព្រះ។

បន្ទាប់៖ រឿងរបស់អេនជែល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មេរៀនដែលរៀនបានពីការស្រោចស្រពអ្នកជឿថ្មី

នាខែមករា ឆ្នាំនេះ ខ្ញុំបានស្រោចស្រពអ្នកជឿថ្មីនៅក្នុងពួកជំនុំ។ បងស្រី រ៉ាន ជី និងប្ដីគាត់ គឺជាអ្នកជឿថ្មីពីរនាក់ដែលខ្ញុំត្រូវទទួលខុសត្រូវ។...

ការចេញពីមន្ទីរពេទ្យឆ្គួត

នៅខែមករា ឆ្នាំ ២០១២។ អ្នកជិតខាងម្នាក់បានចែករំលែកដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយមកដល់ខ្ញុំ។...