ហេតុអ្វីខ្ញុំមិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍

23-09-2026

ដោយ លី មីង ប្រទេសចិន

នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ខ្ញុំបានសរសេរទៅកាន់អ្នកដឹកនាំនៃពួកជំនុំវិនជ័ង។ ដោយចង់រៀបចំកិច្ចប្រជុំជាមួយបងស្រី លី ជីង ដើម្បីកែសម្រួលសេចក្ដីអធិប្បាយ។ នឹកស្មានមិនដល់ ប៉ុន្មានថ្ងៃក្រោយមក អ្នកដឹកនាំបានសរសេរតបវិញថា ការយល់ដឹងរបស់លីជីង គឺខុសទំនង។ ពួកជំនុំកំពុងប្រមូល និងចងក្រងឯកសារអំពីគាត់ ដើម្បីត្រៀមដកគាត់ចេញ ហើយពួកគេប្រាប់ខ្ញុំមិនឱ្យជួបជាមួយគាត់ទេ។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការឆ្លើយតបរបស់អ្នកដឹកនាំ។ ខ្ញុំបានគិតថា៖ «ខ្ញុំ និង លី ជីង ធ្លាប់នៅក្នុងពួកជំនុំតែមួយ។ កាលនោះ ខ្ញុំឃើញថា គាត់ចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គាត់មានភាពក្លៀវក្លា ហើយសុខចិត្តលះបង់នៅក្នុងភារកិច្ចរបស់គាត់ ហើយភាពជាមនុស្សរបស់គាត់គឺល្អគួរសម។ គាត់គឺជាអ្នកជឿដ៏ស្មោះត្រង់ម្នាក់។ គ្រាន់តែគុណសម្បត្តិរបស់គាត់មិនល្អ ហើយគាត់ខ្វះការវែកញែកប៉ុណ្ណោះ។ តើអ្នកដឹកនាំអាចនឹងកំណត់លក្ខណៈគាត់ខុស ថាគាត់មានការយល់ដឹងខុសឆ្គងយ៉ាងខ្លាំងដែរឬទេ?» សំបុត្ររបស់អ្នកដឹកនាំបាននិយាយថា លី ជីង គឺក្រអឺតក្រទម ហើយរាប់ខ្លួនឯងជាសុចរិតណាស់ ថាគាត់ធ្វើតាមតែគំនិតខ្លួនឯង និងធ្វើតាមតែចិត្តចង់ ហើយថាគាត់តែងតែមិនបានអនុវត្តតាមគោលការណ៍ នៅក្នុងបញ្ហាដែលអ្នកដឹកនាំបានរៀបចំ។ សំបុត្រនោះក៏បានរៀបរាប់ពីឧទាហរណ៍មួយចំនួន អំពីរបៀបដែលគាត់រឹតត្បិតអ្នកដទៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ផងដែរ។ ការស្ដែងចេញភាគច្រើនដែលអ្នកដឹកនាំបានលើកឡើង ហាក់ដូចជាការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងចំណុចខ្វះខាតនៅក្នុងភាពជាមនុស្សរបស់គាត់ប៉ុណ្ណោះ។ វាមិនបានបង្ហាញថា ការយល់ដឹងរបស់ លី ជីង គឺខុសទំនងនោះទេ។ តើអ្នកដឹកនាំបានកំណត់លក្ខណៈគាត់ខុសឬ? ប្រសិនបើពួកគេដកគាត់ចេញដោយកំហុស នោះវានឹងបំផ្លាញជីវិតរបស់គាត់មិនខាន! ពេលនោះ ខ្ញុំបានគិតចង់សរសេរសំបុត្រទៅអ្នកដឹកនាំពួកជំនុំ ដើម្បីចែករំលែកពីទស្សនៈរបស់ខ្ញុំ។ ប៉ុន្តែបន្ទាប់មក ខ្ញុំនឹកឃើញថា ទោះបីជាខ្ញុំធ្លាប់ស្គាល់ លី ជីង កាលពីមុនក៏ដោយ វាកន្លងផុតទៅច្រើនឆ្នាំមកហើយ។ ខ្ញុំមិនដឹងពីស្ថានភាពរបស់គាត់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទេ។ ខ្ញុំបារម្ភថាទស្សនៈរបស់ខ្ញុំគឺលម្អៀង ដូច្នេះខ្ញុំមិនបានសរសេរសំបុត្រនោះទេ។ ដៃគូរបស់ខ្ញុំ គឺបងស្រី យ៉ាង យី បានទាក់ទងជាមួយ លី ជីង ថ្មីៗនេះ ដូច្នេះខ្ញុំបានសួរយោបល់របស់គាត់។ យ៉ាង យី បាននិយាយថា ពេលគាត់ឮថាអ្នកដឹកនាំកំពុងចងក្រងឯកសារអំពី លី ជីង ចំពោះ៖ «ការយល់ដឹងខុសទំនង» គាត់ក៏មានការភ្ញាក់ផ្អើលដែរ ហើយគាត់មិនគិតថា លី ជីង មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវដកចេញនោះទេ។ ដោយឮថាទស្សនៈរបស់ យ៉ាង យី គឺស្រដៀងនឹងខ្ញុំ ខ្ញុំមានអារម្មណ៍ថា ការកំណត់លក្ខណៈរបស់អ្នកដឹកនាំគឺទំនងជាខុសហើយ។ ដូច្នេះ ដោយផ្អែកលើគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ការដក និងការបណ្ដេញមនុស្សចេញ ខ្ញុំបានសរសេរអំពីសេចក្ដីវៀចវេរនៅក្នុងការដោះស្រាយរបស់អ្នកដឹកនាំចំពោះករណីរបស់ លី ជីង និងបានបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប៉ុន្តែ គ្រាន់តែខ្ញុំសរសេរសំបុត្រចប់ ហើយរៀបនឹងផ្ញើវាទៅ ខ្ញុំក៏ស្ទាក់ស្ទើរ៖ «ភារកិច្ចរបស់ខ្ញុំគឺការងារខាងអត្ថបទ។ ការបោសសម្អាត និងការបណ្ដេញមនុស្សចេញ មិនមែនជាផ្នែកទទួលខុសត្រូវរបស់ខ្ញុំទេ។ នោះគឺជាការងាររបស់អ្នកដឹកនាំពួកជំនុំ។ ម្យ៉ាងទៀត ខ្ញុំមិនមែនជាសមាជិកនៃពួកជំនុំរបស់ពួកគេទេ។ បើខ្ញុំសរសេរទៅពួកគេដើម្បីចង្អុលបង្ហាញពីបញ្ហានេះ តើពួកគេនឹងគិតថាខ្ញុំកំពុងធ្វើហួសតួនាទីរបស់ខ្ញុំ ហើយលូកដៃចូលកិច្ចការគេឬទេ? និស្ស័យរបស់ខ្ញុំគឺក្រអឺតក្រទមណាស់ទៅហើយ ដូចដែលបងប្អូនប្រុសស្រីទាំងអស់បានដឹងស្រាប់។ បើខ្ញុំផ្ដល់យោបល់ដល់អ្នកដឹកនាំ តើពួកគេមិនកាន់តែជឿជាក់ថាខ្ញុំក្រអឺតក្រទមទេឬ?» បន្ទាប់មក ខ្ញុំគិតថា៖ «ដំណាក់របស់ព្រះជាម្ចាស់បច្ចុប្បន្នកំពុងធ្វើកិច្ចការបោសសម្អាតពួកជំនុំ។ បើឥឡូវនេះខ្ញុំនិយាយថា លី ជីង មិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវដកចេញទេ តើពួកគេនឹងគិតថាខ្ញុំកំពុងការពារគាត់ និងរារាំងកិច្ចការបោសសម្អាតពួកជំនុំដែរឬទេ? នោះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ! ខ្ញុំថែមទាំងអាចត្រូវគេទុកដោយឡែក និងត្រូវបានគេដករូបខ្ញុំចេញទៀតផង ដែលវាពិតជាមិនចំណេញទាល់តែសោះ! ខ្ញុំគួរតែបំភ្លេចវាចោលទៅល្អជាង។ ទោះបីជាពួកគេធ្វើខុសក៏ដោយ វាគឺជាការទទួលខុសត្រូវរបស់ពួកគេ មិនមែនរបស់ខ្ញុំទេ។ ដូចពាក្យចាស់ពោលថា៖ “កាំភ្លើងបាញ់តែបក្សីណាដែលបញ្ចេញក្បាល” ដូច្នេះ ខ្ញុំមិនគួរលូកដៃទេ។ ម្យ៉ាងទៀត អ្នកដឹកនាំថ្នាក់លើនឹងធ្វើការត្រួតពិនិត្យចុងក្រោយ នៅពេលពួកជំនុំដក និងបណ្ដេញមនុស្សចេញ។ ខ្ញុំមិនគួរព្រួយបារម្ភពីរឿងនេះទេ»។ ពេលគិតដល់ចំណុចនេះ ខ្ញុំក៏លុបសំបុត្រដែលខ្ញុំបានសរសេរនោះចោល។

ក្រោយមក ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងរាល់ពេលដែលខ្ញុំគិតដល់រឿងនេះ ហើយខ្ញុំតែងតែមានអារម្មណ៍មិនស្រួលសោះ។ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថា ការស្ដែងចេញរបស់ លី ជីង គ្រាន់តែជាការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយមួយចំនួន ហើយគាត់មិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវបានគេដកចេញនោះទេ ប៉ុន្តែខ្ញុំមិនហ៊ានសូម្បីតែរាយការណ៍រឿងនេះប្រាប់អ្នកដឹកនាំ។ ប្រសិនបើ លី ជីង ពិតជាត្រូវគេបោសសម្អាតចេញមែន វានឹងបំផ្លាញជីវិតរបស់គាត់មិនខាន! តើខ្ញុំនឹងមិនទទួលខុសត្រូវដោយផ្នែកទេឬ? ប៉ុន្តែខ្ញុំខ្លាចថា ការលើកឡើងពីបញ្ហានេះនឹងមិនល្អសម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាស្ថិតក្នុងស្ថានភាពទាល់ច្រក ដោយមិនដឹងថាត្រូវធ្វើអ្វីទេ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឱ្យទ្រង់បំភ្លឺខ្ញុំ ដើម្បីឱ្យខ្ញុំអាចយល់ដឹងពីសេចក្ដីពិត ស្គាល់ខ្លួនឯង និងមិនរស់នៅតាមនិស្ស័យពុករលួយរបស់ខ្ញុំ។ ក្រោយពីអធិស្ឋានរួច ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សភាគច្រើនស្ម័គ្រចិត្តដេញតាមសេចក្ដីពិត ហើយចង់អនុវត្តសេចក្ដីពិត ប៉ុន្តែជាច្រើនលើកច្រើនសា ពួកគេគ្រាន់តែមានការតាំងចិត្ត និងបំណងប្រាថ្នាចង់ធ្វើដូច្នេះប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅខាងក្នុងចិត្ត សេចក្ដីពិតមិនទាន់ក្លាយជាជីវិតរបស់ពួកគេឡើយ។ ដូច្នេះ នៅពេលអ្នកជួបប្រទះនឹងកម្លាំងអាក្រក់ដែលកំពុងរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ឧទាហរណ៍៖ នៅពេលអ្នកប្រឈមមុខនឹងអ្នកដឹកនាំក្លែងក្លាយដែលចាត់ចែងរឿងរ៉ាវដោយបំពានលើគោលការណ៍ និងមិនធ្វើកិច្ចការជាក់ស្ដែង ឬមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទដែលធ្វើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយដោយហេតុនេះក៏បង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ អ្នកមិនមានភាពក្លាហានក្នុងការក្រោកឈរ និងនិយាយចេញមកឡើយ។ ហេតុអ្វីបានជាអ្នកមិនមានភាពក្លាហាននេះ? តើមកពីអ្នកកំសាក ឬមិនពូកែវោហារ ឬមួយក៏អ្នកមិនហ៊ាននិយាយចេញមក ដោយសារតែអ្នកមើលឃើញរឿងរ៉ាវមិនបានច្បាស់លាស់? វាមិនមែនដោយសាររឿងណាមួយក្នុងចំណោមរឿងទាំងនេះទេ។ ជាចម្បង វាគឺជាលទ្ធផលនៃការដែលអ្នកត្រូវបានរឹតត្បិតដោយនិស្ស័យពុករលួយរបស់អ្នក។ និស្ស័យពុករលួយមួយដែលអ្នកបញ្ចេញឱ្យឃើញ គឺជានិស្ស័យបោកបញ្ឆោត៖ នៅពេលមានរឿងអ្វីមួយកើតឡើង រឿងដំបូងដែលអ្នកគិតគូរ គឺផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ផលវិបាកនៃសកម្មភាពរបស់អ្នក និងថាតើវានឹងមានប្រយោជន៍ចំពោះអ្នកដែរឬទេ។ នេះជានិស្ស័យបោកបញ្ឆោត តើមែនទេ? មួយទៀត គឺជានិស្ស័យអាត្មានិយម និងថោកទាប។ អ្នកគិតថា៖ “តើការដែលពួកគេធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មានពាក់ព័ន្ធអ្វីនឹងខ្ញុំទៅ? ខ្ញុំមិនមែនជាអ្នកដឹកនាំទេ ដូច្នេះហេតុអ្វីខ្ញុំគួរចូលពាក់ព័ន្ធ? វាគ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំទេ ហើយវាក៏មិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំដែរ”។ គំនិត និងពាក្យសម្ដីបែបនេះ មិនមែនជារឿងដែលអ្នកមានចេតនាគិតឡើងនោះទេ ប៉ុន្តែវាកើតចេញពីអ្នកដោយមិនដឹងខ្លួន ទាំងនេះគឺជានិស្ស័យពុករលួយដែលមនុស្សបញ្ចេញឱ្យឃើញ នៅពេលពួកគេជួបប្រទះនឹងបញ្ហាណាមួយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថា ទ្រង់កំពុងតែបើកសម្ដែង និងជំនុំជម្រះខ្ញុំទល់មុខតែម្ដង។ ខ្ញុំដឹងច្បាស់ណាស់ថា លី ជីង មិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវបានគេដកចេញទេ ហើយមានសេចក្ដីវៀចវេរនៅក្នុងការកំណត់លក្ខណៈរបស់អ្នកដឹកនាំចំពោះគាត់។ ខ្ញុំក៏ដឹងពីផលវិបាកនៃការដកនរណាម្នាក់ចេញដោយកំហុសដែរ។ ទោះបីជាអ្វីដែលខ្ញុំបានឃើញ គឺត្រឹមត្រូវទាំងស្រុង ឬមិនត្រឹមត្រូវក៏ដោយ ខ្ញុំគួរតែលើកវាឡើងឱ្យពួកគេពិចារណា ដើម្បីកុំឱ្យពួកគេដកគាត់ចេញដោយកំហុស ដែលធ្វើឱ្យបាត់បង់ឱកាសរបស់គាត់ ក្នុងការទទួលបានសេចក្ដីសង្រ្គោះ ប៉ុន្តែ ខ្ញុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំខ្លាចថា បើខ្ញុំបញ្ចេញមតិទៅកាន់អ្នកដឹកនាំ នោះបងប្អូនប្រុសស្រីនឹងគិតថាខ្ញុំក្រអឺតក្រទម ហើយធ្វើហួសតួនាទីរបស់ខ្ញុំ។ ខ្ញុំក៏ខ្លាចពួកគេគិតថា ខ្ញុំកំពុងបិទបាំងកំហុសឱ្យលី ជីង ដែរ។ ប្រសិនបើខ្ញុំត្រូវបានគេកំណត់លក្ខណៈថារារាំងកិច្ចការបោសសម្អាតពួកជំនុំមែននោះ វានឹងក្លាយជាមហន្តរាយសម្រាប់លទ្ធផល និងគោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំមិនខាន។ ដើម្បីការពារខ្លួនឯង ខ្ញុំគ្រាន់តែមិនសរសេរទៅកាន់អ្នកដឹកនាំប៉ុណ្ណោះ។ ខ្ញុំកំពុងរស់នៅតាមច្បាប់រស់រានមានជីវិតរបស់សាតាំង ដូចជា៖ «បើអ្វីៗមិនប៉ះពាល់ដល់ខ្លួនទេ ចូរឱ្យវារសាត់ផុតទៅចុះ» «បញ្ហាកាន់តែតិច កាន់តែប្រសើរ» និង «មនុស្សឆ្លាតវៃពូកែខាងការពារខ្លួន ដោយស្វែងរកតែការចៀសវាងកុំឱ្យខុសឆ្គង»។ នៅក្នុងគ្រប់កិច្ចការដែលខ្ញុំបានធ្វើ គោលការណ៍ណែនាំរបស់ខ្ញុំ គឺការការពារខ្លួន។ ខ្ញុំតែងតែគិតដល់តែអនាគត និងផលប្រយោជន៍របស់ខ្លួនឯងប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយទាល់តែសោះចំពោះកិច្ចការពួកជំនុំ ឬជីវិតរបស់បងប្អូនប្រុសស្រីឡើយ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់ គឺគ្មានភាពជាមនុស្សទាល់តែសោះ! ពេលដឹងពីរឿងនេះ សេចក្ដីស្អប់ចំពោះខ្លួនឯងខ្លះៗក៏បានកើតឡើងនៅក្នុងចិត្តខ្ញុំ ហើយខ្ញុំលែងចង់បន្តរស់នៅតាមនិស្ស័យពុករលួយរបស់ខ្ញុំទៀតហើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងឱ្យពិតប្រាកដ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនទេ ប្រសិនបើអ្នកតែងតែចង់ធ្វើឱ្យតែបានៗ និងធ្វើឱ្យតែរួចពីដៃនៅក្នុងសកម្មភាពរបស់អ្នក ដូចអ្នកគ្មានជំនឿដែលធ្វើការឱ្យថៅកែរបស់គេ ប្រសិនបើអ្នកគ្រាន់តែបញ្ចេញកម្លាំង ប៉ុន្តែមិនដាក់ចិត្តទៅលើអ្វីដែលអ្នកធ្វើ ដោយធ្វើឱ្យតែរួចៗពីមួយថ្ងៃទៅមួយថ្ងៃ មិនរាយការណ៍ពីបញ្ហានៅពេលអ្នកឃើញបញ្ហាទាំងនោះ មិនខ្ចីកម្រើកម្រាមដៃសូម្បីតែនៅពេលមានរឿងតូចតាចខុសប្រក្រតី ហើយបដិសេធចោលដោយមិនរើសមុខនូវអ្វីៗគ្រប់យ៉ាងដែលមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក តើនេះមិនមែនជាបញ្ហាទេឬ? តើមនុស្សបែបនេះអាចជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់យ៉ាងម៉េចកើតទៅ? មនុស្សបែបនេះគឺជាពួកអ្នកគ្មានជំនឿ ពួកគេមិនមែនជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ឡើយ។ ថាតើអ្នកកំពុងបំពេញភារកិច្ចរបស់អ្នកដោយចិត្តពិតប្រាកដ និងខិតខំប្រឹងប្រែងលើកិច្ចការនោះឬក៏អត់ ព្រះជាម្ចាស់តែងតែកត់ត្រាទុក ហើយអ្នកក៏ដឹងច្បាស់ផងដែរ។ ដូច្នេះ តើអ្នករាល់គ្នាធ្លាប់ខិតខំប្រឹងប្រែងឱ្យពិតប្រាកដ ក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នាដែរឬទេ? តើធ្លាប់យកចិត្តទុកដាក់នឹងវាដែរឬទេ? តើធ្លាប់ចាត់ទុកវាជាការទទួលខុសត្រូវ ជាកាតព្វកិច្ចរបស់អ្នករាល់គ្នាដែរឬទេ? តើធ្លាប់ចាត់ទុកវាជារបស់ខ្លួនដែរឬទេ? អ្នករាល់គ្នាត្រូវតែឆ្លុះបញ្ចាំង និងដឹងពីរឿងទាំងនេះឱ្យបានត្រឹមត្រូវ ដែលវានឹងធ្វើឱ្យងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលមាននៅក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នា ហើយវានឹងមានប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នកតែងតែគ្មានការទទួលខុសត្រូវ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយមិនរាយការណ៍ពីបញ្ហាប្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ នៅពេលអ្នករកឃើញបញ្ហាទាំងនោះ ឬមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯង ដោយតែងតែគិតថា “រឿងកាន់តែតិច កាន់តែល្អ” តែងតែរស់នៅតាមទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ហើយប្រសិនបើអ្នកតែងតែធ្វើឱ្យតែរួចពីដៃ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក មិនដែលមានសេចក្ដីស្មោះស្ម័គ្រទាល់តែសោះ ហើយប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិតទាល់តែសោះ នៅពេលត្រូវបានលួសកាត់ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកតាមរបៀបនេះ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ អ្នកគឺជាអ្នកធ្វើការដោយកម្លាំង។ ពួកអ្នកធ្វើការដោយកម្លាំង មិនមែនជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ទេ ប៉ុន្តែជាបុគ្គលិក ជាកម្មករបណ្ដោះអាសន្ន។ នៅពេលកិច្ចការត្រូវបានបញ្ចប់ ពួកគេនឹងត្រូវជម្រុះចោល ហើយនឹងធ្លាក់ទៅក្នុងមហន្តរាយដោយឯកឯងជាមិនខាន។ មនុស្សនៃដំណាក់របស់ព្រះជាម្ចាស់គឺខុសគ្នា។ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន វាមិនមែនដើម្បីលុយ ឬដើម្បីពុះពារធ្វើការធ្ងន់ ឬដើម្បីទទួលបានព្រះពរឡើយ។ ពួកគេគិតថា៖ “ខ្ញុំគឺជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់។ កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាកិច្ចការរបស់ខ្ញុំ។ ភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាភារកិច្ចរបស់ខ្ញុំ។ ខ្ញុំគួរតែខ្វល់ខ្វាយពីរឿងទាំងនេះ ដើម្បីជាប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់”។ ដោយសារតែហេតុនេះ ពួកគេខ្វល់ខ្វាយពីកិច្ចការនីមួយៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយទទួលខុសត្រូវលើកិច្ចការទាំងនោះ។ ពួកគេទទួលខុសត្រូវចំពោះអ្វីៗគ្រប់យ៉ាង ដែលពួកគេអាចគិតដល់ និងមើលឃើញ។ ពួកគេតាមដានមើលរឿងរ៉ាវដែលចាំបាច់ត្រូវដោះស្រាយ ហើយពួកគេទុកយករឿងទាំងនោះទុកក្នុងចិត្ត។ ទាំងនេះហើយ គឺជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាបែបនេះដែរឬទេ? (អត់ទេ។) ប្រសិនបើអ្នកគ្រាន់តែសោយសុខនឹងការស្រណុកសុខស្រួលខាងសាច់ឈាម មិនអើពើនៅពេលអ្នកឃើញមានរឿងដែលចាំបាច់ត្រូវដោះស្រាយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនខ្ចីកម្រើកម្រាមដៃសូម្បីតែនៅពេលមានរឿងតូចតាចខុសប្រក្រតី ហើយចិត្តរបស់អ្នកដឹងថាមានបញ្ហា ប៉ុន្តែអ្នកមិនចង់ដោះស្រាយវាទេ នោះអ្នកមិនមែនកំពុងចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ជារបស់ខ្លួនឡើយ។ តើអ្នករាល់គ្នាមានលក្ខណៈបែបនេះមែនទេ? ប្រសិនបើបែបនេះមែន នោះអ្នករាល់គ្នាគឺខ្វះខាតច្រើនណាស់ ហើយគ្មានអ្វីខុសគ្នារវាងអ្នករាល់គ្នា និងពួកអ្នកគ្មានជំនឿឡើយ។ ប្រសិនបើអ្នកមិនប្រែចិត្តទេ នោះអ្នករាល់គ្នានឹងត្រូវបានចាត់ទុកថា នៅក្រៅដំណាក់របស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងត្រូវគេទុកចោល និងជម្រុះចោល» («ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ យ៉ាងហោចណាស់ មនុស្សត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា អាកប្បកិរិយារបស់មនុស្សម្នាក់ចំពោះព្រះជាម្ចាស់ គឺសំខាន់ណាស់នៅក្នុងការជឿលើទ្រង់ និងការបំពេញភារកិច្ចរបស់គេ។ លុះត្រាតែពួកគេមានដួងចិត្តស្មោះត្រង់ចំពោះទ្រង់ បើដួងចិត្តរបស់ពួកគេបែរមករកទ្រង់នៅក្នុងគ្រប់កិច្ចការទាំងអស់ ហើយបើពួកគេការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់ទតឃើញពួកគេថាជាផ្នែកមួយនៃដំណាក់របស់ទ្រង់។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ ហើយជម្រុះចោលមិនខាន។ ខ្ញុំបានឆ្លុះបញ្ចាំងពីរបៀបដែលខ្ញុំដោះស្រាយចំពោះរឿងចងក្រងឯកសារ ដើម្បីដក លី ជីង ចេញនេះ។ នេះបានបើកសម្ដែងថា ដួងចិត្តរបស់ខ្ញុំមិនបានបែរមករកព្រះជាម្ចាស់ទាល់តែសោះ។ ទោះបីជាខ្ញុំបានឃើញថា មានសេចក្ដីវៀចវេរនៅក្នុងការកំណត់លក្ខណៈរបស់អ្នកដឹកនាំចំពោះ លី ជីង ហើយដឹងថា ការដកគាត់ចេញដោយខុសឆ្គង នឹងធ្វើឱ្យគាត់រងគ្រោះ និងបំផ្លាញជីវិតរបស់គាត់ក៏ដោយ ក៏ខ្ញុំធ្វើពុតជាមើលមិនឃើញដែរ គឺដើម្បីតែការពារខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំថែមទាំងយកលេសថា មានអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់កំពុងធ្វើការត្រួតពិនិត្យលើកិច្ចការពួកជំនុំ ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្ញុំ និងបដិសេធមិនអនុវត្តសេចក្ដីពិតទៀតផង។ តើអាកប្បកិរិយារបស់ខ្ញុំចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងពួកជំនុំ មានអ្វីខុសប្លែកពីអ្នកគ្មានជំនឿដែលធ្វើការនៅខាងក្រៅក្នុងលោកីយ៍នេះទៅ? ខ្ញុំការពារតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយព្រងើយកន្តើយនឹងអ្វីៗផ្សេងទៀតទាំងអស់។ ខ្ញុំកំពុងចាត់ទុកខ្លួនឯងដូចជាអ្នកក្រៅ ចំពោះដំណាក់របស់ព្រះជាម្ចាស់អ៊ីចឹង។ ខ្ញុំគ្មានដួងចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ទេ ហើយពិតជាធ្វើឱ្យទ្រង់មានសេចក្ដីស្អប់ខ្ពើម និងសេចក្តីស្អប់មែន។ ខ្ញុំគឺជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែ ពេលខ្ញុំឃើញបងស្រីម្នាក់ជិតនឹងត្រូវគេដកចេញដោយខុសឆ្គង ខ្ញុំសូម្បីតែរាយការណ៍រឿងនេះប្រាប់អ្នកដឹកនាំក៏មិនបានផង។ ខ្ញុំគ្មានស្មារតីយុត្តិធម៌ទាល់តែសោះ។ ខ្ញុំពិតជាកំសាកយ៉ាងខ្លាំង! ប្រសិនបើខ្ញុំពិតជាមានដួងចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់មែន ខ្ញុំច្បាស់ជាបានបំពេញការទទួលខុសត្រូវរបស់ខ្ញុំនៅក្នុងកិច្ចការពួកជំនុំហើយ។ វាប្រៀបដូចជាពេលកូនៗឃើញឪពុកម្ដាយមានបញ្ហា ឬគ្រួសារកំពុងជួបការលំបាកអ៊ីចឹងដែរ។ ពួកគេនឹងចាប់ផ្ដើមជួយដោយខ្លួនឯង ដោយមិនចាំបាច់មានគេមើលការខុសត្រូវ ឬជំរុញឡើយ។ នោះក៏ព្រោះតែពួកគេចាត់ទុកខ្លួនឯងថាជាផ្នែកមួយនៃគ្រួសារ ហើយមានអារម្មណ៍ទទួលខុសត្រូវក្នុងការជួយរាល់បញ្ហាគ្រួសារ។ ប៉ុន្តែ ក្នុងនាមជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ពេលខ្ញុំឃើញសេចក្ដីវៀចវេរនៅក្នុងរបៀបដែលអ្នកដឹកនាំដោះស្រាយបញ្ហាណាមួយ វាមិនគួរជាបញ្ហាទេថាតើខ្ញុំស្ថិតនៅក្នុងពួកជំនុំនោះ ឬវាស្ថិតនៅក្នុងផ្នែកទទួលខុសត្រូវរបស់ខ្ញុំឬអត់នោះ។ ដោយសារតែខ្ញុំបានឃើញវា វាគឺជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការចង្អុលបង្ហាញរឿងនេះដល់អ្នកដឹកនាំ។ ទោះបីជាការវាយតម្លៃរបស់ខ្ញុំចំពោះបញ្ហានោះត្រឹមត្រូវ ឬមិនត្រឹមត្រូវក៏ដោយ ក្រោយពីខ្ញុំលើកវាឡើង អ្នកដឹកនាំនឹងផ្ទៀងផ្ទាត់ ស៊ើបអង្កេត និងពិនិត្យមើលរឿងនេះ ដែលវានឹងផ្ដល់ប្រយោជន៍ដល់កិច្ចការពួកជំនុំ។ ការអនុវត្តបែបនេះ មិនមែនជាការលូកដៃចូលកិច្ចការគេ ឬការធ្វើហួសតួនាទីរបស់ខ្ញុំទេ ហើយវាក៏មិនមែនជាការបញ្ចេញឱ្យឃើញនិស្ស័យក្រអឺតក្រទមដែរ។ វាគឺជាការបំពេញការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្ញុំ ហើយការពារផលប្រយោជន៍ពួកជំនុំ ព្រមទាំងបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ពេលដឹងពីរឿងនេះ ចិត្តរបស់ខ្ញុំក៏ភ្លឺស្វាងឡើងបន្តិច។

ក្រោយមក ខ្ញុំបានគិតថា ការរាយការណ៍ពីបញ្ហានេះប្រាប់អ្នកដឹកនាំ គឺច្បាស់ណាស់ថាជាការអនុវត្តសេចក្ដីពិត និងការការពារផលប្រយោជន៍ពួកជំនុំ។ ប៉ុន្តែ ខ្ញុំតែងតែខ្លាចថាខ្ញុំនឹងត្រូវគេថ្កោលទោស និងត្រូវគេដាក់វិន័យ។ នេះគឺជាការមានចិត្តការពារខ្លួនទាស់នឹងព្រះជាម្ចាស់ ហើយមិនជឿថាសេចក្ដីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ព្រះជាម្ចាស់មានសារជាតិនៃភាពស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ។ នេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ទាំងស្រុង» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើអ្នកជាមនុស្សដែលបោកបញ្ឆោតខ្លាំង នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើង នឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចសង្ស័យសូម្បីតែចំពោះព្រះជាម្ចាស់ និងប៉ាន់ស្មានពីទ្រង់តាមតែអំពើចិត្តរបស់អ្នក នោះប្រាកដណាស់ថាអ្នកគឺជាមនុស្សដែលបោកបញ្ឆោតបំផុត។ អ្នកប៉ាន់ស្មានថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឱ្យបាន ចិត្តចង្អៀតចង្អល់ គ្មានភាពយុត្តិធម៌ និងគ្មានវិចារណញ្ញាណ គ្មានស្មារតីយុត្តិធម៌ ប្រើកលល្បិចកាចសាហាវ ពិសពុល និងមានល្បិចកល សព្វព្រះហឫទ័យនឹងសេចក្ដីអាក្រក់ និងសេចក្ដីងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះ មិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! ថែមទាំងមានអ្នកខ្លះដែលជឿថា អ្នកដែលខ្ញុំចូលចិត្ត គឺមានតែអស់អ្នកដែលចេះពីរបៀបបញ្ជោរ និងចេះអែបអប ហើយថាអស់អ្នកដែលមិនចេះពីរបៀបធ្វើបែបនោះ នឹងមិនត្រូវបានស្វាគមន៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការស្គាល់របស់អ្នករាល់គ្នាចំពោះខ្ញុំមិនឈប់ត្រឹមការយល់ច្រឡំទាំងនេះទេ។ កាន់តែអាក្រក់ជាងនេះទៀតនោះ គឺការប្រមាថរបស់អ្នករាល់គ្នាចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងការមួលបង្កាច់ស្ថានសួគ៌។ ដូច្នេះហើយបានជាខ្ញុំនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ នឹងបានត្រឹមតែធ្វើឱ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីខ្ញុំ និងមានភាពប្រទូសរ៉ាយកាន់តែខ្លាំងចំពោះខ្ញុំប៉ុណ្ណោះ» («វិធីស្គាល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដីដោយពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថាសារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ និងបរិសុទ្ធ។ ទ្រង់មានសេចក្ដីសុចរិតចំពោះមនុស្សគ្រប់រូប ទ្រង់នឹងមិនធ្វើអយុត្តិធម៌ចំពោះមនុស្សល្អ គឺទ្រង់ក៏មិនលើកលែងឱ្យមនុស្សអាក្រក់ដែរ។ ដំណាក់របស់ព្រះជាម្ចាស់ដោះស្រាយជាមួយមនុស្សម្នាក់ៗទៅតាមគោលការណ៍។ កិច្ចការបោសសម្អាតពួកជំនុំ គឺក្នុងគោលបំណងបោសសម្អាតពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងអ្នកមិនជឿដែលលាក់ខ្លួននៅខាងក្នុង ដើម្បីបន្សុទ្ធពួកជំនុំ។ នេះគឺត្រូវបានកំណត់ទាំងស្រុងដោយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំបែរជាមានចិត្តការពារខ្លួនទាស់នឹងព្រះជាម្ចាស់ទៅវិញ ហើយស្រមៃថា កិច្ចការបោសសម្អាតនៃដំណាក់របស់ព្រះជាម្ចាស់ គឺប្រៀបដូចជាយុទ្ធនាការនយោបាយមួយរបស់នាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង ដោយមានអារម្មណ៍ថា ខ្ញុំកំពុងស្ថិតនៅកណ្ដាលព្យុះ ហើយខ្ញុំមិនអាចនិយាយផ្ដេសផ្ដាសបានទេ បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវគេធ្វើបាបមិនខាន។ កិច្ចការបោសសម្អាតកំពុងតែដំណើរការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបារម្ភថា បើខ្ញុំប្រាប់អ្នកដឹកនាំថា លី ជីង មិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវដកចេញទេ ខ្ញុំប្រហែលជានឹងត្រូវគេថ្កោលទោស ពីបទរារាំងកិច្ចការបោសសម្អាតមិនខាន។ ទស្សនៈរបស់ខ្ញុំគឺខុសទំនងយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំមិនជឿថា សេចក្ដីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ នេះធ្វើឱ្យខ្ញុំក្លាយជាអ្នកមិនជឿហើយ! តាមការពិត ការរារាំងកិច្ចការបោសសម្អាតរបស់ពួកជំនុំ មានន័យថាជាការចូលដៃជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ នៅពេលដែលពួកជំនុំកំពុងដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងអ្នកមិនជឿ ដោយរកគ្រប់ហេតុផល និងលេសដើម្បីកាន់ជើង និងការពារពួកគេ ក្នុងបំណងរក្សាពួកគេទុកនៅក្នុងពួកជំនុំ។ នោះទើបហៅថាជាការរំខានដល់កិច្ចការពួកជំនុំ និងការធ្វើអំពើអាក្រក់។ ប៉ុន្តែ ក្នុងករណីនេះ លី ជីង មិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវដកចេញទេ។ ការរាយការណ៍រឿងនេះប្រាប់អ្នកដឹកនាំពួកជំនុំ គឺគ្រាន់តែដើម្បីឱ្យពួកគេអាចផ្ទៀងផ្ទាត់ និងយល់ច្បាស់ពីរឿងនេះប៉ុណ្ណោះ ហើយចៀសវាងការបំផ្លាញឱកាសនៃការទទួលបានសេចក្ដីសង្រ្គោះរបស់ លី ជីង ដោយសារការដកគាត់ចេញដោយខុសឆ្គង។ ការអនុវត្តបែបនេះ គឺជាការការពារបងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយវាក៏ជាការស្ដែងចេញពីការការពារផលប្រយោជន៍របស់ពួកជំនុំផងដែរ។ វាមិនមែនជាការរារាំងកិច្ចការបោសសម្អាតដោយចេតនានោះទេ។ ម្យ៉ាងទៀត ទោះបីជាខ្ញុំខុសក៏ដោយ ដោយសារតែចេតនាដើមរបស់ខ្ញុំ គឺដើម្បីការពារផលប្រយោជន៍ពួកជំនុំ ពួកជំនុំនឹងមិនថ្កោលទោសខ្ញុំដោយសាររឿងនេះទេ។ ពួកជំនុំនឹងដោះស្រាយបញ្ហានេះដោយយុត្តិធម៌ ទៅតាមគោលការណ៍។ ចុះហេតុអីបានជាខ្ញុំត្រូវព្រួយបារម្ភ និងថប់អារម្មណ៍ក្នុងចិត្តខ្លាំងម៉្លេះ? ពេលដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ធូរស្រាល ហើយមានការតាំងចិត្តក្នុងការអនុវត្តសេចក្ដីពិត។

ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ការមានទំនាក់ទំនងជាធម្មតាជាមួយព្រះជាម្ចាស់ មានន័យថា ការដែលអាចគ្មានការសង្ស័យ និងមិនបដិសេធកិច្ចការណាមួយរបស់ព្រះជាម្ចាស់ ព្រមទាំងអាចចុះចូលចំពោះកិច្ចការរបស់ទ្រង់ផងដែរ។ វាមានន័យថា មានបំណងត្រឹមត្រូវនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ និងមិនរៀបចំគម្រោងផែនការផ្សេងៗដើម្បីខ្លួនឯង ហើយវាក៏មានន័យថា ផ្ដល់អាទិភាពដល់ផលប្រយោជន៍នានានៃដំណាក់របស់ព្រះជាម្ចាស់ ទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ហើយចុះចូលនឹងការរៀបចំរបស់ទ្រង់ ទោះបីជាអ្នកកំពុងធ្វើអ្វីក៏ដោយ។ អ្នកត្រូវតែអាចរម្ងាប់ចិត្តខ្លួនឯងក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការដែលអ្នកធ្វើ។ បើទោះបីជាអ្នកមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនៅតែត្រូវបំពេញភារកិច្ច និងទំនួលខុសត្រូវផ្សេងៗរបស់អ្នកឱ្យបានល្អបំផុតទៅតាមសមត្ថភាពរបស់ខ្លួនដែរ។ នៅពេលដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញឱ្យអ្នកឃើញ ចូរអនុវត្តតាមបំណងព្រះហឫទ័យទាំងនោះ នោះវានឹងមិនយឺតពេកនោះទេ។ នៅពេលទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានក្លាយជាធម្មតា អ្នកក៏នឹងមានទំនាក់ទំនងជាធម្មតាជាមួយមនុស្សទាំងឡាយដែរ។ ដើម្បីកសាងទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្វីគ្រប់យ៉ាងត្រូវតែសង់ឡើងពីលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់តម្រូវ អ្នកត្រូវតែកែប្រែទស្សនៈរបស់អ្នកឱ្យត្រឹមត្រូវ អ្នកត្រូវតែស្វែងរកសេចក្តីពិតក្នុងគ្រប់អ្វីៗទាំងអស់ ហើយអ្នកត្រូវតែអនុវត្តសេចក្តីពិត នៅពេលដែលអ្នកយល់ពីវា។ មិនថាមានអ្វីកើតឡើងចំពោះអ្នកឡើយ អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរក ដោយមានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់។ ដោយអនុវត្តបែបនេះ អ្នកនឹងអាចថែរក្សាទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់» («តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានលក្ខណៈយ៉ាងណាដែរ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ដើម្បីជឿលើព្រះជាម្ចាស់ យើងត្រូវបង្កើតទំនាក់ទំនងធម្មតាជាមួយទ្រង់ ហើយថ្វាយដួងចិត្តរបស់យើងទៅទ្រង់។ យើងត្រូវគិតដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងកិច្ចការពួកជំនុំ នៅក្នុងគ្រប់ពាក្យសម្ដី និងទង្វើរបស់យើង ហើយអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់។ ទើបយើងអាចអនុវត្តសេចក្ដីពិតបាន។ ដោយសារតែខ្ញុំអាចមើលឃើញថា អ្នកដឹកនាំបានធ្វើការកំណត់លក្ខណៈមិនត្រឹមត្រូវនៅក្នុងករណីរបស់ លី ជីង ខ្ញុំគួរតែចែករំលែកពីទស្សនៈរបស់ខ្ញុំ។ ទោះបីជាទស្សនៈរបស់ខ្ញុំមិនត្រឹមត្រូវទាំងស្រុងក៏ដោយ ការលើកវាឡើង នឹងអនុញ្ញាតឱ្យអ្នកដឹកនាំអាចផ្ទៀងផ្ទាត់ស្ថានភាពរបស់គាត់ឡើងវិញ និងចៀសវាងការបំផ្លាញឱកាសនៃការទទួលបានសេចក្ដីសង្រ្គោះរបស់គាត់ តាមរយៈការដកគាត់ចេញដោយខុសឆ្គង។ ការអនុវត្តបែបនេះ នឹងមានប្រយោជន៍ទាំងសម្រាប់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី និងកិច្ចការរបស់ពួកជំនុំ។ ទោះបីជាខ្ញុំស្គាល់ លី ជីង ក៏ដោយ ខ្ញុំមិនមែនរាយការណ៍ពីបញ្ហានេះដើម្បីការពារគាត់ ឬដើម្បីបង្ហាញមុខមាត់ខ្លួនឯងនោះទេ។ គឺវាផ្អែកលើការយល់ដឹងរបស់ខ្ញុំអំពីគាត់ និងផ្អែកលើការពិតដែលថា ការស្ដែងចេញដែលអ្នកដឹកនាំបានរៀបរាប់ គឺមិនស្របតាមគោលការណ៍របស់ពួកជំនុំ សម្រាប់ការដកមនុស្សចេញឡើយ។ វាមិនមែនជារឿងរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគាត់នោះទេ។ ខណៈដែលបញ្ហានេះមើលទៅហាក់ដូចជាតូចតាចពីសំបកក្រៅក៏ដោយ ក៏វាពាក់ព័ន្ធនឹងថាតើខ្ញុំអាចអនុវត្តសេចក្ដីពិត និងការពារផលប្រយោជន៍ពួកជំនុំបានឬអត់។ វាក៏ជាការល្បងលមកពីព្រះជាម្ចាស់ផងដែរ។ ដូច្នេះ ខ្ញុំបានលុតជង្គង់ ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយបង្ហាញពីការស្ម័គ្រចិត្តរបស់ខ្ញុំ ក្នុងការអនុវត្តទៅតាមអ្វីដែលទ្រង់តម្រូវ។ ក្រោយពីអធិស្ឋានរួច ខ្ញុំបានពិនិត្យមើលការស្ដែងចេញរបស់ លី ជីង ម្ដងទៀត។ បន្ទាប់មក ដោយផ្អែកលើបញ្ហានៅក្នុងការកំណត់លក្ខណៈរបស់អ្នកដឹកនាំចំពោះគាត់ ខ្ញុំបានប្រកបគ្នាអំពីការយល់ដឹង និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍ពាក់ព័ន្ធនានា។ ក្រោយពីសរសេរសំបុត្ររួច ខ្ញុំក៏បានផ្ញើវាទៅកាន់អ្នកដឹកនាំ។ នៅពេលអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្ត និងស្ងប់សុខយ៉ាងខ្លាំង។

ក្រោយមក អ្នកដឹកនាំបានសរសេរសំបុត្រតបមកខ្ញុំវិញ។ ពួកគេបាននិយាយថា ពួកគេបានស៊ើបអង្កេតឡើងវិញ ហើយបន្ទាប់ពីស្វែងរកគោលការណ៍ពាក់ព័ន្ធ ទាក់ទងនឹងការស្ដែងចេញរបស់ លី ជីង ពួកគេបានបញ្ជាក់ថា គាត់ពិតជាមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការត្រូវដកចេញមែន ថាមានសេចក្ដីវៀចវេរនៅក្នុងការកំណត់លក្ខណៈរបស់ពួកគេចំពោះគាត់កាលពីមុន ហើយបច្ចុប្បន្ន គាត់នៅតែបន្តបំពេញភារកិច្ចរបស់គាត់នៅក្នុងពួកជំនុំដដែល។ ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញលទ្ធផលនេះ។ ខ្ញុំមានអារម្មណ៍ថា ការអនុវត្តសេចក្ដីពិត គឺពិតជាអស្ចារ្យណាស់! ចាប់ពីពេលនេះតទៅ ខ្ញុំត្រូវតែអនុវត្តវាឱ្យបានកាន់តែច្រើនថែមទៀត។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកផ្គាប់ចិត្តមនុស្ស អាចទទួលបានការសរសើររបស់ព្រះជាម្ចាស់ឬទេ?

មុនពេលខ្ញុំក្លាយជាអ្នកជឿ ខ្ញុំតែងតែប្រុងប្រយ័ត្ន មិនប្រមាថអ្នកដទៃឡើយ ហើយខ្ញុំអាចចូលចុះជាមួយគ្រប់គ្នា។ ខ្ញុំបានជួយ...

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...

Leave a Reply