ខ្ញុំអាចប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំបានត្រឹមត្រូវ

09-06-2026

ដោយ ថេរី ប្រទេសអ៊ីតាលី

នៅឆ្នាំ ២០២៤ អ្នកដឹកនាំបានរៀបចំឱ្យខ្ញុំសម្ដែងនៅក្នុងវីដេអូទីបន្ទាល់តាមរយៈបទពិសោធ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលអាចបំពេញភារកិច្ចដ៏សំខាន់បែបនេះ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយខ្ញុំប្ដេជ្ញាចិត្តបំពេញភារកិច្ចខ្ញុំឱ្យបានត្រឹមត្រូវ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ដំបូងឡើយ ខ្ញុំគ្រាន់តែជាអ្នកសម្ដែងរាយរងប៉ុណ្ណោះ ប៉ុន្តែក្រោយមក ខ្ញុំក៏បានសម្ដែងជាតួឯកផងដែរ ដោយចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ។ នៅពេលមានតួសម្ដែងជាច្រើនចូលរួមក្នុងក្រុម ដែលពួកគេមានលក្ខណៈសម្បត្តិជាងខ្ញុំ ខ្ញុំឃើញថាខ្លួនឯងបានសម្ដែងជាតួឯកកាន់តែតិចទៅៗ។ មានវីដេអូទីបន្ទាល់តាមរយៈបទពិសោធមួយ ដែលដើមឡើយ ខ្ញុំត្រូវបានគេរៀបចំឱ្យសម្ដែងជាតួឯក ប៉ុន្តែក្រោយមក តួនាទីនេះប្រគល់ទៅឱ្យបងប្រុស អាល់បឺត វិញ។ នៅពេលនោះ ខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្លួនឯងកំពុងជួបវិបត្តិ។ ខ្ញុំដឹងថាជំនាញសម្ដែងរបស់ខ្ញុំខ្សោយជាងអ្នកដទៃ ហើយខ្ញុំបារម្ភថា អ្នកដឹកនាំប្រហែលជានឹងឈប់ប្រើខ្ញុំជាតួសម្ដែងទាំងស្រុងបន្តិចម្ដងៗ។ ចុះតើខ្ញុំនឹងត្រូវធ្វើដូចម្ដេចទៅ? តើគ្រប់គ្នានឹងគិតយ៉ាងណាចំពោះខ្ញុំ? ក្រោយមក ខ្ញុំបានពិនិត្យមើលកាលវិភាគថតជាច្រើនដងទៀត ហើយឃើញថាឈ្មោះរបស់បងប្រុស អាល់បឺត នៅតែសរសេរនៅពីក្រោយអត្ថបទរឿងនោះដដែល។ ខ្ញុំមានអារម្មណ៍ខកចិត្តបន្តិច ប៉ុន្តែមិនយូរប៉ុន្មាន រឿងនេះក៏កន្លងផុតទៅ។ នៅខែតុលា អ្នកដឹកនាំបានរៀបចំឱ្យខ្ញុំជួយធ្វើម្ហូបនៅក្នុងផ្ទះបាយ បន្ថែមពីលើភារកិច្ចសម្ដែងរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំគិតថាវាជាការរៀបចំដ៏ល្អមួយ ព្រោះវាជាមធ្យោបាយមួយឱ្យខ្ញុំបំពេញភារកិច្ចបានកាន់តែច្រើន។ ប៉ុន្តែនៅពេលដែលខ្ញុំចូលទៅដល់ផ្ទះបាយជាក់ស្ដែង ពាក់អៀម ហើយចាប់ផ្ដើមធ្វើម្ហូប ខ្ញុំមានអារម្មណ៍អន់ចិត្តបន្តិច។ ខ្ញុំគិតក្នុងចិត្តថា «ខ្ញុំបានបំពេញភារកិច្ចសម្ដែងស្ទើរតែរហូត ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ទោះបីជាខ្ញុំមិនដែលសម្ដែងជាតួឯកក៏ដោយ ក៏ខ្ញុំធ្លាប់សម្ដែងក្នុងភាពយន្តជាច្រើនដែរ ហើយអាចចាត់ទុកថាជាតួសម្ដែងចាស់វស្សាម្នាក់។ បងប្អូនប្រុសស្រីស្គាល់ខ្ញុំ ទោះខ្ញុំទៅដល់ទីណាក៏ដោយ។ ប៉ុន្តែពេលនេះ មើលខ្ញុំចុះ។ ខ្ញុំបានក្លាយជាអ្នកធ្វើម្ហូបទៅហើយ។ ទោះបីជាការធ្វើម្ហូបនៅតែជាភារកិច្ចមួយក៏ដោយ ក៏វាហាក់ដូចជាមិនសូវសំខាន់សោះ។ វាមិនមែនជាកិច្ចការដែលទទួលបានការគោរព ឬកោតសរសើរពីនរណាម្នាក់ឡើយ»។ ក្រោយមកទៀត អ្នកធ្វើការងារមួយចំនួននៅក្នុងក្រុមតែងតែត្រូវចេញទៅក្រៅដើម្បីរត់ការ។ ពេលដែលបងប្រុសទទួលបន្ទុកផ្នែកឆាកមិននៅ អ្នកដឹកនាំបានឱ្យខ្ញុំរៀបចំឆាក។ ពេលដែលបងស្រីទទួលបន្ទុកផ្នែកសម្ភារៈតុបតែងមិននៅ អ្នកដឹកនាំបានឱ្យខ្ញុំរៀបចំសម្ភារៈតុបតែង។ ខ្ញុំកាន់តែមានអារម្មណ៍ស្រងាកចិត្ត។ ខ្ញុំគិតថា «ខ្ញុំគ្រាន់តែត្រូវបានគេបញ្ជូនទៅកន្លែងណាដែលគេត្រូវការមនុស្សប៉ុណ្ណោះ។ តើគេចាត់ទុកខ្ញុំជាអ្វីទៅ? តើគ្រប់គ្នានឹងចាប់ផ្ដើមគិតថា ខ្ញុំគ្រាន់តែជាអ្នកសម្ដែងជំនួសទេដឹង?»

ពេលមួយនោះ ពួកយើងជាតួសម្ដែងកំពុងរៀនជំនាញវិជ្ជាជីវៈជាមួយគ្នា ដោយផ្លាស់វេនគ្នាហាត់សមការសន្ទនាមួយវគ្គ។ ខ្ញុំពិតជាភ័យខ្លាំងណាស់ បារម្ភថាខ្ញុំនឹងសម្ដែងបានមិនល្អ ហើយធ្វើឱ្យខ្លួនឯងខ្មាសគេ។ ចុងក្រោយ ដូចដែលខ្ញុំបានខ្លាចមែន ការសម្ដែងរបស់ខ្ញុំគឺអន់ជាងគេទាំងអស់។ ខ្ញុំបានរអ៊ូរទាំក្នុងចិត្តថា «ជំនាញរបស់ខ្ញុំខ្សោយតាំងពីដើមមកម៉្លេះ ហើយពេលនេះ ខ្ញុំចំណាយពេលពេញមួយថ្ងៃធ្វើម្ហូប ឬរៀបចំឆាក ដោយគ្មានពេលហាត់សមឡើយ។ តើជំនាញសម្ដែងរបស់ខ្ញុំនឹងមិនកាន់តែអន់ជាងនេះទេឬ?» ដោយមិនដឹងខ្លួន ខ្ញុំក៏មានអារម្មណ៍អស់សង្ឃឹមបន្តិច។ ជារៀងរាល់រសៀល តួសម្ដែងផ្សេងទៀតតែងតែហាត់រាំជាមួយគ្នា។ ដោយឃើញពួកគេទាំងអស់គ្នារាំយ៉ាងសប្បាយរីករាយ ខណៈដែលខ្ញុំជាប់គាំងនៅក្នុងផ្ទះបាយធ្វើម្ហូប ធ្វើឱ្យខ្ញុំកាន់តែមានអារម្មណ៍តឹងតែង។ ខ្ញុំគ្រាន់តែចង់គេចពីពួកគេ ដើម្បីកុំឱ្យខ្លួនឯងខ្មាសគេ។ នៅខែវិច្ឆិកា ពួកយើងបានផ្លាស់ទៅទីតាំងថតថ្មីមួយ ហើយអ្នកដឹកនាំបានឱ្យខ្ញុំរៀបចំឆាកជាមុន ដោយប្រាប់ខ្ញុំថា ខ្ញុំក៏នឹងត្រូវទទួលបន្ទុកលើកិច្ចការទូទៅរបស់ក្រុមចាប់ពីពេលនោះតទៅ។ ដោយឃើញគ្រប់គ្នាធ្វើការយ៉ាងសកម្មក្នុងការថតវីដេអូទីបន្ទាល់តាមរយៈបទពិសោធជារៀងរាល់ថ្ងៃ ខណៈដែលខ្ញុំតែងតែជាប់គាំងជាមួយការងារបន្ទាប់បន្សំទាំងនេះ ខ្ញុំគិតថា «គ្រប់គ្នាប្រាកដជាគិតថា គុណសម្បត្តិរបស់ខ្ញុំខ្សោយ ហើយថាខ្ញុំមិនអាចក្លាយជាតួសម្ដែងបានទេ ថាខ្ញុំមិនសមនឹងទទួលបានការបណ្ដុះបណ្ដាលឡើយ។ នោះប្រាកដជាមូលហេតុដែលអ្នកដឹកនាំឱ្យខ្ញុំធ្វើកិច្ចការទូទៅទាំងនេះហើយ»។ ពេលខ្ញុំគិតពីរឿងនេះកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍ខ្មាសគេ។ ក្នុងអំឡុងពេលជួបជុំមួយ ខ្ញុំបានដើរចូលទៅក្នុងការិយាល័យរបស់តួសម្ដែងដោយកាន់កុំព្យូទ័រយួរដៃរបស់ខ្ញុំ ហើយឃើញថាគ្រប់គ្នាបានអង្គុយរួចទៅហើយ។ ខ្ញុំសួរតិចៗថា «តើមានកន្លែងទំនេរទៀតទេ?» បងស្រីម្នាក់បានតបយ៉ាងលឿនថា «អូ! មានបងប្រុស ថេរី ទៀត! ពួកយើងភ្លេចបងឈឹងតែម្ដង!» ខ្ញុំដឹងថាគាត់មិនមានចេតនាអាក្រក់អ្វីទេ ប៉ុន្តែខ្ញុំមានអារម្មណ៍អត់ល្អសោះ។ ខ្ញុំគិតថា «ខ្ញុំធ្វើការងារបន្ទាប់បន្សំពេញមួយថ្ងៃ។ វាមិនចម្លែកទេដែលខ្ញុំត្រូវបានគេមើលរំលង»។ អ្វីដែលពិបាកទទួលយកបំផុតនោះគឺ ពេលដែលខ្ញុំឃើញថាបងប្រុសពីរនាក់ផ្សេងទៀតនៅក្នុងក្រុមត្រូវបានគេតែងតាំងជាអ្នកដឹកនាំរឿង និងប្រធានក្រុម ខណៈដែលខ្ញុំត្រូវជាប់គាំងធ្វើម្ហូប បោសសម្អាត និងលើកដាក់សម្ភារៈតុបតែងពេញមួយថ្ងៃ។ ភាពខុសគ្នាគឺពិតជាខ្លាំងពេកហើយ។ ខ្ញុំថែមទាំងចាប់ផ្ដើមមានគំនិតមិនល្អចំពោះអ្នកដឹកនាំទៀតផង។ ខ្ញុំគិតថា «បើគិតថាខ្ញុំមិនស័ក្តិសមជាតួសម្ដែងទេ គ្រាន់តែប្រាប់ត្រង់ៗមក។ ខ្ញុំអាចទៅស្រោចស្រពអ្នកមកថ្មីបានតើ! យ៉ាងហោចណាស់ ក៏ស្ដាប់ទៅគ្រាន់បើជាងនេះបន្តិចដែរ ហើយនឹងជួយកុំឱ្យខ្ញុំមានអារម្មណ៍ថាគ្មានអ្នកណាស្វាគមន៍នៅទីនេះអ៊ីចឹង»។ បន្ទាប់ពីនោះមក ខ្ញុំឈប់ហ្វឹកហាត់សំឡេងនៅពេលព្រឹក ហើយលែងមានចំណាប់អារម្មណ៍រៀនពីជំនាញសម្ដែងតែម្ដង។ ពីមុន ខ្ញុំធ្លាប់តែតមអាហារហឹរ ដើម្បីការពារសំឡេងរបស់ខ្ញុំ ប៉ុន្តែពេលនេះ ខ្ញុំលែងខ្វល់ពីអ្វីទាំងអស់ ហើយចាប់ផ្ដើមញ៉ាំហឹរវិញ។ ជាលទ្ធផល ខ្ញុំក៏ពងបែកមាត់ដោយសារក្ដៅក្នុង ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពវីដេអូដែលបានថត។ មុនពេលថត ខ្ញុំមិនបានយកចិត្តទុកដាក់សញ្ជឹងគិតពីអារម្មណ៍របស់តួអង្គឡើយ ខ្ញុំគ្រាន់តែទន្ទេញប៉ារ៉ូលដូចម៉ាស៊ីនប៉ុណ្ណោះ។ ជាលទ្ធផល មានពេលច្រើនដងដែលអារម្មណ៍ធ្លាក់ទឹកចិត្តរបស់ខ្ញុំ បានធ្វើឱ្យរាំងស្ទះដល់វឌ្ឍនភាពរបស់យើង និងប៉ះពាល់ដល់លទ្ធផលនៃការថត។ ក្នុងអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍មិននៅនឹងខ្លួនពេញមួយថ្ងៃ។ ជួនកាល ខ្ញុំមានអារម្មណ៍ថា គ្មានន័យអ្វីក្នុងការបំពេញភារកិច្ចនោះទេ ហើយថែមទាំងគិតថា «ទោះយ៉ាងណា ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលមិនចាំបាច់នៅក្នុងក្រុមនេះប៉ុណ្ណោះ។ ជំនួសឱ្យការធ្វើការងារបន្ទាប់បន្សំទាំងនេះរាល់ថ្ងៃ ខ្ញុំគួរតែឈប់បំពេញភារកិច្ចពេញម៉ោង ហើយទៅរកការងារធ្វើវិញ រួចចាំឆ្លៀតពេលបំពេញភារកិច្ចខ្លះៗទៅវាល្អជាង»។

ថ្ងៃមួយ ពេលកំពុងរៀបចំសម្ភារៈតុបតែង ស្រាប់តែខ្ញុំមានអារម្មណ៍មិនស្រួលយ៉ាងខ្លាំងនៅក្នុងចិត្ត។ ពេលនោះទើបខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីសភាពរបស់ខ្ញុំ ក្នុងអំឡុងពេលនោះ។ គឺនៅពេលនោះហើយ ដែលខ្ញុំបានអានបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលនិយាយចំៗពីសភាពរបស់ខ្ញុំតែម្ដង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ជំនួសឱ្យការស្វែងរកសេចក្ដីពិត មនុស្សភាគច្រើនបែរជាងាកទៅប្រើល្បិចកំប៉ិកកំប៉ុកទៅវិញ។ ពួកគេផ្ដល់ភាពសំខាន់យ៉ាងខ្លាំងទៅលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ អំនួត និងកន្លែង ឬឋានៈរបស់ពួកគេនៅក្នុងគំនិតអ្នកដទៃ។ ទាំងនេះជារឿងតែមួយគត់ដែលពួកគេស្រឡាញ់ថ្នាក់ថ្នម។ ពួកគេឱបក្រសោបរឿងទាំងនេះយ៉ាងស្អិតរមួត ហើយចាត់ទុកវាជាជីវិតរបស់ពួកគេ ចំណែកឯរបៀបដែលព្រះជាម្ចាស់ទតមើល និងប្រព្រឹត្តចំពោះរបស់ទាំងនេះ ពួកគេមិនខ្វល់ខ្វាយឡើយ។ ពួកគេគិតគូរជាមុនសិនថាតើពួកគេជាមេគេនៅក្នុងក្រុមឬអត់ តើពួកគេអាចកាន់កាប់តំណែងដែលអ្នកដទៃគោរពឱ្យតម្លៃខ្ពស់ឬអត់ ហើយថាតើមានអ្នកណាស្ដាប់អ្វីដែលពួកគេនិយាយឬអត់។ ដំបូង ពួកគេចាប់ផ្ដើមកាន់កាប់តំណែងនោះ។ មនុស្សស្ទើរតែទាំងអស់ នៅពេលដែលពួកគេស្ថិតនៅក្នុងក្រុមមួយ សុទ្ធតែស្វែងរកតំណែងបែបនេះ រកឱកាសបែបនេះ។ ប្រសិនបើពួកគេមានសមត្ថភាពខ្ពស់ ជាការពិតណាស់ ពួកគេព្យាយាមកាន់កាប់តំណែងកំពូល។ ប្រសិនបើពួកគេមានសមត្ថភាពត្រឹមមធ្យម ពួកគេនៅតែព្យាយាមកាន់កាប់តំណែងលេចធ្លោនៅក្នុងក្រុម។ ហើយប្រសិនបើពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទាបនៅក្នុងក្រុម ដោយមានគុណសម្បត្តិ និងសមត្ថភាពមធ្យម ពួកគេក៏ព្យាយាមធ្វើឱ្យអ្នកដទៃគោរពឱ្យតម្លៃពួកគេខ្ពស់ផងដែរ ពួកគេមិនអាចបណ្ដោយឱ្យអ្នកដទៃមើលងាយពួកគេឡើយ។ អំនួត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សទាំងនេះ គឺជាទីដែលពួកគេកំណត់ព្រំដែន ពួកគេគិតថាពួកគេត្រូវតែប្រកាន់ខ្ជាប់នូវរឿងទាំងនេះ។ ទោះបីជាពួកគេបាត់បង់សេចក្ដីទៀងត្រង់របស់ខ្លួន ឬព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងពួកគេ ហើយមិនទទួលស្គាល់ពួកគេក៏ដោយ ក៏ពួកគេនៅតែត្រូវខំប្រឹងដើម្បីអំនួត និងឋានៈរបស់ពួកគេដែរ។ ពួកគេត្រូវតែចៀសវាងការអាម៉ាស់មុខ ទោះក្នុងតម្លៃណាក៏ដោយ។ នេះគឺជានិស្ស័យបែបសាតាំង។ ប៉ុន្តែ ពួកគេមិនដឹងខ្លួនពីរឿងនេះឡើយ។ ពួកគេគិតថា ពួកគេមិនអាចបាត់បង់អំនួតបន្តិចបន្តួចដែលពួកគេនៅសល់នោះទេ។ ពួកគេមិនដឹងថា មានតែពេលដែលរឿងពីសំបកក្រៅទាំងនេះត្រូវបានលះបង់ និងបោះបង់ចោលទាំងស្រុងប៉ុណ្ណោះ ទើបពួកគេនឹងក្លាយជាមនុស្សពិតប្រាកដ ហើយថា ប្រសិនបើពួកគេការពាររឿងដែលគួរតែបោះចោលទាំងនេះទុកជាជីវិតរបស់ខ្លួន នោះជីវិតរបស់ពួកគេនឹងត្រូវបាត់បង់។ ពួកគេគ្រាន់តែមិនដឹងពីហានិភ័យប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ក្នុងអ្វីក៏ដោយដែលពួកគេធ្វើ ពួកគេតែងតែលាក់ទុកអ្វីមួយជានិច្ច ពួកគេតែងតែធ្វើសកម្មភាពដើម្បីជាប្រយោជន៍នៃការការពារអំនួត និងឋានៈផ្ទាល់ខ្លួន ហើយពួកគេដាក់រឿងទាំងនេះជាអាទិភាព។ ពួកគេនិយាយ និងលើកហេតុផលដែលខុសទំនងដើម្បីតែប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ពួកគេនឹងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួនឯង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលរបស់ព្រះជាម្ចាស់ចែងថា ទោះបីជាយើងមានគុណសម្បត្តិ ឬទេពកោសល្យយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាសុទ្ធតែចង់បានឋានៈណាមួយនៅក្នុងក្រុមមនុស្ស និងចង់ទទួលបានការកោតសរសើរពីអ្នកដទៃដែរ។ អ្នកដែលមានសមត្ថភាពខ្លាំង ចង់ឈរនៅលំដាប់កំពូលគេ ចំណែកឯអ្នកដែលគ្មានទេពកោសល្យពិសេស និងមានគុណសម្បត្តិមធ្យម ក៏នៅតែចង់ទទួលបានការឱ្យតម្លៃ និងការគោរពដែរ។ ទាំងអស់នេះ គឺបណ្ដាលមកពីនិស្ស័យបែបសាតាំង។ នៅពេលអ្នកដឹកនាំបានរៀបចំឱ្យខ្ញុំធ្វើជាតួសម្ដែង ខ្ញុំមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ ដែលខ្ញុំអាចបំពេញភារកិច្ចដ៏សំខាន់បែបនេះ ហើយខ្ញុំមានភាពសកម្ម និងមានបន្ទុកទទួលខុសត្រូវយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលដែលអ្នកដឹកនាំរៀបចំឱ្យខ្ញុំធ្វើម្ហូប ឬក៏ឱ្យរៀបចំឆាក និងលើកដាក់សម្ភារៈតុបតែងជាបណ្ដោះអាសន្ន ផ្អែកតាមតម្រូវការនៃការងារ ខ្ញុំបែរជាមានអារម្មណ៍ថា ទាំងនេះគ្រាន់តែជាការងារបន្ទាប់បន្សំប៉ុណ្ណោះ ហើយថាពេលនេះ ខ្ញុំគ្រាន់តែជាសមាជិកម្នាក់ដែលមិនចាំបាច់នៅក្នុងក្រុម បើប្រៀបធៀបជាមួយតួសម្ដែងផ្សេងទៀត។ ដូច្នេះ ខ្ញុំក៏ធ្លាក់ចូលទៅក្នុងអារម្មណ៍អស់សង្ឃឹម ហើយចាប់ផ្ដើមបំពេញភារកិច្ចឱ្យតែរួចពីដៃ និងបង្គ្រប់កិច្ច។ ខ្ញុំមិនបានព្យាយាមសញ្ជឹងគិតពីអារម្មណ៍របស់តួអង្គជាមុនឡើយ តែគ្រាន់តែទន្ទេញប៉ារ៉ូលឱ្យចាំៗប៉ុណ្ណោះ។ ខ្ញុំគ្មានចិត្តចង់គិតគូរពីរបៀបសម្រេចបានលទ្ធផលល្អជាងនេះ សម្រាប់ការថតនោះទេ។ ខ្ញុំពិតជាគ្មានការចុះចូលចំពោះអ្វីដែលព្រះជាម្ចាស់បានធ្វើទាល់តែសោះ។ ខ្ញុំមិនព្រមធ្វើជាមនុស្សដែលមិនសូវសំខាន់ជាងគេនៅក្នុងក្រុមឡើយ ហើយតែងតែដេញតាមការកោតសរសើរ និងការឱ្យតម្លៃជានិច្ច។ ខ្ញុំពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! ខ្ញុំដឹងថាជំនាញសម្ដែងរបស់ខ្ញុំអន់ ហើយខ្ញុំគួរតែខិតខំហាត់សមឱ្យបានច្រើនជាងនេះ ប៉ុន្តែ ខ្ញុំមិនត្រឹមតែមិនបានហាត់សមប៉ុណ្ណោះទេ ខ្ញុំថែមទាំងបោះបង់ការព្យាយាមទៀតផង។ ខ្ញុំថែមទាំងបានគិតចង់ឈប់បំពេញភារកិច្ចពេញម៉ោងទៀតផង។ បំណងប្រាថ្នារបស់ខ្ញុំចំពោះកេរ្តិ៍ឈ្មោះ និងឋានៈ គឺពិតជាខ្លាំងក្លាណាស់!

ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយក៏ទទួលបានការយល់ដឹងខ្លះៗអំពីសារជាតិធម្មជាតិរបស់ខ្ញុំផ្ទាល់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណា មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណា មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេដេញតាមអ្វី មិនថាពួកគេមានគោលដៅអ្វី មិនថាទិសដៅជីវិតរបស់ពួកគេជាអ្វីទេ គ្រប់យ៉ាងគឺផ្ដោតសំខាន់បំផុតលើការមានកិត្តិនាមល្អ និងឋានៈខ្ពង់ខ្ពស់។ ហើយគោលបំណងរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនដែលអាចបោះបង់អ្វីទាំងនេះចោលបានទេ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ។ ទោះបីជាអ្នកដាក់ពួកគេនៅក្នុងព្រៃស្រោងក្នុងជ្រលងភ្នំដ៏ជ្រៅក៏ដោយ ក៏ពួកគេនៅតែមិនបោះបង់ចោលការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនដែរ។ អ្នកអាចនឹងដាក់ពួកគេនៅក្នុងចំណោមក្រុមមនុស្សណាក៏បាន ហើយអ្វីដែលពួកគេអាចគិតដល់ គឺនៅតែជាកេរ្តិ៍ឈ្មោះ និងឋានៈដដែល។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ថាស្មើនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរ ហើយដាក់រឿងទាំងពីរនេះក្នុងកម្រិតស្មើគ្នា។ ពោលគឺ នៅពេលដែលពួកគេដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេដែរ។ អាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការដេញតាមសេចក្ដីពិតនៅក្នុងការជឿលើព្រះជាម្ចាស់ គឺជាការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ក៏ជាការដេញតាមសេចក្ដីពិតដែរ។ ការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈទេ ហើយគ្មាននរណាម្នាក់គោរពពួកគេ កោតសរសើរយ៉ាងខ្លាំងដល់ពួកគេ ឬដើរតាមពួកគេទេ នោះពួកគេបាក់ទឹកចិត្ត។ ពួកគេជឿថា គ្មានន័យអ្វីឡើយក្នុងការជឿលើព្រះជាម្ចាស់ គ្មានតម្លៃចំពោះជំនឿនេះទេ ហើយពួកគេគិតឆ្ងល់ក្នុងចិត្តថា៖ 'តើខ្ញុំបានបរាជ័យមែនទេដោយការជឿលើព្រះជាម្ចាស់បែបនេះ? តើលែងមានសង្ឃឹមសម្រាប់ខ្ញុំហើយមែនទេ?' ពួកគេតែងតែគិតគូររឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតគូរពីរបៀបដែលពួកគេអាចធានាបានឋានៈមួយសម្រាប់ខ្លួនឯងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ របៀបដែលពួកគេអាចមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់នៅក្នុងពួកជំនុំ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សស្ដាប់នៅពេលពួកគេនិយាយ និងកោតសរសើរពួកគេនៅពេលពួកគេធ្វើសកម្មភាព ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សដើរតាមពួកគេមិនថាពួកគេទៅទីណាក៏ដោយ និងត្រូវធ្វើដូចម្ដេចដើម្បីឱ្យអាចមានសំឡេងដែលមានឥទ្ធិពលនៅក្នុងពួកជំនុំ ព្រមទាំងមានកេរ្តិ៍ឈ្មោះ មានលាភសក្ការៈ និងមានឋានៈ ពួកគេពិតជាផ្ដោតលើរឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេណាស់។ ទាំងនេះគឺជាអ្វីដែលមនុស្សបែបនេះដេញតាម» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់លាតត្រដាងថា ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈ ដូចជីវិតរបស់ពួកគេដែរ។ ទោះបីជាពួកគេស្ថិតនៅក្នុងក្រុមមនុស្សណាក៏ដោយ ក៏ពួកគេតែងតែចង់បានឋានៈណាមួយ និងចង់ឱ្យគេកោតសរសើរជានិច្ច។ ពេលពួកគេបាត់បង់កេរ្តិ៍ឈ្មោះ និងឋានៈ វាហាក់បីដូចជាជីវិតរបស់ពួកគេត្រូវបានគេដកហូតអ៊ីចឹង។ ពួកគេថែមទាំងអាចមានអារម្មណ៍ថា គ្មានន័យអ្វីក្នុងការជឿលើព្រះជាម្ចាស់ទេ ហើយអាចនឹងក្បត់ និងចាកចេញពីព្រះជាម្ចាស់គ្រប់ពេលវេលា។ តើខ្ញុំមិនមែនជាមនុស្សប្រភេទនោះបេះបិទទេឬអី? កាលពីមុន ពេលដែលខ្ញុំតែងតែបំពេញភារកិច្ចសម្ដែង គ្រប់គ្នាបានគោរព និងឱ្យតម្លៃខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាខ្លួនអស្ចារ្យជាងគេ ពេលនៅក្បែរអ្នកដទៃ។ នៅពេលអ្នកដឹកនាំបានរៀបចំឱ្យខ្ញុំសម្ដែងក្នុងវីដេអូទីបន្ទាល់តាមរយៈបទពិសោធ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយមានអារម្មណ៍ថាខ្លួនទទួលបានការឱ្យតម្លៃយ៉ាងខ្លាំង ហើយខ្ញុំមានកម្លាំងចិត្តពេញទំហឹងនៅក្នុងភារកិច្ច។ ប៉ុន្តែនៅពេលដែលខ្ញុំត្រូវបានចាត់តាំងឱ្យធ្វើម្ហូប ឬរៀបចំឆាកវិញ ខ្ញុំមានអារម្មណ៍ថា ខ្លួនលែងទទួលបានការឱ្យតម្លៃទៀតហើយ។ ខ្ញុំវេទនាចិត្តពេញមួយថ្ងៃ ហើយមានអារម្មណ៍ថា គ្មានន័យអ្វីក្នុងការធ្វើអ្វីទាំងអស់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ទោះបីជាអ្នកដាក់ពួកគេនៅក្នុងព្រៃស្រោងក្នុងជ្រលងភ្នំដ៏ជ្រៅក៏ដោយ ក៏ពួកគេនៅតែមិនបោះបង់ចោលការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនដែរ។ អ្នកអាចនឹងដាក់ពួកគេនៅក្នុងចំណោមក្រុមមនុស្សណាក៏បាន ហើយអ្វីដែលពួកគេអាចគិតដល់ គឺនៅតែជាកេរ្តិ៍ឈ្មោះ និងឋានៈដដែល»។ ព្រះបន្ទូលទាំងនេះពិតជាជាក់ស្ដែងណាស់! ការស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ មិនមែនជារឿងមួយឆាវនោះទេ ពោលគឺវាបានចាក់ឫសជ្រៅដល់ឆ្អឹងរបស់ខ្ញុំទៅហើយ។ ទោះបីជាខ្ញុំស្ថិតនៅក្នុងក្រុមមនុស្សណាក៏ដោយ ឬធ្វើអ្វីក៏ដោយ អ្វីដែលខ្ញុំគិតដល់មុនគេ នោះគឺកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំជានិច្ច។ ទោះបីជាខ្ញុំមិនអាចធ្វើជាអ្នកដែលពូកែជាងគេ ក៏យ៉ាងហោចណាស់ខ្ញុំត្រូវតែមានអារម្មណ៍ថាខ្លួនឯងសំខាន់ដែរ។ បើមិនដូច្នោះទេ ខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ហាក់ដូចជារស់នៅគ្មានន័យអ្វីសោះអ៊ីចឹង។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងម៉្លេះ? នោះក៏ព្រោះតែខ្ញុំត្រូវបានបញ្ជ្រាប និងទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីភាពពិសពុលបែបសាតាំង ដូចជាពាក្យថា «មនុស្សខំប្រឹងឡើងលើ ទឹកហូរចុះក្រោម» និងពាក្យថា «រស់ជាវីរបុរសក្នុងចំណោមមនុស្ស ស្លាប់ជាវិញ្ញាណក្លាហានក្នុងចំណោមខ្មោច»។ ខ្ញុំជឿថា ទោះបីជាខ្ញុំស្ថិតនៅក្នុងក្រុមមនុស្សណាក៏ដោយ ខ្ញុំត្រូវតែទទួលបានការឱ្យតម្លៃ និងការកោតសរសើរ មានតែធ្វើបែបនេះទេ ទើបរស់នៅមិនឥតប្រយោជន៍។ ខ្ញុំចាំបានថា តាំងពីខ្ញុំនៅក្មេង ខ្ញុំមានគំនិតចង់ឈ្នះគេខ្លាំងណាស់ ហើយក៏ខ្វល់ពីរឿងមុខមាត់ខ្លាំងដែរ ដោយមិនចង់ឱ្យគេមើលងាយឡើយ មិនថាខ្ញុំធ្វើអ្វីក៏ដោយ។ កាលខ្ញុំនៅតូច គ្រួសារខ្ញុំក្រីក្រ ដូច្នេះខ្ញុំក៏ខិតខំរៀនសូត្រ។ ខ្ញុំធ្វើជាប្រធានថ្នាក់អស់រយៈពេលដប់ឆ្នាំ តាំងពីបឋមសិក្សារហូតដល់វិទ្យាល័យ។ ជញ្ជាំងនៅផ្ទះ គឺបិទពេញទៅដោយប័ណ្ណសរសើរផ្សេងៗរបស់ខ្ញុំ។ គ្រូបង្រៀន សាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំ សុទ្ធតែបានសរសើរខ្ញុំ ហើយមិត្តរួមថ្នាក់ក៏គោរពកោតសរសើរខ្ញុំដែរ។ ខ្ញុំបានរស់នៅក្នុងភាពរុងរឿងនោះ ហើយមានមោទនភាពខ្លាំងណាស់ ដោយតែងតែដើរងើបមុខជានិច្ច។ ប៉ុន្តែមុនពេលប្រឡងចូលសាកលវិទ្យាល័យ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀនដោយសារតែមានជំងឺ។ នៅពេលនោះ ខ្ញុំមិនអាចទទួលយកការពិតដ៏ឃោរឃៅនេះបានទេ។ ចាប់ពីពេលនោះមក ខ្ញុំមិនអាចស្ដារខ្លួនឯងឡើងវិញបានទេ ហើយក៏មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ បន្ទាប់ពីខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ខ្ញុំនៅតែដេញតាមការកោតសរសើរពីអ្នកដទៃដដែល។ ទោះបីជាគុណសម្បត្តិ និងជំនាញរបស់ខ្ញុំស្ថិតក្នុងកម្រិតមធ្យម ហើយខ្ញុំមិនអាចរ៉ាប់រងការងារសំខាន់ៗបានក៏ដោយ ក៏ខ្ញុំនៅតែចង់ក្លាយជាមនុស្សសំខាន់ម្នាក់ និងមិនចង់ឱ្យគេមើលងាយដែរ។ នៅពេលដែលអ្នកដឹកនាំតែងតែចាត់តាំងឱ្យខ្ញុំធ្វើកិច្ចការទូទៅ សេចក្ដីអំនួតរបស់ខ្ញុំមិនអាចបំពេញបានឡើយ ហើយខ្ញុំក៏ធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមាន។ ខ្ញុំមិនពេញចិត្ត និងមិនព្រមទទួលយកវាទេ ថែមទាំងមានគំនិតមិនល្អចំពោះអ្នកដឹកនាំទៀតផង។ ខ្ញុំបានបំពេញភារកិច្ចឱ្យតែរួចពីដៃ និងបង្គ្រប់កិច្ច ហើយថែមទាំងគិតចង់ទៅរកការងារក្រៅម៉ោងធ្វើទៀតផង។ នេះហើយគឺជាខ្ញុំដែលរត់គេចពីបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំ ហើយតាមសារជាតិពិត គឺជាការក្បត់ព្រះជាម្ចាស់។ ខ្ញុំបានឃើញថា ខ្ញុំមិនមែនបំពេញភារកិច្ចដើម្បីដេញតាមសេចក្តីពិត និងទទួលបានសេចក្ដីសង្គ្រោះនោះទេ តែគឺដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈទៅវិញ។ ខ្ញុំកំពុងតែដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទហើយ។ បើខ្ញុំមិនប្រែចិត្ត ហើយផ្លាស់ប្ដូរទេ មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវបានព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោលជាមិនខាន។ បន្ទាប់ពីនោះមក ខ្ញុំតែងតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឱ្យទ្រង់ដឹកនាំខ្ញុំ ដើម្បីកែប្រែសភាពមិនត្រឹមត្រូវរបស់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏យល់ពីផ្លូវដែលខ្ញុំគួរដើរក្នុងជំនឿលើព្រះជាម្ចាស់ ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «មនុស្សមួយចំនួនគ្រាន់តែស្កប់ស្កល់នឹងការបំពេញភារកិច្ចដ៏មានសិរីរុងរឿង និងគួរឱ្យស្ញប់ស្ញែង ដោយមានអ្នកដទៃគោរព និងច្រណែនពួកគេប៉ុណ្ណោះ។ តើរឿងទាំងនេះមានប្រយោជន៍អ្វីដែរឬទេ? រឿងទាំងនេះមិនស្មើនឹងការសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមែនជារង្វាន់មកពីទ្រង់ដែរ។ ដូច្នេះ ទោះបីជាអ្នកបំពេញភារកិច្ចអ្វីក៏ដោយ វាគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ វាមិនមែនជាអចិន្ត្រៃយ៍ទេ។ ថាតើមនុស្សម្នាក់អាចសម្រេចបានសេចក្ដីសង្រ្គោះនៅទីបញ្ចប់ឬអត់ គឺមិនអាស្រ័យលើភារកិច្ចដែលពួកគេធ្វើនោះទេ ប៉ុន្តែអាស្រ័យលើថាតើពួកគេអាចយល់ និងទទួលបានសេចក្ដីពិត ហើយនៅទីបញ្ចប់ សម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង និងអនុញ្ញាតឱ្យខ្លួនពួកគេស្ថិតក្រោមការចាត់ចែងរបស់ទ្រង់ ដោយលែងគិតគូរដល់អនាគត និងវាសនារបស់ពួកគេទៀត ហើយក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាដែរឬទេ។ ព្រះជាម្ចាស់សុចរិត និងបរិសុទ្ធ ទ្រង់ប្រើស្ដង់ដានេះដើម្បីវាស់ស្ទង់មនុស្សជាតិទាំងមូល ហើយស្ដង់ដានេះនឹងមិនដែលផ្លាស់ប្ដូរឡើយ អ្នកត្រូវតែចងចាំរឿងនេះ។ ចូរចងចាំស្ដង់ដានេះឱ្យបានខ្ជាប់ខ្ជួននៅក្នុងគំនិតរបស់អ្នក ហើយកុំគិតចង់ចាកចេញពីផ្លូវនៃការដេញតាមសេចក្ដីពិត ដើម្បីទៅដេញតាមរឿងដែលមិនពិតប្រាកដទាំងនោះឱ្យសោះ។ ស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់សម្រាប់អស់អ្នកដែលត្រូវទទួលបានសេចក្ដីសង្គ្រោះ គឺមិនផ្លាស់ប្ដូរជារៀងរហូត។ វាស្ថិតនៅដដែល មិនថាអ្នកជានរណាក៏ដោយ។ អ្នកអាចសម្រេចបានសេចក្ដីសង្រ្គោះ លុះត្រាតែជឿលើព្រះជាម្ចាស់ស្របតាមស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់ប៉ុណ្ណោះ។ ប្រសិនបើអ្នកស្វែងរកផ្លូវមួយផ្សេងទៀត ហើយដេញតាមរឿងដែលស្រពេចស្រពិល ព្រមទាំងស្រមើស្រមៃថាអ្នកនឹងទទួលបានជោគជ័យដោយសារសំណាង នោះអ្នកគឺជាមនុស្សដែលទាស់ទទឹង និងក្បត់ព្រះជាម្ចាស់ ហើយអ្នកប្រាកដជានឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោសជាមិនខាន» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ព្រះជាម្ចាស់មិនទតមើលអ្វីដែលអ្នកនិយាយ ឬសន្យានៅចំពោះព្រះអង្គឡើយ ព្រះអង្គទតមើលថាតើអ្វីដែលអ្នកធ្វើមានតថភាពនៃសេចក្ដីពិតដែរឬទេ។ ព្រះជាម្ចាស់មិនទតមើលថាតើពាក្យសម្ដីរបស់អ្នកខ្ពង់ខ្ពស់ ស៊ីជម្រៅ ឬអស្ចារ្យប៉ុនណានោះទេ។ ទោះបីជាអ្នកធ្វើរឿងតូចតាចក៏ដោយ ប្រសិនបើព្រះជាម្ចាស់ទតឃើញភាពស្មោះសររបស់អ្នកនៅក្នុងគ្រប់សកម្មភាពរបស់អ្នក ព្រះអង្គនឹងមានព្រះបន្ទូលថា៖ 'មនុស្សម្នាក់នេះជឿលើខ្ញុំដោយស្មោះសរ។ គេមិនដែលអួតអាងធំដុំឡើយ។ គេរក្សាឋានៈដ៏ត្រឹមត្រូវរបស់ខ្លួន។ ទោះបីជាគេមិនបានធ្វើការរួមចំណែកធំដុំសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយមានគុណសម្បត្តិអន់ក៏ដោយ តែនៅក្នុងគ្រប់យ៉ាងដែលគេធ្វើ គេមានភាពប្រាកដប្រជា និងមានភាពស្មោះសរ'។ តើពាក្យ 'ភាពស្មោះសរ' នេះមានផ្ទុកអ្វីខ្លះ? វាមានផ្ទុកនូវការកោតខ្លាច និងការចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ នៅក្នុងនោះមានអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ចង់ទតឃើញ។ មនុស្សប្រភេទនេះ មិនចាំបាច់ជាមនុស្សដែលអ្នកដទៃគោរពឱ្យតម្លៃខ្ពស់នោះទេ គេអាចជាអ្នកទទួលភ្ញៀវ ឬជាអ្នកដែលបំពេញភារកិច្ចធម្មតាមួយ។ គេអាចជាមនុស្សមិនលេចធ្លោចំពោះអ្នកដទៃ មិនសម្រេចបានស្នាដៃធំដុំអ្វីឡើយ ហើយគ្មានអ្វីដែលធ្វើឱ្យអ្នកដទៃគោរព កោតសរសើរ ឬច្រណែនគេឡើយ គេអាចគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ គេមានអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់តម្រូវ គេអាចសម្ដែងចេញនូវរឿងទាំងនោះបាន ហើយគេអាចថ្វាយរឿងទាំងនោះដល់ព្រះជាម្ចាស់បាន។ ការណ៍នេះធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយព្រះអង្គមិនចង់បានអ្វីផ្សេងទៀតឡើយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានបន្ទូលទាំងពីរវគ្គនេះរួច ចិត្តរបស់ខ្ញុំភ្លឺស្វាងជាងមុនច្រើន។ មិនថាអ្នកទទួលបានការកោតសរសើរពីអ្នកដទៃនៅក្នុងភារកិច្ចរបស់អ្នក ឬអត់នោះ វាមិនសំខាន់ឡើយ វាមិនអាចកំណត់ពីលទ្ធផល និងគោលដៅចុងក្រោយរបស់អ្នកបានទេ។ ការបំពេញភារកិច្ច គ្រាន់តែជាផ្លូវដែលយើងត្រូវដេញតាម និងទទួលបានសេចក្តីពិតប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនត្រូវការឱ្យយើងសម្រេចបាននូវរឿងអស្ចារ្យធំដុំនោះទេ ហើយទ្រង់ក៏មិនតម្រូវឱ្យយើងទទួលបានឋានៈខ្ពស់ដែរ។ ព្រះជាម្ចាស់សង្ឃឹមថា យើងអាចប្រព្រឹត្តខ្លួនឱ្យស័ក្តិសមនឹងតួនាទីរបស់យើង ហើយបំពេញភារកិច្ចរបស់យើងដោយជាក់ស្ដែង អនុវត្តព្រះបន្ទូលរបស់ទ្រង់ និងបង្ហាញពីការចុះចូលដ៏ពិតប្រាកដចំពោះទ្រង់។ ខ្ញុំក៏បានដឹងដែរថា ដោយសារតែជំនាញសម្ដែងរបស់ខ្ញុំស្ថិតក្នុងកម្រិតមធ្យម ការឱ្យបងប្អូនប្រុសស្រីដែលមានជំនាញល្អជាង មកសម្ដែងក្នុងវីដេអូទីបន្ទាល់តាមរយៈបទពិសោធ នឹងទទួលបានលទ្ធផលល្អជាង ដែលមានប្រយោជន៍ដល់កិច្ចការផ្សាយដំណឹងល្អ។ លើសពីនេះទៅទៀត ខ្ញុំធ្លាប់ធ្វើការងារតុបតែងកែលម្អពីមុនមក ដូច្នេះ ការដែលអ្នកដឹកនាំរៀបចំឱ្យខ្ញុំជួយរៀបចំឆាក គឺផ្អែកលើជំនាញរបស់ខ្ញុំ ហើយវាពិតជាស័ក្តិសមណាស់។ ពួកជំនុំមានគោលការណ៍ក្នុងការរៀបចំភារកិច្ចរបស់មនុស្សម្នាក់ៗ ប៉ុន្តែខ្ញុំបែរជាគិតតែពីដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយចង់ធ្វើឱ្យគេកោតសរសើរខ្ញុំទៅវិញ ដោយតែងតែមានការទាមទារដ៏គ្មានហេតុផលរបស់ខ្លួនឯងជានិច្ច។ ខ្ញុំពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! តាមពិតទៅ ទោះបីជាការងារដែលអ្នកដឹកនាំចាត់តាំងឱ្យខ្ញុំ សុទ្ធតែជាការងារបន្ទាប់បន្សំដែលមិនសូវលេចធ្លោក៏ដោយ ក៏វានៅតែជាភារកិច្ចដែលខ្ញុំគួរធ្វើដែរ ហើយខ្ញុំគួរតែធ្វើវាដោយយកចិត្តទុកដាក់ទើបត្រូវ។ ម្យ៉ាងទៀត មិនថាអ្នកបំពេញភារកិច្ចអ្វីនោះទេ គឺតែងតែមានគោលការណ៍សេចក្ដីពិតដែលត្រូវអនុវត្ត និងចូលទៅក្នុងជានិច្ច។ បើសិនជាខ្ញុំបានចុះចូល និងសហការអស់ពីសមត្ថភាពរបស់ខ្ញុំ នោះខ្ញុំមិនត្រឹមតែអាចរួមចំណែកដល់កិច្ចការរបស់ពួកជំនុំប៉ុណ្ណោះទេ តែខ្ញុំថែមទាំងអាចមានឱកាសកាន់តែច្រើន ក្នុងការស្វែងរក និងយល់ពីសេចក្តីពិតទៀតផង។ ឧទាហរណ៍ ក្នុងការរៀបចំឆាក អ្នកត្រូវគិតពីរបៀបសន្សំសំចៃសម្ភារៈ និងសហការគ្នាយ៉ាងរលូនជាមួយផ្នែកកាមេរ៉ា និងផ្នែកភ្លើង ដើម្បីធ្វើឱ្យទិដ្ឋភាពឆាកកាន់តែទាក់ទាញ។ ភារកិច្ចខាងកិច្ចការទូទៅ គឺពាក់ព័ន្ធនឹងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់គ្រឿងសម្ភារៈផ្សេងៗឱ្យបានសមស្រប ពេលធ្វើម្ហូប អ្នកត្រូវគិតពីរបៀបធ្វើឱ្យម្ហូបមានជីវជាតិ មានអនាម័យ និងល្អចំពោះសុខភាព។ រាល់ភារកិច្ចនីមួយៗ សុទ្ធតែពាក់ព័ន្ធនឹងគោលការណ៍នៅក្នុងផ្នែកជាច្រើនផ្សេងៗគ្នា ហើយវាមិនងាយស្រួលទេ ក្នុងការបំពេញវាឱ្យត្រូវតាមស្ដង់ដារនោះ។ កាលពីមុន ដោយសារតែការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ខ្ញុំបានដើរលើផ្លូវខុសហើយ។ វាមិនត្រឹមតែធ្វើឱ្យការចូលទៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់រងការខាតបង់ប៉ុណ្ណោះទេ តែវាក៏មានផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់ភារកិច្ចរបស់ខ្ញុំផងដែរ។ ពេលនេះ ខ្ញុំគួរតែឱ្យតម្លៃចំពោះឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយក្នុងពេលបំពេញភារកិច្ច ត្រូវផ្ដោតលើការចូលទៅក្នុងជីវិតរបស់ខ្ញុំ ដោយស្វែងរកសេចក្តីពិត និងអនុវត្តតាមគោលការណ៍។ ក្រោយមក មានរឿងមួយបានកើតឡើង ដែលធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនយ៉ាងខ្លាំង។ តួសម្ដែងម្នាក់ត្រូវបានគេដកហូតតំណែង ដោយសារតែនិស្ស័យពុករលួយដ៏ធ្ងន់ធ្ងររបស់គាត់៖ គាត់មិនព្រមទទួលយកយោបល់របស់អ្នកដទៃ មិនអាចសហការគ្នាយ៉ាងរលូនជាមួយបងប្អូនប្រុសស្រី ហើយបដិសេធមិនព្រមកែប្រែខ្លួន ទោះបីជាមានការប្រកបគ្នាជាច្រើនដងក៏ដោយ ដែលបានប៉ះពាល់ដល់លទ្ធផលនៃភារកិច្ចរបស់គាត់។ រឿងនេះបានធ្វើឱ្យខ្ញុំគិតយ៉ាងស៊ីជម្រៅ។ ជំនាញរបស់តួសម្ដែងម្នាក់នេះគឺល្អគួរសមដែរ ប៉ុន្តែគាត់មាននិស្ស័យពុករលួយយ៉ាងធ្ងន់ធ្ងរ ហើយមិនដែលស្វែងរកសេចក្តីពិតដើម្បីដោះស្រាយវាឡើយ ចុងក្រោយ គាត់ក៏ត្រូវបានគេដកហូតតំណែង។ ខ្ញុំបានឃើញថា ផ្លូវដែលអ្នកដើរនៅក្នុងភារកិច្ចរបស់អ្នក គឺពិតជាសំខាន់ខ្លាំងណាស់។ បើសិនជាអ្នកមិនដេញតាមសេចក្តីពិតទេ ទោះបីជាអ្នកមានឋានៈខ្ពស់ ឬទទួលបានការកោតសរសើរប៉ុនណាក៏ដោយ ចុងបញ្ចប់ អ្នកនឹងត្រូវបរាជ័យជាមិនខាន។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំសុខចិត្តប្រែចិត្តហើយ។ ទូលបង្គំលែងចង់ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈទៀតហើយ។ ទូលបង្គំសុខចិត្តចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់»។

មិនយូរប៉ុន្មាន អ្នកដឹកនាំបានសួរខ្ញុំថា តើខ្ញុំសុខចិត្តធ្វើការពេញម៉ោងក្នុងការធ្វើម្ហូបនៅក្នុងផ្ទះបាយដែរឬទេ។ ខ្ញុំគិតក្នុងចិត្តថា «ពីមុន ខ្ញុំគ្រាន់តែជួយជាបណ្ដោះអាសន្នប៉ុណ្ណោះ។ បើខ្ញុំយល់ព្រម ខ្ញុំនឹងត្រូវធ្វើម្ហូបក្នុងរយៈពេលយូរ។ តើវាមិនមានន័យថា ខ្ញុំនឹងគ្មានឱកាសធ្វើជាតួសម្ដែងម្ដងទៀតទេឬអី? តើគ្រប់គ្នានឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំត្រូវគេជម្រុះចោល ដោយសារតែជំនាញរបស់ខ្ញុំមិនល្អគ្រប់គ្រាន់ទេដឹង?» ខ្ញុំមានអារម្មណ៍ប្រទាញប្រទង់ក្នុងចិត្ត ប៉ុន្តែបន្ទាប់មក ខ្ញុំបានដឹងថា នេះគឺជាការល្បងលរបស់ព្រះជាម្ចាស់មកលើខ្ញុំ ដើម្បីមើលថាតើខ្ញុំអាចចុះចូលបានឬអត់។ ដូច្នេះ ខ្ញុំក៏បានទទួលយកភារកិច្ចនេះ។ ក្រោយមក អ្នកដឹកនាំបានឱ្យខ្ញុំរ៉ាប់រងភារកិច្ចទាំងបីក្នុងពេលតែមួយ គឺការសម្ដែង ការធ្វើម្ហូប និងកិច្ចការទូទៅ ដោយចាត់ចែងកិច្ចការទាំងនោះឱ្យបានបត់បែន ទៅតាមស្ថានភាពបន្ទាន់ និងសារៈសំខាន់របស់កិច្ចការទាំងនោះ។ ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែគិតដល់ព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «តើមុខងាររបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើតគឺជាអ្វី? រឿងនេះទាក់ទងនឹងការអនុវត្ត និងភារកិច្ចរបស់អ្នក។ អ្នកគឺជាភាវៈដែលព្រះបានបង្កើត ហើយប្រសិនបើព្រះជាម្ចាស់បានប្រទានអំណោយទាននៃការច្រៀងដល់អ្នក ហើយដំណាក់របស់ព្រះជាម្ចាស់រៀបចំឱ្យអ្នកច្រៀង នោះអ្នកត្រូវតែច្រៀងឱ្យបានល្អ។ ប្រសិនបើអ្នកមានអំណោយទាននៃការផ្សាយដំណឹងល្អ ហើយដំណាក់របស់ព្រះជាម្ចាស់រៀបចំឱ្យអ្នកផ្សាយដំណឹងល្អ នោះអ្នកគួរតែធ្វើវាឱ្យបានល្អ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បោះឆ្នោតឱ្យអ្នកធ្វើជាអ្នកដឹកនាំ អ្នកគួរតែទទួលយកការផ្ទុកផ្ដាក់នៃការដឹកនាំ ហើយដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត និងចូលទៅក្នុងតថភាព។ តាមរយៈការធ្វើដូច្នេះ អ្នកនឹងបានបំពេញភារកិច្ចរបស់អ្នកបានល្អ។ ការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺមានសារៈសំខាន់ និងមានអត្ថន័យខ្លាំងណាស់! ដូច្នេះ តើអ្នកគួរទទួលយកការផ្ទុកផ្ដាក់នេះ និងអនុវត្តមុខងាររបស់អ្នកដោយរបៀបណា? គេអាចនិយាយបានថា នេះគឺជាបញ្ហាដ៏ធំបំផុតមួយដែលអ្នកប្រឈមមុខ ជាពេលវេលាដ៏សំខាន់ដែលសម្រេចថា តើអ្នកអាចទទួលបានសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ។ អ្នកត្រូវតែធ្វើការជ្រើសរើស» («មានតែតាមរយៈការយល់ដឹងពីសេចក្តីពិតប៉ុណ្ណោះ ទើបមនុស្សអាចស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា មិនថាយើងបំពេញភារកិច្ចអ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ភាពខុសគ្នាគឺគ្រាន់តែនៅលើមុខងារ និងឈ្មោះប៉ុណ្ណោះ។ ទោះបីជាភារកិច្ចនោះជាអ្វីក៏ដោយ ក៏អត្តសញ្ញាណ និងសារជាតិរបស់យើង ក្នុងនាមជាភាវៈដែលព្រះបង្កើត គឺមិនផ្លាស់ប្ដូរទេ។ ពេលដែលគេត្រូវការឱ្យខ្ញុំស្រោចស្រពអ្នកមកថ្មី ខ្ញុំនឹងធ្វើជាអ្នកស្រោចស្រព។ ពេលដែលគេត្រូវការឱ្យខ្ញុំសម្ដែង ខ្ញុំនឹងធ្វើជាតួសម្ដែង។ ពេលដែលគេត្រូវការខ្ញុំសម្រាប់ការរៀបចំឆាក ខ្ញុំនឹងធ្វើជាអ្នករៀបចំឆាក។ ពេលដែលគេត្រូវការឱ្យខ្ញុំធ្វើម្ហូប ខ្ញុំនឹងធ្វើជាអ្នកជួយគាំទ្រ។ មិនថាភារកិច្ចរបស់ខ្ញុំផ្លាស់ប្ដូរយ៉ាងណានោះទេ ខ្ញុំនៅតែគ្រាន់តែជាភាវៈដែលព្រះបានបង្កើតមកដដែល។ អ្វីដែលខ្ញុំគួរធ្វើ គឺទទួលយក និងចុះចូល ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យអស់ពីចិត្ត និងអស់ពីកម្លាំង។ ម្យ៉ាងទៀត នៅពេលដែលខ្ញុំរ៉ាប់រងការងារបន្ទាប់បន្សំទាំងនេះ បងប្អូនប្រុសស្រីរបស់ខ្ញុំ នឹងមានកម្លាំង និងពេលវេលាកាន់តែច្រើន សម្រាប់ភារកិច្ចរបស់ពួកគេផ្ទាល់។ តើនេះមិនមែនមានន័យថា ខ្ញុំក៏កំពុងតែបំពេញចំណែករបស់ខ្ញុំដែរទេឬអី? ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំសុខចិត្តលះបង់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ទូលបង្គំចោល ហើយឈប់ស្វែងរកការកោតសរសើរពីអ្នកដទៃទៀតហើយ។ មិនថាទូលបង្គំបំពេញភារកិច្ចអ្វីនោះទេ គឺទូលបង្គំសុខចិត្តចុះចូលទាំងអស់»។ ចាប់ពីពេលនោះមក នៅពេលបំពេញភារកិច្ច ខ្ញុំលែងខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើខ្ញុំទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំបានដាក់ចិត្តដកពិសោធបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ខ្ញុំជារៀងរាល់ថ្ងៃ ហើយផ្ដោតលើការរៀនសូត្រមេរៀនរបស់ខ្ញុំ ដោយឆ្លុះបញ្ចាំងពីនិស្ស័យពុករលួយអ្វីខ្លះ ដែលខ្ញុំបានបញ្ចេញឱ្យឃើញនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ជួនកាល នៅពេលខ្ញុំឃើញថាខ្លួនឯងចេះតែកុហកដោយអចេតនា ខ្ញុំនឹងហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាមនុស្សស្មោះត្រង់ ស្របតាមការតម្រូវរបស់ព្រះជាម្ចាស់។ ជួនកាល នៅពេលដែលខ្ញុំកត់សម្គាល់ឃើញថា ខ្ញុំតែងតែចង់ឱ្យអ្នកដទៃស្ដាប់តាមខ្ញុំ ហើយមិនអាចទទួលយកយោបល់របស់ពួកគេបាន ខ្ញុំនឹងឆ្លុះបញ្ចាំង និងស្វែងយល់ពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំផ្ទាល់។ ភារកិច្ចផ្នែកកិច្ចការទូទៅ គឺពាក់ព័ន្ធនឹងកិច្ចការតូចតាចជាច្រើន ដូច្នេះ ខ្ញុំបានគិតពីរបៀបគ្រប់គ្រងពេលវេលារបស់ខ្ញុំឱ្យបានសមស្រប ដើម្បីឱ្យខ្ញុំអាចរ៉ាប់រងកិច្ចការទាំងនោះបានទាំងអស់។ បន្ទាប់ពីហ្វឹកហាត់ធ្វើម្ហូបបានមួយរយៈ ខ្ញុំក៏ដឹងថា ខ្ញុំបានចេះនូវជំនាញធ្វើម្ហូបជាមូលដ្ឋានមួយចំនួនហើយ។ នៅពេលដែលខ្ញុំឃើញថា ប្រដាប់ប្រដាផ្ទះបាយមួយចំនួនប្រើប្រាស់មិនសូវស្រួល ខ្ញុំក៏បាននឹកឃើញការកែច្នៃតូចតាចមួយចំនួន ដើម្បីធ្វើឱ្យរបស់ទាំងនោះកាន់តែប្រសើរឡើង ហើយគ្រប់គ្នានិយាយថា ពួកវាពិតជាប្រើស្រួលជាងមុនមែន។ ក្រោយមក នៅពេលមានអត្ថបទរឿងណាដែលស័ក្តិសមនឹងខ្ញុំ អ្នកដឹកនាំរឿងក៏បានឱ្យខ្ញុំសម្ដែងជាតួឯកដែរ ដែលនេះផ្ដល់ឱកាសឱ្យខ្ញុំបានហ្វឹកហាត់។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តយ៉ាងខ្លាំង។ នៅពេលដែលខ្ញុំបានកែប្រែផ្នត់គំនិតរបស់ខ្ញុំ ហើយប្រឈមមុខនឹងគ្រប់បញ្ហាដោយអាកប្បកិរិយាថ្មីនេះ ខ្ញុំលែងខ្វល់ពីគំនិតរបស់អ្នកដទៃមកលើខ្ញុំទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំបានទទួលយកកិច្ចការនីមួយៗជាការទទួលខុសត្រូវយ៉ាងស្មោះអស់ពីចិត្ត។ តាមរយៈការអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់។ ខ្ញុំទទួលបានផលខ្លះៗទាំងនៅក្នុងការចូលទៅក្នុងជីវិត និងជំនាញវិជ្ជាជីវៈរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍សុខសាន្ត និងក្ដីអំណរដ៏ពិសេសមួយនៅក្នុងចិត្ត។ អរព្រះគុណព្រះជាម្ចាស់! ទាំងអស់នេះគឺជាព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បន្ទាប់ពីការកុហក

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់...

ខ្ញុំលែងឱបដៃមើលពេលមានរឿងទៀតហើយ

ដោយ លោក ស្ទីវិន សហរដ្ឋអាមេរិកខ្ញុំរវល់ខ្លាំងនឹងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយមិនបានប្រឈមនឹងការលួសកាត់ និងសេចក្តីប្រៀនប្រដៅយូរគួរសមហើយ។...