ការឈឺចាប់ដែលមិនអាចលុបបាន

15-12-2025

ដោយ អ៊ូ ហ្វាន ប្រទេសចិន

ថ្ងៃមួយនាឆមាសទីពីរនៃឆ្នាំ ២០០២ ពេលកំពុងបំពេញភារកិច្ច ស្រាប់តែប៉ូលិសមកចាប់ខ្ញុំ។ ពួកគេបាននាំខ្ញុំទៅផ្ទះសំណាក់មួយ ហើយបានបង្ហាញខ្ញុំនូវវីដេអូដែលបានថតពីប្រតិបត្តិការធនាគាររបស់ខ្ញុំ ដោយសួរចម្លើយខ្ញុំឥតឈប់ថា ខ្ញុំបានលុយពីណា ខ្ញុំរស់នៅកន្លែងណា ហើយអ្នកណាជាអ្នកដឹកនាំពួកជំនុំ ជាដើម។ ពេលខ្ញុំបដិសេធមិនឆ្លើយ ពួកគេបានធ្វើទារុណកម្មខ្ញុំតាមវិធីផ្សេងៗ បង្ខំឲ្យខ្ញុំអង្គុយចោងហោង យកស្បែកជើងស្បែកមកវាយមុខខ្ញុំយ៉ាងសាហាវ និងមានប៉ូលិសជាងដប់នាក់បានសួរចម្លើយខ្ញុំ ដោយប្រើវិធី «បង្អត់ដំណេក» លើរូបខ្ញុំ។ មានន័យថា ពួកគេមិនឲ្យខ្ញុំគេងទេ។ រាល់ពេលដែលខ្ញុំបិទភ្នែក ប៉ូលិសបានទះកំផ្លៀងខ្ញុំយ៉ាងខ្លាំង ឬទាត់ខ្ញុំយ៉ាងសាហាវ ឬស្រែកខ្លាំងៗដាក់ត្រចៀកខ្ញុំភ្លាមៗ។ ដោយសារតែមិនបានគេងជាច្រើនថ្ងៃ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ក្តៅខ្លួនខ្លាំង វិលមុខ និងឮសូរក្នុងត្រចៀក។ ខ្ញុំថែមទាំងចាប់ផ្ដើមមើលឃើញរូបភាពត្រួតគ្នាទៀតផង។

នៅថ្ងៃទីម្ភៃ នៃការធ្វើទារុណកម្មរបស់ប៉ូលិស រាងកាយខ្ញុំបានឈានដល់ដែនកំណត់របស់វា។ ខ្ញុំបានដួលលើដី ហើយគ្មានកម្លាំងក្រោកឡើងទេ។ ខ្ញុំបើកភ្នែកមិនរួច ហើយស្មារតីរបស់ខ្ញុំក៏ចាប់ផ្ដើមស្រពិចស្រពិលដែរ។ សូម្បីតែដកដង្ហើមក៏ពិបាកដែរ។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចនឹងស្លាប់នៅពេលណាមួយ។ ខ្ញុំពោរពេញដោយការភ័យខ្លាច ដោយមិនអាចឈប់គិតពីម្តាយ ប្រពន្ធ និងកូនៗរបស់ខ្ញុំបានទេ។ ខ្ញុំបារម្ភថា បើខ្ញុំស្លាប់ទៅ ពួកគាត់នឹងមិនអាចទទួលយកបាន ហើយប៉ះពាល់ផ្លូវចិត្តខ្លាំង តើពួកគេនឹងរស់នៅបន្តទៅទៀតដោយរបៀបណា? នៅក្នុងភាពស្រពិចស្រពិល ខ្ញុំបានឮប៉ូលិសនិយាយថា «ទោះមនុស្សក្បាលរឹងដូចឯងស្លាប់ទៅក៏ដោយ ក៏ការស្លាប់របស់ឯងនឹងគ្មានប្រយោជន៍ដែរ! យើងនឹងកប់ឯងនៅកន្លែងណាមួយ ដែលគ្មាននរណាដឹងទេ!» ពួកគេក៏បាននិយាយទៀតថា «គ្រាន់តែប្រាប់យើងពីកន្លែងដែលឯងរស់នៅមក នោះយើងនឹងបិទសំណុំរឿង! យើងមិនចង់រងទុក្ខដាច់យប់ជាមួយឯងបែបនេះទេ»។ ខ្ញុំបានគិតក្នុងចិត្តថា «បើខ្ញុំមិននិយាយអ្វីនៅយប់នេះ ខ្ញុំនឹងមិនអាចឆ្លងផុតបានទេ។ ខ្ញុំអាចប្រាប់ពួកគេពីរឿងមិនសំខាន់ខ្លះបាន»។ ខ្ញុំបានគិតអំពីបងស្រីចំណាស់ដែលបានទទួលខ្ញុំ។ គាត់ដឹងតិចតួចណាស់អំពីកិច្ចការរបស់ពួកជំនុំ។ បើខ្ញុំសារភាពថារស់នៅផ្ទះគាត់ វានឹងមិនបង្កគ្រោះថ្នាក់ដល់ពួកជំនុំទេ មែនទេ? គេបានចាប់ខ្លួនខ្ញុំម្ភៃថ្ងៃហើយ ហើយសៀវភៅព្រះបន្ទូលព្រះជាម្ចាស់នៅផ្ទះគាត់ ក៏គួរតែត្រូវបានរើចេញតាំងពីយូរយារណាស់មកហើយដែរ។ បើពួកគេរកមិនឃើញភស្តុតាងណាមួយទេ ប៉ូលិសប្រហែលជាមិនអាចធ្វើអ្វីបងស្រីនោះបានទេ។ ដោយគិតបែបនេះ ខ្ញុំមិនដឹងថាត្រូវអធិស្ឋានបែបណាទៅព្រះជាម្ចាស់ឡើយ ហើយនៅពេលដែលប៉ូលិសបង្ហាញផ្ទះបងស្រីនេះដល់ខ្ញុំ ខ្ញុំក៏បានទទួលស្គាល់ថាជាផ្ទះរបស់គាត់ ហើយថែមទាំងបានប្រាប់ពីចំនួនសមាជិកនៅក្នុងគ្រួសាររបស់គាត់ទៀតផង។ ពេលពាក្យទាំងនោះចេញពីមាត់ខ្ញុំភ្លាម គំនិតខ្ញុំក៏បានភ្លឺស្វាងឡើងភ្លាមៗ ហើយខ្ញុំបានដឹងថា ខ្ញុំបានក្លាយជាយូដាស។ ខ្ញុំកាន់តែភ័យខ្លាចខ្លាំងឡើង ហើយខ្លួនប្រាណខ្ញុំក៏ស្ពឹកអស់។ ខ្ញុំបានបន្ទោសខ្លួនឯង ហើយមានវិប្បដិសារីយ៉ាងខ្លាំង ដោយស្អប់ខ្លួនឯងថា ម៉េចក៏ខ្ញុំអាចក្លាយជាយូដាស និងក្បត់បងស្រីបែបនេះ។ ខ្ញុំប្រាថ្នាឲ្យពេលវេលាអាចត្រឡប់ថយក្រោយ ដើម្បីឲ្យខ្ញុំអាចដកពាក្យដែលខ្ញុំបាននិយាយមកវិញ ប៉ុន្តែវាបានយឺតពេលអស់ហើយ។ ខ្ញុំបានគិតអំពីរបៀបដែលបងស្រីបានទទួលខ្ញុំ ដោយមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ តែខ្ញុំបែរជាក្បត់គាត់ដើម្បីសង្គ្រោះខ្លួនឯងទៅវិញ មនសិការខ្ញុំកាន់តែធ្វើទុក្ខខ្ញុំ ហើយខ្ញុំស្អប់ខ្លួនឯងដែលគ្មានភាពជាមនុស្សសោះ ជាពិសេសនៅពេលដែលខ្ញុំនឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថា គ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឱ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត» (ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះបានចាក់ដោតក្នុងបេះដូងខ្ញុំ ដូចត្រូវចាក់នឹងកាំបិត។ ហើយមនសិការខ្ញុំរងការការចោទប្រកាន់ និងថ្កោលទោសកាន់តែខ្លាំង។ ខ្ញុំដឹងក្នុងចិត្តខ្ញុំថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត និងបរិសុទ្ធ មិនអាចអត់ឱនបានចំពោះការប្រមាថរបស់មនុស្សឡើយ។ ព្រះជាម្ចាស់ស្អប់អ្នកដែលក្បត់ទ្រង់ និងក្បត់បងប្អូនប្រុសស្រី ដើម្បីសង្គ្រោះខ្លួនឯង។ ដោយបានក្បត់បងស្រី ខ្ញុំបានក្លាយជាយូដាសដ៏គួរឲ្យអាម៉ាស់ ហើយខ្ញុំបានធ្វើឲ្យព្រះជាម្ចាស់ឈឺចាប់។ ពេលនេះ ព្រះជាម្ចាស់មិនអាចសង្គ្រោះខ្ញុំបានទៀតទេ គឺខ្ញុំខ្លួនឯងដែលបានកាត់ផ្ដាច់ផ្លូវនៃជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ពេលគិតដល់រឿងទាំងអស់នេះ បេះដូងខ្ញុំហាក់ដូចជាត្រូវរហែកដោយការឈឺចាប់។ ខ្ញុំគេងមិនលក់ពីមួយយប់ទៅមួយយប់ ហើយខ្ញុំរស់នៅក្នុងភាពឈឺចាប់ និងការបន្ទោសខ្លួនឯង។ ខ្ញុំជំពាក់គុណព្រះជាម្ចាស់ និងបងស្រីម្នាក់នោះ។ ខ្ញុំមិនអាចអត់ទោសឲ្យខ្លួនឯងបានទេ។ ក្រោយមក នៅពេលប៉ូលិសឃើញថា ពួកគេមិនអាចទទួលបានចម្លើយពីខ្ញុំទៀត ពួកគេក៏បានប្រឌិតការចោទប្រកាន់មកលើខ្ញុំ ហើយកាត់ទោសខ្ញុំឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ។ ពេលនោះ រាងកាយខ្ញុំខ្សោយណាស់ ខ្ញុំចាប់ផ្ដើមហត់ដង្ហក់ខ្លាំង ក្រោយពេលដើរបានតែពីរបីជំហាន ពេលចេញហាត់ប្រាណ។ ប៉ូលិសខ្លាចថា ពួកគេអាចបណ្ដាលឲ្យមានមនុស្សស្លាប់ ដូច្នេះ ពួកគេបានដោះលែងខ្ញុំឲ្យនៅក្រៅឃុំដោយសារបញ្ហាសុខភាព បន្ទាប់ពីឃុំខ្លួនបានហាសិបថ្ងៃ ប៉ុន្តែ ពួកគេមិនអនុញ្ញាតឲ្យខ្ញុំចាកចេញពីតំបន់នោះទេ។ ខ្ញុំត្រូវប្រាប់ពួកគេថាខ្ញុំនៅឯណាជារៀងរាល់ខែ ហើយផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរអំពីគំនិតរបស់ខ្ញុំនៅប៉ុស្តិ៍ប៉ូលីសរៀងរាល់បីខែម្តង។ ក្រោយមក ខ្ញុំបានដឹងថា ពេលនោះប៉ូលិសបានទៅផ្ទះបងស្រី ហើយគាត់ក៏មិនអាចបំពេញភារកិច្ចរបស់គាត់បានទៀតដែរ។

ខ្ញុំបាននៅផ្ទះជាងមួយខែ ប៉ុន្តែក្រោយមក ប៉ូលិសបានមកចាប់ខ្លួនខ្ញុំម្ដងទៀត ដូច្នេះ ខ្ញុំក៏ប្រញាប់រត់ភៀសខ្លួនទៅធ្វើការនៅទីក្រុងមួយទៀត។ មិនយូរប៉ុន្មាន ប៉ូលិសបានតាមរកខ្ញុំដល់ការដ្ឋានសំណង់ ដើម្បីចាប់ខ្លួនខ្ញុំ ហើយខ្ញុំបានរត់គេចពីការដ្ឋានទាំងយប់។ អំឡុងពេលនោះ គឺជាពេលដ៏ពិបាកបំផុតសម្រាប់ខ្ញុំ។ ខ្ញុំបានបាត់ទំនាក់ទំនងជាមួយពួកជំនុំ ហើយសាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំក៏បដិសេធខ្ញុំដែរ។ ខ្ញុំគ្មានកន្លែងលាក់ខ្លួន ដើររសាត់អណ្ដែតគ្រប់កន្លែង ដោយដេកនៅក្រោមស្ពានជារឿយៗ។ ពេលនោះ ខ្ញុំអស់សង្ឃឹមជាខ្លាំង ហាក់ដូចព្រះជាម្ចាស់លែងចង់បានខ្ញុំទៀតទេ។ ខ្ញុំដឹងថា ខ្ញុំបានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ ហើយសមនឹងទទួលការដាក់ទោសបែបនេះ។ តាមពិតទៅ ខ្ញុំអាចទ្រាំទ្រនឹងការរងទុក្ខខាងរូបកាយបាន ប៉ុន្តែ ការបាត់បង់ព្រះជាម្ចាស់ ជីវិតពួកជំនុំ និងឱកាសក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឲ្យខ្ញុំចង់ស្លាប់ជាងរស់ទៅទៀត។ ខ្ញុំមិនហ៊ានអធិស្ឋានដល់ព្រះជាម្ចាស់ទេ ហើយក៏មិនមានអារម្មណ៍ថាសមនឹងអធិស្ឋានដល់ទ្រង់ដែរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានក្លាយជាយូដាស ជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ តើព្រះជាម្ចាស់នឹងនៅតែស្ដាប់ការអធិស្ឋានរបស់ខ្ញុំទេ? ពីមួយយប់ទៅមួយយប់ ខ្ញុំគេងមិនលក់ទេ ហើយខ្ញុំពោរពេញដោយការសោកស្ដាយយ៉ាងខ្លាំង រហូតដល់ខ្ញុំមិនដឹងថា ខ្ញុំបានទះកំផ្លៀងខ្លួនឯងប៉ុន្មានដងទេ។ ហើយជាច្រើនដង ខ្ញុំចង់បញ្ចប់ការឈឺចាប់របស់ខ្ញុំដោយសេចក្ដីស្លាប់។ ក្រោយមក ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលព្រះជាម្ចាស់ ហើយចាប់ផ្ដើមយល់ថែមទៀតពីព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលថា៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេ ហើយអនាគតរបស់ពួកគេងងឹតអាប់អួរ។ មនុស្សមួយចំនួនរងទុក្ខឈានដល់កម្រិតមួយ រហូតដល់ថ្នាក់ចង់ស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងអសមត្ថភាព! ព្រះជាម្ចាស់មានព្រះទ័យចង់ឱ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ» (ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ស្ថានភាពដែលខ្ញុំកំពុងជួបនេះ គឺដោយសារតែសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ពោលគឺជាការតបស្នងដ៏ស័ក្តិសមចំពោះទង្វើដូចយូដាសរបស់ខ្ញុំ។ ទោះយ៉ាងណា ខ្ញុំត្រូវបានបង្កើតដោយព្រះជាម្ចាស់ ហើយខ្ញុំមិនគួរជ្រើសរើសសេចក្ដីស្លាប់សម្រាប់ខ្លួនឯងទេ ខ្ញុំគួរតែទទួលយកការដាក់ទោសរបស់ព្រះជាម្ចាស់។ នាពេលអនាគត បើខ្ញុំមានឱកាស ខ្ញុំនឹងបន្តដើរតាមព្រះជាម្ចាស់។ ទោះបីជាវាមានន័យថាត្រូវធ្វើការបម្រើព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំសុខចិត្តធ្វើដែរ។ ដូច្នេះ ខ្ញុំបានបោះបង់ចោលគំនិតចង់ស្លាប់ ហើយលុតជង្គង់អធិស្ឋានទាំងយំថា «ព្រះអង្គអើយ! ទូលបង្គំសមនឹងស្លាប់ណាស់ ទូលបង្គំសមនឹងត្រូវបណ្ដាសា...» អស់រយៈពេលជាយូរ ខ្ញុំអាចអធិស្ឋានតែប៉ុននេះប៉ុណ្ណោះដល់ព្រះជាម្ចាស់ មុនពេលខ្ញុំយំអធិស្ឋានលែងកើត។

នៅឆ្នាំ ២០០៨ បងប្អូនប្រុសស្រីបានរកខ្ញុំឃើញ ហើយបាននិយាយថា ការក្បត់របស់ខ្ញុំចំពោះបងស្រី គឺជាភាពទន់ខ្សោយមួយពេលនៃសាច់ឈាមរបស់ខ្ញុំ ដែលមិនបានបង្កការខាតបង់ធំដុំដល់ពួកជំនុំទេ។ ពួកគេបាននិយាយថា ខ្ញុំបានបំពេញភារកិច្ចជាប់លាប់ល្អ ហើយបន្ទាប់មក ពួកជំនុំបានចាត់តាំងភារកិច្ចឲ្យខ្ញុំម្ដងទៀត។ ពេលនោះ ខ្ញុំរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំជឿថា ខ្ញុំសមនឹងទទួលទោស ហើយត្រូវបញ្ជូនទៅនរក ដោយសារតែក្បត់ព្រះជាម្ចាស់ និងដើរតួជាយូដាស។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រព្រឹត្តចំពោះខ្ញុំតាមអំពើរំលងរបស់ខ្ញុំទេ ទ្រង់បានប្រទានឱកាសឲ្យខ្ញុំប្រែចិត្ត។ ខ្ញុំសោកស្ដាយ និងស្អប់ខ្លួនឯងកាន់តែខ្លាំង ដោយដឹងថា ខ្ញុំជំពាក់គុណព្រះជាម្ចាស់ច្រើនណាស់។ ខ្ញុំបានតាំងចិត្តថា មិនថាពួកជំនុំចាត់ភារកិច្ចអ្វីឲ្យខ្ញុំធ្វើនាពេលខាងមុខឡើយ ខ្ញុំនឹងសាទរ ហើយបំពេញភារកិច្ចទាំងនោះ ដើម្បីសងគុណព្រះជាម្ចាស់។ ក្រោយមក បក្សកុម្មុយនិស្តបានចាប់ផ្ដើមចាប់ខ្លួនពួកអ្នកជឿនៅតាមកន្លែងនានា ហើយអ្នកដឹកនាំពីរនាក់ពីពួកជំនុំរបស់យើងក៏ត្រូវបានចាប់ខ្លួនដែរ។ មិនយូរប៉ុន្មាន ខ្ញុំបានឮថា ពួកគេបានដើរតួជាយូដាស ហើយត្រូវបានបណ្ដេញចេញពីពួកជំនុំ។ ពេលនោះ ខ្ញុំបានគិតក្នុងចិត្តថា «បើពួកគេត្រូវបានបណ្ដេញចេញដោយសារតែក្លាយជាយូដាស ហើយខ្ញុំក៏បានប្រព្រឹត្តបែបនោះដែរ តើការបណ្ដេញចេញរបស់ខ្ញុំមិនយូរមិនឆាប់ទេឬ?» ពេលគិតដល់រឿងទាំងនេះ ដួងចិត្តខ្ញុំក៏ឈឺចាប់។ ខ្ញុំមានអារម្មណ៍ថា អំពើរំលងរបស់ខ្ញុំគឺធ្ងន់ធ្ងរពេកហើយ ហើយមិនថាខ្ញុំខំខ្លាំងប៉ុនណា ក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់សេចក្ដីសង្រ្គោះហាក់មានតិចតួចខ្លាំងណាស់។ ប្រហែលនៅថ្ងៃណាមួយ បើខ្ញុំធ្វើខុសក្នុងការបំពេញភារកិច្ច ពួកជំនុំអាចនឹងបណ្ដេញខ្ញុំចេញ។ ពេលនោះ ខ្ញុំសោកស្ដាយកាន់តែខ្លាំង ដោយស្អប់ខ្លួនឯងដែលមិនបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ ប្រសិនបើកាលនោះ ខ្ញុំបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ខ្ញុំក៏មិនរងទុក្ខបែបនេះដែរ។ ទាំងអស់នេះ ព្រោះតែខ្ញុំខ្លាចស្លាប់ខ្លាំងពេក ហើយជ្រើសរើសរស់នៅក្នុងជីវិតដ៏អាម៉ាស់។ បញ្ហាទាំងអស់នេះគឺខ្ញុំជាអ្នកបង្កឡើងដោយខ្លួនឯង ខ្ញុំមិនអាចបន្ទោសអ្នកណាបានទេ។ ដូច្នេះ ខ្ញុំបានខំបំពេញភារកិច្ចរបស់ខ្ញុំកាន់តែខ្លាំង ដោយសង្ឃឹមថានឹងប៉ះប៉ូវអំពើរំលងរបស់ខ្ញុំ ជាមួយនឹងអំពើល្អបន្ថែមទៀត។ រីឯព្រះពរ សេចក្ដីសន្យា និងព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការកម្សាន្តចិត្ត និងការលើកទឹកចិត្តដល់មនុស្ស ខ្ញុំយល់ថា ទាំងអស់នេះលែងពាក់ព័ន្ធអ្វីនឹងខ្ញុំទៀតហើយ។ ក្រោយមក នៅពេលខ្ញុំបានសហការរៀបចំឯកសារ ដើម្បីបណ្ដេញមនុស្ស រាល់ពេលដែលខ្ញុំប្រមូល និងរៀបចំឯកសារដែលទាក់ទងនឹងពួកយូដាសទាំងនោះ ខ្ញុំក៏នឹកឃើញដល់គ្រោះថ្នាក់ដែលខ្ញុំបានបង្កដល់បងស្រី ដោយសារតែការដើរតួជាយូដាសរបស់ខ្ញុំ។ រឿងនេះប្រៀបដូចជាស្នាមរលាកនៅក្នុងដួងចិត្តខ្ញុំអ៊ីចឹង។ រាល់ពេលដែលខ្ញុំគិតដល់រឿងនេះ ខ្ញុំរងការចោទប្រកាន់ ហើយឈឺចាប់ដូចគេចាក់មួយកាំបិតអ៊ីចឹង។ រឿងនេះបានក្លាយជាស្នាមប្រឡាក់ និងការឈឺចាប់ដ៏អស់កល្បនៅក្នុងបេះដូងខ្ញុំ។ ក្រោយមក ខ្ញុំបានកើតជំងឺផ្សេងៗ ដូចជា ជំងឺបេះដូង និងលើសសម្ពាធឈាម ហើយសុខភាពរបស់ខ្ញុំក៏កាន់តែទ្រុឌទ្រោមទៅៗ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា៖ តើខ្ញុំកំពុងតែទទួលកម្មពៀរឬ? ឬមួយក៏ព្រះជាម្ចាស់បានបោះបង់ខ្ញុំហើយ? ការនេះបានបណ្ដាលឲ្យមានការរងទុក្ខ និងភាពទន់ខ្សោយកាន់តែខ្លាំងនៅក្នុងចិត្តរបស់ខ្ញុំ។ ពេលខ្លះ នៅពេលខ្ញុំបង្ហាញសេចក្ដីពុករលួយក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំដឹងថា ខ្ញុំត្រូវស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ ប៉ុន្តែ នៅពេលខ្ញុំគិតដល់អំពើរំលងរបស់ខ្ញុំ និងធម្មជាតិរបស់វាធ្ងន់ធ្ងរកម្រិតណា ហើយខ្ញុំក៏ឆ្ងល់ថា៖ តើព្រះជាម្ចាស់អាចនៅតែសង្គ្រោះខ្ញុំបានទេ? តើទ្រង់នឹងនៅតែបំភ្លឺខ្ញុំឲ្យយល់ពីសេចក្ដីពិតទេ? ដូច្នេះ ខ្ញុំបានរស់នៅក្នុងសភាពធ្លាក់ទឹកចិត្តរហូតមក។

ថ្ងៃមួយ បងស្រីម្នាក់បានដឹងពីសភាពរបស់ខ្ញុំ ហើយបានប្រកបគ្នាអំពីបទពិសោធរបស់គាត់ ដើម្បីជួយខ្ញុំ។ គាត់ក៏បានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យខ្ញុំស្ដាប់ដែរ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «តើព្រះជាម្ចាស់កំណត់ថាតើមនុស្សម្នាក់នឹងត្រូវបានសង្គ្រោះឬអត់ ផ្អែកលើកម្រិតនៃសេចក្ដីពុករលួយរបស់ពួកគេមែនទេ? តើទ្រង់កំណត់ថាតើត្រូវជំនុំជម្រះ និងវាយផ្ចាលពួកគេឬអត់ ផ្អែកលើទំហំនៃអំពើរំលង ឬចំនួននៃសេចក្ដីពុករលួយរបស់ពួកគេមែនទេ? តើទ្រង់កំណត់គោលដៅ និងលទ្ធផលរបស់ពួកគេ ផ្អែកលើរូបរាង ប្រវត្តិគ្រួសារ កម្រិតនៃគុណសម្បត្តិ ឬផ្អែកលើថាតើពួកគេបានរងទុក្ខច្រើនប៉ុនណាមែនទេ? ព្រះជាម្ចាស់មិនប្រើប្រាស់ចំណុចទាំងនេះធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចព្រះទ័យរបស់ទ្រង់ឡើយ ហើយទ្រង់មិនទាំងទតមើលចំណុចទាំងនេះផង។ ហេតុនេះ អ្នកត្រូវតែយល់ថា ដោយសារព្រះជាម្ចាស់មិនវាស់វែងមនុស្សផ្អែកលើចំណុចទាំងនេះ ដូច្នេះ អ្នកក៏មិនគួរវាស់វែងមនុស្សដោយផ្អែកលើចំណុចទាំងនេះដែរ» (ដកស្រង់ពី «ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីព្រឹត្តិការណ៍ និងវត្ថុក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ព្រះជាម្ចាស់មិនកំណត់លទ្ធផល និងគោលដៅរបស់មនុស្ស ដោយផ្អែកលើទំហំនៃអំពើរំលង ឬកម្រិតនៃសេចក្ដីពុករលួយរបស់ពួកគេនោះឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ទតមើលថាតើមនុស្សម្នាក់ប្រែចិត្តដោយពិតប្រាកដឬអត់ បន្ទាប់ពីបានប្រព្រឹត្តអំពើរំលង ហើយនៅទីបំផុត ទ្រង់កំណត់លទ្ធផល និងគោលដៅរបស់មនុស្ស ដោយផ្អែកលើថាតើពួកគេមានសេចក្ដីពិតឬអត់ និងថាតើនិស្ស័យរបស់ពួកគេបានផ្លាស់ប្ដូរឬអត់។ ខ្ញុំគួរតែលះបង់សញ្ញាណផ្ទាល់ខ្លួនចោល ស្វែងរកសេចក្ដីពិត ឆ្លុះបញ្ចាំងពីខ្លួនឯង និងដោះស្រាយបញ្ហារបស់ខ្ញុំផ្ទាល់។ ការនេះគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយដឹងរឿងទាំងនេះ បានជួយស្រាយអារម្មណ៍លាក់ទុកជាច្រើនដែលខ្ញុំមានជាច្រើនឆ្នាំ។ ទាំងទឹកភ្នែកហូរស្រក់ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ! អស់ជាច្រើនឆ្នាំមកនេះ ទូលបង្គំបានរស់នៅក្នុងស្ថានភាពអវិជ្ជមាន ខ្វល់ខ្វាយអំពីអនាគត និងគោលដៅរបស់ទូលបង្គំ ហើយគ្មានចិត្តដេញតាមសេចក្ដីពិតសោះ។ អរព្រះគុណទ្រង់ដែលបានជួយទូលបង្គំតាមរយៈបងស្រី។ ទូលបង្គំសុខចិត្តប្រែចិត្តចំពោះទ្រង់។ ឱព្រះជាម្ចាស់អើយ! សូមដឹកនាំទូលបង្គំឲ្យដោះស្រាយបញ្ហារបស់ទូលបង្គំផ្ទាល់ផង»។

បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានអានអត្ថបទព្រះបន្ទូលព្រះជាម្ចាស់មួយ៖ «ក៏មានមូលហេតុមួយទៀតដែលនាំឱ្យមនុស្សធ្លាក់ក្នុងភាពអស់សង្ឃឹមដែរ នោះគឺដោយសារមានរឿងរ៉ាវជាក់លាក់ខ្លះកើតឡើងចំពោះពួកគេ មុនពេលពួកគេគ្រប់វ័យ ឬបន្ទាប់ពីពួកគេពេញវ័យហើយ ពោលគឺ ពួកគេបានប្រព្រឹត្តអំពើរំលងខ្លះៗ ឬបានធ្វើអំពើឆ្កួតលីលា អំពើល្ងង់ខ្លៅ និងអំពើដែលកើតពីការមិនចេះដឹង។ គឺដោយសារតែអំពើរំលងទាំងនេះ និងអំពើឆ្កួតលីលា ល្ងង់ខ្លៅដែលពួកគេបានប្រព្រឹត្ត ទើបធ្វើឱ្យពួកគេធ្លាក់ក្នុងភាពអស់សង្ឃឹម។ ភាពអស់សង្ឃឹមប្រភេទនេះ គឺជាការថ្កោលទោសខ្លួនឯង ហើយវាក៏ជាការចាត់ទុកខ្លួនឯងថាជាមនុស្សប្រភេទនោះដែរ។ ... នៅពេលណាដែលពួកគេស្ដាប់បទអធិប្បាយ ឬការប្រកបគ្នាអំពីសេចក្ដីពិត ភាពអស់សង្ឃឹមនេះក៏ជ្រៀតចូលបន្តិចម្ដងៗទៅក្នុងគំនិត និងជម្រៅដួងចិត្តរបស់ពួកគេ ហើយពួកគេក៏ចាប់ផ្ដើមចោទសួរខ្លួនឯងថា៖ 'តើខ្ញុំអាចធ្វើរឿងនេះបានទេ? តើខ្ញុំមានសមត្ថភាពដេញតាមសេចក្ដីពិតដែរឬទេ? តើខ្ញុំអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? តើខ្ញុំជាមនុស្សប្រភេទណា? ខ្ញុំធ្លាប់បានធ្វើរឿងនោះពីមុនមក ខ្ញុំធ្លាប់ជាមនុស្សប្រភេទនោះ។ តើខ្ញុំអស់សង្ឃឹមនឹងសង្គ្រោះហើយមែនទេ? តើព្រះជាម្ចាស់នៅតែសង្គ្រោះខ្ញុំដែរឬទេ?' ពេលខ្លះ មនុស្សមួយចំនួនអាចបោះបង់ចោលភាពអស់សង្ឃឹមរបស់ពួកគេបាន ហើយទុកវានៅដោយឡែក។ ពួកគេយកសេចក្ដីស្មោះត្រង់ និងកម្លាំងកាយចិត្តទាំងអស់ដែលពួកគេមាន មកបំពេញភារកិច្ច កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ពួកគេ ហើយថែមទាំងអាចយកអស់ពីចិត្តពីថ្លើមមកដេញតាមសេចក្ដីពិត និងរំពឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ប្រឹងប្រែងសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ក៏ប៉ុន្តែ នៅពេលដែលមានស្ថានភាព ឬកាលៈទេសៈពិសេសណាមួយកើតឡើងភ្លាម ភាពអស់សង្ឃឹមក៏ត្រឡប់មកគ្របសង្កត់លើពួកគេសាជាថ្មី ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនមានទោសម្ដងទៀតនៅក្នុងជម្រៅដួងចិត្ត។ ពួកគេគិតក្នុងចិត្តថា៖ 'អ្នកធ្លាប់បានធ្វើរឿងនោះពីមុនមក ហើយអ្នកធ្លាប់ជាមនុស្សប្រភេទនោះ។ តើអ្នកអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? តើការអនុវត្តសេចក្ដីពិតមានប្រយោជន៍អ្វីដែរ? តើព្រះជាម្ចាស់ទតឃើញអំពើដែលអ្នកបានប្រព្រឹត្តនោះយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នកចំពោះអំពើដែលអ្នកបានប្រព្រឹត្តដែរឬទេ? តើការលះបង់បែបនេះនៅពេលនេះ អាចលុបលាងអំពើរំលងនោះបានដែរឬទេ?' ពួកគេតែងតែស្ដីបន្ទោសខ្លួនឯង និងមានអារម្មណ៍ថាខ្លួនមានទោសនៅក្នុងជម្រៅដួងចិត្ត ហើយពួកគេតែងតែមានសេចក្ដីសង្ស័យ និងចោទសួរខ្លួនឯងជានិច្ច។ ពួកគេមិនអាចបោះបង់ចោលភាពអស់សង្ឃឹមនេះ ឬក៏រលាស់វាចោលបានឡើយ ហើយពួកគេមានអារម្មណ៍មិនសុខក្នុងចិត្តជានិរន្តរ៍ចំពោះអំពើដ៏គួរឱ្យខ្មាសអៀនដែលពួកគេបានប្រព្រឹត្ត។ ដូច្នេះ ទោះបីជាបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ប្រៀបដូចជាពួកគេមិនដែលបានស្ដាប់នូវអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ហើយក៏មិនបានយល់ដែរ។ ប្រៀបដូចជាពួកគេមិនដឹងថា តើការទទួលបានសេចក្ដីសង្គ្រោះទាក់ទងនឹងពួកគេដែរឬទេ តើពួកគេអាចទទួលការអត់ទោស និងការប្រោសលោះបានដែរឬទេ ឬថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរឬទេ។ ពួកគេមិនដឹងអ្វីទាំងអស់អំពីរឿងទាំងនេះឡើយ។ ដោយសារតែពួកគេមិនបានទទួលចម្លើយណាមួយ ហើយដោយសារតែពួកគេមិនទទួលបានការវិនិច្ឆ័យដ៏ត្រឹមត្រូវណាមួយ ទើបពួកគេមានអារម្មណ៍អស់សង្ឃឹមជានិច្ចនៅក្នុងជម្រៅដួងចិត្ត។ នៅក្នុងជម្រៅដួងចិត្ត ពួកគេនឹកឃើញអំពើដែលពួកគេបានប្រព្រឹត្តម្ដងហើយម្ដងទៀត ពួកគេនឹកឃើញវានៅក្នុងគំនិតម្ដងហើយម្ដងទៀត ចាំពីរបៀបវាចាប់ផ្តើម និងរបៀបដែលវាបញ្ចប់ ដោយចងចាំពីដើមដល់ចប់។ ទោះបីជានឹកឃើញបែបណាក៏ដោយ ក៏ពួកគេតែងតែមានអារម្មណ៍ថាខ្លួនមានបាបដែរ ហេតុដូច្នេះហើយ ទើបពួកគេមានអារម្មណ៍អស់សង្ឃឹមចំពោះរឿងនេះជាប់ជានិច្ចអស់ជាច្រើនឆ្នាំ។ សូម្បីតែនៅពេលដែលពួកគេកំពុងបំពេញភារកិច្ច សូម្បីតែនៅពេលដែលពួកគេទទួលខុសត្រូវលើការងារជាក់លាក់ណាមួយ ក៏ពួកគេនៅតែមានអារម្មណ៍ថា ខ្លួនគ្មានសង្ឃឹមនឹងបានសង្គ្រោះដែរ។ ហេតុដូច្នេះហើយ ពួកគេមិនដែលប្រឈមមុខនឹងបញ្ហានៃការដេញតាមសេចក្ដីពិតដោយត្រង់ ហើយចាត់ទុកវាជារឿងដែលត្រឹមត្រូវ និងសំខាន់បំផុតនោះឡើយ។ ពួកគេគ្រាន់តែជឿថា កំហុសដែលពួកគេបានប្រព្រឹត្ត ឬអំពើដែលពួកគេបានធ្វើកាលពីអតីតកាលនោះ ត្រូវបានមនុស្សភាគច្រើនមិនយល់ស្រប ឬត្រូវគេថ្កោលទោស និងស្អប់ខ្ពើម ឬថែមទាំងត្រូវបានព្រះជាម្ចាស់ថ្កោលទោសទៀតផង ហើយថា ទោះបីជាពួកគេដេញតាមសេចក្ដីពិតនៅពេលអនាគតក៏ដោយ ក៏ពួកគេមិនអាចបានសង្គ្រោះដែរ។ មិនថា កិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ដំណាក់កាលណា ឬទ្រង់បានមានព្រះបន្ទូលប៉ុន្មានទេ ក៏ពួកគេមិនដែលប្រឈមមុខនឹងបញ្ហានៃការដេញតាមសេចក្ដីពិតតាមរបៀបដែលត្រឹមត្រូវដែរ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែសេចក្ដីសន្និដ្ឋានចុងក្រោយដែលពួកគេទាញចេញពីបទពិសោធន៍នៃរឿងបែបនេះ គឺខុសឆ្គង ហេតុដូច្នេះហើយ ទើបពួកគេមិនអាចបោះបង់ចោលភាពអស់សង្ឃឹមរបស់ពួកគេបាន» (ដកស្រង់ពី «របៀបដេញតាមសេចក្ដីពិត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជ្រាបចូលក្នុងបេះដូងខ្ញុំ ហើយអ្វីដែលត្រូវបានបើកសម្ដែងគឺជាសភាពពិតរបស់ខ្ញុំ។ ខ្ញុំត្រូវបានចាប់ខ្លួន ហើយបានដើរតួជាយូដាស ក្បត់ព្រះជាម្ចាស់ និងក្បត់បងស្រី។ រឿងនេះត្រូវបានដាមជាប់ក្នុងបេះដូងខ្ញុំ។ ទោះបីជាពួកជំនុំបានទទួលខ្ញុំ ហើយអនុញ្ញាតឲ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនដែលអាចឆ្លងផុតឧបសគ្គនេះបានដែរ។ រាល់ពេលដែលខ្ញុំគិតអំពីការដើរតួជាយូដាស និងគ្រោះថ្នាក់ដែលខ្ញុំបានបង្កដល់បងស្រី ខ្ញុំបានកំណត់ថា ខ្ញុំគឺជាមនុស្សម្នាក់ដែលគ្មានឱកាសទទួលបានសេចក្ដីសង្រ្គោះទេ។ រាល់ពេលដែលខ្ញុំមើលវីដេអូបទពិសោធន៍របស់បងប្អូនប្រុសស្រីដែលត្រូវចាប់ខ្លួន និងធ្វើទារុណកម្ម ប៉ុន្តែបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេ ខ្ញុំមានអារម្មណ៍ពិរុទ្ធ និងអៀនខ្មាស ហើយមនសិការរបស់ខ្ញុំបានចោទប្រកាន់ខ្ញុំ។ គ្រប់ពេលដែលខ្ញុំប្រមូល និងរៀបចំឯកសារដែលទាក់ទងនឹងការបណ្ដេញពួកយូដាស បេះដូងខ្ញុំមានអារម្មណ៍ដូចជាត្រូវគេចាក់មួយកាំបិតអ៊ីចឹង ហើយខ្ញុំស្អប់ខ្លួនឯងដែលមិនបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំកាលពីពេលនោះ។ បើខ្ញុំបានប្រកាន់ខ្ជាប់កាលនោះ បេះដូងខ្ញុំក៏មិនរងទុក្ខទោសបែបនេះដែរ។ ទោះបីជាខាងក្រៅខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ខាងក្នុងខ្ញុំតែងតែធ្លាក់ទឹកចិត្តដែរ ដោយមានអារម្មណ៍ថា ខ្ញុំខុសពីអ្នកដទៃ។ ខ្ញុំបានក្បត់ព្រះជាម្ចាស់ ហើយបានដើរតួជាយូដាស ពោលគឺជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ តើព្រះជាម្ចាស់នៅតែចង់បានខ្ញុំទេ? តើទ្រង់នឹងនៅតែសង្គ្រោះខ្ញុំទេ? ការគិតដល់រឿងទាំងនេះបានធ្វើឲ្យខ្ញុំពោរពេញដោយការឈឺចាប់ និងការមិនស្រួលចិត្តឡើយ។ ខ្ញុំថែមទាំងមិនហ៊ានអធិស្ឋានដល់ព្រះជាម្ចាស់ផង ដោយមានអារម្មណ៍ថា ព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំ ហើយនឹងមិនស្ដាប់ការអធិស្ឋានរបស់ខ្ញុំទេ។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ រាល់ពេលដែលខ្ញុំអានព្រះបន្ទូលអំពីការដាស់តឿន ការកម្សាន្តចិត្ត សេចក្ដីសន្យា ឬព្រះពរ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលទាំងនោះមិនមែនសម្រាប់មនុស្សដូចខ្ញុំទេ។ ខ្ញុំមិនសមនឹងទទួលបានសេចក្ដីសន្យា ឬព្រះពររបស់ព្រះជាម្ចាស់ទេ។ ខ្ញុំសមនឹងទទួលបណ្ដាសា និងការដាក់ទោសតែប៉ុណ្ណោះ! ខ្ញុំបានរស់នៅក្នុងសភាពនៃការយល់ខុសចំពោះព្រះជាម្ចាស់ជាយូរមកហើយ ដោយខ្វះការតាំងចិត្តដើម្បីដេញតាមសេចក្ដីពិត គឺគិតតែពីធ្វើកិច្ចការឲ្យបានល្អ ដើម្បីប៉ះប៉ូវអំពើរំលងរបស់ខ្ញុំប៉ុណ្ណោះ។ តាមពិតទៅ ព្រះជាម្ចាស់មិនបានដកសិទ្ធិរបស់ខ្ញុំក្នុងការហូប និងផឹកព្រះបន្ទូលទ្រង់ទេ ហើយទ្រង់បានប្រទានឱកាសឲ្យខ្ញុំបំពេញភារកិច្ច និងដេញតាមសេចក្ដីពិត។ ទាំងអស់នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ ទោះយ៉ាងណា ខ្ញុំបានរស់នៅក្នុងសភាពធ្លាក់ទឹកចិត្ត។ នៅពេលសេចក្ដីពុករលួយត្រូវបានបើកសម្ដែងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំដឹងថា ខ្ញុំគួរតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវា។ ប៉ុន្តែ រាល់ពេលដែលខ្ញុំគិតអំពីការដែលបានដើរតួជាយូដាស ខ្ញុំមានអារម្មណ៍ថា ទោះបីខ្ញុំព្យាយាមខ្លាំងប៉ុនណា ឬដេញតាមច្រើនយ៉ាងណាក៏ដោយ ក៏វាឥតប្រយោជន៍ដែរ។ តើព្រះជាម្ចាស់នៅតែអាចសង្គ្រោះអស់អ្នកដែលបានក្បត់ទ្រង់ដែរឬទេ? ខ្ញុំគិតថា ខ្ញុំគួរតែខិតខំបន្ថែមទៀត ហើយបំពេញភារកិច្ចរបស់ខ្ញុំដើម្បីប៉ះប៉ូវកំហុសរបស់ខ្ញុំ ហើយក្រោយមក ប្រហែលនៅថ្ងៃណាមួយ ព្រះជាម្ចាស់នឹងទតឃើញការប្រឹងប្រែងដ៏ស្មោះត្រង់របស់ខ្ញុំ ហើយធ្វើឲ្យការដាក់ទោសរបស់ខ្ញុំស្រាលជាងមុន។ ខ្ញុំតែងតែរងបន្ទុកពីអំពើរំលងរបស់ខ្ញុំ ដោយរស់នៅក្នុងសភាពធ្លាក់ទឹកចិត្ត។ ប៉ុន្មានឆ្នាំមកនេះ ទោះបីមានរឿងជាច្រើនបានកើតឡើងក៏ដោយ ក៏ខ្ញុំស្កប់ចិត្តត្រឹមប្រឹងធ្វើការ សម្រេចការងារ ដោយមិនបានផ្ដោតលើច្រកចូលទៅក្នុងជីវិតរបស់ខ្ញុំប៉ុណ្ណោះ ដោយបានខកខានឱកាសជាច្រើនដើម្បីទទួលបានសេចក្ដីពិត។

ក្នុងការឆ្លុះបញ្ចាំងរបស់ខ្ញុំ ខ្ញុំបានប្រទះឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបានព្រះពរ ដើម្បីទទួលបានរង្វាន់ ដើម្បីទទួលបានមកុដ។ តើក្នុង ចិត្តរបស់មនុស្សគ្រប់គ្នាមិនមែនគិតបែបនេះទេឬ? នេះគឺការពិតដែលមាននៅក្នុងចិត្តមនុស្ស។ ទោះបីជាមនុស្សមិនសូវនិយាយអំពីរឿងនេះ ហើយថែមទាំងលាក់បាំងការជំរុញចិត្ត និងបំណងប្រាថ្នាចង់បានព្រះពរក៏ដោយ ក៏បំណងប្រាថ្នា និងចិត្តគំនិតដែលកប់យ៉ាងជ្រៅក្នុងចិត្តរបស់មនុស្សនេះ តែងតែមានជាប់ជានិច្ចមិនដែលផ្លាស់ប្ដូរឡើយ។ មិនថាមនុស្សយល់ពីទ្រឹស្ដីខាងវិញ្ញាណបានច្រើនប៉ុនណាមិនថាពួកគេមានចំណេះដឹងតាមរយៈបទពិសោធន៍អ្វីខ្លះ មិនថាពួកគេអាចបំពេញភារកិច្ចអ្វីបានខ្លះ មិនថាពួកគេស៊ូទ្រាំរងទុក្ខលំបាកច្រើនប៉ុនណា ឬមិនថាពួកគេលះបង់ច្រើនប៉ុនណានោះទេ ក៏ពួកគេមិនដែលបោះបង់ចោលការជំរុញចិត្តចង់បានព្រះពរដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេដែរ ហើយតែងតែលួចខំប្រឹងសម្រេចបំណងនេះដោយស្ងៀមស្ងាត់។ តើនេះមិនមែនជាអ្វីដែលកប់យ៉ាងជ្រៅបំផុតនៅក្នុងចិត្តរបស់មនុស្សទេឬ? បើគ្មានការជំរុញចិត្តចង់បានព្រះពរនេះទេ តើអ្នករាល់គ្នានឹងមានអារម្មណ៍បែបណា? តើអ្នករាល់គ្នានឹងបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដោយឥរិយាបថបែបណា? តើមនុស្សនឹងទៅជាបែបណា ប្រសិនបើការជំរុញចិត្តចង់បានព្រះពរ ដែលលាក់កប់ទុកក្នុងចិត្តរបស់ពួកគេនោះ ត្រូវបានលុបបំបាត់ចោលទាំងស្រុងនោះ? មនុស្សជាច្រើនអាចនឹងប្រែជាអវិជ្ជមានបាន រីឯអ្នកខ្លះទៀតនឹងបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេនឹងលែងចាប់អារម្មណ៍នឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ទៀត ហាក់បីដូចជាព្រលឹងរបស់ពួកគេត្រូវបានរលាយបាត់អស់ដូច្នេះដែរ។ ពួកគេនឹងមើលទៅហាក់បីដូចជាត្រូវគេឆក់យកបេះដូងទៅបាត់អ៊ីចឹង។ នេះជាមូលហេតុដែលខ្ញុំមានបន្ទូលថា ការជំរុញចិត្តចង់បានព្រះពរ គឺជាអ្វីដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្ស។ ប្រហែលពួកគេមានអារម្មណ៍ថា ពួកគេអាចលះបង់គ្រួសាររបស់ពួកគេបាន ហើយពេញចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឬរស់នៅក្នុងជីវិតពួកជំនុំ ព្រមទាំងយល់ថា ពួកគេពេលនេះបានដឹងអំពីការជំរុញចិត្តចង់បានព្រះពររបស់ពួកគេ និងបានទុកការជំរុញចិត្តនេះមួយឡែកសិន ហើយលែងស្ថិតនៅក្រោមការគ្រប់គ្រង ឬការរឹតបន្តឹងពីការជំរុញចិត្តនេះទៀតហើយ។ បន្ទាប់មកទៀត ពួកគេគិតថា ពួកគេលែងមានការជំរុញចិត្តចង់បានព្រះពរទៀតហើយ ប៉ុន្តែព្រះជាម្ចាស់មិនបានយល់ឃើញដូច្នេះទេ។ មនុស្សមើលបញ្ហាទាំងឡាយត្រឹមតែសំបកក្រៅប៉ុណ្ណោះ។ បើគ្មានការល្បងលទេ នោះពួកគេយល់ថាខ្លួនពួកគេល្អ។ ឱ្យតែពួកគេមិនចាកចេញពីពួកជំនុំ ឬមិនបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ ហើយពួកគេបន្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ទៀត នោះពួកគេជឿថា ពួកគេបានផ្លាស់ប្ដូរហើយ។ ពួកគេមានអារម្មណ៍ថា ពួកគេលែងត្រូវសេចក្ដីក្លៀវក្លាផ្ទាល់ខ្លួន ឬអារម្មណ៍ពុះកញ្ជ្រោលមួយឆាវ ជំរុញចិត្តឱ្យបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជឿថា ពួកគេអាចដេញតាមសេចក្ដីពិតបាន ហើយថាពួកគេអាចស្វែងរក និងអនុវត្តសេចក្ដីពិតបានជាបន្តបន្ទាប់ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឱ្យនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធ ហើយពួកគេសម្រេចបាននូវការផ្លាស់ប្ដូរដ៏ពិតប្រាកដមួយចំនួន។ ក៏ប៉ុន្តែ នៅពេលមានរឿងកើតឡើងដែលពាក់ព័ន្ធដោយផ្ទាល់នឹងទិសដៅ និងលទ្ធផលរបស់មនុស្ស តើពួកគេមានអាកប្បកិរិយាបែបណា? ការពិតនឹងត្រូវលាតត្រដាងទាំងស្រុង» (ដកស្រង់ពី «សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់បានលាតត្រដាងថា ជំនឿរបស់មនុស្សលើទ្រង់មានជាប់ជំពាក់នឹងចេតនាលាក់កំបាំង គឺគ្រប់យ៉ាងដើម្បីតែអនាគត និងគោលដៅរបស់ពួកគេ ក៏ដូចជាដើម្បីព្រះពរផ្ទាល់ខ្លួនប៉ុណ្ណោះ។ បើថ្ងៃណាមួយ ពួកគេមិនអាចទទួលបានព្រះពរ ឬមើលមិនឃើញអនាគត ឬគោលដៅទេ ពួកគេមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់គឺគ្មានន័យ ជាលទ្ធផល ក៏រស់នៅក្នុងសភាពធ្លាក់ទឹកចិត្តទៅ។ ខ្ញុំបានគិតអំពីប៉ុល៖ ដំបូងឡើយ គាត់បានប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវ ដោយបានចាប់ខ្លួន និងបៀតបៀនពួកសិស្សរបស់ព្រះអម្ចាស់។ បន្ទាប់មក នៅលើផ្លូវទៅក្រុងដាម៉ាស ព្រះជាម្ចាស់បានធ្វើឲ្យប៉ុលដួលចុះដោយពន្លឺដ៏អស្ចារ្យមួយ ហើយបានត្រាស់ហៅគាត់ឲ្យក្លាយជាសាវ័ក។ ប៉ុលបានផ្សាយដំណឹងល្អអស់ជាច្រើនឆ្នាំ ដំបូងឡើយគឺដើម្បីលោះបាប និងប៉ះប៉ូវកំហុសរបស់គាត់។ ប៉ុន្តែ គាត់មិនបានដេញតាមសេចក្ដីពិត ដើម្បីផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់គាត់ទាល់តែសោះ។ ជាលទ្ធផល បន្ទាប់ពីធ្វើការអស់ជាច្រើនឆ្នាំ ធម្មជាតិបែបសាតាំងរបស់គាត់ដែលប្រឆាំងនឹងព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្ដូរដដែល។ គាត់ថែមទាំងមានអារម្មណ៍ថា ការប្រឹងប្រែង និងកិច្ចការអស់ជាច្រើនឆ្នាំរបស់គាត់បានលោះបាបរបស់គាត់រួចហើយ ដោយគុណធំជាងទោស ហើយគាត់បានទូលសុំមកុដពីព្រះជាម្ចាស់ដោយបើកចំហ។ ហើយនៅទីបំផុតក៏ត្រូវបានទ្រង់លុបបំបាត់ចោល។ ដោយឆ្លុះបញ្ចាំងពីខ្លួនឯង ខ្ញុំបានដឹងថា ខ្ញុំបានដើរតាមផ្លូវដូចគ្នានឹងប៉ុលដែរ។ ដោយសារតែខ្ញុំបានក្បត់បងស្រី ហើយបានដើរតួជាយូដាស ខ្ញុំគិតថា ក្ដីសង្ឃឹមនៃព្រះពរហាក់ដូចជាស្រពិចស្រពិល។ ជាពិសេសនៅពេលខ្ញុំបានឃើញអ្នកដឹកនាំពួកជំនុំពីរនាក់ត្រូវបានបណ្ដេញចេញ ដោយសារតែក្លាយជាយូដាស ខ្ញុំបានបារម្ភថា ខ្ញុំក៏នឹងត្រូវបានពួកជំនុំបណ្ដេញចេញដែរនៅថ្ងៃណាមួយ។ ខ្ញុំបានធ្លាក់ក្នុងភាពអវិជ្ជមាន ហើយខ្ជីខ្ជា ដោយគ្មានការតាំងចិត្តដើម្បីដេញតាមសេចក្ដីពិតឡើយ ហើយខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់នឹងមិនសង្គ្រោះខ្ញុំទៀតទេ។ ទោះបីខ្ញុំព្យាយាម ឬដេញតាមខ្លាំងប៉ុនណាក៏ដោយ ក៏នឹងគ្មានលទ្ធផល ឬគោលដៅល្អសម្រាប់ខ្ញុំដែរ។ ខ្ញុំបានឃើញថា គោលបំណងរបស់ខ្ញុំក្នុងការជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចគឺដើម្បីព្រះពរ មិនមែនដើម្បីទទួលបានសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ទេ ឬផ្គាប់ព្រះហឫទ័យទ្រង់ តាមរយៈការបំពេញភារកិច្ចនៃភាវៈដែលទ្រង់បានបង្កើតឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំតែងតែត្រូវញាំញីដោយអំពើរំលងរបស់ខ្ញុំ ដោយខ្វល់ខ្វាយអំពីអនាគត និងគោលដៅរបស់ខ្ញុំ។ ទោះបីជាខ្ញុំមានអារម្មណ៍សោកស្ដាយ និងស្អប់ខ្ពើមចំពោះអំពើរំលងរបស់ខ្ញុំក៏ដោយ ក៏ទស្សនៈដែលដក់ជាប់របស់ខ្ញុំក្នុងការដេញតាមព្រះពរ មិនត្រូវបានដោះស្រាយដែរ។ ការនេះបានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំមិនបានប្រែចិត្តចំពោះព្រះជាម្ចាស់ដោយពិតប្រាកដទេ ផ្ទុយទៅវិញ គឺខ្ញុំព្យាយាមប៉ះប៉ូវអំពើរំលងរបស់ខ្ញុំចំពោះព្រះជាម្ចាស់ តាមរយៈការបង់ថ្លៃ និងការលះបង់ខ្លួនឯង ដើម្បីឱ្យមនសិការរបស់ខ្ញុំលែងចោទប្រកាន់ខ្ញុំទៀត។ ខ្ញុំបានឃើញថា ខ្ញុំនៅតែស្វែងរកការដោះដូរជាមួយព្រះជាម្ចាស់ បន្ទាប់ពីបានប្រព្រឹត្តអំពើអាក្រក់ដ៏ធ្ងន់ធ្ងរបែបនេះ ពោលគឺការនេះពិតជាអាក្រក់ អាត្មានិយម និងថោកទាបណាស់។ វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែសោកស្ដាយ និងស្អប់ខ្ពើមខ្លួនឯងកាន់តែខ្លាំងឡើង។

នៅពេលកំពុងស្វែងរក ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរអត្ថបទទៀត ដែលបានជួយខ្ញុំឲ្យយល់ពីនិស្ស័យសុចរិតរបស់ទ្រង់បានបន្តិច។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា៖ «មនុស្សភាគច្រើនបានប្រព្រឹត្តអំពើរំលង និងបានធ្វើឱ្យខ្លួនឯងប្រឡាក់ប្រឡូសតាមរបៀបជាក់លាក់នានា។ ឧទាហរណ៍ មនុស្សមួយចំនួនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបាននិយាយពាក្យប្រមាថ មនុស្សមួយចំនួនបានបដិសេធបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយមិនបានបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ មនុស្សមួយចំនួនបានក្បត់ព្រះជាម្ចាស់ នៅពេលដែលពួកគេបានប្រឈមមុខនឹងការល្បួង អ្នកខ្លះបានក្បត់ព្រះជាម្ចាស់ ដោយបានចុះហត្ថលេខាលើ 'សេចក្ដីថ្លែងការណ៍បី' នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន អ្នកខ្លះបានលួចតង្វាយ អ្នកខ្លះបានខ្ជះខ្ជាយតង្វាយ អ្នកខ្លះបានរំខានដល់ជីវិតក្រុមជំនុំជាញឹកញាប់ និងបានបង្កគ្រោះថ្នាក់ដល់រាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ អ្នកខ្លះបានបង្កើតបក្សពួក និងធ្វើទុក្ខបុកម្នេញអ្នកដទៃ ធ្វើឱ្យក្រុមជំនុំរញ៉េរញ៉ៃ អ្នកខ្លះតែងតែផ្សព្វផ្សាយសញ្ញាណ និងសេចក្ដីស្លាប់ ដែលបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ហើយអ្នកខ្លះបានប្រព្រឹត្តអំពើសាហាយស្មន់ និងការរួមភេទមិនរើសមុខ ហើយបានក្លាយជាឥទ្ធិពលដ៏អាក្រក់បំផុត។ អាចនិយាយបានថា មនុស្សគ្រប់គ្នាមានអំពើរំលង និងស្នាមប្រឡាក់រៀងៗខ្លួន។ ក៏ប៉ុន្តែ មនុស្សមួយចំនួនមានសមត្ថភាពទទួលយកសេចក្ដីពិត និងប្រែចិត្ត ចំណែកឯអ្នកផ្សេងទៀតមិនអាចទទួលយកសេចក្ដីពិត និងប្រែចិត្តទេ ហើយសុខចិត្តស្លាប់ជាជាងប្រែចិត្ត។ ដូច្នេះ មនុស្សគួរតែត្រូវបានប្រព្រឹត្តដាក់ស្របទៅតាមសារជាតិធម្មជាតិ និងអាកប្បកិរិយាជាប់លាប់របស់ពួកគេ។ អស់អ្នកណាដែលអាចប្រែចិត្ត គឺជាអស់អ្នកណាដែលពិតជាជឿលើព្រះជាម្ចាស់ ប៉ុន្តែចំពោះអស់អ្នកណាដែលពិតជាមិនព្រមប្រែចិត្ត អស់អ្នកណាដែលគួរតែត្រូវបានផាត់ចោល និងបណ្ដេញចេញ នឹងត្រូវបានផាត់ចោល និងបណ្ដេញចេញ។ មនុស្សមួយចំនួនជាមនុស្សអាក្រក់ ខ្លះល្ងង់ខ្លៅ ខ្លះឆ្កួតលីលា ហើយខ្លះទៀតជាសត្វតិរច្ឆាន។ មនុស្សគ្រប់រូបគឺខុសៗគ្នា។ មនុស្សអាក្រក់មួយចំនួនត្រូវបានវិញ្ញាណអាក្រក់ចូលសណ្ឋិត ចំណែកឯអ្នកផ្សេងទៀតគឺជាបាវបម្រើរបស់សាតាំង និងពួកអារក្ស។ អ្នកខ្លះមានធម្មជាតិពិសពុលក្រៃលែង ចំណែកឯអ្នកខ្លះទៀតពូកែមានល្បិចកលបោកបញ្ឆោត អ្នកខ្លះលោភលន់ជាខ្លាំងនៅពេលនិយាយដល់រឿងលុយកាក់ ហើយអ្នកផ្សេងទៀតចូលចិត្តរួមភេទមិនរើសមុខ។ អាកប្បកិរិយារបស់មនុស្សគ្រប់រូបគឺខុសៗគ្នា ដូច្នេះ មនុស្សគ្រប់រូបគួរតែត្រូវបានពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ ដោយយោងទៅតាមធម្មជាតិ និងអាកប្បកិរិយាជាប់លាប់របស់ពួកគេ។... ការដែលព្រះជាម្ចាស់ដោះស្រាយជាមួយមនុស្សម្នាក់ គឺមិនសាមញ្ញដូចដែលមនុស្សស្រមៃនោះទេ។ នៅពេលដែលឥរិយាបថរបស់ទ្រង់ចំពោះមនុស្សម្នាក់ គឺជាការស្អប់ខ្ពើម ឬការខ្ពើមរអើម ឬនៅពេលដែលនិយាយដល់អ្វីដែលបុគ្គលនេះនិយាយនៅក្នុងបរិបទណាមួយ នោះទ្រង់មានការយល់ដឹងយ៉ាងច្បាស់អំពីសណ្ឋានរបស់ពួកគេ។ នេះគឺដោយសារតែព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្ត និងសារជាតិរបស់មនុស្ស។ មនុស្សតែងតែគិតថា៖ 'ព្រះជាម្ចាស់មានតែភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ។ ទ្រង់ជាព្រះដ៏សុចរិត ហើយមិនអត់ឱនឱ្យមានការប្រមាថពីមនុស្សឡើយ។ ទ្រង់មិនបានពិចារណាពីការលំបាករបស់មនុស្ស ឬយកខ្លួនដាក់ក្នុងកាលៈទេសៈរបស់អ្នកដទៃឡើយ។ ប្រសិនបើមនុស្សណាម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ ទ្រង់នឹងដាក់ទោសពួកគេ'។ តាមពិតទៅ មិនមែនបែបនោះទាល់តែសោះ។ ប្រសិនបើនោះជារបៀបដែលនរណាម្នាក់យល់ពីសេចក្ដីសុចរិតរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្ស នោះពួកគេពិតជាខុសឆ្គងយ៉ាងធ្ងន់ធ្ងរហើយ។ ការសម្រេចរបស់ព្រះជាម្ចាស់អំពីលទ្ធផលរបស់មនុស្សម្នាក់ៗ មិនមែនផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សនោះទេ ប៉ុន្តែគឺផ្អែកលើនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ទ្រង់នឹងសងដល់មនុស្សម្នាក់ៗ ស្របតាមអំពើដែលពួកគេបានប្រព្រឹត្ត។ ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ហើយមិនយូរមិនឆាប់ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់ព្រមទទួលស្គាល់ដោយអស់ពីចិត្ត» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បុគ្គលម្នាក់ៗដែលបានទទួលយកការយកឈ្នះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមានឱកាសច្រើនដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ នៅក្នុងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗក្នុងចំណោមមនុស្សទាំងនេះ ទ្រង់នឹងបន្ធូរបន្ថយដល់ពួកគេឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ និយាយមួយបែបទៀត គឺពួកគេនឹងទទួលបានការអធ្យាស្រ័យយ៉ាងធំធេងបំផុត។ ឱ្យតែមនុស្សងាកចេញពីផ្លូវខុសឆ្គង ហើយឱ្យតែពួកគេអាចប្រែចិត្តបាន នោះព្រះជាម្ចាស់នឹងប្រទានឱកាសដល់ពួកគេដើម្បីទទួលបានសេចក្តីសង្គ្រោះពីទ្រង់» (ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិតពិតប្រាកដមែន។ នៅក្នុងសេចក្ដីសុចរិតរបស់ទ្រង់ មិនត្រឹមតែមានការជំនុំជម្រះ និងសេចក្ដីក្រោធប៉ុណ្ណោះទេ តែក៏មានសេចក្ដីមេត្តាករុណា និងការអត់ឱនផងដែរ។ ការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះមនុស្សគឺផ្អែកលើគោលការណ៍ជាពិសេស។ ទ្រង់មិនកាត់សេចក្ដីលើពួកគេ ដោយផ្អែកលើអំពើរំលងបណ្ដោះអាសន្នរបស់ពួកគេទេ ប៉ុន្តែទ្រង់វាយតម្លៃយ៉ាងគ្រប់ជ្រុងជ្រោយលើសារជាតិ និងសាវតារនៃទង្វើរបស់ពួកគេ ក៏ដូចជាកម្ពស់របស់ពួកគេ និងផលវិបាកដែលពួកគេបង្កឡើង។ ប្រសិនបើមនុស្សម្នាក់ ដោយសារតែភាពទន់ខ្សោយមួយពេល បានក្បត់នរណាម្នាក់ ដោយមិនបានបង្កការខាតបង់ធ្ងន់ធ្ងរដល់ពួកជំនុំ ហើយដោយមិនបានបដិសេធ ឬក្បត់ព្រះជាម្ចាស់អស់ពីចិត្ត ហើយក្រោយមក ពួកគេបានប្រែចិត្តដោយពិតប្រាកដ ព្រះជាម្ចាស់នៅតែបង្ហាញសេចក្ដីមេត្តាករុណា ហើយប្រទានឱកាសឱ្យពួកគេប្រែចិត្តដដែល។ បន្ទាប់ពីការចាប់ខ្លួន មនុស្សមួយចំនួនបានឈរនៅខាងនាគដ៏ធំមានសម្បុរក្រហមទាំងស្រុង ពួកគេក្បត់បងប្អូនប្រុសស្រី និងផលប្រយោជន៍របស់ពួកជំនុំ ហើយថែមទាំងក្លាយជាបក្ខពួករបស់នាគដ៏ធំមានសម្បុរក្រហមទៀតផង។ ទាំងអស់នេះត្រូវបានបើកសម្ដែងថាជាមនុស្សអាក្រក់ដែលមិនអាចប្រោសលោះបានឡើយ។ ចំពោះបុគ្គលបែបនេះ ព្រះជាម្ចាស់មិនបង្ហាញសេចក្ដីមេត្តាករុណាទេ។ ខ្ញុំបាននឹកចាំពីបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំដែលត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្ម ត្រូវរុញច្រានដល់កម្រិតកំណត់ខាងរូបកាយ ដោយសារតែការមិនបានគេងយូរ ហើយបន្ទាប់មកបានក្បត់បងស្រីចំណាស់ ដោយមិនបានបង្កការខាតបង់ធ្ងន់ធ្ងរដល់ពួកជំនុំ។ បន្ទាប់ពីនោះ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងស្អប់ខ្ពើមខ្លួនឯងយ៉ាងខ្លាំង។ ទង្វើរបស់ខ្ញុំគឺជាអំពើរំលងដ៏ធ្ងន់ធ្ងរមួយ ហើយពួកជំនុំនៅតែប្រទានឱកាសឲ្យខ្ញុំប្រែចិត្តដដែល។ ចំណែកឯអ្នកដឹកនាំពួកជំនុំទាំងពីរនាក់នោះ បន្ទាប់ពីត្រូវបានចាប់ខ្លួន ហើយមិនអាចទ្រាំនឹងការធ្វើទារុណកម្មបាន ពួកគេបានជ្រើសរើសក្លាយជាយូដាស ដោយសារតែខ្លាចការរងទុក្ខខាងរូបកាយ មិនត្រឹមតែបានចុះហត្ថលេខាលើ «លិខិតធានាបីយ៉ាង» ប៉ុណ្ណោះទេ ថែមទាំងបានក្បត់អ្នកដឹកនាំ និងអ្នកធ្វើការពីពួកជំនុំជាងដប់ទៀតផង ដែលនាំឲ្យកិច្ចការរបស់ពួកជំនុំជាច្រើនត្រូវជាប់គាំង និងបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ទង្វើរបស់ពួកគេមិនមែនដោយសារតែភាពទន់ខ្សោយមួយពេលនោះទេ សារជាតិរបស់ពួកគេគឺដូចជាសារជាតិរបស់យូដាស ហើយពួកគេគឺជាមនុស្សអាក្រក់ដែលមិនអាចប្រោសលោះបានឡើយ។ ការសម្រេចចិត្តរបស់ពួកជំនុំក្នុងការបណ្ដេញពួកគេចេញគឺស្របតាមគោលការណ៍ទាំងស្រុង។ វាគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថា ខ្ញុំបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ ប៉ុន្តែខ្ញុំមិនបានស្គាល់ទ្រង់សោះ។ ខ្ញុំបានរស់នៅក្នុងសភាពយល់ច្រឡំ និងការមិនទុកចិត្តព្រះជាម្ចាស់ ដោយជឿថា ព្រះជាម្ចាស់នឹងថ្កោលទោសមនុស្ស នៅពេលដែលពួកគេប្រព្រឹត្តអំពើរំលង ដោយមិនប្រទានឱកាសឲ្យពួកគេទទួលបានសេចក្ដីសង្រ្គោះឡើយ។ ខ្ញុំបានឃើញថា ខ្ញុំជាមនុស្សបោកបញ្ឆោត និងអាក្រក់ពេកហើយ។

ក្រោយមក ខ្ញុំបានរកឃើញមាគ៌ានៃការអនុវត្តតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើមនុស្សចង់ដោះស្រាយការយល់ខុសរបស់ពួកគេអំពីព្រះជាម្ចាស់ ដូច្នេះ ក្នុងទិដ្ឋភាពមួយ ពួកគេត្រូវតែដឹងពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ ហើយពិនិត្យពិច័យ និងស្វែងយល់ពីកំហុសដែលពួកគេបានប្រព្រឹត្ត ពីផ្លូវផ្លូវខុសដែលបានដើរ អំពើរំលង និងការធ្វេសប្រហែសរបស់ពួកគេ។ មានតែតាមរបៀបនេះទេ ទើបពួកគេនឹងអាចទទួលបាននចំណេះដឹង និងមើលឃើញពីធម្មជាតិផ្ទាល់ខ្លួនពួកគេបានយ៉ាងច្បាស់។ បន្ថែមលើនេះ ពួកគេត្រូវតែមើលឱ្យបានច្បាស់ពីមូលហេតុដែលពួកគេដើរខុសផ្លូវ និងធ្វើរឿងជាច្រើនដែលបំពានគោលការណ៍សេចក្ដីពិត និងត្រូវយល់ថាធម្មជាតិនៃសកម្មភាពទាំងនេះជាអ្វី។ លើសពីនេះទៅទៀត ពួកគេត្រូវតែយល់ឱ្យបានច្បាស់ពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវអ្វីខ្លះដែលព្រះជាម្ចាស់មានចំពោះពួកគេ ពីមូលហេតុដែលពួកគេតែងតែមិនអាចប្រព្រឹត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន និងពីមូលហេតុដែលពួកគេតែងតែប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ទ្រង់ និងធ្វើអ្វីតាមចិត្តពួកគេ។ ចូរយកបញ្ហាទាំងនេះមកចំពោះព្រះជាម្ចាស់ រួចអធិដ្ឋាន និងស្វែងយល់ពីបញ្ហាទាំងនេះឱ្យបានច្បាស់ ពេលនោះ អ្នកនឹងអាចផ្លាស់ប្ដូរសភាពរបស់អ្នកបាន ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នក និងដោះស្រាយការយល់ខុសរបស់អ្នកចំពោះព្រះជាម្ចាស់។ មនុស្សមួយចំនួនតែងតែមានបំណងមិនត្រឹមត្រូវជានិច្ច មិនថាពួកគេធ្វើរឿងអ្វីក៏ដោយ តែងតែមានគំនិតអាក្រក់ ហើយមិនអាចពិនិត្យខ្លួនឯងថាតើសភាពខាងក្នុងរបស់ពួកគេត្រឹមត្រូវឬអត់នោះទេ ក៏មិនវិនិច្ឆ័យត្រឹមត្រូវពីសភាពនោះដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះ គឺជាមនុស្សវង្វេង។ លក្ខណៈសម្គាល់ច្បាស់បំផុតមួយរបស់មនុស្សវង្វេងគឺថា បន្ទាប់ពីពួកគេធ្វើរឿងអាក្រក់ហើយ ពួកគេតែងមានភាពអវិជ្ជមានជាប់ជានិច្ច នៅពេលប្រឈមមុខនឹងការលួសកាត់ រហូតដល់ថ្នាក់បណ្ដោយខ្លួនឱ្យធ្លាក់ក្នុងក្ដីអស់សង្ឃឹម ហើយកំណត់ថា ពួកគេចប់ហើយ និងមិនអាចសង្គ្រោះបានទេ។ តើនេះមិនមែនជាអាកប្បកិរិយាគួរឱ្យអាណិតបំផុតរបស់មនុស្សវង្វេងទេឬ? ពួកគេមិនអាចឆ្លុះបញ្ចាំងពីខ្លួនឯងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ហើយក៏មិនអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា នៅពេលប្រឈមមុខនឹងការលំបាកនានាបានដែរ។ តើនេះមិនមែនជាការវង្វេងខ្លាំងទេឬ? តើការបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងក្ដីអស់សង្ឃឹមអាចដោះស្រាយបញ្ហាបានដែរឬទេ? តើការដែលតែងតែជាប់ក្នុងភាពអវិជ្ជមានអាចដោះស្រាយបញ្ហាបានដែរឬទេ? មនុស្សគួរតែដឹងថា ប្រសិនបើពួកគេប្រព្រឹត្តកំហុស ឬមានបញ្ហាអ្វីមួយ នោះពួកគេគួរតែស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហានោះ។ ដំបូង ពួកគេត្រូវឆ្លុះបញ្ចាំង និងយល់ពីមូលហេតុដែលពួកគេប្រព្រឹត្តអំពើអាក្រក់ តើពួកគេមានបំណងបែបណា ហើយអ្វីទៅចំណុចចាប់ផ្ដើមនៅក្នុងការប្រព្រឹត្តអំពើអាក្រក់នោះ ហេតុអ្វីបានជាពួកគេចង់ធ្វើវា ហើយពួកគេមានគោលដៅបែបណា ហើយតើមាននរណាម្នាក់លើកទឹកចិត្ត ញុះញង់ ឬបោកបញ្ឆោតឱ្យពួកគេធ្វើវាដែរឬទេ ឬក៏ពួកគេមានចេតនាធ្វើវាដោយខ្លួនឯង។ ត្រូវតែគិតពិចារណា និងស្វែងយល់ពីសំណួរទាំងនេះឱ្យបានច្បាស់ ពេលនោះ ពួកគេនឹងអាចដឹងបានថាពួកគេបានប្រព្រឹត្តកំហុសអ្វីខ្លះ ហើយពួកគេជាអ្វីមួយពិតប្រាកដ។ ប្រសិនបើអ្នកមិនអាចដឹងពីសារជាតិនៃអំពើអាក្រក់របស់អ្នកបានទេ ឬមិនរៀនសូត្រពីវាទេ ដូច្នេះ បញ្ហានោះមិនអាចដោះស្រាយបានឡើយ។ មនុស្សជាច្រើនធ្វើរឿងអាក្រក់ៗ ហើយមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងទេ ដូច្នេះ តើមនុស្សបែបនេះអាចប្រែចិត្តដោយពិតប្រាកដបានដែរឬទេ? តើមានក្ដីសង្ឃឹមសម្រាប់ការប្រោសលោះពួកគេដែរឬទេ? មនុស្សជាតិគឺជាកូនចៅរបស់សាតាំង ហើយមិនថាពួកគេបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ឬអត់នោះទេ ក៏សារជាតិធម្មជាតិរបស់ពួកគេ គឺដូចតែគ្នាទេ។ ពួកគេគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯងឱ្យបានកាន់តែច្រើន មើលឱ្យបានច្បាស់ថាតើពួកគេបានបះបោរប្រឆាំង និងទាស់ទទឹងនឹងព្រះជាម្ចាស់ដល់កម្រិតណា ហើយថាតើពួកគេនៅតែអាចទទួលយក និងអនុវត្តសេចក្ដីពិតបានដែរឬទេ។ ប្រសិនបើពួកគេយល់ច្បាស់ពីចំណុចនេះ ពួកគេនឹងដឹងថា ពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ច្រើនប៉ុនណាហើយ។ តាមពិត ផ្អែកលើសារជាតិធម្មជាតិរបស់ពួកគេ មនុស្សពុករលួយទាំងអស់ គឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ដើម្បីឱ្យពួកគេទទួលយកសេចក្ដីពិត គឺតម្រូវឱ្យមានការខិតខំប្រឹងប្រែងជាច្រើន ហើយវាមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេទេ។ មនុស្សមួយចំនួនបានប្រព្រឹត្តអំពើអាក្រក់ និងបានបើកបង្ហាញសារជាតិធម្មជាតិរបស់ពួកគេ រីឯអ្នកខ្លះទៀតមិនទាន់បានប្រព្រឹត្តអំពើអាក្រក់នៅឡើយទេ ប៉ុន្តែក៏មិនប្រាកដថាល្អជាងអ្នកដទៃប៉ុន្មានដែរ ពោលគឺពួកគេគ្រាន់តែមិនទាន់មានស្ថានភាព ឬឱកាសធ្វើដូច្នេះប៉ុណ្ណោះ។ ដោយសារអ្នកមានអំពើរំលងទាំងនេះ ដូច្នេះ អ្នកត្រូវតែដឹងច្បាស់នៅក្នុងចិត្តរបស់អ្នកថា ពេលនេះអ្នកគួរមានឥរិយាបថបែបណា អ្នកគួរផ្ដល់ការពន្យល់បែបណានៅចំពោះព្រះជាម្ចាស់ និងដឹងថាទ្រង់សព្វព្រះទ័យចង់ទតឃើញអ្វីខ្លះ។ អ្នកត្រូវតែស្វែងយល់ពីរឿងទាំងនេះឱ្យបានច្បាស់ តាមរយៈការអធិដ្ឋាន និងការស្វែងរក។ ពេលនោះ អ្នកនឹងដឹងថា ទៅថ្ងៃអនាគត អ្នកគួរតែស្វែងរកដោយរបៀបណា ហើយអ្នកនឹងលែងទទួលរងឥទ្ធិពល ឬត្រូវរឹតត្បិតដោយកំហុសដែលអ្នកបានសាងកាលពីអតីតកាលទៀតហើយ» (ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះស្រាយសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរំជួលចិត្តជាខ្លាំង។ ព្រះជាម្ចាស់មិនត្រឹមតែទតមើលអំពើរំលងពីអតីតកាលរបស់មនុស្សប៉ុណ្ណោះទេ ដរាបណាមនុស្សម្នាក់ចូលមកចំពោះព្រះជាម្ចាស់ ទទួលយកសេចក្ដីពិត បំពេញភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់និងការទទួលខុសត្រូវ ហើយបង្ហាញការប្រែចិត្តតាមរយៈទង្វើពិតប្រាកដ ប្រសិនបើព្រះជាម្ចាស់ទតឃើញការផ្លាស់ប្រែរបស់បុគ្គលនេះ ទ្រង់នឹងប្រទានឱកាសឲ្យគេទទួលបានសេចក្ដីសង្រ្គោះមិនខាន។ ឧទាហរណ៍ដូចជាលោកពេត្រុស។ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានចាប់ខ្លួន លោកពេត្រុសបានបដិសេធទ្រង់បីដង។ គាត់បានសោកស្ដាយយ៉ាងខ្លាំង ហើយចាប់ពីពេលនោះមក គាត់បានផ្ដោតលើការដេញតាមសេចក្ដីពិត ដោយស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ និងការចុះចូលនឹងទ្រង់។ នៅទីបញ្ចប់ លោកពេត្រុសត្រូវបានគេឆ្កាងក្បាលចុះក្រោមសម្រាប់ព្រះជាម្ចាស់ ដោយបានធ្វើបន្ទាល់ដ៏ស្រស់បំព្រង។ បន្ទាប់មកគឺដាវីឌ។ គាត់បានយកប្រពន្ធរបស់អ៊ូរី ហើយបានទទួលការវាយផ្ចាលយ៉ាងធ្ងន់ធ្ងរពីព្រះជាម្ចាស់។ ដាវីឌបានមានវិប្បដិសារីយ៉ាងខ្លាំង ហើយមិនដែលប្រព្រឹត្តកំហុសនោះម្ដងទៀតឡើយ សូម្បីតែក្នុងវ័យចំណាស់ នៅពេលមានក្មេងស្រីម្នាក់មកធ្វើឲ្យគ្រែគាត់កក់ក្ដៅក៏ដោយ។ គាត់បានចំណាយជីវិតរបស់គាត់ត្រៀមលក្ខណៈដើម្បីសាងសង់ព្រះវិហារ ហើយបានដឹកនាំប្រជារាស្ត្រអ៊ីស្រាអែលក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ដោយបង្ហាញការប្រែចិត្តចំពោះព្រះជាម្ចាស់តាមរយៈទង្វើពិតប្រាកដ។ ការឆ្លុះបញ្ចាំងពីបទពិសោធរបស់លោកពេត្រុស និងដាវីឌបានបង្ហាញផ្លូវទៅមុខដល់ខ្ញុំ។ ខ្ញុំត្រូវប្រឈមមុខនឹងអំពើរំលងរបស់ខ្ញុំឲ្យបានត្រឹមត្រូវ ឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានដិតដល់ ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយអំពើរំលងរបស់ខ្ញុំ និងប្រែចិត្តដោយស្មោះអស់ពីចិត្តនៅចំពោះព្រះជាម្ចាស់។ ក្រោយមកទៀត ខ្ញុំបានដឹងថា ខ្ញុំបានបាត់បង់ទីបន្ទាល់របស់ខ្ញុំដោយសារការក្បត់បងស្រី គឺមានមូលហេតុពីរយ៉ាង។ ទីមួយ មនោសញ្ចេតនាបានគ្របសង្កត់លើខ្ញុំ។ នៅពេលដែលប៉ូលិសធ្វើទារុណកម្មខ្ញុំ និងគំរាមកំហែងដល់ជីវិតខ្ញុំ ខ្ញុំមិនអាចកាត់ចិត្តពីម្ដាយ កូនៗ និងប្រពន្ធរបស់ខ្ញុំបានទេ។ ខ្ញុំខ្លាចថាបើខ្ញុំស្លាប់ ពួកគេនឹងមិនអាចទ្រាំទ្រនឹងការប៉ះទង្គិចផ្លូវចិត្តបានទេ ដូច្នេះហើយ ទើបខ្ញុំបានក្បត់ព្រះជាម្ចាស់ និងក្បត់បងស្រី ដោយក្លាយជាយូដាសដ៏គួរឲ្យអាម៉ាស់។ តាមពិតទៅ ជោគវាសនារបស់គ្រួសារខ្ញុំគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ទោះបីជាការរងទុក្ខ ឬការឈឺចាប់អ្វីក៏ដោយដែលពួកគេត្រូវទ្រាំទ្រក្នុងជីវិត គឺត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនហើយ។ ទោះបីជាខ្ញុំបាននៅក្បែរពួកគេក៏ដោយ ក៏ពួកគេនៅតែត្រូវប្រឈមមុខនឹងការរងទុក្ខដែលជាចំណែករបស់ពួកគេដដែល ពោលគឺនេះជារឿងដែលខ្ញុំមិនអាចផ្លាស់ប្ដូរបានទាល់តែសោះ។ ប៉ុន្តែ ខ្ញុំមើលមិនធ្លុះនូវរឿងទាំងនេះទេ ខ្ញុំនៅតែត្រូវបានគ្រប់គ្រងដោយមនោសញ្ចេតនាខ្ញុំដដែល ពោលគឺខ្ញុំពិតជាល្ងង់ខ្លៅណាស់។ មូលហេតុមួយទៀតគឺ ខ្ញុំមើលមិនធ្លុះពីបញ្ហានៃសេចក្ដីស្លាប់ ពោលគឺខ្ញុំគ្មានជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ។ នៅពេលខ្ញុំត្រូវបានប៉ូលិសធ្វើទារុណកម្មអស់ម្ភៃថ្ងៃ ការស៊ូទ្រាំខាងរូបកាយរបស់ខ្ញុំបានឈានដល់ដែនកំណត់ហើយ។ ពេលនោះ ខ្ញុំមានអារម្មណ៍ខ្លាចស្លាប់ជាខ្លាំង ហើយបានសម្របសម្រួលជាមួយសាតាំង។ ខ្ញុំបានគិតអំពីពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវ ដែលផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់ ហើយត្រូវគេគប់ដុំថ្មសម្លាប់ ត្រូវសេះអូសរហូតដល់ស្លាប់ ឬត្រូវគេដំដែកគោលលើឈើឆ្កាង។ ពួកគេបានស៊ូទ្រាំនឹងការបៀតបៀនដើម្បីសេចក្ដីសុចរិត។ ការស្លាប់របស់ពួកគេគឺជាទីបន្ទាល់នៃការទទួលបានជ័យជម្នះលើសាតាំង និងការបំបាក់មុខសាតាំង ហើយត្រូវបានព្រះជាម្ចាស់ចងចាំ។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «អស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ប៉ុន្តែអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ ប៉ុន្តែ ខ្ញុំស្រឡាញ់ជីវិត ខ្លាចស្លាប់ ហើយបានក្បត់បងស្រី និងតោងយករស់នៅក្នុងភាពអាម៉ាស់។ ទោះបីជារូបកាយខ្ញុំនៅរស់ក៏ដោយ ក៏រាល់ថ្ងៃខ្ញុំបានទ្រាំទ្រនឹងការធ្វើទារុណកម្មផ្លូវចិត្ត រស់ដូចស្លាប់អ៊ីចឹង។ ឥឡូវនេះ ខ្ញុំបានដឹងថា ទោះបីជាខ្ញុំត្រូវប៉ូលិសធ្វើឲ្យពិការ ឬសម្លាប់ដោយសារតែជំនឿរបស់ខ្ញុំក៏ដោយ ក៏វានឹងក្លាយជារឿងដែលព្រះជាម្ចាស់កោតសរសើរដែរ។ ដោយបានដឹងរឿងនេះ ខ្ញុំបានតាំងចិត្តថា ប្រសិនបើខ្ញុំត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនម្ដងទៀត ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ ក៏ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំដើម្បីព្រះជាម្ចាស់ និងប៉ះប៉ូវអំពើរំលងពីអតីតកាលរបស់ខ្ញុំដែរ។

មិនយូរប៉ុន្មាន ពួកជំនុំបានប្រឈមមុខនឹងការចាប់ខ្លួនទ្រង់ទ្រាយធំមួយទៀត ហើយពួកជំនុំបានចាត់ចែងឲ្យខ្ញុំដោះស្រាយការងារបន្តបន្ទាប់។ ក្នុងអំឡុងពេលពិភាក្សាអំពីកិច្ចការផ្សេងៗ ខ្ញុំបានចូលរួមយ៉ាងសកម្ម ដោយផ្ដោតលើការប្រព្រឹត្តតាមគោលការណ៍ និងបំពេញការទទួលខុសត្រូវរបស់ខ្ញុំឲ្យអស់ពីសមត្ថភាព។ ក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្ញុំ រាល់ពេលដែលនិស្ស័យពុករលួយរបស់ខ្ញុំបានបើកសម្ដែង ខ្ញុំបានស្វែងរកសេចក្ដីពិតយ៉ាងសកម្មដើម្បីដោះស្រាយវា។ ខ្ញុំក៏បានអនុវត្តសរសេរអត្ថបទនៃទីបន្ទាល់បទពិសោធដែរ។ ខ្ញុំបានតាំងចិត្តថា ទោះបីជាគ្មានលទ្ធផល ឬគោលដៅល្អក្នុងអនាគតរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែខំប្រឹងបំពេញភារកិច្ចរបស់ខ្ញុំ ហើយដេញតាមសេចក្ដីពិតយ៉ាងអស់ពីចិត្ត ដើម្បីថ្វាយការសម្រាលទុក្ខបន្តិចបន្តួចដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។

ប៉ុន្មានឆ្នាំនោះ ខ្ញុំបានរស់នៅក្នុងសភាពធ្លាក់ទឹកចិត្ត។ ទោះបីជាខ្ញុំមានអារម្មណ៍សោកស្ដាយ និងស្អប់ខ្ពើមខ្លួនឯងក៏ដោយ ក៏ខ្ញុំមិនដែលស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំដែរ។ ការនេះបានបណ្ដាលឲ្យជីវិតរបស់ខ្ញុំមិនមានការរីកចម្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយខ្ញុំបានខកខានឱកាសជាច្រើនដើម្បីទទួលបានសេចក្ដីពិត។ តាមរយៈការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដោះស្រាយការយល់ខុស និងរនាំងរបស់ខ្ញុំជាមួយព្រះជាម្ចាស់ រំដោះខ្លួនខ្ញុំចេញពីចំណង និងការឃុំគ្រងនៃអំពើរំលងរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំ និងស្វែងរកសេចក្ដីពិតបានជាធម្មតា។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ចេញពីដួងចិត្តរបស់ខ្ញុំមែន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរំដោះខ្លួនពីខ្នោះនៃចំណង

ដោយ ជូ យ័ន (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល...

បន្ទាប់ពីការកុហក

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់...