ព្រះបន្ទូលព្រះ គឺជាកញ្ចក់ឡែនតែមួយគត់របស់យើង ដើម្បីមើលអ្នកដទៃ

07-08-2023

ខ្ញុំនិងស៊ីឡាស្គាល់គ្នាយូរហើយ ហើយខ្ញុំក៏ស្គាល់គាត់ច្បាស់ដែរ។ គ្រប់ពេលយើងជួបគ្នា គាត់តែងនិយាយជាមួយខ្ញុំអំពីសភាពថ្មីៗរបស់គាត់។ គាត់ប្រាប់ថា គាត់ចេះតែសង្ស័យពីអ្នកដទៃ និងខ្វល់ខ្វាយខ្លាំងពីអ្វីដែលគេគិតចំពោះគាត់។ គាត់ក៏ថា គាត់ចង្អៀតចង្អល់ណាស់ ហើយតែងតែវិភាគពីសម្ដីអ្នកដទៃជានិច្ច។ សូម្បីតែមើលទឹកមុខ ស្ដាប់សំឡេង ឬឮសម្តីធម្មតារបស់អ្នកណាម្នាក់ ក៏ងាយនឹងឱ្យគាត់អន់ចិត្តដែរ។ គាត់ក៏មិនចង់ក្លាយជាបែបនេះដែរ តែគាត់ធ្វើមិនបានទេ។ គាត់តែងនិយាយថា គាត់ពុករលួយខ្លាំង បោកបញ្ឆោត និងខ្វះភាពជាមនុស្ស ថាគាត់ពិតជាស្អប់ខ្លួនឯងណាស់ដែលឱ្យតម្លៃខ្លាំងលើកេរ្តិ៍ឈ្មោះ និងឋានៈ ហើយគាត់និយាយបណ្ដើរ យំបណ្ដើរ។ ពេលឃើញគាត់ស្ដាយក្រោយ និងស្អប់ខ្លួនឯងបែបនេះ ខ្ញុំគិតថា គាត់ពិតជាចង់ផ្លាស់ប្ដូរមែន។ ប្រហែល នេះជានិស្ស័យពុករលួយធ្ងន់ធ្ងរ។ នេះជាចំណុចខ្សោយស្លាប់រស់របស់គាត់ មិនងាយនឹងផ្លាស់ប្ដូរទេ ហើយមុខជាត្រូវការពេល។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគួរតែយល់ចិត្តគាត់។ មិនថាខ្ញុំរវល់នឹងភារកិច្ចខ្ញុំបែបណាទេ បើគាត់ចង់ជជែកលេង ខ្ញុំនឹងទុកការងារខ្ញុំនៅម្ដុំ ដើម្បីស្ដាប់គាត់រៀបរាប់ពីរឿងក្នុងចិត្ត ហើយជារឿយៗ ខ្ញុំនឹងលើកទឹកចិត្ត លួងលោម និងប្រកបគ្នាជាមួយគាត់។ តែអ្វីដែលខ្ញុំមិនយល់នោះគឺ ទោះបីស៊ីឡាហាក់ប្រកបគ្នាដោយមានហេតុផល និងស្គាល់ខ្លួនឯងច្បាស់ក៏ដោយ តែនៅពេលអ្នកដទៃលើកឡើងពីបញ្ហារបស់គាត់ គាត់គិតថា ពួកគេមើលងាយគាត់ ហើយគាត់ក៏ប្រែជាអវិជ្ជមាន។ ការនេះបានកើតឡើងដដែលៗ និងមិនផ្លាស់ប្ដូរឡើយ។ ជាងនេះទៅទៀត គាត់បាននិយាយជាមួយមនុស្សជាច្រើនអំពីបញ្ហានេះ បានបើកចំហជាច្រើនដង ហើយមនុស្សជាច្រើនបានប្រកបគ្នាជាមួយគាត់។ តែច្រើនឆ្នាំមកហើយ គាត់នៅតែមិនបានកែលម្អសូម្បីតែបន្តិច។

ខ្ញុំចាំបានថា ម្ដងនោះ អ្នកគ្រប់គ្រងបានពិនិត្យមើលបញ្ហាមួយដែលយើងមានជាមួយការស្រោចស្រពដល់អ្នកជឿថ្មីថា យើងមិនបានយកចិត្តទុកដាក់ និងអត់ធ្មត់គ្រប់គ្រាន់ជាមួយអ្នកជឿថ្មី ហើយមិនបានប្រកបគ្នា និងគាំទ្រពួកគេ នៅពេលពួកគេមិនបានចូលរួមការជួបជុំ ដែលនេះជាការគ្មានទំនួលខុសត្រូវឡើយ។ អ្នកគ្រប់គ្រងនិយាយបញ្ហានេះទៅកាន់អ្នកស្រោចស្រពទាំងអស់ ដោយមិនបានចុចចំឈ្មោះនរណាម្នាក់ឡើយ។ តែស៊ីឡានិយាយថា អ្នកគ្រប់គ្រងកំពុងតែលាតត្រដាងគាត់ និងធ្វើឱ្យគាត់បាក់មុខ ដូច្នេះ គាត់មិនចង់និយាយក្នុងពេលការជួបជុំឡើយ។ មានពេលមួយទៀត បងប្រុសម្នាក់បានប្រកបគ្នាពីសភាពបច្ចុប្បន្នរបស់គាត់ រួចគាត់ថា ជួនកាល ពេលគាត់នៅជាមួយមនុស្សមានគុណសម្បត្តិអន់ គាត់មិនបានប្រព្រឹត្តចំពោះពួកគេដោយយុត្តិធម៌ទេ។ គាត់បន្តប្រកបគ្នាពីបទពិសោធ និងរបៀបកែលម្អខ្លួន និងទទួលបានច្រកចូល។ តែនៅពេលស៊ីឡាឮរឿងនេះ គាត់គិតថា បងប្រុសនោះកំពុងនិយាយពីគាត់ និងថាបងប្រុសនោះកំពុងបន្ដុះបង្អាប់ដល់គុណសម្បត្តិគាត់ និងមើលស្រាលគាត់។ ក្រោយមក គាត់មានអារម្មណ៍អវិជ្ជមានជាច្រើនថ្ងៃ គាត់គិតអគតិចំពោះបងប្រុសនោះ ហើយគេចមុខ មិនអើពើនឹងគាត់ទេ។ មានពេលមួយទៀត ក្នុងពេលកំពុងពិភាក្សាពីការងារ អ្នកគ្រប់គ្រងបានលើកឡើងពីបញ្ហាតូចមួយទាក់ទងនឹងរបៀបដែលស៊ីឡាស្រោចស្រពអ្នកជឿថ្មី ហើយភ្លាមនោះ គាត់ក៏ចាប់ផ្ដើមយំ រួចរត់ចេញទៅ បាត់មួយសន្ទុះ ទើបត្រលប់មកវិញ។ គាត់អង្គុយយំស្ងាត់ស្ងៀមនៅជ្រុងម្ខាង ដូចត្រូវគេធ្វើដាក់មិនសមអ៊ីចឹង។ នៅពេលខ្ញុំឃើញទឹកមុខរបស់គាត់ ចិត្តខ្ញុំនៅមិនស្ងប់សោះ ហើយការជួបជុំក៏ត្រូវរំខាន។ នៅទីបំផុត អ្នកគ្រប់គ្រងគ្មានជម្រើសអ្វីក្រៅពីលួងលោម និងលើកទឹកចិត្តគាត់ទេ បន្ទាប់មក គាត់ក៏បានស្ងប់ចិត្តវិញ។ ក្រោយមក អ្នកដឹកនាំបានប្រកបគ្នាជាមួយគាត់ ដោយលើកឡើងថា គាត់ឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងពេក និងចង់ទាក់ទាញការចាប់អារម្មណ៍ និងការខ្វល់ខ្វាយរបស់គ្រប់គ្នា ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ គាត់មិនទទួលយកការលើកឡើងនេះទេ។ ម្យ៉ាង គាត់និយាយថា ការរិះគន់របស់អ្នកគ្រប់គ្រង មានលក្ខណៈអគតិ និងអយុត្តិធម៌ តែម្យ៉ាងទៀត គាត់ក៏និយាយដែរថា គាត់មានធម្មជាតិមួយដែលពិបាក និងចង់ផ្លាស់ប្ដូរ តែមិនអាចផ្លាស់ប្ដូរបាន។ គាត់ក៏និយាយដែរថា «ខ្ញុំទ័លហើយ។ ម្ដេចក៏ខ្ញុំមានធម្មជាតិបែបនេះ? ម៉េចក៏អ្នកផ្សេងប្រសើរជាងខ្ញុំ ហើយគ្មានគំនិតចាក់ស្មុគច្រើនដូចខ្ញុំ? ហេតុអ្វីក៏ព្រះមិនប្រទានឱ្យខ្ញុំមានធម្មជាតិមួយល្អ?» ពេលខ្ញុំឮគាត់និយាយបែបនេះ ខ្ញុំគិតថា៖ «ម្ដេចក៏គាត់គួរឱ្យស្អប់ និងគ្មានហេតុផលបែបនេះ? តើគាត់អាចស្ដីបន្ទោសព្រះម្ដេចកើតទៅ?» តែពេលនោះ ខ្ញុំគិតថា ថ្មីៗនេះ គាត់អាចមានសភាពអាក្រក់ ហើយគាត់និយាយបែបនេះ ព្រោះតែកេរ្តិ៍ឈ្មោះ និងឋានៈគាត់រងការគំរាមកំហែង។ នៅពេលសភាពគាត់ប្រសើរវិញ ប្រហែល គាត់នឹងឈប់ធ្វើបែបនេះហើយ។

តែក្រោយមក ខ្ញុំបានដឹងថា មិនថាគាត់នៅជាមួយនរណាទេ គាត់តែងទើសទាល់នឹងទឹកមុខគេជានិច្ច បើគាត់គិតថា គេមិនអើពើនឹងគាត់ ឬបើគាត់មិនចូលចិត្តសម្ដីសំដៅរបស់គេ គាត់នឹងសន្និដ្ឋានថា បុគ្គលនោះបាននិយាយសំដៅលើគាត់។ ពេលនិយាយជាមួយគាត់ ខ្ញុំប្រយ័ត្នប្រយែងណាស់ តែងបារម្ភថា ខ្ញុំនឹងធ្វើឱ្យគាត់អន់ចិត្ត ធ្វើឱ្យគាត់ប្រែជាអវិជ្ជមាន និងពន្យារពេលភារកិច្ចរបស់គាត់។ ការព្យាយាមទាក់ទងជាមួយស៊ីឡាពិតជាតឹងទ្រូងណាស់ ហើយជារឿយៗ ខ្ញុំចង់គេចចេញពីគាត់។ តែក្រោយមក ខ្ញុំចាំថា ខ្ញុំក៏ពុករលួយដែរ ហើយខ្ញុំមិនគួរមើលគេក្នុងផ្លូវអាក្រក់ឡើយ។ ខ្ញុំត្រូវតែខ្វល់ខ្វាយ និងចេះគិតគូរដល់ការលំបាករបស់គេ ចេះអត់ឱន និងអាណិតអាសូរ។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តទាក់ទងតាមធម្មតាជាមួយគាត់ និងព្យាយាមមិនធ្វើឱ្យគាត់អន់ចិត្តទេ។

ក្រោយមក ព្រោះតែស៊ីឡាមិនទទួលយកសេចក្តីពិតសោះ គ្មានហេតុផល និងបង្អាក់ដល់ពួកជំនុំ អ្នកដឹកនាំបានដកគាត់ចេញ រួចសុំឱ្យគាត់នៅដាច់ចេញពីគេ ដើម្បីឆ្លុះបញ្ចាំងខ្លួនឯង។ ខ្ញុំភ្ញាក់ផ្អើលដែរ ពេលឮដំណឹងនេះ ព្រោះថាទោះបីស៊ីឡាខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំង ហើយចេះតែសង្ស័យពីអ្នកដទៃក៏ដោយ ក៏គាត់នៅព្រមបើកចំហប្រកបគ្នា និងហាក់ស្វែងរកសេចក្តីពិតដែរ។ ចុះហេតុអ្វីក៏គាត់ត្រូវនៅដាច់ពីគេបែបនេះ? ក្រោយមក នៅក្នុងការជួបជុំមួយ ពេលអ្នកដឹកនាំអានការវាយតម្លៃអំពីស៊ីឡា ហើយប្រើព្រះបន្ទូលវែកញែកអំពីឥរិយាបថគាត់ ទើបខ្ញុំស្គាល់ពីគាត់បានខ្លះៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលធ្វើរឿងអ្វីមួយ មនុស្សគ្មានហេតុផល និងបង្ករឿងឥតឈប់ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងតាមដែលពួកគេចង់ ហើយសម្ដីរបស់ពួកគេពោរពេញទៅដោយជំនឿខុសឆ្គងគ្មានហេតុផល។ ពួកគេមិនបើកចិត្តទទួលយកហេតុផលទេ និងពេញដោយនិស្ស័យកាចសាហាវ។ គ្មាននរណាហ៊ានសេពគប់ជាមួយពួកគេទេ ហើយក៏គ្មាននរណាម្នាក់សុខចិត្តប្រកបគ្នាជាមួយពួកគេពីសេចក្តីពិតដែរ ព្រោះខ្លាចនាំគ្រោះដាក់ខ្លួន។ មនុស្សមានអារម្មណ៍ភិតភ័យ ពេលនិយាយពីចិត្តគំនិតរបស់ខ្លួនប្រាប់ទៅពួកគេ ខ្លាចថា ប្រសិនបើពួកគេនិយាយពាក្យណាមួយដែលធ្វើឱ្យពួកនោះមិនពេញចិត្ត ឬមិនស្របតាមការចង់បានរបស់ពួកគេ អ្នកទាំងនោះនឹងយកពាក្យនោះមកចោទប្រកាន់ពួកគេទាំងកំរោលមិនខាន។ តើមនុស្សបែបនេះមិនមែនជាមនុស្សអាក្រក់ទេឬអី? តើពួកគេមិនមែនជាពួកអារក្សរស់ទេឬអី? មនុស្សទាំងឡាយណាដែលមាននិស្ស័យកាចសាហាវ និងគ្មានហេតុផល គឺសុទ្ធតែជាពួកអារក្សរស់។ ហើយនៅពេលនរណាម្នាក់ទាក់ទងជាមួយអារក្សរស់ អ្នកនោះអាចនាំគ្រោះដាក់ខ្លួនបាន បើមានការធ្វេសប្រហែសតែបន្តិច។ ប្រសិនបើពួកអារក្សរស់ទាំងនេះ មានវត្តមាននៅក្នុងពួកជំនុំ តើវាមិនបង្កបញ្ហាទៅហើយទេ? (នឹងបង្កបញ្ហាមិនខាន)។ បន្ទាប់ពីពួកអារក្សរស់ទាំងនេះបញ្ចេញអារម្មណ៍ឆេវឆាវ និងជះកំហឹងរបស់ខ្លួនរួចហើយ ពួកគេអាចនិយាយដូចមនុស្សបានមួយសន្ទុះ រួចក៏សុំអភ័យទោស ប៉ុន្តែបន្ទាប់ពីនោះទៅ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ នរណាទៅដឹងថា ពេលណាដែលពួកគេនឹងមានអារម្មណ៍មួម៉ៅទៀត ហើយពេលណាពួកគេនឹងបញ្ចេញអារម្មណ៍ឆេវឆាវ ដោយនិយាយពីជំនឿខុសឆ្គងគ្មានហេតុផលរបស់ពួកគេទៀតទៅ។ រាល់ដង គោលដៅនៃការជះកំហឹង និងការបញ្ចេញអារម្មណ៍ឆេវឆាវដាក់នោះ គឺខុសៗគ្នា ហើយប្រភព និងសាវតារនៃការផ្ទុះកំហឹងរបស់ពួកគេ ក៏ខុសគ្នាដែរ។ អ្វីក៏អាចធ្វើឱ្យពួកគេផ្ទុះកំហឹងបានដែរ។ អ្វីក៏អាចធ្វើឱ្យពួកគេមិនពេញចិត្តបានដែរ ហើយអ្វីក៏អាចធ្វើឱ្យពួកគេមានប្រតិកម្មច្រឡោងខាម និងគ្មានហេតុផលបានដែរ។ ពិតជាគួរឱ្យខ្លាច និងនាំរឿងមែន! មនុស្សអាក្រក់ទាំងនេះធ្វើដូចជាពួកគេកំពុងកើតជំងឺផ្លូវចិត្តអ៊ីចឹង។ ពួកគេអាចបាត់បង់សតិរបស់ខ្លួនគ្រប់ពេល ហើយគ្មាននរណាម្នាក់ដឹងថា ពួកគេអាចធ្វើអ្វីខ្លះនោះទេ។ ខ្ញុំស្អប់មនុស្សបែបនេះខ្លាំងណាស់។ គួរតែបោសសម្អាតពួកគេចេញឱ្យអស់ ត្រូវដកពួកគេចេញឱ្យអស់ កុំទុកម្នាក់ណាឡើយ។ ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយពួកគេទេ។ ពួកគេមានគំនិតមិនជ្រះស្រឡះ និងមានចរិតឃោរឃៅ ពួកគេពេញដោយជំនឿខុសឆ្គងគ្មានហេតុផល និងគ្មានន័យខ្លឹមសារ ហើយនៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ ពួកគេក៏បញ្ចេញកំហឹងដាក់រឿងទាំងនោះភ្លាមតែម្ដង។ ... ពួកគេនឹងមិនទទួលស្គាល់ថា ខ្លួនពួកគេមានបញ្ហាទេ ផ្ទុយទៅវិញ ពួកគេនឹងទម្លាក់ការទទួលខុសត្រូវនោះទៅលើអ្នកដទៃ។ ពួកគេថែមទាំងបន្ទោសថាមកពីអ្នកទាំងនោះហើយ ទើបពួកគេមានឥរិយាបថបែបនេះ ដោយអះអាងថា កន្លងមក ពួកគេត្រូវអ្នកដទៃធ្វើដាក់ខ្លួនមិនសម ហាក់ដូចជាកំហឹង និងការបង្កបញ្ហាគ្មានហេតុផលរបស់ពួកគេនោះ គឺមកពីអ្នកណាម្នាក់បង្កឡើងអ៊ីចឹង ហើយពួកគេគ្មានជម្រើសអ្វីផ្សេង ក៏ប្រព្រឹត្តបែបនេះទៅ។ ពួកគេសម្ដែងធ្វើដូចពួកគេកំពុងការពារខ្លួន ថាគ្រប់យ៉ាងសុទ្ធតែជាកំហុសរបស់អ្នកដទៃដូច្នោះដែរ។ នៅពេលណាដែលពួកគេមានអារម្មណ៍មិនពេញចិត្ត ពួកគេចាប់ផ្ដើមបញ្ចេញកំហឹងរបស់ខ្លួន និយាយឥតបានការ និងលើកពីជំនឿខុសឆ្គងគ្មានហេតុផល។ ពួកគេធ្វើដូចជាត្រូវស្ដីបន្ទោសឱ្យអ្នកផ្សេង ធ្វើដូចមានតែពួកគេប៉ុណ្ណោះដែលជាមនុស្សល្អ ហើយអ្នកផ្សេងទៀតសុទ្ធតែជាមនុស្សអាក្រក់ទាំងអស់អ៊ីចឹង។ ហើយមិនថាពួកគេបញ្ចេញអារម្មណ៍ឆេវឆាវរបស់ខ្លួនច្រើនប៉ុនណាទេ និងមិនថាពួកគេនិយាយពីជំនឿខុសឆ្គងគ្មានហេតុផលអ្វីនោះទេ ពួកគេនៅតែចង់ឱ្យអ្នកដទៃនិយាយល្អពីខ្លួនពួកគេដដែល។ នៅពេលពួកគេបានធ្វើរឿងអ្វីមួយមិនល្អ ពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ទម្លាយរឿងនោះ ឬស្ដីបន្ទោសពួកគេឡើយ។ ប្រសិនបើអ្នកនិយាយអ្វីអាក្រក់ពីពួកគេ ពួកគេនឹងតាមរករឿងអ្នកឥតឈប់ ហើយមិនព្រមឈប់និយាយពីរឿងនោះឡើយ។ តើមនុស្សទាំងនេះ គឺជានរណា? ពួកគេគឺជាមនុស្សគ្មានហេតុផល និងបង្ករឿងឥតឈប់ ហើយពួកគេគ្រប់គ្នា សុទ្ធតែជាមនុស្សអាក្រក់» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ កាលណានរណាម្នាក់និយាយអ្វីមួយគំរាមកំហែងដល់ប្រយោជន៍ពួកគេ មនុស្សបែបនេះនិយាយដោយគ្មានហេតុផល និងឆេវឆាវភ្លាម។ ពួកគេមាននិស្ស័យពិសពុលខ្លាំង រហូតដល់អ្នកដទៃខ្លាចក្នុងការប្រឈម និងធ្វើឱ្យពួកគេអន់ចិត្ត។ ពួកគេបង្អាក់យ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រុសស្រី និងជីវិតពួកជំនុំ។ ស៊ីឡាមានចរិតបែបនេះឯង។ ពេលអ្នកដទៃលើកឡើងពីបញ្ហារបស់គាត់ គាត់មិនបានគិតថា អ្វីដែលពួកគេនិយាយនោះត្រឹមត្រូវឬអត់ទេ ហើយក៏មិនបានឆ្លុះបញ្ចាំងដែរ តែបែរជាផ្ដោតលើសម្ដីសំដៅ និងអាកប្បកិរិយារបស់ពួកគេទៅវិញ។ បើមិនត្រូវចិត្តគាត់ទេ គាត់នឹងតូចចិត្តភ្លាម ហើយអាចអន់ចិត្តនឹងគេ និងមានគំនិតមិនល្អចំពោះគេជាដើម ដោយគិតថា ពួកគេនិយាយសំដៅលើគាត់ និងមើលស្រាលគាត់ ឬក៏បញ្ចេញការមិនសប្បាយចិត្តតាមរយៈការយំស្រែក។ ទង្វើនេះបានធ្វើឱ្យអ្នកដទៃទើសទាល់ ដែលនាំឱ្យគេចង់គេចចេញពីគាត់ ឬក៏នៅក្បែរគាត់។ អ្នកគ្រប់គ្រងបានពិនិត្យមើលបញ្ហានៅក្នុងកិច្ចការស្រោចស្រពរបស់យើង ដើម្បីជួយយើងធ្វើឱ្យកែលម្អ និងបំពេញភារកិច្ចយើងកាន់តែប្រសើរ តែស៊ីឡាគិតថា អ្នកគ្រប់គ្រងកំពុងសំដៅលើគាត់ និងលើកឡើងកំហុសមុនៗរបស់គាត់ គាត់មានគំនិតមិនល្អចំពោះអ្នកមើលខុសត្រូវ។ ពេលបងប្រុសម្នាក់បានប្រកបគ្នាពីសភាពរបស់គាត់ថា គាត់មិនអាចប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ ស៊ីឡាគិតថា គាត់កំពុងបន្ដុះបង្អាប់ និងមើលស្រាលខ្លួន ដូច្នេះ នាងមិនអើពើចំពោះគាត់ ហើយថែមទាំងស្រែកយំ ដើម្បីបញ្ចេញការឈឺចាប់របស់ខ្លួនទៀតផង។ ដូច្នេះ មនុស្សមិនហ៊ានប្រឈម ឬធ្វើឱ្យគាត់អន់ចិត្ត ហើយបានត្រឹមតែនិយាយទន់ភ្លន់ដាក់គាត់ប៉ុណ្ណោះ ដើម្បីផ្គាប់ចិត្ត និងស្របតាមចិត្តគាត់ប៉ុណ្ណោះ។ បែបនេះ ទើបគាត់បំពេញភារកិច្ចរបស់ខ្លួន។ ស៊ីឡាមានឫកពាបែបនេះច្រើនឆ្នាំមកហើយ។ គាត់មានទស្សនៈមិនល្អចំពោះអ្នកណាដែលបង្ខូចកេរ្តិ៍ឈ្មោះ និងឋានៈរបស់គាត់ ឬគំរាមកំហែងដល់ប្រយោជន៍គាត់។ គាត់ថែមទាំងនិយាយថា មូលហេតុដែលគាត់ក្លាយជាអវិជ្ជមាន គឺព្រោះតែអាកប្បកិរិយាដែលគេមានចំពោះគាត់ទៀតផង ដែលនេះជាការប្រព្រឹត្តគ្មានហេតុផលផ្ទុយពីសេចក្តីពិតហើយ។ តើគាត់មិនមែនជាមនុស្សគ្មានហេតុផលម្នាក់ដែលព្រះលាតត្រដាងទេឬអី? ក្រោយបានដឹងរឿងនេះ ទើបខ្ញុំមើលឃើញថា ការសង្ស័យពីអ្នកដទៃ និងការខ្វល់ខ្លាំងពេកពីកេរ្តិ៍ឈ្មោះ មិនមែនជាបញ្ហាតែមួយគត់របស់ស៊ីឡានោះទេ។ គាត់មិនទទួលយកសេចក្តីពិតសោះឡើយ ហើយគាត់ជាមនុស្សរំខាន និងគ្មានហេតុផល។ ខ្ញុំបានឆ្លុះបញ្ចាំងមើលអំពី ពេលដែលខ្ញុំបានឃើញស៊ីឡាពិភាក្សាសភាពរបស់គាត់ បើកចំហពីសេចក្តីពុករលួយរបស់ខ្លួន វិភាគមើលខ្លួនឯងនៅក្នុងការជួបជុំ ហើយគាត់ថែមទាំងយំ និងស្ដាយក្រោយ នៅពេលពិភាក្សាពីសេចក្តីពុករលួយរបស់គាត់ទៀតនោះ ខ្ញុំគិតថា គាត់ច្បាស់ជាស្គាល់ខ្លួនឯងពិតប្រាកដ និងជាអ្នកស្វែងរកសេចក្តីពិតហើយ។ តើការយល់ដឹងរបស់ខ្ញុំនេះខុសត្រង់ណាដែរ?

ក្រោយមក បន្ទាប់ពីការប្រកបគ្នាពីបន្ទូលព្រះជាមួយបងប្អូនប្រុសស្រី នៅទីបំផុត ខ្ញុំយល់បានខ្លះពីអ្វីដែលគាត់ហៅថា «ការស្គាល់ខ្លួនឯង» នោះ។ «នៅពេលមនុស្សមួយចំនួនប្រកបគ្នាអំពីការស្គាល់ខ្លួនឯង រឿងដំបូងគេដែលចេញពីមាត់របស់ពួកគេគឺ៖ 'ខ្ញុំគឺជាអារក្ស ជាសាតាំងរស់ ជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ខ្ញុំមិនស្ដាប់បង្គាប់ទ្រង់ ខ្ញុំក្បត់ទ្រង់។ ខ្ញុំជាមនុស្សពិសពុល ជាមនុស្សអាក្រក់ដែលគួរដាក់បណ្ដាសា'។ តើនេះជាការស្គាល់ខ្លួនឯងពិតប្រាកដដែរឬទេ? ពួកគេគ្រាន់តែនិយាយក្នុងលក្ខណៈទូទៅប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេមិនព្រមផ្ដល់ជាឧទាហរណ៍? ហេតុអ្វីបានជាពួកគេមិនអាចប្រាប់រឿងដ៏អាម៉ាស់ដែលពួកគេបានធ្វើឱ្យអ្នកផ្សេងបានដឹង ដើម្បីយករឿងនោះមកវិភាគ? មនុស្សខ្លះដែលគ្មានការឈ្វេងយល់ ស្ដាប់ពួកគេរួច ក៏គិតថា៖ 'នេះជាការស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ! ការស្គាល់ខ្លួនឯងថាជាអារក្ស ជាសាតាំង ហើយថែមទាំងដាក់បណ្ដាសាខ្លួនឯងបែបនេះ ពួកគេបានឈានដល់កម្ពស់ខ្ពស់ខ្លាំងណាស់!' មនុស្សជាច្រើន ជាពិសេសអ្នកជឿថ្មី ងាយចាញ់បញ្ឆោតសម្ដីបែបនេះណាស់។ ពួកគេគិតថា អ្នកនិយាយនោះ ជាមនុស្សបរិសុទ្ធ និងយល់ពីបញ្ហាខាងវិញ្ញាណ ថាគេនោះជាបុគ្គលដែលស្រឡាញ់សេចក្តីពិត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកដឹកនាំ។ ក៏ប៉ុន្តែ នៅពេលពួកគេទាក់ទងជាមួយបុគ្គលនោះបានមួយរយៈ ពួកគេក៏បានដឹងថា អ្វីៗមិនមែនបែបនោះទេ ហើយបុគ្គលនោះក៏មិនដូចជាមនុស្សដែលពួកគេធ្លាប់បានស្រមៃដែរ ប៉ុន្តែជាបុគ្គលក្លែងក្លាយ និងបោកបញ្ឆោត ពូកែក្លែងបន្លំ និងធ្វើពុត ដែលធ្វើឱ្យពួកគេមានការខកចិត្តជាខ្លាំង។ តើមានមូលដ្ឋានអ្វីខ្លះដែលអាចចាត់ទុកថា មនុស្សស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដនោះ? អ្នកមិនអាចគិតតែពីសម្ដីដែលពួកគេនិយាយបានឡើយ ចំណុចសំខាន់គឺត្រូវកំណត់ថាតើពួកគេអាចអនុវត្ត និងអាចទទួលយកសេចក្តីពិតបានឬអត់។ ចំពោះអ្នកដែលមានការយល់ពីសេចក្តីពិតប្រាកដមែននោះ ពួកគេមិនគ្រាន់តែស្គាល់ខ្លួនឯងពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះគឺ ពួកគេអាចអនុវត្តសេចក្តីពិតបាន។ ពួកគេមិនគ្រាន់តែនិយាយពីការយល់ដឹងពិតប្រាកដរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើតាមអ្វីដែលពួកគេនិយាយផងដែរ។ ពោលគឺ សម្ដី និងទង្វើរបស់ពួកគេ ស្របគ្នាទាំងស្រុង។ ប្រសិនបើសម្ដីដែលពួកគេនិយាយ ស្ដាប់ទៅមានការយល់ដឹងច្បាស់លាស់ និងអាចយល់ស្របតាមបាន ប៉ុន្តែពួកគេមិនបានធ្វើតាមសម្ដីនោះ មិនបានរស់នៅតាមសម្ដីនោះទេ នោះពួកគេបានក្លាយជាពួកផារិស៊ីហើយនៅក្នុងរឿងនេះ ពួកគេជាពួកមានពុត ហើយដាច់ខាតមិនមែនជាមនុស្សដែលស្គាល់ខ្លួនឯងពិតប្រាកដឡើយ។ មនុស្សជាច្រើនស្ដាប់ទៅដូចជាមានការយល់ដឹងច្បាស់លាស់ណាស់អ៊ីចឹង នៅពេលពួកគេប្រកបគ្នាពីសេចក្តីពិត ប៉ុន្តែបែរជាមិនដឹងទៅវិញ នៅពេលពួកគេបង្ហាញនិស្ស័យពុករលួយណាមួយចេញមក។ តើមនុស្សទាំងនេះ ជាមនុស្សដែលស្គាល់ខ្លួនឯងដែរឬទេ? ប្រសិនបើមនុស្សមិនស្គាល់ខ្លួនឯងទេ តើពួកគេជាមនុស្សដែលយល់ពីសេចក្តីពិតដែរឬទេ? អស់អ្នកណាដែលមិនស្គាល់ខ្លួនឯង អ្នកនោះគឺជាមនុស្សដែលមិនយល់ពីសេចក្តីពិត ហើយអស់អ្នកណាដែលនិយាយពាក្យឥតបានការអំពីការស្គាល់ខ្លួនឯង អ្នកនោះមានភាពក្លែងក្លាយខាងវិញ្ញាណ ពួកគេជាមនុស្សកុហក។ មនុស្សខ្លះស្ដាប់ទៅដូចជាមានការយល់ដឹងច្បាស់លាស់ណាស់ នៅពេលពួកគេនិយាយពីគោលលទ្ធិ ប៉ុន្តែសភាពនៅក្នុងវិញ្ញាណរបស់ពួកគេ មានភាពស្ពឹកស្រពន់ និងល្ងង់ខ្លៅជាទីបំផុត ពួកគេមិនអាចដឹងបានតាមវិញ្ញាណ ក៏មិនអាចឆ្លើយតបទៅនឹងបញ្ហាណាមួយបានដែរ។ អាចនិយាយបានថា ពួកគេស្ពឹកស្រពន់ ប៉ុន្តែពេលខ្លះទៀត ពេលស្ដាប់ពួកគេនិយាយ វិញ្ញាណរបស់ពួកគេហាក់វាងវៃណាស់។ ឧទាហរណ៍ បន្ទាប់ពីមានរឿងអ្វីមួយកើតឡើង ពួកគេអាចដឹងខ្លួនភ្លាមថា៖ 'មុននេះបន្តិច មានគំនិតមួយបានផុសឡើងយ៉ាងច្បាស់នៅក្នុងចិត្តខ្ញុំ។ ខ្ញុំគិតពីគំនិតនេះ ហើយក៏បានដឹងថា នេះជាគំនិតបោកបញ្ឆោត ថាខ្ញុំកំពុងតែបោកបញ្ឆោតព្រះជាម្ចាស់ហើយ'។ មនុស្សខ្លះដែលគ្មានការឈ្វេងយល់ កើតចិត្តច្រណែន នៅពេលពួកគេឮបែបនេះ ដោយថា៖ 'បុគ្គលនេះដឹងភ្លាម នៅពេលពួកគេបង្ហាញសេចក្តីពុករលួយចេញមក ហើយអាចនិយាយការពិតចេញមក ព្រមទាំងអាចប្រកបគ្នាពីសេចក្តីពុករលួយនោះផង។ ពួកគេមានប្រតិកម្មឆាប់រហ័ស វិញ្ញាណរបស់ពួកគេក៏វាងវៃ ពួកគេប្រសើរជាងពួកយើងឆ្ងាយណាស់។ នេះគឺពិតជាបុគ្គលម្នាក់ដែលដេញតាមសេចក្តីពិតយ៉ាងប្រាកដមែនហើយ'។ តើការវាស់ស្ទង់មនុស្សតាមរបៀបនេះ ត្រឹមត្រូវដែរឬទេ? (អត់ទេ)។ ដូច្នេះ តើគួរមានមូលដ្ឋានអ្វីខ្លះដើម្បីវាស់ស្ទង់ថាមនុស្សពិតជាស្គាល់ខ្លួនឯងពិតប្រាកដមែនឬអត់នោះ? មូលដ្ឋាន គឺមិនមែនត្រឹមតែសម្ដីដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះទេ។ អ្នកក៏ត្រូវពិនិត្យមើលថាតើនៅក្នុងខ្លួនពួកគេមានការសម្ដែងចេញអ្វីឱ្យពិតប្រាកដទៅ ហើយវិធីសាស្ត្រដ៏សាមញ្ញបំផុត គឺត្រូវពិនិត្យមើលថាតើពួកគេអាចអនុវត្តសេចក្តីពិតបានឬអត់។ នេះជាចំណុចដ៏សំខាន់បំផុត។ ការដែលពួកគេអាចអនុវត្តសេចក្តីពិតបាន សបញ្ជាក់ឱ្យឃើញថា ពួកគេពិតជាស្គាល់ខ្លួនឯងប្រាកដមែន ព្រោះថាអ្នកដែលស្គាល់ខ្លួនឯងពិតប្រាកដ បង្ហាញពីការប្រែចិត្ត ហើយមានតែពេលដែលមនុស្សបង្ហាញពីការប្រែចិត្តទេ ទើបពួកគេស្គាល់ខ្លួនឯងពិតប្រាកដមែន» (ដកស្រង់ពី «មានតែការស្គាល់ខ្លួនឯងប៉ុណ្ណោះ ទើបជាជំនួយដល់ការដេញតាមសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំរៀនបានថា អ្នកដែលស្គាល់ខ្លួនឯងពិតប្រាកដ អាចទទួលយកសេចក្តីពិត ខ្មាសអៀន ក្រោយពេលបើកសម្ដែងសេចក្តីពុករលួយ ហើយក្រោយមក អាចប្រែចិត្ត និងបំផ្លាស់បំប្រែពិតប្រាកដ។ ផ្ទុយទៅវិញ អ្នកខ្លះនិយាយសុទ្ធតែពាក្យត្រឹមត្រូវ ហៅខ្លួនឯងថាអារក្ស ឬសាតាំង ធ្វើដូចពួកគេមានការស្គាល់ខ្លួនឯងស៊ីជម្រៅអ៊ីចឹង តែពេលប្រឈមនឹងការលួសកាត់ ពួកគេមិនទទួលយក និងមិនឆ្លុះបញ្ចាំងឡើយ ហើយថែមទាំងការពារខ្លួនម្ដងហើយម្ដងទៀត និងបង្កើតអំណេះអំណាងក្លែងក្លាយទៀតផង។ មិនថាមនុស្សបែបនេះមើលទៅមានការស្គាល់ខ្លួនឯងបែបណាទេ វាសុទ្ធតែជាឧបាយកលទាំងអស់។ ខ្ញុំបានគិតដល់ស៊ីឡា ដែលតែងនិយាយជាមួយមនុស្សអំពីសភាពរបស់គាត់ថា គាត់ខ្វល់ខ្វាយនឹងទឹកមុខមនុស្សខ្លាំងពេក ហើយមានអារម្មណ៍ទើសទាល់ចំពោះអាកប្បកិរិយារបស់គេ។ គាត់ក៏និយាយដែរថា គាត់បោកបញ្ឆោត និងសង្ស័យអ្នកដទៃ។ ពីសម្បកក្រៅ គាត់ហាក់និយាយតាមត្រង់ និងស្មោះត្រង់ អាចស្គាល់សេចក្តីពុករលួយរបស់ខ្លួន និងឆ្លុះបញ្ចាំងពីខ្លួនឯងអ៊ីចឹង ហើយពេលខ្លះ ថែមទាំងយំបណ្ដើរ និយាយបណ្ដើរទៀតផង។ គាត់ហាក់មានអារម្មណ៍ស្ដាយក្រោយពិតប្រាកដ និងស្អប់ខ្លួនឯង។ ដូច្នេះ ខ្ញុំគិតថា គាត់ជាអ្នកស្វែងរកសេចក្តីពិត។ តែគាត់បាននិយាយពីឥរិយាបថទាំងនេះជាច្រើនឆ្នាំមកហើយ តែគាត់មិនដែលផ្លាស់ប្ដូរឡើយ។ មានតែតាមរយៈការបើកសម្ដែងនៃបន្ទូលព្រះទេ ទើបខ្ញុំមើលឃើញថា អ្វីដែលស៊ីឡាហៅថាជា ការស្គាល់ខ្លួនឯងនោះ គឺគ្រាន់ជាការសម្ដែងប៉ុណ្ណោះ។ គាត់មិនទទួលយកសេចក្តីពិត ឬឆ្លុះបញ្ចាំងពីសេចក្តីពុករលួយរបស់ខ្លួនឡើយ។ ជារឿយៗ គាត់នឹងនិយាយពាក្យដែលល្អស្ដាប់ តែឥតខ្លឹមសារមកកាន់ខ្លួនឯងថា គាត់គ្មានភាពជាមនុស្សល្អ ជាមនុស្សបោកបញ្ឆោត ព្យាបាទ ជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយខ្ញុំគួរតែធ្លាក់នរក។ គាត់ហាក់មានការស្គាល់ខ្លួនឯងយ៉ាងស៊ីជម្រៅអ៊ីចឹង តែពេលអ្នកដទៃលើកឡើងពីបញ្ហារបស់គាត់ ឬក៏លួសកាត់ និងដោះស្រាយជាមួយគាត់ គាត់មិនទទួលយកសូម្បីតែបន្តិចឡើយ ហើយថែមទាំងប្រឆាំង អន់ចិត្ត រំខាន និងគ្មានហេតុផលទៀតផង។ គាត់នឹងខូចចិត្តទួញយំ និងប្រកែករកខុសត្រូវ ដោយរំខានដល់អ្នកដទៃរហូតដល់ពួកគេមិនអាចជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួនតាមធម្មតាទៀតផង។ គាត់បានរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ និងកិច្ចការពួកជំនុំ។ ពីមុន ខ្ញុំមិនយល់ពីសេចក្តីពិត និងខ្វះការឈ្វេងយល់ ដូច្នេះ ខ្ញុំបានចាញ់បញ្ឆោតឥរិយាបថពីសម្បកក្រៅរបស់គាត់ ហើយថែមទាំងគិតថា គាត់ជាអ្នកស្វែងរកសេចក្តីពិតទៀតផង។ ខ្ញុំពិតជាយល់ច្រឡំ និងល្ងីល្ងើមែន។ ក្រោយមក ទើបខ្ញុំដឹងថា ស៊ីឡាមិនបាននិយាយពីសភាពរបស់គាត់ជាមួយអ្នកដទៃ ព្រោះតែគាត់ចង់ស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា និងប៉ះប៉ូវសភាពរបស់ខ្លួនទេ ប៉ុន្តែ គាត់គ្រាន់តែចង់បាននរណាម្នាក់ ដើម្បីបន្ធូរអារម្មណ៍ឈឺចាប់របស់ខ្លួន ចង់ឱ្យគេលួងលោម និងបន្ថយការឈឺចាប់របស់ខ្លួនប៉ុណ្ណោះ។ មិនថាគាត់បើកចំហជាមួយមនុស្សច្រើនប៉ុនណាទេ គាត់បានត្រឹមជាការរំខានប៉ុណ្ណោះ។ បើគេមិនដកគាត់ចេញ មិនបានវែកញែកពីសភាពគាត់ទេ នោះខ្ញុំនឹងមិនបានឈ្វេងយល់ពីគាត់ឡើយ។ ខ្ញុំនឹងចាត់ទុកគាត់ដូចប្អូនស្រី ដោយអត់ឱន និងអត់ធ្មត់ ហើយថែមទាំងចាញ់បញ្ឆោតគាត់ទាំងមិនដឹងខ្លួនមិនខាន។ ពេលនោះ ទើបខ្ញុំដឹងថា ការមើលមនុស្សដោយប្រើបន្ទូលព្រះ សំខាន់ប៉ុនណា!

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលធ្វើឱ្យខ្ញុំយល់ដឹងខ្លះអំពីចេតនាស៊ីឡា និងល្បិចស្នៀតដែលគាត់ប្រើ ដើម្បីបញ្ឆោតគេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើគេអាចបែងចែកបានដោយរបៀបណាថា បុគ្គលម្នាក់ស្រឡាញ់សេចក្តីពិតឬអត់នោះ? ចំណុចមួយ មនុស្សត្រូវពិនិត្យមើលថាតើបុគ្គលនេះអាចស្គាល់ខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់បានឬអត់ ត្រូវពិនិត្យមើលថាតើគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងមានអារម្មណ៍ស្ដាយក្រោយពិតប្រាកដឬអត់។ ចំណុចមួយទៀត មនុស្សត្រូវពិនិត្យមើលថាតើបុគ្គលនោះអាចទទួលយក និងអនុវត្តសេចក្តីពិតបានឬអត់។ ប្រសិនបើគេអាចទទួលយក និងអនុវត្តសេចក្តីពិតបាន នោះគេជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិត និងអាចស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់បានហើយ។ ប្រសិនបើគេគ្រាន់តែដឹងពីសេចក្តីពិត ប៉ុន្តែមិនដែលទទួលយក ឬអនុវត្តសេចក្តីពិត ដូចមនុស្សមួយចំនួននិយាយថា៖ 'ខ្ញុំយល់ពីសេចក្តីពិតគ្រប់យ៉ាង ប៉ុន្តែខ្ញុំអនុវត្តមិនបាន' នេះសបញ្ជាក់ឱ្យឃើញថា គេមិនមែនជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្តីពិតឡើយ។ មនុស្សខ្លះទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិត ហើយថាពួកគេមាននិស្ស័យពុករលួយ ហើយក៏និយាយដែរថា ពួកគេព្រមប្រែចិត្ត និងកែខ្លួនជាថ្មី ប៉ុន្តែបន្ទាប់ពីនោះមក ពួកគេគ្មានការផ្លាស់ប្ដូរអ្វីទាំងអស់។ ពាក្យសម្ដី និងទង្វើរបស់ពួកគេ នៅតែដូចមុនដដែល។ ពេលពួកគេនិយាយអំពីការស្គាល់ខ្លួនឯង គឺដូចជាពួកគេកំពុងនិយាយរឿងកំប្លែង ឬស្រែកពាក្យស្លោកអ៊ីចឹង។ ពួកគេមិនបានឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងឱ្យដល់ជម្រៅចិត្តពួកគេឡើយ ហើយសំខាន់បំផុតនោះគឺ ពួកគេគ្មានអាកប្បកិរិយានៃការស្ដាយក្រោយឡើយ ហើយពួកគេក៏មិនព្រមនិយាយពីសេចក្តីពុករលួយរបស់ខ្លួនចេញមកតាមវិធីសាមញ្ញងាយយល់ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យពិតប្រាកដដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើពុតជាស្គាល់ខ្លួនឯង ដោយអនុវត្តទៅតាមដំណើរការ និងតាមគេតាមឯងប៉ុណ្ណោះ។ ពួកគេមិនមែនជាមនុស្សដែលស្គាល់ខ្លួនឯងពិតប្រាកដ ឬជាអ្នកទទួលយកសេចក្ដីពិតទេ។ នៅពេលមនុស្សបែបនេះនិយាយពីការស្គាល់ខ្លួនឯង ពួកគេចេះតែនិយាយឱ្យតែបានៗប៉ុណ្ណោះ។ ពួកគេកំពុងពាក់ព័ន្ធនឹងភាពជាវិញ្ញាណក្លែងបន្លំ បោកប្រាស់ និងក្លែងក្លាយ។ មនុស្សខ្លះបោកបញ្ឆោតណាស់ ហើយពេលពួកគេឃើញអ្នកដទៃប្រកបគ្នាពីការស្គាល់ខ្លួនឯង ពួកគេគិតថា៖ 'អ្នកផ្សេងទៀតនិយាយការពិតចេញមក និងវិភាគពីការបោកបញ្ឆោតរបស់ពួកគេផ្ទាល់។ ប្រសិនបើខ្ញុំមិននិយាយអ្វីទេ នោះគ្រប់គ្នានឹងគិតថា ខ្ញុំមិនស្គាល់ខ្លួនឯង។ ដូច្នេះ ខ្ញុំត្រូវតែធ្វើតាមគេតាមឯងដែរហើយទើបបាន!' ក្រោយមក ពួកគេរៀបរាប់ថា ការបោកបញ្ឆោតរបស់ពួកគេនោះធ្ងន់ធ្ងរខ្លាំងណាស់ ដោយនិយាយចេញមកក្នុងលក្ខណៈទាក់ទាញចិត្តណាស់ ហើយពួកគេហាក់ដូចជាមានការស្គាល់ខ្លួនឯងជ្រាលជ្រៅណាស់អ៊ីចឹង។ មនុស្សគ្រប់គ្នាដែលស្ដាប់ឮហើយ មានអារម្មណ៍ថា ពួកគេស្គាល់ខ្លួនឯងពិតប្រាកដមែន ហើយពេលនោះ ក៏សម្លឹងទៅកាន់ពួកគេដោយសេចក្តីច្រណែន ដែលជាហេតុធ្វើឱ្យពួកគេមានអារម្មណ៍ហាក់ដូចជាខ្លួនពួកគេមានសិរីល្អ ហាក់ដូចជាខ្លួនពួកគេទើបតែលម្អខ្លួនដោយវង់ឥន្ទធនូព័ទ្ធជុំវិញពីលើក្បាលអ៊ីចឹង។ លក្ខណៈនៃការស្គាល់ខ្លួនឯងបែបនេះ ដែលសម្រេចទៅបានដោយការធ្វើអ្វីទៅតាមគេតាមឯង បូកផ្សំជាមួយនឹងការក្លែងបន្លំ និងការបោកប្រាស់របស់ពួកគេនេះផង ធ្វើឱ្យអ្នកដទៃវង្វេងទាំងស្រុង។ នៅពេលដែលពួកគេធ្វើបែបនេះ តើសតិសម្បជញ្ញៈរបស់ពួកគេនៅស្ងប់ដែរឬទេ? តើនេះមិនមែនជាការបោកបញ្ឆោតស្រស់ៗទេឬអី? ប្រសិនបើមនុស្សនិយាយតែពាក្យឥតបានការអំពីការស្គាល់ខ្លួនឯង ពេលនោះ មិនថាចំណេះដឹងនោះខ្ពង់ខ្ពស់ ឬល្អបែបណាទេ ក៏ពួកគេនឹងនៅតែបន្តបើកសម្ដែងពីនិស្ស័យពុករលួយ ដូចដែលពួកគេធ្លាប់បានធ្វើកាលពីមុនដដែល ដោយគ្មានការផ្លាស់ប្ដូរទាល់តែសោះ។ នោះមិនមែនជាការស្គាល់ខ្លួនឯងពិតប្រាកដទេ។ ប្រសិនបើមនុស្សមានចេតនាធ្វើពុត និងបោកបញ្ឆោតបែបនេះ វាសបញ្ជាក់ឱ្យឃើញថា ពួកគេមិនទទួលយកសេចក្តីពិតសោះឡើយ ហើយក៏មិនខុសអ្វីពីអ្នកមិនជឿដែរ។ តាមរយៈការនិយាយអំពីការស្គាល់ខ្លួនឯងរបស់ពួកគេតាមរបៀបនេះ ពួកគេគ្រាន់តែធ្វើតាមនិន្នាការ និងនិយាយអ្វីដែលត្រូវចិត្តមនុស្សគ្រប់គ្នាប៉ុណ្ណោះ។ តើចំណេះដឹង និងការវិភាគពីខ្លួនឯងរបស់ពួកគេនេះ មិនមែនបោកបញ្ឆោតទេឬអី? តើនេះជាការស្គាល់ខ្លួនឯងពិតប្រាកដដែរឬទេ? មិនជាដាច់ខាត។ នេះក៏ព្រោះតែពួកគេមិនបាននិយាយការពិតចេញមក មិនវិភាគពីខ្លួនពួកគេចេញពីចិត្តឡើយ ហើយពួកគេគ្រាន់តែនិយាយបន្តិចបន្តួចអំពីការស្គាល់ខ្លួនឯងនៅក្នុងលក្ខណៈភូតកុហក បោកបញ្ឆោត ដើម្បីធ្វើតាមគេតាមឯងប៉ុណ្ណោះ។ កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះគឺ ដើម្បីឱ្យអ្នកដទៃកោតសរសើរ និងច្រណែនខ្លួន ពេលពិភាក្សាពីការស្គាល់ខ្លួនឯង ពួកគេមានចេតនានិយាយបំផ្លើស ដើម្បីធ្វើឱ្យបញ្ហារបស់ខ្លួនហាក់ធ្ងន់ធ្ងរខ្លាំង មានន័យថា ការនិយាយចេញមករបស់ពួកគេ មានលាយឡំជាមួយនឹងចេតនា និងគោលដៅផ្ទាល់ខ្លួន។ នៅពេលដែលពួកគេធ្វើបែបនេះ ពួកគេគ្មានអារម្មណ៍ថាខ្លួនខុសទេ សតិសម្បជញ្ញៈរបស់ពួកគេ ក៏មិនរសាប់រសល់ដែរ បន្ទាប់ពីពួកគេក្លែងបន្លំ និងចូលរួមក្នុងការបោកប្រាស់រួច។ ពួកគេគ្មានអារម្មណ៍អ្វីឡើយ បន្ទាប់ពីបោកបញ្ឆោត និងបះបោរទាស់នឹងព្រះជាម្ចាស់រួច ហើយពួកគេក៏មិនអធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីសារភាពទោសកំហុសរបស់ខ្លួននោះដែរ។ តើមនុស្សបែបនេះមិនមែនជាមនុស្សក្បាលរឹងទេឬអី? ប្រសិនបើពួកគេគ្មានអារម្មណ៍ថាខ្លួនខុសផង តើពួកគេអាចមានអារម្មណ៍ស្ដាយក្រោយកើតដែរទេ? តើមនុស្សម្នាក់ដែលគ្មានការស្ដាយក្រោយពិតប្រាកដ អាចបោះបង់សាច់ឈាម និងអនុវត្តសេចក្តីពិតបានដែរឬទេ? តើមនុស្សម្នាក់ដែលគ្មានការស្ដាយក្រោយ អាចប្រែចិត្តពិតប្រាកដដែរឬទេ? ប្រាកដជាមិនអាចនោះទេ។ ប្រសិនបើពួកគេមិនទាំងស្ដាយក្រោយផង តើការនិយាយអំពីការស្គាល់ខ្លួនឯងនេះ មិនខុសទំនងទេឬអី? តើនេះមិនមែនជាការក្លែងបន្លំ និងការបោកប្រាស់ទេឬអី?» (ដកស្រង់ពី «មានតែការស្គាល់ខ្លួនឯងប៉ុណ្ណោះ ទើបជាជំនួយដល់ការដេញតាមសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ គាត់ចូលចិត្តនិយាយពីសភាពគាត់ជាមួយអ្នកដទៃ ហើយប្រើបន្ទូលព្រះ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងនៅក្នុងការជួបជុំ។ គាត់នឹងពណ៌នាខ្លួនឯងដោយប្រើពាក្យធ្ងន់ៗបំផុត។ ពីសម្បកក្រៅ គាត់ហាក់មានការស្គាល់ខ្លួនឯងស៊ីជម្រៅ ហើយសោកស្ដាយ និងស្អប់ខ្លួនឯងយ៉ាងខ្លាំងអ៊ីចឹង តែនេះគ្រាន់ជាការសម្ដែងដែលគាត់បង្ហាញដល់អ្នកដទៃ ដើម្បីបោកបញ្ឆោតពួកគេឱ្យគិតថា គាត់ទទួលយកសេចក្តីពិត និងមានការស្គាល់ខ្លួនឯងប៉ុណ្ណោះ។ ការស្គាល់ខ្លួនឯងបែបនេះ គឺជារបៀបដែលគាត់បោកបញ្ឆោត និងការបោកប្រាស់អ្នកដទៃ ធ្វើឱ្យពួកគេគិតថា គាត់ហ៊ានលាតត្រដាងពីខ្លួនឯង ដូច្នេះ ពួកគេនឹងមិនត្រឹមតែមិនស្គាល់គាត់ប៉ុណ្ណោះ តែក៏មានការគោរពខ្លាំងចំពោះគាត់ផងដែរ។ ផងដែរ រាល់លើកដែលស៊ីឡាបើកសម្ដែងនូវសេចក្តីពុករលួយ គាត់តែងសូត្រការបើកសម្ដែងរបស់ព្រះអំពីពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីពណ៌នាពីខ្លួនឯងថា ដោយថា ខ្លួនគាត់បានស្វែងរកកេរ្តិ៍ឈ្មោះនិងឋានៈ កំពុងដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ ថាបំណងចង់បានឋានៈបានកាន់កាប់ជីវិតគាត់ ហើយបើគាត់មិនប្រែចិត្តទេ នោះបំណងនេះនឹងសម្លាប់គាត់មិនខាន។ តែនៅពេលមានស្ថានភាពគំរាមកំហែងដល់កេរ្តិ៍ឈ្មោះ និងឋានៈគាត់ គាត់ក៏ត្រលប់ទៅរកផ្លូវចាស់គាត់វិញ ហើយទោះបីប្រកបគ្នាពីសភាពរបស់គាត់ជាច្រើនឆ្នាំក៏ដោយ ក៏គាត់គ្មានការផ្លាស់ប្ដូរអ្វីដែរ។ អ្នកដឹកនាំបានលើកឡើងពីបញ្ហារបស់គាត់ និងបានប្រកបគ្នាជាមួយគាត់ជាច្រើនដងដែរ តែគាត់មិនស្ដាប់ទេ ហើយក៏មិនផ្លាស់ប្ដូរអ្វីដែរ។ គាត់ថែមទាំងប្រឆាំង វែកញែកឥតឈប់ និងបង្កើតអំណេះអំណាងក្លែងក្លាយទៀតផង។ នៅពេលគាត់ឃើញថា អ្នកដទៃអាចលះបង់អំនួត ដើម្បីស្វែងរកសេចក្តីពិត គាត់មិនរៀនសូត្រពីចំណុចខ្លាំងរបស់គេទេ តែបែរជាគិតថា ពួកគេកើតមកមានធម្មជាតិល្អ ថា គាត់មិនអាចអនុវត្តសេចក្តីពិត និងតែងសង្ស័យពីមនុស្ស ព្រោះតែព្រះមិនបានប្រទានធម្មជាតិល្អដល់គាត់ទៅវិញ។ គាត់មិនបានស្អប់ខ្ពើមនិស្ស័យបែបសាតាំងរបស់ខ្លួនទេ តែបែរជាស្ដីបន្ទោសព្រះ តិះដៀលទ្រង់ថា ទ្រង់មិនសុចរិតទៅវិញ។ ការនេះបង្ហាញថា សារជាតិរបស់ស៊ីឡា គឺជាសារជាតិរបស់អារក្ស ជាសារជាតិឆ្គាំឆ្គង និងគ្មានហេតុផលសោះឡើយ។ បើគ្មានការបើកសម្ដែងពីបន្ទូលព្រះទេ នោះខ្ញុំនឹងចាត់ទុកគាត់ជាអ្នកស្វែងរកសេចក្តីពិតទៅហើយ។

ក្រោយមក ក្នុងពេលជួបជុំមួយ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលនេះ។ «មានតែអ្នកដែលស្រឡាញ់សេចក្តីពិតប៉ុណ្ណោះ ទើបជាកម្មសិទ្ធិនៃដំណាក់របស់ព្រះជាម្ចាស់។ ហើយមានតែពួកគេប៉ុណ្ណោះ ទើបជាបងប្អូនប្រុសស្រីពិតប្រាកដ។ តើអ្នកគិតថា អ្នកដែលចូលរួមក្នុងការជួបជុំញឹកញាប់ ជាបងប្អូនប្រុសស្រីហើយមែនទេ? មិនប្រាកដនោះទេ។ តើមនុស្សបែបណាដែលមិនមែនជាបងប្អូនប្រុសស្រី? (គឺអ្នកដែលនឿយណាយនឹងសេចក្តីពិត អ្នកដែលមិនទទួលយកសេចក្តីពិត)។ អស់អ្នកណាដែលមិនទទួលយកសេចក្តីពិត ហើយនឿយណាយនឹងសេចក្តីពិត អ្នកនោះសុទ្ធតែជាមនុស្សអាក្រក់។ ពួកគេសុទ្ធតែជាមនុស្សគ្មានសតិសម្បជញ្ញៈ ឬហេតុផល។ ក្នុងចំណោមពួកគេនោះ គ្មាននរណាម្នាក់ដែលព្រះជាម្ចាស់សង្រ្គោះឡើយ។ ពួកគេទាំងអស់នេះគ្មានភាពជាមនុស្សទាល់តែសោះ ពួកគេធ្វេសប្រហែសក្នុងការងារខ្លួន ហើយធ្វើអ្វីគ្មានម្ចាស់ការលើខ្លួនឯងឡើយ។ ពួកគេរស់នៅតាមទស្សនវិជ្ជាបែបសាតាំង ហើយប្រើល្បិចកលបោកបញ្ឆោត និងប្រើការបញ្ជោរ ដើម្បីបោកប្រាស់អ្នកដទៃ។ ពួកគេមិនទទួលយកសេចក្តីពិតសូម្បីតែបន្តិចណាឡើយ ហើយពួកគេបានជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបានព្រះពរ។ ហេតុអ្វីបានជាយើងហៅពួកគេថាជាអ្នកមិនជឿ? ពីព្រោះពួកគេនឿយណាយនឹងសេចក្តីពិត ហើយពួកគេមិនទទួលយកសេចក្តីពិតទេ។ កាលណាមានការប្រកបគ្នាពីសេចក្តីពិតភ្លាម ពួកគេក៏អស់អារម្មណ៍ ពួកគេនឿយណាយនឹងសេចក្តីពិត ពួកគេមិនអាចទ្រាំស្ដាប់សេចក្តីពិតបានទេ ពួកគេយល់ថា សេចក្តីពិតគួរឱ្យធុញ ហើយមិនអាចទ្រាំអង្គុយស្ដាប់បានឡើយ។ ច្បាស់ណាស់ ពួកគេគឺជាអ្នកមិនជឿ និងជាពួកគ្មានជំនឿលើព្រះតែម្ដង។ ហើយមិនថាអ្នកធ្វើអ្វីនោះទេ អ្នកមិនត្រូវចាត់ទុកពួកគេជាបងប្អូនប្រុសស្រីឡើយ។ ... ប្រសិនបើពួកគេមិនចាប់អារម្មណ៍លើសេចក្តីពិតទេ តើពួកគេអាចអនុវត្តសេចក្តីពិតបានដោយរបៀបណា? ដូច្នេះ តើពួកគេរស់នៅតាមទស្សនៈអ្វី? គ្មានអ្វីគួរឆ្ងល់នោះទេ គឺពួកគេរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ពួកគេតែងតែបោកបញ្ឆោត និងវៀចវេរ ពួកគេមិនមានជីវិតដែលមានភាពជាមនុស្សធម្មតាឡើយ។ ពួកគេមិនដែលអធិស្ឋានទៅព្រះជាម្ចាស់ ឬស្វែងរកសេចក្តីពិតទេ ប៉ុន្តែពួកគេដោះស្រាយរឿងគ្រប់យ៉ាង ដោយប្រើកលល្បិច ស្នៀត និងទស្សនវិជ្ជានៃការរស់នៅរបស់មនុស្ស ដែលធ្វើឱ្យជីវិតរស់នៅមានភាពនឿយហត់ និងពេញដោយការឈឺចាប់។ ... អស់អ្នកណាដែលមិនស្រឡាញ់សេចក្តីពិត អ្នកនោះមិនជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ អស់អ្នកណាដែលមិនអាចទទួលយកសេចក្តីពិតបានទាល់តែសោះ អ្នកនោះមិនអាចហៅថាជាបងប្អូនប្រុសស្រីបានឡើយ។ មានតែអស់អ្នកណាដែលស្រឡាញ់ និងអាចទទួលយកសេចក្តីពិតបានប៉ុណ្ណោះ ទើបជាបងប្អូនប្រុសស្រី។ ឥឡូវ តើពួកអ្នកដែលមិនស្រឡាញ់សេចក្តីពិតនោះ ជានរណា? ពួកគេសុទ្ធតែជាអ្នកមិនជឿ។ អស់អ្នកណាដែលមិនទទួលយកសេចក្តីពិតសោះ អ្នកនោះគឺជាអ្នកដែលធុញទ្រាន់ និងបោះបង់សេចក្តីពិតចោល។ និយាយឱ្យច្បាស់ជាងនេះគឺ ពួកគេសុទ្ធតែជាអ្នកមិនជឿដែលបានជ្រៀតចូលមកក្នុងពួកជំនុំ។ ប្រសិនបើពួកគេអាចធ្វើការអាក្រក់គ្រប់បែបយ៉ាង ហើយបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំ នោះពួកគេជាបាវបម្រើរបស់សាតាំងហើយ។ គួរតែដក និងផាត់ពួកគេចោល ហើយមិនអាចចាត់ទុកពួកគេជាបងប្អូនប្រុសស្រីបានឡើយ។ អស់អ្នកណាដែលបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេ អ្នកនោះពិតជាល្ងីល្ងើ និងល្ងង់ខ្លៅបំផុតហើយ» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំបានដឹងថា បងប្អូនប្រុសស្រីពិតប្រាកដ គឺជាអ្នកដែលស្រឡាញ់សេចក្តីពិត និងអាចទទួលយកសេចក្តីពិត។ ពួកគេលះបង់ថ្វាយព្រះ និងមានទីបន្ទាល់អំពីការអនុវត្តសេចក្ដីពិត។ ប្រហែល ពួកគេមិនអាចនិយាយបានជ្រាលជ្រៅពីការស្គាល់ខ្លួនឯងមែន តែពួកគេស្រឡាញ់សេចក្តីពិត និងអនុវត្តតាមបន្ទូលព្រះជាច្រើនដែលពួកគេយល់។ ទោះបីពួកគេអាចប្រព្រឹត្តអំពើរំលង បើកសម្ដែងសេចក្តីពុករលួយ និងប្រែជាអវិជ្ជមានពេលខ្លះក៏ដោយ ដោយសារពួកគេស្វែងរកសេចក្តីពិត នៅពេលត្រូវលួសកាត់ និងដោះស្រាយ ឬពេលប្រឈមនឹងបរាជ័យ ពួកគេអាចទទួលយកវាថាមកពីព្រះ ស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯងបាន។ នៅពេលពួកគេដឹងពីបញ្ហារបស់ខ្លួន បន្តិចម្ដងៗ ពួកគេអាចកែកុន និងធ្វើឱ្យប្រសើរឡើង។ មានតែមនុស្សបែបនេះទេ ទើបជាបងប្អូនប្រុសស្រីពិតប្រាកដ។ ចំពោះអ្នកដែលមិនទទួលយក ហើយថែមទាំងស្អប់សេចក្តីពិត មិនអាចហៅពួកគេជាបងប្អូនប្រុសស្រីឡើយ។ បើពួកគេមានភាពជាមនុស្សអាក្រក់ និងប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងដែលបង្អាក់ដល់កិច្ចការពួកជំនុំ ពួកគេជាមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយថែមទាំងមិនសមហៅពួកគេថាជាបងប្អូនប្រុសស្រីនោះឡើយ។ ទោះបីពួកគេបន្តនៅក្នុងពួកជំនុំក៏ដោយ ក៏ពួកគេត្រឹមជាអ្នកជឿក្លែងក្លាយ ដែលបានជ្រៀតចូលក្នុងដំណាក់ព្រះប៉ុណ្ណោះ។ មិនថាពួកគេជឿយូរប៉ុនណា នៅទីបំផុត ព្រះនឹងលាតត្រដាង និងផាត់ពួកគេចោល។ ពីសម្បកក្រៅ ស៊ីឡាហាក់មិនបានធ្វើការអាក្រក់ធំឡើយ ប៉ុន្តែ គ្រប់យ៉ាងដែលគាត់ធ្វើ បានរំខានដល់គំនិតរបស់មនុស្ស និងបង្អាក់ពួកគេមិនឱ្យបំពេញភារកិច្ចរបស់ខ្លួន ហើយគាត់បានធ្វើបែបនេះរហូតមក។ មិនថាអ្នកដទៃបានប្រកបគ្នា និងគាំទ្រគាត់បែបណាទេ គាត់មិនដែលផ្លាស់ប្ដូរសូម្បីតែបន្តិចឡើយ ហើយថែមទាំងជជែកវែកញែក ប្រកែក និងប្រព្រឹត្តដោយគ្មានហេតុផលទៀតផង។ ការនេះបង្ហាញថា ស៊ីឡាមិនទទួលយកសេចក្តីពិតសោះឡើយ ហើយគាត់មានធម្មជាតិជិនណាយនឹងសេចក្តីពិត។ គាត់ជាគ្នីគ្នារបស់អារក្ស មិនមែនជាបងប្អូនរបស់យើងទេ។ ពីមុន ខ្ញុំមិនយល់ពីទិដ្ឋភាពនៃសេចក្តីពិតនេះទេ ហើយក៏ខ្វះការឈ្វេងយល់ដែរ។ ខ្ញុំគិតថា ឱ្យតែគេជឿព្រះ និងទទួលស្គាល់ព្រះនាមទ្រង់ គួរចាត់ទុកគេជាបងប្អូនហើយ។ ខ្ញុំអាណិត និងអត់ឱនចំពោះពួកគេទាំងងងឹតងងល់ បង្ហាញសេចក្ដីសប្បុរស និងគាំទ្រដល់ពួកគេទាំងល្ងីល្ងើ ដោយគ្មានការឈ្វេងយល់សោះឡើយ។ ជាលទ្ធផល ការខំប្រឹងជាច្រើនរបស់ខ្ញុំ ក្លាយជាអសារបង់។ ខ្ញុំពិតជាល្ងីល្ងើ និងយល់ច្រឡំធំមែន!

ឥឡូវការដែលស៊ីឡានៅដាច់ចេញពីគេ ខ្ញុំឃើញថា ព្រះសុចរិតខ្លាំងណាស់។ អ្នកដែលមិនស្វែងរកសេចក្តីពិត និងប្រព្រឹត្តដោយគ្មានហេតុផល មិនអាចឈរជើងនៅក្នុងពួកជំនុំបានទេ ហើយនៅទីបំផុត ព្រះនឹងលាតត្រដាងពួកគេ។ ខ្ញុំក៏យល់ពីព្រះទ័យល្អរបស់ព្រះដែរ៖ ព្រះបានរៀបចំស្ថានភាពទាំងនេះឡើង ដើម្បីឱ្យខ្ញុំរៀនមេរៀន។ ខ្ញុំត្រូវតែចាប់យកមេរៀនទាំងនេះ។ ដើម្បីបោះជំហានទៅមុខ ខ្ញុំត្រូវតែដាក់ពេលវេលា និងថាមពលថែមទៀតលើសេចក្តីពិត ហើយមើល និងធ្វើអ្វីៗតាមកញ្ចក់ឡែននៃបន្ទូលព្រះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការព្យាបាលរោគច្រណែន

ដោយ ស៊ុនឈាវ (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឲ្យស្មោកគ្រោក...

ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច

ខ្ញុំកំពុងបំពេញការងារខាងផលិតវីដេអូក្នុងក្រុមជំនុំ តែដោយសារពុំសូវមានការងារច្រើន អ្នកដឹកនាំក៏ផ្ទេរខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីវិញ។ ពេលនោះ...

ទីបំផុតខ្ញុំបានរៀនពីរបៀប បំពេញភារកិច្ចរបស់ខ្ញុំ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គឺតាមរយៈដំណើរការ នៃការបំពេញភារកិច្ច របស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ...