តើការស្វែងរកត្រឹមតែទទួលបានព្រះគុណ គឺជាជំនឿពិតលើព្រះជាម្ចាស់ដែរឬទេ?

02-07-2026

ដោយ ម៉ូសេង ប្រទេសចិន

មុនពេលខ្ញុំបានស្គាល់ព្រះអម្ចាស់យេស៊ូវ ខ្ញុំបានរងនូវការឈឺចាប់ ទុក្ខលំបាក បរាជ័យ និងឧបសគ្គជាច្រើន។ ដំបូង ខ្ញុំមានកូនប្រុសភ្លោះមួយគូដែលកើតមុនខែ ហើយមិនអាចរស់រានមានជីវិតបានឡើយ បន្ទាប់មក ខ្ញុំជួបបរាជ័យក្នុងការរកស៊ីជាបន្តបន្ទាប់ ហើយមានគេប្រើល្បិចមកលើខ្ញុំ រហូតដល់ថ្នាក់ខ្ញុំមិនអាចបន្តការរកស៊ីទៀតបាន។ ប៉ុន្តែ រឿងដែលពិបាកទ្រាំបំផុតសម្រាប់ខ្ញុំនោះ គឺការក្បត់របស់ប្ដីខ្ញុំ។ ការវាយប្រហារបន្តបន្ទាប់ទាំងនេះ បានធ្វើទុក្ខខ្ញុំរហូតដល់ថ្នាក់ខ្ញុំស្ទើរតែបាត់បង់ភាពក្លាហានក្នុងការបន្តរស់នៅ។ រហូតដល់ឆ្នាំ ២០០១ ពេលដែលខ្ញុំបានស្គាល់ព្រះអម្ចាស់យេស៊ូវ ទើបខ្ញុំមើលឃើញក្ដីសង្ឃឹម។ បន្ទាប់ពីស្គាល់ព្រះអម្ចាស់ ខ្ញុំចាប់ផ្ដើមអានព្រះគម្ពីរ ចូលរួមការជួបជុំ អធិដ្ឋានទៅកាន់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ដោយផ្ទេរបន្ទុក និងការឈឺចាប់របស់ខ្ញុំថ្វាយទ្រង់ ហើយដោយមិនដឹងខ្លួន ការឈឺចាប់ និងក្ដីបារម្ភរបស់ខ្ញុំបានរលាយបាត់ទៅ និងដួងចិត្តខ្ញុំមានអារម្មណ៍សុខសាន្ត ព្រមទាំងធូរស្រាល ដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ខ្ញុំក៏កាន់តែសប្បាយចិត្ត និងមានអារម្មណ៍ធូរស្រាលជាងមុនច្រើន។ ក្រោយមក ខ្ញុំមានកូនប្រុសម្នាក់ទៀត ហើយជីវិតក៏កាន់តែរលូនបន្តិចម្ដងៗ។ ការផ្លាស់ប្ដូរទាំងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់យេស៊ូវពិតជាស្មោះត្រង់ និងអស្ចារ្យមែន ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានស្គាល់ព្រះអម្ចាស់ ហើយខ្ញុំពិតជាដឹងគុណព្រះអម្ចាស់យេស៊ូវដែលបានសង្គ្រោះខ្ញុំ។

នៅខែឧសភា ឆ្នាំ ២០០៣ ខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ ខ្ញុំបានដឹងថា នេះគឺជាដំណាក់កាលចុងក្រោយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៃការសង្គ្រោះមនុស្សជាតិ ហើយនេះគឺក្នុងគោលបំណងដោះស្រាយឫសគល់នៃអំពើបាបរបស់មនុស្ស និងនិស្ស័យពុករលួយរបស់ពួកគេ ហើយចុងក្រោយនឹងនាំអ្នកដែលត្រូវបានសង្គ្រោះ ចូលទៅក្នុងនគរព្រះ។ ខ្ញុំមានអារម្មណ៍ថាពិតជាមានពរណាស់ ហើយរំភើប និងសប្បាយចិត្តជាខ្លាំង ហើយខ្ញុំបានប្ដេជ្ញាចិត្តថា នឹងដេញតាមដោយឧស្សាហ៍ព្យាយាម។ បន្ទាប់ពីនោះមក ខ្ញុំបានអធិដ្ឋាន និងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជារៀងរាល់ថ្ងៃ ហើយខ្ញុំចូលរួមការជួបជុំមិនដែលខាន ទោះភ្លៀងឬរាំងក៏ដោយ។ ទោះបីជាប្ដីខ្ញុំប្រឆាំងនឹងជំនឿរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនបានរងការរឹតត្បិតឡើយ ខ្ញុំបានបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនៅផ្ទះ ហើយខ្ញុំផ្សាយដំណឹងល្អរាល់ពេលដែលខ្ញុំមានពេលទំនេរ។ ខ្ញុំគិតថា តាមរយៈការដេញតាមដោយចិត្តខ្នះខ្នែងបែបនេះ ព្រះជាម្ចាស់ច្បាស់ជាសព្វព្រះហឫទ័យនឹងខ្ញុំ ប្រទានព្រះគុណ និងព្រះពរដល់ខ្ញុំកាន់តែច្រើន ហើយផ្ដល់ឲ្យខ្ញុំនូវជីវិតដែលពោរពេញដោយសេចក្ដីសុខសាន្ត និងសុវត្ថិភាពនាពេលអនាគត។

ក្រោយមក កូនប្រុសអាយុមួយឆ្នាំរបស់ខ្ញុំតែងតែក្ដៅខ្លួន ជួនកាលឡើងកម្តៅដល់ ៣៩ អង្សាសេ ព្រមទាំងមានជំងឺហឺតយ៉ាងធ្ងន់ធ្ងរផងដែរ។ ពេលខ្លះគាត់ក្អួត ថ្នាំមិនមានប្រសិទ្ធភាពទេ ហើយគាត់ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយត្រូវចាក់សេរ៉ូមរាល់ថ្ងៃអស់ជាច្រើនថ្ងៃ ឬដល់ទៅកន្លះខែ ទើបបានធូរស្រាល។ ការដែលឃើញកូនខ្ញុំត្រូវចាក់ថ្នាំ ឬលេបថ្នាំរាល់ថ្ងៃ ឃើញមុខដ៏ទ្រលុកទ្រលន់របស់គាត់កាន់តែស្គមទៅៗ ហើយបាត់បង់ពណ៌ស៊ីជម្ពូ និងភាពស្រស់ថ្លាដូចពីមុន វាធ្វើឲ្យខ្ញុំខូចចិត្តខ្លាំងណាស់ និងធ្វើឲ្យខ្ញុំយំ ហើយខ្ញុំគ្រាន់តែប្រាថ្នាចង់ឲ្យជំងឺនេះធ្លាក់មកលើខ្ញុំវិញប៉ុណ្ណោះ។ គ្រូពេទ្យបានប្រាប់ថា វាជាជំងឺហឺតអាលែកហ្ស៊ីពីកំណើត ហើយជំងឺនេះពិតជារំខានណាស់។ ដោយសារគ្មានវិធីព្យាបាលពិសេសនោះទេ គឺមានតែការព្យាបាលតាមបែបធម្មតា ដើម្បីគ្រប់គ្រងស្ថានភាពជំងឺប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេនិយាយថា ពេលគាត់ធំឡើង ហើយប្រព័ន្ធភាពស៊ាំរបស់គាត់កាន់តែរឹងមាំ ស្ថានភាពជំងឺរបស់គាត់អាចនឹងប្រសើរឡើងវិញ។ បានស្តាប់ឮពាក្យសម្ដីមិនច្បាស់លាស់របស់គ្រូពេទ្យ ខ្ញុំពិតជាឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំង។ ជាញឹកញាប់ ខ្ញុំអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ប្រោសព្យាបាលជំងឺកូនរបស់ខ្ញុំឲ្យបានជា។ ប៉ុន្តែ ជំងឺកូនរបស់ខ្ញុំមិនដែលធូរស្បើយសោះ ហើយខ្ញុំចាប់ផ្ដើមមានសញ្ញាណ ដោយគិតថា៖ «ខ្ញុំតែងតែមានចិត្តខ្នះខ្នែងក្នុងការដេញតាមរបស់ខ្ញុំ អធិដ្ឋាន និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយខ្ញុំមិនដែលខកខានការជួបជុំ ហើយខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងសកម្ម។ ព្រះជាម្ចាស់គួរតែប្រទានពរដល់ខ្ញុំ តើមែនទេ? ពេលខ្ញុំជឿព្រះអម្ចាស់យេស៊ូវ ខ្ញុំមានព្រះគុណ ព្រះពរ សេចក្ដីសុខសាន្ត និងអំណរ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាហើយ ហេតុអ្វីបានជាទ្រង់មិនព្យាបាលជំងឺកូនរបស់ខ្ញុំឲ្យជា? ព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា តើទ្រង់មិនអាចព្យាបាលជំងឺកូនប្រុសខ្ញុំ ដោយព្រះបន្ទូលតែមួយម៉ាត់បានទេឬ? ហេតុអ្វីព្រះជាម្ចាស់មិនស្ដាប់ការអធិដ្ឋានរបស់ខ្ញុំ?»។ ខ្ញុំនឹកឃើញជាពិសេសដល់កូនរបស់សាច់ញាតិម្នាក់ ដែលខូចខួរក្បាល ដោយសារការព្យាបាលយឺតយ៉ាវពេលក្ដៅខ្លួនខ្លាំង។ កូនប្រុសខ្ញុំនៅតូចណាស់ ហើយខ្ញុំឆ្ងល់ថា តើការក្ដៅខ្លួនខ្លាំងញឹកញាប់របស់គាត់ នឹងធ្វើឲ្យខូចខួរក្បាល និងប៉ះពាល់ដល់ភាពឆ្លាតវៃរបស់គាត់ឬអត់។ គ្រាន់តែគិតដល់រឿងនេះ ក៏ធ្វើឲ្យខ្ញុំឈឺចាប់ស្ទើរប្រេះទ្រូងទៅហើយ។ កូនភ្លោះពីមុនរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ ហើយគ្រូពេទ្យប្រាប់ថា រាងកាយខ្ញុំពិបាកមានកូនណាស់។ ដូច្នេះ បើមានរឿងអ្វីកើតឡើងចំពោះកូនប្រុសខ្ញុំ តើឱ្យខ្ញុំបន្តរស់ទៅមុខទៀតយ៉ាងម៉េចទៅ? ពេលគិតដល់រឿងទាំងអស់នេះ ខ្ញុំទប់ទឹកភ្នែកមិនបាន ហើយក៏យំសោកយ៉ាងខ្លាំង ហើយខ្ញុំយំបណ្ដើរ និងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយអន្ទះសាបណ្ដើរ ដោយទូលសូមឲ្យទ្រង់មានសេចក្ដីមេត្ដាករុណា និងការពារកូនប្រុសខ្ញុំ ហើយព្យាបាលគាត់ឲ្យបានជាយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ទោះបីជាខ្ញុំអធិដ្ឋានច្រើនប៉ុណ្ណាក៏ដោយ ក៏មើលទៅហាក់ដូចជាព្រះជាម្ចាស់មិនបានស្ដាប់ខ្ញុំសោះឡើយ។ មួយរយៈក្រោយមក មិនត្រឹមតែជំងឺកូនខ្ញុំមិនបានធូរស្បើយនោះទេ គាត់បែរជាចាប់ផ្ដើមក្ដៅខ្លួនកាន់តែញឹកញាប់ទៅវិញ ហើយឲ្យតែពេលគាត់ក្ដៅខ្លួនម្ដងៗ គាត់ដកដង្ហើមមិនសូវរួចទេ គាត់ញ៉ាំអ្វីក៏មិនចូល ហើយញ៉ាំរួចក៏ក្អួតមកវិញ។ ការដែលឃើញកូនខ្ញុំត្រូវទ្រាំរងទុក្ខវេទនាខ្លាំងយ៉ាងនេះទាំងនៅតូចបែបនេះ គឺធ្វើឲ្យខ្ញុំខូចចិត្តស្ទើរតែទ្រាំលែងបានទៅហើយ ហើយខ្ញុំក៏ចាប់ផ្ដើមមានការសង្ស័យចំពោះព្រះជាម្ចាស់ ដោយគិតថា៖ «កាលខ្ញុំជឿព្រះអម្ចាស់យេស៊ូវ ឲ្យតែខ្ញុំអធិដ្ឋានសូមការប្រោសឲ្យជាពីជំងឺ ទ្រង់តែងតែព្យាបាលជានិច្ច ប៉ុន្តែ ឥឡូវនេះ ខ្ញុំងាកមកជឿព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ ហេតុអ្វីបានជាការអធិដ្ឋានរបស់ខ្ញុំមិនបានផលសោះអញ្ចឹង? តើខ្ញុំជឿខុសផ្លូវឬយ៉ាងណា? តើព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាព្រះអម្ចាស់យេស៊ូវយាងត្រលប់មកវិញមែនឬទេ?» ដោយសារតែកូនខ្ញុំឧស្សាហ៍ឈឺពេក ខ្ញុំក៏ផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការមើលថែគាត់។ ខ្ញុំមិនសូវបានចូលរួមការជួបជុំឲ្យបានទៀងទាត់ទេ ខ្ញុំមិនអាចផ្តោតអារម្មណ៍ក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ ហើយពេលអធិដ្ឋាន ក៏ខ្ញុំមិនមានអ្វីត្រូវទូលថ្វាយដែរ។ ដួងចិត្តខ្ញុំកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ហើយ។

ក្រោយមក មានបងប្អូនស្រីមួយចំនួនបានមកជួយ និងលើកទឹកចិត្តខ្ញុំ ហើយពួកគេបានរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនឲ្យខ្ញុំអាន។ ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងនេះ៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ។ ... អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ តម្រូវឱ្យពួកគេបង់ថ្លៃជាក់លាក់មួយនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ។ បើគ្មានការលំបាកពិតប្រាកដទេ ពួកគេមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ពួកគេសូម្បីតែឈានជិតដល់កម្រិតនៃការបំពេញព្រះហឫទ័យព្រះជាម្ចាស់ក៏អត់ដែរ ហើយពួកគេគ្រាន់តែកំពុងព្រោកប្រាជ្ញពីពាក្យស្លោកឥតខ្លឹមសារតែប៉ុណ្ណោះ! តើពាក្យស្លោកឥតខ្លឹមសារទាំងនេះអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឬទេ? នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បងប្អូនស្រីម្នាក់បាននិយាយថា៖ «មានរឿងគួរឲ្យខកចិត្តជាច្រើននឹងកើតឡើងនៅក្នុងជីវិតយើង ហើយនៅពីក្រោយរឿងនីមួយៗ គឺជាការប្រយុទ្ធខាងវិញ្ញាណ។ បើមើលពីខាងព្រះជាម្ចាស់វិញ ព្រះជាម្ចាស់កំពុងតែដាក់ឲ្យយើងឆ្លងកាត់ការល្បងល ដើម្បីទតមើលថាតើយើងមានជំនឿលើទ្រង់ និងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ តែបើមើលពីខាងសាតាំងវិញ សាតាំងកំពុងតែវាយប្រហារ និងល្បួងយើង ក្នុងគោលបំណងធ្វើឲ្យយើងសង្ស័យលើកិច្ចការរបស់ព្រះជាម្ចាស់ រួចក៏បដិសេធ និងក្បត់ព្រះជាម្ចាស់។ នេះក៏ដូចជាអ្វីដែលធ្លាប់បានកើតឡើងចំពោះលោក យ៉ូប អ៊ីចឹងដែរ។ មើលពីសំបកក្រៅ វាហាក់ដូចជាចោរប្លន់យកទ្រព្យសម្បត្តិរបស់គាត់ ហើយគាត់កើតដំបៅពេញខ្លួន ប៉ុន្តែ តាមការពិត នេះគឺជាការដែលសាតាំងភ្នាល់គ្នាជាមួយព្រះជាម្ចាស់ ដើម្បីចង់ដឹងថាតើលោក យ៉ូប នឹងឈរនៅខាងណា។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកសម្ដែងចេញនូវសេចក្ដីពិត ដើម្បីសង្គ្រោះយើង ឯសាតាំងក៏មិនអាចទ្រាំមើលបានឡើយ ដូច្នេះ សាតាំងក៏ប្រើជំងឺកូនៗរបស់យើងមកវាយប្រហារ និងរំខានដល់យើង ដោយព្យាយាមធ្វើឲ្យយើងមានការសង្ស័យចំពោះព្រះជាម្ចាស់ ឬសូម្បីតែបដិសេធ ហើយដើរចេញពីទ្រង់។ យើងត្រូវអធិដ្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ឲ្យបានកាន់តែច្រើន ដើម្បីមើលធ្លុះនូវល្បិចកលរបស់សាតាំង»។ បន្ទាប់ពីបានស្ដាប់ការប្រកបរបស់បងស្រីរួចមក ខ្ញុំក៏បានឆ្លុះបញ្ចាំងពីអាកប្បកិរិយា និងអ្វីៗដែលខ្ញុំបានបញ្ចេញឲ្យឃើញកន្លងមក ហើយខ្ញុំក៏បានឃើញថា ខ្ញុំពិតជាគ្មានជំនឿ ឬការចុះចូលដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏គ្មានការវែកញែកឲ្យដឹងពីល្បិចកលរបស់សាតាំងដែរ។ ខ្ញុំគ្រាន់តែពឹងផ្អែកទៅលើចិត្តខ្នះខ្នែងនៅក្នុងជំនឿរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំបានប្រើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនមកគិតថា ព្រះអម្ចាស់យេស៊ូវបានព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស ព្រមទាំងប្រទានព្រះគុណ និងព្រះពរ ដូច្នេះ ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រលប់មកវិញនោះ ទ្រង់ច្បាស់ជាអាចបង្ហាញទីសម្គាល់ និងអព្ភូតហេតុ ដើម្បីព្យាបាលអ្នកជំងឺ និងបណ្ដេញអារក្សមិនខាន ហេតុនេះហើយ ទើបខ្ញុំចេះតែបន្តអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ព្យាបាលកូនរបស់ខ្ញុំ។ ខ្ញុំគិតថា ព្រះជាម្ចាស់ច្បាស់ជានឹងនឹកគិតដល់ការដេញតាមយ៉ាងខ្នះខ្នែងរបស់ខ្ញុំ ហើយប្រញាប់ព្យាបាលកូនខ្ញុំឲ្យជាសះស្បើយមិនខាន។ ប៉ុន្តែ នៅពេលដែលការពិតគឺផ្ទុយស្រឡះពីអ្វីដែលខ្ញុំបានគិត ហើយស្ថានភាពជំងឺកូនខ្ញុំមិនត្រឹមតែមិនធូរស្រាលទេ ថែមទាំងប្រែជាអាក្រក់ទៅៗទៀតនោះ ខ្ញុំក៏ចាប់ផ្ដើមសង្ស័យចំពោះព្រះជាម្ចាស់ ហើយខ្ញុំក៏បាត់បង់ទឹកចិត្តក្នុងការអធិដ្ឋាន ចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានបើកឲ្យដឹងពីសេចក្ដីពុករលួយជាច្រើន ដោយមិនដឹងខ្លួនទាល់តែសោះ។ ខ្ញុំថែមទាំងបានគិតថា គំនិតរបស់ខ្ញុំគឺត្រឹមត្រូវទាំងស្រុងទៀតផង ប៉ុន្តែ ខ្ញុំទើបតែដឹងថា ការជឿលើព្រះជាម្ចាស់របស់ខ្ញុំកន្លងមក គឺពិតជាងងឹតងងល់ខ្លាំងណាស់! ដោយដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ខ្ញុំក៏មានស្មារតីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន និងចូលរួមការជួបជុំឲ្យបានកាន់តែច្រើន ហើយខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ណែនាំខ្ញុំ ដើម្បីឲ្យខ្ញុំអាចរៀនសូត្រពីមេរៀនតាមរយៈជំងឺកូនរបស់ខ្ញុំនេះ។

ថ្ងៃមួយ ក្នុងអំឡុងការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គ ហើយក៏ទទួលបានការយល់ដឹងខ្លះៗអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដូចជាពេលនោះសោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ។ ហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ខុសប្លែកអំពីកិច្ចការរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជាព្រះជាម្ចាស់នាពេលសព្វថ្ងៃមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមី មិនបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា? ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវជាកិច្ចការដែលបានធ្វើរួចហើយនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ តើទ្រង់អាចតំណាងឱ្យព្រះជាម្ចាស់នៅយុគសម័យនៃព្រះគុណបានដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការនៃការជាប់ឆ្កាងបានដែរឬទេ? ដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ ប្រសិនបើព្រះយេស៊ូវបានចូលទៅក្នុងព្រះវិហារ និងកាន់តាមថ្ងៃសប្ប័ទ នោះវានឹងគ្មាននរណាម្នាក់បៀតបៀនទ្រង់ ហើយមនុស្សគ្រប់គ្នានឹងស្វាគមន៍ទទួលយកទ្រង់មិនខាន។ បើដូច្នេះ តើទ្រង់អាចត្រូវបានគេឆ្កាងដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការប្រោសលោះបានដែរឬទេ? ប្រសិនបើព្រះដែលយកកំណើតជាមនុស្សនៃគ្រាចុងក្រោយ បានបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដូចព្រះយេស៊ូវបានធ្វើដែរ តើនោះនឹងបានប្រយោជន៍អ្វីទៅ? លុះត្រាតែព្រះជាម្ចាស់ធ្វើផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់ ក្នុងអំឡុងនៃគ្រាចុងក្រោយ ជាផ្នែកមួយដែលតំណាងឱ្យផ្នែកនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទើបមនុស្សអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ ហើយមានតែធ្វើបែបនេះទេ ទើបផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចត្រូវបានបញ្ចប់» («ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «គោលបំណងចម្បងនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលនៃជីវិតដល់មនុស្ស ដើម្បីលាតត្រដាងនូវធម្មជាតិ និងសារជាតិរបស់មនុស្ស ហើយនិងនិស្ស័យដ៏ពុករលួយរបស់គេ និងការផាត់ចោលសញ្ញាណសាសនា គំនិតសក្ដិភូមិ គំនិតចាស់គំរឹល ព្រមទាំងចំណេះដឹង និងវប្បធម៌របស់មនុស្ស។ ចំណុចទាំងអស់នេះត្រូវបានលាងជម្រះឱ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីបើកសម្ដែងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់» («ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ថ្ងៃនេះ អ្នករាល់គ្នាគួរតែយល់ច្បាស់ហើយថា នៅគ្រាចុងក្រោយ វាជាការពិតដែល “ព្រះបន្ទូលក្លាយជាសាច់ឈាម” គឺត្រូវបានសម្រេចដោយព្រះជាម្ចាស់។ តាមរយៈកិច្ចការដ៏ពិតរបស់ទ្រង់នៅលើផែនដី ទ្រង់ធ្វើឱ្យមនុស្សស្គាល់ទ្រង់ មានទំនាក់ទំនងជាមួយទ្រង់ និងមើលឃើញពីអំពើជាក់ស្ដែងរបស់ទ្រង់។ ទ្រង់ធ្វើឱ្យមនុស្សមើលឃើញយ៉ាងច្បាស់ថា ទ្រង់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី និងឃើញថា វាក៏មានពេលដែលទ្រង់មិនអាចធ្វើបែបនេះផងដែរ ហើយវាអាស្រ័យទៅលើយុគសម័យប៉ុណ្ណោះ។ សម្រាប់សេចក្ដីនេះ អ្នកអាចមើលឃើញថា ព្រះជាម្ចាស់មិនមែនគ្មានសមត្ថភាពក្នុងការសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ផ្លាស់ប្ដូររបៀបនៃការធ្វើការរបស់ទ្រង់ឱ្យស្របតាមកិច្ចការដែលត្រូវសម្រេច និងស្របតាមសម័យកាលវិញទេ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការ ទ្រង់មិនបង្ហាញទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយការដែលទ្រង់បានបង្ហាញទីសម្គាល់ និងឫទ្ធិបារមីខ្លះនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ គឺដោយសារតែកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ខុសប្លែកពីសម័យនេះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការនោះនៅពេលបច្ចុប្បន្នឡើយ ហើយមនុស្សខ្លះជឿថា ទ្រង់គ្មានសមត្ថភាពសម្ដែងទីសម្គាល់ និងឫទ្ធិបារមី ឬមួយពួកគេគិតថា ប្រសិនបើទ្រង់មិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីទេ ដូច្នេះ ទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ព្រះជាម្ចាស់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមីបាន ប៉ុន្តែទ្រង់កំពុងតែធ្វើការនៅក្នុងយុគសម័យមួយផ្សេង ដូច្នេះហើយបានជាទ្រង់មិនធ្វើកិច្ចការបែបនោះ។ ដោយសារតែនេះជាយុគសម័យមួយផ្សេង ហើយដោយសារតែនេះជាដំណាក់កាលផ្សេងនៃកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ អំពើដែលព្រះជាម្ចាស់បានបើកសម្ដែង ក៏មានលក្ខណៈខុសគ្នាផងដែរ។ ជំនឿរបស់មនុស្សទៅលើព្រះជាម្ចាស់ មិនមែនជាជំនឿលើទីសម្គាល់ និងឫទ្ធិបារមី ក៏មិនមែនជាជំនឿលើការអស្ចារ្យដែរ ប៉ុន្តែជាជំនឿលើកិច្ចការជាក់ស្ដែងរបស់ទ្រង់ នៅក្នុងអំឡុងយុគសម័យថ្មី។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ តាមរយៈឥរិយាបថដែលព្រះជាម្ចាស់ធ្វើការ ហើយចំណេះដឹងនេះបង្កើតមនុស្សឱ្យមានជំនឿលើព្រះជាម្ចាស់ ដែលអាចនិយាយបានថា ជាជំនឿលើកិច្ចការ និងទង្វើរបស់ព្រះជាម្ចាស់។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មានបន្ទូលជាចម្បង។ កុំរង់ចាំចង់ឃើញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ព្រោះថាអ្នកនឹងមើលលែងឃើញទៀតហើយ! នេះគឺដោយសារតែអ្នកមិនបានកើតមក ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ប្រសិនបើអ្នកបានកើតមកក្នុងគ្រានោះ នោះអ្នកអាចមើលឃើញទីសម្គាល់ និងឫទ្ធិបារមី ប៉ុន្តែអ្នកបានកើតមកក្នុងគ្រាចុងក្រោយ ដូច្នេះ អ្នកអាចមើលឃើញតែភាពជាក់ស្ដែង និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ កុំរំពឹងចង់ឃើញព្រះយេស៊ូវដែលពេញដោយអធិធម្មជាតិ នៅក្នុងអំឡុងគ្រាចុងក្រោយនោះឡើយ។ អ្នកអាចមើលឃើញតែព្រះដ៏សកម្មដែលយកកំណើតជាមនុស្ស ដែលគ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញនោះឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បើកសម្ដែងអំពើខុសៗគ្នា។ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បើកសម្ដែងផ្នែកនៃអំពើរបស់ទ្រង់ ហើយកិច្ចការនៃយុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងផ្នែកមួយនៃទង្វើរបស់ព្រះជាម្ចាស់។ ទង្វើដែលទ្រង់បើកសម្ដែង មានលក្ខណៈខុសគ្នាទៅតាមយុគសម័យដែលទ្រង់ធ្វើការ ប៉ុន្តែវាផ្ដល់ឱ្យមនុស្សនូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ មានជំនឿលើព្រះជាម្ចាស់កាន់តែពិតប្រាកដ និងកាន់តែជាក់ច្បាស់។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែគ្រប់ទង្វើរបស់ព្រះជាម្ចាស់ ដោយសារទ្រង់ជាព្រះដ៏សែនអស្ចារ្យ ធំមហិមា ពេញដោយព្រះចេស្ដា និងមិនអាចវាស់ស្ទង់បាន» («ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ដួងចិត្តរបស់ខ្ញុំក៏ប្រែជាភ្លឺស្វាងជាងមុនយ៉ាងខ្លាំង។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការនៅគ្រាចុងក្រោយ មិនមែនមានន័យថា ទ្រង់មិនអាចបង្ហាញទីសម្គាល់ និងអព្ភូតហេតុនោះទេ ប៉ុន្តែ នៅក្នុងយុគសម័យចុងក្រោយនេះ ព្រះជាម្ចាស់លែងធ្វើការតាមរបៀបនោះទៀតហើយ។ អ្វីដែលព្រះជាម្ចាស់កំពុងធ្វើនៅពេលនេះ គឺជាកិច្ចការនៃការប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ និងបន្សុទ្ធពួកគេ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះអង្គបានលាតត្រដាងពីរឿងផ្សេងៗ ដូចជានិស្ស័យពុករលួយរបស់សាតាំងនៅក្នុងខ្លួនមនុស្ស គំនិតចាស់ៗរបស់មនុស្ស និងសញ្ញាណសាសនាផ្សេងៗដែលមនុស្សមានចំពោះព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សអាចបោះបង់ចោលនូវនិស្ស័យពុករលួយរបស់សាតាំងចេញពីពួកគេបាន។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ នៅតែផ្តោតលើការព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស និងបង្ហាញទីសម្គាល់ ព្រមទាំងអព្ភូតហេតុដដែលនោះ ដែលធ្វើឲ្យមនុស្សមើលឃើញថាព្រះជាម្ចាស់ពិតជាមានលក្ខណៈអធិធម្មជាតិមែននោះ នោះនិស្ស័យពុករលួយរបស់មនុស្ស ព្រមទាំងការបះបោរ និងការទាស់ទទឹងរបស់ពួកគេចំពោះព្រះជាម្ចាស់ នឹងមិនងាយបើកសម្តែងឡើយ ហើយយើងក៏នឹងមិនអាចស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួនឯងបានដែរ ចុះទម្រាំដល់ការត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរនោះ គឺរឹតតែមិនអាចទៅរួចទៀត។ ជាក់ស្ដែងដូចជារូបខ្ញុំអ៊ីចឹង ប្រសិនបើជំងឺកូនរបស់ខ្ញុំត្រូវបានជាសះស្បើយភ្លាមៗ បន្ទាប់ពីខ្ញុំបានអធិដ្ឋានរួចនោះ ខ្ញុំប្រាកដជាគ្មានសញ្ញាណណាមួយអំពីព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏គ្មានការសង្ស័យចំពោះទ្រង់ដែរ ម្យ៉ាងទៀត ខ្ញុំនឹងគិតថា ខ្ញុំមានជំនឿយ៉ាងមុតមាំលើព្រះជាម្ចាស់ ហើយថា ខ្ញុំពិតជាកំពុងតែដេញតាមយ៉ាងពិតប្រាកដមែន។ ប៉ុន្តែ នៅពេលដែលជំងឺកូនរបស់ខ្ញុំមិនបានជាសះស្បើយ ខ្ញុំក៏មានការយល់ច្រឡំ និងមានសញ្ញាណចំពោះព្រះជាម្ចាស់ ហើយខ្ញុំបានរអ៊ូរទាំថា ព្រះជាម្ចាស់មិនបានស្ដាប់ការអធិដ្ឋានរបស់ខ្ញុំទេ ថែមទាំងសង្ស័យចំពោះព្រះជាម្ចាស់ទៀតផង។ ខ្ញុំមិនចង់អធិដ្ឋាន ឬចូលរួមការជួបជុំឡើយ ហើយចិត្តខ្នះខ្នែងដែលខ្ញុំមានពីដំបូង ក៏បានរសាត់បាត់ទៅយ៉ាងលឿន។ នៅពេលប្រឈមមុខនឹងការពិត សេចក្ដីពុករលួយ ការបះបោរ និងសញ្ញាណរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ត្រូវបានបើកសម្តែងយ៉ាងច្បាស់។ ទើបខ្ញុំដឹងថា ទស្សនៈរបស់ខ្ញុំដែលវាស់ស្ទង់ថាតើកិច្ចការនោះមកពីព្រះជាម្ចាស់ឬអត់ ដោយផ្អែកលើការបង្ហាញទីសម្គាល់ និងអព្ភូតហេតុ ឬការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សនោះ គឺខុសទំនង។ ព្រះជាម្ចាស់ធ្វើកិច្ចការមួយដំណាក់កាលនៅក្នុងយុគសម័យនីមួយៗ ហើយយុគសម័យថ្មីទាមទារឲ្យមានកិច្ចការថ្មី។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានអនុវត្តកិច្ចការនៃការប្រោសលោះ ហើយទ្រង់បានព្យាបាលអ្នកជំងឺ បណ្ដេញអារក្ស ព្រមទាំងបង្ហាញទីសម្គាល់ និងអព្ភូតហេតុមួយចំនួន។ ប៉ុន្តែ ឥឡូវនេះគឺជាយុគសម័យនៃនគរព្រះ ដែលជាយុគសម័យចុងក្រោយ ហើយព្រះជាម្ចាស់កំពុងតែអនុវត្តកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីចាត់ថ្នាក់មនុស្សម្នាក់ៗទៅតាមប្រភេទរៀងៗខ្លួន រួចប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសដល់មនុស្សអាក្រក់ ហើយបញ្ចប់យុគសម័យចាស់នេះ។ ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដានៅតែធ្វើការដូចព្រះអម្ចាស់យេស៊ូវ ដោយបង្ហាញទីសម្គាល់ និងអព្ភូតហេតុ ព្យាបាលអ្នកជំងឺ និងបណ្ដេញអារក្សដដែលនោះ តើទ្រង់មិនកំពុងតែធ្វើកិច្ចការរបស់ទ្រង់សាជាថ្មីទេឬ? ចុះបើអ៊ីចឹង តើយុគសម័យនេះអាចបញ្ចប់ទៅបានយ៉ាងដូចម្ដេច? លើសពីនេះទៅទៀត វិញ្ញាណអាក្រក់ក៏អាចត្រាប់តាមកិច្ចការដែលព្រះជាម្ចាស់ធ្លាប់បានធ្វើផងដែរ ហើយប្រសិនបើខ្ញុំវាស់ស្ទង់ថាតើកិច្ចការនោះមកពីព្រះជាម្ចាស់ឬអត់ ដោយមើលថាតើមានការបង្ហាញទីសម្គាល់ និងអព្ភូតហេតុ ឬថាតើជំងឺរបស់មនុស្សត្រូវបានព្យាបាលឲ្យជានោះ ខ្ញុំច្បាស់ជាចាត់ទុកកិច្ចការរបស់សាតាំង និងវិញ្ញាណអាក្រក់ ថាជាកិច្ចការរបស់ព្រះជាម្ចាស់មិនខាន ហើយខ្ញុំប្រាកដជាកំពុងតែប្រមាថដល់ព្រះជាម្ចាស់ហើយ! គ្រាន់តែមានឈ្មោះថា ខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមែន ប៉ុន្តែខ្ញុំគ្មានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ឡើយ ហើយខ្ញុំនៅតែមើលកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ តាមរយៈទស្សនៈដែលស្វែងរកការបរិភោគនំប៉័ងឱ្យឆ្អែត នៅក្នុងយុគសម័យនៃព្រះគុណដដែល។ ខ្ញុំគ្រាន់តែព្យាយាមពាក់ស្បែកជើងថ្មី ដើរតាមផ្លូវចាស់ប៉ុណ្ណោះ។ ជំនឿបែបនេះមិនទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ មិនមានគោលបំណងធ្វើឲ្យមនុស្សគ្រប់លក្ខណ៍តាមរយៈទីសម្គាល់ និងអព្ភូតហេតុនោះទេ ប៉ុន្តែ គឺតាមរយៈព្រះបន្ទូលរបស់ទ្រង់វិញ។ នេះពិតជាសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់មែន! ប្រសិនបើមានការបង្ហាញទីសម្គាល់ និងអព្ភូតហេតុ មនុស្សទាំងអស់ច្បាស់ជាជឿនៅពេលដែលពួកគេបានឃើញ ហើយនឹងគ្មានការទាស់ទទឹងឡើយ ប៉ុន្តែ បើអ៊ីចឹង តើអាចបែងចែករវាងសត្វពពែ និងសត្វចៀម ស្រូវស្រងែ និងស្រូវសាលី អ្នកជឿពិត និងអ្នកជឿក្លែងក្លាយ ព្រមទាំងអ្នកបម្រើល្អ និងអ្នកបម្រើអាក្រក់ បានយ៉ាងដូចម្ដេចទៅ? តើព្រះជាម្ចាស់អាចធ្វើកិច្ចការនៃការធ្វើឲ្យគ្រប់លក្ខណ៍ ការបើកសម្ដែង និងការជម្រុះមនុស្សចោលបានយ៉ាងដូចម្ដេច? ឥឡូវនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើការដោយសម្ដែងចេញនូវសេចក្ដីពិត ដើម្បីយកឈ្នះ និងសង្គ្រោះមនុស្ស ហើយទ្រង់មិនបង្ហាញទីសម្គាល់ និងអព្ភូតហេតុឡើយ។ ទ្រង់គ្រាន់តែទតមើល ថាតើមនុស្សអាចទទួលយកសេចក្ដីពិតបានឬអត់ ហើយតាមរបៀបនេះ មានតែអ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដប៉ុណ្ណោះ ទើបអាចត្រូវបានសង្គ្រោះ ឯអ្នកដែលជារបស់អារក្សសាតាំង នឹងត្រូវបានបើកសម្ដែង ហើយជម្រុះចោល។ ខ្ញុំឃើញថា កាលណាកិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានភាពប្រក្រតី និងជាក់ស្ដែង នោះព្រះប្រាជ្ញាញាណរបស់ទ្រង់ក៏កាន់តែមាននៅក្នុងនោះដែរ។ របៀបធ្វើការរបស់ព្រះជាម្ចាស់បែបនេះ ពិតជាអស្ចារ្យណាស់! ប្រសិនបើមិនមានការបើកសម្ដែងពីការពិត និងការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេនោះ ខ្ញុំប្រាកដជាមិនដឹងខ្លួនឡើយថា ខ្ញុំកំពុងតែជឿលើព្រះជាម្ចាស់ដោយភាពស្រពេចស្រពិល និងសញ្ញាណ ហើយក៏មិនដឹងថា ខ្ញុំនៅតែទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់ដែរ ចុះទម្រាំដល់ការទទួលបានការយល់ដឹងអំពីកិច្ចការពិតប្រាកដរបស់ព្រះជាម្ចាស់នោះ គឺរឹតតែមិនអាចទៅរួចទៀត។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធូរស្រាល និងមានសេរីភាពយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំលែងសង្ឃឹមដោយអន្ទះសា ឲ្យព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងអព្ភូតហេតុ ដើម្បីដកយកជំងឺកូនខ្ញុំចេញទៀតហើយ។

តាមរយៈជំងឺកូនរបស់ខ្ញុំ ខ្ញុំបានដឹងពីទស្សនៈខុសទំនងរបស់ខ្ញុំ ចំពោះជំនឿលើព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមសញ្ជឹងគិតថា៖ តើអ្វីទស្សនៈត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់? ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះគឺជាការឡើងទៅស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែនងាយស្រួលបន្តិចណាឡើយ។ ទម្លាប់សាសនាទាំងអស់នោះគួរតែបោះបង់ចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខសាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនាទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចឱ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឱ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យអ្នកចុះចូលតាមទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរបំពេញដោយភាវៈដែលព្រះបង្កើតមក។ នេះហើយគឺជាគោលបំណងនៃការជឿលើព្រះជាម្ចាស់។ អ្នកត្រូវសម្រេចឱ្យបាននូវចំណេះដឹងអំពី ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងភាវៈដែលព្រះបង្កើតមក។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់សំខាន់បំផុត គឺជាការផ្លាស់ប្ដូរពីជីវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ។ វាជាលទ្ធភាពដែលអាចចុះចូលតាមព្រះជាម្ចាស់ និងមិនមែនជាការចុះចូលតាមសាច់ឈាមនោះទេ។ វាជាការទុកឱកាសឱ្យព្រះជាម្ចាស់ទទួលបានដួងចិត្តរបស់អ្នកទាំងមូល ទុកឱ្យព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឱ្យរួចពីនិស្ស័យពុករលួយបែបសាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឱ្យព្រះចេស្ដាដ៏ធំធេង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឱ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចចុះចូលតាមព្រះជាម្ចាស់ គឺចុះចូលរហូតដល់អស់ជីវិត ដូចជាពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ ... ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តន៍ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឱ្យព្រះជាម្ចាស់កែច្នៃគេឱ្យបានគ្រប់លក្ខណ៍ ឱ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីចុះចូលតាមព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចចុះចូលតាមព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ អាចគិតគូរពីបំណងព្រះហឫទ័យរបស់់ព្រះជាម្ចាស់ សម្រេចបានកម្ពស់ដូចពេត្រុស និងទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ដូចពេត្រុស ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឱ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ» («គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់។ ការជឿលើព្រះជាម្ចាស់ មិនមែនដើម្បីទទួលបានព្រះគុណ និងព្រះពរនោះទេ ហើយក៏មិនមែនដើម្បីជីវិតសាច់ឈាមប្រកបដោយសេចក្ដីសុខសាន្ត និងរលូននោះដែរ។ នោះមិនមែនជាជំនឿពិតលើព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់សង្ឃឹមថា យើងអាចដេញតាមសេចក្ដីពិត រស់នៅតាមព្រះបន្ទូលរបស់ទ្រង់នៅពេលមានរឿងរ៉ាវកើតឡើង ហើយប្រើប្រាស់ការរស់នៅជាក់ស្ដែងរបស់យើង ដើម្បីធ្វើបន្ទាល់ និងលើកតម្កើងព្រះជាម្ចាស់។ នេះហើយទើបជាជំនឿពិតលើព្រះជាម្ចាស់។ ខ្ញុំគ្រាន់តែផ្ដោតអារម្មណ៍តែម្យ៉ាង ទៅលើក្តីសង្ឃឹមឲ្យជំងឺកូនរបស់ខ្ញុំជាសះស្បើយ ប៉ុន្តែ ខ្ញុំមិនបានដឹងថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺជាអ្វី ឬថាតើខ្ញុំគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំសម្រាប់ព្រះជាម្ចាស់ដោយរបៀបណានោះទេ។ ខ្ញុំបានលិចលង់ទាំងស្រុងនៅក្នុងនិស្ស័យពុករលួយរបស់ខ្ញុំ ដោយវិនិច្ឆ័យ និងដាក់កំហិតព្រះជាម្ចាស់ ដោយផ្អែកលើសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំ ថែមទាំងសង្ស័យចំពោះព្រះជាម្ចាស់ និងបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ តើខ្ញុំមានភាពស្មោះត្រង់ ឬការចុះចូលចំពោះព្រះជាម្ចាស់ត្រង់ណាទៅ? ខ្ញុំពិតជាគ្មានទីបន្ទាល់ទាល់តែសោះ! នៅពេលកូនខ្ញុំឈឺ ព្រះជាម្ចាស់ក៏កំពុងតែពិនិត្យពិច័យអាកប្បកិរិយារបស់ខ្ញុំដែរ ដើម្បីទតមើលថាតើខ្ញុំមានជំនឿ និងការចុះចូលដ៏ពិតប្រាកដចំពោះទ្រង់ឬអត់។ ខ្ញុំត្រូវតែលះបង់សញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំចោល ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះជំងឺកូនខ្ញុំទេ ខ្ញុំមិនអាចបន្តមានភាពអវិជ្ជមាន ទន់ខ្សោយ ឬឃ្លាតឆ្ងាយពីព្រះជាម្ចាស់បែបនេះទៀតឡើយ។

ប៉ុន្តែ ការប្ដេជ្ញាចិត្តគឺងាយស្រួលធ្វើណាស់។ អ្វីដែលពិបាកជាងនេះទៅទៀតនោះ គឺការអនុវត្តសេចក្ដីពិតយ៉ាងពិតប្រាកដ។ រសៀលមួយ នៅពេលដែលពួកយើងហៀបនឹងជួបជុំគ្នា កូនខ្ញុំក៏ក្ដៅខ្លួនម្ដងទៀត ហើយខ្ញុំបានដឹងយ៉ាងច្បាស់នៅក្នុងចិត្តថា នេះគឺជាសាតាំងដែលកំពុងព្យាយាមល្បួងខ្ញុំ ហើយព្យាយាមធ្វើឲ្យខ្ញុំបោះបង់ការជួបជុំនេះ។ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកមិនអាចធ្វើបន្ទាល់នៅចំពោះមុខសាតាំងបានទេ នោះសាតាំងនឹងសើចចំអកឱ្យអ្នក វានឹងចាត់ទុកអ្នកជាមនុស្សឆ្កួត ជារបស់លេង ហើយជារឿយៗវានឹងធ្វើឱ្យអ្នកមើលទៅដូចល្ងង់ និងធ្វើឱ្យអ្នកច្របូកច្របល់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សាតាំងបានដឹងថា អ្វីដែលខ្ញុំបារម្ភបំផុតនោះ គឺកូនរបស់ខ្ញុំ ដូច្នេះ វាចេះតែប្រើជំងឺកូនខ្ញុំ ដើម្បីព្យាយាមរំខាន និងរារាំងខ្ញុំមិនឲ្យចូលរួមការជួបជុំ។ កាលពីមុន ខ្ញុំមិនយល់ពីសេចក្ដីពិត ហើយក៏មើលមិនធ្លុះនូវល្បិចកលរបស់សាតាំងដែរ ហើយរាល់ពេលដែលមានការជួបជុំម្តងៗ គឺជាន់ចំពេលកូនខ្ញុំឈឺតែម្តង។ ខ្ញុំតែងតែភ័យស្លន់ស្លោ ហើយប្រញាប់បោះបង់ការជួបជុំ ដើម្បីនាំកូនទៅជួបគ្រូពេទ្យ ដោយបណ្ដោយឲ្យសាតាំងដឹកមុខរហូត។ ពេលខ្ញុំមិនមានការជួបជុំ កូនខ្ញុំមិនក្ដៅខ្លួនទេ ប៉ុន្តែ ឲ្យតែពេលខ្ញុំមានការជួបជុំ គាត់ក៏ក្ដៅខ្លួនភ្លាម។ កាលណាខ្ញុំគិតពីរឿងនេះកាន់តែច្រើន ខ្ញុំក៏កាន់តែយល់ច្បាស់ថា នេះគឺជាល្បិចកលរបស់សាតាំងទាំងស្រុង ហើយខ្ញុំដឹងថា ខ្ញុំមិនអាចបន្តឲ្យសាតាំងរឹតត្បិត និងគ្រប់គ្រងខ្ញុំបានទៀតឡើយ។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ឲ្យសាតាំងបោកបញ្ឆោត ឬធ្វើបាបទូលបង្គំទៀតឡើយ។ ទូលបង្គំចង់ជួបជុំជាមួយបងប្អូនប្រុសស្រី។ សូមទ្រង់ជួយទូលបង្គំផង»។ បន្ទាប់ពីអធិដ្ឋានរួច ដួងចិត្តរបស់ខ្ញុំក៏បានស្ងប់បន្តិច។ ខ្ញុំបានទៅមើលកូនប្រុសខ្ញុំ ឃើញថា គាត់គ្រាន់តែក្ដៅខ្លួនតិចតួចប៉ុណ្ណោះ ហើយមើលទៅគាត់នៅលេងសើចស្រស់ស្រាយធម្មតា ដូច្នេះ ខ្ញុំក៏ទុកគាត់ឲ្យនៅជាមួយម្ដាយក្មេកខ្ញុំ ដោយប្រាប់គាត់ឲ្យបញ្ចុកថ្នាំបញ្ចុះកម្ដៅខ្លះដល់កូន រួចខ្ញុំក៏ចេញទៅចូលរួមការជួបជុំទៅ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីការជួបជុំចប់ ខ្ញុំត្រលប់មកផ្ទះវិញ ឃើញកូនខ្ញុំកំពុងលេងប្រដាប់ប្រដាក្មេងលេងយ៉ាងសប្បាយរីករាយ។ ម្ដាយក្មេកខ្ញុំប្រាប់ថា កូនបាត់ក្ដៅខ្លួនវិញដោយមិនបាច់លេបថ្នាំនោះទេ។ ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ រហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំនឹកគិតដល់កាលពីមុន ដែលកូនប្រុសខ្ញុំក្ដៅខ្លួនមិនព្រមបាត់សោះ ហើយយើងត្រូវទៅមន្ទីរពេទ្យដើម្បីចាក់សេរ៉ូមទើបគាត់បានធូរស្បើយ ប៉ុន្តែ លើកនេះ អាការៈក្ដៅខ្លួនបានបាត់ទៅវិញដោយមិនបាច់ប្រើថ្នាំទាល់តែសោះ។ ខ្ញុំស្ទើរតែមិនជឿសោះ ហើយនៅក្នុងចិត្ត ខ្ញុំចេះតែបន្តអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់។ តាមរយៈបទពិសោធន៍នេះ ខ្ញុំក៏បានយល់ដែរថា ទោះបីជាដំបូងឡើយពេលកូនខ្ញុំឈឺ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់មែន តែព្រះជាម្ចាស់មិនបានព្យាបាលកូនខ្ញុំនោះទេ ហើយនេះគឺដោយសារតែមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នៅក្នុងនោះ។ នៅពេលនោះ ដួងចិត្តរបស់ខ្ញុំពោរពេញទៅដោយសញ្ញាណ ការស្រមើស្រមៃ និងការដាក់កំហិតចំពោះព្រះជាម្ចាស់ ហើយខ្ញុំគ្មានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដែលយកឈ្នះ និងធ្វើឲ្យមនុស្សគ្រប់លក្ខណ៍តាមរយៈព្រះបន្ទូលរបស់ទ្រង់ទាល់តែសោះ ហើយខ្ញុំក៏គ្មានការវែកញែកឲ្យដឹងទាក់ទងនឹងការល្បួង និងការរំខានរបស់សាតាំងដែរ។ ដូច្នេះ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យការរំខាន និងការល្បួងរបស់សាតាំងបន្តកើតមាន ដើម្បីបន្សុទ្ធខ្ញុំ ហើយក៏ដើម្បីឲ្យខ្ញុំអាចយល់ពីសេចក្ដីពិត និងស្គាល់ព្រះជាម្ចាស់។ នៅក្នុងដំណើរការនេះ ខ្ញុំបានបើកឲ្យដឹងនូវសញ្ញាណ ការយល់ច្រឡំ ការរអ៊ូរទាំ និងការសង្ស័យចំពោះព្រះជាម្ចាស់ បន្ទាប់មក ព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ដើម្បីបំភ្លឺ និងណែនាំខ្ញុំ ដោយលាតត្រដាង និងជំនុំជម្រះសញ្ញាណ ព្រមទាំងសេចក្ដីពុករលួយរបស់ខ្ញុំ ដែលអនុញ្ញាតឲ្យខ្ញុំយល់ពីលក្ខណៈប្រក្រតី និងជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងស្គាល់ពីការបះបោរ ព្រមទាំងការទាស់ទទឹងរបស់ខ្លួនឯង ព្រមទាំងជួយខ្ញុំឲ្យរៀនវែកញែកឲ្យដឹងពីល្បិចកលរបស់សាតាំងផងដែរ។ ទីបំផុត ខ្ញុំអាចលះបង់សញ្ញាណរបស់ខ្ញុំ បះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្ញុំ និងអនុវត្តសេចក្ដីពិតបាន។ ខ្ញុំបានឃើញថា ការដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនេះ គឺពិតជាមានសព្វានុភាព និងជាក់ស្ដែងមែន ហើយក៏មានព្រះប្រាជ្ញាញាណបំផុតដែរ។ តាមរយៈបទពិសោធន៍នេះ ខ្ញុំពិតជាបានស្គាល់ពីសិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានឃើញថា ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាក់ស្ដែង និងកិច្ចការពិតប្រាកដ ដើម្បីយកឈ្នះ និងធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ ព្រមទាំងដើម្បីទទួលបានដួងចិត្តរបស់ពួកគេ។ ការដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនេះនៅគ្រាចុងក្រោយ គឺមានអត្ថន័យជាងការបង្ហាញទីសម្គាល់ និងអព្ភូតហេតុឆ្ងាយណាស់។ នេះបានរំលឹកខ្ញុំអំពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះចេស្ដានៃព្រះបន្ទូលគឺអស្ចារ្យខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះពិតជាជាក់ស្ដែងណាស់!

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គទៀត ហើយខ្ញុំក៏ទទួលបានការយល់ដឹងខ្លះៗ អំពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ គ្រាន់តែដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដារបស់ខ្ញុំ បណ្ដេញវិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ ហើយមានមនុស្សជាច្រើនជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងបានសុខសប្បាយនៅបរលោកតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីតែភាពសុខស្រួលមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅបរលោកឡើយ។ នៅពេលដែលខ្ញុំប្រទានសេចក្ដីក្រោធដល់មនុស្ស ហើយដកហូតអស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលពួកគេធ្លាប់មាន នោះពួកគេក៏ចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រទានទុក្ខវេទនានៃស្ថាននរកទៅឱ្យមនុស្ស ហើយទាមទារយកមកវិញនូវព្រះពរនៃស្ថានសួគ៌ ពួកគេក៏ផ្ទុះកំហឹងឡើង។ ពេលមនុស្សទូលសុំឱ្យខ្ញុំប្រោសគេឱ្យជាពីជំងឺ ហើយខ្ញុំមិនអើពើនឹងគេ និងមានអារម្មណ៍ស្អប់ខ្ពើមចំពោះពួកគេ ពួកគេក៏បានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់វិញ។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែពួកគេបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ ហេតុដូច្នេះ ខ្ញុំនិយាយថា មនុស្សមានសេចក្ដីជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណរបស់ខ្ញុំច្រើនសន្ធឹកសន្ធាប់ពេក និងដោយសារមានអត្ថប្រយោជន៍ជាច្រើនដែលគេនឹងទទួលបាន» («តើអ្នកយល់ដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នាគួរតែយល់អំពីហេតុផល ដែលនាំឱ្យអ្នករាល់គ្នាជឿលើខ្ញុំហើយ។ បើអ្នករាល់គ្នាគ្រាន់តែចង់ក្លាយជាសិស្ស ឬជាអ្នកជំងឺរបស់ខ្ញុំ ឬក្លាយជាពួកបរិសុទ្ធម្នាក់ក្នុងចំណោមពួកបរិសុទ្ធរបស់ខ្ញុំនៅឯស្ថានសួគ៌ នោះការដែលអ្នករាល់គ្នាដើរតាមខ្ញុំនឹងគ្មានន័យឡើយ។ ការដើរតាមខ្ញុំនៅក្នុងឥរិយាបថបែបនេះ គឺជាការខ្ជះខ្ជាយកម្លាំងចោលប៉ុណ្ណោះ។ ការមានសេចក្តីជំនឿបែបនេះចំពោះខ្ញុំ វាគ្រាន់តែជាការចំណាយពេលឥតប្រយោជន៍ដែលនាំឱ្យខាតបង់ដល់យុវភាពរបស់អ្នកទៀតផង។ ហើយនៅទីបញ្ចប់ អ្នករាល់គ្នានឹងមិនទទួលបានអ្វីសោះឡើយ។ តើនេះវាមិនមែនជាការប្រឹងប្រែង ជាអសារឥតការទេឬ អី? ខ្ញុំបានចាកចេញពីក្នុងចំណោមសាសន៍យូដាជាយូរមកហើយ ហើយក៏លែងជាគ្រូពេទ្យរបស់មនុស្ស ឬក៏ជាឱសថព្យាបាលមនុស្សទៀតដែរ។ ខ្ញុំលែងធ្វើជាសត្វសម្រាប់ ឱ្យមនុស្សលោកជិះ ឬកាប់យកសាច់តាមតែចិត្តគេចង់ទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំបានមកនៅក្នុងចំណោមមនុស្ស ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សវិញ ដើម្បីឱ្យមនុស្សអាចស្គាល់ខ្ញុំ។ អ្នកគួរតែដឹងថា ខ្ញុំធ្លាប់ធ្វើកិច្ចការនៃការប្រោសលោះ និងដឹងថា ខ្ញុំធ្លាប់ជាព្រះយេស៊ូវ ប៉ុន្តែខ្ញុំមិនអាចបន្តនៅជាព្រះយេស៊ូវរហូតឡើយ គឺដូចជាខ្ញុំធ្លាប់ជាព្រះយេហូវ៉ា ប៉ុន្តែក្រោយមកក៏បានក្លាយជាព្រះយេស៊ូវដូច្នឹងដែរ។ ខ្ញុំជាព្រះជាម្ចាស់របស់មនុស្សលោក ជាព្រះអម្ចាស់នៃសកលលោក ប៉ុន្តែខ្ញុំមិនអាចជាព្រះយេស៊ូវ ឬព្រះយេហូវ៉ាជារៀងរហូតឡើយ។ ខ្ញុំបានក្លាយជាបុគ្គលម្នាក់ដែលមនុស្សចាត់ទុកថាជាគ្រូពេទ្យ ប៉ុន្តែមិនអាចនិយាយបានថា ព្រះជាម្ចាស់គ្រាន់តែជាគ្រូពេទ្យម្នាក់ សម្រាប់មនុស្សលោកឡើយ។ ដូច្នេះ ប្រសិនបើអ្នក ប្រកាន់ខ្ជាប់នូវទស្សនៈចាស់គំរិល នៅក្នុងសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ នោះអ្នកនឹងមិនទទួលបានអ្វីឡើយ។ បើទោះបីជាអ្នកសរសើរខ្ញុំនៅថ្ងៃនេះថា៖ “ព្រះស្រឡាញ់មនុស្សលោក។ ទ្រង់ប្រោសខ្ញុំឱ្យបានជា ហើយប្រទានដល់ខ្ញុំនូវព្រះពរ សេចក្តីសុខសាន្ត និងសេចក្តីអំណរ។ ព្រះអង្គពិតជាល្អចំពោះមនុស្សលោកខ្លាំងណាស់។ ប្រសិនបើខ្ញុំគ្រាន់តែមានជំនឿលើទ្រង់ នោះខ្ញុំមិនចាំបាច់ខ្វល់ខ្វាយអំពីរឿងប្រាក់កាស និងទ្រព្យសម្បត្តិឡើយ...” ក៏ខ្ញុំនៅតែមិនអាចបង្អាក់កិច្ចការដើមរបស់ខ្ញុំបានឡើយ។ បើអ្នកជឿលើខ្ញុំនៅថ្ងៃនេះ នោះអ្នកនឹងទទួលបានតែសិរីល្អរបស់ខ្ញុំ ហើយអ្នកនឹងសក្តិសមធ្វើបន្ទាល់ពីខ្ញុំ ហើយអ្វីៗផ្សេងទៀត នឹងក្លាយជារឿងបន្ទាប់ បន្សំប៉ុណ្ណោះ។ អ្នកត្រូវតែយល់អំពីការនេះឱ្យបានច្បាស់» («តើអ្នកយល់ដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញពីបំណងដ៏ថោកទាប នៅក្នុងជំនឿរបស់ខ្ញុំ។ កាលពីមុន ពេលខ្ញុំជឿព្រះអម្ចាស់យេស៊ូវ ខ្ញុំបានទទួលព្រះគុណ សេចក្ដីសុខសាន្ត និងអំណរ ដែលព្រះអម្ចាស់បានប្រទានឲ្យ ដូច្នេះ ខ្ញុំក៏គិតថា ខ្ញុំពិតជាមានពរណាស់ដែលបានជឿលើព្រះអម្ចាស់។ ប៉ុន្តែ បន្ទាប់ពីបានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានឃើញពីរបៀបដែលព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិត ដើម្បីសង្គ្រោះមនុស្ស ហើយចុងក្រោយទ្រង់នឹងនាំពួកគេចូលទៅក្នុងនគរស្ថានសួគ៌ ហេតុនេះហើយ ទើបខ្ញុំកាន់តែសកម្មក្នុងការដេញតាមរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ខ្ញុំមិនដែលមកយឺតយ៉ាវក្នុងការជួបជុំឡើយ ហើយខ្ញុំក៏បានផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរៀបចំទទួលភ្ញៀវផងដែរ។ ខ្ញុំបានធ្វើរឿងទាំងអស់នេះ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយគិតថា តាមរយៈការធ្វើបែបនេះ ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងព្រះពរដល់ខ្ញុំកាន់តែច្រើន។ ខ្ញុំបានឃើញថា ខ្ញុំជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីប្រើប្រាស់ទ្រង់ ឲ្យបំពេញបំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនបានខ្វល់ទាល់តែសោះថា តើព្រះជាម្ចាស់កំពុងធ្វើកិច្ចការអ្វី ហើយក៏មិនបានខ្វល់ដែរថា តើព្រះជាម្ចាស់ទាមទារអ្វីខ្លះពីមនុស្ស ថាតើមនុស្សគួរជឿលើព្រះជាម្ចាស់យ៉ាងដូចម្ដេច ដើម្បីឲ្យស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងផ្គាប់ព្រះហឫទ័យទ្រង់ ថាតើមនុស្សប្រភេទណាដែលអាចចូលទៅក្នុងនគរព្រះបាន ថាតើរបៀបជឿរបស់ខ្ញុំ ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឬអត់ ឬថាតើទស្សនៈត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់គឺជាអ្វីនោះទេ។ ខ្ញុំមិនបានដឹងពីរឿងទាំងអស់នេះទេ ហើយក៏មិនដែលធ្លាប់គិតពីវាដែរ។ ខ្ញុំគ្រាន់តែពឹងផ្អែកលើចិត្តខ្នះខ្នែងរបស់ខ្ញុំ ដើម្បីចូលរួមការជួបជុំ និងផ្សាយដំណឹងល្អ ដោយគិតថា តាមរយៈការធ្វើរឿងទាំងនេះ ខ្ញុំកំពុងតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគួរតែទទួលបានព្រះពរពីទ្រង់។ នៅពេលកូនខ្ញុំក្ដៅខ្លួនខ្លាំងមិនព្រមបាត់ ព្រះគុណ និងព្រះពរដែលខ្ញុំបានអធិដ្ឋានទូលសូមនោះ គឺបាត់ស្រមោលឈឹង ប៉ុន្តែ ខ្ញុំមិនបានស្វែងរកសេចក្ដីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ ផ្ទុយទៅវិញ នៅក្នុងចិត្តខ្ញុំ ខ្ញុំសង្ស័យចំពោះព្រះជាម្ចាស់ និងបដិសេធកិច្ចការរបស់ទ្រង់។ ខ្ញុំបានឃើញថា បំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំ គឺខ្លាំងក្លាពេកហើយ។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយខ្ញុំគ្រាន់តែជាភាវៈដែលព្រះបានបង្កើតប៉ុណ្ណោះ ដូច្នេះ វាគឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិសម្រាប់ភាវៈដែលព្រះបានបង្កើត ត្រូវជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេ។ ខ្ញុំមិនគួរព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ឡើយ ចុះទម្រាំដល់ការទាមទារដោយគ្មានហេតុផលពីទ្រង់នោះ គឺរឹតតែមិនគួរទៅទៀត។ ឥឡូវនេះ ខ្ញុំពិតជាយល់ហើយថា បំណងដ៏ល្អរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងជំងឺកូនរបស់ខ្ញុំ។ នេះបានធ្វើឲ្យខ្ញុំអាចឆ្លុះបញ្ចាំង និងយល់ពីនិស្ស័យបែបសាតាំងរបស់ខ្ញុំ ព្រមទាំងទស្សនៈខុសទំនងនៃជំនឿរបស់ខ្ញុំ។ ខ្ញុំក៏បានដឹងដែរថា នៅពេលវាយតម្លៃថាតើអ្វីមួយពិតជាកិច្ចការរបស់ព្រះជាម្ចាស់ឬអត់នោះ វាមិនគួរផ្អែកទៅលើថាតើមានការបង្ហាញទីសម្គាល់ និងអព្ភូតហេតុ ឬថាតើមានការប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្សកើតឡើងឬអត់នោះទេ ឬថាតើមានការប្រទានព្រះគុណ និងព្រះពរឬអត់នោះឡើយ ប៉ុន្តែ គួរតែមើលថាតើសេចក្ដីពិតអាចត្រូវបានសម្ដែងចេញតាមរយៈរឿងនោះឬអត់វិញ ថាតើកិច្ចការនេះអាចដឹកនាំមនុស្ស ឲ្យមានការយល់ដឹងអំពីព្រះជាម្ចាស់កាន់តែច្រើនឡើងឬអត់ ថាតើកិច្ចការនេះអាចជម្រះ និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់សាតាំងនៅក្នុងមនុស្សបានឬអត់ ហើយថាតើកិច្ចការនេះអាចសង្គ្រោះមនុស្ស និងធ្វើឲ្យពួកគេគ្រប់លក្ខណ៍បានឬអត់។ ប្រសិនបើវាអាចសម្រេចបាននូវលទ្ធផលទាំងនេះ នោះវាច្បាស់ជាកិច្ចការរបស់ព្រះជាម្ចាស់មិនខាន។

តាមរយៈការឆ្លងកាត់ជំងឺកូនរបស់ខ្ញុំ ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយខ្ញុំក៏ទទួលបាននូវទស្សនៈត្រឹមត្រូវ និងដឹងពីរបៀបដេញតាមដ៏ត្រឹមត្រូវនៅក្នុងជំនឿរបស់ខ្ញុំផងដែរ។ នេះគឺជាសេចក្ដីសង្គ្រោះដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ហើយក៏ជាក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះខ្ញុំដែរ។ ក្តីស្រឡាញ់មួយនេះ លើសពីព្រះពរដែលខ្ញុំធ្លាប់ទូលសូមពីមុនទៅទៀត។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅដួងចិត្តរបស់ខ្ញុំ។ ពេលដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងមានកំហុស ដែលគ្រាន់តែស្វែងរកព្រះគុណ និងព្រះពរនៅក្នុងជំនឿរបស់ខ្ញុំ ហើយមិនបានដេញតាមសេចក្ដីពិត ហើយខ្ញុំពិតជាល្ងង់ខ្លៅ មិនដឹងអី និងងងឹតងងល់ខ្លាំងណាស់! ខ្ញុំត្រូវតែបោះបង់ចោលនូវបំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំ ហើយដើរតាមផ្លូវត្រឹមត្រូវនៅក្នុងជំនឿរបស់ខ្ញុំវិញ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះពរបានមកពីជំងឺ

ក្នុង ឆ្នាំ ២០១៤ បក្សកុម្មុយនីស្តបានចាប់ផ្តើមមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា តាមរយៈសំណុំរឿងរបស់ ចាវយាន កាលពីថ្ងៃ ទី ២៨ ខែ ឧសភា...

ការរៀនចុះចូលតាមរយៈភាពលំបាក

ដោយ លី យ៉ាង (ចិន) នៅពេលកូនប្រុសរបស់ខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំសម្គាល់ឃើញថាមានដុំពកមួយនៅពីក្រោយត្រចៀករបស់គាត់។ ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ...

តើការបោះបង់ និងការលះបង់ដើម្បីទទួលបានព្រះពរ ត្រឹមត្រូវដែរឬទេ?

ដោយ ស៊ូ អ៊ិនសឺ ប្រទេសចិនខ្ញុំមានជំងឺលើសឈាម ដែលជាជំងឺតំណពូជក្នុងគ្រួសារខ្ញុំ។ នៅឆ្នាំ ២០១៣ ខ្ញុំក៏កើតមានអាការឈឺក្បាលយ៉ាងខ្លាំង...