ការកែតម្រូវបំណងចិត្តរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំ
ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកដឹកនាំក្រុមជំនុំកាលពីខែ មិថុនា ឆ្នាំមុន។ នៅពេលនោះ ខ្ញុំរំភើបចិត្ត និងមានអារម្មណ៍ថា...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅខែមិថុនា ឆ្នាំ ២០១៨ អ្នកដឹកនាំបានរៀបចំឱ្យខ្ញុំបង្ហាត់បងប្អូនប្រុសស្រីពីការសម្តែង។ ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំគិតថា «មើលទៅជំនាញសម្តែងរបស់ខ្ញុំទទួលបានការពេញចិត្តពីពួកអ្នកដឹកនាំហើយ ដូច្នេះ ខ្ញុំត្រូវតែសហការឱ្យបានដិតដល់»។ ដំបូងឡើយ ខ្ញុំគ្រាន់តែទទួលខុសត្រូវក្នុងការបង្ហាត់ការសម្តែងដល់បងប្អូនប្រុសស្រីនៅក្នុងក្រុមរបស់យើងប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក អ្នកដឹកនាំរឿងបានរៀបចំឱ្យខ្ញុំសហការជាមួយបងស្រីពីរនាក់ ដើម្បីបង្ហាត់តួសម្តែងមកពីប្រទេសផ្សេងៗ និងរៀបចំការសិក្សាជាក្រុម។ រឿងនោះធ្វើឱ្យខ្ញុំកាន់តែសប្បាយចិត្ត ហើយខ្ញុំដើរពើងទ្រូង មិនថាខ្ញុំទៅទីណាក៏ដោយ។ រាល់ពេលដែលបងប្អូនប្រុសស្រីសួរខ្ញុំអំពីការសម្តែង ខ្ញុំមិនអាចទប់ក្ដីអំណររបស់ខ្ញុំបានទេ នៅពេលដែលខ្ញុំបានឃើញការច្រណែន និងការកោតសរសើរនៅក្នុងភ្នែករបស់ពួកគេ។ នៅខែមករា ឆ្នាំ ២០២៤ ពួកអ្នកដឹកនាំបានរៀបចំឱ្យខ្ញុំសម្ដែងជាតួឯកនៅក្នុងភាពយន្តមួយ។ ខ្ញុំរំភើបញាប់ញ័រណាស់ពេលឮដំណឹងនេះ ប៉ុន្តែខ្ញុំក៏បារម្ភបន្តិចដែរ។ «កន្លងមក ខ្ញុំតែងតែដើរតួអាក្រក់ ហើយសូម្បីតែពេលខ្ញុំដើរតួល្អ ក៏វាជាតួបន្ទាប់បន្សំ ដែលមានពេលចេញមុខតិចតួចដែរ។ ប៉ុន្តែលើកនេះ ខ្ញុំជាតួឯក។ តួអង្គនេះសំខាន់ណាស់ បើខ្ញុំសម្តែងមិនបានល្អទេ នោះនឹងខ្មាសគេខ្លាំងណាស់! ម្យ៉ាងទៀត តួឯកនៅក្នុងភាពយន្តនេះឆ្លងកាត់បទពិសោធខាងផ្លូវអារម្មណ៍ជាច្រើន ដែលខ្ញុំមិនធ្លាប់បានឆ្លងកាត់។ បើខ្ញុំសម្តែងមិនបានល្អទេ តើបងប្អូនប្រុសស្រីមិនមើលងាយខ្ញុំទេឬ? ពួកគេនឹងនិយាយថា ក្រោយពីចំណាយពេលជាច្រើនឆ្នាំក្នុងការបំពេញភារកិច្ចរបស់ខ្ញុំជាតួសម្តែង និងថែមទាំងបានបង្ហាត់អ្នកដទៃឱ្យសម្តែងទៀតនោះ ខ្ញុំបែរជាសម្តែងមិនបានល្អ ហើយជំនាញរបស់ខ្ញុំមិនត្រូវតាមស្ដង់ដាសោះ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំក៏គិតថា «ការដែលពួកអ្នកដឹកនាំឱ្យខ្ញុំសម្ដែងជាតួឯក បង្ហាញថាពួកគេពេញចិត្តចំពោះជំនាញសម្តែងរបស់ខ្ញុំ ហើយជឿថាខ្ញុំមានសមត្ថភាពអាចដើរតួនេះបាន។ ខ្ញុំគ្រាន់តែត្រូវដោះស្រាយរាល់ការលំបាកដោយសន្សឹមៗដោយខ្លួនឯង ស្ងាត់ៗទៅបានហើយ។ ខ្ញុំមិនអាចឱ្យបងប្អូនប្រុសស្រីមើលងាយខ្ញុំបានឡើយ។ ជាងនេះទៅទៀត ការសម្ដែងជាតួនេះ គឺជាការដែលព្រះជាម្ចាស់លើកតម្កើងខ្ញុំ។ ខ្ញុំត្រូវតែមានមនសិការ ហើយមិនអាចគេចវេះពីភារកិច្ចរបស់ខ្លួនឡើយ»។ ដូច្នេះ ខ្ញុំបានចូលរួមជាមួយបងប្អូនប្រុសស្រី ហើយពួកយើងបានដាក់ចិត្តដាក់កាយចូលទៅក្នុងការហាត់សម និងការថត។
ក្នុងអំឡុងពេលថតឈុតរំជួលចិត្តមួយ ខ្ញុំមិនអាចដាក់អារម្មណ៍ចូលតួបានទាល់តែសោះ ហើយក៏ចាប់ផ្តើមអន្ទះអន្ទែងជាខ្លាំង។ «នេះជាឈុតដ៏សំខាន់ណាស់។ បើខ្ញុំសម្តែងមិនបានល្អ តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? ខ្ញុំមិនធ្លាប់សម្តែងឈុតបែបនេះពីមុនមកទេ ហើយខ្ញុំក៏មិនសូវ យល់ពីចំណុចលម្អិត មួយចំនួនដែរ។ តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?» ខ្ញុំបានប្រញាប់ទៅមើលឃ្លីបភាពយន្ត និងវីដេអូស្រដៀងៗគ្នា ដោយភ័យខ្លាចថា ខ្ញុំនឹងធ្វើឱ្យរាំងស្ទះដល់ការថត ព្រោះតែខ្ញុំមិនអាចដាក់អារម្មណ៍ឱ្យបានត្រឹមត្រូវ។ បងប្រុសម្នាក់បានកត់សម្គាល់ពីការលំបាករបស់ខ្ញុំ ហើយក៏ផ្តល់យោបល់ថា «បើបងមិនច្បាស់ថាត្រូវសម្តែងឈុតនេះដោយរបៀបណាទេ បងអាចសួរបងប្អូនប្រុសស្រីដែលធ្លាប់ដើរតួស្លូតពីមុនមកបាន។ ពួកគេប្រាកដជាដឹងពីចំណុចលម្អិត មួយចំនួនជាមិនខាន។ ហើយនោះនឹងជួយតម្រង់ទិសដៅដល់ការសម្តែងរបស់បង»។ ពេលឮបែបនេះ ខ្ញុំក៏គិតថា៖ «សួរពួកគេឬ? តើខ្ញុំអាចបន្ទាបខ្លួនយ៉ាងដូចម្តេចទៅ? ការសុំជំនួយកាលពីពេលដែលខ្ញុំនៅដើរតួបន្ទាប់បន្សំ គឺជារឿងមិនអីទេ ប៉ុន្តែលើកនេះ ខ្ញុំជាតួឯក។ ខ្ញុំបានដើរជាតួឯក ព្រោះខ្ញុំជាតួសម្តែងដ៏ពូកែម្នាក់។ បើខ្ញុំទៅសុំជំនួយ ពេលបងប្អូនប្រុសស្រីដឹង តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំ? ពួកគេច្បាស់ជានិយាយថា៖ “បងមិនយល់អ្វីទាំងអស់ ហើយការសម្តែងរបស់បងក៏មិនសូវអស្ចារ្យដែរ!” ម្យ៉ាងទៀត ខ្ញុំធ្លាប់ជាអ្នកបង្ហាត់ការសម្តែងរបស់ពួកគេ។ ឥឡូវនេះ បើខ្ញុំសុំយោបល់ពីពួកគេ តើនោះមិនមែនបង្ហាញថា ជំនាញសម្តែងរបស់ខ្ញុំអន់ ហើយអ្វីៗទាំងអស់ដែលខ្ញុំបានបង្រៀនពួកគេពីមុន គ្រាន់តែជាទ្រឹស្តីទេឬ? ពេលនោះ អ្នកគ្រប់គ្នានឹងដឹងពីសមត្ថភាពពិតរបស់ខ្ញុំជាក់ជាមិនខាន»។ ទោះបីជាខ្ញុំនិយាយថាខ្ញុំយល់ព្រមក៏ដោយ តាមពិត ខ្ញុំមិនបានទៅសួរនរណាម្នាក់ឡើយ។ ក្រោយមក អ្នកដឹកនាំរឿងបានរំលឹកខ្ញុំជាច្រើនដង ឱ្យសុំជំនួយពីបងប្អូនប្រុសស្រី ប៉ុន្តែគំនិតដែលខ្លាចបាត់បង់មុខមាត់ តែងតែរារាំងខ្ញុំជានិច្ច។ ដើម្បីកុំឱ្យអ្នកដទៃមើលងាយខ្ញុំ ខ្ញុំបានខិតខំគិតរកវិធីអន្ទងអារម្មណ៍របស់ខ្ញុំ ថែមទាំងត្រាប់តាមរបៀបដែលតួសម្តែងដែលគ្មានជំនឿបានសម្តែងទៀតផង។ ខ្ញុំគិតថា៖ «ទោះមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំត្រូវតែថតឈុតនេះឱ្យបានល្អ។ ខ្ញុំមិនអាចឱ្យពួកគេឃើញថា ជំនាញសម្តែងរបស់ខ្ញុំមិនល្អគ្រប់គ្រាន់ឡើយ។ បើខ្ញុំធ្វើឱ្យខូចការងារនេះ ខ្ញុំនឹងបាត់បង់មុខមាត់ទាំងស្រុង!» ក្នុងអំឡុងពេលថត ខ្ញុំបានខិតខំអស់ពីសមត្ថភាពដើម្បីបញ្ចេញអារម្មណ៍របស់ខ្ញុំ ប៉ុន្តែការសម្តែងនៅតែមិនបានល្អសោះ។ អ្នកដឹកនាំរឿងបានឃើញថាខ្ញុំកំពុងជួបការលំបាក ហើយក៏បានប្រកបគ្នាជាមួយខ្ញុំអំពីអារម្មណ៍នៅក្នុងឈុតនោះ។ ដើម្បីកុំឱ្យគេចាប់ថ្នាក់បានថា ជំនាញសម្តែងរបស់ខ្ញុំមិនទាន់ដល់កម្រិត ខ្ញុំក៏និយាយថា៖ «ខ្ញុំយល់ពីអារម្មណ៍ទាំងអស់នេះហើយ។ ខ្ញុំគ្រាន់តែមិនទាន់ដាក់អារម្មណ៍បានពេញលេញប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែត្រូវការពេលបន្តិចទៀតដើម្បីចូលតួ»។ ប៉ុន្តែមិនថាខ្ញុំព្យាយាមយ៉ាងណាទេ វានៅតែមិនបានផលសោះ។ ក្រោយពេលថត អ្នកដឹកនាំរឿងបាននិយាយថា ការសម្តែងរបស់ខ្ញុំមើលទៅក្លែងក្លាយ តានតឹង និងកម្សត់ពេក។ ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះពេលឮបែបនេះ។ ខ្ញុំចង់សម្តែងតួនេះឱ្យបានល្អ ប៉ុន្តែមុនពេលនេះ ខ្ញុំកម្របានសញ្ជឹងគិតពីផ្នត់គំនិត និងអារម្មណ៍ដែលតួអង្គប្រភេទនេះគួរតែមានណាស់ ដូច្នេះ ខ្ញុំពិតជាសម្តែងមិនបានល្អឡើយ។ ខ្ញុំដឹងថា ខ្ញុំគួរតែស្វែងរកជំនួយពីបងប្អូនប្រុសស្រី ប៉ុន្តែគ្រាន់តែគិតដល់ការសួរអ្នកដទៃ វាធ្វើឱ្យខ្ញុំចង់ដកខ្លួនថយទៅហើយ។ «យ៉ាងណាមិញ ខ្ញុំធ្លាប់ជាអ្នកបង្ហាត់អ្នកដទៃពីការសម្តែង ហើយឥឡូវនេះខ្ញុំជាតួឯក។ ខ្ញុំមិនអាចឱ្យអ្នកគ្រប់គ្នាឃើញថា ខ្ញុំមិនទាន់ដល់កម្រិតឡើយ។ មិនបាច់ទេ។ ខ្ញុំនឹងរៀនពីរបៀបសម្តែងដោយខ្លួនឯង។ លើកនេះ ខ្ញុំគ្រាន់តែដាក់អារម្មណ៍មិនទាន់បានគ្រប់គ្រាន់ប៉ុណ្ណោះ។ ឱ្យតែខ្ញុំមានពេលបន្តិចទៀតដើម្បីចូលតួ បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយហើយ»។
មានពេលមួយ អ្នកដឹកនាំរឿងបានទាក់ទងទៅបងស្រីម្នាក់ដែលធ្លាប់ដើរតួឯកពីមុន ដើម្បីពិភាក្សាពីបញ្ហានៅក្នុងការសម្តែងរបស់យើង និងចែករំលែកពីបទពិសោធដែលគាត់ទទួលបានពីការសម្តែងរបស់គាត់ដល់ពួកយើង។ ប៉ុន្តែខ្ញុំមិនសូវបានស្តាប់ទេ។ ខ្ញុំគិតថា៖ «ខ្ញុំធ្លាប់ជាអ្នកដឹកនាំការសិក្សារបស់អ្នកគ្រប់គ្នា ហើយឥឡូវនេះវាបែរជាផ្ទុយស្រឡះ៖ ពួកគេឱ្យបងស្រីម្នាក់នេះមកបង្រៀនខ្ញុំពីរបៀបសម្តែងទៅវិញ។ នេះពិតជាគួរឱ្យអាម៉ាស់ខ្លាំងណាស់! បើខ្ញុំសួរគាត់ពីសំណួរមូលដ្ឋាននៃការសម្តែង តើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំ? តើគាត់មិននិយាយទេឬថា សូម្បីតែបច្ចេកទេសសម្តែងដែលខ្ញុំធ្លាប់បង្រៀនអ្នកគ្រប់គ្នាប៉ុន្មានឆ្នាំមកនេះ ក៏ខ្ញុំមិនទាន់ស្ទាត់ជំនាញផង ហើយអ្វីគ្រប់យ៉ាងដែលខ្ញុំធ្លាប់និយាយ គ្រាន់តែជាទ្រឹស្តីនោះ? ខ្ញុំនឹងបាត់បង់មុខមាត់ទាំងស្រុងហើយ!» ដូច្នេះ ទោះបីជាខ្ញុំកំពុងអង្គុយស្តាប់នៅទីនោះក៏ដោយ ក៏ខ្ញុំមានអារម្មណ៍រងទុក្ខក្នុងចិត្តយ៉ាងខ្លាំងដែរ។ ខ្ញុំពិតជាចង់បើកចំហពីការលំបាករបស់ខ្ញុំ ហើយនិយាយប្រាប់បងស្រីនោះណាស់ ប៉ុន្តែខ្ញុំគិតថា «បើខ្ញុំប្រាប់គាត់ពីការលំបាករបស់ខ្ញុំ តើគាត់មិនដឹងពីសមត្ថភាពពិតរបស់ខ្ញុំទេឬ? ធ្វើអ៊ីចឹងមិនបានទេ! ខ្ញុំមិនអាចនិយាយអ្វីបានឡើយ»។ ដូច្នេះ ខ្ញុំនៅតែមិនហ៊ានហើបមាត់សួរអ្វីទាំងអស់ ខ្ញុំស្តាប់អ្វីដែលគាត់បានប្រកបគ្នាមិនចូលទាល់តែសោះ ហើយខ្ញុំគ្រាន់តែចង់ឱ្យការជួបជុំនោះចប់ឆាប់ៗ។ ក្រោយមក ពេលយើងចាប់ផ្តើមថតម្តងទៀត បញ្ហារបស់ខ្ញុំនៅតែមិនទាន់ដោះស្រាយបានដដែល។ ការថតដំណើរការទៅយ៉ាងយឺតយ៉ាវ។ កាលវិភាគថតដើមត្រូវបានពន្យារពេលជាបន្តបន្ទាប់។ ឈុតខ្លះដែលថតរួចហើយ ត្រូវថតបន្ថែម ឬថែមទាំងត្រូវថតឡើងវិញទាំងស្រុងនៅពេលក្រោយ ព្រោះការសម្តែង និងការដាក់អារម្មណ៍របស់ខ្ញុំនៅមិនទាន់បានល្អគ្រប់គ្រាន់ឡើយ។ ពេលដែលការកាត់តព្រាងដំបូងត្រូវបានបញ្ចប់ ខ្ញុំពិតជាស្រឡាំងកាំង ពេលបានឃើញវីដេអូដែលកាត់តរួច។ ទឹកមុខរបស់ខ្ញុំមើលទៅវេទនា ហើយការសម្តែងរបស់ខ្ញុំមើលទៅហាក់ដូចជាបង្ខំ និងមិនធម្មជាតិសោះ។ ខ្ញុំមិនបានបញ្ចេញនូវលក្ខណៈសម្បត្តិសំខាន់ៗរបស់តួអង្គទាល់តែសោះ។ ខ្ញុំថែមទាំងមើលទៅរាងកម្សត់ និងទន់ជ្រាយទៀតផង។ ការសម្តែងនេះមិនអាចសម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំកាន់តែរន្ធត់ចិត្តនៅពេលដែលបងស្រីម្នាក់បាននិយាយថា៖ «ខ្ញុំឃើញបងយំយ៉ាងកម្សត់ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍រំជួលចិត្តតាមទាល់តែសោះ»។ ខ្ញុំពិតជាគាំងនិយាយលែងចេញតែម្តង។ ខ្ញុំគិតថា៖ «ខ្ញុំខំប្រឹងខ្លាំងណាស់ទៅហើយ។ ហេតុអ្វីបានជាលទ្ធផលចេញមកបែបនេះទៅវិញ? តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងណាចំពោះខ្ញុំ? ពួកគេច្បាស់ជាឆ្ងល់ហើយថា ការសម្តែងរបស់ខ្ញុំមិនសូវល្អសោះ ហេតុអ្វីក៏នៅតែឱ្យខ្ញុំដើរតួឯក!» ក្នុងអំឡុងពេលនោះ ឱ្យតែឃើញមុខបងប្អូនប្រុសស្រី ខ្ញុំតែងតែគេចមុខចេញជានិច្ច។ ខ្ញុំមានអារម្មណ៍ខ្មាសគេពេក មិនហ៊ានប្រឈមមុខនឹងអ្នកណាម្នាក់ឡើយ។ ខ្ញុំពិតជាមានអារម្មណ៍អស់សង្ឃឹម ហើយគ្មានកម្លាំងចិត្តនឹងបំពេញភារកិច្ចរបស់ខ្ញុំទាល់តែសោះ។ ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំដឹងថាខ្លួនឯងមានចំណុចខ្វះខាត ប៉ុន្តែខ្ញុំគ្រាន់តែមិនហ៊ានបើកចំហប្រាប់អ្នកដទៃ។ តើអ្វីទៅជាឫសគល់នៃបញ្ហានេះ?
មានពេលមួយក្នុងអំឡុងពេលចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានអត្ថបទមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏ទទួលបានការយល់ដឹងខ្លះៗអំពីសភាពរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពីកំណើតមក មនុស្សគឺជាភាវៈដែលព្រះបានបង្កើត។ តើភាវៈដែលព្រះបានបង្កើតអាចសម្រេចបាននូវភាពមានគ្រប់ចេស្ដាដែរឬទេ? តើពួកគេអាចសម្រេចបាននូវភាពគ្រប់លក្ខណ៍ និងភាពឥតខ្ចោះដែរឬទេ? តើពួកគេអាចសម្រេចបាននូវភាពស្ទាត់ជំនាញនៅក្នុងអ្វីៗគ្រប់យ៉ាង អាចយល់ពីអ្វីៗគ្រប់យ៉ាង មើលឃើញអ្វីៗគ្រប់យ៉ាងបានយ៉ាងច្បាស់ និងមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាងបានដែរឬទេ? ពួកគេមិនអាចទេ។ ក៏ប៉ុន្តែ នៅខាងក្នុងមនុស្សមាននិស្ស័យពុករលួយមួយ ដែលជាភាពទន់ខ្សោយស្លាប់រស់មួយគឺ៖ ភ្លាមៗនៅពេលដែលពួកគេរៀនចេះជំនាញ ឬវិជ្ជាជីវៈណាមួយ មនុស្សមានអារម្មណ៍ថា ពួកគេមានសមត្ថភាព ថាពួកគេជាមនុស្សដែលមានឋានៈ និងមានតម្លៃ ហើយថាពួកគេគឺជាអ្នកជំនាញ។ មិនថាសមត្ថភាពពិតរបស់ពួកគេកម្រិតណានោះទេ ពួកគេសុទ្ធតែចង់តុបតែងខ្លួនឯងឱ្យទៅជាបុគ្គលល្បីល្បាញ ឬឆ្នើមណាម្នាក់ ដើម្បីក្លាយជាបុគ្គលដែលមានឈ្មោះបោះសំឡេងម្នាក់ ហើយធ្វើឱ្យអ្នកដទៃគិតថា ពួកគេគ្រប់លក្ខណ៍ និងឥតខ្ចោះ ដោយគ្មានចំណុចខ្វះខាតសូម្បីតែមួយ។ ពួកគេប្រាថ្នាចង់ឱ្យមនុស្សដទៃមើលមកពួកគេថាជាបុគ្គលដែលមានសមត្ថភាព មានអំណាច ឆ្នើម ឬល្បីល្បាញ និងអស្ចារ្យណាម្នាក់ ដែលមានមុខមាត់ដ៏ធំដុំ និងគួរឱ្យស្ញប់ស្ញែង មានសមត្ថភាពធ្វើអ្វីៗបានទាំងអស់ ហើយគ្មានអ្វីដែលពួកគេមិនអាចធ្វើបានឡើយ។ ពួកគេមានអារម្មណ៍ថា ប្រសិនបើពួកគេស្វែងរកជំនួយពីអ្នកដទៃ នោះពួកគេនឹងមើលទៅហាក់ដូចជាគ្មានសមត្ថភាព និងអន់ ហើយថាមនុស្សនឹងមើលងាយពួកគេ។ ដោយហេតុផលនេះហើយ ទើបពួកគេតែងតែចង់រក្សារូបភាពក្លែងក្លាយជានិច្ច។ កាលណាសុំឱ្យគេធ្វើអ្វីមួយ មនុស្សខ្លះនិយាយថា ខ្លួនដឹងពីរបៀបធ្វើកិច្ចការនោះ ប៉ុន្តែតាមពិតទៅ ពួកគេមិនដឹងទេ។ ក្រោយមក ពួកគេរកមើល និងព្យាយាមរៀនសូត្រពីរបៀបធ្វើកិច្ចការនោះដោយស្ងាត់ៗ ប៉ុន្តែលទ្ធផលបង្ហាញថា បន្ទាប់ពីរៀនបានប៉ុន្មានថ្ងៃ ពួកគេនៅតែមិនយល់ពីរបៀបធ្វើកិច្ចការនោះដដែល។ នៅពេលសួរថា ពួកគេកំពុងបំពេញកិច្ចការនោះយ៉ាងណាហើយ ពួកគេនឹងឆ្លើយថា៖ “ជិតរួចរាល់ហើយ ជិតហើយ!” ប៉ុន្តែនៅក្នុងចិត្តវិញ ពួកគេគិតថា៖ “វានៅយូរណាស់មិនទាន់ជិតរួចរាល់ទេ ខ្ញុំមិនដឹងទាល់តែសោះ ខ្ញុំមិនដឹងធ្វើបែបណាទេ! ខ្ញុំមិនត្រូវឱ្យគេដឹងរឿងនេះឡើយ ខ្ញុំត្រូវតែបន្តធ្វើពុត ខ្ញុំមិនអាចឱ្យគេឃើញចំណុចខ្សោយ និងភាពអវិជ្ជារបស់ខ្ញុំទេ ខ្ញុំមិនអាចឱ្យគេមើលងាយខ្ញុំនោះឡើយ!” តើនេះជាបញ្ហាអ្វីដែរ? នេះជាការរងទុក្ខគ្រាន់តែដើម្បីកុំឱ្យបាក់មុខប៉ុណ្ណោះ ទោះក្នុងតម្លៃណាក៏ដោយ។ តើនេះជានិស្ស័យបែបណា? ភាពក្រអឺតក្រទមរបស់មនុស្សបែបនេះ គឺគ្មានព្រំដែនឡើយ ពួកគេបានបាត់បង់វិចារណញ្ញាណអស់ហើយ។ ពួកគេមិនចង់ធ្វើជាមនុស្សធម្មតាទេ ពួកគេមិនចង់ធ្វើជាមនុស្សសាមញ្ញ មនុស្សប្រក្រតីឡើយ ប៉ុន្តែចង់ធ្វើជាកំពូលមនុស្ស បុគ្គលអស្ចារ្យ ឬមនុស្សដែលមានសមត្ថភាព។ នេះគឺជាបញ្ហាដ៏ធំមួយ! ចំពោះភាពទន់ខ្សោយ ចំណុចខ្វះខាត ភាពអវិជ្ជា ភាពល្ងង់ខ្លៅ និងការខ្វះការយល់ដឹងនៅក្នុងភាពជាមនុស្សធម្មតា ពួកគេនឹងលាក់បាំងវាទាំងអស់ ហើយមិនឱ្យអ្នកដទៃមើលឃើញឡើយ ពួកគេចេះតែក្លែងបន្លំខ្លួនឯង។ ... ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សប្រភេទនេះ មិនតែងតែរស់នៅក្នុងភាពស្រពេចស្រពិលទេឬ? តើពួកគេមិនមែនកំពុងយល់សប្តិទេឬ? ពួកគេមិនស្គាល់ខ្លួនឯងទេ ពួកគេមិនដឹងថាពួកគេជានរណាឡើយ ហើយពួកគេមិនដឹងពីរបៀបសម្ដែងចេញនូវភាពជាមនុស្សធម្មតាឡើយ។ ពួកគេមិនដែលធ្វើអ្វីដែលមនុស្សគួរតែធ្វើយ៉ាងជាក់ស្ដែងឡើយ ហើយពួកគេក៏មិនដែលរស់នៅដូចជាមនុស្សធម្មតាដែរ។ ប្រសិនបើអ្នកតែងតែរស់នៅក្នុងភាពស្រពេចស្រពិល និងក្នុងរបៀបដែលមានគំនិតច្របូកច្របល់ មិនធ្វើរឿងរ៉ាវក្នុងរបៀបដ៏ជាក់ស្ដែង ហើយតែងតែរស់នៅតាមការស្រមៃរបស់អ្នក នេះមានន័យថាមានបញ្ហាហើយ អ្នកមិនដឹងពីរបៀបប្រព្រឹត្តខ្លួនឡើយ ហើយផ្លូវជីវិតដែលអ្នកបានជ្រើសរើសគឺខុសហើយ» («លក្ខខណ្ឌទាំងប្រាំដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំមានអារម្មណ៍ភ្ញាក់ព្រើត ពេលដែលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សភាពរបស់ខ្ញុំ គឺពិតជាដូចអ្វីដែលព្រះជាម្ចាស់បានលាតត្រដាងយ៉ាងពិតប្រាកដ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា ពេលដែលមនុស្សរៀនចេះជំនាញណាមួយ ពួកគេគិតថាខ្លួនឯងពូកែ ហើយចង់ធ្វើពុត ដោយតាំងខ្លួនជាអ្នកជំនាញ។ ទោះបីជាពួកគេមានចំណុចខ្វះខាតក៏ដោយ ក៏ពួកគេបដិសេធមិនព្រមសុំជំនួយពីអ្នកដទៃដែរ ដោយចាត់ទុកការធ្វើបែបនេះថាជាភាពទន់ខ្សោយ ដែលនឹងធ្វើឱ្យអ្នកដទៃមើលងាយពួកគេ។ ដូច្នេះ ពួកគេក៏បិទបាំងខ្លួនឯង។ តើខ្ញុំមិនមែនជាមនុស្សប្រភេទនោះបេះបិទទេឬ? ខ្ញុំបានលើកតម្កើងខ្លួនឯងជាអ្នកជំនាញ ហើយមិនអាចទម្លាក់ខ្លួនចុះបានឡើយ។ ខ្ញុំគិតថាការបានដើរតួឯកនៅក្នុងភាពយន្តនេះ បង្ហាញថាជំនាញសម្តែងរបស់ខ្ញុំគឺល្អ ដូច្នេះ ពេលខ្ញុំជួបការលំបាក ខ្ញុំព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង ជំនួសឱ្យការសុំជំនួយ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងបន្ទាបតម្លៃខ្លួនឯងដោយការសួរអ្នកដទៃ។ ដើម្បីកុំឱ្យអ្នកដទៃដឹងពីសមត្ថភាពពិតរបស់ខ្ញុំ និងមើលងាយខ្ញុំ ខ្ញុំបដិសេធមិនព្រមបើកចំហពីចំណុចខ្វះខាត និងការលំបាករបស់ខ្ញុំឡើយ។ ជាលទ្ធផល ខ្ញុំមិនអាចដាក់អារម្មណ៍បានត្រឹមត្រូវទាល់តែសោះក្នុងអំឡុងពេលថត។ បងប្រុសម្នាក់បានរំលឹកខ្ញុំឱ្យសួរបងប្អូនប្រុសស្រីដែលមានបទពិសោធ ប៉ុន្តែខ្ញុំបារម្ភថាពួកគេនឹងដឹងថា ខ្ញុំមិនអាចដោះស្រាយសូម្បីតែបញ្ហាតូចមួយនេះ ហើយពួកគេនឹងមើលងាយខ្ញុំ ដូច្នេះ ខ្ញុំក៏មិនបានសួរទេ។ ពេលអ្នកដឹកនាំរឿងឃើញថាខ្ញុំកំពុងជួបការលំបាក គាត់បានព្យាយាមជួយខ្ញុំវិភាគពីអារម្មណ៍របស់តួអង្គ។ ប៉ុន្តែខ្ញុំខ្លាចគាត់មើលងាយខ្ញុំ ដូច្នេះខ្ញុំក៏រកលេស ដោយនិយាយថា ខ្ញុំធ្វើមិនបានព្រោះខ្ញុំមិនអាចដាក់អារម្មណ៍បានជ្រាលជ្រៅគ្រប់គ្រាន់។ អ្វីដែលខ្ញុំចង់មានន័យនោះគឺ វាមិនមែនជាបញ្ហានៃការសម្តែងរបស់ខ្ញុំទេ ប្រសិនបើខ្ញុំគ្រាន់តែអាចដាក់អារម្មណ៍បានត្រឹមត្រូវ ខ្ញុំច្បាស់ជាអាចសម្តែងឈុតនេះបាន។ ខ្ញុំតែងតែព្យាយាមរក្សាមុខមាត់ជានិច្ច ដោយមិនចង់ឱ្យនរណាម្នាក់និយាយថា ខ្ញុំគ្មានសមត្ថភាពនោះទេ។ ក្រោយមក ពេលអ្នកដឹកនាំរឿងនាំបងស្រីម្នាក់មកចែករំលែកពីបទពិសោធនៃការសម្តែងរបស់គាត់ ខ្ញុំកាន់តែមានអារម្មណ៍ខ្លាំងថា ការបើកចំហ និងសួរគាត់នូវសំណួរនានា នឹងលាតត្រដាងពីចំណុចខ្វះខាតរបស់ខ្ញុំកាន់តែច្រើន។ ដូច្នេះ ទោះបីជាខ្ញុំមានសំណួរជាច្រើនដែលចង់សួរក៏ដោយ ក៏ខ្ញុំមិនហ៊ានហើបមាត់សួរឡើយ។ ម្តងហើយម្តងទៀត ខ្ញុំបានបិទបាំងខ្លួនឯង និងធ្វើពុត។ នេះមានន័យថា បញ្ហារបស់ខ្ញុំមិនដែលត្រូវបានដោះស្រាយឡើយ ហើយការថតបន្ថែមជាបន្តបន្ទាប់ បានធ្វើឱ្យយឺតយ៉ាវដល់ដំណើរការថតភាពយន្តនេះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «តើនេះជានិស្ស័យបែបណា? ភាពក្រអឺតក្រទមរបស់មនុស្សបែបនេះ គឺគ្មានព្រំដែនឡើយ ពួកគេបានបាត់បង់វិចារណញ្ញាណអស់ហើយ។ ពួកគេមិនចង់ធ្វើជាមនុស្សធម្មតាទេ ពួកគេមិនចង់ធ្វើជាមនុស្សសាមញ្ញ មនុស្សប្រក្រតីឡើយ ប៉ុន្តែចង់ធ្វើជាកំពូលមនុស្ស បុគ្គលអស្ចារ្យ ឬមនុស្សដែលមានសមត្ថភាព។ នេះគឺជាបញ្ហាដ៏ធំមួយ!» ខ្ញុំតែងតែគិតថា ការបានធ្វើជាតួឯក និងការដែលតែងតែបង្ហាត់បងប្អូនប្រុសស្រីពីរបៀបសម្តែង មានន័យថាខ្ញុំគឺជាមនុស្សម្នាក់ដែលពូកែជាងគេ ដូច្នេះ ខ្ញុំមិនអាចឱ្យនរណាម្នាក់ឃើញពីចំណុចខ្វះខាត ឬភាពទន់ខ្សោយរបស់ខ្ញុំបានឡើយ។ ខ្ញុំពិតជាក្រអឺតក្រទមណាស់! ខ្ញុំគ្រាន់តែជាភាវៈដែលព្រះបានបង្កើតប៉ុណ្ណោះ ការមានចំណុចខ្វះខាតគឺជារឿងធម្មតាទាំងស្រុង។ ម្យ៉ាងទៀត ខ្ញុំកម្របានដើរតួស្លូតណាស់។ ខ្ញុំគួរតែប្រឈមមុខនឹងភាពអសមត្ថភាពក្នុងការសម្តែង និងបញ្ហារបស់ខ្ញុំឱ្យបានត្រឹមត្រូវ ហើយបើកចំហ ព្រមទាំងសុំជំនួយពីបងប្អូនប្រុសស្រី។ នោះជាវិធីតែមួយគត់ដែលខ្ញុំអាចប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ប៉ុន្តែខ្ញុំក្រអឺតក្រទមខ្លាំងពេក រហូតដល់គ្មានវិចារណញ្ញាណទាល់តែសោះ។ ខ្ញុំគិតថា ដោយសារខ្ញុំធ្លាប់បង្រៀនអ្នកដទៃ ហើយកំពុងសម្ដែងជាតួឯក ខ្ញុំគឺពូកែជាងអ្នកគ្រប់គ្នា ហើយត្រូវតែធ្វើឱ្យបានល្អជាងពួកគេគ្រប់ផ្នែក។ ដូច្នេះ ខ្ញុំតែងតែបិទបាំងខ្លួនឯង និងធ្វើពុតជានិច្ច។ ចុងបញ្ចប់ ខ្ញុំមិនត្រឹមតែមិនអាចបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អប៉ុណ្ណោះទេ ថែមទាំងបានពន្យារពេលដល់កិច្ចការពួកជំនុំទៀតផង។ ពេលដឹងពីរឿងនេះ ខ្ញុំពិតជាមានវិប្បដិសារី ហើយក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំពិតជាក្រអឺតក្រទមខ្លាំងណាស់។ ទូលបង្គំមិនអាចប្រឈមមុខនឹងបញ្ហា និងចំណុចខ្វះខាតរបស់ខ្លួនឯងបានទេក្នុងអំឡុងពេលនេះ។ ទូលបង្គំតែងតែរស់នៅក្នុងសភាពនៃការបិទបាំងខ្លួនឯង និងធ្វើពុតជានិច្ច ហើយទូលបង្គំបានពន្យារពេលដល់វឌ្ឍនភាពនៃការផលិតភាពយន្តនេះយ៉ាងធ្ងន់ធ្ងរ។ ឱព្រះជាម្ចាស់ ទូលបង្គំសុខចិត្តប្រែចិត្ត។ សូមទ្រង់ដឹកនាំទូលបង្គំឱ្យឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យកាន់តែស៊ីជម្រៅ និងរៀនសូត្រពីមេរៀនរបស់ទូលបង្គំផង»។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏ទទួលបានការយល់ដឹងបន្ថែមទៀតអំពីខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មិនថាក្នុងបរិបទណាក៏ដោយ មិនថាគេបំពេញភារកិច្ចអ្វីក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទនឹងព្យាយាមធ្វើឱ្យអ្នកដទៃមើលឃើញថា គេមិនទន់ខ្សោយទេ ថាគេតែងតែរឹងមាំ ពោរពេញដោយសេចក្ដីជំនឿ និងមិនដែលអវិជ្ជមានឡើយ ដើម្បីកុំឱ្យមនុស្សមើលឃើញពីកម្ពស់ពិត ឬអាកប្បកិរិយាពិតរបស់គេចំពោះព្រះជាម្ចាស់បានជាដាច់ខាត។ តាមពិតទៅ នៅក្នុងជម្រៅដួងចិត្តរបស់អាទទឹងនឹងព្រះគ្រីស្ទនោះ តើគេពិតជាជឿថា គ្មានអ្វីដែលគេមិនអាចធ្វើបានមែនឬ? តើគេពិតជាជឿថា គេគ្មានភាពទន់ខ្សោយ ភាពអវិជ្ជមាន ឬការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយមែនឬ? មិនមែនទាល់តែសោះ។ អាទទឹងនឹងព្រះគ្រីស្ទពូកែសម្ដែង និងប៉ិនប្រសប់ក្នុងការលាក់បាំងរឿងរ៉ាវ។ គេចូលចិត្តបង្ហាញមនុស្សនូវផ្នែកដ៏រឹងមាំ និងអស្ចារ្យរបស់ខ្លួន គេមិនចង់ឱ្យមនុស្សឃើញផ្នែករបស់គេដែលទន់ខ្សោយ និងពិតប្រាកដនោះទេ។ គោលបំណងរបស់គេគឺច្បាស់ក្រឡែត៖ និយាយឱ្យសាមញ្ញទៅ គឺដើម្បីរក្សាភាពចង់បានមុខមាត់ និងអំនួតរបស់ខ្លួន ដើម្បីការពារកន្លែងដែលគេមាននៅក្នុងដួងចិត្តរបស់មនុស្ស។ អាទទឹងនឹងព្រះគ្រីស្ទគិតថា ប្រសិនបើគេបើកចំហនៅចំពោះមុខអ្នកដទៃអំពីភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់ខ្លួនផ្ទាល់ និងអំពីផ្នែករបស់គេដែលបះបោរ និងពុករលួយ នោះវានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឋានៈ និងកិត្តិនាមរបស់គេ ហើយវានឹងនាំមកនូវបញ្ហាច្រើនជាងផលចំណេញ។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទសុខចិត្តស្លាប់ ជាជាងទទួលស្គាល់ថាមានពេលខ្លះដែលគេទន់ខ្សោយ បះបោរ និងអវិជ្ជមាន។ ទោះជាមានថ្ងៃមួយមកដល់ដែលមនុស្សគ្រប់គ្នាឃើញផ្នែករបស់គេដែលទន់ខ្សោយ និងបះបោរ នៅពេលដែលមនុស្សគ្រប់គ្នាឃើញថាគេពុករលួយ ហើយមិនបានផ្លាស់ប្ដូរសោះក៏ដោយ ក៏គេនៅតែបន្តសម្ដែងដដែល។ ពួកគេគិតថា ប្រសិនបើពួកគេទទួលស្គាល់ថាខ្លួនមាននិស្ស័យពុករលួយ ទទួលស្គាល់ថាខ្លួនជាមនុស្សធម្មតាម្នាក់ ជាមនុស្សតូចតាចម្នាក់ នោះពួកគេនឹងបាត់បង់ឋានៈរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្ស នឹងបាត់បង់ការគោរពបូជា និងការស្ញប់ស្ញែងពីមនុស្សគ្រប់គ្នា ហើយដូច្នេះ ពួកគេនឹងបរាជ័យទាំងស្រុង។ ដូច្នេះហើយ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏គេនឹងមិនបើកចំហចំពោះមនុស្សក្នុងរបៀបដែលគ្មានល្បិចនោះទេ។ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏គេនឹងមិនប្រគល់អំណាច និងឋានៈរបស់ខ្លួនទៅឱ្យនរណាម្នាក់ផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ គេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដែលអាចធ្វើបានដើម្បីប្រកួតប្រជែង ហើយនឹងមិនបោះបង់ចោលជាដាច់ខាត» («ចំណុចទីប្រាំបួន (ផ្នែកទីដប់)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់មានព្រះបន្ទូលថា ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលបើកចំហប្រាប់អ្នកដទៃអំពីភាពអវិជ្ជមាន ភាពទន់ខ្សោយ ការបះបោរ ឬផ្នែកដែលពុករលួយរបស់ពួកគេឡើយ។ ពួកគេជឿថា ការធ្វើបែបនេះនឹងធ្វើឱ្យពួកគេមើលទៅអន់ជាងគេ ហើយនឹងធ្វើឱ្យពួកគេបាត់បង់ឋានៈ និងរូបភាពដ៏ល្អនៅក្នុងចិត្តអ្នកដទៃ។ ពួកគេបិទបាំងខ្លួនឯង និងធ្វើពុតគ្រប់ជំហាន ហើយទោះបីជាត្រូវបានគេមើលធ្លុះពីធាតុពិតរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែបន្តបិទបាំងខ្លួនឯងដែរ។ អ្វីដែលខ្ញុំបានបញ្ចេញមក ក៏ជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទដែរ។ ខ្ញុំតែងតែរស់នៅដោយផ្អែកលើភាពពិសពុលរបស់សាតាំង ដូចជា «ដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ» និង «មុខមាត់គឺកាត់ថ្លៃមិនបាន» ដោយមានអារម្មណ៍ថា ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំមិនអាចឱ្យគេមើលងាយខ្ញុំបានឡើយ ហើយខ្ញុំត្រូវតែរក្សារូបភាពដ៏ល្អនៅក្នុងចិត្តរបស់ពួកគេ។ ខ្ញុំចាំបានថា ពេលខ្ញុំនៅតូច ម៉ាក់របស់ខ្ញុំតែងតែប្រាប់ខ្ញុំថា «ត្រូវបង្ហាញមុខមាត់ដែលល្អបំផុតជានិច្ច»។ «តើជីវិតទាំងមូលរបស់មនុស្សម្នាក់ មិនមែនរស់នៅដើម្បីមុខមាត់ទេឬ? យើងមិនអាចឱ្យគេមើលងាយយើងបានឡើយ។ ទោះត្រូវលះបង់អ្វីក៏ដោយក៏វាស័ក្តិសមដែរ ឱ្យតែអាចធ្វើឱ្យគេកោតសរសើរកូន»។ ដោយទទួលបានការអប់រំបែបនេះពីម្តាយរបស់ខ្ញុំ ខ្ញុំតែងតែការពារមុខមាត់របស់ខ្ញុំគ្រប់ជំហាន ដោយតែងតែព្យាយាមបង្ហាញផ្នែកដែលល្អបំផុតរបស់ខ្ញុំទៅកាន់អ្នកដទៃ។ ទោះបីជាខ្ញុំមិនយល់ ឬមិនដឹងពីរបៀបធ្វើអ្វីមួយក៏ដោយ ក៏ខ្ញុំធ្វើពុតជាដឹង ហើយបង្ខំខ្លួនឯងឱ្យធ្វើវាដែរ។ ខ្ញុំនៅតែមានចរិតបែបនេះដដែល បន្ទាប់ពីខ្ញុំបានមកជឿលើព្រះជាម្ចាស់។ ពេលអ្នកដឹកនាំឱ្យខ្ញុំបង្ហាត់ការសម្តែងដល់បងប្អូនប្រុសស្រី និងរៀបចំឱ្យអ្នកគ្រប់គ្នាសិក្សាជាមួយគ្នា ខ្ញុំបានឃើញថា ពួកគេទាំងអស់គ្នាគោរពកោតសរសើរខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមជឿថា ជំនាញសម្តែងរបស់ខ្ញុំគឺចាស់ទុំហើយ។ ពេលខ្ញុំត្រូវបានគេជ្រើសរើសឱ្យដើរតួឯកលើកនេះ ខ្ញុំមិនហ៊ានសុំជំនួយពីនរណាម្នាក់ងាយៗឡើយ ទោះបីជាខ្ញុំមានការលំបាកក៏ដោយ។ ខ្ញុំបានបិទបាំងខ្លួនឯងអស់ពីសមត្ថភាព ដោយភ័យខ្លាចបាត់បង់រូបភាពដ៏ល្អរបស់ខ្ញុំនៅក្នុងក្រសែភ្នែកបងប្អូនប្រុសស្រី។ ក្រោយមក ពេលអ្នកដឹកនាំរឿងអញ្ជើញបងស្រីម្នាក់មកចែករំលែកបទពិសោធរបស់គាត់ និងជួយខ្ញុំ ខ្ញុំបានបដិសេធមិនព្រមបើកចំហ និងស្វែងរកជំនួយឡើយ ទោះបីជាខ្ញុំដឹងច្បាស់ថាមានការលំបាកជាច្រើនក៏ដោយ គឺដើម្បីតែការពាររូបភាពដ៏ល្អរបស់ខ្ញុំប៉ុណ្ណោះ។ ដោយសារតែខ្ញុំមិនអាចដាក់អារម្មណ៍ចូលតួបាន ខ្ញុំបានពន្យារពេលដល់វឌ្ឍនភាពនៃការផលិតភាពយន្តនេះយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំមិនត្រឹមតែមិនបានលើកតម្កើងព្រះជាម្ចាស់ ឬធ្វើបន្ទាល់ថ្វាយទ្រង់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ខ្ញុំតែងតែការពាររូបភាពដ៏ល្អរបស់ខ្ញុំនៅក្នុងក្រសែភ្នែកបងប្អូនប្រុសស្រីជានិច្ច។ ខ្ញុំថែមទាំងសុខចិត្តពន្យារពេលការថត ជាជាងទទួលយកជំនួយពីបងស្រីនោះទៅទៀត។ ខ្ញុំគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ! ខ្ញុំកំពុងតែដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ! បើខ្ញុំនៅតែបន្តបែបនេះទៀត ទីបំផុតខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ព្រមទាំងជម្រុះចោលជាមិនខាន។ ខ្ញុំត្រូវតែប្រញាប់ផ្លាស់ប្តូរទស្សនៈនៅពីក្រោយការដេញតាមរបស់ខ្ញុំ ហើយឈប់ការពាររូបភាព និងឋានៈរបស់ខ្ញុំទៀត។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់នៅតែផ្តល់ឱកាសឱ្យទូលបង្គំបានបំពេញភារកិច្ចរបស់ទូលបង្គំនៅថ្ងៃនេះ។ នេះគឺជាសេចក្តីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់។ ទូលបង្គំមិនអាចបន្តបះបោរទាស់ និងទាស់ទទឹងនឹងទ្រង់ទៀតឡើយ។ សូមទ្រង់ដឹកនាំទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចបើកចំហ ធ្វើជាមនុស្សស្មោះត្រង់ បំពេញភារកិច្ចរបស់ទូលបង្គំឱ្យបានល្អ និងផ្គាប់ព្រះហឫទ័យទ្រង់ផង»។
ក្រោយមក មានការផ្លាស់ប្តូរមួយចំនួននៅក្នុងអត្ថបទរឿង ហើយភាពយន្តនេះត្រូវថតឡើងវិញ។ ពួកជំនុំនៅតែអនុញ្ញាតឱ្យខ្ញុំបន្តដើរតួនេះដដែល។ ខ្ញុំមានអំណរគុណ ប៉ុន្តែក៏ខ្មាសអៀនយ៉ាងខ្លាំងផងដែរ។ ខ្ញុំបានប្តេជ្ញាចិត្តថានឹងប្រែចិត្តយ៉ាងស្មោះស្ម័គ្រ កែតម្រូវផ្នត់គំនិតរបស់ខ្ញុំ និងខិតខំឱ្យអស់ពីសមត្ថភាពចំពោះការងារនេះ។ ថ្ងៃមួយ ខ្ញុំបានអានអត្ថបទមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានរកឃើញផ្លូវនៃការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចូរប្រាប់ខ្ញុំមកមើល៍ តើអ្នកអាចក្លាយជាមនុស្សម្នាក់ដែលសាមញ្ញ និងធម្មតាបានដោយរបៀបណា? ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូល តើអ្នកអាចរក្សាឋានៈត្រឹមត្រូវនៃភាវៈដែលព្រះបានបង្កើត មិនព្យាយាមធ្វើជាមនុស្សអស្ចារ្យ ឬជាកំពូលមនុស្សបានដោយរបៀបណា? តើអ្នកគួរអនុវត្តបែបណា ដើម្បីក្លាយជាមនុស្សសាមញ្ញ និងជាមនុស្សធម្មតាម្នាក់? តើការណ៍នេះអាចសម្រេចបានដោយរបៀបណា? តើនរណាចង់និយាយ? (ជាបឋម យើងត្រូវតែទទួលស្គាល់ថា យើងគឺជាមនុស្សសាមញ្ញ ជាមនុស្សធម្មតាបំផុត ហើយថាមានរឿងជាច្រើនដែលយើងមិនដឹង មិនយល់ និងមិនអាចមើលធ្លុះ។ យើងត្រូវតែទទួលស្គាល់ថា យើងពុករលួយ និងមានគុណវិបត្តិ។ បន្ទាប់ពីនោះ យើងត្រូវតែមានដួងចិត្តស្មោះសរ ហើយឧស្សាហ៍ចូលមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរក។) ដំបូង ចូរកុំផ្ដល់ងារឱ្យខ្លួនឯង រួចទុកឱ្យវាចងរឹតអ្នក ដោយនិយាយថា៖ “ខ្ញុំគឺជាអ្នកដឹកនាំ ខ្ញុំគឺជាប្រធានក្រុម ខ្ញុំគឺជាអ្នកមើលការខុសត្រូវ ឬខ្ញុំគឺជាមនុស្សដែលមានចំណេះដឹង និងជំនាញបច្ចេកទេសបំផុតនៅក្នុងវិស័យនេះ”។ ចូរកុំបណ្ដោយឱ្យងារដែលអ្នកតែងតាំងដោយខ្លួនឯងនេះមករារាំងអ្នកឡើយ។ ពេលដែលរឿងនេះកើតឡើង វានឹងចងរឹតអ្នកយ៉ាងតឹងណែន ពាក្យសម្ដី និងទង្វើរបស់អ្នក នឹងរងឥទ្ធិពលពីវា ព្រមទាំងការគិត និងការវិនិច្ឆ័យធម្មតារបស់អ្នកផងដែរ។ អ្នកត្រូវតែរំដោះខ្លួនអ្នកចេញពីការរឹតត្បិតនៃឋានៈនេះ។ ដំបូង ត្រូវចុះចេញពីតំណែងនៃងារផ្លូវការនេះ ហើយទទួលយកជំហរជាមនុស្សសាមញ្ញម្នាក់វិញ។ ពេលនោះ ផ្នត់គំនិតរបស់អ្នកនឹងប្រែក្លាយជាធម្មតាវិញខ្លះ។ អ្នកក៏ត្រូវតែទទួលស្គាល់ផងដែរថា៖ “ខ្ញុំមិនដឹងពីរបៀបធ្វើរឿងនេះទេ ហើយខ្ញុំមិនយល់រឿងនោះឡើយ ខ្ញុំត្រូវតែធ្វើការស្រាវជ្រាវ និងសិក្សាខ្លះ” ឬ “ខ្ញុំមិនដែលឆ្លងកាត់រឿងនេះទេ ដូច្នេះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ”។ នៅពេលអ្នកអាចនិយាយពីអ្វីដែលអ្នកពិតជាកំពុងគិត និងនិយាយដោយស្មោះត្រង់បែបនេះ នោះអ្នកនឹងមានវិចារណញ្ញាណធម្មតា។ ប្រសិនបើអ្នកអនុញ្ញាតឱ្យអ្នកដទៃស្គាល់ពីធាតុពិតរបស់អ្នក ពួកគេនឹងមានទស្សនៈធម្មតាចំពោះអ្នក ហើយអ្នកនឹងមិនចាំបាច់ធ្វើពុតជាល្អមើលពីសំបកក្រៅឡើយ។ អ្នកនឹងលែងមានអារម្មណ៍ថារងសម្ពាធយ៉ាងធ្ងន់ធ្ងរទៀតហើយ ហើយអ្នកនឹងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានយ៉ាងធម្មតា។ ការរស់នៅបែបនេះ គឺធូរស្រាល និងគ្មានបន្ទុក។ អ្នកណាដែលមានអារម្មណ៍ថាជីវិតហត់នឿយពេក គឺមានតែត្រូវបន្ទោសខ្លួនឯងប៉ុណ្ណោះ។ ចូរកុំធ្វើពុត ឬលាក់បាំងអ្វីឡើយ។ ដំបូង ចូរបើកចំហអំពីអ្វីដែលអ្នកកំពុងគិតនៅក្នុងចិត្ត និងគំនិតពិតរបស់អ្នក ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹង និងយល់ពីរឿងទាំងនោះ។ តាមរបៀបនេះ ក្ដីកង្វល់របស់អ្នក ក៏ដូចជារបាំង និងការសង្ស័យរវាងអ្នក និងអ្នកដទៃ នឹងត្រូវបានដកចេញទាំងអស់។ លើសពីនេះទៅទៀត ក៏មានរឿងមួយទៀតដែលកំពុងចងរឹតអ្នកផងដែរ នោះគឺការដែលអ្នកតែងតែចាត់ទុកខ្លួនឯងជាប្រធានក្រុម ជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ជាមនុស្សដែលមានងារ មានឋានៈ និងកេរ្តិ៍ឈ្មោះ ប្រសិនបើបន្ទាប់មក អ្នកនិយាយថា អ្នកមិនយល់ពីរឿងនេះ ហើយមិនមានសមត្ថភាពធ្វើរឿងនោះទេ តើនេះមិនមែនជាការបន្ទាបខ្លួនឯងទេឬ? នៅពេលអ្នកលះបង់ចំណងក្នុងចិត្តទាំងនេះ នៅពេលអ្នកឈប់គិតថាខ្លួនឯងជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ហើយនៅពេលអ្នកឈប់គិតថាអ្នកពូកែជាងអ្នកដទៃ ហើយផ្ទុយទៅវិញមានអារម្មណ៍ថា អ្នកគឺជាមនុស្សសាមញ្ញម្នាក់ គឺដូចមនុស្សគ្រប់គ្នាដែរ ហើយថាមានផ្នែកខ្លះដែលអ្នកអន់ជាងអ្នកដទៃ នោះនៅពេលអ្នកប្រកបគ្នាអំពីសេចក្ដីពិត និងបញ្ហាដែលទាក់ទងនឹងកិច្ចការដោយមានផ្នត់គំនិតបែបនេះ ទាំងលទ្ធផល និងបរិយាកាស នឹងមានភាពខុសប្លែកពីមុនមិនខាន។ ... មនុស្សគ្រប់គ្នា មិនថាពួកគេជាអ្នកដឹកនាំ និងអ្នកធ្វើការ ឬជាបងប្អូនប្រុសស្រីនោះទេ សុទ្ធតែជាមនុស្សសាមញ្ញ។ ពួកគេទាំងអស់គ្នាគួរតែអនុវត្តគោលការណ៍នេះ។ មនុស្សគ្រប់គ្នាមានចំណែក និងមានការទទួលខុសត្រូវក្នុងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកអាចជាអ្នកដឹកនាំ ជាអ្នកធ្វើការ ជាប្រធានក្រុម ជាអ្នកមើលការខុសត្រូវ ឬជាបុគ្គលដែលទទួលបានការគោរពខ្ពស់ពីក្នុងចំណោមក្រុម។ មិនថាអ្នកជានរណានោះទេ អ្នកគួរតែរៀនអនុវត្តតាមរបៀបនេះ។ ចូរដោះរស្មី និងងារដែលអ្នកពាក់នៅលើក្បាលរបស់អ្នកចេញ ចូរដោះមកុដដែលអ្នកដទៃបានបំពាក់ឱ្យអ្នកចេញ។ បន្ទាប់មក អ្នកនឹងយល់ថាងាយស្រួលក្នុងការក្លាយជាមនុស្សធម្មតាម្នាក់ ហើយអ្នកនឹងប្រព្រឹត្តដោយផ្អែកលើមនសិការ និងវិចារណញ្ញាណ ដោយងាយស្រួល។ ជាការពិតណាស់ បន្ទាប់ពីនោះ គ្រាន់តែទទួលស្គាល់ថាអ្នកមិនយល់ និងមិនដឹង គឺមិនគ្រប់គ្រាន់ទេ។ នេះមិនមែនជាដំណោះស្រាយចុងក្រោយដែលដោះស្រាយបញ្ហានោះឡើយ។ តើអ្វីជាដំណោះស្រាយចុងក្រោយ? ចូរនាំយកបញ្ហា និងការលំបាកនានាមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន និងស្វែងរក។ ការដែលមនុស្សម្នាក់អធិដ្ឋានតែម្នាក់ឯង គឺមិនគ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញ រួមជាមួយមនុស្សគ្រប់គ្នា អ្នកត្រូវតែអធិដ្ឋានទាក់ទងនឹងបញ្ហានេះ ហើយរ៉ាប់រងការទទួលខុសត្រូវ និងកាតព្វកិច្ចនេះ។ នោះគឺជាវិធីដ៏អស្ចារ្យមួយក្នុងការធ្វើរឿងនានា! អ្នកនឹងជៀសវាងការដើរតាមផ្លូវនៃការព្យាយាមធ្វើជាបុគ្គលដ៏អស្ចារ្យ និងជាកំពូលមនុស្ស។ ប្រសិនបើអ្នកអាចធ្វើបែបនេះបាន អ្នកនឹងទទួលយកជំហរដ៏ត្រឹមត្រូវនៃភាវៈដែលព្រះបានបង្កើតដោយមិនដឹងខ្លួន ហើយរំដោះខ្លួនអ្នកចេញពីការរឹតត្បិតនៃមហិច្ឆតា និងបំណងប្រាថ្នាដែលចង់ធ្វើជាកំពូលមនុស្ស និងជាបុគ្គលដ៏អស្ចារ្យ» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់លាស់។ ខ្ញុំគ្រាន់តែជាភាវៈដែលព្រះបានបង្កើតដ៏តូចតាចមួយប៉ុណ្ណោះ។ ខ្ញុំមិនដែលរៀនពីចំណេះដឹងផ្នែកសម្តែងជាលក្ខណៈអាជីពទាល់តែសោះ។ ការដែលអាចបំពេញភារកិច្ចរបស់ខ្ញុំជាតួសម្តែងនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់នៅថ្ងៃនេះ គឺជាការដែលព្រះជាម្ចាស់លើកតម្កើង ហើយវានឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ។ ខ្ញុំចាំបានថា មានការថតមួយដែលខ្ញុំដាក់អារម្មណ៍មិនទាន់ដល់។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយ ប៉ុន្តែនៅតែមិនបានផល។ អ្វីដែលខ្ញុំអាចធ្វើបាន គឺមានតែអធិដ្ឋានយ៉ាងស្មោះស្ម័គ្រទៅកាន់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្រោយមក ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ខ្ញុំក៏អាចដាក់អារម្មណ៍ចូលតួបាន ហើយការថតក៏ទទួលបានជោគជ័យ។ ខ្ញុំច្បាស់ជាមិនអាចធ្វើវាបានឡើយ ប្រសិនបើគ្មានការបំភ្លឺ និងការណែនាំពីព្រះជាម្ចាស់នោះ។ ឥឡូវនេះ ខ្ញុំត្រូវតែបោះបង់អំនួត និងឋានៈរបស់ខ្ញុំ ប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្ញុំដោយត្រង់ៗ ហើយខិតខំឱ្យអស់ពីសមត្ថភាពចំពោះរឿងដែលខ្ញុំអាចធ្វើបាន ហើយបើមានអ្វីដែលខ្ញុំធ្វើមិនបាន ឬមិនយល់ ខ្ញុំគួរសុំជំនួយពីបងប្អូនប្រុសស្រីឱ្យបានច្រើន ព្រមទាំងអធិដ្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ឱ្យបានច្រើនផងដែរ។ ដូច្នេះ ខ្ញុំបានកត់ត្រាបញ្ហានៅក្នុងការសម្តែងរបស់ខ្ញុំ ហើយផ្ញើវាទៅបងប្អូនប្រុសស្រីពីរបីនាក់ ដើម្បីសុំជំនួយពីពួកគេ។ ភ្លាមៗពេលដែលខ្ញុំផ្ញើសារនោះចេញទៅ ខ្ញុំមានអារម្មណ៍ថាបានធូរស្រាលពីបន្ទុកដ៏ធំមួយ ហើយចិត្តរបស់ខ្ញុំក៏បានធូរស្រាល។ ខ្ញុំទទួលបានការឆ្លើយតបពីពួកគេយ៉ាងលឿន។ ពួកគេទាំងអស់គ្នាបានផ្តល់យោបល់មួយចំនួនសម្រាប់បញ្ហារបស់ខ្ញុំ និងបានចែករំលែកពីរបៀបដែលពួកគេដាក់អារម្មណ៍បានត្រឹមត្រូវក្នុងអំឡុងពេលថត។ ពួកគេបានបង្ហាញផ្លូវនៃការអនុវត្តមួយចំនួនដល់ខ្ញុំ ហើយបានលើកទឹកចិត្តខ្ញុំឱ្យខិតខំសម្តែងតួនេះឱ្យបានល្អ។ ខ្ញុំពិតជារំជួលចិត្ត និងមានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំងពេលអានយោបល់ និងការលើកទឹកចិត្តរបស់ពួកគេ។ ដំបូន្មានរបស់ពួកគេបានជួយខ្ញុំយ៉ាងច្រើន ហើយបន្ទាប់មក ខ្ញុំក៏បានដឹងពីរបៀបដោះស្រាយបញ្ហានៅក្នុងការសម្តែងរបស់ខ្ញុំ។
ខ្ញុំក៏ប្រញាប់ដាក់ចិត្តដាក់កាយចូលទៅក្នុងការថតជុំថ្មី។ ពេលដល់វគ្គត្រូវថតឈុតរំជួលចិត្តម្តងទៀត ខ្ញុំបានធ្វើតាមវិធីសាស្ត្រ ដែលបងប្អូនប្រុសស្រីបានបង្រៀនខ្ញុំ ហើយបានពិភាក្សាពីចំណុចលម្អិតជាក់លាក់នៃការសម្តែងជាមួយអ្នកដឹកនាំរឿង ជាមុន។ ពេលខ្ញុំមិនអាចដាក់អារម្មណ៍ចូលតួបាន ខ្ញុំក៏បើកចំហពីរឿងនេះ ហើយអ្នកដឹកនាំរឿង រួមទាំងបងប្អូនប្រុសស្រីនឹងមកជួយខ្ញុំ។ ក្រោយពេលថត ខ្ញុំតែងតែផ្ញើវីដេអូទៅឱ្យបងប្អូនប្រុសស្រី ហើយសួរពួកគេថាតើមានបញ្ហាអ្វីខ្លះដែលនៅសេសសល់ក្នុងការសម្តែងរបស់ខ្ញុំ។ នៅពេលពួកគេចង្អុលបង្ហាញពីបញ្ហា ខ្ញុំក៏ប្រញាប់ប្រញាល់កែតម្រូវ និងអភិវឌ្ឍ។ ពេលខ្ញុំសម្តែងលើកក្រោយ ខ្ញុំដាក់អារម្មណ៍បានកាន់តែជ្រាលជ្រៅជាងមុន។ ខ្ញុំអាចដាក់អារម្មណ៍ចូលតួបានយ៉ាងលឿន ហើយលទ្ធផលនៃការថតគឺល្អជាងមុនឆ្ងាយណាស់។ ឃ្លីបមួយចំនួនពិតជាធ្វើឱ្យបងប្អូនប្រុសស្រីដែលបានទស្សនារំជួលចិត្តយ៉ាងខ្លាំង ហើយវឌ្ឍនភាពនៃការថតក៏មានសន្ទុះលឿនជាងមុនគួរឱ្យកត់សម្គាល់។
ឥឡូវនេះ រាល់ពេលដែលខ្ញុំមិនយល់ពីអ្វីមួយ ហើយគិតចង់បិទបាំងខ្លួនឯង និងធ្វើពុត ខ្ញុំក៏មានស្មារតីអនុវត្តក្នុងការធ្វើជាមនុស្សស្មោះត្រង់។ ខ្ញុំបើកចំហពីបញ្ហារបស់ខ្ញុំ ហើយស្វែងរកគោលការណ៍ និងផ្លូវឆ្ពោះទៅមុខជាមួយបងប្អូនប្រុសស្រី ហើយបញ្ហាដែលខ្ញុំមិនយល់ ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ តាមរយៈបទពិសោធនេះ ខ្ញុំបានដឹងថា ការធ្វើពុត និងការបិទបាំងមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ។ មានតែការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការបើកចំហដោយគ្មានល្បិចកល និងការធ្វើជាមនុស្សស្មោះត្រង់ប៉ុណ្ណោះ ទើបអ្នកអាចដោះស្រាយបញ្ហា និងបំពេញភារកិច្ចរបស់អ្នកបាន មានតែពេលនោះទេ ទើបអ្នកអាចមានសេចក្តីសុខសាន្ត និងភាពធូរស្រាលពិតប្រាកដនៅក្នុងចិត្ត។ អរព្រះគុណព្រះជាម្ចាស់!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកដឹកនាំក្រុមជំនុំកាលពីខែ មិថុនា ឆ្នាំមុន។ នៅពេលនោះ ខ្ញុំរំភើបចិត្ត និងមានអារម្មណ៍ថា...
ដោយ ស៊ីនរួយ (កូរ៉េខាងត្បូង) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។...
នៅខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំមួយរូបរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា...
វិលសុន ប្រទេសបារាំងដោយសារខ្ញុំចេះជួសជុលគ្រឿងអេឡិចត្រូនិកខ្លះៗ បងប្អូនប្រុសស្រីតែងតែមករកខ្ញុំ ពេលឧបករណ៍របស់ពួកគាត់មានបញ្ហា ហើយជាធម្មតា...