ជំពូកទី ៧០

ការដែលអាថ៌កំបាំងរបស់ខ្ញុំត្រូវបានបើកសម្ដែង ហើយបើកបង្ហាញយ៉ាងចំហ និងមិនលាក់បាំងតទៅទៀតនោះ គឺដោយសារតែព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំទាំងស្រុង។ ជាងនេះទៅទៀត ការណ៍ដែលព្រះបន្ទូលរបស់ខ្ញុំលេចមកនៅក្នុងចំណោមមនុស្ស ហើយលែងត្រូវបានលាក់បាំងតទៅទៀត ក៏ជាព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំដែរ។ ខ្ញុំស្រឡាញ់អស់អ្នកដែលលះបង់ខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះខ្ញុំ ហើយថ្វាយខ្លួនសម្រាប់ខ្ញុំ។ ខ្ញុំស្អប់អស់អ្នកដែលបានកើតក្នុងខ្ញុំ ប៉ុន្តែមិនស្គាល់ខ្ញុំ ហើយប្រឆាំងខ្ញុំទៀតផង។ ខ្ញុំនឹងមិនបោះបង់ចោលនរណាម្នាក់ដែលស្មោះស្ម័គ្រចំពោះខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងធ្វើឱ្យព្រះពររបស់ពួកគេកើនឡើងទ្វេដង។ ខ្ញុំនឹងដាក់ទោសទ្វេដងចំពោះអស់អ្នកដែលមិនដឹងគុណ ហើយបំពានលើសេចក្ដីសប្បុរសរបស់ខ្ញុំ ហើយខ្ញុំនឹងមិនឱ្យពួកគេរួចខ្លួនងាយៗឡើយ។ នៅក្នុងនគររបស់ខ្ញុំ គ្មានល្បិចកល ឬការបោកបញ្ឆោត ហើយក៏គ្មានភាពជាលោកិយ៍ដែរ។ មានន័យថា គ្មានក្លិនរបស់មនុស្សស្លាប់ទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងគឺជាភាពត្រូវតាមគន្លង និងសេចក្ដីសុចរិត។ គ្រប់យ៉ាងគឺជាភាពបរិសុទ្ធ និងការបើកចំហ ដោយគ្មានអ្វីមួយលាក់បាំង ឬបិទបាំងឡើយ។ គ្រប់យ៉ាងគឺស្រស់ស្រាយ គ្រប់យ៉ាងគឺជាការរីករាយ ហើយគ្រប់យ៉ាងគឺជាភាពប្រសើរឡើងនៃសីលធម៌។ នរណាដែលនៅតែធំក្លិននៃមនុស្សស្លាប់ គឺគ្មានផ្លូវអាចនៅក្នុងនគររបស់ខ្ញុំបានទេ ហើយផ្ទុយទៅវិញ វានឹងត្រូវបានបំផ្លាញដោយដំបងដែករបស់ខ្ញុំ។ គ្រប់អាថ៌កំបាំងដែលគ្មានទីបញ្ចប់ទាំងអស់ ចាប់តាំងពីពេលដ៏យូរមកហើយ រហូតដល់ពេលបច្ចុប្បន្ននេះ គឺត្រូវបានបើកសម្ដែងយ៉ាងពេញលេញដល់អ្នករាល់គ្នា ដែលជាក្រុមមនុស្សត្រូវបានបង្កើតដោយខ្ញុំនៅគ្រាចុងក្រោយ។ តើអ្នកមិនមានអារម្មណ៍ថា មានពរទេឬ? គ្រាដែលគ្រប់យ៉ាងត្រូវបានបើកសម្ដែងយ៉ាងចំហ ជាងនេះទៅទៀត គ្រាដែលអ្នករាល់គ្នាចែករំលែកការសោយរាជ្យរបស់ខ្ញុំ។

ក្រុមមនុស្សដែលពិតជាសោយរាជ្យជាស្ដេច គឺអាស្រ័យលើការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ខ្ញុំ ហើយច្បាស់ជាគ្មានមនុស្សណាម្នាក់នៅក្នុងក្រុមនេះទេ។ នរណាដែលហ៊ានចូលរួមនៅក្នុងក្រុមនេះ នឹងរងទុក្ខដោយការវាយពីព្រះហស្ដរបស់ខ្ញុំ ហើយមនុស្សបែបនេះនឹងក្លាយជាកម្មវត្ថុនៃភ្លើងដ៏ឆាបឆេះរបស់ខ្ញុំ។ នេះគឺជាចំហៀងមួយទៀតនៃសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ។ ខ្ញុំបានមានបន្ទូលថា ខ្ញុំត្រួតត្រារបស់សព្វសារពើ ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកដោយព្រះប្រាជ្ញាញាណ ដែលកាន់កាប់សិទ្ធិអំណាចពេញលេញ ហើយខ្ញុំមិនអត់ឱនឱ្យនរណាម្នាក់ឡើយ។ ខ្ញុំគ្មានសេចក្ដីមេត្តាខាងព្រះសូរសៀងឡើយ ហើយពិតជាគ្មានមនោសញ្ចេតនាផ្ទាល់ខ្លួនឡើយ។ ខ្ញុំប្រព្រឹត្តដាក់នរណាម្នាក់ (មិនថាគេពូកែនិយាយប៉ុនណា ខ្ញុំនឹងមិនឱ្យគេរួចខ្លួនទេ) ដោយសេចក្ដីសុចរិត ភាពត្រឹមត្រូវ និងឫទ្ធានុភាពរបស់ខ្ញុំ ស្របពេលដែលធ្វើឱ្យគ្រប់គ្នាឃើញកាន់តែច្បាស់នូវភាពអស្ចារ្យនៃទង្វើរបស់ខ្ញុំ ក៏ដូចជាអត្ថន័យនៃទង្វើរបស់ខ្ញុំ។ ខ្ញុំបានដាក់ទោសវិញ្ញាណអាក្រក់ម្ដងមួយៗចំពោះសកម្មភាពគ្រប់ប្រភេទដែលពួកវាប្រព្រឹត្ត ដោយបោះពួកវានីមួយៗទៅក្នុងជង្ហុកធំ។ ខ្ញុំបានបញ្ចប់កិច្ចការនេះនៅមុនពេលវេលាចាប់ផ្ដើម ដោយមិនទុកឱ្យពួកវាមានតួនាទី មិនទុកឱ្យពួកវាមានទីកន្លែងដើម្បីធ្វើកិច្ចការរបស់ពួកវាទេ។ គ្មាននរណាម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ខ្ញុំ គឺជាអស់អ្នកដែលត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសដោយខ្ញុំ អាចមានវិញ្ញាណអាក្រក់ឡើយ ផ្ទុយទៅវិញ គេនឹងបរិសុទ្ធជានិច្ច។ ចំពោះអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន និងមិនបានជ្រើសរើស នោះខ្ញុំនឹងប្រគល់ពួកគេត្រឡប់ទៅឱ្យសាតាំងវិញ ហើយមិនអនុញ្ញាតឱ្យពួកគេនៅតទៅទៀតឡើយ។ បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចូលរួមជាមួយសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ខ្ញុំនឹងមិនឱ្យសូម្បីតែម្នាក់ក្នុងចំណោមអស់អ្នកដែលសាតាំងធ្វើការជាមួយរួចខ្លួនទេ ប៉ុន្តែខ្ញុំនឹងបោះពួកគេទៅជាមួយនឹងរូបកាយរបស់ពួកគេទៅក្នុងនរក ដោយសារតែខ្ញុំស្អប់សាតាំង។ ខ្ញុំគ្មានផ្លូវនឹងលើកលែងឱ្យវាងាយៗឡើយ ប៉ុន្តែខ្ញុំនឹងបំផ្លាញវាទាំងស្រុង ដោយមិនអនុញ្ញាតឱ្យវាមានឱកាសធ្វើកិច្ចការរបស់វាសូម្បីតែបន្ដិចឡើយ។ អស់អ្នកដែលសាតាំងបានធ្វើឱ្យពុករលួយដល់កម្រិតជាក់លាក់មួយ (មានន័យថា អស់អ្នកដែលជាកម្មវត្ថុនៃគ្រោះមហន្តរាយ) គឺស្ថិតនៅក្រោមការរៀបចំដ៏ឆ្លាតវៃនៃព្រះហស្ដផ្ទាល់របស់ខ្ញុំ។ ចូរកុំគិតថា ហេតុការណ៍បានកើតឡើងដោយសារភាពសាហាវរបស់សាតាំងឱ្យសោះ។ ចូរដឹងថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាដែលត្រួតត្រាលើពិភពលោក និងរបស់សព្វសារពើ! ចំពោះខ្ញុំ គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបាននោះឡើយ ហើយជាងនេះទៅទៀត គឺគ្មានអ្វីមួយដែលមិនអាចសម្រេចបាន ឬព្រះបន្ទូលណាមួយដែលមិនអាចថ្លែងចេញឡើយ។ មនុស្សមិនត្រូវប្រព្រឹត្តដូចជាទីប្រឹក្សារបស់ខ្ញុំឡើយ។ ចូរដឹងអំពីការត្រូវវាយប្រហារឱ្យដួលដោយ សារព្រះហស្ដរបស់ខ្ញុំ និងការបោះចូលទៅក្នុងនរក។ ខ្ញុំសូមមានបន្ទូលប្រាប់អ្នកដូចនេះ! អស់អ្នកណាដែលសហការជាមួយខ្ញុំយ៉ាងបុរេសកម្មនៅថ្ងៃនេះ គឺជាអ្នកដែលឆ្លាតបំផុត ហើយពួកគេនឹងជៀសផុតពីការបាត់បង់ ហើយគេចផុតពីការឈឺចាប់នៃការជំនុំជម្រះ។ ទាំងអស់នេះគឺជាការរៀបចំរបស់ខ្ញុំ ដែលខ្ញុំបានកំណត់ទុកជាមុន។ ចូរកុំថ្លែងអ្វីដែលលាក់បាំង ហើយចូរកុំនិយាយបំផ្លើស ដោយគិតថាអ្នកអស្ចារ្យនោះឡើយ។ តើទាំងអស់នេះមិនមែនតាមរយៈការកំណត់ទុកជាមុនរបស់ខ្ញុំទេឬ? អ្នកដែលអាចក្លាយជាទីប្រឹក្សារបស់ខ្ញុំ មិនស្គាល់ភាពអាម៉ាស់ឡើយ! អ្នកមិនស្គាល់កម្ពស់ខ្លួនឯងទេ។ វាពិតជាតូចគួរឱ្យអាណិតណាស់! ទោះបីជាបែបនោះក៏ដោយ ក៏អ្នកគិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយអ្នកក៏មិនស្គាល់ខ្លួនឯងដែរ។ អ្នករាល់គ្នាបែរត្រចៀកដ៏ថ្លង់មករកព្រះបន្ទូលរបស់ខ្ញុំម្ដងហើយម្ដងទៀត ដោយបណ្ដាលឱ្យការប្រឹងប្រែងដ៏ផ្ចឹតផ្ចង់របស់ខ្ញុំឥតប្រយោជន៍ ហើយមិនដឹងទាល់តែសោះថា ពួកវាគឺជាការបើកបង្ហាញពីព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ។ ផ្ទុយទៅវិញ អ្នកព្យាយាមសម្ញែងភាពឆ្លាតវៃផ្ទាល់ខ្លួនរបស់អ្នកម្ដងហើយម្ដងទៀត។ តើអ្នកចងចាំរឿងនេះទេ? អស់អ្នកដែលគិតថាពួកគេឆ្លាត តើពួកគេទទួលការវាយផ្ចាលដូចម្ដេច? មិនអើពើ និងមិនស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ខ្ញុំ ហើយមិនឆ្លាក់ពួកវាទៅក្នុងបេះដូងរបស់អ្នក នោះអ្នកប្រើប្រាស់ខ្ញុំជាពុតត្បុតដើម្បីធ្វើការនេះ និងការនោះហើយ។ មនុស្សអាក្រក់អើយ! ពេលណាទើបអ្នកអាចគិតគូរយ៉ាងពេញលេញពីព្រះទ័យរបស់ខ្ញុំ? អ្នកគ្មានការគិតគូរចំពោះវាទាល់តែសោះ ដូច្នេះហើយ ការហៅអ្នកថា «មនុស្សអាក្រក់» មិនមែនជាការធ្វើទុក្ខទោសដល់អ្នករាល់គ្នាទេ។ វាសក្ដិសមជាមួយអ្នកឥតខ្ចោះ!

បច្ចុប្បន្ននេះ ខ្ញុំកំពុងតែបង្ហាញអ្នករាល់គ្នាម្ដងមួយៗ នូវអ្វីៗដែលធ្លាប់តែត្រូវបានលាក់បាំង។ សត្វនាគដ៏ធំមានសម្បុរក្រហម គឺត្រូវបានបោះទៅក្នុងជង្ហុកធំ ហើយត្រូវបានបំផ្លាញទាំងស្រុង ព្រោះថា ការរក្សាវាទុកនឹងគ្មានប្រយោជន៍អ្វីទាល់តែសោះ។ នេះមានន័យថា វាមិនអាចបម្រើព្រះគ្រីស្ទបានទេ។ ពីនេះតទៅ អ្វីៗដែលក្រហមនឹងលែងមានតទៅទៀត។ ពួកវាត្រូវតែបោះចោលទៅជាភាពទទេបន្ដិចម្ដងៗ។ ខ្ញុំធ្វើនូវអ្វីដែលខ្ញុំមានបន្ទូល។ នេះគឺជាការបញ្ចប់នៃកិច្ចការរបស់ខ្ញុំ។ ចូរយកសញ្ញាណរបស់មនុស្សចេញ។ គ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូល គឺខ្ញុំបានធ្វើ។ នរណាក៏ដោយដែលព្យាយាមធ្វើជាមនុស្សឆ្លាត គឺបានត្រឹមតែនាំការបំផ្លាញ និងសេចក្ដីមើលងាយមកដាក់ខ្លួនឯងប៉ុណ្ណោះ ហើយគេមិនចង់រស់នៅទេ។ ដូច្នេះហើយ ខ្ញុំនឹងបំពេញចិត្តអ្នក ហើយខ្ញុំនឹងច្បាស់ជាមិនរក្សាទុកមនុស្សបែបនេះទេ។ ពីនេះតទៅ ចំនួនប្រជាជននឹងកើនឡើយយ៉ាងគំហុក ស្របពេលដែលអស់អ្នកដែលមិនសហការជាមួយខ្ញុំយ៉ាងបុរេសកម្ម នឹងត្រូវបានផាត់ចេញទៅជាភាពទទេស្អាត។ អស់អ្នកដែលខ្ញុំបានយល់ព្រម គឺជាអ្នកដែលខ្ញុំនឹងធ្វើឱ្យគ្រប់លក្ខណ៍ ហើយខ្ញុំនឹងមិនបោះចោលម្នាក់ណាឡើយ។ នឹងគ្មានភាពផ្ទុយណាមួយចំពោះអ្វីដែលខ្ញុំមានបន្ទូលទេ។ អស់អ្នកដែលមិនសហការជាមួយខ្ញុំយ៉ាងបុរេសកម្ម នឹងរងទុក្ខដោយការវាយផ្ចាលកាន់តែច្រើន ទោះបីជានៅទីបំផុត ខ្ញុំនឹងច្បាស់ជាសង្គ្រោះពួកគេក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រឹមពេលនោះ រយៈពេលនៃអាយុរបស់ពួកគេនឹងខុសគ្នាខ្លះដែរ។ តើអ្នកចង់ក្លាយជាមនុស្សបែបនេះទេ? ចូរក្រោកឈរឡើង ហើយសហការជាមួយខ្ញុំ! ខ្ញុំច្បាស់ជានឹងមិនប្រព្រឹត្តយ៉ាងរយីករយោកចំពោះនរណាម្នាក់ដែលលះបង់ខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះខ្ញុំ ដោយភាពស្មោះត្រង់ឡើយ ខ្ញុំនឹងប្រទានព្រះពររបស់ខ្ញុំទាំងអស់ដល់អ្នក។ ចូរថ្វាយខ្លួនអ្នកទាំងស្រុងដល់ខ្ញុំ! អ្វីដែលអ្នកទទួលទាន អ្វីដែលអ្នកស្លៀកពាក់ ហើយអនាគតរបស់អ្នក គឺទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ខ្ញុំនឹងរៀបចំគ្រប់យ៉ាងឱ្យបានសមរម្យ នោះទើបអ្នកអាចមានភាពសប្បាយរីករាយឥតទីបញ្ចប់ ដែលអ្នកនឹងមិនដែលប្រើប្រាស់អស់ឡើយ។ នេះគឺដោយសារតែខ្ញុំបានមានបន្ទូលថា «ចំពោះអស់អ្នកណាដែលលះបង់ខ្លួនចំពោះខ្ញុំយ៉ាងស្មោះស្ម័គ្រ នោះខ្ញុំនឹងច្បាស់ជាប្រទានពរដល់អ្នកយ៉ាងធំធេង»។ ព្រះពរទាំងអស់នឹងចូលមករកមនុស្សម្នាក់ៗដែលលះបង់ខ្លួនចំពោះខ្ញុំយ៉ាងស្មោះស្ម័គ្រ។

ខាង​ដើម៖ ជំពូកទី ៦៩

បន្ទាប់៖ ជំពូកទី ​៧១

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ