តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?
កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាប ដែលមានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែច្រើន នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលគិតខុសឆ្គង មិនស្គាល់សេចក្ដីពិត ក្លាយជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនធ្វើកិច្ចការចាស់ម្តងទៀតទេ ប៉ុន្តែធ្វើនូវកិច្ចការដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែមនុស្សវិញវិញទេ មិនទទួលយកជីវិតដែរ មិនទទួលយកសេចក្ដីពិតដែរ ហើយកាន់តែពុំទទួលយកព្រះពរដ៏ធំដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្សលោកឡើយ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចទ្រាំទ្រនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ជឿថាកិច្ចការរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ដោយជឿថាកិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់ពួកគេ តម្រូវការតែមួយគត់ដើម្បីទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាពួកគេប្រែចិត្ត ហើយលន់តួបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែគាប់ព្រះហឫទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះពួកគេភ្ជាប់នឹងបទបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។ មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង។ ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ការស្គាល់ព្រះជាម្ចាស់ គឺជារឿងមួយដែលមនុស្សមិនងាយស្រួលធ្វើឡើយ។ បូករួមជាមួយនឹងដួងចិត្តដែលខុសឆ្គងរបស់មនុស្ស និងធម្មជាតិបះបោររបស់ពួកគេដែលពេញទៅដោយការរាប់ខ្លួនឯងជាសំខាន់ និងមោទនភាពខ្ពស់ នោះវារឹតតែធ្វើឱ្យមនុស្សលំបាកក្នុងការទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិនិត្យពិច័យពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរ ផ្ទុយទៅវិញ គេបង្ហាញនូវអាកប្បកិរិយាមើលងាយ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើទាំងនេះមិនមែនជាការបើសម្ដែងរបស់មនុស្សដែលបះបោរប្រឆាំង និងរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ដោយរបៀបណា?
ព្រះយេស៊ូវមានព្រះបន្ទូលថា កិច្ចការរបស់ព្រះយេហូវ៉ាមិនសមស្របទៀតទេសម្រាប់យុគសម័យនៃព្រះគុណ ដូចជាខ្ញុំមានបន្ទូលនៅថ្ងៃនេះថា កិច្ចការរបស់ព្រះយេស៊ូវក៏មិនសមស្របទៀតសម្រាប់យុគសម័យបច្ចុប្បន្នដែរ។ ប្រសិនបើមានត្រឹមតែយុគសម័យនៃក្រឹត្យវិន័យ ហើយគ្មានយុគសម័យនៃព្រះគុណទេ ម្ល៉េះសមព្រះយេស៊ូវនឹងមិនត្រូវគេឆ្កាងឡើយ ហើយក៏មិនអាចប្រោសលោះមនុស្សជាតិគ្រប់គ្នាបានដែរ។ ប្រសិនបើមានតែយុគសម័យនៃក្រឹត្យវិន័យ តើមនុស្សជាតិអាចអភិវឌ្ឍដល់សព្វថ្ងៃនេះបានទេ? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយចុះប្រវត្តិសាស្ត្រមិនមែនជាច្បាប់ធម្មជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបរិយាយអំពីការដែលទ្រង់គ្រប់គ្រងមនុស្សជាតិទូទាំងចក្រវាឡទេឬអី? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏វិវឌ្ឍទៅមុខដែរ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រែប្រួលជានិច្ច។ ទ្រង់មិនអាចនៅទ្រឹងក្នុងដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អស់រយៈពេល៦ពាន់ឆ្នាំបានឡើយ ដ្បិតគ្រប់គ្នាដឹងថា ព្រះជាម្ចាស់តែងតែថ្មីជានិច្ច ហើយព្រះអង្គក៏មិនអាចបន្តធ្វើកិច្ចការដូចជា ការជាប់ឆ្កាង ដោយឱ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងម្ដង ពីរដង បីដង... នោះឡើយ។ ការគិតបែបនេះ គឺគួរឱ្យអស់សំណើចណាស់។ ព្រះជាម្ចាស់មិនបន្តធ្វើកិច្ចការដដែលៗទេ កិច្ចការរបស់ទ្រង់ប្រែប្រួល និងថ្មីជានិច្ច ដូចជាការដែលខ្ញុំនិយាយព្រះបន្ទូលថ្មីៗទៅកាន់អ្នករាល់គ្នា និងធ្វើកិច្ចការថ្មីរាល់ថ្ងៃដូចគ្នា។ នេះជាកិច្ចការដែលខ្ញុំធ្វើ ហើយគន្លឹះដ៏សំខាន់គឺពាក្យថា «ថ្មី» និង «អស្ចារ្យ»។ «ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយទ្រង់ក៏នៅតែជាព្រះជាម្ចាស់ជានិច្ច»៖ សម្ដីមួយឃ្លានេះ គឺជាការពិត។ លក្ខណៈរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ព្រះជាម្ចាស់គឺនៅតែព្រះជាម្ចាស់ជានិច្ច ហើយទ្រង់មិនអាចប្រែក្លាយទៅជាសាតាំងបានឡើយ តែនេះមិនមែនបញ្ជាក់ថា កិច្ចការរបស់ទ្រង់នៅតែដដែលមិនប្រែប្រួល ដូចនឹងលក្ខណៈរបស់ទ្រង់នោះទេ។ អ្នកប្រកាសថា ព្រះជាម្ចាស់មិនប្រែប្រួល ប៉ុន្តែតើអ្នកអាចពន្យល់ថា ព្រះជាម្ចាស់តែងថ្មីជានិច្ច ហើយមិនដែលចាស់សោះ ដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ នៅបន្តសាយភាយ ហើយប្រែប្រួលជាដរាប ហើយបំណងព្រះហឫទ័យរបស់ទ្រង់ ក៏នៅតែត្រូវបានសម្ដែងឱ្យមនុស្សជាតិបានដឹង នឹងបានស្គាល់ដដែល។ ពេលមនុស្សជាតិបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់គេ នឹងប្រែប្រួលឥតឈប់ឈរ ចំណែកចំណេះដឹងរបស់គេ ក៏ដូចគ្នា។ ដូច្នេះ តើការប្រែប្រួលនេះ មានប្រភពមកពីណា? តើវាមិនមែនកើតមកពីកិច្ចការរបស់ព្រះជាម្ចាស់ ដែលប្រែប្រួលឥតឈប់ឈរទេឬអី? បើនិស្ស័យមនុស្សអាចប្រែប្រួលបាន ហេតុអ្វីក៏មនុស្សមិនអាចអនុញ្ញាតឱ្យកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំ បន្តផ្លាស់ប្ដូរដែរទៅ? តើខ្ញុំត្រូវនៅក្រោមកំហិតរបស់មនុស្សដែរមែនទេ? តើអ្នកមិនមែនកំពុងប្រើប្រាស់ការប្រកែក ដោយបង្ខំ និងហេតុផលបំភ័ន្ត នៅក្នុងគំនិតនេះទេឬអី?
បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេចមកឱ្យពួកសិស្សបានឃើញ ហើយមានព្រះបន្ទូលថា «ខ្ញុំចាត់សេចក្ដីសន្យាពីព្រះវរបិតាឱ្យមកសណ្ឋិតលើអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹម រហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ដោយព្រះចេស្ដាពីស្ថានដ៏ខ្ពស់»។ តើអ្នកដឹងទេថា ព្រះបន្ទូលនេះអាចយកទៅបកស្រាយយ៉ាងដូចម្ដេច? ពេលនេះ តើអ្នកមានព្រះចេស្ដាពីទ្រង់មកគ្របដណ្ដប់ ហើយឬនៅ? តើអ្នកយល់ទេថា «ព្រះចេស្ដា» សំដៅលើអ្វី? ព្រះយេស៊ូវបានប្រកាសថា ព្រះវិញ្ញាណនៃសេចក្ដីពិត មុខជាត្រូវបានប្រទានមកឱ្យមនុស្សលោក ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ពេលនេះ ម៉ោងនេះ គឺជាគ្រាចុងក្រោយហើយ តើអ្នកយល់ពីរបៀបដែលព្រះវិញ្ញាណនៃសេចក្ដីពិត សម្ដែងព្រះបន្ទូលទេ? តើព្រះវិញ្ញាណនៃសេចក្ដីពិតលេចមកឱ្យបានឃើញ និងធ្វើការនៅកន្លែងណា? នៅក្នុងគម្ពីរទំនាយរបស់ហោរាអេសាយ គ្មានកន្លែងណាមានចែងថា ទារកម្នាក់ឈ្មោះថាយេស៊ូវ នឹងត្រូវប្រសូតនៅក្នុងយុគសម័យនៃសម្ពន្ធមេត្រីថ្មីនោះទេ គឺគ្រាន់តែមានចែងថាមានទារកម្នាក់ឈ្មោះថា អេម៉ាញូអែលនឹងត្រូវប្រសូតមក។ ហេតុអ្វីក៏ឈ្មោះ «យេស៊ូវ» មិនត្រូវបានលើកយកមកនិយាយ? នៅក្នុងគម្ពីរសញ្ញាចាស់ ឈ្មោះនេះនៅកន្លែងណាក៏គ្មានដែរ ចុះហេតុអ្វីបានជាអ្នកនៅជឿលើព្រះយេស៊ូវ? ប្រាកដណាស់ អ្នកមិនបានចាប់ផ្ដើមជឿព្រះយេស៊ូវ ត្រឹមពេលដែលអ្នកមើលឃើញទ្រង់ផ្ទាល់នឹងភ្នែកទេមែនទេ? ឬមួយក៏អ្នកចាប់ផ្ដើមជឿនៅពេលដែលអ្នកទទួលបានការបើកសម្ដែង? តើព្រះជាម្ចាស់ពិតជាបង្ហាញព្រះគុណបែបនេះ ដល់អ្នកមែនឬ? តើទ្រង់ប្រទានព្រះពរអស្ចារ្យដល់ម្ល៉ឹងដល់អ្នកមែនទេ? តើអ្វីជាគោលនៃជំនឿដែលអ្នកមានចំពោះព្រះយេស៊ូវ? ហេតុអ្វីបានជាអ្នកមិនជឿថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅថ្ងៃនេះ? ហេតុអ្វីក៏អ្នកនិយាយថា អវត្តមាននៃការបើកសម្ដែងមកពីព្រះជាម្ចាស់ចំពោះអ្នករាល់គ្នា ស្ដែងឱ្យឃើញថា ទ្រង់មិនបានយកកំណើតជាមនុស្សទេ? តើព្រះជាម្ចាស់ត្រូវជម្រាបមនុស្សឱ្យដឹងមុនពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់មែនទេ? តើទ្រង់ត្រូវទទួលការអនុម័តពីពួកគេសិនមែនទេ? ហោរាអេសាយគ្រាន់តែប្រកាសថា ទារកម្នាក់នឹងប្រសូតនៅក្នុងស្នូកសត្វ លោកមិនបានទាយថា នាងម៉ារានឹងផ្ដល់កំណើតដល់ព្រះយេស៊ូវនោះទេ។ តើអ្នកសំអាងលើអ្វីបានជាអ្នកជឿថា ព្រះយេស៊ូវប្រសូតពីនាងម៉ារា? តើមិនមែនជំនឿរបស់អ្នកភ័ន្តទៅហើយទេឬអី? អ្នកខ្លះនិយាយថាព្រះនាមរបស់ព្រះជាម្ចាស់មិនប្រែប្រួលទេ។ ចុះហេតុអ្វីក៏ព្រះនាមរបស់ព្រះយេហូវ៉ា ក្លាយជាព្រះយេស៊ូវ? បទទំនាយទាយទុកថា ព្រះមែស្ស៊ីនឹងយាងមក ចុះហេតុអ្វីបានជាមានមនុស្សម្នាក់ឈ្មោះថា យេស៊ូវ មកដល់ទៅវិញ? ហេតុអ្វីបានជាព្រះនាមរបស់ព្រះជាម្ចាស់ប្រែប្រួល? តើកិច្ចការនេះមិនមែនត្រូវបានអនុវត្តជាយូរមកហើយទេឬអី? តើព្រះជាម្ចាស់នៅថ្ងៃនេះមិនអាចធ្វើកិច្ចការថ្មីជាងនេះទេឬ? កិច្ចការពីអតីតកាលអាចនឹងត្រូវកែប្រែ ហើយកិច្ចការរបស់ព្រះយេស៊ូវ អាចបន្តពីព្រះយេហូវ៉ា។ អ៊ីចឹង តើកិច្ចការរបស់ព្រះយេស៊ូវមិនអាចត្រូវជំនួសដោយកិច្ចការផ្សេងទេឬអី? ប្រសិនបើព្រះនាម «ព្រះយេហូវ៉ា» អាចប្ដូរមកជាព្រះនាម «ព្រះយេស៊ូវ» បាន ដូច្នេះ ព្រះនាម «ព្រះយេស៊ូវ» ក៏អាចផ្លាស់ប្ដូរបានដូចគ្នាដែរ មែនទេ? រឿងនេះគ្មានអ្វីប្លែកទេ គ្រាន់តែមនុស្សមានគំនិតគិតសាមញ្ញៗពេក។ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់រហូត។ ទោះបីជាកិច្ចការរបស់ទ្រង់ ប្រែប្រួលយ៉ាងណា ហើយមិនថា ព្រះនាមទ្រង់អាចនឹងប្ដូរទៅជាយ៉ាងណាក៏និស្ស័យ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ មិនប្រែប្រួលឡើយ។ ប្រសិនបើអ្នកជឿថាព្រះជាម្ចាស់អាចហៅបានត្រឹមព្រះនាមព្រះយេស៊ូវ នោះចំណេះរបស់អ្នក គឺនៅមានកម្រិតឆ្ងាយណាស់។ តើអ្នកហ៊ានអះអាងថា ព្រះនាម «ព្រះយេស៊ូវ» នឹងនៅតែជាព្រះនាមរបស់ព្រះជាម្ចាស់រហូតទេ ហ៊ានអះអាងថា ព្រះជាម្ចាស់នឹងនៅតែរក្សាព្រះនាម «ព្រះយេស៊ូវ» រហូត ហើយអះអាងថា ព្រះនាមនេះ នឹងមិនប្រែប្រួលដែរទេ? តើអ្នកហ៊ានអះអាងយ៉ាងប្រាកដថា ព្រះនាម «ព្រះយេស៊ូវ» ដែលបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ក៏នៅតែជាព្រះនាមដែលនឹងបញ្ចប់យុគសម័យចុងក្រោយនេះដែរឬទេ? តើនរណាអាចពោលថា ព្រះគុណរបស់ព្រះយេស៊ូវ អាចធ្វើឱ្យគ្រានេះត្រូវបញ្ចប់បាន? ប្រសិនបើអ្នកខ្វះការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិតទាំងអស់នេះ អ្នកមិនមែនត្រឹមអសមត្ថភាពនឹងផ្សាយដំណឹងល្អទេ តែអ្នកខ្លួនឯង ក៏មិនអាចឈរមាំបានដែរ។ នៅថ្ងៃដែលអ្នកដោះស្រាយអស់ទាំងការលំបាករបស់មនុស្សដែលកាន់តាមសាសនា ហើយបដិសេធជំនឿខុសឆ្គងរបស់ពួកគេ ថ្ងៃនោះនឹងក្លាយជាភស្តុតាងបញ្ជាក់ថាអ្នកដឹងច្បាស់ប្រាកដអំពីដំណាក់កាលនៃកិច្ចការនេះ ហើយក៏គ្មានមន្ទិលសង្ស័យសូម្បីបន្តិចសោះ។ ប្រសិនបើអ្នកមិនអាចបដិសេធជំនឿខុសឆ្គងរបស់គេ នោះពួកគេនឹងបង្កើតការចោទប្រកាន់មិនពិតលើអ្នក ហើយនិយាយបង្ខូចអ្នកជាមិនខាន។ តើនោះមិនមែនជារឿងគួរឱ្យអាម៉ាស់ទេឬអី?
សាសន៍យូដាទាំងអស់ សុទ្ធតែអានគម្ពីរសញ្ញាចាស់ ហើយដឹងពីបទទំនាយរបស់ហោរាអេសាយដែលទាយថា ទារកម្នាក់នឹងប្រសូតក្នុងស្នូកសត្វ។ ចុះហេតុអ្វីបានជាគេនៅតែបៀតបៀនព្រះយេស៊ូវ ទាំងដឹងច្បាស់ឥតចន្លោះអំពីបទទំនាយនេះ? តើមិនមែនដោយសារធម្មជាតិបះបោរ និងកង្វះការយល់ដឹងរបស់គេ អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅគ្រានោះ ពួកផារិស៊ីជឿថា កិច្ចការរបស់ព្រះយេស៊ូវខុសពីអ្វីដែលគេដឹងអំពីទារកដែលត្រូវបានទាយទុក ហើយមនុស្សសម័យបច្ចុប្បន្នបដិសេធព្រះជាម្ចាស់ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនស្របទៅនឹងព្រះគម្ពីរ។ តើសារជាតិនៃភាពបះបោររបស់គេចំពោះព្រះជាម្ចាស់ មិនមែននៅដដែលទេឬអី? តើអ្នកអាចទទួលយកកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានចម្ងល់បានដែរឬទេ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអូរនេះ គឺត្រឹមត្រូវហើយ ហើយអ្នកគួរតែទទួលយកកិច្ចការនេះដោយពុំមានការសង្ស័យអ្វីទាំងអស់ អ្នកពុំគួរជ្រើសរើស ឬសម្រេចយកអ្វីដែលត្រូវទទួល ឬមិនទទួលនោះឡើយ។ បើអ្នកកាន់តែមានចំណេះដឹងពីព្រះជាម្ចាស់កាន់តែច្រើន និងមានការប្រុងប្រយ័ត្នចំពោះទ្រង់បន្ថែមទៀត នោះតើវាមិនមែនជារឿងមិនចាំបាច់ឬ? អ្នកមិនចាំបាច់ស្វែងរកភ័ស្តុតាងបញ្ជាក់បន្ថែមទៀតពីគម្ពីរទេ។ បើវាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកត្រូវទទួលយកវាចុះ ដ្បិតអ្នកជឿលើព្រះជាម្ចាស់ ដើម្បីដើរតាមទ្រង់ ហើយអ្នកពុំគួរស៊ើបអង្កេតពីទ្រង់នោះឡើយ អ្នកពុំគួរស្វះស្វែងរកភស្តុតាងបន្ថែមពីខ្ញុំនោះដើម្បីបញ្ជាក់ថាខ្ញុំជាព្រះជាម្ចាស់របស់អ្នកនោះឡើយ ប៉ុន្តែអ្នកគួរតែចេះសម្គាល់មើលថាខ្ញុំមានប្រយោជន៍ដល់អ្នកឬអត់ នេះទើបជាកត្តាសំខាន់បំផុត។ បើទោះបីជាអ្នករកឃើញនូវភស្តុតាងដែលមិនអាចប្រកែកបាននៅក្នុងព្រះគម្ពីរ ភស្តុតាងនោះក៏មិនអាចនាំអ្នកឱ្យចូលមកចំពោះខ្ញុំទាំងស្រុងបានដែរ។ អ្នកគ្រាន់តែរស់នៅក្នុងដែនកំណត់នៃព្រះគម្ពីរប៉ុណ្ណោះ មិនមែននៅចំពោះខ្ញុំនោះទេ។ ព្រះគម្ពីរមិនអាចជួយអ្នកឱ្យស្គាល់ខ្ញុំបានទេ ក៏មិនអាចជួយឱ្យសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ កាន់តែស៊ីជម្រៅនោះដែរ។ ថ្វីដ្បិតព្រះគម្ពីរបានទាយថា ទារកម្នាក់នឹងត្រូវប្រសូត ក៏គ្មាននរណាអាចដឹងច្បាស់ថា បទទំនាយនឹងសម្រេចដោយសារនរណាដែរ ដ្បិតមនុស្សមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះក៏ជាហេតុបណ្ដាលឱ្យពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរ។ អ្នកខ្លះដឹងថា កិច្ចការរបស់យើង គឺសម្រាប់ជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែពួកគេនៅតែជឿថា ព្រះយេស៊ូវនិងខ្ញុំ គឺជាព្រះពីរអង្គដោយឡែកពីគ្នាទាំងស្រុង ជាព្រះដែលមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវសេចក្ដីអធិប្បាយជាច្រើននៃយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ និងវិធីប្រព្រឹត្តចំពោះអ្នកដទៃនៅក្នុងយុគសម័យនៃព្រះគុណ។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់នៅពេលនោះ គួរតែអនុវត្ត។ នៅពេលនោះ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាដាក់ចេញនូវវិន័យសញ្ញាចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឱ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឱ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបអាចបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវកិច្ចការដែលមានលក្ខណៈតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឱ្យបានសង្គ្រោះ អំពីរបៀបប្រែចិត្ត និងសារភាពបាប និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ។ ប៉ុន្តែទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សនៅគ្រាចុងក្រោយសម្រេចបាននូវចូលក្នុងជីវិតខាងឯវិញ្ញាណ ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឱ្យអស់សំណើចទេ? ដោយគ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? មិនថាជាគ្រូអធិប្បាយតាមព្រះគម្ពីរ ឬជាអ្នកប្រកាសដំណឹងល្អក៏ដោយ តើនរណាអាចឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុនបានទៅ?
«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ»។ ពេលនេះ តើអ្នករាល់គ្នាបានឮព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានមកសណ្ឋិតលើអ្នករាល់គ្នាហើយ។ តើអ្នករាល់គ្នាស្ដាប់ឮព្រះបន្ទូលនេះទេ? ព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះបន្ទូលនៅគ្រាចុងក្រោយ ហើយព្រះបន្ទូលទាំងនេះសោត ក៏ជាព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់ជាព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់អាចយកកំណើតជាមនុស្សបានដែរ។ ហេតុនេះ ព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធដែលបានមាននៅអតីតកាល ក៏ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន។ មានមនុស្សខុសឆ្គងជាច្រើនដែលជឿថា ដ្បិតព្រះបន្ទូលនេះ គឺជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូល ហេតុនេះ ព្រះសូរសៀងរបស់ទ្រង់គួរតែមានបន្ទូលពីស្ថានសួគ៌មក ដើម្បីឱ្យមនុស្សស្ដាប់ឮ។ នរណាដែលគិតបែបនេះ គេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ។ តាមការពិត ព្រះសូរសៀងដែលចេញពីព្រះឱស្ឋរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ជាព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចមានព្រះបន្ទូលមកកាន់មនុស្សដោយផ្ទាល់ឡើយ សូម្បីតែក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាក៏មិនបានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់ពួកបណ្ដាជនដែរ។ ទម្រាំឱ្យទ្រង់ធ្វើបែបនេះ ក្នុងយុគសម័យបច្ចុប្បន្នទៀត គឺរឹតតែមិនទំនងទៅទៀតហើយមែនទេ? ដើម្បីឱ្យព្រះជាម្ចាស់បញ្ចេញព្រះសូរសៀង ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់ត្រូវក្លាយជាសាច់ឈាម។ ពុំនោះទេ កិច្ចការរបស់ទ្រង់នឹងមិនអាចសម្រេចគោលដៅនៃកិច្ចការនោះបានឡើយ។ អស់អ្នកណាដែលបដិសេធព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាមនុស្សដែលមិនស្គាល់ព្រះវិញ្ញាណ ឬស្គាល់គោលការណ៍ដែលព្រះជាម្ចាស់ប្រើ សម្រាប់កិច្ចការរបស់ព្រះអង្គ។ អស់អ្នកដែលជឿថា បច្ចុប្បន្ននេះគឺជាយុគសម័យនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែមិនទទួលកិច្ចការថ្មីរបស់ទ្រង់ គេគឺជាមនុស្សដែលរស់នៅក្នុងជំនឿស្រពេចស្រពិល។ មនុស្សបែបនេះនឹងមិនទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អស់អ្នកដែលសុំឱ្យតែព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូល និងអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ប៉ុន្តែមិនទទួលយកព្រះបន្ទូល ឬកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អ្នកនោះនឹងមិនអាចឈានចូលទៅក្នុងយុគសម័យថ្មី ឬអាចឱ្យព្រះជាម្ចាស់នាំយកសេចក្ដីសង្គ្រោះដ៏ពេញលេញ មកប្រទានឱ្យគេបាននោះឡើយ!