មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន
កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានពីរផ្នែក។ នៅពេលដែលទ្រង់បានក្លាយជាសាច់ឈាមជាលើកដំបូង មនុស្សមិនជឿលើទ្រង់ ឬស្គាល់ទ្រង់ឡើយ ហើយពួកគេបានឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាង។ បន្ទាប់មក នៅពេលដែលទ្រង់បានក្លាយជាសាច់ឈាមជាលើកទីពីរ មនុស្សនៅតែមិនជឿលើទ្រង់ រឹតតែមិនស្គាល់ទ្រង់ ហើយពួកគេបានឆ្កាងព្រះគ្រីស្ទទៅនឹងឈើឆ្កាងសារជាថ្មី។ តើមនុស្សមិនមែនជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអី? ប្រសិនបើមនុស្សពុំស្គាល់ទ្រង់ទេ តើមនុស្សអាចជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើគេអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានដោយរបៀបណា? ការដែលមនុស្សអះអាងថាស្រឡាញ់ព្រះជាម្ចាស់ បម្រើព្រះជាម្ចាស់ និងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ តើវាមិនមែនជាការកុហកបោកប្រាស់ទេឬអី? ប្រសិនបើអ្នកលះបង់ជីវិតរបស់អ្នកចំពោះអ្វីៗដែលមិនពិត មិនជាក់ស្ដែង តើអ្នកមិនខំប្រឹងដោយអសារឥតការទេឬអី? តើអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានដោយរបៀបណា នៅពេលដែលអ្នកមិនទាំងស្គាល់ថាព្រះជាម្ចាស់ជានរណាផងនោះ? តើការស្វែងរកដោយបែបនេះ មិនស្រពេចស្រពិល និងអរូបីទេឬអី? តើវាមិនមែនជាការបោកបញ្ឆោតទេឬអី? តើមនុស្សម្នាក់អាចជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើការក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ មានអត្ថន័យជាក់ស្ដែងយ៉ាងណា? តើអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចមើលឃើញថាព្រះវិញ្ញាណអស្ចារ្យ និងខ្ពង់ខ្ពស់ប៉ុនណាដែរឬទេ? ដើម្បីក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ដែលមើលមិនឃើញ និងគ្មានរូបរាង តើវាមិនស្រពេចស្រពិល និងអរូបីទេឬអី? តើអត្ថន័យជាក់ស្ដែងនៃការស្វែងរកបែបនេះគឺជាអ្វីដែរ? តើវាមិនមែនជាការកុហកបោកប្រាស់ទាំងស្រុងទេឬអី? អ្វីដែលអ្នកស្វែងរក គឺដើម្បីក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ អ្នកគ្រាន់តែជាកញ្ជះរបស់សាតាំងប៉ុណ្ណោះ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់ឡើយ ហើយអ្នកស្វែងរក «ព្រះនៃសព្វសារពើ» ដែលគ្មានអត្ថិភាព ដែលមិនអាចមើលឃើញ គ្មានរូបរាង និងគ្រាន់តែជាព្រះដែលកើតពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ដោយនិយាយបែបស្រពេចស្រពិលទៅ «ព្រះជាម្ចាស់» បែបនេះ គឺជាសាតាំងតែម្ដង ហើយនិយាយជាក់ស្ដែងទៅ ព្រះបែបនេះគឺជាខ្លួនអ្នកផ្ទាល់។ អ្នកស្វះស្វែងដើម្បីក្លាយជាមនុស្សជំនិតរបស់ខ្លួនឯង ប៉ុន្តែនៅបន្តនិយាយថា អ្នកស្វែងរកដើម្បីបានក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ តើនេះមិនមែនជាការប្រមាថទេឬអី? តើការស្វែងរកដោយបែបនេះមានតម្លៃអ្វីទៅ? ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនបានក្លាយជាសាច់ឈាម នោះសារជាតិរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាព្រះវិញ្ញាណនៃជីវិតដែលមិនអាចមើលឃើញ គ្មានរូបរាង គ្មានទម្រង់ និងគ្មានសណ្ឋាន ជាប្រភេទដែលគ្មានលក្ខណៈរូប ដែលមនុស្សមិនអាចចូលទៅជិតបាន និងមិនអាចយល់បានប៉ុណ្ណោះ។ តើមនុស្សអាចជាមនុស្សជំនិតរបស់ព្រះវិញ្ញាណដែលគ្មានរូប អស្ចារ្យ និងមិនអាចវាស់ស្ទង់បាននេះដោយបែបណាទៅ? តើនេះមិនមែនជាការកំប្លែងលេងទេឬអី? ការរកហេតុផលដែលខុសទំនងបែបនេះ គឺមិនត្រឹមត្រូវ និងមិនជាក់ស្ដែងឡើយ។ មនុស្សដែលត្រូវបានបង្កើតមក គឺជាប្រភេទខុសគ្នាពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដូច្នេះ តើគេទាំងពីរអាចជាមនុស្សជំនិតបានដោយរបៀបណា? បើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនត្រូវបានធ្វើឱ្យក្លាយជាសាច់ឈាមពិតប្រាកដទេ បើព្រះជាម្ចាសមិនបានក្លាយជាសាច់ឈាម និងបន្ទាបព្រះអង្គទ្រង់ តាមរយៈការក្លាយជាភាវៈដែលព្រះបានបង្កើតទេ មនុស្សដែលត្រូវបានបង្កើតមកនេះ នឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមិនអាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានឡើយ ហើយក្រៅតែពីអ្នកជឿដែលគោរពកោតខ្លាចព្រះជាម្ចាស់ ដែលអាចមានឱកាសក្នុងការក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បាន ក្រោយពីព្រលឹងរបស់ពួកគេ បានចូលទៅក្នុងស្ថានសួគ៌ ក្រៅពីនេះ មនុស្សភាគច្រើននឹងមិនអាចមានភាពជិតស្និទ្ធនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ហើយបើមនុស្សចង់ក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌ ក្រោមការណែនាំរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តើពួកគេមិនមែនជាអមនុស្សដែលល្ងីល្ងើគួរឱ្យភ្ញាក់ផ្អើលទេឬអី? មនុស្សគ្រាន់តែស្វែងរក «សេចក្ដីស្មោះត្រង់» ចំពោះព្រះដែលមិនអាចមើលឃើញប៉ុណ្ណោះ និងមិនបានយកចិត្តទុកដាក់សូម្បីបន្តិច ចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញ ដ្បិតការស្វែងរកព្រះជាម្ចាស់ដែលមើលមិនឃើញ គឺងាយស្រួលខ្លាំងណាស់។ ទោះបីជាមនុស្សអាចធ្វើរឿងនេះតាមដែលពួកគេចង់ក៏ដោយ ប៉ុន្តែការស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ គឺមិនងាយស្រួលសោះឡើយ។ បុគ្គលដែលស្វែងរកព្រះដ៏ស្រពេចស្រពិល គឺច្បាស់ជាមិនអាចយកបានព្រះជាម្ចាស់ឡើយ ដ្បិតអ្វីៗដែលស្រពេចស្រពិល និងអរូបី គឺមនុស្សនឹកស្រមៃបាន ហើយមនុស្សមិនអាចទទួលបានវាឡើយ។ ប្រសិនបើព្រះជាម្ចាស់ដែលយាងមកក្នុងចំណោមអ្នករាល់គ្នា គឺជាព្រះជាម្ចាស់ដែលខ្ពស់ត្រដែត និងថ្កើងថ្កាន ដែលអ្នករាល់គ្នាមិនអាចចូលទៅជិតបាន នោះតើអ្នករាល់គ្នាអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានដោយរបៀបណា? ហើយតើអ្នកអាចដឹង និងយល់ពីទ្រង់បានដោយរបៀបណា? បើទ្រង់គ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ និងពុំមានការប្រាស្រ័យទាក់ទងជាធម្មតាជាមួយមនុស្ស ឬពុំមានលក្ខណៈជាមនុស្សធម្មតា និងមិនអាចឱ្យគ្រាន់តែមនុស្សលោកចូលទៅជិតបាន ដូចនេះ បើទោះបីជាទ្រង់បានបំពេញកិច្ចការយ៉ាងច្រើន សម្រាប់អ្នករាល់គ្នាក៏ដោយ ក៏ប៉ុន្តែអ្នករាល់គ្នាមិនមានការប្រាស្រ័យទាក់ទងជាមួយទ្រង់ និងមិនអាចមើលឃើញទ្រង់បាន តើអ្នកអាចស្គាល់ទ្រង់បានដោយរបៀបណា? បើមិនមែនដោយសារសាច់ឈាមដែលមានភាពជាមនុស្សធម្មតាទេ មនុស្សនឹងគ្មានផ្លូវអាចស្គាល់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ទើបមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ខាងសាច់ឈាម។ មនុស្សក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ដោយសារពួកគេបានប្រាស្រ័យទាក់ទងជាមួយទ្រង់ ដោយសារពួកគេរស់នៅជាមួយនឹងទ្រង់ និងអមដំណើរទ្រង់ ហើយដូច្នេះបន្តិចម្ដងៗក៏បានស្គាល់ទ្រង់ទៅ។ ប្រសិនបើមិនដូច្នេះទេ តើការស្វែងរករបស់មនុស្សមិនទៅជាអសារឥតការទេឬអី? នោះមានន័យថា មិនមែនសុទ្ធតែដោយសារកិច្ចការរបស់ព្រះជាម្ចាស់ដែលមនុស្សអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែដោយសារភាពជាក់ស្ដែង និងភាពប្រក្រតីរបស់ព្រះដែលយកកំណើតជាមនុស្ស។ ដោយព្រោះព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ទើបមនុស្សមានឱកាសបំពេញភារកិច្ចរបស់ពួកគេ និងមានឱកាសថ្វាយបង្គំព្រះដ៏ពិត។ តើនេះមិនមែនជាសេចក្ដីពិតដែលប្រាកដ និងជាក់ស្ដែងបំផុតទេឬអី? សព្វថ្ងៃនេះ តើអ្នកនៅបន្តចង់ក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌ទៀតដែរឬទេ? មានតែពេលដែលព្រះជាម្ចាស់បន្ទាបព្រះអង្គទ្រង់មកដល់ចំណុចណាមួយប៉ុណ្ណោះ ពោលគឺមានតែពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ដែលមនុស្សអាចក្លាយជាមនុស្សជំនិត និងជាក្លើរបស់ទ្រង់បាន។ ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណ៖ តើមនុស្សអាចមានលក្ខណៈសម្បត្តិធ្វើជាមនុស្សជំនិតរបស់ព្រះវិញ្ញាណដែលថ្កុំថ្កើងនិងមិនអាចវាស់ស្ទង់បាននេះ បានដោយរបៀបណា? មានតែពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះមកយកកំណើតមកខាងសាច់ឈាម និងក្លាយជាភាវៈដែលព្រះបានបង្កើតដែលមានសម្បកខាងក្រៅដូចជាមនុស្សជាតិតែប៉ុណ្ណោះ ដែលមនុស្សអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បាន និងអាចឱ្យទ្រង់ទទួលបានក្នុងរបៀបជាក់ស្ដែង។ ទ្រង់មានបន្ទូល និងបំពេញកិច្ចការខាងសាច់ឈាម ចែករំលែកសេចក្តីអរសប្បាយ ទុក្ខសោក និងការឈឺចាប់របស់មនុស្សជាតិ រស់នៅក្នុងពិភពតែមួយជាមួយមនុស្សជាតិ ការពារមនុស្សជាតិ និងណែនាំពួកគេ ហើយតាមរយៈការនេះ ទ្រង់សម្អាតមនុស្សឱ្យបានស្អាតនិងអនុញ្ញាតឱ្យពួកគេ ទទួលបាននូវការសង្គ្រោះ និងព្រះពររបស់ទ្រង់។ មានតែពេលដែលមនុស្សទទួលបានអ្វីទាំងអស់នេះ ហើយយល់យ៉ាងពិតប្រាកដពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ទើបពួកគេអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បាន។ មានតែចំណុចនេះទេដែលជាក់ស្ដែង។ ប្រសិនបើព្រះជាម្ចាស់ ពិតជាមិនអាចឱ្យមនុស្សមើលឃើញ និងអរូបីមែន នោះតើពួកគេអាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានដោយរបៀបណា? តើនេះមិនមែនជាគោលលទ្ធិដែលទទេសូន្យទេឬអី?
ដោយបានជឿលើព្រះជាម្ចាស់មកទល់បច្ចុប្បន្ននេះក្ដី មានមនុស្សជាច្រើននៅបន្តស្វែងរកអ្វីដែលស្រពេចស្រពិលនិងអរូបីដដែល។ ពួកគេពុំបានយល់ពីភាពជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះឡើយ ហើយនៅបន្តរស់នៅទៅតាមពាក្យពេចន៍ និងគោលលទ្ធិនានាដដែល។ បន្ថែមលើនេះ មនុស្សជាច្រើនមិនទាន់ចូលទៅក្នុងតថភាពនៃឃ្លោងឃ្លាថ្មីៗដូចជា «ជំនាន់ថ្មីនៃអ្នកដែលស្រឡាញ់ព្រះជាម្ចាស់» «មនុស្សជំនិតរបស់ព្រះជាម្ចាស់» «លំនាំ និងគំរូនៃការស្រឡាញ់ព្រះជាម្ចាស់» និង «បែបផែនរបស់ពេត្រុស»។ ផ្ទុយទៅវិញ ការស្វែងរករបស់ពួកគេ គឺនៅតែស្រពេចស្រពិល និងអរូបីដដែល ពួកគេនៅបន្តរាវរកនៅក្នុងគោលលទ្ធិ ហើយពួកគេគ្មានការយល់ដឹងអំពីការពិតនៃព្រះបន្ទូលទាំងអស់នេះឡើយ។ នៅពេលព្រះវិញ្ញាណនៃព្រះជាម្ចាស់បានក្លាយជាសាច់ឈាម អ្នកអាចមើលឃើញ និងអាចប៉ះពាល់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមបាន។ ប៉ុន្តែ ប្រសិនបើអ្នកនៅតែមិនអាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានទេ ប្រសិនបើអ្នកនៅតែមិនអាចក្លាយជាក្លើរបស់ទ្រង់បានទេ នោះតើអ្នកអាចក្លាយជាក្លើរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ បានដោយរបៀបណា? ប្រសិនបើអ្នកមិនស្គាល់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ តើអ្នកអាចក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៅជំនាន់ថ្មីនៃអស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់បានដោយរបៀបណា? តើឃ្លោងឃ្លាទាំងនេះ មិនមែនជាពាក្យពេចន៍ និងគោលលទ្ធិដែលគ្មានសារជាតិទេឬអី? តើអ្នកអាចមើលឃើញព្រះវិញ្ញាណ និងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ដែរឬទេ? តើឃ្លោងឃ្លាទាំងនេះ មិនទទេសូន្យទេឬអី? វាមិនគ្រប់គ្រាន់ទេដែលអ្នកគ្រាន់តែនិយាយពីឃ្លោងឃ្លា និងពាក្យពេចន៍សម្ដីទាំងនេះ ហើយអ្នកមិនអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈការតាំងចិត្ត តែមួយមុខនោះទេ។ អ្នកពេញចិត្តដោយគ្រាន់តែនិយាយពាក្យទាំងអស់នេះ ហើយអ្នកបានធ្វើបែបនេះ ដើម្បីបំពេញបំណងរបស់ខ្លួនឯងផ្ទាល់ ដើម្បីផ្គាប់តាមឧត្តមគតិមិនពិតប្រាកដរបស់អ្នក និងដើម្បីផ្គាប់តាមសញ្ញាណ និងការគិតរបស់អ្នកផ្ទាល់។ ប្រសិនបើអ្នកមិនស្គាល់ព្រះជាម្ចាស់បច្ចុប្បន្ននេះទេ នោះមិនថាអ្នកធ្វើអ្វីនោះទេ អ្នកនឹងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ តើការដែលក្លាយជាក្លើរបស់ព្រះជាម្ចាស់មានន័យដូចម្ដេច? តើអ្នកនៅមិនយល់ចំណុចនេះទៀតឬអី? ដោយសារមនុស្សជំនិតរបស់ព្រះជាម្ចាស់គឺជាមនុស្ស នោះព្រះជាម្ចាស់ក៏ជាមនុស្សដែរ។ នេះមានន័យថាព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងក្លាយជាមនុស្សលោក។ មានតែអស់អ្នកដែលមានប្រភេទដូចគ្នាប៉ុណ្ណោះ ទើបអាចហៅគ្នាថាក្លើបាន ហើយមានតែពេលនោះទេ ដែលពួកគេអាចចាត់ទុកជាមនុស្សជំនិតបាន។ ប្រសិនបើព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ តើមនុស្សដែលបានបង្កើតមកនេះ អាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានដោយរបៀបណា?
ជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ការស្វែងរកសេចក្តីពិតរបស់អ្នក ហើយសូម្បីតែរបៀបដែលអ្នកប្រព្រឹត្តខ្លួន ក៏ផ្អែកលើការពិតទាំងអស់នេះផងដែរ។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើគប្បីមានលក្ខណៈជាក់ស្ដែង ហើយអ្នកមិនគប្បីស្វែងរកអ្វីដែលមិនពិត និងរវើរវាយនោះទេ។ ការប្រព្រឹត្តដោយបែបនេះ ពុំមានតម្លៃអ្វីឡើយ ហើយក៏គ្មានសារជាតិចំពោះជីវិតបែបនេះដែរ។ ដោយសារការស្វែងរកនិងជីវិតរបស់អ្នក មិនបានចំណាយលើអ្វីផ្សេងក្រៅពីភាពក្លែងក្លាយ និងការបោកបញ្ឆោតឡើយ ហើយដោយសារអ្នកមិនស្វែងរកអ្វីដែលមានតម្លៃនិងមានសារជាតិ នោះអ្វីដែលអ្នកទទួលបាន គឺជាហេតុផលដែលខុសទំនង និងគោលលទ្ធិដែលមិនមែនជាសេចក្តីពិត។ អ្វីអស់ទាំងនោះ គ្មានទំនាក់ទំនងទៅនឹងតម្លៃនិងសារជាតិនៃវត្តមានរស់នៅរបស់អ្នកឡើយ ហើយគ្រាន់តែអាចនាំអ្នកទៅកាន់ពិភពទទេសូន្យមួយប៉ុណ្ណោះ។ តាមរយៈការនេះ ជីវិតទាំងមូលរបស់អ្នកនឹងមិនមានតម្លៃ ឬអត្ថន័យអ្វីឡើយ ហើយប្រសិនបើអ្នកមិនស្វែងរកជីវិតមួយដែលមានអត្ថន័យទេ នោះអ្នកអាចរស់នៅបានមួយរយឆ្នាំមែន តែការរស់នៅនោះនឹងគ្មានប្រយោជន៍អ្វីទាំងអស់។ តើជីវិតបែបនេះ អាចហៅថាជាជីវិតរបស់មនុស្សបានដោយរបៀបណា? តាមពិតទៅ តើវាមិនមែនជាជីវិតរបស់សត្វទេឬអី? ដូចគ្នានេះដែរ ប្រសិនបើអ្នករាល់គ្នាព្យាយាមដើរតាមផ្លូវនៃជំនឿលើព្រះជាម្ចាស់ ប៉ុន្តែមិនព្យាយាមដើម្បីស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញបាន តែបែរជាទៅថ្វាយបង្គំព្រះដែលមើលមិនឃើញ និងអរូបីទៅវិញ នោះតើការស្វែងរកបែបនេះ មិនកាន់តែអសារឥតការទេឬអី? នៅចុងបញ្ចប់ទៅ ការស្វែងរករបស់អ្នកនឹងក្លាយជាគំនរបាក់បែក។ តើការស្វែងរកបែបនេះ មានប្រយោជន៍អ្វីចំពោះអ្នក? បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេគ្រាន់តែស្រឡាញ់អ្វីដែលគេមិនអាចមើលឃើញឬប៉ះបានប៉ុណ្ណោះ ពោលគឺអ្វីដែលមានអាថ៌កំបាំង និងអស្ចារ្យខ្លាំងបំផុត និងអ្វីដែលមនុស្សមិនអាចស្រមៃបាន ហើយមនុស្សលោកមិនអាចយកបាន។ នៅពេលដែលអ្វីទាំងអស់នេះកាន់តែមិនពិតប្រាកដ នោះមនុស្សកាន់តែវិភាគវាខ្លាំងឡើង ហើយមនុស្សកាន់តែស្វែងរកអ្វីអស់ទាំងនោះដោយមិនខ្វល់ពីលទ្ធផល និងព្យាយាមយកអ្វីទាំងនោះឱ្យបាន។ នៅពេលដែលអ្វីទាំងនោះកាន់តែមិនជាក់ស្ដែង មនុស្សកាន់តែពិនិត្យពិច័យនិងវិភាគវាដោយយកចិត្តទុកដាក់ ហើយថែមទាំងធ្វើឱ្យគំនិតអំពីអ្វីអស់ទាំងនោះកាន់តែជ្រាលជ្រៅថែមទៀត។ ផ្ទុយទៅវិញ នៅពេលដែលអ្វីៗកាន់តែជាក់ស្តែង មនុស្សកាន់តែមិនឱ្យតម្លៃលើវា។ ពួកគេមិនឱ្យតម្លៃលើអ្វីអស់ទាំងនោះ ហើយថែមទាំងមើលងាយវាទៀតផង។ តើនេះមិនមែនជាអាកប្បកិរិយារបស់អ្នករាល់គ្នា ចំពោះកិច្ចការជាក់ស្ដែងដែលខ្ញុំធ្វើក្នុងពេលបច្ចុប្បន្ននេះទេឬអី? នៅពេលអ្វីទាំងអស់នោះកាន់តែជាក់ស្ដែងឡើងៗ អ្នករាល់គ្នាកាន់តែលម្អៀងទាស់នឹងពួកវា។ អ្នកមិនបានចំណាយពេលដើម្បីពិនិត្យមើលវា ហើយបែរជាមិនអើពើនឹងវាទៅវិញ។ អ្នកមើលស្រាលចំពោះលក្ខខណ្ឌតម្រូវដែលជាក់ស្តែង និងទាបតូចនេះ ហើយបែរជាមានសញ្ញាណច្រើនអំពីព្រះជាម្ចាស់ដែលជាក់ស្ដែងបំផុតនេះទៅវិញ ថែមទាំងមិនអាចទទួលយកនូវភាពជាក់ស្ដែង និងភាពប្រក្រតីរបស់ទ្រង់បានទៀតផង។ តាមរបៀបនេះ តើអ្នករាល់គ្នាមិនមែនកំពុងប្រកាន់តាមជំនឿស្រពេចស្រពិលទេឬអី? អ្នករាល់គ្នាមានសេចក្តីជំនឿដ៏មុតមាំចំពោះព្រះដ៏ស្រពេចស្រពិលកាលពីអតីតកាល ហើយគ្មានចាប់អារម្មណ៍នឹងព្រះជាម្ចាស់ដ៏ជាក់ស្ដែងនៃសម័យបច្ចុប្បន្ននេះសោះ។ តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាល និងព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ មកពីសម័យពីរខុសគ្នាទេឬអី? តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាលគឺជាព្រះជាម្ចាស់នៅស្ថានសួគ៌ដែលខ្ពង់ខ្ពស់ ចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាមនុស្សតូចទាបនៅលើផែនដីទេឬអី? បន្ថែមលើនេះ តើវាមិនមែនដោយសារព្រះជាម្ចាស់ដែលមនុស្សថ្វាយបង្គំ គឺជាព្រះដែលបង្កើតឡើងនៅក្នុងសញ្ញាណរបស់គេ ចំណែក ឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាសាច់ឈាមដែលយើងមើលឃើញពិតៗ ដែលកើតនៅលើផែនដីនេះទេឬអី? នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបាននិយាយ និងធ្វើរួចរាល់ តើវាមិនមែនដោយសារព្រះជាម្ចាស់នៃបច្ចុប្បន្ននេះ មានភាពជាក់ស្ដែងខ្លាំងពេក ទើបធ្វើឱ្យមនុស្សមិនស្វែងរកទ្រង់ទេឬអី? ដ្បិតអ្វីដែលព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះទាមទារពីមនុស្សគឺច្បាស់ជាអ្វីដែលមនុស្សមិនសុខចិត្តធ្វើតាមខ្លាំងបំផុត និងជាអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍អាប់មុខ។ តើនេះមិនមែនធ្វើឱ្យមនុស្សកាន់តែលំបាកទេឬអី? តើនេះមិនមែនជាការបើកបង្ហាញស្នាមរបួសរបស់មនុស្សទេឬអី? តាមរបៀបនេះ មនុស្សជាច្រើនមិនស្វះស្វែងរកព្រះជាម្ចាស់ដ៏ពិតជាក់ ព្រះជាម្ចាស់ដ៏ជាក់ស្ដែង ដូច្នេះហើយ ពួកគេក្លាយជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលអាចនិយាយបានថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាការពិតច្បាស់ក្រឡែតទេឬអី? កាលពីអតីតកាល នៅពេលដែលព្រះជាម្ចាស់មិនទាន់បានក្លាយជាសាច់ឈាមនៅឡើយ អ្នកអាចក្លាយជាអ្នកកាន់សាសនា ឬជាអ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានក្លាយជាសាច់ឈាម អ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន បានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួន។ តើអ្នកដឹងថាមានអ្វីកើតឡើងដែរឬទេ? នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនបានចាប់អារម្មណ៍លើការពិតឬស្វែងរក សេចក្តីពិតនោះទេ តែបែរជាជាប់ជំពាក់យ៉ាងក្រាស់ក្រែល ទៅនឹងភាពក្លែងក្លាយទៅវិញហើយតើនេះមិនមែនជាប្រភពយ៉ាងច្បាស់ក្រឡែតអំពីការប្រឆាំងរបស់អ្នកចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេឬអី? ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេហៅថាព្រះគ្រីស្ទ ដូចនេះ តើអ្នកទាំងឡាយដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនមែនជាពួកទទឹងទាស់នឹងព្រះគ្រីស្ទទេឬអី? ដូច្នេះ តើមនុស្សម្នាក់ដែលអ្នកជឿ និងស្រឡាញ់ ពិតជាព្រះជាម្ចាស់នៅក្នុងសាច់ឈាមមែនទេ? តើព្រះជាម្ចាស់ដែលមានព្រះជន្មរស់ មានដង្ហើម គឺជាព្រះដែលជាក់ស្ដែងបំផុត និងប្រក្រតីយ៉ាងខ្លាំងមែនទេ? តើគោលបំណងពិតប្រាកដនៃការស្វែងរករបស់អ្នកគឺជាអ្វីដែរ? តើវានៅឯស្ថានសួគ៌ ឬនៅលើផែនដី? តើវាជាសញ្ញាណ ឬជាសេចក្តីពិត? តើជាព្រះជាម្ចាស់ ឬជាភាវៈអធិធម្មជាតិមួយចំនួន? ជាការពិតណាស់ សេចក្តីពិតគឺជាគោលការណ៍ជីវិតជាក់ស្ដែងបំផុត និងជាគោលការណ៍ជីវិតខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើ និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ សេចក្ដីពិតនេះហៅថា «គោលការណ៍ជីវិត»។ វាមិនមែនជាគោលការណ៍មួយដែលបូកសរុបចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌និងផែនដី និងម្ចាស់នៃគ្រប់សព្វសារពើទាំងអស់មកកាន់មនុស្សជាតិ។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់។ ហេតុនេះហើយ គេហៅវាថា «គោលការណ៍ជីវិតដែលខ្ពង់ខ្ពស់បំផុត»។ ការស្វែងរករបស់មនុស្សក្នុងការដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្ត គឺជាការបំពេញភារកិច្ចពួកគេ ពោលគឺវាជាការស្វែងរកការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ សារជាតិនៃសេចក្ដីតម្រូវនេះ ជាសេចក្ដីពិតដ៏ជាក់បំផុតក្នុងចំណោមសេចក្តីពិតទាំងអស់ ជាជាងគោលលទ្ធិទទេសូន្យដែលគ្មានមនុស្សណាម្នាក់អាចសម្រេចបាន។ ប្រសិនបើការដេញតាមរបស់អ្នក គឺគ្មានអ្វីផ្សេងក្រៅពីគោលលទ្ធិ និងគ្មាននូវសេចក្ដីពិតទេ តើអ្នកមិនមែនជាមនុស្សដែលបះបោរទាស់នឹងសេចក្តីពិតទេឬ? តើអ្នកមិនមែនជាមនុស្សម្នាក់ ដែលវាយប្រហារលើសេចក្តីពិតទេឬ? តើមនុស្សបែបនេះអាចក្លាយជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? មនុស្សដែលគ្មានតថភាព គឺជាអ្នកដែលផិតក្បត់នឹងសេចក្តីពិត ហើយពួកគេជាពួកបះបោរពីកំណើត!
មិនថាអ្នកកំពុងស្វែងរកអ្វីនោះទេ អ្វីដែលសំខាន់បំផុតគឺ អ្នកត្រូវយល់ពីកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅថ្ងៃនេះ ហើយអ្នកត្រូវដឹងពីសារៈសំខាន់នៃកិច្ចការនេះ។ អ្នកត្រូវយល់ និងដឹងពីកិច្ចការដែលព្រះជាម្ចាស់នាំមក នៅពេលដែលទ្រង់យាងមកនៅគ្រាចុងក្រោយ ដឹងពីនិស្ស័យអ្វីដែលទ្រង់នាំមក និងដឹងពីអ្វីដែលទ្រង់ធ្វើឱ្យពេញខ្នាតនៅក្នុងចំណោមមនុស្ស។ ប្រសិនបើអ្នកមិនដឹង ឬមិនយល់អំពីកិច្ចការដែលទ្រង់បានយាងមកដើម្បីធ្វើនៅក្នុងសាច់ឈាមទេ នោះតើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានដោយរបៀបណា ហើយតើអ្នកអាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានដោយរបៀបណា? ពិតណាស់ ការក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ គឺមិនសាំញ៉ាំនោះទេ ប៉ុន្តែក៏មិនមែនជារឿងងាយស្រួលដែរ។ ប្រសិនបើមនុស្សអាចយល់ពីវាបានយ៉ាងច្បាស់ និងយកវាទៅអនុវត្ត នោះវាក្លាយជាមិនសាំញ៉ាំឡើយ។ ប្រសិនបើមនុស្សមិនអាចយល់វា បានយ៉ាងច្បាស់ទេនោះ វានឹងក្លាយទៅជាពិបាក ហើយបន្ថែមលើនេះ ពួកគេនឹងនាំឱ្យការស្វែងរករបស់ពួកគេ ដឹកនាំពួកគេទៅក្នុងភាពស្រពេចស្រពិល។ ក្នុងការស្វែងរកព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានទីតាំងឈរជើងផ្ទាល់ខ្លួនទេ ហើយមិនដឹងថាតើសេចក្តីពិតអ្វីខ្លះដែលពួកគេគួរប្រកាន់ខ្ជាប់នោះទេ មានន័យថា ពួកគេពុំមានមូលដ្ឋានគ្រឹះឡើយ ហើយពួកគេនឹងពិបាកក្នុងការឈរឱ្យបានរឹងមាំ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមិនយល់ពីសេចក្តីពិត ដែលមិនអាចបែងចែកភាពខុសគ្នារវាងអំពីល្អ និងអំពើអាក្រក់ ឬបែងចែកថាអ្វីដែលត្រូវស្រឡាញ់ ឬអ្វីដែលត្រូវស្អប់។ មនុស្សបែបនេះ ពិបាកនឹងឈរជើងឱ្យបាននឹងធឹងណាស់។ គន្លឹះសម្រាប់ជំនឿលើព្រះជាម្ចាស់ គឺការដែលអាចយកសេចក្តីពិតទៅអនុវត្តបាន អាចបង្ហាញពីការគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អាចស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅពេលទ្រង់បានក្លាយជាសាច់ឈាម និងដឹងពីគោលការណ៍ដែលទ្រង់មានព្រះបន្ទូល។ ចូរកុំដើរតាមហ្វូងមនុស្សឡើយ។ អ្នកត្រូវតែមានគោលការណ៍នៅក្នុងអ្វីដែលអ្នកចូលទៅ ហើយអ្នកត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ទាំងនោះ។ ការប្រកាន់ខ្ជាប់ខ្ជួនទៅនឹងរឿងទាំងនោះនៅក្នុងខ្លួនរបស់អ្នក ដោយការបំភ្លឺរបស់ព្រះជាម្ចាស់ នឹងអាចជួយដល់អ្នកបាន។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ថ្ងៃនេះ អ្នកនឹងងាករេចេញពីផ្លូវមួយ ថ្ងៃខានស្អែកអ្នកនឹងត្រូវងាករេចេញពីផ្លូវមួយទៀត ហើយអ្នកមិនអាចទទួលបានអ្វីដែលជាក់ស្ដែងនោះឡើយ។ ការធ្វើបែបនេះ គឺពុំមានប្រយោជន៍អ្វីដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អស់អ្នកណាដែលមិនយល់ពីសេចក្តីពិត តែងតែដើរតាមអ្នកដទៃ៖ ប្រសិនបើមនុស្សនិយាយថានេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងនិយាយថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើមនុស្សនិយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ នោះអ្នកនឹងទៅជាងឿងឆ្ងល់ ឬក៏និយាយថា វាជាកិច្ចការរបស់វិញ្ញាណអាក្រក់ដូចគេដែរ។ អ្នកតែងតែនិយាយត្រាប់តាមពាក្យរបស់អ្នកដទៃដូចជាសត្វសេក ហើយមិនអាចញែកដឹងភាពខុសគ្នាបានដោយខ្លួនឯងនោះទេ ហើយអ្នកក៏មិនអាចគិតសម្រាប់ខ្លួនឯងបានដែរ។ នេះគឺជាមនុស្សម្នាក់ដែលគ្មានទីឈរជើង ជាមនុស្សដែលគ្មានការញែកដឹង ហើយមនុស្សបែបនោះ គឺជាមនុស្សអសមត្ថភាពដែលគ្មានតម្លៃ! អ្នកតែងតែត្រាប់តាមពាក្យសម្ដីរបស់អ្នកដទៃ៖ ថ្ងៃនេះ គេបាននិយាយថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអាចថា នៅថ្ងៃណាមួយមនុស្សម្នាក់នឹងនិយាយថា វាមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយវាគ្មានអ្វីផ្សេងក្រៅពីទង្វើរបស់មនុស្សឡើយ ប៉ុន្តែអ្នកមិនអាចញែកដឹងពីចំណុចនេះបានឡើយ ហើយនៅពេលដែលអ្នកបានឃើញអ្នកដទៃនិយាយដោយបែបនេះ អ្នកក៏នឹងនិយាយដូចគ្នានេះដែរ។ តាមពិត វាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកនិយាយថា វាជាកិច្ចការរបស់មនុស្ស។ តើអ្នកមិនបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? នៅក្នុងចំណុចនេះតើអ្នកមិនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយសារអ្នកគ្មានការញែកដឹងភាពខុសគ្នាបានទេឬអី? ប្រហែលនៅថ្ងៃណាមួយ មនុស្សល្ងង់ខ្លៅមួយចំនួននឹងលេចមកដោយនិយាយថា «នេះគឺជាកិច្ចការរបស់វិញ្ញាណអាក្រក់» ហើយនៅពេលដែលអ្នកឮពាក្យទាំងអស់នេះ អ្នកនឹងវង្វេង ហើយអ្នកនឹងត្រូវបានបង្ខំដោយពាក្យសម្ដីរបស់អ្នកដទៃនោះសារជាថ្មី។ គ្រប់ពេលដែលនរណាម្នាក់បង្កការរំខាន អ្នកមិនអាចក្រោកឈរនៅទីតាំងរបស់ខ្លួនឯងបានឡើយ នេះគឺដោយសារអ្នកមិនមានសេចត្ដីពិត។ ការជឿលើព្រះជាម្ចាស់ និងការស្វះស្វែងដើម្បីស្គាល់ព្រះជាម្ចាស់ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អ្វីទាំងអស់នេះ មិនអាចសម្រេចទៅបានដោយងាយៗតាមរយៈការជួបជុំគ្នានិងស្ដាប់ការអធិប្បាយនោះទេ ហើយអ្នកមិនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ ដោយចិត្តឆេះឆួលតែមួយមុខឡើយ។ អ្នកត្រូវការដកពិសោធន៍ ត្រូវដឹង និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់អ្នក និងទទួលបាននូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលអ្នកបានឆ្លងកាត់បទពិសោធជាច្រើន អ្នកនឹងអាចយល់ពីរឿងរ៉ាវជាច្រើនបាន ហើយអ្នកនឹងអាចធ្វើការបែងចែកភាពខុសគ្នារវាងអំពីល្អនិងអំពើអាក្រក់ រវាងសេចក្តីយុត្តិធម៌និងសេចក្ដីទុច្ចរិត រវាងអ្វីដែលជារបស់ខាងសាច់ឈាមនិងអ្វីដែលជារបស់នៃសេចក្តីពិត។ អ្នកគួរតែអាចធ្វើការបែងចែករវាងអ្វីៗទាំងនេះ ហើយតាមរយៈការធ្វើបែបនេះ មិនថាកាលៈទេសៈបែបណានោះទេ អ្នកនឹងមិនវង្វេងឡើយ។ មានតែបែបនេះទេដែលជាកម្ពស់ពិតរបស់អ្នក។
ការដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែនជារឿងសាមញ្ញនោះទេ។ អ្នកគប្បីមានបទដ្ឋាន និងមានគោលបំណងនៅក្នុងការស្វែងរករបស់អ្នក អ្នកគប្បីដឹងពីរបៀបស្វែងរកផ្លូវដ៏ពិត របៀបវាស់វែងថាតើវាជាផ្លូវដ៏ពិតដែរឬទេ និងថាតើវាជាកិច្ចការរបស់ព្រះជាម្ចាស់មែនឬអត់។ តើអ្វីទៅជាគោលការណ៍មូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការស្វែងរកផ្លូវដ៏ពិត? អ្នកត្រូវមើលថាតើមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់នៅក្នុងផ្លូវនេះ ថាតើពាក្យសម្ដីទាំងអស់នេះ គឺជាការសម្ដែងចេញនូវសេចក្តីពិតដែរឬទេ ថាតើនរណាដែលត្រូវធ្វើទីបន្ទាល់ ហើយតើអាចនាំអ្វីមកដល់អ្នកបាន។ ការបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវមិនពិត តម្រូវឱ្យមានទិដ្ឋភាពចំណេះដឹងមូលដ្ឋានខ្លះៗ ហើយមូលដ្ឋានគ្រឹះដែលសំខាន់ជាងគេបំផុតនោះគឺ ត្រូវប្រាប់ថាតើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានបង្ហាញនៅក្នុងនោះដែរឬទេ។ សម្រាប់សារជាតិនៃជំនឿរបស់មនុស្សលើព្រះជាម្ចាស់គឺជាជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ហើយសូម្បីតែជំនឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ដោយព្រោះសាច់ឈាមនេះគឺជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមានន័យថា ជំនឿនោះ គឺនៅតែជាជំនឿលើព្រះវិញ្ញាណដដែល។ មានភាពខុសគ្នារវាងព្រះវិញ្ញាណនិងសាច់ឈាម ប៉ុន្តែដោយសារសាច់ឈាមនេះមកអំពីព្រះវិញ្ញាណ ហើយគឺជាព្រះបន្ទូលដែលបានក្លាយជាសាច់ឈាមនោះអ្វីដែលមនុស្សជឿ គឺនៅតែជាលក្ខណៈពីដើមរបស់ព្រះជាម្ចាស់ដដែល។ ដូច្នេះ ក្នុងការបែងចែកថាតើវាជាផ្លូវពិត ឬមិនមែននោះ ជាដំបូង អ្នកត្រូវមើលថាតើវាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ បន្ទាប់មក ទើបមើលថាតើមានសេចក្តីពិតនៅក្នុងផ្លូវនោះដែរឬទេ។ សេចក្តីពិត ដូចដែលបានចែង គឺជានិស្ស័យជីវិតនៃភាពជាមនុស្សធម្មតា។ ក្នុងន័យផ្សេងទៀត វាជាអ្វីដែលត្រូវបានតម្រូវពីមនុស្ស នៅពេលដែលព្រះជាម្ចាស់បានបង្កើតគេមកនៅគ្រាដំបូង ពោលគឺភាពជាមនុស្សធម្មតាក្នុងលក្ខណៈទាំងស្រុងរបស់គេ (រួមទាំងវិចារណញាណជាមនុស្ស គំនិតយល់ធ្លុះជ្រៅ ប្រាជ្ញាញាណ និងចំណេះដឹងមូលដ្ឋាននៃការប្រព្រឹត្តិខ្លួន)។ នោះគឺ អ្នកត្រូវមើលថាតើផ្លូវនេះ អាចនាំមនុស្សទៅក្នុងជីវិតជាមនុស្សធម្មតាបានឬអត់ ថាតើសេចក្តីពិតដែលគេនិយាយនោះ មានសេចក្ដីតម្រូវដោយផ្អែកលើភាពពិតនៃភាពជាមនុស្សធម្មតាដែរឬទេ ថាតើសេចក្តីពិតនេះ ពិតប្រាកដ និងជាក់ស្ដែងដែរឬទេ ហើយថាតើវាមកទាន់ពេលវេលាដែរឬទេ។ ប្រសិនបើមានសេចក្ដីពិត វានឹងអាចនាំមនុស្សឱ្យចូលទៅក្នុងបទពិសោធប្រក្រតី និងជាក់ស្ដែង។ បន្ថែមលើនេះ មនុស្សក្លាយជាប្រក្រតីទៅៗ វិចារណញាណជាមនុស្សរបស់ពួកគេកាន់តែពេញលេញ ជីវិតខាងសាច់ឈាម និងជីវិតខាងព្រលឹងវិញ្ញាណកាន់តែមានរបៀបរៀបរយ ហើយអារម្មណ៍របស់ពួកគេក៏កាន់តែប្រក្រតីផងដែរ។ នេះគឺជាគោលការណ៍ទីពីរ។ មានគោលការណ៍មួយផ្សេងទៀត នោះគឺ មិនថាមនុស្សមានឬគ្មានចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនថាជួបនូវបទពិសោធនៃកិច្ចការឬអត់នោះទេ សេចក្តីពិតអាចជំរុញដួងចិត្តដែលស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនពួកគេ និងនាំពួកគេមកកាន់តែជិតព្រះជាម្ចាស់។ នៅក្នុងចំណុចនេះ យើងអាចធ្វើការវាស់ស្ទង់បានថាតើផ្លូវនេះគឺជាផ្លូវពិតប្រាកដឬយ៉ាងណា។ អ្វីដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតនោះគឺ មិនថាផ្លូវនេះពិតជាក់ស្ដែងជាងអធិធម្មជាតិ ហើយមិនថាវាអាចផ្ដល់ជីវិតដល់មនុស្សបានឬអត់នោះទេ។ ប្រសិនបើវាស្របទៅតាមគោលការណ៍ទាំងនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ផ្លូវនេះគឺជាផ្លូវដ៏ពិត។ ខ្ញុំមានបន្ទូលទាំងអស់នេះ មិនមែនដើម្បីឱ្យអ្នករាល់គ្នាទទួលយកផ្លូវផ្សេងទៀតនៅក្នុងបទពិសោធនាពេលអនាគតរបស់អ្នកទេ ហើយក៏មិនមែនជាការទស្សន៍ទាយដែលថានឹងមានកិច្ចការនៃសម័យថ្មីមួយក្នុងពេលអនាគតនោះដែរ។ ខ្ញុំមានបន្ទូលទាំងអស់នេះ ដើម្បីឱ្យអ្នករាល់គ្នាអាចច្បាស់ថា ផ្លូវសព្វថ្ងៃនេះ គឺជាផ្លូវពិត ប្រយោជន៍កុំឱ្យអ្នករាល់គ្នាគ្រាន់តែមិនសូវប្រាកដនៅក្នុងជំនឿរបស់អ្នកចំពោះកិច្ចការនៅបច្ចុប្បន្ននេះ និងមិនអាចយល់ដឹងស៊ីជម្រៅអំពីកិច្ចការនោះ។ មានមនុស្សជាច្រើននាក់ ក្រៅពីច្បាស់ក្នុងចិត្តហើយ នៅតែបន្តដើរក្នុងការវង្វេងដដែល។ ភាពច្បាស់លាស់បែបនេះ ពុំមានគោលការណ៍នៅក្នុងនោះទេហើយមិនយូរមិនឆាប់ មនុស្សបែបនេះនឹងត្រូវជម្រុះចោល។ សូម្បីតែអស់អ្នកដែលក្លៀវក្លានៅក្នុងការដើរតាមរបស់ខ្លួន ក៏មានបីភាគដែលប្រាកដ ហើយប្រាំភាគមិនប្រាកដដែរ ដែលនេះបង្ហាញថា ពួកគេពុំមានមូលដ្ឋានគ្រឹះសោះឡើយ។ ដោយសារគុណសម្បត្តិរបស់អ្នករាល់គ្នាអន់ខ្សោយខ្លាំងពេក ហើយមូលដ្ឋានគ្រឹះរបស់អ្នករាក់កំផែលខ្លាំងពេក នោះអ្នករាល់គ្នាពុំមានការយល់ដឹងអំពីការបែងចែកភាពខុសគ្នាឡើយ។ ព្រះជាម្ចាស់មិនបំពេញកិច្ចការរបស់ទ្រង់ម្ដងទៀតឡើយ ទ្រង់មិនធ្វើកិច្ចការដែលមិនជាក់ស្ដែងឡើយ ទ្រង់មិនតម្រូវលើសលប់ពីមនុស្សឡើយ ហើយទ្រង់ក៏មិនបំពេញកិច្ចការដែលហួសពីហេតុផលជាមនុស្សដែរ។ គ្រប់កិច្ចការដែលទ្រង់ធ្វើគឺសុទ្ធតែស្ថិតក្នុងព្រំដែនហេតុផលប្រក្រតីរបស់មនុស្ស និងមិនលើសពីហេតុផលនៃភាពជាមនុស្សធម្មតាឡើយ ហើយកិច្ចការរបស់ទ្រង់ ត្រូវធ្វើឡើងស្របទៅតាមសេចក្ដីតម្រូវប្រក្រតីរបស់មនុស្ស។ ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះមនុស្សនឹងកាន់តែប្រក្រតីទៅៗ ហើយភាពជាមនុស្សរបស់ពួកគេ ក៏កាន់តែប្រក្រតីទៅៗដែរ។ មនុស្សទទួលបានចំណេះដឹងច្រើនអំពីនិស្ស័យពុករលួយរបស់ពួកគេដែលមកពីសាតាំង និងសារជាតិរបស់មនុស្ស ហើយពួកគេក៏នឹងចង់បានសេចក្តីពិតកាន់តែធំធេងជាងមុនដែរ។ នេះគឺអាចនិយាយបានថា ជីវិតរបស់មនុស្សធំធាត់ឡើងៗ ហើយនិស្ស័យពុករលួយរបស់មនុស្សកាន់តែអាចបំផ្លាស់បំប្រែបានច្រើនជាងមុន ដែលគ្រប់ការទាំងអស់នេះគឺជាអត្ថន័យនៃការដែលព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស។ ប្រសិនបើផ្លូវមួយមិនអាចសម្ដែងឱ្យយល់នូវចំណុចទាំងអស់ ដែលជាសារជាតិរបស់មនុស្សនេះបាន មិនបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបាន ហើយលើសពីនោះមិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន ឬផ្ដល់ឱ្យពួកគេនូវការយល់ដឹងដ៏ពិតប្រាកដអំពីព្រះជាម្ចាស់បាន ហើយថែមទាំងបណ្ដាលឱ្យភាពជាមនុស្សរបស់ពួកគេកាន់តែទាបទៅៗ និងធ្វើឱ្យហេតុផលរបស់ពួកគេកាន់តែមិនធម្មតាទៅៗ នោះផ្លូវនេះច្បាស់ជាមិនមែនជាផ្លូវដ៏ពិតឡើយ ហើយវាអាចជាកិច្ចការរបស់វិញ្ញាណអាក្រក់ ឬជាផ្លូវចាស់។ និយាយឱ្យខ្លី វាមិនអាចជាកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែអ្នកគ្មានចំណេះដឹងបន្តិចសោះអំពីគោលការណ៍សម្រាប់ការបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវមិនពិត ឬសម្រាប់ស្វែងរកផ្លូវពិត។ មនុស្សភាគច្រើន មិនទាំងចាប់អារម្មណ៍លើបញ្ហាទាំងនេះផង។ ពួកគេគ្រាន់តែទៅកន្លែងណាដែលមនុស្សភាគច្រើនទៅ និងនិយាយដដែលៗពីអ្វីដែលមនុស្សភាគច្រើននិយាយប៉ុណ្ណោះ។ ចុះទម្រាំមនុស្សណាម្នាក់ដែលស្វែងរកផ្លូវដ៏ពិតវិញនោះ? ហើយចុះតើមនុស្សបែបនេះអាចស្វែងរកផ្លូវពិតបានដោយរបៀបណា? ប្រសិនបើអ្នកយល់ពីគោលការណ៍គន្លឹះមួយចំនួននេះបាន មិនថាមានអ្វីកើតឡើងនោះទេ អ្នករាល់គ្នានឹងមិនត្រូវបានគេបំភាន់ឡើយ។ បច្ចុប្បន្ននេះ វាសំខាន់ខ្លាំងណាស់ដែលមនុស្សអាចបែងចែកភាពខុសគ្នាបាន។ នេះគឺជាអ្វីដែលភាពជាមនុស្សធម្មតាគប្បីមាននៅក្នុងខ្លួន ហើយនេះគឺជាអ្វីដែលមនុស្សត្រូវមាននៅក្នុងបទពិសោធរបស់ពួកគេ។ សូម្បីតែបច្ចុប្បន្ននេះ ប្រសិនបើមនុស្សនៅតែមិនអាចបែងចែកភាពខុសគ្នាបាននៅក្នុងដំណើរការនៃការដើរតាមនេះ ហើយប្រសិនបើញ្ញាណរបស់មនុស្សមិនរីកចម្រើនធំធាត់ទេនោះ មនុស្សគឺល្ងង់ខ្លៅខ្លាំងណាស់ហើយការស្វែងរករបស់ពួកគេត្រូវយល់ច្រលំ និងងាករេ។ នៅក្នុងការស្វែងរករបស់អ្នកនាពេលសព្វថ្ងៃនេះ គ្មានការបែងចែកភាពខុសគ្នាសូម្បីបន្តិចសោះឡើយ ហើយវាជាការពិត ដែលអ្នកនិយាយថា អ្នកបានរកឃើញនូវផ្លូវដ៏ពិតនេះ ប៉ុន្ដែតើអ្នកបានទទួលវាហើយឬនៅ? តើអ្នកអាចបែងចែកភាពខុសគ្នានៃអ្វីមួយបានហើយឬនៅ? តើអ្វីទៅជាសារជាតិនៃផ្លូវពិត? នៅក្នុងផ្លូវពិត អ្នកមិនបានទទួលនូវផ្លូវពិតទេ។ អ្នកមិនបានទទួលនូវអ្វីដែលជាសេចក្តីពិតឡើយ។ នេះមានន័យថា អ្នកមិនបានសម្រេចនូវចំណុចដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកធ្វើនោះទេ ហេតុនេះ សេចក្តីពុករលួយរបស់អ្នក ពុំបានបំផ្លាស់បំប្រែឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកដោយរបៀបនេះ នោះនៅទីបំផុត អ្នកនឹងត្រូវជម្រុះចោល។ ការដែលបានដើរតាមរហូតមកដល់ពេលបច្ចុប្បន្ននេះអ្នកគប្បីប្រាកដថា ផ្លូវដែលអ្នកបានជ្រើសរើស គឺជាផ្លូវត្រឹមត្រូវ ហើយពុំគួរមានការងឿងឆ្ងល់អ្វីបន្ថែមទៀតឡើយ។ មនុស្សជាច្រើន តែងតែមានភាពមិនច្បាស់លាស់ និងឈប់ដេញតាមសេចក្តីពិតដោយសារបញ្ហាតូចតាចមួយចំនួន។ មនុស្សបែបនេះ គឺជាមនុស្សដែលគ្មានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេជាមនុស្សដែលដើរតាមព្រះជាម្ចាស់ក្នុងសេចក្តីភាន់ច្រឡំ។ មនុស្សដែលមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់មិនអាចក្លាយជាមនុស្សជំនិតរបស់ទ្រង់បានឡើយ ឬមិនអាចធ្វើទីបន្ទាល់អំពីទ្រង់បានឡើយ។ ខ្ញុំសូមទូន្មានដល់អស់អ្នកណាដែលគ្រាន់តែស្វែងរកព្រះពរ និងគ្រាន់តែស្វែងរកអ្វីដែលស្រពេចស្រពិល និងអរូបីថា ត្រូវស្វែងរកសេចក្តីពិតឱ្យបានឆាប់ ដើម្បីឱ្យជីវិតរបស់ពួកគេអាចមានន័យ។ ចូរកុំបោកបញ្ឆោតខ្លួនឯងទៀតអី!