អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក

តាមទស្សនៈរបស់មនុស្សលោក ពូជពង្សម៉ូអាប់មិនអាចត្រូវបានធ្វើឱ្យបានពេញខ្នាតបានឡើយ ហើយពួកគេក៏ពុំមាននូវលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការនេះដែរ។ ផ្ទុយទៅវិញ ពូជពង្សហ្លួងដាវីឌមានសង្ឃឹមយ៉ាងប្រាកដ ហើយពិតជាអាចទទួលបានភាពពេញខ្នាត។ ប្រសិនបើនរណាម្នាក់ជាពូជពង្សរបស់ម៉ូអាប់ ពួកគេមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតបានឡើយ។ សូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនដឹងពីសារៈសំខាន់នៃកិច្ចការដែលកំពុងធ្វើនៅក្នុងចំណោមអ្នករាល់គ្នា។ នៅដំណាក់កាលនេះ អ្នករាល់គ្នានៅតែរក្សាក្ដីសង្ឃឹមនាពេលអនាគតរបស់ខ្លួននៅក្នុងដួងចិត្តដដែល ហើយស្ទាក់ស្ទើរក្នុងការបោះបង់ចោលក្ដីសង្ឃឹមនោះ។ គ្មាននរណាម្នាក់ខ្វល់ពីមូលហេតុដែលសព្វថ្ងៃនេះព្រះជាម្ចាស់ទើបតែជ្រើសរើសធ្វើការកែប្រែក្រុមមនុស្សដែលគ្មានតម្លៃបំផុតដូចអ្នករាល់គ្នានោះទេ។ តើអាចទេថា ទ្រង់បានធ្វើខុសក្នុងកិច្ចការនេះ? តើកិច្ចការនេះ ជាការធ្វេសប្រហែសមួយភ្លែតមែនទេ? តើហេតុអ្វីបានជាព្រះជាម្ចាស់ដែលតែងតែជ្រាបតាំងពីដើមរហូតមកហើយថាអ្នករាល់គ្នាជាកូនចៅរបស់ម៉ូអាប់ យាងចុះមកធ្វើការក្នុងចំណោមអ្នករាល់គ្នា យ៉ាងប្រាកដដូច្នេះ? តើរឿងនេះមិនដែលកើតឡើងចំពោះអ្នករាល់គ្នាទេឬ? តើព្រះជាម្ចាស់មិនដែលព្រះតម្រិះអំពីរឿងនេះទេឬនៅពេលធ្វើកិច្ចការរបស់ទ្រង់? តើទ្រង់មានឥរិយាបថបែបក្រអឺតក្រទមមែនទេ? តើទ្រង់មិនបានដឹងតាំងពីដំបូងថា អ្នករាល់គ្នាជាពូជពង្សរបស់ម៉ូអាប់មែនទេ? តើអ្នករាល់គ្នាមិនចេះពិចារណាពីរឿងទាំងនេះទេឬ? តើសញ្ញាណរបស់អ្នករាល់គ្នាទៅណាអស់ហើយ? តើការរិះគិតហ្មត់ចត់របស់អ្នករាល់គ្នា វង្វេងអស់ហើយមែនទេ? តើភាពឆ្លាតវៃ និងប្រាជ្ញារបស់អ្នករាល់គ្នា ទៅណាបាត់ហើយ? តើពិតទេថា អ្នករាល់គ្នាមានឫកពាអធ្យាស្រ័យល្អ ដល់ថ្នាក់អ្នកមិនយកចិត្តទុកដាក់លើបញ្ហាតូចតាចមែនទេ? ចិត្តរបស់អ្នករាល់គ្នាងាយញាប់ញ័របំផុតចំពោះរឿងរ៉ាវផ្សេងៗដូចជា ក្ដីសង្ឃឹមនាពេលអនាគត និងវាសនាផ្ទាល់ខ្លួន ប៉ុន្តែចំពោះរឿងផ្សេងៗវិញ វាបែរជាស្ពឹក មិនសូវវាងវៃ និងល្ងង់ខ្លៅមែនទែន។ តើអ្នករាល់គ្នាជឿលើអ្វីទៅនៅលើផែនដីនេះ? ក្ដីសង្ឃឹមនាពេលអនាគត? ឬក៏ព្រះជាម្ចាស់? តើអ្វីគ្រប់យ៉ាងដែលអ្នកជឿ មិនមែនជាទិសដៅដ៏ស្រស់ត្រកាលរបស់អ្នកទេឬអី? តើវាមិនមែនជាក្ដីសង្ឃឹមនាពេលអនាគតរបស់អ្នកទេឬអី? តើពេលនេះអ្នកយល់ដឹងអំពីផ្លូវជីវិតបានប៉ុនណាហើយ? តើអ្នកទទួលបានប៉ុនណាហើយ? តើអ្នកគិតថា កិច្ចការដែលកំពុងធ្វើទៅលើពូជពង្សរបស់ម៉ូអាប់ឥឡូវនេះ ត្រូវបានធ្វើឡើងដើម្បីបំបាក់មុខអ្នករាល់គ្នាមែនទេ? តើកិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានចេតនាបើកឱ្យឃើញភាពអាក្រក់របស់អ្នករាល់គ្នាមែនទេ? តើកិច្ចការនេះត្រូវបានធ្វើឡើងដោយមានបំណងធ្វើឱ្យអ្នករាល់គ្នាទទួលយកការវាយផ្ចាល រួចបោះអ្នករាល់គ្នាចូលក្នុងបឹងភ្លើងមែនទេ? ខ្ញុំមិនធ្លាប់មានបន្ទូលថា អ្នករាល់គ្នាមិនមានក្ដីសង្ឃឹមនាពេលអនាគតទេ ក៏រឹតតែមិនធ្លាប់មានបន្ទូលថា អ្នករាល់គ្នាត្រូវតែរងនូវការបំផ្លាញ ឬទទួលរងសេចក្ដីហិនវិនាសនោះដែរ។ តើខ្ញុំបានប្រកាសអំពីរឿងបែបនេះ ជាសាធារណៈមែនទេ? អ្នកនិយាយថា អ្នកគ្មានសង្ឃឹម ប៉ុន្តែតើនេះមិនមែនជាការសន្និដ្ឋានដែលអ្នកបានធ្វើដោយខ្លួនឯងទេឬអី? តើនេះមិនមែនជាផលនៃផ្នត់គំនិតផ្ទាល់ខ្លួនរបស់អ្នកទេឬអី? តើការសន្និដ្ឋានផ្ទាល់ខ្លួនរបស់អ្នកយកជាការដែរឬទេ? ប្រសិនបើខ្ញុំមានបន្ទូលថា អ្នករាល់គ្នាមិនទទួលបានព្រះពរទេ នោះអ្នករាល់គ្នានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញជាប្រាកដ ហើយប្រសិនបើខ្ញុំមានបន្ទូលថា អ្នករាល់គ្នាទទួលបានព្រះពរ នោះអ្នករាល់គ្នានឹងមិនទទួលរងការបំផ្លាញជាដាច់ខាត។ ខ្ញុំគ្រាន់តែមានបន្ទូលថា អ្នករាល់គ្នាគឺជាពូជពង្សរបស់ម៉ូអាប់ ខ្ញុំមិនបានមានបន្ទូលថា អ្នករាល់គ្នានឹងត្រូវរងការបំផ្លាញនោះទេ។ ពូជពង្សរបស់ម៉ូអាប់គ្រាន់តែត្រូវបណ្ដាសា និងជាពូជនៃមនុស្សពុករលួយតែប៉ុណ្ណោះ។ អំពើបាបត្រូវបានលើកឡើងមុននេះរួចហើយ តើអ្នករាល់គ្នាមិនមែនសុទ្ធតែមានបាបគ្រប់គ្នាទេឬអី? តើមនុស្សមានបាបទាំងអស់ មិនមែនសុទ្ធតែត្រូវបានសាតាំងធ្វើឱ្យពុករលួយទេឬអី? តើមនុស្សមានបាបទាំងអស់មិនផ្គើន និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ទេឬអី? តើអ្នកដែលផ្គើនប្រឆាំងនឹងព្រះ ជាម្ចាស់ មិនត្រូវបណ្តាសាទេឬអី? តើមនុស្សមានបាបទាំងអស់មិនមែនសុទ្ធតែត្រូវវិនាសទេឬអី? ចំពោះករណីនោះ ក្នុងចំណោមមនុស្សខាងសាច់ឈាម តើនរណាខ្លះអាចត្រូវបានសង្គ្រោះ? តើអ្នករាល់គ្នា អាចរស់រានរហូតមកដល់ថ្ងៃនេះបានយ៉ាងដូចម្តេច? អ្នករាល់គ្នាបានដឹងក្ដីបែបអវិជ្ជមាន ព្រោះអ្នកជាពូជពង្សរបស់ម៉ូអាប់ តើអ្នករាល់គ្នាមិនត្រូវរាប់ជាមនុស្សដែលមានបាបនឹងគេដែរទេឬអី? តើអ្នករាល់គ្នារស់នៅរហូតដល់ថ្ងៃនេះ បានយ៉ាងដូចម្ដេច? នៅពេលនិយាយពីភាពគ្រប់លក្ខណ៍ អ្នករាល់គ្នារីករាយណាស់។ បន្ទាប់ពីឮថា អ្នករាល់គ្នាត្រូវតែឆ្លងកាត់នូវមហាទុក្ខវេទនា អ្នករាល់គ្នាបែរជាមានអារម្មណ៍ថា រឿងនេះធ្វើឱ្យអ្នករាល់គ្នាទទួលបានព្រះពរកាន់តែច្រើនទៅវិញ។ អ្នករាល់គ្នាគិតថា អ្នករាល់គ្នាអាចក្លាយជាអ្នកឈ្នះ ក្រោយពេលឆ្លងផុតពីមហាទុក្ខវេទនា ហើយគិតលើសពីនេះទៅទៀតថា នេះជាព្រះពរដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងជាការលើកតម្កើងដ៏ខ្ពង់ខ្ពស់របស់ទ្រង់ចំពោះអ្នករាល់គ្នា។ នៅពេលនិយាយអំពីម៉ូអាប់ នោះចលាចលក៏កើតឡើងក្នុងចំណោមអ្នករាល់គ្នា មនុស្សទាំងចាស់ទាំងក្មេងមានអារម្មណ៍សោកសៅដែលមិនអាចពណ៌នាបានដូចគ្នា ហើយអ្នករាល់គ្នាមិនមានសេចក្តីអំណរនៅក្នុងដួងចិត្តរបស់ខ្លួនទាល់តែសោះ អ្នករាល់គ្នាក៏សោកស្តាយដែលបានកើតមក។ អ្នករាល់គ្នាមិនយល់ពីសារៈសំខាន់នៃកិច្ចការនៅក្នុងដំណាក់កាលដែលកំពុងធ្វើទៅលើពូជពង្សរបស់ម៉ូអាប់នេះទេ អ្នករាល់គ្នាដឹងតែស្វះស្វែងរកមុខតំណែងខ្ពស់ៗតែប៉ុណ្ណោះ ហើយនៅពេលណាអ្នករាល់គ្នាដឹងថាឥតមានសង្ឃឹមទេ អ្នករាល់គ្នាក៏ត្រឡប់ទៅរកជំនឿចាស់វិញ។ នៅពេលនិយាយអំពីភាពគ្រប់លក្ខណ៍ និងទិសដៅអនាគត អ្នករាល់គ្នាមានអារម្មណ៍រីករាយ អ្នករាល់គ្នាដាក់ជំនឿរបស់ខ្លួនឯងលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ និងដើម្បីឱ្យខ្លួនឯងអាចមានទិសដៅដ៏ល្អមួយ។ ឥឡូវនេះ មនុស្សមួយចំនួនមានអារម្មណ៍ភិតភ័យដោយសារតែឋានៈរបស់ពួកគេ។ ដោយសារតែពួកគេពុំសូវគេឱ្យតម្លៃ និងឋានៈតូចទាប ពួកគេមិនចង់ស្វះស្វែងរកឱ្យបានភាពគ្រប់លក្ខណ៍ទេ។ កាលពីដំបូង ភាពគ្រប់លក្ខណ៍ត្រូវបានលើកមកនិយាយ ហើយបន្ទាប់មកក៏មានការលើកឡើងអំពីពូជពង្សរបស់ម៉ូអាប់ ដូច្នេះមនុស្សក៏បានបដិសេធផ្លូវនៃភាពគ្រប់លក្ខណ៍ដែលបានលើកឡើងពីមុន។ នេះក៏ព្រោះតែតាំងពីដើមដល់ចប់ អ្នករាល់គ្នាមិនដែលដឹងពីសារៈសំខាន់នៃកិច្ចការនេះទេ ហើយអ្នករាល់គ្នាក៏មិនខ្វល់ពីសារៈសំខាន់របស់វាដែរ។ អ្នករាល់គ្នាពុំមានកេរ្តិ៍ឈ្មោះនឹងគេ ហើយមិនអាចស៊ូទ្រាំបាន សូម្បីតែការរំខានដ៏តិចតួចបំផុត។ នៅពេលអ្នកយល់ថា ឋានៈខ្លួនឯងទាបខ្លាំងពេក អ្នកក្លាយជាអគតិ ហើយបាត់បង់ទំនុកចិត្តក្នុងការស្វះស្វែងរកបន្តទៀត។ មនុស្សគ្រាន់តែចាត់ទុកការទទួលបានព្រះគុណ និងការរីករាយក្នុងសេចក្ដីសុខសាន្ត ជានិមិត្តរូបនៃជំនឿប៉ុណ្ណោះ ហើយគេយល់ថា ការស្វះស្វែងរកព្រះពរទើបជាមូលដ្ឋានសម្រាប់ជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់។ មានមនុស្សតិចតួចណាស់ដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ ឬស្វះស្វែងរកការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ក្នុងជំនឿរបស់ពួកគេ មនុស្សប្រឹងប្រែងធ្វើឱ្យព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេនូវទិសដៅដ៏សមរម្យមួយ ព្រមទាំងព្រះគុណទាំងអស់ដែលពួកគេត្រូវការក្នុងជំនឿរបស់ពួកគេ ដើម្បីធ្វើឱ្យទ្រង់ក្លាយជាអ្នកបម្រើរបស់ពួកគេ ដើម្បីឱ្យទ្រង់រក្សាសម្ពន្ធភាពដែលប្រកបដោយភាពសុខសាន្ត និងមេត្រីភាពជាមួយនឹងពួកគេ ហេតុដូច្នេះ មិនថាពេលណានោះទេ ទំនាស់រវាងព្រះជាម្ចាស់ និងពួកគេ នឹងមិនមានជាដរាប។ មានន័យថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ទាមទារឱ្យទ្រង់សន្យា ធ្វើការបំពេញតាមតម្រូវការទាំងអស់របស់ពួកគេ និងផ្ដល់ឱ្យពួកគេនូវអ្វីៗដែលពួកគេអធិស្ឋាន សុំជាថ្នូរនឹងការរក្សាព្រះបន្ទូលដែលពួកគេបានអានក្នុងព្រះគម្ពីរថា «ខ្ញុំនឹងស្ដាប់ការអធិស្ឋានទាំងអស់របស់អ្នករាល់គ្នា»។ ពួកគេរំពឹងថា ព្រះជាម្ចាស់នឹងមិនជំនុំជម្រះ ឬដោះស្រាយជាមួយនរណាម្នាក់ឡើយ ដ្បិតទ្រង់គឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ប្រកបដោយសេចក្ដីមេត្តាករុណា ជាព្រះដែលរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ពេល និងគ្រប់ទីកន្លែងរហូតមក។ នេះជារបៀបដែលមនុស្សជឿលើព្រះជាម្ចាស់៖ ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយមិនចេះខ្មាសអៀនតែម្ដងដោយជឿថា មិនថាពួកគេបះបោរ ឬស្ដាប់បង្គាប់នោះទេ ទ្រង់នឹងនៅតែផ្ដល់អ្វីគ្រប់យ៉ាងឱ្យពួកគេទាំងងងឹតងងល់។ ពួកគេគ្រាន់តែ «ទារបំណុល» ជាបន្តពីព្រះជាម្ចាស់ដោយជឿថា ទ្រង់ត្រូវតែ «បង់សង» ពួកគេដោយគ្មានការតវ៉ា ហើយលើសពីនេះទៅទៀត គឺទ្រង់ត្រូវបង់ទ្វេដង។ ពួកគេគិតថា ទោះបីជាព្រះជាម្ចាស់មិនបានទទួលអ្វីពីពួកគេក៏ដោយ ក៏ពួកគេនៅតែអាចបញ្ជាទ្រង់ដោយឧបាយបានដែរ ហើយទ្រង់មិនអាចចាត់ចែងមនុស្សយ៉ាងហ្មត់ចត់តាមអំពើចិត្តបានដែរ និងកាន់តែមិនអាចបើកសម្ដែងឱ្យមនុស្សស្គាល់ប្រាជ្ញាញាណ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលត្រូវបានលាក់កំបាំងអស់ជាច្រើនឆ្នាំមកហើយ នៅពេលណាដែលទ្រង់ចង់ឱ្យគេដឹង និងដោយគ្មានការអនុញ្ញាតពីពួកគេបានឡើយ។ ពួកគេគ្រាន់តែលន់តួបាបរបស់ពួកគេចំពោះព្រះជាម្ចាស់ដោយជឿថា ព្រះជាម្ចាស់នឹងនៅតែលើកលែងទោសបាបឱ្យពួកគេជឿថា ទ្រង់នឹងមិនធុញធុញទ្រាន់នឹងការធ្វើដូច្នោះទេ ហើយជឿថា ការនេះនឹងបន្តទៅបែបនេះជារៀងរហូត។ ពួកគេនៅតែបញ្ជាព្រះជាម្ចាស់ទាំងបង្ខំដោយជឿថា ទ្រង់នឹងនៅតែស្ដាប់តាមពួកគេ ព្រោះក្នុងព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់មិនបានយាងមកដើម្បីឱ្យមនុស្សលោកបម្រើទ្រង់ទេ ប៉ុន្តែទ្រង់បានយាងមកដើម្បីបម្រើពួកគេវិញ ហើយទ្រង់គង់ទីនេះ ដើម្បីធ្វើជាអ្នកបម្រើរបស់ពួកគេ។ តើអ្នករាល់គ្នាមិនមែនជឿបែបនេះរហូតមកទេមែនទេ? នៅរាល់ពេលដែលអ្នករាល់គ្នាមិនអាចទទួលបានអ្វីមួយពីព្រះជាម្ចាស់ អ្នករាល់គ្នាចង់រត់ចេញពីទ្រង់នៅពេលអ្នករាល់គ្នាមិនយល់ពីអ្វីមួយ អ្នករាល់គ្នាក៏អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ថែមទាំងហ៊ានដល់ថ្នាក់និយាយនូវ សម្ដីត្រគោះបក់បោកសព្វបែបយ៉ាង បំពានទ្រង់ផង។ អ្នករាល់គ្នាមិនព្រមឱ្យព្រះជាម្ចាស់បង្ហាញនូវប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ឱ្យបានពេញលេញ ដោយផ្ទាល់ព្រះអង្គសោះ ផ្ទុយទៅវិញ អ្នករាល់គ្នាចង់តែសប្បាយនឹងភាពស្រាកស្រាន្ត និងភាពស្រណុកសុខស្រួលបណ្តោះអាសន្នប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ អាកប្បកិរិយានៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ មានត្រឹមតែជាទស្សនៈចាស់គំរិលដដែល។ ប្រសិនបើព្រះជាម្ចាស់បង្ហាញឱ្យអ្នករាល់គ្នាឃើញឫទ្ធានុភាពតែបន្តិច អ្នករាល់គ្នាមិនសប្បាយចិត្តឡើយ។ តើពេលនេះអ្នករាល់គ្នាឃើញច្បាស់ទេថា ឋានៈរបស់អ្នករាល់គ្នាធំប៉ុនណា? កុំស្មានថា អ្នករាល់គ្នាសុទ្ធសឹងតែស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅពេលដែលការពិតទស្សនៈដ៏ចាស់គំរិលរបស់អ្នករាល់គ្នាមិនបានផ្លាស់ប្ដូរសោះនោះ។ នៅពេលគ្មានរឿងអ្វីកើតមានដល់អ្នក អ្នកជឿថាអ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចមួយដ៏ខ្ពស់។ នៅពេលរឿងតូចតាចអ្វីមួយកើតឡើងចំពោះអ្នក អ្នកក៏ធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង។ តើនេះឬជាការស្មោះត្រង់ចំពោះព្រះជាម្ចាស់?

ប្រសិនបើដំណាក់កាលចុងក្រោយនៃកិច្ចការនៃការយកឈ្នះ ត្រូវចាប់ផ្តើមនៅក្នុងប្រទេសអ៊ីស្រាអែល នោះកិច្ចការនៃការយកឈ្នះនេះនឹងគ្មានន័យទេ។ កិច្ចការនេះមានសារៈសំខាន់បំផុត ពេលត្រូវបានធ្វើនៅក្នុងប្រទេសចិន និងពេលដែលវាធ្វើលើមនុស្សដូចអ្នករាល់គ្នា។ អ្នករាល់គ្នា គឺជាមនុស្សអន់ជាទីបំផុត ជាមនុស្សដែលមានឋានៈតូចទាបបំផុត អ្នករាល់គ្នាគឺជាមនុស្សដែលមានវណ្ណៈតូចទាបបំផុតក្នុងសង្គមនេះ ហើយអ្នកគឺជាមនុស្សដែលស្គាល់ព្រះជាម្ចាស់បានតិចបំផុតតាំងពីដំបូង។ អ្នករាល់គ្នាគឺជាមនុស្សដែលបានវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ជាងគេ ហើយជាមនុស្សដែលរងទុក្ខវេទនាធ្ងន់ធ្ងរបំផុត។ ដោយសារតែកិច្ចការក្នុងដំណាក់កាលនេះ គឺសម្រាប់តែជាប្រយោជន៍ដល់ការធ្វើចម្បាំងប៉ុណ្ណោះ ដែលអ្នករាល់គ្នាទទួលការជ្រើសរើសធ្វើជាស្មរបន្ទាល់នាថ្ងៃអនាគត តើវាមិនស័ក្ដិសមបំផុតទេឬអី? ប្រសិនបើជំហានដំបូងនៃកិច្ចការនៃការយកឈ្នះនេះមិនត្រូវបានធ្វើលើអ្នករាល់គ្នាទេ នោះកិច្ចការនៃការយកឈ្នះដែលនឹងត្រូវមកដល់ មុខជាពិបាកឈានទៅមុខ ដ្បិតកិច្ចការនៃការយកឈ្នះក្រោយៗមកទៀតនឹងសម្រេចបាននូវលទ្ធផល ដោយផ្អែកលើការពិតនៃកិច្ចការដែលកំពុងធ្វើនាពេលសព្វថ្ងៃនេះ។ កិច្ចការនៃការយកឈ្នះនាពេលបច្ចុប្បន្ននេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចការនៃការយកឈ្នះទាំងមូលប៉ុណ្ណោះ។ អ្នករាល់គ្នាគឺជាក្រុមមនុស្សដំបូងដែលត្រូវបានយកឈ្នះ។ អ្នករាល់គ្នាគឺជាតំណាងមនុស្សជាតិទាំងអស់គ្នាដែលនឹងត្រូវយកឈ្នះ។ មនុស្សដែលពិតជាមានចំណេះដឹង គេនឹងឃើញថា កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃនេះ គឺអស្ចារ្យណាស់ ហើយទ្រង់មិនត្រឹមតែធ្វើឱ្យមនុស្សស្គាល់ចរិតបះបោររបស់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ តែថែមទាំងបើកសម្ដែងឱ្យគេស្គាល់ឋានៈរបស់ខ្លួនឯងទៀតផង។ គោលបំណង និងអត្ថន័យនៃព្រះបន្ទូលរបស់ទ្រង់ គឺមិនមែនដើម្បីបង្ខូចទឹកចិត្តមនុស្ស ហើយក៏មិនមែនដើម្បីផ្ដួលរំលំពួកគេដែរ។ តែវាគឺសម្រាប់ឱ្យពួកគេទទួលបានការបំភ្លឺ និងសេចក្ដីសង្គ្រោះតាមរយៈព្រះបន្ទូលរបស់ទ្រង់។ វាគឺដើម្បីដាស់ស្មារតីរបស់ពួកគេដោយប្រើព្រះបន្ទូលរបស់ទ្រង់។ ចាប់តាំងពីពេលបង្កើតពិភពលោកមក មនុស្សលោកបានរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ទាំងមិនដឹង និងមិនជឿថា មានព្រះជាម្ចាស់នោះទេ។ ការដែលមនុស្សទាំងអស់នេះអាចត្រូវបានបញ្ចូលទៅក្នុងសេចក្ដីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងអាចត្រូវបានព្រះអង្គលើកតម្កើងយ៉ាងអស្ចារ្យ គឺពិតជាបង្ហាញឱ្យឃើញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប្រាកដណាស់។ អស់អ្នកដែលយល់ដឹងពិតប្រាកដ គេនឹងជឿរឿងនេះ។ ចុះចំណែកអស់អ្នកដែលមិនមានចំណេះដឹងបែបនេះវិញ? ពួកគេនឹងនិយាយថា «អា៎! ព្រះជាម្ចាស់មានបន្ទូលថា យើងជាពូជពង្សរបស់ម៉ូអាប់ ទ្រង់មានព្រះបន្ទូលបែបនេះ ដោយព្រះឱស្ឋរបស់ទ្រង់ផ្ទាល់។ តើយើងនៅតែអាចទទួលបានលទ្ធផលល្អដែរឬទេ? យើងជាពូជពង្សរបស់ម៉ូអាប់ ហើយយើងរឹងទទឹងនឹងទ្រង់កាលពីមុន។ ព្រះជាម្ចាស់បានយាងមកផ្ដន្ទាទោសយើង។ តើអ្នកមើលមិនឃើញពីវិធីដែលទ្រង់តែងតែកាត់ទោសយើងតាំងពីដំបូងមកម្ល៉េះទេឬអី? ព្រោះតែយើងបានរឹងទទឹងនឹងព្រះជាម្ចាស់ គឺយើងគួរតែត្រូវបានវាយផ្ចាលដោយវិធីនេះ»។ តើពាក្យទាំងនេះត្រឹមត្រូវដែរឬទេ? សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកពុករលួយ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឱ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល់ ដែលទ្រង់ធ្វើលើអ្នករាល់គ្នានាពេលសព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីជំនុំជម្រះ ដាក់បណ្ដាសា វាយផ្ចាល និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះ គឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឱ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឱ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុងនោះទេ។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឱ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិត គឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនអាចជាការវាយផ្ចាល ការជំនុំជម្រះ និងការដាក់បណ្ដាសានោះទេ។ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឱ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឱ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឱ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឱ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលពុករលួយ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឱ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឱ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក។ មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថាការជំនុំជម្រះដ៏សុចរិត ឬជាការបន្សុទ្ធ និងការវាយផ្ចាលដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូកឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយ គោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ ដូច្នេះវិធីសាស្ត្រអនុវត្តសេចក្ដីសង្គ្រោះសព្វថ្ងៃនេះ គឺមិនដូចកាលពីអតីតកាលទេ។ សព្វថ្ងៃនេះ សេចក្តីសង្គ្រោះត្រូវបាននាំមកឱ្យអ្នករាល់គ្នាតាមរយៈការជំនុំជម្រះដ៏សុចរិត ហើយនេះគឺជាឧបករណ៍ដ៏ល្អសម្រាប់បែកចែកអ្នករាល់គ្នាម្នាក់ៗទៅតាមជំពូក។ លើសពីនេះទៅទៀត ការវាយប្រដៅដែលគ្មានមេត្តា ដើរតួជាសេចក្ដីសង្គ្រោះដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នា ហើយតើអ្នករាល់គ្នាមានអ្វីត្រូវនិយាយនៅចំពោះមុខការវាយផ្ចាល និងការជំនុំជម្រះបែបនេះ? តើអ្នករាល់គ្នាមិនមែនរីករាយនឹងសេចក្ដីសង្គ្រោះតាំងពីដើមរហូតដល់ចប់ទេឬអី? អ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ចាប់បដិសន្ធិ និងបានដឹងពីសព្វានុភាព និងប្រាជ្ញារបស់ទ្រង់។ បន្ថែមពីលើនេះ អ្នកបានឆ្លងកាត់ការវាយផ្ចាល និងការលត់ដំម្តងហើយម្តងទៀតដែរ។ យ៉ាងណាមិញ តើអ្នករាល់គ្នាមិនបានទទួលព្រះគុណដ៏ខ្ពស់បំផុតដែរទេឬអី? តើព្រះពររបស់អ្នករាល់គ្នា មិនប្រសើរជាងព្រះពររបស់អ្នកដទៃទេឬអី? ព្រះគុណរបស់អ្នករាល់គ្នា គឺច្រើនជាងសិរីល្អ និងភោគទ្រព្យដែលព្រះបាទសាឡូម៉ូនមានទៅទៀត! ចូរគិតមើលទៅថា៖ ប្រសិនបើខ្ញុំមានបំណងយាងមកផ្ដន្ទាទោស និងដាក់ទោសអ្នករាល់គ្នា មិនមែនមកសង្គ្រោះអ្នករាល់គ្នាមែននោះ តើអាយុអ្នករាល់គ្នាអាចនៅយូរដល់ម្ល៉ឹងទេ? តើអ្នករាល់គ្នាដែលជាមនុស្សខាងសាច់ឈាមពេញដោយអំពើបាប អាចរស់រានរហូតមកដល់សព្វថ្ងៃនេះដែរឬទេ? ប្រសិនបើគោលដៅរបស់ខ្ញុំ គឺដើម្បីតែដាក់ទោសអ្នករាល់គ្នា ចុះហេតុអ្វីបានជាខ្ញុំយកកំណើតជាសាច់ឈាម និងចាប់ផ្ដើមគ្រោងការធំដល់ម្ល៉ឹង? តើការដាក់ទោសអ្នករាល់គ្នាដែលជាមនុស្សធម្មតា មិនអាចធ្វើទៅបានដោយគ្រាន់តែបញ្ចេញព្រះបន្ទូលតែមួយម៉ាត់ទេឬអី? តើខ្ញុំនឹងនៅតែត្រូវបំផ្លាញអ្នករាល់គ្នាទៀត បន្ទាប់ពីផ្ដន្ទាទោសអ្នករាល់គ្នាតាមបំណងហើយមែនទេ? តើអ្នករាល់គ្នានៅតែមិនជឿព្រះបន្ទូលរបស់ខ្ញុំនេះទៀតឬអី? តើខ្ញុំអាចសង្គ្រោះមនុស្សលោកបានតែតាមរយៈសេចក្ដីស្រឡាញ់ និងមេត្តាករុណាទេឬអី? ឬមួយក៏ខ្ញុំអាចប្រើតែការជាប់ឆ្កាងទេទើបសង្គ្រោះមនុស្សលោកបាន? តើនិស្ស័យសុចរិតរបស់ខ្ញុំ មិនអំណោយផលដល់ការធ្វើឱ្យមនុស្សលោកស្ដាប់បង្គាប់ទាំងស្រុងទេឬអី? តើនិស្ស័យសុចរិតនេះមិនអាចសង្គ្រោះមនុស្សលោកបានទាំងស្រុងទេឬអី?

ថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងតែងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងដើម្បីសង្គ្រោះមនុស្សលោក ព្រោះខ្ញុំកំពុងថ្លែងត្រឹមព្រះបន្ទូលតែប៉ុណ្ណោះ មិនមែនកំពុងដាក់ទណ្ឌកម្មសាច់ឈាមរបស់មនុស្សលោកទេ ព្រះបន្ទូលទាំងនេះធ្វើឱ្យមនុស្សលោករស់នៅក្នុងពន្លឺ ដឹងថាមានពន្លឺ ដឹងថាពន្លឺនោះមានតម្លៃហើយរឹតតែអស្ចារ្យទៀតនោះ គឺការដឹងថា ព្រះបន្ទូលទាំងនេះផ្ដល់ប្រយោជន៍ខ្លាំងយ៉ាងណាដល់ពួកគេ ព្រមទាំងដឹងទៀតថា ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះ។ ថ្វីបើខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនអំពីការវាយផ្ចាល និងការកាត់ទោសក៏ពិតមែន ប៉ុន្តែអ្វីដែលបានបង្ហាញមកនេះ នៅមិនទាន់កើតឡើងចំពោះអ្នករាល់គ្នាមែនទែនទេ។ ខ្ញុំមកបំពេញកិច្ចការរបស់ខ្ញុំ និងសម្ដែងព្រះបន្ទូលរបស់ខ្ញុំ ហើយថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងចេញ ជាការជំនុំជម្រះទង្វើពុករលួយ និងការបះបោររបស់អ្នករាល់គ្នា។ គោលបំណងនៃទង្វើដែលខ្ញុំធ្វើបែបនេះ នៅតែដើម្បីសង្គ្រោះមនុស្សលោកពីដែនត្រួតត្រារបស់សាតាំង ខ្ញុំកំពុងប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីសង្គ្រោះមនុស្សលោក។ គោលបំណងរបស់ខ្ញុំ មិនមែនជាការធ្វើបាបមនុស្សលោក ដោយប្រើព្រះបន្ទូលរបស់ខ្ញុំទេ។ ព្រះបន្ទូលរបស់ខ្ញុំតឹងតែង គឺដើម្បីសម្រេចបានលទ្ធផលនៅក្នុងកិច្ចការរបស់ខ្ញុំ។ មានតែតាមរយៈកិច្ចការបែបនេះទេ ទើបមនុស្សលោកអាចស្គាល់ខ្លួនឯង និងផ្ដាច់ខ្លួនពីនិស្ស័យបះបោររបស់ពួកគេ។ សារៈសំខាន់ធំបំផុតនៃកិច្ចការនៃព្រះបន្ទូល គឺជាការអនុញ្ញាតឱ្យមនុស្សលោកយកសេចក្ដីពិតទៅអនុវត្ត បន្ទាប់ពីបានយល់សេចក្ដីពិតនេះ ដើម្បីអនុញ្ញាតឱ្យគេសម្រចបាននូវការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ និងឱ្យគេស្គាល់ខ្លួនឯង និងស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ មានតែការធ្វើកិច្ចការដោយការថ្លែងព្រះបន្ទូលទេ ទើបអាចធ្វើឱ្យទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សលោកកើតមានឡើងបាន ហើយមានតែព្រះបន្ទូលប៉ុណ្ណោះ ទើបអាចពន្យល់សេចក្ដីពិតបាន។ ការធ្វើការតាមរបៀបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការយកឈ្នះមនុស្សលោក។ ក្រៅពីការថ្លែងព្រះបន្ទូល គ្មានវិធីណាផ្សេងទៀតដែលអាចផ្ដល់ឱ្យមនុស្សនូវការយល់ដឹងអំពីសេចក្ដីពិត និងកិច្ចការរបស់ព្រះជាម្ចាស់ឱ្យច្បាស់ជាងនេះឡើយ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សលោក ដើម្បីបើកបង្ហាញដល់ពួកគេនូវសេចក្ដីពិត និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនទាន់យល់ដឹងនៅឡើយ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដោយអនុញ្ញាតឱ្យពួកគេទទួលបានផ្លូវពិត និងជីវិតពីព្រះជាម្ចាស់ ហើយក៏បំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ដោយព្រោះលទ្ធផលនេះ។ គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក គឺជួយឱ្យពួកគេអាចបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយកិច្ចការនេះត្រូវបានធ្វើឡើង ដើម្បីនាំសេចក្ដីសង្គ្រោះមកឱ្យពួកគេ។ ហេតុដូច្នេះហើយ ពេលទ្រង់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក ទ្រង់មិនធ្វើកិច្ចការដាក់ទោសពួកគេឡើយ។ ព្រះជាម្ចាស់មិនដាក់ទោសមនុស្សអាក្រក់ ឬផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលកំពុងនាំសេចក្ដីសង្គ្រោះមកឱ្យមនុស្សលោកទេ ហើយទ្រង់ក៏មិនបើកឱ្យគេដឹងពីទិសដៅនានារបស់មនុស្សប្រភេទផ្សេងៗគ្នាផងដែរ។ ផ្ទុយទៅវិញ ទាល់តែក្រោយពេលដែលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់បានចប់សព្វគ្រប់ទើបទ្រង់នឹងធ្វើកិច្ចការដាក់ទណ្ឌកម្មមនុស្សអាក្រក់ និងផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលនោះទើបទ្រង់នឹងបើកឱ្យដឹងពីចុងបញ្ចប់នៃមនុស្ស ប្រភេទផ្សេងៗទាំងអស់គ្នា។ មនុស្សដែលត្រូវរងការដាក់ទោស គឺជាមនុស្សដែលមិនអាចទទួលសេចក្ដីសង្គ្រោះបាន រីឯមនុស្សដែលនឹងត្រូវបានសង្គ្រោះ គឺជាមនុស្សដែលបានទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ពេលទ្រង់កំពុងធ្វើកិច្ចការសង្គ្រោះមនុស្សលោក។ ខណៈពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការសង្គ្រោះ បុគ្គលគ្រប់រូបដែលអាចបានសង្គ្រោះ នឹងត្រូវបានសង្គ្រោះ យ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ ដ្បិតគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះដល់មនុស្សលោក។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក មនុស្សណាដែលមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនូវនិស្ស័យរបស់ពួកគេ និងមនុស្សណាដែលមិនអាចចុះចូលចំពោះព្រះជាម្ចាស់បានទាំងស្រុង នឹងក្លាយជាកម្មវត្ថុសម្រាប់ការដាក់ទោស។ កិច្ចការនៃព្រះបន្ទូលដែលជាកិច្ចការក្នុងដំណាក់កាលនេះ នឹងបើកបង្ហាញដល់មនុស្សនូវផ្លូវ និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនយល់ ដើម្បីឱ្យពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវដែលព្រះជាម្ចាស់ទាមទារពួកគេ និងដើម្បីឱ្យពួកគេអាចមានលក្ខណៈចាំបាច់ទុកជាមុន សម្រាប់យកព្រះបន្ទូលទៅអនុវត្ត និងសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយមិនដាក់ទោសមនុស្ស ចំពោះការបះបោរតួចតាចទេនេះ ក៏ដោយសារតែឥឡូវនេះជាពេលវេលាធ្វើកិច្ចការសង្គ្រោះ។ បើសិនបើមនុស្សរាល់គ្នាដែលបានប្រព្រឹត្ដបែបបះបោរនឹងត្រូវបានដាក់ទោស នោះនឹងគ្មាននរណាម្នាក់មានឱកាសទទួលបានការសង្គ្រោះឡើយ។ គ្រប់គ្នានឹងត្រូវដាក់ទោស ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង។ គោលបំណងនៃព្រះបន្ទូលដែលជំនុំជម្រះមនុស្សលោក គឺដើម្បីឱ្យពួកគេស្គាល់ខ្លួនឯង ហើយចុះចូលចំពោះព្រះជាម្ចាស់ មិនមែនដើម្បីដាក់ទោសពួកគេដោយការជំនុជម្រះបែបនោះឡើយ។ ក្នុងអំឡុងពេលធ្វើកិច្ចការនៃព្រះបន្ទូល មនុស្សជាច្រើននឹងសម្ដែងចេញនូវការបះបោរ និងការរឹងទទឹងរបស់ពួកគេ ព្រមទាំងការមិនស្ដាប់បង្គាប់របស់ពួកគេ ចំពោះព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស។ តែទោះយ៉ាងណាក៏ដោយ ទ្រង់នឹងមិនដាក់ទោសមនុស្សទាំងអស់នេះ មកធ្វើជាលទ្ធផលនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់គ្រាន់តែបោះមនុស្សដែលពុករលួយដល់បណ្ដូលចិត្ត និងមនុស្សដែលមិនអាចត្រូវបានសង្គ្រោះ ទុកទៅម្ខាងសិនប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់សាច់ឈាមរបស់ពួកគេទៅឱ្យសាតាំង ហើយក្នុងករណីមួយចំនួនតូច ទ្រង់នឹងបញ្ចប់ជីវិតសាច់ឈាមរបស់ពួកគេ។ មនុស្សដែលនៅសល់នឹងបន្តធ្វើតាម និងឆ្លងកាត់នូវការដោះស្រាយ និងការលួសកាត់។ នៅខណៈពេលកំពុងធ្វើតាម ប្រសិនបើមនុស្សទាំងនេះ នៅតែមិនអាចទទួលយកការដោះស្រាយ និងការលួសកាត់បាន ហើយក្លាយជាកាន់តែអាក្រក់ទៅៗ នោះពួកគេនឹងបាត់បង់ឱកាសទទួលបាននូវសេចក្ដីសង្គ្រោះ។ បុគ្គលណាដែលចុះចូលទទួលការយកឈ្នះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងមានឱកាសច្រើនសម្រាប់ទទួលបានសេចក្ដីសង្គ្រោះ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ នឹងបង្ហាញពីសេចក្ដីអត់ឱនជាទីបំផុតរបស់ទ្រង់។ ម្យ៉ាងវិញទៀត ពួកគេនឹងឃើញនូវសេចក្ដីត្រាប្រណីបំផុត។ ដរាបណាមនុស្សងាកចេញពីផ្លូវខុសឆ្គង ហើយដរាបណាពួកគេអាចប្រែចិត្ត នោះព្រះជាម្ចាស់នឹងឱ្យពួកគេនូវឱកាសទទួលបានសេចក្តីសង្គ្រោះពីទ្រង់។ នៅពេលមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាលើកដំបូង ទ្រង់គ្មានបំណងសម្លាប់ពួកគេទេ ផ្ទុយទៅវិញ ទ្រង់ធ្វើសព្វបែបយ៉ាងដែលអាចធ្វើបាន ដើម្បីសង្គ្រោះពួកគេ។ ប្រសិនបើនរណាម្នាក់ពិតជាគ្មានចិត្តចង់បានសេចក្ដីសង្គ្រោះទេ នោះព្រះជាម្ចាស់នឹងបោះចោលពួកគេទៅម្ខាង។ មូលហេតុដែលព្រះជាម្ចាស់យឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មមនុស្សមួយចំនួន គឺដោយសារតែទ្រង់ចង់សង្គ្រោះមនុស្សគ្រប់គ្នាដែលអាចទទួលការសង្គ្រោះបាន។ ទ្រង់ជំនុំជម្រះ ទ្រង់បំភ្លឺ និងណែនាំមនុស្សដោយប្រើតែព្រះបន្ទូលប៉ុណ្ណោះ ហើយទ្រង់ក៏មិនប្រើដំបងមកសម្លាប់ពួកគេដែរ។ ការប្រើព្រះបន្ទូល ដើម្បីនាំសេចក្ដីសង្គ្រោះមកឱ្យមនុស្សលោក គឺជាគោលបំណង និងជាសារៈសំខាន់នៃដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ

បន្ទាប់៖ តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ