ជំពូកទី ៩៦

ខ្ញុំនឹងវាយផ្ចាលគ្រប់គ្នាដែលកើតពីខ្ញុំ ដែលមិនទាន់ស្គាល់ខ្ញុំ ដើម្បីសម្ដែងសេចក្ដីក្រោធរបស់ខ្ញុំទាំងអស់ ព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងព្រះប្រាជ្ញាញាណដ៏ពេញលេញរបស់ខ្ញុំ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងគឺសុចរិត ហើយពិតជាគ្មានភាពទុចរិត គ្មានការបោកបញ្ឆោត និងគ្មានល្បិចកលឡើយ។ អ្នកណាក៏ដោយដែលមានល្បិចកល និងបោកបញ្ឆោត ត្រូវតែជាកូនរបស់នរក ដែលកើតនៅក្នុងឋានឃុំព្រលឹង។ នៅក្នុងខ្ញុំ គ្រប់យ៉ាងគឺបើកចំហ។ អ្វីក៏ដោយដែលខ្ញុំមានបន្ទូលថានឹងសម្រេច នោះពិតជាសម្រេច។ អ្វីក៏ដោយដែលខ្ញុំមានបន្ទូលថានឹងត្រូវបានបង្កើត នោះនឹងត្រូវបង្កើត ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរ ឬក្លែងបន្លំអ្វីៗទាំងនេះបានទេ ពីព្រោះខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់។ នៅក្នុងអ្វីដែលរៀបនឹងមក នោះគ្រប់គ្នាដែលនៅក្នុងក្រុមរបស់បុត្រាច្បងដែលត្រូវបានជ្រើសរើស និងត្រូវបានកំណត់ទុកជាមុននឹងត្រូវបានបើកសម្ដែងឱ្យឃើញម្ដងម្នាក់ៗ ហើយគ្រប់គ្នាដែលមិននៅក្នុងក្រុមនៃបុត្រាច្បងនឹងត្រូវបានខ្ញុំលុបបំបាត់តាមរយៈវិធីនេះ។ នេះគឺជាវិធីដែលខ្ញុំធ្វើ ហើយសម្រេចកិច្ចការរបស់ខ្ញុំ។ ពេលនេះ ខ្ញុំបើកបង្ហាញមនុស្សមួយចំនួនប៉ុណ្ណោះ ប្រយោជន៍ឱ្យបុត្រាច្បងរបស់ខ្ញុំអាចមើលឃើញទង្វើដ៏អស្ចារ្យរបស់ខ្ញុំ ប៉ុន្តែក្រោយមក ខ្ញុំនឹងមិនធ្វើកិច្ចការតាមវិធីនេះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងបន្ដពីស្ថានភាពទូទៅ ជាជាងទុកឱ្យពួកគេបង្ហាញធម្មជាតិដ៏ពិតរបស់ពួកគេម្ដងម្នាក់ៗ (ពីព្រោះអារក្ស ជាទូទៅគឺដូចគ្នា ដូច្នេះវាគ្រប់គ្រាន់ដែលជ្រើសរើសតែមួយចំនួនតូចមកធ្វើជាឧទាហរណ៍)។ បុត្រាច្បងរបស់ខ្ញុំទាំងអស់ គឺច្បាស់លាស់នៅក្នុងចិត្តរបស់ពួកគេ ហើយមិនត្រូវការឱ្យខ្ញុំបរិយាយឡើយ (ពីព្រោះ នៅពេលកំណត់ ពួកគេនឹងច្បាស់ជាត្រូវបានបើកសម្ដែងម្ដងម្នាក់ៗ)។

វាគឺជានិស្ស័យរបស់ខ្ញុំដែលរក្សាសេចក្ដីសន្យារបស់ខ្ញុំ ហើយនៅក្នុងខ្ញុំ គ្មានអ្វីមួយដែលត្រូវបានលាក់បាំង ឬបិទបាំងឡើយ។ ខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាទាំងអស់អំពីរឿងនីមួយៗដែលអ្នកត្រូវតែយល់ ហើយខ្ញុំនឹងច្បាស់ជាមិនមានបន្ទូលប្រាប់អ្នកអំពីអ្វីមួយដែលអ្នករាល់គ្នាមិនគួរដឹងឡើយ ដោយខ្លាចអ្នកមិនអាចឈរយ៉ាងរឹងមាំបាន។ ចូរកុំនៅជាប់ជំពាក់នឹងរឿងតូចតាច ហើយធ្វើឱ្យបាត់បង់អ្វីៗដែលសំខាន់ឱ្យសោះ វាពិតជាគ្មានតម្លៃទេ។ ចូរជឿថា ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះហើយ គ្រប់យ៉ាងនឹងត្រូវបានសម្រេច ហើយគ្រប់យ៉ាងនឹងងាយស្រួល និងជាទីពេញចិត្ត។ នេះគឺជាវិធីដែលខ្ញុំធ្វើអ្វីៗ។ អ្នកណាក៏ដោយដែលជឿ នោះខ្ញុំនឹងអនុញ្ញាតឱ្យគេមើលឃើញ ហើយអ្នកណាក៏ដោយដែលមិនជឿ នោះខ្ញុំមិនអនុញ្ញាតឱ្យគេស្គាល់ទេ ហើយខ្ញុំមិនដែលអនុញ្ញាតឱ្យគេយល់ឡើយ។ នៅក្នុងខ្ញុំ គ្មានមនោសញ្ចេតនា ឬសេចក្ដីមេត្តាករុណាទេ ហើយមិនថាអ្នកណាដែលប្រមាថការវាយផ្ចាលរបស់ខ្ញុំទេ នោះខ្ញុំច្បាស់ជានឹងសម្លាប់ពួកគេដោយមិនបង្អង់ព្រះហ្ដឡើយ ហើយខ្ញុំនឹងប្រព្រឹត្តចំពោះពួកគេទាំងអស់តាមរបៀបដូចគ្នា។ ខ្ញុំគឺដូចគ្នាចំពោះគ្រប់គ្នា។ ខ្ញុំគ្មានអារម្មណ៍ផ្ទាល់ខ្លួន ហើយខ្ញុំមិនធ្វើសកម្មភាពដោយមនោសញ្ចេតនាទេ ទោះតាមវិធីណាក៏ដោយ។ តើមនុស្សមិនឃើញសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំតាមរយៈទង្វើនេះបានយ៉ាងដូចម្ដេច? នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងនិស្ស័យរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរ ហើយគ្មាននរណាម្នាក់អាចដឹងទាំងស្រុងបានឡើយ។ ព្រះហស្ដរបស់ខ្ញុំតែងតែនៅក្នុងការបញ្ជានៃអ្វីៗគ្រប់យ៉ាង គ្រប់ពេលវេលា ហើយខ្ញុំតែងតែរៀបចំអ្វីៗគ្រប់យ៉ាង ដើម្បីផ្ដល់ការបម្រើសម្រាប់ខ្ញុំទៅតាមការឱ្យសញ្ញា ឬការហៅរបស់ខ្ញុំ។ មនុស្សជាច្រើន កំពុងតែធ្វើការបម្រើជំនួសខ្ញុំ ដើម្បីសម្រេចផែនការគ្រប់គ្រងរបស់ខ្ញុំ ប៉ុន្តែនៅទីបំផុត ពួកគេឃើញព្រះពរ ប៉ុន្តែមិនអាចរីករាយនឹងពួកវាបានទេ គួរឱ្យអាណិតណាស់! ប៉ុន្តែគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះទ័យរបស់ខ្ញុំបានទេ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ (នៅពេលដែលបញ្ញត្តិរដ្ឋបាលត្រូវបានលើកមកនិយាយ នេះសំដៅលើអ្វីមួយដែលគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានទេ ដូច្នេះ នៅពេលដែលខ្ញុំមានបន្ទូលនៅពេលអនាគត ប្រសិនបើខ្ញុំបានសម្រេចព្រះទ័យរបស់ខ្ញុំលើអ្វីមួយ នោះច្បាស់ជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំមិនខាន។ ចូរចងចាំ! ចូរកុំប្រមាថប្រឆាំងនឹងការណ៍នេះឱ្យសោះ ក្រែងលោអ្នកឈឺចាប់ដោយការបាត់បង់) ហើយវាក៏ជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ខ្ញុំដែរ។ វាគឺជាកិច្ចការរបស់ខ្ញុំផ្ទាល់ មិនមែនជាអ្វីមួយដែលត្រឹមតែមនុស្សណាក៏អាចធ្វើបាននោះទេ។ ខ្ញុំត្រូវតែធ្វើបែបនេះ ខ្ញុំត្រូវតែរៀបចំបែបនេះ ដែលវាគ្រប់គ្រាន់ដើម្បីបង្ហាញអំពីសព្វានុភាពរបស់ខ្ញុំ និងដើម្បីបង្ហាញសេចក្ដីក្រោធរបស់ខ្ញុំ។

មនុស្សភាគច្រើននៅតែមិនស្គាល់ ហើយមិនច្បាស់អំពីភាពជាមនុស្សរបស់ខ្ញុំ។ ខ្ញុំបានមានបន្ទូលអំពីវាច្រើនលើកមកហើយ ប៉ុន្តែអ្នករាល់គ្នានៅតែស្រពិចស្រពិល ហើយមិនយល់ច្រើនដដែល។ ប៉ុន្តែនេះគឺជាកិច្ចការរបស់ខ្ញុំ ហើយឥឡូវ នៅពេលនេះ អ្នកណាដែលស្គាល់គឺស្គាល់ ហើយអ្នកណាដែលមិនស្គាល់ គឺខ្ញុំមិនបង្ខំទេ។ មានតែអាចតាមវិធីនេះទេ។ ខ្ញុំបានមានបន្ទូលអំពីវាដោយភាពច្បាស់លាស់ ហើយខ្ញុំនឹងមិនមានបន្ទូលពីវាម្ដងទៀតទេ (ដោយសារតែខ្ញុំបានមានបន្ទូលច្រើនពេកហើយ ហើយខ្ញុំក៏បានមានបន្ទូលយ៉ាងច្បាស់ហើយដែរ។ មនុស្សម្នាក់ដែលស្គាល់ខ្ញុំ ច្បាស់ជាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធជាមិនខាន ហើយមិនបាច់សង្ស័យទេ គេគឺជាមនុស្សម្នាក់ដែលនៅក្នុងចំណោមបុត្រាច្បងរបស់ខ្ញុំ។ មនុស្សម្នាក់ដែលមិនស្គាល់ខ្ញុំ គឺច្បាស់ជាមិនស្គាល់ខ្ញុំហើយ ដោយបញ្ជាក់ថាខ្ញុំបានដកវិញ្ញាណរបស់ខ្ញុំចេញពីពួកគេរួចហើយ)។ ប៉ុន្តែនៅទីបញ្ចប់ ខ្ញុំនឹងធ្វើឱ្យគ្រប់គ្នាស្គាល់ខ្ញុំ គឺស្គាល់ខ្ញុំយ៉ាងពេញលេញ ទាំងភាពជាមនុស្សរបស់ខ្ញុំ ទាំងភាពជាព្រះរបស់ខ្ញុំ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ ហើយខ្ញុំត្រូវតែធ្វើកិច្ចការតាមវិធីនេះ។ នេះក៏ជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដែរ។ គ្រប់គ្នាត្រូវតែហៅខ្ញុំថា ព្រះដ៏ពិតតែមួយអង្គ ហើយសរសើរតម្កើង និងអបអរសាទរចំពោះខ្ញុំ ដោយឥតឈប់ឈរ។

ផែនការគ្រប់គ្រងរបស់ខ្ញុំ ត្រូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយគ្រប់យ៉ាងត្រូវបានសម្រេចតាំងពីយូរមកហើយ។ ចំពោះភ្នែករបស់មនុស្ស វាមើលទៅហាក់ដូចជាកិច្ចការរបស់ខ្ញុំជាច្រើន នៅតែដំណើរការនៅឡើយ ប៉ុន្តែខ្ញុំបានរៀបចំវាយ៉ាងសមរម្យរួចហើយ ហើយគ្រប់យ៉ាងដែលរង់ចាំ គឺការបញ្ចប់របស់វាទៅតាមជំហានរបស់ខ្ញុំ ដោយកិច្ចការម្ដងមួយៗ (នេះគឺដោយសារតែមុនការបង្កើតពិភពលោក ខ្ញុំបានកំណត់ទុកជាមុន អ្នកណាដែលអាចឈរយ៉ាងរឹងមាំក្រោមការល្បងល អ្នកណាដែលមិនអាចត្រូវបានជ្រើសរើស និងកំណត់ទុកជាមុនដោយខ្ញុំ ហើយអ្នកណាដែលមិនអាចចែករំលែកការឈឺចាប់របស់ខ្ញុំ។ អ្នកណាដែលអាចចែករំលែកការឈឺចាប់របស់ខ្ញុំ មានន័យថា អស់អ្នកដែលត្រូវបានកំណត់ទុកជាមុន និងត្រូវបានជ្រើសរើសដោយខ្ញុំ នោះខ្ញុំច្បាស់ជានឹងរក្សាពួកគេ ហើយធ្វើឱ្យពួកគេអាចពុះពារអ្វីៗគ្រប់យ៉ាងបាន)។ ខ្ញុំច្បាស់នៅក្នុងព្រះទ័យរបស់ខ្ញុំអំពីអ្នកណាដែលត្រូវនៅតាមតួនាទីនីមួយៗ។ ខ្ញុំដឹងយ៉ាងច្បាស់អំពីអ្នកដែលធ្វើការបម្រើដល់ខ្ញុំ អ្នកណាជាបុត្រាច្បង ហើយអ្នកណាដែលនៅក្នុងចំណោមបុត្រារបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំដឹងពីអ្វីៗទាំងនេះដូចខ្នងព្រះហស្ដរបស់ខ្ញុំអ៊ីចឹង។ អ្នកណាក៏ដោយដែលខ្ញុំបានមានបន្ទូលកាលពីអតីតកាលថាជាបុត្រាច្បង គឺនៅតែជាបុត្រាច្បងនៅពេលនេះ ហើយអ្នកណាក៏ដោយដែលខ្ញុំបានមានបន្ទូលកាលពីអតីតកាលថាមិនមែនជាបុត្រាច្បង គឺនៅតែមិនមែនជាបុត្រាច្បងនៅពេលនេះ។ អ្វីក៏ដោយដែលខ្ញុំធ្វើ គឺខ្ញុំមិនភ្លេចទេ ហើយក៏មិនងាយនឹងផ្លាស់ប្ដូរវាដែរ។ ខ្ញុំមានបន្ទូលបែបណាគឺចង់សំដៅបែបនោះ (នៅក្នុងខ្ញុំ គ្មានអ្វីឥតបានការឡើយ) ហើយវាមិនដែលផ្លាស់ប្ដូរឡើយ! អ្នកណាដែលធ្វើការបម្រើខ្ញុំ តែងតែធ្វើការបម្រើដល់ខ្ញុំជានិច្ច៖ ពួកគេគឺជាគោក្របីរបស់ខ្ញុំ។ ពួកគេគឺជាសេះរបស់ខ្ញុំ (ប៉ុន្តែមនុស្សទាំងនេះមិនយល់ពីអ្វីៗខាងវិញ្ញាណឡើយ។ នៅពេលដែលខ្ញុំប្រើប្រាស់ពួកគេ នោះពួកគេមានប្រយោជន៍ ប៉ុន្ដែនៅពេលដែលខ្ញុំមិនប្រើប្រាស់ពួកគេ នោះខ្ញុំក៏សម្លាប់ពួកគេចោល។ នៅពេលដែលខ្ញុំមានបន្ទូលអំពីគោក្របី និងសេះ នោះខ្ញុំសំដៅលើអ្នកដែលមិនយល់ពីអ្វីៗខាងវិញ្ញាណ ជាអ្នកដែលមិនស្គាល់ខ្ញុំ ហើយជាអ្នកដែលមិនស្ដាប់បង្គាប់ខ្ញុំ ហើយទោះបីជាពួកគេស្ដាប់បង្គាប់ និងចុះចូល ហើយសាមញ្ញ និងស្មោះត្រង់ ក៏ពួកគេនៅតែជាគោក្របី និងសេះដ៏ពិតប្រាកដដែរ)។ ពេលនេះ មនុស្សភាគច្រើនសាវា ហើយគ្មានសណ្ដាប់ធ្នាប់នៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយការនិយាយ និងការសើចយ៉ាងគ្មានសណ្ដាប់ធ្នាប់ ដោយការប្រព្រឹត្តដោយឥតកោតខ្លាច ពួកគេគ្រាន់តែមើលឃើញភាពជាមនុស្សរបស់ខ្ញុំប៉ុណ្ណោះ ហើយមិនមែនភាពជាព្រះរបស់ខ្ញុំទេ។ នៅក្នុងភាពជាមនុស្សរបស់ខ្ញុំ អាកប្បកិរិយាទាំងនេះ អាចរំលងបាន ហើយខ្ញុំអាចបង្ខំខ្លួនឯងឱ្យលើកលែងទោសដល់ពួកគេ ប៉ុន្តែនៅក្នុងភាពជាព្រះរបស់ខ្ញុំ វាមិនមែនងាយស្រួលទេ។ នៅពេលអនាគត ខ្ញុំនឹងសម្រេចព្រះទ័យថា អ្នកបានប្រព្រឹត្តអំពើបាបដោយការប្រមាថមើលងាយ។ ម៉្យាងទៀត ភាពជាមនុស្សរបស់ខ្ញុំអាចត្រូវបានប្រមាថមើលងាយ ប៉ុន្តែភាពជាព្រះរបស់ខ្ញុំមិនអាចប្រមាថមើលងាយបានទេ ហើយអ្នកណាក៏ដោយដែលមានជម្លោះជាមួយខ្ញុំ សូម្បីតែនៅក្នុងវិធីដ៏តូចបំផុតក៏ដោយ ក៏ខ្ញុំនឹងជំនុំជម្រះភ្លាមៗដែរ ដោយគ្មានការបង្អង់ណាមួយឡើយ។ ចូរកុំគិតថា ដោយសារតែអ្នកមានទំនាក់ទំនងជាច្រើនឆ្នាំជាមួយអង្គនៃខ្ញុំនេះ ហើយបានស្គាល់ខ្ញុំ អ្នកអាចនិយាយ និងធ្វើអ្វីក៏បានយ៉ាងអសីលធម៌ឱ្យសោះ។ ខ្ញុំពិតជាមិនខ្វល់ទេ! មិនថាវាជានរណាទេ ខ្ញុំនឹងប្រព្រឹត្តចំពោះពួកគេដោយសេចក្ដីសុចរិត។ នេះគឺជាសេចក្ដីសុចរិតរបស់ខ្ញុំ។

អាថ៌កំបាំងរបស់ខ្ញុំត្រូវបានបើកសម្ដែងទៅកាន់មនុស្សពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកវាកាន់តែច្បាស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយដើរតាមជំហាននៃការបើកសម្ដែង ដែលវាគ្រប់គ្រាន់ដើម្បីបង្ហាញនូវជំហាននៃកិច្ចការរបស់ខ្ញុំ។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ (ខ្ញុំមិនមានបន្ទូលអំពីវាដោយត្រង់ទេ។ ខ្ញុំបំភ្លឺបុត្រាច្បងរបស់ខ្ញុំ ហើយធ្វើឱ្យពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហមខ្វាក់មើលមិនឃើញ)។ ជាងនេះទៅទៀត ថ្ងៃនេះ ខ្ញុំនឹងបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំទៅកាន់អ្នករាល់គ្នា តាមរយៈបុត្រារបស់ខ្ញុំ។ អ្វីៗដែលមនុស្សមិនអាចគិតស្រមៃដល់ នោះខ្ញុំនឹងបើកសម្ដែងទៅកាន់អ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឱ្យអ្នករាល់គ្នាស្គាល់យ៉ាងលម្អិត ហើយមានការយល់ដឹងដ៏ច្បាស់លាស់។ លើសពីនេះទៀត អាថ៌កំបាំងនេះមាននៅក្នុងគ្រប់គ្នាក្រៅពីបុត្រាច្បងរបស់ខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់អាចយល់ពីវាបានទេ។ ទោះបីជាវាមាននៅក្នុងមនុស្សម្នាក់ៗក៏ដោយ ក៏គ្មាននរណាម្នាក់អាចដឹងបានដែរ។ តើខ្ញុំកំពុងតែមានបន្ទូលអំពីអ្វី? នៅក្នុងកិច្ចការរបស់ខ្ញុំ ហើយនៅក្នុងព្រះសូរសៀងរបស់ខ្ញុំក្នុងអំឡុងពេលនេះ ខ្ញុំតែងតែលើកឡើងអំពីសត្វនាគដ៏ធំមានសម្បុរក្រហម សាតាំង អារក្ស និងមហាទេវតា។ តើពួកគេជាអ្វី? តើពួកគេមានទំនាក់ទំនងអ្វីជាមួយគ្នា? តើអ្វីដែលត្រូវបើកបង្ហាញនៅក្នុងអ្វីៗទាំងអស់នេះ? ការបើកបង្ហាញនៃសត្វនាគដ៏ធំមានសម្បុរក្រហម គឺការប្រឆាំងជំទាស់នឹងខ្ញុំ ការខ្វះការយល់ដឹង និងការយល់ច្បាស់អំពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ ការធ្វើទុក្ខបុកម្នេញដ៏ញឹកញាប់ចំពោះខ្ញុំ និងការព្យាយាមប្រើប្រាស់ល្បិចកលដើម្បីរំខានការគ្រប់គ្រងរបស់ខ្ញុំ។ សាតាំងគឺត្រូវបានបើកបង្ហាញដូចខាងក្រោម៖ តស៊ូជាមួយខ្ញុំដើម្បីអំណាច ចង់កាន់កាប់រាស្ត្រជ្រើសតាំងរបស់ខ្ញុំ ហើយបញ្ចេញពាក្យអវិជ្ជមានដើម្បីបោកបញ្ឆោតរាស្ត្ររបស់ខ្ញុំ។ ការបើកបង្ហាញពីអារក្ស (អ្នកដែលមិនទទួលយកព្រះនាមរបស់ខ្ញុំ អ្នកដែលមិនជឿទាំងអស់នេះគឺជាអារក្ស) គឺមានដូចខាងក្រោម៖ ចង់បានសេចក្ដីរីករាយនៅក្នុងសាច់ឈាម រួមមានចំណង់អាក្រក់ ការរស់នៅក្នុងចំណងរបស់សាតាំង ពេលខ្លះប្រឆាំងជំទាស់នឹងខ្ញុំ ពេលខ្លះជួយគាំទ្រខ្ញុំ (ប៉ុន្តែមិនអះអាងថា ពួកគេជាបុត្រាច្បងរបស់ខ្ញុំទេ)។ ការបើកបង្ហាញពីមហាទេវតាគឺមានដូចខាងក្រោម៖ ការនិយាយព្រហើន ការមិនកោតខ្លាចព្រះ តែងតែយកសម្លេងរបស់ខ្ញុំដើម្បីបង្រៀនមនុស្ស ការផ្ដោតតែទៅលើការត្រាប់តាមខ្ញុំផ្នែកខាងក្រៅ ការទទួលទានអ្វីដែលខ្ញុំសោយ ហើយប្រើប្រាស់អ្វីដែលខ្ញុំប្រើប្រាស់។ សរុបមក ការចង់បានជំហរស្មើនឹងខ្ញុំ ការមានមហិច្ឆតា ប៉ុន្តែខ្វះគុណសម្បត្តិរបស់ខ្ញុំ ហើយមិនមានជីវិតរបស់ខ្ញុំ និងជាសំរាមមួយ។ សាតាំង អារក្ស និងមហាទេវតាទាំងអស់នេះ គឺជាការស្រាយបំភ្លឺដ៏សាមញ្ញអំពីសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះ អ្នកណាដែលមិនត្រូវបានកំណត់ទុកជាមុន និងមិនត្រូវបានជ្រើសរើសដោយខ្ញុំ គឺសុទ្ធតែជាពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហម៖ លក្ខណៈរបស់វាគឺពិតជាដូចនេះ! ទាំងអស់នេះគឺជាសត្រូវរបស់ខ្ញុំ។ (ទោះបីជាយ៉ាងណាក៏ដោយ ការរំខានរបស់សាតាំងមិនត្រូវបានរាប់បញ្ចូលទេ។ ប្រសិនបើធម្មជាតិរបស់អ្នកគឺជាលក្ខណៈសម្បត្តិរបស់ខ្ញុំ នោះគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានទេ។ ដោយសារតែពេលនេះ អ្នកនៅតែរស់នៅក្នុងសាច់ឈាម នោះម្ដងម្កាលអ្នកនឹងត្រូវប្រឈមមុខនឹងការល្បួងរបស់សាតាំង បញ្ហានេះគឺចៀសមិនរួចនោះទេ ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច)។ ដូច្នេះហើយ ខ្ញុំនឹងបោះបង់ពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហមទាំងអស់ ដែលក្រៅពីបុត្រាច្បងរបស់ខ្ញុំ។ ធម្មជាតិរបស់ពួកគេមិនអាចផ្លាស់ប្ដូរបានទេ វាគឺជាលក្ខណៈសម្បត្តិរបស់សាតាំង។ វាគឺជាអារក្សដែលពួកគេបើកបង្ហាញ ហើយវាគឺជាមហាទេវតាដែលពួកគេបង្ហាញឱ្យឃើញជាក់ស្ដែង។ នេះគឺជាការពិតទាំងស្រុង។ សត្វនាគដ៏ធំមានសម្បុរក្រហមដែលខ្ញុំមានបន្ទូល មិនមែនជាសត្វនាគដ៏ធំមួយមានសម្បុរក្រហមទេ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាណអាក្រក់ ដែលប្រឆាំងនឹងខ្ញុំ ដោយពាក្យ «សត្វនាគដ៏ធំមានសម្បុរក្រហម» គឺជាន័យដូច។ ដូច្នេះ វិញ្ញាណទាំងអស់ក្រៅពីព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណអាក្រក់ ហើយក៏អាចនិយាយថា គឺជាពូជរបស់សត្វនាគដ៏ធំមានសម្បុរក្រហមដែរ។ សេចក្ដីនេះគួរតែច្បាស់ណាស់ហើយចំពោះគ្រប់គ្នា។

ខាង​ដើម៖ ជំពូកទី ៩៥

បន្ទាប់៖ ជំពូកទី ៩៧

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ