ជំពូកទី ៩៧

ខ្ញុំនឹងធ្វើឱ្យមនុស្សគ្រប់គ្នាបានឃើញពីស្នាព្រះហស្ដដ៏អស្ចារ្យទាំងប៉ុន្មានរបស់ខ្ញុំ និងបានស្ដាប់ឮព្រះបន្ទូលប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ការនេះត្រូវតែរាប់បញ្ចូលមនុស្សគ្រប់គ្នា ហើយវាត្រូវកើតមានលើគ្រប់របស់ទាំងពួងដែរ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយនេះគឺជាសេចក្ដីក្រោធរបស់ខ្ញុំ។ ខ្ញុំនឹងពាល់មនុស្សរាល់គ្នា និងគ្រប់បញ្ហាទាំងអស់ ដើម្បីឱ្យមនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងក្នុងសាកលលោកនេះ និងនៅចុងបំផុតនៃផែនដី នឹងបានឃើញដោយផ្ទាល់ភ្នែករបស់ពួកគេ។ ខ្ញុំនឹងមិនដែលឈប់សោះឡើយ រហូតទាល់តែសេចក្ដីនេះបានសម្រេច។ សេចក្ដីក្រោធរបស់ខ្ញុំត្រូវបានចាក់បង្ហូរអស់គ្មានសល់ ដោយគ្មានទុកមួយដំណក់ណាឡើយ។ សេចក្ដីក្រោធនោះសំដៅទៅរកមនុស្សគ្រប់គ្នាដែលទទួលយកឈ្មោះនេះ (នៅពេលខាងមុខ វានឹងបង្វែរទៅរកជាតិសាសន៍ទាំងអស់ក្នុងលោកីយ៍នេះ)។ ហើយចុះសេចក្ដីក្រោធរបស់ខ្ញុំជាអ្វីដែរ? តើវាខ្លាំងក្លាបែបណា? តើសេចក្ដីក្រោធរបស់ខ្ញុំត្រូវធ្លាក់ទៅលើមនុស្សប្រភេទណា? មនុស្សភាគច្រើនគិតថា សេចក្ដីក្រោធគឺជាសេចក្ដីខ្ញាល់ដែលមានកម្រិតខ្លាំងបំផុត ប៉ុន្តែនេះពុំបានពន្យល់អត្ថន័យទាំងស្រុងនោះទេ។ សេចក្ដីក្រោធរបស់ខ្ញុំ និងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ គឺជាចំណែកពីរដែលមិនអាចញែកចេញពីគ្នាបានទេ។ នៅពេលខ្ញុំអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ សេចក្ដីក្រោធដើរតាមពីក្រោយ។ ដូច្នេះ តើសេចក្ដីក្រោធជាអ្វី? សេចក្ដីក្រោធគឺជាកម្រិតមួយនៃការជំនុំជម្រះដែលខ្ញុំបញ្ញត្តទុកចំពោះមនុស្ស ហើយវាគឺជាគោលការណ៍ដែលនៅពីក្រោយការអនុវត្តបញ្ញត្តិណាមួយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ នរណាក៏ដោយដែលល្មើសនឹងបញ្ញត្តិណាមួយរបស់ខ្ញុំ នោះសេចក្ដីក្រោធរបស់ខ្ញុំនឹងតបវិញទៅតាមទំហំនោះដែរ អាស្រ័យលើបញ្ញត្តិណាមួយដែលគេបានប្រព្រឹត្តល្មើស។ នៅពេលសេចក្ដីក្រោធកើតមានឡើង នោះច្បាស់ណាស់ថា បញ្ញតិរដ្ឋបាលរបស់ខ្ញុំក៏នឹងកើតមានដែរ ត្រឡប់ចុះត្រឡប់ឡើង។ បញ្ញត្តិរដ្ឋបាល និងសេចក្ដីក្រោធរបស់ខ្ញុំ បង្កើតបានជាចំណែកតែមួយមិនអាចបំបែកចេញពីគ្នាបាន។ វាគឺជាការជំនុំជម្រះដ៏ហ្មត់ចត់ ដែលគ្មាននរណាម្នាក់អាចល្មើសបានឡើយ។ មនុស្សគ្រប់គ្នាត្រូវគោរពប្រតិបត្តិតាមវា បើពុំដូច្នេះទេ ពួកគេនឹងមិនងាយគេចផុតពីការវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំឡើយ។ មនុស្សពុំដែលបានដឹងអំពីវានៅទូទាំងយុគសម័យនានាទេ (បើទោះបីជាមានមនុស្សខ្លះដែលរងការឈឺចាប់ដែលបង្កដោយគ្រោះមហន្តរាយដ៏ធំក្ដី ក៏ពួកគេនៅតែមិនបានដឹងអំពីសេចក្ដីនេះដែរ។ ក៏ប៉ុន្តែ ការអនុវត្តបញ្ញត្តិរដ្ឋបាល សំខាន់គឺចាប់ផ្ដើមពីពេលនេះទៅ) ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញពីសេចក្ដីនេះទាំងស្រុង ដែលអ្នករាល់គ្នាអាចជៀសវាងមិនប្រព្រឹត្តល្មើសបាន។

មនុស្សគ្រប់គ្នាគួរស្ដាប់ឮនូវព្រះសូរសៀងរបស់ខ្ញុំ និងជឿលើព្រះបន្ទូលរបស់ខ្ញុំ។ បើពុំដូច្នោះទេ ខ្ញុំនឹងមិនធ្វើអ្វីទេ ហើយខ្ញុំនឹងមិនបំពេញកិច្ចការណាមួយដែរ។ ព្រះបន្ទូលគ្រប់ម៉ាត់ និងទង្វើគ្រប់យ៉ាងរបស់ខ្ញុំ គឺជាគំរូដែលអ្នករាល់គ្នាគួរអនុវត្តតាម។ វាជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា ហើយវាជាខ្នាតគំរូសម្រាប់អ្នករាល់គ្នាអនុវត្តតាម។ មូលហេតុដែលខ្ញុំបានត្រលប់ជាសាច់ឈាម គឺដើម្បីឱ្យអ្នករាល់គ្នាអាចមើលឃើញពីលក្ខណៈរបស់ខ្ញុំ និងកម្មសិទ្ធិរបស់ខ្ញុំនៅក្នុងភាពជាមនុស្ស។ នាពេលអនាគត ខ្ញុំនឹងអនុញ្ញាតឱ្យអ្នករាល់គ្នាបានឃើញពីលក្ខណៈរបស់ខ្ញុំ និងកម្មសិទ្ធិរបស់ខ្ញុំក្នុងភាពជាព្រះ។ អ្វីៗត្រូវបន្តទៅមុខមួយជំហានម្ដងៗតាមលក្ខណៈនេះ។ បើពុំដូច្នោះទេ មនុស្សនឹងមិនអាចជឿបានទេ ហើយពួកគេនឹងគ្មានការចេះដឹងអ្វីអំពីខ្ញុំឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងអាចត្រឹមមើលឃើញដោយស្រពេចស្រពិល និងព្រាលៗប៉ុណ្ណោះ ហើយពួកគេនឹងមិនអាចមានការយល់ដឹងច្បាស់លាស់អ្វីអំពីខ្ញុំឡើយ។ ព្រះបន្ទូលរបស់ខ្ញុំបានបង្ហាញថា អង្គរបស់ខ្ញុំបានលេចមកចំពោះអ្នករាល់គ្នា នោះមនុស្សក៏ស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ តែនៅមិនស្គាល់ខ្ញុំដដែល ដ្បិតមូលហេតុតែមួយគត់គឺថា ពួកគេគឺជាមនុស្សល្ងីល្ងើ និងល្ងង់ខ្លៅ។ សូម្បីតែពេលនេះ ដែលខ្ញុំបានត្រលប់ជាសាច់ឈាមក្ដី ក៏មនុស្សនៅតែប្រឆាំងទាស់នឹងខ្ញុំដែរ ហេតុដូច្នេះហើយទើបខ្ញុំប្រើសេចក្ដីក្រោធរបស់ខ្ញុំ និងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដើម្បីដាក់ទោសមនុស្សទុច្ចរិត និងយុគសម័យមុនដែលគ្មានរបៀបរៀបរយ និងដើម្បីឱ្យសាតាំង និងអារក្សបានអាម៉ាស់មុខទាំងស្រុង។ នេះគឺជាផ្លូវតែមួយគត់។ វាគឺជាទិសដៅរបស់មនុស្សជាតិ ហើយវាគឺទីបញ្ចប់ដែលរង់ចាំមនុស្សជាតិ។ លទ្ធផលគឺជាក់ច្បាស់ស្រេចទៅហើយ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរ ឬជៀសវាងបានឡើយ។ ខ្ញុំតែមួយអង្គគត់ដែលមានព្រះបន្ទូលចុងក្រោយ។ នេះគឺជាការគ្រប់គ្រងរបស់ខ្ញុំ ហើយនេះគឺជាផែនការរបស់ខ្ញុំ។ មនុស្សត្រូវតែជឿទាំងអស់គ្នា និងធ្វើឱ្យបានជឿទាំងក្នុងដួងចិត្ត និងពាក្យសម្ដីផង។ អស់អ្នកណាដែលមានសំណាងល្អនៅក្នុងជីវិតនេះ ប្រាកដជានឹងត្រូវរងទុក្ខអស់កល្បជានិច្ច ចំណែកឯអស់អ្នកណាដែលរងទុក្ខនៅក្នុងជីវិតនេះ ប្រាកដជានឹងត្រូវទទួលបានព្រះពរអស់កល្បជានិច្ចវិញ ពោលគឺសេចក្ដីនេះ ខ្ញុំបានបញ្ញត្តទុកជាមុនរួចហើយ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានទេ។ គ្មាននរណាម្នាក់ដែលអាចផ្លាស់ប្ដូរដួងព្រះហឫទ័យរបស់ខ្ញុំបានឡើយ ហើយគ្មាននរណាដែលអាចបន្ថែមពាក្យសម្ដីមួយម៉ាត់ណាទៀតទៅលើព្រះបន្ទូលរបស់ខ្ញុំបានឡើយ ហើយពួកគេក៏មិនត្រូវអនុញ្ញាតឱ្យដកព្រះបន្ទូលសូម្បីមួយម៉ាត់ណាចេញតាមតែអំពើចិត្តដែរ។ ប្រសិនបើនរណាម្នាក់ល្មើសនឹងសេចក្ដីនេះ នោះខ្ញុំប្រាកដជានឹងវាយផ្ចាលពួកគេមិនខាន។

សេចក្ដីអាថ៌កំបាំងរបស់ខ្ញុំទាំងប៉ុន្មាន ត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញជារៀងរាល់ថ្ងៃ។ តើអ្នករាល់គ្នាពិតជាយល់អំពីសេចក្ដីអាថ៌កំបាំងទាំងនោះទេ? តើអ្នកពិតជាយល់ច្បាស់អំពីសេចក្ដីអាថ៌កំបាំងទាំងនោះទេ? នៅពេលសាតាំងកំពុងបោកបញ្ឆោតអ្នក តើអ្នកអាចមើលធ្លុះវាទេ? សេចក្ដីនេះត្រូវកំណត់ស្របទៅតាមកម្ពស់របស់អ្នករាល់គ្នានៅក្នុងជីវិត។ ដោយសារខ្ញុំមានព្រះបន្ទូលថា របស់សព្វសារពើទាំងអស់ត្រូវបានខ្ញុំបញ្ញត្ដទុកជាមុនរួចហើយ ដូច្នេះ តើហេតុអ្វីបានជាខ្ញុំត្រូវយកកំណើតជាមនុស្សដោយផ្ទាល់ដើម្បីប្រោសឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំបានគ្រប់លក្ខណ៍? បន្ថែមលើនេះ តើហេតុអ្វីបានជាខ្ញុំបានធ្វើកិច្ចការច្រើនដល់ម្ល៉េះដែលមនុស្សគិតថាអត់ប្រយោជន៍ទៅវិញ? តើខ្ញុំភាន់ច្រឡំតែអង្គឯងមែនទេ? ចូរចងចាំសេចក្ដីនេះចុះ! អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺមិនគ្រាន់តែបានធ្វើឡើងដើម្បីទទួលបានពួកកូនប្រុសច្បងរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺដើម្បីឱ្យសាតាំងអាម៉ាស់មុខ។ បើទោះបីជាសាតាំងប្រឆាំងទាស់នឹងខ្ញុំមែន ក៏ប៉ុន្តែខ្ញុំមានព្រះចេស្ដាដើម្បីធ្វើឱ្យកូនចៅរបស់វាបះបោរទាស់នឹងវា ហើយបែរមកសរសើរតម្កើងខ្ញុំវិញ។ បន្ថែមលើនេះ អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើគឺដើម្បីឱ្យដំណាក់កាលបន្ទាប់នៃកិច្ចការនេះ នឹងហូរទៅដោយរលូន និងឱ្យពិភពលោកទាំងមូលបានអរសប្បាយ និងសរសើរតម្កើងដល់ខ្ញុំ ហើយរបស់សព្វសារពើដែលមានជីវិតនឹងលត់ជង្គង់ចំពោះព្រះភ័ក្រ្ដខ្ញុំ ហើយថ្វាយសិរីល្អដល់ខ្ញុំ។ គ្រានោះនឹងបានជាថ្ងៃនៃសិរីល្អដ៏ពិតប្រាកដ។ ខ្ញុំក្ដោបក្ដាប់អ្វីគ្រប់យ៉ាងនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយនៅពេលផ្គរលាន់ទាំងប្រាំពីរលាន់ឮឡើង គ្រប់យ៉ាងទាំងអស់នឹងសម្រេចបានទាំងស្រុង គ្មានផ្លាស់ប្ដូរ និងឋិតឋេរជានិរន្ត។ ចាប់ពីចំណុចនោះតទៅ នឹងត្រូវចូលទៅក្នុងជីវិតថ្មីនៃផ្ទៃមេឃ និងផែនដីថ្មីនេះ បានចូលទៅក្នុងកាលៈទេសៈថ្មីៗទាំងស្រុង ហើយជីវិតនៃនគរព្រះក៏នឹងត្រូវចាប់ផ្ដើមដែរ។ ប៉ុន្តែ តើនៅក្នុងនគរព្រះមានលក្ខណៈដូចម្ដេច? មនុស្សពិតជាមិនអាចយល់វាបានច្បាស់ទេ (ដោយសារគ្មាននរណាម្នាក់ធ្លាប់បានភ្លក់រសជាតិជីវិតនៃនគរព្រះពីមុនមក ដូច្នេះហើយ មនុស្សអាចត្រឹមនឹកស្រមៃនៅក្នុងគំនិត និងគិតវែកញែកនៅក្នុងចិត្តរបស់ពួកគេតែប៉ុណ្ណោះ)។ ក្នុងការផ្លាស់ប្រែពីជីវិតក្រុមជំនុំទៅជាជីវិតនៃនគរព្រះ ដែលជាការផ្លាស់ប្រែពីសភាពបច្ចុប្បន្នទៅសភាពអនាគត នឹងមានរឿងជាច្រើនត្រូវកើតមានក្នុងអំឡុងពេលនេះ ដែលមនុស្សមិនធ្លាប់បាននឹកស្រមៃពីមុនមកទេ។ ជីវិតក្រុមជំនុំ គឺជាការនាំឆ្ពោះទៅរកច្រកចូលទៅកាន់ជីវិតនៃនគរព្រះ ដូច្នេះ មុនពេលជីវិតនៃនគរព្រះកើតមាន ខ្ញុំនឹងមិនបាច់ខំប្រឹងដើម្បីទំនុកបម្រុងជីវិតក្រុមជំនុំឡើយ។ តើអ្វីទៅជាជីវិតក្រុមជំនុំ? វាមានលក្ខណៈបែបនេះ៖ មនុស្សគ្រប់គ្នា រួមទាំងពួកកូនប្រុសច្បងរបស់ខ្ញុំផង ដែលហូប ផឹក និងរីករាយនូវព្រះបន្ទូលរបស់ខ្ញុំ និងបានស្គាល់ខ្ញុំនោះ នឹងទទួលនូវការដុត និងការបន្សុទ្ធរបស់ខ្ញុំ ដើម្បីឱ្យពួកគេអាចយល់ពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ពីការជំនុំជម្រះរបស់ខ្ញុំ និងពីសេចក្ដីក្រោធរបស់ខ្ញុំផង ព្រមទាំងជៀសវាងប្រព្រឹត្តល្មើសនៅក្នុងជីវិតនៃនគរព្រះ។ ចុះតើ «ជីវិតនៃនគរព្រះ» គឺជាអ្វីដែរ? ជីវិតនៃនគរព្រះ គឺជាកន្លែងដែលពួកកូនប្រុសច្បងរបស់ខ្ញុំបានសោយរាជ្យជាស្ដេចជាមួយនឹងខ្ញុំ ដោយគ្រប់គ្រងលើអស់ទាំងមនុស្ស និងអស់ទាំងជាតិសាសន៍ទាំងឡាយ (មានតែខ្ញុំ និងពួកកូនប្រុសច្បងរបស់ខ្ញុំទេ ដែលអាចទទួលបានជីវិតនៃនគរព្រះនោះ)។ បើទោះបីជាពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំពីគ្រប់ជាតិសាសន៍ និងគ្រប់ទាំងមនុស្សផង ចូលទៅក្នុងនគរព្រះក្ដី ក៏ពួកគេមិនអាចទទួលបានជីវិតនៃនគរព្រះដែរ។ ជីវិតនៃនគរព្រះអាចទទួលបានតែអស់អ្នកណាដែលចូលទៅក្នុងពិភពខាងវិញ្ញាណតែប៉ុណ្ណោះ។ ដូច្នេះ មានតែខ្ញុំ និងពួកកូនប្រុសច្បងរបស់ខ្ញុំទេ ដែលអាចរស់នៅជារូបកាយនេះបាន ចំណែកឯពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំ នៅតែរស់នៅជាសាច់ឈាមដដែល។ (ក៏ប៉ុន្តែ នេះមិនមែនជាសាច់ឈាមដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះទេ។ នេះគឺជាខ្លឹមសារសំខាន់នៃការឡើងគ្រងរាជ្យជាស្ដេចរបស់ពួកកូនប្រុសច្បងរបស់ខ្ញុំជាមួយនឹងខ្ញុំ។) មនុស្សដទៃផ្សេងទៀតទាំងអស់នឹងត្រូវគេដកយកវិញ្ញាណ ព្រលឹង និងរូបកាយរបស់ពួកគេចេញ រួចត្រូវបោះចូលទៅក្នុងស្ថានឃុំព្រលឹង។ នោះគឺចង់បានន័យថា មនុស្សទាំងអស់នេះ នឹងត្រូវវិនាសទៅទាំងស្រុង ហើយនឹងឈប់កើតទៀត (ក៏ប៉ុន្តែ ពួកគេត្រូវឆ្លងកាត់រាល់ចំណង និងភាពឃោរឃៅរបស់សាតាំង ដូចជាការលំបាក និងគ្រោះមហន្តរាយជាដើម)។ នៅពេលកិច្ចការនេះបានបញ្ចប់ហើយ ជីវិតនៃនគរព្រះនឹងនៅលើផ្លូវត្រឹមត្រូវជាផ្លូវការវិញ ហើយខ្ញុំនឹងចាប់ផ្ដើមបើកសម្ដែងជាផ្លូវការនូវកិច្ចការរបស់ខ្ញុំ (ដើម្បីបានបើកសម្ដែងដោយត្រង់ និងឥតលាក់លៀម)។ ចាប់ពីពេលនោះតទៅ នឹងច្បាស់ជាលែងមានការដកដង្ហើមធំ និងទឹកភ្នែកទៀតហើយ។ (ដ្បិតនឹងលែងមានអ្វីដែលអាចធ្វើឱ្យមនុស្សឈឺចាប់ទៀតហើយ ឬធ្វើឱ្យពួកគេទួញយំ និងធ្វើឱ្យពួកគេរងទុក្ខលំបាកបានទៀតហើយ ហើយសេចក្ដីនេះកើតមានចំពោះពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំផងដែរ។ ប៉ុន្តែមានចំណុចមួយដែលត្រូវបញ្ជាក់ឱ្យបានច្បាស់នោះគឺថា ពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ ត្រូវនៅជាសាច់ឈាមជាដរាប។) មនុស្សទាំងអស់នឹងបានអរសប្បាយ ពោលគឺជាការមើលឃើញនូវសេចក្ដីអំណរ។ វាមិនមែនជារបស់ខាងរូបកាយនោះទេ ប៉ុន្តែជារបស់ដែលមិនអាចមើលឃើញនឹងភ្នែកធម្មតាបាន។ អស់អ្នកណាដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ ក៏នឹងអាចអរសប្បាយនឹងសេចក្ដីអំណរនេះដែរ។ នេះគឺជាកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ហើយនេះគឺជាព្រះចេស្ដាដ៏ធំមហិមារបស់ខ្ញុំ។

ខ្ញុំមានសេចក្ដីប្រាថ្នាចង់ឱ្យអ្នករាល់គ្នាអាចស្វែងរកបំណងព្រះហឫទ័យរបស់ខ្ញុំ និងអាចគិតគូរដល់ដួងព្រះហឫទ័យរបស់ខ្ញុំបានគ្រប់ពេលវេលា។ សេចក្ដីរីករាយជាបណ្ដោះអាសន្នអាចបំផ្លាញជីវិតទាំងមូលរបស់អ្នកបាន ចំណែកការរងទុក្ខជាបណ្ដោះអាសន្នអាចនាំទៅរកព្រះពរដ៏អស់កល្បវិញ។ ចូរកុំកើតទុក្ខអី។ នេះគឺជាផ្លូវដែលត្រូវដើរ។ ខ្ញុំតែងបានមានព្រះបន្ទូលជារឿយៗពីមុនថា៖ «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះ យ៉ាងហូរហៀរ។» ហើយចុះតើ «ព្រះពរ» មានអ្វីខ្លះ? ព្រះពរទាំងនោះមិនគ្រាន់តែជាព្រះពរដែលទទួលបាននៅពេលសព្វថ្ងៃនេះទេ តែថែមទាំងជាព្រះពរដែលត្រូវទទួលបាននាពេលអនាគតដែរ។ មានតែព្រះពរទាំងនេះទេដែលជាព្រះពរដ៏ពិតប្រាកដ។ នៅពេលអ្នករាល់គ្នាត្រឡប់ទៅភ្នំស៊ីយ៉ូនវិញ អ្នកនឹងបង្ហាញការដឹងគុណមិនចេះចប់ចំពោះការរងទុក្ខលំបាកនាពេលនេះ ដ្បិតនេះគឺជាព្រះពររបស់ខ្ញុំ។ ការរស់នៅខាងសាច់ឈាមក្នុងពេលនេះ គឺជាការរស់នៅលើភ្នំស៊ីយ៉ូន (មានន័យថា អ្នករស់នៅក្នុងខ្លួនខ្ញុំ) ចំណែកការរស់នៅក្នុងរូបកាយនាពេលអនាគតនឹងក្លាយជាថ្ងៃនៃសិរីល្អវិញ ហើយនេះគឺជាការរស់នៅលើភ្នំស៊ីយ៉ូនថែមទៀតផង។ បន្ទាប់ពីបានស្ដាប់ឮព្រះបន្ទូលទាំងអស់នេះ ដែលខ្ញុំបានថ្លែងមក អ្នករាល់គ្នាក៏បានយល់អំពីអត្ថន័យរបស់ «ភ្នំស៊ីយ៉ូន។» ភ្នំស៊ីយ៉ូន គឺជាឈ្មោះមួយទៀតសម្រាប់ហៅនគរព្រះ ហើយវាក៏ជាពិភពខាងវិញ្ញាណផងដែរ។ នៅលើភ្នំស៊ីយ៉ូនសព្វថ្ងៃនេះ អ្នកកំពុងស្ថិតនៅជាសាច់ឈាម ដោយទទួលបានសេចក្ដីសុខស្រួល និងទទួលបានព្រះគុណរបស់ខ្ញុំ។ នៅលើភ្នំស៊ីយ៉ូននាពេលអនាគត អ្នកនឹងស្ថិតនៅជារូបកាយ ដោយទទួលបានព្រះពរនៃការគ្រងរាជ្យជាស្ដេច។ សេចក្ដីចែងច្បាស់មកនេះ មិនត្រូវព្រងើយកន្ដើយឡើយ។ ហើយគ្មានមធ្យោបាយណាមួយដែលអាចឱ្យពេលវេលាដែលអាចទទួលបានព្រះពរនេះ ត្រូវរំកិលផុតទៅបានឡើយ។ ចុងក្រោយទៅ ថ្ងៃនេះជាថ្ងៃនេះ ហើយវាខុសគ្នាពីថ្ងៃស្អែកយ៉ាងខ្លាំង។ នៅពេលដែលអ្នកត្រូវទទួលព្រះពរ អ្នកនឹងគិតថា ព្រះគុណនៅថ្ងៃនេះគ្មានតម្លៃអ្វីគួរលើកមកនិយាយនោះទេ។ នេះគឺជាអ្វីដែលខ្ញុំបានប្រទានដល់អ្នក ហើយនេះគឺជាឱវាទចុងក្រោយរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ៩៦

បន្ទាប់៖ ជំពូកទី ៩៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ