ជំពូកទី ៩៨
គ្រប់យ៉ាងនឹងកើតមានលើអ្នករាល់គ្នាម្នាក់ៗ ហើយសេចក្ដីទាំងនោះនឹងអាចឱ្យអ្នករាល់គ្នាស្គាល់ខ្ញុំបានកាន់តែច្រើន និងស្គាល់ខ្ញុំបានកាន់តែច្បាស់។ សេចក្ដីទាំងនោះនឹងអាចឱ្យអ្នកស្គាល់ខ្ញុំដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ស្គាល់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ស្គាល់ខ្ញុំដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្ស។ បន្ទាប់ពីនោះទៅ ខ្ញុំនឹងយាងចេញពីខាងសាច់ឈាម ត្រឡប់ទៅក្រុងស៊ីយ៉ូន ទៅកាន់ទឹកដីដែលមានជីវជាតិល្អនៃស្រុកកាណាន ដែលជាទីសំណាក់របស់ខ្ញុំ និងជាទិសដៅរបស់ខ្ញុំ ជាមូលដ្ឋានដែលខ្ញុំចាប់ផ្ដើមបង្កើតរបស់សព្វសារពើ។ ពេលនេះ អ្នករាល់គ្នាគ្មាននរណាម្នាក់យល់អំពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ ដែលខ្ញុំកំពុងថ្លែងមកនោះទេ។ គ្មានមនុស្សណាម្នាក់ដែលអាចយល់អំពីអត្ថន័យនៃព្រះបន្ទូលទាំងនេះបានឡើយ។ មានតែពេលដែលអ្វីគ្រប់បែបយ៉ាងត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាបានដឹងប៉ុណ្ណោះ ដែលអ្នករាល់គ្នានឹងយល់ថាហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលទាំងអស់នេះ។ ខ្ញុំមិនមែនជារបស់លោកីយ៍នេះទេ ហើយខ្ញុំក៏មិនមែនជារបស់សាកលលោកដែរ ពីព្រោះខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ខ្ញុំកាន់កាប់ពិភពចក្រវាឡទាំងមូលនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយខ្ញុំផ្ទាល់ព្រះអង្គក៏មើលខុសត្រូវលើវាដែរ ហើយមនុស្សមិនអាចត្រឹមចុះចូលនឹងសិទ្ធិអំណាចរបស់ខ្ញុំ ពោលពីព្រះនាមបរិសុទ្ធរបស់ខ្ញុំ និងអរសប្បាយចំពោះខ្ញុំ និងសរសើរតម្កើងខ្ញុំតែត្រឹមប៉ុណ្ណេះទេ។ អ្វីគ្រប់យ៉ាងនឹងត្រូវបើកសម្ដែងឱ្យអ្នករាល់គ្នាបានដឹងបន្តិចម្ដងៗ។ បើទោះបីជាគ្មានអ្វីត្រូវលាក់បាំងក្ដី ក៏អ្នករាល់គ្នានៅតែមិនអាចយល់បានពីរបៀបដែលខ្ញុំមានព្រះបន្ទូល ឬព្រះសូរសៀងនៃព្រះបន្ទូលរបស់ខ្ញុំដដែល។ អ្នកនៅតែមិនយល់ថាផែនការគ្រប់គ្រងរបស់ខ្ញុំជាអ្វីដដែល។ ដូច្នេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នានៅពេលក្រោយទៀតអំពីគ្រប់យ៉ាងដែលអ្នកពុំយល់នៅក្នុងព្រះបន្ទូលដែលខ្ញុំបានថ្លែងមក ដោយសារចំពោះខ្ញុំ អ្វីគ្រប់យ៉ាងគឺធម្មតា និងច្បាស់លាស់ ចំណែកសម្រាប់អ្នករាល់គ្នាវិញ វាពិតជាពិបាកក្រៃលែង ហើយអ្នកមិនយល់វាទាល់តែសោះ។ ដល់ចុងបញ្ចប់នេះ ខ្ញុំនឹងប្ដូររបៀបដែលខ្ញុំមានព្រះបន្ទូល ហើយខ្ញុំនឹងលែងភ្ជាប់អ្វីៗជាមួយគ្នាទៀត នៅពេលខ្ញុំមានព្រះបន្ទូល ប៉ុន្តែខ្ញុំនឹងបញ្ជាក់ចំណុចនីមួយៗឱ្យបានច្បាស់ម្ដងមួយៗ។
តើការរស់ឡើងវិញពីសេចក្ដីស្លាប់មានន័យដូចម្ដេច? តើវាមានន័យថាត្រូវស្លាប់នៅខាងសាច់ឈាម ហើយបន្ទាប់មក ត្រឡប់ទៅជារូបកាយវិញក្រោយពេលស្លាប់មែនទេ? តើនេះគឺជាអត្ថន័យនៃការរស់ឡើងវិញពីសេចក្ដីស្លាប់មែនទេ? តើវាសាមញ្ញបែបនេះមែនទេ? ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ តើអ្នកដឹងអំពីសេចក្ដីនេះដែរឬទេ? តើអ្នកយល់ពីសេចក្ដីនេះដោយរបៀបណា? តើការមានព្រះជន្មរស់ឡើងវិញពីសេចក្ដីស្លាប់របស់ខ្ញុំក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំជាលើកដំបូង អាចបកស្រាយតាមន័យត្រង់បានទេ? តើដំណើរការនោះពិតជាដូចការរៀបរាប់នៅក្នុងបទគម្ពីរទាំងនោះមែនទេ? ខ្ញុំបានមានព្រះបន្ទូលថា ប្រសិនបើខ្ញុំមិនមានព្រះបន្ទូលញឹកញាប់ទេ ហើយប្រសិនបើខ្ញុំមិនថ្លែងប្រាប់មនុស្សឱ្យបានច្បាស់ទេ នោះគ្មាននរណាម្នាក់នឹងអាចយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំបានឡើយ។ ពុំធ្លាប់មានមនុស្សណាម្នាក់នៅទូទាំងយុគសម័យនានា ដែលពុំបានគិតថា ការរស់ឡើងវិញពីសេចក្ដីស្លាប់នេះ គឺមានលក្ខណៈបែបនោះទេ។ ចាប់តាំងពីគ្រានៃការបង្កើតលោកីយ៍នេះមក គ្មាននរណាម្នាក់បានយល់អំពីអត្ថន័យពិតនៃសេចក្ដីនេះទេ។ តើខ្ញុំពិតជាត្រូវគេដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងមែនទេ? ហើយបន្ទាប់ពីបានសោយទិវង្គតទៅ តើខ្ញុំបានយាងចេញពីផ្នូរដែរទេ? តើរឿងរ៉ាវពិតជាកើតមានដោយបែបនេះមែនទេ? តើរឿងនេះអាចជាការពិតដែរឬទេ? គ្មាននរណាម្នាក់នៅក្នុងយុគសម័យនានា បានខំប្រឹងស្វែងយល់ពីសេចក្ដីនេះទេ គ្មាននរណាម្នាក់បានស្គាល់ខ្ញុំតាមរយៈហេតុការណ៍នេះទេ ហើយគ្មាននរណាម្នាក់ដែលមិនជឿលើរឿងនេះទេ។ មនុស្សគ្រប់គ្នាគិតថាវាជាការពិត។ ពួកគេពុំដឹងថា ព្រះបន្ទូលគ្រប់ម៉ាត់របស់ខ្ញុំមានន័យបង្កប់នោះទេ។ ដូច្នេះ តើការរស់ឡើងវិញពីសេចក្ដីស្លាប់មានន័យដូចម្ដេច? (នាពេលអនាគតខាងមុខ អ្នករាល់គ្នានឹងជួបប្រទះនូវការនេះ ដូច្នេះ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នាអំពីការនេះជាមុន។) គ្មានភាវៈដែលបានបង្កើតមកណាមួយ សុខចិត្តស្លាប់នោះទេ។ ពួកគេសុទ្ធតែចង់រស់។ តាមព្រះតម្រិះរបស់ខ្ញុំ សេចក្ដីស្លាប់នៅខាងសាច់ឈាម គឺមិនមែនជាសេចក្ដីស្លាប់ពិតប្រាកដនោះទេ។ នៅពេលព្រះវិញ្ញាណរបស់ខ្ញុំត្រូវបានដកចេញពីមនុស្សណាម្នាក់ហើយ មនុស្សនោះនឹងស្លាប់។ ហេតុនេះ ខ្ញុំហៅអស់ពួកអារក្សដែលសាតាំងបានធ្វើឱ្យពុករលួយ (អស់អ្នកដែលគ្មានសេចក្ដីជំនឿ អ្នកមិនជឿទាំងអស់) ថាជាមនុស្សស្លាប់។ តាំងពីគ្រានៃការបង្កើតពិភពលោកមកម្ល៉េះ ខ្ញុំបានប្រទានព្រះវិញ្ញាណរបស់ខ្ញុំដល់មនុស្សគ្រប់គ្នាដែលខ្ញុំបានជ្រើសតាំងរួច។ ក៏ប៉ុន្តែ ក្រោយពីជំហានដែលកើតមានបន្ទាប់ពីគ្រានៃការបង្កើតមក មនុស្សត្រូវបានសាតាំងកាន់កាប់មួយគ្រា។ ដូច្នេះខ្ញុំក៏បានយាងចេញ ហើយមនុស្សចាប់ផ្ដើមរងទុក្ខ (ទុក្ខលំបាកដែលខ្ញុំឆ្លងកាត់នៅពេលដែលខ្ញុំបានយកកំណើតជាមនុស្ស និងត្រូវបានដំដែកគោលទៅនឹងឈើឆ្កាង ដូចដែលបានពោលមកពីមុន)។ ក៏ប៉ុន្តែ នៅគ្រាដែលខ្ញុំបានកំណត់ទុកជាមុនមកនោះ (គ្រាដែលខ្ញុំបោះបង់ចោលមនុស្សបានបញ្ចប់) ខ្ញុំបានយករាស្រ្តដែលខ្ញុំបានកំណត់ទុកជាមុនត្រឡប់មកវិញ ហើយជាថ្មីម្ដងទៀត ខ្ញុំបានប្រទានព្រះវិញ្ញាណរបស់ខ្ញុំបញ្ចូលក្នុងខ្លួនអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាត្រឡប់មកជាមានជីវិតវិញ។ នេះហៅថា «ការរស់ឡើងវិញពីសេចក្ដីស្លាប់»។ ពេលនេះ អស់អ្នកដែលរស់នៅក្នុងព្រះវិញ្ញាណរបស់ខ្ញុំដោយពិតប្រាកដសុទ្ធតែខ្ពង់ខ្ពស់វិសេសរួចហើយ ហើយពួកគេរស់នៅក្នុងរូបកាយនេះ។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន អ្នករាល់គ្នានឹងត្រូវលះបង់ការគិតរបស់អ្នក សញ្ញាណរបស់អ្នក និងការជាប់ជំពាក់នៅផែនដីនេះទាំងអស់។ ប៉ុន្តែវាមិនដូចជាការរស់ឡើងពីសេចក្ដីស្លាប់ក្រោយពីការរងទុក្ខលំបាកដូចដែលមនុស្សនឹកស្រមៃនោះទេ។ ការដែលអ្នករាល់គ្នាកំពុងរស់នៅក្នុងពេលនេះ គឺជាបុរេលក្ខខណ្ឌដើម្បីរស់នៅជារូបកាយនេះ។ វាគឺជាផ្លូវដ៏ចាំបាច់ដែលត្រូវចូលទៅក្នុងពិភពខាងវិញ្ញាណ។ ភាពប្រសើរជាងភាពជាមនុស្សធម្មតាដែលខ្ញុំមានព្រះបន្ទូលនេះ មានន័យថាគ្មានគ្រួសារ គ្មានប្រពន្ធ គ្មានកូន និងគ្មានកិច្ចការរបស់មនុស្ស។ វាគឺជាការផ្ដោតសំខាន់តែម្យ៉ាងលើការសម្ដែងចេញពីរូបអង្គរបស់ខ្ញុំ ផ្ដោតសំខាន់តែម្យ៉ាងលើការចូលទៅខាងក្នុងព្រះកាយរបស់ខ្ញុំ និងមិនត្រូវគិតអំពីអ្វីផ្សេងក្រៅពីខ្ញុំឡើយ។ គ្រប់ទីកន្លែងដែលអ្នកទៅ គឺជាផ្ទះរបស់អ្នក។ នេះហើយគឺជាភាពជាមនុស្សធម្មតាដែលប្រសើរលើសគេ។ អ្នករាល់គ្នាបានយល់ខុសទាំងស្រុងអំពីព្រះបន្ទូលរបស់ខ្ញុំទាំងអស់នេះ។ ការយល់ដឹងរបស់អ្នក គឺរាក់កំភែលខ្លាំងណាស់។ តើខ្ញុំនឹងលេចមកចំពោះគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សដោយរបៀបណាឱ្យពិតប្រាកដ? តើជាសាច់ឈាមក្នុងពេលបច្ចុប្បន្ននេះឬ? អត់ទេ! នៅពេលដែលគ្រានោះមកដល់ ខ្ញុំនឹងលេចមកជារូបអង្គរបស់ខ្ញុំនៅគ្រប់ជាតិសាសន៍នៃសាកលលោកនេះ។ គ្រាដែលជាតិសាសន៍ដទៃត្រូវការអ្នករាល់គ្នាដើម្បីឃ្វាលពួកគេ មិនទាន់មកដល់ទេ។ នៅគ្រានោះ អ្នករាល់គ្នានឹងត្រូវចេញពីខាងសាច់ឈាម និងចូលទៅក្នុងរូបកាយដើម្បីឃ្វាលពួកគេ។ នេះគឺជាសេចក្ដីពិត ប៉ុន្តែវាមិនមែនជា «ការរស់ឡើងវិញពីសេចក្ដីស្លាប់» ដែលមនុស្សនឹកស្រមៃឡើយ។ នៅគ្រាដែលបានកំណត់ទុក អ្នករាល់គ្នានឹងចេញពីខាងសាច់ឈាមដោយមិនដឹងខ្លួន ហើយចូលទៅក្នុងពិភពខាងវិញ្ញាណ និងគ្រប់គ្រងលើជាតិសាសន៍ទាំងអស់ជាមួយខ្ញុំ។ វាមិនទាល់ដល់ពេលទេ។ នៅពេលដែលខ្ញុំត្រូវការអ្នករាល់គ្នាឱ្យនៅខាងសាច់ឈាម នោះអ្នករាល់គ្នាត្រូវនៅខាងសាច់ឈាម (បើតាមសេចក្ដីតម្រូវនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នាត្រូវមានការគិតនៅក្នុងពេលនេះ និងត្រូវរស់នៅខាងសាច់ឈាម ដូច្នេះអ្នករាល់គ្នានៅតែត្រូវធ្វើអ្វីដែលអ្នកត្រូវធ្វើនៅខាងសាច់ឈាម ស្របទៅតាមដំណាក់កាលរបស់ខ្ញុំ។ ចូរកុំរង់ចាំដោយអកម្ម ដោយសារលោកីយ៍នេះពន្យារពេលឱ្យសោះ)។ នៅពេលខ្ញុំត្រូវការអ្នករាល់គ្នាធ្វើកិច្ចការក្នុងរូបកាយជាពួកគង្វាលក្រុមជំនុំ អ្នករាល់គ្នាត្រូវចេញពីខាងសាច់ឈាម លះបង់ការគិតរបស់អ្នក និងពឹងផ្អែកលើខ្ញុំទាំងស្រុងនៅក្នុងការរស់នៅ។ ចូរមានសេចក្ដីជំនឿលើព្រះចេស្ដារបស់ខ្ញុំ និងលើព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ អ្វីគ្រប់យ៉ាងនឹងត្រូវបានខ្ញុំធ្វើដោយខ្លួនឯង។ អ្នករាល់គ្នាគ្រាន់តែត្រូវរង់ចាំ និងអរសប្បាយចុះ។ រាល់ព្រះពរទាំងអស់នឹងមកដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងមានការទំនុកបម្រុងមិនចេះអស់ និងមិនចេះចប់។ នៅពេលថ្ងៃនោះចូលមកដល់ អ្នករាល់គ្នានឹងយល់ពីគោលការណ៍ថាតើខ្ញុំធ្វើបែបនេះដោយរបៀបណា អ្នកនឹងដឹងអំពីកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ហើយអ្នកនឹងយល់ថាតើខ្ញុំនាំពួកកូនប្រុសច្បងរបស់ខ្ញុំត្រឡប់ទៅក្រុងស៊ីយ៉ូនដោយរបៀបណា។ សេចក្ដីនេះមិនស្មុគ្រស្មាញដូចដែលអ្នករាល់គ្នានឹកស្រមៃនោះទេ ប៉ុន្តែវាក៏មិនសាមញ្ញដូចអ្នករាល់គ្នាគិតដែរ។
ខ្ញុំជ្រាបថា នៅពេលខ្ញុំមានព្រះបន្ទូលបែបនេះ អ្នករាល់គ្នាកាន់តែមិនអាចចាប់យល់បានពីគោលបំណងនៃព្រះបន្ទូលរបស់ខ្ញុំ និងកាន់តែមានការភាន់ច្រឡំថែមទៀត។ អ្នកនឹងត្រូវច្រឡំវាជាមួយនឹងព្រះបន្ទូលដែលខ្ញុំបានថ្លែងមកតាំងពីដើមដំបូង ដូច្នេះអ្នកមិនអាចយល់អ្វីបានឡើយ ហើយវានឹងហាក់ដូចជាគ្មានផ្លូវចេញដូច្នោះដែរ។ ក៏ប៉ុន្តែ ចូរកុំបារម្ភអី។ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នាគ្រប់យ៉ាងទាំងអស់។ អ្វីដែលខ្ញុំមានព្រះបន្ទូល សុទ្ធតែមានន័យ។ ខ្ញុំបានមានព្រះបន្ទូលថា ខ្ញុំអាចធ្វើឱ្យរបស់ផងទាំងពួងដែលមានត្រឡប់ទៅជាគ្មានវិញ និងអាចឱ្យរបស់ទទេសូន្យត្រឡប់ទៅជាច្រើនឥតគណនា។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស ដើម្បីចូលទៅក្នុងរូបកាយពីខាងសាច់ឈាម មនុស្សម្នាក់ចាំបាច់ត្រូវប្រោសឱ្យបានរស់ឡើងវិញពីសេចក្ដីស្លាប់។ កាលពីមុន ខ្ញុំធ្លាប់ប្រើវិធីនេះ និងបានបើកបង្ហាញនូវឫទ្ធិបារីដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ប៉ុន្តែសព្វថ្ងៃនេះមិនដូចជាកាលពីមុនឡើយ។ ខ្ញុំនឹងនាំអ្នករាល់គ្នាចេញពីសាច់ឈាមចូលទៅក្នុងរាងកាយដោយផ្ទាល់។ តើនេះមិនមែនជាទីសម្គាល់ និងឫទ្ធិបារីដ៏អស្ចារ្យទេឬ? តើនេះមិនមែនជាការបើកបង្ហាញដ៏អស្ចារ្យអំពីសព្វានុភាពរបស់ខ្ញុំទេឬ? ខ្ញុំមានផែនការរបស់ខ្ញុំ ហើយខ្ញុំមានបំណងព្រះហឫទ័យរបស់ខ្ញុំ។ តើនរណាមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ? ខ្ញុំជ្រាបអំពីកិច្ចការដែលខ្ញុំធ្វើ។ ចុងក្រោយទៅ វិធីបំពេញកិច្ចការរបស់ខ្ញុំនាពេលសព្វថ្ងៃនេះ គឺខុសគ្នាពីវិធីកាលពីមុន។ ខ្ញុំកែសម្រួលវិធីធ្វើការរបស់ខ្ញុំស្របទៅតាមការផ្លាស់ប្ដូរយុគសម័យនានា។ នៅគ្រាដែលខ្ញុំត្រូវគេដំដែកគោលទៅនឹងឈើឆ្កាង នោះគឺជាយុគសម័យនៃព្រះគុណ ប៉ុន្តែគ្រានេះគឺជាយុគសម័យចុងក្រោយ។ ជំហាននៃកិច្ចការរបស់ខ្ញុំកាន់តែលឿនឡើង។ វាពុំបន្តទៅមុខក្នុងល្បឿនដូចគ្នានឹងគ្រាពីមុនមកនោះទេ ហើយវាក៏មិនយឺតជាងគ្រាមុនដែរ។ ផ្ទុយទៅវិញ វាបន្តទៅមុខកាន់តែលឿនជាងគ្រាមុនទៀត។ គ្មានផ្លូវណាដើម្បីពិពណ៌នាអំពីកិច្ចការនេះ ហើយក៏មិនត្រូវការដំណើរការសាំញ៉ាំច្រើនដែរ។ ខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីៗ។ តើវាមិនពិតទេឬដែលវាគ្រាន់តែត្រូវប្រើព្រះបន្ទូលនៃសិទ្ធិអំណាចរបស់ខ្ញុំមួយម៉ាត់ដើម្បីកំណត់ថាតើបំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវបំពេញដោយបែបណា និងថាតើខ្ញុំនឹងប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ដោយរបៀបណា? អ្វីគ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូលច្បាស់ជានឹងត្រូវសម្រេចជាក់ជាមិនខាន។ កាលពីមុន ខ្ញុំតែងបានមានព្រះបន្ទូលជារឿយៗថា ខ្ញុំនឹងត្រូវរងទុក្ខលំបាក ហើយខ្ញុំមិនអនុញ្ញាតឱ្យមនុស្សនិយាយពីទុក្ខលំបាកដែលខ្ញុំឆ្លងកាត់ពីមុននោះទេ។ ការនិយាយពីរឿងនេះ គឺជាការប្រមាថដល់ខ្ញុំ។ នេះគឺដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយចំពោះខ្ញុំ គ្មានអ្វីលំបាកសោះឡើយ។ នៅពេលអ្នកនិយាយអំពីទុក្ខលំបាកនេះ អ្នកធ្វើឱ្យមនុស្សទួញយំ។ ខ្ញុំបានមានព្រះបន្ទូលមកថា នៅពេលខាងមុខនឹងលែងមានការដកដង្ហើមធំ និងទឹកភ្នែកទៀតហើយ។ សេចក្ដីនេះគួរពន្យល់ចេញពីទិដ្ឋភាពនេះ ដូច្នេះហើយ អត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំអាចយល់បានហើយ។ អត្ថន័យដែលថា «មនុស្សមិនអាចអត់ទ្រាំនឹងទុក្ខលំបាកនេះបាន» គឺថា ខ្ញុំអាចគេចចេញពីសញ្ញាណ និងការគិតរបស់មនុស្សបាន គេចចេញពីអារម្មណ៍ខាងសាច់ឈាម គេចចេញពីដានខាងលោកីយ៍ និងយាងចេញពីខាងសាច់ឈាមបាន និងថាខ្ញុំអាចនៅបន្តឈរបាននៅពេលដែលមនុស្សគ្រប់គ្នាបដិសេធខ្ញុំ។ សេចក្ដីនេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ខ្ញុំបានមានបន្ទូលថា៖ «កូនប្រុសច្បងគ្រប់រូបត្រូវតែចូលទៅក្នុងពិភពខាងវិញ្ញាណពីខាងសាច់ឈាម។ នេះគឺជាផ្លូវដែលពួកគេត្រូវដើរ ដើម្បីបានសោយរាជ្យជាស្ដេចជាមួយខ្ញុំ។» អត្ថន័យនៃឃ្លានេះគឺថា នៅពេលអ្នកជួបប្រទះអ្វីមួយដែលអ្នករាល់គ្នាធ្លាប់នឹកស្រមៃកាលពីគ្រាមុន នោះអ្នករាល់គ្នានឹងត្រូវចេញពីខាងសាច់ឈាមជាផ្លូវការ ហើយនឹងចូលទៅក្នុងរូបកាយដើម្បីចាប់ផ្ដើមជំនុំជម្រះរាជបុត្រ និងស្ដេចទាំងនោះជាផ្លូវការ។ ពួកគេនឹងត្រូវបានជំនុំជម្រះផ្អែកតាមអ្វីដែលកើតមាននៅពេលនេះ។ ក៏ប៉ុន្តែ វាមិនស្មុគ្រស្មាញដូចអ្នករាល់គ្នានឹកស្រមៃទេ។ កិច្ចការនេះនឹងត្រូវធ្វើទៅយ៉ាងឆាប់រហ័ស។ អ្នកនឹងមិនត្រូវរស់ពីសេចក្ដីស្លាប់ទេ ហើយអ្នកនឹងមិនចាំបាច់ត្រូវរងទុក្ខលំបាកអ្វីឡើយ (ដោយសារទុក្ខលំបាក និងការលំបាករបស់អ្នករាល់គ្នានៅលើផែនដីបានមកដល់ទីបញ្ចប់ហើយ ហើយខ្ញុំក៏បានមានព្រះបន្ទូលថា ខ្ញុំនឹងលែងដោះស្រាយជាមួយពួកកូនប្រុសច្បងរបស់ខ្ញុំចាប់ពីពេលនេះតទៅហើយ)។ ពួកកូនប្រុសច្បងរបស់ខ្ញុំនឹងទទួលបានព្រះពររបស់ពួកគេ ដូចដែលបានមានព្រះបន្ទូលពីមុនមកដែរ ការពិតគឺថា អ្នកនឹងចូលទៅក្នុងពិភពខាងវិញ្ញាណដោយមិនដឹងខ្លួន។ តើហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថា នេះគឺជាសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ខ្ញុំ? ប្រសិនបើមនុស្សម្នាក់អាចត្រឹមចូលទៅក្នុងពិភពខាងវិញ្ញាញក្រោយពីរស់ពីសេចក្ដីស្លាប់វិញ នោះសេចក្ដីនេះនឹងឃ្លាតកាន់តែឆ្ងាយពីសេចក្ដីមេត្តាករុណា និងព្រះគុណហើយ។ ដូច្នេះ នេះគឺជាការសម្ដែងចេញយ៉ាងច្បាស់បំផុតអំពីសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ខ្ញុំ ហើយបន្ថែមលើនេះ សេចក្ដីនេះបង្ហាញពីសេចក្ដីតម្រូវទុកជាមុនរបស់ខ្ញុំ និងការរើសតាំងរាស្រ្តរបស់ខ្ញុំ។ វាគ្រប់គ្រាន់អាចនឹងបង្ហាញថាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំតឹងរឹងប៉ុនណាហើយ។ ខ្ញុំនឹងប្រទានព្រះគុណចំពោះនរណាដែលខ្ញុំសព្វព្រះទ័យចង់ប្រទាន និងមានសេចក្ដីមេត្តាករុណាចំពោះនរណាដែលខ្ញុំសព្វព្រះទ័យ។ គ្មាននរណាម្នាក់ត្រូវតវ៉ា ឬប្រឆាំងនោះទេ។ ខ្ញុំនឹងសម្រេចព្រះទ័យចំពោះរាល់សេចក្ដីទាំងអស់នេះ។
មនុស្សមិនអាចគិតយល់អំពីវាបានទេ ហើយពួកគេសង្កត់ខ្លួនពួកគេ រហូតដល់ពួកគេដកដង្ហើមលែងរួច ក៏ប៉ុន្តែគឺពួកគេដដែលនេះដែលចងខ្លួនឯងជាប់។ ការគិតរបស់មនុស្សគឺមានកម្រិតនៅឡើយ ដូច្នេះ ពួកគេត្រូវលះបង់ការគិត និងសញ្ញាណរបស់ពួកគេចោល។ ហេតុដូច្នេះ ខ្ញុំត្រូវយាងចេញពីខាងសាច់ឈាម និងចូលទៅក្នុងពិភពខាងវិញ្ញាណដើម្បីគ្រប់គ្រងអ្វីគ្រប់យ៉ាង ដើម្បីរៀបចំអ្វីគ្រប់យ៉ាង។ នេះគឺជាផ្លូវតែមួយគត់ដើម្បីគ្រប់គ្រងអស់ទាំងមនុស្ស និងគ្រប់ទាំងជាតិសាសន៍ និងដើម្បីគាប់តាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ វាមិនឃ្លាតចេញឆ្ងាយពីនេះទេ។ អ្នករាល់គ្នាពុំមានសេចក្ដីជំនឿលើសព្វានុភាពរបស់ខ្ញុំទេ ហើយអ្នកពុំដឹងថាខ្ញុំជានរណាឡើយ។ អ្នកគិតថាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ហើយអ្នកមិនអាចមើលឃើញពីភាពជាព្រះរបស់ខ្ញុំទាល់តែសោះ។ អ្វីៗនឹងបានពេញខ្នាតនៅពេលណាដែលខ្ញុំសព្វព្រះទ័យឱ្យវាបានពេញខ្នាត។ អ្វីដែលត្រូវការនោះគឺព្រះបន្ទូលមួយម៉ាត់ចេញពីព្រះឱស្ឋរបស់ខ្ញុំ។ អ្នករាល់គ្នាបានយកចិត្តទុកដាក់តែទៅលើទិដ្ឋភាពនៃភាពជាមនុស្សរបស់ខ្ញុំនៅក្នុងព្រះបន្ទូលដែលខ្ញុំបានថ្លែងមកក្នុងពេលថ្មីៗនេះ និងនៅគ្រប់ជំហានរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានយកចិត្តទុកដាក់ចំពោះទិដ្ឋភាពនៃភាពជាព្រះរបស់ខ្ញុំឡើយ។ នោះគឺចង់បានន័យថា អ្នកគិតថាខ្ញុំក៏មានគំនិត និងសញ្ញាណដែរ។ ប៉ុន្តែខ្ញុំបានមានព្រះបន្ទូលថា ព្រះតម្រិះ ព្រះគំនិត និងព្រះទ័យរបស់ខ្ញុំ គ្រប់ជំហានរបស់ខ្ញុំ គ្រប់យ៉ាងដែលខ្ញុំធ្វើ និងគ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូល គឺជាការបើកសម្ដែងយ៉ាងពេញលេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើអ្នករាល់គ្នាបានភ្លេចអំពីសេចក្ដីនេះហើយមែនទេ? អ្នករាល់គ្នាសុទ្ធតែជាមនុស្សវង្វេងមែន! អ្នកពុំយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំទេ។ ខ្ញុំបានអនុញ្ញាតឱ្យអ្នករាល់គ្នាឃើញពីទិដ្ឋភាពនៃភាពជាមនុស្សធម្មតារបស់ខ្ញុំតាមព្រះបន្ទូលដែលខ្ញុំបានថ្លែងមក (ខ្ញុំបានអនុញ្ញាតឱ្យអ្នករាល់គ្នាឃើញពីទិដ្ឋភាពនៃភាពជាមនុស្សធម្មតារបស់ខ្ញុំនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ នៅក្នុងតថភាពពិត ដោយសារអ្នករាល់គ្នានៅតែមិនយល់ពីទិដ្ឋភាពនៃភាពជាមនុស្សធម្មតារបស់ខ្ញុំតាមរយៈអ្វីដែលខ្ញុំបានមានបន្ទូលនៅក្នុងអំឡុងពេលនេះ) តែអ្នកមិនយល់ពីភាពជាមនុស្សធម្មតារបស់ទេ ហើយអ្នកគ្រាន់តែព្យាយាមចាប់យកអ្វីដែលអាចប្រើដើម្បីទាស់នឹងខ្ញុំប៉ុណ្ណោះ ហើយអ្នកមិនចេះទប់អារម្មណ៍នៅចំពោះព្រះភ័ក្រ្ដខ្ញុំឡើយ។ អ្នកជាមនុស្សខ្វាក់! អ្នកជាមនុស្សល្ងង់ខ្លៅ! អ្នកមិនស្គាល់ខ្ញុំទេ! ខ្ញុំបានមានព្រះបន្ទូលដោយអសារឥតការជាយូរណាស់មកហើយ! អ្នករាល់គ្នាពុំស្គាល់ខ្ញុំទាល់តែសោះ ហើយអ្នកគ្រាន់តែមិនបានទុកភាពជាមនុស្សធម្មតារបស់ខ្ញុំជាចំណែកមួយនៃព្រះជាម្ចាស់ដ៏ពេញខ្នាតផ្ទាល់ព្រះអង្គនោះទេ។ តើខ្ញុំអាចមិនខ្ញាល់យ៉ាងដូចម្ដេចបាន? តើខ្ញុំអាចមានសេចក្ដីមេត្តាករុណាជាថ្មីដូចម្ដេចបាន? ខ្ញុំគ្រាន់តែអាចឆ្លើយតបទៅកូនក្មេងដែលមិនស្ដាប់បង្គាប់ដោយសេចក្ដីក្រោធរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកពិតជាមិនមានការកោតក្រែងមែន អ្នកពុំស្គាល់ខ្ញុំទាល់តែសោះ! អ្នកគិតថាខ្ញុំបានប្រព្រឹត្តខុស! តើខ្ញុំអាចធ្វើអ្វីខុសដែរទេ? តើខ្ញុំនឹងរើសតាំងរូបអង្គខាងសាច់ឈាមដែលត្រូវយកកំណើតជាមនុស្ស ដោយធ្វេសប្រហែសឬ? ភាពជាមនុស្សរបស់ខ្ញុំ និងភាពជាព្រះរបស់ខ្ញុំ គឺជាផ្នែកពីរដែលមិនអាចបំបែកចេញពីគ្នាបាន ដែលបង្កើតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញខ្នាត។ ពេលនេះ អ្នករាល់គ្នាគួរយល់ច្បាស់អំពីសេចក្ដីនេះ។ ព្រះបន្ទូលរបស់ខ្ញុំបានសម្រេចដល់ចំណុចកំពូលរបស់វាហើយ ហើយព្រះបន្ទូលរបស់ខ្ញុំ លែងអាចពន្យល់បានដោយវែងអន្លាយទៀតហើយ!