៩៤. មេរៀនដែលទទួលបានពី ការផ្លាស់ប្ដូរភារកិច្ចរបស់ខ្ញុំ
នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខ្ញុំត្រូវបានគេផ្លាស់ប្ដូរភារកិច្ច ព្រោះខ្ញុំមិនទទួលបានលទ្ធផលអ្វីសោះនៅក្នុងភារកិច្ចខាងអត្ថបទរបស់ខ្ញុំ អស់រយៈពេលជាច្រើនខែ។ អ្នកដឹកនាំបានប្រាប់ថា ខ្ញុំមានគុណសម្បត្តិខ្សោយ ហើយខ្ញុំមិនស័ក្ដិសមនឹងភារកិច្ចខាងអត្ថបទទេ ដូច្នេះ ពួកគេនឹងឲ្យខ្ញុំដើរចែកសំបុត្រទៅកាន់បងប្អូនប្រុសស្រី។ ពេលខ្ញុំឮបែបនេះ ចិត្តខ្ញុំចាប់ផ្ដើមខ្វាយខ្វល់ ហើយខ្ញុំគិតថា៖ «ការនិយាយបែបនេះ អ្នកដឹកនាំវាយតម្លៃខ្ញុំថាជាមនុស្សមានគុណសម្បត្តិខ្សោយបាត់ទៅហើយ ហើយខ្ញុំនឹងគ្មានឱកាសបំពេញភារកិច្ចដូចជាភារកិច្ចខាងអត្ថបទម្ដងទៀតឡើយ»។ បន្ទាប់មក ខ្ញុំគិតដល់ការដែលត្រូវដើរចែកសំបុត្រទៅកាន់បងប្អូនប្រុសស្រី ហើយខ្ញុំរឹតតែស្រងាកចិត្តជាងមុនទៅទៀត។ ខ្ញុំមានអារម្មណ៍ថា នេះគ្រាន់តែជាកិច្ចការកំប៉ិកកំប៉ុកប៉ុណ្ណោះ ហើយវាមិនសំខាន់ទាល់តែសោះ។ ខ្ញុំគិតក្នុងចិត្តថា៖ «មានតែមនុស្សដែលមានការអប់រំ និងមានចំណេះដឹងជ្រៅជ្រះទេ ទើបអាចបំពេញភារកិច្ចខាងអត្ថបទបាន ហើយភារកិច្ចនេះក៏ពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ព្រមទាំងតម្រូវឲ្យមានការយល់ពីសេចក្ដីពិតបានល្អផងដែរ។ វាជាភារកិច្ចមួយដែលសមរម្យគួរសម។ ឥឡូវនេះ ខ្ញុំត្រូវបានផ្លាស់ប្ដូរឲ្យទៅធ្វើភារកិច្ចផ្នែកកិច្ចការទូទៅ តើបងប្អូនប្រុសស្រីដែលនៅជុំវិញខ្ញុំ នឹងគិតយ៉ាងណាចំពោះខ្ញុំ? ច្បាស់ណាស់ ភាពសំខាន់របស់ខ្ញុំនៅក្នុងចិត្តពួកគេ នឹងមិនដូចពីមុនទេ។ គុណសម្បត្តិខ្ញុំខ្សោយ ដូច្នេះខ្ញុំមិនអាចបំពេញភារកិច្ចជាអ្នកដឹកនាំ ឬអ្នកធ្វើការទេ ហើយខ្ញុំក៏មិនសូវពូកែខាងនិយាយស្ដីដែរ ដូច្នេះខ្ញុំក៏មិនស័ក្ដិសមសម្រាប់កិច្ចការផ្សាយដំណឹងល្អ ឬកិច្ចការស្រោចស្រពអ្នកមកថ្មីនោះដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ខ្ញុំហាក់ដូចជានឹងត្រូវជាប់គាំង ជាមួយការបំពេញភារកិច្ចផ្នែកកិច្ចការទូទៅហើយ»។ គំនិតទាំងនេះ ហាក់ដូចជាចាក់ទម្លុះបេះដូងខ្ញុំអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ថា ឋានៈខ្ញុំបានធ្លាក់ចុះ ហើយតម្លៃខ្ញុំបានថយចុះ ហាក់ដូចជាខ្ញុំធ្លាក់ពីមនុស្សដែលគេគោរព ទៅជាមនុស្សអត់បានការនៅតាមផ្លូវអ៊ីចឹង។ ខ្ញុំមិនអាចទទួលយកការណ៍នេះបានទេ ហើយខ្ញុំក៏ក្លាយជាអវិជ្ជមាន និងអស់សង្ឃឹមយ៉ាងខ្លាំង។ អ្នកដឹកនាំបានសួរពីគំនិតរបស់ខ្ញុំ ហើយខ្ញុំពិតជាចង់ប្រាប់ថា ខ្ញុំមិនចង់បំពេញភារកិច្ចនេះទេ តែខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងក្លាយជាមនុស្សគ្មានវិចារណញ្ញាណ បើខ្ញុំនិយាយបែបនោះ។ ម្យ៉ាងវិញទៀត តើវាមិនមែនជាការបដិសេធភារកិច្ចរបស់ខ្ញុំ និងក្បត់ព្រះជាម្ចាស់ទេឬ? ចុងបញ្ចប់ ខ្ញុំមិនបានបញ្ចេញមតិរបស់ខ្ញុំឡើយ។ យប់នោះ ខ្ញុំមិនអាចរំងាប់ចិត្តបានទាល់តែសោះ ហើយខ្ញុំចេះតែគិតដល់សម្ដីអ្នកដឹកនាំ ដែលប្រាប់ថាខ្ញុំមិនស័ក្ដិសមនឹងភារកិច្ចខាងអត្ថបទ ដោយសារតែខ្ញុំមានគុណសម្បត្តិខ្សោយ។ ខ្ញុំដឹងថា សភាពរបស់ខ្ញុំមិនល្អទេ ដូច្នេះខ្ញុំក៏អធិដ្ឋានទៅព្រះជាម្ចាស់៖ ដោយទូលសូមឲ្យទ្រង់បំភ្លឺ និងណែនាំខ្ញុំ ដើម្បីផ្លាស់ប្ដូរសភាពរបស់ខ្ញុំ។
បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ អំពីការត្រូវគេផ្លាស់ប្ដូរភារកិច្ចរបស់ខ្លួន។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅពេលមានស្ថានភាពមួយកើតឡើង ដែលមនុស្សម្នាក់មិនបានឈរក្នុងឋានៈដ៏ត្រឹមត្រូវរបស់ពួកគេ និងមិនបានសម្រេចនូវអ្វីដែលគេគួរធ្វើ ពោលគឺនៅពេលគេមិនបានបំពេញភារកិច្ចរបស់ខ្លួនបាន នោះគេក៏មានចំណងក្នុងចិត្ត។ នេះគឺជាបញ្ហាដ៏ជាក់ស្តែងបំផុតមួយ ហើយជាបញ្ហាដែលត្រូវតែត្រូវបានដោះស្រាយ។ ដូច្នេះ តើវាគួរតែត្រូវបានដោះស្រាយដោយរបៀបណា? តើមនុស្សម្នាក់គួរមានអាកប្បកិរិយាបែបណា? មុននឹងអ្វីៗផ្សេងទៀត គេត្រូវតែមានបំណងប្រាថ្នាចង់កែប្រែខ្លួនឯងសិន។ ហើយប្រសិនបើគេមានបំណងប្រាថ្នាបែបនេះ តើគេគួរអនុវត្តដោយរបៀបណា? ឧទាហរណ៍៖ ឧបមាថាមាននរណាម្នាក់ដែលធ្វើជាអ្នកដឹកនាំបានមួយឆ្នាំឬពីរឆ្នាំ ហើយដោយសារតែគុណសម្បត្តិរបស់គេខ្សោយ គេមិនស័ក្តិសមនឹងការងារនេះទេ គេមិនអាចមើលធ្លុះអ្វីទាំងអស់ គេមិនដឹងពីរបៀបប្រើប្រាស់សេចក្តីពិតដើម្បីដោះស្រាយបញ្ហាឡើយ ហើយគេអសមត្ថភាពក្នុងការធ្វើកិច្ចការជាក់ស្តែង ដែលជាហេតុបណ្តាលឱ្យគេត្រូវបានដកហូតតំណែង។ ប្រសិនបើបន្ទាប់ពីត្រូវបានដកហូតតំណែង គេអាចចុះចូល ហើយអាចបន្តបំពេញភារកិច្ចរបស់ខ្លួន និងមានបំណងប្រាថ្នាចង់កែប្រែខ្លួន តើគេគួរធ្វើអ្វីខ្លះ? ជាដំបូង គេគួរតែមានការយល់ដឹងនេះ៖ “ព្រះជាម្ចាស់ធ្វើបែបនេះគឺត្រឹមត្រូវហើយ។ គុណសម្បត្តិរបស់ខ្ញុំពិតជាខ្សោយខ្លាំងណាស់។ អស់រយៈពេលយ៉ាងយូរមកនេះ ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្តែងអ្វីសោះ ដោយធ្វើឱ្យយឺតយ៉ាវដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ ការដែលព្រះដំណាក់របស់ព្រះជាម្ចាស់មិនបានបណ្ដេញខ្ញុំចេញពីពួកជំនុំ គឺជារឿងល្អណាស់ទៅហើយ។ ខ្ញុំពិតជាគ្មានភាពអៀនខ្មាសសោះ ដែលចេះតែតោងតំណែងនេះរហូតមក ខណៈដែលនៅតែគិតថាខ្លួនឯងកំពុងធ្វើកិច្ចការដ៏អស្ចារ្យទៀត។ ខ្ញុំពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ!” ប្រសិនបើគេអាចស្អប់ខ្លួនឯង និងមានអារម្មណ៍វិប្បដិសារីនៅក្នុងចិត្ត តើនេះមិនមែនជាការបង្ហាញចេញពីការមានបំណងប្រាថ្នាចង់កែប្រែខ្លួនទេឬ? ការដែលអាចនិយាយបែបនេះបាន មានន័យថាគេមានបំណងប្រាថ្នានេះហើយ។ ឧបមាថាគេនិយាយនៅក្នុងចិត្តបែបនេះ៖ “អស់រយៈពេលយ៉ាងយូរក្នុងតំណែងជាអ្នកដឹកនាំ ខ្ញុំមិនបានធ្វើអ្វីសោះ ក្រៅពីដេញតាមផលប្រយោជន៍នៃឋានៈ។ ខ្ញុំគ្រាន់តែផ្សាយគោលលទ្ធិ និងបំពាក់បំប៉នខ្លួនឯងដោយគោលលទ្ធិប៉ុណ្ណោះ តែមិនបានដេញតាមការចូលទៅក្នុងជីវិតឡើយ។ ទាល់តែពេលខ្ញុំត្រូវបានដកហូតតំណែង ទើបខ្ញុំមើលឃើញថា ខ្ញុំនៅមានកម្រិតទាបឆ្ងាយណាស់ ហើយពិតជាខ្វះច្រើនណាស់។ ព្រះជាម្ចាស់ធ្វើរឿងដ៏ត្រឹមត្រូវ ហើយខ្ញុំត្រូវតែចុះចូល។ ពីមុន នៅពេលខ្ញុំមានឋានៈ បងប្អូនប្រុសស្រីល្អចំពោះខ្ញុំណាស់។ ពួកគេតែងតែចោមរោមខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅ។ ឥឡូវនេះ គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងខ្ញុំទេ ហើយខ្ញុំត្រូវបានមនុស្សគ្រប់គ្នាបដិសេធ។ ខ្ញុំសមនឹងទទួលបានបែបនេះ នេះគឺជាផលសងដែលខ្ញុំគួរតែទទួលបាន។ ម្យ៉ាងវិញទៀត តើភាវៈដែលព្រះបានបង្កើត ម្ដេចនឹងអាចមានឋានៈណាមួយនៅចំពោះព្រះជាម្ចាស់ទៅ? មិនថាឋានៈរបស់នរណាម្នាក់ខ្ពស់ប៉ុនណាក៏ដោយ ក៏វាមិនមែនជាលទ្ធផល ឬជាគោលដៅរបស់គេឡើយ។ ក្នុងការប្រទានការផ្ទុកផ្ដាក់ដល់ខ្ញុំ ព្រះជាម្ចាស់មិនមានព្រះរាជបំណងឱ្យខ្ញុំអាងឋានៈ ឬត្រេកត្រអាលនឹងឋានៈរបស់ខ្ញុំទេ ប៉ុន្តែទ្រង់ចង់ឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំគួរតែធ្វើអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ ខ្ញុំគួរតែមានអាកប្បកិរិយាចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាវាពិបាកក្នុងការចុះចូលក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដូច្នេះដែរ។ ព្រះជាម្ចាស់ធ្វើបែបនេះគឺត្រឹមត្រូវហើយ ហើយទោះបីជាឧបមាថាខ្ញុំមានហេតុផលរាប់ពាន់ ឬរាប់ម៉ឺនក៏ដោយ ក៏គ្មានហេតុផលណាមួយជាសេចក្តីពិតដែរ។ ការចុះចូលនឹងព្រះជាម្ចាស់ ទើបជាសេចក្តីពិត!” ទាំងនេះហើយ គឺជាការបង្ហាញចេញយ៉ាងពិតប្រាកដនៃការកែប្រែខ្លួន។ ប្រសិនបើមនុស្សម្នាក់មានចំណុចទាំងនេះ តើព្រះជាម្ចាស់នឹងវាយតម្លៃបុគ្គលនោះយ៉ាងដូចម្តេច? ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា នេះគឺជាបុគ្គលដែលមានមនសិការ និងវិចារណញ្ញាណ។ តើការវាយតម្លៃនេះខ្ពស់ដែរឬទេ? វាមិនខ្ពស់ប៉ុន្មានទេ បុគ្គលនោះគ្រាន់តែមានមនសិការ និងវិចារណញ្ញាណប៉ុណ្ណោះ គេមិនទាន់ឈានដល់ស្តង់ដានៃការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍នៅឡើយទេ។ ប៉ុន្តែចំពោះមនុស្សប្រភេទនេះ វាជារឿងដែលគួរឱ្យតម្លៃរួចទៅហើយ ការដែលអាចចុះចូលបាន គឺជារឿងកម្រ និងមានតម្លៃណាស់។ បន្ទាប់មកទៀត ទាក់ទងនឹងរបៀបដែលបុគ្គលនោះដេញតាម ដើម្បីឱ្យព្រះជាម្ចាស់ផ្លាស់ប្តូរការយល់ឃើញរបស់ទ្រង់ចំពោះគេ គឺអាស្រ័យលើផ្លូវដែលគេជ្រើសរើស» («មានតែតាមរយៈការដោះស្រាយសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ ទើបមនុស្សអាចដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំដឹងថា ខ្ញុំគួរតែមានអាកប្បកិរិយាប្រែចិត្ត ចំពោះការផ្លាស់ប្ដូរនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ទោះជាមានហេតុផលអ្វី ឬមានរឿងដែលខ្ញុំមិនអាចយល់បានក៏ដោយ ក៏ខ្ញុំត្រូវតែទម្លាក់ខ្លួនឯងចោលសិន ទទួលយក និងចុះចូលជាមុនសិន ទទួលស្គាល់បញ្ហារបស់ខ្ញុំ និងមានអារម្មណ៍សោកស្ដាយ និងខុសឆ្គង ដែលមិនបានបំពេញភារកិច្ចខ្ញុំឲ្យបានល្អ។ ខ្ញុំមិនទទួលបានលទ្ធផលអ្វីសោះ នៅក្នុងភារកិច្ចខាងអត្ថបទរបស់ខ្ញុំ ហើយខ្ញុំបានពន្យារពេលកិច្ចការនេះអស់រយៈពេលយ៉ាងយូរ ដូច្នេះ ខ្ញុំគួរតែទទួលយកការផ្លាស់ប្ដូរដ៏ស័ក្ដិសមនេះ។ ទោះជាពួកជំនុំរៀបចំអ្វីឲ្យខ្ញុំ ឬប្រព្រឹត្តចំពោះខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំមិនគួរមានចំណូលចិត្តផ្ទាល់ខ្លួនទេ ហើយខ្ញុំគួរតែទទួលយក និងស្ដាប់បង្គាប់។ នេះហើយជាអត្ថន័យនៃការមានវិចារណញ្ញាណ។ តែខ្ញុំមិនត្រឹមតែគ្មានអារម្មណ៍សោកស្ដាយ ឬជំពាក់គុណ ចំពោះការបរាជ័យក្នុងភារកិច្ច និងការពន្យារពេលកិច្ចការពួកជំនុំប៉ុណ្ណោះទេ តែខ្ញុំបែរជាលិចលង់ក្នុងអារម្មណ៍អស់សង្ឃឹម និងអារម្មណ៍ទាស់ទទឹង ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាត់បង់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំទៅវិញ។ ខ្ញុំពិតជាខ្វះវិចារណញ្ញាណមែន! ក្រោយពេលទទួលស្គាល់រឿងទាំងនេះ ទោះបីជាខ្ញុំអាចកែតម្រូវផ្នត់គំនិតខ្ញុំបានខ្លះក៏ដោយ តែពេលខ្លះ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលបងប្អូនប្រុសស្រីអាចនឹងមើលមកខ្ញុំ ហើយរាល់ពេលដែលខ្ញុំគិតដល់រឿងទាំងនេះ ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់។ ខ្ញុំនៅតែមានសង្ឃឹមបន្តិចបន្តួចនៅក្នុងចិត្ត ដោយគិតថា៖ «ប្រហែលជាអ្នកដឹកនាំនឹងឲ្យឱកាសខ្ញុំម្ដងទៀត ដើម្បីបំពេញភារកិច្ចខាងអត្ថបទហើយមើលទៅ? ធ្វើបែបនោះ ខ្ញុំនឹងអាចទទួលបានមុខមាត់ខ្ញុំមកវិញ» តែបន្ទាប់មក ខ្ញុំក៏គិតថា៖ «លទ្ធផលក្នុងភារកិច្ចខ្ញុំគឺច្បាស់ណាស់ គ្រប់គ្នាអាចមើលឃើញ។ បើខ្ញុំត្រូវបានគេអនុញ្ញាតឱ្យបំពេញភារកិច្ចខាងអត្ថបទម្ដងទៀត តើមិនមានតែបន្តធ្វើឱ្យយឺតយ៉ាវដល់កិច្ចការរបស់ពួកជំនុំទេឬ?» ដោយដឹងថា សភាពរបស់ខ្ញុំមិនទាន់បានផ្លាស់ប្ដូរពិតប្រាកដទេ ខ្ញុំក៏អធិដ្ឋានទៅព្រះជាម្ចាស់៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា វាគឺជារឿងត្រឹមត្រូវហើយ ដែលទូលបង្គំត្រូវបានគេផ្លាស់ប្ដូរភារកិច្ច តែទូលបង្គំនៅតែមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់។ ទូលបង្គំចេះតែមានអារម្មណ៍ថា ការបំពេញភារកិច្ចផ្នែកកិច្ចការទូទៅគឺអន់ថយ ហើយទូលបង្គំនៅតែខ្វល់ច្រើន អំពីអ្វីដែលអ្នកដទៃគិតមកលើទូលបង្គំ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនអាចចុះចូលបានទេ ហើយទូលបង្គំនៅតែផ្ដោតលើកេរ្តិ៍ឈ្មោះ និងឋានៈរបស់ទូលបង្គំដដែល។ នេះគឺជានិស្ស័យពុករលួយរបស់ទូលបង្គំ តែទូលបង្គំសុខចិត្តស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយវា។ សូមទ្រង់ណែនាំទូលបង្គំ ឲ្យផ្លាស់ប្ដូរសភាពមិនត្រឹមត្រូវរបស់ទូលបង្គំផង»។
ក្រោយអធិដ្ឋានរួច ខ្ញុំនឹកឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏រកវាយកមកអាន។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ការស្រឡាញ់ថ្នាក់ថ្នមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ គឺហួសពីមនុស្សធម្មតា ហើយវាជារឿងដែលស្ថិតនៅក្នុងសារជាតិនិស្ស័យរបស់ពួកគេ។ វាមិនមែនជាចំណាប់អារម្មណ៍បណ្ដោះអាសន្ន ឬជាឥទ្ធិពលមួយភ្លែតនៃមជ្ឈដ្ឋានជុំវិញរបស់ពួកគេឡើយ វាជារឿងដែលស្ថិតនៅក្នុងជីវិតរបស់ពួកគេ នៅក្នុងឆ្អឹងរបស់ពួកគេ ដូច្នេះហើយ វាគឺជាសារជាតិរបស់ពួកគេ។ នេះមានន័យថា នៅក្នុងគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនជារឿងអ្វីផ្សេងឡើយ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ កេរ្តិ៍ឈ្មោះ និងឋានៈគឺជាជីវិតរបស់ពួកគេ ហើយជាគោលដៅដែលពួកគេដេញតាមពេញមួយជីវិតរបស់ខ្លួន។ នៅក្នុងអ្វីទាំងអស់ដែលពួកគេធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ៖ “តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? ចុះចំណែកកេរ្តិ៍ឈ្មោះរបស់ខ្ញុំវិញ? តើការធ្វើបែបនេះនឹងផ្ដល់កេរ្តិ៍ឈ្មោះល្អដល់ខ្ញុំដែរឬទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងចិត្តមនុស្សដែរឬទេ?” នោះគឺជារឿងដំបូងដែលពួកគេគិតដល់ ដែលជាភស្តុតាងដ៏គ្រប់គ្រាន់បញ្ជាក់ថា ពួកគេមាននិស្ស័យ និងសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏ដោយសារតែរឿងនេះហើយ ទើបពួកគេពិចារណារឿងរ៉ាវតាមរបៀបនេះ។ អាចនិយាយបានថា ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ កេរ្ដិ៍ឈ្មោះ និងឋានៈ មិនមែនជាតម្រូវការបន្ថែមអ្វីនោះទេ រឹតតែមិនមែនជាអ្វីដែលនៅខាងក្រៅខ្លួន ដែលពួកគេអាចខ្វះបានឡើយ។ របស់ទាំងនេះជាផ្នែកមួយនៃធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ របស់ទាំងនេះនៅក្នុងឆ្អឹងរបស់ពួកគេ នៅក្នុងឈាមរបស់ពួកគេ របស់ទាំងនេះមានពីកំណើតនៅក្នុងខ្លួនពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនមិនខ្វល់ថាតើពួកគេមានឋានៈ និងកិត្តិនាមនោះទេ។ នេះមិនមែនជាឥរិយាបថរបស់ពួកគេទេ។ អ៊ីចឹង តើពួកគេមានឥរិយាបថយ៉ាងណា? កិត្តិនាម និងឋានៈ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងសភាពប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងអ្វីដែលពួកគេដេញតាមជាប្រចាំថ្ងៃ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណា មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណា មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេដេញតាមអ្វី មិនថាពួកគេមានគោលដៅអ្វី មិនថាទិសដៅជីវិតរបស់ពួកគេជាអ្វីទេ គ្រប់យ៉ាងគឺផ្ដោតសំខាន់បំផុតលើការមានកិត្តិនាមល្អ និងឋានៈខ្ពង់ខ្ពស់។ ហើយគោលបំណងរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនដែលអាចបោះបង់អ្វីទាំងនេះចោលបានទេ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ។ ទោះបីជាអ្នកដាក់ពួកគេនៅក្នុងព្រៃស្រោងក្នុងជ្រលងភ្នំដ៏ជ្រៅក៏ដោយ ក៏ពួកគេនៅតែមិនបោះបង់ចោលការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនដែរ។ អ្នកអាចនឹងដាក់ពួកគេនៅក្នុងចំណោមក្រុមមនុស្សណាក៏បាន ហើយអ្វីដែលពួកគេអាចគិតដល់ គឺនៅតែជាកេរ្តិ៍ឈ្មោះ និងឋានៈដដែល។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ថាស្មើនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរ ហើយដាក់រឿងទាំងពីរនេះក្នុងកម្រិតស្មើគ្នា។ ពោលគឺ នៅពេលដែលពួកគេដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេដែរ។ អាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការដេញតាមសេចក្ដីពិតនៅក្នុងការជឿលើព្រះជាម្ចាស់ គឺជាការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ក៏ជាការដេញតាមសេចក្ដីពិតដែរ។ ការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺទទួលបានសេចក្ដីពិត និងជីវិត» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បើកសម្ដែងថា អាទទឹងនឹងព្រះគ្រីស្ទ តែងតែគិតដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់គេជាមុនជានិច្ច មិនថាពួកគេធ្វើអ្វីក៏ដោយ ហើយកេរ្តិ៍ឈ្មោះ និងឋានៈនោះ តែងតែគ្របដណ្ដប់លើចិត្តរបស់គេ។ ទោះជាកាលៈទេសៈរបស់គេយ៉ាងណា ឬគេកំពុងធ្វើអ្វីក៏ដោយ គេនឹងមិនផ្លាស់ប្ដូរគោលដៅរបស់គេ ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈឡើយ។ នេះក៏ព្រោះតែវាបានចាក់ឫសជ្រៅទៅក្នុងឆ្អឹង និងនៅក្នុងជីវិតរបស់គេបាត់ទៅហើយ។ នេះគឺជាសារជាតិធម្មជាតិរបស់គេ។ ខ្ញុំកំពុងតែប្រព្រឹត្តដូចជាអាទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង។ ពេលអ្នកដឹកនាំបានប្រាប់ថា គុណសម្បត្តិខ្ញុំមិនស័ក្ដិសមសម្រាប់ភារកិច្ចខាងអត្ថបទ ហើយបានរៀបចំឲ្យខ្ញុំធ្វើភារកិច្ចផ្នែកកិច្ចការទូទៅ ខ្ញុំមិនអាចចាត់ទុកបញ្ហារបស់ខ្លួនឯងឲ្យបានត្រឹមត្រូវ និងចុះចូលប្រកបដោយវិចារណញ្ញាណបានទេ។ ផ្ទុយទៅវិញ ខ្ញុំស្រាប់តែមានអារម្មណ៍ថា តម្លៃរបស់ខ្ញុំបានថយចុះ។ ខ្ញុំចេះតែគិតអំពីរបៀបដែលអ្នកដទៃនឹងមើលមកខ្ញុំ ហើយខ្ញុំភ័យខ្លាចយ៉ាងខ្លាំងថា កន្លែងរបស់ខ្ញុំនៅក្នុងចិត្តរបស់បងប្អូនប្រុសស្រីនឹងថយចុះ ហើយខ្ញុំខ្លាចថា ពួកគេនឹងចាត់ទុកខ្ញុំត្រឹមតែជាអ្នកបំពេញភារកិច្ចផ្នែកកិច្ចការទូទៅដ៏តូចតាចម្នាក់ប៉ុណ្ណោះ។ ខ្ញុំមានគុណសម្បត្តិខ្សោយ ហើយមិនពូកែក្នុងភារកិច្ចខាងអត្ថបទទេ ដូច្នេះ អ្នកដឹកនាំបានផ្លាស់ប្ដូរខ្ញុំឲ្យទៅធ្វើភារកិច្ចផ្សេង ដែលនេះគឺផ្អែកលើការគិតគូរដល់កិច្ចការរបស់ពួកជំនុំ ហើយវាគឺសមរម្យទាំងស្រុង។ មនុស្សដែលមានវិចារណញ្ញាណនឹងទទួលយក និងចាត់ទុករឿងនេះយ៉ាងត្រឹមត្រូវ តែខ្ញុំបែរជាឲ្យតម្លៃខ្លាំងពេកទៅលើកេរ្តិ៍ឈ្មោះ និងឋានៈ។ ខ្ញុំតែងតែបារម្ភថា ការបំពេញភារកិច្ចផ្នែកកិច្ចការទូទៅ នឹងធ្វើឲ្យអ្នកដទៃមើលងាយខ្ញុំ ដូច្នេះ ខ្ញុំមិនអាចចុះចូលបានទាល់តែសោះ រហូតដល់ថ្នាក់ពេលខ្ញុំមានអារម្មណ៍ថា បំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំមិនត្រូវបានបំពេញ ខ្ញុំយល់ថាភារកិច្ចរបស់ខ្ញុំគ្មានន័យអ្វីសោះ។ ខ្ញុំថែមទាំងមានគំនិតចង់បដិសេធភារកិច្ចរបស់ខ្ញុំ និងក្បត់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំបានរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំង ដូចជា «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» និង «រស់ជាវីរបុរសក្នុងចំណោមមនុស្ស ស្លាប់ជាវិញ្ញាណក្លាហានក្នុងចំណោមខ្មោច»។ ខ្ញុំជឿថា នៅក្នុងជីវិត មនុស្សម្នាក់ត្រូវតែពូកែជាងអ្នកដទៃ ហើយធ្វើឲ្យអ្នកដទៃកោតសរសើរខ្លួន ហើយទាល់តែបែបនោះ ទើបជីវិតមានភាពរុងរឿង និងមានតម្លៃ។ តាំងពីបានជឿលើព្រះជាម្ចាស់មក ខ្ញុំតែងតែចង់បានតំណែងខ្ពស់នៅក្នុងពួកជំនុំ និងចង់ឲ្យបងប្អូនប្រុសស្រីឲ្យតម្លៃខ្ញុំខ្ពស់។ នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំបញ្ចេញឲ្យឃើញនូវនិស្ស័យពុករលួយនៃការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈជារឿយៗ ហើយទោះបីជាខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនទាក់ទងនឹងរឿងនេះក៏ដោយ ក៏ខ្ញុំនៅតែរឹងទទឹងដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈដដែល។ ភាពពិសពុលរបស់សាតាំងទាំងនេះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនខ្ញុំបាត់ទៅហើយ! បើខ្ញុំនៅតែបន្តដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈដោយមិនផ្លាស់ប្ដូរទេ ខ្ញុំនឹងនៅតែស្ថិតក្នុងសភាពអស់សង្ឃឹមនេះ ហើយចុងបញ្ចប់ ខ្ញុំច្បាស់ជានឹងចាកចេញពីព្រះជាម្ចាស់ជាមិនខាន ព្រោះតែបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំមិនត្រូវបានបំពេញ។ ខ្ញុំត្រូវតែបះបោរទាស់នឹងខ្លួនឯង ហើយឈប់ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈទៀត។
ថ្ងៃមួយ អ្នកដឹកនាំបានប្រាប់ឲ្យខ្ញុំដើរចែកសំបុត្រមួយចំនួនទៅកាន់បងប្អូនប្រុសស្រី។ នៅក្នុងចិត្ត ខ្ញុំក៏មានគំនិតនេះម្ដងទៀតថា៖ «ភារកិច្ចនេះគ្រាន់តែជាការរត់ចុះរត់ឡើងប៉ុណ្ណោះ»។ ខ្ញុំក៏អត់មិនបាននឹងដកដង្ហើមធំ ដើម្បីរំសាយអារម្មណ៍តានតឹងរបស់ខ្ញុំ។ ដោយដឹងថាសភាពរបស់ខ្ញុំមិនត្រឹមត្រូវ ខ្ញុំក៏ប្រញាប់អធិដ្ឋានទៅព្រះជាម្ចាស់ ដោយសុខចិត្តបះបោរទាស់នឹងនិស្ស័យពុករលួយរបស់ខ្ញុំ ហើយមិនផ្ដោតលើមុខមាត់ ឬឋានៈឡើយ។ ការគិតបែបនេះ ទីបំផុតបានធ្វើឲ្យចិត្តខ្ញុំស្ងប់បានបន្តិច។ ខ្ញុំនឹកឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលខ្ញុំធ្លាប់អានពីមុនមក៖ «នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គេតែងតែនិយាយអំពីការទទួលយកការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ដូច្នេះ តើភារកិច្ចកើតឡើងដោយរបៀបណា? បើនិយាយជាទូទៅ វា កើតឡើងដោយសារតែកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងការនាំយកសេចក្ដីសង្រ្គោះមកឱ្យមនុស្សជាតិ។ បើនិយាយឱ្យជាក់លាក់ នៅពេលដែលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិ កិច្ចការជាច្រើនប្រភេទក៏កើតឡើង ហើយកិច្ចការទាំងនោះសុទ្ធតែតម្រូវឱ្យមនុស្សបំពេញចំណែករបស់ខ្លួន និងធ្វើឱ្យបានសម្រេច។ តាមរបៀបនេះ ទំនួលខុសត្រូវនិងបេសកកម្មរបស់មនុស្សក៏កើតឡើង ហើយ ទំនួលខុសត្រូវនិងបេសកកម្មទាំងនេះ គឺជាភារកិច្ចដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ដូច្នេះហើយ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ កិច្ចការជាច្រើនដែលតម្រូវឱ្យមានកិច្ចសហការរបស់មនុស្ស គឺជាកាតព្វកិច្ចដែលពួកគេគួរតែបំពេញ។ ដូច្នេះ តើកាតព្វកិច្ចមានភាពខុសគ្នាឬទេ ពាក់ព័ន្ធនឹងភាពប្រសើរជាងនិងអាក្រក់ជាង ខ្ពស់ជាងនិងទាបជាង ឬក៏ធំនិងតូច? ភាពខុសគ្នាបែបនេះ មិនមានឡើយ។ ល្គឹកណាអ្វីមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាតម្រូវការរបស់ទ្រង់ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ឬជាតម្រូវការនៃកិច្ចការក្នុងដំណាក់របស់ទ្រង់ នោះទើបវាជាកាតព្វកិច្ចរបស់មនុស្ស។ នេះគឺជានិយមន័យ និងប្រភពដើមនៃកាតព្វកិច្ច។» («តើអ្វីជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ដែលស្របតាមស្ដង់ដា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ដូច្នេះ នៅពេលប្រៀបធៀបភារកិច្ចនេះទៅនឹងបេសកកម្មលោកីយ៍របស់អ្នក តើមួយណាសំខាន់ជាង? (ភារកិច្ចរបស់ខ្ញុំ។) ហេតុអ្វីបានជាវាបែបនេះ? ភារកិច្ចរបស់អ្នក គឺជាអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកធ្វើ ហើយវាគឺជាអ្វីដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នក នេះគឺជាផ្នែកមួយនៃហេតុផល។ ហេតុផលចម្បងមួយទៀតគឺថា នៅពេលអ្នកទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អ្នកក្លាយជាមានការពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ រាល់ពេលដែលមានអ្វីមួយត្រូវបានរៀបចំឱ្យអ្នកធ្វើ ដោយមិនគិតថាវាជាកិច្ចការលំបាក ឬនឿយហត់នោះទេ ឬថាតើអ្នកចូលចិត្តធ្វើវា ឬអត់ក៏ដោយ ក៏វាគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកអាចចាត់ទុកវាជាការផ្ទុកផ្ដាក់ និងទំនួលខុសត្រូវដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក ហើយអាចបំពេញវាដោយអស់ពីចិត្ត និងកម្លាំងរបស់អ្នកបាន នោះគេអាចនិយាយបានថា កិច្ចការដែលអ្នកធ្វើ ពោលគឺភារកិច្ចដែលអ្នកបំពេញ គឺមានការពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើអ្នកអាចទទួលយកការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នកដោយស្មោះអស់ពីចិត្ត និងស្មោះសរ តើទ្រង់នឹងចាត់ទុកអ្នកយ៉ាងដូចម្ដេច? ទ្រង់នឹងចាត់ទុកអ្នកជាសមាជិកម្នាក់នៃក្រុមគ្រួសាររបស់ទ្រង់។ តើនោះជាព្រះពរ ឬជាសេចក្ដីវេទនា? (ជាព្រះពរ។) វាគឺជាព្រះពរដ៏ធំធេង» («តើអ្វីជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ដែលស្របតាមស្ដង់ដា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា កិច្ចការ ឬការងារតែមួយ មានលក្ខណៈខុសគ្នានៅក្នុងពិភពដែលគ្មានជំនឿ និងនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ រាល់ភារកិច្ចនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺកើតចេញពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ និងចេញពីតម្រូវការនៃកិច្ចការរបស់ពួកជំនុំ ហើយគ្មានការបែងចែកចំណាត់ថ្នាក់ ឬភាពខុសគ្នាណាមួយទាក់ទងនឹងល្អ ឬអាក្រក់ ខ្ពស់ ឬទាបឡើយ។ ទោះបីជាកិច្ចការមួយមើលទៅតូចតាចយ៉ាងណាក៏ដោយ ក៏វានៅតែជាភារកិច្ចដែលយើងគួរតែបំពេញដែរ។ តែខ្ញុំបែរជាបែងចែកភារកិច្ចជាចំណាត់ថ្នាក់ ហើយប្រើភារកិច្ចទាំងនោះ ដើម្បីចាត់ថ្នាក់ឋានៈ និងតំណែងរបស់មនុស្សទៅវិញ។ ខ្ញុំគិតថា ការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬការបំពេញភារកិច្ចខាងអត្ថបទ សុទ្ធតែជាកិច្ចការប្រើបញ្ញាដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ហើយថា ការបំពេញភារកិច្ចទាំងនេះគឺមានមុខមាត់ រុងរឿង ខ្ពង់ខ្ពស់ និងធ្វើឲ្យមនុស្សម្នាក់មានភាពសំខាន់។ ស្របពេលជាមួយគ្នានេះ ខ្ញុំចាត់ទុកភារកិច្ចផ្នែកកិច្ចការទូទៅ ថាជាកិច្ចការបន្ទាប់បន្សំរបស់ពួកជំនុំ ថាភារកិច្ចទាំងនេះគ្រាន់តែទាមទារកម្លាំងពលកម្ម ហើយមិនសូវមានសារៈសំខាន់ទេ ហើយថា អ្នកដែលបំពេញភារកិច្ចទាំងនោះគឺអន់ថយ និងស្ថិតនៅកម្រិតទាបជាងអ្នកដែលបំពេញភារកិច្ចផ្សេងទៀត។ ការវាយតម្លៃរឿងរ៉ាវតាមរបៀបនេះ គឺមិនស្របតាមសេចក្ដីពិតឡើយ។ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គ្រប់គ្នាបំពេញភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកកម្លាំងរបស់ពួកគេ ដល់ការផ្សាយកិច្ចការដំណឹងល្អ។ ប្រៀបដូចជាគ្រឿងបន្លាស់នៃម៉ាស៊ីនមួយអ៊ីចឹង សមាសភាគនីមួយៗបំពេញតួនាទីរៀងៗខ្លួន ហើយមិនអាចខ្វះបានសម្រាប់ប្រព័ន្ធទាំងមូលឡើយ។ ភារកិច្ចផ្នែកកិច្ចការទូទៅដែលខ្ញុំកំពុងធ្វើ ក៏ជាតម្រូវការសម្រាប់កិច្ចការរបស់ពួកជំនុំដែរ។ កិច្ចការដូចជាការដើរចែកសំបុត្រ និងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់បងប្អូនប្រុសស្រី អាចមើលទៅដូចគ្រាន់តែជាកិច្ចការទូទៅក៏ពិតមែន តែដោយសារតែវាមានទំនាក់ទំនងនឹងកិច្ចការរបស់ពួកជំនុំ ភារកិច្ចទាំងនេះមិនមែនជារឿងដែលធ្វើសម្រាប់បុគ្គលណាម្នាក់ឡើយ តែផ្ទុយទៅវិញ វាគឺជាការទទួលខុសត្រូវដែលត្រូវបំពេញនៅចំពោះព្រះជាម្ចាស់។ លើសពីនេះទៅទៀត តាមរយៈការផ្លាស់ប្ដូរភារកិច្ចរបស់ខ្ញុំ ផ្លូវខុសឆ្គងរបស់ខ្ញុំក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ព្រមទាំងទស្សនៈខុសទំនងរបស់ខ្ញុំចំពោះភារកិច្ច ត្រូវបានបើកសម្ដែងឲ្យឃើញ។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ!
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយបានរៀនពីរបៀបចាត់ទុកការផ្លាស់ប្ដូរភារកិច្ចឲ្យបានត្រឹមត្រូវ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយយុត្តិធម៌ និងស្មើភាពគ្នា។ ដោយសារអ្នកមិនអាចធ្វើអ្វីបាន អ្នកត្រូវបានស្នើសុំឱ្យផ្សាយដំណឹងល្អ ពោលគឺការធ្វើបែបនេះគឺដើម្បីឱ្យអ្នកអាចបំពេញមុខងារចុងក្រោយរបស់អ្នក ក្រោមលក្ខខណ្ឌដែលអ្នកមិនអាចទទួលយកភារកិច្ចផ្សេងទៀតបាន។ តាមរយៈការណ៍នេះ អ្នកកំពុងទទួលបានឱកាស និងពន្លឺនៃក្តីសង្ឃឹមដ៏តិចតួចមួយ។ អ្នកមិនត្រូវបានដកហូតសិទ្ធិក្នុងការបំពេញភារកិច្ចរបស់អ្នកទេ។ ព្រះជាម្ចាស់នៅតែមានព្រះរាជបញ្ជាបេសកកម្មសម្រាប់អ្នកដដែល ហើយទ្រង់មិនលម្អៀងចំពោះអ្នកនោះឡើយ។ ដូច្នេះ អ្នកដែលត្រូវបានចាត់តាំងឱ្យទៅក្រុមផ្សាយដំណឹងល្អ មិនមែនត្រូវបានបញ្ជូនទៅធ្នើរក្រោយដែលគេបំភ្លេចចោលនោះទេ ហើយក៏មិនមែនត្រូវបានបោះបង់ចោលនោះដែរ ប៉ុន្តែផ្ទុយទៅវិញ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួននៅកន្លែងផ្សេងមួយទៀត។ ... មិនថាគេដាក់អ្នកនៅទីណា នៅវេលាណា ឬអ្នកស្ថិតនៅកន្លែងណា មានទំនាក់ទំនងជាមួយអ្នកណា និងបំពេញភារកិច្ចអ្វីនោះឡើយ គឺមិនសំខាន់ទេ។ ព្រះជាម្ចាស់នឹងទតឃើញអ្នក និងពិនិត្យពិច័យជម្រៅដួងចិត្តរបស់អ្នកជានិច្ច។ កុំគិតថា ដោយសារអ្នកជាសមាជិកនៃក្រុមផ្សាយដំណឹងល្អ នោះព្រះជាម្ចាស់មិនយកចិត្តទុកដាក់ចំពោះអ្នក ឬថាព្រះជាម្ចាស់ទតមិនឃើញអ្នក ដូច្នេះ អ្នកអាចធ្វើអ្វីតាមដែលអ្នកចង់ធ្វើនោះឡើយ។ ហើយកុំគិតថា ប្រសិនបើគេចាត់អ្នកឱ្យចូលក្រុមផ្សាយដំណឹងល្អ អ្នកលែងមានសង្ឃឹមទទួលបានសេចក្តីសង្រ្គោះទៀត រួចហើយក៏មានអាកប្បកិរិយាអវិជ្ជមានចំពោះកិច្ចការនោះឡើយ។ វិធីគិតទាំងនេះគឺខុសទាំងអស់។ មិនថាគេដាក់អ្នកនៅទីណា ឬគេចាត់ចែងភារកិច្ចអ្វីឱ្យអ្នកធ្វើនោះទេ វាគឺជាអ្វីដែលអ្នកគួរតែធ្វើ ហើយអ្នកគួរតែធ្វើភារកិច្ចនោះដោយភាពឧស្សាហ៍ព្យាយាម និងដោយការទទួលខុសត្រូវ។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះអ្នកមិនផ្លាស់ប្ដូរទេ ហើយការចុះចូលរបស់អ្នកចំពោះការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ក៏មិនគួរផ្លាស់ប្ដូរនោះដែរ។ ឋានៈរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ គឺដូចគ្នានឹងឋានៈរបស់អ្នកបំពេញភារកិច្ចផ្សេងទៀតដែរ។ តម្លៃរបស់មនុស្សម្នាក់មិនត្រូវបានវាស់វែងដោយភារកិច្ចដែលពួកគេធ្វើនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដោយថាតើពួកគេស្វែងរកសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិតដែរឬអត់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ក្រោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះរួច ទស្សនៈខុសទំនងរបស់ខ្ញុំចំពោះការផ្លាស់ប្ដូរភារកិច្ច ត្រូវបានកែតម្រូវ។ ដំបូងឡើយ ខ្ញុំតែងតែមានអារម្មណ៍ថា ការដែលខ្ញុំធ្វើភារកិច្ចផ្នែកកិច្ចការទូទៅ មានន័យថា ខ្ញុំធ្លាក់ពីមនុស្សដែលគេគោរព ទៅជាមនុស្សអត់បានការនៅតាមផ្លូវ។ ខ្ញុំថែមទាំងមានអារម្មណ៍ថា ខ្ញុំត្រូវបានគេផាត់ចោល ហើយបំភ្លេចចោល ដោយគ្មានអ្នកណាខ្វល់ពីរូបខ្ញុំជារៀងរហូត។ ប៉ុន្តែ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំដឹងថាការយល់ដឹងនេះគឺខុសទំនង។ ដោយសារតែខ្ញុំមានគុណសម្បត្តិខ្សោយ ខ្ញុំមិនស័ក្ដិសមនឹងភារកិច្ចខាងអត្ថបទទេ។ ពួកជំនុំបានរៀបចំឲ្យខ្ញុំធ្វើភារកិច្ចផ្នែកកិច្ចការទូទៅ គឺស្របទៅតាមគុណសម្បត្តិរបស់ខ្ញុំ។ ត្រង់ចំណុចនេះ ខ្ញុំត្រូវបានផ្ដល់ឱកាសឲ្យបំពេញភារកិច្ចមួយតាមសមត្ថភាពដែលខ្ញុំមាន និងដើម្បីបំពេញតួនាទីរបស់ខ្ញុំ។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំង។ ខ្ញុំគ្មានជំនាញពិសេសអ្វីទេ ហើយក៏មិនអាចធ្វើភារកិច្ចផ្សេងបានដែរ ប៉ុន្តែ ព្រះដំណាក់របស់ព្រះជាម្ចាស់នៅតែរៀបចំភារកិច្ចមួយឲ្យខ្ញុំតាមដែលអាចធ្វើទៅបាន ដោយផ្ដល់ឱកាសឲ្យខ្ញុំទទួលបានសេចក្ដីសង្គ្រោះ។ ប៉ុន្តែ តើខ្ញុំបានចាត់ទុករឿងនេះយ៉ាងដូចម្ដេចទៅ? ខ្ញុំបានចាត់ទុកការផ្លាស់ប្ដូរភារកិច្ចនេះ ថាជាការមើលងាយ និងផាត់ខ្ញុំចោលទៅវិញ។ ការយល់ដឹងរបស់ខ្ញុំគឺមិនសមហេតុសមផលទាល់តែសោះ ហើយខ្ញុំមិនស្គាល់ល្អអាក្រក់សោះ! កាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍ជំពាក់គុណព្រះជាម្ចាស់។ ខ្ញុំគិតថា ខ្ញុំត្រូវតែបំពេញភារកិច្ចខ្ញុំឲ្យបានត្រឹមត្រូវ ស្របតាមតម្រូវការ និងគោលការណ៍នៃការងារផ្នែកកិច្ចការទូទៅ និងចាត់ទុករឿងនេះជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំត្រូវតែបំពេញភារកិច្ចនេះឲ្យបានល្អ ដើម្បីកុំឲ្យខកបំណងចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់។ ខ្ញុំនឹកឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មុខងារគឺមិនដូចគ្នាទេ។ មានរូបកាយតែមួយ។ ម្នាក់ៗគួរតែបំពេញភារកិច្ចរបស់ខ្លួន ហើយម្នាក់ៗគួរតែនៅក្នុងកន្លែងរៀងៗខ្លួន ដោយខិតខំឱ្យអស់ពីសមត្ថភាព សម្រាប់ផ្កាភ្លើងនីមួយៗគួរតែមានជះចេញជាពន្លឺ ហើយអ្នកគួរតែស្វែងរកភាពចាស់ទុំនៅក្នុងជីវិត។ ធ្វើបែបនេះ ទើបខ្ញុំនឹងពេញព្រះទ័យ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំអាចធ្វើបាន និងប្រើប្រាស់អ្វីដែលខ្ញុំមានឲ្យអស់ពីលទ្ធភាព។ ខ្ញុំត្រូវតែឈរនៅកន្លែងរបស់ខ្ញុំ ហើយធ្វើឲ្យអស់ពីសមត្ថភាព ដោយមិនគិតពីកេរ្តិ៍ឈ្មោះ ឬឋានៈរបស់ខ្ញុំឡើយ។ ក្នុងពេលបំពេញភារកិច្ច ខ្ញុំត្រូវតែដេញតាមសេចក្ដីពិត និងការចូលទៅក្នុងជីវិត ហើយខិតខំបំពេញតាមបំណងព្រះហឫទ័យ និងតម្រូវការរបស់ព្រះជាម្ចាស់ឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ហើយចិត្តខ្ញុំកាន់តែត្រូវបានបំភ្លឺ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើព្រះជាម្ចាស់បង្កឲ្យនរណាម្នាក់ទទួលរងការឈឺចាប់ និងមានភាពក្រីក្រ តើនេះមានន័យថាពួកគេគ្មានសង្ឃឹមនឹងបានទទួលបានការសង្គ្រោះទេឬ? ប្រសិនបើពួកគេមានតម្លៃទាប និងឋានៈសង្គមទាប តើព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេទេឬ? ប្រសិនបើពួកគេមានឋានៈទាបនៅក្នុងសង្គម តើពួកគេក៏មានឋានៈទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរឬ? មិនប្រាកដទេ។ តើវាអាស្រ័យលើអ្វី? វាអាស្រ័យលើផ្លូវដែលបុគ្គលនេះដើរ អាស្រ័យលើការដេញតាមរបស់ពួកគេ និងអាស្រ័យលើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្តីពិត និងព្រះជាម្ចាស់។ ប្រសិនបើឋានៈសង្គមរបស់នរណាម្នាក់ទាបខ្លាំង គ្រួសារក្រីក្រខ្លាំង ហើយមានកម្រិតអប់រំទាប ក៏ប៉ុន្តែពួកគេជឿលើព្រះជាម្ចាស់ដោយឥរិយាបថជាក់ស្ដែង ហើយស្រឡាញ់សេចក្តីពិត និងអ្វីៗដែលវិជ្ជមាន នោះតើតម្លៃរបស់ពួកគេខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? ពួកគេមានតម្លៃខ្ពស់។ ដោយមើលតាមទស្សនៈនេះ តើអ្វីជាកត្តាដែលកំណត់តម្លៃរបស់មនុស្សថា ខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាប? វាអាស្រ័យលើរបៀបដែលព្រះជាម្ចាស់ទតឃើញអ្នក។ ប្រសិនបើព្រះជាម្ចាស់ទតឃើញអ្នកជាមនុស្សដែលដេញតាមសេចក្តីពិត នោះអ្នកជាមនុស្សដែលមានតម្លៃ និងថ្លៃថ្លា ពោលគឺ អ្នកជាភាជន៍ដ៏មានតម្លៃ។ ប្រសិនបើព្រះជាម្ចាស់ទតឃើញថា អ្នកមិនដេញតាមសេចក្តីពិត ហើយអ្នកមិនបានលះបង់ខ្លួនឯងដោយស្មោះត្រង់ដើម្បីទ្រង់ទេ នោះអ្នកគ្មានតម្លៃ ហើយមិនថ្លៃថ្លាទេ ពោលគឺ អ្នកជាភាជន៍ដ៏ថោកទាប។ មិនថាអ្នកមានកម្រិតអប់រំខ្ពស់យ៉ាងណា ឬឋានៈក្នុងសង្គមខ្ពស់យ៉ាងណាទេ ប្រសិនបើអ្នកមិនដេញតាម ឬមិនយល់ពីសេចក្តីពិត នោះតម្លៃរបស់អ្នកមិនអាចខ្ពស់បានឡើយ ទោះបីជាមានមនុស្សជាច្រើនគាំទ្រអ្នក លើកតម្កើងអ្នក និងគោរពអ្នកក៏ដោយ ក៏អ្នកនៅតែជាកម្ទេចសំរាមមួយដុំដដែល។ ... ដោយពិនិត្យមើលឥឡូវនេះ តើអ្វីជាមូលដ្ឋានសម្រាប់ការកំណត់តម្លៃរបស់នរណាម្នាក់ថា ជាមនុស្សថ្លៃថ្នូរ ឬថោកទាប? (វាគឺជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ចំពោះសេចក្តីពិត និងចំពោះអ្វីទាំងឡាយដែលវិជ្ជមាន។) ត្រឹមត្រូវហើយ។ ជាដំបូង គេត្រូវឈ្វេងយល់ថាតើអ្វីដែលជាអាកប្បកិរិយារបស់ព្រះជាម្ចាស់។ ការយល់ដឹងពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ និងការយល់ដឹងពីគោលការណ៍ និងស្តង់ដាដែលព្រះជាម្ចាស់ធ្វើការវិនិច្ឆ័យចំពោះមនុស្ស រួចហើយវាស់វែងមនុស្សដោយផ្អែកលើគោលការណ៍ និងស្តង់ដាដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស មានតែបែបនេះទេទើបត្រឹមត្រូវ សមរម្យ និងយុត្តិធម៌បំផុត» («ចំណុចទីប្រាំពីរ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ព្រះជាម្ចាស់មិនវាស់ស្ទង់តម្លៃរបស់មនុស្សម្នាក់ ផ្អែកលើឋានៈសង្គមដែលមើលឃើញពីសំបកក្រៅនោះទេ ឬផ្អែកលើភារកិច្ចដែលពួកគេធ្វើនោះឡើយ តែផ្អែកលើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ អ្នកដែលស្រឡាញ់ និងដេញតាមសេចក្ដីពិត ទោះបីជាពួកគេធ្វើភារកិច្ចអ្វី ឬទោះជាពួកគេត្រូវបានអ្នកដទៃកោតសរសើរក៏ដោយ សុទ្ធតែមានតម្លៃនៅក្នុងព្រះនេត្រព្រះជាម្ចាស់។ ប៉ុន្តែ ចំពោះអ្នកដែលមិនដេញតាមសេចក្ដីពិតវិញ ទោះបីជាភារកិច្ចរបស់ពួកគេធ្វើឲ្យពួកគេមើលទៅរុងរឿង និងលេចធ្លោ ហើយធ្វើឲ្យពួកគេត្រូវបានមនុស្សជាច្រើនកោតសរសើរក៏ដោយ ពួកគេនៅតែទាបថោក និងគ្មានតម្លៃនៅក្នុងព្រះនេត្រព្រះជាម្ចាស់ដដែល។ ព្រះជាម្ចាស់មិនត្រឹមតែព្រងើយកន្តើយចំពោះមនុស្សបែបនេះទេ តែទ្រង់ថែមទាំងខ្ពើមរអើម និងស្អប់ខ្ពើមពួកគេទៀតផង។ ពេលដឹងពីរឿងទាំងនេះ ចិត្តខ្ញុំមានអារម្មណ៍ភ្លឺស្វាង និងធូរស្រាល។ ខ្ញុំមានគំនិតតែមួយគត់ថា៖ «មិនថាខ្ញុំធ្វើភារកិច្ចអ្វីទេ ខ្ញុំនឹងផ្ដោតតែទៅលើការដេញតាមសេចក្ដីពិតប៉ុណ្ណោះ»។ នៅពេលនេះ ខ្ញុំពិតជាអាចទទួលយកការងារផ្នែកកិច្ចការទូទៅជាភារកិច្ចរបស់ខ្ញុំបានយ៉ាងពិតប្រាកដ ហើយខ្ញុំចាប់ផ្ដើមគិតយ៉ាងសកម្ម អំពីរបៀបបំពេញភារកិច្ចនេះឲ្យបានល្អ។ នៅពេលអ្នកដឹកនាំបានចាត់តាំងខ្ញុំឲ្យដើរចែកសំបុត្រ និងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅកាន់បងប្អូនប្រុសស្រីម្ដងទៀត ខ្ញុំលែងមានអារម្មណ៍ទាស់ទទឹងទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំចាត់ទុកវាជាភារកិច្ចរបស់ខ្ញុំ និងជារឿងដែលខ្ញុំគួរតែធ្វើ ហើយខ្ញុំប្ដេជ្ញាថានឹងបំពេញភារកិច្ចខ្ញុំឲ្យបានល្អ។ បន្ទាប់ពីសភាពរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរ ចិត្តខ្ញុំអាចស្ងប់បាន ហើយខ្ញុំអាចបំពេញភារកិច្ចដោយភាពស្ងប់ចិត្ត។ ខ្ញុំពិតជាដឹងគុណចំពោះការបំភ្លឺ និងការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលអនុញ្ញាតឲ្យខ្ញុំទទួលបានការយល់ដឹង និងការផ្លាស់ប្ដូរនេះ!