៩២. ការឆ្លុះបញ្ចាំងអំពីការដេញតាមលុយកាក់

ខ្ញុំកើតនៅក្នុងភូមិឆ្ងាយដាច់ស្រយាល និងក្រីក្រមួយ ហើយដោយសារតែគ្រួសារខ្ញុំក្រីក្រ ខ្ញុំត្រូវបានសាច់ញាតិមើលងាយតាំងពីតូច។ ខ្ញុំបានតាំងចិត្តថា៖ «ខ្ញុំត្រូវតែខិតខំរៀនសូត្រ ហើយនៅថ្ងៃអនាគត ពេលរកលុយបានច្រើន ខ្ញុំនឹងអាចមានមុខមាត់ ខ្ពង់ខ្ពស់ជាងគេ ហើយនាំកិត្តិយសមកដល់គ្រួសារ»។ នៅសាលា ខ្ញុំប្រឹងរៀនគ្រប់ពេល ដោយតែងតែរៀនក្រោមពន្លឺភ្លើងទៀន រហូតដល់ម៉ោង ២ ឬ ៣ ទៀបភ្លឺ។ មានម្ដងនោះ ខ្ញុំអស់កម្លាំងពេក រហូតដល់ដេកលក់ ហើយទាល់តែភ្លើងឆេះសក់ បានខ្ញុំភ្ញាក់ឡើង។ ទោះបីជាជីវិតលំបាកក៏ដោយ ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា៖ «ចង់ក្លាយជាមនុស្សអស្ចារ្យបំផុត ត្រូវអត់ធ្មត់ទ្រាំទុក្ខលំបាកធំៗបំផុត»។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលក្នុងអំឡុងពេលប្រឡងចូលមហាវិទ្យាល័យ គឺខ្ញុំបានជាប់ត្រឹមតែសាកលវិទ្យាល័យធម្មតាមួយប៉ុណ្ណោះ។ ខ្ញុំមានមហិច្ឆតា ហើយមិនអាចទទួលយកលទ្ធផលនេះទេ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តរៀនត្រៀមប្រឡងមួយឆ្នាំទៀត។ ឆ្នាំនោះ ខ្ញុំខិតខំរៀនកាន់តែខ្លាំងជាងមុន ប៉ុន្តែ ពេលលទ្ធផលប្រឡងត្រូវបានប្រកាស ខ្ញុំបានធ្លាក់ម្ដងទៀត។ ពេលខ្ញុំទទួលបានលទ្ធផល បេះដូងខ្ញុំឈឺចាប់ស្ទើរខ្ទេចខ្ទាំ។ ការចូលរៀននៅសាកលវិទ្យាល័យល្បីឈ្មោះ គឺជាឱកាសតែមួយគត់ដើម្បីផ្លាស់ប្ដូរវាសនារបស់ខ្ញុំ ហើយខ្ញុំមិនដែលនឹកស្មានថា នឹងប្រឡងធ្លាក់សោះ។ ក្នុងអំឡុងពេលនោះ ខ្ញុំរស់នៅទាំងវិលវល់ ហើយមិនដឹងថាត្រូវធ្វើអ្វីឡើយ ដូច្នេះ ខ្ញុំបានទៅធ្វើជាកម្មករលើកឥដ្ឋនៅការដ្ឋានសំណង់។ ដៃរបស់ខ្ញុំទៅជារលាត់ រហូតដល់មានស្នាមដាច់ និងពងបែកឈាម ហើយនៅពេលយប់ ការឈឺចាប់ធ្វើឲ្យខ្ញុំដេកមិនលក់ ហើយខ្ញុំលួចយំនៅក្រោមភួយ។ ខ្ញុំគិតក្នុងចិត្តថា៖ «តើខ្ញុំនឹងរស់នៅជាមនុស្សសាមញ្ញបែបនេះ អស់មួយជីវិតឬ? ខ្ញុំមិនអាចទទួលយកបានទេ!» ខ្ញុំជឿថា វាសនាស្ថិតនៅក្នុងដៃរបស់ខ្ញុំផ្ទាល់ ដូច្នេះ ខ្ញុំចង់សាកល្បងម្ដងទៀតដើម្បីផ្លាស់ប្ដូរវាសនាខ្ញុំ ហើយខ្ញុំបានខិតខំរៀនកាន់តែខ្លាំងនៅឆ្នាំបន្ទាប់។ ប៉ុន្តែ ទោះបីជាខ្ញុំព្យាយាមខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំនៅតែមិនអាចចូលរៀននៅសាកលវិទ្យាល័យកំពូលបានដែរ។ ខ្ញុំគ្មានជម្រើសក្រៅពីទទួលយកវាសនាខ្ញុំ ហើយទៅរៀននៅមហាវិទ្យាល័យអាកាសចរណ៍ធម្មតាមួយ។

ក្រោយពេលបញ្ចប់ការសិក្សា ខ្ញុំបានធ្វើការនៅក្រុមហ៊ុនជួសជុលយន្តហោះក្នុងស្រុកមួយ។ ដំបូងឡើយ ខ្ញុំធ្វើបានត្រឹមតែការងារប្រើកម្លាំងបាយនៅក្នុងរោងជាងប៉ុណ្ណោះ។ សម្លៀកបំពាក់ខ្ញុំសើមជោកដោយញើស នៅក្នុងកម្ដៅដ៏ក្ដៅហែង ហើយខ្ញុំគិតថា៖ «ជីវិតនេះលំបាកណាស់។ ខ្ញុំមិនអាចស្កប់ចិត្តនឹងការគ្រាន់តែធ្វើជាកម្មករធម្មតាបែបនេះទេ។ ខ្ញុំត្រូវតែរៀនភាសាអង់គ្លេស និងពង្រឹងជំនាញបច្ចេកទេសរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចទទួលបានការទទួលស្គាល់ពីចៅហ្វាយ ហើយបានឡើងតំណែង។ ពេលនោះ ខ្ញុំអាចទទួលបានតួនាទីខ្ពស់ជាងមុន និងប្រាក់ខែច្រើនជាងមុន»។ ក្រៅពីការរៀនសូត្រពីមិត្តរួមការងារដែលមានជំនាញ ខ្ញុំថែមទាំងឆ្លៀតពេលធ្វើដំណើរ ដើម្បីអានឯកសារការងារទៀតផង។ ជួនកាល ពេលយន្តហោះមានបញ្ហានៅកណ្ដាលយប់ ហើយអ្នកផ្សេងដេកលក់ និងមិនចង់ទៅ ខ្ញុំស្ម័គ្រចិត្តទៅដោះស្រាយបញ្ហា ដើម្បីទទួលបានជំនាញ និងបទពិសោធ។ ខ្ញុំបានចាប់យកគ្រប់ឱកាសក្នុងការអនុវត្ត និងការបណ្ដុះបណ្ដាល។ ពីរបីខែក្រោយមក មិនត្រឹមតែខ្ញុំបានក្លាយជាវិស្វករហាត់ការប៉ុណ្ណោះទេ តែប្រាក់ខែខ្ញុំក៏កើនឡើងទ្វេដងដែរ ហើយខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការជាមួយក្រុមអ្នកជំនាញបរទេសលើគម្រោងផ្សេងៗ។ ប៉ុន្តែ ទោះបីជាឋានៈ និងប្រាក់ខែខ្ញុំកើនឡើងក៏ដោយ ក៏ខ្ញុំនៅតែមិនពេញចិត្តដែរ។ ដើម្បីឆាប់ទិញបានឡាន និងផ្ទះនៅក្នុងទីក្រុង ហើយរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់ ខ្ញុំធ្វើការនៅពេលថ្ងៃ និងទទួលការងារក្រៅម៉ោងនៅពេលយប់។ ខ្ញុំតែងតែរវល់ខ្លាំង រហូតដល់គ្មានពេលញ៉ាំបាយផង ដោយជាមធ្យម ខ្ញុំដេកបានត្រឹមតែ ៣ ឬ ៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយជួនកាលធ្វើការទល់ភ្លឺទៀតផង។ ខ្ញុំប្រៀបដូចជាម៉ាស៊ីនរកលុយមួយ ដោយធ្វើការឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។ ត្រឹមតែរយៈពេល ២ ឆ្នាំដ៏ខ្លីប៉ុណ្ណោះ ខ្ញុំរកលុយបានជាងមួយលានយន់ ទិញបានឡាន និងផ្ទះនៅទីក្រុង ហើយទទួលបានការកោតសរសើរ និងការច្រណែនពីមិត្តភក្តិ និងមិត្តរួមការងារ។ ជាពិសេស ពេលខ្ញុំត្រឡប់ទៅស្រុកកំណើតវិញក្នុងពិធីបុណ្យចូលឆ្នាំចិន មនុស្សដែលធ្លាប់មើលងាយគ្រួសារខ្ញុំ បានមកពីចម្ងាយដើម្បីស្វាគមន៍ខ្ញុំ ថែមទាំងអញ្ជើញខ្ញុំទៅញ៉ាំបាយនៅផ្ទះរបស់ពួកគេទៀតផង។ សូម្បីតែចាស់ទុំក៏បានលើកកែវស្រាជូនពរខ្ញុំដែរ ដោយសួរថា តើខ្ញុំអាចជួយរកការងារឲ្យកូនចៅរបស់ពួកគេបានដែរទេ។ ខ្ញុំមានអារម្មណ៍ជោគជ័យយ៉ាងខ្លាំងរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយគិតថា៖ «ការមានលុយ និងឋានៈ ពិតជាអស្ចារ្យមែន។ ទីបំផុត ខ្ញុំអាចងើបមុខមាត់បានហើយ!» ប៉ុន្តែ ការធ្វើការទាំងយប់ទាំងថ្ងៃបែបនេះ សក់របស់ខ្ញុំចាប់ផ្ដើមជ្រុះមួយក្ដាប់ៗ ហើយខ្លួនប្រាណខ្ញុំចាប់ផ្ដើមហើម។ ជើងរបស់ខ្ញុំទៅជាឈឺ និងស្ពឹក ហើយពិបាកដើរ។ ខ្ញុំពិតជាចង់ឈប់សម្រាកមួយថ្ងៃ ឬពីរថ្ងៃណាស់ តែខ្ញុំគិតថា ការសុំច្បាប់ឈប់សម្រាកឈឺ នឹងធ្វើឲ្យខូចឱកាសក្នុងការវាយតម្លៃ និងការឡើងតំណែងនៅឆ្នាំក្រោយ ដូច្នេះ ខ្ញុំត្រូវតែទ្រាំ។ រាល់ថ្ងៃគឺជាទុក្ខវេទនា។

រាល់ពេលដែលខ្ញុំទៅលេងម្ដាយក្មេកក្នុងអំឡុងឆ្នាំនោះ គាត់តែងតែយកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមកឲ្យខ្ញុំមើល ហើយនិយាយប្រាប់ខ្ញុំជាច្រើនអំពីការជឿលើព្រះជាម្ចាស់។ គាត់និយាយថា៖ «ការដេញតាមលុយកាក់ គឺគ្មានទីបញ្ចប់ទេ។ កូនមិនគួរណាបំផ្លាញសុខភាព និងជីវិតដើម្បីលុយឡើយ។ មនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយមនុស្សគ្រប់គ្នាកំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីលុយ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយរស់នៅក្នុងទុក្ខវេទនាបែបនេះ! ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សឲ្យរួចពីការធ្វើបាបរបស់សាតាំង ហើយមានតែការប្រែចិត្តយ៉ាងពិតប្រាកដ និងការដើរតាមព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចទទួលបានការសង្គ្រោះពីទ្រង់ ហើយរួចរស់ជីវិតពីភយន្តរាយដ៏ធំសម្បើមបាន។ កិច្ចការរបស់ព្រះជាម្ចាស់ជិតបញ្ចប់ហើយ ដូច្នេះ កូនគួរតែឈប់ផ្ដោតតែលើការរកលុយទៀតទៅ ហើយងាកមកជឿព្រះជាម្ចាស់ផង!» ខ្ញុំដឹងថា ការជឿព្រះគឺជារឿងល្អ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា អាជីពខ្ញុំទើបតែចាប់ផ្ដើម ហើយខ្ញុំចង់សាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង ដូច្នេះ ខ្ញុំបានបដិសេធម្ដាយក្មេកខ្ញុំ ហើយបន្តធ្វើការឥតឈប់ឈរដើម្បីលុយ ដោយលិចលង់កាន់តែជ្រៅទៅក្នុងទឹកកួចនៃទ្រព្យសម្បត្តិ។ ម្ដាយក្មេកខ្ញុំក៏បាននិយាយមកកាន់ខ្ញុំថា៖ «កូនពិតជាសុខចិត្តលះបង់ជីវិតដើម្បីលុយមែន»។

មួយប៉ព្រិចភ្នែកសោះ ក៏ចូលដល់ឆ្នាំ២០១៥ទៅហើយ។ ខ្ញុំទិញបានផ្ទះពីរ ឡានពីរ និងបើកក្រុមហ៊ុនបានពីរ ប៉ុន្តែ ខ្ញុំនៅតែមិនទាន់ស្កប់ចិត្តទេ។ ដើម្បីរកលុយឲ្យបានកាន់តែច្រើន និងទិញឡានទំនើប ខ្ញុំបានបើករោងចក្រមួយ ដោយតែងតែធ្វើការទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក។ ខ្ញុំបន្តរកលុយបានកាន់តែច្រើនថែមទៀត ហើយគ្រប់កន្លែងដែលខ្ញុំទៅ មនុស្សម្នាហៅខ្ញុំថា «ថៅកែ»។ ខ្ញុំមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ ហើយខ្ញុំសម្ដែងចេញដោយមានអំនួត។ ខ្ញុំគិតថា៖ «ការមានលុយ ពិតជាធ្វើឱ្យមានអារម្មណ៍ខុសប្លែកមែន»។ ប៉ុន្តែ របៀបរស់នៅដែលមានសម្ពាធខ្លាំង និងប្រញាប់ប្រញាល់បែបនេះ បានធ្វើឲ្យសុខភាពខ្ញុំទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំជាញឹកញាប់ងងុយដេកពេលបើកបរទៅធ្វើការ ហើយមានម្ដងនោះ ខ្ញុំស្ទើរបើកធ្លាក់ពីលើស្ពានអាកាស។ ដើម្បីសន្សំការចំណាយ ខ្ញុំមិនចង់ជួលកម្មករថែមទេ ដូច្នេះ ខ្ញុំធ្វើការងារភាគច្រើននៅក្នុងរោងជាងដោយខ្លួនឯង។ មានម្ដងនោះ ពេលកំពុងប្រញាប់ធ្វើការឲ្យទាន់ការបញ្ជាទិញ ម្រាមដៃខ្ញុំត្រូវកាំភ្លើងបាញ់ដែកគោលបាញ់ទម្លុះ។ ឈាមហូរចេញមកយ៉ាងខ្លាំង ហើយការឈឺចាប់ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក តែដើម្បីបញ្ចប់ការងារឲ្យទាន់ពេល ខ្ញុំគ្រាន់តែឲ្យគេព្យាបាលរបួសសើរៗ ហើយត្រឡប់ទៅរោងជាងដើម្បីបន្តធ្វើការ។ ដោយសារខ្ញុំមិនបានព្យាបាលវាភ្លាមៗ ម្រាមដៃខ្ញុំហើមយ៉ាងខ្លាំង ហើយមានបញ្ហារ៉ាំរ៉ៃ ហើយរាល់ពេលមេឃត្រជាក់ ឬភ្លៀង វាឈឺ និងរមាស់យ៉ាងខ្លាំង។ ខ្ញុំរស់នៅក្នុងភាពតានតឹងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍អស់កម្លាំងទាំងកាយ និងចិត្ត ហើយខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំគិតថា៖ «ហេតុអ្វីបានជាខ្ញុំខំធ្វើការខ្លាំងម្ល៉េះ? តើនេះពិតជាជីវិតដែលខ្ញុំតែងតែដេញតាមមែនទេ? តើខ្ញុំរស់នៅលើលោកនេះដើម្បីអ្វី?»

នៅឆ្នាំ ២០១៧ ប្រពន្ធខ្ញុំបានទទួលយកដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយគាត់បានឲ្យខ្ញុំមើលវីដេអូទំនុកបរិសុទ្ធមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អត្ថបទចម្រៀងនៃបទចម្រៀងនេះ បានធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។

ព្រះជាម្ចាស់កំពុងស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក

១  មនុស្សជាតិដែលបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដាមិនយល់ដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬទីពឹងអ្វីឡើយ តែនៅមិនចង់បិទភ្នែករបស់ពួកគេ ហើយពួកគេប្រឹងត្រដរដើម្បីទ្រទ្រង់សំបកកាយរបស់ពួកគេ ជាមួយនឹងវិញ្ញាណដែលគ្មានអារម្មណ៍សោះឡើយ ព្រមទាំងត្រដររស់ក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ។ អ្នករស់នៅក្នុងរបៀបនេះដោយគ្មានក្តីសង្ឃឹម ដូចអ្នកដទៃទៀត ដោយគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមករបស់ទ្រង់យ៉ាងអន្ទះអន្ទែងទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ ជាយូរយារណាស់ហើយ ជំនឿបែបនេះនៅតែមិនទាន់ក្លាយជាការពិតឡើយ នៅក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ។ ទោះបែបនេះក្តី ក៏ពួកគេនៅតែប្រាថ្នាចង់បានវាបែបនេះដដែល។

២  ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំងទាំងនេះ ហើយស្របពេលនោះដែរ ទ្រង់មិនពេញចិត្តចំពោះមនុស្សទាំងនេះដែលខ្វះសតិសម្បជញ្ញៈទាល់តែសោះ ដ្បិតទ្រង់ត្រូវរង់ចាំយ៉ាងយូរ ទើបទ្រង់ទទួលបានចម្លើយពីមនុស្ស។ ទ្រង់ប្រាថ្នាស្វែងរក គឺស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ហើយយកទឹក និងអាហារមកឱ្យអ្នក ដើម្បីឱ្យអ្នកភ្ញាក់ហើយអ្នកលែងស្រេក ឬឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកមានអារម្មណ៍តិចតួចនូវភាពសោះកក្រោះនៃពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំយំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលជាអ្នកចាំយាម នឹងត្រកងឱបការមកដល់របស់អ្នកគ្រប់ពេលវេលាទាំងអស់។

............

(ដកស្រង់ពី «ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមានអារម្មណ៍កក់ក្ដៅម្យ៉ាងដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមក។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានតស៊ូយ៉ាងខ្លាំងដើម្បីរកលុយ ហើយរស់នៅក្នុងការឈឺចាប់ និងអស់កម្លាំងយ៉ាងនេះ។ ខ្ញុំអស់កម្លាំង និងវង្វេង ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីរួចផុតទេ ហើយឥឡូវនេះ ខ្ញុំបានឃើញសេចក្ដីសង្ឃឹមហើយ។ ព្រះជាម្ចាស់បានបង្កើតមនុស្សមក។ មានតែព្រះជាម្ចាស់ទេដែលអាចសង្គ្រោះមនុស្សពីទុក្ខវេទនានេះបាន។ ការទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ គឺជាផ្លូវតែមួយគត់ដើម្បីទទួលបានការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ និងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ដើម្បីឲ្យរស់នៅដោយធូរស្រាល និងមានសេរីភាព។ កាលពីមុន ខ្ញុំបានបដិសេធការសង្គ្រោះរបស់ព្រះជាម្ចាស់ ដោយសារតែខ្ញុំចង់រកលុយ។ ខ្ញុំមិនដែលគិតថា ព្រះជាម្ចាស់នៅតែមានសេចក្ដីមេត្តាចំពោះខ្ញុំ ហើយមិនបោះបង់ការសង្គ្រោះខ្ញុំនោះទេ។ ទ្រង់នៅតែរង់ចាំឲ្យខ្ញុំត្រឡប់មកវិញ។ ខ្ញុំមានការប៉ះពាល់ចិត្តជាខ្លាំង ដូច្នេះ ខ្ញុំក៏បានទទួលយកការសង្គ្រោះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ បន្ទាប់មក ខ្ញុំតែងតែចូលរួមការប្រជុំជាមួយបងប្អូនប្រុសស្រី ដើម្បីប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

មានម្ដងនោះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ «នៅពេលដែលមនុស្សមិនដឹងថាវាសនាជាអ្វី ឬមិនយល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែពុះពារយ៉ាងត្រដាបត្រដួស និងដើរជំពប់ក្នុងអ័ព្ទដោយចិត្តឯងប៉ុណ្ណោះ ហើយដំណើរនោះគឺលំបាកលំបិនខ្លាំងណាស់ ហើយវាបង្កឱ្យមានការឈឺចាប់ក្នុងចិត្តជាពន់ពេក។ ដូច្នេះ នៅពេលដែលមនុស្សដឹងថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស អ្នកដែលឆ្លាតវៃជ្រើសរើសស្គាល់ និងទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនិយាយលាថ្ងៃដ៏ឈឺចាប់នៃ 'ការព្យាយាមកសាងជីវិតល្អដោយដៃទាំងពីររបស់ខ្លួន' ជាជាងបន្តតស៊ូប្រឆាំងនឹងវាសនា និងដេញតាមអ្វីដែលគេហៅថា គោលដៅជីវិតតាមរបៀបរបស់ខ្លួន។ នៅពេលដែលមនុស្សម្នាក់គ្មានព្រះជាម្ចាស់ នៅពេលដែលពួកគេមិនអាចឃើញទ្រង់ នៅពេលដែលពួកគេមិនអាចស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ និងច្បាស់លាស់ទេ នោះរាល់ថ្ងៃគឺគ្មានន័យ គ្មានតម្លៃ និងឈឺចាប់ដែលមិនអាចពិពណ៌នាបាន។ មិនថាមនុស្សម្នាក់នៅទីណា និងការងាររបស់ពួកគេជាអ្វីក៏ដោយ មធ្យោបាយនៃការរស់រានមានជីវិត និងគោលដៅដែលពួកគេដេញតាម មិនបាននាំមកនូវអ្វីក្រៅពីសេចក្តីទុក្ខសោកក្នុងចិត្តដែលគ្មានទីបញ្ចប់ និងការឈឺចាប់ដែលពិបាកនឹងធូរស្រាល ជាបទពិសោធដែលពួកគេមិនអាចទ្រាំទ្រនឹងការក្រឡេកមើលក្រោយបានឡើយ។ មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ និងការដេញតាមដើម្បីសម្រេចបាននូវជីវិតមនុស្សពិតប្រាកដទេ ទើបមនុស្សម្នាក់អាចរំដោះខ្លួនបន្តិចម្ដងៗចេញពីទុក្ខសោកក្នុងចិត្ត និង ការឈឺចាប់ទាំងអស់ ហើយអាចកម្ចាត់ចោលបន្តិចម្ដងៗនូវអស់ទាំងភាពទទេនៃជីវិតមនុស្សបាន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះពិតជាច្បាស់លាស់ណាស់។ យើងរស់នៅក្នុងការឈឺចាប់បែបនេះ មកពីយើងមិនស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយខ្វះគោលដៅជីវិតត្រឹមត្រូវ។ ខ្ញុំបានយកលុយ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ធ្វើជាគោលដៅជីវិតរបស់ខ្ញុំ ដោយសង្ឃឹមថានឹងផ្លាស់ប្ដូរវាសនារបស់ខ្ញុំតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនឯង។ ដើម្បីរកលុយឲ្យបានកាន់តែច្រើន ខ្ញុំដាក់សម្ពាធលើខ្លួនឯងយ៉ាងខ្លាំងរាល់ថ្ងៃ ខ្ញុំតានតឹងខ្លាំង ហើយសុខភាពខ្ញុំកាន់តែទ្រុឌទ្រោម។ ខ្ញុំថែមទាំងស្ទើរបើកធ្លាក់ពីលើស្ពានអាកាសដោយចៃដន្យទៀតផង។ ទោះបីជាខ្ញុំរកលុយបានខ្លះ និងទទួលបានការកោតសរសើរ និងការច្រណែនពីសាច់ញាតិ និងមិត្តភក្តិក៏ដោយ ប៉ុន្តែជីវិតបែបនោះពិតជាឈឺចាប់ និងជូរចត់ណាស់។ ទោះបីជាលុយអាចទិញផ្ទះស្អាត និងឡានល្អៗបាន ហើយឲ្យខ្ញុំរីករាយនឹងជីវិតខាងសម្ភារៈដ៏ល្អក៏ដោយ ហើយការទទួលបានការកោតសរសើរពីអ្នកដទៃអាចបំពេញចិត្តចង់បានមុខមាត់របស់ខ្ញុំក៏ដោយ ប៉ុន្តែវាមិនអាចផ្ដល់ឲ្យខ្ញុំនូវសន្ដិភាព ឬសន្តិសុខក្នុងចិត្តបានឡើយ។ លុយដែលខ្ញុំខំដេញតាម មិនបាននាំមកនូវសុភមង្គលពិតដល់ខ្ញុំទេ ផ្ទុយទៅវិញ វាធ្វើឲ្យខ្ញុំក្លាយជាទាសកររបស់លុយ និងធ្វើឲ្យខ្ញុំរស់នៅក្នុងការឈឺចាប់។ ជាពិសេសនៅពេលនេះ ស្របពេលដែលភយន្តរាយដ៏ធំសម្បើមបានកើតឡើងរួចទៅហើយ ហើយជំងឺរាតត្បាតកំពុងរីករាលដាលទូទាំងពិភពលោក ហើយសូម្បីតែអ្នកមានទ្រព្យសម្បត្តិក៏ត្រូវបាត់បង់ជីវិតដែរ ខ្ញុំបានយល់ឃើញថា លុយច្រើនប៉ុនណាក៏មិនអាចទិញជីវិតបានដែរ។ ដូចដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «តើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ដូច្នេះ ខ្ញុំសម្រេចចិត្តផ្លាស់ប្ដូរការដេញតាមខុសឆ្គងរបស់ខ្ញុំក្នុងជីវិត ហើយចាប់ផ្ដើមស្វែងរកសេចក្ដីពិត បំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ និងរស់នៅដោយមានអត្ថន័យ។

ក្រោយមក ខ្ញុំក៏ឆ្ងល់ដែរថា «ហេតុអ្វីបានជាការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ តែងតែនាំមកនូវការឈឺចាប់ដល់មនុស្ស?» អំឡុងពេលថ្វាយបង្គំផ្ទាល់ខ្លួន ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចំនួនពីរវគ្គ ហើយខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីបញ្ហានេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន' គឺជាទស្សនវិជ្ជារបស់សាតាំង។ វារីករាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្ស និងក្នុងគ្រប់សង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ... សាតាំងប្រើលុយដើម្បីអន្ទងចិត្តមនុស្ស និងធ្វើឱ្យពួកគេទាំងអស់ពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងសម្ភារៈ។ ហើយការថ្វាយបង្គំលុយនេះ សម្ដែងចេញតាមរយៈឥរិយាបថរបស់មនុស្សយ៉ាងដូចម្តេច? តើអ្នករាល់គ្នាមិនគិតថា នៅក្នុងពិភពលោកនេះ អ្នកមិនអាចរស់បានឡើយ បើគ្មានលុយ ហើយថាអ្នកមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃ បើគ្មានវាទេឬអី? ចំនួនលុយដែលមនុស្សមាន កំណត់ថាតើឋានៈរបស់ពួកគេខ្ពស់កម្រិតណា និងថាតើពួកគេថ្លៃថ្នូរកម្រិតណា។ អ្នកក្រមិនមានអារម្មណ៍ថាពួកគេអាចងើបមុខមាត់បានឡើយ ចំណែកឯអ្នកមានវិញ មានឋានៈខ្ពស់ ងើបមុខមាត់ ហើយអាចនិយាយដោយសំឡេងខ្លាំងៗ និងរស់នៅដោយភាពក្រអឺតក្រទម និងតាមអំពើចិត្ត។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអី ដែលមនុស្សជាច្រើនសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយកាក់កាន់តែច្រើនទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? គ្រាន់តែប្រើប្រាស់វិធីសាស្ត្រនេះ និងពាក្យភាសិតនេះ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះ។ តើបំណងចិត្តរបស់សាតាំង មិនមែនពិសពុលទេឬអី? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេទ្រាំទ្រនឹងខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូល ខ្ញុំយល់ថា សាតាំងប្រើពាក្យសម្តីរបស់បុគ្គលល្បីៗ និងបុគ្គលអស្ចារ្យ ឥទ្ធិពលនៃការបណ្ដុះបណ្ដាលនៃចំណេះដឹង និងការអប់រំនៅសាលា ដើម្បីបញ្ចូលច្បាប់នៃការរស់រានមានជីវិត និងទស្សនៈជីវិតដ៏ខុសឆ្គងផ្សេងៗទៅក្នុងមនុស្ស ធ្វើឲ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ដេញតាម និងខិតខំប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយចុងក្រោយត្រូវបំផ្លាញនៅក្នុងទឹកកួចនៃការដេញតាមនេះ។ ខ្ញុំត្រូវបានអប់រំតាមរបៀបនេះតាំងពីតូចមក ជាមួយគំនិតដូចជា «ចង់ក្លាយជាមនុស្សអស្ចារ្យបំផុត ត្រូវអត់ធ្មត់ទ្រាំទុក្ខលំបាកធំៗបំផុត» និង «លុយអាចធ្វើបានគ្រប់យ៉ាង» និងច្បាប់នៃការរស់រានមានជីវិតផ្សេងទៀតរបស់សាតាំង បានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំជឿថា មនុស្សមិនអាចរស់នៅដោយគ្មានលុយបានទេ ថាការមានលុយគឺចាំបាច់សម្រាប់ការសប្បាយខាងសម្ភារៈ និងដើម្បីទទួលបានការកោតសរសើរ និងការច្រណែនពីអ្នកដទៃ ថាមានតែតាមរបៀបនេះប៉ុណ្ណោះ ទើបអាចរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ ហើយថាបើគ្មានលុយទេ មនុស្សនឹងត្រូវគេចាត់ទុកថាទាបថោក និងត្រូវគេមើលងាយ ដែលបណ្ដាលឱ្យជីវិតរស់នៅក្នុងភាពទុក្ខសោកវេទនា និងភាពមួរហ្មងក្នុងចិត្ត។ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំខិតខំរៀនជាងដប់ឆ្នាំ ហើយក្រោយពេលចូលធ្វើការ ខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីឡើងតំណែង និងឡើងប្រាក់ខែ។ បំណងប្រាថ្នារបស់ខ្ញុំកាន់តែធំទៅៗ ហើយកាន់តែខ្ញុំទទួលបាន កាន់តែខ្ញុំចង់បាន ដោយមិនចេះស្កប់ស្កល់ឡើយ។ សូម្បីតែពេលខ្ញុំធ្វើការហួសកម្លាំងរហូតដល់ធ្លាក់ខ្លួនឈឺ ក៏ខ្ញុំនៅតែមិនព្រមសម្រាកដែរ។ ម្ដាយក្មេកខ្ញុំបានធ្វើបន្ទាល់ប្រាប់ខ្ញុំអំពីការសង្គ្រោះរបស់ព្រះនៅគ្រាចុងក្រោយជាច្រើនដង ហើយខ្ញុំដឹងថា ការជឿព្រះជាម្ចាស់គឺល្អ ប៉ុន្តែខ្ញុំនៅតែមិនព្រមឈប់ដេញតាមលុយកាក់ ដោយលះបង់ពេលវេលា និងកម្លាំងទាំងអស់ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ចុងក្រោយ ទោះបីជាខ្ញុំទទួលបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ក៏ដោយ តែព្រលឹងវិញ្ញាណខ្ញុំមិនដែលស្គាល់នូវសន្ដិភាព និងភាពធូរស្រាលឡើយ ផ្ទុយទៅវិញ ខ្ញុំបានត្រឹមតែអស់កម្លាំង និងឈឺចាប់យ៉ាងខ្លាំង។ ឥឡូវនេះ ខ្ញុំឃើញយ៉ាងច្បាស់ថា ការឈឺចាប់ទាំងអស់នេះបណ្ដាលមកពីការធ្វើឲ្យពុករលួយ និងការធ្វើបាបរបស់សាតាំង។ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺជាអន្ទាក់ដែលសាតាំងដាក់ដើម្បីល្បួងមនុស្សឲ្យធ្លាក់នរក ពួកវាគឺជាមធ្យោបាយដ៏ព្យាបាទដែលសាតាំងប្រើដើម្បីធ្វើឲ្យពុករលួយ និងធ្វើបាបមនុស្ស ធ្វើឲ្យមនុស្សរសាត់កាន់តែឆ្ងាយពីព្រះជាម្ចាស់ ហើយរស់នៅកាន់តែឈឺចាប់ ហើយចុងក្រោយ នាំឲ្យពួកគេស្លាប់ដោយសារការធ្វើបាបរបស់សាតាំង។ ប្រសិនបើមិនមែនដោយសារការលាតត្រដាងរបស់ព្រះបន្ទូលទេនោះ ខ្ញុំនឹងមិនអាចមើលឃើញចេតនាដ៏ពិសពុលរបស់សាតាំងក្នុងការប្រើកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីធ្វើឲ្យពុករលួយ និងធ្វើបាបមនុស្សឡើយ ហើយខ្ញុំនឹងបន្តត្រូវបានសាតាំងធ្វើទុក្ខបុកម្នេញ ថែមទាំងប្រថុយជីវិតខ្លួនឯងទៀតផង។ ឥឡូវនេះ ខ្ញុំគ្រាន់តែចង់ជឿព្រះដោយស្មោះត្រង់ និងដេញតាមសេចក្ដីពិត ហើយលែងចាញ់បោកសាតាំងឲ្យដេញតាមលុយកាក់ទៀតហើយ។ បន្ទាប់មក រាល់ពេលពួកយើងមានពេល គ្រួសារយើងតែងតែអានព្រះបន្ទូលជាមួយគ្នា ស្ដាប់ទំនុកបរិសុទ្ធ និងមើលវីដេអូទីបន្ទាល់តាមរយៈបទពិសោធ។ ខ្ញុំលែងរស់នៅក្នុងថ្ងៃខែដែលធ្វើការស្ទើរស្លាប់ស្ទើររស់ដើម្បីលុយទៀតហើយ តែផ្ទុយទៅវិញ ខ្ញុំតែងតែប្រកបសេចក្ដីពិតជាមួយបងប្អូនប្រុសស្រី ហើយរីករាយនឹងការស្រោចស្រព និងការផ្គត់ផ្គង់នៃព្រះបន្ទូល។ ខ្ញុំមានអារម្មណ៍នៃសន្ដិភាព និងធូរស្រាលដែលមិនធ្លាប់ស្គាល់ពីមុនមក។

នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២១ ដោយសារវិស័យឧស្សាហកម្មធ្លាក់ចុះ រោងចក្រខ្ញុំបានបិទដោយសារខ្វះការបញ្ជាទិញ។ ទោះបីជាខ្ញុំមានអារម្មណ៍ពិបាកចិត្តបន្ដិចក៏ដោយ តែខ្ញុំមិនដូចពីមុនទេ ដែលខំប្រឹងគិតស្ទើរបែកក្បាលដើម្បីរក្សារោងចក្រឲ្យដំណើរការធម្មតា។ ផ្ទុយទៅវិញ ខ្ញុំបានចុះចូល និងពឹងអាងព្រះជាម្ចាស់ដើម្បីឆ្លងកាត់រឿងនេះ ដោយមានអារម្មណ៍ធូរស្រាលជាងមុន ដោយមិនត្រូវបានលុយកាក់រឹតត្បិតឡើយ។ នៅពេលនោះ ខ្ញុំត្រូវបានគេជួលឲ្យធ្វើការក្រៅម៉ោងនៅកន្លែងមួយ ហើយទោះបីជាប្រាក់ឈ្នួលមិនច្រើនក៏ដោយ តែវាគ្រប់គ្រាន់សម្រាប់ចំណាយក្នុងជីវភាពគ្រួសារយើង ហើយអ្វីដែលសំខាន់បំផុតនោះគឺ វាផ្ដល់ពេលវេលាឲ្យខ្ញុំចូលរួមការប្រជុំ និងបំពេញភារកិច្ចបានត្រឹមត្រូវ។

មិនយូរប៉ុន្មានក្រោយមក ខ្ញុំត្រូវបានល្បួងដោយរឿងមួយ។ ថ្ងៃមួយ ម្ចាស់ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុនម្នាក់បានទាក់ទងមកខ្ញុំ ដោយឲ្យខ្ញុំគ្រប់គ្រងក្រុមហ៊ុនថ្មីមួយដែលគាត់ទើបតែទិញ ដោយផ្ដល់ប្រាក់ខែប្រចាំឆ្នាំ ៥០ ម៉ឺនយន់។ ខ្ញុំគិតក្នុងចិត្តថា៖ «ក្រុមហ៊ុននេះមានដើមទុនច្រើនណាស់។ បើខ្ញុំទទួលយកការងារនេះ ខ្ញុំនឹងក្លាយជានាយកប្រតិបត្តិ ហើយសាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំ ប្រាកដជាឲ្យតម្លៃខ្ញុំខ្លាំងវិញមិនខាន»។ ប៉ុន្តែ បន្ទាប់មក ខ្ញុំគិតថា៖ «បើខ្ញុំយល់ព្រម ខ្ញុំនឹងត្រូវធ្វើដំណើរញឹកញាប់ និងទៅចូលរួមកម្មវិធីជួបជុំផ្សេងៗ ការហូប និង ផឹកព្រះបន្ទូល និងការចូលរួមប្រជុំ នឹងក្លាយជារឿងដ៏កម្រ កុំថាឡើយការបំពេញភារកិច្ច។ ខ្ញុំទើបតែរួចផុតពីទឹកកួចនៃការដេញតាមលុយកាក់ ហើយខ្ញុំមានពេលហូប និង ផឹកព្រះបន្ទូល ចូលរួមប្រជុំ និងបំពេញភារកិច្ច ខ្ញុំមិនអាចខ្ជះខ្ជាយពេលវេលាលើរឿងគ្មានន័យទាំងនេះទៀតទេ»។ ខ្ញុំបាននឹកគិតដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូល ខ្ញុំយល់ថា ការដេញតាមសេចក្ដីពិត ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងចូលទៅក្នុងនគរព្រះក្នុងនាមជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាជីវិតដែលមានអត្ថន័យបំផុត និងជាអនាគតដ៏ពិតប្រាកដ។ សាតាំងបានប្រើចៅហ្វាយម្នាក់នេះឲ្យមកល្បួងខ្ញុំ ដោយប្រើតំណែងជា «នាយកប្រតិបត្តិ» ដោយព្យាយាមធ្វើឲ្យខ្ញុំធ្លាក់ត្រឡប់ទៅក្នុងទឹកកួចនៃការរវល់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈវិញ ហើយបាត់បង់ឱកាសទទួលបានការសង្គ្រោះរបស់ព្រះទាំងស្រុង។ ខ្ញុំមិនអាចចាញ់បោកឧបាយកលរបស់សាតាំងបានទេ។ ឥឡូវនេះគឺជាគ្រាដ៏សំខាន់សម្រាប់ការសង្គ្រោះ និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ ខ្ញុំទើបតែជឿព្រះជាម្ចាស់បានរយៈពេលខ្លី ហើយយល់សេចក្ដីពិតបានតិចតួចប៉ុណ្ណោះ ដូច្នេះ នេះគឺជាឱកាសចុងក្រោយរបស់ខ្ញុំដើម្បីស្វែងរកសេចក្ដីពិត និងទទួលបានជីវិត។ ប្រសិនបើបាត់បង់ឱកាសនេះ វានឹងហួសពេលក្នុងការដេញតាម នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់។ ដូច្នេះ ខ្ញុំបានបដិសេធគាត់ ហើយខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង។

ឥឡូវនេះ ខ្ញុំបំពេញភារកិច្ចនៅក្នុងពួកជំនុំ ហើយជាញឹកញាប់ ខ្ញុំប្រកបព្រះបន្ទូលជាមួយបងប្អូនប្រុសស្រី។ បន្ដិចម្ដងៗ ខ្ញុំចាប់ផ្ដើមយល់សេចក្ដីពិតខ្លះៗ ហើយមើលធ្លុះរឿងជាច្រើន ហើយខ្ញុំលែងមានការឈឺចាប់ និងការអស់កម្លាំងដូចពីមុនទៀតហើយ។ ខ្ញុំមានអារម្មណ៍ធូរស្រាល និងមានសេរីភាពនៅក្នុងចិត្ត ដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ផលដែលទទួលបានទាំងនេះ មិនអាចយកលុយប៉ុន្មានមកទិញបានឡើយ។ នេះពិតជាក្ដីស្រឡាញ់ និងការសង្គ្រោះរបស់ព្រះជាម្ចាស់ហើយ!

ខាង​ដើម៖ ៧០. តើលុយ និងឋានៈបានផ្ដល់អ្វីខ្លះដល់ខ្ញុំ?

បន្ទាប់៖ ៩៥. តើការតបស្នងគុណស្រ័យរបស់អ្នកដទៃជាគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួនឬ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ