៩៥. តើការតបស្នងគុណស្រ័យរបស់អ្នកដទៃជាគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួនឬ?
ថ្ងៃមួយក្នុងខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំពួកជំនុំបានសុំឲ្យខ្ញុំសរសេរការវាយតម្លៃអំពី លោក វូ ជុន ខ្ញុំពិតជាភ្ញាក់ផ្អើល ហើយគិតថា៖ «ក្នុងអំឡុងពេលនេះ ពួកជំនុំកំពុងធ្វើកិច្ចការបោសសម្អាត។ តើពួកជំនុំកំពុងប្រមូលការវាយតម្លៃអំពីលោក វូ ជុន ដើម្បីត្រៀមបោសសម្អាតគាត់ចេញឬ?» នៅពេលនោះ រាល់ការប្រាស្រ័យទាក់ទងគ្នារបស់ខ្ញុំជាមួយគាត់បានភ្លឺឆ្វាចក្នុងចិត្តរបស់ខ្ញុំ។ ក្នុងឆ្នាំ ២០១៩ លោក វូ ជុន កំពុងបំពេញភារកិច្ចដែលទាក់ទងនឹងអត្ថបទ ហើយខ្ញុំទទួលខុសត្រូវលើកិច្ចការអត្ថបទរបស់ពួកជំនុំ។ នៅពេលនោះ គាត់តែងតែប្រកែកមិនចេះចប់មិនចេះហើយជាមួយបងប្អូនសហការរបស់គាត់ជុំវិញរឿងតូចតាច។ អំឡុងពេលជួបជុំ គាត់នឹងសុំឲ្យយើងជំនុំជម្រះជម្លោះទាំងនោះ។ យើងបានប្រកបគ្នាជាមួយគាត់ ដោយជំរុញឲ្យគាត់កុំវិភាគរឿងហួសហេតុពេកក្រៅពីទទួលយកពីព្រះជាម្ចាស់ ហើយរៀនមេរៀន។ ទោះជាយ៉ាងណាក៏ដោយ គាត់បដិសេធមិនព្រមទទួលយក ហើយបន្តបែបនេះជាដដែលៗ។ ក្នុងអំឡុងពេលនោះ រាល់ការជួបជុំត្រូវតែផ្តោតលើការដោះស្រាយបញ្ហារបស់គាត់ ហើយយើងមិនអាចធ្វើការប្រកបគ្នាធម្មតាបានទេ។ ទាំងជីវិតពួកជំនុំ និងកិច្ចការពួកជំនុំត្រូវបានរំខានជាខ្លាំង។ ដោយសារលោក វូ ជុន មិនបានស្វែងរកសេចក្តីពិត តែងតែជជែកវែកញែកត្រូវខុស និងមិនទទួលយកការណែនាំ ឬជំនួយរបស់អ្នកដទៃ ទីបំផុតគាត់ត្រូវបានដកហូតតំណែងពីតួនាទី។ ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលខុសត្រូវលើការងារផ្សាយដំណឹងល្អ នៃពួកជំនុំជាច្រើន។ នៅពេលនោះ លោក វូ ជុន គឺជាអ្នកធ្វើការខាងផ្សាយដំណឹងល្អក្នុងពួកជំនុំ ហើយគាំទ្រយ៉ាងខ្លាំងដល់លោក លីចេង ដែលជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អ។ លោក លី ចេង មិនបានធ្វើកិច្ចការជាក់ស្តែងទេ ដូច្នេះមេដឹកនាំបានស្វែងរកការវាយតម្លៃអំពីលោក លី ចេង ដោយបងប្អូនប្រុសស្រី ប៉ុន្តែលោក វូ ជុន បានប្រាប់បងប្អូនប្រុសស្រីថា៖ «បើអ្នកណានិយាយអាក្រក់ពី លី ចេង ខ្ញុំនឹងគិតបញ្ជីជាមួយពួកគេ!» ក្រោយមក មេដឹកនាំបានដកហូតតំណែង លី ចេង ដោយផ្អែកលើគោលការណ៍។ លោក វូ ជុន ពិតជាមិនពេញចិត្តនឹងបញ្ហានេះ ហើយរស់នៅក្នុងសភាពទាស់ទទឹង បញ្ចេញឥរិយាបថអួតអាង និងប្រឆាំង។ អំឡុងពេលពិភាក្សាអំពីការងារផ្សាយដំណឹងល្អ គាត់នឹងធ្វើមុខស្ងួត ហើយនៅស្ងៀម។ ពេលខ្លះគាត់ថែមទាំងបានបញ្ចេញនូវការមិនពេញចិត្តរបស់គាត់ក្នុងអំឡុងពេលជួបជុំ មុនពេលគ្រប់គ្នាបានមកដល់ ដោយនិយាយថា៖ «មេដឹកនាំគ្រាន់តែពិភាក្សាជាមួយបងប្អូនសហការរបស់ខ្ញុំអំពីកិច្ចការ ហើយមិនមករកខ្ញុំទេ។ ឥឡូវខ្ញុំមិនដឹងថាខ្ញុំត្រូវបានគេដកហូតតំណែងឬអត់ទេ!» ខ្ញុំបានរំឭកគាត់នៅពេលនោះថា គាត់កំពុងវិភាគរឿងហួសហេតុពេក ហើយបានណែនាំគាត់ឲ្យទទួលយកពីព្រះជាម្ចាស់ រៀនមេរៀន និងផ្តោតលើការឆ្លុះបញ្ចាំងខ្លួនឯង។ ប៉ុន្តែគាត់មិនត្រឹមតែបដិសេធមិនទទួលយកប៉ុណ្ណោះទេ ថែមទាំងបានប្រកែក និងការពារខ្លួនឯងទៀតផង។ មិនយូរប៉ុន្មាន គាត់ត្រូវបានដកហូតតំណែង ប៉ុន្តែគាត់មិនមានចំណេះដឹងអំពីខ្លួនឯងច្រើនទេ ហើយបន្តបង្កបញ្ហា និងបង្កការរំខាន។ គាត់ក៏បានវិនិច្ឆ័យមេដឹកនាំ ដោយអះអាងថា ពួកគេមិនដឹងពីរបៀបធ្វើកិច្ចការរបស់ពួកគេ។ គាត់មានឥរិយាបថស្រដៀងគ្នានេះជាច្រើនទៀត។
ដោយឆ្លុះបញ្ចាំងអំពីរឿងនេះ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើវាមិនគួរឱ្យស្អប់ខ្ពើមទេឬអី ដែលមនុស្សមួយចំនួនវិភាគហួសហេតុលើរឿងតូចតាច ហើយ ចូលទៅផ្លូវទាល់រាល់ពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេនោះ? នេះគឺជាបញ្ហាដ៏ធំមួយ។ មនុស្សដែលមានគំនិតច្បាស់លាស់ នឹងមិនធ្វើកំហុសនេះឡើយ ប៉ុន្តែមនុស្សដែលមិនសមហេតុផលមានលក្ខណៈដូចបែបនេះ។ ពួកគេតែងតែស្រមើស្រមៃថា អ្នកដទៃកំពុងធ្វើឱ្យពួកគេពិបាក ថាអ្នកដទៃមានចេតនាធ្វើឱ្យពួកគេជួបការលំបាក ដូច្នេះហើយពួកគេតែងតែប្រឆាំងនឹងអ្នកដទៃ។ តើនេះមិនមែនជាសេចក្ដីវៀចវេរទេឬអី? ពួកគេមិនខិតខំប្រឹងប្រែងឡើយនៅពេលនិយាយដល់សេចក្ដីពិត ពួកគេចូលចិត្តជជែកតវ៉ាអំពីរឿងមិនសំខាន់ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ដោយទាមទារការបកស្រាយ ព្យាយាមការពារមុខមាត់ ហើយពួកគេតែងតែប្រើវិធីរបស់មនុស្សដើម្បីប្រព្រឹត្តចំពោះរឿងរ៉ាវទាំងនេះ។ នេះគឺជាឧបសគ្គដ៏ធំបំផុតចំពោះការចូលទៅក្នុងជីវិត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់តាមរបៀបនេះ ឬអនុវត្តតាមរបៀបនេះ នោះអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ ពីព្រោះអ្នកមិនដែលមកចំពោះព្រះជាម្ចាស់ទេ។ អ្នកមិនដែលមកចំពោះព្រះជាម្ចាស់ដើម្បីទទួលយកអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកឡើយ ហើយអ្នកក៏មិនប្រើសេចក្ដីពិតដើម្បីប្រព្រឹត្តចំពោះរឿងរ៉ាវទាំងនេះដែរ ផ្ទុយទៅវិញ អ្នកប្រើវិធីរបស់មនុស្សដើម្បីប្រព្រឹត្តចំពោះរឿងរ៉ាវទាំងនោះ។ ហេតុដូច្នេះហើយ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានឃ្លាតឆ្ងាយពីទ្រង់ខ្លាំងពេកហើយ។ មិនត្រឹមតែចិត្តរបស់អ្នកបានឃ្លាតឆ្ងាយពីទ្រង់ប៉ុណ្ណោះទេ សូម្បីតែខ្លួនរបស់អ្នកទាំងមូលក៏មិនរស់នៅក្នុងវត្តមានរបស់ទ្រង់ដែរ។ នេះជារបៀបដែលព្រះជាម្ចាស់ទតឃើញអស់អ្នកណាដែលតែងតែវិភាគរឿងរ៉ាវហួសហេតុ និងគិតរឿងកំប៉ិកកំប៉ុក។ ... ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនថាអ្នកជឿលើព្រះជាម្ចាស់បំពេញភារកិច្ចអ្វីនោះទេ ទោះបីជាពួកគេចាត់ចែងកិច្ចការខាងក្រៅ ឬភារកិច្ចដែលទាក់ទងនឹងការងារ ឬជំនាញឯកទេសផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ពោលគឺ ប្រសិនបើពួកគេមិនឧស្សាហ៍មកចំពោះព្រះជាម្ចាស់ និងរស់នៅក្នុងវត្តមានរបស់ទ្រង់ ហើយពួកគេមិនហ៊ានទទួលយកការពិនិត្យពិច័យរបស់ទ្រង់ និងមិនស្វែងរកសេចក្ដីពិតពីព្រះជាម្ចាស់ទេ នោះពួកគេគឺជាអ្នកមិនជឿ ហើយពួកគេមិនខុសពីអ្នកគ្មានជំនឿឡើយ» («មានតែតាមរយៈការរស់នៅចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ប៉ុណ្ណោះ ទើបមនុស្សអាចមានទំនាក់ទំនងធម្មតាជាមួយទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា អ្នកណាដែលវិភាគមនុស្ស និងរឿងហួសហេតុពេក ហើយប្រកែកវែកញែកត្រូវខុស តែងតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ខ្លួន ជឿជាក់ថាខ្លួនត្រូវ ដោយមិនទទួលយកអ្វីៗពីព្រះជាម្ចាស់ ឬស្វែងរកសេចក្តីពិត គឺជាអ្នកជឿលើព្រះជាម្ចាស់ដែលមិនស្មោះត្រង់។ តាមសារជាតិ មនុស្សបែបនេះគឺជាអ្នកមិនមានជំនឿ។ ដោយយោងតាមការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំគិតថា៖ «លោក វូ ជុន គឺបែបនេះមែន។ បើខ្ញុំសរសេរអំពីឥរិយាបថរបស់គាត់ដោយស្មោះត្រង់ គាត់ទំនងជានឹងត្រូវបានបោសសម្អាតចេញ»។ ពេលខ្ញុំគិតអំពីការសរសេរការវាយតម្លៃពីគាត់ភ្លាម រូបភាពនៃការជួយរបស់គាត់ចំពោះខ្ញុំកាលពីមុនក៏បានលេចឡើងក្នុងចិត្ត។ កាលខ្ញុំបានជឿលើព្រះជាម្ចាស់បានពីរឬបីឆ្នាំ ប្រពន្ធខ្ញុំបានទទួលមរណភាព ហើយមានការលំបាកខ្លះៗកើតឡើងនៅផ្ទះ ដែលនាំឲ្យខ្ញុំធ្លាក់ក្នុងសភាពអវិជ្ជមាន។ ក្នុងអំឡុងពេលនោះ ខ្ញុំបានឈប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឈប់ច្រៀងទំនុកបរិសុទ្ធ ហើយថែមទាំងមិនបានចូលរួមការជួបជុំទៀតផង។ អស់រយៈពេលជាងមួយខែ ខ្ញុំបានរស់នៅក្នុងភាពងងឹតទាំងស្រុង ហើយថែមទាំងមានគំនិតមិនចង់រស់ទៀតផង។ បន្ទាប់ពីលោក វូ ជុន បានដឹងអំពីស្ថានភាពរបស់ខ្ញុំ គាត់បានប្រកបគ្នាជាមួយខ្ញុំជាច្រើនដង ដោយផ្តល់ជំនួយ និងការគាំទ្រ។ រាល់ដង គាត់ត្រឡប់ទៅផ្ទះវិញយប់ជ្រៅណាស់។ ខ្ញុំពិតជាមានការរំជួលចិត្តយ៉ាងខ្លាំងដោយសារទង្វើរបស់គាត់។ បន្ទាប់ពីមួយរយៈពេល ខ្ញុំក៏បានងើបចេញពីភាពអវិជ្ជមានរបស់ខ្ញុំបន្តិចម្តងៗ។ គឺលោក វូ ជុន ជាអ្នកដែលបានជួយខ្ញុំក្នុងអំឡុងពេលដ៏អវិជ្ជមាន និងឈឺចាប់បំផុតរបស់ខ្ញុំ។ ដោយគិតអំពីចំណុចនេះ ខ្ញុំមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះគាត់។ ខ្ញុំបានគិតថា៖ «កាលពីមុនគាត់បានជួយ និងគាំទ្រខ្ញុំ គឺដើម្បីនាំខ្ញុំមកនៅចំពោះព្រះជាម្ចាស់។ ឥឡូវនេះ បើខ្ញុំសរសេរការវាយតម្លៃពីគាត់ វានឹងទាក់ទងនឹងថាតើគាត់ត្រូវបានបោសសម្អាតចេញពីពួកជំនុំឬអត់។ ប្រសិនបើលោក វូ ជុន ពិតជាត្រូវបានបណ្ដេញចេញ ហើយគាត់ដឹងថាខ្ញុំបានលាតត្រដាងគាត់ គាត់ប្រាកដជានិយាយថាខ្ញុំជាមនុស្សមិនដឹងគុណ។ តើខ្ញុំអាចមានមុខទៅជួបគាត់ដោយរបៀបណា?» គិតដល់ចំណុចនេះ ខ្ញុំបានសរសេរដោយមិនស្មោះត្រង់ថា៖ «ថ្មីៗនេះ ខ្ញុំមិនបានទាក់ទងជាមួយលោក វូ ជុន ច្រើនទេ យើងគ្រាន់តែបានចូលរួមការជួបជុំជាមួយគ្នាមួយចំនួនប៉ុណ្ណោះ ហើយខ្ញុំមិនសូវដឹងច្រើនអំពីគាត់ទេ»។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានទទួលលិខិតមួយទៀតពីមេដឹកនាំពួកជំនុំ ដែលសុំឲ្យខ្ញុំសរសេរអំពីឥរិយាបថរបស់លោក វូ ជុន។ ខ្ញុំគិតថា៖ «មេដឹកនាំនៅតែបន្តសុំឲ្យខ្ញុំសរសេរការវាយតម្លៃអំពីលោក វូ ជុន។ ប្រសិនបើខ្ញុំសរសេរអំពីឥរិយាបថទាំងអស់របស់គាត់ នោះរួមជាមួយនឹងព័ត៌មានដែលផ្តល់ដោយបងប្អូនប្រុសស្រីផ្សេងទៀត វាទំនងជាថាការកំណត់លក្ខណៈគាត់ថាជាអ្នកគ្មានជំនឿ នឹងត្រូវបានបញ្ជាក់ច្បាស់។ ពួកជំនុំបោសសម្អាតមនុស្សចេញដោយផ្អែកលើឥរិយាបថជាប់លាប់របស់ពួកគេ។ មនុស្សល្អនឹងមិនត្រូវបានជំនុំជម្រះដោយអយុត្តិធម៌ឡើយ ហើយក៏មិនមែនមនុស្សអាក្រក់នឹងរួចខ្លួនដែរ។ ខ្ញុំត្រូវតែសហការជាមួយកិច្ចការបោសសម្អាតរបស់ពួកជំនុំ ហើយសរសេរអំពីឥរិយាបថរបស់គាត់ បើមិនដូច្នេះទេ វាគឺជាការបិទបាំង និងការពារគាត់»។ ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា៖ «ប្រសិនបើលោក វូ ជុន ពិតជាត្រូវបានបណ្ដេញចេញ តើខ្ញុំនឹងមានមុខទៅជួបគាត់ម្តងទៀតដោយរបៀបណា? បើគាត់ដឹងថាខ្ញុំបានសរសេរការវាយតម្លៃពីគាត់ តើគាត់នឹងនិយាយថាខ្ញុំគ្មានសតិសម្បជញ្ញៈ ទេឬ? បើដល់ថ្នាក់នោះ ខ្ញុំពិតជាត្រូវបានគេចាត់ទុកថាជាមនុស្សមិនដឹងគុណ ហើយតើអ្នកណានឹងនៅតែចង់ធ្វើការ ឬទាក់ទងជាមួយខ្ញុំទៀត?» គិតម្តងហើយម្តងទៀត ខ្ញុំចង់រកឱកាសដើម្បីប្រកបគ្នាជាមួយលោក វូ ជុន មុនពេលសរសេរការវាយតម្លៃ។ ដូច្នេះ ខ្ញុំគ្រាន់តែសរសេរប្រយោគខ្លីៗមួយចំនួន ដោយមិនបានសម្តែងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ បន្ទាប់ពីផ្ញើលិខិតនោះ ខ្ញុំមានអារម្មណ៍មិនសូវស្រួលបន្តិច៖ «តើខ្ញុំកំពុងផ្តល់អាទិភាពដល់ទំនាក់ទំនងផ្ទាល់ខ្លួន ជាងផលប្រយោជន៍របស់ពួកជំនុំឬ?» ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា វាប្រហែលជាមិនមែនជារឿងធំដុំទេ ហើយវាមិនមែនជាការបំពានគោលការណ៍ខ្លាំងពេកនោះទេ ព្រោះចេតនារបស់ខ្ញុំគឺដើម្បីជួយបងប្រុសម្នាក់។ ខ្ញុំគ្រាន់តែគិតអំពីវាបន្តិច ហើយបន្ទាប់មកក៏ឈប់គិតរឿងនោះទៅ។ មួយរយៈពេលក្រោយមក មេដឹកនាំបានមកដល់ផ្ទះទទួលភ្ញៀវដែលខ្ញុំស្នាក់នៅដោយសារកិច្ចការខ្លះ ហើយពេលឃើញខ្ញុំ គាត់និយាយយ៉ាងត្រង់ថា៖ «ប្អូនអើយ ប្អូនត្រូវបានសុំឲ្យសរសេរការវាយតម្លៃអំពីលោក វូ ជុន។ ហេតុអ្វីបានជាប្អូនពន្យារពេលយូរម្ល៉េះ? តើប្អូនគ្រាន់តែធ្វើជាមនុស្សស្មោះត្រង់ ហើយសរសេរវាពេញលេញ រហូតដល់គ្រប់រឿងលម្អិតទាំងអស់មិនបានទេឬ? បែបនេះ ប្អូនពិតជាកំពុងបង្អាក់កិច្ចការហើយ»។ ប្រឈមមុខនឹងការស្តីបន្ទោសបែបនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង ហើយគិតក្នុងចិត្តថា៖ «ខ្ញុំបានពន្យារពេលនៃការវាយតម្លៃនេះអស់ជាងមួយខែហើយ ហើយពិតជាគ្មានលេសអ្វីសម្រាប់ការនេះទេ»។ នៅពេលនោះហើយដែលខ្ញុំបានចាប់ផ្តើមឆ្លុះបញ្ចាំង ដោយឆ្ងល់ថាតើអ្វីជាឫសគល់ដែលនៅពីក្រោយភាពស្ទាក់ស្ទើររបស់ខ្ញុំក្នុងការសរសេរការវាយតម្លៃដោយស្មោះត្រង់។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរឃ្លាដែលបាននិយាយដោយផ្ទាល់អំពីសភាពរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «គំនិតដែលថា ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ គឺជាលក្ខណៈវិនិច្ឆ័យដ៏គំរូមួយនៅក្នុងវប្បធម៌ប្រពៃណីចិន សម្រាប់វិនិច្ឆ័យថាតើការប្រព្រឹត្តខាងសីលធម៌របស់មនុស្សម្នាក់ល្អ ឬអាក្រក់។ នៅពេលវាយតម្លៃថាតើភាពជាមនុស្សរបស់នរណាម្នាក់ល្អ ឬអាក្រក់ ហើយថាតើការប្រព្រឹត្តខាងសីលធម៌របស់ពួកគេយ៉ាងណានោះ មានខ្នាតមួយក្នុងចំណោមខ្នាតនានាគឺត្រូវមើលថាតើពួកគេតបស្នងចំពោះគុណ ឬជំនួយដែលពួកគេទទួលបានដែរឬទេ ពោលគឺថាតើពួកគេជាមនុស្សដែលចេះតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលពួកគេទទួលបានដែរឬទេ។ នៅក្នុងវប្បធម៌ប្រពៃណីចិន និងសូម្បីតែនៅក្នុងវប្បធម៌ប្រពៃណីរបស់មនុស្សជាតិក៏ដោយ ក៏មនុស្សចាត់ទុកចំណុចនេះថាជាស្តង់ដាដ៏សំខាន់មួយសម្រាប់វាស់វែងការប្រព្រឹត្តខាងសីលធម៌របស់មនុស្សដែរ។ ប្រសិនបើមនុស្សម្នាក់មិនចេះតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលខ្លួនទទួលបានទេ នោះគេនឹងត្រូវគេមើលឃើញថាជាមនុស្សរមិលគុណ ជាមនុស្សដែលគ្មានមនសិការ និងមិនសមនឹងសេពគប់ជាមួយឡើយ ជាមនុស្សដែលគួរតែត្រូវបានមើលងាយ និងស្អប់ខ្ពើម និងបដិសេធដោយមនុស្សទាំងអស់។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សម្នាក់ចេះតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលខ្លួនទទួលបាន ពោលគឺបន្ទាប់ពីពួកគេទទួលបានគុណ ឬជំនួយពីអ្នកដទៃ ពួកគេមិនរមិលគុណ ហើយពួកគេខិតខំអស់ពីសមត្ថភាពដើម្បីតបស្នងដល់បុគ្គលនោះវិញ នោះពួកគេនឹងត្រូវបានចាត់ទុកថាជាមនុស្សដែលមានមនសិការ និងមានភាពជាមនុស្ស។ ប្រសិនបើនរណាម្នាក់ទទួលបានគុណ ឬជំនួយពីអ្នកដទៃ ប៉ុន្តែមិនចេះតបស្នងចំពោះគុណស្រ័យរបស់គេ ឬគ្រាន់តែបង្ហាញការដឹងគុណរបស់ពួកគេដោយពាក្យ 'អរគុណ' ធម្មតាមួយម៉ាត់ ហើយគ្មានអ្វីលើសពីនេះ តើអ្នកដែលមានគុណស្រ័យលើពួកគេនឹងមិនមានអារម្មណ៍មិនសុខស្រួលនៅក្នុងចិត្តទេឬ? តើពួកគេនឹងមិនគិតទេឬថា 'អាម្នាក់ហ្នឹងមិនសមនឹងទទួលបានជំនួយទេ គេមិនមែនជាមនុស្សល្អឡើយ។ ខ្ញុំបានជួយគេច្រើនណាស់ ប៉ុន្តែគេមិនទាំងចេះតបស្នងដល់ខ្ញុំផង។ គេពិតជាគ្មានមនសិការ ឬភាពជាមនុស្សសោះ ហើយមិនសមនឹងទាក់ទងជាមួយឡើយ'? ប្រសិនបើពួកគេជួបមនុស្សប្រភេទនេះម្ដងទៀត តើពួកគេនៅតែជួយគេដែរឬទេ? ពួកគេប្រហែលជាមិនចង់ជួយទេ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ឧទាហរណ៍ ឧបមាថាមាននរណាម្នាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយជាសំណាងល្អ មានមនុស្សម្នាក់ទៀតឃើញរឿងនេះ ហើយជួយពួកគេឱ្យរួចផុតពីគ្រោះថ្នាក់របស់ខ្លួន។ តាមពិតទៅ មនុស្សដែលបានជួយពួកគេនេះមានបំណងជំរុញចិត្តលាក់កំបាំង។ ប៉ុន្តែពួកគេមិនខ្វល់ថា តើមនុស្សម្នាក់នេះអាក្រក់ឬអត់នោះទេ។ ឱ្យតែមាននរណាម្នាក់ជួយពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ ពួកគេចាត់ទុកអ្នកនោះថាជាមនុស្សល្អ ទោះបីជាអ្នកនោះអាក្រក់ក៏ដោយ ដូច្នេះពួកគេសុខចិត្តធ្វើអ្វីមួយសម្រាប់មនុស្សម្នាក់នេះ ដើម្បីបង្ហាញការដឹងគុណ និងតបស្នងចំពោះគុណស្រ័យ។ តាមពិតទៅ មនុស្សអាក្រក់ម្នាក់នេះបានជួយពួកគេ ដើម្បីយកឈ្នះចិត្តពួកគេ និងប្រើប្រាស់ពួកគេឱ្យធ្វើអំពើអាក្រក់។ ប្រសិនបើពួកគេជួបប្រទះស្ថានភាពនេះ ហើយមិនអាចមើលធ្លុះវា និងមិនបដិសេធទេ នោះពួកគេនឹងឃើញថាខ្លួនឯងស្ថិតក្នុងគ្រោះថ្នាក់។ មនុស្សបែបនេះមួយចំនួននឹងមានអារម្មណ៍ពិបាកសម្រេចចិត្តនៅក្នុងស្ថានភាពទាំងនេះ ពីព្រោះពួកគេគិតថា ប្រសិនបើពួកគេមិនជួយមិត្តភក្តិដ៏អាក្រក់របស់ខ្លួនក្នុងការធ្វើអំពើអាក្រក់បន្តិចបន្តួចទេ នោះហាក់ដូចជាពួកគេមិនបានតបស្នងមិត្តភាពនេះឱ្យបានគ្រប់គ្រាន់ឡើយ ប៉ុន្តែការធ្វើរឿងខុសនឹងបំពានលើមនសិការ និងវិចារណញ្ញាណរបស់ពួកគេ។ ហេតុនេះ ពួកគេជាប់នៅក្នុងស្ថានភាពទ្វេទុក្ខនេះ។ នេះគឺជាលទ្ធផលនៃការទទួលឥទ្ធិពលពីគំនិតនេះនៅក្នុងវប្បធម៌ប្រពៃណីនៃការតបស្នងចំពោះគុណស្រ័យ គឺពួកគេត្រូវបានគាបជាប់ ចង និងគ្រប់គ្រងដោយគំនិតនេះ។ ពាក្យពោលដែលមកពីវប្បធម៌ប្រពៃណីទាំងនេះ ជារឿយៗជំនួសញាណនៃមនសិការរបស់មនុស្ស និងការវិនិច្ឆ័យជាធម្មតារបស់គេ ជាធម្មតា វាក៏ជះឥទ្ធិពលដល់របៀបគិតជាធម្មតារបស់មនុស្ស និងការសម្រេចចិត្តដ៏ត្រឹមត្រូវផងដែរ។ គំនិតនៃវប្បធម៌ប្រពៃណីគឺមិនត្រឹមត្រូវទេ ហើយប៉ះពាល់ដោយផ្ទាល់ដល់ទស្សនៈរបស់មនុស្សលើរឿងរ៉ាវនានា ដោយបណ្ដាលឱ្យគេធ្វើការសម្រេចចិត្តមិនល្អ។ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ មនុស្សរាប់មិនអស់ត្រូវបានទទួលឥទ្ធិពលពីគំនិត ទស្សនៈ និងលក្ខខណ្ឌវិនិច្ឆ័យខាងសីលធម៌នេះ ទាក់ទងនឹងការតបស្នងចំពោះគុណស្រ័យ។ សូម្បីតែនៅពេលដែលមនុស្សដែលផ្ដល់គុណស្រ័យដល់ពួកគេ គឺជាមនុស្សអាក្រក់ ឬមនុស្សមិនល្អ ហើយបង្ខំពួកគេឱ្យធ្វើអំពើទុច្ចរិត និងអំពើអាក្រក់ក៏ដោយ ក៏ពួកគេនៅតែប្រឆាំងនឹងមនសិការ និងវិចារណញ្ញាណរបស់ខ្លួនឯង ដោយធ្វើតាមទាំងងងឹតងងល់ ដើម្បីតបស្នងចំពោះគុណស្រ័យរបស់ពួកគេ ដែលនាំមកនូវលទ្ធផលមហន្តរាយជាច្រើន។ អាចនិយាយបានថា មនុស្សជាច្រើន ដោយសារតែត្រូវបានទទួលឥទ្ធិពល និងគាបជាប់ រឹតត្បិត និងចងដោយលក្ខខណ្ឌវិនិច្ឆ័យខាងសីលធម៌នេះ បានប្រកាន់ខ្ជាប់នូវទស្សនៈនៃការតបស្នងចំពោះគុណស្រ័យនេះទាំងងងឹតងងល់ និងខុសឆ្គង ហើយថែមទាំងទំនងជាជួយ និងសមគំនិតជាមួយមនុស្សអាក្រក់ទៀតផង។ ឥឡូវនេះ ដោយសារអ្នករាល់គ្នាបានឮការប្រកបរបស់ខ្ញុំ អ្នកមានរូបភាពច្បាស់លាស់អំពីស្ថានភាពនេះ ហើយអាចកំណត់បានថា នេះគឺជាភាពស្មោះត្រង់ដ៏ល្ងង់ខ្លៅ ហើយថាអាកប្បកិរិយានេះចាត់ទុកជាការប្រព្រឹត្តខ្លួនដោយមិនកំណត់ព្រំដែនអ្វីសោះ និងការតបស្នងចំពោះគុណស្រ័យដោយងងឹតងងល់ ដោយគ្មានការបែងចែក ហើយថាវាខ្វះអត្ថន័យ និងតម្លៃ។ ដោយសារតែមនុស្សខ្លាចត្រូវបានស្តីបន្ទោសដោយមតិសាធារណៈ ឬថ្កោលទោសដោយអ្នកដទៃ ពួកគេលះបង់ពេញមួយជីវិតរបស់ខ្លួនទាំងបង្ខំចិត្ត ដើម្បីតបស្នងចំពោះគុណស្រ័យរបស់អ្នកដទៃ សូម្បីតែលះបង់ជីវិតរបស់ខ្លួននៅក្នុងដំណើរការនេះក៏ដោយ ដែលនេះគឺជាវិធីដ៏ខុសឆ្គង និងល្ងង់ខ្លៅក្នុងការដោះស្រាយរឿងរ៉ាវនានា។ ពាក្យពោលដែលមកពីវប្បធម៌ប្រពៃណីនេះ មិនត្រឹមតែបានគាបជាប់ការគិតរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដាក់ទម្ងន់ និងការរំខានមិនចាំបាច់មកលើជីវិតរបស់ពួកគេ និងធ្វើឱ្យគ្រួសាររបស់ពួកគេទទួលរងទុក្ខលំបាក និងបន្ទុកបន្ថែមផងដែរ។ មនុស្សជាច្រើនបានបង់ថ្លៃយ៉ាងធំ ដើម្បីតបស្នងចំពោះគុណស្រ័យដែលបានទទួល ពោលគឺ ពួកគេចាត់ទុកការតបស្នងចំពោះគុណស្រ័យថាជាការទទួលខុសត្រូវក្នុងសង្គម ឬជាភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ ហើយថែមទាំងអាចចំណាយពេលពេញមួយជីវិតរបស់ពួកគេ ដើម្បីតបស្នងចំពោះគុណស្រ័យរបស់អ្នកដទៃទៀតផង។ ពួកគេជឿថា នេះជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ជាភារកិច្ចដែលមិនអាចគេចវេះបាន។ តើទស្សនៈ និងរបៀបធ្វើរឿងរ៉ាវបែបនេះមិនមែនជារឿងល្ងង់ខ្លៅ និងមិនសមហេតុផលទេឬអី? វាបញ្ចេញឱ្យឃើញទាំងស្រុងថា មនុស្សមិនយល់ដឹង និងងងឹតងងល់កម្រិតណា។ ទោះជាយ៉ាងណាក៏ដោយ ពាក្យពោលអំពីការប្រព្រឹត្តតាមសីលធម៌នេះ ដែលថា គុណស្រ័យដែលបានទទួល គួរតែត្រូវបានតបស្នងវិញដោយក្តីដឹងគុណអាចស្របទៅនឹងសញ្ញាណរបស់មនុស្ស ប៉ុន្តែវាមិនស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ វាមិនចុះសម្រុងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជាទស្សនៈ និងរបៀបធ្វើរឿងរ៉ាវដែលមិនត្រឹមត្រូវ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា គំនិតដែលថាគុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ គឺជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមបទដ្ឋាននៃវប្បធម៌ប្រពៃណីចិន សម្រាប់វិនិច្ឆ័យថាតើការប្រព្រឹត្តរបស់មនុស្សមានសីលធម៌ ឬអសីលធម៌។ វាច្បាស់ណាស់ដោយសារការអប់រំតាមវប្បធម៌ប្រពៃណីនេះហើយដែលបានធ្វើឱ្យគំនិត និងទស្សនៈរបស់មនុស្សខុសទ្រង់ទ្រាយ។ នៅពេលនរណាម្នាក់ទទួលបានការអនុគ្រោះ ឬជំនួយពីអ្នកដទៃ ប្រសិនបើពួកគេអាចតបស្នងគុណស្រ័យនោះដោយដឹងគុណ ពួកគេត្រូវបានគេមើលឃើញថាជាមនុស្សមានសតិសម្បជញ្ញៈ និងភាពជាមនុស្ស ដែលទទួលបានការទទួលស្គាល់ពីអ្នកដទៃ។ បើមិនដូច្នោះទេ ពួកគេត្រូវបានគេដាក់ស្លាកថាជាមនុស្សមិនដឹងគុណ ហើយខ្វះសតិសម្បជញ្ញៈ និងភាពជាមនុស្ស ហើយជាលទ្ធផលប្រឈមមុខនឹងការមើលងាយពីអ្នកដទៃ និងសង្គម ហើយថែមទាំងការបោះបង់ និងភាពឯកោទៀតផង។ គិតត្រឡប់ទៅមើល តាំងពីខ្ញុំដឹងក្តីមក ខ្ញុំត្រូវបានជះឥទ្ធិពល និងអប់រំដោយគំនិតដែលថា «គុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ» និង «សេចក្តីសប្បុរសត្រឹមទឹកមួយដំណក់គួរតែត្រូវបានតបស្នងវិញដោយទឹកហូរដូចជ្រោះ» ដរាបណាខ្ញុំទទួលបានការអនុគ្រោះ ឬជំនួយពីអ្នកដទៃ ខ្ញុំនឹងគិតអំពីរបៀបដែលខ្ញុំអាចតបស្នងពួកគេបាន។ បើខ្ញុំមិនអាចធ្វើវាភ្លាមៗបានទេ ខ្ញុំនឹងរកឱកាសដើម្បីធ្វើវាពេលក្រោយ។ ខ្ញុំជឿថា មានតែតាមរយៈការធ្វើបែបនេះទេ ទើបខ្ញុំអាចត្រូវបានគេចាត់ទុកថាជាមនុស្សមានសតិសម្បជញ្ញៈ និងភាពជាមនុស្ស ដែលជាមនុស្សមានចរិតលក្ខណៈសីលធម៌ខ្ពស់។ ខ្ញុំតែងតែយកសេចក្តីថ្លែងអំពីការប្រព្រឹត្តតាមសីលធម៌នេះជាគោលការណ៍ណែនាំ សម្រាប់របៀបប្រព្រឹត្តខ្លួនឯងនៅក្នុងពិភពលោក ដោយប្រើវាដើម្បីកំណត់ស្តង់ដារ និងគ្រប់គ្រងពាក្យសម្ដី និងទង្វើរបស់ខ្ញុំ។ ឧទាហរណ៍ បងថ្លៃប្រុសរបស់ខ្ញុំបានជួយផ្លាស់ប្តូរទីលំនៅរបស់ខ្ញុំពីភ្នំមកជាយក្រុង ហើយក៏បានជួយខ្ញុំចាប់ផ្តើមគ្រួសារផងដែរ។ ដូច្នេះ ខ្ញុំចាត់ទុកគាត់ជាអ្នកឧបត្ថម្ភដ៏អស្ចារ្យ ដោយមិនដែលភ្លេចគុណស្រ័យដែលគាត់បានបង្ហាញចំពោះខ្ញុំឡើយ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ឬពិធីបុណ្យនីមួយៗ ខ្ញុំនឹងទៅលេងគាត់ដោយមានអំណោយផង។ មានតែតាមរយៈការធ្វើបែបនេះទេ ទើបខ្ញុំមានអារម្មណ៍ស្រួល ដោយជឿថា នេះគឺជាអត្ថន័យនៃការក្លាយជាមនុស្សល្អមានសតិសម្បជញ្ញៈ។ បន្ទាប់ពីចាប់ផ្តើមជឿលើព្រះជាម្ចាស់ ខ្ញុំបានបន្តធ្វើ និងប្រព្រឹត្តខ្លួនឯងដោយយោងតាមបទដ្ឋានសម្រាប់សីលធម៌នេះ ដែលថា គុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ។ នៅពេលដែលខ្ញុំខ្សោយបំផុត និងអវិជ្ជមានបំផុត គឺ លោក វូ ជុន ជាអ្នកដែលបានមកប្រកបគ្នាជាមួយខ្ញុំដោយមិនចេះនឿយហត់ ដោយជួយ និងគាំទ្រខ្ញុំ។ ដូច្នេះ ខ្ញុំបានចាត់ទុកគាត់ជាអ្នកឧបត្ថម្ភរបស់ខ្ញុំ ហើយខ្លាចថា បើខ្ញុំសរសេរការវាយតម្លៃដែលលាតត្រដាងគាត់ វានឹងធ្វើឲ្យខ្ញុំមានកេរ្តិ៍ឈ្មោះអាក្រក់ថាជាមនុស្សមិនដឹងគុណ និងខ្វះសតិសម្បជញ្ញៈ។ ដោយសារតែហេតុផលនេះហើយ ទើបខ្ញុំមិនមានឆន្ទៈក្នុងការសរសេរអំពីឥរិយាបថរបស់គាត់ដោយស្មោះត្រង់។ ខ្ញុំថែមទាំងបានកុហក និងធ្វើទង្វើបោកបញ្ឆោត ដោយប្រើលេសថា «ថ្មីៗនេះ ខ្ញុំមិនបានទាក់ទងជាមួយលោក វូ ជុន ច្រើនទេ យើងគ្រាន់តែបានចូលរួមការជួបជុំគ្នាពីរដងប៉ុណ្ណោះ ហើយខ្ញុំមិនសូវដឹងច្រើនអំពីគាត់ទេ» ដើម្បីបិទបាំងការពិត។ នៅពេលមេដឹកនាំសុំឲ្យខ្ញុំសរសេរការវាយតម្លៃម្តងទៀត ខ្ញុំបានសរសេរដោយត្រួសៗ គ្រាន់តែនិយាយអំពីរឿងតូចតាច ដោយមិនបានសម្តែងមតិច្បាស់លាស់ណាមួយឡើយ។ ខ្ញុំដឹងយ៉ាងច្បាស់ថា លោក វូ ជុន មិនបានទទួលយកសេចក្តីពិត ហើយងាយនឹងវិភាគមនុស្ស និងរឿងហួសហេតុពេក ដែលបង្អាក់ និងរំខានដល់ទាំងជីវិតពួកជំនុំ និងកិច្ចការពួកជំនុំ។ ដូច្នេះ ខ្ញុំគួរតែសរសេរការពិតដោយត្រង់ និងស្មោះត្រង់ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីពិត ប៉ុន្តែដើម្បីតបស្នងគុណស្រ័យរបស់គាត់ ខ្ញុំបានពន្យារពេល និងធ្វើផ្ទុយពីសតិសម្បជញ្ញៈរបស់ខ្ញុំ។ ខ្ញុំពិតជាបះបោរមែន! នៅពេលនោះហើយដែលខ្ញុំបានដឹងថា ការរស់នៅតាមគំនិតវប្បធម៌ប្រពៃណីដែលថា «គុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ» បាននាំខ្ញុំឲ្យធ្វើអ្វីៗដែលផ្ទុយនឹងគោលការណ៍ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដែលធ្វើឱ្យទ្រង់ស្អប់ខ្ពើម និងធុញទ្រាន់នឹងខ្ញុំ។ ខ្ញុំត្រូវតែស្វែងរកសេចក្តីពិតជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។
ក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ពាក្យពោលស្ដីពីការប្រព្រឹត្តខាងសីលធម៌ ដូចជា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' មិនបានប្រាប់មនុស្សឱ្យច្បាស់ថា តើពួកគេគួរតែបំពេញទំនួលខុសត្រូវអ្វីខ្លះនៅក្នុងសង្គមមនុស្សនោះទេ។ ផ្ទុយទៅវិញ ពាក្យពោលទាំងនេះតម្រូវឱ្យមនុស្សធ្វើសកម្មភាព និងអនុវត្តស្របទៅតាមពាក្យពោលទាំងនេះ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ រឿងរ៉ាវបែបនេះត្រូវបានបន្សល់ទុកតាំងពីសម័យចិនបុរាណមកម្ល៉េះ។ ឧទាហរណ៍៖ ក្មេងប្រុសសុំទានម្នាក់ដែលកំពុងឃ្លានដាច់ពោះ ត្រូវបានគ្រួសារមួយទទួលយកទៅចិញ្ចឹម ដោយផ្ដល់អាហារ សម្លៀកបំពាក់ បណ្ដុះបណ្ដាលក្បាច់គុន និងបង្រៀនចំណេះដឹងគ្រប់បែបយ៉ាងដល់វា។ ពួកគេរង់ចាំរហូតដល់វាធំពេញវ័យ ហើយបន្ទាប់មកក៏ចាប់ផ្ដើមប្រើវាជាឧបករណ៍រកលុយ ដោយបញ្ជូនវាឱ្យទៅធ្វើអាក្រក់ សម្លាប់មនុស្ស និងធ្វើរឿងដែលវាមិនចង់ធ្វើ។ ប្រសិនបើអ្នកមើលរឿងនេះដោយផ្អែកលើគុណទាំងអស់ដែលវាបានទទួល នោះអ្វីដែលបានកើតឡើងចំពោះវា គឺជារឿងល្អ។ ប៉ុន្តែ ប្រសិនបើអ្នកពិចារណាលើអ្វីដែលវាត្រូវបានបង្ខំឱ្យធ្វើនៅពេលក្រោយវិញ តើវាពិតជារឿងល្អ ឬអាក្រក់? (ជារឿងអាក្រក់។) ប៉ុន្តែ នៅក្រោមការបណ្ដុះគំនិតនៃវប្បធម៌ប្រពៃណី ដូចជា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' មនុស្សមិនអាចបែងចែករឿងនេះបានឡើយ។ មើលពីខាងក្រៅ វាហាក់ដូចជាក្មេងប្រុសនោះគ្មានជម្រើសអ្វីក្រៅពីធ្វើអំពើអាក្រក់ និងធ្វើបាបមនុស្ស ធ្វើជាឃាតករឡើយ ដែលជារឿងដែលមនុស្សភាគច្រើនមុខជាមិនចង់ធ្វើ។ ប៉ុន្តែ តើការពិតដែលថាវាបានធ្វើរឿងអាក្រក់ទាំងនេះ និងបានសម្លាប់មនុស្សតាមបញ្ជារបស់ចៅហ្វាយខ្លួន មិនមែនកើតចេញពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅក្នុងការតបស្នងចំពោះគុណស្រ័យរបស់គាត់ទេឬ? ជាពិសេស ដោយសារតែការបណ្ដុះគំនិតនៃវប្បធម៌ប្រពៃណីចិន ដូចជា 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' មនុស្សមិនអាចជៀសផុតពីទទួលឥទ្ធិពល និងត្រូវបានគ្រប់គ្រងដោយគំនិតទាំងនេះឡើយ។ របៀបដែលពួកគេធ្វើសកម្មភាព ព្រមទាំងចេតនា និងបំណងជំរុញចិត្តនៅពីក្រោយសកម្មភាពរបស់ពួកគេ ច្បាស់ជាត្រូវបានរឹតត្បិតដោយគំនិតទាំងនេះ។ នៅពេលដែលគ្រួសារនេះញុះញង់ឱ្យវាធ្វើអាក្រក់ តើគំនិតដំបូងរបស់វាគឺជាអ្វី? 'គ្រួសារនេះបានសង្គ្រោះខ្ញុំ ហើយពួកគេមានគុណស្រ័យមកលើខ្ញុំ។ ខ្ញុំត្រូវតែតបស្នងដល់ពួកគេវិញ។ ដោយសារខ្ញុំជំពាក់ពួកគេនូវជីវិតរបស់ខ្ញុំ ខ្ញុំត្រូវតែលះបង់ជីវិតនេះជូនពួកគេ។ ខ្ញុំគួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេសុំឱ្យខ្ញុំធ្វើ ទោះបីជាពួកគេសុំឱ្យខ្ញុំធ្វើអាក្រក់ និងសម្លាប់មនុស្សក៏ដោយ ក៏ខ្ញុំមិនអាចចាត់ទុកថាវាខុស ឬត្រូវដែរ ខ្ញុំត្រូវតែផ្ដោតតែលើការតបស្នងចំពោះគុណស្រ័យរបស់ពួកគេប៉ុណ្ណោះ។ តើខ្ញុំនៅតែស័ក្តិសមនឹងត្រូវបានគេហៅថាជាមនុស្សដែរឬទេ ប្រសិនបើខ្ញុំមិនតបស្នងចំពោះគុណស្រ័យដ៏ធំធេងបែបនេះ?' ដូច្នេះ ដើម្បីតបស្នងសងគុណចំពោះគុណស្រ័យរបស់ពួកគេ វាបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេសុំឱ្យធ្វើដោយមិនគិតពីអ្វីទាំងអស់ សូម្បីតែគេត្រូវបានសុំឱ្យសម្លាប់មនុស្ស និងធ្វើរឿងអាក្រក់ក៏ដោយ។ គ្រាន់តែដើម្បីតបស្នងចំពោះគុណស្រ័យរបស់ពួកគេ វាបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដោយគ្មានការស្ទាក់ស្ទើរ និងគ្មានមន្ទិលសង្ស័យអ្វីឡើយ។ ដូច្នេះ តើទស្សនៈអ្វីដែលគ្រប់គ្រងលើអាកប្បកិរិយា និងការបង្ហាញចេញដែលវាបានធ្វើ ដើម្បីតបស្នងចំពោះគុណស្រ័យរបស់ពួកគេ? តើវាមិនមែនកំពុងបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការប្រព្រឹត្តខាងសីលធម៌ទេឬ? (ត្រូវហើយ។) តើអ្នកឃើញអ្វីខ្លះពីឧទាហរណ៍នេះ? តើពាក្យពោល 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ' ជារឿងល្អ ឬមិនល្អ? (មិនល្អទេ វាមិនមានគោលការណ៍ចំពោះរឿងនេះឡើយ។) តាមពិតទៅ ក្មេងប្រុសនោះមានគោលការណ៍មួយ ហើយគោលការណ៍នោះគឺ៖ 'ពេលទទួលបានគុណ ត្រូវសងគុណវិញដោយក្តីរីករាយ។ ប្រសិនបើនរណាម្នាក់មានគុណស្រ័យចំពោះអ្នក អ្នកត្រូវតែសងគុណពួកគេវិញ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះអ្នកមិនមែនជាមនុស្សឡើយ ហើយអ្នកគ្មានអ្វីត្រូវនិយាយទេ ប្រសិនបើអ្នកត្រូវបានគេថ្កោលទោសចំពោះរឿងនេះ។ ពាក្យពោលពោលថា៖ «គុណស្រ័យត្រឹមតែទឹកមួយតំណក់ គួរតែត្រូវបានតបស្នងវិញដោយប្រភពទឹកបាញ់ចេញមួយ» ដែលមិនបាច់និយាយដល់ស្ថានភាពរបស់ខ្ញុំផង អ្វីដែលខ្ញុំទទួលបានមិនមែនជាគុណស្រ័យតូចតាចទេ ប៉ុន្តែជាគុណស្រ័យមួយដែលសង្គ្រោះជីវិត។ ខ្ញុំកាន់តែគួរតែតបស្នងវិញដោយជីវិតរបស់ខ្ញុំ'។ វាមិនដឹងថាដែនកំណត់ ឬគោលការណ៍សម្រាប់ការតបស្នងចំពោះគុណស្រ័យគឺជាអ្វីឡើយ។ វាបានជឿថា ជីវិតរបស់វាត្រូវបានផ្ដល់ឱ្យដោយគ្រួសារនោះ ដូច្នេះ វាត្រូវតែលះបង់ជីវិតជូនពួកគេវិញ ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេទាមទារពីវា រួមទាំងការសម្លាប់មនុស្ស ឬអំពើអាក្រក់ផ្សេងទៀត។ របៀបនៃការតបស្នងចំពោះគុណស្រ័យនេះគ្មានគោលការណ៍ ឬដែនកំណត់ឡើយ។ វាបានធ្វើជាអ្នកសមគំនិតជាមួយពួកអ្នកប្រព្រឹត្តអាក្រក់ ហើយក៏បានបំផ្លាញខ្លួនឯងនៅក្នុងដំណើរការនេះ។ តើវាត្រឹមត្រូវទេដែលវាតបស្នងចំពោះគុណស្រ័យតាមរបៀបនេះ? ច្បាស់ណាស់ថាមិនត្រឹមត្រូវទេ។ វាជាវិធីដ៏ល្ងង់ខ្លៅមួយដែលធ្វើបែបនេះ។ វាជាការពិតដែលគ្រួសារនេះបានសង្គ្រោះគាត់ និងបានអនុញ្ញាតឱ្យគាត់បន្តរស់នៅ ប៉ុន្តែការតបស្នងចំពោះគុណស្រ័យរបស់មនុស្សម្នាក់ ត្រូវតែមានគោលការណ៍ មានព្រំដែន និងមានភាពសមល្មម។ ពួកគេបានសង្គ្រោះជីវិតរបស់គាត់ ប៉ុន្តែគោលបំណងនៃជីវិតរបស់គាត់ គឺមិនមែនដើម្បីធ្វើអំពើអាក្រក់ឡើយ។ អត្ថន័យ និងតម្លៃនៃជីវិត ព្រមទាំងបេសកកម្មរបស់មនុស្ស គឺមិនមែនដើម្បីធ្វើអំពើអាក្រក់ និងសម្លាប់មនុស្សឡើយ ហើយគាត់មិនគួររស់នៅដោយមានគោលបំណងតែមួយគត់គឺការតបស្នងចំពោះគុណស្រ័យនោះទេ។ ក្មេងប្រុសនោះបានជឿដោយយល់ច្រឡំថា អត្ថន័យ និងតម្លៃនៃជីវិត គឺតបស្នងដោយក្តីដឹងគុណចំពោះគុណស្រ័យដែលបានទទួល។ នេះគឺជាការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ តើនេះមិនមែនជាលទ្ធផលនៃការទទួលឥទ្ធិពលពីលក្ខខណ្ឌវិនិច្ឆ័យនៃការប្រព្រឹត្តតាមសីលធម៌ដែលថា 'គុណស្រ័យដែលបានទទួល គួរតែត្រូវបានតបស្នងវិញដោយក្តីដឹងគុណ' ទេឬអី? (មែនហើយ។) តើគាត់ត្រូវបានដឹកនាំឱ្យវង្វេងដោយសារឥទ្ធិពលនៃពាក្យពោលអំពីការតបស្នងចំពោះគុណស្រ័យនេះ ឬមួយគាត់បានរកឃើញផ្លូវដ៏ត្រឹមត្រូវ និងគោលការណ៍នៃការអនុវត្ត? គាត់ច្បាស់ជាត្រូវបានដឹកនាំឱ្យវង្វេងហើយ នេះគឺច្បាស់ដូចថ្ងៃ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺច្បាស់ណាស់។ មនុស្សប្រកាន់ខ្ជាប់នូវបទដ្ឋានសីលធម៌នៅក្នុងវប្បធម៌ប្រពៃណីដែលថា គុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ ហើយដរាបណាអ្នកដទៃបានបង្ហាញគុណស្រ័យចំពោះពួកគេ ពួកគេមានកាតព្វកិច្ចត្រូវតបស្នងវាដោយមិនស្ទាក់ស្ទើរ។ របៀបនៃការធ្វើ និងការប្រព្រឹត្តខ្លួនឯងបែបនេះអាចនាំឲ្យមានការបាត់បង់គោលការណ៍ និងបទដ្ឋានអប្បបរមាយ៉ាងងាយស្រួល។ ពេលខ្លះ ក្នុងការប៉ុនប៉ងតបស្នងគុណស្រ័យ មនុស្សអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្ម ឬធ្វើអំពើអាក្រក់ ដោយប្រថុយនឹងជីវិតរបស់ពួកគេផ្ទាល់។ វាពិតជាល្ងង់ខ្លៅ! ដោយយោងតាមការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ នៅពេលមេដឹកនាំបានសុំឲ្យខ្ញុំសរសេរអំពីឥរិយាបថរបស់លោក វូ ជុន ខ្ញុំបានដឹងយ៉ាងច្បាស់ថា គាត់តែងតែបដិសេធសេចក្តីពិត ហើយរំខានដល់កិច្ចការពួកជំនុំ។ ទោះយ៉ាងណា ក្នុងកិច្ចប្រឹងប្រែងតបស្នងគុណស្រ័យរបស់គាត់ និងជៀសវាងការត្រូវបានគេចាត់ទុកថាជាមនុស្សមិនដឹងគុណ និងខ្វះសតិសម្បជញ្ញៈ ខ្ញុំបានពន្យារពេល ហើយមិនបានលាតត្រដាងគាត់ឡើយ ថែមទាំងមិនអើពើនឹងអារម្មណ៍នៃការស្តីបន្ទោសខ្លួនឯងរបស់ខ្ញុំទៀតផង។ ជាលទ្ធផល ខ្ញុំបានពន្យារពេលជាងមួយខែ។ ដំណាក់របស់ព្រះជាម្ចាស់បណ្ដេញចេញអ្នកមិនជឿ និងមនុស្សអាក្រក់ ដើម្បីបន្សុទ្ធពួកជំនុំ បង្កើតបរិយាកាស និងសណ្តាប់ធ្នាប់ ល្អសម្រាប់បងប្អូនប្រុសស្រី ដូច្នេះពួកគេអាចមានជីវិតពួកជំនុំធម្មតា។ នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំ ដោយមិនអើពើនឹងផលប្រយោជន៍របស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីរបស់ខ្ញុំ ចង់រក្សាលោក វូ ជុន នៅក្នុងពួកជំនុំ។ តាមពិត ធម្មជាតិនៃទង្វើរបស់ខ្ញុំគឺបិទបាំង និងការពារអ្នកគ្មានជំនឿ ដោយផ្តល់សេរីភាពឲ្យគាត់បង្កការរំខាន និងការបង្អាក់នៅក្នុងពួកជំនុំ។ អ្វីដែលខ្ញុំបានធ្វើគឺរារាំងកិច្ចការបោសសម្អាតនៅក្នុងពួកជំនុំ។ តាមពិត ខ្ញុំបានធ្វើអំពើអាក្រក់ ហើយទប់ទល់នឹងព្រះជាម្ចាស់! ខ្ញុំបានបាត់បង់គោលការណ៍ និងបទដ្ឋានអប្បបរមាសម្រាប់ការប្រព្រឹត្តខ្លួនឯង។ អ្វីដែលខ្ញុំបានធ្វើគឺគ្មានអ្វីក្រៅពីការតបស្នងគុណស្រ័យដោយងងឹតងងល់ឡើយ។ វាមានលក្ខណៈស្រដៀងនឹងអ្នកសុំទានប្រព្រឹត្តអំពើអាក្រក់ ដូចជាឃាតកម្ម ដើម្បីតបស្នងគុណស្រ័យ។ វាពិតជាល្ងង់ខ្លៅ! នៅពេលនោះ ខ្ញុំទើបតែបានដឹងថា សាតាំងប្រើពាក្យសំដីក្នុងវប្បធម៌ប្រពៃណីទាក់ទងនឹងសីលធម៌ ដែលពាក្យសំដីទាំងនោះមនុស្សជាទូទៅចាត់ទុកថាល្អ ដើម្បីបំភាន់ និងធ្វើឱ្យពួកគេពុករលួយ។ វាពិតជាល្បិចកល និងទុច្ចរិតមែន!
ក្រោយមក ខ្ញុំបានគិតយ៉ាងស៊ីជម្រៅអំពីមូលហេតុដែលគំនិតដែលថា គុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ គឺមិនត្រឹមត្រូវ។ បន្ទាប់មកខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ការទទួលខុសត្រូវ និងកាតព្វកិច្ចក្នុងសង្គម ដែលមនុស្សអាចបំពេញបាន និងទង្វើដែលមិនចាំបាច់ប្រឹង ដែលមនុស្សគួរតែអាចធ្វើបានតាមសភាវគតិ និងគួរតែធ្វើ ដែលមានប្រយោជន៍ដល់អ្នកដទៃ រឿងទាំងនេះជាដាច់ខាតមិនអាចចាត់ទុកថាជាគុណស្រ័យបានឡើយ ព្រោះវាគ្រាន់តែជារឿងនៃការជួយយកអាសាប៉ុណ្ណោះ។ ការផ្ដល់ជំនួយដល់នរណាម្នាក់ដែលត្រូវការវា នៅពេលវេលា និងទីកន្លែងសមស្រប គឺជាបាតុភូតធម្មតាបំផុត។ វាក៏ជាការទទួលខុសត្រូវរបស់សមាជិកគ្រប់រូបនៃពូជមនុស្សផងដែរ។ នេះគ្រាន់តែជាប្រភេទមួយនៃការទទួលខុសត្រូវ និងកាតព្វកិច្ចប៉ុណ្ណោះ។ ព្រះជាម្ចាស់បានប្រទានសភាវគតិទាំងនេះដល់មនុស្ស នៅពេលដែលទ្រង់បានបង្កើតពួកគេមក។ តើខ្ញុំកំពុងសំដៅលើសភាវគតិអ្វីនៅទីនេះ? ខ្ញុំកំពុងសំដៅលើមនសិការ និងវិចារណញ្ញាណរបស់មនុស្ស។ ... ក្នុងរបៀបដូចគ្នាដែរ មនុស្សអាចបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលនរណាក៏ដោយដែលមានមនសិការ និងវិចារណញ្ញាណគួរតែធ្វើ។ ហេតុនេះ ការជួយមនុស្ស និងការមានគុណស្រ័យចំពោះពួកគេ គឺជារឿងដែលមិនបាច់ខំប្រឹងឡើយសម្រាប់មនុស្ស វាស្ថិតនៅក្នុងដែនវិសាលភាពនៃសភាវគតិរបស់មនុស្ស និងជារឿងដែលមនុស្សអាចសម្រេចបានទាំងស្រុង។ មិនចាំបាច់ចាត់ទុកវាថាខ្ពង់ខ្ពស់ដូចជាគុណស្រ័យនោះទេ។ ប៉ុន្តែ មនុស្សជាច្រើនចាត់ទុកជំនួយរបស់អ្នកដទៃស្មើនឹងគុណស្រ័យ ហើយតែងតែនិយាយអំពីវា និងតបស្នងចំពោះគុណស្រ័យនោះជានិច្ច ដោយគិតថា ប្រសិនបើពួកគេមិនធ្វើបែបនេះទេ ពួកគេគ្មានមនសិការឡើយ។ ពួកគេមើលងាយខ្លួនឯង និងប្រមាថខ្លួនឯង ថែមទាំងបារម្ភថាពួកគេនឹងត្រូវបានស្តីបន្ទោសដោយមតិសាធារណៈទៀតផង។ តើចាំបាច់ត្រូវបារម្ភពីរឿងទាំងនេះដែរឬទេ? (ទេ។) មានមនុស្សជាច្រើនដែលមិនអាចមើលធ្លុះរឿងនេះ ហើយត្រូវបានរឹតត្បិតដោយបញ្ហានេះជានិច្ច។ នេះហើយជាការមិនយល់ពីគោលការណ៍សេចក្ដីពិត។ ឧទាហរណ៍ ប្រសិនបើអ្នក និងមិត្តភក្តិរបស់អ្នកជាប់នៅក្នុងវាលខ្សាច់ ហើយអ្នកមានទឹកខ្លះ ប៉ុន្តែពួកគេអស់ទឹក អ្នកច្បាស់ជានឹងចែកទឹករបស់អ្នកខ្លះទៅឱ្យពួកគេ អ្នកនឹងមិនឈរមើលពួកគេស្លាប់ដោយការស្រេកទឹកឡើយ។ ទោះបីជាដឹងថា ទឹកនឹងឆាប់អស់ជាងមុន ប្រសិនបើអ្នកទាំងពីរចែករំលែកទឹកមួយដបនោះជាមួយគ្នាក៏ដោយ ក៏អ្នកនៅតែចែករំលែកវាជាមួយមិត្តភក្តិរបស់អ្នកដែរ។ ឥឡូវនេះ ហេតុអ្វីបានជាអ្នកធ្វើបែបនោះ? ពីព្រោះអ្នកមិនអាចទ្រាំមើលឃើញមិត្តភក្តិរបស់អ្នករងទុក្ខដោយការស្រេកទឹកឡើយ ពោលគឺអ្នកពិតជាមិនអាចទ្រាំមើលឃើញបែបនោះឡើយ។ តើអ្វីទៅដែលបណ្ដាលឱ្យអ្នកមិនអាចទ្រាំមើលឃើញមិត្តភក្តិរបស់អ្នករងទុក្ខដោយការស្រេកទឹក? គឺញាណនៃមនសិការរបស់អ្នក ដែលបង្កើតឱ្យមានអារម្មណ៍នេះ។ ទោះបីជាអ្នកមិនចង់បំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចប្រភេទនេះក៏ដោយ ក៏មនសិការរបស់អ្នកនឹងធ្វើឱ្យអ្នកមិនអាចទ្រាំធ្វើផ្សេងពីនេះដែរ វាធ្វើឱ្យអ្នកមានអារម្មណ៍ក្រំចិត្ត។ តើនេះមិនមែនសុទ្ធតែជាលទ្ធផលនៃសភាវគតិរបស់មនុស្សទេឬ? តើនេះមិនមែនសុទ្ធតែត្រូវបានសម្រេចដោយមនសិការ និងវិចារណញ្ញាណរបស់មនុស្សទេឬ? ប្រសិនបើមិត្តភក្តិម្នាក់នោះនិយាយថា 'ខ្ញុំជំពាក់គុណអ្នកដែលបានចែកទឹកខ្លះរបស់អ្នកឱ្យខ្ញុំនៅក្នុងស្ថានភាពនោះ!' តើការនិយាយបែបនេះមិនខុសទេឬ? រឿងនេះមិនពាក់ព័ន្ធនឹងគុណស្រ័យឡើយ។ ប្រសិនបើស្ថានភាពត្រូវបានផ្លាស់ប្ដូរវិញ ហើយមិត្តភក្តិម្នាក់នោះមានភាពជាមនុស្ស មនសិការ និងវិចារណញ្ញាណ នោះពួកគេក៏នឹងចែករំលែកទឹករបស់ពួកគេជាមួយអ្នកដែរ។ នេះគ្រាន់តែជាការទទួលខុសត្រូវក្នុងសង្គម ឬទំនាក់ទំនងជាមូលដ្ឋានរវាងមនុស្សប៉ុណ្ណោះ។ ទំនាក់ទំនង ឬការទទួលខុសត្រូវ ឬកាតព្វកិច្ចក្នុងសង្គមជាមូលដ្ឋានបំផុតទាំងនេះ សុទ្ធតែកើតឡើងដោយសារតែញាណនៃមនសិការរបស់មនុស្ស ភាពជាមនុស្សរបស់គាត់ និងសភាវគតិដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស នៅពេលដែលបង្កើតមនុស្សមក។ នៅក្នុងកាលៈទេសៈធម្មតា រឿងទាំងនេះមិនចាំបាច់ត្រូវបានបង្រៀនដោយឪពុកម្ដាយ ឬត្រូវបានបណ្តុះគំនិតដោយសង្គមឡើយ ហើយកាន់តែមិនត្រូវការការដាស់តឿនដដែលៗពីអ្នកដទៃដែលប្រាប់ឱ្យអ្នកធ្វើវាដែរ។ ការអប់រំគឺចាំបាច់សម្រាប់តែអ្នកដែលខ្វះមនសិការ និងវិចារណញ្ញាណ សម្រាប់អ្នកដែលខ្វះសមត្ថភាពយល់ដឹងជាធម្មតា ឧទាហរណ៍ មនុស្សខ្សោយសតិបញ្ញា ឬមនុស្សល្ងង់ ឬសម្រាប់អស់អ្នកណាដែលមានគុណសម្បត្តិអន់ ហើយ មិនយល់ដឹង និងរឹងរូសប៉ុណ្ណោះ។ អស់អ្នកណាដែលមានភាពជាមនុស្សធម្មតា មិនចាំបាច់ត្រូវបានបង្រៀនពីរឿងទាំងនេះឡើយ ពោលគឺ មនុស្សដែលមានមនសិការ និង វិចារណញ្ញាណសុទ្ធតែមានរឿងទាំងនេះ។ ដូច្នេះ វាមិនសមរម្យទេក្នុងការលើកតម្កើងអាកប្បកិរិយា ឬទង្វើមួយចំនួនហួសហេតុថាជាទម្រង់មួយនៃគុណស្រ័យ នៅពេលដែលវាគ្រាន់តែជាសភាវគតិ និងស្របតាមមនសិការ និងវិចារណញ្ញាណប៉ុណ្ណោះ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ប្រសិនបើព្រះជាម្ចាស់ចង់សង្គ្រោះអ្នក មិនថាទ្រង់ប្រើប្រាស់ការបម្រើរបស់អ្នកណាក៏ដោយដើម្បីសម្រេចកិច្ចការនេះ អ្នកគួរតែអរព្រះគុណព្រះជាម្ចាស់ជាមុនសិន ហើយទទួលយកវាពីព្រះជាម្ចាស់។ អ្នកមិនគួរតម្រង់ការដឹងគុណរបស់អ្នកទៅរកតែមនុស្សនោះទេ កុំថាឡើយដល់ទៅលះបង់ជីវិតរបស់អ្នកទៅឱ្យនរណាម្នាក់ដើម្បីជាការដឹងគុណនោះ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ។ រឿងដ៏សំខាន់គឺថា ចិត្តរបស់អ្នកដឹងគុណចំពោះព្រះជាម្ចាស់ ហើយអ្នកទទួលយកវាពីទ្រង់» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ដោយគិតយ៉ាងស៊ីជម្រៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ការជួយអ្នកដទៃគឺជាសភាវគតិ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សនៅពេលទ្រង់បានបង្កើតពួកគេ។ ដរាបណាមនុស្សម្នាក់មានសតិសម្បជញ្ញៈ និងហេតុផល ពួកគេអាចធ្វើបែបនេះបាន។ វាគឺជាទង្វើនៃការបម្រើដ៏សាមញ្ញមួយ ហើយមិនអាចចាត់ទុកថាជាគុណស្រ័យឡើយ។ ឧទាហរណ៍ នៅពេលលោក វូ ជុន បានជួយ និងគាំទ្រខ្ញុំក្នុងអំឡុងពេលភាពទន់ខ្សោយរបស់ខ្ញុំ វាមិនមែនជាគុណស្រ័យទេ ព្រោះគាត់គឺជាមេដឹកនាំពួកជំនុំនៅពេលនោះ ហើយការជួយ និងការគាំទ្របងប្អូនប្រុសស្រីដែលទន់ខ្សោយគឺជាភារកិច្ច និងការទទួលខុសត្រូវរបស់គាត់។ លើសពីនេះទៅទៀត ទោះបីជាគាត់មិនមែនជាមេដឹកនាំពួកជំនុំក៏ដោយ ដរាបណាគាត់មានសតិសម្បជញ្ញៈ និងហេតុផល គាត់ក៏នឹងផ្តល់ជំនួយ និងប្រកបគ្នានៅពេលគាត់ឃើញបងប្អូនប្រុស ឬបងប្អូនស្រីមានភាពអវិជ្ជមាន ឬទន់ខ្សោយដែរ។ លើសពីនេះ ការប្រសើរឡើងនៃសភាពរបស់ខ្ញុំគឺបណ្តាលមកពីប្រសិទ្ធភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងខ្លួនខ្ញុំ។ ខ្ញុំគួរតែអរព្រះគុណសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្ញុំដើម្បីបំពេញព្រះទ័យព្រះជាម្ចាស់ និងតបស្នងព្រះជាម្ចាស់ ជំនួសឲ្យការគិតជានិច្ចអំពីគុណស្រ័យរបស់លោក វូ ជុន និងរបៀបតបស្នងគាត់។ ឥឡូវនេះ ខ្ញុំត្រូវបានស្នើសុំឲ្យសរសេរការវាយតម្លៃអំពីលោក វូ ជុន ខ្ញុំគួរតែអនុវត្តសេចក្តីពិត ហើយស្មោះត្រង់ ដោយសរសេរដោយស្មោះត្រង់។ ពួកជំនុំនឹងវាយតម្លៃ និងកំណត់លក្ខណៈ គាត់ដោយផ្អែកលើគោលការណ៍។ ទោះបីជាទីបំផុត គាត់ត្រូវបានបណ្ដេញចេញក៏ដោយ វានឹងជាផលវិបាកនៃឥរិយាបថជាប់លាប់របស់គាត់ក្នុងការវិភាគមនុស្ស និងរឿងរ៉ាវហួសហេតុពេក ការបដិសេធសេចក្តីពិត និងការបង្អាក់ និងការរំខានដល់កិច្ចការពួកជំនុំ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលបានមកលើគាត់។ ក្រោយមក ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ដោយការប្រែចិត្តថា៖ «ឱព្រះជាម្ចាស់អើយ ពេលសរសេរអំពីឥរិយាបថរបស់លោក វូ ជុន ទូលបង្គំមិនបានស្មោះត្រង់ទេ។ ទូលបង្គំគ្រាន់តែសរសេរវាឱ្យតែបានបាន កុហក និងបោកបញ្ឆោត ពន្យារពេលកិច្ចការបោសសម្អាត។ ឥរិយាបថរបស់ទូលបង្គំធ្វើឱ្យទ្រង់ខ្ពើមរអើម និងច្រានចោល។ ឱព្រះជាម្ចាស់អើយ ទូលបង្គំមានឆន្ទៈវិលត្រឡប់មកទ្រង់វិញ ហើយសរសេរឥរិយាបថរបស់លោក វូ ជុន ដោយស្មោះត្រង់។ សូមទ្រង់ពិនិត្យពិច័យមើលដួងចិត្តរបស់ទូលបង្គំ»។ ជាបន្តបន្ទាប់ ខ្ញុំបានបញ្ចប់ការវាយតម្លៃ ហើយបានដាក់ជូនអ្នកដឹកនាំពួកជំនុំ។ ក្រោយមក លោក វូ ជុន ត្រូវបានកំណត់លក្ខណៈថាជាអ្នកមិនមានជំនឿ ហើយត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ ឮដំណឹងនេះ ខ្ញុំមានអារម្មណ៍ជាប់ជំពាក់ និងស្តីបន្ទោសខ្លួនឯង។ ខ្ញុំបានឃើញពីរបៀបដែលការខកខានរបស់ខ្ញុំក្នុងការអនុវត្តសេចក្តីពិតបានពន្យារពេលកិច្ចការបោសសម្អាត។
តាមរយៈបទពិសោធនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា គំនិតដែលថា «គុណស្រ័យដែលបានទទួលគួរតែត្រូវបានតបស្នងដោយដឹងគុណ» មិនមែនជារឿងវិជ្ជមានទេ ហើយទោះបីជាវាត្រូវបានប្រកាន់ខ្ជាប់យ៉ាងល្អយ៉ាងណាក៏ដោយ ក៏វាមិនមែនជាការអនុវត្តសេចក្តីពិតដែរ ប៉ុន្តែវាមិនស៊ីគ្នានឹងសេចក្តីពិតឡើយ។ ទៅអនាគត ខ្ញុំត្រូវតែអនុវត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មើលមនុស្សនិងរឿងរ៉ាវ ហើយធ្វើនិងប្រព្រឹត្តខ្លួនឯងទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អរព្រះគុណព្រះជាម្ចាស់!