២២. ក្រោយពេលខ្ញុំ ត្រូវបានយូដាសម្នាក់ក្បត់
នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខ្ញុំកំពុងបំពេញភារកិច្ចជាអ្នកអធិប្បាយនៅក្នុងពួកជំនុំ។ ពេលនោះ ពួកជំនុំមួយចំនួនដែលខ្ញុំទទួលខុសត្រូវ ត្រូវប្រឈមមុខនឹងការចាប់ខ្លួនដោយបក្សកុម្មុយនីស្តចិនជាបន្តបន្ទាប់។ អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើនត្រូវបានចាប់ខ្លួន ដូច្នេះ ខ្ញុំ និងបងប្រុស វ៉ាង ហ៊ុយ ដែលជាដៃគូ បានប្រញាប់ទាក់ទងទៅបងប្អូនប្រុសស្រី ដើម្បីរើសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញ។ ពួកយើងទើបតែដោះស្រាយរឿងរ៉ាវក្រោយហេតុការណ៍រួចរាល់ ស្រាប់តែមានដំណឹងមកថា អ្នកមើលការខុសត្រូវពីរនាក់ទៀតត្រូវបានចាប់ខ្លួន។ ពួកយើងចាប់ផ្ដើមរើផ្ទះជាប្រចាំ ដោយសារតែបារម្ភពីសុវត្ថិភាព។ អំឡុងពេលនោះ បងប្អូនប្រុសស្រីមកពីគ្រប់ពួកជំនុំ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយកិច្ចការផ្សេងៗនៅក្នុងពួកជំនុំមិនអាចដំណើរការទៅមុខជាធម្មតាបានឡើយ។ បងប្អូនប្រុសស្រីដែលត្រូវបានចាប់ខ្លួន ត្រូវបានប៉ូលិសធ្វើទារុណកម្ម។ បងស្រីម្នាក់ទ្រាំនឹងការធ្វើទារុណកម្មរបស់ប៉ូលិសពុំបាន គ្មានជម្រើសអ្វីក្រៅពីលោតពីលើអគារបណ្តាលឱ្យស្លាប់ឡើយ។ ពេលឮដំណឹងទាំងនេះបន្តបន្ទាប់គ្នា ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយតែងតែបារម្ភពីស្ថានភាពលំបាករបស់ខ្លួនឯងថា៖ «ខ្ញុំគឺជាមនុស្សដែលគេកំពុងតាមចាប់ខ្លួន ហើយប្រសិនបើខ្ញុំត្រូវគេចាប់បាន ហើយពួកគេដឹងថា ខ្ញុំជាអ្នកដឹកនាំ ពួកគេប្រាកដជាធ្វើទារុណកម្មខ្ញុំកាន់តែឃោរឃៅមិនខាន។ បើខ្ញុំត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់ នោះតើខ្ញុំមិនបាត់បង់ឱកាសត្រូវបានសង្គ្រោះទេឬ?» ពេលគិតដល់រឿងនេះ រាល់ថ្ងៃ ខ្ញុំមានអារម្មណ៍ថា បេះដូងខ្ញុំត្រូវបានច្របាច់យ៉ាងណែនអ៊ីចឹង។ អំឡុងពេលនោះ សម្ពាធទ្វេដង ទាំងការបារម្ភពីសុវត្ថិភាព និងទាំងកិច្ចការរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។
នៅក្នុងខែកញ្ញា ខ្ញុំបានដឹងថា បងស្រីជាដៃគូម្នាក់ទៀតឈ្មោះ វិន ស៊ី ត្រូវបានចាប់ខ្លួន។ ពួកយើងបានបំពេញភារកិច្ចជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយគាត់មិនត្រឹមតែស្គាល់ខ្ញុំ និង វ៉ាង ហ៊ុយ ច្បាស់នោះទេ គាត់ក៏ដឹងរឿងជាច្រើនអំពីពួកជំនុំដែរ៖ គាត់ស្គាល់បងប្អូនប្រុសស្រី និងគ្រួសារទទួលភ្ញៀវជាច្រើន។ ពេលដែលពួកយើងកំពុងរវល់ខ្លាំងនឹងការដោះស្រាយរឿងរ៉ាវក្រោយហេតុការណ៍រហូតដល់វង្វេងវង្វាន់ស្មារតី ពួកយើងក៏ទទួលបានសារមួយទៀតពីបងប្អូនប្រុសស្រីរបស់យើង។ ពួកគេបានប្រាប់ពួកយើងថា វិន ស៊ី បានក្បត់ខ្ញុំ និង វ៉ាង ហ៊ុយ ប៉ូលិសបានគូររូបភិនភាគពួកយើង ហើយពួកគេកំពុងតាមស្វែងរកពួកយើង ដើម្បីតាមចាប់ខ្លួនពួកយើង។ ពួកគេបានរំលឹកពួកយើងឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួន។ ពេលខ្ញុំឮដំណឹងនេះ ខ្ញុំក៏ភ័យស្លន់ស្លោភ្លាមៗ។ ពេលនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនអ្នកជឿ ពួកគេត្រូវបានបៀតបៀនរហូតដល់ស្លាប់ សូម្បីតែមនុស្សចាស់អាយុចិតសិប ឬប៉ែតសិបឆ្នាំក៏មិនលើកលែងឱ្យដែរ។ ឥឡូវនេះ ដោយសារពួកគេដឹងថា ខ្ញុំ និង វ៉ាង ហ៊ុយ គឺជាអ្នកដឹកនាំនៅក្នុងពួកជំនុំ ពួកគេប្រាកដជាមិនដោះលែងពួកយើងដោយងាយៗឡើយ។ កាមេរ៉ាសុវត្ថិភាពរបស់នាគដ៏ធំមានសម្បុរក្រហមមាននៅគ្រប់ដងផ្លូវ និងច្រកល្ហក៖ តើពួកគេនឹងរកពួកយើងឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពដែរឬទេ? សុខភាពរាងកាយរបស់ខ្ញុំពីដើមមកតែងតែខ្សោយបន្តិច។ បើត្រូវគេចាប់ខ្លួន តើខ្ញុំអាចទ្រាំទ្រនឹងការធ្វើទារុណកម្មបានដែរឬទេ? បើខ្ញុំត្រូវធ្វើទារុណកម្មរហូតដល់ស្លាប់ នោះខ្ញុំនឹងមិនបានឃើញភាពស្រស់បំព្រងនៃនគរព្រះឡើយ។ ខ្ញុំនឹកគិតដល់សហការីមួយចំនួនដែលត្រូវបានចាប់ខ្លួនកាលពីមុន។ ពួកគេសុទ្ធតែត្រូវបានកាត់ទោសឱ្យជាប់គុកជាងដប់ឆ្នាំ ហើយខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំយូរជាងពួកគេទៅទៀត។ បើខ្ញុំត្រូវបានចាប់ខ្លួន ការកាត់ទោសរបស់ខ្ញុំប្រាកដជាយូរជាងនេះមិនខាន។ ខ្ញុំមានអាយុជាងហុកសិបឆ្នាំទៅហើយ ដូច្នេះ បើខ្ញុំត្រូវចាប់ខ្លួន ហើយកាត់ទោសជាងដប់ឆ្នាំ ខ្ញុំមិនដឹងថា តើខ្ញុំអាចដើរចេញពីគុកទាំងរស់បានឬអត់នោះទេ។ ជួនកាល ខ្ញុំបានគិតថា៖ «បើខ្ញុំមិនបំពេញភារកិច្ចជាអ្នកដឹកនាំទេ នោះវាប្រហែលជាល្អជាង។ ទោះបីជាខ្ញុំត្រូវចាប់ខ្លួនក៏ដោយ ក៏ខ្ញុំមិនប្រឈមមុខនឹងការកាត់ទោសធ្ងន់ធ្ងរបែបនេះដែរ»។ អំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ភ័យព្រួយរាល់ថ្ងៃ។ ខ្ញុំមិនអាចស្ងប់ចិត្តបានឡើយ សូម្បីតែពេលកំពុងបំពេញភារកិច្ចរបស់ខ្ញុំក៏ដោយ។ ជាពិសេស ពេលខ្ញុំឮថា បក្សកុម្មុយនីស្តចិនតែងតែប្រើដ្រូនដើម្បីឃ្លាំមើល ស្វែងរក និងចាប់ខ្លួនអ្នកជឿ ខ្ញុំក៏កាន់តែយកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើងនៅខាងក្រៅ។ ជួនកាល ខ្ញុំឮសំឡេងចម្លែកៗចេញពីខាងក្រៅ ហើយខ្ញុំក៏ប្រញាប់ទៅមើល ថាតើវាជាដ្រូនឬអត់។ ជួនកាល ពេលខ្ញុំឮសំឡេងសម្រឹបជើងនៅតាមជណ្ដើរ ឬអ្នកមើលការខុសត្រូវអគារមកគោះទ្វារ បេះដូងរបស់ខ្ញុំលោតញាប់ ហើយខ្ញុំបារម្ភថា គឺជាប៉ូលិសដែលមកចាប់ខ្លួនពួកយើង។ ពេលនោះ ខ្ញុំមិនបានផ្ដោតអារម្មណ៍លើភារកិច្ចរបស់ខ្លួនឡើយ ហើយខ្ញុំមិនសូវយកចិត្តទុកដាក់លើចំណុចលម្អិតទេ ពេលតាមដានកិច្ចការ។ លទ្ធផលនៃកិច្ចការផ្សេងៗក៏រងការប៉ះពាល់ ហើយកិច្ចការខាងអត្ថបទ ដែលខ្ញុំជាអ្នកទទួលខុសត្រូវចម្បង ក៏ទទួលបានលទ្ធផលកាន់តែអាក្រក់ដែរ។ ទោះបីជាខ្ញុំអន្ទះសាបន្តិចក៏ដោយ ក៏ខ្ញុំគ្រាន់តែសរសេរសំបុត្រដើម្បីសាកសួរប៉ុណ្ណោះ។ ខ្ញុំមិនដែលព្យាយាមស្វែងយល់ និងរកមើលថា បញ្ហានៅត្រង់ណា ឬត្រូវដោះស្រាយវាយ៉ាងដូចម្ដេចឡើយ។ ថ្ងៃមួយ ខ្ញុំទទួលបានសំបុត្រមួយ ដែលរាយការណ៍ពីអ្នកដឹកនាំពួកជំនុំ ឆឹងណាន ថាមិនបានបំពេញកិច្ចការជាក់ស្ដែង ឬដោះស្រាយបញ្ហាពិតប្រាកដ។ ពេលខ្ញុំអានពីការបំពេញភារកិច្ចរបស់អ្នកដឹកនាំនៅក្នុងសំបុត្រនោះ ខ្ញុំរាងភ្ញាក់ផ្អើលបន្តិច។ កន្លងមក ខ្ញុំតែងតែតាមដានកិច្ចការរបស់ពួកជំនុំ ឆឹងណាន ជានិច្ច តែខ្ញុំបែរជាមិនដឹងសោះថា អ្នកដឹកនាំពួកជំនុំរូបនោះមិនបានបំពេញកិច្ចការជាក់ស្ដែងឡើយ។ ដល់ពេលនោះហើយ ទើបខ្ញុំចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំដឹងខ្លួនថា អស់រយៈពេលកន្លះឆ្នាំមកនេះ ខ្ញុំចេះតែរើផ្ទះជាប្រចាំ ដោយសារតែស្ថានភាពប្រកៀកប្រកិតនឹងគ្រោះថ្នាក់ ខ្ញុំតែងតែបារម្ភថា បើខ្ញុំត្រូវប៉ូលិសចាប់បាន ហើយវាយរហូតដល់ស្លាប់ ខ្ញុំនឹងមិនត្រូវបានសង្រ្គោះ និងចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ ខ្ញុំរស់នៅក្នុងការព្រួយបារម្ភ និងអន្ទះអន្ទែង ហើយកម្របានផ្ដោតអារម្មណ៍លើចំណុចលម្អិតនៃភារកិច្ចរបស់ខ្ញុំណាស់។ ពេលនេះ ពួកជំនុំ ឆឹងណាន មានបញ្ហាជាច្រើនដែលមិនទាន់បានដោះស្រាយ ហើយលទ្ធផលនៃកិច្ចការខាងអត្ថបទកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ ទាំងនេះគឺមកពីខ្ញុំកំសាក ភ័យខ្លាច និងមិនបានបំពេញកិច្ចការជាក់ស្ដែង។ ពេលខ្ញុំគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ហើយបានមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ មួយរយៈកន្លងមកនេះ ទូលបង្គំចេះតែរស់នៅក្នុងភាពកំសាក និងភ័យខ្លាចរហូត ហើយទោះជាមានបញ្ហាជាច្រើនកើតឡើងក្នុងភារកិច្ចទូលបង្គំយ៉ាងណាក្ដី ក៏ទូលបង្គំនៅតែស្ពឹកស្រពន់ និងមិនដឹងខ្លួនសោះ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ណែនាំទូលបង្គំឱ្យស្វែងរកសេចក្តីពិត ដើរចេញពីសភាពដ៏ខុសឆ្គងរបស់ទូលបង្គំ ហើយដាក់ចិត្តបំពេញភារកិច្ចរបស់ទូលបង្គំ»។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ទោះបីជាសាតាំង “មានអំណាចខ្លាំងក្លា” យ៉ាងណាក៏ដោយ ទោះបីជាវាមានភាពគឃ្លើន និងមានមហិច្ឆតាយ៉ាងណាក៏ដោយ ទោះបីជាសមត្ថភាពរបស់វាក្នុងការបង្កការខូចខាតមានទំហំធំធេងយ៉ាងណាក៏ដោយ ទោះបីជាសមត្ថភាពរបស់វាក្នុងការធ្វើឱ្យមនុស្សពុករលួយ និងល្បួងមនុស្សមានវិសាលភាពធំធេងយ៉ាងណាក៏ដោយ ទោះបីជាល្បិចកល និងឧបាយកលដែលវាប្រើដើម្បីបំភិតបំភ័យមនុស្សមានភាពឆ្លាតវៃយ៉ាងណាក៏ដោយ ឬទោះបីជាទម្រង់នៃអត្ថិភាពរបស់វាមានភាពចម្រុះយ៉ាងណាក៏ដោយ ក៏វាមិនដែលធ្លាប់អាចបង្កើតភាវៈមានជីវិតសូម្បីតែមួយ មិនអាចបង្កើតច្បាប់ ឬវិធានសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ឬគ្រប់គ្រង ឬមានអធិបតេយ្យភាពលើវត្ថុណាមួយបានឡើយ មិនថាមានជីវិត ឬគ្មានជីវិតក្ដី។ នៅក្នុងចក្រវាល និងលំហអាកាស គ្មានមនុស្ស ឬវត្ថុណាមួយដែលត្រូវបានបង្កើតឡើងដោយវា ឬមានអត្ថិភាពដោយសារវាឡើយ ហើយក៏គ្មានមនុស្ស ឬវត្ថុណាមួយដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់វា ឬត្រូវបានគ្រប់គ្រងដោយវាដែរ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវមានអត្ថិភាពនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវតែស្ដាប់បង្គាប់តាមគ្រប់ទាំងព្រះរាជបញ្ជា និងការបង្គាប់របស់ព្រះជាម្ចាស់ផងដែរ។ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ សាតាំងមិនអាចប៉ះពាល់សូម្បីតែទឹកមួយតំណក់ ឬខ្សាច់មួយគ្រាប់នៅលើផែនដីបានដោយងាយឡើយ។ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ សាតាំងមិនអាចសូម្បីតែរំខានដល់សត្វស្រមោចនៅលើផែនដីផង កុំថាឡើយដល់មនុស្សជាតិដែលត្រូវបានបង្កើតដោយព្រះជាម្ចាស់នោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺអន់ជាងផ្កាលីលីនៅលើភ្នំ អន់ជាងសត្វស្លាបដែលហើរនៅលើអាកាស អន់ជាងត្រីនៅក្នុងសមុទ្រ និងអន់ជាងដង្កូវនៅលើផែនដីទៅទៀត។ តួនាទីរបស់វាក្នុងចំណោមរបស់សព្វសារពើ គឺបម្រើដល់របស់សព្វសារពើ បម្រើដល់មនុស្សជាតិ និងបម្រើដល់កិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងផែនការគ្រប់គ្រងរបស់ទ្រង់។ ទោះបីជាធម្មជាតិរបស់វាមានភាពព្យាបាទយ៉ាងណាក៏ដោយ និងសារជាតិរបស់វាមានភាពទុច្ចរិតយ៉ាងណាក៏ដោយ ក៏រឿងតែមួយគត់ដែលវាអាចធ្វើបាន គឺការបម្រើមុខងាររបស់វាដោយការចុះចូល ពោលគឺការបម្រើការដល់ព្រះជាម្ចាស់ បម្រើយ៉ាងល្អក្នុងនាមជារឿងបន្ទាប់បន្សំ។ នេះហើយជាធាតុពិត និងទីតាំងដើមរបស់សាតាំង។ សារជាតិរបស់វាមិនមានជាប់ពាក់ព័ន្ធនឹងជីវិត អំណាច ឬសិទ្ធិអំណាចឡើយ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គ្រាន់តែជាម៉ាស៊ីនដែលព្រះជាម្ចាស់ប្រើប្រាស់សម្រាប់ការបម្រើការប៉ុណ្ណោះ!» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយសាតាំងគ្រាន់តែជាកូនអុកនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ទោះបីជាវាក្អេងក្អាង និងគឃ្លើនយ៉ាងណាក៏ដោយ ក៏វាមិនហ៊ានប៉ះសូម្បីតែទឹកមួយតំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ឡើយ។ ពេលខ្ញុំដឹងពីរឿងនេះ ខ្ញុំមានជំនឿថា ខ្ញុំនឹងត្រូវបានចាប់ខ្លួនឬអត់ គឺស្ថិតនៅក្នុងព្រះហស្តព្រះជាម្ចាស់។ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ នាគដ៏ធំមានសម្បុរក្រហមមិនអាចចាប់ខ្លួនខ្ញុំបានទេ ទោះបីជាវាប្រើប្រាស់ឧបករណ៍ឃ្លាំមើលទំនើបយ៉ាងណាក៏ដោយ។ ខ្ញុំនឹកឃើញកាលពីឆ្នាំ២០១៨ ពេលដែលខ្ញុំត្រូវបានពួកយូដាសក្បត់ជាច្រើនដង។ ពេលនោះ ប៉ូលិសបានឱ្យវិចិត្រករល្បីឈ្មោះម្នាក់គូររូបមុខសញ្ញាខ្ញុំ ដើម្បីពួកគេអាចចេញដីកាតាមចាប់ខ្លួនខ្ញុំ។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ពួកគេមិនទាន់ចាប់ខ្លួនខ្ញុំបានទេ។ ម្យ៉ាងវិញទៀត ទាំងខ្ញុំ និង វ៉ាង ហ៊ុយ សុទ្ធតែស្ថិតក្នុងស្ថានភាពប្រកៀកប្រកិតនឹងគ្រោះថ្នាក់ ហើយតែងតែរើផ្ទះជាញឹកញាប់ក្នុងអំឡុងពេលនេះ។ មានច្រើនលើកច្រើនសា ពួកយើងស្ទើរតែត្រូវបានចាប់ខ្លួនទៅហើយ តែដោយមានការការពារពីព្រះជាម្ចាស់ ទើបពួកយើងមានសំណាងគេចផុតបាន។ ពេលនោះ ខ្ញុំក៏នឹកឃើញពីរឿងដែលដានីយ៉ែល ប្រកាន់ខ្ជាប់ក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ទោះជាត្រូវបានបោះចូលទៅក្នុងរូងសត្វតោ។ គាត់ជឿថាជីវិតរបស់គាត់ស្ថិតនៅក្នុងព្រះហស្តព្រះជាម្ចាស់ ហើយថាសត្វតោនឹងមិនខាំគាត់ទេ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់។ ជំនឿរបស់ដានីយ៉ែលលើព្រះជាម្ចាស់ បានធ្វើឱ្យគាត់ទទួលបានការការពារ ហើយទោះជាគាត់នៅក្នុងរូងជាមួយសត្វតោដែលកំពុងស្រេកឃ្លានក៏ដោយ ក៏សក់នៅលើក្បាលរបស់គាត់មិនបាត់បង់សូម្បីតែមួយសរសៃឡើយ។ លើសពីនេះទៅទៀត មិត្តភក្តិទាំងបីនាក់របស់ដានីយ៉ែលមានជំនឿពិតលើព្រះជាម្ចាស់។ ពួកគេសុខចិត្តស្លាប់ ជាជាងថ្វាយបង្គំរូបព្រះ ឬក្បត់ព្រះជាម្ចាស់។ ពួកគេត្រូវបានបោះចូលទៅក្នុងឡភ្លើង ប៉ុន្តែបានដើរចេញមកវិញដោយគ្មានគ្រោះថ្នាក់អ្វីឡើយ។ ខ្ញុំគួរតែយកគំរូតាមពួកគេ ហើយខ្ញុំត្រូវតែមានជំនឿលើព្រះជាម្ចាស់។ ពេលខ្ញុំគិតដល់រឿងនេះ ខ្ញុំលែងមានអារម្មណ៍បារម្ភ ឬភ័យខ្លាចទៀតហើយ។ ខ្ញុំបានអធិស្ឋានទូលសូមព្រះជាម្ចាស់ជួយឱ្យចិត្តខ្ញុំស្ងប់ ដើម្បីខ្ញុំអាចស្មោះស្ម័គ្របំពេញភារកិច្ចរបស់ខ្ញុំបាន។
ថ្ងៃមួយ មានបងស្រីម្នាក់បានចែករំលែកវីដេអូទីបន្ទាល់ពីបទពិសោធមួយមកកាន់ខ្ញុំ។ នៅក្នុងនោះ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គដែលពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ។ ពួកគេមិនដែលខ្វល់ខ្វាយពីរឿងអ្វីដែលទាក់ទងនឹងដំណាក់របស់ព្រះជាម្ចាស់ ឬផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ អ្វីក៏ដោយដែលពួកគេធ្វើ គឺត្រូវតែវិលជុំវិញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទេ នោះពួកគេគ្រាន់តែមិនខ្វល់ និងមិនសួរនាំពីរឿងនោះឡើយ។ តើពួកគេអាត្មានិយមយ៉ាងណាទៅ!» («ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ក្រៅពីការគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ តើពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនក៏គិតអំពីអ្វីទៀតដែរឬទេ? ពួកគេនិយាយថា៖ “ឥឡូវនេះ មជ្ឈដ្ឋានរបស់យើងមិនអំណោយផលទេ ដូច្នេះ ចូរយើងបង្ហាញមុខឱ្យបានតិចជាងមុន និងផ្សាយដំណឹងល្អឱ្យបានតិចជាងមុន។ តាមរបៀបនោះ យើងទំនងជាមិនសូវត្រូវគេចាប់ខ្លួនទេ ហើយកិច្ចការរបស់ពួកជំនុំនឹងមិនត្រូវបានបំផ្លាញឡើយ។ ប្រសិនបើយើងចៀសវាងមិនឱ្យគេចាប់ខ្លួនបាន យើងនឹងមិនក្លាយជាយូដាសទេ ហើយបន្ទាប់មក យើងនឹងអាចនៅសេសសល់នាពេលអនាគត តើមិនអ៊ីចឹងទេឬ?” តើមិនមានពួកទទឹងនឹងព្រះគ្រីស្ទដែលប្រើលេសបែបនេះ ដើម្បីបំភាន់បងប្អូនប្រុសស្រីរបស់ខ្លួនទេឬ? ... នៅពេលពួកគេបម្រើជាអ្នកដឹកនាំ ពួកគេគ្រាន់តែសោយសុខនឹងការសប្បាយខាងសាច់ឈាមរបស់ខ្លួនប៉ុណ្ណោះ ហើយពួកគេមិនធ្វើកិច្ចការជាក់ស្ដែងឡើយ។ ក្រៅពីការទាក់ទងគ្នាជាលាយលក្ខណ៍អក្សរបន្តិចបន្តួចជាមួយពួកជំនុំផ្សេងៗ ពួកគេមិនធ្វើអ្វីផ្សេងទៀតឡើយ។ ពួកគេលាក់ខ្លួននៅកន្លែងណាមួយ ហើយមិនជួបជាមួយនរណាម្នាក់ឡើយ ដោយបិទខ្ទប់ខ្លួនឯងឱ្យជិតឈឹង ហើយបងប្អូនប្រុសស្រីមិនដឹងថាអ្នកដឹកនាំរបស់ពួកគេជានរណាឡើយ នេះហើយគឺជាកម្រិតដែលពួកគេភ័យខ្លាច។ ដូច្នេះ តើវាមិនត្រឹមត្រូវទេឬ ដែលនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទជាអ្នកដឹកនាំតែឈ្មោះនោះ? (ត្រឹមត្រូវហើយ។) ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយក្នុងនាមជាអ្នកដឹកនាំឡើយ ពួកគេខ្វល់តែពីការលាក់ខ្លួនប៉ុណ្ណោះ។ នៅពេលអ្នកដទៃសួរពួកគេថា៖ “តើការធ្វើជាអ្នកដឹកនាំយ៉ាងម៉េចដែរ?” ពួកគេនឹងនិយាយថា៖ “ខ្ញុំរវល់ខ្លាំងណាស់ ហើយដើម្បីសុវត្ថិភាព ខ្ញុំត្រូវតែផ្លាស់ប្ដូរផ្ទះរហូត។ មជ្ឈដ្ឋាននេះពិតជាគួរឱ្យព្រួយបារម្ភណាស់ ដល់ថ្នាក់ខ្ញុំមិនអាចផ្ដោតលើកិច្ចការរបស់ខ្ញុំបានទេ”។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះតែងតែមានអារម្មណ៍ថា មានភ្នែកជាច្រើនកំពុងសម្លឹងមើលពួកគេ ហើយមិនដឹងថាកន្លែងណាមានសុវត្ថិភាពដើម្បីលាក់ខ្លួនឡើយ។ ក្រៅពីការក្លែងបន្លំខ្លួន លាក់ខ្លួននៅកន្លែងផ្សេងៗគ្នា និងមិនស្នាក់នៅតែមួយកន្លែង ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយជារៀងរាល់ថ្ងៃ។ តើមានអ្នកដឹកនាំបែបនេះដែរឬទេ? (មាន។) តើពួកគេធ្វើតាមគោលការណ៍អ្វីខ្លះ? មនុស្សទាំងនេះនិយាយថា៖ “ទន្សាយវៃឆ្លាតមានរន្ធបី។ ដើម្បីឱ្យទន្សាយអាចការពារខ្លួនពីការវាយប្រហាររបស់សត្វរំពា វាត្រូវតែរៀបចំរន្ធចំនួនបីដើម្បីលាក់ខ្លួន។ ប្រសិនបើមនុស្សម្នាក់ជួបប្រទះនឹងគ្រោះថ្នាក់ ហើយត្រូវតែរត់គេច ប៉ុន្តែគេគ្មានកន្លែងលាក់ខ្លួន តើនោះអាចទទួលយកបានដែរឬទេ? យើងត្រូវតែរៀនសូត្រពីសត្វទន្សាយ! សត្វដែលព្រះបានបង្កើតមករបស់ព្រះជាម្ចាស់ មានសមត្ថភាពរស់រានមានជីវិតនេះ ហើយមនុស្សគួរតែរៀនសូត្រពីពួកវា”។ ចាប់តាំងពីទទួលរ៉ាប់រងតួនាទីជាអ្នកដឹកនាំមក ពួកគេបានយល់ដឹងពីគោលលទ្ធិនេះ ហើយថែមទាំងជឿថា ពួកគេបានយល់សេចក្ដីពិតទៀតផង។ តាមការពិត ពួកគេភ័យខ្លាចយ៉ាងខ្លាំង។ ភ្លាមៗនៅពេលពួកគេឮថាអ្នកដឹកនាំម្នាក់ដែលត្រូវបានគេរាយការណ៍ប្រាប់ប៉ូលិស ដោយសារតែកន្លែងដែលអ្នកដឹកនាំនោះរស់នៅមិនមានសុវត្ថិភាព ឬឮថាអ្នកដឹកនាំម្នាក់ដែលត្រូវបានកំណត់គោលដៅដោយពួកចារកម្មរបស់នាគដ៏ធំមានសម្បុរក្រហម ដោយសារតែអ្នកដឹកនាំម្នាក់នោះចេញក្រៅញឹកញាប់ពេកដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងបានប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើនពេក ហើយទីបំផុតមនុស្សទាំងនេះត្រូវបានចាប់ខ្លួន និងត្រូវកាត់ទោស ពួកគេក៏មានការភ័យខ្លាចភ្លាមៗតែម្ដង។ ពួកគេគិតថា៖ “វីវរហើយ តើខ្ញុំនឹងក្លាយជាអ្នកបន្ទាប់ដែលត្រូវគេចាប់ខ្លួនដែរទេ? ខ្ញុំត្រូវតែរៀនសូត្រពីរឿងនេះ។ ខ្ញុំមិនគួរសកម្មខ្លាំងពេកទេ។ ប្រសិនបើខ្ញុំអាចចៀសវាងមិនធ្វើកិច្ចការមួយចំនួនរបស់ពួកជំនុំបាន ខ្ញុំនឹងមិនធ្វើវាឡើយ។ ប្រសិនបើខ្ញុំអាចចៀសវាងមិនបង្ហាញមុខបាន ខ្ញុំនឹងមិនបង្ហាញមុខឡើយ។ ខ្ញុំនឹងកាត់បន្ថយកិច្ចការរបស់ខ្ញុំឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន ចៀសវាងការចេញក្រៅ ចៀសវាងការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ ហើយធានាថាគ្មាននរណាម្នាក់ដឹងថាខ្ញុំជាអ្នកដឹកនាំឡើយ។ សព្វថ្ងៃនេះ តើនរណាមានពេលទៅខ្វល់ពីអ្នកដទៃនោះ? គ្រាន់តែរស់រានមានជីវិត គឺជាបញ្ហាប្រឈមមួយបាត់ទៅហើយ!” ចាប់តាំងពីទទួលរ៉ាប់រងតួនាទីជាអ្នកដឹកនាំមក ក្រៅពីការយួរកាបូប និងលាក់ខ្លួន ពួកគេមិនធ្វើកិច្ចការអ្វីឡើយ។ ពួកគេរស់នៅទាំងភ័យព្រួយ ដោយភ័យខ្លាចជាប់ជានិច្ចថានឹងត្រូវចាប់ខ្លួន និងត្រូវកាត់ទោស។ ឧបមាថា ពួកគេឮនរណាម្នាក់និយាយថា៖ “ប្រសិនបើអ្នកត្រូវបានចាប់ខ្លួន អ្នកនឹងត្រូវគេសម្លាប់! ប្រសិនបើអ្នកមិនមែនជាអ្នកដឹកនាំទេ ប្រសិនបើអ្នកគ្រាន់តែជាអ្នកជឿធម្មតាម្នាក់ អ្នកអាចនឹងត្រូវបានដោះលែង បន្ទាប់ពីបង់ប្រាក់ពិន័យបន្តិចបន្តួច ប៉ុន្តែដោយសារតែអ្នកជាអ្នកដឹកនាំ វាពិបាកនឹងនិយាយណាស់។ វាគ្រោះថ្នាក់ពេកហើយ! អ្នកដឹកនាំ ឬអ្នកធ្វើការមួយចំនួនដែលត្រូវគេចាប់ខ្លួន សុខចិត្តស្លាប់ជាជាងផ្ដល់ព័ត៌មានណាមួយ ហើយត្រូវបានប៉ូលិសវាយដំរហូតដល់ស្លាប់”។ នៅពេលពួកគេឮថានរណាម្នាក់ត្រូវបានវាយដំរហូតដល់ស្លាប់ ការភ័យខ្លាចរបស់ពួកគេកាន់តែខ្លាំងឡើង ហើយពួកគេកាន់តែខ្លាចក្នុងការធ្វើកិច្ចការ។ ជារៀងរាល់ថ្ងៃ គ្រប់យ៉ាងដែលពួកគេគិតដល់ គឺធ្វើយ៉ាងណាដើម្បីចៀសវាងកុំឱ្យត្រូវបានចាប់ខ្លួន ធ្វើយ៉ាងណាដើម្បីចៀសវាងការបង្ហាញមុខរបស់ពួកគេ ធ្វើយ៉ាងណាដើម្បីចៀសវាងការតាមដាន និងធ្វើយ៉ាងណាដើម្បីចៀសវាងការទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់ខ្លួន។ ពួកគេប្រឹងប្រើខួរក្បាលគិតពីរឿងទាំងនេះ ហើយភ្លេចភារកិច្ចរបស់ខ្លួនទាំងស្រុង។ តើពួកគេជាមនុស្សស្មោះត្រង់ដែរឬទេ? តើមនុស្សបែបនេះអាចទទួលរ៉ាប់រងកិច្ចការណាមួយបានដែរឬទេ? (អត់ទេ ពួកគេមិនអាចឡើយ។)» («ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បានលាតត្រដាងថា អ្នកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ។ ពួកគេចាត់ទុកផលប្រយោជន៍ និងសុវត្ថិភាពផ្ទាល់ខ្លួនសំខាន់ជាងអ្វីៗទាំងអស់។ ឲ្យតែពេលជួបប្រទះនឹងមជ្ឈដ្ឋានគ្រោះថ្នាក់ភ្លាម អ្នកទទឹងនឹងព្រះគ្រីស្ទរត់ពួនបាត់ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន ហើយពួកគេអាចបោះបង់ភារកិច្ចរបស់ខ្លួនចោល និងព្រងើយកន្តើយនឹងវា។ ពេលខ្ញុំឃើញអំពីរបៀបដែលព្រះជាម្ចាស់លាតត្រដាងពីការស្ដែងចេញរបស់អ្នកទទឹងនឹងព្រះគ្រីស្ទបែបនេះ ខ្ញុំក៏នឹកគិតដល់សភាពផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងអំឡុងពេលនោះ។ កាលពីមុន ពេលដែលមជ្ឈដ្ឋានមិនសូវមានគ្រោះថ្នាក់ខ្លាំង ខ្ញុំនៅតែអាចដឹកនាំបងប្អូនប្រុសស្រីយ៉ាងសកម្មក្នុងការផ្សាយដំណឹងល្អ ហើយកិច្ចការរបស់ខ្ញុំក៏ទទួលបានលទ្ធផលខ្លះៗដែរ។ ប៉ុន្តែ ពេលដែលពួកជំនុំរងការតាមចាប់ខ្លួនយ៉ាងចាស់ដៃ ហើយខ្ញុំត្រូវបានយូដាសម្នាក់ក្បត់ទៀតនោះ ខ្ញុំបារម្ភថា បើខ្ញុំត្រូវបានចាប់ខ្លួន និងវាយរហូតដល់ស្លាប់ នោះខ្ញុំនឹងមិនមានលទ្ធផល ឬគោលដៅល្អឡើយ។ ដើម្បីការពារខ្លួនឯង ខ្ញុំចំណាយពេលពេញមួយថ្ងៃគិតពីរបៀបថែរក្សាសុវត្ថិភាពខ្លួនឯង ដោយមិនសូវយកចិត្តទុកដាក់តាមដានកិច្ចការនោះទេ។ កិច្ចការខាងអត្ថបទមិនទទួលបានលទ្ធផលអ្វីសោះអស់រយៈពេលជាច្រើនខែ ហើយខ្ញុំក៏មិនបានព្យាយាមយកចិត្តទុកដាក់ស្វែងយល់ថា បញ្ហានៅត្រង់ណា ឬត្រូវដោះស្រាយវាយ៉ាងដូចម្ដេចដែរ។ លើសពីនេះ ខ្ញុំមិនបានខិតខំតាមដានកិច្ចការរបស់ពួកជំនុំ ឆឹងណាន ទេ។ ខ្ញុំមិនបានដឹងថាអ្នកដឹកនាំក្លែងក្លាយមិនបានបំពេញកិច្ចការជាក់ស្ដែងទេ ហើយក៏មិនបានដកហូតតំណែងពួកគេទាន់ពេលវេលាដែរ។ នេះបានបណ្ដាលឱ្យកិច្ចការផ្សេងៗរបស់ពួកជំនុំត្រូវរាំងស្ទះ។ ខ្ញុំថែមទាំងចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយដែលធ្វើជាអ្នកដឹកនាំ ដោយសារតែខ្លាចត្រូវបានចាប់ខ្លួន និងទទួលការកាត់ទោសធ្ងន់ធ្ងរ។ ពេលខ្ញុំគិតដល់រឿងទាំងអស់នេះ ទីបំផុត ខ្ញុំដឹងខ្លួនថា ការបំពេញភារកិច្ច ការរងទុក្ខលំបាក និងការលះបង់ខ្លួនអស់ជាច្រើនឆ្នាំរបស់ខ្ញុំ គឺសុទ្ធតែផ្អែកលើមូលដ្ឋាននៃការចង់បានព្រះពរ និងផលប្រយោជន៍។ ឥឡូវនេះ ពេលដែលពួកជំនុំជាច្រើនត្រូវប្រឈមមុខនឹងការចាប់ខ្លួន កិច្ចការពួកជំនុំត្រូវការមនុស្សឱ្យសហការ។ ជាពិសេស ពួកជំនុំ ឆឹងណាន ដែលខ្ញុំទទួលខុសត្រូវ មានសមាជិកថ្មីជាច្រើន ដែលមិនទាន់មានគ្រឹះរឹងមាំនៅលើផ្លូវពិតនៅឡើយទេ។ ពួកគេមានភាពកំសាក និងភ័យខ្លាចមិនហ៊ានជួបជុំ ដោយសារតែការគំរាមកំហែងពីការបៀតបៀន និងការចាប់ខ្លួនរបស់នាគដ៏ធំមានសម្បុរក្រហម ហើយត្រូវការការគាំទ្រ និងការស្រោចស្រពយ៉ាងបន្ទាន់។ អ្នកដឹកនាំ និងអ្នកធ្វើការពួកជំនុំមួយចំនួនត្រូវបានចាប់ខ្លួន ហើយគ្មាននរណាម្នាក់សហការក្នុងកិច្ចការនេះទេ។ ម្យ៉ាងទៀត ក៏ត្រូវការរៀបចំការបោះឆ្នោតជ្រើសរើសថ្មីជាបន្ទាន់ផងដែរ។ ក្នុងនាមជាអ្នកអធិប្បាយម្នាក់ ខ្ញុំគួរតែទទួលខុសត្រូវ និងគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលនេះ។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មិត្តសម្លាញ់របស់ព្រះជាម្ចាស់ទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេត្រូវបានប្រគល់ឱ្យនូវបញ្ជាបេសកកម្មដ៏អស្ចារ្យ និងបន្ទុករបស់ព្រះជាម្ចាស់ ដោយពួកគេអាចយកព្រះហឫទ័យរបស់ព្រះជាម្ចាស់ដាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយយកបន្ទុករបស់ព្រះជាម្ចាស់ធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតថាជាការចំណេញឬខាតពីអនាគតរបស់ពួកគេឡើយ៖ បើទោះជាអនាគតរបស់ពួកគេ គ្មានអ្វីទាំងអស់ ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះក៏ដោយ ក៏ពួកគេនៅតែជឿលើព្រះជាម្ចាស់ដោយចិត្តស្រទ្បាញ់ព្រះជាម្ចាស់ជានិច្ច។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់» («របៀបបម្រើឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា អ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ពិតប្រាកដ មិនគិតពីសុវត្ថិភាព ឬអនាគតរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ អ្វីដែលព្រះជាម្ចាស់ចាត់ទុកថាបន្ទាន់ ពួកគេក៏ចាត់ទុកថាបន្ទាន់ដែរ ហើយមជ្ឈដ្ឋានកាន់តែមានគ្រោះថ្នាក់ ពួកគេកាន់តែព្យាយាមរកវិធីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជួយគាំទ្របងប្អូនប្រុសស្រីដែលទន់ខ្សោយ និងការពារកិច្ចការពួកជំនុំឱ្យបានត្រឹមត្រូវ។ ប៉ុន្តែ ពេលដែលខ្ញុំស្ថិតក្នុងមជ្ឈដ្ឋានគ្រោះថ្នាក់ ដែលប៉ះពាល់ដល់អាយុជីវិត លទ្ធផល និងគោលដៅរបស់ខ្ញុំ ខ្ញុំបែរជាបោះបង់ភារកិច្ចរបស់ខ្លួនចោល ហើយថែមទាំងស្ដាយក្រោយដែលបានបំពេញភារកិច្ចជាអ្នកដឹកនាំទៅវិញ។ ទោះបីជាមើលពីសំបកក្រៅ ខ្ញុំហាក់ដូចជាមិនបានបោះបង់ចោលក៏ពិតមែន ប៉ុន្តែចិត្ត និងគំនិតរបស់ខ្ញុំមិនបានផ្ដោតលើភារកិច្ចរបស់ខ្លួនសោះ។ កំហុសឆ្គងជាច្រើនបានកើតឡើងនៅក្នុងកិច្ចការ តែខ្ញុំមិនបានដឹងខ្លួនឡើយ។ ខ្ញុំមិនបានបំពេញកិច្ចការជាក់ស្ដែងទេ! ថ្ងៃនេះ ព្រះជាម្ចាស់បានលើកខ្ញុំឡើងឱ្យបំពេញភារកិច្ចជាអ្នកដឹកនាំ ក្នុងក្ដីសង្ឃឹមថា ខ្ញុំអាចរែកពន់ការទទួលខុសត្រូវនេះ និងបំពេញកិច្ចការរបស់ពួកជំនុំឱ្យបានល្អ ហើយដើម្បីប្រើប្រាស់ការបំពេញភារកិច្ចនេះ មកប្រទានទិដ្ឋភាពផ្សេងៗនៃសេចក្តីពិតដល់ខ្ញុំ។ ប៉ុន្តែ ដើម្បីការពារខ្លួនឯង ខ្ញុំមិនត្រឹមតែមិនបានបង្ហាញភាពស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ខ្ញុំថែមទាំងធ្វើឱ្យរាំងស្ទះដល់កិច្ចការទៀតផង។ តើទង្វើនេះមានមនសិការសូម្បីតែបន្តិចដែរឬទេ? កាលពីមុន ខ្ញុំធ្លាប់មានអារម្មណ៍ថា ដោយសារតែខ្ញុំបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ ហើយអាចលះបង់គ្រួសារ បោះបង់ការសប្បាយខាងសាច់ឈាម ព្រមទាំងអាចទ្រាំទ្រនឹងការលំបាក និងលះបង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ខ្ញុំអាចចាត់ទុកថាជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ និងកំពុងដេញតាមសេចក្តីពិត។ ឥឡូវនេះ ការបង្ហាញឱ្យឃើញតាមរយៈមជ្ឈដ្ឋាននេះ ទីបំផុតបានធ្វើឱ្យខ្ញុំមើលឃើញយ៉ាងច្បាស់ពីកម្ពស់ពិតរបស់ខ្ញុំ។ ខ្ញុំបានមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ ពេលទូលបង្គំដឹងថា ខ្លួនត្រូវបានយូដាសក្បត់ ទូលបង្គំបានរស់នៅក្នុងសភាពការពារខ្លួនឯង។ ទូលបង្គំមិនបានខិតខំក្នុងភារកិច្ចទេ ហើយទូលបង្គំធ្វើឱ្យរាំងស្ទះដល់កិច្ចការទៀតផង។ ទូលបង្គំមានអារម្មណ៍ខុសឆ្គង និងបន្ទោសខ្លួនឯងយ៉ាងខ្លាំង។ ឱព្រះជាម្ចាស់អើយ ទូលបង្គំបានដឹងខ្លួនថា ទូលបង្គំមានភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយទូលបង្គំមិនចង់រស់នៅក្នុងសភាពនេះទៀតទេ។ ចាប់ពីពេលនេះតទៅ ទូលបង្គំចង់កែតម្រូវសភាពរបស់ទូលបង្គំ និងបំពេញកិច្ចការឱ្យបានល្អ។ សូមទ្រង់ណែនាំទូលបង្គំផង»។ ក្រោយពីអធិស្ឋានរួច ចិត្តរបស់ខ្ញុំក៏ស្ងប់ជាងមុនបន្តិច។ ខ្ញុំប្រញាប់ពិភាក្សាជាមួយ វ៉ាង ហ៊ុយ អំពីរបៀបដោះស្រាយបញ្ហានៅក្នុងកិច្ចការរបស់យើង។ ដំបូង ពួកយើងបានផ្ទៀងផ្ទាត់សំបុត្ររាយការណ៍ពីពួកជំនុំ ឆឹងណាន ហើយបានដកហូតតំណែងអ្នកដឹកនាំក្លែងក្លាយនោះ ស្របតាមគោលការណ៍។ ចំណែកឯកិច្ចការខាងអត្ថបទវិញ ខ្ញុំបានរកឃើញថា វាទទួលបានលទ្ធផលមិនល្អ គឺដោយសារតែអ្នកធ្វើការខាងអត្ថបទគ្មានវិន័យ មិនទទួលបន្ទុកក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយក៏ធ្វើកិច្ចការមិនចុះសម្រុងនឹងគ្នាដែរ។ ក្រោយមក ខ្ញុំបានប្រកបគ្នាជាមួយអ្នកមើលការខុសត្រូវអំពីបញ្ហានេះ ហើយក៏បានដោះស្រាយវា។ បន្ទាប់ពីការមើលការខុសត្រូវ និងការតាមដានមួយរយៈមក លទ្ធផលនៃកិច្ចការខាងអត្ថបទក៏ចាប់ផ្ដើមប្រសើរឡើង។ ឃើញបែបនេះ ខ្ញុំនឹកគិតក្នុងចិត្តថា បើកាលពីមុនខ្ញុំខិតខំក្នុងភារកិច្ចខ្ញុំជាងនេះ កិច្ចការក៏មិនត្រូវយឺតយ៉ាវយូរបែបនេះដែរ ដូច្នេះ ខ្ញុំកាន់តែមានអារម្មណ៍ខុសឆ្គង និងបន្ទោសខ្លួនឯងថែមទៀត ហើយបានប្ដេជ្ញាចិត្តដោយស្ងាត់ៗថា ទៅថ្ងៃមុខ ខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ។
ថ្ងៃមួយ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ខ្ញុំទទួលបានសារមួយពីបងប្អូនប្រុសស្រី ដោយប្រាប់ថា វិន ស៊ី ត្រូវបានចាប់ខ្លួនម្ដងទៀត ហើយបានក្បត់ដោយប្រាប់ពីព័ត៌មានលម្អិតខ្លះៗអំពីខ្ញុំ ហើយនាគដ៏ធំមានសម្បុរក្រហមបានគូររូបមុខសញ្ញាខ្ញុំម្ដងទៀត។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំឮថា បងស្រី យ៉ាង សួ ដែលជាអ្នកបើកបរឱ្យពួកយើងថ្មីៗនេះ ត្រូវបានប៉ូលិសចាប់ខ្លួនបាត់ទៅហើយ។ ការឮដំណឹងទាំងអស់នេះបន្តបន្ទាប់គ្នាយ៉ាងលឿនបែបនេះ ធ្វើឱ្យខ្ញុំភ័យព្រួយយ៉ាងខ្លាំង។ ល្បិចកលជាទូទៅរបស់នាគដ៏ធំមានសម្បុរក្រហម គឺការតាមដាន និងស៊ើបអង្កេតបុគ្គលណាម្នាក់មួយរយៈសិន មុននឹងចាប់ខ្លួនពួកគេ ហើយលុះត្រាតែពួកគេបានបញ្ជាក់ពីមុខសញ្ញាច្បាស់លាស់ ទើបពួកគេធ្វើការចាប់ខ្លួន។ មុននេះមិនយូរប៉ុន្មាន យ៉ាង សួ បានជូនពួកយើងពីរដង។ បើប៉ូលិសបានតាមដានគាត់ មុនពេលពួកគេចាប់ខ្លួនគាត់ នោះតើការរើផ្ទះប៉ុន្មានលើកចុងក្រោយរបស់យើង មិនត្រូវប៉ូលិសឃើញទាំងអស់ទេឬ? ឥឡូវនេះ ពេលដែល យ៉ាង សួ ត្រូវបានចាប់ខ្លួន ហើយ វិន ស៊ី ក៏បានក្បត់ដោយប្រាប់ពីព័ត៌មានលម្អិតខ្លះៗអំពីខ្ញុំទៀត បើខ្ញុំត្រូវបានចាប់ខ្លួន ប៉ូលិសច្បាស់ជាធ្វើទារុណកម្មខ្ញុំមិនខាន។ ក្នុងករណីដែលខ្ញុំត្រូវគេវាយរហូតដល់ស្លាប់ នោះក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំច្បាស់ជារលាយបាត់មិនខាន មែនទេ? គិតកាន់តែច្រើន ខ្ញុំកាន់តែបារម្ភ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមព្រះជាម្ចាស់ណែនាំខ្ញុំ ឱ្យប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួននៅក្នុងកាលៈទេសៈនេះ។ ក្រោយពីអធិស្ឋានរួច ចិត្តរបស់ខ្ញុំក៏ស្ងប់ជាងមុនបន្តិច។ ខ្ញុំនឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនដែលខ្ញុំបានអាននៅអំឡុងពេលនោះ ហើយក៏រកមកអាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវបានស្លាប់ដោយរបៀបណា? ក្នុងចំណោមពួកសិស្សទាំងនោះ មានអ្នកខ្លះត្រូវគេគប់នឹងដុំថ្ម ត្រូវគេអូសពីក្រោយសេះ ត្រូវគេឆ្កាងបញ្ច្រាសជើង ត្រូវគេប្រើសេះប្រាំបំបែកសាកសព ពោលគឺទម្រង់ផ្សេងៗនៃការស្លាប់ សុទ្ធតែបានកើតមានចំពោះពួកគេ។ តើពួកគេស្លាប់ដោយសារមូលហេតុអ្វី? តើមកពីពួកគេបានប្រព្រឹត្តអំពើខុសឆ្គងខ្លះ ហើយបន្ទាប់មកត្រូវបានប្រហារជីវិតតាមច្បាប់មែនទេ? អត់ទេ។ ពួកគេបានផ្សាយដំណឹងល្អអំពីព្រះអម្ចាស់ ប៉ុន្តែមនុស្សខាងលោកីយ៍ មិនទទួលយកដំណឹងល្អនេះឡើយ ហើយផ្ទុយទៅវិញ ពួកគេបែរជាថ្កោលទោស វាយដំ និងជេរប្រមាថអ្នកទាំងនោះ ហើយថែមទាំងសម្លាប់ពួកគេទៀតផង។ ពួកគេបានរងទុក្ករកម្មបែបនេះឯង។ ... តាមពិត រូបកាយរបស់ពួកគេបានស្លាប់ និងចាកចេញទៅដោយរបៀបនេះ។ ពួកគេចាកចេញពីពិភពរបស់មនុស្សតាមរបៀបនេះ ប៉ុន្តែ មិនមែនមានន័យថា លទ្ធផលរបស់ពួកគេដូចទៅនឹងរបៀបដែលពួកគេចាកចេញនោះឡើយ។ មិនថាពួកគេស្លាប់ និងចាកចេញទៅតាមរបៀបណា ឬវាកើតឡើងដោយរបៀបណានោះទេ ក៏ព្រះជាម្ចាស់មិនបានកំណត់ពីលទ្ធផលចុងក្រោយនៃជីវិតទាំងនោះ និងភាវៈដែលព្រះបានបង្កើតទាំងនោះ តាមរបៀបនេះដែរ។ អ្នកត្រូវយល់ឱ្យបានច្បាស់ពីចំណុចនេះ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រើមធ្យោបាយជាក់លាក់ទាំងនោះ ដើម្បីថ្កោលទោសលោកីយ៍នេះ និងដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។ ភាវៈដែលព្រះបានបង្កើតមកទាំងនេះ បានប្រើជីវិតដ៏មានតម្លៃបំផុតរបស់ខ្លួន ពោលគឺ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេ ដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងដើម្បីប្រកាសប្រាប់ទៅសាតាំង និងលោកីយ៍ថា កិច្ចការរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់ ថាព្រះអង្គ គឺជាព្រះអម្ចាស់ និងជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ សូម្បីដល់ពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវដែរ។ តើនេះមិនមែនជាទម្រង់នៃការជំនុំជម្រះមកលើលោកីយ៍នេះទេឬអី? ពួកគេបានប្រើជីវិតរបស់ខ្លួន ដើម្បីប្រកាសប្រាប់ទៅលោកីយ៍ ដើម្បីបញ្ជាក់ទៅកាន់មនុស្សលោកថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះអម្ចាស់ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ថាទ្រង់គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថាកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល ដែលទ្រង់បានធ្វើ អនុញ្ញាតឱ្យមនុស្សជាតិបន្តរស់រាន្តមានជីវិតតទៅទៀត។ ការពិតនេះមិនផ្លាស់ប្ដូរជារៀងរហូត។ អស់អ្នកណាដែលរងទុក្ករកម្ម ព្រោះតែការផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ តើអ្នកនោះបំពេញភារកិច្ចរបស់ខ្លួនដល់កម្រិតណា? តើដល់កម្រិតចុងក្រោយដែរឬទេ? តើកម្រិតចុងក្រោយនោះត្រូវបើកបង្ហាញឱ្យឃើញតាមរបៀបណា? (ពួកគេបានបូជាជីវិតរបស់ខ្លួន។) ត្រឹមត្រូវហើយ ពួកគេបានលះបង់ជីវិតរបស់ខ្លួន។ ក្រុមគ្រួសារ ទ្រព្យសម្បត្តិ និងសម្ភារៈនៅក្នុងជីវិតនេះ គឺសុទ្ធតែជារបស់ក្រៅខ្លួនទាំងអស់។ របស់តែម្យ៉ាងគត់ ដែលនៅជាប់នឹងខ្លួន គឺជីវិត។ ចំពោះមនុស្សគ្រប់រូបដែលនៅរស់ ជីវិតគឺជារបស់សមនឹងឱ្យតម្លៃខ្លាំងបំផុត ជារបស់ដ៏វិសេសវិសាលបំផុត តែមនុស្សទាំងនេះពិតជាអាចបូជាជីវិត ដែលជាទ្រព្យដ៏វិសេសវិសាលបំផុតរបស់ពួកគេ ដើម្បីបញ្ជាក់ និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិបានប្រាកដមែន។ រហូតដល់ថ្ងៃដែលពួកគេស្លាប់ ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនដែលបដិសេធកិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីធ្វើបន្ទាល់ពីអត្ថិភាពនៃការពិតនេះ។ តើនេះមិនមែនជាទម្រង់នៃការធ្វើបន្ទាល់ដ៏ខ្ពស់បំផុតទេឬអី? នេះគឺជាវិធីដ៏ល្អបំផុតក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ។ ការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ គឺត្រូវធ្វើតាមរបៀបនេះឯង។ នៅពេលសាតាំងគំរាមកំហែង និងសម្លុតបំភ័យពួកគេ ហើយចុងក្រោយ សូម្បីពេលវាឱ្យអ្នកទាំងនោះលះបង់ជីវិតរបស់ពួកគេក្ដី ក៏ពួកគេមិនបានបោះបង់ចោលការទទួលខុសត្រូវរបស់ពួកគេដែរ។ នេះហើយជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗឱ្យដល់កម្រិតខ្ពស់បំផុតនោះ។ និយាយបែបនេះ តើខ្ញុំចង់មានន័យដូចម្ដេច? តើខ្ញុំចង់បានន័យថា អ្នករាល់គ្នាគួរតែប្រើវិធីសាស្ត្រដូចគ្នានេះ ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងផ្សាយដំណឹងល្អរបស់ទ្រង់មែនទេ? អ្នកមិនចាំបាច់ត្រូវធ្វើបែបនេះទេ ប៉ុន្តែអ្នកត្រូវយល់ថា នេះគឺជាទំនួលខុសត្រូវរបស់អ្នក ហើយប្រសិនបើព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើបែបនោះមែន អ្នកគួរទទួលយក និងចាត់ទុកវាជាកាតព្វកិច្ចដែលអ្នកត្រូវបំពេញ។ មនុស្សនាពេលបច្ចុប្បន្ននេះ មានការភ័យខ្លាច និងការព្រួយបារម្ភនៅក្នុងចិត្ត ប៉ុន្តែតើការភ័យខ្លាចនិងការព្រួយបារម្ភនេះមានប្រយោជន៍អ្វី? ប្រសិនបើព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកធ្វើបែបនេះទេ តើការព្រួយបារម្ភអំពីរឿងនេះមានប្រយោជន៍អ្វី? ប្រសិនបើព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើបែបនេះ អ្នកមិនគួរគេចវេះ ឬបដិសេធទំនួលខុសត្រូវនេះឡើយ។ អ្នកគួរតែសហការយ៉ាងសកម្ម និងទទួលយកវាដោយគ្មានការព្រួយបារម្ភ។ មិនថាមនុស្សម្នាក់ស្លាប់ដោយរបៀបណានោះទេ ក៏ពួកគេមិនគួរស្លាប់នៅចំពោះមុខសាតាំង ឬស្លាប់នៅក្នុងកណ្ដាប់ដៃរបស់សាតាំងឡើយ។ ប្រសិនបើមនុស្សម្នាក់នឹងត្រូវស្លាប់មែន ពួកគេគួរតែស្លាប់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ មនុស្សមកអំពីព្រះជាម្ចាស់ ហើយពួកគេត្រឡប់ទៅឯព្រះជាម្ចាស់វិញ។ ភាវៈដែលព្រះបានបង្កើតមក គួរតែមានហេតុផល និងឥរិយាបថបែបនេះ» («ការប្រកាសដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវតែបំពេញ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្ត។ សិស្សរបស់ព្រះអម្ចាស់យេស៊ូវត្រូវបានបៀតបៀន ដោយសារការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់។ អ្នកខ្លះត្រូវសេះប្រាំទាញបំបែករាងកាយ អ្នកខ្លះត្រូវគេគប់ថ្មសម្លាប់ និងអ្នកខ្លះទៀតត្រូវកាត់ក្បាល។ ហើយអ្នកខ្លះត្រូវបានឆ្កាងបញ្ច្រាសក្បាលចុះក្រោម។ ពួកគេមិនដែលបោះបង់ការផ្សាយដំណឹងល្អដោយសារតែការបៀតបៀនឡើយ ហើយរហូតដល់ស្លាប់ ពួកគេមិនដែលបដិសេធព្រះនាមព្រះជាម្ចាស់ឡើយ៖ ពួកគេបានលះបង់ជីវិត ដើម្បីធ្វើបន្ទាល់យ៉ាងអស្ចារ្យថ្វាយព្រះជាម្ចាស់។ ទោះបីជាតាមការមើលឃើញរបស់មនុស្ស រូបកាយរបស់ពួកគេបានស្លាប់ក៏ពិតមែន ប៉ុន្តែព្រលឹងរបស់ពួកគេបានត្រឡប់ទៅចំពោះព្រះអាទិករវិញហើយ។ ខ្ញុំនឹកគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «អ្នកណាដែលរកឃើញជីវិតខ្លួន អ្នកនោះនឹងបាត់បង់ជីវិត ហើយអ្នកណាដែលបាត់បង់ជីវិតខ្លួនសម្រាប់ជាប្រយោជន៍នៃខ្ញុំ អ្នកនោះនឹងរកឃើញជីវិតវិញ» (ម៉ាថាយ ១០:៣៩)។ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវគឺច្បាស់លាស់ណាស់។ បើអ្នកបាត់បង់ជីវិតដោយសារជំនឿលើព្រះជាម្ចាស់ ឬការបំពេញភារកិច្ចរបស់អ្នក ទោះបីជាសាច់ឈាមរបស់អ្នកស្លាប់ក៏ពិតមែន ក៏ព្រលឹងរបស់អ្នកនឹងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានជីវិតពិតប្រាកដដែរ។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខ្ញុំគួរតែចុះចូលដោយគ្មានលក្ខខណ្ឌចំពោះមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំ។ បើព្រះជាម្ចាស់អនុញ្ញាតឱ្យនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនខ្ញុំមែននោះ ខ្ញុំគួរតែលះបង់ជីវិត ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់ និងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ ទោះបីជានាគដ៏ធំមានសម្បុរក្រហមពិតជាធ្វើទារុណកម្មខ្ញុំរហូតដល់ស្លាប់ក៏ដោយ ក៏នោះគឺជាទីបន្ទាល់ដែលធ្វើឱ្យសាតាំងអាម៉ាស់ដែរ។ វាពិតជាមានតម្លៃ និងមានអត្ថន័យណាស់។ បើខ្ញុំនៅតែបន្តធ្វើដូចមុន រស់នៅយ៉ាងថោកទាប គិតតែពីរឿងថែរក្សាសុវត្ថិភាពខ្លួនឯង នោះទោះបីជាខ្ញុំអាចការពារសាច់ឈាមរបស់ខ្ញុំបានក៏ដោយ ក៏ខ្ញុំមិនបានបំពេញការទទួលខុសត្រូវជាភាវៈដែលព្រះបានបង្កើត ហើយក៏មិនបានធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរ។ នោះទើបជាការបាត់បង់ឱកាសត្រូវបានសង្គ្រោះពិតប្រាកដ។ ពេលបានយល់ដឹងពីរឿងនេះ ខ្ញុំលែងកំសាក និងភ័យខ្លាចទៀតហើយ។ ពេលនេះ ខ្ញុំមិនទាន់ត្រូវនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួននៅឡើយទេ ហើយខ្ញុំនៅតែមានឱកាសបំពេញភារកិច្ចរបស់ខ្លួនដដែល ដូច្នេះ ខ្ញុំគួរតែបំពេញភារកិច្ចដែលខ្ញុំត្រូវធ្វើឱ្យបានត្រឹមត្រូវ។ ជាពិសេស ដោយសារតែការតាមចាប់ខ្លួនសព្វថ្ងៃនេះ កិច្ចការរបស់ពួកជំនុំមួយចំនួនមិនទាន់បានត្រឡប់មកសភាពដើមឡើងវិញទាំងស្រុងនៅឡើយទេ។ បងប្អូនប្រុសស្រីមួយចំនួននៅតែរស់នៅក្នុងភាពអវិជ្ជមាន និងភាពទន់ខ្សោយ ហើយនាគដ៏ធំមានសម្បុរក្រហមនៅតែតាមចាប់ខ្លួនបងប្អូនប្រុសស្រីយ៉ាងចាស់ដៃ។ ខ្ញុំគួរតែលះបង់កម្លាំងកាយចិត្តទាំងអស់ ហើយប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាមួយបងប្អូនប្រុសស្រី ដើម្បីឱ្យគ្រប់គ្នាអាចពឹងផ្អែកលើព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ ពេលខ្ញុំគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ភ្លឺស្វាងក្នុងចិត្ត។ បន្ទាប់មក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយដាក់ចិត្តបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់។ ចំពោះបញ្ហានៅក្នុងកិច្ចការរបស់ពួកជំនុំ ខ្ញុំបានពិភាក្សា និងប្រកបគ្នាជាមួយ វ៉ាង ហ៊ុយ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ហើយខ្ញុំក៏បានសរសេរសំបុត្រដើម្បីប្រកបគ្នាដោយឡែកជាមួយពួកជំនុំដែលកិច្ចការមិនទទួលបានលទ្ធផលល្អផងដែរ។ មួយរយៈក្រោយមក កិច្ចការផ្សេងៗក៏ចាប់ផ្ដើមមានភាពប្រសើរឡើង ហើយខ្ញុំមានអារម្មណ៍ស្កប់ស្កល់ក្នុងចិត្តយ៉ាងខ្លាំង។ អរព្រះគុណព្រះជាម្ចាស់!