២៧. ភាពភ័យខ្លាចក្នុងការទទួលខុសត្រូវ បានបញ្ចេញឱ្យឃើញភាពអាត្មានិយម និងភាពថោកទាបរបស់ខ្ញុំ

ដោយ លីវ ឆឹង មកពីប្រទេសចិន

នៅឆ្នាំ ២០២៣ ខ្ញុំកំពុងបំពេញភារកិច្ចផ្នែកអត្ថបទនៅក្នុងពួកជំនុំ។ នៅក្នុងខែមិថុនា បងប្រុស យ៉ាង ហ្វឹង ដែលជាអ្នកមើលការខុសត្រូវ បានប្រាប់ខ្ញុំថា អ្នកដឹកនាំមានគម្រោងចាត់តាំងគាត់ឲ្យទៅបំពេញភារកិច្ចនៅកន្លែងផ្សេង ហើយថា ខ្ញុំនឹងត្រូវតែងតាំងជាអ្នកមើលការខុសត្រូវ។ ពេលឮបែបនេះ ភ្លាមនោះ ខ្ញុំមានអារម្មណ៍តានតឹងជាខ្លាំង ដោយគិតថា៖ «តែងតាំងខ្ញុំជាអ្នកមើលការខុសត្រូវឬ? ម៉េចនឹងអាចទៅរួចទៅ! តាំងពីខ្ញុំបានទទួលជឿព្រះជាម្ចាស់ និងចាប់ផ្ដើមបំពេញភារកិច្ចមក ខ្ញុំគ្រាន់តែជាសមាជិកធម្មតាម្នាក់នៅក្នុងពួកជំនុំប៉ុណ្ណោះ។ ខ្ញុំមិនដែលធ្វើជាអ្នកមើលការខុសត្រូវទេ។ អ្នកមើលការខុសត្រូវមានការទទួលខុសត្រូវជាច្រើន និងមានវិសាលភាពការងារទូលំទូលាយ។ មិនត្រឹមតែពួកគេទទួលខុសត្រូវលើការងារវិជ្ជាជីវៈប៉ុណ្ណោះទេ តែពួកគេក៏ត្រូវដោះស្រាយសភាពរបស់បងប្អូនប្រុសស្រី និងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងការងារផងដែរ។ ការនេះស្មុគស្មាញជាងការងាររបស់សមាជិកធម្មតាទៅទៀត។ ជាធម្មតា ខ្ញុំមិនពូកែទាក់ទងជាមួយមនុស្សទេ ហើយខ្ញុំខ្វះការវិនិច្ឆ័យ។ ក៏នៅមានកិច្ចការជាច្រើនដែលអ្នកមើលការខុសត្រូវគួរធ្វើ ដែលខ្ញុំមិនយល់ ឬមិនចេះធ្វើដែរ។ តើភារកិច្ចនេះមិនធ្ងន់ពេកទេឬសម្រាប់ខ្ញុំ? លើសពីនេះទៅទៀត ការទទួលខុសត្រូវរបស់អ្នកមើលការខុសត្រូវ គឺធំដុំម៉ឺងម៉ាត់ជាងសមាជិកធម្មតាទៅទៀត។ កាលខ្ញុំទើបតែចាប់ផ្ដើមបំពេញភារកិច្ចផ្នែកអត្ថបទ មានអ្នកមើលការខុសត្រូវម្នាក់ ដែលមិនបានពិនិត្យអត្ថបទស្របតាមគោលការណ៍ ហើយតែងតែបោះចោលអត្ថបទទីបន្ទាល់តាមរយៈបទពិសោធរបស់បងប្អូនប្រុសស្រី តាមតែបំណងចិត្តរបស់ខ្លួន។ ការណ៍នេះបានបង្អាក់ និងរំខានដល់ការងារ ហើយនាំឲ្យគាត់ត្រូវបានដកហូតតំណែង។ បើសិនជាខ្ញុំត្រូវបំពេញភារកិច្ចនេះ ហើយលទ្ធផលមិនល្អ ឬបើមានបញ្ហាកើតឡើងនោះ ខ្ញុំនឹងត្រូវទទួលខុសត្រូវមិនខាន។ ក្នុងករណីល្អបំផុត ខ្ញុំគ្រាន់តែត្រូវបានលួសកាត់ប៉ុណ្ណោះ តែក្នុងករណីអាក្រក់បំផុតវិញ បើការងារត្រូវបានបង្អាក់ និងរំខាន ខ្ញុំអាចនឹងត្រូវបានជម្រះចេញពីពួកជំនុំតែម្ដង។ បើការណ៍នោះកើតឡើងមែន អនាគត និងវាសនារបស់ខ្ញុំនឹងត្រូវចប់ហើយ!» ខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែមានអារម្មណ៍ថា ភារកិច្ចនេះពិបាកធ្វើណាស់ ដូច្នេះ ខ្ញុំក៏ប្រាប់ទៅ យ៉ាង ហ្វឹង ថា៖ «ខ្ញុំមិនអាចបំពេញភារកិច្ចនេះទេ។ តើអាចផ្ទេរអ្នកមើលការខុសត្រូវពីកន្លែងផ្សេងមកបានទេ?» យ៉ាង ហ្វឹង បាននិយាយថា ពួកគេមិនទាន់រកឃើញមនុស្សសមរម្យនៅឡើយទេ ក្នុងពេលនេះ។ ខ្ញុំបានដឹងថា ស្ថានភាពនេះត្រូវបានព្រះជាម្ចាស់ទ្រង់រាជានុញ្ញាត ហើយក៏ដឹងថា វាជារឿងខុសឆ្គងសម្រាប់ខ្ញុំ ដែលគ្រាន់តែចង់បដិសេធ និងខ្វះអាកប្បកិរិយាចុះចូល។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តចុះចូលជាមុនសិន។ ទោះបីជាខ្ញុំយល់ព្រមទទួលភារកិច្ចជាអ្នកមើលការខុសត្រូវក៏ដោយ ប៉ុន្តែពេលខ្ញុំគិតថា ក្រៅពីការងារជំនាញវិជ្ជាជីវៈ ខ្ញុំមិនដែលបានប៉ះពាល់ការងារផ្សេងទៀតច្រើនប៉ុន្មានទេនោះ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធខ្លាំង ហើយមិនដឹងថាខ្ញុំគួរធ្វើការងារទៅមុខយ៉ាងដូចម្ដេចឡើយ ហើយខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកដឹកនាំនឹងចាត់តាំងអ្នកផ្សេងទៀត ឲ្យមកទទួលតំណែងជាអ្នកមើលការខុសត្រូវប៉ុណ្ណោះ។

បន្ទាប់មក ខ្ញុំចាប់ផ្ដើមឆ្ងល់ថា៖ «ខ្ញុំមិនដែលបំពេញភារកិច្ចនេះពីមុនមកទេ ហើយមានរឿងជាច្រើនដែលខ្ញុំមិនយល់អំពីវា ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់រៀបចំស្ថានការណ៍នេះសម្រាប់ខ្ញុំទៅវិញ? ហើយតើខ្ញុំគួរប្រព្រឹត្តចំពោះបញ្ហានេះយ៉ាងដូចម្ដេចទៅ?» ខណៈពេលដែលខ្ញុំកំពុងគិតរឿងទាំងនេះ ស្រាប់តែមានបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គបានលេចឡើងក្នុងគំនិតរបស់ខ្ញុំ៖ «នៅពេលដែលមនុស្សមួយចំនួនទើបតែត្រូវបានដំឡើងឋានៈ ពួកគេមិនដឹងថាពួកគេគួរធ្វើកិច្ចការអ្វីខ្លះ ឬត្រូវធ្វើដោយរបៀបណានោះទេ ហើយមានអារម្មណ៍ច្របូកច្របល់បន្តិចបន្តួច។ នេះគឺជារឿងធម្មតាទេ តើមាននរណាដែលកើតមកចេះធ្វើអ្វីៗគ្រប់យ៉ាងនោះ? ប្រសិនបើអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន អ្នកច្បាស់ជា មនុស្សដែលក្រអឺតក្រទមនិងអួតខ្លួនហួសហេតុពេក ហើយនឹងមិនចុះចាញ់នរណាម្នាក់ឡើយ ក្នុងករណីនោះ តើអ្នកនៅតែអាចទទួលយកសេចក្ដីពិតបានទេ? ប្រសិនបើអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន តើអ្នកនៅតែពឹងផ្អែកលើព្រះជាម្ចាស់ និងគោរពទ្រង់ដែរឬទេ? តើអ្នកនៅតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានៃសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? អ្នកច្បាស់ជាមិនធ្វើឡើយ។ ផ្ទុយទៅវិញ អ្នកនឹងមានភាពក្រអឺតក្រទមនិងអួតខ្លួនហួសហេតុ ហើយដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកនឹងប្រយុទ្ធដណ្ដើមអំណាចនិងឋានៈ ហើយមិនចុះចាញ់នរណាម្នាក់ឡើយ ហើយអ្នកនឹងបំភាន់ និងដាក់អន្ទាក់មនុស្ស ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ក្នុងករណីនោះ តើអ្នកនៅតែអាចត្រូវបានដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់បានទេ? ប្រសិនបើអ្នកដឹងថា អ្នកមានចំណុចខ្វះខាតជាច្រើន អ្នកគួរតែរៀនស្ដាប់បង្គាប់ និងចុះចូល ហើយបំពេញកិច្ចការផ្សេងៗឱ្យបានល្អស្របតាមតម្រូវការនៃដំណាក់របស់ព្រះជាម្ចាស់ ការណ៍នេះនឹងអនុញ្ញាតឱ្យអ្នកឈានបន្តិចម្តងៗទៅដល់ចំណុចមួយដែលអ្នកអាចបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបមួយដែលស្របតាមស្ដង់ដា» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បាននាំពន្លឺមកក្នុងចិត្តខ្ញុំភ្លាមៗ ហើយខ្ញុំចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានប្រសើរជាងមុនបន្ដិច។ ខ្ញុំបានដឹងថា ខ្ញុំមានទស្សនៈខុសឆ្គងនៅក្នុងខ្លួន។ ខ្ញុំគិតថា មានតែអ្នកដែលដឹងគ្រប់រឿង និងអាចធ្វើអ្វីបានគ្រប់យ៉ាងប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានដំឡើង ឲ្យបំពេញភារកិច្ចជាអ្នកមើលការខុសត្រូវ។ តាមពិតទៅ ព្រះដំណាក់របស់ព្រះជាម្ចាស់បានដំឡើង និងបណ្ដុះបណ្ដាលមនុស្សជាច្រើន ហើយមិនមែនពួកគេសុទ្ធតែយល់គ្រប់យ៉ាង នៅពេលពួកគេចាប់ផ្ដើមនោះទេ តែផ្ទុយទៅវិញ ពួកគេចាប់យល់គោលការណ៍បន្ដិចម្ដងៗ តាមរយៈការបណ្ដុះបណ្ដាលជាបណ្ដើរៗ។ វាជារឿងធម្មតាទេដែលមិនយល់ ឬមិនដឹងគ្រប់យ៉ាង នៅពេលចាប់ផ្ដើមភារកិច្ចថ្មី ហើយខ្ញុំត្រូវតែមានអាកប្បកិរិយាត្រឹមត្រូវចំពោះបញ្ហានេះ។ ពេលគិតត្រឡប់ក្រោយវិញ តើវាមិនដូចគ្នាទេឬសម្រាប់ខ្ញុំ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលខ្ញុំបំពេញភារកិច្ចមកនេះ? មិនថាខ្ញុំកំពុងបំពេញភារកិច្ចអ្វីទេ ខ្ញុំមិនបានយល់គ្រប់យ៉ាងឡើយ នៅពេលខ្ញុំចាប់ផ្ដើមបណ្ដុះបណ្ដាលដំបូង តែខ្ញុំត្រូវបានចាត់តាំងឲ្យទទួលការបណ្ដុះបណ្ដាល ដោយសារតែខ្ញុំអាចយល់គោលការណ៍ខ្លះៗ។ ក្រោយមក ដោយសារការបំភ្លឺរបស់ព្រះជាម្ចាស់ និងការជួយពីបងប្អូនប្រុសស្រីរបស់ខ្ញុំ ព្រមទាំងការឆ្លងកាត់បរាជ័យខ្លះ ការត្រូវបានបើកសម្ដែង និងដោយការសរុបសេចក្ដី និងការឆ្លុះបញ្ចាំង ខ្ញុំក៏ចាប់ផ្ដើមយល់ និងចាប់បានគោលការណ៍ខ្លះៗជាបណ្ដើរៗ។ លើកនេះ ពួកជំនុំបានរៀបចំឲ្យខ្ញុំបំពេញភារកិច្ចជាអ្នកមើលការខុសត្រូវ ហើយទោះបីជាខ្ញុំមិនចេះធ្វើវានៅពេលដំបូង ហើយខ្ញុំនឹងមានការលំបាកខ្លះក៏ដោយ ក៏នេះជារឿងធម្មតាបំផុតដែរ ហើយខ្ញុំត្រូវចាប់ផ្ដើមដោយការចុះចូល និងពឹងអាងលើព្រះជាម្ចាស់ដើម្បីបណ្ដុះបណ្ដាល។ ខ្ញុំក៏បានដឹងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរថា កង្វះខាតជាច្រើនរបស់ខ្ញុំនៅក្នុងភារកិច្ចនេះ អាចជួយខ្ញុំឲ្យរក្សាភាពរាបទាប ហើយពេលជួបបញ្ហា ខ្ញុំអាចស្វែងរកយោបល់របស់អ្នកដទៃបានកាន់តែច្រើន ដែលអនុញ្ញាតឲ្យខ្ញុំចៀសវាងការបង្អាក់ និងរំខានដល់ភារកិច្ច ដោយសារភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុ ហើយប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួន។ ដោយសារតែខ្ញុំក្រអឺតក្រទមណាស់ ហើយបានគិតថា ខ្ញុំមានភាពវៃឆ្លាត និងគុណសម្បត្តិខ្លះ ហើយយល់គោលការណ៍សេចក្ដីពិតខ្លះៗ ខ្ញុំតែងតែមើលងាយអ្នកដទៃ។ ពេលខ្ញុំជួបយោបល់ខុសគ្នា ខ្ញុំតែងគិតថាខ្ញុំត្រូវ ដូច្នេះ ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួន។ ការណ៍នេះបានបង្អាក់ និងរំខានដល់ការងារ ហើយស្ទើរតែនាំឲ្យខ្ញុំត្រូវបានដកហូតតំណែង។ បើសិនជាខ្ញុំចេះ និងអាចធ្វើបានគ្រប់យ៉ាង នោះខ្ញុំប្រាកដជានឹងងាយធ្វើអ្វីៗ ដោយផ្អែកលើនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំមិនខាន។ តែលើកនេះ នៅក្នុងភារកិច្ចជាអ្នកមើលការខុសត្រូវ ខ្ញុំមានកង្វះខាតក្នុងផ្នែកជាច្រើន ហើយខ្ញុំមិនអាចប្រព្រឹត្តដោយក្រអឺតក្រទមបានទេ ទោះបីជាខ្ញុំចង់ក៏ដោយ។ តាមពិតទៅ នេះគឺជាការការពារមកលើរូបខ្ញុំ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «នៅពេលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់ឱ្យធ្វើជាអ្នកដឹកនាំ គឺប្រគល់បន្ទុកកាន់តែធំដល់ពួកគេដើម្បីហ្វឹកហាត់ពួកគេ ដើម្បីធ្វើឱ្យពួកគេពឹងផ្អែកលើព្រះជាម្ចាស់ និងដើម្បីធ្វើឱ្យពួកគេព្យាយាមឆ្ពោះទៅរកសេចក្ដីពិត មានតែពេលនោះទេ ទើបកម្ពស់របស់ពួកគេនឹងលូតលាស់ បានឆាប់រហ័សតាមដែលអាចធ្វើបាន។ កាលណាពួកគេទទួលបន្ទុកកាន់តែធំ ពួកគេស្ថិតក្រោមសម្ពាធកាន់តែច្រើន ហើយពួកគេកាន់តែត្រូវបង្ខំចិត្តឱ្យស្វែងរកសេចក្តីពិត និងពឹងអាងលើព្រះជាម្ចាស់។ ចុងក្រោយ ពួកគេនឹងអាចបំពេញការងាររបស់ខ្លួនបានត្រឹមត្រូវ និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ម្ល៉ោះហើយពួកគេនឹងបោះជំហានលើផ្លូវដែលត្រឹមត្រូវនៃការទទួលបានសេចក្តីសង្រ្គោះ និងការប្រោសឱ្យគ្រប់លក្ខណ៍ ពោលគឺការណ៍នេះជាលទ្ធផលសម្រេចបាន នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាលមនុស្ស។ បើគ្មានការធ្វើកិច្ចការជាក់លាក់ទាំងនេះទេ ពួកគេនឹងមិនដឹងអំពីអ្វីដែលខ្លួនកំពុងខ្វះខាត ពួកគេនឹងមិនដឹងអំពីរបៀបធ្វើកិច្ចការស្របតាមគោលការណ៍នានា ហើយក៏មិនដឹងអំពីអត្ថន័យនៃការមានតថភាពនៃសេចក្តីពិតនោះដែរ។ ដូច្នេះ ការបំពេញកិច្ចការជាក់លាក់ជួយឱ្យពួកគេរកឃើញចំណុចខ្វះចន្លោះរបស់ខ្លួន ហើយមើលឃើញថា ក្រៅពីអំណោយទានរបស់ពួកគេ ពួកគេគ្មានតថភាពនៃសេចក្តីពិតសោះឡើយ ដោយធ្វើឱ្យពួកគេដឹងថា ពួកគេខ្សត់ខ្សោយនិងគួរឱ្យអាណិតកម្រិតណា ធ្វើឱ្យពួកគេដឹងថា ប្រសិនបើពួកគេមិនពឹងអាងលើព្រះជាម្ចាស់ និងមិនស្វែងរកសេចក្តីពិតទេ នោះពួកគេនឹងគ្មានសមត្ថភាពធ្វើការអ្វីបានឡើយ។ វាធ្វើឱ្យពួកគេមើលឃើញខ្លួនឯង ហើយមើលឃើញយ៉ាងច្បាស់ថា ប្រសិនបើពួកគេមិនដេញតាមសេចក្តីពិត និងផ្លាស់ប្ដូរនិស្ស័យទេ ពួកគេនឹងមិនអាចមានគុណសម្បត្តិស័ក្ដិសមនឹងការប្រើប្រាស់របស់ព្រះជាម្ចាស់នោះទេ។ ទាំងអស់នេះគឺជាលទ្ធផលដែលសម្រេចបាន នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវទទួលការបណ្ដុះបណ្ដាលនិងការហ្វឹកហ្វឹន។ មានតែតាមរយៈការយល់ដឹងពីទិដ្ឋភាពទាំងនេះប៉ុណ្ណោះ ទើបមនុស្សអាចដេញតាមសេចក្ដីពិតដោយជាក់ស្ដែង ប្រព្រឹត្តខ្លួនដោយមិនទាក់ទាញចំណាប់អារម្មណ៍ ធានាបានថានឹងលែងអួតអាងពីខ្លួនឯងនៅពេលបំពេញការងាររបស់ខ្លួន បន្តលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិតមួយជំហានម្ដងៗ។ ... ឱកាសសម្រាប់ការហ្វឹកហាត់កាន់តែច្រើន បទពិសោធរបស់មនុស្សក៏កាន់តែសំបូរបែប ការយល់ដឹងរបស់ពួកគេក៏កាន់តែទូលំទូលាយ ហើយពួកគេក៏នឹងលូតលាស់កាន់តែឆាប់រហ័សដែរ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សមិនបំពេញកិច្ចការជាអ្នកដឹកនាំទេ ពួកគេនឹងជួបប្រទះ និងឆ្លងកាត់បានត្រឹមតែការរស់នៅផ្ទាល់ខ្លួន និងបទពិសោធផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយស្គាល់បានត្រឹមតែនិស្ស័យពុករលួយផ្ទាល់ខ្លួន និងសភាពផ្ទាល់ខ្លួនផ្សេងៗ ដែលទាំងអស់នេះគឺពាក់ព័ន្ធតែនឹងខ្លួនឯងប៉ុណ្ណោះ។ នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ ពួកគេនឹងជួបប្រទះមនុស្សកាន់តែច្រើន ព្រឹត្តិការណ៍កាន់តែច្រើន និងបរិយាកាសកាន់តែច្រើន ដែលជំរុញពួកគេឱ្យមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីស្វែងរកគោលការណ៍សេចក្ដីពិត។ សម្រាប់ពួកគេ មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទាំងនេះ បានក្លាយទៅជាបន្ទុកមួយដោយមិនដឹងខ្លួន ហើយក៏បានបង្កើតលក្ខខណ្ឌដ៏ប្រសើរបំផុតដោយឯកឯងសម្រាប់ការចូលទៅក្នុងតថភាពនៃសេចក្ដីពិតរបស់ពួកគេផងដែរ ដែលនេះគឺជារឿងល្អ។ ដូច្នេះ មនុស្សម្នាក់ដែលមានគុណសម្បត្តិ មានបន្ទុក និងមានសមត្ថភាពការងារ នឹងចូលបានយឺតក្នុងនាមជាអ្នកជឿធម្មតា ហើយលឿនជាងក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំចាប់ផ្ដើមយល់បន្ដិចអំពីសារៈសំខាន់ដែលព្រះដំណាក់របស់ព្រះជាម្ចាស់ដំឡើង និងបណ្ដុះបណ្ដាលមនុស្ស។ ការដំឡើង និងការបណ្ដុះបណ្ដាលមនុស្សនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មិនមែនធ្វើឡើងដើម្បីបើកសម្ដែង ឬជម្រុះមនុស្សចោលឡើយ តែដើម្បីផ្ដល់បន្ទុកដល់មនុស្ស និងផ្ដល់ឱកាសបណ្ដុះបណ្ដាលឲ្យពួកគេកាន់តែច្រើន។ ជាមួយនឹងការទទួលខុសត្រូវកាន់តែធំ បញ្ហាដែលជួបប្រទះក្នុងការងារក៏កើនឡើង ហើយការលួសកាត់ ឧបសគ្គ និងបរាជ័យ ក៏នឹងមានកាន់តែញឹកញាប់ដែរ។ វាអាចហាក់ដូចជាសាច់ឈាមត្រូវទ្រាំទ្រនឹងទុក្ខលំបាកខ្លះ តែព្រះជាម្ចាស់ទ្រង់ប្រើស្ថានភាពបែបនេះយ៉ាងជាក់លាក់ ដើម្បីជួយឲ្យយើងស្គាល់និស្ស័យពុករលួយរបស់យើង រកឃើញភាពខ្វះខាត និងចំណុចអន់ខ្សោយរបស់យើង ហើយបង្ខំឲ្យយើងពឹងអាងលើទ្រង់កាន់តែខ្លាំង និងស្វែងរកសេចក្ដីពិត។ ការណ៍នេះមានប្រយោជន៍សម្រាប់ឲ្យយើងយល់ពីខ្លួនឯង ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយទទួលបានសេចក្ដីសង្រ្គោះ។ បើយើងឆ្លងកាត់រឿងកាន់តែតិច ហើយមិនមានការលំបាកអ្វីសោះនោះ នោះការបើកសម្ដែងនូវនិស្ស័យពុករលួយរបស់យើងនឹងមានតិចតួច ដែលធ្វើឲ្យយើងពិបាកនឹងឃើញចំណុចខ្វះខាតរបស់ខ្លួនឲ្យបានច្បាស់ ហើយដាក់កម្រិតការយល់ដឹងរបស់យើងអំពីនិស្ស័យពុករលួយរបស់ខ្លួន ដែលធ្វើឲ្យការរីកចម្រើនរបស់យើងយឺតយ៉ាវនៅគ្រប់ផ្នែក។ ខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែដឹងថា ការដែលព្រះដំណាក់របស់ព្រះជាម្ចាស់ដំឡើង និងបណ្ដុះបណ្ដាលមនុស្សម្នាក់ គឺមាននូវព្រះរាជបំណងដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់។ ការដែលពួកជំនុំរៀបចំឲ្យខ្ញុំទទួលភារកិច្ចជាអ្នកមើលការខុសត្រូវ មិនមែនមានចេតនាធ្វើឲ្យខ្ញុំពិបាកនោះទេ ក៏មិនមែនដើម្បីបើកសម្ដែង ឬជម្រុះខ្ញុំចោលដែរ តែដើម្បីអនុញ្ញាតឲ្យខ្ញុំទទួលបានការបណ្ដុះបណ្ដាលកាន់តែច្រើន ឲ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតកាន់តែឆាប់រហ័ស ហើយក៏ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានកាន់តែល្អប្រសើរផងដែរ។ តែខ្ញុំមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយនៅតែត្អូញត្អែរ និងទាស់ទទឹងដដែល។ ខ្ញុំពិតជាខ្វះភាពជាមនុស្ស និងវិចារណញ្ញាណមែន!

ក្រោយមក ខ្ញុំបានគិតថែមទៀតថា៖ «ហេតុអ្វីបានជាខ្ញុំមិនព្រមទទួលភារកិច្ចជាអ្នកមើលការខុសត្រូវ? ក្រៅពីមានទស្សនៈមិនត្រឹមត្រូវ តើមាននិស្ស័យពុករលួយអ្វីផ្សេងទៀតនៅពីក្រោយរឿងនេះ?» នៅក្នុងការឆ្លុះបញ្ចាំងរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «មនុស្សមួយចំនួនខ្លាចទទួលខុសត្រូវនៅពេលបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើពួកជំនុំប្រគល់ឱ្យពួកគេនូវការងារមួយ ពួកគេនឹងពិចារណាជាមុនសិនថាតើការងារនោះតម្រូវឱ្យពួកគេទទួលខុសត្រូវដែរឬទេ ហើយប្រសិនបើតម្រូវ ពួកគេនឹងមិនទទួលយកការងារនោះឡើយ។ លក្ខខណ្ឌរបស់ពួកគេសម្រាប់ការបំពេញភារកិច្ចគឺ ទីមួយ វាត្រូវតែជាការងារស្រណុកសុខស្រួល ទីពីរ វាមិនមមាញឹក ឬធ្វើឱ្យនឿយហត់ និងទីបី ទោះបីជាពួកគេធ្វើអ្វីក៏ដោយ ពួកគេមិនទទួលខុសត្រូវណាមួយឡើយ។ នេះគឺជាប្រភេទភារកិច្ចតែមួយគត់ដែលពួកគេទទួលយក។ តើនេះជាមនុស្សប្រភេទណា? តើនេះមិនមែនជាមនុស្សដែលក្រឡេចក្រឡុច និងបោកបញ្ឆោតទេឬ? ពួកគេមិនចង់ទទួលបន្ទុកសូម្បីតែទំនួលខុសត្រូវតិចតួចបំផុត។ ពួកគេខ្លាចរហូតដល់ថ្នាក់សូម្បីតែស្លឹកឈើជ្រុះពីដើមឈើក៏នឹងអាចបំបែកលលាដ៍ក្បាលរបស់ពួកគេបានដែរ។ តើមនុស្សប្រភេទនេះអាចបំពេញភារកិច្ចអ្វីបានទៅ? តើពួកគេអាចមានប្រយោជន៍អ្វីខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ការងាររបស់ដំណាក់របស់ព្រះជាម្ចាស់គឺពាក់ព័ន្ធនឹងការងារប្រយុទ្ធតតាំងនឹងសាតាំង ព្រមទាំងការផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ។ តើមានភារកិច្ចណាដែលមិនភ្ជាប់នូវទំនួលខុសត្រូវ? តើអ្នករាល់គ្នានឹងនិយាយថាការធ្វើជាអ្នកដឹកនាំមានទំនួលខុសត្រូវដែរឬទេ? តើទំនួលខុសត្រូវរបស់ពួកគេមិនរឹតតែធំជាង ហើយតើពួកគេមិនត្រូវទទួលខុសត្រូវរឹតតែខ្លាំងជាងនេះទេឬ? ទោះបីជាអ្នកផ្សាយដំណឹងល្អ ធ្វើបន្ទាល់ ផលិតវីដេអូ និងផ្សេងៗទៀតក៏ដោយ មិនថាអ្នកធ្វើការងារអ្វីក៏ដោយ ដរាបណាវាពាក់ព័ន្ធនឹងគោលការណ៍នៃសេចក្ដីពិត វាតែងតែភ្ជាប់នូវទំនួលខុសត្រូវមកជាមួយ។ ប្រសិនបើការបំពេញភារកិច្ចរបស់អ្នកគ្មានគោលការណ៍ វានឹងប៉ះពាល់ដល់ការងាររបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកខ្លាចទទួលខុសត្រូវ នោះអ្នកមិនអាចបំពេញភារកិច្ចណាមួយបានឡើយ។ តើមនុស្សប្រភេទដែលខ្លាចទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ជាមនុស្សកំសាក ឬមានបញ្ហាជាមួយនឹងនិស្ស័យរបស់ពួកគេ? អ្នកត្រូវតែអាចបែងចែកឱ្យដាច់។ តាមពិតទៅ នេះមិនមែនជាបញ្ហានៃភាពកំសាកនោះទេ។ ហេតុអ្វីបានជាពួកគេក្លាហានម្ល៉េះនៅពេលនិយាយដល់ការធ្វើឱ្យមានបាន ឬនៅពេលពួកគេធ្វើអ្វីមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន? ពួកគេនឹងប្រថុយរាល់ហានិភ័យចំពោះរឿងទាំងនេះ។ ប៉ុន្តែនៅពេលពួកគេធ្វើអ្វីៗសម្រាប់ពួកជំនុំ សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនទទួលយកហានិភ័យសោះឡើយ។ មនុស្សបែបនេះគឺជាមនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ជាមនុស្សដែលពោរពេញដោយការបោកបញ្ឆោតបំផុតក្នុងចំណោមមនុស្សទាំងអស់។ ... ប្រសិនបើអ្នកតែងតែការពារខ្លួនឯងជានិច្ច រាល់ពេលមានអ្វីកើតឡើងចំពោះអ្នក ហើយទុកផ្លូវក្រោយ និងផ្លូវគេចខ្លួនឱ្យខ្លួនឯង តើអ្នកកំពុងតែយកសេចក្ដីពិតទៅអនុវត្តដែរឬទេ? នេះមិនមែនជាការអនុវត្តសេចក្ដីពិតទេ នេះគឺជាភាពក្រឡេចក្រឡុច។ ឥឡូវនេះ អ្នកកំពុងបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាគោលការណ៍ទីមួយនៃការបំពេញភារកិច្ច? នោះគឺអ្នកត្រូវតែបំពេញភារកិច្ចនោះដោយអស់ពីចិត្តជាមុនសិន ដោយឥតសំចៃកម្លាំងឡើយ ហើយដោយរបៀបនេះ ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាគោលការណ៍មួយនៃសេចក្ដីពិតដែលអ្នកគួរតែយកទៅអនុវត្ត។ ការការពារខ្លួនឯងដោយទុកច្រកក្រោយ និងផ្លូវរត់គេចសម្រាប់ខ្លួនឯង គឺជាគោលការណ៍នៃការអនុវត្តដែលអ្នកគ្មានជំនឿធ្វើតាម និងជាទស្សនវិជ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ពួកគេ។ ការគិតពីខ្លួនឯងជាមុនក្នុងគ្រប់កិច្ចការទាំងអស់ និងការដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនមុនអ្វីៗទាំងអស់ ដោយមិនគិតពីអ្នកដទៃ ដោយជឿថា ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់អ្នកដទៃ គ្មានជាប់ពាក់ព័ន្ធនឹងខ្លួនឡើយ ដោយគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាមុន ហើយបន្ទាប់មកគិតពីផ្លូវរត់គេច តើនេះមិនមែនជាអ្នកគ្មានជំនឿទេឬ? នេះគឺជាអ្នកគ្មានជំនឿយ៉ាងពិតប្រាកដ។ មនុស្សប្រភេទនេះមិនសក្តិសមនឹងបំពេញភារកិច្ចឡើយ» (ដកស្រង់ពី «ចំណុចទីប្រាំបី (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ពេលបំពេញភារកិច្ច ខ្ញុំគួរពិចារណាជាមុនសិន ពីរបៀបលះបង់ដួងចិត្ត និងកម្លាំងរបស់ខ្ញុំ និងរបៀបថែរក្សាការពារផលប្រយោជន៍របស់ពួកជំនុំ។ ព្រះជាម្ចាស់មានបន្ទូលថា បើមនុស្សចេះតែខ្លាចក្នុងការទទួលខុសត្រូវ តែងតែមានផែនការ និងគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធ និងគេចវេះពីភារកិច្ចរបស់ខ្លួន ពួកគេគឺជាមនុស្សបោកបញ្ឆោត អាត្មានិយម ថោកទាប និងមិនខុសពីអ្នកគ្មានជំនឿឡើយ។ ព្រះជាម្ចាស់ទ្រង់មានព្រះទ័យស្អប់ និងខ្ពើមរអើមនឹងមនុស្សបែបនេះណាស់។ ដើមដំបូង ខ្ញុំបានគិតថា ដោយសារខ្ញុំមិនដែលបំពេញភារកិច្ចជាអ្នកមើលការខុសត្រូវ ហើយគ្មានបទពិសោធ វានឹងជារឿងធម្មតាទេសម្រាប់ខ្ញុំក្នុងការបដិសេធភារកិច្ចនេះ ហើយនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ តែពេលនេះ ខ្ញុំបានដឹងថា ទាំងនេះគ្រាន់តែជាសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ហើយមិនស្របតាមសេចក្ដីពិតឡើយ។ ខ្ញុំគិតត្រឡប់ទៅពេលដែលខ្ញុំឮថា ខ្ញុំនឹងត្រូវបានតែងតាំងជាអ្នកមើលការខុសត្រូវ។ ខ្ញុំមិនមានអារម្មណ៍ថា នេះជាការប្រទានលើកតម្កើងរបស់ព្រះជាម្ចាស់ទេ ហើយមិនបានគិតពីរបៀបបំពេញភារកិច្ចនេះឲ្យបានល្អឡើយ។ ផ្ទុយទៅវិញ គំនិតដំបូងរបស់ខ្ញុំ គឺអំពីការទទួលខុសត្រូវជាច្រើនដែលខ្ញុំត្រូវរ៉ាប់រងក្នុងនាមជាអ្នកមើលការខុសត្រូវ ថាបើខ្ញុំធ្វើមិនបានល្អ ខ្ញុំនឹងត្រូវបានលួសកាត់ ហើយថាបើខ្ញុំបង្កឲ្យមានការបង្អាក់ និងរំខានណាមួយនោះ អនាគត និងវាសនារបស់ខ្ញុំអាចនឹងត្រូវចប់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងមានសុវត្ថិភាពជាង បើគ្រាន់តែជាសមាជិកក្រុមធម្មតា ព្រោះតាមរបៀបនេះ ខ្ញុំនឹងមិនចាំបាច់ទទួលខុសត្រូវច្រើន ហើយខ្ញុំនឹងមិនសូវប្រឈមហានិភ័យនៃការត្រូវបានបើកសម្ដែង ឬជម្រុះចោលឡើយ។ ក្រោយមក ទោះបីជាខ្ញុំបានទទួលភារកិច្ចនេះក៏ដោយ ក៏ខ្ញុំធ្វើទាំងស្ទាក់ស្ទើរចិត្តជាខ្លាំង ហើយខ្ញុំតែងសង្ឃឹមថា អ្នកដឹកនាំនឹងរកឃើញអ្នកផ្សេងមកជំនួសកន្លែងខ្ញុំ។ ខ្ញុំគិតអំពីរបៀបដែលអ្នកគ្មានជំនឿទាក់ទងគ្នា ពួកគេតែងតែប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមក តែងតែខ្លាចថាអ្នកដទៃអាចនឹងធ្វើទង្វើផ្ទុយនឹងផលប្រយោជន៍របស់គេ ដូច្នេះ ពួកគេតែងតែព្យាយាមលាក់លៀមអ្វីមួយទុក។ តែទោះបីជាខ្ញុំបានទទួលជឿព្រះជាម្ចាស់ និងកំពុងបំពេញភារកិច្ចក៏ដោយ ក៏ខ្ញុំនៅតែប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ជានិច្ច។ បើខ្ញុំមានអារម្មណ៍ថា ភារកិច្ចដែលពួកជំនុំរៀបចំឲ្យខ្ញុំ មិនបង្កការគំរាមកំហែងដល់អនាគតរបស់ខ្ញុំទេ នោះខ្ញុំស្ម័គ្រចិត្តលះបង់ និងធ្វើវា តែពេលណាខ្ញុំមានអារម្មណ៍ថា ភារកិច្ចទាំងនេះអាចមានហានិភ័យខ្លះ ខ្ញុំមិនចង់ធ្វើវាឡើយ។ ខ្ញុំតែងតែអះអាងថា ខ្ញុំគួរពិចារណាពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែពេលខ្ញុំប្រឈមមុខនឹងភារកិច្ចដែលត្រូវការការសហការរបស់ខ្ញុំ ខ្ញុំបែរជាគិតតែពីអនាគត និងវាសនាផ្ទាល់ខ្លួនទៅវិញ។ ខ្ញុំបានយកការខ្វះបទពិសោធរបស់ខ្ញុំមកធ្វើជាលេសដើម្បីគេចវេះពីភារកិច្ច ដោយមិនគិតពីព្រះជាម្ចាស់សោះឡើយ។ ខ្ញុំឃើញថា ខ្ញុំពិតជាអាត្មានិយម ថោកទាប ក្រឡេចក្រឡុច និងបោកបញ្ឆោតខ្លាំងណាស់។ អ្នកគ្មានជំនឿផ្ដល់អាទិភាពលើផលប្រយោជន៍ផ្ទាល់ខ្លួនលើសអ្វីៗទាំងអស់ ហើយតើគំនិតរបស់ខ្ញុំទាំងនេះ និងអ្វីដែលខ្ញុំកំពុងបង្ហាញចេញ មិនដូចគ្នានឹងអ្នកគ្មានជំនឿទេឬ? ខ្ញុំឃើញថា ខ្ញុំពិតជាខ្វះមនសិការ និងវិចារណញ្ញាណមែន។ ទោះបីជាមានរឿងជាច្រើនដែលខ្ញុំមិនយល់ក្នុងនាមជាអ្នកមើលការខុសត្រូវក៏ដោយ ក៏ខ្ញុំគួរតែបណ្ដុះបណ្ដាលជាមុនសិន និងមើលថាការងារទៅជាយ៉ាងណា។ បើខ្ញុំខិតខំអស់ពីសមត្ថភាពហើយ តែនៅតែមិនអាចបំពេញភារកិច្ចបាន នោះខ្ញុំនឹងមិនសោកស្ដាយឡើយ។ ក្រោយមក យ៉ាង ហ្វឹង បាននាំខ្ញុំទៅស្វែងយល់ពីការងាររបស់ក្រុមផ្សេងៗ។ ដំបូងឡើយ ខ្ញុំពិតជាច្របូកច្របល់ ហើយមិនដឹងថាត្រូវធ្វើអ្វី ឬត្រូវធ្វើយ៉ាងដូចម្ដេចឡើយ តែក្រោយមក ពេលខ្ញុំធ្វើវាបណ្ដើរ រាវរកផ្លូវបណ្ដើរ ខ្ញុំក៏រកឃើញផ្លូវទៅមុខ។

មិនយូរប៉ុន្មាន បក្សកុម្មុយនីស្តចិនបានបើកយុទ្ធនាការចាប់ខ្លួនអ្នកជឿទ្រង់ទ្រាយធំមួយទៀត ហើយយើងត្រូវផ្លាស់ទីជាបន្ទាន់ ព្រោះកន្លែងដែលយើងរស់នៅលែងមានសុវត្ថិភាព។ ស្ថានភាពនៅកន្លែងផ្សេងទៀតក៏អាក្រក់ដែរ។ អ្នកដឹកនាំថ្នាក់លើបានស្នើឲ្យពួកជំនុំនៅកន្លែងផ្សេងៗ ផ្ដល់បុគ្គលិកដែលមានគុណសម្បត្តិល្អសម្រាប់ភារកិច្ចផ្នែកអត្ថបទ។ ខ្ញុំគិតក្នុងចិត្តថា៖ «នៅក្នុងស្ថានភាពដ៏អាក្រក់ដែលយើងកំពុងជួបប្រទះពេលនេះ កិច្ចការពួកជំនុំខ្លះពិបាកនឹងអនុវត្តរួចទៅហើយ។ បើសិនជាមនុស្សដែលមានគុណសម្បត្តិល្អ ត្រូវបានផ្ទេរចេញទៅអស់ តើយើងអាចរំពឹងឲ្យការងារមានប្រសិទ្ធភាពទៅមុខដោយរបៀបណា? បើ យ៉ាង ហ្វឹង ក៏ចាកចេញនៅពេលដ៏សំខាន់នេះដែរ ក្រោយមក បើការងារគ្មានប្រសិទ្ធភាព ឬមានបញ្ហាកើតឡើង ខ្ញុំនឹងត្រូវទទួលខុសត្រូវ។ បើស្ថានការណ៍កាន់តែអាក្រក់ខ្លាំង ខ្ញុំអាចនឹងត្រូវបានដកហូតតំណែង ឬជម្រុះចោល ហើយពេលនោះ ខ្ញុំនឹងគ្មានអនាគត ឬវាសនាល្អឡើយ»។ ដោយគិតបែបនេះ ខ្ញុំមានវិប្បដិសារីដែលបានទទួលភារកិច្ចនេះតាំងពីដំបូង។ ចៃដន្យអី យ៉ាង ហ្វឹង មិនអាចចាកចេញពីតំបន់នេះបានទេមួយរយៈ ដោយសារហានិភ័យសុវត្ថិភាព ហើយខ្ញុំគិតថា៖ «បើគាត់មិនចាកចេញទេ នោះគាត់នឹងនៅតែទទួលខុសត្រូវលើការងារដដែល។ ទោះបីជាខ្ញុំជាអ្នកមើលការខុសត្រូវក៏ដោយ ក៏ខ្ញុំគ្រាន់តែជាជំនួយការប៉ុណ្ណោះ។ បើមានអ្វីខុសឆ្គងមែនទែននោះ អ្នកដឹកនាំនឹងនៅតែទៅរកគាត់ដដែល»។ ក្នុងអំឡុងពេលនោះ ខ្ញុំបានយកការរវល់នឹងការងារដែលកំពុងធ្វើមកធ្វើជាលេស ហើយមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះការងារជារួមឡើយ។ ខ្ញុំគិតក្នុងចិត្តថា៖ «ដោយសារ យ៉ាង ហ្វឹង មិនទាន់ចាកចេញ គាត់អាចដោះស្រាយបញ្ហាដែលកើតឡើងបាន»។ មិនយូរប៉ុន្មាន អ្នកដឹកនាំបានយល់ពីសភាពរបស់ខ្ញុំ ហើយបានផ្ញើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គមកឲ្យខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទយល់ឃើញថា ការទទួលបានព្រះពរសំខាន់ជាងស្ថានសួគ៌ សំខាន់ជាងជីវិត សំខាន់ជាងការដេញតាមសេចក្តីពិត ការផ្លាស់ប្តូរនិស្ស័យ ឬសេចក្ដីសង្រ្គោះផ្ទាល់ខ្លួន ហើយសំខាន់ជាងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងធ្វើជាភាវៈដែលព្រះបានបង្កើតមកដែលត្រូវតាមស្ដង់ដាទៅទៀត។ ពួកគេគិតថា ការធ្វើជាភាវៈដែលព្រះបានបង្កើតមក ដែលត្រូវតាមស្ដង់ដា ការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងការដែលត្រូវបានសង្រ្គោះ គឺសុទ្ធតែជារឿងកំប៉ិកកំប៉ុក ដែលគ្មានតម្លៃនឹងលើកមកនិយាយ ឬកត់សម្គាល់ឡើយ ចំណែកឯការទទួលបានព្រះពរវិញ គឺជារឿងតែមួយគត់នៅក្នុងជីវិតរបស់ពួកគេទាំងមូល ដែលមិនអាចបំភ្លេចបានឡើយ។ មិនថាពួកគេជួបប្រទះនឹងរឿងអ្វីនោះទេ មិនថាជារឿងតូចឬរឿងធំទេ ពួកគេផ្សារភ្ជាប់រឿងនោះទៅនឹងការទទួលបានព្រះពរ ហើយមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាខ្លាំង ហើយពួកគេតែងតែទុកផ្លូវសម្រាប់ខ្លួនពួកគេជានិច្ច» (ដកស្រង់ពី «ចំណុចទីដប់ពីរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ជាពិសេស មានមនុស្សមួយចំនួនដែលនៅពេលត្រូវបានស្នើសុំឱ្យទទួលខុសត្រូវចំពោះការងារជាក់លាក់ណាមួយ ពួកគេមិនបានពិចារណាពីរបៀបដែលពួកគេអាចបង្ហាញនូវភាពស្មោះត្រង់របស់ពួកគេ ឬរបៀបបំពេញភារកិច្ចនេះ និងធ្វើការងារនេះឱ្យបានល្អនោះទេ។ ផ្ទុយទៅវិញ ពួកគេពិចារណាពីរបៀបគេចវេះពីការទទួលខុសត្រូវ របៀបជៀសវាងពីការត្រូវលួសកាត់ របៀបជៀសវាងពីការទទួលខុសត្រូវណាមួយ និងរបៀបយករួចខ្លួនដោយគ្មានគ្រោះថ្នាក់នៅពេលមានបញ្ហា ឬពេលមានកំហុស។ ពួកគេគិតពីផ្លូវរត់គេចរបស់ខ្លួនឯងជាមុនសិន និងគិតពីរបៀបបំពេញចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ខ្លួនឯង មិនមែនគិតពីរបៀបបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ និងបង្ហាញនូវភាពស្មោះត្រង់របស់ពួកគេនោះទេ។ ... ដូច្នេះ តើមនុស្សប្រភេទណាដែលបំពេញភារកិច្ចរបស់ពួកគេដោយរបៀបនេះ? តើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតមែនទេ? ជាបឋម រឿងមួយដែលច្បាស់លាស់នោះគឺ៖ មនុស្សប្រភេទនេះមិនដេញតាមសេចក្ដីពិតទេ។ ពួកគេស្វែងរកការសប្បាយនឹងព្រះពរមួយចំនួន ក្លាយជាមនុស្សល្បីល្បាញ និងចង់លេចមុខលេចមាត់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដូចកាលដែលពួកគេធ្លាប់រស់នៅក្នុងសង្គមដែរ។ បើនិយាយពីសារជាតិវិញ តើពួកគេជាមនុស្សប្រភេទណា? ពួកគេគឺជាអ្នកមិនជឿ» (ដកស្រង់ពី «ចំណុចទីប្រាំបី (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ប្រសិនបើមនុស្សមិនយល់ពីសេចក្ដីពិតទេ នោះគ្មានអ្វីដែលពិបាកសម្រាប់ពួកគេក្នុងការលះបង់ជាងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ នេះគឺដោយសារតែ ទស្សនៈវិជ្ជានៃជីវិតរបស់ពួកគេគឺ 'មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់' និង 'មនុស្សស្លាប់ព្រោះប្រាក់ ឯសត្វស្លាប់ព្រោះចំណី'។ ច្បាស់ណាស់ ពួកគេរស់នៅដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ មនុស្សគិតថា ប្រសិនបើពួកគេគ្មានផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រសិនបើពួកគេបាត់បង់ផលប្រយោជន៍ទាំងនោះ ពួកគេនឹងមិនអាចរស់បានឡើយ ហាក់ដូចជាការរស់រានរបស់ពួកគេ អាស្រ័យលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេអ៊ីចឹង។ ដូច្នេះ មនុស្សភាគច្រើនមើលមិនឃើញអ្វីទាំងអស់ ក្រៅពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចាត់ទុកផលប្រយោជន៍របស់ខ្លួនថាស្ថិតនៅពីលើអ្វីៗទាំងអស់ ហើយរស់នៅដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនខ្ចីកម្រើកម្រាមដៃឡើយ លុះត្រាតែមានផលប្រយោជន៍សម្រាប់ខ្លួនឯង ហើយការឱ្យពួកគេលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន គឺប្រៀបដូចជាការឱ្យពួកគេលះបង់ជីវិតរបស់ខ្លួនអ៊ីចឹង» («ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់ទ្រង់បើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកការទទួលបានព្រះពរ ជាគោលដៅនៃការជឿព្រះជាម្ចាស់។ ពួកគេមិនខិតខំដេញតាមសេចក្ដីពិតឡើយ ហើយភ្ជាប់គ្រប់យ៉ាងដែលកើតឡើងទៅនឹងការទទួលបានព្រះពរ។ ជាពិសេស ទាក់ទងនឹងភារកិច្ចដែលពួកជំនុំចាត់តាំង ពួកគេតែងតែខ្លាចក្នុងការទទួលខុសត្រូវ ឬធ្វើឲ្យមានអំពើរំលងដោយសារការពន្យារពេលការងារ ហើយពួកគេប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ជានិច្ច ដោយសារខ្លាចត្រូវបានជម្រុះចោល និងបាត់បង់ឱកាសទទួលបានព្រះពរ។ ពួកគេពិតជាទុច្ចរិត និងបោកបញ្ឆោតមែន! ខ្ញុំឃើញថា ឥរិយាបថរបស់ខ្ញុំគឺដូចជាពួកទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង។ តាំងពីខ្ញុំត្រូវបានចាត់តាំងឲ្យបំពេញភារកិច្ចជាអ្នកមើលការខុសត្រូវមក អ្វីដែលខ្ញុំអាចគិតបានគឺថា ការធ្វើមិនបានល្អអាចប៉ះពាល់ដល់ការងារយ៉ាងដូចម្ដេច ហើយអាចនាំឲ្យខ្ញុំត្រូវបានបើកសម្ដែង និងជម្រុះចោល ព្រមទាំងបាត់បង់ឱកាសទទួលបានព្រះពរ។ គំនិតរបស់ខ្ញុំមិនមែននៅត្រង់ថា ធ្វើដូចម្ដេចទើបឱ្យខ្លួនឯងស្វែងយល់ពីការងារបានឆាប់រហ័ស ឬធ្វើដូចម្ដេចទើបដោះស្រាយបញ្ហាផ្សេងៗនៅក្នុងការងារឡើយ។ ខ្ញុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដោយឆ្លុះបញ្ចាំងពីឥរិយាបថរបស់ខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានគ្រប់គ្រងដោយពិសរបស់សាតាំងដែលថា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់»។ គ្រប់យ៉ាងដែលខ្ញុំធ្វើ និងនិយាយ គឺផ្អែកលើគោលការណ៍នៃផលប្រយោជន៍ផ្ទាល់ខ្លួន ហើយខ្ញុំពិតជាអាត្មានិយម និងថោកទាបខ្លាំងណាស់។ ខ្ញុំដឹងច្បាស់ថា ពេលដែល យ៉ាង ហ្វឹង ត្រូវបានចាត់តាំងជាថ្មី នឹងគ្មាននរណាម្នាក់មើលការខុសត្រូវការងារផ្នែកអត្ថបទនៃពួកជំនុំជាច្រើនឡើយ ហើយថាការងារនឹងរងផលប៉ះពាល់ តែខ្ញុំនៅតែបារម្ភពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយស្ទាក់ស្ទើរក្នុងការទទួលភារកិច្ចនេះ។ ទោះបីជាខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗ ហើយខ្ញុំយល់ថា ពេលពួកជំនុំដំឡើងនរណាម្នាក់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺដើម្បីឲ្យពួកគេទទួលការបណ្ដុះបណ្ដាល និងយល់ពីសេចក្ដីពិត មិនមែនដើម្បីបើកសម្ដែង និងជម្រុះពួកគេចោលឡើយ ក៏ខ្ញុំនៅតែមានអារម្មណ៍មិនមានសុវត្ថិភាព ហើយគ្មានភាពក្លាហានក្នុងការផ្ទុកផ្ដាក់គ្រប់យ៉ាងទៅលើព្រះជាម្ចាស់ដែរ។ ជាពិសេស ក្រោយការចាប់ខ្លួនរបស់បក្សកុម្មុយនីស្តចិន ការងារបានជួបប្រទះការលំបាកផ្សេងៗ ហើយមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ នឹងទទួលខុសត្រូវយ៉ាងសកម្មមិនខាន។ តែអ្វីដែលខ្ញុំគិត គឺអំពីអនាគតផ្ទាល់ខ្លួនរបស់ខ្ញុំ និងរបៀបដែលខ្ញុំអាចទុកផ្លូវក្រោយសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ដើម្បីចៀសវាងការទទួលខុសត្រូវ ខ្ញុំបានយកការរវល់នឹងការងារដែលកំពុងធ្វើមកធ្វើជាលេស ដើម្បីកុំឲ្យចូលរួមក្នុងការងារជារួម ហើយខ្ញុំថែមទាំងគិតថា ដោយសារ យ៉ាង ហ្វឹង កំពុងប្រឈមហានិភ័យ វានឹងមិនងាយស្រួលសម្រាប់គាត់ក្នុងការបំពេញភារកិច្ចនៅកន្លែងផ្សេងឡើយ ដូច្នេះ ខ្ញុំនឹងមិនចាំបាច់ធ្វើជាអ្នកមើលការខុសត្រូវ ហើយដាក់ខ្លួនឯងឲ្យប្រឈមហានិភ័យឡើយ។ ខ្ញុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតដល់កិច្ចការពួកជំនុំសោះ។ ខ្ញុំថែមទាំងប៉ងឲ្យអ្នកដទៃជួបរឿងអាក្រក់ ហើយបញ្ចេញគំនិតព្យាបាទទៀតផង។ តើខ្ញុំមានភាពជាមនុស្សត្រង់កន្លែងណាទៅ? ខ្ញុំឃើញថា ខ្ញុំគ្រាន់តែជឿព្រះជាម្ចាស់ដើម្បីទទួលបានព្រះពរ និងរង្វាន់ប៉ុណ្ណោះ ហើយឃើញថា ទោះបីជាខ្ញុំអាចបំពេញភារកិច្ចខ្លះក៏ដោយ ក៏ខ្ញុំគ្រាន់តែព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ ពេលដែលចាំបាច់ពិតមែនឲ្យខ្ញុំទទួលខុសត្រូវ ខ្ញុំបែរជាពួននៅឆ្ងាយទៅវិញ។ ក្នុងចិត្តខ្ញុំ គ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ឬភារកិច្ចរបស់ខ្ញុំឡើយ! អ្វីដែលខ្ញុំចេះតែនិយាយដូចជា «ខ្ញុំនឹងបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងពិចារណាពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» គឺសុទ្ធតែជាពាក្យសម្ដីទទេសូន្យ។ ខ្ញុំគ្រាន់តែនិយាយពាក្យពីរោះស្ដាប់ ដើម្បីព្យាយាមយកព្រះទ័យព្រះជាម្ចាស់ប៉ុណ្ណោះ ដើម្បីឲ្យទ្រង់ប្រទានគោលដៅល្អដល់ខ្ញុំនៅថ្ងៃអនាគត។ តើខ្ញុំមិនមែនគ្រាន់តែព្យាយាមបោកបញ្ឆោត និងប្រើប្រាស់ព្រះជាម្ចាស់ទេឬ? ខ្ញុំបានដឹងថា ខ្ញុំមិនត្រឹមតែអាត្មានិយម និងថោកទាបប៉ុណ្ណោះទេ តែខ្ញុំថែមទាំងមាននិស្ស័យទុច្ចរិតយ៉ាងពិតប្រាកដទៀតផង។ ខ្ញុំកាន់តែឆ្លុះបញ្ចាំង ខ្ញុំកាន់តែមានអារម្មណ៍ថា អ្វីដែលខ្ញុំបានបង្ហាញចេញមក គឺគួរឲ្យស្អប់ និងគួរឲ្យខ្ពើមរអើមចំពោះព្រះជាម្ចាស់ណាស់។ ខ្ញុំគិតអំពីកម្ពស់ និងបទពិសោធដ៏មានកម្រិតរបស់ខ្ញុំ ហើយខ្ញុំឃើញថា ព្រះជាម្ចាស់បានប្រោសប្រទានព្រះគុណដល់ខ្ញុំ ដោយប្រទានឱកាសឲ្យខ្ញុំទទួលការបណ្ដុះបណ្ដាលក្នុងភារកិច្ចជាអ្នកមើលការខុសត្រូវ ហើយឃើញថា នេះគឺដើម្បីឲ្យខ្ញុំអាចចាប់យល់គោលការណ៍បានឆាប់រហ័ស និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ តែខ្ញុំមិនបានឲ្យតម្លៃចំពោះឱកាសដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំនេះទេ ហើយក៏មិនបានគិតពីរបៀបបំពេញភារកិច្ចឲ្យបានល្អ និងតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ខ្ញុំបានបដិសេធ និងគេចវេះពីភារកិច្ចរបស់ខ្ញុំ។ ខ្ញុំពិតជាខ្វះមនសិការ និងវិចារណញ្ញាណ ហើយមិនអាចបែងចែកល្អ និងអាក្រក់បានឡើយ! ដោយដឹងរឿងនេះ ខ្ញុំពោរពេញដោយវិប្បដិសារី និងអារម្មណ៍ជំពាក់គុណ ហើយខ្ញុំចង់ឆ្លៀតឱកាសរៀនសូត្រពី យ៉ាង ហ្វឹង ឲ្យបានច្រើនតាមដែលអាចធ្វើបាន ក្នុងពេលដែលគាត់នៅទីនេះ។ មិនយូរប៉ុន្មាន យ៉ាង ហ្វឹង និងបងប្អូនប្រុសស្រីមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួន ហើយការងារទាំងអស់បានធ្លាក់មកលើស្មារបស់ខ្ញុំ។ ទោះបីជាមានសម្ពាធខ្លះក៏ដោយ ក៏ខ្ញុំដឹងថា ខ្ញុំមិនអាចរត់គេចពីស្ថានការណ៍នេះបានទេ ហើយថាខ្ញុំត្រូវតែទទួលយកភារកិច្ចរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានសហការជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីបំពេញភារកិច្ច។

ម្ដងនោះ ខ្ញុំបានបោះចោលអត្ថបទទីបន្ទាល់តាមរយៈបទពិសោធមួយ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយអ្នកដឹកនាំថ្នាក់លើបានផ្ញើសំបុត្រមកដើម្បីឱ្យតាមដាន និងពិនិត្យមើលរឿងនេះ។ ខ្ញុំគិតថា៖ «នេះមិនមែនជារឿងតូចតាចទេ។ នេះប្រហែលជាមិនត្រឹមតែជារឿងនៃការត្រូវបានលួសកាត់ប៉ុណ្ណោះទេ ហើយក្នុងករណីអាក្រក់បំផុត ខ្ញុំថែមទាំងអាចត្រូវបានដកហូតតំណែងទៀតផង»។ ខ្ញុំបានឆ្លុះបញ្ចាំងពីមូលហេតុនៃបញ្ហានេះ ក្នុងពេលរង់ចាំអ្នកដឹកនាំដោះស្រាយវា។ អ្នកដឹកនាំបានដឹងថា នេះជាលើកទីមួយហើយដែលយើងមានបញ្ហាបែបនេះ ដូច្នេះ ពួកគេមិនបានដាក់ទោសយើងទេ តែពួកគេបានលើកទឹកចិត្តឲ្យយើងឆ្លុះបញ្ចាំង និងសរុបសេចក្ដីបន្ថែមទៀត។ នៅពេលនោះ ខ្ញុំគិតថា៖ «ការទទួលខុសត្រូវនៃភារកិច្ចនេះធំពេកហើយ។ ហេតុអ្វីក៏ខ្ញុំមិនប្រាប់អ្នកដឹកនាំថា ខ្ញុំមិនអាចបំពេញភារកិច្ចនេះបាន ហើយសុំទទួលភារកិច្ចដែលមានការទទួលខុសត្រូវតិចជាងនេះវិញទៅ?» ខណៈពេលដែលខ្ញុំកំពុងគិតបែបនេះ ខ្ញុំបានដឹងថាគំនិតទាំងនេះខុស ហើយខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «តើអ្នកជឿថាព្រះជាម្ចាស់ពិនិត្យពិច័យគ្រប់ទាំងអស់ដែរឬទេ? មនុស្សគ្រប់រូបសុទ្ធតែធ្វើខុស។ ប្រសិនបើមនុស្សម្នាក់ដែលមានបំណងត្រឹមត្រូវ តែខ្វះបទពិសោធ ហើយមិនធ្លាប់ចាត់ចែងរឿងប្រភេទណាមួយពីមុនមក ប៉ុន្តែពួកគេបានព្យាយាមអស់ពីសមត្ថភាពហើយ នោះព្រះជាម្ចាស់នឹងទតឃើញ។ អ្នកត្រូវតែជឿថាព្រះជាម្ចាស់ពិនិត្យពិច័យរបស់សព្វសារពើ និងចិត្តរបស់មនុស្សផងដែរ។ ប្រសិនបើ មនុស្សមិនជឿសូម្បីតែរឿងនេះ តើពួកគេមិនមែនជាអ្នកមិនជឿទេឬ?» (ដកស្រង់ពី «ចំណុចទីប្រាំបី (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំយល់ថា ព្រះជាម្ចាស់ទ្រង់មិនប្រព្រឹត្តចំពោះយើងដោយផ្អែកលើលទ្ធផលនៃព្រឹត្តិការណ៍តែមួយមុខនោះទេ តែទ្រង់ក៏ព្រះតំរិះពីចេតនារបស់យើងនៅក្នុងភារកិច្ច និងបរិបទដែលបញ្ហាកើតឡើងផងដែរ។ ឧទាហរណ៍ មនុស្សខ្លះប្រហែលជាទើបតែទទួលភារកិច្ច ហើយដោយសារពួកគេមិនទាន់បានបណ្ដុះបណ្ដាលយូរ និងមានការយល់ដឹងអំពីគោលការណ៍នៅមានកម្រិត នោះសេចក្ដីវៀចវេរអាចនឹងកើតឡើងនៅក្នុងភារកិច្ចរបស់គេ ហើយពួកគេគួរត្រូវបានផ្ដល់ការប្រកបគ្នា និងជំនួយជាមុនសិន។ បើសិនជាក្រោយពេលបណ្ដុះបណ្ដាលបានមួយរយៈ ពួកគេនៅតែមិនរីកចម្រើន ដោយសារគុណសម្បត្តិអន់ខ្សោយ នោះពួកគេគួរត្រូវបានចាត់តាំងជាថ្មី ទៅកាន់ភារកិច្ចដែលកាន់តែស័ក្ដិសម។ ប៉ុន្តែ បើគុណសម្បត្តិរបស់ពួកគេអាចទទួលយកបាន តែពួកគេចេះតែពឹងអាងលើចេតនាផ្ទាល់ខ្លួន និងនិស្ស័យពុករលួយនៅក្នុងភារកិច្ច ហើយពួកគេរំលោភលើគោលការណ៍ និងបង្កការបង្អាក់ និងរំខាន នោះពួកគេត្រូវតែទទួលបានការលួសកាត់។ ហើយបើពួកគេនៅតែមិនប្រែចិត្តទេ ពួកគេនឹងត្រូវដកហូតតំណែង និងជម្រុះចោល។ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សត្រូវបានប្រព្រឹត្តចំពោះស្របតាមគោលការណ៍ ដោយមិនគិតថាពួកគេបំពេញភារកិច្ចអ្វី ឬថាតើពួកគេជាអ្នកមើលការខុសត្រូវឬអត់ឡើយ។ ដូចជាអ្នកមើលការខុសត្រូវដែលខ្ញុំបានឃើញ កាលខ្ញុំទើបតែបំពេញភារកិច្ចផ្នែកអត្ថបទដំបូង ដែលត្រូវបានដកហូតតំណែងនោះ គាត់បានរស់នៅក្នុងសភាពខុសឆ្គងជាយូរមកហើយ និងបំពេញភារកិច្ចតាមរបៀបដ៏ក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ហើយដោយមិនស្វែងរកគោលការណ៍ឡើយ ហើយគាត់បានបង្អាក់ការងារយ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះបាននាំឲ្យគាត់ត្រូវបានដកហូតតំណែង។ តែព្រះដំណាក់របស់ព្រះជាម្ចាស់មិនបានបណ្ដេញគាត់ចេញដោយសាររឿងនេះទេ ហើយពេលគាត់ចាប់ផ្ដើមឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយព្រមប្រែចិត្ត ព្រះដំណាក់របស់ព្រះជាម្ចាស់បានផ្ដល់ឱកាសមួយទៀតដល់គាត់ ហើយគាត់នៅតែបំពេញភារកិច្ចរបស់គាត់រហូតដល់សព្វថ្ងៃ។ ម្យ៉ាងវិញទៀត មនុស្សខ្លះធ្វើអំពើអាក្រក់យ៉ាងអនាធិបតេយ្យនៅក្នុងភារកិច្ចរបស់ខ្លួន ហើយពួកគេបង្អាក់ និងរំខានដល់ការងារ និងមិនព្រមប្រែចិត្ត។ មនុស្សបែបនេះ ទោះបីជាពួកគេទទួលខុសត្រូវតិចតួច ឬមិនមែនជាអ្នកមើលការខុសត្រូវ ឬអ្នកដឹកនាំ និងអ្នកធ្វើការក៏ដោយ ក៏នឹងត្រូវបានជម្រុះចោលដែរ។ ដោយដឹងរឿងនេះ ខ្ញុំទទួលបានការយល់ដឹងខ្លះអំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ កាលពីមុន ខ្ញុំចាត់ទុកព្រះជាម្ចាស់ដូចជាមន្ត្រីរដ្ឋាភិបាល ដែលនឹងធ្វើបាប និងគាបសង្កត់មនុស្ស បើគាត់ឃើញពួកគេធ្វើខុស ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់គាត់ ហើយជាអ្នកដែលមិនពិចារណាពីបរិបទនៃស្ថានភាពសោះ កុំថាឡើយប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើសារជាតិរបស់ពួកគេនោះ។ ខ្ញុំគិតថា បើនរណាម្នាក់គ្រាន់តែនិយាយខុស ឬធ្វើអ្វីមួយដែលទាស់នឹងបំណងរបស់គាត់បន្ដិចបន្តួច នោះគាត់អាចប្រើអំណាចរបស់គាត់ ដើម្បីចាត់ការអ្នកនោះមិនខាន។ ការវិនិច្ឆ័យព្រះជាម្ចាស់ដោយទស្សនៈបែបនេះ គឺជាការមួលបង្កាច់ និងជាការប្រមាថដល់ទ្រង់! ដោយដឹងបែបនេះ ខ្ញុំបានបោះបង់ការប្រយ័ត្នប្រយែង និងការយល់ច្រឡំចំពោះព្រះជាម្ចាស់ ហើយខ្ញុំឃើញថា ខ្លួនឯងអាចប្រឈមមុខនឹងភារកិច្ចដោយស្ងប់ចិត្ត។ ពេលដោះស្រាយការងារ ឬពិនិត្យអត្ថបទ ខ្ញុំនឹងយកចិត្តទុកដាក់ខ្លាំងជាងមុន និងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ហើយបើមានបញ្ហាកើតឡើងពិតមែន ដែលតម្រូវឲ្យខ្ញុំទទួលខុសត្រូវ ខ្ញុំនឹងចុះចូល ប្រឈមមុខនឹងវា និងដកពិសោធពីវា។

ពេលខ្ញុំបំពេញភារកិច្ចឥឡូវនេះ ជួនកាលខ្ញុំនៅតែគិតពីអនាគត និងវាសនារបស់ខ្ញុំ ដោយខ្លាចថា បើខ្ញុំធ្វើមិនបានល្អ វានឹងបង្កជាការបង្អាក់ និងរំខាន ហើយខ្ញុំអាចនឹងត្រូវបានបើកសម្ដែង និងជម្រុះចោល តែខ្ញុំអាចអធិស្ឋានទៅព្រះជាម្ចាស់ បះបោរប្រឆាំងនឹងគំនិតទាំងនេះ និងបំពេញភារកិច្ចរបស់ខ្ញុំតាមធម្មតា។ ជួនកាល ខ្ញុំប្រហែលជាមើលរឿងរ៉ាវមិនច្បាស់ ឬមិនបំពេញភារកិច្ចដោយមនសិការ ដែលនាំឲ្យមានបញ្ហា ប៉ុន្តែខ្ញុំគ្រាន់តែមិនរស់នៅក្នុងការប្រយ័ត្នប្រយែង និងការយល់ច្រឡំប៉ុណ្ណោះ។ ផ្ទុយទៅវិញ ខ្ញុំអាចប្រព្រឹត្តចំពោះរឿងរ៉ាវយ៉ាងត្រឹមត្រូវ ឆ្លុះបញ្ចាំងពីខ្លួនឯង និងស្វែងរកមូលហេតុនៃបញ្ហាទាំងនេះបានទាន់ពេលវេលា ហើយកែប្រែស្ថានការណ៍ភ្លាមៗ ពេលដែលខ្ញុំរកឃើញបញ្ហា។ ដោយការអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍សុខសាន្ត និងស្ងប់សុខក្នុងចិត្ត។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៥. ការឈឺចាប់ដែលមិនអាចលុបបាន

បន្ទាប់៖ ៤៨. ការដកចេញនូវការក្លែងបន្លំ ពិតជាធ្វើឱ្យធូរស្បើយមែន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ