២០. ការឆ្លុះបញ្ចាំងអំពី ការដែលតែងតែច្រណែនអ្នកដទៃ
ខ្ញុំ និងស៊ាវយៀដែលជាអ្នកជិតខាងរបស់ខ្ញុំ គឺជាមិត្តរួមការងារ ហើយក៏ជាមិត្តល្អនឹងគ្នាដែរ។ នៅឆ្នាំ ២០១៣ យើងទាំងពីរនាក់បានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយក្នុងពេលតែមួយ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ បន្ទាប់ពីបានជឿព្រះជាម្ចាស់ យើងបានចូលរួមការជួបជុំជាមួយគ្នា។ យូរៗទៅ ខ្ញុំកត់សម្គាល់ឃើញថា ស៊ាវយៀមានសមត្ថភាពក្នុងការយល់ដឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយការប្រកបគ្នាអំពីសេចក្ដីពិតរបស់នាងពោរពេញដោយការស្រាយបំភ្លឺ ហើយរាល់ពេលដែលស៊ាវយៀប្រកបគ្នាអំពីការយល់ដឹងរបស់នាងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកអ្នកដឹកនាំតែងតែងក់ក្បាលពេញចិត្ត ហើយខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍មិនសប្បាយចិត្ត។ មើលទៅហាក់ដូចជាពួកអ្នកដឹកនាំពិតជាកោតសរសើរ ស៊ាវយៀណាស់ ហើយខ្ញុំគិតថា ខ្ញុំត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត មិនឱ្យចាញ់ស៊ាវយៀឡើយ។ ដូច្នេះ មុនពេលជួបជុំម្ដងៗ ខ្ញុំតែងតែសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីផ្ទះ ប៉ុន្តែក្នុងអំឡុងពេលជួបជុំ ការប្រកបគ្នារបស់ខ្ញុំនៅតែខ្វះការស្រាយបំភ្លឺដូចដែលស៊ាវយៀមានដដែល។ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានវិបត្តិ។ ក្រោយមក យើងទាំងពីរនាក់បានទទួលភារកិច្ចជាប្រធានក្រុម ហើយខ្ញុំកត់សម្គាល់ឃើញថា ស៊ាវយៀ ត្រូវទទួលខុសត្រូវលើក្រុមច្រើនជាងខ្ញុំ។ ក្នុងអំឡុងពេលជួបជុំ ពួកអ្នកដឹកនាំតែងតែឲ្យស៊ាវយៀប្រកបគ្នាមុនគេ ហើយខ្ញុំក៏គិតក្នុងចិត្តថា៖ «មើលទៅហាក់ដូចជាពួកអ្នកដឹកនាំពិតជាឲ្យតម្លៃនាងណាស់ ពួកគេតែងតែឲ្យស៊ាវយៀមុនគេជានិច្ច។ យើងទាំងពីរនាក់បានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយក្នុងពេលតែមួយ ចុះហេតុអ្វីបានជានាងទទួលខុសត្រូវក្រុមច្រើនជាងខ្ញុំ? តើនាងពិតជាពូកែជាងខ្ញុំមែនទេ? តើជំនឿរបស់នាងពិតជាខ្លាំងជាងខ្ញុំមែនទេ?» ខ្ញុំមានអារម្មណ៍មិនសុខចិត្តយ៉ាងខ្លាំង ខ្ញុំពោរពេញដោយការព្រួយបារម្ភអន្ទះអន្ទែង ហើយមានអារម្មណ៍បាត់បង់យ៉ាងចម្លែក។ កាលពីមុន ខ្ញុំតែងតែពិភាក្សារាល់អ្វីដែលខ្ញុំមិនយល់ដឹងជាមួយស៊ាវយៀ ប៉ុន្តែឥឡូវនេះ ខ្ញុំលែងទៅរកនាងទៀតហើយ។ ខ្ញុំគិតថា បើខ្ញុំចេះតែសួរនាងរហូតបែបនេះ ធ្វើឲ្យខ្ញុំមើលទៅអន់ជាងនាងហើយ។ ជួនកាល ពេលខ្ញុំឃើញស៊ាវយៀ ខ្ញុំតែងតែគេចមុខពីនាង ហើយពួកយើងក៏មិនសូវស្និទ្ធស្នាលនឹងគ្នាដូចមុនទៀតដែរ។ ក្រោយមក ពួកជំនុំបានរៀបចំការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ហើយទាំងខ្ញុំ និងស៊ាវយៀ សុទ្ធតែជាបេក្ខភាព។ ខ្ញុំគិតថា ស៊ាវយៀពិតជាស័ក្ដិសមធ្វើជាអ្នកដឹកនាំ បើមើលពីគុណសម្បត្តិ និងការដេញតាមសេចក្ដីពិតរបស់នាង។ ប៉ុន្តែបន្ទាប់មក ខ្ញុំក៏គិតថា៖ «យើងទាំងពីរនាក់ចាប់ផ្ដើមជឿព្រះជាម្ចាស់ និងបំពេញភារកិច្ចជាមួយគ្នា។ បើនាងក្លាយជាអ្នកដឹកនាំ ចំណែកឯខ្ញុំនៅត្រឹមជាប្រធានក្រុមដដែលនោះ តើអ្នកដទៃនឹងមើលមកខ្ញុំយ៉ាងដូចម្ដេច? តើពួកគេមិនគិតថាខ្ញុំអន់ជាងនាងទេឬ?» ខ្ញុំចាប់ផ្ដើមគិតអំពីវិធីដែលខ្ញុំអាចរារាំងនាងមិនឲ្យជាប់ឆ្នោតជាអ្នកដឹកនាំ។ ខ្ញុំមិនអាចគ្រប់គ្រងថាអ្នកដទៃបោះឆ្នោតឲ្យនាងឬអត់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំអាចជ្រើសរើសមិនបោះឆ្នោតឲ្យនាងបាន។ ដូច្នេះ ខ្ញុំក៏បានបោះឆ្នោតឲ្យអ្នកផ្សេង។ ប៉ុន្តែនៅទីបញ្ចប់ ស៊ាវយៀនៅតែជាប់ឆ្នោតជាអ្នកដឹកនាំដដែល។ ខ្ញុំមានអារម្មណ៍មិនសុខចិត្តបន្តិចបន្តួច ហើយនៅយប់នោះ ខ្ញុំក្រឡាប់ចុះក្រឡាប់ឡើងនៅលើគ្រែ គេងមិនលក់សោះ។ ខ្ញុំគិតថា៖ «ខ្ញុំនិងស៊ាវយៀបានជឿលើព្រះជាម្ចាស់ក្នុងពេលដំណាលគ្នា ប៉ុន្តែឥឡូវនេះ នាងជាអ្នកដឹកនាំ ឯខ្ញុំគ្រាន់តែជាប្រធានក្រុមប៉ុណ្ណោះ។ តើនេះមិនធ្វើឲ្យខ្ញុំមើលទៅអន់ជាងនាងទេឬ?» ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់។
មានពេលមួយ ខ្ញុំកំពុងជជែកលេងជាមួយអ្នកដឹកនាំនៅផ្ទះរបស់គាត់អំពីការបោះឆ្នោត។ អ្នកដឹកនាំបានកត់សម្គាល់ឃើញពីការច្រណែនរបស់ខ្ញុំ ហើយក៏សួរខ្ញុំថា៖ «តើអ្នកមានអារម្មណ៍យ៉ាងណា ពេលឃើញស៊ាវយៀជាប់ឆ្នោតជាអ្នកដឹកនាំ? តើអ្នកច្រណែននាងឬទេ?» ឮបែបនេះ មុខខ្ញុំក៏ក្ដៅភាយៗ ហើយខ្ញុំក្រវីក្បាលទាំងទើសទាល់ រួចនិយាយថា៖ «ពួកយើងជាមិត្តល្អនឹងគ្នា តើខ្ញុំអាចច្រណែននាងម្ដេចទៅរួច?» នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ ខ្ញុំចេះតែគិតអំពីអ្វីដែលអ្នកដឹកនាំបាននិយាយ។ ដោយសារតែអ្នកដឹកនាំនិយាយថា ខ្ញុំច្រណែនស៊ាវយៀ ខ្ញុំដឹងថា នេះគឺជាបញ្ហាដែលខ្ញុំប្រាកដជាមានហើយ។ ពេលខ្ញុំដើរជិតដល់ផ្ទះ ខ្ញុំក៏ឃើញអ្នកជិតខាងកំពុងឱ្យចំណីឆ្កែរបស់គាត់។ ខណៈពេលដែលឆ្កែពីរក្បាលកំពុងស៊ី ឆ្កែមួយក្បាលទៀតឈ្មោះ អ៊ើស៊ុង បានត្រឹមឈរមើលនៅក្បែរនោះ។ ខ្ញុំក៏សួរអ្នកជិតខាងរបស់ខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកមិនឲ្យចំណីអ៊ើស៊ុង ស៊ីដែរ?» អ្នកជិតខាងនោះនិយាយថា៖ «ឆ្កែមួយនេះស្លូតណាស់ ទោះបីអ្នកមិនឲ្យចំណីវា ក៏វាគ្រាន់តែរង់ចាំ វាមិនឈ្លោះ ឬដណ្ដើមគេទេ»។ ពេលឮសម្ដីអ្នកជិតខាងរបស់ខ្ញុំ ខ្ញុំក៏នឹកឃើញដល់អ្វីដែលអ្នកដឹកនាំបានចង្អុលបង្ហាញខ្ញុំ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងចិត្ត។ ខ្ញុំគិតថា «សូម្បីតែសត្វឆ្កែក៏មិនឈ្លោះ ឬប្រកួតប្រជែងដែរ តែខ្ញុំបែរជាតែងតែប្រកួតប្រជែងជាមួយស៊ាវយៀទៅវិញ។ នេះធ្វើឲ្យខ្ញុំអាក្រក់ជាងសត្វឆ្កែទៅទៀត»។ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយលុតជង្គង់អធិដ្ឋាននៅចំពោះព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ការឃើញស៊ាវយៀជាប់ឆ្នោតជាអ្នកដឹកនាំ ធ្វើឲ្យទូលបង្គំមានអារម្មណ៍មិនសប្បាយចិត្ត។ អ្នកដឹកនាំនិយាយថា ទូលបង្គំច្រណែននាង ប៉ុន្តែទូលបង្គំមិនបានដឹងខ្លួនពីរឿងនេះទេ។ សូមបំភ្លឺទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចស្គាល់ពីបញ្ហារបស់ខ្លួនឯងបាន»។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះថា៖ «ពេលនេះ អ្នករាល់គ្នាសុទ្ធតែបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោង។ អ្នកមិនជាប់ចំណងគ្រួសារ អាពាហ៍ពិពាហ៍ ឬទ្រព្យសម្បត្តិឡើយ។ អ្នកបានងើបផុតពីរឿងទាំងនោះរួចហើយ។ ក៏ប៉ុន្តែ សញ្ញាណ ការស្រមើស្រមៃ ចំណេះដឹង គោលបំណង និងបំណងប្រាថ្នាផ្ទាល់ខ្លួន ដែលមានពេញនៅក្នុងក្បាលរបស់អ្នក នៅតែមិនទាន់ផ្លាស់ប្ដូរទាំងស្រុងដដែល។ ដូច្នេះ នៅពេលនិយាយដល់អ្វីៗដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ ឋានៈ ឬឱកាសដើម្បីលេចធ្លោ ឧទាហរណ៍ នៅពេលដែលអ្នករាល់គ្នាឮថា ផ្ទះរបស់ព្រះជាម្ចាស់មានផែនការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យផ្សេងៗ អ្នករាល់គ្នាម្នាក់ៗមានចិត្តរមាស់ចង់បាន ហើយចង់ធ្វើឱ្យខ្លួនឯងមានមុខមានមាត់ និងចង់លេចធ្លោ។ អ្នករាល់គ្នាសុទ្ធតែចង់ដណ្ដើមប្រជែងយកកេរ្តិ៍ឈ្មោះ និងឋានៈ។ អ្នកមានអារម្មណ៍ខ្មាសអៀនក្នុងការធ្វើទង្វើបែបនេះ ប៉ុន្តែអ្នកមិនសុខចិត្តបោះបង់វាចោលឡើយ។ អ្នកមានអារម្មណ៍ច្រណែន ស្អប់ និងរអ៊ូរទាំ នៅពេលណាដែលអ្នកឃើញមនុស្សដែលត្រូវបានជ្រើសរើស និងបានលេចធ្លោ ហើយគិតថា វាជារឿងមិនយុត្តិធម៌ទេ៖ “ហេតុអ្វីបានជាខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាអ្នកដទៃតែងតែបានលេចធ្លោ? ហេតុអ្វីបានជាមិនដែលដល់វេនខ្ញុំសោះអ៊ីចឹង?” អ្នកមានអារម្មណ៍អាក់អន់ចិត្តនៅក្នុងចិត្តរបស់អ្នក ហើយទោះបីជាអ្នកព្យាយាមសង្កត់វាទុកក៏ដោយ ក៏អ្នកធ្វើមិនបានដែរ។ នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយសភាពរបស់អ្នកអាចនឹងប្រសើរឡើងមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបប្រទះនឹងស្ថានភាពបែបនេះម្ដងទៀត អ្នកនៅតែមិនអាចយកឈ្នះវាបានដដែល។ តើនេះមិនមែនជាការសម្ដែងចេញនៃកម្ពស់ដ៏ទាបទេឬអី? នៅពេលដែលអ្នកជាប់នៅក្នុងសភាពបែបនេះ តើអ្នកមិនបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងទេឬអី? នេះហើយជារបៀបដែលធម្មជាតិពុករលួយរបស់សាតាំងចងរឹតមនុស្ស។ ... នៅពេលដែលអ្នកកាន់តែដណ្ដើមយកកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ នោះចិត្តរបស់អ្នកនឹងកាន់តែងងឹត។ នៅពេលដែលអ្នកកាន់តែដណ្ដើមយករបស់ទាំងនោះ នោះសេចក្ដីច្រណែន និងសេចក្ដីស្អប់របស់អ្នកចំពោះអ្នកដទៃ នឹងកាន់តែធំឡើង។ អ្នកនឹងកាន់តែចង់ប្រជែងយករបស់ទាំងនោះ ហើយនៅពេលដែលអ្នកមិនទទួលបានរបស់ទាំងនោះទេ អ្នកនឹងកាន់តែមានអារម្មណ៍ស្អប់។ នៅពេលដែលអ្នកកាន់តែមានអារម្មណ៍ស្អប់ នោះភាពងងឹតនឹងកាន់តែខ្លាំងនៅក្នុងចិត្តរបស់អ្នក ការបំពេញភារកិច្ចរបស់អ្នកនឹងកាន់តែអាក្រក់ទៅៗ ហើយនៅពេលដែលការបំពេញភារកិច្ចរបស់អ្នកកាន់តែអាក្រក់ នោះដំណាក់របស់ព្រះជាម្ចាស់កាន់តែមិនអាចប្រើប្រាស់អ្នកបាន។ នេះគឺជាវដ្ដដ៏អាក្រក់ដែលផ្សារភ្ជាប់គ្នា។ ប្រសិនបើអ្នកមិនដែលបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទេនោះ អ្នកនឹងត្រូវបានជម្រុះចោលបន្តិចម្ដងៗ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលមួយវគ្គនេះចប់ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលចំៗអំពីសភាពរបស់ខ្ញុំតែម្ដង។ រាល់ពេលនិយាយដល់រឿងដែលអាចធ្វើឲ្យខ្លួនឯងលេចធ្លោ ខ្ញុំតែងតែចង់ប្រកួតប្រជែង និងចង់បានកន្លែងមួយនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ ខ្ញុំគិតដល់រឿងដែលខ្ញុំ និងស៊ាវយៀ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ និងចូលរួមការជួបជុំជាមួយគ្នា ប៉ុន្តែពេលខ្ញុំឃើញនាងយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានល្អជាងខ្ញុំ ហើយទទួលខុសត្រូវលើការជួបជុំរបស់ក្រុមច្រើនជាងខ្ញុំ ខ្ញុំមានអារម្មណ៍ថា ពួកអ្នកដឹកនាំឲ្យតម្លៃនាងជាងរូបខ្ញុំ ហើយខ្ញុំក៏កើតក្ដីឈឺចាប់យ៉ាងខ្លាំង និងចាប់ផ្ដើមមានអារម្មណ៍ច្រណែននាង។ កាលពីមុន ខ្ញុំតែងតែពិភាក្សារឿងរ៉ាវផ្សេងៗជាមួយស៊ាវយៀ ប៉ុន្តែពេលខ្ញុំឃើញនាងពូកែជាងខ្ញុំគ្រប់សព្វបែបយ៉ាង ខ្ញុំក៏ខឹង ហើយលែងចង់ជួបមុខនាងទៀត។ ពួកយើងក៏លែងសូវស្និទ្ធស្នាលដូចមុនដែរ។ ពេលការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំពួកជំនុំមកដល់ ទោះបីជាខ្ញុំដឹងច្បាស់ថា ស៊ាវយៀពូកែជាងខ្ញុំលើចំណុចជាច្រើន ហើយស័ក្ដិសមនឹងតំណែងជាអ្នកដឹកនាំក៏ដោយ ខ្ញុំបារម្ភថា បើនាងជាប់ឆ្នោតជាអ្នកដឹកនាំ ចំណែកឯខ្ញុំនៅត្រឹមជាប្រធានក្រុមដដែលនោះ ខ្ញុំនឹងមើលទៅអន់ជាងនាង ដូច្នេះហើយ ទើបខ្ញុំមានចេតនាមិនបោះឆ្នោតឲ្យនាង។ ក្រោយមក ពេលឃើញស៊ាវយៀជាប់ឆ្នោតជាអ្នកដឹកនាំ ខ្ញុំមានអារម្មណ៍ថាមិនពេញចិត្តឡើយ។ ខ្ញុំចេះតែប្រៀបធៀបខ្លួនឯងទៅនឹងស៊ាវយៀ ហើយពេលឃើញនាងពូកែជាងខ្ញុំ ខ្ញុំក៏ច្រណែន និងមិនសុខចិត្តយ៉ាងខ្លាំង។ ក្នុងចិត្តរបស់ខ្ញុំពោរពេញទៅដោយការគិតពីរបៀបដើម្បីយកឈ្នះនាង ប៉ុន្តែពេលខ្ញុំមិនអាចធ្វើបាន ខ្ញុំក៏មានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង បាត់បង់ការជំរុញចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយការចូលទៅក្នុងជីវិតរបស់ខ្ញុំក៏រងការខូចខាត។ នៅពេលនោះ ខ្ញុំក៏បានដឹងថា ការរងទុក្ខរបស់ខ្ញុំគឺបណ្ដាលមកពីការច្រណែនដ៏ខ្លាំងក្លារបស់ខ្ញុំ។ បងប្អូនប្រុសស្រីគួរតែយកចំណុចខ្លាំងមកបំពេញចំណុចខ្សោយឲ្យគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក ដើម្បីបំពេញភារកិច្ចរបស់យើងឲ្យបានល្អជាមួយគ្នា ជាជាងការច្រណែន និងផាត់អ្នកដទៃចោល ដើម្បីតែអំនួត និងឋានៈ។ ការធ្វើបែបនេះ មានតែធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមយើងប៉ុណ្ណោះ។ ខ្ញុំត្រូវរៀនលះបង់បំណងប្រាថ្នារបស់ខ្លួន ហើយបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អដោយស្ងៀមស្ងាត់ ដោយមិនចាំបាច់ទាមទារការចាប់អារម្មណ៍ឡើយ។ ក្រោយមក ពេលខ្ញុំមិនយល់ដឹងពីរឿងអ្វីមួយអំពីភារកិច្ច ខ្ញុំក៏ផ្ដើមគំនិតសួរស៊ាវយៀពីរឿងនោះ ហើយពួកយើងក៏ប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហានោះ។ ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនច្រើន។
ថ្ងៃមួយនៅឆ្នាំ ២០១៦ ពួកអ្នកដឹកនាំនិយាយថា ពួកគេមានគម្រោងបញ្ជូនស៊ាវយៀទៅកន្លែងផ្សេងដើម្បីបំពេញភារកិច្ច ហើយបានសុំឲ្យខ្ញុំសរសេរការវាយតម្លៃពីនាង។ ដោយមិនដឹងខ្លួន ការច្រណែនរបស់ខ្ញុំក៏កើតឡើងម្ដងទៀត ហើយខ្ញុំក៏គិតក្នុងចិត្តថា៖ «តាំងពីរកឃើញព្រះជាម្ចាស់មក ស៊ាវយៀត្រូវបានដំឡើងតំណែងពីប្រធានក្រុម ទៅជាអ្នកដឹកនាំពួកជំនុំ ហើយពេលនេះ នាងត្រូវបានគេបញ្ជូនទៅកន្លែងផ្សេងដើម្បីបំពេញភារកិច្ចរបស់នាង ថែមទាំងត្រូវទទួលខុសត្រូវពួកជំនុំកាន់តែច្រើនឡើង។ ប៉ុន្តែខ្ញុំនៅតែនៅទ្រឹងត្រង់នេះ នៅតែត្រឹមជាប្រធានក្រុមដដែល។ តើបងប្អូនប្រុសស្រីនឹងគិតយ៉ាងម៉េចចំពោះខ្ញុំ? តើពួកគេនឹងនិយាយថាខ្ញុំអន់ជាងស៊ាវយៀ ហើយគម្លាតរវាងខ្ញុំ និងស៊ាវយៀគឺឆ្ងាយគ្នាខ្លាំងណាស់មែនទេ? បែបនេះមិនកើតទេ! ខ្ញុំមិនអាចឲ្យនាងទៅបានទេ ខ្ញុំត្រូវតែសរសេរពីចំណុចខ្សោយខ្លះៗរបស់ស៊ាវយៀ ដើម្បីឲ្យពួកអ្នកដឹកនាំឃើញថានាងមិនសូវជាអស្ចារ្យប៉ុន្មានឡើយ តាមរបៀបនេះ នាងនឹងមិនត្រូវបានគេដំឡើងតំណែងទេ»។ អស់រយៈពេលជាច្រើនថ្ងៃ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងមិនស្ងប់ក្នុងចិត្តទាល់តែសោះ ដោយសារតែរឿងនេះ។ ខ្ញុំចេះតែគិតថា៖ «តើខ្ញុំគួរសរសេរការវាយតម្លៃនេះយ៉ាងដូចម្ដេច? ស៊ាវយៀមានសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់នាង ប៉ុន្តែគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស និងចំណុចខ្សោយ។ វាមិនអាចផ្លាស់ប្ដូរបានភ្លាមៗក្នុងមួយយប់នោះទេ។ បើខ្ញុំសរសេរតែពីចំណុចខ្សោយរបស់នាង នោះស្មើនឹងប្រព្រឹត្តចំពោះអ្នកដទៃដោយអយុត្តិធម៌ហើយ។ តើនេះមិនមែនមានន័យថាខ្ញុំកំពុងធ្វើអំពើអាក្រក់ទេឬ? ប៉ុន្តែបើខ្ញុំសរសេរដោយសត្យានុម័ត និងតាមការពិត ហើយស៊ាវយៀពិតជាត្រូវបានគេដំឡើងតំណែងមែននោះ ខ្ញុំនឹងមានអារម្មណ៍មិនសប្បាយចិត្តជាមិនខាន»។ ក្នុងពេលកំពុងច្របូកច្របល់ក្នុងចិត្ត ខ្ញុំចេះតែសរសេរហើយលុបការវាយតម្លៃម្ដងហើយម្ដងទៀត។ នៅទីបញ្ចប់ ខ្ញុំមិនដឹងថាត្រូវសរសេរអ្វីបន្តទៀតទេ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំដឹងថា ទ្រង់កំពុងពិនិត្យពិច័យមើលទូលបង្គំនៅពេលនេះ។ បើទូលបង្គំសរសេរការវាយតម្លៃនេះតាមបំណងរបស់ខ្លួនឯង ហើយរារាំងស៊ាវយៀមិនឲ្យទៅបំពេញភារកិច្ចនៅកន្លែងផ្សេងនោះ ទូលបង្គំពិតជាកំពុងធ្វើអំពើអាក្រក់មែនហើយ។ សូមជួយទូលបង្គំឲ្យបះបោរទាស់នឹងនិស្ស័យពុករលួយរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចសរសេរតាមការពិត និងក្លាយជាមនុស្សស្មោះត្រង់ម្នាក់បាន»។ ក្រោយពីអធិដ្ឋានរួច ខ្ញុំក៏សរសេរការវាយតម្លៃនោះតាមការពិត។ ប៉ុន្តែពេលខ្ញុំគិតដល់រឿងដែលស៊ាវយៀត្រូវចាកចេញ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ហាក់ដូចជាមានដុំថ្មសង្កត់ទ្រូងរបស់ខ្ញុំអ៊ីចឹង។ អំឡុងពេលនោះ យូរៗម្ដង ខ្ញុំតែងតែសួរនាំអំពីការបំពេញភារកិច្ចរបស់ស៊ាវយៀ ដោយសង្ឃឹមថានឹងបានឮថាសភាពរបស់នាងមិនល្អ ឬថានាងបំពេញភារកិច្ចមិនសូវបានល្អ។ ប៉ុន្តែរាល់ពេលដែលខ្ញុំឮដំណឹងថាសភាពរបស់នាងល្អប្រសើរនោះ ខ្ញុំបែរជាខកចិត្តបន្តិចទៅវិញ។ ថ្ងៃមួយ ខ្ញុំបានទៅផ្ទះរបស់ស៊ាវយៀ ហើយខ្ញុំក៏គិតក្នុងចិត្តថា៖ «ស៊ាវយៀមិនដឹងទេថា ការទៅបំពេញភារកិច្ចនៅកន្លែងផ្សេងគឺត្រូវរងទុក្ខនោះទេ។ បើខ្ញុំប្រាប់នាងពីរឿងនេះ ប្រហែលជានាងមិនចង់ទៅទេដឹង»។ ដូច្នេះ ខ្ញុំក៏និយាយទៅកាន់ស៊ាវយៀថា៖ «ការទៅបំពេញភារកិច្ចនៅកន្លែងផ្សេងមិនដូចនៅផ្ទះទេ។ តើអ្នកពិតជាអាចទ្រាំទ្រនឹងការលំបាកបែបនេះបានមែនទេ? ខ្ញុំមិនមានការតាំងចិត្តដូចអ្នកទេ»។ ក្រោយពីស្ដាប់សម្ដីខ្ញុំរួច ស៊ាវយៀមិនមានការរង្គោះរង្គើឡើយ ហើយខ្ញុំមិនបានដឹងពីធម្មជាតិនៃសម្ដីដែលខ្ញុំបាននិយាយ និងផលវិបាកដែលវានឹងនាំមកនោះទេ។ ថ្ងៃមួយ បន្ទាប់ពីខ្ញុំត្រឡប់មកពីធ្វើការវិញ ស្រាប់តែឆ្កែរបស់ខ្ញុំខាំខ្ញុំតែម្ដង។ នេះជារឿងមិនធម្មតាទេ។ តើមានឆ្កែចិញ្ចឹមឯណាទៅខាំម្ចាស់របស់វានោះ? ខ្ញុំដឹងថា នេះមិនមែនជារឿងចៃដន្យនោះទេ ហើយវាប្រាកដជាមកពីខ្ញុំបានធ្វើរឿងខុសឆ្គងអ្វីមួយ ទើបត្រូវបានព្រះជាម្ចាស់ប្រៀនប្រដៅ។ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! អ្វីៗទាំងអស់សុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ទ្រង់។ ឆ្កែរបស់ទូលបង្គំខាំទូលបង្គំ នេះក៏កើតឡើងដោយមានការអនុញ្ញាតពីទ្រង់ដែរ។ សូមបំភ្លឺទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចដឹងពីកំហុសរបស់ខ្លួន។ ទូលបង្គំសុខចិត្តប្រែចិត្ត»។
ក្រោយមក ខ្ញុំក៏បានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «តើការខ្វះភាពជាមនុស្សមានន័យដូចម្ដេច? វាមានន័យថាសូម្បីតែសីលធម៌ក៏គ្មានផង។ តើការខ្វះសីលធម៌មានន័យដូចម្ដេច? បងស្រីមានលក្ខខណ្ឌរស់នៅល្អ និងមានគ្រួសារដ៏ស្ដុកស្ដម្ភ តើអាកប្បកិរិយារបស់មនុស្សទាំងនេះយ៉ាងម៉េចដែរ? តើវាគ្រាន់តែជាការចង់បានដូចគាត់ បន្ទាប់មកជូនពរ ហើយក៏ហើយទៅមែនទេ? (ទេ។) ដូច្នេះ តើអាកប្បកិរិយារបស់ពួកគេគឺជាអ្វី? គឺការច្រណែន ការក្ដៅក្រហាយ ការអាក់អន់ចិត្ត និងការលាក់ទុកសេចក្ដីរអ៊ូរទាំនៅក្នុងចិត្តរបស់ពួកគេ៖ “តើគាត់ស័ក្តិសមនឹងមានលុយច្រើនយ៉ាងនេះដែរឬទេ? ហេតុអ្វីបានជាខ្ញុំមិនមានលុយច្រើនយ៉ាងនេះ? ហេតុអ្វីបានជាព្រះប្រទានពរដល់គាត់ តែមិនប្រទានពរដល់ខ្ញុំ?” បងស្រីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងរុងរឿង ដូច្នេះពួកគេមានអារម្មណ៍ច្រណែន និងស្អប់ ដោយគ្មានពាក្យកោតសរសើរ ឬការជូនពរដោយស្មោះសូម្បីតែមួយម៉ាត់។ នេះបង្ហាញពីការខ្វះខាតទាំងស្រុង សូម្បីតែសីលធម៌ជាមូលដ្ឋានបំផុត។ ... ពួកគេមិនជូនពរអ្នកដទៃឡើយ ការឃើញនរណាម្នាក់ដែលកំពុងមានបាន ឬដែលល្អជាងពួកគេ ធ្វើឱ្យពួកគេពោរពេញដោយការច្រណែន និងការអាក់អន់ចិត្ត។ មិនថាសេចក្ដីជំនឿលើព្រះជាម្ចាស់របស់អ្នកដទៃរឹងមាំប៉ុនណាក៏ដោយ ប្រសិនបើបុគ្គលនោះល្អជាងពួកគេ គឺពួកគេមិនសុខចិត្តឡើយ។ ពួកគេខ្វះភាពជាមនុស្សទាំងស្រុង ហើយមិនអាចនិយាយពាក្យនៃការជូនពរ ឬការជួយស្អាងសូម្បីតែមួយម៉ាត់។ ហេតុអ្វីបានជាពួកគេមិនអាចនិយាយពាក្យបែបនេះបាន? ពីព្រោះភាពជាមនុស្សរបស់ពួកគេគឺអាក្រក់ពេកហើយ! វាមិនមែនថាពួកគេមិនចង់និយាយ ឬថាពួកគេខ្វះពាក្យត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ គឺដោយសារតែចិត្តរបស់ពួកគេពោរពេញដោយការច្រណែន ការអាក់អន់ចិត្ត និងការក្ដៅក្រហាយ ដែលធ្វើឱ្យពួកគេមិនអាចនិយាយពាក្យជូនពរបាន។ ដូច្នេះ តើការដែលចិត្តរបស់ពួកគេពោរពេញដោយរឿងពុករលួយបែបនេះ អាចបញ្ជាក់ថាភាពជាមនុស្សរបស់ពួកគេគឺព្យាបាទដែរឬទេ? (មែនហើយ។) គឺអាចបញ្ជាក់បាន។ ដោយសារតែពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយបែបនេះ វាធ្វើឱ្យអ្នកដទៃងាយស្រួលក្នុងការស្គាល់ ហើយអ្នកដទៃអាចមើលធ្លុះដល់សារជាតិពុករលួយរបស់ពួកគេ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ ព្រះជាម្ចាស់លាតត្រដាងថា មនុស្សតែងតែច្រណែន និងមិនសុខចិត្តចំពោះអ្នកណាដែលគេមើលឃើញថាពូកែជាងខ្លួន ហើយនេះឆ្លុះបញ្ចាំងពីភាពជាមនុស្សដ៏អន់ថយ និងព្យាបាទ ហើយព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សបែបនេះឡើយ។ ខ្ញុំពិតជាមនុស្សប្រភេទដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូលដល់មែន។ បន្ទាប់ពីបានជឿព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ច្រណែន ពេលឃើញស៊ាវយៀទទួលខុសត្រូវក្រុមច្រើនជាងខ្ញុំ ហើយទោះបីជាខ្ញុំដឹងថានាងស័ក្ដិសមធ្វើជាអ្នកដឹកនាំក៏ដោយ ខ្ញុំខ្លាចថា បើនាងជាប់ឆ្នោត នោះនឹងធ្វើឲ្យខ្ញុំមើលទៅអន់ជាងនាង ដូច្នេះទើបខ្ញុំមានចេតនាមិនបោះឆ្នោតឲ្យនាង។ ពេលពួកអ្នកដឹកនាំសុំឲ្យខ្ញុំសរសេរការវាយតម្លៃពីស៊ាវយៀ ខ្ញុំបារម្ភថា បើនាងទៅបំពេញភារកិច្ចរបស់នាងនៅកន្លែងផ្សេង នោះគម្លាតរវាងពួកយើងនឹងកាន់តែធំឡើងៗមិនខាន ដូច្នេះ ខ្ញុំក៏មិនចង់សរសេរពីចំណុចខ្លាំងរបស់នាងទេ។ ទោះបីជានៅទីបញ្ចប់ ខ្ញុំបានសរសេរវាតាមការពិតក៏ដោយ តែក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំនៅតែមិនចង់ឲ្យនាងធ្វើបានល្អឡើយ ហើយខ្ញុំសង្ឃឹមថានឹងបានឮថានាងមានសភាពមិនល្អ ឬបំពេញភារកិច្ចរបស់នាងមិនសូវបានល្អ ហើយខ្ញុំថែមទាំងមានចេតនានិយាយរឿងអវិជ្ជមាននៅចំពោះមុខនាង ដើម្បីព្យាយាមធ្វើឲ្យនាងបាត់បង់ការជំរុញចិត្តក្នុងការបំពេញភារកិច្ចរបស់នាងទៀតផង។ តាមរបៀបនេះ នាងនឹងមិនអាចទៅបំពេញភារកិច្ចរបស់នាងនៅកន្លែងផ្សេងបានទេ ហើយគម្លាតរវាងពួកយើងក៏មិនឆ្ងាយគ្នាខ្លាំងដែរ។ ពេលខ្ញុំកាន់តែឆ្លុះបញ្ចាំងពីខ្លួនឯង ខ្ញុំកាន់តែដឹងថាខ្លួនឯងអាក្រក់កម្រិតណា។ ខ្ញុំបានប្រើល្បិចកខ្វក់ គ្រាន់តែចង់ឲ្យអ្នកដទៃឲ្យតម្លៃខ្ញុំ ដែលនេះពិតជាអាត្មានិយម គួរឲ្យស្អប់ខ្ពើម និងព្យាបាទខ្លាំងណាស់។ ខ្ញុំគ្មានភាពជាមនុស្សទាល់តែសោះ! ការដែលស៊ាវយៀទៅបំពេញភារកិច្ចរបស់នាងនៅកន្លែងផ្សេង នឹងផ្ដល់ប្រយោជន៍ដល់ការលូតលាស់ក្នុងជីវិតរបស់នាង ហើយវាក៏ផ្ដល់ប្រយោជន៍ដល់កិច្ចការពួកជំនុំផងដែរ។ នេះជារឿងដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនឯង ខ្ញុំបែរជាព្យាយាមបំផ្លាញរឿងនេះទៅវិញ មិនត្រឹមតែមិនបានលើកទឹកចិត្តនាងទេ ថែមទាំងមានចេតនានិយាយរឿងអវិជ្ជមានទៀតផង។ អ្វីដែលខ្ញុំកំពុងធ្វើ គឺជាការបង្អាក់ ការរំខាន និងការរារាំងដល់កិច្ចការរបស់ពួកជំនុំ។ កាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍ស្ដាយក្រោយ និងពិបាកចិត្ត។ ខ្ញុំគិតដល់ ចូវ យី ក្នុងរឿងសាមកុក ដែលគាត់មានចិត្តចង្អៀត ហើយច្រណែននឹង ជូគឺ លៀង តែងតែប្រកួតប្រជែង និងប្រៀបធៀបខ្លួនឯងទៅនឹង ជូគឺ ហើយនៅទីបញ្ចប់ គាត់មិនអាចយកឈ្នះគេបាន ក៏ត្រូវស្លាប់ដោយសារតែសេចក្ដីក្រោធរបស់ខ្លួន។ បើខ្ញុំនៅតែបន្តប្រៀបធៀបខ្លួនឯងទៅនឹងស៊ាវយៀ មិនត្រឹមតែខ្ញុំនឹងត្រូវរងទុក្ខវេទនានៅទីបញ្ចប់នោះទេ ប៉ុន្តែខ្ញុំក៏នឹងធ្វើជាអ្នកបម្រើរបស់សាតាំង ដែលរារាំងដល់កិច្ចការរបស់ពួកជំនុំផងដែរ។ ពេលដឹងពីរឿងនេះ ខ្ញុំក៏លុតជង្គង់អធិដ្ឋាននៅចំពោះព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានឃើញហើយថា ទូលបង្គំពុករលួយកម្រិតណា។ ការច្រណែនរបស់ទូលបង្គំគឺខ្លាំងក្លាណាស់។ ហេតុអ្វីបានជាទូលបង្គំទ្រាំមិនបាន ពេលឃើញស៊ាវយៀធ្វើបានល្អជាងទូលបង្គំដូច្នេះ? ទូលបង្គំពិតជាស្អប់ខ្លួនឯងណាស់! សូមទ្រង់ដាក់បណ្ដាសាដល់ធម្មជាតិពុករលួយរបស់ទូលបង្គំ និងដឹកនាំទូលបង្គំឲ្យយល់ដឹងពីខ្លួនឯងកាន់តែស៊ីជម្រៅផង»។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់៖ «មនុស្សលោកដែលកើតមកក្នុងទឹកដីដ៏ស្មោកគ្រោកបែបនេះ ត្រូវបានសង្គមចម្លងមេរោគដល់កម្រិតយ៉ាងធ្ងន់ធ្ងរ គេត្រូវបានជ្រួតជ្រាបដោយសីលធម៌សក្តិភូមិ ហើយគេទទួលបានការអប់រំពី “វិទ្យាស្ថានឧត្តមសិក្សា”។ ការគិតដ៏អន់ថយ សីលធម៌ពុករលួយ ទស្សនៈទាបថោកចំពោះជីវិត ទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ដ៏គួរឱ្យស្អប់ខ្ពើម អត្ថិភាពដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងទំនៀមទម្លាប់ និងជីវិតប្រចាំថ្ងៃដ៏ថោកទាប របស់ទាំងអស់នេះបានជ្រៀតជ្រែកចូលទៅក្នុងដួងចិត្តរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ហើយបានបំផ្លាញ និងវាយប្រហារមនសិការរបស់គេយ៉ាងធ្ងន់ធ្ងរ។ ជាលទ្ធផល មនុស្សលោកកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយកាន់តែប្រឆាំងនឹងទ្រង់» («ការនៅតែមិនផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជាការធ្វើជាសត្រូវនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សដ៏សាហាវឃោរឃៅអើយ! ល្បិចកលទុច្ចរិត និងការរៀបចំគ្រោងការណ៍អាក្រក់ ការឆក់យក និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅថ្ងៃអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ?» («មនុស្សអាក្រក់នឹងត្រូវទទួលទោសជាមិនខាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា ការច្រណែនរបស់ខ្ញុំចំពោះស៊ាវយៀ គឺកើតចេញពីការខ្វល់ខ្វាយជ្រុលចំពោះកេរ្តិ៍ឈ្មោះ និងឋានៈ ខ្ញុំកំពុងរស់នៅដោយពឹងផ្អែកលើភាពពិសពុលរបស់សាតាំង ដូចជា «ត្រូវមានគោលបំណងចង់លេចធ្លោ និងពូកែជានិច្ច» «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» និងពាក្យថា «មនុស្សត្រូវការមុខមាត់របស់ពួកគេ ដូចជាដើមឈើត្រូវការសំបករបស់វាដែរ» ហើយគំនិតទាំងនេះបានធ្វើឲ្យខ្ញុំបាត់បង់មនសិការ និងវិចារណញ្ញាណ។ មិនថាខ្ញុំធ្វើអ្វីទេ ខ្ញុំតែងតែចង់ឲ្យអ្នកដទៃកោតសរសើរខ្ញុំ ហើយខ្ញុំតែងតែស្វែងរកកន្លែងមួយនៅក្នុងចិត្តរបស់ពួកគេ។ ខ្ញុំគិតត្រលប់មកក្រោយវិញថា តាំងពីក្មេងមក ខ្ញុំតែងតែមានអារម្មណ៍មិនសប្បាយចិត្ត រាល់ពេលដែលខ្ញុំឃើញអ្នកដទៃពូកែជាងខ្ញុំ។ បើនរណាម្នាក់រៀនពូកែជាងខ្ញុំនៅសាលា ខ្ញុំនឹងខឹង ហើយបើនរណាម្នាក់មានជីវភាពរស់នៅល្អជាងខ្ញុំ ខ្ញុំនឹងច្រណែន។ ខ្ញុំចាំបានថា បងជីដូនមួយស្រីរបស់ខ្ញុំរៀនពូកែជាងខ្ញុំ ហើយជីវភាពគ្រួសាររបស់នាងក៏ល្អជាងខ្ញុំដែរ ដូច្នេះ ខ្ញុំក៏ច្រណែននាង។ ពេលគ្រួសារនាងទិញទូរទស្សន៍ ដោយសារតែការច្រណែន និងខឹង ខ្ញុំក៏មិនទៅមើលដែរ។ បន្ទាប់ពីបានជឿព្រះជាម្ចាស់ ខ្ញុំនៅតែបន្តរស់នៅដោយពឹងផ្អែកលើភាពពិសពុលរបស់សាតាំងទាំងនេះ។ ពេលខ្ញុំឃើញស៊ាវយៀពូកែជាងខ្ញុំគ្រប់សព្វបែបយ៉ាង ខ្ញុំក៏ច្រណែននាង ហើយចេះតែប្រៀបធៀបខ្លួនឯងទៅនឹងនាង ហើយពេលខ្ញុំមិនអាចប្រៀបនឹងនាងបាន ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ ទាំងអស់នេះគឺបណ្ដាលមកពីសេចក្ដីពុករលួយ និងការធ្វើបាបរបស់សាតាំង។ ខ្ញុំបានដេញតាមតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រហូតដល់អារម្មណ៍ទាំងអស់របស់ខ្ញុំត្រូវបានគ្រប់គ្រងដោយរបស់ទាំងនេះ។ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនឯង ខ្ញុំថែមទាំងវាយប្រហារ និងផាត់អ្នកដទៃចោលទៀតផង ព្រងើយកន្តើយនឹងកិច្ចការរបស់ពួកជំនុំ ហើយក្លាយជាមនុស្សអាត្មានិយម និងព្យាបាទយ៉ាងពិតប្រាកដ។ ទោះបីជាខ្ញុំ និងស៊ាវយៀជាមិត្តជិតស្និទ្ធដែលតែងតែនិយាយប្រាប់គ្នាគ្រប់រឿងក៏ដោយ ខ្ញុំនៅតែអាចលួចបំផ្លាញនាងពីក្រោយខ្នង ដោយចង់ប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើម ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ បើខ្ញុំនៅតែបន្តរស់នៅដោយពឹងផ្អែកលើភាពពិសពុលរបស់សាតាំងទាំងនេះ ខ្ញុំនឹងកាន់តែខ្វះលក្ខណៈជាមនុស្ស ហើយនៅទីបញ្ចប់ ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ហើយជម្រុះចោលជាមិនខាន។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលបានប្រើកាលៈទេសៈនេះ ដើម្បីបើកសម្ដែងពីខ្ញុំ និងអនុញ្ញាតឲ្យខ្ញុំស្គាល់ពីសេចក្ដីពុករលួយរបស់ខ្លួន តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ទ្រង់ ដោយផ្ដល់ឱកាសឲ្យខ្ញុំបានប្រែចិត្ត និងផ្លាស់ប្ដូរ។ នេះហើយគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។
ក្រោយមក ខ្ញុំបានស្វែងរកផ្លូវនៃការអនុវត្ត និងការចូលទៅក្នុង តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំនួនពីរវគ្គ៖ «ចំពោះអស់អ្នកដែលបំពេញភារកិច្ច មិនថាការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត ជ្រៅ ឬរាក់នោះទេ ការអនុវត្តដ៏សាមញ្ញបំផុតសម្រាប់ការចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺត្រូវគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់គ្រប់កាលៈទេសៈ ដោយលះបង់បំណងប្រាថ្នាអាត្មានិយម បំណងផ្ទាល់ខ្លួន ចេតនា អំនួត និងឋានៈរបស់ពួកគេចោល ហើយតម្កល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាធំ នេះគឺជាអ្វីដែលពួកគេយ៉ាងហោចណាស់ត្រូវធ្វើ។ ប្រសិនបើបុគ្គលម្នាក់ដែលបំពេញភារកិច្ចអ្វីមួយ មិនអាចធ្វើសូម្បីតែកិច្ចការប៉ុណ្ណេះបានផង ដូច្នេះ តើអាចថាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេចកើតទៅ? នោះមិនមែនជាការបំពេញភារៈកិច្ចរបស់មនុស្សម្នាក់ទេ។ ដំបូង អ្នកគួរតែគិតពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ត្រូវគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគិតពីកិច្ចការរបស់ពួកជំនុំ។ ត្រូវចាត់ទុករឿងទាំងនេះជារឿងអាទិភាពនិងសំខាន់បំផុត។ បន្ទាប់ពីនោះទៅ ទើបអ្នកអាចគិតអំពីស្ថិរភាពនៃឋានៈរបស់អ្នក ឬរបៀបដែលអ្នកដទៃគិតមកលើអ្នក។ នៅពេលដែលអ្នកបំបែករឿងនេះជាពីរជំហាន រួចធ្វើការសម្របសម្រួលខ្លះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា រឿងនេះងាយស្រួលជាងមុនបន្តិចទេឬអី? ប្រសិនបើអ្នកអនុវត្តបែបនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនមែនជារឿងពិបាកឡើយ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចបំពេញការទទួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួន ទុកបំណងប្រាថ្នាអាត្មានិយម បំណង និងចេតនារបស់អ្នកឱ្យនៅមួយឡែក បង្ហាញពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយតម្កល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ពួកជំនុំ និងភារកិច្ចដែលអ្នកត្រូវបំពេញជាធំ នោះបន្ទាប់ពីបានឆ្លងកាត់បទពិសោធបែបនេះមួយរយៈ អ្នកនឹងមានអារម្មណ៍ថា ការប្រព្រឹត្តខ្លួនតាមរបៀបនេះគឺជារឿងល្អ ថាមនុស្សគួរតែរស់នៅតាមរបៀបស្មោះត្រង់ និងបើកចំហ ហើយថា ពួកគេមិនគួររស់នៅក្នុងជីវិតដែលកំសាក គួរឱ្យស្អប់ខ្ពើម និងថោកទាបឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគួរតែរស់នៅដោយទៀងត្រង់ និងយុត្តិធម៌។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជាលក្ខណៈដែលមនុស្សគួរតែសម្ដែងចេញ។ បន្ដិចម្ដងៗ បំណងប្រាថ្នាដែលអ្នកចង់បំពេញតាមប្រយោជន៍ផ្ទាល់ខ្លួន នឹងកាន់តែថមថយទៅៗ។ ... ពេលនេះ ខ្ញុំសូមចែកចាយជាមួយអ្នករាល់គ្នានូវវិធីសាស្ត្រសាមញ្ញនេះ៖ អ្នករាល់គ្នាត្រូវចាប់ផ្ដើមអនុវត្តតាមវិធីនេះ ហើយនៅពេលដែលអ្នកបានធ្វើបែបនេះមួយរយៈ នោះសភាពនៅក្នុងខ្លួនអ្នករាល់គ្នានឹងចាប់ផ្ដើមផ្លាស់ប្តូរដោយមិនដឹងខ្លួន។ វានឹងប្ដូរពីសភាពនៃគំនិតមិនដាច់ស្រេច ដែលអ្នកមិនចាប់អារម្មណ៍ខ្លាំងលើការជឿលើព្រះជាម្ចាស់ ក៏មិនធុញទ្រាន់ខ្លាំងនឹងការជឿព្រះដែរ ឱ្យទៅជាសភាពដែលអ្នកមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់និងការធ្វើជាមនុស្សស្មោះត្រង់ គឺជារឿងល្អ ហើយអ្នកនឹងមានចំណាប់អារម្មណ៍ក្នុងការធ្វើជាមនុស្សស្មោះត្រង់ ព្រមទាំងមានអារម្មណ៍ថា ការរស់នៅតាមរបៀបនេះ គឺមានន័យ និងមានការទំនុកបម្រុង។ អ្នកនឹងមានអារម្មណ៍បន្ទាបខ្លួន ស្ងប់ចិត្ត និងមានសេចក្ដីអំណរនៅក្នុងចិត្តរបស់អ្នក។ សភាពរបស់អ្នកនឹងប្រែជាបែបនេះ។ នោះគឺជាលទ្ធផលដែលបានមកពីការលះបង់គោលបំណងផ្ទាល់ខ្លួន ផលប្រយោជន៍ និងបំណងប្រាថ្នាអាត្មានិយមចោល។ លទ្ធផលគឺបែបនោះឯង» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើព្រះជាម្ចាស់បានបង្កើតអ្នកឱ្យល្ងង់ខ្លៅ នោះមានអត្ថន័យនៅក្នុងភាពល្ងង់ខ្លៅរបស់អ្នក ប្រសិនបើទ្រង់បានបង្កើតអ្នកឱ្យឆ្លាតវៃ នោះក៏មានអត្ថន័យនៅក្នុងភាពឆ្លាតវៃរបស់អ្នកដែរ។ ចំណុចខ្លាំងអ្វីក៏ដោយដែលព្រះជាម្ចាស់បានប្រទានដល់អ្នក អ្វីក៏ដោយដែលអ្នកពូកែ មិនថាកម្រិតប្រាជ្ញារបស់អ្នកខ្ពស់ប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មានគោលបំណងរបស់ទ្រង់ក្នុងការធ្វើឱ្យទៅជាបែបនោះដែរ។ រឿងទាំងអស់នេះត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់។ តួនាទីដែលអ្នកដើរនៅក្នុងជីវិតរបស់អ្នក និងភារកិច្ចដែលអ្នកអាចធ្វើបាន ក៏ត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់តាំងពីយូរយារណាស់មកហើយដែរ។ មនុស្សមួយចំនួនឃើញថាអ្នកដទៃមានចំណុចខ្លាំងដែលខ្លួនមិនមាន ហើយមានអារម្មណ៍មិនសុខចិត្ត។ ពួកគេចង់ផ្លាស់ប្ដូររឿងរ៉ាវ ដោយការរៀនសូត្រឱ្យបានច្រើន មើលឱ្យបានច្រើន និងឧស្សាហ៍ព្យាយាមឱ្យបានច្រើន។ ប៉ុន្តែមានដែនកំណត់ចំពោះអ្វីដែលពួកគេអាចសម្រេចបាន មិនថាពួកគេឧស្សាហ៍ព្យាយាមប៉ុនណាក៏ដោយ ហើយពួកគេមិនអាចវ៉ាដាច់អស់អ្នកដែលមានអំណោយទាន និងចំណុចខ្លាំងបានឡើយ។ មិនថាអ្នកខិតខំប្រឹងប្រែងខ្លាំងប៉ុនណាក៏ដោយ ក៏វាឥតប្រយោជន៍ដែរ។ អ្វីក៏ដោយដែលព្រះជាម្ចាស់បានកំណត់ទុកជាមុនសម្រាប់អ្នក នោះហើយគឺជាលក្ខណៈរបស់អ្នក។ ទ្រង់ប្រទានអំណោយទាន និងចំណុចខ្លាំងផ្សេងៗគ្នាដល់មនុស្សគ្រប់រូប ហើយគ្មាននរណាម្នាក់អាចធ្វើអ្វីដើម្បីផ្លាស់ប្ដូររឿងនេះបានឡើយ។ អ្វីក៏ដោយដែលអ្នកពូកែ នោះហើយជាអ្វីដែលអ្នកគួរតែខិតខំប្រឹងប្រែងឱ្យបានច្រើន។ ភារកិច្ចណាក៏ដោយដែលស័ក្ដិសមនឹងអ្នក អ្នកគួរតែបំពេញភារកិច្ចនោះ។ ចូរកុំព្យាយាមបង្ខំខ្លួនឯងទៅធ្វើរឿងណាដែលអ្នកមិនពូកែ ហើយក៏កុំច្រណែននឹងអ្នកដទៃ។ មនុស្សគ្រប់គ្នាមានមុខងាររៀងៗខ្លួន។ ចូរកុំគិតថា អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបានល្អ ឬគិតថាអ្នកល្អឥតខ្ចោះ និងពូកែជាងអ្នកដទៃឱ្យសោះ។ កុំតែងតែប្រាថ្នាចង់ជំនួសកន្លែងអ្នកដទៃ ហើយចង់តែសម្ញែងខ្លួនឯង។ នេះជានិស្ស័យពុករលួយ។ មានអ្នកខ្លះគិតថា ពួកគេមិនអាចធ្វើអ្វីបានល្អទេ ហើយថា ពួកគេគ្មានចំណុចខ្លាំងអ្វីទាល់តែសោះ។ បើអ៊ីចឹងមែន អ្នកគ្រាន់តែធ្វើជាមនុស្សដែលចេះស្តាប់ ហើយចុះចូលយ៉ាងស្មោះត្រង់ទៅបានហើយ។ ចូរធ្វើកិច្ចការណាដែលអ្នកអាចធ្វើបានឱ្យបានល្អ ហើយបញ្ចេញឱ្យអស់ពីសមត្ថភាពទៅ។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យហើយ» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្តមួយ។ មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំត្រូវតែទុកផលប្រយោជន៍ផ្ទាល់ខ្លួនមួយឡែកសិន ហើយគិតពីរបៀបការពារកិច្ចការរបស់ពួកជំនុំ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ជាមុនសិន។ មិនថាអ្នកដទៃមើលមកខ្ញុំយ៉ាងណាទេ ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អដោយស្ងៀមស្ងាត់។ នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំគួរតែដេញតាមសេចក្ដីពិត និងស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ខ្ញុំ។ នេះហើយជាអ្វីដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើខ្ញុំដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយបើខ្ញុំច្រណែនអ្នកដទៃ ប្រកួតប្រជែងជាមួយពួកគេ ឬប្រើមធ្យោបាយកខ្វក់ ព្រមទាំងធ្វើរឿងដ៏ថោកទាប និងគួរឲ្យស្អប់ខ្ពើមនោះ ខ្ញុំមានតែធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំប៉ុណ្ណោះ។ ខ្ញុំក៏យល់ឃើញដែរថា៖ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ភារកិច្ចមិនត្រូវបានបែងចែកទៅតាមឋានៈខ្ពស់ឬទាប ឬទៅតាមតួនាទីធំឬតូចនោះទេ ហើយមនុស្សគ្រប់គ្នាកំពុងតែបំពេញមុខងាររបស់ខ្លួនប៉ុណ្ណោះ។ បើភារកិច្ចរបស់នរណាម្នាក់គឺរៀបចំទទួលភ្ញៀវ ពួកគេគួរតែបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនោះឲ្យបានល្អ ហើយបើនរណាម្នាក់អាចធ្វើជាអ្នកដឹកនាំ ពួកគេគួរតែបំពេញភារកិច្ចជាអ្នកដឹកនាំឲ្យបានល្អ។ មិនថាយើងបំពេញភារកិច្ចអ្វីទេ យើងត្រូវតែដេញតាមសេចក្ដីពិត។ ព្រះជាម្ចាស់ទតមើលអាកប្បកិរិយារបស់មនុស្សចំពោះភារកិច្ចរបស់ពួកគេ ព្រមទាំងទតមើលថាតើពួកគេកំពុងដេញតាមសេចក្ដីពិត និងថាតើនិស្ស័យពុករលួយរបស់ពួកគេកំពុងផ្លាស់ប្ដូរឬអត់។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យលើនរណាម្នាក់ ដោយគ្រាន់តែទតឃើញថាពួកគេមានឋានៈខ្ពស់ជាង ឬមានទុនច្រើនជាងនោះទេ។ នេះហើយគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ មិនថាស៊ាវយៀបំពេញភារកិច្ចអ្វីទេ នាងមានតួនាទីរបស់នាង ហើយខ្ញុំក៏មានភារកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំដែរ ហើយខ្ញុំមិនគួរគិតតែពីការប្រៀបធៀបខ្លួនឯងទៅនឹងនាង រហូតដល់ព្រងើយកន្តើយនឹងភារកិច្ចរបស់ខ្ញុំនោះទេ។ ទោះបីជាអ្នកដទៃគោរពកោតសរសើរខ្ញុំក៏ដោយ ក៏វាមិនមានន័យថាខ្ញុំមានសេចក្ដីពិត ឬថានិស្ស័យរបស់ខ្ញុំបានផ្លាស់ប្ដូរនោះដែរ។ កម្ពស់ និងគុណសម្បត្តិរបស់ខ្ញុំគឺស័ក្ដិសមនឹងភារកិច្ចជាប្រធានក្រុម ដូច្នេះ ខ្ញុំគួរតែបំពេញភារកិច្ចជាប្រធានក្រុមនេះឲ្យបានល្អ យ៉ាងប្រាកដប្រជា។ ពេលបងប្អូនប្រុសស្រីមានបញ្ហា ឬការលំបាក ខ្ញុំនឹងពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីប្រកបគ្នាជាមួយពួកគេ និងដោះស្រាយបញ្ហាទាំងនោះ ព្រមទាំងបំពេញភារកិច្ចដែលខ្ញុំគួរធ្វើឲ្យបានល្អ។
ក្រោយមក ដោយសារមូលហេតុផ្សេងៗ ស៊ាវយៀមិនបានទៅបំពេញភារកិច្ចនៅកន្លែងផ្សេងទេ។ កាលពីមុន ខ្ញុំប្រាកដជាសប្បាយចិត្តចំពោះរឿងនេះ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចមើលឃើញរឿងនេះយ៉ាងត្រឹមត្រូវ ដូច្នេះ ខ្ញុំក៏បានបើកចំហរប្រកបគ្នាជាមួយស៊ាវយៀអំពីសភាពរបស់ខ្ញុំ និងអំពីសេចក្ដីពុករលួយដែលខ្ញុំបានបញ្ចេញមក។ ស៊ាវយៀក៏បានប្រកបគ្នាអំពីការយល់ដឹងពីបទពិសោធរបស់នាងលើរឿងនេះមកកាន់ខ្ញុំដែរ។ កាលពីមុន ការច្រណែនបានធ្វើឲ្យខ្ញុំងងឹតភ្នែក ហើយខ្ញុំមិនដែលស្ដាប់ដោយយកចិត្តទុកដាក់ទេ ពេលស៊ាវយៀប្រកបគ្នាម្ដងៗ ដោយគិតថានាងគ្រាន់តែចង់អួតខ្លួនប៉ុណ្ណោះ។ នៅថ្ងៃនោះ ពេលខ្ញុំស្ដាប់នាងប្រកបគ្នាអំពីបទពិសោធរបស់នាងយ៉ាងយកចិត្តទុកដាក់ ខ្ញុំមានអារម្មណ៍ថាទទួលបានការស្ថាបនាយ៉ាងខ្លាំង ហើយខ្ញុំក៏មានអារម្មណ៍ធូរស្រាល និងមានសេរីភាពយ៉ាងខ្លាំងនៅក្នុងចិត្តផងដែរ។ ពេលឃើញការផ្លាស់ប្ដូរបន្តិចបន្តួចនេះនៅក្នុងខ្លួនឯង ចិត្តរបស់ខ្ញុំពោរពេញទៅដោយការដឹងគុណចំពោះព្រះជាម្ចាស់។