ជំពូកទី ៤៦
នៅក្នុងចំណោមព្រះបន្ទូលទាំងអស់នេះ គ្មានព្រះបន្ទូលណាដែលមិនអាចបំភ្លេចបាន ដូចព្រះបន្ទូលនាពេលបច្ចុប្បន្ននេះឡើយ។ កាលពីមុន ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីសភាពរបស់មនុស្ស ឬពីអាថ៌កំបាំងរបស់ស្ថានសួគ៌ ប៉ុន្តែព្រះសូរសៀងនាពេលបច្ចុប្បន្ននេះ គឺមិនដូចព្រះសូរសៀងកាលពីអតីតកាលឡើយ។ ព្រះសូរសៀងនេះមិនបានចំអកឡកឡឺយ ឬមានបន្ទូលលេងសើចអ្វីនោះទេ ប៉ុន្តែគឺជាព្រះសូរសៀងដែលនឹកស្មានមិនដល់ទាល់តែសោះ នោះគឺព្រះជាម្ចាស់កំពុងគង់ និងថ្លែងព្រះបន្ទូលដោយរាបសាជាមួយមនុស្ស។ តើព្រះអង្គមានបំណងព្រះហឫទ័យបែបណា? តើអ្នកយល់ឃើញបែបណានៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «បច្ចុប្បន្ននេះ ខ្ញុំបានចាប់ផ្ដើមកិច្ចការថ្មីនៅក្នុងចក្កវាឡនេះ។ ខ្ញុំបានប្រទានការចាប់ផ្ដើមថ្មីដល់មនុស្សនៅលើផែនដី ហើយខ្ញុំបានបង្គាប់ពួកគេរាល់គ្នាឱ្យចាកចេញពីដំណាក់របស់ខ្ញុំ។ ហើយដោយសារតែមនុស្សតែងចូលចិត្តផ្ដេកផ្ដួលលើខ្លួនឯង ម្ល៉ោះហើយខ្ញុំក៏ណែនាំពួកគេឱ្យចាប់ភ្លឹកពីខ្លួនពួកគេ កុំឱ្យចេះតែរំខានដល់កិច្ចការរបស់ខ្ញុំជាប់ជានិច្ចបែបនេះ»? ហើយតើ «ការចាប់ផ្ដើមថ្មី» ដែលព្រះជាម្ចាស់មានបន្ទូលនោះ គឺជាអ្វីដែរ? កាលពីមុន ព្រះជាម្ចាស់ធ្លាប់បានណែនាំមនុស្សឱ្យចាកចេញ ប៉ុន្តែពេលនោះ បំណងព្រះហឫទ័យរបស់ទ្រង់ គឺដើម្បីសាកល្បងសេចក្ដីជំនឿរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះសព្វថ្ងៃនេះ នៅពេលដែលព្រះអង្គមានបន្ទូលដោយសំនៀងខុសប្លែកពីមុន តើទ្រង់មានបន្ទូលពិត ឬក្លែងក្លាយទេ? កាលពីមុន មនុស្សមិនបានស្គាល់ពីការល្បងលដែលព្រះជាម្ចាស់មានបន្ទូលនោះទេ។ ទើបតែតាមរយៈជំហាននៃកិច្ចការជាអ្នកស៊ីឈ្នួលនេះប៉ុណ្ណោះ ដែលភ្នែករបស់ពួកគេបានឃើញពីការល្បងលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏បានដកពិសោធន៍ក្នុងការល្បងលនេះដោយផ្ទាល់ផងដែរ។ ដូច្នេះ ចាប់ពីពេលនោះមក ដោយសារគំរូនៃការល្បងលរាប់រយដងរបស់ពេត្រុស ទើបមនុស្សតែងបង្កើតកំហុសជារឿយៗ ដោយជឿថា «នោះគឺជាការល្បងលរបស់ព្រះជាម្ចាស់»។ ជាងនេះទៅទៀត គេជឿថា នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កម្រនឹងមានការពិតណាស់។ ហេតុដូច្នោះហើយ មនុស្សក៏បានលង់កាន់តែជ្រៅទៅក្នុងជំនឿដ៏ងងឹតងងល់អំពីការល្បងលរបស់ព្រះជាម្ចាស់នេះ ម្ល៉ោះហើយ នៅក្នុងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកគ្រប់ព្រះឱស្ឋ ពួកគេមិនដែលជឿថា នោះគឺជាកិច្ចការនៃតថភាពពិតដែលព្រះជាម្ចាស់បានបំពេញឡើយ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះជាម្ចាស់គ្មានកិច្ចការអ្វីផ្សេងត្រូវធ្វើ ទើបព្រះអង្គប្រើព្រះបន្ទូលដើម្បីសាកល្បងមនុស្ស។ គឺនៅក្នុងការល្បងលដែលគ្មានសង្ឃឹម តែហាក់ដូចជាផ្ដល់ក្ដីសង្ឃឹមនោះហើយ ដែលធ្វើមនុស្សព្រមដើរតាម ដូច្នេះ បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលថា «អស់អ្នកណាដែលបន្តនៅតទៅទៀត នឹងអាចជួបសំណាងមិនល្អ ក៏អាចជួបសំណាងល្អតិចតួចដែរ» ទើបមនុស្សនៅតែបន្តផ្ដោតការយកចិត្តទុកដាក់លើការដើរតាមទៀត ដូច្នេះហើយ ពួកគេគ្មានបំណងចង់ចាកចេញទេ។ មនុស្សបានដើរតាមគំនិតរវើរវាយបែបនេះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ហ៊ានបញ្ជាក់ច្បាស់ថា ក្នុងនោះគ្មានសេចក្ដីសង្ឃឹមនោះទេ។ នេះគឺជាអំណះអំណាងមួយផ្នែកអំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ ទស្សនៈរបស់ព្រះជាម្ចាស់បង្ហាញថា ទ្រង់ប្រើគ្រប់យ៉ាងដើម្បីបម្រើដល់ទ្រង់។ គំនិតរវើរវាយរបស់មនុស្សបានជំរុញចិត្តកុំឱ្យពួកគេចាកចេញពីព្រះជាម្ចាស់ មិនថាពេលណា ឬទីកន្លែងណាឡើយ ដូច្នេះហើយ ក្នុងអំឡុងជំហាននេះ ព្រះជាម្ចាស់ប្រើការជំរុញទឹកចិត្តមិនគ្រប់លក្ខណៈរបស់មនុស្ស ដើម្បីឱ្យពួកគេធ្វើបន្ទាល់ថ្វាយទ្រង់ ដែលនេះគឺមានសារៈសំខាន់ខ្លាំងបំផុត នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានទទួលមនុស្សមួយចំណែកហើយ»។ សាតាំងប្រើការជំរុញទឹកចិត្តរបស់មនុស្សដើម្បីបង្កការរំខាន ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់ប្រើការជំរុញទឹកចិត្តរបស់មនុស្សដើម្បីឱ្យគេបម្រើទ្រង់។ នេះគឺជាអត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «មនុស្សស្រមៃថា ពួកគេអាចកេងចំណេញបាន ប៉ុន្តែនៅពេលដែលពួកគេប្រគល់លិខិតឆ្លងកាត់ច្រកចូលក្លែងក្លាយមកឱ្យខ្ញុំ ខ្ញុំក៏បោះពួកគេចូលទៅក្នុងបឹងភ្លើងភ្លាមៗ ហើយនៅពេលមើលឃើញ 'ការប្រឹងប្រែងយ៉ាងខ្លាំង' របស់ពួកគេ ត្រូវឆេះក្នុងអណ្ដាតភ្លើង ពួកគេក៏បាត់បង់ក្ដីសង្ឃឹម»។ ព្រះជាម្ចាស់ប្រើរបស់សព្វសារពើឱ្យមកបម្រើទ្រង់ ដូច្នេះហើយ ទ្រង់មិនគេចវេះពីទស្សនៈផ្សេងៗរបស់មនុស្សឡើយ ប៉ុន្តែទ្រង់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ប្រាប់ឱ្យមនុស្សចាកចេញ។ នេះគឺជាភាពអស្ចារ្យ និងជាព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ដោយរួមផ្សំព្រះបន្ទូលដ៏ស្មោះត្រង់ និងវិធីសាស្ត្រនេះបញ្ចូលគ្នាតែមួយ ធ្វើឱ្យមនុស្សវិលក្បុង រកទិសតំបន់មិនឃើញ។ តាមរយៈនេះ យើងអាចយល់បានថា ព្រះជាម្ចាស់ពិតជាបង្គាប់ឱ្យមនុស្សចាកចេញពីដំណាក់របស់ទ្រង់មែន ហើយនេះមិនមែនជាការល្បងលអ្វីនោះទេ ហើយព្រះជាម្ចាស់ក៏ឆ្លៀតឱកាសនេះដើម្បីថ្លែងបន្ទូលថា «ប៉ុន្តែ ខ្ញុំក៏មានបន្ទូលប្រាប់មនុស្សផងដែរថា នៅពេលដែលពួកគេមិនអាចទទួលបានព្រះពរ មិនត្រូវរអ៊ូរទាំដាក់ខ្ញុំឡើយ»។ គ្មាននរណាម្នាក់អាចដឹងថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិត ឬក្លែងក្លាយនោះទេ ប៉ុន្តែព្រះជាម្ចាស់ប្រើឱកាសនេះដើម្បីធ្វើឱ្យមនុស្សមានភាពនឹងនរ ដើម្បីកុំឱ្យពួកគេមានបំណងចង់ចាកចេញ។ ដូច្នេះ ប្រសិនបើថ្ងៃមួយ ពួកគេត្រូវទទួលរងបណ្ដាសា នោះពួកគេក៏នឹងទទួលបានការព្រមានពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមុនហើយដែរ ដូចសម្ដីមនុស្សថា «ពាក្យសម្ដីមិនពីរោះស្ដាប់ រមែងជាពាក្យសម្ដីល្អ»។ បច្ចុប្បន្ននេះ សេចក្ដីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ គឺមានលក្ខណៈស្មោះត្រង់ និងស្មោះស ដូច្នេះហើយ នៅក្នុងព្រះបន្ទូលដែលពួកគេមិនអាចដឹងបានថាពិត ឬក្លែងក្លាយនោះ ពួកគេក៏ព្រមចុះចាញ់ និងបែរមកស្រឡាញ់ព្រះជាម្ចាស់វិញ ដែលជាហេតុធ្វើឱ្យព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំហើយ»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំសង្ឃឹមថា ពួកគេរកឃើញមាគ៌ាផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអាចរួចជីវិតបាន។ ខ្ញុំគ្មានអំណាចអ្វីនៅក្នុងរឿងនេះឡើយ» នេះគឺជាតថភាពនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងអស់នេះ ប៉ុន្តែមនុស្សពុំបានគិតដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាដើរតាមដោយពុំបានយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះជាម្ចាស់សូម្បីបន្តិចណាសោះទៅវិញ។ ហេតុដូច្នោះហើយទើបព្រះជាម្ចាស់មានបន្ទូលថា «នៅពេលអនាគត នឹងលែងមានពាក្យពេចន៍រវាងពួកយើងទៀតហើយ ពួកយើងលែងមានអ្វីត្រូវនិយាយគ្នាទៀតហើយ ពួកយើងនឹងមិនជ្រៀតជ្រែកគ្នាទៅវិញទៅមកឡើយ ពួកយើងនឹងដើរផ្លូវរៀងៗខ្លួន» ព្រះបន្ទូលទាំងនេះគឺជាការពិត គ្មានលាយឡំអ្វីសូម្បីបន្តិចណាឡើយ។ មិនថាមនុស្សគិតអ្វីនោះទេ ការគិតនោះគឺថាព្រះជាម្ចាស់ «គ្មានហេតុផល»។ ព្រះជាម្ចាស់បានធ្វើបន្ទាល់នៅចំពោះមុខសាតាំងរួចហើយ ហើយព្រះជាម្ចាស់បានមានបន្ទូលថា ព្រះអង្គនឹងធ្វើឱ្យមនុស្សរាល់គ្នាលែងចាកចេញពីទ្រង់ទៀត មិនថាពេលណា ឬទីកន្លែងណាឡើយ ដូច្នេះហើយ ជំហាននៃកិច្ចការនេះ ក៏បានបញ្ចប់ ហើយព្រះជាម្ចាស់មិនបានយកព្រះទ័យទុកដាក់ចំពោះការរអ៊ូរទាំរបស់មនុស្សឡើយ។ ទោះយ៉ាងណា តាំងពីដើមដំបូងមកម្ល៉េះ ព្រះជាម្ចាស់បានមានបន្ទូលច្បាស់លាស់អស់ហើយ ដូច្នេះ មនុស្សមិនអាចធ្វើអ្វីបានក្រៅតែពីត្រូវបង្ខំចិត្តលេបកំហឹងរបស់ពួកគេ និងបិទមាត់មិនហាស្ដីអ្វីទាំងអស់។ សង្គ្រាមរវាងព្រះជាម្ចាស់ និងសាតាំង គឺពឹងផ្អែកលើមនុស្សទាំងស្រុង។ មនុស្សគ្មានម្ចាស់ការលើខ្លួនឯងឡើយ។ ពួកគេគឺអាយ៉ងដ៏ល្អខ្លាំងណាស់ ចំណែកឯព្រះជាម្ចាស់ និងសាតាំងវិញ គឺជាអ្នកដែលទាញខ្សែពីក្រោយឆាក។ នៅពេលដែលព្រះជាម្ចាស់ប្រើមនុស្សឱ្យធ្វើបន្ទាល់ថ្វាយទ្រង់ ព្រះអង្គធ្វើគ្រប់យ៉ាងដែលទ្រង់អាចនឹកឃើញ គ្រប់យ៉ាងដែលទ្រង់អាចធ្វើបាន ដើម្បីប្រើមនុស្សឱ្យបម្រើទ្រង់ ដោយធ្វើឱ្យមនុស្សធ្លាក់ក្នុងការប្រើប្រាស់ពីសំណាក់សាតាំង ហើយជាងនេះទៅទៀត ធ្វើឱ្យពួកគេធ្លាក់ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់។ ហើយនៅពេលដែលមនុស្សធ្វើបន្ទាល់ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យគេធ្វើរួចហើយ នោះព្រះអង្គក៏គ្រវែងគេទៅម្ខាង ហើយទុកឱ្យពួកគេទទួលរងទុក្ខ ចំណែកឯទ្រង់វិញ ធ្វើហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធនឹងពួកគេសោះអ៊ីចឹង។ នៅពេលដែលទ្រង់សព្វព្រះទ័យចង់ប្រើពួកគេម្ដងទៀត ទ្រង់ក៏រើសយកពួកគេជាថ្មីម្ដងទៀត រួចប្រើពួកគេ ហើយមនុស្សមិនបានដឹងអំពីរឿងនេះសូម្បីតែបន្តិចសោះឡើយ។ ពួកគេមិនខុសអ្វីពីសត្វគោ ឬសត្វសេះដែលត្រូវម្ចាស់វាប្រើតាមអំពើចិត្តនោះទេ ក្នុងចំណោមពួកវានេះ គ្មានសត្វណាមួយមានម្ចាស់ការលើខ្លួនវាឡើយ។ ចំណុចនេះស្ដាប់ទៅអាចមិនសប្បាយចិត្តបន្តិចមែន ប៉ុន្តែមិនថាមនុស្សមានម្ចាស់ការលើខ្លួនឯងឬអត់នោះទេ ការធ្វើការបម្រើព្រះជាម្ចាស់គឺជាកិត្តិយសមួយ មិនមែនជារឿងដែលត្រូវពិបាកចិត្តឡើយ។ នេះហាក់ដូចជាព្រះជាម្ចាស់គួរតែធ្វើបែបនេះអ៊ីចឹង។ តើការដែលអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះដ៏មានគ្រប់ចេស្ដា មិនមែនជារឿងដែលត្រូវមានមោទនភាពទេឬអី? ដូច្នេះ តើអ្នកគិតបែបណាដែរ? តើអ្នកធ្លាប់ធ្វើការតាំងចិត្តដើម្បីបម្រើព្រះជាម្ចាស់ដែរឬទេ? តើអ្នកនៅតែចង់មានសិទ្ធិក្នុងការស្វែងរកសេរីភាពផ្ទាល់ខ្លួនរបស់អ្នកទៀតឬយ៉ាងណា?
ទោះយ៉ាងណាក៏ដោយ ក៏គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែល្អទាំងអស់ និងមានតម្លៃត្រូវយកតម្រាប់តាម ហើយសរុបមក មនុស្សនិងព្រះជាម្ចាស់ មិនដូចគ្នាទេ។ ផ្អែកលើមូលដ្ឋាននេះ អ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ដោយប្រើចិត្តរបស់មនុស្ស មិនថាព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះសេចក្ដីស្រឡាញ់របស់អ្នកឬអត់នោះទេ។ បន្ទូលរបស់ព្រះជាម្ចាស់បង្ហាញថា នៅក្នុងព្រះទ័យរបស់ទ្រង់ ក៏មានទុក្ខសោកដ៏ធំផងដែរ។ គឺដោយសារបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះឯង ដែលមនុស្សត្រូវបានបន្សុទ្ធ។ ក៏ប៉ុន្តែ ចុងក្រោយទៅ កិច្ចការនេះបានកើតឡើងកាលពីម្សិលម៉ិញរួចទៅហើយ ដូច្នេះ បន្ទាប់ទៅទៀត តើព្រះជាម្ចាស់នឹងធ្វើអ្វីឱ្យប្រាកដទៅ? មកទល់នឹងសព្វថ្ងៃនេះ រឿងនេះនៅតែមានអាថ៌កំបាំងដដែល ដូច្នេះហើយទើបមនុស្សមិនអាចយល់ ឬវាស់ស្ទង់រឿងនេះបាន ហើយមិនអាចធ្វើអ្វីបានក្រៅពីច្រៀងឱ្យទាន់ភ្លេងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងក៏ដោយ ក៏គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គឺសុទ្ធតែជាការពិតទាំងអស់ដែរ ហើយគ្រប់យ៉ាងនឹងក្លាយជាការពិត។ រឿងនេះ គ្មានអ្វីត្រូវសង្ស័យឡើយ!