សេចក្តីផ្ដើម

ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងផ្នែកនេះ មានសរុបទាំងអស់បួនផ្នែក ដែលសុទ្ធសឹងតែសម្ដែងចេញដោយព្រះគ្រីស្ទ នៅចន្លោះពីខែមិថុនា ឆ្នាំ១៩៩២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០។ ភាគច្រើននៃព្រះបន្ទូលទាំងនេះ គឺផ្អែកលើខ្សែអាត់សំឡេងនៃការអធិប្បាយ និងការប្រកបគ្នារបស់ព្រះគ្រីស្ទ នៅពេលដែលព្រះអង្គយាងទៅតាមបណ្ដាពួកជំនុំជាច្រើន។ ព្រះបន្ទូលទាំងនេះមិនទាន់បានកែសម្រួលតាមវិធីណាមួយ ឬត្រូវព្រះគ្រីស្ទផ្លាស់ប្ដូរនៅពេលក្រោយមកទៀតឡើយ។ ផ្នែកដែលសេសសល់ ត្រូវបានព្រះគ្រីស្ទសរសេរដោយផ្ទាល់ (នៅពេលដែលព្រះគ្រីស្ទសរសេរនោះ ព្រះអង្គសរសេរយកតែម្ដង មិនបានឈប់ដើម្បីគិត ឬធ្វើការកែសម្រួលអ្វីនោះទេ ហើយព្រះបន្ទូលរបស់ទ្រង់ គឺជាការសម្ដែងចេញពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ ចំណុចនេះ គ្មានអ្វីដែលត្រូវសង្ស័យនោះទេ)។ យើងពុំបានញែកព្រះសូរសៀងទាំងពីរប្រភេទនេះចេញពីរគ្នាទេ តែផ្ទុយទៅវិញ យើងបានបង្ហាញព្រះបន្ទូលទាំងនេះជាមួយគ្នា ទៅតាមលំដាប់លំដោយដើម ដែលព្រះសូរសៀងទាំងនេះត្រូវបានសម្ដែងចេញមក។ តាមរយៈព្រះសូរសៀងរបស់ទ្រង់ទាំងស្រុងនេះ ធ្វើឱ្យយើងអាចមើលឃើញពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ និងយល់ពីរបៀបដែលព្រះអង្គបំពេញកិច្ចការក្នុងអំឡុងដំណាក់កាលនីមួយៗ ដែលនេះមានប្រយោជន៍ដល់ការយល់ដឹងរបស់មនុស្សអំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ផងដែរ។

ជំពូកទាំងប្រាំបីដំបូងគេនៃសៀវភៅ «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី១)» ហៅកាត់ជារួមថា «ផ្លូវ» គឺជាព្រះបន្ទូលមួយចំណែកតូច ដែលព្រះគ្រីស្ទបានថ្លែងមកកាលគ្រាដែលព្រះអង្គបានគង់នៅក្នុងឋានៈស្មើគ្នាជាមួយនឹងមនុស្ស។ ទោះបីព្រះបន្ទូលទាំងនេះមិនសូវទាក់ទាញចំណាប់អារម្មណ៍ខ្លាំងក៏ដោយ ក៏ព្រះបន្ទូលទាំងនេះពោរពេញទៅដោយសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរ។ នៅមុននោះ ព្រះជាម្ចាស់បានមានបន្ទូលតាមទស្សនៈនៃស្ថានសួគ៌ជាន់ទីបី ដែលបង្កើតឱ្យមានគម្លាតយ៉ាងធំរវាងព្រះអង្គ និងមនុស្ស ហើយធ្វើឱ្យមនុស្សខ្លាចមិនហ៊ានចូលទៅជិតព្រះជាម្ចាស់ ហើយក៏មិនហ៊ានទូលសុំទ្រង់ឱ្យប្រទានជីវិតដល់ពួកគេដែរ។ ដូច្នេះ នៅក្នុងសៀវភៅ «ផ្លូវ» ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលទៅកាន់មនុស្សនៅក្នុងឋានៈស្មើគ្នា ហើយបានចង្អុលបង្ហាញទិសដៅនៃផ្លូវត្រូវដើរ ហើយក៏បានស្ដារទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់ឱ្យមានសភាពដូចដើមវិញ។ មនុស្សលែងឆ្ងល់ថាតើព្រះជាម្ចាស់នៅបន្តប្រើវិធីសាស្ត្រនៃការថ្លែងព្រះបន្ទូលតទៅទៀតឬអត់ហើយ ហើយក៏លែងត្រូវលងបន្លាចដោយការភ័យខ្លាចនឹងការល្បងលនៃសេចក្តីស្លាប់ទៀតដែរ។ ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ជាន់ទីបី មកកាន់ផែនដី ហើយមនុស្សបានចេញពីបឹងភ្លើង និងបឹងស្ពាន់ធ័រ មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ ពួកគេបោះចោលស្រមោលជា «អ្នកស៊ីឈ្នួល» ហើយពួកគេបានទទួលយកការជ្រមុជទឹកជាផ្លូវការតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រៀបដូចជាកូនគោដែលទើបនឹងកើតដូច្នោះដែរ។ មានតែពេលនោះទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលយ៉ាងស្និទ្ធស្នាលជាមួយពួកគេបាន និងបំពេញកិច្ចការនៃការប្រទានជីវិតដល់ពួកគេកាន់តែចើនទៀត។ គោលបំណងដែលព្រះជាម្ចាស់បន្ទាបអង្គទ្រង់មកធ្វើជាមនុស្ស គឺដើម្បីឱ្យព្រះអង្គអាចស្និទ្ធស្នាលនឹងមនុស្សបាន ដោយកាត់បន្ថយគម្លាតរវាងមនុស្សនិងទ្រង់ និងធ្វើឱ្យមនុស្សទទួលស្គាល់ និងទុកចិត្តទ្រង់ ហើយបណ្ដាលចិត្តមនុស្សឱ្យមានសេចក្តីជឿជាក់ក្នុងការដេញតាមជីវិត និងដើរតាមព្រះជាម្ចាស់។ ជំពូកទាំងប្រាំបីនៃសៀវភៅ «ផ្លូវ» នេះ អាចសង្ខេបខ្លីថាជាកូនសោដែលព្រះជាម្ចាស់ប្រើដើម្បីបើកទ្វារដួងចិត្តមនុស្ស ហើយជំពូកនីមួយៗរួមគ្នាបង្កើតបានជាថ្នាំគ្រាប់ស្រោបជាតិស្ករ ដែលព្រះអង្គប្រទានដល់មនុស្ស។ ទាល់តែព្រះជាម្ចាស់ធ្វើបែបនេះ ទើបមនុស្សអាចយកចិត្តទុកដាក់នឹងការបង្រៀន និងការដាស់តឿនរបស់ព្រះជាម្ចាស់ដដែលជាដដែលបាន។ គឺអាចនិយាយបានថា មានតែបន្ទាប់ពីនេះទេ ទើបព្រះជាម្ចាស់ចាប់ផ្ដើមបំពេញកិច្ចការនៃការប្រទានជីវិត និងការសម្ដែងចេញសេចក្តីពិតនៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះជាផ្លូវការបាន ដូចដែលព្រះអង្គបន្តមានបន្ទូលថា៖ «តើអ្នកជឿគួរប្រកាន់យកទស្សនៈបែបណា» និង «អំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់»...។ តើវិធីសាស្ត្របែបនេះមិនមែនបង្ហាញពីព្រះប្រាជ្ញាញាណ និងបំណងព្រះហឫទ័យដ៏ទៀងត្រង់របស់ទ្រង់ទេឬអី? នេះគឺជាការចាប់ផ្ដើមដំបូងបង្អស់នៃការប្រទានជីវិតរបស់ព្រះគ្រីស្ទ ដូច្នេះ សេចក្តីពិតនៅរាក់ជាងផ្នែកបន្ទាប់ទៀតនៅឡើយទេ។ គោលការណ៍បង្កប់ពីក្រោយផ្នែកនេះគឺសាមញ្ញទេ៖ ព្រះជាម្ចាស់បំពេញកិច្ចការទៅតាមតម្រូវការរបស់មនុស្សជាតិ។ ព្រះអង្គមិនធ្វើអ្វី ឬមានបន្ទូលអ្វីទាំងងងឹតងងល់ឡើយ។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលយល់ពីតម្រូវការរបស់មនុស្សជាតិទាំងស្រុង ហើយក៏គ្មាននរណាម្នាក់ដែលមានសេចក្តីស្រឡាញ់ និងការយល់ដឹងពីមនុស្សច្រើនជាងព្រះអង្គដែរ។

នៅក្នុងព្រះសូរសៀងពីមួយដល់ដប់នៅក្នុង «កិច្ចការ និងការចូលទៅក្នុង» ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចូលទៅក្នុងដំណាក់កាលថ្មីមួយ។ ហេតុនេះហើយ ព្រះសូរសៀងទាំងនេះ ក៏ត្រូវដាក់នៅផ្នែកខាងដើមគេ។ បន្ទាប់មកទៀត ក៏លេចចេញនូវ «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី២)» ឡើងមក។ ក្នុងអំឡុងពេលនៃដំណាក់កាលនេះ ព្រះជាម្ចាស់បានតាំងសេចក្ដីបង្គាប់កាន់តែលម្អិតជាងមុនពីអ្នកដើរតាមទ្រង់ ជាសេចក្ដីបង្គាប់ដែលបានរាប់បញ្ចូលទាំងចំណេះដឹងអំពីបែបផែននៃការរស់នៅរបស់មនុស្ស សេចក្ដីតម្រូវអំពីគុណសម្បត្តិរបស់ពួកគេ ។ល។ និង ។ល។ ដោយសារតែមនុស្សទាំងនេះបានតាំងចិត្តដើរតាមព្រះជាម្ចាស់ និងលែងមានមន្ទិលសង្ស័យអំពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទៀត ដូច្នេះ ព្រះជាម្ចាស់ក៏បានចាប់ផ្ដើមចាត់ទុកពួកគេជាសមាជិកគ្រួសាររបស់ទ្រង់ផ្ទាល់ជាផ្លូវការ ដោយប្រកបគ្នាអំពីសេចក្តីពិតបង្កប់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ គិតចាប់តាំងពីគ្រានៃការបង្កើតរបស់សព្វសារពើ រហូតដល់ពេលសព្វថ្ងៃនេះ ដោយបើកសម្ដែងពីការពិតបង្កប់នៅក្នុងព្រះគម្ពីរ និងបានបង្រៀនពួកគេអំពីសារៈសំខាន់ពិតប្រាកដនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងផ្នែកនេះ បានធ្វើឱ្យមនុស្សមានការយល់ដឹងកាន់តែច្បាស់អំពីសារជាតិរបស់ព្រះ និងសារជាតិនៃកិច្ចការរបស់ទ្រង់ ហើយបានធ្វើឱ្យពួកគេដឹងថា អ្វីដែលពួកគេបានទទួលតាមរយៈសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺលើសពីអ្វីដែលពួកហោរា និងពួកសាវ័កបានទទួលកាលពីយុគសម័យមុនទៅទៀត។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ឃ្លា អ្នកអាចយល់បានពីព្រះប្រាជ្ញាញាណរបស់ទ្រង់នៅគ្រប់ចំណែកទាំងអស់ ក៏ដូចជាសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់ដ៏ស្មោះសរបស់ទ្រង់ចំពោះមនុស្សផងដែរ។ ក្រៅពីការសម្ដែងចេញនូវព្រះបន្ទូលទាំងអស់នោះ ព្រះជាម្ចាស់ក៏បានបើកសម្ដែងជាសាធារណៈនូវសញ្ញាណនិងជំនឿខុសឆ្គងរបស់មនុស្សកាលពីគ្រាមុន បន្តិចម្ដងៗ និងពីអ្វីដែលមនុស្សមិនធ្លាប់នឹកស្រមៃដល់កាលពីមុនមក ក៏ដូចជាមាគ៌ាដែលមនុស្សត្រូវដើរនាពេលអនាគតផងដែរ។ ប្រហែលនេះគឺជា «សេចក្តីស្រឡាញ់» ដ៏តូចចង្អៀត ដែលមនុស្សអាចដកពិសោធន៍បានហើយមើលទៅ! ចុងក្រោយ ព្រះជាម្ចាស់បានប្រទានគ្រប់យ៉ាងតាមដែលមនុស្សត្រូវការ និងបានប្រទានអ្វីដែលពួកគេបានទូលសុំ ដោយគ្មានសំចៃទុក ឬសុំអ្វីតបស្នងមកវិញនោះទេ។

ជំពូកពិសេសៗជាច្រើនទៀតនៅក្នុងផ្នែកនេះក៏លើកឡើងអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានក្លាយជាចំណែកមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិអស់ពេលជាច្រើនពាន់ឆ្នាំមកហើយ។ ជាងនេះទៅទៀត មនុស្សចាត់ទុកព្រះគម្ពីរប្រៀបដូចជាព្រះជាម្ចាស់ដូច្នោះដែរ រហូតដល់ថ្នាក់នៅគ្រាចុងក្រោយ ព្រះគម្ពីរបានជំនួសកន្លែងរបស់ព្រះជាម្ចាស់ទៀតផង ដែលធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមយ៉ាងខ្លាំង។ ដូច្នេះ នៅពេលណាដែលសមស្រប ព្រះជាម្ចាស់ចាំបាច់ត្រូវតែបញ្ជាក់អំពីរឿងអាថ៌កំបាំង និងប្រភពដើមរបស់ព្រះគម្ពីរ។ ប្រសិនបើព្រះអង្គមិនធ្វើបែបនេះទេ នោះព្រះគម្ពីរនឹងបន្តជំនួសកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស ហើយមនុស្សមុខជាប្រើព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដើម្បីវាស់វែង និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់មិនខាន។ តាមរយៈការពន្យល់អំពីសារជាតិ ការរៀបចំរចនាសម្ព័ន្ធ និងចំណុចខ្វះចន្លោះនៅក្នុងព្រះគម្ពីរ នោះព្រះជាម្ចាស់គ្មានចេតនាបដិសេធអត្ថិភាពរបស់ព្រះគម្ពីរឡើយ ហើយព្រះអង្គក៏មិនបានថ្កោលទោសព្រះគម្ពីរនោះដែរ។ ផ្ទុយទៅវិញ ព្រះអង្គកំពុងតែប្រទានសេចក្តីពណ៌នាដ៏សមហេតុផលនិងស័ក្ដិសមមួយ ដើម្បីស្ដាររូបភាពដើមរបស់ព្រះគម្ពីរត្រឡប់មកវិញ ដោយលើកឡើងពីការភាន់ច្រឡំដែលមនុស្សមានអំពីព្រះគម្ពីរ ព្រមទាំងធ្វើឱ្យពួកគេមានទស្សនៈយល់ឃើញត្រឹមត្រូវអំពីព្រះគម្ពីរ ដើម្បីកុំឱ្យពួកគេថ្វាយបង្គំព្រះគម្ពីរ និងលែងវង្វេងតទៅទៀត ពោលគឺ ដើម្បីកុំឱ្យពួកគេមានការយល់ខុសតទៅទៀតថា សេចក្តីជំនឿទាំងងងឹតងងល់លើព្រះគម្ពីរ គឺជាសេចក្តីជំនឿលើព្រះជាម្ចាស់ និងជាការថ្វាយបង្គំព្រះជាម្ចាស់ ដោយខ្លាចមិនហ៊ានប្រឈមមុខនឹងសាវតារពិត និងចំណុចខ្វះចន្លោះរបស់ព្រះគម្ពីរ។ នៅពេលដែលមនុស្សមានការយល់ដឹងត្រឹមត្រូវអំពីព្រះគម្ពីរហើយ នោះពួកគេអាចទុកព្រះគម្ពីរមួយឡែកបាន ដោយគ្មានអារម្មណ៍សោកសៅ ហើយមានសេចក្ដីក្លាហានក្នុងការទទួលយកព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់។ នេះគឺជាគោលដៅរបស់ព្រះជាម្ចាស់នៅក្នុងជំពូកទាំងប៉ុន្មាននេះ។ ការពិតដែលព្រះជាម្ចាស់ចង់ប្រាប់ឱ្យមនុស្សបានដឹងនៅត្រង់នេះគឺថា គ្មានទ្រឹស្ដី ឬការពិតណា អាចជំនួសកន្លែងនៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះបានឡើយ ហើយក៏គ្មានអ្វីដែលអាចជំនួសកន្លែងរបស់ព្រះជាម្ចាស់បានដែរ។ ប្រសិនបើមនុស្សមិនអាចគេចចេញពីអន្ទាក់នៃព្រះគម្ពីរបានទេ នោះពួកគេនឹងមិនអាចចូលមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានឡើយ។ ប្រសិនបើពួកគេចង់ចូលមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដំបូង ពួកគេត្រូវបន្សុទ្ធដួងចិត្តរបស់ពួកគេឱ្យបានជ្រះស្រឡះពីអ្វីៗដែលអាចជំនួសកន្លែងរបស់ទ្រង់ជាមុនសិន។ បន្ទាប់មក ពួកគេនឹងក្លាយជាមនុស្សដែលគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។ ទោះបីជានៅត្រង់នេះ ព្រះជាម្ចាស់ពន្យល់តែអំពីព្រះគម្ពីរក្ដី ក៏មិនត្រូវភ្លេចឡើយថា ក្រៅពីព្រះគម្ពីរ នៅមាននូវរឿងភាន់ច្រឡំជាច្រើនផ្សេងទៀត ដែលមនុស្សថ្វាយបង្គំដោយពិតប្រាកដដែរ។ របស់តែម្យ៉ាងគត់ដែលពួកគេមិនបានថ្វាយបង្គំ គឺជាអ្វីដែលចេញមកពីព្រះជាម្ចាស់ពិតប្រាកដ។ ព្រះជាម្ចាស់គ្រាន់តែប្រើព្រះគម្ពីរធ្វើជាឧទាហរណ៍មួយ ដើម្បីដាស់តឿនមនុស្សកុំឱ្យដើរលើផ្លូវខុស ហើយធ្លាក់ទៅក្នុងភាពជ្រុលនិយម និងការភាន់ច្រឡំតទៅទៀតប៉ុណ្ណោះ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់។

ព្រះបន្ទូលដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ចាប់ផ្ដើមពីរាក់ទៅជ្រៅ។ ប្រធានបទនៃព្រះសូរសៀងរបស់ទ្រង់ កើនឡើងជាបន្តបន្ទាប់ រាប់ចាប់ពីឥរិយាបថនិងសកម្មភាពខាងក្រៅរបស់មនុស្ស រហូតដល់និស្ស័យដ៏ពុករលួយរបស់ពួកគេ ដែលតាមរយៈនេះ ព្រះជាម្ចាស់តម្រង់ចុងលំពែងនៃព្រះបន្ទូលរបស់ទ្រង់សំដៅទៅរកផ្នែកដ៏ជ្រៅបំផុតនៃព្រលឹងរបស់មនុស្ស ពោលគឺសារជាតិរបស់ពួកគេនោះឯង។ ក្នុងអំឡុងពេលដែល «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី៣)» ត្រូវបានសម្ដែងចេញ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ក៏បានសង្កត់ធ្ងន់ទៅលើសារជាតិ និងអត្តសញ្ញាណរបស់មនុស្ស ព្រមទាំងតើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេចផង ដែលនេះជាសេចក្តីពិតដ៏ជ្រាលជ្រៅ និងជាសំណួរដ៏សំខាន់ទាក់ទងនឹងច្រកចូលទៅកាន់ជីវិតរបស់មនុស្ស។ ពិតណាស់ ពេលគិតឡើងវិញអំពីសេចក្តីពិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សនៅក្នុង «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី១)» បើធៀបគ្នាទៅ ឃើញថាខ្លឹមសារនៃ «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី៣)» មានអត្ថន័យជ្រាលជ្រៅជាង។ ព្រះបន្ទូលនៅក្នុងផ្នែកនេះលើកឡើងអំពីមាគ៌ាទៅថ្ងៃអនាគតរបស់មនុស្ស និងរបៀបដែលអាចប្រោសពួកគេឱ្យបានគ្រប់លក្ខណ៍។ ព្រះបន្ទូលត្រង់ផ្នែកនេះ ក៏លើកឡើងអំពីទិសដៅទៅអនាគតរបស់មនុស្សជាតិ និងរបៀបដែលព្រះជាម្ចាស់និងមនុស្ស នឹងចូលទៅក្នុងការសម្រាកជាមួយគ្នាផងដែរ។ (អាចនិយាយបានថា មកដល់ពេលបច្ចុប្បន្ន នេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងទៅកាន់មនុស្សទាក់ទងនឹងលក្ខណៈរបស់ពួកគេ បេសកកម្មរបស់ពួកគេ និងទិសដៅរបស់ពួកគេ ដែលមានភាពងាយស្រួលយល់បំផុត។) ព្រះជាម្ចាស់សង្ឃឹមថា មនុស្សដែលអានព្រះបន្ទូលទាំងនេះ គឺជាមនុស្សដែលបានញែកខ្លួនចេញពីសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ជាអ្នកដែលមានសមត្ថភាពយល់ដឹងបានត្រឹមត្រូវអំពីគ្រប់ទាំងព្រះបន្ទូលរបស់ព្រះនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ លើសពីនេះ ព្រះអង្គក៏សង្ឃឹមផងដែរថា អស់អ្នកណាដែលអានព្រះបន្ទូលទាំងនេះហើយ នឹងអាចចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយសង្ឃឹមថា ពួកគេនឹងមិនព្រងើយកន្ដើយដាក់ព្រះជាម្ចាស់ ឬនិយាយបញ្ជោរកុហកទ្រង់ឡើយ។ ប្រសិនបើមនុស្សអានព្រះបន្ទូលទាំងនេះដោយអាកប្បកិរិយាពិនិត្យពិច័យ ឬវែកញែកយ៉ាងល្អិនល្អន់ពីព្រះជាម្ចាស់ នោះព្រះសូរសៀងទាំងនេះ នឹងប្រៀបដូចជាសៀវភៅបិទជិតមួយក្បាលដូច្នោះដែរ។ មានតែអស់អ្នកណាដែលដេញតាមសេចក្តីពិត អស់អ្នកណាដែលតាំងចិត្តដើរតាមព្រះជាម្ចាស់ និងអស់អ្នកណាដែលគ្មានចិត្តសង្ស័យសូម្បីតែបន្តិចចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយកព្រះបន្ទូលទាំងនេះ។

«ព្រះបន្ទូលរបស់ព្រះគ្រីស្ទ ខណៈដែលទ្រង់យាងក្នុងពួកជំនុំនានា (ភាគទី៤)» គឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់មួយផ្នែកទៀត ដែលបន្តពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល»។ ផ្នែកនេះ រួមបញ្ចូលការដាស់តឿន ការបង្រៀន និងការបើកសម្ដែងរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សនៅតាមនិកាយគ្រីស្ទសាសនា ដូចជា៖ «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់»។ ក្នុងនោះ ក៏រួមបញ្ចូលទាំងសេចក្ដីតម្រូវជាក់លាក់បំផុតរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិផងដែរ ដូចជា៖ «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» «សេចក្ដីដាស់តឿនទាំងបី» «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក»។ ក៏មាននិយាយពីទិដ្ឋភាពជាច្រើនទៀតផងដែរ ដូចជា ការបើកសម្ដែង និងការជំនុំជម្រះលើមនុស្សគ្រប់ប្រភេទ និងព្រះបន្ទូលអំពីរបៀបស្គាល់ព្រះជាម្ចាស់ជាដើម។ អាចនិយាយបានថា ផ្នែកនេះគឺជាចំណុចស្នូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ។ ផ្នែកដែលមិនអាចបំភ្លេចបានជាងគេនៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះគឺ នៅពេលដែលព្រះជាម្ចាស់ហៀបនឹងបិទបញ្ចប់កិច្ចការរបស់ទ្រង់ទៅហើយ ព្រះអង្គក៏បានលាតត្រដាងពីអ្វីដែលមាននៅក្នុងខួរឆ្អឹងរបស់មនុស្ស នោះគឺអំពើក្បត់នេះឯង។ គោលបំណងរបស់ទ្រង់ គឺដើម្បីឱ្យចុងក្រោយ មនុស្សបានដឹងពីការពិតនេះ ហើយចងចាំវាទុកនៅក្នុងជម្រៅចិត្តរបស់ពួកគេ៖ រយៈពេលដែលអ្នកបានក្លាយជាអ្នកដើរតាមព្រះជាម្ចាស់មិនសំខាន់ឡើយ ដ្បិតធម្មជាតិរបស់អ្នកនៅតែក្បត់ព្រះជាម្ចាស់ដដែល។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សមានធម្មជាតិក្បត់ព្រះជាម្ចាស់ ក៏ព្រោះតែពួកគេគ្មានសមត្ថភាពសម្រេចនូវភាពចាស់ទុំនៅក្នុងជីវិតរបស់ពួកគេទាំងស្រុងបាន ហើយពួកគេអាចត្រឹមផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្តិចបន្តួចប៉ុណ្ណោះ។ ទោះបីជាជំពូកទាំងពីរនេះ «អំពើក្បត់ (១)» និង «អំពើក្បត់ (២)» គឺដូចជាការទះចំក្បាលមនុស្សក៏ដោយ ក៏ជំពូកទាំងនេះនៅតែជាការព្រមានដ៏ស្មោះត្រង់ និងមានមេត្តាករុណាបំផុតរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែរ។ យ៉ាងហោចណាស់ ពេលមនុស្សមានការពេញចិត្ត និងអួតខ្លួនហួសហេតុ នៅពេលពួកគេបានអានជំពូកទាំងពីរនេះហើយ ពួកគេក៏អាចឃាត់ឃាំងសេចក្ដីអាក្រក់របស់ពួកគេមិនឱ្យរីកកាន់តែធំ ហើយពួកគេនឹងស្ងាត់មាត់ជាងមុន។ តាមរយៈជំពូកទាំងពីរនេះ ព្រះជាម្ចាស់ក្រើនរំឭកមនុស្សទាំងអស់ថា មិនថាជីវិតរបស់គេចាស់ទុំប៉ុនណា មិនថាគេមានបទពិសោធជ្រាលជ្រៅកម្រិតណា មិនថាគេមានទំនុកចិត្តខ្លាំងបែបណា ហើយមិនថាគេកើតនៅកន្លែងណា មិនថាគេទៅទីណានោះទេ ធម្មជាតិនៃការក្បត់ព្រះជាម្ចាស់របស់គេ ក៏នឹងត្រូវលាតត្រដាងចេញមកនៅគ្រប់ពេល និងគ្រប់ទីកន្លែងដែរ។ អ្វីដែលព្រះជាម្ចាស់ចង់ប្រាប់ដល់មនុស្សរាល់គ្នាគឺថា៖ មនុស្សម្នាក់ៗសុទ្ធតែមានធម្មជាតិក្បត់ព្រះជាម្ចាស់ពីកំណើត។ ពិតណាស់ គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការសម្ដែងចេញនូវជំពូកទាំងពីរនេះ គឺមិនមែនជាការរកលេសដើម្បីផាត់ចោល ឬថ្កោលទោសមនុស្សជាតិនោះឡើយ ប៉ុន្តែដើម្បីធ្វើឱ្យមនុស្សដឹងកាន់តែច្រើនអំពីធម្មជាតិរបស់ពួកគេ ឱ្យពួកគេអាចរស់នៅដោយប្រុងប្រយ័ត្ននៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានគ្រប់ពេល ដើម្បីទទួលបានការណែនាំពីទ្រង់ ដែលចំណុចនេះនឹងការពារពួកគេកុំឱ្យបាត់បង់ព្រះវត្តមានរបស់ព្រះជាម្ចាស់ និងដើម្បីកុំឱ្យពួកគេបោះជំហាននៅលើផ្លូវមួយដែលគ្មានថ្ងៃបកក្រោយវិញបាន។ ជំពូកទាំងពីរនេះប្រៀបដូចជាកណ្ដឹងប្រកាសអាសន្នសម្រាប់អ្នកដែលដើរតាមព្រះជាម្ចាស់ដូច្នោះដែរ។ សង្ឃឹមថា មនុស្សនឹងយល់ពីបំណងព្រះហឫទ័យដ៏ស្មោះរបស់ព្រះជាម្ចាស់ទៅចុះ។ មិនថាយ៉ាងណា ព្រះបន្ទូលទាំងនេះ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបានឡើយ។ ដូច្នេះ តើមនុស្សចាំបាច់អ្វីត្រូវជជែកតវ៉ាពីពេលវេលា និងរបៀបដែលព្រះជាម្ចាស់សម្ដែងចេញព្រះបន្ទូលទាំងនោះទៀត? ប្រសិនបើព្រះជាម្ចាស់លាក់ទុករឿងទាំងនេះតែមួយព្រះអង្គឯង ហើយរង់ចាំរហូតដល់ពេលដែលមនុស្សជឿថា នោះជាពេលសមស្របដែលទ្រង់ត្រូវថ្លែងព្រះបន្ទូលទាំងនោះហើយ តើវានឹងមិនយឺតពេលទៅហើយទេឬ? ចុះតើពេលណាទៅ ជាពេលវេលាដែលស័ក្ដិសមបំផុតនោះ?

ព្រះជាម្ចាស់ប្រើប្រាស់វិធីសាស្ត្រ និងទស្សនៈជាច្រើននៅក្នុងផ្នែកទាំងបួននេះ។ ឧទាហរណ៍ ពេលខ្លះព្រះអង្គប្រើការដៀលត្មះ ហើយពេលខ្លះទៀត ព្រះអង្គប្រើវិធីសាស្ត្រនៃការទំនុកបម្រុង និងការបង្រៀនដោយផ្ទាល់។ ពេលខ្លះ ព្រះអង្គប្រើឧទាហរណ៍ ហើយពេលខ្លះទៀត ព្រះអង្គប្រើការស្ដីបន្ទោសធ្ងន់ៗ។ ជារួម មានវិធីសាស្ត្រគ្រប់ប្រភេទខុសៗគ្នា ហើយគោលដៅគឺដើម្បីធ្វើឱ្យស្របទៅតាមសភាព និងរសនិយមផ្សេងៗគ្នារបស់មនុស្ស។ ទស្សនៈនៃការមានបន្ទូលរបស់ទ្រង់ផ្លាស់ប្ដូរទៅតាមវិធីសាស្ត្រ និងខ្លឹមសារខុសៗគ្នានៃព្រះសូរសៀងរបស់ទ្រង់។ ឧទាហរណ៍ ពេលខ្លះ ព្រះអង្គមានបន្ទូលថា «ខ្ញុំ» ឬ «របស់ខ្ញុំ» ពោលគឺព្រះអង្គមានបន្ទូលទៅកាន់មនុស្សតាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ពេលខ្លះ ព្រះអង្គមានបន្ទូលតាមទស្សនៈបុគ្គលទីបី ដោយមានបន្ទូលថា «ព្រះជាម្ចាស់» បែបនេះ ឬបែបនោះ ហើយមានពេលខ្លះទៀត ព្រះអង្គក៏មានបន្ទូលតាមទស្សនៈរបស់មនុស្សផងដែរ។ មិនថាព្រះអង្គមានបន្ទូលតាមទស្សនៈអ្វីនោះទេ ក៏សារជាតិរបស់ទ្រង់នៅតែមិនផ្លាស់ប្ដូរដដែល ព្រោះថាទោះបីព្រះអង្គមានបន្ទូលតាមរបៀបណាក៏ដោយ ក៏អ្វីៗគ្រប់យ៉ាងដែលព្រះអង្គសម្ដែងចេញមក នៅតែជាសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល ពោលគឺសុទ្ធតែជាសេចក្តីពិត និងជាអ្វីដែលមនុស្សជាតិត្រូវការទាំងអស់។

ខាង​ដើម៖ ជំពូកទី ៤៦

បន្ទាប់៖ ផ្លូវ ... (១)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ