៦. អ្នកធ្វើបន្ទាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាម គឺជាក្រាំងតូចមួយដែលត្រូវបានបើកដោយកូនចៀមដូចបានទស្សន៍ទាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ យើងមិនជឿលើការនេះទេ។ យើងជឿថា «ក្រាំងតូច» សំដៅទៅលើព្រះគម្ពីរ ព្រះគម្ពីរជាក្រាំងដ៏តូចនោះ ហើយវាគ្រប់គ្រាន់ដែលថា យើងត្រូវការតែព្រះគម្ពីរមួយប៉ុណ្ណោះ។
ខគម្ពីរយោង៖
«ហើយនៅខាងស្ដាំព្រះហស្តទ្រង់ដែលគង់នៅលើបល្ល័ង្ក ខ្ញុំបានឃើញក្រាំងមួយក្បាលដែលកត់ត្រាទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាចំនួនប្រាំពីរ។ ហើយខ្ញុំបានឃើញទេវតាដ៏អង់អាចមួយកំពុងប្រកាសខ្លាំងៗថា តើនរណាសក្ដិសមបើកក្រាំង និងបកត្រានោះចេញទៅ? នៅស្ថានសួគ៌ នៅលើផែនដី និងនៅក្រោមដី គ្មាននរណាម្នាក់អាចបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង។ ហើយខ្ញុំបានយំយ៉ាងខ្លាំង ព្រោះថាគ្មាននរណាម្នាក់សក្ដិសមនឹងបើកក្រាំង ឬសូម្បីតែក្រឡេកមើលផង។ ហើយនៅក្នុងចំណោមនោះ មានពួកចាស់ទុំម្នាក់បាននិយាយប្រាប់ខ្ញុំថា កុំយំអី មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:១-៥)។
«ហើយខ្ញុំឮសំឡេងពីលើមេឃនិយាយមកខ្ញុំម្តងទៀតថា៖ ចូរទៅយកក្រាំងតូចមួយដែលបើកស្រាប់នៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក។ ខ្ញុំក៏ដើរទៅរកទេវតានោះ រួចនិយាយថា សូមលោកឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ ទេវតានោះពោលមកខ្ញុំថា៖ ចូរយកទៅបរិភោគចុះ ហើយក្រាំងនេះនឹងល្វីងនៅក្នុងពោះអ្នក តែនៅក្នុងមាត់របស់អ្នក វានឹងមានរសជាតិផ្អែមដូចទឹកឃ្មុំវិញ។ ហើយខ្ញុំបានយកក្រាំងតូចចេញពីដៃរបស់ទេវតា មកបរិភោគ។ នៅក្នុងមាត់ខ្ញុំ វាមានរសជាតិដូចទឹកឃ្មុំ ហើយពេលដែលខ្ញុំបានបរិភោគវាភ្លាម វាបែរជាល្វីងនៅក្នុងពោះខ្ញុំ» (វិវរណៈ ១០:៨-១០)។
«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។ អ្នកណាដែលឈ្នះ ខ្ញុំនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង» (វិវរណៈ ២:១៧)។
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីដើមល្វានោះ នៅពេលដែលខ្ញុំបើកក្រាំងរបស់ខ្ញុំនៅគ្រាចុងក្រោយ។ («ក្រាំង» សំដៅទៅលើព្រះបន្ទូលទាំងអស់ដែលខ្ញុំបានមានបន្ទូល គឺព្រះបន្ទូលរបស់ខ្ញុំនៅគ្រាចុងក្រោយ។ វាមានផ្ទុកព្រះបន្ទូលរបស់ខ្ញុំទាំងអស់។)
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្រាចុងក្រោយគ្មានអ្វីលើសពីគ្រាចុងក្រោយទេ ហើយមិនលើសពីយុគសម័យនៃនគរព្រះឡើយ ហើយវាមិនតំណាងឱ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាទេ វានៅត្រឹមជាពាក្យពេចន៍តែប៉ុណ្ណោះ ដ្បិតមនុស្សមិនយល់ពីលក្ខណៈសំខាន់នៃព្រះគម្ពីរឡើយ។ នៅក្នុងការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យល្អិតល្អន់លើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែគេនឹងមិនអាចបកស្រាយយល់ពីអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីចេតនារបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅជាពាក្យបណ្ដៅចំពោះមនុស្សជារៀងរហូត នៅជាសេចក្តីអាថ៌កំបាំងបិទជិតជារៀងរហូត។ មិនបាច់និយាយដល់សេចក្តីនៅក្នុងពិភពខាងសាសនាទេ។ នៅថ្ងៃនេះ ប្រសិនបើខ្ញុំមិនមានបន្ទូលប្រាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នាក៏នឹងមិនយល់អំពីសេចក្តីនោះដែរ។ កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចយល់បានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែវាក៏ជាអ្វីមួយដែលគេមិនយល់ច្បាស់បំផុតដែរ។ នៅពេលដែលអ្នករាល់គ្នាស្ថិតនៅក្នុងយុគសម័យនៃព្រះគុណ អ្នកមិនដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ ឬកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាឡើយ។ មនុស្សមិនយល់អំពីហេតុផលដែលព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យ ហេតុផលដែលទ្រង់សុំឱ្យបណ្ដាជនកាន់តាមក្រឹត្យវិន័យ ឬហេតុផលដែលព្រះវិហារត្រូវបានសង់ ហើយក៏មិនយល់អំពីហេតុផលដែលប្រជាជនអ៊ីស្រាអែលត្រូវបានដឹកនាំចេញពីស្រុកអេស៊ីព្ទ ចូលទៅក្នុងវាលរហោស្ថាន បន្ទាប់មក ចូលទៅក្នុងទឹកដីកាណានឡើយ។ បញ្ហាទាំងនេះត្រូវបានបើកសម្ដែងឱ្យដឹងនៅថ្ងៃនេះប៉ុណ្ណោះ។
... កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ដូច្នេះហើយក៏បើកសម្ដែងពីទិសដៅ និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឱ្យមនុស្សយល់ពីសេចក្ដីអាថ៌កំបាំងទាំងនោះដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថាវាមិនផ្តល់ឱ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកនូវឯកសារដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែអ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។
(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)