៧. អ្នកធ្វើបន្ទាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាម ផ្ទុកនូវព្រះបន្ទូលថ្មីៗរបស់ព្រះជាម្ចាស់ ប៉ុន្តែកណ្ឌគម្ពីរវិវរណៈចែងយ៉ាងច្បាស់ថា «ដ្បិតធ្វើបន្ទាល់ទៅកាន់មនុស្សគ្រប់គ្នាដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមដល់អ្នកនោះនូវគ្រោះកាច ដូចមានចែងនៅក្នុងគម្ពីរនេះអ៊ីចឹង» (វិវរណៈ ២២:១៨)។ តើការនេះមិនបន្ថែមទៅក្នុងព្រះគម្ពីរទេឬ?
ខគម្ពីរយោង៖
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។ អ្នកណាដែលឈ្នះ ខ្ញុំនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង» (វិវរណៈ ២:១៧)។
«ហើយនៅខាងស្ដាំព្រះហស្តទ្រង់ដែលគង់នៅលើបល្ល័ង្ក ខ្ញុំបានឃើញក្រាំងមួយក្បាលដែលកត់ត្រាទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាចំនួនប្រាំពីរ។ ហើយខ្ញុំបានឃើញទេវតាដ៏អង់អាចមួយកំពុងប្រកាសខ្លាំងៗថា តើនរណាសក្ដិសមបើកក្រាំង និងបកត្រានោះចេញទៅ? នៅស្ថានសួគ៌ នៅលើផែនដី និងនៅក្រោមដី គ្មាននរណាម្នាក់អាចបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង។ ហើយខ្ញុំបានយំយ៉ាងខ្លាំង ព្រោះថាគ្មាននរណាម្នាក់សក្ដិសមនឹងបើកក្រាំង ឬសូម្បីតែក្រឡេកមើលផង។ ហើយនៅក្នុងចំណោមនោះ មានពួកចាស់ទុំម្នាក់បាននិយាយប្រាប់ខ្ញុំថា កុំយំអី មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:១-៥)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
សេចក្ដីនានាដែលត្រូវបានកត់ត្រាក្នុងព្រះគម្ពីរ មានកម្រិត សេចក្ដីទាំងនោះមិនអាចបង្ហាញពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងបានឡើយ។ ដំណឹងល្អទាំងបួនរួមគ្នាទាំងអស់ មានមិនដល់មួយរយជំពូកផង ក្នុងនោះមានសរសេរតែព្រឹត្តិការណ៍មួយចំនួនតូចប៉ុណ្ណោះ ដូចជា ព្រះយេស៊ូវដាក់បណ្ដាសាដើមឧទុម្ពរ ពេត្រុសបដិសេធបីដងថាមិនស្គាល់ព្រះអម្ចាស់ ព្រះយេស៊ូវលេចមកឱ្យពួកសិស្សឃើញបន្ទាប់ពីការជាប់ឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ សេចក្ដីបង្រៀនអំពីការតមអាហារ សេចក្ដីបង្រៀនអំពីការអធិដ្ឋាន សេចក្ដីបង្រៀនអំពីការលែងលះ ការប្រសូត និងពង្សាវតារបស់ព្រះយេស៊ូវ ការជ្រើសតាំងពួកសិស្សរបស់ព្រះយេស៊ូវ ។ល។ យ៉ាងណាមិញ មនុស្សឱ្យតម្លៃសេចក្ដីទាំងនេះដូចកំណប់ ថែមទាំងយកកិច្ចការបច្ចុប្បន្នទៅប្រៀបធៀបនឹងសេចក្ដីទាំងនោះផង។ ពួកគេថែមទាំងជឿទៀតថា កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានធ្វើក្នុងគ្រាដែលទ្រង់រស់នៅលើផែនដី គឺមានតែត្រឹមប៉ុណ្ណឹង ហាក់ដូចជាព្រះជាម្ចាស់មានសមត្ថភាពធ្វើការត្រឹមប៉ុណ្ណឹង និងគ្មានអ្វីលើសពីនេះទេ។ តើនេះមិនមែនជារឿងលេលាទេឬអី?
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ប្រសិនបើអ្នកចង់ឃើញកិច្ចការយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះអ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៃគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះ ហើយចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការអំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី និងធ្វើកិច្ចការក្រៅពីអ៊ីស្រាអែល ដែលលើសពីវិសាលភាពនៃព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា នោះគឺជាកិច្ចការថ្មីនិងអស្ចារ្យនៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុកបានគ្រប់ជ្រុងជ្រោយអំពីកិច្ចការសព្វថ្ងៃនេះជាមុន ដោយមិនមានសល់អ្វីបាន? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឱ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែបែបនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែបែបនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឱ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលម្អិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។ អ្នកត្រូវតែដឹងអំពីភាពខុសគ្នារវាងកិច្ចការចាស់និងថ្មី ហើយទោះបីជាអ្នកមិនបានអានព្រះគម្ពីរក៏ដោយ ក៏អ្នកត្រូវតែវិភាគឱ្យបានល្អិតល្អន់ដែរ។ បើមិនដូច្នោះទេ អ្នកនឹងនៅតែថ្វាយបង្គំព្រះគម្ពីរ ហើយវានឹងពិបាកសម្រាប់អ្នកក្នុងការចូលធ្វើកិច្ចការថ្មី ហើយឆ្លងកាត់នូវការផ្លាស់ប្តូរថ្មីនោះ។ ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះសូរសៀងថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងបញ្ចេញព្រះសូរសៀងថ្មីអាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វាគ្រាន់តែជាប្រវត្តិសាស្ត្រនៃការមើលទៅគ្រាមុនរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការរបស់ព្រះយេស៊ូវ គឺសម្រាប់តែប្រយោជន៍ដល់ការប្រោសលោះរបស់មនុស្ស និងដើម្បីការជាប់ឆ្កាងប៉ុណ្ណោះ ដូច្នេះហើយ មិនចាំបាច់ឱ្យទ្រង់មានបន្ទូលថែមទៀត ដើម្បីយកឈ្នះលើមនុស្សណាទេ។ អ្វីជាច្រើនដែលទ្រង់បានបង្រៀនមនុស្ស គឺត្រូវបានដកស្រង់ចេញពីព្រះបន្ទូលនៅក្នុងបទគម្ពីរ ហើយទោះបីជាកិច្ចការរបស់ទ្រង់មិនលើសពីបទគម្ពីរក៏ដោយ ក៏ទ្រង់នៅតែអាចសម្រេចកិច្ចការនៃការជាប់ឆ្កាងបានដែរ។ កិច្ចការរបស់ទ្រង់ មិនមែនជាកិច្ចការនៃព្រះបន្ទូលទេ ក៏មិនមែនកិច្ចការធ្វើសម្រាប់ជាប្រយោជន៍ដល់ការយកឈ្នះលើមនុស្សដែរ ប៉ុន្តែកិច្ចការត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីប្រោសលោះមនុស្ស។ ទ្រង់គ្រាន់តែដើរតួជាតង្វាយលោះបាបសម្រាប់មនុស្ស ហើយមិនបានធ្វើជាប្រភពនៃព្រះបន្ទូលសម្រាប់មនុស្សនោះទេ។ ទ្រង់មិនបានធ្វើកិច្ចការរបស់សាសន៍ដទៃ ដែលជាកិច្ចការនៃការយកឈ្នះលើមនុស្សនោះទេ តែកិច្ចការនៃការជាប់ឆ្កាង ជាកិច្ចការដែលបានធ្វើនៅក្នុងចំណោមអ្នកដែលជឿថាមានព្រះជាម្ចាស់។ ទោះបីជាកិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តនៅលើគ្រឹះនៃបទគម្ពីរ ហើយទោះបីជាទ្រង់បានប្រើអ្វីដែលបានថ្លែងទំនាយដោយពួកហោរាពីបុរាណ ដើម្បីថ្កោលទោសពួកផារិស៊ីក៏ដោយ នេះគឺគ្រប់គ្រាន់ហើយដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ប្រសិនបើកិច្ចការនាពេលសព្វថ្ងៃនេះ នៅតែត្រូវបានអនុវត្តដោយផ្អែកលើគ្រឹះនៃការថ្លែងទំនាយរបស់ហោរាពីបុរាណនៅក្នុងបទគម្ពីរ នោះវាមិនអាចទៅរួចទេក្នុងការយកឈ្នះលើអ្នករាល់គ្នានោះ ដ្បិតគម្ពីរសញ្ញាចាស់មិនមានកំណត់ត្រាអំពីការបះបោរប្រឆាំង និងអំពើបាបរបស់អ្នករាល់គ្នាជាជនជាតិចិន ហើយនិងប្រវត្តិនៃអំពើបាបរបស់អ្នករាល់គ្នាទេ។ ដូច្នេះ ប្រសិនបើកិច្ចការនេះនៅតែជាប់មានក្នុងព្រះគម្ពីរ នោះអ្នករាល់គ្នានឹងមិនដែលបានសម្រេចផលនោះឡើយ។ ព្រះគម្ពីរកត់ទុកតែប្រវត្ដិសាស្ដ្រដែលមានកំណត់អំពីជនជាតិអ៊ីស្រាអែល ដែលជាជនជាតិមួយមិនមានសមត្ថភាពក្នុងការបង្កើតឱ្យមានថាតើអ្នករាល់គ្នាជាមនុស្សអាក្រក់ ឬល្អ ឬនៅក្នុងការជំនុំជម្រះអ្នករាល់គ្នានោះឡើយ។ សូមស្រមៃគិតថា ខ្ញុំនឹងត្រូវជំនុំជម្រះអ្នករាល់គ្នា យោងទៅតាមប្រវត្ដិសាស្ដ្ររបស់ជនជាតិអ៊ីស្រាអែល តើអ្នករាល់គ្នានៅតែដើរតាមខ្ញុំដូចដែលអ្នកធ្វើនៅសព្វថ្ងៃនេះទេ? តើអ្នករាល់គ្នាដឹងទេថា តើអ្នករាល់គ្នាពិបាកប៉ុនណា? ប្រសិនបើគ្មានព្រះបន្ទូលណាមួយត្រូវបានថ្លែងចេញមកនៅក្នុងដំណាក់កាលនេះទេ នោះវាមិនអាចទៅរួចទេក្នុងការបញ្ចប់នូវកិច្ចការនៃការយកឈ្នះ។ ដោយសារតែខ្ញុំមិនបានយាងមកដើម្បីឱ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងនោះទេ ប៉ុន្ដែខ្ញុំត្រូវតែថ្លែងពីព្រះបន្ទូលដែលដាច់ដោយឡែកពីព្រះគម្ពីរ ដើម្បីឱ្យអ្នករាល់គ្នាអាចត្រូវបានយកឈ្នះ។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងយុគសម័យនេះ ខុសគ្នាពីព្រះបន្ទូលដែលត្រូវបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយព្រះបន្ទូលទាំងនេះ ក៏ខុសគ្នាពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងយុគសម័យនៃព្រះគុណដែរ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនធ្វើកិច្ចការនៃព្រះបន្ទូលទេ ប៉ុន្តែទ្រង់គ្រាន់តែថ្លែងអំពីការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ ព្រះគម្ពីរគ្រាន់តែរៀបរាប់ពីមូលហេតុ ដែលព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយភាពវេទនាដែលទ្រង់បានទទួលនៅលើឈើឆ្កាង ព្រមទាំងរៀបរាប់ពីរបៀបដែលមនុស្សគួរត្រូវជាប់ឆ្កាងសម្រាប់ព្រះជាម្ចាស់។ នៅក្នុងយុគសម័យនោះ កិច្ចការគ្រប់យ៉ាងដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់លើការជាប់ឆ្កាង។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាសារជាតិពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឱ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលរបស់ទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឱ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឱ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឱ្យបាន ទិសដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឱ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឱ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គធ្វើឱ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុននៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងពួកកូនប្រុសទាំងឡាយរបស់ទ្រង់តាមប្រភេទ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឱ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។
(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម និងថ្លែងព្រះបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដោយអនុញ្ញាតមនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបបែបនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះលើមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការដកមនុស្សចេញ ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល គ្រប់កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានសម្រេចហើយ។ តាមរយៈព្រះបន្ទូល មនុស្សត្រូវបានបើកសម្ដែង ជម្រុះចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលទាំងនេះ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជឿលើព្រះទ័យស្រឡាញ់និងសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈធម្មតា និងសាមញ្ញ ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតក្រោមការឃ្វាល និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សភាគច្រើនរស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សគ្រប់គ្នានៅក្នុងចក្រវាលនេះ ដោយប្រើព្រះបន្ទូល ទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល ហើយចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់ទាំងមូលមកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍អំពីទ្រង់ដែលជាព្រះដ៏ជាក់ស្ដែង និងមានគ្រប់ព្រះចេស្ដា។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចចុះចូលតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះ ព្រះជាម្ចាស់ប្រើវិធីសាស្រ្តនៃការសម្ដែងចេញនូវនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)