៥. កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យត្រូវបានធ្វើតាមរយៈព្រះយេហូវ៉ាប្រើប្រាស់លោកម៉ូសេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រើបុគ្គលម្នាក់ ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយទៅ? ហេតុអ្វីបានជាទ្រង់ត្រូវត្រលប់ជាសាច់ឈាម ហើយអនុវត្តកិច្ចការនេះដោយផ្ទាល់ព្រះអង្គអ៊ីចឹង?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នាដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ដូចជាសត្វជ្រូកដែលរស់នៅកន្លែងដ៏កខ្វក់។ ព្រោះតែសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់អ្នកនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះចេញពីព្រះបន្ទូលទាំងនេះហើយ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គទតឃើញការបះបោររបស់មនុស្សនេះហើយ ទើបទ្រង់អាចបើកសម្ដែងពីនិស្ស័យបរិសុទ្ធរបស់ទ្រង់បាន។ សេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់មនុស្សជាតិ បង្ហាញចេញពីភាពបរិសុទ្ធរបស់ទ្រង់។ ការនេះគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? ព្រោះតែមនុស្សបើកសម្ដែងពីនិស្ស័យពុករលួយនេះហើយ ទើបព្រះជាម្ចាស់មានបន្ទូល ដើម្បីជំនុំជម្រះពួកគេ ហើយមានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញថា ព្រះអង្គជាព្រះដ៏បរិសុទ្ធ។ នៅពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលមនុស្សសម្រាប់បាបរបស់គេ ទាំងលាតត្រដាងគ្រប់អំពើបាបរបស់មនុស្ស នោះគ្មាននរណាម្នាក់ ឬអ្វីមួយអាចរួចខ្លួនពីការជំនុំជម្រះនេះបានទេ ព្រោះថារាល់អ្វីដែលស្មោកគ្រោកត្រូវបានទ្រង់ជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបនិស្ស័យរបស់ទ្រង់ត្រូវបានបើកសម្ដែងថាមានភាពសុចរិត។ បើវាមិនបែបនេះទេ តើគេអាចនិយាយបានថា អ្នករាល់គ្នាជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងទាំងឈ្មោះ និងការពិតបានយ៉ាងដូចម្ដេច?
(ដកស្រង់ពី «របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឱ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឱ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចទៅបានតែតាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាមរយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឱ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែលញ៉ាំងឱ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សត្រូវបានតម្រូវឱ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបអង្គអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេត្រូវបានតម្រូវឱ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបអង្គព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបាននូវលទ្ធផលដ៏សមរម្យឡើយ។ រូបអង្គនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបអង្គដែលចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបអង្គដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សស្គាល់ពីរូបអង្គទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចជួយបាន។ សញ្ញាណរបស់មនុស្សត្រូវបានលាតត្រដាងឱ្យឃើញនៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពីព្រោះភាពសាមញ្ញ និងតថភាពពិតនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឱ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឱ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជារូបឆ្លុះទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឱ្យឃើញឡើយ។ គ្មាននរណាម្នាក់មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្ស មានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញ ភាពជាទ្រង់ និងរូបអង្គរបស់ទ្រង់ឱ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ច្បាស់ណាស់ គឺដោយសារសាតាំងបានធ្វើឱ្យខាងសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សគឺជាអ្នកដែលព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់សង្គ្រោះ ហេតុនេះ ព្រះជាម្ចាស់ត្រូវត្រលប់ជាសាច់ឈាម ដើម្បីធ្វើចម្បាំងជាមួយសាតាំង និងដើម្បីឃ្វាលលមនុស្សដោយផ្ទាល់ព្រះអង្គ។ មានតែចំណុចនេះទេ ទើបមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានកើតមានឡើងចំនួនពីរលើកដើម្បីយកឈ្នះលើសាតាំងនិងដើម្បីសង្គ្រោះមនុស្សឱ្យបានប្រសើរជាងមុនផងដែរ។ នេះគឺដោយសារអ្នកដែលធ្វើចម្បាំងជាមួយសាតាំង គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះទេ។ សរុបមក ពួកទេវតាមិនអាចធ្វើចម្បាំងជាមួយសាតាំងបានឡើយ ហើយមនុស្សកាន់តែមិនអាចធ្វើចម្បាំងជាមួយវាបាន ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយទៅហើយ។ ពួកទេវតាគ្មានឬទ្ធិអំណាចក្នុងការធ្វើចម្បាំងមួយនេះទេ ហើយមនុស្សកាន់តែគ្មានអំណាចថែមទៀតហើយ។ ដូចនេះ ប្រសិនបើព្រះជាម្ចាស់ចង់កែខៃជីវិតរបស់មនុស្ស ប្រសិន បើទ្រង់ចង់យាងត្រឡប់មកកាន់ផែនដីនេះដោយផ្ទាល់ព្រះអង្គដើម្បីសង្គ្រោះមនុស្ស គឺទ្រង់ត្រូវតែត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គ ពោលគឺទ្រង់ត្រូវតែយកកំណើតជាមនុស្សដោយផ្ទាល់ យាងមកក្នុងចំណោមមនុស្ស និងសង្គ្រោះមនុស្សដោយផ្ទាល់ព្រះអង្គ តាមរយៈអត្តសញ្ញាណពីកំណើតរបស់ទ្រង់ និងកិច្ចការដែលទ្រង់ត្រូវបំពេញ។ ប្រសិនបើមិនដូច្នេះទេ ប្រសិនបើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬមនុស្សជាអ្នកធ្វើកិច្ចការនេះវិញ នោះចម្បាំងនេះ នឹងគ្មានលេចចេញជាផលផ្លែអ្វីឡើយហើយវានឹងមិនអាចបញ្ចប់ទៅវិញបានទេ។ មានតែពេលដែលព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដើម្បីទៅធ្វើចម្បាំងដោយផ្ទាល់ព្រះអង្គជាមួយសាតាំងប៉ុណ្ណោះ ទើបមនុស្សមានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ បន្ថែមលើនេះ មានតែពេលនោះទេដែលសាតាំងរងការអាម៉ាស់ និងត្រូវចាកចេញដោយគ្មានឱកាសបំផ្លាញ ឬមានផែនការត្រូវធ្វើទៀតនោះទេ។ កិច្ចការដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនអាចសម្រេចទៅបានតាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់បានឡើយ ហើយកិច្ចការនឹងកាន់តែមិនអាចឱ្យមនុស្សខាងសាច់ឈាមណាម្នាក់បំពេញជំនួសព្រះជាម្ចាស់បានឡើយ ដ្បិតកិច្ចការដែលទ្រង់ធ្វើ គឺដើម្បីជីវិតរបស់មនុស្ស និងដើម្បីបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើមនុស្សត្រូវចូលរួមក្នុងចម្បាំងនេះពិតមែន គេនឹងរត់ចោលជួរទាំងច្របូកច្របល់យ៉ាងសែនវេទនា ហើយនឹងមិនអាចបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់គេបានឡើយ។ ទ្រង់នឹងមិនអាចសង្គ្រោះមនុស្សតាមរយៈឈើឆ្កាង ឬយកឈ្នះលើមនុស្សជាតិដែលបះបោរទាំងអស់បានទេ ប៉ុន្តែអាចត្រឹមធ្វើកិច្ចការចាស់ៗបន្តិចបន្តួច ដោយមិនទៅឆ្ងាយពីគោលការណ៍ផ្សេងៗឡើយ ឬបើពុំដូច្នោះទេ អាចធ្វើត្រឹមកិច្ចការផ្សេងដែលមិនពាក់ព័ន្ធនឹងការយកឈ្នះលើសាតាំងប៉ុណ្ណោះ។ ដូច្នេះ ហេតុអ្វីចាំបាច់ត្រូវខ្វាយខ្វល់? តើកិច្ចការដែលមិនអាចទទួលបានមនុស្ស និងមិនអាចយកឈ្នះលើសាតាំងបាននោះ មានសារៈសំខាន់អ្វីទៅ? ហេតុដូច្នេះ ចម្បាំងជាមួយសាតាំងមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចធ្វើបាន ហើយមនុស្សមិនអាចធ្វើសង្គ្រាមនេះបានឡើយ។ ភារកិច្ចរបស់មនុស្ស គឺត្រូវស្ដាប់បង្គាប់ និងដើរតាម ដ្បិតមនុស្សមិនអាចធ្វើកិច្ចការស្រដៀងគ្នានឹងការង្កើតផ្ទៃមេឃ និងផែនដីបានឡើយ ហើយបន្ថែមលើនេះ គេមិនអាចបំពេញកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំងបានឡើយ។ មនុស្សអាចត្រឹមផ្គាប់ព្រះហឫទ័យព្រះអាទិករ ស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលតាមរយៈការនេះ សាតាំងត្រូវបានយកឈ្នះ។ នេះគឺជារឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន។ ហេតុដូចនេះ គ្រប់ពេលដែលចាប់ផ្ដើមធ្វើចម្បាំងថ្មីមួយ ពោលគឺគ្រប់ពេលដែលកិច្ចការនៃសម័យថ្មីចាប់ផ្ដើម កិច្ចការនេះត្រូវព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គតែម្ដង ដែលតាមរយៈការនេះ ទ្រង់ត្រូវដឹកនាំសម័យកាលទាំងមូល និងចាប់ផ្ដើមផ្លូវថ្មីសម្រាប់មនុស្សជាតិទាំងមូល។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ គឺត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំណាក់កាលដំបូង ពោលគឺដំណាក់កាលនៃការបង្កើតពិភពលោកនេះ ត្រូវបានព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គ ហើយប្រសិនបើមិនដូច្នេះទេ នោះគ្មាននរណាម្នាក់អាចមានសមត្ថភាពបង្កើតមនុស្សជាតិបានឡើយ។ ដំណាក់កាលទីពីរ គឺជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងមូល ហើយព្រះជាម្ចាស់ក៏បានបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គដែរ។ ដំណាក់កាលទីបី គឺកាន់តែជាក់ស្ដែងថែមទៀត៖ មានតម្រូវការកាន់តែច្រើនជាងមុនផងដែរ ដើម្បីឱ្យព្រះជាម្ចាស់បានបំពេញកិច្ចការនៅទីចុងបញ្ចប់ដោយផ្ទាល់ព្រះអង្គ។ កិច្ចការនៃការប្រោសលោះ ការយកឈ្នះ ការទទួលយក និងការប្រោសឱ្យមនុស្សជាតិទាំងមូលបានគ្រប់លក្ខណ៍ គឺជាកិច្ចការដែលត្រូវបំពេញ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទេ នោះមនុស្សមិនអាចជំនួសអត្តសញ្ញាណរបស់ទ្រង់បានឡើយ ហើយមនុស្សក៏មិនអាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ដើម្បីយកឈ្នះលើសាតាំង ដើម្បីទទួលបានមនុស្ស និងដើម្បីប្រទានឱ្យមនុស្សនូវជីវិតធម្មតានៅលើផែនដី ទ្រង់ត្រូវដឹកនាំមនុស្សដោយផ្ទាល់ និងបំពេញកិច្ចការក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយសម្រាប់ជា ប្រយោជន៍ដល់កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់ និងសម្រាប់គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺទ្រង់ត្រូវតែបំពេញកិច្ចការទាំងនោះដោយផ្ទាល់ព្រះអង្គ។ ប្រសិនបើមនុស្សគ្រាន់តែជឿថា ព្រះជាម្ចាស់បានយាងមកដើម្បីឱ្យមនុស្សអាចឃើញទ្រង់បាន គឺគ្រាន់តែដើម្បីឱ្យមនុស្សបានសប្បាយចិត្ត នោះជំនឿបែបនេះ គឺគ្មានតម្លៃ គ្មានសារៈសំខាន់អ្វីឡើយ។ ការយល់ដឹងរបស់មនុស្ស គឺនៅរាក់កំភែលខ្លាំងណាស់! មានតែការអនុវត្តកិច្ចការដោយផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបព្រះជាម្ចាស់បំពេញកិច្ចការដោយហ្មត់ចត់ និងពេញលេញបាន។ មនុស្សគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការជំនួសព្រះជាម្ចាស់បាននោះឡើយ។ ដោយសារមនុស្សពុំមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឬលក្ខណៈរបស់ទ្រង់ នោះគេមិនអាចបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ហើយបើទោះបីជាមនុស្សធ្វើការនេះមែនក្ដី ក៏វានឹងគ្មានបានផលអ្វីដែរ។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម គឺដើម្បីសេចក្ដីប្រោសលោះ ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ឱ្យរួចពីបាប ដើម្បីឱ្យមនុស្សអាចទទួលបានការបន្សុទ្ធ និងអាចអត់ទោសចំពោះបាបរបស់គេ។ កិច្ចការនៃការយកឈ្នះក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ក្នុងចំណោមមនុស្សដែរ។ ប្រសិនបើក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលពីសេចក្ដីទំនាយ នោះពួកហោរា ឬអ្នកណាម្នាក់ដែលមានអំណោយទាន ក៏អាចជំនួសទ្រង់បានដែរ។ ប្រសិនបើវាគ្រាន់តែជាការមានព្រះបន្ទូលអំពីសេចក្ដីទំនាយ នោះមនុស្សអាចជំនួសព្រះជាម្ចាស់បានហើយ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សព្យាយាមបំពេញកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដោយខ្លួនឯង និងព្យាយាមកែខៃជីវិតរបស់មនុស្ស នោះមនុស្សមិនអាចធ្វើកិច្ចការនេះបានឡើយ។ កិច្ចការនេះ ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែម្ដង។ ព្រះជាម្ចាស់ត្រូវត្រឡប់មកជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការនេះ។ នៅក្នុងយុគសម័យនៃព្រះបន្ទូល ប្រសិនបើមានគេនិយាយពីសេចក្ដីទំនាយនោះអេសាយ ឬអេលីយ៉ាដែលជាពួកហោរា អាចបំពេញកិច្ចការនេះបាន ហើយពុំចាំបាច់ឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបំពេញកិច្ចការនេះដោយផ្ទាល់ឡើយ។ ដោយសារកិច្ចការដែលបានធ្វើនៅដំណាក់កាលនេះ គឺមិនគ្រាន់តែជាការនិយាយអំពីសេចក្ដីទំនាយប៉ុណ្ណោះទេ ហើយដោយសារកិច្ចការនេះមានសារៈសំខាន់ខ្លាំងជាងមុនដែលត្រូវប្រើកិច្ចការនៃព្រះបន្ទូល ដើម្បីយកឈ្នះលើមនុស្ស និងយកឈ្នះលើសាតាំងគឺមនុស្សមិនអាចឱ្យធ្វើកិច្ចការនេះបានឡើយ ហើយព្រះជាម្ចាស់ត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានបំពេញផ្នែកនៃកិច្ចការរបស់ទ្រង់ ក្រោយពីទ្រង់បានបានមានព្រះបន្ទូលមួយចំនួន និងបានបំពេញកិច្ចការខ្លះៗតាមរយៈពួកពួកហោរា។ នេះគឺដោយសារមនុស្ស អាចជំនួសព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់បាន ហើយអ្នកដែលបានមើលឃើញ អាចនិយាយប្រាប់អំពីរឿងរ៉ាវ និងកាត់ស្រាយអំពីសុបិន្តមួយចំនួនជំនួសទ្រង់បាន។ កិច្ចការដែលត្រូវធ្វើនៅដើមដំបូង មិនមែនជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សដោយផ្ទាល់នោះទេ ក៏គ្មានពាក់ព័ន្ធនឹងបាបរបស់មនុស្សឡើយ ហើយមនុស្សគ្រាន់តម្រូវឱ្យគោរពតាមក្រឹត្យវិន័យតែប៉ុណ្ណោះ។ ដូចនេះ ព្រះយេហូវ៉ាមិនបានត្រឡប់មកជាសាច់ឈាម និងបើកសម្ដែងអង្គទ្រង់ដល់មនុស្សឡើយ។ តែផ្ទុយទៅវិញ ទ្រង់បានមានព្រះបន្ទូលដោយផ្ទាល់ជាមួយម៉ូសេ និងអ្នកដទៃទៀត ដោយបានឱ្យពួកគេនិយាយ និងធ្វើកិច្ចការជំនួសទ្រង់ ហើយឱ្យពួកគេធ្វើការដោយផ្ទាល់ក្នុងចំណោមមនុស្សជាតិ។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការដឹកនាំមនុស្ស។ វាជាការចាប់ផ្ដើមនូវចម្បាំងជាមួយសាតាំង ប៉ុន្តែចម្បាំងនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយទេ។ ចម្បាំងផ្លូវការជាមួយសាតាំងបានចាប់ផ្ដើមដោយការយកកំណើតជាមនុស្សលើកដំបូងរបស់ព្រះជាម្ចាស់ ហើយវាបានបន្តរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ចម្បាំងដំបូងនៃសង្គ្រាមនេះ គឺនៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេបោះដែកគោលភ្ជាប់ទៅនឹងឈើឆ្កាង។ ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានយកឈ្នះលើសាតាំង ហើយវាគឺជាដំណាក់កាលជោគជ័យលើកដំបូងនៅក្នុងសង្គ្រាមនេះ។ នៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមកែខៃជីវិតមនុស្សដោយផ្ទាល់ នេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃកិច្ចការទទួលបានមនុស្សយកមក ហើយដោយសារវាគឺជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស នោះវាគឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ដំណាក់កាលនៃកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅដើមដំបូង គឺគ្រាន់តែជាការដឹកនាំជីវិតមនុស្សនៅលើផែនដីប៉ុណ្ណោះ។ វាគឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាវាមិនមានពាក់ព័ន្ធនឹងចម្បាំងណាមួយ ឬពាក់ព័ន្ធនឹងកិច្ចការណាមួយក្ដី ក៏ប៉ុន្តែវាបានចាក់គ្រឹះសម្រាប់កិច្ចការនៃចម្បាំងនៅពេលខាងមុខ។ ក្រោយមកទៀត ដំណាក់កាលទីពីរនៃកិច្ចការក្នុងអំឡុងពេលយុគសម័យនៃព្រះគុណ ពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ដែលមានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើការកែប្រែជីវិតរបស់មនុស្ស។ កិច្ចការនេះត្រូវបំពេញដោយព្រះជាម្ចាស់ដោយផ្ទាល់៖ កិច្ចការនេះតម្រូវឱ្យព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដោយផ្ទាល់។ ប្រសិនបើទ្រង់មិនបានត្រឡប់មកជាសាច់ឈាមទេ នោះគ្មាននរណាម្នាក់ផ្សេងទៀតដែលអាចជំនួសទ្រង់នៅក្នុងដំណាក់កាលនៃកិច្ចការនេះបានឡើយ ដ្បិតវាតំណាងឱ្យកិច្ចការនៃការធ្វើចម្បាំងជាមួយនឹងសាតាំង។ ប្រសិនបើមនុស្សបានបំពេញកិច្ចការនេះជំនួសឱ្យព្រះជាម្ចាស់ នៅពេលដែលមនុស្សឈរនៅចំពោះមុខសាតាំង នោះសាតាំងនឹងមិនបានចុះចាញ់ឡើយ ហើយវានឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយដែលបានយាងមកយកឈ្នះលើវា ដ្បិតលក្ខណៈនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនៅតែជាព្រះជាម្ចាស់ដដែល ទ្រង់គឺនៅតែជាជីវិតរបស់មនុស្ស ហើយទ្រង់គឺនៅតែជាព្រះអាទិករដដែល។ មិនថាមានអ្វីកើតឡើងនោះទេ អត្តសញ្ញាណ និងលក្ខណៈរបស់ទ្រង់ នឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះ ទ្រង់បានត្រលប់ជាសាច់ឈាម និងបំពេញកិច្ចការនេះដើម្បីឱ្យសាតាំងបានចុះចាញ់ទាំងស្រុង។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយ ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ និងត្រូវឱ្យនិយាយពីព្រះបន្ទូលដោយផ្ទាល់ នោះគេនឹងមិនអាចនិយាយព្រះបន្ទូលបានឡើយ ហើយប្រសិនបើត្រូវនិយាយពីសេចក្ដីទំនាយ នោះសេចក្ដីទំនាយនេះនឹងមិនអាចយកឈ្នះលើមនុស្សបានឡើយ។ តាមរយៈការត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់យាងមកដើម្បីយកឈ្នះលើសាតាំង និងធ្វើឱ្យវាចុះចាញ់ទាំងស្រុង។ នៅពេលទ្រង់យកឈ្នះលើសាតាំងបានទាំងស្រុងហើយ បានយកឈ្នះលើមនុស្សទាំងអស់ហើយ និងទទួលបានមនុស្សទាំងមូលហើយនោះ ដំណាក់កាលនេះនឹងអាចបញ្ចប់ ហើយសម្រេចជោគជ័យបាន។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មនុស្សមិនអាចជំនួសព្រះជាម្ចាស់បានឡើយ។ ជាពិសេស កិច្ចការនៃការដឹកនាំយុគសម័យ និងការចាប់ផ្ដើមកិច្ចការថ្មី គឺមានតម្រូវការកាន់តែច្រើនដែលឱ្យព្រះជាម្ចាស់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គ។ ការប្រទាននូវការបើកសម្ដែង និងសេចក្ដីទំនាយដល់មនុស្ស អាចឱ្យមនុស្សធ្វើបាន ប៉ុន្តែប្រសិនបើវាជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាកិច្ចការនៃចម្បាំងរវាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាមួយនឹងសាតាំង នោះកិច្ចការនេះមិនអាចឱ្យមនុស្សធ្វើបានឡើយ។ ក្នុងអំឡុងដំណាក់កាលទីមួយនៃកិច្ចការនេះ នៅពេលដែលគ្មានចម្បាំងជាមួយសាតាំង ព្រះយេហូវ៉ា បានដឹកនាំសាសន៍អ៊ីស្រាអែលដោយផ្ទាល់ ដោយប្រើសេចក្ដីទំនាយដែលពួកហោរាបានថ្លែង។ បន្ទាប់ពីនោះមក ដំណាក់កាលទីពីរនៃកិច្ចការនេះ គឺជាចម្បាំងជាមួយសាតាំង ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ និងបានត្រឡប់មកជាសាច់ឈាមដើម្បីបំពេញកិច្ចការនេះ។ អ្វីៗដែលពាក់ព័ន្ធនឹងចម្បាំងជាមួយនឹងសាតាំង ក៏មានពាក់ព័ន្ធនឹងការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ ដែលមានន័យថា ចម្បាំងនេះមិនអាចឱ្យមនុស្សប្រកាសធ្វើចម្បាំងបានឡើយ។ ប្រសិនបើមនុស្សត្រូវធ្វើចម្បាំងមែន គេនឹងគ្មានសមត្ថភាពយកឈ្នះលើសាតាំងឡើយ។ តើគេអាចមានកម្លាំងឯណាដើម្បីច្បាំងជាមួយវាបាន នៅពេលដែលមនុស្សស្ថិតនៅក្រោម ដែនត្រួតត្រារបស់វានៅឡើយ? មនុស្សគឺស្ថិតនៅចំកណ្ដាល៖ ប្រសិនបើអ្នកលូនក្រាបទៅរកសាតាំង នោះអ្នកជាកម្មសិទ្ធិរបស់សាតាំង ប៉ុន្តែប្រសិនបើអ្នកគាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះអ្នកជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សល្បងល និងជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការនៃចម្បាំងមួយនេះ តើមនុស្សអាចធ្វើបានដែរឬទេ? ប្រសិនបើមនុស្សធ្វើបែបនេះ តើគេនឹងមិនត្រូវវិនាសជាយូរណាស់មកហើយទេឬអី? តើគេនឹងមិនបានចូលទៅក្នុងពិភពអន់ថយជាយូរមកហើយទេឬអី? ដូច្នេះ មនុស្សគឺមិនអាចជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ ដែលមានន័យថា មនុស្សគឺមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើអ្នកធ្វើចម្បាំងជាមួយសាតាំង អ្នកនឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ មនុស្សអាចគ្រាន់តែ ធ្វើកិច្ចការខ្លះប៉ុណ្ណោះ។ គេអាចយកឈ្នះលើមនុស្សមួយចំនួនបាន ប៉ុន្តែគេមិនអាច ជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានឡើយ។ តើមនុស្សអាចធ្វើចម្បាំងជាមួយសាតាំងបានដោយរបៀបណា? សាតាំងនឹងចាប់អ្នក ធ្វើជាឈ្លើយ ទាំងមុនពេលដែលអ្នកបានចាប់ផ្ដើមទៅទៀត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើចម្បាំងជាមួយសាតាំងបាន ហើយមនុស្សត្រូវដើរតាម និងស្ដាប់បង្គាប់តាមលំអាននេះ ទើបមនុស្សអាចត្រូវព្រះជាម្ចាស់ទទួលបាន និងរួចផុតពីចំណងរបស់សាតាំង។ រឿងដែលមនុស្សអាចសម្រេចទៅបានតាមប្រាជ្ញា និងសមត្ថភាពរបស់គេ គឺនៅមានកម្រិតនៅឡើយ។ គេមិនមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សបានពេញខ្នាត ដឹកនាំមនុស្ស និងយកឈ្នះលើសាតាំងបានឡើយ។ ភាពឈ្លាសវៃ និងប្រាជ្ញារបស់មនុស្ស មិនអាចប្រឆាំងនឹងគ្រោងការរបស់សាតាំងបានឡើយ តើមនុស្សអាចតយុទ្ធនឹងវាបានយ៉ាងដូចម្ដេច?
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)