៤. បើស្របតាមអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទដែលត្រលប់ជាសាច់ឈាម ទ្រង់ជាព្រះរាជបុត្រានៃព្រះ។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា ព្រះគ្រីស្ទដែលយកកំណើតជាមនុស្សគឺជាការលេចមករបស់ព្រះជាម្ចាស់ ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទៅវិញ។ បើព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែន តើព្រះអម្ចាស់យេស៊ូវអាចអធិស្ឋានទៅកាន់ព្រះវរបិតារបស់ទ្រង់យ៉ាងដូចម្ដេចទៅ នៅពេលដែលទ្រង់អធិស្ឋាន? តើព្រះគ្រីស្ទដែលយកកំណើតជាមនុស្សជាព្រះរាជបុត្រានៃព្រះ ឬក៏ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ?

ខគម្ពីរយោង៖

«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ។ បើអ្នកបានស្គាល់ខ្ញុំ អ្នកគួរតែបានស្គាល់ព្រះវរបិតាខ្ញុំដែរ៖ ហើយចាប់ពីពេលនេះតទៅ អ្នកបានស្គាល់ទ្រង់ និងបានឃើញទ្រង់ផង។ ភីលីពទូលទៅកាន់ទ្រង់ថា ព្រះអម្ចាស់ សូមទ្រង់បង្ហាញពួកយើងខ្ញុំឱ្យស្គាល់ព្រះវរបិតាផង នោះយើងខ្ញុំពេញចិត្តហើយ។ ព្រះយេស៊ូវមានបន្ទូលទៅភីលីពថា ខ្ញុំនៅជាមួយអ្នកយូរមកហើយ តែអ្នកនៅមិនទាន់ស្គាល់ខ្ញុំទៀតឬ ភីលីព? អ្នកណាដែលបានឃើញខ្ញុំ ក៏បានឃើញព្រះវរបិតាដែរ។ ហើយចុះម្ដេចបានជាអ្នកពោលថា សូមបង្ហាញឱ្យយើងខ្ញុំបានស្គាល់ព្រះវរបិតា ទៅវិញដូច្នេះ? តើអ្នកមិនជឿថាខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាសណ្ឋិតក្នុងខ្ញុំទេឬ? បន្ទូលដែលខ្ញុំថ្លែងមកកាន់អ្នក ខ្ញុំមិនមែនថ្លែងចេញពីខ្លួនឯងទេ៖ តែចេញពីព្រះវរបិតាដែលគង់នៅក្នុងខ្ញុំវិញ ទ្រង់ជាអ្នកធ្វើកិច្ចការនានា។ ចូរជឿខ្ញុំចុះថា ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ៖ បើពុំនោះទេជឿខ្ញុំដោយព្រោះកិច្ចការចុះ» (យ៉ូហាន ១៤:៦-១១)

«ខ្ញុំ និងព្រះវរបិតាខ្ញុំគឺជាអង្គតែមួយ» (យ៉ូហាន ១០:៣០)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

នៅពេលព្រះយេស៊ូវហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ដោយព្រះនាមព្រះវរបិតា នៅពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែលព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បកកាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា «កូនបុត្រមនុស្ស» ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា បុត្រមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលអ្នករាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ តើអ្នករាល់គ្នានៅចាំសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ដែលព្រះយេស៊ូវ បានបង្រៀនអ្នករាល់គ្នាឱ្យទន្ទេញទេ? «ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌...។» ទ្រង់បានបង្គាប់ឱ្យមនុស្សទាំងអស់ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមថាព្រះវរបិតា។ ដ្បិតព្រះអង្គហៅព្រះដែលគង់ស្ថានសួគ៌ថាព្រះវរបិតាដែរ ហើយទ្រង់ធ្វើដូច្នេះ តាមទស្សនៈជាមនុស្សម្នាក់ ដែលមានឋានៈស្មើនឹងអ្នករាល់គ្នា។ ដោយព្រោះអ្នករាល់គ្នាហៅព្រះដែលគង់នៅស្ថានសួគ៌ដោយព្រះនាមព្រះវរបិតាដែរ ព្រះយេស៊ូវបានរាប់អង្គទ្រង់ផ្ទាល់ក្នុងឋានៈស្មើនឹងអ្នករាល់គ្នា ហើយជាមនុស្សម្នាក់ដែឡត្រូវបានព្រះជ្រើសរើសនៅលើផែនដី (ពោលគឺជាព្រះរាជបុត្រានៃព្រះ)។ ប្រសិនបើអ្នករាល់គ្នាហៅព្រះជាម្ចាស់ថា ព្រះវរបិតា តើនេះមិនមែនដោយសារអ្នករាល់គ្នា គឺជាមនុស្សទេឬអី? ទោះបីជាសិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីធំប៉ុនណាមុនពេលដែលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលឃុំគ្រងដោយព្រះវិញ្ញាណបរិសុទ្ធ (ពោលគឺជាព្រះជាម្ចាស់) ហើយជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលព្រះបានបង្កើតនៅលើផែនដី ដ្បិតព្រះអង្គមិនទាន់សម្រេចកិច្ចការរបស់ទ្រង់នៅឡើយ។ ដូច្នេះ ការដែលទ្រង់ហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតា គឺជាការបន្ទាបខ្លួន និងជាការស្ដាប់បង្គាប់របស់ទ្រង់ទាំងស្រុង។ យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌) ដោយកិរិយាបែបនេះមិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង! មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលជាប់ចំណងកំហិតនៃសាច់ឈាម ហើយទ្រង់គ្មានសិទ្ធិអំណាចពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ហេតុនេះទើបទ្រង់អាចស្វែងរកព្រះហឫទ័យនៃព្រះដ៏ជាព្រះវរបិតា តាមតែត្រឹមទស្សនៈជាមនុស្សប៉ុណ្ណោះ។ ពេលព្រះអង្គអធិស្ឋានលើកទីបី នៅសួនកេតសេម៉ានី ទ្រង់អធិស្ឋានថា «សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មុនពេលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់ត្រឹមតែជាស្ដេចនៃសាសន៍យូដា ទ្រង់ជាព្រះគ្រីស្ទ ជាបុត្រមនុស្ស ហើយក៏មិនមែនជារូបកាយ ដែលពេញដោយសិរីល្អដែរ។ ហេតុនេះ តាមទស្សនៈនៃភាវៈដែលត្រូវបានបង្កើតមក ទ្រង់ហៅព្រះជាម្ចាស់ថា ព្រះវរបិតា។ ពេលនេះ អ្នកមិនអាចពោលថា អ្នកដែលហៅព្រះជាម្ចាស់ថា ព្រះវរបិតាជាព្រះបុត្រានោះទេ។ ប្រសិនបើដូច្នេះមែន តើអ្នករាល់គ្នានឹងមិនក្លាយទៅជាព្រះបុត្រា នៅពេលដែលព្រះយេស៊ូវបានបង្រៀនអ្នករាល់គ្នា អំពីសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ហើយទេឬអី? ប្រសិនបើអ្នករាល់គ្នានៅតែមិនទាន់ជឿ ចូរប្រាប់ខ្ញុំមកមើលថា តើអ្នកដែលអ្នករាល់គ្នាហៅថា ព្រះវរបិតា គឺជាអ្នកណា? ប្រសិនបើអ្នកសំដៅលើព្រះយេស៊ូវ ចុះព្រះវរបិតារបស់ព្រះយេស៊ូវជាអ្នកណាចំពោះអ្នករាល់គ្នាវិញ? ក្រោយពេលដែលព្រះយេស៊ូវយាងចេញទៅបាត់ គំនិតបែបនេះអំពីព្រះវរបិតា និងព្រះបុត្រាក៏លែងមានតទៅទៀត។ គំនិតបែបនេះ ត្រឹមត្រូវតែក្នុងគ្រាដែលព្រះយេស៊ូវ បានត្រឡប់ជាសាច់ឈាមតែប៉ុណ្ណោះ នៅក្នុងកាលៈទេសៈផ្សេងទៀត ពេលដែលអ្នករាល់គ្នាហៅព្រះថាព្រះវរបិតា សម្ពន្ធភាពនេះ គឺគ្រាន់តែជាសម្ពន្ធភាពរវាងព្រះអម្ចាស់នៃសត្តនិករ និងមនុស្សដែលព្រះអង្គបានបង្កើតតែប៉ុណ្ណោះ។

(ដកស្រង់ពី «តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅតែមានអ្នកផ្សេងទៀតដែលនិយាយថា «តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?» ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើអ្នកយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា «ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ» មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ។ ដោយសារតែការប្រែប្រួលយុគសម័យ លក្ខខណ្ឌតម្រូវនៃកិច្ចការ ហើយនិងដំណាក់កាលខុសៗគ្នានៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះនាមដែលមនុស្សហៅទ្រង់ក៏ខុសៗគ្នាដែរ។ កាលទ្រង់យាងមកអនុវត្តដំណាក់កាលទីមួយនៃកិច្ចការនេះ ទ្រង់ត្រូវបានគេហៅដោយព្រះនាមថា ព្រះយេហូវ៉ាដែលជាអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល។ នៅក្នុងដំណាក់កាលទីពីរ ព្រះដែលយកកំណើតជាសាច់ឈាមហៅបានត្រឹមថា ព្រះអម្ចាស់ និងព្រះគ្រីស្ទ។ តែនៅពេលនោះ ព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ បានប្រកាសត្រឹមថា ទ្រង់ជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយពុំមានការលើកឡើងអំពីអត្ថិភាពរបស់ទ្រង់ថាជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ។ រឿងនេះមិនអាចកើតឡើងងាយដូច្នេះទេ។ ម្ដេចបានជាព្រះមានបុត្រតែមួយនោះ? តើព្រះមិនបានក្លាយជាមនុស្សទេឬអី? ដោយសារទ្រង់ជារូបកាយសាច់ឈាម ទើបទ្រង់ត្រូវបានហៅថា ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយតាំងពីពេលនោះមក សម្ពន្ធភាពរវាងព្រះវរបិតានិងព្រះរាជបុត្រាក៏ចាប់ផ្ដើមមាន។ សម្ពន្ធភាពនេះកើតឡើង ដោយសារការបែងចែករវាងស្ថានសួគ៌ និងផែនដី។ ព្រះយេស៊ូវបានអធិស្ឋានតាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដោយសារតែទ្រង់គ្រងរូបកាយសាច់ឈាមរបស់មនុស្សសាមញ្ញៗ បែបនេះ ទ្រង់មានបន្ទូលតាមទស្សនៈជាមនុស្សថា «សម្បកកាយរបស់ខ្ញុំ គឺជាសម្បកកាយមនុស្ស។ ដោយសារខ្ញុំគ្រងរូបកាយផ្នែកសាច់ឈាមរបស់មនុស្ស ដើម្បីយាងមកផែនដីនេះ ពេលនេះខ្ញុំនៅឆ្ងាយពីស្ថានសួគ៌ណាស់»។ ដោយព្រោះហេតុនេះ ទើបទ្រង់បានត្រឹមតែអាចអធិដ្ឋានទៅឯព្រះដ៏ជាព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ហើយវាជាកាតព្វកិច្ចដែលព្រះវិញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស គួរផ្ដល់ជូន។ មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានអធិស្ឋានទៅរកព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ទោះបីទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដដែល ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណ ហើយលក្ខណៈ ពិតរបស់ទ្រង់ គឺនៅតែជាវិញ្ញាណ។

(ដកស្រង់ពី «តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទមិនមែនជាសាច់ឈាមឡើយ តែទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គស្ថិតក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណ ពោលគឺ ភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់ គឺសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ឡើយ ហើយទ្រង់ក៏មិនអាចធ្វើរឿងអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ដែរ ហើយទ្រង់ក៏នឹងមិនថ្លែងព្រះបន្ទូលណាមួយដែលផ្ទុយទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់នោះទេ។ មនុស្សគ្រប់គ្នាគួរតែយល់អំពីចំណុចនេះ។ សារជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីសង្រ្គោះមនុស្ស និងដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់។ ដូចគ្នាដែរ កិច្ចការរបស់ព្រះគ្រីស្ទក៏ដើម្បីសង្រ្គោះមនុស្ស និងដើម្បីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមវិញ ទើបទ្រង់សម្រេចសារជាតិរបស់ទ្រង់នៅខាងសាច់ឈាម ដែលសាច់ឈាមរបស់ទ្រង់នោះ គឺគ្រប់គ្រាន់នឹងបំពេញកិច្ចការរបស់ទ្រង់បាន។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ ត្រូវបានជំនួសដោយកិច្ចការរបស់ព្រះគ្រីស្ទក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយចំណុចស្នូលនៃគ្រប់កិច្ចការទាំងអស់នៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនោះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ កិច្ចការនោះមិនអាចលាយឡំគ្នាជាមួយកិច្ចការពីយុគសម័យដទៃទៀតបានឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដូច្នេះទើបទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណជាសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅខាងសាច់ឈាម ដូច្នេះ ទើបទ្រង់ត្រូវបញ្ចប់កិច្ចការនៅខាងសាច់ឈាមដែលទ្រង់គួរបញ្ចប់។ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ព្រះទាំងពីរអង្គនេះ សុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់បំពេញកិច្ចការដែលទ្រង់គួរបំពេញ និងធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងទម្រង់រូបិយ ដែលមានជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឱ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបអង្គ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបអង្គរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញដែរ។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការតាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឱ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឱ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបអង្គទ្រង់ ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីកិច្ចការត្រូវបានសម្រេចដោយព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏របៀបនៃការធ្វើការរបស់ទ្រង់ និងទិដ្ឋភាពចេញពីការដែលទ្រង់មានបន្ទូល មានលក្ខណៈខុសគ្នាពីរូបអង្គពិតរបស់ព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណដែរ ហើយអ្វីៗគ្រប់យ៉ាងអំពីទ្រង់ពិតជាបានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែន ដែលមនុស្សជាតិមិនធ្លាប់បានឃើញកាលពីមុនមកឡើយហើយការនេះមិនអាចបដិសេធបានឡើយ! គឺអាចនិយាយបានថា ទោះបីព្រះជាម្ចាស់លេចមកនៅក្នុងទម្រង់បែបណា មិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពមួយណា ឬទ្រង់ជួបជាមួយមនុស្សនៅក្នុងរូបភាពអ្វីនោះឡើយ ព្រះជាម្ចាស់មិនបានតំណាងឱ្យអ្វីឡើយ ក្រៅពីអង្គទ្រង់ផ្ទាល់។ ទ្រង់មិនតំណាងឱ្យមនុស្សណាម្នាក់ ឬមនុស្សជាតិដ៏ពុករលួយណាមួយឡើយ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយការនេះមិនអាចបដិសេធបានឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

អ្វីដែលមនុស្សមើលឃើញដំបូង គឺព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតលើព្រះយេស៊ូវ ដូចជាសត្វព្រាប។ ព្រះវិញ្ញាណនេះមិនមែនជាវិញ្ញាណដែលរួមក្នុងព្រះយេស៊ូវទេ តែជាព្រះវិញ្ញាណបរិសុទ្ធវិញ។ ចុះតើវិញ្ញាណរបស់ព្រះយេស៊ូវ ដោយឡែកពីព្រះវិញ្ញាណបរិសុទ្ធមែនទេ? ប្រសិនបើព្រះយេស៊ូវ គឺជាព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធ តើព្រះអង្គទាំងពីរជាព្រះតែមួយយ៉ាងដូចម្ដេច? ប្រសិនបើដូច្នេះមែន កិច្ចការនេះមិនអាចអនុវត្តបានឡើយ។ ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណត្រូវបានហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និងព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចយកឈ្នះ និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចត្រូវបានធ្វើឡើងដោយភាពជាអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និងព្រះយេស៊ូវ ក៏ដូចជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះអង្គគឺជាព្រះអម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ហើយគ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សជាតិ ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះផ្ទាល់ព្រះអង្គដែរ ដែលជាការបង្ហាញឱ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់នៅគ្រាចុងក្រោយផងដែរ។ ព្រះជាម្ចាស់អាចត្រូវបានហៅថាជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ ជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ពេលវេលា។ អង្គរបស់ព្រះជាម្ចាស់ខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានគំនិតអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ នៅស្ថានសួគ៌និងផែនដីនេះ គឺមានព្រះតែមួយអង្គគត់!

(ដកស្រង់ពី «តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. ខ្ញុំបានជឿលើព្រះអម្ចាស់យេស៊ូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទោះបីជាខ្ញុំដឹងថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមក៏ដោយ ក៏ខ្ញុំមិនយល់ទាំងស្រុងអំពីសេចក្តីពិតនៃការយកកំណើតជាមនុស្សដែរ។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ បើទ្រង់ពិតជាបានលេចមកដូចព្រះអម្ចាស់យេស៊ូវបានធ្វើ ដោយធ្វើការក្នុងនាមជាបុត្រមនុស្សមែន នោះយើងនឹងមិនអាចស្គាល់ទ្រង់ ឬស្វាគមន៍ការយាងមករបស់ទ្រង់បានឡើយ។ ខ្ញុំមានអារម្មណ៍ថា ការយកកំណើតជាមនុស្សគឺជាសេចក្តីអាថ៌កំបាំងមួយ ហើយមានតែមនុស្សមួយក្រុមប៉ុណ្ណោះ ដែលយល់អំពីសេចក្តីពិតនៃការយកកំណើតជាមនុស្ស។ សូមប្រកបគ្នាជាមួយខ្ញុំអំំពីអត្ថន័យជាក់លាក់នៃការយកកំណើតជាមនុស្សនេះផង។

បន្ទាប់៖ ៥. កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យត្រូវបានធ្វើតាមរយៈព្រះយេហូវ៉ាប្រើប្រាស់លោកម៉ូសេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រើបុគ្គលម្នាក់ ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយទៅ? ហេតុអ្វីបានជាទ្រង់ត្រូវត្រលប់ជាសាច់ឈាម ហើយអនុវត្តកិច្ចការនេះដោយផ្ទាល់ព្រះអង្គអ៊ីចឹង?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ