៣. ខ្ញុំបានជឿលើព្រះអម្ចាស់យេស៊ូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទោះបីជាខ្ញុំដឹងថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមក៏ដោយ ក៏ខ្ញុំមិនយល់ទាំងស្រុងអំពីសេចក្តីពិតនៃការយកកំណើតជាមនុស្សដែរ។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ បើទ្រង់ពិតជាបានលេចមកដូចព្រះអម្ចាស់យេស៊ូវបានធ្វើ ដោយធ្វើការក្នុងនាមជាបុត្រមនុស្សមែន នោះយើងនឹងមិនអាចស្គាល់ទ្រង់ ឬស្វាគមន៍ការយាងមករបស់ទ្រង់បានឡើយ។ ខ្ញុំមានអារម្មណ៍ថា ការយកកំណើតជាមនុស្សគឺជាសេចក្តីអាថ៌កំបាំងមួយ ហើយមានតែមនុស្សមួយក្រុមប៉ុណ្ណោះ ដែលយល់អំពីសេចក្តីពិតនៃការយកកំណើតជាមនុស្ស។ សូមប្រកបគ្នាជាមួយខ្ញុំអំំពីអត្ថន័យជាក់លាក់នៃការយកកំណើតជាមនុស្សនេះផង។
ខគម្ពីរយោង៖
«ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម» (យ៉ូហាន ១:១)។
«ហើយព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម និងគង់នៅក្នុងចំណោមយើង (ហើយយើងបានឃើញសិរីល្អរបស់ទ្រង់ ជាសិរីល្អនៃព្រះរាជបុត្រាតែមួយរបស់ព្រះវរបិតា) ដែលមានពេញដោយព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១៤)។
«ហើយដោយគ្មានការខ្វែងគំនិត ភាពអស្ចារ្យគឺជាសេចក្តីអាថ៌កំបាំងនៃការគោរពប្រណិប័តន៍ព្រះ៖ ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញនៅក្នុងសាច់ឈាម បានរាប់ជាសុចរិតនៅក្នុងព្រះវិញ្ញាណ ត្រូវបានឃើញដោយពួកទេវតា ត្រូវបានប្រកាសទៅកាន់ពួកសាសន៍ដទៃ ត្រូវបានជឿនៅពាសពេញពិភពលោក ត្រូវបានលើកឡើងនៅក្នុងសិរីល្អ» (១ ធីម៉ូថេ ៣:១៦)។
«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ។ បើអ្នកបានស្គាល់ខ្ញុំ អ្នកគួរតែបានស្គាល់ព្រះវរបិតាខ្ញុំដែរ៖ ហើយចាប់ពីពេលនេះតទៅ អ្នកបានស្គាល់ទ្រង់ និងបានឃើញទ្រង់ផង» (យ៉ូហាន ១៤:៦-៧)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
«ការយកកំណើតជាមនុស្ស» គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដោយសារទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សធម្មតា នេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់នៅក្នុងសារជាតិរបស់ទ្រង់ក្លាយជាសាច់ឈាម ក្លាយជាមនុស្សម្នាក់។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលពាក់សាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទគឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ មិនជាសាច់ឈាមឡើយ។ ព្រះអង្គមានទាំងភាពជាមនុស្សធម្មតា និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សធម្មតារបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឱ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែគ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឱ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម។ ព្រះអង្គមានសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស ហើយជាងនេះទៅទៀត ទ្រង់ក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ នោះទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សទាំងអស់ដែលព្រះបង្កើតមក ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សដែលព្រះបង្កើតមកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សដែលព្រះបង្កើតមកគ្មានអ្វីក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែភាពជាព្រះរបស់ទ្រង់គឺពិបាកនឹងញាណដឹងណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានសម្តែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមែនជាអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងបំផុតសម្រាប់ឱ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានភាពលំបាកខ្លាំងបំផុតក្នុងការយល់ជ្រាលជ្រៅអំពីសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនេះនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះសាមញ្ញណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ផ្ទាល់ដែលនៅលើផែនដី។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សារៈសំខាន់នៃការយកកំណើតជាមនុស្សគឺថា មនុស្សសាមញ្ញធម្មតាម្នាក់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយការដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សនោះ គឺដើម្បីផ្ចាញ់សាតាំង។ ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្សកើតមាន ដើម្បីបន្តថែរក្សាកិច្ចការសាមញ្ញរបស់ព្រះនៅក្នុងសាច់ឈាម ហើយការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់ ជួយទ្រទ្រង់ដល់ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងគ្រប់សកម្មភាពខាងសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយបានថា ការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់កើតមានបាន គឺដើម្បីជួយទ្រទ្រង់ដល់គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសាច់ឈាម។ ប្រសិនបើសាច់ឈាមនេះមិនមានគំនិតតាមបែបមនុស្សសាមញ្ញទេ នោះព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងសាច់ឈាមបានឡើយ ហើយអ្វីដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាម ក៏មិនអាចសម្រេចបាននោះដែរ។ ទោះបីព្រះដែលយកកំណើតជាមនុស្សមានគំនិតតាមបែបមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែកិច្ចការរបស់ទ្រង់មិនត្រូវបានលាយឡំដោយគំនិតរបស់មនុស្សឡើយ។ ទ្រង់ធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស ជាមួយគំនិតសាមញ្ញ ក្រោមលក្ខខណ្ឌតម្រូវជាមុននៃការមានគំនិតតាមបែបភាពជាមនុស្ស មិនមែនដោយការអនុវត្តតាមគំនិតមនុស្សសាមញ្ញនោះឡើយ។ មិនថាគំនិតខាងសាច់ឈាមរបស់ទ្រង់វិសេសវិសាលប៉ុនណា ក៏កិច្ចការរបស់ទ្រង់មិនត្រូវបានប្រឡាក់ប្រឡូកជាមួយតក្កៈ ឬការគិតដែរ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ទ្រង់មិនត្រូវបានយល់ ដោយគំនិតខាងសាច់ឈាមរបស់ទ្រង់ឡើយ ប៉ុន្តែជាការស្ដែងចេញដោយផ្ទាល់នូវកិច្ចការរបស់ព្រះនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺជាព័ន្ធកិច្ចដែលទ្រង់ត្រូវតែសម្រេច ហើយគ្មានកិច្ចការណាមួយដែលត្រូវបានយល់ដោយខួរក្បាលរបស់ទ្រង់ឡើយ។ ឧទាហរណ៍ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការជាប់ឆ្កាង មិនមែនកើតចេញពីគំនិតតាមបែបមនុស្សរបស់ទ្រង់ឡើយ ហើយក៏មិនអាចត្រូវបានសម្រេចដោយមនុស្សណាម្នាក់ ដែលមានគំនិតជាមនុស្សដែរ។ ដូចគ្នាផងដែរ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺជាព័ន្ធកិច្ចមួយដែលត្រូវតែធ្វើដោយព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែវាមិនមែនជាកិច្ចការចេញពីឆន្ទៈរបស់មនុស្សឡើយ វាជាកិច្ចការដែលភាពជាព្រះរបស់ទ្រង់គួរតែធ្វើ ជាកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមណាអាចធ្វើបានឡើយ។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានគំនិតបែបមនុស្សសាមញ្ញ ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតទ្រង់ត្រូវតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ដែលមានគំនិតសាមញ្ញ។ នេះជាសារជាតិនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ជាសារជាតិដើមរបស់ព្រះដែលយកកំណើតជាមនុស្ស។
មុនពេលដែលព្រះយេស៊ូវចាប់ផ្ដើមធ្វើការ គឺទ្រង់គ្រាន់តែរស់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចប្រាប់បានឡើយថា ទ្រង់ជាព្រះជាម្ចាស់ គ្មាននរណាអាចរកឃើញឡើយថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ហើយមនុស្សគ្រាន់តែដឹងថា ទ្រង់ជាមនុស្សសាមញ្ញទាំងស្រុងម្នាក់ប៉ុណ្ណោះ។ ភាពជាមនុស្សសាមញ្ញធម្មតាទាំងស្រុងរបស់ទ្រង់ គឺជាភស្តុតាងបង្ហាញថាព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាម និងបញ្ជាក់ថា យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សមិនមែនជាយុគសម័យនៃកិច្ចការរបស់ព្រះវិញ្ញាណឡើយ។ វាជាភស្តុតាងដែលបង្ហាញថាព្រះវិញ្ញាណនៃព្រះត្រូវបានលេចជារូបរាងទាំងស្រុងនៅក្នុងសាច់ឈាម ហើយនៅក្នុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សាច់ឈាមរបស់ទ្រង់នឹងធ្វើគ្រប់ទាំងកិច្ចការរបស់ព្រះវិញ្ញាណ។ ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាមដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ «ការលេចចេញជារូបរាង» មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាមហើយបើនិយាយឱ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការនៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)