៦. អ្នកធ្វើបន្ទាល់ថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ និងថាទ្រង់កំពុងតែសម្ដែងចេញនូវគ្រប់ទាំងសេចក្តីពិតសម្រាប់ការជំនុំជម្រះ ការបន្សុទ្ធ និងសេចក្តីសង្រ្គោះរបស់មនុស្សជាតិ។ ប៉ុន្តែ បក្សកុម្មុយនីស្តចិនអះអាងថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ដែលអ្នកជឿនោះគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ។ បក្សកុម្មុយនីស្តចិនដឹងអ្វីៗគ្រប់យ៉ាងអំពីប្រវត្តិគ្រួសាររបស់បុគ្គលម្នាក់នេះ ហើយថែមទាំងបានបិទផ្សាយរូបថត ឈ្មោះ និងអាសយដ្ឋាននៃក្រុមគ្រួសាររបស់បុគ្គលនេះនៅលើអនឡាញទៀតផង។ ខ្ញុំគិតមិនឃើញឡើយ តើអ្វីដែលបក្សកុម្មុយនីស្តចិននិយាយនេះពិតឬមិនពិត?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
«ការយកកំណើតជាមនុស្ស» គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដោយសារទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សធម្មតា នេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់នៅក្នុងសារជាតិរបស់ទ្រង់ក្លាយជាសាច់ឈាម ក្លាយជាមនុស្សម្នាក់។ ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌និងវិន័យសាមញ្ញនៃការរស់នៅក្នុងជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុងដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរ គឺជាព្រះជន្មដែលទ្រង់រស់នៅ បន្ទាប់ពីការចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅសម្រាប់ជាប្រយោជន៍ដល់ព័ន្ធកិច្ចរបស់ទ្រង់សុទ្ធសាធ ហើយក្នុងអំឡុងពេលនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នៅមានទាំងស្រុង ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ ដ្បិតនៅពេលនោះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានចម្រើនពេញវ័យ ដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយមានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មរបស់ទ្រង់ ហេតុផលដែលនាំឱ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចទ្រទ្រង់កិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះភាពជាមនុស្សនេះមិនទាន់ចាស់ចិត្តគំនិតនៅឡើយ ទាល់តែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចាស់ចិត្តគំនិត មានសមត្ថភាពរ៉ាប់រងព័ន្ធកិច្ចរបស់ទ្រង់ ទើបទ្រង់អាចអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។ ដោយសារតែទ្រង់គឺជាសាច់ឈាម ដូច្នេះ ទ្រង់ត្រូវការលូតលាស់និងចាស់ចិត្តគំនិត។ ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែជាព្រះជន្មនៃភាពជាមនុស្សសាមញ្ញ ចំណែកឯនៅក្នុងដំណាក់កាលទីពីរ ភាពជាមនុស្សរបស់ទ្រង់ មានសមត្ថភាពអាចធ្វើកិច្ចការ និងធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន ហេតុដូច្នេះហើយ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងពេលកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ដោយធ្វើទីសម្គាល់អស្ចារ្យនិងឫទ្ធិបារមី ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក នោះទ្រង់នឹងគ្មានសារជាតិជារូបកាយសាច់ឈាមឡើយ។ ដូច្នេះ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឱ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែគ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឱ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម។ ព្រះអង្គមានសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស ហើយជាងនេះទៅទៀត ទ្រង់ក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ នោះទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សទាំងអស់ដែលព្រះបង្កើតមក ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សដែលព្រះបង្កើតមកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សដែលព្រះបង្កើតមកគ្មានអ្វីក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែភាពជាព្រះរបស់ទ្រង់គឺពិបាកនឹងញាណដឹងណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានសម្តែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមែនជាអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងបំផុតសម្រាប់ឱ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានភាពលំបាកខ្លាំងបំផុតក្នុងការយល់ជ្រាលជ្រៅអំពីសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនេះនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះសាមញ្ញណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ផ្ទាល់ដែលនៅលើផែនដី។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលពាក់សាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទគឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ មិនជាសាច់ឈាមឡើយ។ ព្រះអង្គមានទាំងភាពជាមនុស្សធម្មតា និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សធម្មតារបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គស្ថិតក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណ ពោលគឺ ភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់ គឺសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនបង្អាក់ដល់កិច្ចការរបស់ទ្រង់ផ្ទាល់ឡើយ ហើយទ្រង់ក៏មិនអាចធ្វើរឿងអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ដែរ ហើយទ្រង់ក៏នឹងមិនថ្លែងព្រះបន្ទូលណាមួយដែលផ្ទុយទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នឹងមិនអាចធ្វើកិច្ចការណាមួយដែលបង្អាក់ដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់នោះទេ។ មនុស្សគ្រប់គ្នាគួរតែយល់អំពីចំណុចនេះ។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សារៈសំខាន់នៃការយកកំណើតជាមនុស្សគឺថា មនុស្សសាមញ្ញធម្មតាម្នាក់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយការដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សនោះ គឺដើម្បីផ្ចាញ់សាតាំង។ ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដោយសារតែតម្រូវការនៃកិច្ចការរបស់ទ្រង់។ នៅក្នុងន័យម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះត្រូវតែសម្រេចនៅក្នុងសាច់ឈាម វាត្រូវតែធ្វើការនៅក្នុងភាពជាមនុស្សសាមញ្ញ។ នេះគឺជាលក្ខខណ្ឌតម្រូវមួយសម្រាប់ «ព្រះបន្ទូលក្លាយជាសាច់ឈាម» សម្រាប់ «ការលេចចេញរបស់ព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយវាជាសាច់រឿងពិតមួយ នៅពីក្រោយការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការ និងការសម្ដែងចេញរបស់ព្រះគ្រីស្ទ កំណត់ពីសារជាតិរបស់ទ្រង់។ ទ្រង់អាចបញ្ចប់កិច្ចការដែលបានប្រគល់ជូនទ្រង់ ដោយព្រះទ័យស្មោះ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះ ហើយអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយព្រះទ័យស្មោះពិត។ ទាំងអស់នេះសុទ្ធតែត្រូវកំណត់ដោយសារជាតិរបស់ទ្រង់ទាំងអស់។ ដូចគ្នានេះដែរ ការបើកសម្ដែងពីធម្មជាតិរបស់ទ្រង់ ក៏ត្រូវបានកំណត់ដោយសារជាតិរបស់ទ្រង់ដែរ។ ហេតុផលដែលខ្ញុំហៅការនេះថា «ការបើកសម្ដែងពីធម្មជាតិ» របស់ទ្រង់ គឺដោយសារតែការបើកសម្ដែងរបស់ទ្រង់មិនមែនជាការត្រាប់តាម ឬជាលទ្ធផលចេញពីការអប់រំរបស់មនុស្ស ឬចេញពីលទ្ធផលនៃការបណ្ដុះបណ្ដាលរាប់សិបឆ្នាំដោយមនុស្សឡើយ។ ទ្រង់មិនបានរៀន ឬបំពាក់បំប៉នអង្គទ្រង់ដោយការនេះឡើយ។ ផ្ទុយទៅវិញ លក្ខណៈនេះកើតមានមកជាមួយទ្រង់ពីកំណើតតែម្ដង។ មនុស្សអាចបដិសេធកិច្ចការរបស់ទ្រង់ បដិសេធការសម្ដែងចេញរបស់ទ្រង់ បដិសធភាពជាមនុស្សរបស់ទ្រង់ និងជីវិតទាំងស្រុងរបស់ទ្រង់ក្នុងភាពជាមនុស្សសាមញ្ញបាន ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់បានយាងមក ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌ ហើយក៏គ្មាននរណាម្នាក់អាចបដិសេធភាពស្មោះសរដែលទ្រង់ស្វែងរកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានឡើយ។ ទោះបីរូបអង្គរបស់ទ្រង់មិនគាប់ភ្នែករបស់គេ សេចក្តីអធិប្បាយរបស់ទ្រង់គ្មានសូរសៀងអ្វីអស្ចារ្យ ហើយកិច្ចការរបស់ទ្រង់ មិនធ្វើឱ្យកក្រើកមេឃរញ្ជួយដី ដូចដែលមនុស្សស្រមើស្រមៃក៏ដោយ ក៏ប៉ុន្តែ ទ្រង់គឺជាព្រះគ្រីស្ទពិតប្រាកដ ដែលបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត ចុះចូលនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទាំងស្រុង ហើយស្ដាប់បង្គាប់តាមទ្រង់លុះក្ស័យព្រះជន្ម។ នេះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺជាសារជាតិរបស់ព្រះគ្រីស្ទ។ មនុស្សពិបាកនឹងជឿរឿងនេះណាស់ ប៉ុន្តែនេះគឺជាការពិត។ នៅពេលដែលព័ន្ធកិច្ចរបស់ព្រះគ្រីស្ទត្រូវបានបញ្ចប់ទាំងស្រុងហើយ នោះមនុស្សនឹងអាចមើលឃើញតាមរយៈកិច្ចការរបស់ទ្រង់ថា និស្ស័យនិងលក្ខណៈរបស់ទ្រង់ តំណាងឱ្យនិស្ស័យនិងលក្ខណៈរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ នៅគ្រានោះ សេចក្តីសង្ខេបពីគ្រប់កិច្ចការទាំងអស់របស់ទ្រង់ អាចបញ្ជាក់បានថា ទ្រង់ពិតជាសាច់ឈាមប្រាកដដូចព្រះបន្ទូលថាមែន ហើយទ្រង់មិនដូចជាសាច់ឈាមរបស់មនុស្សឡើយ។
(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាគឺជារូបកាយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សជាលើកទីពីរ ហើយជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញណាស់។ បើមើលទៅកាន់ទ្រង់ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ គ្រាន់តែរូបកាយសាច់ឈាមមិនសំខាន់នេះ ជាតំណាងនៃអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតរបស់ព្រះជាម្ចាស់ ជាអ្នកទទួលបន្ទុកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងការសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងមូលឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាធ្លាប់អាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលដូចទៅនឹងមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះជាម្ចាស់មួយអង្គដែលមិនអាចកត់សម្គាល់បានយ៉ាងណាក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានវត្តមានមនុស្សនេះទេ នោះអស់ទាំងផ្ទៃមេឃ និងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានវត្តមានមនុស្សនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់នៃគ្រាចុងក្រោយមិនបានយកកំណើតជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នាទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំជារៀងរហូត ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ វាមិនអាចទៅរួចទេដែលមនុស្សលោកទាំងអស់អាចគេចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ ហើយមិនអាចគេចផុតពីទណ្ឌកម្មកាន់តែធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងសុំអង្វរឱ្យបានស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នករាល់គ្នានឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានឹងនៅតែបដិសេធចំពោះការមកយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើនដល់ម៉្លេះ ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឱ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឱ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឱ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឱ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)