៧. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ និងថាទ្រង់ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនានិយាយថា អ្វីដែលអ្នកជឿនោះមិនមែនជាព្រះអម្ចាស់យេស៊ូវទេ និងថាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនជាផ្នែកមួយនៃគ្រីស្ទសាសនាទេ។ តើពាក្យរបស់គ្រូគង្វាល និងពួកចាស់ទុំទាំងនេះអាចទុកចិត្តបានដែរឬទេ?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួសដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែវាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀតនោះ តែយ៉ាងណាក៏ពួកទ្រង់មានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉់ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សទុច្ចរិតផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី?
(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែវាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយ ប៉ុន្តែត្រូវវិនិច្ឆ័យដោយកិច្ចការរបស់ព្រះដែលបានស្ដែងចេញតាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយ ប៉ុន្តែបើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឱ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឱ្យវាគ្រប់លក្ខណ៍គឺដើម្បីឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបអង្គបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឱ្យមនុស្សមានចំណេះដឹងពេញលេញអំពីទ្រង់ឡើយ ប៉ុន្តែដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សទាំងពីរ មានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិនៃសាច់ឈាម និងប្រភពនៃកិច្ចការរបស់ពួកទ្រង់ មានលក្ខណៈដូចគ្នាដែរ។ អាចនិយាយបានថា ពួកទ្រង់យាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការពីរផ្សេងគ្នា ហើយលេចឡើងនៅក្នុងយុគសម័យពីរខុសគ្នា។ មិនថាបែបណានោះឡើយ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា និងប្រភពដើមដូចគ្នា។ នេះជាសេចក្តីពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។
(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)