១. នៅក្នុងព្រះគម្ពីរ លោកប៉ុលបានមានប្រសាសន៍ថា៖ «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងសិទ្ធិអំណាច ដ្បិតគ្មានអំណាចណាឡើយ លើកលែងតែមកពីព្រះជាម្ចាស់» (រ៉ូម ១៣:១)។ «ដូចនេះ ចូរអ្នករាល់គ្នាថែរក្សាខ្លួន និងមើលថែហ្វូងចៀមទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នករាល់គ្នាឲ្យក្លាយជាអ្នកមើលថែ ដើម្បីផ្ដល់អាហារដល់ពួកជំនុំរបស់ព្រះជាម្ចាស់» (កិច្ចការ ២០:២៨)។ មនុស្សភាគច្រើននៅក្នុងពិភពសាសនាប្រកាន់ខ្ជាប់តាមពាក្យរបស់លោកប៉ុលនៅក្នុងជំនឿរបស់ពួកគេថា គ្រូគង្វាល និងពួកចាស់ទុំត្រូវបានតែងតាំងដោយព្រះអម្ចាស់ និងថាពួកគេបម្រើព្រះអម្ចាស់នៅក្នុងពួកជំនុំនានា។ ពួកគេជឿថា អស់អ្នកដែលស្ដាប់ និងធ្វើតាមគ្រូគង្វាល និងពួកចាស់ទុំ ក៏ស្ដាប់បង្គាប់ និងធ្វើតាមព្រះអម្ចាស់ដែរ ហើយការស្ដាប់តាមពាក្យរបស់គ្រូគង្វាលគឺជាការស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ តើការនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ដែរឬទេ?
ខគម្ពីរយោង៖
«យើងគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស» (កិច្ចការ ៥:២៩)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?
(ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចូរមើលថ្នាក់ដឹកនាំនៃនិកាយនីមួយៗចុះ។ ពួកគេទាំងអស់គ្នាសុទ្ធតែក្អេងក្អាង និងរាប់ខ្លួនថាសុចរិត ហើយការបកស្រាយព្រះគម្ពីររបស់ពួកគេ ក៏ខ្វះនូវបរិបទ និងត្រូវបាននាំមុខដោយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផងដែរ។ ពួកគេគ្រប់គ្នាពឹងអាងលើអំណោយទាន និងចំណេះដឹងជ្រៅជ្រះ ដើម្បីធ្វើកិច្ចការរបស់ខ្លួន។ បើពួកគេមិនចេះអធិប្បាយសោះ តើនឹងមានមនុស្សដើរតាមពួកគេដែរទេ? ហេតុដូចនេះ ពួកគេពិតជាមានចំណេះដឹងខ្លះ ហើយអាចអធិប្បាយគោលលទ្ធិបានខ្លះ ឬមួយពួកគេចេះពីរបៀបបញ្ចុះបញ្ចូលឱ្យមនុស្សជឿ និងចេះប្រើសិល្បៈបញ្ឆោតមួយចំនួន។ ពួកគេប្រើការទាំងនេះ ដើម្បីបោកបញ្ឆោតមនុស្ស និងនាំមនុស្សទាំងនេះមកកាន់ពួកគេ។ មនុស្សទាំងនោះជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ តែតាមពិតទៅ ពួកគេដើរតាមអ្នកដឹកនាំរបស់ពួកគេវិញទេ។ នៅពេលដែលពួកគេជួបមនុស្សម្នាក់ដែលកំពុងតែអធិប្បាយអំពីផ្លូវពិត អ្នកខ្លះនិយាយថា «យើងត្រូវតែពិគ្រោះជាមួយអ្នកដឹកនាំរបស់យើងអំពីសេចក្តីជំនឿរបស់យើង»។ ចូរមើលពីរបៀបដែលមនុស្សនៅតែត្រូវការការឯកភាព និងការយល់ព្រមពីអ្នកដទៃ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងទទួលយកផ្លូវពិត តើនេះមិនមែនជាបញ្ហាទេឬ? បើដូច្នេះ តើអ្នកដឹកនាំទាំងនោះបានក្លាយជាអ្វីទៅ? តើពួកគេមិនបានក្លាយជាពួកផារីស៊ី គង្វាលក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងជាថ្មជំពប់ដួលចំពោះការទទួលយកផ្លូវដ៏ពិតរបស់មនុស្សទេឬ? មនុស្សបែបនេះគឺជាប្រភេទតែមួយនឹងប៉ុល។ ...
កាលពីមុន អ្នកជឿលើព្រះជាម្ចាស់អាចដើរតាមបុគ្គលម្នាក់ បើមិនដូច្នោះទេ ពួកគេមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ នៅក្នុងដំណាក់កាលចុងក្រោយនេះ ពួកគេនឹងត្រូវចូលទៅចំពោះព្រះជាម្ចាស់។ បើមូលដ្ឋានគ្រឹះរបស់អ្នកគឺជាបទពិសោធន៍របស់អ្នកអំពីដំណាក់កាលនៃកិច្ចការនេះ តែអ្នកបន្តដើរតាមបុគ្គលម្នាក់ទៀត នោះអ្នកមិនត្រូវបានអត់ទោសឡើយ ហើយនៅទីបំផុត អ្នកនឹងត្រូវបញ្ចប់ដូចជាប៉ុលមិនខាន។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ... «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។
(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើកតម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ។ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើចសរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពឱ្យតម្លៃធៀបនឹងព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។
(ដកស្រង់ពី «បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែកិត្តិនាម ទ្រព្យសម្បត្តិ និងសិរីល្អ។ ដោយព្រោះតែចម្ងល់មួយថា ម្ដេចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឱ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម្ដេចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នោះផ្ទៃមេឃនិងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឱ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឱ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។
អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឱ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែបែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសពដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែអ្នកបែរជារីករាយនឹងប្រគល់ខ្លួនទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទទាំងកំព្រើល ទោះពួកគេឱ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ បែរទៅរកកេរ្តិ៍ឈ្មោះរបស់គេ បែរទៅរកឋានៈរបស់គេ និងបែរទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយ ដោយអ្នកគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឱ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ នៅក្នុងចិត្តរបស់អ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកមិនបានគិតបែបនេះចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ជារៀងរហូត ហើយមិនសក្ដិសមទទួលបានការគោរពជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានឋានៈ យសស័ក្ដិខ្ពង់ខ្ពស់អ្វីឡើយ។
ទោះយ៉ាងណា ក៏ខ្ញុំអាចនិយាយបានថា មនុស្សទាំងអស់ដែលមិនឱ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿនៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត នោះអ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្សស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។
(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មិនថាមានមនុស្សប៉ុន្មាននាក់ជឿលើព្រះជាម្ចាស់ទេ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេ ត្រូវបានទ្រង់ហៅថាជាសាសនា ឬជាក្រុម នោះទ្រង់បានកំណត់រួចហើយថា ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? នៅក្នុងក្រុម ឬហ្វូងមនុស្សដែលគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហើយពួកគេមិនថ្វាយបង្គំទ្រង់ទាល់តែសោះ តើពួកគេថ្វាយបង្គំនរណា? តើពួកគេដើរតាមនរណា? នៅក្នុងសណ្ឋាន និងឈ្មោះ គឺពួកគេដើរតាមមនុស្ស ប៉ុន្តែតើនរណាដែលពួកគេដើរតាមជាចាំបាច់នោះ? បើគិតឱ្យជ្រៅទៅ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេគឺជាប្រធានបទនៃការរៀបចំ និងការចាត់ចែង ព្រមទាំងការគ្រប់គ្រងរបស់មនុស្ស។ ពួកគេដើរតាមសាតាំង ដែលជាអារក្ស។ ពួកគេដើរតាមកម្លាំងដែលមានសភាពជាគូបដិបក្ខរបស់ព្រះជាម្ចាស់ និងកម្លាំងដែលជាសត្រូវរបស់ទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សមួយក្រុមបែបនេះទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? តើពួកគេអាចមានការប្រែចិត្តបានទេ? (ទេ)។ ពួកគេមិនអាចប្រែចិត្តបានទេ។ ពួកគេគ្រវីទង់សេចក្ដីជំនឿ ដោយអនុវត្តកិច្ចការរបស់មនុស្ស និងអនុវត្តការគ្រប់គ្រប់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេរត់បញ្ច្រាសនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺជាលទ្ធផលមួយដែលព្រះជាម្ចាស់ស្អប់បំផុត និងបដិសេធ។ ទ្រង់មិនអាចសង្គ្រោះមនុស្សទាំងនេះបានទេ ពួកគេមិនអាចប្រែចិត្តឡើយ ពួកគេត្រូវបានសាតាំងចាប់បានហើយ។ ពួកគេស្ថិតនៅក្នុងដៃរបស់សាតាំងទាំងស្រុង។ នៅក្នុងសេចក្ដីជំនឿរបស់អ្នក តើចំនួនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់ ជារឿងសំខាន់ទេ ដែលឱ្យព្រះជាម្ចាស់សរសើរអ្នក ឬអត់នោះ? តើពិធី និងច្បាប់ដែលអ្នកប្រកាន់ខ្ជាប់ជារឿងសំខាន់ទេ? តើព្រះជាម្ចាស់ទតមើលវិធីសាស្ត្រអនុវត្តរបស់មនុស្សឬទេ? តើទ្រង់ទតមើលអំពីចំនួនមនុស្សទេ? ទ្រង់បានជ្រើសរើសមនុស្សជាតិមួយផ្នែក។ តើធ្វើដូចម្ដេចទើបទ្រង់អាចវាស់វែងថា ពួកគេអាច ឬមិនអាចត្រូវបានសង្គ្រោះ? ទ្រង់ធ្វើការសម្រេចព្រះទ័យនេះ ដោយផ្អែកលើផ្លូវដែលមនុស្សទាំងនេះដើរ។ នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាសេចក្ដីពិតដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្ស មានចំនួនតិចជាងសព្វថ្ងៃ ហើយមិនជាក់លាក់ក៏ដោយ ក៏ទ្រង់នៅតែអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរនៅពេលនោះ ហើយសេចក្ដីសង្គ្រោះនៅតែអាចកើតឡើង។ ដូច្នេះ ចំពោះមនុស្សនៅក្នុងសម័យនេះ ដែលបានឮសេចក្ដីពិតជាច្រើន ហើយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនអាចដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនអាចដើរលើមាគ៌ានៃសេចក្ដីសង្គ្រោះបានទេ នោះតើលទ្ធផលចុងក្រោយរបស់ពួកគេនឹងជាអ្វី? លទ្ធផលចុងក្រោយរបស់ពួកគេ នឹងដូចគ្នាទៅនឹងលទ្ធផលរបស់អ្នកជឿលើជំនឿគ្រីស្ទបរិស័ទ និងជំនឿពួកយូដា។ នឹងមិនមានលទ្ធផលខុសគ្នាទេ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់! មិនថា អ្នកបានស្ដាប់ការអធិប្បាយច្រើនប៉ុនណា ឬមិនថាអ្នកបានយល់សេចក្ដីពិតច្រើនប៉ុនណាឡើយ ទីបំផុត ប្រសិនបើអ្នកនៅតែដើរតាមមនុស្ស និងសាតាំង ហើយនៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែមិនអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន និងមិនអាចកោតខ្លាចទ្រង់ ព្រមទាំងចៀសវាងសេចក្ដីក្រក់ នោះមនុស្សបែបនេះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ។ ចំពោះរូបរាងខាងក្រៅទាំងអស់ មនុស្សដែលព្រះជាម្ចាស់ស្អប់ និងបដិសេធបែបនេះ អាចនិយាយបានច្រើនអំពីអក្សរ និងគោលលទ្ធិ ហើយអាចយល់សេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនអាចថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់បានទេ ហើយពួកគេមិនអាចចុះចូលទ្រង់ទាំងស្រុងឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ហៅពួកគេថាជាផ្នែកនៃសាសនាមួយ គឺត្រឹមតែជាក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមមនុស្ស និងជាអាស្រមអាស្រ័យរបស់សាតាំង។ ពួកគេទាំងអស់សំដៅលើក្រុមរបស់សាតាំង ហើយមនុស្សទាំងនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ជាខ្លាំង។
(ដកស្រង់ពី «មានតែការកោតខ្លាចដល់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចដើរលើផ្លូវនៃសេចក្តីសង្រ្គោះបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
វាជាការល្អបំផុតសម្រាប់មនុស្សទាំងនោះដែលអះអាងថាដើរតាមព្រះជាម្ចាស់ដើម្បីបើកភ្នែកពួកគេ ហើយមើលឱ្យបានជាក់ដើម្បីឃើញច្បាស់ថានរណាដែលពួកគេគួរជឿ៖ តើពិតជាព្រះជាម្ចាស់ ឬសាតាំង ដែលអ្នកជឿ? ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ទេ តែជារូបព្រះផ្ទាល់ខ្លួនរបស់អ្នក នោះវាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ប្រសិនបើអ្នកពិតជាមិនដឹងថាអ្នកជឿលើអ្នកណាទេ ដូច្នេះជាថ្មីម្តងទៀត វាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ការនិយាយអ៊ីចឹងគឺជាការប្រមាថ! គ្មាននរណាម្នាក់បង្ខំអ្នកឱ្យជឿលើព្រះជាម្ចាស់នោះទេ។ កុំនិយាយថាអ្នករាល់គ្នាជឿលើខ្ញុំឡើយ។ ខ្ញុំមានព្រះបន្ទូលបែបនេះគ្រប់គ្រាន់ហើយ ហើយខ្ញុំមិនចង់ឮវាម្តងទៀតទេ ពីព្រោះអ្វីដែលអ្នករាល់គ្នាជឿ គឺរូបព្រះនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា និងពួកអ្នកដែលរករឿងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា។ អស់អ្នកដែលគ្រវីក្បាលនៅពេលពួកគេឮពីសេចក្តីពិត ដែលញញឹមពេលដែលពួកគេឮអំពីការជជែកពីសេចក្ដីស្លាប់ គឺជាអ្នកដែលកើតចេញពីសាតាំង ហើយពួកគេគឺជាអ្នកដែលនឹងត្រូវបានផាត់ចោល។ មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី? ប្រសិនបើអ្នកពិតជាមនុស្សដែលស្រឡាញ់សេចក្តីពិត ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នកដែលអនុវត្តនូវសេចក្តីពិត ហើយហេតុអ្វីបានជាអ្នកធ្វើតាមអ្នកដែលមិនអនុវត្តសេចក្ដីពិតភ្លាមៗដូច្នេះ? តើនេះជាបញ្ហាប្រភេទអ្វី? ខ្ញុំមិនខ្វល់ថាអ្នកមានយោបល់ឬអត់។ ខ្ញុំមិនខ្វល់ថាអ្នកបានបង់ថ្លៃប៉ុន្មាននោះទេ។ ខ្ញុំមិនខ្វល់ថាតើកងកម្លាំងរបស់អ្នកធំប៉ុនណា ហើយខ្ញុំមិនខ្វល់ថាអ្នកគឺជាមនុស្សដែលរករឿងគេក្នុងពួកជំនុំ ឬជាអ្នកដឹកនាំដែលកាន់ទង់នោះទេ។ ប្រសិនបើកងកម្លាំងរបស់អ្នកគឺអស្ចារ្យ នោះគ្រាន់តែជាជំនួយពីកម្លាំងរបស់សាតាំងប៉ុណ្ណោះ។ ប្រសិនបើកិត្យានុភាពរបស់អ្នកខ្ពស់ ដូច្នេះនោះគឺគ្រាន់តែដោយសារតែមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកដែលមិនអនុវត្តនូវសេចក្ដីពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនត្រូវបានបណ្តេញចេញទេ នោះគឺដោយសារតែពេលនេះមិនមែនជាពេលវេលាសម្រាប់កិច្ចការនៃការបណ្តេញចេញ។ ផ្ទុយទៅវិញវាដល់ពេលកិច្ចការនៃការផាត់ចោលហើយ។ មិនមានការប្រញាប់ក្នុងការបណ្តេញអ្នកឥឡូវនេះទេ។ ខ្ញុំគ្រាន់តែរង់ចាំថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នកបន្ទាប់ពីអ្នកត្រូវបានផាត់ចោល។ អស់អ្នកណាដែលមិនអនុវត្តនូវសេចក្ដីពិត នឹងត្រូវផាត់ចោល!
(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)