ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំបួន)
II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ
ឃ. អនាគត និងវាសនារបស់ពួកគេ
៤. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ «អ្នកបម្រើការ»
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង។ ជាមួយនឹងចំណុចនេះ ប្រធានបទចម្បងរបស់យើងសម្រាប់ការប្រកបគ្នា គឺការវែកញែកអំពីផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទរងទីបួន នៅក្នុងចំណុចទីបួននៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺរបៀបដែលពួកគេចាត់ទុកឈ្មោះ «អ្នកបម្រើការ» និងវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះនេះ។ អស់អ្នកដែលបានដើរតាមព្រះជាម្ចាស់រហូតមកដល់ពេលនេះ គឺធ្លាប់ស្គាល់ពាក្យ «អ្នកបម្រើការ» នេះហើយ ហើយភាគច្រើននៃពួកគេ ជាមូលដ្ឋានគឺបានទទួលយកឈ្មោះនេះនៅក្នុងដួងចិត្តរបស់ពួកគេទៅហើយ។ បើមើលទៅលើទំនោរចិត្តផ្ទាល់ខ្លួនរបស់ពួកគេ គឺគ្មានការទាស់ទទឹងនឹងឈ្មោះនេះឡើយ។ ទោះជាយ៉ាងនេះក្ដី នៅពេលនិយាយចំៗថា បុគ្គលណាម្នាក់គឺជាអ្នកបម្រើការ បុគ្គលនោះភាគច្រើនសម្ដែងចេញនូវភាពស្ទាក់ស្ទើរ និងការមិនសុខចិត្ត ដោយមានអារម្មណ៍ថារងភាពអយុត្តិធម៌ មិនសូវចង់ឱ្យគេហៅបែបនេះ និងមិនសូវចង់ធ្វើជាអ្នកបម្រើការឡើយ។ បើវិនិច្ឆ័យតាមការសម្ដែងចេញរបស់មនុស្ស ទោះបីជាពួកគេយល់ស្របថា «អ្នកបម្រើការ» មិនមែនជាឈ្មោះអាក្រក់ បើមើលទៅលើទំនោរចិត្តផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏ប៉ុន្តែបើមើលពីទិដ្ឋភាពជាក់ស្ដែង មនុស្សនៅតែចាត់ទុកឈ្មោះជា «អ្នកបម្រើការ» ដោយមានធាតុផ្សំមួយចំនួននៃការរើសអើង ការប្រទូសរ៉ាយ និងថែមទាំងការមិនសុខចិត្តទៀតផង ពោលគឺពួកគេមានអារម្មណ៍បែបនេះចំពោះឈ្មោះនេះ។ មិនថាមនុស្សគិតយ៉ាងណាចំពោះឈ្មោះជា «អ្នកបម្រើការ» នោះទេ មិនថាពួកគេអាចទទួលយកវាដោយស្មោះត្រង់ និងធ្វើជាអ្នកបម្រើការបាន ឬអត់ក៏ដោយ ឬមិនថាអ្វីដែលពួកគេគិតអំពីឈ្មោះនេះ មានផ្ទុកនូវភាពមិនបរិសុទ្ធ និងក្ដីប្រាថ្នាជាច្រើនរបស់មនុស្ស ឬយ៉ាងណានោះទេ ក៏ថ្ងៃនេះ យើងនឹងប្រកបគ្នាជាមុនសិនអំពីថាតើអ្នកបម្រើការគឺជាអ្វីឱ្យប្រាកដ តើឈ្មោះ «អ្នកបម្រើការ» ត្រូវបានកំណត់និយមន័យ និងកំណត់លក្ខណៈយ៉ាងដូចម្ដេចឱ្យប្រាកដនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើសារជាតិរបស់អ្នកបម្រើការដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះគឺជាអ្វី ហើយតើព្រះជាម្ចាស់ទតមើលពាក្យ «អ្នកបម្រើការ» យ៉ាងដូចម្ដេច និងថាតើវាខុសគ្នាពីរបៀបដែលមនុស្សចាត់ទុកឈ្មោះនេះយ៉ាងដូចម្ដេច ដើម្បីឱ្យអ្នកទាំងអស់គ្នាអាចមានការយល់ដឹង និងគោលគំនិតដ៏ត្រឹមត្រូវមួយនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា អំពីឈ្មោះជា «អ្នកបម្រើការ» នេះ។
ក. និយមន័យ និងប្រភពដើមនៃឈ្មោះជា «អ្នកបម្រើការ»
ពាក្យ «អ្នកបម្រើការ» តាមន័យត្រង់ គឺមានន័យថា ជាបុគ្គលដែលធ្វើការ និងពុះពារធ្វើការធ្ងន់ដើម្បីអ្វីមួយ។ ប្រសិនបើយើងវាស់វែងឈ្មោះនេះដោយផ្អែកលើតំណែង វាសំដៅទៅលើនរណាម្នាក់ដែលត្រូវបានគេប្រើប្រាស់សម្រាប់រយៈពេលបណ្ដោះអាសន្ន។ ពោលគឺ ប្រសិនបើបុគ្គលណាម្នាក់ត្រូវបានចាត់ទុកថាជាអ្នកបម្រើការ ហើយចាប់ផ្ដើមធ្វើការងារមួយ ឬទទួលយកការងារនៅក្នុងឧស្សាហកម្មណាមួយ នោះវាមិនមែនជាអាជីព ឬការងាររយៈពេលវែងដែលគេត្រូវបំពេញនោះទេ ប៉ុន្តែផ្ទុយទៅវិញវាគ្រាន់តែជាការងារបណ្ដោះអាសន្នប៉ុណ្ណោះ។ គេឱ្យបុគ្គលនោះពុះពារធ្វើការធ្ងន់មួយចំនួនជាបណ្ដោះអាសន្ន និងបម្រើការមួយរយៈនៅក្នុងឧស្សាហកម្ម ឬការងារនេះ។ បុគ្គលនោះគ្មានឱកាស គ្មានអនាគតទេ ហើយគេមិនទទួលបានផលប្រយោជន៍ខាងសម្ភារៈអ្វីឡើយ។ គេមិនចាំបាច់រ៉ាប់រងការទទួលខុសត្រូវអ្វីឡើយ គេគ្រាន់តែទទួលបានប្រាក់ឈ្នួលសម្រាប់ការធ្វើការដោយកម្លាំងរបស់គេប៉ុណ្ណោះ។ នៅពេលការងារដែលបុគ្គលនោះត្រូវបានចាត់តាំងឱ្យធ្វើ ត្រូវបានបញ្ចប់ គេលែងត្រូវការបុគ្គលនោះទៀតហើយ ហើយបុគ្គលនោះគ្រាន់តែយកប្រាក់ឈ្នួលរបស់ខ្លួន រួចក៏ចាកចេញទៅ។ សរុបមក វាគឺជាការងារបណ្ដោះអាសន្ន ហើយបុគ្គលនោះត្រូវបានហៅឱ្យមកធ្វើការ នៅពេលគេត្រូវការបុគ្គលនោះ។ នេះគឺជាការយល់ដឹងតាមន័យត្រង់អំពីអ្នកបម្រើការ។ ប្រសិនបើយើងបកស្រាយពាក្យ «អ្នកបម្រើការ» យោងតាមគំនិតរបស់មនុស្សជាតិ នោះអ្នកបម្រើការត្រូវបានគេហៅថា «អ្នកធ្វើការជាប់កិច្ចសន្យា» និង «អ្នកធ្វើការបណ្ដោះអាសន្ន» ជាមនុស្សដែលធ្វើការ ឬពុះពារធ្វើការធ្ងន់ជាបណ្ដោះអាសន្នសម្រាប់ការងារ ឬឧស្សាហកម្មណាមួយ។ ទំនាក់ទំនងតែមួយគត់របស់ពួកគេ គឺលើរយៈពេលដែលគេត្រូវការអ្នកទាំងនោះសម្រាប់ការងារមួយប៉ុណ្ណោះ ហើយនៅពេលពេលវេលានោះបញ្ចប់ ពួកគេលែងមានតម្លៃអ្វីទៀតហើយ។ នេះក៏ព្រោះតែគេលែងត្រូវការអ្នកទាំងនោះទៀតហើយ ហើយពួកគេក៏លែងមានតម្លៃក្នុងការប្រើប្រាស់ទៀតដែរ ពោលគឺតម្លៃរបស់ពួកគេត្រូវបានប្រើប្រាស់អស់ ក្នុងអំឡុងពេលនោះបាត់ទៅហើយ។ នេះគឺជាអត្ថន័យតាមន័យត្រង់ ដែលមនុស្សអាចយល់ និងមើលឃើញ ទាក់ទងនឹងពាក្យ «អ្នកបម្រើការ»។ នៅក្នុងអត្ថន័យដែលភាសាមនុស្សអាចសម្ដែងចេញបាន ពោលគឺអត្ថន័យនៃឈ្មោះជា «អ្នកបម្រើការ» ដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ដែលមនុស្សអាចយល់ដឹងបាន តើមានកម្រិតអត្ថន័យណាមួយដែលស្របតាមសេចក្ដីពិតដែរឬទេ? តើមានកម្រិតអត្ថន័យណាមួយដែលស្របតាមភាពជាមនុស្សធម្មតា និងភាពមានវិចារណញ្ញាណដែរឬទេ? តើមានកម្រិតអត្ថន័យណាមួយដែលមនុស្សគួរតែយល់ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតពិតប្រាកដដែរឬទេ? តើមានកម្រិតអត្ថន័យណាមួយទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ចាត់ទុកឈ្មោះនេះដែរឬទេ? (មិនមានទេ។) តើអ្នករាល់គ្នាម្ដេចនឹងដឹងថាគ្មាននោះ? អ្នករាល់គ្នាទាល់គំនិតហើយ អ្នករាល់គ្នាមិនអាចពន្យល់វាបានទេ។ ក្នុងចំណោមអ្នករាល់គ្នា មាននិស្សិតសាកលវិទ្យាល័យ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត និងសាស្ត្រាចារ្យ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចពន្យល់រឿងនេះឱ្យបានច្បាស់លាស់ទេ តើមែនទេ? (មែនហើយ នោះគឺត្រឹមត្រូវហើយ។) នេះគឺជាភាពខុសគ្នារវាងចំណេះដឹង និងសេចក្ដីពិត។ អ្នកប្រហែលជាមានការអប់រំ អ្នកប្រហែលជាស្គាល់ពាក្យនីមួយៗដូចជា «អ្នក» និង «បម្រើការ» ហើយនៅពេលពាក្យទាំងនេះរួមបញ្ចូលគ្នាបង្កើតជាពាក្យមួយដើម្បីពណ៌នាអំពីប្រភេទមនុស្ស និងក្រុមមនុស្សណាមួយ អ្នកអាចយល់ពីសារជាតិរបស់មនុស្សទាំងនេះ ការបង្ហាញចេញរបស់ពួកគេ និងចំណាត់ថ្នាក់របស់ពួកគេនៅក្នុងចំណោមមនុស្សជាតិទាំងមូល ប៉ុន្តែនៅពេលអ្នកមិនអាចយល់ពាក្យនេះពីទស្សនៈនៃសេចក្ដីពិត និងទស្សនៈនៃភាវៈដែលព្រះបានបង្កើត តើការយល់ដឹងរបស់អ្នកចេញមកពីណាឱ្យប្រាកដទៅ? តើសារជាតិនៃពាក្យនេះ ដែលអ្នកបានយល់ គឺជាអ្វីឱ្យប្រាកដទៅ? តើវាមិនមែនជាការយល់ដឹងអំពីពាក្យ «អ្នកបម្រើការ» ដែលចេញមកពីមនុស្សជាតិពុករលួយនេះ ពីសង្គមនេះ និងពីចំណេះដឹងរបស់មនុស្សជាតិទេឬ? (មែនហើយ គឺអ៊ីចឹងមែន។) តើចំណេះដឹងរបស់មនុស្សជាតិចុះសម្រុងជាមួយសេចក្ដីពិត ឬក៏ប្រឆាំងនឹងសេចក្ដីពិត? (គឺប្រឆាំងនឹងសេចក្ដីពិត។) ដូច្នេះ នៅពេលអ្នកមានការយល់ដឹង និងការយល់ជ្រួតជ្រាបបែបនេះចំពោះពាក្យនេះ តើអ្នកកំពុងឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់ ឬនៅខាងដែលចុះសម្រុងជាមួយព្រះជាម្ចាស់? ច្បាស់ក្រឡែតណាស់ថា នៅពេលអ្នកយល់ដឹង និងយល់ជ្រួតជ្រាបពីពាក្យនេះដោយប្រើចំណេះដឹងរបស់អ្នក ដោយប្រើខួរក្បាលរបស់អ្នក នោះអ្នកកំពុងឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់ដោយអចេតនា និងដោយមិនដឹងខ្លួនហើយ។ នៅពេលអ្នកប្រើចំណេះដឹងរបស់អ្នកដើម្បីស្វែងយល់ពីពាក្យនេះ នោះអ្វីៗដែលអ្នកបានយល់ ជៀសមិនរួចនឹងនាំឱ្យអ្នកមានអារម្មណ៍ទាស់ទទឹង ស្អប់ខ្ពើម ខ្ពើមរអើម និងថែមទាំងមានសេចក្ដីស្អប់ចំពោះពាក្យ «អ្នកបម្រើការ» ទៀតផង។ តើមានការចុះចូលណាមួយនៅត្រង់នេះដែរឬទេ? តើមានការទទួលយកដ៏ពិតប្រាកដណាមួយដែរឬទេ? (មិនមានទេ។) មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំទទួលយកពាក្យល្អៗ ប៉ុន្តែហេតុអ្វីបានជាខ្ញុំគួរទទួលយកពាក្យអាក្រក់នេះ? ការដែលខ្ញុំមិនមានអារម្មណ៍ទាស់ទទឹងនឹងវា គឺល្អណាស់ទៅហើយ។ ឧទាហរណ៍ ខ្ញុំទទួលយកពាក្យវិជ្ជមានដូចជា “ការទទួលបានមកុដ” “ការទទួលបានរង្វាន់” “ការទទួលបានព្រះពរ” “ការចូលទៅក្នុងនគរព្រះ” “ការឡើងទៅស្ថានសួគ៌” “ការមិនធ្លាក់នរក” “ការមិនត្រូវបានដាក់ទោស” និង “ការធ្វើជាកូនប្រុសច្បង”។ នេះគឺជារឿងធម្មជាតិ វាគឺជាការឆ្លើយតបសាមញ្ញរបស់មនុស្ស ហើយទាំងនេះគឺជារឿងដែលមនុស្សគួរតែដេញតាម។ ចំណែកឯពាក្យអវិជ្ជមានដូចជា “មនុស្សអាក្រក់” “ពួកទទឹងនឹងព្រះគ្រីស្ទ” “ការត្រូវបានដាក់ទោស” និង “ការធ្លាក់នរក” វិញ គឺគ្មាននរណាម្នាក់ចូលចិត្តទទួលយកពាក្យទាំងនោះឡើយ។ ពាក្យ “អ្នកបម្រើការ” គឺជាពាក្យអព្យាក្រឹត ប៉ុន្តែយោងតាមការយល់ដឹងរបស់ខ្ញុំ ខ្ញុំមិនអាចទទួលយកវាបានទេ ហើយការដែលខ្ញុំមិនស្អប់ខ្ពើមវា គឺល្អណាស់ទៅហើយសម្រាប់ខ្ញុំ។ ប្រសិនបើឱ្យខ្ញុំស្ម័គ្រចិត្តទទួលយកវា ហើយចុះចូលនឹងវា និងទទួលយកវាពីព្រះជាម្ចាស់ នោះគឺជារឿងដែលមិនអាចទៅរួចឡើយ»។ តើមនុស្សមិនគិតបែបនេះទេឬ? (មែនហើយ គឺអ៊ីចឹងមែន។) តើរបៀបនៃការគិតនេះ ត្រូវឬក៏ខុស? (គឺខុសហើយ។) តើអ្នកបានដឹងថាវាខុសនៅពេលណា? គឺទើបតែអម្បាញ់មិញនេះទេ តើមែនទេ? នោះគឺជាបញ្ហាហើយ។ អ្នកទើបតែដឹងថាវាខុសប៉ុណ្ណោះ។ មុនពេលអ្នកដឹងពីរឿងនេះ មើលពីសំបកក្រៅទៅ អ្នកហាក់ដូចជាបានទទួលយកឈ្មោះជា «អ្នកបម្រើការ» រួចទៅហើយ ហើយអ្នកក៏បានទទួលយកវាតាមទំនោរចិត្តផ្ទាល់ខ្លួនរបស់អ្នករួចទៅហើយដែរ ប៉ុន្តែតើការទទួលយកនេះពិត ឬក្លែងក្លាយ? (គឺក្លែងក្លាយ។) ច្បាស់ណាស់ថាវាមិនពិតទេ ហើយអ្នកក៏មិនបានស្ម័គ្រចិត្តទទួលយកវាទាំងស្រុងដែរ។ មានភាពក្លែងក្លាយ ការធ្វើពុត និងការមិនសុខចិត្តនៅត្រង់នេះ ហើយក៏មានអារម្មណ៍ថាអ្នកគ្មានជម្រើសអ្វីផ្សេងទៀតដែរ។
អ្វីដែលយើងទើបតែបានប្រកបគ្នាគឺជាប្រតិកម្ម និងការបង្ហាញចេញដ៏ពិតប្រាកដរបស់មនុស្សទាក់ទងនឹងឈ្មោះជា «អ្នកបម្រើការ» ហើយចំណុចទាំងនេះបង្ហាញយ៉ាងពេញលេញនូវមតិ ទស្សនៈ និងការយល់ជ្រួតជ្រាបរបស់មនុស្សចំពោះឈ្មោះនេះ ដោយបញ្ចេញឱ្យឃើញយ៉ាងពេញលេញថា អាកប្បកិរិយារបស់មនុស្សចំពោះឈ្មោះនេះ គឺជាការមិនសុខចិត្ត ការរើសអើង និងការខ្ពើមរអើម ព្រមទាំងជាអាកប្បកិរិយានៃការទាស់ទទឹងចេញពីជម្រៅចិត្តរបស់ពួកគេ។ នេះក៏ព្រោះតែមនុស្សស្អប់ខ្ពើមការធ្វើជាអ្នកបម្រើការ ស្អប់ខ្ពើមពាក្យ «អ្នកបម្រើការ» មិនសុខចិត្តធ្វើជាអ្នកបម្រើការ និងស្អប់ការធ្វើជាអ្នកបម្រើការ។ នេះគឺជាការយល់ដឹង និងអាកប្បកិរិយារបស់មនុស្សចំពោះឈ្មោះនេះ។ ឥឡូវនេះ ចូរយើងមើលថាតើព្រះជាម្ចាស់ទតមើលអ្នកបម្រើការយ៉ាងដូចម្ដេចឱ្យប្រាកដ តើពាក្យ «អ្នកបម្រើការ» កើតឡើងដោយរបៀបណា តើសារជាតិនៃឈ្មោះនេះនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់គឺជាអ្វី ហើយតើប្រភពដើមរបស់វាគឺជាអ្វី។ អត្ថន័យតាមន័យត្រង់នៃពាក្យ «អ្នកបម្រើការ» ប្រសិនបើប្រើភាសាមនុស្សជាតិ គឺអ្នកធ្វើការបណ្ដោះអាសន្ន ជាអ្នកដែលបម្រើការជាបណ្ដោះអាសន្ននៅក្នុងឧស្សាហកម្ម ឬការងារណាមួយ ហើយជាអ្នកដែលគេត្រូវការក្នុងមូលដ្ឋានបណ្ដោះអាសន្ន។ នៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្រុមមនុស្សដែលហៅថាអ្នកបម្រើការនេះ គឺមិនអាចខ្វះបានឡើយ។ នៅពេលមនុស្សទាំងនេះបានមកដល់ដំណាក់របស់ព្រះជាម្ចាស់ មកដល់កន្លែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនបានដឹងអ្វីសោះអំពីព្រះជាម្ចាស់ ឬអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ឬផែនការគ្រប់គ្រងរបស់ទ្រង់ទៅទៀត។ ពួកគេមិនយល់អ្វីទាំងអស់ ពួកគេគ្រាន់តែជាអ្នកក្រៅ ជាអ្នកគ្មានជំនឿប៉ុណ្ណោះ។ នៅពេលមនុស្សដែលជាអ្នកគ្មានជំនឿនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មកកាន់ដំណាក់របស់ព្រះជាម្ចាស់ តើពួកគេអាចធ្វើអ្វីសម្រាប់ទ្រង់បាន? អាចនិយាយបានថា ពួកគេមិនអាចធ្វើអ្វីបានឡើយ។ ដោយសារតែមនុស្សពោរពេញទៅដោយនិស្ស័យពុករលួយ ហើយមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ និងដោយសារតែសារជាតិធម្មជាតិរបស់មនុស្ស អ្វីទាំងអស់ដែលពួកគេអាចធ្វើបាន គឺធ្វើអ្វីក៏ដោយដែលព្រះជាម្ចាស់បង្គាប់ឱ្យពួកគេធ្វើ។ ពួកគេដើរតាមកិច្ចការរបស់ព្រះជាម្ចាស់ដល់ចំណុចណាក៏ដោយដែលកិច្ចការនោះឈានដល់ ចំណេះដឹងរបស់ពួកគេលាតសន្ធឹងទៅឆ្ងាយដល់ត្រឹមណាដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំពួកគេទៅដល់ប៉ុណ្ណោះ។ ពួកគេគ្រាន់តែស្គាល់ព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែមិនមានការយល់ដឹងអំពីព្រះបន្ទូលទាំងនោះទាល់តែសោះ។ មនុស្សទាំងនេះអនុវត្តរាល់ការងារដែលព្រះជាម្ចាស់តម្រូវឱ្យពួកគេធ្វើដោយអសកម្ម ពោលគឺពួកគេអសកម្មទាំងស្រុង ហើយមិនសកម្មឡើយ។ នៅត្រង់នេះ ពាក្យ «អសកម្ម» មានន័យថា ពួកគេមិនដឹងថាព្រះជាម្ចាស់នឹងធ្វើអ្វី ពួកគេមិនដឹងថាព្រះជាម្ចាស់កំពុងឱ្យពួកគេធ្វើអ្វី ពួកគេមិនដឹងពីអត្ថន័យ ឬតម្លៃនៃកិច្ចការដែលព្រះជាម្ចាស់កំពុងឱ្យពួកគេធ្វើឡើយ ហើយពួកគេមិនដឹងថាពួកគេគួរតែដើរតាមផ្លូវណានោះទេ។ ពេលមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេប្រៀបដូចជាម៉ាស៊ីនអ៊ីចឹង ដែលដំណើរការតែតាមរបៀបដែលព្រះជាម្ចាស់បញ្ជាពួកគេប៉ុណ្ណោះ។ តើព្រះជាម្ចាស់ត្រូវការអ្វីពីពួកគេ? តើអ្នករាល់គ្នាដឹងទេ? (មនុស្សគឺជាកម្មវត្ថុសម្រាប់ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិតដើម្បីជំនុំជម្រះ។ មនុស្សគឺជាកម្មវត្ថុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។) នេះគឺជាផ្នែកមួយ។ មនុស្សគឺជាកម្មវត្ថុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើមានអ្វីផ្សេងទៀតដែរទេ? ចុះចំណែកអំណោយទានរបស់មនុស្សវិញ? (មែនហើយ។) ចុះចំណែកការគិតនៃភាពជាមនុស្សធម្មតាវិញ? (មែនហើយ។) ព្រះជាម្ចាស់ប្រើប្រាស់អ្នក លុះត្រាតែអ្នកមានការគិតនៃភាពជាមនុស្សធម្មតាប៉ុណ្ណោះ។ ប្រសិនបើអ្នកគ្មានមនសិការ និងវិចារណញ្ញាណទេ នោះអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូម្បីតែធ្វើជាអ្នកបម្រើការក៏ដោយ។ តើមានអ្វីផ្សេងទៀតដែរទេ? (ជំនាញ និងទេពកោសល្យពិសេសរបស់មនុស្ស។) ចំណុចទាំងនេះត្រូវបានរួមបញ្ចូលក្នុងអំណោយទាន ហើយក៏ជាផ្នែកមួយនៃវាផងដែរ ពោលគឺជំនាញផ្សេងៗដែលមនុស្សមាន។ តើមានអ្វីផ្សេងទៀតដែរទេ? (ការតាំងចិត្តក្នុងការសហការជាមួយព្រះជាម្ចាស់។) នេះក៏ជាផ្នែកមួយនៃវាដែរ គឺបំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូល ហើយជាការពិតណាស់ វាក៏អាចនិយាយបានថាជាបំណងប្រាថ្នារបស់មនុស្សក្នុងការស្រឡាញ់អ្វីៗដែលវិជ្ជមាន និងស្រឡាញ់សេចក្ដីពិតផងដែរ។ បំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូល គឺជាការតាំងចិត្តក្នុងការសហការជាមួយព្រះជាម្ចាស់ ប៉ុន្តែតើវិធីមួយណាដែលសមរម្យបំផុតក្នុងការនិយាយបែបនេះ? (បំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូល។) ត្រូវហើយ ពាក្យ «បំណងប្រាថ្នា» គឺទូលំទូលាយជាង និងគ្របដណ្ដប់លើវិសាលភាពធំជាង។ ប្រសិនបើយើងប្រើពាក្យ «ការតាំងចិត្ត» នោះវិសាលភាពគឺតូចចង្អៀតជាងបន្តិច។ លើសពីនេះទៅទៀត ពាក្យ «បំណងប្រាថ្នា» គឺមានកម្រិតស្រាលជាង «ការតាំងចិត្ត» ដែលមានន័យថា បន្ទាប់ពីអ្នកមានបំណងប្រាថ្នា អ្នកបង្កើតឱ្យមានការតាំងចិត្តផ្សេងៗសន្សឹមៗ។ ការតាំងចិត្តគឺមានភាពជាក់លាក់ជាង ចំណែកឯបំណងប្រាថ្នាគឺទូលំទូលាយជាងបន្តិច។ ចំពោះព្រះអាទិករ ទាំងនេះគឺជារឿងមួយចំនួនដែលព្រះជាម្ចាស់ត្រូវការពីមនុស្សជាតិពុករលួយ។ ពោលគឺ នៅពេលអ្នកក្រៅម្នាក់ដែលមិនដឹងអ្វីទាល់តែសោះអំពីព្រះជាម្ចាស់ អំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ អំពីសារជាតិរបស់ព្រះជាម្ចាស់ អំពីសូរសៀងរបស់ព្រះជាម្ចាស់ និងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ មកដល់ដំណាក់របស់ព្រះជាម្ចាស់ គេប្រៀបដូចជាម៉ាស៊ីនមួយអ៊ីចឹង ហើយអ្វីដែលគេអាចធ្វើបានសម្រាប់ព្រះជាម្ចាស់ និងនៅក្នុងការសហការរបស់គេជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ គឺស្ទើរតែគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹងស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់ ពោលគឺសេចក្ដីពិត។ អ្វីៗរបស់មនុស្សបែបនេះដែលព្រះជាម្ចាស់អាចប្រើប្រាស់បាន គឺជារឿងដែលទើបតែត្រូវបានលើកឡើងអម្បាញ់មិញនេះ៖ ទីមួយ គឺមនុស្សទាំងនេះអាចក្លាយជាកម្មវត្ថុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីពីរ គឺអំណោយទានដែលមនុស្សទាំងនេះមាន។ ទីបី គឺមនុស្សទាំងនេះមានការគិតនៃភាពជាមនុស្សធម្មតា។ ទីបួន គឺជំនាញផ្សេងៗដែលមនុស្សទាំងនេះមាន។ ទីប្រាំ ហើយនេះគឺជាចំណុចសំខាន់បំផុត គឺមនុស្សទាំងនេះមានបំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ រឿងទាំងអស់នេះគឺសំខាន់ណាស់។ នៅពេលនរណាម្នាក់មានរឿងទាំងអស់នេះ នោះគេចាប់ផ្ដើមធ្វើការបម្រើការដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសម្រាប់ផែនការគ្រប់គ្រងរបស់ទ្រង់ ហើយដើរលើផ្លូវត្រូវជាផ្លូវការ ដែលមានន័យថា គេបានក្លាយជាអ្នកបម្រើការម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ជាផ្លូវការហើយ។
នៅពេលមនុស្សមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនយល់ពីសេចក្ដីពិត ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនកោតខ្លាចដល់ព្រះជាម្ចាស់សូម្បីតែបន្តិច នោះពួកគេម្នាក់ៗមិនអាចមានតួនាទីអ្វីផ្សេងក្រៅពីតួនាទីជាអ្នកបម្រើការឡើយ។ ពោលគឺ អ្នកគឺជាអ្នកបម្រើការ មិនថាអ្នកស្ម័គ្រចិត្តធ្វើជាអ្នកបម្រើការ ឬក៏អត់នោះទេ អ្នកមិនអាចគេចផុតពីឈ្មោះនេះឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់ពេញមួយជីវិតរបស់ខ្ញុំទៅហើយ។ តាំងពីខ្ញុំចាប់ផ្ដើមជឿលើព្រះយេស៊ូវរហូតមកដល់ពេលនេះ គឺអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តើខ្ញុំពិតជានៅតែជាអ្នកបម្រើការម្នាក់តែប៉ុណ្ណឹងមែនទេ?» តើអ្នកគិតយ៉ាងណាចំពោះសំណួរនេះ? តើពួកគេកំពុងសួរនរណាអំពីរឿងនេះ? ពួកគេគួរសួរខ្លួនឯង និងឆ្លុះបញ្ចាំងពីខ្លួនឯងថា៖ «តើពេលនេះ ខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? នៅពេលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅពេលនេះ តើខ្ញុំគ្រាន់តែពុះពារធ្វើការធ្ងន់ ឬក៏ខ្ញុំកំពុងអនុវត្តសេចក្ដីពិត? តើខ្ញុំកំពុងដើរតាមផ្លូវនៃការដេញតាម និងការស្វែងយល់ពីសេចក្ដីពិតដែរឬទេ? តើខ្ញុំបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតហើយឬនៅ? តើខ្ញុំមានចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? តើខ្ញុំជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ?» ពួកគេត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯងដោយពិចារណាលើរឿងទាំងនេះ។ ប្រសិនបើពួកគេបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យទាំងនេះ ប្រសិនបើពួកគេអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួននៅពេលជួបប្រទះនឹងការល្បងលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើពួកគេអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ នោះពិតណាស់ថា ពួកគេលែងជាអ្នកបម្រើការទៀតហើយ។ ប្រសិនបើពួកគេមិនបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យសូម្បីតែមួយចំណុច នោះពួកគេច្បាស់ជានៅតែជាអ្នកបម្រើការដដែល ហើយនេះគឺជារឿងដែលមិនអាចគេចផុត និងជៀសមិនរួចឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់ជាង ៣០ ឆ្នាំមកហើយ ដែលមិនទាន់រួមបញ្ចូលទាំងឆ្នាំដែលខ្ញុំបានចំណាយពេលជឿលើព្រះយេស៊ូវផង។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម បានលេចមក បានបំពេញកិច្ចការ និងបានចាប់ផ្ដើមមានព្រះសូរសៀងរបស់ទ្រង់មក ខ្ញុំគឺជាអ្នកដើរតាមព្រះជាម្ចាស់។ ខ្ញុំស្ថិតក្នុងចំណោមអ្នកដំបូងគេដែលបានដកបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយខ្ញុំស្ថិតក្នុងចំណោមអ្នកដំបូងគេដែលបានឮព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ចាប់តាំងពីពេលនោះមក មានរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅហើយ ហើយខ្ញុំនៅតែកំពុងជឿ និងកំពុងដើរតាមព្រះជាម្ចាស់ដដែល។ ខ្ញុំបានប្រឈមមុខនឹងការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញជាច្រើនដង ហើយបានជួបប្រទះនឹងគ្រោះថ្នាក់ជាច្រើន ប៉ុន្តែព្រះជាម្ចាស់តែងតែការពារខ្ញុំ និងណែនាំខ្ញុំឱ្យឆ្លងកាត់រឿងទាំងនោះ ព្រះជាម្ចាស់មិនដែលបោះបង់ខ្ញុំឡើយ។ ពេលនេះ ខ្ញុំនៅតែកំពុងបំពេញភារកិច្ចរបស់ខ្ញុំដដែល ស្ថានភាពរបស់ខ្ញុំកាន់តែល្អប្រសើរឡើងៗ សេចក្ដីជំនឿរបស់ខ្ញុំកាន់តែកើនឡើង ហើយខ្ញុំគ្មានការសង្ស័យចំពោះព្រះជាម្ចាស់ទាល់តែសោះ តើខ្ញុំពិតជានៅតែជាអ្នកបម្រើការមែនទេ?» តើអ្នកកំពុងសួរនរណា? តើអ្នកមិនមែនកំពុងសួរខុសមនុស្សទេឬ? អ្នកមិនគួរសួរសំណួរនេះទេ។ ដោយសារអ្នកបានជឿអស់រយៈពេលជាច្រើនឆ្នាំមកហើយ តើអ្នកមិនដឹងទេឬថាអ្នកជាអ្នកបម្រើការ ឬក៏អត់នោះ? ប្រសិនបើអ្នកមិនដឹងរឿងនេះទេ នោះហេតុអ្វីបានជាអ្នកមិនសួរខ្លួនឯងថា តើអ្នកមានតថភាពនៃសេចក្ដីពិតដែរឬទេ តើអ្នកមានចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ ហើយតើអ្នកប្រព្រឹត្តក្នុងរបៀបដែលគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? ព្រះជាម្ចាស់បានបំពេញកិច្ចការអស់រយៈពេលជាច្រើនឆ្នាំមកនេះ មានព្រះបន្ទូលយ៉ាងច្រើនបែបនេះ ហើយតើអ្នកបានយល់ និងចូលទៅក្នុងបានច្រើនប៉ុនណាហើយ? តើអ្នកទទួលបានច្រើនប៉ុនណាហើយ? តើអ្នកបានទទួលយកការត្រូវបានលួសកាត់ប៉ុន្មានដង ហើយបានទទួលយកការល្បងល និងការបន្សុទ្ធប៉ុន្មានដងហើយ? នៅពេលអ្នកបានទទួលយករឿងទាំងនេះ តើអ្នកបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដែរឬទេ? នៅពេលអ្នកជួបប្រទះនឹងការល្បងលដូចជាការល្បងលដែលយ៉ូបបានជួបប្រទះ តើអ្នកអាចបដិសេធព្រះជាម្ចាស់ដែរឬទេ? តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់មានទំហំប៉ុនណាឱ្យប្រាកដទៅ? តើសេចក្ដីជំនឿរបស់អ្នកគ្រាន់តែជាជំនឿខ្លះៗ ឬក៏ជាសេចក្ដីជំនឿពិតប្រាកដ? ចូរសួរខ្លួនឯងនូវសំណួរទាំងនេះចុះ។ ប្រសិនបើអ្នកមិនដឹងចម្លើយចំពោះសំណួរទាំងនេះទេ នោះអ្នកគឺជាមនុស្សមានគំនិតច្របូកច្របល់ហើយ ហើយខ្ញុំអាចប្រាប់បានថា អ្នកគ្រាន់តែធ្វើតាមគេតាមឯងប៉ុណ្ណោះ អ្នកមិនទាំងស័ក្ដិសមនឹងត្រូវបានហៅថាជាអ្នកបម្រើការផង។ នរណាម្នាក់ដែលប្រកាន់យកអាកប្បកិរិយាបែបនេះចំពោះឈ្មោះជា «អ្នកបម្រើការ» ហើយនៅតែមានភាពច្របូកច្របល់នៅក្នុងដួងចិត្តរបស់គេ គឺគួរឱ្យអាណិតណាស់។ អ្នកនោះមិនទាំងដឹងថារូបគេជាអ្វីផង ចំណែកឯព្រះជាម្ចាស់វិញគឺច្បាស់លាស់ និងត្រឹមត្រូវទាំងស្រុងនៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សទាំងអស់។
យើងទើបតែបានប្រកបគ្នាអំពីថាតើអត្ថន័យដើមរបស់ព្រះជាម្ចាស់ទាក់ទងនឹងពាក្យ «អ្នកបម្រើការ» គឺជាអ្វីឱ្យប្រាកដ។ នៅពេលមនុស្សចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ នៅពេលចាប់ផ្ដើមដំបូង ពេលដែលពួកគេមិនយល់ពីសេចក្ដីពិត ហើយមានត្រឹមតែបំណងប្រាថ្នាផ្សេងៗ ឬការតាំងចិត្តខ្លះៗក្នុងការសហការ តួនាទីដែលពួកគេដើរក្នុងអំឡុងពេលនោះ អាចត្រឹមតែជាតួនាទីជាអ្នកបម្រើការប៉ុណ្ណោះ។ ជាការពិតណាស់ ពាក្យ «បម្រើការ» ស្ដាប់ទៅមិនសូវពីរោះនោះទេ។ បើនិយាយម្យ៉ាងទៀត វាមានន័យថា បម្រើ និងធ្វើការបម្រើការដល់កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ វាមានន័យថា ពុះពារធ្វើការធ្ងន់។ មនុស្សទាំងនេះមិនយល់ពីសេចក្ដីពិតណាមួយឡើយ ហើយពួកគេក៏មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ហើយពួកគេមិនអាចរួមចំណែកនូវការខិតខំប្រឹងប្រែងណាមួយ ឬសហការតាមមធ្យោបាយណាមួយជាមួយនឹងកិច្ចការជាក់លាក់ដែលព្រះជាម្ចាស់ចូលរួម ដើម្បីសង្គ្រោះ និងគ្រប់គ្រងមនុស្សជាតិ ឬកិច្ចការផ្សេងៗដែលទាក់ទងនឹងសេចក្ដីពិតបានឡើយ។ ពួកគេមានត្រឹមតែជំនាញ និងអំណោយទានខ្លះប៉ុណ្ណោះ ហើយពួកគេអាចត្រឹមតែដាក់ការខិតខំប្រឹងប្រែងខ្លះៗ និងនិយាយរឿងមួយចំនួនសម្រាប់ការងារកិច្ចការទូទៅជាក់លាក់ណាមួយ និងធ្វើកិច្ចការបម្រើបន្ទាប់បន្សំខ្លះៗប៉ុណ្ណោះ។ ប្រសិនបើនេះគឺជាសារជាតិនៃកិច្ចការដែលមនុស្សធ្វើ ពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ ប្រសិនបើពួកគេគ្រាន់តែបំពេញតួនាទីបម្រើការ នោះវាជាការលំបាកសម្រាប់ពួកគេក្នុងការរលាស់ខ្លួនចេញពីឈ្មោះជា «អ្នកបម្រើការ» នេះណាស់។ ហេតុអ្វីបានជាវាពិបាកក្នុងការរលាស់ខ្លួនចេញ? តើរឿងនេះមានពាក់ព័ន្ធអ្វីនឹងការកំណត់និយមន័យរបស់ព្រះជាម្ចាស់ចំពោះឈ្មោះនេះដែរឬទេ? មែនហើយ គឺពិតជាពាក់ព័ន្ធមែន។ វាជារឿងងាយស្រួលណាស់សម្រាប់មនុស្សក្នុងការបញ្ចេញការខិតខំប្រឹងប្រែងបន្តិចបន្តួច និងធ្វើរឿងនានាទៅតាមសមត្ថភាពពីធម្មជាតិរបស់ពួកគេ និងអំណោយទាន ព្រមទាំងគំនិតរបស់ពួកគេ ប៉ុន្តែការរស់នៅតាមសេចក្ដីពិត ការចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងការប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជារឿងដែលលំបាកខ្លាំងណាស់ វាទាមទារពេលវេលា ការណែនាំរបស់ព្រះជាម្ចាស់ ការបំភ្លឺរបស់ព្រះជាម្ចាស់ និងសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ហើយរឹតតែទាមទារឱ្យមានការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ដូច្នេះ ខណៈពេលដែលមនុស្សកំពុងធ្វើការដើម្បីសម្រេចបាននូវគោលដៅទាំងនេះ អ្វីដែលមនុស្សភាគច្រើនអាចធ្វើ និងផ្ដល់ឱ្យបាន គឺជារឿងដែលទើបតែត្រូវបានលើកឡើងអម្បាញ់មិញនេះឯង៖ ការធ្វើជាកម្មវត្ថុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការមានអំណោយទានជាក់លាក់ និងការមានប្រយោជន៍ខ្លះៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ការមានការគិតនៃភាពជាមនុស្សធម្មតា និងការអាចស្វែងយល់ ព្រមទាំងអនុវត្តការងារណាមួយដែលពួកគេត្រូវបានបង្គាប់ឱ្យធ្វើ ការមានជំនាញជាក់លាក់ និងការអាចប្រើប្រាស់ទេពកោសល្យពិសេសរបស់ពួកគេនៅក្នុងការងារជាក់លាក់ណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការមានបំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូល។ នៅពេលអ្នកកំពុងបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នៅពេលអ្នកកំពុងពុះពារធ្វើការធ្ងន់ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមានបំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូលសូម្បីតែបន្តិច នោះអ្នកនឹងមិនក្លាយជាអវិជ្ជមាន និងខ្ជិលច្រអូសឡើយ។ ផ្ទុយទៅវិញ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តការទប់ខ្លួនឯង និងធ្វើរឿងអាក្រក់ឱ្យបានតិច ខណៈពេលដែលធ្វើរឿងល្អឱ្យបានច្រើន។ តើនេះមិនមែនជាសភាព និងស្ថានភាពដែលមនុស្សភាគច្រើនកំពុងស្ថិតនៅទេឬ? ជាការពិតណាស់ មានមនុស្សភាគតិចបំផុតនៅក្នុងចំណោមអ្នករាល់គ្នា ដែលបានចាកចេញពីស្ថានភាព និងវិសាលភាពនេះរួចទៅហើយ។ ហើយតើមនុស្សភាគតិចបំផុតនេះមានអ្វីខ្លះ? ពួកគេបានយល់ពីសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិត។ នៅពេលពួកគេជួបប្រទះនឹងបញ្ហា ពួកគេអាចអធិដ្ឋាន និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេអាចប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតបាន។ បំណងប្រាថ្នារបស់ពួកគេក្នុងការស្ដាប់បង្គាប់ និងចុះចូល លែងឈប់ត្រឹមតែកម្រិតនៃការតាំងចិត្តទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងសកម្ម ប្រព្រឹត្តតាមសេចក្ដីទាមទាររបស់ព្រះជាម្ចាស់ និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ នៅពេលជួបប្រទះនឹងបញ្ហា។ ពួកគេមិននិយាយ ឬប្រព្រឹត្តដោយមិនគិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ ជាពិសេស នៅពេលការត្រូវបានលួសកាត់របស់ពួកគេ គឺផ្ទុយពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនវិនិច្ឆ័យព្រះជាម្ចាស់ទេ ពួកគេមិនប្រកែកជាមួយទ្រង់ឡើយ ហើយពួកគេមិនមានអារម្មណ៍ទាស់ទទឹងនៅក្នុងដួងចិត្តរបស់ពួកគេនោះទេ។ ចេញពីជម្រៅចិត្តរបស់ពួកគេ ពួកគេពិតជាទទួលយកអត្តសញ្ញាណ ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់មែន។ តើមានភាពខុសគ្នាអ្វីខ្លះរវាងមនុស្សទាំងនេះ និងអ្នកបម្រើការ? តើភាពខុសគ្នាទាំងនោះមានអ្វីខ្លះ? ភាពខុសគ្នាទីមួយគឺថា ពួកគេយល់ពីសេចក្ដីពិត ហើយទីពីរគឺថា ពួកគេអាចយកសេចក្ដីពិតមួយចំនួនទៅអនុវត្តបាន។ ទីបី ពួកគេមានការយល់ដឹងខ្លះៗអំពីព្រះជាម្ចាស់ ហើយទីបួន ការស្ដាប់បង្គាប់ និងការចុះចូលរបស់ពួកគេ លែងគ្រាន់តែជាបំណងប្រាថ្នាទៀតហើយ ប៉ុន្តែបានប្រែក្លាយទៅជាអាកប្បកិរិយាបែបអត្តនោម័តិ ពោលគឺពួកគេបានក្លាយជាអ្នកដែលចុះចូលយ៉ាងពិតប្រាកដ។ ទីប្រាំ ហើយនេះគឺជាចំណុចដែលសំខាន់បំផុត និងមានតម្លៃបំផុតក្នុងចំណោមចំណុចទាំងនេះ គឺចិត្តកោតខ្លាចព្រះជាម្ចាស់បានលេចឡើងនៅក្នុងខ្លួនពួកគេ។ អាចនិយាយបានថា អស់អ្នកដែលមានរឿងទាំងនេះ បានរលាស់ខ្លួនចេញពីឈ្មោះជា «អ្នកបម្រើការ» រួចទៅហើយ។ នេះក៏ព្រោះតែ បើវិនិច្ឆ័យពីទិដ្ឋភាពផ្សេងៗនៃការចូលទៅក្នុងរបស់ពួកគេ ក៏ដូចជាអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងកម្រិតនៃការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ វាលែងជារឿងសាមញ្ញដូចជាការដែលពួកគេធ្វើការងារវិជ្ជាជីវៈតែមួយមុខនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតហើយ ហើយពួកគេលែងជាអ្នកធ្វើការបណ្ដោះអាសន្ន ដែលត្រូវបានគេហៅឱ្យមកធ្វើកិច្ចការមួយចំនួនជាបណ្ដោះអាសន្នទៀតហើយ។ ពោលគឺ មនុស្សទាំងនេះមិនមែននៅទីនេះដើម្បីរង្វាន់បណ្ដោះអាសន្ននោះទេ។ ពួកគេមិនត្រូវបានជ្រើសរើសសម្រាប់ការប្រើប្រាស់បណ្ដោះអាសន្ន និងត្រូវបានអង្កេតមើលក្នុងអំឡុងពេលដែលពួកគេត្រូវបានប្រើប្រាស់ ដើម្បីមើលថាតើពួកគេអាចទទួលយកកិច្ចការនេះក្នុងរយៈពេលវែងបានឬអត់នោះទេ។ ផ្ទុយទៅវិញ ពួកគេអាចអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងល្អ។ ដូច្នេះ មនុស្សទាំងនេះបានរលាស់ខ្លួនចេញពីឈ្មោះ និងការចាត់តាំងជា «អ្នកបម្រើការ» ហើយ។ តើអ្នករាល់គ្នាធ្លាប់ឃើញមនុស្សបែបនេះដែរឬទេ? មានមនុស្សបែបនេះនៅក្នុងពួកជំនុំ។ អ្នករាល់គ្នាចង់ដឹងថាតើមនុស្សទាំងនេះជានរណា ហើយមានពួកគេចំនួនប៉ុន្មាននាក់ ប៉ុន្តែខ្ញុំមិនអាចប្រាប់រឿងនោះនៅពេលនេះបានទេ។ នៅពេលអ្នករាល់គ្នាបានយល់ពីសេចក្ដីពិត អ្នករាល់គ្នានឹងអាចញែកដឹងពីពួកគេបាន។ អ្វីដែលអ្នករាល់គ្នាគួរដឹងគឺថា តើអ្នករាល់គ្នាកំពុងស្ថិតក្នុងស្ថានភាពបែបណា តើផ្លូវមួយណាដែលនៅខាងមុខអ្នករាល់គ្នា ដែលអ្នករាល់គ្នាកំពុងដើរតាម ហើយតើផ្លូវមួយណាដែលអ្នករាល់គ្នាគួរតែដើរតាម ពោលគឺទាំងនេះគឺជារឿងដែលអ្នករាល់គ្នាគួរដឹង។
ឥឡូវនេះ តើឈ្មោះជា «អ្នកបម្រើការ» ត្រូវបានព្រះជាម្ចាស់បង្ខំដាក់លើមនុស្សឬ? តើព្រះជាម្ចាស់ប្រើឈ្មោះនេះដើម្បីបន្ទាបបន្ថោកមនុស្ស ដើម្បីចាត់ថ្នាក់ និងបែងចែកកម្រិតមនុស្សដែរឬទេ? (មិនមែនទេ។) ដូច្នេះ តើព្រះជាម្ចាស់បានកំណត់និយមន័យឈ្មោះនេះយ៉ាងដូចម្ដេច? ការដែលព្រះជាម្ចាស់ប្រទានឈ្មោះដល់មនុស្ស មិនមែនទ្រង់ដាក់ឈ្មោះក្រៅឱ្យពួកគេដោយចៃដន្យនោះទេ ហើយទ្រង់មិនកំណត់និយមន័យវាដោយផ្អែកលើរូបរាងខាងក្រៅឡើយ។ ឈ្មោះនេះមិនមែនគ្រាន់តែជាឈ្មោះប៉ុណ្ណោះទេ។ ឈ្មោះរបស់មនុស្សម្នាក់គ្រាន់តែជាការចាត់តាំង ជាការហៅ ដែលគ្មានអត្ថន័យពិតប្រាកដឡើយ។ ឧទាហរណ៍៖ ឪពុកម្ដាយជនជាតិចិនមួយចំនួនសង្ឃឹមថាកូនស្រីរបស់ពួកគេនឹងឆ្លាតវៃ និងស្រស់ស្អាត ដូច្នេះពួកគេប្រើតួអក្សរថា «ស្រស់ស្អាត» នៅក្នុងឈ្មោះរបស់នាង ប៉ុន្តែនេះគ្រាន់តែជាក្ដីសង្ឃឹមប៉ុណ្ណោះ ហើយវាមិនមានពាក់ព័ន្ធអ្វីនឹងសារជាតិរបស់នាងឡើយ។ នាងប្រហែលជាល្ងង់ខ្លាំង ហើយធំឡើងមិនស្អាតទាក់ទាញទេ ដូច្នេះ តើមានប្រយោជន៍អ្វីក្នុងការហៅនាងថា «ស្រស់ស្អាត» នោះ? ក៏មានក្មេងប្រុសមួយចំនួនដែលត្រូវបានដាក់ឈ្មោះថា «ឆឹងឡុង» ឬ «ឆឹងហ៊ូ» ដោយប្រើតួអក្សរដែលមានន័យថា ក្លាយដូចជានាគ ឬខ្លា តើពួកគេពិតជាខ្លាំងពូកែមែនឬ ដោយគ្រាន់តែត្រូវគេហៅឈ្មោះបែបនេះនោះ? ពួកគេប្រហែលជាមនុស្សកំសាក ឬជាមនុស្សគ្មានបានការ។ ទាំងនេះគ្រាន់តែជាក្ដីសង្ឃឹមដែលឪពុកម្ដាយមានចំពោះកូនៗរបស់ពួកគេប៉ុណ្ណោះ ពួកគេដាក់ឈ្មោះបែបនេះឱ្យកូនៗ ហើយឈ្មោះទាំងនេះគ្មានពាក់ព័ន្ធអ្វីនឹងសារជាតិកូនៗរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ឈ្មោះ និងងាររបស់មនុស្ស ផ្ទុកនូវការស្រមើស្រមៃ និងក្ដីប្រាថ្នាល្អៗរបស់មនុស្ស ប៉ុន្តែវាគ្រាន់តែជាការហៅ និងការចាត់តាំងប៉ុណ្ណោះ ហើយវាមិនត្រូវបានផ្ដល់ឱ្យដោយផ្អែកលើសារជាតិរបស់ពួកគេឡើយ។ ទោះជាយ៉ាងនេះក្ដី ឈ្មោះ និងងារដែលព្រះជាម្ចាស់កំណត់និយមន័យ គឺដាច់ខាតមិនត្រូវបានផ្ដល់ឱ្យដោយផ្អែកលើរូបរាងខាងក្រៅរបស់មនុស្សឡើយ ហើយជាការពិតណាស់ វាក៏មិនមែនផ្អែកលើបំណងព្រះហឫទ័យផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ តើព្រះជាម្ចាស់ចង់ឱ្យមនុស្សធ្វើជាអ្នកបម្រើការដែរឬទេ? (មិនចង់ទេ។) តើអ្នករាល់គ្នាធ្លាប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចែងថា «ខ្ញុំចង់ឱ្យមនុស្សគ្រប់រូបក្លាយជាអ្នកបម្រើការ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់ទទួលបានសេចក្ដីសង្គ្រោះឡើយ» ដែរឬទេ? (មិនធ្លាប់ទេ។) ដូច្នេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្វី? កាលពីមុន មនុស្សធ្លាប់និយាយថា «ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយទ្រង់មិនចង់ឱ្យនរណាម្នាក់វិនាសហិនហោចឡើយ»។ នេះគឺជាក្ដីប្រាថ្នាមួយ។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះជា «អ្នកបម្រើការ» មិនមែនកើតឡើងដោយគ្មានប្រភពនោះទេ។ វាប្រៀបដូចជាការដែលព្រះជាម្ចាស់កំណត់ឈ្មោះ «ដើមឈើ» និង «ស្មៅ» អ៊ីចឹងដែរ។ ដើមឈើគឺជារបស់ដែលធំ និងខ្ពស់ ហើយនៅពេលនរណាម្នាក់និយាយពីដើមឈើ មនុស្សគ្រប់គ្នាដឹងថាដើមឈើគឺធំ និងខ្ពស់ ហើយនៅពេលនរណាម្នាក់និយាយពីស្មៅ មនុស្សគ្រប់គ្នាដឹងថាស្មៅគឺតូច និងខ្លី តើមែនទេ? (មែនហើយ។) ដូច្នេះ ចុះចំណែកឈ្មោះជា «អ្នកបម្រើការ» វិញ? ឈ្មោះនេះកើតឡើងដោយយោងតាមសារជាតិ និងការបង្ហាញចេញរបស់មនុស្ស និងយោងតាមដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សអាចយល់ពីសេចក្ដីពិតយ៉ាងសន្សឹមៗ ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយសម្រេចបាននូវការចុះចូល និងការកោតខ្លាចដល់ព្រះជាម្ចាស់ នោះនៅពេលនេះ ឈ្មោះនេះនឹងផ្លាស់ប្ដូរ។ ហេតុដូច្នេះហើយ ទោះបីជាអ្នកគឺជាអ្នកបម្រើការម្នាក់ក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការដែលអ្នកបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត និងការដេញតាម ព្រមទាំងការអនុវត្តសេចក្ដីពិតឡើយ ហើយវារឹតតែមិនប៉ះពាល់ដល់ការចុះចូល និងការកោតខ្លាចរបស់អ្នកដល់ព្រះជាម្ចាស់ទៅទៀត។
តើមានមនុស្សណាដែលមិនអាចរលាស់ខ្លួនចេញពីឈ្មោះជា «អ្នកបម្រើការ» ជារៀងរហូតដែរឬទេ? (មាន។) តើជាមនុស្សប្រភេទណា? គឺជាប្រភេទមនុស្សដែលមិនដេញតាមសេចក្ដីពិត ដែលប្រហែលជាយល់ពីសេចក្ដីពិត ប៉ុន្តែមិនអនុវត្តវា ហើយពួកគេរឹតតែមិនស្រឡាញ់សេចក្ដីពិតទៅទៀត ហើយពួកគេថែមទាំងឧស្សាហ៍មានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមសេចក្ដីពិតនៅក្នុងដួងចិត្តរបស់ពួកគេទៀតផង។ ហេតុអ្វីបានជាពួកគេបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើពួកគេស្អប់ខ្ពើមសេចក្ដីពិតនោះ? ពួកគេចង់ទទួលបានផលប្រយោជន៍ខ្លះៗ ពួកគេពុះពារធ្វើការធ្ងន់ខ្លះៗ និងបង្ហាញឥរិយាបថល្អខ្លះៗ ដោយមានការគិតបែបស្រមើស្រមៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេប្រើប្រាស់តម្លៃដែលពួកគេបានបង់ ការបូជា និងការលះបង់ខ្លួន ក៏ដូចជាការខ្ជះខ្ជាយពេលវេលានៃយុវវ័យរបស់ពួកគេខ្លះៗ និងការចំណាយពេលវេលាខ្លះៗរបស់ពួកគេ ដើម្បីជាការដោះដូរនឹងអត្ថប្រយោជន៍អ្វីក៏ដោយដែលពួកគេចង់ទទួលបាន។ ដោយសារតែផ្លូវដែលមនុស្សទាំងនេះដើរតាម ទើបនៅទីបញ្ចប់ ពួកគេមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ ពួកគេមិនអាចសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនអាចសម្រេចបាននូវការកោតខ្លាចដល់ព្រះជាម្ចាស់ទៅទៀត ពោលគឺពួកគេនឹងត្រូវបានកំណត់លក្ខណៈថាជាអ្នកបម្រើការជារៀងរហូត។ នៅក្នុងចំណោមមនុស្សប្រភេទនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មានអ្នកខ្លះដែលអាចបម្រើការរហូតដល់ទីបញ្ចប់ ហើយអ្នកខ្លះដែលមិនអាចធ្វើបានឡើយ ហើយមានភាពខុសគ្នាបន្តិចបន្តួចនៅក្នុងភាពជាមនុស្ស រវាងអស់អ្នកដែលអាចបម្រើការរហូតដល់ទីបញ្ចប់ និងអស់អ្នកដែលមិនអាចធ្វើបាន។ អស់អ្នកដែលមិនដេញតាមសេចក្ដីពិត ប៉ុន្តែអាចបម្រើការរហូតដល់ទីបញ្ចប់ ពោលគឺមនុស្សដែលអាចលះបង់ការខិតខំប្រឹងប្រែងខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ខណៈពេលដែលកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់កំពុងបន្ត គឺមានភាពជាមនុស្សល្អ និងមានចិត្តសប្បុរសគួរសម។ ពួកគេមិនធ្វើសេចក្ដីអាក្រក់ទេ ពួកគេមិនបង្កការរំខានឡើយ ខណៈពេលដែលពួកគេបម្រើការ ហើយពួកគេមិនត្រូវបានបោសសម្អាតចេញពីពួកជំនុំឡើយ។ មនុស្សបែបនេះអាចបម្រើការរហូតដល់ទីបញ្ចប់ ហើយពួកគេគឺជាអ្នកដែលនឹងក្លាយជាអ្នកបម្រើការជានិច្ច។ ចំណែកឯអ្នកផ្សេងទៀតវិញ ដោយសារតែភាពជាមនុស្សរបស់ពួកគេអាក្រក់ខ្លាំង ដោយសារតែពួកគេមានចរិតលក្ខណៈ និងសេចក្ដីទៀងត្រង់តូចទាប ពួកគេរំខាន និងបង្អាក់កិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ជាញឹកញាប់ ខណៈពេលដែលពួកគេបម្រើការ ហើយពួកគេបង្កការខាតបង់ដល់កិច្ចការជាច្រើននៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនចេះប្រែចិត្តទេ នៅពេលពួកគេត្រូវបានលួសកាត់ ឬដាក់ឱ្យនៅដាច់ដោយឡែកច្រើនលើកច្រើនសា ហើយពួកគេគ្រាន់តែត្រឡប់ទៅរកទម្លាប់អាក្រក់ចាស់របស់ពួកគេវិញប៉ុណ្ណោះ។ ពួកគេមិនយល់ពីសេចក្ដីពិតណាមួយទាល់តែសោះ ពួកគេមិនទទួលយកសេចក្ដីពិតទេ ប៉ុន្តែបែរជាប្រព្រឹត្តតាមតែអំពើចិត្តទៅវិញ ហើយមនុស្សបែបនេះត្រូវបានជម្រុះចោល។ ហេតុអ្វីបានជាពួកគេត្រូវបានជម្រុះចោល? មនុស្សបែបនេះ សូម្បីតែបម្រើការក៏មិនអាចធ្វើបានផង។ ពួកគេមិនអាចធ្វើការបានល្អទេ នៅពេលពួកគេពុះពារធ្វើការធ្ងន់ខ្លះៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយខណៈពេលដែលពួកគេកំពុងពុះពារធ្វើការធ្ងន់ ពួកគេក៏ធ្វើសេចក្ដីអាក្រក់ដែរ ហើយពួកគេធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងបងប្អូនប្រុសស្រីត្រូវបង់តម្លៃ។ ការប្រើប្រាស់មនុស្សបែបនេះ គឺមិនស័ក្ដិសមនឹងការខាតបង់ឡើយ។ ពួកគេត្រូវបានផ្ដល់ឱកាសឱ្យឆ្លុះបញ្ចាំងច្រើនលើកច្រើនសា ប៉ុន្តែនៅទីបញ្ចប់ ធម្មជាតិរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ហើយពួកគេមិនស្ដាប់អ្វីដែលនរណាម្នាក់និយាយឡើយ។ មនុស្សបែបនេះ សូម្បីតែបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏មិនស័ក្ដិសមផង ហើយពួកគេក៏មិនអាចធ្វើវាបានដែរ ដូច្នេះហើយ ពួកគេត្រូវបានបោសសម្អាតចេញ។
ឥឡូវនេះ តើអ្នករាល់គ្នាយល់ជាទូទៅពីឈ្មោះជា «អ្នកបម្រើការ» នេះហើយឬនៅ? តើ «អ្នកបម្រើការ» គឺជាឈ្មោះរើសអើងដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិដែរឬទេ? តើព្រះជាម្ចាស់កំពុងប្រើឈ្មោះនេះដោយចេតនាដើម្បីបន្ទាបបន្ថោកមនុស្សមែនទេ? តើព្រះជាម្ចាស់កំពុងប្រើឈ្មោះនេះដើម្បីបើកសម្ដែង និងល្បងលមនុស្សមែនទេ? តើព្រះជាម្ចាស់កំពុងប្រើឈ្មោះនេះដើម្បីធ្វើឱ្យមនុស្សដឹងច្បាស់ថាមនុស្សលោកគឺជាអ្វីឱ្យប្រាកដមែនទេ? តើព្រះជាម្ចាស់មានព្រះរាជបំណងបែបនេះមែនទេ? តាមពិតទៅ ព្រះជាម្ចាស់មិនមានព្រះរាជបំណងបែបនេះក្នុងចំណោមរឿងទាំងនេះណាមួយឡើយ។ ព្រះជាម្ចាស់មិនមានព្រះរាជបំណងបើកសម្ដែងមនុស្ស ឬបន្ទាបបន្ថោក និងចំអកឱ្យមនុស្សឡើយ ហើយទ្រង់ក៏មិនមានព្រះរាជបំណងប្រើឈ្មោះជា «អ្នកបម្រើការ» នេះដើម្បីល្បងលមនុស្សដែរ។ អត្ថន័យតែមួយគត់ដែលព្រះជាម្ចាស់មានចំពោះឈ្មោះជា «អ្នកបម្រើការ» គឺថា ទ្រង់កំណត់លក្ខណៈ និងបង្កើតឈ្មោះនេះឡើងដោយយោងតាមការសម្ដែងចេញ និងសារជាតិរបស់មនុស្ស យោងតាមតួនាទីដែលមនុស្សបំពេញក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាអ្វីដែលមនុស្សអាចធ្វើបាន និងអ្វីដែលពួកគេអាចសហការបាន។ ចេញពីអត្ថន័យនេះ យើងឃើញថាមនុស្សគ្រប់រូបនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ កំពុងបម្រើការសម្រាប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយធ្លាប់ស្ថិតក្នុងតួនាទីជាអ្នកបម្រើការនេះនៅអំឡុងពេលណាមួយ។ តើយើងអាចនិយាយបែបនេះបានទេ? (បាន។) យើងពិតជាអាចនិយាយបានមែន ហើយឥឡូវនេះ អ្នករាល់គ្នាសុទ្ធតែអាចយល់ពីរឿងនេះបានហើយ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់ប្រើឈ្មោះនេះដើម្បីធ្វើឱ្យមនុស្សបាក់ទឹកចិត្ត ឬល្បងលសេចក្ដីជំនឿរបស់មនុស្សឡើយ ហើយរឹតតែមិនចង់បន្ទាបបន្ថោកពួកគេ ឬធ្វើឱ្យពួកគេកាន់តែមានឥរិយាបថល្អ និងស្ដាប់បង្គាប់ ឬឱ្យពួកគេដឹងថាអត្តសញ្ញាណ និងតំណែងរបស់ពួកគេគឺជាអ្វីទៅទៀត ហើយព្រះជាម្ចាស់រឹតតែមិនសព្វព្រះហឫទ័យចង់ប្រើឈ្មោះជា «អ្នកបម្រើការ» នេះ ដើម្បីដកហូតសិទ្ធិរបស់មនុស្សក្នុងការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតនោះឡើយ។ ឈ្មោះនេះត្រូវបានកំណត់ទាំងស្រុងដោយយោងតាមនិស្ស័យពុករលួយផ្សេងៗដែលមនុស្សបញ្ចេញឱ្យឃើញ និងសភាពពិតប្រាកដរបស់មនុស្ស ខណៈពេលដែលពួកគេកំពុងដើរតាមព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ឈ្មោះនេះមិនមានពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងថាតើអត្តសញ្ញាណ ឋានៈ តំណែង និងគោលដៅរបស់មនុស្សនឹងទៅជាយ៉ាងណានោះទេ នៅពេលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឈានដល់ទីបញ្ចប់។ ឈ្មោះនេះកើតចេញទាំងស្រុងពីតម្រូវការនៃផែនការគ្រប់គ្រង និងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយវាគឺជាស្ថានភាពពិតប្រាកដរបស់មនុស្សជាតិពុករលួយនៅក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចំពោះមនុស្សដែលផ្ដល់ការបម្រើការដល់ដំណាក់របស់ព្រះជាម្ចាស់ក្នុងនាមជាអ្នកបម្រើការ និងត្រូវបានប្រើប្រាស់ដូចជាម៉ាស៊ីន ថាតើស្ថានភាពនេះនៅតែបន្តរហូតដល់ទីបញ្ចប់ ឬអាចផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនៅលើដំណើរនៃការដើរតាមព្រះជាម្ចាស់របស់ពួកគេ គឺអាស្រ័យលើការដេញតាមរបស់ពួកគេ។ ប្រសិនបើនរណាម្នាក់ដេញតាមសេចក្ដីពិត ហើយអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ព្រមទាំងការចុះចូល និងការកោតខ្លាចដល់ព្រះជាម្ចាស់ នោះគេនឹងបោះចោលឈ្មោះជា «អ្នកបម្រើការ» នេះទាំងស្រុង។ ហើយតើមនុស្សនឹងក្លាយជាអ្វី នៅពេលពួកគេបានបោះចោលឈ្មោះជា «អ្នកបម្រើការ» នោះ? ពួកគេក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ដ៏ពិតប្រាកដ ជារាស្ត្ររបស់ព្រះជាម្ចាស់ និងជារាស្ត្រនៃនគរព្រះ ពោលគឺ ពួកគេក្លាយជារាស្ត្រនៃនគររបស់ព្រះជាម្ចាស់។ ប្រសិនបើ ខណៈពេលដែលអ្នកកំពុងដើរតាមព្រះជាម្ចាស់ អ្នកស្កប់ស្កល់ត្រឹមតែការពុះពារធ្វើការធ្ងន់ ការរងទុក្ខ និងការបង់តម្លៃ អ្នកមិនដេញតាមសេចក្ដីពិត ឬយកសេចក្ដីពិតទៅអនុវត្តទេនោះ និស្ស័យពុករលួយរបស់អ្នកមិនផ្លាស់ប្ដូរទាល់តែសោះ អ្នកមិនដែលធ្វើរឿងនានាស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយនៅទីបញ្ចប់ អ្នកមិនអាចសម្រេចបាននូវការចុះចូល និងការកោតខ្លាចដល់ព្រះជាម្ចាស់ទេ នោះឈ្មោះជា «អ្នកបម្រើការ» នេះ «មកុដ» នេះ នឹងស័ក្ដិសមនឹងអ្នកឥតខ្ចោះ ត្រូវបេះបិទតែម្ដង ហើយអ្នកនឹងមិនអាចរលាស់ខ្លួនវាចេញបានជាដាច់ខាត។ ប្រសិនបើអ្នកនៅតែស្ថិតក្នុងសភាពនេះ នៅពេលកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ទីបញ្ចប់ ហើយនិស្ស័យរបស់អ្នកនៅតែមិនទាន់ផ្លាស់ប្ដូរទេ នោះឈ្មោះជា «រាស្ត្រនៃនគររបស់ព្រះជាម្ចាស់» នឹងគ្មានពាក់ព័ន្ធអ្វីនឹងអ្នកឡើយ ហើយអ្នកនឹងក្លាយជាអ្នកបម្រើការជារៀងរហូត។ តើអ្នករាល់គ្នាអាចយល់ពីព្រះបន្ទូលទាំងនេះដោយរបៀបណា? អ្នករាល់គ្នាគួរតែយល់ថា ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ ពោលគឺនៅពេលរាស្រ្តទាំងអស់ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ ត្រូវបានសង្គ្រោះរួចរាល់ នៅពេលកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើ បានសម្រេចនូវលទ្ធផល និងគោលដៅរបស់វាទាំងស្រុង ព្រះជាម្ចាស់នឹងលែងមានព្រះបន្ទូល ឬណែនាំមនុស្សទៀតហើយ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្គ្រោះណាមួយលើមនុស្សទៀតហើយ ហើយកិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅត្រឹមនោះ ក៏ដូចជាផ្លូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ដែលមនុស្សម្នាក់ៗដើរតាមផងដែរ។ មានខគម្ពីរនេះនៅក្នុងព្រះគម្ពីរ៖ «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ៖ ហើយអ្នកដែលស្មោកគ្រោក ទុកឱ្យគេនៅតែស្មោកគ្រោកដដែលទៅចុះ៖ រីឯអ្នកដែលសុចរិត ទុកឱ្យគេនៅតែសុចរិតដដែលទៅចុះ៖ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ» (វិវរណៈ ២២:១១)។ តើនេះមានន័យដូចម្ដេច? វាមានន័យថា ពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថាកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នេះបញ្ជាក់ថាព្រះជាម្ចាស់នឹងលែងបំពេញកិច្ចការរបស់ទ្រង់នៃការសង្គ្រោះមនុស្ស និងកិច្ចការនៃការវាយផ្ចាល ព្រមទាំងជំនុំជម្រះមនុស្សទៀតហើយ ព្រះជាម្ចាស់នឹងលែងបំភ្លឺ ឬណែនាំមនុស្សទៀតហើយ ហើយទ្រង់នឹងលែងមានព្រះបន្ទូលទៅកាន់មនុស្សដោយដាស់តឿនគេយ៉ាងយកចិត្តទុកដាក់ និងយ៉ាងស្មោះអស់ពីចិត្ត ឬលួសកាត់គេទៀតហើយ ពោលគឺព្រះជាម្ចាស់នឹងលែងបំពេញកិច្ចការនេះទៀតហើយ។ តើនេះមានន័យដូចម្ដេច? វាមានន័យថា លទ្ធផលនៃរបស់សព្វសារពើ នឹងត្រូវបានបើកសម្ដែងនៅពេលនោះ លទ្ធផលរបស់មនុស្សនឹងត្រូវបានកំណត់នៅពេលនោះ ហើយនឹងគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ ហើយនឹងលែងមានឱកាសសម្រាប់មនុស្សក្នុងការទទួលបានសេចក្ដីសង្គ្រោះទៀតហើយ។ នេះហើយជាអត្ថន័យរបស់វា។
នៅពេលនរណាម្នាក់បោះចោលឈ្មោះជា «អ្នកបម្រើការ» នៅចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ នៅពេលគេបោះចោលការហៅនេះ ស្ថានភាពនេះ វាបញ្ជាក់ថាបុគ្គលនេះលែងជាអ្នកក្រៅ ឬជាអ្នកគ្មានជំនឿនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ និងនគររបស់ព្រះជាម្ចាស់។ ហើយតើឈ្មោះជា «មនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ និងនគររបស់ព្រះជាម្ចាស់» នេះ កើតឡើងយ៉ាងដូចម្ដេច? តើមនុស្សទទួលបានឈ្មោះនេះដោយរបៀបណា? អ្នកក្លាយជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ តាមរយៈការដេញតាមសេចក្ដីពិត ការយល់ពីសេចក្ដីពិត ការរងទុក្ខ និងការបង់តម្លៃ ហើយតាមរយៈនោះ អ្នកបំពេញភារកិច្ចរបស់អ្នកបានយ៉ាងល្អ សម្រេចបាននូវកម្រិតជាក់លាក់ណាមួយនៃការផ្លាស់ប្ដូរនិស្ស័យ ហើយអាចចុះចូល និងកោតខ្លាចដល់ព្រះជាម្ចាស់បាន។ ដូចជាយ៉ូប និងពេត្រុសដែរ អ្នកលែងត្រូវរងការធ្វើបាប និងការធ្វើឱ្យពុករលួយដោយសាតាំងទៀតហើយ អ្នកអាចរស់នៅដោយសេរីនៅក្នុងនគររបស់ព្រះជាម្ចាស់ និងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អ្នកមិនចាំបាច់លំបាកជាមួយនឹងនិស្ស័យពុករលួយរបស់អ្នកទៀតទេ ហើយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកគឺជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដ ជាមនុស្សលោកដ៏ពិតប្រាកដម្នាក់។ តើនោះមិនមែនជារឿងដែលគួរអបអរសាទរដោយក្ដីអំណរទេឬ? តើវាមានន័យដូចម្ដេច? វាមានន័យថា ជីវិតនៃការរងទុក្ខ និងទុក្ខលំបាករបស់មនុស្សម្នាក់ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ បានឈានដល់ទីបញ្ចប់ទាំងស្រុង ហើយគេចាប់ផ្ដើមរស់នៅក្នុងជីវិតដែលពោរពេញដោយក្ដីអំណរ សេចក្ដីសុខសាន្ត និងសុភមង្គល។ គេអាចរស់នៅក្នុងពន្លឺនៃទឹកព្រះភ័ក្ត្ររបស់ព្រះអាទិករ រស់នៅជាមួយព្រះជាម្ចាស់ ហើយនេះជារឿងដែលគួរអបអរសាទរដោយក្ដីអំណរ។ ក៏ប៉ុន្តែ ចំពោះមនុស្សប្រភេទផ្សេងទៀត ដែលនៅទីបញ្ចប់មិនអាចបោះចោលឈ្មោះជា «អ្នកបម្រើការ» បានទេនោះ តើវាមានន័យដូចម្ដេចសម្រាប់ពួកគេ ប្រសិនបើពួកគេនៅតែមិនទាន់ដោះឈ្មោះនេះ ដោះ «មកុដ» នេះចេញពីក្បាលរបស់ពួកគេ នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់នោះ? វាមានន័យថា ពួកគេនៅតែជាអ្នកក្រៅ ហើយថាពួកគេនៅតែជាអ្នកគ្មានជំនឿនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដដែល។ មូលហេតុសម្រាប់រឿងនេះ គឺដោយសារតែពួកគេមិនទទួលយកសេចក្ដីពិត ឬអនុវត្តសេចក្ដីពិតទាល់តែសោះ ពួកគេមិនសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យឡើយ ពួកគេមិនអាចចុះចូលនឹងព្រះជាម្ចាស់នោះទេ ហើយពួកគេមិនមានចិត្តកោតខ្លាចព្រះជាម្ចាស់ឡើយ។ មនុស្សទាំងនេះគួរតែត្រូវបានជម្រុះចេញពីដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេគ្មានកន្លែងនៅក្នុងនគររបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើគ្មានកន្លែងសម្រាប់ពួកគេនៅក្នុងនគររបស់ព្រះជាម្ចាស់ទេ តើពួកគេនៅឯណា? ពួកគេនៅខាងក្រៅនគររបស់ព្រះជាម្ចាស់ ហើយជាក្រុមមួយដែលនៅដាច់ដោយឡែកពីរាស្ត្ររបស់ព្រះជាម្ចាស់។ មនុស្សបែបនេះនៅតែត្រូវបានហៅថា «អ្នកបម្រើការ» ដដែល ហើយនេះបញ្ជាក់ថា ពួកគេមិនបានក្លាយជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេនឹងមិនក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ជាដាច់ខាត ព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេទេ ហើយពួកគេនឹងមិនទទួលបានព្រះពរ ឬព្រះគុណពីព្រះជាម្ចាស់ម្ដងទៀតឡើយ។ ជាការពិតណាស់ វាក៏បញ្ជាក់ផងដែរថា ពួកគេគ្មានឱកាសដើម្បីសោយសុខនឹងព្រះពរដ៏ល្អៗជាមួយព្រះជាម្ចាស់នៅក្នុងនគររបស់ទ្រង់ ឬទទួលបានសេចក្ដីសុខសាន្ត និងក្ដីអំណរឡើយ ពោលគឺឱកាសនេះបានបាត់បង់ទៅហើយ។ ដូច្នេះ តើពេលវេលានេះជារឿងដែលគួរអបអរសាទរដោយក្ដីអំណរសម្រាប់ពួកគេ ឬក៏ជាព្រឹត្តិការណ៍ដ៏សោកសៅ? នេះគឺជាព្រឹត្តិការណ៍ដ៏សោកសៅមួយ។ ហើយចំពោះថាតើរង្វាន់របស់ពួកគេនឹងទៅជាយ៉ាងណា សម្រាប់ការមានឈ្មោះជា «អ្នកបម្រើការ» នៅខាងក្រៅដំណាក់របស់ព្រះជាម្ចាស់ និងនៅខាងក្រៅនគររបស់ព្រះជាម្ចាស់ នោះគឺជារឿងសម្រាប់ពេលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នារវាងរង្វាន់ដែលត្រូវបានប្រទានដល់អ្នកបម្រើការ និងរង្វាន់ដែលត្រូវបានប្រទានដល់រាស្ត្រនៃនគររបស់ព្រះជាម្ចាស់ គឺធំធេងណាស់ មានភាពខុសគ្នាទៅលើតំណែង ទៅលើរង្វាន់ និងទៅលើទិដ្ឋភាពផ្សេងៗទៀត។ តើវាមិនគួរឱ្យអាណិតទេឬ ដែលមនុស្សបែបនេះមិនទទួលបានសេចក្ដីពិត និងមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ខណៈពេលដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សនោះ? វាគួរឱ្យអាណិតណាស់! ទាំងនេះគឺជាព្រះបន្ទូលមួយចំនួនទាក់ទងនឹងឈ្មោះជា «អ្នកបម្រើការ»។
មានមនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមានអារម្មណ៍ទាស់ទទឹង នៅពេលគេនិយាយពីអ្នកបម្រើការ។ ខ្ញុំមិនចង់ធ្វើជាអ្នកបម្រើការទេ ហើយខ្ញុំក៏មិនសប្បាយចិត្តនឹងធ្វើជាអ្នកបម្រើការដែរ។ ប្រសិនបើខ្ញុំជារាស្ត្រម្នាក់របស់ព្រះជាម្ចាស់ នោះខ្ញុំអាចទទួលយករឿងនោះបាន ទោះបីជាខ្ញុំជាមនុស្សដែលតូចទាបបំផុតក្នុងចំណោមពួកគេក៏ដោយ ហើយវាមិនអីទេ ដរាបណាខ្ញុំមិនមែនជាអ្នកបម្រើការ។ ខ្ញុំគ្មានការដេញតាមអ្វីផ្សេងទៀតទេ ហើយក៏មិនមានបំណងប្រាថ្នាអ្វីផ្សេងទៀតនៅក្នុងជាតិនេះដែរ ខ្ញុំគ្រាន់តែទន្ទឹងរង់ចាំការកម្ចាត់ឈ្មោះជា “អ្នកបម្រើការ” ចោលប៉ុណ្ណោះ។ ខ្ញុំមិនទាមទារអ្វីច្រើនទេ»។ តើអ្នកគិតយ៉ាងណាចំពោះមនុស្សបែបនេះ? តើនេះជាអាកប្បកិរិយារបស់អ្នកដែលដេញតាមសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) តើនេះជាអាកប្បកិរិយាអ្វី? តើវាមិនមែនជាអាកប្បកិរិយាអវិជ្ជមានទេឬ? (មែនហើយ។) នៅពេលនិយាយដល់ឈ្មោះជា «អ្នកបម្រើការ» អ្នកមិនចាំបាច់ខិតខំប្រឹងប្រែងដើម្បីរលាស់វាចេញនោះទេ ពីព្រោះឈ្មោះនេះត្រូវបានផ្ដល់ឱ្យដោយផ្អែកលើកម្រិតនៃវឌ្ឍនភាពដែលអ្នកបង្កើតឡើងនៅក្នុងជីវិតរបស់អ្នក ហើយមិនអាចសម្រេចដោយអ្វីដែលអ្នកចង់បានឡើយ។ វាមិនអាស្រ័យលើអ្វីដែលអ្នកចង់បាននោះទេ ប៉ុន្តែផ្ទុយទៅវិញ វាអាស្រ័យលើផ្លូវដែលអ្នកដើរតាម និងថាតើនិស្ស័យរបស់អ្នកបានផ្លាស់ប្ដូរឬអត់។ ប្រសិនបើគោលដៅរបស់អ្នក គឺត្រឹមតែដេញតាមដើម្បីបោះចោលឈ្មោះជា «អ្នកបម្រើការ» នេះបាន នោះខ្ញុំសូមប្រាប់អ្នកពីការពិតទៅចុះ៖ អ្នកនឹងមិនបោះវាចោលបានឡើយ អស់មួយជីវិតរបស់អ្នក។ ប្រសិនបើអ្នកផ្ដោតលើការដេញតាមសេចក្ដីពិត ហើយអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ នោះឈ្មោះនេះនឹងផ្លាស់ប្ដូរយ៉ាងសន្សឹមៗ។ បើមើលពីចំណុចទាំងពីរនេះ តើឈ្មោះជា «អ្នកបម្រើការ» ត្រូវបានព្រះជាម្ចាស់បង្ខំដាក់លើមនុស្សដែរឬទេ? ដាច់ខាតគឺមិនមែនទេ! វាមិនមែនជាឈ្មោះដែលព្រះជាម្ចាស់បង្ខំដាក់លើមនុស្សទេ ហើយវាក៏មិនមែនជាការចាត់តាំងដែរ វាគឺជាឈ្មោះដែលត្រូវបានផ្ដល់ឱ្យដោយផ្អែកលើកម្រិតនៃវឌ្ឍនភាពដែលមនុស្សបង្កើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ ការធ្វើជាអ្នកបម្រើការរបស់អ្នក ត្រូវបានកាត់បន្ថយទៅតាមកម្រិតនៃវឌ្ឍភាពដែលអ្នកបង្កើតឡើងនៅក្នុងជីវិត និងទៅតាមកម្រិតនៃការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក។ នៅពេលថ្ងៃណាមួយ អ្នកអាចសម្រេចបាននូវការចុះចូល និងការកោតខ្លាចដល់ព្រះជាម្ចាស់ នោះទោះបីជាអ្នកស្ម័គ្រចិត្តធ្វើជាអ្នកបម្រើការក៏ដោយ ក៏អ្នកលែងជាអ្នកបម្រើការទៀតដែរ ហើយរឿងនេះត្រូវបានសម្រេចដោយការដេញតាមរបស់អ្នក អាកប្បកិរិយារបស់អ្នកចំពោះសេចក្ដីពិត និងផ្លូវដែលអ្នកដើរតាម។ ក៏មានអស់អ្នកដែលនិយាយថា៖ «ខ្ញុំចង់រលាស់ខ្លួនចេញពីឈ្មោះជា “អ្នកបម្រើការ” នេះ ហើយខ្ញុំមិនចង់ធ្វើជាអ្នកបម្រើការទេ ប៉ុន្តែខ្ញុំមិនយល់ពីសេចក្ដីពិតទេ ហើយខ្ញុំមិនស្ម័គ្រចិត្តដេញតាមសេចក្ដីពិតឡើយ។ ដូច្នេះ តើខ្ញុំអាចធ្វើអ្វីបានទៅ?» តើមានដំណោះស្រាយដែរឬទេ? ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សគ្រប់ប្រភេទ ដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់ និងសេចក្ដីពិត ពោលគឺគ្មានការសម្របសម្រួលណាមួយឡើយ។ ប្រសិនបើអ្នកស្រឡាញ់សេចក្ដីពិត ហើយអាចចាប់ផ្ដើមដើរលើផ្លូវក្នុងការដេញតាមសេចក្ដីពិត នោះនេះគឺជារឿងដែលគួរត្រេកអរ។ ប្រសិនបើអ្នកស្អប់ខ្ពើមសេចក្ដីពិត ហើយជ្រើសរើសមិនដើរតាមផ្លូវក្នុងការដេញតាមសេចក្ដីពិត នោះវាគឺជាមូលហេតុនៃសេចក្ដីសោកសៅ។ នេះគឺជាផ្លូវតែពីរគត់ ពោលគឺគ្មានផ្លូវកណ្ដាលសម្រាប់ជ្រើសរើសឡើយ។ ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង នឹងមិនសាបសូន្យជាដាច់ខាត។ ទោះបីជារបស់សព្វសារពើនឹងសាបសូន្យក៏ដោយ ក៏គ្មានព្រះសូរសៀងណាមួយរបស់ព្រះជាម្ចាស់អាចសាបសូន្យបានដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការកាត់ក្ដី និងការវិនិច្ឆ័យចំពោះរបស់សព្វសារពើ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយមិនអាចសាបសូន្យជាដាច់ខាត។ នៅពេលពិភពលោកនេះ មនុស្សជាតិ និងរបស់សព្វសារពើផ្លាស់ប្ដូរ និងសាបសូន្យទៅ គ្មានព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់នឹងសាបសូន្យឡើយ ប៉ុន្តែផ្ទុយទៅវិញ ព្រះបន្ទូលទាំងអស់របស់ព្រះអង្គនឹងត្រូវបានសម្រេច។ លទ្ធផលរបស់មនុស្សជាតិ និងរបស់សព្វសារពើ ត្រូវបានកំណត់ និងបើកសម្ដែងដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺគ្មាននរណាម្នាក់អាចផ្លាស់ប្ដូររឿងនេះបានទេ ហើយមិនអាចមានការជជែកវែកញែកលើបញ្ហានេះឡើយ។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់ការដែលព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាពលើ និងកំណត់លទ្ធផលរបស់មនុស្ស ប្រសិនបើមនុស្សសោយសុខនឹងការគិតបែបស្រមើស្រមៃ នោះពួកគេគឺជាមនុស្សល្ងង់ខ្លៅទាំងស្រុងហើយ។ គ្មានផ្លូវទីពីរសម្រាប់ពួកគេជ្រើសរើសក្នុងរឿងនេះទេ ដោយសារព្រះជាម្ចាស់មិនបានប្រទានផ្លូវទីពីរដល់មនុស្សឡើយ។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់ នេះជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចជ្រៀតជ្រែកក្នុងរឿងនេះបានទេ ទោះបីជាពួកគេចង់ក៏ដោយ។ អ្នកគិតថាអ្នកនៅក្នុងពិភពដែលមិនជឿ ដែលមនុស្សអាចចំណាយប្រាក់មួយចំនួន និងប្រើប្រាស់ខ្សែរយៈរបស់ពួកគេដើម្បីចាត់ចែងរឿងនានា ប៉ុន្តែបែបនោះមិនអាចប្រើជាមួយព្រះជាម្ចាស់បានឡើយ។ ចូរចងចាំថា៖ រឿងនេះនឹងមិននាំអ្នកទៅដល់ណាឡើយជាមួយព្រះជាម្ចាស់!
ខ. វិធីដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ «អ្នកបម្រើការ»
ប្រធានបទសម្រាប់ការប្រកបគ្នានៅថ្ងៃនេះ គឺការវែកញែកអំពីអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះឈ្មោះជា «អ្នកបម្រើការ»។ ឥឡូវនេះ ដោយសារយើងបានប្រកបគ្នារួចរាល់អំពីនិយមន័យនៃឈ្មោះជា «អ្នកបម្រើការ» តើមនុស្សភាគច្រើនមិនមានការយល់ដឹងជាវិជ្ជមានចំពោះឈ្មោះនេះទេឬ? តើអ្នករាល់គ្នានៅតែមានអារម្មណ៍ទាស់ទទឹង ឬមិនសុខចិត្តចំពោះឈ្មោះនេះដែរឬទេ? (មិនមានទេ។) ដូច្នេះ ឥឡូវនេះ ចូរយើងមើលថាតើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះជា «អ្នកបម្រើការ» យ៉ាងដូចម្ដេច ហើយតើពួកគេមានអាកប្បកិរិយាបែបណាចំពោះឈ្មោះនេះ។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទឱ្យតម្លៃបំផុត គឺឋានៈខ្ពស់ កិត្យានុភាពខ្ពស់ និងអំណាចផ្ដាច់មុខ។ នៅពេលនិយាយដល់ឈ្មោះទូទៅ ឈ្មោះធម្មតាៗ និងឈ្មោះកម្រិតទាបមួយចំនួន ព្រមទាំងឈ្មោះផ្សេងទៀតដែលមនុស្សយល់ថារាងគួរឱ្យអាម៉ាស់មុខ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ទាស់ទទឹង និងរើសអើងយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេមានអារម្មណ៍បែបនេះជាពិសេសចំពោះឈ្មោះជា «អ្នកបម្រើការ»។ មិនថាព្រះជាម្ចាស់មានការអត់ឱន និងអត់ធ្មត់យ៉ាងណាចំពោះក្រុមមនុស្សដែលត្រូវគេស្គាល់ថាជាអ្នកបម្រើការនេះក៏ដោយ ហើយមិនថាការពន្យល់ និងការបកស្រាយរបស់ព្រះជាម្ចាស់ចំពោះឈ្មោះជា «អ្នកបម្រើការ» យ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនៅតែមើលងាយឈ្មោះនេះចេញពីជម្រៅដួងចិត្តរបស់ពួកគេដដែល។ ពួកគេគិតថា ឈ្មោះនេះគឺទាបថោកពេក ហើយថាប្រសិនបើពួកគេផ្ទាល់ជាអ្នកបម្រើការ ពួកគេនឹងខ្មាសអៀនមិនហ៊ានបង្ហាញមុខឡើយ។ ពួកគេគិតថា ពេលដែលពួកគេត្រូវគេផ្ដល់ឈ្មោះនេះឱ្យ សេចក្ដីទៀងត្រង់ អំនួត និងកេរ្តិ៍ឈ្មោះរបស់ពួកគេ រងការប្រកួតប្រជែង និងបន្ទាបបន្ថោក តម្លៃរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក ហើយជីវិតលែងមានន័យអ្វីទៀតហើយ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកឈ្មោះជា «អ្នកបម្រើការ» នេះឡើយ មិនថាយ៉ាងណាក៏ដោយ។ ប្រសិនបើអ្នកសុំឱ្យពួកគេទៅដំណាក់របស់ព្រះជាម្ចាស់ ហើយបម្រើការសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ ពួកគេនិយាយថា៖ «ឈ្មោះជា “អ្នកបម្រើការ” គឺបន្ទាបតម្លៃពេកហើយ ទោះជាយ៉ាងណាក៏ខ្ញុំមិនសុខចិត្តធ្វើជាអ្នកបម្រើការដែរ។ តាមរយៈការសុំឱ្យខ្ញុំធ្វើជាអ្នកបម្រើការ អ្នកកំពុងតែប្រមាថខ្ញុំហើយ។ ខ្ញុំមិនបានមកជឿលើព្រះជាម្ចាស់ ដើម្បីឱ្យអ្នកប្រមាថខ្ញុំនោះទេ គឺខ្ញុំមកដើម្បីទទួលបានព្រះពរ។ បើមិនដូច្នេះទេ តើខ្ញុំបានលះបង់គ្រួសាររបស់ខ្ញុំ បោះបង់ការងាររបស់ខ្ញុំ និងបោះបង់អនាគតខាងលោកីយ៍របស់ខ្ញុំដើម្បីអ្វីទៅ? ខ្ញុំមិនបានមកដើម្បីធ្វើជាអ្នកបម្រើការទេ ខ្ញុំមិនបានមកដើម្បីធ្វើការឱ្យអ្នក និងបម្រើអ្នកឡើយ។ ប្រសិនបើអ្នកប្រាប់ឱ្យខ្ញុំធ្វើជាអ្នកបម្រើការ នោះយកល្អខ្ញុំមិនជឿទាល់តែសោះតែម្ដងទៅ!» តើនេះមិនមែនជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ថែមទាំងមានពួកទទឹងនឹងព្រះគ្រីស្ទដែលនិយាយថា៖ «ប្រសិនបើអ្នកប្រាប់ឱ្យខ្ញុំធ្វើជាអ្នកបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះតើការដែលខ្ញុំជឿលើព្រះជាម្ចាស់មានប្រយោជន៍អ្វីទៅ? តើវានៅមានន័យអ្វីទៀតដែរទេ?» ហេតុដូច្នេះហើយ នៅពេលពួកគេទទួលយកការងារមួយ ហើយទទួលយកការផ្ទុកផ្ដាក់ ឬភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ជាដំបូង ពួកគេចង់ដឹងពីរឿងដូចខាងក្រោមនេះ៖ «បន្ទាប់ពីខ្ញុំទទួលយកការងារនេះ តើខ្ញុំនឹងក្លាយជាអ្នកដឹកនាំពួកជំនុំ ឬជាប្រធានក្រុមដែរទេ ឬក៏ខ្ញុំនឹងគ្រាន់តែជាកូនចៅដែលបម្រើ និងធ្វើការឱ្យអ្នកដទៃតែប៉ុណ្ណឹង?» មុនពេលដឹងពីរឿងនេះច្បាស់ ពួកគេចាប់ផ្ដើមធ្វើការជាបណ្ដោះអាសន្នសិន។ ក្នុងអំឡុងពេលនេះ ពួកគេអង្កេតពាក្យសម្ដី និងទឹកមុខរបស់មនុស្ស ពួកគេបើកភ្នែក និងបើកត្រចៀកឱ្យទូលាយ ហើយសាកសួរព័ត៌មានពីប្រភពផ្សេងៗ។ ពួកគេចង់ដឹងថា តើពួកគេកំពុងបម្រើការជាបណ្ដោះអាសន្ននៅទីនេះ ឬថាតើពួកគេអាចធ្វើការងារនេះក្នុងរយៈពេលវែងបាន តើពួកគេជាមនុស្សដែលអាចត្រូវគេបណ្ដុះបណ្ដាល ឬជាមនុស្សដែលគ្រាន់តែត្រូវគេប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីបំពេញចន្លោះប្រហោង។ ប្រសិនបើពួកគេគ្រាន់តែត្រូវគេប្រើប្រាស់ដើម្បីបំពេញចន្លោះប្រហោង ហើយពួកគេត្រូវគេស្នើសុំឱ្យបម្រើដើម្បីស្នាដៃរបស់អ្នកដទៃ និងដើម្បីឋានៈ ព្រមទាំងអំណាចរបស់អ្នកដទៃ នោះពួកគេនឹងមិនធ្វើវាជាដាច់ខាត។ ពួកគេមិនខ្វល់ថា តើដំណាក់របស់ព្រះជាម្ចាស់ត្រូវការឱ្យពួកគេបំពេញភារកិច្ច ឬថាតើភារកិច្ចដែលពួកគេធ្វើមានសារៈសំខាន់ប៉ុនណាសម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នោះទេ ក៏ពួកគេមិនខ្វល់ពីរឿងទាំងនេះឡើយ។ ពេលដែលពួកគេដឹងថា ពួកគេកំពុងបម្រើការនៅទីនេះដោយគ្មានអំណាចក្នុងការចាត់ចែង និងធ្វើការសម្រេចចិត្ត ពួកគេធ្វើឱ្យតែរួចពីដៃក្នុងសកម្មភាពរបស់ពួកគេ ពួកគេធ្វេសប្រហែសនឹងភារកិច្ចរបស់ពួកគេ ពួកគេប្រព្រឹត្តផ្ដេសផ្ដាស ពួកគេក៏ក្លាយជាមនុស្សផ្ដាច់ការ ហើយពួកគេថែមទាំងអាចបោះបង់ភារកិច្ចរបស់ពួកគេ និងចាកចេញបានគ្រប់ពេល។ ពួកគេចាត់ទុកកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងភារកិច្ចរបស់ពួកគេផ្ទាល់ ហាក់ដូចជាល្បែងក្មេងលេងអ៊ីចឹង។ ពួកគេមានបាវចនាជីវិតមួយដែលចែងយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងមិនធ្វើកិច្ចការលំបាកនៅពីក្រោយឆាក ខណៈពេលដែលអ្នកដទៃទទួលបានភាពលេចធ្លោនោះទេ»។ ពួកគេគិតថា៖ «ខ្ញុំកើតមកដើម្បីធ្វើជាអ្នកដឹកនាំ។ ខ្ញុំកើតមកដោយមានអំណាចក្នុងការចាត់ចែង និងធ្វើការសម្រេចចិត្ត។ ប្រសិនបើខ្ញុំត្រូវបាត់បង់រឿងទាំងពីរនេះ នោះតើការរស់នៅមានប្រយោជន៍អ្វីទៀតទៅ? តើការជឿលើព្រះជាម្ចាស់នៅមានន័យអ្វីទៀតទៅ? ហេតុអ្វីបានជាខ្ញុំជឿលើព្រះជាម្ចាស់? តើខ្ញុំមិនបានបោះបង់ផលប្រយោជន៍តូចតាច ដើម្បីទទួលបានព្រះពរដ៏ធំធេងទេឬ? ប្រសិនបើបំណងប្រាថ្នានេះមិនអាចសម្រេចបានទេ នោះប្រាកដណាស់ថា ខ្ញុំសុខចិត្តដើរតាមនិន្នាការលោកីយ៍ ហើយធ្លាក់នរកវិញល្អជាង!» តើបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? «គ្មានផ្លូវដែលខ្ញុំមិនបណ្ដោយឱ្យនរណាម្នាក់កេងប្រវ័ញ្ចខ្ញុំ ដើម្បីឡើងទៅកាន់តំណែងកំពូលបានឡើយ គឺខ្ញុំទេដែលជាអ្នកកេងប្រវ័ញ្ចអ្នកដទៃ។ ប្រសិនបើមនុស្សទទួលបានរង្វាន់ដោយផ្អែកលើការចូលរួមចំណែករបស់ពួកគេ នោះខ្ញុំគួរតែស្ថិតនៅលំដាប់កំពូលគេ។ លុះត្រាតែបែបនេះ ទើបខ្ញុំធ្វើការដោយស្វាហាប់ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បើមិនដូច្នេះទេ កុំសង្ឃឹមថានឹងអាចឱ្យខ្ញុំធ្វើបែបនោះបានឱ្យសោះ។ ប្រសិនបើអ្នករាល់គ្នាសុំឱ្យខ្ញុំខិតខំប្រឹងប្រែង ផ្ដល់ដំបូន្មានដល់អ្នករាល់គ្នា និងធ្វើការដោយអស់ពីចិត្តពីថ្លើម ប៉ុន្តែនៅទីបញ្ចប់ ដល់ពេលដែលមនុស្សត្រូវទទួលបានរង្វាន់ដោយផ្អែកលើការចូលរួមចំណែករបស់ពួកគេ ខ្ញុំបែរជាមិនទទួលបានអ្វីសោះ នោះកុំសង្ឃឹមថានឹងអាចសុំឱ្យខ្ញុំធ្វើការឱ្យអ្នករាល់គ្នា ពុះពារដើម្បីអ្នករាល់គ្នា និងបម្រើអ្នករាល់គ្នាឱ្យសោះ!» តើទាំងនេះមិនមែនជាការបញ្ចេញឱ្យឃើញ និងការបង្ហាញចេញដ៏ពិតប្រាកដនៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ទោះបីជាពួកគេមិនព្យាយាមរលាស់ខ្លួនចេញពីឈ្មោះជា «អ្នកបម្រើការ» ដោយចេតនាក៏ដោយ ប៉ុន្តែបើនិយាយពីសារជាតិនិស្ស័យរបស់ពួកគេវិញ ពួកគេតែងតែរលាស់វាចេញ ហើយតែងតែតយុទ្ធ ខិតខំ និងតស៊ូដើម្បីកម្ចាត់ឈ្មោះនេះចេញពីខ្លួនពួកគេ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទទទួលយកកិច្ចការណាមួយ ប្រសិនបើគេមានឱកាសលេចធ្លោ និងក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ ឬប្រសិនបើគេមានសិទ្ធិសម្រេចចុងក្រោយ និងធ្វើការសម្រេចចិត្ត ក្លាយជាអ្នកដឹកនាំ មានឋានៈ ឥទ្ធិពល និងកិត្យានុភាព ហើយមានមនុស្សមួយចំនួននៅក្រោមបង្គាប់របស់គេ នោះគេមានអារម្មណ៍ពេញចិត្តជាខ្លាំង។ ប្រសិនបើថ្ងៃណាមួយ មាននរណាម្នាក់លាតត្រដាងពីបញ្ហារបស់គេ ហើយលួសកាត់គេ ដោយនិយាយថា៖ «មានរឿងជាច្រើនដែលអ្នកមិនបានដោះស្រាយស្របតាមគោលការណ៍ទេ ហើយបែរជាដោះស្រាយតាមតែអំពើចិត្តរបស់អ្នកទៅវិញ។ នេះគឺជាឥរិយាបថរបស់អ្នកដែលបម្រើការសុទ្ធសាធ អ្នកមិនមែនកំពុងបំពេញភារកិច្ចរបស់អ្នកឡើយ» តើអាទទឹងនឹងព្រះគ្រីស្ទនោះអាចទទួលយករឿងនោះបានដែរឬទេ? (មិនអាចទេ។) ទីមួយ ពួកគេនឹងអះអាងថាខ្លួនគ្មានកំហុស ដោះសា និងតវ៉ា ហើយទីពីរ ពួកគេនឹងមានអារម្មណ៍ស្អប់ខ្ពើម និងទាស់ទទឹងភ្លាមៗចំពោះពាក្យ «បម្រើការ» ហើយនឹងមិនទទួលយកពាក្យទាំងនេះជាដាច់ខាត។ អាទទឹងនឹងព្រះគ្រីស្ទនោះនឹងនិយាយថា៖ «ខ្ញុំបានលះបង់តម្លៃយ៉ាងធំធេង និងរងទុក្ខច្រើនណាស់។ ខ្ញុំចាប់ផ្ដើមធ្វើការតាំងពីព្រលឹម ហើយបញ្ចប់នៅពេលយប់ជ្រៅ ខ្ញុំភ្លេចដេកភ្លេចហូប ប៉ុន្តែអ្នកនៅតែនិយាយថា ខ្ញុំកំពុងបម្រើការទៀតឬ? តើពិតជាមានមនុស្សដែលបម្រើការបែបនេះមែនឬ? ខ្ញុំបានលះបង់តម្លៃយ៉ាងធំធេង ប៉ុន្តែអ្វីគ្រប់យ៉ាងដែលខ្ញុំទទួលបាន គឺត្រឹមតែឈ្មោះនេះ និយមន័យជា “អ្នកបម្រើការ” នេះប៉ុណ្ណោះ។ ចុះតើមានអ្វីឱ្យខ្ញុំទន្ទឹងរង់ចាំទៀតទៅ? តើការជឿលើព្រះជាម្ចាស់មានន័យអ្វីទៅ? តើមានការជំរុញចិត្តអ្វីទៅ? សុខចិត្តមិនជឿលើព្រះជាម្ចាស់បែបនេះវិញល្អជាង!» ពួកគេបាត់បង់ភាពក្លៀវក្លារបស់ពួកគេ។ បន្ទាប់ពីត្រូវបានលួសកាត់ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែបដិសេធមិនទទួលយកប៉ុណ្ណោះទេ ពួកគេថែមទាំងមានអារម្មណ៍ទាស់ទទឹង និងក្លាយជាស្អប់ខ្ពើម ហើយលើសពីនេះទៅទៀត ពួកគេបង្កើតការយល់ច្រឡំ។ នៅពេលពួកគេធ្វើការ និងបំពេញភារកិច្ចរបស់ពួកគេបន្ទាប់ពីនោះ អាកប្បកិរិយារបស់ពួកគេត្រូវបានផ្លាស់ប្ដូរ ហើយពួកគេគិតថា៖ «មិនថាខ្ញុំធ្វើអ្វីក៏ដោយ ក៏ពេលនេះខ្ញុំគឺជាអ្នកបម្រើការម្នាក់ទៅហើយ ដូច្នេះ ពេលខ្ញុំធ្វើកិច្ចការនេះ យកល្អខ្ញុំគួរតែទប់ៗខ្លះ ត្រូវទុកផ្លូវក្រោយសម្រាប់ខ្លួនឯង ហើយមិនត្រូវធ្វើវាឱ្យអស់ពីសមត្ថភាពឡើយ។ មនុស្សគ្រប់គ្នានិយាយថាព្រះជាម្ចាស់គឺសុចរិត ចុះម្ដេចបានជាខ្ញុំមើលមិនឃើញដូច្នេះ? តើព្រះជាម្ចាស់សុចរិតយ៉ាងម៉េចទៅ? ដោយសារតែមិនថាខ្ញុំធ្វើអ្វីក៏ដោយ ក៏ខ្ញុំនៅតែជាអ្នកបម្រើការដដែល អ៊ីចឹងចាប់ពីពេលនេះតទៅ ខ្ញុំនឹងផ្លាស់ប្ដូររបៀបដែលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំនឹងគ្រាន់តែបម្រើការប៉ុណ្ណោះ ហើយចាំមើលថាតើនរណាខ្លាចនរណា។ ដោយសារតែខ្ញុំនឹងមិនត្រូវគេសរសើរ ឬទទួលស្គាល់ចំពោះអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើទេ អ៊ីចឹងទុកឱ្យវាបែបហ្នឹងចុះ ខ្ញុំនឹងផ្លាស់ប្ដូររបៀបរស់នៅ និងរបៀបធ្វើរឿងរ៉ាវរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើអ្វីក៏ដោយដែលអ្នកសុំឱ្យខ្ញុំធ្វើ ហើយខ្ញុំនឹងមិនបញ្ចេញមតិទេ ប្រសិនបើខ្ញុំមានគំនិតអ្វីនោះ នរណាចង់និយាយ ក៏និយាយទៅចុះ។ ប្រសិនបើនរណាម្នាក់លួសកាត់ខ្ញុំ ខ្ញុំនឹងធ្វើហាក់ដូចជាយល់ស្របជាមួយពួកគេនៅសំបកក្រៅ ហើយប្រសិនបើនរណាម្នាក់ប្រព្រឹត្តកំហុសនៅក្នុងកិច្ចការរបស់គេ ខ្ញុំនឹងមិននិយាយអ្វីឡើយ ទោះបីជាខ្ញុំកត់សម្គាល់ឃើញក៏ដោយ។ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តដោយមិនយល់ពីគោលការណ៍ ខ្ញុំនឹងមិនប្រាប់គេពីគោលការណ៍ឡើយ ទោះបីជាខ្ញុំយល់ក៏ដោយ។ ខ្ញុំនឹងគ្រាន់តែមើលគេធ្វើខ្លួនដូចជាមនុស្សល្ងីល្ងើប៉ុណ្ណោះ បណ្ដោយឱ្យគេប្រព្រឹត្តកំហុស ដើម្បីឱ្យគេត្រូវបានលួសកាត់ដូចខ្ញុំដែរ ហើយចាំមើលថាតើគេអាចទ្រាំទ្រនឹងរសជាតិដែលត្រូវបានកំណត់លក្ខណៈជាអ្នកបម្រើការបានដែរឬទេថាមានអារម្មណ៍យ៉ាងណា។ ដោយសារតែអ្នករាល់គ្នាបានធ្វើឱ្យខ្ញុំលំបាក អ៊ីចឹងខ្ញុំនឹងធ្វើឱ្យរឿងមានការលំបាកសម្រាប់អ្នករាល់គ្នា ហើយក៏នឹងមិនបណ្ដោយឱ្យអ្នករាល់គ្នាបានស្រួលដែរ!» គ្រាន់តែត្រូវបានលួសកាត់ និងប្រៀនប្រដៅសោះ ក៏បណ្ដាលឱ្យពួកគេមានអារម្មណ៍ខ្លាំងក្លា និងអារម្មណ៍ទាស់ទទឹងបែបនេះទៅហើយ តើនេះគឺជាអាកប្បកិរិយានៃការទទួលយកសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) តើការបម្រើការមានអ្វីខុសទៅ? តើការបម្រើការសម្រាប់ព្រះជាម្ចាស់គឺជារឿងអាក្រក់ឬ? តើការបម្រើការសម្រាប់ព្រះជាម្ចាស់ធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកឬ? តើព្រះជាម្ចាស់មិនស័ក្ដិសមនឹងឱ្យអ្នកបម្រើការសម្រាប់ទ្រង់ទេឬ? ចុះតើអ្នកស័ក្ដិសមនឹងឱ្យព្រះជាម្ចាស់ធ្វើអ្វីសម្រាប់អ្នកទៅ? ហេតុអ្វីបានជាអ្នកប្រកាន់ និងទាស់ទទឹងនឹងពាក្យទាំងនេះម៉្លេះ? ព្រះអាទិករបានបន្ទាបព្រះអង្គទ្រង់ ដើម្បីក្លាយជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្ស និងបម្រើដល់មនុស្សលោកពុករលួយគ្រប់រូប ជាពួកមនុស្សលោកដែលប្រឆាំង និងបដិសេធទ្រង់។ ចុះហេតុអ្វីបានជាមនុស្សមិនអាចបម្រើការបន្តិចបន្តួច ដើម្បីជាប្រយោជន៍ដល់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់បាននោះ? តើការធ្វើបែបនេះមានអ្វីខុសទៅ? តើវាមានអ្វីដែលគួរឱ្យអាម៉ាស់ដែរឬទេ? តើវាមានអ្វីដែលមិនអាចនិយាយចេញរួចមែនទេ? បើប្រៀបធៀបទៅនឹងការបន្ទាបព្រះអង្គទ្រង់ និងការលាក់បាំងរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងនៅតែគួរឱ្យស្អប់ខ្ពើម និងអាក្រក់ជារៀងរហូត។ តើមិនមែនអ៊ីចឹងទេឬ?
មនុស្សពុករលួយដែលដេញតាមសេចក្ដីពិត ពេលនេះអាចនឹងមានអារម្មណ៍អន់ចិត្តមួយភ្លែតប៉ុណ្ណោះ នៅពេលពួកគេឮឈ្មោះជា «អ្នកបម្រើការ» ប៉ុន្តែរឿងនេះអាចក្លាយជាកត្តាជំរុញចិត្ត ដែលអាចលើកទឹកចិត្តពួកគេឱ្យដេញតាមសេចក្ដីពិត ដើម្បីឈានដល់ការចុះចូលនឹងព្រះជាម្ចាស់។ ពួកគេមិនសូវប្រកាន់ចំពោះឈ្មោះនេះ ដែលព្រះជាម្ចាស់ប្រទានដល់មនុស្សឡើយ។ ប៉ុន្តែ វាមិនមែនបែបនេះចំពោះពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកគេតែងតែប្រកាន់រឿងតូចតាចខ្លាំងណាស់ចំពោះឈ្មោះដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ហើយទុកវានៅក្នុងចិត្ត។ គ្រាន់តែឃ្លាមួយដែលព្រះជាម្ចាស់មានព្រះបន្ទូល ក៏អាចប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ និងធ្វើឱ្យពួកគេឈឺចាប់បានយ៉ាងងាយដែរ ហើយនៅពេលអ្វីមួយដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺផ្ទុយពីចេតនា និងបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរ នោះវាធ្វើឱ្យប៉ះពាល់ដល់ការគោរពខ្លួនឯងរបស់ពួកគេ។ ពេលដែលការគោរពខ្លួនឯង និងសេចក្ដីថ្លៃថ្នូររបស់ពួកគេត្រូវបានប៉ះពាល់ ពួកគេក៏វិនិច្ឆ័យ បដិសេធ និងក្បត់ព្រះជាម្ចាស់។ ពួកគេចង់ចាកចេញពីព្រះជាម្ចាស់ ពួកគេមិនសុខចិត្តបន្តបំពេញភារកិច្ចរបស់ពួកគេឡើយ ខណៈពេលជាមួយគ្នានោះ ពួកគេដាក់បណ្ដាសាព្រះជាម្ចាស់ដោយសារទ្រង់មិនសុចរិត និងមិនអាណិតអាសូរដល់មនុស្ស។ មនុស្សមួយចំនួនថែមទាំងនិយាយថា ព្រះជាម្ចាស់ពិបាកផ្គាប់ព្រះហឫទ័យពេកហើយ ហើយថាគ្មានអ្វីដែលពួកគេធ្វើគឺត្រឹមត្រូវឡើយ។ ពាក្យសម្ដី អារម្មណ៍ និងនិស្ស័យទាំងនេះ សុទ្ធតែចេញមកពីពួកទទឹងនឹងព្រះគ្រីស្ទ។ ក្រៅពីគ្មានអាកប្បកិរិយានៃការចុះចូលនឹងព្រះជាម្ចាស់ទាល់តែសោះ ពួកគេក៏ចាប់កំហុសរឿងតូចតាចនៅពេលនិយាយដល់រឿងផ្សេងៗដែលព្រះជាម្ចាស់មានព្រះបន្ទូលផងដែរ ហើយពួកគេធ្វេសប្រហែស និងព្រងើយកន្តើយចំពោះសេចក្ដីតម្រូវផ្សេងៗរបស់ព្រះជាម្ចាស់។ ពួកគេទាស់ទទឹងនឹងឈ្មោះជា «អ្នកបម្រើការ» នេះជានិច្ច ហើយគ្មានបំណងទទួលយកវា ឬចុះចូលឡើយ ហើយរឹតតែគ្មានបំណងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅទៀត។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺព្យាយាមជានិច្ចដើម្បីបោះបង់ការចាត់តាំង និងអត្តសញ្ញាណនេះ ព្រមទាំងឋានៈ និងតំណែងជា «អ្នកបម្រើការ» នេះ ហើយពួកគេមិនស្វែងរកទាល់តែសោះពីរបៀបសហការជាមួយព្រះជាម្ចាស់ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬពីរបៀបសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ឡើយ។ ពួកគេមិនដេញតាមអ្វីៗដែលវិជ្ជមានទាំងនេះទាល់តែសោះ ហើយសូម្បីតែពេលដែលពួកគេត្រូវបានលាតត្រដាងថាជាអ្នកបម្រើការក៏ដោយ ក៏អារម្មណ៍នៃកំហឹង និងភាពឆាប់ខឹងដែលពួកគេមាន បានផ្ទុះឡើងមកព្រមគ្នាតែម្ដង។ តើរឿងនេះអាចធ្ងន់ធ្ងរប៉ុនណាទៅ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនលួចដាក់បណ្ដាសាព្រះជាម្ចាស់ដោយស្ងាត់ៗនៅទីសាធារណៈ ខណៈពេលដែលដាក់បណ្ដាសាទ្រង់យ៉ាងខ្លាំងៗនៅកន្លែងបិទទ្វារជិត ដោយនិយាយថា៖ «ព្រះជាម្ចាស់មិនសុចរិតទេ។ យកល្អខ្ញុំមិនជឿលើព្រះជាម្ចាស់បែបនេះតែម្ដងទៅ!» ពួកគេតតាំង និងប្រឆាំងនឹងព្រះជាម្ចាស់ដោយចំហ។ គ្រាន់តែពាក្យ «អ្នកបម្រើការ» នេះ ក៏បណ្ដាលឱ្យសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងស្អប់ខ្ពើមសេចក្ដីពិត ត្រូវបានបើកសម្ដែងដែរ។ មុខមាត់ដ៏ទុច្ចរិតរបស់ពួកគេ ត្រូវបានលាតត្រដាងទាំងស្រុងនៅចំពោះពាក្យ «អ្នកបម្រើការ» ហើយពួកគេត្រូវបានបកអាក្រាតយ៉ាងច្បាស់ក្រឡែត។ តើអ្វីទៅដែលត្រូវបានបកអាក្រាតឱ្យប្រាកដនោះ? គឺត្រង់ថា ពួកគេមិនជឿលើព្រះជាម្ចាស់ដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ ឬដើម្បីទទួលយកសេចក្ដីពិតនោះទេ ហើយពួកគេក៏មិនជឿលើព្រះជាម្ចាស់ដោយសារតែព្រះជាម្ចាស់គឺជាសេចក្ដីពិត ឬដោយសារតែព្រះជាម្ចាស់គឺជាព្រះអធិបតីលើរបស់សព្វសារពើដែរ។ ផ្ទុយទៅវិញ ពួកគេជឿលើព្រះជាម្ចាស់ដោយសារតែពួកគេចង់បានអ្វីមួយពីទ្រង់។ ពួកគេបង្ខំចិត្តមកដំណាក់របស់ព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេប៉ុនប៉ងទាំងឥតប្រយោជន៍ដើម្បីធ្វើឱ្យខ្លួនឯងលេចធ្លោជាងគេ និងទទួលបានព្រះពរ តាមរយៈមធ្យោបាយ ការខិតខំប្រឹងប្រែង ការខំធ្វើការ និងការតស៊ូរបស់ពួកគេផ្ទាល់ ឬបើកាន់តែល្អជាងនេះទៅទៀតនោះ ប្រហែលជាទទួលបានរង្វាន់កាន់តែធំនៅក្នុងជាតិក្រោយរបស់ពួកគេ។ ហេតុដូច្នេះហើយ នៅក្នុងក្រសែភ្នែករបស់ពួកគេ ពាក្យ «អ្នកបម្រើការ» គឺជារឿងដែលធ្វើឱ្យថោកទាប និងជាពាក្យប្រមាថជារៀងរហូត ជារឿងមួយដែលពួកគេមិនអាចទទួលយកបានជាដាច់ខាត។ បងប្អូនប្រុសស្រីមួយចំនួនគិតថា៖ «ការបម្រើការសម្រាប់ព្រះជាម្ចាស់ គឺជាព្រះពររបស់យើងហើយ។ វាជារឿងល្អ ជារឿងដែលមានកិត្តិយស»។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលទទួលយកការពិតនេះទេ ហើយនិយាយថា៖ «ការបម្រើការសម្រាប់ព្រះជាម្ចាស់ គឺជាព្រះពររបស់យើងមែនទេ? ចេះនិយាយអ៊ីចឹងកើតដែរ? សុទ្ធតែជារឿងផ្ដេសផ្ដាស! តើការធ្វើបែបនេះមានព្រះពរនៅឯណាទៅ? តើមានសេចក្ដីរីករាយនៅឯណាទៅ? តើអាចទទួលបានអ្វីខ្លះពីការបម្រើការសម្រាប់ព្រះជាម្ចាស់? តើអ្នកអាចទទួលបានលុយ មាស ឬទ្រព្យសម្បត្តិពីការបម្រើការដែរឬទេ? ឬតើអ្នកអាចទទួលបានផ្ទះ និងឡានដែរឬទេ? អ្នកគ្រប់គ្នាដែលបម្រើការ នឹងត្រូវបានជម្រុះចោល តើមានអ្នកបម្រើការណាដែលជាមនុស្សល្អដែរឬទេ? គ្មានអ្នកណាដែលបម្រើការ នឹងទទួលបានអ្វីនោះឡើយ»។ ពួកគេមិនទទួលយកការពិតដែលបងប្អូនប្រុសស្រីបានប្រកបគ្នាថា «ការបម្រើការសម្រាប់ព្រះជាម្ចាស់ គឺជាព្រះពរសម្រាប់មនុស្សជាតិ» នោះទេ ហើយពួកគេមានអារម្មណ៍ទាស់ទទឹង និងខ្ពើមរអើមចំពោះរឿងនេះ ពួកគេសុខចិត្តស្ដាប់រឿងអ្វីផ្សេងវិញល្អជាង។
ពួកទទឹងនឹងព្រះគ្រីស្ទអាចពុះពារ បម្រើ និងចាក់ភេសជ្ជៈជូនមន្ត្រី ឬនរណាម្នាក់ដែលមានឋានៈ និងកិត្យានុភាពនៅក្នុងលោកីយ៍ ហើយថែមទាំងទទួលយកការបម្រើការសម្រាប់មនុស្សទាំងនេះ និងលើសពីស្ម័គ្រចិត្តធ្វើវាទៅទៀត។ មានតែពេលពួកគេមកបម្រើការសម្រាប់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេក្លាយជាមិនសុខចិត្ត និងស្ទាក់ស្ទើរ ពោរពេញទៅដោយការរអ៊ូរទាំ ការទាស់ទទឹង និងអារម្មណ៍។ តើមនុស្សទាំងនេះជាភាវៈប្រភេទណាទៅ? តើទាំងនេះគឺជាការបង្ហាញចេញដែលអ្នកដើរតាមព្រះជាម្ចាស់គួរតែមានដែរឬទេ? ទាំងនេះច្បាស់ណាស់ថាជាការបង្ហាញចេញនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទចូលទៅក្នុងលោកីយ៍ ដើម្បីបម្រើអភិបាលក្រុង អភិបាលខេត្ត ឬអ្នកនយោបាយដែលមានកិត្យានុភាពណាម្នាក់ គេនឹងគិតថានេះជារឿងដែលនាំសិរីល្អដល់ដូនតារបស់គេ និងធ្វើឱ្យគ្រួសាររបស់គេមានមោទនភាព។ គេនឹងសប្បាយចិត្តឥតពណ៌នា គេសប្បាយដូចបានឡើងស្ថានសួគ៌អ៊ីចឹង។ ប្រសិនបើមាននរណាម្នាក់សួរគេថាការងាររបស់គេជាអ្វី គេនឹងនិយាយថា៖ «ខ្ញុំបម្រើអភិបាលក្រុង។ ខ្ញុំជាអ្នកបម្រើជំនិតរបស់អភិបាលក្រុង ជាអង្គរក្សផ្ទាល់ខ្លួនរបស់គាត់!» ឬក៏គេនឹងនិយាយថា៖ «ខ្ញុំមើលការខុសត្រូវលើតម្រូវការប្រចាំថ្ងៃរបស់ប្រធានាធិបតី!» គេនឹងនិយាយរឿងនេះដោយមោទនភាពបំផុត។ គេនឹងគិតថានេះគឺជាការងារដ៏ល្អមួយ ហើយថាគ្រួសាររបស់គេទាំងមូលនឹងទទួលបានចំណែកនៃសិរីល្អនេះ។ គេនឹងយល់សប្តិនៅពេលយប់ ហើយភ្ញាក់ឡើងដោយសប្បាយចិត្ត ហើយគេនឹងមិនលាក់បាំងពីអ្វីដែលគេធ្វើឡើយ មិនថាគេទៅទីណាក៏ដោយ។ ហេតុអ្វីបានជាដូច្នេះ? អាទទឹងនឹងព្រះគ្រីស្ទនោះនឹងមិនចាត់ទុកការងាររបស់គេថាជារឿងគួរឱ្យអាម៉ាស់ឡើយ។ គេនឹងមានអារម្មណ៍ថាវាមានកិត្តិយស ជាការងារដែលដាក់គេឱ្យនៅខ្ពស់ជាងអ្នកដទៃ ជាការងារដែលពាក់រស្មីនៅលើក្បាលរបស់គេ។ ក៏ប៉ុន្តែ បន្ទាប់ពីមនុស្សបែបនេះមកជឿលើព្រះជាម្ចាស់ ប្រសិនបើគេត្រូវបានស្នើសុំឱ្យបម្រើការសម្រាប់ទ្រង់ គេមិនសុខចិត្តធ្វើវាទេ គេមានអារម្មណ៍ទាស់ទទឹង ហើយថែមទាំងរអ៊ូរទាំ និងដាក់បណ្ដាសាព្រះជាម្ចាស់ទៀតផង ហើយគេក៏អាចក្បត់ និងបដិសេធព្រះជាម្ចាស់ផងដែរ។ ដោយប្រៀបធៀបរឿងទាំងពីរនេះ យើងអាចឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទដដែល ថាពួកគេគឺជាបក្ខពួករបស់សាតាំង។ មិនថាពួកគេបម្រើសាតាំងយ៉ាងណាក៏ដោយ ហើយមិនថាកិច្ចការនោះកខ្វក់ នឿយហត់ ឬធ្វើឱ្យថោកទាបយ៉ាងណាក៏ដោយ ក៏ពួកគេចាត់ទុកវាជាកិត្តិយសដែរ។ ក៏ប៉ុន្តែ នៅពេលធ្វើរឿងរ៉ាវថ្វាយព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់ មិនថារឿងដែលពួកគេធ្វើមានអត្ថន័យ មានតម្លៃ ឬខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ឬទោះបីជាពួកគេត្រូវបានលើកតម្កើងតាមរយៈការធ្វើរឿងទាំងនោះយ៉ាងណាក៏ដោយ ក៏ពួកគេតែងតែចាត់ទុករឿងទាំងនេះថាមិនស័ក្ដិសមនឹងលើកយកមកនិយាយឡើយ។ មិនថាការបម្រើការសម្រាប់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាព្រះពរដ៏ធំធេង និងមានកិត្តិយសយ៉ាងណានោះទេ ហើយមិនថាវាជាឱកាសដ៏មានតម្លៃសម្រាប់មនុស្សជាតិយ៉ាងណានោះទេ ក៏ពួកគេមិនអាចសប្បាយចិត្តនឹងរឿងនេះបានសោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? មានហេតុផលតែមួយគត់គឺ៖ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាបក្ខពួករបស់សាតាំង ពួកគេគឺជាកម្មសិទ្ធិសាតាំង និងជាពួកសាតាំងរស់ ដែលប្រឆាំងនឹងព្រះជាម្ចាស់ពីកំណើតមក។ ប្រសិនបើពួកគេត្រូវបានស្នើសុំឱ្យបម្រើព្រះជាម្ចាស់ និងបម្រើការសម្រាប់ព្រះជាម្ចាស់ ពួកគេមិនអាចសប្បាយចិត្តនឹងរឿងនេះបានសោះឡើយ។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតជាមួយមនុស្ស ឬព្យាយាមធ្វើឱ្យមនុស្សយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាក់ទងនឹងឈ្មោះជា «អ្នកបម្រើការ» យ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយករឿងនេះពីព្រះជាម្ចាស់ ឬទទួលយកសេចក្ដីពិតណាមួយដែលពាក់ព័ន្ធនឹងរឿងនេះបានឡើយ ហើយរឹតតែមិនអាចទទួលយកការពិត ឬសេចក្ដីពិតដែលថា ការដែលភាវៈដែលព្រះបានបង្កើតបម្រើការសម្រាប់ព្រះអាទិករ គឺជារឿងដែលមានកិត្តិយស មានតម្លៃ និងមានអត្ថន័យទៅទៀត នេះគឺជាអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់យកចំពោះឈ្មោះជា «អ្នកបម្រើការ»។ នៅពេលប្រឈមមុខនឹងឈ្មោះនេះ និងប្រឈមមុខនឹងការពិតដែលមនុស្សបម្រើការសម្រាប់ព្រះជាម្ចាស់ អ្វីទាំងអស់ដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែធ្វើ គឺខិតខំប្រឹងប្រែងដើម្បីកម្ចាត់ឈ្មោះនេះចេញពីខ្លួនពួកគេ និងគេចវេះពីការពិតនេះ ជំនួសឱ្យការទទួលយកការពិត ការទទួលយកឈ្មោះជា «អ្នកបម្រើការ» នេះពីព្រះជាម្ចាស់ ហើយបន្ទាប់មកដេញតាមសេចក្ដីពិត ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងចុះចូល និងកោតខ្លាចព្រះជាម្ចាស់។ បើវិនិច្ឆ័យតាមការបង្ហាញចេញដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចំពោះឈ្មោះជា «អ្នកបម្រើការ» គេត្រូវតែនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពូជអម្បូររបស់សាតាំង ថាពួកគេគឺជាផ្នែកមួយនៃកម្លាំងប្រទូសរ៉ាយរបស់សាតាំង ហើយថាពួកគេប្រឆាំងនឹងព្រះជាម្ចាស់ សេចក្ដីពិត និងអ្វីៗដែលវិជ្ជមានទាំងអស់។
អាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់យកចំពោះឈ្មោះជា «អ្នកបម្រើការ» គឺជាអាកប្បកិរិយានៃការមិនទទួលយក ការទាស់ទទឹង ការខ្ពើមរអើម និងការស្អប់ខ្ពើម។ មិនថាឈ្មោះនេះមកពីនរណានោះទេ ពួកគេមានអារម្មណ៍ទាស់ទទឹងនឹងវាជានិច្ច ហើយមិនទទួលយកវាឡើយ ដោយជឿថាការធ្វើជាអ្នកបម្រើការគឺទាបថោក ហើយថាវាតែងតែទាបថោកជានិច្ច មិនថាពួកគេកំពុងបម្រើការឱ្យនរណាក៏ដោយ។ ពួកគេគិតថា «អ្នកបម្រើការ» មិនមែនជានិយមន័យដែលព្រះជាម្ចាស់ប្រទានដល់មនុស្សដោយផ្អែកលើសារជាតិរបស់មនុស្សនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការប្រកួតប្រជែង និងការមើលងាយដល់អត្តសញ្ញាណ និងតម្លៃរបស់មនុស្ស នេះគឺជាទស្សនៈចម្បងដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះឈ្មោះជា «អ្នកបម្រើការ»។ ចេញពីអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងអាចឃើញថា ពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាលក្ខខណ្ឌវិនិច្ឆ័យ ឬជាសេចក្ដីពិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ចាត់ទុកព្រះបន្ទូលទាំងនោះជារឿងសម្រាប់ឱ្យពួកគេពិនិត្យពិច័យ និងវិភាគទៅវិញ។ ពោលគឺ ពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការស្វែងយល់ពីសេចក្ដីពិត ឬការទទួលស្គាល់ថាព្រះជាម្ចាស់គឺជាព្រះអាទិករនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការពិនិត្យពិច័យ ការមានអារម្មណ៍ទាស់ទទឹង និងការឈរនៅខាងប្រឆាំង។ ចំពោះពួកគេ គ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូល និងគ្រប់សូរសៀងដែលទ្រង់បន្លឺមក គឺជាកម្មវត្ថុសម្រាប់ការពិនិត្យពិច័យ ហើយឈ្មោះជា «អ្នកបម្រើការ» ក៏មិនលើកលែងដែរ។ ពួកគេខិតខំប្រឹងប្រែងក្នុងការពិនិត្យពិច័យ និងត្រិះរិះពាក្យ «អ្នកបម្រើការ» ហើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេឃើញថា ព្រះជាម្ចាស់មិនចាត់ទុកអ្នកបម្រើការថាល្អនោះទេ ប៉ុន្តែផ្ទុយទៅវិញ ចាត់ទុកថាទាបថោក អន់ គ្មានតម្លៃ ជាមនុស្សដែលព្រះជាម្ចាស់មិនស្រឡាញ់ និងជាមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ ទោះបីជានេះគឺជាអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះឈ្មោះជា «អ្នកបម្រើការ» ក៏ដោយ ក៏មានបរិបទ និងហេតុផលដែលទ្រង់មានអាកប្បកិរិយាបែបនេះដែរ ពោលគឺវាផ្អែកលើសារជាតិរបស់មនុស្ស។ ក៏មានការពិតមួយទៀតដែលពួកគេមិនបានឃើញផងដែរគឺ៖ មិនថាព្រះជាម្ចាស់ស្អប់ខ្ពើម និងស្អប់មនុស្សជាតិពុករលួយយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលបោះបង់ការសង្គ្រោះមនុស្សជាតិឡើយ ហើយទ្រង់ក៏មិនដែលបញ្ឈប់កិច្ចការនៃផែនការគ្រប់គ្រងរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សជាតិដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿការពិតនេះទេ ហើយពួកគេក៏មិនទទួលស្គាល់ ឬមើលឃើញវាដែរ។ ពួកគេគ្រាន់តែផ្ដោតអារម្មណ៍ទៅលើអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីលទ្ធផលនៃមនុស្សប្រភេទផ្សេងៗ ហើយជាពិសេសទាក់ទងនឹងឈ្មោះជា «អ្នកបម្រើការ» ប៉ុណ្ណោះ ពួកគេមានអាកប្បកិរិយាឆាប់ប្រតិកម្មខ្លាំងហួសហេតុ។ ពួកគេមិនចង់ធ្វើជាអ្នកបម្រើការទេ ហើយពួកគេមិនចង់ត្រូវបានព្រះជាម្ចាស់កំណត់និយមន័យថាជាអ្នកបម្រើការឡើយ ហើយរឹតតែមិនចង់បម្រើការសម្រាប់ព្រះជាម្ចាស់ ដោយពាក់ឈ្មោះជា «អ្នកបម្រើការ» ទៅទៀត។ ហេតុនេះហើយបានជា នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេសួរនាំព័ត៌មានពីមជ្ឈដ្ឋានផ្សេងៗជាច្រើន ដោយសួរថាតើពួកគេផ្ទាល់គឺជាអ្នកបម្រើការដែរឬទេ ហើយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលមនុស្សនិយាយអំពីពួកគេ ពួកគេចង់ឮពាក្យសម្ដីស្មោះត្រង់ និងចង់ដឹងពីការពិតនៃរឿងនេះ តើពួកគេជាអ្នកបម្រើការ មែនឬក៏អត់? ប្រសិនបើពួកគេជាអ្នកបម្រើការមែន នោះពួកគេនឹងដើរចេញភ្លាមៗមួយរំពេច។ ពួកគេមិនបម្រើការសម្រាប់ព្រះជាម្ចាស់ ឬសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេមានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងនឹងឈ្មោះជា «អ្នកបម្រើការ» ហើយវាសបញ្ជាក់ឱ្យឃើញច្បាស់ថា សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ អត្តសញ្ញាណ ឋានៈ អនាគត វាសនា និងគោលដៅ គឺជារឿងដែលត្រូវដេញតាមជារៀងរហូត និងជាផលប្រយោជន៍ដែលមិនអាចបោះបង់ចោលជាដាច់ខាត។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ អ្នកបម្រើការស្ថិតនៅលំដាប់ទាបបំផុតក្នុងចំណោមមនុស្សជាតិ ដូចដែលព្រះជាម្ចាស់បានកំណត់និយមន័យ។ មិនថាអ្នកនិយាយអ្វី ឬមានមនុស្សប៉ុន្មាននាក់ទទួលយកការពិតនេះ និងឈ្មោះនេះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកវាជាដាច់ខាត។ នៅពេលធ្វើកិច្ចការ ពួកគេគ្រាន់តែទាមទារឱ្យអ្នកដទៃបម្រើការសម្រាប់ពួកគេ ស្ដាប់តាមពួកគេ ស្ដាប់បង្គាប់ពួកគេ និងធ្វើតាមពួកគេប៉ុណ្ណោះ ហើយពួកគេមិនដែលតម្រូវឱ្យខ្លួនឯងសហការ ឬពិភាក្សារឿងរ៉ាវជាមួយអ្នកដទៃ ឬសុំយោបល់ពីអ្នកដទៃ សួររកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬស្វែងរកគោលការណ៍សេចក្ដីពិតឡើយ។ ពួកគេគិតថា៖ «ប្រសិនបើខ្ញុំត្រូវសហការ និងពិភាក្សារឿងរ៉ាវជាមួយអ្នកដទៃ ហើយស្វែងរកគោលការណ៍សេចក្ដីពិតនៅពេលខ្ញុំធ្វើរឿងនានា នោះខ្ញុំនឹងកំពុងបន្ទាបខ្លួនឯង និងបាត់បង់ភាពឯករាជ្យរបស់ខ្ញុំហើយ តើនោះមិនមែនជាការបម្រើការទេឬ? តើខ្ញុំមិនមែនកំពុងធ្វើកិច្ចការលំបាកនៅពីក្រោយឆាក ខណៈពេលដែលអ្នកដទៃទទួលបានភាពលេចធ្លោទេឬ? តើខ្ញុំមិនមែនកំពុងមើលថែ និងបម្រើអ្នកដទៃទេឬ?» នេះគឺជារឿងដែលពួកគេមិនចង់ធ្វើទាល់តែសោះ។ ពួកគេគ្រាន់តែទាមទារឱ្យអ្នកដទៃមើលថែពួកគេ ត្រឡប់មកចុះចូលនឹងពួកគេ ស្ដាប់តាមពួកគេ កោតសរសើរពួកគេ លើកតម្កើងពួកគេ ធ្វើឱ្យពួកគេមើលទៅល្អនៅក្នុងគ្រប់រឿងទាំងអស់ ទុកកន្លែងឱ្យពួកគេ បម្រើពួកគេ និងធ្វើការឱ្យពួកគេ ហើយថែមទាំងទាមទារឱ្យព្រះជាម្ចាស់ប្រទានរង្វាន់សមរម្យ និងមកុដដ៏ស័ក្ដិសមដល់ពួកគេ ស្របតាមអ្វីដែលពួកគេបានធ្វើទៀតផង។ សូម្បីតែពេលមាននរណាម្នាក់លើកឡើងពីតម្លៃដ៏ធំធេងដែលព្រះជាម្ចាស់បានលះបង់ និងការរងទុក្ខយ៉ាងច្រើនដែលទ្រង់បានទទួលរងដើម្បីការសង្គ្រោះរបស់មនុស្សជាតិ ពីរបៀបដែលទ្រង់បានបន្ទាបព្រះអង្គទ្រង់ និងពីការផ្គត់ផ្គង់យ៉ាងច្រើនរបស់ទ្រង់សម្រាប់មនុស្សជាតិក៏ដោយ ក៏នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឮពាក្យសម្ដីទាំងនេះ និងឃើញការពិតទាំងនេះ ពួកគេនៅតែព្រងើយកន្តើយ និងចាត់ទុកថាវាជារឿងធម្មតាៗដដែល។ តើពួកទទឹងនឹងព្រះគ្រីស្ទបកស្រាយរឿងបែបនេះយ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «ព្រះជាម្ចាស់គួរតែធ្វើអ្វីៗគ្រប់យ៉ាងដល់មនុស្ស ហើយគួរតែប្រទានអ្វីដែលល្អបំផុតដល់មនុស្ស ប្រទានព្រះពរ និងព្រះគុណ ព្រមទាំងប្រទានសេចក្ដីសុខសាន្ត និងក្ដីអំណរដល់មនុស្ស។ ទ្រង់គួរតែប្រគល់រឿងទាំងអស់នេះដល់មនុស្ស វាគឺជាកាតព្វកិច្ចរបស់ទ្រង់។ ហើយនៅពេលមនុស្សបោះបង់អ្វីៗ លះបង់ខ្លួន និងបង់តម្លៃដើម្បីព្រះជាម្ចាស់ នៅពេលពួកគេថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះជាម្ចាស់ ពួកគេគួរតែទទួលបានរង្វាន់ពីព្រះជាម្ចាស់ និងទទួលបានអ្វីដែលកាន់តែល្អប្រសើរជាងនេះ។ តើនោះមិនមែនជាការជួញដូរដ៏យុត្តិធម៌ទេឬ? ជាការដោះដូរដ៏ស្មើភាពគ្នាដែរឬទេ? តើមានអ្វីដែលត្រូវនិយាយអំពីរឿងនេះទៅ? តើព្រះជាម្ចាស់មានស្នាព្រះហស្ដអ្វីទៅ? ហេតុអ្វីបានជាខ្ញុំមិនឃើញស្នាព្រះហស្ដណាមួយរបស់ព្រះជាម្ចាស់សោះអ៊ីចឹង? ព្រះជាម្ចាស់ប្រទានរឿងនានាដល់មនុស្ស ដូច្នេះ តើវាមិនមែនជារឿងតាមធម្មជាតិទេឬ ដែលមនុស្សសមនឹងទទួលបានរឿងទាំងនោះ? មនុស្សបាននិងកំពុងលះបង់តម្លៃ!» ពួកគេមិនជឿថា រឿងទាំងអស់នេះដែលព្រះជាម្ចាស់ធ្វើដើម្បីមនុស្ស គឺជាព្រះគុណដ៏ធំធេងបំផុតចំពោះមនុស្សឡើយ ពួកគេមិនដឹងគុណទេ ហើយពួកគេក៏មិនគិតចង់តបស្នងសងគុណព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេចង់ដោះដូរតម្លៃដែលពួកគេលះបង់ ជាមួយនឹងគោលដៅដ៏ស្រស់បំព្រងដែលព្រះជាម្ចាស់បានសន្យាដល់មនុស្សជាតិ ហើយពួកគេជឿដោយឯកឯងថា វាជារឿងត្រឹមត្រូវសម្រាប់ពួកគេក្នុងការប្រាថ្នាចង់បានព្រះពរ និងមានបំណងទាំងអស់នេះ ដូច្នេះហើយ ទោះបីជាគេមើលវាក្នុងផ្លូវណាក៏ដោយ ក៏ព្រះជាម្ចាស់មិនគួរធ្វើឱ្យមនុស្សក្លាយជាអ្នកបម្រើការរបស់ទ្រង់ឡើយ។ ពួកគេជឿថា មនុស្សមានសេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់ ហើយប្រសិនបើមនុស្សដែលមានសេចក្ដីស្រឡាញ់ដ៏ធំធេងបែបនេះ និងដែលអាចធ្វើទាន លះបង់ខ្លួន និងបោះបង់រឿងនានា ត្រូវគេប្រាប់ឱ្យបម្រើការសម្រាប់ព្រះជាម្ចាស់ នោះពួកគេកំពុងត្រូវគេធ្វើឱ្យអាម៉ាស់មុខយ៉ាងធ្ងន់ធ្ងរ និងត្រូវគេប្រព្រឹត្តដាក់ដោយអយុត្តិធម៌ពេកហើយ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ រឿងទាំងអស់នេះដែលព្រះជាម្ចាស់ធ្វើ គឺមិនស័ក្ដិសមនឹងលើកយកមកនិយាយឡើយ។ ផ្ទុយទៅវិញ ពួកគេពង្រីករឿងដែលពួកគេធ្វើដោយខ្លួនឯងឱ្យធំឥតព្រំដែន ទោះបីជាវាជារឿងតូចតាចក៏ដោយ ហើយចាត់ទុករឿងទាំងនេះជាដើមទុនសម្រាប់ឱ្យពួកគេទទួលបានព្រះពរ។
មនុស្សមួយចំនួនមិនដែលធ្វើអ្វីបានល្អឡើយ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងពួកជំនុំ។ ប្រសិនបើបងប្អូនប្រុសស្រីមិនទទួលយកអ្វីដែលពួកគេធ្វើ ជំនាញ និងទេពកោសល្យដែលពួកគេផ្ដល់ឱ្យ ឬគំនិត និងមតិយោបល់ដែលពួកគេផ្ដល់ឱ្យទេ នោះពួកគេនឹងបដិសេធមិនបន្តធ្វើការទៀតឡើយ ហើយចង់បោះបង់ភារកិច្ចរបស់ពួកគេ និងដើរចេញ ពោលគឺពួកគេនឹងចង់បោះបង់ព្រះជាម្ចាស់។ ប្រសិនបើអ្នកសុំឱ្យពួកគេសហការជាមួយនរណាម្នាក់ ពួកគេនឹងមិនធ្វើឡើយ ហើយប្រសិនបើអ្នកសុំឱ្យពួកគេធ្វើអស់ពីសមត្ថភាពដែលក្នុងការបំពេញភារកិច្ចរបស់ពួកគេ ពួកគេក៏នឹងមិនធ្វើដែរ។ ពួកគេគ្រាន់តែបញ្ជាគេឯងផ្ដេសផ្ដាស ឱ្យអ្នកដទៃស្ដាប់តាមពួកគេ ហើយឱ្យមនុស្សមកមើលថែពួកគេ ក្លាយជាអ្នកបម្រើការរបស់ពួកគេ និងបម្រើពួកគេ ជំនួសឱ្យការបំពេញភារកិច្ចរបស់ពួកគេផ្ទាល់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ហើយប្រសិនបើពួកគេមិនទទួលបានការប្រព្រឹត្តបែបនេះទេ ឬប្រសិនបើពួកគេបាត់បង់ការប្រព្រឹត្តបែបនេះ ពោលគឺការប្រព្រឹត្តដែលមានអ្នកដទៃចាំបម្រើពួកគេ ធ្វើការឱ្យពួកគេ និងធ្វើតាមបញ្ជារបស់ពួកគេ នោះពួកគេចង់ឈប់ ហើយដើរចេញ។ ពួកគេជឿថា ព្រះជាម្ចាស់មិនសុចរិតទេ ដួងចិត្តរបស់ពួកគេពោរពេញទៅដោយការរអ៊ូរទាំ និងកំហឹងទាស់នឹងព្រះជាម្ចាស់ ហើយបង្កើតសេចក្ដីស្អប់ចំពោះបងប្អូនប្រុសស្រី ហើយគ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ។ ពួកគេមិនអាចសហការដោយចុះសម្រុងជាមួយនរណាម្នាក់បានឡើយ ហើយមិនអាចប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ក្នុងឋានៈស្មើគ្នាបានទេ។ ច្បាប់របស់ពួកគេសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃគឺថា មានតែពួកគេប៉ុណ្ណោះដែលឈរពីលើអ្នកដទៃនៅពេលនិយាយ និងប្រព្រឹត្ត ដោយមើលអ្នកដទៃធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ពួកគេ និងធ្វើតាមរាល់បញ្ជា និងពាក្យស្លោកដែលពួកគេនិយាយចេញមក។ គ្មាននរណាម្នាក់ស័ក្ដិសមនឹងសហការជាមួយពួកគេឡើយ ហើយក៏គ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រាស្រ័យទាក់ទងជាមួយពួកគេក្នុងឋានៈស្មើគ្នាដែរ។ ប្រសិនបើនរណាម្នាក់ចាត់ទុកពួកគេជាមិត្តភក្ដិ ឬជាបងប្អូនប្រុសស្រីធម្មតា ហើយនិយាយទៅកាន់ពួកគេ ពិភាក្សាកិច្ចការជាមួយពួកគេ និងប្រកបគ្នាជាមួយពួកគេអំពីការយល់ដឹង ហាក់ដូចជាពួកគេមានឋានៈស្មើគ្នា នោះពួកគេចាត់ទុករឿងនេះថាជាការប្រមាថដ៏អាក្រក់ និងជាការប្រឈមដ៏ធំធេងចំពោះសេចក្ដីទៀងត្រង់របស់ពួកគេ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេស្អប់ និងមានអារម្មណ៍ប្រទូសរ៉ាយចំពោះមនុស្សបែបនេះ ហើយពួកគេនឹងស្វែងរកឱកាសដើម្បីសងសឹកនរណាម្នាក់ដែលចាត់ទុកពួកគេស្មើគ្នា ឬអ្នកដែលមិនចាត់ទុកពួកគេជាសំខាន់។ តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើទេឬ? នេះគឺជាទស្សនៈឋានានុក្រម ដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញ នៅពេលនិយាយដល់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ជាការពិតណាស់ រឿងនេះទាក់ទងនឹងមតិ និងអាកប្បកិរិយាដ៏ពិតប្រាកដ ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់យកចំពោះឈ្មោះជា «អ្នកបម្រើការ»។ ពួកគេមិនទាំងអាចទទួលយកឈ្មោះដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិផង ដូច្នេះ តើពួកគេអាចទទួលយកការថ្កោលទោស ការលាតត្រដាង និងការវាយតម្លៃរបស់អ្នកដទៃបានដែរឬទេ? ពួកគេរឹតតែមិនអាចទទួលយករឿងទាំងនេះបានទៅទៀត។ ក្នុងទិដ្ឋភាពម្យ៉ាង ពួកគេមានអារម្មណ៍ប្រទូសរ៉ាយ និងទាស់ទទឹងនឹងឈ្មោះ និងសារជាតិជា «អ្នកបម្រើការ» ប៉ុន្តែម្យ៉ាងទៀត ពួកគេអូសទាញមនុស្សកាន់តែច្រើនឱ្យចូលមកដោយមិនចេះនឿយហត់ និងនាំអ្នកទាំងនោះឱ្យមកដើម្បីបម្រើការសម្រាប់ពួកគេ បម្រើពួកគេ មើលថែពួកគេ និងស្ដាប់បង្គាប់ពួកគេ។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? សារជាតិនៃមនុស្សបែបនេះគឺទុច្ចរិត ហើយនោះគឺជាការពិតទាំងស្រុង។ ពួកគេមានបំណងប្រាថ្នាចង់ត្រួតត្រាអ្នកដទៃ។ ពួកគេខ្លួនឯងច្បាស់ណាស់ថាគ្មានតម្លៃ និងមិនអាចធ្វើអ្វីបានឡើយ។ ពួកគេគ្រាន់តែជាសំរាមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ពួកគេគ្មានភាពជាមនុស្សធម្មតាទេ ហើយពួកគេមិនអាចប្រាស្រ័យទាក់ទងជាធម្មតាជាមួយអ្នកដទៃបានឡើយ កុំថាឡើយដល់មានវិចារណញ្ញាណធម្មតានោះ។ ពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ ពួកគេមិនត្រូវបានបំភ្លឺអំពីសេចក្ដីពិតទេ ពួកគេមានត្រឹមតែចំណេះដឹងវិជ្ជាជីវៈបន្តិចបន្តួច និងក្ដាប់បានជំនាញខ្លះៗប៉ុណ្ណោះ ហើយពួកគេមិនអាចបំពេញភារកិច្ចណាមួយបានល្អឡើយ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ពួកគេមិនប្រព្រឹត្តឱ្យបានល្អទេ និងចង់ដណ្ដើមអំណាច ហើយនៅពេលពួកគេមិនអាចដណ្ដើមអំណាចបាន ពួកគេមានអារម្មណ៍ថាពួកគេចប់ហើយ ដោយគិតថា៖ «ខ្ញុំច្បាស់ជាកំពុងបម្រើការហើយ នៅពេលខ្ញុំបានធ្វើរឿងទាំងនោះពីមុនមក។ ខ្ញុំមិនស្ម័គ្រចិត្តបម្រើការទេ។ យកល្អ ខ្ញុំគួរតែប្រញាប់ចាកចេញនៅពេលនេះ មុននឹងខ្ញុំចំណាយកម្លាំងច្រើនពេក ឬខាតបង់ច្រើនពេក»។ នេះគឺជាគំនិតដែលពួកគេមាន។ ពួកគេតែងតែធ្វើការប្ដេជ្ញាចិត្តបែបនេះ និងឈានដល់ការសម្រេចចិត្តបែបនេះ។ ពួកគេអាចឈប់ជឿ និងចាកចេញបានគ្រប់ពេល ដោយបោះបង់ភារកិច្ចរបស់ពួកគេបានគ្រប់ពេល ហើយរត់គេចខ្លួន ត្រឡប់ទៅរកការឱបក្រសោបរបស់សាតាំងវិញ និងធ្វើជាដៃគូរបស់វាក្នុងការប្រព្រឹត្តអំពើអាក្រក់។ តើមានមនុស្សបែបនេះដែរឬទេ? (មាន។) នៅពេលនិយាយដល់ទិដ្ឋភាពខ្លះនៃការងារវិជ្ជាជីវៈ ពួកគេប្រហែលជាយល់បន្តិចបន្តួច ប៉ុន្តែបើនិយាយពីគោលការណ៍សេចក្ដីពិតដែលពួកគេត្រូវតែចាប់យល់សម្រាប់ទិដ្ឋភាពនៃការងារវិជ្ជាជីវៈនោះ ពួកគេគឺល្ងង់ខ្លៅទាំងស្រុង។ នៅពេលនិយាយដល់ទិដ្ឋភាពនៃចំណេះដឹង ឬអំណោយទាន ពួកគេប្រហែលជាមានរឿងទាំងនេះខ្លះ ប៉ុន្តែបើនិយាយពីគោលការណ៍សេចក្ដីពិតដែលពួកគេត្រូវតែយល់ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ ពួកគេនៅតែល្ងង់ខ្លៅទាំងស្រុងដដែល ហើយការយល់ដឹងរបស់ពួកគេគឺវៀចវេរ។ ពួកគេមិនអាចសហការដោយចុះសម្រុងជាមួយអ្នកដទៃបានឡើយ ហើយពួកគេមិននិយាយភាសាដូចអ្នកដទៃទេ នៅពេល ប្រកបគ្នាជាមួយគ្នា។ តើមនុស្សបែបនេះស័ក្ដិសមនឹងអ្វីទៅ? ប្រសិនបើពួកគេពិតជាមានមនសិការ និងវិចារណញ្ញាណមែន នោះពួកគេនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃបានយ៉ាងត្រឹមត្រូវ ហើយនៅពេលមនុស្សនិយាយរឿងដែលត្រឹមត្រូវ និងដែលស្របតាមសេចក្ដីពិត ពួកគេនឹងអាចទទួលយករឿងទាំងនោះបាន ពួកគេនឹងស្ម័គ្រចិត្តចុះចូល ហើយពួកគេនឹងអាចបះបោរប្រឆាំងនឹងសាច់ឈាមរបស់ពួកគេបាន។ ពួកគេមិនគួរតែងតែចង់លេចធ្លោជាងគេ ដឹកនាំអ្នកដទៃ និងត្រួតត្រាអ្នកដទៃឡើយ។ ផ្ទុយទៅវិញ ពួកគេគួរតែលះបង់មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើឱ្យបានល្អលើសអ្នកដទៃ ហើយស្ម័គ្រចិត្តធ្វើជាមនុស្សតូចតាចបំផុត ទោះបីជាវាពាក់ព័ន្ធនឹងការបម្រើការក៏ដោយ ពោលគឺពួកគេគួរតែធ្វើអ្វីក៏ដោយដែលពួកគេអាចធ្វើបាន។ ពួកគេខ្លួនឯងគឺជាមនុស្សសាមញ្ញ ដូច្នេះ ពួកគេគួរតែត្រឡប់ទៅរកទីតាំងជាមនុស្សសាមញ្ញវិញ ធ្វើឱ្យអស់ពីសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងប្រព្រឹត្តខ្លួនក្នុងរបៀបសាមញ្ញ និងជាក់ស្ដែង។ មនុស្សបែបនេះនឹងអាចឈរយ៉ាងរឹងប៉ឹងបាននៅទីបញ្ចប់។ ប្រសិនបើពួកគេមិនជ្រើសរើសផ្លូវនេះ ហើយបែរជាគិតថាខ្លួនឯងអស្ចារ្យ និងខ្ពង់ខ្ពស់ ប្រសិនបើគ្មាននរណាម្នាក់អាចប៉ះពាល់ពួកគេ ឬធ្វើអ្វីដល់ពួកគេបាន ហើយប្រសិនបើពួកគេចង់ធ្វើជាជនពាលប្រចាំតំបន់ ជាជនផ្ដាច់ការ និងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះពួកគេត្រូវបានតម្រូវទុកឱ្យក្លាយជាមនុស្សអាក្រក់ហើយ។ ប្រសិនបើពួកគេមិនស្ម័គ្រចិត្តធ្វើជាមនុស្សតូចតាចបំផុត ធ្វើជាមនុស្សដែលគ្មាននរណាស្គាល់ទាល់តែសោះ ឬនៅឆ្ងាយពីការចាប់អារម្មណ៍ ឬលះបង់ឱ្យអស់ពីសមត្ថភាពទេ នោះពួកគេប្រាកដជាពួកទទឹងនឹងព្រះគ្រីស្ទហើយ ហើយមិនអាចត្រូវបានសង្គ្រោះឡើយ នេះគឺជាគ្រោះថ្នាក់សម្រាប់ពួកគេ។ ប្រសិនបើមនុស្សណាម្នាក់បែបនេះអាចឆ្លុះបញ្ចាំងពីខ្លួនឯង មានការស្គាល់ខ្លួនឯង ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ យកទីតាំងដ៏ស័ក្ដិសមរបស់ខ្លួន ធ្វើជាមនុស្សសាមញ្ញ ហើយលែងធ្វើពុតទៀត នោះគេនឹងមានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកតែងតែចង់ក្អេងក្អាង និងគ្មានវិចារណញ្ញាណ ហើយបង្ហាញខ្លួនអ្នកថាជាបុគ្គលដែលមានអំណាច នោះវាគឺជារឿងឥតប្រយោជន៍ហើយ។ ដំណាក់របស់ព្រះជាម្ចាស់ពោរពេញទៅដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយមិនថាអ្នកគួរឱ្យខ្លាច កាចសាហាវ ឬអាក្រក់ប៉ុនណានោះទេ គឺវាគ្មានប្រយោជន៍ឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនមែនជាសង្វៀនប្រយុទ្ធទេ ដូច្នេះ ប្រសិនបើអ្នកចង់ប្រយុទ្ធ ចូរទៅធ្វើវានៅលើសង្វៀននៃលោកីយ៍ចុះ។ គ្មាននរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ចង់ប្រយុទ្ធជាមួយអ្នកឡើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងរឿងនេះ ឬមានពេលទំនេរសម្រាប់រឿងនេះទេ។ ដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងដែលផ្សាយសេចក្ដីពិត ដែលជួយមនុស្សឱ្យយល់ពីសេចក្ដីពិត និងអនុវត្តសេចក្ដីពិត។ ប្រសិនបើអ្នកមិនអាចអនុវត្តសេចក្ដីពិតបានទេ នោះវាពិបាកចាត់ចែងណាស់ ហើយវាគ្រាន់តែបង្ហាញថា អ្នកមិនស័ក្ដិសមនឹងនៅទីនេះឡើយ។ ប្រសិនបើអ្នកតែងតែចង់ប្រយុទ្ធ អ្នកតែងតែចង់កាចសាហាវ តែងតែចង់ឥតមេត្តា ហើយតែងតែចង់ក្អេងក្អាង និងគ្មានវិចារណញ្ញាណ នោះពួកជំនុំមិនមែនជាកន្លែងដ៏ស័ក្ដិសមសម្រាប់អ្នកឡើយ។ មនុស្សភាគច្រើននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ស្រឡាញ់សេចក្ដីពិត។ ពួកគេចង់ដើរតាមព្រះជាម្ចាស់ និងទទួលបានជីវិត ហើយពួកគេមិនចូលចិត្តប្រើល្បិចកល និងប្រយុទ្ធជាមួយពួកអារក្សឡើយ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលចូលចិត្តប្រយុទ្ធផ្ដេសផ្ដាស និងប្រជែងដណ្ដើមអំណាច និងផលចំណេញ ហើយនោះហើយជាមូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចឈរយ៉ាងរឹងប៉ឹងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។
មានមនុស្សមួយប្រភេទដែលប្រកាន់ខ្លាំងចំពោះរឿងដូចជា អត្តសញ្ញាណ តំណែង និងឋានៈ ហើយដែលមានអារម្មណ៍ទាស់ទទឹង និងខ្ពើមរអើមយ៉ាងខ្លាំងចំពោះឈ្មោះជា «អ្នកបម្រើការ» ជាពិសេស ហើយមិនអាចទទួលយកវាបានជាដាច់ខាត។ មនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនត្រឹមតែមិនដេញតាមសេចក្ដីពិត និងស្អប់ខ្ពើមសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ស្អប់ខ្ពើមនឹងការដែលត្រូវបានហៅថាជា «អ្នកបម្រើការ» ដែរ។ អស់អ្នកដែលស្អប់ខ្ពើមឈ្មោះជា «អ្នកបម្រើការ» តាមពិតគួរតែដេញតាមសេចក្ដីពិត។ ប្រសិនបើពួកគេអាចដេញតាមសេចក្ដីពិត តើពួកគេនឹងមិនបានបោះចោលឈ្មោះជា «អ្នកបម្រើការ» បាត់ទៅហើយទេឬ? ប៉ុន្តែនេះហើយគឺជាបញ្ហាយ៉ាងពិតប្រាកដ។ ដោយសារតែពួកគេស្អប់ខ្ពើមសេចក្ដីពិតយ៉ាងខ្លាំង ពួកគេនឹងមិនដែលដើរលើផ្លូវនៃការដេញតាម និងការអនុវត្តសេចក្ដីពិតឡើយ។ នោះហើយជាមូលហេតុដែលនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ពួកគេនឹងដើរតួនាទីជាពួកអ្នកបម្រើការជារៀងរហូត។ ជាការពិតណាស់ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ការដែលអាចធ្វើជាពួកអ្នកបម្រើការនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក៏នៅតែជាព្រះពរមួយដែរ។ វាគឺជាឱកាសសម្រាប់ពួកគេក្នុងការមើលឃើញអំពើរបស់ព្រះអាទិករ ស្ដាប់ព្រះអាទិករសម្ដែងចេញសេចក្ដីពិត និងចែករំលែកអ្វីដែលនៅក្នុងជម្រៅព្រះហឫទ័យរបស់ទ្រង់ជាមួយមនុស្សជាតិ ព្រមទាំងស្ងើចសរសើរដល់ព្រះប្រាជ្ញាញាណ និងទង្វើ ដ៏មានគ្រប់ ព្រះចេស្ដារបស់ព្រះអាទិករ។ ចំពោះពួកគេ វាមិនមែនជារឿងអាក្រក់ទេក្នុងការធ្វើជាអ្នកបម្រើការសម្រាប់ព្រះអាទិករ ហើយមិនថាពួកគេអាចយល់ដឹងបាន ឬក៏អត់នោះទេ ក៏ការធ្វើជាអ្នកបម្រើការរបស់ព្រះជាម្ចាស់ និងការបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គួរតែជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទ និងពួកគូកនរបស់សាតាំងទាំងនេះនឹងចងចាំជានិច្ច ទោះបីជាកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់នៅពេលក្រោយក៏ដោយ។ ពេញមួយដំណើរការទាំងមូលនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់របស់មនុស្សជាតិពុករលួយ ពួកទទឹងនឹងព្រះគ្រីស្ទបម្រើការសម្រាប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហើយនេះគឺជាតម្លៃដ៏តិចតួចនៅក្នុងអត្ថិភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ៗ នេះគឺជាការពិត។ ពួកទទឹងនឹងព្រះគ្រីស្ទបានចូលរួមចំណែករបស់ពួកគេ ដោយធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចញែកដឹង និងចំណាំពួកទទឹងនឹងព្រះគ្រីស្ទពីផ្នែកអវិជ្ជមាន។ មិនថាពួកគេស្ម័គ្រចិត្តទទួលស្គាល់ការពិតនេះ ឬអត់នោះទេ ហើយមិនថាពួកគេស្ម័គ្រចិត្ត រីករាយ និងសប្បាយចិត្តក្នុងការធ្វើជាអ្នកបម្រើការ ឬអត់នោះទេ ទោះក្នុងករណីណាក៏ដោយ ក៏ការបម្រើការសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងនាមជាអ្នកបម្រើការ និងការទទួលយកតួនាទីនេះ គឺជារឿងដែលមានតម្លៃ នេះហើយគឺជាការដែលព្រះជាម្ចាស់លើកតម្កើងពួកគេ។ មនុស្សមួយចំនួននិយាយថា៖ «តើព្រះជាម្ចាស់លើកតម្កើងពួកទទឹងនឹងព្រះគ្រីស្ទដែរមែនទេ?» តើវាខុសអ្វីទៅ? ពួកគេគឺជាភាវៈដែលព្រះបានបង្កើត តើព្រះជាម្ចាស់មិនអាចលើកតម្កើងពួកគេបានទេឬ? អ្វីដែលខ្ញុំនិយាយគឺជាការពិត។ ឥឡូវនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍យ៉ាងណា នៅពេលពួកគេឮព្រះបន្ទូលទាំងនេះ? ពួកគេមិនគួរព្យាយាមចាប់កំហុសឡើយ ហើយគួរតែទទួលបានការកម្សាន្តចិត្តខ្លះ។ យ៉ាងហោចណាស់ ពួកគេបានចូលរួមចំណែកនូវការខិតខំប្រឹងប្រែងខ្លះដល់កិច្ចការដ៏អស្ចារ្យនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មិនថាពួកគេបានធ្វើរឿងនេះដោយស្ម័គ្រចិត្តឬអត់ក៏ដោយ ឬមិនថាពួកគេបានធ្វើវាដោយសកម្ម ឬអសកម្មនោះទេ ទោះក្នុងករណីណាក៏ដោយ ក៏នេះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងពួកគេ ហើយពួកគេគួរតែទទួលយករឿងនេះដោយក្ដីអំណរ និងមិនត្រូវទាស់ទទឹងនឹងវាឡើយ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទអាចបះបោរប្រឆាំងនឹងដូនតារបស់ពួកគេ បះបោរប្រឆាំងនឹងសាតាំង ហើយដេញតាមសេចក្ដីពិត និងដេញតាមការចុះចូលនឹងព្រះអាទិករ នោះចូរប្រាប់ខ្ញុំមកមើល៍ តើព្រះជាម្ចាស់នឹងសប្បាយព្រះហឫទ័យដែរឬទេ? (មែនហើយ ទ្រង់នឹងសប្បាយព្រះហឫទ័យ។) នេះក៏ជាសំណាងល្អសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ ហើយពួកគេក៏គួរតែសប្បាយចិត្តដែរ នេះគឺជារឿងល្អ។ មិនថាការពិតនេះអាចទៅរួច ឬអត់នោះទេ ទោះក្នុងករណីណាក៏ដោយ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទអាចផ្លាស់ប្ដូរទិសទៅ និងដើរលើផ្លូវនៃការប្រែចិត្ត នោះជាការពិតណាស់ វាគឺជារឿងល្អ។ ដូច្នេះ ហេតុអ្វីបានជាខ្ញុំនិយាយថា នេះគឺជាសំណាងល្អសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់? ប្រសិនបើអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់បានបម្រើការដោយស្ម័គ្រចិត្ត តើវាមិនកាត់បន្ថយជនបង្កបញ្ហាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើអ្នករាល់គ្នាមានអារក្សតិចជាងមុនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នករំខាន និងអ្នកបង្កបញ្ហាតិចជាងមុនម្នាក់ តើថ្ងៃរបស់អ្នករាល់គ្នាមិនកាន់តែមានភាពស្ងប់សុខទេឬ? បើមើលចេញពីទស្សនៈនេះ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទពិតជាស្ម័គ្រចិត្តបម្រើការមែន នោះវាក៏នឹងជារឿងល្អមួយដែលសមនឹងអបអរសាទរដែរ។ អ្នករាល់គ្នាត្រូវលើកទឹកចិត្ត និងជួយពួកគេ ហើយមិនត្រូវដកហូតតំណែងពួកគេទាំងស្រុងឡើយ។ ប្រសិនបើអ្នករាល់គ្នាមានចេតនាល្អ ហើយទុកឱ្យពួកគេនៅ ប៉ុន្តែការបម្រើការរបស់ពួកគេបង្កបញ្ហាច្រើនជាងផ្ដល់ប្រយោជន៍ ហើយនាំទៅរកមហន្តរាយ នោះពួកគេគួរតែត្រូវបានចាត់ការស្របតាមគោលការណ៍។ តើនេះមិនមែនជាវិធីដ៏ល្អក្នុងការធ្វើរឿងរ៉ាវទេឬ? (ជាវិធីដ៏ល្អមែន។)
មានមនុស្សមួយប្រភេទទៀតដែលសមនឹងឱ្យលើកឡើង។ មានមនុស្សមួយចំនួនដែលអាចរងទុក្ខ និងលះបង់នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ហើយពេលខ្លះ ពួកគេក៏អាចស្ដាប់បង្គាប់ និងចុះចូល ឬចាត់ចែងរឿងរ៉ាវស្របតាមគោលការណ៍បានដែរ។ បំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ គឺដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត។ ពួកគេតែងតែអាចចុះចូលនឹងអ្វីៗដែលត្រូវបានរៀបចំដោយខាងលើ ឬពួកជំនុំ ហើយពួកគេតែងតែអាចបំពេញកិច្ចការបានទាន់ពេលវេលា។ ពួកគេមិនបង្កការបង្អាក់ និងការរំខាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការដែលពួកគេធ្វើ និងភារកិច្ចដែលពួកគេទទួលយក នាំមកនូវផលប្រយោជន៍ និងអត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រុសស្រី។ មើលពីសំបកក្រៅ ទោះបីជាពួកគេមិនបានធ្វើសេចក្ដីអាក្រក់ណាមួយ ពួកគេមិនបង្អាក់ ឬរំខាន ហើយពួកគេមើលទៅមិនដូចជាមនុស្សអាក្រក់ក៏ដោយ ក៏ពួកគេធ្វើរឿងមួយដែលមនុស្សសាមញ្ញមិនអាច និងមិនធ្វើឡើយ នោះគឺពួកគេចូលចិត្តបណ្ដុះឥទ្ធិពលរបស់ពួកគេ និងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលពួកគេត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការណាមួយ ពេលដែលពួកគេក្លាយជាអ្នកមើលការខុសត្រូវនៃការងារនោះ ពួកគេអាចចាប់ផ្ដើមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ ហើយអាចចាប់ផ្ដើមបណ្ដុះអំណាច និងខ្សែបណ្ដាញរបស់ពួកគេដោយមិនដឹងខ្លួន នៅក្នុងវិសាលភាពនៃឥទ្ធិពលរបស់ពួកគេ។ នៅក្នុងវិសាលភាពនេះ មនុស្សគ្រប់គ្នាត្រូវបានពួកគេអូសទាញយកឈ្នះចិត្តទាំងស្រុង ហើយមនុស្សម្នាសរសើរយ៉ាងខ្លាំង និងកោតសរសើរក្រៃលែងចំពោះអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ និងការលះបង់ដែលពួកគេបានធ្វើ។ ពួកគេចាត់ទុកវិសាលភាពនៃការគ្រប់គ្រងរបស់ពួកគេ ថាជាគ្រួសារតូចផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។ មើលពីសំបកក្រៅ ពួកគេហាក់ដូចជាអាចលះបង់ រងទុក្ខ និងរ៉ាប់រងការទទួលខុសត្រូវ ពោលគឺហាក់ដូចជាគ្មានបញ្ហាអ្វីឡើយ។ ក៏ប៉ុន្តែយ នៅពេលដ៏សំខាន់ ពួកគេអាចក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បាន។ ដើម្បីការពារកិត្យានុភាពផ្ទាល់ខ្លួនរបស់ពួកគេ និងទីតាំងដ៏ខ្ពង់ខ្ពស់បំផុតរបស់ពួកគេ ព្រមទាំងការពារឋានៈ សេចក្ដីថ្លៃថ្នូរ និងអំណាចផ្ដាច់មុខរបស់ពួកគេនៅក្នុងពួកជំនុំ ពួកគេមិនប្រមាថ ឬធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ។ ទោះបីជានរណាម្នាក់ធ្វើឱ្យប៉ះពាល់ ឬក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ហើយទោះបីជានរណាម្នាក់រំខាន ឬបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនស៊ើបអង្កេតរឿងនេះឡើយ ពួកគេមិនខ្វល់ខ្វាយពីវាទេ ហើយពួកគេអាចអត់ឱនចំពោះវាបានដែរ។ ដរាបណាបុគ្គលនោះមិនគំរាមកំហែងដល់ឋានៈរបស់ពួកគេ ហើយនៅតែធ្វើការបម្រើការដល់ពួកគេនៅក្នុងវិសាលភាពនៃឥទ្ធិពលរបស់ពួកគេ នោះវាមិនអីទេ។ នេះគឺជាលក្ខខណ្ឌវិនិច្ឆ័យខ្ពស់បំផុតរបស់ពួកគេ។ មិនថាបុគ្គលនោះបង្កការរំខានអ្វីក៏ដោយ ក៏ពួកគេមើលមិនឃើញវា ពួកគេមិនចាប់អារម្មណ៍ ហើយពួកគេមិនលួសកាត់ ឬស្ដីបន្ទោសបុគ្គលនោះឡើយ កុំថាឡើយដល់ចាត់ការបុគ្គលនោះ។ មនុស្សបែបនេះគឺជាធាតុបង្កគ្រោះថ្នាក់។ ពួកគេគឺជាមនុស្សដែលពិបាកសម្រាប់មនុស្សទូទៅក្នុងការញែកដឹង ហើយប្រហែលជាអ្នកនឹងមិនអាចកត់សម្គាល់ឃើញអ្វីខុសប្រក្រតីចំពោះពួកគេឡើយ នៅពេលពួកគេគ្មានឋានៈ។ ក៏ប៉ុន្តែ ពេលដែលពួកគេមានឋានៈភ្លាម សារជាតិធម្មជាតិរបស់ពួកគេត្រូវបានបកអាក្រាតទាំងស្រុង។ ហើយតើអ្វីទៅដែលត្រូវបកអាក្រាតឱ្យប្រាកដ? គឺថា មានគោលបំណងមួយចំពោះការលះបង់ដែលពួកគេបានធ្វើ និងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ។ ពួកគេមិនធ្វើរឿងទាំងនេះដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេមិនមែនកំពុងបំពេញភារកិច្ចរបស់ពួកគេយ៉ាងពិតប្រាកដឡើយ ហើយពួកគេមិនមែនកំពុងធ្វើរឿងទាំងអស់នេះដើម្បីឱ្យព្រះជាម្ចាស់ទតឃើញនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីឱ្យមនុស្សមើលឃើញ។ ពួកគេចង់ទាក់ទាញក្រសែភ្នែក កែវភ្នែក និងការចាប់អារម្មណ៍របស់អ្នកដទៃ ហើយលើសពីនេះទៅទៀត ពួកគេចង់បំភាន់ដួងចិត្តរបស់មនុស្ស ដើម្បីឱ្យមនុស្សគោរព កោតសរសើរ និងសរសើរពួកគេ។ នោះហើយជាមូលហេតុដែលពួកគេមិនខ្វល់ពីរបៀបដែលព្រះជាម្ចាស់ទតមើល ឬប្រព្រឹត្តចំពោះពួកគេឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថា ពួកគេនៅទីនោះគ្រាន់តែដើម្បីបម្រើការ ពួកគេក៏ព្រងើយកន្តើយដែរ។ ដរាបណាមនុស្សអាចលុតជង្គង់នៅទៀបជើងរបស់ពួកគេ ហើយក្រាបសំពះពួកគេ នោះវាមិនអីទេ។ មនុស្សទាំងនេះគឺជាធាតុបង្កគ្រោះថ្នាក់ ហើយមិនមានគំនិតដូចព្រះជាម្ចាស់ និងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយដួងចិត្តរបស់ពួកគេមិនដូចដួងចិត្តរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដនោះទេ។ ពួកគេកំពុងបណ្ដុះឥទ្ធិពលសម្រាប់ខ្លួនឯង ហើយក៏កំពុងបណ្ដុះឥទ្ធិពលសម្រាប់សាតាំងផងដែរ។ បើវិនិច្ឆ័យតាមការបង្ហាញចេញផ្សេងៗរបស់ពួកគេ ភារកិច្ចដែលពួកគេធ្វើ និងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺសុទ្ធតែជាវិធីដើម្បីអួតសម្ញែងខ្លួនឯង និងបញ្ចើចបញ្ចើអ្នកដទៃឱ្យខ្លាំងតាមដែលពួកគេអាចធ្វើទៅបាន។
ពួកទទឹងនឹងព្រះគ្រីស្ទអាចបម្រើការខ្លះៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនៅដំណាក់កាលណាមួយ ពួកគេថែមទាំងអាចជាអ្នកបម្រើការដ៏ល្អទៀតផង។ ទោះជាយ៉ាងនេះក្ដី ដោយសារតែផ្លូវដែលពួកគេដើរ និងដោយសារតែគោលបំណង និងទិសដៅដែលពួកគេជ្រើសរើស ក៏ដូចជាបំណងប្រាថ្នារបស់ពួកគេចំពោះឋានៈ និងអំណាច ព្រមទាំងការទន្ទឹងចង់បានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេមាននៅខាងក្នុងខ្លួន ពួកគេមិនដែលអាចរលាស់ខ្លួនចេញពីឈ្មោះជា «អ្នកបម្រើការ» បានឡើយ។ ពួកគេមិនអាចយល់ពីសេចក្ដីពិតបានទេ ពួកគេមិនអាចយល់ដឹងថាតថភាពនៃសេចក្ដីពិតគឺជាអ្វី ឬចូលទៅក្នុងវាបានឡើយ។ ពួកគេមិនអាចអនុវត្តសេចក្ដីពិតបានទេ ពួកគេមិនអាចសម្រេចបានការចុះចូលដ៏ពិតប្រាកដឡើយ ហើយពួកគេមិនអាចសម្រេចបានការកោតខ្លាចព្រះជាម្ចាស់បានទេ។ មនុស្សបែបនេះគឺជាធាតុបង្កគ្រោះថ្នាក់។ ពួកគេមានទស្សនវិជ្ជាដ៏ជ្រាលជ្រៅសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ មានវិធីដ៏ឆ្លាតវៃក្នុងការប្រព្រឹត្តខ្លួន និងការប្រព្រឹត្តចំពោះលោកីយ៍ យកចិត្តទុកដាក់ជាពិសេសចំពោះរបៀបដែលពួកគេនិយាយ និងពាក្យពេចន៍របស់ពួកគេនៅពេលនិយាយទៅកាន់អ្នកដទៃ ហើយក៏យកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះវិធីសាស្ត្រដែលពួកគេប្រើប្រាស់នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សផងដែរ។ ទោះបីជាមើលពីសំបកក្រៅ ពួកគេប្រហែលជាមិនមានល្បិចកល និងអាក្រក់ក៏ដោយ ក៏ដួងចិត្តរបស់ពួកគេពោរពេញទៅដោយគំនិត ការគិត និងទស្សនៈដ៏ទុច្ចរិត ហើយថែមទាំងសញ្ញាណ និងការយល់ច្រឡំអំពីសេចក្ដីពិត ព្រមទាំងការមិនយល់ពីព្រះជាម្ចាស់ផងដែរ។ ទោះបីជាមនុស្សមិនអាចមើលឃើញពីភាពអាក្រក់របស់មនុស្សទាំងនេះ ឬមើលឃើញថាពួកគេគឺជាមនុស្សអាក្រក់ក៏ដោយ ដោយសារតែសារជាតិរបស់ពួកគេទុច្ចរិតខ្លាំង ហើយដោយសារតែពួកគេមិនដែលអាចបំពេញភារកិច្ចរបស់ពួកគេស្របតាមគោលការណ៍សេចក្ដីពិត ឬដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត និងឈានដល់ការចុះចូលដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់បាន នៅទីបញ្ចប់ ពួកគេមិនអាចបោះចោលឈ្មោះជា «អ្នកបម្រើការ» នេះបានជារៀងរហូត។ មនុស្សទាំងនេះរឹតតែមានល្បិចកល និងកាន់តែអាចបំភាន់អ្នកដទៃជាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ដ៏ច្បាស់ក្រឡែតទៅទៀត។ ពីសំបកក្រៅ ពួកគេហាក់ដូចជាគ្មានមតិ និងមិនប្រកាន់អាកប្បកិរិយាចំពោះឈ្មោះជា «អ្នកបម្រើការ» ឡើយ ពួកគេរឹតតែមិនមានអារម្មណ៍ទាស់ទទឹងនឹងវាទៅទៀត។ ក៏ប៉ុន្តែ ការពិតគឺថា បើវិនិច្ឆ័យតាមសារជាតិរបស់ពួកគេ ទោះបីជាពួកគេបម្រើការសម្រាប់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមានចេតនា និងគោលដៅដដែល។ ពួកគេមិនបម្រើការដោយគ្មានលក្ខខណ្ឌទេ ហើយពួកគេមិនធ្វើវាដើម្បីទទួលបានសេចក្ដីពិតឡើយ។ ដោយសារតែមនុស្សទាំងនេះទុច្ចរិត និងមានល្បិចកលនៅខាងក្នុង វាមិនងាយស្រួលទេសម្រាប់អ្នកដទៃក្នុងការញែកដឹងពីពួកគេ។ មានតែនៅក្នុងរឿងសំខាន់ៗ និងនៅពេលវេលាសំខាន់ៗប៉ុណ្ណោះ ទើបសារជាតិធម្មជាតិ ការគិត ទស្សនៈ និងផ្លូវដែលពួកគេដើរ ត្រូវបានបើកសម្ដែង។ ខណៈពេលដែលរឿងនេះនៅតែបន្ត ប្រសិនបើមនុស្សទាំងនេះជ្រើសរើសរបៀបនៃការដេញតាមនេះ ហើយជ្រើសរើសដើរលើផ្លូវបែបនេះ នោះគេអាចស្រមៃបានថា មនុស្សបែបនេះនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ពួកគេប្រើប្រាស់ទំនុកចិត្តដែលដំណាក់របស់ព្រះជាម្ចាស់ដាក់លើពួកគេ និងឱកាសនៃកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីរៀបចំផែនការសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគ្រប់គ្រង និងធ្វើបាបមនុស្ស ព្រមទាំងដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។ នៅទីបញ្ចប់ ពួកគេមិនទទួលបានសេចក្ដីពិតទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានបើកសម្ដែង ដោយសារតែបានធ្វើសេចក្ដីអាក្រក់គ្រប់បែបយ៉ាង។ នៅពេលពួកគេត្រូវបានបើកសម្ដែង វាច្បាស់ណាស់ថា មនុស្សទាំងនេះមិនដេញតាមសេចក្ដីពិតទេ ហើយថាពួកគេមិនជឿលើព្រះជាម្ចាស់ដើម្បីដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះឡើយ។ បន្ទាប់ពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការលាតត្រដាងរបស់ទ្រង់អំពីមនុស្សគ្រប់ប្រភេទ ប្រសិនបើមនុស្សទាំងនេះតែងតែប្រើប្រាស់គោលការណ៍ មធ្យោបាយ និងវិធីសាស្ត្រនៃការប្រព្រឹត្តចំពោះលោកីយ៍ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ នោះវាអាចមានលទ្ធផលចុងក្រោយតែមួយគត់គឺ៖ ពួកគេត្រូវតែទទួលយកតួនាទីជាអ្នកបម្រើការនៅក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយទីបំផុត ត្រូវបានបើកសម្ដែង និងជម្រុះចោល។ នេះគឺជាការពិត។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធជាមួយមនុស្សបែបនេះដោយខ្លួនឯងពីមុនមកដែរឬទេ? នៅពេលពួកគេត្រូវបានបើកសម្ដែង និងបណ្ដេញចេញ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនក្លាយជាមេបញ្ជាការដែលគ្មានកងទ័ព។ សេចក្ដីអាក្រក់ដែលពួកគេបានធ្វើ គឺមានច្រើនពេក និងធំធេងពេកហើយ ហើយបងប្អូនប្រុសស្រីមានការខ្ពើមរអើមចំពោះពួកគេ និងបោះបង់ពួកគេ។ ក៏មានមនុស្សមួយប្រភេទទៀត ដែលនៅពេលពួកគេត្រូវបានបើកសម្ដែង ហើយនៅពេលពួកគេត្រូវបានពួកជំនុំថ្កោលទោស និងបដិសេធ ពួកគេមានអ្នកសមគំនិត និងអ្នកជួយជាច្រើនដែលនិយាយការពារពួកគេ តស៊ូប្រយុទ្ធដើម្បីពួកគេ និងស្រែកប្រឆាំងនឹងព្រះជាម្ចាស់។ តើមនុស្សប្រភេទទាំងនេះមិនរឹតតែអាចបំភាន់អ្នកដទៃទេឬ? មនុស្សបែបនេះគឺរឹតតែមានគ្រោះថ្នាក់ទៅទៀត។ ចំពោះរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះជា «អ្នកបម្រើការ» និងការអនុវត្ត គំនិត និងការបង្ហាញចេញជាមូលដ្ឋានអ្វីខ្លះដែលពួកគេបង្ហាញ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមពេលនេះសិន។
គ. មូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទមិនសុខចិត្តធ្វើជាអ្នកបម្រើការ
ពួកទទឹងនឹងព្រះគ្រីស្ទមិនសុខចិត្តធ្វើជាអ្នកបម្រើការឡើយ ហើយក៏មិនព្រមធ្វើជាអ្នកបម្រើការដែរ។ ពួកគេគិតថា តាមរយៈការធ្វើជាអ្នកបម្រើការ ពួកគេនឹងរងការប្រមាថ និងការរើសអើងយ៉ាងខ្លាំង។ ដូច្នេះ តើពួកគេចង់ធ្វើជាអ្វីឱ្យប្រាកដទៅ? តើគោលបំណងរបស់ពួកគេគឺជាអ្វី នៅពេលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយមកកាន់ដំណាក់របស់ព្រះជាម្ចាស់? តើពួកគេសុខចិត្តធ្វើជារាស្ត្រម្នាក់របស់ព្រះជាម្ចាស់ ជាអ្នកដើរតាមព្រះជាម្ចាស់ដែរឬទេ? តើពួកគេសុខចិត្តធ្វើជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? តើពួកគេសប្បាយចិត្តនឹងធ្វើដូចជាពេត្រុស និងយ៉ូប ហើយចាត់ទុកថាវាជារឿងល្អដែរឬទេ? (អត់ទេ។) តើមាននរណាម្នាក់និយាយថា គេសប្បាយចិត្តនឹងធ្វើជារាស្ត្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់នៅក្នុងសេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ ហើយថានោះគឺគ្រប់គ្រាន់សម្រាប់គេហើយ ដែរឬទេ? តើមាននរណាម្នាក់សុខចិត្តធ្វើជារបស់លេងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរឬទេ? គ្មានទេ មនុស្សរឹតតែមិនសុខចិត្តធ្វើជារបស់នេះទៅទៀត។ នៅពេលនរណាម្នាក់មកកាន់ដំណាក់របស់ព្រះជាម្ចាស់ គេមកដើម្បីស្វែងរកការទទួលបានផលប្រយោជន៍ ព្រះពរ រង្វាន់ និងមកុដ។ នៅពេលអ្នកនោះទទួលយកការត្រូវបានលាតត្រដាង និងជំនុំជម្រះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេបានដឹងថា តាមរយៈការមានបំណងបែបនេះនៅក្នុងសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ គេនឹងមិនអាចយល់ពីសេចក្ដីពិតបានឡើយ ហើយទីបំផុត នឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ដូច្នេះ ពេលនោះមនុស្សជាច្រើនក៏ជ្រើសរើសលះបង់បំណងប្រាថ្នារបស់ពួកគេចំពោះព្រះពរ និងបំណងប្រាថ្នារបស់ពួកគេចំពោះមកុដ និងរង្វាន់ជាមុនសិន លះបង់ផលប្រយោជន៍ទាំងអស់នេះ ហើយស្ដាប់នូវអ្វីដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូល អ្វីដែលជាសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស និងអ្វីដែលទ្រង់មានព្រះបន្ទូលទៅកាន់មនុស្ស ជាមុនសិន។ មនុស្សជាច្រើនដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានអារម្មណ៍ត្រេកអរដោយសម្ងាត់នៅក្នុងដួងចិត្តរបស់ពួកគេ ដោយនិយាយថា៖ «ព្រះជាម្ចាស់លាតត្រដាងពីសេចក្ដីពុករលួយរបស់យើង ទ្រង់លាតត្រដាងពីធាតុពិតដ៏អាក្រក់របស់យើង ហើយទ្រង់លាតត្រដាងពីសារជាតិរបស់យើងដែលប្រឆាំងនឹងព្រះជាម្ចាស់ និងស្អប់ខ្ពើមសេចក្ដីពិត ទាំងនេះសុទ្ធតែជាការពិត។ ជាសំណាងល្អសម្រាប់ខ្ញុំហើយ ដែលខ្ញុំមិនបានប្រញាប់លូកដៃទៅរកព្រះជាម្ចាស់ ដើម្បីទូលសូមសំណាងល្អ ព្រះគុណ និងព្រះពរ។ សំណាងល្អហើយ ដែលខ្ញុំបានលះបង់រឿងទាំងនេះជាមុនសិន។ ប្រសិនបើខ្ញុំមិនបានលះបង់រឿងទាំងនេះទេ តើខ្ញុំមិនបានធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្ងីល្ងើទេឬ? អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺលាតត្រដាងពីធម្មជាតិ និងសារជាតិរបស់មនុស្ស ដូច្នេះ តើខ្ញុំអាចបោះបង់រឿងទាំងនោះបានដោយរបៀបណាទៅ? ព្រះជាម្ចាស់បានមានព្រះបន្ទូលថា មនុស្សត្រូវតែចាប់ផ្ដើមបំពេញភារកិច្ចរបស់ពួកគេជាមុនសិន ហើយសហការជាមួយនឹងកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងដំណើរការនេះ ប្រសិនបើមនុស្សអាចឈានជើងចូលទៅក្នុងផ្លូវនៃការយល់ដឹង និងការទទួលយកសេចក្ដីពិត នោះពួកគេនឹងមានសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះ ហើយអាចទទួលបានផលប្រយោជន៍ជាច្រើននៅថ្ងៃអនាគត»។ មកដល់ចំណុចនេះ មនុស្សជាច្រើនឈប់គិតអំពីរឿងទាំងនោះទៀតហើយ។ បំណងប្រាថ្នាដ៏អស្ចារ្យរបស់ពួកគេ ការប្រាថ្នាចង់បាន និងក្ដីសង្ឃឹមរបស់ពួកគេសម្រាប់អនាគត ហាក់ដូចជាលែងសូវប្រាកដប្រជាទៀតហើយ។ ពួកគេមានអារម្មណ៍ថា នៅក្នុងពេលនេះ របៀបបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ របៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបយល់ពីសេចក្ដីពិត ហើយប្រកាន់ខ្ជាប់ គឺប្រាកដប្រជា សំខាន់ និងចាំបាច់ជាងបំណងប្រាថ្នា និងសេចក្ដីប្រាថ្នាទាំងនោះទៅទៀត។ ហេតុដូច្នេះហើយ នៅចំណុចដ៏សំខាន់នេះ មនុស្សភាគច្រើនជ្រើសរើសបំពេញភារកិច្ចរបស់ពួកគេ ដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ ទទួលបានសេចក្ដីពិត លះបង់ពេលវេលា និងយុវវ័យរបស់ពួកគេ ហើយលះបង់គ្រួសារ ការងារ និងអនាគតខាងលោកីយ៍របស់ពួកគេ ដើម្បីព្រះជាម្ចាស់ និងដើម្បីការបំពេញភារកិច្ចរបស់ពួកគេ ហើយមនុស្សមួយចំនួនថែមទាំងដើរចេញពីអាពាហ៍ពិពាហ៍របស់ពួកគេដើម្បីរឿងនេះទៀតផង។ ការបង្ហាញចេញ ឥរិយាបថ និងសកម្មភាពប្រភេទនេះដែលមនុស្សមាន គឺប្រាកដណាស់ថាជាប្រភេទនៃអាកប្បកិរិយាដែលស្ដាប់បង្គាប់ និងចុះចូលចំពោះអ្វីៗដែលវិជ្ជមាន និងសេចក្ដីតម្រូវទាំងអស់ដែលព្រះជាម្ចាស់មានព្រះបន្ទូលដល់ ហើយវាពិតជាអាកប្បកិរិយានេះហើយដែលជាលក្ខខណ្ឌចាំបាច់ដែលមនុស្សត្រូវតែមាន ដើម្បីអាចយល់ពីសេចក្ដីពិត អនុវត្តសេចក្ដីពិត ចុះចូលនឹងព្រះជាម្ចាស់ និងនៅទីបំផុត ទទួលបានសេចក្ដីសង្គ្រោះ។ ទាំងនេះគឺជាការបង្ហាញចេញ និងគំនិតផ្សេងៗដែលមនុស្សធម្មតាគ្រប់រូបមាន មុនពេលពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ចាប់តាំងពីពេលដែលមនុស្សទាំងនេះចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូងរហូតមកដល់ពេលនេះ គំនិត និងទស្សនៈរបស់ពួកគេកំពុងឆ្លងកាត់ការផ្លាស់ប្ដូរជាបន្តបន្ទាប់ ហើយអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ ក៏កំពុងឆ្លងកាត់ការបំផ្លាស់បំប្រែជាបន្តបន្ទាប់ផងដែរ។ ក្នុងពេលជាមួយគ្នាដែលបំណងប្រាថ្នា និងមហិច្ឆតាពីមុនទាំងនេះរបស់មនុស្សកំពុងឆ្លងកាត់ការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ពួកគេកំពុងលះបង់ និងបោះបង់រឿងទាំងនេះបន្តិចម្ដងៗ និងយ៉ាងសកម្ម។ នេះគឺជាផ្លែផ្កាដ៏ល្អដែលនៅទីបំផុតត្រូវបានបង្កើតឡើងដោយបំណងប្រាថ្នារបស់មនុស្សក្នុងការសហការ និងចុះចូលនឹងព្រះជាម្ចាស់។ វាគឺជាការបង្ហាញចេញដ៏វិជ្ជមាន និងល្អ ហើយវាគឺជាលទ្ធផលដ៏ល្អមួយ។ ខណៈដែលមនុស្សកំពុងរីកចម្រើនជាបន្តបន្ទាប់ អស់អ្នកដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ ស្ទើរតែបានលះបង់បំណងប្រាថ្នា និងចេតនារបស់ពួកគេក្នុងការទទួលបានព្រះពរទៅហើយ ដូច្នេះជាមូលដ្ឋាន មនុស្សភាគច្រើន មិនសូវខ្វល់ខ្វាយ ឬចាប់អារម្មណ៍នឹងសេចក្ដីសន្យាផ្សេងៗដែលព្រះជាម្ចាស់បានធ្វើចំពោះមនុស្សពីមុនឡើយ។ នេះក៏ព្រោះតែ នៅពេលវាស់វែងយោងតាមវិចារណញ្ញាណរបស់មនុស្សធម្មតាម្នាក់ ប្រសិនបើនរណាម្នាក់មិនអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងរបៀបដែលត្រូវតាមស្ដង់ដាបានទេ និងបរាជ័យក្នុងការយល់ពីសេចក្ដីពិត នោះបុគ្គលនោះនឹងបាត់បង់ឱកាសរបស់គេក្នុងការទទួលបានព្រះពរទាំងអស់ដែលព្រះជាម្ចាស់បានសន្យា ហើយនឹងគ្មានពាក់ព័ន្ធអ្វីជាមួយព្រះពរទាំងនោះឡើយ។ មនុស្សគ្រប់រូបគួរតែយល់ពីតក្កវិជ្ជាដ៏សាមញ្ញបំផុតនេះ។ ជាការពិតណាស់ ពេលនេះមានមនុស្សជាច្រើនដែលយល់ពីការពិតបែបនេះរួចទៅហើយ ហើយក៏ទទួលស្គាល់ និងទទួលយកការពិតនេះដែរ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលមិនទទួលយកវា។ ហេតុអ្វីបានជាពួកគេមិនទទួលយកវា? នោះក៏ព្រោះតែពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនទទួលយកការពិតនេះទេ អ៊ីចឹងតើពួកគេចង់ធ្វើអ្វីទៅ? នៅពេលពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរកឃើញឈ្មោះ និងឋានៈផ្សេងៗដូចជា «អង្គរបស់ព្រះជាម្ចាស់» «ពួកកូនប្រុសច្បង» «បុត្រាទាំងឡាយរបស់ព្រះជាម្ចាស់» «រាស្ត្ររបស់ព្រះជាម្ចាស់» និង «អ្នកបម្រើការ» នៅក្នុងព្រះបន្ទូលទាំងនោះ ហើយភ្នែករបស់ពួកគេក៏ភ្លឺឡើង។ បំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេត្រូវបានបំពេញយ៉ាងឆាប់រហ័ស ហើយពួកគេគិតថា៖ «ការធ្វើជាបុត្រាមួយអង្គរបស់ព្រះជាម្ចាស់ គឺសាមញ្ញពេកហើយ។ មនុស្សភាគច្រើនគឺជាបុត្រាទាំងឡាយរបស់ព្រះជាម្ចាស់។ ការធ្វើជារាស្ត្រម្នាក់របស់ព្រះជាម្ចាស់ មានន័យថាជាជនសាមញ្ញ ជាផ្នែកមួយនៃមហាជន គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលគ្មានអំណាច ឬឥទ្ធិពលប៉ុណ្ណោះ។ ហើយកុំសូម្បីតែគិតចង់ឱ្យខ្ញុំធ្វើជាអ្នកបម្រើការឱ្យសោះ។ ខ្ញុំនឹងមិនពាក់ព័ន្ធអ្វីនឹងការធ្វើជាអ្នកបម្រើការឡើយ អស់មួយជីវិតរបស់ខ្ញុំ។ វាគ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំទាល់តែសោះ»។ ដូច្នេះហើយ ពួកគេសម្លឹងមើលយ៉ាងមុតមាំទៅលើឈ្មោះពីរគឺ «អង្គរបស់ព្រះជាម្ចាស់» និង «ពួកកូនប្រុសច្បង»។ នៅក្នុងសញ្ញាណរបស់ពួកគេ ពួកគេជឿថា «អង្គរបស់ព្រះជាម្ចាស់» គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ថា «ពួកកូនប្រុសច្បង» គឺជាពួកកូនប្រុសច្បងរបស់ព្រះជាម្ចាស់ ហើយថាឈ្មោះទាំងពីរនេះនាំមកនូវអំណាច និងឥទ្ធិពល ហើយអាចសោយរាជ្យជាស្ដេចនៅក្នុងចំណោមមនុស្សជាតិ គ្រប់គ្រងមនុស្ស គ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ មានអំណាចផ្ដាច់មុខ និងមានអំណាចក្នុងការសម្រេចចិត្ត អំណាចក្នុងការធ្វើជាអ្នកដឹកនាំ និងអំណាចក្នុងការចាត់ចែងមនុស្ស និងសម្រេចថាតើមនុស្សរស់ ឬស្លាប់ ពួកគេជឿថាអំណាចទាំងនេះគឺអស្ចារ្យណាស់។ នោះហើយជាមូលហេតុដែលវាមិនអាចទៅរួចឡើយ ក្នុងការឱ្យពួកគេធ្វើជាអ្នកបម្រើការ។ ប្រសិនបើពួកគេត្រូវបានអនុញ្ញាតឱ្យជ្រើសរើសដោយខ្លួនឯង ពួកគេនឹងជ្រើសរើសធ្វើជាពួកកូនប្រុសច្បង ឬអង្គរបស់ព្រះជាម្ចាស់។ បើមិនដូច្នេះទេ ពួកគេនឹងឈប់ជឿលើព្រះជាម្ចាស់។ នៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេ ឬធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេធ្វើសកម្មភាព លះបង់ រងទុក្ខ និងខ្នះខ្នែង ដើម្បីដេញតាមគោលដៅទាំងពីរនេះ។ ក្នុងអំឡុងពេលនេះ ពួកគេបន្តគិតគូរថា តើពួកគេបានខ្នះខ្នែងដល់កម្រិតណា តើពួកគេទទួលបានមនុស្សប៉ុន្មាននាក់នៅពេលផ្សាយដំណឹងល្អ តើមានមនុស្សប៉ុន្មាននាក់ដែលគោរពបូជា និងកោតសរសើរពួកគេ តើបងប្អូនប្រុសស្រីដែលប្រឈមនឹងបញ្ហា ទៅរកអ្នកដទៃ ឬមករកពួកគេនៅពេលពួកគេដឹកនាំពួកជំនុំ ហើយថាតើពួកគេអាចគ្រប់គ្រង និងបង្វែរគំនិត និងទស្សនៈរបស់អ្នកដទៃបានដែរឬទេ។ ពួកគេបន្តគិតគូរ ថ្លឹងថ្លែង និងពិនិត្យអង្កេតរឿងទាំងនេះ ក្នុងគោលបំណងសម្រេចឱ្យបាននូវអ្វីដែលពួកគេចង់បាន៖ គឺការសោយរាជ្យជាស្ដេចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សភាគច្រើន បន្ទាប់ពីបានមកកាន់ដំណាក់របស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតមួយចំនួន អាចបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើតបានយ៉ាងប្រក្រតី ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនដូច្នោះទេ។ ពួកគេជឿថា ពួកគេមកពីសែស្រឡាយដ៏ខ្ពង់ខ្ពស់ ថាពួកគេគឺជាផ្នែកមួយនៃក្រុមដ៏ខ្ពង់ខ្ពស់ និងពិសេស ហើយថាពួកគេត្រូវតែត្រូវបានចាត់ទុកថាជាអ្នកធំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ បើមិនដូច្នេះទេ ពួកគេនឹងមិនជឿលើព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេត្រូវជឿលើព្រះជាម្ចាស់ នោះពួកគេត្រូវតែត្រូវបានគេគោរពជាអ្នកធំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយធ្វើជាអ្នកមានអំណាចបំផុត។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏គិតគូរ និងគណនាផងដែរថា តើពួកគេមានគុណបំណាច់ប៉ុន្មាននៅក្នុងសៀវភៅកំណត់ត្រារបស់ព្រះជាម្ចាស់ ហើយថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសោយរាជ្យជាស្ដេចទន្ទឹមនឹងព្រះជាម្ចាស់ដែរឬទេ។ ហេតុដូច្នេះហើយ ប្រភព ចំណុចចាប់ផ្ដើម និងការជំរុញចិត្តសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ដែលមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ពួកគេ គឺការមកកាន់ដំណាក់របស់ទ្រង់ដើម្បីសោយរាជ្យជាស្ដេច។ ពួកគេប្រាកដជាមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេ គ្រាន់តែដើម្បីធ្វើជាអ្នកដើរតាមធម្មតា និងតូចតាចបំផុតនោះទេ ហើយនៅពេលមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេត្រូវបានពន្លត់ ពួកគេក៏ប្រែជាប្រទូសរ៉ាយភ្លាមៗ ហើយបដិសេធមិនព្រមបំពេញភារកិច្ចរបស់ពួកគេឡើយ។
ពេលនេះ មានមនុស្សមួយចំនួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលបានបំពេញភារកិច្ចរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធ្វើអ្វីៗគ្រប់យ៉ាងមិនបានល្អ ហើយត្រូវបានជម្រុះចោលនៅគ្រប់ទីកន្លែងដែលពួកគេបំពេញភារកិច្ច។ ដោយសារតែពួកគេមានភាពជាមនុស្សដ៏អាក្រក់ និងសេចក្ដីទៀងត្រង់តូចទាប មិនដេញតាមសេចក្ដីពិត ហើយមាននិស្ស័យកាចសាហាវ និងទុច្ចរិត ដែលស្អប់ខ្ពើមសេចក្ដីពិត នៅទីបំផុត ពួកគេត្រូវបានបងប្អូនប្រុសស្រីបដិសេធចោល។ នៅពេលពួកគេឃើញថា បំណងប្រាថ្នាចង់បានព្រះពររបស់ពួកគេ ជិតនឹងរលាយបាត់ភ្លាម ហើយថាក្ដីស្រមៃរបស់ពួកគេក្នុងការសោយរាជ្យជាស្ដេច និងការធ្វើឱ្យខ្លួនឯងលេចធ្លោនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ លែងអាចសម្រេចបានទៀតហើយនោះ តើពួកគេរស់នៅក្នុងជីវិតឯកជនរបស់ពួកគេយ៉ាងដូចម្ដេច? ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេមិនស្ដាប់ទំនុកបរិសុទ្ធឡើយ ពួកគេមិនចូលរួមការជួបជុំទេ ពួកគេមិនអើពើនឹងដំណាក់របស់ព្រះជាម្ចាស់ឡើយ នៅពេលត្រូវបានស្នើសុំឱ្យបំពេញភារកិច្ច ហើយបងប្អូនប្រុសស្រីថែមទាំងត្រូវហៅពួកគេ អញ្ជើញពួកគេ និងក្រើនរំលឹកពួកគេទៀតផង នៅពេលដល់ម៉ោងត្រូវចូលរួមការជួបជុំ។ អ្នកខ្លះក្នុងចំណោមពួកគេ បន្តចូលរួមការជួបជុំទាំងបង្ខំចិត្ត ប៉ុន្តែក្នុងអំឡុងពេលជួបជុំ ពួកគេមិននិយាយមួយម៉ាត់ឡើយ ពួកគេមិនប្រកបគ្នាទេ ហើយពួកគេមានអារម្មណ៍ខ្ពើមរអើមនឹងអ្វីគ្រប់យ៉ាងដែលអ្នកដទៃនិយាយ ហើយមិនចង់ស្ដាប់ឡើយ។ នៅពេលបងប្អូនប្រុសស្រីអធិដ្ឋាន ពួកគេក៏បិទភ្នែកដែរ ប៉ុន្តែពួកគេមិននិយាយអ្វីទាំងអស់ ពួកគេគ្មានអ្វីត្រូវទូលថ្វាយព្រះជាម្ចាស់ឡើយ។ ហើយតើមនុស្សមួយចំនួនទៀតធ្វើអ្វីខ្លះក្នុងអំឡុងពេលជួបជុំ នៅពេលស្ដាប់សេចក្ដីអធិប្បាយ ឬនៅពេលបងប្អូនប្រុសស្រីកំពុងប្រកបគ្នាអំពីសេចក្ដីពិត? អ្នកខ្លះដេកលក់ អ្នកខ្លះមើលទូរស័ព្ទ និងអានព័ត៌មាន អ្នកខ្លះជជែកលេងជាមួយអ្នកដទៃ ហើយអ្នកខ្លះទៀតលេងហ្គេមអនឡាញ។ ក្នុងការជឿលើព្រះជាម្ចាស់ ពួកគេគិតថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនអាចទទួលបានការចូលចិត្ត មិនអាចទទួលបានការពេញចិត្តពីអ្នកដទៃ គ្មានអ្នកគាំទ្រចោមរោមពួកគេ ហើយមិនអាចត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការសំខាន់ៗទេ នោះពួកគេនឹងមិនអាចសោយរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់នៅថ្ងៃអនាគតបានឡើយ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មិនមានអត្ថិភាពឡើយសម្រាប់ពួកគេ។ សម្រាប់ពួកគេ ថាតើព្រះជាម្ចាស់មានអត្ថិភាពឬអត់ គឺផ្សារភ្ជាប់ទៅនឹងថាតើពួកគេអាចទទួលបានព្រះពរឬអត់។ តើនេះមិនមែនជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តទេឬ? ពួកគេជឿថា ប្រសិនបើព្រះអង្គណាមិនអាចឱ្យពួកគេទទួលបានព្រះពរទេ នោះព្រះអង្គនោះមិនមែនជាព្រះឡើយ ហើយទ្រង់ក៏គ្មានសេចក្ដីពិតដែរ ហើយថាមានតែព្រះដែលអាចឱ្យពួកគេប្រព្រឹត្តតាមតែអំពើចិត្ត ដណ្ដើមអំណាចនៅក្នុងពួកជំនុំ និងសោយរាជ្យជាស្ដេចនៅថ្ងៃអនាគតប៉ុណ្ណោះ ទើបជាព្រះ។ នេះគឺជាតក្កវិជ្ជារបស់សាតាំង វាគឺជាការបំភាន់ត្រូវនិងខុស និងការបំភ្លៃការពិត។ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ មូលហេតុដែលពួកគេមិនអាចដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេ គឺដោយសារតែពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយដោយសារតែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគោរពបូជាតែទស្សនវិជ្ជារបស់សាតាំង ចំណេះដឹង កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងតំណែងប៉ុណ្ណោះ។ ពួកគេបដិសេធថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ពួកគេមិនយកចិត្តទុកដាក់នឹងកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយនោះហើយជាមូលហេតុដែលនៅក្នុងការជួបជុំ ពួកគេមើលទូរស័ព្ទ លេងហ្គេម ញ៉ាំចំណី និងជជែកគ្នាលេង ពួកគេធ្វើអ្វីក៏ដោយដែលពួកគេចង់ធ្វើ ហើយនៅតែមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងដដែល។ ភ្លាមៗនៅពេលដែលក្ដីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានព្រះពរត្រូវខ្ទេចខ្ទី ពួកគេយល់ថាការជឿលើព្រះជាម្ចាស់លែងមានន័យទៀតហើយ ហើយនៅពេលពួកគេយល់ថាសេចក្ដីជំនឿលើព្រះជាម្ចាស់គ្មានន័យ ពួកគេចាត់ទុកពួកជំនុំ ដែលជាកន្លែងបងប្អូនប្រុសស្រីជួបជុំគ្នា ថាជាកន្លែងលេងកម្សាន្ត ពួកគេចាត់ទុកពេលវេលានៃការជួបជុំគ្នាថាជាពេលវេលាលំហែ ហើយពួកគេគិតថាការជួបជុំ និងការស្ដាប់សេចក្ដីអធិប្បាយ គឺជារឿងសង្កត់សង្កិន សោះកក្រោះ និងគួរឱ្យធុញទ្រាន់។ តើពួកគេចាត់ទុកសេចក្ដីអធិប្បាយដែលបងប្អូនប្រុសស្រីស្ដាប់ និងសេចក្ដីពិត ថាជាអ្វី? ពួកគេចាត់ទុករឿងទាំងនោះថាជាពាក្យស្លោក ជារឿងផ្ដេសផ្ដាសដែលគ្មានមូលដ្ឋាន ហើយពួកគេចាត់ទុកពេលវេលាដែលចំណាយក្នុងការជួបជុំគ្នាជាមួយបងប្អូនប្រុសស្រី ថាជាការខ្ជះខ្ជាយពេលវេលា។ តើមនុស្សទាំងនេះមិនត្រូវបានបើកសម្ដែងទេឬ? ពួកគេនាំយកមហិច្ឆតា បំណងប្រាថ្នា និងការស្រមើស្រមៃរបស់ពួកគេ ចូលមកក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយនេះគឺជាសញ្ញាមួយដែលកំណត់ថា ពួកគេនឹងមិនអាចដើរតាមផ្លូវនេះរហូតដល់ទីបញ្ចប់បានឡើយ ហើយថាពួកគេសូម្បីតែការបម្រើការសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក៏មិនស័ក្ដិសមផង។ ពួកគេមើលងាយអស់អ្នកដែលស្ដាប់សេចក្ដីអធិប្បាយ និងបងប្អូនប្រុសស្រីដែលដេញតាមសេចក្ដីពិត ហើយលើសពីនេះទៅទៀត ពួកគេបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ អត្ថិភាពរបស់ព្រះជាម្ចាស់ និងអត្ថិភាពនៃការពិតអំពីកិច្ចការក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។
នៅពេលពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាមនុស្សស្អប់ខ្ពើមសេចក្ដីពិតទាំងនោះ គិតថាការជឿលើព្រះជាម្ចាស់នឹងមិននាំមកនូវផលប្រយោជន៍អ្វីដល់ពួកគេទេ នោះទម្រង់មុខបែបអារក្សរបស់ពួកគេក៏ត្រូវបានបកអាក្រាត។ ពួកទទឹងនឹងព្រះគ្រីស្ទជាស្ត្រីមួយចំនួន ផាត់មុខនៅផ្ទះរហូតដល់មើលទៅដូចជាខ្មោច។ ពួកគេស្លៀកពាក់អ្វីដែលទាន់សម័យ ឬទាក់ទាញភេទផ្ទុយ ហើយអ្នកខ្លះថែមទាំងលួចលេងម៉ាជុង លេងល្បែង និងជក់បារីទៀតផង មនុស្សទាំងនេះពិតជាគួរឱ្យខ្លាច និងគួរឱ្យខ្ពើមរអើមពេកហើយ។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដោយការធ្វើពុត ហើយតើមានអ្វីកើតឡើងនៅទីបញ្ចប់? ពួកគេមិនអាចរក្សាវាបានទេ តើមែនទេ? មានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចបើកសម្ដែងមនុស្សបាន ហើយប្រសិនបើនរណាម្នាក់មិនស្រឡាញ់សេចក្ដីពិត ស្អប់ខ្ពើមសេចក្ដីពិត ហើយមាននិស្ស័យកាចសាហាវ នោះគេត្រូវបានតម្រូវទុកថាប្រទូសរ៉ាយនឹងសេចក្ដីពិត ហើយមិនអាចឈរជាប់បានឡើយ។ តើពួកជំនុំនៅតែត្រូវជម្រុះមនុស្សបែបនេះចោលទៀតឬទេ? តើព្រះជាម្ចាស់នៅតែត្រូវថ្កោលទោសពួកគេទៀតឬទេ? តើព្រះជាម្ចាស់នៅតែត្រូវបដិសេធមនុស្សបែបនេះទៀតឬទេ? អត់ទេ ព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់នឹងអ្នកទាំងនោះទាល់តែសោះ។ សម្រាប់ព្រះជាម្ចាស់ មនុស្សទាំងនេះគ្រាន់តែជាសត្វល្អិតប៉ុណ្ណោះ សូម្បីតែធ្វើជាអ្នកបម្រើការក៏មិនស័ក្ដិសមផង ពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែម្ដង។ នៅពេលពួកគេមានអាកប្បកិរិយាមើលងាយបែបនេះចំពោះការជួបជុំ ជីវិតពួកជំនុំ និងភារកិច្ចរបស់ពួកគេ តើនេះបញ្ជាក់ពីអ្វី? ព្រះជាម្ចាស់មិនមើលថែ ឬការពារពួកគេឡើយ ហើយទ្រង់ក៏មិនដឹកនាំពួកគេដែរ។ ទ្រង់មិនបំពេញកិច្ចការណាមួយក្នុងការបំភ្លឺ ណែនាំ ឬប្រៀនប្រដៅពួកគេឡើយ ហេតុនេះហើយ ទើបពួកគេរស់នៅក្នុងជីវិតដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេផ្ទាល់គិតថា៖ «ខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមានសេរីភាព។ អ្នករាល់គ្នាដែលជឿលើព្រះជាម្ចាស់ ត្រូវងទុក្ខ និងលះបង់តម្លៃ លះបង់គ្រួសារ និងអាជីព ចំណែកឯខ្ញុំមិនចាំបាច់រងទុក្ខអ្វីទាំងអស់។ ខ្ញុំអាចរីករាយនឹងការលំហែកាយនៅផ្ទះ អរសប្បាយនឹងសេចក្ដីរីករាយខាងសាច់ឈាម និងរីករាយនឹងសេចក្ដីសុខក្នុងជីវិត»។ ពួកគេជឿថាពួកគេទទួលបានសុភមង្គល និងសេរីភាពហើយ។ តើព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់នឹងពួកគេដែរឬទេ? (អត់ទេ។) ហេតុអ្វីបានជាមិនយកព្រះហឫទ័យទុកដាក់? សម្រាប់ព្រះជាម្ចាស់ មនុស្សទាំងនេះគឺជាសត្វល្អិត មិនមែនជាមនុស្សឡើយ ហើយពួកគេមិនស័ក្ដិសមនឹងទទួលបានការយកព្រះហឫទ័យទុកដាក់ពីទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់នឹងពួកគេទេ តើទ្រង់នឹងនៅតែសង្គ្រោះពួកគេទៀតឬទេ? ដោយសារព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេទេ តើអ្វីដែលពួកគេធ្វើ មានពាក់ព័ន្ធអ្វីនឹងព្រះជាម្ចាស់ដែរឬទេ? តើវាមានទំនាក់ទំនងអ្វីនឹងបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ គឺមិនមានឡើយ។ ហេតុដូច្នេះហើយ មើលពីសំបកក្រៅ ពួកគេហាក់ដូចជារស់នៅយ៉ាងស្រណុកសុខស្រួល មានសេរីភាព និងធូររលុង ព្រមទាំងសប្បាយរីករាយជារៀងរាល់ថ្ងៃ។ តើអ្នកគិតថានោះជារឿងល្អមែនទេ? គ្រាន់តែក្រឡេកមើលអ្វីដែលពួកគេសម្ដែងចេញ និងផ្លូវដែលពួកគេដើរតាម អ្នកដឹងហើយថាពួកគេចប់ហើយ ថាព្រះជាម្ចាស់លែងចង់បានពួកគេទៀតហើយ។ សត្វល្អិតទាំងនេះពិតជាហ្វូងដ៏ស្អុយរលួយមែន! ព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់នឹងមនុស្សបែបនេះទាល់តែសោះ។
អស់អ្នកដែលមិនថានៅក្នុងមជ្ឈដ្ឋាន និងកាលៈទេសៈបែបណាក៏ដោយ ក៏នៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសោយរាជ្យជាស្ដេច និងមានឋានៈស្មើនឹងព្រះជាម្ចាស់នៅក្នុងបរលោក គឺជាធាតុរឹងទទឹងដែលមិនអាចកែប្រែបានឡើយ នៅក្នុងចំណោមពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សបែបនេះគឺដូចជាប៉ុលអ៊ីចឹង។ ពួកគេមានបន្លានៅក្នុងសាច់ឈាមរបស់ពួកគេ ពួកគេមានការសង្ស័យចំពោះព្រះជាម្ចាស់ ពួកគេទាស់ទទឹង និងគំរាមកំហែងព្រះជាម្ចាស់ ហើយពួកគេបង្ហាញការស្ទាក់ស្ទើរចិត្តយ៉ាងខ្លាំង នៅពេលពួកគេធ្វើការ លះបង់ខ្លួនឯង ស៊ូទ្រាំទុក្ខលំបាក និងលះបង់តម្លៃ។ ពួកគេធ្វើរឿងទាំងនេះ គ្រាន់តែដើម្បីដោះដូរយកមកុដ និងដោះដូរយកការសោយរាជ្យជាស្ដេចនៅក្នុងបរលោកប៉ុណ្ណោះ។ តើដំណើរការទាំងមូលនេះ មិនធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទស្ដាប់ទៅគួរឱ្យអាណិតខ្លាំងណាស់ទេឬ? តាមពិតទៅ ពួកគេមិនគួរឱ្យអាណិតឡើយ។ ពួកគេមិនត្រឹមតែមិនគួរឱ្យអាណិតប៉ុណ្ណោះទេ ប៉ុន្តែតាមពិត ពួកគេគួរឱ្យចង់សើចទៅវិញទេ។ បន្ទាប់ពីព្រះជាម្ចាស់បានមានព្រះបន្ទូលយ៉ាងច្រើនមក ប្រសិនបើពួកគេនៅតែមិនយល់ពីសេចក្ដីពិតទេ នោះបំភ្លេចវាចោលទៅ។ តើពួកគេម្ដេចនឹងមិនអាចយល់ភាសាមនុស្សបានទៅ? តើពួកគេម្ដេចនឹងមិនអាចយល់ពីគោលការណ៍ដ៏សាមញ្ញបែបនេះបានទៅ? ប្រសិនបើអ្នកមិនអនុវត្តសេចក្ដីពិតទេ អ្នកនឹងមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ឬទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយទោះបីជាព្រះជាម្ចាស់បានធ្វើសេចក្ដីសន្យាចំពោះអ្នកក៏ដោយ ក៏អ្នកនឹងមិនអាចទទួលបានវាដែរ។ រាល់សេចក្ដីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស គឺមានលក្ខខណ្ឌ។ ទ្រង់មិនធ្វើសេចក្ដីសន្យាចំពោះមនុស្សដោយគ្មានហេតុផល ឬលក្ខខណ្ឌឡើយ។ ព្រះជាម្ចាស់មានសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស ហើយសេចក្ដីតម្រូវទាំងនេះមិនដែលផ្លាស់ប្ដូរនៅពេលណាមួយឡើយ។ ព្រះជាម្ចាស់នឹងមិនបំពានសេចក្ដីពិតឡើយ ហើយទ្រង់ក៏នឹងមិនផ្លាស់ប្ដូរបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកយល់ពីចំណុចនេះ តើអ្នកនឹងនៅតែប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវបំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកទៀតឬទេ? មានតែមនុស្សល្ងីល្ងើ និងមនុស្សដែលគ្មានតម្រិះប្រកបដោយវិចារណញ្ញាណប៉ុណ្ណោះ ដែលនឹងប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវរឿងទាំងនេះ។ អស់អ្នកដែលមានភាពមានវិចារណញ្ញាណធម្មតា និងភាពជាមនុស្សធម្មតា គួរតែលះបង់រឿងទាំងនេះ ហើយដេញតាមអ្វីដែលពួកគេគួរតែដេញតាម ទទួលបាន និងចូលទៅក្នុង ពោលគឺពួកគេគួរតែបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ជាមុនសិន។ ទីពីរ តើមនុស្សដែលមានភាពមានវិចារណញ្ញាណធម្មតា គួរតែយល់ពីអ្វីទៀត? មានទំនាយនៅក្នុងព្រះគម្ពីរដែលចែងថា យើងនឹងសោយរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច ហើយនៅក្នុងកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ទ្រង់ក៏លើកឡើងអំពីអង្គរបស់ព្រះជាម្ចាស់ ពួកកូនប្រុសច្បង បុត្រាទាំងឡាយរបស់ព្រះជាម្ចាស់ រាស្ត្ររបស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត ដោយចាត់ថ្នាក់កម្រិត និងឈ្មោះផ្សេងៗសម្រាប់មនុស្ស។ ដោយសារព្រះជាម្ចាស់បានសន្យារឿងទាំងនេះដល់មនុស្ស ហេតុអ្វីបានជាមនុស្សមិនអាចដេញតាមរឿងទាំងនោះបាន? ដូច្នេះ តើការយល់ដឹងដ៏ត្រឹមត្រូវ និងវិធីសាស្ត្រដ៏ត្រឹមត្រូវ គួរតែជាអ្វី? ប្រសិនបើនរណាម្នាក់ចាត់ទុកការសោយរាជ្យជាស្ដេច និងសេចក្ដីសន្យាដែលព្រះជាម្ចាស់បានធ្វើ ថាជាគោលដៅដែលត្រូវដេញតាម តើនេះគឺជាផ្លូវដ៏ត្រឹមត្រូវដែរឬទេ? ប្រាកដណាស់ថាវាមិនមែនទេ រឿងនេះមិនវិជ្ជមានឡើយ វាត្រូវបានលាយឡំដោយឆន្ទៈរបស់មនុស្សខ្លាំងពេក ហើយផ្លូវនេះគឺផ្ទុយពីសេចក្ដីពិត។ មនុស្សមួយចំនួននិយាយថា៖ «ដោយសារទ្រង់បានធ្វើសេចក្ដីសន្យានេះ ហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យពួកយើងទទួលបានវា? ដោយសារទ្រង់បានមានព្រះបន្ទូលពីរឿងទាំងអស់នេះ ហើយបានថ្លែងរឿងទាំងនេះជាសាធារណៈដល់មនុស្សជាតិទាំងមូល ហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យពួកយើងដេញតាមរឿងនេះ?» នេះគឺទាក់ទងនឹងសេចក្ដីពិត។ គ្មាននរណាម្នាក់ធ្លាប់យល់ពីរឿងនេះឡើយតាំងពីដើមដំបូងរហូតមកដល់ពេលនេះ។ តើនេះទាក់ទងនឹងទិដ្ឋភាពនៃសេចក្ដីពិតមួយណាទៅ? អ្នកត្រូវតែមើលរឿងនេះតាមរបៀបនេះ៖ ព្រះជាម្ចាស់បានធ្វើសេចក្ដីសន្យាចំពោះមនុស្ស ហើយតាមរយៈព្រះជាម្ចាស់ មនុស្សបានដឹងពីគំនិតនៃការសោយរាជ្យជាស្ដេច ក៏ដូចជាឈ្មោះផ្សេងៗដូចជា «អង្គរបស់ព្រះជាម្ចាស់» «ពួកកូនប្រុសច្បង» «បុត្រាទាំងឡាយរបស់ព្រះជាម្ចាស់» និងអ្វីៗផ្សេងទៀត។ ក៏ប៉ុន្តែ ទាំងនេះគ្រាន់តែជាឈ្មោះប៉ុណ្ណោះ។ ចំពោះថាតើឈ្មោះមួយណាស័ក្ដិសមនឹងមនុស្សណា គឺអាស្រ័យលើការដេញតាម និងការប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ។ ឈ្មោះអ្វីក៏ដោយដែលព្រះអាទិករប្រទានដល់អ្នក នោះហើយគឺជាអ្នក។ ប្រសិនបើទ្រង់មិនប្រទានឈ្មោះណាមួយដល់អ្នកទេ នោះអ្នកមិនមែនជាអ្វីទាំងអស់។ វាគ្រាន់តែជាសេចក្ដីសន្យាមកពីព្រះជាម្ចាស់ប៉ុណ្ណោះ មិនមែនជារឿងដែលមនុស្សមានសិទ្ធិទទួលបាន ឬសមនឹងទទួលបានឡើយ។ ជាការពិតណាស់ សេចក្ដីសន្យានេះគឺជាគោលដៅដែលមនុស្សប្រាថ្នាចង់បាន ប៉ុន្តែគោលដៅនេះមិនមែនជាផ្លូវដែលមនុស្សគួរតែដើរឡើយ ហើយវាមិនមានពាក់ព័ន្ធអ្វីនឹងផ្លូវដែលមនុស្សដើរនោះទេ។ តើនរណាមានសិទ្ធិសម្រេចចិត្តលើរឿងនេះ? (គឺព្រះជាម្ចាស់។) ត្រូវហើយ មនុស្សត្រូវតែយល់ពីរឿងនេះ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់កំពុងប្រទានអ្វីមួយដល់អ្នក នោះអ្នកមានអ្វីមួយ។ ប្រសិនបើទ្រង់មានព្រះបន្ទូលថា ព្រះអង្គកំពុងដកវាយកចេញពីអ្នក នោះអ្នកគ្មានអ្វីទាំងអស់ អ្នកមិនមែនជាអ្វីទាំងអស់ឡើយ។ ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំនឹងដេញតាមរឿងនេះ ទោះបីជាព្រះជាម្ចាស់មិនប្រទានវាដល់ខ្ញុំក៏ដោយ ហើយប្រសិនបើព្រះជាម្ចាស់ប្រទានវាដល់ខ្ញុំមែន នោះខ្ញុំនឹងទទួលយកវាដោយចាត់ទុកថាវាជារឿងដែលខ្ញុំសមនឹងទទួលបាន» នោះគឺខុសហើយ។ ហេតុអ្វីបានជាវាខុស? វាបំពានបម្រាមដ៏ធំមួយ។ អ្នកមិនទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ជានិច្ច ហើយមនុស្សនឹងនៅតែជាមនុស្សជានិច្ច នេះហើយជាមូលហេតុដែលវាខុស។ មនុស្សមួយចំនួននិយាយថា៖ «មានទំនាយនៅក្នុងព្រះគម្ពីរ។ នៅកន្លែងជាច្រើន ព្រះគម្ពីរចែងថា យើងនឹងសោយរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច។ ហេតុអ្វីបានជាព្រះជាម្ចាស់អាចមានព្រះបន្ទូលបែបនេះបាន ប៉ុន្តែពួកយើងមិនអាចដេញតាមវាបាន?» តើនេះគឺជាវិចារណញ្ញាណដែលភាវៈដែលព្រះបានបង្កើតគួរតែមានដែរឬទេ? អ្នកចាត់ទុកសេចក្ដីសន្យារបស់ព្រះជាម្ចាស់សម្រាប់មនុស្សក្នុងការសោយរាជ្យជាស្ដេច ថាជារឿងល្អ ហើយអ្នកក៏ដេញតាមវា ប៉ុន្តែព្រះជាម្ចាស់ក៏បានមានព្រះបន្ទូលអំពីអ្នកបម្រើការផងដែរ តើអ្នកដេញតាមការបម្រើការឱ្យបានល្អសម្រាប់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកដេញតាមការធ្វើជាអ្នកបម្រើការដែលត្រូវតាមស្ដង់ដាដែរឬទេ? ព្រះជាម្ចាស់ក៏តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ពួកគេដែរ តើអ្នកតម្រូវឱ្យខ្លួនឯងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អដែរឬទេ? ព្រះជាម្ចាស់ក៏តម្រូវឱ្យមនុស្សធ្វើជាភាវៈដែលព្រះបានបង្កើតដែរ ហើយចុះអ្នកវិញធ្វើអ្វីខ្លះ? តើអ្នកចាត់ទុកការធ្វើជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា ថាជាគោលដៅរបស់អ្នក ហើយទៅដេញតាមវាដែរឬទេ? ការដែលព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សនឹងសោយរាជ្យជាស្ដេច គឺជាសេចក្ដីសន្យាដែលទ្រង់បានធ្វើចំពោះមនុស្ស ហើយមានបុរេលក្ខខណ្ឌ និងបរិបទចំពោះសេចក្ដីសន្យានេះ៖ អ្នកត្រូវតែធ្វើជាភាវៈដែលព្រះបានបង្កើតដ៏ល្អម្នាក់ បំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើតឱ្យបានល្អ បោះចោលតួនាទីជាអ្នកបម្រើការ សម្រេចឱ្យបាននូវការចុះចូលនឹងព្រះជាម្ចាស់ និងការកោតខ្លាចដល់ព្រះអាទិករ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា នៅពេលអ្នករាល់គ្នាសម្រេចបានរឿងទាំងអស់នេះ នោះអ្នករាល់គ្នានឹងអាចសោយរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់ជារៀងរហូត នេះគឺជាបរិបទដែលព្រះបន្ទូលទាំងនេះត្រូវបានថ្លែងឡើង។ មនុស្សខ្វះវិចារណញ្ញាណ។ នៅពេលពួកគេឮបែបនេះភ្លាម ពួកគេគិតថា៖ «វាពិតជាអស្ចារ្យណាស់ ដែលពួកយើងអាចសោយរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់បាន! តើរឿងនេះនឹងកើតឡើងនៅពេលណាទៅ? តើពួកយើងនឹងសោយរាជ្យជាស្ដេចដោយរបៀបណា? តើពួកយើងនឹងមានឋានៈស្មើនឹងព្រះជាម្ចាស់ដោយរបៀបណា? តើពួកយើងនឹងធ្វើជាស្ដេចរបស់អ្នកណា? តើពួកយើងនឹងសោយរាជ្យលើអ្នកណា? តើពួកយើងនឹងសោយរាជ្យដោយរបៀបណា? តើពួកយើងនឹងធ្វើជាស្ដេចដោយរបៀបណា?» តើមនុស្សមិនខ្វះវិចារណញ្ញាណទេឬ? ទោះបីជានេះគឺជាសេចក្ដីសន្យាដែលព្រះជាម្ចាស់បានធ្វើចំពោះមនុស្ស ជារឿងដែលត្រូវបានថ្លែងឡើងសម្រាប់ឱ្យមនុស្សស្ដាប់ ដើម្បីឱ្យមនុស្សដឹងថាមានរឿងដ៏អស្ចារ្យនេះក៏ដោយ ក៏អ្នកគួរតែស្គាល់ពីកម្រិតខ្លួនឯងដែរ តើអ្នកជានរណា? ព្រះជាម្ចាស់មានគំនិតនេះ ហើយសព្វព្រះហឫទ័យអនុញ្ញាតឱ្យមនុស្សរស់នៅតាមរបៀបនេះជាមួយទ្រង់ ប៉ុន្តែតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានវាដែរឬទេ? ហេតុអ្វីបានជាអ្នកមិនទូលសួរព្រះជាម្ចាស់ថា៖ «មុនពេលពួកយើងទទួលបានសេចក្ដីសន្យានេះ តើទ្រង់មានសេចក្ដីតម្រូវអ្វីខ្លះចំពោះពួកយើង? តើមានអ្វីដែលទ្រង់ត្រូវការឱ្យពួកយើងធ្វើដែរឬទេ? តើពួកយើងត្រូវតែសម្រេចឱ្យបានអ្វីជាមុនសិន មុនពេលពួកយើងអាចទទួលបានសេចក្ដីសន្យានេះ?» អ្នកមិនសួររឿងទាំងនេះទេ អ្នកគ្រាន់តែទាមទារវាប៉ុណ្ណោះ។ តើនេះមិនមែនជាការខ្វះវិចារណញ្ញាណទេឬ? មនុស្សខ្វះវិចារណញ្ញាណប្រភេទនេះឯង។ នៅពេលមនុស្សឃើញអ្វីមួយដែលមានប្រយោជន៍ ពួកគេលូកដៃទៅចាប់យកវា។ មនុស្សគឺដូចជាចោរប្លន់អ៊ីចឹង ប្រសិនបើអ្នកមិនឱ្យអ្វីដែលពួកគេចង់បានទៅពួកគេទេ ពួកគេនឹងខឹង ពួកគេប្រែជាប្រទូសរ៉ាយ ហើយពួកគេចាប់ផ្ដើមស្រែកជេរប្រមាថ។ តើមនុស្សមិនមែនបែបនេះទេឬ? នេះគឺជាភាពទាបថោករបស់មនុស្សជាតិ។
មូលហេតុមួយដែលមនុស្សខ្វះវិចារណញ្ញាណ គឺដោយសារមនុស្សនៅតែមិនយល់ពីសេចក្ដីពិត។ វាមិនមានពាក់ព័ន្ធអ្វីនឹងនិស្ស័យពុករលួយរបស់ពួកគេឡើយ។ ប៉ុន្តែនៅពេលពួកគេមិនទទួលបានអ្វីដែលពួកគេចង់បាន ពួកគេខឹង ស្រែកជេរប្រមាថ ស្អប់ និងសងសឹក តើនេះគឺជាអ្វីទៅ? នេះគឺជាទឹកមុខបែបអារក្សរបស់សាតាំងដែលកំពុងលេចឡើង។ វាគឺជានិស្ស័យពុករលួយបែបសាតាំងនៅក្នុងពួកគេ។ ហេតុដូច្នេះហើយ ចំពោះសេចក្ដីសន្យាដែលព្រះជាម្ចាស់បានធ្វើចំពោះមនុស្សជាតិ អ្វីដែលមនុស្សម្នាក់ៗបង្ហាញចេញនៅចំពោះព្រះជាម្ចាស់ មិនបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ មនុស្សលូកដៃរបស់ពួកគេភ្លាមៗ ដោយចង់បាន ដោយមិនស្គាល់ពីកម្រិតខ្លួនឯង ដោយទាមទារភ្លាមៗ ហើយប្រសិនបើពួកគេមិនអាចទទួលបានអ្វីដែលពួកគេទាមទារទេ នោះពួកគេរិះគិតថាតើពួកគេអាចប្រើអ្វីដើម្បីដោះដូរយកវាបាន។ ពួកគេបោះបង់ចោលគ្រួសារ និងអាជីពរបស់ពួកគេ ពួកគេរងទុក្ខ និងលះបង់ ពួកគេខ្នះខ្នែង និងលះបង់ខ្លួនឯង ពួកគេផ្សាយដំណឹងល្អ និងទទួលបានមនុស្សកាន់តែច្រើន ពួកគេធ្វើការកាន់តែច្រើន ហើយពួកគេប្រើរឿងទាំងនេះដើម្បីដោះដូរយកអ្វីដែលពួកគេចង់បាន។ ប្រសិនបើពួកគេមិនអាចដោះដូររឿងទាំងនេះយកអ្វីដែលពួកគេចង់បានទេ ពួកគេប្រែជាខឹងសម្បាសេចក្ដីស្អប់ពេញហូរហៀរក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេក្លាយជាស្អប់ខ្ពើមអ្វីៗទាំងអស់ដែលទាក់ទងនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់។ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេអាចដោះដូររឿងទាំងនេះយកអ្វីដែលពួកគេចង់បាន នោះជារៀងរាល់ថ្ងៃ ពួកគេទន្ទឹងរង់ចាំឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់បញ្ចប់ ដើម្បីឱ្យព្រះជាម្ចាស់ឆាប់បំផ្លាញសាតាំង ឆាប់បញ្ចប់មនុស្សជាតិ ឆាប់ទម្លាក់ភយន្តរាយមក បើមិនដូច្នេះទេ ពួកគេមានអារម្មណ៍ថាពួកគេទ្រាំលែងបានហើយ។ តើមនុស្សម្នាក់ៗបញ្ចេញឱ្យឃើញអ្វីខ្លះនៅចំពោះវត្តមានសេចក្ដីពិត? ពួកគេបញ្ចេញឱ្យឃើញនិស្ស័យដូចជា ការស្អប់ខ្ពើមសេចក្ដីពិត និងភាពកាចសាហាវ។ បើមើលនៅពេលនេះ ភាពក្រអឺតក្រទម សេចក្ដីបញ្ឆោត និងភាពរឹងទទឹងម្ដងម្កាលរបស់មនុស្ស អាចត្រូវបានចាត់ទុកថាស្រាល និងមិនសូវធ្ងន់ធ្ងរប៉ុន្មានទេ នៅក្នុងចំណោមនិស្ស័យពុករលួយទាំងអស់របស់មនុស្សជាតិ។ និស្ស័យពុករលួយដែលមនុស្សជាតិមានច្រើនជាងគេ ដែលធ្ងន់ធ្ងរជាង និងស៊ីជម្រៅជាងគេ គឺសេចក្ដីទុច្ចរិត ការស្អប់ខ្ពើមសេចក្ដីពិត និងភាពកាចសាហាវ ទាំងនេះគឺជាធាតុដ៏គ្រោះថ្នាក់ដល់ជីវិត នៅក្នុងចំណោមនិស្ស័យពុករលួយរបស់មនុស្ស។ ជាការពិតណាស់ នៅពេលនិយាយដល់ពួកទទឹងនឹងព្រះគ្រីស្ទ និស្ស័យទាំងនេះគឺរឹតតែធ្ងន់ធ្ងរខ្លាំងទៅទៀត ហើយនៅពេលពួកគេបញ្ចេញឱ្យឃើញនិស្ស័យទាំងនេះ ពួកគេមិនចាត់ទុកវាជាការសំខាន់ទេ ពួកគេមិនពិនិត្យពិច័យវាទេ ពួកគេមិនមានអារម្មណ៍ថាជំពាក់គុណណាមួយចំពោះព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនមានអារម្មណ៍ថាពួកគេមានបញ្ហាអ្វីទាល់តែសោះទៅទៀត។ ពួកគេមិនទទួលយកសេចក្ដីពិតទេ ពួកគេមិនស្គាល់ខ្លួនឯងឡើយ ហើយវារឹតតែមិនអាចទៅរួចទៅទៀតសម្រាប់ពួកគេក្នុងការប្រែចិត្ត។ ហេតុដូច្នេះហើយ មិនថាក្នុងកាលៈទេសៈ មជ្ឈដ្ឋាន ឬបរិបទណាក៏ដោយ ពួកគេចាត់ទុកការសោយរាជ្យជាស្ដេច ដែលជាសេចក្ដីសន្យាដ៏ខ្ពង់ខ្ពស់បំផុត និងល្អបំផុតដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ថាជាគោលដៅរបស់ពួកគេដែលត្រូវដេញតាម។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនលះបង់ការដេញតាមនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេទទូចដើរតាមផ្លូវរបស់ពួកគេ ហើយនេះធ្វើឱ្យពួកគេមិនអាចត្រូវបានសង្គ្រោះជាដាច់ខាត។ មនុស្សទាំងនេះពិតជាគួរឱ្យខ្លាចណាស់! តាមរយៈអ្វីដែលមនុស្សទាំងនេះបញ្ចេញឱ្យឃើញ អ្នកអាចមើលឃើញយ៉ាងច្បាស់ពីនិស្ស័យ និងមុខមាត់ពិតរបស់សាតាំង។ សេចក្ដីពិតជាច្រើនត្រូវបានប្រកបគ្នា ហើយអស់អ្នកដែលមានវិចារណញ្ញាណ ដែលអាចទទួលយកសេចក្ដីពិត និងដែលមានបំណងប្រាថ្នាក្នុងការស្ដាប់បង្គាប់ និងចុះចូល តាមពិតទៅ ពួកគេយល់យ៉ាងច្បាស់ថា តើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺជាអ្វី។ ពួកគេលែងដេញតាមឋានៈ អនាគត និងវាសនាយ៉ាងរឹងរូសទៀតហើយ ប៉ុន្តែសុខចិត្តប្រែចិត្តនៅក្រោមការលាតត្រដាងនៃព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ សុខចិត្តលះបង់បំណងប្រាថ្នាចង់បានព្រះពររបស់ពួកគេ ដេញតាមសេចក្ដីពិត ស្វែងរកការចុះចូលនឹងព្រះជាម្ចាស់ និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយខិតខំប្រឹងប្រែងដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ បើមើលទៅលើបំណងប្រាថ្នាខាងក្នុងរបស់មនុស្សភាគច្រើននៅពេលនេះ គោលដៅដែលពួកគេដេញតាម បានឆ្លងកាត់ផ្លាស់ប្ដូរជាមូលដ្ឋាន ពួកគេសុខចិត្តបំពេញភារកិច្ចរបស់ពួកគេក្នុងរបៀបដែលត្រូវតាមស្ដង់ដា ពួកគេសុខចិត្តធ្វើជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដ ហើយពួកគេសុខចិត្តទទួលបានសេចក្ដីសង្គ្រោះ។ ពួកគេមិនបំពេញភារកិច្ចរបស់ពួកគេដើម្បីទទួលបានព្រះពរឡើយ ហើយពួកគេក៏មិនធ្វើឱ្យតែរួចពីដៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីតែទទួលបានព្រះពរដែរ។ ក្រៅពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលតែងតែចង់សោយរាជ្យជាស្ដេច មនុស្សភាគច្រើនសុខចិត្តដេញតាមសេចក្ដីពិត។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលចាត់ទុកការដេញតាមអនាគត ព្រះពរ និងការសោយរាជ្យជាស្ដេច ថាជាគោលដៅ និងជាផ្លែផ្កាដែលទីបំផុតត្រូវទទួលបាន នៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ពួកគេនឹងមិនលះបង់រឿងទាំងនេះ ឬកែប្រែទិសដៅឡើយ មិនថាអ្នកនិយាយអ្វីក៏ដោយ តើពួកគេមិនកំពុងស្ថិតក្នុងបញ្ហាធំទេឬ? ពួកគេដឹងយ៉ាងច្បាស់ណាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ពួកគេគ្រាន់តែមិនទទួលយកវាប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីដែលអាចផ្លាស់ប្ដូរពួកគេបានឡើយ ពួកគេអាចត្រឹមតែត្រូវបានជម្រុះចោល និងដាក់ទោសប៉ុណ្ណោះ។ នេះគឺជាលទ្ធផលចុងក្រោយនៃជំនឿរបស់ពួកទទឹងនឹងព្រះគ្រីស្ទលើព្រះជាម្ចាស់។
ពេលនេះ តើខ្ញុំបានប្រកបគ្នាយ៉ាងច្បាស់លាស់ អំពីរឿងដែលមនុស្សស្វែងរកការសោយរាជ្យជាស្ដេចនេះហើយឬនៅ? តើអ្នករាល់គ្នាទទួលបានការយល់ដឹងថ្មីហើយឬនៅ? តើផ្លូវនៃការដេញតាមការសោយរាជ្យជាស្ដេចនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ចុះតើមនុស្សគួរប្រព្រឹត្តចំពោះរឿងនេះយ៉ាងដូចម្ដេច? នៅក្នុងរឿងនេះ តើសេចក្ដីពិតអ្វីខ្លះដែលគួរយល់ ដើម្បីស្គាល់ពីសារជាតិរបស់មនុស្ស? វាអាស្រ័យលើព្រះជាម្ចាស់ក្នុងការជំនុំជម្រះថា តើសារជាតិ និងឥរិយាបថរបស់មនុស្សម្នាក់ពិតជាយ៉ាងណា។ តើព្រះជាម្ចាស់ផ្អែកការជំនុំជម្រះរបស់ទ្រង់ចំពោះរឿងទាំងអស់នេះ ទៅលើអ្វី? ទ្រង់ផ្អែកវាទៅលើសេចក្ដីពិត។ ហេតុដូច្នេះហើយ លទ្ធផល ឬគោលដៅរបស់មនុស្សម្នាក់ មិនត្រូវបានកំណត់ដោយឆន្ទៈផ្ទាល់ខ្លួនរបស់គេឡើយ ហើយក៏មិនមែនដោយចំណូលចិត្ត ឬការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេដែរ។ ព្រះអាទិករ ដែលជាព្រះជាម្ចាស់ មានសិទ្ធិសម្រេចចុងក្រោយ។ តើមនុស្សគួរសហការយ៉ាងដូចម្ដេចនៅក្នុងរឿងនេះ? មនុស្សមានផ្លូវតែមួយគត់ដែលពួកគេអាចជ្រើសរើសបានគឺ៖ លុះត្រាតែពួកគេស្វែងរកសេចក្ដីពិត យល់ពីសេចក្ដីពិត ស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រេចឱ្យបាននូវការចុះចូលនឹងព្រះជាម្ចាស់ និងទទួលបានសេចក្ដីសង្គ្រោះប៉ុណ្ណោះ ទើបនៅទីបំផុត ពួកគេនឹងមានទីបញ្ចប់ដ៏ល្អ និងវាសនាដ៏ល្អ។ វាមិនពិបាកស្រមៃពីអនាគត និងវាសនារបស់មនុស្សឡើយ ប្រសិនបើពួកគេធ្វើផ្ទុយពីរឿងនេះ។ ដូច្នេះ នៅក្នុងរឿងនេះ ចូរកុំសម្លឹងមើលអ្វីដែលព្រះជាម្ចាស់បានសន្យាចំពោះមនុស្ស អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីលទ្ធផលរបស់មនុស្សជាតិ និងអ្វីដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិឡើយ។ រឿងទាំងនេះគ្មានពាក់ព័ន្ធអ្វីនឹងអ្នកឡើយ វាជារឿងរបស់ព្រះជាម្ចាស់ វាមិនអាចទទួលបានតាមរយៈការដណ្ដើមយក ការទាមទារ ឬការដោះដូរឡើយ។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត តើអ្នកគួរធ្វើអ្វីទៅ? អ្នកគួរតែបំពេញភារកិច្ចរបស់អ្នក ធ្វើអ្វីដែលអ្នកគួរធ្វើដោយអស់ពីចិត្ត គំនិត និងកម្លាំងរបស់អ្នក។ រឿងដែលនៅសេសសល់ គឺរឿងដែលទាក់ទងនឹងអនាគត និងវាសនា ព្រមទាំងគោលដៅនាពេលអនាគតរបស់មនុស្សជាតិ រឿងទាំងនេះមិនមែនជារឿងដែលអ្នកអាចសម្រេចចិត្តបានឡើយ វាស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ អ្វីៗទាំងអស់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ វាត្រូវបានទ្រង់រៀបចំ ហើយគ្មានពាក់ព័ន្ធអ្វីនឹងភាវៈដែលព្រះបានបង្កើតណាមួយឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ហេតុអ្វីបានជាប្រាប់ពួកយើងពីរឿងនេះ ប្រសិនបើវាគ្មានពាក់ព័ន្ធអ្វីនឹងពួកយើងសោះនោះ?» ទោះបីជាវាគ្មានពាក់ព័ន្ធអ្វីនឹងអ្នករាល់គ្នាក៏ដោយ ក៏វាពាក់ព័ន្ធនឹងព្រះជាម្ចាស់ដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជ្រាបពីរឿងទាំងនេះ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានព្រះបន្ទូលពីរឿងទាំងនេះ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិសន្យារឿងទាំងនេះដល់មនុស្សជាតិ។ ហើយប្រសិនបើព្រះជាម្ចាស់ជ្រាបពីរឿងទាំងនេះ តើព្រះជាម្ចាស់មិនគួរមានព្រះបន្ទូលពីរឿងទាំងនេះទេឬ? វាគឺជាកំហុសមួយ ដែលនៅតែដេញតាមអនាគត និងវាសនារបស់អ្នក នៅពេលអ្នកមិនដឹងថាវាជាអ្វីនោះ។ ព្រះជាម្ចាស់មិនបានតម្រូវឱ្យអ្នកដេញតាមរឿងនេះទេ ទ្រង់គ្រាន់តែឱ្យអ្នកដឹងប៉ុណ្ណោះ។ ប្រសិនបើអ្នកជឿទាំងខុសថា នេះគឺជាការដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់អ្នកឱ្យចាត់ទុកវាជាគោលដៅនៃការដេញតាមរបស់អ្នក នោះអ្នកពិតជាខ្វះវិចារណញ្ញាណទាំងស្រុងហើយ ហើយមិនមានគំនិតនៃភាពជាមនុស្សធម្មតាឡើយ។ ការដឹងពីអ្វីៗទាំងអស់ដែលព្រះជាម្ចាស់សន្យា គឺគ្រប់គ្រាន់ហើយ។ អ្នកត្រូវតែទទួលស្គាល់ការពិតមួយគឺ៖ មិនថាវាជាសេចក្ដីសន្យាប្រភេទណាក៏ដោយ ទោះជាល្អ ឬសាមញ្ញ ទោះជារឿងដែលមនុស្សចូលចិត្ត ឬជារឿងដែលពួកគេមិនសូវចាប់អារម្មណ៍ក៏ដោយ ក៏វាស្ថិតនៅក្រោមអធិបតេយ្យភាព ការរៀបចំ និងការកំណត់របស់ព្រះអាទិករទាំងអស់។ មានតែការដើរតាម និងការដេញតាមស្របតាមទិសដៅ និងផ្លូវដ៏ត្រឹមត្រូវដែលព្រះអាទិករបានចង្អុលបង្ហាញប៉ុណ្ណោះ ទើបជាភារកិច្ច និងកាតព្វកិច្ចរបស់ភាវៈដែលព្រះបានបង្កើត។ ចំណែកឯអ្វីដែលអ្នកទទួលបាននៅទីបញ្ចប់ និងសេចក្ដីសន្យាណាមួយរបស់ព្រះជាម្ចាស់ដែលអ្នកមានចំណែកក្នុងនោះ គឺសុទ្ធតែផ្អែកលើការដេញតាមរបស់អ្នក លើផ្លូវដែលអ្នកដើរ និងលើអធិបតេយ្យភាពរបស់ព្រះអាទិករ។ តើព្រះបន្ទូលទាំងនេះច្បាស់លាស់ចំពោះអ្នករាល់គ្នាហើយឬនៅ? (ច្បាស់ហើយ។) ហើយតើព្រះបន្ទូលទាំងនេះនឹងជួយអ្នករាល់គ្នាឱ្យបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់អ្នករាល់គ្នា ឬក៏វានឹងជួយអ្នករាល់គ្នាឱ្យដើរតាមផ្លូវដ៏ត្រឹមត្រូវក្នុងជីវិត ក្នុងការដេញតាមសេចក្ដីពិត? (ព្រះបន្ទូលទាំងនេះនឹងជួយពួកយើងឱ្យដេញតាមសេចក្ដីពិត និងដើរតាមផ្លូវដ៏ត្រឹមត្រូវក្នុងជីវិត។) សម្រាប់អស់អ្នកដែលមានភាពជាមនុស្សធម្មតា និងវិចារណញ្ញាណ ដែលស្រឡាញ់អ្វីៗដែលវិជ្ជមាន និងសេចក្ដីពិត ពួកគេមិនត្រឹមតែមិនខកចិត្តនៅពេលពួកគេឮព្រះបន្ទូលទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចមុតមាំនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ដើម្បីដេញតាមសេចក្ដីពិត និងទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផងដែរ។ ក៏ប៉ុន្តែ អស់អ្នកដែលគ្មានភាពមានវិចារណញ្ញាណធម្មតា មនុស្សមិនប្រក្រតីទាំងនោះដែលដេញតាមព្រះពរ ផលប្រយោជន៍ខាងសាច់ឈាម និងការបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេយ៉ាងរឹងរូស អាចនឹងបាត់បង់សេចក្ដីក្លៀវក្លានៅពេលដែលពួកគេឮព្រះបន្ទូលទាំងនេះ ហើយបាត់បង់ចំណាប់អារម្មណ៍ក្នុងការជឿលើព្រះជាម្ចាស់។ ជាការពិតណាស់ ក៏មានមនុស្សមួយចំនួនដែលមិនដឹងថាត្រូវជឿដោយរបៀបណា នៅពេលពួកគេឮព្រះបន្ទូលទាំងនេះដែរ។ តើការដែលមនុស្សយល់ពីសេចក្ដីពិត មិនមែនជារឿងសំខាន់ណាស់ទេឬ? តើសេចក្ដីពិតមិនអាចដឹកនាំមនុស្សឱ្យដើរតាមផ្លូវដ៏ត្រឹមត្រូវ និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ បានល្អជាងទេឬ? (មែនហើយ។) មានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចធ្វើឱ្យមនុស្សទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ នោះនៅលើផ្លូវទៅរកសេចក្ដីសង្គ្រោះ អ្នកនឹងឧស្សាហ៍វង្វេងផ្លូវ ប្រព្រឹត្តកំហុស និងរងការខាតបង់ ហើយនៅពេលអ្នកឈានដល់ទីបញ្ចប់នៃផ្លូវក្នុងសេចក្ដីជំនឿរបស់អ្នក អ្នកនឹងមិនមានតថភាពនៃសេចក្ដីពិតអ្វីទាល់តែសោះ ហើយក្លាយជាអ្នកបម្រើការសុទ្ធសាធ។ ប្រសិនបើអ្នកដើរតួនាទីជាអ្នកបម្រើការពេញមួយរយៈពេលជាច្រើនឆ្នាំនៃការជឿរបស់អ្នកលើព្រះជាម្ចាស់ ហើយនៅទីបំផុតមិនអាចក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាទេ នោះវាគឺជាសោកនាដកម្មមួយហើយ។
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០