ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីដប់)
II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ
ឃ. អនាគត និងវាសនារបស់ពួកគេ
តើប្រធានបទអ្វីដែលពួកយើងបានប្រកបគ្នានៅឯការជួបជុំលើកមុន? (ព្រះជាម្ចាស់បានប្រកបគ្នាអំពីវិធីដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ «អ្នកបម្រើការ»។ ដំបូង ព្រះជាម្ចាស់បានប្រកបគ្នាអំពីរបៀបដែលព្រះជាម្ចាស់កំណត់ន័យឈ្មោះ «អ្នកបម្រើការ»។ ព្រះជាម្ចាស់ក៏បានប្រកបគ្នាអំពីភាពខុសគ្នារវាងមនុស្សម្នាក់ដែលបានបោះបង់សភាពជាអ្នកបម្រើការចោល និងមនុស្សម្នាក់ដែលនៅតែជាអ្នកបម្រើការ ហើយចុងក្រោយ ព្រះជាម្ចាស់បានវែកញែកពីទស្សនៈ និងការដេញតាមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទាក់ទងនឹងឈ្មោះ «អ្នកបម្រើការ»។) ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈ និងអាកប្បកិរិយាបែបណាចំពោះឈ្មោះ «អ្នកបម្រើការ»? តើពួកគេនិយាយ និងធ្វើអ្វីខ្លះ? (អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះឈ្មោះ «អ្នកបម្រើការ» គឺជាអាកប្បកិរិយានៃការមិនទទួលយក និងការស្អប់ខ្ពើម។ ពួកគេមិនទទួលយកឈ្មោះនេះឡើយ មិនថាវាមកពីនរណាក៏ដោយ ហើយពួកគេជឿថា ការធ្វើជាអ្នកបម្រើការ គឺជាការបន្ទាបតម្លៃ។ ពួកគេជឿថា អ្នកបម្រើការមិនត្រូវបានព្រះជាម្ចាស់កំណត់ន័យ ដោយផ្អែកលើសារជាតិរបស់មនុស្សជាតិនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការដែលព្រះជាម្ចាស់ប្រឈមតតាំង និងមើលងាយដល់អត្តសញ្ញាណ និងតម្លៃរបស់មនុស្ស។) (ពួកទទឹងនឹងព្រះគ្រីស្ទនិយាយឃ្លាដ៏ល្បីល្បាញនេះថា៖ «ខ្ញុំនឹងមិនធ្វើកិច្ចការលំបាកនៅពីក្រោយឆាក ខណៈពេលដែលអ្នកផ្សេងទទួលបានការចាប់អារម្មណ៍នោះទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែចង់ឱ្យអ្នកដទៃបម្រើការដល់ពួកគេប៉ុណ្ណោះ ហើយពួកគេគិតថា ការបម្រើការដល់ព្រះជាម្ចាស់ ជារឿងដ៏គួរឱ្យអាម៉ាស់មួយ ដូច្នេះហើយ នៅពេលពួកគេដឹងថា ខ្លួនពួកគេផ្ទាល់គឺជាអ្នកបម្រើការ ពួកគេមិនចង់បន្តបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតទេ ហើយផ្ទុយទៅវិញ ពួកគេចាប់ផ្ដើមស្វែងរកផ្លូវគេចវេះ ហើយនឹងថែមទាំងបង្កការបង្អាក់ និងការរំខាន ព្រមទាំងធ្វើរឿងបំផ្លិចបំផ្លាញទៀតផង។) ដោយវិនិច្ឆ័យតាមអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះឈ្មោះ «អ្នកបម្រើការ» តើយើងឃើញថាសារជាតិរបស់ពួកគេជាអ្វី? (សារជាតិរបស់ពួកគេ គឺជាសារជាតិដែលប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ ហើយស្អប់សេចក្ដីពិត។) ហើយតើនេះជានិស្ស័យអ្វី នៅពេលសារជាតិរបស់ពួកគេ គឺជាសារជាតិដែលប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ និងសេចក្ដីពិតនោះ? (វាជានិស្ស័យទុច្ចរិត និងកាចសាហាវ។) ត្រូវហើយ វាជានិស្ស័យទុច្ចរិត និងកាចសាហាវ។ តើការជំរុញចិត្ត និងបំណងដំបូងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់គឺជាអ្វី? តើពួកគេចង់ទទួលបានអ្វី? តើមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេគឺជាអ្វី? តើពួកគេមកដើម្បីធ្វើជាអ្នកបម្រើការឬ? តើពួកគេមកដោយផ្អែកលើអាកប្បកិរិយានៃការធ្វើជាមនុស្សល្អ និងដើរតាមផ្លូវត្រឹមត្រូវ តាមរយៈការជឿលើព្រះជាម្ចាស់ឬ? (មិនមែនទេ។) ចុះតើពួកគេមកដើម្បីអ្វី? បើនិយាយឱ្យត្រូវទៅ ពួកគេមកដើម្បីព្រះពរ ហើយនិយាយឱ្យចំទៅ ពួកគេស្វែងរកការសោយរាជ្យជាស្ដេច សោយរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់ ហើយពួកគេស្វែងរកអ្វីៗដែលខ្ពង់ខ្ពស់ និងអស្ចារ្យ។ ដូច្នេះ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សគឺជាអ្នកបម្រើការ នេះគឺផ្ទុយស្រឡះ ហើយប្រឆាំងនឹងមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការស្វែងរកព្រះពរ និងការសោយរាជ្យជាស្ដេច វាហួសពីការរំពឹងទុករបស់ពួកគេ ហើយពួកគេមិនដែលគិតថា ព្រះជាម្ចាស់នឹងប្រទានឈ្មោះនេះដល់មនុស្សឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកការពិតនេះបានទេ។ ហើយតើពួកគេអាចធ្វើរឿងអ្វីខ្លះ នៅពេលពួកគេមិនអាចទទួលយកការពិតនេះបាន? តើពួកគេស្វែងរកដើម្បីទទួលយកការពិតនេះ ហើយផ្លាស់ប្ដូរខ្លួនឯងដែរឬទេ? ពួកគេមិនស្វែងរកដើម្បីទទួលយកការពិតនេះទេ ហើយពួកគេក៏មិនស្វែងរកដើម្បីផ្លាស់ប្ដូរមហិច្ឆតា និងនិស្ស័យរបស់ពួកគេដែរ។ ហេតុដូច្នេះហើយ ប្រសិនបើពួកគេត្រូវបានប្រាប់ថា ពួកគេគឺជាអ្នកបម្រើការ ហើយចេតនា និងបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរ ត្រូវបានដកហូតចេញ នោះពួកគេលែងអាចឈរមាំនៅក្នុងពួកជំនុំបានទៀតហើយ។ ពេលដែលពួកគេដឹងការពិត និងដឹងថា មនុស្សដូចពួកគេដែលមានការបង្ហាញចេញបែបនេះ គឺជាអ្នកបម្រើការ ពួកគេក៏បោះបង់ក្ដីសង្ឃឹមទាំងស្រុង ហើយបញ្ចេញឱ្យឃើញធាតុពិតរបស់ពួកគេ។ ពួកគេមិនស្វែងរកដើម្បីផ្លាស់ប្ដូរស្ថានភាពរបស់ពួកគេក្នុងនាមជាអ្នកបម្រើការទេ ហើយពួកគេក៏មិនស្វែងរកដើម្បីផ្លាស់ប្ដូរអាកប្បកិរិយា និងទស្សនៈខុសឆ្គងរបស់ពួកគេចំពោះឈ្មោះ «អ្នកបម្រើការ» ហើយដើរតាមផ្លូវក្នុងការដេញតាមសេចក្ដីពិតនោះដែរ។ នោះហើយជាមូលហេតុដែល មិនថាព្រះជាម្ចាស់ធ្វើការរៀបចំបែបណានោះទេ ក៏មនុស្សបែបនេះនឹងមិនចុះចូល ឬទទួលយកការរៀបចំទាំងនោះឡើយ ហើយពួកគេនឹងមិនស្វែងរកសេចក្ដីពិតនោះទេ។ ផ្ទុយទៅវិញ ពួកគេប្រឹងប្រើខួរក្បាលរបស់ពួកគេ ដោយព្យាយាមគិតរកវិធីរបស់មនុស្ស ដើម្បីកម្ចាត់ឈ្មោះនេះចេញពីខ្លួន ហើយពួកគេធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបោះចោលអត្តសញ្ញាណនេះ។ ដោយវិនិច្ឆ័យតាមការបង្ហាញចេញដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញនេះ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិតដល់ឆ្អឹងតែម្ដង។ ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ ពួកគេមិនទទួលយកសេចក្ដីពិតឡើយ ហើយពួកគេមានគំនិត និងសញ្ញាណផ្ទាល់ខ្លួនអំពីសេចក្ដីពិត ប៉ុន្តែមិនមែនតាមរបៀបធម្មតានោះទេ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម មានសេចក្ដីស្អប់ និងថែមទាំងប្រទូសរ៉ាយយ៉ាងជ្រាលជ្រៅចំពោះអ្វីៗដែលវិជ្ជមាន និងសេចក្ដីពិត ចេញពីទីជម្រៅចិត្តរបស់ពួកគេ នេះហើយគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
តាមរយៈចម្លើយរបស់អ្នករាល់គ្នាអម្បាញ់មិញនេះ ខ្ញុំឃើញថា អ្នករាល់គ្នាមិនបានសង្ខេបខ្លឹមសារនៃការប្រកបគ្នានីមួយៗទេ ហើយបន្ទាប់មក អ្នករាល់គ្នាមិនបានអានអធិដ្ឋាន ឬសញ្ជឹងគិតឡើយ។ លើកមុន ពួកយើងបានប្រកបគ្នាអំពីទិដ្ឋភាពសំខាន់ៗចំនួនបី៖ ទីមួយគឺការកំណត់ន័យថា តើអ្នកបម្រើការគឺជាអ្វី។ ទីពីរគឺ វិធីដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ «អ្នកបម្រើការ» ឬនិយាយឱ្យចំទៅ តើការបង្ហាញចេញ និងឥរិយាបថនៃការមិនសុខចិត្តធ្វើជាអ្នកបម្រើការរបស់ពួកគេជាអ្វីឱ្យប្រាកដ ហើយតើមូលហេតុនៅពីក្រោយរឿងនោះជាអ្វីឱ្យប្រាកដ។ ហើយទីបីគឺ តើបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី ដោយសារតែពួកគេមិនសុខចិត្តធ្វើជាអ្នកបម្រើការ ពោលគឺ តើពួកគេចង់ធ្វើអ្វី តើមហិច្ឆតារបស់ពួកគេគឺជាអ្វី ហើយតើគោលដៅរបស់ពួកគេនៅក្នុងការជឿលើព្រះជាម្ចាស់គឺជាអ្វី។ ជាមូលដ្ឋាន ពួកយើងបានប្រកបគ្នាអំពីប្រធានបទរងនៃ «វិធីដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ “អ្នកបម្រើការ”» ពីទិដ្ឋភាពទាំងបីនេះ ហើយតាមរយៈទិដ្ឋភាពទាំងបីនេះ ពួកយើងបានវែកញែកពីការអនុវត្ត និងឥរិយាបថផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ នៅក្នុងការចាត់ទុករបស់ពួកគេចំពោះឈ្មោះ «អ្នកបម្រើការ» ព្រមទាំងគំនិត និងទស្សនៈរបស់ពួកគេចំពោះឈ្មោះនេះផងដែរ។ អ្នករាល់គ្នាមិនត្រិះរិះពិចារណាពីខ្លឹមសារនៃការប្រកបគ្នានីមួយៗទេ បន្ទាប់ពីអ្នករាល់គ្នាបានឮរួច។ អ្នករាល់គ្នាចងចាំរឿងទាំងនេះបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែប្រសិនបើពេលវេលាយូរកន្លងផុតទៅ អ្នករាល់គ្នាមិនអាចសូម្បីតែចងចាំរឿងទាំងនេះបានផង។ ប្រសិនបើអ្នករាល់គ្នាចង់យល់ និងទទួលបានសេចក្ដីពិត នោះអ្នករាល់គ្នាត្រូវតែខិតខំប្រឹងប្រែងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយឧស្សាហ៍អានអធិដ្ឋាន និងត្រិះរិះពិចារណា អ្នករាល់គ្នាត្រូវតែទុករឿងទាំងនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ ប្រសិនបើអ្នកមិនយករឿងទាំងនេះទុកក្នុងចិត្ត និងមិនខិតខំប្រឹងប្រែងទេ ហើយអ្នកមិនគិតអំពីរឿងទាំងនេះនៅក្នុងចិត្តទេ នោះអ្នកនឹងមិនទទួលបានអ្វីឡើយ។ មនុស្សមួយចំនួននិយាយថា៖ «រឿងពួកទទឹងនឹងព្រះគ្រីស្ទ គឺនៅឆ្ងាយពីខ្ញុំណាស់។ ខ្ញុំមិនមានគម្រោងចង់ធ្វើជាអាទទឹងនឹងព្រះគ្រីស្ទទេ ហើយខ្ញុំក៏មិនមែនជាមនុស្សអាក្រក់ដូចពួកគេដែរ។ ខ្ញុំនឹងគ្រាន់តែបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាមនុស្សដែលតូចតាចបំផុតម្នាក់ គឺបានហើយសម្រាប់ខ្ញុំ។ ខ្ញុំនឹងធ្វើអ្វីក៏ដោយដែលគេប្រាប់ឱ្យខ្ញុំធ្វើ ហើយខ្ញុំនឹងមិនដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទឡើយ។ លើសពីនេះទៅទៀត ទោះបីជាខ្ញុំមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទបន្តិចបន្តួចក៏ដោយ ក៏ខ្ញុំនឹងផ្លាស់ប្ដូរវាបន្តិចម្ដងៗតាមពេលវេលាដែរ ហើយនោះគ្រាន់តែជានិស្ស័យពុករលួយធម្មតាប៉ុណ្ណោះ វាមិនធ្ងន់ធ្ងរនោះទេ។ គ្មានប្រយោជន៍អ្វីដែលត្រូវស្ដាប់រឿងនេះឡើយ»។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? ប្រសិនបើនរណាម្នាក់ចង់សម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ នោះអ្វីដែលសំខាន់បំផុត គេត្រូវតែស្វែងយល់ឱ្យដឹងថា តើសភាព គំនិត និងទស្សនៈអ្វីខ្លះដែលអាចកើតចេញពីនិស្ស័យពុករលួយរបស់គេ នៅក្នុងស្ថានភាពគ្រប់បែបយ៉ាងទាំងអស់។ មានតែការស្វែងយល់ពីរឿងទាំងនេះប៉ុណ្ណោះ ទើបគេអាចដឹងថា តើនិស្ស័យពុករលួយរបស់គេផ្ទាល់គឺជាអ្វី តើគេទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រឆាំងនឹងសេចក្ដីពិតនៅត្រង់ចំណុចណាខ្លះ ហើយតើគេមានអ្វីខ្លះនៅក្នុងខ្លួន ដែលផ្ទុយពីសេចក្ដីពិត។ ពេលដែលគេដឹងពីរឿងទាំងនេះ គេអាចដោះស្រាយបញ្ហា និងនិស្ស័យពុករលួយទាំងនេះបាន ហើយទទួលបានការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប្រសិនបើអ្នកមិនមានការយល់ដឹងអំពីនិស្ស័យពុករលួយផ្សេងៗដែលត្រូវបានបញ្ចេញឱ្យឃើញ ឬសភាពផ្សេងៗដែលអាចកើតមាននៅក្នុងស្ថានភាពផ្សេងៗទេ ហើយអ្នកមិនមានការយល់ដឹងអំពីរបៀបដែលរឿងទាំងនេះប្រឆាំងនឹងសេចក្ដីពិត ឬបញ្ហាកើតឡើងត្រង់ណាទេ នោះតើអ្នកនឹងដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា? ប្រសិនបើអ្នកចង់ដោះស្រាយបញ្ហាទាំងនេះ ដំបូង អ្នកត្រូវតែស្វែងយល់ឱ្យដឹងថា តើប្រភពរបស់វាស្ថិតនៅត្រង់ណា តើសភាពរបស់វាជាអ្វី តើបញ្ហាជាក់លាក់កើតឡើងនៅត្រង់ណា ហើយបន្ទាប់មក ចាប់ផ្ដើមដោះស្រាយពីរបៀបដែលអ្នកត្រូវចូលទៅក្នុង។ តាមរបៀបនេះ និស្ស័យពុករលួយរបស់អ្នក និងសភាពផ្សេងៗដែលកើតឡើង អាចត្រូវបានដោះស្រាយម្ដងមួយៗ។ មើលទៅហាក់ដូចជាអ្នករាល់គ្នានៅតែមិនទាន់ច្បាស់អំពីការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ឬអំពីការដោះស្រាយនិស្ស័យពុករលួយ និងការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យនៅឡើយទេ។ អ្នករាល់គ្នានៅតែមិនទាន់ដើរលើផ្លូវត្រូវឡើយ។
៥. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះឋានៈរបស់ពួកគេនៅក្នុងពួកជំនុំ
ថ្ងៃនេះ ពួកយើងនឹងប្រកបគ្នាអំពីប្រធានបទចុងក្រោយទាក់ទងនឹងផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ៖ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះឋានៈរបស់ពួកគេនៅក្នុងពួកជំនុំ។ នៅពេលនិយាយដល់ឋានៈរបស់ពួកគេនៅក្នុងពួកជំនុំ ចំពោះការបង្ហាញចេញដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញ រឿងដែលពួកគេធ្វើ ព្រមទាំងទស្សនៈ និងសារជាតិនិស្ស័យរបស់ពួកគេនៅពេលពួកគេធ្វើរឿងទាំងនោះ យើងនឹងបែងចែកវាជាបីទិដ្ឋភាព ហើយវែកញែកវាម្ដងមួយៗ។ ទិដ្ឋភាពទីមួយគឺ «ដោយការធ្វើពុត» ទីពីរគឺ «ដោយការក្លែងបន្លំ» និងទីបីគឺ «ដោយការតម្កើងខ្លួនលើសគេទាំងអស់»។ ទិដ្ឋភាពមួយៗនៃទិដ្ឋភាពទាំងបីនេះ ត្រូវបានសរសេរដោយពាក្យពេចន៍ប៉ុន្មានម៉ាត់ប៉ុណ្ណោះ ហើយអាចត្រូវបានចាត់ទុកថាសង្ខេប ប៉ុន្តែមានសកម្មភាព ការបង្ហាញចេញ និងពាក្យសម្ដីផ្សេងៗជាច្រើនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងអាកប្បកិរិយា និងនិស្ស័យរបស់ពួកគេ ដែលរួមបញ្ចូលនៅក្នុងទិដ្ឋភាពនីមួយៗ។ ឥឡូវនេះ ចូរគិតមើលថា ហេតុអ្វីបានជាខ្ញុំកំណត់ន័យទិដ្ឋភាពទាំងបីនេះ ដើម្បីប្រកបគ្នាអំពីប្រធានបទថ្ងៃនេះ។ តើអ្នករាល់គ្នាកំណត់ន័យប្រធានបទអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះឋានៈរបស់ពួកគេនៅក្នុងពួកជំនុំនេះ នៅក្នុងគំនិតយ៉ាងដូចម្ដេច បន្ទាប់ពីបានអានវារួច? តើអ្នករាល់គ្នាមានគំនិតអ្វីខ្លះ? អ្វីដែលមនុស្សភាគច្រើនគិតនៅក្នុងគំនិតរបស់ពួកគេ គឺប្រាកដជាភាពផ្ដាច់ការរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការអះអាងពីឋានៈរបស់ពួកគេ ការអូសទាញយកចិត្តមនុស្ស និងការដណ្ដើមអំណាចរបស់ពួកគេនៅក្នុងពួកជំនុំ ពោលគឺ ពួកគេតែងតែចង់ធ្វើជាមន្ត្រី ចង់អះអាងពីឋានៈរបស់ពួកគេ ចង់កាន់អំណាច និងគ្រប់គ្រងមនុស្ស ជាមូលដ្ឋាន រឿងទាំងនេះហើយគឺជាអ្វីដែលមនុស្សគិតដល់។ ទាំងនេះគឺជាទិដ្ឋភាពរាងច្បាស់ក្រឡែតដែលពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍បង្ហាញចេញនៅក្នុងពួកជំនុំ ដូច្នេះ ក្រៅពីរឿងទាំងនេះ តើមានការបង្ហាញចេញអ្វីផ្សេងទៀតដែលមនុស្សមិនអាចមើលឃើញ? តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីផ្សេងទៀត ដើម្បីទទួលបានកន្លែងឈរជើងយ៉ាងរឹងមាំនៅក្នុងពួកជំនុំ ដើម្បីទទួលបានឋានៈ និងកិត្យានុភាពខ្ពស់ ហើយថែមទាំងក្ដាប់យកអំណាច និងគ្រប់គ្រងមនុស្សកាន់តែច្រើននោះ? តើពួកគេមានការបង្ហាញចេញអ្វីផ្សេងទៀត? រឿងទាំងនេះគឺជាវិធី និងមធ្យោបាយដែលកាន់តែបំភាន់ ពិសពុល និងលាក់កំបាំង ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ ហើយវាក៏អាចជាគំនិតដែលគ្មាននរណាដឹង ព្រមទាំងជាបំណង និងគោលដៅដែលលាក់កំបាំងនៅក្នុងជម្រៅចិត្តរបស់ពួកគេផងដែរ តើមែនទេ? ដូច្នេះ ចូរយើងប្រកបគ្នាអំពីរឿងទាំងនោះម្ដងមួយៗ។
ក. ដោយការធ្វើពុត
ទិដ្ឋភាពទីមួយគឺ «ដោយការធ្វើពុត»។ អត្ថន័យត្រង់នៃពាក្យ «ការធ្វើពុត» គឺងាយយល់ណាស់ ហើយវាច្បាស់ណាស់ថាមិនមែនជាពាក្យសរសើរឡើយ។ នៅពេលនរណាម្នាក់ត្រូវបានគេនិយាយថាពូកែធ្វើពុត ថាអ្វីគ្រប់យ៉ាងដែលគេធ្វើគឺជាការធ្វើពុត ថាអ្វីគ្រប់យ៉ាងដែលគេធ្វើគឺអ្នកដទៃមិនអាចមើលធ្លុះ ហើយគេប្រព្រឹត្ត និងនិយាយស្ដីតែនៅកម្រិតសើៗពីខាងក្រៅជាមួយអ្នកដទៃប៉ុណ្ណោះ នោះនរណាម្នាក់ដែលប្រព្រឹត្ត និងមានឥរិយាបថបែបនេះ ប្រាកដជាមនុស្សដែលបោកបញ្ឆោតខ្លាំងណាស់។ គេមិនមែនជាមនុស្សស្មោះត្រង់ទេ ហើយគេក៏មិនមែនជាមនុស្សសាមញ្ញ និងជាបុគ្គលគ្មានល្បិចដែរ ប៉ុន្តែផ្ទុយទៅវិញ គេពូកែលេងល្បែងផ្លូវចិត្តណាស់ គេមានល្បិចកលជ្រៅណាស់ ហើយគេពូកែបោកបញ្ឆោតអ្នកដទៃណាស់។ នេះគឺជាការយល់ដឹងជាមូលដ្ឋានបំផុតនៃពាក្យ «ការធ្វើពុត»។ ដូច្នេះ តើឥរិយាបថ និងសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានទំនាក់ទំនងអ្វីជាមួយឥរិយាបថប្រភេទនេះ? តើពួកគេធ្វើអ្វីខ្លះ ដែលបង្ហាញថាពួកគេមានសារជាតិនៃការធ្វើពុត? តើគោលបំណងរបស់ពួកគេក្នុងការធ្វើពុតគឺជាអ្វីឱ្យប្រាកដទៅ? តើចេតនារបស់ពួកគេគឺជាអ្វីឱ្យប្រាកដទៅ? ហេតុអ្វីបានជាពួកគេត្រូវធ្វើពុត? រឿងទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រធានបទដែលពួកយើងនឹងប្រកបគ្នានៅថ្ងៃនេះ។
ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សដែលមិនសុខចិត្តនៅពីក្រោយអ្នកដទៃឡើយ។ ពួកគេមិនសុខចិត្តពឹងផ្អែកលើអ្នកដទៃ មិនសុខចិត្តទទួលយកការបញ្ជា ការចង្អុលបង្ហាញ និងការបង្គាប់បញ្ជារបស់អ្នកដទៃ ហើយមិនសុខចិត្តធ្វើជាមនុស្សសាមញ្ញ និងត្រូវបានអ្នកដទៃមើលងាយឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលចង់មានកិត្យានុភាព ចង់ឱ្យអ្នកដទៃគោរពកោតសរសើរពួកគេ និងចង់ឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់។ លើសពីនេះទៅទៀត នៅក្នុងពួកជំនុំ និងក្នុងចំណោមអ្នកដទៃ ពួកគេកាន់តែប៉ងចង់ធ្វើជាអ្នកដែលចេញបញ្ជា និងចង្អុលបង្ហាញឱ្យអ្នកដទៃធ្វើរឿងនានាឱ្យពួកគេ។ ពួកគេចង់អនុវត្តការប៉ងប្រាថ្នារបស់ពួកគេ តាមរយៈកិត្យានុភាព ឥទ្ធិពល និងអំណាចដែលពួកគេប្រើ ហើយពួកគេមិនចង់ធ្វើជាមនុស្សសាមញ្ញ ដែលនរណាក៏អាចបញ្ជា និងចង្អុលបង្ហាញឱ្យធ្វើរឿងនានាបានឡើយ។ ទាំងនេះគឺជាការដេញតាម និងបំណងប្រាថ្នាដែលពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងចំណោមអ្នកដទៃ។ ពួកទទឹងនឹងព្រះគ្រីស្ទងាយប្រតិកម្មខ្លាំងណាស់ នៅពេលនិយាយដល់ឋានៈរបស់ពួកគេនៅក្នុងចំណោមអ្នកដទៃ។ នៅពេលស្ថិតក្នុងក្រុមមួយ ពួកគេមិនជឿថា អាយុ និងសុខភាពរាងកាយរបស់ពួកគេមានសារៈសំខាន់អ្វីឡើយ។ អ្វីដែលពួកគេជឿថាសំខាន់នោះគឺ របៀបដែលមនុស្សភាគច្រើនមើលមកពួកគេ ថាតើមនុស្សភាគច្រើនផ្ដល់ពេលវេលាឱ្យពួកគេ និងទុកកន្លែងឱ្យពួកគេនៅក្នុងការនិយាយស្ដី និងសកម្មភាពរបស់ពួកគេដែរឬទេ ថាតើឋានៈ និងតំណែងរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្សភាគច្រើនខ្ពស់ ឬក៏ធម្មតា ថាតើមនុស្សភាគច្រើនមើលឃើញថាពួកគេខ្ពង់ខ្ពស់ ឬធម្មតា ឬក៏គ្មានអ្វីពិសេស ជាជើម។ របៀបដែលមនុស្សភាគច្រើនចាត់ទុកគុណវុឌ្ឍិនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ តើពាក្យសម្ដីរបស់ពួកគេមានទម្ងន់កម្រិតណានៅក្នុងចំណោមមនុស្ស ពោលគឺ មនុស្សប៉ុន្មាននាក់ដែលទទួលស្គាល់ពួកគេ មនុស្សប៉ុន្មាននាក់ដែលសរសើរពួកគេ លើកមេដៃឱ្យពួកគេ ស្ដាប់ដោយយកចិត្តទុកដាក់ និងយកសម្ដីពួកគេទុកក្នុងចិត្ត។ លើសពីនេះទៅទៀត ថាតើមនុស្សភាគច្រើនមើលឃើញថាពួកគេមានសេចក្ដីជំនឿធំធេង ឬបន្តិចបន្តួច ការតាំងចិត្តរបស់ពួកគេក្នុងការស៊ូទ្រាំនឹងការរងទុក្ខគឺបែបណា ពួកគេបោះបង់ និងលះបង់ច្រើនប៉ុនណា ពួកគេចូលរួមចំណែកអ្វីខ្លះចំពោះដំណាក់របស់ព្រះជាម្ចាស់ ថាតើតំណែងដែលពួកគេកាន់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ខ្ពស់ ឬទាប ពួកគេធ្លាប់រងទុក្ខអ្វីខ្លះកាលពីអតីតកាល និងរឿងសំខាន់ៗអ្វីខ្លះដែលពួកគេបានធ្វើ រឿងទាំងនេះហើយគឺជាអ្វីដែលពួកគេខ្វល់ខ្វាយបំផុត។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែគិតពីឋានៈ និងលំដាប់ថ្នាក់នៅក្នុងគំនិតរបស់ពួកគេ ដោយតែងតែប្រៀបធៀបថា តើនរណាមានអំណោយទានជាងគេនៅក្នុងពួកជំនុំ តើនរណាពូកែនិយាយ និងប្រសប់វោហារជាងគេនៅក្នុងពួកជំនុំ តើនរណាពូកែខាងជំនាញវិជ្ជាជីវៈ និងស្ទាត់ជំនាញខាងបច្ចេកវិទ្យាជាងគេ។ ខណៈពេលដែលពួកគេប្រៀបធៀបរឿងទាំងនេះ ពួកគេតែងតែខិតខំប្រឹងប្រែងសិក្សាពីជំនាញវិជ្ជាជីវៈផ្សេងៗ ដោយខិតខំដើម្បីអាចស្ទាត់ជំនាញ និងគ្រប់គ្រងវាបានយ៉ាងល្អ។ ពួកទទឹងនឹងព្រះគ្រីស្ទផ្ដោតជាចម្បងលើការខិតខំប្រឹងប្រែងធ្វើសេចក្ដីអធិប្បាយ និងវិធីពន្យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរបៀបមួយដែលអួតសម្ញែងពីខ្លួនឯង និងធ្វើឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់។ ខណៈពេលដែលពួកគេកំពុងខិតខំប្រឹងប្រែងនេះ ពួកគេមិនមែនកំពុងស្វែងរករបៀបយល់ពីសេចក្ដីពិត ឬរបៀបចូលទៅក្នុងតថភាពនៃសេចក្ដីពិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេកំពុងរិះគិតពីរបៀបចងចាំព្រះបន្ទូលទាំងនេះ របៀបដែលពួកគេអាចអួតសម្ញែងពីចំណុចខ្លាំងរបស់ពួកគេទៅកាន់មនុស្សកាន់តែច្រើន ដើម្បីឱ្យមនុស្សកាន់តែច្រើនដឹងថា ពួកគេពិតជាអស្ចារ្យមែន ថាពួកគេមិនមែនគ្រាន់តែជាមនុស្សសាមញ្ញទេ ថាពួកគេមានសមត្ថភាព ហើយថាពួកគេខ្ពង់ខ្ពស់ជាងមនុស្សសាមញ្ញ។ ដោយមានគំនិត បំណង និងទស្សនៈបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទរស់នៅក្នុងចំណោមមនុស្ស ដោយធ្វើរឿងផ្សេងៗគ្រប់បែបយ៉ាង។ ដោយសារតែពួកគេមានទស្សនៈទាំងនេះ ហើយដោយសារតែពួកគេមានការដេញតាម និងមហិច្ឆតាទាំងនេះ ពួកគេមិនអាចចៀសផុតពីការបង្កើតឱ្យមានឥរិយាបថល្អ ពាក្យសម្ដីត្រឹមត្រូវ និងសកម្មភាពល្អៗគ្រប់ប្រភេទ ទាំងធំទាំងតូចបានឡើយ។ ឥរិយាបថ និងសកម្មភាពទាំងនេះ ធ្វើឱ្យមនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណទាំងនោះ ដែលជាមូលដ្ឋានមិនដេញតាមសេចក្ដីពិត និងដែលផ្ដោតតែលើការមានឥរិយាបថល្អ ច្រណែន និងកោតសរសើរពួកទទឹងនឹងព្រះគ្រីស្ទ ហើយថែមទាំងត្រាប់តាម និងដើរតាមពួកគេទៀតផង ហើយតាមរបៀបនេះ គោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានសម្រេច។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមានបំណង និងមហិច្ឆតាបែបនេះ តើពួកគេមានឥរិយាបថយ៉ាងដូចម្ដេច? នេះគឺជាអ្វីដែលពួកយើងនឹងប្រកបគ្នានៅថ្ងៃនេះ។ វាគឺជាប្រធានបទដែលស័ក្ដិសមនឹងប្រកបគ្នា ហើយវារឹតតែជាប្រធានបទដែលស័ក្ដិសមនឹងផ្ដោតអារម្មណ៍ និងដឹង សម្រាប់អ្នករាល់គ្នាម្នាក់ៗ។
ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិត ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ការនេះបង្ហាញយ៉ាងច្បាស់ពីការពិតមួយ៖ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតឡើយ ពួកគេមិនដែលអនុវត្តសេចក្ដីពិតទេ ដែលនេះគឺជាការបង្ហាញចេញដ៏ច្បាស់ក្រឡែតបំផុតរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ក្រៅពីកេរ្តិ៍ឈ្មោះ និងឋានៈ ព្រមទាំងការទទួលបានព្រះពរ និងរង្វាន់ រឿងមួយទៀតដែលពួកគេដេញតាម គឺការសោយសុខនឹងភាពស្រណុកសុខស្រួលខាងសាច់ឈាម និងផលប្រយោជន៍នៃឋានៈ ហើយដោយសារពួកគេមានការដេញតាមបែបនេះ ពួកគេក៏ប្រាកដជាបង្កការបង្អាក់ និងការរំខាន។ ការពិតទាំងនេះបង្ហាញថា អ្វីដែលពួកគេដេញតាម ព្រមទាំងឥរិយាបថ និងការបង្ហាញចេញរបស់ពួកគេ មិនមែនជាទីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។ ហើយទាំងនេះដាច់ខាតមិនមែនជាសកម្មភាព និងឥរិយាបថរបស់មនុស្សដែលដេញតាមសេចក្ដីពិតនោះទេ។ ឧទាហរណ៍៖ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលដូចជាប៉ុល មានការតាំងចិត្តក្នុងការរងទុក្ខ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន ពួកគេអាចនៅដាច់យប់ និងមិនបរិភោគអាហារ នៅពេលបំពេញកិច្ចការរបស់ពួកគេ ពួកគេអាចបង្រ្កាបរូបកាយរបស់ពួកគេផ្ទាល់ អាចយកឈ្នះលើជំងឺ និងភាពមិនស្រួលខ្លួនណាមួយបាន។ ហើយតើគោលដៅរបស់ពួកគេក្នុងការធ្វើរឿងទាំងអស់នេះគឺជាអ្វី? គឺដើម្បីបង្ហាញអ្នកគ្រប់គ្នាថា ពួកគេអាចលះបង់ខ្លួនឯង ពោលគឺការបដិសេធខ្លួនឯង នៅពេលនិយាយដល់ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយថាសម្រាប់ពួកគេ គឺមានតែភារកិច្ចប៉ុណ្ណោះ។ ពួកគេបង្ហាញរឿងទាំងអស់នេះនៅចំពោះមុខអ្នកដទៃ។ នៅពេលមានមនុស្សនៅក្បែរ ពួកគេមិនសម្រាកនៅពេលពួកគេគួរសម្រាកនោះទេ ថែមទាំងមានចេតនាពន្យារម៉ោងធ្វើការរបស់ពួកគេ ក្រោកពីព្រលឹម និងចូលគេងយឺតទៀតផង។ ប៉ុន្តែ ចុះចំណែកប្រសិទ្ធភាពកិច្ចការ និងប្រសិទ្ធផលនៃភារកិច្ចរបស់ពួកគេវិញ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទលំបាកពីព្រឹករហូតដល់យប់? រឿងទាំងនេះមិនមែនជាអ្វីដែលពួកគេយកមកពិចារណាឡើយ។ ពួកគេគ្រាន់តែព្យាយាមធ្វើរឿងទាំងអស់នេះនៅចំពោះមុខអ្នកដទៃប៉ុណ្ណោះ ដើម្បីឱ្យអ្នកដទៃអាចឃើញពួកគេរងទុក្ខ និងឃើញពីរបៀបដែលពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ដោយមិនគិតពីខ្លួនឯង។ ចំណែកឯថាតើភារកិច្ចដែលពួកគេបំពេញ និងកិច្ចការដែលពួកគេកំពុងធ្វើ ត្រូវបានអនុវត្តស្របតាមគោលការណ៍សេចក្ដីពិតដែរឬអត់នោះ ពួកគេមិនគិតអំពីរឿងនេះទាល់តែសោះ។ អ្វីគ្រប់យ៉ាងដែលពួកគេគិត គឺថាតើឥរិយាបថល្អពីខាងក្រៅរបស់ពួកគេ ត្រូវបានអ្នកគ្រប់គ្នាឃើញដែរឬទេ តើអ្នកគ្រប់គ្នាដឹងឮពីរឿងនេះដែរឬទេ តើពួកគេបានបន្សល់ទុកចំណាប់អារម្មណ៍ក្នុងចិត្តអ្នកគ្រប់គ្នាដែរឬទេ ហើយថាតើចំណាប់អារម្មណ៍នេះនឹងធ្វើឱ្យអ្នកគ្រប់គ្នាកោតសរសើរ និងទទួលស្គាល់ពួកគេដែរឬទេ តើមនុស្សទាំងនេះនឹងលើកមេដៃសរសើរឱ្យពួកគេនៅពីក្រោយខ្នងដោយនិយាយថា៖ «ពួកគេពិតជាអាចស៊ូទ្រាំនឹងទុក្ខលំបាកមែន ស្មារតីនៃការស៊ូទ្រាំ និងការតស៊ូព្យាយាមដ៏អស្ចារ្យរបស់ពួកគេ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចប្រៀបផ្ទឹមបានឡើយ។ នេះគឺជាមនុស្សដែលដេញតាមសេចក្ដីពិត ដែលអាចរងទុក្ខ និងស៊ូទ្រាំនឹងបន្ទុកដ៏ធ្ងន់ ហើយជាសសរទ្រូងនៅក្នុងពួកជំនុំ»។ ពេលបានឮដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទមានការពេញចិត្ត។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ខ្ញុំពិតជាឆ្លាតណាស់ដែលធ្វើពុតបែបនោះ ខ្ញុំពិតជាឆ្លាតណាស់ដែលធ្វើបែបនេះ! ខ្ញុំដឹងថាអ្នកគ្រប់គ្នានឹងមើលតែសំបកក្រៅប៉ុណ្ណោះ ហើយពួកគេចូលចិត្តឥរិយាបថល្អៗទាំងនេះ។ ខ្ញុំដឹងថា ប្រសិនបើខ្ញុំធ្វើបែបនេះ វានឹងធ្វើឱ្យមនុស្សពេញចិត្តនឹងខ្ញុំ វានឹងធ្វើឱ្យពួកគេលើកមេដៃឱ្យខ្ញុំ វានឹងធ្វើឱ្យពួកគេកោតសរសើរខ្ញុំចេញពីជម្រៅចិត្តរបស់ពួកគេ ធ្វើឱ្យពួកគេមានទស្សនៈថ្មីទាំងស្រុងចំពោះខ្ញុំ ហើយនឹងគ្មាននរណាម្នាក់មើលងាយខ្ញុំទៀតឡើយ។ ហើយប្រសិនបើមានថ្ងៃមួយដែលខាងលើដឹងថា ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែង ហើយដកហូតតំណែងខ្ញុំ នោះប្រាកដជានឹងមានមនុស្សជាច្រើនចេញមុខការពារខ្ញុំ យំជំនួសខ្ញុំ ជំរុញឱ្យខ្ញុំនៅបន្ត និងនិយាយជំនួសខ្ញុំជាមិនខាន»។ ពួកគេលួចត្រេកអរចំពោះឥរិយាបថក្លែងក្លាយរបស់ពួកគេ ហើយតើការត្រេកអរនេះ មិនមែនជាការបញ្ចេញឱ្យឃើញនូវសារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? ហើយតើនេះជាសារជាតិអ្វី? (សេចក្ដីទុច្ចរិត។) ត្រូវហើយ នេះគឺជាសារជាតិនៃសេចក្ដីទុច្ចរិត។ ដោយត្រូវបានសារជាតិនៃសេចក្ដីទុច្ចរិតនេះគ្រប់គ្រង ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតឱ្យមានសភាពនៃការពេញចិត្តនឹងខ្លួនឯង និងការកោតសរសើរខ្លួនឯង ដែលបណ្ដាលឱ្យពួកគេលួចស្រែកតវ៉ា និងប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ពីសំបកក្រៅ ពួកគេហាក់ដូចជាបានលះបង់យ៉ាងធំធេង ហើយសាច់ឈាមរបស់ពួកគេស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើន ប៉ុន្តែ តើពួកគេពិតជាគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់មែនឬទេ? តើពួកគេពិតជាលះបង់ខ្លួនដើម្បីព្រះជាម្ចាស់មែនឬទេ? តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់បានដែរឬទេ? ទេ ពួកគេមិនអាចឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេលួចប្រកួតប្រជែងជាមួយព្រះជាម្ចាស់ ដោយគិតថា៖ «តើព្រះអង្គមិនបានមានបន្ទូលទេឬថា ទូលបង្គំគ្មានសេចក្ដីពិតនោះ? តើព្រះអង្គមិនបានមានបន្ទូលទេឬថា ទូលបង្គំមាននិស្ស័យពុករលួយ? តើព្រះអង្គមិនបានមានបន្ទូលទេឬថា ទូលបង្គំក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ហើយថាទូលបង្គំព្យាយាមបង្កើតនគរផ្ទាល់ខ្លួនរបស់ទូលបង្គំ? តើព្រះអង្គមិនបានមានបន្ទូលទេឬថា ទូលបង្គំគ្មានការយល់ដឹងខាងវិញ្ញាណ ថាទូលបង្គំមិនយល់ពីសេចក្ដីពិត ដូច្នេះទើបទូលបង្គំជាអ្នកបម្រើការនោះ? ទូលបង្គំនឹងបង្ហាញព្រះអង្គពីរបៀបដែលទូលបង្គំបម្រើការ និងអ្វីដែលបងប្អូនប្រុសស្រីគិតចំពោះទូលបង្គំ នៅពេលទូលបង្គំបម្រើការបែបនេះ ហើយទូលបង្គំធ្វើបែបនេះ។ ទូលបង្គំនឹងបង្ហាញព្រះអង្គថា តើទូលបង្គំអាចទទួលបានការកោតសរសើរពីមនុស្សកាន់តែច្រើនតាមរយៈការធ្វើបែបនេះដែរឬទេ។ ហើយថ្ងៃណាមួយ នៅពេលព្រះអង្គចង់ដេញទូលបង្គំចេញ និងថ្កោលទោសទូលបង្គំ ពេលនោះ ទូលបង្គំនឹងចាំមើលថា តើព្រះអង្គនឹងចាត់ចែងរឿងនោះដោយរបៀបណា!» ពួកទទឹងនឹងព្រះគ្រីស្ទប្រកួតប្រជែងជាមួយព្រះជាម្ចាស់តាមរបៀបនេះនៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេព្យាយាមជំនួសការដេញតាមសេចក្ដីពិត ដោយឥរិយាបថល្អៗទាំងនេះ។ តាមរយៈការធ្វើដូច្នេះ ពួកគេព្យាយាមបដិសេធផលជាក់ស្ដែងដែលកើតចេញពីការដែលព្រះជាម្ចាស់ធ្វើការ និងដឹកនាំមនុស្សឱ្យអនុវត្តសេចក្ដីពិត ដើម្បីឱ្យមនុស្សសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ តាមសារជាតិ ពួកគេប្រើប្រាស់ការបកស្រាយនេះ ដើម្បីបដិសេធ និងថ្កោលទោសកិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល ហើយពួកគេជឿថា វាជារឿងខុសឆ្គង និងគ្មានប្រសិទ្ធភាព ដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស។ គំនិត និងទស្សនៈទាំងនេះដែលពួកទទឹងនឹងព្រះគ្រីស្ទមាន គឺទុច្ចរិត ពិសពុល ទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់មិនទាន់បានថ្កោលទោសពួកគេយ៉ាងច្បាស់លាស់ ពួកគេចាប់ផ្ដើមប្រកួតប្រជែងជាមួយព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ នៅពេលព្រះជាម្ចាស់មិនទាន់បានលាតត្រដាងពួកគេ និងថ្កោលទោសឥរិយាបថរបស់ពួកគេ ពួកគេចាប់ផ្ដើមប្រើការធ្វើពុតដើម្បីបំភាន់អ្នកដទៃ និងអូសទាញយកចិត្តមនុស្ស ដើម្បីបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបដិសេធការពិតដែលថា មានតែការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបអាចនាំទៅរកការផ្លាស់ប្ដូរនិស្ស័យ និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ តើនេះមិនមែនជាសារជាតិនៃការបកស្រាយរបស់ពួកគេទេឬ? តើពួកទទឹងនឹងព្រះគ្រីស្ទមិនមាននិស្ស័យទុច្ចរិតទេឬ? នៅពីក្រោយការរងទុក្ខរបស់ពួកគេ ពួកគេរក្សាទុកមហិច្ឆតា និងការលាយឡំបែបនេះ ហើយនោះគឺជាមូលហេតុដែលព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបែបនេះ និងនិស្ស័យបែបនេះ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលមើលឃើញ ឬទទួលស្គាល់ការពិតនេះឡើយ។ ព្រះជាម្ចាស់អង្កេតជម្រៅចិត្តរបស់មនុស្ស ចំណែកឯមនុស្សមើលឃើញតែរូបរាងខាងក្រៅរបស់មនុស្សប៉ុណ្ណោះ។ រឿងដែលល្ងង់ខ្លៅបំផុតអំពីពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេមិនទទួលស្គាល់ការពិតនេះទេ ហើយពួកគេក៏មិនអាចមើលឃើញវាដែរ។ ដូច្នេះ ពួកគេធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីប្រើប្រាស់ឥរិយាបថល្អមកបិទបាំង និងលម្អខ្លួនឯង ដើម្បីឱ្យអ្នកដទៃគិតថា ពួកគេអាចរងទុក្ខ និងស៊ូទ្រាំនឹងទុក្ខលំបាក អាចស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សធម្មតាមិនអាចស៊ូទ្រាំបាន ធ្វើកិច្ចការដែលមនុស្សធម្មតាមិនអាចធ្វើបាន ដើម្បីឱ្យអ្នកដទៃគិតថា ពួកគេមានកម្លាំងស៊ូទ្រាំ ថាពួកគេអាចបង្រ្កាបរូបកាយរបស់ពួកគេផ្ទាល់បាន ហើយថាពួកគេមិនគិតគូរពីផលប្រយោជន៍ ឬការសោយសុខខាងសាច់ឈាមរបស់ពួកគេឡើយ។ ជួនកាល ពួកគេថែមទាំងមានចេតនាពាក់សម្លៀកបំពាក់របស់ពួកគេរហូតដល់វាកខ្វក់បន្តិច ហើយមិនបោកគក់ទៀតផង សូម្បីតែពេលសម្លៀកបំពាក់នោះចាប់ផ្ដើមមានក្លិនស្អុយក៏ដោយ។ ពួកគេធ្វើអ្វីក៏ដោយដែលធ្វើឱ្យអ្នកដទៃគោរពបូជាពួកគេ។ ពេលពួកគេកាន់តែនៅចំពោះមុខអ្នកដទៃ ពួកគេកាន់តែធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីបង្ហាញខ្លួនឯង ដើម្បីឱ្យអ្នកដទៃមើលឃើញថា ពួកគេខុសពីមនុស្សធម្មតា ថាបំណងប្រាថ្នារបស់ពួកគេក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ គឺធំធេងជាងមនុស្សធម្មតា ថាការតាំងចិត្តរបស់ពួកគេក្នុងការរងទុក្ខ គឺធំធេងជាងមនុស្សធម្មតា ហើយថាកម្លាំងស៊ូទ្រាំរបស់ពួកគេចំពោះការរងទុក្ខ គឺធំធេងជាងមនុស្សធម្មតា។ ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតឱ្យមានឥរិយាបថបែបនេះ នៅក្នុងកាលៈទេសៈប្រភេទនេះ ហើយនៅពីក្រោយឥរិយាបថទាំងនេះ គឺជាបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងជម្រៅចិត្តរបស់ពួកគេ ដែលចង់ឱ្យមនុស្សគោរពបូជា និងវាយតម្លៃពួកគេខ្ពស់។ ហើយនៅពេលពួកគេសម្រេចបានគោលដៅរបស់ពួកគេ នៅពេលពួកគេឮការសរសើររបស់មនុស្ស និងនៅពេលពួកគេឃើញមនុស្សសម្លឹងមើលពួកគេដោយក្ដីច្រណែន កោតសរសើរ និងពេញចិត្ត នោះហើយគឺជាពេលដែលពួកគេមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តនៅក្នុងចិត្តរបស់ពួកគេ។
តើមានភាពខុសគ្នាអ្វីខ្លះ រវាងឥរិយាបថល្អសើៗពីខាងក្រៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការស៊ូទ្រាំនឹងការរងទុក្ខ និងការលះបង់ ជាមួយនឹងការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ការមានភាពស្មោះត្រង់ និងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត? (បំណងគឺខុសគ្នា។ អស់អ្នកដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងផ្ដោតលើការស្វែងរកគោលការណ៍ លើលទ្ធផលកិច្ចការ និងលើប្រសិទ្ធភាពកិច្ចការ។ ពីសំបកក្រៅ ពួកទទឹងនឹងព្រះគ្រីស្ទហាក់ដូចជាលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ប៉ុន្តែវាគ្រាន់តែដើម្បីឱ្យអ្នកដទៃគោរពកោតសរសើរពួកគេប៉ុណ្ណោះ។ ពួកគេមិនគិតគូរពីប្រសិទ្ធភាពកិច្ចការ ឬលទ្ធផលកិច្ចការទាល់តែសោះ។) ត្រូវហើយ មានភាពខុសគ្នានៅក្នុងបំណង ការជំរុញចិត្ត និងប្រភពនៃពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ វាគឺខុសគ្នាទាំងស្រុង។ មនុស្សដែលស៊ូទ្រាំនឹងការរងទុក្ខដូចជាពួកគេ ហើយដេញតាមសេចក្ដីពិត ស្វែងរកគោលការណ៍នៅក្នុងអំឡុងពេលនៃការរងទុក្ខនេះ។ ការស្វែងរកគោលការណ៍ យ៉ាងហោចណាស់ក៏បង្ហាញថា ពួកគេមានផ្នត់គំនិតនៃការចុះចូល ពួកគេមិនព្យាយាមធ្វើរឿងផ្ទាល់ខ្លួន ឬព្យាយាមធ្វើរឿងសម្រាប់ខ្លួនឯងនោះទេ ពួកគេមានការចុះចូល និងមានចិត្តកោតខ្លាចព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ពួកគេ ហើយពួកគេដឹងច្បាស់ណាស់ថា ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន មិនមែនកំពុងពាក់ព័ន្ធក្នុងរឿងផ្ទាល់ខ្លួនរបស់មនុស្សឡើយ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទហាក់ដូចជាស៊ូទ្រាំនឹងការរងទុក្ខដូចគ្នាក៏ដោយ ក៏ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ និងសម្ដែងឱ្យមនុស្សឃើញប៉ុណ្ណោះ។ ពួកគេមិនស្វែងរកគោលការណ៍សេចក្ដីពិតទេ ពួកគេគ្មានការចុះចូល ឬចិត្តកោតខ្លាចព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ពួកគេឡើយ ចិត្តរបស់ពួកគេមិនរស់នៅចំពោះព្រះជាម្ចាស់ទេ ហើយពួកគេព្យាយាមប្រើប្រាស់ឥរិយាបថ និងការបង្ហាញចេញបែបនេះ ដើម្បីអូសទាញយកចិត្តមនុស្ស និងទិញទឹកចិត្តមនុស្ស។ មានភាពខុសគ្នានៅត្រង់នេះ តើមែនទេ? ដោយវិនិច្ឆ័យតាមសារជាតិនៃឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើយើងអាចនិយាយបានទេថា ការស៊ូទ្រាំនឹងការរងទុក្ខរបស់ពួកគេ គឺជាការធ្វើពុត? (អាច។) នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ឥរិយាបថ និងការបង្ហាញចេញរបស់ពួកគេនៃការស៊ូទ្រាំនឹងការរងទុក្ខ គឺគ្រាន់តែជាការធ្វើឱ្យតែរួចពីដៃ និងសម្ដែងឱ្យមនុស្សឃើញប៉ុណ្ណោះ ពួកគេមិនមែនកំពុងប្រព្រឹត្តនៅចំពោះព្រះជាម្ចាស់ឡើយ។ នេះគឺជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា គ្មាននរណាម្នាក់ពូកែធ្វើពុត និងបោកបញ្ឆោតជាងពួកទទឹងនឹងព្រះគ្រីស្ទឡើយ ដូច្នេះ ពួកគេពូកែបត់បែនណាស់ ហើយច្រើនតែប្រើប្រាស់មធ្យោបាយល្បិចកលណាមួយ ដើម្បីបំភាន់ និងបោកបញ្ឆោតមនុស្ស ក្នុងគោលបំណងសម្រេចគោលដៅរបស់ពួកគេ ក្នុងការធ្វើឱ្យមនុស្សគោរពបូជាពួកគេ។ នេះគឺជាអ្វីដែលពួកគេពូកែបំផុត វាស្ថិតនៅក្នុងឆ្អឹងរបស់ពួកគេ ពួកគេមានសារជាតិល្បិចកល និងក្រឡេចក្រឡុចនេះពីកំណើត។ ឧទាហរណ៍៖ មានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ដែលពាក្យសម្ដី និងឥរិយាបថរបស់ពួកគេហាក់ដូចជាចិត្តល្អ និងបន្ទាបខ្លួនខ្លាំងណាស់ ដែលមិនដែលលាតត្រដាងពីភាពទន់ខ្សោយរបស់អ្នកដទៃ ដែលចេះសម្របតាមគេ ដែលមិនប្រញាប់វិនិច្ឆ័យ ឬថ្កោលទោសអ្នកដទៃឡើយ ហើយនៅពេលមនុស្សមានភាពអវិជ្ជមាន និងទន់ខ្សោយ ពួកគេក៏លូកដៃជួយភ្លាមៗ។ ពួកគេផ្ដល់ចំណាប់អារម្មណ៍ថាពួកគេជាមនុស្សមានចិត្តកក់ក្ដៅ និងចិត្តល្អ ជាមនុស្សល្អម្នាក់។ នៅពេលមនុស្សជួបការលំបាក ជួនកាលពួកគេជួយតាមរយៈពាក្យសម្ដី ហើយជួនកាលតាមរយៈសកម្មភាពខ្លះៗ ថែមទាំងមានពេលខ្លះ ពួកគេបរិច្ចាគប្រាក់ ឬសម្ភារៈមួយចំនួនដើម្បីជួយអ្នកទាំងនោះទៀតផង។ ពីសំបកក្រៅ សកម្មភាពរបស់ពួកគេហាក់ដូចជាល្អ។ នៅក្នុងគំនិតរបស់មនុស្សភាគច្រើន នេះគឺជាប្រភេទមនុស្សដែលពួកគេចង់ជួប និងសេពគប់ជាមួយ។ មនុស្សបែបនេះនឹងមិនគំរាមកំហែង ឬរំខានពួកគេឡើយ ហើយពួកគេអាចទទួលបានជំនួយជាច្រើនពីមនុស្សទាំងនេះ ឧទាហរណ៍ ជំនួយខាងសម្ភារៈ ឬជំនួយផ្លូវចិត្ត ថែមទាំងជំនួយខាងទ្រឹស្ដីវិញ្ញាណកម្រិតខ្ពស់ និងអ្វីៗផ្សេងទៀត។ ពីសំបកក្រៅ មនុស្សបែបនេះមិនធ្វើរឿងអាក្រក់អ្វីឡើយ៖ ពួកគេមិនបង្អាក់ ឬរំខាននៅក្នុងពួកជំនុំទេ ហើយហាក់ដូចជានាំមកនូវភាពសុខដុមរមនាដល់ក្រុមណាក៏ដោយដែលពួកគេស្ថិតនៅ។ ក្រោមការចាត់ចែង និងការសម្របសម្រួលរបស់ពួកគេ អ្នកគ្រប់គ្នាហាក់ដូចជាសប្បាយរីករាយ មនុស្សចុះសម្រុងនឹងគ្នា ហើយគ្មានការឈ្លោះប្រកែក ឬការទាស់ទែងគ្នាឡើយ។ នៅពេលពួកគេនៅទីនោះ អ្នកគ្រប់គ្នាមានអារម្មណ៍ដឹងថា ពួកគេចុះសម្រុងនឹងគ្នាបានល្អកម្រិតណា ពួកគេស្និទ្ធស្នាលនឹងគ្នាកម្រិតណា។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះចេញទៅបាត់ មនុស្សមួយចំនួនចាប់ផ្ដើមនិយាយដើមគ្នា ផាត់គ្នាចេញពីក្រុម ច្រណែនគ្នា និងទាស់ទែងគ្នា។ មានតែពេលដែលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនៅចំណោមពួកគេ ហើយអំពាវនាវឱ្យមានសេចក្ដីសុខសាន្តប៉ុណ្ណោះ ទើបអ្នកគ្រប់គ្នាឈប់ឈ្លោះប្រកែកគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះហាក់ដូចជាមានសមត្ថភាពខ្លាំងណាស់នៅក្នុងកិច្ចការរបស់ពួកគេ ប៉ុន្តែមានរឿងមួយដែលបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើពិតប្រាកដគឺ៖ អ្នកគ្រប់គ្នាដែលពួកគេបង្រៀន និងដឹកនាំ គឺអាចនិយាយពាក្យពេចន៍ និងគោលលទ្ធិបាន អ្នកទាំងអស់នោះសុទ្ធតែចេះពីរបៀបឈរលើឋានៈខ្ពស់របស់ខ្លួន និងស្ដីប្រដៅអ្នកដទៃ អ្នកទាំងអស់នោះសុទ្ធតែចេះពីរបៀបបញ្ជោរមនុស្ស និងយកចិត្តគេ អ្នកទាំងនោះចេះពីរបៀបធ្វើជាមនុស្សក្រឡេចក្រឡុច និងបោកបញ្ឆោត អ្នកទាំងនោះដឹងថាត្រូវនិយាយអ្វីទៅកាន់មនុស្សណា អ្នកទាំងនោះក្លាយជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ហើយពីសំបកក្រៅ ហាក់ដូចជាមានសេចក្ដីសុខសាន្តយ៉ាងល្អឥតខ្ចោះ។ តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបានប្រែក្លាយពួកជំនុំទៅជាអ្វី? ទៅជាអង្គការសាសនាមួយ។ ហើយលទ្ធផលយ៉ាងណាដែរ? មនុស្សរស់នៅតាមទស្សនវិជ្ជាបែបសាតាំងរបស់ពួកគេ ហើយមិនសុខចិត្តដេញតាមសេចក្ដីពិតទេ និងគ្មានការចូលទៅក្នុងជីវិតឡើយ ហើយបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ នេះគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី និងដឹកនាំបងប្អូនប្រុសស្រីទៅរកសេចក្ដីវិនាស ប៉ុន្តែពួកគេនៅតែគិតថា ពួកគេបានចូលរួមចំណែកយ៉ាងធំធេង ថាពួកគេបានធ្វើរឿងដ៏អស្ចារ្យសម្រាប់បងប្អូនប្រុសស្រី និងនាំព្រះពរដ៏ធំធេងមកឱ្យបងប្អូនប្រុសស្រី។ ជារឿយៗ ពួកគេបង្រៀនបងប្អូនប្រុសស្រីឱ្យចេះបន្ទាបខ្លួន និងអត់ធ្មត់ ឱ្យចេះអត់ឱន និងគិតគូរ នៅពេលពួកគេឃើញថាបងប្អូនប្រុសស្រីណាម្នាក់មានបញ្ហា មិនត្រូវនិយាយស្ដីគំរោះគំរើយ ឬធ្វើឱ្យអ្នកដទៃឈឺចាប់ឡើយ ហើយពួកគេណែនាំអ្នកដទៃពីកាយវិការបែបណាដែលត្រូវធ្វើនៅពេលអង្គុយ ឬឈរ ឬសម្លៀកបំពាក់អ្វីដែលត្រូវស្លៀកពាក់។ អ្វីដែលពួកគេឧស្សាហ៍បង្រៀនបងប្អូនប្រុសស្រី មិនមែនជារបៀបយល់ពីសេចក្ដីពិត ឬចូលទៅក្នុងតថភាពនៃសេចក្ដីពិតនោះទេ ប៉ុន្តែជារបៀបធ្វើតាមបទប្បញ្ញត្តិ និងមានឥរិយាបថល្អ។ ក្រោមការបង្ហាត់បង្រៀនរបស់ពួកគេ ការប្រាស្រ័យទាក់ទងរបស់មនុស្សមិនមែនផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ មិនមែនផ្អែកលើគោលការណ៍សេចក្ដីពិតទេ ប៉ុន្តែផ្អែកលើទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ នៃការធ្វើជាមនុស្សផ្គាប់ចិត្តអ្នកដទៃ។ ពីសំបកក្រៅ គ្មាននរណាម្នាក់ធ្វើឱ្យគ្នាទៅវិញទៅមកឈឺចាប់ទេ គ្មាននរណាម្នាក់ចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់អ្នកដទៃឡើយ ប៉ុន្តែគ្មាននរណាម្នាក់ប្រាប់អ្នកដទៃពីអ្វីដែលខ្លួនកំពុងគិតពិតប្រាកដនោះទេ ហើយពួកគេមិនបើកចំហ និងប្រកបគ្នាអំពីសេចក្ដីពុករលួយ ទង្វើបះបោរ ចំណុចខ្វះខាត និងអំពើរំលងរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ នៅកម្រិតសើៗពីខាងក្រៅ ពួកគេនិយាយរអ៊ូរទាំអំពីអ្នកដែលបានរងទុក្ខ និងលះបង់ អំពីអ្នកដែលមានភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន អំពីអ្នកដែលមានប្រយោជន៍ដល់បងប្អូនប្រុសស្រី អំពីអ្នកដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អំពីអ្នកដែលត្រូវបានចាប់ខ្លួន និងកាត់ទោសដោយសារតែការផ្សាយដំណឹងល្អ នោះហើយគឺជាអ្វីទាំងអស់ដែលពួកគេនិយាយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនគ្រាន់តែប្រើប្រាស់ឥរិយាបថល្អ ពោលគឺការបន្ទាបខ្លួន ការអត់ធ្មត់ ការអត់ឱន និងការជួយយកអាសាអ្នកដទៃនៅសំបកក្រៅ ដើម្បីលម្អ និងក្លែងបន្លំខ្លួនឯងប៉ុណ្ណោះទេ ពួកគេថែមទាំងព្យាយាមធ្វើជាគំរូផ្ទាល់ខ្លួន ដើម្បីចម្លងឥរិយាបថល្អនេះដល់អ្នកដទៃ និងលើកទឹកចិត្តអ្នកដទៃឱ្យត្រាប់តាមទៀតផង។ គោលដៅនៅពីក្រោយឥរិយាបថល្អរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការធ្វើឱ្យខ្លួនឯងក្លាយជាចំណុចផ្ដោតនៃការចាប់អារម្មណ៍របស់មនុស្ស ដើម្បីធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់នោះទេ។ នៅពេលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់និយាយពីការស្គាល់ខ្លួនឯង និងវែកញែកពីនិស្ស័យពុករលួយរបស់ខ្លួនផ្ទាល់ ពួកគេនៅស្ងៀម ហើយមិនព្យាយាមវែកញែកពីសេចក្ដីពុករលួយរបស់ពួកគេផ្ទាល់ទាល់តែសោះ។ នៅពេលបងប្អូនប្រុសស្រីលាតត្រដាង និងលួសកាត់ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់គ្នាទៅវិញទៅមក ពួកទទឹងនឹងព្រះគ្រីស្ទគឺជាក្រុមមនុស្សតែមួយគត់ដែលអនុវត្តការបន្ទាបខ្លួន ការអត់ធ្មត់ និងការអត់ឱនចំពោះអ្នកគ្រប់គ្នា។ ពួកគេមិនលាតត្រដាងពីសេចក្ដីពុករលួយដែលនរណាម្នាក់បញ្ចេញឱ្យឃើញឡើយ ហើយថែមទាំងកោតសរសើរ និងលើកតម្កើងបងប្អូនប្រុសស្រីចំពោះឥរិយាបថល្អរបស់អ្នកទាំងនោះ និងចំពោះការផ្លាស់ប្ដូរទៀតផង។ ពួកគេដើរតួជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ដោយសម្ដែងធ្វើជាមនុស្សដែលមានសេចក្ដីស្រឡាញ់ ចេះគិតគូរ ចេះអត់ឱន និងចេះលួងលោម។ ទាំងនេះគឺជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលពូកែបំផុតក្នុងការធ្វើពុត ការបោកបញ្ឆោត និងការបំភាន់មនុស្ស។
មើលពីសំបកក្រៅ ពាក្យសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទហាក់ដូចជាចិត្តល្អ សុភាពរាបសា និងថ្លៃថ្នូរជាពិសេស។ មិនថានរណាបំពានគោលការណ៍ ឬបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលលាតត្រដាង ឬរិះគន់អ្នកនោះឡើយ ហើយពួកគេធ្វើមិនដឹងមិនឮ ដែលធ្វើឱ្យមនុស្សគិតថា ពួកគេមានចិត្តអធ្យាស្រ័យក្នុងគ្រប់រឿងទាំងអស់។ មិនថាមនុស្សបញ្ចេញឱ្យឃើញសេចក្ដីពុករលួយអ្វីខ្លះ និងធ្វើអំពើអាក្រក់អ្វីខ្លះនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទតែងតែយោគយល់ និងអត់ឱន ហើយមិនខឹង ឬផ្ទុះកំហឹងឡើយ។ ពួកគេមិនខឹងសម្បា និងស្ដីបន្ទោសមនុស្សទេ នៅពេលអ្នកទាំងនោះធ្វើរឿងខុសឆ្គង និងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ មិនថានរណាប្រព្រឹត្តសេចក្ដីអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំនោះទេ ក៏ពួកគេមិនខ្វល់ខ្វាយឡើយ ហាក់ដូចជារឿងនេះមិនពាក់ព័ន្ធអ្វីនឹងពួកគេអ៊ីចឹង ហើយពួកគេមិនដែលធ្វើឱ្យមនុស្សអាក់អន់ចិត្តដោយសារតែរឿងនេះឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទខ្វល់ខ្វាយពីរឿងអ្វីជាងគេ? គឺខ្វល់ខ្វាយថាមានមនុស្សប៉ុន្មាននាក់ដែលវាយតម្លៃពួកគេខ្ពស់ និងមនុស្សប៉ុន្មាននាក់ដែលឃើញពួកគេនៅពេលពួកគេរងទុក្ខ ហើយពេញចិត្តនឹងពួកគេចេញពីចិត្ត។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា មិនត្រូវរងទុក្ខដោយអត់ប្រយោជន៍ជាដាច់ខាត មិនថាពួកគេស៊ូទ្រាំនឹងទុក្ខលំបាក លះបង់ ធ្វើរឿងល្អៗ ឬយកចិត្តទុកដាក់ គិតគូរ និងមានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃយ៉ាងណាក៏ដោយ ក៏រឿងទាំងអស់នេះត្រូវតែធ្វើឡើងនៅចំពោះមុខអ្នកដទៃ ដើម្បីឱ្យមនុស្សកាន់តែច្រើនអាចមើលឃើញ។ ហើយតើគោលដៅរបស់ពួកគេក្នុងការធ្វើបែបនេះគឺជាអ្វី? គឺដើម្បីទិញទឹកចិត្តមនុស្ស ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនពេញចិត្តនឹងសកម្មភាព ការប្រព្រឹត្ត និងចរិតលក្ខណៈរបស់ពួកគេចេញពីចិត្ត និងលើកមេដៃឱ្យពួកគេ។ ថែមទាំងមានពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ដែលព្យាយាមបង្កើតរូបភាពឱ្យខ្លួនឯងជា «មនុស្សល្អ» ម្នាក់ តាមរយៈឥរិយាបថល្អពីខាងក្រៅរបស់ពួកគេ ដើម្បីឱ្យមនុស្សកាន់តែច្រើនមករកពួកគេសុំជំនួយ។ ឧទាហរណ៍៖ មាននរណាម្នាក់ក្លាយជាទន់ខ្សោយ ហើយជឿថាមនុស្សភាគច្រើនគ្មានសេចក្ដីស្រឡាញ់ទេ ថាមនុស្សទាំងនោះអាត្មានិយមខ្លាំងណាស់ ហើយថាមនុស្សទាំងនោះមិនចូលចិត្តជួយអ្នកដទៃ និងមិនមានចិត្តកក់ក្ដៅឡើយ បន្ទាប់មក គេក៏នឹកឃើញដល់ «មនុស្សល្អ» ម្នាក់នោះ ដែលតាមពិតគឺជាអាទទឹងនឹងព្រះគ្រីស្ទ។ ឬមួយ មាននរណាម្នាក់ជួបការលំបាកនៅក្នុងកិច្ចការរបស់គេ ហើយមិនដឹងពីរបៀបដោះស្រាយឡើយ។ ពួកគេនឹកមិនឃើញនរណាម្នាក់ដែលអាចជួយបានឡើយ ហើយមនុស្សដំបូងដែលគេនឹកឃើញ គឺជា «មនុស្សល្អ» ម្នាក់នេះ ដែលតាមពិតគឺជាអាទទឹងនឹងព្រះគ្រីស្ទ។ នរណាម្នាក់មិនចង់បំពេញភារកិច្ចរបស់ខ្លួនទៀតទេ គេចង់ដេញតាមលោកីយ៍ ដេញតាមអំណាច និងទ្រព្យសម្បត្តិ និងរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ ហើយទោះបីជាគេក្លាយជាអវិជ្ជមាន និងទន់ខ្សោយយ៉ាងនេះក៏ដោយ ក៏គេមិនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ឬប្រកបគ្នាជាមួយនរណាម្នាក់ឡើយ ហើយនៅក្នុងស្ថានភាពនេះ គេនឹកឃើញដល់ «មនុស្សល្អ» ម្នាក់នោះ ដែលតាមពិតគឺជាអាទទឹងនឹងព្រះគ្រីស្ទ។ ពេលរឿងរ៉ាវចេះតែបន្តទៅមុខបែបនេះ មនុស្សទាំងនេះលែងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតហើយ នៅពេលពួកគេជួបប្រទះបញ្ហា ផ្ទុយទៅវិញ ពួកគេចង់ពឹងផ្អែកលើ «មនុស្សល្អ» ម្នាក់នេះ ដែលតាមពិតគឺជាអាទឹងនឹងព្រះគ្រីស្ទ ដើម្បីជួយពួកគេ។ ពួកគេបើកចំហចិត្តរបស់ពួកគេ និងនិយាយពីរឿងដែលមាននៅក្នុងចិត្តតែទៅកាន់មនុស្សផ្គាប់ចិត្តអ្នកដទៃនេះប៉ុណ្ណោះ ដោយសុំឱ្យមនុស្សផ្គាប់ចិត្តអ្នកដទៃនេះដោះស្រាយការលំបាករបស់ពួកគេ។ ពួកគេទទួលស្គាល់ និងដើរតាមអាទទឹងនឹងព្រះគ្រីស្ទនេះ។ ហើយតើគោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទមិនត្រូវបានសម្រេចតាមរយៈរឿងនេះទេឬ? នៅពេលអាទទឹងនឹងព្រះគ្រីស្ទនោះបានសម្រេចគោលដៅរបស់ខ្លួន តើឋានៈរបស់គេនៅក្នុងពួកជំនុំ មិនក្លាយជាខ្ពស់ជាងមនុស្សសាមញ្ញទេឬ? ហើយនៅពេលគេអាចក្លាយជាលេខមួយ និងក្លាយជាមនុស្សមានអំណាចនៅក្នុងពួកជំនុំ តើគេពិតជាពេញចិត្តដែរឬទេ? អត់ទេ គេមិនពេញចិត្តឡើយ។ តើគេចង់សម្រេចគោលដៅអ្វីទៅ? គេចង់ឱ្យមនុស្សកាន់តែច្រើនពេញចិត្តនឹងគេគេ គោរពកោតសរសើរគេ និងគោរពបូជាគេ ដើម្បីមានតំណែងមួយនៅក្នុងចិត្តរបស់មនុស្ស ហើយជាពិសេស គឺដើម្បីឱ្យមនុស្សរំពឹងលើគេ ពឹងផ្អែកលើគេ និងដើរតាមគេ នៅពេលអ្នកទាំងនោះជួបប្រទះការលំបាកនៅក្នុងសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ ហើយគ្មានកន្លែងពឹងផ្អែក។ នេះគឺជារឿងកាន់តែធ្ងន់ធ្ងរជាងការដែលអាទទឹងនឹងព្រះគ្រីស្ទចង់ក្លាយជាលេខមួយ និងជាមនុស្សមានអំណាចនៅក្នុងពួកជំនុំឆ្ងាយណាស់។ តើវាធ្ងន់ធ្ងរខ្លាំងត្រង់ណា? (អាទទឹងនឹងព្រះគ្រីស្ទនោះប្រកែកតវ៉ានឹងព្រះជាម្ចាស់ ដើម្បីមានតំណែងមួយនៅក្នុងចិត្តរបស់មនុស្ស។ គេចង់ជំនួសព្រះជាម្ចាស់តែម្ដង។) (មនុស្សបែបនេះពិបាកនឹងញែកដឹងណាស់។ ពួកគេប្រើប្រាស់ឥរិយាបថល្អពីខាងក្រៅ ដើម្បីបំភាន់អ្នកដទៃ ដែលនាំឱ្យអ្នកដទៃលែងស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីសេចក្ដីពិត នៅពេលមានបញ្ហា ប៉ុន្តែផ្ទុយទៅវិញ អ្នកទាំងនោះពឹងផ្អែក និងរំពឹងលើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដោយឱ្យពួកគេដោះស្រាយបញ្ហារបស់ខ្លួន និងចាត់ទុកពាក្យសម្ដីរបស់ពួកគេជាសេចក្ដីពិត ដែលបណ្ដាលឱ្យមនុស្សទាំងនេះកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់។ នេះគឺជាមធ្យោបាយដែលកាន់តែពិសពុល និងព្យាបាទ។) ត្រូវហើយ អ្នករាល់គ្នាសុទ្ធតែបានយល់ និងបានលើកឡើងពីចំណុចសំខាន់ដែលថា ពួកទទឹងនឹងព្រះគ្រីស្ទមានតំណែងមួយ និងចាក់ឫសគល់នៅក្នុងចិត្តរបស់មនុស្ស ហើយចង់យកកន្លែងរបស់ព្រះជាម្ចាស់។ មាននរណាម្នាក់និយាយថា៖ «ប្រសិនបើខ្ញុំទៅស្វែងរកព្រះជាម្ចាស់ ខ្ញុំមិនអាចរកទ្រង់ឃើញទេ ខ្ញុំមិនអាចមើលទ្រង់ឃើញឡើយ។ ប្រសិនបើខ្ញុំស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ សៀវភៅនោះក្រាស់ណាស់ មានព្រះបន្ទូលច្រើនពេក ហើយវាពិបាកនឹងរកចម្លើយឃើញណាស់។ ប៉ុន្តែប្រសិនបើខ្ញុំទៅរកមនុស្សម្នាក់នេះ នោះខ្ញុំទទួលបានចម្លើយភ្លាមៗ។ វាទាំងងាយស្រួល និងមានប្រយោជន៍»។ អ្នកឃើញទេ សកម្មភាពរបស់អាទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែធ្វើឱ្យមនុស្សគោរពបូជាគេនៅក្នុងចិត្តរួចទៅហើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទុកកន្លែងមួយនៅក្នុងចិត្តឱ្យគេទៀតផង។ គេចង់យកកន្លែងរបស់ព្រះជាម្ចាស់ នេះគឺជាគោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទ ក្នុងការធ្វើរឿងទាំងនេះ។ វាច្បាស់ណាស់ថា តាមរយៈការធ្វើរឿងទាំងនេះ អាទទឹងនឹងព្រះគ្រីស្ទបានសម្រេចជោគជ័យជាបឋមរួចទៅហើយ។ មានកន្លែងមួយសម្រាប់អាទទឹងនឹងព្រះគ្រីស្ទនេះ នៅក្នុងចិត្តរបស់មនុស្សដែលគ្មានការញែកដឹងទាំងនេះរួចទៅហើយ ហើយមនុស្សមួយចំនួនគោរពបូជា និងគោរពកោតសរសើរគេរួចទៅហើយ។ នេះគឺជាគោលដៅដែលអាទទឹងនឹងព្រះគ្រីស្ទចង់សម្រេចឱ្យបាន។ ប្រសិនបើនរណាម្នាក់មានបញ្ហា ហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ជំនួសឱ្យការស្វែងរកអាទទឹងនឹងព្រះគ្រីស្ទនោះ គេមិនសប្បាយចិត្តទេ ហើយគិតថា៖ «ហេតុអ្វីបានជាអ្នកតែងតែទៅរកព្រះជាម្ចាស់អ៊ីចឹង? ហេតុអ្វីបានជាអ្នកតែងតែនឹកឃើញដល់ព្រះជាម្ចាស់ដូច្នេះ? ហេតុអ្វីបានជាអ្នកមិនមករកខ្ញុំ ឬនឹកឃើញដល់ខ្ញុំអ៊ីចឹង? ខ្ញុំបន្ទាបខ្លួន និងអត់ធ្មត់ខ្លាំងណាស់ ខ្ញុំអាចលះបង់អ្វីៗ និងលះបង់ខ្លួនយ៉ាងច្រើន ហើយខ្ញុំធ្វើទាន ចុះហេតុអ្វីបានជាអ្នកមិនមករកខ្ញុំ? ខ្ញុំជួយអ្នកច្រើនណាស់។ ហេតុអ្វីបានជាអ្នកគ្មានមនសិការសោះអ៊ីចឹង?» អាទទឹងនឹងព្រះគ្រីស្ទនេះមានអារម្មណ៍មិនសប្បាយចិត្ត និងមួម៉ៅ ហើយគេមានអារម្មណ៍ខឹង គឺខឹងនឹងបុគ្គលនោះ ព្រមទាំងខឹងនឹងព្រះជាម្ចាស់។ ដើម្បីសម្រេចគោលដៅចុងក្រោយរបស់ខ្លួន គេបន្តការធ្វើពុត គេបន្តធ្វើទាន និងរក្សាភាពអត់ធ្មត់ និងការអត់ឱន គេបង្ហាញការបន្ទាបខ្លួន គេនិយាយស្ដីដោយចិត្តមេត្តា គេមិនដែលធ្វើឱ្យអ្នកដទៃឈឺចាប់ឡើយ ហើយគេឧស្សាហ៍ផ្ដល់ការលួងលោម នៅពេលមនុស្សកំពុងព្យាយាមស្គាល់ខ្លួនឯង។ នរណាម្នាក់និយាយថា៖ «ខ្ញុំបះបោរ ខ្ញុំគឺជាអារក្ស និងជាសាតាំង»។ គេឆ្លើយតបថា៖ «អ្នកមិនមែនជាអារក្ស ឬជាសាតាំងទេ។ នេះគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ។ កុំបន្ទាបខ្លួនឯងខ្លាំងពេក ហើយកុំមើលស្រាលខ្លួនឯងអី។ ព្រះជាម្ចាស់បានលើកតម្កើងពួកយើង ពួកយើងមិនមែនជាមនុស្សសាមញ្ញទេ ហើយអ្នកមិនត្រូវបន្ទាបបន្ថោកខ្លួនឯងឡើយ។ អ្នកល្អជាងខ្ញុំឆ្ងាយណាស់ ខ្ញុំពុករលួយជាងអ្នកទៅទៀត។ ប្រសិនបើអ្នកជាអារក្ស នោះខ្ញុំគឺជាអារក្សកំណាច។ ប្រសិនបើអ្នកជាអារក្សកំណាច នោះខ្ញុំច្បាស់ជាត្រូវចុះនរក ហើយទៅរកសេចក្ដីហិនវិនាសមិនខាន»។ នេះគឺជារបៀបដែលគេជួយមនុស្ស។ ប្រសិនបើនរណាម្នាក់ទទួលស្គាល់ថាបានធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬដល់កិច្ចការរបស់ពួកជំនុំ នោះអាទទឹងនឹងព្រះគ្រីស្ទនិយាយទៅកាន់បុគ្គលនោះថា៖ «ការធ្វើឱ្យខាតបង់ដល់កិច្ចការរបស់ពួកជំនុំ ក្នុងពេលបំពេញភារកិច្ចរបស់អ្នក និងការដើរផ្លូវខុសបន្តិចបន្តួច មិនមែនជារឿងធំដុំនោះទេ។ ពីមុន ខ្ញុំធ្លាប់បានធ្វើឱ្យខាតបង់ធំធេងជាងអ្នកទៅទៀត ហើយខ្ញុំធ្លាប់ដើរលើផ្លូវវៀចវេរជាងនេះឆ្ងាយណាស់។ គ្រាន់តែផ្លាស់ប្ដូររបៀបដែលអ្នកធ្វើការនៅថ្ងៃមុខទៅបានហើយ វាមិនមែនជាបញ្ហាទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមនសិការរបស់អ្នកមិនអាចទ្រាំទ្របានទេ ខ្ញុំមានប្រាក់ខ្លះ ហើយខ្ញុំនឹងប៉ះប៉ូវសងការខាតបង់នេះជំនួសអ្នក ដូច្នេះ កុំពិបាកចិត្តអី។ ប្រសិនបើអ្នកមានបញ្ហាណាមួយនៅថ្ងៃមុខ គ្រាន់តែមករកខ្ញុំមក ហើយខ្ញុំនឹងធ្វើអស់ពីសមត្ថភាពដើម្បីជួយអ្នក ហើយរឿងអ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើភ្លាមៗ»។ អាទទឹងនឹងព្រះគ្រីស្ទនោះមានស្មារតីនៃ «ភាពស្មោះត្រង់ចំពោះបុគ្គល» នេះ ប៉ុន្តែតាមពិត តើគេធ្វើបែបនេះដើម្បីអ្វី? តើគេពិតជាកំពុងជួយអ្នកមែនឬ? គេកំពុងធ្វើបាបអ្នក នាំអ្នកឱ្យធ្លាក់រណ្ដៅ អ្នកបានធ្លាក់ចូលទៅក្នុងសេចក្ដីល្បួងរបស់សាតាំងហើយ។ គេជីករណ្ដៅឱ្យអ្នក ហើយអ្នកក៏លោតចូលទៅធ្លាក់ក្នុងរណ្ដៅនោះ។ អ្នកធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយនៅតែគិតថាទីនោះល្អទៀត ហើយអ្នកត្រូវបានអាទទឹងនឹងព្រះគ្រីស្ទនេះបំផ្លាញដោយមិនដឹងខ្លួន គឺពិតជាល្ងង់ខ្លៅមែនទែន! នេះគឺជារបៀបដែលសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្ត បំភាន់ និងធ្វើបាបមនុស្ស។ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «វាមិនអីទេ ប្រសិនបើអ្នកគ្រាន់តែគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បន្តិចបន្តួច ហើយប្រុងប្រយ័ត្នបន្តិចនៅថ្ងៃមុខនោះ។ រឿងនេះអាចកែតម្រូវបាន គ្មាននរណាម្នាក់ធ្វើវាដោយចេតនាឡើយ។ ក្នុងចំណោមពួកយើង តើនរណាអាចធ្វើជាមនុស្សគ្រប់លក្ខណ៍បានទៅ? ក្នុងចំណោមពួកយើងគ្មាននរណាម្នាក់គ្រប់លក្ខណ៍ទេ ពួកយើងសុទ្ធតែពុករលួយ។ ខ្ញុំធ្លាប់អាក្រក់ជាងអ្នកឆ្ងាយណាស់។ ចូរយើងដាស់តឿនគ្នាទៅវិញទៅមកនៅថ្ងៃមុខ។ ម្យ៉ាងវិញទៀត ទោះបីជាដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់ខ្លះក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនចងចាំរឿងទាំងនោះដែរ។ ព្រះជាម្ចាស់មានការអភ័យទោស និងអត់ឱនចំពោះមនុស្សខ្លាំងណាស់។ ប្រសិនបើពួកយើងអាចបង្ហាញការអត់ឱនចំពោះគ្នាទៅវិញទៅមកបាន តើព្រះជាម្ចាស់មិនកាន់តែអាចអត់ឱនទេឬ? ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងមិនចងចាំអំពើរំលងរបស់ពួកយើងទេ នោះពួកយើងលែងមានអំពើរំលងអ្វីទៀតហើយ»។ មិនថាមនុស្សម្នាក់ប្រព្រឹត្តកំហុសធំប៉ុនណានោះទេ ក៏អាទទឹងនឹងព្រះគ្រីស្ទគ្រាន់តែនិយាយលេងសើចបន្ធូរស្ថានការណ៍ និងមើលរំលងកំហុសនោះប៉ុណ្ណោះ ដោយបង្ហាញពីទំហំនៃចិត្តដ៏ធំទូលាយរបស់គេ និងបង្ហាញពីកម្រិតនៃចិត្តមេត្តា ភាពអស្ចារ្យ និងការអត់ឱនរបស់គេ។ ផ្ទុយទៅវិញ រឿងនេះធ្វើឱ្យមនុស្សជឿទាំងខុសថា ព្រះជាម្ចាស់តែងតែលាតត្រដាងមនុស្សនៅក្នុងសូរសៀងរបស់ទ្រង់ តែងតែរករឿងចំពោះនិស្ស័យពុករលួយរបស់មនុស្ស និងតែងតែចាប់កំហុសមនុស្សជានិច្ច។ ប្រសិនបើមនុស្សម្នាក់បានប្រព្រឹត្តអំពើរំលង ឬបះបោរ ព្រះជាម្ចាស់លួសកាត់ ជំនុំជម្រះ និងវាយផ្ចាលបុគ្គលនោះ ហើយមើលទៅហាក់ដូចជាទ្រង់មិនគិតគូរដល់មនុស្សឡើយ។ ក៏ប៉ុន្តែ អាទទឹងនឹងព្រះគ្រីស្ទអាចអត់ឱន និងអភ័យទោសដល់មនុស្សក្នុងគ្រប់ស្ថានការណ៍ គេពិតជាអស្ចារ្យ និងគួរឱ្យគោរពណាស់។ តើវាមិនមែនបែបនេះទេឬ? ថែមទាំងមានពួកទទឹងនឹងព្រះគ្រីស្ទខ្លះដែលនិយាយថា៖ «ពួកអ្នកគ្មានជំនឿមានពាក្យមួយឃ្លានេះថា៖ “នៅក្នុងគ្រួសារធំមួយដែលមានទ្រព្យសម្បត្តិច្រើន ការខ្ជះខ្ជាយបន្តិចបន្តួចមិនមែនជាបញ្ហាទេ”។ ដំណាក់របស់ព្រះជាម្ចាស់ធំណាស់ ហើយព្រះជាម្ចាស់ប្រទានព្រះពរយ៉ាងសន្ធឹកសន្ធាប់។ ការខ្ជះខ្ជាយបន្តិចបន្តួចមិនមែនជារឿងធំដុំទេ ព្រះជាម្ចាស់ប្រទានច្រើនណាស់ដល់ពួកយើង។ តើពួកយើងមិនបានខ្ជះខ្ជាយច្រើនទេឬ? ហើយតើព្រះជាម្ចាស់បានធ្វើអ្វីដល់ពួកយើងទៅ? តើព្រះជាម្ចាស់មិនបានអត់ឱនចំពោះរឿងទាំងអស់នេះទេឬ? មនុស្សគឺទន់ខ្សោយ និងពុករលួយ ហើយព្រះជាម្ចាស់បានទតឃើញរឿងនេះជាយូរមកហើយ ដូច្នេះ ប្រសិនបើទ្រង់បានទតឃើញហើយ ហេតុអ្វីបានជាទ្រង់មិនដាក់ទោសពួកយើង? នេះបញ្ជាក់ថា ព្រះជាម្ចាស់មានការអត់ធ្មត់ និងពេញដោយសេចក្ដីមេត្តាករុណា!» តើនេះជាពាក្យសម្ដីប្រភេទអ្វីទៅ? ពួកគេប្រើពាក្យសម្ដីដែលហាក់ដូចជាត្រឹមត្រូវ និងស្របតាមសញ្ញាណរបស់មនុស្ស ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យមនុស្សធ្លាក់ចូលទៅក្នុងសេចក្ដីល្បួង ដើម្បីរំខានដល់និមិត្តរបស់អ្នកទាំងនោះ និងដឹកនាំមនុស្សឱ្យវង្វេងផ្លូវ ព្រមទាំងធ្វើឱ្យមនុស្សយល់ខុសលើព្រះជាម្ចាស់ ដើម្បីកុំឱ្យអ្នកទាំងនោះមានបំណងប្រាថ្នា ឬចិត្តចង់ចុះចូលនឹងទ្រង់សូម្បីតែបន្តិច។ ដោយសារការញុះញង់ ការបំភាន់ និងការដឹកនាំឱ្យវង្វេងផ្លូវពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សក៏បាត់បង់មនសិការបន្តិចបន្តួចដែលខ្លួនមាន ហើយពួកគេទាំងអស់គ្នាចាប់ផ្ដើមស្ដាប់បង្គាប់ និងចុះចូលនឹងពួកទទឹងនឹងព្រះគ្រីស្ទ។
ពួកទទឹងនឹងព្រះគ្រីស្ទពូកែធ្វើពុតជាពិសេស ពេលនៅក្បែរអ្នកដទៃ។ ដូចជាពួកផារិស៊ីអ៊ីចឹង ពីសំបកក្រៅ ពួកគេហាក់ដូចជាមានការអត់ឱនចំពោះមនុស្សខ្លាំងណាស់ ព្រមទាំងអត់ធ្មត់ បន្ទាបខ្លួន និងមានចរិតល្អ ពួកគេហាក់ដូចជាយោគយល់ និងអត់ឱនចំពោះអ្នកគ្រប់គ្នាខ្លាំងណាស់។ នៅពេលចាត់ចែងបញ្ហា ពួកគេតែងតែបង្ហាញថាខ្លួនមានការអត់ឱនខ្លាំងកម្រិតណាចំពោះមនុស្ស ពីទីតាំងនៃឋានៈរបស់ពួកគេ ហើយក្នុងគ្រប់ទិដ្ឋភាព ពួកគេហាក់ដូចជាមានចិត្តអធ្យាស្រ័យ និងចិត្តទូលាយ មិនចាប់កំហុសអ្នកដទៃ និងបង្ហាញមនុស្សថាពួកគេអស្ចារ្យ និងចិត្តល្អប៉ុនណា។ តាមការពិត តើពួកទទឹងនឹងព្រះគ្រីស្ទពិតជាមានសារជាតិទាំងនេះមែនឬ? ពួកគេប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្ដីសប្បុរស អត់ឱនចំពោះមនុស្ស និងអាចជួយមនុស្សក្នុងគ្រប់ស្ថានការណ៍ ប៉ុន្តែតើការជំរុញចិត្តដែលលាក់កំបាំងរបស់ពួកគេក្នុងការធ្វើរឿងទាំងនេះគឺជាអ្វី? តើពួកគេនៅតែធ្វើរឿងទាំងនេះដែរឬទេ ប្រសិនបើពួកគេមិនព្យាយាមអូសទាញយកចិត្តមនុស្ស និងទិញទឹកចិត្តមនុស្សទេនោះ? តើពួកទទឹងនឹងព្រះគ្រីស្ទពិតជាបែបនេះមែនឬនៅពីក្រោយខ្នងនោះ? តើពួកគេពិតជាដូចអ្វីដែលពួកគេបង្ហាញពេលនៅក្បែរអ្នកដទៃមែនឬ ពោលគឺបន្ទាបខ្លួន និងអត់ធ្មត់ អត់ឱនចំពោះអ្នកដទៃ និងជួយអ្នកដទៃដោយសេចក្ដីស្រឡាញ់នោះ? តើពួកគេមានសារជាតិបែបនេះ និងនិស្ស័យបែបនេះដែរឬទេ? តើនេះគឺជាចរិតលក្ខណៈរបស់ពួកគេមែនទេ? គឺមិនមែនទាល់តែសោះ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺជាការធ្វើពុត ហើយត្រូវបានធ្វើឡើងដើម្បីបំភាន់មនុស្ស និងទិញទឹកចិត្តមនុស្ស ដើម្បីឱ្យមនុស្សកាន់តែច្រើនមានចំណាប់អារម្មណ៍ល្អនៅក្នុងចិត្តចំពោះពួកគេ ហើយដើម្បីឱ្យមនុស្សនឹកឃើញដល់ពួកគេមុនគេ និងស្វែងរកជំនួយពីពួកគេ នៅពេលអ្នកទាំងនោះមានបញ្ហា។ ដើម្បីសម្រេចគោលដៅនេះ ពួកទទឹងនឹងព្រះគ្រីស្ទមានចេតនារៀបចំផែនការដើម្បីអួតសម្ញែងខ្លួនឯងពេលនៅក្បែរអ្នកដទៃ ដើម្បីនិយាយ និងធ្វើរឿងដែលត្រឹមត្រូវ។ មុនពេលពួកគេនិយាយ គ្មាននរណាដឹងថាពួកគេនឹងចម្រាញ់ ឬកែច្នៃពាក្យសម្ដីរបស់ពួកគេនៅក្នុងគំនិតប៉ុន្មានដងនោះទេ។ ពួកគេនឹងមានចេតនារៀបចំផែនការ និងប្រឹងប្រើខួរក្បាល ដោយរិះគិតពីការប្រើប្រាស់ពាក្យពេចន៍ ទឹកមុខ កម្រិតសំឡេង សូរសំឡេង និងសូម្បីតែការដែលពួកគេសម្លឹងមើលមនុស្ស ព្រមទាំងទឹកដមសំឡេងដែលពួកគេនិយាយផងដែរ។ ពួកគេនឹងរិះគិតថាតើនរណាដែលពួកគេកំពុងនិយាយជាមួយ ថាតើបុគ្គលនោះចាស់ ឬក៏ក្មេង ថាតើឋានៈរបស់បុគ្គលនោះខ្ពស់ ឬក៏ទាបជាងខ្លួន ថាតើបុគ្គលនោះគោរពកោតសរសើរពួកគេដែរឬទេ ថាតើបុគ្គលនោះលួចថ្នាំងថ្នាក់ចិត្តនឹងពួកគេដែរឬទេ ថាតើបុគ្គលិកលក្ខណៈរបស់បុគ្គលនោះចុះសម្រុងជាមួយពួកគេដែរឬទេ តើបុគ្គលនោះបំពេញភារកិច្ចអ្វី និងថាតើបុគ្គលនោះមានតំណែងអ្វីនៅក្នុងពួកជំនុំ និងនៅក្នុងចិត្តរបស់បងប្អូនប្រុសស្រី។ ពួកគេនឹងអង្កេតយ៉ាងប្រុងប្រយ័ត្ន និងរិះគិតពីរឿងទាំងនេះយ៉ាងយកចិត្តទុកដាក់ ហើយពេលដែលពួកគេបានរិះគិតរួច ពួកគេក៏រកនឹកឃើញរបៀបប្រព្រឹត្តចំពោះមនុស្សគ្រប់ប្រភេទ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះមនុស្សប្រភេទផ្សេងៗគ្នាតាមរបៀបណាក៏ដោយ ក៏គោលដៅរបស់ពួកគេគឺគ្មានអ្វីក្រៅពីការធ្វើឱ្យមនុស្សគោរពឱ្យតម្លៃពួកគេ ធ្វើឱ្យមនុស្សលែងមើលមកពួកគេថាស្មើភាពគ្នាទៀត ប៉ុន្តែបែរជាគោរពកោតសរសើរពួកគេ ធ្វើឱ្យមនុស្សកាន់តែច្រើនស្ញប់ស្ញែង និងគោរពកោតសរសើរពួកគេនៅពេលពួកគេនិយាយ គាំទ្រ និងដើរតាមពួកគេនៅពេលពួកគេធ្វើរឿងនានា ហើយលើកលែងទោស និងការពារពួកគេនៅពេលពួកគេប្រព្រឹត្តកំហុស ព្រមទាំងធ្វើឱ្យមនុស្សកាន់តែច្រើនចេញមុខតតាំងដើម្បីពួកគេ ត្អូញត្អែរយ៉ាងជូរចត់ជំនួសពួកគេ ហើយក្រោកឈរប្រកែក និងប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលពួកគេត្រូវបានបើកសម្ដែង និងបដិសេធចោលនោះទេ។ នៅពេលពួកគេធ្លាក់ពីអំណាច ពួកគេអាចឱ្យមនុស្សជាច្រើនជួយពួកគេ បង្ហាញការគាំទ្រ និងចេញមុខការពារពួកគេ ដែលនេះបង្ហាញថា ឋានៈ និងអំណាចដែលពួកទទឹងនឹងព្រះគ្រីស្ទមានចេតនារៀបចំផែនការដើម្បីបណ្ដុះនៅក្នុងពួកជំនុំ បានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្ស ហើយថា «ការខិតខំប្រឹងប្រែងដ៏ផ្ចិតផ្ចង់» របស់ពួកគេ មិនឥតប្រយោជន៍ឡើយ។
ពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចាត់ចែង និងប្រព្រឹត្តចំពោះឋានៈ កិត្យានុភាព កេរ្តិ៍ឈ្មោះ និងសិទ្ធិអំណាចរបស់ពួកគេនៅក្នុងចំណោមមនុស្ស ពួកគេនឹងមិនបន្ធូរដៃ មិនទន់ជ្រាយ ហើយកាន់តែមិនធ្វេសប្រហែសទៅទៀត។ ពួកគេអង្កេតទឹកមុខនៅក្នុងក្រសែភ្នែករបស់អ្នកដទៃគ្រប់ៗគ្នា បុគ្គលិកលក្ខណៈ ទម្លាប់ប្រចាំថ្ងៃ ការដេញតាម អាកប្បកិរិយាចំពោះអ្វីៗដែលវិជ្ជមាន និងអវិជ្ជមាន ហើយពួកគេកាន់តែអង្កេតសេចក្ដីជំនឿ និងភាពស្មោះត្រង់របស់អ្នកដទៃគ្រប់គ្នានៅក្នុងជំនឿរបស់អ្នកទាំងនោះលើព្រះជាម្ចាស់ទៅទៀត ព្រមទាំងអាកប្បកិរិយារបស់អ្នកទាំងនោះចំពោះការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួនជាដើម ពោលគឺពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើរឿងទាំងនេះ។ ដូច្នេះ ដោយផ្អែកលើអាកប្បកិរិយាដែលពួកគេមាននេះ ពួកគេចៀសវាង និងប្រុងប្រយ័ត្នខ្លួនពីអស់អ្នកដែលដេញតាមសេចក្ដីពិត និងអស់អ្នកដែលអាចញែកដឹងពីពួកគេបាន ហើយពួកគេនិយាយ និងប្រព្រឹត្តយ៉ាងប្រុងប្រយ័ត្ន ពេលនៅក្បែរមនុស្សបែបនេះ។ ពេលនៅក្បែរមនុស្សដែលមានបុគ្គលិកលក្ខណៈរាងទន់ខ្សោយ ដែលឧស្សាហ៍អវិជ្ជមាន និងមិនយល់ពីសេចក្ដីពិត ព្រមទាំងមនុស្សមួយចំនួនដែលល្ងង់ខ្លៅ និងមានការយល់ដឹងខ្សោយអំពីសេចក្ដីពិត ជារឿយៗពួកគេធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបង្ហាញពីខ្លួនឯង ដោយតែងតែសម្ដែងដូចជាការសម្ដែងសៀក និងចាប់យកគ្រប់ឱកាសដើម្បីសម្ដែង។ ឧទាហរណ៍៖ នៅពេលជួបជុំគ្នា មនុស្សភាគច្រើនពេញចិត្តនឹងពួកគេ មនុស្សមួយចំនួនតូចមានអារម្មណ៍ខ្ពើមរអើមនឹងពួកគេ ហើយមនុស្សកាន់តែច្រើនគ្មានការញែកដឹងពីពួកគេឡើយ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមសម្ដែង និងស្វែងរកឱកាសដើម្បីប្រកបគ្នា។ ពួកគេប្រកបគ្នាអំពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ អំពី «ប្រវត្តិដ៏រុងរឿង» របស់ពួកគេកាលពីអតីតកាល អំពីគុណសម្បត្តិដែលពួកគេសម្រេចបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយថែមទាំងអំពីរបៀបដែលខាងលើបានកោតសរសើរពួកគេ និងលួសកាត់ពួកគេដោយផ្ទាល់ទៀតផង ពួកគេមិនអាចបណ្ដោយឱ្យឱកាសបែបនេះកន្លងផុតទៅឡើយសូម្បីតែម្ដង។ មិនថាពួកគេនៅជាមួយនរណា ឬក្នុងឱកាសណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទតែងធ្វើរឿងតែមួយគត់គឺ៖ ពួកគេសម្ដែង ពោលគឺ ពួកគេចូលរួមក្នុងការសម្ដែងដើម្បីទាក់ទាញចំណាប់អារម្មណ៍។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត ទុច្ចរិត និងគ្មានភាពអៀនខ្មាសឡើយ។ តើពួកគេសម្ដែងដល់កម្រិតណាទៅ? ប្រហែលជាអ្នករាល់គ្នាធ្លាប់បានឃើញខ្លះៗដោយផ្ទាល់ភ្នែកហើយ។ គេអាចមើលឃើញយ៉ាងច្បាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទខ្លះកំពុងសម្ដែង អួតសម្ញែង អូសទាញយកចិត្តមនុស្ស និងចាប់យកឱកាសដើម្បីឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់។ មនុស្សមួយចំនួនស្អប់ខ្ពើមពួកគេ អ្នកខ្លះមិនអើពើនឹងពួកគេ ហើយថែមទាំងចំអកឱ្យពួកគេទៀតផង ប៉ុន្តែពួកគេមិនខ្វល់ឡើយ។ តើពួកគេខ្វល់ពីរឿងអ្វីទៅ? អ្វីដែលពួកគេខ្វល់គឺ ការសម្ដែងរបស់ពួកគេបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងចិត្តមនុស្ស ធ្វើឱ្យមនុស្សឃើញថាពួកគេហ៊ាននិយាយរឿងនានា ថាពួកគេមានភាពក្លាហាន មានបែបបទជាអ្នកដឹកនាំ មានទេពកោសល្យជាអ្នកដឹកនាំ មានភាពក្លាហានមិនភ័យខ្លាចពេលឡើងឆាកនៅចំពោះមុខអ្នកគ្រប់គ្នា ហើយកាន់តែមានសមត្ថភាពក្នុងការដោះស្រាយរឿងរ៉ាវដោយមិនភ័យស្លន់ស្លោទៀតផង។ ពួកគេមានអារម្មណ៍ពេញចិត្ត នៅពេលពួកគេធ្វើឱ្យមនុស្សយល់ និងមើលឃើញរឿងទាំងនេះ ហើយនោះគឺជាមូលហេតុដែលពួកគេធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីសម្ដែងនៅពេលពួកគេទទួលបានឱកាសធ្វើដូច្នេះ ហើយពួកគេសម្ដែងដោយគ្មានការទប់ គ្មានការនឹករអែង និងគ្មានភាពអៀនខ្មាសឡើយ។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ ប្រសិនបើខ្ញុំតែងតែប្រកបគ្នាអំពីប្រធានបទសំខាន់នៅក្នុងជួបជុំ មនុស្សមួយចំនួនងងុយដេក ខណៈពេលដែលពួកគេស្ដាប់ខ្ញុំនិយាយ។ ឬមួយក៏ នៅពេលខ្ញុំប្រកបគ្នាអំពីប្រធានបទសំខាន់ គំនិតរបស់មនុស្សនៅតែគិតពីរឿងផ្សេង ហើយពួកគេមិនងាយយកចិត្តទុកដាក់ចំពោះរឿងដែលខ្ញុំកំពុងនិយាយឡើយ។ នៅក្នុងស្ថានភាពបែបនេះ ខ្ញុំជជែកលេងបន្តិចបន្តួច និទានរឿង ឬនិយាយរឿងកំប្លែង។ រឿងរ៉ាវ និងរឿងនិទានទាំងនេះ ជាធម្មតាទាក់ទងនឹងនិស្ស័យពុករលួយ និងសភាពមួយចំនួនដែលមនុស្សបញ្ចេញឱ្យឃើញនៅក្នុងជីវិតរបស់ពួកគេ។ ខ្ញុំប្រើរឿងនិទាន ឬនិយាយរឿងកំប្លែង ដើម្បីដាស់មនុស្សឱ្យភ្ញាក់បន្តិច ដើម្បីឱ្យពួកគេអាចយល់បានកាន់តែច្បាស់បន្តិច។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញដូច្នេះ ពួកគេគិតថា៖ «អ្នកនិយាយរឿងកំប្លែងនៅក្នុងសេចក្ដីអធិប្បាយរបស់អ្នកក្នុងការជួបជុំ។ ខ្ញុំក៏អាចធ្វើបានដែរ ខ្ញុំពូកែដូចអ្នកអ៊ីចឹង។ ខ្ញុំនឹងគ្រាន់តែនិយាយរឿងកំប្លែងបែបសាបៗដោយគាប់ជួន និងធ្វើឱ្យអ្នកគ្រប់គ្នាផ្ទុះសំណើច ហើយអ្នកគ្រប់គ្នានឹងចូលចិត្តវា ពិតជាអស្ចារ្យមែន! ខ្ញុំនឹងគ្រាន់តែនិទានរឿងដោយគាប់ជួន ហើយបន្ទាប់មក នឹងគ្មាននរណាម្នាក់ចង់ចូលរួមការជួបជុំទៀតទេ ពួកគេនឹងគ្រាន់តែចង់ស្ដាប់រឿងរបស់ខ្ញុំប៉ុណ្ណោះ»។ ពួកគេប្រកួតប្រជែងជាមួយខ្ញុំលើរឿងនេះ។ តើមានប្រយោជន៍អ្វីទៅដែលពួកគេប្រកួតប្រជែងជាមួយខ្ញុំលើរឿងនេះ? ហេតុអ្វីបានជាខ្ញុំនិទានរឿង? ហេតុអ្វីបានជាខ្ញុំចូលរួមក្នុងការជជែកលេង? មនុស្សអាចយល់ពីរឿងមួយចំនួនចេញពីការជជែក និងរឿងនិទានរបស់ខ្ញុំ ហើយការណ៍នេះជួយពួកគេឱ្យយល់ពីសេចក្ដីពិតដោយអារម្មណ៍ធូរស្រាល នេះគឺជាគោលដៅរបស់ខ្ញុំ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទចាប់យករឿងនេះ ហើយព្យាយាមទាញយកប្រយោជន៍ពីវា ដោយនិយាយថា៖ «ក្នុងការជួបជុំ នៅអំឡុងពេលដ៏សំខាន់ និងចាំបាច់នោះ អ្នកគ្រាន់តែចូលរួមក្នុងការជជែកលេងប៉ុណ្ណោះ អ៊ីចឹងខ្ញុំក៏នឹងធ្វើដូច្នេះដែរ»។ តើការជជែកលេងតែងតែដូចគ្នាដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទដែលជាសំរាមទាំងនេះ សូម្បីតែសេចក្ដីពិតក៏មិនយល់ផង ដូច្នេះ តើមានអ្វីអាចកើតចេញពីការជជែកលេងរបស់ពួកគេទៅ? តើមានអ្វីអាចកើតចេញពីរឿងនិទាន ឬរឿងកំប្លែងរបស់ពួកគេទៅ? សត្វតិរច្ឆានដែលគ្មានការយល់ដឹងខាងវិញ្ញាណទាំងនេះ ចាត់ទុករឿងដ៏ប្រាកដប្រជានៃការប្រកបគ្នាអំពីសេចក្ដីពិត និងការនិទានរឿង យ៉ាងលំៗ និងលេងសើចពេកហើយ។ តើមនុស្សប្រភេទណាដែលធ្វើបែបនេះ? ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ និងមនុស្សដែលមិនដេញតាមសេចក្ដីពិត ចូលចិត្តធ្វើរឿងបែបនេះណាស់។
ក្រសែភ្នែករបស់បងប្អូនប្រុសស្រី ក្រសែភ្នែករបស់មនុស្សភាគច្រើន ស្ទើរតែមិនអាចមើលឃើញកំហុសណាមួយនៅក្នុងសកម្មភាពធ្វើពុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះទេ។ ហេតុអ្វីបានជាដូច្នេះ? នោះក៏ព្រោះតែពួកទទឹងនឹងព្រះគ្រីស្ទបិទបាំង និងលាក់កំហុសរបស់ពួកគេ ហើយមិនឱ្យអ្នកមើលឃើញកំហុសទាំងនោះឡើយ។ ពួកគេលាក់បាំងផ្នែកដ៏ទុច្ចរិត ផ្នែកដ៏ថោកទាប និងផ្នែកដ៏អាក្រក់របស់ពួកគេ នៅកន្លែងដែលមើលមិនឃើញ។ តើ «នៅកន្លែងដែលមើលមិនឃើញ» គឺនៅឯណា? គឺនៅកន្លែងដែលអ្នកមិនអាចមើលឃើញ ពោលគឺ នៅក្នុងផ្ទះរបស់ពួកគេ នៅក្នុងសង្គម នៅក្នុងការងាររបស់ពួកគេ នៅចំពោះមុខសាច់ញាតិ និងមិត្តភក្ដិរបស់ពួកគេ។ ទាំងនេះគឺជាកន្លែងដែលអ្នកមិនអាចមើលឃើញ ឬដឹងបាន។ ពាក្យសម្ដី និងឥរិយាបថរបស់ពួកគេដែលអ្នកអាចមើលឃើញ និងដឹងបាន គឺជាផ្នែកនៃការធ្វើពុតទាំងស្រុងរបស់ពួកគេ ជាផ្នែករបស់ពួកគេដែលបានឆ្លងកាត់ការកែច្នៃរួច។ ផ្នែករបស់ពួកគេដែលអ្នកមិនអាចមើលឃើញ គឺជាសារជាតិពិតរបស់ពួកគេ ជាមុខមាត់ពិតរបស់ពួកគេ។ ហើយតើមុខមាត់ពិតរបស់ពួកគេគឺជាអ្វី? ពេលនៅក្បែរគ្រួសារដែលគ្មានជំនឿរបស់ពួកគេ ពួកគេនិយាយពាក្យអាក្រក់ៗគ្រប់បែបយ៉ាង ពោលគឺការត្អូញត្អែរ ពាក្យសម្ដីថ្នាំងថ្នាក់ និងពាក្យសម្ដីប្រទូសរ៉ាយប្រឆាំងនឹងអ្នកដទៃ ពាក្យសម្ដីវិនិច្ឆ័យ និងថ្កោលទោសបងប្អូនប្រុសស្រី ការត្អូញត្អែរអំពីដំណាក់របស់ព្រះជាម្ចាស់ថាមិនសុចរិត ពួកគេនិយាយរឿងទាំងអស់នេះ ដោយមិនលាក់លៀមអ្វីឡើយ មិនទប់មាត់សូម្បីតែបន្តិច។ ពេលនៅក្បែរសាច់ញាតិ និងមិត្តភក្ដិរបស់ពួកគេ ពួកគេពិភាក្សាអំពីលោកីយ៍ និងនិយាយដើមគ្រួសារអ្នកដទៃ ពួកគេចូលរួមក្នុងសកម្មភាពលោកីយ៍ទាំងអស់របស់ពួកអ្នកគ្មានជំនឿ ហើយថែមទាំងចូលរួមយ៉ាងសកម្មនៅក្នុងពិធីមង្គលការ និងពិធីបុណ្យសពទៀតផង។ ពួកគេនិយាយដើមអ្នកដទៃជាមួយពួកអ្នកគ្មានជំនឿ ពួកគេវិនិច្ឆ័យ និងដាក់បណ្ដាសាអ្នកដទៃ ផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានអំពីមនុស្ស និងមួលបង្កាច់អ្នកទាំងនោះនៅពីក្រោយខ្នង ពួកគេនិយាយរឿងទាំងអស់នេះ។ នៅពេលស្ថិតក្នុងចំណោមពួកអ្នកគ្មានជំនឿ ខណៈពេលកំពុងទាក់ទងជាមួយអ្នកដទៃ ពួកគេបោកប្រាស់មនុស្ស ពួកគេបង្កើតបក្សពួក ពួកគេវាយប្រហារមនុស្ស ហើយនៅកន្លែងធ្វើការ ពួកគេអាចទម្លាក់កំហុសលើអ្នកដទៃ និយាយដើមអ្នកដទៃ និងជាន់ឈ្លីអ្នកដទៃដើម្បីទទួលបានតំណែងកាន់តែខ្ពស់ ពួកគេក៏អាចធ្វើរឿងទាំងអស់នេះបានដែរ។ ពេលនៅក្បែរគ្រួសារ ឬពួកអ្នកគ្មានជំនឿ ពួកគេមិនអត់ធ្មត់ អត់ឱន ឬបន្ទាបខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបញ្ចេញឱ្យឃើញធាតុពិតរបស់ពួកគេទាំងស្រុង។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេគឺជាចចកពាក់ស្បែកចៀម ហើយនៅពេលស្ថិតក្នុងចំណោមពួកអ្នកគ្មានជំនឿ ជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់ ពួកគេបញ្ចេញឱ្យឃើញមុខមាត់ជាចចករបស់ពួកគេឱ្យអ្នកគ្រប់គ្នាបានឃើញ។ ពួកគេឈ្លោះតតាំងជាមួយពួកអ្នកគ្មានជំនឿដើម្បីផលប្រយោជន៍របស់ខ្លួន ដើម្បីពាក្យមួយម៉ាត់ ដើម្បីសម្ដីមួយឃ្លា ហើយនឹងឈ្លោះប្រកែកជាមួយពួកអ្នកគ្មានជំនឿមិនចេះចប់មិនចេះហើយរហូតដល់មុខក្រហម ដើម្បីផលប្រយោជន៍ដ៏តូចតាចបំផុត។ ប្រសិនបើពួកគេមិនទទួលបានផលប្រយោជន៍ ឬត្រូវបានលួសកាត់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេត្រឡប់ទៅផ្ទះវិញ ហើយរករឿងឈ្លោះ ពួកគេបង្កបញ្ហា និងធ្វើឫកពាដែលធ្វើឱ្យគ្រួសាររបស់ពួកគេខ្លាចពួកគេ។ នៅក្នុងចំណោមពួកអ្នកគ្មានជំនឿ ពួកគេគ្មានភាពថ្លៃថ្នូរជាគ្រីស្ទបរិស័ទឡើយ ហើយពួកគេក៏មិនធ្វើបន្ទាល់ដូចដែលគ្រីស្ទបរិស័ទគួរធ្វើដែរ ពួកគេគឺជាចចកសុទ្ធសាធ សូម្បីតែមនុស្សក៏មិនមែនផង។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេសន្យា ស្បថស្បែ បង្ហាញពីការតាំងចិត្ត ហើយហាក់ដូចជាសុខចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងហាក់ដូចជាមានសេចក្ដីជំនឿលើព្រះជាម្ចាស់។ ក៏ប៉ុន្តែ នៅពេលពួកគេមកស្ថិតក្នុងចំណោមពួកអ្នកគ្មានជំនឿ ការដេញតាម និងជំនឿរបស់ពួកគេ គឺដូចគ្នាទៅនឹងពួកអ្នកគ្មានជំនឿដែរ។ អ្នកខ្លះថែមទាំងធ្វើតាមតារាល្បីៗដូចពួកអ្នកគ្មានជំនឿធ្វើដែរ ហើយចម្លងតាមការស្លៀកពាក់រាល់ថ្ងៃរបស់តារាល្បីៗ ដោយបញ្ចេញរាងកាយផ្នែកខាងលើរបស់ពួកគេ មានសក់កន្ទ្រើង និងផាត់មុខក្រាស់ៗ ពួកគេមើលទៅមិនដូចមនុស្ស ហើយក៏មិនដូចខ្មោចដែរ។ ពួកគេស្លៀកសម្លៀកបំពាក់ទាន់សម័យ និងដើរឱ្យទាន់សម័យកាលជារៀងរាល់ថ្ងៃ ដោយមានអារម្មណ៍ថាជីវិតពោរពេញទៅដោយរសជាតិ ហើយនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះរបៀបរស់នៅរបស់អ្នកគ្មានជំនឿទាល់តែសោះ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងជាច្រើន និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាឱ្យខ្លួនឯងមានកន្លែងមួយនៅក្នុងពួកជំនុំ និងមានកិត្យានុភាព ព្រមទាំងឋានៈនៅក្នុងចិត្តរបស់មនុស្ស។ ការខិតខំប្រឹងប្រែងនេះ ត្រូវបានធ្វើឡើងទាំងស្រុងដើម្បីសម្រេចគោលដៅរបស់ពួកគេ និងដើម្បីឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់ និងគោរពបូជាពួកគេ។ ឥរិយាបថ វិធីសាស្ត្រ និងការបញ្ចេញឱ្យឃើញពីខាងក្រៅទាំងនេះ បង្កើតបានជាការប្រៀបធៀបយ៉ាងច្បាស់លាស់ជាមួយនឹងរបៀបរស់នៅរបស់ពួកគេនៅកន្លែងដែលមើលមិនឃើញ ហើយសកម្មភាព និងឥរិយាបថរបស់ពួកគេនៅពីក្រោយខ្នងមនុស្ស គឺពិតជាមិនមែនជារឿងដែលគ្រីស្ទបរិស័ទគួរធ្វើទាល់តែសោះ។ ដោយមានការប្រៀបធៀបដ៏ច្បាស់លាស់បែបនេះ យើងអាចកំណត់បានថា រឿងគ្រប់យ៉ាងដែលពួកគេធ្វើ និងបញ្ចេញឱ្យឃើញនៅក្បែរបងប្អូនប្រុសស្រី គឺសុទ្ធតែជាការធ្វើពុត កំណត់បានថាវាមិនពិត និងមិនមែនជាការបញ្ចេញឱ្យឃើញតាមធម្មជាតិឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទចូលរួមក្នុងការធ្វើពុត ដើម្បីតែសម្រេចគោលដៅរបស់ខ្លួនប៉ុណ្ណោះ បើមិនដូច្នេះទេ ពួកគេនឹងមិនបង្ខំចិត្តធ្វើរឿងទាំងនេះឡើយ។ បើវិនិច្ឆ័យតាមអ្វីដែលពួកគេធ្វើ និងការបញ្ចេញឱ្យឃើញនិស្ស័យរបស់ពួកគេនៅកន្លែងដែលមើលមិនឃើញ ព្រមទាំងតាមការដេញតាមរបស់ពួកគេផ្ទាល់ ពួកគេមិនស្រឡាញ់សេចក្ដីពិត មិនស្រឡាញ់អ្វីៗដែលវិជ្ជមាន មិនស្រឡាញ់ភាពថ្លៃថ្នូរ និងភាពទៀងត្រង់ឡើយ ហើយពួកគេរឹតតែមិនស្រឡាញ់ការស៊ូទ្រាំនឹងការរងទុក្ខ និងការលះបង់ ឬការដើរតាមផ្លូវរបស់គ្រីស្ទបរិស័ទទៅទៀត។ ហេតុដូច្នេះហើយ ឥរិយាបថល្អៗទាំងនេះដែលពួកគេបង្ហាញ មិនមែនផុសចេញពីចិត្តរបស់ពួកគេទេ វាមិនមែនដោយស្ម័គ្រចិត្ត មិនមែនដោយចិត្តពិតឡើយ ប៉ុន្តែផ្ទុយទៅវិញ ឥរិយាបថទាំងនេះផ្ទុយពីបំណងប្រាថ្នារបស់ពួកគេផ្ទាល់ ត្រូវបានធ្វើឡើងដើម្បីឱ្យអ្នកដទៃមើលឃើញ ហើយត្រូវបានធ្វើឡើងដើម្បីយកចិត្ត និងទិញទឹកចិត្តមនុស្ស។ មនុស្សមួយចំនួននិយាយថា៖ «តើពួកគេទទួលបានប្រយោជន៍អ្វីខ្លះពីការទិញទឹកចិត្តមនុស្ស?» នេះគឺជាចំណុចដែលពួកទទឹងនឹងព្រះគ្រីស្ទខុសពីមនុស្សសាមញ្ញ។ អត្ថប្រយោជន៍នេះមានសារៈសំខាន់ចំពោះពួកគេខ្លាំងណាស់។ ដូច្នេះ តើអត្ថប្រយោជន៍នេះគឺជាអ្វី? នោះគឺ នៅពេលពួកគេឈរក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ដែលមិនស្គាល់ពួកគេឡើយ គ្មាននរណាម្នាក់ដែលមិនលើកមេដៃឱ្យពួកគេទេ គ្មាននរណាម្នាក់ដែលមិនសរសើរពួកគេទេ គ្មាននរណាម្នាក់ដែលមិនគោរពបូជាពួកគេឡើយ។ មនុស្សស្វែងរកអាទទឹងនឹងព្រះគ្រីស្ទ នៅពេលពួកគេមានបញ្ហា ជំនួសឱ្យការស្វែងរក និងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់។ ហើយនៅពេលអ្នកគ្រប់គ្នាគោរពបូជាអាទទឹងនឹងព្រះគ្រីស្ទ និងផ្ដោតសំខាន់លើគេ តើអាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍យ៉ាងណា? គេមានអារម្មណ៍ថា គេគឺជាមនុស្សមានលក្ខណៈដូចជាព្រះ ឬជាមនុស្សអស្ចារ្យ ហើយគេមានអារម្មណ៍ដូចជាកំពុងអណ្ដែតលើពពក រស់នៅក្នុងសេចក្ដីសុខយ៉ាងខ្លាំង ដែលខុសពីរបៀបរស់នៅរបស់មនុស្សសាមញ្ញ។ នៅពេលគេស្ថិតក្នុងចំណោមមនុស្ស អ្នកគ្រប់គ្នាលើកសរសើរ និងកោតសរសើរគេយ៉ាងខ្លាំង ហើយលើកតម្កើងគេដូចជាហ្វូងផ្កាយរុំព័ទ្ធព្រះចន្ទ នេះពិតជាអារម្មណ៍ដ៏អស្ចារ្យណាស់ ហើយមានការសោយសុខ ការលួងលោម និងសុភមង្គលយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គេ! នេះហើយគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទចង់បាន។ ក៏ប៉ុន្តែ ប្រសិនបើគ្មាននរណាម្នាក់នៅក្នុងក្រុមមនុស្សយកចិត្តទុកដាក់ចំពោះអាទទឹងនឹងព្រះគ្រីស្ទនោះទេ ប្រសិនបើមានមនុស្សតិចតួចណាស់ដែលស្គាល់ឈ្មោះរបស់គេ ប្រសិនបើគ្មាននរណាម្នាក់ដឹងពីចំណុចខ្លាំងរបស់គេទេ ប្រសិនបើគេត្រូវបានចាត់ទុកជាមនុស្សសាមញ្ញម្នាក់នៅក្នុងគំនិតរបស់មនុស្សភាគច្រើន ជាមនុស្សដែលគ្មានលក្ខណៈពិសេសណាមួយ គ្មានចំណុចខ្លាំងណាមួយ គេគ្មានអ្វីអស្ចារ្យ គ្មានអ្វីឱ្យអ្នកដទៃលើកសរសើរ ឬគោរព ឬគ្មានអ្វីឱ្យនរណាម្នាក់និយាយសរសើរទេ នោះរឿងនេះធ្វើឱ្យអាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍មិនស្រួល និងមិនសប្បាយនៅក្នុងចិត្តរបស់គេឡើយ។ គេមិនមានអារម្មណ៍ដូចជាទេវតា ឬដូចជាគេកំពុងអណ្ដែតលើពពកនោះទេ។ ចំពោះគេ ការរស់នៅបែបនេះគឺគួរឱ្យធុញទ្រាន់ពេក មិនស្រួលពេក ថប់ដង្ហើមពេក មិនពេញចិត្តពេកហើយ និងមិនសមតម្លៃឡើយ។ គេគិតថា ប្រសិនបើគេត្រូវធ្វើត្រឹមជាមនុស្សសាមញ្ញម្នាក់អស់មួយជីវិត ដោយបំពេញភារកិច្ចខ្លះៗ និងក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា នោះតើនៅក្នុងជីវិតបែបនេះមានសេចក្ដីរីករាយអ្វីទៅ? ម្ដេចបានជាមានសេចក្ដីរីករាយតិចតួចម្ល៉េះនៅក្នុងការជឿលើព្រះជាម្ចាស់? ចំពោះគេ នេះគឺជាស្ដង់ដាដ៏ទាបខ្លាំងពេក ហើយវាចាំបាច់ត្រូវតែលើកឱ្យខ្ពស់។ ប៉ុន្តែ តើត្រូវលើកឱ្យខ្ពស់ដោយរបៀបណា? គេត្រូវតែបង្កើនប្រជាប្រិយភាពរបស់ខ្លួន ដើម្បីឱ្យមនុស្សគោរពកោតសរសើរគេ និងវាយតម្លៃគេខ្ពស់ ហើយគេអាចរស់នៅក្នុងជីវិតដ៏រុងរឿងបាន។ នោះហើយជាមូលហេតុដែលនៅពេលអាទទឹងនឹងព្រះគ្រីស្ទនោះអធិដ្ឋាន គេមិនអធិដ្ឋាននៅផ្ទះតែម្នាក់ឯងទេ ប៉ុន្តែផ្ទុយទៅវិញ គេត្រូវតែទៅពួកជំនុំដើម្បីអធិដ្ឋាន អធិដ្ឋាននៅពេលជួបជុំគ្នាជាមួយបងប្អូនប្រុសស្រី អធិដ្ឋានឮៗ អធិដ្ឋានដោយមានវេយ្យាករណ៍ មានតក្កវិជ្ជា មានសណ្ដាប់ធ្នាប់ និងមានការគិតគូរ អធិដ្ឋានដើម្បីឱ្យអ្នកគ្រប់គ្នាដែលមានវត្តមានអាចឮ ដើម្បីឱ្យអ្នកគ្រប់គ្នាដែលមានវត្តមានអាចឮពីវោហារសព្ទ និងការគិតដ៏ច្បាស់លាស់របស់គេ ហើយដឹងថាគេមានការដេញតាមផ្ទាល់ខ្លួនរបស់គេ។ នៅពេលគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេក៏មិនអានតែម្នាក់ឯងនៅផ្ទះដែរ។ ដំបូង គេត្រៀមទុកពីផ្ទះ ហើយបន្ទាប់មកអានឱ្យអ្នកដទៃស្ដាប់ ដើម្បីឱ្យអ្នកដទៃឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគេអាន គឺសុទ្ធតែសំខាន់ និងចាំបាច់ទាំងអស់។ មិនថាគេធ្វើអ្វីនោះទេ គេតែងតែធ្វើកិច្ចការរបស់ខ្លួននៅកន្លែងដែលមើលមិនឃើញ ហើយទាល់តែពួកគេបានត្រៀមទុករួចរាល់ នៅពេលអ្នកដទៃគិតថាគេគួរឱ្យគោរព និងពេញចិត្តនឹងគេ ទើបគេបង្ហាញខ្លួននៅចំពោះមុខអ្នកដទៃ។ ថែមទាំងមានអ្នកខ្លះដែលមើលជាមុន និងសមមុខកញ្ចក់នៅផ្ទះ មុននឹងយកព្រះបន្ទូលទាំងនោះទៅបង្ហាញនៅចំពោះមុខអ្នកដទៃទៀតផង។ នៅពេលគេយកទៅបង្ហាញនៅចំពោះមុខអ្នកដទៃ ព្រះបន្ទូលទាំងនោះមិនមែនស្ថិតក្នុងសភាពដើមដំបូងរបស់វានោះទេ ប៉ុន្តែបានឆ្លងកាត់ការកែច្នៃជាច្រើនដងរួចទៅហើយ គឺត្រូវបានកែច្នៃតាមរយៈគំនិត ទស្សនៈ និស្ស័យពុករលួយ ល្បិចកលដ៏បោកបញ្ឆោត និងមធ្យោបាយទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្នុងការមានឋានៈ និងប្រជាប្រិយភាពនៅក្នុងពួកជំនុំ និងក្នុងចំណោមមនុស្ស ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនរារែកឡើយក្នុងការលះបង់តម្លៃណាមួយដើម្បីធ្វើរឿងទាំងនេះ។ ដូច្នេះ តើរឿងទាំងអស់នេះហៅថាអ្វី? តើវាជាការបញ្ចេញឱ្យឃើញពិតប្រាកដដែរឬទេ? តើវាជាការអនុវត្តដែលមនុស្សណាម្នាក់ដែលដេញតាមការផ្លាស់ប្ដូរនិស្ស័យគួរតែធ្វើដែរឬទេ? (អត់ទេ។) រឿងទាំងអស់នេះផុសចេញពីការធ្វើពុត។ ពួកទទឹងនឹងព្រះគ្រីស្ទចូលរួមក្នុងការធ្វើពុតយ៉ាងច្រើន ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ខ្ពើមរអើម!
មនុស្សមួយចំនួននឹងមិនប្រកបគ្នានៅក្នុងការជួបជុំទេ ប្រសិនបើពួកគេមិនបានត្រៀមសេចក្ដីព្រាងជាមុន។ ពួកគេត្រូវត្រៀមសេចក្ដីព្រាងនៅកន្លែងដែលមើលមិនឃើញជាមុនសិន កែសម្រួលវាជាច្រើនដង កែច្នៃវា ដុសខាត់វា ហើយទាល់តែវារួចរាល់ ទើបពួកគេប្រកបគ្នានៅចំពោះមុខបងប្អូនប្រុសស្រី។ នរណាម្នាក់និយាយទៅកាន់ពួកគេថា៖ «ពួកយើងសុទ្ធតែជាបងប្អូនប្រុសស្រីនៅទីនេះ។ គ្រាន់តែនិយាយដោយស្មោះត្រង់ និងតាមការពិតនៅក្នុងការជួបជុំទៅបានហើយ។ គ្រាន់តែនិយាយរឿងដែលនឹកឃើញទៅ។ នោះគឺជាវិធីល្អបំផុតហើយ»។ ពួកគេឆ្លើយតបថា៖ «អត់ទេ ខ្ញុំមិនអាចធ្វើដូច្នេះទេ។ ប្រសិនបើខ្ញុំធ្វើបែបនោះ បងប្អូនប្រុសស្រីនឹងមើលងាយខ្ញុំមិនខាន»។ អ្នកឃើញទេ ពួកគេនិយាយរឿងពិតដោយមិនដឹងខ្លួន។ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ពួកគេធ្វើរឿងផ្សេងៗដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន។ មនុស្សមួយចំនួនដែលជាអ្នកមានទេពកោសល្យឆ្នើម ជាសាស្ត្រាចារ្យ ជានិស្សិតសាកលវិទ្យាល័យ ជានិស្សិតថ្នាក់បណ្ឌិត ឬជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសង្គម ប្រើប្រាស់ឥរិយាបថធ្វើពុត និងឥរិយាបថដែលបានកែច្នៃមួយចំនួន ដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្ស ក្នុងគោលបំណងបញ្ជាក់ពីខ្លួនឯង និងការពារឋានៈ ព្រមទាំងកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ពោលគឺ ពួកគេពាក់របាំងមុខដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្ស ហើយមនុស្សមិនដែលដឹងពីរឿងពិតប្រាកដដែលពួកគេកំពុងតាមរកនោះទេ មិនដឹងថាតើពួកគេមានភាពទន់ខ្សោយណាមួយដែរឬទេ ឬមិនដឹងថាពួកគេលួចធ្វើអ្វីឱ្យប្រាកដនៅកន្លែងដែលមើលមិនឃើញឡើយ ហើយតែងតែមានការសង្ស័យបន្តិចបន្តួច តែងតែមានចម្ងល់ជានិច្ចចំពោះជីវិតឯកជនរបស់ពួកគេ និងរបៀបដែលពួកគេប្រព្រឹត្តខ្លួន ព្រមទាំងប្រព្រឹត្តចំំពោះលោកីយ៍។ តើមនុស្សទាំងនេះមិនចូលរួមក្នុងការធ្វើពុតដ៏ជ្រាលជ្រៅបែបនេះទេឬ? ដូច្នេះ តើអ្នករាល់គ្នាគួរប្រព្រឹត្តចំពោះមនុស្សទាំងនេះដោយរបៀបណា? តើដោយសារពួកគេក្លែងក្លាយជាមួយអ្នក ទើបអ្នកគួរតែក្លែងក្លាយជាមួយពួកគេវិញឬ? ឧទាហរណ៍៖ ពួកគេនិយាយតែពាក្យគួរសមពីរោះស្ដាប់ នៅពេលពួកគេជួបអ្នក ដូច្នេះ អ្នកក៏គ្រាន់តែគួរសមជាមួយពួកគេជានិច្ចវិញដែរ តើនេះអាចទទួលយកបានដែរឬទេ? (មិនអាចទទួលយកបានទេ។) ដូច្នេះ តើវិធីអ្វីដែលសមស្របក្នុងការសេពគប់ជាមួយពួកគេ? (នៅពេលនរណាម្នាក់ដឹងថា ពួកគេកំពុងបង្ហាញការបង្ហាញចេញទាំងនេះ ដំបូង អ្នកនោះគួរតែលាតត្រដាងពួកគេ ប្រកបគ្នាជាមួយពួកគេអំពីសារជាតិធម្មជាតិនៃនិស្ស័យប្រភេទនេះ និងបំណងដែលគ្រប់គ្រងនិស្ស័យនោះ។ ប្រសិនបើពួកគេមិនទទួលយកអ្វីដែលអ្នកនោះនិយាយទេ នោះមិនគួរប្រកបគ្នាជាមួយពួកគេទៀតឡើយ។) អ្នកត្រូវតែលាតត្រដាងពួកគេ ហើយប្រសិនបើពួកគេមិនទទួលយកអ្វីដែលអ្នកនិយាយទេ នោះត្រូវគេចចេញពីពួកគេ។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលនៅតែអាចត្រូវបានពួកគេបំភាន់ និងគោរពបូជាពួកគេដែរឬទេ? ជាមួយនឹងកម្ពស់ដែលអ្នករាល់គ្នាមាននៅពេលនេះ ជាមូលដ្ឋាន អ្នករាល់គ្នាអាចមើលធ្លុះពួកផារិស៊ីដ៏ច្បាស់ក្រឡែតទាំងនេះបានបន្តិចបន្តួច ប៉ុន្តែប្រសិនបើអ្នកជួបប្រទះនឹងនរណាម្នាក់ជាមនុស្សមានសមត្ថភាពជាង ដែលអាចចូលរួមក្នុងការធ្វើពុត និងលាក់ខ្លួនបានយ៉ាងជ្រៅ តើអ្នករាល់គ្នានឹងអាចមើលគេធ្លុះដែរឬទេ? ប្រសិនបើពួកគេតែងតែនិយាយ និងធ្វើតែរឿងដែលត្រឹមត្រូវប៉ុណ្ណោះ ប្រសិនបើពួកគេហាក់ដូចជាគ្មានកំហុស និងមិនដែលប្រព្រឹត្តខុស ប្រសិនបើជួនកាលអ្នកក្លាយជាអវិជ្ជមាន និងទន់ខ្សោយចំពោះរឿងមួយចំនួន ប៉ុន្តែពួកគេមិនដែលអវិជ្ជមាន និងទន់ខ្សោយឡើយ ហើយប្រសិនបើពួកគេអវិជ្ជមាន និងទន់ខ្សោយ នោះពួកគេអាចដោះស្រាយវាដោយខ្លួនឯង និងងើបចេញពីវាបានយ៉ាងឆាប់រហ័ស ប៉ុន្តែអ្នកមិនអាចទេ នោះនៅពេលអ្នកជួបប្រទះមនុស្សបែបនេះ អ្នកនឹងពេញចិត្តពួកគេ និងគោរពបូជាពួកគេ ហើយអ្នកនឹងរៀនសូត្រពីពួកគេ និងដើរតាមពួកគេ។ ប្រសិនបើអ្នកមិនអាចញែកដឹងពីមនុស្សបែបនេះបានទេ នោះវាពិបាកនឹងនិយាយណាស់ថា តើអ្នកនឹងត្រូវបានពួកគេបំភាន់ ឬក៏អត់។
តើពួកយើងបានប្រកបគ្នាអំពីទិដ្ឋភាពប៉ុន្មានហើយ លើប្រធានបទនៃការធ្វើពុតនេះ? ទិដ្ឋភាពមួយគឺថា ពួកគេប្រើប្រាស់ការស៊ូទ្រាំនឹងការរងទុក្ខជាការធ្វើពុត។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេពិតជាមិនចង់ស៊ូទ្រាំនឹងការរងទុក្ខទេ ហើយពួកគេមានអារម្មណ៍ទាស់ទទឹងនឹងវាយ៉ាងខ្លាំង ប៉ុន្តែពួកគេស៊ូទ្រាំនឹងការរងទុក្ខ លះបង់អ្វីៗ និងលះបង់តម្លៃដោយស្ទាក់ស្ទើរបំផុត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ បន្ទាប់ពីពួកគេបានរងទុក្ខហើយ ពួកគេនៅតែមិនព្រមទទួលយកវា ហើយមានអារម្មណ៍ថា ការរងទុក្ខនេះមិនសមតម្លៃទេ ពីព្រោះមនុស្សជាច្រើនមិនបានដឹងពីរឿងនេះឡើយ។ ហេតុដូច្នេះហើយ ពួកគេក៏ដើរផ្សព្វផ្សាយរឿងនេះគ្រប់ទីកន្លែង ដោយប្រាប់មនុស្សជាច្រើនដែលមិនបានដឹងពីរឿងនេះ។ នៅទីបំផុត មនុស្សមួយចំនួនក៏បានដឹងពីអ្វីដែលបានកើតឡើង ហើយមានចំណាប់អារម្មណ៍ក្នុងចិត្តយ៉ាងជ្រាលជ្រៅចំពោះពួកគេ វាយតម្លៃពួកគេខ្ពស់ និងគោរពបូជាពួកគេ ហើយតាមរយៈនោះ ពួកគេក៏សម្រេចបានគោលដៅរបស់ខ្លួន។ ថែមទាំងមានអ្នកខ្លះដែលផ្សព្វផ្សាយថាខ្លួនឯងជាមនុស្សល្អ ជាមនុស្សមានឥរិយាបថល្អ និងចេះបំពេញភារកិច្ច ដោយចង់សេពគប់ជាមួយមនុស្សដោយប្រើប្រាស់រូបភាព អត្តសញ្ញាណ និងបុគ្គលិកលក្ខណៈប្រភេទនេះ ដើម្បីឱ្យមនុស្សជឿថា ពួកគេគឺជាមនុស្សល្អ និងចូលទៅជិតពួកគេ។ ពួកគេយកការធ្វើជាមនុស្សល្អបែបនេះជាគោលដៅរបស់ខ្លួន ដើម្បីទទួលបានការកោតសរសើរពីមនុស្សកាន់តែច្រើន ដើម្បីឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ ហើយពួកគេអាចបង្កើនប្រជាប្រិយភាពរបស់ខ្លួនបាន។ តើវាមិនមែនបែបនេះទេឬ? (មែនហើយ គឺបែបនេះឯង។) ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួនដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ អម្បាញ់មិញនេះ ពួកយើងបានលាតត្រដាង និងវែកញែកពីគោលដៅដែលលាក់កំបាំងនៅពីក្រោយឥរិយាបថធ្វើពុតរបស់ពួកគេ និងសារជាតិនៃការធ្វើពុតរបស់ពួកគេ អំពីរឿងដែលពួកគេធ្វើ និងនិយាយ ព្រមទាំងការបង្ហាញចេញដែលពួកគេបង្ហាញ ដែលនេះបញ្ជាក់ថា ពួកគេកំពុងចូលរួមក្នុងការធ្វើពុត។ ពួកយើងនឹងបញ្ចប់ការប្រកបគ្នាអំពីទិដ្ឋភាពនេះនៅត្រឹមនេះចុះ។
ខ. ដោយការក្លែងបន្លំ
ឥឡូវនេះ ពួកយើងនឹងប្រកបគ្នាអំពីទិដ្ឋភាពទីពីរ។ ពួកទទឹងនឹងព្រះគ្រីស្ទច្រើនតែប្រើប្រាស់ភាពពុតត្បុតដើម្បីទទួលបានឋានៈ។ ពួកគេនិយាយរឿងមួយចំនួនដែលមនុស្សចូលចិត្តស្ដាប់ និងដែលស្របតាមសញ្ញាណរបស់មនុស្ស ហើយពីសំបកក្រៅ ពួកគេធ្វើរឿងមួយចំនួនដែលធ្វើឱ្យមនុស្សពេញចិត្តនឹងពួកគេ និងកោតសរសើរពួកគេ ដែលតាមរយៈនេះ គឺបង្កើនប្រជាប្រិយភាពរបស់ពួកគេ។ នេះគឺជាវិធីមួយផ្សេងទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស។ តើមានភាពខុសគ្នារវាងការក្លែងបន្លំ និងការធ្វើពុតដែរឬទេ? បើនិយាយពីឥរិយាបថខាងក្រៅ ការធ្វើពុត និងការក្លែងបន្លំ តាមធម្មតាគឺជាសភាពតែមួយ។ វាទាក់ទងគ្នាទៅវិញទៅមក។ ពួកយើងនឹងប្រកបគ្នាអំពីរឿងទាំងនោះដោយឡែកពីគ្នា ដើម្បីឱ្យមនុស្សស្ដាប់ទៅកាន់តែច្បាស់ ហើយដើម្បីឱ្យមនុស្សអាចស្គាល់ពីរឿងទាំងនោះកាន់តែច្បាស់។ ពាក្យ «ការក្លែងបន្លំ» មានន័យថា ការក្លែងក្លាយ និងការតាំងខ្លួនជាអ្នកដទៃ[ក]។ អត្ថន័យចម្បងរបស់ពាក្យនេះមិនមែនជាការក្លែងក្លាយឡើយ ប៉ុន្តែគឺជាការតាំងខ្លួនជាអ្នកដទៃទៅវិញទេ។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើការក្លែងបន្លំ? ជាការពិតណាស់ ពួកគេមានគោលដៅជាក់លាក់មួយចំនួនគឺ៖ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើការក្លែងបន្លំ ដើម្បីទទួលបានឋានៈ និងកិត្យានុភាព។ ប្រសិនបើមិនដូច្នេះទេ ពួកគេនឹងមិនធ្វើការក្លែងបន្លំជាដាច់ខាត។ ពួកគេនឹងមិនធ្វើរឿងដ៏ល្ងង់ខ្លៅបែបនេះជាដាច់ខាត។ អ្នកដែលមានភ្នែកចេះញែកដឹង អាចមើលឃើញរឿងនេះបានយ៉ាងច្បាស់ក្រឡែត។ ប្រសិនបើមនុស្សឧស្សាហ៍ធ្វើការក្លែងបន្លំ ពិតណាស់គឺពួកគេនឹងទទួលបានការខ្ពើមរអើម ការស្អប់ខ្ពើម និងការរិះគន់ខ្លាំងៗពីអ្នកដទៃ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទនៅតែធ្វើដូច្នេះទៀត? នេះគឺជាធម្មជាតិរបស់ពួកគេហ្នឹងឯង៖ ពួកគេមិនខ្វល់ថាត្រូវលះបង់អ្វីខ្លះដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈនោះទេ។ ពួកគេគ្មានសេចក្ដីអៀនខ្មាសបាត់ទៅហើយ។ ដើម្បីទទួលបានឋានៈនៅក្នុងគំនិតរបស់មនុស្ស រឿងដំបូងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺធ្វើឱ្យមនុស្សទុកចិត្ត វាយតម្លៃខ្ពស់ និងគោរពបូជាពួកគេ។ ដូច្នេះ តើពួកគេសម្រេចគោលដៅនេះដោយរបៀបណា? ក្រៅពីការក្លែងជាមានឥរិយាបថល្អ និងការបង្ហាញចេញមួយចំនួនដែលត្រូវនឹងសញ្ញាណរបស់មនុស្ស ពួកគេក៏តាំងខ្លួនឯងតាមបុគ្គលអស្ចារ្យ និងល្បីល្បាញ ដោយចម្លងតាមរបៀបនិយាយស្ដីរបស់បុគ្គលទាំងនោះ ដើម្បីធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ និងគោរពកោតសរសើរពួកគេ។ តាមរបៀបនេះ ពួកគេក៏ចាប់ផ្ដើមត្រូវបានមនុស្សមួយចំនួននៅក្នុងពួកជំនុំគោរពបូជា បញ្ជោរ និងគាំទ្រដោយមិនដឹងខ្លួន។ មនុស្សទាំងនោះមើលមកពួកទទឹងនឹងព្រះគ្រីស្ទ ដូចជាបុគ្គលខាងវិញ្ញាណ ឬបុគ្គលល្បីល្បាញណាម្នាក់ ដែលនេះមានន័យថា នៅក្នុងពួកជំនុំ និងនៅក្នុងចិត្តរបស់មនុស្សមួយភាគ ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេកោតសរសើរ និងគោរពបូជា ថាជាបុគ្គលខាងវិញ្ញាណ។ នេះគឺដោយសារតែមនុស្សភាគច្រើនគ្មានការញែកដឹងទាល់តែសោះ ហើយពួកគេគោរពបូជា និងគោរពស្ញប់ស្ញែងរនរណាក៏ដោយដែលចិត្តរបស់ពួកគេចូលចិត្ត និងកោតសរសើរ។ នៅក្នុងពួកជំនុំ តើភាគច្រើន ពួកទទឹងនឹងព្រះគ្រីស្ទតាំងខ្លួនជាមនុស្សប្រភេទណា? ពួកគេតាំងខ្លួនជាបុគ្គលខាងវិញ្ញាណ ពីព្រោះមនុស្សភាគច្រើនគោរពបូជាបុគ្គលខាងវិញ្ញាណ។ នៅក្នុងសាសនាយូដា ពួកផារិស៊ីគឺជាបុគ្គលខាងវិញ្ញាណដែលត្រូវបានមនុស្សគោរពបូជា។ មនុស្សគោរពបូជាពួកផារិស៊ីដោយសារតែចំណេះដឹង ការគោរពប្រតិបត្តិក្លែងក្លាយ និងឥរិយាបថល្អរបស់ពួកគេ។ ដូច្នេះហើយ នៅក្នុងសាសនាយូដា ពួកផារិស៊ីមានប្រជាប្រិយភាពខ្លាំងណាស់។ ពួកគេត្រូវបានគេកោតសរសើរយ៉ាងខ្លាំង។ សព្វថ្ងៃនេះ មានមនុស្សមួយចំនួននៅក្នុងពួកជំនុំ ដែលក៏ចូលចិត្តគោរពបូជាបុគ្គលខាងវិញ្ញាណផងដែរ។ ដំបូង ពួកគេគោរពបូជាអស់អ្នកនៅក្នុងពួកជំនុំដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដែលមានអ្វីដែលហៅថាបទពិសោធ និងទីបន្ទាល់ខាងវិញ្ញាណជាក់លាក់មួយចំនួន ដែលទទួលបានព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ដែលបានឃើញនិមិត្តដ៏អស្ចារ្យ និងដែលមានបទពិសោធដ៏អស្ចារ្យមួយចំនួន។ បន្ថែមពីនេះ ក៏មានអស់អ្នកដែលអួតអាង និងពូកែនិយាយបញ្ចុះបញ្ចូល ពេលពួកគេនៅក្បែរមនុស្ស ដែលធ្វើឱ្យអ្នកដទៃគោរពបូជា និងកោតសរសើរ។ មានអ្នកផ្សេងទៀត ដែលប្រព្រឹត្តដោយប្រើមធ្យោបាយ របៀប និងគោលការណ៍ដែលស្របតាមច្បាប់របស់ពួកជំនុំ ហើយដែលមានឥរិយាបថខាងក្រៅហាក់ដូចជាគោរពប្រតិបត្តិ។ នៅមានអ្នកផ្សេងទៀត ដែលហាក់ដូចជាមានសេចក្ដីជំនឿយ៉ាងធំធេងលើព្រះជាម្ចាស់។ មនុស្សទាំងនេះសុទ្ធតែត្រូវបានផ្ដល់ងារថាជាមនុស្សខាងវិញ្ញាណ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទតាំងខ្លួនជាមនុស្សខាងវិញ្ញាណដោយរបៀបណា? វាសាមញ្ញណាស់ គឺពួកគេនិយាយរឿងដែលមនុស្សខាងវិញ្ញាណនិយាយ និងធ្វើរឿងដែលមនុស្សខាងវិញ្ញាណធ្វើ ដើម្បីធ្វើឱ្យមនុស្សចាត់ទុកពួកគេថាជាមនុស្សខាងវិញ្ញាណ។ ប៉ុន្តែ តើពួកគេនិយាយ និងធ្វើរឿងទាំងនេះចេញពីចិត្តដែរឬទេ? មិនចេញពីចិត្តទេ៖ នេះគឺជាការធ្វើត្រាប់តាម ជាការធ្វើតាមបទប្បញ្ញត្តិ។ ពួកគេគ្រាន់តែធ្វើវាដើម្បីឱ្យអ្នកដទៃមើលឃើញប៉ុណ្ណោះ។ ឧទាហរណ៍៖ នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេអធិដ្ឋានភ្លាមៗ ប៉ុន្តែពួកគេមិនមែនកំពុងស្វែងរកយ៉ាងពិតប្រាកដ ឬអធិដ្ឋានយ៉ាងពិតប្រាកដនោះទេ។ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ សម្ដែង ដើម្បីឱ្យមនុស្សនិយាយថា ពួកគេស្រឡាញ់ព្រះជាម្ចាស់ខ្លាំងណាស់ និងមានការកោតខ្លាចយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ លើសពីនេះទៅទៀត នៅពេលពួកគេមានជំងឺ និងត្រូវការការព្យាបាល ពួកគេមិនទៅទទួលការព្យាបាល ឬលេបថ្នាំដែលពួកគេគួរលេបឡើយ។ មនុស្សនិយាយថា៖ «ប្រសិនបើអ្នកមិនលេបថ្នាំទេ ជំងឺរបស់អ្នកអាចនឹងកាន់តែធ្ងន់ធ្ងរ។ មានពេលដែលត្រូវលេបថ្នាំ ហើយមានពេលដែលត្រូវអធិដ្ឋាន។ អ្នកគ្រាន់តែត្រូវធ្វើតាមសេចក្ដីជំនឿរបស់អ្នក ហើយមិនត្រូវបោះបង់ភារកិច្ចរបស់អ្នកឡើយ»។ ពួកគេឆ្លើយតបថា៖ «មិនអីទេ ព្រះជាម្ចាស់នៅជាមួយខ្ញុំ ខ្ញុំមិនខ្លាចទេ»។ ពីខាងក្រៅ ពួកគេធ្វើពុតជាស្ងប់ស្ងាត់ មិនភ័យខ្លាច និងពោរពេញដោយសេចក្ដីជំនឿ ប៉ុន្តែនៅខាងក្នុងវិញ ពួកគេភ័យខ្លាចយ៉ាងខ្លាំង ហើយលួចរត់ទៅរកគ្រូពេទ្យភ្លាមៗ ពេលដែលពួកគេមានអារម្មណ៍ថាមិនស្រួលខ្លួន។ ហើយប្រសិនបើនរណាម្នាក់ដឹងថា ពួកគេបានទៅរកគ្រូពេទ្យ និងលេបថ្នាំ ពួកគេព្យាយាមរកហេតុផល ឬលេសដើម្បីបិទបាំងរឿងនេះ។ ពួកគេក៏ឧស្សាហ៍និយាយផងដែរថា៖ «ជំងឺគឺជាការល្បងលមកពីព្រះជាម្ចាស់។ នៅពេលអ្នករស់នៅក្នុងជំងឺ អ្នកនឹងឈឺ។ នៅពេលអ្នករស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគ្មានជំងឺឡើយ។ យើងមិនត្រូវរស់នៅក្នុងជំងឺទេ។ ប្រសិនបើយើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជំងឺនេះនឹងបាត់ទៅវិញ»។ នេះជារឿងដែលពួកគេច្រើនតែបង្រៀនមនុស្សយ៉ាងបើកចំហ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីជួយមនុស្ស។ ប៉ុន្តែពួកគេលួចដោះស្រាយជំងឺរបស់ខ្លួនស្ងាត់ៗដោយប្រើមធ្យោបាយរបស់មនុស្ស។ នៅចំពោះមុខអ្នកដទៃ ពួកគេនិយាយថា ពួកគេពឹងផ្អែកលើព្រះជាម្ចាស់ ហើយថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ពួកគេនិយាយថា ពួកគេមិនខ្លាចជំងឺ ឬសេចក្ដីស្លាប់ឡើយ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេវិញ ពួកគេភ័យខ្លាចជាងនរណាៗទាំងអស់។ ពួកគេខ្លាចធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ ហើយរឹតតែភ័យខ្លាចសេចក្ដីស្លាប់ទៅទៀត។ ពួកគេគ្មានសេចក្ដីជំនឿពិតទាល់តែសោះ។ នៅចំពោះមុខអ្នកដទៃ ពួកគេអធិដ្ឋាន និងនិយាយថា៖ «ខ្ញុំរីករាយនឹងចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាងគឺមកពីព្រះជាម្ចាស់ ហើយមនុស្សមិនគួររអ៊ូរទាំឡើយ»។ ទន្ទឹមនឹងនោះ ពួកគេកំពុងគិតក្នុងចិត្តថា៖ «ខ្ញុំបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងស្មោះត្រង់ តើជំងឺនេះម្ដេចក៏អាចធ្លាក់មកលើខ្ញុំទៅវិញ? ហើយចុះម្ដេចបានជាគ្មាននរណាផ្សេងកើតជំងឺនេះអ៊ីចឹង? តើព្រះជាម្ចាស់កំពុងប្រើប្រាស់រឿងនេះដើម្បីបើកសម្ដែងខ្ញុំ ដើម្បីបញ្ឈប់ខ្ញុំមិនឱ្យបំពេញភារកិច្ចនេះមែនទេ? តើព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំឬ? ហើយប្រសិនបើព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំ តើខ្ញុំជាអ្នកបម្រើការមែនទេ? តើព្រះជាម្ចាស់កំពុងប្រើប្រាស់ខ្ញុំដើម្បីបម្រើការឬ? តើខ្ញុំនឹងមានលទ្ធផលនៅថ្ងៃអនាគតដែរឬទេ?» ពួកគេមិនហ៊ានរអ៊ូរទាំខ្លាំងៗឡើយ ប៉ុន្តែការសង្ស័យអំពីព្រះជាម្ចាស់បានលេចឡើងនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតក្នុងចិត្តថា មិនមែនគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ប្រាកដថាសុទ្ធតែត្រឹមត្រូវនោះទេ។ ក៏ប៉ុន្តែ ពីសំបកក្រៅ ពួកគេធ្វើពុតជាហាក់ដូចជាគ្មានរឿងអ្វីខុសប្រក្រតីឡើយ។ ពួកគេបង្ហាញរូបរាងឱ្យឃើញថា សូម្បីតែពេលពួកគេធ្លាក់ខ្លួនឈឺ ក៏វាមិនអាចរារាំងពួកគេបានដែរ ហើយពួកគេនៅតែអាចបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងចុះចូល និងស្មោះត្រង់ ថាពួកគេនៅតែអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់បាន។ តើនេះមិនមែនជាការធ្វើពុត និងការក្លែងបន្លំទេឬ? សេចក្ដីជំនឿ និងការចុះចូលរបស់ពួកគេគឺក្លែងក្លាយ។ ភាពស្មោះត្រង់របស់ពួកគេក៏ក្លែងក្លាយដែរ។ គ្មានការចុះចូលពិតប្រាកដនៅត្រង់នេះទេ គ្មានសេចក្ដីជំនឿពិតប្រាកដឡើយ ហើយរឹតតែគ្មានការពឹងផ្អែក និងការត្រឡប់មកចុះចូលយ៉ាងពិតប្រាកដទៅទៀត។ ពួកគេមិនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ពួកគេមិនពិនិត្យពិច័យនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ឡើយ ហើយក៏មិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហារបស់ពួកគេផ្ទាល់ដែរ។ រឿងដែលពួកគេគិតនៅក្នុងចិត្ត គឺមានតែផលប្រយោជន៍ខាងសាច់ឈាម លទ្ធផល និងគោលដៅរបស់ពួកគេប៉ុណ្ណោះ។ ចិត្តរបស់ពួកគេពោរពេញទៅដោយការរអ៊ូរទាំ ការយល់ច្រឡំ និងការសង្ស័យអំពីព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពីខាងក្រៅ ពួកគេបង្ហាញរូបរាងឱ្យឃើញថាជាបុគ្គលខាងវិញ្ញាណណាម្នាក់ ហើយទោះបីជាមានរឿងអ្វីកើតឡើងចំពោះពួកគេក៏ដោយ ក៏ពួកគេនិយាយថា៖ «មានបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ ខ្ញុំមិនត្រូវរអ៊ូរទាំឡើយ»។ មាត់របស់ពួកគេមិនរអ៊ូរទាំទេ ប៉ុន្តែចិត្តរបស់ពួកគេកំពុងតែរង្គោះរង្គើ៖ ការរអ៊ូរទាំ ការយល់ច្រឡំ និងការសង្ស័យរបស់ពួកគេអំពីព្រះជាម្ចាស់ បន្តកូរវឹកនៅក្នុងចិត្តរបស់ពួកគេ។ មើលពីសំបកក្រៅ ពួកគេឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនពន្យារពេលក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេវិញ ពួកគេបានបោះបង់ភារកិច្ចរបស់ខ្លួនរួចទៅហើយ។ តើនេះមិនមែនជាអត្ថន័យនៃការក្លែងបន្លំទេឬ? នេះហើយគឺជាការក្លែងបន្លំ។
ពួកទទឹងនឹងព្រះគ្រីស្ទនឹងតែងតែធ្វើការក្លែងបន្លំជានិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ពួកគេមិនខ្វល់ថាជាពេលវេលាបែបណាឡើយ។ ឧទាហរណ៍៖ នៅពេលចូលរួមការជួបជុំ បងប្អូនប្រុសស្រីមួយចំនួនសួរសុខទុក្ខគ្នាទៅវិញទៅមក។ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះរឿងនេះយ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «ឈប់ជជែកគ្នាលេងទៅ ពួកយើងកំពុងស្ថិតក្នុងការជួបជុំ! តើអ្នករាល់គ្នាគិតថាខ្លួនកំពុងនៅទីណាហ្នឹង បានជាមកជជែកគ្នាពីរឿងបែបនេះ? អ្នករាល់គ្នាគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សោះ។ ត្រូវម៉ឺងម៉ាត់ឡើង!» មនុស្សមួយចំនួនសម្រាកនៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយនៅពេលអាទទឹងនឹងព្រះគ្រីស្ទឃើញដូច្នេះ គេក៏និយាយថា៖ «ធ្វើឱ្យតែរួចពីដៃទៀតហើយមែនទេ? អ៊ីចឹង អ្នកគួរតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាមទៅ ហើយចូលមកអធិដ្ឋានចំពោះទ្រង់»។ នៅពេលបងប្អូនប្រុសស្រីផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បីរៀនសូត្រជំនាញវិជ្ជាជីវៈពីគ្នាទៅវិញទៅមក គេនឹងនិយាយថា៖ «អ្នករាល់គ្នាគួរតែប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអធិដ្ឋានជាមុនសិន រួចសឹមផ្លាស់ប្ដូរទស្សនៈ និងគំនិតគ្នានៅពេលក្រោយ»។ ប្រសិនបើនរណាម្នាក់មិនបានអធិដ្ឋានមុនពេលការជួបជុំចាប់ផ្ដើមទេ អាទទឹងនឹងព្រះគ្រីស្ទនឹងស្ដីបន្ទោសបុគ្គលនោះ កំណត់ថាបុគ្គលនោះជាមនុស្សប្រភេទណាមួយ ហើយមានពាក្យសម្ដីនិយាយអំពីបុគ្គលនោះជាមិនខាន។ គ្រប់ទិដ្ឋភាពទាំងអស់ អាទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យអ្នកដទៃមើលឃើញថា គេជាមនុស្សខាងវិញ្ញាណខ្លាំងណាស់ ស្មោះអស់ពីចិត្តខ្លាំងណាស់ ថាគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីពិត និងខិតខំប្រឹងប្រែងដេញតាមសេចក្ដីពិត ថាគេមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ថាគេអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រចាំរាល់ថ្ងៃ ថាគេមានជីវិតខាងវិញ្ញាណធម្មតា ថាគេចូលរួមការជួបជុំជាប្រចាំ។ គេក៏ធ្វើឱ្យអ្នកដទៃឃើញថា នៅពេលគេចូលរួមការជួបជុំ គេអធិដ្ឋាន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាតាមរបៀបដែលបានកំណត់ ហើយថាគេមិនដែលជជែកគ្នាលេង ឬនិយាយពីរឿងក្នុងផ្ទះឡើយ។ ប្រសិនបើនរណាម្នាក់និយាយទៅកាន់គេថា៖ «សក់របស់អ្នកវែងហើយ។ អ្នកគួរតែទៅកាត់សក់ចេញទៅ។ ឥឡូវនេះអាកាសធាតុក្ដៅណាស់ ដូច្នេះ អ្នកនឹងមានអារម្មណ៍ត្រជាក់ជាងមុន ប្រសិនបើអ្នកកាត់សក់»។ គេឆ្លើយតបថា៖ «សក់របស់ខ្ញុំវែងបន្តិចក៏មិនអីដែរ។ កិច្ចការទើបជារឿងសំខាន់។ ភាពក្ដៅស្អុះស្អាប់នឹងមិនបង្កបញ្ហាអ្វីដល់ខ្ញុំទេ ប្រសិនបើខ្ញុំទុកសក់ឱ្យវែងពីរឬបីថ្ងៃទៀតនោះ»។ មាននរណាម្នាក់និយាយថា៖ «សម្លៀកបំពាក់របស់អ្នករហែកអស់ហើយ។ ប្រសិនបើអ្នកនៅតែពាក់វាទៀត មនុស្សនឹងសើចចំអកឱ្យអ្នកមិនខាន»។ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «មិនអីទេ។ តើពួកយើងដែលជាអ្នកជឿលើព្រះជាម្ចាស់ បារម្ភពីការសើចចំអករបស់គេដែរទេ? ពួកយើងសុទ្ធតែបានរងទុក្ខច្រើនណាស់ ហើយពួកយើងបានស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្នេញរបស់នាគដ៏ធំមានសម្បុរក្រហមរហូតមកដល់ពេលនេះ។ ពួកយើងបានដើរលើផ្លូវដែលត្រូវមនុស្សលោកីយ៍បដិសេធចោល។ ចុះទម្រាំតែមនុស្សសើចចំអកឱ្យខ្ញុំដោយសារតែសម្លៀកបំពាក់រហែករបស់ខ្ញុំ តើវាថ្វីទៅ? ឱ្យតែព្រះជាម្ចាស់ទទួលយកខ្ញុំ នោះទើបជារឿងសំខាន់»។ តើនេះជារឿងល្អដែលគួរនិយាយដែរឬទេ? (គេកំពុងធ្វើពុតជាមនុស្សខាងវិញ្ញាណ។) មនុស្សមួយចំនួនឃើញថា ខ្ញុំសួរសំណួរ និងឱ្យអ្នកគ្រប់គ្នាប្រកបគ្នាអំពីរឿងទាំងនោះ បន្ទាប់ពីសេចក្ដីអធិប្បាយ ប៉ុន្តែមនុស្សមិនអាចឆ្លើយតបនៅក្នុងការប្រកបគ្នាគ្នាបានទេ ដូច្នេះ ពួកគេក៏ទាញសេចក្ដីសន្និដ្ឋានមួយថា៖ «ខ្ញុំបានរកឃើញពន្លឺថ្មីខ្លះនៅទីនេះ។ ព្រះជាម្ចាស់មិនដែលសោយអ្វីទទេៗឡើយ ប៉ុន្តែពួកយើងសូម្បីតែហូបស្ពៃក្ដោប ក៏ហូបទទេៗដែរ»។ តើអ្នកធ្លាប់ឮគេនិយាយបែបនេះពីមុនមកទេ? (មិនធ្លាប់ទេ។) ពួកគេនិយាយថា ព្រះជាម្ចាស់មិនដែលសោយអ្វីទទេៗឡើយ ដែលមានន័យថា ព្រះជាម្ចាស់ប្រទានសេចក្ដីអធិប្បាយដល់មនុស្ស ដូច្នេះ ទ្រង់រកបានក្រយារបស់ទ្រង់ហើយ។ ពួកយើងមិនអាចប្រកបគ្នាអំពីអ្វីបានឡើយ ដូច្នេះ ពួកយើងសូម្បីតែហូបស្ពៃក្ដោប ក៏ហូបទទេៗដែរ។ មនុស្សមួយចំនួនដែលគ្មានការញែកដឹង ចាត់ទុករឿងនេះថាជាសេចក្ដីពិត ហើយដើរប្រាប់គេឯងគ្រប់ទីកន្លែង។ ពួកគេមិនជឿថា ការប្រកបគ្នាអំពីការស្គាល់ខ្លួនឯង ការស្វែងរកការចុះចូល និងការស្រឡាញ់ព្រះជាម្ចាស់ ព្រមទាំងប្រធានបទទូទៅបែបនេះផ្សេងទៀតដែលមនុស្សឧស្សាហ៍យកមកពិភាក្សា អាចត្រូវបានចាត់ទុកថាជារឿងខាងវិញ្ញាណ រឿងខ្ពង់ខ្ពស់ ឬជាពន្លឺថ្មីឡើយ។ ចំពោះពួកគេ មានតែពាក្យសម្ដីដែលបុគ្គលនោះបាននិយាយប៉ុណ្ណោះ ទើបជាពន្លឺថ្មី និងជារឿងខ្ពង់ខ្ពស់! អ្វីដែលបុគ្គលនោះបាននិយាយ ស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែនៅពេលពិចារណាឱ្យបានដិតដល់ វាមានអារម្មណ៍ថាគួរឱ្យខ្ពើមរអើម និងជារឿងដែលគ្មានន័យទាល់តែសោះ។ នេះជារឿងដែលប្រឌិតឡើងដោយអ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ ប៉ុន្តែនៅតែចង់ធ្វើពុតជាមនុស្សខាងវិញ្ញាណ ធ្វើពុតជាមានចំណេះដឹងអំពីសេចក្ដីពិត និងធ្វើពុតថាពួកគេយល់ពីសេចក្ដីពិត។ តើនេះមិនមែនជារឿងដែលគ្មានន័យទេឬ? (មែនហើយ។) ពួកគេជំនាញខាងរៀននិយាយពាក្យពេចន៍ និងគោលលទ្ធិដែលអួតអាង និងទទេសូន្យ ហើយពួកគេមិនផ្ដល់សារៈសំខាន់ដល់ការអនុវត្តសេចក្ដីពិត និងការចូលទៅក្នុងតថភាពឡើយ។ នោះហើយជាមូលហេតុដែលពួកគេជំនាញខាងរៀននិយាយគោលលទ្ធិខាងវិញ្ញាណ ហើយពួកគេមិនដែលវែកញែកខ្លួនឯង ដើម្បីមើលថាតើពួកគេមានតថភាពនៃសេចក្ដីពិតឬអត់នោះទេ។ តើមនុស្សទាំងនេះមិនមែនជាមនុស្សពុតត្បុតទេឬ? ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបែបនេះបំផុត។
នៅពេលអ្នកដែលគេហៅថាជាមនុស្សខាងវិញ្ញាណទាំងនេះជួបជុំគ្នា ពួកគេនិយាយពីទស្សនៈវិជ្ជា ពិភាក្សាពីអាថ៌កំបាំង និយាយអំពីការស្គាល់ខ្លួនឯង និងការស្គាល់ព្រះជាម្ចាស់។ រឿងដែលពួកគេនិយាយ គឺខ្ពង់ខ្ពស់ណាស់ ហើយវាស្ដាប់ទៅមិនដូចជាការនិយាយស្ដីរបស់មនុស្សនៅលើផែនដីទាល់តែសោះ។ ពួកគេចេះតែនិយាយទៅៗ រសាត់ឆ្ងាយទៅៗ ហើយនិយាយអំពីរឿងដែលមិនពាក់ព័ន្ធទាល់តែសោះ។ តើការ «និយាយអំពីរឿងដែលមិនពាក់ព័ន្ធទាល់តែសោះ» មានន័យដូចម្ដេច? ពួកគេចេះតែនិយាយទៅៗ រហូតដល់ពួកគេចាប់ផ្ដើមនិយាយរឿងដែលគ្មានន័យទាល់តែសោះ។ ពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថា នរណាបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនជាងគេ ហើយពួកគេអាចចងចាំ និងផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយជំពូកបានកម្រិតណា នរណាអាចផ្សាយតាមរបៀបដែលខ្ពង់ខ្ពស់ និងស៊ីជម្រៅជាងអ្នកដទៃ ហើយនរណាអាចផ្សាយតាមរបៀបដែលនាំមកនូវពន្លឺច្រើនជាងអ្នកដទៃ។ ពួកគេប្រកួតប្រជែងគ្នាលើរឿងទាំងនេះ ហើយការណ៍នេះត្រូវបានហៅថា «ការប្រកួតប្រជែងភាពខាងវិញ្ញាណ»។ ជួនកាល មនុស្សម្នាកំពុងជជែកគ្នាលេង ដោយនិយាយអំពីសុខទុក្ខរបស់ពួកគេនាពេលថ្មីៗនេះ ឬរឿងខាងក្រៅមួយចំនួន។ បន្ទាប់មក «មនុស្សខាងវិញ្ញាណ» ម្នាក់ក៏ដើរមកជិត ហើយនៅពេលគេឮអ្នកគ្រប់គ្នាកំពុងជជែកគ្នាអំពីរឿងទាំងនេះ គេក៏យកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់គេ ហើយទៅអាននៅជ្រុងមួយ។ តើមនុស្សបែបនេះមើលទៅមិនដូចជាមនុស្សដែលមិនចូលចំណោមសង្គម និងចម្លែកទេឬ? នៅពេលខ្ញុំប្រកបគ្នាជាមួយមនុស្សមួយចំនួនអំពីប្រធានបទចម្បងមួយ ពួកយើងនឹងសម្រាកនៅពាក់កណ្ដាលទី ហើយជជែកគ្នាអំពីរឿងខាងក្រៅ។ តើនោះមិនមែនជារឿងធម្មតាទេឬ? ក្នុងអំឡុងការជជែកគ្នានេះ មនុស្សមួយចំនួនមិនមាត់កអ្វីឡើយ។ អត្ថន័យរបស់ពួកគេគឺ៖ «ខ្ញុំនឹងស្ដាប់ នៅពេលអ្នកប្រកបគ្នាអំពីសេចក្ដីពិត ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមជជែកលេង នោះខ្ញុំនឹងឈប់ស្ដាប់ហើយ។ ប្រសិនបើអ្នកបន្តជជែកលេងក្នុងរយៈពេលយូរ នោះខ្ញុំនឹងចាកចេញ»។ តើពួកគេទៅណា? ពួកគេទៅរកកន្លែងណាមួយដើម្បីអធិដ្ឋាន ហើយពួកគេនិយាយយ៉ាងជឿជាក់ថា៖ «ឱព្រះជាម្ចាស់អើយ សូមយកដួងចិត្តរបស់ទូលបង្គំមកវិញផង។ សូមឱ្យទូលបង្គំបានស្ងប់ស្ងាត់នៅចំពោះទ្រង់ សូមកុំឱ្យទូលបង្គំត្រូវបានទាក់ទាញ និងជាប់ជំពាក់នឹងរឿងរ៉ាវនៃពិភពដែលគ្មានជំនឿឡើយ ហើយសូមកុំឱ្យទូលបង្គំត្រូវបានអូសទាញដោយនិន្នាការលោកីយ៍ឡើយ»។ តើនោះជាភាពខាងវិញ្ញាណខ្លាំងណាស់ឬ? ពួកគេជឿថាវាដូច្នេះមែន។ នៅពេលអ្នកជជែកគ្នាពីរឿងក្នុងផ្ទះ និងសភាពរបស់អ្នកនាពេលថ្មីៗនេះ ពួកគេគិតថានេះមិនមែនជាការប្រកបគ្នាអំពីសេចក្ដីពិតទេ ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រូវបានលើកឡើងទាល់តែសោះ ដូច្នេះពួកគេក៏ចាកចេញ ហើយទៅអធិដ្ឋាននៅចំពោះព្រះជាម្ចាស់។ តើនោះមិនរាងចម្លែកបន្តិចទេឬ? នេះគឺជាការក្លែងបន្លំរបស់អស់អ្នកដែលស្វែងរកការធ្វើជាមនុស្សខាងវិញ្ញាណ។ ពួកគេពូកែខាងក្លែងបន្លំណាស់! គោលដៅរបស់ពួកគេក្នុងការក្លែងបន្លំ គឺដើម្បីឱ្យអ្នកដទៃមើលឃើញថា ពួកគេជាមនុស្សខាងវិញ្ញាណ ថាពួកគេស្មោះអស់ពីចិត្តក្នុងការដេញតាមរបស់ខ្លួន ហើយតែងតែរស់នៅចំពោះព្រះជាម្ចាស់ជានិច្ច។ ដើម្បីឱ្យអ្នកដទៃមើលឃើញថា មានពន្លឺនៅក្នុងពាក្យសម្ដីរបស់ពួកគេ ថាពួកគេដេញតាមសេចក្ដីពិត ថាពួកគេមិនត្រូវបានរឹតត្បិតដោយពិភពលោកីយ៍ខាងក្រៅ ឬដោយមនោសញ្ចេតនាគ្រួសារឡើយ។ ដើម្បីឱ្យអ្នកដទៃមើលឃើញថា ពួកគេគ្មានតម្រូវការខាងសាច់ឈាមបែបនេះទេ ថាពួកគេខុសពីមនុស្សធម្មតា ថាពួកគេបានបោះបង់ពិភពលោកីយ៍ និងចំណង់ចំណូលចិត្តដ៏ថោកទាបបែបនេះចោលរួចទៅហើយ។ នៅពេលមនុស្សមួយចំនួននិយាយពាក្យពីរបីម៉ាត់ទៅកាន់អ្នកគ្មានជំនឿ ពួកគេនិយាយថា៖ «នោះមិនត្រឹមត្រូវទេ។ អ្នកគ្មានជំនឿទាំងនេះគឺអាក្រក់ណាស់។ ពេលដែលអ្នកនិយាយទៅកាន់ពួកគេ ហើយជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ពួកគេ អ្នកមានអារម្មណ៍ថាត្រូវបានរំខាននៅក្នុងចិត្ត ហើយត្រូវតែប្រញាប់ទៅចំពោះព្រះជាម្ចាស់ដើម្បីសារភាពបាប និងអធិដ្ឋាន។ អ្នកត្រូវតែប្រញាប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទុកឱ្យព្រះបន្ទូលរបស់ទ្រង់គ្រប់គ្រងអ្នក និងបំពេញអ្នក»។ ដូច្នេះហើយ នៅពេលពួកគេឃើញអ្នកគ្មានជំនឿ ជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់ ពួកគេគេចវេះពីអ្នកទាំងនោះ ហើយមិនព្រមនិយាយទៅកាន់អ្នកទាំងនោះឡើយ។ ពួកគេមិនទាំងប្រាស្រ័យទាក់ទងធម្មតាផង ហើយមនុស្សម្នាគិតថាពួកគេចម្លែក។ មូលដ្ឋានរបស់ពួកគេសម្រាប់ការប្រព្រឹត្តបែបនេះគឺ៖ «អ្នកគ្មានជំនឿសុទ្ធតែជាពួកអារក្ស ហើយពួកយើងមិនត្រូវនិយាយទៅកាន់ពួកគេឡើយ។ ព្រះជាម្ចាស់ស្អប់ខ្ពើមពួកអារក្ស ដូច្នេះ ប្រសិនបើពួកយើងសេពគប់ជាមួយពួកអារក្ស ហើយស្និទ្ធស្នាលនឹងពួកគេ នោះព្រះជាម្ចាស់ក៏នឹងស្អប់ខ្ពើមរឿងនោះដែរ។ ពួកយើងគួរតែស្អប់ខ្ពើមអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម ហើយពួកយើងគួរតែបដិសេធអ្វីដែលព្រះជាម្ចាស់បដិសេធ»។ ប្រសិនបើពួកគេឃើញបងប្អូនប្រុសស្រីណាម្នាក់កំពុងនិយាយជាមួយ កំពុងនិយាយបើកចំហចិត្តជាមួយ ឬកំពុងនិយាយពីរឿងក្នុងផ្ទះជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិដែលគ្មានជំនឿ ពួកគេក៏វិនិច្ឆ័យអ្នកនោះ ដោយគិតថា៖ «គេគឺជាអ្នកជឿម្នាក់ដែលមានបទពិសោធ ដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គេមិនព្យាយាមគេចវេះពីអ្នកគ្មានជំនឿទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាស្និទ្ធស្នាលនឹងអ្នកទាំងនោះយ៉ាងនេះទៅវិញ។ នេះគឺជាការដែលគេក្បត់ព្រះជាម្ចាស់ ហើយនៅពេលគេជួបប្រទះនឹងបញ្ហា គេប្រាកដជានឹងក្លាយជាយូដាសមិនខាន»។ ពួកគេបិទស្លាកលើមនុស្សបែបនេះ។ មនុស្សមួយចំនួនមានឪពុកម្ដាយដែលពួកគាត់ផ្ទាល់មិនជឿលើព្រះជាម្ចាស់នោះទេ ប៉ុន្តែពួកគាត់ក៏មិនជំទាស់នឹងការដែលកូនរបស់ពួកគាត់ជឿលើព្រះជាម្ចាស់ដែរ។ ពួកគេទូរស័ព្ទទៅឪពុកម្ដាយរបស់ខ្លួនម្ដងម្កាលដើម្បីសួរសុខទុក្ខ ឬនៅពេលឪពុកម្ដាយឈឺ ពួកគេក៏ត្រឡប់ទៅផ្ទះវិញដើម្បីមើលថែពួកគាត់។ នេះជារឿងធម្មតាបំផុត ហើយព្រះជាម្ចាស់មិនថ្កោលទោសរឿងនេះឡើយ។ ចុះតើមនុស្សខាងវិញ្ញាណទាំងនេះ ពោលគឺពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ធ្វើអ្វីខ្លះ? តើពួកគេមើលឃើញរឿងរ៉ាវរបៀបនេះមែនទេ? ពួកគេធ្វើឱ្យរឿងនេះក្លាយជារឿងធំដុំ ដោយនិយាយថា៖ «តាមធម្មតា អ្នកនិយាយបានល្អណាស់ ហើយអ្នកប្រាប់ឱ្យអ្នកដទៃលះបង់មនោសញ្ចេតនារបស់ខ្លួនចោល និងមិនត្រូវឱ្យមនោសញ្ចេតនារឹតត្បិតឡើយ។ ប៉ុន្តែ ខ្ញុំឃើញថាមនោសញ្ចេតនារបស់អ្នកបែរជាកាន់តែខ្លាំងទៅវិញ។ ឪពុកម្ដាយរបស់អ្នកមិនជឿលើព្រះជាម្ចាស់ទេ ដូច្នេះ អ្នកត្រូវតែបដិសេធពួកគាត់»។ បុគ្គលម្នាក់ទៀតឆ្លើយតបថា៖ «ឪពុកម្ដាយរបស់ខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ប៉ុន្តែពួកគាត់ក៏មិនរារាំងខ្ញុំដែរ។ ពួកគាត់គាំទ្រខ្ញុំខ្លាំងណាស់»។ អាទទឹងនឹងព្រះគ្រីស្ទឆ្លើយតបថា៖ «ទោះបីជាពួកគាត់គាំទ្រអ្នកក៏ដោយ ក៏វាមិនអាចទទួលយកបានដែរ ហើយពួកគាត់នៅតែជាពួកអារក្សដដែល។ ម្ដេចក៏អ្នកនៅតែអាចចម្អិនអាហារឱ្យពួកគាត់បានទៅ?» បុគ្គលម្នាក់ទៀតនិយាយថា៖ «តើនេះមិនមែនជាមនោសញ្ចេតនាធម្មតារបស់មនុស្សទេឬ? តើវាមិនមែនជារឿងធម្មតាទេឬ ក្នុងការចម្អិនអាហារពីរបីពេលសម្រាប់ឪពុកម្ដាយរបស់ខ្លួន និងបង្ហាញក្ដីស្រឡាញ់បែបកតញ្ញូខ្លះចំពោះពួកគាត់នោះ? ព្រះជាម្ចាស់មិនថ្កោលទោសរឿងនេះទេ ចុះតើអ្នកថ្កោលទោសរឿងនេះដើម្បីអ្វី?» អាទទឹងនឹងព្រះគ្រីស្ទឆ្លើយតបថា៖ «ព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងរឿងតូចតាចបែបនេះឡើយ! ដោយសារព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងរឿងនេះ ពួកយើងគួរតែប្រកាន់ជំហរ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកយើង។ អ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកគ្មានការញែកដឹង ឬកម្ពស់ឡើយ ហើយអ្នកអាចប្រព្រឹត្តចំពោះពួកអារក្សបានយ៉ាងល្អបែបនេះ មនោសញ្ចេតនារបស់អ្នកគឺខ្លាំងពេកហើយ!» អាទទឹងនឹងព្រះគ្រីស្ទថ្កោលទោសសូម្បីតែរឿងនេះ! មិនថាអ្នកដទៃធ្វើអ្វីនោះទេ ក៏គេថ្កោលទោស និងបិទស្លាកលើអ្នកទាំងនោះ ដើម្បីបង្ហាញថារូបគេមានកម្ពស់ ថាគេស្មោះអស់ពីចិត្តក្នុងការដេញតាមរបស់ខ្លួន និងមានសេចក្ដីជំនឿ ប៉ុន្តែនៅទីបញ្ចប់ នៅពេលសមាជិកគ្រួសាររបស់គេផ្ទាល់ស្លាប់ គេយំអស់ជាច្រើនថ្ងៃ រហូតដល់មិនអាចក្រោកពីគ្រែរួច ហើយថែមទាំងចង់បោះបង់សេចក្ដីជំនឿរបស់ខ្លួនទៀតផង។ មាននរណាម្នាក់និយាយទៅកាន់គេថា៖ «តើអ្នកមិនមែនជាមនុស្សខាងវិញ្ញាណទេឬ?» គេឆ្លើយតបថា៖ «តើមនុស្សខាងវិញ្ញាណមិនអាចទន់ខ្សោយបានទេឬ? តើខ្ញុំមិនអាចទន់ខ្សោយបន្តិចបន្តួចបានទេឬ?» តើនេះមិនមែនជាការប្រើហេតុផលដោះសាខុសទំនងទេឬ? មនុស្សខាងវិញ្ញាណក្លែងក្លាយមានសមត្ថភាពក្នុងការធ្វើពុត ហើយការណ៍នេះត្រូវបានហៅថាការក្លែងបន្លំ។ ពួកគេធ្វើពុតថាគ្មានភាពទន់ខ្សោយ ចេះចុះចូល មានសេចក្ដីជំនឿលើព្រះជាម្ចាស់ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់ អាចរក្សាពាក្យសម្បថរបស់ពួកគេ អាចស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់ខ្លួន ដោយមិនមានឥរិយាបថតាមរបៀបណាមួយដែលមនុស្សអាចគិតថាមិនស័ក្ដិសម ឬមិនល្អឥតខ្ចោះឡើយ។ បើវិនិច្ឆ័យតាមឥរិយាបថខាងក្រៅរបស់ពួកគេ មនុស្សពេញចិត្តនឹងពួកគេ ហើយមិនអាចរកកំហុសអ្វីឃើញឡើយ។ ជាមូលដ្ឋាន ពួកគេហាក់ដូចជាស្របនឹងភាពសមរម្យរបស់គ្រីស្ទបរិស័ទ ហើយពួកគេមើលទៅមិនទាំងមានភាពអវិជ្ជមាន ឬទន់ខ្សោយផង។ នៅពេលពួកគេឃើញនរណាម្នាក់មានអារម្មណ៍ទន់ខ្សោយ និងអវិជ្ជមាន ពួកគេឧស្សាហ៍ស្ដីបន្ទោសអ្នកនោះយ៉ាងតឹងរ៉ឹង ដោយនិយាយថា៖ «អ្នកទន់ខ្សោយដោយសារតែរឿងតូចតាចបែបនេះ តើនោះមិនធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យយ៉ាងខ្លាំងទេឬ? តើអ្នកដឹងទេថាឥឡូវនេះជាពេលណាហើយ? ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលយ៉ាងច្រើនមកកាន់ពួកយើង ចុះម្ដេចបានជាអ្នកនៅតែអាចទន់ខ្សោយទៀត? ម្ដេចក៏អ្នកអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានតិចតួចយ៉ាងនេះ? មិនថាអ្នកជួបប្រទះនឹងបញ្ហាអ្វីក៏ដោយ ក៏អ្នកត្រូវតែទៅអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ជានិច្ច រៀនស្រឡាញ់ព្រះជាម្ចាស់ និងស្មោះត្រង់ចំពោះទ្រង់ ហើយអ្នកត្រូវតែចុះចូល និងមិនត្រូវទន់ខ្សោយឡើយ។ ប្រសិនបើអ្នកតែងតែគិតគូរដល់សាច់ឈាមរបស់អ្នក តើអ្នកមិនមែនកំពុងបះបោរទាស់នឹងព្រះជាម្ចាស់ទេឬ?» ស្ដាប់ទៅហាក់ដូចជាគ្មានបញ្ហាអ្វីទេចំពោះពាក្យសម្ដីណាមួយដែលពួកគេនិយាយនៅត្រង់នេះ ប៉ុន្តែពាក្យសម្ដីទាំងនោះសុទ្ធតែទទេសូន្យ និងមិនអាចដោះស្រាយបញ្ហារបស់មនុស្សបានឡើយ។ ពួកគេនិយាយថា៖ «តើអ្នកដឹងទេថាឥឡូវនេះជាពេលណាហើយ?» តើរឿងនោះមានពាក់ព័ន្ធអ្វីនឹងការដែលមនុស្សមានអារម្មណ៍ទន់ខ្សោយដែរឬទេ? តើវាមានពាក់ព័ន្ធអ្វីនឹងការបះបោរដែរឬទេ? មនុស្សមាននិស្ស័យពុករលួយ និងរស់នៅក្នុងសាច់ឈាមរបស់ពួកគេ ហើយមនុស្សអាចទន់ខ្សោយ និងបះបោរបានជានិច្ច។
ពួកទទឹងនឹងព្រះគ្រីស្ទចង់ដើរតួជាមនុស្សខាងវិញ្ញាណ ជាមនុស្សដែលល្អបំផុតក្នុងចំណោមបងប្អូនប្រុសស្រី និងជាមនុស្សដែលយល់ពីសេចក្ដីពិត ហើយអាចជួយអស់អ្នកដែលទន់ខ្សោយ និងមិនទាន់ចាស់ទុំបាន។ តើគោលដៅរបស់ពួកគេក្នុងការដើរតួនេះគឺជាអ្វី? ដំបូង ពួកគេជឿថា ពួកគេបានទៅហួសពីសាច់ឈាម និងពិភពលោកីយ៍រួចទៅហើយ ថាពួកគេបានបោះបង់ភាពទន់ខ្សោយនៃភាពជាមនុស្សធម្មតា និងរំដោះខ្លួនចេញពីតម្រូវការខាងសាច់ឈាមនៃភាពជាមនុស្សធម្មតា។ ពួកគេជឿថា ពួកគេគឺជាអ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលអាចទទួលរ៉ាប់រងភារកិច្ចសំខាន់ៗបាន អាចគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយដែលដួងចិត្តរបស់ខ្លួនពោរពេញទៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេសរសើរខ្លួនឯងដែលបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យរួចទៅហើយ ដែលថាពួកគេអាចគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងដែលអាចទទួលបានគោលដៅដ៏អស្ចារ្យដែលព្រះជាម្ចាស់បានសន្យា។ ហេតុដូច្នេះហើយ ពួកគេឧស្សាហ៍មានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង ហើយគិតថាពួកគេលើសអ្នកដទៃមួយកម្រិត។ ពួកគេប្រើប្រាស់ពាក្យសម្ដីដែលពួកគេអាចចងចាំ និងយល់ដោយគំនិតរបស់ពួកគេដើម្បីស្ដីប្រដៅអ្នកដទៃ ព្រមទាំងដើម្បីថ្កោលទោស និងធ្វើការវិនិច្ឆ័យចំពោះអ្នកដទៃ។ ពួកគេក៏ឧស្សាហ៍ប្រើប្រាស់វិធីសាស្ត្រ និងពាក្យសម្ដីមួយចំនួនដែលពួកគេស្រមៃនៅក្នុងសញ្ញាណរបស់ខ្លួន ដើម្បីដាក់កំហិត និងប្រាប់ផ្លូវអ្នកដទៃ ដោយធ្វើឱ្យអ្នកដទៃរក្សាបទប្បញ្ញត្តិ និងស្ដាប់បង្គាប់ពួកគេ ដើម្បីឱ្យពួកគេអាចការពារឋានៈរបស់ខ្លួននៅក្នុងពួកជំនុំបាន។ ពួកគេជឿថា ដរាបណាពួកគេអាចផ្សាយគោលលទ្ធិខាងវិញ្ញាណមួយឈុត ស្រែកពាក្យស្លោកដែលកំពុងពេញនិយម ដឹកនាំមុខគេ សុខចិត្តចេញមុខ និងទទួលរ៉ាប់រងកិច្ចការ ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ នោះពួកគេនឹងក្លាយជាមនុស្សខាងវិញ្ញាណ ហើយឋានៈរបស់ពួកគេនឹងមានភាពនឹងនរ។ ហេតុដូច្នេះហើយ ពួកគេតាំងខ្លួនជាមនុស្សខាងវិញ្ញាណ និងសរសើរខ្លួនឯងដែលបានធ្វើដូច្នេះ ខណៈពេលជាមួយគ្នានោះ ពួកគេតាំងខ្លួនជាមនុស្សដែលអាចធ្វើអ្វីៗបានទាំងអស់ ជាមនុស្សដែលមានសមត្ថភាពពេញលេញ និងជាមនុស្សគ្រប់លក្ខណ៍។ ឧទាហរណ៍៖ ប្រសិនបើអ្នកសួរពួកគេថាតើពួកគេអាចវាយអត្ថបទបានដែរឬទេ ពួកគេនិយាយថា៖ «បាន ការវាយអត្ថបទមិនមែនជារឿងពិបាកសម្រាប់ខ្ញុំទេ»។ អ្នកសួរពួកគេថា៖ «តើអ្នកអាចជួសជុលម៉ាស៊ីនបានទេ?» ពួកគេនិយាយថា៖ «គោលការណ៍នៃម៉ាស៊ីនទាំងអស់គឺដូចគ្នា។ បាន ខ្ញុំអាចជួសជុលវាបាន»។ អ្នកសួរថា៖ «តើអ្នកអាចជួសជុលត្រាក់ទ័របានទេ?» ពួកគេនិយាយថា៖ «តើការជួសជុលម៉ាស៊ីនដ៏សាមញ្ញនោះ រាប់ថាអាចជួសជុលម៉ាស៊ីនបានដែរឬទេ?» អ្នកសួរពួកគេថា៖ «តើអ្នកអាចចម្អិនអាហារបានទេ?»។ ពួកគេនិយាយថា៖ «ខ្ញុំហូបអាហារ ដូច្នេះ ប្រាកដណាស់ថាខ្ញុំអាចចម្អិនអាហារបាន!» អ្នកសួរថា៖ «តើអ្នកអាចបើកយន្តហោះបានទេ?» ពួកគេនិយាយថា៖ «ខ្ញុំមិនដែលរៀនបើកយន្តហោះទេ ប៉ុន្តែប្រសិនបើខ្ញុំរៀន ខ្ញុំអាចបើកវាបាន។ ខ្ញុំអាចធ្វើជាពីឡុតយន្តហោះបាន គ្មានបញ្ហាទេ»។ ពួកគេគិតថាពួកគេអាចធ្វើអ្វីក៏បាន ថាពួកគេពូកែគ្រប់រឿង។ កុំព្យូទ័ររបស់នរណាម្នាក់ខូច ហើយបុគ្គលនោះសុំឱ្យពួកគេជួសជុលវា។ ពួកគេនិយាយថា ពួកគេអាចជួសជុលវាយ៉ាងងាយស្រួល ប៉ុន្តែតាមពិត ពួកគេមិនដឹងអ្វីទាល់តែសោះ ហើយមិនដឹងពីរបៀបជួសជុលកុំព្យូទ័រឡើយ ហើយនៅទីបញ្ចប់ បន្ទាប់ពីព្យាយាមជួសជុលម្តងហើយម្តងទៀត ចុងក្រោយពួកគេក៏លុបព័ត៌មានទាំងអស់នៅលើកុំព្យូទ័រនោះចោល។ ម្ចាស់កុំព្យូទ័រសួរពួកគេថា៖ «តើអ្នកអាចជួសជុលវាបានឬអត់ហ្នឹង?» ពួកគេឆ្លើយតបថា៖ «ខ្ញុំធ្លាប់ជួសជុលកុំព្យូទ័រពីមុនមក ប៉ុន្តែឥឡូវនេះ ខ្ញុំរាងភ្លេចពីរបៀបជួសជុលវាបន្តិច។ យកល្អ អ្នកគួរសុំឱ្យអ្នកផ្សេងជួសជុលវាទៅ»។ ពួកគេពូកែធ្វើពុតណាស់ តើមែនទេ? មនុស្សបែបនេះមាននិស្ស័យរបស់មហាទេវតា។ ពួកគេមិនដែលនិយាយថា «ខ្ញុំមិនដឹងពីរបៀបធ្វើវាទេ» ឬ «ខ្ញុំមិនអាចធ្វើវាបានទេ» ឬ «ខ្ញុំមិនពូកែធ្វើវាទេ» ឬ «ខ្ញុំមិនដែលឃើញរឿងនោះពីមុនមកទេ» ឬ «ខ្ញុំមិនដឹងទេ» ឡើយ ពោលគឺពួកគេមិនដែលនិយាយបែបនេះទេ។ មិនថាមានរឿងអ្វីក៏ដោយ ប្រសិនបើអ្នកសួរពួកគេអំពីរឿងនោះ ទោះបីជាពួកគេមិនដឹងពីរបៀបធ្វើវា និងមិនដែលឃើញវាពីមុនមកក៏ដោយ ក៏ពួកគេនៅតែត្រូវរកហេតុផល និងលេស ដើម្បីឱ្យអ្នកយល់ខុសថា ពួកគេពូកែគ្រប់រឿង ដឹងពីរបៀបធ្វើគ្រប់យ៉ាង អាចធ្វើបានគ្រប់យ៉ាង ហើយថាអ្វីៗគ្រប់យ៉ាងអាចធ្វើទៅបាន។ តើពួកគេចង់ក្លាយជាមនុស្សប្រភេទណាទៅ? (ជាមនុស្សអស្ចារ្យ មនុស្សដែលមានសមត្ថភាពពេញលេញ។) ពួកគេចង់ក្លាយជាមនុស្សដែលមានសមត្ថភាពពេញលេញ ដើម្បីតាំងខ្លួនជាទេវតានៃពន្លឺ។ តើពួកគេមិនមែនជាមនុស្សប្រភេទនេះទេឬ? ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទតែងតែចង់ធ្វើពុតជាពូកែគ្រប់រឿង នៅពេលអ្នកសុំឱ្យពួកគេសហការជាមួយអ្នកដទៃ ផ្លាស់ប្ដូរទស្សនៈ ពិភាក្សា ប្រកបគ្នា និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃអំពីបញ្ហាផ្សេងៗ ពួកគេមិនអាចធ្វើវាបានឡើយ។ ពួកគេនិយាយថា៖ «ខ្ញុំមិនត្រូវការនរណាម្នាក់មកសហការជាមួយខ្ញុំទេ។ ខ្ញុំមិនត្រូវការជំនួយការឡើយ។ ខ្ញុំមិនត្រូវការជំនួយពីនរណាម្នាក់ដើម្បីធ្វើរឿងណាមួយនោះទេ។ ខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន។ ខ្ញុំដឹងពីរបៀបធ្វើគ្រប់យ៉ាង។ ខ្ញុំមានសមត្ថភាពពេញលេញ ហើយគ្មានអ្វីដែលខ្ញុំមិនអាចធ្វើបាន គ្មានអ្វីដែលខ្ញុំមិនអាចសម្រេចបាន និងគ្មានអ្វីដែលខ្ញុំមិនអាចបំពេញឱ្យរួចរាល់បានឡើយ។ តើខ្ញុំជានរណា? អ្នករាល់គ្នាមិនដឹងពីរបៀបធ្វើអ្វីទាល់តែសោះ ហើយទោះបីជាអ្នករាល់គ្នាដឹងពីរបៀបធ្វើអ្វីមួយក៏ដោយ ក៏អ្នករាល់គ្នាមិនស្ទាត់ជំនាញលើរឿងនោះដែរ។ ទោះបីជាខ្ញុំទើបតែរៀនធ្វើរឿងមួយក៏ដោយ ក៏ខ្ញុំដឹងពីរបៀបធ្វើគ្រប់យ៉ាងដែរ។ ប្រសិនបើខ្ញុំស្ទាត់ជំនាញលើរឿងមួយ នោះខ្ញុំស្ទាត់ជំនាញលើរឿងទាំងអស់។ ខ្ញុំដឹងពីរបៀបសរសេរអត្ថបទ និងអាចនិយាយភាសាបរទេសបាន។ ទោះបីជាពេលនេះ ខ្ញុំមិនអាចនិយាយភាសាបរទេសណាមួយបានក៏ដោយ ក៏ប៉ុន្តែប្រសិនបើខ្ញុំរៀន នោះវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ ក្នុងការរៀនភាសាបរទេសចំនួនប្រាំភាសានោះ»។ មាននរណាម្នាក់សួរពួកគេថា តើពួកគេអាចសម្ដែងក្នុងភាពយន្ត ច្រៀង និងរាំបានដែរឬទេ ហើយពួកគេនិយាយថា ពួកគេអាចធ្វើរឿងទាំងអស់នោះបាន។ ពួកគេពូកែអួតអាងណាស់ តើមែនទេ? ពួកគេធ្វើពុតជាអាចធ្វើអ្វីក៏បាន និងដឹងពីរបៀបធ្វើគ្រប់យ៉ាង។ ពួកគេពិតជាមានធម្មជាតិរបស់មហាទេវតាមែន! មាននរណាម្នាក់សួរពួកគេថា តើពួកគេធ្លាប់ទន់ខ្សោយដែរឬទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលពួកគេបានជឿលើព្រះជាម្ចាស់ ហើយពួកគេឆ្លើយតបថា៖ «តើមានអ្វីដែលត្រូវទន់ខ្សោយទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងយ៉ាងច្បាស់លាស់ណាស់។ ពួកយើងមិនត្រូវទន់ខ្សោយឡើយ។ ប្រសិនបើពួកយើងទន់ខ្សោយ នោះពួកយើងកំពុងធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យហើយ។ ពួកយើងគួរតែខិតខំប្រឹងប្រែង ១២០ ភាគរយ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ជាម្ចាស់!» មានបុគ្គលម្នាក់ទៀតសួរថា៖ «តើអ្នកធ្លាប់នឹកផ្ទះដែរឬទេ បន្ទាប់ពីចាកចេញអស់ជាច្រើនឆ្នាំមកនេះ? តើអ្នកយំទេ នៅពេលនឹកផ្ទះ?» ពួកគេឆ្លើយតបថា៖ «តើមានអ្វីដែលត្រូវយំទៅ? ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំ។ នៅពេលខ្ញុំនឹកដល់ព្រះជាម្ចាស់ ខ្ញុំលែងនឹកផ្ទះទៀតហើយ។ សមាជិកគ្រួសារទាំងអស់របស់ខ្ញុំដែលគ្មានជំនឿ សុទ្ធតែជាពួកអារក្ស និងពួកសាតាំង។ ខ្ញុំអធិដ្ឋានសុំឱ្យពួកគេត្រូវបណ្ដាសា»។ មានបុគ្គលម្នាក់ទៀតសួរពួកគេថា៖ «តើអ្នកធ្លាប់វង្វេងផ្លូវដែរឬទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃសេចក្ដីជំនឿរបស់អ្នក?» ពួកគេឆ្លើយតបថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងយ៉ាងច្បាស់លាស់ណាស់។ តើមនុស្សម្នាក់ម្ដេចនឹងអាចវង្វេងផ្លូវបានទៅ? អស់អ្នកដែលវង្វេងផ្លូវ គឺជាមនុស្សដែលខុសទំនង និងគ្មានការយល់ដឹងខាងវិញ្ញាណ។ តើមនុស្សដែលមានគុណសម្បត្តិដូចជាខ្ញុំ អាចវង្វេងផ្លូវបានដែរឬទេ? តើខ្ញុំអាចដើរផ្លូវខុសបានដែរឬទេ? មិនអាចទៅរួចទេ»។ ពួកគេជឿថាខ្លួនពូកែគ្រប់រឿង ហើយល្អជាងអ្នកដទៃទាំងអស់។ តើពួកគេគិតយ៉ាងណាចំពោះមនុស្សដែលអវិជ្ជមាន និងទន់ខ្សោយ? ពួកគេនិយាយថា៖ «មនុស្សដែលអវិជ្ជមាន និងទន់ខ្សោយ គ្រាន់តែទំនេរពេកគ្មានអ្វីធ្វើប៉ុណ្ណោះ»។ តើនេះពិតជាដូច្នេះមែនឬ? ភាពអវិជ្ជមាន និងភាពទន់ខ្សោយខ្លះ គឺជារឿងធម្មតា ខណៈដែលភាពអវិជ្ជមាន និងភាពទន់ខ្សោយខ្លះទៀត មានមូលហេតុនៅពីក្រោយនោះ។ ចុះតើពួកគេម្ដេចនឹងអាចពណ៌នាបញ្ហានេះ ដោយនិយាយថាមនុស្សទាំងនេះ «ទំនេរពេកគ្មានអ្វីធ្វើ» បានទៅ? ពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជាមនុស្សខាងវិញ្ញាណតាមរបៀបនេះឯង។ ពួកគេធ្វើពុតថាខ្លួនអាចធ្វើអ្វីក៏បាន គ្មានចំណុចខ្វះខាត ឬភាពទន់ខ្សោយនោះទេ ហើយលើសពីនេះទៅទៀត ពួកគេធ្វើពុតថាខ្លួនមិនបះបោរ និងមិនដែលប្រព្រឹត្តអំពើរំលងណាមួយឡើយ។
មិនថាក្នុងបរិបទណាក៏ដោយ មិនថាគេបំពេញភារកិច្ចអ្វីក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទនឹងព្យាយាមធ្វើឱ្យអ្នកដទៃមើលឃើញថា គេមិនទន់ខ្សោយទេ ថាគេតែងតែរឹងមាំ ពោរពេញដោយសេចក្ដីជំនឿ និងមិនដែលអវិជ្ជមានឡើយ ដើម្បីកុំឱ្យមនុស្សមើលឃើញពីកម្ពស់ពិត ឬអាកប្បកិរិយាពិតរបស់គេចំពោះព្រះជាម្ចាស់បានជាដាច់ខាត។ តាមពិតទៅ នៅក្នុងជម្រៅដួងចិត្តរបស់អាទទឹងនឹងព្រះគ្រីស្ទនោះ តើគេពិតជាជឿថា គ្មានអ្វីដែលគេមិនអាចធ្វើបានមែនឬ? តើគេពិតជាជឿថា គេគ្មានភាពទន់ខ្សោយ ភាពអវិជ្ជមាន ឬការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយមែនឬ? មិនមែនទាល់តែសោះ។ អាទទឹងនឹងព្រះគ្រីស្ទពូកែសម្ដែង និងប៉ិនប្រសប់ក្នុងការលាក់បាំងរឿងរ៉ាវ។ គេចូលចិត្តបង្ហាញមនុស្សនូវផ្នែកដ៏រឹងមាំ និងអស្ចារ្យរបស់ខ្លួន គេមិនចង់ឱ្យមនុស្សឃើញផ្នែករបស់គេដែលទន់ខ្សោយ និងពិតប្រាកដនោះទេ។ គោលបំណងរបស់គេគឺច្បាស់ក្រឡែត៖ និយាយឱ្យសាមញ្ញទៅ គឺដើម្បីរក្សាភាពចង់បានមុខមាត់ និងអំនួតរបស់ខ្លួន ដើម្បីការពារកន្លែងដែលគេមាននៅក្នុងដួងចិត្តរបស់មនុស្ស។ អាទទឹងនឹងព្រះគ្រីស្ទគិតថា ប្រសិនបើគេបើកចំហនៅចំពោះមុខអ្នកដទៃអំពីភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់ខ្លួនផ្ទាល់ និងអំពីផ្នែករបស់គេដែលបះបោរ និងពុករលួយ នោះវានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឋានៈ និងកិត្តិនាមរបស់គេ ហើយវានឹងនាំមកនូវបញ្ហាច្រើនជាងផលចំណេញ។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទសុខចិត្តស្លាប់ ជាជាងទទួលស្គាល់ថាមានពេលខ្លះដែលគេទន់ខ្សោយ បះបោរ និងអវិជ្ជមាន។ ទោះជាមានថ្ងៃមួយមកដល់ដែលមនុស្សគ្រប់គ្នាឃើញផ្នែករបស់គេដែលទន់ខ្សោយ និងបះបោរ នៅពេលដែលមនុស្សគ្រប់គ្នាឃើញថាគេពុករលួយ ហើយមិនបានផ្លាស់ប្ដូរសោះក៏ដោយ ក៏គេនៅតែបន្តសម្ដែងដដែល។ ពួកគេគិតថា ប្រសិនបើពួកគេទទួលស្គាល់ថាខ្លួនមាននិស្ស័យពុករលួយ ទទួលស្គាល់ថាខ្លួនជាមនុស្សធម្មតាម្នាក់ ជាមនុស្សតូចតាចម្នាក់ នោះពួកគេនឹងបាត់បង់ឋានៈរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្ស នឹងបាត់បង់ការគោរពបូជា និងការស្ញប់ស្ញែងពីមនុស្សគ្រប់គ្នា ហើយដូច្នេះ ពួកគេនឹងបរាជ័យទាំងស្រុង។ ដូច្នេះហើយ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏គេនឹងមិនបើកចំហចំពោះមនុស្សក្នុងរបៀបដែលគ្មានល្បិចនោះទេ។ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏គេនឹងមិនប្រគល់អំណាច និងឋានៈរបស់ខ្លួនទៅឱ្យនរណាម្នាក់ផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ គេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដែលអាចធ្វើបានដើម្បីប្រកួតប្រជែង ហើយនឹងមិនបោះបង់ចោលជាដាច់ខាត។ រាល់ពេលដែលគេជួបប្រទះនឹងបញ្ហា គេចេញមុខឈានជើងចូលទៅក្នុងចំណុចកណ្ដាលនៃការចាប់អារម្មណ៍ ហើយបង្ហាញ និងសម្ដែងពីខ្លួនឯង។ ពេលដែលមានបញ្ហាកើតឡើង ហើយមានផលវិបាកកើតឡើង គេប្រញាប់រត់ទៅលាក់ខ្លួន ឬព្យាយាមទម្លាក់ការទទួលខុសត្រូវទៅលើអ្នកដទៃ។ ប្រសិនបើគេជួបប្រទះនឹងបញ្ហាដែលគេយល់ គេក៏អួតសម្ញែងភ្លាមៗនូវអ្វីដែលគេអាចធ្វើបាន ហើយក្ដាប់យកឱកាសដើម្បីឱ្យអ្នកដទៃស្គាល់គេ ដើម្បីឱ្យមនុស្សអាចឃើញថា គេមានអំណោយទាន និងជំនាញពិសេស ហើយអាចវាយតម្លៃគេខ្ពស់ និងថ្វាយបង្គំគេ។ ប្រសិនបើមានរឿងធំដុំកើតឡើង ហើយមាននរណាម្នាក់សួរគេអំពីការយល់ដឹងរបស់គេចំពោះព្រឹត្តិការណ៍នោះ គេស្ទាក់ស្ទើរក្នុងការបញ្ចេញឱ្យឃើញនូវទស្សនៈរបស់ខ្លួន ផ្ទុយទៅវិញ គេទុកឱ្យអ្នកដទៃនិយាយមុន។ ភាពស្ទាក់ស្ទើររបស់គេមានហេតុផលរបស់វា៖ ហេតុផលមួយគឺ មិនមែនថាគេគ្មានទស្សនៈនោះទេ ប៉ុន្តែគេខ្លាចថាទស្សនៈរបស់ខ្លួនខុស ថាប្រសិនបើគេនិយាយវាចេញមក អ្នកដទៃនឹងច្រានវាចោល ដែលធ្វើឱ្យគេមានអារម្មណ៍ខ្មាសអៀន ហើយនោះហើយជាមូលហេតុដែលគេមិននិយាយវាចេញមក។ ឬហេតុផលមួយទៀតគឺ គេគ្មានទស្សនៈទេ ហើយដោយសារមិនអាចមើលដឹងបញ្ហានេះបានច្បាស់លាស់ គេមិនហ៊ាននិយាយតាមអំពើចិត្តឡើយ ព្រោះខ្លាចមនុស្សសើចចំអកចំពោះកំហុសរបស់ខ្លួន ដូច្នេះ ភាពស្ងៀមស្ងាត់គឺជាជម្រើសតែមួយគត់របស់គេ។ សរុបមក អាទទឹងនឹងព្រះគ្រីស្ទមិនងាយនឹងនិយាយចេញមកដើម្បីបញ្ចេញទស្សនៈរបស់ខ្លួនឡើយ ពីព្រោះគេខ្លាចក្នុងការបញ្ចេញឱ្យឃើញពីធាតុពិតរបស់ខ្លួន ខ្លាចក្នុងការឱ្យមនុស្សឃើញថា គេកម្សត់កម្រ និងគួរឱ្យអាណិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់រូបភាពដែលអ្នកដទៃមានចំពោះគេ។ ដូច្នេះ បន្ទាប់ពីអ្នកគ្រប់គ្នាផ្សេងទៀតបានប្រកបគ្នាអំពីទស្សនៈ គំនិត និងចំណេះដឹងរបស់ពួកគេចប់រួចរាល់ហើយ គេក៏ចាប់យកការអះអាងដែលខ្ពង់ខ្ពស់ជាង និងសមហេតុផលជាងណាមួយ ដែលគេលើកយកមកធ្វើជាទស្សនៈ និងការយល់ដឹងរបស់ខ្លួនផ្ទាល់។ គេសង្ខេបវា ហើយប្រកបគ្នាអំពីរឿងទាំងនោះទៅកាន់អ្នកគ្រប់គ្នា ដោយហេតុនេះ គេក៏ទទួលបានឋានៈខ្ពស់នៅក្នុងដួងចិត្តរបស់អ្នកដទៃ។ ពួកទទឹងនឹងព្រះគ្រីស្ទមានល្បិចកលខ្លាំងណាស់៖ នៅពេលដល់ពេលដែលត្រូវបញ្ចេញទស្សនៈ ពួកគេមិនដែលបើកចំហ និងបង្ហាញអ្នកដទៃពីសភាពពិតរបស់ខ្លួនឡើយ ឬឱ្យមនុស្សដឹងពីអ្វីដែលពួកគេកំពុងគិតពិតប្រាកដ ពីកម្រិតនៃគុណសម្បត្តិរបស់ពួកគេ ពីលក្ខណៈនៃភាពជាមនុស្សរបស់ពួកគេ ពីកម្រិតនៃសមត្ថភាពនៃការយល់ដឹងរបស់ពួកគេ និងថាតើពួកគេមានចំណេះដឹងពិតប្រាកដអំពីសេចក្ដីពិតឬក៏អត់នោះឡើយ។ ដូច្នេះហើយ ក្នុងពេលជាមួយគ្នានឹងការអួតអាង និងការធ្វើពុតជាស៊ប់ខាងវិញ្ញាណ និងជាមនុស្សគ្រប់លក្ខណ៍ ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីបិទបាំងមុខមាត់ពិត និងកម្ពស់ពិតរបស់ពួកគេ។ ពួកគេមិនដែលបញ្ចេញឱ្យឃើញពីភាពទន់ខ្សោយរបស់ពួកគេដល់បងប្អូនប្រុសស្រីឡើយ ហើយពួកគេក៏មិនដែលព្យាយាមស្គាល់ពីភាពខ្វះខាត និងចំណុចខ្វះខាតរបស់ពួកគេផ្ទាល់ដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីបិទបាំងរឿងទាំងនោះ។ មនុស្សម្នាសួរពួកគេថា៖ «អ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តើអ្នកធ្លាប់មានការសង្ស័យណាមួយចំពោះព្រះជាម្ចាស់ដែរឬទេ?» ពួកគេឆ្លើយថា៖ «មិនធ្លាប់សង្ស័យទេ»។ ពួកគេត្រូវបានគេសួរថា៖ «តើអ្នកធ្លាប់ស្ដាយក្រោយដែលលះបង់អ្វីៗគ្រប់យ៉ាង នៅក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដែរឬទេ?» ពួកគេឆ្លើយតបថា៖ «មិនធ្លាប់ស្ដាយក្រោយទេ»។ «នៅពេលអ្នកមានជំងឺ តើអ្នកមានអារម្មណ៍ពិបាកចិត្ត ហើយតើអ្នកនឹកផ្ទះដែរឬទេ?» ហើយពួកគេឆ្លើយតបថា៖ «មិនដែលទេ»។ ដូច្នេះ អ្នកឃើញទេ ពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញខ្លួនពួកគេថាជាមនុស្សរឹងមាំ មានឆន្ទៈមោះមុត ហើយអាចលះបង់ និងរងទុក្ខ ថាជាមនុស្សដែលល្អឥតខ្ចោះតែម្ដង និងគ្មានកំហុស ឬបញ្ហាណាមួយឡើយ។ ប្រសិនបើនរណាម្នាក់ចង្អុលបង្ហាញពីសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ពួកគេ ចាត់ទុកពួកគេថាស្មើភាព ក្នុងនាមជាបងប្អូនប្រុសស្រីធម្មតាម្នាក់ ហើយបើកចំហ និងប្រកបគ្នាជាមួយពួកគេ តើពួកគេប្រព្រឹត្តចំពោះបញ្ហានេះដោយរបៀបណា? ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីដោះសា និងរកលេសឱ្យខ្លួនពួកគេ ដើម្បីបញ្ជាក់ថាពួកគេត្រឹមត្រូវ ហើយនៅទីបំផុត ដើម្បីធ្វើឱ្យមនុស្សឃើញថា ពួកគេគ្មានបញ្ហាអ្វីទេ ហើយថាពួកគេគឺជាមនុស្សស៊ប់ខាងវិញ្ញាណដ៏គ្រប់លក្ខណ៍ម្នាក់។ តើនេះមិនមែនសុទ្ធតែជាការក្លែងបន្លំទេឬ? អ្នកណាដែលគិតថាខ្លួនឯងល្អឥតខ្ចោះ និងបរិសុទ្ធ សុទ្ធតែជាអ្នកក្លែងបន្លំទាំងអស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេទាំងអស់គ្នាគឺជាអ្នកក្លែងបន្លំ? ចូរប្រាប់ខ្ញុំមើល៍ តើមាននរណាម្នាក់ដែលល្អឥតខ្ចោះនៅក្នុងចំណោមមនុស្សជាតិពុករលួយដែរឬទេ? តើមាននរណាម្នាក់ដែលបរិសុទ្ធពិតប្រាកដដែរឬទេ? (គ្មានទេ។) ប្រាកដណាស់គឺគ្មានទេ។ តើមនុស្សអាចសម្រេចបាននូវភាពល្អឥតខ្ចោះដោយរបៀបណាទៅ នៅពេលគេត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយម្យ៉ាងវិញទៀត គេមិនមានសេចក្ដីពិតពីកំណើតនោះ? មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលបរិសុទ្ធ ចំណែកឯមនុស្សជាតិពុករលួយទាំងអស់ គឺសុទ្ធតែសៅហ្មង។ ប្រសិនបើមនុស្សម្នាក់ក្លែងបន្លំធ្វើជាមនុស្សបរិសុទ្ធ ដោយនិយាយថាខ្លួនល្អឥតខ្ចោះ តើបុគ្គលនោះនឹងទៅជាអ្វី? គេនឹងក្លាយជាអារក្ស ជាសាតាំង ជាមហាទេវតា គេនឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទពិតប្រាកដមិនខាន។ មានតែអាទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលនឹងអះអាងថាខ្លួនជាមនុស្សល្អឥតខ្ចោះ និងបរិសុទ្ធ។ តើពួកទទឹងនឹងព្រះគ្រីស្ទស្គាល់ខ្លួនឯងដែរឬទេ? (មិនស្គាល់ទេ។) ហើយដោយសារតែពួកគេមិនស្គាល់ខ្លួនឯង តើពួកគេនឹងប្រកបគ្នាអំពីការស្គាល់ខ្លួនឯងរបស់ពួកគេដែរឬទេ? (អត់ទេ។) តើមានពួកទទឹងនឹងព្រះគ្រីស្ទដែលនឹងប្រកបគ្នាអំពីការស្គាល់ខ្លួនឯងរបស់ពួកគេដែរឬទេ? (មាន។) តើមនុស្សប្រភេទណាដែលធ្វើបែបនេះ? (មនុស្សពុតត្បុត។) ត្រូវហើយ។ មនុស្សទាំងនេះធ្វើពុតជាស្គាល់ខ្លួនឯង ហើយនិយាយបំប៉ោងរឿងតូចតាចឱ្យទៅជារឿងធំ ព្រមទាំងដាក់ស្លាកសញ្ញាធំៗជាច្រើនឱ្យខ្លួនពួកគេ ដោយនិយាយថាពួកគេគឺជាពួកសាតាំង និងពួកអារក្ស ធ្វើពុតថាពួកគេមានការស្គាល់ខ្លួនឯងយ៉ាងជ្រាលជ្រៅ។ ពួកគេគឺជាមនុស្សស៊ប់ខាងវិញ្ញាណក្លែងក្លាយ តើមែនទេ? តើពួកគេមិនមែនជាមនុស្សពុតត្បុតទេឬ? នៅពេលពួកគេប្រកបគ្នាអំពីការស្គាល់ខ្លួនឯងរបស់ពួកគេ តើពួកគេពិតជាស្គាល់ខ្លួនឯងមែនឬទេ? (មិនមែនទេ។) ដូច្នេះ តើពួកគេនិយាយអ្វីខ្លះអំពីការស្គាល់ខ្លួនឯងរបស់ពួកគេ? (នៅពេលពួកទទឹងនឹងព្រះគ្រីស្ទនិយាយអំពីការស្គាល់ខ្លួនឯងរបស់ពួកគេ ពួកគេមិននិយាយអំពីស្ថានភាពជាក់ស្ដែងរបស់ពួកគេទេ ពួកគេគ្រាន់តែនិយាយពាក្យទទេសូន្យ និងពាក្យពេចន៍នៃគោលលទ្ធិប៉ុណ្ណោះ ដែលមិនជាក់ស្ដែងទាល់តែសោះ។ ពួកគេហាក់ដូចជាមានចំណេះដឹងយ៉ាងជ្រាលជ្រៅ ប៉ុន្តែគ្មានសញ្ញានៃវិប្បដិសារីឡើយ។) តើនេះជាការស្គាល់ខ្លួនឯងពិតប្រាកដមែនឬទេ? គ្មានវិប្បដិសារីពិតប្រាកដទេ ដូច្នេះ តើពួកគេសម្រេចបាននូវលទ្ធផលនៃការស្អប់ខ្លួនឯងហើយឬនៅ? នៅពេលដែលគ្មានវិប្បដិសារី និងគ្មានសេចក្ដីស្អប់ចំពោះខ្លួនឯង នោះពួកគេមិនស្គាល់ខ្លួនឯងពិតប្រាកដឡើយ។ ការស្គាល់ខ្លួនឯងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយនោះ គឺរួមបញ្ចូលតែរឿងដែលអ្នកគ្រប់គ្នាដឹងអំពីពួកគេ រឿងដែលអ្នកគ្រប់គ្នាឃើញប៉ុណ្ណោះ។ ពួកគេក៏ងាកទៅប្រើប្រាស់ការវោហារបោកបញ្ឆោត និងការដោះសាឱ្យខ្លួនពួកគេ ដើម្បីធ្វើឱ្យអ្នកគ្រប់គ្នាមានអារម្មណ៍ថា ពួកគេមិនបានធ្វើអ្វីខុសឡើយ ហើយទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែអាចនិយាយអំពីការស្គាល់ខ្លួនឯងរបស់ពួកគេបាន ដើម្បីឱ្យមនុស្សវាយតម្លៃពួកគេកាន់តែខ្ពស់។ ដោយឃើញថាពួកគេមិនបានធ្វើអ្វីខុសសោះ ប៉ុន្តែនៅតែឆ្លុះបញ្ចាំងពីខ្លួនឯង និងព្យាយាមស្គាល់ខ្លួនឯង អ្វីដែលមនុស្សគិតគឺ៖ «ប្រសិនបើគាត់ពិតជាធ្វើអ្វីមួយខុសមែន គាត់ច្បាស់ជាកាន់តែស្គាល់ខ្លួនឯងមិនខាន។ គាត់ពិតជាមានសេចក្ដីគោរពប្រតិបត្តិមែន!» តើលទ្ធផលនៃការដែលអាទទឹងនឹងព្រះគ្រីស្ទធ្វើបែបនេះគឺជាអ្វី? គេបំភាន់មនុស្ស។ គេមិនវែកញែក ឬយល់ពីនិស្ស័យពុករលួយរបស់ខ្លួនផ្ទាល់យ៉ាងពិតប្រាកដ ដើម្បីឱ្យអ្នកដទៃអាចរៀនសូត្រពីមេរៀននេះឡើយ។ ផ្ទុយទៅវិញ គេប្រើប្រាស់ការប្រកបគ្នាអំពីការស្គាល់ខ្លួនឯងរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃវាយតម្លៃគេកាន់តែខ្ពស់។ តើធម្មជាតិនៃទង្វើនេះគឺជាអ្វី? (ការធ្វើបន្ទាល់អំពីខ្លួនឯងដើម្បីបំភាន់មនុស្ស។) ត្រូវហើយ។ គេកំពុងបំភាន់មនុស្ស។ តើនេះម្ដេចនឹងរាប់ថាជាការស្គាល់ខ្លួនឯងបានទៅ? នេះគឺជាការបោកបញ្ឆោតសុទ្ធសាធតែម្ដង។ គេកំពុងប្រើប្រាស់ការនិយាយអំពីការស្គាល់ខ្លួនឯងរបស់ខ្លួន ដើម្បីបំភាន់មនុស្ស ដើម្បីធ្វើឱ្យមនុស្សគិតថាគេស៊ប់ខាងវិញ្ញាណ ហើយថាគេស្គាល់ខ្លួនឯង ក្នុងគោលបំណងធ្វើឱ្យមនុស្សវាយតម្លៃគេខ្ពស់ និងថ្វាយបង្គំគេ។ នេះគឺជាការអនុវត្តដ៏គួរឱ្យស្អប់ខ្ពើម និងថោកទាប ហើយវាគឺជាសេចក្ដីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
មានអ្នកខ្លះដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំ ដែលច្បាស់ណាស់ថាគ្មានសមត្ថភាពទទួលយកការងារដែលទាមទារបច្ចេកទេសខ្ពស់ឡើយ ប៉ុន្តែពួកគេទទូចចង់ចូលក្នុងក្រុម។ ពួកគេជឿថា ពួកគេធ្លាប់បានរៀនជំនាញវិជ្ជាជីវៈពាក់ព័ន្ធពីមុនមក ពួកគេយល់ពីជំនាញពិសេសនេះ ពួកគេដឹងពីរបៀបធ្វើការងារនេះ ដូច្នេះហើយទើបពួកគេទទូចចង់ទទួលយកការងារនេះ។ ពួកគេមិនយល់ពីសេចក្ដីពិតទេ ហើយលើសពីនេះទៅទៀត ដោយផ្អែកលើការដែលពួកគេមិនយល់ពីសេចក្ដីពិត ពួកគេមិនប្រកបគ្នាគ្នា ឬធ្វើការជាមួយអ្នកដទៃឡើយ ហើយពួកគេរឹតតែមិនស្វែងរកគោលការណ៍សេចក្ដីពិតទៅទៀត ដោយទទូចថា ពួកគេយល់ និងដឹងអំពីរឿងនេះហើយ។ ដូច្នេះ តើមានភាពខុសគ្នាដែរឬទេ រវាងម្យ៉ាងគឺការចេះជំនាញវិជ្ជាជីវៈ និងការដឹងពីរបៀបធ្វើការងារ ហើយម្យ៉ាងទៀតគឺការយល់ពីគោលការណ៍សេចក្ដីពិតនោះ? តាមរយៈការចេះជំនាញវិជ្ជាជីវៈ និងការដឹងពីរបៀបធ្វើការងារ តើវាមានន័យថា មនុស្សម្នាក់យល់ពីគោលការណ៍សេចក្ដីពិតដែរឬទេ? (អត់ទេ។) មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណទាំងនេះ ជឿថា ការចេះជំនាញវិជ្ជាជីវៈ មានន័យថា ពួកគេយល់ពីគោលការណ៍សេចក្ដីពិត ដូច្នេះ ពួកគេអាចចាប់ផ្ដើមធ្វើការងារនេះដោយសេរីយ៉ាងគឃ្លើន មិនស្ដាប់នរណាម្នាក់ឡើយ ហើយមិនចាំបាច់ធ្វើការងារនេះតាមច្បាប់ទម្លាប់នៃដំណាក់របស់ព្រះជាម្ចាស់ទេ។ ពួកគេជឿថា នេះគឺជារឿងរបស់ពួកគេ ហើយគ្មាននរណាម្នាក់ផ្សេងទៀតអាចលូកដៃ ឬសួរពួកគេអំពីរឿងនេះបានឡើយ ការងារនេះនឹងទៅជាយ៉ាងណាគឺអាស្រ័យលើពួកគេ ហើយអ្វីដែលពួកគេធ្វើ ត្រូវបានចាត់ទុកជាស្ដង់ដា។ តើនេះមិនមែនជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តទេឬ? តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬ? ប្រសិនបើមនុស្សម្នាក់ចេះតែជំនាញវិជ្ជាជីវៈ ហើយមិនយល់ពីសេចក្ដីពិត តើផលវិបាកអ្វីខ្លះនឹងកើតឡើងពីការបំពេញភារកិច្ចរបស់គេ? (គេនឹងបង្កការរំខានដល់កិច្ចការពួកជំនុំ។) គ្រាន់តែការរំខានប៉ុណ្ណោះឬ? តើគេនឹងមិនក្លាយជាមនុស្សក្រអឺតក្រទម និងអួតខ្លួនហួសហេតុទេឬ? តើគេនឹងមិនធ្វើរឿងដែលនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ទេឬ? (នឹងដូច្នោះមែន។) តាមរយៈការបំពេញភារកិច្ចរបស់អ្នក លទ្ធផលដែលអ្នកត្រូវសម្រេចឱ្យបាន គឺការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ អ្នកមិនមែនគ្រាន់តែពាក់ព័ន្ធនឹងវិជ្ជាជីវៈសុទ្ធសាធនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកសម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ តាមរយៈការបំពេញភារកិច្ចរបស់អ្នក ហេតុដូច្នេះហើយ ជំនាញវិជ្ជាជីវៈនេះ គឺគ្រាន់តែបម្រើការដល់ភារកិច្ចដែលអ្នកកំពុងបំពេញប៉ុណ្ណោះ។ ជំនាញវិជ្ជាជីវៈមិនមែនជាតំណាងនៃសេចក្ដីពិតឡើយ ហើយការស្ទាត់ជំនាញក្នុងវិជ្ជាជីវៈណាមួយ មិនមានន័យថា អ្នកយល់ពីសេចក្ដីពិត ឬថាអ្នកអាចធ្វើការងារនោះស្របតាមគោលការណ៍សេចក្ដីពិតបានឡើយ។ មនុស្សមួយចំនួនជំទាស់នឹងរឿងនេះ ដោយនិយាយថា៖ «ខ្ញុំបានមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំចេះជំនាញវិជ្ជាជីវៈនេះ ខ្ញុំដឹងពីរបៀបធ្វើការងារនេះ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់គួរតែផ្ដល់ភារកិច្ចសំខាន់ៗដល់ខ្ញុំ ហើយវាយតម្លៃខ្ញុំខ្ពស់។ ដំណាក់របស់ព្រះជាម្ចាស់មិនគួរធ្វើឱ្យខ្ញុំខ្មាសអៀន ឬលូកដៃចូលក្នុងរឿងណាមួយដែលស្ថិតក្នុងដែននៃជំនាញវិជ្ជាជីវៈរបស់ខ្ញុំឡើយ។ ខ្ញុំគួរតែជាអ្នកបង្រៀនអ្នកដទៃ។ ដំណាក់របស់ព្រះជាម្ចាស់មិនគួររៀបចំឱ្យអស់អ្នកដែលមិនដឹងពីរបៀបធ្វើការងារ មកសហការជាមួយខ្ញុំឡើយ។ មនុស្សទាំងនេះមិនសមនឹងសហការជាមួយខ្ញុំទេ»។ តើនេះជារបៀបគិតដ៏ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) អ្នកដទៃមិនសមនឹងសហការជាមួយគេ តើនេះមិនមែនជារបៀបដែលអាទទឹងនឹងព្រះគ្រីស្ទគិតទេឬ? ប្រសិនបើគ្មាននរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលសមនឹងសហការជាមួយអ្នកទេ នោះតើអ្នកសមនឹងបំពេញភារកិច្ចនេះដែរឬទេ? តើអ្នកគិតថាអ្នកជានរណា? តើអ្នកត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ហើយឬនៅ? អ្នកមិនសមនឹងបំពេញភារកិច្ចនេះទេ! គឺដោយសារតែព្រះជាម្ចាស់លើកតម្កើងអ្នកប៉ុណ្ណោះ ទើបអ្នកមានឱកាសបំពេញភារកិច្ចនេះ។ អ្នកគួរតែយល់ពីគោលការណ៍នៃការបំពេញភារកិច្ចរបស់អ្នក។ ឥឡូវនេះ អ្នកកំពុងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ មិនមែនកំពុងពាក់ព័ន្ធនឹងវិជ្ជាជីវៈឡើយ។ ជំនាញវិជ្ជាជីវៈបន្តិចបន្តួចដែលអ្នកចេះ គឺគ្រាន់តែត្រូវបានប្រើប្រាស់ដើម្បីបម្រើការ និងប្រើប្រាស់ក្នុងការបម្រើដល់ភារកិច្ចនេះប៉ុណ្ណោះ។ ហេតុដូច្នេះហើយ មិនថាភារកិច្ចដែលអ្នកបំពេញ ទាមទារបច្ចេកទេសខ្ពស់កម្រិតណាក៏ដោយ ក៏អ្នកត្រូវតែផ្ដោតជានិច្ចលើគោលការណ៍សេចក្ដីពិត នៅក្នុងគ្រប់ផ្នែកទាំងអស់របស់វា ដើម្បីឱ្យអ្នកអាចសម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចសម្រេចបាននូវលទ្ធផលនេះទេ ហើយភារកិច្ចដែលអ្នកបំពេញ នាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ នោះតើសមត្ថភាពបច្ចេកទេសរបស់អ្នកនឹងមានប្រយោជន៍អ្វីទៅ? តើវានឹងមានតម្លៃអ្វីដែរឬទេ? អត់ទេ វានឹងគ្មានតម្លៃឡើយ។ ហេតុដូច្នេះហើយ ចូរកុំចាត់ទុកជំនាញវិជ្ជាជីវៈ និងសមត្ថភាពបច្ចេកទេសបន្តិចបន្តួចនោះជាសេចក្ដីពិតឱ្យសោះ ពួកវាមិនមែនជាសេចក្ដីពិតទេ ហើយក៏មិនស័ក្ដិសមនឹងឱ្យតម្លៃដែរ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនប្រើប្រាស់អ្នកទេ ប្រសិនបើព្រះជាម្ចាស់មិនលើកតម្កើងអ្នកទេ នោះជំនាញវិជ្ជាជីវៈ និងសមត្ថភាពបច្ចេកទេសបន្តិចបន្តួចរបស់អ្នក នឹងគ្មានន័យអ្វីទាំងអស់។ នៅពេលប្រៀបធៀបជាមួយនឹងសេចក្ដីពិត រឿងទាំងនោះគ្មានតម្លៃសូម្បីមួយកាក់មួយសេនឡើយ!
គេអាចនិយាយបានថា ការក្លែងបន្លំរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមធ្យោបាយដែលពួកគេប្រើប្រាស់ ដើម្បីទទួលបានកន្លែងមួយនៅក្នុងដួងចិត្តរបស់មនុស្ស ពួកគេប្រើប្រាស់មធ្យោបាយនៃការក្លែងបន្លំ ដើម្បីបំភាន់ និងដឹកនាំមនុស្សឱ្យដើរខុសផ្លូវ។ ការដែលមនុស្សទាំងនេះអាចធ្វើការក្លែងបន្លំ មិនត្រឹមតែបង្ហាញថា ជាមូលដ្ឋាន ពួកគេមិនទទួលយក ឬទទួលស្គាល់សេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា មានការបកស្រាយដ៏ជាក់ស្ដែងជាងនេះទៅទៀត ដែលអាចត្រូវបានអនុវត្តចំពោះមនុស្សទាំងនេះបានគឺ៖ ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ តើឃ្លាថា «ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ» មានន័យដូចម្ដេច? វាមានន័យថា ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ។ ហើយដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ហេតុដូច្នេះហើយ ពួកគេមិនដឹងទាល់តែសោះពីប្រភេទមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ ដូច្នេះ ពួកគេក៏ស្រមៃពីមនុស្សស៊ប់ខាងវិញ្ញាណប្រភេទនេះ រួចហើយក៏ធ្វើការក្លែងបន្លំ និងការធ្វើពុត។ ពួកគេធ្វើខ្លួនដូចជាមនុស្សប្រភេទនេះ ដោយជឿថា តាមរយៈការធ្វើដូច្នេះ ពួកគេអាចធ្វើឱ្យព្រះជាម្ចាស់ និងអ្នកដទៃចូលចិត្តពួកគេបាន។ តាមពិតទៅ រឿងដែលផ្ទុយពីនេះកើតឡើងទៅវិញ ដោយសារមនុស្សបែបនេះ គឺជាអស់អ្នកដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងថ្កោលទោសយ៉ាងពិតប្រាកដ។ ដូច្នេះ ចូរកុំធ្វើជាមនុស្សបែបនេះឱ្យសោះ។ ប្រសិនបើអ្នកក៏ចង់ធ្វើជាមនុស្សបែបនេះដែរ ប្រសិនបើអ្នកតែងតែធ្វើការក្លែងបន្លំ និងការធ្វើពុតតាមរបៀបនេះ ហើយអ្នកបំភាន់មនុស្សតាមរបៀបនេះ នោះអ្នកកំពុងតែដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទហើយ។ អ្នកត្រូវតែរៀននិយាយថា៖ «ខ្ញុំមានភាពទន់ខ្សោយ ខ្ញុំមានភាពអវិជ្ជមាន ខ្ញុំមាននិស្ស័យពុករលួយ។ ខ្ញុំគឺជាមនុស្សសាមញ្ញម្នាក់ ខ្ញុំគ្មានអ្វីពិសេសទេ។ មានរឿងជាច្រើនដែលខ្ញុំមិនយល់ និងមិនដឹងពីរបៀបធ្វើ។ ខ្ញុំឧស្សាហ៍ទន់ខ្សោយ ហើយត្រូវបានសាតាំងបំភាន់ ដែលធ្វើឱ្យខ្ញុំធ្លាក់ចូលទៅក្នុងសេចក្ដីល្បួងរបស់សាតាំង។ និយាយពីការរៀនជំនាញបច្ចេកទេស ខ្ញុំអាចស្ទាត់ជំនាញយ៉ាងច្រើនមួយឬពីរប៉ុណ្ណោះ ហើយខ្ញុំអាចរៀនពីរបៀបធ្វើវាជាទូទៅបាន។ ខ្ញុំដឹងពីរបៀបធ្វើជំនាញវិជ្ជាជីវៈបន្តិចបន្តួចនេះ ហើយខ្ញុំមានជំនាញពិសេសបន្តិចបន្តួចនេះ។ ខ្ញុំគឺជាមនុស្សសាមញ្ញម្នាក់ ខ្ញុំមិនមានគុណសម្បត្តិខ្ពស់ទេ ហើយការយល់ដឹងរបស់ខ្ញុំគឺធម្មតាៗ។ បើនិយាយពីសេចក្ដីពិតវិញ ខ្ញុំយល់បានត្រឹមតែអ្វីដែលព្រះជាម្ចាស់ប្រទាននៅក្នុងការប្រកបគ្នាប៉ុណ្ណោះ។ ខ្ញុំមិនអាចយល់ពីរឿងណាមួយដែលព្រះជាម្ចាស់មិនបើកសម្ដែង ឬពន្យល់ឱ្យបានច្បាស់លាស់ឡើយ ហើយគុណសម្បត្តិរបស់ខ្ញុំគឺធម្មតាៗ។ បងប្អូនប្រុសស្រីជ្រើសរើសខ្ញុំឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំ ឬប្រធានក្រុម ហើយនេះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងខ្ញុំ ហើយវាមិនមែនដោយសារតែខ្ញុំពូកែជាងអ្នកដទៃឡើយ។ ខ្ញុំគ្មានអ្វីត្រូវអួតអាងឡើយ»។ តើអ្នករាល់គ្នាអាចនិយាយរឿងបែបនេះបានទេ? តើអ្នករាល់គ្នាធ្លាប់និយាយរឿងបែបនេះដែរឬទេ? តើអ្នករាល់គ្នាគិតបែបនេះនៅក្នុងដួងចិត្តដែរឬទេ? ប្រសិនបើអ្នកតែងតែមានអារម្មណ៍នៅក្នុងដួងចិត្តរបស់អ្នកថា អ្នកអស្ចារ្យ មហស្ចារ្យ ពូកែជាងគេ ជាមួយក្នុងចំណោមមួយលាន ថាអ្នកពិសេសនៅក្នុងក្រុមណាក៏ដោយដែលអ្នកនៅ ថាអ្នកគឺកំពូល ថាប្រសិនបើអ្នកចំណាយពេលមួយខែឬពីរខែនៅក្នុងក្រុមមនុស្ស នោះជំនាញពិសេស ទេពកោសល្យ គុណសម្បត្តិ និងការយល់ដឹងរបស់អ្នក អាចត្រូវបានអ្នកគ្រប់គ្នាឃើញ និងត្រូវបានចាត់ទុកថាពូកែជាងមនុស្សសាមញ្ញ ប្រសិនបើអ្នកតែងតែវាស់ស្ទង់ និងកំណត់ទីតាំងខ្លួនឯងនៅក្នុងដួងចិត្តរបស់អ្នកតាមរបៀបនេះ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ និងមានបញ្ហាជាច្រើនមិនខាន។
នៅក្នុងចំណោមមនុស្សជាតិទាំងអស់ មានមនុស្សតិចតួចណាស់ដែលអាចយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ រឹតតែគ្មានមនុស្សគ្រប់លក្ខណ៍ណាម្នាក់ ឬមនុស្សដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាងទៅទៀត មនុស្សគ្រប់គ្នាគឺសុទ្ធតែសាមញ្ញ។ មនុស្សមួយចំនួនគិតថាពួកគេមិនសាមញ្ញទេ ដូច្នេះ តើគំនិតនេះកើតឡើងយ៉ាងដូចម្ដេច? វាកើតឡើងដោយសារការដែលពួកគេមានអ្វីមួយដែលពួកគេពូកែ។ អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែសម្ដែង អ្នកខ្លះពូកែខាងជំនាញបច្ចេកទេស អ្នកខ្លះពូកែខាងធ្វើការដោយកម្លាំងកាយ អ្នកខ្លះពូកែខាងទំនាក់ទំនងសង្គម អ្នកខ្លះពូកែខាងនយោបាយ អ្នកខ្លះពូកែខាងជំនួញ និងផ្សេងៗទៀត។ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតឡើយ ប៉ុន្តែពួកវាច្រើនតែផ្ដល់ឱ្យអ្នកនូវការយល់ខុស និងធ្វើឱ្យអ្នកគិតខុសថា អ្នកពូកែជាងគេ។ ហេតុអ្វីបានជាវាជារឿងខុសឆ្គង ដែលរឿងទាំងនេះធ្វើឱ្យអ្នកគិតខុសថា អ្នកពូកែជាងគេ? រឿងទាំងនវដែលអ្នកពូកែ និងអ្វីដែលត្រូវបានហៅថា «ពូកែជាងគេ» នេះ មិនមានន័យថា អ្នកអាចយល់ពីសេចក្ដីពិត ថាអ្នកអាចលើសពីមនុស្សសាមញ្ញក្នុងការយល់ពីសេចក្ដីពិត ឬថាអ្នកមានលក្ខខណ្ឌអំណោយផលក្នុងការដេញតាមសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះទេ រឿងទាំងនោះមិនមានន័យបែបនេះឡើយ។ អ្នករាល់គ្នាត្រូវតែទទួលស្គាល់បញ្ហានេះឱ្យបានច្បាស់លាស់! ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានចាប់ផ្ដើមថ្លែងព្រះបន្ទូលរបស់ទ្រង់ និងបំពេញកិច្ចការរបស់ទ្រង់រហូតមកដល់ពេលនេះ ព្រះអង្គបានមានព្រះបន្ទូលរាប់មិនអស់ និងបានបំពេញកិច្ចការរាប់មិនអស់ ហើយតើមានមនុស្សសូម្បីតែម្នាក់នៅក្នុងចំណោមមនុស្សជាតិពុករលួយទាំងអស់ បានឃើញនៅក្នុងសូរសៀងរបស់ព្រះជាម្ចាស់ថា ទ្រង់គឺជាព្រះអាទិករ ហើយថាព្រះបន្ទូលដែលទ្រង់ថ្លែងគឺជាសេចក្ដីពិតដែរឬទេ? តើមានមនុស្សសូម្បីតែម្នាក់អាចឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ រួចហើយក្រោកឈរឡើងដើម្បីធ្វើបន្ទាល់អំពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ដែរឬទេ? គឺគ្មានសូម្បីតែម្នាក់! ការពិតនេះបញ្ជាក់ថា បើនិយាយពីគុណសម្បត្តិ គំនិត និងការយល់ដឹងរបស់មនុស្សជាតិទាំងអស់ ពួកគេមិនមានលក្ខខណ្ឌចាំបាច់សម្រាប់ការស្វែងយល់ពីសេចក្ដីពិតឡើយ កុំថាឡើយដល់ការពិតដែលថាមនុស្សលោកទាំងអស់មាននិស្ស័យពុករលួយរបស់សាតាំងនោះ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើយើងមិនមានលក្ខខណ្ឌចាំបាច់សម្រាប់ការស្វែងយល់ពីសេចក្ដីពិតទេ ម្ដេចបានជាឥឡូវនេះយើងយល់ពីសេចក្ដីពិតបន្តិចបន្តួចអ៊ីចឹង?» តើនេះមិនមែនដោយសារតែខ្ញុំបាននិយាយច្រើនអំពីរឿងនេះទេឬ? ខ្ញុំបាននិយាយច្រើនណាស់ រហូតដល់ខ្ញុំលែងចង់សូម្បីតែនិយាយទៀតហើយ ហើយធុញទ្រាន់នឹងការនិយាយ។ រាល់ពេលដែលខ្ញុំនិយាយ និងប្រកបគ្នាជាមួយអ្នករាល់គ្នា ខ្ញុំត្រូវបែងចែកប្រធានបទទៅជាប្រធានបទធំ ប្រធានបទកណ្ដាល និងប្រធានបទរង ដោយតែងតែពន្យល់ពីរឿងរ៉ាវយ៉ាងលម្អិត ប៉ុន្តែអ្នករាល់គ្នានៅតែមិនយល់ ដូច្នេះ តើគុណសម្បត្តិរបស់អ្នករាល់គ្នាត្រូវតែមានកម្រិតណាទៅ? មនុស្សមួយចំនួននៅតែក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតយ៉ាងខ្លាំង ប៉ុន្តែតើអ្នកមានអ្វីដែលត្រូវក្រអឺតក្រទមទៅ? ខ្ញុំឃើញថា គ្មានអ្វីដែលគួរឱ្យកោតសរសើរអំពីមនុស្សភាគច្រើនក្នុងចំណោមអ្នករាល់គ្នាឡើយ។ បន្ទាប់ពីបំពេញការងារបច្ចេកទេសអស់រយៈពេលជាច្រើនឆ្នាំមក តើមានប៉ុន្មាននាក់ក្នុងចំណោមអ្នករាល់គ្នា ដែលពិតជាយល់ពីគោលការណ៍សេចក្ដីពិត អាចធ្វើតាមគោលការណ៍សេចក្ដីពិត និងអាចបំពេញការងាររបស់អ្នករាល់គ្នាស្របតាមគោលការណ៍សេចក្ដីពិតនោះ? អ្នករាល់គ្នាមិនធ្វើការងារណាមួយបានល្អឡើយ មិនថាវាជាការងារអ្វីក៏ដោយ ហើយខាងលើតែងតែត្រូវណែនាំអ្នករាល់គ្នាដោយផ្ទាល់ពីរបៀបធ្វើរឿងនានា។ ប្រសិនបើមិនដូច្នោះទេ នោះគ្មានអ្វីចេញមកត្រឹមត្រូវឡើយ ហើយប្រសិនបើការងារណាមួយដំណើរការដោយគ្មានខាងលើតាមដាន និងណែនាំអ្នករាល់គ្នាពីរបៀបធ្វើវាទេ នោះបញ្ហាក៏កើតឡើង។ ចូរប្រាប់ខ្ញុំមើល៍ តើមនុស្សបែបនេះមានអ្វីត្រូវអួតអាងដែរឬទេ? អត់ទេ ពួកគេគ្មានទេ ប៉ុន្តែពួកគេនៅតែធ្វើពុតគ្រប់បែបយ៉ាងថាជាមនុស្សគ្រប់លក្ខណ៍ ជាមនុស្សស៊ប់ខាងវិញ្ញាណ ជាមនុស្សអស្ចារ្យ និងជាមនុស្សកំពូល តើពួកគេមិនមែនជាមនុស្សគ្មានភាពអៀនខ្មាសទេឬ? អ្នករាល់គ្នាពិតជាស៊ាំញ៉ាំគួរឱ្យរំខានណាស់! មិនថាខ្ញុំប្រកបគ្នាអំពីប្រធានបទអ្វីក៏ដោយ ខ្ញុំត្រូវតែធ្វើវាយ៉ាងលម្អិត កាន់តែលម្អិតកាន់តែល្អ។ ការពន្យល់រឿងរ៉ាវឱ្យសាមញ្ញជាងនេះបន្តិច គឺមិនកើតទេ។ នេះហើយគឺជាកម្រិតនៃគុណសម្បត្តិ និងការយល់ដឹងបន្តិចបន្តួចរបស់មនុស្ស។ ពួកគេគួរឱ្យអាណិតជាទីបំផុត ប៉ុន្តែពួកគេនៅតែជឿថាពួកគេអស្ចារ្យ។ ខ្ញុំនឹងបញ្ចប់ការប្រកបគ្នារបស់ខ្ញុំអំពីទិដ្ឋភាពនេះនៅត្រឹមនេះហើយ។
គ. ដោយការតម្កើងខ្លួនលើសគេទាំងអស់
ឥឡូវនេះ ពួកយើងនឹងប្រកបគ្នាអំពីទិដ្ឋភាពទីបីគឺ៖ ដោយការតម្កើងខ្លួនលើសគេទាំងអស់។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីក៏ដោយ ក៏ពួកគេតែងតែចង់តម្កើងខ្លួនលើសគេទាំងអស់។ នេះគឺជាការបង្ហាញចេញដ៏លេចធ្លោបំផុតនៃធម្មជាតិរបស់ពួកគេ។ នៅពេលនរណាម្នាក់ចង់តម្កើងខ្លួនលើសគេទាំងអស់ បញ្ហានេះគឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ហើយមនុស្សបែបនេះសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ តើ «ការតម្កើងខ្លួនលើសគេទាំងអស់» មានន័យដូចម្ដេច? ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិរបស់សាតាំង ដែលជាមហាទេវតា។ ពីកំណើតមក ពួកគេមិនសុខចិត្តធ្វើជាមនុស្សប្រក្រតី ឬមនុស្សសាមញ្ញឡើយ។ ប្រសិនបើពួកគេត្រូវបានតម្រូវឱ្យធ្វើជាមនុស្សសាមញ្ញ រស់នៅក្នុងជីវិតសាមញ្ញ ពួកគេនឹងមិនសុខចិត្តធ្វើដូច្នេះទេ និងមានអារម្មណ៍មិនពេញចិត្តចំពោះរឿងនេះ ហើយពួកគេនឹងស្ថិតក្នុងការតស៊ូឥតឈប់ឈរ។ ហេតុអ្វីបានជាពួកគេនឹងស្ថិតក្នុងការតស៊ូឥតឈប់ឈរ? ពីព្រោះពួកគេចង់បង្កភាពវឹកវរ និងលេងល្បិចខ្លះឱ្យអ្នកដទៃមើលឃើញ ដើម្បីឱ្យអ្នកដទៃដឹងថា មានកំពូលមនុស្សដូចជាពួកគេ នៅចន្លោះផ្ទៃមេឃ និងផែនដី។ ពួកគេចង់សាងកេរ្តិ៍ឈ្មោះឱ្យខ្លួនឯង ដើម្បីឱ្យអ្នកដទៃដឹងថា ពួកគេគឺជាត្រីដែលធំជាងស្រះ ដូចដែលអ្នកគ្មានជំនឿនិយាយអ៊ីចឹង។ តើត្រីដែលធំជាងស្រះទាំងនេះ ជារបស់ប្រភេទអ្វី? ពួកវាគឺជាវិញ្ញាណអាក្រក់ វិញ្ញាណអសោច ពួកមហាទេវតា ពួកសាតាំង និងពួកអារក្ស។ ពីកំណើតមក ពួកទទឹងនឹងព្រះគ្រីស្ទមិនចង់ចំណាយពេលវេលារបស់ពួកគេដោយស្កប់ស្កល់នឹងវាសនារបស់ខ្លួននៅក្នុងជីវិត ហើយរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញឡើយ។ ពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ ឬធ្វើខ្លួនដូចជាមនុស្សសាមញ្ញដែលមានឥរិយាបថល្អនោះទេ។ ពួកគេមិនស្កប់ស្កល់នឹងការធ្វើបែបនោះឡើយ។ ហេតុដូច្នេះហើយ មិនថាពួកគេមានឥរិយាបថពីសំបកក្រៅយ៉ាងណាក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត ពួកគេតែងតែមានអារម្មណ៍មិនសប្បាយចិត្តនឹងវាសនារបស់ខ្លួននៅក្នុងជីវិតឡើយ ហើយពួកគេនឹងធ្វើរឿងមួយចំនួន។ តើជារឿងអ្វីខ្លះ? ពួកគេនឹងធ្វើរឿងមួយចំនួន ដែលមនុស្សប្រក្រតីមិនអាចនឹកឃើញទាល់តែសោះ។ ពួកគេចូលចិត្តធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ ហើយពួកគេមិនស្ទាក់ស្ទើរក្នុងការស៊ូទ្រាំនឹងការរងទុក្ខខ្លះ និងលះបង់បន្តិចបន្តួចឡើយ។ មានពាក្យចាស់ពោលថា៖ «មន្ត្រីថ្មីថ្មោងតែងតែចង់បញ្ចេញសមត្ថភាព»។ ពេលដែលអាទទឹងនឹងព្រះគ្រីស្ទក្លាយជាអ្នកដឹកនាំ គេមានអារម្មណ៍ថា គេត្រូវតែធ្វើរឿងអស្ចារ្យមួយចំនួន និងបង្កើត «សមិទ្ធផលខ្លះៗនៅក្នុងអាជីពរបស់ខ្លួន» ដើម្បីបញ្ជាក់ថា គេមិនមែនជាមនុស្សសាមញ្ញឡើយ។ តើអ្វីជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៅត្រង់នេះ? ទោះបីជាគេកំពុងធ្វើរឿងនានានៅក្នុងពួកជំនុំ ហើយទោះបីជាគេយកការបំពេញភារកិច្ចរបស់ខ្លួនជាលេសក៏ដោយ ក៏គេមិនដែលស្វែងរកពីព្រះជាម្ចាស់អំពីរបៀបបំពេញភារកិច្ចរបស់ខ្លួន ឬរបៀបធ្វើកិច្ចការពួកជំនុំឱ្យបានល្អឡើយ ហើយគេក៏មិនព្យាយាមស្វែងយល់ឱ្យបានច្បាស់ពីច្បាប់ទម្លាប់នៃដំណាក់របស់ព្រះជាម្ចាស់ ពីគោលការណ៍សេចក្ដីពិត ឬពីរបៀបប្រព្រឹត្តដែលផ្ដល់ប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រី មិននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ធ្វើឱ្យកិច្ចការពួកជំនុំដំណើរការទៅយ៉ាងរលូន និងធានាថាមិនមានកំហុសដោយការធ្វេសប្រហែសកើតឡើងនៅក្នុងកិច្ចការរបស់គេនោះដែរ។ គេមិនដែលសួរអំពីរឿងទាំងនេះទេ ហើយក៏មិនដែលសួរដេញដោលអំពីរឿងទាំងនេះឡើយ។ គេគ្មានរឿងទាំងនេះនៅក្នុងចិត្តទេ ចិត្តរបស់គេមិនពោរពេញដោយរឿងទាំងនេះឡើយ។ ដូច្នេះ តើគេសួរដេញដោលអំពីអ្វី? តើចិត្តរបស់គេពោរពេញដោយអ្វី? វាពោរពេញដោយគំនិតថាគេអាចអួតសម្ញែងពីទេពកោសល្យរបស់ខ្លួនដោយរបៀបណា និងបង្ហាញថាគេខុសពីអ្នកដទៃ ព្រមទាំងអួតសម្ញែងពីបែបបទដឹកនាំរបស់គេនៅក្នុងពួកជំនុំ ដើម្បីឱ្យអ្នកដទៃអាចមើលឃើញថា គេគឺជាសសរទ្រូងពួកជំនុំ ហើយថាពួកជំនុំមិនអាចខ្វះគេបានឡើយ ហើយថាទាល់តែមានគេ ទើបកិច្ចការពួកជំនុំទាំងអស់អាចដំណើរការទៅយ៉ាងរលូនបាន។ បើវិនិច្ឆ័យតាមការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងការជំរុញចិត្ត និងកម្លាំងជំរុញដើមដំបូងនៃសកម្មភាពរបស់ពួកគេ តើពួកគេដាក់ខ្លួនឯងនៅក្នុងតំណែងអ្វី? ពួកគេដាក់ខ្លួនឯងដោយតម្កើងខ្លួនលើសគេទាំងអស់។ ហើយតើរឿងនេះត្រូវបានបង្ហាញចេញយ៉ាងដូចម្ដេច? (ពួកគេផ្គើននឹងអ្នកគ្រប់គ្នា ហើយតែងតែចង់មានសិទ្ធិសម្រេចចុងក្រោយ ព្រមទាំងធ្វើឱ្យអ្នកដទៃធ្វើតាមអ្វីដែលពួកគេនិយាយ។) មានបញ្ហាមួយទាក់ទងនឹងការដែលពួកគេផ្គើននឹងអ្នកគ្រប់គ្នា។ មានអត្ថន័យលាក់កំបាំងនៅក្នុងរឿងនេះ។ នោះគឺ នៅពេលពួកគេធ្វើកិច្ចការពួកជំនុំ ពួកគេមិនមែនកំពុងបំពេញភារកិច្ចរបស់ខ្លួនទេ ហើយពួកគេក៏មិនមែនកំពុងគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរ ដូច្នេះហើយ ពួកគេមិនមានអារម្មណ៍ថាចាំបាច់ត្រូវស្វែងរកគោលការណ៍សេចក្ដីពិត ត្រូវខ្វល់ខ្វាយស្វែងយល់ពីច្បាប់ទម្លាប់របស់ពួកជំនុំ ឬពីគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវនោះឡើយ។ ពួកគេមិនទាំងយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនិយាយផង។ តើពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍អ្វីខ្លះ? ពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍ និងការជំរុញចិត្ត ដូចជាការបម្រើពួកជំនុំ និងការបម្រើបងប្អូនប្រុសស្រី ដើម្បីធ្វើរឿងផ្ទាល់ខ្លួន។ ដរាបណាពួកគេអាចទទួលបានកន្លែងឈរជើងនៅក្នុងពួកជំនុំ និងក្នុងចំណោមបងប្អូនប្រុសស្រី ហើយទទួលបានកិត្យានុភាព និងអំណាចក្នុងការសចេញបញ្ជា នោះគឺគ្រប់គ្រាន់ហើយ ហើយពួកគេនឹងសម្រេចបាននូវអ្វីដែលហៅថា «លទ្ធផល» នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តើគោលដៅរបស់ពួកគេគឺជាអ្វី? វាមិនមែនដើម្បីបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ឬដើម្បីគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីបម្រើពួកជំនុំ និងបម្រើបងប្អូនប្រុសស្រី ហើយកំពុងធ្វើដូច្នេះ ដើម្បីគ្រប់គ្រងរឿងទាំងអស់នេះ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេចង់គ្រប់គ្រងរឿងទាំងអស់នេះ? ពីព្រោះនៅពេលពួកគេកំពុងធ្វើរឿងនានា ជាដំបូង ពួកគេមកដើម្បីទទួលបានកន្លែងឈរជើងសម្រាប់ខ្លួនឯង ដើម្បីទទួលបានកេរ្តិ៍នាមណាមួយ ហើយកេរ្តិ៍ឈ្មោះរបស់ពួកគេក៏កើនឡើង។ ពួកគេទទួលបានអំណាចចេញបញ្ជា ធ្វើការសម្រេចចិត្ត ហើយបន្ទាប់មកពួកគេអាចធ្វើឱ្យព្រះជាម្ចាស់ក្លាយជាព្រះតែនាម និងដណ្ដើមកន្លែងរបស់ព្រះជាម្ចាស់។ នៅក្នុងដែនឥទ្ធិពលរបស់ពួកគេ ពួកគេធ្វើឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្លាយជាព្រះតែនាម ក្លាយជាអាយ៉ង ហើយនេះហើយគឺជាអត្ថន័យនៃ «ការតម្កើងខ្លួនលើសគេទាំងអស់»។ តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើទេឬ? នេះគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្ត។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ឱកាសនៃការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបង្ហាញយ៉ាងពេញលេញនូវអំណោយទាន និងទេពកោសល្យរបស់ពួកគេ ព្រមទាំងបង្ហាញពីគំនិត និងអំពើដ៏ប្លែកខុសគេរបស់ខ្លួន ដើម្បីទិញទឹកចិត្តមនុស្ស និងទទួលបានការចាប់អារម្មណ៍ពីមនុស្សកាន់តែច្រើន។ បន្ទាប់មក ពួកគេក៏ទទួលបានអំណាចចេញបញ្ជា ធ្វើការសម្រេចចិត្ត និងគ្រប់គ្រងរឿងនានានៅក្នុងពួកជំនុំ ហើយរឿងនេះនាំឱ្យមនុស្សជាច្រើនស្ដាប់បង្គាប់ពួកគេ និងចុះចូលនឹងពួកគេ ហើយព្រះជាម្ចាស់ក៏ក្លាយជាអ្នកក្រៅ។ តើនេះមិនមែនជាការដែលពួកគេធ្វើឱ្យព្រះជាម្ចាស់ក្លាយជាព្រះតែនាមទេឬ? នេះគឺជាគោលដៅដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចឱ្យបានតាមរយៈសកម្មភាពរបស់ពួកគេ ហើយនេះគឺជាអ្វីដែលកើតឡើងនៅទីបញ្ចប់ ចំពោះកន្លែងណាក៏ដោយដែលពួកទទឹងនឹងព្រះគ្រីស្ទសោយរាជ្យ។
ប្រសិនបើពួកជំនុំមួយមានអាទទឹងនឹងព្រះគ្រីស្ទម្នាក់កាន់អំណាច តើបងប្អូនប្រុសស្រីនៅទីនោះនឹងស្ថិតក្នុងសភាពបែបណា? អ្នកទាំងនោះនឹងធ្វើតាមតែអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទនោះនិយាយប៉ុណ្ណោះ អ្នកទាំងនោះនឹងប្រកាន់ខ្ជាប់ត្រឹមតែបទប្បញ្ញត្តិនៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេនឹងមិនយល់ពីសេចក្ដីពិតឡើយ ហើយក៏មិនស្វែងរកសេចក្ដីពិតដែរ។ មិនថាពួកគេរងទុក្ខខ្លាំងប៉ុនណា ឬលះបង់ធំធេងប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនមានការរីកចម្រើនទាល់តែសោះ នៅក្នុងការចូលទៅក្នុងជីវិត។ សូម្បីតែខ្ញុំ ក៏នឹងត្រូវបានបដិសេធនៅក្នុងពួកជំនុំបែបនេះដែរ នៅពេលខ្ញុំទៅទីនោះ។ នៅក្នុងចំណោមបងប្អូនប្រុសស្រីទាំងនោះ អាទទឹងនឹងព្រះគ្រីស្ទនេះជាអ្នកដឹកនាំត្រឹមតែឈ្មោះប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ អាទទឹងនឹងព្រះគ្រីស្ទនេះបានក្លាយជាចៅហ្វាយ និងជាព្រះរបស់ពួកគេបាត់ទៅហើយ។ នៅក្នុងពួកជំនុំណាក៏ដោយដែលត្រូវបានអាទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រង សេចក្ដីពិត និងព្រះជាម្ចាស់ ត្រូវបានប្រែក្លាយទៅជាមានតែនាម។ នេះហើយគឺជាអត្ថន័យ នៅពេលអាទទឹងនឹងព្រះគ្រីស្ទតម្កើងខ្លួនលើសគេទាំងអស់។ តើនេះមិនមែនជារឿងធ្ងន់ធ្ងរទេឬ? នៅពេលមនុស្សនៅក្នុងពួកជំនុំត្រូវបានអាទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រង ហើយអ្នកក្រៅទៅទីនោះដើម្បីធ្វើកិច្ចការ តើមនុស្សទាំងនេះនឹងមិនត្រូវចាំមើលសញ្ញាពីចៅហ្វាយរបស់ពួកគេទេឬ រាល់ពេលដែលពួកគេនិយាយ និងប្រព្រឹត្តនោះ? ពួកគេស្ថិតក្រោមបញ្ជាតែមួយ ពួកគេធ្វើសកម្មភាពព្រមគ្នា ហើយគ្មាននរណាម្នាក់ហ៊ាននិយាយដោយគ្មានការអនុញ្ញាតឡើយ។ គ្រាន់តែចៅហ្វាយរបស់ពួកគេសម្លឹងមុខមួយភ្លែត មនុស្សទាំងនេះដឹងថាមានន័យយ៉ាងណាបាត់ទៅហើយ រួចពួកគេក៏ប្រព្រឹត្តទៅតាមនោះ។ ប្រសិនបើខ្ញុំសួរពួកគេពីរឿងអ្វីមួយ ពួកគេសន្ទនាគ្នាទៅវិញទៅមកជាភាសាតំបន់របស់ខ្លួន។ នេះមានន័យថា ពួកគេមិនចង់ឱ្យខ្ញុំដឹងថាពួកគេកំពុងនិយាយអ្វីនោះទេ ពួកគេចង់គេចវេះពីខ្ញុំ ហើយពួកគេចាត់ទុកខ្ញុំជាអ្នកក្រៅ។ តើនេះមិនមែនជាបញ្ហាទេឬ? តើធម្មជាតិនៃការដែលពួកគេចង់គេចវេះពីខ្ញុំគឺជាអ្វី? នេះជានិស្ស័យ និងសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេចង់គ្រប់គ្រងពួកជំនុំ និងត្រួតត្រាមនុស្ស។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីក៏ដោយ ក៏ពួកគេនឹងមិនធ្វើរឿងនានាស្របតាមគោលការណ៍សេចក្ដីពិតជាដាច់ខាត ហើយរឹតតែមិនគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទៅទៀត។ ពួកគេកំពុងព្យាយាមបង្កើតនគរផ្ទាល់ខ្លួន និងធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកគេ។ តើនេះជាការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេចទៅ? នេះគឺជាការដែលពួកគេបង្កើតនគរផ្ទាល់ខ្លួន ក្រោមលេសនៃការបំពេញភារកិច្ចរបស់ខ្លួន។ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិប្រភេទនេះ ទោះបីជាពួកគេមិននិយាយថាពួកគេស្រឡាញ់ឋានៈ និងចង់បានឋានៈតាមចិត្តនឹកឃើញក៏ដោយ ក៏ពេលដែលពួកគេធ្វើអ្វីមួយ និងលូកដៃចូលរឿងអ្វីមួយ ពួកគេក៏ប្រញាប់ដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយធម្មជាតិបែបអារក្សរបស់ពួកគេត្រូវបានបញ្ចេញឱ្យឃើញ ហើយពួកគេព្យាយាមបង្កើតនគរផ្ទាល់ខ្លួន។ ពេលដែលពួកគេធ្វើអ្វីមួយ ពួកគេព្យាយាមធ្វើរឿងផ្ទាល់ខ្លួន។ ពេលដែលពួកគេធ្វើអ្វីមួយ ពួកគេព្យាយាមធ្វើបន្តទៅមុខតាមមធ្យោបាយ និងវិធីសាស្ត្រផ្ទាល់ខ្លួន។ នៅពេលខាងលើរៀបចំរឿងអ្វីមួយ ហើយរឿងនោះមកដល់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនអនុវត្តរឿងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេសិក្សាពីវា ពិចារណាពីវា និងប្រកបគ្នាអំពីវា។ តើគោលដៅរបស់ពួកគេក្នុងការប្រកបគ្នាអំពីរឿងនោះគឺជាអ្វី? គឺដើម្បីឱ្យអ្នកគ្រប់គ្នាពិភាក្សាពីរឿងនោះ ដើម្បីមើលថាតើវានឹងត្រូវបានយកទៅអនុវត្តឬអត់ និងថាតើវាអាចដំណើរការបានឬអត់ មិនមែនដើម្បីអនុវត្តរឿងនោះឡើយ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើ គឺជាសេចក្ដីពិត ប៉ុន្តែរឿងនេះក៏ផ្លាស់ប្ដូរនៅពេលវាមកដល់អាទទឹងនឹងព្រះគ្រីស្ទ។ វាផ្លាស់ប្ដូរទៅជារឿងមួយសម្រាប់ឱ្យពួកគេសិក្សា។ ពួកគេសិក្សា វិភាគ និងពិភាក្សាពីវា ហើយនៅទីបញ្ចប់ ពួកគេធ្វើឱ្យអ្នកគ្រប់គ្នាបដិសេធសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងការរៀបចំរបស់ព្រះជាម្ចាស់។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «អ្នកមិនមែនជាសេចក្ដីពិតទេ អ្នកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ។ អ្វីដែលអ្នកនិយាយ មិនរាប់ថាជាអ្វីឡើយ ហើយប្រសិនបើអ្នកចង់មានសិទ្ធិសម្រេចចុងក្រោយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំ នោះអ្នកកុំសង្ឃឹមឱ្យសោះ! ឥឡូវនេះ ខ្ញុំជាអ្នកទទួលខុសត្រូវនៅទីនេះ ដូច្នេះ អ្នកគ្រប់គ្នាត្រូវតែធ្វើតាមអ្វីដែលខ្ញុំនិយាយ។ ខ្ញុំមានអំណាចដាច់ខាតក្នុងការចេញបញ្ជា និងធ្វើការសម្រេចចិត្ត ហើយអ្នកអាចត្រឹមតែជាមនុស្សមានតែឈ្មោះនៅទីនេះប៉ុណ្ណោះ។ ខ្ញុំត្រូវតែជាអ្នកមានសិទ្ធិសម្រេចចុងក្រោយលើគ្រប់យ៉ាងទាំងអស់ នៅក្នុងដែននៃកិច្ចការ និងឥទ្ធិពលរបស់ខ្ញុំ។ ទោះបីជាអ្នកយល់ពីសេចក្ដីពិត ហើយអ្វីគ្រប់យ៉ាងដែលអ្នកនិយាយគឺជាសេចក្ដីពិតក៏ដោយ ក៏វានឹងមិនមានប្រសិទ្ធភាពចំពោះខ្ញុំដែរ!» នេះគឺជាអាទទឹងនឹងព្រះគ្រីស្ទ និងជាអារក្ស តើមែនទេ? ដូច្នេះ នៅពេលរឿងទាំងនោះទៅដល់ដៃរបស់អាទទឹងនឹងព្រះគ្រីស្ទ ការរៀបចំចាត់ចែងកិច្ចការរបស់ពួកជំនុំ សេចក្ដីតម្រូវរបស់ខាងលើ និងគោលការណ៍សេចក្ដីពិត មិនត្រូវបានយកទៅអនុវត្តទាល់តែសោះ។ តើអាចធ្វើអ្វីបាន ចំពោះរឿងដែលមិនត្រូវបានយកទៅអនុវត្តទាំងនេះ? នៅពេលពួកជំនុំមួយមិនអនុវត្តរឿងទាំងនេះ នេះមានន័យថា អ្នកដឹកនាំ និងអ្នកធ្វើការនៅទីនោះមានបញ្ហាអ្វីមួយហើយ ហើយថ្មជំពប់ដួល និងឧបសគ្គទាំងនេះ គួរតែត្រូវបានចាត់ការ។ តើអ្នកគិតថា ដំណាក់របស់ព្រះជាម្ចាស់មិនអាចធ្វើអ្វីដាក់អ្នកបានមែនទេ? ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់អាចប្រើប្រាស់អ្នកបាន នោះក៏អាចចាត់ការអ្នកបានដែរ។ តើអ្នកគិតថា នេះគឺជាលោកីយ៍ឬ? តើអ្នកគិតថា ប្រសិនបើអ្នកមានឥទ្ធិពល ធ្វើខ្លួនដូចជាជនផ្ដាច់ការ ហើយប្រសិនបើអ្នកឃោរឃៅ ផ្ដាច់ការ និងកាចសាហាវគ្រប់គ្រាន់ នោះគ្មាននរណាម្នាក់អាចធ្វើអ្វីដាក់អ្នកបានមែនទេ? ប្រសិនបើដូច្នេះមែន នោះអ្នកគិតខុសហើយ! នេះគឺជាដំណាក់របស់ព្រះជាម្ចាស់ ដំណាក់របស់ព្រះជាម្ចាស់ត្រូវបានគ្រប់គ្រងដោយសេចក្ដីពិត ហើយដំណាក់នេះប្រព្រឹត្តចំពោះមនុស្សតាមរបៀបដែលមានគោលការណ៍។ ដំណាក់របស់ព្រះជាម្ចាស់អាចនឺងប្រើប្រាស់អ្នក ហើយដំណាក់របស់ព្រះជាម្ចាស់ក៏អាចនឹងមិនប្រើប្រាស់អ្នក និងជម្រុះអ្នកចោលដែរ។ ថាតើអ្នកត្រូវបានប្រើប្រាស់ឬអត់ គឺត្រូវបានសម្រេចដោយព្រះបន្ទូលមួយម៉ាត់ប៉ុណ្ណោះពីព្រះជាម្ចាស់។ ប្រសិនបើអ្នកបង្កការរំខាន និងរារាំងរឿងនានាតាមរបៀបដែលគ្មានវិចារណញ្ញាណនៅទីនេះ នោះនៅទីបំផុត អ្នកនឹងត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកខិតខំប្រឹងប្រែងបម្រើការ ប្រសិនបើអ្នកស្នាក់នៅទីនេះ ប្រមាណខ្លួន និងមានឥរិយាបថល្អ នោះដំណាក់របស់ព្រះជាម្ចាស់នឹងទុកអ្នកឱ្យនៅបម្រើការ ហើយចាំមើលថាតើការបម្រើការរបស់អ្នកទៅជាយ៉ាងណា។
សារជាតិនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ គឺជាសារជាតិនៃការតម្កើងខ្លួនលើសគេទាំងអស់ ការមិនអើពើនឹងព្រះជាម្ចាស់ ការមិនអើពើនឹងសេចក្ដីពិត និងការមិនអើពើនឹងច្បាប់ទម្លាប់របស់ពួកជំនុំ។ ពួកគេគ្រាន់តែបម្រើឈ្មោះ «ពួកជំនុំ» បម្រើងារ «ដំណាក់របស់ព្រះជាម្ចាស់» និងបម្រើក្រុមមនុស្សដែលហៅថា «បងប្អូនប្រុសស្រី» ប៉ុណ្ណោះ ហើយពួកគេមិនដែលបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតឡើយ ពួកគេរឹតតែមិនដើរតាមព្រះជាម្ចាស់ ឬចុះចូលនឹងព្រះបន្ទូលរបស់ទ្រង់ទៅទៀត។ នេះគឺជាការដែលពួកគេបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយសារជាតិនេះគឺជាសារជាតិនៃការតម្កើងខ្លួនលើសគេទាំងអស់។ ឥឡូវនេះ តើសារជាតិនេះត្រូវបានគេថ្កោលទោស ឬក៏គាំទ្រ? (ត្រូវបានថ្កោលទោស។) ហើយដោយសារតែវាត្រូវបានគេថ្កោលទោស មនុស្សទាំងនេះគួរតែត្រូវបានបដិសេធនៅក្នុងចំណោមអ្នករាល់គ្នា។ មនុស្សច្របូកច្របល់ ល្ងង់ខ្លៅ និងខ្វាក់ភ្នែកមួយចំនួន ដើរតាម លើកតម្កើង កោតសរសើរ និងគោរពបូជាមនុស្សបែបនេះ នៅពេលពួកគេឃើញអ្នកទាំងនោះ ហើយពួកគេថែមទាំងចង់ក្រាបថ្វាយបង្គំអ្នកទាំងនោះទៀតផង។ ពួកគេពិតជាល្ងង់ខ្លៅណាស់! តើពួកទទឹងនឹងព្រះគ្រីស្ទអាចដឹកនាំអ្នកទៅទីណាបានទៅ? នៅពេលពួកគេដឹកនាំអ្នក វាប្រៀបដូចជានាគដ៏ធំមានសម្បុរក្រហមកំពុងដឹកនាំអ្នកអ៊ីចឹង ហើយពួកគេនឹងមិនឈប់ទេ រហូតទាល់តែពួកគេបានដឹកនាំអ្នកចូលទៅក្នុងប្រឡាយ ឬជង្ហុកធំ។ ពេលដែលពួកគេបានបំផ្លាញអ្នកទាំងស្រុងហើយ ពួកគេនឹងទាត់អ្នកចោល។ អ្នកនឹងមិនទទួលបានអ្វីឡើយ ហើយអ្នកនឹងជឿលើព្រះជាម្ចាស់ដោយឥតប្រយោជន៍ហើយ។ ប្រសិនបើអ្នករាល់គ្នាខ្វាក់ភ្នែក ហើយមិនអាចមើលមនុស្សទាំងនេះធ្លុះទេ ព្រមទាំងស្ដាប់បង្គាប់ ចុះចូល និងដើរតាមមនុស្សទាំងនេះ នោះអ្នករាល់គ្នាពិតជាល្ងង់ខ្លៅណាស់ ហើយសមនឹងស្លាប់ហើយ។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើអ្នកជួបប្រទះមនុស្សបែបនេះ? នៅពេលអ្នកជួបប្រទះនរណាម្នាក់នៅក្នុងពួកជំនុំ ដែលពាក់ព័ន្ធនឹងការធ្វើពុត និងការក្លែងបន្លំ ដែលតម្កើងខ្លួនលើសគេទាំងអស់នៅពេលធ្វើអ្វីមួយ ដែលមើលងាយសេចក្ដីពិត មើលងាយព្រះជាម្ចាស់ និងមើលងាយច្បាប់ទម្លាប់របស់ពួកជំនុំ នោះអ្នកគ្រប់គ្នាគួរតែក្រោកឈរឡើងដើម្បីលួសកាត់ និងបដិសេធបុគ្គលនោះ។ ប្រសិនបើគេអាចធ្វើការដោយកម្លាំងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយមានឥរិយាបថល្អ នោះត្រូវទុកគេទុកឱ្យនៅធ្វើការចុះ។ ប្រសិនបើគេមិនមានឥរិយាបថល្អទេ ហើយតែងតែរារាំងរឿងនានាដោយគ្មានវិចារណញ្ញាណ នោះអ្នកគួរតែអនុវត្តបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបោសសម្អាតបុគ្គលនោះចេញ។
ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០
លេខយោង៖
ក. ឃ្លានេះត្រូវបានបន្ថែមទៅក្នុងអត្ថបទដើមក្នុងអំឡុងពេលបកប្រែ ដោយសារតែភាពខុសគ្នានៃភាសារវាងភាសាចិន និងភាសាអង់គ្លេស។ នៅក្នុងភាសាចិន ពាក្យសម្រាប់ «ការក្លែងបន្លំ» គឺ 假冒។ វាផ្សំឡើងពីតួអក្សរពីរ៖ 假 ដែលមានន័យថា «ក្លែងក្លាយ» និង 冒 ដែលមានន័យថា «ការតាំងខ្លួនជាអ្នកដទៃ»។