ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំមួយ)

II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ

កាលពីលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង។ បន្ទាប់មក យើងបានបែងចែកផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទជាចំណុចមួយចំនួនដូចជា៖ ទីមួយគឺ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ទីពីរគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយទីបីគឺ ការរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ តើផលប្រយោជន៍ទាំងនេះរួមមានអ្វីខ្លះ? (ទីមួយគឺ ការកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ទីពីរគឺ ការប្រើប្រាស់បងប្អូនប្រុសស្រីឱ្យបម្រើពួកគេ និងធ្វើការឱ្យពួកគេ ហើយទីបីគឺ ការប្រើប្រាស់តំណែងរបស់ពួកគេដើម្បីទទួលបានអាហារ ភេសជ្ជៈ និងរបស់ដែលគួរឱ្យចង់បានផ្សេងទៀតដោយការបោកប្រាស់ ក្រោមលេសនៃការជឿលើព្រះជាម្ចាស់។) «របស់ផ្សេងទៀត» ទាំងនេះរួមមាន សិទ្ធិពិសេស ការចាត់ចែងកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ និងរឿងផ្សេងៗទៀត តើមែនទេ? (មែនហើយ។) តើការប្រកបគ្នាតាមរបៀបនេះ ដោយបែងចែកប្រធានបទធំៗទៅជាប្រធានបទតូចៗ ហើយប្រធានបទតូចៗទៅជាទិដ្ឋភាពផ្សេងៗដើម្បីប្រកបគ្នា ធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ថាច្របូកច្របល់ដែរឬទេ? (អត់ទេ មិនច្របូកច្របល់ទេ។) តាមពិតទៅ ការប្រកបគ្នាកាន់តែធ្វើឡើងតាមរបៀបនេះ នោះរឿងរ៉ាវគួរតែកាន់តែច្បាស់លាស់ឡើង។ យើងបានប្រកបគ្នាអំពីចំណុចចំនួនបីនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទរួចមកហើយ ប៉ុន្តែនៅមានចំណុចមួយទៀត ដែលសំខាន់បំផុត គឺចំណុចទីបួននៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះគឺអនាគត និងវាសនារបស់ពួកគេ។ អនាគត និងវាសនា ប្រហែលជាគោលដៅចម្បងដែលពួកទទឹងនឹងព្រះគ្រីស្ទមាននៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ រឿងទាំងនេះក៏ជាសេចក្ដីប្រាថ្នាដ៏ធំបំផុតដែលពួកគេមាននៅក្នុងចិត្តរបស់ខ្លួន និងជារឿងខ្ពស់បំផុតដែលពួកគេដេញតាមនៅក្នុងជម្រៅចិត្តរបស់ពួកគេផងដែរ។ អ្នករាល់គ្នាប្រហែលជាធ្លាប់ដឹងឮពីប្រធានបទអំពីអនាគត និងវាសនានេះហើយ។ វាពាក់ព័ន្ធនឹងកន្លែងដែលមនុស្សនឹងត្រូវទៅដល់ កន្លែងដែលមនុស្សនឹងទៅ ឬកន្លែងដែលមនុស្សកំពុងឆ្ពោះទៅរកនាពេលអនាគត ឬយុគសម័យបន្ទាប់ និយាយឱ្យខ្លី គឺគោលដៅអនាគតរបស់ពួកគេ។ តើនេះមិនមែនជារឿងដ៏ធំបំផុត និងសំខាន់បំផុតនៅក្នុងចិត្តរបស់អ្នកជឿលើព្រះជាម្ចាស់ម្នាក់ៗទេឬ? (មែនហើយ។) អនាគត និងវាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ដូច្នេះហើយ មិនបាច់និយាយក៏ដឹងដែរថា សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ផ្នែកដែលជាស្នូលបំផុតនៃផលប្រយោជន៍របស់ពួកគេ ច្បាស់ជាអនាគត និងវាសនារបស់ពួកគេ ពោលគឺគោលដៅរបស់ពួកគេនេះឯង។

ឃ. អនាគត និងវាសនារបស់ពួកគេ

ចូរយើងក៏ប្រកបគ្នាផងដែរអំពីអនាគត និងវាសនានៅក្នុងផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ពីជ្រុង និងទិដ្ឋភាពផ្សេងៗ ដើម្បីឱ្យរឿងរ៉ាវនឹងមានភាពច្បាស់លាស់គួរសម។ ផលប្រយោជន៍ផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលយើងបានប្រកបគ្នាកាលពីមុន រួមមានទាំងផលប្រយោជន៍ខាងសម្ភារៈ និងមិនមែនសម្ភារៈ។ ឧទាហរណ៍៖ សុវត្ថិភាព កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ សុទ្ធតែជាផលប្រយោជន៍មិនមែនសម្ភារៈ។ ពួកវាគ្រាន់តែជារឿងអរូបីនៅក្នុងពិភពខាងវិញ្ញាណរបស់ពួកគេប៉ុណ្ណោះ។ ចំណែកឯផលប្រយោជន៍ខាងសម្ភារៈរួមមាន ទ្រព្យសម្បត្តិ អាហារ និងភេសជ្ជៈ ក៏ដូចជាសិទ្ធិពិសេស ការសប្បាយខាងសម្ភារៈ និងរឿងផ្សេងៗទៀត។ ដូច្នេះ តើអនាគត និងវាសនាដែលត្រូវប្រកបគ្នានៅថ្ងៃនេះ ពាក់ព័ន្ធនឹងអ្វីខ្លះ? ប្រសិនបើយើងមើលរឿងទាំងនេះពីទស្សនៈនៃសញ្ញាណរបស់មនុស្ស តើរឿងទាំងនេះជារឿងរូបី ឬអរូបី? (ពួកវាជារឿងអរូបី។) ហេតុដូច្នេះហើយ ពួកវាច្បាស់ជារឿងដែលមាននៅក្នុងពិភពខាងវិញ្ញាណរបស់មនុស្ស នៅក្នុងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ និងនៅក្នុងគំនិតរបស់ពួកគេ។ សម្រាប់មនុស្ស រឿងទាំងនេះគឺជាក្ដីសង្ឃឹម និងជាបង្អែកផ្លូវចិត្តមួយប្រភេទ ហើយពួកវាគឺជារឿងដែលមនុស្សចំណាយពេលពេញមួយជីវិតរបស់ខ្លួនដើម្បីដេញតាម។ ទោះបីរឿងទាំងនេះជារឿងមើលមិនឃើញ និងអរូបីសម្រាប់មនុស្សក៏ដោយ ក៏ពួកវាកាន់កាប់តួនាទីគ្របដណ្ដប់នៅក្នុងចិត្តរបស់មនុស្ស គ្របដណ្ដប់លើជីវិតទាំងមូលរបស់មនុស្ស និងគ្រប់គ្រងលើគំនិត និងសកម្មភាពរបស់ពួកគេ បំណងរបស់ពួកគេ និងទិសដៅនៃការដេញតាមរបស់ពួកគេ។ ដូច្នេះ អនាគត និងវាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សគ្រប់គ្នា! ទោះបីជាអនាគត និងវាសនាមានសារៈសំខាន់ក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទដេញតាមរឿងទាំងនេះតាមរបៀបមួយដែលខុសគ្នាស្រឡះពីមនុស្សសាមញ្ញធម្មតា។ តើភាពខុសគ្នានោះជាអ្វីឱ្យប្រាកដ? តើទិដ្ឋភាពណាខ្លះដែលបង្ហាញពីរឿងនេះ ហើយធ្វើឱ្យមនុស្សអាចមើលឃើញយ៉ាងច្បាស់ និងញែកដឹងថា វាគឺជាវិធីសាស្ត្រនៃការដេញតាមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើនេះមិនស័ក្ដិសមនឹងការពិភាក្សា និងការប្រកបគ្នាទេឬ? ជាការពិតណាស់ ការបង្ហាញចេញរបស់មនុស្សជាច្រើន មានភាពស្រដៀងគ្នាតាមវិធីជាច្រើនទៅនឹងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ និងអស់អ្នកដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែ សូម្បីតែនៅពេលដែលការបង្ហាញចេញ និងនិស្ស័យរបស់ពួកគេដូចគ្នាក៏ដោយ ក៏សារជាតិរបស់ពួកគេខុសគ្នាដែរ។ ចូរយើងប្រកបគ្នាអំពីចំណុចទីបួននៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះគឺអនាគត និងវាសនារបស់ពួកគេ ពីទិដ្ឋភាពផ្សេងៗ។

តើយើងអាចវែកញែកអនាគត និងវាសនាយ៉ាងដូចម្ដេច? តើយើងអាចប្រើវិធីសាស្ត្របែបណា និងឧទាហរណ៍អ្វីខ្លះ ដើម្បីវែកញែកថា អនាគត និងវាសនានៅក្នុងផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺមិនស្របតាមសេចក្ដីពិត ហើយថា រឿងទាំងនោះគឺជាការបញ្ចេញឱ្យឃើញពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើរឿងទាំងនេះអាចត្រូវបានវែកញែកពីទិដ្ឋភាពណាខ្លះ? រឿងនេះតម្រូវឱ្យមានការស្វងយល់យ៉ាងល្អិតល្អន់។ ចូរយើងបែងចែករឿងនេះទៅជាប្រភេទធំៗមួយចំនួន ដើម្បីឱ្យមនុស្សអាចយល់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានកាន់តែត្រឹមត្រូវ និងច្បាស់លាស់។ ទីមួយគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីពីរគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ ទីបីគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់ ទីបួនគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ «អ្នកបម្រើការ» ហើយទីប្រាំគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះឋានៈរបស់ពួកគេនៅក្នុងពួកជំនុំ។ ហេតុអ្វីបានជាមានប្រភេទទាំងប្រាំនេះ? ចូរព្យាយាមរិះរកចម្លើយទៅមើល។ តើអ្នករាល់គ្នាអាចយល់បានបន្តិចបន្តួចអំពីចំណុចនីមួយៗដែរឬទេ? តើអ្នកអាចរកឃើញការបង្ហាញចេញ ឬនិស្ស័យដែលត្រូវគ្នាណាមួយដែលជារបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ដោយផ្អែកលើមូលដ្ឋាននៃប្រភេទទាំងប្រាំនេះ តើអ្វីឱ្យប្រាកដទៅដែលគួរត្រូវបានវែកញែក? ពាក់ព័ន្ធនឹងប្រភេទទាំងនេះ តើអ្វីជាលក្ខណៈចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជានិស្ស័យចម្បងដែលពួកគេបង្ហាញ ហើយតើអ្វីជាការបង្ហាញចេញរបស់អ្នកដេញតាមសេចក្ដីពិតធម្មតា និងមនុស្សពុករលួយសាមញ្ញ? តើមានភាពខុសគ្នាអ្វីខ្លះរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយសាមញ្ញ? តើភាពខុសគ្នាទាំងនេះស្ថិតនៅត្រង់ណា? តើមានភាពខុសគ្នាអ្វីខ្លះរវាងផ្លូវដែលពួកគេបានជ្រើសរើស? តើមានភាពខុសគ្នាអ្វីខ្លះនៅក្នុងការបង្ហាញចេញរបស់ពួកគេ? តើអ្នករាល់គ្នាមានការយល់ដឹងខ្លះៗអំពីប្រភេទទាំងនេះដែរឬទេ? (នៅក្នុងប្រភេទទាំងប្រាំនេះ ជាចម្បង ពួកទទឹងនឹងព្រះគ្រីស្ទមិនមើលរឿងរ៉ាវដោយផ្អែកលើសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែប្រើប្រាស់រូបភាពពីសម្បកក្រៅនៃរឿងរ៉ាវមួយចំនួន ឬស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីស្មានពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីមើលថាតើពួកគេមានអនាគត និងវាសនាដែរឬទេ។ ឧទាហរណ៍៖ នៅពេលនិយាយដល់ភារកិច្ចរបស់ពួកគេ ប្រសិនបើពួកគេអាចធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញបំណងប្រាថ្នា ភាពចង់បានមុខមាត់ និងអំនួតរបស់ពួកគេ នោះពួកគេនឹងមានអារម្មណ៍ថា ពួកគេគឺជាមនុស្សដែលមានប្រយោជន៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយហាក់ដូចជាពួកគេមានអនាគត និងវាសនាអ៊ីចឹង។ ពេលដែលពួកគេត្រូវបានលួសកាត់ភ្លាម ពួកគេនឹងមានអារម្មណ៍ថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងពួកគេ ថាព្រះជាម្ចាស់មិនពេញព្រះហឫទ័យនឹងពួកគេ ហើយពួកគេនឹងក្លាយជាបាក់ទឹកចិត្ត និងខកចិត្តចំពោះការជឿលើព្រះជាម្ចាស់ ហើយភាពអវិជ្ជមាន និងការប្រឆាំងនឹងកើតឡើងនៅក្នុងខ្លួនពួកគេ។) ការសង្ខេបនេះផ្ដល់នូវពន្លឺខ្លះៗ និងប៉ះចំសេចក្ដីពិតបន្តិចបន្តួចនៅក្នុងរឿងនេះ។ ដោយវិនិច្ឆ័យតាមអត្ថន័យទូទៅនៃអ្វីដែលអ្នករាល់គ្នាបាននិយាយ អ្នកប្រហែលជាមានការយល់ដឹងជាមូលដ្ឋានអំពីប្រភេទទាំងប្រាំនេះហើយ។ បន្ទាប់មក យើងនឹងប្រកបគ្នាអំពីចំណុចទាំងនេះម្ដងមួយៗ។

១. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់

ប្រភេទទីមួយគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ជាមនុស្សដែលជឿលើ និងដើរតាមព្រះជាម្ចាស់ដែរ។ ពួកគេក៏មានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់ពួកគេ ស្ដាប់សេចក្ដីអធិប្បាយ ចូលរួមការជួបជុំ និងមានជីវិតខាងវិញ្ញាណធម្មតាផងដែរ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ជាផ្នែកមួយនៃជីវិតរបស់ពួកគេដែរ ហើយពួកគេធ្វើបែបនេះជាញឹកញាប់។ ទោះបីជាមនុស្សទាំងពីរប្រភេទនេះអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទខុសគ្នាពីអ្នកដេញតាមសេចក្ដីពិតដែរ។ ពួកគេមានអាកប្បកិរិយាខុសគ្នាស្រឡះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ទីមួយ ពួកគេស្រាវជ្រាវ និងវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសិក្សាព្រះបន្ទូលទាំងនោះពីទស្សនៈ និងទិដ្ឋភាពដ៏ចម្លែកមួយ។ ហេតុអ្វីបានជាខ្ញុំហៅវាថា «ការសិក្សា»? ដោយផ្អែកលើស្ថានភាពជាក់ស្ដែង ពួកទទឹងនឹងព្រះគ្រីស្ទត្រូវទទួលស្គាល់ថា ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មានអារម្មណ៍នៅក្នុងចិត្តរបស់ពួកគេដែរថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺខ្ពង់ខ្ពស់ណាស់ ដែលមនុស្សសាមញ្ញមិនអាចសម្ដែងចេញបានឡើយ ហើយថា ព្រះបន្ទូលទាំងនេះមិនអាចរកឃើញនៅកន្លែងណាផ្សេងឡើយ។ ដោយផ្អែកលើមូលដ្ឋាននេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់ថា ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែ តើពួកគេទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែរឬទេ? ពួកគេមិនទទួលយកឡើយ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទនៅតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់? ពីព្រោះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានរឿងដែលពួកគេត្រូវការ រឿងដែលពួកគេចង់ដឹង និងរឿងដែលទ្រទ្រង់ពួកគេនៅក្នុងពិភពខាងវិញ្ញាណរបស់ពួកគេ។ តើរឿងទាំងនេះជារឿងអ្វីខ្លះ? ជាការពិតណាស់ រឿងទាំងនេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអនាគត និងវាសនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេតែងតែស្វែងរកព្រះបន្ទូលដែលទាក់ទងនឹងគោលដៅ លទ្ធផល កន្លែងដែលមនុស្សនឹងត្រូវទៅដល់នាពេលអនាគត និងរឿងផ្សេងៗទៀត។ ហេតុដូច្នេះហើយ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវបានហៅថា «ការសិក្សា» ពួកគេកំពុងស្រាវជ្រាវ វិភាគ និងធ្វើការវិនិច្ឆ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលកំពុងអានព្រះបន្ទូលទាំងនោះ។ ពួកគេស្រាវជ្រាវព្រះបន្ទូលរបស់ទ្រង់ ខណៈពេលដែលពួកគេអាន៖ «តាមរយៈទឹកដមសូសៀងរបស់ព្រះជាម្ចាស់ ហាក់ដូចជាទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សប្រភេទនេះទេ។ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេអ៊ីចឹង? ខ្ញុំគួរតែស្វែងយល់ថាតើព្រះជាម្ចាស់ប្រទានគោលដៅអ្វីដល់មនុស្សទាំងនេះ»។ នៅពេលពួកគេឃើញព្រះជាម្ចាស់មានព្រះបន្ទូលអំពីការទាត់មនុស្សបែបនេះចូលទៅក្នុងជង្ហុកធំ ពួកគេគិតក្នុងចិត្តថា៖ «រឿងនេះមិនល្អទេ។ ការត្រូវបានទាត់ចូលទៅក្នុងជង្ហុកធំ មានន័យថាចប់បាត់ហើយ តើមែនទេ? មនុស្សប្រភេទនេះគ្មានអនាគតទេ ហើយពួកគេមិនមានគោលដៅល្អឡើយ ដូច្នេះ តើខ្ញុំគួរធ្វើដូចម្ដេចទៅ?» ពួកគេមានអារម្មណ៍ឈឺចាប់ងំៗ រសាប់រសល់ និងមិនស្រួលនៅក្នុងចិត្តរបស់ពួកគេ។ «តើនេះពិតជារបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សបែបនេះមែនឬ? អត់ទេ ខ្ញុំមិនអាចបោះបង់បានឡើយ»។ ដោយគិតបែបនេះ ពួកគេបន្តស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀត។ នៅពេលពួកគេឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា៖ «កូនប្រុសរបស់ខ្ញុំ ខ្ញុំនឹងធ្វើរឿងនេះ និងរឿងនោះដើម្បីអ្នករាល់គ្នា ហើយរឿងនេះ និងរឿងនោះនឹងកើតឡើងចំពោះអ្នករាល់គ្នា» នោះពួកគេលែងមានអារម្មណ៍មិនល្អទៀតហើយ។ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យចិត្តខ្ញុំកក់ក្ដៅ ព្រះបន្ទូលទាំងនេះមហស្ចារ្យណាស់។ ខ្ញុំគឺជា «កូនប្រុស» ម្នាក់ក្នុងចំណោមកូនប្រុសដែលព្រះជាម្ចាស់មានព្រះបន្ទូលដល់នោះ»។ បន្ទាប់មក ពួកគេឃើញពាក្យ «ពួកកូនប្រុសច្បង» និង «សោយរាជ្យជាស្ដេច» ដែលបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេគិតថា៖ «អស្ចារ្យណាស់! ការជឿលើព្រះមានផលប្រយោជន៍ និងអនាគតដ៏ល្អ។ ខ្ញុំបានជ្រើសរើសផ្លូវត្រូវហើយ។ ខ្ញុំភ្នាល់ត្រូវហើយ។ ខ្ញុំត្រូវតែឧស្សាហ៍ព្យាយាមនៅក្នុងជំនឿរបស់ខ្ញុំ ហើយតោងព្រះភូសារបស់ព្រះជាម្ចាស់ឱ្យជាប់។ ខ្ញុំមិនត្រូវបោះបង់ឡើយ សូម្បីតែនៅវិនាទីចុងក្រោយក៏ដោយ!»។ ពេលពួកគេបន្តអាន ពួកគេក៏ឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកឡើងថា «អ្នកដែលដើរតាមដល់ទីបញ្ចប់នឹងត្រូវបានសង្គ្រោះ»។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ការអានរឿងនេះគឺប្រៀបដូចជាការចាប់បានខ្សែជីវិតអ៊ីចឹង។ «ខ្ញុំនឹងអនុវត្តស្របតាមព្រះបន្ទូលទាំងនេះ។ មិនថានៅពេលណា និងកន្លែងណា ហើយមិនថាមានរឿងអ្វីកើតឡើងនោះទេ សូម្បីតែពេលសមុទ្ររីងស្ងួត ហើយផ្ទាំងថ្មក្លាយជាធូលីដី សូម្បីតែសមុទ្រពណ៌ខៀវប្រែទៅជាវាលស្រែពណ៌បៃតងក៏ដោយ ក៏ព្រះបន្ទូលទាំងនេះនឹងមិនផ្លាស់ប្ដូរដែរ។ ទោះបីជាផ្ទៃមេឃ និងផែនដីរលាយបាត់ទៅ ក៏ព្រះបន្ទូលទាំងនេះនឹងមិនរលាយបាត់ដែរ។ ដរាបណាខ្ញុំប្រកាន់ខ្ជាប់នូវព្រះបន្ទូលទាំងនេះ តើខ្ញុំនឹងមិនមានលទ្ធផលល្អ គោលដៅល្អទេឬ? តើអនាគត និងវាសនារបស់ខ្ញុំនឹងមិនត្រូវបានធានាទេឬ? អស្ចារ្យណាស់! ខ្ញុំត្រូវតែជាអ្នកដែលដើរតាមដល់ទីបញ្ចប់!»។ តាមរយៈការស្វែងរកម្ដងហើយម្ដងទៀត ស្រាវជ្រាវបែបនេះ និងវិភាគបែបនោះ នៅទីបំផុត ពួកគេរកឃើញខ្សែជីវិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរកឃើញ «អាថ៌កំបាំង» ដ៏អស្ចារ្យបំផុត។ ពួកគេពោរពេញដោយក្ដីអំណរ៖ «នៅទីបំផុត ខ្ញុំមិនចាំបាច់បារម្ភពីការត្រូវបានជម្រុះចោលទេ ខ្ញុំមិនចាំបាច់បារម្ភពីការធ្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រទេ ខ្ញុំមិនចាំបាច់បារម្ភពីការធ្លាក់ទៅនរកទេ។ នៅទីបំផុត ខ្ញុំបានរកឃើញគោលដៅរបស់ខ្ញុំហើយ ហើយនៅទីបំផុត ខ្ញុំបានរកឃើញផ្លូវទៅកាន់ស្ថានសួគ៌ ដែលជាគោលដៅដ៏ស្រស់បំព្រងរបស់មនុស្សជាតិហើយ អស្ចារ្យមែន!»។ ប៉ុន្តែរឿងនេះមិនបានយូរទេ ហើយនៅពេលពួកគេអានជំពូកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ «អំពីគោលដៅចុងក្រោយ» ពួកគេគិតថា៖ «តើព្រះបន្ទូលទាំងនេះចែងយ៉ាងណាខ្លះអំពីគោលដៅ? ព្រះជាម្ចាស់ហាក់ដូចជាមិនមានព្រះបន្ទូលជាក់លាក់ណាស់ណាទេ អំពីគោលដៅរបស់មនុស្សប្រភេទផ្សេងៗ។ តើព្រះជាម្ចាស់មានន័យយ៉ាងណាឱ្យប្រាកដទៅ? តើខ្ញុំគួរធ្វើដូចម្ដេច? ខ្ញុំមិនគួរព្រួយបារម្ភទេ ខ្ញុំត្រូវបន្តអានទៀត»។ បន្ទាប់មក នៅពេលដែលពួកគេឃើញព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» ពួកគេក៏គិតអំពីរឿងនេះបន្ថែមទៀត។ «ប្រសិនបើខ្ញុំចង់មានគោលដៅល្អ ខ្ញុំត្រូវតែសន្សំអំពើល្អទុកឱ្យបានគ្រប់គ្រាន់។ ឥឡូវនេះ ដោយសារព្រះជាម្ចាស់បានដាក់ចេញនូវលក្ខខណ្ឌហើយ នេះធ្វើឱ្យរឿងរ៉ាវកាន់តែងាយស្រួល។ ខ្ញុំមិនចាំបាច់បន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលគ្មានន័យ និងខំប្រឹងដោយឥតប្រយោជន៍ទៀតទេ ឥឡូវនេះ ខ្ញុំដឹងថាត្រូវពុះពារធ្វើការធ្ងន់នៅកន្លែងណាហើយ»។ តាមរយៈការប្រកបគ្នា ពួកទទឹងនឹងព្រះគ្រីស្ទដឹងថាអំពើល្អជាអ្វី រកឃើញ «ផ្លូវ» មួយ ហើយមានដំណោះស្រាយ។ «តាមពិតទៅ វាសាមញ្ញសោះ។ ការដាក់ទាន និងការថ្វាយតង្វាយ គឺជាអំពើល្អ។ ការផ្សាយដំណឹងល្អ និងការទទួលបានមនុស្សកាន់តែច្រើន គឺជាអំពើល្អ។ ការគាំទ្របងប្អូនប្រុសស្រី គឺជាអំពើល្អ។ ការលះបង់របស់ដែលខ្ញុំឱ្យតម្លៃ គឺជាអំពើល្អ។ ដើម្បីគោលដៅរបស់ខ្ញុំ ខ្ញុំនឹងលះបង់អ្វីៗទាំងអស់ ខ្ញុំនឹងលះបង់របស់ទាំងនេះចោលទាំងអស់!»។ ប៉ុន្តែបន្ទាប់មក ពួកគេគិតថា៖ «អត់ទេ ប្រសិនបើខ្ញុំលះបង់លុយកាក់ និងទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ ចុះតើខ្ញុំនឹងរស់នៅយ៉ាងដូចម្ដេចនាពេលអនាគត? ខ្ញុំគួរតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលជាមុនសិនថាតើកិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅពេលណា ហើយនៅពេលណាមនុស្សនឹងលែងត្រូវការរបស់ទាំងនេះនៅក្នុងជីវិតរបស់ពួកគេនៅលើផែនដី។ ខ្ញុំមិនគួរប្រញាប់ទេ។ ប៉ុន្តែប្រសិនបើខ្ញុំមិនថ្វាយរបស់ទាំងនេះទេ តើខ្ញុំម្ដេចនឹងអាចសន្សំអំពើល្អទុកបានទៅ? ការទទួលបងប្អូនប្រុសស្រីមួយចំនួន និងការផ្សាយដំណឹងល្អដើម្បីទទួលបានមនុស្ស គឺជារឿងងាយស្រួលធ្វើទេ។ ខ្ញុំអាចសម្រេចរឿងទាំងនេះបាន»។ ខណៈពេលកំពុងសន្សំអំពើល្អទុក នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែរាប់ជានិច្ចថាតើពួកគេបានសន្សំអំពើល្អទុកបានចំនួនប៉ុន្មានហើយ និងថាតើពួកគេមានលទ្ធភាពប៉ុនណាក្នុងការទទួលបានគោលដៅល្អ។ «ខ្ញុំបានសន្សំអំពើល្អទុកច្រើនណាស់ ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានសេចក្ដីថ្លែងសម្រេចណាមួយដល់ខ្ញុំសោះអ៊ីចឹង? កិច្ចការរបស់ព្រះជាម្ចាស់មិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះតើខ្ញុំគួរធ្វើដូចម្ដេច? អត់ទេ ខ្ញុំត្រូវមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានចែងអ្វីខ្លះទៀតអំពីអនាគត និងវាសនា និងថាតើមានការពន្យល់ជាក់លាក់អ្វីផ្សេងទៀតដែលព្រះបន្ទូលទាំងនោះមាន»។ ពួកគេបន្តស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀត។ ប្រសិនបើពួកគេរកឃើញអ្វីម្យ៉ាងដែលផ្ដល់ផលប្រយោជន៍ដល់អនាគត និងវាសនារបស់ពួកគេ ពួកគេមានអារម្មណ៍សប្បាយចិត្ត ប្រសិនបើពួកគេរកឃើញអ្វីម្យ៉ាងដែលផ្ទុយនឹងអនាគត និងវាសនារបស់ពួកគេ ពួកគេមានអារម្មណ៍ឈឺចាប់។ តាមរបៀបនេះ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយម្ដងហើយម្ដងទៀតដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមានអារម្មណ៍វិជ្ជមាន សប្បាយចិត្ត និងត្រេកអរជាខ្លាំងម្ដងហើយម្ដងទៀតដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ក៏ប៉ុន្តែ មិនថាពួកគេបង្កើតឱ្យមានសភាព ឬអារម្មណ៍បែបណានោះទេ ពួកគេគ្រាន់តែមិនអាចគេចផុតពីភាពងប់ងល់របស់ពួកគេចំពោះគោលដៅ អនាគត និងវាសនារបស់ពួកគេបានឡើយ ហើយពួកគេបន្តស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នូវការកំណត់ និងសេចក្ដីថ្លែងទាក់ទងនឹងលទ្ធផលរបស់មនុស្សប្រភេទផ្សេងៗ។ និយាយឱ្យខ្លី ពួកគេពុះពារធ្វើការធ្ងន់គ្រប់យ៉ាងដែលពួកគេអាចធ្វើបានទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មិនថាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ក៏ពួកគេគ្រាន់តែមិនដឹងថា មានសេចក្ដីពិត ផ្លូវ និងជីវិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេដឹងត្រឹមតែថា នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចរកឃើញគោលដៅរបស់ពួកគេ គោលដៅរបស់មនុស្សជាតិ និងផ្លូវមួយដើម្បីជៀសវាងការធ្លាក់ទៅនរក និងការបាត់បង់គោលដៅរបស់ពួកគេ។ ដូច្នេះ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំតាមរបៀបនេះ តើពួកគេទទួលបានអ្វីខ្លះ? ពួកគេអាចនិយាយអំពីគោលលទ្ធិ និងទ្រឹស្ដីខាងវិញ្ញាណដែលត្រឹមត្រូវជាច្រើន ប៉ុន្តែប្រាកដណាស់ថាពួកគេមិនអាចភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងសារជាតិរបស់ពួកគេនៃការប្រឆាំងនឹងព្រះជាម្ចាស់ ការបះបោរទាស់នឹងព្រះជាម្ចាស់ ការមិនអនុវត្តសេចក្ដីពិត និងការមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះបានឡើយ។

ពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍ស្រាវជ្រាវ និងស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នូវការបើកសម្ដែងរបស់ទ្រង់អំពីអាថ៌កំបាំងនានា។ ពួកគេក៏ស្វែងរកនៅក្នុងព្រះបន្ទូលរបស់ទ្រង់នូវពាក្យថ្មីៗ រឿងថ្មីៗ និងសេចក្ដីថ្លែងថ្មីៗផងដែរ ថែមទាំងឈានទៅដល់ការស្វែងរកអាថ៌កំបាំងមួយចំនួនដែលគ្មាននរណាម្នាក់ដឹងទៀតផង មិនថាខាងវិញ្ញាណ ឬយ៉ាងណាក៏ដោយ ដូចជាថា តើដើមល្វាជាអ្វី តើក្មេងប្រុសចំនួន ១៤៤.០០០ នាក់មានន័យដូចម្ដេច និងតើអ្នកយកឈ្នះជាអ្វី ក៏ដូចជាសេចក្ដីថ្លែង និងពាក្យមួយចំនួននៅក្នុងគម្ពីរវិវរណៈ ដែលមនុស្សបានស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយមិនយល់។ ពួកគេខិតខំខ្លាំងជាពិសេសលើរឿងទាំងនេះ ហើយស្វែងរក និងស្រាវជ្រាវជានិច្ច ថាតើមានសេចក្ដីថ្លែងណាមួយអំពីគោលដៅរបស់មនុស្សនៅក្នុងព្រះបន្ទូលទាំងនេះដែរឬទេ និងថាតើមានការពន្យល់ច្បាស់លាស់ណាមួយអំពីគោលដៅរបស់មនុស្សដែរឬទេ។ ប៉ុន្តែមិនថាពួកគេខំប្រឹងស្វែងរកយ៉ាងណានោះទេ ក៏កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេតែងតែឥតប្រយោជន៍ដែរ។ ហេតុដូច្នេះហើយ ខណៈពេលដែលពួកទទឹងនឹងព្រះគ្រីស្ទកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងធ្វើតាមគេតាមឯងនៅក្នុងពួកជំនុំ ពួកគេតែងតែមានអារម្មណ៍រសាប់រសល់នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ពួកគេឧស្សាហ៍សួរខ្លួនឯងថា៖ «តើខ្ញុំអាចទទួលបានព្រះពរដែរឬទេ? តើអនាគត និងវាសនារបស់ខ្ញុំជាអ្វីឱ្យប្រាកដទៅ? តើនឹងមានកន្លែងសម្រាប់ខ្ញុំនៅក្នុងនគររបស់ព្រះជាម្ចាស់ដែរឬទេ? នៅពេលគោលដៅរបស់ខ្ញុំមកដល់ តើខ្ញុំនឹងសម្លឹងមើលផ្ទៃមេឃពណ៌ខៀវ ឬក៏ខ្ញុំនឹងស្ថិតនៅក្នុងពិភពលោកដ៏ងងឹតសូន្យសុង ដែលសូម្បីតែដៃខ្លួនឯងក៏មើលមិនឃើញនោះ? តើគោលដៅរបស់ខ្ញុំជាអ្វីឱ្យប្រាកដទៅ?» ក្នុងពេលដែលពួកគេបន្តសួរខ្លួនឯងបែបនេះនៅក្នុងចិត្ត ពួកគេក៏កំពុងចោទសួរព្រះជាម្ចាស់ដោយស្ងៀមស្ងាត់នៅក្នុងជម្រៅចិត្តរបស់ពួកគេផងដែរថា៖ «តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ដែរឬទេ? តើខ្ញុំអាចជៀសផុតពីការធ្លាក់ទៅនរកបានដែរឬទេ? តើខ្ញុំអាចចូលទៅក្នុងនគរស្ថានសួគ៌តាមរយៈការដេញតាមបែបនេះបានដែរឬទេ? តើខ្ញុំអាចទទួលបានព្រះពរនាពេលអនាគតដែរឬទេ? តើខ្ញុំនឹងបានចូលទៅក្នុងបរលោកដែរឬទេ? តើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណា? ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានសេចក្ដីថ្លែងដ៏ត្រឹមត្រូវ និងជាក់លាក់មួយដល់ខ្ញុំអំពីរឿងនេះ ដើម្បីឱ្យខ្ញុំអាចស្ងប់ចិត្តបានអ៊ីចឹង? តើលទ្ធផលរបស់ខ្ញុំជាអ្វីឱ្យប្រាកដទៅ?» តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទគិតនៅក្នុងជម្រៅចិត្តរបស់ពួកគេ ខណៈពេលដែលពួកគេសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខណៈពេលដែលពួកគេធ្វើតាមគេតាមឯង និងគ្មានជម្រើសអ្វីក្រៅពីបន្តដើរទៅមុខនោះទេឬ? នេះគឺជាអាកប្បកិរិយាដែលពួកគេមានចំពោះអនាគត និងវាសនារបស់ពួកគេនៅក្នុងជម្រៅចិត្តរបស់ខ្លួន៖ គំនិតរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយរឿងទាំងនេះជានិច្ច ពួកគេតោងរឿងទាំងនេះយ៉ាងស្អិតរមួត និងមិនព្រមលែងឡើយ។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានរឿងមួយដែលធ្វើឱ្យពួកគេចាប់អារម្មណ៍ជាងការស្វែងរកគោលដៅរបស់ពួកគេ និងការស្រាវជ្រាវពីអាថ៌កំបាំងនានាទៅទៀត នោះគឺ ពេលណាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនឹងចាកចេញពីផែនដី ពេលណាទ្រង់នឹងបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ ពេលណាកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នឹងត្រូវបានបញ្ចប់ ពេលណាកិច្ចការរបស់ទ្រង់នឹងដល់ទីបញ្ចប់ ពេលណាអស់អ្នកដែលដើរតាមទ្រង់នឹងរីករាយនឹងព្រះពរដ៏ធំធេង និងបានឃើញរូបអង្គពិតរបស់ទ្រង់។ ថាតើពួកគេនឹងអាចមើលឃើញព្រះជាម្ចាស់ចាកចេញពីផែនដីដែរឬយ៉ាងណា ក៏ជាក្ដីបារម្ភដ៏ធំបំផុតរបស់ពួកគេផងដែរ។ បន្ថែមពីលើថ្ងៃដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់ដោយជោគជ័យ ពួកគេកាន់តែបារម្ភអំពីពេលណាដែលព្រះគ្រីស្ទនឹងចាកចេញពីផែនដី តើវានឹងទៅជាយ៉ាងណានៅពេលព្រះគ្រីស្ទចាកចេញពីផែនដី តើឥឡូវនេះពួកគេមានអាយុប៉ុន្មានហើយ ថាតើពួកគេនឹងនៅមានជីវិតមើលឃើញព្រះគ្រីស្ទចាកចេញពីផែនដីក្នុងរយៈពេល ១០ ឆ្នាំឬ ២០ ឆ្នាំទៀតដែរឬទេ តើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេបានឃើញ ហើយតើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេមិនអាចឃើញ។ ទាំងនេះគឺជាការគិតគូរនៅក្នុងគំនិតរបស់ពួកគេ។ អ្នកខ្លះរិះគិតក្នុងចិត្តថា៖ «ខ្ញុំមានអាយុ ៦០ ឆ្នាំទៅហើយ។ ប្រសិនបើខ្ញុំនៅមានជីវិតក្នុងរយៈពេល ១០ ឆ្នាំទៀត ខ្ញុំគួរតែអាចមើលឃើញព្រះគ្រីស្ទចាកចេញពីផែនដី ប៉ុន្តែប្រសិនបើខ្ញុំស្លាប់បាត់ទៅហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ក្នុងរយៈពេល ១០ ឆ្នាំទៀតនោះ តើជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់មានន័យអ្វីទៅ? ទោះបីជាព្រះជាម្ចាស់បានតម្រូវទុកជាមុនឱ្យខ្ញុំកើតមកក្នុងយុគសម័យនេះក៏ដោយ ប្រសិនបើខ្ញុំដែលជាអ្នកដើរតាមព្រះជាម្ចាស់ ខកខានឱកាសក្នុងការធ្វើជាសាក្សីចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យ និងធំធេងបែបនេះ នោះខ្ញុំមិនអាចចាត់ទុកថាជាមនុស្សដែលមានពរឡើយ ហើយខ្ញុំនឹងមិនទទួលបានព្រះពរដ៏ធំធេងណាមួយឡើយ!» គំនិតបែបនេះបង្កើតឱ្យមានភាពមិនសប្បាយចិត្ត និងការមិនពេញចិត្តនៅក្នុងខ្លួនពួកគេ។ តើពួកគេមិនពេញចិត្តដល់កម្រិតណា? «ខ្ញុំចាស់ណាស់ទៅហើយ ហេតុអ្វីបានជាព្រះជាម្ចាស់មិនទាន់ចាកចេញពីផែនដីទៀត? ហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់បញ្ចប់ទៀត? តើពេលណាទើបយើងផ្សាយដំណឹងល្អចប់ទៅ? សូមឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់បញ្ចប់ទៅ សូមឱ្យព្រះជាម្ចាស់ឆាប់បញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ទៅ សូមឱ្យភយន្តរាយឆាប់ធ្លាក់ចុះមក សូមឱ្យព្រះជាម្ចាស់ប្រញាប់បំផ្លាញសាតាំង និងដាក់ទោសមនុស្សអាក្រក់ទៅ!» តើពួកគេកំពុងធ្វើអ្វី? តើពួកគេមិនមែនកំពុងទាមទារពីព្រះជាម្ចាស់ដោយផ្អែកលើឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ ដោយសង្ឃឹមថានឹងឱ្យទ្រង់ធ្វើសកម្មភាពតាមឆន្ទៈរបស់ពួកគេទេឬ? តើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេមិនមានបង្កប់នៅក្នុងឆន្ទៈរបស់ពួកគេនេះទេឬ? ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេសង្ឃឹមយ៉ាងអន្ទះសាឱ្យព្រះជាម្ចាស់បញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ឱ្យភយន្តរាយឆាប់ធ្លាក់ចុះមក ឱ្យព្រះជាម្ចាស់ប្រញាប់ដាក់ទោសមនុស្សអាក្រក់ និងផ្ដល់រង្វាន់ដល់មនុស្សល្អ ហើយឱ្យព្រះជាម្ចាស់ទទួលបានសិរីល្អរបស់ទ្រង់។ តើពួកគេមានចេតនាបង្កប់អ្វីនៅក្នុងចិត្តរបស់ពួកគេ? តើពួកគេកំពុងគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) តើពួកគេកំពុងធ្វើអ្វី? (ពួកគេកំពុងសង្ឃឹមថានឹងទទួលបានព្រះពរ។) ពួកគេចង់ឱ្យកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិលជុំវិញគោលដៅរបស់ពួកគេ ដើម្បីផលប្រយោជន៍ និងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ។ តើនេះមិនមែនជារឿងគួរឱ្យស្អប់ខ្ពើម និងគ្មានភាពអៀនខ្មាសទេឬ? នៅក្នុងគ្រប់រឿងទាំងអស់ តើអ្វីជាសារជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទបានបង្ហាញ? គឺជាការដាក់ផលប្រយោជន៍របស់ពួកគេឱ្យខ្ពស់ជាងអ្វីៗទាំងអស់ ហើយបណ្ដោយឱ្យផលប្រយោជន៍របស់ពួកគេគ្របដណ្ដប់លើអ្វីៗទាំងអស់។ ពោលគឺ ពួកគេមិនអនុញ្ញាតឱ្យមានអ្វីមកប៉ះទង្គិចនឹងផលប្រយោជន៍របស់ពួកគេឡើយ សូម្បីតែផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក៏ដោយ។ ពេលណាកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់ ពេលណាកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នឹងត្រូវបានបញ្ចប់ ពេលណាទ្រង់នឹងទទួលបានសិរីល្អ ហើយពេលណាទ្រង់នឹងបំផ្លាញពូជមនុស្ស រឿងទាំងអស់នេះត្រូវតែវិលជុំវិញផលប្រយោជន៍របស់ពួកគេ និងគោលដៅរបស់ពួកគេ រឿងទាំងអស់នេះត្រូវតែផ្សារភ្ជាប់ទៅនឹងគោលដៅរបស់ពួកគេ។ បើមិនដូច្នេះទេ ពួកគេនឹងបដិសេធព្រះជាម្ចាស់ បោះបង់ជំនឿរបស់ពួកគេលើទ្រង់ ហើយថែមទាំងដាក់បណ្ដាសាទ្រង់ទៀតផង។

ការបង្ហាញចេញចម្បងមួយនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺការសិក្សា។ នេះគឺជាអាកប្បកិរិយាដែលអ្នកមិនជឿដ៏ពិតប្រាកដម្នាក់ប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើពួកគេសិក្សាពីអ្វី? ពួកគេមិនសិក្សាពីសេចក្ដីពិត ឬអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សជាតិ ឬព្រះបន្ទូលរបស់ទ្រង់ដែលបើកសម្ដែងពីមនុស្សជាតិ ឬព្រះបន្ទូលរបស់ទ្រង់ដែលជំនុំជម្រះមនុស្សជាតិឡើយ ហើយពួកគេប្រាកដជាមិនសិក្សាពីបំណងព្រះហឫទ័យរបស់ទ្រង់នោះឡើយ ពួកគេសិក្សាតែពីអនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ មិនថាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅផ្នែកណានោះទេ ប្រសិនបើផ្នែកនោះមានព្រះបន្ទូលដែលទាក់ទងនឹងអនាគត និងវាសនារបស់ពួកគេ ពោលគឺជារឿងដែលពួកគេខ្វល់ខ្វាយបំផុតនោះ ពួកគេនឹងសិក្សាផ្នែកទាំងនោះដោយយកចិត្តទុកដាក់ និងគូសចំណាំថាវាជារឿងសំខាន់។ ឧទាហរណ៍៖ នៅពេលពួកគេឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបើកសម្ដែង និងវែកញែកមនុស្សដូចជាពួកគេ ឬការកំណត់លក្ខណៈ ឬសេចក្ដីថ្លែងអំពីមនុស្សដូចជាពួកគេ ពួកគេនឹងសិក្សាព្រះបន្ទូលទាំងនោះយ៉ាងផ្ចិតផ្ចង់ ហើយអានព្រះបន្ទូលទាំងនោះម្ដងហើយម្ដងទៀត។ តើពួកគេកំពុងស្វែងរកអ្វី? តើពួកគេកំពុងស្វែងរកមើលថា តើពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកគោលការណ៍នៃការអនុវត្តដោយរបៀបណាមែនទេ? តើពួកគេកំពុងស្វែងរកមើលថាតើពួកគេអាចយល់ពីខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណាមែនទេ? មិនមែនទេ។ ពួកគេស្វែងរកការអានអត្ថន័យបង្កប់ ដើម្បីឱ្យពួកគេអាចមើលឃើញយ៉ាងច្បាស់ពីអាកប្បកិរិយាដែលព្រះជាម្ចាស់មានចំពោះមនុស្សដូចជាពួកគេនៅពីក្រោយព្រះបន្ទូលទាំងនេះ ថាតើព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមពួកគេដែរឬទេ ឬថាតើទ្រង់នឹងសង្គ្រោះពួកគេដែរឬទេ។ ពួកគេពិនិត្យពិច័យមិនត្រឹមតែលើខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទឹកដមសូរសៀង និងអាកប្បកិរិយានៃព្រះបន្ទូលរបស់ទ្រង់ និងគំនិតនៅពីក្រោយព្រះបន្ទូលទាំងនោះទៀតផង។ នៅពេលពួកគេបានប្រមូលផ្ដុំគ្រប់ផ្នែកទាំងអស់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទាក់ទងនឹងគោលដៅរបស់មនុស្សដូចជាពួកគេហើយ ហើយពួកគេបានរកឃើញថា អាកប្បកិរិយារបស់ទ្រង់ចំពោះពួកគេ គឺការស្អប់ខ្ពើម និងបដិសេធ ហើយមិនមែនជាសេចក្ដីសង្គ្រោះទេនោះ អាកប្បកិរិយារបស់ពួកគេចំពោះការជឿលើទ្រង់ នឹងថយចុះភ្លាមៗពី ៨០ ទៅ ៩០ ភាគរយ។ ការមិនជឿនឹងកើតឡើងភ្លាមៗនៅក្នុងចិត្តរបស់ពួកគេ ហើយអាកប្បកិរិយារបស់ពួកគេនឹងផ្លាស់ប្ដូរ ១៨០ ដឺក្រេ។ តើការផ្លាស់ប្ដូរនេះមានកម្រិតណា? ពួកគេនឹងលែងចង់បំពេញភារកិច្ចដែលពួកគេបានគ្រោងនឹងធ្វើ ឬលែងលះបង់អ្វីដែលពួកគេបានគ្រោងថានឹងលះបង់ទៀតហើយ។ ទោះបីជាដើមឡើយពួកគេចង់ផ្សាយដំណឹងល្អដល់គ្រួសាររបស់ពួកគេក៏ដោយ ក៏ពួកគេនឹងមិនធ្វើបែបនោះទៀតដែរ ដោយសារពួកគេលែងជឿទៀតហើយ ហេតុនេះមនុស្សនៅក្នុងគ្រួសាររបស់ពួកគេក៏ប្រាកដជានឹងមិនជឿទៀតនោះដែរ។ សរុបមក ពួកគេនឹងបំផ្លាញ និងបោះបង់ចោលរាល់ផែនការដើមរបស់ពួកគេទាំងអស់។ តើនេះមិនមែនជាអាកប្បកិរិយាបែបសារជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? គោលបំណងរបស់ពួកគេក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនដើម្បីដេញតាមសេចក្ដីពិត និងស្វែងរកគោលការណ៍នៃការអនុវត្តសេចក្ដីពិត ដើម្បីឱ្យពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងស្មោះត្រង់ចំពោះទ្រង់នោះទេ គោលបំណងរបស់ពួកគេគឺដើម្បីស្វែងរកសេចក្ដីថ្លែងដ៏ជាក់ច្បាស់មួយអំពីរបៀបដែលព្រះជាម្ចាស់កំណត់លទ្ធផល និងគោលដៅសម្រាប់មនុស្សដូចជាពួកគេ។ នៅពេលពួកគេរកឃើញក្ដីសង្ឃឹមដ៏តិចតួចមួយ ពួកគេនឹងតោងវាឱ្យជាប់យ៉ាងស្អិតរមួត។ ដើម្បីក្ដីសង្ឃឹមដ៏តិចតួចនេះ ពួកគេនឹងអាចលះបង់អ្វីៗគ្រប់យ៉ាង ហើយអាកប្បកិរិយារបស់ពួកគេនឹងផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលក្ដីសង្ឃឹមទាំងអស់របស់ពួកគេក្នុងការទទួលបានព្រះពរត្រូវបានខ្ទេចខ្ទី អាកប្បកិរិយារបស់ពួកគេនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងម្ដងទៀត រហូតដល់ថ្នាក់ពួកគេបាត់បង់ជំនឿ និងងាកទៅរកការក្បត់ ហើយថែមទាំងដាក់បណ្ដាសាព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទៀតផង។ ទាំងនេះគឺជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ជាការពិតណាស់ ពួកទទឹងនឹងព្រះគ្រីស្ទក៏នឹងប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈពេលដែលពួកគេសិក្សាព្រះបន្ទូលទាំងនោះផងដែរ។ តើជាផលប្រយោជន៍ប្រភេទណា? ខណៈពេលសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេស្វែងយល់ថាតើក្រឹត្យក្រមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វី តើទឹកដមសូរសៀងរបស់ទ្រង់ជាអ្វីនៅពេលទ្រង់លួសកាត់មនុស្ស តើរបៀបនៃការមានព្រះបន្ទូលរបស់ទ្រង់ជាអ្វីនៅពេលទ្រង់បើកសម្ដែងពីមនុស្សជាតិ តើទ្រង់កម្សាន្តចិត្ត និងដាស់តឿនមនុស្សដោយរបៀបណា តើទ្រង់ប្រើវិធីសាស្ត្រអ្វីខ្លះ ហើយតើទ្រង់មានព្រះប្រាជ្ញាញាណអ្វីខ្លះ។ ពួកទទឹងនឹងព្រះគ្រីស្ទមានជំនាញក្នុងការរៀនសូត្រ និងត្រាប់តាមរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើការ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏ប្រើប្រាស់ព្រះបន្ទូលដែលព្រះជាម្ចាស់តែងតែមានព្រះបន្ទូល ដើម្បីនិយាយ និងប្រកបគ្នាជាមួយអ្នកដទៃផងដែរ។ ខណៈពេលដែលពួកគេសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏តែងតែបំពាក់បំប៉នខ្លួនឯងនូវពាក្យពេចន៍នៃសេចក្ដីពិតផ្សេងៗដែលមាននៅក្នុងព្រះបន្ទូលទាំងនោះ ដោយបំប្លែងពាក្យពេចន៍ទាំងនោះទៅជារបស់ផ្ទាល់ខ្លួនរបស់ពួកគេ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះដើម្បីធ្វើការ និងសន្សំដើមទុន។ តើដើមទុននេះសំដៅលើអ្វី? ឧទាហរណ៍៖ ពួកគេជឿថា[ក] នៅឯការជួបជុំមួយ អ្នកណាក៏ដោយដែលមានសមត្ថភាពជាងគេក្នុងការនិយាយពាក្យពេចន៍ និងគោលលទ្ធិដែលត្រឹមត្រូវ អ្នកណាក៏ដោយដែលទន្ទេញចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនជាងគេ ដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនជាងគេ និងពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនជាងគេ អាចជាប្រភេទមនុស្សនៅក្នុងពួកជំនុំដែលអាចទទួលបានសេចក្ដីសង្គ្រោះបំផុត។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីនោះទេ ក៏វាសុទ្ធតែផ្សារភ្ជាប់ទៅនឹងអនាគត និងវាសនារបស់ពួកគេ។ ពួកគេនឹងគ្រាន់តែមិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតជាដាច់ខាត ហើយពួកគេក៏នឹងមិនរងទុក្ខ ឬលះបង់ដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីបំភាន់មនុស្ស ប្រើប្រាស់ព្រះបន្ទូលទាំងនោះដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ និងប្រើប្រាស់ព្រះបន្ទូលទាំងនោះដើម្បីត្រៀមលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់សម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ។ ហេតុដូច្នេះហើយ សារជាតិនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនថានៅពេលណានោះទេ ក៏ពួកគេមិនដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ឬជាផ្លូវដែលមនុស្សគួរតែដើរតាមឡើយ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអានព្រះបន្ទូលទាំងនោះជារៀងរាល់ថ្ងៃក៏ដោយ ហើយទោះបីជាពួកគេស្ដាប់ការអានព្រះបន្ទូលរបស់ទ្រង់ក៏ដោយ ក៏មានរឿងមួយដែលប្រាកដនោះគឺ៖ ពួកគេមិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅពេលណាដែលដល់ពេលត្រូវអនុវត្តព្រះបន្ទូលរបស់ទ្រង់ ភាពស្មោះត្រង់របស់ពួកគេក៏រលាយបាត់ទៅ ពួកគេរៀបចំផែនការដើម្បីតែអនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពីសម្បកក្រៅ ពួកគេបង្ហាញរូបភាពក្លែងក្លាយថាស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្រេកឃ្លានព្រះបន្ទូលទាំងនោះ។ ប៉ុន្តែតាមពិតទៅ ក្នុងការអាន និងសន្សំព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ គោលដៅរបស់ពួកគេគឺដើម្បីសម្រេចឱ្យបាននូវលក្ខខណ្ឌសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ ពួកគេធ្វើបែបនេះដោយសង្ឃឹមថានឹងទទួលបានចំណាប់អារម្មណ៍ល្អពីព្រះជាម្ចាស់ជាការដោះដូរ។ ពួកគេមិនជឿថា ព្រះជាម្ចាស់ពិនិត្យពិច័យចិត្តមនុស្សឡើយ ពួកគេដឹងត្រឹមតែថា មនុស្សមើលតែរូបរាងខាងក្រៅប៉ុណ្ណោះ ដូច្នេះ ព្រះជាម្ចាស់ក៏ច្បាស់ជាមើលតែរូបរាងខាងក្រៅដែរ ដូច្នេះហើយ ក្នុងរឿងទាំងនេះ ពួកគេចូលរួមក្នុងការក្លែងបន្លំ និងសេចក្ដីបញ្ឆោត ដោយងាកទៅប្រើល្បិចកល។ ពួកគេគិតថា៖ «ខ្ញុំគ្រាន់តែត្រូវធ្វើបែបនេះនៅខាងក្រៅប៉ុណ្ណោះ។ វាមិនសំខាន់ទេថាខ្ញុំគិតអ្វីនៅក្នុងចិត្តនោះ មនុស្សមិនអាចមើលឃើញវាទេ ហើយព្រះជាម្ចាស់ក៏មិនអាចទតឃើញដែរ។ តាមពិតទៅ មិនថាខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ខ្ញុំមិនមែនធ្វើវាដើម្បីក្លាយជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដណាមួយឡើយ។ ប្រសិនបើមិនពាក់ព័ន្ធនឹងអនាគត និងវាសនារបស់ខ្ញុំទេ ខ្ញុំនឹងមិនស៊ូទ្រាំនឹងទុក្ខលំបាកនេះទេ ហើយខ្ញុំក៏មិនទ្រាំទ្រនឹងការអាក់អន់ចិត្តនេះដែរ!» នៅក្នុងគំនិតរបស់ពួកគេ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដាប់ទៅល្អយ៉ាងណានោះទេ ក៏ព្រះបន្ទូលទាំងនោះមិនអាចក្លាយជាការពិតជាដាច់ខាត ហើយមនុស្សក៏មិនអាចសម្ដែងចេញនូវព្រះបន្ទូលទាំងនោះបានដែរ។ ទោះបីជាមានមនុស្សមួយក្ដាប់តូចសម្ដែងចេញនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តិចបន្តួចក៏ដោយ ក៏ពួកគេច្បាស់ជាធ្វើបែបនេះដើម្បីគោលដៅផ្ទាល់ខ្លួនរបស់ពួកគេដែរ។ ដូចដែលអ្នកគ្មានជំនឿនិយាយថា៖ «គ្មានអាហារថ្ងៃត្រង់ណាដែលឥតគិតថ្លៃនោះទេ»។ ពួកគេគិតក្នុងចិត្តថា៖ «យើងស៊ូទ្រាំនឹងទុក្ខលំបាកបែបនេះដើម្បីជំនឿរបស់យើងលើព្រះជាម្ចាស់ ដោយអាន និងស្ដាប់ព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ រស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ តើទាំងអស់នេះដើម្បីអ្វីទៅ? តើវាមិនមែនដើម្បីតែគោលបំណងមួយនោះទេឬ? មនុស្សគ្រប់គ្នាដឹងច្បាស់នៅក្នុងចិត្តរបស់ខ្លួនហើយថា ទាំងអស់នេះគឺដើម្បីអនាគត និងវាសនារបស់ពួកគេ បើមិនដូច្នេះទេ ហេតុអ្វីបានជាយើងបោះបង់ពេលវេលាដ៏អស្ចារ្យនៃការដេញតាមលោកីយ៍ គ្រាន់តែដើម្បីមករងទុក្ខនៅទីនេះទៅ?» ក្នុងរឿងនេះ តើពួកគេបានបដិសេធការពិតអ្វីខ្លះ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយសេចក្ដីពិតអាចសង្គ្រោះមនុស្ស ផ្លាស់ប្ដូរមនុស្ស និងជួយពួកគេឱ្យបោះចោលនិស្ស័យពុករលួយរបស់ពួកគេ។ តើនេះមិនមែនជាលទ្ធផលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចនាំមកទេឬ? (មែនហើយ។) តើពួកទទឹងនឹងព្រះគ្រីស្ទទទួលស្គាល់ការពិតនេះដែរឬទេ? ពួកគេបដិសេធវា ដោយនិយាយថា៖ «មនុស្សគ្រប់គ្នាអះអាងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបាន ប៉ុន្តែតើព្រះបន្ទូលនោះបានសង្គ្រោះនរណាខ្លះទៅ? តើនរណាបានឃើញរឿងនេះកើតឡើង? ហេតុអ្វីបានជាខ្ញុំមិនជឿរឿងនេះ?» ហេតុអ្វីបានជាគេនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសង្គ្រោះមនុស្ស ផ្លាស់ប្ដូរមនុស្ស និងជួយមនុស្សឱ្យរួចផុតពីនិស្ស័យពុករលួយរបស់សាតាំងបាន? ពីព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយវាអាចជាជីវិតរបស់មនុស្ស។ នៅពេលមនុស្សមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ ពួកគេអាចត្រូវបានសង្គ្រោះ ពួកគេក្លាយជាអ្នកដែលត្រូវបានសង្គ្រោះ។ ការពិតនេះមិនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទទួលស្គាល់ឡើយ។ ពួកគេជឿថា គឺដើម្បីតែទទួលបានព្រះពរ និងគោលដៅដ៏ល្អប៉ុណ្ណោះ ទើបមនុស្សបានមកដល់ចំណុចដែលពួកគេកំពុងស្ថិតនៅពេលនេះ ហើយថា នេះគឺជាហេតុផលតែមួយគត់ដែលមនុស្សបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេបដិសេធផ្លែផ្កានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បដិសេធលទ្ធផលដែលសេចក្ដីពិតសម្រេចបាននៅក្នុងមនុស្ស ហើយបដិសេធថាសេចក្ដីពិតអាចយកឈ្នះមនុស្ស ផ្លាស់ប្ដូរមនុស្ស និងសង្គ្រោះមនុស្សបានឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា មនុស្សដើរតាមព្រះជាម្ចាស់ គ្រាន់តែដោយសារការខ្វល់ខ្វាយ និងការដេញតាមអនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរមនុស្ស ធ្វើឱ្យពួកគេមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ធ្វើឱ្យពួកគេចុះចូលនឹងព្រះជាម្ចាស់ដោយគ្មានលក្ខខណ្ឌ ឬធ្វើឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួនជាភាវៈដែលព្រះបានបង្កើតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿរឿងទាំងនេះទាល់តែសោះ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលដាក់ផលប្រយោជន៍របស់ពួកគេជាចម្បង មិនដេញតាមសេចក្ដីពិតដោយខ្លួនឯងឡើយ។ ខណៈពេលដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាវោហារសាស្ត្រមួយប្រភេទ ជាសេចក្ដីថ្លែងមួយប្រភេទ ពួកគេក៏មិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះអាចសង្គ្រោះមនុស្សបានឡើយ។ ពួកគេជឿថា អស់អ្នកដែលស្មោះសរ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់ សុទ្ធតែជាមនុស្សក្លែងក្លាយ និងមានផលប្រយោជន៍ផ្ទាល់ខ្លួនពាក់ព័ន្ធ។ មិនថាពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណា មិនថាពួកគេឮសេចក្ដីអធិប្បាយរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏អ្វីដែលសេសសល់ក្នុងចិត្តរបស់ពួកគេនៅទីបំផុត គឺមានតែពាក្យពីរម៉ាត់ប៉ុណ្ណោះ នោះគឺ អនាគត និងវាសនា។ ពោលគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ អាចនាំមកនូវអនាគត និងវាសនាដ៏ល្អសម្រាប់មនុស្ស ហើយនាំមកនូវគោលដៅដ៏ល្អសម្រាប់ពួកគេ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ នេះគឺជារឿងដែលពិតប្រាកដបំផុត វាគឺជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត។ ប្រសិនបើមិនមែនដោយសាររឿងនេះទេ ទីមួយ ពួកគេនឹងមិនជឿលើព្រះជាម្ចាស់ឡើយ។ ទីពីរ ពួកគេនឹងមិនស៊ូទ្រាំនឹងការអាក់អន់ចិត្តបែបនេះ ដើម្បីស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ទីបី ពួកគេនឹងមិនបំពេញភារកិច្ចណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ទីបួន ពួកគេនឹងមិនស៊ូទ្រាំនឹងទុក្ខលំបាកណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ហើយទីប្រាំ ពួកគេមុខជាបានត្រឡប់ទៅរកជីវិតលោកីយ៍ជាយូរមកហើយ ដើម្បីសោយសុខក្នុងទ្រព្យសម្បត្តិ និងសិរីរុងរឿង ដេញតាមលោកីយ៍ ដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដេញតាមលុយកាក់ និងដេញតាមនិន្នាការដ៏ទុច្ចរិត។ បច្ចុប្បន្ន ពួកគេស្នាក់នៅបណ្ដោះអាសន្នក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្រាន់តែដោយសារអនាគត និងវាសនារបស់ពួកគេមានជាប់ពាក់ព័ន្ធប៉ុណ្ណោះ។ ពួកគេមានអាកប្បកិរិយាដាច់ខាតចំពោះការធានាឱ្យបាននូវអនាគត និងវាសនារបស់ពួកគេ ខណៈពេលដែលពួកគេក៏មានផ្នត់គំនិតផ្សងព្រេង ដោយសង្ឃឹមថា នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ ពួកគេនឹងស្ថិតក្នុងចំណោមអស់អ្នកដែលបានចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានព្រះពរដ៏ធំធេង។ តើនេះជាផ្នត់គំនិតប្រភេទណា? ពួកគេចង់ស្វែងរកផលចំណេញពីព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅរបស់ពួកគេ ប៉ុន្តែពួកគេមិនចង់ចុះចូលនឹងទ្រង់ឡើយ លើសពីនេះ ពួកគេមិនទាំងជឿរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលផង ហើយពួកគេក៏មិនជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរ។ តើនេះមិនរាងទុច្ចរិតបន្តិចទេឬ? នៅពេលនិយាយដល់អាកប្បកិរិយារបស់ពួកគេក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគឺជាពួកអ្នកមិនជឿ។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទអាចប្រើប្រាស់អាកប្បកិរិយាបែបនេះដើម្បីស្រាវជ្រាវ អាន និងប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញថា ពួកគេគឺជាពួកអ្នកមិនជឿជាតួយ៉ាង ជាពួកអ្នកមិនជឿទាំងស្រុងតែម្ដង។ ដូច្នេះ ហេតុអ្វីបានជាពួកគេនៅតែអាចបំពេញកិច្ចការពីសម្បកក្រៅមួយចំនួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងបន្តដើរតាមដោយមិនធ្លាក់ចេញអ៊ីចឹង? មិនថាពួកគេត្រូវបានលួសកាត់យ៉ាងណានោះទេ ហេតុអ្វីបានជាពួកគេអាចស្នាក់នៅ និងថែមទាំងចូលរួមក្នុងជីវិតពួកជំនុំ ហើយបន្តស្ដាប់ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានអ៊ីចឹង? ហេតុអ្វីបានជាដូច្នេះ? (ពួកគេចង់ទទួលបានព្រះពរ។) គឺដោយសារតែពួកគេចង់ទទួលបានព្រះពរ។ ដូចដែលអ្នកគ្មានជំនឿនិយាយថា៖ «អ្នកណាចិញ្ចឹមខ្ញុំ គឺជាម្ដាយរបស់ខ្ញុំ ហើយអ្នកណាឱ្យលុយខ្ញុំ គឺជាឪពុករបស់ខ្ញុំ»។ តើនេះជាតក្កវិជ្ជាប្រភេទណាទៅ? តើតក្កវិជ្ជានេះមិនពោរពេញទៅដោយទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់សាតាំងទេឬ? គឺស្ថិតនៅក្រោមឥទ្ធិពលនៃទស្សនវិជ្ជាបែបសាតាំងនេះហើយ ទើបពួកគេជឿលើព្រះជាម្ចាស់៖ «ខ្ញុំមិនខ្វល់ថាអ្នកបានធ្វើកិច្ចការមិនធម្មតាប្រភេទណានោះទេ ទោះបីជានិស្ស័យ ឬសារជាតិរបស់អ្នកអាចជាអ្វីក៏ដោយ ដរាបណាអ្នកអាចផ្ដល់ព្រះពរ គោលដៅដ៏ល្អ និងអនាគតដ៏ល្អដល់ខ្ញុំ ហើយអនុញ្ញាតឱ្យខ្ញុំទទួលបានព្រះពរដ៏ធំធេង នោះខ្ញុំនឹងដើរតាមអ្នក ហើយចាត់ទុកអ្នកជាព្រះជាម្ចាស់ជាបណ្ដោះអាសន្នសិន»។ តើមានធាតុផ្សំនៃសេចក្ដីជំនឿពិតប្រាកដណាមួយនៅត្រង់នេះដែរឬទេ? (មិនមានទេ។) ហេតុដូច្នេះហើយ បើនិយាយពីរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការកំណត់លក្ខណៈមនុស្សបែបនេះថាជាពួកទទឹងនឹងព្រះគ្រីស្ទ និងជាពួកអ្នកមិនជឿ គឺពិតជាត្រឹមត្រូវបំផុត!

អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការសិក្សា។ ពួកគេមិនដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើពួកគេចាត់ទុកព្រះបន្ទូលទាំងនោះជាអ្វីទៅ? ជាបណ្ដុំនៃអាថ៌កំបាំងឬ? ជារឿងប្រឌិតបែបអច្ឆរិយៈឬ? ជាអត្ថបទដែលមិនច្បាស់លាស់ និងមិនអាចយល់បានឬ? នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនមែនកំពុងស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនមែនកំពុងព្យាយាមយល់ពីបំណងព្រះហឫទ័យ ឬនិស្ស័យរបស់ទ្រង់ដែរ។ ពួកគេក៏មិនចង់ស្គាល់ព្រះជាម្ចាស់ដែរ កុំថាឡើយដល់ទៅការគិតគូរដល់ព្រះរាជបំណងរបស់ទ្រង់នោះ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «បំណងព្រះហប្ញទ័យផ្ទាល់របស់ខ្ញុំក្នុងពេលនេះ គឺស្វែងរកមនុស្សមួយក្រុម ដែលអាចខ្វាយខ្វល់ពីព្រះហប្ញទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដបាន» តើពួកគេមានក្ដីរំជួលចិត្តដែរឬទេ? ពួកគេនិយាយថា៖ «តើការស្វែងរកមនុស្សដែលគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ គឺជារឿងអ្វីទៅ? តើការគិតគូរដល់ព្រះរាជបំណងរបស់ទ្រង់មានប្រយោជន៍អ្វីទៅ? តើការធ្វើបែបនេះអាចឱ្យខ្ញុំមានហូបចុក ឬអាចឱ្យខ្ញុំរកលុយបានដែរឬទេ? តើការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ អាចនាំទៅរកគោលដៅដ៏ល្អដែរឬទេ? តើវាអាចនាំព្រះពរដ៏ធំធេងមកឱ្យខ្ញុំបានដែរឬទេ? ប្រសិនបើវាមិនអាចធ្វើរឿងទាំងនេះបានទេ អ៊ីចឹងបំភ្លេចវាចោលទៅ ខ្ញុំមិនចាំបាច់គិតគូរឡើយ។ ខ្ញុំកំពុងស្វែងរកផ្លូវមួយដើម្បីជៀសវាងការត្រូវគេបោះទម្លាក់ទៅក្នុងនរក និងដើម្បីធានាឱ្យបាននូវគោលដៅដ៏ល្អមួយ។ ប្រសិនបើការគិតគូរដល់ព្រះរាជបំណងរបស់ទ្រង់អាចនាំពរជ័យមកឱ្យខ្ញុំបាន នោះខ្ញុំនឹងគិតគូរ។ គ្រាន់តែប្រាប់ខ្ញុំពីរបៀបធ្វើទៅបានហើយ»។ តើអ្នករាល់គ្នាគិតថា ពួកគេអាចបំពេញតាមសេចក្ដីតម្រូវដែលព្រះជាម្ចាស់បានដាក់ចេញដែរឬទេ? (មិនអាចទេ។) ព្រះជាម្ចាស់តម្រូវតែមួយប៉ុណ្ណោះ៖ គឺត្រូវធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ កោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ក្នុងការធ្វើបែបនេះ អ្នកកំពុងតែគិតគូរដល់ព្រះរាជបំណងរបស់ទ្រង់ ហើយអាចទទួលបានព្រះពរដ៏ធំធេង។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឮដូច្នេះ ពួកគេគិតថា៖ «ខ្ញុំនិយាយលឿនពេកហើយ មិនគួរណាយកសម្ដីខ្ញុំជាការឡើយ។ ខ្ញុំគ្មានសមត្ថភាពគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទេ បំភ្លេចវាចោលទៅ។ ផ្លូវនេះមិនកើតទេ ខ្ញុំនឹងរកផ្លូវមួយទៀត»។ បន្ទាប់មក ពួកគេចាប់ផ្ដើមបញ្ចេញការខិតខំប្រឹងប្រែងទៅលើទិដ្ឋភាពផ្សេងទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេបញ្ចេញការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការស្រាវជ្រាវ និងវិភាគទិដ្ឋភាពផ្សេងទៀត ប៉ុន្តែបន្ទាប់ពីការវិភាគទាំងអស់នោះ គ្រប់យ៉ាងដែលពួកគេទទួលបានពីវា គឺគ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិមួយចំនួនប៉ុណ្ណោះ។ ដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយដោយសារតែពួកគេចាត់ទុកផលប្រយោជន៍ អនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេជាកម្មវត្ថុនៃការដេញតាមពេញមួយជីវិតរបស់ពួកគេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានក្លាយជាពាក្យដែលគ្រាន់តែនិយាយជាប់មាត់សម្រាប់ពួកគេប៉ុណ្ណោះ។ ពួកគេមិនដែលបានដកបទពិសោធសេចក្ដីអំណរណាមួយពីកិច្ចការរបស់ព្រះជាម្ចាស់ ឬការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមើលមិនឃើញពន្លឺ ហើយមិនទទួលបានការបំភ្លឺ ឬការទ្រទ្រង់ឡើយ។ អ្វីទាំងអស់ដែលពួកគេទទួលបាន គឺជាពាក្យពេចន៍ និងគោលលទ្ធិមួយចំនួន ព្រមទាំងការបើកសម្ដែង និងសេចក្ដីថ្លែងខ្លះៗអំពីអាថ៌កំបាំង និងគោលដៅប៉ុណ្ណោះ។ នៅពេលពួកគេចាត់ទុកសេចក្ដីថ្លែង និងគោលលទ្ធិទាំងនេះជាដើមទុន ពួកគេហាក់ដូចជាមានអារម្មណ៍ថា ពួកគេបានគ្រប់គ្រងលើគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ថាពួកគេធានាបាននូវគោលដៅផ្ទាល់ខ្លួនរបស់ពួកគេអ៊ីចឹង។ ទោះជាយ៉ាងណាក៏ដោយ ស្ថិតចំការបើកសម្ដែង ការជំនុំជម្រះ និងការវាយផ្ចាលជាបន្តបន្ទាប់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ថិតចំសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សនៅដំណាក់កាលផ្សេងៗគ្នា ពួកគេមានអារម្មណ៍ហាក់ដូចជាពួកគេបានបាត់បង់គោលដៅរបស់ខ្លួន ហើយមិនអាចត្រូវបានសង្គ្រោះឡើយ។ ក្នុងអំឡុងពេលនេះ ពួកគេតែងតែមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត ពួកគេមានការតស៊ូខាងផ្លូវចិត្តនៅក្នុងជម្រៅចិត្តរបស់ពួកគេជានិច្ច ដើម្បីធានាឱ្យបាននូវគោលដៅដ៏ល្អមួយ។ ពួកគេនឹងតស៊ូដោយសារតែព្រះបន្ទូលមួយឃ្លារបស់ព្រះជាម្ចាស់ ពួកគេនឹងក្លាយជាអវិជ្ជមានដោយសារតែព្រះបន្ទូលមួយឃ្លាទៀតរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងមានអារម្មណ៍សប្បាយចិត្តដោយសារតែព្រះបន្ទូលមួយឃ្លាផ្សេងទៀត។ ក៏ប៉ុន្តែ មិនថាពួកគេសប្បាយចិត្ត ឬពួកគេកំពុងតោងខ្សែជីវិតនោះទេ សម្រាប់មនុស្សបែបនេះ នេះគ្រាន់តែជារឿងមួយភ្លែតប៉ុណ្ណោះ។ ដូច្នេះ នៅទីបញ្ចប់ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនមានអារម្មណ៍ហាក់ដូចជាមនុស្សដូចជាពួកគេមិនអាចត្រូវបានសង្គ្រោះអ៊ីចឹង ពួកគេឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ទ្រង់ហាក់ដូចជាមិនសព្វព្រះហឫទ័យនឹងមនុស្សដូចជាពួកគេទេ តើពួកគេអាចទទួលបានព្រះពរដែរឬទេ? តើអនាគត និងវាសនារបស់ពួកគេជាអ្វីឱ្យប្រាកដទៅ? ពួកគេមានអារម្មណ៍ថារឿងទាំងនេះគឺជារឿងដែលមិនអាចដឹងបាន ពួកគេមិនប្រាកដប្រជាអំពីរឿងទាំងនោះឡើយ។ មកដល់ចំណុចនេះ តើពួកគេនឹងធ្វើអ្វី? តើពួកគេអាចប្រែចិត្តបានដែរឬទេ? តើពួកគេអាចបោះបង់ចោលសេចក្ដីអាក្រក់នៅក្នុងដៃរបស់ពួកគេ ងាកមកសារភាព និងប្រែចិត្តចំពោះព្រះជាម្ចាស់ ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាគ្រឹះនៃអត្ថិភាពរបស់ពួកគេ ដូចជាអ្នកក្រុងនីនីវេបានដែរឬទេ? ពួកគេមិនអាចឡើយ។ ហេតុដូច្នេះហើយ បន្ទាប់ពីការដេញតាមអស់រយៈពេលជាច្រើនឆ្នាំ ក្ដីសង្ឃឹមអស់រយៈពេលជាច្រើនឆ្នាំ និងការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេសន្និដ្ឋានថា មនុស្សដូចជាពួកគេគ្រាន់តែមិនអាចទទួលបានព្រះពរតែម្ដង គ្មានក្ដីសង្ឃឹមទាល់តែសោះ មិនមែនជាអ្នកដែលព្រះជាម្ចាស់នឹងសង្គ្រោះជាដាច់ខាត ហើយមិនអាចទទួលបានអ្វីដែលពួកគេចង់បាននោះទេ តើពួកគេនឹងធ្វើអ្វី? (ពួកគេនឹងចាកចេញពីព្រះជាម្ចាស់។)

មានពាក្យពោលខាងវិញ្ញាណមួយឃ្លាថា៖ «ខ្ញុំសច្ចាជាថ្មីថានឹងស្រឡាញ់ព្រះជាម្ចាស់៖ ខ្ញុំសូមថ្វាយរូបកាយ និងដួងចិត្តរបស់ខ្ញុំដល់ទ្រង់»។ ពាក្យពោលនេះគឺ «អស្ចារ្យ» ណាស់។ នៅពេលខ្ញុំបានឮពាក្យទាំងនេះជាលើកដំបូង ខ្ញុំមានអារម្មណ៍ដឹងយ៉ាងជ្រាលជ្រៅពី «ភាពអស្ចារ្យ» នៃភាសារបស់មនុស្សនៅក្នុងដួងចិត្តរបស់ខ្ញុំ។ មនុស្សចាត់ទុកពាក្យសម្បថរបស់ពួកគេថាមានតម្លៃណាស់ បរិសុទ្ធណាស់ និងគ្មានកន្លែងខុសទាល់តែសោះ ពួកគេចាត់ទុកការថ្វាយក្ដីស្រឡាញ់របស់ពួកគេថាបរិសុទ្ធ និងពិសិដ្ឋណាស់។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចសច្ចាជាថ្មីថានឹងស្រឡាញ់ព្រះជាម្ចាស់ ហើយថ្វាយរូបកាយ និងដួងចិត្តរបស់ពួកគេដល់ទ្រង់បានដែរឬទេ? (ពួកគេមិនអាចទេ។) ហេតុអ្វីមិនអាច? អ្នកខ្លះនិយាយថា៖ «បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនមក នៅពេលខ្ញុំឃើញថារបៀបគិតរបស់ខ្ញុំមិនដំណើរការ ឬមិនទទួលបានលទ្ធផល ខ្ញុំគ្រាន់តែសច្ចាជាថ្មីថានឹងស្រឡាញ់ព្រះជាម្ចាស់ ហើយនិយាយសាឡើងវិញនូវពាក្យសម្បថដែលខ្ញុំបានធ្វើចំពោះទ្រង់កាលពីដើម។ តើនេះមិនមែនជាការងាកត្រឡប់មកវិញទេឬ? វាមិនពិបាកទេ»។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើរឿងបែបនេះបានដែរឬទេ? (ពួកគេមិនអាចទេ។) ហេតុអ្វីបានជាពួកគេមិនអាច? តើឃ្លា «ខ្ញុំសច្ចាជាថ្មីថានឹងស្រឡាញ់ព្រះជាម្ចាស់» មិនមែនជាសេចក្ដីថ្លែងដ៏ឈ្លាសវៃបំផុតរបស់មនុស្សទេឬ? តើវាមិនមែនជាក្ដីស្រឡាញ់ដ៏អស្ចារ្យបំផុត និងបរិសុទ្ធបំផុតរបស់មនុស្សទេឬ? ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចធ្វើរឿងនេះបាន? (ពួកទទឹងនឹងព្រះគ្រីស្ទគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ឡើយ កុំថាឡើយដល់ទៅក្ដីស្រឡាញ់ពិតនោះ។ ក្ដីស្រឡាញ់របស់ពួកគេសុទ្ធតែក្លែងក្លាយ និងផ្អែកលើផលប្រយោជន៍របស់ពួកគេ។ នៅពេលដែលគ្មានផលប្រយោជន៍សម្រាប់ពួកគេទទួលបានទៀតទេ ពួកគេនឹងបែរខ្នង ហើយចាកចេញទៅ។) នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឈានដល់ចំណុចនេះ ពួកគេមានអារម្មណ៍ថាមានអ្វីម្យ៉ាងខុសប្រក្រតី ហើយថាពួកគេបានភ្នាល់ខុសហើយ។ ដើម្បីលើកស្មារតីខ្លួនឯង ពួកគេត្រូវប្រើពាក្យស្លោក ឬទ្រឹស្ដីមួយដើម្បីគាំទ្រពិភពខាងវិញ្ញាណរបស់ពួកគេ តើជាពាក្យស្លោកប្រភេទណា? «ខ្ញុំសច្ចាជាថ្មីថានឹងស្រឡាញ់ព្រះជាម្ចាស់៖ ខ្ញុំសូមថ្វាយរូបកាយ និងដួងចិត្តរបស់ខ្ញុំដល់ទ្រង់»។ នេះមានន័យថា ពួកគេនឹងចាប់ផ្ដើមម្ដងទៀតហើយ។ បើមិនដូច្នេះទេ ពួកគេនឹងមិនអាចបន្តរស់នៅបានឡើយ ហើយជំនឿរបស់ពួកគេលើព្រះជាម្ចាស់នឹងបញ្ចប់។ ព្រះជាម្ចាស់មានព្រះបន្ទូលជារៀងរាល់ថ្ងៃក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ ហើយរាល់ពេលដែលទ្រង់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់សុទ្ធតែថ្លែងអំពីសេចក្ដីពិត ព្រះបន្ទូលទាំងនោះសុទ្ធតែជាព្រះបន្ទូលដែលបើកសម្ដែងពីនិស្ស័យពុករលួយរបស់មនុស្ស ដែលទាមទារថាមនុស្សគួរតែចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងយល់ពីគោលការណ៍សេចក្ដីពិតបែបណា ព្រះបន្ទូលទាំងនោះសុទ្ធតែជាព្រះបន្ទូលទាំងនេះឯង។ ដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «ហេតុអ្វីបានជាគ្មានព្រះបន្ទូលណាមួយក្នុងចំណោមព្រះបន្ទូលទាំងនេះថ្លែងអំពីគោលដៅ ឬលើកឡើងពីរឿងនានាដែលទាក់ទងនឹងការទទួលបានព្រះពរសោះអ៊ីចឹង? តើនេះមិនមានន័យថា អនាគត និងវាសនារបស់យើងបានក្លាយជាអសារបង់នៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ទេឬ? តើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះយើងលែងមានទៀតហើយមែនទេ? ប្រសិនបើព្រះជាម្ចាស់មិនដែលលើកឡើងពីរឿងទាំងនេះទេ នោះប្រហែលជាក្ដីសង្ឃឹមរបស់យើងនឹងត្រូវរលាយបាត់ហើយ។ ប្រសិនបើក្ដីសង្ឃឹមរបស់យើងត្រូវរលាយបាត់ តើយើងគួរធ្វើដូចម្ដេចទៅ? ជារឿងងាយស្រួលតើ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនថ្លែងអ្វីសោះអំពីរឿងទាំងនេះ អ៊ីចឹង ចូរយើងប្រើវិធីសាស្ត្ររបស់មនុស្សចុះ៖ ចូរយើងសច្ចាជាថ្មីថានឹងស្រឡាញ់ព្រះជាម្ចាស់!» តើមនុស្សម្ដេចនឹងអាចមានសេចក្ដីក្លៀវក្លាដ៏អស្ចារ្យ មានក្ដីស្រឡាញ់ និងសេចក្ដីជំនឿដ៏អស្ចារ្យបែបនេះ នៅពេលពួកគេទើបតែជឿលើព្រះជាម្ចាស់ដំបូងបានទៅ? នៅពេលរឿងទាំងនេះឈានដល់ចំណុចកំពូល មនុស្សបានធ្វើការតាំងចិត្តនៅចំពោះព្រះជាម្ចាស់ ហើយបានស្បថស្បែ ដោយនិយាយថា៖ «មិនថានៅពេលណា និងកន្លែងណានៅក្នុងជីវិតនេះទេ ខ្ញុំនឹងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយថ្វាយខ្លួនខ្ញុំដល់ទ្រង់ដោយគ្មានការត្អូញត្អែរ ឬការស្ដាយក្រោយឡើយ។ មិនថាភ្លៀង ឬរាំង មិនថាមានរឿងល្អ ឬអាក្រក់ មិនថាខ្ញុំឈឺ ហើយមិនថាមានទុក្ខវេទនាយ៉ាងណាក៏ដោយ ខ្ញុំនឹងដើរតាមទ្រង់រហូតដល់ទីបញ្ចប់ រហូតដល់សមុទ្ររីងស្ងួត ហើយផ្ទាំងថ្មក្លាយជាធូលីដី។ ប្រសិនបើខ្ញុំបំពានពាក្យសម្បថនេះ ខ្ញុំនឹងត្រូវរន្ទះបាញ់ពីស្ថានសួគ៌ ហើយខ្ញុំនឹងមិនមានគោលដៅល្អឡើយ»។ ហេតុអ្វីបានជាពេលនេះ ពាក្យសម្បថរបស់ពួកគេបាត់បង់អស់អ៊ីចឹង? ពួកគេមានអារម្មណ៍ថា គឺដោយសារតែពេលវេលាកន្លងផុតទៅយូរពេក ហើយវាបានធ្វើឱ្យសេចក្ដីជំនឿ និងក្ដីស្រឡាញ់របស់ពួកគេសាបរលាប។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «មិនបានទេ ខ្ញុំត្រូវតែលើកស្មារតីខ្លួនឯង។ ខ្ញុំត្រូវតែស្រស់ស្រាយ និងរស់រវើក ហើយមានសេចក្ដីជំនឿ និងសេចក្ដីក្លៀវក្លាឱ្យដូចកាលពីពេលនោះដែរ។ ខ្ញុំត្រូវយកមកវិញនូវសេចក្ដីប្រាថ្នារបស់ខ្ញុំ គោលដៅរបស់ខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំក្នុងការទទួលបានព្រះពរ។ បែបនោះ តើសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ និងក្ដីស្រឡាញ់របស់ខ្ញុំចំពោះទ្រង់ នឹងមិនអស្ចារ្យដូចពីមុនទេឬ? តើការលះបង់ពិតប្រាកដរបស់ខ្ញុំចំពោះទ្រង់ នឹងមិនដូចពីមុនទេឬ?» ទោះជាយ៉ាងនេះក្ដី មិនថាមនុស្សដែលមិនដេញតាមសេចក្ដីពិតទាល់តែសោះ តស៊ូនៅក្នុងជម្រៅចិត្តរបស់ពួកគេខ្លាំងប៉ុនណា ឬនឹកឃើញដល់សេចក្ដីជំនឿ និងសេចក្ដីក្លៀវក្លាពីដើមរបស់ពួកគេចំពោះព្រះជាម្ចាស់ខ្លាំងប៉ុនណានោះទេ ក៏នេះមិនអាចផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នរបស់ពួកគេបានឡើយ។ តើស្ថានភាពនេះជាអ្វី? នៅពេលអនាគត និងវាសនារបស់ពួកគេក្លាយជាអសារបង់ នៅពេលអនាគត និងវាសនារបស់ពួកគេរសាត់ទៅឆ្ងាយពីពួកគេកាន់តែខ្លាំងឡើងៗ នៅពេលបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរស្ទើរតែត្រូវខ្ទេចខ្ទី ហើយនៅពេលគំនិតដែលមានក្ដីសង្ឃឹម និងបំណងប្រាថ្នាទាំងអស់របស់ពួកគេមិនអាចក្លាយជាការពិត វាប្រែជាពិបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការបន្តតស៊ូ វាឈឺចាប់ខ្លាំងណាស់សម្រាប់ពួកគេនៅក្នុងជម្រៅចិត្តរបស់ពួកគេ ក្នុងការបន្តតស៊ូតាមរបៀបនេះ។ ពួកគេឧស្សាហ៍ជួបប្រទះសភាព និងអារម្មណ៍មួយ ដែលហាក់ដូចជាពួកគេលែងអាចទ្រាំទ្របានទៀតហើយ។ ពួកគេច្រើនតែទន្ទឹងរង់ចាំពេលដែលកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់ ដើម្បីឱ្យពួកគេអាចសោយសុខនឹងព្រះពរនៃនគរស្ថានសួគ៌។ អ្នកខ្លះថែមទាំងសង្ឃឹមថា៖ «សូមឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់បញ្ចប់ទៅ សូមឱ្យភយន្តរាយដ៏ធំសម្បើមឆាប់ធ្លាក់ចុះមក ប្រសិនបើមេឃធ្លាក់ចុះមក មនុស្សគ្រប់គ្នានឹងស្លាប់ គ្មាននរណាម្នាក់គួររំពឹងចង់បានលទ្ធផលល្អឡើយ។ ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ នោះក៏មិនគួរមាននរណាម្នាក់ទទួលបានដែរ!» នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនសង្ឃឹមឱ្យនគររបស់ព្រះជាម្ចាស់មកដល់ទេ ពួកគេមិនសង្ឃឹមឱ្យកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ឡើយ ហើយពួកគេក៏មិនសង្ឃឹមឱ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ នៅទីបំផុតទទួលបានសិរីល្អ ឬឱ្យព្រះជាម្ចាស់ទទួលបានអ្នកយកឈ្នះក្នុងចំណោមមនុស្សជាតិ និងដឹកនាំមនុស្សជាតិទៅកាន់គោលដៅដ៏ស្រស់បំព្រងឡើយ ពួកគេមិនសង្ឃឹមចង់បានរឿងទាំងនេះទេ។ ផ្ទុយទៅវិញ នៅពេលបំណងប្រាថ្នាទាំងអស់របស់ពួកគេសម្រាប់ព្រះពរកំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេដាក់បណ្ដាសាកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេស្អប់ខ្ពើមកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេស្អប់ខ្ពើមព្រះបន្ទូលរបស់ទ្រង់។

សម្រាប់មនុស្សមួយចំនួននៅពេលនេះ បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមក ពួកគេកាន់តែស្ដាប់ ពួកគេកាន់តែយល់ ចិត្តរបស់ពួកគេកាន់តែច្បាស់លាស់ឡើង ហើយពួកគេកាន់តែចង់ស្ដាប់។ ផ្ទុយទៅវិញ មនុស្សផ្សេងទៀតមានអារម្មណ៍កាន់តែខ្ពើមរអើម កាលណាពួកគេកាន់តែស្ដាប់សេចក្ដីអធិប្បាយ។ ពេលដែលពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ផ្នែកជាអារក្សរបស់ពួកគេក៏បញ្ចេញឱ្យឃើញពីខ្លួនវា។ ពេលដែលពួកគេស្ដាប់ព្រះជាម្ចាស់ទាក់ទងពីសេចក្ដីពិត ហើយវាប៉ះចំនិស្ស័យពុករលួយរបស់មនុស្សភ្លាម ផ្នត់គំនិតបះបោររបស់ពួកគេក៏លេចឡើង ហើយភាពខ្ពើមរអើមរបស់ពួកគេក៏ចេញមកទាំងស្រុងតែម្ដង តើពួកគេធ្វើរឿងនេះដល់កម្រិតណា? អ្នកខ្លះដាក់បណ្ដាសានៅក្នុងចិត្តរបស់ពួកគេ៖ ពួកគេដាក់បណ្ដាសាព្រះជាម្ចាស់ ដាក់បណ្ដាសាសេចក្ដីពិត ដាក់បណ្ដាសាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៃពួកជំនុំ ហើយដាក់បណ្ដាសាអស់អ្នកដែលដេញតាមសេចក្ដីពិតកាន់តែខ្លាំង។ នៅពេលពួកគេឃើញមនុស្សប្រភេទនោះ ពួកគេមិនចូលចិត្តអ្នកទាំងនោះទេ ហើយចង់វាយប្រហារអ្នកទាំងនោះ។ នៅពេលពួកគេឃើញមនុស្សបែបនេះអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រិះរិះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេដាក់បណ្ដាសានៅក្នុងចិត្តរបស់ពួកគេ រហូតដល់ពួកគេហត់នឿយ និងមានអារម្មណ៍ងងុយដេក។ ហេតុដូច្នេះហើយ ភ្នែករបស់មនុស្សមួយចំនួនភ្លឺឡើង ពេលដែលពួកគេឮការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ចំណែកឯនៅពេលអ្នកផ្សេងទៀតឮការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬឮនរណាម្នាក់និយាយថា ពួកគេទទួលបានពន្លឺខ្លះៗពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គំនិតរបស់ពួកគេក្លាយជាច្របូកច្របល់ ការគិតរបស់ពួកគេក្លាយជាមិនច្បាស់លាស់ ហើយស្មារតីរបស់ពួកគេក៏ធ្លាក់ចុះ។ ចិត្តរបស់ពួកគេមានអារម្មណ៍ថប់ដង្ហើមយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចដកដង្ហើមបាន ហើយពួកគេតែងតែប្រាថ្នាចង់ចេញទៅក្រៅដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ។ ប៉ុន្តែនៅពេលអ្នកប្រកបគ្នាអំពីរឿងដូចជា អនាគត និងវាសនា ព្រះពររបស់ព្រះជាម្ចាស់ ពេលណាកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់ និងអាថ៌កំបាំងនានា មិនថាបន្ទប់នោះតូចប៉ុនណា ឬខ្យល់អាកាសអាក្រក់ប៉ុនណានោះទេ ក៏ពួកគេមិនចេញទៅក្រៅដើម្បីស្រូបខ្យល់អាកាស ឬងងុយដេកឡើយ ពួកគេប្រុងត្រចៀក ហើយស្ដាប់យ៉ាងយកចិត្តទុកដាក់។ វាមិនសំខាន់ទេថាអ្នកនិយាយយូរប៉ុនណា ទោះបីជាពួកគេត្រូវអត់ងងុយ ឬអត់អាហារក៏ដោយ។ នៅពេលអ្នកជឿថ្មីមួយចំនួនបានទាក់ទងមកខ្ញុំ ខ្ញុំបានប្រកបគ្នាជាមួយពួកគេអំពីសភាពរបស់មនុស្ស និងរបៀបដែលមនុស្សគួរដេញតាមសេចក្ដីពិត ប៉ុន្តែពួកគេមិនយល់ទេ ហើយបានសួរខ្ញុំថា តើខ្ញុំអាចនិយាយអំពីអាថ៌កំបាំងខ្លះៗបានដែរឬទេ។ ខ្ញុំបាននិយាយថា៖ «អ្នកចង់ឮអំពីអាថ៌កំបាំងមែនទេ? អ៊ីចឹង ចាំខ្ញុំប្រាប់អ្នកពីការពិតមួយសិន។ អស់អ្នកដែលសួរដេញដោលជាប់ជានិច្ចអំពីអាថ៌កំបាំង និងតែងតែយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវរឿងទាំងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាមនុស្សមិនល្អទេ។ ពួកគេសុទ្ធតែជាពួកអ្នកមិនជឿ និងជាពួកផារិស៊ី»។ អ្នកជឿថ្មីទាំងនោះគាំងនិយាយលែងចេញចំពោះការឆ្លើយតបរបស់ខ្ញុំ ហើយខ្មាសអៀនពេកមិនហ៊ានសួរដេញដោលបន្ថែមទៀតទេ ប៉ុន្តែពួកគេបានរកឱកាសសួរម្ដងទៀតនៅពេលក្រោយ ហើយខ្ញុំក៏បានឆ្លើយតបទៅពួកគេតាមរបៀបដដែល។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះរបៀបដែលខ្ញុំបានឆ្លើយតបទៅពួកគេ? (វាល្អណាស់។ វាអាចជួយពួកគេឱ្យឆ្លុះបញ្ចាំងពីខ្លួនឯងបាន។) តើពួកគេនឹងឆ្លុះបញ្ចាំងដែរឬទេ? ពួកគេនឹងមិនឆ្លុះបញ្ចាំងឡើយ។ ចុះតើអ្នកអាចជួយពួកគេដោយរបៀបណា? គ្រាន់តែប្រាប់ពួកគេថា៖ «អាថ៌កំបាំងមិនមែនជាជីវិត ឬជាសេចក្ដីពិតឡើយ។ មិនថាអ្នកយល់ពីអាថ៌កំបាំងច្រើនប៉ុនណានោះទេ ក៏វាមិនស្មើនឹងការដែលអ្នកយល់ពីសេចក្ដីពិតឡើយ។ សូម្បីតែការស្វែងយល់ដឹងពីអាថ៌កំបាំងគ្រប់យ៉ាង ក៏មិនស្មើនឹងការដែលអ្នកអាចទៅស្ថានសួគ៌ ឬមានគោលដៅដ៏ល្អដែរ»។ តើអ្នកគិតយ៉ាងណាដែរចំពោះការជួយពួកគេដោយប្រើពាក្យទាំងនេះ? តើនេះមិនមែនជាការពន្យល់ពីរឿងនេះបានយ៉ាងល្អឥតខ្ចោះទេឬ? នៅពេលមនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ ស្រឡាញ់សេចក្ដីពិត និងដេញតាមសេចក្ដីពិត ឮពាក្យទាំងនេះ ពួកគេនិយាយថា៖ «ខ្ញុំស្មានថាអាថ៌កំបាំងគឺជាជីវិត ប៉ុន្តែឥឡូវនេះ ដោយសារខ្ញុំដឹងថាវាមិនមែនទេ ខ្ញុំនឹងមិនស្រាវជ្រាវពីវាទៀតឡើយ។ ដូច្នេះ តើជីវិតជាអ្វីទៅ?» នេះបង្ហាញថា ពួកគេបានយល់បន្តិចបន្តួចហើយ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទទទួលបានជំនួយដែរឬទេ បន្ទាប់ពីបានឮពាក្យទាំងនេះ? តើពួកគេផ្លាស់ប្រែដែរឬទេ? ពួកគេមិនអាចផ្លាស់ប្រែបានឡើយ។ ពួកគេមិនឃើញមានអត្ថប្រយោជន៍ណាមួយនៅក្នុងពាក្យទាំងនេះទេ ពួកគេជឿថាគ្មានព្រះពរនៅក្នុងពាក្យទាំងនេះឡើយ ថាពាក្យទាំងនេះមិនពាក់ព័ន្ធនឹងអនាគត និងវាសនារបស់ពួកគេទេ ថាពាក្យទាំងនេះមិនទាក់ទង និងមិនផ្សារភ្ជាប់ទៅនឹងអនាគត និងវាសនារបស់ពួកគេឡើយ ហើយថាពាក្យទាំងនេះគ្មានប្រយោជន៍ទេ ដូច្នេះ ពួកគេមិនអាចទទួលយកពាក្យទាំងនេះបានឡើយ។ ដូច្នេះ តើការប្រកបគ្នាបែបណាដែលផ្សារភ្ជាប់ទៅនឹងអនាគត និងវាសនារបស់ពួកគេ? ឧទាហរណ៍ អ្នកអាចនិយាយថា៖ «សព្វថ្ងៃនេះ មានបាតុភូតចម្លែកៗជាច្រើនលេចឡើងនៅក្នុងពិភពលោក។ នៅកន្លែងខ្លះ ព្រះចន្ទបួនដួងបានលេចឡើង ហើយព្រះចន្ទឈាមត្រូវបានគេសង្កេតឃើញជាច្រើនដង។ បាតុភូតសួគ៌ាចម្លែកៗកើតមានឡើងជារឿយៗ។ គ្រោះកាច និងមហន្តរាយផ្សេងៗក៏បានលេចឡើងនៅក្នុងពិភពមនុស្សផងដែរ ហើយនៅកន្លែងខ្លះ មនុស្សបាននិងកំពុងស៊ីសាច់មនុស្សដូចគ្នា។ បើមើលតាមស្ថានការណ៍នេះ យើងបានមកដល់ពេលវេលានៃចាន និងគ្រោះកាច ដែលត្រូវបានព្យាករទុកនៅក្នុងគម្ពីរវិវរណៈរួចទៅហើយ»។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឮពាក្យទាំងនេះ ភ្នែករបស់ពួកគេភ្លឺឡើង ហើយត្រចៀករបស់ពួកគេប្រុងស្ដាប់។ ពួកគេត្រេកអរថា៖ «សំណាងល្អហើយដែលខ្ញុំកើតមកក្នុងយុគសម័យនេះ។ ខ្ញុំអាចទទួលបានព្រះពរដ៏ធំធេង។ ខ្ញុំពិតជាឆ្លាតមែន! ខ្ញុំមិនបានជ្រើសរើសដេញតាមរឿងលោកីយ៍ឡើយ។ ខ្ញុំបានបោះបង់អនាគតខាងលោកីយ៍ និងគ្រួសាររបស់ខ្ញុំ ដើម្បីដើរតាមដំណាក់កាលនេះនៃកិច្ចការរបស់ព្រះជាម្ចាស់ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចដើរតាមរហូតមកដល់ពេលនេះ។ ថ្ងៃរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ។ ដោយផ្អែកលើស្ថានការណ៍នេះ ហាក់ដូចជាថា ខ្ញុំនឹងអាចរស់ដល់ថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ មុនពេលខ្ញុំស្លាប់។ នៅថ្ងៃនោះ ខ្ញុំប្រាកដជាមនុស្សម្នាក់ក្នុងចំណោមអស់អ្នកដែលត្រូវបានទ្រង់សង្គ្រោះមិនខាន។ អស្ចារ្យមែន!»។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេលួចត្រេកអរដែលពួកគេបានជ្រើសរើសផ្លូវត្រូវ រកឃើញទ្វារត្រូវ និងបានលះបង់ខ្លះៗ។ ពួកគេក៏ត្រេកអរផងដែរដែលពួកគេបានដើរតាមរហូតមកដល់ចំណុចនេះដោយមិនបោះបង់ចោល ថាពួកគេនៅតែស្ថិតក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយមិនបានបង្កបញ្ហាអ្វី ឬត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញឡើយ។ ដូច្នេះ ចាប់ពីពេលនោះមក តើពួកគេនឹងអនុវត្តសេចក្ដីពិត ឬបន្តប្រកាន់ខ្ជាប់នូវក្ដីសង្ឃឹមដដែលនេះទេ? អាកប្បកិរិយានៅក្នុងជម្រៅចិត្តរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះហើយ នៅពេលពួកគេរកឃើញផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេជឿថាបានសម្រេច ពួកគេមានអារម្មណ៍ហាក់ដូចជាពួកគេបានរកឃើញកំណប់អ៊ីចឹង។ ពួកគេមានអារម្មណ៍ភ្លាមៗថា ពួកគេមានភ័ព្វសំណាង ថាពួកគេបានជ្រើសរើសផ្លូវត្រូវ បានចូលទ្វារត្រូវ និងបានជ្រើសរើសព្រះជាម្ចាស់ត្រូវ ហើយថាពួកគេគឺជាមនុស្សមានប្រាជ្ញា និងជាស្ត្រីក្រមុំមានប្រាជ្ញា។ «សំណាងហើយ ដែលខ្ញុំបានបោះបង់ការងាររបស់ខ្ញុំកាលពីពេលនោះ។ ខ្ញុំបានធ្វើការជ្រើសរើសត្រឹមត្រូវហើយ។ ម្ដេចបានជាខ្ញុំឆ្លាតម្ល៉េះ? ប្រសិនបើខ្ញុំមិនប្រយ័ត្នប្រយែងកាលពីពេលនោះទេ ខ្ញុំប្រហែលជាបាត់បង់ព្រះពរនៅពេលនេះហើយ។ ខ្ញុំត្រូវបន្តប្រយ័ត្នប្រយែងនៅថ្ងៃអនាគត ហើយលះបង់ជីវិតរបស់ខ្ញុំមកតស៊ូដើម្បីអនាគត និងវាសនារបស់ខ្ញុំ»។ តើសារជាតិអ្វីខ្លះរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលអ្នករាល់គ្នាឃើញនៅក្នុងរឿងនេះ? តើមនុស្សទាំងនេះមិនមែនជាពួកឆ្លៀតឱកាសទេឬ? ពួកគេគ្មានជំនឿពិតប្រាកដលើព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ ឬកិច្ចការរបស់ទ្រង់ឡើយ។ ពួកគេគឺជាពួកឆ្លៀតឱកាស ជាមនុស្សដែលបានលួចចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សទាំងនេះគ្រាន់តែជាអ្នកអង្គុយបំពេញកៅអីជានិច្ច ដោយបណ្ដោយឱ្យពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ ពួកគេរាប់ម្រាមដៃរបស់ពួកគេថាតើពួកគេបានដើរតាមព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយ តម្លៃដែលពួកគេបានលះបង់ រឿងដ៏អស្ចារ្យដែលពួកគេបានធ្វើ កិច្ចការរបស់ព្រះជាម្ចាស់ដែលពួកគេបានដកបទពិសោធដោយផ្ទាល់ និងជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ដែលពួកគេមានការយល់ដឹងខ្លះៗ។ ពួកគេគិតគូរពីរឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេពេញមួយថ្ងៃ ម្ដងហើយម្ដងទៀត ដោយទុកចោលរឿងដែលសំខាន់បំផុត ដែលជារឿងនៃសេចក្ដីពិត និងជីវិត។ ពួកគេជឿលើព្រះជាម្ចាស់ដើម្បីតែទទួលបានព្រះពរប៉ុណ្ណោះ នេះគឺជាការឆ្លៀតឱកាស។ គ្មានព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ ឬចំណេះដឹងតាមរយៈបទពិសោធរបស់នរណាម្នាក់ អាចផ្លាស់ប្ដូរអាកប្បកិរិយាឆ្លៀតឱកាសរបស់ពួកគេបានឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺបែបនេះឯង។ ពួកគេនឹងមិនធ្វើសម្បទានណាមួយឡើយជាដាច់ខាត នៅពេលនិយាយដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងមិនផ្លាស់ប្ដូរទស្សនៈរបស់ខ្លួន ផ្លាស់ប្ដូរទិសដៅ និងគោលដៅនៃផ្លូវដែលពួកគេកំពុងដើរ ឬផ្លាស់ប្ដូរគោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់ពួកគេ ដើម្បីអនាគត និងវាសនារបស់ពួកគេឡើយ។ ពួកគេនឹងមិនអនុវត្តព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ដើម្បីអនាគត និងវាសនារបស់ពួកគេឡើយ សូម្បីតែមួយឃ្លាក៏ដោយ។ អ្នកខ្លះនិយាយថា៖ «ពួកគេពិតជាអនុវត្តព្រះបន្ទូលខ្លះៗម្ដងម្កាលមែន ដូចជាតាមរយៈការលះបង់រឿងរ៉ាវ ឬការលះបង់ខ្លួន»។ មិនថាពួកគេអនុវត្តអ្វីនោះទេ ពួកគេធ្វើដូច្នេះដោយផ្អែកលើលក្ខខណ្ឌដែលថា ពួកគេមានអនាគត និងវាសនា ហើយអាចទទួលបានព្រះពរ។ មិនថាពួកគេអនុវត្តសេចក្ដីពិតអ្វីនោះទេ ក៏វាត្រូវបានលាយឡំ និងធ្វើឡើងដោយមានបំណង និងគោលដៅ។ នេះគឺខុសគ្នាស្រឡះពីការអនុវត្តដែលព្រះជាម្ចាស់តម្រូវ។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេភាគច្រើនប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីស្វែងរកគោលដៅរបស់ពួកគេ និងអាថ៌កំបាំងនានា ព្រមទាំងខ្លឹមសារដែលទាក់ទងនឹងពេលណាកិច្ចការ និងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងបញ្ចប់ ហើយពេលណាភយន្តរាយនឹងធ្លាក់ចុះមក និងរឿងផ្សេងៗទៀត។ ដើម្បីតែគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេអាចពុះពារយ៉ាងខ្លាំង និងធ្វើរឿងជាច្រើន។ ដូច្នេះ នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ ហើយភយន្តរាយដ៏ធំសម្បើមធ្លាក់ចុះមក ថាតើរឿងអ្វីដែលពួកគេបានធ្វើ តម្លៃដែលពួកគេបានលះបង់ និងរឿងអ្វីដែលពួកគេបានបោះបង់ចោល អាចដោះដូរយកព្រះពរដែលពួកគេប្រាថ្នាចង់បានដែរឬទេ ហើយថាតើពួកគេអាចជៀសផុតពីការរងទុក្ខនៃភយន្តរាយបានដែរឬទេ នេះហើយគឺជាអ្វីដែលពួកគេចង់ដឹង និងជាអ្វីដែលពួកគេខ្វល់ខ្វាយ។ ពេញដំណើរការទាំងមូលនៃការសិក្សារបស់ពួកគេលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាវាត្រូវចំណាយពេលប៉ុន្មានឆ្នាំនោះទេ ពួកគេខ្វល់ខ្វាយតែពីអនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ការផ្ដោតអារម្មណ៍របស់ពួកគេក្នុងពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងខ្លឹមសារដែលពួកគេស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែមានសញ្ញា និងលក្ខណៈពិសេសមួយចំនួន។ ជាទូទៅ ក្នុងរយៈពេលប្រាំមួយខែ ឬមួយឆ្នាំដំបូង អ្នកជឿថ្មីស្វែងរកប្រធានបទបែបនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែបន្ទាប់ពីប្រាំមួយខែ ឬមួយឆ្នាំបានកន្លងផុតទៅ មនុស្សមួយចំនួនឃើញថា ពួកគេធ្លាប់បានអានផ្នែកទាំងនេះពីមុនមករួចអស់ទៅហើយ ហើយពួកគេយល់ថា វាមិនមានន័យអ្វីទេក្នុងការស្រាវជ្រាវរឿងទាំងនេះបន្ថែមទៀត ថាផ្នែកទាំងនោះមិនអាចធ្វើឱ្យមនុស្សចូលទៅក្នុងសេចក្ដីពិតបានឡើយ ហើយថាផ្នែកទាំងនោះថែមទាំងអាចប៉ះពាល់ និងរំខានពួកគេពីការចូលទៅក្នុងសេចក្ដីពិតទៀតផង ដូច្នេះ ពួកគេមិនអានផ្នែកទាំងនេះទៀតទេ។ សម្រាប់ពួកគេ គ្រាន់តែមើលផ្នែកទាំងនោះម្ដងម្កាល និងយល់ពីផ្នែកទាំងនោះ គឺគ្រប់គ្រាន់ហើយ។ ពេលវេលាដែលនៅសេសសល់ ពួកគេត្រិះរិះថា៖ «តើខ្ញុំអាចចូលទៅក្នុងសេចក្ដីពិតដោយរបៀបណា? មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនដែលបើកសម្ដែងពីមនុស្សជាតិ។ ព្រះបន្ទូលទាំងនោះបើកសម្ដែងពីសេចក្ដីបញ្ឆោត ទង្វើបះបោរ និងនិស្ស័យក្រអឺតក្រទមរបស់មនុស្ស ព្រះបន្ទូលទាំងនោះបើកសម្ដែងពីសញ្ញាណសាសនាផ្សេងៗ និងអាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់។ លើសពីនេះទៅទៀត ព្រះបន្ទូលទាំងនោះបើកសម្ដែងពីការបង្ហាញចេញផ្សេងៗនៃភាពជាមនុស្សមិនធម្មតារបស់មនុស្ស។ ដូច្នេះ តើខ្ញុំអាចស្វែងរកអ្វីដែលមនុស្សគួរអនុវត្តចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា?» មនុស្សដែលស្រឡាញ់ និងដេញតាមសេចក្ដីពិត ផ្ដោតការខិតខំប្រឹងប្រែងរបស់ពួកគេទៅលើរឿងទាំងនេះ។ ពួកគេឧស្សាហ៍សួរអំពីបញ្ហាជាក់ស្ដែងនៅក្នុងជីវិតពិតរបស់ពួកគេ ដែលពួកគេត្រូវយល់ និងចូលទៅក្នុង ដូចជា៖ «តើយើងគួរធ្វើអ្វីបន្តទៀត ហើយតើយើងគួរអនុវត្តដោយរបៀបណា? បន្ទាប់ពីជឿលើព្រះជាម្ចាស់ យើងប្រាកដជាខុសពីអ្នកគ្មានជំនឿ និងមនុស្សដែលមានជំនឿសាសនាហើយ ដូច្នេះ តើការផ្លាស់ប្ដូរបែបគុណភាពអ្វីខ្លះដែលគួរតែកើតឡើងនៅក្នុងជីវិតរបស់យើង? បើនិយាយពីការប្រព្រឹត្តខ្លួន និងការប្រព្រឹត្តក្នុងលោកីយ៍ តើយើងគួរនិយាយ និងប្រព្រឹត្តយ៉ាងដូចម្ដេច តើយើងគួរប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយរបៀបណា ហើយតើយើងគួរអនុវត្តសេចក្ដីពិតដោយរបៀបណា?» ក៏ប៉ុន្តែ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទជឿអស់រយៈពេល ១០ ឆ្នាំ ២០ ឆ្នាំឬ ៣០ ឆ្នាំក៏ដោយ ក៏ពួកគេនឹងមិនដែលសួរសំណួរទាំងនេះឡើយ។ ពួកគេសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វែងរកក្ដីសង្ឃឹមក្នុងការទទួលបានព្រះពរ និងស្វែងរកគោលដៅរបស់ពួកគេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទោះបីជាពួកគេស្វែងរកអស់រយៈពេល ២០ ឆ្នាំឬ ៣០ ឆ្នាំ ក៏ពួកគេនឹងមិនធុញទ្រាន់នឹងការធ្វើបែបនេះដែរ។ ពេលដែលមានសញ្ញានៃបញ្ហាសូម្បីតែបន្តិចភ្លាម ពួកគេប្រញាប់ស្វែងរកខ្លឹមសារដែលទាក់ទងនឹងគោលដៅរបស់ពួកគេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្ទាប់មកវាយតម្លៃថាតើអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពួកគេអាចជាអ្វី ដោយផ្អែកលើជំនឿបច្ចុប្បន្នរបស់ពួកគេ។ ពួកគេហាក់ដូចជាវិនិច្ឆ័យគោលដៅរបស់ពួកគេតាមវដ្ដ និងរយៈពេលអ៊ីចឹង។ ពួកគេនឹងមិនផ្លាស់ប្ដូរគំនិត និងអាកប្បកិរិយារបស់ពួកគេ ហើយងាកមកដេញតាមសេចក្ដីពិត ដោយសារតែការផ្លាស់ប្ដូរនៅក្នុងរបៀបធ្វើការរបស់ព្រះជាម្ចាស់ ឬការសម្ដែងចេញនូវបំណងព្រះហឫទ័យផ្ទាល់របស់ទ្រង់ចំពោះមនុស្សជាតិឡើយ។ ពួកគេនឹងមិនធ្វើរឿងបែបនេះជាដាច់ខាត។ ហេតុដូច្នេះហើយ មនុស្សមួយចំនួនដែលបានជឿអស់រយៈពេល ២០ ឆ្នាំឬ ៣០ ឆ្នាំ នៅតែផ្ដោតការខិតខំប្រឹងប្រែងរបស់ពួកគេទៅលើអាថ៌កំបាំងទាំងនោះ និងប្រធានបទទាំងនោះដែលព្រះជាម្ចាស់បានលើកឡើង ដែលពាក់ព័ន្ធនឹងវាសនា និងគោលដៅរបស់មនុស្សជាតិ។ តើមនុស្សមួយចំនួនផ្ដោតការខិតខំប្រឹងប្រែងរបស់ពួកគេដល់កម្រិតណា? ពួកគេនិយាយថា៖ «នៅពេលខ្ញុំប្រៀបធៀបផ្នែកនីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញអាថ៌កំបាំងដ៏អស្ចារ្យបំផុត។ នៅពេលព្រះគ្រីស្ទចាកចេញពីផែនដី វានឹងកើតឡើងនៅរដូវផ្ការីក»។ តើអ្នករាល់គ្នាគិតថាខ្ញុំមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮដូច្នេះ? តើខ្ញុំមានអារម្មណ៍សប្បាយចិត្ត ឬក៏សោកសៅ? ខ្ញុំមិនមានអារម្មណ៍សប្បាយចិត្ត ហើយក៏មិនសោកសៅដែរ។ ខ្ញុំគិតថាវាជារឿងគួរឱ្យអស់សំណើច។ ពិតជាមានមនុស្សដែលផ្ដោតការខិតខំប្រឹងប្រែងរបស់ពួកគេទៅលើរឿងនេះមែន រហូតដល់ថ្នាក់ពួកគេដឹងពីរដូវកាលជាក់លាក់ទៀតផង។ ប្រសិនបើពួកគេអាចឈានទៅមុខមួយជំហានទៀត ហើយរកឃើញពេលវេលាជាក់លាក់ រហូតដល់ថ្នាក់ពួកគេដឹងជាក់ច្បាស់ដល់នាទី និងវិនាទីនោះ ពួកគេពិតជា «មនុស្សពូកែ» មែនហើយ! ការដែល «មនុស្សពូកែ» បែបនេះអាចរកឃើញអ្វីម្យ៉ាងដែលសូម្បីតែខ្ញុំផ្ទាល់ក៏មិនដឹងផងនោះ ពិតជាគួរឱ្យអស់សំណើច និងគួរឱ្យក្រេវក្រោធមែន។ ហេតុអ្វីបានជាវាគួរឱ្យអស់សំណើច? គ្មានមនុស្សណាម្នាក់ដឹងពីពេលវេលាជាក់លាក់ដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាមឡើយ សូម្បីតែសាតាំងក៏មិនដឹងរឿងនេះដែរ។ តើព្រះជាម្ចាស់នឹងបណ្ដោយឱ្យមនុស្សណាម្នាក់ដឹងពីរឿងដែលសូម្បីតែសាតាំងក៏មិនដឹងដែរឬទេ? ជាការពិតណាស់ គឺមិនបណ្ដោយឱ្យបែបនោះឡើយ។ ដូចគ្នានេះដែរ នៅពេលនិយាយដល់ពេលវេលាដែលព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ហើយនៅពេលដែលសាច់ឈាមរបស់ទ្រង់នឹងបញ្ចប់កិច្ចការនៅលើផែនដី ហើយចាកចេញទៅ តើនេះជារឿងដែលព្រះជាម្ចាស់នឹងមានព្រះបន្ទូលប្រាប់នរណាម្នាក់ដែរឬទេ? តើមានហេតុផលដែលត្រូវឱ្យមនុស្សគ្រប់គ្នាដឹងពីរឿងនេះដែរឬទេ? (មិនមានទេ។) តើព្រះជាម្ចាស់នឹងភ្លាត់ព្រះឱស្ឋមានព្រះបន្ទូលពីរឿងអ្វីដែលទ្រង់មិនចង់ឱ្យមនុស្សដឹង នៅពេលទ្រង់មានព្រះបន្ទូលដែរឬទេ? ដាច់ខាតគឺមិនអាចឡើយ។ ប៉ុន្តែមនុស្សមួយចំនួនពិតជានិយាយថា ពួកគេបានរកឃើញពេលវេលាដែលព្រះជាម្ចាស់នឹងចាកចេញពីផែនដីនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ពួកគេថែមទាំងនិយាយថា វានឹងកើតឡើងនៅរដូវផ្ការីក។ តើនេះមិនចម្លែកទេឬ? តើវាមិនគួរឱ្យអស់សំណើចទេឬ? តើមនុស្សទាំងនេះផ្អែកសេចក្ដីថ្លែងនេះលើព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់? នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលអំពីការធ្វើអ្វីមួយនៅរដូវផ្ការីក ទ្រង់ប្រហែលជាសំដៅទៅលើរឿងអ្វីផ្សេង។ តើទ្រង់អាចសំដៅទៅលើរឿងនេះដែរឬទេ? តើពួកគេម្ដេចនឹងអាចទាញភ្ជាប់វាទៅនឹងរឿងនេះបានទៅ? ព្រះជាម្ចាស់នឹងមានព្រះបន្ទូលប្រាប់មនុស្សយ៉ាងច្បាស់លាស់ និងជាក់លាក់នូវអ្វីដែលទ្រង់ចង់ឱ្យពួកគេដឹង។ មនុស្សនឹងមិនអាចយល់ពីអ្វីដែលទ្រង់មិនចង់ឱ្យពួកគេដឹងឡើយ មិនថាពួកគេស្រាវជ្រាវច្រើនប៉ុនណាក៏ដោយ។ វាមិនអាចទៅរួចទេសម្រាប់មនុស្សជាតិក្នុងការដឹងរឿងបែបនេះ។ មនុស្សទាំងនេះនិយាយថាពួកគេដឹង ហើយថាការស្រាវជ្រាវរបស់ពួកគេទទួលបានលទ្ធផល។ ពួកគេថែមទាំងផ្ដល់ពេលវេលាជាក់លាក់ទៀតផង។ តើនេះមិនមែនជានិយាយផ្ដេសផ្ដាសទេឬ? នេះគឺជាការបំភាន់មនុស្ស រំខានដល់គំនិតរបស់ពួកគេ និងបង្អាក់ដល់និមិត្តរបស់ពួកគេ។ នេះមកពីសាតាំង ហើយដាច់ខាតមិនមែនជាការបំភ្លឺពីព្រះជាម្ចាស់ឡើយ។ ទ្រង់នឹងមិនបំភ្លឺមនុស្សអំពីរឿងនេះទេ។ វាគ្មានប្រយោជន៍ទេសម្រាប់ពួកគេក្នុងការដឹងពីរឿងនេះ។ ព្រះជាម្ចាស់ដាច់ខាតនឹងមិនភ្លាត់ព្រះឱស្ឋមានបន្ទូលដោយចៃដន្យពីរឿងអ្វីដែលទ្រង់មិនចង់ឱ្យមនុស្សដឹងឡើយ។ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថាវាគួរឱ្យអស់សំណើច។ ដូច្នេះ ហេតុអ្វីបានជាវាគួរឱ្យក្រេវក្រោធ? (ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត ដើម្បីឱ្យមនុស្សអាចផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ពួកគេតាមរយៈព្រះបន្ទូលទាំងនេះ និងដើម្បីឱ្យមនុស្សអាចដេញតាម និងទទួលបានសេចក្ដីពិត ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីស្រាវជ្រាវពីគោលដៅ និងអាថ៌កំបាំងនានា។) នេះក៏គួរឱ្យក្រេវក្រោធបន្តិចដែរ ប៉ុន្តែតើអ្វីជាមូលហេតុពិតប្រាកដសម្រាប់ការក្រេវក្រោធរបស់ខ្ញុំ? ឧទាហរណ៍៖ ប្រសិនបើឪពុកម្ដាយដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរកលុយបានយ៉ាងច្រើនសម្រាប់កូនៗរបស់ពួកគេ ហើយកូនៗរបស់ពួកគេនៅក្មេងនៅឡើយ និងត្រូវពឹងផ្អែកលើឪពុកម្ដាយរបស់ពួកគេដើម្បីចិញ្ចឹមបីបាច់ពួកគេ ហើយជីវភាពរបស់ពួកគេពឹងផ្អែកទាំងស្រុងលើឪពុកម្ដាយនោះ តើកូនៗទាំងនោះនឹងសង្ឃឹមឱ្យឪពុកម្ដាយរបស់ពួកគេឆាប់ស្លាប់ដែរឬទេ? តើពួកគេនឹងរកគ្រូទាយដើម្បីគុណគូរយ៉ាងលឿនថាពេលណាឪពុកម្ដាយរបស់ពួកគេនឹងស្លាប់ដែរឬទេ? តើមាននរណាប្រព្រឹត្តបែបនេះដែរឬទេ? (មិនមានទេ។) ប្រសិនបើពួកគេធ្វើដូច្នេះ តើវាមិនគួរឱ្យក្រេវក្រោធទេឬ? វាពិតជាគួរឱ្យក្រេវក្រោធណាស់! មនុស្សបែបនេះគួរឱ្យស្អប់ណាស់! ឥឡូវនេះ ដោយសារព្រះជាម្ចាស់បានយាងមកផែនដី ទោះបីជាសាច់ឈាមរបស់ទ្រង់អាចរស់នៅបានជាងមួយរយឆ្នាំ និងធ្វើការបានមួយរយឆ្នាំក៏ដោយ ក៏សេចក្ដីពិតដែលមនុស្សអាចយល់បានគឺមានកម្រិតដែរ។ ចូរគិតអំពីរឿងនេះទៅមើល៍ ចាប់តាំងពីការយកកំណើតជាមនុស្សរបស់ព្រះអម្ចាស់យេស៊ូវ រហូតដល់ដំណាក់កាលបច្ចុប្បន្ននៃកិច្ចការរបស់ព្រះជាម្ចាស់ តើមនុស្សជាតិទទួលបានសេចក្ដីពិតប៉ុន្មាននៅក្នុងរយៈពេលពីរពាន់ឆ្នាំនេះ? តាមពិតទៅ មនុស្សជាតិមិនយល់ពីសេចក្ដីពិតឡើយ។ នៅក្នុងដំណាក់កាលនេះ ព្រះជាម្ចាស់បាននិងកំពុងធ្វើការអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយទ្រង់បាននិងកំពុងមានព្រះបន្ទូលជិត ៣០ ឆ្នាំមកហើយ។ អស់អ្នកដែលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនជាងគេ បានអានព្រះបន្ទូលទាំងនោះអស់រយៈពេល ៣០ ឆ្នាំមកហើយ។ តើមនុស្សបានយល់ពីសេចក្ដីពិតប៉ុន្មានទៅ? ការយល់ដឹងរបស់ពួកគេគឺមានកម្រិតណាស់។ ល្បឿនដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីពិតគឺយឺតយ៉ាវណាស់។ ពោលគឺ ការបញ្ជ្រាបសេចក្ដីពិតទៅក្នុងមនុស្ស និងបំប្លែងវាទៅជាជីវិតរបស់ពួកគេ គឺពិតជាពិបាក និងយឺតយ៉ាវណាស់។ ប៉ុន្តែ សូម្បីតែវាយឺតយ៉ាងនេះក៏ដោយ ក៏មនុស្សមួយចំនួននៅតែសង្ឃឹមថា៖ «តើពេលណាព្រះជាម្ចាស់នឹងចាកចេញពីផែនដី? តើពេលណាកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់?» តើការដែលព្រះជាម្ចាស់ចាកចេញពីផែនដី និងកិច្ចការរបស់ទ្រង់បញ្ចប់ នឹងផ្ដល់ផលប្រយោជន៍ដល់ពួកគេដែរឬទេ? នៅថ្ងៃដែលព្រះជាម្ចាស់ចាកចេញពីផែនដី ពួកគេនឹងស្លាប់។ ពួកគេនឹងត្រូវកាត់ទោសប្រហារជីវិត។ តើពួកគេមានអ្វីត្រូវសប្បាយចិត្តទៅ? តើមនុស្សប្រភេទនេះជាមនុស្សបែបណាទៅ? តើពួកគេគ្មានសីលធម៌ទេឬ? ពួកគេត្រូវបានហៅថាកូនអកតញ្ញូនៅក្នុងចំណោមមនុស្សលោកីយ៍។ យើងហៅពួកគេថាពួកអ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេមិនមែនជាមនុស្សល្អឡើយ។

នៅពេលដែលខ្លឹមសារនៃសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» កំពុងត្រូវបានសម្ដែងចេញ មានមនុស្សជាច្រើនបានជឿថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គ្រាន់តែកំពុងបំពេញកិច្ចការប៉ុណ្ណោះ។ ទ្រង់កំពុងអនុវត្តកិច្ចការចំនួនពីរបីជំហាន ទ្រង់មានរបៀបធ្វើការមួយចំនួន និងមានរបៀបថ្លែងព្រះបន្ទូលមួយចំនួន គឺមានតែប៉ុណ្ណឹងឯង បន្ទាប់ពីនោះ កិច្ចការរបស់ទ្រង់នឹងត្រូវបានរួចរាល់។ បន្ទាប់ពីកិច្ចការរបស់គាត់ត្រូវបានរួចរាល់ សាច់ឈាមនេះនឹងលែងមានប្រយោជន៍ទៀតហើយ ហើយទ្រង់ក៏មិនចាំបាច់មានព្រះបន្ទូលអ្វីទៀតដែរ។ ពួកយើងនឹងទទួលបានអ្វីម្យ៉ាង ហើយគ្រាន់តែត្រូវទន្ទឹងរង់ចាំថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ប៉ុណ្ណោះ។ ពេលដែលពួកយើងអាចនិយាយ និងអធិប្បាយពីព្រះបន្ទូលទាំងនេះបស់ព្រះជាម្ចាស់បាន ពួកយើងនឹងមានគោលដៅមួយ ហើយទទួលបានព្រះពរដ៏ធំធេង»។ មនុស្សមួយចំនួនមានអាកប្បកិរិយាបែបនេះ។ បន្ទាប់មក ខ្ញុំបានប្រកបគ្នាអំពីព្រះបន្ទូលជាច្រើនទៀត ពោលគឺព្រះបន្ទូលនៃសៀវភៅ «អំពីការស្គាល់ព្រះជាម្ចាស់» ក៏ដូចជាព្រះបន្ទូលដែលខ្ញុំកំពុងប្រកបគ្នាក្នុងអំឡុងពេលនេះផងដែរ។ នៅពេលមនុស្សមួយចំនួនបានឃើញរឿងនេះ ពួកគេគិតថា៖ «តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមាននៅតែក្នុងសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ទេឬ? ហេតុអ្វីបានជាឥឡូវនេះ ទ្រង់សម្ដែងចេញនូវភាគសៀវភៅ «អំពីការស្គាល់ព្រះជាម្ចាស់» ទៀត? ហេតុអ្វីបានជាព្រះជាម្ចាស់ចេះតែសម្ដែងចេញនូវព្រះបន្ទូលកាន់តែច្រើនឡើងៗអ៊ីចឹង? ចាប់ពីពេលនេះតទៅ ទ្រង់គួរតែមានព្រះបន្ទូលអំពីអាថ៌កំបាំងមួយចំនួន រឿងរ៉ាវនៅស្ថានសួគ៌មួយចំនួន និងរបៀបដែលមនុស្សនឹងដើរជាមួយព្រះជាម្ចាស់នៅស្ថានសួគ៌នាពេលអនាគត។ ការនិយាយអំពីរឿងទាំងនេះ ពិតជាធ្វើឱ្យយើងមានស្មារតីខ្ពស់មែន!» តើមនុស្សប្រភេទណាទៅដែលមានគំនិតទាំងនេះ? (គឺពួកទទឹងនឹងព្រះគ្រីស្ទ។) ហេតុអ្វីបានជាពួកគេបង្កើតឱ្យមានគំនិតទាំងនេះ? ពីព្រោះពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទាល់តែសោះ។ ពួកគេគិតថា៖ «ពួកយើងបាននិងកំពុងដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកយើងដឹងថាតើព្រះជាម្ចាស់បានធ្វើការយ៉ាងដូចម្ដេចនៅពេលចាប់ផ្ដើម។ ពួកយើងបានឆ្លងកាត់ដោយផ្ទាល់នូវជំហានមួយចំនួននៃកិច្ចការរបស់ព្រះជាម្ចាស់។ ពួកយើងក៏បានឆ្លងកាត់ដោយផ្ទាល់នូវរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូល និងបានឃើញរឿងនេះផ្ទាល់នឹងភ្នែករបស់ពួកយើងផងដែរ។ ពួកយើងគឺជាសាក្សីរបស់ព្រះជាម្ចាស់ ហើយជាជំនាន់ដែលស័ក្ដិសមបំផុតក្នុងការទទួលបានព្រះពរ»។ ពួកគេមិនបានដើរតាមព្រះជាម្ចាស់ដោយសារតែទ្រង់បានមានព្រះបន្ទូល និងសម្ដែងចេញនូវសេចក្ដីពិតនោះទេ ប៉ុន្តែដោយសារតែការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានដឹកនាំពួកគេឱ្យឆ្លងកាត់ជំហានមួយចំនួននៃកិច្ចការ ហើយពួកគេបានដើរតាមព្រះជាម្ចាស់ដោយអសកម្ម។ ក្រោយមក នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បន្តវិវឌ្ឍទៅមុខ ទ្រង់បានរើសតាំងមនុស្សកាន់តែច្រើនដែលអាចតាមទាន់ដំណាក់កាលបច្ចុប្បន្ននៃកិច្ចការរបស់ទ្រង់។ អ្នកដែលទទួលយកចម្បងនៃកិច្ចការរបស់ព្រះជាម្ចាស់បានពង្រីក និងផ្លាស់ប្ដូរជាបន្តបន្ទាប់។ មនុស្សមួយចំនួនដែលបានដើរតាមព្រះជាម្ចាស់នៅពេលចាប់ផ្ដើម ត្រូវបានជម្រុះចោលជាបណ្ដើរៗ ពីព្រោះពួកគេមិនបានដេញតាមសេចក្ដីពិត ពីព្រោះពួកគេមានសញ្ញាណ និងការយល់ច្រឡំផ្សេងៗអំពីព្រះជាម្ចាស់ ហើយពីព្រោះការមិនស្ដាប់បង្គាប់ និងការមិនពេញចិត្តផ្សេងៗបានកើតឡើងនៅក្នុងខ្លួនពួកគេទាក់ទងនឹងព្រះជាម្ចាស់។ មានទាំងមូលហេតុអត្តនោម័តិ និងសត្យានុម័ត សម្រាប់ការជម្រុះមនុស្សទាំងនេះចោល។ ផ្នែកអត្តនោម័តិ គឺដោយសារតែពួកគេមិនបានដេញតាមសេចក្ដីពិត ហើយពួកគេបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាគោលលទ្ធិ ហើយអធិប្បាយព្រះបន្ទូលទាំងនោះយ៉ាងទូលំទូលាយ ដូចជាពួកផារិស៊ីអ៊ីចឹង។ រហូតមកដល់ពេលនេះ មនុស្សមួយចំនួននៅតែមិនយល់ថាតថភាពនៃសេចក្ដីពិតជាអ្វីឡើយ ពួកគេប្រៀបដូចជាមនុស្សស្លាប់អ៊ីចឹង។ ផ្នែកសត្យានុម័ត មនុស្សដែលត្រូវបានជម្រុះចោល គឺជាមនុស្សដែលបានឆ្លងកាត់ដោយផ្ទាល់នូវការចាប់ផ្ដើមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារតែចរិតលក្ខណៈ ការដេញតាម និងគុណសម្បត្តិរបស់ពួកគេ ពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កិច្ចការថ្មីបន្តបន្ទាប់របស់ព្រះជាម្ចាស់ឡើយ។ ហេតុដូច្នេះហើយ មនុស្សទាំងនេះត្រូវបានជម្រុះចោលយ៉ាងលឿន និងត្រូវបានបោះបង់ចោលដោយជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ គេអាចនិយាយបានថា សម្រាប់រយៈពេលមួយមុនពេលព្រះបន្ទូលនៃសៀវភៅ «អំពីការស្គាល់ព្រះជាម្ចាស់» ត្រូវបានសម្ដែងចេញ មនុស្សជាច្រើនបានត្រេកអរដោយស្ងាត់ៗនៅក្នុងជម្រៅចិត្តរបស់ពួកគេ ដោយនិយាយថា៖ «បុគ្គលដែលខ្ញុំបានប្រឆាំង និងថ្កោលទោស នៅទីបំផុតគ្មានអ្វីត្រូវថ្លែងទៀតទេ។ ជំហាននៃកិច្ចការរបស់ទ្រង់ នៅទីបំផុតត្រូវបានបញ្ចប់ហើយ។ កាលពីមុន ខ្ញុំមានសញ្ញាណអំពីទ្រង់។ ខ្ញុំមិនបានស្ដាប់បង្គាប់ទ្រង់ ហើយមានអារម្មណ៍មិនពេញចិត្តនឹងទ្រង់ ហើយខ្ញុំក៏បានថ្កោលទោស និងប្រឆាំងនឹងទ្រង់ផងដែរ។ ដូចការគិតមែន ខ្ញុំពិតជាត្រូវ។ ទ្រង់មិនមែនជាព្រះជាម្ចាស់ទេ ទ្រង់មិនមែនជាព្រះគ្រីស្ទឡើយ។ វាមិនសំខាន់ទេថាខ្ញុំប្រព្រឹត្តចំពោះទ្រង់យ៉ាងណានោះ ពីព្រោះទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ ទ្រង់គ្រាន់តែជាច្រកចេញរបស់ព្រះជាម្ចាស់ ជាអ្នកនាំពាក្យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ»។ លើសពីនេះ អ្នកខ្លះថែមទាំងនិយាយថា៖ «សាច់ឈាមនេះមិនខុសពីពួកយើងទេ។ គឺព្រះវិញ្ញាណដែលនៅខាងក្នុងទ្រង់ទេដែលមានព្រះបន្ទូល និងធ្វើកិច្ចការ វាមិនមានអ្វីពាក់ព័ន្ធនឹងសាច់ឈាមនេះឡើយ»។ មនុស្សមួយចំនួនបានថ្កោលទោស និងប្រមាថព្រះគ្រីស្ទដោយស្ងាត់ៗ តាមរបៀបដ៏គឃ្លើនបែបនេះ។ នៅពេលសេចក្ដីពិតនៃសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ភាគ២៖ «អំពីការស្គាល់ព្រះជាម្ចាស់» ត្រូវបានសម្ដែងចេញ មនុស្សទាំងនេះដែលបានថ្កោលទោស និងប្រមាថព្រះគ្រីស្ទ មានអារម្មណ៍រសាប់រសល់នៅក្នុងចិត្តរបស់ពួកគេ។ តើអ្វីជាមូលហេតុនៃភាពរសាប់រសល់នេះ? ម្យ៉ាងគឺ ពួកគេមានសញ្ញាណនៅក្នុងចិត្តរបស់ពួកគេជាយូរមកហើយ ពួកគេបានតាំងខ្លួនប្រឆាំងនឹងបុគ្គលដែលបានសម្ដែងចេញនូវសេចក្ដីពិត។ ពួកគេមិនបានស្ដាប់បង្គាប់ និងមានអារម្មណ៍មិនពេញចិត្តនឹងបុគ្គលនេះ ហើយថែមទាំងបានថ្កោលទោស និងប្រមាថទ្រង់ទៀតផង។ ម្យ៉ាងវិញទៀត ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងចេញបន្ទាប់ពីឆ្នាំ ២០១៣ បានបើកបង្ហាញអាថ៌កំបាំងជាច្រើនដែលមនុស្សជាតិមិនធ្លាប់ដឹងពីមុនមក។ អាថ៌កំបាំងទាំងនេះមានឥទ្ធិពលជាក់លាក់មួយក្នុងការពង្រឹងសេចក្ដីជំនឿរបស់អ្នកជឿថ្មី ដែលមិនទាន់បានចាក់គ្រឹះរឹងមាំនៅឡើយ ហើយបាននាំមកនូវភាពប្រាកដប្រជាដល់ដួងចិត្តដែលពោរពេញដោយការសង្ស័យរបស់ពួកគេភ្លាមៗ។ ចំណែកឯអស់អ្នកដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពីមុនធ្លាប់បានប្រឆាំង ថ្កោលទោស និងប្រមាថព្រះគ្រីស្ទវិញ អាថ៌កំបាំងទាំងនេះក៏បានវាយប្រហារពួកគេចំៗ ដែលធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍រសាប់រសល់។ ពួកគេគិតថា៖ «ឥឡូវនេះ ពួកយើងចប់សព្វគ្រប់ហើយ។ ពួកយើងត្រូវបានព្រះជាម្ចាស់ជម្រុះចោលហើយ។ ទ្រង់មិនចង់បានពួកយើងទេ។ ព្រះជាម្ចាស់បានសម្ដែងចេញនូវព្រះបន្ទូលយ៉ាងច្រើនពីមុនមក ប៉ុន្តែពួកយើងតែងតែចាត់ទុកទ្រង់ជាមនុស្សលោកម្នាក់។ ពួកយើងគិតថា បន្ទាប់ពីជំហាននៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ អ្វីៗផ្សេងទៀតនឹងមិនមានអ្វីពាក់ព័ន្ធនឹងទ្រង់ឡើយ ថាបុគ្គលនេះនឹងបញ្ចប់ការបម្រើរបស់ទ្រង់ ហើយថាចាប់ពីពេលនោះតទៅ ពួកយើងនឹងប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅស្ថានសួគ៌ និងជឿលើព្រះជាម្ចាស់នៅស្ថានសួគ៌។ ពួកយើងមានសញ្ញាណអំពីព្រះជាម្ចាស់នៅលើផែនដី។ ពួកយើងមិនបានស្ដាប់បង្គាប់ និងបានមើលងាយទ្រង់»។ តាមរយៈព្រះបន្ទូលដែលត្រូវបានសម្ដែងចេញក្នុងអំឡុងឆ្នាំ ២០១៣ ភាពគឃ្លើនជាច្រើនរបស់មនុស្សទាំងនេះត្រូវបានរលត់បាត់ទៅ។ នៅមុនពេលនេះ មនុស្សមួយចំនួនមានការសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេបានទាស់ទទឹង និងប្រមាថសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះថែមទាំងបានបោះបង់ជំនឿរបស់ពួកគេទៀតផង។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេបានបង្កើតឱ្យមានសញ្ញាណ។ ពួកគេមិនត្រឹមតែបដិសេធព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ពួកគេថែមទាំងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ ដោយផ្អែកលើអាកប្បកិរិយារបស់មនុស្សទាំងនេះចំពោះព្រះជាម្ចាស់ តើពួកគេគួរមានលទ្ធផលបែបណាទៅ? ដោយផ្អែកលើអាកប្បកិរិយា និងទស្សនៈរបស់ពួកគេចំពោះព្រះជាម្ចាស់ តើសារជាតិរបស់ពួកគេជាអ្វី? (គឺសារជាតិជាអ្នកមិនជឿ។) លក្ខណៈចម្បងទីមួយនៃពួកអ្នកមិនជឿ គឺការឆ្លៀតឱកាស។ នៅពេលពួកគេរកឃើញផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនឹងតោងវាឱ្យជាប់ មិនព្រមលែងឡើយ ហើយព្យាយាមទាញយកប្រយោជន៍ពីព្រះបន្ទូលរបស់ទ្រង់។ ទីពីរគឺ ពួកគេអាចប្រមាថព្រះជាម្ចាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពួកគេអាចបង្កើតឱ្យមានសញ្ញាណអំពីព្រះជាម្ចាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយនៅពេលមានរឿងតូចតាចណាមួយមិនស្របតាមសញ្ញាណរបស់ពួកគេ ពួកគេអាចវិនិច្ឆ័យ ថ្កោលទោស និងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ មនុស្សទាំងនេះសុទ្ធតែមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើលក្ខណៈមួយទៀតរបស់ពួកគេជាអ្វី? មនុស្សទាំងនេះគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ។ ពួកគេគឺជាអ្នកដំបូងដែលទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគឺជាអ្នកដំបូងដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ជាអ្នកដែលបានឆ្លងកាត់ដោយផ្ទាល់នូវជំហាន និងវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សទាំងនេះបាននិងកំពុងជឿអស់រយៈពេល ៣០ ឆ្នាំមកហើយ ប៉ុន្តែភាគច្រើនលើសលប់នៃពួកគេមិនអាចបំពេញភារកិច្ចណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ ហើយពួកគេគ្មានបទពិសោធអ្វីដើម្បីនិយាយនោះទេ។ គ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេគ្រាន់តែនិយាយអំពីពាក្យពេចន៍ និងគោលលទ្ធិដែលស្លាប់ទាំងនោះប៉ុណ្ណោះ។ តើលក្ខណៈដែលច្បាស់ក្រឡែតបំផុតរបស់ពួកគេជាអ្វី? ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេល ៣០ ឆ្នាំមកហើយ ប៉ុន្តែនិស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរទាល់តែសោះ ហើយពួកគេគ្មានការកោតខ្លាច ឬការយល់ដឹងអំពីព្រះជាម្ចាស់ឡើយ។ ពួកគេអាចវិនិច្ឆ័យសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដោយស្ងាត់ៗតាមតែចិត្ត ហើយថែមទាំងធ្វើរឿងរញ៉េរញ៉ៃ និងថ្កោលទោសព្រះជាម្ចាស់ ដោយគ្មានការភ័យខ្លាច ឬការកោតខ្លាចសូម្បីតែបន្តិច។ ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ ពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយពួកគេប្រឆាំងនឹងសេចក្ដីពិត។ នៅពេលនិយាយដល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពួកគេហ៊ាននិយាយអ្វីក៏បាន ពួកគេហ៊ានវាយតម្លៃ និងវិនិច្ឆ័យអ្វីៗទាំងអស់ ហើយនៅពេលណាដែលពួកគេបង្កើតឱ្យមានសញ្ញាណ ពួកគេហ៊ានផ្សព្វផ្សាយសញ្ញាណទាំងនោះទៀតផង។ តើមនុស្សទាំងនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? (គួរឱ្យស្អប់ខ្ពើមណាស់។) តើពួកគេជាមនុស្សដែលព្រះជាម្ចាស់បានរើសតាំងដែរឬទេ? ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេល ៣០ ឆ្នាំមកហើយ ប៉ុន្តែពួកគេគ្មានតថភាពឡើយ ហើយនិស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរទាល់តែសោះ តើទាំងនេះមិនមែនជាមនុស្សស្លាប់ទេឬ? តើអស់អ្នកដែលពិតជាដេញតាមសេចក្ដីពិត និងពិតជាមានភាពជាមនុស្សធម្មតា មិនអាចយល់ និងចូលទៅក្នុងសេចក្ដីពិតមួយចំនួន បន្ទាប់ពីជឿលើព្រះជាម្ចាស់ត្រឹមតែបីឆ្នាំទេឬ? (ពួកគេអាចធ្វើបាន។) ប៉ុន្តែមានមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេល ៣០ ឆ្នាំ ដោយគ្មានបទពិសោធអ្វីទាល់តែសោះ។ ប្រសិនបើអ្នកសុំឱ្យពួកគេនិយាយអំពីបទពិសោធរបស់ពួកគេ ពួកគេនឹងនិយាយតែអំពីគោលលទ្ធិ ពាក្យស្លោក និងពាក្យប្រៀនប្រដៅប៉ុណ្ណោះ។ ដូច្នេះ តើពួកគេបានបញ្ចេញការខិតខំប្រឹងប្រែងអ្វីខ្លះទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ? តើពួកគេទទួលបានអ្វីខ្លះ? មិនបាច់និយាយក៏ដឹងដែរថា ពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការប្រទានព្រះពរ និងសេចក្ដីសន្យាដល់មនុស្សជាតិ ព្រះបន្ទូលដ៏ពីរោះស្ដាប់របស់ទ្រង់ ព្រះបន្ទូលកម្សាន្តចិត្ត និងដាស់តឿនរបស់ទ្រង់ និងព្រះបន្ទូលដែលពីរោះចូលត្រចៀក ប៉ុន្តែពួកគេមិនទទួលយកសេចក្ដីពិតណាមួយដែលព្រះជាម្ចាស់បានសម្ដែងចេញ ឬសេចក្ដីតម្រូវណាមួយរបស់ទ្រង់ចំពោះមនុស្សជាតិឡើយ។ ពួកគេមិនទទួលយកសូម្បីតែមួយ។ តើមនុស្សទាំងនេះមិនគួរត្រូវបានជម្រុះចោលទេឬ? (ពួកគេគួរតែត្រូវបានជម្រុះចោល។) តើការជម្រុះមនុស្សបែបនេះចោល ជារឿងអយុត្តិធម៌ដែរឬទេ? (មិនអយុត្តិធម៌ទេ។) នោះក៏ព្រោះតែពួកគេមានចេតនាប្រព្រឹត្តបាប ទោះបីជាដឹងច្បាស់ពីសេចក្ដីពិតក៏ដោយ។

ព្រះជាម្ចាស់បានបំពេញកិច្ចការយ៉ាងច្រើន និងមានព្រះបន្ទូលយ៉ាងច្រើននៅគ្រាចុងក្រោយ ហើយមនុស្សបានឆ្លងកាត់រឿងនេះ និងបានធ្វើសាក្សីផ្ទាល់ភ្នែកនូវជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់។ មិនថាមើលពីទស្សនៈណានោះទេ ការដែលព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន និងសង្គ្រោះមនុស្សយ៉ាងច្រើន គឺជារឿងដែលមិនអាចប្រកែកបានឡើយ ហើយគ្មាននរណាម្នាក់គួរតែសង្ស័យពីរឿងនេះទេ។ ទោះបីជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានភាពសាមញ្ញ និងធម្មតាយ៉ាងណាក៏ដោយ ទោះបីជាទ្រង់ហាក់ដូចជាមិនគួរឱ្យកត់សម្គាល់សម្រាប់មនុស្សយ៉ាងណាក៏ដោយ ក៏មនុស្សនៅតែគួរទទួលយកព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីពិតដែរ។ អ្នកខ្លះនិយាយថា៖ «ដោយសារព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតូចទាប និងសាមញ្ញខ្លាំងពេក ហើយមិនអស្ចារ្យទាល់តែសោះ តើធ្វើដូចម្ដេចទើបអាចឱ្យពួកយើងកោតសរសើរទ្រង់បានទៅ? តើសាច់ឈាមដ៏សាមញ្ញបែបនេះ អាចមានសមត្ថភាពធ្វើកិច្ចការដ៏អស្ចារ្យណាមួយបានដែរឬទេ? តើពួកយើងពិតជាអាចទទួលបានព្រះពរដ៏ធំធេងពីទ្រង់មែនឬ? ពួកយើងមិនដឹងទេ អ្វីទាំងអស់ដែលពួកយើងអាចធ្វើបាន គឺចាត់ទុកគាត់ជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ»។ មនុស្សខ្លះទៀតនិយាយថា៖ «ដោយសាររឿងមួយចំនួនដែលទ្រង់បានបំពេញ ធ្វើឱ្យយើងមិនជឿជាក់ ហើយរឿងខ្លះធ្វើឱ្យយើងមានសញ្ញាណផ្សេងៗ និងរឿងខ្លះមិនអាចឱ្យយើងយល់បានចំពោះពួកយើង ហើយដោយសារទ្រង់បានមានព្រះបន្ទូលអំពីរឿងខ្លះដែលយើងមិនអាចទទួលយកបាន ទ្រង់មិនអាចតំណាងឱ្យព្រះជាម្ចាស់នៅស្ថានសួគ៌បានឡើយ ដូច្នេះហើយ យើងត្រូវប្រឆាំងនឹងទ្រង់ដល់ទីបញ្ចប់។ ប្រសិនបើទ្រង់ចង់ឱ្យពួកទូលបង្គំផ្សាយដំណឹងល្អ ពួកទូលបង្គំនឹងមិនផ្សាយទេ។ ប្រសិនបើទ្រង់ឱ្យពួកទូលបង្គំបំពេញភារកិច្ចរបស់ពួកទូលបង្គំ ពួកទូលបង្គំនឹងមិនធ្វើទេ ហើយប្រសិនបើទ្រង់ឱ្យពួកទូលបង្គំទទួលយកសេចក្ដីពិត ពួកទូលបង្គំនឹងមិនទទួលយកឡើយ។ ពួកទូលបង្គំនឹងប្រឆាំងនឹងបុគ្គលដែលទ្រង់យោនយកកំណើតមកនោះរហូតដល់ទីបញ្ចប់។ ចាំមើល តើទ្រង់អាចធ្វើអ្វីពួកទូលបង្គំបាន»។ នៅក្នុងដួងចិត្តរបស់មនុស្សអស់ទាំងនេះ ដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះនោះ មានហេតុផលមួយពាន់ មួយម៉ឺនហេតុផល ដើម្បីបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាសេចក្ដីពិត និងដើម្បីបដិសេធសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ ប៉ុន្តែមានរឿងមួយដែលប្រហែលជាមិនទាន់ច្បាស់ចំពោះពួកគេនៅឡើយ៖ មិនថាពួកគេមានហេតុផលច្រើនប៉ុនណានោះទេ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទាំងអស់នេះទេ ពួកគេនឹងមិនទទួលបានសេចក្ដីសង្គ្រោះឡើយ។ ប្រសិនបើអ្នកមិនទទួលយកបុគ្គលជាខ្ញុំនេះ ឬមិនចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះមិនអីឡើយ ខ្ញុំនឹងមិនបង្ខំអ្នកទេ។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះគឺជាសេចក្ដីពិត ហើយមិនអនុវត្តព្រះបន្ទូលទាំងនោះជាសេចក្ដីពិតទេ ខ្ញុំសូមប្រាប់អ្នកដោយស្មោះត្រង់ទៅចុះថា៖ អ្នកនឹងមិនត្រូវបានសង្គ្រោះជាដាច់ខាត ហើយអ្នកក៏នឹងមិនអាចឆ្លងកាត់ទ្វារនៃនគរស្ថានសួគ៌បានដែរ។ ប្រសិនបើអ្នករំលងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ សេចក្ដីពិតទាំងនេះ និងព្រះគ្រីស្ទអង្គនេះដែលធ្វើការ និងសង្គ្រោះមនុស្សជាតិ នោះមិនថាអ្នកយល់ពីគោលលទ្ធិច្រើនប៉ុនណា ឬអ្នកស៊ូទ្រាំនឹងទុក្ខលំបាកធំធេងប៉ុនណានោះទេ ក៏អ្នកនឹងមិនទទួលបានសេចក្ដីពិតឡើយ អ្នកគ្រាន់តែជាសំរាមមួយដុំប៉ុណ្ណោះ។ មិនថាអ្នកមានហេតុផលអ្វីសម្រាប់ការជឿលើព្រះជាម្ចាស់ ហើយមិនថាអ្នកមានគោលដៅអ្វីក្នុងការបំពេញភារកិច្ចរបស់អ្នកនោះទេ ក៏អ្នកមិនអាចត្រូវបានសង្គ្រោះឡើយ។ ហើយប្រសិនបើអ្នកមិនអាចត្រូវបានសង្គ្រោះទេ តើអ្នកអាចទទួលបានព្រះពរអ្វីទៅ? មនុស្សមួយចំនួនប្រកួតប្រជែងនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ អ្នកខ្លះប្រកួតប្រជែងនឹងព្រះជាម្ចាស់នៅលើផែនដី ហើយហ៊ានប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត រហូតដល់ថ្នាក់ពួកគេមិនទាំងខ្វល់ថាតើលទ្ធផល និងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេនឹងទៅជាយ៉ាងណាផង។ តើនេះមិនមែនជារឿងថោកទាបទេឬ? ពួកមនុស្សអន់ថយទាំងនេះទុច្ចរិតណាស់! ពួកគេម្នាក់ៗសុទ្ធតែជាមនុស្សអាក្រក់។ ពួកគេសុទ្ធតែជាពួកអ្នកមិនជឿ ជាពួកឆ្លៀតឱកាស ជាមនុស្សគ្មានភាពអៀនខ្មាស ហើយនេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ខ្ញុំទើបតែបានប្រកបគ្នាអំពីអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនស្វែងរកសេចក្ដីពិត ឬគោលការណ៍នៃការអនុវត្តចេញពីព្រះបន្ទូលទាំងនោះឡើយ។ ពួកគេមិនស្វែងរកការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អំពីរបៀបដើម្បីទទួលបានផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ហើយប្រាកដណាស់ថាពួកគេមិនស្វែងរកការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចក្លាយជាមនុស្សម្នាក់ដែលបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ស្វែងរកគោលដៅដែលពួកគេចង់បាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាផលប្រយោជន៍ផ្សេងៗដែលពួកគេប្រាថ្នាចង់បាន រួមទាំងថាតើពួកគេអាចទទួលបានព្រះពរដែរឬទេ និងរបៀបដែលពួកគេអាចទទួលបានព្រះគុណកាន់តែច្រើននៅក្នុងជាតិនេះ ហើយថាតើពួកគេអាចទទួលបានផលមួយរយដងនៅក្នុងបរលោកដែរឬទេ និងរឿងផ្សេងៗទៀត។ ទាំងនេះគឺជារឿងដែលពួកគេស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ មិនថាអ្នកមើលពីរឿងនេះពីទស្សនៈណានោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនគិតថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងគួរតែត្រូវបានទទួលយកដោយមនុស្សជាតិដែរ។ អាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពួកគេចង់ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ និងគោលដៅដែលពួកគេចង់បាន។ ពួកគេចង់ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាឈ្នាន់ ដើម្បីទទួលបានរឿងដែលពួកគេដេញតាម និងសម្រេចគោលដៅរបស់ពួកគេ។ ដោយផ្អែកលើការដេញតាមរបស់ពួកគេ ផ្លូវដែលពួកគេដើរ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះគឺជាបក្សពួកអ្នកមិនជឿ ជាក្រុមអ្នកឆ្លៀតឱកាស។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចរកឃើញផលប្រយោជន៍ និងគោលដៅដែលពួកគេចង់បាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬនៅពេលដែល ក្នុងដំណើរការនៃការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីអនាគត និងវាសនា ឬសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ធ្វើឱ្យពួកគេខកចិត្ត ហើយបំណងប្រាថ្នារបស់ពួកគេមិនអាចត្រូវបានបំពេញ ពួកគេក៏ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេកាន់នៅក្នុងដៃមួយឡែកដោយគ្មានការគួរសម និងដោយមិនស្ទាក់ស្ទើរ ពួកគេលះបង់ និងបោះបង់ព្រះជាម្ចាស់ចោល ហើយដេញតាមជីវិតដែលពួកគេចង់បាន។ ពួកគេមិនមកចំពោះព្រះជាម្ចាស់ដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ឡើយ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនចាត់ទុកព្រះបន្ទូលទាំងនោះជាសេចក្ដីពិតទេ ផ្ទុយទៅវិញ ពួកគេចង់ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ និងបំពេញបំណងប្រាថ្នា និងមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេ។ ដូចនេះ ពួកគេស្វែងរកលទ្ធផល និងគោលដៅរបស់ពួកគេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមិនចេះនឿយហត់។ ពួកគេស្វែងរកអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីមហន្តរាយ ការបើកបង្ហាញរបស់ទ្រង់អំពីអាថ៌កំបាំងនានា ការបើកបង្ហាញរបស់ទ្រង់អំពីការអភិវឌ្ឍរបស់មនុស្សជាតិ និងព័ត៌មាននៅពីក្រោយឆាកមួយចំនួនអំពីកិច្ចការរបស់ទ្រង់។ នេះហើយគឺជាខ្លឹមសារដែលពួកគេខ្វល់ខ្វាយ។ ពួកគេមិនចាប់អារម្មណ៍នឹងរឿងអ្វីដែលនៅក្រៅវិសាលភាពនេះឡើយ។ ពួកគេថែមទាំងឧស្សាហ៍មើលងាយ និងទាស់ទទឹងនឹងសេចក្ដីតម្រូវមួយចំនួនរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែលពុករលួយទៀតផង។ ពួកគេថែមទាំងមានអារម្មណ៍ស្អប់ខ្ពើមចំពោះការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីមនុស្សជាតិដែលពុករលួយទៀតផង។ ពួកគេឧស្សាហ៍ចាប់កំហុសលើការប្រើប្រាស់ពាក្យពេចន៍ និងទឹកដមសូរសៀងនៃការមានព្រះបន្ទូលដែលប្រើនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្យាយាមស្វែងរកអ្វីម្យ៉ាងដែលពួកគេអាចប្រើដើម្បីប្រឆាំងនឹងព្រះជាម្ចាស់។ ឧទាហរណ៍៖ នៅពេលព្រះជាម្ចាស់បើកសម្ដែងមនុស្សជាតិថាជា «ស្ត្រីផិតក្បត់» និង «ស្រីពេស្យា» ពួកគេនិយាយថា៖ «តើទាំងនេះម្ដេចនឹងអាចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? ព្រះជាម្ចាស់មិនមានព្រះបន្ទូលបែបនេះទេ! ព្រះជាម្ចាស់គួរតែមានព្រះបន្ទូលក្នុងរបៀបមួយដែលថ្លៃថ្នូរ ថ្នមៗ និងចេះគិតគូរ»។ នៅពេលនិយាយដល់ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ដែលមិនស្របតាមសញ្ញាណរបស់មនុស្ស មិនស្របតាមវេយ្យាករណ៍របស់មនុស្ស និងមិនស្របតាមវិចារណញ្ញាណទូទៅរបស់មនុស្សពុករលួយ ពួកគេគិតថា៖ «ទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ព្រះជាម្ចាស់មុខជាមិនមានព្រះបន្ទូលបែបនេះឡើយ! ព្រះជាម្ចាស់គឺខ្ពង់ខ្ពស់ អស្ចារ្យ និងមិនអាចវាស់ស្ទង់បានឡើយ ដូច្នេះ តើព្រះបន្ទូលរបស់ទ្រង់ម្ដេចនឹងអាចសាមញ្ញបែបនេះបានទៅ? តើព្រះបន្ទូលទាំងនោះម្ដេចនឹងអាចផ្ទុយពីវិចារណញ្ញាណទូទៅបែបនេះបានទៅ? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ព្រះបន្ទូលទាំងនោះគួរតែត្រូវបានថ្លែងក្នុងរបៀបមួយដែលមនុស្សគ្រប់គ្នាគោរពកោតខ្លាច ថ្វាយបង្គំ និងកោតសរសើរ។ ព្រះបន្ទូលទាំងអស់នោះគួរតែមិនអាចវាស់ស្ទង់បាន នោះទើបជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់គួរតែមាន!» នៅពេលនិយាយដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានសញ្ញាណផ្សេងៗ ការដាក់កំហិតផ្សេងៗ និងថែមទាំងសេចក្ដីតម្រូវផ្សេងៗទៀតផង។ ដោយផ្អែកលើសេចក្ដីតម្រូវ និងការដាក់កំហិតរបស់ពួកគេ គេអាចមើលឃើញថា សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសារជាតិរបស់សាតាំង។ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការស្រាវជ្រាវ ការទាស់ទទឹង ការវិនិច្ឆ័យ ការស្វែងរកអ្វីមួយដើម្បីប្រើប្រឆាំងនឹងព្រះជាម្ចាស់ និងការចាប់កំហុស។ ពួកគេមិនបញ្ចេញការខិតខំប្រឹងប្រែងណាមួយទៅលើសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនចុះចូល មិនទទួលយក ឬអនុវត្តសេចក្ដីពិតនោះដែរ។ ហេតុដូច្នេះហើយ សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសារជាតិរបស់សាតាំង និងវិញ្ញាណអាក្រក់។ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ជារបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ផងដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គ្រប់ទាំងសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ តំណាងឱ្យនិស្ស័យរបស់ទ្រង់ សារជាតិរបស់ទ្រង់ និងលើសពីនេះទៅទៀត គឺអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មិនថាព្រះបន្ទូលទាំងនេះត្រូវបានសម្ដែងចេញដោយសាច់ឈាមរបស់ព្រះជាម្ចាស់ ឬព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះទេ ហើយមិនថាទ្រង់សម្ដែងចេញនូវខ្លឹមសារអ្វីឡើយ ព្រះបន្ទូលទាំងនេះពិតជាតំណាងឱ្យព្រះជាម្ចាស់ដោយគ្មានការសង្ស័យនោះទេ។ ហេតុដូច្នេះហើយ ការដែលពួកទទឹងនឹងព្រះគ្រីស្ទស្រាវជ្រាវ និងវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបង្កើតឱ្យមានសញ្ញាណអំពីព្រះបន្ទូលទាំងនោះ គឺស្មើនឹងការបង្កើតឱ្យមានសញ្ញាណអំពីព្រះជាម្ចាស់អ៊ីចឹង។ ពួកគេកំពុងពិនិត្យពិច័យព្រះជាម្ចាស់។ ពួកគេមិនជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ដែលមានន័យថា ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ពួកគេប្រាកដជាមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ហើយពួកគេកាន់តែមិនអាចចុះចូលនឹងព្រះជាម្ចាស់ទៅទៀត។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

អ្នកខ្លះនិយាយថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺតូចទាប និងសាមញ្ញខ្លាំងពេក។ ព្រះបន្ទូល និងទង្វើរបស់ទ្រង់ច្រើនតែធ្វើឱ្យខ្ញុំបង្កើតឱ្យមានសញ្ញាណ ហើយមិនស្របតាមការស្រមើស្រមៃរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំឃើញថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ។ ទ្រង់មិនតំណាងឱ្យព្រះជាម្ចាស់ទេ ដូច្នេះ មិនថាទ្រង់សម្ដែងចេញនូវសេចក្ដីពិតច្រើនប៉ុនណានៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ទ្រង់នោះទេ ក៏ទ្រង់មិនដូចជាព្រះជាម្ចាស់ឡើយ»។ តើពាក្យសម្ដីទាំងនេះមកពីណា? តើពាក្យសម្ដីទាំងនេះតំណាងឱ្យអ្វី? តើពាក្យសម្ដីទាំងនេះមិនតំណាងឱ្យសាតាំងទេឬ? តាំងពីដើមដល់ចប់ សាតាំងមិនដែលទទួលស្គាល់អត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឡើយ។ វាមិនដែលជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ហើយប្រាកដណាស់ថាវាមិនដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ដូចនេះ នៅពេលសាតាំងនិយាយទៅកាន់ព្រះជាម្ចាស់ វាចង់ធ្វើបែបនេះក្នុងឋានៈស្មើគ្នា។ របៀបដែលវានិយាយ គឺដើម្បីចំអក និងឡកឡាយដាក់ព្រះជាម្ចាស់ ដើម្បីបោកប្រាស់ព្រះជាម្ចាស់ ហើយវាគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់វាឡើយ។ ហើយរឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ និងពាក្យសម្ដីដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ គឺដូចគ្នាបេះបិទទៅនឹងពាក្យសម្ដីរបស់សាតាំងដែរ។ សារជាតិរបស់ពួកគេគឺដូចគ្នា គ្រាន់តែសាតាំងមើលមិនឃើញសម្រាប់មនុស្សជាតិ ចំណែកឯពួកទទឹងនឹងព្រះគ្រីស្ទអាចមើលឃើញ និងអាចប៉ះពាល់បាន ពួកគេគឺជាពួកសាតាំងដែលស្លៀកពាក់ជាមនុស្ស។ ប្រសិនបើពួកគេមិនមែនជាពួកសាតាំងទេ ពួកគេនឹងមិនអាចធ្វើ និងនិយាយរឿងបែបនេះបានឡើយ។ សាតាំងច្រើនតែនិយាយកុហក ហើយវាជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ជាពាក្យកុហកដែរ។ សាតាំងច្រើនតែបោកប្រាស់មនុស្ស ហើយវាវៀចវេរ បោកបញ្ឆោត និងទុច្ចរិត ហើយវាជឿថាព្រះជាម្ចាស់មានព្រះបន្ទូលក្នុងរបៀបដូចគ្នា។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណានោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងតែងតែបន្ថែមអ្វីមួយទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយភ្ជាប់អត្ថន័យផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើការបកស្រាយតាមតែអំពើចិត្ត។ លើសពីនេះ ពួកគេថែមទាំងគិតថា ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់មិនឈ្លាសវៃអស្ចារ្យដូចសម្ដីរបស់ពួកគេទេ មិនដល់កម្រិត និងស្ដង់ដាដ៏ខ្ពស់របស់ពួកគេ ហើយមិនគ្រប់គ្រាន់ដើម្បីយកឈ្នះមនុស្សជាតិដែលពុករលួយឡើយ។ ហេតុដូច្នេះហើយ ពួកគេចង់យកមធ្យោបាយ ទឹកដមសូរសៀង និងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មកវិភាគ និងវិនិច្ឆ័យនៅចំពោះមុខមនុស្សមួយចំនួន ហើយលើសពីនេះទៅទៀត គឺដើម្បីរិះគន់ និងថ្កោលទោសព្រះបន្ទូលទាំងនោះ។ តើពួកគេមានគោលបំណងអ្វីទៅក្នុងការធ្វើបែបនេះ? ខណៈពេលកំពុងដើរតាមព្រះជាម្ចាស់ ពួកគេទន្ទឹងរង់ចាំទទួលបានអនាគត និងវាសនាដែលពួកគេចង់បានពីព្រះជាម្ចាស់អង្គនេះ ហើយរង់ចាំទទួលបានគោលដៅដែលពួកគេចង់បានពីព្រះជាម្ចាស់អង្គនេះ។ ដូច្នេះ ហេតុអ្វីបានជាពួកគេនៅតែប្រព្រឹត្តបែបនេះ? តើនេះមិនមែនជាការទះកំផ្លៀងខ្លួនឯងទេឬ? មានហេតុផលតែមួយគត់។ នោះគឺ នៅក្នុងក្រសែភ្នែករបស់ពួកគេ ព្រះបន្ទូលដែលព្រះជាម្ចាស់អង្គនេះបានថ្លែង គឺសាមញ្ញ និងធម្មតាពេក ហើយសកម្មភាពរបស់ទ្រង់ក៏ធម្មតាពេកដែរ។ ព្រះជាម្ចាស់បែបនេះ មិនមែនជាព្រះដែលពួកគេចង់គោរពបូជា ឬជាព្រះនៅក្នុងការស្រមើស្រមៃរបស់ពួកគេឡើយ ហើយទ្រង់មិនចុះសម្រុងជាមួយពួកគេទេ។ ប្រសិនបើពួកគេដើរតាមព្រះជាម្ចាស់បែបនេះ គោលដៅរបស់ពួកគេ ព្រមទាំងអនាគត និងវាសនារបស់ពួកគេ អាចនឹងរលាយបាត់អស់។ ហេតុដូច្នេះហើយ ពួកគេប្រឆាំងយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់បែបនេះ។ ពួកគេវិនិច្ឆ័យទ្រង់ បំផ្លាញកេរ្តិ៍ឈ្មោះទ្រង់ ហើយពួកគេព្យាយាមបំផ្លាញ រំខាន និងធ្វើឱ្យកិច្ចការរបស់ទ្រង់ហិនហោច ដើម្បីកុំឱ្យទ្រង់អាចធ្វើកិច្ចការនោះបាន។ ពេលនោះ គោលបំណងរបស់ពួកគេនឹងត្រូវបានសម្រេច។ អ្នកខ្លះនិយាយថា៖ «ប្រសិនបើពួកគេសម្រេចគោលបំណងរបស់ពួកគេ ចុះតើគោលដៅរបស់ពួកគេនឹងមិនបាត់បង់ទេឬ?» មនុស្សប្រភេទនេះ គ្រាន់តែមិនទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់តែម្ដង ហើយពួកគេក៏មិនទទួលស្គាល់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ កុំថាឡើយដល់ការពិតនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិនោះ។ ពួកគេគ្រាន់តែភ្នាល់ និងលេងល្បែងប៉ុណ្ណោះ។ ប្រសិនបើព្រះជាម្ចាស់អង្គនេះពិតជាត្រូវបានទម្លាក់មែន នោះពួកគេអាចធ្វើអ្វីក៏បានតាមដែលពួកគេចង់ធ្វើ ហើយពួកគេនឹងលែងត្រូវរងទុក្ខលំបាកបែបនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតហើយ។ ពេលនោះ ពួកគេអាចមានអារម្មណ៍ស្ងប់ចិត្តក្នុងការត្រឡប់ទៅកាន់លោកីយ៍ ទៅរកនិន្នាការដ៏ទុច្ចរិត និងទៅរកអ្វីដែលពួកគេហៅថាជាជីវិតធម្មតាវិញ។ ពួកគេនឹងមិនចាំបាច់ស៊ូទ្រាំនឹងមហន្តរាយណាមួយឡើយ ពួកគេនឹងមិនចាំបាច់ឆ្លងកាត់ការបន្សុទ្ធប្រភេទណាមួយឡើយ ហើយពួកគេក៏ប្រាកដជានឹងមិនចាំបាច់ស៊ូទ្រាំនឹងការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ អ្វីៗទាំងអស់នេះនឹងលែងមានទៀតហើយ ហើយលោកីយ៍នឹងបន្តទៅមុខដូចធម្មតា។ នេះហើយគឺជាអ្វីដែលពួកគេប្រាថ្នាចង់បាននៅក្នុងក្ដីស្រមៃរបស់ពួកគេ។ តើមនុស្សទាំងនេះមិនអាក្រក់ទេឬ? តើអ្វីជាឫសគល់ដែលធ្វើឱ្យពួកគេអាក្រក់យ៉ាងនេះ? (សារជាតិរបស់ពួកគេគឺសាតាំង ដូច្នេះពួកគេស្អប់ព្រះជាម្ចាស់។) តាមពិតទៅ នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាពួកអារក្សកំណាច នៅក្នុងវិញ្ញាណរបស់ពួកគេ ពួកគេអាចមានអារម្មណ៍ដឹងពីរឿងនេះ ពួកគេដឹងថាតើព្រះជាម្ចាស់ទតមើលមកមនុស្សដូចជាពួកគេយ៉ាងដូចម្ដេច។ ព្រះជាម្ចាស់ស្អប់មនុស្សដូចជាពួកគេ។ ពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ។ ភាពជាមនុស្ស និងសារជាតិធម្មជាតិរបស់ពួកគេ ត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម។ ហេតុដូច្នេះហើយ មិនថាពួកគេខិតខំធ្វើការយ៉ាងណានោះទេ ហើយមិនថាពួកគេប្រាថ្នាចង់ទទួលបានព្រះពរខ្លាំងប៉ុនណានោះទេ ក៏លទ្ធផលចុងក្រោយរបស់ពួកគេនឹងមិនអាស្រ័យលើឆន្ទៈរបស់ពួកគេឡើយ។ ពួកគេមិនអាចផ្លាស់ប្ដូរការពិតណាមួយបានទេ។ ពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ។ ពួកគេមិនចុះសម្រុងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេមិនចុះសម្រុងជាមួយព្រះគ្រីស្ទឡើយ។ ដូច្នេះ តើនៅទីបំផុតពួកគេនឹងមានលទ្ធផលយ៉ាងណា? ពួកគេទាំងអស់គ្នាត្រូវបានតម្រូវទុកថាត្រូវវិនាស។ ពួកគេមានការយល់ដឹងស្រពេចស្រពិលអំពីលទ្ធផលនេះនៅក្នុងចិត្តរបស់ពួកគេ ដូច្នេះ ហេតុអ្វីបានជាពួកគេនៅតែស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀត? ពួកគេគ្រាន់តែមិនសុខចិត្តបោះបង់ឱកាសដ៏ល្អបែបនេះដើម្បីទទួលបានព្រះពរប៉ុណ្ណោះ ដូច្នេះ ពួកគេចង់សាកល្បងភ្នាល់មើលថា៖ «ប្រសិនបើខ្ញុំភ្នាល់បែបនេះ ប្រហែលជាខ្ញុំនៅតែអាចទទួលបានព្រះពរ។ ប្រហែលជាខ្ញុំនៅតែអាចឆ្លងផុត និងរស់រានមានជីវិតបាន។ ប្រហែលជាប្រសិនបើព្រះជាម្ចាស់មិនប្រយ័ត្ន និងមិនយកព្រះហឫទ័យទុកដាក់ទេ ខ្ញុំអាចលបលួចចូលតាមទ្វារនៃនគរស្ថានសួគ៌បាន»។ ជាមួយនឹងការគិតស្រមើស្រមៃនឹងពាក្យ «ប្រហែលជា» ទាំងនេះ ពួកគេបន្តរស់នៅរសាត់អណ្ដែតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែទស្សនៈ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរឡើយ។ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ មើលងាយសេចក្ដីពិត និងមើលងាយអ្វីៗដែលវិជ្ជមានទាំងអស់។

ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ ពេលបានឮដូច្នេះ អ្នកខ្លះគិតថា៖ «តើនេះមិនមែនជាស្ដង់ដាដែលទាបណាស់ទេឬ? ពួកយើងបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហេតុអ្វីបានជាឥឡូវនេះ ទ្រង់មានព្រះបន្ទូលប្រាប់យើងឱ្យ “ធ្វើជាមនុស្សស្មោះត្រង់” ទៅវិញ? ប្រសិនបើនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន នោះវាគួរតែជ្រាលជ្រៅ វាគួរតែខ្ពង់ខ្ពស់ជាងនេះ មិនអាចយល់បានជាងនេះ និងហួសពីការឈោងដល់របស់មនុស្សខ្លាំងជាងនេះ។ អ្វីដែលពួកយើងត្រូវការ គឺស្ដង់ដាតម្រូវជាចាំបាច់ដែលខ្ពស់ជាងនេះ មិនមែនជាសេចក្ដីតម្រូវដ៏ធម្មតា មិនសំខាន់ និងមានស្ដង់ដាទាបទាំងនេះឡើយ»។ មនុស្សបែបនេះមិនយល់ថាតថភាពនៃសេចក្ដីពិតជាអ្វីនោះទេ។ នៅពេលអស់អ្នកដែលមិនយល់ពីសេចក្ដីពិតឮព្រះបន្ទូលទាំងនេះ ពួកគេមានអារម្មណ៍មិនសប្បាយចិត្តទេ ប៉ុន្តែតាមរយៈការប្រកបគ្នា បទពិសោធ និងរយៈពេលនៃការឆ្លងកាត់រឿងនេះ ពួកគេក៏ដឹងថា ព្រះបន្ទូលមកពីព្រះជាម្ចាស់ទាំងនេះ គឺជាអ្វីដែលមនុស្សត្រូវការ។ ហេតុអ្វីបានជាព្រះបន្ទូលទាំងនេះជាអ្វីដែលមនុស្សត្រូវការ? មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតដ៏ជ្រៅបំផុត ដូច្នេះហើយ គ្មាននរណាម្នាក់ស្មោះត្រង់ឡើយ។ ពិភពលោកនេះពោរពេញទៅដោយការកុហក ហើយវាក៏ដូចគ្នាដែរចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ជារៀងរាល់ថ្ងៃ មនុស្សនិយាយកុហកមួយហើយមួយទៀត សម្ដីរបស់ពួកគេពោរពេញទៅដោយការកុហក និងសេចក្ដីបញ្ឆោតរបស់សាតាំង។ ដូច្នេះ ព្រះជាម្ចាស់បានដាក់ចេញនូវសេចក្ដីតម្រូវដ៏សាមញ្ញ និងចំៗបំផុតនេះសម្រាប់មនុស្ស៖ គឺត្រូវធ្វើជាមនុស្សស្មោះត្រង់។ ដោយពេលវេលាយូរទៅ និងមានបទពិសោធ មនុស្សក៏មានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការយល់ដឹងពីសេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោមការណែនាំ និងការចង្អុលបង្ហាញពីព្រះបន្ទូលរបស់ទ្រង់ ពួកគេក៏ដឹងបន្តិចម្ដងៗថា ព្រះបន្ទូលរបស់ទ្រង់មានភាពជាក់ស្ដែងប៉ុនណា ថាតើព្រះបន្ទូលនីមួយៗរបស់ទ្រង់គួរតែត្រូវបានស្វែងយល់ និងចូលទៅក្នុងដោយរបៀបណា ថាគ្មានព្រះបន្ទូលណាមួយរបស់ទ្រង់ដែលគ្មានន័យឡើយ ថាព្រះបន្ទូលទាំងអស់របស់ទ្រង់គឺជាអ្វីដែលមនុស្សជាតិត្រូវការ ថាព្រះជាម្ចាស់ជ្រាបយល់ពីមនុស្សយ៉ាងគ្រប់ជ្រុងជ្រោយ និងអាចទតមើលពួកគេធ្លុះប៉ុនណា ហើយថាទ្រង់យល់ពីសេចក្ដីពុករលួយរបស់ពួកគេបានយ៉ាងល្អ។ នេះគឺជាដំណើរការដែលមនុស្សសាមញ្ញម្នាក់ឆ្លងកាត់។ ក៏ប៉ុន្តែ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញឃ្លានេះ ដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ ពួកគេមើលមកឃ្លានេះដោយអាកប្បកិរិយាមើលងាយ ចំអក ឡកឡាយ និងថែមទាំងទាស់ទទឹងទៀតផង។ បន្ទាប់ពីពួកគេបានបង្កើតឱ្យមានគំនិតមួយអំពីឃ្លានេះ ពួកគេក៏លែងខ្វល់ពីវា ការមើលងាយរបស់ពួកគេចំពោះព្រះជាម្ចាស់ក៏កើនឡើង ហើយពួកគេមើលមកទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ដោយការមើលងាយកាន់តែខ្លាំង រហូតដល់ថ្នាក់ពួកគេលែងសូម្បីតែសិក្សាព្រះបន្ទូលរបស់ទ្រង់ទៀតផង។ នៅពេលមនុស្សមួយចំនួននិយាយពីបទពិសោធរបស់ពួកគេទាក់ទងនឹងរបៀបដែលពួកគេបានបញ្ចេញឱ្យឃើញនិស្ស័យបោកបញ្ឆោតរបស់ពួកគេ និងរបៀបដែលពួកគេបានប្រែចិត្ត ហើយព្យាយាមធ្វើជាមនុស្សស្មោះត្រង់ នោះការទាស់ទទឹង ការខ្ពើមរអើម និងការមើលងាយ ក៏កើតឡើងនៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ។ ពួកគេមិនត្រឹមតែបដិសេធមិនទទួលយកអ្វីដែលមនុស្សទាំងនោះនិយាយប៉ុណ្ណោះទេ ពួកគេក៏មានអារម្មណ៍ទាស់ទទឹង និងខ្ពើមរអើមចំពោះចំណេះដឹងតាមរយៈបទពិសោធដែលបងប្អូនប្រុសស្រីប្រកបគ្នាទៀតផង រហូតដល់ថ្នាក់ពួកគេមានអារម្មណ៍ស្អប់ និងមើលងាយចំពោះអស់អ្នកដែលប្រកបគ្នាបានច្រើនជាង និងមានចំណេះដឹងល្អជាងទៀតផង។ ពួកគេគិតថា៖ «អ្នករាល់គ្នាគឺជាមនុស្សល្ងង់។ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់អ្នករាល់គ្នាឱ្យធ្វើជាមនុស្សស្មោះត្រង់ ហើយអ្នករាល់គ្នាក៏ធ្វើតាមតែម្ដង។ ម្ដេចក៏អ្នករាល់គ្នាអាចស្ដាប់បង្គាប់យ៉ាងនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមិនយកចិត្តទុកដាក់នឹងសម្ដីដែលខ្ញុំនិយាយអ៊ីចឹង? មើលមកខ្ញុំចុះ គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងថាសភាពពិតរបស់ខ្ញុំជាអ្វីនោះទេ គ្មាននរណាម្នាក់ដឹងថាខ្ញុំបោកបញ្ឆោត និងមានល្បិចកលប៉ុនណានោះទេ។ ហើយខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាពីរឿងទាំងនោះដែរ តើអ្នករាល់គ្នាគិតថាអ្នករាល់គ្នាស័ក្ដិសមនឹងស្ដាប់រឿងទាំងនោះដែរឬទេ?» នេះគឺជាអាកប្បកិរិយាដែលពួកគេមានចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែបដិសេធមិនទទួលយកវាប៉ុណ្ណោះទេ ពួកគេក៏ទាស់ទទឹងនឹងវា ហើយពួកគេថ្កោលទោសវាទៀតផង។ តើទាំងនេះមិនមែនជាការបង្ហាញចេញរបស់ពួកអ្នកមិនជឿទេឬ? ទាំងនេះគឺជាពួកអ្នកមិនជឿសុទ្ធសាធតែម្ដង។ មើលពីសំបកក្រៅ ពួកគេមិនបានថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចំហឡើយ ពួកគេមិនបានបោះសៀវភៅព្រះបន្ទូលរបស់ទ្រង់ចូលទៅដុតក្នុងឡឡើយ។ នៅខាងក្រៅ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់សេចក្ដីអធិប្បាយជារៀងរាល់ថ្ងៃ ហើយពួកគេប្រកបគ្នាក្នុងអំឡុងពេលជួបជុំ ប៉ុន្តែតាមការពិតទៅ ការស្អប់ខ្ពើម ការទាស់ទទឹង និងការបដិសេធយ៉ាងជ្រាលជ្រៅ បានកើតឡើងនៅក្នុងជម្រៅចិត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ និយាយម្យ៉ាងទៀតគឺ នៅក្នុងពេលពួកគេបានបង្កើតឱ្យមានសញ្ញាណអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេបានបដិសេធព្រះបន្ទូលទាំងនោះរួចទៅហើយ។ មានអ្នកខ្លះនិយាយថា៖ «តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះបានបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចទៅហើយមែនទេ មុនពេលដែលទ្រង់មានបន្ទូលពីរឿងទាំងនោះ?»។ នៅពេលនោះ ពួកគេមិនទាន់បដិសេធព្រះបន្ទូលទាំងនោះនៅឡើយទេ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែពួកគេមានសញ្ញាណ និងការស្រមើស្រមៃជាច្រើនអំពីព្រះជាម្ចាស់ ហើយរឿងទាំងនេះបានធ្វើឱ្យពួកគេគោរព និងកោតសរសើរទ្រង់ ហើយចាត់ទុកទ្រង់ជាបុគ្គលដ៏អស្ចារ្យម្នាក់។ ប៉ុន្តែ នៅពេលព្រះជាម្ចាស់បានសម្ដែងចេញព្រះបន្ទូលរបស់ទ្រង់ ទស្សនៈរបស់ពួកគេចំពោះទ្រង់បានផ្លាស់ប្ដូរទាំងស្រុង ហើយពួកគេនិយាយថា៖ «ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង តាមពិតទៅគឺធម្មតាណាស់! ព្រះបន្ទូលទាំងនោះសាមញ្ញណាស់ ចំៗណាស់ ងាយយល់ណាស់៖ ខ្ញុំក៏អាចនិយាយពាក្យសម្ដីបែបនេះបានដោយខ្លួនឯងដែរ! តើមនុស្សគ្រប់គ្នាមិននិយាយថាព្រះជាម្ចាស់អស្ចារ្យទេឬ? ចុះហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលប្រាប់យើងឱ្យធ្វើជាមនុស្សស្មោះត្រង់ទៅវិញ? ប្រសិនបើព្រះជាម្ចាស់ពិតជាអស្ចារ្យមែន ប្រសិនបើទ្រង់ពិតជាខ្ពង់ខ្ពស់បំផុតមែន ទ្រង់មិនគួរប្រទានសេចក្ដីតម្រូវដ៏តូចតាច និងទាបថោកបែបនេះដល់មនុស្សឡើយ!» នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ថាព្រះបន្ទូលទាំងនោះរាក់កំភែល និងមានអារម្មណ៍ថាព្រះបន្ទូលទាំងនោះមិនស៊ីគ្នានឹងសញ្ញាណរបស់មនុស្ស ឬមិនស្របនឹងរូបអង្គដ៏អស្ចារ្យ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ពួកគេក៏បានបង្កើតឱ្យមានសញ្ញាណអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពីក្រោយការដែលពួកគេបង្កើតឱ្យមានសញ្ញាណទាំងនេះ ការស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បានកើតឡើងនៅក្នុងខ្លួនពួកគេ ហើយជាបន្តបន្ទាប់ ទំនប់នៅក្នុងជម្រៅចិត្តរបស់ពួកគេដែលផ្ទុកការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេអំពីព្រះជាម្ចាស់ ក៏បានបាក់រលំទាំងស្រុង។ តើលទ្ធផលនៃការបាក់រលំនេះគឺជាអ្វី? ចេញពីជម្រៅចិត្តរបស់ពួកគេ ពួកគេបានបដិសេធ និងថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ តើមានអ្វីកើតឡើងនៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទៅ នៅពេលមនុស្សអធិប្បាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់? ពួកគេប្រៀបដូចជាអ្នកឈរមើល ដែលកំពុងតែមើលពីខាងក្រៅអ៊ីចឹង។ នៅពេលពួកគេឮនរណាម្នាក់សរសើរតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីបទពិសោធរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះក៏ជាអ្នកឈរមើល ដែលកំពុងតែមើលពីខាងក្រៅដែរ ហើយពួកគេមិនដែលនិយាយពាក្យ «អាម៉ែន» នៅក្នុងជម្រៅចិត្តរបស់ពួកគេឡើយ។ ជួនកាល ពួកគេថែមទាំងចំអកឱ្យមនុស្ស ដោយនិយាយថា៖ «តើអ្នកទទួលបានអ្វីខ្លះពីការធ្វើជាមនុស្សស្មោះត្រង់? ទោះបីជាអ្នកកំពុងព្យាយាមធ្វើជាមនុស្សស្មោះត្រង់ក៏ដោយ ក៏មិនប្រាកដថាព្រះជាម្ចាស់នឹងសង្គ្រោះអ្នកឡើយ ហើយក៏មិនប្រាកដថាអ្នកនឹងទទួលបានព្រះពរដែរ។ មានមនុស្សតិចណាស់ដែលនឹងទទួលបានព្រះពរ។ ប្រសិនបើខ្ញុំមិនទទួលបានព្រះពរណាមួយទេ នោះក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងទទួលបានព្រះពរដែរ!» សារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយដោយសារតែរឿងនេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយក ហើយរឹតតែមិនអាចចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទៅទៀត។ ប្រសិនបើពួកគេមិនទទួលយក និងមិនចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើពួកគេអាចទទួលបានបទពិសោធពីព្រះបន្ទូលទាំងនោះបានដែរឬទេ? ពួកគេមិនអាចទេ ដូច្នេះ តើចំណេះដឹងផ្ទាល់ខ្លួនដែលពួកគេនិយាយដល់នោះគឺជាអ្វីទៅ? ទាំងអស់នោះគ្រាន់តែជាការស្រមើស្រមៃ ការសន្និដ្ឋាន គោលលទ្ធិ ឬទ្រឹស្ដី ឬជួនកាលសូម្បីតែជាពាក្យសម្ដីពីរោះស្ដាប់មួយចំនួនដែលពួកគេត្រាប់តាមអ្នកដទៃប៉ុណ្ណោះ ហើយដូចនេះ វាមិនអាចទៅរួចឡើយដែលពួកគេមានបទពិសោធ ឬចំណេះដឹងណាមួយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ។ ដូច្នេះ ដោយសារតែអាកប្បកិរិយាផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ហើយដោយសារតែសារជាតិធម្មជាតិរបស់ពួកគេ មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេល ១០ ឆ្នាំ ២០ ឆ្នាំ ឬយូរជាងនេះក៏ដោយ ក៏មកទល់សព្វថ្ងៃនេះ អ្នកនឹងមិនដែលឮពីពួកគេ ឬឃើញថាពួកគេមានបទពិសោធណាមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករឹតតែមិនឃើញចំណេះដឹងអំពីព្រះជាម្ចាស់សូម្បីតែបន្តិចទៅទៀត។ នៅក្នុងសម្ដីរបស់ពួកគេ អ្នកនឹងមិនឮអំពីការដែលពួកគេមានសញ្ញាណ និងការយល់ច្រឡំអំពីព្រះជាម្ចាស់ ហើយត្រូវបានបំភ្លឺតាមរយៈការលាតត្រដាងរបស់ព្រះជាម្ចាស់ និងនៅទីបំផុតឈានដល់ចំណុចដែលពួកគេលែងយល់ច្រឡំលើព្រះជាម្ចាស់ ឬមានសញ្ញាណអំពីទ្រង់ទៀតនោះឡើយ។ ពួកគេមិនមានបទពិសោធនេះទេ ហើយពួកគេក៏មិនមានចំណេះដឹងនេះដែរ។ នេះហើយគឺជាមូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលបានសេចក្ដីពិត ឬនិយាយអំពីបទពិសោធ ឬចំណេះដឹងផ្ទាល់ខ្លួនណាមួយទាល់តែសោះ មិនថាពួកគេដាក់ការខិតខំប្រឹងប្រែងប៉ុនណាក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ។ ពួកគេគ្រាន់តែអានតាមគេតាមឯង និងទន្ទេញវគ្គល្បីៗមួយចំនួនចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបងប្អូនប្រុសស្រីឧស្សាហ៍ដកស្រង់ប៉ុណ្ណោះ ពួកគេធ្វើឱ្យតែរួចពីដៃ និងបណ្ដោយតាមដំណើរ ហើយបន្ទាប់មក ពួកគេបន្តគិតតាមរបៀបដដែលដែលពួកគេតែងតែគិត។ ពួកគេមិនដោះស្រាយសញ្ញាណដែលកើតឡើងនៅក្នុងពួកគេអំពីព្រះជាម្ចាស់ ឬការប៉ះទង្គិច និងបញ្ហាដែលកើតឡើងរវាងពួកគេ និងព្រះជាម្ចាស់ឡើយ មិនថាបញ្ហាទាំងនោះធំដុំប៉ុនណាក៏ដោយ។ សញ្ញាណ និងបញ្ហាទាំងនេះ តាមជាប់ពួកគេជានិច្ច។ តើមានផលវិបាកអ្វីខ្លះពីការដែលពួកគេមិនដោះស្រាយបញ្ហាទាំងនេះ? ការថ្នាំងថ្នាក់នៅក្នុងចិត្តរបស់ពួកគេកាន់តែជ្រៅទៅៗ ហើយសេចក្ដីស្អប់របស់ពួកគេចំពោះព្រះជាម្ចាស់ក៏កាន់តែធំទៅៗ។ ការបន្តបែបនេះ តើនឹងមានផលវិបាកអ្វីខ្លះ កាលណាពួកគេជឿលើព្រះជាម្ចាស់កាន់តែយូរនោះ? តើការថ្នាំងថ្នាក់ និងសញ្ញាណដែលបានប្រមូលផ្ដុំទាំងនេះ អាចធ្វើឱ្យពួកគេបោះបង់ចោលអនាគត វាសនា និងបំណងចង់ទទួលបានព្រះពររបស់ពួកគេបានដែរឬទេ? (មិនអាចទេ។) ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទេ តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? (ពួកគេនឹងផ្ទុះឡើង។) ពាក្យ «ផ្ទុះឡើង» គឺចំៗណាស់។ តើពួកគេនឹងផ្ទុះឡើងដោយរបៀបណា? តើមានប៉ុន្មានរបៀប? (ខ្ញុំនឹកឃើញដល់ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ដែលខ្ញុំធ្លាប់បានអានពីមុនមកគឺ៖ «សូម្បីតែក្នុងរយៈពេលត្រឹមតែមួយយប់ ពួកគេប្រែពីមនុស្សដែលមានស្នាមញញឹម និងមាន «ចិត្តល្អ» ទៅជាពេជ្ឈឃាតដែលមានមុខមាត់សាហាវយង់ឃ្នង» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។) តើអ្វីទៅជាដើមចមនៃការដែលពួកគេក្លាយជាឃាតក? នៅពេលបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរត្រូវបានខ្ទេចខ្ទី ពួកគេក៏បញ្ចេញចរិតពិត ហើយពួកគេនិយាយថា៖ «គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនឹងបានសុខស្រួលឡើយ ដូច្នេះ ខ្ញុំមិនចាំបាច់បិទបាំង ឬលាក់បាំងរឿងនេះទេ ខ្ញុំជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីទទួលបានព្រះពរប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងថាខ្ញុំនឹងមិនទទួលបានព្រះពរទេនោះ ខ្ញុំមុខជាចាកចេញតាំងពីយូរមកហើយ!» ពួកគេនិយាយរាល់ពាក្យសម្ដីដែលមាននៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេមិនខ្លាចការត្រូវបានថ្កោលទោសឡើយ។ ហេតុអ្វីបានជាពួកគេមិនខ្លាចការថ្កោលទោស? ហេតុអ្វីបានជាពួកគេអាចបោះចោលការធ្វើពុតគួរសមទាំងអស់នោះ ហើយផ្ទុះឡើងបាន? គឺដោយសារតែពួកគេមិនចង់ជឿទៀតនោះទេ ហើយចង់ចាកចេញ។ ពួកគេបានស៊ូទ្រាំនឹងភាពអាម៉ាស់ និងទុក្ខលំបាកដើម្បីតែគោលដៅរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយពួកគេអនុវត្តតាមយុទ្ធសាស្ត្រទាំងនេះ ព្រមទាំងប្រើប្រាស់យុទ្ធសាស្ត្រទាំងនេះជាទីពឹងខាងវិញ្ញាណរបស់ពួកគេ។ ថ្ងៃនេះ នៅពេលពួកគេឃើញថាគ្មានក្ដីសង្ឃឹមសម្រាប់ពួកគេក្នុងការទទួលបានព្រះពរទេ ពួកគេមានអារម្មណ៍ថា ពួកគេក៏គួរតែបោះចោលការធ្វើពុតគួរសមទាំងអស់នោះតែម្ដងទៅ ហើយនិយាយដោយចំហថា៖ «ខ្ញុំគ្រាន់តែជាអ្នកមិនជឿម្នាក់ប៉ុណ្ណោះ។ ខ្ញុំមិនចូលចិត្តអ្វីៗដែលវិជ្ជមានទេ។ ខ្ញុំចូលចិត្តដេញតាមរបស់ខាងលោកីយ៍ ហើយខ្ញុំចូលចិត្តនិន្នាការដ៏ទុច្ចរិតនានា។ គេនិយាយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរមនុស្ស និងសង្គ្រោះពួកគេបាន។ ហេតុអ្វីបានជាខ្ញុំមិនឃើញរឿងនោះអ៊ីចឹង? ហេតុអ្វីបានជាខ្ញុំមិនអាចដកបទពិសោធ ឬមានអារម្មណ៍ដឹងពីរឿងនោះបានដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរអ្វីខ្លះអំពីមនុស្ស? ខ្ញុំគិតថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្មានបានការអ្វីសោះ។ មានតែរឿងមួយគត់ដែលមានផលប្រយោជន៍ជាក់ស្ដែងបំផុត នោះគឺអស់អ្នកដែលដើរតាមព្រះជាម្ចាស់នឹងទទួលបានព្រះពរ ហើយបានចូលទៅក្នុងនគរស្ថានសួគ៌។ ព្រះបន្ទូលទាំងនេះគឺជាការពិត។ ខ្ញុំមុខជាមិនជឿលើព្រះជាម្ចាស់ទេ ប្រសិនបើមិនមែនដើម្បីទទួលបានព្រះពរនោះ! តើព្រះជាម្ចាស់នៅឯណា? ប្រសិនបើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបាន ហេតុអ្វីបានជាទ្រង់ត្រូវគេឆ្កាង? ទ្រង់មិនទាំងអាចសង្គ្រោះអង្គទ្រង់បានផង!»។ ពួកគេនិយាយអ្វីដែលពួកគេគិតយ៉ាងពិតប្រាកដ តើចរិតជាអារក្សរបស់ពួកគេមិនត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងរឿងនេះទេឬ? សញ្ញាណ និងការថ្នាំងថ្នាក់ចិត្តដែលបានប្រមូលផ្ដុំអស់ជាច្រើនឆ្នាំ ផ្ទុះចេញពីពួកគេ។ នេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលនៅទីបំផុតបង្ហាញធាតុពិតរបស់ពួកគេ។

មានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលឧស្សាហ៍និយាយរឿងដូចជា៖ «ខ្ញុំបានលះបង់គ្រួសារ និងអាជីពរបស់ខ្ញុំ ពុះពារយ៉ាងច្រើន និងរងទុក្ខយ៉ាងច្រើននៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ហើយតើខ្ញុំទទួលបានអ្វីខ្លះ? តើព្រះជាម្ចាស់មិនមែនជាព្រះជាម្ចាស់ដែលប្រទានព្រះពរដល់មនុស្សទេឬ? តើព្រះជាម្ចាស់មិនមែនជាព្រះជាម្ចាស់ដែលប្រទានព្រះគុណដល់មនុស្សទេឬ? អ៊ីចឹង តើខ្ញុំទទួលបានអ្វីខ្លះ?» ព្រះជាម្ចាស់បានផ្គត់ផ្គង់សេចក្ដីពិតយ៉ាងច្រើនដល់មនុស្ស ហើយទ្រង់បានប្រទានយ៉ាងច្រើនដោយមិនទាមទារអ្វីមកវិញឡើយ។ ទោះបីជាមនុស្សប្រឆាំង និងបះបោរទាស់នឹងព្រះជាម្ចាស់យ៉ាងខ្លាំងក៏ដោយ ក៏ទ្រង់មិនចងចាំរឿងនេះដែរ ហើយទ្រង់នៅតែយាងមកដើម្បីសង្គ្រោះមនុស្សដដែល។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចមើលឃើញថា មនុស្សទទួលបានច្រើនប៉ុនណាពីព្រះជាម្ចាស់ឡើយ។ តើពួកគេពិតជាមានន័យយ៉ាងណានៅពេលពួកគេនិយាយថា «តើខ្ញុំទទួលបានអ្វីខ្លះ?» (គឺព្រះពរ។) ពួកទទឹងនឹងព្រះគ្រីស្ទចង់បានគ្រប់យ៉ាង។ ពួកគេអាចលះបង់គ្រប់យ៉ាងដើម្បីជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហើយពួកគេគិតថា តាមរយៈការធ្វើបែបនេះ ពួកគេនឹងមានឱកាសជោគជ័យ ហើយថាវានឹងស័ក្ដិសមនឹងការលះបង់របស់ពួកគេ។ ពួកគេលះបង់លោកីយ៍ និងអនាគតរបស់ពួកគេ ហើយនាពេលខាងមុខ ពួកគេចង់ធ្វើជាម្ចាស់នៃលោកីយ៍ទាំងមូល។ អ្វីដែលពួកគេចង់បានជាការដោះដូរ ត្រូវតែមានតម្លៃជាងអ្វីដែលពួកគេបានលះបង់។ វាត្រូវតែមានតម្លៃជាងរបស់ទាំងនោះ ហើយផ្ដល់ឱ្យពួកគេនូវអត្ថប្រយោជន៍កាន់តែធំធេង នោះទើបពួកគេព្រមធ្វើការដោះដូរ។ តើអ្នករាល់គ្នាគិតថា ពួកទទឹងនឹងព្រះគ្រីស្ទនិយាយពាក្យសម្ដីទាំងនេះក្នុងពេលខឹងសម្បាអំឡុងពេលដែលពួកគេផ្ទុះឡើងដែរឬទេ? (អត់ទេ។) ពួកគេប្រាកដជាលាក់ទុកពាក្យសម្ដីទាំងនេះក្នុងចិត្តអស់រយៈពេលយ៉ាងយូរ មុនពេលដែលទីបំផុត ពាក្យសម្ដីទាំងនេះផ្ទុះចេញពីពួកគេ។ បន្ទាប់ពីរឿងនេះ អ្វីៗទាំងអស់ដែលពួកទទឹងនឹងព្រះគ្រីស្ទបាននិងកំពុងគិត និងកំពុងដេញតាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានលាតត្រដាង ហើយការបន្លំខ្លួនទាំងអស់របស់ពួកគេត្រូវបានបកអាក្រាត។ តើអ្វីជាចំណុចសំខាន់នៃអ្វីដែលពួកគេនិយាយ? «ខ្ញុំបានជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយតើខ្ញុំទទួលបានអ្វីខ្លះ?» អ្វីដែលពួកគេចង់ទទួលបាន មិនមែនជាសេចក្ដីពិតទេ។ ពួកគេមិនចង់បានសេចក្ដីពិតឡើយ។ ពួកគេមិនចង់បានជីវិតទេ ពួកគេមិនចង់បានការផ្លាស់ប្ដូរនិស្ស័យឡើយ ពួកគេមិនចង់បានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេគិតថា ពួកគេគឺជាមនុស្សគ្រប់លក្ខណ៍ ហើយពួកគេមិនចង់ទទួលបានរឿងទាំងនេះឡើយ។ ពួកគេចង់ទទួលបានអ្វីម្យ៉ាងបន្ថែម គឺព្រះពរដែលធំធេងជាងព្រះពរដែលអាចទទួលបាននៅក្នុងលោកីយ៍នេះ។ ពោលគឺ ពួកគេចង់ដោះដូររបស់ខាងលោកីយ៍ដែលពួកគេបានលះបង់ ដើម្បីទទួលបានព្រះពរដែលព្រះជាម្ចាស់បានសន្យា។ ពួកគេចង់ទទួលបានព្រះពរដ៏ធំធេងបំផុតពីព្រះជាម្ចាស់។ នៅពេលពួកគេឃើញថា ពួកគេមិនអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនបាន ហើយថាក្ដីសង្ឃឹមទាំងអស់ត្រូវបានបាត់បង់ ពួកគេត្រូវតែបោះបង់ចោល។ ប៉ុន្តែនៅពេលដែលដល់ពេលត្រូវធ្វើបែបនោះ ដោយពិចារណាលើនិស្ស័យរបស់ពួកគេ តើពួកគេនឹងអាចបញ្ឈប់ត្រឹមហ្នឹងបានដែរឬទេ? ពួកគេនឹងមិនបញ្ឈប់ត្រឹមហ្នឹងឡើយ។ មានគ្រួសារខ្លះដែលសមាជិកគ្រប់រូបសុទ្ធតែជាអ្នកជឿ ហើយពួកទទឹងនឹងព្រះគ្រីស្ទក៏លេចចេញមកក្នុងចំណោមអ្នកទាំងនោះ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះឃើញថា ពួកគេនឹងមិនទទួលបានព្រះពរទេ ពួកគេចាប់ផ្ដើមរំខានគ្រួសាររបស់ពួកគេ ដើម្បីរារាំងអ្នកទាំងនោះមិនឱ្យជឿ។ តើទាំងនេះនៅតែជាគ្រួសារទៀតដែរឬទេ? ពួកគេគឺជាគ្រួសារជិតស្និទ្ធ បើមើលពីសំបកក្រៅនៃទំនាក់ទំនងខាងរាងកាយ ឬសាច់ឈាម។ ប៉ុន្តែនៅពេលយើងមើលទៅលើផ្លូវដែលសមាជិកម្នាក់ៗដើរតាម ទោះបីជាពួកគេទាំងអស់គ្នាបានជឿលើព្រះជាម្ចាស់ជាង ១០ ឆ្នាំក៏ដោយ ក៏អ្នកខ្លះត្រូវបានបើកសម្ដែងថាជាពួកទទឹងនឹងព្រះគ្រីស្ទ អ្នកខ្លះកំពុងដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងល្អគួរសម ហើយអ្នកខ្លះកំពុងដេញតាមសេចក្ដីពិតក្នុងកម្រិតមធ្យម ដែលតាមរយៈនេះ សារជាតិធម្មជាតិរបស់ពួកគេត្រូវបានបើកសម្ដែង។ ជាការពិតណាស់ អ្នកដែលអាក្រក់បំផុតក្នុងចំណោមពួកគេ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលគួរតែត្រូវបានមនុស្សបដិសេធ និងត្រូវបានដំណាក់របស់ព្រះជាម្ចាស់បណ្ដេញចេញ។ ដូច្នេះ តើទាំងនេះគឺជាគ្រួសារដែរឬទេ? តើគ្រួសារពិតប្រាកដគឺបែបនេះមែនទេ? ទាំងនេះមិនមែនសូម្បីតែជាប្រភេទមនុស្សដូចគ្នាផង! អ្នកខ្លះបានរស់នៅជាមួយពួកអារក្សអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅតែចាត់ទុកពួកអារក្សទាំងនោះជាសមាជិកគ្រួសារដដែល។ ពួកគេមិនអាចបោះបង់ពួកអារក្សទាំងនោះបានឡើយ ហើយថែមទាំងជឿយ៉ាងល្ងង់ខ្លៅថា ពួកអារក្សទាំងនោះគឺជាមនុស្សជាទីស្រឡាញ់របស់ពួកគេទៀតផង។ តើនេះជាមនុស្សជាទីស្រឡាញ់ប្រភេទណាទៅ? បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញខ្លួន ពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ ពួកគេថែមទាំងអាចធ្វើទុក្ខបុកម្នេញអ្នកជឿពិតប្រាកដនៅក្នុងគ្រួសាររបស់ខ្លួនទៀតផង។ អ្វីដែលកាន់តែអាក្រក់នោះគឺ ពួកគេអាចនឹងប្រគល់សមាជិកគ្រួសាររបស់ខ្លួនទៅឱ្យរដ្ឋាភិបាលដ៏ទុច្ចរិត។ ឪពុកម្ដាយមួយចំនួនលក់ក្បាលកូនរបស់ខ្លួន ហើយកូនខ្លះលក់ក្បាលឪពុកម្ដាយរបស់ពួកគេ។ មិនថាទំនាក់ទំនងរបស់ពួកគេជិតស្និទ្ធ ឬស្និទ្ធស្នាលប៉ុនណានោះទេ ក៏គ្មានអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទមិនហ៊ានធ្វើឡើយ។ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទអាចលក់ក្បាល និងធ្វើទុក្ខបុកម្នេញអ្នកជឿពិតប្រាកដនៅក្នុងគ្រួសាររបស់ពួកគេ តើនេះមិនមានន័យថាពួកគេគឺជាសត្រូវទេឬ? (មែនហើយ។) ការលេចចេញនូវពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ ឬពីរនាក់នៅក្នុងពួកជំនុំ មានន័យថាជាគ្រោះថ្នាក់សម្រាប់បងប្អូនប្រុសស្រី។ ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញថា ពួកគេនឹងមិនទទួលបានព្រះពរភ្លាម ពួកគេក៏បោះបង់ខ្លួនឯង ពួកគេលែងខ្វល់ពីអ្វីទាំងអស់ ពួកគេបញ្ចេញចរិតពិត ហើយពួកគេចាប់ផ្ដើមគិតអំពីការរំខានបងប្អូនប្រុសស្រីដទៃទៀត។ បងប្អូនប្រុសស្រីមួយចំនួនទន់ខ្សោយ មានកម្ពស់តូចទាប និងមិនយល់សេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានមួយចំនួននៅលើអ៊ីនធឺណិតដល់បងប្អូនប្រុសស្រីទាំងនេះ ហើយបន្ទាប់មកក៏បញ្ឆេះរឿងដោយបន្ថែមការពន្យល់ដែលពួកគេបានប្រឌិតឡើងផ្ទាល់ខ្លួន តាមរយៈនេះ ពួកគេក៏រំខាន និងបំភាន់បងប្អូនប្រុសស្រីទាំងនោះ ហើយទីបំផុតក៏បំផ្លាញអ្នកទាំងនោះ។ ជាការពិតណាស់ បងប្អូនប្រុសស្រីមួយចំនួនមានការញែកដឹង ហើយក៏ស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទភ្លាមៗ។ ប្រសិនបើពួកគេចាត់ការពួកទទឹងនឹងព្រះគ្រីស្ទជាសាធារណៈ វានឹងបង្កឱ្យមានបញ្ហា ដូច្នេះ វាគ្រប់គ្រាន់ហើយ ប្រសិនបើពួកគេគ្រាន់តែរកវិធីដ៏ឈ្លាសវៃដើម្បីដាក់ឱ្យពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះនៅដាច់ដោយឡែក ដើម្បីកុំឱ្យពួកគេអាចរំខាន ឬធ្វើទុក្ខបុកម្នេញអ្នកដទៃបាន។ នៅពេលចាត់ការពួកសាតាំង មនុស្សត្រូវតែប្រព្រឹត្តដោយឈ្លាសវៃ។

ពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ដើម្បីតែអនាគត និងវាសនារបស់ពួកគេប៉ុណ្ណោះ។ ពួកគេតោងជាប់នឹងបំណងប្រាថ្នារបស់ពួកគេសម្រាប់ព្រះពរ ហើយនាំយកមហិច្ឆតារបស់ពួកគេមកជាមួយ នៅពេលពួកគេចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយអាន ទទួលយក និងអធិប្បាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេធ្វើសម្បទាន ស៊ូទ្រាំនឹងភាពអាម៉ាស់ ហើយស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់បែបយ៉ាងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីតែអនាគត និងវាសនារបស់ពួកគេប៉ុណ្ណោះ។ ហើយបន្ទាប់ពីរង់ចាំ និងឃ្លាំមើលអស់រយៈពេលជាច្រើនឆ្នាំ នៅពេលក្ដីសង្ឃឹមរបស់ពួកគេត្រូវបានខ្ទេចខ្ទី ពួកគេក៏ចាកចេញពីពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ ដោយសារតែអនាគត និងវាសនារបស់ពួកគេ ដោយសារតែបំណងប្រាថ្នា និងចេតនារបស់ពួកគេក្នុងការទទួលបានព្រះពរ មិនអាចសម្រេចបាន។ តើលទ្ធផលរបស់មនុស្សបែបនេះគឺជាអ្វី? ពួកគេនឹងត្រូវបានជម្រុះចោល។ ហើយហេតុអ្វីបានជាពួកគេនឹងត្រូវបានជម្រុះចោល? តើព្រះជាម្ចាស់សម្រេចព្រះហឫទ័យថាមិនសង្គ្រោះពួកគេតាំងពីពេលដែលពួកគេចូលមកក្នុងដំណាក់របស់ទ្រង់មកម្ល៉េះ ឬក៏មកពីពួកគេមានបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ? (ពួកគេមានបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។) នៅពេលពួកទទឹងនឹងព្រះគ្រីស្ទចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេលាយឡំចូលដូចជាស្រងែនៅក្នុងចំណោមស្រូវសាលីអ៊ីចឹង។ អ្នកខ្លះនិយាយថា៖ «ប៉ុន្តែ តើព្រះជាម្ចាស់មិនជ្រាបពីរឿងនេះទេឬ?» ព្រះជាម្ចាស់ជ្រាបពីរឿងនេះ ព្រះជាម្ចាស់ពិនិត្យពិច័យរឿងទាំងអស់នេះ។ មនុស្សបែបនេះមិនអាចផ្លាស់ប្ដូរបានឡើយ។ ទោះបីជាពួកគេបានអានរាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ទោះបីជាពួកគេបានអានអំពីអាថ៌កំបាំងនានា គោលដៅរបស់មនុស្ស និងនិស្ស័យពុករលួយផ្សេងៗរបស់មនុស្សដែលត្រូវបានព្រះជាម្ចាស់បើកសម្ដែង និងព្រះបន្ទូលផ្សេងៗទៀតបែបនេះក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិតឡើយ។ ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង គឺសំដៅទៅកាន់មនុស្សជាតិទាំងអស់។ ព្រះបន្ទូលទាំងនោះមិនត្រូវបានលាក់បាំងពីនរណាម្នាក់ឡើយ ហើយត្រូវបានប្រទានដល់មនុស្សគ្រប់គ្នាដោយស្មើភាពគ្នា។ មនុស្សគ្រប់រូបអាចអាន និងឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅទីបញ្ចប់ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដែលទទួលបានព្រះបន្ទូលទាំងនោះឡើយ ពីព្រោះពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាពួកអារក្ស និងពួកសាតាំង។ សាតាំងមិនបានផ្លាស់ប្ដូរឡើយ បន្ទាប់ពីនៅក្បែរព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដូច្នេះ តើវាមិនដូចគ្នាទេឬសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ? ទោះបីជាអ្នកឱ្យពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃក៏ដោយ ក៏ពួកគេនឹងមិនទទួលបានព្រះបន្ទូលទាំងនោះដែរ ពីព្រោះពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ។ វាមិនអាចទៅរួចឡើយក្នុងការធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ឬអនាគត និងវាសនារបស់ពួកគេ។ វាប្រៀបដូចជាការឱ្យជ្រូកឡើងដើមឈើអ៊ីចឹង។ វាគឺជាកិច្ចការដែលមិនអាចទៅរួចឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទចង់ឃើញផលប្រយោជន៍ភ្លាមៗ ហើយពួកគេក៏ចង់ឃើញផលប្រយោជន៍ដ៏អស់កល្បជានិច្ចនាពេលអនាគតផងដែរ។ ប្រសិនបើពួកគេមិនអាចសម្រេចបាន ឬបំពេញនូវរឿងណាមួយក្នុងចំណោមរឿងទាំងនេះទេ ពួកគេនឹងក្លាយជាមានភាពប្រទូសរ៉ាយភ្លាមៗ ហើយអាចនឹងចាកចេញនៅពេលណាក៏បាន។ ពួកទទឹងនឹងព្រះគ្រីស្ទអានអត្ថន័យបង្កប់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់ទឹកដមសូរសៀង និងការលើកដាក់សំឡេងនៃព្រះបន្ទូលទាំងនោះ ដោយព្យាយាមស្មានពីអត្ថន័យ និងបំណងព្រះហឫទ័យនៃព្រះបន្ទូលរបស់ទ្រង់ ដើម្បីវាស់ស្ទង់ពីផលប្រយោជន៍ផ្សេងៗទាំងនោះដែលពួកគេខ្វល់ខ្វាយ និងចង់ទទួលបាន។ តើវានឹងអាចទៅរួចដែរឬទេសម្រាប់ពួកគេក្នុងការយល់សេចក្ដីពិត នៅពេលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបនេះ? (មិនអាចទៅរួចទេ។) ហេតុដូច្នេះហើយ ក្នុងករណីណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទគឺប្រឆាំងទាស់ ហើយជាសត្រូវស៊ូពូជនឹងព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់។ មនុស្សមួយចំនួននិយាយថា៖ «អ្នកនេះ ឬអ្នកនោះ ពីមុនធ្លាប់ល្អណាស់។ ហេតុអ្វីបានជាឥឡូវនេះពួកគេធ្វើខ្លួនបែបនេះទៅវិញ? បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានប្រកបគ្នាប្រាប់ពួកគេ ពួកគេបាននិយាយថាពួកគេយល់ពីព្រះបន្ទូលទាំងនោះ ហើយសន្យាថានឹងខិតខំធ្វើការដើម្បីបំពេញភារកិច្ចរបស់ខ្លួនគេ ចុះហេតុអ្វីបានជាពួកគេមិនអាចផ្លាស់ប្ដូរបាន?» ខ្ញុំនឹងប្រាប់អ្នកពីការពិត។ វាមិនគ្រាន់តែថាពួកគេមិនអាចផ្លាស់ប្ដូរបាននៅពេលនេះនោះទេ ពួកគេក៏នឹងមិនអាចផ្លាស់ប្ដូរបាននាពេលអនាគតដែរ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែពួកគេគ្មានបំណងចង់ផ្លាស់ប្ដូរឡើយ។ ចូរគិតអំពីរឿងនេះទៅមើល៍៖ ប្រសិនបើឆ្កែចចកមួយក្បាលរកចៀមស៊ីមិនបាន នៅពេលវាកំពុងឃ្លានខ្លាំងទេ ជួនកាលវានឹងស៊ីស្មៅពីរបីម៉ាត់ និងផឹកទឹកខ្លះដើម្បីបំបាត់ការស្រេកឃ្លានរបស់វា។ ប៉ុន្តែ តើនេះមានន័យថាធម្មជាតិរបស់វាបានផ្លាស់ប្ដូរហើយមែនទេ? (អត់ទេ មិនមែនទេ។) ដូច្នេះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើរឿងអាក្រក់អ្វីសោះ ហើយបង្ហាញឥរិយាបថល្អៗមួយចំនួនជាបណ្ដោះអាសន្ន វាមិនមានន័យថាពួកគេបានផ្លាស់ប្ដូរ ឬទទួលយកសេចក្ដីពិតឡើយ។ ពេលដែលពួកគេត្រូវបានលួសកាត់យ៉ាងធ្ងន់ធ្ងរតាមរបៀបដែលប៉ះពាល់ដល់អំណាច និងឋានៈរបស់ពួកគេភ្លាម ហើយពួកគេឃើញថាពួកគេគ្មានក្ដីសង្ឃឹមទេ ពោលគឺពួកគេប្រាកដជានឹងត្រូវបានជម្រុះចោល នោះពួកគេនឹងក្លាយជាអវិជ្ជមានភ្លាមៗ ហើយបោះបង់ចោលកិច្ចការរបស់ពួកគេ នោះធាតុពិតរបស់ពួកគេនឹងលេចចេញមក។ តើនរណាអាចផ្លាស់ប្ដូរមនុស្សបែបនេះបាន? ព្រះជាម្ចាស់មិនមានផែនការសង្គ្រោះពួកគេទេ ទ្រង់គ្រាន់តែប្រើប្រាស់ការពិតដើម្បីបើកសម្ដែងពួកគេ និងជម្រុះពួកគេចោលប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នកបម្រើសាតាំងទាំងនេះ ត្រូវតែត្រូវបានមនុស្សគ្រប់គ្នាញែកដឹង និងបដិសេធចោល។

ការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ គឺប្រៀបដូចជាការញែកដឹងពីមនុស្សអាក្រក់ និងសាតាំងអ៊ីចឹង ហើយការវែកញែកពីពួកទទឹងនឹងព្រះគ្រីស្ទ គឺប្រៀបដូចជាការវែកញែកពីសាតាំង និងពួកអារក្សដែលមើលមិនឃើញអ៊ីចឹង។ ពួកទទឹងនឹងព្រះគ្រីស្ទដែលយើងកំពុងវែកញែកនៅថ្ងៃនេះ អាចត្រូវបានមនុស្សមើលឃើញ។ អ្នកអាចមើលឃើញអ្វីដែលពួកគេធ្វើ និងឮអ្វីដែលពួកគេនិយាយ។ អ្នកអាចមើលឃើញរាល់ការបង្ហាញចេញរបស់ពួកគេ និងដឹងពីបំណងរបស់ពួកគេ។ អ្នកមិនអាចមើលឃើញ ឬប៉ះពាល់សាតាំង ឬពួកអារក្សនៃពិភពខាងវិញ្ញាណបានឡើយ ដូច្នេះ ពួកគេនឹងគ្រាន់តែជាទស្សនាទាន និងជាឈ្មោះមួយសម្រាប់អ្នកជានិច្ច។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទដែលយើងកំពុងវែកញែកនៅថ្ងៃនេះ គឺខុសគ្នា។ ទាំងនេះគឺជាពួកអារក្ស និងពួកសាតាំងដែលនៅរស់។ ពួកគេគឺជាពួកអារក្ស និងពួកសាតាំងដែលមានសាច់មានឈាម ដែលអាចប៉ះពាល់បាន។ ពួកអារក្ស និងពួកសាតាំងទាំងនេះ ប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបដិសេធព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណ ហើយពួកគេស្អប់ខ្ពើមនូវរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង។ នៅពេលពួកគេមកកាន់ពួកជំនុំ ពួកគេនៅតែធ្វើរឿងទាំងនេះដដែល។ ពួកគេនៅតែប្រឆាំងទាស់ មានអារម្មណ៍ស្អប់ខ្ពើម និងបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលពួកគេធ្លាប់ធ្វើពីមុនអ៊ីចឹង។ ជារឿយៗ ពួកគេថែមទាំងមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ដរាបណាវាចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ សូម្បីតែរឿងតូចតាចបំផុត ក៏នឹងបង្កើតឱ្យមានសញ្ញាសួរជាច្រើននៅក្នុងចិត្តរបស់ពួកគេដែរ។ ពួកគេនឹងស្រាវជ្រាវវា វិភាគវា និងដំណើរការវាដោយប្រើគំនិតរបស់ពួកគេ។ ហេតុដូច្នេះហើយ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាកម្មវត្ថុនៃជំនឿរបស់ពួកគេឡើយ។ ពួកគេនឹងមិនដែលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជាក់ស្ដែង ពិតប្រាកដ ឬស្មោះត្រង់ប៉ុនណានោះទេ ក៏ពួកគេនឹងមិនជឿលើព្រះបន្ទូលទាំងនោះឡើយ។ ដូច្នេះ ដោយវិនិច្ឆ័យតាមចំណុចទាំងនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជាសត្រូវរបស់ព្រះជាម្ចាស់ទេឬ? តើធម្មជាតិពីកំណើតរបស់ពួកគេមិនមែនជាសត្រូវនឹងសេចក្ដីពិតទេឬ? មនុស្សប្រភេទនេះកើតមកជាសត្រូវរបស់ព្រះជាម្ចាស់ ពួកគេកើតមកដោយស្អប់ខ្ពើមសេចក្ដីពិត។ ពួកគេនឹងមិនដែលប្រព្រឹត្តចំពោះ ឬប្រកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ។ ដោយសារតែសារជាតិរបស់ពួកគេ ការបង្ហាញចេញផ្សេងៗរបស់ពួកគេចំពោះព្រះជាម្ចាស់ និងអាកប្បកិរិយាផ្សេងៗរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបនៅទីបញ្ចប់ មនុស្សប្រភេទនេះត្រូវបានថ្កោលទោសដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ ដូច្នេះ តើពួកគេនឹងអាចទទួលបានផលប្រយោជន៍ដ៏ធំធេងបំផុតដែលពួកគេដេញតាម ពោលគឺអនាគត និងវាសនារបស់ពួកគេដែរឬទេ? មិនអាចដាច់ខាត។ ហេតុដូច្នេះហើយ តើព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់នរណា អំពីសេចក្ដីសន្យា និងព្រះពរដែលទ្រង់នឹងប្រទានដល់មនុស្សជាតិ និងគោលដៅដែលទ្រង់បានរៀបចំសម្រាប់មនុស្សជាតិនោះ? តើមានចំណែកណាមួយនៅក្នុងរឿងទាំងនេះសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (គ្មានទេ។) គោលដៅដ៏អស្ចារ្យដែលព្រះជាម្ចាស់បានមានព្រះបន្ទូល និងបានសន្យាដល់មនុស្សជាតិ គឺត្រូវបានប្រទានដល់មុខសញ្ញានៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ដល់មនុស្សដែលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត។ វាមិនត្រូវបានប្រទានដល់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការកុហករបស់អ្នកបោកប្រាស់ឡើយ។

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «ពួកគេជឿថា» នោះទេ។

ខាង​ដើម៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីបួន)

បន្ទាប់៖ ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបី)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ