ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីបួន)
II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីប្រធានបទពីការជួបជុំលើកមុនរបស់យើង។ លើកមុន យើងបានប្រកបគ្នាអំពីផ្នែកទីពីរនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងផ្នែកនេះ យើងបានប្រកបគ្នាអំពីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ តើមែនទេ? (មែនហើយ។) សូមរំលឹកឡើងវិញ ហើយធ្វើសេចក្ដីសង្ខេបត្រួសៗប្រាប់ខ្ញុំ។ តើយើងបានប្រកបគ្នាជាចម្បងប៉ុន្មានចំណុច ទាក់ទងនឹងកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (ព្រះជាម្ចាស់បានប្រកបគ្នាពីរចំណុចកាលពីលើកមុន។ ទីមួយគឺអំពីអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការត្រូវបានលួសកាត់។ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលអាចទទួលយក ឬចុះចូលនឹងការត្រូវបានលួសកាត់ឡើយ ហើយពួកគេក៏មិនអាចទទួលយកវាជាសេចក្ដីពិតបានដែរ។ ទីពីរគឺអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេនៅក្នុងក្រុមមនុស្ស និងថាតើពួកគេមានការបង្ហាញចេញអ្វីខ្លះ។ សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសារជាតិនៃការប្រកួតប្រជែង ហើយពួកគេត្រូវតែប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។) ដូច្នេះ ចូរយើងបន្តប្រកបគ្នាអំពីរឿងនេះនៅថ្ងៃនេះ។ តើកិច្ចការផ្ទះអ្វីដែលខ្ញុំបានដាក់ឱ្យអ្នករាល់គ្នាកាលពីលើកមុន? តើខ្ញុំបានឱ្យអ្នករាល់គ្នារិះគិត និងប្រកបគ្នាអំពីអ្វី បន្ទាប់ពីការជួបជុំរបស់យើង? តើអ្នករាល់គ្នាចងចាំដែរឬទេ? (ព្រះជាម្ចាស់បានឱ្យពួកទូលបង្គំយកខ្លួនឯងទៅប្រៀបធៀបនឹងការប្រកបគ្នា និងការវែកញែកអំពីការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីមើលថាតើពួកទូលបង្គំមាននិស្ស័យណាខ្លះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងដើម្បីមើលថាតើពួកទូលបង្គំពឹងផ្អែកលើធម្មជាតិណាខ្លះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីធ្វើរឿងរ៉ាវនានា។) នេះគឺជាប្រធានបទចម្បង។ តើប្រធានបទរងនិយាយអំពីអ្វី? (វាគឺអំពីធម្មជាតិបែបប្រកួតប្រជែងមួយណាដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចេញ ក្នុងពេលការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ហើយយកខ្លួនយើងទៅប្រៀបធៀបនឹងចំណុចទាំងនេះ ដើម្បីមើលថាតើយើងបញ្ចេញវាឱ្យឃើញនៅក្នុងជីវិតពិតរបស់យើងយ៉ាងដូចម្ដេច និងរបៀបដែលយើងធ្វើរឿងរ៉ាវ អ្វីដែលយើងនិយាយ និងអ្វីដែលយើងធ្វើដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ និងការបង្ហាញចេញណាខ្លះនៃការដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជាមួយបងប្អូនប្រុសស្រីដែលយើងបង្ហាញឱ្យឃើញ ដើម្បីការពារឋានៈរបស់យើង។) តើមានអ្នកណាផ្សេងអាចបន្ថែមលើចំណុចនេះបានទេ? (ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកទូលបង្គំកុំឱ្យតែងតែនិយាយអំពីថា តើអ្នកដទៃមានលក្ខណៈបែបណា ក្នុងពេលប្រកបគ្នាអំពីការបង្ហាញចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែផ្ទុយទៅវិញ ត្រូវយកខ្លួនឯងទៅប្រៀបធៀបនឹងចំណុចទាំងនោះ ហើយប្រកបគ្នាអំពីនិស្ស័យ និងការបញ្ចេញឱ្យឃើញណាខ្លះដែលយើងមាន ដែលដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទ។) គឺប្រហែលជាប៉ុណ្ណឹងឯង។ តើអ្វីទៅជាបាវចនាសម្រាប់របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តនៅក្នុងក្រុមមនុស្ស ដែលយើងបានប្រកបគ្នាកាលពីលើកមុន? តើចំណុចនេះមិនបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់អ្នករាល់គ្នាទេឬ? (បាវចនារបស់ពួកគេគឺ «ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង!») អ្នករាល់គ្នាចងចាំចំណុចនេះ។ ម្ដេចបានជាអ្នករាល់គ្នាអាចចងចាំចំណុចនេះបាន? (ពីព្រោះបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលព្រះជាម្ចាស់បានមានព្រះបន្ទូលដល់នេះ «ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង!» គឺជារឿងដែលខ្លួនទូលបង្គំផ្ទាល់តែងតែបង្ហាញចេញ និងបញ្ចេញឱ្យឃើញជារឿយៗ។ លើសពីនេះ ទឹកដមសូរសៀងនៃការប្រកបគ្នារបស់ព្រះជាម្ចាស់គឺរស់រវើកណាស់ ហើយរបៀបដែលព្រះជាម្ចាស់បានសម្ដែងចេញនូវព្រះបន្ទូលទាំងនេះ គឺត្រូវទៅនឹងសភាពនៃដួងចិត្តរបស់ទូលបង្គំផ្ទាល់ ដូច្នេះ វាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ទូលបង្គំ។) ជួនកាល នៅពេលដែលខ្ញុំប្រកបគ្នា និងវែកញែកអំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិធម្មជាតិប្រភេទផ្សេងៗរបស់ពួកគេ ខ្ញុំប្រើប្រាស់ភាសាប្រចាំថ្ងៃមួយចំនួន ព្រមទាំងទឹកដមសូរសៀង និងវិធីសាស្ត្រជាក់លាក់ ដែលងាយស្រួលឱ្យមនុស្សទទួលយក និងដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់មនុស្ស ហើយខ្ញុំក៏ប្រើប្រាស់ឧទាហរណ៍មួយចំនួនដែលពិតជាកៀកកិតទៅនឹងជីវិតពិត។ ការធ្វើបែបនេះពិតជាជួយមនុស្សឱ្យស្គាល់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងឱ្យមនុស្សស្គាល់ពីខ្លួនឯង។ វាក៏មានប្រយោជន៍សម្រាប់មនុស្សក្នុងការស្គាល់ពីខ្លួនឯង និងដកបទពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិតរបស់ពួកគេ ហើយវាកាន់តែអំណោយផលសម្រាប់ពួកគេក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទប្រភេទនេះ តើមែនទេ? (មែនហើយ។) អ្នករាល់គ្នាបានផ្ដល់នូវការរំលឹកឡើងវិញត្រួសៗអំពីការប្រកបគ្នាកាលពីលើកមុន ប៉ុន្តែសេចក្ដីលម្អិតគឺមានលើសពីរឿងទាំងនេះទៅទៀត គឺមានសេចក្ដីលម្អិតជាច្រើនទៀត។ អ្នករាល់គ្នាគួរតែធ្វើសេចក្ដីសង្ខេបមួយ បន្ទាប់ពីស្ដាប់ការប្រកបគ្នារួច។ យ៉ាងហោចណាស់ បន្ទាប់ពីស្ដាប់ការប្រកបគ្នារួច អ្នករាល់គ្នាគួរតែជួបជុំគ្នា ហើយស្ដាប់វាម្ដងទៀតឱ្យបានច្រើនដង រួចហើយអ្នកគ្រប់គ្នាអាចធ្វើសេចក្ដីសង្ខេបមួយរួមគ្នា។ បន្ទាប់ពីស្ដាប់ការរំលឹកឡើងវិញ និងសេចក្ដីសង្ខេបរបស់អ្នករាល់គ្នាអំពីការប្រកបគ្នាកាលពីលើកមុនរបស់យើង ខ្ញុំអាចដឹងថា អ្នករាល់គ្នាហាក់ដូចជាមិនសូវចាំ វាហាក់ដូចជាអ្នករាល់គ្នាបានស្ដាប់ការប្រកបគ្នានេះកាលពីមួយឆ្នាំ ឬពីរឆ្នាំមុនអ៊ីចឹង ហើយវាមិនបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាប្រហែលជានៅសល់គោលគំនិត និងចំណាប់អារម្មណ៍ខ្លះៗអំពីផ្នែកណាមួយ មួយប្រយោគ ឬពីរប្រយោគ ឬមួយរឿងឬពីររឿង ប៉ុន្តែវាហាក់ដូចជាមនុស្សភាគច្រើនគ្មានគោលគំនិត ឬចំណាប់អារម្មណ៍អំពីចំណេះដឹងដ៏ចាំបាច់ និងការវែកញែកបន្ថែមទៀតនៃការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែរិះគិត និងប្រកបគ្នាបន្ថែមទៀតក្នុងចំណោមពួកអ្នករាល់គ្នា អំពីបញ្ហាដែលយើងបានពិភាក្សា។ ចូរកុំគ្រាន់តែស្ដាប់រឿងទាំងនោះ ហើយបន្ទាប់មកទុកវាចោលមួយឡែក ដោយមិនយកចិត្តទុកដាក់ទាល់តែសោះនោះឡើយ។ ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នោះ នោះការចូលទៅក្នុងសេចក្ដីពិតរបស់អ្នករាល់គ្នានឹងយឺតយ៉ាវខ្លាំងណាស់ វាមិនកើតទេដែលមិនរិះគិតអំពីសេចក្ដីអធិប្បាយទាំងនេះ! ដូច្នេះ តើអ្នករាល់គ្នាអនុវត្តតាមសេចក្ដីអធិប្បាយទាំងនេះដោយរបៀបណានៅក្នុងជីវិតពួកជំនុំរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាប្រកបគ្នាអំពីសេចក្ដីអធិប្បាយទាំងនេះនៅឯការជួបជុំរបស់អ្នករាល់គ្នាជារៀងរាល់សប្ដាហ៍ដែរឬទេ? ឬមួយក៏អ្នករាល់គ្នាស្ដាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នាថ្មីៗបំផុតឱ្យបានច្រើនដង ដើម្បីឱ្យអ្នករាល់គ្នាភាគច្រើនទទួលបានចំណាប់អារម្មណ៍ និងចំណេះដឹងស៊ីជម្រៅអំពីវា ហើយបន្ទាប់មកយល់សេចក្ដីពិតតាមរយៈរឿងទាំងនោះ? តើអ្នករាល់គ្នាធ្វើបែបនេះដែរឬទេ? (ឱព្រះជាម្ចាស់ នៅឯការជួបជុំរបស់ពួកទូលបង្គំជារៀងរាល់សប្ដាហ៍ ជាដំបូង ពួកទូលបង្គំហូប និងផឹកការប្រកបគ្នាថ្មីៗបំផុតរបស់ព្រះជាម្ចាស់។) អ្នកដឹកនាំពួកជំនុំ អ្នកអធិប្បាយ និងអស់អ្នកដែលទទួលបន្ទុកលើជីវិតពួកជំនុំនៅក្នុងក្រុមសម្រេចចិត្ត ត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ មានតែតាមរបៀបនេះទេ ទើបកិច្ចការពួកជំនុំអាចធ្វើទៅបានល្អ។
គ. ការរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ
១. ការកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់
ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីផ្នែកទីបីនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺអត្ថប្រយោជន៍។ តើអត្ថប្រយោជន៍គឺជាអ្វី? (ការទទួលបានព្រះពរ និងផលប្រយោជន៍។) នេះគឺជាការពន្យល់ដ៏សាមញ្ញណាស់ នេះគឺជាអត្ថន័យតាមន័យត្រង់។ សូមបន្ថែមបន្តិចទៀតទៅមើល៍ តើអត្ថប្រយោជន៍គឺជាអ្វី? (វាគឺជាផលប្រយោជន៍ខាងសម្ភារៈ និងមិនមែនខាងសម្ភារៈ របស់ដែលគួរឱ្យចង់បាន និងភាពងាយស្រួលដែលមនុស្សអាចទទួលបានពីការបំពេញភារកិច្ចរបស់ពួកគេ ឬពីការធ្វើការនៅក្នុងលោកីយ៍។) ការពន្យល់នេះគឺត្រឹមត្រូវហើយ។ អត្ថប្រយោជន៍គឺជាប្រភេទនៃការទំនុកបម្រុងដ៏ល្អ ដែលមនុស្សទទួលបានបន្ថែមលើប្រាក់ខែរបស់ពួកគេ ហើយរួមបញ្ចូលទាំងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ អាហារ ឬប័ណ្ណបញ្ចុះតម្លៃជាដើម។ ពាក្យនេះក៏សំដៅទៅលើភាពងាយស្រួល និងការទំនុកបម្រុងខាងសម្ភារៈ ឬមិនមែនខាងសម្ភារៈដែលនរណាម្នាក់ទទួលបាន ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនផងដែរ រឿងទាំងអស់នេះគឺជាអត្ថប្រយោជន៍។ ឥឡូវនេះ ដោយសារខ្ញុំបានពន្យល់ពីអត្ថន័យនៃពាក្យនេះហើយ តើអ្នកទាំងអស់គ្នាដឹងពីផ្នែក ឧទាហរណ៍ និងការបង្ហាញចេញដែលយើងនឹងប្រកបគ្នានៅក្នុងផ្នែកនេះដែរឬទេ? ឥរិយាបថ និងសកម្មភាពរបស់មនុស្សមួយចំនួន កំពុងតែផុសឡើងនៅក្នុងគំនិតរបស់អ្នករាល់គ្នានៅពេលនេះ ក៏ដូចជាមនុស្សដែលមានសមត្ថភាពធ្វើរឿងទាំងនេះ តើមែនទេ? តើនរណាជាមនុស្សដំបូងគេដែលអ្នករាល់គ្នាគិតដល់? (មនុស្សដែលទាញយកប្រយោជន៍ពីឋានៈរបស់ពួកគេ ដើម្បីរស់នៅពឹងលើពួកជំនុំ។) នេះគឺជាមនុស្សមួយប្រភេទ។ មនុស្សទាំងនេះក៏បំពេញភារកិច្ចរបស់ពួកគេផងដែរ។ អ្នកខ្លះក្នុងចំណោមនោះមានឋានៈ ពួកគេគឺជាអ្នកដឹកនាំ និងអ្នកធ្វើការនៅតាមកម្រិតផ្សេងៗ ឬជាអ្នកមើលការខុសត្រូវ ចំណែកឯអ្នកផ្សេងទៀតបំពេញភារកិច្ចធម្មតា។ តើពួកគេទាំងអស់គ្នាមានការបង្ហាញចេញរួមអ្វីខ្លះ? ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនពួកគេបន្តធ្វើកិច្ចការមួយចំនួន និងធ្វើរឿងជាក់លាក់នានាដើម្បីសាច់ឈាមរបស់ពួកគេផ្ទាល់ ដើម្បីគ្រួសាររបស់ពួកគេ និងដើម្បីការសប្បាយផ្ទាល់ខ្លួនរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ពួកគេរត់ខ្វាត់ខ្វែង និងលះបង់ ហើយរឿងដែលពួកគេតែងតែចងចាំក្នុងចិត្តគឺថា តើរបស់ដែលគួរឱ្យចង់បានអ្វីខ្លះ ដែលពួកគេនឹងទទួលបានតាមរយៈការធ្វើកិច្ចការនេះ ឬការបំពេញភារកិច្ចនេះ។ ពួកគេតែងតែរៀបចំផែនការ និងគិតគូរអំពីភាពងាយស្រួល និងការទំនុកបម្រុងជាអាទិភាពអ្វីខ្លះ ដែលពួកគេអាចទទួលបានពីកិច្ចការនោះ។ នៅពេលដែលពួកគេដឹង ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានរឿងទាំងនេះ ហើយលើសពីនេះទៅទៀត ពួកគេប្រាកដជានឹងមិនរំលងឱកាសណាមួយ ដើម្បីទទួលបានភាពងាយស្រួល និងផលប្រយោជន៍ទាំងនេះសម្រាប់ខ្លួនឯងឡើយ។ នៅពេលនិយាយដល់បញ្ហានេះ អ្នកអាចនិយាយបានថា ពួកគេគ្មានក្ដីមេត្តា និងគ្មានមនោសញ្ចេតនាឡើយ ហើយពួកគេប្រាកដជាមិនគិតគូរដល់សេចក្ដីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេផ្ទាល់ឡើយ។ ពួកគេមិនខ្លាចថាបងប្អូនប្រុសស្រីអាចនឹងមើលមកពួកគេយ៉ាងអវិជ្ជមានឡើយ ហើយពួកគេប្រាកដជាមិនបារម្ភអំពីរបៀបដែលព្រះជាម្ចាស់អាចនឹងវាយតម្លៃពួកគេដោយសារតែរឿងនេះឡើយ។ អ្វីទាំងអស់ដែលពួកគេធ្វើ គឺលួចរិះគិត និងរៀបផែនការអំពីរបៀបទាញយកប្រយោជន៍ពីភារកិច្ចដែលពួកគេកំពុងធ្វើ ដើម្បីអាចរីករាយនឹងការទំនុកបម្រុងដ៏មានប្រយោជន៍ទាំងអស់តាមដែលពួកគេអាចធ្វើបាន។ ហេតុនេះ មនុស្សដូចជាអ្នកទាំងនេះ មានគំនិត និងអំណះអំណាងមួយប្រភេទ ដែលមើលពីសំបកក្រៅ មិនអាចត្រូវបានចាត់ទុកថាខុសនោះទេ ពោលគឺ៖ «ដំណាក់របស់ព្រះជាម្ចាស់គឺជាគ្រួសាររបស់ខ្ញុំ ហើយគ្រួសាររបស់ខ្ញុំគឺជាដំណាក់របស់ព្រះជាម្ចាស់ អ្វីជារបស់ខ្ញុំគឺជារបស់ព្រះជាម្ចាស់ ហើយអ្វីជារបស់ព្រះជាម្ចាស់គឺជារបស់ខ្ញុំ។ ភារកិច្ចរបស់មនុស្សគឺជាការទទួលខុសត្រូវរបស់ពួកគេ ហើយអត្ថប្រយោជន៍ទាំងអស់ដែលពួកគេអាចរីករាយបានពីភារកិច្ចរបស់ពួកគេ គឺជាព្រះគុណដែលព្រះជាម្ចាស់ប្រទាន មនុស្សមិនអាចបដិសេធរឿងទាំងនោះបានទេ ហើយគួរតែទទួលយករឿងទាំងនោះពីទ្រង់។ ប្រសិនបើខ្ញុំមិនទទួលបានរឿងទាំងនោះទេ នោះអ្នកផ្សេងនឹងទទួលបាន ដូច្នេះ ខ្ញុំគួរតែទទួលយក និងរីករាយនឹងអត្ថប្រយោជន៍ទាំងនេះតែម្ដងទៅ ហើយមិនត្រូវធ្វើពុតជាបន្ទាបខ្លួនឡើយ ហើយប្រាកដណាស់ថាខ្ញុំមិនគួរបដិសេធដោយគួរសមចំពោះរឿងអ្វីនោះទេ។ ខ្ញុំគ្រាន់តែត្រូវខិតខំប្រឹងប្រែងដើម្បីអត្ថប្រយោជន៍ទាំងនេះ ហើយលូកដៃទទួលយករឿងទាំងនោះដោយដួងចិត្តចុះចូល និងអាកប្បកិរិយាស្មោះត្រង់ប៉ុណ្ណោះ»។ ពួកគេមើលឃើញអត្ថប្រយោជន៍បែបនេះថាជាប្រភេទនៃការទំនុកបម្រុងដែលពួកគេសមនឹងទទួលបានដោយឯកឯង និងគួរតែកាន់កាប់ ដូចជាមនុស្សម្នាក់ដែលធ្វើការ និងលះបង់ពេលវេលា ព្រមទាំងកម្លាំងពលកម្មរបស់គេ មានអារម្មណ៍ថាប្រាក់ខែ និងប្រាក់កម្រៃដែលគេទទួលបាន គឺជាចំណែកដ៏យុត្តិធម៌របស់គេអ៊ីចឹងដែរ។ ដូច្នេះ ទោះបីជាពួកគេបានកិបកេងរបស់ទាំងនេះ និងទទួលបានអត្ថប្រយោជន៍ទាំងនេះតាមរយៈការខិតខំប្រឹងប្រែងដើម្បីវាក៏ដោយ ក៏ពួកគេមើលមិនឃើញថាវាជារឿងខុសឆ្គង ឬជារឿងដែលព្រះជាម្ចាស់នឹងស្អប់ខ្ពើមនោះទេ កុំថាឡើយដល់ការខ្វល់ខ្វាយថាតើបងប្អូនប្រុសស្រីមានមតិយោបល់បែបណាចំពោះពួកគេនោះ។ ហាក់ដូចជាវាជារឿងត្រឹមត្រូវ និងសមហេតុសមផលឥតខ្ចោះក្នុងការធ្វើដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទរីករាយនឹងរឿងទាំងអស់នេះ ពួកគេខិតខំប្រឹងប្រែងដើម្បីរឿងទាំងនេះ ហើយលើសពីនេះទៅទៀត ពួកគេរិះរកល្បិចដើម្បីរឿងទាំងអស់នេះនៅក្នុងដួងចិត្តរបស់ពួកគេជារៀងរាល់ថ្ងៃ។ នេះគឺជាស្ថានភាពធម្មតារបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលកំពុងបំពេញភារកិច្ចរបស់ពួកគេ ហើយវាក៏ជាស្ថានភាពធម្មតារបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលកំពុងរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនផងដែរ។ ដូច្នេះ តើផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? «ក្នុងពេលដែលមនុស្សបំពេញភារកិច្ចរបស់ខ្លួន ពួកគេត្រូវតែព្យាយាមទទួលបានអ្វីមួយត្រឡប់មកវិញ។ ដោយសារខ្ញុំបានលះបង់គ្រួសាររបស់ខ្ញុំ ដើម្បីបំពេញភារកិច្ចនេះ ហើយដោយសារខ្ញុំបានដាក់ការខិតខំប្រឹងប្រែង កម្លាំង និងពេលវេលារបស់ខ្ញុំដើម្បីព្រះជាម្ចាស់ និងដំណាក់របស់ទ្រង់ ហេតុដូច្នេះហើយ ខ្ញុំគួរតែទទួលបានការរីករាយនឹងការទំនុកបម្រុងដ៏ល្អទាំងអស់ដែលខ្ញុំចង់បាន»។ ពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញរឿងទាំងអស់នេះថាជារឿងដែលពួកគេសមនឹងទទួលបានដោយឯកឯង ថាជារឿងដែលព្រះជាម្ចាស់គួរតែប្រទានដល់មនុស្ស ដោយមិនចាំបាច់ឱ្យពួកគេខិតខំប្រឹងប្រែងដើម្បីរឿងទាំងនោះឡើយ។ នេះគឺជាទស្សនៈដែលពួកទទឹងនឹងព្រះគ្រីស្ទមាន។ ដូច្នេះហើយ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ ពួកគេតែងតែខិតខំប្រឹងប្រែងដើម្បីអត្ថប្រយោជន៍ជានិច្ច ហើយតែងតែខ្លាចថាអ្នកណាម្នាក់ផ្សេងអាចនឹងយករឿងណាមួយនៃអត្ថប្រយោជន៍ទាំងនោះ ហើយបន្សល់ទុកឱ្យពួកគេនូវចំនួនតិចតួច។ នេះគឺជាស្ថានភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលកំពុងបំពេញភារកិច្ចរបស់ពួកគេ។ តើនៅទីបំផុត ចេតនា គោលបំណង និងគោលដៅទាំងអស់របស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ពួកគេ សរុបមកគឺជាអ្វី? រឿងទាំងនេះសរុបមកគឺពួកគេរិះរកល្បិចដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់សម្រាប់ខ្លួនឯង ដោយគិតថា បើមិនដូច្នេះទេ ពួកគេនឹងគ្រាន់តែជាមនុស្សល្ងីល្ងើខ្លាំងម្នាក់ ហើយជីវិតនឹងគ្មានន័យឡើយ។ នេះហើយគឺជាផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
មិនថាជាព្រះជាម្ចាស់លាតត្រដាងពីធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬការបង្ហាញចេញរបស់ពួកគេដែលមិនស្រឡាញ់សេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនបោះបង់ចោលចេតនា និងការដេញតាមរបស់ពួកគេទាំងនេះឡើយ ពួកគេបន្តខិតខំប្រឹងប្រែងដើម្បីអត្ថប្រយោជន៍ដដែល។ ឧទាហរណ៍៖ បន្ទាប់ពីមនុស្សមួយចំនួនចាប់ផ្ដើមបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ពួកជំនុំ ឬបងប្អូនប្រុសស្រីទិញអាហារ ឬគ្រឿងបរិក្ខារមួយចំនួន ឬថែមទាំងផ្ដល់ប្រាក់មួយចំនួនសម្រាប់លំនៅឋានទទួលភ្ញៀវ។ ប្រសិនបើបុគ្គលដែលបំពេញភារកិច្ចនេះគឺជាអាទទឹងនឹងព្រះគ្រីស្ទ នោះរបស់ដែលគួរឱ្យចង់បានដែលគេព្យាយាមទទួលបានសម្រាប់ខ្លួនឯង គឺមិនសាមញ្ញត្រឹមតែឈើគូសមួយដើម ឬស្លាបព្រាតូចមួយនោះទេ។ បុគ្គលនេះនិយាយថា៖ «ខ្ញុំផ្ដល់ផ្ទះរបស់ខ្ញុំដើម្បីទទួលបងប្អូនប្រុសស្រីទាំងនេះ ហើយបម្រើពួកគេក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ ដូច្នេះ ជាការពិតណាស់ដំណាក់របស់ព្រះជាម្ចាស់គួរតែផ្ដល់សម្ភារៈ និងប្រាក់ទាំងអស់។ ខ្ញុំផ្ដល់ផ្ទះរបស់ខ្ញុំ និងចម្អិនអាហារសម្រាប់អ្នកទាំងអស់គ្នា ហើយធានាសុវត្ថិភាពរបស់អ្នករាល់គ្នា ធ្វើបានប៉ុណ្ណឹងគឺល្អណាស់ទៅហើយ។ ចំណែកឯរឿងនៅសល់ផ្សេងទៀត ដូចជាអ្វីដែលអ្នករាល់គ្នាហូប ផឹក និងប្រើប្រាស់ គួរតែត្រូវបានពួកជំនុំផ្ដល់ឱ្យនុំ»។ វាពិតជាមិនខុសទេដែលពួកជំនុំនឹងផ្ដល់របស់ទាំងនេះ ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រកបគ្នានៅត្រង់នេះ គឺភាពខុសគ្នារវាងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ និងរបៀបដែលអ្នកដទៃបំពេញភារកិច្ចនេះដោយស្មោះត្រង់។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ សកម្មភាពនេះមិនអាចគ្រាន់តែវាយតម្លៃត្រឹមសំបកក្រៅនោះទេ ពួកគេមានចេតនាលាក់កំបាំង។ ពួកគេគិតថា៖ «ខ្ញុំកំពុងបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនេះ ដូច្នេះ ខ្ញុំត្រូវរិះរកល្បិចដើម្បីទទួលបានអ្វីមួយពីវា។ ពួកជំនុំកំពុងផ្ដល់អាហារមួយចំនួន និងរបស់របរចាំបាច់ផ្សេងទៀត ដូច្នេះ សមាជិកគ្រួសាររបស់ខ្ញុំត្រូវហូបអាហារនោះជាមួយបងប្អូនប្រុសស្រី ហើយប្រើប្រាស់របស់ទាំងអស់នោះតាមចិត្តចង់ផងដែរ។ គ្រួសាររបស់ខ្ញុំគឺជារបស់ដំណាក់របស់ព្រះជាម្ចាស់ ដូច្នេះ អ្វីដែលជារបស់ដំណាក់របស់ព្រះជាម្ចាស់ ក៏ជារបស់គ្រួសារខ្ញុំដែរ»។ នេះគឺជាអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេ តើមែនទេ? (មែនហើយ។) ហេតុដូច្នេះហើយ នៅពេលមនុស្សមួយចំនួនចាប់ផ្ដើមបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ដួងចិត្តរបស់ពួកគេចាប់ផ្ដើមផ្លាស់ប្ដូរ ពួកគេតែងតែគិតអំពីរបស់របរខាងសម្ភារៈ និងប្រាក់ដែលត្រូវបានប្រើប្រាស់សម្រាប់ការទទួលបងប្អូនប្រុសស្រី ហើយប្រសិនបើគ្មាននរណាម្នាក់ពិនិត្យមើលរឿងទាំងនេះឱ្យបានដិតដល់ទេ នោះឱកាសសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះក្នុងការទទួលបានអត្ថប្រយោជន៍ខ្លះបានមកដល់ហើយ។ តើជាឱកាសបែបណា? ពួកគេនឹងលួចគិតគូរថា៖ «នេះគឺជាចំនួនទឹកប្រាក់ដែលមនុស្សម្នាក់ចំណាយក្នុងមួយថ្ងៃ ដូច្នេះ ទោះសល់ប្រាក់ប៉ុន្មានក៏ដោយ ខ្ញុំនឹងមិនប្រគល់ឱ្យពួកជំនុំវិញទេ ខ្ញុំនឹងទុកវាសម្រាប់ខ្លួនឯង។ យ៉ាងហោចណាស់ នេះគឺជាប្រាក់ដែលខ្ញុំរកបាន ដូច្នេះ គ្មាននរណាម្នាក់អាចបន្ទោសខ្ញុំចំពោះការទុកវាឡើយ ជាការពិតណាស់ នេះត្រឹមតែជារឿងដែលខ្ញុំសមនឹងទទួលបានប៉ុណ្ណោះ!»។ បន្ទាប់មក ពួកគេនឹងដាក់ប្រាក់ដែលនៅសល់នោះចូលក្នុងហោប៉ៅរបស់ខ្លួន។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះនឹងស្វែងរកលេសគ្រប់បែបយ៉ាង ដើម្បីទុករបស់របរខាងសម្ភារៈមួយចំនួនដែលបានបរិច្ចាគដោយបងប្អូនប្រុសស្រី ឬរបស់ដែលផ្ដល់ដោយដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ខ្លួនឯង។ នៅកន្លែងខ្លះ ពេលដែលបងប្អូនប្រុសស្រីទៅស្នាក់នៅទីនោះម្ដងទៀត ពូកនៅលើគ្រែបានបាត់ ខ្នើយ និងភួយក៏បានបាត់ សាច់ និងបន្លែបានបាត់អស់ ហើយនៅពេលបងប្អូនប្រុសស្រីសួរម្ចាស់ផ្ទះអំពីរឿងនេះ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនិយាយថា៖ «ប្រសិនបើអ្នកទុកអាហារយូរ វានឹងមានរសជាតិមិនសូវឆ្ងាញ់ទេ ដូច្នេះ ពួកយើងបានហូបវាអស់ហើយ»។ តើអ្នកទាំងនេះមិនមែនជាមនុស្សលោភលន់ទេឬ? (ជាមនុស្សលោភលន់។) នៅពេលរបស់របរខាងសម្ភារៈដែលផ្ដល់ដោយដំណាក់របស់ព្រះជាម្ចាស់ ក៏ដូចជារបស់របរដែលបងប្អូនប្រុសស្រីបានទិញសម្រាប់លំនៅឋានទទួលភ្ញៀវ ត្រូវបាននាំយកចូលទៅក្នុងកន្លែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះភ្លាម របស់ទាំងនោះក្លាយជារបស់ពួកគេ ពួកគេប្រើប្រាស់ ឬហូបរបស់ទាំងនោះតាមចិត្តចង់ ឬថែមទាំងចាត់ទុករបស់ទាំងនោះដោយផ្ទាល់ថាជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ហើយលាក់វាទុកទៀតផង។ នៅពេលដែលបងប្អូនប្រុសស្រីទៅទីនោះម្ដងទៀត របស់ទាំងនេះលែងនៅទៀតហើយ។ ប្រសិនបើពួកជំនុំត្រូវការប្រើប្រាស់កន្លែងស្នាក់នៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះម្ដងទៀត ពួកជំនុំត្រូវចំណាយប្រាក់ដើម្បីទិញរបស់ទាំងនោះម្ដងទៀត ហើយបងប្អូនប្រុសស្រីត្រូវតែនាំយករបស់ទាំងនោះទៅផ្ទះរបស់ពួកគេម្ដងទៀត។ ពេលឃើញដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទក៏សប្បាយចិត្ត ដោយគិតថា៖ «ការជឿលើព្រះជាម្ចាស់ពិតជាអស្ចារ្យមែន! ខ្ញុំមិនអាចក្លាយជាអ្នកមានលឿនបែបនេះទេ បើធ្វើរឿងផ្សេង នេះគឺជាមធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីទទួលបានរបស់របរ។ លើសពីនេះ គ្មាននរណាម្នាក់ហ៊ានរាយការណ៍ប្រាប់ប៉ូលិសថា របស់របររបស់ពួកជំនុំទាំងនេះបានបាត់បង់ឡើយ ប្រសិនបើអ្នកពិតជាព្យាយាមរាយការណ៍ពីខ្ញុំមែន នោះខ្ញុំនឹងរាយការណ៍ពីអ្នកមុនមិនខាន! ដូច្នេះ អ្វីទាំងអស់ដែលអ្នកអាចធ្វើបាន គឺបិទមាត់ ហើយទ្រាំទទួលយកវា អ្នកគ្មានកន្លែងណាដើម្បីត្អូញត្អែរអំពីរឿងនេះឡើយ។ ខ្ញុំបានកាន់កាប់របស់ទាំងនេះ និងបានហូបអាហារនេះហើយ។ តើអ្នកអាចធ្វើអ្វីខ្ញុំបានទៅ? ព្រះជាម្ចាស់មិនលម្អៀងឡើយ។ ខ្ញុំកំពុងផ្ដល់ផ្ទះរបស់ខ្ញុំសម្រាប់ការទទួលបងប្អូនប្រុសស្រី ដូច្នេះ នោះគឺជាការចូលរួមចំណែកដែលខ្ញុំបានធ្វើ ហើយព្រះជាម្ចាស់នឹងចងចាំខ្ញុំដោយសាររឿងនេះ។ តើមានអ្វីត្រូវខ្លាចទៅ ប្រសិនបើខ្ញុំយកបន្តិចបន្តួចនោះ? នេះត្រឹមតែជារឿងដែលខ្ញុំសមនឹងទទួលបានប៉ុណ្ណោះ! តើមានអ្វីត្រូវខ្លាចក្នុងការហូបអាហារនេះខ្លះទៅ? ម៉េចចុះអ្នករាល់គ្នាហូបបាន តែខ្ញុំហូបមិនបានឬ? អ្នករាល់គ្នាគឺជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែតើខ្ញុំមិនមែនជាសមាជិកម្នាក់ដែរទេឬ? ខ្ញុំមិនត្រឹមតែនឹងចំណេញពីស្ថានភាពនេះប៉ុណ្ណោះទេ ខ្ញុំនឹងហូបរបស់ទាំងនេះដោយខ្លួនឯង ហើយបរិភោគវាដោយម្នាក់ឯង!»។ នេះគឺជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះភារកិច្ចរបស់ខ្លួន។ ក្នុងការបំពេញភារកិច្ចរបស់ពួកគេ គោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺដើម្បីទទួលបានរបស់ទាំងនេះ ហើយពួកគេមើលឃើញរបស់ទាំងនោះថាជាអត្ថប្រយោជន៍ដ៏ធំបំផុត ដោយនិយាយថា៖ «ទាំងនេះគឺជាព្រះគុណដ៏ធំធេងបំផុតដែលព្រះជាម្ចាស់ប្រទាន គ្មានអ្វីដែលជាក់ស្ដែងជាងព្រះគុណនេះទេ ហើយគ្មានអ្វីដែលពិតប្រាកដ និងមានប្រយោជន៍ជាក់ស្ដែងជាងព្រះពរនេះឡើយ។ នេះពិតជាអស្ចារ្យណាស់! មនុស្សគ្រប់គ្នានិយាយថា ការជឿលើព្រះជាម្ចាស់មានន័យថា 'ទទួលបានមួយរយភាគនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងបរលោក' ការណ៍នេះបានសម្រេចនូវពាក្យសម្ដីនោះហើយ។ ឥឡូវនេះ ខ្ញុំកំពុងភ្លក់រសជាតិជាមុននូវព្រះពរនេះហើយ។ នេះពិតជាព្រះគុណរបស់ព្រះជាម្ចាស់មែន!»។ ហេតុនេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានការស្ទាក់ស្ទើរទាល់តែសោះ អំពីការកាន់កាប់របស់របរដែលជាកម្មសិទ្ធិដំណាក់របស់ព្រះជាម្ចាស់ ហើយយករបស់ទាំងនោះសម្រាប់ខ្លួនឯងដោយគ្មានក្ដីមេត្តា។ តើពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ទាំងនេះយ៉ាងដូចម្ដេច? ពួកគេចាត់ទុកទ្រព្យសម្បត្តិទាំងនោះដូចជាទ្រព្យសម្បត្តិសាធារណៈនៅក្នុងពិភពដែលមិនជឿ ពួកគេសុទ្ធតែលោភលន់ ពួកគេសុទ្ធតែចង់យករបស់របរនៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ខ្លួនឯង ហើយយ៉ាងណាក្ដី ពួកគេនៅតែជឿថារឿងទាំងនេះគឺជាព្រះគុណ និងជាព្រះពរដែលពួកគេសមនឹងរីករាយ ដោយសារការបំពេញភារកិច្ចរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេមិនដែលមានអារម្មណ៍វិប្បដិសារី ឬខ្មាសអៀនអំពីរឿងនេះឡើយ ហើយពួកគេក៏មិនទទួលស្គាល់ពីសេចក្ដីទុច្ចរិត ឬការខ្វះសេចក្ដីទៀងត្រង់របស់ពួកគេផ្ទាល់ដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ថែមទាំងកាន់តែមានភាពលោភលន់ និងមហិច្ឆតាកាន់តែខ្លាំងឡើងៗ។ ក្នុងពេលបំពេញភារកិច្ចរៀបចំទទួលភ្ញៀវរបស់ពួកគេ ពួកគេមិនដែលមានអារម្មណ៍ថាសកម្មភាពរបស់ខ្លួននឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម ឬថាសកម្មភាពរបស់ពួកគេនឹងប្រមាថដល់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបន្តគិតគូរ និងប្រៀបធៀបនៅក្នុងគំនិតរបស់ពួកគេ ដោយគិតថា៖ «គ្រួសារនោះបានបម្រើជាអ្នកទទួលភ្ញៀវ ហើយទទួលបានរបស់ទាំងនោះ។ ប្រសិនបើខ្ញុំទទួលមនុស្សដូចគ្នា នោះរបស់ទាំងនោះពិតជាគួរតែជារបស់ខ្ញុំដោយពេញសិទ្ធិ។ អ្នកទទួលភ្ញៀវនោះរស់នៅដោយមានផាសុកភាពជាងខ្ញុំ ហើយពួកគេក៏ហូបចុកបានល្អជាងផងដែរ។ ម្ដេចបានជាខ្ញុំមិនបានទាញយកប្រយោជន៍បែបនោះដែរអ៊ីចឹង?»។ ពួកគេក៏គិតគូរ និងដណ្ដើមគ្នាចំពោះរបស់ទាំងនេះផងដែរ។ នៅពេលឱកាសមកដល់ភ្លាម ពួកគេគ្មានភាពមេត្តាករុណាឡើយ ហើយប្រាកដជានឹងមិនរំលងវាចោលទេ។ ហេតុនេះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទកំពុងបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ពួកគេលោភលន់ចង់បាន និងព្យាយាមកាន់កាប់អ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ចាប់តាំងពីរបស់របរតូចតាចដូចជាទ្រនាប់ស្បែកជើងមួយគូ រហូតដល់របស់របរធំដុំដូចជាគ្រឿងបរិក្ខារដែលដំណាក់របស់ព្រះជាម្ចាស់ទិញ។ ពួកគេទាញយកប្រយោជន៍ពីឱកាសនៃការបំពេញភារកិច្ចរបស់ពួកគេ ដើម្បីស្វែងរកលេស និងវិធីគ្រប់បែបយ៉ាងដើម្បីយករបស់របរសម្រាប់ខ្លួនឯង ដោយប្រើប្រាស់ទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលនិយាយដោយគ្មានភាពខ្មាសអៀនថា ពួកគេធ្វើដូច្នេះដើម្បីតែការពារទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយថារបស់ទាំងនេះត្រឹមតែជារបស់ដែលពួកគេសមនឹងទទួលបាន ដោយសារការបំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះ។ រឿងទាំងនេះកើតឡើងក្នុងចំណោមមនុស្សដែលជឿ និងដើរតាមព្រះជាម្ចាស់។
ក្នុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទកំពុងបំពេញភារកិច្ចរៀបចំទទួលភ្ញៀវរបស់ពួកគេ ពួកគេអាចនឹងបង្ហាញខ្លួនពីសំបកក្រៅហាក់ដូចជាពួកគេមិនលោភលន់ចង់បាន ឬមិនព្យាយាមយករបស់របរនោះទេយ ដោយបដិសេធមិនទទួលយកប្រាក់កម្រៃណាមួយសម្រាប់ការទទួលបងប្អូនប្រុសស្រីឡើយ ហើយនៅពេលពួកគេឃើញរបស់របរដែលគ្មានតម្លៃមួយចំនួន ពួកគេនឹងប្រញាប់ប្រញាល់ទុកដាក់វាឱ្យមានសុវត្ថិភាព។ ក៏ប៉ុន្តែ នៅពេលនិយាយដល់របស់មានតម្លៃដែលជាកម្មសិទ្ធិដំណាក់របស់ព្រះជាម្ចាស់ ពួកគេប្រាកដជានឹងមិនបណ្ដោយឱ្យរបស់ទាំងនោះរបូតពីដៃបែបនេះឡើយ។ ពួកគេប្រហែលជានឹងប្រគល់របស់ដែលមានតម្លៃមួយយ័ន ប៉ុន្តែចំពោះរបស់ណាដែលមានតម្លៃមួយរយយ័ន មួយពាន់យ័ន មួយម៉ឺនយ័ន ឬរបស់ដែលមានតម្លៃលើសពីនេះទៅទៀតនោះ ពួកគេនឹងញាត់វាចូលទៅក្នុងកាបូបលុយរបស់ពួកគេយ៉ាងណែន ហើយទុកវាសម្រាប់ខ្លួនឯង។ ចំពោះមនុស្សមួយចំនួន ស្ថានភាពគ្រោះថ្នាក់កើតឡើងតាមមូលដ្ឋាន ក្នុងពេលដែលពួកគេកំពុងមើលការខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ហើយមនុស្សដែលដឹងថាពួកគេកំពុងធ្វើរឿងនេះ ប្រហែលជារត់គេចទៅកន្លែងផ្សេង ឬត្រូវបានចាប់ខ្លួន ដូច្នេះ គ្មាននរណាម្នាក់ក្រៅពីពួកគេដឹងអំពីទ្រព្យសម្បត្តិទាំងនេះដែលពួកគេកំពុងរក្សាទុកឱ្យមានសុវត្ថិភាពឡើយ គឺនៅក្នុងស្ថានភាពបែបនេះហើយដែលមនុស្សត្រូវបានល្បងល។ អស់អ្នកដែលពិតជាជឿលើព្រះជាម្ចាស់ ដែលស្រឡាញ់សេចក្ដីពិត និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ អាចប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួនគ្រប់ពេលវេលា ហើយពួកគេនឹងមិនមានគំនិត ឬការគិតចង់ប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនបែបនេះទេ ពួកគេនឹងខិតខំប្រឹងប្រែងគិតយ៉ាងខ្លាំង និងគិតរកមធ្យោបាយគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីយកទ្រព្យសម្បត្តិទាំងនេះសម្រាប់ខ្លួនឯង។ នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះមនុស្សដែលដឹងថាពួកគេកំពុងការពារទ្រព្យសម្បត្តិទាំងនោះភ្លាម ពួកទទឹងនឹងព្រះគ្រីស្ទលួចមានអារម្មណ៍សប្បាយនៅក្នុងចិត្តរបស់ពួកគេ ហើយថែមទាំងលោតកញ្ឆេងដោយក្ដីអំណរទៀតផង។ ពួកគេយកទ្រព្យសម្បត្តិទាំងនោះសម្រាប់ខ្លួនឯងភ្លាមៗ ដោយមិនមានអារម្មណ៍ភ័យខ្លាចទាល់តែសោះ រឹតតែគ្មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ឬមានកំហុសទៅទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះសម្រាប់ការចំណាយក្នុងគ្រួសាររបស់ពួកគេផ្ទាល់ និងចាត់ចែងរបស់ទាំងនោះតាមអំពើចិត្ត អ្នកខ្លះប្រើប្រាស់ប្រាក់នោះភ្លាមៗដើម្បីទិញរបស់របរដែលពួកគេចង់បានសម្រាប់ផ្ទះរបស់ពួកគេ ហើយអ្នកខ្លះថែមទាំងដាក់ប្រាក់នោះចូលទៅក្នុងគណនីធនាគាររបស់ពួកគេដោយផ្ទាល់ ហើយទុកវាសម្រាប់ខ្លួនឯងទៀតផង។ ហើយនៅពេលបងប្អូនប្រុសស្រីទៅប្រមូលយកទ្រព្យសម្បត្តិទាំងនោះ តើពេលនោះ ពួកទទឹងនឹងព្រះគ្រីស្ទអាចសារភាពពីអ្វីដែលពួកគេបានធ្វើដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទប្រាកដជានឹងមិនសារភាពជាដាច់ខាត។ គោលដៅរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួន គឺដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បាន ហើយរបស់ដែលគួរឱ្យចង់បានទាំងនេះរួមមាន តង្វាយរបស់ព្រះជាម្ចាស់ ទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ និងសូម្បីតែរបស់របរផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រីផងដែរ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេដោយសេចក្ដីលោភលន់ បំណងប្រាថ្នា និងមហិច្ឆតាផ្ទាល់ខ្លួន។ ពួកគេមិនមែននៅទីនេះដើម្បីដេញតាមសេចក្ដីពិត ដើម្បីទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ឬដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមកទីនេះដើម្បីទទួលបានគ្រប់អត្ថប្រយោជន៍ គ្រប់ភាពងាយស្រួល និងទ្រព្យសម្បត្តិទាំងអស់។ គេអាចនិយាយបានថា មនុស្សទាំងនេះពោរពេញទៅដោយសេចក្ដីលោភលន់ និងបំណងប្រាថ្នា។ តើពួកគេផ្ដោតចិត្តរបស់ខ្លួនលើអ្វី? ពួកគេផ្ដោតចិត្តលើទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ នោះហើយជាមូលហេតុដែលនៅពេលពួកគេបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ពួកគេផ្ដោតទៅលើអ្វីដែលដំណាក់របស់ព្រះជាម្ចាស់ទិញសម្រាប់នរណាម្នាក់ ចំនួនប្រាក់ដែលដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ឱ្យនរណាម្នាក់ និងថាតើអត្ថប្រយោជន៍ដ៏ធំធេងប៉ុនណា និងរបស់ដែលគួរឱ្យចង់បានអ្វីខ្លះដែលមនុស្សណាម្នាក់ទទួលបានពីដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រី សម្រាប់ការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ទាំងនេះគឺជារឿងដែលពួកគេតាមសម្លឹងមើល។ ប្រសិនបើពួកគេត្រូវបានស្នើឱ្យទទួលបងប្អូនប្រុសស្រីធម្មតា ហើយមិនអាចទទួលបានរបស់ដែលគួរឱ្យចង់បានណាមួយពីការធ្វើដូច្នេះទេ ពួកគេនឹងរកលេសគ្រប់បែបយ៉ាង ដើម្បីកុំឱ្យពួកគេត្រូវធ្វើវា។ ភ្លាមៗនៅពេលដែលពួកគេត្រូវបានស្នើឱ្យទទួលអ្នកដឹកនាំជាន់ខ្ពស់ អាកប្បកិរិយារបស់ពួកគេផ្លាស់ប្ដូរទាំងស្រុង ១៨០ដឺក្រេ វាផ្លាស់ប្ដូរ ពួកគេពោរពេញដោយស្នាមញញឹម ហើយពួកគេរង់ចាំអ្នកដឹកនាំនោះដោយអន្ទះសា ពួកគេអន្ទះសាចង់អញ្ជើញ «អ្នកធំ» ដែលពួកគេត្រូវទទួលនេះមកផ្ទះរបស់ពួកគេ ហើយថ្វាយបង្គំអ្នកដឹកនាំនេះដូចជាព្រះជាម្ចាស់។ ពួកគេគិតថា ឱកាសមាសរបស់ពួកគេបានមកដល់ហើយ ថានេះគឺជាដើមឈើលុយរបស់ពួកគេ ហើយប្រសិនបើពួកគេខកខានឱកាសនេះ នោះឱកាសរបស់ពួកគេក្នុងការក្លាយជាអ្នកមាននឹងបាត់បង់ ដូច្នេះ តើពួកគេម្ដេចនឹងអាចបណ្ដោយឱ្យវាកន្លងហួសបានទៅ? ដោយមានសេចក្ដីលោភលន់ បំណងប្រាថ្នា ព្រមទាំងកម្លាំងជំរុញចិត្ត និងចេតនាក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ពួកគេទទួលយកភារកិច្ចនេះដែលអាចនាំមកឱ្យពួកគេនូវរបស់ដែលគួរឱ្យចង់បាន តើគោលដៅចុងក្រោយរបស់ពួកគេគឺជាអ្វី? តើវាគឺដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អឬ? តើវាគឺដើម្បីទទួលបងប្អូនប្រុសស្រីឱ្យបានល្អឬ? តើវាគឺដើម្បីថ្វាយភាពស្មោះត្រង់របស់ពួកគេឬ? តើវាគឺដើម្បីទទួលបានសេចក្ដីពិតឬ? អត់ទេ វាមិនមែនជារឿងទាំងនេះណាមួយឡើយ ពួកគេចង់ប្រើប្រាស់ឱកាសនេះដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បាន។ ពួកគេនឹងមិនទទួលមនុស្សធម្មតាឡើយ ប៉ុន្តែនៅពេលពួកគេឮថា ពួកគេត្រូវទទួលអ្នកដឹកនាំ ឬអ្នកធ្វើការដែលមានឋានៈ ពួកគេនឹងដណ្ដើមគ្នាធ្វើរឿងនេះ ហើយបន្ទាប់មក ពួកគេនឹងរកលេសផ្សេងៗដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់ទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងបរិក្ខារក្នុងផ្ទះគ្រប់បែបយ៉ាងឱ្យពួកគេ ដោយនិយាយថា៖ «អ្នកដឹកនាំមិនអាចស្នាក់នៅក្នុងស្ថានភាពមិនល្អបានទេ នៅពេលដែលពួកគេមកស្នាក់នៅទីនេះ។ តើអ្វីៗគ្រប់យ៉ាងមិនគួររៀបចំដើម្បីធ្វើឱ្យការទទួលភ្ញៀវមានភាពងាយស្រួលទេឬ? ពួកយើងមិនរីករាយនឹងរបស់របរដែលដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ឱ្យទេ ប្រសិនបើយើងរីករាយនឹងរបស់ទាំងនោះ ពួកយើងគ្រាន់តែបានចំណេញបន្តិចបន្តួចតាមអ្នកដឹកនាំប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រសិនបើអ្នកដឹកនាំមក ខ្ញុំខ្លាចថាពួកគេនឹងមិនស៊ាំនឹងអាហារដែលពួកយើងហូបរៀងរាល់ថ្ងៃនៅទីនេះឡើយ។ អ្នកដឹកនាំត្រូវចាត់ចែងរឿងជាច្រើនជារៀងរាល់ថ្ងៃ ហើយប្រសិនបើពួកគេធ្លាក់ខ្លួនឈឺ តើពួកយើងនឹងមិនធ្វេសប្រហែសក្នុងភារកិច្ចរបស់យើងក្នុងនាមជាអ្នកទទួលភ្ញៀវទេឬ? ដូច្នេះ ពួកជំនុំគួរតែរៀបចំអាហារបីពេលក្នុងមួយថ្ងៃសម្រាប់អ្នកដឹកនាំ។ ពួកយើងត្រូវតែមានទឹកដោះគោ នំប៉័ង ស៊ុត និងបន្លែ ផ្លែឈើ សាច់ ព្រមទាំងអាហារបំប៉នសុខភាពគ្រប់បែបយ៉ាងរៀបចំទុកសម្រាប់ពួកគេ»។ តើនេះមិនមែនជាគំនិតដ៏ល្អប្រពៃ និងចេះគិតគូរទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទនិយាយភាសាដែលស្ដាប់ពីក្រៅទៅដូចជាមនុស្ស ប៉ុន្តែតើពួកគេពិតជាកំពុងគិតដល់អ្នកដឹកនាំនៅក្នុងដួងចិត្តរបស់ពួកគេមែនឬ? តើគោលដៅលាក់កំបាំងរបស់ពួកគេគឺជាអ្វីឱ្យប្រាកដទៅ? គោលដៅរបស់ពួកគេមិនសាមញ្ញបែបនោះទេ។ ពួកគេប្រហែលជាក្រីក្រ ហើយមិនដែលហូប ឬឃើញរបស់ល្អៗពីមុនមកទេ ហើយពួកគេចង់ប្រើប្រាស់ឱកាសនេះដើម្បីទទួលបានបទពិសោធ ដើម្បីរស់នៅដូចជាអ្នកមាន ដើម្បីរស់នៅក្នុងជីវិតមួយដែលតម្រូវការជាមូលដ្ឋានទាំងអស់របស់ពួកគេត្រូវបានបំពេញ ដើម្បីប្រើប្រាស់ឱកាសនេះក្នុងការថែរក្សាសុខភាពរបស់ពួកគេ ដើម្បីហូបរបស់ដែលមនុស្សធម្មតាមិនអាចហូបបាន ហើយងរីករាយនឹងការទំនុកបម្រុងមួយចំនួនដែលមនុស្សធម្មតាមិនអាចរីករាយបាន។ នោះហើយជាមូលហេតុដែលគំនិតរបស់ពួកគេមើលទៅហាក់ដូចជាចេះគិតគូរខ្លាំងណាស់។ ប៉ុន្តែតើមានអ្វីនៅពីក្រោយការគិតគូររបស់ពួកគេ? ពួកគេចង់រិះរកល្បិចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ពួកគេចង់ទទួលបានរបស់ទាំងនេះ រឹបអូសយករបស់ទាំងនេះ ហើយប្រាកដណាស់ថាពួកគេកំពុងគិតគូរគ្រប់ទិដ្ឋភាពនៃល្បិចកលរបស់ពួកគេផ្ទាល់ ពួកគេនឹងមិនធ្វើបែបនេះសម្រាប់អ្នកណាផ្សេងឡើយ។ ហើយនៅពេលដែលពួកគេទទួលអ្នកដឹកនាំ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះពិតជាកំពុងរស់នៅក្នុងជីវិតដ៏ល្អមែន។ បន្ទាប់ពីនោះ ពួកគេលួចគិតថា៖ «ការរស់នៅបែបនេះអស្ចារ្យណាស់ ប៉ុន្តែតាមពិត របស់ទាំងនេះមិនមែនជារបស់ខ្ញុំទេ។ តើនៅពេលណាទើបរបស់ទាំងនេះក្លាយជារបស់ខ្ញុំ? ប្រសិនបើខ្ញុំបណ្ដេញអ្នកដឹកនាំនេះចេញ ខ្ញុំនឹងមិនអាចរីករាយនឹងរបស់ទាំងនេះទៀតទេ ប៉ុន្តែប្រសិនបើខ្ញុំមិនបណ្ដេញគាត់ចេញទេ ខ្ញុំពិតជាគ្មានបំណងល្អដើម្បីបន្តទទួលគាត់ឡើយ។ ខ្ញុំមុខជាមិនបំពេញភារកិច្ចនេះជាដាច់ខាត ប្រសិនបើមិនមែនដើម្បីរបស់ដែលគួរឱ្យចង់បានទាំងនេះទេនោះ។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវក្រោកពីព្រលឹម និងចូលគេងយប់ជ្រៅ ខ្ញុំតែងតែស្ថិតក្នុងសភាពភ័យខ្លាចជានិច្ច ហើយខ្ញុំត្រូវបម្រើគាត់។ ឥឡូវនេះ ខ្ញុំតែងតែគិតថា ការបំពេញភារកិច្ចនេះមានការខាតបង់ច្រើនជាងការទទួលបាន ហើយថាអត្ថប្រយោជន៍ និងសេចក្ដីរីករាយដែលខ្ញុំទទួលបានពីវា គឺមិនគ្រប់គ្រាន់ឡើយ។ តើខ្ញុំនឹងធ្វើដូចម្ដេច ប្រសិនបើអ្នកដឹកនាំបន្តរស់នៅទីនេះរយៈពេលយូរ? ខ្ញុំនឹងត្រូវគិតរកវិធីដើម្បីធ្វើឱ្យគាត់ចាកចេញ ហើយបន្ទាប់មក ខ្ញុំនឹងមានសេចក្ដីសុខសាន្ត និងភាពស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់ខ្ញុំម្ដងទៀត»។ តើនេះជារបៀបដែលមនុស្សគិតឬ? តើមនុស្សដែលមានភាពជាមនុស្សធម្មតា និងអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ នឹងគិតបែបនេះដែរឬទេ? (អត់ទេ។) នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគិត។ មិនថារបស់ដែលគួរឱ្យចង់បាន ឬអត្ថប្រយោជន៍ដែលពួកគេទទួលបានមានទំហំធំធេងប៉ុនណាក៏ដោយ ក៏សេចក្ដីលោភលន់ និងបំណងប្រាថ្នារបស់ពួកគេមិនអាចស្កប់ស្កល់បានឡើយ។ ពួកគេមិនចេះស្កប់ស្កល់ទេ ពួកគេគិតថាពួកគេមិនទទួលបានអ្វីសោះ ហើយពួកគេមិនគិតថាការបំពេញភារកិច្ចនេះគឺជាការងារដែលពួកគេគួរតែធ្វើឡើយ។ ផ្ទុយទៅវិញ ពួកគេគិតថានេះគឺជាការលះបង់បន្ថែម។ មិនថាពួកគេទទួលបានរបស់របរប៉ុន្មាន ឬទទួលបានអត្ថប្រយោជន៍ធំធេងប៉ុនណាក៏ដោយ ក៏ពួកគេមានអារម្មណ៍ថាពួកគេបានខាតបង់ ហើយគិតថាដំណាក់របស់ព្រះជាម្ចាស់កំពុងចំណេញពីការខាតបង់របស់ពួកគេ ថាបងប្អូនប្រុសស្រីកំពុងចំណេញពីការខាតបង់របស់ពួកគេ ហើយថាពួកគេផ្ទាល់មិនទទួលបានរបស់ដែលគួរឱ្យចង់បានណាមួយពីវាឡើយ។ យូរៗទៅ ពួកគេមានអារម្មណ៍ថារបស់ដែលគួរឱ្យចង់បានទាំងនេះមិនអាចបំពេញចិត្តពួកគេបានទេ ហើយសេចក្ដីលោភលន់របស់ពួកគេមិនអាចស្កប់ស្កល់បានឡើយ។ ចូរប្រាប់ខ្ញុំមកមើល៍ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សបែបណាទៅ? តើពួកគេមានភាពជាមនុស្សដែរឬទេ? (គ្មានទេ។) ហើយតើមនុស្សដែលគ្មានភាពជាមនុស្ស មានមនសិការដែរឬទេ? តើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេ ក្នុងពេលដែលមានបំណងប្រាថ្នាចង់បំពេញវាដោយស្មោះត្រង់ ក៏ដូចជាបំណងប្រាថ្នាចង់បន្ទាបខ្លួន ចង់មានភាពស្មោះត្រង់ និងចង់ពុះពារដោយស្មោះត្រង់ដែរឬទេ? តើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេដោយមិនទាមទារប្រាក់កម្រៃ ដោយមិនស្វែងរកការតបស្នងណាមួយ និងដោយមិនស្វែងរករង្វាន់ណាមួយបានដែរឬទេ? (មិនអាចទេ។) ហេតុអ្វីមិនបាន? ពួកគេគ្មានការយល់ដឹងពីមនសិការឡើយ ហើយមិនថាអត្ថប្រយោជន៍ដែលពួកគេទទួលបានមានទំហំធំធេងប៉ុនណាក៏ដោយ ក៏ពួកគេគិតថាវាជារឿងដែលពួកគេសមនឹងទទួលបាន។ តើពាក្យថា «សមនឹងទទួលបាន» នេះ មិនមែនជារឿងដែលមនុស្សធម្មតាមិនអាចគិតដល់ និងជារឿងដែលពួកគេនឹងមិនដែលគិតដល់ទេឬ? តើមានអារម្មណ៍នៃភាពខ្មាសអៀនណាមួយនៅក្នុងគំនិត និងអាកប្បកិរិយាបែបនេះដែរឬទេ? (គ្មានទេ។) តើមនុស្សដែលគ្មានអារម្មណ៍នៃភាពខ្មាសអៀន មានភាពជាមនុស្សដែរឬទេ? បញ្ហានេះលាតត្រដាងពីធម្មជាតិមួយដែលពួកទទឹងនឹងព្រះគ្រីស្ទមាន នោះគឺការគ្មានភាពខ្មាសអៀន ឬមនសិការ។
តើមនុស្សដែលគ្មានភាពខ្មាសអៀនគឺជាមនុស្សប្រភេទណាទៅ? តើមនុស្សប្រភេទណានៅក្នុងចំណោមមនុស្សជាតិដែលគ្មានភាពខ្មាសអៀន? (មនុស្សវិកលចរិត។) មនុស្សដែលមានជំងឺផ្លូវចិត្តគ្មានភាពខ្មាសអៀនទេ ពួកគេរត់ស្រាតតាមដងផ្លូវ ដោយមិនដឹងថាមនុស្សទាំងអស់កំពុងសម្លឹងមើលពួកគេឡើយ ប្រហែលជាថែមទាំងសើចចំអកឱ្យមនុស្សដែលស្លៀកពាក់ទៀតផង ហើយនិយាយថា៖ «មើលចុះ ថាតើវាមានភាពស៊ាំញ៉ាំប៉ុនណាសម្រាប់អ្នករាល់គ្នាក្នុងការស្លៀកពាក់នោះ។ ខ្ញុំកំពុងរត់ស្រាតតាមដងផ្លូវដោយគ្មានសម្លៀកបំពាក់ ហើយខ្ញុំមានអារម្មណ៍សេរី និងគ្មានការរឹតត្បិតសោះឡើយ!» តើនេះមិនមែនជាអត្ថន័យនៃការគ្មានភាពខ្មាសអៀនទេឬ? (មែនហើយ គឺបែបនេះឯង។) នេះហើយជាអត្ថន័យនៃការគ្មានភាពខ្មាសអៀន។ មនុស្សដែលគ្មានភាពខ្មាសអៀន គ្មានការយល់ដឹងពីមនសិការឡើយ ហើយពួកគេគឺជាមនុស្សដែលមានជំងឺផ្លូវចិត្ត ពួកគេចំណេញពីការខាតបង់របស់អ្នកដទៃ ពួកគេចង់យកអ្វីក៏ដោយដែលជារបស់អ្នកដទៃ សេចក្ដីលោភលន់ និងបំណងប្រាថ្នារបស់ពួកគេបានហួសពីវិសាលភាពនៃភាពមានវិចារណញ្ញាណរបស់មនុស្សធម្មតាទៅហើយ ពួកគេបានឈានដល់ចំណុចដែលពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន និងគ្មានការយល់ដឹងពីមនសិការឡើយ។ តើមនុស្សបែបនេះអាចទទួលបានសេចក្ដីពិតដែរឬទេ? ប្រាកដណាស់ថាមិនអាចឡើយ។ ពួកគេដេញតាមតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ និងផលប្រយោជន៍ខាងសម្ភារៈប៉ុណ្ណោះ ហើយពួកគេមិនដែលទទួលបានសេចក្ដីពិតឡើយ។ ដូច្នេះ តើពួកគេនឹងមានកន្លែងនៅក្នុងនគរស្ថានសួគ៌ដែរឬទេ? ព្រះជាម្ចាស់មិនសង្គ្រោះ ឬធ្វើឱ្យមនុស្សបែបនេះគ្រប់លក្ខណ៍ឡើយ។ តើមនុស្សទាំងនេះគួរឱ្យអាណិតដែរឬទេ? (អត់ទេ។) មនុស្សទាំងនេះគួរឱ្យស្អប់ ពួកគេគួរឱ្យខ្ពើមរអើម គួរឱ្យស្អប់ខ្ពើម និងថោកទាប។ ចរិតលក្ខណៈរបស់មនុស្សទាំងនេះគឺគួរឱ្យស្អប់ខ្ពើម និងថោកទាប ពួកគេគ្មានសេចក្ដីទៀងត្រង់ ឬភាពខ្មាសអៀនឡើយ។ ដួងចិត្តរបស់ពួកគេពោរពេញទៅដោយសេចក្ដីលោភលន់ មហិច្ឆតា និងបំណងប្រាថ្នា។ ពួកគេគ្រាន់តែចង់ទាញយកប្រយោជន៍ពីឱកាសនៃការបំពេញភារកិច្ចរបស់ពួកគេ ដើម្បីព្យាយាមទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯង ហើយពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ក៏មិនធ្វើកិច្ចការនានាស្របតាមគោលការណ៍សេចក្ដីពិតដែរ។ នៅពេលពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ពួកគេក៏ទាមទាររករបស់ដែលគួរឱ្យចង់បាន រកផលប្រយោជន៍ និងរកព្រះពររបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេរៀបរាប់ប្រាប់ព្រះជាម្ចាស់អំពីរបៀបដែលពួកគេបានរងទុក្ខ និងលះបង់ ហើយពួកគេមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋានអំពីរឿងទាំងនេះ គឺគ្រាន់តែដើម្បីប្រើប្រាស់ការរងទុក្ខដែលពួកគេបានស៊ូទ្រាំ និងការលះបង់ដែលពួកគេបានធ្វើ ដើម្បីតថ្លៃជាមួយទ្រង់ ដើម្បីទាមទារព្រះពរ និងរង្វាន់ពីព្រះជាម្ចាស់ និងសូម្បីតែលូកដៃរបស់ពួកគេយ៉ាងចំហទៅកាន់ព្រះជាម្ចាស់ ហើយទាមទារការទំនុកបម្រុងខាងសម្ភារៈដែលពួកគេចង់បាន។ អ្វីដែលពួកគេចង់បង្ហាញនៅពេលដែលពួកគេមកចំពោះព្រះជាម្ចាស់ គឺការត្អូញត្អែរ ការប្រឆាំង ការមិនពេញចិត្ត ការថ្នាំងថ្នាក់ និងការគុំកួនរបស់ពួកគេ ក៏ដូចជាការខកចិត្តរបស់ពួកគេអំពីសេចក្ដីលោភលន់ និងបំណងប្រាថ្នារបស់ពួកគេដែលមិនត្រូវបានបំពេញ។ នៅពេលដែលព្រះជាម្ចាស់ទតឃើញការបង្ហាញចេញទាំងនេះ តើទ្រង់ស្រឡាញ់ពួកគេ ឬស្អប់ខ្ពើមពួកគេ? (ទ្រង់ស្អប់ខ្ពើមពួកគេ។) នៅពេលដែលពួកគេពុះពារបន្តិចបន្តួចដើម្បីជាប្រយោជន៍ពួកជំនុំ ពួកគេមកចំពោះព្រះជាម្ចាស់ភ្លាមៗដើម្បីប្រកាសពីវា និងទាមទារយកស្នាដៃ ដើម្បីទូលប្រាប់ព្រះជាម្ចាស់អំពីការលះបង់របស់ពួកគេ និងអ្វីដែលពួកគេបានគោរពបូជា ក្នុងពេលបំពេញភារកិច្ចផ្សេងៗ ឬធ្វើការងារផ្សេងៗ។ ពួកគេភ័យខ្លាចយ៉ាងខ្លាំងក្រែងលោថាព្រះជាម្ចាស់នឹងមិនជ្រាបអំពីរឿងទាំងនេះ ក្រែងលោព្រះជាម្ចាស់មិនអាចទតឃើញរឿងទាំងនេះ និងក្រែងលោព្រះជាម្ចាស់នឹងភ្លេចការលះបង់ដែលពួកគេបានធ្វើ។ ហេតុដូច្នេះហើយ មនុស្សទាំងនេះត្រូវបានចាត់ទុកថាជាមនុស្សអាក្រក់ និងគ្មានភាពខ្មាសអៀនទាល់តែសោះនៅចំពោះព្រះជាម្ចាស់។ នៅពេលដែលពួកគេមកចំពោះព្រះជាម្ចាស់ដើម្បីរៀបរាប់ និងប្រកាសពីការលះបង់ដែលពួកគេបានធ្វើ ដើម្បីរៀបរាប់ប្រាប់ទ្រង់អំពីរបស់ដែលពួកគេចង់ទទួលបាន ហើយលូកដៃរបស់ពួកគេទៅកាន់ព្រះជាម្ចាស់ និងទូលសូមរង្វាន់ដែលពួកគេចង់បាន ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ តើអាកប្បកិរិយារបស់ព្រះជាម្ចាស់គឺជាអ្វី? «មនុស្សដូចជាអ្នក មិនសមនឹងមកចំពោះខ្ញុំឡើយ។ ខ្ញុំខ្ពើមរអើមនឹងអ្នក ហើយមានអារម្មណ៍ស្អប់ខ្ពើមចំពោះអ្នក។ ខ្ញុំបានប្រទានដល់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន អ្នកទទួលបានមួយរយភាគដែលអ្នកចង់ទទួលបាននៅក្នុងជីវិតនេះរួចហើយ។ តើអ្នកចង់បានអ្វីទៀតទៅ?» អ្វីដែលព្រះជាម្ចាស់ចង់ប្រទានដល់មនុស្សជាតិ ជាចម្បងមិនមែនខាងសម្ភារៈនោះទេ ផ្ទុយទៅវិញ ទ្រង់ចង់ប្រទានសេចក្ដីពិតដល់មនុស្សជាតិ ដើម្បីឱ្យពួកគេអាចសម្រេចបានសេចក្ដីសង្គ្រោះតាមរយៈសេចក្ដីពិត។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងគឃ្លើន ពួកគេមិនស្វែងរកសេចក្ដីពិតទេ ហើយពួកគេមិនអនុវត្តសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ប្រើប្រាស់ឱកាសនៃការបំពេញភារកិច្ចរបស់ពួកគេក្នុងអំឡុងពេលកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បានសម្រាប់ខ្លួនឯងដោយមិនត្រឹមត្រូវ ពួកគេកេងចំណេញពីចន្លោះប្រហោង និងចំណេញពីការខាតបង់របស់អ្នកដទៃនៅក្នុងគ្រប់រឿងទាំងអស់ ប៉ុន្តែពួកគេឧស្សាហ៍មានអារម្មណ៍ថាពួកគេកំពុងខាតបង់ ហើយមិនសូវចំណេញច្រើនឡើយ។ ពួកគេក៏ឧស្សាហ៍មានអារម្មណ៍ថាពួកគេបានលះបង់ និងបូជាច្រើនពេក ថាការខាតបង់របស់ពួកគេមានច្រើនជាងការទទួលបាន ហើយលើសពីនេះទៅទៀត ពួកគេឧស្សាហ៍ស្ដាយក្រោយចំពោះការលះបង់របស់ពួកគេ ហើយពួកគេគិតថា ពួកគេមិនបានគិតគូរពីរឿងរ៉ាវឱ្យបានដិតដល់ ឬគិតរកផ្លូវចេញសម្រាប់ខ្លួនឯងឡើយ។ ដូច្នេះ ពួកគេឧស្សាហ៍មានអារម្មណ៍ខឹងសម្បានៅក្នុងដួងចិត្តរបស់ខ្លួន ចំពោះការមិនទទួលបានរង្វាន់ទាន់ពេលវេលាសម្រាប់ការលះបង់របស់ពួកគេ ហើយពួកគេក៏ពោរពេញទៅដោយការត្អូញត្អែរចំពោះព្រះជាម្ចាស់ផងដែរ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេឧស្សាហ៍លួចគិតគូរ ដោយគិតថា៖ «តើព្រះជាម្ចាស់មិនសុចរិតទេឬ? ព្រះជាម្ចាស់មិនលម្អៀងឡើយ តើមែនទេ? តើព្រះជាម្ចាស់មិនមែនជាព្រះជាម្ចាស់ដែលប្រទានព្រះពរដល់មនុស្សទេឬ? តើព្រះជាម្ចាស់មិនចងចាំរាល់អំពើល្អរបស់មនុស្សម្នាក់ និងអ្វីៗគ្រប់យ៉ាងដែលមនុស្សម្នាក់បានបូជា និងលះបង់ខ្លួនឯងទេឬ? ខ្ញុំបានបោះបង់គ្រួសាររបស់ខ្ញុំដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានលះបង់រួចហើយ ប៉ុន្តែតើខ្ញុំទទួលបានអ្វីពីព្រះជាម្ចាស់មកវិញ?» ប្រសិនបើសេចក្ដីលោភលន់ និងបំណងប្រាថ្នារបស់ពួកគេមិនត្រូវបានបំពេញក្នុងរយៈពេលខ្លីទេ ពួកគេក្លាយជាអវិជ្ជមាន ហើយចាប់ផ្ដើមត្អូញត្អែរ។ ប្រសិនបើសេចក្ដីលោភលន់ និងបំណងប្រាថ្នារបស់ពួកគេមិនត្រូវបានបំពេញក្នុងរយៈពេលយូរទេ នោះដួងចិត្តដ៏ជ្រាលជ្រៅបំផុតរបស់ពួកគេនឹងពោរពេញទៅដោយគំនុំដែលបានប្រមូលផ្ដុំ។ ហើយតើអ្វីទៅជាផលវិបាកនៃគំនុំដែលបានប្រមូលផ្ដុំនេះ? នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេនឹងចាប់ផ្ដើមសង្ស័យ និងចោទសួរព្រះជាម្ចាស់ ពួកគេនឹងចាប់ផ្ដើមវិនិច្ឆ័យនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេថែមទាំងនឹងចាប់ផ្ដើមសង្ស័យសេចក្ដីស្រឡាញ់ និងសារជាតិរបស់ព្រះជាម្ចាស់ទៀតផង។ ប្រសិនបើគំនុំនេះប្រមូលផ្ដុំក្នុងរយៈពេលយូរ រឿងទាំងនេះនឹងប្រែទៅជាដុំសាច់មហារីក ហើយចាប់ផ្ដើមរាលដាល ហើយពួកគេនឹងមានសមត្ថភាពក្បត់ព្រះជាម្ចាស់គ្រប់ពេល។ ជាពិសេសនៅពេលពួកគេនៅចំពោះមុខមនុស្សមួយចំនួនដែលអវិជ្ជមាន និងទន់ខ្សោយ ហើយជាអ្នកដែលមានកម្ពស់មិនសូវចាស់ទុំ ឬនៅចំពោះមុខមនុស្សមួយចំនួនដែលទើបនឹងមានសេចក្ដីជំនឿថ្មីៗ ម្ដងម្កាល ពួកគេនឹងបញ្ចេញឱ្យឃើញ និងសាយភាយអារម្មណ៍អវិជ្ជមានទាំងនេះ ដោយផ្សព្វផ្សាយការមិនពេញចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ និងការប្រមាថអំពីព្រះជាម្ចាស់ ហើយពួកគេថែមទាំងនឹងបំភាន់មនុស្សមួយចំនួនដែលខ្វះការញែកដឹង ឱ្យមានការសង្ស័យអំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ទៀតផង។ តើនេះមិនមែនធ្វើឡើងដោយពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដោយសារតែមហិច្ឆតា បំណងប្រាថ្នា ការដេញតាម និងចេតនារបស់ពួកគេមិនត្រូវបានបំពេញ ពួកគេមានសមត្ថភាពធ្វើរឿងទាំងនេះ ហើយអាចបង្កើតអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់ តើនេះជានិស្ស័យអ្វីទៅ? នេះច្បាស់ណាស់ថាជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជានិស្ស័យបែបសាតាំង។
ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទរងទុក្ខលំបាកបន្តិចបន្តួចយ៉ាងណាក៏ដោយ ឬលះបង់អ្វីក៏ដោយនៅក្នុងពួកជំនុំ ពួកគេមិនមានអារម្មណ៍ថា វាជាផ្នែកនៃកាតព្វកិច្ចរបស់ពួកគេ ថាវាជាភារកិច្ចដែលភាវៈដែលព្រះបានបង្កើតគួរតែបំពេញនោះទេ ប៉ុន្តែចាត់ទុកថាវាជាការចូលរួមចំណែករបស់ពួកគេ ដែលព្រះជាម្ចាស់គួរតែនឹកចាំ។ ពួកគេគិតថា ប្រសិនបើព្រះជាម្ចាស់នឹកចាំពីការចូលរួមចំណែករបស់ពួកគេ នោះទ្រង់គួរតែផ្តល់ឱ្យភ្លាមៗ ដោយប្រទានព្រះពរ សេចក្ដីសន្យា និងសេចក្ដីសន្ដោសពិសេសខាងសម្ភារៈដល់ពួកគេ ព្រមទាំងអនុញ្ញាតឱ្យពួកគេកេងចំណេញ និងទទួលបានអត្ថប្រយោជន៍ពិសេសមួយចំនួន។ ទាល់តែបែបនេះ ទើបពួកទទឹងនឹងព្រះគ្រីស្ទនឹងស្កប់ស្កល់។ តើការយល់ដឹងរបស់ពួកទទឹងនឹងព្រះគ្រីស្ទអំពីភារកិច្ចគឺជាអ្វី? ពួកគេមិនមានអារម្មណ៍ថា ភារកិច្ចគឺជាកាតព្វកិច្ចដែលភាវៈដែលព្រះបានបង្កើតគួរតែទទួលធ្វើនោះទេ ហើយក៏មិនមែនជាការទទួលខុសត្រូវដែលអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែបំពេញនោះដែរ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថា ការបំពេញភារកិច្ចគឺជាលក្ខខណ្ឌតថ្លៃនៅក្នុងការដោះដូរជាមួយព្រះជាម្ចាស់ ជារបស់ដែលអាចយកទៅដោះដូរយករង្វាន់របស់ទ្រង់ និងជាវិធីមួយដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងទទួលបានព្រះពរតាមរយៈការជឿលើព្រះជាម្ចាស់។ ពួកគេគិតថា ការមានព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ គួរតែជាលក្ខខណ្ឌជាមុនសម្រាប់ការបំពេញភារកិច្ចរបស់ពួកគេ ហើយថាវាផ្តល់ឱ្យមនុស្សនូវសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ថាមនុស្សអាចមានអារម្មណ៍ស្ងប់ចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនបាន លុះត្រាតែព្រះជាម្ចាស់ធានាថា ពួកគេគ្មានក្តីបារម្ភទៅថ្ងៃមុខ។ ពួកគេក៏គិតផងដែរថា ព្រះជាម្ចាស់គួរតែផ្តល់រាល់ភាពងាយស្រួល និងការទំនុកបម្រុងដោយអនុគ្រោះដល់អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួន ហើយថាមនុស្សគួរតែរីករាយនឹងអត្ថប្រយោជន៍ទាំងអស់ដែលដំណាក់របស់ព្រះជាម្ចាស់ផ្តល់ឱ្យ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ។ ទាំងនេះជារបស់ដែលមនុស្សគួរតែទទួលបាន។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគិតនៅក្នុងចិត្តរបស់ពួកគេ។ របៀបនៃការគិតទាំងនេះ គឺជាទស្សនៈ និងពាក្យទំនៀមរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ ហើយវាជាតំណាងឱ្យអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ច។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាទាក់ទងនឹងសេចក្តីពិតអំពីការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏រឿងដែលពួកទទឹងនឹងព្រះគ្រីស្ទលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ នឹងមិនដែលផ្លាស់ប្តូរឡើយ។ ពួកគេនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវទស្សនៈរបស់ពួកគេចំពោះការបំពេញភារកិច្ចរបស់ខ្លួន។ មានឃ្លាមួយដែលយើងអាចប្រើទាក់ទងនឹងការបង្ហាញចេញនេះ តើវាជាអ្វីទៅ? នោះគឺការចាត់ទុករបស់របរសម្ភារៈជារឿងសំខាន់ជាងគេបំផុត ពោលគឺមានតែរបស់ដែលពួកគេអាចកាន់នៅក្នុងដៃបានប៉ុណ្ណោះទើបជារបស់ពិត ហើយការផ្ដល់សេចក្ដីសន្យាគឺជារឿងឥតប្រយោជន៍។ សារជាតិនៃការបង្ហាញចេញដែលមនុស្សទាំងនេះមាន គឺសម្ភារៈនិយម តើមែនទេ? (មែនហើយ។) ភាពសម្ភារៈនិយម គឺជាអទេវនិយម។ ពួកគេផ្អែកលើតែអ្វីដែលពួកគេអាចមើលឃើញ និងប៉ះបាន មានតែអ្វីដែលពួកគេអាចមើលឃើញប៉ុណ្ណោះទើបយកជាការបាន ហើយពួកគេបដិសេធអត្ថិភាពនៃអ្វីដែលពួកគេមិនអាចមើលឃើញ។ ហេតុដូច្នេះហើយ គេអាចកំណត់បានថា ចំណេះដឹង និងការយល់ដឹងរបស់អាទទឹងនឹងព្រះគ្រីស្ទអំពីភារកិច្ច គឺប្រាកដជាផ្ទុយពីគោលការណ៍សេចក្តីពិត ហើយថា វាដូចគ្នាបេះបិទទៅនឹងទស្សនៈរបស់អ្នកគ្មានជំនឿ។ តាមពិតទៅ ពួកគេគឺជាពួកអ្នកមិនជឿ។ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនជឿថា គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវពិតនោះឡើយ។ ពួកគេជឿត្រឹមតែថា កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺជារឿងពិត ហើយថាអ្វីៗទាំងអស់ដែលពួកគេដេញតាម និងរីករាយសោយសុខ អាចទទួលបានតែតាមរយៈការខិតខំប្រឹងប្រែង និងការតស៊ូរបស់មនុស្ស និងតាមរយៈតម្លៃដែលពួកគេបានលះបង់ប៉ុណ្ណោះ។ តើវាខុសគ្នាយ៉ាងណាពីទស្សនៈដែលនិយាយថា «មនុស្សត្រូវតែបង្កើតសុភមង្គលដោយដៃទាំងពីររបស់ខ្លួន» នោះ? វាគ្មានអ្វីខុសគ្នាទេ។ ពួកគេមិនជឿថា នៅទីបំផុតមនុស្សទទួលបានសេចក្តីពិត និងជីវិត តាមរយៈការលះបង់ខ្លួន និងការលះបង់ដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អដើម្បីជាប្រយោជន៍របស់ព្រះជាម្ចាស់នោះទេ។ ពួកគេក៏មិនជឿដែរថា មនុស្សដែលប្រព្រឹត្តស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ហើយតាមរយៈនោះ មកបំពេញភារកិច្ចរបស់ពួកគេក្នុងរបៀបមួយដែលត្រូវតាមស្ដង់ដា អាចទទួលបានការសព្វព្រះហឫទ័យ និងព្រះពរពីព្រះអាទិករនោះទេ។ នេះបង្ហាញថា ពួកគេមិនជឿលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ឬព្រះពររបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនជឿលើការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗទាំងអស់នោះទេ ដូច្នេះ ពួកគេមិនមានសេចក្តីជំនឿពិតឡើយ។ ពួកគេគ្រាន់តែជឿថា «ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ដូច្នេះ ខ្ញុំគួរតែរីករាយនឹងការទំនុកបម្រុងពិសេសពីដំណាក់របស់ព្រះជាម្ចាស់ និងព្រះពរខាងសម្ភារៈ។ ដំណាក់របស់ព្រះជាម្ចាស់គួរតែផ្តល់ឱ្យខ្ញុំនូវរាល់ឯកសិទ្ធិ និងការសោយសុខខាងសម្ភារៈ។ នោះទើបជារឿងជាក់ស្តែង»។ នោះគឺជាផ្នត់គំនិត និងទស្សនៈរបស់អាទទឹងនឹងព្រះគ្រីស្ទ។ គេមិនជឿថា សេចក្ដីសន្យារបស់ព្រះជាម្ចាស់គឺស្មោះស្ម័គ្រនោះទេ ឬមិនជឿការពិតដែលថា តាមរយៈការទទួលបានសេចក្តីពិត មនុស្សម្នាក់ទទួលបានជីវិត និងទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ។ នៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់គេ គេមិនស្វែងរកសេចក្តីពិតតែម្ដង គេមិនទទួលយកសេចក្តីពិត ហើយគេរឹតតែមិនទទួលស្គាល់សេចក្តីពិតនេះទៅទៀត៖ ការដែលមនុស្សអាចបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើត គឺជាព្រះពរដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ ហើយជារឿងដែលព្រះជាម្ចាស់នឹងនឹកចាំ ហើយក្នុងអំឡុងដំណើរការនេះ មនុស្សអាចទទួលបានសេចក្តីពិត ហើយនៅទីបំផុតអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ នេះគឺជាសេចក្ដីសន្យាដ៏អស្ចារ្យបំផុតដែលព្រះជាម្ចាស់បានធ្វើចំពោះមនុស្ស។ ប្រសិនបើអ្នកជឿលើសេចក្ដីសន្យាដែលព្រះជាម្ចាស់បានធ្វើចំពោះអ្នក ហើយអាចទទួលយកសេចក្ដីសន្យាទាំងនេះបាន នោះអ្នកមានសេចក្តីជំនឿពិតលើព្រះជាម្ចាស់ហើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកមិនជឿមានអារម្មណ៍យ៉ាងណា នៅពេលពួកគេឮព្រះបន្ទូលទាំងនេះ? (ពួកគេមិនជឿអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលទេ ហើយពួកគេគិតថាវាជាការបោកបញ្ឆោត។) ពួកគេគិតថា ព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់ថ្លែង គ្រាន់តែជាការដែលទ្រង់ផ្តល់ការបំភាន់ដល់មនុស្ស ដើម្បីឱ្យមនុស្សល្ងីល្ងើដែលល្ងង់ខ្លៅ និងមានគំនិតសាមញ្ញមួយចំនួនបម្រើការសម្រាប់ព្រះជាម្ចាស់ ហើយបន្ទាប់មកទាត់ពួកគេចោល នៅពេលការបម្រើការរបស់ពួកគេត្រូវបានបញ្ចប់ប៉ុណ្ណោះ។ ពួកគេគិតថា «ទទួលបានសេចក្តីពិតឬ? អ្ហា! តើនរណាអាចមើលឃើញថាសេចក្តីពិតជាអ្វីទៅ? តើនរណាអាចប៉ះបានថាសេចក្ដីសន្យារបស់ព្រះជាម្ចាស់ជាអ្វីទៅ? តើនរណាទទួលបានសេចក្ដីសន្យាទាំងនោះ? សេចក្ដីសន្យារបស់ព្រះជាម្ចាស់គឺមិនជាក់ស្តែងទេ មានតែការទទួលបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងការរីករាយនឹងផលប្រយោជន៍នៃឋានៈប៉ុណ្ណោះទើបជារឿងជាក់ស្តែង មានតែការខិតខំប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងការរីករាយនឹងផលប្រយោជន៍នៃឋានៈប៉ុណ្ណោះទើបជារឿងពិត។ ខ្ញុំធ្លាប់បានឮអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស និងសេចក្តីពិតដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំមិនបានផ្លាស់ប្តូរទាល់តែសោះ ខ្ញុំមិនទទួលបានអត្ថប្រយោជន៍អ្វីឡើយ រឹតតែមិនបាច់និយាយដល់រឿងដែលថា របស់ទាំងនេះអនុញ្ញាតឱ្យខ្ញុំរស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់ដែលមានឋានៈទៅទៀត។ ទោះបីជាមនុស្សមួយចំនួនធ្វើបន្ទាល់ដោយនិយាយថា ពួកគេទទួលបានសេចក្តីពិត និងបានផ្លាស់ប្តូរ ហើយទទួលបានព្រះពររបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមើលទៅសាមញ្ញណាស់ ពួកគេសុទ្ធតែជាមនុស្សធម្មតា ដូច្នេះ តើពួកគេអាចទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងនគរស្ថានសួគ៌បានដោយរបៀបណាទៅ?»។ ពួកគេគិតថា មានតែរបស់ដែលពួកគេអាចចាប់កាន់ និងទទួលបានដោយដៃរបស់ពួកគេប៉ុណ្ណោះ ទើបជារបស់ពិតបំផុត។ តើនេះមិនមែនជាទស្សនៈរបស់អ្នកមិនជឿទេឬ? វាប្រាកដជាអ៊ីចឹងមែន។ ដូច្នេះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះចូលមកក្នុងពួកជំនុំ ពួកគេចាត់ទុកអ្វីៗទាំងអស់ដោយការសង្ស័យ ដោយតែងតែរិះគិតថាតើពួកគេអាចទទួលបានអត្ថប្រយោជន៍ខ្លះពីកន្លែងណា តើឱកាសអ្វីដែលពួកគេអាចប្រើប្រាស់ដើម្បីកេងចំណេញខ្លះ និងទទួលបានអត្ថប្រយោជន៍ជាក់ស្តែងកាន់តែធំធេងតាមរយៈសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេគិតគូរពីរឿងទាំងនេះជារឿយៗនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា មានតែតាមរយៈការទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈប៉ុណ្ណោះ ទើបពួកគេអាចទទួលបានរាល់អត្ថប្រយោជន៍ ដូច្នេះហើយ ពួកគេជ្រើសរើសដេញតាមឋានៈ ហើយលះបង់ខ្លួនឯងទាំងស្រុងដោយខិតខំប្រឹងប្រែងដើម្បីតែរឿងទាំងនេះ។ ពួកគេមិនដែលត្រិះរិះពីសេចក្តីពិត ឬស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្រាន់តែដើម្បីលួងលោមចិត្តរបស់ពួកគេ និងបំពេញភាពទទេសូន្យប៉ុណ្ណោះ មិនមែនដើម្បីដេញតាមសេចក្តីពិតនោះទេ។ នៅពេលណាក៏ដោយ ប្រសិនបើអ្នកសុំឱ្យអាទទឹងនឹងព្រះគ្រីស្ទបោះបង់ចោលភាពលោភលន់ និងបំណងប្រាថ្នារបស់គេ បោះបង់ចោលទាំងស្រុងនូវការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយបោះបង់ចោលអត្ថប្រយោជន៍ទាំងនេះដែលគេចង់បានតាមរយៈសេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ នោះគេនឹងមិនអាចធ្វើវាបានឡើយ។ ការឱ្យអាទទឹងនឹងព្រះគ្រីស្ទបោះបង់ចោលរឿងទាំងនេះ ធ្វើឱ្យគេមានអារម្មណ៍ថា ដូចជាអ្នកកំពុងព្យាយាមពន្លាត់ស្បែក ឬដកសរសៃរបស់គេអ៊ីចឹង។ បើគ្មានរឿងទាំងនេះទេ គេមានអារម្មណ៍ហាក់ដូចជាបេះដូងរបស់គេត្រូវបានខ្វេះចេញ ហាក់ដូចជាគេបានបាត់បង់ព្រលឹងរបស់ខ្លួន ហើយបើគ្មានមហិច្ឆតា និងបំណងប្រាថ្នាទាំងនេះទេ គេមានអារម្មណ៍ថាគ្មានសង្ឃឹមសម្រាប់សេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ឡើយ ហើយជីវិតក៏បាត់បង់អត្ថន័យរបស់វាដែរ។ នៅក្នុងភ្នែករបស់គេ អស់អ្នកដែលចំណាយកម្លាំង និងបូជាខ្លួនឯង ព្រមទាំងលះបង់ដើម្បីតែភារកិច្ចរបស់ខ្លួន ដែលមិនស្វែងរកអត្ថប្រយោជន៍ផ្ទាល់ខ្លួន សុទ្ធតែជាមនុស្សល្ងីល្ងើ។ គោលការណ៍សម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់យកគឺ «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់»។ ពួកគេគិតថា «តើមនុស្សម្ដេចនឹងមិនគិតពីខ្លួនឯងបានទៅ? តើមនុស្សម្ដេចនឹងមិនខិតខំប្រឹងប្រែងដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួនបានទៅ?» នៅក្នុងចិត្តរបស់ពួកគេ ពួកគេមើលងាយអស់អ្នកដែលបោះបង់អ្វីៗទាំងអស់ ហើយលះបង់ខ្លួនដោយស្មោះសរដើម្បីព្រះជាម្ចាស់ ពួកគេមើលងាយអស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ហើយរស់នៅយ៉ាងត្បិតត្បៀត និងសាមញ្ញបំផុតទាក់ទងនឹងជីវិតខាងសម្ភារៈរបស់ពួកគេ ហើយពួកគេមើលងាយអស់អ្នកដែលត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែពួកគេជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ច ហើយជាលទ្ធផលមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ពួកគេឧស្សាហ៍សើចចំអកឱ្យមនុស្សទាំងនេះនៅក្នុងចិត្តរបស់ពួកគេ ដោយនិយាយថា៖ «អ្នករាល់គ្នាបានបាត់បង់ផ្ទះសម្បែងដោយសារតែសេចក្ដីជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់។ អ្នករាល់គ្នាមិនអាចនៅជាមួយគ្រួសាររបស់ខ្លួនបាន ហើយអ្នករាល់គ្នាកំពុងរស់នៅយ៉ាងខ្វះខាត អ្នករាល់គ្នាល្ងង់ណាស់! មិនថាមនុស្សម្នាក់ធ្វើអ្វីក៏ដោយ រួមទាំងសេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ផងដែរ គេត្រូវតែប្រកាន់យកគោលការណ៍សម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍មួយគឺ៖ គេដាច់ខាតមិនត្រូវរងការខាតបង់ឡើយ។ ពួកគេត្រូវតែអាចមើលឃើញ និងប៉ះសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់បាន ហើយអាកប្បកិរិយាដ៏សមស្របតែមួយគត់ដែលត្រូវប្រកាន់យកគឺ មិនលែងសត្វស្ទាំងឡើយទាល់តែបានឃើញសត្វទន្សាយស្លឹក។ អ្នករាល់គ្នាល្ងង់ណាស់! មើលមកខ្ញុំចុះ។ ខ្ញុំជឿលើព្រះជាម្ចាស់ផង ដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផង។ ខ្ញុំរីករាយនឹងការទំនុកបម្រុងដ៏ល្អទាំងអស់ពីដំណាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំក៏អាចទទួលបានព្រះពរនៅថ្ងៃអនាគតផងដែរ។ ខ្ញុំមិនចាំបាច់ស៊ូទ្រាំនឹងការរងទុក្ខអ្វីឡើយ ហើយព្រះពរដែលខ្ញុំទទួលបាន នឹងធំជាងរបស់អ្នករាល់គ្នាទៅទៀត។ ខ្ញុំមិនលះបង់ដូចអ្នករាល់គ្នាទេ ដែលបោះបង់គ្រួសារ និងការងាររបស់ខ្លួន ហើយមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយគ្មានភាពប្រាកដប្រជាទាល់តែសោះថាតើអ្នករាល់គ្នានឹងអាចទទួលបានព្រះពរណាមួយនៅថ្ងៃអនាគតឬអត់នោះ»។ តើមនុស្សទាំងនេះជាមនុស្សប្រភេទអ្វីទៅ? ពួកគេមិនដេញតាមសេចក្តីពិត ពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះសរទេ ប៉ុន្តែពួកគេបែរជាមើលងាយអស់អ្នកដែលដេញតាមសេចក្តីពិត ហើយបោះបង់គ្រួសារ និងការងាររបស់ខ្លួន ស៊ូទ្រាំនឹងការរងទុក្ខ ហើយលះបង់ដើម្បីតែបំពេញភារកិច្ចរបស់ខ្លួន សម្រេចការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ទៅវិញ។ តើមានមនុស្សបែបនេះច្រើនទេ? (មានច្រើន។) មានមនុស្សបែបនេះមួយចំនួននៅក្នុងគ្រប់ពួកជំនុំទាំងអស់។ តើមនុស្សទាំងនេះជាអ្នកជឿពិតលើព្រះជាម្ចាស់ដែរឬទេ? តើពួកគេអាចត្រូវបានសង្គ្រោះដែរឬទេ? (មិនអាចទេ។) ពួកគេមិនមែនជាអ្នកជឿពិតលើព្រះជាម្ចាស់ឡើយ រឹតតែមិនអាចទៅរួចដែលពួកគេនឹងត្រូវបានសង្គ្រោះទៅទៀត។
មិនថាពួកទទឹងនឹងព្រះគ្រីស្ទជួបប្រទះបញ្ហាអ្វី ឬពួកគេធ្វើអ្វីក៏ដោយ រឿងដំបូងដែលពួកគេគិតដល់ មិនមែនថាតើពួកគេអាចទទួលបានសេចក្តីពិត និងសម្រេចបានសេចក្តីសង្គ្រោះឬអត់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគិតពីអត្ថប្រយោជន៍ខាងសាច់ឈាមទាំងអស់របស់ពួកគេ។ នៅក្នុងចិត្តរបស់ពួកគេ រាល់អត្ថប្រយោជន៍ដែលទាក់ទងនឹងសាច់ឈាមរបស់ពួកគេ គឺស្ថិតនៅកន្លែងដ៏សំខាន់បំផុត កន្លែងខ្ពស់បំផុត និងកន្លែងកំពូលបំផុត។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនដែលចេះគិតពីព្រះរាជបំណងរបស់ព្រះជាម្ចាស់នោះទេ ពួកគេមិនដែលចេះគិតគូរពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ រឹតតែមិនគិតគូរថាតើភារកិច្ចអ្វីដែលមនុស្សគួរតែបំពេញទៅទៀត។ មិនថាព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ពួកគេឱ្យត្រូវតាមស្ដង់ដាយ៉ាងណាក៏ដោយ មិនថាព្រះជាម្ចាស់តម្រូវឱ្យមនុស្សក្លាយជាភាវៈដែលព្រះបានបង្កើតត្រូវតាមស្ដង់ដាយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនៅតែព្រងើយកន្តើយទាំងស្រុង។ មិនថាទ្រង់ប្រកាន់យកវិធីសាស្ត្រអ្វី ឬថ្លែងព្រះបន្ទូលអ្វីក៏ដោយ ក៏ព្រះជាម្ចាស់មិនអាចធ្វើឱ្យមនុស្សទាំងនេះរំជួលចិត្តបានឡើយ ហើយតាមរយៈនោះ ធ្វើឱ្យពួកគេផ្លាស់ប្តូរផែនការរបស់ពួកគេ ហើយបោះបង់ចោលភាពលោភលន់ និងបំណងប្រាថ្នារបស់ពួកគេបានឡើយ។ មនុស្សទាំងនេះ ទាំងឈ្មោះ និងការពិត គឺជាអ្នកសម្ភារៈនិយម និងជាអ្នកមិនជឿនៅក្នុងចំណោមពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើមនុស្សទាំងនេះអាចត្រូវបានចាត់ទុកថាជាកាកសំណល់នៃជួរពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? (បាន ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួននៅតែអាចបម្រើការបានខ្លះដើម្បីឋានៈ ចំណែកឯមនុស្សទាំងនេះវិញ សូម្បីតែបម្រើការក៏ពួកគេមិនសុខចិត្តផង។) ត្រឹមត្រូវហើយ។ មនុស្សទាំងនេះចង់បានអត្ថប្រយោជន៍ អ្វីទាំងអស់ដែលពួកគេសម្លឹងមើល និងគិតដល់ពេញមួយថ្ងៃ គឺសុទ្ធតែជាអត្ថប្រយោជន៍ ហើយអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺវិលជុំវិញអត្ថប្រយោជន៍។ មនុស្សមួយចំនួនបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ហើយនៅពេលដែលពួកគេអស់ស៊ុត អង្ករ ឬម្សៅ ពួកគេប្រាប់ពួកជំនុំភ្លាមៗឱ្យចាត់នរណាម្នាក់ទៅទិញរបស់ទាំងនេះ។ ពួកគេមិនទិញអ្វីដោយខ្លួនឯងទេ វាហាក់ដូចជាពួកគេមិនដែលហូបរបស់ទាំងនេះនៅក្នុងផ្ទះរបស់ពួកគេឡើយ មុនពេលពួកគេចាប់ផ្តើមបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ។ ពីមុន ពួកគេធ្លាប់ទិញរបស់ទាំងអស់នេះដោយខ្លួនឯង ប៉ុន្តែនៅពេលពួកគេបានចាប់ផ្តើមបំពេញភារកិច្ចនេះភ្លាម ពួកគេក៏បានចាប់ផ្តើមរកលេស មានអារម្មណ៍ថាខ្លួនឯងត្រឹមត្រូវ និងជឿជាក់លើខ្លួនឯង ហើយក្លាយជាអ្នកទារបំណុល ជាម្ចាស់បំណុលនៃដំណាក់របស់ព្រះជាម្ចាស់ ហាក់ដូចជាដំណាក់របស់ព្រះជាម្ចាស់ជំពាក់អ្វីមួយពួកគេអ៊ីចឹង មនុស្សបែបនេះមិនល្អទេ។
ខ្ញុំធ្លាប់ស្នាក់នៅក្នុងលំនៅឋានទទួលភ្ញៀវមួយចំនួននៅប្រទេសចិនដីគោក ហើយបងប្អូនប្រុសស្រីមួយចំនួនមានភាពជាមនុស្សដ៏អស្ចារ្យ។ ទោះបីជាពួកគេទើបតែជឿបានពីរឆ្នាំ ឬបីឆ្នាំ ហើយមិនសូវយល់សេចក្តីពិតច្រើនក៏ដោយ ក៏ពួកគេនៅតែបំពេញភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្លួនដោយស្មោះសរដែរ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ព្យាយាមឱ្យលុយពួកគេ ពួកគេនឹងបដិសេធ។ ពួកគេនឹងឱ្យលុយត្រឡប់ទៅវិញសម្រាប់អ្វីក៏ដោយដែលបងប្អូនប្រុសស្រីបានឱ្យពួកគេ ហើយពួកគេនឹងរក្សាទុកអ្វីៗដែលជាកម្មសិទ្ធិ ដំណាក់របស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ប្រសិនបើរបស់អ្វីមួយដែលដំណាក់របស់ព្រះជាម្ចាស់បានទិញ មិនត្រូវបានប្រើប្រាស់អស់ទេ នោះពួកគេថែមទាំងឱ្យតម្លៃស្មើជាលុយទៅដំណាក់របស់ព្រះជាម្ចាស់វិញទៀតផង។ អ្នកខ្លះដែលមានភាពធូរធារផ្នែកហិរញ្ញវត្ថុ គឺជាអ្នកទទួលភ្ញៀវដោយស្ម័គ្រចិត្ត ហើយពួកគេមិនយកលុយសូម្បីតែមួយកាក់មួយសេនដែលដំណាក់របស់ព្រះជាម្ចាស់បានឱ្យឡើយ។ មនុស្សមួយចំនួនមិនសូវធូរធារទេ ប៉ុន្តែសូម្បីតែពួកគេ ក៏នឹងមិនយកលុយកាក់ដែលដំណាក់របស់ព្រះជាម្ចាស់បានឱ្យដែរ។ មិនថាពួកជំនុំ ឬបងប្អូនប្រុសស្រីបានឱ្យអ្វីទៅផ្ទះរបស់ពួកគេសម្រាប់ប្រើប្រាស់ក្នុងការទទួលភ្ញៀវក៏ដោយ ក៏ពួកគេនឹងមិនកិបកេងរបស់ទាំងនោះសូម្បីតែបន្តិចឡើយ។ តើនេះដោយសារតែពួកគេយល់សេចក្តីពិតមែនទេ? មិនមែនទេ វាគឺជារឿងចរិតលក្ខណៈ។ លើសពីនេះទៅទៀត និងសំខាន់ជាងនេះទៅទៀត ពួកគេគឺជាអ្នកជឿពិតប្រាកដ ហើយរួមផ្សំជាមួយនឹងការមានចរិតលក្ខណៈល្អផងនោះ ទើបពួកគេអាចធ្វើបែបនេះបាន បើមិនដូច្នេះទេ ពួកគេមុខជាមិនអាចធ្វើបានឡើយ។ ខ្ញុំធ្លាប់ទៅលំនៅឋានទទួលភ្ញៀវមួយចំនួន ហើយអ្នកទទួលភ្ញៀវបានយកកម្រាលនិងភួយដ៏ល្អបំផុតរបស់ពួកគេមកឱ្យខ្ញុំប្រើ ហើយខ្ញុំបាននិយាយថា៖ «របស់ទាំងនេះថ្មីសន្លាង ហើយមិនទាន់ប្រើទេ។ សូមទុកវានៅក្នុងថង់វិញចុះ ខ្ញុំនឹងមិនប្រើវាឡើយ»។ ពួកគេនៅតែទទូចឱ្យខ្ញុំប្រើវា។ បន្ទាប់មក មានអ្នកទទួលភ្ញៀវខ្លះបានទិញរបស់ថ្មីៗទាំងអស់សម្រាប់ឱ្យខ្ញុំប្រើ ហើយខ្ញុំបាននិយាយថា «កុំទិញរបស់ថ្មីអី វាខ្ជះខ្ជាយលុយណាស់។ ខ្ញុំនឹងប្រើតែរបស់ដែលអ្នកមាននៅទីនេះបានហើយ។ កុំចំណាយលុយអី។ ខ្ញុំមិនគាំទ្រឱ្យមនុស្សទិញនេះទិញនោះនៅគ្រប់ទីកន្លែងដែលខ្ញុំទៅទេ។ វាមិនចាំបាច់ក្នុងការប្រើប្រាស់របស់ថ្មីៗជានិច្ចនោះឡើយ»។ មនុស្សមួយចំនួននៅតែទទូចចង់ចំណាយលុយនេះដដែល។ ក៏មានអ្នកទទួលភ្ញៀវខ្លះដែលបានធ្វើម្ហូបជាច្រើនមុខនៅពេលទទួលទានអាហារផងដែរ។ ដោយសារតែពួកគេមិនបានដឹងថាខ្ញុំចូលចិត្តហូបអ្វី ពួកគេបានធ្វើម្ហូបជាច្រើនមុខដើម្បីឱ្យខ្ញុំអាចមានជម្រើស ពីព្រោះប្រសិនបើពួកគេធ្វើម្ហូបតែពីរបីមុខ ពួកគេបារម្ភថាខ្ញុំនឹងហូបមិនសូវបាន។ ក៏មានមនុស្សជាច្រើនដែលធ្វើបែបនេះដែរ។ ក៏ប៉ុន្តែ អ្នកទទួលភ្ញៀវខ្លះគឺខុសពីនេះ។ នៅពេលដែលខ្ញុំស្នាក់នៅជាមួយអ្នកទទួលភ្ញៀវទាំងនេះ ពួកគេគ្រាន់តែយករបស់របរប្រើប្រាស់ប្រចាំថ្ងៃខ្លះៗមកឱ្យខ្ញុំប្រើឱ្យតែបានៗ គ្រឿងផ្សំដែលពួកគេប្រើនៅពេលចម្អិនអាហារ គឺជាអ្វីដែលបងប្អូនប្រុសស្រីបានយកមកឱ្យពួកគេតែប៉ុណ្ណោះ ហើយនៅពេលពួកគេត្រូវការទៅទិញបន្ថែម ពួកគេនឹងលូកដៃសុំលុយពីខ្ញុំ។ បន្ទាប់មក មានអ្នកទទួលភ្ញៀវខ្លះទៀត ដែលខ្ញុំបានទុករបស់របរខ្លះនៅក្នុងផ្ទះរបស់ពួកគេដើម្បីឱ្យជួយថែរក្សា។ នៅពេលដែលខ្ញុំមិនបានត្រឡប់ទៅវិញមួយរយៈ អ្នកទទួលភ្ញៀវទាំងនោះបានគាស់ថតតុ ហើយរបស់ខ្លះក៏បាត់ទៅ។ ពួកគេសុទ្ធតែជឿលើព្រះជាម្ចាស់ ហើយពួកគេសុទ្ធតែបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ប៉ុន្តែតើភាពខុសគ្នារវាងពួកគេមានទំហំធំធេងដែរឬទេ? អ្នកជឿលើព្រះជាម្ចាស់មួយចំនួនអាចធ្វើរឿងបែបនេះបាន តើនេះជារឿងដែលមនុស្សធ្វើឬ? នេះគឺជាអ្វីដែលពួកចោរប្លន់ ចោរព្រៃ ជនពាល និងមនុស្សពាលាធ្វើ។ តើអ្នកជឿពិតប្រាកដអាចធ្វើរឿងបែបនេះបានដែរឬទេ? ប្រសិនបើអ្នកជឿពិតប្រាកដម្នាក់ជួយថែរក្សារបស់អ្វីមួយឱ្យអ្នក នោះមិនថាអ្នកទៅឆ្ងាយយូរប៉ុនណា ក៏ដោយ ទោះបីជាប្រាំបីឆ្នាំ ឬដប់ឆ្នាំក៏ដោយ ក៏គេនឹងតែងតែថែរក្សាវាឱ្យមានសុវត្ថិភាពសម្រាប់អ្នកជានិច្ចដែរ។ គេនឹងមិនប៉ះពាល់ មើល ឬកកាយវាឡើយ។ ក៏ប៉ុន្តែ សម្រាប់អ្នកទទួលភ្ញៀវខ្លះ ប្រសិនបើអ្នកទុករបស់អ្វីមួយនៅផ្ទះរបស់ពួកគេ ពួកគេនឹងបើកវា មើលភ្លាមៗនៅពេលដែលអ្នកចេញផុតពីទ្វារ។ តើពួកគេកំពុងកកាយរកអ្វី? ពួកគេនឹងកកាយកាបូបរបស់អ្នកដើម្បីមើលថា តើមានរបស់មានតម្លៃនៅក្នុងនោះដែរឬទេ ដូចជាគ្រឿងអលង្ការ ទូរសព្ទដៃ ឬលុយជាដើម ពួកគេកកាយរករបស់ទាំងអស់នេះ។ តើស្ត្រីខ្លះចូលចិត្តកកាយរកអ្វី? ពួកគេចង់មើលថាតើអ្នកមានខោអាវស្អាតៗដែរឬទេ។ ពេលពួកគេកកាយរួច ពួកគេគិតថា៖ «អូ! ខោអាវទាំងនេះស្អាតណាស់។ ខ្ញុំនឹងលវា»។ ចូរប្រាប់ខ្ញុំមកមើល៍ តើរឿងទាំងនេះមិនកើតឡើងទេឬ? (កើតឡើង។) តើអ្នកដឹងដោយរបៀបណា? តើអ្នករាល់គ្នាធ្លាប់ឃើញរឿងនេះកើតឡើងដែរឬទេ? ខ្ញុំមានភស្តុតាងរឹងមាំដើម្បីនិយាយថា រឿងទាំងនេះកើតឡើងមែន។ នាឆ្នាំមួយ នៅចុងរដូវស្លឹកឈើជ្រុះ ខ្ញុំបានទុកខោអាវមួយចំនួននៅលំនៅឋានទទួលភ្ញៀវមួយ។ ថ្ងៃមួយ ខ្ញុំស្រាប់តែនឹកឃើញដល់ខោអាវខ្លះក្នុងចំណោមខោអាវទាំងនេះដែលខ្ញុំគួរតែពាក់ ហើយខ្ញុំមានគម្រោងទៅយកវា ដូច្នេះ ខ្ញុំក៏បានទៅលំនៅឋានទទួលភ្ញៀវនោះ។ ទាយទៅមើលថាតើមានរឿងអ្វីបានកើតឡើង។ ពេលខ្ញុំចូលទៅក្នុងផ្ទះ ស្ត្រីចំណាស់ដែលជាអ្នកទទួលភ្ញៀវកំពុងលអាវធំរោមចៀមរបស់ខ្ញុំ។ វាជារឿងចៃដន្យដែលខ្ញុំបានឃើញវា។ ខ្ញុំបាននិយាយថា៖ «តើអ្នកកំពុងធ្វើអ្វីហ្នឹង?» គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់មិនដែលនឹកស្មានថាមានការចៃដន្យបែបនេះ ដែលខ្ញុំនឹងឃើញអ្វីដែលគាត់កំពុងធ្វើនោះទេ ហើយគាត់ខ្មាសអៀនយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្ដី មនុស្សបែបនេះគឺមុខក្រាស់ណាស់ ហើយគាត់ក៏បាននិយាយភ្លាមៗថា៖ «អូ! តើអ្នកមិនគិតថាអាវធំរោមចៀមរបស់អ្នកសមនឹងខ្ញុំឥតខ្ចោះទេឬ?» ខ្ញុំបាននិយាយថា៖ «នោះគឺជាអាវធំរបស់ខ្ញុំ។ ខ្ញុំមិនអាចពាក់វាបានទេ ប្រសិនបើអ្នកកំពុងពាក់វានោះ»។ គាត់បាននិយាយថា៖ «នេះនែ៎ យកទៅវិញចុះ ខ្ញុំមិនចង់បានវាទេ»។ ខ្ញុំបានឆ្លើយតបថា៖ «តើអ្នកលវាធ្វើអ្វី បើអ្នកមិនចង់បានវានោះ? តើទ្វារទូមិនបានចាក់សោទេឬអី?» គាត់បាននិយាយថា៖ «ចៃដន្យអី ថ្ងៃនេះខ្ញុំគ្មានអ្វីធ្វើ ដូច្នេះខ្ញុំក៏យកវាមកមើលទៅ»។ ខ្ញុំបាននិយាយថា៖ «វាមិនមែនជារបស់អ្នកទេ ដូច្នេះ អ្នកមិនគួរប៉ះវាឡើយ»។ នេះគឺជាឧទាហរណ៍នៃរឿងមួយដែលពិតជាបានកើតឡើងមែន។ ខ្ញុំមិនដឹងថាគាត់មានចេតនាអ្វីក្នុងការធ្វើបែបនេះទេ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះជាមនុស្សដែលជឿលើព្រះជាម្ចាស់ដែរឬទេ? តើខ្ញុំគួរចាត់ទុក គេថាជាអ្នកជឿលើព្រះជាម្ចាស់ និងជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់ដែរឬទេ? (មិនគួរទេ។) គេមិនស័ក្តិសមជាអ្នកដើរតាមព្រះជាម្ចាស់ឡើយ គេគឺជាម្នាក់នៃបក្ខពួករបស់សាតាំង ដែលគ្មានការខ្មាសអៀន គ្មានមនសិការ ឬភាពមានវិចារណញ្ញាណឡើយ គ្មានភាពជាមនុស្សទាល់តែសោះ ពួកគេគឺជាមនុស្សចោលម្សៀត។ តើព្រះជាម្ចាស់នឹងសង្គ្រោះមនុស្សបែបនេះដែរឬទេ? មនុស្សបែបនេះសូម្បីតែសេចក្តីទៀងត្រង់ និងសេចក្តីថ្លៃថ្នូរតិចតួចបំផុត ឬការគោរពចំពោះព្រះជាម្ចាស់តិចតួចបំផុតក៏គ្មានផង ព្រះជាម្ចាស់មិនអាចសង្គ្រោះពួកគេជាដាច់ខាត។ សេចក្តីពិតដែលព្រះជាម្ចាស់មានព្រះបន្ទូល និងជីវិតដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្ស គឺមិនត្រូវបានផ្គត់ផ្គង់ដល់មនុស្សបែបនេះឡើយ។ មនុស្សទាំងនេះមិនមែនជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់ទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេគឺជាអ្នកមិនជឿដែលនៅក្រៅដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេគឺជាកម្មសិទ្ធិពួកអារក្ស។ ក្រៅពីសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទជាសារជាតិធម្មជាតិដែលមិនស្រឡាញ់សេចក្តីពិត និងស្អប់ខ្ពើមសេចក្តីពិតហើយ ចរិតលក្ខណៈរបស់ពួកគេក៏ទាបថោក និងគួរឱ្យស្អប់ខ្ពើមបំផុតផងដែរ ហើយមនុស្សបែបនេះគឺគួរឱ្យខ្ពើមរអើម គួរឱ្យមើលងាយ និងគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ តាមរយៈការបង្ហាញចេញរបស់មនុស្សទាំងនេះដែលកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ដែលយើងទើបតែបាននិយាយរួចមក នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា ទោះបីជាមនុស្សទាំងនេះបំពេញភារកិច្ចអ្វីក៏ដោយ ក៏ពួកគេមិនដែលលះបង់ខ្លួនយ៉ាងពិតប្រាកដឡើយ ហើយពួកគេមិនដែលធ្វើវាដោយសេចក្តីស្មោះសរនោះទេ។ ផ្ទុយទៅវិញ ពួកគេមកជាមួយនឹងផែនការ ភាពលោភលន់ និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេរត់មករកអត្ថប្រយោជន៍ និងមិនមែនដើម្បីទទួលបានសេចក្តីពិតនោះទេ។ ហេតុដូច្នេះហើយ ទោះបីជាអ្នកមើលរឿងនេះយ៉ាងណាក៏ដោយ ចំពោះព្រះជាម្ចាស់ ភាពជាមនុស្សរបស់មនុស្សបែបនេះគឺមិនត្រូវតាមស្ដង់ដាឡើយ។ ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ តើអ្នករាល់គ្នាចាត់ទុកភាពជាមនុស្សរបស់មនុស្សបែបនេះថាត្រូវតាមស្ដង់ដាដែរឬទេ ហើយតើអ្នករាល់គ្នាចាត់ទុកពួកគេថាជាមនុស្សល្អដែរឬទេ? (អត់ទេ។) អ្នករាល់គ្នាក៏មើលងាយមនុស្សបែបនេះដែរ តើមែនទេ? (មែនហើយ។) នៅពេលមនុស្សមួយចំនួនឮថាដំណាក់របស់ព្រះជាម្ចាស់បានទិញរបស់អ្វីមួយ ពួកគេក៏ចង់បានចំណែករបស់ពួកគេ ហើយនៅពេលពួកគេឃើញបងប្អូនប្រុសស្រីបរិច្ចាគខោអាវ នោះមិនថាពួកគេស័ក្តិសមនឹងទទួលបានវា ឬថាតើគួរតែទទួលបានវាឬអត់នោះទេ ក៏ពួកគេទៅព្យាយាមយកវា ដោយធ្វើសកម្មភាពយ៉ាងសកម្មជាងអ្នកណាៗទាំងអស់។ នៅពេលពួកគេឮថាដំណាក់របស់ព្រះជាម្ចាស់មានការងារដែលត្រូវធ្វើ ឬថាមានការងារកខ្វក់ ឬនឿយហត់មួយចំនួនដែលត្រូវបំពេញ ពួកគេក៏លាក់ខ្លួនភ្លាមៗ ហើយអ្នកមិនអាចរកពួកគេឃើញនៅកន្លែងណាឡើយ។ មនុស្សបែបនេះគឺមានល្បិចកល និងក្រឡេចក្រឡុច មានចរិតលក្ខណៈទាបថោក ពួកគេគួរឱ្យមើលងាយ គួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្ពើមរអើម!
ការប្រើប្រាស់ការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីវិភាគពីការខ្វល់ខ្វាយរបស់ពួកគេចំពោះអត្ថប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគ្រប់ទិដ្ឋភាព អនុញ្ញាតឱ្យយើងមើលឃើញថា មនុស្សទាំងនេះគឺជាអ្នកមិនជឿ ជាអ្នកសម្ភារៈនិយម ជាមនុស្សដែលមានចរិតលក្ខណៈគួរឱ្យមើលងាយ ទាបថោក និងអន់ថយ ជាមនុស្សគួរឱ្យស្អប់ខ្ពើម ហើយមិនមែនជាគោលដៅដែលព្រះជាម្ចាស់នឹងសង្គ្រោះឡើយ។ ការកំណត់និយមន័យនៃមនុស្សបែបនេះ មិនចាំបាច់ត្រូវលើកឡើងដល់កម្រិតដែលថាពួកគេស្អប់ខ្ពើមសេចក្តីពិតនោះទេ យើងអាចមើលពួកគេធ្លុះរួចទៅហើយតាមរយៈភាពជាមនុស្ស និងចរិតលក្ខណៈរបស់ពួកគេ ដូច្នេះ មិនចាំបាច់ទាញវាឱ្យដល់កម្រិតខ្ពស់ដែលទាក់ទងនឹងសេចក្តីពិតឡើយ។ ហេតុដូច្នេះហើយ ទោះបីជានៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬនៅក្នុងក្រុមមនុស្សណាមួយក៏ដោយ ក៏មនុស្សបែបនេះគួរតែជាមនុស្សដែលទាបថោកបំផុត និងខ្វះចរិតលក្ខណៈបំផុតជានិច្ច។ ជាការពិតណាស់ ប្រសិនបើពួកគេត្រូវវាស់ស្ទង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយប្រើសេចក្តីពិត នោះពួកគេមើលទៅរឹតតែគួរឱ្យមើលងាយ និងទាបថោកថែមទៀត។ តើអ្នករាល់គ្នាមានឧទាហរណ៍បន្ថែមទៀតនៃការបង្ហាញចេញនេះ ដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញដែរឬទេ? (មានអាទទឹងនឹងព្រះគ្រីស្ទម្នាក់បានចាត់ចែងរឿងបោះពុម្ពសៀវភៅសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយគាត់បានកិបកេងតង្វាយរបស់ព្រះជាម្ចាស់រាប់សែនយ័ន តាមរយៈការធ្វើគណនេយ្យក្លែងក្លាយ។ បន្ទាប់ពីគាត់ត្រូវបានស៊ើបអង្កេត គេបានរកឃើញថា មុនពេលគាត់ចាប់ផ្តើមបំពេញភារកិច្ចនេះ គ្រួសាររបស់គាត់មានលុយតិចតួចណាស់ ប៉ុន្តែបន្ទាប់ពីគាត់ចាប់ផ្តើមបំពេញភារកិច្ចនេះ គាត់បានទិញផ្ទះ និងឡាន ប៉ុន្តែរឿងទាំងនេះមិនអាចត្រូវបានពិនិត្យឃើញពីបញ្ជីគណនេយ្យឡើយ។ គ្រួសាររបស់គាត់សុទ្ធតែជាមនុស្សកាចសាហាវណាស់ ដូច្នេះ តង្វាយទាំងនោះមិនអាចទាមទារមកវិញបានទេ។) តើអ្នកដឹកនាំ និងអ្នកធ្វើការមិនមានការទទួលខុសត្រូវដោយផ្ទាល់ចំពោះហេតុការណ៍នេះទេឬ? (មែនហើយ។ ក្រោយមក នៅពេលមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានលាតត្រដាង គេបានរកឃើញថា អ្នកដឹកនាំ និងអ្នកធ្វើការដែលទទួលខុសត្រូវនៅពេលនោះ មិនដែលត្រួតពិនិត្យបញ្ជីគណនេយ្យដែលអាទទឹងនឹងព្រះគ្រីស្ទនេះគ្រប់គ្រងឡើយ។ ពួកគេបានធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ពួកគេ ហើយស្ថានការណ៍នេះគឺបណ្តាលមកពីពួកគេមិនទទួលខុសត្រូវ។ ពួកគេប្រាកដជាមានការទទួលខុសត្រូវដោយផ្ទាល់មែន។) ដូច្នេះ តើអំពើរំលងរបស់ពួកគេគួរតែត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រារបស់ព្រះជាម្ចាស់ដែរឬទេ? (គួរតែកត់ត្រាទុក។) តើមនុស្សទាំងនេះត្រូវបានចាត់ការយ៉ាងដូចម្តេចនៅពេលក្រោយមក? (អ្នកខ្លះត្រូវបានបោសសម្អាតចេញ និងបណ្ដេញចេញ ហើយអ្នកខ្លះកំពុងសងតង្វាយត្រឡប់មកវិញ។) នេះគឺជារបៀបដ៏សមស្របមួយក្នុងការចាត់ការពួកគេ។ អ្នកដឹកនាំ និងអ្នកធ្វើការបានធ្វេសប្រហែសនឹងភារកិច្ចរបស់ពួកគេ ហើយមិនបានបំពេញការទទួលខុសត្រូវក្នុងការមើលការខុសត្រូវរបស់ពួកគេនៅក្នុងរឿងនេះឡើយ។ ជាពិសេស ពួកគេបានប្រើមនុស្សខុស ហើយពួកគេមិនបានខិតខំប្រឹងប្រែងដើម្បីតាមដាន ឬមើលការខុសត្រូវលើបុគ្គលនេះឡើយ ពួកគេមិនអាចរកឃើញបញ្ហាជាមួយបុគ្គលដែលពួកគេកំពុងប្រើប្រាស់នេះឱ្យទាន់ពេលវេលាទេ ដូច្នេះ ផលវិបាកដ៏ធ្ងន់ធ្ងរក៏បានកើតឡើង ដែលបណ្តាលឱ្យតង្វាយរបស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់យ៉ាងធំធេង។ វាគឺជាការទទួលខុសត្រូវរបស់មនុស្សទាំងអស់នេះដែលមានការទទួលខុសត្រូវដោយផ្ទាល់ ហើយអំពើរំលងរបស់ពួកគេគួរតែត្រូវបានកត់ត្រាទុកទាំងអស់។ នេះគឺជាផលវិបាកដ៏អាក្រក់ដែលពួកគេបាននាំមកលើខ្លួនឯង ដោយសារការមិនប្រើប្រាស់បុគ្គលដែលត្រឹមត្រូវសម្រាប់ការងារ ហើយវាបានបណ្តាលឱ្យដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់ ហើយនៅទីបំផុត តង្វាយរបស់ព្រះជាម្ចាស់គឺជាតម្លៃដែលត្រូវបានបង់។ ចូរប្រាប់ខ្ញុំមកមើល៍ តើពួកទទឹងនឹងព្រះគ្រីស្ទតែងតែលោភលន់ជានិច្ច ឬមួយក៏គំនិតអាក្រក់ទាំងនេះកើតឡើងចំពោះពួកគេតែនៅពេលដែលពួកគេឃើញរបស់មានតម្លៃប៉ុណ្ណោះ? (ពួកគេតែងតែលោភលន់ជានិច្ច។) នេះហើយជាមូលហេតុដែលនៅពេលសេពគប់ និងប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះ គេប្រាកដជាអាចរកឃើញភាពលោភលន់ និងបំណងប្រាថ្នារបស់ពួកគេបាន។ ផលវិបាកនេះត្រូវបានបង្កឡើងដោយអ្នកដឹកនាំ និងអ្នកធ្វើការដែលមិនទទួលខុសត្រូវ មិនចេះញែកដឹងពីមនុស្ស មើលមនុស្សមិនច្បាស់ និងប្រើប្រាស់មនុស្សខុស ដូច្នេះហើយ ការទទួលខុសត្រូវក៏ធ្លាក់យ៉ាងធ្ងន់ធ្ងរទៅលើពួកគេ ហើយពួកគេស័ក្តិសមនឹងត្រូវបានបណ្ដេញចេញ។
ពីមុន យើងបានប្រកបគ្នាជំុំវិញទិដ្ឋភាពសំខាន់ៗនៃធម្មជាតិ សារជាតិ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងផ្លូវដែលពួកគេដើរតាម។ អ្វីដែលយើងកំពុងប្រកបគ្នា និងវិភាគនៅថ្ងៃនេះ គឺជាការបង្ហាញចេញនៅក្នុងដែននៃភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយនេះគឺទាក់ទងនឹងជីវិតពិត។ ទោះបីជានេះគឺជាទិដ្ឋភាពតូចតាចមួយក៏ដោយ ក៏វានៅតែអាចជួយមនុស្សឱ្យកំណត់អត្តសញ្ញាណនៃការបង្ហាញចេញមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរ។ ទាំងនេះក៏ជាលក្ខណៈ សញ្ញា និងនិមិត្តសញ្ញាដ៏ច្បាស់ក្រឡែតមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ ឧទាហរណ៍៖ អាទទឹងនឹងព្រះគ្រីស្ទម្នាក់ស្រឡាញ់ឋានៈ កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឥទ្ធិពល ហើយគេមានភាពអាត្មានិយម គួរឱ្យមើលងាយ និងកាចសាហាវណាស់ ហើយគេមិនស្រឡាញ់សេចក្តីពិតទេ ដូច្នេះ តើភាពជាមនុស្ស និងចរិតលក្ខណៈរបស់គេមានលក្ខណៈបែបណាទៅ? អ្នកខ្លះនិយាយថា៖ «ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈក៏ដោយ ក៏ពួកគេមានចរិតលក្ខណៈថ្លៃថ្នូរ និងខ្ពង់ខ្ពស់ដែរ ហើយពួកគេមានមនសិការ និងវិចារណញ្ញាណ»។ តើនេះត្រឹមត្រូវដែរឬទេ? (អត់ទេ វាមិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? ចូរកុំនិយាយអំពីថាតើពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិនិស្ស័យអ្វីឡើយ។ ជាដំបូង ចូរមើលភាពជាមនុស្ស និងចរិតលក្ខណៈរបស់ពួកគេសិន។ ពួកគេប្រាកដជាមិនមែនមនុស្សល្អទេ ពួកគេមិនមែនជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរ មនសិការ ឬសេចក្តីទៀងត្រង់ដ៏ខ្ពង់ខ្ពស់ឡើយ ពួកគេរឹតតែមិនមែនជាមនុស្សដែលស្រឡាញ់សេចក្តីពិតទៅទៀត។ តើមនុស្សដែលមានភាពជាមនុស្សបែបនេះអាចដើរតាមផ្លូវត្រូវដែរឬទេ? ប្រាកដជាមិនអាចទេ ពីព្រោះចរិតលក្ខណៈរបស់ពួកគេមិនមានសារជាតិដែលដើរតាមផ្លូវត្រូវឡើយ ដូច្នេះហើយ មនុស្សទាំងនេះមិនអាចស្រឡាញ់សេចក្តីពិតបានជាដាច់ខាត ពួកគេរឹតតែមិនអាចទទួលយកវាបានទៅទៀត។ ដោយវិនិច្ឆ័យតាមចេតនា និងអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេ ចរិតលក្ខណៈ និងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើឱ្យមនុស្សបដិសេធ និងមានអារម្មណ៍ស្អប់ខ្ពើមចំពោះពួកគេ ហើយពួកគេរឹតតែត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធទៀតផង។ មិនថាពួកគេបំពេញភារកិច្ចអ្វីក៏ដោយ ក៏ពួកគេតែងតែចង់កិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ហើយទូលសូមរង្វាន់ លុយកាក់ របស់របរ និងអត្ថប្រយោជន៍ពីទ្រង់ជានិច្ច។ ហើយតើព្រះជាម្ចាស់ចាត់ទុកពួកគេជាមនុស្សប្រភេទណា? មនុស្សទាំងនេះប្រាកដជាមិនមែនមនុស្សល្អឡើយ។ ដូច្នេះហើយ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើទ្រង់កំណត់និយមន័យមនុស្សបែបនេះយ៉ាងដូចម្តេចទៅ? តើទ្រង់ដាក់ឈ្មោះអ្វីដល់មនុស្សបែបនេះ? មានរឿងមួយដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរពីយុគសម័យនៃព្រះគុណគឺ៖ យូដាសឧស្សាហ៍លួចលុយពីថង់លុយ ហើយនៅទីបំផុត គាត់ត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ដើម្បីបម្រើការមួយ នោះគឺការក្បត់ព្រះអម្ចាស់យេស៊ូវ។ ព្រះអម្ចាស់យេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាង ហើយយូដាស ដែលបានដើរតួក្នុងការក្បត់ព្រះអម្ចាស់ និងមិត្តភក្តិរបស់គាត់ បានស្លាប់ដោយសារធ្លាយពោះ។ ហេតុដូច្នេះហើយ មនុស្សទាំងនេះដែលកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ និងលួចតង្វាយដែលបានថ្វាយដល់ព្រះជាម្ចាស់ សុទ្ធតែជាយូដាសនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដែលអត្ថន័យបង្កប់គឺថា មនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ដាក់ឈ្មោះថាយូដាស។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដែលបច្ចុប្បន្នត្រូវបានថ្កោលទោសថាយូដាស មិនធ្វើរឿងដូចជាការក្បត់ព្រះអម្ចាស់ និងមិត្តភក្តិរបស់ពួកគេដូចដែលយូដាសបានធ្វើក៏ដោយ ក៏សារជាតិធម្មជាតិរបស់ពួកគេគឺដូចគ្នាដែរ។ តើពួកគេមានអ្វីដូចគ្នា? ពួកគេកេងយកប្រយោជន៍ពីតំណែងរបស់ពួកគេ និងឱកាសសម្រាប់ការបំពេញភារកិច្ចរបស់ពួកគេ ដើម្បីលួច និងកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ នោះហើយជាមូលហេតុដែលមនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ដាក់ឈ្មោះថាយូដាស ហើយពួកគេគឺស្មើនឹងអ្នកដែលបានក្បត់ព្រះអម្ចាស់ និងមិត្តភក្តិរបស់គាត់ដែរ។ ពោលគឺ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះដែលកិបកេង និងរឹបអូសយកទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ គឺស្មើនឹងយូដាសដែលបានក្បត់ព្រះអម្ចាស់ និងមិត្តភក្តិរបស់គាត់អ៊ីចឹងដែរ ហើយគេមិនចាំបាច់គិតច្រើនទេក្នុងការរកឱ្យឃើញថាតើលទ្ធផលអ្វីដែលកំពុងរង់ចាំមនុស្សបែបនេះនោះ។
២. ការប្រើប្រាស់បងប្អូនប្រុសស្រីឱ្យបម្រើពួកគេ និងធ្វើការឱ្យពួកគេ
ផលប្រយោជន៍ដែលពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងដើម្បីទទួលបាន នៅពេលបំពេញភារកិច្ចរបស់ពួកគេ គឺមិនកំណត់តែចំពោះអ្វីដែលយើងបានពិភាក្សារួចមកហើយនោះទេ ពោលគឺលុយកាក់ វត្ថុសម្ភារ ម្ហូបអាហារ និងរបស់របរប្រើប្រាស់ឡើយ វិសាលភាពនៃផលប្រយោជន៍ទាំងនេះគឺធំធេងណាស់។ ឧទាហរណ៍៖ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ច ពួកគេកេងប្រវ័ញ្ចបងប្អូនប្រុសស្រីក្រោមលេសបំពេញភារកិច្ចនោះ ដោយឱ្យបងប្អូនប្រុសស្រីបម្រើពួកគេ និងធ្វើការឱ្យពួកគេ ព្រមទាំងបញ្ជាបងប្អូនប្រុសស្រី តើនេះមិនមែនជាផលប្រយោជន៍ដែលពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងដើម្បីទទួលបានទេឬ? (មែនហើយ។) មនុស្សមួយចំនួនតែងតែធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងនៅផ្ទះ មុនពេលពួកគេក្លាយជាអ្នកដឹកនាំពួកជំនុំ ហើយពួកគេមើលទៅហាក់ដូចជាគ្មានមហិច្ឆតា ឬចេតនាអាក្រក់ឡើយ។ ប៉ុន្តែ នៅពេលដែលពួកគេត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ និងទទួលបានឋានៈ តើពួកគេនៅតែធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងទៀតឬទេ? ពួកគេគិតថា ពួកគេមានភាពខុសប្លែកពីអ្នកដទៃនៅពេលដែលពួកគេទទួលបានឋានៈ ថាពួកគេគួរតែទទួលបានសិទ្ធិពិសេសនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយត្រូវតែរៀនពីរបៀបកៀងគរ «កម្លាំងមហាជន» ដើម្បីរួមគ្នាសម្រេច «ភារកិច្ច» ផ្ទាល់ខ្លួនរបស់ពួកគេ។ រាល់ការងារនៅក្នុងផ្ទះរបស់ពួកគេ ក្លាយជាកិច្ចការដែលស្ថិតនៅក្នុងវិសាលភាពទទួលខុសត្រូវរបស់ពួកជំនុំ ហើយពួកគេបានបែងចែកការងារផ្ទះ និងកិច្ចការប្រចាំថ្ងៃរបស់ពួកគេទៅក្នុងចំណោមបងប្អូនប្រុសស្រី។ ឧទាហរណ៍៖ នៅពេលដែលពួកគេមានការងារមួយចំនួនដែលត្រូវធ្វើនៅក្នុងផ្ទះរបស់ពួកគេ ពួកគេប្រាប់បងប្អូនប្រុសស្រីថា៖ «ខ្ញុំរវល់នឹងកិច្ចការពួកជំនុំប៉ុន្មានថ្ងៃមកនេះ។ តើអ្នករាល់គ្នាមានពេលជួយធ្វើការងារមួយឱ្យខ្ញុំទេ?» មនុស្សបីឬប្រាំនាក់បានស្ម័គ្រចិត្ត ហើយមួយសន្ទុះក្រោយមក ការងារនោះក៏រួចរាល់។ អ្នកដឹកនាំទាំងនេះគិតថា៖ «កម្លាំងច្រើនធ្វើឱ្យការងារកាន់តែស្រួល។ ធ្វើជាអ្នកដឹកនាំគឺល្អណាស់ ខ្ញុំគ្រាន់តែហើបមាត់ភ្លាម គឺមានគេធ្វើឱ្យភ្លាម។ នៅថ្ងៃមុខ រាល់ពេលដែលខ្ញុំមានអ្វីមួយត្រូវធ្វើនៅផ្ទះ ខ្ញុំនឹងឱ្យបងប្អូនប្រុសស្រីមកជួយខ្ញុំ»។ ពេលរឿងនេះចេះតែបន្តទៅមុខ ពួកគេមិនសូវបានបំពេញកិច្ចការរបស់អ្នកដឹកនាំពួកជំនុំប៉ុន្មានទេ ប៉ុន្តែពួកគេបែរជារៀបចំមនុស្សយ៉ាងច្រើនឱ្យទៅធ្វើការនៅផ្ទះរបស់ពួកគេផ្ទាល់ ហើយពួកគេថែមទាំងដាក់បញ្ចូលរឿងនេះទៅក្នុងកាលវិភាគទៀតផង ពួកគេពិតជាអ្នកដឹកនាំពួកជំនុំដែល «រវល់» មែន! ពួកគេមិនដែលមានអ្វីច្រើនត្រូវធ្វើនៅផ្ទះទេ មុនពេលពួកគេក្លាយជាអ្នកដឹកនាំ ប៉ុន្តែបន្ទាប់ពីពួកគេក្លាយជាអ្នកដឹកនាំ ក៏មានការងារកាន់តែច្រើនថែមទៀតដែលត្រូវធ្វើនៅផ្ទះ។ បងប្អូនប្រុសស្រីខ្លះដាំដំណាំឱ្យពួកគេ អ្នកខ្លះស្រោចទឹកដំណាំឱ្យពួកគេ អ្នកខ្លះដាំបន្លែឱ្យពួកគេ អ្នកខ្លះដកស្មៅ អ្នកខ្លះដាក់ជី ហើយអ្នកខ្លះទៀតជួយលក់បន្លែឱ្យពួកគេ រួចប្រគល់ប្រាក់ទាំងអស់ដែលខ្លួនទទួលបានទៅឱ្យអ្នកដឹកនាំនោះ ដោយមិនទុកមួយកាក់មួយសេនសម្រាប់ខ្លួនឯងឡើយ។ បន្ទាប់ពីពួកគេក្លាយជាអ្នកដឹកនាំពួកជំនុំ ជីវិតគ្រួសាររបស់ពួកគេកាន់តែធូរធារ។ មិនថាពួកគេធ្វើអ្វីទេ តែងតែមានមនុស្សគាំទ្រ និងជួយពួកគេជានិច្ច ហើយរាល់ពាក្យសម្ដីរបស់ពួកគេគឺមានឥទ្ធិពលណាស់។ ពួកគេមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ហើយពួកគេកាន់តែគិតថា៖ «ងារជាអ្នកដឹកនាំពួកជំនុំនេះគឺល្អណាស់ ហើយការមានឋានៈគឺអស្ចារ្យមែន។ ប្រសិនបើខ្ញុំខ្វះខាតម្ហូបអាហារនៅផ្ទះ ខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ នោះមនុស្សនឹងយកម្ហូបអាហារមកឱ្យខ្ញុំ ហើយអ្នកទាំងនោះថែមទាំងមិនចង់បានប្រាក់ទៀតផង។ ជីវិតនេះពិតជាសុខស្រួលមែន! ខ្ញុំពិតជាត្រូវបានព្រះជាម្ចាស់ប្រទានព្រះពរមែន ដោយសារតែជំនឿរបស់ខ្ញុំ។ នេះគឺជាព្រះពរដ៏ធំធេង ហើយវាពិតជាព្រះគុណរបស់ព្រះជាម្ចាស់មែន! ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ សូមអរព្រះគុណដល់ព្រះជាម្ចាស់!» រាល់ពេលដែលនរណាម្នាក់បម្រើពួកគេរួចរាល់ ឬត្រូវបានពួកគេបញ្ជា ពួកគេតែងតែ «អរព្រះគុណដល់ព្រះជាម្ចាស់» និង «ទទួលយកវាពីព្រះជាម្ចាស់» ជានិច្ច។ អ្នកដឹកនាំពួកជំនុំដ៏តូចតាចទាំងនេះ អាចប្រើប្រាស់តំណែងរបស់ពួកគេដល់កម្រិតនេះ តើអ្នករាល់គ្នាអាចធ្វើបែបនេះបានទេ? តើអ្នករាល់គ្នាមានសមត្ថភាពធ្វើរឿងបែបនេះដែរឬទេ? ហេតុអ្វីបានជាមនុស្សប្រជែងគ្នាក្លាយជាអ្នកដឹកនាំ? ហេតុអ្វីបានជាពួកគេប្រជែងគ្នាដើម្បីឋានៈ? ប្រសិនបើគ្មានអត្ថប្រយោជន៍អ្វីដែលត្រូវទទួលបានទេ តើមាននរណាម្នាក់ប្រជែងដើម្បីឋានៈដែរឬទេ? ប្រសិនបើឋានៈដែលពួកគេប្រជែងគ្នានោះ មានន័យថាត្រូវពុះពារធ្វើការធ្ងន់ និងធ្វើការដូចជាសត្វពាហនៈ នោះនឹងគ្មាននរណាម្នាក់ខ្វល់ឡើយ។ គឺដោយសារតែមានអត្ថប្រយោជន៍ជាច្រើនដែលអាចទទួលបានពីការមានឋានៈនេះហើយ ទើបមនុស្សខំប្រឹងប្រែងស្ទើរតែបែកក្បាលដើម្បីដណ្ដើម និងប្រជែងយកវា។ ការធ្វើជាអ្នកដឹកនាំពួកជំនុំដ៏តូចតាចម្នាក់ នាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់ពួកគេ ហើយវានាំមកនូវភាពងាយស្រួលដ៏អស្ចារ្យ និងអត្ថប្រយោជន៍ជាច្រើនដល់ជីវិតរបស់ពួកគេ តើមនុស្សប្រភេទណាដែលមានឥរិយាបថបែបនេះ? តើគេជាមនុស្សដែលដេញតាមសេចក្ដីពិតឬទេ? តើគេជាមនុស្សដែលមានភាពជាមនុស្ស និងមនសិការឬទេ? តើគេជាមនុស្សដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ឬទេ? (អត់ទេ។) គេជឿថា គេធ្វើជាអ្នកដឹកនាំពួកជំនុំសម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយគេមិនចាត់ទុកវាជាភារកិច្ចឡើយ។ គេជឿថា រាល់កិច្ចការដែលគេធ្វើក្នុងនាមជាអ្នកដឹកនាំពួកជំនុំ គឺសុទ្ធតែត្រូវបានធ្វើឡើងដោយការលះបង់ជីវិតគ្រួសាររបស់គេ ដូច្នេះ បងប្អូនប្រុសស្រីគួរតែសងគេវិញចំពោះតម្លៃដែលគេបានលះបង់។ ប្រសិនបើគេគ្មានពេលធ្វើការងារផ្ទះទេ នោះបងប្អូនប្រុសស្រីគួរតែជួយគេធ្វើវា។ ប្រសិនបើគេគ្មានពេលធ្វើការនៅឯស្រែចម្ការទេ នោះបងប្អូនប្រុសស្រីគួរតែបង្ហាញខ្លួននៅឯស្រែចម្ការរបស់គេ ហើយធ្វើការងារឱ្យគេ ហាក់ដូចជាបងប្អូនប្រុសស្រីមានកាតព្វកិច្ចត្រូវធ្វើដូច្នេះដែរ។ មិនថាគេបានលះបង់អ្វីខ្លះដោយសារតែការធ្វើជាអ្នកដឹកនាំពួកជំនុំនោះទេ បងប្អូនប្រុសស្រីគួរតែសងគេវិញជាទ្វេដង។ ទាំងនេះគឺជារឿងមួយចំនួនដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់បងប្អូនប្រុសស្រីឱ្យបម្រើពួកគេ និងបញ្ជាបងប្អូនប្រុសស្រីឱ្យធ្វើសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងពេលដែលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទម្នាក់ក្លាយជាអ្នកដឹកនាំ គេដាច់ខាតនឹងមិនបណ្ដោយឱ្យឱកាសបែបនេះកន្លងផុតទៅបានឡើយ ហើយគេដាច់ខាតនឹងមិនឈរមើលអត្ថប្រយោជន៍ទាំងនេះរបូតពីដៃរបស់គេនោះទេ។ ផ្ទុយទៅវិញ ពួកគេធ្វើរឿងផ្ទុយស្រឡះពីនេះ៖ ពួកគេប្រើប្រាស់គ្រប់ពេលវេលា និងចាប់យកគ្រប់ឱកាស ដើម្បីប្រើប្រាស់បងប្អូនប្រុសស្រីឱ្យធ្វើការឱ្យពួកគេ និងប្រើបងប្អូនប្រុសស្រីឱ្យធ្វើការដូចជាសត្វពាហនៈ។ ពួកគេកេងប្រវ័ញ្ចភាពល្ងង់ខ្លៅ និងភាពស្មោះត្រង់របស់បងប្អូនប្រុសស្រី ហើយពួកគេថែមទាំងកេងប្រវ័ញ្ចផ្នត់គំនិតរបស់បងប្អូនប្រុសស្រីដែលស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្លួន និងលះបង់ដើម្បីព្រះជាម្ចាស់ ដើម្បីឱ្យបងប្អូនប្រុសស្រីបម្រើពួកគេទៀតផង។ ទន្ទឹមនឹងនេះ ពួកគេក៏ធ្វើពុតបន្លំថាពាក្យសម្ដីខ្លះជាសេចក្ដីពិត ហើយប្រើវាដើម្បីអប់រំបងប្អូនប្រុសស្រី ដើម្បីឱ្យបងប្អូនប្រុសស្រីរៀនពីគំនិតនេះ៖ អ្នកដឹកនាំក៏ជាមនុស្សដែរ អ្នកដឹកនាំក៏មានគ្រួសារដែរ ហើយអ្នកដឹកនាំក៏ត្រូវតែប្រកបជីវភាពដែរ ហើយប្រសិនបើអ្នកដឹកនាំគ្មានពេលចាត់ចែងកិច្ចការក្នុងផ្ទះរបស់ពួកគេទេ នោះបងប្អូនប្រុសស្រីគួរតែចាត់ទុកកិច្ចការទាំងនេះជាភារកិច្ចរបស់ខ្លួន។ បងប្អូនប្រុសស្រីមិនគួរចាំឱ្យអ្នកដឹកនាំសុំឱ្យពួកគេធ្វើរឿងទាំងនេះឡើយ ប៉ុន្តែគួរតែធ្វើរឿងទាំងនេះដែលអ្នកដឹកនាំមិនអាចធ្វើបាន ដោយសកម្ម និងដោយស្ម័គ្រចិត្ត។ បងប្អូនប្រុសស្រីជាច្រើនបម្រើអ្នកដឹកនាំទាំងនេះដោយស្ម័គ្រចិត្ត ក្រោមការបញ្ឆោតសន្ដំចិត្ត និងការលួងលោមបែបនេះ។ នេះគឺជាគោលបំណងដែលពួកទទឹងនឹងព្រះគ្រីស្ទប៉ងចង់សម្រេចបាន តាមរយៈការក្ដោបក្ដាប់អំណាច និងឋានៈ ហើយវាគឺជាកិច្ចការមួយដែលពួកគេចង់អនុវត្ត និងជាផលប្រយោជន៍មួយដែលពួកគេចង់ខិតខំប្រឹងប្រែងដើម្បីទទួលបាន តាមរយៈការក្ដោបក្ដាប់អំណាច និងឋានៈ។ តើមានមនុស្សបែបនេះច្រើនដែរទេ? (មានច្រើន។) មនុស្សទាំងនេះគឺជាពួកសាតាំង។ មនុស្សដែលគ្មានសេចក្ដីពិត និងមិនដើរតាមផ្លូវត្រូវ គឺអាចធ្វើរឿងបែបនេះបាន ទោះបីជាពួកគេមានឋានៈត្រឹមតែបន្តិចបន្តួចក៏ដោយ តើមនុស្សទាំងនេះគួរឱ្យអាណិតដែរទេ? តើអ្នកគិតយ៉ាងណាចំពោះចរិតលក្ខណៈរបស់ពួកគេ? តើពួកគេមានមនសិការ ឬវិចារណញ្ញាណដែរឬទេ?
នៅក្នុងពួកជំនុំខ្លះ មានបងប្អូនប្រុសស្រីដែលជាធម្មតាមិនស្នាក់នៅផ្ទះរបស់ខ្លួនទេ ប៉ុន្តែបែរជាទៅស្នាក់នៅផ្ទះអ្នកដឹកនាំពួកជំនុំរបស់ពួកគេក្នុងរយៈពេលយូរទៅវិញ។ ហេតុអ្វីបានជាពួកគេឧស្សាហ៍ស្នាក់នៅផ្ទះអ្នកដឹកនាំរបស់ពួកគេ? ពីព្រោះចាប់តាំងពីអ្នកដឹកនាំនោះទទួលបានតំណែងជា «អ្នកដឹកនាំ» មក ផ្ទះរបស់អ្នកដឹកនាំនោះត្រូវការអ្នកថែទាំផ្ទះរយៈពេលវែង។ ពួកគេក៏ជ្រើសរើសបងស្រីម្នាក់ ហើយបងស្រីនេះក៏ក្លាយជាអ្នកថែទាំផ្ទះប្រចាំសម្រាប់ផ្ទះរបស់អ្នកដឹកនាំនោះ។ បងស្រីនេះក្លាយជាអ្នកថែទាំផ្ទះ ចុះតើភារកិច្ចរបស់គាត់ក្លាយជាអ្វីទៅវិញ? គាត់មិនបានបំពេញកិច្ចការដែលជាភារកិច្ចរបស់គាត់ ឬកិច្ចការដែលទាក់ទងនឹងពួកជំនុំឡើយ ប៉ុន្តែបែរជាបម្រើសមាជិកគ្រួសារគ្រប់ជំនាន់របស់អ្នកដឹកនាំនោះ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេទៅវិញ ហើយគាត់មានអារម្មណ៍ថា វាជារឿងត្រឹមត្រូវទាំងស្រុងសម្រាប់គាត់ ក្នុងការចាត់ចែងការងារផ្ទះឱ្យអ្នកដឹកនាំរូបនោះ ហើយគាត់គ្មានការត្អូញត្អែរ ឬសញ្ញាណអ្វីអំពីរឿងនេះឡើយ។ តើនរណាជាអ្នកមានបញ្ហានៅត្រង់នេះ? មិនថាអ្នកដឹកនាំពួកជំនុំមានកិច្ចការត្រូវធ្វើច្រើនប៉ុនណាក៏ដោយ ឬដឹកនាំមនុស្សច្រើនប៉ុនណាក៏ដោយ តើពួកគេពិតជារវល់ខ្លាំងដល់ថ្នាក់ហ្នឹងមែនឬ? តើពួកគេពិតជាមិនអាចចាត់ចែងជីវិតប្រចាំថ្ងៃរបស់ពួកគេបានមែនឬ? ទោះបីជាពួកគេមិនអាចធ្វើបានក៏ដោយ នោះវាជារឿងផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ តើវាពាក់ព័ន្ធអ្វីនឹងអ្នកដទៃទៅ? ប្រសិនបើបងប្អូនប្រុសស្រីមិនយកចិត្តទុកដាក់ ឬនៅទំនេរ អ្នកដឹកនាំបែបនេះនឹងសម្ដែងអាកប្បកិរិយាមិនល្អដាក់ពួកគេ ហើយឆ្លៀតឱកាសនេះដើម្បី «ប្រកបគ្នាអំពីសេចក្ដីពិត» ជាមួយពួកគេ ហើយដោយសារតែរឿងនេះ បងប្អូនប្រុសស្រីក៏ត្រូវបានលួសកាត់ តើមានរឿងអ្វីកើតឡើងនៅត្រង់នេះ? នៅពេលដែលកម្រាលពូកក្នុងផ្ទះរបស់អ្នកដឹកនាំនោះកខ្វក់ បងប្អូនប្រុសស្រីត្រូវបោកគក់វា នៅពេលដែលផ្ទះរបស់អ្នកដឹកនាំនោះមិនរៀបរយ បងប្អូនប្រុសស្រីត្រូវរៀបចំវាឱ្យមានសណ្ដាប់ធ្នាប់ ហើយបងប្អូនប្រុសស្រីត្រូវចម្អិនអាហារនៅពេលញ៉ាំបាយ។ អ្នកដឹកនាំទាំងនេះក្លាយជាមនុស្សចាំតែស៊ីឥតបានការ ហើយនេះជារបៀបដែលពួកគេប្រព្រឹត្តក្នុងនាមជាអ្នកដឹកនាំ។ នៅពេលដែលមនុស្សបែបនេះមានការបង្ហាញចេញទាំងនេះ និងមានភាពជាមនុស្សបែបនេះ តើពួកគេមានសមត្ថភាពដេញតាមសេចក្ដីពិតដែរឬទេ? (គ្មានទេ។) ហេតុអ្វីក៏គ្មាន? (មនុស្សបែបនេះខ្វះភាពជាមនុស្សខ្លាំងពេក ហើយគួរឱ្យស្អប់ខ្ពើមពេកហើយ។ ពួកគេគ្រាន់តែមិនចាប់អារម្មណ៍នឹងសេចក្ដីពិតតែម្ដង។) ប្រសិនបើពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទេ ហេតុអ្វីបានជាពួកគេក្លាយជាអ្នកដឹកនាំ? (ពួកគេធ្វើដូច្នេះ ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយដើម្បីបង្ហាញពីខ្លួនឯង។) អ្នករាល់គ្នាមិនអាចពន្យល់វាឱ្យបានច្បាស់ទេ មែនទេ? តើមនុស្សប្រភេទណាដែលអាចកេងប្រវ័ញ្ចបងប្អូនប្រុសស្រី ឱ្យធ្វើការឱ្យពួកគេ និងបម្រើពួកគេបាន? តើនេះមិនមែនជាលក្ខណៈសម្គាល់ដ៏ច្បាស់ក្រឡែតមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ការស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគ្រប់យ៉ាងទាំងអស់ ខ្វល់ខ្វាយតែពីការចំណេញ និងការខាតបង់របស់ខ្លួន ហើយមិនគិតគូរថាតើការប្រព្រឹត្តតាមរបៀបនេះស្របតាមសេចក្ដីពិតឬអត់ ថាតើវាមានភាពជាមនុស្សឬអត់ ថាតើវាធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យឬអត់ ថាតើបងប្អូនប្រុសស្រីអាចទទួលបានផលប្រយោជន៍ ឬការធ្វើឱ្យស្អាងឡើងណាមួយពីវាឬអត់នោះទេ ពួកគេមិនគិតគូរពីរឿងទាំងនេះឡើយ ប៉ុន្តែគិតតែពីការចំណេញ និងការខាតបង់របស់ខ្លួន និងថាតើពួកគេអាចទទួលបានផលប្រយោជន៍ជាក់ស្ដែងឬអត់ប៉ុណ្ណោះ។ នេះហើយគឺជាផ្លូវដែលពួកទទឹងនឹងព្រះគ្រីស្ទដើរតាម ហើយវាគឺជាចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាមនុស្សមួយប្រភេទដែលមានឋានៈ។ មនុស្សមួយចំនួនគ្មានឋានៈទេ ហើយបំពេញភារកិច្ចធម្មតា ប៉ុន្តែនៅពេលដែលពួកគេទទួលបានលក្ខណៈសម្បត្តិខ្លះ ពួកគេក៏ចង់ឱ្យអ្នកដទៃបម្រើពួកគេដែរ។ មនុស្សមួយចំនួនបំពេញភារកិច្ចដែលប្រថុយប្រថានខ្លះ ហើយក៏ចង់បញ្ជាអ្នកដទៃឱ្យបម្រើពួកគេដែរ។ ក៏មានអ្នកខ្លះដែលបំពេញភារកិច្ចពិសេស ហើយចាត់ទុកភារកិច្ចរបស់ពួកគេជាលក្ខខណ្ឌមូលដ្ឋាន ជាថ្នូរសម្រាប់តថ្លៃ និងជាដើមទុនមួយប្រភេទ ដើម្បីឱ្យបងប្អូនប្រុសស្រីបម្រើពួកគេ។ ឧទាហរណ៍៖ មនុស្សមួយចំនួនចេះជំនាញវិជ្ជាជីវៈពិសេស ដែលអ្នកដទៃមិនទាន់បានរៀន ឬមិនទាន់ចាប់យល់។ នៅពេលដែលពួកគេចាប់ផ្ដើមបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលទាក់ទងនឹងជំនាញវិជ្ជាជីវៈទាំងនេះ ពួកគេគិតថា ពួកគេខុសប្លែកពីអ្នកដទៃ ថាពួកគេកំពុងត្រូវបានដាក់ក្នុងតំណែងដ៏សំខាន់មួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ថាឥឡូវនេះពួកគេស្ថិតនៅថ្នាក់លើ ហើយពួកគេមានអារម្មណ៍ជាពិសេសថា តម្លៃរបស់ពួកគេបានកើនឡើងទ្វេដង ហើយថាពួកគេជាមនុស្សគួរឱ្យគោរព។ ហេតុដូច្នេះហើយ ពួកគេគិតថា មានកិច្ចការខ្លះដែលពួកគេមិនចាំបាច់ធ្វើដោយខ្លួនឯងទេ ថាវាជារឿងធម្មតាទៅហើយក្នុងការបញ្ជាអ្នកដទៃឱ្យបម្រើពួកគេដោយគ្មានប្រាក់កម្រៃ នៅពេលនិយាយដល់កិច្ចការប្រចាំថ្ងៃ ដូចជាការយកម្ហូបអាហារមកឱ្យពួកគេ ឬការបោកគក់សម្លៀកបំពាក់ឱ្យពួកគេ។ ថែមទាំងមានអ្នកខ្លះប្រើលេសថា ពួកគេរវល់នឹងភារកិច្ចរបស់ខ្លួន ដើម្បីឱ្យបងប្អូនប្រុសស្រីធ្វើនេះធ្វើនោះឱ្យពួកគេទៀតផង។ ក្រៅពីរឿងដែលពួកគេត្រូវតែធ្វើដោយខ្លួនឯងដាច់ខាត រាល់អ្វីៗផ្សេងទៀតដែលពួកគេអាចឱ្យអ្នកដទៃបម្រើពួកគេ ឬអាចបញ្ជាអ្នកដទៃឱ្យធ្វើ គឺពួកគេឱ្យអ្នកដទៃធ្វើទាំងអស់។ ហេតុអ្វីបានជាដូច្នេះ? ពួកគេគិតថា៖ «ខ្ញុំមានដើមទុន ខ្ញុំគួរឱ្យគោរព ខ្ញុំជាមនុស្សមានទេពកោសល្យដ៏កម្រនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំបំពេញភារកិច្ចពិសេស ហើយខ្ញុំគឺជាមនុស្សចម្បងដែលទទួលបានការបណ្ដុះបណ្ដាលពីដំណាក់របស់ព្រះជាម្ចាស់។ គ្មានអ្នករាល់គ្នាណាម្នាក់ពូកែដូចខ្ញុំទេ អ្នករាល់គ្នាសុទ្ធតែនៅកម្រិតទាបជាងខ្ញុំ។ ខ្ញុំអាចផ្ដល់ការរួមចំណែកយ៉ាងពិសេសដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាមិនអាចធ្វើបានទេ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាគួរតែបម្រើខ្ញុំ»។ តើនេះមិនមែនជាការទាមទារដ៏ហួសហេតុ និងគ្មានភាពអៀនខ្មាសទេឬ? មនុស្សគ្រប់គ្នាសុទ្ធតែលាក់ទុកនូវការទាមទារទាំងនេះនៅក្នុងចិត្តរបស់ពួកគេ ប៉ុន្តែជាការពិតណាស់ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែទាមទាររឿងទាំងនេះដោយឥតប្រណី និងគ្មានភាពអៀនខ្មាសទៅទៀត ហើយមិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនបោះបង់វាចោលឡើយ។ មនុស្សធម្មតាក៏មានការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះផងដែរ ហើយប្រសិនបើពួកគេមានទេពកោសល្យបន្តិចបន្តួច ឬផ្ដល់ការរួមចំណែកបន្តិចបន្តួចមួយចំនួន ពួកគេជឿថា ពួកគេស័ក្តិសមនឹងទទួលបានសិទ្ធិពិសេសមួយចំនួន។ ពួកគេមិនបោកគក់សម្លៀកបំពាក់ និងស្រោមជើងរបស់ខ្លួនឯងទេ ហើយឱ្យអ្នកដទៃធ្វើរឿងនេះឱ្យពួកគេ ព្រមទាំងធ្វើការទាមទារមិនសមហេតុផលមួយចំនួនដែលផ្ទុយនឹងភាពជាមនុស្ស ពួកគេពិតជាខ្វះវិចារណញ្ញាណខ្លាំងណាស់! គំនិត និងការទាមទារទាំងនេះដែលមនុស្សមាន គឺមិនស្ថិតក្នុងដែននៃភាពមានវិចារណញ្ញាណឡើយ។ បើនិយាយឱ្យស្រាល គឺវាមិនស្របតាមស្តង់ដានៃភាពជាមនុស្ស និងមនសិការទេ ហើយបើនិយាយឱ្យធ្ងន់ វាមិនស្របតាមសេចក្ដីពិតឡើយ។ ការបង្ហាញចេញទាំងនេះ សុទ្ធតែអាចចាត់ចូលក្នុងប្រភេទនៃពួកទទឹងនឹងព្រះគ្រីស្ទ ដែលខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សគ្រប់រូបដែលមាននិស្ស័យពុករលួយ សុទ្ធតែអាចធ្វើរឿងទាំងនេះបាន ហើយពួកគេក៏ហ៊ានធ្វើរឿងទាំងនេះផងដែរ។ ប្រសិនបើនរណាម្នាក់មានទេពកោសល្យ និងដើមទុនបន្តិចបន្តួច ហើយបានផ្ដល់ការរួមចំណែកខ្លះ នោះគេចង់កេងប្រវ័ញ្ចអ្នកដទៃ គេចង់ប្រើឱកាសនៃការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីខិតខំប្រឹងប្រែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គេចង់បានអ្វីៗដែលត្រូវបានរៀបចំស្រាប់ៗសម្រាប់គេ ហើយចង់រីករាយនឹងសេចក្ដីសុខ និងសិទ្ធិពិសេសដែលកើតចេញពីការបញ្ជាអ្នកដទៃឱ្យបម្រើពួកគេ។ ថែមទាំងមានអ្នកខ្លះដែលលះបង់គ្រួសារ និងការងាររបស់ពួកគេដើម្បីបំពេញភារកិច្ច ហើយក្នុងអំឡុងពេលនេះ ពួកគេមានជំងឺបន្តិចបន្តួច ហើយក៏បណ្ដាលឱ្យមានអារម្មណ៍មួម៉ៅ ហើយត្អូញត្អែរថា គ្មាននរណាម្នាក់ខ្វល់ខ្វាយ ឬមើលថែពួកគេឡើយ។ អ្នកកំពុងតែបំពេញភារកិច្ចសម្រាប់ខ្លួនឯង អ្នកកំពុងតែបំពេញភារកិច្ចផ្ទាល់ខ្លួន និងកំពុងតែបំពេញការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក តើនេះមានពាក់ព័ន្ធអ្វីនឹងអ្នកដទៃទៅ? ទោះបីជាគេបំពេញភារកិច្ចអ្វីក៏ដោយ គឺមិនដែលធ្វើឡើងដើម្បីអ្នកដទៃ ឬដើម្បីបម្រើការឱ្យអ្នកដទៃឡើយ ដូច្នេះហើយ គ្មាននរណាម្នាក់មានកាតព្វកិច្ចណាមួយត្រូវបម្រើអ្នកដទៃដោយគ្មានការតបស្នង ឬត្រូវឱ្យអ្នកដទៃបញ្ជាឡើយ។ តើនេះមិនមែនជាសេចក្ដីពិតទេឬ? (ជាសេចក្ដីពិត។) ទោះបីជាព្រះជាម្ចាស់តម្រូវឱ្យមនុស្សមានសេចក្ដីស្រឡាញ់ ហើយឱ្យពួកគេមានភាពអត់ធ្មត់ និងអត់ឱនចំពោះអ្នកដទៃក៏ដោយ ក៏គេមិនអាចទាមទារដោយអត្តនោម័តឱ្យអ្នកដទៃធ្វើបែបនេះបានដែរ ហើយការធ្វើបែបនេះគឺជារឿងគ្មានវិចារណញ្ញាណឡើយ។ ប្រសិនបើនរណាម្នាក់អាចអត់ឱន និងអត់ធ្មត់ចំពោះអ្នក ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នក ដោយមិនបាច់ឱ្យអ្នកទាមទារ នោះវាអាស្រ័យលើពួកគេទេ។ ក៏ប៉ុន្តែ ប្រសិនបើបងប្អូនប្រុសស្រីបម្រើអ្នក ដោយសារតែអ្នកទាមទារពីពួកគេ ប្រសិនបើពួកគេត្រូវអ្នកបញ្ជាទាំងបង្ខំ និងកេងប្រវ័ញ្ច ឬបម្រើអ្នកដោយសារតែអ្នកបោកបញ្ឆោតពួកគេ នោះអ្នកមានបញ្ហាហើយ។ ថែមទាំងមានអ្នកខ្លះឆ្លៀតឱកាសនៃការបំពេញភារកិច្ចរបស់ខ្លួន ហើយឧស្សាហ៍យកវាធ្វើជាលេស ដើម្បីគាបទាររបស់របរពីបងប្អូនប្រុសស្រីដែលមានទ្រព្យធនមួយចំនួន ដោយឱ្យបងប្អូនប្រុសស្រីទិញនេះទិញនោះ និងបម្រើការឱ្យពួកគេទៀតផង។ ឧទាហរណ៍៖ ប្រសិនបើពួកគេត្រូវការសម្លៀកបំពាក់បន្ថែម ពួកគេនិយាយទៅកាន់បងប្អូនប្រុសស្រីណាម្នាក់ថា៖ «អ្នកចេះកាត់ដេរសម្លៀកបំពាក់ តើមែនទេ? ទៅកាត់ដេរសម្លៀកបំពាក់ឱ្យខ្ញុំមួយកំប្លេមក»។ បងប្អូនប្រុស ឬបងប្អូនស្រីនោះក៏និយាយថា៖ «អ៊ីចឹង ដកលុយរបស់អ្នកមក។ អ្នកទិញក្រណាត់មក ហើយខ្ញុំនឹងកាត់ដេរឱ្យអ្នក»។ ពួកគេមិនដកលុយរបស់ខ្លួនទេ ប៉ុន្តែបែរជាបង្ខិតបង្ខំបងប្អូនប្រុស ឬបងប្អូនស្រីនោះឱ្យទិញក្រណាត់ឱ្យពួកគេទៅវិញ តើធម្មជាតិនៃទង្វើនេះមិនមានភាពបោកបញ្ឆោតទេឬ? ការកេងប្រវ័ញ្ចទំនាក់ទំនងរវាងបងប្អូនប្រុសស្រី ការកេងប្រវ័ញ្ចដើមទុនរបស់ខ្លួន ការកេងប្រវ័ញ្ចឱកាសនៃការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីទាមទារការបម្រើ និងសិទ្ធិពិសេសគ្រប់បែបយ៉ាងពីបងប្អូនប្រុសស្រី ដើម្បីបញ្ជាបងប្អូនប្រុសស្រីឱ្យធ្វើការឱ្យពួកគេ ទាំងនេះសុទ្ធតែជាការបង្ហាញចេញនូវចរិតលក្ខណៈទាបថោករបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សបែបនេះអាចដេញតាមសេចក្ដីពិតបានទេ? តើពួកគេអាចផ្លាស់ប្ដូរបានដែរឬទេ? (មិនអាចទេ។) ពេលឮខ្ញុំប្រកបគ្នាបែបនេះ ប្រហែលជាមនុស្សមួយចំនួននឹងដឹងខ្លួនថា ការធ្វើរឿងទាំងនេះគឺជារឿងមិនល្អ ហើយអាចទប់ខ្លួនឯងបានបន្តិចបន្តួច ប៉ុន្តែ តើការទប់ខ្លួនឯង គឺស្មើនឹងការអាចស្វែងរក និងអនុវត្តសេចក្ដីពិតដែរឬទេ? ការទប់ខ្លួនឯង គ្រាន់តែជាការដឹងខ្លួន និងមានការខ្វល់ខ្វាយពីមុខមាត់ និងភាពអួតអាងរបស់ខ្លួនប៉ុណ្ណោះ។ បន្ទាប់ពីឮខ្ញុំធ្វើការវែកញែកនេះ មនុស្សទាំងនេះឃើញពីភាពធ្ងន់ធ្ងរនៃបញ្ហា ហើយដឹងខ្លួនថា ពួកគេមិនអាចភ្លាត់ស្នៀតម្ដងទៀតបានទេ ហើយថាពួកគេនឹងត្រូវបានលាតត្រដាង និងបដិសេធចោល ប្រសិនបើពួកគេបណ្ដោយឱ្យបងប្អូនប្រុសស្រីញែកដឹងពីពួកគេ។ ការដឹងខ្លួនរបស់ពួកគេមានត្រឹមតែចំណុចនេះប៉ុណ្ណោះ ប៉ុន្តែបំណងប្រាថ្នា និងភាពលោភលន់របស់ពួកគេ មិនអាចលុបបំបាត់ចេញពីចិត្តរបស់ពួកគេបានឡើយ។
មនុស្សមួយចំនួនគិតថា៖ «ខ្ញុំពុះពារធ្វើការធ្ងន់ដើម្បីដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំបានផ្ដល់ការរួមចំណែកយ៉ាងច្រើនដល់ដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំបំពេញភារកិច្ចមួយដែលគ្មាននរណាម្នាក់អាចជំនួសខ្ញុំបានឡើយ។ នៅពេលដែលខ្ញុំមានតម្រូវការ បងប្អូនប្រុសស្រី និងដំណាក់របស់ព្រះជាម្ចាស់ មានកាតព្វកិច្ចត្រូវលូកដៃជួយខ្ញុំ ដើម្បីបំពេញតាមការទាមទាររបស់ខ្ញុំ។ គ្រប់ពេលវេលា ពួកគេគួរតែបម្រើខ្ញុំដោយគ្មានលក្ខខណ្ឌ និងដោយគ្មានការតបស្នង»។ តើនេះមិនមែនជារបៀបគិតដ៏គួរឱ្យខ្មាសអៀនទេឬ? តើនេះមិនមែនជាការបង្ហាញចេញនូវចរិតលក្ខណៈទាបថោកទេឬ? ឧទាហរណ៍៖ ពេលខ្លះមនុស្សគ្រប់គ្នាក៏មានជំងឺ ប៉ុន្តែនៅពេលមនុស្សមួយចំនួនមានជំងឺ ពួកគេមិនដែលដើរប្រាប់អ្នកដទៃពីរឿងនេះឡើយ ប៉ុន្តែបែរជាបន្តបំពេញភារកិច្ចរបស់ខ្លួនតាមដែលគួរធ្វើទៅវិញ។ គ្មាននរណាម្នាក់ដឹង ឬខ្វល់ខ្វាយពីពួកគេទេ ហើយពួកគេក៏មិនត្អូញត្អែរពីក្រោយខ្នង ឬពន្យារពេលភារកិច្ចរបស់ពួកគេដែរ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនធ្វើពុតជាឈឺ សូម្បីតែពេលពួកគេមិនឈឺក៏ដោយ ពួកគេធ្វើខ្លួនដូចជាអធិរាជិនី ឬអភិជន ដោយព្យាយាមគ្រប់មធ្យោបាយដើម្បីឱ្យមនុស្សបម្រើពួកគេ និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទទួលបានសិទ្ធិពិសេស។ ពួកគេធ្វើពុតជាឈឺនៅពេលពួកគេមិនឈឺ ហើយប្រសិនបើពួកគេពិតជាឈឺមែន នោះវាកាន់តែគួឱ្យរំខានទៅទៀត ព្រោះនរណាទៅដឹងថា ពេលនោះមានមនុស្សប៉ុន្មាននាក់នឹងត្រូវរងទុក្ខនៅក្រោមដៃពួកគេ ហើយត្រូវពួកគេបញ្ជាឱ្យធ្វើនេះធ្វើនោះ។ វាគឺជារឿងអកុសលដែលធ្លាក់មកលើមនុស្សគ្រប់គ្នា នៅពេលដែលមនុស្សបែបនេះមានជំងឺ។ អ្នកខ្លះរម្ងាស់ស៊ុបមាន់ឱ្យពួកគេ អ្នកខ្លះគក់ច្របាច់ឱ្យពួកគេ អ្នកខ្លះបញ្ចុកអាហារពួកគេ ហើយអ្នកខ្លះទៀតគ្រាពួកគេដើរ តើមិនមានមនុស្សជាច្រើនរងទុក្ខទេឬ? (មែនហើយ។) ដើមឡើយ វាគ្រាន់តែជាជំងឺធម្មតា និងស្រាលប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវធ្វើពុតថាវាជាជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន ហេតុអ្វីបានជាពួកគេត្រូវធ្វើពុត? ពួកគេធ្វើដូច្នេះ ដើម្បីបញ្ឆោតបងប្អូនប្រុសស្រីឱ្យបម្រើការឱ្យពួកគេ ឱ្យមើលថែ និងបម្រើពួកគេ។ តើមនុស្សទាំងនេះមិនគួរឱ្យខ្មាសអៀនទេឬ? (មែនហើយ។) តើមានមនុស្សបែបនេះច្រើនដែរទេ? តើអ្នករាល់គ្នាមិនមែនសុទ្ធតែបែបនេះទេឬ? (ខ្ញុំមិនទាន់បានសម្គាល់ឃើញចំណុចនេះនៅក្នុងខ្លួនខ្ញុំនៅឡើយទេ។) ប្រសិនបើអ្នករាល់គ្នាមិនទាន់បានសម្គាល់ឃើញចំណុចនេះទេ នោះបញ្ជាក់ថា ជាធម្មតា អ្នករាល់គ្នាមិនបានពិនិត្យពិច័យឥរិយាបថរបស់ខ្លួននៅក្នុងជីវិតប្រចាំថ្ងៃឡើយ អ្នករាល់គ្នាមិនបានពិនិត្យពិច័យគំនិត និងសារជាតិធម្មជាតិរបស់អ្នករាល់គ្នាទេ ហើយអ្នករាល់គ្នាមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សមួយចំនួនហត់នឿយបន្តិចបន្តួចខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយមិនសូវបានដេកបន្តិចបន្តួចនៅពេលយប់ ពួកគេក៏ធ្វើដូចជានេះគឺជារឿងធំដុំណាស់អ៊ីចឹង។ នៅពេលពួកគេក្រោកពីគេងនៅព្រឹកបន្ទាប់ ពួកគេត្អូញត្អែរថា៖ «យប់មិញ ខ្ញុំមិនបានគេងសូម្បីតែបន្តិច។ ខ្ញុំរវល់នឹងភារកិច្ចរបស់ខ្ញុំខ្លាំងណាស់ប៉ុន្មានថ្ងៃមកនេះ រហូតដល់ថ្នាក់ហត់ពេកគេងមិនលក់។ ប្រញាប់ឡើង រកនរណាម្នាក់មកគក់ច្របាច់ឱ្យខ្ញុំមក!» តាមពិតទៅ ពួកគេបានគេងដល់ទៅប្រាំមួយម៉ោងឯណោះ។ បញ្ហាអ្វីក៏ដោយដែលពួកគេមាន ពួកគេតែងតែទម្លាក់កំហុសទៅលើភារកិច្ចរបស់ពួកគេជានិច្ច មិនថាពួកគេហត់នឿយ រងទុក្ខ ឬឈឺថ្កាត់ និងមានអារម្មណ៍មិនស្រួលខ្លួននោះទេ ពួកគេតែងតែទម្លាក់កំហុសពីរឿងទាំងនេះទៅលើភារកិច្ចរបស់ពួកគេ។ ហេតុអ្វីបានជាពួកគេទម្លាក់កំហុសទៅលើភារកិច្ចរបស់ពួកគេ? គឺគ្រាន់តែដើម្បីទទួលបានអត្ថប្រយោជន៍ខ្លះ ធ្វើឱ្យមនុស្សគ្រប់គ្នាអាណិតអាសូរពួកគេ ហើយបន្ទាប់មក ពួកគេអាចមានលេសត្រឹមត្រូវក្នុងការសុំឱ្យអ្នកដទៃបម្រើ និងមើលថែពួកគេ។ តើមនុស្សដែលតែងតែចង់ធ្វើខ្លួនដូចជាអធិរាជ និងអធិរាជិនី ហើយចង់ឱ្យអ្នកដទៃបម្រើពួកគេ ជាមនុស្សប្រភេទណាទៅ? មនុស្សទាំងនេះមានចរិតលក្ខណៈទាបថោក ហើយពួកគេគួរឱ្យស្អប់ខ្ពើមណាស់។ នៅពេលមនុស្សមួយចំនួនមានអារម្មណ៍មិនស្រួលខ្លួនបន្តិចបន្តួច ហើយជួនកាលមិនអាចញ៉ាំអាហារបាន ពួកគេធ្វើដូចវាជារឿងធ្ងន់ធ្ងរខ្លាំងណាស់អ៊ីចឹង ពួកគេធ្វើឱ្យក្លាយជារឿងធំដុំ ហើយប្រញាប់រកនរណាម្នាក់មកគក់ច្របាច់ឱ្យពួកគេភ្លាម។ នៅពេលការគក់ច្របាច់ធ្វើឱ្យពួកគេឈឺបន្តិចបន្តួច ពួកគេស្រែកឡូឡា និងគំហកយ៉ាងខ្លាំង ដែលមានន័យថា៖ «សូម្បីតែទទួលការគក់ច្របាច់ ក៏ជាការរងទុក្ខសម្រាប់ខ្ញុំដែរ។ ប្រសិនបើព្រះជាម្ចាស់មិនប្រទានរង្វាន់ដល់ខ្ញុំ និងមិនប្រោសឱ្យខ្ញុំគ្រប់លក្ខណ៍ទេ នោះខ្ញុំនឹងពិតជាខាតបង់ធំហើយ!» នៅពេលពួកគេស៊ូទ្រាំនូវការរងទុក្ខបន្តិចបន្តួច និងលះបង់បន្តិចបន្តួច ពួកគេចង់ប្រកាសប្រាប់ពិភពលោកទាំងមូល ដើម្បីឱ្យមនុស្សគ្រប់គ្នានៅលើផែនដីបានដឹង។ តើអ្នកមិនមែនបំពេញភារកិច្ចសម្រាប់ខ្លួនឯងទេឬ? តើអ្នកមិនមែនបំពេញភារកិច្ចនៅចំពោះព្រះជាម្ចាស់ទេឬ? តើអ្នកប្រកាសប្រាប់ពីការរងទុក្ខរបស់អ្នកដល់មនុស្សម្នាដើម្បីអ្វីទៅ? តើនេះមិនមែនជារឿងរាក់កំផែលទេឬ? មនុស្សបែបនេះមានចរិតលក្ខណៈទាបថោក ហើយពួកគេគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់! តើមនុស្សទាំងនេះមានភាពទាបថោកក្នុងរឿងអ្វីផ្សេងទៀត? ពួកគេក៏បង្ហាញពីទម្លាប់ និងចរិតលក្ខណៈប្លែកៗមួយចំនួនផងដែរ ដោយសង្ឃឹមថាឱ្យមនុស្សម្នាដឹងថា ពួកគេមានភាពខុសប្លែកពីអ្នកដទៃ និងមានតម្លៃក្រៃលែង ហើយត្រូវការការមើលថែ និងការការពារយ៉ាងខ្លាំង។ ឧទាហរណ៍៖ នៅពេលនរណាម្នាក់និយាយថា គេមិនសូវឃ្លានអាហារ និងមិនអាចញ៉ាំអ្វីបានទេ មនុស្សបែបនេះនឹងឱបពោះរបស់ខ្លួន ហើយនិយាយថា គេក៏មានក្រពះមិនល្អដែរ ប៉ុន្តែគេនៅតែតស៊ូបំពេញភារកិច្ចរបស់ខ្លួន ហើយបញ្ជានរណាម្នាក់ឱ្យប្រញាប់យកថ្នាំក្រពះខ្លះមកឱ្យគេ។ ក៏មានមនុស្សម្នាក់ដែលខ្ញុំបានប្រាប់ថា៖ «អ្នកឃើញទេ ខ្ញុំអាចញ៉ាំបានតែអាហារតិចតួចប៉ុណ្ណោះ ហើយក្រពះរបស់ខ្ញុំមិនអាចទ្រាំទ្រនឹងអាហារ និងភេសជ្ជៈត្រជាក់ៗបានទេ»។ នៅពេលបុគ្គលនេះឮខ្ញុំនិយាយបែបនេះ គាត់ក៏ឆ្លើយតបថា៖ «ក្រពះរបស់អ្នកមិនអាចទ្រាំទ្រនឹងរបស់ត្រជាក់ៗបានទេឬ? ខ្ញុំក៏អ៊ីចឹងដែរ»។ ខ្ញុំបានសួរថា៖ «តើក្រពះរបស់អ្នកមិនអាចទ្រាំទ្រនឹងរបស់ត្រជាក់ៗយ៉ាងម៉េចទៅ?» គាត់បាននិយាយថា៖ «ឱ្យតែខ្ញុំត្រូវត្រជាក់ភ្លាម គឺឈឺពោះតែម្ដង វាពិតជាមិនអាចទ្រាំទ្រនឹងរបស់ត្រជាក់ៗបានមែន»។ ពេលកំពុងនិយាយបែបនេះ គាត់ក៏បកចេកមួយផ្លែ ហើយលេបត្របាក់ចូលពោះតែពីរឬបីម៉ាត់ប៉ុណ្ណោះ។ ខ្ញុំបាននិយាយថា៖ «ក្រពះរបស់អ្នកពិតជាមិនអាចទ្រាំទ្រនឹងរបស់ត្រជាក់ៗបានទាល់តែសោះមែនហើយ ដោយអ្នកលេបត្របាក់ចេកនោះត្រឹមតែពីរឬបីម៉ាត់ប៉ុណ្ណោះ។ តើក្រពះរបស់អ្នកពិតជាមិនអាចទ្រាំទ្រនឹងរបស់ត្រជាក់ៗបានមែនឬ?» តើមនុស្សបែបនេះមិនមែនគ្មានភាពអៀនខ្មាស និងគ្មានភាពមានវិចារណញ្ញាណទេឬ? ប្រសិនបើមនុស្សម្នាក់ខ្វះភាពមានវិចារណញ្ញាណ និងក្ដីខ្មាសអៀននៅក្នុងភាពជាមនុស្សធម្មតារបស់គេ នោះគេមិនមែនជាមនុស្សទាល់តែសោះ ប៉ុន្តែគឺជាសត្វតិរច្ឆាន។ សត្វតិរច្ឆានមិនអាចយល់សេចក្ដីពិតបានទេ ហើយពួកវាមិនមានសេចក្ដីទៀងត្រង់ សេចក្ដីថ្លៃថ្នូរ មនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាឡើយ។ ដោយសារតែមនុស្សទាំងនេះគ្មានក្ដីខ្មាសអៀន ឬសេចក្ដីថ្លៃថ្នូរ នៅពេលដែលពួកគេបំពេញភារកិច្ចបន្តិចបន្តួច និងស៊ូទ្រាំទុក្ខលំបាកបន្តិចបន្តួច ពួកគេចង់ប្រកាសប្រាប់ពិភពលោកទាំងមូល ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ សម្លឹងមើលពួកគេដោយក្ដីកោតសរសើរជាថ្មី ហើយដើម្បីឱ្យព្រះជាម្ចាស់ប្រទានសិទ្ធិពិសេសដល់ពួកគេ ប្រោសប្រណីដល់ពួកគេ និងប្រទានព្រះពរដល់ពួកគេ។ ទន្ទឹមនឹងនេះ ត្រូវតែមាននរណាម្នាក់បម្រើពួកគេភ្លាមៗ ឆ្លើយតបនឹងការទាមទាររបស់ពួកគេ និងនៅរង់ចាំបម្រើពួកគេជានិច្ច។ នៅពេលពួកគេស្រេកទឹក ត្រូវតែមាននរណាម្នាក់ចាក់ទឹកតែឱ្យពួកគេ នៅពេលពួកគេឃ្លាន ត្រូវតែមាននរណាម្នាក់បម្រើអាហារឱ្យពួកគេ។ ពួកគេត្រូវតែមាននរណាម្នាក់បម្រើពួកគេ ធ្វើតាមអ្វីដែលពួកគេនិយាយ និងបំពេញតម្រូវការរបស់ពួកគេជានិច្ច។ វាហាក់ដូចជាសាច់ឈាមរបស់ពួកគេកើតមកសម្រាប់ឱ្យអ្នកដទៃបម្រើ ហើយពីកំណើតមក ពួកគេត្រូវការនរណាម្នាក់មកចាំបម្រើពួកគេ វាហាក់ដូចជាពួកគេខ្វះសមត្ថភាពក្នុងការមើលថែខ្លួនឯង ប្រសិនបើគ្មាននរណាម្នាក់ចាំបម្រើពួកគេ ហើយពួកគេគឺជាជនពិការអ៊ីចឹង។ នៅពេលពួកគេគ្មាននរណាម្នាក់សម្រាប់បញ្ជា ឬគ្មាននរណាម្នាក់ដែលពួកគេអាចបញ្ជាឱ្យធ្វើការឱ្យពួកគេ និងបម្រើពួកគេទេ ពួកគេមានអារម្មណ៍ឯកោ និងទទេសូន្យ ហើយមានអារម្មណ៍ថាជីវិតគ្មានន័យ ឬគ្មានក្ដីសង្ឃឹមឡើយ។ នៅពេលពួកគេរកឃើញឱកាស និងលេសដើម្បីឱ្យអ្នកដទៃបម្រើ និងចាំមើលថែពួកគេ ពួកគេមានអារម្មណ៍ស្កប់ស្កល់ និងសប្បាយរីករាយ ហាក់ដូចជាពួកគេកំពុងរស់នៅលើឋានសួគ៌អ៊ីចឹង។ ពួកគេគិតថា ជីវិតគឺអស្ចារ្យបែបនេះ សេចក្ដីជំនឿលើព្រះជាម្ចាស់គឺអស្ចារ្យបែបនេះ ថានេះគឺជាអត្ថន័យនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយថា នេះជារបៀបដែលអ្នកជឿម្នាក់គួរតែជឿលើព្រះជាម្ចាស់។ ការយល់ដឹងរបស់ពួកគេអំពីភារកិច្ច គឺថាពួកគេពុះពារធ្វើការធ្ងន់ និងបំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងលក្ខខណ្ឌដែលមានអ្នកដទៃបម្រើពួកគេ និងអាចបញ្ជាអ្នកដទៃបានដោយសេរី នេះហើយគឺជាភារកិច្ចរបស់ពួកគេ។ ពួកគេជឿថា ពួកគេគួរតែទទួលបានរង្វាន់ជានិច្ចសម្រាប់ភារកិច្ចរបស់ពួកគេ ថាពួកគេត្រូវតែទទួលបានអ្វីមួយ និងព្យាយាមយកអ្វីមួយជានិច្ច។ ប្រសិនបើពួកគេមិនព្យាយាមយកលុយកាក់ ឬរបស់ខាងសម្ភារទេ នោះពួកគេព្យាយាមយកសេចក្ដីសុខ និងការសប្បាយខាងសាច់ឈាម ហើយយ៉ាងហោចណាស់ សាច់ឈាមរបស់ពួកគេគួរតែស្ថិតក្នុងសភាពរីករាយ និងសុខស្រួល នោះទើបពួកគេនឹងមានអារម្មណ៍សប្បាយចិត្ត នោះទើបពួកគេនឹងមានកម្លាំងបំពេញភារកិច្ចរបស់ខ្លួន ហើយនឹងអាចបំពេញវាដោយភាពស្មោះត្រង់ខ្លះ។ តើមនុស្សបែបនេះមានការយល់ដឹងវៀចវេរពីសេចក្ដីពិត ឬក៏ពួកគេគ្រាន់តែមិនទទួលយកសេចក្ដីពិត ដោយសារតែចរិតលក្ខណៈទាបថោករបស់ពួកគេ? (ពួកគេមានចរិតលក្ខណៈទាបថោក ដូច្នេះពួកគេមិនទទួលយកសេចក្ដីពិតទេ។) មនុស្សទាំងនេះគឺជាពួកអ្នកមិនជឿទាំងស្រុងតែម្ដង ជាពូជពង្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជារូបតំណាងនៃពួកទទឹងនឹងព្រះគ្រីស្ទ។
មានអ្នកសម្ដែងមួយចំនួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលបានចូលចិត្តការសម្ដែង និងចូលចិត្តវិជ្ជាជីវៈជាអ្នកសម្ដែងនៅពេលពួកគេនៅក្នុងលោកីយ៍ ប៉ុន្តែពួកគេមិនអាចសម្រេចមហិច្ឆតារបស់ខ្លួននៅទីនោះបានឡើយ។ ឥឡូវនេះ ពួកគេបានមកដំណាក់របស់ព្រះជាម្ចាស់ ហើយនៅទីបំផុត បំណងប្រាថ្នារបស់ពួកគេបានក្លាយជាការពិត៖ ពួកគេអាចធ្វើការក្នុងវិជ្ជាជីវៈដែលពួកគេចូលចិត្ត ដួងចិត្តរបស់ពួកគេពោរពេញដោយក្ដីអំណរដែលមិនអាចពណ៌នាបាន ហើយទន្ទឹមនឹងនោះ ពួកគេក៏អរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានឱកាសនេះដល់ពួកគេ។ ម្នាក់ក្នុងចំណោមមនុស្សទាំងនេះ មានសំណាងគួរសមបានដើរតួឯក ហើយបន្ទាប់មក គាត់មានអារម្មណ៍ថា គាត់គឺជាមនុស្សដែលមានឋានៈ និងតម្លៃ ហើយថាគាត់គួរតែធ្វើអ្វីមួយដើម្បីឋានៈ និងតម្លៃរបស់គាត់។ គាត់បានសម្លឹងមើលអ្វីដែលអ្នកល្បីល្បាញ និងតារានៅក្នុងលោកីយ៍បានធ្វើ របៀបដែលពួកគេប្រព្រឹត្ត បែបបទរបស់ពួកគេ និងរបៀបរស់នៅរបស់ពួកគេ ហើយគាត់ក៏បានចម្លង និងត្រាប់តាមអ្នកទាំងនោះ ដោយជឿថា នេះគឺជាការរស់នៅក្នុងជីវិតប្រកបដោយគុណភាព និងអភិជនភាព។ ដូច្នេះ ចាប់តាំងពីពេលដែលគាត់ទទួលបានតួឯក និងក្លាយជា «តារា» មក គាត់ក៏ចាប់ផ្ដើមវាយឫក។ តើគាត់វាយឫកដល់កម្រិតណា? ធ្លាប់មានហេតុការណ៍តូចតាចមួយដែលអាចពន្យល់ពីបញ្ហានេះបាន។ នៅពេលមនុស្សគ្រប់គ្នានៅក្នុងក្រុមការងារបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមថត ចិញ្ចើមម្ខាងរបស់ «តារា» នេះគូរមិនបានស្អាតល្អ ហើយមនុស្សគ្រប់គ្នាត្រូវរង់ចាំគាត់ ចោមរោមគាត់ និងបម្រើគាត់។ ដប់នាទីបានកន្លងផុតទៅ បន្ទាប់មកម្ភៃនាទី ហើយតារានោះមានអារម្មណ៍ថា ចិញ្ចើមរបស់ខ្លួនគូរមិនសូវបានស្អាតល្អ ដូច្នេះ គាត់ក៏ឱ្យអ្នកផាត់មុខលុបវាចេញ ហើយគូរវាឡើងវិញ។ មួយម៉ោងបានកន្លងផុតទៅ ហើយក្រុមអ្នកសម្ដែង និងក្រុមការងារទាំងអស់កំពុងរង់ចាំ «តារា» នេះគូរចិញ្ចើមឱ្យបានស្អាតល្អសិន មុនពេលពួកគេអាចចាប់ផ្ដើមថតបាន ពោលគឺមនុស្សគ្រប់គ្នាត្រូវបម្រើបុគ្គលនេះ និងចោមរោមគាត់។ តើនេះជាមនុស្សប្រភេទណាទៅ? តើគាត់ជាមនុស្សធម្មតាដែរទេ? តើគាត់ជាមនុស្សដែលមានភាពជាមនុស្សដែរទេ? គ្មានទេ។ គាត់គឺជាមនុស្សនៅក្នុងជំរំរបស់សាតាំង គាត់គឺជាកម្មសិទ្ធិសាតាំង ហើយគាត់មិនមែនជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើដំណាក់របស់ព្រះជាម្ចាស់មានតារាដែរឬទេ? ដំណាក់របស់ព្រះជាម្ចាស់មិនមានតារាទេ មានតែបងប្អូនប្រុសស្រីប៉ុណ្ណោះ។ មានតែភារកិច្ចខុសគ្នាប៉ុណ្ណោះ មិនមានការបែងចែករវាងតំណែងខ្ពស់ និងទាបឡើយ។ ដូច្នេះ តើបុគ្គលម្នាក់នេះសម្អាងអ្វី បានជាឱ្យបងប្អូនប្រុសស្រីរង់ចាំគាត់នោះ? រឿងមួយដែលច្បាស់នោះគឺ គាត់គិតថា គាត់សំខាន់ជាងអ្នកដទៃ ថាភារកិច្ចរបស់គាត់មានទម្ងន់ជាងភារកិច្ចអ្នកដទៃ ថាការសម្ដែងនេះមិនអាចថតបានទេបើគ្មានគាត់ ហើយថាបើគ្មានគាត់ទេ អ្នកដទៃនឹងបំពេញភារកិច្ចរបស់ខ្លួនដោយឥតប្រយោជន៍។ នោះហើយជាមូលហេតុដែលអ្នកផ្សេងទៀតត្រូវបម្រើគាត់ លះបង់ និងអត់ធ្មត់ដើម្បីរង់ចាំគាត់ ហើយគ្មាននរណាម្នាក់គួរត្អូញត្អែរឡើយ។ ក្រៅពីខ្វះភាពជាមនុស្ស តើមនុស្សបែបនេះទទួលបានគោលការណ៍សម្រាប់ការប្រព្រឹត្តបែបនេះមកពីណា? តើគោលការណ៍របស់គាត់កើតចេញពីសេចក្ដីពិត និងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬក៏កើតចេញពីនិស្ស័យពុករលួយរបស់មនុស្ស? (ចេញពីនិស្ស័យពុករលួយរបស់មនុស្ស។) មិនត្រឹមតែអស់អ្នកដែលមកពីជំរំរបស់សាតាំងមាននិស្ស័យពុករលួយរបស់សាតាំងប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាព ឥរិយាបថ និងការបង្ហាញចេញរបស់ពួកគេនៅក្នុងក្រុមមនុស្ស ក៏គួរឱ្យស្អប់ខ្ពើមផងដែរ។ ហេតុអ្វីបានជាពួកគេគួរឱ្យស្អប់ខ្ពើម? ពួកគេតែងតែចង់គ្រប់គ្រងស្ថានការណ៍ ប្រើឧបាយកលលើអ្នកដទៃ ហើយឱ្យអ្នកដទៃចោមរោមពួកគេ និងចាត់ទុកពួកគេជាតួអង្គកណ្ដាល។ ក្នុងការធ្វើបែបនេះ ពួកគេច្បាស់ណាស់ថាកំពុងដាក់ខ្លួនឯងនៅក្នុងទីតាំងមួយដែលខ្ពស់ជាងមនុស្សគ្រប់គ្នា។ ពួកគេចង់ស្ថិតនៅពីលើ និងគ្រប់គ្រងមនុស្សគ្រប់គ្នា។ តើនេះជារឿងដែលមនុស្សគួរធ្វើឬទេ? (អត់ទេ។) តើនរណាជាអ្នកធ្វើរឿងនេះ? (សាតាំង។) នេះគឺជារឿងដែលសាតាំងធ្វើ។ នៅក្នុងចំណោមសេចក្ដីពិតដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ខ្លួន តើមានសេចក្ដីតម្រូវណាមួយឱ្យមនុស្សគ្រប់គ្រងស្ថានការណ៍ ព្រមទាំងគ្រប់គ្រងគំនិត និងឥរិយាបថរបស់មនុស្សគ្រប់គ្នានៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? (មិនមានទេ។) ចុះតើរឿងនេះកើតចេញមកពីណា? នេះគឺជាធម្មជាតិបែបសាតាំងដែលមនុស្សកើតមកមានពីកំណើត។ មនុស្សគឺជាពួកសាតាំង ហើយពួកគេមានធម្មជាតិនេះតាំងពីកំណើតមកម៉្លេះ។ ពួកគេមិនចាំបាច់រៀនវាទេ ពួកគេមិនត្រូវការនរណាម្នាក់មកបង្រៀនវាដល់ពួកគេឡើយ ហើយមិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនលះបង់រឿងនេះចោលដែរ។ ក៏មានមនុស្សម្នាក់ដែលមានសក់ពីរបីសរសៃមិនទាន់បានរៀបចំឱ្យបានរៀបរយ មុនពេលគាត់ឡើងឆាកដើម្បីសម្ដែងផងដែរ។ បើមើលពីរូបរាងខាងក្រៅរបស់គាត់ គាត់មើលទៅមិនអីទេ ប៉ុន្តែគាត់មិនព្រមឡើងឆាកដើម្បីសម្ដែងឱ្យទាន់ពេលវេលាឡើយ។ មិនថាបងប្អូនប្រុសស្រីជំរុញគាត់ខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែឥតប្រយោជន៍ដែរ។ គាត់ចាត់ទុកខ្លួនឯងជាតារា ជាតួឯក។ គាត់បានធ្វើឱ្យមនុស្សគ្រប់គ្នាលះបង់ និងចំណាយពេលវេលារបស់ខ្លួនដើម្បីតែសក់ពីរបីសរសៃនេះ ហើយមនុស្សគ្រប់គ្នាត្រូវបម្រើតែគាត់ម្នាក់ឯង។ តើនេះជាការបង្ហាញចេញដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមានឬ? តើទង្វើនេះមានលក្ខណៈបែបណា? តើគាត់មិនមែនកំពុងវាយឫកទេឬ? គាត់មិនទទួលខុសត្រូវឡើយ ហើយគាត់មិនស្ដាប់ហេតុផលអ្វីទាំងអស់។ សម្រាប់គាត់ គ្មានភារកិច្ចរបស់អ្នកណាម្នាក់មានសារៈសំខាន់ដូចភារកិច្ចរបស់គាត់ឡើយ ហើយមនុស្សគ្រប់គ្នាត្រូវតែបម្រើគាត់។ គាត់គិតថា៖ «ប្រសិនបើត្រូវចំណាយពេលពេញមួយថ្ងៃដើម្បីផ្លុំសក់ពីរសរសៃនេះឱ្យរៀបរយ នោះអ្នករាល់គ្នានឹងត្រូវតែរង់ចាំខ្ញុំពេញមួយថ្ងៃ។ ប្រសិនបើត្រូវចំណាយពេលពីរថ្ងៃ នោះអ្នករាល់គ្នាត្រូវតែរង់ចាំពីរថ្ងៃ ហើយប្រសិនបើត្រូវចំណាយពេលមួយជីវិត នោះអ្នករាល់គ្នាក៏នឹងត្រូវតែរង់ចាំមួយជីវិតដែរ។ តើកិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់សំខាន់អ្វីទៅ? ផលប្រយោជន៍របស់ខ្ញុំត្រូវមកមុន! ប្រសិនបើខ្ញុំមិនអាចផ្លុំសក់របស់ខ្ញុំឱ្យរៀបរយទេ តើមុខមាត់របស់ខ្ញុំនឹងមិនត្រូវខូចខាតទេឬអី នៅពេលខ្ញុំនៅពីមុខកាមេរ៉ានោះ? មុខមាត់របស់ខ្ញុំគឺសំខាន់ណាស់។ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ មិនមានន័យអ្វីឡើយ!» តើបុគ្គលនេះជាស្អីគេទៅ? មនុស្សប្រភេទនេះក៏នឹងនិយាយផងដែរថា៖ «ខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ខ្ញុំធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំដើម្បីព្រះជាម្ចាស់ ហើយខ្ញុំលះបង់អ្វីៗគ្រប់យ៉ាង»។ តើនេះមិនមែនសុទ្ធតែជាការកុហកទេឬ? សូម្បីតែរឿងផ្លុំសក់មួយឬពីរសរសៃ ក៏គាត់មិនអាចលះបង់បានផង ចុះតើគាត់អាចលះបង់អ្វីបានទៅ? តើគាត់អាចបោះបង់អ្វីបាន? ការលះបង់របស់គាត់ទាំងអស់ គឺជាការក្លែងបន្លំ! មនុស្សប្រភេទនេះគឺគ្មានតម្រិះប្រកបដោយវិចារណញ្ញាណទាល់តែសោះ ពួកគេគ្មានមនសិការ ហើយពួកគេមានចរិតលក្ខណៈទាបថោក ហើយរឹតតែមិនបាច់និយាយដល់ការស្រឡាញ់សេចក្ដីពិតទៅទៀត។ ដោយសារតែភាពជាមនុស្សរបស់ពួកគេមិនត្រូវតាមស្ដង់ដា នោះទើបគ្មាននរណាម្នាក់នឹងនិយាយអំពីសេចក្ដីពិតជាមួយពួកគេឡើយ ពួកគេមិនស័ក្ដិសមនឹងទទួលបានវាទេ ហើយចរិតលក្ខណៈរបស់ពួកគេក៏មិនត្រូវតាមស្ដង់ដាដែរ។ ហើយជាមួយនឹងភាពជាមនុស្សដ៏ទាបថោកបែបនេះ តើការនិយាយអំពីសេចក្ដីពិតជាមួយពួកគេ នឹងមិនដូចជាការនិយាយអំពីសេចក្ដីពិតជាមួយសត្វជ្រូក ឬឆ្កែទេឬ? នៅពេលពួកគេមានលក្ខណៈជាមនុស្សខ្លះ ហើយអាចនិយាយស្ដីដូចជាមនុស្សលោក នោះមនុស្សម្នានឹងនិយាយអំពីសេចក្ដីពិតជាមួយពួកគេ ប៉ុន្តែពេលនេះ ពួកគេមិនស័ក្ដិសមឡើយ។ មានមនុស្សប្រភេទនេះច្រើនណាស់ មានមិនតិចនោះទេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួនមិនបង្ហាញរឿងទាំងនេះចេញមក? នោះក៏ព្រោះតែពួកគេមិនទាន់ចាប់បានឱកាសប៉ុណ្ណោះ។ នេះគ្រាន់តែដោយសារតែគុណសម្បត្តិ និងទេពកោសល្យរបស់ពួកគេមានកម្រិតធម្មតាពេក ហើយពួកគេមិនទាន់មានឱកាសបានលេចធ្លោ និងមិនទាន់ទទួលបានដើមទុនខ្លះ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងតែរៀបផែនការ ហើយផែនការរបស់ពួកគេនៅតែស្ថិតក្នុងដំណាក់កាលកកើតឡើងនៅឡើយ។ នោះហើយជាមូលហេតុដែលពួកគេមិនទាន់បង្ហាញការបញ្ចេញឱ្យឃើញបែបនេះ។ ទោះជាយ៉ាងនេះក្ដី ការមិនមានការបញ្ចេញឱ្យឃើញនេះ មិនមែនមានន័យថា ពួកគេគ្មានធម្មជាតិនេះនោះឡើយ។ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិតទេ ហើយអ្នកដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះមិនយូរមិនឆាប់ នឹងមានថ្ងៃមួយដែលអ្នកធ្វើឱ្យលេចធ្លាយការបញ្ចេញរឿងនេះឱ្យឃើញនេះមិនខាន។ អ្នកគឺជាអ្នក ហើយការដែលគ្មានភាពជាមនុស្ស គឺគ្មានភាពជាមនុស្សហើយ។ អ្នកមិនអាចក្លាយជាមនុស្សដែលមានភាពជាមនុស្ស តាមរយៈការធ្វើពុត ឬដោយសារតែអ្នកគ្មានទេពកោសល្យ និងមានគុណសម្បត្តិខ្សោយនោះទេ។ ហេតុដូច្នេះហើយ មានផ្លូវតែមួយគត់គឺ៖ នៅពេលមនុស្សម្នាក់អាចទទួលយកសេចក្ដីពិត និងទទួលយកការត្រូវបានលួសកាត់ នោះចរិតលក្ខណៈរបស់គេអាចត្រូវបានកែលម្អខ្លះ។ នៅពេលដែលគេអាចប្រឈមមុខនឹងការពិតទាំងនេះ ប្រព្រឹត្តចំពោះការពិតទាំងនេះបានត្រឹមត្រូវ ហើយបន្ទាប់មកអាចពិនិត្យពិច័យ និងត្រួតពិនិត្យឥរិយាបថ និងដួងចិត្តដ៏ជ្រាលជ្រៅរបស់ខ្លួនឯងជាញឹកញាប់ នោះគេអាចក្លាយជាមនុស្សល្អជាងមុន និងទប់ខ្លួនឯងបានបន្តិចបន្តួច។ តើការទប់ខ្លួនឯងបានបន្តិចបន្តួច អាចសម្រេចបានគោលបំណងអ្វីទៅ? អ្នកនឹងមិនសូវធ្វើឱ្យខ្លួនឯងខ្មាសគេ កេរ្ដិ៍ឈ្មោះរបស់អ្នកនឹងបានល្អប្រសើរជាងមុនបន្តិច មនុស្សម្នានឹងមិនខ្ពើមរអើមអ្នក ព្រះជាម្ចាស់នឹងមិនស្អប់ខ្ពើមអ្នក ហើយតាមរបៀបនេះ អ្នកប្រហែលជានៅមានឱកាសត្រូវបានព្រះជាម្ចាស់សង្គ្រោះ។ តើនេះមិនមែនជាវិចារណញ្ញាណអប្បបរមាដែលមនុស្សម្នាក់គួរតែមានទេឬ? តើវាមិនងាយស្រួលទេឬ សម្រាប់អ្នកដែលមានមនសិការ និងវិចារណញ្ញាណបន្តិចបន្តួច ក្នុងការអនុវត្ត និងចូលទៅក្នុងរឿងបែបនេះ?
នៅពេលអ្នករាល់គ្នាឮខ្ញុំនិយាយប្រាប់អ្នករាល់គ្នាអំពីមនុស្សបែបនេះ អ្នករាល់គ្នាមានអារម្មណ៍ស្រួលចិត្តណាស់ ប៉ុន្តែប្រសិនបើខ្ញុំនិយាយអំពីមនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នាវិញ ពេលនោះតើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា? តើអ្នករាល់គ្នានឹងមានប្រតិកម្មជាធម្មតាដែរឬទេ? ខ្ញុំសូមប្រាប់អ្នកទៅចុះថា ប្រសិនបើអ្នកចង់សម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត អ្នកត្រូវតែឆ្លងកាត់ការល្បងលមួយហើយមួយទៀត។ ចូរកុំមើលស្រាលរឿងទាំងនេះឱ្យសោះ ប្រសិនបើភាពជាមនុស្សរបស់អ្នកមិនត្រូវតាមស្ដង់ដាទេ នោះមិនត្រឹមតែបងប្អូនប្រុសស្រីនឹងខ្ពើមរអើមអ្នកប៉ុណ្ណោះទេ ប៉ុន្តែព្រះជាម្ចាស់ក៏នឹងមិនប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ឬសង្គ្រោះអ្នកដែរ។ លក្ខខណ្ឌជាមូលដ្ឋានបំផុតសម្រាប់ព្រះជាម្ចាស់ក្នុងការសង្គ្រោះនរណាម្នាក់ គឺបុគ្គលនោះត្រូវមានភាពជាមនុស្ស វិចារណញ្ញាណ និងមនសិការ ហើយគេត្រូវតែស្គាល់ការអៀនខ្មាស។ នៅពេលមនុស្សបែបនេះមកចំពោះព្រះជាម្ចាស់ ហើយឮព្រះបន្ទូលរបស់ទ្រង់ ព្រះជាម្ចាស់នឹងបំភ្លឺ ដឹកនាំ និងណែនាំគេ។ មនុស្សដែលគ្មានភាពជាមនុស្ស មនសិការ វិចារណញ្ញាណ ឬសេចក្ដីអៀនខ្មាស នឹងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីមកចំពោះព្រះជាម្ចាស់ជារៀងរហូត។ ទោះបីជាអ្នកស្ដាប់សេចក្ដីអធិប្បាយ និងដឹងពីគោលលទ្ធិមួយចំនួនក៏ដោយ ក៏អ្នកនឹងនៅតែមិនទទួលបានការបំភ្លឺដែរ ដូច្នេះហើយ អ្នកនឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានជារៀងរហូត។ ប្រសិនបើអ្នកមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ នោះវាមិនពិបាកយល់ឡើយថា ក្ដីសង្ឃឹមរបស់អ្នកក្នុងការសម្រេចបានសេចក្ដីសង្គ្រោះ គឺស្មើនឹងសូន្យ។ ប្រសិនបើអ្នកមានត្រឹមតែការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងនិស្ស័យ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នកមិនមានការបង្ហាញចេញនៃភាពជាមនុស្សធម្មតាដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកមានទាល់តែសោះ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំហើយ។ ប្រសិនបើអ្នកអាចផ្ទឹមខ្លួនអ្នកទៅនឹងរាល់ការបង្ហាញចេញ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលខ្ញុំកំពុងលាតត្រដាង រួមជាមួយនឹងសកម្មភាព និងការបញ្ចេញឱ្យឃើញរបស់ពួកគេ ប្រសិនបើអ្នកមានចំណុចទាំងនោះតិចក្ដីច្រើនក្ដី នោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នក។ ប្រសិនបើអ្នកនៅតែមិនដេញតាមសេចក្ដីពិត ហើយរង់ចាំរហូតដល់អ្នកត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ នោះអ្នកនឹងត្រូវវិនាសទាំងស្រុង។ តើមួយណាជាជំងឺនាំទៅរកសេចក្ដីស្លាប់៖ ការមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ ឬការមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ? (គឺការមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។) អ៊ីចឹងមែនឬ? (មែនហើយ។) ចូរគិតអំពីវាឱ្យបានហ្មត់ចត់ រួចហើយសឹមឆ្លើយម្ដងទៀត។ (ទាំងការមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ និងការមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែជាជំងឺនាំទៅរកសេចក្ដីស្លាប់។) ហេតុអ្វីបានជាដូច្នេះ? (ពីព្រោះមនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ នឹងមិនដេញតាមសេចក្ដីពិតឡើយ ហើយមនុស្សដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ក៏ដូចគ្នាដែរ។ មិនថាពួកគេជួបប្រទះនឹងបញ្ហាអ្វីនោះទេ មនុស្សដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ មិនដែលផ្ដោតលើការដេញតាមសេចក្ដីពិតឡើយ ហើយពួកគេថែមទាំងគ្មានភាពជាមនុស្ស និងវិចារណញ្ញាណជាអប្បបរមាផង។ មនុស្សបែបនេះមិនអាចទទួលបានសេចក្ដីពិតទេ ហើយពួកគេក៏មិនអាចសម្រេចបានសេចក្ដីសង្គ្រោះដែរ នេះក៏ជាជំងឺនាំទៅរកសេចក្ដីស្លាប់ផងដែរ។) តើមាននរណាផ្សេងទៀតចង់និយាយដែរឬទេ? (ការយល់ដឹងរបស់ខ្ញុំគឺថា គ្មានចំណុចណាមួយក្នុងចំណោមចំណុចទាំងពីរនេះ គឺជាជំងឺនាំទៅរកសេចក្ដីស្លាប់ឡើយ ប៉ុន្តែប្រសិនបើនរណាម្នាក់មិនដេញតាមសេចក្ដីពិត នោះទើបជាជំងឺនាំទៅរកសេចក្ដីស្លាប់។) ការយល់ឃើញពីជ្រុងនេះគឺល្អណាស់។ ក៏ប៉ុន្តេ មានលក្ខខណ្ឌជាមុនចំពោះរឿងនេះ នោះគឺសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ ពោលគឺមនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គ្រាន់តែមិនដេញតាមសេចក្ដីពិតតែម្ដង ពួកគេគឺជាពួកអ្នកមិនជឿ។ ការមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺជារឿងដែលគ្រោះថ្នាក់បំផុត។ តើសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទមានន័យដូចម្ដេច? វាមានន័យថា មនុស្សទាំងនេះគ្រាន់តែមិនដេញតាមសេចក្ដីពិតតែម្ដង។ ពួកគេដេញតាមតែឋានៈប៉ុណ្ណោះ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ពីកំណើត ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេជារូបតំណាងរបស់សាតាំង ពួកគេគឺជាពួកអារក្សតាំងពីកំណើត ពួកគេគ្មានភាពជាមនុស្ស ពួកគេគឺជាពួកសម្ភារៈនិយម ពួកគេគឺជាពួកអ្នកមិនជឿសុទ្ធសាធ ហើយមនុស្សបែបនេះគឺស្អប់ខ្ពើមសេចក្ដីពិត។ តើ «ស្អប់ខ្ពើមសេចក្ដីពិត» មានន័យដូចម្ដេច? វាមានន័យថា ពួកគេមិនជឿថាព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ពួកគេមិនទទួលស្គាល់ការពិតដែលថាព្រះជាម្ចាស់គឺជាព្រះអាទិករឡើយ ពួកគេរឹតតែមិនទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និងអ្វីៗទាំងអស់ទៅទៀត។ ដូច្នេះ នៅពេលមនុស្សបែបនេះត្រូវបានផ្ដល់ឱកាសឱ្យដេញតាមសេចក្ដីពិត តើពួកគេអាចធ្វើវាដែរឬទេ? (មិនអាចទេ។) ដោយសារតែពួកគេមិនអាចដេញតាមសេចក្ដីពិត ហើយដោយសារតែពួកគេគឺជាសត្រូវនៃសេចក្ដីពិត និងជាសត្រូវរបស់ព្រះជាម្ចាស់ជារៀងរហូត នោះពួកគេនឹងមិនអាចទទួលបានសេចក្ដីពិតជាដាច់ខាត។ ការដែលមិនអាចទទួលបានសេចក្ដីពិតជារៀងរហូត គឺជាជំងឺនាំទៅរកសេចក្ដីស្លាប់។ ហើយអស់អ្នកដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ មានភាពស្រដៀងគ្នាទាក់ទងនឹងនិស្ស័យ ជាមួយនឹងអស់អ្នកដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេបង្ហាញការសម្ដែងចេញដូចគ្នា ការបញ្ចេញឱ្យឃើញដូចគ្នា ហើយសូម្បីតែរបៀបដែលពួកគេបង្ហាញការសម្ដែងចេញ និងការបញ្ចេញឱ្យឃើញទាំងនេះ របៀបនៃការគិតរបស់ពួកគេ ព្រមទាំងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេអំពីព្រះជាម្ចាស់ ក៏ដូចគ្នាទាំងអស់ដែរ។ ក៏ប៉ុន្តែ សម្រាប់មនុស្សដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេអាចទទួលយកសេចក្ដីពិត និងទទួលស្គាល់ការពិតដែលថាព្រះជាម្ចាស់គឺជាព្រះអាទិករ ឬអត់នោះទេ ដរាបណាពួកគេមិនដេញតាមសេចក្ដីពិត នោះនិស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ ក្លាយជាជំងឺនាំទៅរកសេចក្ដីស្លាប់ ហើយដោយសារតែរឿងនេះហើយ ទើបលទ្ធផលរបស់ពួកគេនឹងដូចគ្នាទៅនឹងអស់អ្នកដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទដែរ។ ប៉ុន្តែ សំណាងល្អហើយ មានមនុស្សមួយចំនួនក្នុងចំណោមអស់អ្នកដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលមានភាពជាមនុស្ស វិចារណញ្ញាណ មនសិការ និងសេចក្ដីអៀនខ្មាស ដែលស្រឡាញ់អ្វីៗដែលវិជ្ជមាន និងមានលក្ខខណ្ឌដើម្បីត្រូវបានព្រះជាម្ចាស់សង្គ្រោះ។ ដោយសារតែពួកគេដេញតាមសេចក្ដីពិត មនុស្សទាំងនេះសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ បោះបង់និស្ស័យពុករលួយរបស់ពួកគេ និងបោះបង់និស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេចោល ដូច្នេះ និស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ លែងជាជំងឺនាំទៅរកងសេចក្ដីស្លាប់សម្រាប់ពួកគេទៀតហើយ ហើយមានលទ្ធភាពដែលពួកគេត្រូវបានសង្គ្រោះ។ តើក្នុងកាលៈទេសៈណា ទើបអាចនិយាយបានថា ការមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺជាជំងឺនាំទៅរកសេចក្ដីស្លាប់? មានលក្ខខណ្ឌតម្រូវចំពោះរឿងនេះ នោះគឺទោះបីជាមនុស្សទាំងនេះទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ជឿ និងទទួលស្គាល់អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយអាចបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏មានរឿងមួយដែលខុសឆ្គងគឺ៖ ពួកគេមិនដែលអនុវត្តសេចក្ដីពិត ឬដេញតាមសេចក្ដីពិតឡើយ។ ដូច្នេះ និស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ ក្លាយជារឿងដែលផ្ដាច់ជីវិតសម្រាប់ពួកគេ ហើយវាអាចឆក់យកជីវិតរបស់ពួកគេបាន។ នៅពេលនិយាយដល់មនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក៏វាមិនអាចទៅរួចទេដែលមនុស្សទាំងនេះស្រឡាញ់សេចក្ដីពិត ឬទទួលយកសេចក្ដីពិត ហើយពួកគេមិនអាចទទួលបានសេចក្ដីពិតជារៀងរហូត។ តើអ្នករាល់គ្នាយល់ទេ? (យល់។) អ្នករាល់គ្នាយល់ហើយ។ ចូរនិយាយរឿងនេះប្រាប់ខ្ញុំម្ដងទៀតចុះ។ (មនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺជាសត្រូវរបស់ព្រះជាម្ចាស់ពីកំណើត។ ពួកគេដាច់ខាតមិនមែនជាមនុស្សដែលស្រឡាញ់ និងអាចទទួលយកសេចក្ដីពិតឡើយ ហើយវាមិនអាចទៅរួចទេដែលពួកគេទទួលបានសេចក្ដីពិត ដូច្នេះ សម្រាប់ពួកគេ និស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ គឺជាជំងឺនាំទៅរកសេចក្ដីស្លាប់។ ចំណែកឯមនុស្សមួយចំនួនដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ដោយមានលក្ខខណ្ឌតម្រូវថា ពួកគេមានភាពជាមនុស្ស វិចារណញ្ញាណ មនសិការ និងសេចក្ដីអៀនខ្មាស ហើយស្រឡាញ់អ្វីៗដែលវិជ្ជមាន និងដេញតាមសេចក្ដីពិត រួចហើយសម្រេចបានការផ្លាស់ប្ដូរនិស្ស័យតាមរយៈការដេញតាមសេចក្ដីពិត នោះពួកគេកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ហើយសម្រាប់ពួកគេ និស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ មិនមែនជាជំងឺនាំទៅរកសេចក្ដីស្លាប់ឡើយ។ រឿងនេះសុទ្ធតែត្រូវបានសម្រេចដោយសារជាតិរបស់មនុស្សទាំងនេះ និងផ្លូវដែលពួកគេដើរតាម។) ពោលគឺ វាមិនអាចទៅរួចទេដែលមនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ ដេញតាមសេចក្ដីពិត ហើយពួកគេមិនអាចសម្រេចបានសេចក្ដីសង្គ្រោះជារៀងរហូត ចំណែកឯមនុស្សដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ អាចត្រូវបានចាត់ថ្នាក់ជាពីរប្រភេទ៖ ប្រភេទទីមួយដេញតាមសេចក្ដីពិត និងអាចសម្រេចបានសេចក្ដីសង្គ្រោះ ហើយប្រភេទមួយទៀតមិនដេញតាមសេចក្ដីពិតទាល់តែសោះ និងមិនអាចសម្រេចបានសេចក្ដីសង្គ្រោះឡើយ។ អស់អ្នកដែលមិនអាចសម្រេចបានសេចក្ដីសង្គ្រោះ សុទ្ធតែជាអ្នកធ្វើការដោយកម្លាំង។ អ្នកធ្វើការដែលស្មោះត្រង់មួយចំនួនអាចនៅសេសសល់ ហើយវាអាចទៅរួចដែលពួកគេអាចនឹងជួបប្រទះនឹងលទ្ធផលផ្សេង។
ហេតុអ្វីបានជាមនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ មិនអាចសម្រេចបានសេចក្ដីសង្គ្រោះ? នោះក៏ព្រោះតែមនុស្សទាំងនេះមិនទទួលស្គាល់សេចក្ដីពិត ហើយពួកគេក៏មិនទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិតដែរ។ មនុស្សទាំងនេះមិនទទួលស្គាល់ថាមានអ្វីៗដែលវិជ្ជមានឡើយ ហើយពួកគេមិនស្រឡាញ់អ្វីៗដែលវិជ្ជមានទេ។ ផ្ទុយទៅវិញ ពួកគេស្រឡាញ់អ្វីៗដែលទុច្ចរិត និងអ្វីៗដែលអវិជ្ជមាន។ ពួកគេជារូបតំណាងនៃអ្វីៗដែលទុច្ចរិត និងអ្វីៗដែលអវិជ្ជមានទាំងអស់ ហើយពួកគេគឺជាអ្នកសម្ដែងចេញនូវអ្វីៗដែលអវិជ្ជមាន និងអ្វីៗដែលទុច្ចរិតទាំងអស់ នោះហើយជាមូលហេតុដែលពួកគេស្អប់ខ្ពើមសេចក្ដីពិត ប្រទូសរ៉ាយនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិត។ តើពួកគេអាចដេញតាមសេចក្ដីពិតជាមួយនឹងសារជាតិបែបនេះបានដែរឬទេ? (មិនអាចទេ។) ហេតុដូច្នេះហើយ វាមិនអាចទៅរួចទេក្នុងការឱ្យមនុស្សទាំងនេះដេញតាមសេចក្ដីពិត។ តើវាអាចទៅរួចទេក្នុងការបំប្លែងសត្វមួយប្រភេទឱ្យទៅជាសត្វមួយប្រភេទទៀត? ឧទាហរណ៍៖ តើវាអាចទៅរួចទេក្នុងការបំប្លែងឆ្មាឱ្យទៅជាឆ្កែ ឬកណ្ដុរ? (មិនអាចទេ។) កណ្ដុរនឹងនៅតែជាកណ្ដុរជានិច្ច ដែលច្រើនតែលាក់ខ្លួនក្នុងរន្ធ និងរស់នៅក្នុងទីងងឹត។ ឆ្មានឹងនៅតែជាសត្រូវពីធម្មជាតិរបស់កណ្ដុរជានិច្ច ហើយរឿងនេះមិនអាចផ្លាស់ប្ដូរបានឡើយ ពោលគឺវាមិនអាចផ្លាស់ប្ដូរបានជាដាច់ខាត។ ប៉ុន្តែ មានមនុស្សមួយចំនួនក្នុងចំណោមអស់អ្នកដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលស្រឡាញ់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន ដែលស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីអនុវត្ត និងដេញតាមសេចក្ដីពិត។ ពួកគេអនុវត្តអ្វីក៏ដោយដែលព្រះជាម្ចាស់មានព្រះបន្ទូល ពួកគេដើរតាមមិនថាព្រះជាម្ចាស់ដឹកនាំពួកគេយ៉ាងណានោះទេ ពួកគេធ្វើអ្វីក៏ដោយដែលព្រះជាម្ចាស់តម្រូវ ផ្លូវដែលពួកគេដើរតាមគឺស្របតាមផ្លូវដែលព្រះជាម្ចាស់តម្រូវទាំងស្រុង ហើយពួកគេដេញតាមស្របទៅតាមទិសដៅ និងគោលបំណងដែលព្រះជាម្ចាស់បានចង្អុលបង្ហាញ។ ចំណែកឯអ្នកផ្សេងទៀត ក្រៅពីការពិតដែលថាពួកគេមិនដេញតាមសេចក្ដីពិត ពួកគេក៏ដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទផងដែរ ហើយវាមិនពិបាកយល់ឡើយថា លទ្ធផលរបស់មនុស្សទាំងនេះនឹងទៅជាយ៉ាងណា។ មិនត្រឹមតែពួកគេនឹងមិនទទួលបានសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងបាត់បង់ឱកាសក្នុងការត្រូវបានសង្គ្រោះផងដែរ តើមនុស្សទាំងនេះគួរឱ្យអាណិតយ៉ាងណាទៅ! ព្រះជាម្ចាស់ប្រទានឱកាសដល់ពួកគេ ហើយក៏ផ្គត់ផ្គង់សេចក្ដីពិត និងជីវិតដល់ពួកគេផងដែរ ប៉ុន្តែពួកគេមិនស្រឡាញ់ថ្នាក់ថ្នមរឿងទាំងនេះទេ ហើយពួកគេមិនដើរតាមផ្លូវដើម្បីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ វាមិនមែនថា ព្រះជាម្ចាស់លម្អៀងទៅរកមនុស្សមួយចំនួនជាងអ្នកដទៃ ហើយមិនប្រទានឱកាសដល់មនុស្សទាំងនេះនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដោយសារពួកគេមិនស្រឡាញ់ថ្នាក់ថ្នមឱកាសទាំងនេះ ឬមិនប្រព្រឹត្តតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ទើបពួកគេបាត់បង់ឱកាសដើម្បីត្រូវបានសង្គ្រោះ។ ហេតុដូច្នេះហើយ និស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ ក្លាយជារឿងដែលផ្ដាច់ជីវិត ហើយបណ្ដាលឱ្យពួកគេបាត់បង់ជីវិតរបស់ខ្លួន។ ពួកគេគិតថា ការយល់គោលលទ្ធិមួយចំនួន និងការបង្ហាញសកម្មភាពពីខាងក្រៅ និងឥរិយាបថល្អមួយចំនួន មានន័យថាព្រះជាម្ចាស់នឹងមិនពិនិត្យអង្កេតរឿងនិស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេឡើយ ថាពួកគេអាចបិទបាំងវាបាន ហើយជាលទ្ធផល ពួកគេពិតជាមិនចាំបាច់អនុវត្តសេចក្ដីពិតទេ និងអាចធ្វើអ្វីក៏បានតាមដែលពួកគេចង់ធ្វើ ព្រមទាំងអាចប្រព្រឹត្តស្របតាមការយល់ដឹង វិធីសាស្ត្រ និងសេចក្ដីប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។ នៅទីបំផុត មិនថាព្រះជាម្ចាស់ប្រទានឱកាសអ្វីដល់ពួកគេនោះទេ ពួកគេនៅតែបន្តប្រកាន់ខ្ជាប់នូវផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ពួកគេមិនមែនក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់បានកំណត់និយមន័យពួកគេបែបនេះតាំងពីដំបូងឡើយ ព្រះជាម្ចាស់មិនបានកំណត់និយមន័យពួកគេនៅពេលដំបូងទេ ពីព្រោះនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេមិនមែនជាសត្រូវរបស់ទ្រង់ ឬជាមនុស្សដែលមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទឡើយ ប៉ុន្តែផ្ទុយទៅវិញគឺជាមនុស្សដែលមាននិស្ស័យពុករលួយបែបសាតាំងប៉ុណ្ណោះ។ មិនថាព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិតច្រើនប៉ុនណានោះទេ ក៏ពួកគេនៅតែមិនខិតខំដើម្បីសេចក្ដីពិតក្នុងការដេញតាមរបស់ពួកគេឡើយ។ ពួកគេមិនអាចឈានជើងចូលក្នុងផ្លូវនៃសេចក្ដីសង្គ្រោះបានទេ ហើយផ្ទុយទៅវិញ ពួកគេដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយនៅទីបំផុតក៏បាត់បង់ឱកាសក្នុងការត្រូវបានសង្គ្រោះ។ តើនេះមិនគួរឱ្យស្ដាយទេឬ? វាពិតជាគួរឱ្យស្ដាយណាស់! មនុស្សទាំងនេះពិតជាគួរឱ្យអាណិតណាស់។ ហេតុអ្វីបានជាពួកគេគួរឱ្យអាណិត? ពួកគេយល់ពាក្យពេចន៍ និងគោលលទ្ធិមួយចំនួន ហើយគិតថាពួកគេយល់សេចក្ដីពិត។ ពួកគេលះបង់បន្តិចបន្តួច និងបង្ហាញឥរិយាបថល្អខ្លះៗនៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយគិតថាពួកគេកំពុងអនុវត្តសេចក្ដីពិត។ ពួកគេមានទេពកោសល្យ គុណសម្បត្តិ និងអំណោយទានខ្លះ ហើយអាចនិយាយពាក្យពេចន៍ និងគោលលទ្ធិមួយចំនួន ធ្វើកិច្ចការខ្លះ បំពេញភារកិច្ចពិសេសខ្លះ ហើយពួកគេគិតថាពួកគេទទួលបានជីវិតហើយ។ ពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខបន្តិចបន្តួច និងលះបង់បន្តិចបន្តួច ហើយពួកគេគិតខុសថា ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់ និងលះបង់អ្វីៗទាំងអស់ដើម្បីព្រះជាម្ចាស់។ ពួកគេប្រើប្រាស់ឥរិយាបថល្អពីខាងក្រៅរបស់ពួកគេ អំណោយទានរបស់ពួកគេ ព្រមទាំងពាក្យពេចន៍ និងគោលលទ្ធិដែលពួកគេបានបំពាក់បំប៉នដល់ខ្លួនឯង ដើម្បីជំនួសឱ្យការអនុវត្តសេចក្ដីពិត នេះគឺជាបញ្ហាដ៏ធំបំផុតរបស់ពួកគេ ដែលជាចំណុចខ្សោយស្លាប់រស់របស់ពួកគេ។ វាធ្វើឱ្យពួកគេជឿខុសថា ពួកគេបានឈានជើងចូលក្នុងផ្លូវនៃសេចក្ដីសង្គ្រោះរួចទៅហើយ ហើយថាពួកគេមានកម្ពស់ និងជីវិតរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទីបំផុតមនុស្សទាំងនេះមិនអាចសម្រេចបានសេចក្ដីសង្គ្រោះទេ នោះពួកគេគ្មាននរណាម្នាក់ត្រូវបន្ទោសក្រៅពីខ្លួនឯងឡើយ នោះក៏ព្រោះតែពួកគេខ្លួនឯងមិនផ្ដោតលើសេចក្ដីពិត មិនដេញតាមសេចក្ដីពិត ហើយលើសពីស្ម័គ្រចិត្តទៅទៀតក្នុងការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ឥឡូវនេះ មានមនុស្សមួយចំនួន ដែលបន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេល ៣០ ឆ្នាំមកហើយ ក៏នៅតែមិនដឹងថាសេចក្ដីពិតជាអ្វី ឬគោលលទ្ធិជាអ្វីនោះទេ។ នៅពេលពួកគេហើបមាត់ អ្វីដែលពួកគេនិយាយសុទ្ធតែជាទ្រឹស្ដីទទេសូន្យ ពាក្យសម្ដីដើម្បីប្រដៅអ្នកដទៃ និងពាក្យស្លោកទទេសូន្យ ហើយពួកគេគ្រាន់តែនិយាយអំពីរបៀបដែលពួកគេបានស៊ូទ្រាំនឹងការរងទុក្ខ និងបានលះបង់កាលពីអតីតកាល ដោយហេតុនេះដើម្បីបង្ហាញពីភាពចាស់វស្សារបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនដែលនិយាយអំពីការស្គាល់ខ្លួនឯង របៀបដែលពួកគេទទួលយកការត្រូវបានលួសកាត់ របៀបដែលពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ របៀបដែលពួកគេប្រជែងយកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ឬថាតើពួកគេមានការបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទអ្វីខ្លះនោះឡើយ។ ពួកគេមិនដែលនិយាយអំពីរឿងទាំងនេះទេ ពួកគេគ្រាន់តែនិយាយអំពីការចូលរួមចំណែករបស់ពួកគេ ហើយមិននិយាយអំពីអំពើរំលងរបស់ខ្លួនឡើយ។ តើមនុស្សទាំងនេះមិនកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំទេឬ? មនុស្សមួយចំនួនបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេល ២០ ឆ្នាំឬ ៣០ ឆ្នាំមកហើយ តែនៅតែមិនដឹងថាតថភាពនៃសេចក្ដីពិតជាអ្វី ឬការចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់មានន័យដូចម្ដេចឡើយ ដូច្នេះហើយ ខ្ញុំសង្ស័យថាមនុស្សទាំងនេះប្រហែលជាមិនមានមុខងារដើម្បីយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេល ៣០ ឆ្នាំ ពួកគេគិតថាពួកគេមានកម្ពស់ ប៉ុន្តែនៅពេលពួកគេមិនមានឋានៈ ពួកគេនៅតែអាចមានភាពអវិជ្ជមាន ហើយនៅទីកំបាំង ពួកគេនឹងយំយែក និងត្អូញត្អែរ ហើយថែមទាំងអាចនឹងបោះបង់កិច្ចការរបស់ពួកគេចោលទៀតផង។ បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេល ៣០ ឆ្នាំ នៅពេលពួកគេត្រូវបានដកហូតតំណែង ពួកគេនៅតែអាចខឹងសម្បា និងមិនស្ដាប់ហេតុផល ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់។ តើពួកគេយល់បានអ្វីខ្លះ បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមកនេះ? ប្រសិនបើពួកគេមិនយល់ថាសេចក្ដីពិតជាអ្វី បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនមកហើយ នោះតើពួកគេមិនមែនជឿដោយឥតប្រយោជន៍ទេឬ? នេះហើយដែលហៅថា សេចក្ដីជំនឿដែលច្របូកច្របល់!
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០