ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំ)
II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ
គ. ការរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ
ថ្ងៃនេះ យើងនឹងបន្តការប្រកបគ្នារបស់យើងអំពីចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងផ្នែកនៃចំណុចនេះដែលទាក់ទងនឹងផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ កាលពីលើកមុន ខ្ញុំបានប្រកបគ្នាអំពីចំណុចទីបីនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ផលប្រយោជន៍។ នៅក្នុងចំណុចនោះ ខ្ញុំបានរៀបរាប់ពីការបង្ហាញចេញជាក់លាក់នៃទិដ្ឋភាពមួយចំនួន ហើយភាគច្រើនបានលើកឡើងអំពីឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គំនិត និងទស្សនៈរបស់ពួកគេ ព្រមទាំងរឿងរ៉ាវផ្សេងៗដែលពួកគេធ្វើនៅក្រោមការគ្រប់គ្រងនៃគំនិត និងទស្សនៈទាំងនេះ។ ខ្ញុំបានប្រកបគ្នាអំពីទិដ្ឋភាពពីរ កាលពីលើកមុន៖ ទីមួយគឺ ការកិបកេងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ និងទីពីរគឺ ការប្រើប្រាស់បងប្អូនប្រុសស្រីឱ្យបម្រើពួកគេ និងធ្វើការឱ្យពួកគេ។ ទាំងនេះគឺជាការបង្ហាញចេញជាក់លាក់ចំនួនពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ឥឡូវនេះ ដោយសារខ្ញុំបានប្រកបគ្នាអំពីរឿងទាំងនេះហើយ តើអ្នករាល់គ្នាមានការយល់ដឹងអំពីសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តាមពិតទៅ គ្មានភាពខុសគ្នាធំដុំរវាងមនុស្សពុករលួយ ទាក់ទងនឹងការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះទេ មិនថាវាទាក់ទងនឹងនិស្ស័យ ឬសារជាតិធម្មជាតិរបស់ពួកគេនោះឡើយ។ ពួកគេមានភាពស្រដៀងគ្នាច្រើនជាងភាពខុសគ្នា។ ពួកគេខុសគ្នាត្រឹមតែថា តើពួកគេមានភាពជាមនុស្សល្អ ឬអាក្រក់ប៉ុណ្ណោះ ហើយមានតែភាពខុសគ្នាដាច់ស្រឡះមួយប៉ុណ្ណោះ នៅពេលនិយាយដល់អាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត។ ទោះបីជានិស្ស័យពុករលួយរបស់មនុស្សគឺសុទ្ធតែដូចគ្នាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមានសមត្ថភាពស្អប់សេចក្ដីពិត ទាស់ទទឹងនឹងព្រះជាម្ចាស់ វិនិច្ឆ័យព្រះជាម្ចាស់ និងប្រមាថព្រះជាម្ចាស់ ហើយក៏មានសមត្ថភាពធ្វើសេចក្ដីអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំផងដែរ។ ទាំងនេះគឺជាចំណុចដែលពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយធម្មតា មានភាពខុសគ្នាដាច់ស្រឡះ។ មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែប្រសិនបើពួកគេមិនបានធ្វើសេចក្ដីអាក្រក់ និងមិនបានរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយមិនបានប្រឈមមុខទាស់នឹងព្រះជាម្ចាស់ដោយផ្ទាល់ទេ នោះពួកគេមិនអាចត្រូវបានកំណត់លក្ខណៈជាអាទទឹងនឹងព្រះគ្រីស្ទឡើយ។ ទោះបីជាមនុស្សពុករលួយមានគំនិត ទស្សនៈ និងនិស្ស័យពុករលួយដូចគ្នា ឬស្រដៀងគ្នាក៏ដោយ ប្រសិនបើសារជាតិមនុស្សជាតិរបស់នរណាម្នាក់មិនមែនជាសារជាតិរបស់មនុស្សអាក្រក់ទេ នោះគឺជាភាពខុសគ្នាដាច់ស្រឡះរវាងគេ និងពួកទទឹងនឹងព្រះគ្រីស្ទហើយ។ មនុស្សភាគច្រើនមិនអាចមើលឃើញពីភាពខុសគ្នានេះទេ ហើយក៏ចាត់ថ្នាក់មនុស្សដែលមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទចូលគ្នា រួចកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ ការធ្វើបែបនេះ គឺងាយនឹងធ្វើបាបមនុស្សល្អណាស់! ប្រសិនបើអ្នករាល់គ្នាមិនយល់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានច្បាស់លាស់ទេ វាក៏ជាឧបសគ្គដ៏ធំមួយចំពោះអ្នករាល់គ្នាក្នុងការយល់ពីខ្លួនឯងផងដែរ។ ប្រសិនបើអ្នកឃើញថានិស្ស័យពុករលួយរបស់អ្នកគឺដូចគ្នានឹងនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ នោះអ្នកនឹងគិតថាអ្នកគឺជាអាទទឹងនឹងព្រះគ្រីស្ទ ហើយប្រសិនបើអ្នកឃើញថាផ្លូវដែលអ្នកកំពុងដើរ គឺដូចគ្នានឹងផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ នោះអ្នកក៏នឹងគិតថាអ្នកគឺជាអាទទឹងនឹងព្រះគ្រីស្ទដែរ។ អ្នកនៅតែកំណត់លក្ខណៈខ្លួនឯងថាជាអាទទឹងនឹងព្រះគ្រីស្ទដដែល ប្រសិនបើអ្នកឃើញថារបៀបដែលអ្នកធ្វើរឿងរ៉ាវ ព្រមទាំងគំនិត និងទស្សនៈរបស់អ្នក គឺដូចគ្នានឹងអ្វីដែលមាននៅក្នុងអាទទឹងនឹងព្រះគ្រីស្ទនោះ។ ប្រសិនបើអ្នកមើលឃើញខ្លួនឯងថាជាអាទទឹងនឹងព្រះគ្រីស្ទក្នុងចំណុចទាំងបីនេះ នោះអ្នកនឹងកំណត់លក្ខណៈខ្លួនឯងថាជាអាទទឹងនឹងព្រះគ្រីស្ទមិនខាន។ តើនេះនឹងនាំមកនូវផលវិបាកអ្វីខ្លះ? អ្នកប្រាកដជានឹងក្លាយជាអវិជ្ជមានក្នុងកម្រិតណាមួយ ហើយនឹងបោះបង់ខ្លួនឯងចោល។ ការយល់ពីខ្លួនឯងតាមរបៀបបែបនេះ គឺមានភាពវៀចវេរខ្លះហើយ។ ចុះបើដូច្នេះ តើវាមិនចាំបាច់ទេឬ ក្នុងការយល់ពីនិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទរបស់អ្នកនោះ? គឺពិតណាស់ថាវាចាំបាច់។ គោលបំណងនៃការប្រកបគ្នា និងការវែកញែកអំពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺដើម្បីធ្វើឱ្យអ្នករាល់គ្នាអាចទាញការប្រៀបធៀបជាមួយនឹងខ្លួនឯង និងឈានដល់ចំណុចនៃការយល់ពីខ្លួនឯងយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកគ្រាន់តែយល់ថា អ្នកមាននិស្ស័យពុករលួយជាមធ្យម ប៉ុន្តែមិនទទួលស្គាល់ថាអ្នកមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទទេ នោះការយល់ដឹងរបស់អ្នកអំពីខ្លួនឯង គឺរាក់កំភែលណាស់ និងមានតែមួយជ្រុងប៉ុណ្ណោះ។ វាមិនទាន់ជាកម្រិតដែលគួរតែមានឡើយ។ នៅពេលនេះ អ្នករាល់គ្នាប្រហែលជាមិនទាន់ដឹងពីរឿងនេះនៅឡើយទេ។ មនុស្សភាគច្រើនគិតថា៖ «ខ្ញុំមិនមែនកំពុងដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេ ហើយខ្ញុំក៏មិនមែនជាអាទទឹងនឹងព្រះគ្រីស្ទដែរ ខ្ញុំក៏គ្មានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមិនចាំបាច់ត្រូវឈានដល់ចំណុចដែលខ្ញុំយល់ថា ខ្ញុំមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ មានសមត្ថភាពដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយអាចនឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទនោះឡើយ។ ប្រសិនបើនេះជាការយល់ដឹងរបស់ខ្ញុំចំពោះខ្លួនឯង តើខ្ញុំមិនមែនកំពុងបន្ទាបតម្លៃខ្លួនឯងទេឬ?» ហេតុនេះ អ្នករាល់គ្នាមិនសូវចាប់អារម្មណ៍នឹងប្រធានបទទាំងនេះ អំពីការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ មិនថាអ្នកចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍ក៏ដោយ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិត នោះគង់តែមានថ្ងៃមួយដែលអ្នកនឹងយល់បន្តិចម្ដងៗអំពីទិដ្ឋភាពនៃសេចក្ដីពិតទាំងនេះ និងពាក្យសម្ដីទាំងនេះមិនខាន។ ខ្ញុំធ្លាប់ឮមនុស្សមួយចំនួនដែលប្រកបគ្នាពីការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេ ប៉ុន្តែមិននិយាយអ្វីទាល់តែសោះអំពីរបៀបដែលពួកគេមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ ឬរបៀបដែលពួកគេដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ វាច្បាស់ក្រឡែតណាស់ថា គំនិត ទស្សនៈ និងនិស្ស័យរបស់ពួកគេ គឺដូចគ្នាបេះបិទទៅនឹងអ្វីដែលមាននៅក្នុងអាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេមិនយល់ពីរឿងនេះទេ។ នេះគឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា កម្រិតនៃការយល់ដឹងរបស់មនុស្សជាច្រើនអំពីខ្លួនឯង គឺរាក់កំភែលណាស់ ក្នុងនោះគឺពួកគេត្រឹមតែអាចយល់ថា ពួកគេមាននិស្ស័យពុករលួយ ថាពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ថាភាពជាមនុស្សរបស់ពួកគេមិនសូវល្អ ហើយថាពួកគេមិនសូវស្រឡាញ់សេចក្ដីពិតប៉ុណ្ណោះ។ តាមពិតទៅ អ្វីដែលពួកគេបង្ហាញចេញ និងបញ្ចេញឱ្យឃើញ គឺជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយផ្លូវដែលពួកគេដើរ គឺជាផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេមិនយល់ពីរឿងនេះឡើយ។ ហេតុអ្វីបានជាពួកគេមិនយល់ពីរឿងនេះ? នោះក៏ព្រោះតែពួកគេមិនយល់ពីការបង្ហាញចេញផ្សេងៗដែលទាក់ទងនឹងនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយថែមទាំងមានមនុស្សជាច្រើនដែលខ្លាចមិនហ៊ាននិយាយថា ពួកគេមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ ឬកំពុងដើរនៅលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទៀតផង។ ទោះបីជាពួកគេយល់ពីរឿងនេះ ក៏ពួកគេមិនហ៊ាននិយាយវាចេញមកដែរ។ ប្រសិនបើពួកគេនិយាយវាចេញមក នោះវាហាក់ដូចជាពួកគេកំពុងត្រូវបានដាក់បណ្ដាសា ឬថ្កោលទោសអ៊ីចឹង។ តាមការពិត តើស្ថានភាពរបស់អ្នកមិននៅតែដដែលទេឬ មិនថាអ្នកនិយាយវាចេញមក ឬមិននិយាយក៏ដោយនោះ? តើវាអាចផ្លាស់ប្ដូរការពិតដែលថាអ្នកមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? អត់ទេ វាមិនអាចទេ។ ការពិតដែលថាអ្នកមិនយល់ពីរឿងនេះ បញ្ជាក់ថាការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតគឺរាក់កំភែលពេកហើយ ហើយថាអ្នកមិនមានការយល់ដឹងពិតប្រាកដអំពីខ្លួនឯងឡើយ។
៣. ការប្រើប្រាស់តំណែងរបស់ពួកគេដើម្បីទទួលបានអាហារ ភេសជ្ជៈ និងរបស់ដែលគួរឱ្យចង់បានផ្សេងទៀតដោយការបោកប្រាស់
បន្ទាប់មក យើងនឹងប្រកបគ្នាអំពីការបង្ហាញចេញទីបីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពោលគឺការប្រើប្រាស់តំណែងរបស់ពួកគេដើម្បីទទួលបានអាហារ ភេសជ្ជៈ និងរបស់ដែលគួរឱ្យចង់បានផ្សេងទៀតដោយការបោកប្រាស់។ ជាការពិតណាស់ «ការប្រើប្រាស់តំណែងរបស់ពួកគេ» ក៏អាចហៅបានថាជាការទទួលបានអាហារ ភេសជ្ជៈ និងរបស់ដែលគួរឱ្យចង់បានផ្សេងទៀតដោយការបោកប្រាស់ ក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់ផងដែរ។ តើអ្នករាល់គ្នាធ្លាប់ព្យាយាមរិះគិតពីចំណុចនេះពីមុនមក និងបានគិតអំពីវាដែរឬទេ? (អត់ទេ ពួកយើងមិនធ្លាប់ទេ។) តើអ្នករាល់គ្នាធ្លាប់ឃើញមនុស្សប្រភេទនេះដែរឬទេ? តើអ្នករាល់គ្នាមានមតិយោបល់យ៉ាងណាខ្លះចំពោះមនុស្សប្រភេទនេះ? តើអ្នកមានអារម្មណ៍ស្អប់ខ្ពើម ឬខ្ពើមរអើមដែរឬទេ? តើអ្នកមានអារម្មណ៍មើលងាយចំពោះមនុស្សប្រភេទនេះដែរឬទេ? (មាន។) តើពួកគេជាមនុស្សប្រភេទណា? តើភាពជាមនុស្សរបស់ពួកគេមានលក្ខណៈបែបណា? ហេតុអ្វីបានជាពួកគេធ្វើរឿងទាំងនេះ? តើទស្សនៈរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់គឺជាអ្វី? តើមនុស្សប្រភេទនេះជាមនុស្សម្នាក់ដែលព្រះជាម្ចាស់សង្គ្រោះដែរឬទេ? សរុបទៅ តើគោលដៅនៃការជឿរបស់ពួកគេលើព្រះជាម្ចាស់គឺជាអ្វី? ពួកគេបានលះបង់គ្រួសារ និងអាជីពរបស់ពួកគេ ហើយបានបង្ហាញនូវការបង្ហាញចេញពីការរងទុក្ខលំបាក និងការលះបង់ ប៉ុន្តែ សរុបទៅ តើគោលដៅរបស់ពួកគេក្នុងការប្រើប្រាស់តំណែងរបស់ពួកគេដើម្បីទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់ គឺជាអ្វី? តើពួកគេដឹងទេថា នៅពេលពួកគេធ្វើបែបនេះ ព្រះជាម្ចាស់ស្អប់ខ្ពើម និងមិនសព្វព្រះហឫទ័យនោះ? តើអ្នករាល់គ្នាធ្លាប់គិតអំពីសំណួរទាំងនេះពីមុនមកដែរឬទេ? និយាយតាមត្រង់ទៅ អ្នករាល់គ្នាភាគច្រើនមិនធ្លាប់គិតពីសំណួរទាំងនេះទេ។ ហើយហេតុអ្វីបានជាអ្នករាល់គ្នាមិនធ្លាប់គិត? អ្នកខ្លះនិយាយថា៖ «មានមនុស្សបែបនេះច្រើនខ្លាំងណាស់នៅក្នុងសង្គម ដូច្នេះ វាមិនមែនជារឿងធំដុំអ្វីទេ ដែលមានមនុស្សបែបនេះពីរបីនាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះ។ លើសពីនេះទៅទៀត ពួកយើងខ្លួនឯងផ្ទាល់ក៏មិនប្រាកដថាសុទ្ធតែបរិសុទ្ធទាំងអស់នោះដែរ»។ អ្នកចាត់ទុកខ្លួនឯងថាជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិត ប៉ុន្តែអ្នកមិនដែលយកទង្វើ ការគិត និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ក៏ដូចជាទង្វើ និងឥរិយាបថរបស់អ្នកដទៃ មកផ្សារភ្ជាប់ជាមួយនឹងសេចក្ដីពិត ដោយប្រើទស្សនៈនៃសេចក្ដីពិតដើម្បីចាត់ទុក និងកំណត់និយមន័យរឿងទាំងនោះឡើយ។ ចុះបើដូច្នេះ តើអ្នកនៅតែជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតដែរឬទេ? តើសេចក្ដីពិតដែលអ្នកបានយល់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ នៅតែមានតម្លៃ និងអត្ថន័យសម្រាប់អ្នកដែរឬទេ? អត់ទេ វាមិនមានទេ។ អស់អ្នកដែលធ្វើពុតជាស៊ប់ខាងវិញ្ញាណ ទាំងដែលពួកគេគ្មានការយល់ដឹងខាងវិញ្ញាណសោះនោះ គឺមានភាពស៊ប់ខាងវិញ្ញាណក្លែងក្លាយ ហើយពួកគេមិនខ្វល់ពីរឿងអ្វីឡើយ ក្រៅពីចំណាយពេលពេញមួយថ្ងៃប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ ឬនិយាយពាក្យពេចន៍ និងគោលលទ្ធិ ដែលស្រដៀងទៅនឹងអ្វីដែលអ្នកប្រាជ្ញសម័យបុរាណបានធ្វើ ពោលគឺ «ការផ្ដោតចិត្តតែលើការអានសៀវភៅអ្នកប្រាជ្ញ ដោយមិនខ្វល់ពីរឿងខាងក្រៅ»។ មនុស្សដែលធ្វើពុតជាស៊ប់ខាងវិញ្ញាណ គិតថា អ្វីក៏ដោយដែលអ្នកដទៃធ្វើ គឺមិនពាក់ព័ន្ធនឹងពួកគេឡើយ ហើយទោះអ្នកដទៃគិតយ៉ាងណាក៏ដោយ ក៏នោះជារឿងរបស់អ្នកដទៃដែរ ហើយពួកគេបដិសេធមិនរៀនពីរបៀបញែកដឹងពីមនុស្ស មើលធ្លុះរឿងរ៉ាវ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សភាគច្រើនគឺបែបនេះឯង។ នៅពេលពួកគេស្ដាប់សេចក្ដីអធិប្បាយ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ចប់ ពួកគេកត់ត្រាទុកនៅលើក្រដាស រក្សាទុកក្នុងចិត្តរបស់ពួកគេ ហើយចាត់ទុកវាជាគោលលទ្ធិ ឬបទប្បញ្ញត្តិ ដែលពួកគេគោរពតាមឱ្យតែបានៗ រួចហើយក៏ចប់រឿងទៅ។ ចំណែកឯរបៀបដែលរឿងរ៉ាវដែលកើតឡើងនៅជុំវិញពួកគេ ឬឥរិយាបថ និងការបង្ហាញចេញផ្សេងៗដែលពួកគេឃើញនៅក្នុងមនុស្សជុំវិញខ្លួន មានទំនាក់ទំនងនឹងសេចក្ដីពិតទាំងនេះយ៉ាងណានោះ ពួកគេមិនដែលគិត ឬព្យាយាមរិះគិតពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេក៏មិនអធិស្ឋាន ឬស្វែងរកដែរ។ ជីវិតខាងវិញ្ញាណរបស់មនុស្សភាគច្រើន គឺស្ថិតក្នុងសភាពបែបនេះឯង។ ហេតុដូច្នេះហើយ មនុស្សជាច្រើនមានភាពយឺតយ៉ាវ និងរាក់កំភែលក្នុងការចូលទៅក្នុងសេចក្ដីពិត។ ជីវិតខាងវិញ្ញាណរបស់ពួកគេគឺគួរឱ្យធុញទ្រាន់ខ្លាំងណាស់ ពួកគេគ្រាន់តែធ្វើតាមបទប្បញ្ញត្តិប៉ុណ្ណោះ ហើយគ្មានគោលការណ៍ចំពោះរបៀបដែលពួកគេធ្វើរឿងរ៉ាវឡើយ។ គេអាចនិយាយបានថា ក្នុងករណីមនុស្សជាច្រើន ជីវិតខាងវិញ្ញាណរបស់ពួកគេគឺដាច់ចេញពីជីវិតពិត និងទទេសូន្យ ដូច្នេះហើយ សូម្បីតែពេលនិយាយដល់ឥរិយាបថ និងការបង្ហាញចេញយ៉ាងច្បាស់ក្រឡែតរបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ក៏ពួកគេគ្មានគោលគំនិតអ្វីទាល់តែសោះ រឹតតែគ្មានការកំណត់និយមន័យទៅទៀត ហើយពួកគេក៏គ្មានគំនិត ឬបង្ហាញការញែកដឹងណាមួយឡើយ។ ទាក់ទងនឹងឥរិយាបថ ការបង្ហាញចេញ និងពាក្យសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ អ្នករាល់គ្នាប្រហែលជាបានឃើញច្រើនគួរសមដែរ ប៉ុន្តែនៅក្នុងចិត្តរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនដែលព្យាយាមរិះគិតថា តើពួកគេជាមនុស្សប្រភេទណាឱ្យប្រាកដទៅ តើពួកគេអាចទទួលបានសេចក្ដីពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ដែរឬទេ តើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតដែរឬទេ និងសំណួរផ្សេងៗទៀតបែបនេះឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួនបែបរសាត់អណ្ដែត គ្មានការចូលរួមពិតប្រាកដឡើយពេញមួយថ្ងៃ ដោយធ្វើអ្វីៗគ្រប់យ៉ាងឱ្យតែរួចពីដៃប៉ុណ្ណោះ ហើយមិនស្វែងរកដើម្បីអាចទទួលបានសេចក្ដីពិត ឬដើម្បីយល់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់តំណែងរបស់ពួកគេដើម្បីរិះរកល្បិចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយប្រើការជឿលើព្រះជាម្ចាស់ជាលេស ដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បានគ្រប់ប្រភេទ តាមរយៈការបោកប្រាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ របស់ដែលគួរឱ្យចង់បានទាំងនេះ ជាធម្មតារួមមានអាហារ និងភេសជ្ជៈ ក៏ដូចជាការសោយសុខខាងសម្ភារៈមួយចំនួន និងអ្វីៗផ្សេងទៀតស្រដៀងគ្នានេះ។ សារជាតិរបស់មនុស្សបែបនេះ គឺដូចគ្នានឹងសារជាតិសម្ភារៈនិយមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលយើងបាននិយាយពីមុនមកដែរ ពោលគឺវាជាចរិតលក្ខណៈរបស់មនុស្សប្រភេទដូចគ្នា។ ពួកគេគ្រាន់តែស្វែងរកការសោយសុខនឹងការទំនុកបម្រុងផ្នែកសម្ភារៈគ្រប់ប្រភេទប៉ុណ្ណោះ។ ពួកគេមិនដេញតាមសេចក្ដីពិតទេ ហើយរឹតតែមិនសន្សំអំពើល្អទុកទៅទៀត។ ពួកគេគ្រាន់តែធ្វើពុតជាដេញតាមសេចក្ដីពិត និងមើលទៅហាក់ដូចជាធ្វើបែបនេះពីសំបកក្រៅប៉ុណ្ណោះ។ អ្វីដែលពួកគេដេញតាមនៅក្នុងជម្រៅចិត្តរបស់ពួកគេ ជាមូលដ្ឋានគឺសេចក្ដីរីករាយខាងសាច់ឈាមនៃការហូបចុក ការផឹក និងការត្រូវបានទំនុកបម្រុងយ៉ាងល្អ ដែលតែងតែស្ថិតនៅក្នុងគំនិតរបស់ពួកគេជានិច្ច។ មានមនុស្សប្រភេទនេះច្រើនគួរសមដែរនៅជុំវិញយើង។ ពួកជំនុំនីមួយៗទំនងជាមានមនុស្សបែបនេះម្នាក់ ឬពីរនាក់ ហើយប្រហែលជាអាចមានច្រើនជាងនេះផង។ ថ្ងៃនេះ ខ្ញុំនឹងមិននិយាយអំពីការបង្ហាញចេញ ឥរិយាបថ និងសារជាតិរបស់មនុស្សទាំងនេះ ក្នុងន័យទ្រឹស្ដីឡើយ។ ជាដំបូង ខ្ញុំនឹងនិយាយអំពីករណីតំណាងជាក់លាក់មួយចំនួន ហើយឱ្យអ្នករាល់គ្នាស្ដាប់ ទទួលបានការយល់ដឹងស៊ីជម្រៅពីវា និងមើលថាតើមនុស្សបែបនេះមានទាក់ទងយ៉ាងណាទៅនឹងចំណុចនេះដែលយើងកំពុងប្រកបគ្នា ហើយថាតើពួកគេប្រើប្រាស់តំណែងរបស់ពួកគេ និងជ្រកក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានអាហារ ភេសជ្ជៈ លុយកាក់ និងរបស់របរខាងសម្ភារៈដោយការបោកប្រាស់ដែរឬទេ។ ចូរព្យាយាមញែកឱ្យដឹងពីមនុស្សប្រភេទនេះ រួចហើយគិតមើលថាតើមនុស្សដែលអ្នករាល់គ្នាទាក់ទងជាមួយ មានការបង្ហាញចេញទាំងនេះដែលយើងកំពុងនិយាយដែរឬទេ។ ប្រសិនបើនឹកឃើញនរណាម្នាក់ អ្នករាល់គ្នាក៏អាចលើកជាឧទាហរណ៍មួយចំនួនបានដែរ។ ចូរប្រាប់ខ្ញុំមកមើល តើការលើកឧទាហរណ៍ ឬគ្រាន់តែប្រកបគ្នាជាទូទៅបែបនេះ មួយណាល្អជាង? (ការលើកឧទាហរណ៍គឺល្អជាង។) តើការលើកឧទាហរណ៍មានចំណុចល្អអ្វីខ្លះ? ជាបឋម មនុស្សភាគច្រើនស្ម័គ្រចិត្តស្ដាប់រឿងរ៉ាវ និងករណីក្នុងជីវិតពិតទាំងនេះ។ រឿងទាំងនោះមានតួអង្គ និងសាច់រឿង ហើយមនុស្សភាគច្រើនយល់ថាវាគួរឱ្យចាប់អារម្មណ៍។ វាប្រៀបដូចជាពេលដែលអ្នកនិយាយអំពីបទពិសោធផ្ទាល់ខ្លួនរបស់អ្នកអ៊ីចឹង៖ ប្រសិនបើអ្នកសរសេរអត្ថបទអំពីវា ជាធម្មតាមនុស្សនឹងអានវាម្តង ឬពីរដង រួចក៏ចប់ទៅ ប៉ុន្តែប្រសិនបើអ្នកបង្កើតជាភាពយន្ត ឬល្ខោនឆាកអំពីវា នោះនឹងមានមនុស្សកាន់តែច្រើនមើលវា ហើយពួកគេនឹងមិនមើលវាត្រឹមតែម្តងនោះទេ។ តាមរបៀបនេះ មនុស្សនឹងមើលទៅលើទិដ្ឋភាពនៃសេចក្ដីពិតនេះ ឬមើលទៅលើមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលពាក់ព័ន្ធ កាន់តែល្អិតល្អន់ និងកាន់តែច្បាស់លាស់ ហើយវានឹងធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍កាន់តែជ្រាលជ្រៅ។ បន្ថែមពីនេះ ការលើកឧទាហរណ៍ជាក់លាក់មួយចំនួន ជួយមនុស្សឱ្យទាញការប្រៀបធៀប និងផ្សារភ្ជាប់ទំនាក់ទំនងរវាងទិដ្ឋភាពនីមួយៗនៃសេចក្ដីពិត និងខ្លួនពួកគេផ្ទាល់ បានកាន់តែត្រឹមត្រូវ។
ករណីទីមួយ៖ ការធ្វើពុតជាធ្វើការដើម្បីបោកប្រាស់យកអាហារ និងភេសជ្ជៈ
ជាដំបូង សូមលើកឧទាហរណ៍មួយចំនួនដែលកើតមានជាទូទៅចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួន មកដល់កន្លែងធ្វើការថ្មីមួយ ដែលពួកគេជួបបងប្អូនប្រុសស្រីផ្សេងៗគ្នា ហើយបានរកឃើញរបស់ល្អៗមួយចំនួន រួចក៏គិតថា៖ «ទាំងនេះគឺជារបស់ល្អ។ ហេតុអ្វីបានជាខ្ញុំមិនមានរបស់ទាំងនេះ?» តើពួកគេមិនមានគំនិតមិនគប្បីនៅក្នុងចិត្តទេឬ? ភាពលោភលន់របស់ពួកគេបានលេចក្បាលឡើងហើយ។ ពេលដែលភាពលោភលន់លេចក្បាលឡើងភ្លាម ពួកមនុស្សថោកទាប និងឥតអៀនខ្មាសទាំងនេះ ក៏បញ្ឈប់ដំណើររបស់ពួកគេ ហើយរកគ្រប់លេសដើម្បីធ្វើការនៅកន្លែងនោះ និងមិនចាកចេញឡើយ។ តើគោលបំណងរបស់ពួកគេក្នុងការមិនចាកចេញ គឺជាអ្វី? (គឺដើម្បីថ្ងៃណាមួយ ពួកគេអាចកេងចំណេញបាន។) ត្រូវហើយ ពួកគេចង់កេងចំណេញ។ ប្រសិនបើពួកគេមិនទទួលបានផលចំណេញនេះទេ ពួកគេនឹងដេកមិនលក់ស្រួលនៅពេលយប់ឡើយ។ ពួកគេបារម្ភថា ប្រសិនបើពួកគេទៅកន្លែងផ្សេង អ្នកផ្សេងនឹងទទួលបានផលចំណេញនេះ ហើយពួកគេនឹងមិនទទួលបានឱកាសនេះម្ដងទៀតទេ ដូច្នេះ ពួកគេក៏រកលេសដើម្បីអធិប្បាយ និងធ្វើការនៅកន្លែងនោះ។ តាមពិតទៅ ចិត្តរបស់ពួកគេតែងតែគិតអំពីរបស់ដែលគួរឱ្យចង់បានទាំងនេះជានិច្ច ហើយភ្នែករបស់ពួកគេតែងតែផ្ដោតទៅលើរបស់ដែលគួរឱ្យចង់បានទាំងនេះជានិច្ច។ នៅទីបំផុត ពួកគេក៏ចាក់ឫសនៅកន្លែងនោះ ហើយបងប្អូនប្រុសស្រីភាគច្រើនចូលចិត្តពួកគេ ដឹងថាពួកគេជាអ្នកអធិប្បាយ ព្រមទាំងថ្វាយបង្គំ និងកោតសរសើរពួកគេ។ ពេលនេះគឺជាពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះ ត្រូវលើកឡើងថាមានរបស់ដែលពួកគេចង់បាន ដូច្នេះ ពួកគេក៏គិតរកវិធីផ្សេងៗគ្រប់បែបយ៉ាងដើម្បីលើកយកប្រធានបទនេះមកនិយាយ ប៉ុន្តែ ពួកគេកាន់តែនិយាយ ពួកគេកាន់តែរសាប់រសល់។ ពួកគេរិះគិតក្នុងចិត្តថា៖ «តើខ្ញុំគួរចាប់ផ្ដើមសុំរបស់នេះបែបណាទៅ? ខ្ញុំមិនអាចឱ្យបងប្អូនប្រុសស្រីដឹងថា ខ្ញុំចូលចិត្តរបស់នេះ និងចង់បានវាឡើយ។ ខ្ញុំត្រូវតែធ្វើឱ្យពួកគេឱ្យវាមកខ្ញុំដោយស្ម័គ្រចិត្ត។ ខ្ញុំមិនត្រូវធ្វើឱ្យពួកគេគិតថា ខ្ញុំកំពុងសុំវានោះទេ ប៉ុន្តែផ្ទុយទៅវិញ វាជារបស់ដែលពួកគេឱ្យមកខ្ញុំដោយស្ម័គ្រចិត្ត ហើយពិតណាស់ថា វាជារបស់ដែលខ្ញុំស័ក្ដិសមនឹងទទួលបាន»។ បន្ទាប់នេះ ពួកគេក៏សួរទៅបងប្អូនប្រុសស្រីថា៖ «តើការចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នាយ៉ាងម៉េចដែរ ថ្មីៗនេះ?» បងប្អូនប្រុសស្រីនិយាយថា៖ «តាំងពីអ្នកមកដល់ ជីវិតពួកជំនុំរបស់យើងមានភាពប្រសើរឡើង ហើយគ្រប់គ្នាមានភាពរស់រវើក»។ «ការដែលអ្នករាល់គ្នាមានភាពរស់រវើក មានន័យថាស្ថានភាពវិញ្ញាណរបស់អ្នករាល់គ្នាគឺប្រសើរឡើងហើយ។ អាជីវកម្មរបស់អ្នករាល់គ្នាក៏ដំណើរការល្អដែរ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ទៅថ្ងៃមុខ អាជីវកម្មរបស់អ្នករាល់គ្នានឹងកាន់តែដំណើរការល្អប្រសើរជាងនេះមិនខាន»។ ពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការនិយាយ ពួកគេក៏បង្វែរការសន្ទនាទៅរករបស់ដែលពួកគេចង់បាន។ នៅពេលដែលបងប្អូនប្រុសស្រីដឹងច្បាស់ថា អ្នកដឹកនាំ និងអ្នកធ្វើការចង់បានរបស់នោះ ពួកគេក៏និយាយថា អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយករបស់ខ្លះទៅជាមួយ នៅពេលពួកគេចាកចេញ។ អ្នកដឹកនាំ និងអ្នកធ្វើការនិយាយថា៖ «អត់ទេ ខ្ញុំមិនអាចយកបានទេ។ នេះមិនស្របតាមគោលការណ៍ឡើយ។ ព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យទេ»។ «មិនអីទេ។ អ្នកស័ក្ដិសមនឹងទទួលបានរបស់ខ្លះ»។ «ទោះបីជាខ្ញុំស័ក្ដិសមនឹងទទួលបានវាក៏ដោយ ក៏ខ្ញុំមិនអាចយកបានដែរ»។ បន្ទាប់ពីនិយាយបែបនេះ ពួកគេបារម្ភថាបងប្អូនប្រុសស្រីនឹងមិនឱ្យរបស់នោះទៅពួកគេមែនទែន ដូច្នេះ ពួកគេក៏និយាយរឿងមួយចំនួនដោយបញ្ឆិតបញ្ឆៀង ដើម្បីធ្វើឱ្យបងប្អូនប្រុសស្រីអរគុណពួកគេចំពោះសេចក្ដីល្អរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានោះ ក៏ផ្ដួចផ្ដើមឡើងពីរបស់ដែលពួកគេចង់បាន ដើម្បីឱ្យបងប្អូនប្រុសស្រីចងចាំក្នុងការឱ្យរបស់ខ្លះទៅពួកគេ។ បន្ទាប់ពីនោះ បងប្អូនប្រុសស្រីក៏ដឹងច្បាស់ពីអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការចង់មានន័យ ហើយពួកគេនិយាយថា៖ «ពេលនេះ កុំទាន់និយាយពីរឿងនោះអី។ យើងអាចនិយាយពីរឿងនោះ នៅពេលអ្នកចាកចេញ»។ នៅពេលអ្នកដឹកនាំ និងអ្នកធ្វើការឮបងប្អូនប្រុសស្រីនិយាយបែបនេះ ចិត្តរបស់ពួកគេត្រេកអរជាខ្លាំង ហើយពួកគេគិតថា៖ «ល្អណាស់។ ទីបំផុត ខ្ញុំនឹងទទួលបានអ្វីដែលខ្ញុំចង់បានហើយ!»។ រួចហើយ ពួកគេក៏គិតថា៖ «ប្រសិនបើខ្ញុំចាកចេញភ្លាមៗនៅថ្ងៃស្អែក នោះវានឹងច្បាស់ក្រឡែតពេកចំពោះមនុស្សគ្រប់គ្នាថា ខ្ញុំចង់បានរបស់នោះ។ ខ្ញុំនឹងចាកចេញនៅពីរ ឬបីថ្ងៃទៀតវិញ»។ ទីបំផុត នៅពេលថ្ងៃទីបីមកដល់ បងប្អូនប្រុសស្រីក៏ឱ្យកញ្ចប់ដ៏ធ្ងន់មួយទៅពួកគេ នៅពេលពួកគេចាកចេញ។ អ្នកដឹកនាំ និងអ្នកធ្វើការឃើញថាកញ្ចប់នោះគឺជារបស់ដែលពួកគេចង់បាន ប៉ុន្តែពួកគេធ្វើពុតជាមិនឃើញវា ហើយក៏មិនបដិសេធវាដែរ។ ពួកគេគ្រាន់តែយកកញ្ចប់នោះដោយមិននិយាយមួយម៉ាត់។ តើពួកគេជាមនុស្សប្រភេទណា? ពួកគេគឺជាមនុស្សដែលប្រើប្រាស់កិច្ចការរបស់ពួកគេជាមធ្យោបាយ និងប្រើការធ្វើការដោយកម្លាំងរបស់ពួកគេជារូបិយប័ណ្ណ នៅក្នុងការរិះរកល្បិចដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បាន ហើយជាមនុស្សដែលគាបទាររបស់របរពីបងប្អូនប្រុសស្រី។ តើនេះមិនមែនជាទម្រង់នៃការបោកប្រាស់ទេឬ? តើគោលបំណងនៃកិច្ចការរបស់ពួកគេគឺជាអ្វី? គឺដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បាន តាមរយៈការបោកប្រាស់អ្នកដទៃ។ នៅពេលពួកគេរកឃើញកន្លែងមួយដែលមានរបស់គួរឱ្យចង់បាន និងមានរបស់ដែលពួកគេចង់បានភ្លាម ពួកគេក៏បញ្ឈប់ដំណើររបស់ខ្លួន ហើយមិនចង់ចាកចេញឡើយ។ ពួកគេយករបស់ល្អៗគ្រប់យ៉ាងសម្រាប់ផ្ទះរបស់ពួកគេផ្ទាល់។ បន្ទាប់ពីធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការអស់រយៈពេលជាច្រើនឆ្នាំ របស់ជាច្រើននៅក្នុងផ្ទះរបស់ពួកគេ ត្រូវបានបោកប្រាស់យកពីបងប្អូនប្រុសស្រី។ អ្នកខ្លះក្នុងចំណោមពួកគេបានបោកប្រាស់យករូបមន្តសម្ងាត់ប្រចាំគ្រួសារ ឬកេរដំណែលពីបងប្អូនប្រុសស្រី ហើយអ្នកខ្លះទៀតបានបោកប្រាស់យកផលិតផលពិសេសៗប្រចាំតំបន់។ ជំនៀរបស់មនុស្សទាំងនេះលើព្រះជាម្ចាស់ មើលទៅហាក់ដូចជាពួកគេកំពុងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ និងបំពេញកិច្ចការដោយមិនទាមទារអ្វីជាការតបស្នងឡើយ ប៉ុន្តែតាមពិតទៅ ពួកគេបានបោកប្រាស់យករបស់ដែលគួរឱ្យចង់បានច្រើនហួសប្រមាណ ពីបងប្អូនប្រុសស្រី។
បន្ទាប់ពីអ្នកដឹកនាំម្នាក់មកដល់ពួកជំនុំណាមួយ គាត់ឃើញថាផ្លែពុទ្រានៅតំបន់នោះមានភាពល្បីល្បាញទូទាំងប្រទេស ហើយក៏គិតក្នុងចិត្តថា៖ «ខ្ញុំចូលចិត្តញ៉ាំផ្លែពុទ្រាណាស់។ ប្រសិនបើខ្ញុំកើតនៅទីនេះ ខ្ញុំអាចញ៉ាំផ្លែពុទ្រាជារៀងរាល់ថ្ងៃ ប៉ុន្តែគួរឱ្យស្ដាយ ខ្ញុំមិនអាចស្នាក់នៅបានច្រើនថ្ងៃទេ ហើយផ្លែពុទ្រាក៏មិនទាន់ទុំដែរ។ តើពេលណាទើបខ្ញុំអាចញ៉ាំវាបានទៅ? ខ្ញុំដឹងហើយ ខ្ញុំអាចរកហេតុផលដើម្បីស្នាក់នៅរហូតដល់ផ្លែពុទ្រាទុំ នោះខ្ញុំនឹងអាចញ៉ាំវាបានហើយ តើមែនទេ?» បន្ទាប់ពីនោះ គាត់ក៏រកលេសដោយនិយាយថា បងប្អូនប្រុសស្រីភាគច្រើននៅទីនេះ គឺស្ថិតក្នុងសភាពមិនល្អ ហើយមិនសម្រេចបានអ្វីសោះនៅក្នុងកិច្ចការរបស់ពួកគេ ដូច្នេះ គាត់ត្រូវតែឈរជើងនៅទីនេះរយៈពេលយូរ ហើយខិតខំប្រឹងប្រែងដើម្បីឱ្យកិច្ចការនីមួយៗដំណើរការទៅមុខ មុនពេលគាត់ចាកចេញ។ ក៏ប៉ុន្តែ តើនោះជាអ្វីដែលគាត់កំពុងគិតពិតប្រាកដនៅក្នុងចិត្តរបស់គាត់មែនទេ? (អត់ទេ។) នៅក្នុងចិត្តរបស់គាត់ គាត់កំពុងគិតគូរថា៖ «នៅពេលណាដែលផ្លែពុទ្រាទុំ ហើយខ្ញុំអាចយកទៅជាមួយខ្លះបាន នោះគឺជាពេលដែលខ្ញុំនឹងចាកចេញ»។ ចិត្តរបស់គាត់ពោរពេញទៅដោយគំនិតនេះ ហើយវាបញ្ឈប់ដំណើររបស់គាត់ រួចគាត់ក៏ឈរជើងនៅទីនោះ។ ក្នុងអំឡុងពេលដែលគាត់នៅទីនោះ គាត់អធិប្បាយពាក្យពេចន៍ និងគោលលទ្ធិមួយចំនួន ហើយធ្វើរឿងរ៉ាវពីសំបកក្រៅខ្លះ ប៉ុន្តែមិនសម្រេចបានអ្វីច្រើនទេនៅក្នុងកិច្ចការ។ នៅទីបំផុត ផ្លែពុទ្រាក៏ទុំ ហើយចិត្តរបស់គាត់ពោរពេញទៅដោយក្ដីសប្បាយរីករាយ៖ «នៅទីបំផុត ខ្ញុំអាចញ៉ាំផ្លែពុទ្រាបានហើយ។ ថ្ងៃដែលខ្ញុំស្រមៃចង់បាន ទីបំផុតបានមកដល់ហើយ!»។ ពេលដែលផ្លែពុទ្រាទុំភ្លាម គាត់ក៏ចាប់ផ្ដើមញ៉ាំវា ស្របពេលជាមួយគ្នានោះ គាត់ក៏រិះគិតនៅក្នុងចិត្តថា៖ «វាមិនល្អទេដែលខ្ញុំគ្រាន់តែញ៉ាំផ្លែពុទ្រានៅទីនេះជារៀងរាល់ថ្ងៃនោះ។ ខ្ញុំមិនអាចស្នាក់នៅត្រឹមតែដើម្បីញ៉ាំផ្លែពុទ្រាឡើយ។ ចុះបើបងប្អូនប្រុសស្រីសម្គាល់ដឹងវិញនោះ? ខ្ញុំត្រូវតែគិតរកវិធីដើម្បីធ្វើឱ្យពួកគេឱ្យផ្លែពុទ្រាខ្លះមកខ្ញុំ ដើម្បីយកទៅជាមួយ។ ប្រសិនបើពួកគេមិនឱ្យវាមកខ្ញុំទេ ខ្ញុំត្រូវតែខិតខំប្រឹងប្រែង និងនិយាយអ្វីបន្ថែមទៀត ដើម្បីជំរុញរឿងនេះឱ្យទៅមុខ»។ នៅពេលបងប្អូនប្រុសស្រីដែលរស់នៅទីនោះឃើញថា គាត់ចូលចិត្តញ៉ាំផ្លែពុទ្រាភ្លាម ពួកគេក៏និយាយថា ពួកគេនឹងឱ្យផ្លែពុទ្រាខ្លះទៅគាត់ ដើម្បីយកទៅជាមួយ នៅពេលគាត់ចាកចេញ។ ពេលដែលគាត់ឮបែបនេះ គាត់សប្បាយចិត្តណាស់ ប៉ុន្តែមាត់របស់គាត់និយាយថា៖ «ខ្ញុំមិនអាចយកបានទេ។ វាមិនស្របតាមគោលការណ៍ឡើយ។ អ្នកជឿមិនអាចលោភលន់ចង់បានរបស់នេះទេ។ តើខ្ញុំមិនមែនកំពុងកេងចំណេញពីអ្នករាល់គ្នាទេឬ? ខ្ញុំមិនអាចយកវាដោយមិនបង់ប្រាក់ឱ្យអ្នកបានទេ។ ពេលខ្ញុំចាកចេញ ខ្ញុំនឹងបង់ប្រាក់ឱ្យអ្នករាល់គ្នាចំពោះរបស់នេះ»។ ពាក្យសម្ដីដែលគាត់និយាយទាំងនេះ គ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះ។ នៅពេលគាត់ញ៉ាំស្ទើរតែឆ្អែតទៅហើយ ហើយដល់ពេលត្រូវចាកចេញ នៅក្នុងចិត្តរបស់គាត់នៅតែគិតជានិច្ចថា៖ «តើពួកគេនឹងមិនឱ្យខ្ញុំសោះ ឬក៏គ្រាន់តែឱ្យរបស់មិនល្អខ្លះមកខ្ញុំ? ខ្ញុំចង់ញ៉ាំផ្លែធំៗ និងផ្លែល្អៗ»។ ពីរថ្ងៃមុនពេលគាត់រៀបនឹងចាកចេញ គាត់តែងតែនិយាយថា៖ «ផ្លែពុទ្រាទាំងអស់ ស្ទើរតែត្រូវបានបេះអស់ទៅហើយ តើមែនទេ? តើនៅឆ្នាំក្រោយ វាទុំនៅពេលណា?» តាមរយៈពាក្យសម្ដីនេះ គាត់មានន័យថារំលឹកបងប្អូនប្រុសស្រី កុំឱ្យភ្លេចឱ្យផ្លែពុទ្រាខ្លះទៅគាត់ ដើម្បីយកទៅជាមួយ។ បងប្អូនប្រុសស្រីទាំងអស់យល់ភ្លាម ពេលដែលពួកគេឮបែបនេះ៖ «មើលទៅ ពួកយើងដាច់ខាតត្រូវតែឱ្យផ្លែពុទ្រាខ្លះទៅគាត់ ដើម្បីយកទៅជាមួយ មុនពេលគាត់ចាកចេញ ហើយពួកយើងត្រូវតែបេះផ្លែល្អៗឱ្យគាត់ បើមិនដូច្នេះទេ គាត់អាចនឹងធ្វើឱ្យពួកយើងជួបការលំបាកមិនខាន»។ នៅទីបំផុតដល់ពេលដែលគាត់ត្រូវចាកចេញ បងប្អូនប្រុសស្រីក៏ឱ្យកេសធំៗចំនួនបីទៅគាត់ ដើម្បីយកទៅជាមួយ។ គាត់មិនអាចយួរវាដោយខ្លួនឯងបានទេ ហើយក៏ឱ្យអ្នកផ្សេងដែលនៅក្រោមបង្គាប់គាត់ ជួយយួរ។ មុនពេលគាត់ចាកចេញ គាត់ញ៉ាំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទោះបីជាវាធ្វើឱ្យគាត់ឈឺ ក៏គាត់មានអារម្មណ៍ថាវាសមតម្លៃដែរ។ គាត់ខ្លាចថាគាត់នឹងមិនអាចញ៉ាំវាបានម្ដងទៀតទេ បន្ទាប់ពីគាត់ចាកចេញទៅ។ នៅពេលគាត់ចាកចេញ គាត់នៅតែរារែកចិត្ត ហើយគាត់គិតថា៖ «លើកនេះ ខ្ញុំបានញ៉ាំល្មមគ្រាន់ហើយ។ ខ្ញុំនឹងមកម្ដងទៀតនៅពេលនេះនាឆ្នាំក្រោយ។ ខ្ញុំមិនចាំបាច់មកលឿនពេកទេ ប៉ុន្តែខ្ញុំក៏មិនអាចមកយឺតពេកដែរ។ ខ្ញុំគួរតែមកចំពេលដែលផ្លែពុទ្រាទុំល្មម។ បែបនោះ ខ្ញុំអាចញ៉ាំផ្លែស្រស់ៗខ្លះ ហើយនៅពេលដែលវាស្ងួត ខ្ញុំអាចញ៉ាំផ្លែស្ងួតខ្លះ។ ខ្ញុំក៏អាចយកពុទ្រាខ្លះទៅជាមួយបន្ថែមទៀត នៅពេលខ្ញុំចាកចេញ»។ តើគាត់មិនបានគិតគូររឿងនេះយ៉ាងល្អិតល្អន់ទេឬ? អ្វីទាំងអស់ដែលចិត្តរបស់គាត់គិត គឺមានតែរឿងទាំងនេះប៉ុណ្ណោះ។ គាត់តែងតែគិតអំពីការកេងចំណេញ និងរិះរកល្បិចដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បាន ក៏ដូចជាបោកប្រាស់យករបស់របរពីបងប្អូនប្រុសស្រី ដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់។ គាត់នឹងមិនរំលងរបស់ដែលគួរឱ្យចង់បានណាមួយ ដែលគាត់ឃើញឡើយ។ ទោះបីជាវាជារបស់ដែលមិនសូវលេចធ្លោក៏ដោយ ឱ្យតែវាទាក់ភ្នែកគាត់ និងដិតជាប់ក្នុងចិត្តរបស់គាត់ នោះធានាថា ចុងក្រោយវានឹងធ្លាក់ចូលក្នុងដៃរបស់គាត់ជាមិនខាន។ តើនេះមិនមែនជាឥរិយាបថរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? តើភាពជាមនុស្ស និងចរិតលក្ខណៈរបស់មនុស្សប្រភេទនេះ មិនថោកទាបខ្លាំងទេឬ? មិនថាមនុស្សប្រភេទនេះអាចរងទុក្ខលំបាក និងលះបង់ពីសំបកក្រៅបានល្អកម្រិតណា ហើយពួកគេអាចលះបង់គ្រួសារ និងបោះបង់អាជីពរបស់ពួកគេបានល្អកម្រិតណាក៏ដោយ តើអាចនិយាយបានថា ពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតដែរឬទេ? មិនអាចដាច់ខាត។ មនុស្សទាំងនេះគឺជាប្រភេទមនុស្សដែលទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់ តាមរយៈការជ្រកក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់។
មនុស្សមួយចំនួនទៅកន្លែងផ្សេងៗគ្រប់បែបយ៉ាងដើម្បីផ្សាយដំណឹងល្អ និងបំពេញកិច្ចការ ហើយនៅពេលពួកគេត្រឡប់មកផ្ទះវិញ ពួកគេនាំយកផលិតផលពិសេសៗប្រចាំតំបន់ផ្សេងៗគ្នាពីកន្លែងនីមួយៗ ឬសូម្បីតែរបស់ដែលពួកគេបានគាបទារពីបងប្អូនប្រុសស្រី ត្រឡប់មកវិញ។ មិនថាវាជាសម្លៀកបំពាក់ម៉ាកល្បីៗ ឬគ្រឿងអេឡិចត្រូនិកក៏ដោយ ឱ្យតែវាទាក់ភ្នែកពួកគេ ពួកគេមិនរំលងវាឡើយ ហើយពួកគេសុំយកវា។ ប្រសិនបើអ្នកមិនឱ្យវាទៅពួកគេទេ ពួកគេនឹងគិតរកលេសគ្រប់បែបយ៉ាងដើម្បីលួសកាត់អ្នក នឹងធ្វើឱ្យអ្នកយល់ពីមូលហេតុដែលពួកគេកំពុងលួសកាត់អ្នក ហើយនឹងមិនព្រមឈប់ឡើយ រហូតទាល់តែទីបំផុតអ្នកឱ្យវាទៅពួកគេ។ មនុស្សទាំងនេះបោកប្រាស់យករបស់ដែលគួរឱ្យចង់បានគ្រប់បែបយ៉ាងសម្រាប់ខ្លួនពួកគេ តាមរយៈការជ្រកក្រោមស្លាកនៃការបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេមិនរាថយឡើយ នៅពេលព្យាយាមទទួលបានរបស់ដែលគួរឱ្យចង់បានទាំងនេះ។ ជួនកាល បងប្អូនប្រុសស្រីឱ្យរបស់បន្តិចបន្តួចទៅពួកគេ ប៉ុន្តែមនុស្សទាំងនេះគិតថាវាមិនសូវមានតម្លៃលុយកាក់ច្រើនទេ ហើយនិយាយថា៖ «អត់ទេ អរគុណហើយ។ ព្រះជាម្ចាស់បានប្រទានព្រះពរយ៉ាងច្រើនដល់ខ្ញុំ។ ខ្ញុំមិនចង់បានរបស់អ្វីឡើយ»។ ពួកគេប្រើពាក្យសម្ដីបែបនេះដើម្បីបដិសេធ ហើយបញ្ឆោតបងប្អូនប្រុសស្រីឱ្យចូលចិត្តពួកគេ និងវាយតម្លៃពួកគេខ្ពស់។ ក៏ប៉ុន្តែ ប្រសិនបើរបស់ដែលបងប្អូនប្រុសស្រីឱ្យពួកគេ គឺជារបស់ដែលមនុស្សទាំងនេះស្រមៃចង់បាន និងជារបស់ដែលពួកគេត្រូវការ ហើយគិតដល់ជាប្រចាំនោះ នៅពេលពួកគេឃើញរបស់ទាំងនេះ ពួកគេចង់កិបកេងវា ហើយពួកគេដាច់ខាតនឹងមិនទប់ចិត្តឡើយ។ ស្ត្រីខ្លះកិបកេងយកគ្រឿងសម្អាង សម្លៀកបំពាក់ល្អៗ និងស្បែកជើងល្អៗពីដៃរបស់បងប្អូនប្រុសស្រី ហើយបុរសខ្លះបោកប្រាស់យកគ្រឿងប្រើប្រាស់ ម៉ូតូ ឬគ្រឿងអេឡិចត្រូនិកពីដៃរបស់បងប្អូនប្រុសស្រី។ ពួកគេចាត់វិធានការដើម្បីកាន់កាប់រាល់របស់ដែលគួរឱ្យចង់បាន។ មិនថាបងប្អូនប្រុសស្រីមានរបស់ល្អៗអ្វីនោះទេ ឱ្យតែវាទាក់ភ្នែកមនុស្សទាំងនេះ ពួកគេនឹងគិតរកវិធីគ្រប់បែបយ៉ាងដើម្បីទទួលបានវាដោយការបោកប្រាស់។ លើសពីនេះ មនុស្សទាំងនេះថែមទាំងបង្កើតហេតុផលគ្រប់បែបយ៉ាង និងរកលេសគ្រប់បែបយ៉ាងដើម្បីជួបជុំគ្នាញ៉ាំអាហារពេលល្ងាច ហើយស៊ីផឹកអាហារ និងភេសជ្ជៈយ៉ាងច្រើនហួសប្រមាណទៀតផង។ ដល់កម្រិតណា? ទោះពួកគេទៅដល់ទីណាក៏ដោយ ពួកគេសម្លឹងមើលថាតើគ្រួសារណាមានលុយ ហើយគ្រួសារណាហូបចុកបានល្អ បន្ទាប់មក ពួកគេក៏ស្នាក់នៅជាមួយគ្រួសារនោះ ហើយមិនចាកចេញឡើយ។ បន្ទាប់មក ពួកគេបង្កើតលេសគ្រប់បែបយ៉ាងដើម្បីរៀបចំការជួបជុំសម្រាប់អ្នករួមការងារ និងរៀបចំអាហារពេលល្ងាច។ ហើយតើពាក្យសម្ដីបើកឆាករបស់ពួកគេនៅរាល់អាហារពេលល្ងាច គឺជាអ្វី? «ការជួបជុំរបស់យើងនៅថ្ងៃនេះ គឺជាការជួបជុំនៃនគរព្រះ។ អាហារមួយតុនេះ ផ្ដល់ឱ្យយើងនូវការភ្លក់រសជាតិជាមុននៃពិធីជប់លៀងរបស់នគរព្រះ»។ អ្នកដែលអែបអបពួកគេ ប្រញាប់និយាយថា៖ «អាម៉ែន។ អរព្រះគុណព្រះជាម្ចាស់!»។ មានអ្នកដែលគេហៅថាជាអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួន ដែលស៊ីផឹកអាហារ និងភេសជ្ជៈយ៉ាងច្រើនហួសប្រមាណ ទោះពួកគេទៅដល់ទីណាក៏ដោយ។ រាល់ពេលញ៉ាំអាហារ ត្រូវតែមានគ្រឿងផ្សំដែលមានជីវជាតិ ហើយត្រូវតែមានត្រី និងសាច់ ហើយម្ហូបថែមទាំងត្រូវតែផ្លាស់ប្ដូរជារៀងរាល់សប្ដាហ៍ទៀតផង ពួកគេមិនអាចញ៉ាំម្ហូបដដែលៗឡើយ។ បន្ទាប់ពីអាហារពេលល្ងាច ពួកគេត្រូវតែផឹកតែល្អៗ ហើយរកលេសដោយនិយាយថា៖ «ខ្ញុំមិនអាចអត់តែបានទេ។ ខ្ញុំមានបន្ទុកការងារធ្ងន់ជារៀងរាល់ថ្ងៃ ហើយត្រូវតែធ្វើការរហូតដល់យប់ជ្រៅ។ ប្រសិនបើខ្ញុំមិនផឹកតែបន្តិចដើម្បីឱ្យស្វាងទេ ខ្ញុំនឹងមិនអាចធ្វើការនៅពេលយប់បានឡើយ»។ នេះគឺជាអ្វីដែលមាត់របស់ពួកគេនិយាយ ប៉ុន្តែតើពួកគេកំពុងគិតអ្វីនៅក្នុងចិត្តរបស់ពួកគេ? «វាមិនងាយស្រួលទេ ក្នុងការទទួលបានតំណែងដែលខ្ញុំមានសព្វថ្ងៃនេះ។ តើខ្ញុំមិនគួរបញ្ចេញអំណាចរបស់ខ្ញុំបន្តិចទេឬ? លើសពីនេះ ខ្ញុំធ្លាប់ស្រមៃចង់សោយសុខនឹងរបស់ល្អៗមួយចំនួនក្នុងជីវិត ដូច្នេះ តើខ្ញុំមិនគួរគិតរកវិធីគ្រប់បែបយ៉ាងដើម្បីសោយសុខនឹងរបស់ទាំងនេះនៅពេលនេះទេឬ? ប្រសិនបើខ្ញុំមិនប្រើអំណាចនៅពេលដែលខ្ញុំមានវាទេ ខ្ញុំនឹងគ្មានឱកាសធ្វើបែបនេះម្ដងទៀតឡើយ នៅពេលដែលវាបាត់បង់ទៅ។ ខ្ញុំគួរតែហូប និងផឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នរណាទៅដឹងទៅថា តើនឹងមានថ្ងៃមួយដែលខ្ញុំលែងមានតំណែងនេះ ហើយមិនអាចសោយសុខនឹងរបស់ទាំងនេះបានទៀតឬអត់នោះ។ ខ្ញុំនឹងលែងមានឱកាសនេះទៀតហើយ។ អ៊ីចឹង តើជីវិតទាំងមូលរបស់ខ្ញុំនឹងមិនក្លាយជាឥតប្រយោជន៍ទេឬ?» មនុស្សប្រភេទនេះទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់ តាមរយៈការជ្រកក្រោមស្លាកនៃការបំពេញកិច្ចការ។ ពួកគេបំពេញកិច្ចការបន្តិចបន្តួច និងអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិបន្តិចបន្តួច បន្ទាប់មកក៏ចង់បោកប្រាស់យករូបស់ដែលគួរឱ្យចង់បាន និងញ៉ាំរបស់ល្អៗ។
ធ្លាប់មានមនុស្សម្នាក់ដែលធ្វើការនៅកន្លែងមួយ ហើយបងប្អូនប្រុសស្រីដែលរស់នៅក្នុងតំបន់នោះ ត្រូវតែកាប់មាន់មួយក្បាលសម្រាប់មនុស្សម្នាក់នេះជារៀងរាល់ថ្ងៃ។ គាត់បានបង្កើតទម្លាប់មួយ គឺញ៉ាំមាន់មួយក្បាលក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ បន្ទាប់ពីឮបែបនេះ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាដែរ? (ខ្ពើមរអើម។) បងប្អូនប្រុសស្រីចិញ្ចឹមមាន់ដើម្បីយកស៊ុត ហើយនឹងកាប់មាន់ញ៉ាំ លុះត្រាតែវាចាស់ប៉ុណ្ណោះ។ ចាប់តាំងពីមនុស្សនោះមកដល់ សូម្បីតែមាន់កំពុងពង ក៏ត្រូវគេកាប់ដែរ ហើយជាលទ្ធផល មាន់កាន់តែតិចទៅៗ ហើយបងប្អូនប្រុសស្រីក៏ទាល់តម្រិះ។ ក្រោយមក គាត់ត្រូវបានដកហូតតំណែង ហើយត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅតែមិនអាចកែប្រែចំណុចខ្វះខាតដ៏មានបញ្ហានេះបានដដែល។ គាត់ឱ្យប្រពន្ធរបស់គាត់ឱ្យកាប់មាន់ឱ្យគាត់ញ៉ាំជារៀងរាល់ថ្ងៃ បើមិនដូច្នេះទេ គាត់នឹងឈ្លោះប្រកែកជាមួយនាង។ តើនេះជាមនុស្សប្រភេទណាទៅ? ការញ៉ាំសាច់មាន់បានក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់ទៅហើយ។ គាត់ញ៉ាំវាជារៀងរាល់ថ្ងៃ នៅរាល់ពេលញ៉ាំអាហារ។ សូម្បីតែបន្ទាប់ពីត្រូវបានដកហូតតំណែងក៏ដោយ ក៏គាត់នៅតែត្រូវញ៉ាំវាដែរ គាត់បានក្លាយជាញៀននឹងវាទៅហើយ។ តើមនុស្សម្នាក់នេះមិនមានបញ្ហាទេឬ? តើអ្នករាល់គ្នាយល់យ៉ាងណាដែរ តើមនុស្សប្រភេទនេះល្អដែរឬទេ? (មិនល្អទេ។) ជារួមទៅ អ្នកណាដែលជ្រកក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់ ហើយប្រើប្រាស់ឱកាសដែលកើតមានឡើងក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ដើម្បីគាបទារយករបស់របរពីបងប្អូនប្រុសស្រីគ្រប់ពេលវេលា និងដើម្បីទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់គ្រប់ពេលវេលានោះ មិនមែនជាមនុស្សល្អឡើយ។ សារជាតិរបស់ពួកគេ គឺជាសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ មិនថាពួកគេទៅធ្វើការនៅទីណា ឬធ្វើកិច្ចការប្រភេទណានោះទេ ដំបូងឡើយ ពួកគេជ្រើសរើសគ្រួសារទទួលភ្ញៀវដែលមានជីវភាពធូរធារគួរសម និងរស់នៅបានស្រណុកសុខស្រួលគួរសម ដើម្បីទទួលពួកគេ។ តើគោលបំណងរបស់ពួកគេក្នុងការស្វែងរកកន្លែងទាំងនេះ គឺជាអ្វី? គឺដើម្បីហូបចុកបានល្អ និងស្នាក់នៅក្នុងផ្ទះដ៏ល្អ ដើម្បីបំពេញចិត្តសាច់ឈាម។ មានកន្លែងខ្លះដែលពួកគេមិនអាចស្នាក់នៅបាន ដោយសារតែមជ្ឈដ្ឋានមិនអំណោយផល ប៉ុន្តែតើពួកគេនឹងលះបង់ភាពលោភលន់ និងគំនិតរបស់ពួកគេទាំងនេះដែរឬទេ? អត់ទេ ពួកគេនឹងមិនលះបង់ឡើយ។ ពួកគេនឹងស្វែងរកកន្លែងផ្សេងទៀតបែបនេះ ដើម្បីទទួលពួកគេ។ ជាលទ្ធផល បន្ទាប់ពីមនុស្សទាំងនេះបានបំពេញកិច្ចការអស់រយៈពេលជាច្រើនឆ្នាំនៅតំបន់ឆ្ងាយៗ ពួកគេនឹងមានរូបរាងខុសប្លែកពីមុនទាំងស្រុង ហើយនៅពេលពួកគេត្រឡប់មកផ្ទះវិញ បងប្អូនប្រុសស្រីនៅទីនោះនឹងចំណាំពួកគេមិនបានឡើយ មុខរបស់ពួកគេនឹងពេញជាងមុន ពោះរបស់ពួកគេនឹងកំប៉ោងជាងមុន ពួកគេនឹងស្លៀកពាក់បានល្អជាងមុន ពួកគេនឹងរើសចំណីជាងមុន ហើយនឹងវាយឫកខ្ពស់។ តើការលូតលាស់នៃជីវិតរបស់ពួកគេនឹងទៅជាយ៉ាងណា? ជីវិតរបស់ពួកគេនឹងមិនលូតលាស់ទាល់តែសោះ ពួកគេគ្រាន់តែហូបចុក និងស្លៀកពាក់ស្អាតបាត នឹងធាត់ជាងមុន ហើយនឹងញ៉ាំរហូតដល់ថ្នាក់ថ្ពាល់យារ និងពោះកំប៉ោង។ នៅក្នុងមជ្ឈដ្ឋានដ៏អាក្រក់ដូចជានៅចិនដីគោក មិនថាមនុស្សម្នាក់បំពេញភារកិច្ចអ្វីនោះទេ វាជារឿងដែលគួរឱ្យតានតឹងផ្លូវចិត្តណាស់។ ទោះបីជាជួនកាលគេអាចហូបចុកបានល្អ និងស្នាក់នៅក្នុងផ្ទះទទួលភ្ញៀវដែលមានជីវភាពធូរធារក៏ដោយ ក៏ពួកគេនឹងមិនអាចឡើងទម្ងន់បានឡើយ។ ចុះបើដូច្នេះ តើមនុស្សដែលញ៉ាំរហូតដល់ថ្ពាល់យារ និងពោះកំប៉ោង គឺជាមនុស្សប្រភេទណាទៅ? (មនុស្សដែលសោយសុខនឹងផលប្រយោជន៍នៃតំណែង។) គឺអស់អ្នកដែលតែងតែគិតអំពីអ្វីដែលពួកគេនឹងហូប និងផឹក និងអ្វីដែលពួកគេនឹងសោយសុខនៅអាហារទាំងបីពេលរបស់ពួកគេក្នុងមួយថ្ងៃ។ ប្រសិនបើមនុស្សប្រភេទនេះមិនបានញ៉ាំអាហារឆ្ងាញ់ទេ ពួកគេគ្មានអារម្មណ៍ធ្វើការ ឬបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ប្រសិនបើក្រពះរបស់ពួកគេមិនឆ្អែតទេ ចិត្តរបស់ពួកគេក៏មិនស្ងប់ដែរ៖ «ថ្ងៃនេះ ខ្ញុំញ៉ាំអាហារអន់ណាស់។ គ្មានសាច់សោះ ហើយបន្ទាប់ពីញ៉ាំរួច អ្នកមិនបានឆុងតែឱ្យខ្ញុំទៀត។ ដូច្នេះ ខ្ញុំនឹងមិនអើពើនឹងអ្នករាល់គ្នាទេ។ នៅពេលអ្នករាល់គ្នាប្រកបគ្នាអំពីកិច្ចការរបស់ពួកជំនុំ ខ្ញុំនឹងមិននិយាយឡើយ។ ខ្ញុំនឹងសងសឹកដូចគ្នានេះដាក់អ្នករាល់គ្នា។ តើនរណាថាវាមិនអីទេ ដែលអ្នករាល់គ្នាមិនឱ្យអាហារឆ្ងាញ់ៗមកខ្ញុំនោះ? ខ្ញុំត្រូវញ៉ាំអាហារបែបនេះ តែអ្នករាល់គ្នានៅតែចង់ឱ្យខ្ញុំប្រកបគ្នាជាមួយអ្នកទៀត។ គ្មានផ្លូវទេ!»។ នេះគឺជាអ្វីដែលពួកគេគិតនៅក្នុងចិត្ត ប៉ុន្តែពួកគេមិនអាចនិយាយវាចេញមកក្រៅបានឡើយ។ ពួកគេគ្រាន់តែនិយាយថា៖ «យប់មិញ ខ្ញុំធ្វើការយប់ជ្រៅពេក ដូច្នេះរសៀលនេះ ខ្ញុំត្រូវតែគេងថ្ងៃបន្តិចសិន»។ តើពួកគេមិនមែនជាអ្នកបោកប្រាស់ដ៏ធំទេឬ? ពួកគេគេងរហូតដល់ម៉ោងបួន ឬម៉ោងប្រាំរសៀល ហើយមានមនុស្សជាច្រើននៅទីនោះកំពុងរង់ចាំពួកគេ ប៉ុន្តែពួកគេមិនព្រមក្រោកឡើយ។ ស្រាប់តែ ពួកគេធុំក្លិនផ្លែប៉ោម ហើយក៏ស្ទុះចេញពីគ្រែ ដោយបារម្ភថាពួកគេនឹងមិនបានញ៉ាំសូម្បីមួយម៉ាត់។ នេះគឺជារបៀបដែលពួកគេធ្វើការ ហើយនេះគឺជារបៀបដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ មិនថាមនុស្សទាំងនេះទៅទីណា ហើយមិនថាពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់សេចក្ដីអធិប្បាយយ៉ាងណានោះទេ ពួកគេនឹងមិនផ្លាស់ប្ដូរបំណង និងគោលដៅរបស់ពួកគេឡើយ ហើយពួកគេក៏មិនលះបង់មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេដែរ។ របស់របរខាងសម្ភារៈទាំងអស់ គឺជាគោលដៅនៃការដេញតាមរបស់ពួកគេនៅក្នុងជីវិតនេះ ការហូបឆ្ងាញ់ ស្លៀកពាក់ល្អ និងការសោយសុខនឹងការទំនុកបម្រុងយ៉ាងល្អ គឺជាគោលដៅនៃជំនឿរបស់ពួកគេលើព្រះជាម្ចាស់នៅក្នុងជីវិតនេះ។ ពួកគេគិតថា ប្រសិនបើតាមរយៈការជឿលើព្រះជាម្ចាស់ក្នុងជីវិតនេះ ពួកគេអាចបន្តញ៉ាំរបស់ឆ្ងាញ់ៗ ស្លៀកពាក់ខោអាវល្អៗ និងរស់នៅក្នុងផ្ទះល្អៗ ក៏ដូចជាមានបងប្អូនប្រុសស្រីចិញ្ចឹមបីបាច់ពួកគេ ប្រសិនបើពួកគេអាចទទួលបានរបស់ទាំងនេះដោយការបោកប្រាស់ នោះពួកគេនឹងស្កប់ស្កល់នៅក្នុងជីវិតនេះហើយ។ នៅក្នុងពិភពលោកនេះ ការធ្វើកិច្ចការធម្មតាយ៉ាងនឿយហត់ នឹងមិនអាចរកលុយបានច្រើនសម្រាប់មនុស្សម្នាក់ឡើយ ហើយវាមិនងាយស្រួលទេក្នុងការរកលុយតាមរយៈការធ្វើអាជីវកម្ម នោះពួកគេនឹងមិនអាចសោយសុខនឹងរឿងបែបនេះបានឡើយ។ ដូច្នេះ បន្ទាប់ពីរិះគិតពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេ ពួកគេនៅតែគិតថា ការជឿលើព្រះជាម្ចាស់គឺជារឿងល្អបំផុត ដ្បិតពួកគេមិនចាំបាច់ខិតខំប្រឹងប្រែងច្រើនឡើយ។ អ្វីទាំងអស់ដែលពួកគេត្រូវធ្វើ គឺគ្រាន់តែនិយាយពាក្យពីរបីម៉ាត់ រត់ចុះរត់ឡើងបន្តិចបន្តួច និងទទួលរងហានិភ័យបន្តិចបន្តួច បន្ទាប់មក ពួកគេអាចហូប និងស្លៀកពាក់បានស្អាតបាត ថែមទាំងធ្វើឱ្យមនុស្សជាច្រើនបចាំម្រើពួកគេ និងសោយសុខនឹងការប្រព្រឹត្តចំពោះដូចជាភ្ញៀវកិត្តិយសទៀតផង។ ពួកគេគិតថា ការរស់នៅបែបនេះគឺអស្ចារ្យណាស់ ហើយថាពួកគេត្រូវបានប្រទានព្រះពរយ៉ាងច្រើនដោយសារការជឿលើព្រះជាម្ចាស់។ ដូច្នេះ ពួកគេតែងតែនិយាយរឿងមិនស្មោះត្រង់នៅចំពោះមុខបងប្អូនប្រុសស្រីដូចជា៖ «ព្រះជាម្ចាស់បានប្រទានអំណោយទានដល់ពួកយើងច្រើនពេកហើយ ច្រើនសម្បូរបែបណាស់ ហើយច្រើនជាងអ្វីដែលមនុស្សធ្លាប់បានសុំ ឬប្រាថ្នាចង់បានទៅទៀត»។ ពាក្យសម្ដីទាំងនេះគឺត្រឹមត្រូវ ប៉ុន្តែវាផ្ទុយស្រឡះទាំងស្រុងទៅនឹងការដេញតាម និងចរិតលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងគំនិត បំណង និងគោលដៅរបស់ពួកគេ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺបោកប្រាស់មនុស្ស។ រូបរាងសំបកក្រៅរបស់ពួកគេដែលរត់ចុះរត់ឡើង និងលះបង់ខ្លួនឯង ក៏សុទ្ធតែដើម្បីបោកប្រាស់មនុស្សដែរ។ មានតែការគិតគូរ បំណង និងភាពលោភលន់នៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ ដែលជាការពិត។ នេះគឺជាចរិតលក្ខណៈរបស់មនុស្សទាំងនេះ។ មិនថាពួកគេធ្វើអ្វី ឬទៅទីណានោះទេ សេចក្ដីរីករាយខាងសម្ភារៈទាំងនេះ គឺស្ថិតនៅលំដាប់កំពូលនៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេនឹងមិនលះបង់វាចោលឡើយ ហើយក៏មិនភ្លេចពីរឿងទាំងនោះជាដាច់ខាត។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណានោះទេ ហើយមិនថាអ្នកប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ពួកគេនឹងបំពេញភារកិច្ចរបស់ពួកគេ ទាំងប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវភាពលោភលន់ និងបំណងប្រាថ្នាទាំងនេះ ហើយលាក់ទុកនូវចេតនា និងគោលដៅទាំងនេះ ហើយមិនថាពួកគេមានតំណែង ឬគ្មានតំណែងនោះទេ ក៏ចេតនារបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។
ករណីទីពីរ៖ ការថ្នាំងថ្នាក់ចិត្តដោយសារមិនអាចទៅបរទេសបាន
នៅពេលដែលខ្ញុំកំពុងធ្វើការនៅចិនដីគោក មានអ្នកដឹកនាំម្នាក់ដែលបានគិតថា គាត់អាចទៅបរទេសជាមួយពួកយើងបាន ហើយគាត់សប្បាយចិត្តនឹងរឿងនេះណាស់។ គាត់បានគិតថា៖ «ទីបំផុត ខ្ញុំធ្វើបានសម្រេចហើយ។ ទីបំផុត ខ្ញុំអាចសោយសុខនឹងព្រះពរដ៏អស្ចារ្យជាមួយព្រះជាម្ចាស់បានហើយ! ពីមុន ខ្ញុំបានរងទុក្ខលំបាកជាមួយព្រះជាម្ចាស់។ ថ្ងៃនេះ ទីបំផុតខ្ញុំទទួលបានរង្វាន់ហើយ។ ខ្ញុំស័ក្ដិសមនឹងទទួលបានរឿងនេះ។ យ៉ាងហោចណាស់ ខ្ញុំក៏ជាអ្នកដឹកនាំម្នាក់ដែរ ហើយខ្ញុំបានឆ្លងកាត់ទុក្ខវេទនាជាច្រើន ដូច្នេះ នៅពេលដែលមានរឿងល្អបែបនេះចូលមកដល់ជីវិតខ្ញុំ ខ្ញុំគួរតែអាចមានចំណែកនៅក្នុងរឿងនេះ ខ្ញុំគួរតែអាចសោយសុខនឹងរបស់ដែលគួរឱ្យចង់បាននេះ»។ នេះគឺជាអ្វីដែលគាត់បានគិត។ ក៏ប៉ុន្តែ បន្ទាប់ពីបានចំណាយពេលនៅក្បែរគាត់មួយរយៈមក ខ្ញុំបានកត់សម្គាល់ឃើញថា គាត់គ្មានគោលការណ៍ចំពោះរឿងដែលគាត់បាននិយាយ និងបានធ្វើឡើយ គាត់មិនមានភាពជាមនុស្សល្អទេ ចេតនា និងបំណងប្រាថ្នារបស់គាត់ក្នុងការទទួលបានព្រះពរ គឺខ្លាំងក្លាណាស់ ហើយជួនកាលគាត់ចាំបាច់ត្រូវតែទទួលការលួសកាត់។ បន្ទាប់ពីត្រូវបានគេលួសកាត់ជាច្រើនដងមក គាត់ក៏គិតថា៖ «ពេលនេះ ខ្ញុំចប់ហើយ។ ខាងលើបានមើលធ្លុះពីខ្ញុំ ហើយពួកគេមិនបានលើកឡើងពីការទៅបរទេសទៀតទេ។ មើលទៅ ខ្ញុំគ្មានសង្ឃឹមបានទៅបរទេសឡើយ»។ គាត់គិតត្រឡប់ចុះត្រឡប់ឡើងពីរឿងទាំងនេះនៅក្នុងចិត្តរបស់គាត់ជាប់ជានិច្ច។ តាមពិតទៅ ពួកយើងអាចមើលឃើញថា គាត់មិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតឡើយ ជាមូលដ្ឋាន គាត់មិនស័ក្ដិសមនឹងទៅបរទេសទេ ហើយថា ទោះបីជាគាត់បានទៅបរទេសក៏ដោយ ក៏គាត់នឹងមិនអាចបំពេញកិច្ចការអ្វីបានដែរ ដូច្នេះ ពួកយើងមិនបាននិយាយពីរឿងនេះជាមួយគាត់ឡើយ។ គាត់មានអារម្មណ៍ថាគាត់គ្មានសង្ឃឹមបានទៅបរទេសទេ ដូច្នេះ គាត់ក៏ចាប់ផ្ដើមរៀបចំផែនការផ្សេងទៀត។ ថ្ងៃមួយ គាត់បានចេញទៅក្រៅ ហើយមិនដែលត្រឡប់មកវិញឡើយ។ គាត់គ្រាន់តែបន្សល់ទុកសំបុត្រមួយច្បាប់ដែលសរសេរថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានបំពេញកិច្ចការមួយចំនួន។ ពេលនេះ អ្នករាល់គ្នាកំពុងទៅបរទេស ប៉ុន្តែខ្ញុំមិនស័ក្ដិសមនឹងទៅជាមួយអ្នករាល់គ្នាទេ។ នៅថ្ងៃខាងមុខ ខ្ញុំនឹងចំណាយពេលដើម្បីប៉ះប៉ូវសងចំពោះរឿងនេះ។ ព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំ ដូច្នេះ ខ្ញុំនឹងចាកចេញពីទ្រង់។ ខ្ញុំនឹងមិនធ្វើឱ្យទ្រង់ទតមើលមនុស្សដែលទ្រង់ស្អប់ខ្ពើមឡើយ។ ខ្ញុំនឹងលាក់ខ្លួនហើយ»។ ពាក្យសម្ដីទាំងនេះស្ដាប់ទៅហាក់ដូចជាសមហេតុផល ហើយមិនមានបញ្ហាធំដុំអ្វីជាមួយពាក្យសម្ដីទាំងនោះឡើយ។ បន្ទាប់មក គាត់បាននិយាយថា៖ «វាទៅជាបែបនេះតាំងពីខ្ញុំកើតមកម្ល៉េះ។ មិនថាខ្ញុំនៅជាមួយនរណាទេ ខ្ញុំគ្រាន់តែត្រូវបានគេប្រើប្រាស់ប៉ុណ្ណោះ។ ខ្ញុំអាចរងទុក្ខលំបាកជាមួយអ្នកដទៃបាន ប៉ុន្តែមិនអាចសោយសុខនឹងព្រះពរជាមួយពួកគេបានឡើយ»។ តើគាត់មានន័យយ៉ាងណាចំពោះសម្ដីនេះ? (គាត់គិតថាគាត់ត្រូវបានព្រះជាម្ចាស់ប្រើប្រាស់។) នោះហើយជាអ្វីដែលគាត់ចង់មានន័យពិតប្រាកដ។ ជាពិសេស នៅពេលដែលគាត់និយាយថា «មិនថាខ្ញុំនៅជាមួយនរណាទេ ខ្ញុំអាចត្រឹមតែរងទុក្ខជាមួយពួកគេ ខ្ញុំមិនអាចសោយសុខនឹងព្រះពរជាមួយពួកគេបានឡើយ» អ្វីដែលគាត់ចង់មានន័យនោះគឺ «ខ្ញុំបានរងទុក្ខលំបាកយ៉ាងច្រើន និងរ៉ាប់ងហានិភ័យយ៉ាងច្រើនជាមួយអ្នករាល់គ្នា ប៉ុន្តែដល់ពេលដែលត្រូវសោយសុខនឹងព្រះពរជាមួយអ្នករាល់គ្នា អ្នករាល់គ្នាបែរជាមិនព្រមទៅវិញ»។ តាមរយៈការនិយាយពាក្យសម្ដីទាំងនេះ គាត់កំពុងតែត្អូញត្អែរ ហើយការថ្នាំងថ្នាក់ចិត្តក៏បានកើតឡើងនៅក្នុងខ្លួនគាត់ ដោយសារតែបញ្ហានេះ។ មាត់របស់គាត់និយាយថា «ព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំ។ ខ្ញុំនឹងចាកចេញពីព្រះជាម្ចាស់។ ខ្ញុំនឹងមិនធ្វើឱ្យទ្រង់មានព្រះហឫទ័យស្អប់ខ្ពើមឡើយ» ប៉ុន្តែនៅក្នុងចិត្តរបស់គាត់ តាមពិតគាត់កំពុងតែថ្នាំងថ្នាក់ចិត្តថា៖ «អ្នករាល់គ្នាកំពុងទៅបរទេសដើម្បីសោយសុខនឹងព្រះពរ ហើយចង់កម្ចាត់ខ្ញុំចោល!» តើនេះជាអ្វីដែលបានកើតឡើងពិតប្រាកដមែនទេ? (មិនមែនទេ។) ចុះតើមានរឿងអ្វីកើតឡើង? គាត់គិតថាពួកយើងលួសកាត់គាត់ ពីព្រោះពួកយើងចង់កម្ចាត់គាត់ចោល មិនមែនដោយសារតែគាត់មិនបានដេញតាមសេចក្ដីពិត ឬគ្មានគោលការណ៍ចំពោះអ្វីដែលគាត់បាននិយាយ និងបានធ្វើនោះទេ។ គាត់មិនយល់ថាគាត់មានបញ្ហាឡើយ។ ផ្ទុយទៅវិញ គាត់គិតថា៖ «ខ្ញុំបានរងទុក្ខលំបាកជាមួយអ្នក ដូច្នេះ ខ្ញុំគួរតែសោយសុខនឹងព្រះពរជាមួយអ្នក។ អ្នកដាច់ខាតត្រូវតែអនុញ្ញាតឱ្យខ្ញុំចូលទៅក្នុងនគរព្រះ និងអនុញ្ញាតឱ្យខ្ញុំក្លាយជារាស្ដ្រម្នាក់នៃនគរព្រះ។ មិនថាខ្ញុំធ្វើអ្វីក៏ដោយ អ្នកមិនគួរបោះបង់ខ្ញុំចោលជាដាច់ខាត»។ តើនេះមិនមែនជាអ្វីដែលគាត់បានគិតទេឬ? (មែនហើយ។) តើសារជាតិនៃរបៀបគិតបែបនេះគឺជាអ្វី? (វាគឺជាសារជាតិដូចគ្នានឹងប៉ុលដែរ នៅពេលដែលគាត់ព្យាយាមធ្វើការជួញដូរជាមួយព្រះជាម្ចាស់ ដើម្បីដោះដូរយកមកុដមួយ។) ត្រឹមត្រូវហើយ វាគឺជាសារជាតិរបស់ប៉ុល។ គាត់បានជឿលើព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ រងទុក្ខលំបាក និងលះបង់ ដើម្បីទទួលបានមកុដ និងទទួលបានព្រះពរ។ គាត់មិនមានសេចក្ដីជំនឿពិតប្រាកដទេ ហើយគាត់ក៏មិនបានដេញតាមសេចក្ដីពិតដែរ។ គាត់គ្រាន់តែព្យាយាមធ្វើការជួញដូរជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ ប្រសិនបើការជួញដូរនេះបរាជ័យ គាត់មិនទទួលបានព្រះពរ ហើយគាត់មានអារម្មណ៍ថាគាត់ខាតបង់ នោះគាត់នឹងក្លាយជាខឹងសម្បាយ៉ាងខ្លាំង មានអារម្មណ៍ថារឿងទាំងមូលគឺជារឿងឥតប្រយោជន៍ ហើយក៏ធ្វើអ្វីដោយមិនខ្វល់ខ្វាយ រួចការថ្នាំងថ្នាក់ចិត្តក៏កើតឡើងនៅក្នុងចិត្តរបស់គាត់។ ទាំងនេះគឺជារឿងដែលគាត់បានបញ្ចេញឱ្យឃើញ នៅពេលដែលគាត់និយាយ។ តើមនុស្សម្នាក់នេះបានធ្វើអ្វីបន្តទៀត? ក្រោយមកទៀត មនុស្សម្នាក់នេះបានទៅធ្វើអាជីវកម្ម ហើយមាននារីវ័យក្មេងជាច្រើននាក់នៅចោមរោមគាត់។ ទោះបីជាគាត់មិនបាននិយាយថាគាត់មិនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏គាត់មិនបានបំពេញភារកិច្ចរបស់ខ្លួនដែរ ហើយក៏មិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ទៀតឡើយ។ គ្មាននរណាម្នាក់ធ្លាប់គិតថា គាត់នឹងបោះបង់ឱកាសរបស់គាត់ក្នុងការដើរតាមព្រះជាម្ចាស់ ហើយបន្ទាប់មកទៅធ្វើអាជីវកម្ម គ្រាន់តែដោយសារគាត់ត្រូវបានគេលួសកាត់បន្តិចបន្តួចសោះនោះទេ។ ឥរិយាបថខឹងសម្បារបស់គាត់ និងរបៀបដែលគាត់បង្ហាញចេញពីមុនមក គឺប្រៀបដូចជាមនុស្សពីរនាក់ផ្សេងគ្នាអ៊ីចឹង។ នេះគឺជាធម្មជាតិរបស់គាត់ដែលកំពុងលាតត្រដាងឱ្យឃើញពីខ្លួនវា។ ពីមុន គាត់មិនបានធ្វើបែបនេះទេ គឺដោយសារតែស្ថានការណ៍សមស្របមិនទាន់មកដល់ប៉ុណ្ណោះ។ នេះគឺជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា គាត់បានលាក់បាំងធាតុពិតរបស់គាត់ ធ្វើពុតជាមិនមែនជាខ្លួនគាត់ និងទប់ខ្លួនឯងមិនឱ្យធ្វើវា។ ប្រសិនបើអ្នកពិតជាមនុស្សល្អមែន មិនថាអ្នកជួបប្រទះនឹងស្ថានការណ៍បែបណានោះទេ ជាដំបូង អ្នកត្រូវតែឈរឱ្យបានរឹងមាំនៅកន្លែងរបស់អ្នក និងដឹងថាអ្នកជានរណា។ ម្យ៉ាងទៀត តើមនុស្សដែលពិតជាមានភាពជាមនុស្សខ្លះ អាចធ្វើរឿងរ៉ាវ និងអំពើអាក្រក់ដែលគ្មានភាពជាមនុស្សបានដែរឬទេ? (មិនអាចទេ។) ពួកគេដាច់ខាតមិនអាចធ្វើបានឡើយ។ តាមរយៈរឿងនេះ វាច្បាស់ណាស់ថា នៅពេលមនុស្សមិនអាចទទួលយកសេចក្ដីពិតបាន នោះវាគឺជារឿងដែលបះបោរបំផុត ហើយពួកគេស្ថិតក្នុងគ្រោះថ្នាក់បំផុត។ ប្រសិនបើពួកគេមិនអាចទទួលយកសេចក្ដីពិតបានទាល់តែសោះ នោះពួកគេគឺជាពួកអ្នកមិនជឿហើយ។ ប្រសិនបើបំណងប្រាថ្នាចង់ទទួលបានព្រះពររបស់មនុស្សបែបនេះ ត្រូវរលាយខ្ទេចខ្ទី នោះពួកគេនឹងចាកចេញពីព្រះជាម្ចាស់។ ហេតុអ្វីបានជាដូច្នេះ? (ពីព្រោះអ្វីដែលពួកគេដេញតាម គឺការទទួលបានព្រះពរ និងការសោយសុខនឹងព្រះគុណ។) ពួកគេជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដេញតាមសេចក្ដីពិតឡើយ។ ចំពោះកគេ សេចក្ដីសង្គ្រោះគ្រាន់តែជាគ្រឿងលម្អ និងជាពាក្យសម្ដីដែលពីរោះស្ដាប់ប៉ុណ្ណោះ។ អ្វីដែលចិត្តរបស់ពួកគេដេញតាមគឺរង្វាន់ មកុដ និងរបស់ដែលគួរឱ្យចង់បាន។ ពួកគេចង់ទទួលបានមួយរយដងនៅក្នុងជីវិតនេះ ហើយចង់ទទួលបានជីវិតអស់កល្បជានិច្ចនៅក្នុងបរលោក។ ប្រសិនបើពួកគេមិនអាចទទួលបានរបស់ទាំងនេះទេ នោះពួកគេនឹងមិនជឿឡើយ មុខមាត់ពិតរបស់ពួកគេនឹងលេចចេញមក ហើយពួកគេនឹងចាកចេញពីព្រះជាម្ចាស់។ អ្វីដែលពួកគេជឿនៅក្នុងចិត្តរបស់ខ្លួន មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយក៏មិនមែនជាសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញដែរ ហើយអ្វីដែលពួកគេដេញតាម មិនមែនជាសេចក្ដីសង្គ្រោះឡើយ កុំថាឡើយដល់ការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតឱ្យបានល្អនោះ ផ្ទុយទៅវិញ វាគឺដូចគ្នានឹងប៉ុលដែរ គឺដើម្បីទទួលបានព្រះពរយ៉ាងច្រើនសន្ធឹកសន្ធាប់ កាន់អំណាចធំ ពាក់មកុដធំ និងស្ថិតនៅកម្រិតស្មើនឹងព្រះជាម្ចាស់។ ទាំងនេះគឺជាមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ។ ហេតុដូច្នេះហើយ រាល់ពេលដែលមានផលប្រយោជន៍ ឬរបស់ដែលគួរឱ្យចង់បានណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេដណ្ដើមគ្នាដើម្បីទទួលបានវា ចាប់ផ្ដើមចាត់ថ្នាក់មនុស្សទៅតាមគុណសម្បត្តិ និងភាពចាស់វស្សារបស់ពួកគេ ហើយសញ្ជឹងគិតថា៖ «ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ខ្ញុំគួរតែមានចំណែកនៅក្នុងរឿងនេះ។ ខ្ញុំត្រូវតែដណ្ដើមយកវាឱ្យបាន»។ ពួកគេដាក់ខ្លួនឯងនៅកន្លែងដ៏សំខាន់បំផុតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បន្ទាប់មកក៏គិតថា វាជារឿងស័ក្ដិសមបំផុតដែលពួកគេសោយសុខនឹងផលប្រយោជន៍ទាំងនេះនៃដំណាក់របស់ព្រះជាម្ចាស់។ ឧទាហរណ៍៖ នៅក្នុងរឿងទៅបរទេស គំនិតដំបូងរបស់មនុស្សម្នាក់នោះគឺថា គាត់គួរតែអាចមានចំណែក ថាមនុស្សភាគច្រើនមិនល្អដូចគាត់ទេ មិនបានរងទុក្ខលំបាកច្រើនដូចគាត់ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចគាត់ មិនបានជឿលើព្រះជាម្ចាស់ច្រើនឆ្នាំដូចគាត់ ហើយមិនបានធ្វើជាអ្នកដឹកនាំយូរដូចគាត់ឡើយ។ គាត់បានប្រើគ្រប់លេស និងវិធីសាស្ត្រវាយតម្លៃទាំងអស់ ដើម្បីចាត់ថ្នាក់ខ្លួនឯង។ មិនថាគាត់ចាត់ថ្នាក់មនុស្សយ៉ាងណានោះទេ គាត់តែងតែដាក់ខ្លួនឯងនៅខាងមុខជានិច្ច និងនៅក្នុងជួរនៃអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នៅទីបំផុត គាត់មានអារម្មណ៍ថា វាជារឿងស័ក្ដិសមបំផុតដែលគាត់គួរតែសោយសុខនឹងការទំនុកបម្រុងនេះ។ ពេលដែលគាត់មិនទទួលបានរបស់នេះ ហើយពេលដែលការស្រមើស្រមៃរបស់គាត់ក្នុងការទទួលបានព្រះពរ និងការទទួលបានរបស់ដែលជាផលប្រយោជន៍របស់គាត់ ត្រូវរលាយខ្ទេចខ្ទី គាត់នឹងធ្វើអ្វីម្យ៉ាងចំពោះរឿងនេះ ក្លាយជាខឹងសម្បាយ៉ាងខ្លាំង ប្រកែកតវ៉ាជាមួយព្រះជាម្ចាស់ ជាជាងចុះចូល និងស្វែងរកសេចក្ដីពិត។ វាច្បាស់ណាស់ថា ចិត្តរបស់គាត់ពោរពេញទៅដោយរបស់ដែលគាត់បានដេញតាមទាំងនេះរួចទៅហើយ ហើយវាគ្រប់គ្រាន់ដើម្បីបង្ហាញថា របស់ដែលគាត់បានដេញតាម គឺមិនស្របគ្នាជាមួយសេចក្ដីពិតទាល់តែសោះ។ មិនថាគាត់បានបំពេញកិច្ចការច្រើនប៉ុនណានោះទេ គោលដៅ និងបំណងរបស់គាត់ គ្មានអ្វីក្រៅពីការទទួលបានមកុដឡើយ គឺដូចជាគោលដៅ និងបំណងរបស់ប៉ុលដែរ ហើយគាត់បានប្រកាន់ខ្ជាប់វាយ៉ាងតឹងរ៉ឹង និងមិនដែលបោះបង់វាចោលឡើយ។ មិនថាសេចក្ដីពិតត្រូវបានប្រកបគ្នាប្រាប់គាត់យ៉ាងណានោះទេ មិនថាគាត់ត្រូវបានលួសកាត់ បើកសម្ដែង និងវែកញែកយ៉ាងណានោះទេ គាត់នៅតែប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវបំណងចង់ទទួលបានព្រះពរ ហើយមិនព្រមលះបង់វាចោលឡើយ។ នៅពេលគាត់មិនទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ ហើយឃើញថាបំណងប្រាថ្នាចង់ទទួលបានព្រះពររបស់គាត់ត្រូវរលាយខ្ទេចខ្ទី គាត់ក៏ក្លាយជាអវិជ្ជមាន ហើយដកខ្លួនថយ បោះបង់ភារកិច្ចរបស់គាត់ ហើយរត់គេចខ្លួន។ គាត់មិនបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពិតប្រាកដ ឬបម្រើការបានល្អក្នុងការផ្សាយដំណឹងល្អអំពីនគរព្រះឡើយ ហើយរឿងនេះបើកសម្ដែងយ៉ាងពេញលេញថា គាត់មិនមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ មិនបានចុះចូលយ៉ាងពិតប្រាកដទេ ហើយក៏មិនមានទីបន្ទាល់តាមរយៈបទពិសោធពិតប្រាកដសូម្បីបន្តិចដែរ គាត់គ្រាន់តែជាឆ្កែចចកពាក់ស្បែកចៀម ដែលលាក់ខ្លួននៅក្នុងហ្វូងចៀមប៉ុណ្ណោះ។ នៅទីបំផុត មនុស្សម្នាក់ដែលជាអ្នកមិនជឿដល់ឆ្អឹង ត្រូវបានបើកសម្ដែង និងជម្រុះចោលទាំងស្រុង ហើយជីវិតរបស់គាត់ក្នុងនាមជាអ្នកជឿ ក៏បានឈានដល់ទីបញ្ចប់។ នេះគឺជាករណីមួយ។
នេះមិនមែនជាករណីតែមួយគត់នោះទេ។ នេះមិនមែនជាមនុស្សតែម្នាក់គត់ដែលបានជំពប់ដួល និងត្រូវបានបើកសម្ដែងតាមរយៈរឿងទៅបរទេសនោះឡើយ។ ឧទាហរណ៍ដែលយើងទើបតែបានលើកឡើង គឺនិយាយអំពីបុរសម្នាក់ ប៉ុន្តែមានម្នាក់ទៀតដែលជាស្ត្រី។ ដំបូងឡើយ ផែនការក៏ឱ្យស្ត្រីម្នាក់នេះទៅបរទេសជាមួយពួកយើងដែរ។ នៅពេលរឿងនេះកើតឡើង នាងសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងចិត្ត ហើយក៏ចាប់ផ្ដើមរៀបចំផែនការ និងត្រៀមខ្លួនសម្រាប់រឿងនេះ ប៉ុន្តែនៅទីបញ្ចប់ ដោយសារមូលហេតុផ្សេងៗ នាងមិនអាចទៅបានឡើយ។ នៅពេលនោះ នាងមិនត្រូវបានគេប្រាប់ឱ្យដឹងទេ ពីព្រោះស្ថានការណ៍មានគ្រោះថ្នាក់ពេក។ នៅឯការប្រជុំសម្រាប់អ្នករួមការងារម្ដងនោះ នាងបានដឹងអំពីការសម្រេចចិត្តនេះ។ ចូរវិភាគរឿងនេះមើល៖ តើលទ្ធផលអាចនឹងទៅជាយ៉ាងណា នៅពេលដែលស្ត្រីម្នាក់នេះបានដឹង? (ប្រសិនបើមនុស្សម្នាក់មានការគិតដូចមនុស្សធម្មតា ពួកគេទំនងជាមិនមានប្រតិកម្មធំដុំអ្វីទេ បន្ទាប់ពីបានដឹង។ ពួកគេនឹងពិចារណាថា គឺដោយសារតែស្ថានការណ៍មានគ្រោះថ្នាក់ ទើបពួកគេមិនអាចទៅបរទេសបាន ហើយពួកគេនឹងអាចដោះស្រាយរឿងនេះបានយ៉ាងត្រឹមត្រូវ។ ក៏ប៉ុន្តែ ប្រសិនបើស្ត្រីម្នាក់នេះបានដឹង នាងប្រហែលជាខឹងសម្បាយ៉ាងខ្លាំង ហើយព្យាយាមប្រកែកតវ៉ាជាមួយព្រះជាម្ចាស់មិនខាន។) ត្រឹមត្រូវហើយ អ្នករាល់គ្នាចាប់យល់បានខ្លះៗហើយពីចរិតលក្ខណៈរបស់មនុស្សប្រភេទនេះ។ មនុស្សប្រភេទនេះគឺបែបនេះហើយ មិនថារឿងនោះជារឿងអ្វីក៏ដោយ ពួកគេនឹងមិនព្រមខាតបង់ឡើយ ផ្ទុយទៅវិញ ពួកគេនឹងកេងចំណេញ។ នៅក្នុងគ្រប់រឿងទាំងអស់ ពួកគេត្រូវតែលើសអ្នកដទៃទាំងអស់ និងល្អជាងអ្នកដទៃទាំងអស់។ នៅក្នុងគ្រប់រឿងទាំងអស់ ពួកគេត្រូវតែពូកែបំផុត ពួកគេត្រូវតែទទួលបានរាល់របស់ដែលគួរឱ្យចង់បាន ហើយវាមិនអាចទទួលយកបានឡើយ សម្រាប់ពួកគេដែលមិនមានចំណែកនៅក្នុងរឿងណាមួយនោះ។ បន្ទាប់ពីស្ត្រីម្នាក់នោះបានដឹងពីរឿងនេះ នាងក៏ខឹងសម្បាភ្លាមៗ ហើយននៀលនៅលើដីឡាំប៉ាទាំងកំហឹង។ ចរិតជាអារក្សរបស់នាងត្រូវបានបង្ហាញឱ្យឃើញ ហើយនាងបានស្ដីប្រដៅអ្នករួមការងាររបស់នាង និងបញ្ចេញកំហឹងដាក់ពួកគេ។ តើកំហឹងរបស់នាងកើតចេញពីណា? មើលទៅហាក់ដូចជានាងខឹងនឹងបងប្អូនប្រុសស្រី ប៉ុន្តែតាមពិត តើនាងខឹងនឹងនរណាឱ្យប្រាកដទៅ? (នាងខឹងនឹងព្រះជាម្ចាស់។) នេះគឺជាអ្វីដែលបានកើតឡើង។ ចុះតើអ្វីជាមូលហេតុនៃកំហឹងរបស់នាង? តើឫសគល់របស់វានៅឯណា? (ពីព្រោះបំណងប្រាថ្នារបស់នាងមិនត្រូវបានបំពេញ។) គឺថានាងមិនទទួលបានរបស់ដែលគួរឱ្យចង់បាន ហើយគោលដៅរបស់នាងមិនបានសម្រេច។ នាងមិនជោគជ័យក្នុងការកេងចំណេញទេលើកនេះ ផ្ទុយទៅវិញ អ្នកដទៃទទួលបានផលចំណេញ ហើយនាងមិនអាចមានចំណែក ដូច្នេះ នាងក៏ខឹងសម្បាយ៉ាងខ្លាំង នាងមិនអាចធ្វើពុតបានទៀតទេ នាងបានបញ្ចេញ និងរំសាយនូវភាពមិនពេញចិត្ត និងការថ្នាំងថ្នាក់ចិត្តទាំងអស់នៅក្នុងចិត្តរបស់នាង។ កាលពីមុន នាងត្រូវតែជាអ្នកដឹងមុនគេជានិច្ច អំពីអ្វីដែលខាងលើកំពុងធ្វើ។ នាងតែងតែចង់ទាក់ទងជាមួយខាងលើ ហើយមិនបានប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីឡើយ។ នាងតែងតែចាត់ទុកខ្លួនឯងថាជាបុគ្គលជាន់ខ្ពស់ មិនមែនជាសមាជិកធម្មតាទេ ដូច្នេះ នាងគិតថានាងគួរតែបានទៅបរទេសដែរលើកនេះ ប្រសិនបើគ្មាននរណាម្នាក់ផ្សេងទៀតគួរបានទៅទេ នាងគួរតែបានទៅ។ នាងគឺជាបេក្ខជនចម្បង ហើយនាងគួរតែបានសោយសុខនឹងការទំនុកបម្រុងតាមរបៀបនេះ។ នេះគឺជាអ្វីដែលចិត្តរបស់នាងបានគិតពិតប្រាកដ។ ពេលនេះ នាងឃើញថានាងនឹងមិនបានសោយសុខនឹងការទំនុកបម្រុងតាមរបៀបនេះទេ ការរងទុក្ខលំបាកទាំងអស់ដែលនាងបានឆ្លងកាត់ប៉ុន្មានឆ្នាំមកនេះ គឺសុទ្ធតែឥតប្រយោជន៍ នាងមិនមានឋានៈដែលនាងបានខិតខំប្រឹងប្រែងគ្រប់គ្រង និងការទំនុកបម្រុងដែលនាងចង់បានឡើយ។ ក្នុងមួយប៉ព្រិចភ្នែក រឿងទាំងអស់នេះបានរលាយបាត់ទៅជាអសារបង់។ មិនគួរឱ្យជឿសោះថា នាងមិនអាចបោកប្រាស់យករបស់ដែលគួរឱ្យចង់បានដ៏ធំបែបនេះបានឡើយ មិនគួរឱ្យជឿសោះថា នាងត្រូវបានគេទម្លាក់ចោល ដូច្នេះ នាងគិតថានាងមិនបានកាន់កាប់កន្លែងខ្ពស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ខ្សែការពារនៅក្នុងចិត្តរបស់នាងបានដួលរលំទាំងស្រុង ហើយនាងមិនធ្វើពុតទៀតទេ និងមិនលាក់បាំងរឿងរ៉ាវទៀតឡើយ។ នាងចាប់ផ្ដើមឡាំប៉ាបញ្ចេញកំហឹង ស្រែកគំហកដាក់មនុស្ស បញ្ចេញអារម្មណ៍ ខឹងសម្បា និងបើកសម្ដែងពីធម្មជាតិរបស់នាង ដោយមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ ឬរបៀបដែលពួកគេមើលមកនាងឡើយ។ ក្រោយមក នាងត្រូវបានគេបញ្ជូនទៅក្រុមមួយដើម្បីបំពេញភារកិច្ច។ ក្នុងពេលដែលនាងកំពុងបំពេញភារកិច្ចរបស់ខ្លួន នាងបានធ្វើរឿងអាក្រក់ជាច្រើន ហើយបងប្អូនប្រុសស្រីនៅក្នុងក្រុម ទីបំផុតបានសរសេរសំបុត្ររួមគ្នាមួយច្បាប់ទាមទារឱ្យបណ្ដេញនាងចេញ។ តើអ្វីជាមូលហេតុដែលធ្វើឱ្យនាងត្រូវបានគេបណ្ដេញចេញ? បងប្អូនប្រុសស្រីបានរៀបរាប់ថា សេចក្ដីអាក្រក់ដែលនាងបានធ្វើ អាចពិពណ៌នាបានក្នុងឃ្លាមួយថា៖ ច្រើនរហូតដល់មិនអាចសរសេររៀបរាប់អស់! និយាយម្យ៉ាងទៀត គឺនាងបានធ្វើសេចក្ដីអាក្រក់ច្រើនពេក ហើយធម្មជាតិនៃអ្វីដែលនាងបានធ្វើ គឺធ្ងន់ធ្ងរពេក វាមិនអាចបញ្ជាក់ឱ្យច្បាស់ត្រឹមតែមួយប្រយោគ ឬពីរប្រយោគឡើយ ហើយក៏មិនអាចរៀបរាប់ត្រឹមតែមួយរឿង ឬពីររឿងបានដែរ។ នាងបានធ្វើរឿងអាក្រក់រាប់មិនអស់ ហើយវាធ្វើឱ្យមនុស្សខឹងសម្បា ដូច្នេះ ពួកជំនុំក៏បានបណ្ដេញនាងចេញ។ រឿងអាក្រក់ទាំងនេះដែលនាងបានធ្វើ មិនមែនធ្វើឡើងមុនពេលបញ្ហានៃការទៅបរទេសកើតឡើងនោះទេ ចុះហេតុអ្វីបានជានាងមានសមត្ថភាពធ្វើរឿងទាំងនេះ បន្ទាប់ពីបញ្ហានេះកើតឡើង? ពីព្រោះបញ្ហានៃការទៅបរទេស មិនបានសម្រេចដូចបំណងប្រាថ្នារបស់នាងឡើយ។ វាច្បាស់ណាស់ថា រឿងអាក្រក់ដែលនាងបានធ្វើ និងភាពអាក្រក់ដែលនាងបានបញ្ចេញឱ្យឃើញ គឺជាទម្រង់នៃការសងសឹក និងការបញ្ចេញអារម្មណ៍ ដែលបណ្ដាលមកពីនាងមិនទទួលបានរបស់ដែលគួរឱ្យចង់បាននេះសុទ្ធសាធ។ ចូរប្រាប់ខ្ញុំមកមើល នៅពេលដែលមនុស្សម្នាក់ដែលពិតជាដេញតាមសេចក្ដីពិត និងមានភាពជាមនុស្ស ជួបប្រទះនឹងស្ថានការណ៍បែបនេះ ទោះបីជាពួកគេមិនយល់សេចក្ដីពិតជាច្រើនក៏ដោយ តើពួកគេមានសមត្ថភាពបង្កើតឱ្យមានការបង្ហាញចេញទាំងនេះដែរឬទេ? តើពួកគេមានសមត្ថភាពបញ្ចេញឱ្យឃើញរឿងទាំងនេះដែរឬទេ? អ្នកណាដែលមានភាពជាមនុស្សបន្តិចបន្តួច មានមនសិការបន្តិចបន្តួច និងមានសេចក្ដីខ្មាសអៀនបន្តិចបន្តួច នឹងមិនធ្វើរឿងទាំងនេះឡើយ ផ្ទុយទៅវិញ ពួកគេនឹងទប់ខ្លួនឯង។ ទោះបីជាចិត្តរបស់ពួកគេមិនសប្បាយរីករាយ មិនស្កប់ស្កល់ និងឈឺចាប់បន្តិចបន្តួចក៏ដោយ ក៏ពួកគេគិតអំពីរបៀបដែលពួកគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ ថាពួកគេមិនគួរដណ្ដើមយករបស់នេះទេ ថាអ្នកដែលជឿលើព្រះជាម្ចាស់គួរតែដេញតាមសេចក្ដីពិត ចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់រឿងទាំងអស់ ថាពួកគេមិនគួរមានជម្រើសអ្វីឡើយ ហើយថាមនុស្សគឺជាភាវៈដែលព្រះបានបង្កើត និងមិនមានភាពអស្ចារ្យតាមរបៀបណាមួយឡើយ។ ពួកគេនឹងមិនសប្បាយចិត្តមួយថ្ងៃឬពីរថ្ងៃ ប៉ុន្តែបន្ទាប់មក វានឹងកន្លងហួសទៅ។ ពួកគេនឹងនៅតែជឿដូចដែលពួកគេគួរតែជឿ ហើយនឹងមិនធ្វើសេចក្ដីអាក្រក់ ឬសងសឹកដោយសារតែរឿងនេះឡើយ ហើយពួកគេក៏នឹងមិនបញ្ចេញអារម្មណ៍ដោយសារតែរឿងនេះដែរ។ ផ្ទុយទៅវិញ មនុស្សដែលមិនដេញតាមសេចក្ដីពិត និងមានចរិតលក្ខណៈអាក្រក់បំផុត មានសមត្ថភាពបង្ហាញអំពើអាក្រក់ទាំងអស់នេះ ដែលពួកគេមិនធ្លាប់ធ្វើពីមុនមក គ្រាន់តែដោយសាររឿងតូចតាចមួយប៉ុណ្ណោះ។ ការណ៍នេះពន្យល់ពីបញ្ហា។ វាពន្យល់ពីសារជាតិមនុស្សជាតិនៃមនុស្សប្រភេទនេះ ហើយពន្យល់ពីការដេញតាមពិតប្រាកដនៃមនុស្សប្រភេទនេះ ពោលគឺមុខមាត់ពិតរបស់ពួកគេ ត្រូវបានលាតត្រដាងទាំងស្រុង តាមរយៈការបើកសម្ដែងនៃបញ្ហានេះ។ ទីមួយ សារជាតិរបស់ពួកគេ គឺជាសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទទាំងស្រុង។ ទីពីរ ពួកគេមិនដែលដេញតាមសេចក្ដីពិតទេ ហើយពួកគេក៏មិនដែលចាត់ទុកខ្លួនឯងថាជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះ និងចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនដេញតាមការចុះចូលនឹងព្រះជាម្ចាស់ទេ ពួកគេដេញតាមតែឋានៈ និងការសោយសុខប៉ុណ្ណោះ ពួកគេដេញតាមតែការទំនុកបម្រុងដ៏ល្អប៉ុណ្ណោះ ហើយដេញតាមតែការស្ថិតនៅកម្រិតស្មើនឹងព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីក៏ដោយដែលព្រះជាម្ចាស់សោយសុខ ពួកគេក៏សោយសុខដែរ។ តាមរបៀបនេះ ពួកគេមិនមែនកំពុងដើរតាមព្រះជាម្ចាស់ដោយឥតប្រយោជន៍ឡើយ។ ទាំងនេះគឺជារឿងដែលពួកគេដេញតាម។ នេះគឺជាសារជាតិធម្មជាតិនៃមនុស្សប្រភេទនេះ វាគឺជាមុខមាត់ពិតរបស់ពួកគេ និងជាទិដ្ឋភាពខាងក្នុងនៃចិត្តរបស់ពួកគេ។ បញ្ហានេះបាននាំមកនូវទីបញ្ចប់នៃសេចក្ដីជំនឿរយៈពេលម្ភៃឆ្នាំសម្រាប់ស្ត្រីម្នាក់នេះ អ្វីៗទាំងអស់បានរលាយបាត់បង់អស់។
ចូរប្រាប់ខ្ញុំមកមើល តើមនុស្សពីរនាក់នេះគួរតែនៅទីណានៅពេលនេះ? នៅក្នុងពួកជំនុំ ឬនៅកន្លែងផ្សេង? (នៅក្នុងពិភពដែលមិនជឿ។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? តើអ្នករាល់គ្នាសម្រេចចិត្តបែបនេះដោយរបៀបណា? តើពាក្យសម្ដីរបស់អ្នករាល់គ្នាផ្អែកលើអ្វី? (ពីព្រោះពួកគេគឺជាពួកអ្នកមិនជឿ ហើយជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនមែនក្នុងគោលបំណងដេញតាមការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះទេ។ នៅទីបញ្ចប់ មនុស្សបែបនេះមិនអាចឈរឱ្យបានរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់ពួកគេឡើយ ហើយអាចត្រឹមតែត្រឡប់ទៅរកលោកីយ៍វិញប៉ុណ្ណោះ។) នៅទីបញ្ចប់ ពួកគេមិនអាចឈរឱ្យបានរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់ពួកគេឡើយ ប៉ុន្តែវាមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ចុះម្ដេចបានជាពួកគេបាត់ខ្លួនទៅ? អ្នកត្រូវតែមើលទៅលើអ្វីដែលពួកគេកំពុងគិតនៅក្នុងចិត្ត។ ពួកគេអាចធ្វើរឿងបែបនេះ និងធ្វើការជ្រើសរើសបែបនេះបាន លុះត្រាតែមានសកម្មភាពខ្លះកំពុងកើតឡើងនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ តើពួកគេបានវិភាគ និងវាយតម្លៃបញ្ហានេះតាមរបៀបណា ដែលធ្វើឱ្យពួកគេជ្រើសរើសផ្លូវបែបនេះ? នៅក្នុងចិត្តរបស់ពួកគេ ពួកគេបានគិតថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ និងបានរងទុក្ខលំបាកយ៉ាងច្រើន។ ខ្ញុំតែងតែទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំអាចសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងបាន។ តាមរយៈការនៅជាមួយខាងលើ ខ្ញុំអាចសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង និងបង្ហាញមុខមាត់បាន។ ពេលនេះ ទីបំផុតខ្ញុំមានឱកាសបានទៅបរទេសហើយ។ នេះជារឿងធំណាស់! នេះជារឿងដែលខ្ញុំមិនដែលហ៊ានគិតដល់ឡើយ មុនពេលខ្ញុំជឿលើព្រះជាម្ចាស់។ នេះគឺដូចគ្នានឹងការទទួលបានមកុដតាមរយៈការជឿលើព្រះជាម្ចាស់ដែរ ប៉ុន្តែវាបែរជាក្លាយទៅជាថា ខ្ញុំនឹងមិនមានចំណែកនៅក្នុងរបស់ដែលគួរឱ្យចង់បានដ៏ធំបែបនេះទៅវិញ។ ខ្ញុំមិនអាចទទួលបានវាឡើយ។ ពីមុន ខ្ញុំគិតថាខ្ញុំមានកន្លែងច្បាស់លាស់មួយនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែពេលនេះ ខ្ញុំឃើញថាវាមិនមែនបែបនោះទេ។ មើលទៅហាក់ដូចជាខ្ញុំមិនអាចទទួលបានរបស់ដែលគួរឱ្យចង់បានណាមួយពីការដើរតាមព្រះជាម្ចាស់ឡើយ។ ពួកគេមិនបានគិតដល់ខ្ញុំទេ នៅពេលនិយាយដល់រឿងធំដូចជាការទៅបរទេស អ៊ីចឹង តើវាមិនរឹតតែគ្មានឱកាសសម្រាប់ខ្ញុំក្នុងការទទួលបានមកុដនៅថ្ងៃអនាគតទេឬ? វាមិនប្រាកដទេថានរណានឹងទទួលបានវា ហើយមើលទៅហាក់ដូចជាគ្មានសង្ឃឹមថាជាខ្ញុំឡើយ»។ តើពួកគេនៅតែស្ម័គ្រចិត្តដើរតាមព្រះជាម្ចាស់ទៀតដែរឬទេ នៅពេលពួកគេគិតថាគ្មានសង្ឃឹមនោះ? តើគោលបំណងរបស់ពួកគេក្នុងការរងទុក្ខលំបាក និងលះបង់ពីមុនមក គឺជាអ្វី? គឺដោយសារតែក្ដីសង្ឃឹមបន្តិចបន្តួចនោះ ដោយសារតែគំនិតតូចតាចទាំងនោះដែលពួកគេមាននៅក្នុងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេប្រព្រឹត្តបែបនោះ និងបើកបង្ហាញខ្លួនឯងតាមរបៀបនោះ។ ពេលនេះ ក្ដីសង្ឃឹមរបស់ពួកគេត្រូវរលាយខ្ទេចខ្ទី ហើយគំនិតរបស់ពួកគេក្លាយជាឥតប្រយោជន៍ តើពួកគេអាចបន្តជឿទៀតបានដែរឬទេ? តើពួកគេអាចបន្តស្កប់ស្កល់នឹងការស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនទៀតបានដែរឬទេ? តើពួកគេអាចសុខចិត្តមិនទទួលបានអ្វីសោះ ហើយចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ដែរឬទេ? មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺធំធេងណាស់ ដល់ថ្នាក់ពួកគេដាច់ខាតនឹងមិនសុខចិត្តឱ្យការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេ ទទួលបានលទ្ធផលបែបនេះឡើយ។ អ្វីដែលពួកគេស្រមៃចង់បាន គឺចង់ឱ្យការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគេ រកបានមកុដ និងរបស់ដែលគួរឱ្យចង់បានឱ្យពួកគេជាការដោះដូរមកវិញ ថាមិនថាដំណាក់របស់ព្រះជាម្ចាស់មានរបស់ដែលគួរឱ្យចង់បានអ្វីនោះទេ ក៏ពួកគេគួរតែទទួលបានចំណែកមួយ វាមិនអីទេប្រសិនបើអ្នកដទៃមិនទទួលបាន ប៉ុន្តែពួកគេត្រូវតែទទួលបាន។ តើមនុស្សដែលមានមហិច្ឆតា និងភាពលោភលន់ខ្លាំងបែបនេះ អាចបំពេញភារកិច្ចរបស់ខ្លួនដោយមិនទទួលបានអ្វីជាការតបស្នង និងខិតខំប្រឹងប្រែងដោយមិនទទួលបានអ្វីជាការតបស្នងបានដែរឬទេ? ពួកគេដាច់ខាតមិនអាចសម្រេចរឿងនេះបានឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ចូរឱ្យពួកគេដេញតាមសេចក្ដីពិតចុះ។ ពេលដែលពួកគេបានស្ដាប់សេចក្ដីពិតជាច្រើន តើពួកគេនឹងមិនអាចសម្រេចវាបានទេឬ?» មានមនុស្សផ្សេងទៀតដែលនិយាយថា៖ «ប្រសិនបើព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះពួកគេ តើវានឹងមិនផ្លាស់ប្ដូរពួកគេទេឬ?» តើវាពិតជាបែបនេះមែនឬ? ព្រះជាម្ចាស់មិនវាយផ្ចាល និងជំនុំជម្រះមនុស្សបែបនេះទេ ហើយក៏មិនសង្គ្រោះមនុស្សបែបនេះដែរ។ ពួកគេគឺជាប្រភេទមនុស្សដែលព្រះអង្គនឹងជម្រុះចោលយ៉ាងពិតប្រាកដ។ តើអ្វីដែលខ្ញុំបាននិយាយ មានភាពខុសគ្នាអ្វីខ្លះ បើប្រៀបធៀបទៅនឹងអ្វីដែលអ្នករាល់គ្នាទើបតែបាននិយាយអម្បាញ់មិញនេះ? តើអ្វីដែលអ្នករាល់គ្នាបាននិយាយ គឺជាសកម្មភាពពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេមែនទេ? តើវាជាការបង្ហាញចេញពីសារជាតិនៃមនុស្សប្រភេទនេះមែនទេ? (មិនមែនទេ។) ចុះតើអ្វីដែលអ្នករាល់គ្នាបាននិយាយ គឺជាអ្វីទៅវិញ? (អារម្មណ៍ និងទ្រឹស្ដីទទេសូន្យ។) ធម្មជាតិនៃអ្វីដែលអ្នករាល់គ្នាបាននិយាយ គឺលម្អៀងបន្តិចទៅរកការវិភាគ និងការវាយតម្លៃ ហើយកំពុងវាយតម្លៃ និងកំណត់និយមន័យពួកគេដោយផ្អែកលើទ្រឹស្ដី។ វាមិនមែនជាគំនិត និងការបញ្ចេញឱ្យឃើញពិតប្រាកដរបស់ពួកគេទេ ហើយក៏មិនមែនជាទស្សនៈពិតប្រាកដរបស់ពួកគេដែរ។ នេះគឺជាការបង្ហាញចេញនៃមនុស្សប្រភេទនេះ ដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើមានរបស់ដែលគួរឱ្យចង់បានណាមួយដែលពួកគេមិនទទួលបាន ផលប្រយោជន៍ដែលពួកគេមិនបានសោយសុខ ឬផលចំណេញដែលពួកគេមិនទទួលបាន ពួកគេក៏ខឹងសម្បា បាត់បង់សេចក្ដីជំនឿរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត មិនស្ម័គ្រចិត្តជឿលើព្រះជាម្ចាស់ ចង់រត់គេចខ្លួន និងចង់ធ្វើរឿងអាក្រក់។ ពួកគេធ្វើរឿងអាក្រក់ដើម្បីបញ្ចេញអារម្មណ៍ និងសងសឹក បញ្ចេញការយល់ច្រឡំរបស់ពួកគេអំពីព្រះជាម្ចាស់ និងការថ្នាំងថ្នាក់ចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់។ តើមនុស្សទាំងនេះគួរត្រូវបានដោះស្រាយដែរឬទេ? តើពួកគេគួរត្រូវបានអនុញ្ញាតឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំទៀតដែរឬទេ? (អត់ទេ។) ចុះតើមនុស្សទាំងនេះគួរត្រូវបានដោះស្រាយដោយរបៀបណា? (ពួកគេគួរតែត្រូវបានបណ្ដេញចេញ។) តើមាននរណាម្នាក់ដែលឈប់ជឿ ដោយសារតែពួកគេមិនអាចទៅបរទេសបានដែរឬទេ? (មាន។) តើមនុស្សប្រភេទនេះជាអ្វី? (ជាពួកអ្នកមិនជឿ។ ពួកគេជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីដេញតាមការទទួលបានព្រះពរប៉ុណ្ណោះ ហើយនៅពេលមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេមិនត្រូវបានបំពេញ ពួកគេក៏ក្បត់ព្រះជាម្ចាស់។) ពួកគេអាចឈប់ជឿលើព្រះជាម្ចាស់ ដោយសារតែរឿងតូចតាចបែបនេះ។ មនុស្សបែបនេះមិនអាចនិយាយបានថាមានជំនឿពិតប្រាកដ ឬជំនឿក្លែងក្លាយឡើយ ចរិតលក្ខណៈរបស់ពួកគេគឺទាបថោកណាស់!
ករណីទីបី៖ ការយល់ថាវាមិនអាចទៅរួចក្នុងការបន្តរស់នៅ បន្ទាប់ពីត្រឡប់ទៅផ្ទះនៅជនបទវិញ
មនុស្សមួយចំនួនកើតនៅជនបទ ហើយគ្រួសាររបស់ពួកគេមិនសូវមានលុយកាក់សម្រាប់ការរស់នៅឡើយ។ របស់របរដែលពួកគេប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃគឺសាមញ្ញ ហើយក្រៅពីគ្រែរឹងមួយ ទូមួយ និងតុមួយ គឺគ្មានគ្រឿងសង្ហារិមផ្សេងទៀតនៅក្នុងផ្ទះរបស់ពួកគេឡើយ។ ក្រោមផ្ទះរបស់ពួកគេធ្វើពីឥដ្ឋ ឬដី សូម្បីតែកម្រាលបេតុងក៏ពួកគេគ្មានដែរ។ ស្ថានភាពរស់នៅរបស់ពួកគេគឺខ្សត់ខ្សោយណាស់។ បន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់ ពួកគេបំពេញភារកិច្ចរបស់ខ្លួនក្នុងការផ្សាយដំណឹងល្អ ហើយទៅតំបន់អ្នកមានទ្រព្យមួយចំនួន។ ធ្លាប់មានស្ត្រីម្នាក់បែបនេះ ដែលបានសម្លឹងមើលជុំវិញ ហើយឃើញថាបងប្អូនប្រុសស្រីភាគច្រើនមានកម្រាលឈើ ឬកម្រាលការ៉ូនៅក្នុងផ្ទះរបស់ពួកគេ ជញ្ជាំងត្រូវបានតុបតែងដោយក្រដាសបិទជញ្ជាំង ផ្ទះរបស់ពួកគេស្អាតបាតណាស់ ហើយពួកគេអាចងូតទឹកជារៀងរាល់ថ្ងៃ។ ពួកគេក៏មានគ្រឿងសង្ហារិមជាច្រើននៅក្នុងផ្ទះរបស់ពួកគេផងដែរ៖ ទូទូរទស្សន៍ និងទូធំៗ ក៏ដូចជាសាឡុង និងម៉ាស៊ីនត្រជាក់។ បន្ទប់គេងរបស់ពួកគេមានគ្រែម៉ាកស៊ីម៉ុន ហើយផ្ទះបាយរបស់ពួកគេមានគ្រឿងប្រើប្រាស់គ្រប់ប្រភេទដូចជា៖ ទូទឹកកក ម៉ាស៊ីនកម្ដៅអាហារ ឡដុត ចង្ក្រាន ម៉ាស៊ីនបឺតផ្សែង ជាដើម។ នេះជាទិដ្ឋភាពដ៏ស្រឡាំងកាំង។ ក្រៅពីនេះ នៅក្នុងទីក្រុងធំៗបែបនេះ មានកន្លែងខ្លះដែលនាងអាចជិះជណ្ដើរយន្តដើម្បីឡើងចុះរវាងជាន់នីមួយៗបាន។ កន្លែងនេះបានធ្វើឱ្យនាងភ្លឺភ្នែក ហើយបន្ទាប់ពីធ្វើការ និងផ្សាយដំណឹងល្អនៅទីនោះមួយរយៈ នាងមិនចង់ត្រឡប់ទៅវិញឡើយ។ ហេតុអ្វីបានជាដូច្នេះ? នាងគិតថា៖ «ផ្ទះដីរបស់គ្រួសារខ្ញុំ មិនអាចប្រៀបផ្ទឹមនឹងកន្លែងនេះបានទាល់តែសោះ។ ពួកយើងសុទ្ធតែជឿលើព្រះជាម្ចាស់ ដូច្នេះម្ដេចបានជាមនុស្សទាំងនេះរស់នៅបានល្អជាងគ្រួសារខ្ញុំខ្លាំងម្ល៉េះ? ជីវិតរបស់មនុស្សទាំងនេះគឺដូចជាស្ថានសួគ៌។ គ្រួសារខ្ញុំរស់នៅក្នុងទ្រុងជ្រូក វាអាក្រក់ជាងមនុស្សទាំងនេះឆ្ងាយណាស់!» បន្ទាប់ពីធ្វើការប្រៀបធៀបនេះ នាងមានអារម្មណ៍តូចចិត្ត មានអារម្មណ៍កាន់តែជាប់ជំពាក់នឹងកន្លែងនេះ ហើយរឹតតែមិនចង់ត្រឡប់ទៅវិញ។ នាងគិតថា៖ «ប្រសិនបើខ្ញុំអាចធ្វើការនៅទីនេះរយៈពេលយូរ នោះខ្ញុំនឹងមិនបាច់ត្រឡប់ទៅផ្ទះវិញទេ តើមែនទេ? រូងដីនោះមិនស័ក្ដិសមសម្រាប់មនុស្សស្នាក់នៅឡើយ»។ នាងបានស្នាក់នៅក្នុងទីក្រុងធំមួយរយៈ ហើយរៀនហូបចុក ស្លៀកពាក់ និងសោយសុខក្នុងជីវិតដូចអ្នកក្រុងដែរ ហើយរៀនរស់នៅដូចអ្នកក្រុងដែរ។ នាងមានអារម្មណ៍ថាជីវិតគឺល្អណាស់ក្នុងអំឡុងពេលនោះ។ ការមានលុយគឺជារឿងល្អ។ ការក្រីក្រធ្វើឱ្យមនុស្សគ្មានអនាគត។ មនុស្សក្រីក្រគ្រាន់តែត្រូវបានអ្នកដទៃមើលងាយប៉ុណ្ណោះ ហើយពួកគេថែមទាំងមើលងាយខ្លួនឯងទៀតផង។ កាន់តែនាងគិតពីរឿងនេះ នាងកាន់តែមិនចង់ត្រឡប់ទៅវិញ ប៉ុន្តែនាងមិនអាចធ្វើអ្វីបានឡើយ នាងត្រូវតែត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីមកដល់ផ្ទះ នាងមានអារម្មណ៍ចម្រុះនៅក្នុងចិត្ត ហើយវាពិបាកទ្រាំណាស់។ ពេលដែលនាងចូលទៅក្នុងផ្ទះភ្លាម នាងឃើញថាក្រោមផ្ទះគឺជាដី ហើយនៅពេលនាងអង្គុយលើគ្រែឥដ្ឋ វាមានអារម្មណ៍ថារឹង និងមិនស្រួលសោះ។ នៅពេលនាងស្ទាបជញ្ជាំង ដៃរបស់នាងប្រឡាក់ពេញទៅដោយដី។ នៅពេលនាងនិយាយពីរបស់ឆ្ងាញ់ៗដែលនាងចង់ញ៉ាំ គ្មាននរណាម្នាក់ស្គាល់ឈ្មោះរបស់ទាំងនោះទេ ហើយក៏គ្មានកន្លែងសម្រាប់នាងងូតទឹកដែរ នៅពេលនាងចង់សម្អាតខ្លួនមុនពេលចូលគេង។ នាងគិតថាការរស់នៅបែបនេះគឺទាបថោកពេកហើយ ហើយនាងចងគំនុំនឹងឪពុកម្ដាយរបស់នាងដែលក្រីក្រពេក រហូតមិនអាចទិញអ្វីដែលនាងចង់បាន ហើយតែងតែខឹងសម្បាដាក់ពួកគាត់។ តាំងពីត្រឡប់មកវិញ វាហាក់ដូចជានាងបានក្លាយជាមនុស្សម្នាក់ផ្សេងអ៊ីចឹង។ នាងសម្លឹងមើលសមាជិកគ្រួសាររបស់នាងដោយក្រសែភ្នែកមិនពេញចិត្ត ហើយសម្លឹងមើលអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះដោយក្រសែភ្នែកមិនពេញចិត្ត ដោយគិតថាវាសម្រែពេក រហូតដល់នាងមិនអាចរស់នៅទីនោះបានទៀតទេ ហើយថាប្រសិនបើនាងបន្តរស់នៅទីនោះ នាងនឹងស្លាប់ដោយសារការតូចចិត្តមិនខាន។ ការចាកចេញពីផ្ទះបានធ្វើឱ្យនាងស្គាល់ពិភពលោកខាងក្រៅ ប៉ុន្តែវាបានក្លាយជារឿងអាក្រក់មួយ ដែលធ្វើឱ្យឪពុកម្ដាយរបស់នាងខឹងនឹងនាងយ៉ាងខ្លាំង។ នៅចំណុចនោះ គំនិតមួយបានផុសឡើងក្នុងក្បាលរបស់នាង៖ «ប្រសិនបើឪពុកម្ដាយខ្ញុំមិនជឿលើព្រះជាម្ចាស់ ហើយប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ នោះជីវិតរបស់យើងប្រាកដជាល្អជាងពេលនេះមិនខាន។ ទោះបីជាយើងមិនអាចដេកលើគ្រែម៉ាកស៊ីម៉ុនក៏ដោយ យ៉ាងហោចណាស់យើងក៏អាចហូបចុកបានល្អជាងនេះដែរ ហើយយើងអាចក្រាលការ៉ូនៅក្រោមផ្ទះបាន»។ នាងគិតថានេះគឺជាលទ្ធផលនៃការជឿលើព្រះជាម្ចាស់ ថាការជឿលើព្រះជាម្ចាស់មានន័យថាមនុស្សត្រូវតែក្រីក្រ ថាមនុស្សមិនអាចមានជីវិតល្អទេប្រសិនបើគេជឿលើព្រះជាម្ចាស់ ហើយថាគេមិនអាចញ៉ាំរបស់ឆ្ងាញ់ៗ ឬស្លៀកពាក់ខោអាវល្អៗបានឡើយ។ ចាប់ពីពេលនោះមក ស្ត្រីដ៏ឆ្នើម និងអង់អាចក្លាហានម្នាក់នេះ ដែលធ្លាប់សម្រេចបានសមិទ្ធផលខ្លះៗនៅតាមខេត្តមួយចំនួន មិនអាចងើបខ្លួនរួចឡើយ ហើយមានអារម្មណ៍ងងុយគេងពេញមួយថ្ងៃ។ នាងពិបាកនឹងងើបពីគេងនៅពេលព្រឹកណាស់ ហើយរឿងដំបូងដែលនាងធ្វើគឺរៀបចំខ្លួន និងផាត់មុខ បន្ទាប់មកស្លៀកពាក់ខោអាវដែលមនុស្សនៅទីក្រុងច្រើនតែស្លៀក។ បន្ទាប់មក នាងធ្វើមុខក្រញូវ ហើយរិះគិតថាតើពេលណានាងអាចរួចផុតពីជីវិតនៅតាមខេត្តនេះ ហើយរស់នៅតាមរបៀបដែលមនុស្សនៅទីក្រុងរស់នៅ។ សេចក្ដីអធិប្បាយដែលនាងធ្លាប់ផ្សាយ និងការតាំងចិត្តដែលនាងធ្លាប់មាន គឺបាត់បង់អស់ទៅហើយ នាងបានភ្លេចវាអស់រលីង។ សូម្បីតែថាតើនាងជាអ្នកជឿម្នាក់ឬអត់ ក៏នាងមិនដឹងផង។ នាងផ្លាស់ប្ដូរលឿនបែបនេះឯង។ ដោយសារតែនាងបានស្គាល់ពិភពលោកខាងក្រៅបន្តិច ហើយមជ្ឈដ្ឋានរស់នៅ និងគុណភាពជីវិតរបស់នាងបានផ្លាស់ប្ដូរ នាងក៏ត្រូវបានបើកសម្ដែង។
ពីមុន ស្ត្រីម្នាក់នេះបានទៅគ្រប់ទីកន្លែងដើម្បីអធិប្បាយ និងបំពេញកិច្ចការ។ នាងមានការតាំងចិត្តយ៉ាងមុតមាំ និងមានកម្លាំងយ៉ាងខ្លាំងក្លា ប៉ុន្តែទាំងនេះគ្រាន់តែជារូបរាងសំបកក្រៅប៉ុណ្ណោះ។ សូម្បីតែនាងផ្ទាល់ក៏មិនដឹងថា តើនៅក្នុងជម្រៅចិត្តរបស់នាង នាងដេញតាមអ្វី នាងចូលចិត្តអ្វី ហើយនាងជាមនុស្សប្រភេទណាផង។ បទពិសោធនៃការទៅទីក្រុងតែម្ដង បានផ្លាស់ប្ដូរសភាពជីវិតរបស់នាងដល់ឫសគល់ ហើយការឆ្លងកាត់របៀបរស់នៅដ៏ស្ដុកស្ដម្ភមួយរយៈ បានផ្លាស់ប្ដូរទិសដៅជីវិតរបស់នាងទាំងស្រុង។ តើមូលហេតុពិតប្រាកដគឺជាអ្វី? តើនរណាជាអ្នកផ្លាស់ប្ដូរនាង? មិនអាចជាព្រះជាម្ចាស់ទេ តើមែនទេ? ពិតណាស់ថាមិនមែនទេ។ ចុះតើមូលហេតុគឺជាអ្វី? នោះក៏ព្រោះតែមជ្ឈដ្ឋានបានបើកសម្ដែងនាង បើកសម្ដែងពីសារជាតិធម្មជាតិរបស់នាង ហើយបើកសម្ដែងពីការដេញតាមរបស់នាង និងផ្លូវដែលនាងកំពុងដើរ។ តើនាងកំពុងដើរលើផ្លូវអ្វី? វាមិនមែនជាផ្លូវនៃការដេញតាមសេចក្ដីពិតទេ ហើយក៏មិនមែនជាផ្លូវរបស់ពេត្រុសដែរ ក៏មិនមែនជាផ្លូវរបស់អស់អ្នកដែលត្រូវបានសង្គ្រោះ និងប្រោសឱ្យគ្រប់លក្ខណ៍ដែរ ហើយក៏មិនមែនជាផ្លូវនៃការស្វែងរកការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតនោះដែរ ផ្ទុយទៅវិញ វាគឺជាផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ជាក់ស្ដែង ផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ គឺជាផ្លូវនៃការដេញតាមកេរ្តិ៍ឈ្មោះ ដេញតាមឋានៈ និងដេញតាមសេចក្ដីរីករាយខាងសម្ភារៈ។ នេះគឺជាសារជាតិរបស់មនុស្សប្រភេទនេះ។ ប្រសិនបើរឿងទាំងនេះមិនមែនជាអ្វីដែលនាងដេញតាម ហើយនាងគឺជាមនុស្សដែលដេញតាមសេចក្ដីពិត នោះការផ្លាស់ប្ដូរមជ្ឈដ្ឋានបន្តិចបន្តួចបែបនេះ ដាច់ខាតនឹងមិនអាចបើកសម្ដែងនាងបានឡើយ។ យ៉ាងច្រើនបំផុត ចិត្តរបស់នាងនឹងទន់ខ្សោយបន្តិច នាងនឹងមានអារម្មណ៍តូចចិត្តបន្តិច ហើយវានឹងមានអារម្មណ៍ឈឺចាប់បន្តិចសម្រាប់នាង ឬក៏នាងនឹងមានការបង្ហាញចេញដ៏ល្ងង់ខ្លៅមួយចំនួន ប៉ុន្តែមិនដល់ថ្នាក់ត្រូវបានបើកសម្ដែងយ៉ាងច្បាស់ក្រឡែតបែបនេះឡើយ។ តើសារជាតិនៃការដេញតាមរបស់មនុស្សប្រភេទនេះគឺជាអ្វី? ពួកគេដេញតាមរឿងដូចគ្នាទៅនឹងអ្នកគ្មានជំនឿដែរ ហើយជារឿងដូចគ្នាទៅនឹងមនុស្សណាម្នាក់នៅក្នុងពិភពលោកនេះ ដែលដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងនិន្នាការដ៏អាក្រក់។ ពួកគេចូលចិត្តការតែងខ្លួនបែបទាន់សម័យរបស់អ្នកគ្មានជំនឿ ចូលចិត្តរបៀបដែលអ្នកគ្មានជំនឿដើរតាមនិន្នាការដ៏អាក្រក់ ហើយពួកគេរឹតតែចូលចិត្តភាពងប់ងល់របស់អ្នកគ្មានជំនឿ ក្នុងការមានរបៀបរស់នៅខាងសាច់ឈាមដ៏ហ៊ឺហា។ ហេតុដូច្នេះហើយ ត្រឹមតែការផ្លាស់ប្ដូរមួយនៅក្នុងមជ្ឈដ្ឋានរបស់នាង ទស្សនៈជីវិតរបស់ស្ត្រីម្នាក់នេះ ព្រមទាំងអាកប្បកិរិយារបស់នាងចំពោះពិភពលោកនេះ និងចំពោះជីវិត បានផ្លាស់ប្ដូរទាំងស្រុង។ នាងគិតថា ការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត មិនមែនជារឿងសំខាន់បំផុតនោះទេ ហើយថានៅពេលមនុស្សនៅរស់ក្នុងពិភពលោកនេះ ពួកគេគួរសោយសុខខាងសាច់ឈាម ហើយសោយសុខនឹងជីវិត គួរដេញតាមនិន្នាការសង្គម ហើយគួរតែធ្វើខ្លួនឱ្យដូចជាបុគ្គលដែលមានមន្តស្នេហ៍ និងលេចធ្លោនៅក្នុងសង្គម ដែលធ្វើឱ្យអ្នកដទៃងាកមើលនៅពេលពួកគេដើរកាត់ ធ្វើឱ្យអ្នកដទៃច្រណែន និងធ្វើឱ្យមនុស្សម្នាគោរពបូជាពួកគេ។ មានមនុស្សមួយចំនួន ដែលបន្ទាប់ពីបានជួបប្រទះមជ្ឈដ្ឋានកាន់តែច្រើន ជួបប្រទះមនុស្សគ្រប់ប្រភេទ និងបានស្គាល់ពិភពលោកខាងក្រៅកាន់តែទូលាយ ដោយសារតែពួកគេដេញតាមសេចក្ដីពិត និងដោយសារតែពួកគេយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេកាន់តែមានសមត្ថភាពមើលធ្លុះនិន្នាការដ៏អាក្រក់ទាំងនេះ និងមើលធ្លុះមនុស្សជាតិ។ ចិត្តរបស់ពួកគេកាន់តែអាចស្អប់ខ្ពើមផ្លូវដែលមនុស្សលោកិយនេះកំពុងដើរ ព្រមទាំងវែកដឹងពីវា និងបោះបង់វាចោលទាំងស្រុង ដើម្បីដេញតាមការដើរលើផ្លូវដែលព្រះជាម្ចាស់ណែនាំពួកគេ។ ចំណែកឯមនុស្សដែលមិនដេញតាមសេចក្ដីពិត និងដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទវិញ ពេលដែលពួកគេបានស្គាល់ពិភពលោកខាងក្រៅ និងជួបប្រទះមជ្ឈដ្ឋានផ្សេងៗភ្លាម មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ មិនត្រឹមតែមិនថយចុះប៉ុណ្ណោះទេ ប៉ុន្តែបែរជាកើនឡើង និងកាន់តែធំទៅៗ។ បន្ទាប់ពីមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេកាន់តែធំ មនុស្សទាំងនេះរឹតតែច្រណែននឹងជីវិតរបស់មនុស្សនៅក្នុងលោកីយ៍ ដែលសោយសុខនឹងរបស់ល្អៗ ហើយមានលុយកាក់ និងមានឥទ្ធិពល ហើយពួកគេកើតមានការមើលងាយចំពោះជីវិតរបស់អ្នកជឿ នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ពួកគេគិតថា អ្នកជឿភាគច្រើនមិនដេញតាមលោកីយ៍ គ្មានលុយកាក់ គ្មានឋានៈ គ្មានឥទ្ធិពល និងមិនសូវស្គាល់ពិភពលោកទេ ថាអ្នកជឿទាំងនោះមិនមានមន្តស្នេហ៍ដូចអ្នកគ្មានជំនឿ មិនយល់ពីរបៀបសោយសុខនឹងជីវិតបានល្អដូចអ្នកគ្មានជំនឿ និងមិនចេះអួតសម្ញែងខ្លាំងដូចអ្នកគ្មានជំនឿឡើយ។ ជាលទ្ធផល ការប្រឆាំង និងការប្រទូសរ៉ាយចំពោះការជឿលើព្រះជាម្ចាស់ ក៏ដុះដាលឡើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ហេតុដូច្នេះហើយ សម្រាប់មនុស្សជាច្រើនដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់រហូតមកដល់ពេលនេះ គេមិនអាចដឹងថា តើអ្នកទាំងនោះពិតជាមនុស្សដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទឬអត់នោះទេ ប៉ុន្តែថ្ងៃណាមួយ នៅពេលមជ្ឈដ្ឋានដ៏ស័ក្ដិសមមកដល់ វានឹងបើកសម្ដែងពួកគេមិនខាន។ ពីមុន នៅពេលមនុស្សដែលត្រូវបានបើកសម្ដែង មិនទាន់ត្រូវបានបើកសម្ដែងនៅឡើយ ពួកគេក៏បានគោរពតាមបទប្បញ្ញត្តិ និងធ្វើអ្វីដែលពួកគេគួរតែធ្វើដែរ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ស្នើឱ្យពួកគេធ្វើអ្វីក៏ដោយ ក៏ពួកគេធ្វើវាដែរ ហើយពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខ និងការលះបង់បាន។ ពួកគេមើលទៅហាក់ដូចជាអ្នកដែលបំពេញភារកិច្ចបានល្អ ជាមនុស្សដែលដើរលើផ្លូវត្រូវ ហើយមានលក្ខណៈ និងអាកប្បកិរិយាជាមនុស្សដែលជឿលើព្រះជាម្ចាស់។ ក៏ប៉ុន្តែ មិនថាពួកគេបានធ្វើអ្វីពីសំបកក្រៅនោះទេ ក៏សារជាតិ និងផ្លូវដែលពួកគេកំពុងដើរ មិនអាចទប់ទល់នឹងការល្បងលនៃពេលវេលា ឬការល្បងលនៃមជ្ឈដ្ឋានផ្សេងៗបានឡើយ។ មិនថាមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ ហើយមិនថាមូលដ្ឋាននៃសេចក្ដីជំនឿរបស់គេរឹងមាំកម្រិតណានោះទេ ប្រសិនបើគេមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ ហើយកំពុងដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ នោះគេច្បាស់ជានឹងដេញតាមសេចក្ដីរីករាយខាងសម្ភារៈ ដេញតាមរបៀបរស់នៅដ៏ហ៊ឺហា ដេញតាមការផ្គត់ផ្គង់ខាងសម្ភារៈដ៏ស្ដុកស្ដម្ភ ហើយលើសពីនេះទៅទៀត នឹងដេញតាមរាល់របស់ដែលគួរឱ្យចង់បានគ្រប់ប្រភេទ ស្របពេលជាមួយគ្នានោះ ក៏ច្រណែននឹងអាកប្បកិរិយា និងការប្រព្រឹត្តដែលមនុស្សខាងលោកិយមានចំពោះការរស់នៅផងដែរ។ នេះជារឿងប្រាកដណាស់។ ហេតុដូច្នេះហើយ ទោះបីជាពេលនេះមនុស្សគ្រប់គ្នាកំពុងស្ដាប់សេចក្ដីអធិប្បាយ ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏មនុស្សដែលធ្វើរឿងទាំងនេះ តែមិនដេញតាមសេចក្ដីពិត ច្បាស់ជានឹងដេញតាមរបស់របរខាងសម្ភារៈមិនខាន។ រឿងទាំងនេះនឹងស្ថិតនៅលំដាប់អាទិភាពនៅក្នុងចិត្តរបស់ពួកគេ ហើយពេលដែលមជ្ឈដ្ឋានន ឬកាលៈទេសៈដ៏ស័ក្ដិសមមកដល់ភ្លាម បំណងប្រាថ្នារបស់ពួកគេនឹងដុះដាលឡើង ហើយចាប់ផ្ដើមធ្វើសកម្មភាព។ នៅពេលឈានដល់ចំណុចនេះភ្លាម នោះគឺជាពេលដែលពួកគេនឹងត្រូវបានបើកសម្ដែងហើយ។ ប្រសិនបើមនុស្សមិនដេញតាមសេចក្ដីពិតទេ មិនយូរមិនឆាប់ ថ្ងៃនេះនឹងមកដល់សម្រាប់ពួកគេមិនខាន។ ចំណែកឯមនុស្សដែលដេញតាមសេចក្ដីពិត យល់ពីសេចក្ដីពិត ហើយចាត់ទុកសេចក្ដីពិតជាគ្រឹះរបស់ពួកគេវិញ នៅពេលដែលសេចក្ដីល្បួង និងមជ្ឈដ្ឋានទាំងនេះមកដល់ ពួកគេអាចប្រឈមមុខនឹងរឿងទាំងនោះបានយ៉ាងត្រឹមត្រូវ បដិសេធរឿងទាំងនោះ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់។ នៅពេលសេចក្ដីល្បួងទាំងនេះមកដល់ ពួកគេក៏អាចញែកដឹងថាតើអ្វីជារឿងវិជ្ជមាន និងអ្វីជារឿងអវិជ្ជមាន ហើយដឹងថាតើវាជារឿងដែលពួកគេចង់បានឬអត់។ វាប្រៀបដូចជាស្ត្រីមួយចំនួន ដែលមិនចាប់អារម្មណ៍នឹងបុរសដែលតាមស្រឡាញ់ពួកគេអ៊ីចឹង មិនថាបុរសទាំងនោះមានលុយច្រើនប៉ុនណាក៏ដោយ។ ហេតុអ្វីបានជាពួកគេមិនចាប់អារម្មណ៍? ពីព្រោះបុរសទាំងនោះមិនមានចរិតលក្ខណៈល្អឡើយ។ ស្ត្រីខ្លះមិនស្វែងរកគូស្រករទេ ពីព្រោះគ្មានបុរសអ្នកមានណាតាមស្រឡាញ់ពួកគេឡើយ។ ប្រសិនបើបុរសមានលុយម្នាក់តាមស្រឡាញ់ពួកគេ ហើយទិញរ៉ូបម៉ាកល្បីតម្លៃ ២០.០០០ យ័នឱ្យពួកគេ នោះពួកគេនឹងចាប់អារម្មណ៍មិនខាន ហើយប្រសិនបើបន្ទាប់មក គាត់ទិញអាវរោមសត្វតម្លៃ ១០០.០០០ យ័ន ឬពេជ្រគ្រាប់ធំ ផ្ទះដ៏ធំស្អាត និងឡានមួយឱ្យពួកគេទៀត នោះពួកគេនឹងយល់ព្រមរៀបការជាមួយគាត់ភ្លាមតែម្ដង។ ដូច្នេះ នៅពេលលស្ត្រីទាំងនេះធ្លាប់និយាយថា ពួកគេនឹងមិនរៀបការទេ តើនេះជារឿងពិត ឬក្លែងក្លាយ? វាគឺជាការកុហក។ ហេតុដូច្នេះហើយ មានមនុស្សជាច្រើនដែលនិយាយថា ពួកគេមិនដេញតាមលោកីយ៍ ហើយមិនដេញតាមអនាគត និងសេចក្ដីរីករាយនៃលោកីយ៍ឡើយ ប៉ុន្តែនោះគឺនៅពេលដែលគ្មានសេចក្ដីល្បួងដាក់នៅចំពោះមុខពួកគេប៉ុណ្ណោះ បរិស្ថានមិនអំណោយផលសម្រាប់រឿងនោះឡើយ។ ពេលដែលមជ្ឈដ្ឋានដ៏អំណោយផលមកដល់ភ្លាម ពួកគេនឹងធ្លាក់ចូលទៅក្នុងរឿងនោះយ៉ាងជ្រៅ ហើយមិនអាចដកខ្លួនរួចឡើយ។ វាប្រៀបដូចជាឧទាហរណ៍ដែលយើងទើបតែបានលើកឡើងអ៊ីចឹង។ ស្ត្រីម្នាក់នោះមិនបានដកខ្លួនចេញពីស្ថានការណ៍ពនោះឡើយ។ បន្ទាប់ពីសោយសុខនឹងជីវិតនៅទីក្រុងមួយរយៈ នាងមិនដឹងថានាងជានរណាឡើយ ហើយក៏វង្វេងផ្លូវបាត់ទៅ។ ប្រសិនបើនាងត្រូវបានគេដាក់ឱ្យរស់នៅក្នុងរាជវាំង ចុះតើនាងគួរតែឱ្យឪពុកម្ដាយរបស់នាងសម្លាប់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យខូចឈ្មោះរបស់នាងឬ? មនុស្សបែបនេះមានសមត្ថភាពធ្វើរឿងល្ងង់ខ្លៅគ្រប់បែបយ៉ាង ដើម្បីតែការសោយសុខ កេរ្តិ៍ឈ្មោះ របៀបរស់នៅដ៏ហ៊ឺហា និងគុណភាពជីវិតដ៏ខ្ពស់របស់ពួកគេ។ ពួកគេគ្មានតម្លៃឡើយ ហើយមានចរិតលក្ខណៈថោកទាប។ តើមនុស្សបែបនេះធ្លាប់ដេញតាមសេចក្ដីពិតដែរឬទេ? (មិនធ្លាប់ទេ។) ចុះតើសេចក្ដីអធិប្បាយដែលនាងបានផ្សាយនោះ មកពីណា? តើនាងមានសេចក្ដីអធិប្បាយដើម្បីផ្សាយដែរឬទេ? អ្វីដែលនាងបានផ្សាយ មិនមែនជាសេចក្ដីអធិប្បាយទេ ប៉ុន្តែជាគោលលទ្ធិ។ នាងកំពុងតែសម្ដែង និងបំភាន់មនុស្សប៉ុណ្ណោះ មិនមែនផ្សាយសេចក្ដីអធិប្បាយឡើយ។ នាងបានផ្សាយសេចក្ដីអធិប្បាយជាច្រើន ចុះម្ដេចបានជាសូម្បីតែបញ្ហាផ្ទាល់ខ្លួនរបស់នាង ក៏នាងមិនអាចដោះស្រាយបានផងនោះ? តើនាងដឹងទេថានាងអាចធ្លាក់ដល់ចំណុចនេះ? តើនាងមើលឃើញរឿងរ៉ាវបានច្បាស់ដែរឬទេ? នាងបានផ្សាយសេចក្ដីអធិប្បាយជាច្រើន ប៉ុន្តែបន្ទាប់ពីសោយសុខនឹងជីវិតនៅទីក្រុងមួយរយៈ នាងមិនអាចយកឈ្នះលើសេចក្ដីល្បួងបែបនេះបានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរ។ ដូច្នេះ តើអ្វីដែលនាងបានផ្សាយ គឺជាសេចក្ដីអធិប្បាយមែនទេ? វាច្បាស់ក្រឡែតណាស់ថា មិនមែនទេ។ នេះគឺជាករណីទីបី។
ករណីទីបួន៖ ការប្រើប្រាស់តង្វាយដោយបោកប្រាស់ដើម្បីសងបំណុល
ពីមុន នៅពេលដែលខ្ញុំនៅចិនដីគោក ពួកយើងត្រូវការស្វែងរកកន្លែងដែលមានសុវត្ថិភាពគួរសមមួយ សម្រាប់ឱ្យអ្នករួមការងារជួបជុំគ្នា ដូច្នេះ ពួកយើងក៏បានរកឃើញគ្រួសារទទួលភ្ញៀវមួយ។ គ្រួសារនេះស្ម័គ្រចិត្តទទួលពួកយើង និងបានជួយការពារកន្លែងនោះ។ ទោះជាយ៉ាងនេះក្ដី មួយរយៈក្រោយមក គ្រួសារនោះក៏ចាប់ផ្ដើមគិតថា៖ «មើលទៅ អ្នករាល់គ្នាមានគម្រោងជួបជុំគ្នានៅទីនេះរយៈពេលយូរហើយ។ អ្នករាល់គ្នាមិនអាចជួបជុំគ្នានៅកន្លែងណាផ្សេងក្រៅពីផ្ទះរបស់ខ្ញុំឡើយ ដូច្នេះ ខ្ញុំគួរតែឆ្លៀតឱកាសនេះដើម្បីកេងចំណេញពីស្ថានការណ៍នេះ។ តើខ្ញុំមិនមែនជាមនុស្សល្ងង់ទេឬ បើខ្ញុំមិនធ្វើបែបនោះ?»។ ម្ដងនោះ នៅពេលដែលពួកយើងបានប្រមូលផ្ដុំគ្នាសម្រាប់ការជួបជុំអ្នករួមការងារ ហើយអ្នកចូលរួមមិនទាន់មកដល់គ្រប់គ្នាផង ក៏មានមនុស្សម្នាក់បានមកផ្ទះរបស់គ្រួសារទទួលភ្ញៀវនោះដោយគ្មានហេតុផលច្បាស់លាស់ ហើយអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ មិនព្រមចាកចេញឡើយ។ អ្នកទទួលភ្ញៀវបានមកប្រាប់ថា មនុស្សម្នាក់នេះបានមកដើម្បីទារបំណុល ហើយថាគ្រួសាររបស់គាត់បានខ្ចីលុយពីមនុស្សម្នាក់នេះកាលពីប៉ុន្មានឆ្នាំមុន ហើយមិនទាន់បានសងវិញទេ។ តើអ្នករាល់គ្នាគិតថាមានរឿងអ្វីកើតឡើងនៅត្រង់នេះ? មនុស្សម្នាក់នេះអាចមកមុនពេល ឬក៏អាចមកនៅពេលក្រោយបាន ប៉ុន្តែគាត់បែរជាមកទារបំណុលចំពេលនេះទៅវិញ។ តើនេះគ្រាន់តែជារឿងចៃដន្យ ឬក៏មាននរណាម្នាក់មានចេតនារៀបចំវាឱ្យទៅជាបែបនេះ? គេមិនអាចហាមចិត្តមិនឱ្យសង្ស័យបានឡើយ។ មានអ្វីម្យ៉ាងមិនប្រក្រតីកំពុងកើតឡើងហើយ។ តើមានរឿងអ្វីកំពុងកើតឡើងទៅ? តើមិនមែនគ្រួសារនោះមានបំណងអាក្រក់ ហើយមានចេតនាហៅមនុស្សម្នាក់នោះឱ្យមកទីនេះទេឬ? (មែនហើយ។) ខ្ញុំបាននិយាយថា៖ «ដេញគាត់ចេញពីទីនេះភ្លាមទៅ»។ អ្នកទទួលភ្ញៀវនោះនិយាយថា៖ «គាត់នឹងមិនចាកចេញទេ ទាល់តែបានលុយ»។ ខ្ញុំបាននិយាយថា៖ «ហេតុអ្វីបានជាអ្នកមិនសងគាត់វិញទៅ?»។ អ្នកទទួលភ្ញៀវនោះនិយាយរអាក់រអួល ដែលមានន័យបញ្ឆិតបញ្ឆៀងថា ពួកគេនឹងមិនសងបំណុលរបស់ពួកគេទេ ទោះបីជាពួកគេមានលុយក៏ដោយ ពួកគេចង់បានលុយខ្ចីគេទទេៗ។ អ្នកទារបំណុលបានរង់ចាំនៅទីនោះ ហើយនៅតែមិនទាន់ចាកចេញឡើយ នៅពេលអ្នករួមការងារផ្សេងទៀតរៀបនឹងមកដល់។ តើអ្នកទទួលភ្ញៀវនោះមានគម្រោងធ្វើអ្វី? តើនេះមិនមែនជាល្បិចដែលបានគ្រោងទុកជាមុនទេឬ? (មែនហើយ។) ក្រោយមក ខ្ញុំបានប្រាប់មនុស្សម្នាក់ឱ្យយកលុយទៅឱ្យអ្នកទទួលភ្ញៀវ ហើយឱ្យគាត់ដេញអ្នកទារបំណុលនោះចេញភ្លាមៗ។ បន្ទាប់ពីឱ្យលុយទៅអ្នកទទួលភ្ញៀវរួច អ្នកទារបំណុលក៏បានចាកចេញក្នុងរយៈពេលកន្លះម៉ោង។ តាមធម្មតា អ្នកទារបំណុលនោះមិនគួរត្រឡប់មកវិញទេ ប៉ុន្តែរឿងនេះមិនទាន់ចប់ឡើយ។ មួយខែក្រោយមក អ្នកទារបំណុលបានមកម្ដងទៀត មុនពេលមានការជួបជុំអ្នករួមការងារ។ អ្នកទទួលភ្ញៀវនោះនិយាយថា កាលពីលើកមុន បំណុលត្រូវបានសងតែមួយផ្នែកប៉ុណ្ណោះ មិនមែនទាំងអស់ទេ។ តើគោលដៅរបស់គាត់ក្នុងការនិយាយបែបនេះ គឺជាអ្វី? គឺដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់សងបំណុលឱ្យគាត់ម្ដងទៀត។ វាដូចគ្នានឹងលើកមុនដែរ បន្ទាប់ពីឱ្យលុយទៅអ្នកទទួលភ្ញៀវនោះរួច អ្នកទារបំណុលក៏បានចាកចេញ។ ចាប់ពីពេលនោះមក រាល់ពេលដែលពួកយើងទៅជួបជុំគ្នានៅទីនោះ អ្នកទារបំណុលមិនដែលមកទៀតឡើយ ពីព្រោះពួកយើងបានសងបំណុលរបស់អ្នកទទួលភ្ញៀវរួចរាល់ជាពីរលើកទៅហើយ។ អ្នកទទួលភ្ញៀវបារម្ភថា ប្រសិនបើគាត់សុំលុយច្រើនបែបនេះតាំងពីដំបូង ពួកយើងនឹងមិនយល់ព្រមបង់ឱ្យទេ ដូច្នេះ គាត់ក៏សុំវាជាពីរលើក។ តើលុយនេះគួរត្រូវបានចាត់ទុកយ៉ាងដូចម្ដេច? តើដំណាក់របស់ព្រះជាម្ចាស់ឱ្យគាត់ខ្ចី ឬក៏គាត់បានប្រើឧបាយកលឱ្យដំណាក់របស់ព្រះជាម្ចាស់ឱ្យលុយទៅគាត់? (គាត់បានប្រើឧបាយកលលើដំណាក់របស់ព្រះជាម្ចាស់។) តាមពិតទៅ គាត់បានបោកប្រាស់ដំណាក់របស់ព្រះជាម្ចាស់ឱ្យប្រគល់លុយទៅគាត់។ អ៊ីចឹង ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់ឱ្យលុយទៅគាត់? តើពួកយើងមិនអាចមិនឱ្យលុយទៅគាត់បានទេឬ? យ៉ាងណា ក៏វាជារឿងសមហេតុផល និងស្របច្បាប់សម្រាប់ពួកយើងក្នុងការមិនឱ្យលុយទៅគាត់ ប៉ុន្តែ នោះមានន័យថា អ្នករួមការងារនឹងមិនអាចជួបជុំគ្នាបានឡើយ។ ចុះតើពួកយើងមានហេតុផលអ្វីក្នុងការឱ្យលុយទៅគាត់? នៅពេលនោះ ការគិតរបស់ខ្ញុំគឺចាត់ទុកលុយនេះជាថ្លៃឈ្នួលផ្ទះ។ ប្រសិនបើពួកយើងជួលផ្ទះសំណាក់ ឬកន្លែងលេងកីឡា តើវាក៏មិនអស់លុយពួកយើងដែរទេឬ? ពួកយើងមិនអាចជួបជុំគ្នានៅកន្លែងទាំងនោះបានទេ ហើយវាក៏គ្មានសុវត្ថិភាពដែរ។ នៅទីនេះ អ្នកទទួលភ្ញៀវជួយការពារកន្លែងនេះ ហើយសុវត្ថិភាពរបស់ពួកយើងត្រូវបានធានា ដូច្នេះ តើវាសមហេតុផលដែរឬទេ ដែលដំណាក់របស់ព្រះជាម្ចាស់ចំណាយលុយខ្លះដើម្បីសងបំណុលរបស់គាត់? (សមហេតុផលមែន។) គ្រាន់តែថាលុយនោះមិនត្រូវបានផ្ដល់ឱ្យក្នុងរបៀបត្រឹមត្រូវបើកចំហប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី នៅក្នុងមជ្ឈដ្ឋានដូចជាប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ជាញឹកញាប់ វាក៏ចាំបាច់ត្រូវតែធ្វើរឿងបែបនេះដែរ។
មនុស្សមួយចំនួនមានភាពជាមនុស្សអាក្រក់ ហើយពួកគេមិនស្ម័គ្រចិត្តទាំងស្រុងក្នុងការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវឡើយ។ ពួកយើងប្រើប្រាស់ពួកគេដើម្បីការពារកន្លែងដែលពួកយើងកំពុងនៅ ដូច្នេះ ពួកយើងត្រូវតែអនុញ្ញាតឱ្យពួកគេកេងចំណេញខ្លះៗពីស្ថានការណ៍នេះ។ ទោះជាយ៉ាងនេះក៏ដោយ បន្ទាប់ពីពួកគេកេងចំណេញហើយ តើពួកគេនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? អត់ទេ ពួកគេមិនអាចទេ។ វាមិនមែនថាព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេនោះទេ ប៉ុន្តែមនុស្សប្រភេទនេះមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ពួកគេបោកប្រាស់អ្នកគ្រប់គ្នា ហើយកេងចំណេញពីអ្នកគ្រប់គ្នា។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន និងព្យាយាមសន្សំអំពើល្អទុកខ្លះ ពួកគេតែងតែត្រូវបោកប្រាស់យករបស់អ្វីម្យ៉ាងដែលគួរឱ្យចង់បានពីភារកិច្ចនោះជានិច្ច ហើយមិនថាពួកគេទាក់ទងជាមួយនរណានោះទេ ពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍ដែលតែងតែកេងចំណេញប៉ុណ្ណោះ ហើយមិនដែលព្រមខាតបង់ឡើយ។ នេះគឺជាគោលការណ៍ដែលពួកគេធ្វើតាម សម្រាប់ការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ៊ីចឹង តើ «អំពើល្អ» ទាំងនេះមកពីណា? វាត្រូវបានទិញ និងបង់លុយដោយដំណាក់របស់ព្រះជាម្ចាស់ មិនមែនមនុស្សទាំងនេះសន្សំអំពើល្អទុកដោយខ្លួនឯងឡើយ។ ពួកគេមិនសន្សំអំពើល្អទុកទេ។ ពួកគេផ្ដល់កន្លែងមួយ ដំណាក់របស់ព្រះជាម្ចាស់ចំណាយលុយ ហើយចាត់ទុកវាជាថ្លៃឈ្នួលផ្ទះ។ នេះមិនមានអ្វីពាក់ព័ន្ធនឹងអំពើល្អឡើយ ហើយវាក៏មិនមែនជាអំពើល្អរបស់ពួកគេដែរ។ តើវាជាឥរិយាបថប្រភេទណាទៅ នៅពេលមនុស្សម្នាក់ជ្រកក្រោមស្លាកនៃការផ្ដល់កន្លែងសម្រាប់បងប្អូនប្រុសស្រីតំណាងឱ្យដំណាក់របស់ព្រះជាម្ចាស់ ដើម្បីទទួលបានលុយកាក់ ឬរបស់របរពីដំណាក់របស់ព្រះជាម្ចាស់ដោយការបោកប្រាស់នោះ? តើមនុស្សប្រភេទនេះមានចរិតលក្ខណៈបែបណា? តើឥរិយាបថរបស់ពួកគេអាចត្រូវបានព្រះជាម្ចាស់ចងចាំដែរឬទេ? តើចរិតលក្ខណៈរបស់ពួកគេស្ថិតនៅកម្រិតណា នៅក្នុងចិត្តរបស់មនុស្ស និងនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ការសន្សំអំពើល្អទុក គឺជារឿងដែលអ្នកគួរតែសន្សំ អ្នកសន្សំអំពើល្អទុកដើម្បីជាប្រយោជន៍ដល់គោលដៅរបស់អ្នក ហើយអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺដើម្បីខ្លួនអ្នកផ្ទាល់ មិនមែនដើម្បីអ្នកដទៃឡើយ។ តាមរយៈការធ្វើអ្វីដែលអ្នកគួរធ្វើ អ្នកទទួលបានរង្វាន់រួចទៅហើយ ហើយអ្នកក៏ទទួលបានរបស់ដែលគួរឱ្យចង់បានតាមបំណងរបស់អ្នករួចហើយដែរ ដូច្នេះ តើព្រះជាម្ចាស់ទតឃើញអ្នកយ៉ាងដូចម្ដេចនៅក្នុងព្រះហឫទ័យរបស់ទ្រង់? អ្នកធ្វើរឿងល្អៗដើម្បីទទួលបានអ្វីមួយជាផលប្រយោជន៍របស់អ្នក មិនមែនដើម្បីទទួលបានសេចក្ដីពិត ឬទទួលបានជីវិតឡើយ កុំថាឡើយដល់ការបំពេញព្រះហឫទ័យព្រះជាម្ចាស់នោះ។ តើព្រះជាម្ចាស់នៅតែអាចសង្គ្រោះមនុស្សបែបនេះដែរឬទេ? អត់ទេ ទ្រង់មិនអាចទេ។ ពួកគេគ្រាន់តែសន្សំអំពើល្អទុកបន្តិចបន្តួច និងបំពេញកាតព្វកិច្ច និងភារកិច្ចតូចតាចប៉ុណ្ណោះ ប៉ុន្តែពួកគេបែរជាលូកដៃសុំលុយទូទាត់ពីដំណាក់របស់ព្រះជាម្ចាស់ ពួកគេទារលុយបន្តិចបន្តួចពីដំណាក់របស់ព្រះជាម្ចាស់ គិតរកវិធីគ្រប់បែបយ៉ាងដើម្បីបោកប្រាស់ដំណាក់របស់ព្រះជាម្ចាស់ និងទទួលបានរបស់ដែលគួរឱ្យចង់បាន ហើយធ្វើឱ្យប្រាកដថាពួកគេមិនដែលខាតបង់ឡើយ ហាក់ដូចជាពួកគេកំពុងធ្វើជំនួញអ៊ីចឹង។ ដូចនេះ អំពើល្អនេះមិនមែនជាអំពើល្អទេ វាបានប្រែទៅជាអំពើអាក្រក់វិញ ហើយមិនត្រឹមតែព្រះជាម្ចាស់នឹងមិនចងចាំវាប៉ុណ្ណោះទេ ប៉ុន្តែទ្រង់នឹងលុបចោល និងដកហូតសិទ្ធិរបស់មនុស្សទាំងនេះក្នុងការទទួលបានសេចក្ដីសង្គ្រោះទៀតផង។ នៅពេលអ្នកទទួលភ្ញៀវនោះឱ្យដំណាក់របស់ព្រះជាម្ចាស់សងបំណុលឱ្យគាត់ តើវាមានលក្ខណៈបោកប្រាស់បន្តិចដែរឬទេ? នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ នៅពេលដែលពួកគេចង់បានលុយ ពួកគេមិនធ្វើវាតាមរបៀបត្រឹមត្រូវបើកចំហឡើយ ផ្ទុយទៅវិញ ពួកគេធ្វើវាតាមរបៀបដែលមានលក្ខណៈបោកប្រាស់ ដោយចាប់យកឱកាសដើម្បីគាបទាររបស់របរ។ តើព្រះជាម្ចាស់សង្គ្រោះអស់អ្នកដែលគាបទារតង្វាយថ្វាយព្រះជាម្ចាស់ដែរឬទេ? (អត់ទេ ព្រះអង្គមិនសង្គ្រោះទេ។) ប្រសិនបើមនុស្សទាំងនេះប្រែចិត្ត និងមានជំនឿពិតប្រាកដ តើពួកគេគួរត្រូវបានសង្គ្រោះដែរឬទេ? (មិនគួរទេ។) ហេតុអ្វីទៅ? (ការពិតដែលថាមនុស្សទាំងនេះអាចធ្វើសកម្មភាពបោកប្រាស់ចំពោះដំណាក់របស់ព្រះជាម្ចាស់ មានន័យថាព្រះជាម្ចាស់គ្មានកន្លែងនៅក្នុងចិត្តរបស់ពួកគេឡើយ ពួកគេគឺជាពួកអ្នកមិនជឿយ៉ាងពិតប្រាកដ។) តើពួកអ្នកមិនជឿនឹងប្រែចិត្តដែរឬទេ? ប្រភេទពួកអ្នកមិនជឿដែលជាពួកទទឹងនឹងព្រះគ្រីស្ទ នឹងមិនប្រែចិត្តឡើយ។ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ គឺជាចំណុចកណ្ដាលនៃអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ហើយពួកគេនឹងមិនប្រែចិត្តជាដាច់ខាត ទោះបីជាពួកគេស្លាប់ក៏ដោយ។ ពួកគេមិនទទួលស្គាល់ថាពួកគេបានធ្វើរឿងខុសឆ្គងទេ ហើយក៏មិនទទួលស្គាល់ថាពួកគេបានធ្វើសេចក្ដីអាក្រក់ដែរ ដូច្នេះ តើពួកគេនឹងប្រែចិត្តដើម្បីអ្វីទៅ? ការប្រែចិត្ត គឺសម្រាប់មនុស្សដែលមានភាពជាមនុស្ស ដែលមានមនសិការ និងវិចារណញ្ញាណ ហើយដែលអាចមើលឃើញពីសេចក្ដីពុករលួយរបស់ពួកគេយ៉ាងច្បាស់ និងទទួលស្គាល់វា។ នៅពេលដែលគ្រួសារទទួលភ្ញៀវនោះបានបំពេញភារកិច្ចតូចតាចមួយ ពួកគេត្រូវតែបោកប្រាស់យករបស់អ្វីម្យ៉ាងដែលគួរឱ្យចង់បានពីភារកិច្ចនោះ ហើយសូម្បីតែឱកាសបែបនេះ ក៏ពួកគេមិនរំលងដែរ។ ពួកគេគឺជាអ្នកបោកប្រាស់ដ៏ធំ។ នេះគឺជាករណីទីបួន។
ករណីទីប្រាំ៖ ការទាមទារប្រាក់ឈ្នួលសម្រាប់ការធ្វើការឱ្យដំណាក់របស់ព្រះជាម្ចាស់
នៅចិនដីគោក មានកិច្ចការខ្លះដែលមានគ្រោះថ្នាក់ និងប្រថុយប្រថានគួរសម ហើយជាកិច្ចការដែលត្រូវការមនុស្សមានប្រាជ្ញា និងមានគុណសម្បត្តិជាក់លាក់ដើម្បីបំពេញ។ នៅពេលនោះ មានមនុស្សម្នាក់ដែលមានគុណសម្បត្តិទាំងនេះ ដូច្នេះ ខាងលើក៏បានរៀបចំឱ្យគាត់បំពេញកិច្ចការខ្លះ។ ក្នុងពេលដែលគាត់កំពុងបំពេញកិច្ចការនេះ គាត់បានធ្វើសំណើមួយ ដោយនិយាយថា នៅពេលគាត់ចាប់ផ្ដើមបំពេញកិច្ចការនេះភ្លាម គាត់លែងអាចទៅធ្វើការងារធម្មតារបស់គាត់ជារៀងរាល់ថ្ងៃបានទៀតហើយ ហើយគ្រួសាររបស់គាត់កំពុងជួបការលំបាកបន្តិចបន្តួចក្នុងការរស់នៅ។ ដំណាក់របស់ព្រះជាម្ចាស់បានឱ្យលុយខ្លះទៅគាត់សម្រាប់ចំណាយលើការរស់នៅ ហើយគាត់សប្បាយចិត្តនឹងរឿងនេះណាស់ ព្រមទាំងទទួលយកកិច្ចការដែលបានប្រគល់ឱ្យគាត់ ក៏ប៉ុន្តែ លទ្ធផលកិច្ចការរបស់គាត់គឺត្រឹមតែកម្រិតមធ្យមប៉ុណ្ណោះ។ មួយរយៈក្រោយមក គ្រួសាររបស់គាត់គ្មានបញ្ហាក្នុងការរស់នៅទេ ប៉ុន្តែមានរឿងផ្សេងទៀតកើតឡើង ដែលគាត់បានលើកឡើងប្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយដំណាក់របស់ព្រះជាម្ចាស់ក៏បានឱ្យលុយខ្លះបន្ថែមទៀតទៅគាត់សម្រាប់ចំណាយលើការរស់នៅ ដើម្បីធានាថាគាត់អាចរស់នៅបាន។ គាត់បានយល់ព្រមបន្តបំពេញកិច្ចការរបស់គាត់ទាំងស្ទាក់ស្ទើរ ប៉ុន្តែតើគាត់ធ្វើវាបានល្អកម្រិតណា? វាមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង។ ប្រសិនបើគាត់មានអារម្មណ៍ចង់ធ្វើអ្វីមួយ គាត់ក៏ធ្វើវាបន្តិចបន្តួច ហើយប្រសិនបើគាត់គ្មានអារម្មណ៍ចង់ធ្វើអ្វីមួយទេ នោះគាត់មិនធ្វើវាទាល់តែសោះ។ ការណ៍នេះបានពន្យារពេលកិច្ចការ និងបណ្ដាលឱ្យកិច្ចការរបស់ពួកជំនុំរងការខាតបង់មួយចំនួន ហើយអ្នកផ្សេងទៀតត្រូវទៅកែកុនវា។ ក្រោយមក ដំណាក់របស់ព្រះជាម្ចាស់បានទាក់ទងទៅគាត់ ដើម្បីប្រាប់គាត់ឱ្យខិតខំប្រឹងប្រែងក្នុងកិច្ចការរបស់គាត់ ហើយថាដំណាក់របស់ព្រះជាម្ចាស់នឹងបន្តជួយគាត់ដោះស្រាយរាល់ការលំបាកដែលគាត់មាន។ គាត់មិនបាននិយាយរឿងនេះដោយផ្ទាល់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់ទល់មុខគ្នាទេ ប៉ុន្តែបានប្រាប់បងប្អូនប្រុសស្រីពីរបីនាក់ដោយស្ងាត់ៗថា៖ «តើការចំណាយលើការរស់នៅ គឺជាអ្វីដែលខ្ញុំខ្វះខាតមែនទេ? តើលុយបន្តិចបន្តួចនោះអាចដោះស្រាយបញ្ហាធំដុំអ្វីបានទៅ? តាមរយៈការបំពេញកិច្ចការនេះ ខ្ញុំកំពុងដោះស្រាយបញ្ហាដ៏ធំមួយសម្រាប់ដំណាក់របស់ព្រះជាម្ចាស់។ ដំណាក់របស់ព្រះជាម្ចាស់ក៏គួរតែដោះស្រាយបញ្ហាធំៗសម្រាប់ខ្ញុំដែរ។ ពេលនេះ កូនប្រុសរបស់ខ្ញុំគ្មានលុយបង់ថ្លៃសាលាទេ ហើយបញ្ហានេះមិនទាន់ត្រូវបានដោះស្រាយឡើយ។ លុយបន្តិចបន្តួចនេះ មិនមែនជាអ្វីដែលខ្ញុំខ្វះខាតនោះទេ»។ ពាក្យសម្ដីទាំងនេះគឺជាអ្វីដែលគាត់គិតយ៉ាងពិតប្រាកដ ប៉ុន្តែគាត់ខ្លួនឯងមិនហ៊ានប្រាប់ដំណាក់របស់ព្រះជាម្ចាស់ទល់មុខគ្នាឡើយ ផ្ទុយទៅវិញ វាត្រូវបានបើកសម្ដែងនៅពេលដែលគាត់បញ្ចេញអារម្មណ៍ដោយស្ងាត់ៗ។ តើស្ថានការណ៍នេះគួរត្រូវបានដោះស្រាយយ៉ាងដូចម្ដេច? តើដំណាក់របស់ព្រះជាម្ចាស់គួរតែបន្តប្រើប្រាស់គាត់ ឬក៏ស្វែងរកអ្នកផ្សេង? (ស្វែងរកអ្នកផ្សេង។) ហេតុអ្វី? ចរិតលក្ខណៈ និងសារជាតិរបស់គាត់ត្រូវបានបើកសម្ដែងរួចទៅហើយ។ គាត់មិនត្រឹមតែចង់ឱ្យដំណាក់របស់ព្រះជាម្ចាស់ផ្គត់ផ្គង់ជីវភាពរបស់គ្រួសារគាត់ប៉ុណ្ណោះទេ គាត់ថែមទាំងចង់ឱ្យដំណាក់របស់ព្រះជាម្ចាស់បង់ថ្លៃសាលាឱ្យកូនប្រុសរបស់គាត់ទៀតផង ហើយក្រោយមក គាត់បាននិយាយថាប្រពន្ធរបស់គាត់ឈឺ ហើយចង់ឱ្យដំណាក់របស់ព្រះជាម្ចាស់បង់ថ្លៃព្យាបាលនាងទៀត។ តើគាត់មិនមែនកំពុងសុំកាន់តែច្រើនឡើងៗទេឬ? គាត់គិតថា តាមរយៈការធ្វើរឿងតូចតាចនេះសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ គាត់បានចូលរួមចំណែកយ៉ាងធំធេង ហើយថាដំណាក់របស់ព្រះជាម្ចាស់គួរតែផ្គត់ផ្គង់អ្វីគ្រប់យ៉ាងដែលគាត់ត្រូវការដោយគ្មានលក្ខខណ្ឌ។ ប្រសិនបើគាត់ធ្វើការងារធម្មតា តើគាត់អាចមានលទ្ធភាពបញ្ជូនកូនប្រុសរបស់គាត់ទៅរៀននៅសាកលវិទ្យាល័យដែរឬទេ? តើគាត់អាចមានលទ្ធភាពបង់ថ្លៃព្យាបាលប្រពន្ធរបស់គាត់ដែរឬទេ? មិនប្រាកដនោះទេ។ ដូច្នេះ នៅពេលគាត់បំពេញកិច្ចការបន្តិចបន្តួចនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហេតុអ្វីបានជាគាត់តែងតែសុំលុយពីដំណាក់របស់ព្រះជាម្ចាស់អ៊ីចឹង? តើគាត់កំពុងគិតអ្វី? តើទស្សនៈរបស់គាត់ចំពោះរឿងនេះគឺជាអ្វី? គាត់គិតថា បើគ្មានគាត់ទេ ដំណាក់របស់ព្រះជាម្ចាស់នឹងគ្មាននរណាម្នាក់ផ្សេងទៀតដើម្បីបំពេញកិច្ចការនេះឡើយ ដូច្នេះ គាត់ត្រូវតែចាប់យកឱកាសនេះដើម្បីរកហេតុផលសុំលុយបន្ថែមពីដំណាក់របស់ព្រះជាម្ចាស់ មិនគួររំលងវាចោលទទេៗឡើយ ហើយថាប្រសិនបើគាត់ខកខានឱកាសនេះ វានឹងបាត់បង់មិនខាន។ តើនេះមិនមែនជាអ្វីដែលគាត់ចង់មានន័យទេឬ? គាត់គិតថា ការបំពេញកិច្ចការនេះគឺដូចជាការធ្វើការងារ និងរកលុយអ៊ីចឹង ដូច្នេះ គាត់គួរតែជំរិតទារលុយពីដំណាក់របស់ព្រះជាម្ចាស់។ ក្រោយមក នៅពេលគាត់ដឹងថា គាត់មិនអាចជំរិតទារលុយពីដំណាក់របស់ព្រះជាម្ចាស់បាន គាត់ក៏មិនបំពេញកិច្ចការរបស់គាត់ឡើយ។ តើនេះជាមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរឬទេ? (អត់ទេ។)
មនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ មិនខ្លាចនឹងការទទួលរងទុក្ខលំបាកឡើយ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។ មនុស្សមួយចំនួនមិនលើកឡើងពីការលំបាកដែលគ្រួសាររបស់ពួកគេមានឡើយ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។ មនុស្សមួយចំនួននៅតំបន់ក្រីក្រ បំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ហើយនៅពេលបងប្អូនប្រុសស្រីមកដល់ ហើយគ្មានអង្ករហូប ពួកគេក៏ចេញទៅក្រៅ និងខ្ចីលុយគេ ប៉ុន្តែមិននិយាយអ្វីទាំងអស់។ ប្រសិនបើពួកគេនិយាយអ្វីមួយ តើដំណាក់របស់ព្រះជាម្ចាស់អាចឱ្យលុយទៅពួកគេដែរឬទេ? (អាច។) ដំណាក់របស់ព្រះជាម្ចាស់អាចមានលទ្ធភាពផ្គត់ផ្គង់របស់ដែលពួកគេត្រូវការ ដើម្បីរៀបចំទទួលបងប្អូនប្រុសស្រី។ ចុះហេតុអ្វីបានជាពួកគេមិននិយាយអ្វីសោះ? ប្រសិនបើអ្នកផ្ដល់វាឱ្យពួកគេ ពួកគេនឹងបដិសេធវា។ បន្ទាប់ពីចេញទៅក្រៅ និងខ្ចីលុយគេ អ្នកទាំងនោះនឹងសងវាវិញបន្តិចម្ដងៗដោយខ្លួនឯង។ ពួកគេមិនចង់បានលុយពីដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺផ្ទុយស្រឡះតែម្ដង។ ពួកគេដាក់លក្ខខណ្ឌ ហើយលូកដៃសុំ និងធ្វើការទាមទារ មុនពេលបានបំពេញកិច្ចការណាមួយទៅទៀត។ ហេតុអ្វីបានជាវាងាយស្រួលម្ល៉េះសម្រាប់ពួកគេក្នុងការលូកដៃសុំនោះ? តើពួកគេអាចលូកដៃសុំក្នុងរបៀប «ជឿជាក់លើខ្លួនឯង» បែបនេះបានយ៉ាងដូចម្ដេច? មនុស្សបែបនោះគ្មានភាពអៀនខ្មាសទេ តើមែនទេ? បន្ទាប់ពីសុំលុយខ្លះហើយ ពួកគេចង់បានច្រើនជាងនេះទៀត។ ប្រសិនបើគេមិនឱ្យលុយទៅអ្នកទាំងនោះទេ ពួកគេនឹងមិនបំពេញកិច្ចការអ្វីឡើយ ពោលគឺពួកគេមិនព្រមធ្វើអ្វីសោះ លុះត្រាតែបានឃើញផលប្រយោជន៍សិន៖ «ខ្ញុំនឹងធ្វើកិច្ចការឱ្យសមនឹងលុយដែលអ្នកបើកឱ្យខ្ញុំ។ ប្រសិនបើអ្នកមិនបើកលុយឱ្យខ្ញុំទេ នោះកុំសង្ឃឹមថានឹងឱ្យខ្ញុំធ្វើកិច្ចការអ្វីផ្សេងទៀតសម្រាប់អ្នកឱ្យសោះ។ នេះគឺជាការងារសម្រាប់ខ្ញុំ ហើយប្រសិនបើគ្មានផលចំណេញសម្រាប់ខ្ញុំទេ ខ្ញុំនឹងមិនធ្វើវាឡើយ។ ខ្ញុំធ្វើឱ្យខ្លួនឯងប្រថុយគ្រោះថ្នាក់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះ ត្រូវតែមានអ្វីម្យ៉ាងសម្រាប់ខ្ញុំពីរឿងនេះ ហើយវាត្រូវតែស័ក្ដិសមនឹងអ្វីដែលខ្ញុំបានលះបង់។ ខ្ញុំមិនអាចខាតបង់បានឡើយ!» ដូច្នេះ ពួកគេត្រូវតែសុំរបស់ដែលពួកគេមានអារម្មណ៍ថាស័ក្ដិសមនឹងទទួលបាន ហើយពួកគេត្រូវតែរកលេសដើម្បីសុំវា ពួកគេត្រូវតែប្រឹងប្រើខួរក្បាលរបស់ពួកគេដើម្បីសុំវា និងគិតរកវិធីគ្រប់បែបយ៉ាងដើម្បីសុំវា។ ប្រសិនបើអាចឱ្យវាទៅពួកគេ នោះរឹតតែល្អ ហើយប្រសិនបើមិនឱ្យវាទៅពួកគេទេ នោះពួកគេនឹងទម្លាក់អ្វីៗទាំងអស់ចោល ហើយចាកចេញ ហើយពួកគេនឹងមិនទទួលរងការខាតបង់អ្វីឡើយ។ ក្រៅពីនេះ ពួកគេគិតថា កិច្ចការទាំងអស់នេះដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើ គឺពាក់ព័ន្ធនឹងហានិភ័យ ហើយថា ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនឱ្យរបស់ដែលពួកគេសុំទេ នោះនឹងខ្លាចពួកគេរាយការណ៍ពីរឿងនេះ ហើយថាគ្មាននរណាម្នាក់ផ្សេងទៀតដែលស័ក្ដិសមឡើយ ដូច្នេះ ត្រូវតែប្រើប្រាស់ពួកគេ ហើយថាប្រសិនបើប្រើប្រាស់ពួកគេ ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែបង់លុយឱ្យពួកគេ។ តើនេះមិនមានលក្ខណៈបោកប្រាស់បន្តិចទេឬ? តើនេះមិនមានលក្ខណៈកេងប្រវ័ញ្ចបន្តិចទេឬ? តើមនុស្សបែបនេះរាប់ថាជាអ្នកជឿដែរឬទេ? ទាំងនេះគឺជាពួកអ្នកមិនជឿ ដែលមិនមែនជាផ្នែកមួយនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ពួកគេសូម្បីតែជាមិត្តភក្ដិរបស់ពួកជំនុំក៏មិនមែនផង។ នៅពេលមិត្តភក្ដិរបស់ពួកជំនុំឃើញថាអ្នកជឿគឺជាមនុស្សអស្ចារ្យ ពួកគេជួយបិទបាំងអ្នកទាំងនោះ និងជួយធ្វើរឿងមួយចំនួន។ មនុស្សបែបនេះអាចទទួលបានព្រះពរបន្តិចបន្តួច។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ សុទ្ធសឹងតែដើម្បីទទួលបានរបស់ដែលគួរឱ្យចង់បានប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនអាចទទួលបានរបស់ដែលគួរឱ្យចង់បានទេ នោះពួកគេនឹងមិនបំពេញភារកិច្ចអ្វីឡើយ នឹងមិនបំពេញកាតព្វកិច្ចអ្វីឡើយ ហើយនឹងមិនលះបង់ខ្លួន ទាល់តែសោះ។ នៅពេលដំណាក់របស់ព្រះជាម្ចាស់រៀបចំចាត់ចែងឱ្យពួកគេបំពេញភារកិច្ច មុនដំបូង ពួកគេសួរថាតើវាផ្ដល់នូវរបស់ដែលគួរឱ្យចង់បានអ្វីខ្លះ ហើយប្រសិនបើវាមិនផ្ដល់របស់ដែលគួរឱ្យចង់បានអ្វីទេ នោះពួកគេនឹងមិនធ្វើវាឡើយ។ តើមានភាពខុសគ្នាអ្វីខ្លះរវាងពួកគេ និងពួកអ្នកបោកប្រាស់នៃពិភពដែលមិនជឿនោះ? មនុស្សទាំងនេះនៅតែចង់ទទួលបានសេចក្ដីសង្គ្រោះ និងចង់ទទួលបានព្រះពរពីព្រះជាម្ចាស់ទៀត។ តើពួកគេមិនមែនកំពុងសុំរឿងដែលមិនអាចទៅរួចទេឬ? ប្រសិនបើមនុស្សទាំងនេះមិនមានចរិតលក្ខណៈថោកទាប និងគ្មានភាពអៀនខ្មាសទេ ចុះតើចិត្តរបស់ពួកគេម្ដេចនឹងអាចគិតរកវិធីប្រព្រឹត្តដ៏វៀចវេរបែបនេះបានទៅ? តើពួកគេម្ដេចនឹងអាចមានអាកប្បកិរិយាបែបនេះចំពោះការបំពេញភារកិច្ចរបស់ខ្លួនបានទៅ? តើអ្នករាល់គ្នា អាចធ្វើរឿងទាំងនេះដែរឬទេ? (មែនហើយ ពួកយើងក៏អាចដែរ។) ដល់កម្រិតណា? តើមានដែនកំណត់ដែរឬទេ? តើដល់ចំណុចណា ទើបអ្នកគិតថាវាធ្ងន់ធ្ងរខ្លាំង ហើយថាអ្នកមិនអាចបន្តធ្វើរឿងទាំងនេះបានទៀតនោះ? (ជួនកាល ចិត្តរបស់ខ្ញុំមានអារម្មណ៍រងការស្ដីបន្ទោស ហើយមនសិការរបស់ខ្ញុំរងការចោទប្រកាន់។ ក៏មានពេលខ្លះដែលខ្ញុំខ្លាចថាអ្នកដទៃនឹងលាតត្រដាងពីរឿងដែលខ្ញុំបានធ្វើ ដូច្នេះខ្ញុំក៏លែងធ្វើវាទៀតទៅ។) មិនថាមនុស្សធ្វើអ្វីនោះទេ ចរិតលក្ខណៈរបស់ពួកគេគឺសំខាន់បំផុត។ មនុស្សម្នាក់ដែលគ្មានភាពអៀនខ្មាសទាល់តែសោះ អាចធ្វើរឿងអាក្រក់គ្រប់បែបយ៉ាង។ គេគឺជាមនុស្សអាក្រក់ដល់ឫសគល់។ គ្មានដែនកំណត់ចំពោះអ្វីដែលគេធ្វើឡើយ ហើយគេមិនប្រព្រឹត្តស្របតាមមនសិការរបស់ខ្លួនទេ។ តើអស់អ្នកដែលភាពជាមនុស្សរបស់ពួកគេគ្មានមនសិការ គឺជាមនុស្សប្រភេទណា? ពួកគេគឺជាសត្វតិរច្ឆាន និងជាពួកអារក្ស ហើយព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេឡើយ។ មនុស្សដែលអាចទទួលបានតង្វាយរបស់ព្រះជាម្ចាស់ដោយការបោកប្រាស់ និងគាបទារតង្វាយថ្វាយព្រះជាម្ចាស់ ក្នុងពេលដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ ហើយមនុស្សដែលសុំលុយទូទាត់ពីដំណាក់របស់ព្រះជាម្ចាស់ មិនមែនជាមនុស្សល្អឡើយ។ ពួកគេគិតថា ដំណាក់របស់ព្រះជាម្ចាស់ងាយនឹងបោកប្រាស់ណាស់ ហើយថាគ្មាននរណាម្នាក់ទទួលខុសត្រូវក្នុងការមើលថែរក្សារបស់របរនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថាគ្មាននរណាម្នាក់ជាម្ចាស់របស់របរនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ដូច្នេះ ពួកគេអាចកាន់កាប់ និងយករបស់ទាំងនេះដោយការបោកប្រាស់តាមតែចិត្តពួកគេចង់បាន។ ពួកគេគិតថា តាមរយៈការធ្វើបែបនេះ ពួកគេទទួលបានផលចំណេញហើយ។ តើផលចំណេញនេះពិតជាងាយស្រួលទទួលបានម្ល៉េះឬ? ផលចំណេញដែលអ្នកទទួលបានមិនធំដុំទេ ប៉ុន្តែតើផលវិបាកនៃការទទួលបានវាគឺជាអ្វី? គឺការបាត់បង់ជីវិតរបស់អ្នក។
ប្រសិនបើមនុស្សម្នាក់ពិតជាមានភាពជាមនុស្សខ្លះ និងមានមនសិការបន្តិចបន្តួចមែន តើពួកគេនឹងមានសមត្ថភាពធ្វើរឿងទាំងនេះដែរឬទេ? អ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមានសមត្ថភាពបោកប្រាស់ទ្រង់ និងគាបទារតង្វាយថ្វាយទ្រង់។ តើអ្នកជាមនុស្សប្រភេទណាទៅ? តើអ្នកនៅជាមនុស្សទៀតឬទេ? មានតែពួកអារក្សប៉ុណ្ណោះដែលធ្វើរឿងបែបនេះ។ សត្វតិរច្ឆានមិនធ្វើរឿងទាំងនេះឡើយ។ គ្រាន់តែមើលទៅសត្វឆ្កែមួយក្បាលចុះ។ ម្ចាស់របស់វាបានចិញ្ចឹមវា ហើយវាការពារផ្ទះឱ្យម្ចាស់របស់វា។ នៅពេលមានមនុស្សអាក្រក់មកដល់ វាព្រុសឱ្យដំណឹង និងវាយប្រហារមនុស្សអាក្រក់ទាំងនោះ។ វាដេញតាមអ្នកណាក៏ដោយដែលយករបស់របរម្ចាស់វា។ នៅពេលដែលមាន់ ទា និងក្ងាននៅក្នុងផ្ទះម្ចាស់វារត់ចេញ វាជួយតាមរកពួកវា។ នៅពេលជ្រូកនៅក្នុងផ្ទះម្ចាស់វាកំពុងខាំគ្នា វាព្យាយាមបំបែកជ្រូកទាំងនោះ។ សត្វឆ្កែដឹងថា ម្ចាស់របស់វាចង់ឱ្យវាមើលជ្រូក ដូច្នេះ វាអាចបំពេញការទទួលខុសត្រូវនេះបាន។ សត្វឆ្កែមិនឈ្លោះប្រកែកជាមួយម្ចាស់របស់វា ហើយនិយាយថា៖ «ខ្ញុំបានមើលជ្រូកឱ្យអ្នក ចុះម្ដេចអ្វីបានជាអ្នកមិនឱ្យសាច់មាន់ ឬរបស់អ្វីឱ្យខ្ញុំស៊ីអ៊ីចឹង?» នោះឡើយ។ វាមិនដែលនិយាយបែបនេះទេ។ សូម្បីតែសត្វឆ្កែក៏អាចការពារផ្ទះម្ចាស់របស់វា និងបំពេញកាតព្វកិច្ចរបស់វាដើម្បីម្ចាស់វាដោយមិនទាមទារការតបស្នងដែរ ប៉ុន្តែមនុស្សទាំងនេះសូម្បីតែប្រៀបនឹងសត្វក៏មិនបានផង។ បន្ទាប់ពីបំពេញកាតព្វកិច្ចតូចតាចមួយ ពួកគេគិតថាពួកគេបានខាតបង់ ហើយបន្ទាប់ពីបំពេញការទទួលខុសត្រូវមួយចំនួន និងបញ្ចេញការខិតខំប្រឹងប្រែងខ្លះ ពួកគេមានអារម្មណ៍មិនស្រួល ថាការរៀបចំនេះមិនស្មើភាពគ្នា ហើយថាពួកគេត្រូវបានប្រើប្រាស់ ដូច្នេះ ពួកគេគិតរកវិធីគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យស្មើភាពគ្នាវិញ។ នៅពេលអ្នកជឿលើព្រះជាម្ចាស់ ព្រះជាម្ចាស់ការពារអ្នក និងដឹកនាំអ្នក ព្រមទាំងប្រទានសេចក្ដីពិតយ៉ាងច្រើនដល់អ្នក។ តើអ្នកម្ដេចនឹងមិនអាចគិតពីការតបស្នងសងព្រះគុណទ្រង់បានទៅ? អ្នកមិនគិតពីការតបស្នងសងព្រះគុណទ្រង់ទេ ប៉ុន្តែព្រះជាម្ចាស់មិនប្រកាន់ទោសពៃរ៍ពីរឿងនេះឡើយ។ ក៏ប៉ុន្តែ នៅពេលអ្នកបំពេញកាតព្វកិច្ចតូចតាចមួយ អ្នកទៅរកព្រះជាម្ចាស់ដោយចង់ធ្វើឱ្យស្មើភាពគ្នាវិញ។ នៅពេលអ្នកបំពេញកាតព្វកិច្ចតូចតាចមួយ អ្នកចង់គាបទាររបស់របរ និងទទួលបានអ្វីមួយដោយការបោកប្រាស់ អ្នកគិតរកវិធីគ្រប់បែបយ៉ាងដើម្បីប៉ះប៉ូវរឿងនេះ។ តើអ្នកមិនមែនកំពុងស្វែងរកសេចក្ដីស្លាប់ទេឬ? តើអ្វីដែលព្រះជាម្ចាស់បានប្រទានដល់អ្នក មិនច្រើនទេឬ? បើនិយាយពីការបង្ហាញចេញរបស់មនុស្សវិញ តើពួកគេស័ក្ដិសមនឹងទទួលបានអ្វីខ្លះ? តើមនុស្សមានរបស់ដែលពួកគេសោយសុខ និងមាននៅសព្វថ្ងៃនេះ ដោយសារតែពួកគេស័ក្ដិសមនឹងទទួលបានវាឬ? មិនមែនទេ។ ទាំងនោះជារបស់ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក និងជារបស់ដែលទ្រង់បានប្រទានព្រះពរដល់អ្នក។ អ្នកទទួលបានការផ្គត់ផ្គង់យ៉ាងច្រើនរួចទៅហើយ។ ព្រះជាម្ចាស់បានប្រទានជីវិត សេចក្ដីពិត និងផ្លូវដល់អ្នក ដោយមិនទាមទារអ្វីជាការតបស្នងឡើយ។ តើអ្នកបានតបស្នងសងព្រះគុណទ្រង់យ៉ាងដូចម្ដេចខ្លះ? នៅពេលអ្នកបំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នកបន្តិចបន្តួច អ្នកមានអារម្មណ៍នៅក្នុងចិត្តថាពិបាកទទួលយក និងថាអ្នកបានទទួលរងការខាតបង់ ហើយគិតរកវិធីគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យស្មើភាពគ្នាវិញ។ ប្រសិនបើអ្នកចង់ធ្វើឱ្យស្មើភាពគ្នាវិញ ព្រះជាម្ចាស់អាចប្រទានអ្វីមួយដល់អ្នកជាការតបស្នង ប៉ុន្តែបន្ទាប់ពីអ្នកទទួលបានវាហើយ តើអ្នកនៅតែអាចត្រូវបានសង្គ្រោះទៀតដែរឬទេ? គង់តែមានថ្ងៃមួយដែលមនុស្សទាំងនេះដឹងយ៉ាងពិតប្រាកដថា អ្វីដែលសំខាន់បំផុត និងអ្វីដែលមានតម្លៃបំផុតមិនខាន។ មនុស្សដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ នឹងមិនដឹងពីតម្លៃនៃសេចក្ដីពិតជាដាច់ខាតយ។ នៅពេលថ្ងៃនោះមកដល់ ពេលដែលលទ្ធផលរបស់ពួកគេត្រូវបានបើកសម្ដែង ហើយនៅពេលអ្វីៗគ្រប់យ៉ាងត្រូវបានបើកសម្ដែង និងប្រកាសជាសាធារណៈ នោះពួកគេនឹងដឹងមិនខាន។ តើនៅពេលនោះ វាមិនយឺតពេលពេកទៅហើយទេឬ? លទ្ធផលនៃរបស់សព្វសារពើជិតមកដល់ហើយ ហើយរបស់សព្វសារពើនឹងកន្លងហួសទៅ។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរអស់កល្បជានិច្ច។ អស់អ្នកដែលមានសេចក្ដីពិត និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងបន្តស្ថិតនៅជាមួយព្រះបន្ទូលរបស់ទ្រង់ និងជាមួយសេចក្ដីពិតរបស់ទ្រង់។ នេះគឺជាតម្លៃ និងឫទ្ធានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនយល់ច្បាស់ពីការពិតនេះជាដាច់ខាត ដូច្នេះ ពួកគេប្រឹងប្រើខួរក្បាលរបស់ពួកគេ គិតរកវិធីគ្រប់បែបយ៉ាង និងប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីរិះរកល្បិចផលប្រយោជន៍ផ្សេងៗ តាមរយៈការជ្រកក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់ ហើយប្រើមធ្យោបាយបោកប្រាស់ដ៏ល្ងង់ខ្លៅថែមទៀត ដើម្បីទទួលបានតង្វាយរបស់ព្រះជាម្ចាស់ ព្រមទាំងកិបកេង និងរឹបអូសយកតង្វាយរបស់ទ្រង់។ រាល់សកម្មភាព និងឥរិយាបថរបស់មនុស្សទាំងអស់នេះ ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ហេតុរបស់ព្រះជាម្ចាស់យ៉ាងលម្អិត។ នៅពេលថ្ងៃនៃការបើកសម្ដែងលទ្ធផលរបស់ពួកគេមកដល់ ព្រះជាម្ចាស់នឹងកំណត់លទ្ធផលរបស់មនុស្សម្នាក់ៗ ដោយផ្អែកលើកំណត់ត្រាទាំងនេះ។ រឿងទាំងអស់នេះគឺជាការពិត។ មិនថាអ្នកជឿ ឬមិនជឿនោះទេ រឿងទាំងអស់នេះនឹងត្រូវបានបើកសម្ដែង។ នេះគឺជាករណីទីប្រាំ។ តើបុរសម្នាក់នេះជាមនុស្សប្រភេទណាទៅ? តើចរិតលក្ខណៈរបស់គាត់ខ្ពង់ខ្ពស់ ឬថោកទាប? (ថោកទាប។) នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គាត់មិនមែនជាមនុស្សដែលមានកិត្តិយសឡើយ គាត់គឺថោកទាប។ គាត់ត្រូវបានគេហៅយ៉ាងខ្លីថាជា «មនុស្សថោកទាប»។
ករណីទីប្រាំមួយ៖ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានតំណែងសម្រាប់តែអាហារ និងសម្លៀកបំពាក់
បន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់ មនុស្សជាច្រើនតែងតែដេញតាមឋានៈ និងដេញតាមការឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែចង់លេចធ្លោជាងគេ និងចង់នៅលំដាប់មុខគេជានិច្ច។ ដើម្បីតែរឿងទាំងនេះ ពួកគេលះបង់គ្រួសារ និងបោះបង់អាជីពរបស់ពួកគេ រងទុក្ខលំបាក និងលះបង់ ហើយទីបំផុត ពួកគេក៏បានសម្រេចបំណង និងក្លាយជាអ្នកដឹកនាំ។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ ជីវិតរបស់មនុស្សទាំងនេះពិតជាខុសប្លែកមែន។ ពួកគេបង្ហាញចេញនូវគ្រប់ទិដ្ឋភាពនៃរូបភាព និងរបៀបរបបដែលពួកគេធ្លាប់មាននៅក្នុងក្បាលរបស់ពួកគេ អំពីរបៀបដែលអ្នកមានតំណែងប្រព្រឹត្ត ចាប់តាំងពីរបៀបដែលពួកគេស្លៀកពាក់ និងតែងខ្លួន រហូតដល់របៀបដែលពួកគេនិយាយស្ដី និងប្រព្រឹត្ត។ ពួកគេរៀនពីរបៀបនិយាយស្ដីដូចជាមន្ត្រី រៀនពីរបៀបបញ្ជាមនុស្ស និងរៀនពីរបៀបប្រើមនុស្សឱ្យចាត់ចែងកិច្ចការឯកជនរបស់ពួកគេឱ្យពួកគេ។ និយាយឱ្យខ្លីទៅ ពួកគេរៀនពីរបៀបធ្វើជាមន្ត្រី។ នៅពេលពួកគេទៅកន្លែងណាមួយដើម្បីធ្វើជាអ្នកដឹកនាំ វាមានន័យថា ពួកគេទៅទីនោះដើម្បីធ្វើជាមន្ត្រី។ តើការធ្វើជាមន្ត្រីមានន័យដូចម្ដេច? គឺថាពួកគេ «ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានតំណែងសម្រាប់តែអាហារ និងសម្លៀកបំពាក់»។ នេះគឺជារឿងដែលពាក់ព័ន្ធនឹងសេចក្ដីរីករាយខាងសាច់ឈាម។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ តើជីវិតរបស់ពួកគេមានអ្វីខុសប្លែកពីមុនទៅ? អ្វីដែលពួកគេហូប ស្លៀកពាក់ និងរបស់របរដែលពួកគេប្រើប្រាស់ គឺខុសប្លែក។ នៅពេលពួកគេហូបចុក ពួកគេរើសណាស់ គឺត្រូវឱ្យមានជីវជាតិ និងមានរសជាតិឆ្ងាញ់។ ពួកគេរើសម៉ាកយីហោ និងម៉ូដសម្លៀកបំពាក់ដែលពួកគេស្លៀកណាស់។ បន្ទាប់ពីធ្វើជាអ្នកដឹកនាំនៅកន្លែងណាមួយបានមួយឆ្នាំ ពួកគេប្រែជាធាត់ទ្រលុកទ្រលន់ ពួកគេស្លៀកសម្លៀកបំពាក់ម៉ាកល្បីៗពីក្បាលដល់ចុងជើង ហើយទូរសព្ទ កុំព្យូទ័រ និងគ្រឿងប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគេ សុទ្ធតែជាម៉ាកល្បីៗថ្លៃៗទាំងអស់។ តើពួកគេមានជីវភាពបែបនេះទេ មុនពេលពួកគេធ្វើជាអ្នកដឹកនាំ? (អត់ទេ។) បន្ទាប់ពីក្លាយជាអ្នកដឹកនាំ ពួកគេមិនបានខិតខំប្រឹងប្រែងរកលុយទេ ចុះតើពួកគេបានលុយមកពីណាដើម្បីទិញរបស់ទាំងអស់នេះ? តើបងប្អូនប្រុសស្រីបានបរិច្ចាគរបស់ទាំងនេះដល់ពួកគេ ឬក៏ដំណាក់របស់ព្រះជាម្ចាស់បានបែងចែករបស់ទាំងនេះឱ្យពួកគេ? តើអ្នករាល់គ្នាធ្លាប់ឮថា ដំណាក់របស់ព្រះជាម្ចាស់បែងចែករបស់ទាំងនេះដល់អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់រូបដែរឬទេ? (អត់ទេ។) អ៊ីចឹង តើពួកគេទទួលបានរបស់ទាំងនោះដោយរបៀបណា? ទោះជាយ៉ាងណាក៏ដោយ ទាំងនេះមិនមែនជារបស់ដែលពួកគេទទួលបានតាមរយៈការខិតខំប្រឹងប្រែងធ្វើការរបស់ពួកគេផ្ទាល់ឡើយ ផ្ទុយទៅវិញ វាជារបស់ដែលពួកគេទទួលបានបន្ទាប់ពីទទួលបានឋានៈ និងក្លាយជា «មន្ត្រី» ដែលនៅទីនោះពួកគេអាចសោយសុខនឹងផលប្រយោជន៍នៃឋានៈ តាមរយៈការគាបទារអ្នកដទៃ និងតាមរយៈការបោកប្រាស់ និងការរឹបអូសយក។ នៅក្នុងពួកជំនុំគ្រប់ទីកន្លែង តើមានមនុស្សបែបនេះដែរឬទេ ក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់លំដាប់ថ្នាក់ខុសៗគ្នា ដែលអ្នករាល់គ្នាបានទាក់ទងជាមួយនោះ? នៅពេលពួកគេក្លាយជាអ្នកដឹកនាំដំបូង ពួកគេគ្មានអ្វីសោះ ប៉ុន្តែមិនដល់បីខែផង ពួកគេមានកុំព្យូទ័រ និងទូរសព្ទម៉ាកល្បីៗថ្លៃៗបាត់ទៅហើយ។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ មនុស្សមួយចំនួនគិតថា ពួកគេគួរតែសោយសុខនឹងការទំនុកបម្រុងកម្រិតខ្ពស់ ពោលគឺនៅពេលពួកគេចេញក្រៅ ពួកគេគួរតែជិះរថយន្ត កុំព្យូទ័រ និងទូរសព្ទដែលពួកគេប្រើ គួរតែល្អជាងរបស់ដែលមនុស្សធម្មតាប្រើ ត្រូវតែជាម៉ាកល្បីៗថ្លៃៗ ហើយនៅពេលដែលវាហួសស៊េរី ពួកគេត្រូវតែដូរយករបស់ថ្មី។ តើដំណាក់របស់ព្រះជាម្ចាស់មានច្បាប់ទាំងនេះដែរឬទេ? ដំណាក់របស់ព្រះជាម្ចាស់មិនដែលធ្លាប់មានច្បាប់ទាំងនេះឡើយ ហើយក៏គ្មានបងប្អូនប្រុសស្រីណាម្នាក់គិតបែបនេះដែរ។ ចុះតើរបស់ទាំងនេះដែលអ្នកដឹកនាំទាំងនេះសោយសុខ បានមកពីណា? ម្យ៉ាង គឺពួកគេទទួលបានរបស់ទាំងនេះដោយការគាបទារបងប្អូនប្រុសស្រី និងដោយការឱ្យអ្នកមានលុយទិញរបស់ទាំងនេះឱ្យពួកគេ តាមរយៈការជ្រកក្រោមស្លាកនៃការបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ក្រៅពីនេះ ពួកគេបានទិញរបស់ទាំងនេះដោយខ្លួនឯង តាមរយៈការប្រើប្រាស់មិនត្រឹមត្រូវ និងការលួចតង្វាយ។ តើពួកគេមិនមែនជាមនុស្សថោកទាបដែលទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់ទេឬ? តើនេះមានអ្វីខុសប្លែកពីមនុស្សនៅក្នុងប៉ុន្មានករណីមុន ដែលខ្ញុំបានចែករំលែកដែរឬទេ? (អត់ទេ។) តើពួកគេមានចំណុចរួមអ្វីខ្លះ? ពួកគេសុទ្ធតែបានប្រើប្រាស់តំណែងរបស់ពួកគេដើម្បីកិបកេងតង្វាយ និងទទួលបានតង្វាយដោយការគាបទារ។ មនុស្សមួយចំនួននិយាយថា៖ «តាមរយៈការធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ តើពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសោយសុខនឹងរបស់ទាំងនេះទេឬ? តើពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចែករំលែកតង្វាយរបស់ព្រះជាម្ចាស់រួមជាមួយទ្រង់ទេឬ?» ចូរប្រាប់ខ្ញុំមកមើល តើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ? (អត់ទេ។) ប្រសិនបើពួកគេត្រូវការទិញរបស់មួយចំនួនដើម្បីបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ក្នុងករណីនេះ ដំណាក់របស់ព្រះជាម្ចាស់មានច្បាប់ដែលចែងថា ពួកគេអាចទិញរបស់ទាំងនោះបាន ប៉ុន្តែតើមនុស្សទាំងនេះកំពុងទិញរបស់របរនៅក្នុងការចែងនៃច្បាប់ដែរឬទេ? (មិនមែនទេ។) តើអ្នករាល់គ្នាឃើញអ្វីខ្លះ ដែលបង្ហាញប្រាប់អ្នករាល់គ្នាថា ពួកគេមិនបានធ្វើបែបនោះ? (ប្រសិនបើពួកគេពិតជាត្រូវការវាសម្រាប់កិច្ចការមែន ពួកគេនឹងគិតថារបស់អ្វីក៏បានដែរ ឱ្យតែអាចប្រើប្រាស់បាន ប៉ុន្តែអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទដេញតាម គឺជារបស់ម៉ាកល្បីៗថ្លៃៗ ហើយពួកគេប្រើប្រាស់របស់ដែលល្អបំផុតគ្រប់យ៉ាង។ ដោយវិនិច្ឆ័យតាមចំណុចនេះ យើងអាចឃើញថា ពួកគេកំពុងប្រើប្រាស់ឋានៈរបស់ពួកគេ ដើម្បីសោយសុខនឹងរបស់របរខាងសម្ភារៈទាំងនេះ។) ត្រឹមត្រូវហើយ។ ប្រសិនបើវាត្រូវការសម្រាប់កិច្ចការមែន របស់អ្វីក៏បានដែរ ឱ្យតែអាចប្រើប្រាស់បាន។ ហេតុអ្វីបានជាពួកគេចាំបាច់ត្រូវប្រើរបស់ដែលឡូយឆាយ និងថ្លៃៗបែបនេះ? លើសពីនេះ នៅពេលពួកគេទិញរបស់ទាំងនេះ តើមានអ្នកដទៃចូលរួមក្នុងការសម្រេចចិត្ត និងយល់ព្រមជាមួយវាដែរឬទេ? តើនេះមិនមែនជាបញ្ហាទេឬ? ប្រសិនបើមានអ្នកដទៃចូលរួមក្នុងការសម្រេចចិត្ត តើអ្នកដទៃទាំងអស់នោះអាចយល់ព្រមឱ្យពួកគេទិញរបស់ថ្លៃៗទាំងនេះបានដែរឬទេ? មិនអាចជាដាច់ខាត។ វាច្បាស់ក្រឡែតណាស់ថា ពួកគេទទួលបានរបស់ទាំងនេះដោយការលួចតង្វាយ។ រឿងនេះគឺច្បាស់ក្រឡែតតែម្ដង។ លើសពីនេះ ដំណាក់របស់ព្រះជាម្ចាស់មានច្បាប់មួយ គឺនៅក្នុងពួកជំនុំនីមួយៗ ទាំងការការពារតង្វាយ និងការសហការដើម្បីបំពេញកិច្ចការ គឺមិនដែលជាការងាររបស់មនុស្សតែម្នាក់ឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនេះ ក្នុងនាមជាបុគ្គលម្នាក់ៗ អាចប្រើប្រាស់ និងចំណាយតង្វាយតាមតែចិត្តរបស់ពួកគេបាន? នេះគឺមិនស្របតាមគោលការណ៍ឡើយ។ តើធម្មជាតិនៃរឿងទាំងនេះដែលពួកគេធ្វើ មិនមែនជាការលួចតង្វាយទេឬ? ពួកគេបានទិញរបស់ទាំងនេះ និងទទួលបានរបស់ទាំងនេះ ដោយមិនទទួលបានការយល់ព្រម និងការអនុម័តពីអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀតឡើយ កុំថាឡើយដល់ការជូនដំណឹងដល់អ្នកដទៃ ហើយដោយគ្មាននរណាម្នាក់ផ្សេងទៀតដឹងពីអ្វីដែលពួកគេកំពុងធ្វើនោះទេ។ តើធម្មជាតិនៃរឿងនេះ មិនរាងដូចជាការលួចទេឬ? នេះហៅថា ការលួចតង្វាយ។ ការលួចគឺជាការបោកប្រាស់។ ហេតុអ្វីក៏វាត្រូវបានហៅថា ការបោកប្រាស់? ពីព្រោះពួកគេបានទិញរបស់ឡូយឆាយទាំងនេះ និងទទួលបានវា តាមរយៈការជ្រកក្រោមស្លាកនៃការបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ឥរិយាបថប្រភេទនេះត្រូវបានហៅថា ការបោកប្រាស់ ហើយវាត្រូវបានហៅថា ការឆបោក។ តើខ្ញុំនិយាយហួសហេតុពេកទេ ដែលកំណត់លក្ខណៈវាបែបនេះ? តើខ្ញុំកំពុងធ្វើរឿងតូចឱ្យក្លាយជារឿងធំមែនទេ? (មិនមែនទេ។) មិនត្រឹមតែប៉ុណ្ណឹងទេ តែបន្ទាប់ពីអ្នកដែលគេហៅថាជាអ្នកដឹកនាំទាំងនេះ ស្នាក់នៅកន្លែងណាមួយបានមួយរយៈ ពួកគេស្ទាបស្ទង់ដឹងយ៉ាងច្បាស់ថា តើបងប្អូនប្រុសស្រីនៅទីនោះធ្វើការងារអ្វីខ្លះនៅក្នុងលោកីយ៍ តើពួកគេមានទំនាក់ទំនងសង្គមអ្វីខ្លះ ហើយតើផលប្រយោជន៍អ្វីខ្លះដែលពួកគេអាចបោកប្រាស់ និងទទួលបានពីមនុស្សទាំងនេះ ព្រមទាំងទំនាក់ទំនងអ្វីខ្លះដែលពួកគេអាចប្រើប្រាស់បាន។ ឧទាហរណ៍៖ ទោះបងប្អូនប្រុសស្រីណាធ្វើការនៅមន្ទីរពេទ្យ នៅស្ថាប័នរដ្ឋ ឬនៅធនាគារ ឬនរណាម្នាក់ជាសហគ្រិន គ្រួសាររបស់នរណាម្នាក់មានហាង មានរថយន្ត ឬមានផ្ទះធំ ជាដើម ពួកគេស្ទាបស្ទង់ដឹងពីរឿងទាំងនោះយ៉ាងច្បាស់។ តើរឿងទាំងនេះស្ថិតនៅក្នុងវិសាលភាពកិច្ចការរបស់អ្នកដឹកនាំទាំងនេះដែរឬទេ? តើពួកគេស្ទាបស្ទង់ពីរឿងទាំងនេះដើម្បីអ្វី? ពួកគេចង់ប្រើប្រាស់ទំនាក់ទំនងទាំងនេះ ហើយប្រើប្រាស់បងប្អូនប្រុសស្រីទាំងនេះ ដែលមានតំណែងពិសេសនៅក្នុងលោកីយ៍ ឱ្យបម្រើការដល់ពួកគេ បម្រើពួកគេ និងផ្ដល់ភាពងាយស្រួលដល់ពួកគេ។ អ្នកគិតថា ពួកគេកំពុងធ្វើបែបនេះដើម្បីបំពេញកិច្ចការរបស់ពួកជំនុំ និងប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយការលំបាករបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មែនទេ? តើនោះជាអ្វីដែលពួកគេកំពុងធ្វើមែនទេ? មានបំណង និងគោលដៅនៅពីក្រោយរឿងទាំងអស់នេះដែលពួកគេធ្វើ។ នៅពេលអ្នកដឹកនាំ និងអ្នកធ្វើការពិតប្រាកដធ្វើកិច្ចការ ពួកគេផ្ដោតលើការដោះស្រាយបញ្ហា និងផ្ដោតលើការបំពេញកិច្ចការរបស់ពួកជំនុំឱ្យបានល្អ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះរឿងដែលមិនពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំឡើយ។ ពួកគេគ្រាន់តែផ្ដោតលើការសាកសួរថា តើនរណានៅក្នុងពួកជំនុំដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះសរ នរណាដែលមានប្រសិទ្ធភាពក្នុងភារកិច្ចរបស់ខ្លួន នរណាដែលអាចទទួលយកសេចក្ដីពិត និងអនុវត្តសេចក្ដីពិត ហើយនរណាដែលមានភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ បន្ទាប់មក ពួកគេដំឡើងតំណែងដល់អ្នកទាំងនោះ ហើយស៊ើបសួររកមនុស្សទាំងនោះដែលបង្កការបង្អាក់ និងការរំខាន ព្រមទាំងដោះស្រាយជាមួយពួកគេទៅតាមគោលការណ៍។ មានតែមនុស្សដែលអនុវត្តបែបនេះទេ ទើបជាអ្នកដឹកនាំ និងអ្នកធ្វើការពិតប្រាកដ។ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងទាំងនេះដែរឬទេ? (អត់ទេ។) តើពួកគេធ្វើអ្វីខ្លះ? ពួកគេធ្វើរឿងរ៉ាវ និងធ្វើការរៀបចំទុកជាមុន ដើម្បីប្រមូលយករបស់ដែលគួរឱ្យចង់បានសម្រាប់ខ្លួនពួកគេ និងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែមិនខិតខំប្រឹងប្រែងចំពោះកិច្ចការរបស់ពួកជំនុំឡើយ ហើយក៏មិនចាត់ទុកវាជារឿងសំខាន់ដែរ។ ហេតុដូច្នេះហើយ បន្ទាប់ពីពួកគេចាក់ឫសគល់នៅកន្លែងណាមួយ ពួកគេស្ទើរតែបានស្ទាបស្ទង់ដឹងអស់ទៅហើយថា តើបងប្អូនប្រុសស្រីណាខ្លះដែលអាចផ្ដល់ការបម្រើការអ្វីខ្លះដល់ពួកគេ។ ឧទាហរណ៍៖ អ្នកណាដែលធ្វើការនៅរោងចក្រផលិតថ្នាំ អាចឱ្យថ្នាំពួកគេដោយឥតគិតថ្លៃនៅពេលពួកគេឈឺ និងឱ្យថ្នាំនាំចូលដែលមានគុណភាពខ្ពស់ដល់ពួកគេ។ អ្នកណាដែលធ្វើការនៅធនាគារ អាចសម្រួលដល់ពួកគេក្នុងការដាក់ប្រាក់ ឬដកប្រាក់ ជាដើម។ ពួកគេស្ទាបស្ទង់ដឹងពីរឿងទាំងអស់នេះយ៉ាងច្បាស់។ ពួកគេប្រមូលផ្ដុំមនុស្សទាំងនេះមកនៅចំពោះមុខពួកគេ ដោយមិនខ្វល់ថាតើភាពជាមនុស្សរបស់មនុស្សទាំងនេះល្អ ឬមិនល្អនោះឡើយ។ ឱ្យតែមនុស្សទាំងនេះដើរតាមពួកគេ ហើយសុខចិត្តធ្វើជាអ្នកជួយ និងជាបក្ខពួករបស់ពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងឱ្យរបស់ដែលគួរឱ្យចង់បានទៅអ្នកទាំងនោះ ហើយរក្សាមនុស្សទាំងនោះឱ្យនៅក្បែរ ព្រមទាំងចិញ្ចឹមបីបាច់ និងការពារពួកគេ ខណៈពេលដែលមនុស្សទាំងនេះធ្វើការដើម្បីពង្រឹងតំណែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនៅក្នុងពួកជំនុំ និងដើម្បីរក្សាកម្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ។ ដូច្នេះ នៅពេលអ្នកចង់មើលថាតើអ្នកដឹកនាំពួកជំនុំម្នាក់កំពុងបំពេញកិច្ចការជាក់ស្ដែងដែរឬទេ ចូរសួរគេអំពីស្ថានភាពពិតប្រាកដរបស់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនោះ និងថាតើកិច្ចការរបស់ពួកជំនុំកំពុងដំណើរការយ៉ាងដូចម្ដេច នោះអ្នកនឹងអាចមើលឃើញយ៉ាងច្បាស់ថា តើគេពិតជាអ្នកដែលបំពេញកិច្ចការជាក់ស្ដែងមែនឬក៏អត់។ មនុស្សមួយចំនួនស្ទាបស្ទង់ដឹងយ៉ាងច្បាស់ពីបញ្ហាគ្រួសារ និងស្ថានភាពរស់នៅរបស់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ។ ប្រសិនបើអ្នកសួរពួកគេថា តើនរណាធ្វើការនៅរោងចក្រផលិតថ្នាំ គ្រួសារនរណាមានហាង គ្រួសារនរណាមានរថយន្ត គ្រួសារនរណាធ្វើអាជីវកម្មធំដុំ ឬនរណាធ្វើការនៅស្ថាប័នក្នុងតំបន់ណាមួយ ហើយអាចធ្វើរឿងរ៉ាវសម្រាប់បងប្អូនប្រុសស្រីបាន នោះពួកគេអាចប្រាប់អ្នកបានយ៉ាងច្បាស់។ ប្រសិនបើអ្នកសួរពួកគេថា តើនរណាដេញតាមសេចក្ដីពិត នរណាដែលធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់ខ្លួន នរណាជាអាទទឹងនឹងព្រះគ្រីស្ទ នរណាដែលព្យាយាមអូសទាញយកមនុស្ស នរណាដែលមានប្រសិទ្ធភាពក្នុងការផ្សាយដំណឹងល្អ ឬតើមានអ្នកដែលអាចទទួលយកដំណឹងល្អប៉ុន្មាននាក់នៅក្នុងតំបន់ នោះពួកគេមិនដឹងពីរឿងទាំងនេះឡើយ។ តើមនុស្សទាំងនេះជាមនុស្សប្រភេទណាទៅ? ពួកគេចង់ប្រើប្រាស់ទំនាក់ទំនងសង្គមទាំងអស់នៅកន្លែងដែលពួកគេនៅ ហើយបង្រួបបង្រួមទំនាក់ទំនងសង្គមទាំងនោះឱ្យក្លាយជាក្រុមសង្គមតូចមួយ។ ហេតុដូច្នេះហើយ កន្លែងដែលអ្នកដឹកនាំទាំងនេះនៅ មិនអាចហៅថាជាពួកជំនុំបានឡើយ។ បន្ទាប់ពីពួកគេបានធ្វើតាមអំពើចិត្តរួច វាបានក្លាយជាក្រុមសង្គមមួយបាត់ទៅហើយ។ នៅពេលមនុស្សទាំងនេះជួបជុំគ្នា ពួកគេមិនបើកចំហចិត្តរបស់ពួកគេ និងប្រកបគ្នាអំពីការយល់ដឹងតាមរយៈបទពិសោធរបស់គ្នាទៅវិញទៅមកឡើយ ផ្ទុយទៅវិញ ពួកគេមើលថាតើនរណាមានទំនាក់ទំនងរឹងមាំជាង នរណាមានឋានៈខ្ពស់នៅក្នុងសង្គម និងមានសមិទ្ធផលច្រើន នរណាដែលមានឈ្មោះបោះសំឡេងនៅក្នុងសង្គម នរណាដែលមានឥទ្ធិពលនៅក្នុងសង្គម ហើយនរណាដែលអាចផ្ដល់ការបម្រើការដ៏ងាយស្រួលជាពិសេស និងរបស់ដែលគួរឱ្យចង់បានដល់អ្នកដឹកនាំនោះ។ ទោះមនុស្សទាំងនេះជានរណាក៏ដោយ ក៏ពួកគេមានឋានៈនៅក្នុងចិត្តរបស់អ្នកដឹកនាំនោះ។ តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើទេឬ? (មែនហើយ។) តើពួកទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើអ្វី? តើពួកគេកំពុងស្ថាបនាពួកជំនុំមែនទេ? ពួកគេកំពុងវាយកម្ទេចពួកជំនុំ និងបំផ្លាញពួកជំនុំ ព្រមទាំងរំខាន និងបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេកំពុងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួន ក្រុមឯកជនផ្ទាល់ខ្លួន និងបក្ខពួករបស់ពួកគេ។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។
ខ្ញុំបានទាក់ទងជាមួយអ្នករាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែតើខ្ញុំធ្លាប់សួរថា គ្រួសាររបស់អ្នករាល់គ្នាធ្វើការងារអ្វី គ្រួសាររបស់អ្នករាល់គ្នាធូរធារកម្រិតណា និងមានប្រវត្តិបែបណាដែរឬទេ? (មិនធ្លាប់ទេ។) ហេតុអ្វីបានជាខ្ញុំមិនសួរពីរឿងទាំងនេះ? វាមិនមានប្រយោជន៍អ្វីទេក្នុងការសួរពីរឿងទាំងនោះ។ ដំណាក់របស់ព្រះជាម្ចាស់មិនមែនជាសង្គមឡើយ។ មិនចាំបាច់ត្រូវយកចិត្តយកថ្លើមអ្នកដទៃ ឬរត់ការខ្សែរយៈជាមួយអ្នកដទៃឡើយ។ ការសួរពីរឿងទាំងនេះ គឺគ្មានទំនាក់ទំនងអ្វីទាល់តែសោះ ជាមួយនឹងការជឿលើព្រះជាម្ចាស់។ ចូរកុំប្រែក្លាយដំណាក់របស់ព្រះជាម្ចាស់ ឱ្យទៅជាសង្គមឱ្យសោះ។ មិនថាប្រវត្តិគ្រួសាររបស់អ្នកបែបណានោះទេ មិនថាក្រីក្រ ឬមានបាននោះទេ ទោះអ្នករស់នៅក្នុងមជ្ឈដ្ឋានបែបណា មិនថាទីក្រុង ឬជនបទនោះទេ ក៏វាមិនសំខាន់ដែរ។ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិតទេ មិនថាអ្នកធ្លាប់មានឋានៈខ្ពស់កម្រិតណានៅក្នុងសង្គមក៏ដោយ ក៏វាមិនសំខាន់ដែរ។ ខ្ញុំនឹងមិនមើលលើរឿងនោះឡើយ។ នៅពេលខ្ញុំជជែកជាមួយមនុស្ស ខ្ញុំមិនដែលសួរពីស្ថានភាពគ្រួសាររបស់ពួកគេទេ។ ប្រសិនបើពួកគេស្ម័គ្រចិត្តនិយាយពីរឿងនេះ នោះខ្ញុំស្ដាប់ ប៉ុន្តែខ្ញុំមិនដែលចាត់ទុករឿងទាំងនេះជាព័ត៌មានសំខាន់ដែលខ្ញុំត្រូវតែសួរឡើយ កុំថាឡើយដល់ការព្យាយាមប្រមូលយកព័ត៌មានណាមួយ ដើម្បីយកទៅប្រើប្រាស់មនុស្សនោះ។ ក៏ប៉ុន្តែ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទសួរពីរឿងទាំងនេះ ពួកគេប្រាកដជាមិនមែនធ្វើបែបនេះគ្រាន់តែដើម្បីជជែកលេងនោះទេ ផ្ទុយទៅវិញ ពួកគេកំពុងធ្វើបែបនេះដើម្បីប្រមូលយករបស់ដែលគួរឱ្យចង់បានមួយចំនួន។ ឧទាហរណ៍៖ គ្រួសារនរណាក៏ដោយដែលមានហាងលក់ផលិតផលសុខភាព ហើយអាចឱ្យពួកគេទិញផលិតផលសុខភាពក្នុងតម្លៃបោះដុំ នោះពួកគេនឹងទៅយកចិត្តគ្រួសារនេះ ឬនរណាក៏ដោយដែលមានមិត្តភក្ដិដែលពួកគេអាចប្រើប្រាស់ដើម្បីជួយទិញរបស់ល្អៗ ពួកគេនឹងចងចាំទុក។ ពួកគេកត់ត្រាទុកនូវបញ្ជី «ទំនាក់ទំនង» ទាំងនេះ និងមនុស្សទាំងនេះដែលពួកគេគិតថាជាអ្នកមានទេពកោសល្យពិសេស ហើយប្រើប្រាស់អ្នកទាំងនោះនៅពេលសំខាន់ៗ។ ពួកគេគិតថាមនុស្សទាំងនេះសុទ្ធតែមានទេពកោសល្យ និងមានប្រយោជន៍យ៉ាងធំធេងសម្រាប់ពួកគេ។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) មនុស្សដែលមិនដេញតាមសេចក្ដីពិត ហើយដែលជារបស់លោកីយ៍ និងជាកម្មសិទ្ធិសាតាំង ចាត់ទុករឿងទាំងនេះថាសំខាន់ជាងជីវិត និងសេចក្ដីពិតទៅទៀត។ ប្រសិនបើមនុស្សណាម្នាក់ធ្លាប់ជាកម្មករធម្មតានៅក្នុងសង្គម ហើយពេលដែលអ្នកដឹកនាំឮបែបនេះភ្លាម គេមិនចង់យកចិត្តទុកដាក់ចំពោះបុគ្គលនោះឡើយ មិនថាបុគ្គលនោះដេញតាមយ៉ាងស្មោះអស់ពីចិត្តនៅក្នុងសេចក្ដីជំនឿរបស់គេកម្រិតណាក៏ដោយ ប៉ុន្តែនៅពេលអ្នកដឹកនាំនោះឃើញថានរណាម្នាក់ធ្លាប់ជាមន្ត្រី ហើយគ្រួសាររបស់អ្នកនោះធូរធារ មានរបៀបរស់នៅដ៏ខ្ពង់ខ្ពស់ និងរស់នៅយ៉ាងហ៊ឺហារបំផុត ហើយគេក៏ទៅអែបអបអ្នកនោះ តើនេះជាអ្នកដឹកនាំល្អដែរឬទេ? (មិនល្អទេ។) តើអ្នករាល់គ្នាធ្លាប់ទទួលរងនូវការប្រព្រឹត្តដាក់បែបនេះដែរឬទេ? តើអ្នករាល់គ្នាគិតយ៉ាងណានៅក្នុងចិត្ត បន្ទាប់ពីទទួលរងនូវការប្រព្រឹត្តដាក់បែបនេះ? តើអ្នករាល់គ្នាមានអារម្មណ៍ថា គ្មានសេចក្ដីស្រឡាញ់ ឬភាពកក់ក្ដៅនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកទទឹងនឹងព្រះគ្រីស្ទតំណាងឱ្យដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ពួកគេមិនតំណាងឱ្យដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតំណាងឱ្យសាតាំង។ របៀបដែលពួកគេប្រព្រឹត្ត និងសារជាតិរបស់ពួកគេ សុទ្ធតែជាកម្មសិទ្ធិសាតាំង ហើយគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹងសេចក្ដីពិត។ ពួកគេគ្រាន់តែតំណាងឱ្យខ្លួនឯងប៉ុណ្ណោះ។ ក៏មានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ដែលបន្ទាប់ពីពួកគេក្ដាប់បាន «ទំនាក់ទំនង» ទាំងនេះនៅក្នុងដៃ និងទាក់ទងទំនាក់ទំនងទាំងនោះ ពួកគេប្រើប្រាស់ទំនាក់ទំនងទាំងនេះដើម្បីចាត់ចែងបញ្ហាឯកជនឱ្យពួកគេ ឬថែមទាំងដើម្បីរៀបចំកិច្ចការឱ្យសមាជិកគ្រួសាររបស់ពួកគេទៀតផង។ ចូរប្រាប់ខ្ញុំមកមើល តើរឿងបែបនេះមានកើតឡើងដែរឬទេ? (កើតឡើង។) ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ពិតជាមានសមត្ថភាពធ្វើរឿងទាំងនេះណាស់។ មនុស្សដែលគ្មានមនសិការ ដែលគ្មានភាពអៀនខ្មាស ហើយដែលអាត្មានិយម និងថោកទាបដល់កម្រិតកំពូល មានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាង ពួកគេមានសមត្ថភាពធ្វើរឿងគ្រប់បែបយ៉ាងដែលមិនស្របតាមសេចក្ដីពិត ហើយដែលផ្ទុយស្រឡះពីសីលធម៌ និងមនសិការរបស់មនុស្សម្នាក់។ ដូច្នេះ នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការប្រើប្រាស់តំណែងរបស់ពួកគេដើម្បីចាត់ចែងកិច្ចការឯកជនរបស់ខ្លួន ការប្រមូលយកផលប្រយោជន៍ និងរឿងបែបនោះ គឺជារឿងធម្មតាបំផុតនៅក្នុងលោកីយ៍នេះ ហើយវាមិនគួរត្រូវបានលើកយកមកនិយាយ និងវែកញែក ឬស្វែងយល់ឡើយ។ វាដូចទៅនឹងអ្វីដែលអ្នកគ្មានជំនឿនិយាយថា៖ «ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានតំណែងសម្រាប់តែអាហារ និងសម្លៀកបំពាក់» អ៊ីចឹងដែរ។ នេះក៏ជាគោលដៅដែលពួកទទឹងនឹងព្រះគ្រីស្ទដេញតាម តាមរយៈការធ្វើជាអ្នកដឹកនាំផងដែរ។ ដូចទៅនឹងការដេញតាមរបស់ពួកគេអ៊ីចឹង ពួកគេក៏កំពុងខិតខំប្រឹងប្រែងក្នុងទិសដៅនេះ ដោយគ្មានការស្ដីបន្ទោសខ្លួនឯងសូម្បីបន្តិចឡើយ ដោយប្រើប្រាស់អំណាចនៅក្នុងដៃរបស់ពួកគេ និងប្រើប្រាស់តំណែងរបស់ពួកគេដើម្បីគំរាមកំហែងបងប្អូនប្រុសស្រីឱ្យធ្វើរឿងរ៉ាវ ហាក់ដូចជាវាជារឿងដ៏មានវិចារណញ្ញាណអ៊ីចឹង ហើយលើកឡើងនូវការអនុវត្ត និងការទាមទារគ្រប់បែបយ៉ាងដល់បងប្អូនប្រុសស្រី ដែលមិនស្របតាមគោលការណ៍ឡើយ។ មនុស្សមានគំនិតច្របូកច្របល់មួយចំនួន ដែលខ្វះការញែកដឹង ត្រូវបានអ្នកដឹកនាំទាំងនេះប្រើប្រាស់ និងបញ្ជាឱ្យធ្វើនេះធ្វើនោះទាំងផ្ទុយពីឆន្ទៈរបស់ពួកគេ ហើយថែមទាំងអាចមានមនុស្សមួយចំនួនដែលប្រើប្រាស់លុយផ្ទាល់ខ្លួនរបស់ពួកគេដើម្បីធ្វើរឿងរ៉ាវសម្រាប់អ្នកដឹកនាំទាំងនោះ ប៉ុន្តែមិនអាចនិយាយអ្វីបានទៀតផង ហើយគិតថា តាមរយៈការធ្វើបែបនេះ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន និងកំពុងសន្សំអំពើល្អទុក។ ខ្ញុំសូមប្រាប់អ្នកទៅចុះ៖ តាមពិតទៅ អ្នកកំពុងតែយល់ខុសហើយ។ ក្នុងការធ្វើបែបនេះ អ្នកមិនមែនកំពុងសន្សំអំពើល្អទុកឡើយ ផ្ទុយទៅវិញ អ្នកកំពុងជួយមនុស្សអាក្រក់ក្នុងការធ្វើរឿងអាក្រក់ ហើយកំពុងបង្កើនកម្លាំងរបស់មនុស្សអាក្រក់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នៅពេលដែលអ្នកធ្វើរឿងទាំងនេះ វាមិនស្របតាមគោលការណ៍ឡើយ។ អ្នកមិនមែនកំពុងបំពេញភារកិច្ចរបស់ខ្លួនទេ។ អ្នកកំពុងជួយអាទទឹងនឹងព្រះគ្រីស្ទរិះរកល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងចាត់ចែងបញ្ហាឯកជនឱ្យពួកគេ។ នេះមិនមែនជាភារកិច្ចរបស់អ្នកទេ វាមិនមែនជាការទទួលខុសត្រូវរបស់អ្នកឡើយ។ វាមិនមែនជាការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានដល់អ្នកទេ ហើយវាក៏មិនមែនជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ តាមរយៈការធ្វើបែបនេះ អ្នកកំពុងបម្រើសាតាំង និងធ្វើការឱ្យសាតាំងហើយ។ តើព្រះជាម្ចាស់នឹងនឹកចាំពីអ្នក សម្រាប់ការធ្វើការឱ្យសាតាំងដែរឬទេ? (អត់ទេ។) ចុះបើដូច្នេះ តើព្រះជាម្ចាស់នឹងនឹកចាំពីអ្វីទៅ? មានឃ្លាមួយនៅក្នុងព្រះគម្ពីរ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់ឲ្យឯងរាល់គ្នាដឹងយ៉ាងប្រាកដថា កាលណាអ្នករាល់គ្នាបានធ្វើការនេះដល់អ្នកតូចបំផុតនៅក្នុងចំណោមបងប្អូនរបស់អញ នោះអ្នករាល់គ្នាដូចជាបានធ្វើចំពោះខ្ញុំដូច្នេះដែរ» (ម៉ាថាយ ២៥:៤០)។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បានចែងទុក។ តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? ប្រសិនបើអ្នកអាចធ្វើរឿងអ្វីមួយសម្រាប់អ្នកតូចបំផុតនៅក្នុងចំណោមបងប្អូនប្រុសស្រី នោះរឿងនោះប្រាកដជាត្រូវបានធ្វើឡើងស្របតាមគោលការណ៍ និងស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មិនខាន។ អ្នកមិនមើលថាតើមនុស្សម្នាក់មានឋានៈខ្ពស់កម្រិតណានោះទេ ផ្ទុយទៅវិញ អ្នកធ្វើរឿងរ៉ាវទៅតាមគោលការណ៍។ មនុស្សមួយចំនួនគ្រាន់តែធ្វើរឿងរ៉ាវ ខិតខំប្រឹងប្រែង និងធ្វើការឱ្យអស់អ្នកដែលមានឋានៈប៉ុណ្ណោះ ហើយគាំទ្រពួកគេយ៉ាងក្លៀវក្លា ប៉ុន្តែប្រសិនបើមនុស្សដែលគ្មានឋានៈពឹងឱ្យពួកគេធ្វើរឿងអ្វីមួយ ទោះបីជាវាជាភារកិច្ច ឬការទទួលខុសត្រូវដែលពួកគេគួរតែធ្វើក៏ដោយ ក៏ពួកគេមិនអើពើនឹងអ្នកទាំងនោះឡើយ។ ដូច្នេះ តើរឿងដែលពួកគេធ្វើ ត្រូវបានកំណត់លក្ខណៈយ៉ាងដូចម្ដេច? តាមទស្សនៈរបស់ព្រះជាម្ចាស់ រឿងទាំងនេះត្រូវបានកំណត់លក្ខណៈថាជាការធ្វើការឱ្យសាតាំង ហើយទ្រង់នឹងមិននឹកចាំពីរឿងទាំងនេះទាល់តែសោះ។ នេះគឺជាករណីទីប្រាំមួយ។ តើអ្នករាល់គ្នាធ្លាប់ឃើញករណីបែបនេះដែរឬទេ? (ឱព្រះជាម្ចាស់ ទូលបង្គំធ្លាប់ឃើញមួយករណី។ ពីមុន នៅពេលមានអាទទឹងនឹងព្រះគ្រីស្ទម្នាក់ធ្វើជាអ្នកដឹកនាំនៅកន្លែងដែលពួកទូលបង្គំនៅ នាងបានប្រើប្រាស់តំណែងរបស់នាងដើម្បីទុកអាហារឆ្ងាញ់ៗ របស់របរមានប្រយោជន៍ គ្រឿងសម្អាង និងរបស់ផ្សេងៗទៀតដែលបងប្អូនប្រុសស្រីបានបរិច្ចាគ សម្រាប់ខ្លួននាងផ្ទាល់។ របស់ខ្លះហួសកាលបរិច្ឆេទប្រើប្រាស់ទៅហើយ ប៉ុន្តែនាងនៅតែមិនឱ្យរបស់ទាំងនោះទៅបងប្អូនប្រុសស្រីឡើយ នាងបានកិបកេងរបស់ទាំងអស់នេះ។ លើសពីនេះ នាងបានទិញអាវក្រៅមួយ ប៉ុន្តែក្រោយមក នៅពេលនាងឃើញបងស្រីម្នាក់បានទិញអាវក្រៅដែលមានតម្លៃមិនសូវថ្លៃ ហើយមានគុណភាពល្អ នាងក៏គិតរកពាក្យសម្ដីគ្រប់បែបយ៉ាងដើម្បីនិយាយទៅកាន់បងស្រីនោះ ដើម្បីបោកប្រាស់យកអាវក្រៅនោះពីគាត់ ហើយធ្វើឱ្យបងស្រីនោះចំណាយលុយបន្ថែមទៀតដើម្បីទិញអាវក្រៅសម្រាប់ខ្លួនគាត់ផ្ទាល់។) គេអាចនិយាយបានថា អាទទឹងនឹងព្រះគ្រីស្ទគ្រប់រូប គឺជាមនុស្សអាក្រក់ ហើយថាពួកគេគ្មានភាពជាមនុស្ស គ្មានមនសិការ ហើយចរិតលក្ខណៈរបស់ពួកគេគឺថោកទាបជាពិសេស។ នៅទីបំផុត មនុស្សទាំងនេះត្រូវតែត្រូវបានបើកសម្ដែង និងជម្រុះចោល។
កាលពីមុន មានគ្រួសារមួយដែលមានសមាជិកបីនាក់ បានមកក្រៅប្រទេសដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ បន្ទាប់ពីមកដល់ ពួកគេបានឱ្យបងប្អូនប្រុសស្រីនាំពួកគេចេញទៅក្រៅជារៀងរាល់ថ្ងៃដើម្បីទិញរបស់របរ អ្នកខ្លះចង់បានអាវក្រៅ អ្នកខ្លះចង់បានខោ ហើយអ្នកខ្លះទៀតចង់បានស្បែកជើង។ ពួកគេបានរកលេស ដោយនិយាយថា ពួកគេមិនបានយកលុយមកច្រើននោះទេ។ ប្រសិនបើពួកគេមិនបានយកលុយមកច្រើនទេ នោះពួកគេមិនគួរទិញរបស់របរឡើយ ប៉ុន្តែពួកគេនៅតែចង់ទិញ ហើយពួកគេមិនចង់បានរបស់ធម្មតាៗទេ គឺចង់បានរបស់ឡូយឆាយ ដែលបងប្អូនប្រុសស្រីជាអ្នកចេញលុយផ្ទាល់ខ្លួនដើម្បីទិញឱ្យ។ នៅពេលគ្រួសារនេះបំពេញភារកិច្ចរបស់ខ្លួនបានមួយរយៈ មនុស្សម្នាចាប់ផ្ដើមមិនពេញចិត្តនឹងឥរិយាបថរបស់ពួកគេ អាហារដែលពួកគេហូប កន្លែងដែលពួកគេរស់នៅ និងរបស់របរដែលពួកគេប្រើប្រាស់សុទ្ធតែខ្ជះខ្ជាយ និងហ៊ឺហារពេកហើយ! ឪពុកនៅក្នុងគ្រួសារនោះ ថែមទាំងឱ្យបងប្អូនប្រុសស្រីទិញទឹកដោះគោឱ្យគាត់ទៀតផង ហើយនៅពេលស្រេកទឹក គាត់ផឹកទឹកដោះគោដូចជាផឹកទឹកអ៊ីចឹង។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងលោកីយ៍នេះ ដែលអាចផឹកទឹកដោះគោដូចជាផឹកទឹកបាននោះ? តើពួកគេត្រូវតែជាមនុស្សកម្រិតណាទៅ? ក្រោយមក គាត់បានឱ្យបងប្អូនប្រុសស្រីទិញក្រូចឃ្វិច និងក្រូចពោធិ៍សាត់ ហើយពួកគេបានទិញមួយថង់ធំ ដែលគ្រួសារនោះញ៉ាំអស់ក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីរឿងនេះ គាត់បាននិយាយថា ពួកគេចង់បានវីតាមីនបំប៉នបន្ថែម ដូច្នេះ គាត់ក៏ប្រាប់បងប្អូនប្រុសស្រីឱ្យទិញផ្លែឆឺរីខ្លះ ថែមទាំងប្រើខ្ញុំជាលេស ដោយនិយាយថា៖ «អ្នកត្រូវតែទិញផ្លែឆឺរីសម្រាប់ព្រះជាម្ចាស់!» ខ្ញុំបាននិយាយថា៖ «ឥឡូវនេះជារដូវរងាហើយ។ វាមិនមែនជារដូវញ៉ាំផ្លែឆឺរីទេ។ ខ្ញុំមិនញ៉ាំវាទេ កុំទិញវាឱ្យខ្ញុំអី»។ គាត់បាននិយាយថា៖ «ពួកយើងនៅតែត្រូវទិញវាដដែល!» នៅពេលបងប្អូនប្រុសស្រីទិញផ្លែឆឺរីតែមួយប្រអប់ គ្រួសាររបស់គាត់បានញ៉ាំវាអស់រលីងក្នុងពេលមួយប៉ព្រិចភ្នែក។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលអាចញ៉ាំបែបនោះសោះ ពួកគេញ៉ាំផ្លែឈើដូចជាញ៉ាំបាយ ហើយផឹកទឹកដោះគោដូចជាផឹកទឹកអ៊ីចឹង។ បន្ទាប់មក នៅពេលដល់ម៉ោងញ៉ាំអាហារ ពួកគេឃើញមានត្រី ហើយក៏ញ៉ាំវាយ៉ាងស្រេកឃ្លាន។ របៀបដែលពួកគេញ៉ាំ នឹងធ្វើឱ្យអ្នករាល់គ្នាខ្ពើមរអើមមិនខាន ពួកគេប្រៀបដូចជាខ្មោចអត់ឃ្លាន ដែលមិនធ្លាប់បានញ៉ាំរបស់ឆ្ងាញ់ៗពីមុនមកអ៊ីចឹង។ ពួកគេគិតថា ឱកាសដើម្បីទទួលបានរបស់ឆ្ងាញ់ៗនេះ គួរតែត្រូវបានកេងចំណេញ ដូច្នេះ ពួកគេក៏ដណ្ដើមគ្នាញ៉ាំញាត់ៗឱ្យឆ្អែតយ៉ាងត្រេកត្រអាល។ នៅទីបំផុត ក្មេងនោះញ៉ាំច្រើនពេក រហូតដល់មានបញ្ហាសុខភាព។ បន្ទាប់ពីរឿងនេះ ក្មេងនោះបាននិយាយរឿងមួយដែលបំភ្លៃភាពសមហេតុផលថា៖ «ប្រសិនបើខ្ញុំមិនបានញ៉ាំត្រីនោះនៅកន្លែងរបស់ព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនឈឺឡើយ!» ខ្ញុំមិនទាំងនៅទីនោះផង នៅពេលគេញ៉ាំវា ហើយខ្ញុំមិនដឹងអ្វីសោះពីរឿងនេះ។ គេញ៉ាំវាដោយខ្លួនឯងសោះ តើគេម្ដេចនឹងអាចទម្លាក់កំហុសមកលើខ្ញុំបានទៅ? ប៉ុន្តែគេពិតជាបានទម្លាក់កំហុសមកលើខ្ញុំមែន។ តើមនុស្សបែបនេះគួរត្រូវបានចាត់ការយ៉ាងដូចម្ដេច? (ពួកគេគួរតែត្រូវបានបោសសម្អាតចេញ។) តើពួកគេជាអ្វី? (ជាពួកអារក្ស និងពួកសាតាំង។) ពួកគេគឺជាពួកអារក្ស។ នៅពេលនោះ ខ្ញុំបាននិយាយទៅកាន់អ្នកដឹកនាំពួកជំនុំក្នុងតំបន់ថា៖ «ចូរបោសសម្អាតពួកគេចេញ ហើយបណ្ដេញពួកគេចេញពីទីនេះ ឱ្យឆ្ងាយតាមដែលអាចធ្វើទៅបាន។ ខ្ញុំមិនចង់ឃើញមុខពួកគេម្ដងទៀតឡើយ!»
ខ្ញុំធ្លាប់ទៅពួកជំនុំមួយចំនួន ហើយបានប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីមិនតិចនាក់ទេ។ ខ្ញុំបានឃើញមនុស្សអាក្រក់ និងមនុស្សទុច្ចរិតគ្រប់ប្រភេទ ប៉ុន្តែចំនួនមនុស្សដែលខ្ញុំអាចសេពគប់ជាមួយបានជាធម្មតាគឺមានតិចតួចណាស់។ ពិតជាគ្មានវិធីប្រាស្រ័យទាក់ទងជាមួយមនុស្សភាគច្រើនឡើយ ហើយមានមនុស្សច្រើនពេកហើយដែលមិនជ្រួតជ្រាបពីវិចារណញ្ញាណទាល់តែសោះ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺមានភាពសមហេតុផលដែលវៀចវេរ និងខុសឆ្គង ហើយពួកគេលើកយកភាពក្លែងក្លាយមកនិយាយ ហាក់ដូចជាវាជារឿងពិតអ៊ីចឹង។ ពួកគេគ្រាន់តែជាសត្វតិរច្ឆាន ពួកអារក្ស និងពួកសាតាំងប៉ុណ្ណោះ ហើយពួកគេគ្មានភាពជាមនុស្ស ឬវិចារណញ្ញាណសូម្បីតែបន្តិចឡើយ។ មនុស្សបែបនេះមានយ៉ាងហោចណាស់ប្រហែលមួយភាគបីនៃមនុស្សនៅក្នុងពួកជំនុំនីមួយៗ។ ពួកគេគ្មានតម្លៃអ្វីទាំងអស់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចត្រូវបានសង្គ្រោះឡើយ ពួកគេទាំងអស់គួរតែត្រូវបានជម្រុះចោលឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ មនុស្សដែលខ្ញុំចូលចិត្តប្រាស្រ័យទាក់ទងជាមួយ គឺជាអស់អ្នកដែលអាចទទួលយកសេចក្ដីពិត ដែលស្មោះត្រង់គួរសម ហើយដែលអាចនិយាយចេញពីចិត្តរបស់ពួកគេ។ មិនថាពួកគេបញ្ចេញឱ្យឃើញសេចក្ដីពុករលួយអ្វី ឬមានសេចក្ដីវៀចវេរអ្វីក៏ដោយ ឱ្យតែពួកគេស្ម័គ្រចិត្តប្រកបគ្នាអំពីសេចក្ដីពិត និងអាចទទួលយកសេចក្ដីពិត នោះខ្ញុំអាចចុះសម្រុងជាមួយពួកគេបាន។ ចំណែកឯមនុស្សដែលបោកបញ្ឆោត និងអស់អ្នកដែលចូលចិត្តកេងចំណេញពីអ្នកដទៃវិញ ខ្ញុំមិនអើពើនឹងពួកគេឡើយ។ មនុស្សមួយចំនួនតែងតែចង់អួតខ្លួន នៅពេលពួកគេនៅចំពោះមុខខ្ញុំ ហើយធ្វើឱ្យខ្ញុំវាយតម្លៃពួកគេខ្ពស់។ ពួកគេប្រព្រឹត្តម្យ៉ាងនៅចំពោះមុខខ្ញុំ និងប្រព្រឹត្តម្យ៉ាងទៀតនៅក្រោយខ្នងខ្ញុំ ដើម្បីបោកបញ្ឆោតខ្ញុំ។ មនុស្សបែបនេះគឺជាពួកអារក្ស ហើយពួកគេគួរតែត្រូវបានបញ្ជូនទៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបាន ខ្ញុំមិនចង់ឃើញពួកគេម្ដងទៀតឡើយ។ នៅពេលមនុស្សមានភាពទន់ខ្សោយ និងភាពខ្វះខាត ខ្ញុំអាចគាំទ្រ និងផ្គត់ផ្គង់ពួកគេបាន ហើយនៅពេលពួកគេមាននិស្ស័យពុករលួយ ខ្ញុំអាចប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេបាន ប៉ុន្តែខ្ញុំមិនទាក់ទងជាមួយពួកអារក្ស ឬស្ដាប់អ្វីដែលពួកអារក្សនិយាយឡើយ។ មនុស្សមួយចំនួនគឺជាអ្នកជឿថ្មី ហើយមានសេចក្ដីពិតមួយចំនួនដែលពួកគេមិនយល់ ដូច្នេះ ពួកគេអាចនឹងនិយាយ និងប្រព្រឹត្តដោយល្ងង់ខ្លៅ។ យើងអាចប្រកបគ្នាអំពីសេចក្ដីពិតបាន ប៉ុន្តែប្រសិនបើអ្នកយល់សេចក្ដីពិតមួយចំនួន ហើយបន្ទាប់មកមានចេតនាបង្កការរំខាន ដោយប្រព្រឹត្តដោយគ្មានវិចារណញ្ញាណចំពោះខ្ញុំ និងចាប់កំហុសខ្ញុំ នោះខ្ញុំនឹងមិនអត់ឱនឱ្យអ្នកឡើយ។ ហេតុអ្វីបានជាខ្ញុំនឹងមិនអត់ឱនឱ្យអ្នក? អ្នកមិនមែនជាមនុស្សម្នាក់ដែលអាចត្រូវបានសង្គ្រោះឡើយ ចុះហេតុអ្វីបានជាខ្ញុំគួរអត់ឱនឱ្យអ្នក? ការអត់ឱនឱ្យនរណាម្នាក់ មានន័យថា ខ្ញុំអាចទ្រាំទ្រ និងមានចិត្តអត់ធ្មត់ចំពោះពួកគេ។ ខ្ញុំមានចិត្តអត់ធ្មត់ចំពោះមនុស្សល្ងង់ខ្លៅ និងមនុស្សពុករលួយធម្មតា ប៉ុន្តែមិនមែនចំពោះពួកសត្រូវ ឬពួកអារក្សឡើយ។ ប្រសិនបើពួកអារក្ស និងពួកសត្រូវធ្វើពុតជានិយាយពាក្យពីរោះៗស្ដាប់ទៅកាន់អ្នក ហើយសូកប៉ាន់អ្នក បោកបញ្ឆោតអ្នក ឬផ្ដល់ក្ដីសុខមួយភ្លែតដល់អ្នក តើអ្នកអាចជឿអ្វីដែលពួកគេនិយាយបានដែរឬទេ? (អត់ទេ ពួកយើងមិនអាចជឿទេ។) ហេតុអ្វី? ពីព្រោះពួកគេមិនអាចទទួលយកសេចក្ដីពិតបានទេ អ្នកបានឃើញរឿងនេះយ៉ាងច្បាស់រួចទៅហើយ ហើយមនុស្សទាំងនេះត្រូវបានបើកសម្ដែងរួចទៅហើយ។ ពួកគេមិនស្មោះត្រង់ចំពោះរឿងដែលពួកគេនិយាយឡើយ នៅពេលពួកគេប្រកបគ្នាអំពីសេចក្ដីពិត វាសុទ្ធតែជាការពុតត្បុត ហើយវាពិបាកនឹងញែកដឹងណាស់ថា តើអ្វីដែលពួកគេនិយាយជាការពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកអាចមើលឃើញរឿងទាំងនេះបានយ៉ាងត្រឹមត្រូវ នោះអ្នកអាចប្រាកដក្នុងចិត្តថា ពួកគេគឺជាពួកអារក្ស និងពួកសាតាំង។ មានតែតាមរយៈការបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញប៉ុណ្ណោះ ទើបបញ្ហាអាចត្រូវបានដោះស្រាយយ៉ាងដាច់ស្រឡះ។ មនុស្សមួយចំនួននិយាយថា៖ «ហេតុអ្វីបានជាមិនទុកឱកាសឱ្យពួកគេបន្តិចទៅ?» មនុស្សទាំងនេះគ្មានឱកាសប្រែចិត្តឡើយ វាមិនអាចទៅរួចទេដែលពួកគេប្រែចិត្ត។ ពួកគេគឺដូចជាសាតាំងអ៊ីចឹង មិនថាព្រះជាម្ចាស់មានគ្រប់ចេស្ដា និងមានព្រះប្រាជ្ញាញាណកម្រិតណាក៏ដោយ ក៏តាមទស្សនៈរបស់វា នេះមិនមែនជាសារជាតិដែលព្រះជាម្ចាស់គួរតែមានឡើយ។ វាមិនចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ឡើយ ហើយវាគិតថា ផែនការដ៏មានល្បិចកលរបស់វាគឺជាប្រាជ្ញា ថាសារជាតិធម្មជាតិរបស់វាគឺជាសេចក្ដីពិត ហើយថាព្រះជាម្ចាស់មិនមែនជាសេចក្ដីពិតទេ។ នេះគឺជាសាតាំងសុទ្ធសាធ ហើយវាត្រូវបានកំណត់មកឱ្យប្រទូសរ៉ាយនឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ដូច្នេះ មនុស្សអាក្រក់ត្រូវបានកំណត់មកថាមិនអាចស្រឡាញ់សេចក្ដីពិត និងដេញតាមសេចក្ដីពិតឡើយ ហើយដោយហេតុនេះ ព្រះជាម្ចាស់មិនសង្គ្រោះពួកគេទេ។ ការបោសសម្អាតពួកគេចេញពីពួកជំនុំ និងការបណ្ដេញពួកគេចេញពីដំណាក់របស់ព្រះជាម្ចាស់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ហើយមិនខុសសូម្បីតែបន្តិច។
ពួកទទឹងនឹងព្រះគ្រីស្ទដែលខ្ញុំបានប្រកបគ្នា និងវែកញែកនៅថ្ងៃនេះ នឹងមិនផ្លាស់ប្ដូរទិសដៅ និងគោលដៅដែលពួកគេដេញតាមជាដាច់ខាត។ ពួកគេផ្ដល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេដេញតាម ដោយប្រើប្រាស់កម្លាំងអស់ពីសមត្ថភាពរបស់ពួកគេ និងខិតខំរិះគិតយ៉ាងខ្លាំងដើម្បីទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនដែលលះបង់ខ្លួនឯងដោយស្មោះសរដើម្បីព្រះជាម្ចាស់ឡើយ ពួកគេគ្រាន់តែចង់បោកប្រាស់ដើម្បីទទួលបានអាហារ និងភេសជ្ជៈ ផលប្រយោជន៍ និងការទំនុកបម្រុងដ៏ល្អប៉ុណ្ណោះ។ ពួកគេគិតថា ព្រះជាម្ចាស់មិនទតឃើញរឿងនេះ មិនជ្រាបពីរឿងនេះ និងមិនអាចពិនិត្យពិច័យរឿងនេះបានឡើយ ដូច្នេះ ពួកគេក៏ដេញតាមរឿងទាំងនេះដោយផ្ដោតអារម្មណ៍លើគោលដៅតែមួយ។ ជាការពិតណាស់ នេះគឺជាសារជាតិធម្មជាតិរបស់ពួកគេ ពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយក៏មិនអាចដើរតាមផ្លូវនៃការដេញតាមសេចក្ដីពិតបានដែរ ដូច្នេះ ពួកគេត្រូវបានកំណត់មកឱ្យត្រូវកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ ទាំងនេះគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់ជម្រុះចោល ហើយជាប្រភេទមនុស្សដែលដំណាក់របស់ព្រះជាម្ចាស់គួរតែបណ្ដេញចេញ ពេលដែលរកឃើញពួកគេ។ ចាប់ពីការរកឃើញថាមនុស្សម្នាក់កំពុងដើរនៅលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ រហូតដល់គេធ្វើរឿងរ៉ាវជាបន្តបន្ទាប់ដែលមិនស្របតាមសេចក្ដីពិត រហូតដល់ថ្ងៃដែលគេត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ ទាំងអស់នេះបង្ហាញឱ្យគ្រប់គ្នាឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនផ្លាស់ប្ដូរឡើយ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺត្រូវដំណាក់របស់ព្រះជាម្ចាស់បណ្ដេញចេញ និងត្រូវព្រះជាម្ចាស់ជម្រុះចោល ពួកគេគ្មានសមត្ថភាពផ្លាស់ប្ដូរឡើយ។ ចុះបើដូច្នេះ តើការដឹងពីរឿងទាំងនេះមានផលល្អអ្វីដល់អ្នករាល់គ្នាទៅ? មនុស្សមួយចំនួននិយាយថា៖ «ពួកយើងមិនទទួលបានអាហារ និងភេសជ្ជៈដោយការបោកប្រាស់ទេ។ ពួកយើងដេញតាមសេចក្ដីពិត ហើយចង់បំពេញភារកិច្ចរបស់យើងក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ ពួកយើងដើរតាមព្រះជាម្ចាស់ ហើយចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់។ ពួកយើងមិនប្រព្រឹត្តដូចជាពួកទទឹងនឹងព្រះគ្រីស្ទទេ ហើយពួកយើងក៏មិនមានគម្រោងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ។ តើការដែលពួកយើងដឹងអំពីករណីទាំងនេះ មានប្រយោជន៍អ្វីទៅ?» សម្រាប់បងប្អូនប្រុសស្រីធម្មតា ការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ អាចបម្រើជាការព្រមានសម្រាប់មនុស្សម្នាក់ៗ និងឱ្យពួកគេដឹងថា តើផ្លូវមួយណាដែលត្រឹមត្រូវ ហើយឥរិយាបថ និងរបៀបធ្វើរឿងរ៉ាវមួយណាដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការពួកជំនុំគ្រប់លំដាប់ថ្នាក់ នេះគឺជាភស្តុតាងក្នុងជីវិតពិត នៃការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ។ តើការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ មានផលល្អអ្វីសម្រាប់កិច្ចការរបស់ពួកជំនុំ? វាជួយអ្នករាល់គ្នាឱ្យកំណត់អត្តសញ្ញាណពួកទទឹងនឹងព្រះគ្រីស្ទបានយ៉ាងត្រឹមត្រូវ និងបណ្ដេញពួកគេចេញពីពួកជំនុំនៅពេលវេលាដ៏ស័ក្ដិសម ដែលធ្វើឱ្យពួកជំនុំកាន់តែបរិសុទ្ធ និងរួចផុតពីការរំខាន ការបង្អាក់ និងការបំផ្លិចបំផ្លាញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដើម្បីឱ្យអស់អ្នកដែលពិតជាដេញតាមសេចក្ដីពិត និងអ្នកដែលអាចលះបង់ខ្លួនឯងដោយស្មោះសរដើម្បីព្រះជាម្ចាស់ មានមជ្ឈដ្ឋានដ៏ស្អាតស្អំ និងស្ងប់ស្ងាត់ ដែលរួចផុតពីការរំខានរបស់ពួកអារក្ស និងពួកសាតាំង។ ដូច្នេះ នៅពេលនិយាយដល់សេចក្ដីពិតនៃការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ មិនថាអ្នករាល់គ្នាញែកដឹងពីពួកគេចេញពីទស្សនៈនៃការពិត និងការបង្ហាញចេញ ឬផ្អែកលើគោលការណ៍សេចក្ដីពិតនោះទេ អ្នករាល់គ្នាត្រូវតែក្ដាប់ឱ្យបាននូវទិដ្ឋភាពទាំងពីរនេះ។ វាមានប្រយោជន៍សម្រាប់ការចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នា និងសម្រាប់កិច្ចការរបស់ពួកជំនុំ នេះគឺជារឿងដែលអ្នករាល់គ្នាគួរតែយល់។
ថ្ងៃនេះ ខ្ញុំបាននិយាយអំពីករណីមួយចំនួន។ រឿងទាំងនេះសុទ្ធតែជាឥរិយាបថ របៀបធ្វើរឿងរ៉ាវ និងការបង្ហាញចេញមួយចំនួននៃភាពកាចសាហាវ ភាពឥតអៀនខ្មាស និងការខ្វះខាតទាំងស្រុងនូវសីលធម៌ជាមូលដ្ឋានរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ករណីបែបនេះ សុទ្ធតែជារឿងដែលធ្លាប់កើតឡើងនៅជុំវិញអ្នករាល់គ្នា ហើយគេអាចនិយាយបានថា របៀបធ្វើរឿងរ៉ាវ និងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែមាននៅក្នុងអ្នករាល់គ្នាក្នុងកម្រិតណាមួយ។ និយាយម្យ៉ាងទៀតគឺ អ្នករាល់គ្នាសុទ្ធតែមាននិស្ស័យមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការអនុវត្តមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុដូច្នេះហើយ នៅពេលអ្នករាល់គ្នាញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ អ្នករាល់គ្នាក៏គួរតែត្រួតពិនិត្យ ពិនិត្យពិច័យ និងឆ្លុះបញ្ចាំងពីឥរិយាបថផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាផងដែរ។ មនុស្សមួយចំនួនប្រហែលជានិយាយថា៖ «ព្រះអង្គតែងតែមានព្រះបន្ទូលអំពីករណីបែបនេះ ពាក្យរសឹបរសៀវបែបនេះ ហើយទ្រង់មានព្រះបន្ទូលលម្អិតយ៉ាងនេះ។ តើនេះមានប្រយោជន៍អ្វីដល់ការចូលទៅក្នុងសេចក្ដីពិតរបស់ពួកទូលបង្គំទៅ? ឥឡូវនេះ ពួកទូលបង្គំពិតជារវល់ខ្លាំងណាស់ជាមួយនឹងភារកិច្ចរបស់ខ្លួន ហើយពួកទូលបង្គំមិនចង់កត់ត្រាពីរឿងទាំងនេះ ឬស្ដាប់រឿងទាំងនេះឡើយ។ នៅពេលចូលទៅក្នុងសេចក្ដីពិត ការប្រកាន់ខ្ជាប់នូវរឿងពីរយ៉ាងគឺគ្រប់គ្រាន់ហើយ ទីមួយគឺការចុះចូលនឹងព្រះជាម្ចាស់ ហើយទីពីរគឺការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ វាសាមញ្ញណាស់!» វាប្រហែលជាសាមញ្ញបែបនោះឯងនៅក្នុងទ្រឹស្ដី ប៉ុន្តែបើនិយាយឱ្យចំ និងជាក់លាក់ទៅ វាមិនសាមញ្ញបែបនោះឡើយ។ ប្រសិនបើអ្នកយល់សេចក្ដីពិតបានតិចតួច ការចូលទៅក្នុងរបស់អ្នកនឹងមានភាពរដិបរដុប និងរាក់កំភែល ហើយប្រសិនបើសេចក្ដីពិតដែលអ្នកយល់ គឺជាសេចក្ដីពិតទូទៅ នោះសេចក្ដីលម្អិតដែលអ្នកជួបប្រទះ ក៏នឹងមានចំនួនតិចតួចដែរ ហើយអ្នកនឹងមិនត្រូវបានបន្សុទ្ធនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ជាដាច់ខាតយ។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សដេញតាមសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ដូច្នេះ មនុស្សត្រូវតែយល់ពីសេចក្ដីលម្អិតទាំងនេះ។ តើអ្នករាល់គ្នាឃើញអ្វីខ្លះពីរឿងនេះ? ព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យសង្គ្រោះអ្នករាល់គ្នា ដូច្នេះ ទ្រង់ត្រូវតែផ្ចិតផ្ចង់ជាមួយអ្នករាល់គ្នា ហើយដាច់ខាតមិនធ្វេសប្រហែស មិនច្របូកច្របល់ ឬមិនស្កប់ស្កល់នឹងការដែលប្រហាក់ប្រហែល ឬត្រូវបន្តិចបន្តួចឡើយ។ សម្រាប់ព្រះជាម្ចាស់ ពាក្យថា «ត្រូវបន្តិចបន្តួច» «បួនភាគប្រាំ» «ប្រហែលជា» និង «អាចនឹង» គឺមិនមានឡើយ។ ប្រសិនបើអ្នកចង់ត្រូវបានសង្គ្រោះ និងចង់ដើរតាមផ្លូវនៃសេចក្ដីសង្គ្រោះ អ្នកត្រូវតែយល់ពីសេចក្ដីលម្អិតទាំងអស់នេះនៃសេចក្ដីពិត។ ប្រសិនបើអ្នកមិនទាន់ស័ក្ដិសមនឹងភារកិច្ចនៅពេលនេះទេ វាមិនអីទេ ការចាប់ផ្ដើមចូលទៅក្នុងសេចក្ដីលម្អិតនៃសេចក្ដីពិតនៅពេលនេះ គឺមិនទាន់យឺតពេលឡើយ។ ប្រសិនបើអ្នកគ្រាន់តែស្កប់ស្កល់នឹងការមានអាកប្បកិរិយាបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អដោយមិនប្រព្រឹត្តកំហុស និងអាចចុះចូលនៅពេលមានរឿងរ៉ាវកើតឡើងចំពោះអ្នក នោះអ្នកនឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតជាដាច់ខាត។ រាល់សេចក្ដីពិតដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្ស សុទ្ធតែមានសេចក្ដីលម្អិតជាក់លាក់ជាច្រើន ហើយប្រសិនបើមនុស្សមិនយល់សេចក្ដីលម្អិតទាំងនេះទេ ពួកគេនឹងមិនអាចយល់សេចក្ដីពិត ឬយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាដាច់ខាត។ តើវាជារឿងល្អឬទេ ដែលព្រះជាម្ចាស់ម៉ឺងម៉ាត់ដាក់មនុស្ស? (ជារឿងល្អ។) មិនថាវាទាក់ទងនឹងការបំពេញភារកិច្ចរបស់ពួកគេ ការចុះចូលរបស់ពួកគេ ទំនាក់ទំនងអន្តរបុគ្គលរបស់ពួកគេ ឬរបៀបដែលពួកគេប្រព្រឹត្តចំពោះបញ្ហានៃអនាគត និងវាសនារបស់ពួកគេនោះទេ ឬសូម្បីតែទាក់ទងនឹងរឿងដែលខ្ញុំកំពុងនិយាយនៅពេលនេះ ដូចជារបៀបញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ របៀបមិនដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ និងរបៀបបោះបង់និស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ពួកគេគួរតែក្ដាប់ឱ្យបាននូវរឿងទាំងនេះម្ដងមួយៗ។ ពេលដែលអ្នករាល់គ្នាអាចញែកដឹងពីសេចក្ដីលម្អិតទាំងនេះបានយ៉ាងពិតប្រាកដ ហើយមិនគ្រាន់តែដឹងពីរបៀបអធិប្បាយគោលលទ្ធិដ៏សាមញ្ញ និងទទេសូន្យបន្តិចបន្តួចទេនោះ នោះអ្នករាល់គ្នានឹងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតហើយ។ មានតែមនុស្សដែលចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ ទើបមានឱកាស និងក្ដីសង្ឃឹមក្នុងការត្រូវបានសង្គ្រោះ ការគ្រាន់តែអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ គឺគ្រាន់តែជាការធ្វើការដោយកម្លាំងប៉ុណ្ណោះ។ ប្រសិនបើមនុស្សចង់ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ពួកគេត្រូវតែចាប់ផ្ដើមជាមួយនឹងសេចក្ដីលម្អិតទាំងនេះ។ បើមិនដូច្នេះទេ ពួកគេនឹងមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យជាដាច់ខាត។
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០