ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បី សិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីមួយ)
សេចក្ដីបន្ថែម៖ អ្វីដែលជាសេចក្ដីពិត
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីខ្លឹមសារកាលពីលើកមុន។ តើប្រធានបទអ្វីដែលយើងបានប្រកបគ្នាកាលពីលើកមុន? («ការស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន» មិនមែនជាសេចក្ដីពិតទេ។) ដូច្នេះ តើពីមុនអ្នកធ្លាប់គិតថាវាជាសេចក្ដីពិតដែរឬទេ? ពីមុន មនុស្សធ្លាប់គិតដោយមិនដឹងខ្លួនថា វាគឺជាសេចក្ដីពិត ឬយ៉ាងហោចណាស់ គិតថាវាមានភាពវិជ្ជមានគួរសម ផ្ដល់ការជំរុញចិត្ត ហើយអាចនឹងលើកទឹកចិត្តមនុស្សឱ្យមានភាពសកម្មជាមុន និងខិតខំឆ្ពោះទៅមុខ។ បើមើលពីកម្រិតអត្ថន័យនេះ មនុស្សគិតថាវាប្រហាក់ប្រហែលនឹងសេចក្ដីពិតគួរសម ហើយប្រហាក់ប្រហែលនឹងអ្វីៗដែលវិជ្ជមានគួរសម។ ហេតុដូច្នេះហើយ មនុស្សជាច្រើនបានជឿដោយមិនដឹងខ្លួនថា ពាក្យពោលមួយឃ្លាដែលថា «ការស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន» នេះ គឺជាពាក្យសម្ដីដ៏វិជ្ជមានគួរសម ឬយ៉ាងហោចណាស់ ជឿថាវាមានអត្ថន័យបង្កប់វិជ្ជមាន ជាជាងអវិជ្ជមាន ហើយមានតួនាទីក្នុងការជួយដល់ជីវិត និងការប្រព្រឹត្តខ្លួនរបស់មនុស្ស។ ប៉ុន្តែ បន្ទាប់ពីបានប្រកបគ្នាអំពីវារួច យើងបានឃើញថា វាមិនមែនបែបនេះទាល់តែសោះ ហើយថាវាមានបញ្ហាធំៗ។ តើអ្នករាល់គ្នាបានស្វែងរកបន្ថែមទៀតនូវពាក្យសម្ដីដែលស្រដៀងគ្នា ឬពាក់ព័ន្ធនឹងពាក្យសម្ដីនេះ ឬដែលមានតួនាទីស្រដៀងគ្នា ហើយដែលមនុស្សគិតដោយមិនដឹងខ្លួនថាមានភាពវិជ្ជមានគួរសម ឬល្អគួរសម ហើយបានវែកញែកពួកវាដែរឬទេ? (អត់ទេ។) ចូរប្រាប់ខ្ញុំមកមើល៍ តើពាក្យសម្ដីដែលថា «ចេះមួយដឹងដប់» ស័ក្តិសមនៅត្រង់នេះដែរឬទេ? (ស័ក្តិសមមែន។) គួរតែនិយាយថា ពាក្យសម្ដីនេះមានការអនុវត្តជាក់ស្ដែង នៅពេលនិយាយដល់ការស្វែងរកសេចក្ដីពិត និងការអនុវត្តសេចក្ដីពិត។ កាលពីលើកមុន យើងបានប្រកបគ្នាអំពី «ការស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន»។ តើមានពាក្យសម្ដីប្រភេទស្រដៀងគ្នានេះអ្វីផ្សេងទៀតដែរឬទេ? តើមានពាក្យសម្ដីអ្វីផ្សេងទៀតដែលមានអត្ថន័យប្រហាក់ប្រហែលគ្នា ឬអាចដើរតួនាទីដូចគ្នាដែរឬទេ? វាមិនខាតបង់អ្វីទេ ក្នុងការដែលអ្នករាល់គ្នាវែកញែកពាក្យសម្ដីដូចជា «ការស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន» ទៅតាមរបៀបរបស់ខ្ញុំ ដោយប្រកបគ្នាអំពីពាក្យសម្ដីទាំងនោះជាមួយគ្នាទៅវិញទៅមក និងទទួលបានការយល់ដឹងថ្មីៗមួយចំនួននោះ។ នៅពេលដែលអ្នកអាចមើលធ្លុះពីភាពខុសទំនងរបស់ពួកវា អ្នកនឹងបោះបង់ពាក្យសម្ដីបែបនេះចោល ហើយចាប់ពីពេលនោះទៅ អ្នកនឹងដើរលើផ្លូវនៃការអនុវត្តសេចក្ដីពិត និងការដេញតាមសេចក្ដីពិត ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។
ចូរយើងបន្តប្រធានបទដែលយើងបានប្រកបគ្នាកាលពីពីរលើកមុន។ តើប្រធានបទនោះជាអ្វី? (អ្វីដែលជាសេចក្ដីពិត។) ត្រូវហើយ គឺអ្វីដែលជាសេចក្ដីពិត។ ដូច្នេះ តើសេចក្ដីពិតគឺជាអ្វីឱ្យប្រាកដ? (សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។) មើលទៅ អ្នករាល់គ្នាហាក់ដូចជាបានទន្ទេញចាំប្រយោគនេះ ក្នុងន័យជាទ្រឹស្ដី និងនិយមន័យ។ ដូច្នេះ បន្ទាប់ពីការប្រកបគ្នាចំនួនពីរលើកមុនរបស់យើង តើមានភាពខុសគ្នាណាមួយនៅក្នុងនិយមន័យ ចំណេះដឹង និងការយល់ដឹងរបស់អ្នករាល់គ្នាអំពីសេចក្ដីពិតនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នានៅពេលនេះ បើប្រៀបធៀបនឹងពេលមុនដែរឬទេ? (ត្រូវហើយ មានភាពខុសគ្នា។) តើភាពខុសគ្នានេះគឺជាអ្វីឱ្យប្រាកដ? ទោះបីជានៅក្នុងរយៈពេលខ្លី អ្នកប្រហែលជាមិនមានចំណេះដឹងនៃបទពិសោធជាក់ស្ដែងក៏ដោយ ក៏យ៉ាងហោចណាស់អ្នកមានចំណេះដឹងតាមរយៈការយល់ឃើញខ្លះៗដែរ។ ចូរប្រាប់ខ្ញុំ ដោយផ្អែកលើបទពិសោធ ចំណេះដឹង និងការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ (ពីមុន ខ្ញុំបានដឹងថា ខ្ញុំត្រូវតែអនុវត្តតាមសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ រាល់ពេលដែលមានរឿងរ៉ាវកើតឡើងចំពោះខ្ញុំ ប៉ុន្តែខ្ញុំមិនដែលអាចយកវាទៅអនុវត្តបានឡើយ។ វាដូចជា ជាធម្មតាខ្ញុំមានទំនោរក្នុងការបញ្ចេញឱ្យឃើញភាពតក់ក្រហល់ ហើយទោះបីជាខ្ញុំដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ការបញ្ចេញភាពឆាប់ខឹងគឺជារឿងខុសឆ្គង ហើយខ្ញុំដឹងពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សក៏ដោយ ក៏ខ្ញុំនៅតែធ្វើវាដដែល ហើយខ្ញុំមិនដែលអាចរកឃើញពីឫសគល់នៃបញ្ហានេះឡើយ។ ទាល់តែបន្ទាប់ពីបានស្ដាប់ការប្រកបរបស់ព្រះជាម្ចាស់កាលពីលើកមុន ទើបខ្ញុំបានដឹងថា ជារឿយៗ មនុស្សបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ ដោយសារតែពួកគេត្រូវបានគ្រប់គ្រងដោយគំនិតរបស់សាតាំង ហើយថាការដែលខ្ញុំបញ្ចេញភាពឆាប់ខឹង គឺដោយសារតែនៅក្នុងខ្លួនខ្ញុំមានតក្កវិជ្ជារបស់សាតាំងដែលថា «ខ្ញុំនឹងមិនវាយប្រហារឡើយ លុះត្រាតែមានគេប្រហារខ្ញុំមុន បើខ្ញុំត្រូវគេវាយប្រហារ ខ្ញុំច្បាស់ជានឹងវាយប្រហារបកទៅវិញ»។ ខ្ញុំគិតថាពាក្យពោលមួយឃ្លានេះគឺត្រឹមត្រូវ ហើយថា ខ្ញុំប្រព្រឹត្តបែបនេះជាមធ្យោបាយការពារខ្លួន។ ដោយរងឥទ្ធិពលពីការគិត និងទស្សនៈបែបសាតាំងនេះ ខ្ញុំគ្មានសមត្ថភាពក្នុងការអនុវត្តសេចក្ដីពិតឡើយ។ ប៉ុន្តែតាមពិតទៅ ទោះបីជារបស់បែបសាតាំងទាំងនេះមើលពីសំបកក្រៅហាក់ដូចជាត្រឹមត្រូវក៏ដោយ ក៏នៅក្នុងតថភាពជាក់ស្ដែង អត្ថន័យដែលពួកវាបង្កប់ គឺផ្ទុយពីអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវ ហើយពួកវាគឺខុសឆ្គង។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីពិត ហើយមានតែការប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបត្រឹមត្រូវទាំងស្រុង។) ពិតជាល្អណាស់។ តើអ្នកណាអាចបន្ថែមអ្វីពីលើចំណុចនេះបាន? (ខ្ញុំចង់បន្ថែមបន្តិច។ ពីមុន ខ្ញុំក៏បានដឹងដែរថា ខ្ញុំត្រូវតែស្វែងរក និងអនុវត្តសេចក្ដីពិត រាល់ពេលដែលមានរឿងរ៉ាវកើតឡើងចំពោះខ្ញុំ ប៉ុន្តែខ្ញុំនៅតែច្របូកច្របល់បន្តិចអំពីរបៀបអនុវត្ត។ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នារបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថា សេចក្ដីពិតគឺជាក់ស្ដែងណាស់ ហើយទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃជីវិត។ សូមលើកយកឧទាហរណ៍មួយចំនួនដែលព្រះជាម្ចាស់បានលើកឡើង។ ជនជាតិចិនក៏រៀនផឹកកាហ្វេដែរ បន្ទាប់ពីបានទៅដល់បណ្ដាប្រទេសលោកខាងលិច។ នេះមិនមែនជាបញ្ហាទាក់ទងនឹងរបៀបដែលមនុស្សម្នាក់ប្រព្រឹត្តនោះទេ ប៉ុន្តែជាបញ្ហានៃការគិត និងទស្សនៈរបស់មនុស្ស ហើយនេះទាក់ទងនឹងសេចក្ដីពិត។ លើសពីនេះ បន្ទាប់ពីការវែកញែករបស់ព្រះជាម្ចាស់អំពីពាក្យសម្ដីទូទៅ និងសំនួនវោហារសព្ទសាមញ្ញមួយចំនួនដែលមនុស្សគិតថាត្រឹមត្រូវ ខ្ញុំចាប់ផ្ដើមគិតថា ខ្ញុំគួរតែឆ្លុះបញ្ចាំងពីឥរិយាបថ និងការអនុវត្តផ្ទាល់ខ្លួនរបស់ខ្ញុំដែលហាក់ដូចជាត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីចេតនា ការគិត និងទស្សនៈនៅពីក្រោយឥរិយាបថទាំងនេះ ព្រមទាំងឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំកំពុងសម្ដែងចេញឱ្យប្រាកដ ដោយពឹងផ្អែកលើរឿងទាំងនេះ។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍កាន់តែជាក់ច្បាស់អំពីរបៀបស្វែងរក និងអនុវត្តសេចក្ដីពិត រាល់ពេលដែលមានរឿងរ៉ាវកើតឡើងចំពោះខ្ញុំ ហើយវាមិនសូវអរូបីទៀតទេ។) មើលទៅ តាមរយៈការប្រកបគ្នាទាំងពីរលើកនេះ មនុស្សភាគច្រើនទទួលបានការយល់ដឹងជាមូលដ្ឋានអំពីអ្វីដែលជាសេចក្ដីពិត និងអំពីប្រធានបទមួយចំនួនដែលទាក់ទងនឹងសេចក្ដីពិត ហើយថា ចេញពីជម្រៅចិត្តរបស់ពួកគេ ពួកគេបានចាប់ផ្ដើមឆ្លុះបញ្ចាំងរួចហើយអំពីថា តើឥរិយាបថ និងទង្វើរបស់ពួកគេទាក់ទងនឹងសេចក្ដីពិតដែរឬទេ ក៏ដូចជាឆ្លុះបញ្ចាំងអំពីថា តើអ្វីខ្លះឱ្យប្រាកដក្នុងចំណោមរឿងរ៉ាវដែលពួកគេប្រកាន់ខ្ជាប់ និងបានឮនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺជាសេចក្ដីពិត ហើយអ្វីខ្លះដែលមិនមែនជាសេចក្ដីពិត ហើយថាតើរឿងរ៉ាវដែលពួកគេគិតថាត្រឹមត្រូវ គឺពិតជាជាសេចក្ដីពិតដែរឬទេ និងថាតើទំនាក់ទំនងនៃរឿងរ៉ាវបែបនេះជាមួយនឹងសេចក្ដីពិត គឺជាអ្វី។ បន្ទាប់ពីឆ្លុះបញ្ចាំងរួច មនុស្សអាចកំណត់បានថា តើសេចក្ដីពិតគឺជាអ្វីឱ្យប្រាកដ ក៏ដូចជាថា តើអ្វីខ្លះឱ្យប្រាកដដែលជាសេចក្ដីពិត ហើយអ្វីខ្លះដែលមិនមែនជាសេចក្ដីពិត។ បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ ហើយបានហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមក មនុស្សភាគច្រើនទទួលបានផលខ្លះ ហើយអាចមើលឃើញការពិតមួយយ៉ាងច្បាស់ថា៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាសេចក្ដីពិតមែន សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់គឺជាសេចក្ដីពិត។ មនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ បានទទួលស្គាល់ និងបានទទួលយកការពិតនេះចេញពីជម្រៅចិត្តរួចទៅហើយ ប៉ុន្តែនៅក្នុងជីវិតពិត ជារឿយៗ ពួកគេប្រហែលជានិយាយរឿងដែលគ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិត ឬដែលផ្ទុយពីសេចក្ដីពិត ដោយមិនដឹងខ្លួន។ អ្នកខ្លះថែមទាំងចាត់ទុករឿងដែលមនុស្សគិតថាត្រឹមត្រូវ និងល្អ ថាជាសេចក្ដីពិតទៀតផង ហើយជាពិសេស ពួកគេមិនបានញែកដឹងពីសេចក្ដីខុសទំនងដែលហាក់ដូចជាត្រឹមត្រូវ និងពាក្យរបស់អារក្សដែលមកពីសាតាំងឡើយ ដែលពួកគេមិនត្រឹមតែបានទទួលយករឿងទាំងនេះនៅក្នុងចិត្តរបស់ខ្លួនជាយូរមកហើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាត់ទុកពួកវាជាអ្វីៗដែលវិជ្ជមានទៀតផង។ ឧទាហរណ៍៖ ទស្សនវិជ្ជាបែបសាតាំងជាច្រើន ដូចជា «ប្រើធ្មេញទល់នឹងធ្មេញ ភ្នែកទល់នឹងភ្នែក» «ធ្វើដាក់គេ ដូចដែលគេធ្វើដាក់ខ្លួន» «មនុស្សដែលយល់ដឹងពីស្ថានការណ៍ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា» និង «ខ្ញុំនឹងមិនវាយប្រហារឡើយ លុះត្រាតែមានគេប្រហារខ្ញុំមុន» ជាដើម ត្រូវបានមនុស្សចាត់ទុកថាជាសេចក្ដីពិត និងជាបាវចនាសម្រាប់ជីវិត ហើយមនុស្សថែមទាំងមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាពិសេស សម្រាប់ការប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាបែបសាតាំងទាំងនេះ ហើយទាល់តែបន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបពួកគេដឹងថា រឿងទាំងនេះដែលមកពីសាតាំង តាមពិតគឺមិនមែនជាសេចក្ដីពិតឡើយ ផ្ទុយទៅវិញ ពួកវាគឺជាជំនឿខុសឆ្គង និងសេចក្ដីខុសទំនងដែលហាក់ដូចជាត្រឹមត្រូវ ដែលបំភាន់មនុស្ស។ តើរឿងទាំងនេះមកពីណា? រឿងខ្លះមកពីការអប់រំនៅសាលា និងមកពីសៀវភៅសិក្សា រឿងខ្លះមកពីការអប់រំក្នុងគ្រួសារ ហើយរឿងខ្លះទៀតមកពីការអប់រំតាមបែបសង្គម។ សរុបមក រឿងទាំងអស់នេះសុទ្ធតែមកពីវប្បធម៌ប្រពៃណី និងមានប្រភពចេញពីការអប់រំរបស់សាតាំង។ តើរឿងទាំងនេះមានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតដែរឬទេ? ពួកវាគ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ។ ប៉ុន្តែមនុស្សមិនអាចញែកដឹងពីរឿងទាំងនេះតាមលក្ខណៈពិតរបស់ពួកវាបានឡើយ ហើយនៅតែចាត់ទុកពួកវាថាជាសេចក្ដីពិតដដែល។ តើបញ្ហានេះក្លាយជាធ្ងន់ធ្ងរខ្លាំងពេកដែរឬទេ? តើការចាត់ទុករឿងទាំងនេះដែលមកពីសាតាំងថាជាសេចក្ដីពិត មានផលវិបាកអ្វីខ្លះ? តើមនុស្សអាចបោះបង់និស្ស័យពុករលួយរបស់ពួកគេចោល តាមរយៈការប្រកាន់ខ្ជាប់នូវរឿងទាំងនេះបានដែរឬទេ? តើមនុស្សអាចសម្ដែងចេញនូវភាពជាមនុស្សធម្មតា តាមរយៈការប្រកាន់ខ្ជាប់នូវរឿងទាំងនេះបានដែរឬទេ? តើមនុស្សអាចរស់នៅស្របតាមមនសិការ និងវិចារណញ្ញាណ តាមរយៈការប្រកាន់ខ្ជាប់នូវរឿងទាំងនេះបានដែរឬទេ? តើពួកគេអាចឈានដល់ស្ដង់ដានៃមនសិការ និងវិចារណញ្ញាណ តាមរយៈការប្រកាន់ខ្ជាប់នូវរឿងទាំងនេះបានដែរឬទេ? តើមនុស្សអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ តាមរយៈការប្រកាន់ខ្ជាប់នូវរឿងទាំងនេះបានដែរឬទេ? ពួកគេមិនអាចធ្វើរឿងទាំងនេះណាមួយបានឡើយ។ ដោយសារពួកគេមិនអាចធ្វើរឿងណាមួយទាំងនេះបាន ដូច្នេះ តើរឿងដែលមនុស្សប្រកាន់ខ្ជាប់ទាំងនេះ គឺជាសេចក្ដីពិតដែរឬទេ? តើពួកវាអាចបម្រើជាជីវិតរបស់មនុស្សម្នាក់បានដែរឬទេ? តើមានផលវិបាកអ្វីខ្លះ នៅពេលមនុស្សចាត់ទុកអ្វីៗដែលអវិជ្ជមានទាំងនេះ ដូចជាអ្វីដែលពួកគេគិតថាជាទស្សនវិជ្ជានៃការរស់នៅក្នុងលោកីយ៍ដ៏ត្រឹមត្រូវ និងល្អ យុទ្ធសាស្ត្រនៃការរស់រានមានជីវិត ច្បាប់នៃការរស់រានមានជីវិត និងសូម្បីតែវប្បធម៌ប្រពៃណី ថាជាសេចក្ដីពិត ហើយប្រកាន់ខ្ជាប់នូវរឿងទាំងនោះ? មនុស្សជាតិបានប្រកាន់ខ្ជាប់នូវរឿងទាំងនេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ តើពួកគេមានផ្លាស់ប្ដូរអ្វីដែរឬទេ? តើស្ថានភាពបច្ចុប្បន្នរបស់មនុស្សជាតិមានផ្លាស់ប្ដូរអ្វីដែរឬទេ? តើពូជមនុស្សដែលពុករលួយ មិនកំពុងតែក្លាយជាកាន់តែទុច្ចរិតទៅៗ និងកាន់តែទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងទៅៗទេឬ? ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិតជាច្រើន រាល់ពេលដែលទ្រង់បំពេញកិច្ចការរបស់ទ្រង់ ហើយមនុស្សអាចមើលឃើញថា សេចក្ដីពិតទាំងនេះមានសិទ្ធិអំណាច និងព្រះចេស្ដា ដូច្នេះ ហេតុអ្វីបានជាមនុស្សនៅតែអាចបដិសេធ ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ទៀត? ហេតុអ្វីបានជាពួកគេនៅតែមិនអាចទទួលយក និងចុះចូលនឹងព្រះជាម្ចាស់? នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា មនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅពេកហើយ ថាពូជមនុស្សដែលពុករលួយគឺពោរពេញទៅដោយនិស្ស័យបែបសាតាំង មិនពេញចិត្តនឹងសេចក្ដីពិត ស្អប់សេចក្ដីពិត ហើយមិនទទួលយកវាទាល់តែសោះ។ ឫសគល់នៃបញ្ហានេះគឺថា មនុស្សជាតិបានទទួលយកទស្សនវិជ្ជាបែបសាតាំង និងចំណេះដឹងបែបសាតាំងច្រើនពេកហើយ។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ មនុស្សត្រូវបានជ្រួតជ្រាបដោយការគិត និងទស្សនៈបែបសាតាំងគ្រប់ប្រភេទ ហេតុដូច្នេះហើយ ពួកគេក៏កើតមាននិស្ស័យដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិត។ យើងអាចមើលឃើញពីមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ថា ទោះបីជាពួកគេទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ពួកគេមិនទទួលយកសេចក្ដីពិតឡើយ។ ពោលគឺ នៅពេលដែលមនុស្សហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីជាពួកគេទទួលស្គាល់ដោយមាត់របស់ខ្លួនថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត គ្មានអ្វីខ្ពស់ជាងសេចក្ដីពិតឡើយ សេចក្ដីពិតគឺនៅក្នុងដួងចិត្តរបស់យើង ហើយយើងចាត់ទុកការដេញតាមសេចក្ដីពិតជាគោលដៅនៃអត្ថិភាព» ក៏ដោយ ក៏នៅក្នុងជីវិតពិត ពួកគេនៅតែរស់នៅតាមពាក្យពោលបែបសាតាំងដ៏ល្បីល្បាញ និងទស្សនវិជ្ជាបែបសាតាំង ហើយទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតនៅមួយឡែក ព្រមទាំងប្រកាន់ខ្ជាប់ និងអនុវត្តរឿងនានា ដូចជាចំណេះដឹងខាងទេវវិទ្យារបស់មនុស្ស និងគោលលទ្ធិខាងវិញ្ញាណ ហាក់ដូចជារឿងទាំងនោះជាសេចក្ដីពិតអ៊ីចឹង។ តើនេះគឺជាសភាពពិតប្រាកដរបស់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់មែនទេ? (មែនហើយ។) ប្រសិនបើអ្នករាល់គ្នាបន្តប្រកាន់ខ្ជាប់តាមរបៀបនេះ ហើយមិនវែកញែក និងយល់ពីរឿងដែលចាក់ឫសគល់យ៉ាងជ្រៅទាំងនេះពីវប្បធម៌ប្រពៃណីបែបសាតាំង ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើអ្នកមិនអាចញែកដឹងពីពួកវានៅត្រង់ឫសគល់ ឬទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីពួកវា ឬបោះបង់ពួកវាចោលទេនោះ តើលទ្ធផលនឹងទៅជាយ៉ាងណា? មានលទ្ធផលមួយដែលប្រាកដគឺថា មនុស្សជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនដឹងថាអ្វីដែលជាសេចក្ដីពិត ឬត្រូវដើរលើផ្លូវមួយណា ហើយនៅទីបំផុត ពួកគេសុទ្ធតែមានបណ្ដុំនៃគោលលទ្ធិខាងវិញ្ញាណ និងទ្រឹស្ដីខាងទេវវិទ្យានៅជាប់នឹងមាត់របស់ខ្លួន ហើយអ្វីគ្រប់យ៉ាងដែលពួកគេនិយាយ ស្ដាប់ទៅពីរោះ និងសុទ្ធតែជាគោលលទ្ធិដែលស្របតាមសេចក្ដីពិត។ ប៉ុន្តែតាមពិតទៅ មនុស្សទាំងនេះគឺជាគំរូដើមនៃពួកផារិស៊ីដែលលាក់ពុត ទាក់ទងនឹងអ្វីដែលពួកគេអនុវត្ត និងសម្ដែងចេញ។ តើមានផលវិបាកអ្វីខ្លះពីរឿងនេះ? ដោយគ្មានការសង្ស័យអ្វីឡើយគឺ ពួកគេត្រូវបានព្រះជាម្ចាស់ថ្កោលទោស និងត្រូវបានទ្រង់ដាក់បណ្ដាសា។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនទទួលយកសេចក្ដីពិត គឺជាពួកផារិស៊ី ហើយមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។
ឧទាហរណ៍៖ ទាក់ទងនឹងបញ្ហានៃការអប់រំកូន ឪពុកមួយចំនួនឃើញកូនៗរបស់ខ្លួនមិនស្ដាប់បង្គាប់ និងមិនយកចិត្តទុកដាក់នឹងភារកិច្ចដែលខ្លួនត្រូវធ្វើ ហើយនិយាយថា៖ «ចាស់ៗពោលត្រូវណាស់ នៅពេលពួកគាត់និយាយថា “ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក”»។ ឪពុកបែបនេះមិនចាត់ទុកបញ្ហានេះដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងចិត្តរបស់ពួកគេ មានតែពាក្យពេចន៍របស់មនុស្សប៉ុណ្ណោះ ជាជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ តើពួកគេមានតថភាពនៃសេចក្ដីពិតដែរឬទេ? អត់ទេ ពួកគេគ្មានឡើយ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតមួយចំនួន ហើយគួរតែដឹងថា ពួកគេត្រូវតែប្រើសេចក្ដីពិតដើម្បីអប់រំកូនៗរបស់ខ្លួន ដើម្បីបំពេញទំនួលខុសត្រូវជាឪពុកក៏ដោយ ក៏ពួកគេមិនអនុវត្តតាមរបៀបនេះឡើយ។ នៅពេលដែលពួកគេឃើញកូនៗរបស់ខ្លួនដើរផ្លូវខុស ពួកគេដកដង្ហើមធំ ហើយនិយាយថា «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក»។ តើនេះគឺជាពាក្យសម្ដីប្រភេទអ្វីទៅ? តើវាជាពាក្យពោលដ៏ល្បីល្បាញរបស់អ្នកណា? (ជាពាក្យពោលដ៏ល្បីល្បាញរបស់សាតាំង។) តើព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលបែបនេះដែរឬទេ? (មិនធ្លាប់ទេ។) ដូច្នេះ តើពាក្យសម្ដីនេះមកពីណា? (មកពីសាតាំង។) វាមកពីសាតាំង មកពីលោកីយ៍នេះ។ មនុស្ស «ដេញតាម» សេចក្ដីពិតខ្លាំងណាស់ «ស្រឡាញ់» សេចក្ដីពិតខ្លាំងណាស់ និង «លើកតម្កើង» សេចក្ដីពិតខ្លាំងណាស់ ចុះហេតុអ្វីបានជាពួកគេនិយាយពាក្យសម្ដីបែបសាតាំងបែបនេះ នៅពេលដែលពួកគេជួបប្រទះរឿងរ៉ាវបែបនេះទៅវិញ? ពួកគេថែមទាំងមានអារម្មណ៍ថា វាជារឿងត្រឹមត្រូវ និងថ្លៃថ្នូរក្នុងការនិយាយបែបនេះទៀតផង។ ពួកគេនិយាយថា៖ «មើលចុះ ថាខ្ញុំមានការគោរពស្ញប់ស្ញែង និងការឱ្យតម្លៃប៉ុនណាចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ វាចេញពីមាត់ខ្ញុំដោយឯកឯងក្នុងការនិយាយថា “ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក” នេះជាសេចក្ដីពិតដ៏អស្ចារ្យយ៉ាងណាទៅ! តើខ្ញុំអាចនិយាយពាក្យសម្ដីនេះបានឬទេ ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់នោះ?» តើនេះមិនមែនជាការយកវាទៅបន្លំធ្វើជាសេចក្ដីពិតទេឬ? (មែនហើយ។) ដូច្នេះ តើពាក្យសម្ដីនេះគឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) តើ «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក» គឺជាពាក្យសម្ដីប្រភេទអ្វី? តើវាខុសឆ្គងត្រង់ណា? អ្វីដែលពាក្យសម្ដីនេះមានន័យគឺថា ប្រសិនបើកូនៗមិនស្ដាប់បង្គាប់ ឬមិនដឹងក្ដី នោះវាគឺជាការទទួលខុសត្រូវរបស់ឪពុក ដែលមានន័យថា ឪពុកម្ដាយមិនបានអប់រំពួកគេឱ្យបានល្អឡើយ។ ប៉ុន្តែ តើនេះជាការពិតដែរឬទេ? (មិនពិតទេ។) ឪពុកម្ដាយមួយចំនួនប្រព្រឹត្តខ្លួនបានយ៉ាងត្រឹមត្រូវ ប៉ុន្តែកូនប្រុសរបស់ពួកគេគឺជាក្មេងពាល ហើយកូនស្រីរបស់ពួកគេគឺជាស្រីពេស្យា។ បុរសដែលដើរតួនាទីជាឪពុកខឹងយ៉ាងខ្លាំង ហើយនិយាយថា៖ «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក។ ខ្ញុំបានធ្វើឱ្យពួកគេខូចអស់ហើយ!» តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ វាខុសហើយ។) តើវាខុសឆ្គងត្រង់ណា? ប្រសិនបើអ្នកអាចយល់ពីអ្វីដែលខុសឆ្គងចំពោះពាក្យសម្ដីនេះ វាបញ្ជាក់ថាអ្នកយល់សេចក្ដីពិត ហើយថា អ្នកយល់ពីអ្វីដែលខុសឆ្គងអំពីបញ្ហាដែលស្ថិតនៅក្នុងពាក្យសម្ដីនេះ។ ប្រសិនបើអ្នកមិនយល់សេចក្ដីពិតនៅក្នុងបញ្ហានេះទេ នោះអ្នកមិនអាចពន្យល់បញ្ហានេះឱ្យបានច្បាស់លាស់ឡើយ។ ឥឡូវនេះ ដោយសារអ្នករាល់គ្នាបានស្ដាប់ការពន្យល់ និងនិយមន័យនៃសេចក្ដីពិតហើយ អ្នកអាចមានអារម្មណ៍ និងនិយាយថា៖ «ពាក្យសម្ដីនេះគឺខុសឆ្គង នេះគឺជាពាក្យសម្ដីរបស់លោកីយ៍។ ពួកយើងដែលជឿលើព្រះជាម្ចាស់ មិននិយាយរឿងបែបនេះឡើយ»។ អ្នកគ្រាន់តែបានផ្លាស់ប្ដូររបៀបដែលអ្នកនិយាយអំពីបញ្ហានេះប៉ុណ្ណោះ។ វាមិនមានន័យថាអ្នកយល់សេចក្ដីពិតឡើយ តាមពិតទៅ អ្នកមិនដឹងថា ពាក្យសម្ដីដែលថា «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក» នេះ ខុសឆ្គងត្រង់ណានោះទេ។ នៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ តើអ្នកគួរនិយាយបែបណាទើបស្របនឹងសេចក្ដីពិត? តើអ្នកគួរប្រព្រឹត្តយ៉ាងដូចម្ដេចឱ្យស្របតាមគោលការណ៍សេចក្ដីពិត? ជាដំបូង ចូរយើងនិយាយអំពីរបៀបយល់ និងពន្យល់បញ្ហាបែបនេះឱ្យបានត្រឹមត្រូវ។ តើព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណាអំពីរឿងនេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានថ្លែងអ្វីជាក់លាក់អំពីបញ្ហាបែបនេះដែរឬទេ? ព្រះជាម្ចាស់បានសម្ដែងចេញសេចក្ដីពិតជាច្រើន គឺសុទ្ធតែដើម្បីឱ្យមនុស្សទទួលយកសេចក្ដីពិតទាំងនោះ និងធ្វើឱ្យសេចក្ដីពិតទាំងនោះក្លាយជាជីវិតរបស់ពួកគេ។ ដូច្នេះ នៅពេលអប់រំកូនៗរបស់ខ្លួន តើមនុស្សមិនគួរប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីបង្រៀនពួកគេទេឬ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានថ្លែងទៅកាន់មនុស្សជាតិទាំងអស់។ មិនថាអ្នកជាមនុស្សធំ ឬកូនក្មេង ជាបុរស ឬស្ត្រី ចាស់ ឬក្មេងឡើយ មនុស្សគ្រប់រូបគួរតែទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីពិត និងអាចក្លាយជាជីវិតរបស់មនុស្សបាន។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចដឹកនាំមនុស្សទៅកាន់ផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតបាន។ មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែអាចទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីរឿងនេះ។ តើអ្នកពន្យល់ពាក្យសម្ដីដែលថា «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក» យ៉ាងដូចម្ដេច? (ផ្លូវដែលមនុស្សម្នាក់ដើរ គឺត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។ បន្ថែមពីលើនេះ ការដាក់ទោសដែលពួកគេនឹងត្រូវទទួលរង ឬព្រះពរដែលពួកគេនឹងទទួលបាននៅក្នុងជាតិនេះ គឺមានទំនាក់ទំនងនឹងជាតិមុនរបស់ពួកគេ។ ហេតុដូច្នេះហើយ ការលើកឡើងដែលថា «ប្រសិនបើកូនៗមិនដើរតាមផ្លូវដ៏ត្រឹមត្រូវទេ នោះគឺដោយសារតែឪពុកម្ដាយរបស់ពួកគេមិនបានអប់រំពួកគេឱ្យបានល្អ» គឺមិនអាចយកជាការបានឡើយ ហើយវាបដិសេធទាំងស្រុងនូវការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិ។) យោងតាមអ្វីដែលអ្នកនិយាយ តើការដែលកូនៗមិនដើរតាមផ្លូវដ៏ត្រឹមត្រូវ មានអ្វីពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សធ្វើការជ្រើសរើសដោយខ្លួនឯង និងជ្រើសរើសដើរតាមផ្លូវដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែ មនុស្សមានធម្មជាតិបែបសាតាំង ហើយសុទ្ធតែធ្វើការជ្រើសរើសដោយខ្លួនឯង និងសុទ្ធតែជ្រើសរើសផ្លូវដែលខ្លួនពេញចិត្តរៀងៗខ្លួន ហើយមិនស្ម័គ្រចិត្តចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្វីដែលអ្នកនិយាយស្របតាមសេចក្ដីពិត នោះអ្នកគួរតែពន្យល់វាឱ្យបានច្បាស់លាស់ ដើម្បីឱ្យមនុស្សអាចជឿជាក់លើវាបាន។
បន្ទាប់មក យើងនឹងប្រកបគ្នាអំពីពាក្យសម្ដីដែលថា «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក»។ រឿងដំបូងដែលត្រូវបញ្ជាក់ឱ្យច្បាស់នោះគឺថា វាជារឿងខុសឆ្គងក្នុងការនិយាយថា «ការដែលកូនៗមិនដើរតាមផ្លូវដ៏ត្រឹមត្រូវ គឺពាក់ព័ន្ធនឹងឪពុកម្ដាយរបស់ពួកគេ»។ មិនថាជានរណាក៏ដោយ ប្រសិនបើពួកគេជាមនុស្សប្រភេទណាមួយ ពួកគេនឹងដើរតាមផ្លូវណាមួយ។ តើនេះមិនមែនជារឿងប្រាកដទេឬ? (មែនហើយ។) ផ្លូវដែលមនុស្សម្នាក់ដើរ កំណត់ថាពួកគេជាអ្វី។ ផ្លូវដែលពួកគេដើរ និងប្រភេទមនុស្សដែលពួកគេប្រែក្លាយ គឺអាស្រ័យលើពួកគេ។ ទាំងនេះគឺជារឿងដែលត្រូវបានកំណត់ទុកជាមុន ជារឿងពីកំណើត ហើយពាក់ព័ន្ធនឹងធម្មជាតិរបស់មនុស្ស។ ដូច្នេះ តើការអប់រំរបស់ឪពុកម្ដាយមានប្រយោជន៍អ្វីទៅ? តើវាអាចគ្រប់គ្រងធម្មជាតិរបស់មនុស្សបានដែរឬទេ? (មិនអាចទេ។) ការអប់រំរបស់ឪពុកម្ដាយមិនអាចគ្រប់គ្រងធម្មជាតិរបស់មនុស្សបានឡើយ ហើយមិនអាចដោះស្រាយបញ្ហាដែលថា តើមនុស្សម្នាក់ដើរតាមផ្លូវមួយណាបានទេ។ តើការអប់រំតែមួយគត់ដែលឪពុកម្ដាយអាចផ្ដល់ឱ្យគឺជាអ្វី? ឥរិយាបថសាមញ្ញៗមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់កូនៗពួកគេ ការគិត និងច្បាប់នៃការប្រព្រឹត្តខ្លួនដែលរាក់កំផែលមួយចំនួន ទាំងនេះគឺជារឿងដែលពាក់ព័ន្ធនឹងឪពុកម្ដាយ។ មុនពេលកូនៗរបស់ពួកគេឈានដល់ពេញវ័យ ឪពុកម្ដាយគួរតែបំពេញទំនួលខុសត្រូវដែលខ្លួនត្រូវធ្វើ ដែលនោះគឺជាការអប់រំកូនៗរបស់ខ្លួនឱ្យដើរតាមផ្លូវដ៏ត្រឹមត្រូវ ខិតខំរៀនសូត្រ និងប្រឹងប្រែងដើម្បីអាចលេចធ្លោជាងគេ បន្ទាប់ពីពួកគេធំឡើង មិនធ្វើរឿងអាក្រក់ ឬក្លាយជាមនុស្សអាក្រក់ឡើយ។ ឪពុកម្ដាយក៏គួរតែតម្រង់ទិសឥរិយាបថរបស់កូនៗពួកគេ បង្រៀនពួកគេឱ្យចេះគួរសម និងចេះជម្រាបសួរចាស់ទុំ រាល់ពេលដែលពួកគេឃើញពួកគាត់ ហើយបង្រៀនពួកគេពីរឿងផ្សេងៗទៀតដែលទាក់ទងនឹងឥរិយាបថ នេះហើយគឺជាការទទួលខុសត្រូវដែលឪពុកម្ដាយគួរតែបំពេញ។ ការមើលថែជីវិតកូនរបស់ពួកគេ និងការអប់រំកូនដោយប្រើច្បាប់ជាមូលដ្ឋានមួយចំនួននៃការប្រព្រឹត្តខ្លួន នោះហើយគឺជាឥទ្ធិពលរបស់ឪពុកម្ដាយ។ ចំពោះបុគ្គលិកលក្ខណៈរបស់កូនពួកគេវិញ ឪពុកម្ដាយមិនអាចបង្រៀនរឿងនេះបានឡើយ។ ឪពុកម្ដាយមួយចំនួនមានភាពធូររលុង និងធ្វើអ្វីៗគ្រប់យ៉ាងដោយសន្សឹមៗ ចំណែកឯកូនៗរបស់ពួកគេវិញ គឺមិនចេះអត់ធ្មត់សោះ ហើយមិនអាចនៅស្ងៀមបានឡើយ សូម្បីតែមួយភ្លែតក៏ដោយ។ ពួកគេចេញទៅរកស៊ីដោយខ្លួនឯង នៅពេលពួកគេមានអាយុ ១៤ ឬ ១៥ ឆ្នាំ។ ពួកគេធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងគ្រប់រឿងទាំងអស់ ពួកគេមិនត្រូវការឪពុកម្ដាយរបស់ខ្លួនឡើយ ហើយពួកគេមានភាពឯករាជ្យខ្លាំងណាស់។ តើរឿងនេះត្រូវបានឪពុកម្ដាយរបស់ពួកគេបង្រៀនឬ? មិនមែនទេ។ ហេតុដូច្នេះហើយ បុគ្គលិកលក្ខណៈ និស្ស័យ និងសូម្បីតែសារជាតិរបស់មនុស្សម្នាក់ ក៏ដូចជាផ្លូវដែលពួកគេជ្រើសរើសនៅពេលអនាគត គ្មានអ្វីពាក់ព័ន្ធនឹងឪពុកម្ដាយរបស់ពួកគេទាល់តែសោះ។ មានអ្នកខ្លះបដិសេធរឿងនេះដោយនិយាយថា៖ «ចុះតើវាអាចគ្មានអ្វីពាក់ព័ន្ធនឹងពួកគាត់ទាល់តែសោះយ៉ាងដូចម្ដេចទៅ? មនុស្សមួយចំនួនមកពីគ្រួសារអ្នកប្រាជ្ញ ឬគ្រួសារដែលមានជំនាញឯកទេសក្នុងវិជ្ជាជីវៈណាមួយជាច្រើនជំនាន់មកហើយ។ ឧទាហរណ៍៖ ជំនាន់មួយរៀនគូរគំនូរ ជំនាន់បន្ទាប់ក៏រៀនគូរគំនូរដែរ ហើយជំនាន់ក្រោយៗទៀតក៏ដូចគ្នា។ នេះបញ្ជាក់ពីភាពត្រឹមត្រូវនៃពាក្យសម្ដីដែលថា “ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក”»។ តើការនិយាយបែបនេះត្រឹមត្រូវ ឬក៏ខុសឆ្គង? (វាខុសឆ្គង។) វាខុសឆ្គង ហើយមិនត្រឹមត្រូវទេក្នុងការប្រើឧទាហរណ៍នេះដើម្បីពន្យល់ពីបញ្ហានេះ ពីព្រោះពួកវាជារឿងពីរផ្សេងគ្នា។ ឥទ្ធិពលនៃគ្រួសារដែលមានជំនាញឯកទេសជាច្រើនជំនាន់មក គ្របដណ្ដប់តែលើទិដ្ឋភាពមួយនៃជំនាញឯកទេសប៉ុណ្ណោះ ហើយវាអាចថា បរិយាកាសគ្រួសារនេះ ធ្វើឱ្យមនុស្សគ្រប់គ្នារៀនរឿងដូចគ្នា។ មើលពីសំបកក្រៅ កូនក៏ជ្រើសរើសរឿងដូចគ្នានេះដែរ ប៉ុន្តែនៅត្រង់ឫសគល់វិញ នេះសុទ្ធតែជាការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់។ តើមនុស្សម្នាក់ចាប់ជាតិនៅក្នុងគ្រួសារនេះដោយរបៀបណា? តើនោះមិនមែនជារឿងដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើទេឬ? ឪពុកម្ដាយគ្រាន់តែទទួលខុសត្រូវក្នុងការចិញ្ចឹមកូនៗរបស់ពួកគេរហូតដល់ពេញវ័យប៉ុណ្ណោះ។ កូនៗគ្រាន់តែរងឥទ្ធិពលពីឪពុកម្ដាយរបស់ខ្លួន ទាក់ទងនឹងឥរិយាបថខាងក្រៅ និងទម្លាប់នៃការរស់នៅរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែនៅពេលពួកគេធំឡើង គោលដៅដែលពួកគេដេញតាមក្នុងជីវិត និងវាសនារបស់ពួកគេក្នុងជីវិត គ្មានអ្វីពាក់ព័ន្ធនឹងឪពុកម្ដាយរបស់ពួកគេសោះឡើយ។ ឪពុកម្ដាយមួយចំនួនគ្រាន់តែជាកសិករសាមញ្ញ ដែលរស់នៅក្នុងជីវិតតាមឋានៈរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែកូនៗរបស់ពួកគេអាចក្លាយជាមន្ត្រី និងធ្វើរឿងធំដុំបាន។ បន្ទាប់មក ក៏មានកូនៗខ្លះដែលឪពុកម្ដាយរបស់ខ្លួនជាមេធាវី និងជាវេជ្ជបណ្ឌិត ដែលម្នាក់ៗសុទ្ធតែមានសមត្ថភាព ប៉ុន្តែកូនៗរបស់ពួកគេបែរជាមនុស្សគ្មានបានការ ដែលមិនអាចរកការងារធ្វើបានឡើយ មិនថាពួកគេទៅទីណាក៏ដោយ។ តើនេះជាអ្វីដែលឪពុកម្ដាយរបស់ពួកគេបានបង្រៀនពួកគេឱ្យក្លាយជាបែបនោះមែនទេ? នៅពេលឪពុកជាមេធាវី តើគាត់ទំនងជាមិនសូវអប់រំ និងជះឥទ្ធិពលដល់កូនៗរបស់គាត់ឬ? មិនមែនទាល់តែសោះ។ គ្មានឪពុកណានិយាយថា «ខ្ញុំមានភាពរុងរឿងខ្លាំងណាស់នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាកូនៗរបស់ខ្ញុំនឹងមិនមានភាពរុងរឿងដូចខ្ញុំទេនៅពេលអនាគត នោះវានឹងហត់នឿយខ្លាំងណាស់។ ពួកគេគ្រាន់តែធ្វើជាអ្នកគង្វាលគោនៅពេលអនាគតទៅគឺគ្រប់គ្រាន់ហើយ» នោះទេ។ គាត់ច្បាស់ជាត្រូវអប់រំកូនៗរបស់គាត់ឱ្យរៀនសូត្រពីគាត់ និងក្លាយឱ្យដូចជាគាត់នៅពេលអនាគតមិនខាន។ តើនឹងមានអ្វីកើតឡើងចំពោះកូនៗរបស់គាត់ បន្ទាប់ពីគាត់អប់រំពួកគេរួច? កូនៗនឹងក្លាយជាអ្វីដែលពួកគេត្រូវក្លាយជា ហើយវាសនារបស់ពួកគេនឹងទៅជាយ៉ាងណា គឺអាស្រ័យលើព្រហ្មលិខិត ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូររឿងនោះបានឡើយ។ តើអ្នកយល់ឃើញការពិតអ្វីនៅទីនេះ? ផ្លូវដែលកូនដើរ គ្មានអ្វីពាក់ព័ន្ធនឹងឪពុកម្ដាយរបស់ពួកគេទាល់តែសោះ។ ឪពុកម្ដាយមួយចំនួនជឿលើព្រះជាម្ចាស់ ហើយអប់រំកូនៗរបស់ពួកគេឱ្យជឿលើព្រះជាម្ចាស់ ប៉ុន្តែទោះជាពួកគាត់និយាយអ្វីក៏ដោយ ក៏កូនៗរបស់ពួកគេមិនជឿដែរ ហើយឪពុកម្ដាយមិនអាចធ្វើអ្វីបានឡើយចំពោះរឿងនេះ។ ឪពុកម្ដាយមួយចំនួនមិនជឿលើព្រះជាម្ចាស់ទេ ចំណែកឯកូនៗរបស់ពួកគេវិញបែរជាជឿលើព្រះជាម្ចាស់។ នៅពេលដែលកូនៗរបស់ពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេក៏ដើរតាមទ្រង់ លះបង់ខ្លួនដើម្បីទ្រង់ អាចទទួលយកសេចក្ដីពិត និងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ ហើយដោយហេតុនេះ វាសនារបស់ពួកគេក៏ផ្លាស់ប្ដូរដែរ។ តើនេះគឺជាលទ្ធផលនៃការអប់រំរបស់ឪពុកម្ដាយឬ? មិនមែនទាល់តែសោះ វាពាក់ព័ន្ធនឹងការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ព្រះជាម្ចាស់។ មានបញ្ហាមួយចំពោះពាក្យសម្ដីដែលថា «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក»។ ទោះបីជាឪពុកម្ដាយមានការទទួលខុសត្រូវក្នុងការអប់រំកូនៗរបស់ពួកគេក៏ដោយ ក៏វាសនារបស់កូនមិនត្រូវបានកំណត់ដោយឪពុកម្ដាយរបស់ពួកគេឡើយ ប៉ុន្តែត្រូវបានកំណត់ដោយធម្មជាតិរបស់កូននោះឯង។ តើការអប់រំអាចដោះស្រាយបញ្ហានៃធម្មជាតិរបស់កូនបានដែរឬទេ? វាមិនអាចដោះស្រាយបានទាល់តែសោះ។ ផ្លូវដែលមនុស្សម្នាក់ដើរក្នុងជីវិត មិនត្រូវបានកំណត់ដោយឪពុកម្ដាយរបស់ពួកគេឡើយ ប៉ុន្តែត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់។ គេនិយាយថា «វាសនាមនុស្សគឺព្រះជាម្ចាស់ជាអ្នកកំណត់» ហើយពាក្យសម្ដីនេះ ត្រូវបានសង្ខេបឡើងដោយបទពិសោធរបស់មនុស្ស។ មុនពេលមនុស្សម្នាក់ឈានដល់ភាពពេញវ័យ អ្នកមិនអាចមើលដឹងទេថា ពួកគេនឹងដើរតាមផ្លូវមួយណា។ នៅពេលដែលពួកគេក្លាយជាមនុស្សពេញវ័យ ហើយមានការគិត និងអាចឆ្លុះបញ្ចាំងពីបញ្ហា ពួកគេនឹងជ្រើសរើសអ្វីដែលត្រូវធ្វើនៅក្នុងសង្គមដ៏ទូលំទូលាយ។ មនុស្សមួយចំនួននិយាយថា ពួកគេចង់ក្លាយជាមន្ត្រីជាន់ខ្ពស់ អ្នកផ្សេងទៀតនិយាយថា ពួកគេចង់ក្លាយជាមេធាវី ហើយនៅមានអ្នកខ្លះទៀតនិយាយថា ពួកគេចង់ក្លាយជាអ្នកនិពន្ធ។ មនុស្សគ្រប់រូបមានជម្រើសផ្ទាល់ខ្លួន និងគំនិតផ្ទាល់ខ្លួន។ គ្មាននរណាម្នាក់និយាយថា «ខ្ញុំនឹងរង់ចាំឱ្យឪពុកម្ដាយរបស់ខ្ញុំអប់រំខ្ញុំ។ ខ្ញុំនឹងក្លាយជាអ្វីដែលឪពុកម្ដាយរបស់ខ្ញុំអប់រំខ្ញុំឱ្យក្លាយជា» នោះទេ។ គ្មាននរណាម្នាក់ល្ងង់ខ្លៅបែបនេះឡើយ។ បន្ទាប់ពីឈានដល់ភាពពេញវ័យ គំនិតរបស់មនុស្សចាប់ផ្ដើមផុសឡើង និងចាស់ទុំបន្តិចម្ដងៗ ហេតុដូច្នេះហើយ ផ្លូវ និងគោលដៅនៅខាងមុខពួកគេ កាន់តែច្បាស់លាស់ឡើងៗ។ នៅពេលនេះ វាប្រែជាច្បាស់លាស់ និងជាក់ស្ដែងបន្តិចម្ដងៗថា តើពួកគេជាមនុស្សប្រភេទណា ហើយពួកគេជាផ្នែកមួយនៃក្រុមណា។ ចាប់ពីពេលនេះតទៅ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗប្រែជាច្បាស់លាស់បន្តិចម្ដងៗ ក៏ដូចជានិស្ស័យរបស់ពួកគេ ព្រមទាំងផ្លូវដែលពួកគេកំពុងដេញតាម ទិសដៅក្នុងជីវិតរបស់ពួកគេ និងក្រុមដែលពួកគេជាសមាជិកផងដែរ។ តើអ្វីៗទាំងអស់នេះផ្អែកលើអ្វី? នៅទីបំផុត នេះគឺជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន វាគ្មានអ្វីពាក់ព័ន្ធនឹងឪពុកម្ដាយរបស់មនុស្សម្នាក់ឡើយ។ តើអ្នកឃើញរឿងនេះច្បាស់ហើយឬនៅ? ដូច្នេះ តើរឿងអ្វីខ្លះដែលមានពាក់ព័ន្ធនឹងឪពុកម្ដាយ? រូបរាង កម្ពស់ ហ្សែន និងជំងឺប្រចាំគ្រួសារមួយចំនួនរបស់មនុស្សម្នាក់ មានការពាក់ព័ន្ធបន្តិចបន្តួចនឹងឪពុកម្ដាយរបស់ពួកគេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាបន្តិចបន្តួច? ពីព្រោះវាមិនមែនបែបនេះ ១០០% នៃករណីទាំងអស់ឡើយ។ នៅក្នុងគ្រួសារខ្លះ គ្រប់ជំនាន់សុទ្ធតែរងទុក្ខដោយជំងឺមួយ ប៉ុន្តែបន្ទាប់មក មានកូនម្នាក់កើតមកដោយគ្មានជំងឺនោះ។ តើវាអាចទៅរួចយ៉ាងដូចម្ដេច? មានអ្នកខ្លះនិយាយថា៖ «នោះគឺដោយសារតែកូននេះមានបុគ្គលិកលក្ខណៈល្អ»។ នេះគឺជាមតិរបស់មនុស្ស ប៉ុន្តែតើបញ្ហានេះមានប្រភពមកពីណា? (ការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់។) គឺពិតជាបែបនេះមែន។ ដូច្នេះ តើពាក្យសម្ដីដែលថា «ចិញ្ចឹមតែមិនបង្រៀន គឺជាកំហុសរបស់ឪពុក» តាមពិតទៅត្រឹមត្រូវ ឬខុសឆ្គង? (វាខុសឆ្គង។) ឥឡូវនេះ អ្នកច្បាស់អំពីរឿងនោះហើយ មែនទេ? វាមិនកើតទេ ប្រសិនបើអ្នកមិនដឹងពីរបៀបញែកដឹងនោះ។ បើគ្មានសេចក្ដីពិតទេ អ្នកមិនអាចមើលឃើញបញ្ហាណាមួយបានច្បាស់លាស់ឡើយ។
នៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សម្នាក់ៗមានទស្សនៈមកពីសាតាំងដែលហាក់ដូចជាត្រឹមត្រូវទាំងនេះមិនតិចទេ នៅក្នុងគំនិតរបស់ពួកគេ។ ទស្សនៈទាំងនោះនៅតែដក់ជាប់ និងផ្ទុកនៅក្នុងខ្លួន ហើយត្រូវបានបញ្ចេញឱ្យឃើញ រាល់ពេលដែលមានរឿងរ៉ាវកើតឡើង។ មនុស្សមួយចំនួននិយាយថា៖ «ប្រុសពិតមិនឈ្លោះជាមួយស្រីទេ។ មើលចុះ ថាខ្ញុំថ្លៃថ្នូរប៉ុនណា។ ខ្ញុំជាមនុស្សប្រុសពេញលក្ខណៈ ចំណែកឯអ្នកវិញគ្រាន់តែជាមនុស្សមិនសូវហ៊ាន ដូច្នេះ ខ្ញុំនឹងមិនឈ្លោះជាមួយអ្នកឡើយ»។ តើពួកគេចាត់ទុកពាក្យសម្ដីនេះជាអ្វី? (ជាសេចក្ដីពិត។) ពួកគេចាត់ទុកវាជាសេចក្ដីពិត និងជាគោលការណ៍សម្រាប់ការអនុវត្តសេចក្ដីពិត។ ក៏មានមនុស្សដែលឃើញនរណាម្នាក់មានមុខមាត់សង្ហាខ្លាំង ហើយមើលទៅដូចជាសុភាពបុរសដ៏ត្រឹមត្រូវម្នាក់ ប៉ុន្តែជាមនុស្សលួចលាក់ និងតែងតែក្លែងបន្លំខ្លួនឯងជានិច្ច ហើយជាមនុស្សបោកបញ្ឆោត និងពិសពុលយ៉ាងខ្លាំង នៅពេលទាក់ទងជាមួយអ្នកដទៃ ហើយមនុស្សជាច្រើនមិនអាចមើលធ្លុះពីគាត់បានឡើយ ដូច្នេះ ពួកគេនិយាយថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីប្រព្រឹត្តខ្លួនជាមនុស្សត្រឹមត្រូវ និងមានចិត្តល្អ ហើយរាក់ទាក់ចំពោះអ្នកដទៃ ជាជាងការប្រទូសរ៉ាយ។ គឺដូចពាក្យគេពោលថា “សុខចិត្តធ្វើជាជនពាលពិតប្រាកដ ប្រសើរជាងធ្វើជាសុភាពបុរសក្លែងក្លាយ”។ ព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់ ក៏មានអត្ថន័យបែបនេះដែរ»។ តើអ្នកគិតយ៉ាងណាដែរ ចំពោះអ្វីដែលមនុស្សទាំងនេះនិយាយ? «សុខចិត្តធ្វើជាជនពាលពិតប្រាកដ ប្រសើរជាងធ្វើជាសុភាពបុរសក្លែងក្លាយ»។ អ្នកឃើញទេ ពេលដែលមានរឿងរ៉ាវកើតឡើងចំពោះមនុស្សភ្លាម ពាក្យសម្ដីទូទៅ សុភាសិត និងសំនួនវោហារសព្ទទាំងអស់នេះ ដែលមាននៅក្នុងខ្លួនពួកគេ ក៏ចេញមក និងហូរហៀរមកព្រមគ្នាតែម្ដង ហើយគ្មានសេចក្ដីពិតសូម្បីមួយម៉ាត់។ នៅទីបំផុត មនុស្សទាំងនោះថែមទាំងនិយាយថា៖ «អរព្រះគុណព្រះជាម្ចាស់ដែលបានបំភ្លឺទូលបង្គំ»។ តើពាក្យសម្ដីដែលថា «សុខចិត្តធ្វើជាជនពាលពិតប្រាកដ ប្រសើរជាងធ្វើជាសុភាពបុរសក្លែងក្លាយ» ត្រឹមត្រូវ ឬខុសឆ្គង? (វាខុសឆ្គង។) អ្នកទាំងអស់គ្នាដឹងថាវាខុសឆ្គងហើយ ប៉ុន្តែតើវាខុសឆ្គងត្រង់ណា? អ្វីដែលខុសឆ្គងចំពោះសុភាពបុរសក្លែងក្លាយ គឺត្រង់ថាពួកគេក្លែងក្លាយ។ គ្មាននរណាម្នាក់ចង់ធ្វើជាសុភាពបុរសក្លែងក្លាយឡើយ ពួកគេចង់ធ្វើជាជនពាលពិតប្រាកដ។ តើមានចំណុចអ្វីអំពីជនពាលពិតប្រាកដ ដែលមនុស្សពេញចិត្តនោះ? គឺគ្រាន់តែដោយសារតែពួកគេមានភាពពិតប្រាកដ ទើបពួកគេទទួលបានការពេញចិត្តពីមនុស្សគ្រប់គ្នា ទោះបីជាពួកគេជាជនពាលក៏ដោយ។ ដូច្នេះ តើអ្នករាល់គ្នាចង់ធ្វើជាអ្វី ជាជនពាលពិតប្រាកដ ឬជាសុភាពបុរសក្លែងក្លាយ? (មិនយកទាំងពីរ។) ហេតុអ្វីបានជាមិនធ្វើជាមនុស្សពីរប្រភេទនេះ? (មនុស្សទាំងពីរប្រភេទនេះមិនស្របតាមសេចក្ដីពិតទេ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីថ្លែងអំពីរឿងនេះឡើយ។) តើអ្នកអាចរកឃើញមូលដ្ឋានពាក់ព័ន្ធដើម្បីអះអាងថា ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលប្រាប់មនុស្សឱ្យធ្វើជាសុភាពបុរសក្លែងក្លាយ ឬជនពាលពិតប្រាកដបានដែរឬទេ? (ព្រះជាម្ចាស់ចង់ឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។) ព្រះជាម្ចាស់ចង់ឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ ចុះតើមានភាពខុសគ្នាអ្វីខ្លះ រវាងមនុស្សស្មោះត្រង់ និងជនពាលពិតប្រាកដ? ពាក្យថា «ជនពាល» គឺមិនល្អទេ ប៉ុន្តែពួកគេមានភាពពិតប្រាកដគួរសម។ ហេតុអ្វីបានជាជនពាលពិតប្រាកដមិនល្អ? តើអ្នកអាចពន្យល់ឱ្យបានច្បាស់លាស់បានឬទេ? តើអ្វីជាមូលដ្ឋានសម្រាប់ការអះអាងថា ទាំងជនពាលពិតប្រាកដ និងសុភាពបុរសក្លែងក្លាយ សុទ្ធតែមិនមែនជាមនុស្សល្អនោះ? តើជនពាលគឺជាអ្វី? តើពាក្យអ្វីដែលជាទូទៅត្រូវបានភ្ជាប់ជាមួយនឹងពាក្យជនពាល? (ថោកទាប។) ត្រូវហើយ។ តើពាក្យថា «ថោកទាប» នេះ ត្រូវបានពិពណ៌នា និងផ្ដល់និយមន័យយ៉ាងដូចម្ដេចនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់? នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពាក្យ «ថោកទាប» ត្រូវបានផ្ដល់និយមន័យថាជាពាក្យល្អ ឬជាពាក្យអាក្រក់? (ជាពាក្យអាក្រក់។) ជាពាក្យអាក្រក់ ជាពាក្យដែលត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ មនុស្សដែលមានទង្វើថោកទាប និងទស្សនៈថោកទាប គឺជាជនពាល។ តើនិស្ស័យ និងសារជាតិរបស់ជនពាល ត្រូវបានផ្ដល់និយមន័យយ៉ាងដូចម្ដេចទៀត? អាត្មានិយម មែនទេ? (មែនហើយ។) មនុស្សប្រភេទនេះគឺអាត្មានិយម និងថោកទាប។ ទោះបីជាអ្វីដែលពួកគេបញ្ចេញឱ្យឃើញគឺពិតប្រាកដ និងជាចរិតពិតរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែជាជនពាលយ៉ាងពិតប្រាកដដដែល។ សុភាពបុរសក្លែងក្លាយ គឺជាមនុស្សបោកបញ្ឆោត និងទុច្ចរិត ហើយតែងតែក្លែងបន្លំខ្លួនឯងជានិច្ច និងធ្វើឱ្យអ្នកដទៃយល់ច្រឡំ ដោយឱ្យអ្នកដទៃឃើញពីផ្នែកដ៏ភ្លឺស្វាង ល្អមើល និងរាក់ទាក់របស់ខ្លួន។ គេលាក់បាំងនិស្ស័យ មតិ និងទស្សនៈពិតរបស់ខ្លួនយ៉ាងជិត ដើម្បីកុំឱ្យនរណាម្នាក់អាចមើលឃើញ ឬយល់ពីពួកវាបាន។ តើមនុស្សបែបនេះមាននិស្ស័យអ្វី? (បោកបញ្ឆោត និងទុច្ចរិត។) ពួកគេគឺគ្រាន់តែជាមនុស្សអាក្រក់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទាំងជនពាល និងសុភាពបុរស សុទ្ធតែមិនមែនជាមនុស្សល្អឡើយ។ ម្នាក់អាក្រក់នៅខាងក្នុង ហើយម្នាក់ទៀតអាក្រក់នៅខាងក្រៅ។ តាមពិត និស្ស័យរបស់ពួកគេគឺដូចគ្នា ពួកគេទាំងពីរគឺទុច្ចរិត អាត្មានិយម និងបោកបញ្ឆោតយ៉ាងខ្លាំង។ តើមនុស្សទុច្ចរិត និងបោកបញ្ឆោតយ៉ាងខ្លាំងទាំងពីរប្រភេទនេះ ស្វែងរកការធ្វើជាមនុស្សស្មោះត្រង់ដែរឬទេ? (អត់ទេ។) នោះហើយជាមូលហេតុដែលថា មិនថាអ្នកក្លាយជាមនុស្សប្រភេទណាមួយក្នុងចំណោមមនុស្សទាំងពីរប្រភេទនេះទេ ក៏អ្នកមិនមែនជាមនុស្សល្អ ឬជាមនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់តម្រូវឡើយ។ អ្នកគឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើម ហើយអ្នកមិនមែនជាមនុស្សដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកធ្វើជាឡើយ។ ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ តើពាក្យសម្ដីដែលថា «សុខចិត្តធ្វើជាជនពាលពិតប្រាកដ ប្រសើរជាងធ្វើជាសុភាពបុរសក្លែងក្លាយ» គឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) បើមើលពីទស្សនៈនេះ ពាក្យសម្ដីនេះមិនមែនជាសេចក្ដីពិតឡើយ។ ដោយមានគោលបំណងវាយប្រហារ និងថ្កោលទោសសុភាពបុរសក្លែងក្លាយ ដើម្បីឱ្យពួកគេអាចបន្លំខ្លួនធ្វើជាមនុស្សល្អ មនុស្សជាច្រើននិយាយថា៖ «សុខចិត្តធ្វើជាជនពាលពិតប្រាកដ ប្រសើរជាងធ្វើជាសុភាពបុរសក្លែងក្លាយ» ហាក់បីដូចជា «ភាពជាជនពាល» របស់ជនពាលទាំងនេះ ធ្វើឱ្យពួកគេមានភាពយុត្តិធម៌ និងពិតប្រាកដជាពិសេស ដូចជាកម្លាំងនៃយុត្តិធម៌ណាមួយអ៊ីចឹង។ ក្នុងនាមជាជនពាល តើអ្នកអាចអះអាងថាខ្លួនឯងយុត្តិធម៌បានដោយរបៀបណា? អ្នកគឺជាមនុស្សដែលសមនឹងត្រូវបានថ្កោលទោស។
នៅក្នុងគំនិតរបស់មនុស្សគ្រប់រូប មានពាក្យសម្ដី និងរឿងរ៉ាវប្រភេទនេះមិនតិចទេ ហេតុដូច្នេះហើយ មនុស្សជាច្រើនមានទស្សនៈប្រភេទនេះ។ មិនថាវាជាវប្បធម៌ប្រពៃណី សុភាសិតប្រជាប្រិយ បាវចនាគ្រួសារ ច្បាប់គ្រួសារ ឬប្រព័ន្ធច្បាប់របស់ប្រទេសណាមួយឡើយ ជារឿយៗ មនុស្សប្រើប្រាស់រឿងទាំងនេះដែលត្រូវបានសាយភាយជាយូរមកហើយ និងយ៉ាងទូលំទូលាយនៅក្នុងសង្គម ហើយថែមទាំងត្រូវបានប្រកាស និងលើកកម្ពស់ថាជាអ្វីៗដែលវិជ្ជមាននៅក្នុងសង្គម និងក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ដើម្បីអប់រំមនុស្សពីមួយជំនាន់ទៅមួយជំនាន់។ ពាក្យសម្ដីមួយចំនួន ត្រូវបានចាត់ទុកនៅក្នុងជម្រៅចិត្តរបស់មនុស្ស ថាជាគោលការណ៍នៃការអនុវត្ត និងជាគោលការណ៍នៃអត្ថិភាពរបស់មនុស្ស។ ខ្លះទៀតគឺជាពាក្យសម្ដីដែលបង្កប់នូវទស្សនៈមួយ ដែលមនុស្សគ្រាន់តែយល់ស្រប ប៉ុន្តែមិនប្រាកដថាចង់អនុវត្តតាមឡើយ។ មិនថាអ្នកចង់អនុវត្តតាមពាក្យសម្ដីទាំងនោះ ឬអត់នោះទេ នៅក្នុងជម្រៅចិត្តរបស់អ្នក តាមពិតអ្នកចាត់ទុកពាក្យសម្ដីទាំងនេះជាគោលការណ៍នៃការអនុវត្តសម្រាប់ការប្រព្រឹត្តខ្លួនរបស់អ្នក។ សរុបមក រឿងទាំងនេះគឺជាឧបសគ្គដ៏ធំមួយដល់ជំនឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិតរបស់មនុស្ស។ រឿងទាំងនេះបង្កតែគ្រោះថ្នាក់ប៉ុណ្ណោះ ជាជាងផ្ដល់ប្រយោជន៍ដល់មនុស្ស។ ឧទាហរណ៍៖ ប្រធានបទមួយដែលមនុស្សសម័យទំនើបតែងតែនិយាយគឺ «ជីវិតមានតម្លៃ សេចក្ដីស្រឡាញ់កាន់តែមានតម្លៃ។ ប៉ុន្តែដើម្បីសេរីភាព ខ្ញុំសុខចិត្តលះបង់ទាំងពីរ»។ ពាក្យសម្ដីនេះគឺជាពាក្យពោលដ៏ល្បីល្បាញ ដែលត្រូវបានគាំទ្រ និងគោរពដោយមនុស្សនៅបូព៌ា និងបស្ចិមប្រទេស ដែលមានឧត្តមគតិខ្ពង់ខ្ពស់ និងជាអ្នកដែលដេញតាមសេរីភាព ហើយចង់កម្ចាត់ចោលនូវប្រព័ន្ធសក្ដិភូមិប្រពៃណី។ តើអ្វីជាចំណុចសំខាន់នៃការដេញតាមរបស់មនុស្សនៅត្រង់នេះ? តើវាជាជីវិតឬ? ឬក៏ជាសេចក្ដីស្រឡាញ់? (មិនមែនទេ គឺជាសេរីភាព។) ត្រូវហើយ គឺសេរីភាព។ ដូច្នេះ តើពាក្យសម្ដីនេះគឺជាសេចក្ដីពិតដែរឬទេ? អត្ថន័យនៃពាក្យសម្ដីនេះគឺថា ដើម្បីដេញតាមសេរីភាព ជីវិតអាចត្រូវបានបោះបង់ចោល ហើយសេចក្ដីស្រឡាញ់ក៏អាចត្រូវបានលះបង់ចោលដែរ ពោលគឺ មនុស្សដែលអ្នកស្រឡាញ់ក៏អាចត្រូវបានបោះបង់ចោលដែរ ដើម្បីរត់ឆ្ពោះទៅរកសេរីភាពដ៏ស្រស់ស្អាតនោះ។ តើសេរីភាពនេះមានលក្ខណៈបែបណាសម្រាប់មនុស្សលោកីយ៍? តើត្រូវពន្យល់ពីរឿងនេះដែលពួកគេគិតថាជាសេរីភាពយ៉ាងដូចម្ដេច? ការបំបែកប្រពៃណីគឺជាប្រភេទមួយនៃសេរីភាព ការបំបែកទំនៀមទម្លាប់ចាស់ៗគឺជាប្រភេទមួយនៃសេរីភាព ហើយការបំបែករបបរាជានិយមសក្ដិភូមិក៏ជាប្រភេទមួយនៃសេរីភាពដែរ។ តើមានអ្វីទៀត? (ការមិនត្រូវបានគ្រប់គ្រងដោយរបបនយោបាយណាមួយ។) មួយទៀតគឺការមិនត្រូវបានគ្រប់គ្រងដោយអំណាច ឬនយោបាយ។ អ្វីដែលពួកគេដេញតាម គឺជាសេរីភាពប្រភេទនេះ។ ដូច្នេះ តើសេរីភាពដែលពួកគេនិយាយដល់ គឺជាសេរីភាពពិតប្រាកដដែរឬទេ? (មិនមែនទេ។) តើវាមានភាពស្រដៀងគ្នាទៅនឹងសេរីភាពដែលមនុស្សដែលជឿលើព្រះជាម្ចាស់និយាយដែរឬទេ? (អត់ទេ។) មនុស្សមួយចំនួនដែលជឿលើព្រះជាម្ចាស់ ក៏ប្រហែលជាមានទស្សនៈនេះនៅក្នុងចិត្តរបស់ពួកគេដែរគឺ៖ «ការជឿលើព្រះជាម្ចាស់គឺវិសេសវិសាលណាស់ វាផ្ដល់សេរីភាព និងរំដោះអ្នក។ អ្នកមិនចាំបាច់ធ្វើតាមទំនៀមទម្លាប់ ឬបែបបទប្រពៃណីណាមួយឡើយ អ្នកមិនចាំបាច់បារម្ភពីការរៀបចំ ឬការចូលរួមពិធីមង្គលការ និងពិធីបុណ្យសពឡើយ អ្នកលះបង់រឿងរ៉ាវលោកីយ៍ទាំងអស់ចោល។ អ្នកពិតជាមានសេរីភាពខ្លាំងណាស់!» តើវាពិតជាបែបនេះមែនទេ? (មិនមែនទេ។) ដូច្នេះ តើសេរីភាពគឺជាអ្វីឱ្យប្រាកដទៅ? តើឥឡូវនេះ អ្នករាល់គ្នាមានសេរីភាពហើយឬនៅ? (មានបន្តិចបន្តួច។) ដូច្នេះ តើអ្នករាល់គ្នាទទួលបានសេរីភាពបន្តិចបន្តួចនេះដោយរបៀបណា? តើសេរីភាពនេះមានន័យដូចម្ដេច? (ជាការយល់ពីសេចក្ដីពិត និងការទម្លុះឥទ្ធិពលនៃសេចក្ដីងងឹតរបស់សាតាំង។) បន្ទាប់ពីទម្លុះឥទ្ធិពលនៃសេចក្ដីងងឹតរបស់សាតាំង អ្នកមានអារម្មណ៍ធូរស្បើយបន្តិច និងមានសេរីភាពកម្រិតណាមួយ។ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំមិនបានវែកញែកវាទេ នោះអ្នករាល់គ្នានឹងគិតថា អ្នកពិតជាមានសេរីភាពហើយ ប៉ុន្តែតាមពិតទៅ អ្នកមិនទាន់មានឡើយ។ សេរីភាពពិតប្រាកដ មិនមែនជាប្រភេទនៃសេរីភាព និងការរំដោះរូបកាយនៅក្នុងលក្ខខណ្ឌនៃលំហ និងសម្ភារៈ ដូចដែលមនុស្សគិតនោះទេ។ ផ្ទុយទៅវិញ វាគឺថា នៅពេលដែលមនុស្សយល់សេចក្ដីពិត ពួកគេនឹងមានទស្សនៈត្រឹមត្រូវអំពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ព្រមទាំងអំពីពិភពលោក ហើយអាចដេញតាមគោលដៅ និងទិសដៅដ៏ត្រឹមត្រូវក្នុងជីវិត ហើយនៅពេលដែលមនុស្សមិនស្ថិតក្រោមការរឹតត្បិតនៃឥទ្ធិពលរបស់សាតាំង និងគំនិត ព្រមទាំងទស្សនៈបែបសាតាំង នោះដួងចិត្តរបស់ពួកគេត្រូវបានរំដោះ នេះហើយគឺជាសេរីភាពពិតប្រាកដ។
មានយុវជនម្នាក់ជាអ្នកគ្មានជំនឿ ដែលគិតថាគាត់ចូលចិត្តសេរីភាព ហោះហើរគ្រប់ទីកន្លែងដូចជាបក្សី និងរស់នៅក្នុងជីវិតដែលគ្មានការរឹតត្បិត ដូច្នេះគាត់ស្អប់ខ្ពើមច្បាប់ទម្លាប់ និងពាក្យសម្ដីចាស់គំរឹលទាំងនោះនៅក្នុងគ្រួសាររបស់គាត់។ គាត់ឧស្សាហ៍ប្រាប់មិត្តភក្ដិរបស់គាត់ថា៖ «ទោះបីជាខ្ញុំកើតក្នុងគ្រួសារដែលប្រកាន់ប្រពៃណីខ្លាំងបំផុត និងជាគ្រួសារដ៏ធំមួយ ដែលមានច្បាប់ទម្លាប់ និងប្រពៃណីយ៉ាងច្រើន ហើយសូម្បីតែពេលនេះ ក៏នៅតែមានអាសនៈដូនតាដែលមានតម្កល់ស្លាកឈ្មោះសម្រាប់មនុស្សជំនាន់បន្តគ្នានីមួយៗក៏ដោយ ក៏ខ្ញុំផ្ទាល់បានទម្លុះប្រពៃណីទាំងនេះ ហើយមិនរងឥទ្ធិពលពីច្បាប់គ្រួសារ ទំនៀមទម្លាប់គ្រួសារ និងទម្លាប់ទូទៅទាំងនេះឡើយ។ តើអ្នកមិនឃើញទេឬថា ខ្ញុំជាមនុស្សដែលមិនប្រកាន់ប្រពៃណីទាល់តែសោះ?» មិត្តភក្ដិរបស់គាត់និយាយថា៖ «យើងបានកត់សម្គាល់ឃើញថា ឯងពិតជាមិនប្រកាន់ប្រពៃណីទាល់តែសោះ»។ តើពួកគេបានកត់សម្គាល់ឃើញរឿងនោះដោយរបៀបណា? គឺគាត់បានចោះអណ្ដាត ពាក់ក្រវិលច្រមុះ ចោះត្រចៀកទាំងសងខាងបួនឬប្រាំកន្លែង ចោះផ្ចិត និងមានសាក់រូបពស់នៅលើដៃរបស់គាត់។ ជនជាតិចិនចាត់ទុកសត្វពស់ថាជាសត្វអពមង្គល ប៉ុន្តែគាត់បានទទូចចង់សាក់រូបពស់នៅលើខ្លួនរបស់គាត់ ហើយមនុស្សម្នាមានការភ័យខ្លាចនៅពេលដែលពួកគេឃើញវា។ នេះគឺជាការមិនប្រកាន់ប្រពៃណី តើមែនទេ? (មែនហើយ។) វាពិតជាការមិនប្រកាន់ប្រពៃណីខ្លាំងណាស់ ហើយលើសពីនេះទៅទៀត គាត់ក៏និយាយស្ដីដោយមានឥរិយាបថដូចជាមនុស្សទាន់សម័យផងដែរ។ គ្រប់គ្នាដែលឃើញគាត់ សុទ្ធតែនិយាយថា៖ «បុរសម្នាក់នេះពិតជាអស្ចារ្យណាស់! គាត់មិនប្រកាន់ប្រពៃណីទេ ពិតជាមិនប្រកាន់ប្រពៃណីមែន!» គាត់ជឿថា គាត់មិនអាចគ្រាន់តែសម្ដែងចេញនូវការមិនប្រកាន់ប្រពៃណីតាមរបៀបទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែធ្វើឱ្យវាកាន់តែជាក់ស្ដែងបន្តិច និងធ្វើឱ្យមនុស្សកាន់តែអាចកត់សម្គាល់ឃើញពីសញ្ញានៃការមិនប្រកាន់ប្រពៃណីរបស់គាត់។ គាត់ឃើញថា អ្នកដទៃជាទូទៅមានមិត្តស្រីជាជនជាតិចិនដែលមានស្បែកសម្បុរលឿង ដូច្នេះគាត់ក៏មានចេតនារកមិត្តស្រីជាជនបរទេសស្បែកសម្បុរស ដើម្បីឱ្យមនុស្សគ្រប់គ្នាកាន់តែជឿជាក់ថា គាត់ពិតជាមិនប្រកាន់ប្រពៃណីមែន។ បន្ទាប់ពីនោះ គាត់ធ្វើត្រាប់តាមមិត្តស្រីរបស់គាត់ក្នុងគ្រប់កាលៈទេសៈ ដោយធ្វើអ្វីក៏ដោយដែលមិត្តស្រីរបស់គាត់និយាយ ទោះជានាងប្រាប់ឱ្យគាត់ធ្វើវាតាមរបៀបណាក៏ដោយ។ នៅពេលថ្ងៃកំណើតរបស់គាត់មកដល់ មិត្តស្រីរបស់គាត់បានទិញកាដូដ៏អាថ៌កំបាំងមួយដែលខ្ចប់ក្នុងប្រអប់ដ៏ធំមួយឱ្យគាត់ ហើយគាត់ក៏ចាប់ផ្ដើមបើកកាដូនោះដោយក្ដីរំភើប។ បន្ទាប់ពីបកក្រដាសខ្ចប់គ្រប់ស្រទាប់ចេញអស់ គាត់ក៏ឃើញមួកពណ៌បៃតងមួយនៅខាងក្នុង។ ជនជាតិចិនទាំងអស់សុទ្ធតែដឹងពីអត្ថន័យបង្កប់នៃ «មួកពណ៌បៃតង» តើមែនទេ? នេះពិតជារឿងប្រពៃណីខ្លាំងណាស់។ នៅពេលដែលគាត់ឃើញវាភ្លាម គាត់ក៏ខឹង ហើយនិយាយថា៖ «តើនេះជាកាដូប្រភេទអ្វីហ្នឹង? តើអ្នកទិញកាដូនេះឱ្យអ្នកណា?» មិត្តស្រីរបស់គាត់ស្មានថាគាត់នឹងសប្បាយចិត្ត ម្ដេចបានជាគាត់ខឹងនឹងរឿងនេះទៅវិញ? នាងនឹកគិតរកហេតុផលមិនឃើញឡើយ ហើយក៏មិនយល់ដែរ ដូច្នេះនាងនិយាយថា៖ «មួកពណ៌បៃតងនេះមិនងាយរកបានទេណា៎។ ខ្ញុំធានាថា វានឹងស័ក្ដិសមនឹងអ្នក»។ គាត់និយាយថា៖ «តើអ្នកដឹងទេថាមួកនេះតំណាងឱ្យអ្វី?» មិត្តស្រីនិយាយថា៖ «តើវាមិនគ្រាន់តែជាមួកមួយទេឬ? មួកពណ៌បៃតង មើលទៅស្អាតទេតើ»។ ហើយនាងទទូចឱ្យគាត់ពាក់មួកនោះ។ ទោះជាយ៉ាងណាក៏គាត់មិនព្រមពាក់វាដែរ។ តើជនជាតិលោកខាងលិចដឹងពីអត្ថន័យបង្កប់នៃ «មួកពណ៌បៃតង» ដែរឬទេ? (អត់ទេ ពួកគេមិនដឹងទេ។) ដូច្នេះ តើរឿងនេះមិនគួរត្រូវបានពន្យល់ឱ្យច្បាស់លាស់ និងលាតត្រដាងទេឬ? ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់អាចឆ្លើយសំណួរនោះបានទេ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនហ៊ានពន្យល់វាឱ្យបានច្បាស់លាស់? នេះមិនមែនជារឿងធំដុំទេ មែនទេ? អ្នករាល់គ្នាគឺដូចជាបុរសម្នាក់នេះ អ៊ីចឹង ដោយជ្រកក្រោមស្លាកនៃការមិនប្រកាន់ប្រពៃណី និងការលះបង់ប្រពៃណីចោល ព្រមទាំងបោះបង់ចោលនូវសញ្ញាណនៃវប្បធម៌ប្រពៃណីបែបសាតាំង ដើម្បីដេញតាមសេចក្ដីពិត និងសេរីភាព ប៉ុន្តែអ្នករាល់គ្នាបែរជាជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងមួកពណ៌បៃតងនេះទៅវិញ។ មិត្តស្រីរបស់យុវជននោះប្រាប់ឱ្យគាត់ពាក់វា ប៉ុន្តែទោះជាយ៉ាងណាក៏គាត់មិនព្រមពាក់វាដែរ ដោយចុងក្រោយគាត់និយាយថា៖ «អ្នកទទូចឱ្យខ្ញុំពាក់វា។ ប្រសិនបើខ្ញុំពាក់វា ខ្ញុំត្រូវរងការអាម៉ាស់មុខពីអ្នកដទៃមិនខាន!» នេះគឺជាចំណុចសំខាន់នៃបញ្ហា ហើយត្រង់នេះហើយជាបញ្ហា នេះហើយគឺជាប្រពៃណី។ ប្រពៃណីនេះមិនមែននិយាយអំពីថាតើរបស់អ្វីមួយមានពណ៌អ្វី ឬវាជារបស់ប្រភេទអ្វីនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជានិមិត្តសញ្ញា និងជាទស្សនៈដែលរបស់នេះបំផុសឡើងនៅក្នុងចិត្តមនុស្ស។ តើរបស់នេះគឺដែលជាមួកពណ៌បៃតង តំណាងឱ្យអ្វីឱ្យប្រាកដ? តើវាបង្ហាញពីអ្វី? មនុស្សចាត់ទុកមួកដែលមានពណ៌នេះថាជារបស់មិនល្អ ដូច្នេះពួកគេបដិសេធមួកដែលមានពណ៌នេះ។ ហេតុអ្វីបានជាមនុស្សបដិសេធពួកវា? ហេតុអ្វីបានជាពួកគេមិនអាចទទួលយករឿងបែបនេះបាន? ពីព្រោះមានការគិតតាមបែបប្រពៃណីមួយប្រភេទនៅក្នុងខ្លួនពួកគេ។ ការគិតតាមបែបប្រពៃណីនេះផ្ទាល់ គឺមិនមែនជាសេចក្ដីពិតនោះទេ។ វាប្រៀបដូចជារបស់ខាងសម្ភារៈអ៊ីចឹង ប៉ុន្តែសង្គមនេះ និងពូជសាសន៍របស់មនុស្សនេះ បានប្រែក្លាយវាទៅជារឿងអវិជ្ជមានដោយមិនដឹងខ្លួន។ ឧទាហរណ៍៖ មនុស្សប្រែក្លាយពណ៌សទៅជានិមិត្តសញ្ញានៃភាពបរិសុទ្ធ ពណ៌ខ្មៅទៅជានិមិត្តសញ្ញានៃសេចក្ដីងងឹត និងសេចក្ដីទុច្ចរិត ហើយពណ៌ក្រហមទៅជានិមិត្តសញ្ញានៃពិធីបុណ្យអ៊ឹកធឹក ភាពបង្ហូរឈាម និងភាពរំជើបរំជួល។ កាលពីអតីតកាល ជនជាតិចិនស្លៀកសម្លៀកបំពាក់ពណ៌ក្រហមនៅពេលពួកគេរៀបការ ដោយជឿថាវាជាពិធីមង្គល។ នៅពេលជនជាតិលោកខាងលិចរៀបការ ពួកគេស្លៀកសម្លៀកបំពាក់ពណ៌សដែលស្រស់ស្អាត និងស្អាតបាត ដែលតំណាងឱ្យភាពបរិសុទ្ធ។ ការយល់ដឹងអំពីអាពាហ៍ពិពាហ៍នៃវប្បធម៌ទាំងពីរគឺខុសគ្នា។ នៅក្នុងវប្បធម៌មួយ វាត្រូវបានតំណាងដោយពណ៌ក្រហម ហើយនៅក្នុងវប្បធម៌មួយទៀត វាត្រូវបានតំណាងដោយពណ៌ស។ ពណ៌ទាំងពីរនេះតំណាងឱ្យអាកប្បកិរិយានៃការជូនពរចំពោះអាពាហ៍ពិពាហ៍។ ក្រុមជាតិពន្ធុ និងពូជសាសន៍ផ្សេងៗប្រើប្រាស់ពណ៌ដូចគ្នានេះសម្រាប់គោលបំណងខុសៗគ្នា ហើយនេះជារបៀបដែលប្រវត្តិវប្បធម៌របស់ពួកគេកើតមានឡើង។ បន្ទាប់ពីប្រវត្តិវប្បធម៌ទាំងនេះកើតឡើង ប្រពៃណីវប្បធម៌ក៏ត្រូវបានបង្កើតឡើងស្របជាមួយគ្នានោះដែរ។ តាមរបៀបនេះ សង្គមខុសៗគ្នា និងពូជសាសន៍ខុសៗគ្នា បង្កើតបានជាទំនៀមទម្លាប់ខុសៗគ្នា ហើយទំនៀមទម្លាប់បែបនេះមានឥទ្ធិពលលើមនុស្សនៃពូជសាសន៍រៀងៗខ្លួនទាំងនេះ។ ហេតុនេះ ទើបជនជាតិចិនរងឥទ្ធិពលពីអត្ថន័យបង្កប់នៃមួកពណ៌បៃតងនេះ។ តើលទ្ធផលប្រភេទណាដែលកើតចេញពីការបណ្ដុះរឿងនេះទៅក្នុងពួកគេ? គឺបុរសមិនអាចពាក់មួកពណ៌បៃតងបានទេ ហើយស្ត្រីក៏មិនពាក់វាដែរ។ តើអ្នកឃើញមានស្ត្រីណាម្នាក់ពាក់វាដែរឬទេ? តាមពិតទៅ ប្រពៃណីវប្បធម៌នេះគឺសំដៅតែលើបុរសប៉ុណ្ណោះ ដែលមានន័យថា បុរសពាក់មួកពណ៌បៃតងគឺជាសញ្ញាមិនល្អ ហើយវាមិនពាក់ព័ន្ធនឹងស្ត្រីឡើយ។ ក៏ប៉ុន្តែ នៅពេលដែលប្រពៃណីវប្បធម៌នេះកើតមានឡើង ទោះជានៅក្នុងបរិបទណាក៏ដោយ ក៏វាធ្វើឱ្យមនុស្សគ្រប់រូបនៅក្នុងពូជសាសន៍នេះ មានការរើសអើងមួយប្រភេទចំពោះរបស់នេះ។ បន្ទាប់ពីការរើសអើងបែបនេះកើតឡើង របស់នេះក៏ផ្លាស់ប្ដូរដោយមិនដឹងខ្លួន ពីរឿងខាងសម្ភារៈដ៏សាមញ្ញធម្មតាបំផុត ទៅជារឿងអវិជ្ជមាន។ តាមការពិត វាគឺជារបស់ដ៏ធម្មតា ហើយមិនមានលក្ខណៈវិជ្ជមាន ឬអវិជ្ជមានទាល់តែសោះ។ វាគ្រាន់តែជារបស់ខាងសម្ភារៈ ជាពណ៌ និងជាវត្ថុដែលមានរូបរាងប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីត្រូវបានបកស្រាយ និងរងឥទ្ធិពលពីវប្បធម៌ប្រពៃណីតាមរបៀបនេះ តើលទ្ធផលចុងក្រោយក្លាយជាអ្វី? (គឺអវិជ្ជមាន។) វាក្លាយជាអវិជ្ជមាន។ បន្ទាប់ពីវាក្លាយជាអវិជ្ជមានហើយ មនុស្សមិនអាចចាត់ទុក ឬប្រើប្រាស់របស់នេះបានត្រឹមត្រូវឡើយ។ សាកគិតអំពីវាទៅមើល មានមួកពណ៌ផ្សេងៗគ្នានៅលើទីផ្សារចិន ដូចជាពណ៌ក្រហម ពណ៌ផ្កាឈូក ពណ៌លឿង និងពណ៌ផ្សេងៗទៀត ប៉ុន្តែមិនមានមួកពណ៌បៃតងទេ។ មនុស្សត្រូវបានរឹតត្បិត និងរងឥទ្ធិពលដោយការគិតតាមបែបប្រពៃណីនេះ។ នេះគឺជាឥទ្ធិពលដែលរឿងជាក់លាក់មួយនៃវប្បធម៌ប្រពៃណីមានមកលើមនុស្ស។
ទោះបីជាមនុស្សមួយចំនួនបានចេញទៅក្រៅប្រទេស ហើយបានជួបប្រទះនឹងវប្បធម៌ ប្រពៃណី ច្បាប់ទម្លាប់ និងរបស់ខាងសម្ភារៈមួយចំនួន ជាតម្រូវការមូលដ្ឋាននៃការរស់នៅក្នុងទ្វីបអឺរ៉ុប និងប្រទេសអាស៊ីផ្សេងទៀត ហើយបានស្គាល់ច្បាស់ពីច្បាប់ និងចំណេះដឹងទូទៅមួយចំនួននៃប្រទេសដទៃក៏ដោយ ក៏ប្រពៃណីទាំងនោះនៃប្រទេសកំណើតរបស់ពួកគេពិបាកនឹងរលាស់ចោលណាស់។ ទោះបីជាអ្នកបានចាកចេញពីទឹកដីកំណើតរបស់ខ្លួន ហើយបានទទួលយករបៀបរបបរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសមួយផ្សេងទៀត ហើយបានទទួលយកសូម្បីតែច្បាប់ និងប្រព័ន្ធរបស់ប្រទេសនោះក៏ដោយ ក៏អ្នកមិនដឹងថាអ្នកកំពុងគិតអំពីអ្វីជារៀងរាល់ថ្ងៃ ឬរបៀបដែលអ្នកប្រឈមមុខនឹងបញ្ហានៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ឬថាតើទស្សនៈរបស់អ្នក និងការយល់ឃើញដែលអ្នកប្រកាន់យកនោះជាអ្វីឡើយ។ មនុស្សមួយចំនួនគិតថា៖ «ខ្ញុំនៅលោកខាងលិច ដូច្នេះតើខ្ញុំជាជនជាតិលោកខាងលិចមែនទេ?» ឬ «ខ្ញុំនៅប្រទេសជប៉ុន ដូច្នេះតើខ្ញុំជាជនជាតិជប៉ុនមែនទេ?» តើវាពិតជាដូច្នេះមែនឬ? (មិនមែនទេ។) ជនជាតិជប៉ុននិយាយថា៖ «ពួកយើងចូលចិត្តហូបស៊ូស៊ី និងមីអ៊ូដុងបំផុត។ តើបែបនេះមិនធ្វើឱ្យពួកយើងខ្ពង់ខ្ពស់ទេឬ?» ជនជាតិកូរ៉េខាងត្បូងនិយាយថា៖ «ពួកយើងចូលចិត្តហូបបាយ និងគីមឈី។ តើប្រជាជាតិកូរ៉េខាងត្បូងដ៏អស្ចារ្យរបស់យើងមិនខ្ពង់ខ្ពស់ទេឬ? អ្នករាល់គ្នាជាជនជាតិចិននិយាយថា វប្បធម៌របស់អ្នករាល់គ្នាគឺបុរាណ ហើយមានអាយុកាលរាប់ពាន់ឆ្នាំចំណាស់ជាងវប្បធម៌របស់យើង ប៉ុន្តែតើអ្នករាល់គ្នាបង្ហាញសេចក្ដីកតញ្ញូចំពោះចាស់ទុំរបស់អ្នកបានល្អដូចពួកយើងដែរឬទេ? តើអ្នកប្រកាន់ប្រពៃណីដូចពួកយើងដែរឬទេ? តើអ្នកមានច្បាប់ទម្លាប់ច្រើនដូចពួកយើងដែរឬទេ? សព្វថ្ងៃនេះ អ្នករាល់គ្នាមិននិយាយអំពីរឿងទាំងនេះទេ អ្នករាល់គ្នាបានធ្លាក់ចុះថយក្រោយហើយ។ ពួកយើងទើបជាមនុស្សដែលប្រកាន់ប្រពៃណីពិតប្រាកដ ហើយវប្បធម៌របស់យើងគឺជាវប្បធម៌ពិតប្រាកដ!» ពួកគេគិតថា វប្បធម៌ប្រពៃណីរបស់ពួកគេគឺឧត្តុង្គឧត្តម ហើយបន្ទាប់មកក៏ប្រកួតប្រជែងគ្នាដើម្បីប្រកាសរបស់ជាច្រើនថាជាបេតិកភណ្ឌពិភពលោក។ ហេតុអ្វីបានជាមានការប្រកួតប្រជែងទាំងអស់នេះ? គ្រប់ប្រទេស គ្រប់ពូជសាសន៍ និងសូម្បីតែគ្រប់ក្រុមជាតិពន្ធុតូចៗ សុទ្ធតែជឿថា របស់របរ ច្បាប់ទម្លាប់ ប្រពៃណី ទំនៀមទម្លាប់ និងទម្លាប់ទូទៅដែលបុព្វបុរសរបស់ពួកគេបានបន្សល់ទុកមក គឺជារឿងល្អ និងវិជ្ជមាន ហើយពូជមនុស្សជាតិអាចផ្សព្វផ្សាយបន្តបាន។ តើគំនិត និងទស្សនៈរបស់ពួកគេនេះ មិនគ្រាន់តែបង្កប់ន័យថា របស់ទាំងនេះគឺជាសេចក្ដីពិត ថាពួកវាជារឿងល្អ និងវិជ្ជមាន ហើយថាពូជមនុស្សជាតិនេះគួរតែផ្ទេររបស់ទាំងនេះបន្តទេឬ? ដូច្នេះ តើរបស់ដែលត្រូវបានផ្ទេរបន្តទាំងនេះ ប៉ះទង្គិចនឹងសេរីភាពដែរឬទេ? ខ្ញុំទើបតែបានលើកឧទាហរណ៍អំពីយុវជនម្នាក់ដែលបានរំដោះខ្លួនចេញពីច្រវាក់គ្រួសាររបស់គាត់ ដែលពោរពេញទៅដោយការចោះ និងពាក់ក្រវិល ហើយមានសាក់ពេញខ្លួន ហើយថែមទាំងមានមិត្តស្រីជាជនបរទេសទៀតផង។ បើមើលពីរូបរាងខាងក្រៅ និងសាច់ឈាមរបស់គាត់ គាត់ហាក់ដូចជាមិនប្រកាន់ខ្ជាប់តាមច្បាប់គ្រួសារទេ ហើយបានបោះបង់ប្រពៃណីចោល។ បើមើលពីបែបបទ និងឥរិយាបថរបស់គាត់ ហើយសូម្បីតែមើលពីឆន្ទៈផ្ទាល់ខ្លួនរបស់គាត់ ក៏គាត់បានបោះចោលនូវរឿងដូចជាគ្រួសារ ប្រពៃណី និងទំនៀមទម្លាប់ដែរ។ ប៉ុន្តែកាដូថ្ងៃកំណើតមួយបានលាតត្រដាងគាត់ ដោយទម្លាយការពិត និងថ្កោលទោសចំពោះជំនឿរបស់គាត់ដែលថា គាត់ «មិនប្រកាន់ប្រពៃណីទាល់តែសោះ»។ ដូច្នេះ តើតាមពិតទៅ បុគ្គលនេះប្រកាន់ប្រពៃណីឬក៏អត់? (គាត់ប្រកាន់ប្រពៃណី។) តើការប្រកាន់ប្រពៃណីគឺល្អ ឬអាក្រក់? (អាក្រក់។) ហេតុនេះហើយ ទោះបីជាអ្នកចាត់ទុកខ្លួនឯងថាប្រកាន់ប្រពៃណី ឬមិនប្រកាន់ប្រពៃណីក៏ដោយ ហើយទោះបីជាអ្នកមានពូជសាសន៍អ្វីក៏ដោយ ទោះជាអ្វីដែលគេហៅថាជាពូជសាសន៍ខ្ពង់ខ្ពស់ ឬពូជសាសន៍សាមញ្ញក៏ដោយ ក៏គំនិតខាងក្នុងរបស់អ្នកត្រូវបានបង្ខាំងជាប់ដែរ។ មិនថាអ្នកដេញតាម និងគោរពសេរីភាពខ្លាំងប៉ុនណាក៏ដោយ មិនថាការតាំងចិត្ត បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកក្នុងការរំដោះខ្លួនចេញពីកម្លាំងនៃប្រពៃណី និងពីទម្លាប់គ្រួសារតាមបែបប្រពៃណីមានទំហំធំធេងប៉ុនណាក៏ដោយ ឬមិនថាសកម្មភាពជាក់ស្ដែងរបស់អ្នកមានភាពផុសផុល និងមានឥទ្ធិពលយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ នោះអ្នកអាចត្រឹមតែវិលវល់ចុះឡើងៗនៅកណ្ដាលសេចក្តីបង្រៀន និងសេចក្ដីខុសទំនងដែលសាតាំងបានបណ្ដុះទៅក្នុងអ្នកប៉ុណ្ណោះ ដោយមិនអាចងើបចេញរួចឡើយ។ មនុស្សមួយចំនួនរងឥទ្ធិពលពីវប្បធម៌ប្រពៃណី អ្នកខ្លះរងឥទ្ធិពលពីការអប់រំផ្នែកមនោគមវិជ្ជា អ្នកផ្សេងទៀតរងឥទ្ធិពលពីតំណែង និងឋានៈ ហើយអ្នកខ្លះទៀតនៅតែរងឥទ្ធិពលពីប្រព័ន្ធមនោគមវិជ្ជាប្រភេទណាមួយ។ សូមលើកឧទាហរណ៍ពីមនុស្សដែលពាក់ព័ន្ធនឹងនយោបាយ ដូចជាក្រុមមនុស្សដែលគាំទ្រលទ្ធិកុម្មុយនីស្ត។ ពួកគេបានចាប់ផ្ដើមជាក្រុមវណ្ណៈអធន បានទទួលយកសេចក្ដីប្រកាស និងទ្រឹស្ដីកុម្មុយនីស្ត បានផ្ដាច់ខ្លួនពីប្រពៃណី បានផ្ដាច់ខ្លួនពីរាជានិយមសក្ដិភូមិ បានផ្ដាច់ខ្លួនពីទំនៀមទម្លាប់ចាស់ៗមួយចំនួន ហើយបន្ទាប់មកក៏បានទទួលយកលទ្ធិម៉ាក្ស-លេនីន និងលទ្ធិកុម្មុយនីស្ត។ បន្ទាប់ពីទទួលយករឿងទាំងនេះរួច តើពួកគេមានសេរីភាព ឬក៏ពួកគេត្រូវបានរឹតត្បិតរហូតមក? (ពួកគេត្រូវបានរឹតត្បិតរហូតមក។) ពួកគេបានគិតថា តាមរយៈការផ្លាស់ប្ដូរពីរឿងចាស់ទៅរឿងថ្មី ពួកគេនឹងទទួលបានសេរីភាព។ តើគំនិតនេះមិនខុសទេឬ? (មែនហើយ វាខុសមែន។) វាគឺពិតជាខុសមែន។ មនុស្សអាចប្រែពីរឿងចាស់ទៅរឿងថ្មីណាមួយក៏បាន ប៉ុន្តែដរាបណាវាមិនមែនជាសេចក្ដីពិតទេ នោះពួកគេនឹងជាប់ក្នុងអន្ទាក់សំណាញ់របស់សាតាំងជារៀងរហូត នេះមិនមែនជាសេរីភាពពិតប្រាកដឡើយ។ មនុស្សមួយចំនួនលះបង់ខ្លួនដើម្បីលទ្ធិកុម្មុយនីស្ត ឬដើម្បីបុព្វហេតុណាមួយ អ្នកខ្លះលះបង់ខ្លួនចំពោះពាក្យសម្បថ ចំណែកឯអ្នកផ្សេងទៀតលះបង់ខ្លួនចំពោះទ្រឹស្ដី ហើយអ្នកខ្លះទៀតនៅតែប្រកាន់ខ្ជាប់នូវពាក្យសម្ដីដូចជា «សុខចិត្តស្លាប់ជំនួសមិត្តភក្ដិ» ឬ «មន្ត្រីស្មោះត្រង់មិនអាចបម្រើស្តេចពីរអង្គបានទេ» ឬ «នៅពេលដែលជាតិមានអាសន្ន មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការចូលរួមចំណែករបស់ខ្លួន»។ តើពាក្យសម្ដីទាំងនេះជារបស់វប្បធម៌ប្រពៃណីដែរឬទេ? (មែនហើយ។) ពីសំបកក្រៅ រឿងទាំងនេះអាចនឹងមើលទៅដូចជារឿងវិជ្ជមានខ្លាំងណាស់ ត្រឹមត្រូវខ្លាំងណាស់ ហើយជារឿងដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមជាពិសេសនៅក្នុងចំណោមមនុស្សជាតិ ប៉ុន្តែតាមការពិត បើមើលពីទស្សនៈមួយផ្សេងទៀត និងដោយប្រើមធ្យោបាយផ្សេងៗ ពួកវាចងព្រលឹងមនុស្ស រឹតត្បិតមនុស្ស និងរារាំងពួកគេមិនឱ្យទទួលបានសេរីភាពពិតប្រាកដឡើយ។ ក៏ប៉ុន្តែ មុនពេលមនុស្សយល់សេចក្ដីពិត ពួកគេអាចត្រឹមតែមានអារម្មណ៍វង្វេង ហេតុនេះហើយក៏ទទួលយករឿងទាំងនេះ ដែលត្រូវបានគេចាត់ទុកថារាងវិជ្ជមាននៅក្នុងចំណោមមនុស្សជាតិ ធ្វើជារបៀបរស់នៅរបស់ពួកគេ។ ហេតុដូច្នេះហើយ អ្វីដែលហៅថាវប្បធម៌ប្រពៃណីទាំងនេះ ពោលគឺរឿងទាំងនេះដែលមនុស្សគិតថាល្អគួរសមនៅក្នុងលោក ត្រូវបានមនុស្សទទួលយកដោយឯកឯង។ បន្ទាប់ពីទទួលយកពួកវារួច មនុស្សមានអារម្មណ៍ថា ពួកគេកំពុងរស់នៅដោយមានដើមទុន មានទំនុកចិត្ត និងមានកម្លាំងជំរុញចិត្ត។ ឧទាហរណ៍៖ មនុស្សមួយចំនួនបានទទួលយកគោលជំហរនៃសង្គមនេះ និងពូជមនុស្សជាតិនេះ ទាក់ទងនឹងចំណេះដឹង និងសញ្ញាបត្រ។ តើគោលជំហរនេះជាអ្វី? (ចំណេះដឹងជាអំណាច ចំណេះដឹងអាចផ្លាស់ប្ដូរវាសនារបស់អ្នក។) (ការដេញតាមផ្សេងទៀតគឺតូចតាច មានតែការរៀនសូត្រទេដែលប្រសើរបំផុត។) នៅក្នុងជម្រៅចិត្តរបស់ពួកគេ មនុស្សយល់ស្រប ហើយក៏ទទួលយក និងពេញចិត្តនឹងរឿងទាំងនេះផងដែរ។ ស្របពេលដែលទទួលយក និងពេញចិត្តនឹងពួកវា មនុស្សតស៊ូប្រឆាំងនឹងភាពលំបាកនៅក្នុងសង្គមនេះកាន់តែយូរទៅ ពួកគេកាន់តែឱ្យតម្លៃលើរឿងទាំងនេះ។ ហេតុអ្វីបានជាដូច្នេះ? មនុស្សទាំងអស់ពឹងផ្អែកលើចំណេះដឹងនៅក្នុងជីវិត។ បើគ្មានចំណេះដឹង និងសញ្ញាបត្រទាំងនេះទេ អ្នកមានអារម្មណ៍ថាមិនអាចឈរជើងនៅក្នុងសង្គមបានឡើយ។ អ្នកដទៃនឹងបន្តុះបង្អាប់អ្នក និងរើសអើងអ្នក ដូច្នេះហើយទើបអ្នកដេញតាមរឿងទាំងនេះយ៉ាងងប់ងល់។ សញ្ញាបត្ររបស់អ្នកកាន់តែខ្ពស់ ឋានៈសង្គមរបស់អ្នកនៅក្នុងសង្គម ឬនៅក្នុងចំណោមពូជសាសន៍ ឬសហគមន៍របស់អ្នកក៏កាន់តែខ្ពស់ដែរ ហើយការកោតសរសើររបស់មនុស្សចំពោះអ្នក និងការប្រព្រឹត្តរបស់ពួកគេមកលើអ្នក ព្រមទាំងរឿងផ្សេងៗទៀត នឹងកាន់តែធំធេង និងកាន់តែល្អប្រសើរ។ ក្នុងន័យមួយ សញ្ញាបត្ររបស់មនុស្សម្នាក់ បានក្លាយជាការកំណត់ឋានៈសង្គមរបស់ពួកគេ។
កាលពីអតីតកាល មានក្រុមសាស្ត្រាចារ្យសាកលវិទ្យាល័យប្រាំពីរឬប្រាំបីនាក់ បានទៅទីក្រុងប៉េកាំងដើម្បីបន្តការសិក្សា។ នៅគ្រានោះ សេវាកម្មដឹកភ្ញៀវ ឬសេវាកម្មអ្នកបើកបរប្រហែលជាមិនទាន់មាននៅឡើយទេ ដូច្នេះពួកគេត្រូវជិះឡានក្រុងបន្ទាប់ពីទៅដល់ទីក្រុងប៉េកាំង។ តាមពិតទៅ សាស្ត្រាចារ្យដូចជាពួកគេ មាននៅគ្រប់ទីកន្លែងក្នុងទីក្រុងប៉េកាំង។ ពួកគេមិនត្រូវបានចាត់ទុកថាជាមនុស្សពិសេសអ្វីនោះទេ គឺគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះ។ ប៉ុន្តែពួកគេផ្ទាល់មិនបានដឹងពីរឿងនោះទេ ហើយត្រង់នេះហើយជាភាពធ្ងន់ធ្ងរនៃបញ្ហា ពោលគឺរឿងនេះបានកើតឡើងដោយផ្អែកលើបញ្ហានេះឯង។ តើមានរឿងអ្វីកើតឡើងទៅ? ក្រុមសាស្ត្រាចារ្យនេះកំពុងរង់ចាំឡានក្រុងនៅចំណតឡានក្រុង។ ពេលពួកគេកំពុងរង់ចាំ មនុស្សកាន់តែច្រើនឡើងៗបានប្រមូលផ្ដុំគ្នា ហើយនៅពេលហ្វូងមនុស្សកាន់តែច្រើន គ្រប់គ្នាក៏ចាប់ផ្ដើមអន្ទះសា។ បន្ទាប់មក នៅពេលឡានក្រុងមកដល់ ពួកគេទាំងអស់គ្នាក៏បានសម្រុកឡើងឡានក្រុង ដោយមិនរង់ចាំឱ្យអ្នកដំណើរខាងក្នុងចុះសិនឡើយ ដោយរុញច្រាន និងប្រជ្រៀតគ្នាទៅវិញទៅមក បង្កជាភាពចលាចលយ៉ាងខ្លាំង។ វាគឺជាទិដ្ឋភាពដ៏វឹកវរខ្លាំងណាស់។ សាស្ត្រាចារ្យទាំងនេះបានគិតអំពីរឿងនេះ ហើយនិយាយថា៖ «ច្បាស់ណាស់ថា បងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីក្រុងប៉េកាំងមិនងាយស្រួលទេ ដែលត្រូវជិះឡានក្រុងទៅធ្វើការ និងត្រឡប់មកវិញជារៀងរាល់ថ្ងៃ។ ក្នុងនាមជាសាស្ត្រាចារ្យសាកលវិទ្យាល័យ យើងគួរតែមានការគិតគូរដល់កាលៈទេសៈរបស់ប្រជាជន។ ក្នុងនាមជាបញ្ញវន្តជាន់ខ្ពស់ យើងមិនអាចប្រជែងជាមួយប្រជាជនសាមញ្ញនោះទេ។ យើងត្រូវតែបង្ហាញស្មារតីមិនអត្មានិយមរបស់ ឡី ហ្វឹង ដោយទុកឱ្យពួកគេឡើងឡានក្រុងនេះមុនចុះ ដូច្នេះចូរយើងកុំប្រជ្រៀតឡើងឡានក្រុងនេះអី»។ ពួកគេទាំងអស់គ្នាបានយល់ស្របលើរឿងនេះ ហើយសម្រេចចិត្តរង់ចាំឡានក្រុងបន្ទាប់។ ប៉ុន្តែលទ្ធផលគឺថា នៅពេលឡានក្រុងបន្ទាប់មកដល់ ក៏មានមនុស្សច្រើនដូចមុនដដែល ហើយជាថ្មីម្ដងទៀត មនុស្សក៏បានប្រជ្រៀតឡើងឡានក្រុងដូចហ្វូងមនុស្សដែលគ្មានសណ្ដាប់ធ្នាប់។ ពួកសាស្ត្រាចារ្យបានត្រឹមតែស្រឡាំងកាំង។ ពួកគេបានឈរមើលមនុស្សឡើងពេញឡានក្រុង និងបើកចេញទៅ ហើយជាថ្មីម្ដងទៀត ពួកគេនៅតែមិនអាចប្រជ្រៀតឡើងឡានក្រុងបានឡើយ។ ពួកគេបានពិភាក្សាគ្នាម្ដងទៀត ហើយនិយាយថា៖ «យើងមិនប្រញាប់ទេ។ យ៉ាងណាក៏យើងគឺជាបញ្ញវន្តជាន់ខ្ពស់ដែរ យើងមិនអាចដណ្ដើមគ្នាជាមួយមនុស្សធម្មតាដើម្បីឡើងឡានក្រុងបានទេ។ យើងចាំសិនចុះ ប្រហែលជាមិនមានមនុស្សច្រើនរង់ចាំឡានក្រុងបន្ទាប់នោះទេ»។ ពេលកំពុងរង់ចាំឡានក្រុងទីបី ពួកសាស្ត្រាចារ្យទាំងនេះចាប់ផ្ដើមអន្ទះសាបន្តិចហើយ។ អ្នកខ្លះក្នុងចំណោមពួកគេបានក្ដាប់ដៃ ហើយនិយាយថា៖ «ប្រសិនបើឡានក្រុងនេះមានមនុស្សច្រើនដូចមុនដដែល តើយើងគួរតែប្រជ្រៀតឡើងដែរឬទេ? ប្រសិនបើយើងមិនប្រជ្រៀតឡើងទេ ខ្ញុំគិតថាយើងប្រហែលជាមិនអាចឡើងឡានក្រុងទីប្រាំ ឬសូម្បីតែឡានក្រុងទីប្រាំមួយបានឡើយ ដូច្នេះយើងគួរតែប្រជ្រៀតឡើងទៅ!» អ្នកផ្សេងទៀតនិយាយថា៖ «តើបញ្ញវន្តជាន់ខ្ពស់អាចប្រជ្រៀតឡើងឡានក្រុងបានដែរឬទេ? នោះនឹងធ្វើឱ្យខូចមុខមាត់របស់យើងមិនខាន! តើវានឹងគួរឱ្យអាម៉ាស់យ៉ាងណាទៅ ប្រសិនបើថ្ងៃណាមួយ មនុស្សម្នាដឹងថាបញ្ញវន្តជាន់ខ្ពស់ដូចជាពួកយើង សូម្បីតែឡានក្រុងក៏ប្រជ្រៀតឡើងដែរនោះ!» ពួកគេខ្វែងគំនិតគ្នា។ ពេលពួកគេកំពុងពិភាក្សាគ្នា ហ្វូងមនុស្សដែលរង់ចាំមួយក្រុមទៀតក៏បានប្រមូលផ្ដុំគ្នា។ មកដល់ចំណុចនេះ ពួកសាស្ត្រាចារ្យមានការអន្ទះសាយ៉ាងខ្លាំង ហើយក៏ឈប់ពិភាក្សាគ្នា។ នៅពេលឡានក្រុងមកដល់ គ្រាន់តែទ្វារបើកភ្លាម ហើយមនុស្សគ្រប់គ្នាមិនទាន់ទាំងចុះអស់ផង ពួកសាស្ត្រាចារ្យបានធ្វើតាមហ្វូងមនុស្សមុន ដោយរុញច្រានប្រជ្រៀតចូលអស់ពីកម្លាំងកាយរបស់ពួកគេ។ អ្នកខ្លះក្នុងចំណោមពួកគេអាចប្រជ្រៀតចូលបាន ចំណែកឯបញ្ញវន្តដ៏ថ្លៃថ្នូរមួយចំនួន ពោលគឺអ្នកប្រាជ្ញដ៏ថ្លៃថ្នូរ មិនអាចប្រជ្រៀតចូលបានទេ ពីព្រោះពួកគេខ្វះកម្លាំងរុញច្រាន និងស្មារតីប្រយុទ្ធនោះ។ សូមទុកបញ្ហានេះត្រឹមហ្នឹងចុះ។ ចូរប្រាប់ខ្ញុំមកមើល៍ តើនេះមិនមែនជាការពិតទេឬ? (ជាការពិតមែន។) ការប្រជ្រៀតឡើងឡានក្រុងនេះ គឺជារឿងសាមញ្ញពេកទៅហើយ ហើយបញ្ញវន្តទាំងនេះពិតជាពូកែសម្ដែងធ្វើពុតមែន! ចូរប្រាប់ខ្ញុំមកមើល៍ តើបញ្ហានៅត្រង់ណា? ដំបូង ចូរយើងនិយាយអំពីបញ្ញវន្តទាំងនេះ ដែលទទួលបានការអប់រំកម្រិតខ្ពស់ ហើយបានក្លាយជាសាស្ត្រាចារ្យដែលបង្រៀន និងអប់រំមនុស្ស ហើយជាអ្នកដែលបានក្លាយជាបញ្ញវន្តជាន់ខ្ពស់។ ពោលគឺ ការអប់រំដែលពួកគេទទួលបាន និងចំណេះដឹងដែលពួកគេមាន គឺខ្ពស់ជាងកម្រិតដែលមនុស្សធម្មតាទទួលបាន ហើយចំណេះដឹងរបស់ពួកគេគឺគ្រប់គ្រាន់សម្រាប់ឱ្យពួកគេធ្វើជាគ្រូបង្រៀន និងជាអ្នកបង្ហាត់មនុស្ស អប់រំមនុស្ស និងផ្ទេរចំណេះដឹងដល់មនុស្ស ហេតុដូច្នេះហើយទើបពួកត្រូវបានគេហៅថា បញ្ញវន្តជាន់ខ្ពស់។ តើគំនិត និងទស្សនៈរបស់បញ្ញវន្តជាន់ខ្ពស់ទាំងនេះមានបញ្ហាអ្វីដែរឬទេ? ច្បាស់ណាស់ថាមានបញ្ហា។ ដូច្នេះ តើបញ្ហារបស់ពួកគេស្ថិតនៅត្រង់ណា? ចូរយើងវិភាគលើបញ្ហានេះ។ ដោយទទួលបានចំណេះដឹងយ៉ាងច្រើន និងការអប់រំកម្រិតខ្ពស់បែបនេះ តើការគិតរបស់ពួកគេរឹងត្អឹង ឬក៏សេរី? (គឺរឹងត្អឹង។) ម្ដេចបានជាអ្នករាល់គ្នាដឹងថាវារឹងត្អឹង? តើបញ្ហារបស់ពួកគេនៅត្រង់ណា? ទីមួយគឺ ពួកគេបានប្រកាសខ្លួនឯងថាជាបញ្ញវន្តជាន់ខ្ពស់។ តើមានអ្វីខុសឆ្គងចំពោះការអះអាងនេះដែរឬទេ? (មាន។) មានបញ្ហាជាមួយនឹងការអះអាងនេះ។ បន្ទាប់មក ពួកគេនិយាយថា៖ «នៅពេលដែលបញ្ញវន្តជាន់ខ្ពស់ដូចជាពួកយើងឡើងឡានក្រុង យើងមិនគួរដណ្ដើម និងប្រជ្រៀតជាមួយអ្នកដទៃដើម្បីឡើងឡានក្រុងនោះទេ»។ តើមានបញ្ហាជាមួយនឹងប្រយោគនេះដែរឬទេ? (មាន។) នេះគឺជាបញ្ហាទីពីរ។ បញ្ហាទីបីគឺនៅពេលដែលពួកគេនិយាយថា «បញ្ញវន្តជាន់ខ្ពស់ដូចជាពួកយើងអាចរង់ចាំឡានក្រុងបន្ទាប់បាន» តើមានបញ្ហាអ្វីជាមួយនឹងចំណុចនេះដែរឬទេ? (មាន។) មានបញ្ហាជាមួយនឹងចំណុចទាំងអស់នេះ។ ចូរវែកញែកបញ្ហានេះតាមរយៈចំណុចទាំងបីនេះចុះ ដើម្បីមើលថាតើបញ្ហាទាំងនោះជាអ្វី។ ប្រសិនបើអ្នករាល់គ្នាទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបញ្ហាទាំងនេះ នោះទីមួយ អ្នករាល់គ្នានឹងលែងគោរពបូជាបញ្ញវន្តជាន់ខ្ពស់ទៀតហើយ ហើយទីពីរ អ្នករាល់គ្នានឹងលែងចង់ក្លាយជាបញ្ញវន្តជាន់ខ្ពស់ណាមួយទៀតហើយ។
តើចំណុចទីមួយជាអ្វី? គឺថាពួកគេបានប្រកាសខ្លួនឯងថាជាបញ្ញវន្តជាន់ខ្ពស់។ តើមានបញ្ហាអ្វីជាមួយនឹងការអះអាងនេះដែរឬទេ? (មាន។) មិនមានអ្វីខុសឆ្គងនឹងពាក្យ «ការប្រកាសខ្លួនឯង» នោះទេ ដែលក្នុងករណីនេះមានន័យថា ជាការតាំងខ្លួនជាបញ្ញវន្តជាន់ខ្ពស់។ ដូច្នេះ តើមានបញ្ហាជាមួយនឹងឃ្លា «ក្នុងនាមជាបញ្ញវន្តជាន់ខ្ពស់» ដែរឬទេ? ការពិតគឺថា សាស្ត្រាចារ្យសាកលវិទ្យាល័យគឺជាបញ្ញវន្តជាន់ខ្ពស់នៅក្នុងសង្គម។ ដោយសារនេះជាការពិត តើហេតុអ្វីបានជាមានបញ្ហាជាមួយនឹងឃ្លានេះ? (ពួកគេគិតថា ដោយទទួលបានចំណេះដឹង ពួកគេខ្ពង់ខ្ពស់ជាងអ្នកដទៃ។) ខ្ពង់ខ្ពស់ជាងអ្នកដទៃ ច្បាស់ណាស់ថាមាននិស្ស័យនៅពីក្រោយរឿងនេះ។ (ពួកគេគិតថា ដោយសារពួកគេទទួលបានចំណេះដឹងកាន់តែច្រើន ពួកគេខ្ពង់ខ្ពស់ជាងអ្នកដទៃ។ តាមការពិត រឿងទាំងនេះមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបានទេ។) នេះគឺត្រឹមត្រូវមួយផ្នែក ប៉ុន្តែមិនបានពន្យល់វាឱ្យច្បាស់លាស់ទេ។ តើអ្នកណាអាចបន្ថែមអ្វីទៀតបាន? (ឱព្រះជាម្ចាស់ តើពួកគេមិនមែនឆ្មើងឆ្មៃ និងរាប់ខ្លួនឯងជាសុចរិតទេឬ?) នេះគឺត្រឹមត្រូវហើយ ប៉ុន្តែអ្នកមិនបានពន្យល់ពីសារជាតិឱ្យបានច្បាស់លាស់ទេ សូមពន្យល់ឱ្យលម្អិតបន្តិចទៀតមើល។ (នៅពេលដែលពួកគេទទួលបានចំណេះដឹងខ្លះ ពួកគេមានអារម្មណ៍ថាខ្លួនខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមជាងអ្នកដទៃ ដូច្នេះពួកគេមិនអាចចាត់ទុកខ្លួនឯងជាមនុស្សសាមញ្ញបានទេ។ សម្រាប់មនុស្សធម្មតាដែលរស់នៅក្នុងសង្គមនេះ ការដែលត្រូវប្រជ្រៀតឡើងឡានក្រុង គឺត្រូវបានកំណត់ដោយមជ្ឈដ្ឋានជាក់ស្ដែងនៃជីវិតរបស់ពួកគេ ហើយវាជារឿងធម្មតា។ ក៏ប៉ុន្តែ នៅពេលដែលបញ្ញវន្តទាំងនេះចាត់ទុកខ្លួនឯងថាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមខ្លាំង ពួកគេលែងអាចធ្វើខ្លួនដូចមនុស្សធម្មតាបានទៀតហើយ ហើយគិតថាសកម្មភាពរបស់មនុស្សធម្មតាធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណរបស់ពួកគេ ដូច្នេះខ្ញុំមានអារម្មណ៍ថាពួកគេមិនប្រក្រតីទេ)។ ពួកគេពិតជាមិនប្រក្រតីមែន។ អត្ថន័យដែលបង្កប់នៅក្នុងការដែលពួកគេប្រកាសខ្លួនឯងថាជាបញ្ញវន្តជាន់ខ្ពស់ គឺមិនប្រក្រតីឡើយ។ ពោលគឺ មានភាពវៀចវេរនៅក្នុងភាពជាមនុស្សរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថាខ្លួនខ្ពង់ខ្ពស់ និងមានតម្លៃជាងអ្នកដទៃ។ តើអ្វីជាមូលដ្ឋានរបស់ពួកគេសម្រាប់រឿងនេះ? គឺត្រង់ថាពួកគេទទួលបានការអប់រំយ៉ាងច្រើន និងមានចំណេះដឹងពេញខ្លួន ហើយទោះជាពួកគេជួបអ្នកណាក៏ដោយ ក៏ពួកគេមិនដែលខ្វះរឿងនិយាយដែរ ហើយអាចបង្រៀនរឿងផ្សេងៗដល់អ្នកទាំងនោះទៀតផង។ តើពួកគេចាត់ទុកចំណេះដឹងជាអ្វី? ពួកគេបានចាត់ទុកវាជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន និងសកម្មភាពរបស់មនុស្សម្នាក់ ក៏ដូចជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់សីលធម៌របស់មនុស្សម្នាក់ផងដែរ។ ពួកគេជឿថា ពេលនេះពួកគេមានចំណេះដឹងហើយ សេចក្ដីសុចរិត ចរិតលក្ខណៈ និងអត្តសញ្ញាណរបស់ពួកគេគឺឧត្តុង្គឧត្តម មានតម្លៃ និងថ្លៃថ្លា ដែលបង្កប់ន័យថា បញ្ញវន្តជាន់ខ្ពស់គឺជាពួកបរិសុទ្ធ។ តើវាមិនមែនដូច្នេះទេឬ? (មែនហើយ។) នេះហើយគឺជាភាពជាន់ខ្ពស់សម្រាប់ពួកគេ ដូច្នេះនៅពេលដែលពួកគេត្រូវប្រជ្រៀតឡើងឡានក្រុង ពួកគេមិនព្រមធ្វើវាឡើយ។ ហេតុអ្វីបានជាពួកគេមិនព្រមប្រជ្រៀតឡើង? តើពួកគេត្រូវបានគ្រប់គ្រងដោយអ្វី? តើពួកគេរងការរឹតត្បិត និងការឃាត់ឃាំងអ្វីខ្លះ? ពួកគេមានអារម្មណ៍ថា ការប្រជ្រៀតឡើងឡានក្រុងនឹងប៉ះពាល់ដល់អត្តសញ្ញាណ និងមុខមាត់របស់ខ្លួន។ ពួកគេជឿថា ចំណេះដឹងបានផ្ដល់អត្តសញ្ញាណ និងមុខមាត់ដល់ពួកគេ ដូច្នេះហើយទើបពួកគេប្រកាសខ្លួនឯងថាជាបញ្ញវន្តជាន់ខ្ពស់។ ដោយផ្អែកលើការវិភាគនេះ តើអ្វីដែលពួកគេបាននិយាយ មិនគួរឱ្យខ្ពើមរអើមទេឬ? វាគួរឱ្យខ្ពើមរអើមណាស់។ ប៉ុន្តែពួកគេបែរជាដើរអួតអាងដោយនិយាយថា «បញ្ញវន្តជាន់ខ្ពស់ដូចជាពួកយើង» ទៅវិញ។ តាមពិត អ្នកដទៃគិតថា ពួកគេគ្រាន់តែជាបញ្ញវន្ត ដែលមានឫកពាដ៏តោកយ៉ាក និងប្រកាន់តម្រិះ ដែលមនុស្សថែមទាំងមើលងាយទៀតផង ប៉ុន្តែពួកគេផ្ទាល់នៅតែគិតថាខ្លួនឧត្តុង្គឧត្តមជាពិសេស។ តើនេះមិនមែនជាបញ្ហាទេឬ? ពួកគេជឿថា ពួកគេឧត្តុង្គឧត្តមខ្លាំងណាស់ និងមានអត្តសញ្ញាណខ្ពង់ខ្ពស់ រហូតដល់ថ្នាក់ចង់តាំងខ្លួនជាពួកបរិសុទ្ធទៀតផង។ តើទស្សនៈនេះជាការរឹតត្បិតលើពួកគេតាមរបៀបណាមួយដែរឬទេ? តើគោលជំហររបស់ពួកគេទាក់ទងនឹងចំណេះដឹងគឺជាអ្វី? គឺថា នៅពេលដែលមនុស្សមានចំណេះដឹង សេចក្ដីសុចរិតរបស់ពួកគេកាន់តែខ្ពស់ ពួកគេក្លាយជាមនុស្សឆ្នើម និងឧត្តុង្គឧត្តម ហើយពួកគេគួរតែទទួលបានការគោរព។ ហេតុដូច្នេះហើយ សកម្មភាពរាងធម្មតាៗមួយចំនួនដែលមនុស្សសាមញ្ញធ្វើ ត្រូវបានពួកគេស្អប់ខ្ពើម និងថ្កោលទោស។ ឧទាហរណ៍៖ នៅពេលដែលបញ្ញវន្តកណ្ដាស់ ពួកគេសម្លឹងមើលមនុស្សជុំវិញខ្លួន ហើយប្រញាប់និយាយសុំទោស ចំណែកឯពេលដែលមនុស្សសាមញ្ញកណ្ដាស់ ពួកគេមិនគិតអ្វីទាំងអស់។ តាមពិត ការភើ និងការកណ្ដាស់គឺជារឿងធម្មតានៅក្នុងជីវិត ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់បញ្ញវន្តទាំងនោះ រឿងទាំងនេះគឺជាឥរិយាបថថោកទាប និងគ្មានសុជីវធម៌ ដូច្នេះពួកគេស្អប់ខ្ពើម និងមើលងាយសកម្មភាពទាំងនោះ ដោយនិយាយថា៖ «មើលចុះ ពួកមនុស្សសាមញ្ញដែលគ្មានសុជីវធម៌ទាំងនេះ របៀបដែលពួកគេកណ្ដាស់ អង្គុយ និងឈរ គឺពិតជាមិនសមរម្យទាល់តែសោះ ហើយនៅពេលឡានក្រុងមកដល់ ពួកគេក៏ប្រជ្រៀតឡើង ដោយមិនដឹងអ្វីសោះអំពីការបើកផ្លូវឱ្យគេដោយគួរសម!» នៅពេលនិយាយដល់ចំណេះដឹង គោលជំហររបស់ពួកគេគឺ៖ ចំណេះដឹងជានិមិត្តសញ្ញានៃអត្តសញ្ញាណ ហើយចំណេះដឹងអាចផ្លាស់ប្ដូរវាសនារបស់មនុស្ស ក៏ដូចជាអត្តសញ្ញាណ និងតម្លៃរបស់ពួកគេផងដែរ។
តើចំណុចទីពីរជាអ្វី? (គឺថាបញ្ញវន្តជាន់ខ្ពស់មិនអាចប្រជ្រៀតជាមួយអ្នកដទៃដើម្បីឡើងឡានក្រុងបានទេ។) ពួកគេមិនអាចប្រជ្រៀតជាមួយអ្នកដទៃដើម្បីឡើងឡានក្រុងបានឡើយ។ ការប្រជ្រៀតឡើងឡានក្រុង គ្រាន់តែជារឿងតូចតាចមួយដែលពួកគេបានជួបប្រទះនៅក្នុងជីវិតរបស់ខ្លួនប៉ុណ្ណោះ។ តើរឿងនេះតំណាងឱ្យអ្វី? ពោលគឺ ពួកគេជឿថា ពាក្យសម្ដី និងឥរិយាបថរបស់មនុស្សដែលមានចំណេះដឹងកម្រិតណាមួយ ត្រូវតែថ្លៃថ្នូរ ហើយត្រូវតែស័ក្ដិសមនឹងអត្តសញ្ញាណរបស់ពួកគេ។ ឧទាហរណ៍៖ មនុស្សបែបនេះត្រូវតែដើរដោយស្រាលៗ ហើយនៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សម្នា ពួកគេត្រូវតែធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាពួកគេមានភាពរាក់ទាក់ ងាយស្រួលទាក់ទង និងស័ក្ដិសមទទួលបានការគោរព ហើយពាក្យសម្ដី និងឥរិយាបថរបស់ពួកគេត្រូវតែថ្លៃថ្នូរ។ ពួកគេមិនអាចដូចមនុស្សសាមញ្ញបានទេ ពួកគេត្រូវតែធ្វើឱ្យមនុស្សកត់សម្គាល់ឃើញពីភាពខុសគ្នារវាងខ្លួនពួកគេ និងមនុស្សសាមញ្ញ មានតែតាមរបៀបនេះទេ ទើបពួកគេអាចអួតសម្ញែងថាអត្តសញ្ញាណរបស់ខ្លួនគឺឆ្នើម និងខុសប្លែកពីអ្នកទាំងពូង។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ សាស្ត្រាចារ្យទាំងនេះជឿថា រឿងដូចជាការប្រជ្រៀតឡើងឡានក្រុង គឺជារឿងដែលធ្វើឡើងដោយមនុស្សនៅស្រទាប់ខាងក្រោមនៃសង្គម និងដោយអ្នកដែលមិនទទួលបានការអប់រំកម្រិតខ្ពស់ ហើយមានតែអស់អ្នកដែលមិនមានចំណេះដឹងជ្រៅជ្រះ ឬគ្មានអត្តសញ្ញាណជាបញ្ញវន្តជាន់ខ្ពស់ទេ ទើបធ្វើរឿងទាំងនេះ។ ដូច្នេះ តើបញ្ញវន្តជាន់ខ្ពស់ទាំងនេះបានធ្វើរឿងអ្វីខ្លះ? ការឈរនៅវេទិកាអធិប្បាយពីគោលលទ្ធិ ការផ្ទេរចំណេះដឹង និងការដោះស្រាយមន្ទិលសង្ស័យរបស់មនុស្ស ទាំងនេះគឺជាភារកិច្ចរបស់ពួកគេ ដែលតំណាងឱ្យអត្តសញ្ញាណ មុខមាត់ និងវិជ្ជាជីវៈរបស់ខ្លួន។ ពួកគេអាចធ្វើបានតែរឿងទាំងនេះប៉ុណ្ណោះ។ កិច្ចការប្រចាំថ្ងៃ និងទម្លាប់របស់មនុស្សសាមញ្ញ មិនគួរមានអ្វីពាក់ព័ន្ធជាមួយពួកគេឡើយ ដែលជាវណ្ណៈមនុស្សដែលផ្ដាច់ខ្លួនចេញពី «ចំណូលចិត្តដ៏ថោកទាប និងតូចទាប» ទាំងនេះ។ តើពួកគេកំណត់លក្ខណៈកិច្ចការប្រចាំថ្ងៃ និងទម្លាប់របស់មនុស្សសាមញ្ញ ហើយសូម្បីតែសកម្មភាពដូចជាការប្រជ្រៀតឡើងឡានក្រុង ថាជាអ្វី? (ជារឿងថោកទាប។) ត្រូវហើយ ថោកទាប និងគ្មានសុជីវធម៌។ នេះគឺជានិយមន័យចេញពីជម្រៅចិត្តរបស់ពួកគេ សម្រាប់មនុស្សសាមញ្ញ ធម្មតា ដែលមានកម្រិតទាបជាងពួកគេ។
ចូរយើងនិយាយអំពីចំណុចទីបីគឺ «បញ្ញវន្តជាន់ខ្ពស់ដូចជាពួកយើងអាចរង់ចាំឡានក្រុងបន្ទាប់បាន» តើនេះជាស្មារតីប្រភេទអ្វី? តើនេះមិនមែនជាស្មារតីរបស់ ខុង រ៉ុង ដែលលះបង់ផ្លែសារីធំៗ ដូចដែលបានរៀបរាប់នៅក្នុងវប្បធម៌ប្រពៃណីទេឬ? ឥទ្ធិពលនៃវប្បធម៌ប្រពៃណីលើបញ្ញវន្ត គឺមានភាពជ្រាលជ្រៅជាពិសេស។ ពួកគេមិនត្រឹមតែទទួលយកវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលយកគំនិត និងទស្សនៈជាច្រើនពីវប្បធម៌ប្រពៃណីទៅក្នុងជម្រៅចិត្តរបស់ខ្លួន ហើយចាត់ទុកពួកវាជាអ្វីៗដែលវិជ្ជមាន រហូតដល់ថ្នាក់ចាត់ទុកពាក្យស្លោកល្បីៗមួយចំនួនជាបាវចនា ហើយតាមរយៈការធ្វើបែបនេះ ពួកគេក៏ដើរចូលទៅក្នុងផ្លូវខុសនៅក្នុងជីវិត។ វប្បធម៌ប្រពៃណីត្រូវបានតំណាងដោយគោលលទ្ធិខុងជឺ។ គោលលទ្ធិខុងជឺ មានទ្រឹស្ដីមនោគមវិជ្ជាពេញមួយប្រព័ន្ធ វាភាគច្រើនលើកកម្ពស់វប្បធម៌សីលធម៌ប្រពៃណី ហើយវាត្រូវបានគោរពបូជាដោយវណ្ណៈគ្រប់គ្រងនៃរាជវង្សនានាពេញមួយប្រវត្តិសាស្ត្រ ដែលបានគោរពបូជាខុងជឺ និងម៉េងជឺ ជាពួកបរិសុទ្ធ។ គោលលទ្ធិខុងជឺគាំទ្រថា មនុស្សម្នាក់គួរតែប្រកាន់ខ្ជាប់នូវគុណតម្លៃនៃសេចក្ដីសប្បុរស សេចក្ដីសុចរិត សុជីវធម៌ ប្រាជ្ញា និងភាពគួរឱ្យទុកចិត្ត រៀនធ្វើចិត្តឱ្យស្ងប់ មានភាពនឹងនរ និងចេះអត់ធ្មត់ជាមុនសិន រាល់ពេលមានរឿងអ្វីកើតឡើង រក្សាភាពស្ងប់ស្ងាត់ និងនិយាយដោះស្រាយបញ្ហា មិនត្រូវឈ្លោះប្រកែក ឬដណ្ដើមរបស់របរឡើយ ហើយរៀនចេះសម្របសម្រួលដោយគួរសម និងទទួលបានការគោរពពីមនុស្សគ្រប់គ្នា នេះហើយគឺជាការប្រព្រឹត្តខ្លួនដោយមានសុជីវធម៌។ បញ្ញវន្តទាំងនេះដាក់ខ្លួនឯងនៅក្នុងឋានៈខ្ពស់ជាងប្រជាជនសាមញ្ញ ហើយនៅក្នុងក្រសែភ្នែករបស់ពួកគេ មនុស្សទាំងអស់សុទ្ធតែជាអ្នកដែលពួកគេត្រូវអត់ធ្មត់ និងអត់ឱនឱ្យ។ «ឥទ្ធិពល» នៃចំណេះដឹងគឺពិតជាធំធេងណាស់! មនុស្សទាំងនេះពិតជាស្រដៀងនឹងសុភាពបុរសក្លែងក្លាយខ្លាំងមែន តើមែនទេ? មនុស្សដែលទទួលបានចំណេះដឹងច្រើនពេក ក្លាយជាសុភាពបុរសក្លែងក្លាយ។ ប្រសិនបើក្រុមអ្នកប្រាជ្ញដ៏ថ្លៃថ្នូរនេះ ត្រូវបានពណ៌នានៅក្នុងឃ្លាមួយ នោះគឺ ភាពថ្លៃថ្នូររបស់អ្នកប្រាជ្ញដ៏ខ្ពង់ខ្ពស់។ តើអ្វីទៅជាគោលការណ៍ដែលអ្នកប្រាជ្ញដ៏ថ្លៃថ្នូរទាំងនេះប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក? តើអ្វីទៅជាវិធីសាស្ត្ររបស់ពួកគេចំពោះការរស់នៅក្នុងលោកីយ៍? ឧទាហរណ៍៖ ប្រជាជនសាមញ្ញហៅបុរសដែលមានត្រកូល លី ថា «ឡាវ លី» ឬ «ស៊ាវ លី»(ក)។ តើបញ្ញវន្តនឹងហៅពួកគេតាមរបៀបនេះដែរឬទេ? (អត់ទេ។) តើពួកគេនឹងហៅអ្នកទាំងនោះតាមរបៀបណា? (លោក លី។) ប្រសិនបើពួកគេឃើញស្ត្រីម្នាក់ ពួកគេនឹងហៅនាងថា អ្នកនាងនេះ ឬអ្នកនាងនោះ ហើយនឹងបង្ហាញការគោរព និងភាពថ្លៃថ្នូរជាពិសេស ដូចជាសុភាពបុរសអ៊ីចឹង។ ពួកគេជំនាញខាងរៀនសូត្រ និងធ្វើតាមភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ដែលបង្ហាញដោយសុភាពបុរស។ តើពួកគេនិយាយ និងពិភាក្សាគ្នាដោយប្រើទឹកដមសំឡេង និងរបៀបរបបបែបណា? ទឹកមុខរបស់ពួកគេគឺទន់ភ្លន់ជាពិសេស ហើយពួកគេនិយាយដោយគួរសម និងសំចៃមាត់។ ពួកគេគ្រាន់តែសម្ដែងចេញនូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយទោះបីជាពួកគេដឹងថាទស្សនៈរបស់អ្នកដទៃខុសក៏ដោយ ក៏ពួកគេមិននិយាយអ្វីដែរ។ គ្មានអ្នកណាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកណាឡើយ ហើយពាក្យសម្ដីរបស់ពួកគេគឺទន់ភ្លន់ខ្លាំងបំផុត ហាក់ដូចជារុំដោយសំឡីអ៊ីចឹង ដូច្នេះទើបពួកគេមិនធ្វើឱ្យអ្នកណាម្នាក់ឈឺចាប់ ឬធុញថប់ ដែលគ្រាន់តែស្ដាប់ពួកគេនិយាយ ក៏ធ្វើឱ្យគេមានអារម្មណ៍ចង់ក្អួត អន្ទះសា ឬខឹងបាត់ទៅហើយ។ ការពិតគឺថា គ្មានទស្សនៈរបស់អ្នកណាម្នាក់ច្បាស់លាស់ទាំងស្រុងនោះទេ ហើយក៏គ្មានអ្នកណាចុះញ៉មនឹងអ្នកណាដែរ។ មនុស្សប្រភេទនេះពូកែក្លែងបន្លំណាស់។ នៅពេលជួបប្រទះសូម្បីតែរឿងតូចតាចបំផុត ពួកគេនឹងក្លែងបន្លំ និងបិទបាំងខ្លួនឯង ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេនឹងផ្ដល់ការពន្យល់ឱ្យបានច្បាស់លាស់ឡើយ។ នៅចំពោះមុខមនុស្សសាមញ្ញ តើពួកគេចង់ប្រកាន់យកឫកពាបែបណា ហើយតើពួកគេចង់បង្ហាញមុខមាត់បែបណា? ពោលគឺ ដើម្បីឱ្យមនុស្សសាមញ្ញឃើញថា ពួកគេគឺជាសុភាពបុរសដែលមានភាពរាបសារ។ សុភាពបុរសគឺលើសអ្នកដទៃមួយកម្រិត ហើយជាទីគោរពបូជារបស់មនុស្សម្នា។ មនុស្សគិតថា ពួកគេមានការយល់ដឹងជ្រៅជ្រះខ្លាំងជាងមនុស្សធម្មតា ហើយថា ពួកគេមានការយល់ដឹងអំពីរឿងផ្សេងៗបានល្អជាង បើប្រៀបធៀបនឹងមនុស្សធម្មតា ដូច្នេះមនុស្សគ្រប់គ្នាតែងតែពិគ្រោះនឹងសុភាពបុរសទាំងនោះ រាល់ពេលដែលពួកគេមានបញ្ហា។ នេះគឺពិតជាលទ្ធផលដែលបញ្ញវន្តទាំងនេះចង់បាន ពួកគេទាំងអស់គ្នាសង្ឃឹមថានឹងត្រូវបានគោរពបូជាជាពួកបរិសុទ្ធ។
បើមើលពីចំណុចទាំងបីដែលយើងទើបតែបានវែកញែករួច នៅពេលដែលសាស្ត្រាចារ្យទាំងនេះទទួលបានងារជា «បញ្ញវន្តជាន់ខ្ពស់» តើការគិតរបស់ពួកគេមានភាពសេរីជាងមុន ឬក៏ត្រូវបានរឹតត្បិតជាងមុន? (រឹតត្បិត។) វាច្បាស់ជាត្រូវបានរឹតត្បិតហើយ។ រឹតត្បិតដោយសារអ្វី? (គឺចំណេះដឹង។) ចំណេះដឹងគឺជារឿងដែលស្ថិតនៅក្នុងវិជ្ជាជីវៈរបស់ពួកគេ។ តាមពិតទៅ ចំណេះដឹងមិនបានរឹតត្បិតពួកគេយ៉ាងពិតប្រាកដនោះទេ។ តើអ្វីទៅដែលបានរឹតត្បិតពួកគេ? គឺអាកប្បកិរិយារបស់ពួកគេចំពោះចំណេះដឹង និងឥទ្ធិពលដែលចំណេះដឹងមានលើការគិតរបស់ពួកគេ ក៏ដូចជាទស្សនៈដែលវាបានបណ្ដុះចូលទៅក្នុងពួកគេ នេះហើយគឺជាបញ្ហា។ ហេតុដូច្នេះហើយ ពួកគេទទួលបានកម្រិតចំណេះដឹងកាន់តែខ្ពស់ ពួកគេកាន់តែមានអារម្មណ៍ថាអត្តសញ្ញាណ និងឋានៈរបស់ខ្លួនខុសប្លែកពីអ្នកទាំងពូង ហើយពួកគេកាន់តែមានអារម្មណ៍ថាខ្លួនឧត្តុង្គឧត្តម និងអស្ចារ្យ ស្របពេលជាមួយគ្នានោះ ការគិតរបស់ពួកគេក៏កាន់តែត្រូវបានរឹតត្បិតផងដែរ។ បើមើលពីទស្សនៈនេះ តើមនុស្សដែលទទួលបានចំណេះដឹងកាន់តែច្រើន ទទួលបានសេរីភាព ឬក៏បាត់បង់សេរីភាព? (បាត់បង់សេរីភាព។) តាមពិតទៅ ពួកគេបានបាត់បង់សេរីភាពហើយ។ ចំណេះដឹងមានឥទ្ធិពលលើការគិតរបស់មនុស្ស និងឋានៈរបស់ពួកគេនៅក្នុងសង្គម ហើយឥទ្ធិពលដែលវាមានលើមនុស្ស គឺមិនមែនវិជ្ជមានឡើយ។ វាមិនដែលមានន័យថា អ្នកទទួលបានចំណេះដឹងកាន់តែច្រើន អ្នកនឹងកាន់តែយល់ច្បាស់ពីគោលការណ៍ ទិសដៅ និងគោលដៅដែលអ្នកគួរតែមានទាក់ទងនឹងការប្រព្រឹត្តខ្លួនរបស់អ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកកាន់តែដេញតាមចំណេះដឹង ហើយចំណេះដឹងដែលអ្នកទទួលបានកាន់តែជ្រៅជ្រះ នោះអ្នកនឹងកាន់តែឃ្លាតឆ្ងាយពីគំនិត និងទស្សនៈដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមាន។ វាប្រៀបដូចជាក្រុមបញ្ញវន្តនោះ ដែលទទួលបានចំណេះដឹង និងការអប់រំយ៉ាងច្រើន ប៉ុន្តែសូម្បីតែរឿងធម្មតាៗនៅក្នុងជីវិតជាមូលដ្ឋានមួយ ក៏ពួកគេមិនយល់ផង។ តើរឿងធម្មតាៗនៅក្នុងជីវិតនោះជាអ្វី? នៅពេលដែលមានមនុស្សច្រើន អ្នកត្រូវតែប្រជ្រៀតចូលដើម្បីឡើងឡានក្រុង។ ប្រសិនបើអ្នកមិនប្រជ្រៀតចូលទេ អ្នកនឹងមិនអាចឡើងឡានក្រុងបានជាដាច់ខាត សូម្បីតែច្បាប់ដ៏សាមញ្ញបំផុតនេះ ក៏ពួកគេមិនដឹងផង។ ចូរប្រាប់ខ្ញុំមកមើល៍ តើពួកគេក្លាយជាឆ្លាត ឬល្ងង់? (ពួកគេក្លាយជាល្ងង់។) តាមពិតទៅ ពួកគេគឺជាពួកមនុស្សល្ងង់មួយក្រុម។ មនុស្សសាមញ្ញមិនទទួលបានចំណេះដឹងជ្រៅជ្រះ ឬការអប់រំកម្រិតខ្ពស់បែបនេះទេ ហើយក៏មិនមានឋានៈនេះដែរ ប៉ុន្តែពួកគេយល់ពីចំណុចនេះ ហើយនិយាយថា៖ «នៅពេលឡើងឡានក្រុង ហើយមានមនុស្សច្រើន អ្នកត្រូវតែប្រជ្រៀតចូល ហើយអ្នកត្រូវតែបញ្ចេញកម្លាំង ពីព្រោះប្រសិនបើអ្នកបន្ធូរដៃសូម្បីតែបន្តិច ហើយខួរក្បាលរបស់អ្នកប្រតិកម្មយឺតមួយជំហាន នោះអ្នកអាចនឹងធ្លាក់ទៅនៅខាងក្រោយហ្វូងមនុស្ស ហើយត្រូវជិះឡានក្រុងបន្ទាប់មិនខាន»។ នេះគឺជារឿងធម្មតាៗនៅក្នុងជីវិតជាមូលដ្ឋាន ដែលមនុស្សសាមញ្ញដឹងច្បាស់ ប៉ុន្តែបញ្ញវន្តទាំងនេះបែរជាមិនយល់ ដូច្នេះហើយទើបពួកគេរង់ចាំឡានក្រុងមួយហើយមួយទៀត។ តើពួកគេត្រូវបានរឹតត្បិតដោយអ្វី? ពួកគេត្រូវបានចងជាប់យ៉ាងតឹងរ៉ឹងដោយការអះអាងថា «ពួកយើងគឺជាបញ្ញវន្តជាន់ខ្ពស់»។ រឿងគឺបែបនេះឯង។ ពួកគេមិនទាំងដឹងពីរបៀបប្រឈមមុខ ឬដោះស្រាយបញ្ហាជីវិតជាក់ស្ដែងដ៏សាមញ្ញបែបនេះផង។ ពួកគេគឺជាពួកមនុស្សល្ងង់មួយក្រុម! តើចំណេះដឹងបាននាំអ្វីខ្លះមកឱ្យពួកគេ? អ្វីដែលវានាំមកឱ្យពួកគេ គឺវាធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីប្រជាជនទាំងពូង ពួកគេមិនដឹងពីរបៀបរស់នៅ ហើយពួកគេមិនដឹងពីរបៀបដោះស្រាយរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតជាក់ស្ដែងឡើយ។ ពួកគេបានប្រើទ្រឹស្ដីដ៏ខ្ពង់ខ្ពស់មួយចំនួន ដើម្បីដោះស្រាយបញ្ហាដ៏សាមញ្ញបំផុតមួយដែលមនុស្សធម្មតាជួបប្រទះនៅក្នុងជីវិតជាក់ស្ដែង ហើយពួកគេមិនដឹងថា តើលទ្ធផលនឹងទៅជាយ៉ាងណានោះទេ បន្ទាប់ពីដោះស្រាយវាតាមរបៀបនេះ ប្រហែលជារហូតមកដល់សព្វថ្ងៃនេះ ក៏ពួកគេនៅតែមិនយល់ដដែល។ ប្រហែលជាពួកគេអាចត្រឹមតែគិតធ្លុះពីរឿងនេះ នៅពេលដែលពួកគេឈានចូលវ័យចំណាស់ប៉ុណ្ណោះ។ នៅពេលនោះ ពួកគេនឹងលែងមានកិត្តិយសអ្វីទៀតហើយ ហើយប្រហែលជាឆ្អែតឆ្អន់នឹងការសោយសុខកេរ្តិ៍ឈ្មោះដ៏ថ្លៃថ្នូរជាបញ្ញវន្តជាន់ខ្ពស់ពេញមួយជីវិតរបស់ខ្លួនទៅហើយ។ ថ្ងៃណាមួយ ពួកគេអាចនឹងនឹកឃើញពីទិដ្ឋភាពដ៏គួរឱ្យអាម៉ាស់របស់ខ្លួននៅពេលជិះឡានក្រុងកាលណោះ ហើយពួកគេនឹងដឹងខ្លួនភ្លាមៗថា ពួកគេមិនមែនឧត្តុង្គឧត្តម ឬខ្ពង់ខ្ពស់អ្វីនោះទេ ហើយពួកគេនឹងដឹងខ្លួនភ្លាមៗថា៖ «តើភាពថ្លៃថ្នូរជាអ្នកប្រាជ្ញរបស់ខ្ញុំ អាចចម្អែតក្រពះបានដែរឬទេ? តើខ្ញុំមិននៅតែត្រូវការបាយបីពេលក្នុងមួយថ្ងៃដូចមនុស្សសាមញ្ញទេឬ? ខ្ញុំមិនខុសពីអ្នកដទៃឡើយ។ នៅពេលខ្ញុំចាស់ទៅ តើខ្ញុំមិនដើរគមខ្នងដូចគេដែរទេឬ? ហើយតើខ្ញុំមិនញ័រទទ្រើក និងមានអារម្មណ៍ភ័យខ្លាចរាល់ពេលដែលខ្ញុំជួបគ្រោះថ្នាក់ទេឬ? ហើយនៅពេលប្រឈមមុខនឹងសេចក្ដីស្លាប់របស់មនុស្សជាទីស្រឡាញ់ ឬព្រឹត្តិការណ៍ដ៏រីករាយ តើខ្ញុំមិនសោកសៅ ឬសប្បាយចិត្តដូចដែលមនុស្សគួរតែមានទេឬ? តើខ្ញុំមិនគ្រាន់តែរស់នៅដូចមនុស្សសាមញ្ញទេឬ? ខ្ញុំមិនខុសពីអ្នកដទៃទាំងពូងឡើយ!» ដល់ពេលនោះ ការដឹងខ្លួននេះនឹងហួសពេលសម្រាប់ពួកគេបាត់ទៅហើយ។ ទាំងនេះគឺជាភាពអាក្រក់មើលផ្សេងៗដែលបង្ហាញដោយមនុស្សដែលទទួលយកពាក្យសម្ដី និងទស្សនៈដែលគេហៅថាអ្វីៗដែលវិជ្ជមានមួយចំនួន នៅពេលដែលពួកគេមិនយល់សេចក្ដីពិត។ នៅពេលដែលមនុស្សមិនដឹងថាតើទស្សនៈទាំងនេះត្រឹមត្រូវឬអត់ ពួកគេតែងតែចាត់ទុកទស្សនៈ និងពាក្យសម្ដីទាំងនេះជាសេចក្ដីពិតដែលត្រូវប្រកាន់ខ្ជាប់ និងអនុវត្ត ហើយនៅពេលដែលពួកគេអនុវត្តរឿងទាំងនោះ ពួកគេតែងតែរងនូវផលវិបាកគ្រប់បែបយ៉ាង ហើយភាពឆ្គាំឆ្គងគ្រប់បែបយ៉ាងក៏កើតមានឡើង។ តើនេះមានផលវិបាកអ្វីខ្លះសម្រាប់មនុស្ស? ស្របពេលដែលមនុស្សកំពុងដេញតាមសេរីភាពឥតឈប់ឈរ ពួកគេក៏កំពុងធ្លាក់ពីវដ្ដនៃបញ្ហាមួយទៅវដ្ដនៃបញ្ហាមួយទៀតឥតឈប់ឈរដែរ ហើយពីចំណងមួយប្រភេទទៅចំណងមួយប្រភេទទៀត។ តើវាមិនមែនដូច្នេះទេឬ? ហេតុដូច្នេះហើយ នៅពេលដែលអ្នកមិនយល់សេចក្ដីពិត ទោះបីជាអ្វីដែលអ្នកប្រកាន់ខ្ជាប់គឺជាទស្សនៈ វប្បធម៌ប្រពៃណី ឬច្បាប់ទម្លាប់ ប្រព័ន្ធ ឬទ្រឹស្ដីប្រភេទណាក៏ដោយ ហើយទោះបីជារឿងទាំងនេះរាងហួសសម័យនៅក្នុងសង្គម ឬក៏ទាន់សម័យ និងពេញនិយមខ្លាំងក៏ដោយ ក៏រឿងទាំងនេះមិនអាចជំនួសសេចក្ដីពិតបានជាដាច់ខាត ពីព្រោះពួកវាមិនមែនជាសេចក្ដីពិតទេ។ មិនថាអ្នកប្រកាន់ខ្ជាប់ពួកវាបានល្អប៉ុនណាក៏ដោយ ឬអ្នកអនុវត្តពួកវាបានល្អប៉ុនណាក៏ដោយ ក៏ទីបំផុត ពួកវានឹងត្រឹមតែធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីសេចក្ដីពិតប៉ុណ្ណោះ ជាជាងទទួលបានសេចក្ដីពិត។ អ្នកកាន់តែប្រកាន់ខ្ជាប់នូវរឿងទាំងនេះ អ្នកនឹងកាន់តែឃ្លាតឆ្ងាយខ្លាំងឡើងពីសេចក្ដីពិត ហើយអ្នកនឹងកាន់តែងាករេឆ្ងាយឡើងចេញពីមាគ៌ារបស់ព្រះជាម្ចាស់ និងពីមាគ៌ានៃសេចក្ដីពិត។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកអាចផ្ដួចផ្ដើមយ៉ាងសកម្មក្នុងការលះបង់ចោលនូវរឿងដែលគេហៅថាអ្វីៗដែលវិជ្ជមាន ទ្រឹស្ដី និងសេចក្ដីពិតក្លែងក្លាយទាំងនេះ នោះអ្នកអាចចូលទៅក្នុងសេចក្ដីពិតបានយ៉ាងឆាប់រហ័ស។ តាមរបៀបនេះ មនុស្សនឹងមិនប្រើប្រាស់អ្វីដែលហៅថាវប្បធម៌ប្រពៃណី និងសេចក្ដីពិតក្លែងក្លាយទាំងនេះ ជាគោលការណ៍នៃការអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដើម្បីជំនួសសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយភាពឆ្គាំឆ្គងនេះនឹងត្រូវបានកាត់បន្ថយបន្តិចម្ដងៗ និងត្រូវបានដោះស្រាយបន្តិចម្ដងៗ។
មនុស្សមួយចំនួនគិតថា ពួកគេទទួលបានសេចក្ដីពិត តាមរយៈការបោះចោលវប្បធម៌ប្រពៃណីរបស់គ្រួសារ និងប្រទេសជាតិ ហើយតាមរយៈការទទួលយកវប្បធម៌ប្រពៃណីបរទេសមកពីក្រៅប្រទេស។ មនុស្សមួយចំនួនគិតថា ពួកគេទទួលបានសេចក្ដីពិត តាមរយៈការបោះចោលវប្បធម៌ប្រពៃណីចាស់ ព្រមទាំងគំនិត និងទស្សនៈចាស់ៗ ហើយតាមរយៈការទទួលយកគំនិតដែលជឿនលឿនជាងមុនបន្តិច និងទំនើបជាងមុនបន្តិច។ ពេលមើលមកឥឡូវនេះ តើមនុស្សទាំងនេះត្រូវ ឬក៏ខុស? (គឺខុស។) ពួកគេសុទ្ធតែខុសទាំងអស់។ មនុស្សគិតថា គ្រាន់តែបោះចោលរបស់ចាស់ៗ ពួកគេនឹងទទួលបានសេរីភាព។ តើការទទួលបានសេរីភាព មានបង្កប់ន័យដូចម្ដេច? វាមានន័យថា មនុស្សម្នាក់ទទួលបានសេចក្ដីពិត និងរបៀបរស់នៅពិតប្រាកដដែលគេគួរតែមាន។ មនុស្សគិតថា ផ្លូវពិតត្រូវទទួលបានតាមរបៀបនេះ។ តើនេះពិតជាជារឿងពិតដែរឬទេ? តើនេះត្រឹមត្រូវដែរឬទេ? អត់ទេ។ ទោះបីជាមនុស្សជាតិទទួលយកវប្បធម៌ទំនើប និងជឿនលឿនអ្វីក៏ដោយ ក៏ទីបំផុត វានៅតែជាវប្បធម៌ប្រពៃណីដដែល ហើយសារជាតិរបស់វាមិនផ្លាស់ប្ដូរឡើយ។ វប្បធម៌ប្រពៃណី នឹងនៅតែជាវប្បធម៌ប្រពៃណីទោះដល់ពេលណាក៏ដោយ។ មិនថាតើវាអាចទប់ទល់នឹងការល្បងលនៃពេលវេលា ឬទប់ទល់នឹងការល្បងលនៃការពិតបានឬអត់ក៏ដោយ ឬថាតើវាត្រូវបានមនុស្សជាតិគោរពបូជាឬអត់ក៏ដោយ ក៏ទីបំផុត វានៅតែជាវប្បធម៌ប្រពៃណីដដែល។ ហេតុអ្វីបានជាវប្បធម៌ប្រពៃណីទាំងនេះ មិនមែនជាសេចក្ដីពិត? សរុបសេចក្ដីមកគឺថា របស់ទាំងនេះជាគំនិតដែលកើតមានឡើង បន្ទាប់ពីមនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ របស់ទាំងនេះមិនមែនមកពីព្រះជាម្ចាស់ឡើយ។ របស់ទាំងនេះត្រូវបានលាយឡំជាមួយនឹងការស្រមើស្រមៃ និងសញ្ញាណមួយចំនួនរបស់មនុស្ស ហើយលើសពីនេះទៅទៀត របស់ទាំងនេះគឺជាលទ្ធផលដែលសម្រេចបានពីការដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ។ សាតាំងប្រើប្រាស់គំនិត ទស្សនៈ ព្រមទាំងពាក្យសម្ដី និងអំណះអំណាងគ្រប់បែបយ៉ាងរបស់មនុស្សជាតិពុករលួយ ដើម្បីចងការគិតរបស់មនុស្ស និងធ្វើឱ្យការគិតរបស់មនុស្សមានភាពពុករលួយ។ ប្រសិនបើសាតាំងប្រើរបស់ខ្លះដែលមិនសមហេតុផល គួរឱ្យអស់សំណើច និងខុសយ៉ាងច្បាស់ក្រឡែត ដើម្បីបំភាន់មនុស្ស នោះមនុស្សនឹងមានការញែកដឹង។ ពួកគេនឹងអាចបែងចែករវាងខុសនិងត្រូវ ហើយនឹងប្រើការញែកដឹងនេះ ដើម្បីបដិសេធ និងថ្កោលទោសរបស់ទាំងនោះ។ ហេតុនេះ សេចក្ដីបង្រៀនទាំងនេះ នឹងមិនអាចទប់ទល់នឹងការពិនិត្យពិច័យបានឡើយ។ ក៏ប៉ុន្តែ នៅពេលដែលសាតាំងប្រើគំនិត និងទ្រឹស្ដីមួយចំនួនដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយដែលវាគិតថានឹងអាចទប់ទល់នឹងការពិនិត្យពិច័យបាននៅពេលនិយាយចេញមក ដើម្បីបណ្ដុះ ជះឥទ្ធិពល និងបញ្ជ្រាបគំនិតចូលទៅក្នុងមនុស្ស នោះមនុស្សជាតិងាយនឹងត្រូវបំភាន់ណាស់ ហើយពាក្យសម្ដីទាំងនេះ ក៏ងាយនឹងត្រូវបានមនុស្សទទួលយក និងផ្សព្វផ្សាយផងដែរ ដូច្នេះហើយ ពាក្យសម្ដីទាំងនេះនៅស្ថិតស្ថេរពីមួយជំនាន់ទៅមួយជំនាន់ រហូតមកដល់បច្ចុប្បន្ននេះ។ សូមលើកយករឿងរ៉ាវមួយចំនួនអំពីវីរបុរសចិនជាឧទាហរណ៍ ដូចជារឿងរ៉ាវស្នេហាជាតិអំពីលោក យី ហ្វី ពួកមេទ័ពនៃត្រកូលយ៉ាង និងលោក វិន ធានស៊ាង។ ម្ដេចបានជាគំនិតទាំងនេះ ត្រូវបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ? ប្រសិនបើយើងមើលរឿងនេះពីទិដ្ឋភាពរបស់មនុស្ស នៅក្នុងគ្រប់យុគសម័យ តែងតែមានមនុស្សមួយប្រភេទ ឬអ្នកគ្រប់គ្រងមួយប្រភេទ ដែលតែងតែប្រើឧទាហរណ៍ទាំងនេះ ហើយប្រើគំនិត និងស្មារតីរបស់តួអង្គទាំងនេះ ដើម្បីបង្រៀនមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ទទួលយកការគ្រប់គ្រងរបស់ពួកគេដោយអនុលោមតាម និងដោយឱនលំទោន ហើយដើម្បីឱ្យពួកគេអាចគ្រប់គ្រងមនុស្សពីមួយជំនាន់ទៅមួយជំនាន់បានយ៉ាងងាយស្រួល ព្រមទាំងធ្វើឱ្យការគ្រប់គ្រងរបស់ពួកគេកាន់តែនឹងនរ។ តាមរយៈការនិយាយអំពីភក្ដីភាពបែបល្ងង់ខ្លៅរបស់លោក យី ហ្វី និងពួកមេទ័ពនៃត្រកូលយ៉ាង ក៏ដូចជាស្មារតីស្នេហាជាតិរបស់លោក វិន ធានស៊ាង និងលោក ឈី យាន ពួកគេអប់រំប្រជារាស្ត្ររបស់ខ្លួន និងឱ្យរាស្ត្រទាំងនោះដឹងពីគោលការណ៍មួយគឺថា គេត្រូវតែប្រព្រឹត្តខ្លួនដោយភក្ដីភាព នេះហើយគឺជាអ្វីដែលមនុស្សមានចរិតលក្ខណៈសីលធម៌ដ៏ខ្ពង់ខ្ពស់គួរតែមាន។ តើមានភក្ដីភាពដល់កម្រិតណា? ដល់កម្រិតដែលថា «នៅពេលអធិរាជបញ្ជាឱ្យមន្ត្រីរបស់ទ្រង់ស្លាប់ ពួកគេគ្មានជម្រើសអ្វីក្រៅពីស្លាប់ឡើយ» និង «មន្ត្រីស្មោះត្រង់មិនអាចបម្រើស្តេចពីរអង្គបានទេ» នេះគឺជាពាក្យសម្ដីមួយទៀតដែលពួកគេគោរពបូជា។ ពួកគេក៏គោរពបូជាចំពោះអស់អ្នកដែលស្រឡាញ់ប្រទេសជាតិរបស់ខ្លួនផងដែរ។ តើការស្រឡាញ់ប្រទេសជាតិរបស់ខ្លួន មានន័យថាស្រឡាញ់អ្វី ឬស្រឡាញ់នរណា? ស្រឡាញ់ទឹកដីឬ? ស្រឡាញ់ប្រជាជននៅក្នុងប្រទេសនោះឬ? ហើយតើប្រទេសជាតិគឺជាអ្វី? (គឺអ្នកគ្រប់គ្រង។) អ្នកគ្រប់គ្រង គឺជាតំណាងរបស់ប្រទេសជាតិ។ ប្រសិនបើអ្នកនិយាយថា «ការស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំ តាមពិតគឺជាការស្រឡាញ់ស្រុកកំណើត និងឪពុកម្ដាយរបស់ខ្ញុំទេ។ ខ្ញុំមិនស្រឡាញ់អ្នករាល់គ្នា ដែលជាអ្នកគ្រប់គ្រងឡើយ!» នោះពួកគេនឹងខឹងមិនខាន។ ប្រសិនបើអ្នកនិយាយថា «ការស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំ គឺជាការស្រឡាញ់អ្នកគ្រប់គ្រង ដែលចេញពីក្រអៅបេះដូងដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ» ពួកគេនឹងទទួលយកវា ហើយពេញចិត្តចំពោះសេចក្ដីស្រឡាញ់បែបនេះ។ ប្រសិនបើអ្នកធ្វើឱ្យពួកគេយល់ និងបញ្ជាក់យ៉ាងច្បាស់ថា មនុស្សដែលអ្នកស្រឡាញ់មិនមែនជាពួកគេទេ នោះពួកគេនឹងមិនពេញចិត្តឡើយ។ តើអ្នកគ្រប់គ្រងឆ្លងកាត់គ្រប់យុគសម័យ តំណាងឱ្យនរណា? (សាតាំង។) ពួកគេតំណាងឱ្យសាតាំង ពួកគេគឺជាសមាជិកនៃបក្សពួករបស់សាតាំង ហើយពួកគេគឺជាពួកអារក្ស។ ពួកគេមិនអាចអប់រំប្រជាជនឱ្យថ្វាយបង្គំព្រះជាម្ចាស់ ឱ្យថ្វាយបង្គំព្រះអាទិករបានជាដាច់ខាត។ ពួកគេមិនអាចធ្វើរឿងនេះបានជាដាច់ខាត។ ផ្ទុយទៅវិញ ពួកគេប្រាប់ប្រជាជនថា អ្នកគ្រប់គ្រងគឺជាបុត្រស្ថានសួគ៌។ តើ «បុត្រស្ថានសួគ៌» មានន័យដូចម្ដេច? វាមានន័យថា ស្ថានសួគ៌ប្រគល់អំណាចដល់នរណាម្នាក់ ហើយបន្ទាប់មក បុគ្គលនេះត្រូវបានគេហៅថា «បុត្រស្ថានសួគ៌» និងមានអំណាចគ្រប់គ្រងលើមនុស្សទាំងអស់នៅក្រោមមេឃ។ តើនេះគឺជាគំនិតដែលអ្នកគ្រប់គ្រងបានបញ្ជ្រាបចូលទៅក្នុងប្រជាជនមែនទេ? (មែនហើយ។) នៅពេលដែលបុគ្គលណាម្នាក់ក្លាយជាបុត្រស្ថានសួគ៌ នោះវាត្រូវបានកំណត់ដោយស្ថានសួគ៌ ហើយបំណងនៃស្ថានសួគ៌គឺនៅជាមួយគេ ដូច្នេះ ប្រជាជនគួរតែទទួលយកការគ្រប់គ្រងរបស់បុគ្គលនោះដោយគ្មានលក្ខខណ្ឌ មិនថាវាជាការគ្រប់គ្រងបែបណាក៏ដោយ។ អ្វីដែលពួកគេបញ្ជ្រាបចូលទៅក្នុងមនុស្ស គឺជាគំនិតនេះ ដែលធ្វើឱ្យអ្នកទទួលយកបុគ្គលនោះថាជាបុត្រស្ថានសួគ៌ ដោយផ្អែកលើការទទួលស្គាល់របស់អ្នកចំពោះអត្ថិភាពនៃស្ថានសួគ៌។ តើការធ្វើឱ្យអ្នកទទួលយកបុគ្គលនោះថាជាបុត្រស្ថានសួគ៌ មានគោលបំណងអ្វី? វាមិនមែនដើម្បីធ្វើឱ្យអ្នកទទួលស្គាល់ថាមានស្ថានសួគ៌ ឬថាមានព្រះជាម្ចាស់ ឬថាមានព្រះអាទិករនោះទេ ប៉ុន្តែគឺដើម្បីធ្វើឱ្យអ្នកទទួលយកការពិតដែលថា បុគ្គលនេះគឺជាបុត្រស្ថានសួគ៌ ហើយថា ដោយសារតែគេគឺជាបុត្រស្ថានសួគ៌ ដែលកើតមានឡើងដោយអត្ថិភាពនៃបំណងរបស់ស្ថានសួគ៌ នោះប្រជាជនគួរតែទទួលយកការគ្រប់គ្រងរបស់គេ។ ទាំងនេះគឺជាប្រភេទគំនិតដែលពួកគេបញ្ជ្រាប។ នៅពីក្រោយគំនិតទាំងអស់នេះ ដែលបានវិវឌ្ឍតាំងពីដើមដំបូងនៃមនុស្សជាតិរហូតមកដល់សព្វថ្ងៃនេះ ទោះបីជាអ្វីដែលយើងវែកញែក គឺជាឃ្លា និងសំនួនវោហារសព្ទដែលមានបង្កប់អត្ថន័យបញ្ឆិតបញ្ឈៀង ឬជាសុភាសិតប្រជាប្រិយ និងពាក្យស្លោកទូទៅដែលគ្មានអត្ថន័យបញ្ឆិតបញ្ឈៀងទាល់តែសោះក៏ដោយ ក៏មានចំណង និងការបំភាន់របស់សាតាំងមកលើមនុស្សជាតិដែរ ក៏ដូចជាមានការកំណត់និយមន័យដ៏ខុសទំនងរបស់មនុស្សជាតិពុករលួយ ចំពោះគំនិតទាំងនេះផ្ទាល់តែម្ដង។ តើការកំណត់និយមន័យដ៏ខុសទំនងនេះ មានឥទ្ធិពលអ្វីមកលើមនុស្សជាតិនៅសម័យក្រោយៗទៀត? តើវាល្អ វិជ្ជមាន ឬអវិជ្ជមាន? (គឺអវិជ្ជមាន។) ជាមូលដ្ឋាន វាគឺអវិជ្ជមាន។ សូមលើកឧទាហរណ៍ពីពាក្យសម្ដីដែលថា «ការស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន» និង «លាក់បាំងសមត្ថភាពរបស់ខ្លួន ហើយប្រមូលកម្លាំងនៅក្នុងទីងងឹត» និង «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» និង «ឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់» ក៏ដូចជា «ធ្វើពុតជារឿងមួយ តែលួចធ្វើរឿងមួយផ្សេងទៀត»។ តើពាក្យសម្ដីទាំងនេះមានឥទ្ធិពលអ្វីមកលើមនុស្សជាតិនៅសម័យក្រោយៗទៀត? ពោលគឺ នៅពេលដែលមនុស្សទទួលយកគំនិតទាំងនេះពីវប្បធម៌ប្រពៃណី មនុស្សពីមួយជំនាន់ទៅមួយជំនាន់ រសាត់ឃ្លាតកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយកាន់តែឆ្ងាយទៅៗពីការបង្កើត និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មកលើមនុស្ស និងពីកិច្ចការនៃផែនការគ្រប់គ្រងរបស់ទ្រង់។ នៅពេលដែលមនុស្សទទួលយកទស្សនៈដ៏ខុសឆ្គងទាំងនេះពីវប្បធម៌ប្រពៃណី ពួកគេកាន់តែមានអារម្មណ៍ថា វាសនារបស់មនុស្សគួរតែស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់ ហើយថា សុភមង្គលត្រូវតែបង្កើតឡើងដោយដៃរបស់ពួកគេផ្ទាល់ ហើយថា ឱកាសគឺទុកសម្រាប់តែអ្នកដែលបានត្រៀមខ្លួនរួចជាស្រេចប៉ុណ្ណោះ ដែលនាំឱ្យមនុស្សជាតិកាន់តែបដិសេធព្រះជាម្ចាស់ បដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងរស់នៅក្រោមអំណាចរបស់សាតាំង។ ប្រសិនបើអ្នកប្រៀបធៀបអ្វីដែលមនុស្សក្នុងយុគសម័យទំនើបនិយមនិយាយ និងអ្វីដែលមនុស្សកាលពីពីរពាន់ឆ្នាំមុននិយមនិយាយ អត្ថន័យនៃការគិតនៅពីក្រោយរឿងទាំងនេះ តាមពិតគឺដូចគ្នា។ គ្រាន់តែថា មនុស្សសព្វថ្ងៃនេះ និយាយអំពីរឿងទាំងនោះកាន់តែជាក់លាក់ ហើយនិយាយចេញមកកាន់តែត្រង់ៗប៉ុណ្ណោះ។ ពួកគេមិនត្រឹមតែបដិសេធអត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់ដល់កម្រិតមួយកាន់តែធ្ងន់ធ្ងរឡើងៗទៀតផង។
ឧទាហរណ៍៖ មនុស្សនៅសម័យបុរាណបាននិយាយថា «នៅពេលដែលជាតិមានអាសន្ន មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការចូលរួមចំណែករបស់ខ្លួន» ដែលជាពាក្យសម្ដីមួយត្រូវបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ មនុស្សឱ្យតម្លៃលើពាក្យសម្ដីនេះ ជាពិសេសអ្នកស្នេហាជាតិ ដែលចាត់ទុកពាក្យសម្ដីនេះជាបាវចនារបស់ពួកគេ។ ឥឡូវនេះ ដោយសារអ្នករាល់គ្នាបានមកដល់ក្រៅប្រទេស ប្រសិនបើមាននរណាម្នាក់និយាយថា មានហេតុការណ៍ខ្លះបានកើតឡើងនៅក្នុងប្រទេសចិន តើវាមានពាក់ព័ន្ធអ្វីនឹងអ្នករាល់គ្នាដែរឬទេ? (មិនពាក់ព័ន្ធទេ។) ហេតុអ្វីបានជាអ្នកនិយាយថា វាមិនមានពាក់ព័ន្ធអ្វីនឹងអ្នក? មានអ្នកខ្លះនិយាយថា៖ «ខ្ញុំស្អប់ប្រទេសនោះណាស់។ ពេលនេះពួកកុម្មុយនីស្តកំពុងកាន់អំណាច ដែលជាគណបក្សនយោបាយដ៏អាក្រក់នោះ។ គណបក្សកុម្មុយនីស្តគឺជាអារក្សសាតាំង វាជារបបផ្ដាច់ការ ហើយមិនមានពាក់ព័ន្ធអ្វីនឹងខ្ញុំឡើយ។ វាធ្វើទុក្ខបុកម្នេញពួកយើង និងរារាំងពួកយើងមិនឱ្យជឿលើព្រះជាម្ចាស់។ ខ្ញុំស្អប់វាណាស់»។ ឧបមាថា នៅថ្ងៃណាមួយ ប្រទេសនោះហៀបនឹងវិនាស អ្នកប្រហែលជាមិនមានអារម្មណ៍អ្វីនៅក្នុងចិត្តរបស់អ្នកទេ ប៉ុន្តែនៅពេលដែលអ្នកឮថា ខេត្តដែលអ្នកធ្លាប់រស់នៅពីដើម ត្រូវបានឈ្លានពាន និងកាន់កាប់ដោយក្រុមបរទេស អ្នកនឹងមានអារម្មណ៍ហាក់ដូចជាអ្នកបានក្លាយជាជនភៀសខ្លួនអ៊ីចឹង ជាជនអនាថាដែលគ្មានផ្ទះសម្បែងត្រូវត្រឡប់ទៅវិញ ហើយអ្នកនឹងមានអារម្មណ៍ពិបាកចិត្ត ព្រមទាំងមានអារម្មណ៍ថា អ្នកមិនអាចត្រឡប់ទៅរកឫសគល់របស់អ្នកវិញ ដូចជាស្លឹកឈើជ្រុះនោះទេ។ ការត្រឡប់ទៅរកឫសគល់របស់ខ្លួនវិញ ដូចជាស្លឹកឈើជ្រុះ នេះគឺជាគំនិតប្រពៃណីមួយទៀត។ ហើយឧបមាថា នៅថ្ងៃណាមួយបន្ទាប់ពីនោះ ស្រាប់តែអ្នកឮថា ស្រុកកំណើតរបស់អ្នក ជាទឹកដីដែលអ្នកបានកើត និងធំដឹងក្ដី ត្រូវបានឈ្លានពាន និងកាន់កាប់ដោយក្រុមបរទេស ផ្លូវដែលអ្នកធ្លាប់ដើរទៅសាលារៀនរាល់ថ្ងៃ ត្រូវបានកាន់កាប់ដោយក្រុមបរទេស ហើយផ្ទះរបស់អ្នក ព្រមទាំងដីធ្លីគ្រួសាររបស់អ្នក ត្រូវបានក្រុមបរទេសរឹបអូសយក។ អ្វីដែលធ្លាប់ជារបស់អ្នក គឺបាត់បង់អស់ហើយ។ ដីមួយដុំតូចនោះ ដែលដក់ជាប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នក ដីមួយដុំដែលអ្នកមានចំណងទាក់ទងជិតស្និទ្ធបំផុតនោះ គឺបាត់បង់អស់ហើយ ហើយសាច់ញាតិរបស់អ្នកទាំងអស់នៅទីនោះ ក៏បាត់បង់អស់ដែរ។ នៅពេលនោះ អ្នកនឹងគិតថា៖ «តើខ្ញុំអាចមានផ្ទះសម្បែងយ៉ាងដូចម្ដេចទៅ បើខ្ញុំគ្មានប្រទេសជាតិនោះ? ពេលនេះ ខ្ញុំពិតជាបានក្លាយជាជនភៀសខ្លួនមែន ខ្ញុំពិតជាគ្មានផ្ទះសម្បែងមែន ខ្ញុំបានក្លាយជាជនអនាថាហើយ។ មើលទៅ ពាក្យសម្ដីដែលថា “នៅពេលដែលជាតិមានអាសន្ន មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការចូលរួមចំណែករបស់ខ្លួន” គឺត្រឹមត្រូវមែន!»។ នៅពេលពេលវេលានោះមកដល់ អ្នកនឹងផ្លាស់ប្ដូរ។ ចុះហេតុអ្វីបានជាពេលនេះ អ្នកមិនគិតថាពាក្យសម្ដីនេះត្រឹមត្រូវអ៊ីចឹង? រឿងនេះមានសាវតារ និងបុព្វហេតុរបស់វា ពីព្រោះប្រទេសនោះធ្វើទុក្ខបុកម្នេញអ្នក និងបង្កសេចក្ដីឈឺចាប់ខ្លាំងពេកដល់អ្នក ហើយវាមិនទទួលយកអ្នកឡើយ ដូច្នេះអ្នកក៏ស្អប់វា។ ការពិតគឺថា អ្វីដែលអ្នកពិតជាស្អប់ មិនមែនជាទឹកដីនោះទេ។ អ្វីដែលអ្នកស្អប់ គឺជារបបបែបសាតាំងដែលធ្វើទុក្ខបុកម្នេញអ្នក។ អ្នកមិនទទួលស្គាល់វាថាជាប្រទេសរបស់អ្នកទេ ដូច្នេះនៅពេលនេះ រាល់ពេលដែលអ្នកដទៃនិយាយថា «នៅពេលដែលជាតិមានអាសន្ន មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការចូលរួមចំណែករបស់ខ្លួន» អ្នកនិយាយថា «វាមិនមានពាក់ព័ន្ធអ្វីនឹងខ្ញុំឡើយ»។ ប៉ុន្តែនៅពេលថ្ងៃណាមួយ ទឹកដីដែលអ្នកបានកើត និងធំដឹងក្ដី លែងជារបស់អ្នកទៀត ហើយអ្នកលែងមានស្រុកកំណើតទៀតនោះ អ្នកនឹងមានអារម្មណ៍ថា អ្នកគឺជាជនអនាថា និងជាមនុស្សដែលគ្មានសញ្ជាតិ ហើយថា អ្នកពិតជាបានបាត់បង់ប្រទេសរបស់អ្នកមែន។ នៅពេលនោះ អ្នកនឹងមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តរបស់ខ្លួន។ តើអ្នកនឹងមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តរបស់ខ្លួនដោយសារអ្វី? វាអាចថា អ្នកនៅមិនទាន់មានអារម្មណ៍ដឹងយ៉ាងជ្រាលជ្រៅនៅពេលនេះទេ ប៉ុន្តែថ្ងៃណាមួយ វានឹងធ្វើឱ្យអ្នករំជួលចិត្តយ៉ាងជ្រាលជ្រៅ។ តើក្នុងកាលៈទេសៈបែបណា ទើបវានឹងធ្វើឱ្យអ្នករំជួលចិត្តយ៉ាងជ្រាលជ្រៅ? វាមិនគួរឱ្យខ្លាចទេ ប្រសិនបើប្រទេសរបស់អ្នកវិនាស ហើយអ្នកក្លាយជាសមាជិកនៃប្រជាជាតិដែលត្រូវបានគេយកឈ្នះនោះ។ តើអ្វីដែលគួរឱ្យខ្លាចទៅ? នៅពេលដែលអ្នកក្លាយជាសមាជិកនៃប្រជាជាតិដែលត្រូវគេយកឈ្នះ ហើយត្រូវបានគេសម្លុតធ្វើបាប ជេរប្រមាថ រើសអើង ជាន់ឈ្លី និងគ្មានកន្លែងរស់នៅដោយសុខសាន្ត នៅពេលនោះ អ្នកនឹងគិតថា៖ «ការមានប្រទេសជាតិគឺមានតម្លៃណាស់។ បើគ្មានប្រទេសជាតិទេ មនុស្សគ្មានផ្ទះសម្បែងពិតប្រាកដឡើយ។ មនុស្សមានផ្ទះសម្បែង ដោយផ្អែកលើការមានប្រទេសជាតិ ដូច្នេះ ពាក្យសម្ដីនោះនិយាយបានល្អណាស់គឺ “នៅពេលដែលជាតិមានអាសន្ន មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការចូលរួមចំណែករបស់ខ្លួន”»។ នៅក្នុងឃ្លា «មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការបំពេញចំណែករបស់ខ្លួន» តើ «ការទទួលខុសត្រូវ» នេះគឺដើម្បីអ្វី? គឺដើម្បីភាពសុខសាន្តនៃផ្ទះសម្បែងរបស់អ្នកផ្ទាល់ ដើម្បីអាចការពារផ្ទះសម្បែងរបស់អ្នកផ្ទាល់បាន។ នៅពេលអ្នកគិតអំពីរឿងនេះ នៅពេលអ្នកត្រូវបានរើសអើងដោយក្រុមបរទេស ឬនៅលើទឹកដីបរទេស នៅពេលអ្នកត្រូវការកន្លែងមួយដើម្បីជ្រកកោន ហើយនៅពេលអ្នកត្រូវការប្រទេសជាតិមួយនៅពីក្រោយអ្នក ដើម្បីគាំទ្រដល់សេចក្ដីថ្លៃថ្នូរ មុខមាត់ អត្តសញ្ញាណ និងឋានៈរបស់អ្នក តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? អ្នកនឹងគិតថា៖ «ប្រសិនបើមនុស្សម្នាក់នៅបរទេស មានការគាំទ្រដ៏មានឥទ្ធិពលនៅពីក្រោយពួកគេ នោះច្បាស់ជាមាតុភូមិដ៏អស្ចារ្យមួយមិនខាន!» តើស្ថានភាពផ្លូវចិត្តរបស់អ្នកនៅពេលនោះ នឹងខុសគ្នាដែរឬទេ បើប្រៀបធៀបនឹងពេលនេះ? (នឹងខុសគ្នាមែន។) ឥឡូវនេះ អ្នកគ្រាន់តែមានកំហឹងមួយឆាវប៉ុណ្ណោះ ដូច្នេះ អ្នកនិយាយថា ទោះមានរឿងអ្វីកើតឡើងនៅក្នុងប្រទេសរបស់អ្នកក៏ដោយ ក៏វាមិនពាក់ព័ន្ធអ្វីនឹងអ្នកឡើយ។ ប្រសិនបើអ្នកនៅតែអាចនិយាយរឿងបែបនេះបាន នៅពេលពេលវេលានោះមកដល់ តើអ្នកត្រូវតែមានកម្ពស់បែបណាទៅ? មានការពិតមួយនៅលើលោកនេះ ដែលមនុស្សគ្រប់គ្នាប្រហែលជាដឹងនោះគឺថា បើគ្មានការគាំទ្រពីមាតុភូមិដ៏មានឥទ្ធិពលទេ អ្នកច្បាស់ជានឹងត្រូវគេរើសអើង និងសម្លុតធ្វើបាបនៅប្រទេសក្រៅមិនខាន។ នៅពេលពេលវេលាមកដល់ ដែលអ្នកពិតជាជួបប្រទះរឿងនោះ តើអ្នកនឹងប្រាថ្នាចង់បានអ្វីមុនគេបង្អស់? អ្នកខ្លះនឹងនិយាយថា៖ «វាមុខជាល្អណាស់ ប្រសិនបើខ្ញុំជាជនជាតិយូដា ឬជនជាតិជប៉ុន។ គ្មាននរណាម្នាក់ហ៊ានសម្លុតធ្វើបាបខ្ញុំឡើយ។ មនុស្សនៅគ្រប់ប្រទេសដែលខ្ញុំទៅ នឹងគោរពឱ្យតម្លៃខ្ញុំ។ ម្ដេចបានជាខ្ញុំកើតនៅប្រទេសចិនទៅវិញ? ប្រទេសនេះអសមត្ថភាព ហើយជនជាតិចិនត្រូវគេសម្លុតធ្វើបាបនៅគ្រប់ទីកន្លែងដែលពួកគេទៅ»។ តើអ្នករាល់គ្នានឹងគិតដល់អ្វីមុនគេ នៅពេលមានរឿងបែបនេះកើតឡើង? (ពួកយើងមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។) នេះគឺត្រឹមត្រូវហើយ។ ប៉ុន្តែ តើមនុស្សម្នាក់ត្រូវតែយល់សេចក្ដីពិតប៉ុន្មាន តើពួកគេត្រូវតែមានបទពិសោធអ្វីខ្លះ ហើយគួរតែមានការយល់ដឹងតាមរយៈបទពិសោធច្រើនប៉ុនណា ដើម្បីអាចនិយាយរឿងបែបនេះបាន និងប្រែក្លាយវាទៅជាកម្ពស់របស់ពួកគេផ្ទាល់? នៅពេលមានរឿងបែបនេះកើតឡើង តើអ្នកត្រូវមានគំនិត ការយល់ដឹង និងបទពិសោធជាក់ស្ដែងបែបណា ដើម្បីកុំឱ្យទន់ខ្សោយ? ហើយដើម្បីកុំឱ្យមានអារម្មណ៍ពិបាកចិត្ត ទោះបីជាមាននរណាម្នាក់ស្ដោះទឹកមាត់ដាក់អ្នក និងហៅអ្នកថាជាសមាជិកនៃប្រជាជាតិដែលត្រូវគេយកឈ្នះក៏ដោយនោះ? តើអ្នកត្រូវតែមានកម្ពស់បែបណា ដើម្បីកុំឱ្យមានអារម្មណ៍ពិបាកចិត្ត និងមិនរងការរឹតត្បិតទាំងនេះ? តើអ្នករាល់គ្នាមានកម្ពស់បែបនេះហើយឬនៅ នាពេលឥឡូវនេះ? (នៅទេ។) អ្នកមិនទាន់មានវានៅឡើយទេ នាពេលឥឡូវនេះ ប៉ុន្តែ តើអ្នកអាចនឹងមានវានៅថ្ងៃណាមួយដែរឬទេ? តើអ្នកត្រូវតែបំពាក់បំប៉នដោយសេចក្ដីពិតអ្វីខ្លះ? តើអ្នករាល់គ្នាត្រូវតែយល់ពីសេចក្ដីពិតអ្វីខ្លះ? សព្វថ្ងៃនេះ គ្រាន់តែមនុស្សមួយចំនួនឮថា សមាជិកគ្រួសាររបស់ពួកគេនៅចិនដីគោក ត្រូវបានចាប់ខ្លួនដោយសារការជឿលើព្រះជាម្ចាស់ភ្លាម អ្វីដែលពួកគេយល់នៅក្នុងចិត្តរបស់ខ្លួន ដែលថាអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ក៏ក្លាយជាគោលលទ្ធិសម្រាប់ពួកគេ ហើយពួកគេត្រូវបានរឹតត្បិតដោយការពិតដែលថាសមាជិកគ្រួសាររបស់ពួកគេត្រូវបានចាប់ខ្លួន ហើយពួកគេគ្មានអារម្មណ៍ចង់បំពេញភារកិច្ចរបស់ខ្លួនឡើយ។ ប្រសិនបើពួកគេឮថាសាច់ញាតិណាម្នាក់បានស្លាប់ ពួកគេប្រហែលជាសន្លប់នៅនឹងកន្លែងហើយ។ តើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើទឹកដីនោះត្រូវបានបំផ្លាញ ហើយមនុស្សទាំងអស់នៅទីនោះបានស្លាប់? តើរបស់ប្រពៃណី ដូចជាប្រទេសជាតិ ផ្ទះសម្បែង ស្រុកកំណើត និងមាតុភូមិ ក៏ដូចជាគំនិត និងវប្បធម៌ប្រពៃណីមួយចំនួនដែលទាក់ទងនឹងពាក្យពេចន៍ទាំងនេះ មានទម្ងន់កម្រិតណានៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នា? នៅក្នុងជីវិតរបស់អ្នក តើរបស់ទាំងនោះនៅតែត្រួតត្រាសកម្មភាពទាំងអស់របស់អ្នក ព្រមទាំងគំនិត និងឥរិយាបថទាំងអស់របស់អ្នកដែរឬទេ? ប្រសិនបើដួងចិត្តរបស់អ្នកនៅតែត្រូវកាន់កាប់ដោយរបស់ប្រពៃណីទាំងអស់នេះ ដែលអ្នកមានទំនាក់ទំនងជាមួយ ដូចជាប្រទេសជាតិ ពូជសាសន៍ ប្រជាជាតិ គ្រួសារ ស្រុកកំណើត ទឹកដី និងអ្វីៗផ្សេងទៀត ពោលគឺ របស់ទាំងនេះនៅតែមានដាននៃវប្បធម៌ប្រពៃណីកម្រិតណាមួយនៅក្នុងចិត្តរបស់អ្នក នោះសេចក្ដីអធិប្បាយដែលអ្នកស្ដាប់ និងសេចក្ដីពិតដែលអ្នកយល់ សុទ្ធតែជាគោលលទ្ធិសម្រាប់អ្នកហើយ។ ប្រសិនបើអ្នកបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនមកហើយ ប៉ុន្តែមិនអាចបោះបង់ចោលសូម្បីតែរបស់ជាមូលដ្ឋានបំផុត ដែលមនុស្សគួរតែបោះបង់ចោល និងផ្ដាច់ខ្លួនចេញពីពួកវាផង ហើយអ្នកមិនអាចប្រព្រឹត្តចំពោះពួកវាបានយ៉ាងត្រឹមត្រូវទេនោះ តើសេចក្ដីពិតដែលអ្នកយល់ទាំងនោះ ដោះស្រាយបញ្ហាអ្វីខ្លះឱ្យប្រាកដទៅ?
បន្ទាប់ពីជនជាតិចិនជាច្រើនបានមកដល់លោកខាងលិច ពួកគេចង់បញ្ជ្រាបវប្បធម៌ប្រពៃណីរបស់ខ្លួន និងរបស់ដែលពួកគេគិតថាត្រឹមត្រូវ និងល្អ ចូលទៅក្នុងគំនិតជនជាតិលោកខាងលិច។ ដូចគ្នានេះដែរ ជនជាតិលោកខាងលិចក៏មិនព្រមចាញ់ដែរ ហើយជឿថា វប្បធម៌ប្រពៃណីរបស់ពួកគេក៏មានប្រវត្តិយូរលង់ណាស់មកហើយផងដែរ។ ឧទាហរណ៍៖ រ៉ូមបុរាណ អេហ្ស៊ីបបុរាណ និងក្រិកបុរាណ សុទ្ធតែមានពាក្យ «បុរាណ» នៅក្នុងនោះ ហើយវប្បធម៌របស់ពួកគេមានអាយុកាលជាងបីពាន់ឆ្នាំមកហើយ។ បើមើលទៅលើតួលេខនេះ គឺមានកេរដំណែលវប្បធម៌ជាក់លាក់មួយនៅត្រង់នេះ ហើយរបស់ដែលបង្កើតឡើងដោយកេរដំណែលវប្បធម៌នេះ ត្រូវបានចាត់ទុកក្នុងចំណោមមនុស្សជាតិថាជាខ្លឹមសារនៃជីវិតមនុស្សទាំងមូល និងជាការសរុបបញ្ចូលគ្នានៃរបស់ដែលមានខ្លឹមសារបំផុត ដែលចេញមកពីជីវិត អត្ថិភាព និងការប្រព្រឹត្តខ្លួនរបស់មនុស្សជាតិ។ តើរបស់ដែលមានខ្លឹមសារបំផុត ដែលមនុស្សជាតិបានបន្សល់ទុកមក ត្រូវបានគេហៅថាអ្វី? គឺវប្បធម៌ប្រពៃណី។ មនុស្សពីមួយជំនាន់ទៅមួយជំនាន់ បានបន្សល់ទុកវប្បធម៌ប្រពៃណីនេះ ហើយមនុស្សគ្រប់គ្នាគិតនៅក្នុងចិត្តរបស់ខ្លួនថា នេះជារបស់ដ៏ល្អបំផុត។ មិនថាតើមនុស្សអាចប្រកាន់ខ្ជាប់វាបានឬអត់ក៏ដោយ ក៏និយាយជារួម មនុស្សគ្រប់ពូជសាសន៍ចាត់ទុកវាជារបស់ដែលខ្ពស់ជាងអ្វីៗទាំងអស់ និងចាត់ទុកវាជាសេចក្ដីពិត។ ហេតុដូច្នេះហើយ មនុស្សគ្រប់ពូជសាសន៍សុទ្ធតែមានរបស់ប្រពៃណីមួយចំនួនដែលអាចទប់ទល់នឹងការពិនិត្យពិច័យបាន ហើយដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅជាពិសេសលើពួកគេ ហើយពួកគេប្រើរបស់ទាំងនេះដើម្បីប្រកួតប្រជែង និងប្រៀបធៀបគ្នាទៅវិញទៅមក ហើយថែមទាំងព្យាយាមយកឈ្នះគ្នាទៅវិញទៅមកទៀតផង។ ឧទាហរណ៍ ជនជាតិចិននិយាយថា៖ «ស្រាសចិនរបស់យើងគឺល្អ វាមានជាតិអាល់កុលខ្ពស់ណាស់!» ជនជាតិលោកខាងលិចនិយាយថា៖ «តើស្រារបស់អ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? ជាតិអាល់កុលខ្ពស់ពេកដល់ថ្នាក់ធ្វើឱ្យអ្នកស្រវឹងបន្ទាប់ពីផឹកវា ហើយលើសពីនេះទៅទៀត វាពិតជាប៉ះពាល់ដល់ថ្លើមណាស់។ ស្រាក្រហមដែលពួកយើងជាជនជាតិលោកខាងលិចផឹក មានជាតិអាល់កុលទាប វាមិនសូវប៉ះពាល់ដល់ថ្លើមទេ ហើយវាក៏ជួយសម្រួលដល់ចរន្តឈាមផងដែរ»។ ជនជាតិចិននិយាយថា៖ «ស្រាសរបស់យើងក៏ជួយសម្រួលដល់ចរន្តឈាមដែរ ហើយជួយបានយ៉ាងល្អទៀតផង។ គ្រាន់តែអ្នកផឹកវាភ្លាម វាធ្វើឱ្យស្រវឹងភ្លាម ហើយមុខរបស់អ្នកឡើងក្រហមព្រឿងៗតែម្ដង។ ស្រាក្រហមរបស់អ្នករាល់គ្នានោះ មិនសូវខ្លាំងទេ មិនថាអ្នកផឹកច្រើនប៉ុនណាក៏មិនស្រវឹងដែរ។ អ្នកឃើញទេ ពួកយើងមានវប្បធម៌ស្រាសម្រាប់ការផឹកស្រា និងវប្បធម៌តែសម្រាប់ការផឹកតែ»។ ជនជាតិលោកខាងលិចនិយាយថា៖ «ពួកយើងក៏មានវប្បធម៌តែសម្រាប់ការផឹកតែ និងវប្បធម៌កាហ្វេសម្រាប់ការផឹកកាហ្វេ វប្បធម៌ស្រាសម្រាប់ការផឹកស្រាដែរ ហើយសព្វថ្ងៃនេះ ពួកយើងថែមទាំងមានវប្បធម៌អាហាររហ័សទៀតផង»។ ក្នុងការប្រៀបធៀបគ្នាទៅវិញទៅមក គ្មាននរណាព្រមចុះចាញ់នរណាឡើយ ហើយក៏គ្មាននរណាទទួលយកអ្វីពីនរណាដែរ។ ពួកគេសុទ្ធតែគិតថារបស់ខ្លួនឯងគឺជាសេចក្ដីពិត ប៉ុន្តែតាមពិតទៅ គ្មានរបស់ណាមួយជាសេចក្ដីពិតទេ។ កុំនិយាយដល់ពួកអ្នកគ្មានជំនឿអី អ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះគឺថា សូម្បីតែអស់អ្នកដែលជឿលើព្រះជាម្ចាស់ ហើយអ្វីដែលកាន់តែអាក្រក់នោះគឺ សូម្បីតែអស់អ្នកដែលបានទទួលយកកិច្ចការដំណាក់កាលនេះអស់រយៈពេល ២០ ឬ ៣០ ឆ្នាំមកហើយក្ដី ក៏មិនបានដឹងថា របស់ទាំងនេះមិនមែនជាសេចក្ដីពិតទាល់តែសោះដែរ។ មានអ្នកខ្លះនិយាយថា៖ «តើអាចនិយាយថាវាមានពាក់ព័ន្ធនឹងសេចក្ដីពិតបានដែរឬទេ?» សូម្បីតែនិយាយថាវាមានពាក់ព័ន្ធ ក៏មិនបានផង។ វាមិនមែនជាសេចក្ដីពិតទេ វាមិនមានការជាប់ទាក់ទង ឬទំនាក់ទំនងណាមួយជាមួយនឹងសេចក្ដីពិតសោះឡើយ ពួកវាមិនដូចគ្នាទេ ហើយពួកវាមិនមែនជារឿងតែមួយឡើយ។ ដូចជាទង់ដែងនៅតែជាទង់ដែងអ៊ីចឹង មិនថាវាត្រូវបានស្រោបមាស ឬខាត់ឱ្យរលោងបានយ៉ាងល្អប៉ុនណានោះទេ ចំណែកឯមាសដែលមិនបានខាត់ មិនភ្លឺ ឬមិនរលោង ក៏នៅតែជាមាសដដែល គឺពួកវាមិនមែនជារឿងតែមួយឡើយ។
មានអ្នកខ្លះសួរថា៖ «តើមនុស្សដែលទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលពីវប្បធម៌ប្រពៃណីបានយ៉ាងល្អគួរសម ងាយទទួលយកសេចក្ដីពិតឬទេ?» មិនងាយទេ ទាំងនេះគឺជារឿងពីរដាច់ដោយឡែកពីគ្នា។ វាត្រឹមតែជារបៀបរស់នៅរបស់ពួកគេប៉ុណ្ណោះដែលមានភាពខុសគ្នាបន្តិចបន្តួច ប៉ុន្តែអាកប្បកិរិយារបស់មនុស្សចំពោះការទទួលយកសេចក្ដីពិត គំនិត និងទស្សនៈផ្សេងៗរបស់ពួកគេ និងកម្រិតនៃសេចក្ដីពុករលួយរបស់មនុស្សជាតិទាំងមូល គឺដូចគ្នា។ នៅពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមមានព្រះបន្ទូលនៅក្នុងកិច្ចការដំណាក់កាលនេះរបស់ទ្រង់ គឺកិច្ចការនៅគ្រាចុងក្រោយ ទ្រង់កំពុងមានព្រះបន្ទូលនៅក្នុងបរិបទនៃជនជាតិចិន ហើយថ្លែងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ពួកគេ។ សាមសិបឆ្នាំបានកន្លងផុតទៅ ហើយនៅពេលដែលព្រះបន្ទូលទាំងនេះត្រូវបានផ្សាយទៅកាន់គ្រប់ពូជសាសន៍ផ្សេងៗនៅតំបន់ផ្សេងទៀតនៃទ្វីបអាស៊ី និងនៅកន្លែងនានាដូចជាទ្វីបអឺរ៉ុប និងទ្វីបអាមេរិកជាដើម បន្ទាប់ពីមនុស្សបានអានព្រះបន្ទូលទាំងនេះ ទោះបីជាមនុស្សមានស្បែកខ្មៅ ស ត្នោត ឬលឿងក៏ដោយ ក៏ពួកគេសុទ្ធតែនិយាយថា «ព្រះបន្ទូលទាំងនេះកំពុងនិយាយអំពីពួកយើង»។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ លាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្សលោកទាំងអស់។ មានមនុស្សតិចណាស់ដែលនិយាយថា៖ «ព្រះបន្ទូលទាំងនេះសុទ្ធតែថ្លែងទៅកាន់អ្នករាល់គ្នាជាជនជាតិចិន។ ព្រះបន្ទូលទាំងនេះកំពុងនិយាយអំពីនិស្ស័យពុករលួយរបស់អ្នករាល់គ្នាជាជនជាតិចិន ដែលពួកយើងមិនមាននិស្ស័យនោះឡើយ»។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ជាអស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ ទើបនិយាយរឿងបែបនេះ។ កាលពីអតីតកាល ជនជាតិកូរ៉េខាងត្បូងមានការយល់ច្រឡំបែបនេះ។ ពួកគេជឿថា ប្រជាជនកូរ៉េខាងត្បូងរស់នៅក្រោមប្រព័ន្ធសង្គមប្រជាធិបតេយ្យ និងសេរី ហើយរងឥទ្ធិពលពីវប្បធម៌គ្រីស្ទបរិស័ទ ក៏ដូចជាវប្បធម៌កូរ៉េរាប់ពាន់ឆ្នាំ ដូច្នេះ ពូជសាសន៍របស់ពួកគេមានភាពលេចធ្លោ និងខ្ពង់ខ្ពស់ជាងជនជាតិចិន។ ហេតុអ្វីបានជាពួកគេគិតបែបនោះ? ពីព្រោះបន្ទាប់ពីជនជាតិចិនជាច្រើនបានមកដល់ប្រទេសកូរ៉េខាងត្បូង ពួកគេបានធ្វើឱ្យកន្លែងនានាដែលពួកគេទៅ ខ្វះអនាម័យ និងមានសំឡេងរំខានកាន់តែខ្លាំង អំពើចោរកម្ម និងបទល្មើសមានការកើនឡើង ហើយរឿងនេះមានឥទ្ធិពលអវិជ្ជមានមួយចំនួនដល់បរិយាកាសសង្គម។ ហេតុដូច្នេះហើយ បងប្អូនប្រុសស្រីនៅប្រទេសកូរ៉េខាងត្បូងជឿថា៖ «ជនជាតិចិនគឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម និងជាពូជពង្សរបស់ម៉ូអាប់។ ពួកយើងជាជនជាតិកូរ៉េខាងត្បូង មិនត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយឡើយ»។ តើពួកគេកំពុងបង្កប់ន័យដូចម្ដេច តាមរយៈការនិយាយបែបនោះ? គឺថា «ពួកយើងមិនត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយទេ ដូច្នេះ ពួកយើងមិនពុករលួយដូចជនជាតិចិនឡើយ។ ជនជាតិចិនពុករលួយជាងពួកយើង។ ពួកយើងល្អជាងជនជាតិចិន»។ តើពួកគេមានន័យដូចម្ដេចចំពោះពាក្យ «ល្អជាង»? (មានឥរិយាបថល្អជាង។) ក្នុងន័យមួយ គឺនិយាយអំពីឥរិយាបថ។ ក្នុងន័យមួយទៀត ពួកគេបានជឿចេញពីក្រអៅបេះដូងរបស់ខ្លួនថា វប្បធម៌ប្រពៃណីដែលប្រជាជាតិកូរ៉េខាងត្បូងបានបង្កើត និងបានទទួលយកតាំងពីដើមដំបូងនៃប្រវត្តិសាស្ត្រមក គឺខ្ពង់ខ្ពស់ខ្លាំងជាងវប្បធម៌ និងប្រពៃណីរបស់ប្រជាជាតិចិនទៅទៀត ហើយថា ប្រជាជន និងពូជសាសន៍ដែលត្រូវបានបណ្ដុះបណ្ដាលដោយវប្បធម៌ប្រពៃណីប្រភេទនេះ គឺខ្ពង់ខ្ពស់ជាងអស់អ្នកដែលត្រូវបានបណ្ដុះបណ្ដាលដោយវប្បធម៌ប្រពៃណីចិន។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយឃើញព្រះជាម្ចាស់មានព្រះបន្ទូលថា «អ្នករាល់គ្នាជាសំរាមដ៏ថោកទាប» ពួកគេគិតថា ទ្រង់កំពុងមានព្រះបន្ទូលអំពីជនជាតិចិន។ បងប្អូនប្រុសស្រីជនជាតិចិនបាននិយាយថា៖ «ពាក្យ “អ្នករាល់គ្នា” ដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺសំដៅលើមនុស្សជាតិ»។ ជនជាតិកូរ៉េខាងត្បូងបាននិយាយថា៖ «នោះមិនត្រឹមត្រូវទេ ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលអំពី “អ្នករាល់គ្នា” មិនមែនពួកយើងឡើយ។ អ្វីដែលព្រះជាម្ចាស់កំពុងបង្កប់ន័យ គឺមិនរាប់បញ្ចូលជនជាតិកូរ៉េខាងត្បូងទេ»។ នោះហើយជាអ្វីដែលពួកគេបានគិត។ ពោលគឺ មិនថាពួកគេមើលរឿងរ៉ាវពីទិដ្ឋភាពណាក៏ដោយ ក៏ទស្សនៈ និងគោលជំហររបស់ពួកគេ មិនមែនចេញពីទស្សនៈនៃសេចក្ដីពិតឡើយ កុំថាឡើយចេញពីទស្សនៈប្រកបដោយសត្យានុម័ត និងយុត្តិធម៌នោះ។ ផ្ទុយទៅវិញ ពួកគេមើលរឿងរ៉ាវចេញពីបរិបទនៃពូជសាសន៍ និងវប្បធម៌ប្រពៃណីមួយ។ ហេតុដូច្នេះហើយ ទោះបីជាពួកគេមើលរឿងរ៉ាវយ៉ាងណាក៏ដោយ ក៏លទ្ធផលជាបន្តបន្ទាប់ គឺផ្ទុយពីសេចក្ដីពិត។ ពីព្រោះមិនថាពួកគេមើលរឿងរ៉ាវយ៉ាងណានោះទេ ក៏ចំណុចចាប់ផ្ដើមរបស់ពួកគេតែងតែជា «អ្វីៗគ្រប់យ៉ាងអំពីប្រជាជាតិកូរ៉េខាងត្បូងដ៏អស្ចារ្យរបស់យើងគឺត្រឹមត្រូវ អ្វីៗគ្រប់យ៉ាងអំពីវាគឺជាស្ដង់ដា ហើយអ្វីៗគ្រប់យ៉ាងអំពីវាគឺត្រឹមត្រូវ»។ ពួកគេបានមើលអ្វីៗគ្រប់យ៉ាង និងវាស់ស្ទង់អ្វីៗគ្រប់យ៉ាងចេញពីទស្សនៈ និងចំណុចចាប់ផ្ដើមដ៏ខុសឆ្គង ដូច្នេះ តើលទ្ធផលដូចដែលពួកគេបានយល់ឃើញនោះ ត្រូវ ឬខុស? (គឺខុស។) ពួកគេប្រាកដជាខុសហើយ។ ចុះតើអ្វីគួរតែជាស្ដង់ដាដែលត្រូវយកមកវាស់ស្ទង់អ្វីៗគ្រប់យ៉ាង? (គឺសេចក្ដីពិត។) វាគួរតែជាសេចក្ដីពិត នេះហើយទើបជាស្ដង់ដា។ ស្ដង់ដារបស់ពួកគេផ្ទាល់ គឺខុសតាំងពីមូលដ្ឋានមកម្ល៉េះ។ ពួកគេវាស់ស្ទង់របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ចេញពីទស្សនៈ និងគោលជំហរដ៏ខុសឆ្គង ដូច្នេះ លទ្ធផលដែលបានវាស់ស្ទង់ គឺប្រាកដជាខុស មិនយុត្តិធម៌ មិនត្រឹមត្រូវ ហើយរឹតតែមិនសត្យានុម័តទៅទៀត។ ហេតុដូច្នេះហើយ វាជារឿងលំបាកសម្រាប់ពួកគេក្នុងការទទួលយករឿងបរទេសមួយចំនួន ហើយលើសពីនេះទៅទៀត ការគិតរបស់ពួកគេគឺជ្រុលនិយម បិទជិត ចង្អៀតចង្អល់ ហើយងាយនឹងតក់ក្រហល់ណាស់។ តើភាពតក់ក្រហល់របស់ពួកគេមកពីណា? នោះគឺមិនថាពួកគេនិយាយអ្វីក៏ដោយ ក៏ពួកគេត្រូវតែលើកឡើងពី «ប្រជាជាតិកូរ៉េខាងត្បូងដ៏អស្ចារ្យរបស់យើង» ហើយពួកគេទទូចចង់បន្ថែមពាក្យ «ដ៏អស្ចារ្យ» នេះ។ តើពាក្យ «ដ៏អស្ចារ្យ» មានន័យដូចម្ដេច? តើពាក្យ «ដ៏អស្ចារ្យ» នេះ មិនតំណាងឱ្យភាពក្រអឺតក្រទមទេឬ? ប្រសិនបើអ្នកធ្វើដំណើរជុំវិញពិភពលោក ឬមើលផែនទី តើប្រទេសកូរ៉េខាងត្បូងមានទំហំប៉ុនណាទៅ? ប្រសិនបើវាពិតជាធំជាងប្រទេសដទៃ ហើយពិតជាអាចហៅថាអស្ចារ្យមែននោះ អ៊ីចឹងមិនអីទេ ហៅវាថា «ដ៏អស្ចារ្យ» ចុះ។ ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសដទៃនៅលើផែនដី ប្រទេសកូរ៉េខាងត្បូងមិនមែនជាកន្លែងធំដុំឡើយ ចុះហេតុអ្វីបានជាពួកគេទទូចហៅវាថា «ដ៏អស្ចារ្យ» ដូច្នេះ? បន្ថែមពីនេះ ទោះបីជាប្រទេសមួយធំ ឬតូចក៏ដោយ ក៏ច្បាប់ និងវប្បធម៌ប្រពៃណីដែលវាបង្កើតឡើង មិនមែនមកពីព្រះជាម្ចាស់ឡើយ ហើយពួកវាពិតជាមិនមែនមកពីសេចក្ដីពិតជាដាច់ខាត។ នេះគឺដោយសារតែ មុនពេលមនុស្សម្នាក់ទទួលយកសេចក្ដីពិត និងទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ គំនិតទាំងអស់ដែលពួកគេទទួលយក គឺមកពីសាតាំង។ តើគំនិត ទស្សនៈ និងវប្បធម៌ប្រពៃណីទាំងអស់ដែលសាតាំងបានបង្កើតឡើង ធ្វើអ្វីខ្លះមកលើមនុស្ស? អ្វីដែលពួកវាធ្វើ គឺបំភាន់ ធ្វើឱ្យពុករលួយ ចងរឹត និងរឹតត្បិតមនុស្ស ដែលជាលទ្ធផលធ្វើឱ្យមនុស្សជាតិពុករលួយមានគំនិតចង្អៀតចង្អល់ និងជ្រុលនិយម ហើយមានទស្សនៈចំពោះរឿងរ៉ាវដែលលម្អៀងទៅម្ខាង និងមានអគតិ រហូតដល់កម្រិតដែលមិនសមហេតុផល និងគួរឱ្យអស់សំណើច។ ទាំងនេះគឺជាផលវិបាកនៃការដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ។ ដូច្នេះ នៅពេលដែលមនុស្សនៅក្នុងប្រទេសជាច្រើន និងសូម្បីតែពូជសាសន៍មួយចំនួនឮពាក្យថា «ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅប្រទេសចិន» តើប្រតិកម្មដំបូងរបស់ពួកគេគឺជាអ្វី? ពាក្យមួយម៉ាត់គឺ មិនអាចទៅរួចទេ! តើពួកគេគិតថាកន្លែងនោះអាចជាទីណា? (គឺអ៊ីស្រាអែល។) ត្រូវហើយ គឺអ៊ីស្រាអែល។ មនុស្សចូលចិត្តធ្វើតាមបទប្បញ្ញត្តិ និងប្រកាន់ខ្ជាប់នូវសញ្ញាណបំផុត។ ពួកគេគិតថា អ៊ីស្រាអែលគឺជាកន្លែងដែលព្រះជាម្ចាស់បានបំពេញកិច្ចការ ហើយដូច្នេះ ព្រះជាម្ចាស់គួរតែលេចមកនៅអ៊ីស្រាអែល ឬនៅអាណាចក្រដ៏មានអំណាចណាមួយដែលពួកគេគោរពបូជា ឬពួកគេគិតថា ព្រះជាម្ចាស់គួរតែលេចមកនៅក្នុងប្រទេសមួយ ដែលនៅក្នុងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ធ្លាប់មានអរិយធម៌បុរាណមួយ។ ច្បាស់ណាស់ថា ប្រទេសចិនមិនមែនជាប្រទេសបែបនេះឡើយ ដូច្នេះ វាជារឿងលំបាកសម្រាប់ពួកគេក្នុងការទទួលយកទីបន្ទាល់ដែលថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅប្រទេសចិន ហើយត្រឹមតែរឿងនេះមួយ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេបាត់បង់ឱកាសនេះដើម្បីត្រូវបានសង្គ្រោះហើយ។ តើនរណាជាអ្នកបង្កឱ្យមានរឿងនេះ? (គឺពួកគេខ្លួនឯង។) ដោយសារតែពួកគេប្រកាន់ខ្ជាប់នូវសញ្ញាណបែបនេះ ហើយបានក្លាយជាអ្នកដែលបះបោរ ព្រមទាំងមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះទាល់តែសោះ ពួកគេបានធ្វើឱ្យខ្លួនឯងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងបានបំផ្លាញឱកាសតែមួយគត់នេះក្នុងការទទួលបានសេចក្ដីសង្គ្រោះ។
ការស្រមើស្រមៃ និងសញ្ញាណជាច្រើនដែលមនុស្សមាន នៅពេលដែលពួកគេមិនយល់សេចក្ដីពិត ហើយសូម្បីតែរបស់មួយចំនួនដែលមនុស្សថ្វាយបង្គំ គឺគួរឱ្យអស់សំណើច និងមិនសមហេតុផលខ្លាំងណាស់។ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក និងជាអ្នកដែលចូលចិត្តប្រទេសនេះ បានប្រាស្រ័យទាក់ទងជាមួយជនជាតិអាមេរិក ហើយម្នាក់ក្នុងចំណោមពួកគេបានសួរនាងថា៖ «ពិធីបុណ្យចូលឆ្នាំតាមចន្ទគតិជិតមកដល់ហើយ។ តើជនជាតិចិនបរិភោគអ្វីក្នុងអំឡុងពេលបុណ្យចូលឆ្នាំតាមចន្ទគតិ?» នាងនិយាយថា៖ «ខ្ញុំមិនមែនជាជនជាតិចិនទេ ខ្ញុំជាជនជាតិកូរ៉េខាងត្បូង»។ ជនជាតិអាមេរិកនោះឆ្លើយតបថា៖ «ចុះជនជាតិកូរ៉េខាងត្បូងមិនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិដែរទេឬ?» នាងក៏និយាយថា៖ «ពួកយើងជាជនជាតិកូរ៉េខាងត្បូង មិនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិទេ»។ ជនជាតិអាមេរិកនោះនិយាយថា៖ «ខ្ញុំស្មានតែជនជាតិកូរ៉េខាងត្បូងប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ ដូចជនជាតិចិនដែរតើ»។ នាងឆ្លើយតបដោយសំឡេងកំបុតៗយ៉ាងខ្លាំងថា៖ «ពួកយើងមិនដូចជនជាតិចិនទេ! តើវាត្រឹមត្រូវទេ ដែលអ្នកគិតថាពួកយើងប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិនោះ? នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ពួកយើងជាជនជាតិកូរ៉េខាងត្បូងហើយ!» តើជនជាតិកូរ៉េខាងត្បូងពិតជាមិនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិមែនឬ? (ពួកគេប្រារព្ធវាតើ។) តាមពិតទៅ ជនជាតិកូរ៉េខាងត្បូងក៏ប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិដែរ។ ចុះហេតុអ្វីបានជានាងនិយាយថា ជនជាតិកូរ៉េខាងត្បូងមិនប្រារព្ធវាទៅវិញ? ចូរយើងពិភាក្សាអំពីរឿងនេះ។ តើការប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ គឺត្រឹមត្រូវ ឬក៏អត់? តើអ្នករាល់គ្នាអាចពន្យល់ពីរឿងនេះឱ្យច្បាស់បានដែរឬទេ? សម្រាប់ជនបរទេស ការប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ មិនមែនជារឿងគួរឱ្យខ្មាសអៀនពីធម្មជាតិរបស់វានោះទេ។ វាគឺជាពិធីដ៏ពិសេសមួយ ដែលរំលឹកដល់ថ្ងៃដ៏សំខាន់មួយនៅក្នុងជីវិតរបស់មនុស្ស។ សម្រាប់មនុស្សដែលរស់នៅក្នុងពិភពនៃវប្បធម៌ប្រពៃណីនេះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ មិនមែនជារឿងខុស ឬជារឿងគួរឱ្យខ្មាសអៀនឡើយ ចុះហេតុអ្វីបានជាស្ត្រីម្នាក់នោះមិនហ៊ានទទួលស្គាល់ថាខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិដូច្នេះ? ពីព្រោះពេលដែលនាងទទួលស្គាល់ថាខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិភ្លាម នាងលែងមានលក្ខណៈជាជនជាតិលោកខាងលិចទៀតហើយ ហើយនាងនឹងត្រូវបានគេចាត់ទុកថាជាជនជាតិអាស៊ីបូព៌ាដែលប្រកាន់ប្រពៃណីខ្លាំង ហើយនាងមិនចង់ឱ្យគេគិតថា នាងគឺជាស្ត្រីអាស៊ីបូព៌ាដែលប្រកាន់ប្រពៃណីឡើយ។ នាងចង់ឱ្យគេគិតថា នាងគ្មានប្រពៃណីអាស៊ីបូព៌ាទេ ហើយថានាងមិនយល់ពីប្រពៃណីអាស៊ីបូព៌ាឡើយ ឬថានាងថែមទាំងមិនដឹងអ្វីសោះអំពីពួកវាទៀតផង។ នាងក៏ចង់ឱ្យពួកគេដឹងថា នាងនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ លាបសក់ពណ៌ទង់ដែង ពាក់ឡេនភ្នែកពណ៌ខៀវ ស្លៀកពាក់ដូចជនជាតិលោកខាងលិច ហើយមានភាពក្លាហាន និងមិនរងការរឹតត្បិត មានសេរីភាព ឯករាជ្យ និងមានការយល់ដឹងជ្រៅជ្រះ ដូចស្ត្រីលោកខាងលិចដែរ។ នោះហើយជារបៀបដែលនាងចង់ឱ្យគេចាត់ទុកនាង។ ហេតុដូច្នេះហើយ ក្រោមឥទ្ធិពលនៃការគិតនេះ រាល់ពេលមានរឿងអ្វីកើតឡើងចំពោះនាង របៀបដែលនាងប្រព្រឹត្ត នឹងស្របទៅតាមការគិតនេះ។ រាល់ពេលមាននរណាម្នាក់សួរនាងថា តើជនជាតិកូរ៉េខាងត្បូងប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិដែរឬទេ នាងឆ្លើយតបថា «ពួកយើងជាជនជាតិកូរ៉េខាងត្បូង មិនប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិទេ»។ ប្រសិនបើអស់អ្នកដែលស្និទ្ធស្នាលនឹងនាងនិយាយថា៖ «ច្បាស់ណាស់ថាពួកយើងប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ ចុះហេតុអ្វីបានជាអ្នកនិយាយថា ពួកយើងមិនប្រារព្ធវាដូច្នេះ?» តើនាងនឹងឆ្លើយតបយ៉ាងដូចម្ដេច? «អ្នកល្ងង់ណាស់។ ប្រសិនបើខ្ញុំនិយាយថា ពួកយើងប្រារព្ធពិធីបុណ្យចូលឆ្នាំតាមចន្ទគតិ តើពួកគេមិនដឹងថាខ្ញុំជាជនជាតិកូរ៉េខាងត្បូងដែលប្រកាន់ប្រពៃណីទេឬ?» នាងចង់ឱ្យមនុស្សម្នាគិតថា នាងកើត និងធំដឹងក្ដីនៅសហរដ្ឋអាមេរិក។ ប្រសិនបើអ្នកសួរនាងថា «អ្នកកើតនៅទីនេះ ប៉ុន្តែតើគ្រួសាររបស់អ្នករស់នៅទីនេះបានប៉ុន្មានជំនាន់ហើយ?» នាងនឹងនិយាយថា៖ «ដូនតារបស់ពួកយើងធំដឹងក្ដីនៅទីនេះ»។ នាងគិតថា នេះគឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងឋានៈ ដូច្នេះ នាងហ៊ាននិយាយកុហកដល់ថ្នាក់នេះ ហើយមិនខ្លាចអ្នកដទៃចាប់កំហុសបានឡើយ។ តើនេះជាការគិតប្រភេទណាទៅ? តើរឿងនេះសមនឹងឱ្យនាងកុហកដែរឬទេ? តើវាសមនឹងប្រថុយដែរឬទេ? អត់ទេ វាមិនសមឡើយ។ សូម្បីតែរឿងតូចតាចបែបនេះ ក៏អាចលាតត្រដាងពីគំនិត និងទស្សនៈរបស់មនុស្សម្នាក់បានដែរ។ តើគំនិត និងទស្សនៈប្រភេទណាខ្លះដែលត្រូវបានលាតត្រដាង? ក្មេងស្រីជនជាតិចិនមួយចំនួនពិតជាស្រស់ស្អាតណាស់ ប៉ុន្តែពួកគេទទូចចង់លាបសក់ពណ៌ទង់ដែង អ៊ុតសក់ឱ្យរួញ ពាក់ឡេនភ្នែកពណ៌ផ្សេងៗដើម្បីប្ដូរពណ៌ភ្នែករបស់ពួកគេ ហើយធ្វើពុតជាជនបរទេស។ វាពិតជាគួរឱ្យទើសភ្នែកណាស់នៅពេលឃើញបែបនេះ។ ហេតុអ្វីបានជាពួកគេទទូចចង់ធ្វើជាមនុស្សប្រភេទនោះ? តើពូជពង្សរបស់ពួកគេបានផ្លាស់ប្ដូរដែរឬទេ បន្ទាប់ពីពួកគេចាប់ផ្ដើមតែងខ្លួនបែបនោះ? ទោះបីជាពូជពង្សរបស់ពួកគេបានផ្លាស់ប្ដូរ ហើយនៅជាតិក្រោយ ពួកគេចាប់កំណើតជាជនជាតិស្បែកស ឬជាមនុស្សនៃពូជសាសន៍ដែលពួកគេឱ្យតម្លៃខ្ពស់ក៏ដោយ ចុះតើយ៉ាងម៉េចទៅ? តើអ្នករាល់គ្នាអាចមើលឃើញរឿងនេះច្បាស់ដែរឬទេ? ប្រសិនបើនរណាម្នាក់ទទូចចង់ប្រព្រឹត្តខ្លួនតាមបែបបទណាមួយ និងអត្តចរិតណាមួយ ហើយធ្វើពុតជាសមាជិកនៃប្រជាជាតិ ឬពូជសាសន៍ដែលពួកគេគោរពបូជា តើនេះមកពីហេតុអ្វីទៅ? តើមានការគិតបង្កប់ពីក្រោយណាមួយ ដែលគ្រប់គ្រងរឿងនេះដែរឬទេ? តើការគិតដែលគ្រប់គ្រងរឿងនេះគឺជាអ្វី? វាដូចជាស្ត្រីជនជាតិកូរ៉េខាងត្បូងនោះអ៊ីចឹង។ នៅពេលដែលជនជាតិអាមេរិកសួរនាងថា តើនាងចេះលេងវាយកូនឃ្លីលើតុដែរឬទេ នាងនិយាយថា «តើវាយកូនឃ្លីលើតុគឺជាអ្វី? មានតែជនជាតិចិនទេដែលលេងកីឡានោះ។ ពួកយើងលេងតេន្នីស និងវាយកូនហ្គោល»។ តើមនុស្សប្រភេទណាទៅ ដែលអាចប្រព្រឹត្តខ្លួន និងនិយាយបែបនេះបាន? តើវាមិនរាងក្លែងក្លាយបន្តិចទេឬ? អ្វីៗគ្រប់យ៉ាងដែលនាងធ្វើគឺក្លែងក្លាយ ហើយវាធ្វើឱ្យជីវិតរបស់នាងហត់នឿយណាស់! តើអ្នករាល់គ្នានឹងប្រព្រឹត្តខ្លួនបែបនេះដែរឬទេ? ជនជាតិចិនមួយចំនួនដែលរស់នៅលោកខាងលិចរាប់សិបឆ្នាំ លែងចេះនិយាយភាសាចិនទៀតហើយ នៅពេលពួកគេត្រឡប់ទៅស្រុកកំណើតវិញ។ តើនេះជារឿងអាក្រក់មែនទេ? (មែនហើយ។) អ្នកខ្លះនិយាយថា៖ «ពួកយើងដាច់ខាតមិនត្រូវភ្លេចឫសគល់របស់ខ្លួនឡើយ។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលដែរថា មនុស្សមិនគួរភ្លេចឫសគល់របស់ខ្លួនទេ។ ព្រះជាម្ចាស់គឺជាឫសគល់របស់មនុស្ស។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយអ្វីៗគ្រប់យ៉ាងអំពីមនុស្ស គឺមានប្រភពមកពីព្រះជាម្ចាស់ ដូច្នេះ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត មនុស្សត្រូវតែថ្វាយបង្គំព្រះជាម្ចាស់ នេះហើយជាអត្ថន័យនៃការមិនភ្លេចឫសគល់របស់ខ្លួន»។ តើវាមិនដូច្នេះទេឬ? មានសេចក្ដីពិតដែលត្រូវស្វែងរកនៅក្នុងគ្រប់ស្ថានការណ៍ទាំងអស់ ប៉ុន្តែមនុស្សមិនស្វែងរកសេចក្ដីពិតទេ ហើយពួកគេប្រកាន់ខ្ជាប់ទាំងស្រុងនូវវប្បធម៌ប្រពៃណី។ ហេតុអ្វីបានជាដូច្នេះ? អ្នកខ្លះនិយាយថា៖ «ពួកយើងមិនដែលភ្លេចឫសគល់របស់យើងឡើយ។ ទោះពួកយើងទៅដល់ទីណាក៏ដោយ ក៏ពួកយើងទទួលស្គាល់ថា ពួកយើងគឺជាជនជាតិចិនដែរ ហើយពួកយើងទទួលស្គាល់ថា ប្រទេសរបស់យើងក្រីក្រ និងអន់ថយ។ ពួកយើងនឹងមិនភ្លេចឫសគល់របស់ខ្លួនជាដាច់ខាត»។ តើនេះត្រឹមត្រូវដែរឬទេ? ក្នុងទិដ្ឋភាពមួយ បញ្ហាទាំងអស់នេះគឺដោយសារតែឥទ្ធិពល និងការអប់រំដ៏ជ្រាលជ្រៅហួសហេតុនៃអ្វីដែលហៅថា វប្បធម៌ប្រពៃណីទាំងនេះមកលើមនុស្សជាតិ។ ក្នុងទិដ្ឋភាពមួយទៀតគឺថា សូម្បីតែបន្ទាប់ពីមនុស្សបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ក៏ពួកគេមិនបានពិចារណាយ៉ាងយកចិត្តទុកដាក់ និងស្វែងរកថាតើសេចក្ដីពិតគឺជាអ្វីនោះឡើយ។ ផ្ទុយទៅវិញ ពួកគេជារឿយៗប្រើប្រាស់វប្បធម៌ប្រពៃណី និងរបស់អាប់ឱនដែលពួកគេមានរួចទៅហើយ ដែលពួកគេបានរៀនរួចទៅហើយ ដូច្នេះហើយក៏ចាក់ឫសយ៉ាងរឹងមាំនោះ យកមកបន្លំធ្វើជាសេចក្ដីពិត។ នេះគឺជាទិដ្ឋភាពទីពីរ។ ទិដ្ឋភាពទីបីគឺ បន្ទាប់ពីស្ដាប់សេចក្ដីអធិប្បាយរួច មនុស្សមិនស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ទស្សនៈប្រពៃណី ព្រមទាំងចំណេះដឹង និងអ្វីៗដែលបានរៀនសូត្រនៅក្នុងសញ្ញាណរបស់មនុស្សដែលពួកគេបានដឹងរួចមកហើយនោះ មកវាស់ស្ទង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ រហូតមកដល់ពេលនេះ ទោះបីជាមនុស្សបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនក៏ដោយ ក៏អ្វីដែលហៅថាគោលការណ៍នៃការប្រព្រឹត្តខ្លួន និងអ្វីដែលហៅថាគោលការណ៍នៃការបំពេញភារកិច្ចរបស់ខ្លួន និងការបម្រើព្រះជាម្ចាស់ ដែលមនុស្សនិយាយតៗគ្នានោះ ក៏ជារឿយៗផ្អែកលើចំណេះដឹង សុភាសិត និងពាក្យស្លោកទូទៅមួយចំនួន ដែលពួកគេចាត់ទុកថាត្រឹមត្រូវផងដែរ។ ឧទាហរណ៍៖ ប្រសិនបើមានអ្នកខ្លះធ្វើរឿងខុសឆ្គង ហើយអ្នកដឹកនាំពួកជំនុំ ឬបងប្អូនប្រុសស្រីលួសកាត់ពួកគេ ពួកគេនឹងគិតថា៖ «ហ៊ឹស ដូចពាក្យសម្ដីទាំងនោះនិយាយអ៊ីចឹង “ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ ចូរមានភាពអត់ទ្រាំនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន” និង “កុំលើកដៃវាយមនុស្សដែលកំពុងញញឹមដាក់យើង”។ ខ្ញុំបានទទួលយកចំណុចខ្វះខាតបន្តិចបន្តួចរបស់ខ្ញុំនេះដោយអត់ធ្មត់ ទាំងមានស្នាមញញឹមទៅហើយ ចុះហេតុអ្វីបានជាអ្នកនៅតែបន្តលាតត្រដាងខ្ញុំពីរឿងនេះទៀត?» ពីសំបកក្រៅ ពួកគេស្ដាប់ និងចុះចូលយ៉ាងស្ដាប់បង្គាប់ ប៉ុន្តែតាមពិតទៅ នៅជ្រៅក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងប្រើប្រាស់សញ្ញាណប្រពៃណីដើម្បីប្រកែកតបត និងទាស់ទទឹង។ តើអ្វីជាមូលហេតុនៃការទាស់ទទឹងរបស់ពួកគេ? គឺដោយសារតែពួកគេគិតថា ពាក្យសម្ដីដែលថា «ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ ចូរមានភាពអត់ទ្រាំនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន» និង «កុំលើកដៃវាយមនុស្សដែលកំពុងញញឹមដាក់យើង» គឺជាសេចក្ដីពិតដ៏ពិតប្រាកដ និងត្រឹមត្រូវ ហើយថា ការដែលនរណាម្នាក់នៅតែបន្តលួសកាត់ និងលាតត្រដាងពួកគេឥតឈប់ឈរ ដោយគ្មានមនោសញ្ចេតនាសូម្បីបន្តិចនោះ គឺជារឿងខុសឆ្គង ហើយនោះមិនមែនជាសេចក្ដីពិតឡើយ។
តើអ្នករាល់គ្នាទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្ដីពិត ពីខ្លឹមសារដែលយើងទើបតែបានប្រកបគ្នាដែរឬទេ? (ទទួលបានហើយ។) អ្នកខ្លះអាចនឹងនិយាយថា៖ «ឥឡូវនេះ ដោយសារព្រះអង្គបានមានព្រះបន្ទូលប្រាប់ពួកទូលបង្គំពីរឿងនេះ ពួកទូលបង្គំមិនដឹងថា តើគោលការណ៍អ្វីខ្លះដែលពួកទូលបង្គំគួរតែប្រកាន់ខ្ជាប់ក្នុងការអនុវត្តនោះទេ។ បើគ្មានវប្បធម៌ប្រពៃណីទាំងនេះ ព្រមទាំងសញ្ញាណ និងចំណេះដឹងទាំងនេះទេ តើពួកទូលបង្គំគួររស់នៅយ៉ាងដូចម្ដេចទៅ? តើពួកទូលបង្គំគួរប្រព្រឹត្តដោយរបៀបណា? បើគ្មានរឿងទាំងនេះដើម្បីគ្រប់គ្រងពួកទូលបង្គំទេ តើពួកទូលបង្គំអាចហើបមាត់ និងផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដោយរបៀបណា? បើគ្មានរឿងទាំងនេះទេ តើមូលដ្ឋានសម្រាប់ពួកទូលបង្គំក្នុងការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនត្រូវបាត់បង់ទៅហើយទេឬ? ចុះបើដូច្នេះ តើពួកទូលបង្គំនៅសល់អ្វីទៀតទៅ?» អ៊ីចឹង អ្វីដែលខ្ញុំប្រាប់ពួកគេគឺថា ប្រសិនបើអ្នកពិតជាគ្មានរឿងទាំងនេះទេ នោះវានឹងកាន់តែងាយស្រួលក្នុងការស្វែងរកសេចក្ដីពិត ហើយវានឹងកាន់តែងាយស្រួលក្នុងការទទួលយកសេចក្ដីពិត និងត្រឡប់មកឯព្រះជាម្ចាស់វិញ។ ពីមុន នៅពេលអ្នកហើបមាត់ អ្វីៗដែលចេញមកសុទ្ធតែជាទស្សនវិជ្ជាបែបសាតាំង និងចំណេះដឹងផ្នែកវប្បធម៌ ដូចជា «មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ» «កុំលើកដៃវាយមនុស្សដែលកំពុងញញឹមដាក់យើង» «ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ ចូរមានភាពអត់ទ្រាំនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន» និងអ្វីៗជាច្រើនទៀត។ ឥឡូវនេះ អ្នកត្រិះរិះ ហើយគិតថា៖ «ខ្ញុំមិនអាចនិយាយបែបនោះទេ ពាក្យសម្ដីទាំងនេះសុទ្ធតែខុស ពួកវាត្រូវបានបដិសេធ និងថ្កោលទោសទៅហើយ ចុះតើខ្ញុំគួរនិយាយអ្វីទៅ? ត្រូវបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តរាបទាប និងត្រឹមត្រូវ ហើយស្វែងរកមូលដ្ឋានចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ មនុស្សបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ ប៉ុន្តែរាល់ពេលដែលពួកគេហើបមាត់ អ្វីៗដែលចេញមកសុទ្ធតែជាសុភាសិត ពាក្យពោលទាំងនេះ ព្រមទាំងរឿង និងទស្សនៈមួយចំនួនដែលពួកគេទទួលបានពីវប្បធម៌ប្រពៃណី។ នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះខ្លួន គ្មាននរណាម្នាក់ អាចលើកតម្កើង ឬធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានយ៉ាងពេញលេញ ហើយនិយាយថា «ព្រះជាម្ចាស់មានព្រះបន្ទូលបែបនេះ» ឬ «ព្រះជាម្ចាស់មានព្រះបន្ទូលបែបនោះ» ឡើយ។ គ្មាននរណាម្នាក់និយាយបែបនោះទេ គ្មាននរណាម្នាក់ហើបមាត់ ហើយសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ អ្នកមិនអាចសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ប៉ុន្តែអ្នកអាចសូត្រពាក្យសម្ដីទូទៅទាំងនោះបាន ចុះតើនៅក្នុងចិត្តរបស់អ្នកពោរពេញទៅដោយអ្វីឱ្យប្រាកដទៅ? គឺសុទ្ធតែជារឿងទាំងអស់នោះដែលមកពីសាតាំង។ អ្នកខ្លះ នៅពេលប្រធានក្រុមរបស់ពួកគេត្រួតពិនិត្យកិច្ចការរបស់ពួកគេ ពួកគេនិយាយថា៖ «តើអ្នកកំពុងត្រួតពិនិត្យអ្វីហ្នឹង? កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ។ ប្រសិនបើអ្នកតែងតែសង្ស័យខ្ញុំ ចុះហេតុអ្វីបានជាអ្នកប្រើខ្ញុំ? គ្រាន់តែរកអ្នកផ្សេងឱ្យធ្វើវាទៅបានហើយ»។ ពួកគេគិតថា នេះជារបៀបប្រព្រឹត្តដ៏ត្រឹមត្រូវ ហើយពួកគេមិនអនុញ្ញាតឱ្យអ្នកដទៃមើលការខុសត្រូវ និងរិះគន់ពួកគេឡើយ។ ក៏មានមនុស្សដែលបានរងទុក្ខយ៉ាងច្រើនក្រៃលែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរ ប៉ុន្តែដោយសារពួកគេមិនបានស្វែងរកគោលការណ៍ ហើយបានបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ នៅទីបំផុត ពួកគេត្រូវបានដកហូតតំណែង ហើយថែមទាំងត្រូវបានលួសកាត់ទៀតផង។ បន្ទាប់ពីបានស្ដាប់ពាក្យសម្ដីថ្កោលទោសខ្លះៗរួចមក ពួកគេមានចិត្តប្រឆាំង ហើយគិតថា៖ «មានពាក្យមួយពោលថា “ទោះបីជាខ្ញុំមិនសម្រេចបានអ្វីក៏ដោយ ក៏ខ្ញុំបានស៊ូទ្រាំនឹងទុក្ខលំបាកដែរ បើមិនមែនទុក្ខលំបាកទេ ក៏ជាការនឿយហត់ដែរ”។ ខ្ញុំគ្រាន់តែបានប្រព្រឹត្តកំហុសតូចតាចនេះសោះ តើវាមានបញ្ហាអ្វីទៅ?» ដោយសារពួកគេបានរៀនពាក្យសម្ដីទូទៅនេះមុនគេ ហេតុនេះហើយ វាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងពួកគេ ដោយគ្រប់គ្រង និងជះឥទ្ធិពលដល់គំនិតរបស់ពួកគេ វាជំរុញឱ្យពួកគេប្រើពាក្យសម្ដីនេះ នៅក្នុងមជ្ឈដ្ឋាននេះ និងបន្ទាប់ពីស្ថានភាពនេះបានកើតឡើង ជាមូលដ្ឋានសម្រាប់ការទាស់ទទឹង ព្រមទាំងមិនចុះចូលនឹងការប្រព្រឹត្តនៃដំណាក់របស់ព្រះជាម្ចាស់ចំពោះពួកគេ។ បើដូច្នេះមែន តើពួកគេនៅតែអាចចុះចូលបានដែរឬទេ? តើវានៅតែងាយស្រួលសម្រាប់ពួកគេក្នុងការទទួលយកសេចក្ដីពិតដែរឬទេ? ទោះបីជាពីសំបកក្រៅ ពួកគេចុះចូលក៏ដោយ នោះក៏ព្រោះតែពួកគេគ្មានជម្រើស ហើយវាគឺជាជម្រើសចុងក្រោយប៉ុណ្ណោះ។ ទោះបីជាពីសំបកក្រៅ ពួកគេមិនតបតក៏ដោយ ក៏នៅតែមានការទាស់ទទឹងនៅក្នុងដួងចិត្តរបស់ពួកគេដែរ។ តើនេះគឺជាការចុះចូលពិតប្រាកដដែរឬទេ? (មិនមែនទេ។) នេះគឺជាការធ្វើឱ្យតែបានៗប៉ុណ្ណោះ វាមិនមែនជាការចុះចូលពិតប្រាកដឡើយ។ គ្មានការចុះចូលនៅត្រង់នេះទេ មានតែការរកលេសដោះសា ភាពអវិជ្ជមាន និងការប្រឆាំងប៉ុណ្ណោះ។ តើការរកលេសដោះសា ភាពអវិជ្ជមាន និងការប្រឆាំងនេះ កើតឡើងយ៉ាងដូចម្ដេច? ពួកវាកើតចេញពីពាក្យសម្ដីដែលថា “ទោះបីជាខ្ញុំមិនសម្រេចបានអ្វីក៏ដោយ ក៏ខ្ញុំបានស៊ូទ្រាំនឹងទុក្ខលំបាកដែរ បើមិនមែនទុក្ខលំបាកទេ ក៏ជាការនឿយហត់ដែរ”។ តើពាក្យសម្ដីនេះបានធ្វើឱ្យនិស្ស័យប្រភេទណាកើតឡើងនៅក្នុងមនុស្សទាំងនេះ? គឺការមិនស្ដាប់បង្គាប់ ភាពរឹងទទឹង ការប្រឆាំង និងការរកលេសដោះសា។ តើអ្នករាល់គ្នាទទួលបានការយល់ដឹងបន្ថែមអំពីសេចក្ដីពិត ពីការប្រកបគ្នានេះដែរឬទេ? នៅពេលអ្នកបានវែកញែក និងញែកដឹងយ៉ាងច្បាស់ពីអ្វីៗដែលអវិជ្ជមានទាំងនេះ ហើយគាស់កកាយពួកវាចេញពីចិត្តរបស់អ្នក នោះអ្នកនឹងអាចស្វែងរកសេចក្ដីពិត និងអនុវត្តសេចក្ដីពិតបាន រាល់ពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ពីព្រោះរឿងចាស់ៗត្រូវបានលះបង់ចោល ហើយលែងអាចជំរុញអ្នកឱ្យពឹងផ្អែកលើពួកវា ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ការបម្រើព្រះជាម្ចាស់ និងការដើរតាមព្រះជាម្ចាស់ទៀតហើយ។ រឿងទាំងនោះលែងជាគោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់អ្នកទៀតហើយ ពួកវាលែងជាគោលការណ៍ដែលអ្នកគួរប្រកាន់ខ្ជាប់ នៅពេលបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ ហើយពួកវាត្រូវបានរិះគន់ និងថ្កោលទោសរួចទៅហើយ។ ប្រសិនបើអ្នកយកពួកវាមកប្រើប្រាស់ម្ដងទៀត តើនឹងមានអ្វីកើតឡើងនៅក្នុងជម្រៅចិត្តរបស់អ្នក? តើអ្នកនៅតែសប្បាយចិត្តដូចមុនដែរឬទេ? តើអ្នកនៅតែជឿជាក់យ៉ាងខ្លាំងថាអ្នកត្រឹមត្រូវដែរឬទេ? ច្បាស់ណាស់ថា វាមិនទំនងជាបែបនោះទេ។ ប្រសិនបើរឿងទាំងនេះនៅក្នុងខ្លួនអ្នក ពិតជាត្រូវបានដកចេញមែន នោះអ្នកគួរតែស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា តើអ្វីឱ្យប្រាកដទៅជាគោលការណ៍ពិត ហើយតើអ្វីឱ្យប្រាកដទៅជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ អ្នកខ្លះឧស្សាហ៍និយាយថា៖ «ចូរធ្វើតាមបង្គាប់របស់ចៅហ្វាយអ្នក បើមិនដូច្នេះទេ អ្នកនឹងមិនទទួលបានអ្វីសោះឡើយ ទោះជាអ្នកខិតខំប្រឹងប្រែងយ៉ាងលំបាកបំផុតក៏ដោយ»។ តើពាក្យសម្ដីនេះត្រឹមត្រូវ ឬខុស? វាប្រាកដជាខុសហើយ។ តើវាខុសយ៉ាងដូចម្ដេច? តើពាក្យ «ចៅហ្វាយ» នៅក្នុងឃ្លា «ធ្វើតាមបង្គាប់របស់ចៅហ្វាយអ្នក» សំដៅទៅលើនរណា? គឺនយោជិករបស់អ្នក ថៅកែរបស់អ្នក ថ្នាក់លើរបស់អ្នក។ ពាក្យ «ចៅហ្វាយ» នេះ គឺខុសបាត់ទៅហើយ។ ព្រះជាម្ចាស់មិនមែនជានយោជិករបស់អ្នក មិនមែនជាថៅកែរបស់អ្នក ឬជាអ្នកគ្រប់គ្រងរបស់អ្នកឡើយ។ ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់អ្នក។ អ្នកគ្រប់គ្រង ថៅកែ និងថ្នាក់លើ សុទ្ធតែជាប្រភេទដូចគ្នា និងនៅកម្រិតដូចគ្នាជាមួយមនុស្ស។ តាមសារជាតិ ពួកគេគឺដូចគ្នា ពួកគេសុទ្ធតែជាមនុស្សលោកពុករលួយ។ អ្នកស្ដាប់ពួកគេ ទទួលប្រាក់ឈ្នួលពីពួកគេ ហើយធ្វើអ្វីក៏ដោយដែលពួកគេប្រាប់ឱ្យអ្នកធ្វើ។ ពួកគេបើកប្រាក់ឈ្នួលឱ្យអ្នក ទៅតាមទំហំប៉ុនណាក៏ដោយនៃការងារដែលអ្នកធ្វើ ហើយគ្មានអ្វីលើសពីនេះទេ។ តើពាក្យ «ទទួលបាន» នៅក្នុងឃ្លា «បើមិនដូច្នេះទេ អ្នកនឹងមិនទទួលបានអ្វីសោះឡើយ ទោះជាអ្នកខិតខំប្រឹងប្រែងយ៉ាងលំបាកបំផុតក៏ដោយ» មានន័យដូចម្ដេច? (ស្នាដៃ។) ស្នាដៃ និងប្រាក់កម្រៃ។ កម្លាំងជំរុញសម្រាប់សកម្មភាពរបស់អ្នក គឺដើម្បីទទួលបានប្រាក់ឈ្នួល។ រឿងនេះមិនទាមទារឱ្យមានភក្ដីភាព ឬការស្ដាប់បង្គាប់ឡើយ ហើយក៏មិនតម្រូវឱ្យមានការស្វែងរកសេចក្ដីពិត និងការថ្វាយបង្គំដែរ គឺគ្មានរឿងទាំងនេះទេ វាគ្រាន់តែជាការដោះដូរប៉ុណ្ណោះ។ នេះពិតជារឿងមួយដែលត្រូវបានរិះគន់ និងថ្កោលទោស នៅក្នុងដំណើរការនៃការជឿលើព្រះជាម្ចាស់ ការបំពេញភារកិច្ច និងការដេញតាមសេចក្ដីពិតរបស់អ្នក។ ប្រសិនបើអ្នកចាត់ទុកពាក្យសម្ដីដែលថា «ចូរធ្វើតាមការបង្គាប់របស់ចៅហ្វាយអ្នក បើមិនដូច្នេះទេ អ្នកនឹងមិនទទួលបានអ្វីសោះឡើយ ទោះជាអ្នកខិតខំប្រឹងប្រែងយ៉ាងលំបាកបំផុតក៏ដោយ» ថាជាសេចក្ដីពិតមួយ នោះនេះគឺជាកំហុសដ៏ធ្ងន់ធ្ងរហើយ។ នៅពេលដែលអ្នកព្យាយាមធ្វើឱ្យមនុស្សមួយចំនួនយល់សេចក្ដីពិត ប្រតិកម្មរបស់ពួកគេនឹងយឺតយ៉ាវ និងស្ពឹកស្រពន់ ហើយទោះបីជាពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនអាចយល់សេចក្ដីពិតសូម្បីតែមួយឬពីរចំណុចបានឡើយ ហើយពួកគេក៏នឹងមិនអាចចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់សូម្បីតែមួយឬពីរឃ្លាបានដែរ។ ប៉ុន្តែនៅពេលនិយាយដល់ពាក្យស្លោក សុភាសិត និងពាក្យសម្ដីទូទៅដែលតែងតែផ្សព្វផ្សាយក្នុងចំណោមប្រជាជន ព្រមទាំងរឿងទាំងនេះដែលមនុស្សសាមញ្ញឧស្សាហ៍និយាយ ពួកគេទទួលយករឿងទាំងនោះបានយ៉ាងលឿនបំផុត។ មិនថានរណាម្នាក់ល្ងង់ខ្លៅយ៉ាងណាក៏ដោយ សូម្បីតែពួកគេក៏ទទួលយករឿងទាំងនេះបានយ៉ាងលឿនបំផុតដែរ។ តើហេតុអ្វីបានជាដូច្នេះ? ទោះបីជាអ្នកមានពូជសាសន៍ ឬពណ៌សម្បុរអ្វីក៏ដោយ ក៏និយាយជារួម អ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សលោក ហើយអ្នកទាំងអស់គ្នាសុទ្ធតែជាប្រភេទដូចគ្នា។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាប្រភេទខុសពីមនុស្សលោក។ មនុស្សលោកនឹងនៅតែជាប្រភេទដូចគ្នាជាមួយមនុស្សលោកដទៃទៀតជារៀងរហូត។ ហេតុដូច្នេះហើយ រាល់ពេលដែលព្រះជាម្ចាស់ធ្វើរឿងអ្វីមួយ វាមិនងាយស្រួលទេសម្រាប់មនុស្សជាតិទាំងមូលក្នុងការទទួលយករឿងនោះ ចំណែកឯ រាល់ពេលដែលនរណាម្នាក់ក្នុងចំណោមមនុស្សជាតិធ្វើរឿងអ្វីមួយ មិនថាអ្នកដែលធ្វើនោះជានរណា ឬមានឋានៈតូចទាបយ៉ាងណាក៏ដោយ ប្រសិនបើវាស្របទៅនឹងសញ្ញាណរបស់មនុស្សគ្រប់គ្នា នោះមនុស្សគ្រប់គ្នានឹងទទួលយកវាយ៉ាងលឿន ពីព្រោះគំនិត ទស្សនៈ របៀបគិត ព្រមទាំងកម្រិត និងផ្លូវនៃការយល់ដឹងរបស់មនុស្ស ជាមូលដ្ឋានគឺដូចគ្នាទាំងអស់ ដោយខុសគ្នាក្នុងកម្រិតតែបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នៅពេលនរណាម្នាក់និយាយអ្វីមួយដែលជាលក្ខណៈនៃសញ្ញាណ ហើយមិនស្របនឹងសេចក្ដីពិតភ្លាម មនុស្សមួយចំនួននឹងទទួលយកវាយ៉ាងលឿន ហើយរឿងគឺបែបនេះឯង។
តើអ្នកយល់បានខ្លះៗហើយឬនៅថា អ្វីដែលជាសេចក្ដីពិត និងរឿងអ្វីខ្លះដែលមិនមែនជាសេចក្ដីពិត ប៉ុន្តែអះអាងថាជាសេចក្ដីពិតនោះ? តើមានរឿងបែបនេះអ្វីផ្សេងទៀតនៅក្នុងគំនិតរបស់អ្នករាល់គ្នាដែរឬទេ? អ្នករាល់គ្នាមិនទាន់អាចនិយាយពួកវាចេញមកនៅពេលនេះ ដោយនឹកឃើញភ្លាមៗបានទេ ពីព្រោះពួកវាមិនរាប់ថាជាចំណេះដឹងឡើយ ពួកវាមិនដូចជារឿងអ្វីមួយនៅក្នុងសៀវភៅ ដែលអ្នកគ្រាន់តែអាចបើកមើលដោយត្រួសៗនោះទេ។ ផ្ទុយទៅវិញ ពួកវាគឺជារឿងដែលអ្នកមិនអាចឃាត់ខ្លួនឯងមិនឱ្យនិយាយចេញមកបានទេ រាល់ពេលដែលមានរឿងអ្វីមួយកើតឡើង តាមរបៀបធម្មជាតិបំផុតដែលអ្នកមិនអាចគ្រប់គ្រងបាន។ នេះបញ្ជាក់ថា រឿងទាំងនោះបានក្លាយជាជីវិតរបស់អ្នករាល់គ្នា និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងឆ្អឹងរបស់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាមិនអាចនឹកឃើញរឿងទាំងនោះបានទេ នៅពេលគេសុំឱ្យនឹកឃើញពួកវា ប៉ុន្តែអ្នករាល់គ្នាក៏មិនអាចទប់មិនឱ្យនិយាយរឿងទាំងនោះចេញមកបានដែរ នៅពេលដែលគេសុំមិនឱ្យអ្នករាល់គ្នានិយាយពួកវា។ រាល់ពេលដែលមានរឿងអ្វីមួយកើតឡើង ទស្សនៈវៀចវេរទាំងនោះនឹងលេចចេញមក នេះគឺជាការពិត។ ចូរចំណាយពេលរបស់អ្នកដើម្បីដកបទពិសោធចុះ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាគួរតែយកចិត្តទុកដាក់ចំពោះរឿងទាំងនោះដែលមនុស្សឧស្សាហ៍និយាយ ហើយជារឿងដែលពួកគេគិតថាត្រឹមត្រូវ។ ពីមុន យើងបានលើកឡើងអំពីភាពពិសពុលមួយចំនួនរបស់នាគដ៏ធំមានសម្បុរក្រហម និងទស្សនវិជ្ជានៃការរស់នៅក្នុងលោកីយ៍របស់សាតាំង។ រឿងទាំងនោះប្រហែលជាងាយនឹងញែកដឹងពីទស្សនៈនៃអត្ថន័យតាមន័យត្រង់របស់ពួកវា ពោលគឺ មនុស្សអាចដឹងបានភ្លាមៗថា រឿងទាំងនោះពិតជាមិនមែនជាសេចក្ដីពិតឡើយ ហើយអាចប្រាប់យ៉ាងច្បាស់ថា រឿងទាំងនោះគឺជាភាពពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយថា មានល្បិចកលនៅពីក្រោយពួកវា។ រឿងទាំងនោះងាយនឹងញែកដឹង ហើយខ្ញុំគិតថា អ្នករាល់គ្នាអាចបំបែកពួកវាបានខ្លះៗ នៅពេលដែលគេសុំឱ្យវិភាគពួកវា។ អ្នករាល់គ្នាបានបោះចោលរឿងទាំងនោះដែលជារឿងបែបសាតាំងយ៉ាងច្បាស់ក្រឡែត ប៉ុន្តែនៅតែមានពាក្យសម្ដីជាច្រើននៅក្នុងចិត្តរបស់អ្នករាល់គ្នា ដូចជា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» និង «ការស៊ូទ្រាំលំបាកវេទនាដើម្បីសម្រេចបំណងរបស់ខ្លួន» និង «កុំលើកដៃវាយមនុស្សដែលកំពុងញញឹមដាក់យើង» និង «បុព្វហេតុយុត្តិធម៌ទាក់ទាញការគាំទ្រច្រើនក្រៃលែង ចំណែកឯបុព្វហេតុអយុត្តិធម៌ទទួលបានការគាំទ្រតិចតួច» និង «សុភាពបុរសមិនហូបអាហារដែលគេឱ្យដោយការប្រមាថឡើយ»។ នៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នា អ្នកប្រហែលជានៅតែគូសសញ្ញាគ្រីសនៅក្បែរពាក្យសម្ដីទាំងនេះ ហើយគិតថា៖ «ពាក្យសម្ដីទាំងនេះមានតម្លៃណាស់។ អ្វីៗដែលសមរម្យអំពីរបៀបដែលខ្ញុំគួរប្រព្រឹត្តខ្លួននៅក្នុងជីវិតនេះ គឺសុទ្ធតែមាននៅក្នុងពាក្យសម្ដីទាំងនេះទាំងអស់» ហើយរឿងទាំងនេះនៅតែមិនទាន់ត្រូវបានជីកគាស់នៅឡើយទេ។ នៅពេលរឿងទាំងនេះត្រូវបានជីកគាស់ទាំងស្រុង ហើយអ្នកមានការញែកដឹងចំពោះពួកវា នៅថ្ងៃអនាគត នៅពេលរឿងវប្បធម៌ប្រពៃណីទាំងនេះលេចចេញមក ទោះបីជាវាជាប្រតិកម្មធម្មជាតិ ឬជាការឆ្លុះបញ្ចាំងពីលក្ខខណ្ឌសត្យានុម័តក៏ដោយ ក៏អ្នកនឹងដឹងភ្លាមៗថា រឿងទាំងនេះគឺខុស ហើយប្រាកដជាមិនមែនជាសេចក្ដីពិតឡើយ។ នៅពេលនោះ កម្រិតនៃការយល់ដឹង និងការទទួលស្គាល់សេចក្ដីពិតរបស់អ្នក នឹងខ្ពស់ជាងពេលឥឡូវនេះ។ តើខ្ញុំមានន័យដូចម្ដេចចំពោះឃ្លាថា «ខ្ពស់ជាងពេលឥឡូវនេះ»? ខ្ញុំមានន័យថា អ្នកនឹងឈានដល់កម្ពស់មួយកម្រិត សមត្ថភាពញែកដឹងរបស់អ្នកនឹងត្រូវបានកែលម្អ បទពិសោធ និងការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិត នឹងមានភាពស៊ីជម្រៅជាងពេលឥឡូវនេះ ហើយអ្នកនឹងមានអារម្មណ៍ដឹងថា តើសេចក្ដីពិតតាមពិតទៅគឺជាអ្វី។ ឥឡូវនេះ អ្នកប្រហែលជាគិតថា៖ «វប្បធម៌ប្រពៃណីទាំងអស់ដែលមកពីសាតាំង ហើយដែលបានអភិវឌ្ឍចេញពីប្រវត្តិវប្បធម៌នៃក្រុមជាតិពន្ធុទាំងអស់នៃពិភពលោកនេះ គឺសុទ្ធតែខុស»។ នេះជារបៀបនិយាយជាទូទៅ ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងថា មួយណាខុស ហើយពួកវាខុសយ៉ាងដូចម្ដេចនោះទេ។ ដូច្នេះ អ្នកត្រូវតែវិភាគ និងយល់ពីពួកវាម្តងមួយៗ រួចហើយឈានដល់ចំណុចដែលអ្នកអាចលះបង់វាចោល ថ្កោលទោសវា ផ្ដាច់ខ្លួនអ្នកចេញពីវាទាំងស្រុង ហើយមិនមែនរស់នៅតាមវាទេ ប៉ុន្តែរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលនេះ អ្នកប្រហែលជាគ្រាន់តែដឹងក្នុងន័យឆន្ទៈអត្តនោម័តរបស់អ្នកប៉ុណ្ណោះថា សុភាសិត ពាក្យសម្ដីទូទៅ បាវចនាដ៏ល្បីល្បាញទាំងនោះ និងពាក្យសម្ដីទាំងនោះដែលគេតែងតែនិយាយតៗគ្នា គឺគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនមែនជាសេចក្ដីពិតឡើយ ប៉ុន្តែរាល់ពេលដែលមានរឿងអ្វីមួយកើតឡើង អ្នកនៅតែប្រើប្រាស់ពាក្យសម្ដីទាំងនេះដោយមិនដឹងខ្លួន ជាមូលដ្ឋានសម្រាប់ការថ្កោលទោសអ្នកដទៃ ការទប់ចិត្តខ្លួនឯង និងការណែនាំឥរិយាបថរបស់អ្នក។ ពួកវាដាក់កំហិត និងគ្រប់គ្រងដោយឧបាយលើគំនិត និងទស្សនៈរបស់អ្នក ដែលអាចបង្កជាបញ្ហា ហើយនឹងប៉ះពាល់ដល់ការចូលទៅក្នុងសេចក្ដីពិតរបស់អ្នក។ ទោះបីជានៅថ្ងៃណាមួយ រឿងដែលមកពីសាតាំងទាំងនេះ អាចនឹងនៅតែលេចឡើងនៅក្នុងចិត្តរបស់អ្នកក៏ដោយ ប្រសិនបើអ្នកអាចញែកដឹងពីពួកវាបាន រស់នៅដោយមិនពឹងផ្អែកលើពួកវា និងអនុវត្តតាមគោលការណ៍សេចក្ដីពិត នោះអ្នកនឹងមានកម្ពស់យ៉ាងពិតប្រាកដ។ តើពេលនេះ អ្នកមានកម្ពស់នេះហើយឬនៅ? មិនទាន់មានទេ។ ប្រសិនបើមានពាក្យសម្ដីមួយឃ្លាដែលអ្នករាល់គ្នាទទួលស្គាល់ថាត្រឹមត្រូវ ហើយប្រសិនបើសេចក្ដីថ្លែងស្រដៀងគ្នានេះ ប្រហែលជាអាចរកឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីជាពួកវាមិនត្រូវបានសម្ដែងចេញតាមរបៀបដូចគ្នាទាំងស្រុងក៏ដោយ ក៏អ្នកប្រហែលជានឹងជឿទាំងខុសឆ្គងថា ពាក្យសម្ដីនេះក៏ជាសេចក្ដីពិតដែរ ហើយថា វាគឺដូចគ្នានឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែមិនអាចមើលឃើញរឿងរ៉ាវទាំងនេះបានច្បាស់ទេ ហើយអ្នកនៅតែប្រកាន់ខ្ជាប់នូវពាក្យសម្ដីរបស់មនុស្ស ហើយមិនព្រមលះបង់ពួកវាចោល នោះពាក្យសម្ដីនេះនឹងជះឥទ្ធិពលដល់ការចូលទៅក្នុងសេចក្ដីពិតរបស់អ្នក ពីព្រោះវាមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយវាមិនអាចជំនួសសេចក្ដីពិតបានទេ។
សព្វថ្ងៃនេះ ខ្ញុំតែងតែប្រកបគ្នាអំពីអ្វីដែលជាសេចក្ដីពិត។ នោះមានន័យថា ខ្ញុំកំពុងតែម៉ឺងម៉ាត់ជាមួយអ្នករាល់គ្នាហើយ។ ដើម្បីឱ្យអ្នករាល់គ្នាយល់សេចក្ដីពិត យើងត្រូវតែយកគំនិត និងទស្សនៈផ្សេងៗរបស់មនុស្ស ឥរិយាបថល្អរបស់ពួកគេ និងចេតនាល្អរបស់ពួកគេ ហើយនិងពាក្យសម្ដីត្រឹមត្រូវ ព្រមទាំងការអនុវត្តតាមទម្លាប់ទូទៅមួយចំនួនដែលមនុស្សពឹងផ្អែកដើម្បីរស់នៅ ក៏ដូចជាគំនិត និងទស្សនៈមួយចំនួនពីវប្បធម៌ប្រពៃណី ហើយវិភាគ និងញែកឱ្យដឹងពីពួកវាទាំងអស់ដើម្បីមើលថា តើពួកវាពិតជាស្របនឹងសេចក្ដីពិតដែរឬទេ ហើយថាតើពួកវាពិតជាពាក់ព័ន្ធអ្វីជាមួយសេចក្ដីពិតដែរឬទេ។ ប្រសិនបើអ្នកជឿថា ពួកវាជាសេចក្ដីពិត តើអ្វីទៅជាមូលដ្ឋានរបស់អ្នកសម្រាប់ការអះអាងនេះ? ប្រសិនបើអ្នកកំណត់លក្ខណៈពួកវាថាជាសេចក្ដីពិត ដោយផ្អែកលើទ្រឹស្ដី និងសេចក្ដីបង្រៀនបែបសាតាំង នោះអ្នកគឺជាកម្មសិទ្ធិសាតាំងហើយ។ ប្រសិនបើរឿងទាំងនេះមិនស្របនឹងសេចក្ដីពិតទេ នោះពួកវាមកពីសាតាំងហើយ ដូច្នេះ អ្នកត្រូវតែវិភាគថា តើសារជាតិរបស់ពួកវាគឺជាអ្វីឱ្យពិតប្រាកដ។ ជាពិសេស គេគួរតែមានការយល់ដឹងត្រឹមត្រូវ និងអាកប្បកិរិយាត្រឹមត្រូវចំពោះពាក្យសម្ដី និងទស្សនៈជាច្រើននៅក្នុងវប្បធម៌ប្រពៃណី ដែលត្រូវបានបន្សល់ទុកពីមាត់មួយទៅមាត់មួយ ពីមួយជំនាន់ទៅមួយជំនាន់។ មានតែតាមរបៀបនេះប៉ុណ្ណោះ ទើបមនុស្សអាចយល់ និងដឹងយ៉ាងពិតប្រាកដថា តើអ្វីដែលពិតជាសេចក្ដីពិត ហើយយល់ពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សឱ្យប្រាកដ និងយល់ពីអត្ថន័យពិតប្រាកដនៃឃ្លាដែលថា «គ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូលគឺជាសេចក្ដីពិត»។ ក្នុងពេលជាមួយគ្នានេះ នេះក៏ធ្វើឱ្យមនុស្សដឹងពីមូលហេតុដែលថា ដោយសារតែមនុស្សមានទស្សនៈ និងពាក្យសម្ដីទាំងនេះ ដែលសន្មតថាស្របនឹងក្រមសីលធម៌ ភាពជាមនុស្ស និងទំនៀមទម្លាប់លោកីយ៍នៃទំនាក់ទំនងរបស់មនុស្ស ហើយដោយសារតែពួកគេមានគំនិត ទស្សនៈ និងពាក្យសម្ដីទាំងនេះ ដែលពួកគេពឹងផ្អែកដើម្បីរស់នៅ ទើបព្រះជាម្ចាស់នៅតែសម្ដែងចេញនូវសេចក្ដីពិត ដើម្បីសង្គ្រោះមនុស្ស ហើយលើសពីនេះទៅទៀត ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលថា មានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សបាន ហើយមានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចផ្លាស់ប្ដូរមនុស្សបាន។ ច្បាស់ណាស់ថា មានសេចក្ដីពិតនៅក្នុងរឿងនេះ។ យ៉ាងហោចណាស់ ចំណុចមួយគឺថា គំនិត ទស្សនៈ និងពាក្យសម្ដីដែលមនុស្សពឹងផ្អែកនៅក្នុងជីវិត គឺមកពីមនុស្សជាតិពុករលួយ ត្រូវបានបង្កើតឡើងដោយមនុស្សជាតិពុករលួយ ហើយគឺជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយពួកវាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយសេចក្ដីពិត។ លើសពីនេះទៅទៀត តាមសារជាតិ រឿងទាំងនេះគឺប៉ះទង្គិច ហើយប្រទូសរ៉ាយនឹងសេចក្ដីពិត។ រឿងទាំងនេះមិនអាចជំនួសសេចក្ដីពិតបានទេ ពួកវាប្រាកដជាមិនមែនជាសេចក្ដីពិតឡើយ ហើយពួកវាក៏នឹងមិនអាចក្លាយជាសេចក្ដីពិតបានជាដាច់ខាត។ ពីទស្សនៈរបស់ព្រះជាម្ចាស់ រឿងទាំងនេះត្រូវបានកំណត់ថាខុស និងត្រូវបានថ្កោលទោស ហើយពួកវាពិតជាមិនមែនជាសេចក្ដីពិតទាល់តែសោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ គឺគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយរឿងទាំងនេះ។ ពោលគឺ សេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ គឺគ្មានពាក់ព័ន្ធសូម្បីតែបន្តិចជាមួយទំនៀមទម្លាប់លោកីយ៍នៃទំនាក់ទំនងរបស់មនុស្សជាតិពុករលួយ ឬវប្បធម៌ប្រពៃណី គំនិត ទស្សនៈ និងឥរិយាបថល្អរបស់មនុស្ស ឬជាមួយការកំណត់និយមន័យរបស់ពួកគេអំពីសីលធម៌ សេចក្ដីថ្លៃថ្នូរ និងអ្វីៗដែលវិជ្ជមានឡើយ។ នៅក្នុងការសម្ដែងចេញនូវសេចក្ដីពិតរបស់ទ្រង់ ព្រះជាម្ចាស់សម្ដែងចេញនូវនិស្ស័យ និងសារជាតិរបស់ទ្រង់។ ការសម្ដែងចេញនូវសេចក្ដីពិតរបស់ទ្រង់ មិនមែនផ្អែកលើអ្វីៗដែលវិជ្ជមានផ្សេងៗ និងសេចក្ដីថ្លែងដែលមនុស្សជឿ ដែលត្រូវបានសង្ខេបឡើងដោយមនុស្សជាតិឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត។ ពួកវាគឺជាមូលដ្ឋាន និងជាច្បាប់តែមួយគត់ ដែលមនុស្សជាតិពឹងផ្អែកដើម្បីរស់រានមានជីវិត។ គោលលទ្ធិទាំងអស់នោះដែលគេហៅថាមានប្រភពមកពីមនុស្ស គឺខុស មិនសមហេតុផល និងត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ ពួកវាមិនទទួលបានការទទួលស្គាល់ពីព្រះអង្គឡើយ ហើយពួកវារឹតតែមិនមែនជាប្រភព ឬជាមូលដ្ឋាននៃសូរសៀងរបស់ព្រះអង្គទៅទៀត។ ព្រះជាម្ចាស់សម្ដែងចេញនូវនិស្ស័យ និងសារជាតិរបស់ទ្រង់ តាមរយៈព្រះបន្ទូលរបស់ទ្រង់។ រាល់ព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់បានសម្ដែងចេញ គឺជាសេចក្ដីពិត ពីព្រោះទ្រង់មានសារជាតិជាព្រះជាម្ចាស់ ហើយទ្រង់គឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់។ មិនថាមនុស្សជាតិពុករលួយនេះចាត់ទុក ឬកំណត់និយមន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ឬទោះបីជាពួកគេមើលឃើញ ឬយល់ពីព្រះបន្ទូលទាំងនោះយ៉ាងណាក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតជារៀងរហូត ហើយនេះគឺជាការពិតដែលមិនអាចផ្លាស់ប្ដូរបានជាដាច់ខាត។ មិនថាព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលច្រើនប៉ុនណាក៏ដោយ ហើយមិនថាមនុស្សជាតិពុករលួយ និងទុច្ចរិតនេះ ថ្កោលទោស និងបដិសេធព្រះបន្ទូលទាំងនោះយ៉ាងណាក៏ដោយ ក៏នៅតែមានការពិតមួយដែលមិនផ្លាស់ប្ដូរជារៀងរហូតដែរគឺ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងតែងតែជាសេចក្ដីពិតជានិច្ច។ មនុស្សមិនអាចផ្លាស់ប្ដូររឿងនេះបានជាដាច់ខាត។ នៅទីបញ្ចប់ មនុស្សជាតិទាំងអស់នឹងទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថា វប្បធម៌ប្រពៃណី និងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដែលមនុស្សជាតិឱ្យតម្លៃ មិនអាចក្លាយជាអ្វីៗដែលវិជ្ជមានបានជាដាច់ខាត ហើយថា ពួកវាមិនអាចក្លាយជាសេចក្ដីពិតបានជាដាច់ខាត។ នេះគឺជារឿងដាច់ខាត។ វប្បធម៌ប្រពៃណី និងរបៀបនៃការរស់រានមានជីវិតរបស់មនុស្សជាតិ នឹងមិនក្លាយជាសេចក្ដីពិតឡើយ ទោះបីជាពេលវេលាកន្លងផុតទៅ ឬបន្ទាប់ពីសម័យកាលដ៏យូរបានកន្លងផុតទៅក៏ដោយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏នឹងមិនក្លាយជាពាក្យសម្ដីរបស់មនុស្ស ដោយសារតែការថ្កោលទោស ឬការភ្លេចភ្លាំងរបស់មនុស្សជាតិនោះឡើយ។ សេចក្ដីពិតនឹងតែងតែជាសេចក្ដីពិតជានិច្ច។ សារជាតិនេះនឹងមិនផ្លាស់ប្ដូរជាដាច់ខាត។ តើការពិតអ្វីដែលមាននៅក្នុងរឿងនេះ? គឺថា ពាក្យសម្ដីទូទៅទាំងនេះដែលមនុស្សជាតិបានសង្ខេបឡើង មានប្រភពចេញពីសាតាំង និងការស្រមើស្រមៃ ព្រមទាំងសញ្ញាណរបស់មនុស្ស ឬពួកវាកើតចេញពីភាពឆេវឆាវរបស់មនុស្ស និងនិស្ស័យពុករលួយរបស់មនុស្ស ហើយពួកវាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយអ្វីៗដែលវិជ្ជមាន។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការសម្ដែងចេញនូវសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ តើដោយសារមូលហេតុអ្វីបានជាព្រះអង្គសម្ដែងចេញនូវព្រះបន្ទូលទាំងនេះ? ហេតុអ្វីបានជាខ្ញុំនិយាយថា ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត? មូលហេតុគឺថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើ និងក្ដាប់បាននៅក្នុងព្រះហស្ដរបស់ព្រះអង្គ នូវច្បាប់ ក្រឹត្យក្រម ឫសគល់ សារជាតិ ភាពជាក់ស្ដែង និងសេចក្ដីអាថ៌កំបាំងទាំងអស់នៃរបស់សព្វសារពើ។ ហេតុដូច្នេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជ្រាបពីក្រឹត្យក្រម ភាពជាក់ស្ដែង ការពិត និងសេចក្ដីអាថ៌កំបាំងនៃរបស់សព្វសារពើ។ ព្រះជាម្ចាស់ជ្រាបពីប្រភពដើមនៃរបស់សព្វសារពើ ហើយព្រះជាម្ចាស់ជ្រាបយ៉ាងច្បាស់ថា តើឫសគល់នៃរបស់សព្វសារពើពិតប្រាកដគឺជាអ្វី។ មានតែនិយមន័យសម្រាប់របស់សព្វសារពើដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបត្រឹមត្រូវបំផុត ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជាស្ដង់ដា និងជាគោលការណ៍សម្រាប់ជីវិតរបស់មនុស្សលោក ព្រមទាំងជាសេចក្ដីពិត និងជាលក្ខណៈវិនិច្ឆ័យដែលមនុស្សលោកអាចពឹងផ្អែកដើម្បីរស់នៅបាន ចំណែកឯក្នុងពេលជាមួយគ្នានេះ ច្បាប់ និងទ្រឹស្ដីរបស់សាតាំង ដែលមនុស្សបានពឹងផ្អែកដើម្បីរស់នៅ ចាប់តាំងពីត្រូវបានសាតាំងធ្វើឱ្យពុករលួយមក គឺផ្ទុយនឹងការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយក៏ផ្ទុយនឹងការពិតដែលថា ព្រះអង្គមានអធិបតេយ្យភាពលើច្បាប់ និងក្រឹត្យក្រមនៃរបស់សព្វសារពើផងដែរ។ ទ្រឹស្ដីបែបសាតាំងផ្សេងៗរបស់មនុស្ស កើតចេញពីសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយពួកវាគឺមកពីសាតាំង។ តើសាតាំងដើរតួជាអ្វី? ដំបូង វាបង្ហាញខ្លួនវាថាជាសេចក្ដីពិត។ បន្ទាប់មក វារំខាន បំផ្លាញ និងជាន់ឈ្លីលើច្បាប់ និងក្រឹត្យក្រមទាំងអស់នៃរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ ហេតុដូច្នេះហើយ អ្វីដែលមកពីសាតាំង គឺត្រូវនឹងសារជាតិរបស់សាតាំងខ្លាំងណាស់ ហើយវាពោរពេញទៅដោយគោលបំណងដ៏ទុច្ចរិតរបស់សាតាំង ពោរពេញដោយការក្លែងបន្លំ និងការធ្វើពុត ព្រមទាំងមហិច្ឆតាដែលមិនចេះផ្លាស់ប្ដូររបស់សាតាំង។ មិនថាមនុស្សពុករលួយអាចញែកដឹងពីទស្សនវិជ្ជា និងទ្រឹស្ដីពីសាតាំងទាំងនេះបាន ឬអត់ក៏ដោយ ហើយមិនថាមនុស្សប៉ុន្មាននាក់លើកតម្កើង ផ្សព្វផ្សាយ និងធ្វើតាមរឿងទាំងនេះក៏ដោយ ហើយមិនថាមនុស្សជាតិពុករលួយបានកោតសរសើរ ថ្វាយបង្គំ និងអធិប្បាយអំពីពួកវាអស់រយៈពេលប៉ុន្មានយុគសម័យក៏ដោយ ក៏ពួកវានឹងមិនក្លាយជាសេចក្ដីពិតឡើយ។ ដោយសារតែសារជាតិ ឫសគល់ និងប្រភពរបស់ពួកវាគឺសាតាំង ដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ និងប្រទូសរ៉ាយនឹងសេចក្ដីពិត ហេតុដូច្នេះហើយ រឿងទាំងនេះនឹងមិនអាចក្លាយជាសេចក្ដីពិតជាដាច់ខាត ពួកវានឹងតែងតែជាអ្វីៗដែលអវិជ្ជមានជានិច្ច។ នៅពេលគ្មានសេចក្ដីពិតដើម្បីប្រៀបធៀប ពួកវាអាចត្រូវបានគេបន្លំធ្វើជាអ្វីៗដែលរឿងល្អ និងជាអ្វីៗដែលវិជ្ជមាន ប៉ុន្តែនៅពេលដែលសេចក្ដីពិតត្រូវបានប្រើប្រាស់ដើម្បីលាតត្រដាង និងវិភាគពួកវា ពួកវាមិនមែនជារឿងដែលមិនចេះខុសនោះទេ ពួកវាមិនអាចទប់ទល់នឹងការពិនិត្យពិច័យបានឡើយ ហើយពួកវាគឺជារឿងដែលត្រូវបានគេថ្កោលទោស និងបដិសេធយ៉ាងលឿន។ សេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ គឺស្របគ្នាយ៉ាងពិតប្រាកដទៅនឹងតម្រូវការនៃភាពជាមនុស្សធម្មតារបស់មនុស្សជាតិដែលព្រះជាម្ចាស់បានបង្កើតមក ចំណែកឯរឿងដែលសាតាំងបានបញ្ជ្រាបចូលទៅក្នុងមនុស្ស គឺផ្ទុយគ្នាយ៉ាងពិតប្រាកដទៅនឹងតម្រូវការនៃភាពជាមនុស្សធម្មតារបស់មនុស្សជាតិ។ ពួកវាធ្វើឱ្យមនុស្សធម្មតាម្នាក់ក្លាយជាមិនប្រក្រតី ហើយក្លាយជាមនុស្សជ្រុលនិយម ចង្អៀតចង្អល់ ក្រអឺតក្រទម ល្ងង់ខ្លៅ ទុច្ចរិត រឹងទទឹង កាចសាហាវ និងថែមទាំងវាយឫកយ៉ាងខ្លាំងដែលមិនអាចទ្រាំបានទៀតផង។ មានចំណុចមួយដែលវាក្លាយជាធ្ងន់ធ្ងរខ្លាំង រហូតដល់មនុស្សក្លាយជាបាត់បង់សតិ ហើយសូម្បីតែខ្លួនឯងជានរណាក៏មិនដឹងផង។ ពួកគេមិនចង់ធ្វើជាមនុស្សធម្មតា ឬមនុស្សសាមញ្ញនោះទេ ហើយផ្ទុយទៅវិញ ពួកគេទទូចចង់ធ្វើជាមនុស្សអស្ចារ្យ ជាមនុស្សដែលមានអំណាចពិសេស ឬជាមនុស្សលោកកម្រិតខ្ពស់ រឿងទាំងនេះបានធ្វើឱ្យភាពជាមនុស្សរបស់មនុស្សខូច និងធ្វើឱ្យសភាវគតិរបស់ពួកគេខូច។ សេចក្ដីពិតធ្វើឱ្យមនុស្សអាចរស់រានមានជីវិតកាន់តែស្របតាមសភាវគតិ ទៅតាមក្រឹត្យក្រម និងច្បាប់នៃភាពជាមនុស្សធម្មតា ព្រមទាំងក្រឹត្យក្រមទាំងអស់នេះដែលព្រះជាម្ចាស់បានបង្កើតឡើង ចំណែកឯអ្វីដែលហៅថាពាក្យសម្ដីទូទៅ និងសេចក្ដីថ្លែងបំភាន់ទាំងនេះ គឺពិតជាធ្វើឱ្យមនុស្សប្រឆាំងនឹងសភាវគតិរបស់មនុស្ស និងគេចវេះពីច្បាប់ដែលព្រះជាម្ចាស់បានកំណត់ និងបានបង្កើតឡើង ហើយថែមទាំងធ្វើឱ្យមនុស្សងាកចេញពីគន្លងនៃភាពជាមនុស្សធម្មតា និងធ្វើរឿងជ្រុលនិយមមួយចំនួន ដែលមនុស្សធម្មតាមិនគួរធ្វើ ឬមិនគួរគិតដល់ទៀតផង។ ច្បាប់របស់សាតាំងទាំងនេះ មិនត្រឹមតែធ្វើឱ្យភាពជាមនុស្សរបស់មនុស្សខូចប៉ុណ្ណោះទេ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺ ពួកវាធ្វើឱ្យមនុស្សបាត់បង់ភាពជាមនុស្សធម្មតារបស់ពួកគេ និងសភាវគតិនៃភាពជាមនុស្សធម្មតា។ ឧទាហរណ៍៖ ច្បាប់បែបសាតាំងនិយាយថា «វាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេផ្ទាល់» និង «សុភមង្គលត្រូវបង្កើតឡើងដោយដៃទាំងពីររបស់ខ្លួនឯង»។ នេះគឺផ្ទុយនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងផ្ទុយនឹងសភាវគតិរបស់មនុស្ស។ នៅពេលដែលរាងកាយ និងសភាវគតិរបស់មនុស្សឈានដល់កម្រិតកំណត់ ឬនៅពេលដែវាសនារបស់ពួកគេស្ថិតនៅចំណុចរបត់ដ៏សំខាន់ មនុស្សដែលពឹងផ្អែកលើច្បាប់ពីសាតាំងទាំងនេះ គឺមិនអាចទ្រាំទ្របានឡើយ។ មនុស្សភាគច្រើនមានអារម្មណ៍ថា សម្ពាធនេះបានលើសពីកម្រិតកំណត់របស់ពួកគេ និងហួសពីអ្វីដែលចិត្តរបស់ពួកគេអាចស៊ូទ្រាំបាន ហើយនៅទីបញ្ចប់ មនុស្សមួយចំនួនក៏ក្លាយជាមានជំងឺវិកលចរិត។ អ្នកដែលកំពុងប្រឡងចូលសាកលវិទ្យាល័យនៅពេលនេះ កំពុងតែរងទុក្ខពីសម្ពាធដ៏ធំសម្បើមដែលការប្រឡងទាំងនោះនាំមក។ ស្ថានភាពរាងកាយ និងគុណភាពផ្លូវចិត្តរបស់មនុស្សគឺខុសគ្នា។ អ្នកខ្លះអាចសម្របខ្លួនទៅនឹងប្រព័ន្ធបែបនេះបាន ចំណែកឯអ្នកខ្លះទៀតមិនអាចសម្របខ្លួនបាននោះទេ។ នៅទីបញ្ចប់ មនុស្សមួយចំនួនក្លាយជាធ្លាក់ទឹកចិត្ត ចំណែកឯអ្នកខ្លះទៀតក្លាយជាមានជំងឺវិកលចរិត ហើយថែមទាំងលោតទម្លាក់ពីលើអគារ និងធ្វើអត្តឃាតទៀតផង រឿងគ្រប់បែបយ៉ាងសុទ្ធតែកើតឡើង។ តើផលវិបាកទាំងនេះបណ្ដាលមកពីអ្វី? មូលហេតុគឺថា សាតាំងបំភាន់មនុស្សដោយធ្វើឱ្យពួកគេដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដែលប៉ះពាល់ដល់មនុស្ស។ ប្រសិនបើមនុស្សអាចរស់នៅតាមធម្មជាតិ ស្របតាមក្រឹត្យក្រមដែលព្រះជាម្ចាស់បានបង្កើតឡើង ហើយរស់នៅស្របតាមផ្លូវដែលព្រះជាម្ចាស់បានកំណត់សម្រាប់មនុស្ស ព្រមទាំងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅចំពោះព្រះជាម្ចាស់ តើពួកគេនឹងក្លាយជាបាត់បង់សតិដែរឬទេ? តើពួកគេនឹងទប់ទល់សម្ពាធដ៏ច្រើនបែបនេះដែរឬទេ? ពួកគេនឹងមិនទទួលរងបែបនេះជាដាច់ខាត។ ព្រះជាម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សយល់ពីសេចក្ដីពិត បោះបង់ចោលនិស្ស័យពុករលួយរបស់ពួកគេ ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ តាមរបៀបនេះ មនុស្សអាចរស់នៅចំពោះព្រះជាម្ចាស់ ដោយគ្មានសម្ពាធ ហើយទទួលបានតែសេរីភាព និងការរំដោះប៉ុណ្ណោះ។ មនុស្សជាតិត្រូវបានព្រះជាម្ចាស់បង្កើតឡើង ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជ្រាបពីសភាវគតិរបស់មនុស្ស និងអ្វីៗគ្រប់យ៉ាងអំពីមនុស្ស។ ព្រះជាម្ចាស់ប្រើប្រាស់ក្រឹត្យក្រមដែលព្រះអង្គបានបង្កើតឡើង ដើម្បីណែនាំមនុស្ស និងផ្គត់ផ្គង់សម្រាប់តម្រូវការរបស់ពួកគេ ចំណែកឯសាតាំងពិតជាមិនធ្វើបែបនោះឡើយ។ វាធ្វើឱ្យមនុស្សបំពានលើក្រឹត្យក្រមទាំងអស់នេះ ហើយបង្ខំមនុស្សឱ្យក្លាយជាមនុស្សអស្ចារ្យ និងជាមនុស្សឆ្នើម។ តើនេះមិនមែនជាការលេងល្បិចលើមនុស្សទេឬ? តាមពិត មនុស្សគឺធម្មតា និងជាមនុស្សសាមញ្ញ តើពួកគេអាចក្លាយជាមនុស្សអស្ចារ្យ ឬជាមនុស្សដែលមានអំណាចពិសេសបានដោយរបៀបណា? តើនេះមិនមែនជាការបំផ្លាញមនុស្សទេឬ? ទោះបីជាអ្នកតស៊ូខ្លាំងប៉ុនណាក៏ដោយ ទោះបីជាមហិច្ឆតា និងបំណងប្រាថ្នារបស់អ្នកធំធេងប៉ុនណាក៏ដោយ ក៏អ្នកមិនអាចក្លាយជាមនុស្សអស្ចារ្យ ឬជាមនុស្សដែលមានអំណាចពិសេសបានឡើយ។ ទោះបីជាអ្នកបំផ្លាញខ្លួនឯងរហូតដល់ថ្នាក់បាត់បង់លក្ខណៈជាមនុស្សទាំងអស់ក៏ដោយ ក៏អ្នកមិនអាចក្លាយជាមនុស្សអស្ចារ្យ ឬជាមនុស្សដែលមានអំណាចពិសេសបានដែរ។ អាជីពអ្វីក៏ដោយដែលមនុស្សម្នាក់គួរមាននៅក្នុងជីវិត គឺត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរស់នៅស្របតាមច្បាប់ និងក្រឹត្យក្រមដែលព្រះជាម្ចាស់បានបង្កើតឡើងទេ ប៉ុន្តែបែរជាជ្រើសរើសពាក្យសម្ដីបំភាន់ និងពាក្យរបស់អារក្សពីសាតាំង ហើយដេញតាមការធ្វើជាមនុស្សអស្ចារ្យ ឬជាមនុស្សដែលមានអំណាចពិសេស នោះអ្នកនឹងត្រូវរងទុក្ខទារុណ និងស្លាប់មិនខាន។ ពោលគឺ ប្រសិនបើអ្នកជ្រើសរើសទទួលយកការបំផ្លាញ ការជាន់ឈ្លី និងការធ្វើឱ្យពុករលួយពីសាតាំង នោះអ្វីៗទាំងអស់ដែលអ្នកស៊ូទ្រាំ គឺជាផលវិបាកនៃសកម្មភាពរបស់អ្នកផ្ទាល់ វាគឺជាអ្វីដែលអ្នកសមនឹងទទួលបាន ហើយវាគឺជាឆន្ទៈរបស់អ្នកផ្ទាល់។ មនុស្សមួយចំនួនប្រឡងចូលសាកលវិទ្យាល័យ ធ្លាក់ពីរឬបីដង ហើយនៅទីបញ្ចប់ក៏ក្លាយជាឆ្កួត ដោយសារតែមិនដែលប្រឡងជាប់ទាល់តែសោះ។ តើនេះជារឿងដែលពួកគេនាំមកលើខ្លួនឯងមែនទេ? ហេតុអ្វីបានជាអ្នកចង់ប្រឡងចូលសាកលវិទ្យាល័យ? តើវាមិនមែនគ្រាន់តែដើម្បីឱ្យលេចធ្លោជាងគេ និងនាំកិត្តិយសដល់ដូនតារបស់អ្នកទេឬ? ប្រសិនបើអ្នកបោះបង់គោលដៅទាំងពីរនេះ គឺការលេចធ្លោជាងគេ និងការនាំកិត្តិយសដល់ដូនតារបស់អ្នក ហើយមិនដេញតាមរឿងទាំងនេះ ប៉ុន្តែបែរជាប្ដូរទៅរកគោលដៅដ៏ត្រឹមត្រូវជំនួសវិញនោះ តើសម្ពាធនឹងមិនរលាយបាត់ទៅទេឬ? ប្រសិនបើអ្នកទទួលយកសេចក្ដីពុករលួយពីសាតាំង ហើយប្រសិនបើអ្នកទទួលយកគំនិត និងទស្សនៈទាំងអស់នេះពីវា នោះរាងកាយរបស់អ្នកនឹងត្រូវស៊ូទ្រាំនឹងការឈឺចាប់គ្រប់បែបយ៉ាង ហើយវាជារឿងដែលអ្នកសមនឹងទទួលបានហើយ! ផលវិបាកនេះគឺជាជម្រើសរបស់អ្នកផ្ទាល់ និងជាអ្វីដែលអ្នកបង្កើតឡើងដោយខ្លួនឯង។ វាមិនត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនធ្វើឱ្យអ្នករស់នៅបែបនោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ជាក់រឿងនេះយ៉ាងច្បាស់រួចទៅហើយ ហើយគឺអ្នកទេដែលមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលរាងកាយ កម្លាំងចិត្ត និងគុណភាពផ្លូវចិត្តរបស់មនុស្សម្នាក់អាចស៊ូទ្រាំបាន គឺមានកម្រិតកំណត់ ប៉ុន្តែមនុស្សខ្លួនឯងមិនដឹងពីរឿងនោះទេ និងគិតផ្ទុយពីនេះ ហើយថែមទាំងនិយាយថា វាសនារបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់ទៀតផង ប៉ុន្តែនៅទីបញ្ចប់ ពួកគេមិនអាចដណ្ដើមយកការគ្រប់គ្រងលើវាសនារបស់ពួកគេបានឡើយ ហើយបែរជាស្លាប់យ៉ាងវេទនា និងសោកនាដកម្មទៅវិញ។ តើនេះជាការក្ដាប់បានវាសនារបស់ខ្លួនឯងយ៉ាងដូចម្ដេចទៅ? នេះគឺជារបៀបដែលសាតាំងប្រើប្រាស់គំនិតខុសទំនងគ្រប់បែបយ៉ាង និងជំនឿខុសឆ្គង ព្រមទាំងទស្សនៈខុសទំនងគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ មនុស្សខ្លួនឯងផ្ទាល់មិនដឹងពីរឿងនេះទេ ហើយថែមទាំងមានអារម្មណ៍ល្អចំពោះពួកវាទៀតផង ដោយគិតថា៖ «សង្គមកំពុងតែរីកចម្រើនឥតឈប់ឈរ យើងគួរតែដើរឱ្យទាន់សម័យកាល ហើយទទួលយកថាមពលវិជ្ជមានទាំងអស់នោះ»។ ទាំងនេះគឺជាពាក្យរបស់អារក្សទាំងស្រុង។ តើអាចមានថាមពលវិជ្ជមានណាមួយនៅក្នុងពិភពដែលមិនជឿបែបអារក្សបានដោយរបៀបណាទៅ? វាសុទ្ធតែជាថាមពលអវិជ្ជមាន វាសុទ្ធតែជាជំងឺមហារីក ហើយវាសុទ្ធតែជាគ្រាប់បែកកំណត់ពេលវេលា។ ប្រសិនបើអ្នកទទួលយករឿងទាំងនេះ អ្នកនឹងត្រូវទទួលរងនូវផលវិបាកដ៏អាក្រក់របស់ពួកវា ហើយអ្នកនឹងត្រូវសាតាំងធ្វើបាប និងបំផ្លិចបំផ្លាញមិនខាន។ នេះគឺជាលទ្ធផលនៃការមិនដេញតាមសេចក្ដីពិត។ តើអាចមានទីបញ្ចប់ល្អអ្វីទៅ ប្រសិនបើអ្នកដើរតាមសាតាំងនោះ? សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងដែលវាអាចធ្វើបាន ដើម្បីបំពុលអ្នក និងបញ្ជ្រាបភាពពិសពុលចូលទៅក្នុងអ្នក។ ព្រះជាម្ចាស់សង្គ្រោះអ្នក ចំណែកឯសាតាំងធ្វើបាបអ្នក។ ព្រះជាម្ចាស់ព្យាបាលជំងឺរបស់អ្នក ចំណែកឯសាតាំងបញ្ជ្រាបភាពពិសពុលចូលទៅក្នុងអ្នក ដើម្បីធ្វើឱ្យអ្នកមានជំងឺ។ អ្នកទទួលយកភាពពិសពុលពីសាតាំងកាន់តែច្រើន នោះវាកាន់តែលំបាកសម្រាប់អ្នកក្នុងការទទួលយកសេចក្ដីពិត។ រឿងគឺបែបនេះឯង។ ការប្រកបគ្នារបស់យើងលើប្រធានបទថាអ្វីដែលជាសេចក្ដី ត្រូវបានបញ្ចប់នៅត្រឹមនេះ។ បន្ទាប់ទៀត យើងនឹងប្រកបគ្នាអំពីប្រធានបទមួយទៀត។
ការវែកញែកអំពីពួកទទឹងនឹងព្រះគ្រីស្ទដែលបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង
I. អ្វីទៅជាផលប្រយោជន៍របស់ព្រះជាម្ចាស់ និងអ្វីទៅជាផលប្រយោជន៍របស់មនុស្ស
លើកនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជារឿយៗយើងសង្កត់ធ្ងន់លើផលប្រយោជន៍របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ទោះជាយ៉ាងនេះក្ដី មនុស្សមួយចំនួនច្រើនតែមិនគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ និងជាសំខាន់នៅក្នុងគ្រប់រឿងរ៉ាវទាំងអស់។ មនុស្សទាំងនេះគឺអាត្មានិយមខ្លាំងណាស់។ លើសពីនេះទៅទៀត នៅក្នុងការចាត់ចែងកិច្ចការរបស់ពួកគេ ពួកគេឧស្សាហ៍ការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ រហូតដល់ថ្នាក់ពួកគេថែមទាំងធ្វើការទាមទារដោយប្រយោលពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។ តើពាក្យគន្លឹះនៅត្រង់នេះគឺជាអ្វី? តើគេកំពុងនិយាយអំពីអ្វីជាចម្បង? (ផលប្រយោជន៍។) តើពាក្យ «ផលប្រយោជន៍» មានន័យដូចម្ដេច? តើមានអ្វីខ្លះរួមបញ្ចូលនៅក្នុងពាក្យនេះ? តើគេចាត់ទុកអ្វីខ្លះជាផលប្រយោជន៍របស់មនុស្ស? តើផលប្រយោជន៍របស់មនុស្សគ្របដណ្ដប់លើអ្វីខ្លះ? ឋានៈ កិត្តិនាម និងរឿងរ៉ាវដែលទាក់ទងនឹងផលប្រយោជន៍សម្ភារៈ។ ឧទាហរណ៍៖ នៅពេលដែលមនុស្សម្នាក់បំភាន់អ្នកដទៃឱ្យគោរព និងថ្វាយបង្គំពួកគេ នោះពួកគេកំពុងដេញតាមផលប្រយោជន៍ខាងផ្លូវចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ វាក៏មានផលប្រយោជន៍សម្ភារៈផងដែរ ដែលមនុស្សដេញតាមដោយការកេងចំណេញពីអ្នកដទៃ ប្រមូលផលប្រយោជន៍សម្រាប់ខ្លួនឯង ឬលួចទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ជាដើម។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែស្វែងរកតែផលចំណេញប៉ុណ្ណោះ។ មិនថាពួកគេកំពុងដេញតាមផលប្រយោជន៍ខាងផ្លូវចិត្ត ឬខាងសម្ភារៈនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទគឺលោភលន់ និងមិនចេះស្កប់ស្កល់ឡើយ ហើយពួកគេនឹងព្យាយាមយករបស់ទាំងនេះឱ្យខ្លួនឯងទាំងអស់។ បញ្ហានានាដែលទាក់ទងនឹងផលប្រយោជន៍របស់មនុស្សម្នាក់ បើកសម្ដែងពីពួកគេបានច្បាស់ជាងអ្វីៗទាំងអស់។ ផលប្រយោជន៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរបស់មនុស្សគ្រប់រូប ហើយអ្វីៗគ្រប់យ៉ាងដែលមនុស្សម្នាក់ទាក់ទងជារៀងរាល់ថ្ងៃ សុទ្ធតែពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកគេ។ ឧទាហរណ៍៖ នៅពេលដែលអ្នកនិយាយអ្វីមួយ ឬនិយាយអំពីបញ្ហាមួយ តើមានផលប្រយោជន៍អ្វីខ្លះពាក់ព័ន្ធ? នៅពេលដែលមនុស្សពីរនាក់ពិភាក្សាអំពីបញ្ហាណាមួយ វាគឺជារឿងដែលថា តើនរណាពូកែវោហារ ហើយនរណាមិនពូកែវោហារ តើនរណាត្រូវបានអ្នកដទៃឱ្យតម្លៃខ្ពស់ ហើយនរណាត្រូវបានអ្នកដទៃមើលងាយ ហើយវាក៏ជារឿងនៃផលវិបាកផ្សេងៗគ្នា ដែលបណ្ដាលមកពីរបៀបនិយាយខុសគ្នារបស់ពួកគេផងដែរ។ តើនេះមិនមែនជារឿងនៃផលប្រយោជន៍ទេឬ? ដូច្នេះ តើមនុស្សធ្វើដូចម្ដេច នៅពេលពួកគេជួបប្រទះបញ្ហាប្រភេទនេះ? មនុស្សព្យាយាមអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីអួតសម្ញែង ដោយប្រឹងប្រែងគិតយ៉ាងខ្លាំងរកវិធីរៀបចំកម្រងពាក្យសម្ដីរបស់ពួកគេ ដើម្បីពន្យល់ពីបញ្ហានោះឱ្យបានច្បាស់លាស់ ហើយដើម្បីឱ្យពាក្យសម្ដីទាំងនោះត្រូវបានសម្ដែងចេញមកកាន់តែពីរោះស្ដាប់ និងស្ដាប់ទៅកាន់តែគាប់ត្រចៀក ព្រមទាំងមានរចនាសម្ព័ន្ធត្រឹមត្រូវ និងបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងដល់មនុស្ស។ ការប្រើប្រាស់វិធីសាស្ត្រនេះ ការប្រើប្រាស់វោហារសព្ទ ខួរក្បាល និងចំណេះដឹងរបស់ខ្លួន ដើម្បីអូសទាញការពេញចិត្តពីមនុស្ស និងធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ នេះគឺជាប្រភេទមួយនៃផលប្រយោជន៍។ តើផលប្រយោជន៍ដែលមនុស្សដេញតាម ពាក់ព័ន្ធនឹងទិដ្ឋភាពអ្វីផ្សេងទៀតដែរឬទេ? នៅពេលបំពេញកិច្ចការរបស់ខ្លួន មនុស្សតែងតែថ្លឹងថ្លែង គិតគូរ និងរិះគិតនៅក្នុងចិត្តរបស់ខ្លួនជានិច្ច ដោយប្រឹងប្រែងគិតយ៉ាងខ្លាំងថាតើសកម្មភាពអ្វីខ្លះដែលជាផលប្រយោជន៍របស់ពួកគេ សកម្មភាពអ្វីខ្លះដែលមិនមែនជាផលប្រយោជន៍របស់ពួកគេ សកម្មភាពអ្វីខ្លះដែលអាចជំរុញផលប្រយោជន៍របស់ពួកគេ សកម្មភាពអ្វីខ្លះដែលយ៉ាងហោចណាស់មិនធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ពួកគេ ហើយសកម្មភាពអ្វីខ្លះដែលអាចរកឱ្យពួកគេនូវកិត្តិយសច្រើនបំផុត និងលាភសក្ការៈខាងសម្ភារៈដ៏ច្រើនបំផុត ព្រមទាំងប្រែក្លាយពួកគេឱ្យទៅជាអ្នកទទួលផលប្រយោជន៍ធំបំផុត។ ទាំងនេះគឺជាផលប្រយោជន៍ទាំងពីរ ដែលមនុស្សតស៊ូដណ្ដើមយក រាល់ពេលដែលពួកគេជួបប្រទះនឹងបញ្ហា។ ផលប្រយោជន៍ដែលមនុស្សដេញតាម គឺផ្ដោតលើទិដ្ឋភាពទាំងពីរនេះ ហើយគ្មានអ្វីក្រៅពីនេះឡើយ៖ ក្នុងន័យមួយ គឺការទទួលបានផលប្រយោជន៍ខាងសម្ភារៈ ឬយ៉ាងហោចណាស់មិនខាតបង់ និងការកេងចំណេញពីអ្នកដទៃ។ បន្ថែមពីនេះទៀត ក្នុងកម្រិតផ្លូវចិត្ត គឺការធ្វើឱ្យមនុស្សឱ្យតម្លៃ និងកោតសរសើរពួកគេ ព្រមទាំងការយកឈ្នះចិត្តរបស់មនុស្ស។ ជួនកាល ដើម្បីទទួលបានអំណាច និងឋានៈ មនុស្សថែមទាំងអាចបោះបង់ចោលផលប្រយោជន៍ខាងសម្ភារៈទៀតផង ពោលគឺ ពួកគេសុខចិត្តខាតបង់បន្តិចបន្តួច ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែធំធេងពីអ្នកដទៃនៅពេលក្រោយ។ សរុបមក រឿងទាំងនេះដែលទាក់ទងនឹងកិត្តិនាម ឋានៈ កិត្តិយស និងរឿងខាងសម្ភារៈរបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងប្រភេទនៃផលប្រយោជន៍របស់មនុស្ស ហើយសុទ្ធតែជាផលប្រយោជន៍ដែលមនុស្សដេញតាម។
តើធម្មជាតិនៃការដេញតាមផលប្រយោជន៍ទាំងនេះរបស់មនុស្សគឺជាអ្វី? ហេតុអ្វីបានជាមនុស្សដេញតាមរឿងទាំងនេះ? តើវាត្រឹមត្រូវដែរឬទេ ក្នុងការដេញតាមរបស់ទាំងនោះ? តើវាសមហេតុផលដែរឬទេ? តើវាស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែរឬទេ? តើនេះគឺជាស្ដង់ដាដែលព្រះជាម្ចាស់ទាមទារពីភាវៈដែលព្រះបានបង្កើតដែរឬទេ? នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើទ្រង់មានព្រះបន្ទូលដែរឬទេថា «អ្នករាល់គ្នាគួរតែដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា និងពង្រីកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឱ្យបានជាអតិបរមា។ ចូរកុំលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក គ្រាន់តែដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចឱ្យសោះ។ អ្នករាល់គ្នាគួរតែឱ្យតម្លៃខ្ពស់លើឋានៈ កិត្តិនាម និងអំណាចរបស់អ្នក ហើយការពាររបស់ទាំងនេះទោះក្នុងតម្លៃណាក៏ដោយ។ ប្រសិនបើព្រះជាម្ចាស់ប្រទានឋានៈដល់អ្នក អ្នកគួរតែឱ្យតម្លៃខ្ពស់ដល់វា ហើយប្រែក្លាយវាទៅជាកិត្តិយសរបស់អ្នក ជាជាងភាពអាម៉ាស់របស់អ្នក។ នេះគឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់សម្រាប់អ្នក» តើព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលបែបនេះដែរឬទេ? (អត់ទេ។) ដោយសារតែគ្មានរឿងបែបនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចុះតើព្រះជាម្ចាស់តម្រូវអ្វីខ្លះពីភាវៈដែលព្រះបានបង្កើត នៅក្នុងព្រះហឫទ័យរបស់ទ្រង់? តើព្រះជាម្ចាស់តម្រូវឱ្យមនុស្សចាត់ទុកផលប្រយោជន៍យ៉ាងដូចម្ដេច? ក្នុងន័យមួយ ព្រះជាម្ចាស់មានព្រះហឫទ័យចង់ឱ្យមនុស្សបោះបង់ចោលផលប្រយោជន៍របស់ពួកគេ នេះគឺជាការនិយាយជារួម។ បន្ថែមពីលើនេះទៀត ព្រះជាម្ចាស់ប្រទានដល់មនុស្សនូវមាគ៌ានៃការអនុវត្តដ៏សមស្រប នៅក្នុងទិដ្ឋភាពជាច្រើនទៀត ដោយថ្លែងប្រាប់មនុស្សពីរបៀបប្រព្រឹត្ត ដើម្បីឱ្យពួកគេដើរតាមផ្លូវដែលពួកគេគួរដើរ របៀបអនុវត្តដូចដែលភាវៈដែលព្រះបានបង្កើតគួរធ្វើ តើទស្សនៈ និងអាកប្បកិរិយាបែបណាដែលមនុស្សគួរតែមានចំពោះរឿងខាងសម្ភារៈ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ហើយតើពួកគេគួរជ្រើសរើសដោយរបៀបណា។ វាជាការពិតដ៏ច្បាស់ក្រឡែតដែលថា ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានប្រាប់ចំៗដល់មនុស្សអំពីរបៀបចាត់ទុកផលប្រយោជន៍ក៏ដោយ ក៏អត្ថន័យបង្កប់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ សម្ដែងចេញយ៉ាងច្បាស់អំពីទស្សនៈរបស់ព្រះជាម្ចាស់ចំពោះផលប្រយោជន៍របស់មនុស្សជាតិពុករលួយផងដែរ ហើយបញ្ជាក់កាន់តែច្បាស់ថា មនុស្សគួរតែទុកទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេមួយឡែក ធ្វើរឿងរ៉ាវស្របតាមគោលការណ៍សេចក្ដីពិត ប្រព្រឹត្តទៅតាមឋានៈរបស់ពួកគេជាភាវៈដែលព្រះបានបង្កើត និងរក្សាតួនាទីរបស់ខ្លួន។ នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តើទ្រង់មាន ព្រះរាជបំណងដកហូតផលប្រយោជន៍របស់មនុស្ស ដោយតម្រូវឱ្យពួកគេប្រព្រឹត្តតាមរបៀបនេះឬ? មិនមែនទាល់តែសោះ។ មនុស្សមួយចំនួននិយាយថា៖ «នៅក្នុងពួកជំនុំ តែងតែមានការនិយាយអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ ប៉ុន្តែម្ដេចបានជាគ្មាននរណាម្នាក់និយាយអំពីផលប្រយោជន៍របស់ពួកយើងជាមនុស្សអ៊ីចឹង? តើនរណាជាអ្នកមើលថែផលប្រយោជន៍របស់យើង? តើយើងមិនគួរមានសិទ្ធិមនុស្សខ្លះទេឬ? យើងក៏ត្រូវតែទទួលបាន លាភសក្ការៈបន្តិចបន្តួចផងដែរ។ ហេតុអ្វីបានជាគេមិនផ្ដល់អ្វីបន្តិចបន្តួចដល់យើងសោះដូច្នេះ? ម្ដេចបានជាផលប្រយោជន៍ទាំងអស់ជារបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់មិនអាត្មានិយមដែរទេឬ?» ការនិយាយបែបនេះ គឺជាការបះបោរ និងក្បត់យ៉ាងធ្ងន់ធ្ងរបំផុត។ នេះច្បាស់ក្រឡែតណាស់ថាជាពាក្យសម្ដីខុសឆ្គង។ មនុស្សដែលមានភាពជាមនុស្ស ប្រាកដជាមិនអាចនិយាយបែបនេះបានឡើយ មានតែពួកអារក្សទេដែលហ៊ាននិយាយរឿងដែលបះបោរគ្រប់បែបយ៉ាង។ អ្នកផ្សេងទៀតនិយាយថា៖ «ព្រះជាម្ចាស់តែងតែមានព្រះបន្ទូលប្រាប់មនុស្សកុំឱ្យគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទ្រង់តែងតែមានព្រះបន្ទូលថាកុំឱ្យរៀបផែនការដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សចង់លេចធ្លោដោយការធ្វើអ្វីមួយ ឬសម្រេចបានអ្វីមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាថ្វាយបង្គំពួកគេ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា នេះគឺជាមហិច្ឆតា។ មនុស្សចង់តស៊ូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហូបអាហារឆ្ងាញ់ៗ រីករាយនឹងជីវិត សោយសុខនឹងភាពស្រណុកសុខស្រួលខាងសាច់ឈាម និងរស់នៅដោយក្ដីគោរពក្នុងចំណោមមនុស្សជាតិ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សគ្រាន់តែបំពេញផលប្រយោជន៍ផ្ទាល់ខ្លួនតាមរបៀបនេះប៉ុណ្ណោះ ហើយត្រូវតែទុកវាចោលមួយឡែក។ ប្រសិនបើយើងទុកផលប្រយោជន៍ទាំងអស់នេះចោលមួយឡែក តើយើងអាចរស់នៅឱ្យកាន់តែប្រសើរដោយរបៀបណាទៅ?» ប្រសិនបើមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងតែងតែទាស់ទទឹងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងតែងតែមានជម្លោះជាមួយព្រះជាម្ចាស់លើបញ្ហាទាំងនេះជានិច្ច។ វាប្រៀបដូចជាឪពុកម្ដាយមួយចំនួនដែលបានធ្វើការយ៉ាងនឿយហត់អស់ពាក់កណ្ដាលជីវិតរបស់ពួកគេដើម្បីចិញ្ចឹមបីបាច់កូនៗ ហើយមានភាពនឿយហត់យ៉ាងខ្លាំងរហូតដល់មានជំងឺគ្រប់មុខអ៊ីចឹង។ ឪពុកម្ដាយបារម្ភថារាងកាយរបស់ពួកគេនឹងទ្រុឌទ្រោម ហើយកូនៗរបស់ពួកគេនឹងគ្មាននរណាម្នាក់ជួយផ្គត់ផ្គង់ ដូច្នេះ ពួកគេក៏ទិញផលិតផលថែរក្សាសុខភាពមួយចំនួន។ កូនៗមិនដឹងអីទេ ហើយនៅពេលឃើញផលិតផលទាំងនេះ ពួកគេនិយាយថា៖ «ខ្ញុំមិនទាន់បានទិញសម្លៀកបំពាក់ថ្មីសូម្បីតែមួយកំផ្លេអស់ជាច្រើនឆ្នាំមកហើយ ម្ដេចបានជាប៉ាម៉ាក់នៅតែអាចទិញផលិតផលថែរក្សាសុខភាពបានទៀត? ប៉ាម៉ាក់គួរតែសន្សំប្រាក់នោះទុកឱ្យខ្ញុំចូលរៀននៅមហាវិទ្យាល័យ»។ តើពាក្យសម្ដីនេះធ្វើឱ្យអារម្មណ៍របស់ឪពុកម្ដាយឈឺចាប់ដែរឬទេ? ឪពុកម្ដាយធ្វើរឿងទាំងអស់នេះ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ហើយក៏មិនមែនដោយសារតែពួកគេចង់សោយសុខនឹងភាពសុខស្រួលខាងសាច់ឈាម ឬដោយសារតែពួកគេចង់រស់នៅឱ្យបានយូរបន្តិច និងមានផាសុកភាពបន្តិចទៀត ហើយរស់នៅពឹងភ័ព្វសំណាងកូនៗនៅថ្ងៃអនាគតនោះដែរ។ វាមិនមែនដោយសារហេតុផលទាំងនេះទេ។ តើឪពុកម្ដាយធ្វើបែបនេះដើម្បីអ្វី? ពួកគេធ្វើបែបនេះដើម្បីប្រយោជន៍កូនៗរបស់ពួកគេ។ កូនៗមិនយល់ពីរឿងនេះទេ ហើយថែមទាំងបន្ទោសឪពុកម្ដាយរបស់ខ្លួនទៀត តើនេះមិនមែនអកតញ្ញូទេឬ? (មែនហើយ។) ប្រសិនបើកូនៗមិនយល់ពីបំណងរបស់ឪពុកម្ដាយពួកគេទេ ពួកគេអាចនឹងមានការខ្វែងគំនិតគ្នាជាមួយឪពុកម្ដាយរបស់ខ្លួន រហូតដល់ថ្នាក់បង្កជាការឈ្លោះប្រកែក និងធ្វើឱ្យអារម្មណ៍របស់ឪពុកម្ដាយពួកគេឈឺចាប់ទៀតផង។ ដូច្នេះ តើអ្នករាល់គ្នាយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? នេះគឺជារឿងនៃការយល់សេចក្ដីពិត។ ហេតុអ្វីបានជាទង្វើរបស់មនុស្សក្នុងការបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួន ត្រូវបានព្រះជាម្ចាស់ថ្កោលទោស? តើមកពីព្រះជាម្ចាស់អាត្មានិយមឬ? តើមកពីព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សកុំឱ្យដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីធ្វើឱ្យពួកគេក្រីក្រ និងគួរឱ្យអាណិតអាសូរឬ? (មិនមែនទេ។) វាប្រាកដណាស់ថាមិនមែនបែបនោះទេ។ ព្រះជាម្ចាស់មានព្រះហឫទ័យចង់បានអ្វីដែលល្អបំផុតសម្រាប់មនុស្ស ហើយព្រះជាម្ចាស់យាងមកបំពេញកិច្ចការរបស់ទ្រង់ និងសង្គ្រោះមនុស្ស ដើម្បីប្រទានព្រះពរដល់មនុស្សជាតិ និងនាំមនុស្សទៅកាន់គោលដៅដ៏ស្រស់បំព្រងមួយ។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីឱ្យមនុស្សទទួលបានសេចក្ដីពិត និងទទួលបានជីវិត ដើម្បីឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលយកសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ និងមាននិស្ស័យពុករលួយ ហើយត្រូវតែរងទុក្ខយ៉ាងធំធេង ដើម្បីទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើមនុស្សគ្រប់រូបដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន និងចង់រស់នៅក្នុងជីវិតដ៏ល្អមួយ ដើម្បីបំពេញបំណងប្រាថ្នាដ៏ហួសហេតុនៃសាច់ឈាម ប៉ុន្តែមិនខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិតទេនោះ តើនឹងមានផលវិបាកអ្វីខ្លះ? ពួកគេនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ ហើយមិនអាចត្រូវបានបន្សុទ្ធ និងត្រូវបានសង្គ្រោះឡើយ។ តើផលវិបាកនៃការដែលពួកគេមិនត្រូវបានសង្គ្រោះគឺជាអ្វី? ពួកគេទាំងអស់គ្នាច្បាស់ជាស្លាប់នៅក្នុងមហន្តរាយ។ តើនេះជាពេលដែលត្រូវសោយសុខនឹងការសប្បាយខាងសាច់ឈាមឬ? ទេ។ អ្នកណាក៏ដោយដែលមិនទទួលបានសេចក្ដីពិត គឺត្រូវតែស្លាប់។ ហេតុដូច្នេះហើយ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែលឱ្យមនុស្សបោះបង់ចោលផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេដើម្បីដេញតាមសេចក្ដីពិត គឺដើម្បីប្រយោជន៍របស់មនុស្ស ដើម្បីប្រយោជន៍ជីវិតរបស់ពួកគេ និងដើម្បីប្រយោជន៍នៃសេចក្ដីសង្គ្រោះរបស់ពួកគេ។ នៅពេលដែលមនុស្សទទួលបានសេចក្ដីពិត និងត្រូវបានសង្គ្រោះ សេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់នឹងមកដល់នៅពេលណាមួយមិនខាន។ ព្រះពរដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺធំធេងជាងការសប្បាយខាងសាច់ឈាមដែលមនុស្សស្រមៃគិត រាប់រយឬរាប់ពាន់ដងឯណោះ។ ម្ដេចបានជាមនុស្សមើលមិនឃើញពីរបស់ទាំងនេះ? តើមនុស្សទាំងអស់សុទ្ធតែខ្វាក់ភ្នែកចំពោះរបស់ទាំងនេះឬ? ចុះហេតុអ្វីបានជាព្រះជាម្ចាស់តែងតែតម្រូវឱ្យមនុស្សទុកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេចោលមួយឡែក ហើយការពារផលប្រយោជន៍របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់? តើនរណាអាចពន្យល់រឿងនេះបាន? (ព្រះជាម្ចាស់តម្រូវឱ្យមនុស្សបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសារតែមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយផលប្រយោជន៍របស់ពួកគេមិនស្របតាមសេចក្ដីពិតឡើយ។ ក្នុងការតម្រូវឱ្យមនុស្សការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់កំពុងបង្រៀនមនុស្សពីរបៀបប្រព្រឹត្តខ្លួន។ វាក៏ដោយសារតែគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីសង្គ្រោះមនុស្ស ហើយប្រសិនបើនរណាម្នាក់មិនដឹងពីរបៀបការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ គេមិនស័ក្ដិសមនឹងត្រូវបានហៅថាជាមនុស្សឡើយ។) មានចំណុចជាក់ស្ដែងមួយចំនួននៅក្នុងអ្វីដែលអ្នកនិយាយ។ (ខ្ញុំចង់បន្ថែមរឿងមួយ។ ខ្ញុំធ្លាប់ងប់ងល់នឹងកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានអំណោយទានខ្លះ ហើយគួរតែត្រូវបានដំឡើងឋានៈជាអ្នកមើលការខុសត្រូវ។ ក៏ប៉ុន្តែ រាល់ពេលដែលមានការបោះឆ្នោត ខ្ញុំតែងតែធ្លាក់ ហើយនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានរអ៊ូរទាំអំពីព្រះជាម្ចាស់ថា ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានបំណងប្រាថ្នាដ៏តូចមួយនេះដល់ខ្ញុំ? ក្រោយមក បន្ទាប់ពីបានឆ្លងកាត់ភាពបរាជ័យមួយចំនួន ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងពីខ្លួនឯង ហើយបានទទួលស្គាល់ថា ខ្ញុំឧស្សាហ៍ពាក់ព័ន្ធនឹងការច្រណែន និងការឈ្លោះប្រកែកគ្នា ដោយសារតែការដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ខ្ញុំ ហើយមិនបានសហការដោយចុះសម្រុងជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំឡើយ។ ខ្ញុំមិនត្រឹមតែមិនមានការរីកចម្រើនណាមួយនៅក្នុងជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងបានបង្កការខាតបង់មួយចំនួនដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំបានដឹងថា ការដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនជាទស្សនៈត្រឹមត្រូវចំពោះជីវិត ឬជាគោលដៅត្រឹមត្រូវដែលត្រូវដេញតាមនោះទេ វាគឺជាទស្សនៈខុសឆ្គងដែលសាតាំងបញ្ជ្រាបចូលទៅក្នុងមនុស្ស ដើម្បីបំភាន់ពួកគេ ហើយការដេញតាមបែបនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សកុំឱ្យដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ មិនមែនដោយសារតែទ្រង់ចង់បង្កបញ្ហាដល់ពួកគេនោះទេ ហើយក៏មិនមែនដោយសារតែទ្រង់ចង់តឹងតែងដាក់ពួកគេនោះដែរ ប៉ុន្តែដោយសារតែនេះគឺជាផ្លូវដ៏គ្រោះថ្នាក់ខ្លាំងណាស់ ហើយការដេញតាមបែបនេះ នៅទីបំផុតអាចត្រឹមតែនាំឱ្យមនុស្សម្នាក់នៅទីបំផុតត្រូវត្រឡប់មកដៃទទេវិញប៉ុណ្ណោះ។) តាមរយៈពាក្យថា «ត្រឡប់មកដៃទទេវិញ» និង «មានគ្រោះថ្នាក់ខ្លាំងណាស់» តើអ្នករាល់គ្នាគិតថា គ្រោះថ្នាក់ដែលគាត់និយាយនោះគឺជាអ្វី? តើវាពិតជាគ្រាន់តែជារឿងនៃការត្រឡប់មកដៃទទេវិញ ហើយគ្មានអ្វីក្រៅពីនេះមែនឬ? តើនេះជាផ្លូវប្រភេទអ្វី? (ផ្លូវឆ្ពោះទៅរកសេចក្ដីហិនវិនាស។) ការដេញតាមនេះ គឺជាផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ វាមិនមែនជាការដេញតាមសេចក្ដីពិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការដេញតាមឋានៈ និងកិត្យានុភាព។ វាគឺជាការដើរលើ ផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថាអ្នកគិតថាបំណងប្រាថ្នា និងសេចក្ដីប្រាថ្នារបស់អ្នកសមហេតុផលយ៉ាងណាក៏ដោយ ក៏អ្វីដែលព្រះជាម្ចាស់ចង់បានមិនមែនជារឿងនេះទេ វាមិនមែនជាការដេញតាមប្រភេទនេះឡើយ។ ព្រះជាម្ចាស់មិនចង់ឱ្យអ្នកដេញតាមរបៀបនេះទេ។ ប្រសិនបើអ្នកទទូចប្រកាន់ខ្ជាប់នូទិសដៅផ្ទាល់ខ្លួនរបស់អ្នក នោះលទ្ធផលចុងក្រោយរបស់អ្នក នឹងមិនត្រឹមតែធ្វើឱ្យអ្នកត្រឡប់មកដៃទទេវិញប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងឈានជើងចូលទៅក្នុងផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតផង។ តើមានគ្រោះថ្នាក់អ្វីនៅក្នុងរឿងនេះ? អ្នកនឹងទាស់ទទឹងនឹងព្រះជាម្ចាស់ ស្រែកតវ៉ានឹងទ្រង់ ហើយប្រឆាំងនឹងទ្រង់ ព្រមទាំងឈរនៅខាងផ្ទុយពីទ្រង់ ហើយលទ្ធផលគឺសេចក្ដីហិនវិនាស។ តើមានអ្វីត្រូវបន្ថែមទៀតទេ? (ឱព្រះជាម្ចាស់ ទូលបង្គំចង់បន្ថែមរឿងមួយ។ អម្បាញ់មិញ ព្រះជាម្ចាស់បានមានព្រះបន្ទូលសួរថា ហេតុអ្វីបានជាព្រះជាម្ចាស់មិនចង់ឱ្យមនុស្សការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ តែបែរជាឱ្យការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទៅវិញ? តាមដែលខ្ញុំយល់ ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង ហើយអ្វីៗគ្រប់យ៉ាងសុទ្ធតែមកពីព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតមកគឺសម្រាប់មនុស្ស។ អ្វីក៏ដោយដែលព្រះជាម្ចាស់ធ្វើ រួមទាំងការដែលទ្រង់ក្លាយជាសាច់ឈាមពីរដង ដើម្បីបំពេញកិច្ចការទាំងអស់នេះ និងរួមទាំងកិច្ចការទាំងអស់នៃការស្ថាបនាពួកជំនុំនៅពេលនេះ តាមពិតទៅគឺសុទ្ធតែដើម្បីប្រយោជន៍នៃការសង្គ្រោះមនុស្សទាំងអស់។ នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ចាប់ផ្ដើមរស់នៅក្នុងជីវិតពួកជំនុំ និងអាចបំពេញភារកិច្ចរបស់ខ្លួនបាន នោះពួកគេមានផ្លូវនៃសេចក្ដីសង្គ្រោះហើយ។ ហេតុដូច្នេះហើយ ការដែលព្រះជាម្ចាស់ឱ្យយើងទុកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងចោលមួយឡែក មិនមែនជាការដកហូតនោះទេ ពីព្រោះនៅទីបំផុត គឺពួកយើងខ្លួនឯងនេះហើយ ដែលទទួលបានផលប្រយោជន៍ពីការការពារផលប្រយោជន៍របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។) ពិតជាល្អណាស់។ អត្ថន័យទូទៅនៃអ្វីដែលអ្នករាល់គ្នាបានប្រកបគ្នា គឺត្រឹមត្រូវជាមូលដ្ឋានហើយ។ មនុស្សមួយចំនួននិយាយអំពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្នកផ្សេងទៀតនិយាយអំពីវាពីទស្សនៈទ្រឹស្ដី។ ជាមូលដ្ឋាន អ្វីដែលអ្នកយល់គឺស្របទៅតាមគំនិតដែលថា ផលប្រយោជន៍របស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ហើយផលប្រយោជន៍របស់មនុស្សគឺមិនត្រឹមត្រូវឡើយ។ មានតែផលប្រយោជន៍របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចហៅថាជាផលប្រយោជន៍បាន ចំណែកឯផលប្រយោជន៍របស់មនុស្សវិញ មិនគួរមានឡើយ។ ជាពិសេស «ផលប្រយោជន៍របស់មនុស្ស» ឃ្លានេះ ពាក្យសម្ដីនេះ ការពិតនេះ មិនមែនជារឿងដែលមនុស្សគួរតែទទួលបានឡើយ។ ផលប្រយោជន៍របស់ព្រះជាម្ចាស់គឺសំខាន់ជាងអ្វីៗទាំងអស់ ហើយគួរតែត្រូវបានការពារ។ នេះគឺជាអ្វីដែលអ្នកយល់ជាមូលដ្ឋាន។ ពោលគឺ មនុស្សគួរតែមានទំនួលខុសត្រូវក្នុងការការពារផលប្រយោជន៍របស់ព្រះជាម្ចាស់ ហើយគួរតែចាត់ទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ ចំណែកឯផលប្រយោជន៍របស់មនុស្សវិញ គួរតែត្រូវបានចាត់ទុកដោយការមើលងាយ និងត្រូវដកហូតចេញ ពីព្រោះផលប្រយោជន៍របស់មនុស្សមិនសូវជារុងរឿងនោះទេ។ ពីទស្សនៈរបស់មនុស្ស ដោយសារតែឬសគល់ មនុស្សមាននិស្ស័យពុករលួយ ហើយនៅខាងក្នុង ពួកគេត្រូវបានលាយឡំដោយនិស្ស័យពុករលួយ នោះរាល់ផលប្រយោជន៍ទាំងអស់របស់មនុស្ស មិនថាអ្នកមើលវាតាមរបៀបណាក៏ដោយ ហើយមិនថាវាអាចដឹងបាន ឬមិនអាចដឹងបាននោះទេ សុទ្ធតែស្ថិតនៅក្នុងប្រភេទនៃភាពមិនត្រឹមត្រូវទាំងអស់។ ហេតុដូច្នេះហើយ មិនថាមនុស្សអាចទុកវាចោលមួយឡែក ឬមិនអាចនោះទេ ក៏ពួកគេបានដឹងខ្លួនឯងរួចទៅហើយថា ផលប្រយោជន៍របស់មនុស្សគួរតែត្រូវបានទុកចោលមួយឡែក ហើយថា ផលប្រយោជន៍របស់ព្រះជាម្ចាស់ទេតើ ដែលគួរតែត្រូវបានតស៊ូដើម្បី និងការពារ។ មានការឯកភាពគ្នាលើចំណុចនេះ។ ឥឡូវនេះ ដោយសារយើងបានឈានដល់ការឯកភាពគ្នាហើយ ចូរយើងប្រកបគ្នាអំពីអ្វីទៅជាផលប្រយោជន៍របស់ព្រះជាម្ចាស់ឱ្យប្រាកដ។
តើអ្វីទៅជាផលប្រយោជន៍របស់ព្រះជាម្ចាស់ឱ្យប្រាកដ? តើផលប្រយោជន៍របស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ អាចចាត់ទុកថាស្មើគ្នាទាំងអស់បានដែរឬទេ? គេអាចនិយាយបានថា «ព្រះជាម្ចាស់» គឺជាគោរមងារមួយ ហើយក៏ជាពាក្យមានន័យដូចសម្រាប់សារជាតិរបស់ព្រះជាម្ចាស់ផងដែរ។ ចុះចំណែក «ដំណាក់របស់ព្រះជាម្ចាស់» និង «ពួកជំនុំ» វិញ? ដំណាក់របស់ព្រះជាម្ចាស់មានវិសាលភាពទូលំទូលាយជាង ចំណែកឯពួកជំនុំវិញគឺមានភាពជាក់លាក់ជាង។ តើផលប្រយោជន៍របស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ អាចចាត់ទុកថាស្មើគ្នាបានដែរឬទេ? (អត់ទេ មិនអាចចាត់ទុកថាស្មើគ្នាបានទេ។) មនុស្សមួយចំនួននិយាយថា មិនអាចទេ ប៉ុន្តែតាមពិតទៅ តើអាចដែរឬទេ? តើបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ បញ្ញត្តិរដ្ឋបាលរបស់ពួកជំនុំ និងបញ្ញត្តិរដ្ឋបាលដែលប្រកាសដោយព្រះជាម្ចាស់ ជារឿងតែមួយដែរឬទេ? (មែនហើយ។) ពួកវាជារឿងដូចគ្នា។ បើនិយាយពីទស្សនៈនេះ ផលប្រយោជន៍នៃរឿងទាំងបីនេះ អាចចាត់ទុកថាស្មើគ្នាបាន។ ដំណាក់របស់ព្រះជាម្ចាស់កើតមានឡើងបាន លុះត្រាតែមានព្រះជាម្ចាស់ និងរាស្ត្ររើសតាំងរបស់ទ្រង់ ហើយពួកជំនុំកើតមានឡើងបាន លុះត្រាតែមានរាស្ត្ររើសតាំងនៃដំណាក់របស់ព្រះជាម្ចាស់ទាំងនេះប៉ុណ្ណោះ។ ពួកជំនុំគឺជា «អង្គភាពចំណុះ» ដ៏ជាក់លាក់មួយនៃដំណាក់របស់ព្រះជាម្ចាស់។ ដំណាក់របស់ព្រះជាម្ចាស់គឺជាពាក្យទូលំទូលាយជាង ចំណែកឯពួកជំនុំវិញគឺមានភាពជាក់លាក់ជាង។ តើផលប្រយោជន៍របស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ អាចចាត់ទុកថាស្មើគ្នាបានដែរឬទេ? តើអ្នករាល់គ្នាគិតថា ពួកវាគួរតែត្រូវបានចាត់ទុកថាស្មើគ្នាដែរឬទេ? អ្នកមិនដឹងទេឬ? អ៊ីចឹង ចូរយើងសាកល្បងចាត់ទុកវាថាស្មើគ្នាសិន ដើម្បីយកមកវិភាគ។ ឧទាហរណ៍៖ សិរីល្អរបស់ព្រះជាម្ចាស់ គឺជាផលប្រយោជន៍របស់ព្រះជាម្ចាស់។ តើអាចនិយាយបានដែរឬទេថា វាគឺជាសិរីល្អនៃដំណាក់របស់ព្រះជាម្ចាស់? (មិនបានទេ។) នោះគឺមិនបានទេ។ ដំណាក់របស់ព្រះជាម្ចាស់គឺជាឈ្មោះ វាមិនតំណាងឱ្យសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ តើអាចនិយាយបានដែរឬទេថា សិរីល្អរបស់ព្រះជាម្ចាស់គឺជាសិរីល្អរបស់ពួកជំនុំ? ច្បាស់ណាស់ បែបនោះក៏មិនបានដែរ។ សិរីល្អរបស់ពួកជំនុំ គឺជាសិរីល្អរបស់បងប្អូនប្រុសស្រីទាំងអស់។ ការចាត់ទុកវាថាស្មើនឹងសិរីល្អរបស់ព្រះជាម្ចាស់ គឺជារឿងហួសហេតុពេកហើយ។ មនុស្សមិនអាចរ៉ាប់រងសិរីល្អនេះបានឡើយ ហើយដំណាក់របស់ព្រះជាម្ចាស់ ឬពួកជំនុំក៏មិនអាចរ៉ាប់រងបានដែរ។ បើនិយាយពីទស្សនៈនេះ តើផលប្រយោជន៍របស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ អាចចាត់ទុកថាស្មើគ្នាបានដែរឬទេ? (អត់ទេ មិនអាចទេ។) គឺអត់ទេ វាមិនអាចទេ។ ពីទស្សនៈមួយទៀត តើផ្នែកខ្លះនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើ ផ្នែកខ្លះនៃកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ និងផ្នែកខ្លះនៃកិច្ចការរបស់ពួកជំនុំ អាចចាត់ទុកថាស្មើគ្នាបានដែរឬទេ? ឧទាហរណ៍៖ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សឱ្យផ្សាយដំណឹងល្អ និងផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយវាក៏ជាអ្វីដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់មនុស្សផងដែរ។ នៅពេលដែលការផ្ទុកផ្ដាក់នេះត្រូវបានប្រគល់ឱ្យដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការនេះអាចចាត់ទុកថាស្មើនឹងកិច្ចការដែលព្រះជាម្ចាស់គ្រោងនឹងធ្វើដែរឬទេ? អ្វីដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ ក៏ជាផ្នែកមួយនៃកិច្ចការរបស់ទ្រង់ផងដែរ ហើយផ្នែកដ៏ជាក់លាក់នេះ អាចចាត់ទុកថាស្មើនឹងកិច្ចការដែលព្រះជាម្ចាស់គ្រោងនឹងធ្វើ។ បន្ទាប់មក នៅពេលដែលការផ្ទុកផ្ដាក់នេះត្រូវបានប្រគល់ឱ្យពួកជំនុំ តើវាអាចចាត់ទុកថាស្មើនឹងកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ? (អាចបាន។) មែនហើយ គឺអាចបាន។ ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ទាំងពីរនេះ ពាក់ព័ន្ធនឹងរឿងនៃសារជាតិរបស់ព្រះជាម្ចាស់ ដែលក្នុងករណីនេះ ព្រះជាម្ចាស់ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ មិនអាចចាត់ទុកថាស្មើគ្នាបានឡើយ។ ចំណែកឧទាហរណ៍មួយទៀត ពាក់ព័ន្ធនឹងកិច្ចការដែលព្រះជាម្ចាស់ធ្វើ ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយជាពិសេសគឺសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សគ្រប់រូប។ រឿងទាំងនេះអាចចាត់ទុកថាស្មើគ្នាបាន។ នៅពេលនិយាយដល់រឿងដែលពាក់ព័ន្ធនឹងសិរីល្អរបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និងទីបន្ទាល់របស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ អាចចាត់ទុកថាស្មើគ្នាបានដែរឬទេ? (មិនអាចទេ។) ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ មិនអាចមានទីបន្ទាល់ និងសិរីល្អនេះបានឡើយ ហើយមិនអាចចាត់ទុកថាស្មើនឹងព្រះជាម្ចាស់បានទេ ប៉ុន្តែនៅពេលដែលវាជារឿងនៃកិច្ចការជាក់លាក់ណាមួយ ឬការផ្ទុកផ្ដាក់ណាមួយ ពួកវាអាចចាត់ទុកថាស្មើគ្នាបាន។ ពីមុន យើងបានប្រកបគ្នាអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ដែលយើងបាននិយាយយ៉ាងច្រើនក្រៃលែងអំពីរឿងនេះ។ ថ្ងៃនេះ យើងនឹងផ្ដោតលើការប្រកបគ្នាអំពីអ្វីទៅជាផលប្រយោជន៍របស់ព្រះជាម្ចាស់ឱ្យប្រាកដ ហើយតើអ្វីទៅជារឿងដែលមនុស្សមិនធ្លាប់ដឹង ដែលមនុស្សមិនធ្លាប់គិតដល់ ហើយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះជាម្ចាស់ ព្រមទាំងរាប់ថាជាផលប្រយោជន៍របស់ព្រះជាម្ចាស់នោះ។ មិនថាវាជានាមសព្ទ ជាពាក្យសម្ដី ឬជារឿងដែលទាក់ទងនឹងសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់នោះទេ តើរឿងអ្វីខ្លះជាផលប្រយោជន៍របស់ព្រះជាម្ចាស់? (សិរីល្អរបស់ព្រះជាម្ចាស់។) សិរីល្អរបស់ព្រះជាម្ចាស់ប្រាកដជាមែនហើយ គឺទីបន្ទាល់ដែលព្រះជាម្ចាស់ទទួលបានពីមនុស្ស។ តើមានអ្វីផ្សេងទៀតទេ? កិច្ចការរបស់ព្រះជាម្ចាស់ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ព្រះនាមរបស់ព្រះជាម្ចាស់ ទីបន្ទាល់របស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនេះសុទ្ធតែជាផលប្រយោជន៍របស់ទ្រង់។ ចំពោះព្រះជាម្ចាស់ តើអ្វីជារឿងដ៏មានតម្លៃបំផុតដែលទ្រង់សព្វព្រះហឫទ័យចង់ការពារ? តើវាជាព្រះនាមរបស់ព្រះជាម្ចាស់ សិរីល្អរបស់ព្រះជាម្ចាស់ ទីបន្ទាល់របស់ព្រះជាម្ចាស់ ឬក៏អត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់? តើវាជាអ្វីឱ្យប្រាកដ? ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ គឺជារឿងដ៏មានតម្លៃបំផុតដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ការពារ។ ផែនការគ្រប់គ្រងរយៈពេល ៦.០០០ ឆ្នាំរបស់ព្រះជាម្ចាស់ គឺជាកិច្ចការទាំងអស់ដែលព្រះជាម្ចាស់គ្រោងនឹងធ្វើ ក្នុងរយៈពេល ៦.០០០ ឆ្នាំនេះ។ ចំពោះព្រះជាម្ចាស់ នេះគឺជារឿងដ៏សំខាន់បំផុត។ គេអាចនិយាយបានថា នេះគួរតែជាផលប្រយោជន៍របស់ព្រះជាម្ចាស់ ដែលអាចមើលឃើញនៅក្នុងក្រសែភ្នែករបស់មនុស្សដែលព្រះបានបង្កើត។ អ្វីដែលមនុស្សអាចយល់បានតិចឬច្រើនអំពីផលប្រយោជន៍របស់ព្រះជាម្ចាស់ និងអ្វីដែលមនុស្សគួរតែយល់ ជាមូលដ្ឋានគឺអាចបញ្ឈប់ត្រឹមហ្នឹងបានហើយ។ បន្ទាប់មកទៀត ចូរយើងនិយាយអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលនិយាយដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ បន្ថែមពីលើការការពារព្រះនាមរបស់ព្រះជាម្ចាស់ សិរីល្អរបស់ព្រះជាម្ចាស់ និងទីបន្ទាល់របស់ព្រះជាម្ចាស់ តើមានអ្វីផ្សេងទៀតដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់មនុស្សជាតិ ដែលមនុស្សគួរតែការពារដែរឬទេ? (គឺផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ ការផ្ទុកផ្ដាក់ដ៏ធំធេងបំផុតរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺជាផលប្រយោជន៍ដ៏ធំធេងបំផុតនៃដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ តើផលប្រយោជន៍នេះគឺជាអ្វី? វាគឺដើម្បីឱ្យផែនការគ្រប់គ្រងរយៈពេល ៦.០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិ ហើយជាការពិតណាស់ នេះរួមបញ្ចូលទាំងទិដ្ឋភាពគ្រប់ប្រភេទទាំងអស់។ ដូច្នេះ តើវារួមបញ្ចូលអ្វីខ្លះ? វារួមបញ្ចូលការដែលពួកជំនុំត្រូវបានស្ថាបនា និងបង្កើតឡើង ហើយការដែលអ្នកដឹកនាំ និងអ្នកធ្វើការនៅគ្រប់កម្រិតទាំងអស់នៃពួកជំនុំត្រូវបានបង្កើតឡើង ដើម្បីឱ្យកិច្ចការផ្សេងៗរបស់ពួកជំនុំ និងកិច្ចការនៃការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ អាចដំណើរការទៅមុខដោយគ្មានការរារាំង។ អ្វីៗទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកជំនុំ។ ទាំងនេះគឺជារឿងដ៏សំខាន់បំផុតនៅក្នុងផលប្រយោជន៍របស់ព្រះជាម្ចាស់ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ដែលយើងឧស្សាហ៍និយាយដល់។ ដើម្បីឱ្យកិច្ចការរបស់ព្រះជាម្ចាស់បានរីកសាយភាយ ដើម្បីឱ្យផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដំណើរការទៅមុខដោយគ្មានឧបសគ្គ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចដោយគ្មានឧបសគ្គនៅក្នុងចំណោមមនុស្សជាតិ ហើយដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានផ្សព្វផ្សាយ ចែកចាយ និងផ្សាយឱ្យបានកាន់តែទូលំទូលាយនៅក្នុងចំណោមមនុស្ស ដើម្បីឱ្យមនុស្សកាន់តែច្រើនចូលមកចំពោះព្រះជាម្ចាស់ ទាំងនេះគឺជាគោលបំណង និងជាស្នូលនៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ដូចនេះ អ្វីក៏ដោយដែលពាក់ព័ន្ធនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ ច្បាស់ជាត្រូវពាក់ព័ន្ធនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនខាន។ ជាពិសេស វាគឺជារឿងដែលថា តើនៅគ្រប់យុគសម័យ និងនៅគ្រប់ដំណាក់កាល កិច្ចការរបស់ព្រះជាម្ចាស់អាចដំណើរការទៅមុខដោយគ្មានឧបសគ្គ និងអាចរីកសាយភាយបានដែរឬទេ ហើយថាតើវាត្រូវបានប្រតិបត្តិយ៉ាងរលូន និងដំណើរការទៅមុខយ៉ាងរលូននៅក្នុងចំណោមមនុស្សជាតិដែរឬទេ។ ប្រសិនបើអ្វីៗទាំងអស់នេះកំពុងដំណើរការទៅមុខជាប្រក្រតី នោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំនឹងត្រូវបានការពារ ហើយសិរីល្អរបស់ព្រះជាម្ចាស់ និងទីបន្ទាល់របស់ព្រះជាម្ចាស់នឹងត្រូវបានការពារ។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងពួកជំនុំត្រូវបានរារាំង ហើយមិនអាចដំណើរការទៅមុខដោយគ្មានឧបសគ្គបានទេ ហើយបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះជាម្ចាស់គ្រោងនឹងធ្វើត្រូវបានរាំងស្ទះ នោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ ប្រាកដជានឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរមិនខាន រឿងទាំងនេះគឺមានទំនាក់ទំនងនឹងគ្នា។ ពោលគឺ នៅពេលផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ រងការខូចខាត ឬរងការរាំងស្ទះយ៉ាងធ្ងន់ធ្ងរ នោះផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ប្រាកដជានឹងត្រូវរារាំងយ៉ាងធ្ងន់ធ្ងរមិនខាន ហើយផលប្រយោជន៍របស់ព្រះជាម្ចាស់ក៏នឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
បន្ទាប់ពីបានប្រកបគ្នាអំពីអ្វីទៅជាផលប្រយោជន៍របស់ព្រះជាម្ចាស់រួចហើយ បន្ទាប់មកទៀត ចូរយើងនិយាយអំពីអ្វីទៅជាផលប្រយោជន៍របស់មនុស្សវិញម្ដង។ អម្បាញ់មិញ យើងទើបតែបាននិយាយបន្តិចបន្តួចអំពីផលប្រយោជន៍របស់មនុស្ស ឥឡូវនេះ ចូរយើងនិយាយអំពីធម្មជាតិនៃផលប្រយោជន៍របស់មនុស្ស ដោយផ្អែកលើនិយមន័យរបស់វា ហើយកំណត់លក្ខណៈដល់វា។ ហេតុអ្វីបានជាព្រះជាម្ចាស់តម្រូវឱ្យមនុស្សទុកផលប្រយោជន៍របស់ពួកគេចោលមួយឡែក? តើមនុស្សគ្មានសិទ្ធិនេះទេឬ? តើព្រះជាម្ចាស់មិនប្រទានសិទ្ធិនេះដល់មនុស្សទេឬ? តើមនុស្សមិនស័ក្ដិសមនឹងទទួលបានសិទ្ធិបែបនេះទេឬ? តើវាមិនមែនដូច្នេះទេឬ? បើមើលពីទិដ្ឋភាពមួយចំនួននៃផលប្រយោជន៍របស់មនុស្ស ដែលយើងទើបតែបាននិយាយអម្បាញ់មិញ តើមនុស្សដេញតាមផលប្រយោជន៍ដើម្បីអ្វី? (ដើម្បីខ្លួនឯង។) «ដើម្បីខ្លួនឯង» គឺជាការនិយាយជារួម។ តើខ្លួនឯងគឺជានរណា? (គឺពួកសាតាំង។) ប្រសិនបើមនុស្សយល់សេចក្ដីពិត និងអាចរស់នៅតាមសេចក្ដីពិត ហើយពួកគេសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ និងត្រូវបានសង្គ្រោះ ហើយពួកគេដេញតាមអ្វីដែលពួកគេចង់បាន តើការដេញតាមនេះនឹងមិនចុះសម្រុងជាមួយព្រះជាម្ចាស់ទេឬ? ប៉ុន្តែមុនពេលមានការផ្លាស់ប្ដូរ និងត្រូវបានសង្គ្រោះ រឿងតែមួយគត់ដែលមនុស្សដេញតាម គឺកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងទិដ្ឋភាពរាប់មិនអស់ដែលទាក់ទងនឹងសាច់ឈាម។ រឿងទាំងនេះគឺប្រទូសរ៉ាយ និងផ្ទុយស្រឡះពីសេចក្ដីពិតទាំងស្រុង វាគឺជាការបំពានលើសេចក្ដីពិតយ៉ាងពិតប្រាកដ ហើយពួកវាគឺផ្ទុយស្រឡះពីសេចក្ដីពិតតែម្ដង។ ប្រសិនបើនរណាម្នាក់និយាយថា គេស្រឡាញ់សេចក្ដីពិត ហើយថាគេដេញតាមសេចក្ដីពិត ប៉ុន្តែតាមសារជាតិ គោលដៅដែលគេដេញតាម គឺដើម្បីធ្វើឱ្យខ្លួនឯងលេចធ្លោ ដើម្បីអួតសម្ញែង ដើម្បីធ្វើឱ្យមនុស្សវាយតម្លៃខ្ពស់ចំពោះគេ ដើម្បីសម្រេចបាននូវផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការបំពេញភារកិច្ចរបស់គេ មិនមែនដើម្បីចុះចូល ឬបំពេញព្រះហឫទ័យព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញ គឺដើម្បីសម្រេចបានកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ នោះការដេញតាមរបស់គេគឺមិនត្រឹមត្រូវឡើយ។ បើដូច្នេះមែន នៅពេលនិយាយដល់កិច្ចការរបស់ពួកជំនុំ តើសកម្មភាពរបស់ពួកគេគឺជាឧបសគ្គ ឬក៏ជួយជំរុញកិច្ចការនោះឱ្យដើរទៅមុខ? ច្បាស់ណាស់ថា សកម្មភាពទាំងនោះគឺជាឧបសគ្គ ពួកវាមិនបានជំរុញកិច្ចការនោះឱ្យដើរទៅមុខឡើយ។ មនុស្សមួយចំនួនជ្រកក្រោមស្លាកធ្វើកិច្ចការរបស់ពួកជំនុំ តែបែរជាដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួន ពាក់ព័ន្ធក្នុងរឿងផ្ទាល់ខ្លួន បង្កើតក្រុមតូចតាចផ្ទាល់ខ្លួន និងនគរតូចតាចផ្ទាល់ខ្លួនទៅវិញ តើមនុស្សប្រភេទនេះកំពុងបំពេញភារកិច្ចរបស់ពួកគេដែរឬទេ? រាល់កិច្ចការទាំងអស់ដែលពួកគេធ្វើ តាមសារជាតិ គឺបង្អាក់ រំខាន និងធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ តើផលវិបាកនៃការដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេគឺជាអ្វី? ទីមួយ ការណ៍នេះប៉ះពាល់ដល់របៀបដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាធម្មតា និងយល់សេចក្ដីពិត វាបង្អាក់ដល់ការចូលរួមក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ បញ្ឈប់ពួកគេមិនឱ្យចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ ហើយនាំពួកគេទៅលើមាគ៌ាខុសឆ្គង ដែលបង្កគ្រោះថ្នាក់ដល់រាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ ហើយនាំពួកគេទៅរកសេចក្ដីវិនាស។ ហើយនៅទីបំផុត តើវាធ្វើអ្វីខ្លះដល់កិច្ចការរបស់ពួកជំនុំ? វាគឺជាការរំខាន ការធ្វើឱ្យខូចខាត និងការរុះរើ។ នេះគឺជាផលវិបាកដែលបណ្ដាលមកពីការដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់មនុស្ស។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេតាមរបៀបនេះ តើការប្រព្រឹត្តបែបនេះមិនមែនជាការដើរនៅលើមាគ៌ារបស់ពួកអាទទឹងនឹងព្រះគ្រីស្ទទេឬ? នៅពេលដែលព្រះជាម្ចាស់ឱ្យមនុស្សបោះបង់កេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ វាមិនមែនថាទ្រង់កំពុងដកសិទ្ធិរបស់មនុស្សក្នុងការជ្រើសរើសដោយសេរីនោះទេ ផ្ទុយទៅវិញ គឺដោយសារតែនៅពេលដែលកំពុងដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ មនុស្សរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយថែមទាំងអាចមានឥទ្ធិពលលើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់មនុស្សកាន់តែច្រើន យល់ពីសេចក្ដីពិត ហើយសម្រេចបាននូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ នៅពេលដែលមនុស្សដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ វាប្រាកដណាស់ថាពួកគេនឹងមិនដេញតាមសេចក្ដីពិតឡើយ ហើយថាពួកគេនឹងមិនបំពេញភារកិច្ចរបស់ពួកគេដោយស្មោះស្ម័គ្រនោះទេ។ ពួកគេនឹងនិយាយ និងប្រព្រឹត្តតែដើម្បីប្រយោជន៍នៃកិត្តិនាម ផលប្រយោជន៍ និងឋានៈប៉ុណ្ណោះ ហើយគ្រប់កិច្ចការទាំងអស់ដែលពួកគេធ្វើ ដោយគ្មានការលើកលែងសូម្បីតែបន្តិច គឺដើម្បីប្រយោជន៍នៃរបស់ទាំងនោះ។ ការប្រព្រឹត្ត និងធ្វើតាមរបៀបបែបនេះ គឺពិតជាការដើរនៅលើមាគ៌ារបស់ពួកអាទទឹងនឹងព្រះគ្រីស្ទដោយគ្មានការសង្ស័យ វាគឺជាការបង្អាក់ និងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយផលវិបាកផ្សេងៗទាំងអស់របស់វា គឺរារាំងដល់ការផ្សព្វផ្សាយដំណឹងល្អអំពីនគរព្រះ និងការអនុវត្តព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំ។ ដូច្នេះ គេអាចនិយាយបានដោយប្រាកដថា អស់អ្នកដែលដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ គឺកំពុងដើរលើផ្លុវនៃការទាស់ទទឹងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេកំពុងទាស់ទទឹងនឹងទ្រង់ដោយចេតនា និងបដិសេធទ្រង់ ហើយសហការជាមួយសាតាំងក្នុងការទាស់ទទឹងនឹងព្រះជាម្ចាស់ និងឈរនៅខាងផ្ទុយពីទ្រង់។ នេះគឺជាធម្មជាតិនៃការដេញតាមកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់មនុស្ស។ កំហុសនៅក្នុងការដែលមនុស្សដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេគឺថា គោលដៅដែលពួកគេដេញតាម គឺជាគោលដៅបែបសាតាំង ហើយពួកវាគឺជាគោលដៅដ៏ទុច្ចរិត និងអយុត្តិធម៌។ នៅពេលដែលមនុស្សដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ពួកគេក្លាយជាឧបករណ៍របស់សាតាំង ជាមធ្យោបាយបញ្ចេញសកម្មភាពសម្រាប់សាតាំង និងលើសពីនេះទៅទៀតនោះ គឺជាតួអង្គរបស់សាតាំងដោយមិនដឹងខ្លួន។ ពួកគេដើរតួនាទីអវិជ្ជមាននៅក្នុងពួកជំនុំ ចំពោះកិច្ចការរបស់ពួកជំនុំ និងចំពោះជីវិតពួកជំនុំធម្មតា និងការដេញតាមធម្មតារបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឥទ្ធិពលដែលពួកគេមាន គឺការរំខាននិងការបំផ្លាញ ដែលជាឥទ្ធិពលទាំងអវិជ្ជមាន និងប្រឆាំង។ នៅពេលដែលនរណាម្នាក់ដេញតាមសេចក្ដីពិត គេអាចមានការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងបន្ទុករបស់ទ្រង់។ នៅពេលដែលគេបំពេញភារកិច្ចរបស់ខ្លួន គេលើកស្ទួយកិច្ចការរបស់ពួកជំនុំនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ហើយពួកគេអាចលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ការណ៍នេះនាំមកនូវផលប្រយោជន៍ដល់បងប្អូនប្រុសស្រី ធ្វើឱ្យពួកគេទទួលបានការគាំទ្រ និងការផ្គត់ផ្គង់ ព្រមទាំងធ្វើឱ្យព្រះជាម្ចាស់ទទួលបានសិរីល្អ និងទីបន្ទាល់។ ការណ៍នេះនាំភាពអាម៉ាស់ដល់សាតាំង។ ជាលទ្ធផលនៃការដេញតាមរបស់គេ ព្រះជាម្ចាស់ឈ្នះបានភាវៈដែលព្រះបានបង្កើតម្នាក់ ដែលពិតជាមានសមត្ថភាពកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់បាន។ ជាលទ្ធផលនៃការដេញតាមរបស់គេផងដែរ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានប្រតិបត្តិ ហើយកិច្ចការរបស់ព្រះជាម្ចាស់អាចដំណើរការទៅមុខបាន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ការដេញតាមបែបនេះគឺវិជ្ជមាន វាពោរពេញទៅដោយពន្លឺ។ ការដេញតាមបែបនេះ គឺមានផលប្រយោជន៍យ៉ាងធំធេងដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយមានផលប្រយោជន៍ទាំងស្រុងដល់កិច្ចការរបស់ពួកជំនុំ ដោយជួយជំរុញរឿងរ៉ាវឱ្យដើរទៅមុខ ហើយវាត្រូវបានព្រះជាម្ចាស់សព្វព្រះហឫទ័យ។
បន្ទាប់មកទៀត យើងនឹងប្រកបគ្នាអំពីផលប្រយោជន៍របស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ពួកជំនុំ។ ពេលនេះ យើងកុំទាន់និយាយអំពីថា តើអាចមានចំណុចរួមរវាងផលប្រយោជន៍ទាំងបីនេះឬយ៉ាងណា ពោលគឺ នៅពេលនិយាយអំពីផលប្រយោជន៍មួយ តើវាអាចចាត់ទុកថាស្មើនឹងផលប្រយោជន៍ផ្សេងទៀតដែរឬទេ។ យើងសូមនិយាយអំពីផលប្រយោជន៍របស់ព្រះជាម្ចាស់ជាមុនសិន។ ខ្ញុំទើបតែបានលើកឡើងថា ផលប្រយោជន៍របស់ព្រះជាម្ចាស់រួមមាន សិរីល្អរបស់ព្រះជាម្ចាស់ ទីបន្ទាល់របស់ព្រះជាម្ចាស់ ព្រះនាមរបស់ព្រះជាម្ចាស់ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងការផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ ដែលជារឿងធំបំផុត និងសំខាន់បំផុតសម្រាប់ព្រះជាម្ចាស់។ សម្រាប់ពេលនេះ ចូរយើងកុំទាន់លើកឡើងអំពីសិរីល្អរបស់ព្រះជាម្ចាស់ ព្រះនាមរបស់ព្រះជាម្ចាស់ និងទីបន្ទាល់របស់ព្រះជាម្ចាស់អី ដែលជារឿងនៅឆ្ងាយពីមនុស្សខ្លាំងណាស់។ យើងសូមនិយាយអំពីកិច្ចការរបស់ព្រះជាម្ចាស់ជាមុនសិន។ តើព្រះជាម្ចាស់ពិតជាកំពុងបំពេញកិច្ចការអ្វី? តើខ្លឹមសារនៃកិច្ចការរបស់ព្រះជាម្ចាស់គឺជាអ្វី? តើលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់គឺជាអ្វី? តើកិច្ចការរបស់ព្រះជាម្ចាស់នាំអ្វីខ្លះមកកាន់មនុស្សជាតិ? តើវាមានឥទ្ធិពលអ្វីខ្លះមកលើមនុស្សជាតិឱ្យប្រាកដទៅ? យើងសូមនិយាយអំពីរឿងទាំងនេះជាមុនសិន។ ដូច្នេះ តើកិច្ចការរបស់ព្រះជាម្ចាស់គឺជាអ្វីឱ្យប្រាកដទៅ? (គឺការសង្គ្រោះមនុស្សជាតិ។) ប្រធានបទនេះមិនអាចផ្លាស់ប្ដូរបានទេ គោលបំណងនៃកិច្ចការនេះក៏មិនអាចផ្លាស់ប្ដូរបានដែរ ពោលគឺ ដើម្បីសង្គ្រោះមនុស្សជាតិ ដែលស្ថិតនៅក្រោមអំណាចរបស់សាតាំង និងត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ កិច្ចការនេះគឺដើម្បីសង្គ្រោះមនុស្សមួយក្រុមដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយរហូតដល់បាត់បង់ទម្រង់ជាមនុស្សទាំងស្រុង ជាមនុស្សមួយក្រុមដែលពោរពេញដោយនិស្ស័យពុករលួយរបស់សាតាំង និងពោរពេញដោយនិស្ស័យដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដើម្បីឱ្យពួកគេផ្លាស់ប្ដូរ ធ្វើឱ្យពួកគេមានលក្ខណៈជាមនុស្ស និងដើម្បីឱ្យពួកគេយល់សេចក្ដីពិត ព្រមទាំងយល់ និងដឹងថាតើអ្វីទៅជាយុត្តិធម៌ និងអ្វីទៅជាអយុត្តិធម៌ អ្វីទៅជាអ្វីៗដែលវិជ្ជមាន និងអ្វីទៅជាអ្វីៗដែលអវិជ្ជមាន ហើយថាតើមនុស្សគួររស់នៅរបៀបណាដើម្បីសម្ដែងចេញនូវលក្ខណៈជាមនុស្សពិតប្រាកដ ហើយថាតើពួកគេគួរឈរនៅទីតាំងណា ដើម្បីឱ្យពួកគេស្ថិតក្នុងទីតាំងដែលព្រះជាម្ចាស់បានកំណត់ទុកជាមុនសម្រាប់ឱ្យមនុស្សឈរ។ ទាំងនេះគឺជាខ្លឹមសារជាមូលដ្ឋាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាសុទ្ធតែដឹងពីរឿងទាំងនេះក្នុងកម្រិតទ្រឹស្ដី។ ប្រសិនបើអ្នករាល់គ្នាពិតជាយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែន អ្នករាល់គ្នាគួរតែដឹងថាតើព្រះជាម្ចាស់ជំនុំជម្រះមនុស្សដើម្បីថ្កោលទោស និងបំផ្លាញពួកគេ ឬក៏ដើម្បីបន្សុទ្ធ និងប្រោសឱ្យពួកគេគ្រប់លក្ខណ៍ ហើយថាតើព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលមនុស្សដើម្បីរុញច្រានពួកគេទៅក្នុងរណ្ដៅភ្លើង ឬក៏ដើម្បីសង្គ្រោះ និងនាំពួកគេចូលទៅក្នុងពន្លឺ។ យើងទាំងអស់គ្នាសុទ្ធតែអាចមើលឃើញថា ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន លាតត្រដាងពីសភាពពុករលួយផ្សេងៗរបស់មនុស្ស កែតម្រូវសេចក្ដីវៀចវេរនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ និងសញ្ញាណរបស់ពួកគេអំពីសេចក្ដីជំនឿ ព្រមទាំងដឹកនាំមនុស្សឱ្យយល់សេចក្ដីពិត និងរស់នៅដោយពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសម្ដែងចេញនូវលក្ខណៈជាមនុស្សលោកពិតប្រាកដ ហើយថាលទ្ធផលមួយចំនួនត្រូវសម្រេចបានរួចហើយនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់លាតត្រដាងពីនិស្ស័យក្រអឺតក្រទមរបស់មនុស្ស និងរារាំងពួកគេមិនឱ្យក្លាយជាមនុស្សអស្ចារ្យហួសវិស័យ ឬមនុស្សអស្ចារ្យ ដោយអនុញ្ញាតឱ្យពួកគេក្លាយជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដ និងជាមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ។ ព្រះជាម្ចាស់លាតត្រដាងពីសារជាតិពុតត្បុតរបស់ពួកផារិស៊ី ដោយអនុញ្ញាតឱ្យមនុស្សមើលឃើញមុខមាត់ពុតត្បុតរបស់ពួកផារិស៊ី និងនាំមនុស្សចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់លាតត្រដាងពីភាពមិនសមហេតុផលនៃវប្បធម៌ប្រពៃណី និងច្រវាក់ដែលវាដាក់លើមនុស្ស ព្រមទាំងគ្រោះថ្នាក់ដែលវាបង្កមកលើពួកគេ ដើម្បីឱ្យមនុស្សអាចផ្ដាច់ខ្លួនចេញពីច្រវាក់នៃវប្បធម៌ប្រពៃណី ហើយអាចទទួលយកសេចក្ដីពិត និងរស់នៅដោយពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន...។ ទាំងអស់នេះអាចសង្ខេបបានដូចតទៅ៖ កិច្ចការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺដើម្បីនាំមនុស្សពីចរន្តនៃលោកីយ៍ដ៏អាក្រក់ត្រឡប់មកកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ រួចហើយបង្រៀនពួកគេយ៉ាងយកចិត្តទុកដាក់ និងផ្គត់ផ្គង់សេចក្ដីពិត និងជីវិតដល់ពួកគេ ដើម្បីឱ្យពួកគេអាចយល់ និងដឹងថាតើគោលការណ៍ពិតប្រាកដនៃការប្រព្រឹត្តខ្លួនគឺជាអ្វី ហើយថាតើមនុស្សគួរប្រព្រឹត្តខ្លួនបែបណា ដើម្បីគេចផុតពីគ្រោះថ្នាក់ដែលចរន្តដ៏អាក្រក់របស់សាតាំង និងទស្សនវិជ្ជាបែបសាតាំងផ្សេងៗ ព្រមទាំងភាពពិសពុលបែបសាតាំង បង្កមកលើមនុស្ស។ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ព្រះជាម្ចាស់បានបំពេញកិច្ចការគ្រប់បែបយ៉ាង ចាប់ពីកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ដល់កិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃព្រះគុណ រហូតដល់កិច្ចការនៃការជំនុំជម្រះដែលទ្រង់កំពុងបំពេញនៅគ្រាចុងក្រោយនេះ។ ឥឡូវនេះ ដោយសារអ្នករាល់គ្នាច្បាស់អំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ហើយ តើលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងផែនការគ្រប់គ្រងរយៈពេល ៦.០០០ ឆ្នាំរបស់ទ្រង់គឺជាអ្វីឱ្យប្រាកដទៅ? តើវាគួរត្រូវបានកំណត់លក្ខណៈបែបណា? (នេះគឺជាបុព្វហេតុដ៏យុត្តិធម៌បំផុតនៅក្នុងចំណោមមនុស្សជាតិ។) ត្រឹមត្រូវហើយ។ កិច្ចការគ្រប់គ្រង និងសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ បានដំណើរការអស់រយៈពេល ៦.០០០ ឆ្នាំមកហើយ ហើយក្នុងអំឡុងពេល ៦.០០០ ឆ្នាំនេះ ព្រះជាម្ចាស់បានស៊ូទ្រាំ រង់ចាំ និងមានព្រះបន្ទូលដោយមិនចេះនឿយហត់ ដោយដឹកនាំមនុស្សជាតិរហូតមកដល់ពេលនេះ។ ព្រះជាម្ចាស់មិនបានបោះបង់ចោលឡើយ ហើយកិច្ចការដែលព្រះជាម្ចាស់បំពេញនេះ គឺជាបុព្វហេតុដ៏យុត្តិធម៌បំផុតនៅក្នុងចំណោមមនុស្សជាតិ។ បើមើលពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់ តើផលប្រយោជន៍របស់ព្រះជាម្ចាស់ គឺជាផលប្រយោជន៍ដ៏យុត្តិធម៌បំផុត និងត្រឹមត្រូវបំផុតដែរឬទេ? (មែនហើយ។) ប្រសិនបើផលប្រយោជន៍របស់ព្រះជាម្ចាស់ត្រូវបានការពារ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សជាតិ? មនុស្សជាតិអាចបន្តរស់រានមានជីវិតបានយ៉ាងល្អ សម្ដែងចេញនូវលក្ខណៈជាមនុស្ស រស់នៅក្នុងក្រឹត្យក្រមនៃរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតឡើង និងរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ ហើយហេតុនេះ មនុស្សលោកនឹងក្លាយជាម្ចាស់ពិតប្រាកដនៃរបស់សព្វសារពើ។ អ្នករាល់គ្នាគួរតែមើលឃើញថា កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នៅទីបំផុតគឺដើម្បីផលប្រយោជន៍ដ៏ធំធេងបំផុតរបស់មនុស្ស។ ដូច្នេះ តើកិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ មិនមែនជាបុព្វហេតុដ៏យុត្តិធម៌បំផុតនៅក្នុងចំណោមមនុស្សជាតិទេឬ? នេះជារឿងដែលមិនអាចប្រកែកបាន និងគ្មានការសង្ស័យឡើយ នេះគឺជាបុព្វហេតុដ៏យុត្តិធម៌បំផុត។ ហេតុដូច្នេះហើយ ប្រសិនបើនរណាម្នាក់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងហ៊ានរារាំងដល់ការផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ តើមនុស្សនេះជាមនុស្សបែបណា? នេះច្បាស់ណាស់ថាជាជនទុច្ចរិត និងជាអារក្ស។ ព្រះជាម្ចាស់គ្រាន់តែផ្គត់ផ្គង់ដល់មនុស្សជាតិប៉ុណ្ណោះ ដោយមិនទាមទារអ្វីជាការតបស្នងឡើយ។ ខណៈដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការដែលផ្ដល់ប្រយោជន៍ដ៏ធំធេងបំផុតដល់មនុស្សជាតិ និងកំពុងអនុវត្តបុព្វហេតុដ៏យុត្តិធម៌បំផុត មនុស្សមិនត្រឹមតែមិនដឹងគុណ ឬអរព្រះគុណព្រះជាម្ចាស់ និងមិនគិតចង់តបស្នងព្រះជាម្ចាស់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេបង្អាក់ រំខាន និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ហើយដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ មនុស្សបែបនេះគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ។ តើពួកគេនៅតែស័ក្ដិសមនឹងហៅថាមនុស្សទៀតឬទេ? ពួកគេពិតជាពួកអារក្ស និងពួកសាតាំងមែន! ទោះបីជាព្រះជាម្ចាស់បានធ្វើរឿងទាំងអស់នេះហើយ ក៏នៅតែមិនអាចរំជួលចិត្តមនុស្សបាន តើពួកគេនៅមានបេះដូងដែរឬទេ? អត់ទេ ពួកគេគ្មានបេះដូងទេ។ ការគ្មានបេះដូង មានន័យថាគ្មានមនសិការ។ មនុស្សបែបនេះគ្មានស្មារតីនៃមនសិការឡើយ។ នៅពេលភាពជាមនុស្សរបស់នរណាម្នាក់ខ្វះមនសិការ នោះគេលែងជាមនុស្សទៀតហើយ ប៉ុន្តែជាសត្វ ជាអារក្ស និងជាសាតាំង។ នេះគឺជារឿងច្បាស់ក្រឡែតណាស់។ ដើម្បីឱ្យមនុស្សត្រូវបានសង្គ្រោះ ព្រះជាម្ចាស់ប្ដេជ្ញាព្រះហឫទ័យលះបង់គ្រប់តម្លៃ និងបំពេញកិច្ចការដោយមិនចេះនឿយហត់។ មិនថាមនុស្សយល់ច្រឡំ ឬសង្ស័យយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់តែងតែអត់ធ្មត់ជានិច្ច និងបន្តផ្គត់ផ្គង់ដល់មនុស្ស ដោយមានព្រះបន្ទូលប្រាប់ពួកគេពីទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិតម្ដងហើយម្ដងទៀត ធ្វើឱ្យពួកគេយល់បន្តិចម្ដងៗ ធ្វើឱ្យពួកគេឆ្លុះបញ្ចាំង និងពិនិត្យពិច័យ ព្រមទាំងធ្វើឱ្យពួកគេអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជ្រួតជ្រាបពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហើយនៅពេលដែលមនុស្សឮព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ពួកគេមានការរំជួលចិត្ត និងស្រក់ទឹកភ្នែកបន្តិចបន្តួច។ ប៉ុន្តែ នៅពេលពួកគេងាកក្រោយ ពួកគេមិនត្រឹមតែមិនមានការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេនៅតែដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន និងនៅតែដេញតាមព្រះពរដដែល។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះគ្មានមនសិការ និងវិចារណញ្ញាណទេឬ? តើមនុស្សបែបនេះខ្វះខាតអ្វីជាងគេ? ពួកគេខ្វះខាតមនសិការ និងវិចារណញ្ញាណជាងគេ ពួកគេខ្វះខាតភាពជាមនុស្សជាងគេ។ ព្រះជាម្ចាស់ស៊ូទ្រាំនឹងការឈឺចាប់គ្រប់បែបយ៉ាងដោយសេចក្ដីអត់ធ្មត់បំផុត ដើម្បីបំពេញកិច្ចការ និងសង្គ្រោះមនុស្ស ប៉ុន្តែមនុស្សនៅតែយល់ច្រឡំលើព្រះជាម្ចាស់ តាំងខ្លួនប្រឆាំងនឹងទ្រង់ជានិច្ច ការពារផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ចដោយមិនខ្វល់ខ្វាយពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយតែងតែចង់រស់នៅក្នុងជីវិតដ៏ហ៊ឺហា ប៉ុន្តែមិនចង់ចូលរួមចំណែកដល់សិរីល្អរបស់ព្រះជាម្ចាស់ឡើយ នៅក្នុងរឿងទាំងអស់នេះ តើមានភាពជាមនុស្សអ្វីដែលត្រូវនិយាយដែរឬទេ? ទោះបីជាមនុស្សប្រកាសពីទីបន្ទាល់ថ្វាយព្រះជាម្ចាស់យ៉ាងខ្លាំងៗក៏ដោយ ក៏ពួកគេនិយាយនៅក្នុងចិត្តរបស់ខ្លួនថា៖ «នេះគឺជាកិច្ចការដែលខ្ញុំបានធ្វើ ដែលសម្រេចបានលទ្ធផល។ ខ្ញុំក៏បានពុះពារដែរ ខ្ញុំក៏បានលះបង់ដែរ។ ហេតុអ្វីមិនធ្វើបន្ទាល់ឱ្យខ្ញុំ?» ពួកគេតែងតែចង់មានចំណែកនៅក្នុងសិរីល្អ និងទីបន្ទាល់របស់ព្រះជាម្ចាស់។ តើមនុស្សស័ក្ដិសមនឹងរឿងទាំងនេះដែរឬទេ? ពាក្យថា «សិរីល្អ» មិនមែនជារបស់មនុស្សឡើយ។ សិរីល្អអាចមានសម្រាប់តែព្រះជាម្ចាស់ សម្រាប់តែព្រះអាទិករប៉ុណ្ណោះ ហើយគ្មានពាក់ព័ន្ធអ្វីនឹងមនុស្សលោកដែលព្រះបានបង្កើតឡើយ។ ទោះបីជាមនុស្សពុះពារ និងសហការក៏ដោយ ក៏ពួកគេនៅតែស្ថិតក្រោមការដឹកនាំនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ តើមនុស្សអាចធ្វើអ្វីបាន? ពាក្យថា «ទីបន្ទាល់» ក៏មិនមែនជារបស់មនុស្សដែរ។ មិនថាជានាម «ទីបន្ទាល់» ឬកិរិយាសព្ទ «ធ្វើបន្ទាល់» នោះទេ ពាក្យទាំងពីរនេះផ្ទាល់ គឺគ្មានពាក់ព័ន្ធអ្វីនឹងមនុស្សលោកដែលព្រះបានបង្កើតឡើយ។ មានតែព្រះអាទិករប៉ុណ្ណោះដែលស័ក្ដិសមនឹងទទួលបានការធ្វើបន្ទាល់ និងស័ក្ដិសមនឹងទីបន្ទាល់របស់មនុស្ស។ ការណ៍នេះត្រូវបានកំណត់ដោយអត្តសញ្ញាណ ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយវាក៏ដោយសារតែអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺកើតចេញពីការប្រឹងប្រែងរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ស័ក្ដិសមនឹងទទួលបានវា។ អ្វីដែលមនុស្សអាចធ្វើបាន គឺជាក់ច្បាស់ណាស់ថាមានកម្រិត ហើយសុទ្ធតែជាលទ្ធផលនៃការបំភ្លឺ ការដឹកនាំ និងការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ចំពោះធម្មជាតិរបស់មនុស្សវិញ មនុស្សក្លាយជាក្រអឺតក្រទម នៅពេលដែលពួកគេយល់សេចក្ដីពិតមួយចំនួន និងអាចធ្វើកិច្ចការបានបន្តិចបន្តួច។ ប្រសិនបើពួកគេគ្មានការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់មកអមជាមួយទេ នោះគ្មាននរណាម្នាក់អាចសម្រេចបានការចុះចូលនឹងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ឡើយ។ ជាលទ្ធផលនៃការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ មនុស្សអាចនឹងមានអំណោយទាន ឬទេពកោសល្យពិសេសខ្លះ បានរៀនវិជ្ជាជីវៈ ឬជំនាញមួយចំនួន ឬមានភាពឆ្លាតវៃបន្តិចបន្តួច ហើយដូច្នេះ ពួកគេក៏ក្លាយជាក្រអឺតក្រទមខ្លាំងដល់មិនអាចទ្រាំបាន ហើយតែងតែចង់ឱ្យព្រះជាម្ចាស់ចែករំលែកសិរីល្អ និងទីបន្ទាល់របស់ទ្រង់ជាមួយពួកគេ។ តើនេះមិនមែនជារឿងគ្មានវិចារណញ្ញាណទេឬ? នេះគឺជារឿងគ្មានវិចារណញ្ញាណបំផុត។ នេះបង្ហាញថា ពួកគេកំពុងឈរនៅខុសទីតាំងហើយ។ ពួកគេមិនចាត់ទុកខ្លួនឯងជាមនុស្សលោកទេ ប៉ុន្តែជាអម្បូរដាច់ដោយឡែក ជាមនុស្សអស្ចារ្យហួសវិស័យ។ មនុស្សដែលមិនស្គាល់អត្តសញ្ញាណ សារជាតិ និងទីតាំងដែលខ្លួនគួរឈរ គឺគ្មានការស្គាល់ខ្លួនឯងឡើយ។ ភាពតូចទាបរបស់មនុស្ស មិនមែនជារឿងដែលកើតចេញពីការបន្ទាបខ្លួនចុះនោះទេ មនុស្សគឺតូចទាប និងទាបថោកតាំងពីដើមមកម្ល៉េះ។ ការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ គឺជារឿងដែលកើតចេញពីការបន្ទាបព្រះកាយចុះ។ ការនិយាយថាមនុស្សតូចទាប គឺជាការលើកតម្កើងពួកគេទៅវិញទេ តាមពិតទៅ ពួកគេគឺទាបថោក។ មនុស្សតែងតែចង់ប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយប្រកួតប្រជែងនឹងព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ទ្រង់។ តាមរបៀបនេះ ពួកគេដើរតួជាសាតាំង ហើយនេះគឺជាធម្មជាតិរបស់សាតាំង។ ពួកគេពិតជាកូនចៅរបស់សាតាំងមែន ដោយគ្មានខុសគ្នាសូម្បីតែបន្តិចឡើយ។ ឧបមាថា ព្រះជាម្ចាស់ប្រទានសិទ្ធិអំណាច និងអំណាចបន្តិចបន្តួចដល់មនុស្ស ហើយឧបមាថា ពួកគេអាចបង្ហាញទីសម្គាល់ និងអច្ឆរិយការណ៍ ព្រមទាំងធ្វើរឿងអស្ចារ្យមួយចំនួន ហើយឧបមាថា ពួកគេធ្វើអ្វីៗគ្រប់យ៉ាងស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងធ្វើវាបានយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ តើមនុស្សអាចលើសព្រះជាម្ចាស់ដែរឬទេ? អត់ទេ មិនអាចដាច់ខាត។ តើសមត្ថភាពរបស់សាតាំង ដែលជាមហាទេវតា មិនធំធេងជាងសមត្ថភាពរបស់មនុស្សទេឬ? វាតែងតែចង់លើសព្រះជាម្ចាស់ ប៉ុន្តែតើលទ្ធផលចុងក្រោយគឺជាអ្វី? នៅទីបំផុត វាត្រូវតែធ្លាក់ចុះទៅក្នុងជង្ហុកធំ។ ព្រះជាម្ចាស់នឹងនៅតែជាតួអង្គនៃយុត្តិធម៌ជារៀងរហូត ចំណែកឯសាតាំង អារក្ស មហាទេវតា នឹងក្លាយជាតួអង្គនៃសេចក្ដីទុច្ចរិត និងជាតំណាងនៃកម្លាំងនៃសេចក្ដីទុច្ចរិតជារៀងរហូត។ ព្រះជាម្ចាស់នឹងនៅតែយុត្តិធម៌ជារៀងរហូត ហើយការពិតនេះមិនអាចផ្លាស់ប្ដូរបានឡើយ។ នេះគឺជាផ្នែកដ៏ពិសេស និងវិសាមញ្ញរបស់ព្រះជាម្ចាស់។ ទោះបីជាមនុស្សលោកទទួលបានសេចក្ដីពិតទាំងអស់របស់ព្រះជាម្ចាស់ពីទ្រង់ក៏ដោយ ក៏ពួកគេត្រឹមតែជាភាវៈដែលព្រះបានបង្កើតដ៏តូចទាបប៉ុណ្ណោះ ហើយមិនអាចលើសព្រះជាម្ចាស់បានឡើយ។ នេះគឺជាភាពខុសគ្នារវាងមនុស្សជាតិ និងព្រះជាម្ចាស់។ មនុស្សអាចរស់រានមានជីវិតប្រកបដោយសណ្ដាប់ធ្នាប់ តែនៅក្នុងច្បាប់ និងក្រឹត្យក្រមទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតឡើងប៉ុណ្ណោះ ហើយអាចត្រឹមតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតមក តែនៅក្នុងច្បាប់ និងក្រឹត្យក្រមទាំងនេះប៉ុណ្ណោះ។ មនុស្សមិនអាចបង្កើតភាវៈមានជីវិតណាមួយបានឡើយ ហើយពួកគេក៏មិនអាចផ្លាស់ប្ដូរវាសនារបស់មនុស្សជាតិបានដែរ នេះគឺជាការពិត។ តើការពិតនេះចង្អុលបង្ហាញពីអ្វី? គឺថា មិនថាព្រះជាម្ចាស់ប្រទានសិទ្ធិអំណាច និងសមត្ថភាពដល់មនុស្សជាតិច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត គ្មាននរណាម្នាក់អាចលើសពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាឆ្លងកាត់ច្រើនឆ្នាំ ឬច្រើនជំនាន់ ឬមានមនុស្សច្រើនប៉ុនណាក៏ដោយ ក៏មនុស្សអាចរស់រានមានជីវិតតែនៅក្រោមសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាការពិតដែលមិនអាចកែប្រែបានជារៀងរហូត ជាការពិតដែលនឹងមិនផ្លាស់ប្ដូរជាដាច់ខាត!
តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮរឿងទាំងនេះ? អ្នកខ្លះនិយាយថា៖ «ពីមុន ខ្ញុំធ្លាប់គិតអំពីរឿងទាំងនេះនៅក្នុងសតិសម្បជញ្ញៈបស់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាសមត្ថភាពរបស់ខ្ញុំកំពុងតែកើនឡើងដោយមិនដឹងខ្លួន។ នៅពេលខ្ញុំកាន់តែចាស់ គំនិតរបស់ខ្ញុំក៏ចាស់ទុំ ហើយខ្ញុំអាចគិតអំពីបញ្ហាជាច្រើនបានកាន់តែគ្រប់ជ្រុងជ្រោយ ហើយនៅពេលខ្ញុំបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ខ្ញុំក៏អាចយល់ពីបំណងព្រះហឫទ័យខ្លះៗរបស់ទ្រង់ ដូច្នេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំរឹងមាំ ហើយមិនត្រូវការឱ្យព្រះជាម្ចាស់មានអធិបតេយ្យភាពមកលើខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសមត្ថភាពដោយមិនដឹងខ្លួន ហើយថាខ្ញុំទទួលបានព្រះជាម្ចាស់ហើយ»។ តើនេះជាអារម្មណ៍ល្អដែរឬទេ? (មិនមែនទេ។) តើវាមិនល្អយ៉ាងម៉េចទៅ? នេះមិនមែនជាសញ្ញាល្អទេ។ ដូច្នេះ តើអ្វីទៅជាសញ្ញាល្អ? មនុស្សរស់នៅកាន់តែយូរ ពួកគេកាន់តែមានអារម្មណ៍ថា៖ «មនុស្សលោកគឺដូចជាធូលីដី ហើយអន់ជាងស្រមោចទៅទៀត។ មិនថាមនុស្សរឹងមាំ ឬមានសេចក្ដីថ្លៃថ្នូរប៉ុនណានោះទេ ឬយល់ពីគោលលទ្ធិច្រើនប៉ុនណាក៏ដោយ ឬគំនិតរបស់ពួកគេចាស់ទុំយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចលើសពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ»។ មនុស្សរស់នៅកាន់តែយូរ ពួកគេកាន់តែមានអារម្មណ៍ដឹងពីភាពអស្ចារ្យនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ មនុស្សរស់នៅកាន់តែយូរ ពួកគេកាន់តែមានអារម្មណ៍ដឹងពីភាពតូចទាបរបស់មនុស្ស។ ពួកគេរស់នៅកាន់តែយូរ ពួកគេកាន់តែមានអារម្មណ៍ដឹងពីការមិនអាចវាស់ស្ទង់បានរបស់ព្រះជាម្ចាស់។ សភាពផ្លូវចិត្តបែបនេះគឺជារឿងប្រក្រតី។ តើអ្នករាល់គ្នាមានសភាពបែបនេះហើយឬនៅ? មិនទាន់មានទេ មែនទេ? អ្នករាល់គ្នានៅតែស្ថិតចំកណ្ដាលការតស៊ូជារឿយៗ ដោយរារែកនៅលើមាត់ជ្រោះនៃផលប្រយោជន៍ ហើយជួនកាលថែមទាំងបញ្ចេញសញ្ញាតូចៗមួយចំនួន ដោយនិយាយថា៖ «ម្ដេចបានជាព្រះជាម្ចាស់មិនចែករំលែកផលប្រយោជន៍របស់ទ្រង់បន្តិចបន្តួចជាមួយខ្ញុំអ៊ីចឹង? ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានការសរសើរដល់ខ្ញុំ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សជុំវិញខ្លួនខ្ញុំឱ្យតម្លៃខ្ពស់ដល់ខ្ញុំ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនឱ្យមនុស្សធ្វើបន្ទាល់ឱ្យខ្ញុំ? ខ្ញុំបានលះបង់ និងបានចូលរួមចំណែកហើយ។ តើព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់ខ្ញុំយ៉ាងដូចម្ដេច?» អ្នកនៅតែលិចលង់ក្នុងផ្នត់គំនិតអួតអាង និងពេញចិត្តនឹងខ្លួនឯងជារឿយៗ។ អ្នកឧស្សាហ៍មិនដឹងថាខ្លួនឯងជានរណា ហើយអ្នកច្រើនតែមានអារម្មណ៍ថាខ្លួនឯងមានសមត្ថភាព។ ស្ថានភាពនេះគឺមិនប្រក្រតីទេ។ នេះមិនមែនជាការរីកចម្រើននៅក្នុងជីវិតឡើយ។ តើនេះហៅថាអ្វី? គឺជានិស្ស័យពុករលួយដែលកំពុងតែរីកធំឡើងម្ដងទៀត។ អ្នកខ្លះរាងរាបសា និងមិនសូវបញ្ចេញមុខបន្តិច នៅពេលដែលពួកគេមិនទាន់បានចូលរួមចំណែកអ្វី។ ប៉ុន្តែនៅពេលពួកគេធ្វើរឿងសំខាន់អ្វីមួយ និងបានចូលរួមចំណែកខ្លះ ហើយមានអារម្មណ៍ថាពួកគេមានទុន នៅពេលពួកគេឃើញមនុស្សជុំវិញខ្លួន ពួកគេឆ្ងល់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនរាយការណ៍ពីការចូលរួមចំណែករបស់ខ្ញុំ? អ្នករាល់គ្នាសុទ្ធតែធ្វើបន្ទាល់អំពីព្រះនាមរបស់ព្រះជាម្ចាស់ និងអំពីសារជាតិរបស់ព្រះជាម្ចាស់ ចុះហេតុអ្វីមិនធ្វើបទបង្ហាញអំពីខ្ញុំផង? ទោះបីជាអ្នករាល់គ្នាមិនធ្វើបន្ទាល់ឱ្យខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាគ្រាន់តែធ្វើបទបង្ហាញអំពីខ្ញុំក៏បានដែរ។ ខ្ញុំ ជាបងស្រីនេះ ឬបងស្រីនោះ បានជឿលើព្រះជាម្ចាស់អស់រយៈពេល ២៥ ឆ្នាំមកហើយ។ ឥឡូវនេះ ខ្ញុំមានអាយុ ៤៥ ឆ្នាំហើយ នៅលីវមិនទាន់រៀបការនៅឡើយ ហើយបានដេញតាមយ៉ាងស្មោះស្ម័គ្រ និងយ៉ាងក្លៀវក្លារហូតមកដល់សព្វថ្ងៃនេះ។ ដោយសារខ្ញុំជាជនបង្គោលរបស់ពួកជំនុំ ជាច្រើនលើកច្រើនសា ខ្ញុំត្រូវបានរដ្ឋាភិបាលកុម្មុយនីស្តចិនដាក់បញ្ចូលក្នុងបញ្ជីតាមចាប់ខ្លួន ត្រូវគេតាមប្រមាញ់ និងត្រូវទៅលាក់ខ្លួននៅគ្រប់ទីកន្លែង រសាត់អណ្ដែតឆ្លងកាត់ជាងដប់ខេត្ត មុនពេលផ្លាស់មកក្រៅប្រទេស។ បន្ទាប់ពីរឿងទាំងអស់នោះមក ខ្ញុំបានបន្តបម្រើការជាអ្នកមើលការខុសត្រូវលើកិច្ចការសំខាន់ៗនៃដំណាក់របស់ព្រះជាម្ចាស់ ដែលក្នុងអំឡុងពេលនោះ ខ្ញុំបានផ្ដល់យោបល់ គំនិត និងទស្សនាទានក្នុងន័យស្ថាបនាជាច្រើន សម្រាប់កិច្ចការមួយចំនួននៃដំណាក់របស់ព្រះជាម្ចាស់ ដោយបានចូលរួមចំណែកដែលមិនអាចលុបបំបាត់បាន ក្នុងការពន្លឿនកិច្ចការរបស់ពួកជំនុំ និងការផ្សាយដំណឹងល្អអំពីនគរព្រះរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបង្ហាញពីខ្ញុំបែបនេះ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានបរិយាកាស និងឱកាសខ្លះដល់ខ្ញុំ ដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្ញុំ ឱ្យមនុស្សគ្រប់គ្នាអាចស្វែងយល់ពីខ្ញុំ និងស្គាល់ពីខ្ញុំដូច្នេះ? ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែគាបសង្កត់ពួកយើងអ៊ីចឹង? នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកយើងមិនសូវមានសេរីភាពទេ ហើយពួកយើងក៏មិនសូវបានធូរស្បើយ រួចរំដោះ ឬសប្បាយចិត្តដែរ!» នាងថែមទាំងចង់បានការធូរស្បើយ រួចរំដោះ និងសប្បាយចិត្តទៀតផង។ តើយើងអាចធ្វើឱ្យអ្នកបានធូរស្បើយ រួចរំដោះ និងសប្បាយចិត្តយ៉ាងដូចម្ដេចទៅ? ដោយដាក់អ្នកនៅលំដាប់កំពូលនៃតារាងចំណាត់ថ្នាក់ឬ? បន្ទាប់មក ក្រោយពីដាក់អ្នកនៅលំដាប់កំពូលហើយ គឺដោយធ្វើបទបង្ហាញអំពីអ្នកថា៖ នៅឯពិភពលោកខាងក្រៅ បុគ្គលនេះគឺជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញម្នាក់ ដែលបានឈ្នះរង្វាន់លេខមួយសម្រាប់វេជ្ជបណ្ឌិតដ៏ល្បីល្បាញប្រចាំជាតិ ហើយឈ្មោះរបស់នាងត្រូវបានដាក់បញ្ចូលទៅក្នុង «សព្វវចនាធិប្បាយនៃវេជ្ជបណ្ឌិតដ៏ល្បីល្បាញលើពិភពលោក» នាពេលបន្តទៅទៀត។ នាងបានបញ្ចប់និក្ខេបបទជាច្រើន ហើយបន្ទាប់ពីបានចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ នាងបានបន្តធ្វើជាជនបង្គោល និងជាមនុស្សមានទេពកោសល្យ ហើយឥឡូវនេះ នាងបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ម្នាក់។ ពេលនោះ តើនាងនឹងមិនសប្បាយចិត្តទេឬ? នាងនឹងគិតថា៖ «ខ្ញុំគឺជាមនុស្សមានទេពកោសល្យ។ ពីមុន ខ្ញុំគឺជាមនុស្សល្បីល្បាញម្នាក់ ហើយបន្ទាប់ពីចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំនៅតែជាមនុស្សល្បីល្បាញដដែល។ ខ្ញុំប្រៀបដូចជាមាស ដែលតែងតែភ្លឺចែងចាំងមិនថាគេដាក់នៅទីណាក៏ដោយ ហើយគ្មាននរណាម្នាក់អាចទប់ស្កាត់ពន្លឺរបស់វាបានឡើយ។ សមត្ថភាពរបស់ខ្ញុំទាំងនេះ គឺមាននៅទីនោះសម្រាប់ឱ្យមនុស្សគ្រប់គ្នាមើលឃើញ! ទោះបីជាព្រះជាម្ចាស់មិនធ្វើបន្ទាល់ក៏ដោយ ក៏ការពិតទាំងនេះបន្លឺបន្ទាល់យ៉ាងច្បាស់លាស់សម្រាប់ខ្ញុំដែរ»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈនេះ? ប្រសិនបើអ្នកមិនអាចលះបង់ការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់អ្នកបានសូម្បីតែមួយថ្ងៃ នោះអ្នកនៅតែត្រូវចងជាប់ដោយកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈដដែល ហើយអ្នកមិនអាចទទួលបានការធូរស្បើយ និងសប្បាយចិត្តពិតប្រាកដឡើយ។ ដរាបណាអ្នកនៅតែជាប់ចំណង រងការរឹតត្បិត និងជាប់នឹមដោយច្រវាក់នៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ នោះអ្នកនឹងមិនឈានទៅមុខក្នុងការដេញតាមសេចក្ដីពិតរបស់អ្នកឡើយ តែអាចត្រឹមតែនៅជាប់គាំងមួយកន្លែងប៉ុណ្ណោះ។ អ្នកខ្លះប្រហែលជាសួរថា៖ «តើខ្ញុំនឹងដើរថយក្រោយឬទេ?» ការពិតគឺថា ដរាបណាអ្នកមិនឈានទៅមុខទេ នោះអ្នកកំពុងតែនៅជាប់គាំងមួយកន្លែង ឬកំពុងតែដើរថយក្រោយហើយ។ នេះបង្ហាញថា សារជាតិធម្មជាតិរបស់អ្នកគឺជារបស់នេះឯង ហើយមិនថាអ្នកជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ ក៏អ្នកនឹងមិនមានការរីកចម្រើនអ្វីជាដាច់ខាត ហើយសូម្បីតែដល់ទីបញ្ចប់ ក៏អ្នកនៅតែអាចធ្វើអំពើអាក្រក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែរ។ គេអាចនិយាយដោយភាពប្រាកដប្រជាទាំងស្រុងថា អ្នកនឹងត្រូវបានបើកសម្ដែង។ នៅពេលមនុស្សបែបនេះមានបរិយាកាសស័ក្ដិសម នៅពេលគេទទួលបានឋានៈ នោះមហិច្ឆតារបស់គេនឹងត្រូវបានលាតត្រដាង។ តាមពិត បើគ្មានបរិយាកាស និងឋានៈនេះទេ តើគេនឹងគ្មានមហិច្ឆតាទេឬ? គេនឹងនៅតែមានដដែល។ គេគឺជារបស់នេះ និងជាសារជាតិនេះតែម្ដង ហើយមហិច្ឆតារបស់គេមិនអាចទប់ស្កាត់បានឡើយ។ នៅពេលគេមានបរិយាកាសស័ក្ដិសម គេនឹង «ផ្ទុះឡើង» ភ្លាមៗ ហើយគ្មានការទប់ចិត្តណាមួយអាចទប់គេបានឡើយ ហើយគេនឹងចាប់ផ្ដើមធ្វើសេចក្ដីអាក្រក់ ហើយមុខមាត់ដ៏អាក្រក់របស់គេជាអារក្ស នឹងត្រូវបានលាតត្រដាងទាំងស្រុង។ នេះគឺជាករណីនៃការត្រូវបានបើកសម្ដែង។ អ្នកគួរតែយល់ពីពាក្យ «បើកសម្ដែង» តាមរបៀបនេះ៖ ព្រះជាម្ចាស់មិនមានព្រះរាជបំណងបើកសម្ដែងអ្នកទេ ព្រះជាម្ចាស់មានព្រះហឫទ័យចង់ផ្ដល់ឱកាសឱ្យអ្នកអនុវត្ត។ ប៉ុន្តែ អ្នកមិនបានស្គាល់រឿងល្អនៅពេលអ្នកបានឃើញវានោះទេ ហើយថែមទាំងបានធ្វើឱ្យខ្លួនឯងអាម៉ាស់មុខទៀតផង។ តើការត្រូវបានបើកសម្ដែង មិនសមមុខអ្នកទេឬ? នេះគឺជាជម្រើសរបស់អ្នកផ្ទាល់។ មិនមែនថាព្រះជាម្ចាស់មានព្រះរាជបំណងបើកសម្ដែង និងជម្រុះអ្នកចោលដោយចេតនានោះទេ។ វាគឺជាចេតនា និងមហិច្ឆតារបស់អ្នកទេ ដែលបានបើកសម្ដែងអ្នក។ តើអ្នកអាចទម្លាក់កំហុសលើនរណាផ្សេងទៀតបាន?
ចំពោះផលប្រយោជន៍របស់មនុស្ស និងផលប្រយោជន៍របស់ព្រះជាម្ចាស់ តើយើងបានប្រកបគ្នាអំពីសេចក្ដីពិតទាក់ទងនឹងរឿងនេះគ្រប់គ្រាន់ហើយឬនៅ? តើអ្វីទៅជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មនុស្ស? គឺជារឿងដែលមនុស្សដេញតាម រួមមានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ មហិច្ឆតា និងបំណងប្រាថ្នាទទួលបានព្រះពរ ក៏ដូចជាភាពចង់បានមុខមាត់ និងអំនួតរបស់មនុស្ស គ្រួសារ សាច់ញាតិ ផលប្រយោជន៍ខាងសម្ភារៈ និងអ្វីផ្សេងៗទៀត។ សារជាតិនៃផលប្រយោជន៍របស់មនុស្ស គឺអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម វាគឺទុច្ចរិត និងបែបសាតាំង វាផ្ទុយនឹងសេចក្ដីពិត ហើយវាបង្អាក់ រំខាន និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ចំណែកឯផលប្រយោជន៍របស់ព្រះជាម្ចាស់ គឺជាបុព្វហេតុដ៏យុត្តិធម៌បំផុតក្នុងការសង្គ្រោះមនុស្សជាតិ ហើយតំណាងឱ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មានភាពត្រឹមត្រូវក្នុងការការពារផលប្រយោជន៍របស់ទ្រង់។ ព្រះអង្គកំពុងការពារបុព្វហេតុដ៏យុត្តិធម៌មួយ។ នេះមិនមែនដោយសារតែព្រះជាម្ចាស់អាត្មានិយម និងចង់ការពារសេចក្ដីថ្លៃថ្នូររបស់ព្រះអង្គផ្ទាល់នោះទេ។ នេះគឺជារឿងយុត្តិធម៌ និងត្រឹមត្រូវ ហើយវាផ្ដល់ប្រយោជន៍ដែលមិនអាចវាស់វែងបានដល់ពូជមនុស្សដែលព្រះជាម្ចាស់សង្គ្រោះ។ មានតែពេលដែលព្រះជាម្ចាស់ការពារផលប្រយោជន៍របស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សជាតិអាចត្រូវបានសង្គ្រោះជាលទ្ធផល និងទទួលបានផលប្រយោជន៍កាន់តែធំធេងជាលទ្ធផល ទទួលបានសេចក្ដីពិត ផ្លូវ និងជីវិត ហើយមានតែពេលនោះទេ ទើបនៅទីបំផុត មនុស្សអាចក្លាយជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដ និងរស់នៅក្នុងច្បាប់ និងក្រឹត្យក្រមទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតឡើង ហើយរស់នៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកគេ ហើយមានតែពេលនោះទេ ទើបមនុស្សជាតិអាចទទួលបានសេចក្ដីអំណរ និងជីវិតដ៏ស្រស់ស្អាតពិតប្រាកដ។ តើអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនេះ គឺជាបុព្វហេតុដ៏យុត្តិធម៌ដែរឬទេ? វាពិតជាយុត្តិធម៌បំផុត! កិច្ចការនេះ និងការគ្រប់គ្រងនេះដោយព្រះជាម្ចាស់ ក៏ដូចជាការងារទាំងអស់នៅក្នុងពួកជំនុំដែលពាក់ព័ន្ធនឹងការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ដូចជាការផ្សាយដំណឹងល្អ ការថតភាពយន្ត ការសរសេរអត្ថបទទីបន្ទាល់ ការធ្វើវីដេអូ ការបកប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរក្សាសណ្ដាប់ធ្នាប់ប្រក្រតីនៃជីវិតពួកជំនុំ ការងារទាំងនេះគឺសំខាន់ណាស់ ហើយត្រូវតែទទួលបានការធានា។ វាក៏មានទិដ្ឋភាពនៃការធានាដល់ជីវភាពរស់នៅនៃរាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ដែលបំពេញភារកិច្ចរបស់ពួកគេផងដែរ។ ទោះបីជានេះគឺជាការងារជាមូលដ្ឋានបំផុត ស្រដៀងនឹងសេវាកម្មគាំទ្រ ហើយហាក់ដូចជាមិនសូវមានទំនាក់ទំនងច្រើនជាមួយកិច្ចការចម្បងនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏វាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាចាំបាច់ត្រូវតែលើកឡើងនៅទីនេះ។ រឿងធម្មតាៗដូចជា អាហារ សម្លៀកបំពាក់ ការស្នាក់នៅ និងការធ្វើដំណើរ នេះគឺជាអ្វីដែលព្រះជាម្ចាស់ផ្ដល់ឱ្យមនុស្ស ហើយវាក៏ជាតម្រូវការខាងរូបកាយដ៏ត្រឹមត្រូវបំផុត ដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមានផងដែរ។ ព្រះជាម្ចាស់នឹងមិនដកហូតតម្រូវការទាំងនេះពីមនុស្សឡើយ តែផ្ទុយទៅវិញ ព្រះអង្គត្រូវតែការពារវា។ ប្រសិនបើអ្នកតែងតែរំខាន បង្អាក់ និងបំផ្លាញរឿងដែលព្រះជាម្ចាស់ព្រះហឫទ័យចង់ការពារ ប្រសិនបើអ្នកតែងតែបង្ហាញការមើលងាយចំពោះរឿងទាំងនេះ ហើយតែងតែមានសញ្ញាណ និងមតិអំពីវា នោះអ្នកកំពុងតែនិយាយប្រឆាំងនឹងព្រះជាម្ចាស់ និងតាំងជំហរប្រឆាំងនឹងទ្រង់ហើយ។ ប្រសិនបើអ្នកមិនចាត់ទុកកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ថាសំខាន់ទេ ហើយតែងតែចង់បំផ្លាញរឿងទាំងនោះ និងតែងតែចង់បង្កការបំផ្លិចបំផ្លាញ ឬតែងតែចង់ទាញយកផលប្រយោជន៍ពីវា បោកប្រាស់ ឬកិបកេងនោះ តើព្រះជាម្ចាស់នឹងខ្ញាល់នឹងអ្នកដែរឬទេ? (នឹងបែបនោះមែន។) តើសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់មានផលវិបាកអ្វីខ្លះ? (ពួកយើងនឹងត្រូវបានដាក់ទោស។) នេះគឺជារឿងប្រាកដណាស់។ ព្រះជាម្ចាស់នឹងមិនអត់ទោសឱ្យអ្នកឡើយ ដាច់ខាតគឺមិនអត់ទោសឱ្យទេ! ពីព្រោះអ្វីដែលអ្នកកំពុងធ្វើ គឺជាការរុះរើ និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ហើយនេះគឺផ្ទុយនឹងកិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាសេចក្ដីអាក្រក់ដ៏ធំមួយ វាគឺជាការតាំងខ្លួនប្រកួតប្រជែងនឹងព្រះជាម្ចាស់ ហើយវាជារឿងដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចមិនខ្ញាល់នឹងអ្នកម្ដេចនឹងកើតទៅ? ប្រសិនបើមនុស្សមួយចំនួន មិនមានសមត្ថភាពក្នុងកិច្ចការរបស់ខ្លួន ដោយសារតែពួកគេមានគុណសម្បត្តិខ្សោយ ហើយបានធ្វើរឿងដែលបង្កការបង្អាក់ និងការរំខានដោយអចេតនា នោះជារឿងដែលអាចលើកលែងឱ្យបាន។ ក៏ប៉ុន្តែ ប្រសិនបើដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក អ្នកពាក់ព័ន្ធក្នុងការច្រណែន និងការឈ្លោះប្រកែកគ្នា ហើយមានចេតនាធ្វើរឿងដែលបង្អាក់ រំខាន និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នេះគឺជាការបំពានដោយចេតនា ហើយវាជារឿងដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់នឹងអត់ទោសឱ្យអ្នកដែរឬទេ? ព្រះជាម្ចាស់កំពុងបំពេញកិច្ចការនៃផែនការគ្រប់គ្រងរយៈពេល ៦.០០០ ឆ្នាំរបស់ព្រះអង្គ ហើយព្រះលោហិតបេះដូងទាំងអស់របស់ទ្រង់ ចាក់បញ្ចូលទៅក្នុងកិច្ចការនេះ។ ប្រសិនបើនរណាម្នាក់ប្រឆាំងនឹងព្រះជាម្ចាស់ មានចេតនាធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងមានចេតនាដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងកិត្យានុភាព និងឋានៈផ្ទាល់ខ្លួន ដោយយកផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ធ្វើជាការលះបង់ ហើយមិនញញើតនឹងរុះរើកិច្ចការរបស់ពួកជំនុំ ដែលបណ្ដាលឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវរាំងស្ទះ និងត្រូវបំផ្លាញ ហើយថែមទាំងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សម្ភារៈ និងហិរញ្ញវត្ថុនៃដំណាក់របស់ព្រះជាម្ចាស់ទៀតនោះ តើអ្នករាល់គ្នាគិតថាមនុស្សបែបនេះគួរត្រូវបានអត់ទោសឱ្យដែរឬទេ? (អត់ទេ មិនគួរឡើយ។) អ្នករាល់គ្នាសុទ្ធតែនិយាយថា ពួកគេមិនអាចត្រូវបានអត់ទោសឱ្យឡើយ ដូច្នេះ តើព្រះជាម្ចាស់ខ្ញាល់នឹងមនុស្សបែបនេះដែរឬទេ? ប្រាកដណាស់ ព្រះអង្គខ្ញាល់ហើយ។ ព្រះជាម្ចាស់បានបំពេញកិច្ចការដ៏អស្ចារ្យយ៉ាងនេះ ក្នុងការសម្ដែងចេញនូវសេចក្ដីពិត និងសង្គ្រោះមនុស្ស ហើយបានចាក់បញ្ចូលព្រះលោហិតបេះដូងទាំងអស់របស់ទ្រង់ទៅក្នុងកិច្ចការនេះ។ ព្រះជាម្ចាស់ចាត់ទុកបុព្វហេតុដ៏យុត្តិធម៌បំផុតនេះជាសំខាន់។ ព្រះលោហិតបេះដូងទាំងអស់របស់ព្រះអង្គ ត្រូវបានចំណាយដើម្បីមនុស្សទាំងនេះដែលទ្រង់ចង់សង្គ្រោះ ការរំពឹងទុកទាំងអស់របស់ទ្រង់ក៏ត្រូវបានដាក់ទៅលើមនុស្សទាំងនេះដែរ ហើយលទ្ធផលចុងក្រោយ និងសិរីល្អដែលព្រះអង្គចង់ទទួលបានពីផែនការគ្រប់គ្រងរយៈពេល ៦.០០០ ឆ្នាំរបស់ទ្រង់ នឹងត្រូវបានសម្រេចទាំងអស់នៅលើមនុស្សទាំងនេះ។ ប្រសិនបើនរណាម្នាក់តាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ ប្រឆាំងទាស់ រំខាន ឬបំផ្លាញលទ្ធផលនៃបុព្វហេតុនេះ តើព្រះជាម្ចាស់នឹងអត់ទោសឱ្យពួកគេដែរឬទេ? (មិនអត់ទោសឱ្យទេ។) តើនេះប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកចេះតែនិយាយថា អ្នកដើរតាមព្រះជាម្ចាស់ ដេញតាមសេចក្ដីសង្គ្រោះ ទទួលយកការពិនិត្យពិច័យ និងការណែនាំរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយក និងចុះចូលនឹងការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែក្នុងពេលដែលអ្នកកំពុងនិយាយពាក្យសម្ដីទាំងនេះ អ្នកបែរជាកំពុងបង្អាក់ រំខាន និងបំផ្លាញកិច្ចការផ្សេងៗរបស់ពួកជំនុំទៅវិញ ហើយដោយសារតែការរំខាន ការបង្អាក់ និងការបំផ្លាញរបស់អ្នក ដោយសារតែការធ្វេសប្រហែស ឬការបោះបង់ចោលភារកិច្ចរបស់អ្នក ឬដោយសារតែបំណងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក និងគោលដៅរបស់អ្នកក្នុងការដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកបង្កការខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ផលប្រយោជន៍របស់ពួកជំនុំ និងទិដ្ឋភាពជាច្រើនផ្សេងទៀត រហូតដល់ថ្នាក់រំខាន និងបំផ្លាញយ៉ាងធ្ងន់ធ្ងរកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដូច្នេះ តើព្រះជាម្ចាស់គួរថ្លឹងថ្លែងលទ្ធផលរបស់អ្នកនៅក្នុងសៀវភៅជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរត្រូវបានកំណត់លក្ខណៈបែបណា? បើនិយាយឱ្យយុត្តិធម៌ទៅ អ្នកគួរតែត្រូវបានដាក់ទោស។ នេះហៅថា ការទទួលទោសសមនឹងកំហុស។ តើឥឡូវនេះ អ្នករាល់គ្នាយល់អ្វីខ្លះ? តើអ្វីទៅជាផលប្រយោជន៍របស់មនុស្ស? (វាគឺទុច្ចរិត។) តាមពិត ផលប្រយោជន៍របស់មនុស្ស គឺជាបំណងប្រាថ្នាដ៏ហួសហេតុរបស់ពួកគេទាំងអស់។ និយាយឱ្យត្រង់ទៅ ពួកវាសុទ្ធតែជាសេចក្ដីល្បួង ពួកវាសុទ្ធតែជាការបំភាន់ ហើយពួកវាសុទ្ធតែជានុយដែលសាតាំងប្រើដើម្បីល្បួងមនុស្ស។ ការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយការដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន នេះគឺជាការសហការជាមួយសាតាំងក្នុងការធ្វើសេចក្ដីអាក្រក់ ហើយវាគឺជាការប្រឆាំងនឹងព្រះជាម្ចាស់។ ដើម្បីរារាំងកិច្ចការរបស់ព្រះជាម្ចាស់ សាតាំងបង្កើតបរិយាកាសផ្សេងៗដើម្បីល្បួង រំខាន និងបំភាន់មនុស្ស ព្រមទាំងដើម្បីរារាំងមនុស្សមិនឱ្យដើរតាមព្រះជាម្ចាស់ ដើម្បីកុំឱ្យពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បាន តែផ្ទុយទៅវិញ ពួកគេសហការជាមួយសាតាំង និងដើរតាមវា ហើយមានចេតនាក្រោកឡើងដើម្បីរំខាន និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏មនុស្សបែបនេះនៅតែមិនភ្ញាក់រលឹកដែរ។ មិនថាដំណាក់របស់ព្រះជាម្ចាស់លួសកាត់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនទទួលយកសេចក្ដីពិតដែរ។ ពួកគេមិនចុះចូលនឹងព្រះជាម្ចាស់ទាល់តែសោះ តែផ្ទុយទៅវិញ ពួកគេចចេសធ្វើអ្វីៗតាមគំនិតខ្លួនឯង និងធ្វើអ្វីតាមតែអំពើចិត្ត។ ជាលទ្ធផល ពួកគេរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វឌ្ឍនភាពនៃកិច្ចការផ្សេងៗរបស់ពួកជំនុំ និងបង្កការខូចខាតយ៉ាងធំធេងដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ អំពើបាបនេះគឺធំធេងខ្លាំងពេកហើយ ហើយមនុស្សបែបនេះប្រាកដជានឹងត្រូវព្រះជាម្ចាស់ដាក់ទោសជាមិនខាន។
ឥឡូវនេះ នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើការងារណាខ្លះនៅក្នុងពួកជំនុំដែលសំខាន់បំផុត ហើយពាក់ព័ន្ធនឹងការពង្រីកផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់? (ការផ្សាយដំណឹងល្អ។) កិច្ចការផ្សាយដំណឹងល្អ គឺជាការងារដ៏ធំមួយ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាកិច្ចការតាមដែលព្រះជាម្ចាស់ទតឃើញ ប៉ុន្តែសម្រាប់មនុស្ស នេះគឺជាភារកិច្ចរបស់ពួកគេ។ បន្ថែមពីលើកិច្ចការផ្សាយដំណឹងល្អ ក៏មានការងារផលិតភាពយន្ត ការងារបកប្រែ ការងារខាងទំនុកបរិសុទ្ធ និងការងារខាងអត្ថបទផ្សេងៗទៀតផងដែរ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនដែលបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោង គឺចូលរួមក្នុងសកម្មភាពនានាដែលទាក់ទងនឹងការងារទាំងនេះ។ ចូរប្រាប់ខ្ញុំមកមើល តើការងារមួយណាដែលអាចដកចេញបាន? អ្នកខ្លះនិយាយថា៖ «តន្ត្រីគ្រាន់តែជារឿងនៃណោតភ្លេងពីរបីណោតប៉ុណ្ណោះ ដែលខ្ញុំគិតថាមិនសំខាន់ទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតែអាចត្រូវបានផ្សាយ និងពង្រីកសាយភាយដូចគ្នា ដោយមិនចាំបាច់មានបទភ្លេងទាំងនោះឡើយ ហើយក៏នៅតែអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បានដូចគ្នាដែរ»។ តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (អត់ទេ ខុសហើយ។) ហេតុអ្វីបានជាខុស? តើការផលិតវីដេអូប្រភេទផ្សេងៗនឹងល្អដែរឬទេ ប្រសិនបើគ្មានតន្ត្រីនោះ? (មិនល្អទេ។) បន្ថែមពីលើតម្រូវការសម្រាប់ការច្រៀងទំនុកបរិសុទ្ធនៅក្នុងពួកជំនុំ ភាពយន្ត វីដេអូចម្រៀង បទចម្រៀងក្រុម និងល្ខោនឆាកទាំងអស់ ព្រមទាំងវីដេអូសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត ក៏សុទ្ធតែតម្រូវឱ្យមានតន្ត្រីផងដែរ។ ទោះបីជាមើលសំបកក្រៅទៅ តន្ត្រីពិតជាគ្រាន់តែជារឿង នៃណោតភ្លេងក៏ដោយ ប៉ុន្តែនៅពេលមនុស្សបានឮតន្ត្រីនេះ វាកាន់តែមានប្រសិទ្ធភាពក្នុងការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាអាចដើរតួនាទីក្នុងការជំរុញការផ្សាយដំណឹងល្អឆ្ពោះទៅមុខ ដូច្នេះវាគឺជារឿងដែលមិនអាចខ្វះបានឡើយ។ សូម្បីតែអ្នកគ្រាន់តែនិយាយលេងធម្មតានៅទីនេះ ហើយមានតន្ត្រីកំដរ ក៏លទ្ធផលនឹងខុសគ្នាដែរ តើមែនទេ? ដូច្នេះ ភារកិច្ចនេះគឺសំខាន់ណាស់។ អ្នកខ្លះនិយាយថា៖ «ចុះតើកិច្ចការវីដេអូរបស់យើងសំខាន់ដែរឬទេ?» អ្នករាល់គ្នាប្រាប់ខ្ញុំមកមើល តើកិច្ចការវីដេអូសំខាន់ដែរឬទេ? (សំខាន់។) ឧទាហរណ៍៖ ផ្នែកដ៏ធំមួយនៃរូបភាពដែលផលិតដោយប្រើបច្ចេកវិទ្យាបែបផែនពិសេស មិនអាចត្រូវបានជំនួសដោយវីដេអូដើមណាមួយបានឡើយ ហើយគេក៏មិនអាចថតផ្នែកទាំងនោះបានដែរ នេះគឺជាសិល្បៈទំនើប។ មានអ្នកខ្លះនិយាយថា៖ «សូម្បីតែដំណាក់របស់ព្រះជាម្ចាស់ក៏និយាយពីសិល្បៈទំនើបដែរ។ តើនេះមិនមែនជាការដើរទាន់សម័យកាលទេឬ?» តើនេះជាការដើរទាន់សម័យកាលយ៉ាងដូចម្ដេចទៅ? នេះហៅថា ការទាញយកប្រយោជន៍ពីសាតាំងឱ្យបម្រើការ។ ជាការពិតណាស់ វាមិនមែនជាការទាញយកប្រយោជន៍ពីបងប្អូនប្រុសស្រីឱ្យបម្រើការនោះទេ។ ខ្ញុំចង់មានន័យតាមរយៈនោះថា ប្រសិនបើអ្នកអាចរៀនវិជ្ជាជីវៈបច្ចេកទេស និងសិល្បៈមួយចំនួន ហើយប្រើប្រាស់ចំណេះដឹងវិជ្ជាជីវៈនេះនៅក្នុងកិច្ចការផ្សាយដំណឹងល្អ និងការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្វីដែលអ្នកបានរៀន គឺមានប្រយោជន៍ហើយ។ ប្រសិនបើអ្នកអាចរៀនវាបាន នោះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក អ្នកអាចបំពេញភារកិច្ចដែលពាក់ព័ន្ធ ហើយអ្នកនឹងទទួលបានព្រះពរ។ តើនេះមិនមែនជាពរជ័យសម្រាប់អ្នកទេឬ? (មែនហើយ។) ដូច្នេះ អ្វីដែលអ្នករៀនមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺថាតើអ្នកប្រើប្រាស់វាសម្រាប់ភារកិច្ចរបស់អ្នកឬក៏អត់។ មានអ្នកផ្សេងទៀតនិយាយថា៖ «ពួកយើងធ្វើការងារខាងអត្ថបទ ប៉ុន្តែមិនដែលមានអ្នកណាដឹងពីពួកយើងទេ គ្មានអ្នកណានិយាយពីពួកយើងឡើយ ហើយមនុស្សជាច្រើនមិនទាំងដែលឃើញពួកយើងផង។ ពួកយើងបានក្លាយជាមនុស្សដែលគេអាចដកចេញបាន»។ នេះមិនមែនជាការមើលបញ្ហាឱ្យបានច្បាស់លាស់នោះទេ។ មនុស្សមិនអាចមើលឃើញអ្នកទេ ប៉ុន្តែព្រះជាម្ចាស់អាចទតឃើញអ្នក ព្រះជាម្ចាស់កំពុងពិនិត្យពិច័យអ្នក ព្រះជាម្ចាស់កំពុងណែនាំអ្នក ព្រះជាម្ចាស់កំពុងប្រទានព្រះពរដល់អ្នក ហេតុអ្វីបានជាអ្នកមិនអាចមានអារម្មណ៍ដឹង? តើវាសំខាន់ដែរឬទេ ដែលមនុស្សមើលឃើញអ្នក ឬនិយាយពីអ្នករាល់គ្នានោះ? តើសេចក្ដីពិតមួយណាដែលមិនត្រូវបានផ្គត់ផ្គង់ដល់អ្នករាល់គ្នា? តើសេចក្ដីអធិប្បាយ និងការប្រកបគ្នាណាខ្លះដែលអ្នករាល់គ្នាត្រូវបានគេមើលរំលងនោះ? តាមការពិតទៅ ខ្លឹមសារបច្ចេកទេសនៃការងារខាងអត្ថបទ គឺមិនខ្ពស់ប៉ុន្មានទេ ហើយទិដ្ឋភាពវិជ្ជាជីវៈក៏មិនចាំបាច់ត្រូវពង្រឹងខ្លាំងពេកដែរ។ ក៏ប៉ុន្តែ មានរឿងមួយដែលមិនអាចខ្វះបាន។ អ្នកត្រូវតែយល់សេចក្ដីពិត។ ប្រសិនបើអ្នកមិនយល់សេចក្ដីពិតទេ អ្នកនឹងមិនអាចសរសេរអ្វីបានឡើយ។ អ្នកមានចំណេះដឹងខាងការសរសេរ អ្នកអាចធ្វើឱ្យភាសាមានស្តង់ដា រៀបចំភាសា ហើយអ្នកអាចរៀបចំរចនាសម្ព័ន្ធ និងគំនិតនៅក្នុងអត្ថបទមួយបាន។ ទោះជាយ៉ាងនេះក្ដី រចនាសម្ព័ន្ធផ្ទាល់មិនមែនជាអត្ថបទនោះទេ។ វាចាំបាច់ត្រូវបំពេញដោយខ្លឹមសារ។ តើខ្លឹមសារអ្វីដែលគួរតែត្រូវបានសរសេរឱ្យប្រាកដទៅ ហើយតើវាគួរត្រូវបានសរសេរយ៉ាងដូចម្ដេចឱ្យប្រាកដ ដើម្បីសម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នេះទើបជាអ្វីដែលអ្នករាល់គ្នាគួរតែចូលទៅក្នុង។ ប្រសិនបើអ្នកគ្រាន់តែនៅទ្រឹងលើមូលដ្ឋាននេះ ពោលគឺការធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការផ្សាយកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ នោះកម្ពស់របស់អ្នករាល់គ្នានឹងមិនអាចលូតលាស់បានជាដាច់ខាត។ បន្ថែមពីលើការធ្វើបន្ទាល់អំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ការវាយបកទៅនឹងសញ្ញាណរបស់មនុស្ស និងការប្រកបគ្នាអំពីសេចក្ដីពិតនៃនិមិត្តមួយចំនួន ប្រសិនបើអ្នករាល់គ្នាក៏អាចប្រកបគ្នាអំពីសេចក្ដីពិតមួយចំនួនស្ដីពីការចូលទៅក្នុងជីវិត ហើយប្រើប្រាស់ការពិត រឿងរ៉ាវ និងសេចក្ដីលម្អិតដែលបានពិពណ៌នាយ៉ាងល្អិតល្អន់មួយចំនួន ដើម្បីសម្ដែងចេញពីសភាពផ្សេងៗទាំងអស់ដែលនៅជ្រៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឱ្យមនុស្សទទួលស្គាល់ពីសេចក្ដីពុករលួយរបស់ខ្លួន ហើយដើម្បីឱ្យពួកគេយល់ថាអ្វីទៅជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលស្គាល់បន្ថែមទៀតនូវបញ្ហាដ៏សំខាន់ៗបំផុត ពោលគឺតើសេចក្ដីពិតជាអ្វីឱ្យប្រាកដ តើផ្លូវណាដែលមនុស្សគួរដើរតាម តើកំហុសស្ថិតនៅត្រង់ណានៅក្នុងផ្លូវខុសដែលមនុស្សកំពុងដើរតាមសព្វថ្ងៃនេះ តើព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើជាមនុស្សប្រភេទណា ហើយតើផ្លូវអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សដើរតាម។ ប្រសិនបើអ្នកអាចរីកចម្រើនទៅមុខមួយជំហានម្ដងៗឆ្ពោះទៅរកចំណុចនេះ នោះភារកិច្ចដែលអ្នករាល់គ្នាធ្វើ នឹងមានតម្លៃខ្លាំងបំផុត។ ប៉ុន្តែនេះគឺជាផ្នែកដ៏លំបាក នេះគឺជារឿងដែលលំបាកបំផុត។ ការចូលទៅក្នុងជីវិតរបស់មនុស្ស មិនកើតឡើងក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ ចំពោះរឿងជាច្រើន វាត្រូវចំណាយពេលមួយឆ្នាំ ឬពីរឆ្នាំ ចាប់ពីពេលដែលរឿងទាំងនេះត្រូវបាននិយាយជាលើកដំបូង រហូតដល់ពេលដែលមនុស្សមានស្មារតីដឹងពីវា។ វាត្រូវចំណាយពេលពីរទៅបីឆ្នាំ ឬសូម្បីតែបីទៅប្រាំឆ្នាំ ពីការមានស្មារតីដឹងស្រពេចស្រពិល ទៅជាមានស្មារតីដឹងច្បាស់លាស់ វាត្រូវចំណាយពេលពីរឆ្នាំ ឬបីឆ្នាំ ពីការមានស្មារតីដឹងច្បាស់លាស់ ក្លាយជាការដឹងពីធម្មជាតិនៃរឿងនេះ ហើយបន្ទាប់មក វាត្រូវចំណាយពេលពីរឆ្នាំ ឬបីឆ្នាំទៀត ដើម្បីដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។ មនុស្សដែលស្ពឹកស្រពន់ និងមានគុណសម្បត្តិខ្សោយ គឺអាចត្រឹមតែឈានដល់ចំណុចនេះប៉ុណ្ណោះ។ ចំណែកមនុស្សដែលមានគុណសម្បត្តិល្អជាង និងមានវិញ្ញាណរហ័សរហួន គឺដឹងពីរបៀបស្វែងរកយ៉ាងសកម្មថាតើសេចក្ដីពិតជាអ្វី ដែលត្រូវចំណាយពេលពីរឆ្នាំ ឬបីឆ្នាំទៀត...។ មិនទាន់ទាំងដឹងខ្លួនផង មួយជីវិតរបស់ពួកគេបានកន្លងផុតទៅបាត់ហើយ។ ការចូលទៅក្នុងជីវិត គឺយឺតយ៉ាវបែបនេះឯង! ល្បឿននៃការយល់ដឹង និងការចងចាំរបស់មនុស្សអំពីសេចក្ដីពិត គឺលឿនជាងល្បឿនដែលមនុស្សទទួលបទពិសោធ និងយល់ជ្រៅជ្រះពីសេចក្ដីពិតឆ្ងាយណាស់។ តើខ្ញុំមានន័យយ៉ាងណាពីរឿងនេះ? ខ្ញុំមានន័យថា ការទទួលបទពិសោធ និងការយល់ជ្រៅជ្រះ គឺតែងតែយឺតយ៉ាវ ពីព្រោះនេះគឺជាជីវិត ចំណែកឯការយល់ដឹង និងការចងចាំ គឺគ្រាន់តែត្រូវការខួរក្បាលប៉ុណ្ណោះ។ មនុស្សដែលមានការចងចាំល្អ មានសមត្ថភាពយល់ដឹងខ្លាំង មានគុណសម្បត្តិខ្លះ និងមានមូលដ្ឋានអប់រំខ្លះ អាចសម្រេចរឿងទាំងនេះបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែបន្ទាប់ពីយល់ដឹងហើយ តើមនុស្សម្នាក់នោះមានការស្គាល់ដែរឬទេ? គឺគ្មានទេ។ បន្ទាប់ពីយល់ដឹងហើយ គេគ្រាន់តែឈប់ត្រឹមការដឹងថាតើរឿងនេះគឺយ៉ាងម៉េចប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះទេ ប៉ុន្តែវានៅតែមិនទាន់បានការឡើយនៅពេលអនុវត្តជាក់ស្ដែង។ ហេតុអ្វីបានជាមិនទាន់បានការ? ជាញឹកញាប់ គោលលទ្ធិដែលអ្នកយល់ មិនអាចយកទៅអនុវត្ត ឬផ្សារភ្ជាប់ទៅនឹងរឿងដែលអ្នកជួបប្រទះបានឡើយ។ ជាលទ្ធផល មានតែបន្ទាប់ពីបរាជ័យជាច្រើនដង រងការខាតបង់ជាច្រើន ដើរវាងជាច្រើនកន្លែង និងទទួលបានការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់ជាច្រើនប៉ុណ្ណោះ ទើបនៅទីបំផុតអ្នកយល់ពីសេចក្ដីពិត ហើយអាចអនុវត្ត និងដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងរឿងរ៉ាវផ្សេងៗទាំងអស់ដែលកើតឡើងចំពោះអ្នក។ ដល់ពេលនោះ ពេលវេលាជាច្រើនឆ្នាំនឹងកន្លងផុតទៅយ៉ាងលឿន រហូតដល់មុខរបស់អ្នកអាចនឹងពោរពេញទៅដោយស្នាមជ្រួញ តើនេះមិនយឺតយ៉ាវខ្លាំងទេឬ? ជីវិតរបស់មនុស្សវិវឌ្ឍទៅមុខយ៉ាងយឺតយ៉ាវ ពីព្រោះសេចក្ដីពិតដែលមនុស្សយល់ គឺពាក់ព័ន្ធនឹងសារជាតិធម្មជាតិរបស់មនុស្ស អត្ថិភាពរបស់មនុស្ស និងអ្វីៗដែលមនុស្សពឹងផ្អែកដើម្បីរស់នៅ ហើយនេះពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ក៏ដូចជាការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់មនុស្សផងដែរ។ តើការដែលជីវិតរបស់អ្នកផ្លាស់ប្ដូរទៅជាជីវិតមួយផ្សេងទៀត អាចជារឿងងាយស្រួលយ៉ាងដូចម្ដេចទៅ? ម្យ៉ាងវិញ វាត្រូវការកិច្ចការរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ វាក៏ត្រូវការឱ្យមនុស្សសហការយ៉ាងសកម្មផងដែរ។ លើសពីនេះទៅទៀត មានការល្បងលពីមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាការដេញតាមផ្ទាល់ខ្លួនរបស់អ្នក។ បន្ថែមពីលើនេះ អ្នកត្រូវតែមានគុណសម្បត្តិ និងការយល់ដឹងគ្រប់គ្រាន់ ហើយបន្ទាប់មក ព្រះជាម្ចាស់នឹងប្រទានការបំភ្លឺ និងការណែនាំបន្ថែមដល់អ្នក។ ជាងនេះទៅទៀត ព្រះជាម្ចាស់នឹងប្រទានការវាយផ្ចាល ការជំនុំជម្រះ និងការលួសកាត់មួយចំនួនដល់អ្នក ហើយបងប្អូនប្រុសស្រីរបស់អ្នកនឹងរិះគន់អ្នក ប៉ុន្តែអ្នកនៅតែត្រូវបន្តដេញតាមការចម្រើនឡើង ដើម្បីឱ្យអ្វីៗដែលជារបស់សាតាំងទាំងនោះ អាចត្រូវបានជម្រុះចោល។ មានតែពេលនោះទេ ទើបអ្វីៗដែលវិជ្ជមានដែលជារបស់សេចក្ដីពិត អាចចូលមកបន្តិចម្ដងៗបាន។ អ្នកខ្លះនិយាយថា៖ «នៅពេលមនុស្សយល់សេចក្ដីពិត ជីវិតរបស់ពួកគេនឹងផ្លាស់ប្ដូរ»។ តើការនិយាយបែបនេះត្រឹមត្រូវ ឬខុស? (គឺខុសហើយ។) តើវាខុសយ៉ាងដូចម្ដេច? ការយល់សេចក្ដីពិត មិនស្មើនឹងការមានសេចក្ដីពិតនោះទេ ហើយនៅពេលអ្នកយល់ពីវា វាក៏មិនមែនជាជីវិតរបស់អ្នកដែរ។ នៅពេលអ្នកឮសេចក្ដីពិត យល់ជ្រៅជ្រះពីវា ហើយយល់ពីអ្វីដែលអ្នកឮ តើវាអាចស្ថិតនៅក្នុងដួងចិត្តរបស់អ្នកបានយូរប៉ុនណាទៅ? វាអាចថាមួយខែក្រោយមក ពាក្យសម្ដីទាំងនោះដែលអ្នកធ្លាប់គិតថាសំខាន់បំផុតនៅពេលនោះ បានបាត់ស្រមោលឈឹង ហើយនៅពេលអ្នកឮពាក្យទាំងនោះម្ដងទៀត អ្នកនឹងមានអារម្មណ៍ប្លែកហាក់ដូចជាអ្នកមិនដែលឮពាក្យទាំងនោះពីមុនមកអ៊ីចឹង។ ក៏ប៉ុន្តែ ប្រសិនបើអ្នកពិតជាមានកម្ពស់ពិតប្រាកដមែន ហើយអ្នកមានទិដ្ឋភាពនៃទីបន្ទាល់តាមរយៈបទពិសោធនេះ នោះអ្នកមិនចាំបាច់ស្ដាប់ពាក្យសម្ដីទាំងនោះម្ដងហើយម្ដងទៀតឡើយ។ ប្រសិនបើអ្នកមិនមានទិដ្ឋភាពនៃតថភាពនៃសេចក្តីពិតនេះទេ នោះអ្នកគួរតែស្ដាប់ឱ្យបានច្រើន រហូតទាល់តែអ្នកចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប្រសិនបើអ្នកមិនស្ដាប់ទេ នោះអ្វីដែលអ្នកយល់ នឹងថយចុះបន្តិចម្ដងៗ ហើយក៏បាត់បង់ទៅ រហូតទាល់តែអ្នកក្លាយជាដូចអ្នកគ្មានជំនឿអ៊ីចឹង។ ហេតុដូច្នេះហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ត្រូវតែស្ដាប់ និងអានជាប្រចាំ។ ការអាន ឬស្ដាប់ព្រះបន្ទូលទាំងនោះតិចពេក នឹងមិនបានការឡើយ។ អ្នករាល់គ្នាសុទ្ធតែមានការយល់ដឹងយ៉ាងជ្រាលជ្រៅពីរឿងនេះ តើមែនទេ? (មែនហើយ។) ជួនកាល បន្ទាប់ពីមិនបានច្រៀងទំនុកបរិសុទ្ធ ឬអធិដ្ឋានទៅកាន់ព្រះជាម្ចាស់អស់រយៈពេលពីរ ឬបីថ្ងៃ អ្នកមានអារម្មណ៍ទទេសូន្យនៅក្នុងដួងចិត្ត ហើយមិនអាចចាប់យល់ពីព្រះជាម្ចាស់បានឡើយ ដូច្នេះអ្នកក៏ឆ្ងល់ថាត្រូវទៅដើរលេងលំហែកាយនៅឯណា។ ជាលទ្ធផល អ្នកកាន់តែលំហែកាយ អ្នកកាន់តែគ្មានវិន័យ ហើយនៅពេលអ្នកទៅពួកជំនុំដើម្បីប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នកអំពីសេចក្ដីពិត អ្នកមានអារម្មណ៍ថាមិនស៊ាំនឹងវាឡើយ ហើយនៅពេលគេនិយាយពីកិច្ចការពួកជំនុំភ្លាម អ្នកមានអារម្មណ៍ថាឆ្គងៗ។ ក្នុងរយៈពេលត្រឹមតែពីរ ឬបីថ្ងៃ អ្នកបានផ្លាស់ប្ដូរ ហើយក្លាយជាដូចមនុស្សម្នាក់ផ្សេងទៀត រហូតដល់អ្នកមានអារម្មណ៍ថា សូម្បីតែខ្លួនឯងក៏អ្នកលែងស្គាល់ទៀតដែរ។ តើរឿងនេះអាចទៅរួចយ៉ាងដូចម្ដេចទៅ? ចូរកុំគិតថា ដោយសារតែអ្នកបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន សេចក្ដីពិតបានក្លាយជាជីវិតរបស់អ្នក ហើយអ្នកទទួលបានសេចក្ដីពិតឱ្យសោះ។ អ្នកនៅតែឆ្ងាយពីរឿងនោះណាស់! ចូរកុំគិតថា គ្រាន់តែដោយសារអ្នកបានសរសេរអត្ថបទទីបន្ទាល់មួយ ឬមានបទពិសោធប្រភេទនោះ អ្នកត្រូវបានសង្គ្រោះរួចហើយឱ្យសោះ។ អ្នកមិនទាន់ដល់ចំណុចនោះទេ! នោះគ្រាន់តែជាបំណែកតូចមួយនៅក្នុងបទពិសោធជីវិតដ៏វែងអន្លាយរបស់អ្នកប៉ុណ្ណោះ។ បំណែកនេះអាចនឹងគ្រាន់តែជាអារម្មណ៍មួយភ្លែត ញាណដឹងមួយភ្លែត បំណងប្រាថ្នា ឬមហិច្ឆតាមួយភ្លែតប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះឡើយ។ នៅពេលថ្ងៃណាមួយអ្នកទន់ខ្សោយ ហើយអ្នកក្រឡេកមើលថយក្រោយ និងស្ដាប់ទីបន្ទាល់នានាដែលអ្នកធ្លាប់ធ្វើ ពាក្យសម្បថដែលអ្នកធ្លាប់ស្បថ និងការយល់ដឹងដែលអ្នកធ្លាប់មាន រឿងទាំងនោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ប្លែក ហើយអ្នកនឹងនិយាយថា៖ «តើនោះជាខ្ញុំមែនទេ? តើខ្ញុំមានកម្ពស់ដ៏អស្ចារ្យបែបនេះមែនទេ? ម្ដេចបានជាខ្ញុំមិនដឹងអ៊ីចឹង? នោះប្រាកដជាមិនមែនជាខ្ញុំទេមើលទៅ?» នៅចំណុចនេះ អ្នកនឹងដឹងថា ជីវិតរបស់អ្នកនៅតែមិនទាន់ផ្លាស់ប្ដូរឡើយ។ តើវាចង្អុលបង្ហាញពីអ្វី ប្រសិនបើជីវិតរបស់អ្នកមិនទាន់ផ្លាស់ប្ដូរនោះ? គឺថានិស្ស័យរបស់អ្នកនៅតែមិនទាន់បំផ្លាស់បំប្រែនោះទេ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកដឹងថា ទោះបីជាបានធ្វើទីបន្ទាល់ និងធ្លាប់គិតនៅពេលនោះថាអ្នកមានកម្ពស់ដ៏អស្ចារ្យរួចទៅហើយក្ដី ក៏អ្នកនៅតែអាចក្លាយជាអវិជ្ជមានដូចពេលបច្ចុប្បន្ននេះដដែលនោះ? តើអ្នកមិនគិតថា ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់គឺពិបាកខ្លាំងពេកទេឬ? សេចក្ដីពិតមិនមែនជារឿងដែលអាចបញ្ចូលទៅក្នុងមនុស្សត្រឹមតែមួយយប់នោះទេ។ ប្រសិនបើមនុស្សពិតជាទទួលបានសេចក្ដីពិតជាជីវិតរបស់ពួកគេមែន ពួកគេនឹងទទួលបានព្រះពរ ហើយជីវិតរបស់ពួកគេនឹងខុសប្លែកពីមុន។ ពួកគេនឹងលែងដូចពេលបច្ចុប្បន្ននេះទៀតហើយ ដែលជារឿយៗតែងតែបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ប៉ុន្តែពួកគេនឹងអាចចុះចូលនឹងព្រះជាម្ចាស់យ៉ាងដាច់ខាត និងបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ ហើយពួកគេនឹងត្រូវបានផ្លាស់ប្ដូរទាំងស្រុង។
ដោយសារមនុស្សជាតិពុករលួយយ៉ាងខ្លាំង ការទទួលយកសេចក្ដីពិតមិនមែនជារឿងងាយស្រួលនោះទេ ហើយដោយសារសេចក្ដីពិតមានតម្លៃខ្លាំងណាស់ ការដែលព្រះជាម្ចាស់បញ្ចូលសេចក្ដីពិតទៅក្នុងមនុស្ស គឺរឹតតែមិនងាយស្រួលទៅទៀត។ តម្លៃ និងអត្ថន័យនៃសេចក្ដីពិត ព្រមទាំងទិដ្ឋភាពចម្រុះទាំងអស់នៃសេចក្ដីពិត គឺមានតម្លៃ និងមានអត្ថន័យយ៉ាងខ្លាំងសម្រាប់មនុស្ស។ ប៉ុន្តែ ដោយសារមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយមានរឿងជាច្រើនដែលជារបស់សាតាំងនៅខាងក្នុងពួកគេ ការបញ្ចូលសេចក្ដីពិតទៅក្នុងមនុស្ស ដើម្បីឱ្យវាក្លាយជាជីវិតរបស់ពួកគេ គឺមិនមែនជារឿងងាយស្រួលនោះទេ។ អ៊ីចឹងតើនេះមានន័យថា សេចក្ដីពិតមិនអាចត្រូវបានបញ្ចូលទៅក្នុងមនុស្សទេឬ? អត់ទេ មិនមែនដូច្នេះទេ។ វាអាចត្រូវបានបញ្ចូលទៅក្នុងមនុស្ស ប៉ុន្តែមនុស្សត្រូវតែមានអាកប្បកិរិយា និងទស្សនៈត្រឹមត្រូវ ហើយពួកគេត្រូវតែដើរតាមផ្លូវត្រឹមត្រូវ។ ការដែលពិបាកធ្វើ មិនមែនមានន័យថាវាមិនអាចធ្វើបាននោះទេ ដូចជាកិច្ចការពីរដំណាក់កាលដំបូងរបស់ព្រះជាម្ចាស់អ៊ីចឹង នៅពេលព្រះជាម្ចាស់មិនបានធ្វើកិច្ចការនៃការប្រោសឱ្យគ្រប់លក្ខណ៍ ហើយទ្រង់ក៏មិនបានសម្ដែងចេញនូវសេចក្ដីពិតទាំងនេះ ឬមានព្រះបន្ទូលទាំងនេះដែរ ប៉ុន្តែមនុស្សមួយចំនួនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយមនុស្សមួយចំនួនក៏បានស្គាល់ព្រះជាម្ចាស់ដូចគ្នា។ បើមើលពីការពិតនេះ ការបញ្ចូលសេចក្ដីពិតទៅក្នុងមនុស្ស គឺអាចសម្រេចបាន និងមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ វាគ្រាន់តែអាស្រ័យលើថាតើមនុស្សដេញតាមសេចក្ដីពិតឬអត់ប៉ុណ្ណោះ។ ដូច្នេះ តើមនុស្សគួរដេញតាមយ៉ាងដូចម្ដេច? វិធីសាមញ្ញបំផុត គឺត្រូវអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ទន្ទេញព្រះបន្ទូលសំខាន់ៗរបស់ព្រះជាម្ចាស់ ត្រិះរិះពិចារណាពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គជារៀងរាល់ថ្ងៃ ហើយអានអធិដ្ឋាន និងប្រកបគ្នាអំពីព្រះបន្ទូលទាំងនោះសាចុះសាឡើង។ នៅពេលអ្នកបានអានអធិដ្ឋាននូវទស្សនៈ និងពាក្យសម្ដីទាំងនេះ ក៏ដូចជាអាកប្បកិរិយាចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបំណងបង្រៀនអ្នក ដើម្បីឱ្យអ្នកយល់រឿងទាំងនោះ ហើយរឿងទាំងនោះបានចូលទៅក្នុងដួងចិត្តរបស់អ្នក នោះទាំងដែលអ្នកដឹងខ្លួនផង គំនិត និងទស្សនៈវិជ្ជមាន ព្រមទាំងគោលការណ៍នៃការអនុវត្ត នឹងត្រូវបានសម្ដែងចេញ រាល់ពេលដែលមានរឿងរ៉ាវផ្សេងៗកើតឡើងចំពោះអ្នក។ អ្នករាល់គ្នាមិនទាន់ឈានដល់កម្រិតនេះនៅឡើយទេ។ តើអ្នកបានអានពីអ្វីដែលយ៉ូបបានធ្វើដែរឬទេ? តើយ៉ូបកំពុងធ្វើអ្វី នៅពេលកូនៗរបស់គាត់កំពុងជប់លៀងសប្បាយនោះ? គាត់បានមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន និងថ្វាយយញ្ញបូជាសម្រាប់កូនៗរបស់គាត់។ គាត់មិនដែលឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយ។ ពោលគឺ ត្រូវចៀសវាងពីរឿងអ្វីក៏ដោយដែលអាចនឹងធ្វើឱ្យដួងចិត្តរបស់អ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ចូរកុំនិយាយអ្វីដែលអាចនឹងធ្វើឱ្យដួងចិត្តរបស់អ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ត្រូវចៀសវាងការមើលរឿងរ៉ាវដែលអាចនឹងធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឬបង្កើតជាសញ្ញាណ ឬការសង្ស័យអំពីទ្រង់់ ចូរកុំទាក់ទងជាមួយមនុស្សដែលអាចនឹងធ្វើឱ្យអ្នកក្លាយជាអវិជ្ជមាន ធ្លាក់ចុះ និងបណ្ដោយតាមចិត្តខ្លួនឯង ឬមនុស្សដែលអាចនឹងធ្វើឱ្យអ្នកសង្ស័យ ទាស់ទទឹង ឬឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ប៉ុន្តែផ្ទុយទៅវិញ ត្រូវនៅឱ្យឆ្ងាយពីមនុស្សបែបនេះ ត្រូវនៅក្បែរអ្នកណាដែលអ្នកអាចទទួលបានការធ្វើឱ្យស្អាងឡើង ការជួយ និងការផ្គត់ផ្គង់ ហើយកុំធ្វើរឿងដែលអាចនឹងធ្វើឱ្យអ្នកស្អប់ខ្ពើមនិងបដិសេធ មិនចូលចិត្ត ឬមានអារម្មណ៍ខ្ពើមរអើមនឹងសេចក្ដីពិត។ អ្នកត្រូវតែមានគំនិតខ្លះៗអំពីរឿងទាំងនេះនៅក្នុងចិត្តរបស់អ្នកផ្ទាល់។ ចូរកុំរស់នៅឱ្យតែបានៗ ដោយគិតថា៖ «ខ្ញុំមិនខ្វល់ថាខ្ញុំរស់បានយូរប៉ុនណា ឬជីវិតខ្ញុំទៅជាយ៉ាងណានោះទេ ខ្ញុំនឹងទុកអ្វីៗគ្រប់យ៉ាងឱ្យទៅតាមធម្មជាតិ និងការចាត់ចែងរបស់ព្រះជាម្ចាស់»។ ព្រះជាម្ចាស់បានរៀបចំមជ្ឈដ្ឋានសម្រាប់អ្នក ហើយបានប្រទានឆន្ទៈសេរីដល់អ្នកក្នុងការជ្រើសរើស ប៉ុន្តែប្រសិនបើអ្នកមិនសហការ ហើយតែងតែធ្វើតាមចិត្តខ្លួនឯងទៅទាក់ទងជាមួយមនុស្សដែលចូលចិត្តរឿងលោកីយ៍ ហើយដែលតែងតែសម្ងំយកសុខក្នុងសាច់ឈាម ហើយជាមនុស្សដែលមិនលះបង់ចំពោះភារកិច្ចរបស់ខ្លួន និងគ្មានការទទួលខុសត្រូវ ហើយប្រសិនបើអ្នកតែងតែប្រឡូកប្រឡាក់ជាមួយមនុស្សទាំងនោះ តើលទ្ធផល និងចុងបញ្ចប់ចុងក្រោយនឹងទៅជាយ៉ាងណា? នៅពេលមនុស្សទាំងនោះគ្មានអ្វីធ្វើ ពួកគេនិយាយតែពីរឿងហូបចុក ផឹកស៊ី និងការសប្បាយ ហើយឧស្សាហ៍និយាយដើមគេ និងប្រឌិតរឿងចចាមអារ៉ាម។ ប្រសិនបើអ្នកជួបប្រទះនឹងសេចក្ដីល្បួងបែបនេះ ហើយមិននៅឱ្យឆ្ងាយពីវាទេ និងថែមទាំងងប់ងល់នឹងរឿងទាំងនេះ ហើយតាំងចិត្តដើរលេងជាមួយមនុស្សបែបនេះ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ ដ្បិតសេចក្ដីល្បួងគឺសុទ្ធតែនៅជុំវិញអ្នក! នៅពេលមនុស្សឈ្លាសវៃឃើញសេចក្ដីល្បួងបែបនេះ ពួកគេនៅឱ្យឆ្ងាយ។ ពួកគេច្បាស់នៅក្នុងចិត្តថា៖ «ខ្ញុំមិនមានកម្ពស់នោះទេ ខ្ញុំនឹងមិនស្ដាប់ឡើយ ហើយខ្ញុំក៏មិនចង់យកចិត្តទុកដាក់នឹងពួកគេដែរ។ មនុស្សទាំងនេះមិនដេញតាមសេចក្ដីពិត ឬស្រឡាញ់សេចក្ដីពិតឡើយ។ ខ្ញុំនឹងនៅឱ្យឆ្ងាយ ហើយរកកន្លែងស្ងាត់ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ធ្វើឱ្យដួងចិត្តខ្ញុំស្ងប់ ហើយត្រិះរិះពិចារណាមួយសន្ទុះ ព្រមទាំងមកចំពោះព្រះជាម្ចាស់»។ គោលការណ៍ និងគោលបំណងទាំងអស់នេះគឺ៖ ទីមួយ កុំឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទីពីរ កុំឱ្យដួងចិត្តរបស់អ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ តាមរបៀបនេះ អ្នកអាចរស់នៅចំពោះព្រះជាម្ចាស់ជាប្រចាំ ដោយផ្អែកលើមូលដ្ឋាននៃការយល់ដឹងថាតើសេចក្ដីពិតជាអ្វី។ ក្នុងន័យមួយ ព្រះជាម្ចាស់នឹងការពារអ្នកមិនឱ្យធ្លាក់ទៅក្នុងសេចក្ដីល្បួងឡើយ។ ក្នុងន័យមួយទៀត ព្រះជាម្ចាស់នឹងប្រព្រឹត្តចំពោះអ្នកដោយព្រះគុណយ៉ាងក្រៃលែង ដោយធ្វើឱ្យអ្នកយល់ពីអ្វីដែលអ្នកគួរធ្វើដើម្បីអនុវត្តសេចក្ដីពិត និងធ្វើឱ្យអ្នកទទួលបានការស្រាយបំភ្លឺ និងការបំភ្លឺអំពីសេចក្ដីពិតផ្សេងៗទាំងអស់។ នៅពេលនិយាយដល់ភារកិច្ចរបស់អ្នក ព្រះជាម្ចាស់នឹងណែនាំអ្នកឱ្យព្យាយាមកុំប្រព្រឹត្តកំហុស ឱ្យធ្វើរឿងត្រឹមត្រូវជានិច្ច និងឱ្យដឹងពីគោលការណ៍។ តាមរបៀបនេះ តើអ្នកនឹងមិនទទួលបានការការពារទេឬ? ជាការពិតណាស់ នេះមិនមែនជាគោលដៅធំបំផុត និងចុងក្រោយនោះទេ។ ដូច្នេះ តើគោលដៅចុងក្រោយគឺជាអ្វី? គឺការដែលអ្នកអាចរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងអនុវត្តតាមគោលការណ៍ដែលព្រះជាម្ចាស់តម្រូវ។ តាមរបៀបនេះ ជីវិត និងកម្ពស់របស់អ្នកអាចបន្តរីកចម្រើនទៅមុខ ជំនួសឱ្យការនៅទ្រឹង។ ប្រសិនបើអ្នកតែងតែរវល់នឹងការធ្វើកិច្ចការនានា ហើយមិនផ្ដោតលើការអនុវត្តសេចក្ដីពិតក្នុងការបំពេញភារកិច្ចរបស់អ្នក និងការដោះស្រាយការលំបាកនៃការចូលទៅក្នុងជីវិតទេ នោះអ្នកនឹងមិនមានការរីកចម្រើននៅក្នុងជីវិតរបស់អ្នកឡើយ។ ការចូលទៅក្នុងជីវិត គឺសម្រេចបានតាមរយៈការបំពេញភារកិច្ចរបស់ខ្លួន។ ប្រសិនបើមនុស្សម្នាក់ចាកចេញពីការបំពេញភារកិច្ចរបស់ខ្លួន ហើយចាកចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះនឹងគ្មានការរីកចម្រើននៅក្នុងជីវិតឡើយ។ អ្នកខ្លះឃើញអ្នកដទៃជជែកគ្នាលេង ដូច្នេះពួកគេក៏ចូលរួម និងលូកដៃចូលរឿងអ្នកដទៃ ដោយតែងតែធ្វើខ្លួនជាអ្នកចង់ដឹងរឿងគេ និងតែងតែចូលចិត្តនិយាយដើមគេ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សបែបនេះឡើយ។ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សប្រភេទណា? គឺមនុស្សដែលអាចធ្វើឱ្យដួងចិត្តរបស់ពួកគេស្ងប់។ ធ្វើឱ្យខ្លួនឯងស្ងប់ដើម្បីធ្វើអ្វី? ដើម្បីធ្វើជាអាយ៉ងដែលមិនគិតអ្វីសោះមែនទេ? អត់ទេ គឺដើម្បីអធិដ្ឋានយ៉ាងស្ងៀមស្ងាត់ចំពោះព្រះជាម្ចាស់ ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទូលសូមព្រះជាម្ចាស់ឱ្យការពារអ្នក និងទូលសូមព្រះជាម្ចាស់ឱ្យបំភ្លឺអ្នក។ លើសពីនេះ គឺដើម្បីស្វែងរកការបំភ្លឺ និងការស្រាយបំភ្លឺអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតដែលអ្នកមិនយល់ ដើម្បីសម្រេចបាននូវការយល់ដឹង និងភាពច្បាស់លាស់អំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ ឬដើម្បីស្វែងរកការដោះស្រាយទិដ្ឋភាពណាមួយនៃកិច្ចការរបស់អ្នកដែលជួបប្រទះនឹងបញ្ហា និងទទួលបានការណែនាំរបស់ព្រះជាម្ចាស់។ មានកិច្ចការជាច្រើនដែលត្រូវធ្វើ និងរឿងជាច្រើនដែលត្រូវបំពេញ នៅពេលមនុស្សម្នាក់ស្ងប់ស្ងាត់ចំពោះព្រះជាម្ចាស់។ វាមិនមែនជារឿងដែលត្រូវមកចំពោះព្រះជាម្ចាស់ដើម្បីបង្ហាញមុខនៅពេលណាអ្នកមានពេលទំនេរ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំនៅទីនេះ ទូលបង្គំមានទ្រង់នៅក្នុងដួងចិត្ត សូមគង់នៅជាមួយទូលបង្គំ សូមកុំបណ្ដោយឱ្យទូលបង្គំធ្លាក់ទៅក្នុងសេចក្ដីល្បួងឡើយ!» នោះទេ។ ប្រសិនបើអ្នកគ្រាន់តែធ្វើឱ្យតែរួចពីដៃបែបនេះ ហើយធ្វើព្រងើយកន្តើយចំពោះព្រះជាម្ចាស់ នោះអ្នកមិនមែនជាអ្នកជឿពិតប្រាកដឡើយ ហើយព្រះជាម្ចាស់នឹងមិនប្រទានសេចក្ដីពិតដល់មនុស្សបែបនេះទេ។ តើមនុស្សត្រូវមានអ្វីជាមុនសិន ដើម្បីឱ្យព្រះជាម្ចាស់ប្រទានសេចក្ដីពិតដល់ពួកគេ? ពួកគេត្រូវតែមានដួងចិត្តដែលស្រេកឃ្លានសេចក្ដីសុចរិត គឺដួងចិត្តដ៏ស្មោះត្រង់។ តើវាបង្ហាញពីអ្វី ប្រសិនបើដួងចិត្តរបស់អ្នកស្មោះត្រង់នោះ? វាបង្ហាញថា អ្នកពិតជាស្រឡាញ់សេចក្ដីពិត។ ប្រសិនបើអ្នកតែងតែធ្វើព្រងើយកន្តើយចំពោះព្រះជាម្ចាស់ ហើយមិនស្មោះត្រង់ទាល់តែសោះ និងតែងតែចង់សម្រេចចិត្តដោយខ្លួនឯងលើគ្រប់រឿងទាំងអស់ ហើយតែងតែចង់មកចំពោះព្រះជាម្ចាស់ដើម្បីបង្ហាញមុខ ជម្រាបសួរ រួចហើយក៏សម្រេចចិត្ត និងទៅធ្វើរឿងផ្សេងៗដោយខ្លួនឯង នោះទោះបីជាព្រះជាម្ចាស់បានផ្ទុកផ្ដាក់កិច្ចការរបស់ព្រះអង្គដល់អ្នកក៏ដោយ ក៏ចុងក្រោយ អ្នកគ្មានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ។ តើនេះហៅថាអ្វី? នេះហៅថា ការទាស់ទទឹងនឹងព្រះជាម្ចាស់ និងការធ្វើរឿងផ្ទាល់ខ្លួន។ តើព្រះជាម្ចាស់អាចបំភ្លឺអ្នកតាមរបៀបនេះបានដែរឬទេ? គឺមិនបានទេ។ តើអ្នកទាំងអស់គ្នាបានក្ដាប់បាននូវផ្លូវដើម្បីដេញតាមសេចក្ដីពិត និងយល់សេចក្ដីពិតហើយឬនៅ? អ្នកត្រូវតែមកចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ ធ្វើឱ្យដួងចិត្តរបស់អ្នកស្ងប់ដើម្បីស្វែងរកសេចក្ដីពិត និងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែរៀនធ្វើឱ្យខ្លួនឯងស្ងប់។ ការធ្វើឱ្យខ្លួនឯងស្ងប់ មិនមែនមានន័យថាមានគំនិតទទេសូន្យនោះទេ ប៉ុន្តែគឺការមានសំណូមពរ គំនិត និងបន្ទុកនៅក្នុងដួងចិត្តរបស់អ្នក ការមកចំពោះព្រះជាម្ចាស់ដោយដួងចិត្តស្មោះត្រង់ និងប្រាថ្នាចង់បាន ការមានសេចក្ដីប្រាថ្នាចង់បានចំពោះសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងការទទួលបន្ទុកសម្រាប់ភារកិច្ចដែលអ្នកបំពេញ និងសម្រាប់កិច្ចការដែលអ្នកធ្វើ នេះហើយគឺជាអ្វីដែលអ្នកគួរតែមាន នៅពេលអ្នកមកចំពោះព្រះជាម្ចាស់ ហើយធ្វើឱ្យខ្លួនឯងស្ងប់។
ខ្ញុំទើបតែបានប្រកបគ្នាថា កិច្ចការទាំងអស់របស់ពួកជំនុំ គឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងកិច្ចការនៃការផ្សាយដំណឹងល្អអំពីនគរព្រះរបស់ព្រះជាម្ចាស់។ ជាពិសេស កិច្ចការផ្សាយដំណឹងល្អ និងការងារទាំងអស់ដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈ គឺមានទំនាក់ទំនងយ៉ាងសំខាន់ និងមិនអាចកាត់ផ្ដាច់បាន ជាមួយនឹងកិច្ចការនៃការផ្សាយដំណឹងល្អ។ ហេតុដូច្នេះហើយ អ្វីក៏ដោយដែលពាក់ព័ន្ធនឹងកិច្ចការនៃការផ្សាយដំណឹងល្អ គឺពាក់ព័ន្ធនឹងផលប្រយោជន៍របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សអាចយល់ដោយត្រឹមត្រូវពីកិច្ចការនៃការផ្សាយដំណឹងល្អ ពួកគេគួរតែប្រព្រឹត្តឱ្យបានត្រឹមត្រូវចំពោះភារកិច្ចដែលពួកគេបំពេញ និងភារកិច្ចដែលអ្នកដទៃបំពេញ។ តើវិធីដ៏ត្រឹមត្រូវក្នុងការប្រព្រឹត្តចំពោះភារកិច្ចទាំងនោះគឺជាអ្វី? ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយបំពេញភារកិច្ចទាំងនោះស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ យ៉ាងហោចណាស់ ចូរកុំពាក់ព័ន្ធនឹងឥរិយាបថ និងការអនុវត្តដែលបង្កការខូចខាត ឬការរំខានដោយចេតនា ហើយកុំធ្វើរឿងដែលអ្នកដឹងថាខុសដោយចេតនាឱ្យសោះ។ ប្រសិនបើនរណាម្នាក់ទទូចចង់ធ្វើអ្វីមួយ ទោះបីជាគេដឹងថាវាបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ហើយគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលគេកុំឱ្យធ្វើវាបានទេ នោះបុគ្គលនោះកំពុងតែធ្វើសេចក្ដីអាក្រក់ កំពុងស្វែងរកសេចក្ដីស្លាប់ និងកំពុងបង្ហាញពីធាតុពិតរបស់គេជាអារក្សហើយ។ ចូរប្រញាប់ធ្វើឱ្យបងប្អូនប្រុសស្រីញែកឱ្យដឹងថាគេជាមនុស្សបែបណា រួចបណ្ដេញមនុស្សអាក្រក់នោះចេញពីពួកជំនុំ។ ប្រសិនបើអ្នកប្រព្រឹត្តអំពើអាក្រក់នោះស្ថិតក្នុងភាពភាន់ច្រឡំមួយពេល ហើយមិនមែនប្រព្រឹត្តអំពើអាក្រក់ដោយចេតនាទេ តើបញ្ហាបែបនេះគួរត្រូវបានចាត់ចែងដោយរបៀបណា? តើគួរតែអប់រំ និងជួយបុគ្គលនោះដែរឬទេ? ចុះបើគេត្រូវបានអប់រំហើយ តែនៅតែមិនស្ដាប់ទៀតនោះ? បងប្អូនប្រុសស្រីត្រូវរួមគ្នាដើម្បីរិះគន់អ្នកប្រព្រឹត្តអំពើអាក្រក់នោះ។ ចុះបើបុគ្គលនោះមានសមត្ថភាពក្នុងការងាររបស់ខ្លួន តែមិនខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវា ប៉ុន្តែសម្រាប់ពេលនេះ គ្មាននរណាម្នាក់អាចជំនួសគេបាន ហើយអ្នកគ្រប់គ្នានៅតែចង់ឱ្យបុគ្គលនោះធ្វើវាទៀតនោះ? អ្នកគ្រប់គ្នាត្រូវរួមគ្នាដើម្បីលួសកាត់បុគ្គលនោះ និងព្រមានគេថា៖ «ព្រះជាម្ចាស់បានលើកតម្កើងអ្នក ហើយបានឱ្យអ្នកបំពេញភារកិច្ចនេះ។ ប្រសិនបើអ្នកមិនខិតខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាទេ ហើយបន្តបង្កការរំខាន ព្រមទាំងបោះបង់កិច្ចការរបស់អ្នកម្ដងទៀត នោះអ្នកច្បាស់ជាគ្មានមនសិការឡើយ ហើយមិនស័ក្ដិសមនឹងបំពេញភារកិច្ចរបស់អ្នកទេ»។ តើរបៀបនេះល្អ ឬមិនល្អ? ប្រសិនបើនរណាម្នាក់អាចជំនួសបុគ្គលនោះបាន នោះត្រូវឱ្យគេឈប់ចុះ។ តើអ្នករាល់គ្នាហ៊ានធ្វើបែបនោះដែរឬទេ? មនុស្សភាគច្រើនមិនហ៊ានទេ។ នៅពេលនិយាយដល់ការការពារកិច្ចការរបស់ពួកជំនុំ មនុស្សជាច្រើនមិនហ៊ានក្រោកឈរឡើង និងរក្សាយុត្តិធម៌ឡើយ។ តើនេះមិនមែនជាករណីនៃការមិនហ៊ានប្រកាន់ខ្ជាប់នូវសេចក្ដីពិតទេឬ? អ្នកខ្លះធ្វើពុតជាមិនដឹងមិនឮ ហើយព្រងើយកន្តើយ នៅពេលពួកគេឃើញកិច្ចការរបស់ពួកជំនុំកំពុងត្រូវបានបង្អាក់ ឬរំខាន ហាក់បីដូចជាវាមិនពាក់ព័ន្ធអ្វីនឹងពួកគេសោះ ហើយអាកប្បកិរិយារបស់ពួកគេគឺធ្វើជាមើលមិនឃើញ។ ប៉ុន្តែ ប្រសិនបើនរណាម្នាក់រិះគន់ពួកគេដោយនិយាយថា ពួកគេមិនគួរធ្វើបែបនេះទេ ឬស្អប់ខ្ពើមពួកគេ ឬក៏មើលងាយពួកគេ នោះពួកគេនឹងខឹងសម្បា ហើយគិតក្នុងចិត្តថា៖ «តើអ្នកគិតថាអ្នកជានរណា? តើអ្នកជានរណាទើបមករិះគន់ខ្ញុំ? តើអ្នកជានរណាទើបមកមើលងាយខ្ញុំ? យើងត្រូវតែនិយាយរឿងនេះឱ្យដឹងសខ្មៅ»។ ពួកគេយកបញ្ហានេះទុកក្នុងចិត្ត និងចាត់ទុកវាជារឿងធ្ងន់ធ្ងរ ហើយពួកគេមិនអាចនៅស្ងៀមដោយមិននិយាយអ្វីមួយ និងមិនប្រកាសពីជំហររបស់ខ្លួនបានឡើយ។ ពួកគេមិនមានអារម្មណ៍អ្វីទាល់តែសោះ នៅពេលកិច្ចការរបស់ពួកជំនុំត្រូវបានរារាំង រំខាន និងបំផ្លាញ ប៉ុន្តែបែរជាធ្វើជាមើលមិនឃើញទៅវិញ។ តើមនុស្សទាំងនេះជាមនុស្សប្រភេទណា? (មនុស្សអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម។) តើនេះគ្រាន់តែជាភាពអាត្មានិយម និងភាពគួរឱ្យស្អប់ខ្ពើមប៉ុណ្ណោះឬ? បញ្ហានេះធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់វាមិនអាចត្រូវសង្ខេបត្រឹមតែមួយប្រយោគបានឡើយ។ គេអាចត្រឹមតែនិយាយថា មនុស្សបែបនេះគ្មានភាពជាមនុស្សទេ ហើយមិនមែនជាមនុស្សល្អទាល់តែសោះ។ តាមពិតទៅ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ហើយជាការពិតណាស់ អ្នកដឹកនាំក្លែងក្លាយក៏មិនខុសគ្នាដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនដឹងទាល់តែសោះថា អ្វីទៅជាផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលកិច្ចការរបស់ពួកជំនុំកំពុងត្រូវបានរារាំង ពួកគេមិនអាចមើលឃើញឡើយ។ អ្នកខ្លះបង្កភាពវឹកវរយ៉ាងខ្លាំងដោយការរំខានដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែនៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញបែបនេះ ពួកគេមិនចាត់ទុកវាជារឿងធ្ងន់ធ្ងរទេ។ ពួកគេចាត់ទុកវាជារឿងស្រាល ហើយស្ដីបន្ទោសអ្នកប្រព្រឹត្តនោះយ៉ាងទន់ខ្សោយដោយពាក្យសម្ដីសាមញ្ញៗពីរបីម៉ាត់ ដាស់តឿនពួកគេមួយភ្លែត ហើយគ្មានអ្វីលើសពីនេះឡើយ ដោយគ្មានសូម្បីតែការខឹងសម្បាបន្តិចទាល់តែសោះ។ តើមនុស្សបែបនេះមានស្មារតីយុត្តិធម៌ដែរឬទេ? តើមនុស្សទាំងនេះជាមនុស្សប្រភេទណាទៅ? មនុស្សបែបនេះស៊ីបាយបោកឆ្នាំង ពួកគេគឺជាជនក្បត់! ពួកគេគឺជាមនុស្សថោកទាប!
ខ្ញុំទើបតែបានផ្ដល់នូវទិដ្ឋភាពទូទៅអំពីអ្វីទៅជាផលប្រយោជន៍របស់មនុស្ស អ្វីទៅជាសារជាតិនៃផលប្រយោជន៍របស់មនុស្ស ហេតុអ្វីបានជាមនុស្សដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន អ្វីទៅជាធម្មជាតិនៃការដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មនុស្ស ហើយក៏បាននិយាយអំពីអ្វីទៅជាធម្មជាតិនៃផលប្រយោជន៍របស់ព្រះជាម្ចាស់ និងរបៀបដែលផលប្រយោជន៍ទាំងនោះត្រូវបានកំណត់ន័យផងដែរ។ ផលប្រយោជន៍របស់ព្រះជាម្ចាស់ គឺជាបុព្វហេតុដ៏យុត្តិធម៌បំផុត ហើយគួរតែត្រូវបានចាត់ទុកបែបនេះ។ ការដែលព្រះជាម្ចាស់ការពារផលប្រយោជន៍របស់ទ្រង់ មិនមែនជាភាពអាត្មានិយមទាល់តែសោះ ហើយវាក៏មិនមែនដើម្បីតែការពារសេចក្ដីថ្លៃថ្នូរ និងសិរីល្អរបស់ទ្រង់ប៉ុណ្ណោះដែរនោះទេ។ ផ្ទុយទៅវិញ ទ្រង់ចង់ការពារវឌ្ឍនភាព និងលទ្ធផលនៃកិច្ចការរបស់ទ្រង់ ហើយការពារបុព្វហេតុដ៏យុត្តិធម៌មួយ។ នេះគឺជាឥរិយាបថ និងសកម្មភាពដ៏យុត្តិធម៌ និងត្រឹមត្រូវបំផុត ហើយនេះគឺជាទង្វើរបស់ព្រះជាម្ចាស់។ មនុស្សលោកដែលព្រះបានបង្កើត មិនគួររក្សាទុកសញ្ញាណណាមួយអំពីទង្វើរបស់ព្រះជាម្ចាស់នេះឡើយ កុំថាឡើយមានការចោទប្រកាន់ ឬការវិនិច្ឆ័យណាមួយនោះ។ តើយើងអាចនិយាយបានថា ផលប្រយោជន៍របស់ព្រះជាម្ចាស់គឺខ្ពស់ជាងអ្វីៗទាំងអស់ដែរឬទេ? (អាចបាន។) តើការនិយាយបែបនេះជាភាពអាត្មានិយមដែរឬទេ? (មិនមែនទេ។) មនុស្សយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះ ហើយដោយផ្អែកលើមូលដ្ឋាននេះ សេចក្ដីថ្លែងនេះគឺសមហេតុផល។ វាមិនមែនជាការលម្អៀងដោយចេតនាទេ វាគឺយុត្តិធម៌ និងត្រឹមត្រូវ។ «ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង» នេះគឺជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ អាកប្បកិរិយា និងការប្រព្រឹត្តរបស់ពួកគេចំពោះផលប្រយោជន៍ គឺមានធម្មជាតិបែបនេះឯង ហើយពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើពាក្យ «មិនដែល» មានន័យដូចម្ដេច? ពោលគឺ ពួកគេមិនគិតអំពីផលប្រយោជន៍របស់ព្រះជាម្ចាស់ទាល់តែសោះ ហើយពួកគេក៏គ្មានគោលគំនិតបែបនេះដែរ ពួកគេគិតគូរតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ នេះហើយជាអត្ថន័យរបស់វា។ តើវាធ្ងន់ធ្ងរកម្រិតណាទៅ? គឺការក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួន និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ផលប្រយោជន៍របស់ពួកគេគឺសំខាន់បំផុត ហើយអាចជំនួសផលប្រយោជន៍របស់ព្រះជាម្ចាស់បាន។ ពួកគេនឹងតស៊ូដើម្បីផលប្រយោជន៍របស់ពួកគេ មិនថាផលប្រយោជន៍ទាំងនេះទុច្ចរិត មិនត្រឹមត្រូវ ឬអវិជ្ជមានយ៉ាងណាក៏ដោយ ហើយដើម្បីដណ្ដើមយកផលប្រយោជន៍របស់ខ្លួន និងតស៊ូដើម្បីផលប្រយោជន៍ទាំងនោះ ពួកគេហ៊ានលះបង់នរណាម្នាក់ ដោយមិនគិតពីតម្លៃណាមួយឡើយ។ តើនេះជាឥរិយាបថប្រភេទណាទៅ? (ជាឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) ឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះហើយគឺជាអ្វីដែលសាតាំងធ្វើ។ សាតាំងត្រួតត្រាពូជមនុស្សនេះ ត្រួតត្រាប្រទេសមួយ ត្រួតត្រាជាតិសាសន៍មួយ ហើយហ៊ានលះបង់ជីវិតមនុស្សប៉ុន្មាននាក់ក៏បាន ដើម្បីប្ដូរយកស្ថិរភាពនៃការត្រួតត្រារបស់វា។ តើអ្វីទៅជាផលប្រយោជន៍របស់សាតាំង? គឺអំណាច និងឋានៈនៃការត្រួតត្រា។ ដូច្នេះ តើវាទទួលបានឋានៈនៃការត្រួតត្រាដោយរបៀបណា ហើយតើវាធ្វើឱ្យការត្រួតត្រានេះមានស្ថិរភាពដោយរបៀបណា? (ដោយមិនគិតពីតម្លៃណាមួយឡើយ។) ដោយមិនគិតពីតម្លៃណាមួយឡើយ។ ពោលគឺ វាមិនខ្វល់ថាតើការអនុវត្ត និងវិធីសាស្ត្ររបស់វាហាក់ដូចជាត្រឹមត្រូវ ឬមិនត្រឹមត្រូវចំពោះសាធារណជននោះទេ ហើយវាប្រើប្រាស់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីការសម្លាប់រង្គាល និងការបង្ក្រាប រហូតដល់យុទ្ធសាស្ត្រទន់ និងរឹង ការបង្ខិតបង្ខំ និងការលួងលោម ហើយហ៊ានលះបង់ជីវិតរបស់នរណាម្នាក់ ឬជីវិតមនុស្សប៉ុន្មាននាក់ក៏បាន ដើម្បីប្ដូរយកស្ថិរភាពនៃឋានៈរបស់វា និងអំណាចនៅក្នុងដៃរបស់វា នេះគឺជាឥរិយាបថរបស់សាតាំង។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ធ្វើរឿងតាមរបៀបនេះដែរ។
តើព្រះបន្ទូលទាំងនេះនៅក្នុងការប្រកបគ្នានាថ្ងៃនេះ ត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នករាល់គ្នាដែរឬទេ? (ខ្ញុំទទួលបានប្រយោជន៍យ៉ាងច្រើនបន្ទាប់ពីបានស្ដាប់នៅថ្ងៃនេះ ហើយជាពិសេស ការវែកញែកអំពីចំណេះដឹង និងពួកបញ្ញវន្ត បានធ្វើឱ្យចិត្តខ្ញុំរំជើបរំជួលយ៉ាងខ្លាំង។ កាលពីមុន ខ្ញុំមិនសូវយល់ស្របនឹងគំនិតដែលថា ពួកបញ្ញវន្តគ្មានការយល់ដឹងខាងវិញ្ញាណនោះទេ ប៉ុន្តែក្នុងអំឡុងពេលនេះ តាមរយៈការវែកញែករបស់ព្រះជាម្ចាស់អំពីចំណេះដឹង ខ្ញុំអាចធៀបនឹងខ្លួនឯងបន្តិចម្ដងៗ ហើយឃើញថា ជាច្រើនលើកច្រើនសា ខ្លួនខ្ញុំផ្ទាល់មិនអាចជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ខ្ញុំស្ដាប់មិនយល់ពីព្រះបន្ទូលទាំងនោះទេ ហើយនៅពេលមើលមនុស្ស និងព្រឹត្តិការណ៍នានា ខ្ញុំមើល និងវិភាគរឿងទាំងនោះតាមទស្សនៈបែបបញ្ញា ដែលនាំឱ្យមានការយល់ដឹងវៀចវេរ នេះហើយគឺការគ្មានការយល់ដឹងជ្រួតជ្រាបខាងវិញ្ញាណ។ ឥឡូវនេះ ខ្ញុំអាចមើលឃើញកាន់តែច្បាស់ពីសារជាតិនៃពួកបញ្ញវន្ត។) ក្នុងការនិយាយអំពីពួកបញ្ញវន្តនៅថ្ងៃនេះ ខ្ញុំពិតជាមិនសំដៅលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាអាចយកខ្លួនឯងមកធៀបនឹងព្រះបន្ទូលរបស់ខ្ញុំ នោះជារឿងល្អមួយ ហើយក៏មានសង្ឃឹមថា អ្នកអាចផ្លាស់ប្ដូរ និងចូលទៅក្នុងបាន។ អ្នករាល់គ្នាគួរតែដេញតាមយ៉ាងឧស្សាហ៍ព្យាយាម ចាប់ពីចំណុចដែលមិនយល់ ឬមិនជ្រួតជ្រាបពីសេចក្ដីពិត រហូតដល់ឈានទៅដល់ចំណុចដែលអ្នកអាចយល់សេចក្ដីពិតសាមញ្ញៗ ដាច់ដោយឡែក និងមិនសូវជ្រាលជ្រៅមួយចំនួនម្ដងមួយៗ ដើម្បីឱ្យអ្វីដែលអ្នកយល់ គឺជាសេចក្ដីពិត មិនមែនជាពាក្យពេចន៍ និងគោលលទ្ធិឡើយ។ តាមរបៀបនេះ អ្នកនឹងមានការយល់ដឹងខាងវិញ្ញាណបន្តិចម្ដងៗ។ ប្រសិនបើអ្នកស្វែងយល់ពីរឿងរ៉ាវនានាដោយផ្ដោតលើសេចក្ដីពិត និងតថភាព នោះអ្នកនឹងយល់សេចក្ដីពិតបន្តិចម្ដងៗ។ ប្រសិនបើអ្នកតែងតែវិភាគរឿងរ៉ាវនានាដោយផ្ដោតលើគោលលទ្ធិ ដោយប្រើតក្កវិជ្ជា និងប្រើខួរក្បាលរបស់អ្នក នោះអ្វីដែលអ្នកយល់ នឹងគ្រាន់តែជាគោលលទ្ធិ ឬទ្រឹស្ដីប៉ុណ្ណោះ ដែលនឹងមិនអាចក្លាយជាសេចក្ដីពិតជាដាច់ខាត ហើយអ្នកនឹងមិនអាចឈានទៅមុខហួសពីមូលដ្ឋាននៃគោលលទ្ធិបានជាដាច់ខាត។ តើវាមិនដូច្នេះទេឬ? (មែនហើយ។) អ្នកខ្លះនិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចយល់ពីព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ដែលខ្ញុំអានដូច្នេះ? ម្ដេចបានជាព្រះបន្ទូលទាំងនោះមិនងាយស្រួលឱ្យមនុស្សយល់ និងទទួលយក នៅពេលវាស់ស្ទង់ដោយប្រើវេយ្យាករណ៍ និងផ្អែកលើរចនាសម្ព័ន្ធអត្ថបទ?» តើអ្នករាល់គ្នាពន្យល់ពីបញ្ហានេះដោយរបៀបណា? តើឥឡូវនេះ អ្នកអាចយល់វាបានដែរឬទេ? ខ្ញុំនឹងពន្យល់រឿងនេះប្រាប់អ្នករាល់គ្នា។ ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់មនុស្ស ចាប់តាំងពីមនុស្សជាតិបានកើតមានឡើងមកម៉្លេះ ហើយរាល់ព្រះបន្ទូល និងកថាខណ្ឌនៃអ្វីដែលទ្រង់ថ្លែង គឺគ្រាន់តែជាភាសាប៉ុណ្ណោះ មិនមែនជាអត្ថបទតែងសេចក្ដីឡើយ។ ពេលខ្ញុំកំពុងនិយាយនៅទីនេះថ្ងៃនេះ តើខ្ញុំកំពុងនិយាយជាអត្ថបទតែងសេចក្ដី កំពុងធ្វើសេចក្ដីរាយការណ៍ ឬគ្រាន់តែសន្ទនា? (សន្ទនា។) ខ្ញុំកំពុងជជែកលេងជាមួយអ្នករាល់គ្នា ប្រាប់ពីសេចក្ដីពិត និងនិយាយអំពីប្រធានបទដែលអ្នករាល់គ្នាត្រូវការ។ ខ្ញុំកំពុងនិយាយ មិនមែនកំពុងរ៉ាយរាប់អត្ថបទតែងសេចក្ដីឡើយ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែយល់ថា អ្វីទៅជាអត្ថបទតែងសេចក្ដី និងអ្វីទៅជាការនិយាយ ពោលគឺមានភាពខុសគ្នារវាងរឿងទាំងពីរនេះ។ ធាតុផ្សំមួយចំនួនដែលអត្ថបទតែងសេចក្ដីត្រូវការ គឺជាផ្នែកនៃចំណេះដឹងដែលមកពីមនុស្សជាតិ ហើយព្រះជាម្ចាស់មិនចាំបាច់អនុលោមតាមចំណេះដឹងនេះទេ នៅពេលទ្រង់មានព្រះបន្ទូល។ ទ្រង់គ្រាន់តែចាំបាច់ត្រូវមានព្រះបន្ទូលយ៉ាងសាមញ្ញ និងច្បាស់លាស់នូវសេចក្ដីពិតដែលទ្រង់មានព្រះហឫទ័យចង់មានព្រះបន្ទូលប៉ុណ្ណោះ ហើយដរាបណាមនុស្សអាចយល់សេចក្ដីពិតដែលពួកគេឮ នោះគឺគ្រប់គ្រាន់ហើយ ហើយសូម្បីតែសញ្ញាវណ្ណយុត្ត ក៏មិនចាំបាច់ប្រើដែរ។ មនុស្សជាតិបានបង្កើតសញ្ញាវណ្ណយុត្ត និងអត្ថបទtតែងសេចក្ដីឡើង ហើយក៏បានបង្កើតវេយ្យាករណ៍ និងធាតុផ្សំដែលអត្ថបទតែងសេចក្ដីត្រូវការផងដែរ។ រឿងទាំងអស់នេះ សុទ្ធតែស្ថិតក្នុងដែននៃចំណេះដឹង ហើយព្រះជាម្ចាស់មិនចាំបាច់អនុលោមតាមរឿងទាំងនេះឡើយ។ បន្ថែមលើនេះ ភាសាមកពីព្រះជាម្ចាស់ ហើយនេះគឺជាអ្វីមួយដែលវិជ្ជមាន។ ហេតុដូច្នេះហើយ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណានោះទេ គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ អ្នកមិនចាំបាច់ត្រួតពិនិត្យព្រះបន្ទូលទាំងនោះដើម្បីរកមើលបញ្ហាវេយ្យាករណ៍ ឬប្រៀបធៀប ឬវែកញែកពីបញ្ហាវេយ្យាករណ៍ឡើយ។ អ្នកគ្រាន់តែចាំបាច់ត្រូវយល់នៅក្នុងសេចក្ដីណាមួយ នៅក្នុងកថាខណ្ឌណាមួយ និងនៅក្នុងប្រយោគណាមួយថា តើអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីទៅជាសេចក្ដីពិត អ្វីទៅជាគោលការណ៍សេចក្ដីពិតដែលព្រះជាម្ចាស់តម្រូវពីមនុស្ស និងអ្វីទៅជាផ្លូវនៃការអនុវត្តដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់ដល់មនុស្ស នោះគឺគ្រប់គ្រាន់ហើយ។ នេះគឺជាវិចារណញ្ញាណដែលភាវៈដែលព្រះបានបង្កើត ពោលគឺមនុស្ស គួរតែមាន។ ព្រះបន្ទូល និងទង្វើរបស់ព្រះជាម្ចាស់ មិនចាំបាច់អនុលោមតាមទម្លាប់ និងក្របខណ្ឌទាំងអស់នេះដែលបង្កើតឡើងដោយមនុស្សឡើយ ហើយក៏មិនចាំបាច់ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ និងរឿងរ៉ាវដែលពាក់ព័ន្ធនឹងបញ្ញាសុទ្ធសាធដែលមាននៅក្នុងចំណេះដឹងទាំងនេះដែរ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលនូវរឿងជាច្រើន ហើយមិនថាទ្រង់មានព្រះបន្ទូលយ៉ាងណានោះទេ នោះគឺជាសេចក្ដីពិត។ មនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ និងមនុស្សដែលមានបទពិសោធ កាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេកាន់តែមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ថាតើសេចក្ដីពិតដែលមាននៅក្នុងព្រះបន្ទូលទាំងនេះជាអ្វី គឺជារឿងដែលមនុស្សត្រូវត្រិះរិះពិចារណា ស្វែងរក និងដកបទពិសោធ។ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សជាតិ ចូរចាំថា អ្វីដែលព្រះជាម្ចាស់ធ្វើ គឺមានព្រះបន្ទូល ហើយ «ការមានព្រះបន្ទូល» ត្រូវបានគេស្គាល់ក្នុងពាក្យសាមញ្ញថា ជាការជជែកលេង ឬការនិយាយពីរឿងរ៉ាវនានា។ តើអ្វីទៅជាសារជាតិដែលមាននៅក្នុងអ្វីដែលព្រះជាម្ចាស់ចង់មានព្រះបន្ទូលនៅត្រង់នេះ? នោះគឺបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នេះហើយគឺជាខ្លឹមសារ។ ធម្មជាតិនៃការនិយាយ គឺការនិយាយយ៉ាងសាមញ្ញ និងច្បាស់លាស់ក្នុងរបៀបជជែកលេង ចិត្តនិងចិត្ត និងទល់មុខគ្នា ដោយជួនកាលប្រើភាសានិយាយ និងគ្រាមភាសាខ្លះៗ ហើយជួនកាលប្រើពាក្យពេចន៍អក្សរសាស្ត្រខ្លះៗ។ ដើម្បីសរសេរអត្ថបទតែងសេចក្ដីមួយ អ្នកត្រូវមានសេចក្ដីផ្ដើមនៅក្នុងកថាខណ្ឌទីមួយ ពង្រីក និងបកស្រាយពីបញ្ហានៅផ្នែកកណ្ដាល រួចឈានទៅដល់ចំណុចកំពូល និងសេចក្ដីបញ្ចប់។ វាត្រូវតែសរសេរតាមទម្រង់នេះតែម្ដង ទើបអាចចាត់ទុកថាជាអត្ថបទតែងសេចក្ដីមួយបាន ហើយទាល់តែធ្វើបែបនោះ ទើបគ្រូអានវា និងវាយតម្លៃវាថាមធ្យម ល្អ ឬល្អប្រសើរ។ តើអ្នកអាចវាយតម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះបានដែរឬទេ? ឧបមាថាអ្នកនិយាយថា៖ «ព្រះបន្ទូលនេះល្អ វាមានវេយ្យាករណ៍ល្អ វាត្រូវបានថ្លែងមកជាភាសានៃភាពជាព្រះ ហើយវាស្របតាមរចនាសម្ព័ន្ធនៃអត្ថបទតែងសេចក្ដីមួយទាំងស្រុង ចំណែកព្រះបន្ទូលនោះមិនសូវល្អទេ វារាងមិនរៀបរយបន្តិច ហើយរចនាសម្ព័ន្ធក៏មិនសូវល្អដែរ។ ពាក្យពេចន៍ខ្លះមិនសូវត្រូវតាមវេយ្យាករណ៍ទេ ហើយថែមទាំងមានពាក្យខ្លះដែលហាក់ដូចជាមិនត្រូវបានប្រើនៅកន្លែងដែលត្រឹមត្រូវទៀតផង»។ តើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ការអានព្រះបន្ទូលទាំងនោះតាមរបៀបនេះ គឺជារឿងវៀចវេរហើយ ហើយអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតជាដាច់ខាត។ អ្នកត្រូវតែរៀនយល់ពីអត្ថន័យបង្កប់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលឃើញពីអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នក និងអ្វីទៅជាសេចក្ដីពិតដែលមាននៅក្នុងព្រះបន្ទូលទាំងនេះ នោះទើបជារឿងដ៏ឆ្លាតវៃដែលត្រូវធ្វើ។ អ្នកមិនទាំងដឹងពីរបៀបមើលរឿងទាំងនេះផង ហើយអ្នកចេះតែនិយាយពេញមួយថ្ងៃថា៖ «ម្ដេចបានជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាអត្ថបទតែងសេចក្ដីសោះដូច្នេះ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គួរតែដូចជាសុន្ទរកថា ហើយព្រះជាម្ចាស់គួរតែមានព្រះបន្ទូលដោយប្រើភាសាដ៏ពីរោះរណ្ដំ»។ ខ្ញុំមិនធ្វើបែបនោះទេ។ ការធ្វើបែបនោះពិតជាហត់នឿយណាស់ ហើយអ្នករាល់គ្នានឹងហត់នឿយក្នុងការស្ដាប់ ចំណែកឯអ្នកនិយាយក៏ហត់នឿយដូចគ្នា។ សាកគិតមើលអំពីពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលនៅស្ថានសួគ៌ មានព្រះបន្ទូលទៅកាន់យ៉ូប មានព្រះបន្ទូលទៅកាន់ពេត្រុស មានព្រះបន្ទូលទៅកាន់ម៉ូសេ និងយ៉ូណាស។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនសាមញ្ញ និងច្បាស់លាស់ទេឬ? អ្នកមិនអាចមើលឃើញទាល់តែសោះថា ព្រះបន្ទូលទាំងនោះវិសាមញ្ញ អរូបី ឬមហិមាកម្រិតណា ឬការប្រើប្រាស់ពាក្យពេចន៍មានភាពហ្មត់ចត់កម្រិតណានោះទេ។ ចូរមើលនៅពេលដែលសាតាំងល្បួងយ៉ូប ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង» (យ៉ូប ១:៨) និង «គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់» (យ៉ូប ២:៦)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងសាមញ្ញ និងខ្លីខ្លឹម ហើយបានពន្យល់ពីរឿងនេះយ៉ាងច្បាស់លាស់។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់ និងជាសារជាតិរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនប្រើពាក្យពេចន៍អាថ៌កំបាំងដែលធ្វើឱ្យមានការភាន់ច្រឡំដោយចេតនាឡើយ ហើយភាពមហិមា ភាពវិសាមញ្ញ ភាពថ្លៃថ្នូរ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ មិនមែនជាការក្លែងបន្លំឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា រឿងទាំងនេះមិនមែនជាការក្លែងបន្លំ? នៅពេលទ្រង់មានព្រះបន្ទូលទៅកាន់មនុស្សម្នាក់ ទ្រង់មិនធ្វើពុត ក្លែងបន្លំអង្គទ្រង់ដោយរូបភាពដ៏ខ្ពង់ខ្ពស់ ឬមានព្រះបន្ទូលពីរឿងដែលមនុស្សមិនអាចយល់បានឡើយ គឺសាតាំងទេដែលធ្វើបែបនោះ ព្រះជាម្ចាស់មិនធ្វើបែបនោះឡើយ ហើយដោយសារព្រះជាម្ចាស់កំពុងមានព្រះបន្ទូល ទ្រង់នឹងធ្វើឱ្យអ្នកយល់ពីព្រះបន្ទូលនោះ។ ប្រសិនបើអ្នកជាកូនក្មេង ទ្រង់នឹងមានព្រះបន្ទូលទៅកាន់អ្នកដោយប្រើពាក្យពេចន៍ដែលក្មេងៗអាចយល់បាន។ ប្រសិនបើអ្នកជាមនុស្សចាស់ ទ្រង់នឹងមានព្រះបន្ទូលទៅកាន់អ្នកជាភាសារបស់មនុស្សចាស់។ ប្រសិនបើអ្នកជាបុរស ទ្រង់នឹងមានព្រះបន្ទូលទៅកាន់អ្នកជាភាសាដែលបុរសធ្លាប់ប្រើប្រាស់។ ប្រសិនបើអ្នកជាមនុស្សពុករលួយ ទ្រង់នឹងមានព្រះបន្ទូលទៅកាន់អ្នកតាមរបៀប និងរចនាសម្ព័ន្ធភាសារបស់ទ្រង់ ដែលមនុស្សពុករលួយអាចយល់បាន។ ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបជាច្រើន។ ជួនកាល ទ្រង់មានព្រះបន្ទូលលេងសើច ជួនកាល ទ្រង់មានព្រះបន្ទូលបញ្ឆិតបញ្ឆៀង ជួនកាល ទ្រង់មានព្រះបន្ទូលចំអកបញ្ឈឺ ជួនកាល ទ្រង់វែកញែក ជួនកាល ទ្រង់រាងតឹងរ៉ឹង ជួនកាល ទ្រង់រាងទន់ភ្លន់ ជួនកាល ទ្រង់ធ្វើឱ្យអ្នកមានអារម្មណ៍រំជួលចិត្ត ហើយជួនកាល ទ្រង់លួងលោមអ្នកបន្ទាប់ពីលួសកាត់អ្នករួច...។ កិច្ចការទាំងអស់នេះដែលព្រះជាម្ចាស់ធ្វើ និងសេចក្ដីពិតទាំងនេះដែលទ្រង់សម្ដែងចេញ មិនមែនស្លាប់ក្រឡាទេ គឺវាមានភាពរស់រវើក។ ព្រះជាម្ចាស់គឺជាប្រភពនៃទឹករស់ ហើយប្រភពនៃសេចក្ដីពិតគឺព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណានោះទេ គឺសុទ្ធតែបានទាំងអស់ មានសេចក្ដីពិតនៅក្នុងព្រះបន្ទូលនោះ ហើយវាមិនសំខាន់ទេថាទ្រង់មានព្រះបន្ទូលតាមរបៀបណានោះ។ ប្រសិនបើនរណាម្នាក់តែងតែមានសញ្ញាណអំពីរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ រចនាសម្ព័ន្ធភាសារបស់ទ្រង់ ជាដើម ហើយតែងតែពិនិត្យពិច័យ និងសង្ស័យលើរឿងទាំងនោះ ព្រមទាំងតែងតែមានអារម្មណ៍មិនសប្បាយចិត្តចំពោះរឿងទាំងនេះ ហើយគិតថា៖ «ព្រះជាម្ចាស់ដែលខ្ញុំជឿ ហាក់ដូចជាមិនមែនជាព្រះជាម្ចាស់ទាល់តែសោះ ហេតុអ្វីបានជាទ្រង់បែបនេះ? ដូច្នេះ ខ្ញុំមិនចង់ទទួលយកទ្រង់ទេ វាមុខជាគួរឱ្យខ្មាសអៀនណាស់ប្រសិនបើខ្ញុំបានទទួលយកទ្រង់ ខ្ញុំសុខចិត្តជឿលើអ្នកនេះឬអ្នកនោះវិញ» តើមនុស្សនេះជាមនុស្សប្រភេទណាទៅ? (ជាអ្នកមិនជឿ។) នេះគឺជាអ្នកមិនជឿ។ តើមនុស្សភាគច្រើនដែលជាពួកអ្នកមិនជឿ គឺជាមនុស្សប្រភេទណា? គឺជាមនុស្សដែលខ្វះការយល់ដឹងខាងវិញ្ញាណ។ នៅពេលមនុស្សដែលខ្វះការយល់ដឹងខាងវិញ្ញាណអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេពិនិត្យពិច័យព្រះបន្ទូលទាំងនោះយ៉ាងយកចិត្តទុកដាក់ ដែលជាលទ្ធផល ពួកគេនៅតែមិនអាចយល់ព្រះបន្ទូលទាំងនោះបានទាំងស្រុងដដែល ដូច្នេះពួកគេក៏ឆ្ងល់ថា៖ «ដោយសារនេះគឺជាផ្លូវពិត តើវាអាចទៅរួចទេក្នុងការទទួលបានព្រះពរពិតប្រាកដតាមរយៈការជឿតាមផ្លូវនេះ? មនុស្សជាច្រើនជឿ។ ប្រសិនបើខ្ញុំមិនជឿ តើខ្ញុំនឹងមិនធ្លាក់នរកទេឬ?» ពួកគេថែមទាំងរក្សាទុកល្បិចកលតូចតាចទៀតផង។ ពួកគេមិនឆ្ងល់ថា៖ «គេនិយាយថាមានសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចុះអ្វីទៅជាសេចក្ដីពិត? ម្ដេចបានជាខ្ញុំមិនទាន់ឃើញសេចក្ដីពិតនោះ? ខ្ញុំត្រូវតែអាន និងស្ដាប់!» នៅថ្ងៃមួយ ទីបំផុតពួកគេ «យល់ពីអ្វីដែលពួកគេឮ» ហើយគិតថា៖ «អ្វីដែលព្រះបន្ទូលទាំងនេះបើកសម្ដែង គឺជាស្ថានភាពពិត វាគឺជាសេចក្ដីពិត។ ប៉ុន្តែភាសានេះសាមញ្ញ និងធម្មតាពេកហើយ វាសាមញ្ញមែនទែន ហើយអាចនឹងត្រូវបានពួកបញ្ញវន្តមើលងាយ និងរើសអើង ព្រមទាំងចាត់ទុកថាជាការនិយាយស្ដីដ៏សាមញ្ញបំផុត ហើយថែមទាំងសោះកក្រោះទៀតផងចំពោះព្រះបន្ទូលមួយចំនួន ហើយពាក្យពេចន៍ខ្លះដែលបញ្ញវន្តជាន់ខ្ពស់ក្នុងវិស័យចំណេះដឹងមិនបន្ទាបខ្លួនប្រើ បែរជាត្រូវបានមានព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ទៅវិញ នេះជារឿងដែលមិនគួរឱ្យជឿសោះ ហើយវាប្រាកដជាមិនគួរដូចនេះទេ មែនទេ?» តើអ្វីទៅជាផលវិបាកនៃការពិនិត្យពិច័យជាប់ជានិច្ចនេះ? អ្នកនឹងមានអារម្មណ៍ថា អ្នកល្អជាងព្រះជាម្ចាស់ ហើយថាព្រះជាម្ចាស់គួរតែជឿលើអ្នក និងលើកតម្កើងអ្នក។ តើនេះមិនមែនជាបញ្ហាទេឬ? ទាំងនេះគឺជាមនុស្សដែលខ្វះការយល់ដឹងខាងវិញ្ញាណ។ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ គឺតែងតែឈរប្រឆាំងនឹងព្រះជាម្ចាស់ និងពិនិត្យពិច័យទ្រង់ជានិច្ច។ ខណៈពេលពិនិត្យពិច័យព្រះជាម្ចាស់ ពួកគេក៏កំពុងតែទាស់ទទឹងនឹងទ្រង់ ហើយខណៈពេលដែលទាស់ទទឹងនឹងទ្រង់ ពួកគេក៏កំពុងតែគិតថា៖ «វាជាការល្អប្រសើរដែលទ្រង់មិនមែនជាព្រះជាម្ចាស់ ពីព្រោះទ្រង់តូចតាចណាស់ ទ្រង់មិនដូចជាព្រះជាម្ចាស់ទេ។ ប្រសិនបើទ្រង់ជាព្រះជាម្ចាស់ ទូលបង្គំនឹងមិនមានអារម្មណ៍ស្ងប់ចិត្តឡើយ។ ប្រសិនបើទូលបង្គំមើលងាយទ្រង់ និងពិនិត្យពិច័យទ្រង់ ដោយវិភាគទ្រង់រហូតដល់ទ្រង់លែងជាព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ជឿលើទ្រង់ នោះទូលបង្គំនឹងសប្បាយចិត្ត ហើយប្រសិនបើទូលបង្គំស្វែងរកព្រះជាម្ចាស់ដ៏អស្ចារ្យមួយអង្គដើម្បីជឿ ទូលបង្គំនឹងមានអារម្មណ៍សុខសាន្ត»។ មនុស្សបែបនេះគឺជាអ្នកមិនជឿ។ អ្នកមិនជឿភាគច្រើនខ្វះការយល់ដឹងខាងវិញ្ញាណ។ ពួកគេនឹងមិនយល់ ឬទទួលបានសេចក្ដីពិតពីសូរសៀងដ៏សាមញ្ញបំផុតទាំងនេះរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ ពួកគេគ្រាន់តែពិនិត្យពិច័យព្រះបន្ទូលទាំងនោះម្ដងហើយម្ដងទៀត ដោយមិនត្រឹមតែមិនទទួលបានសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញរឿងដ៏សំខាន់នៃសេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ព្រមទាំងបើកសម្ដែងពីខ្លួនពួកគេ និងជម្រុះខ្លួនពួកគេចោលទៀតផង។ សូមបញ្ចប់ការប្រកបគ្នានាថ្ងៃនេះត្រឹមនេះចុះ។ (សូមអរព្រះគុណព្រះជាម្ចាស់!) លាហើយ!
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០
កំណត់សម្គាល់៖
ក. «ឡាវ» និង «សៀវ» គឺជាបុព្វបទដែលត្រូវបានបន្ថែមនៅពីមុខនាមត្រកូលនៅក្នុងភាសាចិន ជាពាក្យសម្រាប់ហៅដែលបង្ហាញពីភាពស្និទ្ធស្នាល ឬភាពសាមញ្ញរវាងអ្នកនិយាយ និងអ្នកស្ដាប់។