ចំណុចទីបួន៖ ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់អំពីខ្លួនឯង

សេចក្ដីបន្ថែម៖ ការបរបាញ់សត្វកណ្ដុរ

ថ្មីៗនេះ ខ្ញុំបានឮអំពីបញ្ហាថ្មីមួយ។ សូមស្ដាប់ ហើយគិតអំពីរបៀបដែលរឿងនេះទាក់ទងនឹងអាកប្បកិរិយា និងចរិតលក្ខណៈរបស់មនុស្ស តើរឿងនេះនិយាយអំពីអ្វី ហើយវាឆ្លុះបញ្ចាំងអំពីប្រភេទបញ្ហាអ្វីខ្លះ។ ក្រោយពីជនជាតិចិនមួយចំនួនបានមកដល់អាមេរិក ក្រៅពីបានឃើញថា បរិស្ថានសង្គម និងបរិយាកាសនៅទីនេះ មានភាពខុសគ្នាជាខ្លាំងពីប្រទេសចិន ក៏នៅមានរឿងមួយទៀតដែលពួកគេយល់ថាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ នោះគឺថា នៅក្នុងប្រទេសនេះ មិនត្រឹមតែមនុស្សមានសេរីភាពប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ប្រភេទនៃភាវៈមានជីវិតនិងសត្វនានាក៏មានសេរីភាពខ្លាំងណាស់ដែរ ហើយគ្មាននរណាម្នាក់រុករានដល់ពួកវាឡើយ។ សេរីភាពរបស់មនុស្ស គឺច្បាស់ជាលទ្ធផលនៃប្រព័ន្ធសង្គម ដូច្នេះតើអ្វីដែលនាំមកនូវសេរីភាពដល់គ្រប់ប្រភេទនៃភាវៈមានជីវិត និងសត្វនានា? តើរឿងនេះទាក់ទងនឹងប្រព័ន្ធសង្គមដែរឬទេ? (ទាក់ទង)។ វាទាក់ទងនឹងរបៀបដែលប្រព័ន្ធសង្គម និងគោលនយោបាយរបស់រដ្ឋាភិបាលការពារនិងគ្រប់គ្រងបរិស្ថានធម្មជាតិទាំងមូល។ នៅទីនេះ សត្វព្រៃមាននៅគ្រប់ទិសទី ហើយអាចមើលឃើញនៅពាសពេញទីកន្លែង។ ឧទាហរណ៍ គេអាចឃើញក្ងានព្រៃស៊ីស្មៅនៅក្នុងវាលស្មៅក្បែរផ្លូវហាយវ៉េ ហើយមានឧទ្យាន វាលស្មៅ និងព្រៃឈើមួយចំនួន ដែលគេអាចឃើញសត្វក្ដាន់ ខ្លាឃ្មុំ ឬឆ្កែចចក ក៏ដូចជាមាន់ទោរ មាន់ព្រៃ និងគ្រប់ប្រភេទនៃសត្វស្លាប ព្រមទាំងសត្វព្រៃដទៃទៀត។ តើចំណាប់អារម្មណ៍ដំបូងដែលមនុស្សមាននៅពេលពួកគេឃើញទិដ្ឋភាពបែបនេះគឺយ៉ាងណា? (ពួកគេមានអារម្មណ៍ថា ពួកគេបានឃើញធម្មជាតិ) ហើយតើពួកគេមានអារម្មណ៍បែបណា នៅពេលពួកគេឃើញធម្មជាតិ? តើពួកគេមិននិយាយទេឬថា៖ «មើលប្រទេសរបស់ពួកគេទៅ! មិនត្រឹមតែមនុស្សមានសេរីភាពទេ សូម្បីតែសត្វនៅទីនេះក៏មានសេរីភាពដែរ។ កើតមកជាសត្វនៅកន្លែងនេះ ប្រហែលជាល្អជាងរស់នៅជាមនុស្សនៅក្នុងប្រទេសចិនទៅទៀត ព្រោះនៅទីនេះ សូម្បីតែសត្វក៏មានសេរីភាពដែរ ហើយគ្មាននរណាម្នាក់បំពានលើពួកវាទេឬ»? តើពួកគេមិនមានអារម្មណ៍បែបនេះទេឬ? (មាន)។ សម្រាប់អ្នកដែលបាននៅទីនេះយូរហើយ រឿងទាំងនេះក្លាយទៅជារឿងធម្មតា ហើយមិនចម្លែកទាល់តែសោះ។ ពួកគេគិតថា រឿងទាំងនេះគឺជារឿងធម្មតាបំផុត។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ក្រោយពីពួកគេបានស៊ាំនឹងមជ្ឈដ្ឋានបែបនេះ គំនិតដែលផុសឡើងមួយចំនួនក៏ចាប់ផ្ដើមលេចឡើងនៅក្នុងខ្លួនរបស់ពួកគេថា៖ «សត្វទាំងនេះសុទ្ធតែមានសេរីភាពខ្លាំងណាស់ ហើយគ្មាននរណាម្នាក់គ្រប់គ្រង ឬមើលថែពួកវាទេ ដូច្នេះតើខ្ញុំអាចចាប់ពួកវា ហើយយកទៅបរិភោគបានទេ? វាពិតជាល្អណាស់ប្រសិនបើខ្ញុំអាចបរិភោគពួកវាបាន ប៉ុន្តែខ្ញុំមិនអាចធ្វើវាដោយមិនគិតមុខក្រោយទេ ដោយខ្លាចក្រែងពួកវាស្ថិតនៅក្រោមការការពារដោយច្បាប់។ ខ្ញុំត្រូវពិចារណាចំពោះរឿងនេះ»។ ក្រោយពីបានពិនិត្យព័ត៌មាន ពួកគេឃើញថា ច្បាប់បានចែងយ៉ាងច្បាស់ថា សត្វព្រៃត្រូវបានការពារជាឯកច្ឆន្ទដោយច្បាប់ជាតិ ហើយមនុស្សមិនអាចបរបាញ់ និងសម្លាប់ពួកវាបានតាមតែចិត្តចង់របស់ពួកគេឡើយ។ ប្រសិនបើមនុស្សចង់បរបាញ់សត្វ ពួកគេត្រូវតែធ្វើដូច្នេះនៅក្នុងតំបន់បរបាញ់ដែលបានកំណត់ដោយរដ្ឋ។ ពួកគេក៏ត្រូវការអាជ្ញាប័ណ្ណ ហើយអាចនឹងត្រូវបង់ថ្លៃសម្រាប់សត្វដែលពួកគេចាប់បាន។ សរុបមក ច្បាប់ការពារសត្វព្រៃទាំងនេះ ហើយមានបទប្បញ្ញត្តិយ៉ាងច្បាស់លាស់អំពីពួកវា។ មនុស្សមួយចំនួនមិនអាចយល់ពីច្បាប់នៃការការពារសត្វព្រៃបានទេ ហើយពួកគេគិតថា៖ «មានអាហារពិសេសទាំងអស់នេះ តែរដ្ឋាភិបាលបែរជាមិនអនុញ្ញាតឲ្យយើងចាប់ និងបរិភោគពួកវាបានតាមចិត្តចង់សោះ។ ពិតជាគួរឲ្យអាណិតណាស់! នៅប្រទេសចិន គ្មាននរណាម្នាក់ខ្វល់អំពីបញ្ហានេះទេ៖ 'បើគ្មាននរណាម្នាក់រាយការណ៍ អាជ្ញាធរនឹងមិនស៊ើបអង្កេតទេ'។ ដរាបណាមិនមាននរណាម្នាក់ដឹង អ្នកអាចចាប់ និងបរិភោគសត្វបាន។ ប៉ុន្តែអ្នកមិនអាចធ្វើបែបនេះនៅក្នុងប្រទេសប្រជាធិបតេយ្យបានទេ។ នៅទីនេះមានបទប្បញ្ញត្តិនៃច្បាប់ ហើយខ្ញុំមិនអាចធ្វើអ្វីដែលខ្ញុំចង់បាននៅលើដីរបស់អ្នកដទៃនោះទេ។ ប៉ុន្តែសត្វទាំងនេះសុទ្ធតែជាសត្វព្រៃដ៏ឆ្ងាញ់។ វាពិតជាគួរឲ្យអាណិតណាស់ដែលយើងគ្រាន់តែអាចមើលពួកវា ហើយមិនអាចបរិភោគពួកវាបាន! ខ្ញុំត្រូវគិតរកដំណោះស្រាយ។ តើខ្ញុំអាចបរិភោគសត្វព្រៃនេះដោយគ្មាននរណាម្នាក់ដឹង ហើយដោយមិនបំពានច្បាប់ដោយរបៀបណា?» មនុស្សមួយចំនួនគិតដល់ល្បិចមួយ ហើយនិយាយថា៖ «បើខ្ញុំធ្វើទ្រុង ហើយដាក់ចំណីឆ្ងាញ់ៗខ្លះនៅក្នុងនោះ ដើម្បីទាក់ទាញសត្វ ហើយចាប់សត្វតូចៗមួយចំនួន ដូចជាទន្សាយព្រៃ រួចហើយរកកន្លែងស្ងាត់មួយដើម្បីសម្លាប់ និងបរិភោគពួកវា តើខ្ញុំមិនបំពានច្បាប់ទេឬ? សត្វតូចៗទាំងនោះមិនត្រូវបានការពារដោយរដ្ឋទេ ហើយច្បាប់ក៏មិនមានបទប្បញ្ញត្តិជាក់លាក់អំពីពួកវាដែរ។ បើខ្ញុំធ្វើបែបនេះ ខ្ញុំអាចបរិភោគសត្វព្រៃបាន ហើយក៏ធានាថាខ្ញុំមិនបំពានច្បាប់ដែរ។ វាជាការល្អបំផុតសម្រាប់ទិដ្ឋភាពទាំងពីរ»។ ក្រោយពីពួកគេមានគំនិតនេះ ពួកគេក៏បានដំឡើងទ្រុង ហើយចាប់ផ្ដើមដាក់អន្ទាក់។ ក្នុងរយៈពេលមិនដល់ពីរថ្ងៃ សត្វកណ្ដុរមួយក្បាលបានចូលទៅក្នុងទ្រុង ហើយពួកគេក៏ប្រញាប់សម្លាប់ និងបរិភោគវា ដោយមានអារម្មណ៍ថា នេះគឺជាសត្វព្រៃដ៏ឆ្ងាញ់ពិតៗ! តើពួកគេបានសន្និដ្ឋានអ្វីខ្លះ ក្រោយពីបានបរិភោគវា? «សត្វព្រៃពិតជាឆ្ងាញ់ណាស់។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងរកវិធីបន្ថែមទៀតដើម្បីបរិភោគប្រភេទសត្វព្រៃដទៃទៀត។ ខ្ញុំមិនខ្លាចក្នុងការបរិភោគពួកវាទេ ដរាបណាខ្ញុំមិនបំពានច្បាប់»។ រឿងនេះបញ្ចប់នៅត្រឹមនេះ។

មនុស្សមួយចំនួនសួរថា៖ «តើរឿងនេះគឺជារឿងពិត ឬជារឿងប្រឌិត?» សម្រាប់ពេលនេះ សូមកុំខ្វល់ថាតើវាជារឿងពិត ឬជារឿងប្រឌិត ហើយថាតើវាបានកើតឡើងពិតប្រាកដឬអត់។ គ្រាន់តែគិតអំពីអ្វីដែលមិនត្រូវសម្រាប់មនុស្សដែលធ្វើរឿងបែបនេះ ដោយផ្អែកលើរឿងនេះ។ តើការធ្វើរឿងបែបនេះគឺជាកំហុសធ្ងន់ធ្ងរដែរឬទេ? តើវាត្រូវបានចាត់ទុកថាជាការបំពានច្បាប់ដែរឬទេ? តើវាត្រូវបានចាត់ទុកថាជាការប្រាសចាកក្រមសីលធម៌មែនទេ? (មែន។) តើវាប្រាសចាកក្រមសីលធម៌ ឬប្រឆាំងនឹងមនុស្សជាតិ ឬប្រឆាំងនឹងអ្វីផ្សេងទៀតទេ? ជាដំបូង ចូរប្រាប់ខ្ញុំមើល៍ថា៖ តើឥរិយាបថប្រភេទនេះសមនឹងការសរសើរ ឬការបរិហារ? តើអ្នករាល់គ្នាឈរនៅខាងណា? (បរិហារ។) ដោយមិនគិតពីថាតើវាប្រាសចាកក្រមសីលធម៌ បំពានច្បាប់ ឬប្រឆាំងនឹងមនុស្សជាតិ ទោះក្នុងករណីណាក៏ដោយ ឥរិយាបថបែបនេះគឺអាក្រក់ ហើយវាមិនមែនជាឥរិយាបថរបស់មនុស្សដែលមានភាពជាមនុស្សទេ។ ដូច្នេះតើវាជាអ្វី? តើចរិតលក្ខណៈ ឬឥរិយាបថបែបនេះគឺជាបញ្ហាធ្ងន់ធ្ងរដែរឬទេ? តើអ្នករាល់គ្នានឹងវិនិច្ឆ័យបញ្ហានេះទៅតាមស្តង់ដារផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាដោយរបៀបណា? នៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមមនុស្សទាំងអស់ តើឥរិយាបថបែបនេះជារឿងធម្មតាដែរឬទេ? (មែន។) វាមិនមែនជាទង្វើដែលប៉ិនប្រសប់ ឬអាក្រក់ខ្លាំងនោះទេ ប៉ុន្តែវាជាទង្វើមិនសមរម្យ ហើយវាមិនមែនជាការសម្ដែងចេញដែលមនុស្សដែលមានភាពជាមនុស្សប្រក្រតីគួរតែមាននោះទេ។ តើការសម្ដែងចេញបែបនេះគឺអ្វីឲ្យប្រាកដ? សូមបន្តចាត់ថ្នាក់វាចុះ។ តើឥរិយាបថបែបនេះជាអ្វី? តើវាគួរតែត្រូវបានលើកតម្កើងទេ? (ទេ។) វាមិនសមនឹងការលើកតម្កើងទេ ហើយវាមិនត្រូវបានមនុស្សសរសើរទេ ដូច្នេះវាគួរតែត្រូវបានបរិហារ និងស្អប់ខ្ពើម។ ឥរិយាបថប្រភេទនេះជារឿងធម្មតា វាបានលេចឡើងជាញឹកញាប់ក្នុងចំណោមក្រុមមនុស្សទាំងអស់ និងនៅក្នុងជីវិតប្រចាំថ្ងៃ វាត្រូវបានគេសង្កេតឃើញជាញឹកញាប់ ហើយមានមនុស្សតែងតែធ្វើរឿងបែបនេះ។ ដូច្នេះ តើមិនគួរមានការលើកយកវាមកជជែកវែកញែកទេឬ ដើម្បីឲ្យមនុស្សម្នាក់ៗមានការយល់ដឹងច្បាស់អំពីបញ្ហានេះ ហើយល្អជាងនេះ គឺត្រូវឃ្លាតឆ្ងាយពីឥរិយាបថទាំងនេះ? តើវាមិនល្អទេឬ? (ល្អ។) ដូច្នេះ ចូរយើងកំណត់និយមន័យវា តើឥរិយាបថប្រភេទនេះជាអ្វី? តើវាជាភាពក្រអឺតក្រទមឬ? តើវាជាភាពរឹងទទឹងឬ? តើវាជាការបោកបញ្ឆោតទេ? (ទេ។) តើវាជាអំពើលេលាឬ? (បន្តិចបន្តួចដែរ។) វាមានលក្ខណៈដូចនោះខ្លះដែរ។ ក្នុងចំណោមពាក្យដែលអ្នករាល់គ្នាបានរៀនសូត្រ និងយល់ដឹង តើមានពាក្យណាដែលអាចកំណត់និយមន័យឥរិយាបថប្រភេទនេះបាន? (ភាពថោកទាប។) ភាពថោកទាប វាមានចំណែកខ្លះនៃលក្ខណៈនេះ។ ពាក្យនេះមានឥរិយាបថ និងសារជាតិប្រភេទនេះ ប៉ុន្តែមិនបានសង្ខេបវាទាំងស្រុង និងពេញលេញឡើយ។ ឥរិយាបថនេះមិនអាចត្រូវបានចាត់ទុកថាព្យាបាទទេ ព្រោះប្រសិនបើការសម្លាប់កណ្ដុរជាការព្យាបាទ នោះការកម្ចាត់កណ្ដុរនឹងក្លាយជារឿងអវិជ្ជមាន។ ការកម្ចាត់កណ្ដុរគឺជារឿងវិជ្ជមាន កណ្ដុរបង្កការប៉ះពាល់ដល់មនុស្ស ដូច្នេះវាជាការត្រឹមត្រូវក្នុងការកម្ចាត់ពួកវា។ ប៉ុន្តែតើមានភាពខុសគ្នារវាងការកម្ចាត់ពួកវា និងការបរិភោគពួកវាទេ? (មាន។) ដូច្នេះ តើឥរិយាបថនេះអាចត្រូវបានសង្ខេបឱ្យខ្លីដោយរបៀបណា? តើពាក្យអ្វីខ្លះដែលអ្នករាល់គ្នាអាចគិតថាទាក់ទងនឹងឥរិយាបថប្រភេទនេះ? (ភាពស្មោកគ្រោក។) (ចរិតថោកទាប។) ចរិតថោកទាប ភាពថោកទាប និងភាពស្មោកគ្រោក។ នៅក្នុងជីវិតប្រចាំថ្ងៃ តើពាក្យអ្វីដែលត្រូវបានប្រើដើម្បីសង្ខេបឥរិយាបថថោកទាប និងមិនយកចិត្តទុកដាក់ចំពោះការងារត្រឹមត្រូវរបស់ខ្លួន? (ទុច្ចរិតភាព។) ពាក្យថា «ទុច្ចរិតភាព» សង្ខេបយ៉ាងច្បាស់លាស់ និងយ៉ាងស៊ីជម្រៅនូវឥរិយាបថប្រភេទនេះ។ ហេតុអ្វីបានជាវាត្រូវបានកំណត់និយមន័យថាជា «ទុច្ចរិតភាព»? បើនិយាយថាវាជាភាពថោកទាប ភាពអាត្មានិយម ឬភាពស្មោកគ្រោក នោះគ្រាន់តែជាការសម្ដែងចេញមួយជ្រុងដែលត្រូវបានបង្ហាញដោយមនុស្សទុច្ចរិតប៉ុណ្ណោះ។ «ទុច្ចរិតភាព» មានអត្ថន័យជាច្រើន ពោលគឺភាពថោកទាប ចិត្តអាក្រក់ ភាពស្មោកគ្រោក ភាពអាត្មានិយម ភាពគ្មានសីលធម៌ មិនប្រព្រឹត្តខ្លួនឱ្យត្រឹមត្រូវ មិនធ្វើសកម្មភាពដោយបើកចំហ ឬត្រឹមត្រូវ ហើយបែរជាធ្វើសកម្មភាពដោយលួចលាក់ និងធ្វើតែរឿងមិនត្រឹមត្រូវទៅវិញ។ ទាំងនេះគឺជាឥរិយាបថ និងការសម្ដែងចេញផ្សេងៗគ្នារបស់មនុស្សទុច្ចរិត។ ឧទាហរណ៍ បើមនុស្សប្រក្រតីម្នាក់ចង់ធ្វើអ្វីមួយ ដរាបណាវាត្រឹមត្រូវ ពួកគេធ្វើវាតាមរបៀបបើកចំហ ហើយបើវាបំពានច្បាប់ ពួកគេនឹងបោះបង់ចោល ហើយមិនធ្វើវាទេ។ មនុស្សទុច្ចរិតមិនដូចគ្នាទេ ពួកគេនឹងសម្រេចគោលដៅរបស់ពួកគេតាមគ្រប់មធ្យោបាយទាំងអស់ ហើយរកយុទ្ធសាស្ត្រដើម្បីគេចវេះពីដែនកំណត់នៃច្បាប់។ ពួកគេគេចវេះច្បាប់ ហើយស្វែងរកវិធីដើម្បីសម្រេចគោលដៅរបស់ពួកគេ ដោយមិនគិតថា តើការធ្វើដូច្នេះស្របតាមក្រមសីលធម៌ សីលធម៌ ឬភាពជាមនុស្សឬអត់ ហើយដោយមិនគិតថា តើផលវិបាកជាអ្វីឡើយ។ ពួកគេមិនខ្វល់ពីអ្វីទាំងអស់នេះទេ ហើយគ្រាន់តែស្វែងរកការសម្រេចគោលដៅរបស់ពួកគេដោយមធ្យោបាយដែលអាចធ្វើទៅបាន។ នេះគឺជា «ទុច្ចរិតភាព»។ តើមនុស្សទុច្ចរិតមានភាពស្មោះត្រង់ ឬសេចក្ដីថ្លៃថ្នូរទេ? (ទេ។) តើពួកគេជាមនុស្សថ្លៃថ្នូរ ឬមនុស្សថោកទាប? (ថោកទាប។) តើពួកគេថោកទាបត្រង់ចំណុចណា? (គ្មានគោលការណ៍សីលធម៌ក្នុងការប្រព្រឹត្តខ្លួនទេ។) ត្រឹមត្រូវហើយ មនុស្សប្រភេទនេះគ្មានមូលដ្ឋាន ឬគោលការណ៍ក្នុងការប្រព្រឹត្តខ្លួនទេ។ ពួកគេមិនគិតពីផលវិបាក ហើយគ្រាន់តែធ្វើអ្វីដែលពួកគេចង់។ ពួកគេមិនខ្វល់ពីច្បាប់ មិនខ្វល់ពីគុណធម៌ មិនខ្វល់ថា តើមនសិការរបស់ពួកគេអាចទទួលយកសកម្មភាពរបស់ពួកគេឬអត់ ឬថាតើមាននរណាម្នាក់បរិហារ វិនិច្ឆ័យ ឬថ្កោលទោសពួកគេឬអត់ទេ។ ពួកគេមិនខ្វល់ពីអ្វីទាំងអស់នេះទេ ហើយមិនខ្វល់ទេ ដរាបណាពួកគេកំពុងទទួលបានផលប្រយោជន៍ និងរីករាយជាមួយខ្លួនឯង។ វិធីសាស្រ្តនៃការប្រព្រឹត្តរបស់ពួកគេគឺលេលា ការគិតរបស់ពួកគេគឺគួរឲ្យស្អប់ខ្ពើម ហើយទាំងពីរនេះគឺគួរឲ្យខ្មាសអៀន។ នេះគឺជាអ្វីដែលទុច្ចរិតភាពមានអត្ថន័យ។ តើពាក្យថា «ទុច្ចរិតភាព» អាចត្រូវបានជំនួសដោយការសម្ដែងចេញនៃចរិតលក្ខណៈជាច្រើន ដែលយើងបាននិយាយអំពីមុននេះទេ? នោះមិនប្រាកដទេ។ ពាក្យថា «ទុច្ចរិតភាព» គឺពិសេសណាស់ ដូច្នេះតើមនុស្សទុច្ចរិតជាប្រភេទមនុស្សពិសេសទេ? ពួកគេមិនមែនទេ។ តើអ្នករាល់គ្នាមានអ្វីដែលទុច្ចរិតនៅក្នុងខ្លួនអ្នករាល់គ្នាទេ? (មាន។) តើវាបង្ហាញចេញតាមរយៈអ្វីខ្លះ? (ជួនកាលក្រោយពីមនុស្សលុបលាងមុខហើយ ពួកគេបន្សល់ទុកទឹកនៅពាសពេញលើតុ ហើយមិនជូតវាទេ។ ហើយនៅពេលមនុស្សបរិភោគរួច ពួកគេមិនសម្អាតគ្រាប់បាយ និងទឹកសម្លពីតុទេ។ នៅពេលសម្លៀកបំពាក់របស់ពួកគេប្រឡាក់ ពួកគេគ្រាន់តែបោះវាទៅម្ខាងដោយមិនបានបត់វា។ យើងគិតថា ទាំងនេះក៏ជាការសម្ដែងចេញនៃទុច្ចរិតភាពដែរ។) តាមពិត រឿងទាំងនេះសុទ្ធតែជារឿងលម្អិតតូចៗនៃជីវិតប្រចាំថ្ងៃ ហើយការមិនមានអនាម័យមិនមែនជាទុច្ចរិតភាពពិតប្រាកដទេ វាទាក់ទងនឹងការរស់នៅរបស់មនុស្សម្នាក់ក្នុងភាពជាមនុស្ស។ បើគេមិនធ្វើអ្វីដែលជាប្រយោជន៍ដល់អ្នកដទៃពេលនៅជាក្រុម ហើយបើគេមិនបានទទួលការអប់រំត្រឹមត្រូវ ឬឱ្យមានឥរិយាបថល្អ និងធ្វើឲ្យមនុស្សមិនពេញចិត្ត ហើយធ្វើឲ្យអ្នកដទៃស្អប់ខ្ពើមពួកគេ ហើយមិនចេះគោរពច្បាប់ ឬបែបបទនៃកន្លែងណាដែលពួកគេទៅដល់ និងខ្វះការយល់ដឹងនេះ ដូច្នេះតើភាពជាមនុស្សរបស់ពួកគេមិនបាត់អ្វីមួយទេឬ? (បាត់។) តើបាត់អ្វី? វាជាការបាត់បង់ហេតុផល។ តើមនុស្សបែបនេះមិនមែនខ្វះសេចក្ដីថ្លៃថ្នូរទេឬ? (គឺបាត់សេចក្ដីថ្លៃថ្នូរ។) ពួកគេគ្មានសេចក្ដីថ្លៃថ្នូរ គ្មានភាពស្មោះត្រង់ ហើយត្រូវបានអប់រំមិនបានល្អ។ នេះទាក់ទងនឹងមូលដ្ឋាននៃការប្រព្រឹត្តខ្លួន និងការរស់នៅក្នុងសង្គមមនុស្សជាតិធម្មតា។ បើគេមិនអាចសម្រេចបានសូម្បីតែស្តង់ដារទាំងនេះ នោះតើពួកគេអាចអនុវត្តសេចក្ដីពិតដោយរបៀបណា? តើពួកគេអាចថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយរបៀបណា? តើពួកគេអាចធ្វើសកម្មភាពតាមគោលការណ៍សេចក្ដីពិតដោយរបៀបណា? ពួកគេនៅឆ្ងាយណាស់ពីការធ្វើរឿងទាំងអស់នេះ។ មនុស្សប្រភេទនេះគ្មានមនសិការ ឬហេតុផលទេ ពោលគឺតើវាងាយស្រួលក្នុងការគ្រប់គ្រងពួកគេទេ? តើវាងាយស្រួលសម្រាប់ពួកគេក្នុងការផ្លាស់ប្ដូរទេ? វាពិតជាមិនងាយស្រួលទេ។ ដូច្នេះ តើពួកគេអាចផ្លាស់ប្ដូរដោយរបៀបណា? រឿងនេះនឹងអាស្រ័យលើអ្នករាល់គ្នាទាំងអស់ក្នុងការឃ្លាំមើល ទប់ស្កាត់ និងជំរុញពួកគេ។ ក្នុងករណីធ្ងន់ធ្ងរ អ្នករាល់គ្នាទាំងអស់ត្រូវតែក្រោកឈរឡើងដើម្បីរិះគន់ពួកគេ។ តើអ្វីទៅដែលគោលដៅនៃការរិះគន់នេះ? វាគឺដើម្បីជួយពួកគេ ដើម្បីជួយពួកគេប្រព្រឹត្តខ្លួនបានត្រឹមត្រូវ និងដើម្បីបញ្ឈប់ពួកគេពីការធ្វើរឿងដែលគួរឲ្យអាម៉ាស់ និងមិនសមរម្យ។ ដូច្នេះ តើទុច្ចរិតភាពសំដៅទៅលើអ្វីឲ្យប្រាកដ? តើរោគសញ្ញា និងការសម្ដែងចេញចម្បងរបស់វាគឺជាអ្វី? សូមមើលថាតើការសង្ខេបរបស់យើងត្រឹមត្រូវឬអត់។ តើមនុស្សទុច្ចរិតស្មើនឹងអ្វី? ពួកគេស្មើនឹងសត្វព្រៃដែលមិនដែលទទួលបានការផ្សាំង ត្រូវបានចិញ្ចឹមបីបាច់មិនបានល្អ ហើយការសម្ដែងចេញចម្បងនៃចរិតនេះគឺភាពក្រអឺតក្រទម ភាពព្រៃផ្សៃ ភាពខ្វះការគ្រប់គ្រងខ្លួនឯង ការធ្វើសកម្មភាពដោយមិនរើសមុខ មិនទទួលយកសេចក្តីពិតសូម្បីបន្តិច ក៏ដូចជាការធ្វើអ្វីតាមតែខ្លួនចង់បាន មិនទទួលយកការទូន្មាន និងការណែនាំពីនរណាម្នាក់ ហ៊ានតតាំងនឹងអ្នកណាទាំងអស់ និងគ្មានការគោរពចំពោះអ្នកដទៃឡើយ។ ចូរប្រាប់ខ្ញុំមើល៍ថា តើការសម្ដែងចេញផ្សេងៗគ្នានៃទុច្ចរិតភាពធ្ងន់ធ្ងរទេ? (ធ្ងន់ធ្ងរ។) យ៉ាងហោចណាស់ ចរិតលក្ខណៈនៃភាពក្រអឺតក្រទម ភាពគ្មានហេតុផល និងការធ្វើសកម្មភាពដោយមិនរើសមុខនេះ គឺធ្ងន់ធ្ងរណាស់។ ទោះបីជាមនុស្សប្រភេទនេះហាក់ដូចជាមិនធ្វើរឿងដែលវិនិច្ឆ័យ ឬប្រឆាំងនឹងព្រះជាម្ចាស់ក៏ដោយ ដោយសារតែចរិតលក្ខណៈក្រអឺតក្រទមរបស់ពួកគេ វាទំនងខ្លាំងណាស់ដែលពួកគេនឹងធ្វើអំពើអាក្រក់ និងប្រឆាំងនឹងទ្រង់។ សកម្មភាពទាំងអស់របស់ពួកគេ គឺជាការបង្ហាញពីចរិតលក្ខណៈពុករលួយរបស់ពួកគេ។ នៅពេលមនុស្សម្នាក់ក្លាយទៅជាមនុស្សទុច្ចរិតដល់ចំណុចមួយ ពួកគេក្លាយជាចោរនិងអារក្ស ហើយចោរនិងអារក្សនឹងមិនទទួលយកសេចក្ដីពិតឡើយ ពោលគឺពួកគេមានតែការវិនាសអន្តរាយតែប៉ុណ្ណោះ។

តើមានតម្លៃក្នុងការនិយាយអំពីរឿងនេះទេ? (មាន។) ទោះបីជារឿងនេះមិនប៉ះពាល់ដល់សារជាតិនៃធម្មជាតិ ឬចរិតលក្ខណៈរបស់មនុស្សក៏ដោយ ក៏វាទាក់ទងនឹងឥរិយាបថរបស់មនុស្ស ដែលមិនមែនខុសគ្នាទាំងស្រុង ឬមិនទាក់ទងនឹងសារជាតិរបស់មនុស្សដែរ។ តើយើងគួរដាក់ចំណងជើងឲ្យរឿងនេះថាអ្វី? ចូរយើងដាក់ឈ្មោះចំណងជើងដែលមានលក្ខណៈតំណាង ហើយមិនធ្វើឲ្យវាមានលក្ខណៈត្រង់ពេកនោះទេ។ («ការបរបាញ់សត្វកណ្ដុរ») «ការបរបាញ់សត្វកណ្ដុរ» គឺជាចំណងជើងដ៏ល្អមួយ។ មានមនុស្សម្នាក់ចាប់បានកណ្ដុរតាមរបៀប «ស្របច្បាប់ឥតខ្ចោះ» ហើយនិយាយថា៖ «តើខ្ញុំអាចធ្វើអ្វីបាន? វាបានរត់ចូលមកទីនេះ ហើយខ្ញុំអាណិតវាណាស់។ ម្យ៉ាងវិញទៀត វារងរបួស។ ប្រសិនបើវារត់ចេញទៅវិញ នោះវានឹងស្លាប់ ហើយសត្វដទៃទៀតគង់តែនឹងស៊ីវា ដូច្នេះហេតុអ្វីបានជាខ្ញុំមិនបរិភោគវាទៅ? តើនោះមិនមែនជាភាពស្របច្បាប់ទាំងស្រុងទេឬ?» ដើម្បីបរិភោគកណ្ដុរនោះ ពួកគេបានប្រឌិតលេសទាំងអស់នោះ ហើយបង្កើតហេតុផលទាំងអស់នោះ ហើយបន្ទាប់មកក៏បានបរិភោគវាដោយគ្មានសេចក្ដីទោមនស្ស។ នេះគឺជាទុច្ចរិតភាព។ វាមិនមែនថាមនុស្សនៅអាមេរិកមិនអាចបរិភោគសាច់នោះទេ ដូច្នេះវាមិនសមនឹងពុះពារការលំបាកទាំងអស់នោះ ហើយដាក់ការខិតខំទាំងអស់នោះដើម្បីធ្វើរឿងបែបនេះទេ។ នេះគឺជារឿងដែលមនុស្សទុច្ចរិតធ្វើ។ តើមនុស្សប្រក្រតីធ្វើរឿងបែបនេះទេ? តើមនុស្សដែលមានភាពជាមនុស្ស និងភាពស្មោះត្រង់ធ្វើរឿងបែបនេះទេ? (ទេ។) ហេតុអ្វីបានជាពួកគេមិនធ្វើ? នេះទាក់ទងនឹងសុចរិតភាព។ អ្នកដែលជាចោរកែមិនបានពីកំណើត តែងតែលួច ហើយធ្វើរឿងគួរឲ្យអាម៉ាស់។ តើពួកគេខ្វះខាតអ្វីនៅផ្ទះមែនទេ? មិនប្រាកដទេ។ ដោយសារពួកគេជាមនុស្សទុច្ចរិត ពួកគេត្រូវតែលួចដោយពឹងផ្អែកលើការលួចដើម្បីបំពេញចំណូលចិត្តផ្ទាល់ខ្លួន និងចរិតលក្ខណៈលោភលន់ដែលមិនស្កប់ស្កល់របស់ពួកគេ។ ការធ្វើរឿងទាំងនេះនាំមកនូវសេចក្ដីសុខក្នុងចិត្តរបស់ពួកគេ។ ប្រសិនបើពួកគេមិនបានធ្វើរឿងបែបនេះទេ ពួកគេនឹងមានអារម្មណ៍មិនសប្បាយចិត្ត។ នេះគឺជាទុច្ចរិតភាព។ ឥឡូវនេះ យើងនឹងបញ្ចប់រឿងនេះ ហើយបន្តទៅប្រធានបទសំខាន់។

មុនពេលខ្ញុំនិយាយអំពីប្រធានបទចម្បង ដំបូងយើងត្រូវរិះគិតអំពីខ្លឹមសារនៃការប្រកបគ្នាកាលពីលើកមុនរបស់យើងសិន។ ភារកិច្ចដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញ អាចត្រូវបានបែងចែកជាប្រាំមួយប្រភេទធំៗ។ យើងបានពិភាក្សារួចរាល់ហើយអំពីប្រភេទទីមួយ គឺមនុស្សដែលបំពេញភារកិច្ចផ្សាយដំណឹងល្អ។ ប្រភេទទីពីរ គឺអស់អ្នកដែលបំពេញភារកិច្ចជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងពួកជំនុំនៅតាមកម្រិតផ្សេងៗ។ មនុស្សនៅក្នុងប្រភេទនេះ ជាទូទៅអាចត្រូវបានបែងចែកជាពីរប្រភេទធំៗ ហើយកាលពីលើកមុន យើងបាននិយាយអំពីប្រភេទមួយក្នុងចំណោមប្រភេទទាំងនេះ គឺពួកទទឹងនឹងព្រះគ្រីស្ទ។ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើការ ការបង្ហាញចេញដែលពួកគេមាន និងរឿងដែលពួកគេធ្វើ ដែលអាចកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទ យើងបានចាត់ថ្នាក់ការបង្ហាញចេញ និងនិស្ស័យទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើមានចំណុចជាក់លាក់អ្វីខ្លះ? (ចំណុចទីមួយ៖ ពួកគេព្យាយាមយកឈ្នះចិត្តមនុស្ស ចំណុចទីពីរ៖ ពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ ចំណុចទីបី៖ ពួកគេផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត ចំណុចទីបួន៖ ពួកគេលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ចំណុចទីប្រាំ៖ ពួកគេបំភាន់ អូសទាញ គំរាមកំហែង និងត្រួតត្រាមនុស្ស) កាលពីលើកមុន ចំណុចចំនួនប្រាំត្រូវបានរៀបរាប់រួចហើយ ហើយអ្នករាល់គ្នាបានកត់ត្រាចំណុចទាំងនោះទុកទាំងអស់។ ឥឡូវនេះ សូមកត់ត្រាចំណុចបន្ទាប់ទៀត។ ចំណុចទីប្រាំមួយ៖ ពួកគេប្រព្រឹត្តតាមរបៀបវៀចវេរ ពួកគេធ្វើតាមអំពើចិត្ត និងផ្ដាច់ការ ពួកគេមិនដែលប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេបង្ខំឱ្យអ្នកដទៃស្ដាប់បង្គាប់ពួកគេ ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សទុច្ចរិត មានល្បិចកល និងបោកបញ្ឆោត ចំណុចទីប្រាំបី៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនទៀតផង ចំណុចទីដប់៖ ពួកគេមើលងាយសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ចំណុចទីដប់មួយ៖ ពួកគេមិនទទួលយកការលួសកាត់ឡើយ ហើយពួកគេក៏មិនមានអាកប្បកិរិយានៃការប្រែចិត្តដែរ នៅពេលពួកគេប្រព្រឹត្តកំហុស ផ្ទុយទៅវិញ ពួកគេផ្សព្វផ្សាយពីសញ្ញាណ ហើយជំនុំជម្រះព្រះជាម្ចាស់ជាសាធារណៈ ចំណុចទីដប់ពីរ៖ ពួកគេចង់ដកខ្លួន នៅពេលដែលពួកគេគ្មានឋានៈ ឬគ្មានសេចក្ដីសង្ឃឹមនៃការទទួលបានព្រះពរ ចំណុចទីដប់បី៖ ពួកគេគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកជំនុំ ក៏ដូចជាគ្រប់គ្រងចិត្តរបស់មនុស្ស ចំណុចទីដប់បួន៖ ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ចំណុចទីដប់ប្រាំ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ។ សរុបមកមាន ១៥ ចំណុច ហើយចំណុចទាំងអស់នេះវែកញែក និងលាតត្រដាងពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចំណុចទាំង ១៥ នេះ ជាទូទៅសង្ខេបអំពីប្រភេទផ្សេងៗនៃឥរិយាបថ ការបង្ហាញចេញ និងនិស្ស័យដែលពួកទទឹងនឹងព្រះគ្រីស្ទមាន។ ចំណុចខ្លះមើលទៅហាក់ដូចជាឥរិយាបថពីសម្បកក្រៅ ប៉ុន្តែនៅពីក្រោយឥរិយាបថ ទាំងនេះ គឺជាសារជាតិនិស្ស័យដែលលាក់កំបាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បើនិយាយពីអត្ថន័យត្រង់របស់វា តើចំណុចទាំង ១៥ នេះ មិនងាយយល់ទេឬអី? ចំណុចទាំងនោះសុទ្ធតែត្រូវបានសរសេរឡើងជាភាសាសាមញ្ញ ម្យ៉ាង វាមានភាពងាយស្រួលយល់ ហើយម្យ៉ាងវិញទៀត អ្វីដែលចំណុចនីមួយៗបានសង្ខេបគឺទាក់ទងនឹងការបង្ហាញចេញ ការបញ្ចេញឱ្យឃើញ និងសារជាតិរបស់មនុស្ស។ ចំណុចនីមួយៗគឺជាប្រភេទនៃនិស្ស័យមួយ វាមិនមែនជាឥរិយាបថ ឬគំនិតដែលកើតឡើងមួយឆាវនោះទេ។ តើនិស្ស័យគឺជាអ្វី? តើគេអាចពន្យល់ថានិស្ស័យជាអ្វីបានយ៉ាងដូចម្តេច? និស្ស័យគឺនៅពេលដែល ទោះបីជាមនុស្សម្នាក់ទៅដល់ទីណាក៏ដោយ ក៏គំនិត យោបល់ គោលការណ៍ក្នុងការធ្វើរឿងរ៉ាវ របៀបធ្វើការ និងគោលដៅដែលពួកគេកំពុងដេញតាម មិនផ្លាស់ប្ដូរទៅតាមការផ្លាស់ប្ដូរនៃពេលវេលា និងទីកន្លែងនោះឡើយ។ ប្រសិនបើរបៀបធ្វើរឿងរ៉ាវរបស់មនុស្សម្នាក់បាត់ទៅវិញភ្លាមៗ នៅពេលដែលបរិស្ថានរបស់ពួកគេផ្លាស់ប្ដូរ នោះវាមិនមែនជាការបញ្ចេញឱ្យឃើញនៃនិស្ស័យពុករលួយឡើយ ប៉ុន្តែវាគ្រាន់តែជាឥរិយាបថដែលកើតឡើងមួយឆាវប៉ុណ្ណោះ។ តើនិស្ស័យពិតប្រាកដសំដៅទៅលើអ្វី? (វាអាចគ្របដណ្ដប់លើមនុស្សម្នាក់នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។) ត្រឹមត្រូវហើយ វាអាចគ្របដណ្ដប់លើពាក្យសម្ដី និងសកម្មភាពរបស់មនុស្សម្នាក់ ដោយមិនគិតពីពេលវេលា និងទីកន្លែង ដោយគ្មានការរឹតត្បិត ឬឥទ្ធិពលតាមលក្ខខណ្ឌឡើយ នោះហើយគឺជាសារជាតិ។ សារជាតិ គឺជារឿងដែលមនុស្សម្នាក់ពឹងផ្អែកដើម្បីរស់រានមានជីវិត វានឹងមិនផ្លាស់ប្ដូរដោយអាស្រ័យទៅតាមការផ្លាស់ប្ដូរនៃពេលវេលា ទីកន្លែង ឬកត្តាខាងក្រៅផ្សេងទៀតឡើយ។ នេះគឺជាសារជាតិរបស់មនុស្សម្នាក់។ មនុស្សខ្លះនិយាយថា៖ «តិច ឬច្រើន ខ្ញុំមានការបង្ហាញចេញទាំង ១៥ នេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលព្រះអង្គបានរៀបរាប់ ប៉ុន្តែខ្ញុំមិនដេញតាមឋានៈទេ ហើយខ្ញុំក៏មិនបានកើតមកជាមួយនឹងមហិច្ឆតាណាមួយដែរ។ ម្យ៉ាងវិញទៀត ពេលនេះខ្ញុំមិនបានរ៉ាប់រងទំនួលខុសត្រូវណាមួយឡើយ។ ខ្ញុំមិនមែនជាអ្នកដឹកនាំ ឬជាអ្នកធ្វើការទេ ហើយខ្ញុំក៏មិនចូលចិត្តធ្វើឱ្យខ្លួនឯងលេចធ្លោដែរ ដូច្នេះ តើសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនពាក់ព័ន្ធនឹងខ្ញុំទេឬអី? ប្រសិនបើវាមិនពាក់ព័ន្ធទេ នោះតើវាមិនពិតទេឬ ដែលខ្ញុំមិនចាំបាច់ស្ដាប់ការប្រកបគ្នាទាំងនេះ ឬយកខ្លួនឯងទៅប្រៀបធៀបនឹងចំណុចទាំងនោះ?» តើរឿងរ៉ាវគឺបែបនេះមែនទេ? (ទេ)។ ចុះតើគេគួរប្រព្រឹត្តចំពោះ ការបង្ហាញ ចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្តេច? តើគេគួរប្រព្រឹត្តចំពោះ សេចក្ដីពិតដែលត្រូវបានប្រកបគ្នាអំពីការបង្ហាញ ចេញទាំងនេះយ៉ាងដូចម្តេច? គេត្រូវតែយល់ពីសេចក្ដីពិត និងស្គាល់ខ្លួនឯងនៅក្នុងការប្រកបគ្នាទាំងនេះ បន្ទាប់មករកផ្លូវដ៏ត្រឹមត្រូវ ហើយឈានទៅមានគោលការណ៍ក្នុងការបំពេញភារកិច្ចរបស់ពួកគេ និងការបម្រើព្រះជាម្ចាស់របស់ពួកគេ។ មានតែតាមរបៀបនេះទេ ទើបពួកគេអាចផ្ដាច់ខ្លួនចេញពីផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយឈានជើងចូលទៅក្នុងផ្លូវនៃការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាអាចភ្ជាប់ការបង្ហាញ ចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទមកកាន់ខ្លួនអ្នករាល់គ្នាបាន នោះវានឹងក្លាយជាការព្រមាន ការរំលឹក ការលាតត្រដាង និងការជំនុំជម្រះសម្រាប់អ្នករាល់គ្នា។ ប្រសិនបើអ្នករាល់គ្នាមិនអាចភ្ជាប់ចំណុចទាំងនោះមកកាន់ខ្លួនអ្នករាល់គ្នាបានទេ ប៉ុន្តែអ្នករាល់គ្នាអាចញាណដឹងថា អ្នករាល់គ្នាក៏មានសភាពស្រដៀងគ្នាដែរ នោះអ្នករាល់គ្នាគួរតែព្យាយាមឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឱ្យបានច្រើនជាងមុន ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសភាពទាំងនោះ។ តាមរបៀបនេះ អ្នករាល់គ្នាក៏អាចបោះបង់ និស្ស័យពុករលួយរបស់អ្នករាល់គ្នាដោយសន្សឹមៗ និងជៀសវាងការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរ។

ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង

ការប្រកបគ្នានៅថ្ងៃនេះ គឺស្ដីអំពីចំណុចទីបួននៃការសម្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯង។ ការលើកតម្កើង និងការធ្វើទីបន្ទាល់អំពីខ្លួនឯង ការសម្ញែងខ្លួន ការព្យាយាមធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ និងថ្វាយបង្គំពួកគេ មនុស្សពុករលួយអាចធ្វើរឿងទាំងនេះបាន។ នេះជារបៀបដែលមនុស្សប្រតិកម្មតាមសភាវគតិ នៅពេលដែលពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិបែបសាតាំងរបស់ពួកគេ ហើយវាជារឿងទូទៅសម្រាប់មនុស្សជាតិពុករលួយទាំងអស់។ តើមនុស្សតែងតែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយវិធីណា? តើពួកគេសម្រេចគោលបំណងក្នុងការធ្វើឱ្យអ្នកដទៃឱ្យតម្លៃ និងថ្វាយបង្គំពួកគេដោយរបៀបណា? ពួកគេធ្វើបន្ទាល់អំពីកិច្ចការទាំងប៉ុន្មានដែលពួកគេបានធ្វើ អំពីទុក្ខលំបាកទាំងប៉ុន្មានដែលពួកគេបានទ្រាំទ្រ ការលះបង់ទាំងប៉ុន្មានដែលពួកគេបានលះបង់ និងតម្លៃទាំងប៉ុន្មានដែលពួកគេបានបង់ថ្លៃ។ ពួកគេលើកតម្កើងខ្លួនឯងដោយនិយាយអំពីដើមទុនរបស់ពួកគេ ដើម្បីទទួលបានកន្លែងមួយដែលខ្ពស់ជាង រឹងមាំជាង និងមានស្ថិរភាពជាងនៅក្នុងចិត្តរបស់អ្នកដទៃ ហើយតាមរយៈនោះ ធ្វើឱ្យមនុស្សកាន់តែច្រើនកោតសរសើរ ឱ្យតម្លៃ ច្រណែន និងថែមទាំងថ្វាយបង្គំ គោរពសរសើរ និងដើរតាមពួកគេទៀតផង។ ដើម្បីសម្រេចគោលបំណងនេះ មនុស្សធ្វើរឿងជាច្រើនពីសម្បកក្រៅដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ប៉ុន្តែតាមពិត គឺលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនពួកគេវិញទេ។ តើពួកគេមាន វិចារណញ្ញាណក្នុងការធ្វើបែបនេះឬ? ពួកគេហួសពីព្រំដែននៃតម្រិះប្រកបដោយវិចារណញាណ ហើយ មនុស្សទាំងនេះគ្មានភាពអាម៉ាស់ឡើយ៖ ពួកគេធ្វើបន្ទាល់យ៉ាងឥតក្រែងរអែងចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ព្រះជាម្ចាស់ និងចំពោះកម្រិតដែលពួកគេបានរងទុក្ខសម្រាប់ទ្រង់។ ពួកគេថែមទាំងសម្ញែងអំណោយទាន ទេពកោសល្យ បទពិសោធ ជំនាញពិសេសរបស់ពួកគេ បច្ចេកទេសដ៏ឆ្លាតវៃរបស់ពួកគេក្នុងការដោះស្រាយរឿងលោកិយ មធ្យោបាយដែលពួកគេប្រើដើម្បីលេងសើចជាមួយមនុស្ស ជាដើម ។ល។ វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្រ្ដរបស់ពួកគេក្នុងការលើកតម្កើង និងធ្វើទីបន្ទាល់អំពីខ្លួនឯង គឺដើម្បីសម្ញែងខ្លួន និងមើលងាយអ្នកដទៃ។ ពួកគេក៏បន្លំ និងតុបតែងខ្លួនឯងផងដែរ ដោយលាក់បាំងភាពទន់ខ្សោយ ចំណុចខ្វះខាត និងភាពខ្វះចន្លោះរបស់ខ្លួនមិនឱ្យគេឃើញ ហើយបង្ហាញឱ្យមនុស្សឃើញតែភាពអស្ចារ្យរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេថែមទាំងមិនហ៊ានប្រាប់មនុស្សដទៃទៀតផង នៅពេលដែលពួកគេមានអារម្មណ៍អវិជ្ជមាន ហើយខ្វះភាពក្លាហានក្នុងការបើកចំហ និងធ្វើការប្រកបគ្នាជាមួយមនុស្ស។ នៅពេលដែលពួកគេធ្វើអ្វីមួយខុស ពួកគេធ្វើអស់លទ្ធភាពក្នុងការលាក់បាំងវា ឬបិទបាំងវា។ ពួកគេមិនដែលលើកឡើងពីការខូចខាតដែលពួកគេបង្កឡើងចំពោះកិច្ចការពួកជំនុំឡើយ អំឡុងពេលបំពេញភារកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេចូលរួមចំណែកបន្តិចបន្តួច ឬសម្រេចបានជោគជ័យបន្តិចបន្តួចមួយចំនួន ពួកគេប្រញាប់អួតសម្ញែង។ ពួកគេអន្ទះសារចង់ឱ្យពិភពលោកទាំងមូលដឹងថា ពួកគេមានសមត្ថភាពខ្លាំងប៉ុនណាណាស់ ពួកគេមានគុណសម្បត្តិខ្ពស់បែបណា ពួកគេលេចធ្លោបែបណា និងប្រសើរជាងមនុស្សធម្មតាបែបណាឡើយ។ តើរឿងទាំងនេះមិនមែនជារបៀបក្នុងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី? តើតើការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ជារឿងដែលមនុស្សមានសតិសម្បជញ្ញៈ និងមានវិចារណញ្ញាណ ធ្វើដែរឬទេ? អត់ទេ។ ដូច្នេះ នៅពេលដែលមនុស្សធ្វើបែបនេះ តើជាធម្មតា និស្ស័យអ្វីទៅដែលត្រូវបានបើកសម្ដែង? ភាពក្រអឺតក្រទម។ នេះគឺជានិស្ស័យដ៏ចម្បងមួយដែលត្រូវបានបើកសម្តែង បន្ទាប់មកការបោកបញ្ឆោត ដែលពាក់ព័ន្ធនឹងការធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យមនុស្សដទៃផ្ដល់តម្លៃខ្ពស់ដល់ពួកគេ។ ពាក្យសម្តីរបស់ពួកគេគឺមិនអាចចាប់ថ្នាក់បានទាំងស្រុង ហើយច្បាស់ជាមានការជំរុញចិត្ត និងល្បិចកល ពួកគេកំពុងអួតសម្ញែងខ្លួន ប៉ុន្តែពួកគេចង់លាក់បាំងការពិតនេះ។ លទ្ធផលនៃអ្វីដែលពួកគេនិយាយគឺថា មនុស្សត្រូវបានគេធ្វើឱ្យមានអារម្មណ៍ថា ពួកគេល្អជាងអ្នកដទៃ ថាគ្មាននរណាម្នាក់ស្មើពួកគេ ថាអ្នកផ្សេងទៀតនៅក្រោមពួកគេ។ ហើយតើលទ្ធផលនេះ មិនសម្រេចបានតាមរយៈមធ្យោបាយលួចលាក់ទេឬ? តើនិស្ស័យអ្វីដែលនៅពីក្រោយមធ្យោបាយបែបនេះ? ហើយតើមានសមាសធាតុនៃសេចក្ដីអាក្រក់ឬទេ? (មាន) នេះគឺជានិស្ស័យអាក្រក់មួយប្រភេទ។ វាអាចត្រូវបានឃើញថា មធ្យោបាយដែលពួកគេប្រើប្រាស់ទាំងអស់នេះ ត្រូវបានដឹកនាំដោយនិស្ស័យដ៏បោកបញ្ឆោត ដូច្នេះហេតុអ្វីបានជាខ្ញុំនិយាយថាវាអាក្រក់? តើរឿងនេះមានទំនាក់ទំនងអ្វីជាមួយសេចក្ដីអាក្រក់? តើអ្នករាល់គ្នាគិតដូចម្ដេច៖ តើពួកគេអាចបើកចំហអំពីគោលបំណងរបស់ពួកគេ ក្នុងការលើកតម្កើង និងធ្វើទីបន្ទាល់អំពីខ្លួនឯងបានដែរឬទេ? ពួកគេមិនអាចទេ។ ប៉ុន្តែតែងតែមានបំណងប្រាថ្នានៅក្នុងជម្រៅចិត្តរបស់ពួកគេជានិច្ច ហើយអ្វីដែលពួកគេនិយាយ និងធ្វើ គឺដើម្បីជួយដល់បំណងចិត្តនោះ ហើយគោលបំណង និងការជំរុញទឹកចិត្តនៃអ្វីដែលពួកគេនិយាយ និងធ្វើ ត្រូវបានរក្សាទុកយ៉ាងសម្ងាត់។ ឧទាហរណ៍ ពួកគេនឹងប្រើប្រាស់ការណែនាំខុស ឬវិធីសាស្ត្រវៀចវេរដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ។ តើភាពអាថ៌កំបាំងបែបនេះមិនមានធម្មជាតិវៀចវេរទេឬអី? ហើយតើការវៀចវេរបែបនេះ មិនអាចហៅថាជាអំពើអាក្រក់បានទេឬអី? (មែនហើយអាច) វាពិតជាអាចហៅថាជាអំពើទុច្ចរិតបាន ហើយវាធ្ងន់ធ្ងរជាងការបោកបញ្ឆោតទៅទៀត។ ពួកគេប្រើប្រាស់របៀប ឬវិធីសាស្ត្រជាក់លាក់ណាមួយ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ និស្ស័យនេះគឺជាការបោកបញ្ឆោត។ ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតា និងបំណងប្រាថ្នានៅក្នុងជម្រៅចិត្តរបស់ពួកគេ ដែលតែងតែចង់ឱ្យមនុស្សដើរតាម គោរពសរសើរ និងថ្វាយបង្គំពួកគេ ជារឿយៗជំរុញពួកគេឱ្យលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយធ្វើរឿងទាំងនេះយ៉ាងឥតក្រែងរអែង និងគ្មានភាពអៀនខ្មាសឡើយ។ តើនេះជានិស្ស័យអ្វី? នេះឈានដល់កម្រិតនៃភាពទុច្ចរិតហើយ។ ភាពទុច្ចរិត គឺលើសពីភាពចង្អៀតចង្អល់ធម្មតា ឬការបោកបញ្ឆោត និងការនិយាយកុហកទៅទៀត។ ប្រសិនបើមនុស្សម្នាក់អាចឈានពីសេចក្ដីពុករលួយធម្មតា ទៅដល់កម្រិតនៃភាពទុច្ចរិត តើនេះមិនមានន័យថា ពួកគេពុករលួយកាន់តែជ្រាលជ្រៅទេឬអី? (មែនហើយ។) ចុះសូមរៀបរាប់ពីកម្រិតនៃភាពទុច្ចរិតមើល៍ តើគួរនិយាយបែបណាទើបស័ក្ដិសម? ហេតុអ្វីបានជាមនុស្សម្នាក់ឈានពីសេចក្ដីពុករលួយធម្មតា ទៅជាភាពទុច្ចរិត? តើអ្នករាល់គ្នាអាចមើលឃើញរឿងនេះបានច្បាស់ដែរឬទេ? តើការបោកបញ្ឆោត និងភាពទុច្ចរិត ខុសគ្នាដូចម្ដេច? បើនិយាយពីរបៀបដែលវាបង្ហាញចេញ ភាពទុច្ចរិត និងការបោកបញ្ឆោត គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែភាពទុច្ចរិតគឺធ្ងន់ធ្ងរជាង វាគឺជាការបោកបញ្ឆោតដល់កម្រិតកំពូល។ ប្រសិនបើគេនិយាយថាមនុស្សម្នាក់មាននិស្ស័យទុច្ចរិត នោះមនុស្សនេះមិនមែនបោកបញ្ឆោតធម្មតាឡើយ ដ្បិតការបោកបញ្ឆោតធម្មតា អាចគ្រាន់តែមានន័យថា ពួកគេជាមនុស្សដែលចូលចិត្តនិយាយកុហកជាទម្លាប់ ឬមិនសូវស្មោះត្រង់នៅក្នុងសកម្មភាពរបស់ពួកគេ ចំណែកឯភាពទុច្ចរិតវិញ គឺធ្ងន់ធ្ងរជាង និងស្ថិតនៅកម្រិតជ្រាលជ្រៅជាងការបោកបញ្ឆោតទៅទៀត។ ការបោកបញ្ឆោតរបស់មនុស្សដែលមាននិស្ស័យទុច្ចរិត គឺធំធេងជាង និងធ្ងន់ធ្ងរជាងមនុស្សទូទៅ ហើយមធ្យោបាយ និងរបៀបធ្វើរឿងរ៉ាវរបស់ពួកគេ ព្រមទាំងល្បិចកលនៅពីក្រោយសកម្មភាពរបស់ពួកគេ សុទ្ធតែមានល្បិចស្នៀត និងលាក់កំបាំងជាង ដែលមនុស្សភាគច្រើនមិនអាចមើលធ្លុះឡើយ។ នេះហើយគឺជាភាពទុច្ចរិត។

តើការដែលអាទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ខុសពីមនុស្សទូទៅដែលធ្វើរឿងដូចគ្នានេះយ៉ាងដូចម្ដេច? មនុស្សទូទៅជារឿយៗអួតអាង និងអួតសម្ញែងខ្លួន ដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់ពួកគេ ហើយក៏នឹងមានការបង្ហាញ ចេញនៃនិស្ស័យ និងសភាពទាំងនេះដែរ ដូច្នេះ តើការដែល អាទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ខុសពីមនុស្សធម្មតាដែលធ្វើរឿងដូចគ្នានេះយ៉ាងដូចម្ដេច? តើភាពខុសគ្នាស្ថិតនៅត្រង់ណា? អ្នកត្រូវតែច្បាស់អំពីរឿងនេះ ចូរកុំចាត់ទុកការបង្ហាញចេញទាំងអស់នៃការលើកតម្កើង ឬការអួតអាងអំពីខ្លួនឯងម្ដងម្កាល ទៅក្នុងប្រភេទនៃពួកទទឹងនឹងព្រះគ្រីស្ទឱ្យសោះ។ តើនេះមិនមែនជាកំហុសខាងគោលទស្សនៈទេឬ? (ជាកំហុសខាងគោលទស្សនៈមែន។) ចុះតើរឿងនេះអាចត្រូវបានបែងចែកឱ្យបានច្បាស់លាស់យ៉ាងដូចម្ដេច? តើភាពខុសគ្នាស្ថិតនៅត្រង់ណា? ប្រសិនបើអ្នកអាចបញ្ជាក់រឿងនេះបានច្បាស់ នោះអ្នកអាចយល់យ៉ាងស៊ីជម្រៅថា តើសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី។ សាកល្បងឆ្លើយមើល៍។ (របៀបធ្វើរឿងរ៉ាវរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺមានភាពលួចលាក់ជាង។ គេប្រើមធ្យោបាយមួយចំនួនដែលមើលទៅហាក់ដូចជាត្រឹមត្រូវណាស់ ដើម្បីបំភាន់មនុស្ស។ គេហាក់ដូចជាកំពុងនិយាយអំពីរឿងដ៏ត្រឹមត្រូវមួយ ប៉ុន្តែមុនពេលដែលអ្នកដឹងខ្លួន គេចាប់ផ្ដើមលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងបាត់ទៅហើយ ដោយគ្មាននរណាម្នាក់ដឹងខ្លួនឡើយ។ មធ្យោបាយរបស់គេគឺមានភាពលួចលាក់គួរសម។) មធ្យោបាយដែលមានភាពលួចលាក់គួរសម នេះហើយគឺជាការបែងចែកអាទទឹងនឹងព្រះគ្រីស្ទតាមរយៈរបៀបដែលគេលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង។ តើមានអ្វីផ្សេងទៀតទេ? ចូរប្រាប់ខ្ញុំមកមើល៍ តើធម្មជាតិនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយដឹងខ្លួន និងការធ្វើបែបនេះដោយមិនដឹងខ្លួន មានភាពខុសគ្នាដូចម្ដេច? (ចេតនាគឺខុសគ្នា។) តើនេះមិនមែនជាចំណុចខុសគ្នាទេឬ? (ជាចំណុចខុសគ្នាមែន។) នៅពេលដែលមនុស្សទូទៅដែលមាននិស្ស័យពុករលួយ លើកតម្កើង និងសម្ញែងខ្លួន នោះគ្រាន់តែដើម្បីអួតសម្ញែងប៉ុណ្ណោះ។ ពេលពួកគេបានអួតសម្ញែងរួចហើយ រឿងនោះក៏ចប់ ហើយពួកគេមិនខ្វល់ថាតើអ្នកដទៃឱ្យតម្លៃខ្ពស់ ឬក៏ទាបចំពោះពួកគេឡើយ។ ចេតនារបស់ពួកគេមិនសូវច្បាស់លាស់ទេ វាគ្រាន់តែជានិស្ស័យមួយដែលគ្រប់គ្រងពួកគេ ជាការបញ្ចេញឱ្យឃើញនិស្ស័យមួយប៉ុណ្ណោះ។ វាគឺតែប៉ុណ្ណឹងឯង។ តើការផ្លាស់ប្ដូរនិស្ស័យប្រភេទនេះងាយស្រួលដែរឬទេ? ប្រសិនបើបុគ្គលនោះដេញតាមសេចក្ដីពិត គេនឹងអាចផ្លាស់ប្ដូរបន្តិចម្ដងៗ នៅពេលដែលគេឆ្លងកាត់ការត្រូវបានលួសកាត់ ការត្រូវបានជំនុំជម្រះ និងការត្រូវបានវាយផ្ចាល។ គេនឹងទទួលបាននូវភាពអៀនខ្មាស និងភាពមានវិចារណញ្ញាណកាន់តែច្រើនបន្តិចម្ដងៗ ហើយគេនឹងបង្ហាញឥរិយាបថប្រភេទនេះកាន់តែតិចទៅៗ។ គេនឹងថ្កោលទោសឥរិយាបថប្រភេទនេះ ហើយគេនឹងចេះទប់ស្កាត់ ព្រមទាំងទប់ចិត្តខ្លួនឯង។ នេះគឺជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយមិនដឹងខ្លួន។ ទោះបីជានិស្ស័យដែលមាននៅក្នុងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយដឹងខ្លួន និងការធ្វើបែបនេះដោយមិនដឹងខ្លួន គឺដូចគ្នាក៏ដោយ ក៏ធម្មជាតិនៃទង្វើទាំងពីរនេះគឺខុសគ្នាដែរ។ តើធម្មជាតិរបស់វាខុសគ្នាដូចម្ដេច? ការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយដឹងខ្លួន គឺធ្វើឡើងដោយមានចេតនា។ មនុស្សដែលធ្វើបែបនេះមិនមែននិយាយចោលៗនោះទេ រាល់ពេលដែលពួកគេលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ពួកគេកំពុងលាក់ទុកនូវចេតនា និងគោលដៅលាក់កំបាំងមួយចំនួន ហើយពួកគេធ្វើរឿងប្រភេទនេះដោយមានមហិច្ឆតា និងបំណងប្រាថ្នាបែបសាតាំង។ ពីសម្បកក្រៅ វាហាក់ដូចជាការបង្ហាញចេញប្រភេទដូចគ្នា។ ក្នុងករណីទាំងពីរ មនុស្សកំពុងលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ប៉ុន្តែតើព្រះជាម្ចាស់កំណត់និយមន័យនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយមិនដឹងខ្លួនយ៉ាងដូចម្ដេច? ជាការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ។ ចុះតើព្រះជាម្ចាស់កំណត់និយមន័យនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយដឹងខ្លួនយ៉ាងដូចម្ដេច? ជាអ្នក ដែលចង់បំភាន់មនុស្ស មានចេតនាចង់ឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់គេ ថ្វាយបង្គំគេ គោរពសរសើរគេ ហើយបន្ទាប់មកដើរតាមគេ។ សកម្មភាពរបស់គេគឺមានធម្មជាតិបំភាន់។ ដូច្នេះ ពេលដែលគេមានចេតនាចង់បំភាន់មនុស្ស និងចង់គ្រប់គ្រងមនុស្ស ដើម្បីឱ្យមនុស្សដើរតាម និងថ្វាយបង្គំគេ នោះគេនឹងប្រើមធ្យោបាយ និងវិធីសាស្ត្រមួយចំនួននៅពេលនិយាយ និងធ្វើសកម្មភាព ដែលអាចបំភាន់ និងដឹកនាំខុសយ៉ាងងាយដល់អស់អ្នកដែលមិនយល់សេចក្ដីពិត និងខ្វះមូលដ្ឋានគ្រឹះស៊ីជម្រៅ។ មនុស្សបែបនេះមិនត្រឹមតែខ្វះការញែកដឹងប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេគិតថា អ្វីដែលបុគ្គលនេះនិយាយគឺត្រឹមត្រូវ ហើយពួកគេអាចនឹងគោរពសរសើរ និងឱ្យតម្លៃខ្ពស់ដល់បុគ្គលនេះ ហើយយូរៗទៅ ពួកគេនឹងថ្វាយបង្គំ ថែមទាំងដើរតាមបុគ្គលនេះទៀតផង។ បាតុភូតទូទៅបំផុតមួយនៅក្នុងជីវិតប្រចាំថ្ងៃ គឺថាមនុស្សម្នាក់ហាក់ដូចជាយល់សេចក្ដីអធិប្បាយបានយ៉ាងល្អ បន្ទាប់ពីបានស្ដាប់រួច ប៉ុន្តែក្រោយមក នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះគេ គេមិនដឹងថាត្រូវដោះស្រាយវាយ៉ាងដូចម្ដេចឡើយ។ គេទៅចំពោះព្រះជាម្ចាស់ដើម្បីស្វែងរក ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ហើយនៅទីបំផុត គេត្រូវតែទៅរកអ្នកដឹកនាំរបស់ខ្លួនដើម្បីសាកសួរអំពីរឿងនេះ និងសុំដំណោះស្រាយពីគាត់។ រាល់ពេលដែលមានរឿងអ្វីកើតឡើងចំពោះគេ គេចង់សុំឱ្យអ្នកដឹកនាំរបស់ខ្លួនដោះស្រាយវា។ វាប្រៀបដូចជាការជក់អាភៀនដែលក្លាយជាការញៀន និងជាទម្លាប់មួយសម្រាប់មនុស្សមួយចំនួន ហើយយូរៗទៅ ពួកគេនឹងមិនអាចទ្រាំបានឡើយ ប្រសិនបើមិនបានជក់វា។ ដូច្នេះ ការដែលពួកទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង បានក្លាយជាថ្នាំញៀនមួយប្រភេទដោយមិនដឹងខ្លួន សម្រាប់អស់អ្នកដែលមានកម្ពស់តូចទាប គ្មានការញែកដឹង ល្ងង់ខ្លៅ និងអវិជ្ជា។ រាល់ពេលដែលមានរឿងអ្វីកើតឡើងចំពោះពួកគេ ពួកគេនឹងទៅសួរ អាទទឹងនឹងព្រះគ្រីស្ទអំពីរឿងនេះ ហើយប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទមិនចេញបញ្ជាទេ ពួកគេមិនហ៊ានអនុវត្តអ្វីឡើយ ទោះបីជាអ្នកគ្រប់គ្នាបានពិភាក្សាគ្នារួចរាល់ និងឈានដល់ការឯកច្ឆន្ទលើរឿងនេះហើយក៏ដោយ។ ពួកគេខ្លាចធ្វើខុសពីឆន្ទៈរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវគេគាបសង្កត់ ដូច្នេះ ចំពោះគ្រប់រឿងរ៉ាវទាំងអស់ ពួកគេហ៊ានធ្វើសកម្មភាព តែបន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទបាននិយាយរួចប៉ុណ្ណោះ។ សូម្បីតែនៅពេលដែលពួកគេបានយល់ច្បាស់ពីគោលការណ៍សេចក្ដីពិតក៏ដោយ ក៏ពួកគេមិនហ៊ានធ្វើការសម្រេចចិត្ត ឬដោះស្រាយរឿងនេះដែរ ផ្ទុយទៅវិញ ពួកគេរង់ចាំ «ចៅហ្វាយ» ដែលពួកគេគោរពសរសើរ ដើម្បីធ្វើការវិនិច្ឆ័យ និងការសម្រេចចិត្តចុងក្រោយ។ ប្រសិនបើចៅហ្វាយរបស់ពួកគេមិននិយាយអ្វីទេ អ្នកណាក៏ដោយដែលកំពុង ដោះស្រាយរឿងនេះ នឹងមានអារម្មណ៍មិនប្រាកដប្រជាថាពួកគេគួរធ្វើអ្វីឡើយ។ តើមនុស្សទាំងនេះមិនត្រូវបានបំពុលទេឬ? (ពួកគេត្រូវបានបំពុលហើយ។) នេះហើយដែលហៅថាការត្រូវបានបំពុល។ ដើម្បីឱ្យពួកគេត្រូវបានបំពុលយ៉ាងជ្រាលជ្រៅបែបនេះ តើអាទទឹងនឹងព្រះគ្រីស្ទត្រូវចំណាយកម្លាំងច្រើនប៉ុនណា ហើយតើអាទទឹងនឹងព្រះគ្រីស្ទត្រូវលួចដាក់ថ្នាំពុលឱ្យពួកគេច្រើនប៉ុនណាទៅ? ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍វែកញែកខ្លួនឯង និងស្គាល់ខ្លួនឯង ហើយជារឿយៗបើកបង្ហាញពីភាពទន់ខ្សោយ កំហុស និងអំពើរំលងរបស់ខ្លួនជាចំហឱ្យមនុស្សបានឃើញ នោះតើអ្នកគ្រប់គ្នានៅតែថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទនោះបែបនេះទៀតឬទេ? ច្បាស់ណាស់គឺមិនថ្វាយបង្គំទេ។ មើលទៅ អាទទឹងនឹងព្រះគ្រីស្ទបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ដែលនេះជាមូលហេតុដែលគេសម្រេចបាននូវ «ជោគជ័យ» បែបនេះ។ នេះគឺជាលទ្ធផលដែលគេចង់បាន។ បើគ្មានគេទេ នោះគ្មាននរណាម្នាក់ដឹងពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ ហើយអ្នកគ្រប់គ្នានឹងវង្វេងវង្វាន់ទាំងស្រុង។ ជាក់ស្ដែងណាស់ថា ក្នុងពេលកំពុងត្រួតត្រាមនុស្សទាំងនេះ អាទទឹងនឹងព្រះគ្រីស្ទបានលួចដាក់ថ្នាំពុលជាច្រើនដល់អ្នកទាំងនោះ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង! ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទគ្រាន់តែនិយាយពាក្យពីរបីម៉ាត់ តើមនុស្សទាំងនេះនៅតែត្រូវគេរឹតត្បិតបែបនេះឬទេ? ច្បាស់ណាស់គឺមិនមែនទេ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទអាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការធ្វើឱ្យមនុស្សថ្វាយបង្គំគេ គោរពសរសើរគេ និងស្ដាប់តាមគេក្នុងគ្រប់រឿងរ៉ាវ តើគេមិនបានធ្វើរឿងជាច្រើន និងនិយាយពាក្យជាច្រើនដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬ? តើលទ្ធផលអ្វីដែលគេសម្រេចបានតាមរយៈការធ្វើបែបនេះ? គឺថាមនុស្សនឹងខ្វះផ្លូវដើរ ហើយមិនអាចបន្តរស់នៅបានទេបើគ្មានគេ ហាក់ដូចជាមេឃនឹងធ្លាក់ចុះ ហើយផែនដីនឹងឈប់វិលបើគ្មានគេ ហើយការជឿលើព្រះជាម្ចាស់នឹងគ្មានតម្លៃ ឬអត្ថន័យឡើយ ហើយការស្ដាប់សេចក្ដីអធិប្បាយនឹងគ្មានប្រយោជន៍អ្វីឡើយ។ វាក៏ធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកគេមានក្ដីសង្ឃឹមខ្លះនៅក្នុងជីវិតរបស់ខ្លួន នៅពេលដែលមានអាទទឹងនឹងព្រះគ្រីស្ទនៅក្បែរ ហើយនឹងបាត់បង់ក្ដីសង្ឃឹមទាំងអស់ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទត្រូវស្លាប់។ តើមនុស្សទាំងនេះមិនត្រូវបានសាតាំងចាប់ជាឈ្លើយទេឬ? (ពួកគេត្រូវបានចាប់ជាឈ្លើយហើយ។) ហើយតើមនុស្សបែបនេះមិនសមនឹងទទួលរងរឿងនេះទេឬ? (ពួកគេសមនឹងទទួលរងរឿងនេះមែន។) ហេតុអ្វីបានជាយើងនិយាយថាពួកគេសមនឹងទទួលរងវា? ព្រះជាម្ចាស់គឺជាអង្គដែលអ្នកជឿ ដូច្នេះ ហេតុអ្វីបានជាអ្នកថ្វាយបង្គំ និងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដោយបណ្ដោយឱ្យពួកគេរឹតត្បិត និងត្រួតត្រាអ្នកគ្រប់ជំហានបែបនេះ? ម្យ៉ាងវិញទៀត មិនថាគេកំពុងបំពេញភារកិច្ចអ្វីក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់បានផ្ដល់ឱ្យមនុស្សនូវគោលការណ៍ និង ច្បាប់ច្បាស់លាស់រួចហើយដែរ។ ប្រសិនបើមានការលំបាកដែលគេមិនអាចដោះស្រាយដោយខ្លួនឯងបាន គេគួរតែស្វែងរកពីអ្នកដែលយល់សេចក្ដីពិត ហើយស្វែងរកពីខាងលើចំពោះរឿងដែលធ្ងន់ធ្ងរជាងនេះ។ ប៉ុន្តែ អ្នកមិនត្រឹមតែមិនស្វែងរកសេចក្ដីពិតប៉ុណ្ណោះទេ ផ្ទុយទៅវិញ អ្នកថ្វាយបង្គំ និងគោរពសរសើរមនុស្ស ដោយជឿលើអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនិយាយទៅវិញ។ ហេតុដូច្នេះហើយ អ្នកបានក្លាយជាបាវបម្រើរបស់សាតាំង ហើយតើអ្នកមិនមានតែត្រូវបន្ទោសខ្លួនឯងទេឬ? តើអ្នកមិនសមនឹងទទួលរងរឿងនេះទេឬ? ការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង គឺជាឥរិយាបថ និងការបង្ហាញចេញដែលមានដូចៗគ្នាក្នុងចំណោមពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាគឺជាការបង្ហាញចេញដ៏ទូទៅបំផុតមួយ។ តើអ្វីជាចរិតលក្ខណៈចម្បងនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? តើវាខុសពីរបៀបដែលមនុស្សទូទៅលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងយ៉ាងដូចម្ដេច? គឺត្រង់ថា ពួកទទឹងនឹងព្រះគ្រីស្ទមានចេតនាផ្ទាល់ខ្លួននៅពីក្រោយសកម្មភាពនេះ ហើយពិតជាមិនមែនធ្វើវាដោយមិនដឹងខ្លួននោះឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងលាក់ទុកនូវចេតនា បំណងប្រាថ្នា និងមហិច្ឆតា ហើយផលវិបាកនៃការដែលពួកគេធ្វើបន្ទាល់អំពីខ្លួនឯងតាមរបៀបនេះគឺគួរឱ្យខ្លាចរអាក្នុងការគិតដល់ណាស់ ពួកគេអាចបំភាន់ និងត្រួតត្រាមនុស្សបាន។

ខ្ញុំសូមលើកឧទាហរណ៍មួយ។ អ្នករាល់គ្នាអាចគិតមើលថា តើការបង្ហាញចេញ និងនិស្ស័យប្រភេទនេះ មានទាក់ទងនឹងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដែរឬទេ។ កាលពីមុន មានអ្នកដឹកនាំម្នាក់ដែលបានធ្វើកិច្ចការពួកជំនុំនៅកន្លែងមួយអស់រយៈពេលពីរឬបីឆ្នាំ។ គាត់បានដើរក្នុងចំណោមពួកជំនុំនានា ហើយទីបំផុតគាត់ក៏បានចាក់ឫសគល់នៅទីនោះ។ តើការដែលគាត់បានចាក់ឫសគល់មានន័យដូចម្ដេច? វាមានន័យថា មនុស្សភាគច្រើនបានស្គាល់គាត់ និងបានឱ្យតម្លៃខ្ពស់ដល់គាត់ ហើយថាគាត់ល្បីល្បាញគួរសមនៅកន្លែងនោះ។ ឱ្យតែមនុស្សបានឃើញគាត់ ពួកគេនឹងស្វាគមន៍គាត់ ផ្ដល់កន្លែងអង្គុយឱ្យគាត់ និងឱ្យរបស់ឆ្ងាញ់ៗដល់គាត់បរិភោគ។ គ្មានសំឡេងជំទាស់ឡើយ គ្មានអ្នកណាប្រឆាំងនឹងគាត់ទេ អ្នកគ្រប់គ្នាបានស្គាល់អ្នកដឹកនាំម្នាក់នេះច្បាស់ណាស់ ហើយនៅក្នុងជម្រៅចិត្ត ពួកគេសុទ្ធតែពេញចិត្តយ៉ាងខ្លាំងចំពោះរបៀបដែលគាត់ធ្វើរឿងរ៉ាវ និងទទួលយកការដឹកនាំរបស់គាត់។ គេមិនប្រាកដឡើយថាអ្នកដឹកនាំនោះបានធ្វើកិច្ចការច្រើនប៉ុនណានៅទីនោះ គាត់បាននិយាយច្រើនប៉ុនណា ឬគាត់បាននិយាយអំពីអ្វីនោះទេ ព័ត៌មានលម្អិតទាំងនេះគ្មាននរណាដឹងឡើយ ប៉ុន្តែសរុបមក មនុស្សភាគច្រើនពេញចិត្តនឹងការដឹកនាំរបស់គាត់ណាស់។ មួយរយៈក្រោយមក អ្នកដឹកនាំនោះបាននិយាយថា៖ «បងប្អូនប្រុសស្រីនៅទីនេះសុទ្ធតែចេះស្ដាប់បង្គាប់ និងចុះចូល ហើយរឿងរ៉ាវនៅក្នុងពួកជំនុំកំពុងដំណើរការទៅយ៉ាងល្អក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ គួរឱ្យស្ដាយ មានរឿងមួយដែលមិនសូវគាប់ចិត្តទាំងស្រុងនោះទេ គឺបរិយាកាសនៅទីនេះអាក្រក់ណាស់។ ប្រសិនបើបរិយាកាសសមស្រប យើងនឹងរកថ្ងៃមួយដែលមានពន្លឺព្រះអាទិត្យល្អ ដើម្បីទៅសួនច្បារដ៏ធំមួយសម្រាប់ការជួបជុំដ៏ធំដែលមានមនុស្សរាប់ពាន់នាក់ ហើយយើងនឹងបញ្ចេញសេចក្ដីពិតដោយប្រើមីក្រូហ្វូន និងឧបករណ៍បំពងសំឡេងធំៗមួយឈុត ហើយធ្វើឱ្យមនុស្សកាន់តែច្រើនជឿលើព្រះជាម្ចាស់។ តើកិច្ចការរបស់យើងនឹងមិនទទួលបានលទ្ធផលទេឬ?» បន្ទាប់ពីបានឮដូច្នេះ អ្នកគ្រប់គ្នាបាននិយាយថា «អាម៉ែន» ហើយយល់ស្របនឹងរឿងនេះ។ ចូរប្រាប់ខ្ញុំមើល៍ តើឃ្លាដែលថា «យើងនឹងបញ្ចេញសេចក្ដីពិត» មានបញ្ហាដែរឬទេ? (មាន។) តើមានបញ្ហាអ្វី? (អ្នកដឹកនាំនោះកំពុងចាត់ទុកខ្លួនឯងជាព្រះជាម្ចាស់។) អ្នករាល់គ្នាសុទ្ធតែបានទទួលស្គាល់ថាវាមានបញ្ហា ប៉ុន្តែមនុស្សវង្វេងវង្វាន់ដែលនៅទីនោះមិនបានដឹងឡើយ។ ពួកគេថែមទាំងបានឆ្លើយតបនឹងប្រយោគនេះដោយពាក្យ «អាម៉ែន» ទៀតផង! តើសេចក្ដីពិតត្រូវបានបញ្ចេញដោយអ្នកដឹកនាំម្នាក់នេះឬ? តើគាត់ជានរណា? គាត់គឺជាអ្នកដឹកនាំធម្មតាម្នាក់ គាត់បានធ្វើកិច្ចការពីរបីឆ្នាំ ហើយបន្ទាប់មកក៏បានចាប់ផ្ដើមគិតថាគាត់អស្ចារ្យជាងអ្នកដទៃទាំងអស់ ហើយបានភ្លេចថាគាត់ជានរណា និងថែមទាំងចង់សម្ដែងចេញនូវសេចក្ដីពិតទៀតផង នោះគឺជារឿងដ៏លំបាកមួយសម្រាប់គាត់ហើយ។ តើនេះបញ្ជាក់ពីអ្វី? វាបញ្ជាក់ថា គាត់មិនបានដឹងថាគាត់ជានរណាទេ ហើយក៏មិនបានដឹងថាគាត់កំពុងបំពេញភារកិច្ចអ្វីដែរ។ ដោយសារគាត់មាននិស្ស័យប្រភេទនេះ តើមានផ្នែកណាមួយនៃកិច្ចការ ឬពាក្យសម្ដីជាប្រចាំរបស់គាត់ដែលស្របតាមសេចក្ដីពិតដែរឬទេ? កិច្ចការ និងពាក្យសម្ដីជាប្រចាំរបស់គាត់ ច្បាស់ជាពោរពេញទៅដោយពាក្យសម្ដីវង្វេងវង្វាន់ និងពាក្យរបស់អារក្ស ហើយពិតជាមិនអាចសម្រេចបាននូវលទ្ធផលនៃការផ្គត់ផ្គង់ និងការស្រោចស្រពពួកជំនុំឡើយ។ គាត់មិនដឹងថាសេចក្ដីពិតគឺជាអ្វីទេ កុំថាឡើយដល់ទៅអត្ថន័យនៃការសម្ដែងចេញនូវសេចក្ដីពិតនោះ។ បន្ទាប់ពីធ្វើកិច្ចការនៅកន្លែងណាមួយបានត្រឹមតែពីរឬបីឆ្នាំ គាត់មានអារម្មណ៍ថាគាត់មានកិត្យានុភាព និងដើមទុនបន្តិចបន្តួច ហើយបន្ទាប់មកគាត់ក៏បានភ្លេចថាគាត់ជានរណា មានអំនួតលើខ្លួនឯង ហើយចង់សម្ដែងចេញនូវសេចក្ដីពិត។ តើការមានគោលទស្សនៈខុសបែបនេះមិនគួរឱ្យខ្ពើមរអើមទេឬ? តើគោលទស្សនៈខុសនេះមកពីណា? តើគាត់មានបញ្ហាផ្លូវសតិ ឬក៏វាជាភាពតក់ក្រហល់មួយឆាវ? គាត់បានធ្វើកិច្ចការបន្តិចបន្តួច គ្មាននរណាម្នាក់នៅពួកជំនុំក្នុងតំបន់ប្រឆាំងនឹងគាត់ទេ ហើយអ្វីៗគ្រប់យ៉ាងហាក់ដូចជាដំណើរការទៅយ៉ាងរលូនសម្រាប់គាត់ ដូច្នេះ គាត់បានជឿថាអ្វីៗទាំងអស់គឺជាលទ្ធផលនៃកិច្ចការដែលគាត់បានធ្វើ ហើយស្រាប់តែមានអារម្មណ៍ថា គាត់អាចយកគុណសម្បត្តិពីរឿងនេះបាន។ គាត់បានគិតថា៖ «ប្រសិនបើខ្ញុំអាចធ្វើកិច្ចការដ៏សំខាន់បែបនេះបាន តើខ្ញុំមិនមែនជាព្រះជាម្ចាស់ទេឬ? ហើយប្រសិនបើខ្ញុំជាព្រះជាម្ចាស់ នោះពេលនេះខ្ញុំកំពុងតែត្រូវបានរារាំងយ៉ាងខ្លាំងហើយ ប្រសិនបើមជ្ឈដ្ឋានខាងក្រៅកាន់តែល្អប្រសើរ ខ្ញុំអាចសម្ដែងចេញនូវសេចក្ដីពិតបាន!» គំនិតនេះបានផុសឡើងនៅក្នុងចិត្តរបស់គាត់ភ្លាមៗ។ តើខួរក្បាលរបស់គាត់មិនមានបញ្ហាទេឬ? (មាន។) ខួរក្បាលរបស់គាត់ពិតជាមានបញ្ហាមែន។ តើគាត់មិនខ្វះវិចារណញ្ញាណទេឬ? តើសកម្មភាព និងពាក្យសម្ដីរបស់ពួកសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ អាចមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាដែរឬទេ? វាពិតជាមិនអាចមានជាដាច់ខាត។ អ្នកដឹកនាំម្នាក់នេះបានធ្វើកិច្ចការបន្តិចបន្តួច និងទទួលបានលទ្ធផលខ្លះ បន្ទាប់មកក៏ស្រាប់តែភ្លេចថាគាត់គឺជាមនុស្ស។ តើការដែលគាត់អាចពោលពាក្យសម្ដីដែលគ្មានវិចារណញ្ញាណបែបនេះចេញមក មិនទាក់ទងនឹងនិស្ស័យរបស់គាត់ទេឬ? (ទាក់ទង។) តើវាទាក់ទងគ្នាយ៉ាងដូចម្ដេច? នៅក្នុងនិស្ស័យរបស់គាត់ តើគាត់សុខចិត្តធ្វើជាអ្នកដើរតាមម្នាក់ដែរឬទេ? តើគាត់ដឹងថាគាត់គ្រាន់តែជាអ្នកដើរតាមធម្មតាម្នាក់របស់ព្រះជាម្ចាស់ដែរឬទេ? គាត់ពិតជាមិនដឹងឡើយ។ គាត់ជឿថា ឋានៈ និងអត្តសញ្ញាណរបស់គាត់ គឺគួរឱ្យគោរពខ្លាំងបំផុត និងអស្ចារ្យជាងអ្នកដទៃទាំងអស់។ តើអ្នករាល់គ្នាមិនស៊ាំនឹងឥរិយាបថប្រភេទនេះ និងធម្មជាតិរបស់វាទេឬ? ហេតុអ្វីបានជាសាតាំងត្រូវបានបោះទម្លាក់ទៅកណ្តាលអាកាស? (វាចង់បានជំហរស្មើនឹងព្រះជាម្ចាស់។) គឺដោយសារតែវាចង់បានជំហរស្មើនឹងព្រះជាម្ចាស់។ ដោយសារតែសាតាំងមិនប្រមាណខ្លួន មិនបានដឹងថាខ្លួនវាជានរណា និងមិនបានស្គាល់កម្រិតរបស់ខ្លួន នៅពេលដែលព្រះជាម្ចាស់អនុញ្ញាតឱ្យសាតាំងដើរក្នុងលំហតែមួយជាមួយទ្រង់ សាតាំងក៏បានចាប់ផ្ដើមគិតថាវាគឺជាព្រះជាម្ចាស់។ វាចង់ធ្វើរឿងដែលព្រះជាម្ចាស់បានធ្វើ វាចង់តំណាងទ្រង់ ជំនួសទ្រង់ និងបដិសេធអត្ថិភាពរបស់ទ្រង់ ហើយជាលទ្ធផល វាក៏ត្រូវបានបោះទម្លាក់ទៅកណ្តាលអាកាស។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ធ្វើរឿងប្រភេទដូចគ្នាដែរ ធម្មជាតិនៃសកម្មភាពរបស់ពួកគេគឺដូចគ្នា ហើយពួកគេមានប្រភពតែមួយជាមួយសាតាំង។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ការបង្ហាញចេញបែបនេះមិនមែនជាការបញ្ចេញឱ្យឃើញម្ដងម្កាល ឬជាលទ្ធផលនៃការនឹកឃើញភ្លាមៗនោះទេ គឺវាពិតជាការត្រួតត្រានៃធម្មជាតិបែបសាតាំងរបស់ពួកគេ និងជាការបញ្ចេញឱ្យឃើញតាមធម្មជាតិនៃនិស្ស័យបែបសាតាំងរបស់ពួកគេ។ តើធម្មជាតិនៃការបង្ហាញចេញរបស់អ្នកដឹកនាំដែលខ្ញុំទើបតែបាននិយាយនោះ គឺជាអ្វី? (វាគឺជាធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។) ហេតុអ្វីបានជាយើងពិភាក្សាអំពីការបង្ហាញចេញនេះ សម្រាប់ចំណុចនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? តើធម្មជាតិនៃការបង្ហាញចេញនេះ ទាក់ទងនឹងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងយ៉ាងដូចម្ដេច? តើធម្មជាតិនៃពាក្យ «បញ្ចេញសេចក្ដីពិត» ដែលគាត់បាននិយាយនោះ គឺជាអ្វី? ហេតុអ្វីបានជាខ្ញុំនិយាយថា ពាក្យទាំងនេះទាក់ទងនឹងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? (អ្នកដឹកនាំនោះបានជឿថាគាត់អាចផ្គត់ផ្គង់សេចក្ដីពិតដល់មនុស្សបាន។) នោះហើយជាអ្វីដែលគាត់ចង់មានន័យ។ នៅពេលដែលគាត់បាននិយាយរឿងបែបនេះ មនុស្សដែលបានឮគិតថា៖ «អ្នកមានចរិតដ៏គួរឱ្យស្ញប់ស្ញែង ហើយអ្នកអាចនិយាយក្នុងសូរសៀងបែបនេះបាន តើនេះមិនមែនជាប្រភេទសូរសៀងដែលព្រះជាម្ចាស់គួរតែមានព្រះបន្ទូលទេឬ? តើនេះមិនមែនជាប្រភេទនៃចរិតដ៏គួរឱ្យស្ញប់ស្ញែង និងទំហំចិត្តដែលព្រះជាម្ចាស់គួរតែមានទេឬ?» តើអ្នកដឹកនាំម្នាក់នេះមិនបានសម្រេចគោលដៅនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬ? គាត់បានធ្វើឱ្យមនុស្សមានអារម្មណ៍គោរព ថ្វាយបង្គំ និងកោតសរសើរចំពោះគាត់ដោយមិនដឹងខ្លួន។ តើវាមិន ដូច្នឹងទេឬ? (ដូច្នឹងមែនហើយ។) នេះគឺជារូបរាងដ៏គួរឱ្យស្អប់ខ្ពើមរបស់អាទទឹងនឹងព្រះគ្រីស្ទ នេះគឺជាអាទទឹងនឹងព្រះគ្រីស្ទដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយលួចលាក់។

តើមានការបង្ហាញចេញផ្សេងទៀតនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដែរឬទេ? អ្នករាល់គ្នាគួរតែឆ្លុះបញ្ចាំងពីខ្លួនឯងទាក់ទងនឹងរឿងនេះ។ តើអ្នករាល់គ្នានឹងធ្វើរឿងដូចជាការធ្វើបន្ទាល់អំពីខ្លួនឯងដែរឬទេ? តើអ្នកអាចត្រូវបានទប់ស្កាត់ដោយសតិសម្បជញ្ញៈ និងវិចារណញ្ញាណរបស់អ្នក ហើយរារាំងខ្លួនអ្នកពីការធ្វើរឿងដ៏គួរឱ្យអាម៉ាស់បែបនេះបានដែរឬទេ? ប្រសិនបើអ្នកអាចទប់ស្កាត់ខ្លួនឯងបាន នោះវាបញ្ជាក់ថាអ្នកមាន ភាពមានវិចារណញ្ញាណ ថាអ្នកខុសពីពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនមានភាពមានវិចារណញ្ញាណនេះទេ ហើយអ្នកមានមហិច្ឆតា និងបំណងប្រាថ្នាប្រភេទនេះ ព្រមទាំងអាចធ្វើរឿងដូចជាការធ្វើបន្ទាល់អំពីខ្លួនឯងទៀតនោះ នោះអ្នកគឺដូចគ្នាទៅនឹងអាទទឹងនឹងព្រះគ្រីស្ទដែរ។ ដូច្នេះ ចុះតើអ្នករាល់គ្នាយ៉ាងម៉េចដែរ? តើអ្នករាល់គ្នាចេះទប់ស្កាត់ដែរឬទេ? ប្រសិនបើអ្នកមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ មានក្ដីអៀនខ្មាស និងភាពមានវិចារណញ្ញាណ នោះទោះបីជាអ្នកចង់ធ្វើរឿងទាំងនេះក៏ដោយ ក៏អ្នកនឹងគិតថា រឿងទាំងនោះនឹងប្រមាថដល់ព្រះជាម្ចាស់ និងនឹងត្រូវបានស្អប់ខ្ពើមដោយព្រះជាម្ចាស់ ហើយពេលនោះអ្នកនឹងអាចទប់ស្កាត់ខ្លួនឯងបាន ហើយនឹងមិនហ៊ានធ្វើបន្ទាល់អំពីខ្លួនឯងឡើយ។ ប្រសិនបើអ្នកទប់ស្កាត់ខ្លួនឯងបានម្ដង ហើយបន្ទាប់មកពីរដង មួយរយៈក្រោយមក គំនិតទាំងនេះ ចេតនា និងការគិត ទាំងនេះ នឹងចាប់ផ្ដើមថយចុះបន្តិចម្ដងៗ។ អ្នកនឹងមានការសម្គាល់ចំពោះគំនិតទាំងនេះ ហើយមានអារម្មណ៍ថាវាគួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្ពើមរអើម ចំណង់ និងបំណងប្រាថ្នារបស់អ្នកក្នុងការធ្វើរឿងបែបនេះនឹងថយចុះ ហើយអ្នកនឹងអាចទប់ចិត្តខ្លួនឯង និងគ្រប់គ្រងខ្លួនឯងបានដោយសន្សឹមៗ រហូតដល់កម្រិតមួយដែលគំនិតទាំងនេះនឹងកើតឡើងកាន់តែតិចទៅៗ។ ប្រសិនបើអ្នកដឹងពីគំនិតទាំងនោះ ប៉ុន្តែមិនអាចទប់ស្កាត់ខ្លួនឯងបាន ហើយអ្នកលាក់ទុកនូវចេតនាដ៏ខ្លាំងក្លា ដោយគ្រាន់តែចង់ឱ្យមនុស្សថ្វាយបង្គំអ្នក ហើយអ្នកមានអារម្មណ៍មិនពេញចិត្ត ប្រសិនបើគ្មាននរណាម្នាក់ថ្វាយបង្គំ ឬដើរតាមអ្នក ហើយប្រែជាពោរពេញដោយសេចក្ដីស្អប់ ហើយចង់ធ្វើអ្វីមួយ ព្រមទាំងអាចធ្វើបន្ទាល់អំពីខ្លួនឯង និងអួតសម្ញែងខ្លួនយ៉ាងឥតក្រែងរអែង នោះអ្នកគឺជាអាទទឹងនឹងព្រះគ្រីស្ទហើយ។ ចុះតើអ្នករាល់គ្នាយ៉ាងម៉េចដែរ? (នៅពេលដែលខ្ញុំដឹងពីគំនិតទាំងនោះ ខ្ញុំអាចទប់ស្កាត់ខ្លួនឯងបាន។) តើអ្នកពឹងផ្អែកលើអ្វីដើម្បីទប់ស្កាត់ខ្លួនឯង? (ខ្ញុំពឹងផ្អែកលើការមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់ និងការមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់។) ប្រសិនបើគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ គេអាចចេះទប់ស្កាត់បាន។ ការទប់ស្កាត់ មិនមែនសម្រេចបានតាមរយៈការសង្កត់ចិត្តខ្លួនឯង ឬការរារាំងខ្លួនឯងនោះទេ ប៉ុន្តែវាគឺជាលទ្ធផលដែលសម្រេចបានតាមរយៈការយល់ពីសេចក្ដីពិត និងការកោតខ្លាចព្រះជាម្ចាស់។ គេទប់ស្កាត់ខ្លួនឯងតាមរយៈភាពមានវិចារណញ្ញាណ និងការយល់ដឹង ហើយក្នុងពេលជាមួយគ្នានេះ គេចេះទប់ស្កាត់ ពីព្រោះគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់បន្តិចបន្តួច ហើយខ្លាចប្រមាថដល់ទ្រង់។ ប្រសិនបើភាពមានវិចារណញ្ញាណរបស់អ្នកមិនអាចទប់ស្កាត់អ្នកបានទេ ហើយអ្នកក៏គ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ដែរ ហើយប្រសិនបើអ្នកមិនមានអារម្មណ៍អៀនខ្មាសនៅពេលធ្វើបន្ទាល់អំពីខ្លួនឯង ហើយចង់បន្តធ្វើបែបនេះ ដោយមិនព្រមបោះបង់រហូតទាល់តែអ្នកសម្រេចគោលដៅរបស់អ្នក នោះធម្មជាតិនៃរឿងនេះគឺខុសគ្នាហើយ ពោលគឺអ្នកគឺជាអាទទឹងនឹងព្រះគ្រីស្ទ។

បច្ចេកទេស និងការបង្ហាញ ចេញដែលពួកទទឹងនឹងព្រះគ្រីស្ទមាន សម្រាប់ការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង គឺមានច្រើនយ៉ាង។ ការបង្ហាញ ចេញខ្លះពាក់ព័ន្ធនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយផ្ទាល់ ហើយនិយាយអំពីគុណសម្បត្តិទាំងអស់របស់ពួកគេ ខណៈដែលការបង្ហាញ ចេញផ្សេងទៀតពាក់ព័ន្ធនឹងការដែលពួកគេរកវិធីប្រើប្រាស់ឃ្លាប្រយោគ ឬវិធីសាស្ត្រប្រយោល ដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់ពួកគេដោយលួចលាក់ និងសម្រេចគោលដៅរបស់ពួកគេក្នុងការធ្វើឱ្យមនុស្សគោរពសរសើរ ថ្វាយបង្គំ និងដើរតាមពួកគេ ហើយថែមទាំងដើម្បីមានកន្លែងមួយនៅក្នុងចិត្តរបស់មនុស្សទៀតផង នេះគឺជាធម្មជាតិនៃឥរិយាបថបែបនេះ។ និស្ស័យនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ខុសពីនិស្ស័យរបស់មនុស្សធម្មតា បើនិយាយពីធម្មជាតិរបស់វា លទ្ធផលដែលវាបង្កើតឡើង ក៏ដូចជារបៀបដែលវាត្រូវបានបង្ហាញ ចេញ ព្រមទាំងចេតនា និងគោលដៅដែលលាក់កំបាំងរបស់វា។ លើសពីនេះទៅទៀត តើមនុស្សដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង គ្រាន់តែនិយាយអំពីគុណសម្បត្តិទាំងអស់របស់ពួកគេឬ? ជួនកាល ពួកគេក៏និយាយអំពីផ្នែកអាក្រក់របស់ពួកគេដែរ ប៉ុន្តែតើពួកគេពិតជាកំពុងវែកញែក និងព្យាយាមស្គាល់ខ្លួនឯងមែនទេ នៅពេលដែលពួកគេធ្វើបែបនេះ? (ទេ)។ ចុះតើគេរកឃើញដោយរបៀបណាថា ការស្គាល់ខ្លួនឯងរបស់ពួកគេមិនមែនជារឿងពិត ហើយផ្ទុយទៅវិញ វាត្រូវបានលាយឡំ និងមានចេតនានៅពីក្រោយនោះ? តើគេអាចយល់ពីរឿងនេះឱ្យបានស៊ីជម្រៅដោយរបៀបណា? ចំណុចសំខាន់នៅទីនេះគឺថា ក្នុងពេលជាមួយគ្នាដែលពួកគេកំពុងព្យាយាមស្គាល់ខ្លួនឯង និងលាតត្រដាងពីភាពទន់ខ្សោយ ចំណុចខ្វះខាត ភាពខ្វះចន្លោះ និងនិស្ស័យពុករលួយរបស់ពួកគេ ពួកគេក៏កំពុងស្វែងរកលេស និងហេតុផលដើម្បីដោះសាឱ្យរួចខ្លួនពីកំហុសផងដែរ។ ពួកគេប្រាប់មនុស្សដោយលួចលាក់ថា៖ «អ្នកណាក៏អាចធ្វើខុសបានដែរ មិនមែនមានតែខ្ញុំទេ។ អ្នករាល់គ្នាក៏សុទ្ធតែអាចធ្វើខុសបានដែរ។ កំហុសដែលខ្ញុំបានធ្វើ គឺអាចលើកលែងឱ្យបាន វាគឺជាកំហុសតូចមួយប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាធ្វើកំហុសដូចគ្នានេះ វានឹងក្លាយជាករណីធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ពីព្រោះអ្នករាល់គ្នានឹងមិនឆ្លុះបញ្ចាំង និងវែកញែកខ្លួនឯងឡើយ។ ទោះបីជាខ្ញុំធ្វើខុសក៏ដោយ ក៏ខ្ញុំនៅតែល្អជាងអ្នករាល់គ្នាដែរ ហើយមានភាពមានវិចារណញ្ញាណ និងសេចក្ដីសុចរិតច្រើនជាង»។ នៅពេលដែលអ្នកគ្រប់គ្នាបានឮដូច្នេះ ពួកគេគិតថា៖ «អ្នកនិយាយត្រូវណាស់។ អ្នកយល់ពីសេចក្ដីពិតច្រើនណាស់ ហើយពិតជាមានកម្ពស់មែន។ នៅពេលដែលអ្នកធ្វើខុស អ្នកអាចឆ្លុះបញ្ចាំង និងវែកញែកខ្លួនឯងបាន ពោលគឺអ្នក ល្អជាងពួកយើងឆ្ងាយណាស់។ ប្រសិនបើពួកយើងធ្វើខុស ពួកយើងមិនឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងទេ ហើយដោយសារតែខ្លាចខ្មាសគេ ពួកយើងមិនហ៊ានវែកញែកខ្លួនឯងឡើយ។ អ្នកមានកម្ពស់ច្រើនជាង និងភាពក្លាហានជាងពួកយើង»។ មនុស្សទាំងនេះបានធ្វើខុស ប៉ុន្តែពួកគេនៅតែទទួលបានការគោរពពីអ្នកដទៃ និងច្រៀងលើកសរសើរខ្លួនឯងដដែល តើនេះជានិស្ស័យអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទខ្លះពូកែខាងធ្វើពុត បោកប្រាស់មនុស្ស និងពាក់ស្បែកមុខក្លែងក្លាយណាស់។ នៅពេលដែលពួកគេជួបមនុស្សដែលយល់ពីសេចក្ដីពិត ពួកគេចាប់ផ្ដើមនិយាយអំពីការស្គាល់ខ្លួនឯងរបស់ពួកគេ ហើយក៏និយាយថា ពួកគេគឺជាអារក្ស និងជាសាតាំង ថាភាពជាមនុស្សរបស់ពួកគេគឺអាក្រក់ ហើយថាពួកគេសមនឹងត្រូវបណ្ដាសា។ ឧបមាថា អ្នកសួរពួកគេថា៖ «ដោយសារតែអ្នកនិយាយថា អ្នកគឺជាអារក្ស និងជាសាតាំង តើអំពើអាក្រក់អ្វីខ្លះដែលអ្នកបានប្រព្រឹត្ត?» ពួកគេនឹងនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីសោះ ប៉ុន្តែខ្ញុំគឺជាអារក្ស។ ហើយខ្ញុំមិនត្រឹមតែជាអារក្សទេ ខ្ញុំក៏ជាសាតាំងដែរ!» បន្ទាប់មក អ្នកសួរពួកគេថា៖ «ដោយសារតែអ្នកនិយាយថា អ្នកគឺជាអារក្ស និងជាសាតាំង តើអំពើអាក្រក់របស់អារក្ស និងសាតាំងអ្វីខ្លះដែលអ្នកបានប្រព្រឹត្ត ហើយតើអ្នកបានទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងដូចម្ដេច? តើអ្នកអាចប្រាប់ការពិតអំពីរឿងអាក្រក់ដែលអ្នកបានធ្វើដែរឬទេ?» ពួកគេនឹងនិយាយថា៖ «ខ្ញុំមិនបានធ្វើរឿងអាក្រក់អ្វីទេ!» បន្ទាប់មក អ្នកដេញដោលបន្ថែមទៀត និងសួរថា៖ «ប្រសិនបើអ្នកមិនបានធ្វើរឿងអាក្រក់អ្វីទេ នោះហេតុអ្វីបានជាអ្នកនិយាយថា អ្នកគឺជាអារក្ស និងជាសាតាំង? តើអ្នកកំពុងព្យាយាមសម្រេចគោលបំណងអ្វី តាមរយៈការនិយាយបែបនេះ?» នៅពេលដែលអ្នកម៉ឺងម៉ាត់ជាមួយពួកគេបែបនេះ ពួកគេនឹងគ្មានអ្វីត្រូវនិយាយឡើយ។ តាមពិត ពួកគេបានធ្វើរឿងអាក្រក់ជាច្រើន ប៉ុន្តែពួកគេពិតជាមិនប្រាប់អ្នកពីការពិតអំពីរឿងនេះឡើយ។ ពួកគេគ្រាន់តែនិយាយអួតអាង និងពោលពីគោលលទ្ធិមួយចំនួន ដើម្បីរៀបរាប់អំពីការស្គាល់ខ្លួនឯងរបស់ពួកគេដោយឥតខ្លឹមសារប៉ុណ្ណោះ។ នៅពេលនិយាយដល់របៀបដែលពួកគេបានអូសទាញមនុស្សយ៉ាងជាក់លាក់ បោកប្រាស់មនុស្ស ប្រើប្រាស់មនុស្សដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួន មិនបានយកចិត្តទុកដាក់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ប្រឆាំងនឹងការរៀបចំការងារ បោកប្រាស់ខាងលើ លាក់បាំងរឿងរ៉ាវពីបងប្អូនប្រុសស្រី និងទំហំនៃការខូចខាតដែលពួកគេបានបង្កដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេនឹងមិននិយាយសូម្បីតែមួយម៉ាត់អំពីការពិតទាំងនេះ។ តើនេះជាការស្គាល់ខ្លួនឯងពិតប្រាកដមែនទេ? (ទេ)។ តាមរយៈការនិយាយថា ពួកគេគឺជាអារក្ស និងជាសាតាំង តើពួកគេមិនមែនកំពុងធ្វើពុតជាស្គាល់ខ្លួនឯង ដើម្បីលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី? តើនេះមិនមែនជាវិធីសាស្ត្រដែលពួកគេប្រើទេឬអី? (មែនហើយ។) មនុស្សទូទៅមិនអាចមើលធ្លុះវិធីសាស្ត្រនេះឡើយ។ នៅពេលដែលពួកអ្នកដឹកនាំខ្លះត្រូវបានដកហូតតំណែង ពួកគេត្រូវបានគេបោះឆ្នោតជ្រើសរើសឡើងវិញភ្លាមៗបន្ទាប់ពីនោះ ហើយនៅពេលដែលអ្នកសួរពីមូលហេតុនៃរឿងនេះ មនុស្សមួយចំនួននិយាយថា៖ «អ្នកដឹកនាំនោះមានគុណសម្បត្តិល្អ។ គាត់ដឹងថាគាត់គឺជាអារក្ស និងជាសាតាំង។ តើមាននរណាផ្សេងទៀតដែលមានកម្រិតនៃការស្គាល់បែបនេះ? មានតែមនុស្សដែលពិតជាដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមានការស្គាល់នោះ។ ពួកយើងគ្មាននរណាម្នាក់អាចទទួលបានការស្គាល់បែបនោះអំពីខ្លួនឯងឡើយ មនុស្សទូទៅមិនមានកម្ពស់នោះទេ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកគ្រប់គ្នាជ្រើសរើសគាត់ម្ដងទៀត»។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? មនុស្សទាំងនេះត្រូវបានគេបំភាន់ហើយ។ អ្នកដឹកនាំម្នាក់នេះដឹងថាគាត់គឺជាអារក្ស និងជាសាតាំង ប៉ុន្តែគាត់នៅតែត្រូវបានអ្នកគ្រប់គ្នាជ្រើសរើសដដែល ដូច្នេះ តើការដែលគាត់និយាយថាគាត់គឺជាអារក្ស និងជាសាតាំង មានឥទ្ធិពល និងផលវិបាកអ្វីខ្លះដល់មនុស្ស? (វាធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់គាត់។) ត្រឹមត្រូវហើយ វាធ្វើឱ្យមនុស្សឱ្យតម្លៃកាន់តែខ្ពស់ដល់គាត់។ អ្នកមិនជឿហៅវិធីសាស្ត្រនេះថា «ដកថយដើម្បីរុលទៅមុខ»។ នេះមានន័យថា ដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃកាន់តែខ្ពស់ដល់ពួកគេ ដំបូងពួកគេនិយាយរឿងអាក្រក់អំពីខ្លួនឯង ដើម្បីឱ្យអ្នកដទៃជឿថា ពួកគេអាចបើកចំហ និងស្គាល់ខ្លួនឯង ថាពួកគេមានជម្រៅ និងការយល់ធ្លុះជ្រៅ ព្រមទាំងមានការយល់ដឹងដ៏ជ្រាលជ្រៅ ហើយដោយសារតែរឿងនេះ អ្នកគ្រប់គ្នាកាន់តែថ្វាយបង្គំពួកគេ។ ហើយតើលទ្ធផលនៃការដែលអ្នកគ្រប់គ្នាកាន់តែថ្វាយបង្គំពួកគេ គឺជាអ្វី? នៅពេលដែលដល់ពេលត្រូវជ្រើសរើសពួកអ្នកដឹកនាំម្ដងទៀត ពួកគេនៅតែត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏ល្អឥតខ្ចោះសម្រាប់តួនាទីនេះ។ តើវិធីសាស្ត្រនេះមិនឆ្លាតវៃណាស់ទេឬអី? ប្រសិនបើពួកគេមិនបាននិយាយអំពីការស្គាល់ខ្លួនឯងបែបនេះ ហើយមិនបាននិយាយថាពួកគេគឺជាអារក្ស និងជាសាតាំង ហើយបែរជាមានភាពអវិជ្ជមានវិញនោះ នៅពេលដែលអ្នកដទៃឃើញបែបនេះ ពួកគេនឹងនិយាយថា៖ «គ្រាន់តែអ្នកត្រូវបានដកហូតតំណែង និងបាត់បង់ឋានៈភ្លាម អ្នកក៏ប្រែជាអវិជ្ជមាន។ ពីមុន អ្នកធ្លាប់បង្រៀនពួកយើងកុំឱ្យមានភាពអវិជ្ជមាន ប៉ុន្តែឥឡូវនេះ ភាពអវិជ្ជមានរបស់អ្នកគឺធ្ងន់ធ្ងរជាងពួកយើងទៅទៀត។ ពួកយើងនឹងមិនជ្រើសរើសអ្នកទេ»។ គ្មាននរណាម្នាក់នឹងឱ្យតម្លៃខ្ពស់ដល់អ្នកដឹកនាំម្នាក់នេះឡើយ។ ទោះបីជាអ្នកគ្រប់គ្នានៅតែខ្វះការសម្គាល់ចំពោះគាត់ក៏ដោយ យ៉ាងហោចណាស់ ពួកគេក៏នឹងមិនជ្រើសរើសគាត់ឱ្យធ្វើជាអ្នកដឹកនាំម្ដងទៀតដែរ ហើយបុគ្គលនេះនឹងមិនអាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការធ្វើឱ្យអ្នកដទៃឱ្យតម្លៃខ្ពស់ដល់គាត់ឡើយ។ ប៉ុន្តែ អ្នកដឹកនាំម្នាក់នេះបានចាប់ផ្ដើមមុន ដោយនិយាយថា៖ «ខ្ញុំគឺជាអារក្ស និងជាសាតាំង សូមឱ្យព្រះដាក់បណ្ដាសាខ្ញុំ ហើយបញ្ជូនខ្ញុំទៅនរកជាន់ទីដប់ប្រាំបី និងមិនអនុញ្ញាតឱ្យខ្ញុំចាប់ជាតិឡើងវិញជារៀងរហូត!» មនុស្សមួយចំនួនមានអារម្មណ៍អាណិតគាត់នៅពេលឮដូច្នេះ ហើយនិយាយថា៖ «អ្នកដឹកនាំរបស់យើងបានរងទុក្ខច្រើនណាស់។ ឱ គាត់បានរងភាពអយុត្តិធម៌យ៉ាងណាទៅ! ប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញាតឱ្យគាត់ធ្វើជាអ្នកដឹកនាំទេ នោះពួកយើងនឹងបោះឆ្នោតជ្រើសរើសគាត់»។ អ្នកគ្រប់គ្នាគាំទ្រអ្នកដឹកនាំម្នាក់នេះដល់កម្រិតនេះ ដូច្នេះ តើពួកគេមិនត្រូវបានគេបំភាន់ទេឬអី? ចេតនាដើមនៃពាក្យសម្ដីរបស់គាត់ត្រូវបានបញ្ជាក់យ៉ាងច្បាស់ ដែលបង្ហាញថា គាត់ពិតជាកំពុងបំភាន់មនុស្សតាមរបៀបនេះមែន។ ជួនកាល សាតាំងបំភាន់មនុស្សដោយការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនវា ហើយជួនកាល វាអាចទទួលស្គាល់កំហុសរបស់ខ្លួនតាមរបៀបប្រយោល នៅពេលដែលវាគ្មានជម្រើសអ្វីផ្សេង ប៉ុន្តែអ្វីៗទាំងអស់គ្រាន់តែជាការពាក់ស្បែកមុខក្លែងក្លាយប៉ុណ្ណោះ ហើយគោលដៅរបស់វាគឺដើម្បីទទួលបានការអាណិតអាសូរ និងការយោគយល់ពីមនុស្ស។ វានឹងថែមទាំងនិយាយថា៖ «គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ អ្នកគ្រប់គ្នាសុទ្ធតែមាននិស្ស័យពុករលួយ ហើយអ្នកណាក៏អាចធ្វើខុសបានដែរ។ ដរាបណាគេអាចកែតម្រូវកំហុសរបស់ខ្លួនបាន នោះពួកគេគឺជាមនុស្សល្អហើយ»។ នៅពេលដែលមនុស្សឮដូច្នេះ ពួកគេមានអារម្មណ៍ថាវាត្រឹមត្រូវ ហើយបន្តថ្វាយបង្គំ និងដើរតាមសាតាំង។ វិធីសាស្ត្ររបស់សាតាំង គឺត្រូវទទួលស្គាល់កំហុសរបស់ខ្លួនដោយម្ចាស់ការ ហើយលើកតម្កើងខ្លួនឯងដោយលួចលាក់ ព្រមទាំងលើកកម្ពស់ឋានៈរបស់ខ្លួននៅក្នុងចិត្តរបស់មនុស្ស ដើម្បីឱ្យមនុស្សទទួលយកអ្វីៗគ្រប់យ៉ាងអំពីវា សូម្បីតែកំហុសរបស់វាក៏ដោយ ហើយបន្ទាប់មកអភ័យទោសចំពោះកំហុសទាំងនេះ បំភ្លេចវាចោលដោយសន្សឹមៗ ហើយទីបំផុតទទួលយកសាតាំងទាំងស្រុង ដោយមានភាពស្មោះត្រង់ចំពោះវារហូតដល់ស្លាប់ មិនដែលចាកចេញ ឬបោះបង់វាចោលឡើយ ហើយដើរតាមវារហូតដល់ទីបញ្ចប់។ តើនេះមិនមែនជារបៀបធ្វើរឿងរ៉ាវរបស់សាតាំងទេឬអី? នេះជារបៀបដែលសាតាំងធ្វើសកម្មភាព ហើយពួកទទឹងនឹងព្រះគ្រីស្ទក៏ប្រើវិធីសាស្ត្រប្រភេទនេះដែរ នៅពេលដែលពួកគេធ្វើសកម្មភាព ដើម្បីសម្រេចមហិច្ឆតា និងគោលដៅរបស់ពួកគេ ក្នុងការធ្វើឱ្យមនុស្សថ្វាយបង្គំ និងដើរតាមពួកគេ។ ផលវិបាកដែលរឿងនេះបង្កឡើងគឺដូចគ្នា ហើយមិនខុសគ្នាទាល់តែសោះ ទៅនឹងផលវិបាកនៃការដែលសាតាំងបំភាន់ និងធ្វើឱ្យមនុស្សពុករលួយ។

នៅពេលមនុស្សខ្លះនិយាយពីការស្គាល់ខ្លួនឯង ពួកគេពណ៌នាពីខ្លួនឯងថារញ៉េរញ៉ៃទាំងស្រុង និងគ្មានបានការអ្វីសោះ ថែមទាំងនិយាយថា ពួកគេគឺជាអារក្ស និងសាតាំង ថាពួកគេសមនឹងត្រូវបណ្ដាសា ហើយថាពួកគេនឹងមិនត្អូញត្អែរឡើយ ប្រសិនបើព្រះជាម្ចាស់ជម្រុះពួកគេចោលនោះ។ ទោះជាយ៉ាងណាក្តី មនុស្សទាំងនេះមិនមានការយល់ដឹងពិតប្រាកដអំពីសារជាតិធម្មជាតិ ឬនិស្ស័យពុករលួយរបស់ពួកគេឡើយ ហើយពួកគេមិនអាចចែករំលែកអ្វីអំពីសភាពពិតនៃកិច្ចការរបស់ពួកគេបានទេ។ ផ្ទុយទៅវិញ ពួកគេព្យាយាមប្រើសំបកក្រៅដើម្បីបំភាន់អ្នកដទៃ ហើយប្រើវិធីសាស្ត្រ និងបច្ចេកទេសនៃការទទួលស្គាល់កំហុសរបស់ខ្លួនដោយម្ចាស់ការ និងការ «ដកថយដើម្បីរុលទៅមុខ» ដើម្បីបិទភ្នែក និងបោកប្រាស់មនុស្ស រួចហើយធ្វើឱ្យមនុស្សគិតល្អពីពួកគេ។ នេះគឺជាទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ លើកក្រោយ ពេលអ្នករាល់គ្នាជួបមនុស្សបែបនេះ តើអ្នករាល់គ្នាគួរប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្តេច? (សួរដេញដោលរកព័ត៌មានលម្អិត។) ត្រូវហើយ អ្នករាល់គ្នាត្រូវរៀនស៊ើបអង្កេតបញ្ហានេះ និងសួរដេញដោលរកព័ត៌មានលម្អិត។ ហើយតើអ្នករាល់គ្នាគួរស៊ើបអង្កេតឱ្យស៊ីជម្រៅកម្រិតណា? ត្រូវធ្វើរហូតដល់ពួកគេសុំភាពមេត្តាករុណា ហើយនិយាយថា៖ «ខ្ញុំនឹងមិនបំភាន់អ្នករាល់គ្នាទៀតទេ។ ទោះបីជាអ្នករាល់គ្នាជ្រើសរើសខ្ញុំធ្វើជាអ្នកដឹកនាំរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំនឹងមិនទទួលយកតួនាទីនោះដែរ»។ ចូរនិយាយទៅកាន់ពួកគេថា៖ «ពួកយើងនឹងមិនចាញ់បោកការបំភាន់របស់អ្នក ឬជ្រើសរើសអ្នកធ្វើជាអ្នកដឹកនាំរបស់យើងម្ដងទៀតឡើយ ដូច្នេះឈប់យល់សប្តិទៅ!» តើស្ដាប់ទៅយ៉ាងម៉េចដែរ? អស់អ្នកទាំងអស់ដែលនិយាយក្នុងរបៀបបំផ្លើសយ៉ាងខ្លាំងអំពីការស្គាល់ខ្លួនឯង ហើយថែមទាំងដាក់បណ្ដាសាខ្លួនឯង ដែលស្ដាប់ទៅគ្មានការពិតទាល់តែសោះនោះគឺជាមនុស្សដែលមានភាពខាងវិញ្ញាណក្លែងក្លាយ និងលាក់ពុត ហើយពាក្យសម្ដីទាំងអស់របស់ពួកគេគឺជាការបំភាន់។ មានចរិតលក្ខណៈ និងចំណុចលម្អិតមួយចំនួនចំពោះការនិយាយស្តីរបស់មនុស្សបែបនេះ ដែលអ្នកត្រូវតែអាចសម្គាល់បាន។ ឧទាហរណ៍ ចូរប្រាប់ខ្ញុំមកមើល៍ ប្រសិនបើគេតម្រូវឱ្យសរសេរពាក្យសម្បថសម្រាប់ការថែរក្សាតង្វាយ តើប្រយោគដំបូងនៃពាក្យសម្បថនោះគួរនិយាយថាយ៉ាងដូចម្ដេច? តើមនុស្សដែលមានភាពមានវិចារណញ្ញាណ និងភាពជាមនុស្ស នឹងសរសេរយ៉ាងដូចម្ដេច? តើពួកគេនឹងប្រើទឹកដមសំឡេង និងពាក្យពេចន៍បែបណា ដើម្បីឈរក្នុងឋានៈដ៏ត្រឹមត្រូវរបស់ពួកគេ និងបង្ហាញពីអាកប្បកិរិយារបស់ពួកគេឱ្យគេដឹង? នៅពេលមនុស្សសាមញ្ញ និយាយ មនុស្សគ្រប់គ្នាអាចញាណដឹងថា ពួកគេកំពុងនិយាយជាធម្មតា ប៉ុន្តែបុគ្គលដែលមានមហិច្ឆតា ដែលជាមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទ មានទឹកដមសំឡេងជាក់លាក់មួយនៅពេលពួកគេនិយាយ ដែលខុសពីមនុស្សទូទៅ។ ឧទាហរណ៍ ពួកគេនិយាយថា៖ «ប្រសិនបើខ្ញុំ ឈ្មោះនេះ ឬឈ្មោះនោះ កិបកេងតង្វាយរបស់ព្រះសូម្បីតែមួយសេន សូមឱ្យខ្ញុំស្លាប់យ៉ាងវេទនា សូមឱ្យឡានកិនខ្ញុំស្លាប់ចុះ!» តើនេះជាទឹកដមសំឡេងបែបណា? ពួកគេចាប់ផ្ដើមដោយពាក្យ «ខ្ញុំ» ដោយប្រើទឹកដមសំឡេងអួតអាងខ្លាំង ចេតនានៅពីក្រោយទឹកដមសំឡេង និងរបៀបនិយាយរបស់ពួកគេ អាចត្រូវបានសង្កេតឃើញនៅក្នុងពាក្យតាមន័យត្រង់ដែលពួកគេប្រើ។ ពាក្យដំបូងគឺ «ខ្ញុំ» ពួកគេប្រើទឹកដមសំឡេងអួតអាងខ្លាំង និងសំឡេងដ៏ស្រួចខ្ពស់បែបនេះ តើនេះមិនមែនជាពាក្យសម្បថដែលអួតអាងខ្លាំងទេឬអី? តើពាក្យសម្បថប្រភេទនេះហៅថាអ្វីទៅ? វាត្រូវបានហៅថាជាការនិយាយអួងអាតខ្លាំង និងលាក់ពុត។ ការសរសេរពាក្យសម្បថដោយភាពគឃ្លើនបែបនេះ តើនេះជានិស្ស័យបែបណា? នេះគឺជាពាក្យសម្បថ ដូច្នេះតើអ្នកកំពុងស្បថចំពោះនរណា? អ្នកកំពុងស្បថចំពោះព្រះជាម្ចាស់ ដូច្នេះតើមនុស្សធម្មតាគួរនិយាយយ៉ាងដូចម្ដេចក្នុងករណីនេះ? ពួកគេគួរតែនិយាយក្នុងរបៀបបន្ទាបខ្លួន ឈរក្នុងឋានៈដ៏ត្រឹមត្រូវរបស់ពួកគេ អធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងនិយាយចេញពីចិត្ត។ ពួកគេមិនគួរប្រើពាក្យសម្ដីដែលអួតអាងខ្លាំង ឬមានភាពគឃ្លើនឡើយ។ មនុស្សបែបនេះមានភាពគឃ្លើនខ្លាំងណាស់ សូម្បីតែនៅពេលធ្វើពាក្យសម្បថក៏ដោយ និស្ស័យបែប សាតាំងនៅក្នុងពួកគេគឺធ្ងន់ធ្ងរណាស់! វាពិបាកនឹងនិយាយណាស់ថា តើពាក្យសម្បថរបស់ពួកគេពិត ឬក្លែងក្លាយនោះ។ អ្វីដែលពួកគេចង់មានន័យគឺ៖ «អ្នកមិនទុកចិត្តខ្ញុំទេឬ? អ្នកខ្លាចថាខ្ញុំកំពុងកេងចំណេញពីដំណាក់របស់ព្រះ ថាខ្ញុំកំពុងលួចតង្វាយមែនទេ? អ្នកប្រើខ្ញុំ ប៉ុន្តែអ្នកមិនទុកចិត្តខ្ញុំទេ ហើយអ្នកសុំឱ្យខ្ញុំធ្វើពាក្យសម្បថ ដូច្នេះខ្ញុំនឹងធ្វើពាក្យសម្បថ អ្នកចាំតែមើលទៅថាតើខ្ញុំហ៊ានធ្វើពាក្យសម្បថនេះឬអត់! ខ្ញុំមិនជឿថាខ្ញុំអាចមកត្រូវធ្វើរឿងបែបនោះទេ»។ តើនេះជាអាកប្បកិរិយាបែបណា? នេះគឺជាភាពគឃ្លើន និងភាពឥតអៀនខ្មាស។ ពួកគេថែមទាំងហ៊ានស្រែកតវ៉ា ប្រឆាំងនឹងព្រះជាម្ចាស់ ហើយប្រើពាក្យសម្បថដើម្បីបង្ហាញថាខ្លួនឯងត្រឹមត្រូវ និងដើម្បីបំភាន់មនុស្សទៀតផង។ តើនេះជាការកោតខ្លាចព្រះជាម្ចាស់ឬ? គ្មានសេចក្ដីគោរពកោតខ្លាចសោះឡើយចំពោះរឿងនេះ។ មនុស្សប្រភេទនេះគឺជាសាតាំង និងជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ។ ការធ្វើពាក្យសម្បថដែលលាក់បង្កប់ដោយការស្រែកតវ៉ា តើនេះជានិស្ស័យបែបណា? តើមនុស្សប្រភេទនេះនៅតែអាចត្រូវបានសង្គ្រោះដែរឬទេ? តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សប្រភេទនេះពីមុនមកដែរឬទេ? អ្នករាល់គ្នាមិនដឹងពីរបៀបសម្គាល់ការបង្ហាញចេញ ការបញ្ចេញឱ្យឃើញ ឬនិស្ស័យទាំងនេះដែលពួកគេបង្ហាញនោះទេ តើមែនទេ? មនុស្សខ្លះថែមទាំងជឿថា មនុស្សប្រភេទនេះមានគំនិតច្បាស់លាស់ មានការយល់ដឹងខាងវិញ្ញាណ ទៀងត្រង់ និងមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ទៀតផង។ តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬអី? តើនេះមិនមែនជាការខ្វះការសម្គាល់ទេឬអី? ឥរិយាបថ និងនិស្ស័យដ៏អាក្រក់នេះ អាចត្រូវបានមើលឃើញនៅក្នុងពាក្យតាមន័យត្រង់ និងការប្រើប្រាស់ពាក្យពេចន៍នៃពាក្យសម្បថរបស់ពួកគេ ប៉ុន្តែមនុស្សនៅតែគិតថា បុគ្គលទទឹងនឹងព្រះគ្រីស្ទនេះល្អណាស់។ តើមនុស្សទាំងនេះយល់ពីសេចក្ដីពិតដែរឬទេ? មើលទៅហាក់ដូចជាអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាយល់ គឺមានតែគោលលទ្ធិប៉ុណ្ណោះ ថាអ្នករាល់គ្នាអាចត្រឹមតែនិយាយអំពីគោលលទ្ធិ និងនិយាយពាក្យសម្ដីទទេៗ ហើយអ្នករាល់គ្នាគ្មានការសម្គាល់ឡើយ នៅពេលនិយាយដល់បញ្ហា និងរឿងរ៉ាវជាក់លាក់នោះ។ ទៅថ្ងៃអនាគត ប្រសិនបើអ្នករាល់គ្នាជួបរឿងរ៉ាវប្រភេទនេះ តើអ្នករាល់គ្នានឹងមានការសម្គាល់ដែរឬទេ? (មែនហើយ ពួកយើងនឹងមាន។) មនុស្សដែលសរសេរពាក្យសម្បថបែបនេះ សុទ្ធតែជាសត្វតិរច្ឆាន ហើយពួកគេទាំងអស់គ្នាខ្វះភាពជាមនុស្ស។ តើអ្នករាល់គ្នាធ្លាប់ឃើញពាក្យសម្បថប្រភេទនេះពីមុនមកដែរឬទេ? តើអ្នករាល់គ្នាធ្លាប់សរសេរពាក្យសម្បថបែបនេះពីមុនមកដែរឬទេ? (ធ្លាប់។) តើវាមានទឹកដមសំឡេងដូចគ្នា និងការចាប់ផ្ដើមដូចគ្នានឹងពាក្យសម្បថនេះដែរឬទេ? (វាមិនចំៗបែបនេះទេ។) ចុះតើធម្មជាតិរបស់វាដូចគ្នាដែរឬទេ? (ដូចគ្នា។) ធម្មជាតិរបស់វាគឺដូចគ្នា។ ការធ្វើពាក្យសម្បថ មិនមែនដូចជាការចូលទៅក្នុងសមរភូមិ ដែលទាមទារឱ្យមានស្មារតីនៃការលះបង់ខ្លួនឯងយ៉ាងអង់អាចក្លាហាននោះទេ។ វាមិនទាមទារឱ្យមានស្មារតីប្រភេទនោះឡើយ។ នៅពេលអ្នកធ្វើពាក្យសម្បថចំពោះព្រះជាម្ចាស់ អ្នកត្រូវតែគិតអំពីវាឱ្យបានហ្មត់ចត់ ហើយយល់ពីមូលហេតុដែលអ្នកត្រូវសរសេរពាក្យសម្បថនេះ និងថាតើអ្នកកំពុងធ្វើពាក្យសម្បថ និងធ្វើការសន្យានេះចំពោះនរណា។ អ្វីដែលព្រះជាម្ចាស់ចង់បាន គឺអាកប្បកិរិយារបស់មនុស្ស មិនមែនជាប្រភេទស្មារតីនោះទេ។ ស្មារតីរបស់អ្នកនោះគឺគឃ្លើន ហើយវាមានលក្ខណៈស្រែកតវ៉ា វាគឺជាការបង្ហាញចេញនូវនិស្ស័យក្រអឺតក្រទមរបស់សាតាំង។ វាមិនមែនជាសេចក្ដីគោរពកោតខ្លាចទេ ហើយក៏មិនមែនជាការបង្ហាញចេញដែលភាវៈដែលព្រះ បានបង្កើតគួរតែមានដែរ រឹតតែមិនមែនជាជំហរដែលភាវៈដែលព្រះបានបង្កើត គួរតែប្រកាន់យកទៅទៀត។ តើមនុស្សដែលបង្ហាញការបង្ហាញចេញនេះមិនមែនត្រូវបានរងឥទ្ធិពលពីវីរភាពជាតិទេឬអី? តើវាពាក់ព័ន្ធនឹងរឿងនេះដែរឬទេ? មនុស្សត្រូវបានបំពុលយ៉ាងជ្រាលជ្រៅពេកហើយ ពេលដែលពួកគេសរសេរពាក្យសម្បថ ឬការសន្យាភ្លាម ពួកគេគិតដល់បុគ្គលល្បីៗឆ្លងកាត់គ្រប់យុគសម័យ ដែលមានភាពស្មោះត្រង់ចំពោះប្រទេសជាតិ និងប្រជាជនរបស់ពួកគេ។ បុគ្គលល្បីៗទាំងនោះគឺជាផ្នែកមួយនៃបក្សពួករបស់សាតាំង ហើយពួកគេបានប្រព្រឹត្តក្នុងរបៀបឥតអៀនខ្មាស ដើម្បីធ្វើឱ្យខ្លួនឯងលេចធ្លោ និងធ្វើបន្ទាល់សម្រាប់ខ្លួនឯង ហើយដើម្បីកាន់កាប់កន្លែងមួយនៅក្នុងចិត្តរបស់មនុស្ស និងបន្សល់ទុកកេរ្តិ៍ឈ្មោះល្អសម្រាប់ខ្លួនឯង ដើម្បីឱ្យពួកគេអាចមានចារក្នុងប្រវត្តិសាស្ត្រ និងទទួលបានឈ្មោះល្អដែលនឹងស្ថិតស្ថេរអស់កល្បជានិច្ច។ ជំនាន់ក្រោយៗបានវាយតម្លៃរឿងនេះថា ពួកគេមានការលះបង់ដោយងងឹតងងល់ចំពោះប្រទេសជាតិរបស់ពួកគេ តើអ្នកគិតថាពួកគេពិតជាងងឹតងងល់មែនឬ? តើភាពងងឹតងងល់នេះតាមពិតទៅគឺជាអ្វី? វាគឺជាទង្វើដ៏ទុច្ចរិត និងមានល្បិចកលបំផុត ហើយមានចេតនាផ្ទាល់ខ្លួននៅក្នុងនោះ។ វាមិនមែនជាភាពងងឹតងងល់ទេ ហើយវាក៏ច្បាស់ជាមិនមែនជាការលះបង់ដែរ វាគឺជាភាពទុច្ចរិត។

ពួកយើងបានប្រកបគ្នាយ៉ាងច្រើនរួចមកហើយ លើប្រធានបទអំពីពួកទទឹងនឹងព្រះគ្រីស្ទធ្វើបន្ទាល់អំពីខ្លួនឯង។ តើមានបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រធានបទនេះ ដែលអ្នករាល់គ្នានៅតែមិនទាន់យល់ច្បាស់ដែរឬទេ? មនុស្សខ្លះធ្វើបន្ទាល់អំពីខ្លួនឯងដោយប្រើពាក្យសម្ដី និងនិយាយពាក្យមួយចំនួនដែលអួតអាងអំពីខ្លួនឯង ចំណែកឯអ្នកខ្លះទៀតប្រើឥរិយាបថ។ តើការសម្ដែងចេញអ្វីខ្លះដែលបង្ហាញថាមនុស្សម្នាក់ប្រើឥរិយាបថដើម្បីធ្វើបន្ទាល់អំពីខ្លួនឯង? មើលពីខាងក្រៅ ពួកគេបង្ហាញឥរិយាបថមួយចំនួនដែលសមស្របតាមសញ្ញាណរបស់មនុស្ស ដែលទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស ហើយដែលមនុស្សមើលឃើញថាថ្លៃថ្នូរខ្លាំង និងសមស្របតាមស្តង់ដាសីលធម៌។ ឥរិយាបថទាំងនេះធ្វើឱ្យមនុស្សគិតថា ពួកគេមានកិត្តិយស មានសេចក្ដីសុចរិត ថាពួកគេពិតជាស្រឡាញ់ព្រះជាម្ចាស់ មានចិត្តគោរពយ៉ាងខ្លាំង និងពិតជាមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយថាពួកគេគឺជាមនុស្សដែលដេញតាមសេចក្ដីពិត។ ពួកគេតែងតែបង្ហាញឥរិយាបថល្អៗពីខាងក្រៅមួយចំនួន ដើម្បីបំភាន់មនុស្ស តើនេះមិនមែនមានន័យថា ជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី? ជាធម្មតា មនុស្សលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងតាមរយៈពាក្យសម្ដី ដោយប្រើការនិយាយច្បាស់ៗដើម្បីបង្ហាញថា ពួកគេខុសពីមនុស្សភាគច្រើន ហើយថាពួកគេមានគំនិតវាងវៃជាងអ្នកដទៃ ដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់ពួកគេ និងលើកតម្កើងពួកគេ។ ក៏ប៉ុន្តែ មានវិធីសាស្ត្រមួយចំនួនដែលមិនពាក់ព័ន្ធនឹងការនិយាយចំៗនោះទេ ដែលមនុស្សបែរជាប្រើទង្វើខាងក្រៅ ដើម្បីធ្វើបន្ទាល់ថា ពួកគេល្អជាងអ្នកដទៃទៅវិញ។ ទង្វើប្រភេទនេះត្រូវបានគិតគូរយ៉ាងល្អិតល្អន់ វាមានបំណង និងចេតនាជាក់លាក់ ហើយវាមានគោលបំណងច្បាស់លាស់ណាស់។ ទង្វើទាំងនេះត្រូវបានវេចខ្ចប់ និងកែច្នៃ ដូច្នេះអ្វីដែលមនុស្សមើលឃើញ គឺជាឥរិយាបថ និងទង្វើមួយចំនួនដែលស្របតាមសញ្ញាណរបស់មនុស្ស ដែលថ្លៃថ្នូរ មានចិត្តគោរព និងស្របតាមភាពសមរម្យបែបអ្នកបរិសុទ្ធ ហើយថែមទាំងស្រឡាញ់ព្រះជាម្ចាស់ កោតខ្លាចព្រះជាម្ចាស់ និងស្របតាមសេចក្ដីពិតទៀតផង។ ការនេះសម្រេចបានគោលបំណងដូចគ្នានៃការលើកតម្កើងខ្លួនឯង និងការធ្វើបន្ទាល់អំពីខ្លួនឯង ហើយធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់លើពួកគេ និងថ្វាយបង្គំពួកគេ។ តើអ្នករាល់គ្នាធ្លាប់ជួប ឬឃើញរឿងបែបនេះដែរឬទេ? តើអ្នករាល់គ្នាមានការសម្ដែងចេញទាំងនេះដែរឬទេ? តើរឿងទាំងនេះ និងប្រធានបទនេះដែលខ្ញុំកំពុងពិភាក្សា ចាកឆ្ងាយពីជីវិតពិតដែរឬទេ? តាមពិតទៅ មិនចាកឆ្ងាយទេ។ ខ្ញុំនឹងលើកឧទាហរណ៍ដ៏សាមញ្ញមួយ។ នៅពេលមនុស្សខ្លះបំពេញភារកិច្ចរបស់ខ្លួន មើលពីសំបកក្រៅ ពួកគេហាក់ដូចជារវល់ខ្លាំងណាស់ ពួកគេមានចេតនាបន្តធ្វើការ នៅពេលដែលអ្នកដទៃកំពុងបរិភោគអាហារ ឬដេក ហើយនៅពេលដែលអ្នកដទៃចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន ពួកគេក៏ទៅបរិភោគអាហារ ឬដេកវិញ។ តើពួកគេមានគោលបំណងអ្វីក្នុងការធ្វើបែបនេះ? ពួកគេចង់ទាក់ទាញចំណាប់អារម្មណ៍ និងបង្ហាញប្រាប់មនុស្សគ្រប់គ្នាថា ពួកគេរវល់នឹងការបំពេញភារកិច្ចរបស់ខ្លួនខ្លាំងណាស់ រហូតដល់គ្មានពេលបរិភោគអាហារ ឬដេកឡើយ។ ពួកគេគិតថា៖ «អ្នករាល់គ្នាពិតជាគ្មានបន្ទុកទាល់តែសោះ។ ហេតុអ្វីបានជាអ្នករាល់គ្នាសកម្មនឹងការបរិភោគអាហារ និងការដេកម៉្លេះ? ពួកមនុស្សគ្មានបានការ! មើលមកខ្ញុំនេះ ខ្ញុំកំពុងធ្វើការ ខណៈពេលដែលអ្នករាល់គ្នាទាំងអស់កំពុងបរិភោគអាហារ ហើយខ្ញុំនៅតែធ្វើការនៅពេលយប់ ពេលដែលអ្នករាល់គ្នាកំពុងដេក។ តើអ្នករាល់គ្នាអាចរងទុក្ខបែបនេះបានដែរឬទេ? ខ្ញុំអាចស៊ូទ្រាំនឹងការរងទុក្ខនេះបាន ខ្ញុំកំពុងធ្វើជាគំរូតាមរយៈឥរិយាបថរបស់ខ្ញុំ»។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះឥរិយាបថ និងការបង្ហាញចេញប្រភេទនេះ? តើមនុស្សទាំងនេះមិនមែនកំពុងធ្វើរឿងនេះដោយចេតនាទេឬអី? មនុស្សខ្លះធ្វើរឿងទាំងនេះដោយចេតនាមែន ហើយតើនេះជាឥរិយាបថបែបណា? មនុស្សទាំងនេះចង់ធ្វើខ្លួនខុសគេ ពួកគេចង់ឱ្យខុសពីមនុស្សភាគច្រើន និងបង្ហាញមនុស្សថា ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងរវល់ពេញមួយយប់ ថាពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខជាពិសេស។ តាមរបៀបនេះ មនុស្សគ្រប់គ្នានឹងមានអារម្មណ៍អាណិតពួកគេជាពិសេស និងបង្ហាញការអាណិតអាសូរជាពិសេសដល់ពួកគេ ដោយគិតថា ពួកគេមានបន្ទុកដ៏ធ្ងន់នៅលើស្មារបស់ពួកគេ រហូតដល់ថ្នាក់ពួកគេរវល់នឹងការងារខ្លាំង និងរវល់ពេករហូតដល់គ្មានពេលបរិភោគអាហារ ឬដេក។ ហើយប្រសិនបើពួកគេមិនអាចត្រូវបានសង្គ្រោះទេ នោះមនុស្សគ្រប់គ្នានឹងអង្វរព្រះជាម្ចាស់ដើម្បីពួកគេ ទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេ និងអធិស្ឋានសម្រាប់ពួកគេ។ ក្នុងការធ្វើបែបនេះ មនុស្សទាំងនេះកំពុងប្រើប្រាស់ឥរិយាបថ និងទង្វើល្អៗដែលស្របតាមសញ្ញាណរបស់មនុស្ស ដូចជាការស៊ូទ្រាំនឹងការលំបាក និងការលះបង់ ដើម្បីបោកបញ្ឆោតអ្នកដទៃ និងបោកប្រាស់យកការអាណិតអាសូរ និងការសរសើរពីពួកគេ។ ហើយតើលទ្ធផលចុងក្រោយនៃរឿងនេះគឺជាអ្វី? មនុស្សគ្រប់គ្នាដែលបានទាក់ទងជាមួយពួកគេ និងបានឃើញពួកគេលះបង់ នឹងសុទ្ធតែនិយាយក្នុងអត្ថន័យតែមួយដូចគ្នាថា៖ «អ្នកដឹកនាំរបស់យើងមានសមត្ថភាពបំផុត អាចស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់បំផុត!» តើពួកគេមិនបានសម្រេចគោលបំណងរបស់ខ្លួនក្នុងការបំភាន់មនុស្សទេឬអី? បន្ទាប់មក ថ្ងៃមួយ ដំណាក់របស់ព្រះជាម្ចាស់និយាយថា៖ «អ្នកដឹកនាំរបស់អ្នករាល់គ្នាមិនបានបំពេញកិច្ចការជាក់ស្ដែងទេ។ ពួកគេធ្វើខ្លួនឱ្យរវល់ និងធ្វើការដោយគ្មានគោលដៅ ពួកគេប្រព្រឹត្តដោយខ្វះការគិតគូរ ហើយពួកគេធ្វើតាមអំពើចិត្ត និងផ្ដាច់ការ។ ពួកគេបានធ្វើឱ្យកិច្ចការរបស់ពួកជំនុំមានភាពរញ៉េរញ៉ៃ ពួកគេមិនបានបំពេញកិច្ចការណាមួយដែលពួកគេគួរធ្វើឡើយ ពួកគេមិនបានបំពេញការងារផ្សាយដំណឹងល្អ ឬការងារផលិតភាពយន្តទេ ហើយជីវិតពួកជំនុំក៏មានភាពច្របូកច្របល់ដែរ។ បងប្អូនប្រុសស្រីមិនយល់ពីសេចក្ដីពិត ពួកគេមិនមានការចូលទៅក្នុងជីវិតឡើយ ហើយពួកគេមិនអាចសរសេរអត្ថបទទីបន្ទាល់បានទេ។ អ្វីដែលគួរឱ្យអាណិតបំផុតនោះគឺថា ពួកគេមិនអាចសូម្បីតែសម្គាល់អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទបានផង។ អ្នកដឹកនាំប្រភេទនេះគ្មានសមត្ថភាពទាល់តែសោះ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយដែលគួរតែត្រូវបានដកហូតតំណែង!» ក្នុងកាលៈទេសៈទាំងនេះ តើវាងាយស្រួលក្នុងការដកហូតតំណែងពួកគេដែរឬទេ? វាប្រហែលជាពិបាកហើយ។ ដោយសារបងប្អូនប្រុសស្រីសុទ្ធតែពេញចិត្ត និងគាំទ្រពួកគេ ប្រសិនបើនរណាម្នាក់ព្យាយាមដកហូតតំណែងអ្នកដឹកនាំនេះ បងប្អូនប្រុសស្រីនឹងធ្វើការតវ៉ា និងដាក់សំណើទៅកាន់ខាងលើ ដើម្បីរក្សាពួកគេទុក។ ហេតុអ្វីបានជាមានលទ្ធផលបែបនេះ? ពីព្រោះអ្នកដឹកនាំក្លែងក្លាយ និងបុគ្គលទទឹងនឹងព្រះគ្រីស្ទនេះ ប្រើប្រាស់ឥរិយាបថល្អៗពីខាងក្រៅ ដូចជាការស៊ូទ្រាំនឹងការលំបាក និងការលះបង់ ព្រមទាំងពាក្យសម្ដីពីរោះៗ ដើម្បីធ្វើឱ្យរំជួលចិត្ត ទិញទឹកចិត្ត និងបំភាន់មនុស្ស។ ពេលដែលពួកគេបានប្រើរូបរាងក្លែងក្លាយទាំងនេះដើម្បីបំភាន់មនុស្សហើយ មនុស្សគ្រប់គ្នានឹងនិយាយការពារពួកគេ ហើយមិនអាចចាកចេញពីពួកគេបានឡើយ។ ពួកគេដឹងយ៉ាងច្បាស់ថា អ្នកដឹកនាំនេះមិនបានបំពេញកិច្ចការជាក់ស្ដែងច្រើនទេ ហើយថាគេមិនបានដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យយល់ពីសេចក្ដីពិត និងទទួលបានការចូលទៅក្នុងជីវិតឡើយ ប៉ុន្តែមនុស្សទាំងនេះនៅតែគាំទ្រ គេ ពេញចិត្តគេ និងដើរតាមគេ ដោយមិនខ្វល់សូម្បីតែវាមានន័យថា ពួកគេនឹងមិនទទួលបានសេចក្ដីពិត និងជីវិតក៏ដោយ។ លើសពីនេះទៅទៀត ដោយសារតែត្រូវបានបំភាន់ដោយអ្នកដឹកនាំនេះ មនុស្សទាំងនេះសុទ្ធតែថ្វាយបង្គំគេ មិនទទួលយកអ្នកដឹកនាំណាមួយក្រៅពីគេឡើយ ហើយ ថែមទាំងលែងចង់បានព្រះជាម្ចាស់ទៀតផង។ តើពួកគេមិនមែនកំពុងចាត់ទុកអ្នកដឹកនាំនេះជាព្រះជាម្ចាស់ទេឬអី? ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់និយាយថា បុគ្គលនេះមិនបានបំពេញកិច្ចការជាក់ស្ដែងទេ ហើយថាគេគឺជាអ្នកដឹកនាំក្លែងក្លាយ និងជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ នោះមនុស្សនៅក្នុងពួកជំនុំរបស់គេនឹងតវ៉ា ហើយក្រោកឡើងបះបោរជាមិនខាន។ ចូរប្រាប់ខ្ញុំមកមើល៍ តើបុគ្គលទទឹងនឹងព្រះគ្រីស្ទនេះបានបំភាន់មនុស្សទាំងនោះដល់កម្រិតណាទៅ? ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះស្ថានភាពរបស់មនុស្សនឹងកាន់តែប្រសើរឡើង ហើយពួកគេនឹងយល់ពីសេចក្ដីពិតកាន់តែច្រើន កាន់តែចុះចូលចំពោះព្រះជាម្ចាស់ មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេកាន់តែច្រើន ហើយកាន់តែពូកែក្នុងការសម្គាល់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ។ មើលពីចំណុចនេះ ស្ថានភាពដែលយើងទើបតែបានពិភាក្សា គឺ ដាច់ខាតមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ពោលគឺមានតែពួកទទឹងនឹងព្រះគ្រីស្ទ និងវិញ្ញាណអាក្រក់ប៉ុណ្ណោះ ដែលអាចបំភាន់មនុស្សដល់កម្រិតបែបនេះ បន្ទាប់ពីធ្វើការបានមួយរយៈពេល។ មនុស្សជាច្រើនត្រូវបានបំភាន់ និងត្រួតត្រាដោយពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមានតែកន្លែងសម្រាប់ ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ និងគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់ឡើយ។ នេះគឺជាលទ្ធផលចុងក្រោយដែលត្រូវបានសម្រេចបានដោយពួកទទឹងនឹងព្រះគ្រីស្ទ ដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងតាមរយៈឥរិយាបថល្អៗពីខាងក្រៅ។ ពួកគេប្រើប្រាស់ឥរិយាបថល្អៗពីខាងក្រៅ ដូចជាការស៊ូទ្រាំនឹងការលំបាក និងការលះបង់ ដើម្បីលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ដែលនេះគឺជាមធ្យោបាយមួយដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីបំភាន់ និងត្រួតត្រាមនុស្ស។ ឥឡូវនេះ អ្នករាល់គ្នាមើលឃើញបញ្ហានេះច្បាស់ហើយ តើមែនទេ? តើបុគ្គលទទឹងនឹងព្រះគ្រីស្ទដែលប្រើប្រាស់ឥរិយាបថល្អៗពីខាងក្រៅ ដូចជាការស៊ូទ្រាំនឹងការលំបាក និងការលះបង់ ដើម្បីបំភាន់មនុស្ស មិនមែនជាមនុស្សដែលមានល្បិចកល និងស្នៀតបញ្ឆោតខ្លាំងទេឬអី? ហើយតើជួនកាល អ្នករាល់គ្នាមិនធ្វើរឿងទាំងនេះដែរទេឬអី? មនុស្សមួយចំនួនផឹកកាហ្វេដើម្បីបង្កើនថាមពលនៅពេលល្ងាច ដើម្បីត្រៀមខ្លួននៅដល់យប់ជ្រៅបំពេញភារកិច្ចរបស់ខ្លួន។ បងប្អូនប្រុសស្រីបារម្ភពីសុខភាពរបស់ពួកគេ ហើយចម្អិនស្ងោរមាន់ឱ្យពួកគេញ៉ាំ។ នៅពេលពួកគេញ៉ាំស៊ុបមាន់នោះអស់ហើយ មនុស្សទាំងនេះនិយាយថា «អរព្រះគុណព្រះជាម្ចាស់! ខ្ញុំបានរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំមិនសមនឹងទទួលបានទេ។ ឥឡូវនេះ ដោយសារខ្ញុំបានញ៉ាំស៊ុបមាន់នេះអស់ហើយ ខ្ញុំត្រូវតែបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ!» តាមពិតទៅ ពួកគេបន្តបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដដែលដែលពួកគេតែងតែធ្វើ ដោយមិនបានបង្កើនប្រសិទ្ធភាពសោះឡើយ។ តើពួកគេមិនមែនកំពុងតែធ្វើពុតទេឬអី? ពួកគេកំពុងតែធ្វើពុតមែន ហើយឥរិយាបថប្រភេទនេះ ក៏ជាការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯងដោយលាក់លៀមដែរ លទ្ធផលដែលវាសម្រេចបាន គឺធ្វើឱ្យមនុស្សពេញចិត្តនឹងពួកគេ ឱ្យតម្លៃខ្ពស់ដល់ពួកគេ និងក្លាយជាអ្នកដើរតាមពួកគេយ៉ាងប្តូរផ្ដាច់។ ប្រសិនបើមនុស្សមានចិត្តគំនិតបែបនេះ តើពួកគេមិនបានភ្លេចព្រះជាម្ចាស់ទេឬអី? ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តទៀតទេ ដូច្នេះតើនរណាទៅដែលពួកគេគិតដល់ទាំងយប់ទាំងថ្ងៃនោះ? គឺ «អ្នកដឹកនាំដ៏ល្អ» គឺជា «មនុស្សជាទីស្រឡាញ់» របស់ពួកគេហ្នឹងឯង។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន មានក្ដីស្រឡាញ់ខ្លាំងណាស់ចំពោះមនុស្សភាគច្រើននៅសំបកក្រៅ ហើយពួកគេប្រើវិធីសាស្ត្រនៅពេលនិយាយ ដើម្បីឱ្យមនុស្សឃើញថាពួកគេមានក្ដីស្រឡាញ់ និងសុខចិត្តចូលទៅជិតពួកគេ។ ពួកគេញញឹមដាក់នរណាម្នាក់ដែលចូលទៅជិត និងទាក់ទងជាមួយពួកគេ ហើយពួកគេនិយាយទៅកាន់មនុស្សបែបនោះដោយសំឡេងដ៏ទន់ភ្លន់បំផុត។ ទោះបីជាពួកគេឃើញថា បងប្អូនប្រុសស្រីខ្លះគ្មានគោលការណ៍នៅក្នុងទង្វើរបស់ខ្លួន ហើយនាំឱ្យខូចប្រយោជន៍ដល់ពួកជំនុំក៏ដោយ ក៏ពួកគេមិនលួសកាត់អ្នកទាំងនោះសូម្បីបន្តិចឡើយ ពួកគេគ្រាន់តែដាស់តឿន និងកម្សាន្តចិត្តអ្នកទាំងនោះ ហើយលួងលោមពួកគេនៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ គឺពួកគេលួងលោមមនុស្ស ទាល់តែពួកគេនាំមនុស្សគ្រប់គ្នាឱ្យមកនៅចំពោះមុខពួកគេ។ មនុស្សត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះធ្វើឱ្យរំជួលចិត្តបន្តិចម្ដងៗ មនុស្សគ្រប់គ្នាសរសើរនឹងចិត្តស្រឡាញ់របស់ពួកគេយ៉ាងខ្លាំង ហើយហៅពួកគេថាជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់គ្នាថ្វាយបង្គំពួកគេ និងស្វែងរកការប្រកបពីពួកគេលើគ្រប់បញ្ហា ដោយប្រាប់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនូវគំនិត និងអារម្មណ៍ក្នុងចិត្តទាំងអស់របស់ខ្លួន រហូតដល់ថ្នាក់ពួកគេលែងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ឬស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្សទាំងនេះមិនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបំភាន់ទេឬអី? នេះគឺជាមធ្យោបាយមួយទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីបំភាន់មនុស្ស។ នៅពេលដែលអ្នករាល់គ្នាធ្វើឥរិយាបថ និងទង្វើទាំងនេះ ឬមានចេតនាទាំងនេះ តើអ្នករាល់គ្នាដឹងខ្លួនទេថា មានបញ្ហានៅក្នុងរឿងនេះ? ហើយនៅពេលដែលអ្នកដឹងខ្លួនអំពីរឿងនេះ តើអ្នកអាចផ្លាស់ប្ដូរទិសដៅនៃទង្វើរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងមានវិប្បដិសារីពិតប្រាកដ នៅពេលដែលអ្នកដឹងខ្លួន និងពិនិត្យពិច័យឃើញថា ឥរិយាបថ ទង្វើ ឬចេតនារបស់អ្នកមានបញ្ហា នោះបញ្ជាក់ថា អ្នកបានត្រឡប់ចិត្តហើយ។ ប្រសិនបើអ្នកដឹងពីបញ្ហារបស់អ្នក ប៉ុន្តែគ្រាន់តែបណ្ដោយឱ្យវាហួសទៅ ហើយប្រព្រឹត្តទៅតាមបំណងផ្ទាល់ខ្លួនរបស់អ្នក ដោយធ្លាក់កាន់តែជ្រៅទៅៗ រហូតដល់ចំណុចមួយដែលអ្នកលែងអាចដកខ្លួនរួច នោះអ្នកមិនបានត្រឡប់ចិត្តទេ ហើយអ្នកកំពុងតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនា លើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ព្រមទាំងវង្វេងចេញពីផ្លូវពិតហើយ។ តើនេះជានិស្ស័យបែបណា? វាជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ តើវាធ្ងន់ធ្ងរដែរឬទេ? (ត្រូវហើយ ធ្ងន់ធ្ងរ។) តើវាធ្ងន់ធ្ងរបែបណា? លទ្ធផលរបស់មនុស្សម្នាក់ដែលប្រើមធ្យោបាយដែលកាន់តែមានស្នៀតបញ្ឆោត និងបោកបញ្ឆោត ដោយប្រើការស៊ូទ្រាំនឹងការលំបាក និងការលះបង់ ដើម្បីបំភាន់មនុស្ស ដោយព្យាយាមធ្វើឱ្យពួកគេថ្វាយបង្គំ និងដើរតាមខ្លួន គឺដូចគ្នាទៅនឹងមនុស្សម្នាក់ដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយចំហដែរ ពោលគឺ វាមានធម្មជាតិដូចគ្នា។ មិនថាអ្នកប្រើមធ្យោបាយណាមួយដើម្បីលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងនោះទេ ទោះបីជាវាជាការនិយាយចំៗ ឬឥរិយាបថល្អៗដែលស្ដែងចេញយ៉ាងច្បាស់ក៏ដោយ ក៏វាមានធម្មជាតិដូចគ្នាទាំងអស់។ វាមានលក្ខណៈជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយមានលក្ខណៈនៃការប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះអង្គ។ មិនថាការបង្ហាញ ចេញរបស់អ្នកមានទម្រង់បែបណា ឬអ្នកប្រើមធ្យោបាយណាមួយនោះទេ ដរាបណាចេតនារបស់អ្នកមិនផ្លាស់ប្ដូរ ហើយផលវិបាកគឺដូចគ្នា នោះវាមានធម្មជាតិដូចគ្នាទាំងអស់។ ដូច្នេះ ច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទមានល្បិចកលខ្លាំងណាស់។ ពួកគេមិនស្រឡាញ់ ឬដេញតាមសេចក្ដីពិតឡើយ ប៉ុន្តែមានសមត្ថភាពប្រើប្រាស់ការស៊ូទ្រាំនឹងការលំបាក និងការលះបង់ ជាមធ្យោបាយដើម្បីបំភាន់មនុស្ស នេះហើយគឺជាភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

មនុស្សខ្លះនិយាយអំពីទ្រឹស្ដីមិនសមហេតុផល និងអំណះអំណាងអរូបីមួយចំនួន ដើម្បីធ្វើឱ្យមនុស្សគិតថា ពួកគេមានប្រាជ្ញា និងមានចំណេះដឹង ហើយថាទង្វើរបស់ពួកគេមានលក្ខណៈជ្រាលជ្រៅណាស់ ហើយហេតុនេះ ពួកគេសម្រេចបានគោលបំណងរបស់ខ្លួនក្នុងការធ្វើឱ្យមនុស្សថ្វាយបង្គំពួកគេ។ ពោលគឺ ពួកគេតែងតែចង់ចូលរួម និងបញ្ចេញមតិរបស់ខ្លួនលើគ្រប់បញ្ហាទាំងអស់ ហើយសូម្បីតែនៅពេលដែលមនុស្សគ្រប់គ្នាបានធ្វើការសម្រេចចិត្តចុងក្រោយរួចហើយក៏ដោយ ប្រសិនបើពួកគេមិនពេញចិត្តនឹងការសម្រេចចិត្តនោះទេ ពួកគេនឹងនិយាយគំនិតអួតអាងខ្លាំងមួយចំនួនដើម្បីអួតសម្ញែង។ តើនេះមិនមែនជាមធ្យោបាយនៃការលើកតម្កើងខ្លួនឯង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី? ចំពោះបញ្ហាខ្លះ តាមពិត មនុស្សគ្រប់គ្នាបានពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា រកឃើញគោលការណ៍ និងសម្រេចចិត្តលើផែនការសកម្មភាពរួចរាល់ហើយ ប៉ុន្តែពួកគេមិនទទួលយកការសម្រេចចិត្តនោះទេ ហើយរារាំងកិច្ចការក្នុងរបៀបមិនសមហេតុផល ដោយនិយាយថា៖ «ធ្វើបែបហ្នឹងមិនកើតទេ។ អ្នករាល់គ្នាមិនបានគិតគូររឿងនេះឱ្យបានគ្រប់ជ្រុងជ្រោយឡើយ។ ក្រៅពីទិដ្ឋភាពមួយចំនួនដែលយើងបាននិយាយ ខ្ញុំក៏បានគិតឃើញទិដ្ឋភាពមួយទៀតដែរ»។ តាមពិតទៅ ទិដ្ឋភាពដែលពួកគេបានគិតឃើញនោះ គ្រាន់តែជាទ្រឹស្ដីមិនសមហេតុផលមួយចំនួនប៉ុណ្ណោះ ពួកគេគ្រាន់តែចង់ចាប់កំហុសរឿងតូចតាចប៉ុណ្ណោះ។ ពួកគេដឹងយ៉ាងច្បាស់ថា ពួកគេកំពុងចាប់កំហុសរឿងតូចតាច និងធ្វើឱ្យអ្នកដទៃជួបការលំបាក ប៉ុន្តែពួកគេនៅតែធ្វើវាដដែល។ តើពួកគេមានគោលបំណងអ្វីក្នុងការធ្វើបែបនេះ? គឺដើម្បីបង្ហាញមនុស្សថា ពួកគេខុសពីគេ ថាពួកគេឆ្លាតជាងអ្នកដទៃ។ អ្វីដែលពួកគេចង់មានន័យគឺ៖ «អ៊ីចឹង នេះគឺជាកម្រិតរបស់អ្នករាល់គ្នាដែលបានតែប៉ុណ្ណឹងឬ? ខ្ញុំត្រូវតែបង្ហាញអ្នករាល់គ្នាថា ខ្ញុំនៅកម្រិតខ្ពស់ជាងនេះ»។ ជាធម្មតា ពួកគេមិនអើពើនឹងអ្វីដែលអ្នកដទៃនិយាយឡើយ ប៉ុន្តែពេលមានរឿងសំខាន់កើតឡើងភ្លាម ពួកគេចាប់ផ្ដើមធ្វើឱ្យរឿងរ៉ាវវឹកវរ។ តើមនុស្សប្រភេទនេះត្រូវបានគេហៅថាអ្វីទៅ? តាមភាសានិយាយ ពួកគេត្រូវបានគេហៅថា អ្នកពូកែចាប់កំហុស និងជាមនុស្សអាក្រក់។ តើវិធីសាស្ត្រទូទៅរបស់អ្នកពូកែចាប់កំហុសមានអ្វីខ្លះ? ពួកគេចូលចិត្តនិយាយគំនិតអួតអាងខ្លាំង និងប្រព្រឹត្តទង្វើថោកទាប និងវៀចវេរមួយចំនួន។ ប្រសិនបើអ្នកសុំឱ្យពួកគេបង្ហាញផែនការសកម្មភាពដ៏ត្រឹមត្រូវមួយ ពួកគេនឹងមិនអាចបង្កើតវាបានទេ ហើយប្រសិនបើអ្នកសុំឱ្យពួកគេដោះស្រាយរឿងសំខាន់ណាមួយ ពួកគេនឹងមិនអាចធ្វើបានឡើយ។ ពួកគេធ្វើតែរឿងថោកទាបប៉ុណ្ណោះ ហើយពួកគេតែងតែចង់ផ្ដល់ «ការភ្ញាក់ផ្អើល» ដល់មនុស្ស និងអួតសម្ញែងពីសមត្ថភាពរបស់ខ្លួន។ តើពាក្យចាស់ពោលថាយ៉ាងម៉េចទៅ? «យាយចាស់លាបក្រែមមាត់ ដើម្បីបញ្ចេញស្នាដៃឱ្យអ្នកមើល»។ នេះមានន័យថា ពួកគេតែងតែចង់អួតសម្ញែងពីសមត្ថភាពរបស់ខ្លួន ហើយមិនថាពួកគេអាចអួតសម្ញែងបានល្អ ឬមិនល្អនោះទេ ពួកគេចង់ឱ្យមនុស្សដឹងថា៖ «ខ្ញុំលេចធ្លោជាងអ្នករាល់គ្នា។ អ្នករាល់គ្នាសុទ្ធតែគ្មានបានការ អ្នករាល់គ្នាគ្រាន់តែជាមនុស្សសាមញ្ញ ជាមនុស្សធម្មតាប៉ុណ្ណោះ។ ខ្ញុំគឺអស្ចារ្យ និងខ្ពង់ខ្ពស់។ ខ្ញុំនឹងចែករំលែកគំនិតរបស់ខ្ញុំ ដើម្បីធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើល រួចហើយអ្នករាល់គ្នាអាចមើលឃើញថា តើខ្ញុំពូកែជាងឬអត់»។ តើនេះមិនមែនជាការធ្វើឱ្យរឿងរ៉ាវវឹកវរទេឬអី? ពួកគេកំពុងធ្វើឱ្យរឿងរ៉ាវវឹកវរដោយចេតនា។ តើនេះជាឥរិយាបថបែបណា? ពួកគេកំពុងបង្កការបង្អាក់ និងការរំខាន។ អ្វីដែលពួកគេចង់មានន័យគឺបែបនេះ៖ ខ្ញុំមិនទាន់បានបង្ហាញថាខ្ញុំឆ្លាតប៉ុនណាក្នុងរឿងនេះនៅឡើយទេ ដូច្នេះទោះបីជាប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកណាក៏ដោយ ហើយទោះបីជាការខិតខំប្រឹងប្រែងរបស់អ្នកណាត្រូវខ្ជះខ្ជាយក៏ដោយ ក៏ខ្ញុំនឹងបំផ្លាញរឿងនេះ រហូតទាល់តែមនុស្សគ្រប់គ្នាជឿថា ខ្ញុំអស្ចារ្យ មានសមត្ថភាព និងពូកែ។ ទាល់តែពេលនោះ ទើបខ្ញុំបណ្ដោយឱ្យរឿងនេះដំណើរការទៅមុខដោយគ្មានការរារាំង។ តើមានមនុស្សអាក្រក់បែបនេះដែរឬទេ? តើអ្នករាល់គ្នាធ្លាប់ធ្វើរឿងបែបនេះពីមុនមកដែរឬទេ? (ធ្លាប់។ ជួនកាល អ្នកដទៃបានពិភាក្សាគ្នាលើបញ្ហាមួយចប់សព្វគ្រប់ ហើយរកឃើញផែនការដ៏ស័ក្តិសមមួយ ប៉ុន្តែដោយសារពួកគេមិនបានប្រាប់ខ្ញុំក្នុងអំឡុងពេលនៃដំណើរការសម្រេចចិត្ត ខ្ញុំក៏បានរកកំហុសក្នុងរឿងនោះដោយចេតនា។) នៅពេលអ្នកបានធ្វើបែបនេះ តើអ្នកបានដឹងក្នុងចិត្តដែរឬទេថាវាត្រូវ ឬខុស? តើអ្នកបានដឹងទេថា ធម្មជាតិនៃបញ្ហានេះគឺធ្ងន់ធ្ងរ ថាវាកំពុងបង្កការបង្អាក់ និងការរំខាន? (ខ្ញុំមិនបានដឹងពីរឿងនេះទេនៅពេលនោះ ប៉ុន្តែតាមរយៈការត្រូវបានបងប្អូនប្រុសស្រីរបស់ខ្ញុំលួសកាត់យ៉ាងចាស់ដៃ និងតាមរយៈការហូប និងផឹកព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា បញ្ហានេះមានធម្មជាតិធ្ងន់ធ្ងរ ថាវាកំពុងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយវាគឺជាប្រភេទនៃឥរិយាបថបែបសាតាំង។) ដោយសារអ្នកបានទទួលស្គាល់ថាវាធ្ងន់ធ្ងរប៉ុនណា នៅពេលមានរឿងស្រដៀងគ្នានេះបានកើតឡើងចំពោះអ្នកបន្ទាប់ពីនោះ តើអ្នកអាចផ្លាស់ប្ដូរបានបន្តិចបន្តួច និងទទួលបានការចូលទៅក្នុងខ្លះៗទាក់ទងនឹងការប្រព្រឹត្ត របស់អ្នកដែរឬទេ? (អាច។ នៅពេលខ្ញុំបានបញ្ចេញឱ្យឃើញគំនិត និងយោបល់បែបនេះ ខ្ញុំបានដឹងថាវាជានិស្ស័យបែបសាតាំង ថាខ្ញុំមិនអាចធ្វើរឿងរ៉ាវតាមរបៀបនោះបានទេ ហើយខ្ញុំអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយដឹងខ្លួន និងបះបោរប្រឆាំងនឹងគំនិត និងយោបល់មិនត្រឹមត្រូវទាំងនោះបាន។) អ្នកអាចផ្លាស់ប្ដូរបានខ្លះៗ។ នៅពេលអ្នកមានបញ្ហានៃសេចក្ដីពុករលួយបែបនេះ អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ ទប់ចិត្តខ្លួនឯង និងអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ នៅពេលអ្នកគិតថា អ្នកដទៃមើលងាយអ្នក ថាពួកគេមិនឱ្យតម្លៃអ្នក ឬមិនចាត់ទុកអ្នកជាសំខាន់ ហើយជាលទ្ធផល អ្នកចង់បង្កការរំខាន នៅពេលអ្នកមានគំនិតនេះ អ្នកត្រូវតែដឹងថា វាមិនមែនចេញមកពីភាពជាមនុស្សធម្មតាទេ ប៉ុន្តែចេញមកពីនិស្ស័យបែប សាតាំង ហើយថា ប្រសិនបើអ្នកនៅតែបន្តបែបនេះ នោះនឹងមានបញ្ហា ហើយអ្នកនឹងមុខជាប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ជាមិនខាន។ ជាដំបូង អ្នកត្រូវតែចេះទប់ចិត្តខ្លួនឯង រួចហើយចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋានទៅកាន់ទ្រង់ និងត្រឡប់ចិត្តរបស់អ្នកវិញ។ នៅពេលមនុស្សរស់នៅក្នុងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងនិស្ស័យពុករលួយរបស់ពួកគេ គ្មានអ្វីដែលពួកគេធ្វើស្របតាមសេចក្ដីពិត ឬអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ឡើយ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺប្រឆាំងទាស់នឹងទ្រង់។ ឥឡូវនេះ អ្នករាល់គ្នាអាចទទួលស្គាល់ការពិតនេះបាន តើមែនទេ? ការដែលតែងតែចង់ប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយមិនស្ទាក់ស្ទើរក្នុងការបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺជាការបង្ហាញចេញដ៏ច្បាស់ក្រឡែតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តាមពិត មនុស្សគ្រប់រូបសុទ្ធតែមានការបង្ហាញចេញទាំងនេះ ប៉ុន្តែប្រសិនបើអ្នកអាចដឹងខ្លួន និងទទួលស្គាល់រឿងនេះ រួចហើយត្រឡប់ចិត្តរបស់អ្នកវិញ ដោយប្រកាន់យកអាកប្បកិរិយានៃការប្រែចិត្តពិតប្រាកដនៅចំពោះព្រះជាម្ចាស់ ព្រមទាំងផ្លាស់ប្ដូរការប្រព្រឹត្ត ឥរិយាបថ និងនិស្ស័យរបស់អ្នក នោះអ្នកគឺជាមនុស្សម្នាក់ដែលកំពុងដេញតាមសេចក្ដីពិតហើយ។ ប្រសិនបើអ្នកមិនព្រមទទួលស្គាល់បញ្ហាពិតប្រាកដទាំងនេះទេ អ្នកច្បាស់ជាគ្មានអាកប្បកិរិយានៃការប្រែចិត្តឡើយ ហើយអ្នកមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ។ ប្រសិនបើអ្នកនៅតែរឹងរូសដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយដើរតាមផ្លូវនេះរហូតដល់ទីបញ្ចប់ ហើយអ្នកនៅតែគិតថា នេះមិនមែនជាបញ្ហា និងមិនព្រមប្រែចិត្ត ដោយនៅតែរឹងរូសប្រព្រឹត្តតាមរបៀបនេះ និងប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជាមួយពួកអ្នកធ្វើការ និងពួកអ្នកដឹកនាំ ដោយទាមទារចង់លេចធ្លោជាងអ្នកដទៃ ធ្វើខ្លួនឱ្យប្លែកពីគេក្នុងចំណោមហ្វូងមនុស្ស និងចង់ពូកែជាងអ្នកដទៃ មិនថាអ្នកស្ថិតក្នុងក្រុមណាក៏ដោយ នោះអ្នកកំពុងមានបញ្ហាហើយ! ប្រសិនបើអ្នកនៅតែបន្តដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយបដិសេធមិនព្រមប្រែចិត្តយ៉ាងរឹងរូស នោះអ្នកគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយច្បាស់ជាត្រូវទទួលទោសនៅទីបញ្ចប់ជាមិនខាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត ព្រមទាំងមនសិការ និងវិចារណញ្ញាណ គ្មានឥទ្ធិពលលើអ្នកឡើយ ហើយអ្នកច្បាស់ជានឹងជួបទីបញ្ចប់របស់ពួកទទឹងនឹងព្រះគ្រីស្ទជាមិនខាន។ អ្នកមិនអាចត្រូវបានសង្គ្រោះឡើយ ហើយអ្នកមិនអាចប្រោសលោះ បានទេ! ថាតើមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះ និងឈានជើងចូលក្នុងផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានឬអត់នោះ គឺអាស្រ័យលើថាតើពួកគេបង្ហាញការបង្ហាញចេញនៃការប្រែចិត្តពិតប្រាកដ បន្ទាប់ពីបានស្គាល់ខ្លួនឯងដែរឬទេ និងអាស្រ័យលើអាកប្បកិរិយាដែលពួកគេប្រព្រឹត្តចំពោះសេចក្ដីពិត ព្រមទាំងផ្លូវដែលពួកគេជ្រើសរើស។ ប្រសិនបើអ្នកមិនបោះបង់ចោលផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេ ហើយផ្ទុយទៅវិញ ជ្រើសរើសបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ដោយប្រឆាំងនឹងសេចក្ដីពិតយ៉ាងគឃ្លើន និងតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ នោះអ្នកមិនអាចប្រោសលោះបានឡើយ។ ប្រសិនបើនរណាម្នាក់មិនចេះភ័យខ្លាច ទោះបីជាកំហុសរបស់ខ្លួនធំកម្រិតណា ឬគេប្រព្រឹត្តអំពើអាក្រក់ច្រើនប៉ុនណាក៏ដោយ ហើយគេមិនមានអារម្មណ៍ខុសឆ្គង ព្រមទាំងចេះតែរកលេសដោះសាឱ្យខ្លួនឯង ដោយគ្មានអារម្មណ៍វិប្បដិសារីសូម្បីបន្តិច នោះគេគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ និងជាអារក្សពិតប្រាកដហើយ។ ប្រសិនបើនរណាម្នាក់គ្រាន់តែមានការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែគេអាចទទួលស្គាល់កំហុសរបស់ខ្លួន វិលត្រឡប់មកវិញ និងមានចិត្តវិប្បដិសារី នោះវាមានធម្មជាតិខុសពីពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាជារឿងមួយផ្សេងស្រឡះ។ ដូច្នេះ គន្លឹះសំខាន់ដែលថាតើនរណាម្នាក់អាចទទួលបានសេចក្ដីសង្គ្រោះឬអត់នោះ គឺស្ថិតនៅត្រង់ថាតើពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯងបានដែរឬទេ ថាតើពួកគេមានចិត្តចង់ប្រែចិត្តដែរឬទេ និងថាតើពួកគេអាចឈានជើងចូលក្នុងផ្លូវនៃការដេញតាមសេចក្ដីពិតបានដែរឬទេ។

ចំណុចទីបួន៖ ការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង គឺជា ប្រព្រឹត្តដ៏ខ្ជាប់ខ្ជួនមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នករាល់គ្នាអាចញែកដឹងពីមធ្យោបាយ របៀប និងវិធីសាស្ត្រយ៉ាងច្បាស់ក្រឡែត ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ប៉ុន្តែ តើអ្នករាល់គ្នាអាចញែកដឹងពីឥរិយាបថ និងការស្ដែងចេញដែលលាក់កំបាំងជាងនេះបានដែរឬទេ? នៅពេលនិយាយដល់រឿងច្បាស់ក្រឡែត ដូចជាការប្រើប្រាស់ពាក្យសម្ដីដើម្បីលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង អ្នករាល់គ្នាបញ្ចេញឱ្យឃើញពីរឿងទាំងនេះ អ្នករាល់គ្នាក៏ធ្លាប់ឃើញអ្នកដទៃបញ្ចេញឱ្យឃើញ ពីរឿងទាំងនេះដែរ ហើយអ្នករាល់គ្នាអាចញែកដឹងពីរឿងទាំងនេះបាន។ ប៉ុន្តែ ប្រសិនបើគ្មានការប្រើប្រាស់ពាក្យសម្ដី ហើយមានត្រឹមតែការស្ដែងចេញតាមរយៈឥរិយាបថប៉ុណ្ណោះ តើអ្នករាល់គ្នានៅតែអាចញែកដឹងពីរឿងទាំងនេះបានដែរឬទេ? អាចនិយាយបានថា មនុស្សភាគច្រើនមិនអាចធ្វើបានឡើយ។ ដូច្នេះ តើឥរិយាបថដែលពួកទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង មានលក្ខណៈបែបណាខ្លះ? ឥរិយាបថរបស់ពួកគេ ច្បាស់ណាស់ស្របតាមសញ្ញាណ ការស្រមើស្រមៃ សីលធម៌ មនសិការ និងអារម្មណ៍របស់មនុស្ស។ តើមានអ្វីទៀត? (វាទទួលបានការយល់ស្រប និងការថ្វាយបង្គំពីមនុស្ស។) វាទទួលបានការយល់ស្រប និងការថ្វាយបង្គំ នេះគឺជាលទ្ធផលដែលវាបង្កើតឡើង។ ប្រសិនបើយើងមើលរឿងនេះពីជ្រុងនៃលទ្ធផល ឥរិយាបថនេះពិតជាមានលក្ខណៈបំភាន់មែន។ ពីទស្សនៈនៃធម្មជាតិនៃទង្វើនេះ វាមានគោលបំណងច្បាស់លាស់ណាស់។ ឧទាហរណ៍៖ នៅពេលនរណាម្នាក់ធ្លាក់ខ្លួនឈឺ ប្រសិនបើគេចង់បំភាន់មនុស្ស និងចង់ឱ្យមនុស្សវាយតម្លៃគេខ្ពស់ តើគេនឹងលេបថ្នាំនៅចំពោះមុខមនុស្ស ឬនៅពេលដែលគ្មាននរណានៅក្បែរ? (នៅចំពោះមុខមនុស្ស។) តើមិនមានចេតនានៅពីក្រោយរឿងនេះទេឬ? នេះមានន័យថា គេមានគោលបំណងច្បាស់លាស់ណាស់។ តើគោលដៅពិតប្រាកដរបស់គេក្នុងការលេបថ្នាំបែបនេះ គឺជាអ្វី? គេចង់យកគុណសម្បត្តិសម្រាប់ខ្លួនឯងតាមរយៈការធ្វើបែបនេះ ហើយប្រាប់អ្នកថា៖ «មើលចុះ ខ្ញុំហត់នឿយណាស់ដោយសារការបំពេញភារកិច្ចរបស់ខ្ញុំ រហូតដល់ធ្លាក់ខ្លួនឈឺ ប៉ុន្តែខ្ញុំនៅតែមិនបានត្អូញត្អែរ ឬសម្រក់ទឹកភ្នែកសូម្បីមួយតំណក់។ ខ្ញុំកំពុងព្យាបាលជំងឺរបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែអាចតស៊ូក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងលេបថ្នាំ»។ តាមពិតទៅ គេមិនប្រាកដថាឈឺព្រោះតែការហត់នឿយដោយសារការបំពេញភារកិច្ចរបស់គេ ឬបន្ទាប់ពីគេបានមកជឿលើព្រះជាម្ចាស់នោះទេ។ គេគ្រាន់តែព្យាយាមប្រើឥរិយាបថគ្រប់បែបយ៉ាង ដើម្បីបញ្ជូនសារទៅកាន់មនុស្ស ដែលសារនោះគឺថា គេកំពុងរងទុក្ខ និងលះបង់ ថាគេបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងបរិយាកាសនេះ ប៉ុន្តែមិនបានត្អូញត្អែរសូម្បីម្ដង ហើយនៅតែបំពេញភារកិច្ចរបស់គេយ៉ាងសកម្ម និងថាគេមានការប្ដេជ្ញាចិត្តក្នុងការស៊ូទ្រាំនឹងការរងទុក្ខ។ តើទង្វើនេះកំពុងប្រាប់អ្វីដល់មនុស្សដោយប្រយោល? គឺប្រាប់ថា ភាពស្មោះត្រង់របស់គេចំពោះព្រះជាម្ចាស់ គឺមិនអាចសង្ស័យបានឡើយ។ អ្វីដែលគេចង់សម្តែងចេញ គឺថាគេស្មោះត្រង់ និងសុខចិត្តលះបង់។ តើនេះមិនមែនជាទម្រង់នៃការលើកតម្កើងខ្លួនឯងដោយលាក់កំបាំងទេឬអី? ប្រសិនបើគេមានវិចារណញ្ញាណ គេនឹងមិនលើករឿងនេះមកនិយាយឡើយ គេនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅពេលដែលគ្មាននរណា នៅក្បែរ ដោយសម្តែងចេញនូវការតាំងចិត្តរបស់ពួកគេ និងព្យាយាមស្គាល់ពីខ្លួនឯង ឬគេគ្រាន់តែលេបថ្នាំរបស់គេជាធម្មតាប៉ុណ្ណោះ។ សរុបមក គេនឹងមិនប្រើឥរិយាបថខាងក្រៅទាំងនេះ ដើម្បីប្រាប់មនុស្សថាគេកំពុងរងទុក្ខ ថាគេកំពុងបំពេញភារកិច្ចរបស់គេដោយស្មោះត្រង់ ហើយថាគេគួរតែត្រូវបានផ្តល់រង្វាន់នោះទេ។ គេនឹងមិនមានចេតនាទាំងនេះឡើយ។ ទោះជាយ៉ាងណាក្តី ប្រសិនបើគេប្រព្រឹត្តតាមរបៀបអួតសម្ញែងខ្លាំងពេក ដោយចង់ឱ្យមនុស្សវាយតម្លៃគេខ្ពស់ និងសរសើរគេ នោះវាជាការធ្វើដោយមានគោលបំណងយ៉ាងច្បាស់។ ហើយតើគោលបំណងរបស់គេគឺជាអ្វី? គឺដើម្បីសម្រេចបាននូវលទ្ធផលនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង តាមរយៈសារដែលគេបញ្ជូនទៅកាន់មនុស្ស។ ប្រសិនបើគេស្មោះត្រង់ ព្រះជាម្ចាស់នឹងជ្រាបពីរឿងនេះ ដូច្នេះ ហេតុអ្វីបានជាគេត្រូវអួតពីរឿងនេះប្រាប់អ្នកដទៃ និងធ្វើឱ្យមនុស្សគ្រប់គ្នាដឹងពីរឿងនេះទៅវិញ? តើគោលដៅរបស់ពួកគេក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នាដឹងពីរឿងនេះ គឺជាអ្វី? គឺដើម្បីឱ្យមនុស្សវាយតម្លៃគេខ្ពស់។ ប្រសិនបើគេគ្មានគោលដៅនេះទេ នោះគេនឹងប្រព្រឹត្តដោយគ្មានចេតនា ហើយអ្នកដទៃក៏នឹងមិនឃើញគេធ្វើរឿងទាំងនេះដែរ។ ប្រសិនបើគេមានគោលបំណងយ៉ាងច្បាស់ គេនឹងវាស់ស្ទង់ពីទំហំនៃសកម្មភាពរបស់គេ ហើយធ្វើឱ្យមានការផ្អើល ព្រមទាំងគិតគូរពីពេលវេលា និងទីកន្លែង ដោយរង់ចាំរហូតដល់មានមនុស្សគ្រប់គ្នានៅក្បែរ ទើបពឹងនរណាម្នាក់ឱ្យយកថ្នាំមកឱ្យគេ ដោយបង្ហាញវាជាសាធារណៈ និងយ៉ាងគគ្រឹកគគ្រេង។ រឿងនេះមានគោលបំណងច្បាស់លាស់ណាស់។ ប្រសិនបើគេគ្មានគោលដៅនេះទេ នោះគេនឹងរង់ចាំរហូតដល់គ្មានអ្នកណានៅក្បែរ ទើបលេបថ្នាំរបស់គេ។ ឆន្ទៈរបស់អ្នកក្នុងការស៊ូទ្រាំនឹងការរងទុក្ខ និងការលះបង់ គឺពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ អ្នកមិនចាំបាច់បង្ហាញឱ្យឃើញច្បាស់ និងធ្វើ ឱ្យអ្នកដទៃដឹងនោះទេ។ ប្រសិនបើអ្នកបង្ហាញឱ្យអ្នកដទៃឃើញច្បាស់ តើពួកគេអាចផ្ដល់អ្វីដល់អ្នកបាន? ក្រៅពីទទួលបានការអាណិតអាសូរ និងការសរសើរពីពួកគេ តើមានអ្វីផ្សេងទៀតដែលអ្នកអាចទទួលបានពីពួកគេ? ទេ គឺគ្មានអ្វីឡើយ។ នៅពេលអ្នកស៊ូទ្រាំនឹងការរងទុក្ខខ្លះ និងលះបង់ខ្លះនៅក្នុងការបំពេញភារកិច្ចរបស់អ្នក នោះក្នុងទិដ្ឋភាពមួយ ទាំងនេះជារឿងដែលអ្នកគួរតែធ្វើ និងជារឿងដែលអ្នកសុខចិត្តធ្វើ ហើយអ្នកកំពុងតែបំពេញភារកិច្ចផ្ទាល់ខ្លួនរបស់អ្នក។ ក្នុងទិដ្ឋភាពមួយទៀត ទាំងនេះគឺជាការស្ដែងចេញដែលអ្នកគួរតែបង្ហាញចំពោះព្រះអាទិករ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវផ្សព្វផ្សាយពីរឿងទាំងនេះ? នៅពេលដែលអ្នកផ្សព្វផ្សាយពីរឿងទាំងនេះ វាក្លាយជារឿងគួរឱ្យខ្ពើមរអើម តើធម្មជាតិនៃឥរិយាបថ បែបនេះក្លាយទៅជាអ្វី? វាប្រែក្លាយទៅជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ព្រមទាំងការបំភាន់អ្នកដទៃ។ ធម្មជាតិផ្លាស់ប្ដូរហើយ។ ឧទាហរណ៍៖ មនុស្សមួយចំនួនតែងតែអេះក្បាលរបស់ពួកគេនៅចំពោះមុខអ្នកដទៃ ហើយនៅពេលមាននរណាម្នាក់សួរពួកគេពីរឿងនេះ ពួកគេនិយាយថា៖ «ខ្ញុំមិនបានកក់សក់ជាង១០ថ្ងៃហើយ ខ្ញុំរវល់តែជួបជាមួយអ្នកដែលអាចទទួលយកដំណឹងល្អម្នាក់ហើយម្នាក់ទៀត។ ថ្ងៃមុន ខ្ញុំបានព្យាយាមឆ្លៀតពេលដើម្បីកក់សក់ដែរ ប៉ុន្តែបន្ទាប់មក មានអ្នកដែលអាចទទួលយកដំណឹងល្អម្នាក់បានមកស្វែងយល់ ហើយខ្ញុំមិនអាចចេញទៅណាបានទេ»។ តាមពិតទៅ ពួកគេមានចេតនាមិនកក់សក់របស់ខ្លួន ដើម្បីធ្វើឱ្យមនុស្សមានចំណាប់អារម្មណ៍ថា ពួកគេរវល់ខ្លាំងណាស់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ នេះហៅថា ការសម្ដែង។ តើគោលដៅរបស់ពួកគេក្នុងការសម្ដែងគឺជាអ្វី? គឺដើម្បីឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ ហើយធម្មជាតិនៃឥរិយាបថនេះ គឺការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង។ សូម្បីតែរឿងតូចតាចបែបនេះ ក៏ពួកគេមិនបណ្ដោយឱ្យកន្លងផុតទៅដែរ ពួកគេនៅតែចង់ធ្វើឱ្យវាទៅជារឿងធំ ដោយប្រែក្លាយវាទៅជាធនធានដ៏មានតម្លៃមួយប្រភេទ ដែលពួកគេអាចប្រើដើម្បីអួតសម្ញែង បំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ ព្រមទាំងសម្រេចគោលដៅរបស់ពួកគេក្នុងការធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ និងថ្វាយបង្គំពួកគេ។ តើនេះមិនគួរឱ្យអាម៉ាស់ទេឬអី? វាពិតជាគួរឱ្យអាម៉ាស់ និងគួរឱ្យខ្ពើមរអើម។ តើរឿងទាំងអស់នេះមកពីណា? វាមកពីនិស្ស័យពុករលួយរបស់សាតាំង ដែលនៅក្នុងនោះមានការពុតត្បុត សេចក្តីបោកបញ្ឆោត សេចក្តីទុច្ចរិត និងមហិច្ឆតា។ មនុស្សបែបនេះគិតអំពីមុខមាត់ ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេជានិច្ច។ ពួកគេមិនបណ្ដោយឱ្យអ្វីមួយរំលងទៅឡើយ ពួកគេតែងតែស្វែងរកវិធីដើម្បីប្រែក្លាយរឿងទាំងនោះទៅជាទុន ទៅជាធនធានដែលពួកគេអាចប្រើដើម្បីធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ និងថ្វាយបង្គំពួកគេ។ នៅទីបំផុត នៅពេលដែលពួកគេសម្រេចគោលដៅរបស់ពួកគេ ពួកគេធ្វើដូចជាមិនខ្វល់ពីរឿងនេះឡើយ។ នេះក៏ជារូបភាពខាងក្រៅក្លែងក្លាយមួយប្រភេទដែរ ហើយនៅខាងក្នុង តាមពិតទៅ ពួកគេកំពុងលួចអរក្នុងចិត្ត និងពេញចិត្តនឹងខ្លួនឯង។ តើនេះមិនកាន់តែគួរឱ្យខ្ពើមរអើមទេឬអី? វាច្បាស់ណាស់ថា ពួកគេមានឋានៈខ្ពស់រួចទៅហើយ ថាមនុស្សគ្រប់គ្នាគោរពពួកគេ ស្ងើចសរសើរពួកគេ ស្ដាប់បង្គាប់ពួកគេ និងដើរតាមពួកគេ ប៉ុន្តែនៅសំបកក្រៅ ពួកគេនៅតែធ្វើពុតថាពួកគេមិនចូលចិត្តឋានៈដដែល។ នេះគឺកាន់តែលាក់ពុតទៅទៀត។ នៅទីបំផុត មនុស្សគ្រប់គ្នាត្រូវបានពួកគេបំភាន់ ហើយនិយាយថា ពួកគេកើតមកដោយគ្មានមហិច្ឆតាអ្វីឡើយ ថាពួកគេគឺជាមនុស្សដែលធ្វើសកម្មភាពពិតប្រាកដ។ តាមពិតទៅ ការសាកល្បងតូចមួយ អាចបង្ហាញឱ្យឃើញពីរឿងនេះបាន៖ ប្រសិនបើពួកគេត្រូវដកហូតឋានៈ ពួកគេនឹងឈប់បំពេញភារកិច្ចរបស់ពួកគេភ្លាមៗ។ វានឹងលឿនបែបនេះឯង រឿងតូចមួយនឹងបញ្ចេញឱ្យឃើញពីមហិច្ឆតារបស់ពួកគេ។ ទាំងនេះគឺជាឥរិយាបថ និងការប្រព្រឹត្តដែលនិស្ស័យពុករលួយរបស់សាតាំងធ្វើឱ្យលេចចេញមកក្នុងខ្លួនមនុស្ស ក៏ដូចជាសភាពដ៏អាក្រក់ផ្សេងៗរបស់មនុស្ស។ តាមរយៈការស្ដែងចេញទាំងនេះ គេអាចមើលឃើញថា មនុស្សចូលចិត្តឋានៈ ហើយចង់កាន់កាប់កន្លែងមួយនៅក្នុងចិត្តរបស់អ្នកដទៃ។ ពួកគេចង់គ្រប់គ្រងចិត្តរបស់អ្នកដទៃ យកឈ្នះចិត្តអ្នកដទៃ ហើយធ្វើឱ្យអ្នកដទៃថ្វាយបង្គំ ស្ងើចសរសើរ និងថែមទាំងដើរតាមពួកគេទៀតផង ដោយហេតុនេះ ពួកគេជំនួសតំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកដទៃ។ នេះគឺជាបំណងប្រាថ្នាដែលមនុស្សគ្រប់រូបមានតាំងពីកំណើត។ ហើយតើនេះបញ្ជាក់ពីអ្វី? គឺបញ្ជាក់ថា នៅក្នុងជីវិតរបស់មនុស្ស អ្វីដែលត្រួតត្រាពួកគេ គឺជានិស្ស័យរបស់សាតាំង។ ក្នុងចំណោមមនុស្សជាតិដ៏ពុករលួយ គ្មានមនុស្សណាម្នាក់ដែលមិនចូលចិត្តឋានៈឡើយ សូម្បីតែមនុស្សល្ងង់ក៏ចង់ធ្វើជាអ្នកធំ ហើយសូម្បីតែមនុស្សល្ងង់ខ្លៅក៏ចង់គ្រប់គ្រងអ្នកដទៃដែរ។ មនុស្សគ្រប់គ្នាចូលចិត្តឋានៈ ហើយមនុស្សគ្រប់គ្នាធ្វើរឿងនានាដើម្បីតែឋានៈ និងដណ្ដើមឋានៈជាមួយព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាមានឥរិយាបថ និងការប្រព្រឹត្តបែបនេះ ក៏ដូចជានិស្ស័យបែបនេះដែរ។ ដូច្នេះ នៅពេលដែលយើងលាតត្រដាងពីពួកទទឹងនឹងព្រះគ្រីស្ទដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង យើងក៏កំពុងលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្សគ្រប់រូបផងដែរ។ តើគោលដៅនៃការលាតត្រដាងពីរឿងនេះគឺជាអ្វី? គឺដើម្បីឱ្យមនុស្សយល់ថា ឥរិយាបថនិងការស្ដែងចេញនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទាំងនេះ មិនមែនជាអ្វីដែលភាពជាមនុស្សធម្មតាគួរតែមាននោះទេ ផ្ទុយទៅវិញ គឺជាការបញ្ចេញឱ្យឃើញពីនិស្ស័យពុករលួយ និងជារឿងអវិជ្ជមាន ព្រមទាំងគួរឱ្យស្អប់ខ្ពើម។ ទោះបីជាវិធីសាស្ត្រនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងរបស់អ្នក ឆ្លាតវៃយ៉ាងណាក៏ដោយ ហើយទោះបីជាសកម្មភាពរបស់អ្នក លាក់កំបាំងយ៉ាងណាក៏ដោយ ក៏រឿងទាំងនេះមិនមែនជាអ្វីដែលភាពជាមនុស្សធម្មតាគួរតែមាននោះទេ ហើយវាសុទ្ធតែត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម ថ្កោលទោស និងដាក់បណ្ដាសា។ ដូច្នេះ មនុស្សទាំងអស់គួរតែលះបង់ការប្រព្រឹត្តទាំងនេះចោល។ ការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង មិនមែនជាសភាវគតិដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សឡើយ ផ្ទុយទៅវិញ វាគឺជាការបញ្ចេញឱ្យឃើញជាតួយ៉ាងបំផុតមួយនៃនិស្ស័យពុករលួយរបស់សាតាំង ហើយលើសពីនេះទៅទៀត វាគឺជានិស្ស័យ និងការប្រព្រឹត្តជាតួយ៉ាង និងជាក់លាក់បំផុតមួយនៃសារជាតិពុករលួយរបស់សាតាំង។

តើការប្រកបគ្នាអំពីឧទាហរណ៍ជាក់លាក់មួយចំនួន មានប្រយោជន៍សម្រាប់អ្នករាល់គ្នាទាក់ទងនឹងការយល់ដឹងពីការបង្ហាញចេញផ្សេងៗនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង មិនថាជាវិធីនៃការនិយាយ និងការប្រព្រឹត្តដ៏ច្បាស់ក្រឡែត ឬលាក់កំបាំងជាងនេះនោះទេ មែនទេ? (មែនហើយ មានប្រយោជន៍។) តើវាជួយលើរឿងអ្វីខ្លះ? វាជួយឱ្យមនុស្សញែកដឹងពីខ្លួនឯង និងអ្នកដទៃ។ សភាព ការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញទាំងនេះដែលខ្ញុំកំពុងនិយាយ គឺសុទ្ធតែជា អ្វីដែលអ្នករាល់គ្នាជាញឹកញាប់បញ្ចេញឱ្យឃើញ ហើយអ្នករាល់គ្នាគួរតែយកសភាពផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាមកប្រៀបធៀបនឹងរឿងទាំងនេះ យល់ថាតើអ្នកជាអ្វីឱ្យប្រាកដ តើជីវិតដែលអ្នកពឹងផ្អែក និងអាស្រ័យដើម្បីរស់រានមានជីវិតជាអ្វីឱ្យប្រាកដ តើអ្វី មានផ្ទុកនៅក្នុងជីវិតនេះឱ្យប្រាកដ តើ និស្ស័យទាំងនេះធ្វើឱ្យមនុស្សប្រព្រឹត្តអ្វីឱ្យប្រាកដ និង តើនិស្ស័យទាំងនោះធ្វើឱ្យមនុស្សសម្តែងចេញអ្វី។ តាមរយៈការយល់ដឹងពីឥរិយាបថ ការបង្ហាញចេញ ការប្រព្រឹត្ត និងនិស្ស័យដ៏ជាក់លាក់ទាំងនេះ មនុស្សអាចបន្តិចម្ដងៗវែកញែក និងស្គាល់ពីខ្លួនឯង ស្គាល់ពីសារជាតិផ្ទាល់ខ្លួនរបស់ពួកគេ និងធម្មជាតិរបស់ពួកគេដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយដោយហេតុនេះ ពួកគេអាចលះបង់ការប្រព្រឹត្តទាំងនេះ មកចំពោះព្រះជាម្ចាស់ ហើយពិតជាកែប្រែខ្លួនឯង ព្រមទាំងអនុវត្តស្របតាមសេចក្ដីពិត និងសម្តែងចេញនូវ សេចក្ដីពិតនោះ។ មនុស្សមួយចំនួននិយាយថា៖ «ដោយសារការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង គឺជាការប្រព្រឹត្ត ដែលមិនស្របតាមសេចក្ដីពិត ហើយដែលជា របស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើខ្ញុំមិននិយាយ ឬមិនធ្វើអ្វីសោះ នោះតើវាមិនមានន័យថា ខ្ញុំមិនកំពុងលើកតម្កើង ឬធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី?» នេះគឺមិនត្រឹមត្រូវទេ។ ដូច្នេះ តើរបៀបនៃការប្រព្រឹត្តបែបណា ដែលមិនមែនជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? ប្រសិនបើអ្នកអួតសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯងពាក់ព័ន្ធនឹងរឿងណាមួយ អ្នកនឹងសម្រេចបាននូវលទ្ធផលនៃការធ្វើឱ្យមនុស្សមួយចំនួនវាយតម្លៃអ្នកខ្ពស់ និងថ្វាយបង្គំអ្នក។ ប៉ុន្តែ ប្រសិនបើអ្នកបើកចំហពីខ្លួនឯង និងចែករំលែកពីការស្គាល់ខ្លួនឯងរបស់អ្នកពាក់ព័ន្ធនឹងរឿងដដែលនោះ ធម្មជាតិនៃរឿងនេះគឺខុសគ្នា។ តើនេះមិនពិតទេឬអី? ការបើកចំហពីខ្លួនឯង និងការចែករំលែកពីការស្គាល់ខ្លួនឯង គឺជារឿងដែលភាពជាមនុស្សធម្មតាគួរតែមាន។ វាជារឿងវិជ្ជមានមួយ។ ប្រសិនបើអ្នកពិតជាស្គាល់ខ្លួនឯង ហើយនិយាយអំពីសភាពរបស់អ្នកយ៉ាងត្រឹមត្រូវ យ៉ាងពិតប្រាកដ និងយ៉ាងច្បាស់លាស់ ប្រសិនបើអ្នកចែករំលែកការស្គាល់ដែលត្រូវបានផ្អែកទាំងស្រុងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអស់អ្នកដែលស្ដាប់អ្នកទទួលបានការស្ថាបនា និងទទួលបានប្រយោជន៍ពីរឿងនេះ ហើយប្រសិនបើអ្នកធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងសរសើរតម្កើងព្រះអង្គ នោះហើយគឺជាការធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ ប្រសិនបើ តាមរយៈការបើកចំហពីខ្លួនឯង អ្នកនិយាយយ៉ាងច្រើនអំពីចំណុចខ្លាំងរបស់អ្នក និងរបៀបដែលអ្នកបានរងទុក្ខ និងលះបង់ ហើយបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយជាលទ្ធផល មនុស្សវាយតម្លៃអ្នកខ្ពស់ និងថ្វាយបង្គំអ្នក ដូច្នេះនេះគឺជាការធ្វើបន្ទាល់អំពីខ្លួនឯងហើយ។ អ្នកត្រូវតែអាចបែងចែកឱ្យដាច់ពីភាពខុសគ្នារវាងការបង្ហាញចេញទាំងពីរនេះ។ ឧទាហរណ៍៖ ការរៀបរាប់ពីរបៀបដែលអ្នកទន់ខ្សោយ និងអវិជ្ជមាននៅពេលប្រឈមមុខនឹងការល្បងល ហើយ របៀបដែលអ្នក យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទទួលបានសេចក្ដីជំនឿ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក បន្ទាប់ពីអធិស្ឋាន និងស្វែងរកសេចក្ដីពិត នេះគឺជាការលើកតម្កើង និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ វាដាច់ខាតមិនមែនជាការអួតសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯងឡើយ។ ហេតុនេះ មិនថាអ្នកកំពុងអួតសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯង ឬក៏អត់នោះទេ គឺអាស្រ័យជាចម្បងទៅលើថា តើអ្នកកំពុងនិយាយអំពីបទពិសោធពិតរបស់អ្នកដែរឬទេ ហើយថាតើអ្នកសម្រេចបាននូវលទ្ធផលនៃការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរឬទេ។ វាក៏ចាំបាច់ត្រូវមើលផងដែរថា តើចេតនា និងគោលដៅរបស់អ្នកគឺជាអ្វី នៅពេលដែលអ្នកនិយាយអំពីទីបន្ទាល់នៃបទពិសោធរបស់អ្នក។ ការធ្វើបែបនេះ នឹងធ្វើឱ្យងាយស្រួលក្នុងការញែកដឹងពីការបង្ហាញចេញទាំងពីរនេះ។ ប្រសិនបើអ្នកមានចេតនាត្រឹមត្រូវនៅពេលដែលអ្នកចែករំលែកទីបន្ទាល់ នោះទោះបីជាមនុស្សវាយតម្លៃអ្នកខ្ពស់ និងថ្វាយបង្គំអ្នកក៏ដោយ ក៏វាមិនមែនជាបញ្ហាពិតប្រាកដដែរ។ ប្រសិនបើអ្នកមានចេតនាខុស នោះទោះបីជាគ្មាននរណាម្នាក់វាយតម្លៃអ្នកខ្ពស់ ឬថ្វាយបង្គំអ្នកក៏ដោយ ក៏វានៅតែជាបញ្ហាដដែល ហើយប្រសិនបើមនុស្សពិតជាវាយតម្លៃអ្នកខ្ពស់ និងថ្វាយបង្គំអ្នកមែន នោះវាកាន់តែជាបញ្ហាធំទៅទៀត។ ហេតុនេះ អ្នកមិនអាចមើលតែទៅលើលទ្ធផល ដើម្បីកំណត់ថាតើមនុស្សម្នាក់កំពុងលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ឬក៏អត់នោះទេ។ អ្នកត្រូវតែមើលជាចម្បងទៅលើចេតនារបស់ពួកគេ ពោលគឺការបែងចែកឱ្យដាច់រវាងការបង្ហាញចេញទាំងពីរនេះដោយផ្អែកលើចេតនា គឺជារឿងត្រឹមត្រូវ។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមញែកដឹងពីរឿងនេះដោយផ្អែកលើលទ្ធផល អ្នកនឹងងាយចោទប្រកាន់មនុស្សល្អដោយខុសឆ្គងមិនខាន។ មនុស្សមួយចំនួនចែករំលែកទីបន្ទាល់ពិតប្រាកដជាពិសេស ហើយជាលទ្ធផល អ្នកដទៃមួយចំនួនវាយតម្លៃពួកគេខ្ពស់ និងថ្វាយបង្គំពួកគេ តើអ្នកអាចនិយាយថា មនុស្សទាំងនោះកំពុងធ្វើបន្ទាល់អំពីខ្លួនឯងបានដែរឬទេ? ទេ អ្នកមិនអាចនិយាយបែបនេះបានឡើយ។ គ្មានបញ្ហាអ្វីចំពោះមនុស្សទាំងនោះទេ ទីបន្ទាល់ដែលពួកគេចែករំលែក និងភារកិច្ចដែលពួកគេបំពេញ គឺមានប្រយោជន៍ដល់អ្នកដទៃ ហើយមានតែមនុស្សល្ងង់ខ្លៅ និងអវិជ្ជា ដែលមានការយល់ដឹងខុសឆ្គងប៉ុណ្ណោះ ថ្វាយបង្គំពួកគេ។ គន្លឹះក្នុងការញែកដឹងថាតើមនុស្សកំពុងលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ឬក៏អត់ គឺត្រូវមើលទៅលើចេតនារបស់អ្នកនិយាយ។ ប្រសិនបើចេតនារបស់អ្នក គឺដើម្បីបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញពីសេចក្ដីពុករលួយដែលអ្នកបានបញ្ចេញឱ្យឃើញ និងរបៀបដែលអ្នកបានផ្លាស់ប្ដូរ ហើយដើម្បីឱ្យពួកគេទទួលបានប្រយោជន៍ពីរឿងនេះ នោះពាក្យសម្ដីរបស់អ្នកគឺស្មោះត្រង់ ពិតប្រាកដ និងស្របតាមការពិត។ ចេតនាបែបនេះគឺត្រឹមត្រូវ ហើយអ្នកមិនកំពុងអួតសម្ញែង ឬធ្វើបន្ទាល់អំពីខ្លួនឯងឡើយ។ ប្រសិនបើចេតនារបស់អ្នក គឺដើម្បីបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា អ្នកមានបទពិសោធពិតប្រាកដ ហើយថាអ្នកបានផ្លាស់ប្ដូរ និងមានតថភាពនៃសេចក្ដីពិត ដើម្បីឱ្យពួកគេវាយតម្លៃអ្នកខ្ពស់ និងគោរពបូជាអ្នក នោះចេតនានេះគឺមិនត្រឹមត្រូវឡើយ។ នោះគឺជាការអួតសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯងហើយ។ ប្រសិនបើទីបន្ទាល់នៃបទពិសោធដែលអ្នកនិយាយ គឺក្លែងក្លាយ មានការលាយឡំ និងមានបំណងបោកបញ្ឆោតមនុស្ស ដើម្បីរារាំងពួកគេមិនឱ្យមើលឃើញពីសភាពពិតរបស់អ្នក និងដើម្បីការពារកុំឱ្យចេតនា សេចក្ដីពុករលួយ ភាពទន់ខ្សោយ ឬភាពអវិជ្ជមានរបស់អ្នក ត្រូវបានបញ្ចេញឱ្យអ្នកដទៃឃើញ នោះការនិយាយតាមរបៀបនេះ គឺជាការបោកប្រាស់ និងការបំភាន់មនុស្សហើយ។ នេះគឺជាការធ្វើបន្ទាល់ក្លែងក្លាយ នេះគឺជាការព្យាយាមបោកប្រាស់ព្រះជាម្ចាស់ វាគឺជាការនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ ហើយវាគឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត។ មានភាពខុសគ្នាយ៉ាងច្បាស់លាស់រវាងសភាពទាំងនេះ ហើយ វាសុទ្ធតែអាចត្រូវបាន ញែកដឹងដោយផ្អែកលើចេតនា។ ប្រសិនបើអ្នកអាច ញែកដឹងពីអ្នកដទៃ អ្នកនឹងអាចមើលធ្លុះដល់សភាពរបស់ពួកគេ ហើយបន្ទាប់មក អ្នកក៏នឹងអាចញែកដឹងពីខ្លួនឯង និងមើលធ្លុះដល់សភាពផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយទាំងអស់នេះរួច មនុស្សមួយចំនួននៅតែបន្តលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដូចដែលពួកគេធ្លាប់ធ្វើពីមុនដដែល។ តើអ្នករាល់គ្នាគួរប្រព្រឹត្តចំពោះមនុស្សបែបនេះយ៉ាងដូចម្តេច? ត្រូវមានការញែកដឹងចំពោះពួកគេ លាតត្រដាងពីពួកគេ និងរក្សាគម្លាតពីពួកគេ។ ប្រសិនបើពាក្យសម្ដីរបស់ពួកគេមានតម្លៃជាចំណុចយោង នោះអ្នកអាចទទួលយកពាក្យសម្ដីទាំងនោះបាន ប៉ុន្តែប្រសិនបើពាក្យសម្ដីទាំងនោះគ្មានតម្លៃជាឯកសារយោងអ្វីទាល់តែសោះ អ្នកគួរតែបោះបង់ពាក្យសម្ដីទាំងនោះចោល ហើយកុំឱ្យរងឥទ្ធិពលពីពាក្យទាំងនោះឡើយ។ ប្រសិនបើមនុស្សដែលកំពុងនិយាយដល់នោះ គឺជាពួកអ្នកដឹកនាំ នោះត្រូវលាតត្រដាងពីពួកគេ រាយការណ៍ពីពួកគេ បោះបង់ពួកគេចោល និងមិនត្រូវទទួលយកការដឹកនាំរបស់ពួកគេឡើយ។ ចូរនិយាយបែបនេះថា៖ «អ្នកតែងតែធ្វើបន្ទាល់អំពី និងលើកតម្កើងខ្លួនឯង អ្នកតែងតែធ្វើឱ្យពួកយើងស្ពឹកស្រពន់ និងត្រួតត្រាពួកយើង ហើយអ្នកបំភាន់ពួកយើង។ ពួកយើងទាំងអស់គ្នាបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់កាន់តែខ្លាំង ហើយពួកយើងគ្មានសូម្បីតែព្រះជាម្ចាស់នៅក្នុងចិត្តផង គឺមានតែអ្នកប៉ុណ្ណោះ។ ឥឡូវនេះ ពួកយើងនឹងក្រោកឈរឡើង ហើយបោះបង់អ្នកចោល»។ អ្នកត្រូវតែប្រព្រឹត្តតាមរបៀបនេះ អ្នកត្រូវតែមើលការខុសត្រូវគ្នាទៅវិញទៅមក ដោយមើលការខុសត្រូវទាំងខ្លួនឯង និងអ្នកដទៃ។ តើអ្នករាល់គ្នាមិនធ្លាប់អេះស្បែកក្បាលរបស់អ្នករាល់គ្នាជាញឹកញាប់នៅចំពោះមុខអ្នកដទៃ ឬប្រាប់គេថាអ្នករាល់គ្នាមិនបានហូបបាយជាច្រើនពេល ទាំងដែលតាមពិត អ្នករាល់គ្នាកំពុងហូបនំចំណីយ៉ាងច្រើននៅពីក្រោយខ្នងពួកគេទេឬអី? នៅពេលខ្លះ កាលៈទេសៈមិនអំណោយផល វាជារឿងធម្មតាទេដែលមនុស្សមិនបានងូតទឹកពេញមួយខែ ឬរំលងការងូតទឹក ឬរំលងការកក់សក់ ដោយសារតែពួកគេរវល់នឹងការងារពេក។ ទាំងនេះសុទ្ធតែជារឿងដែលកើតឡើងជាទូទៅ ហើយទាំងនេះគឺជាការលះបង់ដែលមនុស្សគួរតែធ្វើ។ រឿងទាំងនេះមិនមែនជារឿងធំដុំឡើយ កុំធ្វើរឿងតូចឱ្យក្លាយជារឿងធំឱ្យសោះ។ ប្រសិនបើនរណាម្នាក់ពិតជាធ្វើឱ្យរឿងបែបនេះក្លាយជារឿងធំជាងការពិតមែន ដោយមានចេតនាអេះស្បែកក្បាលរបស់ពួកគេនៅចំពោះមុខអ្នកដទៃ ហើយនិយាយថាពួកគេមិនបានកក់សក់ជាច្រើនថ្ងៃ មានចេតនាលេបថ្នាំនៅចំពោះមុខអ្នកដទៃ ឬធ្វើពុតថាពួកហត់នឿយខ្លាំង និងមានស្ថានភាពរាងកាយខ្សោយខ្លាំង នោះមនុស្សគ្រប់គ្នាគួរតែក្រោកឈរឡើងដើម្បីលាតត្រដាងពីពួកគេ និងសម្តែងចេញនូវការមិនពេញចិត្តចំពោះពួកគេ។ តាមរបៀបនេះ បុគ្គលដែលគ្មានភាពអៀនខ្មាសនេះ អាចត្រូវបានដាក់កំហិតបាន។ ពួកគេកំពុងតែលាក់ពុត ពួកគេកំពុងសម្ដែងឱ្យអ្នកដទៃមើល ហើយពួកគេថែមទាំងព្យាយាមធ្វើឱ្យមនុស្សសម្តែងចេញនូវការយល់ស្របចំពោះឥរិយាបថរបស់ពួកគេ ដើម្បីឱ្យគេសម្លឹងមើលពួកគេដោយសេចក្ដីច្រណែន ការកោតសរសើរ និងការឱ្យតម្លៃទៀតផង។ តើពួកគេមិនកំពុងបោកប្រាស់មនុស្សទេឬអី? ការប្រព្រឹត្តទាំងនេះ គឺដូចគ្នាទៅនឹងពេលដែលពួកផារិស៊ីកាន់បទគម្ពីរ ហើយអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅតាមកែងផ្លូវដែរ។ ទង្វើទាំងនេះគឺមិនខុសពីរឿងនេះឡើយ។ ភ្លាមៗពេលមាននរណាម្នាក់លើកឡើងពីពួកផារិស៊ីដែលកាន់បទគម្ពីរ ហើយឈរនៅតាមកែងផ្លូវអានបទគម្ពីរ ឬអធិស្ឋាន មនុស្សទាំងនេះគិតថា៖ «រឿងនោះគឺអាប់កិត្តិយសពេកហើយ ខ្ញុំមិនធ្វើរឿងបែបនោះទេ»។ ប៉ុន្តែ ពួកគេមានចេតនាលេបថ្នាំ ឬអេះស្បែកក្បាលរបស់ពួកគេនៅចំពោះមុខអ្នកដទៃ ដោយមិនដឹងថា អ្វីដែលពួកគេកំពុងធ្វើ គឺមានធម្មជាតិដូចគ្នាឡើយ។ ពួកគេមិនអាចមើលធ្លុះពីរឿងនេះបានឡើយ។ ទៅថ្ងៃមុខ នៅពេលដែលជួបរឿងបែបនេះ អ្នករាល់គ្នាត្រូវតែរៀនញែកដឹង និងលាតត្រដាងពីមនុស្សបែបនេះ ដោយលាតត្រដាងពីភាពលាក់ពុតទាំងអស់របស់ពួកគេ នោះពួកគេនឹងមិនហ៊ានប្រព្រឹត្តតាមរបៀបបែបនេះទៀតឡើយ។ អ្នករាល់គ្នាត្រូវតែដាក់សម្ពាធបន្តិចបន្តួចលើពួកគេ ហើយធ្វើឱ្យពួកគេគិតថា ការប្រព្រឹត្ត ឥរិយាបថនិងនិស្ស័យបែបនេះ គឺគួរឱ្យខ្មាសអៀន និងត្រូវបានមនុស្សគ្រប់គ្នាស្អប់ខ្ពើមយ៉ាងខ្លាំង។ ប្រសិនបើមនុស្សស្អប់ខ្ពើមរបស់ទាំងនេះខ្លាំងយ៉ាងនេះ តើព្រះជាម្ចាស់ស្អប់ខ្ពើមរបស់ទាំងនេះដែរឬទេ? ព្រះអង្គរឹតតែស្អប់ខ្ពើមរបស់ទាំងនេះទៅទៀត។ តាមធម្មជាតិ អ្នកគ្មានជាអ្វីទាំងអស់។ អ្នកគួរឱ្យអាណិតណាស់ទៅហើយ ទោះបីជាអ្នកមិនលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងក៏ដោយ ដូច្នេះ ប្រសិនបើអ្នកគួរឱ្យអាណិតយ៉ាងនេះទៅហើយ តែនៅតែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទៀត តើនេះមិនធ្វើឱ្យមនុស្សខ្ពើមរអើមទេឬអី? អ្នកមិនដែលបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់ឡើយ អ្នកមិនដែលប្រព្រឹត្តដោយមានគោលការណ៍ឡើយ ហើយអ្នកមិនបានបំពេញតាមការទាមទារ របស់ព្រះជាម្ចាស់ក្នុងទិដ្ឋភាពណាមួយឡើយ។ អ្នកកំពុងតែមានបញ្ហាទៅហើយ ដូច្នេះ ប្រសិនបើអ្នកនៅតែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទៀត តើរឿងរ៉ាវនឹងមិនកាន់តែលំបាកសម្រាប់អ្នកទេឬអី? អ្នកនឹងកាន់តែឃ្លាតឆ្ងាយពីការទាមទាររបស់ព្រះជាម្ចាស់ ហើយកាន់តែឃ្លាតឆ្ងាយពីការឈានដល់ស្ដង់ដាសម្រាប់ការទទួលបានសេចក្ដីសង្គ្រោះ។

ចូរប្រាប់ខ្ញុំមក តើធម្មជាតិនៃបញ្ហានៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងគឺជាអ្វី? សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះទៅហើយ តើភាពជាមនុស្ស និងវិចារណញ្ញាណរបស់ពួកគេលែងប្រក្រតីទៀតហើយ មែនទេ? តើអ្នករាល់គ្នាធ្លាប់ បង្ហាញនូវការបង្ហាញចេញនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង នៅក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នាដែរឬទេ? តើនរណាអាចនិយាយពីរឿងនេះបាន? (ខ្ញុំធ្លាប់បង្ហាញនូវការបង្ហាញចេញបែបនេះ។ នៅពេលខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំរហូតដល់យប់ជ្រៅ ខ្ញុំនឹងផ្ញើសារទៅកាន់ក្រុមជួបជុំ ដើម្បីឱ្យអ្នកដទៃដឹងថា ខ្ញុំនៅតែមិនទាន់ដេកនៅម៉ោងនេះ ហើយដើម្បីឱ្យពួកគេគិតថា ខ្ញុំអាចស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់បាន។ ខ្ញុំធ្លាប់ធ្វើរឿងនេះដោយខ្លួនឯង ហើយក៏ធ្លាប់ឃើញអ្នកដទៃធ្វើរឿងនេះជាញឹកញាប់ដែរ។) មើលទៅ ហាក់ដូចជាមានមនុស្សបែបនេះច្រើនណាស់ ហើយពួកគេមិនមែនមានចំនួនតិចតួចនោះទេ។ តើការធ្វើរឿងបែបនេះ មិនមែនជារឿងឥតប្រយោជន៍ទេឬអី? វាពិតជាល្ងង់ខ្លៅណាស់! តើមាននរណាផ្សេងទៀតចង់និយាយអ្វីដែរឬទេ? (ខ្ញុំធ្លាប់ បង្ហាញនូវការបង្ហាញចេញមួយបែបនេះ។ នៅពេលខ្ញុំឃើញថាមានបញ្ហាមួយចំនួននៅក្នុងកិច្ចការរបស់ពួកជំនុំ ខ្ញុំនឹងចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនោះ ដោយធ្វើឱ្យមនុស្សយល់ច្រឡំថា ខ្ញុំមានភាពក្លៀវក្លាណាស់ ប៉ុន្តែភាគច្រើន ខ្ញុំមិនបានធ្វើអ្វីទាល់តែសោះ បន្ទាប់ពីនិយាយក្តែងៗ។ សកម្មភាពរបស់ខ្ញុំមិនដំណើរការទៅមុខ និងគ្មានប្រសិទ្ធភាពឡើយ ហើយនៅទីបំផុត បញ្ហាមិនត្រូវបានដោះស្រាយ ហើយរឿងនោះក៏ត្រូវបានទុកចោលមិនបានដោះស្រាយ។ ខ្ញុំប្រើភាពក្លៀវក្លាខាងក្រៅរបស់ខ្ញុំ ដើម្បីបោកបញ្ឆោតមនុស្ស និងលាក់បាំងការពិតដែលថា ខ្ញុំមិនអនុវត្តសេចក្ដីពិត។) អ្នកកំពុងតែនិយាយពាក្យសម្ដីទទេៗ និយាយអួតក្អេងក្អាង ហើយមិនចាត់វិធានការជាក់ស្ដែងអ្វីឡើយ។ អ្នកបណ្ដោយឱ្យមនុស្សឃើញពីភាពស្វាហាប់របស់អ្នក ហាក់ដូចជាអ្នកកំពុងអនុវត្តសេចក្ដីពិត ប៉ុន្តែនៅពេលដល់ពេលដែលត្រូវធ្វើអ្វីមួយ អ្នកមិនធ្វើវាដោយភាពមុតមាំឡើយ ហើយគ្រាន់តែស្រែកពាក្យស្លោកប៉ុណ្ណោះ។ នៅទីបំផុត អ្នកចាប់ផ្ដើមយ៉ាងគគ្រឹកគគ្រេង តែបញ្ចប់ទៅវិញយ៉ាងស្ងាត់ជ្រងំ ដោយទុកឱ្យរឿងនោះនៅមិនទាន់រួចរាល់។ ការបង្ហាញចេញបែបនេះ ក៏មានលក្ខណៈបំភាន់ផងដែរ។ ហើយទៅថ្ងៃមុខ នៅពេលមានរឿងស្រដៀងគ្នានេះកើតឡើងចំពោះអ្នក តើអ្នកនឹង ញែកដឹងពីរឿងនេះដែរឬទេ? (ឥឡូវនេះ ខ្ញុំអាចញែកដឹងពីរឿងនេះបានខ្លះៗហើយ។) បើដូច្នេះ តើអ្នកមានទិសដៅសម្រាប់កែប្រែផ្លូវរបស់អ្នកវិញដែរឬទេ? ប្រសិនបើរឿងបែបនេះកើតឡើងចំពោះអ្នកម្ដងទៀត អ្នកអាចអនុវត្តតាមពីរជំហាន៖ ជំហានទីមួយ គឺត្រូវវាយតម្លៃថាតើអ្នកពិតជាអាចដោះស្រាយរឿងនេះបាន ឬក៏អត់។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកគួរតែអនុវត្តវាឱ្យបានម៉ត់ចត់ និងជាក់ស្ដែង។ ជំហានទីពីរ គឺត្រូវអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ហើយទូលសូមឱ្យព្រះអង្គណែនាំអ្នកនៅក្នុងរឿងនេះ ហើយនៅពេលអ្នកចាត់វិធានការ អ្នកក៏ត្រូវទទួលយកការមើលការខុសត្រូវពីមនុស្សគ្រប់គ្នាផងដែរ ស្របពេលជាមួយគ្នានោះ ត្រូវមានការប្ដេជ្ញាចិត្តក្នុងការបំពេញចំណែករបស់អ្នក និងសហការជាមួយមនុស្សគ្រប់គ្នា ដើម្បីបញ្ចប់ភារកិច្ចនេះ។ ប្រសិនបើអ្នករៀនធ្វើរឿងនានាម្តងមួយជំហានៗ ហើយធ្វើការតាមរបៀប រាបសា នោះអ្នកនឹងដោះស្រាយបញ្ហានេះបាន។ ប្រសិនបើអ្នកតែងតែនិយាយពាក្យសម្ដីទទេៗ និយាយអួតក្អេងក្អាង និយាយប៉ាតណាប៉ាតណី គ្រាន់តែធ្វើឱ្យតែរួចពីដៃនៅពេលអ្នកធ្វើរឿងអ្វីមួយ ហើយមិនមានភាពរាបសាទាល់តែសោះ នោះអ្នកគឺជាមនុស្សថោកទាបហើយ។ ដោយសារតែអ្នកអាចមើលឃើញថាមានបញ្ហានៅក្នុងកិច្ចការរបស់ពួកជំនុំ ហើយអាចផ្ដល់យោបល់ពីរបៀបដែលបញ្ហានេះគួរត្រូវបានដោះស្រាយ នេះបញ្ជាក់ថា អ្នកប្រហែលជាមានសក្ដានុពល និងប្រហែលជាមានសមត្ថភាពការងារដើម្បីដោះស្រាយរឿងនេះ។ រឿងតែមួយគត់គឺថាមានបញ្ហាជាមួយនឹងនិស្ស័យរបស់អ្នក អ្នកប្រព្រឹត្តដោយឆាប់ខឹង មិនសុខចិត្តលះបង់ ហើយផ្ដោតតែទៅលើការស្រែកពាក្យស្លោកទទេៗប៉ុណ្ណោះ។ នៅពេលដែលអ្នករកឃើញបញ្ហាមួយ ជាដំបូង ត្រូវមើលថាតើអ្នកអាចដោះស្រាយវាបាន ឬក៏អត់ ហើយប្រសិនបើអ្នកអាចធ្វើបាន នោះត្រូវទទួលយកភារកិច្ចនេះ ហើយធ្វើវាឱ្យដល់ទីបញ្ចប់ ដោយដោះស្រាយបញ្ហានោះ អនុវត្ត និងបំពេញទំនួលខុសត្រូវរបស់អ្នក ព្រមទាំងរាយការណ៍ពីរឿងនេះថ្វាយព្រះជាម្ចាស់។ នេះហើយជាអត្ថន័យនៃការបំពេញភារកិច្ចរបស់អ្នក និងការប្រព្រឹត្ត ព្រមទាំងការប្រព្រឹត្តខ្លួនតាមរបៀបរាបសា។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហានេះបានទេ នោះត្រូវរាយការណ៍វាទៅកាន់អ្នកដឹកនាំរបស់អ្នក ហើយមើលថាតើនរណាដែលស័ក្ដិសមបំផុតក្នុងការចាត់ចែងរឿងនេះ។ ជាដំបូង អ្នកត្រូវតែបំពេញទំនួលខុសត្រូវរបស់អ្នក តាមរបៀបនេះ អ្នកនឹងបានប្រកាន់ខ្ជាប់នូវភារកិច្ចរបស់អ្នក និងឈរនៅទីតាំងដ៏ត្រឹមត្រូវ។ បន្ទាប់ពីអ្នករកឃើញបញ្ហានោះ ប្រសិនបើអ្នកមិនអាចដោះស្រាយវាបាន ប៉ុន្តែអាចរាយការណ៍ពីវាបាន នោះអ្នកបានបំពេញទំនួលខុសត្រូវទីមួយរបស់អ្នកហើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថា នេះគឺជាភារកិច្ចដែលអ្នកគួរតែបំពេញ ហើយថាអ្នកមានសមត្ថភាពអាចធ្វើកិច្ចការនេះបាន នោះអ្នកគួរតែស្វែងរកជំនួយពីបងប្អូនប្រុសស្រីរបស់អ្នក ដោយជាដំបូង ត្រូវប្រកបគ្នាអំពីគោលការណ៍នានា និងកំណត់ផែនការមួយ ហើយបន្ទាប់មក សហការរួមគ្នាដោយចុះសម្រុង ដើម្បីបញ្ចប់រឿងនេះ។ នេះគឺជាទំនួលខុសត្រូវទីពីររបស់អ្នក។ ប្រសិនបើអ្នកអាចរ៉ាប់រងទំនួលខុសត្រូវទាំងពីរនេះបាន នោះអ្នកនឹងបានបំពេញភារកិច្ចរបស់អ្នកបានយ៉ាងល្អ ហើយអ្នកនឹងក្លាយជាភាវៈដែលព្រះបានបង្កើត ដែលត្រូវតាម ស្ដង់ដា។ ភារកិច្ចរបស់មនុស្ស គឺមានតែទិដ្ឋភាពទាំងពីរនេះប៉ុណ្ណោះ។ ប្រសិនបើអ្នកអាចរ៉ាប់រងរឿងដែលអ្នកមើលឃើញ និងអាចធ្វើបាន ដោយបំពេញភារកិច្ចរបស់អ្នកបានយ៉ាងល្អ នោះអ្នកគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។

តើមានការបង្ហាញចេញផ្សេងទៀតនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដែរឬទេ? (ថ្មីៗនេះ ខ្ញុំមានការបង្ហាញ ចេញបែបនេះ។ នៅពេលខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំរវល់នឹងរឿងនានាពេញមួយថ្ងៃ ហើយមានបញ្ហាមួយចំនួននៅក្នុងពួកជំនុំ ដែលខ្ញុំមិនបានដោះស្រាយជាក់ស្ដែង ហើយបែរជាចាត់ចែងត្រឹមតែឱ្យតែរួចពីដៃទៅវិញ។ ទោះជាយ៉ាងណាក្តី មនុស្សមួយចំនួនបានឃើញថា ខ្ញុំរវល់នឹងការបំពេញភារកិច្ចរបស់ខ្ញុំរាល់ថ្ងៃ ដូច្នេះ ពួកគេបានវាយតម្លៃខ្ញុំខ្ពស់ និងស្ងើចសរសើរខ្ញុំ។ តើឥរិយាបថនេះ មិនមានផ្ទុកនូវធាតុផ្សំនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី? ខ្ញុំមិនអាចមើលឃើញរឿងនេះច្បាស់ឡើយ ហើយតែងតែមានអារម្មណ៍ថារងការរឹតត្បិតបន្តិច។) តើនេះគឺជាការធ្វើបន្ទាល់អំពីខ្លួនឯងឬ? ប្រសិនបើអ្នករវល់នឹងការបំពេញភារកិច្ចរបស់អ្នក អាចស៊ូទ្រាំនឹងការរងទុក្ខ និងមិនត្អូញត្អែរ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់វាយតម្លៃអ្នកខ្ពស់ និងស្ងើចសរសើរអ្នក នេះជារឿងធម្មតាទេ ហើយមិនមែនបណ្ដាលមកពីការធ្វើបន្ទាល់អំពីខ្លួនឯងឡើយ។ អ្នកគ្រាន់តែរវល់នឹងការបំពេញភារកិច្ចរបស់អ្នក ហើយមិនកំពុងអួតអាង ឬអួតសម្ញែងឡើយ ហើយអ្នកមិនបន្តនិយាយរៀបរាប់ពីបទពិសោធនៃការរងទុក្ខរបស់អ្នកឡើយ ដូច្នេះ នេះមិនពាក់ព័ន្ធនឹងការធ្វើបន្ទាល់អំពីខ្លួនឯងទេ។ ទោះជាយ៉ាងណាក្តី នៅសំបកក្រៅ មនុស្សជាច្រើនមើលទៅហាក់ដូចជារវល់ នៅពេលបំពេញភារកិច្ចរបស់ពួកគេ ទាំងដែលតាមពិត ការងាររបស់ពួកគេមិនទទួលបានលទ្ធផលអ្វីសោះ ហើយពួកគេមិនបានដោះស្រាយបញ្ហាអ្វីឡើយ។ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សដែលរវល់តាមរបៀបនោះដែរឬទេ? ប្រសិនបើអ្នករវល់ពេញមួយថ្ងៃជាមួយនឹងបញ្ហាធម្មតាៗ ដែលមនុស្សដែលយល់ពីសេចក្ដីពិត និងក្ដាប់បានគោលការណ៍ អាចដោះស្រាយបានក្នុងរយៈពេលពីរម៉ោង ហើយអ្នកមានអារម្មណ៍ថាហត់នឿយខ្លាំង និងថាអ្នកបានរងទុក្ខយ៉ាងច្រើន នោះតើអ្នកមិនមែនគ្រាន់តែរវល់នឹងរឿងឥតប្រយោជន៍ គ្រាន់តែរត់ចុះរត់ឡើងដោយគ្មានគោលដៅទេឬអី? តើអ្នកអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ ពីការបំពេញភារកិច្ចរបស់អ្នកតាមរបៀបនេះបានដែរឬទេ? (ទេ មិនបានទេ។) អ្នកកំពុងធ្វើការដោយគ្មានប្រសិទ្ធភាពខ្លាំងពេកហើយ! ចំពោះរឿងនេះ អ្នកត្រូវតែស្វែងរកគោលការណ៍សេចក្ដីពិត។ ជួនកាល មនុស្សមានរឿងជាច្រើនដែលត្រូវធ្វើ ហើយពិតជារវល់មែន ដែលនេះជារឿងធម្មតាទេ ប៉ុន្តែជួនកាល ពួកគេមិនសូវមានរឿងត្រូវធ្វើច្រើនទេ តែនៅតែរវល់ដដែល។ តើអ្វីបណ្ដាលឱ្យមានរឿងនេះ? មូលហេតុមួយ គឺដោយសារកិច្ចការរបស់អ្នកមិនត្រូវបានរៀបចំផែនការ និងចាត់ចែងឱ្យបានសមហេតុផល។ អ្នកត្រូវតែក្ដាប់បាននូវភារកិច្ចកិច្ចការសំខាន់ៗ រៀបចំផែនការ និងចាត់ចែងភារកិច្ចទាំងនោះឱ្យបានសមហេតុផល ហើយបំពេញភារកិច្ចរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាព។ ការរត់ចុះរត់ឡើងដោយគ្មានគោលដៅ និងការរវល់ដោយឥតប្រយោជន៍ នឹងមិនទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។ ស្ថានភាពមួយទៀត គឺនៅពេលដែលចេតនារបស់អ្នក គឺដើម្បីធ្វើឱ្យមនុស្សគិតថាអ្នករវល់ ហើយអ្នកប្រើមធ្យោបាយ និង រូបភាពខាងក្រៅក្លែងក្លាយនេះ ដើម្បីបោកបញ្ឆោតអ្នកដទៃ។ រាល់ពេលដែលពួកគេជួបជុំគ្នា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន មិនដោះស្រាយបញ្ហាជាក់ស្ដែងឡើយ ហើយបែរជានិយាយរឿងឥតប្រយោជន៍ ដោយនិយាយខុសប្រធានបទមិនឈប់ និងនិយាយរហូតដោយមិនចូលដល់ចំណុចសំខាន់សោះ។ របៀបនៃការរវល់បែបនេះ ដែលមិនខិតខំដើម្បីប្រសិទ្ធភាព ឬការរីកចម្រើន ត្រូវបានគេហៅថា ការរវល់នឹងរឿងឥតប្រយោជន៍។ ហើយតើនេះជាអាកប្បកិរិយាប្រភេទណា? គឺធ្វើឱ្យតែបានៗនៅក្នុងកិច្ចការរបស់ខ្លួន ធ្វើឱ្យតែរួចពីដៃ បំផ្លាញពេលវេលាចោល ហើយនៅទីបំផុត នៅតែគិតថា៖ «មិនថាអ្នកដទៃគិតយ៉ាងណា ឬព្រះជាម្ចាស់គិតយ៉ាងណានោះទេ ដរាបណាមនសិការរបស់ខ្ញុំជ្រះស្រឡះ ខ្ញុំនឹងមិនអីទេ។ យ៉ាងហោចណាស់ ខ្ញុំមិននៅទំនេរចោល យ៉ាងហោចណាស់ ខ្ញុំមិនស៊ីបាយទទេៗឡើយ»។ នៅសំបកក្រៅ វាអាចមើលទៅហាក់ដូចជាអ្នកមិននៅទំនេរចោល ថាអ្នកមិនស៊ីបាយទទេៗ ថារាល់ថ្ងៃ អ្នកចូលរួមការជួបជុំ ឬបំពេញភារកិច្ចរបស់អ្នក ហើយថាអ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ គឺពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ប៉ុន្តែតាមពិត នៅក្នុងជម្រៅចិត្ត អ្នកដឹងថារឿងដែលអ្នកកំពុងធ្វើ គឺមិនមានប្រយោជន៍ ឬមិនមានតម្លៃទាល់តែសោះ ហើយថាអ្នកគ្រាន់តែធ្វើឱ្យតែបានៗប៉ុណ្ណោះ។ នេះគឺជាបញ្ហាហើយ។ ដូច្នេះ តើអ្នកកំពុងបំពេញភារកិច្ចរបស់អ្នកបានល្អកម្រិតណា? អ្នកដឹងច្បាស់ណាស់ថាអ្នកមានបញ្ហា ប៉ុន្តែអ្នកមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាឡើយ នេះគឺជាការធ្វើឱ្យតែរួចពីដៃ ស្ពឹកស្រពន់ និងរឹងទទឹងហើយ។ តើអ្វីជាផលវិបាកនៃការធ្វើឱ្យតែរួចពីដៃ និងការពន្យារពេល នៅពេលបំពេញភារកិច្ចរបស់អ្នក? អ្នកច្បាស់ជានឹងមិនទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ ពីព្រោះអ្នកមិនប្រព្រឹត្តដោយមានគោលការណ៍ ឬប្រសិទ្ធភាពឡើយ ហើយការបំពេញភារកិច្ចរបស់អ្នកបែបនេះ គឺជាការធ្វើការដោយកម្លាំងសុទ្ធសាធ។ ប្រសិនបើអ្នកត្រូវបានលួសកាត់ និងជួយហើយ តែនៅតែមិនប្រែចិត្ត ហើយអ្នកថែមទាំងត្អូញត្អែរ និងមានភាពអវិជ្ជមាន ព្រមទាំងខ្ជិលច្រអូសនៅពេលធ្វើការទៀត នោះអ្នកអាចត្រឹមតែត្រូវបានជម្រុះចោលប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហានៃការធ្វើឱ្យតែរួចពីដៃទេ មិនថាអ្នកបំពេញភារកិច្ចរបស់អ្នកយូរប៉ុនណានោះទេ វានឹងគ្មានប្រយោជន៍ឡើយ ហើយអ្នកនឹងមិនអាចឈានដល់ស្ដង់ដាសម្រាប់ការបំពេញភារកិច្ចរបស់អ្នកដោយភាពស្មោះត្រង់ឡើយ។ បញ្ហានេះស័ក្ដិសមនឹងឱ្យឆ្លុះបញ្ចាំងណាស់។ ព្រះជាម្ចាស់ទាមទារឱ្យមនុស្សប្រព្រឹត្តដោយមានគោលការណ៍ ឱ្យពួកគេអនុវត្តសេចក្ដីពិត និងឱ្យពួកគេធ្វើជាមនុស្សស្មោះត្រង់។ ប្រសិនបើមនុស្សម្នាក់អាចចូលទៅក្នុងសេចក្ដីពិតទាំងនេះបាន នោះពួកគេនឹងសម្រេចបានលទ្ធផលនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយយ៉ាងហោចណាស់ ពួកគេនឹងអាចប្រព្រឹត្តដោយមានគោលការណ៍។ មូលដ្ឋានគ្រឹះ និងគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពរបស់មនុស្សម្នាក់ គឺស្ថិតនៅត្រង់នេះឯង។ ប្រសិនបើមនុស្សម្នាក់មិនមានគោលការណ៍សេចក្ដីពិតទេ នោះមិនថាពួកគេបំពេញភារកិច្ចរបស់ពួកគេដោយរវល់យ៉ាងណា ហើយមិនថាពួកគេធ្វើការយូរប៉ុនណាក្នុងមួយថ្ងៃនោះទេ ពួកគេនឹងមិនឃើញលទ្ធផលពិតប្រាកដឡើយ។ នៅពេលវិនិច្ឆ័យថាតើមនុស្សបំពេញភារកិច្ចរបស់ពួកគេដោយភាពស្មោះត្រង់ ឬក៏អត់ ព្រះជាម្ចាស់មិនទតមើលថាតើពួកគេបំពេញភារកិច្ចរបស់ពួកគេយូរប៉ុនណានោះទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ទតមើលលទ្ធផលជាក់ស្ដែង និងប្រសិទ្ធភាពការងាររបស់ពួកគេ ហើយទតមើលថាតើពួកគេកំពុងប្រព្រឹត្តដោយមានគោលការណ៍ និងស្របតាមសេចក្ដីពិតដែរឬទេ។ និយាយឱ្យសាមញ្ញទៅ ទ្រង់ទតមើលថាតើមនុស្សមានទីបន្ទាល់នៃបទពិសោធពិតប្រាកដ និងការចូលទៅក្នុងជីវិត នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេដែរឬទេ។ ប្រសិនបើមនុស្សមិនមានតថភាពនៃសេចក្ដីពិតណាមួយទេ នោះពួកគេគ្រាន់តែជាអ្នកធ្វើការដោយកម្លាំងប៉ុណ្ណោះ ប៉ុន្តែប្រសិនបើពួកគេអាចអនុវត្តសេចក្ដីពិត និងប្រព្រឹត្តដោយមានគោលការណ៍ នោះគឺជាសញ្ញាបញ្ជាក់ថា ពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេ ក្នុងនាមជារាស្ដ្ររបស់ព្រះជាម្ចាស់។ តាមរយៈការប្រៀបធៀបនេះ គេអាចយល់បានថា មានតែអ្នកដែលត្រូវតាមស្ដង់ដាក្នុងការបំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះ ទើបជារាស្ដ្ររបស់ព្រះជាម្ចាស់។ អស់អ្នកដែលមិនត្រូវតាមស្ដង់ដានៅក្នុងភារកិច្ចរបស់ពួកគេ ដែលតែងតែធ្វើឱ្យតែរួចពីដៃ គឺជាអ្នកធ្វើការដោយកម្លាំង។ ប្រសិនបើមនុស្សម្នាក់អាចឈានដល់ការយល់ពីសេចក្ដីពិត និងប្រព្រឹត្តដោយមានគោលការណ៍ នោះការបំពេញភារកិច្ចណាមួយ នឹងមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយ ហើយដរាបណាពួកគេស្ទាបស្ទង់មួយរយៈ នោះនៅទីបំផុត ពួកគេនឹងបំពេញភារកិច្ចរបស់ពួកគេតាមរបៀបដែលត្រូវតាមស្ដង់ដាមិនខាន។ ចំណែកឯអ្នកដែលមានគុណសម្បត្តិទាបពេក ឬអ្នកដែលតែងតែធ្វើឱ្យតែរួចពីដៃ វានឹងពិបាកសម្រាប់ពួកគេក្នុងការបំពេញតាមការទាមទារ ហើយការបំពេញភារកិច្ចរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការធ្វើការដោយកម្លាំងឡើយ។ ចំណែកឯមនុស្សដែលវង្វេងវង្វាន់ មនុស្សល្ងង់ខ្លៅ និងមនុស្សដែលមានភាពជាមនុស្សអន់ខ្សោយ ដែលមិនធ្វើកិច្ចការត្រឹមត្រូវ មិនទទួលយកសេចក្ដីពិត ទោះបីជាវាត្រូវបានប្រកបគ្នាយ៉ាងណាក៏ដោយ ហើយបន្តប្រព្រឹត្តដោយមិនខ្វល់ខ្វាយ ពួកគេអាចត្រឹមតែត្រូវបានជម្រុះចោល និងទុកឱ្យជឿលើព្រះជាម្ចាស់តាមតែពួកគេចង់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើមនុស្សម្នាក់មិនបំពេញភារកិច្ចរបស់ពួកគេដោយមានគោលការណ៍ ហើយកំពុងរត់ចុះរត់ឡើងដោយគ្មានគោលដៅ និងរវល់នឹងរឿងឥតប្រយោជន៍រាល់ថ្ងៃ នោះពួកគេត្រូវតែប្រញាប់ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយរឿងនេះ និងប្រព្រឹត្តដោយមានគោលការណ៍។ ពួកគេគួរតែអាចបំពេញភារកិច្ចរបស់ពួកគេជាធម្មតារាល់ថ្ងៃ ហើយមិនគ្រាន់តែស្កប់ស្កល់នៅពេលដែលពួកគេបានធ្វើការអស់រយៈពេលយូរនោះទេ ដោយត្រូវផ្ដល់សារៈសំខាន់លើប្រសិទ្ធភាព និងការបង្កើតផលិតផលសម្រេច មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាមនុស្សដែលទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ និងជាអ្នកដែលបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់។

សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ និងកំពុងបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែមានមួយចំណែកក្នុងចំណោមពួកគេ មិនដែលដេញតាមសេចក្ដីពិតឡើយ ហើយនៅពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេតែងតែធ្វើផ្តេសផ្តាស និងស្របតាមការប្រាថ្នាចង់បានរបស់ខ្លួន ដោយធ្វើអ្វីៗតាមតែពួកគេចង់។ ពួកគេមិនធ្វើកំហុសធំដុំទេ ប៉ុន្តែពួកគេតែងតែធ្វើកំហុសតូចតាចគ្រប់ពេល ជាពិសេសមើលទៅហាក់ដូចជារវល់រាល់ថ្ងៃ តែតាមការពិត ពួកគេសឹងតែមិនបានចាត់ចែងកិច្ចការត្រឹមត្រូវណាមួយសោះ ហើយកំពុងតែបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍។ គេក៏អាចនិយាយបានដែរថា ពួកគេគ្រាន់តែធ្វើការងាររបស់ពួកគេឱ្យតែរួចពីដៃប៉ុណ្ណោះ។ តើមនុស្សបែបនេះមិនស្ថិតក្នុងគ្រោះថ្នាក់ទេឬអី? ប្រសិនបើមនុស្សម្នាក់តែងតែប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួន និង ប្រព្រឹត្តចំពោះការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់ ដោយអាកប្បកិរិយាខ្វះការគោរពបែបនេះ តើនឹងមានផលវិបាកបែបណាទៅ? ការធ្វើការងារដោយមិនមានប្រសិទ្ធភាព និងការត្រូវបានដកហូតតំណែងពីភារកិច្ចរបស់ខ្លួន គឺជាផលវិបាកស្រាលមួយ ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ នោះគេគួរតែត្រូវបានបោសសម្អាតចេញ ហើយព្រះជាម្ចាស់នឹងប្រគល់មនុស្សបែបនេះទៅឱ្យសាតាំង។ តើការត្រូវបានប្រគល់ទៅឱ្យសាតាំងមានន័យដូចម្ដេច? វាមានន័យថា ព្រះជាម្ចាស់នឹងលែងមើលថែគេទៀតហើយ ព្រះជាម្ចាស់នឹងមិនសង្គ្រោះគេឡើយ ហើយគេនឹងចាប់ផ្ដើមដើរតាមផ្លូវខុស រួចនឹងត្រូវបានដាក់ទោស។ អ្នកយល់ពីរឿងនេះ តើមែនទេ? ពេលនេះគឺជាពេលដែលព្រះជាម្ចាស់បើកសម្ដែងមនុស្ស ហើយប្រសិនបើអ្នកកំពុងដើរខុសផ្លូវជាបណ្ដោះអាសន្ន នោះព្រះជាម្ចាស់នឹងប្រើប្រាស់មជ្ឈដ្ឋានជាក់ស្ដែង ដើម្បីផ្ដល់ឱកាសឱ្យអ្នកបានទទួលស្គាល់ពីបញ្ហារបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកដឹងថា ព្រះជាម្ចាស់បានទុកពេលខ្លះឱ្យអ្នកដើម្បីពិចារណា ថាព្រះជាម្ចាស់កំពុងផ្ដល់ឱកាសចុងក្រោយដល់អ្នក ប្រសិនបើអ្នកនៅតែមិនងាកត្រឡប់មកវិញ ហើយនៅតែរឹងទទឹងបន្តបំពេញភារកិច្ចរបស់អ្នកឱ្យតែរួចពីដៃ នោះព្រះជាម្ចាស់នឹងចាត់វិធានការហើយ។ នៅពេលដែលព្រះជាម្ចាស់មានព្រះទ័យចង់បំផ្លាញក្រុងនីនីវេ តើព្រះអង្គបានធ្វើដូច្នេះភ្លាមៗដែរឬទេ? ព្រះអង្គមិនបានធ្វើដូច្នេះឡើយ។ តើជំហានដំបូងរបស់ព្រះជាម្ចាស់នៅពេលដែលព្រះអង្គបានចាត់វិធានការ គឺជាអ្វី? ដំបូង ព្រះអង្គបានប្រាប់យ៉ូណាស ហើយបានប្រាប់គាត់យ៉ាងច្បាស់អំពីដំណើរការទាំងមូលថានឹងទៅជាយ៉ាងណា និងអំពីបំណងព្រះហឫទ័យរបស់ព្រះអង្គ។ បន្ទាប់ពីនេះ យ៉ូណាសបានទៅក្រុងនីនីវេ ហើយបានដើរជុំវិញទីក្រុង ដោយប្រកាសថា៖ «នៅតែ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!» (យ៉ូណាស ៣:៤)។ សារនេះបានលេចឮដល់ត្រចៀកមនុស្សគ្រប់គ្នា។ បុរសនិងស្ត្រី ចាស់និងក្មេង និងមនុស្សគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែបានឮអំពីរឿងនេះ វាត្រូវបានគេដឹងគ្រប់ៗផ្ទះ ហើយសូម្បីតែស្ដេចរបស់ពួកគេក៏បានឮដំណឹងនេះដែរ។ ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? តាមរយៈការមើលលើបញ្ហានេះ គេអាចឃើញថា មិនថាព្រះអង្គកំពុងសង្គ្រោះមនុស្ស បើកសម្ដែងមនុស្ស ឬដាក់ទោសពួកគេនោះទេ របៀបដែលព្រះអង្គប្រព្រឹត្តចំពោះមនុស្ស សុទ្ធតែមាននីតិវិធី និងគោលការណ៍។ ព្រះអង្គមិនមែនធ្វើតាមតែព្រះទ័យនឹកឃើញភ្លាមៗ ដោយបំផ្លាញនរណាម្នាក់ភ្លាមៗនៅពេលដែលព្រះអង្គទាស់ព្រះនេត្រនឹងពួកគេនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គទុកពេលវេលាខ្លះឱ្យកន្លងផុតសិន។ តើព្រះអង្គមានគោលបំណងអ្វីដែលអនុញ្ញាតឱ្យពេលវេលានេះកន្លងផុតទៅ? (ដើម្បីឱ្យមនុស្សប្រែចិត្ត)។ គឺដើម្បីឱ្យអ្នកក្រុងនីនីវេបានដឹងពីអ្វីដែលព្រះអង្គនឹងធ្វើ ដើម្បីអនុញ្ញាតឱ្យពួកគេឆ្លុះបញ្ចាំង និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គបន្តិចម្ដងៗ ហើយចាប់ផ្ដើមងាកត្រឡប់មកវិញជាបណ្ដើរៗ។ មានដំណើរការមួយសម្រាប់ឱ្យមនុស្សទទួលស្គាល់រឿងនេះ ហើយរយៈពេល ៤០ ថ្ងៃនេះ គឺជាពេលវេលាដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ដើម្បីងាកត្រឡប់មកវិញ។ ប្រសិនបើពួកគេនៅតែមិនងាកត្រឡប់មកវិញបន្ទាប់ពី ៤០ ថ្ងៃ ហើយមិនបានលន់តួបាបរបស់ពួកគេចំពោះព្រះអង្គទេ នោះព្រះជាម្ចាស់នឹងសម្រេចកិច្ចការនេះស្របទៅតាមអ្វីដែលព្រះអង្គបានមានព្រះបន្ទូលថាព្រះអង្គនឹងធ្វើ។ នេះក៏ព្រោះតែព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណា គឺយ៉ាងនោះ ហើយព្រះអង្គមានបន្ទូលយ៉ាងណា ក៏សម្រេចយ៉ាងនោះមែន គ្មានសេចក្ដីមិនពិតចំពោះព្រះបន្ទូលទាំងនេះឡើយ។ ដូច្នេះ តើអ្នកក្រុងនីនីវេមានប្រតិកម្មយ៉ាងណា នៅពេលដែលពួកគេទទួលបានដំណឹងនេះ? តើពួកគេស្លៀកសំពត់ធ្មៃ និងលាបផេះលើខ្លួនភ្លាមៗឬ? ទេ មានដំណើរការមួយ។ នៅដើមដំបូង មនុស្សប្រហែលជាមានការសង្ស័យថា៖ «ព្រះជាម្ចាស់នឹងបំផ្លាញពួកយើង តើព្រះអង្គពិតជាមានព្រះបន្ទូលបែបនេះមែនឬ? តើពួកយើងបានធ្វើអ្វីទៅ?» បន្ទាប់ពីនេះ គ្រប់គ្រួសារទាំងអស់បានប្រាប់គ្នាទៅវិញទៅមកអំពីរឿងនេះ ហើយបានពិភាក្សាគ្នា។ ពួកគេមានអារម្មណ៍ថា វិបត្តិមួយបានមកដល់ហើយ ហើយថាពួកគេកំពុងស្ថិតនៅផ្លូវបំបែករវាងជីវិត និងសេចក្ដីស្លាប់។ ដូច្នេះ តើពួកគេគួរធ្វើដូចម្ដេច? តើពួកគេគួរតែលន់តួ និងប្រែចិត្ត ឬក៏សង្ស័យ និង ទាស់ទទឹង? ប្រសិនបើពួកគេពិតជាជ្រើសរើសការសង្ស័យ និងទាស់ទទឹងមែន ផលវិបាកគឺថា ពួកគេនឹងត្រូវបំផ្លាញបន្ទាប់ពី ៤០ ថ្ងៃ ប៉ុន្តែប្រសិនបើពួកគេលន់តួបាបរបស់ពួកគេ ហើយងាក ត្រឡប់មកវិញ ពួកគេនឹងនៅតែមានផ្លូវរស់។ បន្ទាប់ពីបានពិភាក្សាលើបញ្ហានេះនៅគ្រប់កម្រិតអស់រយៈពេលជាច្រើនថ្ងៃ ប្រជាពលរដ្ឋមួយភាគតូចបំផុត អាចប្រកាន់យកអាកប្បកិរិយានៃការលន់តួបាបរបស់ពួកគេ ហើយងាកត្រឡប់មកវិញ។ ពួកគេអាចក្រាបចុះថ្វាយបង្គំ ថ្វាយយញ្ញបូជា ឬបង្ហាញអាកប្បកិរិយា និងការបង្ហាញចេញល្អៗមួយចំនួន។ ប៉ុន្តែមានបុគ្គលដ៏សំខាន់បំផុតម្នាក់ ដែលបានសង្គ្រោះទីក្រុងនេះ តើបុគ្គលម្នាក់នេះជានរណា? នោះគឺស្ដេចនៃក្រុងនីនីវេ។ ទ្រង់បានបញ្ជាឱ្យទូទាំងប្រទេស ចាប់តាំងពីស្ដេចរហូតដល់រាស្ត្រសាមញ្ញទាបតូចបំផុត ឱ្យស្លៀកសំពត់ធ្មៃ និងលាបផេះលើខ្លួន ដើម្បីលន់តួបាបរបស់ពួកគេ និងប្រែចិត្តចំពោះព្រះយេហូវ៉ាដ៏ជាព្រះ។ បន្ទាប់ពីចេញបញ្ជាបែបនេះហើយ តើមាននរណាម្នាក់នៅក្នុងទីក្រុងហ៊ានមិនធ្វើតាមដែរឬទេ? ស្ដេចមួយអង្គមានអំណាចបែបនេះឯង។ ប្រសិនបើទ្រង់បានប្រើអំណាចដែលទ្រង់មាន ដើម្បីធ្វើរឿងអាក្រក់ខ្លះ នោះប្រជាជនក្នុងប្រទេសនឹងត្រូវរងមហន្តរាយដ៏ធំសម្បើមមួយជាមិនខាន ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានប្រើអំណាចនេះដើម្បីធ្វើរឿងល្អៗ ជារឿងនៃការថ្វាយបង្គំព្រះជាម្ចាស់ និងងាកត្រឡប់មករកព្រះអង្គវិញ ហើយទីក្រុងនេះត្រូវបានថែរក្សា ប្រជាជននៃប្រទេសទាំងមូលត្រូវបានសង្គ្រោះ ហើយពួកគេមានសេចក្ដីសង្ឃឹមថានឹងត្រូវបានអត់ទោសឱ្យ។ តើនេះមិនមែនត្រូវបានសម្រេចដោយគំនិតតែមួយរបស់ស្ដេចអង្គនេះទេឬអី? ប្រសិនបើទ្រង់បានមានបន្ទូលថា៖ «ទោះបីជាអ្នករាល់គ្នាសុខចិត្តប្រែចិត្តឬអត់ក៏ដោយ ក៏យើងនឹងមិនធ្វើវាដែរ អ្នករាល់គ្នាត្រូវពឹងលើខ្លួនឯងចុះ។ យើងមិនជឿលើរឿងបែបនេះទេ ហើយយើងក៏មិនបានប្រព្រឹត្តអំពើអាក្រក់ណាមួយដែរ។ លើសពីនេះទៅទៀត យើងមានឋានៈ ដូច្នេះតើព្រះជាម្ចាស់អាចធ្វើអ្វីដល់យើងបាន? តើព្រះអង្គអាចដកយើងចេញពីរាជបល្ល័ង្កបានឬ? ប្រសិនបើទីក្រុងត្រូវបានបំផ្លាញ ក៏ទុកឱ្យវាត្រូវបានបំផ្លាញចុះ។ បើគ្មានរាស្ត្រសាមញ្ញទាំងនេះទេ យើងនៅតែជាស្ដេច ដូចពីមុនដដែល!» ចុះប្រសិនបើទ្រង់មានគំនិតបែបនេះ មានការគិតបែបនេះវិញនោះ? នោះរាស្ត្រសាមញ្ញដែលត្រូវបានសង្គ្រោះ នឹងមានចំនួនតិចជាងនេះឆ្ងាយណាស់ ហើយនៅទីបំផុត ព្រះជាម្ចាស់ប្រហែលជានឹងជ្រើសរើសនាំយកតែមនុស្សដែលសុខចិត្តប្រែចិត្តចេញមកប៉ុណ្ណោះ។ បន្ទាប់ពីព្រះអង្គបាននាំពួកគេចេញមក អស់អ្នកដែលសុខចិត្តស្លាប់ជាជាងប្រែចិត្ត នឹងត្រូវបានបំផ្លាញចោលជាមួយនឹងទីក្រុង ហើយជាការពិតណាស់ ស្ដេចក៏នឹងស្ថិតក្នុងចំណោមពួកគេដែរ។ ចំណែកឯអ្នកដែលសុខចិត្តប្រែចិត្តវិញ ពួកគេនឹងអាចបន្តរស់រានមានជីវិត បន្ទាប់ពីព្រះជាម្ចាស់បាននាំពួកគេចេញពីទីក្រុង។ ប៉ុន្តែ រឿងដ៏ល្អបំផុតអំពីបញ្ហានេះ គឺថាស្ដេចនៃក្រុងនីនីវេអាចនាំមុខគេក្នុងការស្លៀកសំពត់ធ្មៃ និងលាបផេះលើខ្លួន ហើយក៏បានប្រាប់ដល់រាស្ត្រសាមញ្ញក្នុងទីក្រុង មិនថាពួកគេជាស្ត្រី ឬបុរស ចាស់ ឬក្មេងឡើយ ទោះបីជាពួកគេជានរណាក៏ដោយ ទោះបីជាមន្ត្រីជាន់ខ្ពស់ប៉ុនណា ឬកសិករថ្នាក់ទាបប៉ុនណាក៏ដោយ ចាប់ពីអភិជនរហូតដល់រាស្ត្រសាមញ្ញធម្មតា ថាពួកគេទាំងអស់គ្នាត្រូវតែស្លៀកសំពត់ធ្មៃ និងលាបផេះលើខ្លួន ហើយលុតជង្គង់ចុះនៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះក្នុងការថ្វាយបង្គំ ក្រាបចុះ និងលន់តួបាបរបស់ពួកគេ បង្ហាញពីអាកប្បកិរិយារបស់ពួកគេក្នុងការងាកត្រឡប់មកវិញ ងាកចេញពីផ្លូវអាក្រក់របស់ពួកគេ ហើយលះបង់អំពើអាក្រក់នៅក្នុងដៃរបស់ពួកគេ ប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋានសុំកុំឱ្យព្រះអង្គបំផ្លាញពួកគេ។ ស្ដេចនៃក្រុងនីនីវេបាននាំមុខគេ ដោយការប្រែចិត្ត និងលន់តួបាបរបស់ទ្រង់ចំពោះព្រះជាម្ចាស់ ហើយការធ្វើបែបនេះ បានសង្គ្រោះប្រជាជនទាំងមូលក្នុងទីក្រុង ដោយមានមនុស្សជាច្រើនទទួលបានប្រយោជន៍ជាមួយទ្រង់។ តាមរយៈការនាំមុខគេក្នុងការធ្វើបែបនេះ អំណាចរបស់ទ្រង់បានក្លាយជាមានតម្លៃ។ ការដែលស្ដេចអង្គនេះដឹកនាំប្រជារាស្ត្ររបស់ទ្រង់ឱ្យងាកត្រឡប់មកវិញនៅចំពោះព្រះជាម្ចាស់ គឺជារឿងដែលព្រះជាម្ចាស់នឹកចាំ។

តើការប្រកបគ្នាអំពីខ្លឹមសារនៃពួកទទឹងនឹងព្រះគ្រីស្ទលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងយ៉ាងលម្អិតបែបនេះ មានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាដែរឬទេ? ការប្រកបគ្នាម្តងហើយម្តងទៀតបែបនេះ ការលើកឧទាហរណ៍ ការនិទានរឿង ការប្រើប្រាស់មធ្យោបាយ និងពាក្យពេចន៍ផ្សេងៗដើម្បីពិពណ៌នា និងកំណត់ន័យវា ប្រសិនបើមនុស្សនៅតែមិនយល់ នោះពួកគេពិតជាគ្មានការយល់ដឹងខាងវិញ្ញាណមែន ហើយមនុស្សបែបនេះមិនអាចប្រោសលោះបានឡើយ។ តើការប្រកបគ្នាយ៉ាងលម្អិតបែបនេះមានគោលបំណងអ្វី? គឺដើម្បីធានាថា បន្ទាប់ពីមនុស្សបានឮព្រះបន្ទូលទាំងនេះ អ្វីដែលពួកគេយល់ និងទទួលយក មិនមែនជាគោលលទ្ធិ មិនមែនជាន័យត្រង់ និងមិនមែនជាពាក្យពេចន៍ណាមួយឡើយ ប៉ុន្តែជាសេចក្ដីពិតអំពីដំណើរនៃរឿងរ៉ាវ និងសេចក្ដីពិត ព្រមទាំងគោលការណ៍មួយចំនួនដែលទាក់ទងនឹងសារជាតិរបស់មនុស្ស អត្ថិភាពរបស់ពួកគេ និងជីវិតរបស់ពួកគេ។ ប្រសិនបើអ្នករាល់គ្នាអាចយកពាក្យសម្ដីទាំងនេះ ឬឧទាហរណ៍ទាំងនេះដែលខ្ញុំបាននិយាយ មកផ្ទឹមនឹងសភាពជាក់ស្ដែងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ឬនឹងរឿងដែលអ្នករាល់គ្នាបញ្ចេញឱ្យឃើញនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាដើម្បីប្រៀបធៀប នោះអ្នករាល់គ្នានឹងអាចយល់ពីសេចក្ដីពិត ហើយអ្នករាល់គ្នាគឺជាមនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ។ ការយកមកប្រៀបធៀប មានន័យថាការភ្ជាប់ឧទាហរណ៍ និងបញ្ហានីមួយៗដែលត្រូវបានពិភាក្សា ទៅនឹងសភាពរបស់អ្នក ហើយភ្ជាប់គ្រប់ទិដ្ឋភាពនៃសេចក្ដីពិតដែលត្រូវបានប្រកបគ្នា ទៅនឹងសភាពផ្ទាល់ខ្លួនរបស់អ្នក និងការបញ្ចេញឱ្យឃើញផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកដឹងពីរបៀបភ្ជាប់រឿងទាំងនេះចូលគ្នា ហើយអនុវត្តវា នោះអ្នកមានការយល់ដឹងខាងវិញ្ញាណ អ្នកមានសេចក្ដីសង្ឃឹមក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយអ្នកអាចយល់ពីសេចក្ដីពិតបាន។ ប្រសិនបើអ្នកមិនយល់ទោះបីជាគេនិយាយអ្វីក៏ដោយ ប្រសិនបើអ្នកមិនអាចភ្ជាប់បញ្ហាទាំងនេះមកខ្លួនឯងបានទេ ប្រសិនបើអ្នកមានអារម្មណ៍ថា ទោះបីជាអ្នកឮអ្វីក៏ដោយ ក៏វាមិនពាក់ព័ន្ធនឹងអ្វីដែលអ្នកបញ្ចេញឱ្យឃើញ និងសារជាតិធម្មជាតិផ្ទាល់ខ្លួនរបស់អ្នកដែរ ហើយប្រសិនបើអ្នកមិនអាចរកឃើញការជាប់ទំនាក់ទំនងគ្នានោះទេ នោះអ្នកពិតជាអវិជ្ជាទាំងស្រុង ហើយមិនអាចបញ្ចូលអ្វីទៅក្នុងខួរក្បាលរបស់អ្នកបានឡើយ អ្នកខ្វះការយល់ដឹងខាងវិញ្ញាណ។ មនុស្សបែបនេះដែលខ្វះការយល់ដឹងខាងវិញ្ញាណ គឺល្អសម្រាប់តែការធ្វើការដោយកម្លាំងប៉ុណ្ណោះ ហើយមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឡើយ។ មនុស្សដែលចង់ទទួលបានសេចក្ដីសង្គ្រោះ ត្រូវតែចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត គេត្រូវតែយល់ពីព្រះបន្ទូលទាំងនេះ និងយល់ពីរឿងរ៉ាវ ព្រមទាំងកាលៈទេសៈទាំងនេះដែលខ្ញុំបាននិយាយ ក៏ដូចជាយល់ថា តើបញ្ហានីមួយៗ ការបញ្ចេញឱ្យឃើញប្រភេទនីមួយៗ និងសារជាតិនៃមនុស្សប្រភេទនីមួយៗ ព្រមទាំងការបង្ហាញចេញ និងសភាពរបស់ពួកគេគឺជាអ្វី ហើយប្រែក្លាយជាអាចយកចំណុចទាំងអស់នេះមកប្រៀបធៀបនឹងខ្លួនឯងបាន។ មានតែតាមរបៀបនេះទេ ទើបពួកគេអាចយល់ពីសេចក្ដីពិតបាន ប្រសិនបើពួកគេមិនឈានដល់ចំណុចនេះទេ នោះពួកគេមិនអាចយល់ពីវាបានឡើយ។ វាស្រដៀងគ្នានឹងពេលដែលមនុស្សចិញ្ចឹមមាន់ដែរ ប្រសិនបើគេចិញ្ចឹមមាន់មួយក្បាលអស់រយៈពេលកន្លះឆ្នាំ ហើយវានៅតែមិនទាន់ពង តើគេអាចនិយាយបានថាមាន់នេះមិនចេះពងដែរឬទេ? (ទេ)។ ប្រសិនបើម្ចាស់បានចិញ្ចឹមមាន់នេះអស់រយៈពេលបីឆ្នាំ ហើយបានឱ្យវាស៊ីគ្រាប់ធញ្ញជាតិ និងបន្លែ ប៉ុន្តែទោះបីជាវាស៊ីអ្វីក៏ដោយ ក៏វានៅតែមិនពង តើគេអាចនិយាយបានថាមាន់នេះមិនចេះពងដែរឬទេ? (មែនហើយ)។ ដូច្នេះ នៅពេលនិយាយដល់មនុស្ស មនុស្សមួយចំនួនមិនយល់ឡើយ ទោះបីជាពួកគេស្ដាប់សេចក្ដីអធិប្បាយអ្វីក៏ដោយ ហើយទោះបីជាអ្នកប្រកបគ្នាអំពីសេចក្ដីពិតទៅកាន់ពួកគេយ៉ាងណាក៏ដោយ។ នេះគឺជាមនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ។ មានមនុស្សមួយប្រភេទទៀត ជាប្រភេទដែលអាចយល់ពីអ្វីដែលពួកគេបានឮ ប៉ុន្តែមិនយកវាទៅអនុវត្ត មិនងាកត្រឡប់មកវិញ។ មនុស្សប្រភេទនេះគឺចប់ហើយ ហើយក៏ដូចគ្នានឹងមនុស្សមកពីក្រុងសូដុមដែរ គឺត្រូវវិនាសក្លាយជាកម្មវត្ថុនៃសេចក្តីហិនវិនាស។ ពួកទទឹងនឹងព្រះគ្រីស្ទ ស្ថិតក្នុងប្រភេទមនុស្សនេះឯង ពួកគេនឹងមិនងាកត្រឡប់មកវិញឡើយ ទោះបីជាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ។ តើនេះគ្រាន់តែជានិស្ស័យរឹងទទឹងមួយប៉ុណ្ណោះឬ? (ទេ)។ ពួកគេមានសារជាតិធម្មជាតិដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយប្រទូសរ៉ាយនឹងសេចក្ដីពិត ហើយសម្រាប់មនុស្សបែបនេះ វាគឺមិនអាចទៅរួចឡើយដែលពួកគេយល់ពីសេចក្តីពិត។ ពួកគេតាំងខ្លួនជាសត្រូវនឹងសេចក្ដីពិត ប្រឆាំងទាស់នឹងសេចក្ដីពិត និងព្រះជាម្ចាស់ ហើយប្រទូសរ៉ាយនឹងរឿងវិជ្ជមាន ដូច្នេះ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត ពួកគេមិនចាត់ទុកវាជាសេចក្ដីពិតទេ ប៉ុន្តែចាត់ទុកវាជាទ្រឹស្ដី ចំណេះវិជ្ជា ឬគោលលទ្ធិមួយប្រភេទទៅវិញ។ បន្ទាប់ពីពួកគេស្ដាប់ការប្រកបគ្នាហើយ ពួកគេផ្ទុកវានៅក្នុងចិត្តរបស់ពួកគេ ដើម្បីឱ្យបន្ទាប់ពីនេះ ពួកគេអាចអួតសម្ញែង និងបង្កើតបាននូវផលប្រយោជន៍ ឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈផ្ទាល់ខ្លួន។ នេះគឺជាគោលបំណងរបស់ពួកគេ។ ទោះបីជាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ហើយទោះបីជាអ្នកពិភាក្សាពីឧទាហរណ៍ណាក៏ដោយ ក៏អ្នកមិនអាចកែទម្រង់ពួកគេបានឡើយ ហើយអ្នកមិនអាចបង្វែរចេតនារបស់ពួកគេ ឬផ្លាស់ប្ដូររបៀបដែលពួកគេធ្វើរឿងរ៉ាវបានទេ។ ពួកគេគឺជាមនុស្សដែលមិនដេញតាមសេចក្ដីពិតទេ។ មនុស្សដែលមិនទទួលយក និងមិនអនុវត្តសេចក្ដីពិតបន្ទាប់ពីបានឮហើយ មិនអាចត្រូវបានផ្លាស់ប្ដូរដោយសេចក្ដីពិតឡើយ ហើយព្រះជាម្ចាស់នឹងមិនសង្គ្រោះមនុស្សបែបនេះទេ។ មនុស្សប្រភេទនេះ ជារួមអាចត្រូវបានកំណត់លក្ខណៈថាជាមនុស្សដែលប្រទូសរ៉ាយនឹងសេចក្ដីពិត ហើយនិយាយឱ្យកាន់តែច្បាស់ទៅ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សសាមញ្ញ។

មនុស្សមួយចំនួនមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយតែងតែបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយមួយចំនួន ប៉ុន្តែទន្ទឹមនឹងការបញ្ចេញឱ្យឃើញបែបនេះ ពួកគេក៏ឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯងដែរ ហើយអាចទទួលយក និងអនុវត្តសេចក្ដីពិតបាន ហើយមួយរយៈក្រោយមក គេអាចមើលឃើញការផ្លាស់ប្ដូរនៅក្នុងពួកគេ។ ពួកគេគឺជាកម្មវត្ថុដែលអាចទទួលបានសេចក្ដីសង្គ្រោះ។ មានអស់អ្នក ដែលមើលពីសំបកក្រៅ ហាក់ដូចជាអាចលះបង់រឿងរ៉ាវ លះបង់ខ្លួនឯង រងទុក្ខលំបាក និងលះបង់ ប៉ុន្តែនៅក្នុងសារជាតិធម្មជាតិរបស់ពួកគេ ពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយស្អប់វា។ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ពួកគេស្អប់ខ្ពើមវា ហើយទាស់ទទឹង។ ពួកគេងងុយដេក ហើយដេកលក់ក្នុងអំឡុងពេលជួបជុំ និងពេលស្ដាប់សេចក្ដីអធិប្បាយ។ ពួកគេយល់ថាវាគួរឱ្យធុញទ្រាន់ ហើយទោះបីជាពួកគេយល់ពីអ្វីដែលពួកគេកំពុងស្ដាប់ក៏ដោយ ក៏ពួកគេមិនយកវាទៅអនុវត្តដែរ។ មានអ្នកផ្សេងទៀតដែលមើលទៅហាក់ដូចជាស្ដាប់សេចក្ដីអធិប្បាយយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែចិត្តរបស់ពួកគេមិនស្រេកឃ្លានសេចក្ដីពិតឡើយ ហើយអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពួកគេវាយតម្លៃព្រះបន្ទូលទាំងនោះថាជាចំណេះដឹងខាងវិញ្ញាណ ឬទ្រឹស្ដីមួយប្រភេទប៉ុណ្ណោះ។ ដូច្នេះ ទោះបីជាពួកគេបានក្លាយជាអ្នកជឿអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ឬទោះបីជាពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ឬទោះបីជាពួកគេបានស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាក៏ដោយ ក៏គ្មានការផ្លាស់ប្ដូរនៅក្នុងទស្សនៈរបស់ពួកគេចំពោះការដេញតាមឋានៈ និងការឱ្យតម្លៃលើអំណាច ឬនៅក្នុងអាកប្បកិរិយារបស់ពួកគេដែលស្អប់ខ្ពើមសេចក្ដីពិត ស្អប់សេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ ពួកគេគឺជាគំរូដើមនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកលាតត្រដាងពួកគេដោយនិយាយថា៖ «អ្វីដែលអ្នកកំពុងធ្វើ គឺព្យាយាមយកឈ្នះចិត្តមនុស្ស ហើយនៅពេលដែលអ្នកលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង អ្នកកំពុងតែបំភាន់មនុស្ស និងដណ្ដើមឋានៈជាមួយព្រះជាម្ចាស់ហើយ។ ទាំងនេះគឺជាទង្វើរបស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ» តើពួកគេអាចទទួលយកការថ្កោលទោសបែបនេះបានដែរឬទេ? ច្បាស់ណាស់គឺមិនបានទេ។ តើពួកគេគិតយ៉ាងណា? «ខ្ញុំធ្វើបែបនេះគឺត្រឹមត្រូវហើយ ដូច្នេះទើបខ្ញុំធ្វើបែបនេះ។ ទោះបីជាអ្នកថ្កោលទោសខ្ញុំយ៉ាងណាក៏ដោយ ទោះបីជាអ្នកនិយាយអ្វីក៏ដោយ ហើយទោះបីជាវាហាក់ដូចជាត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងមិនបោះបង់របៀបនៃការធ្វើរឿងរ៉ាវបែបនេះ បំណងប្រាថ្នានេះ និងការដេញតាមនេះឡើយ»។ ដូច្នេះ វាត្រូវបានកំណត់ហើយថា៖ ពួកគេទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ គ្មានអ្វីដែលអ្នកនិយាយ អាចផ្លាស់ប្ដូរទស្សនៈ ចេតនា ផែនការលាក់កំបាំង មហិច្ឆតា ឬបំណងប្រាថ្នារបស់ពួកគេបានឡើយ។ នេះគឺជាសារជាតិធម្មជាតិជាគំរូដើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានឡើយ។ ទោះបីជាមនុស្សប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេយ៉ាងណាក៏ដោយ ឬទោះបីជាគេប្រើប្រាស់ភាសា ឬពាក្យពេចន៍អ្វីក៏ដោយ ទោះបីជាពេលវេលា ទីកន្លែង ឬបរិបទបែបណាក៏ដោយ ក៏គ្មានអ្វីអាចផ្លាស់ប្ដូរពួកគេបានឡើយ។ ទោះបីជាមជ្ឈដ្ឋានរបស់ពួកគេផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ទោះបីជាមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅជុំវិញពួកគេផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ហើយទោះបីជាពេលវេលាផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ឬទោះបីជាព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងភាពអច្ឆរិយធំធេងប៉ុនណាក៏ដោយ ទោះបីជាព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេច្រើនប៉ុនណាក៏ដោយ ឬសូម្បីតែព្រះជាម្ចាស់ដាក់ទោសពួកគេយ៉ាងណាក៏ដោយ ក៏របៀបដែលពួកគេមើលឃើញរឿងរ៉ាវ និងផែនការលាក់កំបាំងរបស់ពួកគេ នឹងមិនផ្លាស់ប្ដូរឡើយ ហើយមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេក្នុងការដណ្ដើមអំណាច ក៏នឹងមិនផ្លាស់ប្ដូរដែរ។ របៀបនៃការប្រព្រឹត្តខ្លួន និងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ នឹងមិនផ្លាស់ប្ដូរឡើយ ហើយអាកប្បកិរិយារបស់ពួកគេក្នុងការស្អប់សេចក្ដីពិត និងព្រះជាម្ចាស់ ក៏មិនផ្លាស់ប្ដូរដែរ។ នៅពេលដែលអ្នកដទៃចង្អុលបង្ហាញថា អ្វីដែលពួកគេកំពុងធ្វើ គឺការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយព្យាយាមបំភាន់មនុស្ស ពួកគេក៏ផ្លាស់ប្ដូររបៀបនិយាយរបស់ពួកគេ ទៅជារបៀបមួយដែលអ្នកដទៃមិនអាចរកកំហុស ឬញែកដឹងបាន។ ពួកគេប្រើប្រាស់មធ្យោបាយដែលមានល្បិចកលកាន់តែខ្លាំង ដើម្បីបន្តធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកគេ និងសម្រេចគោលបំណងរបស់ពួកគេក្នុងការគ្រប់គ្រង និងត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលត្រូវបានបង្ហាញនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាត្រូវបានបង្កើតឡើងដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេ ថាពួកគេនឹងត្រូវដាក់ទោស ថាទីបញ្ចប់របស់ពួកគេបានមកដល់ ថាពួកគេត្រូវបណ្តាសាក៏ដោយ តើនេះអាចផ្លាស់ប្ដូរសារជាតិរបស់ពួកគេបានទេ? តើវាអាចផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិតបានទេ? តើវាអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់ចង់បានឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេបានទេ? វាមិនអាចផ្លាស់ប្ដូរទេ។ ការផ្លាស់ប្ដូរមនុស្សដែលត្រូវបានពុករលួយដោយសាតាំង ទៅជាមនុស្សដែលមានភាពជាមនុស្សធម្មតា ដែលថ្វាយបង្គំព្រះជាម្ចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ វាអាចសម្រេចបាន។ ប៉ុន្តែ តើទៅរួចទេដើម្បីផ្លាស់ប្ដូរបីសាច មនុស្សដែលគ្របស្បែកមនុស្ស តែសារជាតិរបស់ពួកគេគឺបែបសាតាំង ហើយ ដែលមានប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ទៅជាមនុស្សសាមញ្ញនោះ? នោះនឹងមិនអាចទៅរួចនោះទេ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការប្រភេទនេះទេ។ មនុស្សទាំងនេះ មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមអស់អ្នកដែលជាម្ចាស់សង្គ្រោះនោះទេ។ ដូចនេះ តើព្រះជាម្ចាស់កាត់សេចក្តី លើមនុស្សបែបនេះយ៉ាងដូចម្ដេច? ពួកគេ គឺជារបស់សាតាំង។ ពួកគេមិនមែនជាកម្មវត្ថុនៃការជ្រើសរើស ឬការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនចង់សង្គ្រោះមនុស្សបែបនេះទេ។ មិនថាពួកគេ បានជឿលើព្រះជាម្ចាស់យូរប៉ុនណា មិនថាពួកគេបានឈឺចាប់ប៉ុនណា ឬមិនថាពួកគេសម្រេចបានលទ្ធផលអ្វីនោះទេ ក៏ផែនការលាក់កំបាំងរបស់ពួកគេមិនផ្លាស់ប្ដូរដែរ។ ពួកគេនឹងមិនបោះបង់ចោលមហិច្ឆតា ឬបំណងប្រាថ្នារបស់ពួកគេឡើយ តិចណាស់ដែលពួកគេនឹងបោះបង់ចំណង់ និងតណ្ហារបស់ពួកគេក្នុងការប្រកួតដណ្ដើមឋានៈ និងមនុស្សជាមួយព្រះជាម្ចាស់។ មនុស្សបែបនេះគឺ ជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។

មនុស្សមួយចំនួននិយាយថា៖ «តើពួកទទឹងនឹងព្រះគ្រីស្ទមិនប្រព្រឹត្តអំពើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែភាពវង្វេងស្មារតីមួយភ្លែតទេឬអី? ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងភាពអច្ឆរិយមួយចំនួន ឬដាក់ទោសពួកគេបន្តិចបន្តួច ដើម្បីឱ្យពួកគេអាចមើលឃើញព្រះជាម្ចាស់ តើពួកគេនឹងមិនអាចទទួលស្គាល់ និងចុះចូលនឹងព្រះជាម្ចាស់បានទេឬអី? តើពួកគេនឹងមិនអាចទទួលយក និងទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយលែងដណ្ដើមឋានៈជាមួយព្រះជាម្ចាស់ទៀតទេឬអី? តើវាមិនមែនជារឿងដែលថា ពួកគេគ្មានសេចក្ដីជំនឿ ដោយសារតែពួកគេមិនបានឃើញព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងភាពអច្ឆរិយណាមួយ ឬមិនបានឃើញរូបកាយខាងវិញ្ញាណរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបពួកគេទន់ខ្សោយខ្លាំង រួចក៏ត្រូវសាតាំងបោកបញ្ឆោតទេឬអី?» ទេ វាមិនមែនបែបនោះទេ។ មហិច្ឆតា បំណងប្រាថ្នា និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺដាច់ដោយឡែក និងខុសគ្នាទាំងស្រុងពីមនុស្សដែលត្រូវគេបោកបញ្ឆោត និងល្ងង់ខ្លៅបណ្តោះអាសន្ន ហើយមិនយល់ពីសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិបែបសាតាំងពីកំណើត ហើយពួកគេស្អប់ខ្ពើមសេចក្ដីពិត និងស្អប់សេចក្ដីពិតតាំងពីកើតមកម្ល៉េះ។ ពួកគេគឺជាពួកសាតាំងដែលមិនអាចផ្សះផ្សាជាមួយព្រះជាម្ចាស់បាន ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ហើយពួកគេគឺជាពួកសាតាំងរស់ដែលពាក់ស្បែកជាមនុស្ស។ មនុស្សបែបនេះត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ ស្របទៅតាមសារជាតិធម្មជាតិរបស់ពួកគេ ដូច្នេះ តើពួកគេអាចដើរតួនាទីអ្វី ហើយតើពួកគេអាចធ្វើរឿងអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ពួកគេបង្អាក់ រំខាន កម្ទេច និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះមិនអាចទប់ចិត្តមិនឱ្យធ្វើរឿងទាំងនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ។ ពួកគេគឺជាមនុស្សប្រភេទនេះឯង ពួកគេមានធម្មជាតិបែបសាតាំង ហើយវាប្រៀបដូចជាសត្វចចកដែលចូលទៅក្នុងហ្វូងចៀម ដោយមានបំណងចង់ត្របាក់ស៊ីសត្វចៀមអ៊ីចឹងដែរ នេះគឺជាគោលបំណងតែមួយគត់របស់ពួកគេ។ បើនិយាយពីទិដ្ឋភាពមួយទៀត តើហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សទាំងនេះលេចឡើងនៅក្នុងដំណាក់របស់ព្រះអង្គ? គឺដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចលូតលាស់ក្នុងការញែកដឹង។ តើមនុស្សអាចមើលឃើញយ៉ាងច្បាស់ដែរឬទេថា តើសាតាំងអារក្សជាអ្វី សារជាតិនៃពាក្យសម្ដី និងទង្វើរបស់វាគឺជាអ្វី និស្ស័យដែលវាបញ្ចេញឱ្យឃើញគឺជាអ្វី ឬរបៀបដែលវាបំភាន់មនុស្ស និងប្រឆាំងទាស់នឹងព្រះជាម្ចាស់នៅក្នុងលោកីយ៍នេះ យ៉ាងដូចម្ដេចនោះ? នៅពេលនិយាយដល់សាតាំងអារក្ស មនុស្សមិនអាចបញ្ជាក់ឱ្យច្បាស់ថា តើវាជាអារក្ស ឬក៏ជាសាតាំងឱ្យប្រាកដនោះទេ ពួកគេមានអារម្មណ៍ថាវាជាអរូបី និងទទេ ថាវាមិនជាក់ស្ដែងគ្រប់គ្រាន់ឡើយ។ ពួកគេសួរថា៖ «តើសាតាំងនៅឯណា?» ចម្លើយតបមកវិញថា៖ «នៅក្នុងអាកាស»។ «ចុះតើសាតាំងមានទំហំប៉ុនណាទៅ? តើវាធ្វើអព្ភូតហេតុអ្វីខ្លះឱ្យប្រាកដ? តើវាប្រឆាំងទាស់នឹងព្រះជាម្ចាស់យ៉ាងដូចម្ដេចឱ្យប្រាកដ? តើសារជាតិធម្មជាតិរបស់វាគឺជាអ្វី?» ពួកគេមានអារម្មណ៍ថា វាគឺសុទ្ធតែអរូបី ស្រពេចស្រពិល និងទទេណាស់។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការបង្ហាញ ចេញ និងការបញ្ចេញឱ្យឃើញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេអាចភ្ជាប់រឿងទាំងនេះទៅនឹងអ្វីដែលសាតាំងធ្វើ និងសារជាតិធម្មជាតិរបស់វាបាន រួចហើយវាក៏សុទ្ធតែក្លាយជាជាក់ស្ដែង ហើយលែងអរូបី ឬទទេទៀតហើយ។ នៅពេលដែលវាសុទ្ធតែក្លាយជាជាក់ស្ដែង មនុស្សអាចឮវានិយាយ ឃើញឥរិយាបថរបស់វា ហើយញែកដឹងសារជាតិធម្មជាតិរបស់វាយ៉ាងយកចិត្តទុកដាក់បាន។ តាមរបៀបនេះ តើពួកគេមិនមានអារម្មណ៍ថា សារជាតិរបស់សាតាំងអារក្សដែលព្រះជាម្ចាស់មានព្រះបន្ទូល ក្លាយជាកាន់តែជាក់ស្ដែង និងពិត ហើយពួកគេអាចភ្ជាប់វាយ៉ាងជាក់ស្ដែងទៅនឹងការបង្ហាញចេញជាក់ស្តែងទេឬអី? មនុស្សមួយចំនួនមានកម្ពស់មិនទាន់ចាស់ទុំ ហើយមិនយល់ពីសេចក្ដីពិត ហើយដោយសារតែភាពល្ងង់ខ្លៅមួយភ្លែត ពួកគេក៏ត្រូវពួកទទឹងនឹងព្រះគ្រីស្ទបោកបញ្ឆោត និងបំភាន់ ដូច្នេះហើយពួកគេក៏ចាកចេញអស់រយៈពេលប្រហែលមួយឆ្នាំ។ នៅពេលពួកគេត្រឡប់មកដំណាក់របស់ព្រះជាម្ចាស់វិញ ពួកគេដឹងថា ការដើរតាមសាតាំង គឺមិនមានអារម្មណ៍ល្អឡើយ។ នៅពេលដែលមនុស្សទាំងនេះចាប់ផ្ដើមដើរតាមពួកទទឹងនឹងព្រះគ្រីស្ទដំបូង ពួកគេមានអារម្មណ៍ថា ពួកគេមានហេតុផលគ្រប់គ្រាន់ និងមានទំនុកចិត្តយ៉ាងខ្លាំង ដោយនិយាយថា៖ «ខាងលើមិនចង់ឱ្យពួកយើងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែពួកយើងនៅតែដើរតាមពួកគេដដែល ហើយថ្ងៃណាមួយ ការពិតនឹងបញ្ជាក់ថាពួកយើងត្រឹមត្រូវ!» លទ្ធផលនៃរឿងនេះគឺថា មួយរយៈក្រោយមក ពួកគេមានអារម្មណ៍ថា ពួកគេបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេមិនអាចទទួលអារម្មណ៍នៃការបញ្ជាក់ណាមួយនៅក្នុងចិត្តរបស់ពួកគេឡើយ។ ចំពោះពួកគេ វាមានអារម្មណ៍ហាក់ដូចជាព្រះជាម្ចាស់លែងគង់នៅជាមួយពួកគេទៀតហើយ ថាជំនឿរបស់ពួកគេបានបាត់បង់អត្ថន័យ និងទិសដៅ ហើយជាបណ្តើរៗ ពួកគេក៏មានការញែកដឹងកាន់តែច្រើនឡើងៗចំពោះពួកទទឹងនឹងព្រះគ្រីស្ទ។ ពីមុន ពួកគេគិតថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាយល់ពីសេចក្ដីពិតមែន ហើយតាមរយៈការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនអាចដើរខុសផ្លូវក្នុងជំនឿរបស់ពួកគេឡើយ ប៉ុន្តែពេលនេះ ពួកគេឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមានបញ្ហាធ្ងន់ធ្ងរ ថាពួកទទឹងនឹងព្រះគ្រីស្ទនិយាយហាក់ដូចជាពួកគេយល់ពីសេចក្ដីពិត ប៉ុន្តែពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ នេះគឺជាការពិត។ ពួកគេឃើញថា ពួកគេបានដើរតាមពួកទទឹងនឹងព្រះគ្រីស្ទអស់រយៈពេលយ៉ាងយូរ ហើយមិនទទួលបានសេចក្ដីពិតអ្វីសោះ ហើយថាវាពិតជាមានគ្រោះថ្នាក់ណាស់ក្នុងការបន្តដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដូច្នេះហើយពួកគេក៏មានអារម្មណ៍ស្ដាយក្រោយ ពួកគេបដិសេធពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេក៏ប្រែជាសុខចិត្តត្រឡប់មកដំណាក់របស់ព្រះជាម្ចាស់វិញ។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់បានទទួលមនុស្សបែបនេះត្រឡប់មកវិញ មនុស្សទាំងនោះត្រូវបានសុំឱ្យរៀបរាប់ពីបទពិសោធរបស់ពួកគេ ហើយពួកគេនិយាយថា៖ «បុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ ពូកែខាងបំភាន់មនុស្សណាស់។ កាលពីពេលនោះ គេមើលទៅហាក់ដូចជាបុគ្គលដែលត្រឹមត្រូវម្នាក់ ទោះបីជាខ្ញុំគិតពីគេយ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធផលគឺថា ខ្ញុំមិនទទួលបានអ្វីសោះ មិនយល់ពីសេចក្ដីពិតអ្វីសោះ ហើយសូម្បីតែតម្រុយនៃតថភាពនៃសេចក្ដីពិត ក៏ខ្ញុំមិនមានផង បន្ទាប់ពីបានដើរតាមគេអស់រយៈពេលជាងមួយឆ្នាំមក។ ខ្ញុំបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ។ ខ្ញុំពិតជារងការខាតបង់យ៉ាងធំធេងណាស់!» បទពិសោធនៃភាពបរាជ័យនេះ ក្លាយជាការចងចាំដ៏ជ្រាលជ្រៅបំផុតរបស់ពួកគេ។ បន្ទាប់ពីពួកគេត្រឡប់មកដំណាក់របស់ព្រះជាម្ចាស់វិញ កាលណាពួកគេកាន់តែស្ដាប់សេចក្ដីអធិប្បាយ ពួកគេកាន់តែយល់ពីសេចក្ដីពិត ហើយចិត្តរបស់ពួកគេក៏កាន់តែភ្លឺស្វាង។ នៅពេលដែលពួកគេគិតត្រឡប់ទៅរកពេលវេលាដែលពួកគេបានចំណាយក្នុងការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ ហើយឃើញពីរបៀបដែលពួកគេបានរងការខាតបង់ ពួកគេក៏មានអារម្មណ៍ថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាពួកសាតាំងមែន ហើយជាមូលដ្ឋានគ្រឹះ គឺគ្មានសេចក្ដីពិតឡើយ ថាមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីពិត ហើយពួកគេមិនហ៊ានដើរតាមមនុស្សណាម្នាក់ទៀតឡើយ។ នៅពេលដល់ពេលត្រូវជ្រើសរើសអ្នកដឹកនាំម្ដងទៀត ពួកគេបោះឆ្នោតដោយប្រុងប្រយ័ត្នបំផុត ដោយគិតថា៖ «ប្រសិនបើខ្ញុំបោះឆ្នោតឱ្យបុគ្គលនេះ ឬបុគ្គលនោះ ខ្ញុំប្រហែលជាកំពុងជួយឱ្យពួកទទឹងនឹងព្រះគ្រីស្ទម្នាក់ត្រូវបានជ្រើសរើសហើយ។ ប្រសិនបើខ្ញុំមិនបោះឆ្នោតឱ្យពួកគេទេ នោះប្រហែលជាអាចរារាំង បុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់មិនឱ្យត្រូវបានជ្រើសរើស។ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន ហើយវាយតម្លៃមនុស្សស្របទៅតាមគោលការណ៍នានា»។ តើទង្វើរបស់ពួកគេពេលនេះ មិនត្រូវបានផ្អែកលើគោលការណ៍ និងស្ដង់ដាទេឬអី? (មែនហើយ ផ្អែកលើគោលការណ៍ និងស្ដង់ដា)។ នេះគឺជារឿងល្អមួយ។ មនុស្សមួយចំនួនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ហើយនិយាយថា៖ «ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះពួកយើង? តើពួកយើងត្រូវបានព្រះជាម្ចាស់ទុកមួយឡែកឬ? តើព្រះអង្គលែងខ្វល់ពីពួកយើងទៀតហើយឬ?» នៅក្នុងស្ថានភាពបែបនោះ តើអ្នកនឹងយល់ព្រមដែរឬទេ ប្រសិនបើព្រះជាម្ចាស់ប្រាប់អ្នកកុំឱ្យដើរតាមពួកទទឹងនឹងព្រះគ្រីស្ទនោះ? ទេ អ្នកនឹងមិនយល់ព្រមឡើយ។ អ្នកនឹងនៅតែទទូចដើរតាមពួកគេដដែល ហើយអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់អាចធ្វើបាន គឺមានតែអនុញ្ញាតឱ្យអ្នកធ្វើវា រួចហើយផ្ដល់មេរៀនមួយដល់អ្នក ដោយប្រើប្រាស់ការពិត។ បន្ទាប់ពីបានដើរតាមពួកទទឹងនឹងព្រះគ្រីស្ទមួយរយៈ អ្នកក៏ភ្ញាក់ខ្លួនឡើងភ្លាមៗ ហើយឃើញថា អ្នកបានរងការខាតបង់នៅក្នុងជីវិតរបស់អ្នក ហើយទាល់តែពេលនោះ ទើបអ្នកមានអារម្មណ៍ស្ដាយក្រោយ ហើយប្រែជាសុខចិត្តបដិសេធពួកទទឹងនឹងព្រះគ្រីស្ទ រួចត្រឡប់មកចំពោះព្រះជាម្ចាស់ម្ដងទៀត។ សំណាងល្អសម្រាប់អ្នក ព្រះជាម្ចាស់មានព្រះទ័យអត់ឱន និងមេត្ដាករុណា ហើយព្រះអង្គនៅតែចង់បានអ្នក។ ប្រសិនបើព្រះអង្គមិនចង់បានទេ នោះអ្នកនឹងត្រូវវិនាសទាំងស្រុង អ្នកនឹងលែងមានឱកាសទទួលបានសេចក្ដីសង្គ្រោះទៀតហើយ គឺគ្មានទីបញ្ចប់ដ៏ល្អឡើយក្នុងការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ។

អ្នកត្រូវតែមើលឃើញពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានច្បាស់ និង ចំណាំពួកគេឱ្យបានត្រឹមត្រូវ។ អ្នកត្រូវតែដឹងពីរបៀបញែកដឹងការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយក្នុងពេលជាមួយគ្នានេះ អ្នកគួរតែដឹងឱ្យបានច្បាស់ថា មានរឿងជាច្រើនដែលសារជាតិធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក មានលក្ខណៈដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ។ នេះក៏ព្រោះតែអ្នករាល់គ្នាសុទ្ធតែជាកម្មសិទ្ធិរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយភាពខុសគ្នាតែមួយគត់ គឺថាពួកទទឹងនឹងព្រះគ្រីស្ទស្ថិតនៅក្រោមការត្រួតត្រារបស់សាតាំងទាំងស្រុង ហើយពួកគេបានក្លាយជាបក្សពួករបស់សាតាំង និងនិយាយតំណាងឱ្យវា។ អ្នកក៏ជាកម្មសិទ្ធិរបស់មនុស្សជាតិដែលពុករលួយដែរ ប៉ុន្តែអ្នកអាចទទួលយកសេចក្ដីពិត និងមានសេចក្ដីសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីសារជាតិ មានរឿងជាច្រើនដែលអ្នកមានលក្ខណៈដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទ ហើយមធ្យោបាយ និងផែនការលាក់កំបាំងរបស់អ្នក គឺដូចគ្នា។ គ្រាន់តែថា នៅពេលដែលអ្នកបានឮសេចក្ដីពិត និងបានស្ដាប់សេចក្ដីអធិប្បាយ អ្នកអាចកែប្រែផ្លូវបាន ហើយការដែលអាចកែប្រែផ្លូវ បាននេះ បញ្ជាក់ថាអ្នកមានសេចក្ដីសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះ ពោលនេះគឺជាភាពខុសគ្នារវាងអ្នក និងពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុដូច្នេះហើយ នៅពេលដែលខ្ញុំកំពុងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ អ្នកក៏គួរតែធ្វើការប្រៀបធៀប និងទទួលស្គាល់ថា តើអ្នក និងពួកទទឹងនឹងព្រះគ្រីស្ទមានរឿងអ្វីខ្លះដូចគ្នា ហើយតើការបង្ហាញចេញ និស្ស័យ និងទិដ្ឋភាពនៃសារជាតិណាខ្លះ ដែលអ្នកមានដូចពួកគេដែរ។ តាមរយៈការធ្វើបែបនេះ តើអ្នកនឹងមិនអាចស្គាល់ខ្លួនឯងបានកាន់តែច្បាស់ទេឬអី? ប្រសិនបើអ្នកតែងតែមានអារម្មណ៍ទាស់ទទឹង ដោយជឿថាអ្នកមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ មានអារម្មណ៍ថាមានសេចក្តីស្អប់យ៉ាងខ្លាំងចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនសុខចិត្តធ្វើការប្រៀបធៀបនេះ ឬឆ្លុះបញ្ចាំងពីខ្លួនឯង និងយល់ពីផ្លូវដែលអ្នកកំពុងដើរតាមទេ នោះតើនឹងមានផលវិបាកបែបណាទៅ? ដោយមាននិស្ស័យបែបសាតាំង អ្នកមានលទ្ធភាពខ្ពស់ណាស់ក្នុងការក្លាយជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ នេះក៏ព្រោះតែគ្មានបុគ្គលទទឹងនឹងព្រះគ្រីស្ទណាម្នាក់ តាំងចិត្តចង់ក្លាយជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ រួចហើយក៏ក្លាយជាបុគ្គលនោះឡើយ គឺដោយសារតែពួកគេមិនដេញតាមសេចក្ដីពិត ហើយជាលទ្ធផល ចុងក្រោយពួកគេក៏ដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ តើអស់អ្នកនៅក្នុងពិភពសាសនាដែលមិនស្រឡាញ់សេចក្ដីពិត មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? មនុស្សគ្រប់រូបដែលមិនឆ្លុះបញ្ចាំង និងមិនយល់ពីសារជាតិធម្មជាតិផ្ទាល់ខ្លួនរបស់ពួកគេ ហើយដែលជឿលើព្រះជាម្ចាស់ស្របទៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ សុទ្ធតែជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលអ្នកបានឈានជើងចូលក្នុងផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលអ្នកទទួលបានឋានៈ រួមផ្សំនឹងការពិតដែលថាអ្នកមានអំណោយទាន និងការរៀនសូត្រខ្លះៗ ហើយមនុស្សគ្រប់គ្នាកោតសរសើរអ្នក នោះកាលណាពេលវេលាដែលអ្នកចំណាយក្នុងការធ្វើការងារកាន់តែយូរ អ្នកនឹងមានកន្លែងមួយនៅក្នុងចិត្តរបស់មនុស្ស។ កាលណាកិច្ចការដែលអ្នកទទួលខុសត្រូវមានទំហំកាន់តែធំ អ្នកនឹងដឹកនាំមនុស្សកាន់តែច្រើនឡើងៗ អ្នកទទួលបានដើមទុនកាន់តែច្រើនឡើងៗ រួចហើយអ្នកនឹងក្លាយជាប៉ុលយ៉ាងពិតប្រាកដ។ តើអ្វីៗទាំងអស់នេះអាស្រ័យលើអ្នកឬ? អ្នកមិនមានផែនការដើរតាមផ្លូវនេះទេ ប៉ុន្តែហេតុអ្វីបានជាអ្នកឈានជើងចូលក្នុងផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួនទៅវិញ? មូលហេតុដ៏សំខាន់មួយសម្រាប់រឿងនេះ គឺថាប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិតទេ អ្នកច្បាស់ជានឹងដេញតាមឋានៈ និងកិត្យានុភាព អ្នកនឹងធ្វើរឿងផ្ទាល់ខ្លួនរបស់អ្នក រហូតដល់ទីបំផុត ដោយមិនដឹងខ្លួន អ្នកនឹងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើមនុស្សដែលកំពុងដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ មិនកែប្រែផ្លូវទាន់ពេលវេលាទេ នោះនៅពេលដែលពួកគេទទួលបានឋានៈ ពួកគេនឹងអាចទៅរួចច្រើនដែលក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ លទ្ធផលនេះគឺជៀសមិនរួចឡើយ។ ប្រសិនបើពួកគេមិនអាចមើលឃើញបញ្ហានេះឱ្យបានច្បាស់ទេ នោះពួកគេស្ថិតក្នុងគ្រោះថ្នាក់ហើយ ពីព្រោះមនុស្សគ្រប់រូបមាននិស្ស័យពុករលួយ ហើយមនុស្សគ្រប់រូបស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈ។ ប្រសិនបើពួកគេមិនស្រឡាញ់សេចក្ដីពិតទេ នោះពួកគេងាយនឹងដួលរលំដោយសារតែកេរ្តិ៍ឈ្មោះ និងឋានៈណាស់។ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ មនុស្សគ្រប់រូបនឹងដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយដួលរលំដោយសារតែកេរ្តិ៍ឈ្មោះ និងឋានៈ ហើយនេះជារឿងដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ អ្នកនិយាយថា៖ «ខ្ញុំគ្រាន់តែមានការបញ្ចេញឱ្យឃើញទាំងនេះម្ដងម្កាលប៉ុណ្ណោះ ពួកវាគ្រាន់តែជាការបង្ហាញចេញបណ្ដោះអាសន្នទេ។ ទោះបីជាខ្ញុំមានសារជាតិដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ខ្ញុំនៅតែខុសពីពួកទទឹងនឹងព្រះគ្រីស្ទដែរ ពីព្រោះខ្ញុំមិនមានមហិច្ឆតាធំដុំដូចពួកគេឡើយ។ ម្យ៉ាងទៀត ក្នុងពេលដែលខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯងជានិច្ច ដោយមានអារម្មណ៍ស្ដាយក្រោយ និងស្វែងរកសេចក្ដីពិត ហើយខ្ញុំប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត។ បើមើលតាមឥរិយាបថរបស់ខ្ញុំ ខ្ញុំមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទទេ ហើយខ្ញុំក៏មិនចង់ក្លាយជាបុគ្គលនោះដែរ ដូច្នេះ ខ្ញុំមិនអាចក្លាយជាបុគ្គលទទឹងនឹងព្រះគ្រីស្ទបានឡើយ»។ ពេលនេះ អ្នកប្រហែលជាមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែតើអ្នកអាចធានាបានទេថា អ្នកនឹងមិនដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយក្លាយជាបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះ? តើអ្នកអាចធ្វើការធានាបែបនេះបានទេ? ទេ អ្នកមិនអាចទេ។ ដូច្នេះ តើអ្នកអាចធ្វើការធានាបែបនេះបានយ៉ាងដូចម្តេច? វិធីតែមួយគត់ដើម្បីធ្វើរឿងនេះ គឺត្រូវដេញតាមសេចក្ដីពិត។ ចុះតើអ្នកគួរដេញតាមសេចក្ដីពិតយ៉ាងដូចម្តេច? តើអ្នកមានវិធីដើម្បីធ្វើរឿងនេះដែរឬទេ? ដំបូង អ្នកត្រូវតែទទួលស្គាល់ការពិតដែលថា អ្នកមានសារជាតិនិស្ស័យដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាពេលនេះអ្នកមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទក៏ដោយ សម្រាប់អ្នក តើអ្វីជារឿងដែលនាំឱ្យវិនាស និងគ្រោះថ្នាក់បំផុត?វាគឺការដែលអ្នកមានសារជាតិធម្មជាតិដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះជារឿងល្អសម្រាប់អ្នកដែរឬទេ? (ទេ)។ ច្បាស់ណាស់គឺមិនល្អទេ។ នេះគឺជារឿងដែលនាំឱ្យវិនាសសម្រាប់អ្នក។ ហេតុដូច្នេះហើយ ក្នុងពេលដែលអ្នកកំពុងស្ដាប់សេចក្ដីអធិប្បាយទាំងនេះ ដែលលាតត្រដាងពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ កុំគិតថារឿងទាំងនេះមិនពាក់ព័ន្ធនឹងអ្នកឱ្យសោះ នេះគឺជាអាកប្បកិរិយាខុសឆ្គង។ ដូច្នេះ តើអ្នកគួរមានអាកប្បកិរិយាបែបណា ដើម្បីទទួលយកការពិត និងការបង្ហាញចេញទាំងនេះ? ចូរប្រៀបធៀបខ្លួនអ្នកទៅនឹងពួកគេ ទទួលស្គាល់ថាអ្នកមានសារជាតិធម្មជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ រួចហើយពិនិត្យពិច័យខ្លួនឯង ដើម្បីស្វែងយល់ថា តើការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញណាខ្លះរបស់អ្នក ដែលដូចគ្នាបេះបិទទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទ។ ដំបូង ត្រូវទទួលស្គាល់ការពិតនេះ ពោលគឺ កុំព្យាយាមលាក់បំបាំងខ្លួនឯង ឬបិទបាំងខ្លួនឯងឱ្យសោះ។ ផ្លូវដែលអ្នកដើរ គឺជាផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ដូច្នេះ ការនិយាយថាអ្នកគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ គឺស្របទៅតាមការពិតហើយ គ្រាន់តែដំណាក់របស់ព្រះជាម្ចាស់មិនទាន់កំណត់លក្ខណៈអ្នកបែបនេះនៅឡើយ ហើយកំពុងផ្ដល់ឱកាសឱ្យអ្នកប្រែចិត្ត គឺមានតែប៉ុណ្ណឹងឯង។ តើអ្នកយល់ទេ? ដំបូង ត្រូវទទួលយក និងទទួលស្គាល់ការពិតនេះ រួចហើយអ្វីដែលអ្នកត្រូវធ្វើ គឺមកចំពោះព្រះជាម្ចាស់ ហើយទូលសូមឱ្យព្រះអង្គប្រៀនប្រដៅអ្នក និងទប់ស្កាត់អ្នក។ ចូរកុំចាកចេញពីពន្លឺនៃវត្តមានរបស់ព្រះជាម្ចាស់ ឬចាកចេញពីការការពាររបស់ព្រះអង្គឱ្យសោះ ហើយតាមរបៀបនេះ អ្នកនឹងត្រូវបានទប់ស្កាត់ដោយមនសិការ និងវិចារណញ្ញាណរបស់អ្នក នៅពេលដែលអ្នកធ្វើរឿងរ៉ាវ ហើយអ្នកក៏នឹងមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបំភ្លឺអ្នក ដឹកនាំអ្នក និងទប់ស្កាត់អ្នកផងដែរ។ លើសពីនេះ អ្នកនឹងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីណែនាំអ្នក ដើម្បីរៀបចំមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅជុំវិញអ្នក ឱ្យធ្វើជាការដាស់តឿនសម្រាប់អ្នក និងដើម្បីប្រៀនប្រដៅអ្នក។ តើព្រះជាម្ចាស់ដាស់តឿនអ្នកយ៉ាងដូចម្តេច? ព្រះជាម្ចាស់ធ្វើការតាមវិធីជាច្រើន។ ជួនកាល ព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងច្បាស់នៅក្នុងចិត្តរបស់អ្នក ដោយអនុញ្ញាតឱ្យអ្នកដឹងយ៉ាងច្បាស់ថា អ្នកចាំបាច់ត្រូវតែត្រូវបានទប់ស្កាត់ ថាអ្នកមិនអាចធ្វើតាមអំពើចិត្តបានឡើយ ថាប្រសិនបើអ្នកធ្វើខុស នោះអ្នកនឹងនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ និងធ្វើឱ្យខ្លួនឯងល្ងីល្ងើ ដូច្នេះហើយ អ្នកក៏ទប់ចិត្តខ្លួនឯង។ តើនេះមិនមែនជាការដែលព្រះជាម្ចាស់ការពារអ្នកទេឬអី? នេះគឺជាវិធីមួយ។ ជួនកាល ព្រះជាម្ចាស់នឹងបន្ទោសអ្នកនៅខាងក្នុងខ្លួនអ្នក ហើយបង្ហាញព្រះបន្ទូលយ៉ាងច្បាស់ដល់អ្នក ដើម្បីប្រាប់អ្នកថា ការធ្វើបែបនោះគឺជារឿងគួរឱ្យអាម៉ាស់ ថាព្រះអង្គស្អប់ខ្ពើមវា ថាវាជារឿងដែលត្រូវបណ្ដាសា ពោលគឺ ព្រះអង្គប្រើព្រះបន្ទូលយ៉ាងច្បាស់លាស់ដើម្បីបន្ទោសអ្នក ដើម្បីឱ្យអ្នកយកវាមកប្រៀបធៀបនឹងខ្លួនឯង។ តើព្រះជាម្ចាស់មានគោលបំណងអ្វី ក្នុងការបន្ទោសអ្នកតាមរបៀបនេះ? ព្រះអង្គធ្វើបែបនេះ ដើម្បីធ្វើឱ្យមនសិការរបស់អ្នកមានអារម្មណ៍ដឹងអ្វីមួយ ហើយនៅពេលដែលអ្នកមានអារម្មណ៍ដឹងអ្វីមួយ អ្នកនឹងពិចារណាពីផលប៉ះពាល់ ផលវិបាក និងអារម្មណ៍នៃភាពអាម៉ាស់ផ្ទាល់ខ្លួនរបស់អ្នក រួចហើយអ្នកនឹងចេះទប់ចិត្តខ្លះៗនៅក្នុងទង្វើ និងការអនុវត្តរបស់អ្នក។ នៅពេលដែលអ្នកមានបទពិសោធបែបនេះជាច្រើនដង អ្នកនឹងឃើញថា ទោះបីជានិស្ស័យពុករលួយទាំងនេះចាក់ឫសនៅខាងក្នុងមនុស្សក៏ដោយ ក៏នៅពេលដែលមនុស្សប្រែក្លាយជាអាចទទួលយកសេចក្ដីពិត និងមើលឃើញយ៉ាងច្បាស់ពីការពិតនៃនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេអាចតាំងចិត្តបះបោរប្រឆាំងនឹងសាច់ឈាមរបស់ពួកគេ បាន។ នៅពេលដែលមនុស្សប្រែក្លាយជាអាចយកសេចក្ដីពិតទៅអនុវត្ត និស្ស័យបែបសាតាំងរបស់ពួកគេ ត្រូវបានជម្រះចេញ និងផ្លាស់ប្ដូរ។ និស្ស័យបែបសាតាំងរបស់មនុស្ស មិនមែនជារឿងដែលមិនអាចបំផ្លាញបាន ឬមិនអាចផ្លាស់ប្ដូរបានឡើយ នៅពេលដែលអ្នកអាចទទួលយកសេចក្ដីពិត និងយកសេចក្ដីពិតទៅអនុវត្ត និស្ស័យបែបសាតាំងរបស់អ្នក នឹងត្រូវបំបែក និងជំនួសដោយឯកឯង។ នៅពេលដែលអ្នកភ្លក់ដឹងថា ការយកសេចក្ដីពិតទៅអនុវត្តមានរសជាតិផ្អែមយ៉ាងណានោះ អ្នកនឹងគិតថា៖ «ពីមុន ខ្ញុំពិតជាគ្មានភាពអៀនខ្មាសសោះ។ ទោះបីជាពាក្យសម្ដីរបស់ខ្ញុំឥតអៀនខ្មាសយ៉ាងណាក៏ដោយ ឬទោះបីជាខ្ញុំលើកតម្កើងខ្លួនឯងដើម្បីឱ្យអ្នកដទៃថ្វាយបង្គំខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍ខ្មាសអៀន និងមិនមានការដឹងខ្លួនអ្វីសោះនៅពេលក្រោយមក។ ពេលនេះ ខ្ញុំមានអារម្មណ៍ថា ការធ្វើបែបនោះគឺខុស ហើយខ្ញុំបាត់បង់មុខមាត់ ហើយខ្ញុំមានអារម្មណ៍ហាក់ដូចជាមានភ្នែកជាច្រើនកំពុងសម្លឹងមកខ្ញុំ»។ នេះគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះអង្គផ្ដល់អារម្មណ៍មួយដល់អ្នក ហើយអ្នកនឹងមានអារម្មណ៍ហាក់ដូចជាអ្នកកំពុងបន្ទោសខ្លួនឯង រួចហើយអ្នកនឹងមិនប្រព្រឹត្តអំពើអាក្រក់ ឬប្រកាន់ខ្ជាប់នូវផ្លូវផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយមិនដឹងខ្លួន របៀបនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងរបស់អ្នក កាន់តែតិចទៅៗ អ្នកកាន់តែចេះទប់ចិត្តខ្លួនឯង ហើយអ្នកកាន់តែមានអារម្មណ៍ថា តាមរយៈការធ្វើបែបនេះ ចិត្តរបស់អ្នកបានស្ងប់ ហើយមនសិការរបស់អ្នកមានសេចក្ដីសុខសាន្ត នេះគឺជាការរស់នៅក្នុងពន្លឺ ហើយលែងមានភាពចាំបាច់ណាមួយដែលត្រូវស្ថិតក្នុងភាពអន្ទះអន្ទែង ឬប្រើប្រាស់សេចក្ដីភូតភរ ឬពាក្យសម្ដីពីរោះៗដើម្បីបិទបាំងខ្លួនឯងទៀតហើយ។ កាលពីអតីតកាល អ្នកបានកុហក ហើយបន្តការកុហកជារៀងរាល់ថ្ងៃ ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់អ្នក។ រាល់ពេលដែលអ្នកនិយាយកុហក អ្នកត្រូវតែបន្តការកុហកនោះ ដោយខ្លាចក្រែងថាអ្នកអាចនឹងធ្វើឱ្យបែកការណ៍។ លទ្ធផលនៃរឿងនេះគឺថា អ្នកនិយាយកុហកកាន់តែច្រើនឡើងៗ ហើយក្រោយមក ត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងប្រឹងប្រើខួរក្បាលរបស់អ្នក ដើម្បីបន្តការកុហករបស់អ្នក អ្នកកំពុងរស់នៅក្នុងជីវិតមួយដែលមិនដូចជាមនុស្ស ហើយក៏មិនដូចជាអារក្សដែរ ហើយពិតជាហត់នឿយខ្លាំងណាស់! ពេលនេះ អ្នកកំពុងស្វែងរកការធ្វើជាមនុស្សស្មោះត្រង់ ហើយអ្នកអាចបើកចិត្តរបស់អ្នក និងនិយាយរឿងដែលពិតបាន។ អ្នកមិនចាំបាច់និយាយកុហក និងបន្តការកុហករបស់អ្នកជារៀងរាល់ថ្ងៃឡើយ អ្នកលែងត្រូវបានសេចក្ដីភូតភរដាក់កំហិតទៀតហើយ អ្នករងទុក្ខកាន់តែតិច អ្នករស់នៅក្នុងជីវិតមួយដែលកាន់តែមានភាពធូរស្រាល សេរី និងទទួលបានការរំដោះ នៅក្នុងជម្រៅចិត្តរបស់អ្នក អ្នករីករាយនឹងអារម្មណ៍នៃសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ពោលគឺអ្នកកំពុងភ្លក់រសជាតិផ្អែមនៃជីវិតនេះហើយ។ ហើយក្នុងពេលដែលអ្នកកំពុងភ្លក់រសជាតិផ្អែមនៃជីវិតនេះ ពិភពខាងក្នុងរបស់អ្នក លែងមានភាពបោកបញ្ឆោត ទុច្ចរិត ឬក្លែងក្លាយទៀតហើយ។ ផ្ទុយទៅវិញ ពេលនេះអ្នកសុខចិត្តមកចំពោះព្រះជាម្ចាស់ អ្នកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតនៅពេលដែលអ្នកមានបញ្ហា អ្នកអាចពិភាក្សាវាជាមួយអ្នកដទៃនៅពេលដែលអ្នកមានបញ្ហា ហើយអ្នកលែងធ្វើសកម្មភាពតែឯកឯង ឬតាមអំពើចិត្តទៀតហើយ។ អ្នកកាន់តែមានអារម្មណ៍ថា របៀបដែលអ្នកធ្លាប់ធ្វើរឿងរ៉ាវ គឺគួរឱ្យស្អប់ខ្ពើម ហើយអ្នកមិនចង់ធ្វើរឿងបែបនោះទៀតឡើយ។ ផ្ទុយទៅវិញ អ្នកធ្វើសកម្មភាពតាមរបៀបណាក៏ដោយដែលស្របតាមសេចក្ដីពិត ស្របតាមវិចារណញ្ញាណ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបដែលអ្នកធ្វើសកម្មភាពបានផ្លាស់ប្ដូរហើយ។ នៅពេលដែលអ្នកអាចសម្រេចបានរឿងទាំងនេះ តើវាមិនមានន័យថា អ្នកបានចាកចេញពីផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? ហើយនៅពេលដែលអ្នកបានចាកចេញពីផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ តើវាមិនមានន័យថា អ្នកបានឈានជើងចូលក្នុងផ្លូវនៃសេចក្ដីសង្គ្រោះទេឬអី? នៅពេលដែលអ្នកបានឈានជើងចូលក្នុងផ្លូវនៃសេចក្ដីសង្គ្រោះ ហើយជារឿយៗមកចំពោះព្រះជាម្ចាស់ អាកប្បកិរិយា ចេតនា ទស្សនៈ គោលដៅជីវិត និងទិសដៅក្នុងជីវិតរបស់អ្នក លែងប្រឆាំងនឹងព្រះជាម្ចាស់ទៀតហើយ អ្នកចាប់ផ្ដើមស្រឡាញ់របស់ វិជ្ជមាន ហើយអ្នកចាប់ផ្ដើមស្រឡាញ់ភាពយុត្តិធម៌ សេចក្ដីសុចរិត និងសេចក្ដីពិត។ នៅពេលដែលរឿងនេះកើតឡើង ជម្រៅចិត្ត និងគំនិតរបស់អ្នក បានចាប់ផ្ដើមផ្លាស់ប្ដូរហើយ។ នៅពេលដែលអ្នកបានឈានជើងចូលក្នុងផ្លូវនៃសេចក្ដីសង្គ្រោះ តើអ្នកនៅតែអាចក្លាយជាបុគ្គលទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកនៅតែអាចទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនាបានដែរឬទេ? ទេ អ្នកមិនអាចទេ ហើយពេលនេះអ្នកផុតពីគ្រោះថ្នាក់ហើយ។ មានតែតាមរយៈការចូលទៅក្នុងសភាពនេះប៉ុណ្ណោះ ទើបមនុស្សនឹងស្ថិតនៅលើគន្លងត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ ហើយមានតែតាមរយៈការស្វែងរក និងទទួលយកសេចក្ដីពិតតាមរបៀបនេះប៉ុណ្ណោះ ទើបពួកគេអាចបោះបង់បញ្ហា ការត្រួតត្រា និងការរំខានដែលត្រូវបានបង្កឡើងដោយធម្មជាតិបែបសាតាំង និងធម្មជាតិជាពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេបាន។ តើពេលនេះអ្នកបានឈានជើងចូលក្នុងផ្លូវត្រូវក្នុងជីវិតនៃការដេញតាមសេចក្ដីពិតហើយឬនៅ? ប្រសិនបើនៅទេ ចូរប្រញាប់ប្រញាល់ និងខិតខំប្រឹងប្រែងឱ្យខ្លាំងដើម្បីចូលទៅក្នុងផ្លូវនោះ។ ប្រសិនបើអ្នកមិនអាចចូលទៅក្នុងផ្លូវក្នុងការដេញតាមសេចក្ដីពិតទេ អ្នកនឹងនៅតែរស់នៅក្នុងគ្រោះថ្នាក់ដដែល អស់អ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺស្ថិតក្នុងគ្រោះថ្នាក់នៃការត្រូវបានជម្រុះចោលនៅពេលណាមួយជាមិនខាន។

មនុស្សភាគច្រើន ក្នុងពេលដែលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន ពួកគេកំពុងតយុទ្ធប្រឆាំងនឹងនិស្ស័យទទឹងនឹងព្រះគ្រីស្ទរបស់ខ្លួនផ្ទាល់ ដោយហត់នឿយនឹងការតស៊ូដណ្ដើមកេរ្តិ៍ឈ្មោះ ឋានៈ លុយកាក់ និងផលប្រយោជន៍ ហើយនឿយហត់ទាំងផ្លូវចិត្ត និងផ្លូវកាយ។ ដូច្នេះ តើពេលណាទើបបញ្ហានេះអាចត្រូវបានដោះស្រាយបាន? មានតែតាមរយៈការដេញតាមសេចក្ដីពិត និងការអាចទទួលយកសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចបោះបង់ចោលបន្តិចម្ដងៗនូវការរឹតត្បិត និងចំណងនៃសារជាតិធម្មជាតិទទឹងនឹងព្រះគ្រីស្ទរបស់អ្នក ហើយធ្វើឱ្យនិស្ស័យបែបសាតាំងរបស់អ្នកចុះខ្សោយបន្តិចម្ដងៗ និងរលាយបាត់ ហើយតាមរយៈការធ្វើបែបនេះ អ្នកនឹងមានសេចក្ដីសង្ឃឹមក្នុងការរំដោះខ្លួនអ្នកចេញពីអំណាចរបស់សាតាំង។ តើអ្នករាល់គ្នាធ្លាប់យំស្ងាត់ៗដោយសារតែរឿងទាំងនេះ ដោយមានអារម្មណ៍ថា ខ្លួនមិនអាចផ្លាស់ប្ដូរ មិនអាចស្រឡាញ់សេចក្ដីពិត និងមិនអាចដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍សេចក្ដីពិត ហើយស្អប់ខ្លួនឯងខ្លាំងរហូតដល់ទះកំផ្លៀងខ្លួនឯង និងសម្រក់ទឹកភ្នែកយ៉ាងជូរចត់ដែរឬទេ? តើអ្នកធ្លាប់ធ្វើបែបនេះច្រើនដងដែរឬទេ? ប្រសិនបើនរណាម្នាក់មិនសូវបានធ្វើបែបនេះទេ តើវាមិនធ្វើឱ្យពួកគេស្ពឹកស្រពន់ទេឬអី? មនុស្សបែបនេះមិនអាចដឹងខ្លួនថា ពួកគេពុករលួយឡើយ ហើយនៅតែជឿថា ពួកគេធ្វើការបានល្អ មានគុណសម្បត្តិ និងទេពកោសល្យ ថាពួកគេយល់ពីសេចក្ដីពិតជាច្រើន ហើយថាពួកគេអាចដោះស្រាយរឿងរ៉ាវជាច្រើនស្របតាមគោលការណ៍ ដោយមានអារម្មណ៍ជឿជាក់យ៉ាងខ្លាំង។ មនុស្សបែបនេះគឺស្ពឹកស្រពន់ ពួកគេគិតថាខ្លួនអស្ចារ្យ ហើយនេះគឺជាគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់ពួកគេ! ពេលនេះ តើអ្នករាល់គ្នាពិតជាអាចដឹងខ្លួនទេថា កម្ពស់របស់អ្នកនៅតូចទាបពេក ថាអ្នកនៅឆ្ងាយពីការបោះបង់ចោលនិស្ស័យពុករលួយ ហើយថាអ្នកនៅតែស្ថិតក្នុងតំបន់គ្រោះថ្នាក់នៅឡើយ? មនុស្សដែលមិនដេញតាមសេចក្ដីពិត មិនមានការដឹងខ្លួនបែបនេះទេ ហើយមនុស្សដែលគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមានការដឹងខ្លួនបែបនេះដែរ។ មនុស្សភាគច្រើនស្ថិតក្នុងភាពស្រពិចស្រពិល និងវង្វេងវង្វាន់ ដោយគិតថា ដរាបណាពួកគេបំពេញភារកិច្ចតាមលំដាប់លំដោយ និងមិនធ្វើអំពើអាក្រក់ នោះពួកគេមិនកំពុងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយថាដរាបណាពួកគេមិនប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ នោះពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេ។ ដោយសារតែរឿងនេះ ពេលវេលាភាគច្រើន ពួកគេស្ថិតក្នុងសភាពស្ពឹកស្រពន់ ដោយជារឿយៗមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯង ដោយគិតថាពួកគេអស្ចារ្យ ហើយថាពួកគេនឹងទទួលបានសេចក្ដីសង្រ្គោះក្នុងពេលឆាប់ៗនេះ ហើយថាផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គ្មានពាក់ព័ន្ធអ្វីនឹងពួកគេឡើយ។ ការអធិដ្ឋានប្រចាំថ្ងៃរបស់អ្នករាល់គ្នា អាចត្រូវបានប្រើដើម្បីវាស់ស្ទង់ថាតើអ្នកស្ថិតក្នុងសភាពនេះឬក៏អត់។ តើអ្នករាល់គ្នាអធិដ្ឋានអ្វីខ្លះ នៅពេលមកចំពោះព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ? ប្រសិនបើជារៀងរាល់ថ្ងៃ អ្នកនិយាយថា៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំស្រឡាញ់ព្រះអង្គ! ឱព្រះជាម្ចាស់អើយ ខ្ញុំសុខចិត្តចុះចូលនឹងព្រះអង្គ! ឱព្រះជាម្ចាស់អើយ ខ្ញុំសុខចិត្តបំពេញការផ្ទុកផ្តាក់ដែលព្រះអង្គបានប្រទានមកខ្ញុំ! ខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំដោយស្មោះត្រង់ ហើយខ្ញុំមានការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យព្រះអង្គពេញព្រះហឫទ័យ និងត្រូវបានព្រះអង្គប្រោសឱ្យគ្រប់លក្ខណ៍។ ទោះបីជាខ្ញុំមានការបង្ហាញចេញជាពួកទទឹងនឹងព្រះគ្រីស្ទបែបណាក៏ដោយ ឬទោះបីជាខ្ញុំស្គាល់ខ្លួនឯងបានតិចតួចប៉ុនណាក៏ដោយ ក៏ព្រះអង្គនៅតែស្រឡាញ់ខ្ញុំ និងសព្វព្រះហឫទ័យចង់សង្គ្រោះខ្ញុំដែរ» ដូច្នេះ តើនេះជាការបង្ហាញចេញបែបណា? នេះគឺជាភាពស្ពឹកស្រពន់ អ្នកគ្រាន់តែបង្ហាញពីការប្ដេជ្ញាចិត្តប៉ុណ្ណោះ ហើយមិនមានការយល់ដឹងអំពីសារជាតិធម្មជាតិផ្ទាល់ខ្លួនរបស់អ្នកទាល់តែសោះ។ អ្នកស្ថិតក្នុងដំណាក់កាលដែលមានចិត្តក្លៀវក្លានៅឡើយ ហើយអ្នកនៅឆ្ងាយណាស់ពីការមានតថភាពនៃសេចក្ដីពិត។ តើត្រូវចំណាយពេលប៉ុន្មាន ទើបអ្នករាល់គ្នាអាចអធិដ្ឋានពិតប្រាកដម្ដង ដើម្បីទូលប្រាប់ពីអ្វីដែលមាននៅក្នុងចិត្តទៅកាន់ព្រះជាម្ចាស់ ទូលប្រាប់ព្រះអង្គពីស្ថានភាពជាក់ស្ដែងរបស់អ្នក និងមានអារម្មណ៍សុខសាន្ត ព្រមទាំងអំណរនៅក្នុងចិត្ត ហើយមានអារម្មណ៍ថា ខ្លួនពិតជារស់នៅចំពោះព្រះជាម្ចាស់មែននោះ? ចូរប្រាប់ខ្ញុំមកមើល៍ តើត្រូវចំណាយពេលប៉ុន្មាន ទើបអ្នកអាចធ្វើបែបនេះបានម្ដង? មួយខែ ពីរខែ ប្រាំមួយខែ ឬមួយឆ្នាំ? ប្រសិនបើអ្នកមិនធ្លាប់អធិដ្ឋានពិតប្រាកដសូម្បីតែម្ដង ហើយនៅតែអធិដ្ឋានដូចដែលមនុស្សនៅក្នុងពិភពសាសនាធ្វើ ដោយតែងតែនិយាយថាអ្នកស្រឡាញ់ព្រះជាម្ចាស់ តែងតែសម្តែងចេញនូវពីការប្ដេជ្ញាចិត្ត តែងតែនិយាយពាក្យដដែលៗ នោះអ្នករាល់គ្នាគឺខ្វះខាតខ្លាំងណាស់ ហើយគ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ។ ជាធម្មតា មនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលបី ឬប្រាំឆ្នាំ មិននិយាយពាក្យសម្ដីក្មេងខ្ចី និងអវិជ្ជាបែបនេះទេ នៅពេលដែលពួកគេមកចំពោះព្រះជាម្ចាស់ ពីព្រោះពួកគេប្រាកដថា ពួកគេនឹងដើរតាមព្រះជាម្ចាស់ ហើយពួកគេក៏មានសេចក្ដីជំនឿដែរ ហើយពួកគេយល់យ៉ាងច្បាស់រួចទៅហើយនូវសេចក្ដីពិតនៃនិមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើភាគច្រើនពួកគេអធិដ្ឋានអំពីអ្វី នៅពេលមកចំពោះព្រះជាម្ចាស់? រឿងមួយគឺដើម្បីស្គាល់ខ្លួនឯង ហើយរឿងមួយទៀតគឺដើម្បីនិយាយពាក្យពិតមួយចំនួនថា៖ ឱព្រះជាម្ចាស់អើយ ថ្ងៃនេះខ្ញុំមានការលំបាកខ្លះ ខ្ញុំបានធ្វើរឿងមួយដែលធ្វើឱ្យខ្ញុំជំពាក់ព្រះអង្គ ខ្ញុំមានភាពខ្វះខាតក្នុងរឿងខ្លះ ហើយខ្ញុំសូមឱ្យព្រះអង្គការពារខ្ញុំ ព្រមទាំងដឹកនាំ បំភ្លឺ និងស្រាយបំភ្លឺដល់ខ្ញុំ។ បុគ្គលនេះចាប់ផ្ដើមនិយាយរឿងពិតប្រាកដមួយចំនួនដែលទាក់ទងនឹងតថភាពនៃសេចក្ដីពិត ហើយគេលែងនិយាយពីការសម្តែងចេញនូវការប្ដេជ្ញាចិត្ត និងពាក្យស្លោកទាំងនោះ ដែលមនុស្សមានចិត្តក្លៀវក្លាទាំងនោះដែលទើបតែចាប់ផ្ដើមជឿតែងតែនិយាយនោះទៀតហើយ។ ហេតុអ្វីបានជាពួកគេមិននិយាយរឿងទាំងនេះ? ពួកគេមានអារម្មណ៍ថា គ្មានប្រយោជន៍អ្វីក្នុងការនិយាយរឿងបែបនេះទេ ថារឿងបែបនេះមិនអាចបំពេញតម្រូវការខាងក្នុងរបស់ពួកគេសម្រាប់សេចក្ដីពិត ឬតម្រូវការសម្រាប់ការចូលទៅក្នុងជីវិតឡើយ។ មិនថាអ្នកបានជឿអស់រយៈពេលប៉ុន្មានឆ្នាំនោះទេ មិនថាអ្នកគ្រាន់តែធ្វើឱ្យរួចពីដៃ ឬមកចំពោះព្រះជាម្ចាស់ដោយស្មោះត្រង់នៅពេលអធិដ្ឋានទៅកាន់ព្រះអង្គនោះទេ តើក្នុងរយៈពេលដប់ថ្ងៃ មានប៉ុន្មានថ្ងៃដែលអ្នកនិយាយពាក្យទទេ និងពាក្យស្លោកទាំងនោះ? ប្រហែលមាននរណាម្នាក់និយាយថាមួយថ្ងៃ ចុះតើពួកគេអធិដ្ឋានអ្វីខ្លះនៅប្រាំបួនថ្ងៃផ្សេងទៀត? ប្រសិនបើការអធិដ្ឋានរបស់ពួកគេទាក់ទងនឹងភារកិច្ច និងការចូលទៅក្នុងជីវិតរបស់ពួកគេ នោះគឺល្អហើយ ហើយនេះបង្ហាញថា ពួកគេកំពុងរែកពន់បន្ទុកខ្លះចំពោះសេចក្ដីពិត ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាពួកគេលែងស្ពឹកស្រពន់ខ្លាំងទៀតហើយ។ តើខ្ញុំមានន័យដូចម្ដេចចំពោះពាក្យថា «ពួកគេលែងស្ពឹកស្រពន់ខ្លាំងទៀតហើយ»? ខ្ញុំមានន័យថា នៅពេលដែលរឿងរ៉ាវទាក់ទងនឹងនិស្ស័យពុករលួយ និងសភាពផ្សេងៗរបស់មនុស្សត្រូវបានលើកឡើង ពួកគេមានអារម្មណ៍អ្វីម៉្យាង និងមានការដឹងខ្លួន ហើយពួកគេក៏អាចយល់បានដែរ។ ពួកគេអាចសម្រេចបាននូវការយល់ដឹង និងការជ្រួតជ្រាប ហើយយល់ពីរឿងទាំងនេះ មិនថាវាត្រូវបានពន្យល់យ៉ាងណានោះទេ ហើយស្ទើរតែដើរទាន់រឿងទាំងនោះ នេះបង្ហាញថា ពួកគេទទួលបានកម្ពស់ខ្លះហើយ។ តើមនុស្សស្ពឹកស្រពន់បង្ហាញការបង្ហាញចេញអ្វីខ្លះ? ជារៀងរាល់ថ្ងៃ ពួកគេរស់នៅបែបនោះ ដោយមិនខិតខំ និងមិនមានការរីកចម្រើន ហើយនោះហើយជាមូលហេតុដែលពួកគេតែងតែនិយាយរឿងចាស់ដដែលៗ នៅពេលអធិដ្ឋានទៅកាន់ព្រះជាម្ចាស់។ ពួកគេមិនយល់ពីការចូលទៅក្នុងជីវិតទាល់តែសោះ ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណទេ ពួកគេមិនមានអារម្មណ៍អ្វីឡើយ ពួកគេមិនមានប្រតិកម្មអ្វីទេ មិនថាស្ដាប់សេចក្តីអធិប្បាយ ប៉ុន្មានដងក៏ដោយ ហើយមិនថាសេចក្ដីពិតត្រូវបានប្រកបគ្នាយ៉ាងណានោះទេ ពួកគេមានអារម្មណ៍ថាវាសុទ្ធតែដដែលៗ និងមានន័យដូចគ្នាទាំងអស់។ ដូច្នេះ តើពួកគេមានអ្វីត្រូវទូលទៅកាន់ព្រះជាម្ចាស់ដែរឬ? អ្វីដែលមនុស្សនឹងអធិដ្ឋាន និងនិយាយនៅពេលមកចំពោះព្រះជាម្ចាស់ គឺអាស្រ័យលើពាក្យនៅក្នុងចិត្តរបស់ពួកគេដែលចង់ទូលទៅកាន់ព្រះជាម្ចាស់ ហើយពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែទូលរឿងទាំងនេះទៅកាន់ព្រះជាម្ចាស់ជាដាច់ខាត។ នៅក្នុងចិត្តរបស់អ្នក យ៉ាងហោចណាស់អ្នកត្រូវតែមានការយល់ដឹងរបស់អ្នកអំពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ការលំបាកដែលអ្នកជួបប្រទះ និងរបៀបដែលអ្នកគួរតែបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើគ្មានអ្វីនៅក្នុងចិត្តរបស់អ្នកទេ ហើយអ្វីទាំងអស់ដែលអ្នកអាចធ្វើបាន គឺគ្រាន់តែនិយាយពាក្យពីរោះស្ដាប់មួយចំនួន និងពាក្យស្លោក ព្រមទាំងគោលលទ្ធិមួយចំនួន ហើយគ្រាន់តែធ្វើឱ្យរួចពីដៃ នោះមិនមែនជាការអធិដ្ឋានទេ។ ប្រសិនបើអ្នកបានសន្យាបង្ហាញភក្ដីភាពរបស់អ្នកអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែមិនបានធ្វើអ្វីដែលជាក់ស្ដែងទាល់តែសោះ ហើយនៅទីបញ្ចប់ អ្នកនៅតែអាចក្បត់ព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ និងបោះបង់ចោលនៅពេលណាមួយ នោះបង្ហាញថា អ្នកគ្មានកម្ពស់ឡើយ។ ប្រសិនបើ នៅពេលដែលអ្នករាល់គ្នាមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាននៅពេលនេះ អ្នករាល់គ្នាអាចរក្សាទំនាក់ទំនងរបស់អ្នករាល់គ្នាជាមួយព្រះជាម្ចាស់ឱ្យពាក់ព័ន្ធនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាជាចម្បង នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងត្រូវបានបង្កើតឡើង អ្នកនឹងមិនដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទឡើយ ហើយនេះមានន័យថា អ្នកនឹងបានឈានចូលទៅក្នុងគន្លងត្រឹមត្រូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់។

តើពេលនេះអ្នករាល់គ្នាច្បាស់អំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ព្រមទាំងនិយមន័យនៃធម្មជាតិនៃឥរិយាបថបែបនេះហើយឬនៅ? តើមានភាពខុសគ្នាណាមួយរវាងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការបង្ហាញចេញនៃនិស្ស័យពុករលួយរបស់មនុស្សសាមញ្ញដែរឬទេ? តើអ្នករាល់គ្នាអាចធ្វើការប្រៀបធៀប នៅពេលពិតជាជួបប្រទះនឹងបញ្ហាបានដែរឬទេ? តើអ្នកអាចចាត់ទុកការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ថាជាការបង្ហាញចេញរបស់មនុស្សពុករលួយសាមញ្ញ ហើយផ្ទុយមកវិញបានដែរឬទេ? តើអ្នកគួរញែកឱ្យដាច់ពីគ្នារវាងរឿងទាំងពីរនេះយ៉ាងដូចម្តេច? ការវិនិច្ឆ័យនិស្ស័យរបស់មនុស្សម្នាក់តាមរយៈការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញជាប្រចាំរបស់ពួកគេ ហើយវិនិច្ឆ័យសារជាតិរបស់ពួកគេចេញពីនិស្ស័យរបស់ពួកគេ គឺជាវិធីដ៏ត្រឹមត្រូវមួយដើម្បីកំណត់លក្ខណៈរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិត ឬលើកតម្កើងព្រះជាម្ចាស់ឡើយ ពោលគឺពួកគេគ្រាន់តែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងប៉ុណ្ណោះ។ ការបង្ហាញចេញនេះគឺច្បាស់ក្រឡែត និងលេចធ្លោខ្លាំងណាស់ ហើយវាត្រូវបានត្រួតត្រាទាំងស្រុងដោយធម្មជាតិបែបសាតាំងរបស់ពួកគេ។ ទោះបីជាមនុស្សសាមញ្ញាក៏លើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងក៏ដោយ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ពួកគេអាចទទួលយកវា និងទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយពួកគេអាចទទួលយកសេចក្ដីពិត គ្រាន់តែការផ្លាស់ប្ដូរមិនកើតឡើងលឿន ឬងាយស្រួលខ្លាំងសម្រាប់ពួកគេនោះទេ នេះគឺជាភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សសាមញ្ញ។ ឥឡូវនេះ បន្ទាប់ពីបាននិយាយបែបនេះហើយ តើវាក្លាយជាងាយស្រួលក្នុងការញែកដឹងរវាងពួកគេដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទមានចរិតលក្ខណៈមួយ៖ នៅពេលដែលពួកគេមិនស្រឡាញ់សេចក្ដីពិត ឬបដិសេធសេចក្ដីពិត តើពួកគេបដិសេធវាដោយផ្ទាល់ដែរឬទេ? (ទេ)។ តើពួកគេប្រើវិធីសាស្ត្រអ្វីដើម្បីបដិសេធសេចក្ដីពិត ដើម្បីឱ្យអ្នកឃើញថាពួកគេមិនទទួលស្គាល់សេចក្ដីពិត? ពួកគេនឹង ប្រើវោហារភូតភរដើម្បីបដិសេធអ្នក ដោយនិយាយថាអ្វីដែលអ្នកកំពុងប្រកបគ្នា មិនមែនជាសេចក្ដីពិតទេ ហើយថាមានតែអ្វីដែលពួកគេប្រកបគ្នាប៉ុណ្ណោះ ទើបជាសេចក្ដីពិត។ ឧទាហរណ៍ ពួកគេធ្វើបន្ទាល់អំពីខ្លួនឯង ហើយមាននរណាម្នាក់លាតត្រដាងពួកគេ ហើយបន្ទាប់មក តើពួកគេបង្ហាញការបង្ហាញចេញអ្វីខ្លះ ដែលអនុញ្ញាតឱ្យអ្នកដទៃអះអាងថា ពួកគេមិនស្រឡាញ់ ឬមិនទទួលយកសេចក្ដីពិត? ការប្រើវោហារភូតភរ និងការព្យាយាមតាំងខ្លួនឯងថាត្រូវ គឺជារឿងមួយ ហើយក៏មានការលាក់បាំងការពិតជាក់ស្ដែងផងដែរ ហើយការពិតនោះហើយដែលជាផែនការលាក់កំបាំងរបស់ពួកគេ។ ផែនការលាក់កំបាំងរបស់ពួកគេ គឺដើម្បីធ្វើបន្ទាល់អំពីខ្លួនឯង ដើម្បីឱ្យអ្នកដទៃគោរពកោតសរសើរពួកគេ។ ពួកគេនឹងមិនឱ្យអ្នកដឹងពីផែនការលាក់កំបាំងរបស់ពួកគេឡើយ ពួកគេគ្រាន់តែនិយាយរឿងមិនពិត និងរឿងដែលពីរោះស្ដាប់ ប្រើវោហារភូតភរ បោកបញ្ឆោតអ្នក ធ្វើឱ្យអ្នកវង្វេងវង្វាន់ ដើម្បីឱ្យនៅទីបញ្ចប់ អ្នកនិយាយថាពួកគេមិនកំពុងធ្វើបន្ទាល់អំពីខ្លួនឯងទេ ហើយពេលនោះ ពួកគេនឹងសម្រេចបាននូវគោលដៅរបស់ពួកគេ។ ពួកគេនិយាយរឿងមិនពិត និងរឿងដែលពីរោះស្ដាប់ ប្រើវោហារភូតភរ បោកបញ្ឆោតមនុស្ស ពួកគេមិនទទួលស្គាល់ថាពួកគេកំពុងធ្វើបន្ទាល់អំពីខ្លួនឯងទេ ពួកគេមិនទទួលយកការដែលអ្នកលាតត្រដាងពួកគេឡើយ ពួកគេមិនទទួលយកការស្ដីបន្ទោសរបស់អ្នកទេ ហើយពួកគេរឹតតែមិនទទួលយកការកំណត់លក្ខណៈតាមការពិតនេះទៅទៀត។ ពួកគេមិនទទួលយករឿងនេះទាល់តែសោះ ហើយថែមទាំងរកលេស ដោយនិយាយថា៖ «នោះមិនមែនជាខ្ញុំកំពុងធ្វើបន្ទាល់អំពីខ្លួនឯងទេ។ មានហេតុផលមួយ និងបរិបទមួយដែលខ្ញុំនិយាយបែបនោះ។ ការនិយាយរឿងមិនសមរម្យបន្តិចបន្តួចក្នុងស្ថានភាពនោះ គឺជារឿងធម្មតាទាំងស្រុង ហើយមិនមែនជាបញ្ហាទេ។ តើវាអាចចាត់ទុកថាជាការធ្វើបន្ទាល់អំពីខ្លួនឯងបានដែរឬ? លើសពីនេះទៅទៀត ខ្ញុំបានធ្វើកិច្ចការទាំងអស់នេះ ហើយទោះបីជាខ្ញុំមិនទទួលបានសមិទ្ធផលអ្វីក៏ដោយ ក៏ខ្ញុំបានស៊ូទ្រាំនឹងការលំបាកដែរ។ វាមិនមែនជារឿងធំដុំទេ ប្រសិនបើមានមនុស្សមួយចំនួនគោរពកោតសរសើរ និងថ្វាយបង្គំខ្ញុំនោះ»។ ពួកគេមិនគិតថា ឥរិយាបថដែលខូចកិត្តិយសបែបនេះ ទង្វើដ៏គួរឱ្យស្អប់ខ្ពើមបែបនេះ ជារឿងធំដុំឡើយ តើនេះជាឥរិយាបថនៃការទទួលយកសេចក្ដីពិតដែរឬទេ? ពួកគេមិនមានអារម្មណ៍ខ្មាសអៀនដោយសារតែអំពើអាក្រក់ទាំងនេះទេ ហើយថែមទាំងគិតថាខ្លួនឯងអស្ចារ្យទៀតផង នេះគឺជាសារជាតិរបស់មនុស្សអាក្រក់។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯង គឺជារឿងសមរម្យទាំងស្រុង ហើយជាអ្វីដែលពួកគេគួរតែធ្វើ។ ពួកគេគិតថា៖ «ខ្ញុំធ្វើវា ពីព្រោះខ្ញុំមានសមត្ថភាពនេះ តើមនុស្សផ្សេងទៀតស័ក្ដិសមនឹងធ្វើវាដែរឬទេ? ខ្ញុំទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា ខ្ញុំបានចំណាយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកិច្ចការរបស់ពួកជំនុំ ខ្ញុំបានចូលរួមចំណែកយ៉ាងធំធេងចំពោះដំណាក់របស់ព្រះ ហើយបានទទួលរងហានិភ័យយ៉ាងច្រើន! តើវាយុត្តិធម៌ទេ ប្រសិនបើអ្នកមិនផ្ដល់រង្វាន់ និងមិនផ្ដល់ផលប្រយោជន៍អ្វីដល់ខ្ញុំសោះនោះ? តើព្រះមិនសុចរិតទេឬអី? តើគាត់មិនតបស្នងដល់មនុស្សម្នាក់ៗទៅតាមទង្វើរបស់គេទេឬអី? ដូច្នេះ តើខ្ញុំមិនស័ក្ដិសមនឹងទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នា ដោយសារតែការចូលរួមចំណែកទាំងអស់នេះ និងការទទួលរងហានិភ័យទាំងអស់នេះទេឬអី?» ពួកគេគិតថា ពួកគេត្រូវតែទទួលបានអ្វីមួយជាការតបស្នងសម្រាប់ការបំពេញភារកិច្ចរបស់ពួកគេ ហើយថារង្វាន់អប្បបរមាគួរតែជាការគាំទ្រពីមនុស្សគ្រប់គ្នា និងការអាចរីករាយនឹងភក្ដីភាព កិត្តិយស និងផលប្រយោជន៍ដែលពួកគេស័ក្ដិសមនឹងទទួលបាន។ តើនេះជាអាកប្បកិរិយានៃការទទួលយកសេចក្ដីពិតដែរឬទេ? (ទេ)។ ដូច្នេះ តើសេចក្ដីពិតនៅទីនេះគឺជាអ្វី? ជាឧទាហរណ៍ អ្នកនិយាយទៅកាន់ពួកគេថា៖ «មិនថាពួកគេរងទុក្ខខ្លាំងប៉ុនណានោះទេ មនុស្សគឺជាភាវៈដែលព្រះបានបង្កើត ហើយពួកគេគួរតែរងទុក្ខ ពីព្រោះពួកគេមាននិស្ស័យពុករលួយ។ ការរងទុក្ខក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន គ្រាន់តែជាវិធីមួយដែលមនុស្សរងទុក្ខប៉ុណ្ណោះ។ មិនថាយើងមានសមត្ថភាពប៉ុនណា ឬមានអំណោយទានអ្វីនោះទេ យើងមិនគួររំពឹងចង់បានរង្វាន់ណាមួយ ឬព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ឡើយ»។ តើនេះមិនមែនជាសេចក្ដីពិតទេឬអី? នេះគឺជាសេចក្ដីពិតដ៏ជាមូលដ្ឋានគ្រឹះបំផុត ដែលភាវៈដែលព្រះបានបង្កើតគួរតែយល់។ ទោះជាយ៉ាងណាក៏ដោយ តើសេចក្ដីពិតនេះអាចត្រូវបានរកឃើញនៅក្នុងទស្សនៈវិជ្ជានៃការរស់នៅក្នុងលោកីយ៍របស់ពួកគេ និងនៅក្នុងគំនិត ព្រមទាំងទស្សនៈរបស់ពួកគេដែរឬទេ? (ទេ)។ តើពួកគេទទួលយកសេចក្ដីពិតនេះ នៅពេលដែលពួកគេឮវាដែរឬទេ? ទេ ពួកគេមិនទទួលយកទេ។ តើពួកគេមានអាកប្បកិរិយាបែបណា? ពួកគេជឿថា ការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺដូចជាការនៅក្នុងលោកីយ៍ដែរ ថាពួកគេត្រូវតែទទួលបានរង្វាន់ទៅតាមកម្លាំងពលកម្មរបស់ពួកគេ ថាពួកគេត្រូវតែទទួលបានអ្វីមួយសម្រាប់ការបំពេញភារកិច្ចរបស់ពួកគេ ហើយថាប្រសិនបើពួកគេទទួលរងហានិភ័យខ្លះ នោះពួកគេគួរតែទទួលបានផលប្រយោជន៍ និងព្រះគុណដែលពួកគេស័ក្ដិសមនឹងទទួលបាន។ ការបំពេញភារកិច្ចរបស់ខ្លួន គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់មនុស្សម្នាក់ៗ ហើយការតបស្នងមិនពាក់ព័ន្ធនឹងរឿងនេះឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទទទួលយកសេចក្ដីពិតនេះដែរឬទេ? តើពួកគេមានអាកប្បកិរិយាបែបណា? ពួកគេមើលងាយ និងទាស់ទទឹង ដោយនិយាយថា៖ «ពួកមនុស្សល្ងង់ អ្នករាល់គ្នាសូម្បីតែរឿងនេះក៏ទទួលយកដែរ! តើនោះជាសេចក្ដីពិតឬ? នោះមិនមែនជាសេចក្ដីពិតទេ នោះគ្រាន់តែជាការបោកប្រាស់មនុស្សប៉ុណ្ណោះ។ ភាពយុត្តិធម៌ និងសមភាពក្នុងចំណោមមនុស្ស នោះទើបជាសេចក្ដីពិត!» តើនេះជាពាក្យសម្ដីបែបណាទៅ? នេះគឺជាតក្កវិជ្ជា ព្រមទាំងជាសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងរបស់សាតាំង។ ហើយតើពួកគេអាចបំភាន់អស់អ្នកដែលមិនយល់ពីសេចក្ដីពិតបានដែរឬទេ? ពួកគេអាចបំភាន់អ្នកទាំងនោះបានយ៉ាងងាយស្រួល! មនុស្សមួយចំនួនទន់ខ្សោយ ពួកគេមិនយល់ពីសេចក្ដីពិតដែលទាក់ទងនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ បូករួមទាំងពួកគេខ្វះគុណសម្បត្តិ និងសមត្ថភាពក្នុងការយល់ដឹង ហើយពួកគេមិនសូវមានសេចក្ដីជំនឿទេ ហើយនៅពេលដែលពួកគេឮរឿងបែបនេះ ពួកគេមានអារម្មណ៍ថាវាសមហេតុផលណាស់ ហើយពួកគេគិតថា៖ «ពិតមែនហើយ។ ហេតុអ្វីបានជាខ្ញុំល្ងង់ម៉្លេះ? ទីបំផុត ថ្ងៃនេះខ្ញុំបានជួបអ្នកដែលយល់ដឹងហើយ។ អ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ!» មនុស្សទាំងនេះគ្រាន់តែស្ដាប់ និងទទួលយករឿងណាដែលស្ដាប់ទៅសមហេតុផល និងស្របតាមសញ្ញាណរបស់ពួកគេប៉ុណ្ណោះ ពួកគេមិនប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្របតាមគោលការណ៍ដែលថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្របតាមអារម្មណ៍របស់មនុស្ស ស្របតាមការគិត និងតក្កវិជ្ជារបស់មនុស្ស ស្របតាមទំនៀមទម្លាប់ ឬវប្បធម៌ប្រពៃណីរបស់មនុស្សឬក៏អត់នោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការសម្រេចចុងក្រោយ ហើយរាល់ព្រះបន្ទូលនីមួយៗរបស់ព្រះអង្គ តាំងពីដើមរហូតដល់ចប់ គឺជាសេចក្ដីពិត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រូវការឱ្យនរណាម្នាក់ចោទសួរ ឬវិភាគឡើយ ហើយមិនថាមនុស្សជាតិទាំងមូលជឿថាព្រះបន្ទូលទាំងនោះត្រូវ ឬខុស ឬមិនថានរណាម្នាក់អាចទទួលយកព្រះបន្ទូលទាំងនោះបានឬក៏អត់នោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតជារៀងរហូត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនចាំបាច់ត្រូវឆ្លងកាត់ការសាកល្បងនៃពេលវេលាឡើយ ហើយក៏មិនត្រូវការឱ្យមនុស្សជាតិផ្ទៀងផ្ទាត់ព្រះបន្ទូលទាំងនោះតាមរយៈបទពិសោធដែរ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ តើនេះជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទគិតមែនទេ? ពួកគេគិតថា៖ «ព្រះត្រូវតែសមហេតុផល! តើសេចក្ដីសុចរិតរបស់ព្រះមានន័យដូចម្ដេច? តើវាមិនមែនមានន័យថា អស់អ្នកដែលរងទុក្ខច្រើន និងមានសមត្ថភាពខ្ពស់ ទទួលបានរង្វាន់ធំ ហើយថាអស់អ្នកដែលរងទុក្ខតិចតួច ដែលមិនសូវមានសមត្ថភាព និងមិនបានចូលរួមចំណែកអ្វីសោះ ទទួលបានរង្វាន់តិចតួចទេឬអី?» តើព្រះជាម្ចាស់មានព្រះបន្ទូលបែបនេះដែរឬទេ? (ទេ)។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលបែបនេះឡើយ។ តើព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងដូចម្ដេច? ព្រះជាម្ចាស់មានព្រះបន្ទូលថា ការបំពេញភារកិច្ចរបស់ខ្លួន គឺជាការងាររបស់មនុស្សម្នាក់ៗ ថាការបំពេញភារកិច្ចរបស់ខ្លួនមានគោលការណ៍ផ្ទាល់របស់វា ថាមនុស្សគ្រប់រូបគួរតែបំពេញភារកិច្ចរបស់ពួកគេស្របតាមគោលការណ៍សេចក្ដីពិត ហើយថានេះគឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតគួរតែធ្វើ។ តើមានការលើកឡើងអំពីការតបស្នងនៅទីនេះដែរឬទេ? តើមានការលើកឡើងអំពីរង្វាន់ដែរឬទេ? (ទេ)។ មិនមានការលើកឡើងអំពីការតបស្នង ឬរង្វាន់ឡើយ វាគឺជាកាតព្វកិច្ច។ តើ «កាតព្វកិច្ច» មានន័យដូចម្ដេច? កាតព្វកិច្ចគឺជារឿងដែលមនុស្សគួរតែធ្វើ ជារឿងដែលការទទួលបានរង្វាន់ទៅតាមកម្លាំងពលកម្មរបស់ខ្លួន មិនអាចយកមកអនុវត្តបានឡើយ។ ព្រះជាម្ចាស់មិនដែលបានចែងថា អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនបានច្រើន គួរតែទទួលបានរង្វាន់ធំ ហើយអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនបានតិចតួច ឬបំពេញវាតាមរបៀបដែលមិនល្អ គួរតែទទួលបានរង្វាន់តិចតួចនោះទេ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលបែបនេះឡើយ។ ដូច្នេះ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងដូចម្ដេចខ្លះ? ព្រះជាម្ចាស់មានព្រះបន្ទូលថា ការបំពេញភារកិច្ចរបស់ខ្លួន គឺជាការងាររបស់មនុស្សម្នាក់ៗ ហើយថាវាគឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតគួរតែធ្វើ នេះគឺជាសេចក្ដីពិត។ តើនេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទយល់ពីរឿងនេះឬ? តើពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះយ៉ាងដូចម្ដេច? ពួកគេនឹងប្រព្រឹត្តចំពោះព្រះបន្ទូលទាំងនេះតាមរបៀបផ្សេង។ ដោយឈរលើជ្រុងនៃផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេនឹងមានការបកស្រាយវៀចវេរអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើនិយាយឱ្យច្បាស់ អ្វីដែលពួកគេធ្វើ គឺកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយប្រើមធ្យោបាយ និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្លាស់ប្ដូរព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ទៅជាការបកស្រាយមួយផ្សេងទៀត។ ហើយតើធម្មជាតិនៃការបកស្រាយបែបនេះគឺជាអ្វី? វាផ្ដល់ផលប្រយោជន៍ដល់ពួកគេ វាអាចបំភាន់មនុស្ស ហើយវាអាចញុះញង់ និងល្បួងមនុស្សបាន។ ពួកគេប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជារបៀបនិយាយរបស់ពួកគេ ហាក់បីដូចជាព្រះបន្ទូលទាំងនោះជាសេចក្ដីពិតដែលពួកគេកំពុងសម្ដែងចេញអ៊ីចឹង ហើយបន្ទាប់ពីព្រះជាម្ចាស់បានមានព្រះបន្ទូលអ្វីមួយ ពួកគេត្រូវតែផ្លាស់ប្ដូររបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូល និងគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅជារបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ តើវានៅតែជាសេចក្ដីពិតដែរឬទេ បន្ទាប់ពីពួកគេបានផ្លាស់ប្ដូរវាទៅជារបៀបផ្ទាល់ខ្លួនរបស់ពួកគេនោះ? ទេ វាមិនមែនទេ វាគឺជាសេចក្ដីខុសទំនង និងជាសេចក្ដីបង្រៀនខុសឆ្គង។ តើអ្នករាល់គ្នាអាចញែកដឹងរឿងនេះបានដែរឬទេ? (មែនហើយ បានខ្លះៗដែរ)។ បន្ទាប់ពីបានស្ដាប់សេចក្តីអធិប្បាយជាច្រើនមក មនុស្សមួយចំនួនទទួលបានការញែកដឹងខ្លះៗហើយ។ ហើយតើសារជាតិនៃការប្រឆាំង និងការបដិសេធសេចក្ដីពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? (គឺការកែបន្លំ និងការមានការបកស្រាយវៀចវេរ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់)។ ហើយតើពួកគេមានបំណងអ្វី ក្នុងការកែបន្លំ និងការមានការបកស្រាយវៀចវេរ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់? គឺដើម្បីកុំឱ្យមនុស្សទទួលយកសេចក្ដីពិត ហើយបែរជាទទួលយកសេចក្ដីខុសទំនង និងសេចក្ដីបង្រៀនខុសឆ្គងរបស់ពួកគេវិញ។ ពួកគេបំភ្លៃសេចក្ដីពិត ស្របតាមការគិត និងតក្កវិជ្ជារបស់ពួកគេ ផលប្រយោជន៍ និងទស្សនៈរបស់ពួកគេ ព្រមទាំងសញ្ញាណរបស់ពួកគេ។ ដូច្នេះហើយ នេះផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេក៏អាចញុះញង់ និងបំភាន់មនុស្សមួយចំនួនដែលល្ងង់ខ្លៅ និងអវិជ្ជា ព្រមទាំងអ្នកដែលមិនយល់ពីសេចក្ដីពិតផងដែរ។ ពាក្យសម្ដីរបស់ពួកគេអាចហាក់ដូចជាត្រឹមត្រូវសម្រាប់អ្នក នៅពេលដែលអ្នកឮវាជាលើកដំបូង ប៉ុន្តែប្រសិនបើអ្នកវិភាគវាដោយប្រុងប្រយ័ត្ន អ្នកនឹងរកឃើញមហិច្ឆតា និងឧបាយកលរបស់សាតាំងដែលលាក់កំបាំងនៅក្នុងពាក្យសម្ដីទាំងនោះ។ តើមហិច្ឆតា និងឧបាយកលរបស់ពួកគេមានគោលបំណងអ្វី? គោលបំណងរបស់ពួកគេគឺដើម្បីផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង ដើម្បីធ្វើឱ្យរបៀបធ្វើរឿងរ៉ាវ និងឥរិយាបថផ្ទាល់ខ្លួនរបស់ពួកគេអាចទទួលយកបាន ដើម្បីឱ្យមនុស្សវាយតម្លៃល្អពីពួកគេ ដើម្បីផ្លាស់ប្ដូរឥរិយាបថដ៏មិនល្អ និងអាក្រក់របស់ពួកគេ ទៅជាឥរិយាបថ និងរបៀបធ្វើរឿងរ៉ាវដ៏ត្រឹមត្រូវ ដែលស្របតាមសេចក្ដីពិត។ តាមរបៀបនេះ ពួកគេជឿថាមនុស្សនឹងមិនបដិសេធពួកគេទេ ហើយព្រះជាម្ចាស់ក៏នឹងមិនថ្កោលទោសពួកគេដែរ។ ពួកគេប្រហែលជាអាចបំភាន់អ្នកដទៃ ដើម្បីកុំឱ្យមនុស្សបដិសេធពួកគេ ប៉ុន្តែតើពួកគេអាចធ្វើឱ្យព្រះជាម្ចាស់មិនថ្កោលទោសពួកគេបានដែរឬទេ? តើមនុស្សអាចផ្លាស់ប្ដូរសារជាតិរបស់ព្រះជាម្ចាស់បានដែរឬទេ? (ទេ)។ នេះគឺជាចំណុចដែលពួកទទឹងនឹងព្រះគ្រីស្ទល្ងង់ខ្លៅបំផុត។ ពួកគេចង់ប្រើវោហារដ៏ប៉ិនប្រសប់ និង «ខួរក្បាលដ៏ឆ្លាតវៃ» របស់ពួកគេ ដើម្បីគិតរកសេចក្ដីខុសទំនង និងសេចក្ដីបង្រៀនខុសឆ្គងណាមួយ ដើម្បីកែបន្លំសេចក្ដីពិត ដើម្បីឱ្យសេចក្តីថ្លែងរបស់ពួកគេអាចទទួលយកបាន ហើយតាមរយៈនោះ ពួកគេបដិសេធសូរសៀងរបស់ព្រះជាម្ចាស់ និងបដិសេធអត្ថិភាពនៃសេចក្ដីពិត តើនេះមិនមែនជាការដែលពួកគេគិតខុសទេឬអី? តើពួកគេអាចសម្រេចគោលដៅរបស់ពួកគេបានដែរឬទេ? (ទេ)។ មនុស្សមួយចំនួនសួរថា តើអាចធ្វើអ្វីបាន នៅពេលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់បំភាន់មនុស្សមួយចំនួននោះ។ ប្រសិនបើមនុស្សបែបនេះពិតជាត្រូវបានបំភាន់មែន ហើយមិនអាចកែប្រែផ្លូវរបស់ពួកគេបានទេ នោះមានន័យថា ពួកគេត្រូវបានបើកសម្ដែង និងត្រូវបានជម្រុះចោល ហើយពួកគេស័ក្ដិសមនឹងទទួលបានលទ្ធផលបែបនេះហើយ។ នេះគឺជាការដែលពួកគេត្រូវវិនាស និងមិនអាចគេចផុតឡើយ ពួកគេត្រូវវិនាសស្លាប់ ហើយព្រះជាម្ចាស់មិនដែលមានផែនការសង្គ្រោះមនុស្សដូចពួកគេឡើយ។ ពួកគេចូលមកក្នុងពួកជំនុំដោយប្រើលេសក្លែងបញ្ឆោត ហើយបញ្ចេញកម្លាំងពលកម្មខ្លះ និងរីករាយនឹងព្រះគុណខ្លះ ហើយនៅពេលដែលព្រះជាម្ចាស់មិនត្រូវការពួកគេទៀតទេ ព្រះអង្គប្រគល់ពួកគេទៅឱ្យសាតាំង។ ចៃដន្យអី ពួកគេឮសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនង ហើយពេលឮដូច្នេះ ពួកគេទះដៃ និងផ្ដល់ការយល់ព្រមចំពោះរឿងនោះ រួចហើយពួកគេក៏ចេញទៅដើរតាមសាតាំង។ តើនេះជាអ្វី? នេះគឺជាការប្រើប្រាស់សាតាំងឱ្យបម្រើការ។ មានខគម្ពីរមួយនៅក្នុងកណ្ឌគម្ពីរវិវរណៈដែលចែងថា៖ «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ៖ ហើយអ្នកដែលស្មោកគ្រោក ទុកឱ្យគេនៅតែស្មោកគ្រោកដដែលទៅចុះ៖ រីឯអ្នកដែលសុចរិត ទុកឱ្យគេនៅតែសុចរិតដដែលទៅចុះ៖ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ» (វិវរណៈ ២២:១១)។ នេះមានន័យថា មនុស្សត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេរៀងៗខ្លួន។ នៅពេលនិយាយដល់មនុស្សដែលដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ តើនេះគ្រាន់តែជាការធ្វេសប្រហែសមួយភ្លែតរបស់ពួកគេឬ? តើវាដោយសារតែព្រះជាម្ចាស់មិនបានឃ្លាំមើលឬ? នេះគឺជាការដែលពួកគេត្រូវវិនាសស្លាប់! បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះមួយរយៈ អ្នកនឹងឃើញថា ពួកគេមិនស័ក្ដិសមនឹងត្រូវបានសង្គ្រោះឡើយ ពួកគេគឺចោលម្សៀត! ដោយវិនិច្ឆ័យតាមចរិតលក្ខណៈរបស់ពួកគេ និងការដេញតាមសេចក្ដីពិតរបស់ពួកគេ ធម្មជាតិរបស់ពួកគេគឺទុច្ចរិត និងស្អប់ខ្ពើមសេចក្ដីពិត ហើយពួកគេមិនស័ក្ដិសមនឹងត្រូវបានសង្គ្រោះទេ ពួកគេមិនស័ក្ដិសមនឹងទទួលមរតកនូវព្រះគុណដ៏ធំធេងបែបនេះពីព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនប្រទានព្រះគុណនេះដល់ពួកគេទេ នោះពួកគេនឹងមិនទទួលបានវាឡើយ ដូច្នេះ វិធីដ៏ត្រឹមត្រូវបំផុតដើម្បីសង្ខេបពីពួកគេក្នុងពាក្យពីរបីម៉ាត់គឺ «ត្រូវវិនាសស្លាប់»។

ការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯង គឺជាការបង្ហាញចេញចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយការកំណត់លក្ខណៈសារជាតិរបស់ពួកគេដោយផ្អែកលើការបង្ហាញចេញនេះ គឺពិតជាសមរម្យ និងជាក់ស្ដែងណាស់ វាមិនមែនជាការកំណត់លក្ខណៈទទេៗឡើយ។ តាមរយៈការមើលទៅលើ ផែនការលាក់កំបាំង មហិច្ឆតា ការបញ្ចេញឱ្យឃើញនូវសារជាតិរបស់ពួកគេ និងគោលដៅជាប្រចាំនៃសកម្មភាពរបស់ពួកគេ គេអាចមើលឃើញថា ការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯង គឺជាការបង្ហាញចេញជាចរិតលក្ខណៈបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើមានពួកទទឹងនឹងព្រះគ្រីស្ទណាដែលមិនធ្លាប់លើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដែរឬទេ? (ទេ)។ ហេតុអ្វីបានជាគ្មាន? ពីព្រោះមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេមានទំហំធំធេងណាស់ ហើយពួកគេមិនអាចគ្រប់គ្រងវាបានឡើយ។ មិនថាពួកគេរស់នៅក្នុងចំណោមក្រុមមនុស្សបែបណានោះទេ ប្រសិនបើគ្មាននរណាម្នាក់លើកតម្កើង និងថ្វាយបង្គំពួកគេទេ ពួកគេមានអារម្មណ៍ថាជីវិតគ្មានតម្លៃ ឬគ្មានន័យឡើយ នោះហើយជាមូលហេតុដែលពួកគេខ្នះខ្នែងចង់លើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ពួកគេរស់នៅដើម្បីឱ្យខ្លួនឯងពូកែលើសអ្នកដទៃ ហើយត្រូវការឱ្យមនុស្សថ្វាយបង្គំ និងដើរតាមពួកគេ ហើយទោះបីជាមនុស្សទាំងនោះប្រៀបដូចជាសត្វរុយដ៏គួរឱ្យរំខាន និងគួរឱ្យខ្ពើម ឬជាក្រុមអ្នកសុំទានក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។ ដរាបណាមានមនុស្សដែលថ្វាយបង្គំ និងដើរតាមពួកគេ នោះពួកគេមានអារម្មណ៍ស្ងប់ចិត្តហើយ។ ប្រសិនបើពួកគេអាចទទួលបានការទះដៃយ៉ាងកងរំពងពីអ្នកគាំទ្រ ដូចដែលអ្នកចម្រៀងល្បីៗទទួលបាន នោះពួកគេនឹងសប្បាយចិត្តយ៉ាងខ្លាំង ពួកគេចូលចិត្តរីករាយនឹងរឿងនោះណាស់ នេះគឺជាធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថាមនុស្សប្រភេទណាដែលដើរតាម ឬថ្វាយបង្គំពួកគេនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តពួកគេទាំងអស់។ ទោះបីជាមនុស្សដែលដើរតាមពួកគេ គឺជាមនុស្សដែលចោលម្សៀតនិងគួរឱ្យស្អប់ខ្ពើមបំផុតក៏ដោយ ទោះបីជាពួកគេជាសត្វតិរច្ឆានក៏ដោយ ដរាបណាពួកគេលើកតម្កើងពួកទទឹងនឹងព្រះគ្រីស្ទ និងបំពេញមហិច្ឆតា ព្រមទាំងបំណងប្រាថ្នារបស់ពួកគេសម្រាប់ឋានៈ នោះពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ឡើយ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទអាចបញ្ឈប់ខ្លួនឯងពីការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯង ព្រមទាំងការអួតសម្ញែង នៅគ្រប់ទីកន្លែងដែលពួកគេទៅបានដែរឬទេ? (ទេ)។ នេះគឺជាសារជាតិរបស់ពួកគេ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សប្រភេទណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ? នៅក្នុងចំណោមមនុស្សជាតិ មានមនុស្សមួយប្រភេទដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ជ្រើសរើស និងសង្គ្រោះ ហើយមនុស្សទាំងនេះមានមនសិការ វិចារណញ្ញាណនិងសេចក្ដីអៀនខ្មាសជាកម្រិតអប្បបរមា។ អ្នកដែលល្អជាងនេះបន្តិច អាចស្រឡាញ់សេចក្ដីពិត ស្រឡាញ់រឿងវិជ្ជមាន និងស្រឡាញ់ភាពយុត្តិធម៌ ព្រមទាំងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ពួកគេអាចស្អប់ភាពទុច្ចរិត ពួកគេមានអារម្មណ៍ក្ដៅក្រហាយ នៅពេលដែលពួកគេឃើញរឿងអយុត្តិធម៌ ឬទុច្ចរិត ហើយទោះបីជាពួកគេមិនអាចធ្វើអ្វីចំពោះរឿងទាំងនេះបានក៏ដោយ ក៏ពួកគេនៅតែស្អប់រឿងទាំងនោះដែរ ពោលគឺ មនុស្សទាំងនេះគឺជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន ជាកម្រិតអប្បបរមា។ ចំណែកឯអ្នកដែលមិនមានភាពជាមនុស្ស និងសារជាតិបែបនេះទេ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់បានពួកគេឡើយ មិនថាពួកគេនិយាយអំពីសេចក្ដីល្អរបស់ព្រះជាម្ចាស់ ឬភាពអស្ចារ្យរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ។ ជាឧទាហរណ៍ ពួកផារិស៊ីនៅក្នុងពិភពសាសនា លើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដោយប្រើទ្រឹស្ដីទទេៗ និងពាក្យសម្ដីរាក់កំផែលចាស់ៗដដែលៗ ហើយពួកគេមិនធុញទ្រាន់នឹងការនិយាយវាឡើយ ទោះបីជាកន្លងផុតទៅពីរពាន់ឆ្នាំហើយក៏ដោយ។ ឥឡូវនេះ ព្រះជាម្ចាស់កំពុងសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ប៉ុន្តែពួកគេមិនអាចមើលឃើញសេចក្ដីពិតទាំងនោះឡើយ ពួកគេមិនអើពើនឹងសេចក្ដីពិតទាំងនោះទេ ហើយអ្នកខ្លះថែមទាំងថ្កោលទោស និងប្រមាថសេចក្ដីពិតទាំងនោះទៀតផង។ រឿងនេះបើកសម្ដែងពួកគេទាំងស្រុង ហើយព្រះជាម្ចាស់បានកំណត់លក្ខណៈពួកគេជាយូរមកហើយថាជាពួកផារិស៊ីមានពុតត្បុត ដែលពួកគេទាំងអស់សុទ្ធតែជាបក្ខពួករបស់សាតាំង ពោលគឺ ព្រះជាម្ចាស់បានកំណត់លក្ខណៈពួកគេថាជាពួកអារក្ស និងពួកសាតាំង ជាសត្វជ្រូក និងសត្វឆ្កែ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមកដល់ក្នុងចំណោមក្រុមមនុស្សបែបនេះ ហើយឃើញថាមានមនុស្សតិចតួចណាស់ដែលអាចយល់ពីសេចក្ដីពិត ថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានការញែកដឹង ឬទេពកោសល្យអ្វីឡើយ នោះពួកគេប្រញាប់ឆ្លៀតឱកាសនេះដើម្បីអួតសម្ញែង។ អ្នកខ្លះអួតថា ពួកគេធ្លាប់ប្រឡងជាប់ចូលសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោកចំនួនពីរក្នុងពេលតែមួយ ហើយនៅទីបញ្ចប់ ពួកគេមិនបានទៅរៀនទេ ពីព្រោះពួកគេបានមកជឿលើព្រះជាម្ចាស់ និងទទួលយកការផ្ទុកផ្តាក់របស់ព្រះអង្គ។ បន្ទាប់ពីបានឮពួកគេនិយាយបែបនេះ មនុស្សមួយចំនួនចាប់ផ្ដើមគោរពកោតសរសើរពួកគេយ៉ាងខ្លាំង។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ ហើយប្រសិនបើរឿងដែលអ្នកស្រឡាញ់ និងទស្សនៈពិភពលោករបស់អ្នក គឺដូចគ្នាទៅនឹងមនុស្សលោកីយ៍ នោះអ្នកនឹងថ្វាយបង្គំមនុស្សបែបនេះ ហើយនោះហើយជាមូលហេតុដែលនៅពេលពួកទទឹងនឹងព្រះគ្រីស្ទនិយាយរឿងបែបនេះ អ្នកនឹងត្រូវពួកគេបំភាន់ និងបោកបញ្ឆោត។ ពួកទទឹងនឹងព្រះគ្រីស្ទលើកតម្កើងខ្លួនឯងដោយលួចលាក់តាមរបៀបនេះ ហើយមនុស្សល្ងង់ខ្លៅដែលគ្មានការញែកដឹងទាំងនោះ ត្រូវបានពួកគេបំភាន់។ នៅទីបញ្ចប់ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយគិតថាគ្មាននរណាម្នាក់ដែលនៅក្រោមបង្គាប់ពួកគេជាមនុស្សសាមញ្ញឡើយ ទាំងដែលតាមការពិត មនុស្សទាំងនោះគ្រាន់តែជាក្រុមមនុស្សវង្វេងវង្វាន់ និងជាមនុស្សគ្មានបានការប៉ុណ្ណោះ។ អស់អ្នកដែលគ្មានសមត្ថភាពយល់ពីសេចក្ដីពិត សុទ្ធតែអាចត្រូវបានពួកសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទបំភាន់បាន។ នៅពេលដែលពួកគេឮពួកសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ពួកគេមានអារម្មណ៍ថាវាពិតជាស៊ីគ្នាទៅនឹងគំនិត និងចំណង់ចំណូលចិត្តរបស់ពួកគេមែន ដូច្នេះ ពួកគេចូលចិត្តស្ដាប់វាណាស់។ ពួកគេមិនអាច ប្រើការគិតធម្មតាដើម្បីធ្វើការវិនិច្ឆ័យលើអ្វីដែលពួកគេកំពុងស្ដាប់ឡើយ ហើយពួកគេក៏នឹងមិនទៅរកនរណាម្នាក់ដែលយល់ពីសេចក្ដីពិត ដើម្បីជួយពួកគេញែកដឹងរឿងបែបនេះដែរ ដរាបណាពួកគេមានអារម្មណ៍ថា អ្វីដែលពួកគេកំពុងស្ដាប់នោះស្ដាប់ទៅសមហេតុផល ពួកគេនឹងសុខចិត្តទទួលយកវា ដូច្នេះហើយ ពួកគេត្រូវបានបំភាន់ដោយមិនទាំងដឹងខ្លួនផង។ ប្រសិនបើអស់អ្នកដែលមានសមត្ថភាពយល់ពីសេចក្ដីពិត និងមានការញែកដឹង ឮពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ពួកគេនឹងដឹងថាមនុស្សទាំងនោះកំពុងព្យាយាមបំភាន់អ្នកដទៃ ហើយពួកគេនឹងបដិសេធមនុស្សទាំងនោះ។ មនុស្សវង្វេងវង្វាន់ ដែលខ្វះការញែកដឹងទាំងនោះ នឹងជឿថាពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សមានការរៀនសូត្រ មានគុណសម្បត្តិល្អ និងមានអនាគត។ ពួកគេនឹងមើលឃើញរឿងរ៉ាវតាមរបៀបនេះ ហើយត្រូវបានបំភាន់ដោយរូបភាពខាងក្រៅមួយចំនួន ពួកគេនឹងមិនដឹងថាគោលការណ៍សេចក្ដីពិតគឺជាអ្វីឡើយ ហើយពួកគេនឹងចេញទៅដើរតាមពួកសាតាំង។ តើមនុស្សបែបនេះមិនធ្វើឱ្យខ្លួនឯងត្រូវហិនវិនាសដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់ពួកគេទេឬអី? រឿងគឺបែបនេះឯង។ ប្រសិនបើអ្នកមានការញែកដឹងអំពីការបង្ហាញ ចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជារឿយៗលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ឬរបៀបផ្សេងៗដែលពួកគេធ្វើបែបនេះ ហើយអ្នកអាចវិនិច្ឆ័យពីគោលបំណង និងផែនការលាក់កំបាំងនៅពីក្រោយពាក្យសម្ដីរបស់ពួកគេ នោះវានឹងងាយស្រួលសម្រាប់អ្នកក្នុងការមើលធ្លុះដល់សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយបន្ទាប់មក អ្នកនឹងអាចបដិសេធ និងដាក់បណ្ដាសាពួកគេភ្លាមៗ ព្រមទាំងមិនជួបពួកគេទៀតឡើយ។ ហេតុអ្វីបានជាអ្នកនឹងធ្វើបែបនេះ? ពីព្រោះនៅពេលដែលអ្នកឃើញពួកទទឹងនឹងព្រះគ្រីស្ទនិយាយ និងប្រព្រឹត្ត អ្នកនឹងស្អប់ខ្ពើម និងស្អប់ពួកគេ អ្នកនឹងមានអារម្មណ៍ខ្ពើមរអើម ហាក់ដូចជាអ្នកកំពុងមើលសត្វរុយ ហើយនឹងត្រូវដេញពួកវាចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះហើយ នៅពេលដែលអ្នកមានការញែកដឹងអំពីសកម្មភាព និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកគួរតែលាតត្រដាងពួកគេភ្លាមៗ ដើម្បីឱ្យអ្នកដទៃអាចញែកដឹងពួកគេបាន ហើយបន្ទាប់មក បណ្ដេញពួកគេចេញពីពួកជំនុំ ស្របតាមគោលការណ៍។ តើអ្នករាល់គ្នាហ៊ានធ្វើបែបនេះដែរឬទេ? ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចធ្វើបែបនេះបាន នោះបង្ហាញថា ពួកគេមានកម្ពស់លូតលាស់ឡើង ហើយថាពួកគេអាចគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បាន។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យល់ពីសេចក្ដីពិត និងមានការញែកដឹង នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងលែងមានកន្លែងឈរជើងនៅក្នុងពួកជំនុំ ឬនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតហើយ។

ទោះបីជានៅក្នុងពេលវេលាណាក៏ដោយ ឱ្យតែពួកទទឹងនឹងព្រះគ្រីស្ទមានឱកាស ពួកគេនឹងអួតសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយឱ្យតែមានមនុស្សដែលថ្វាយបង្គំពួកគេ និងសម្លឹងមើលពួកគេដោយកែវភ្នែកស្ងើចសរសើរ ច្រណែន និងគោរព នោះពួកគេនឹងសប្បាយចិត្តហើយ ពោលគឺពួកគេមិនខ្វល់ថា មនុស្សទាំងនោះជានរណាឡើយ។ តើពួកគេមានស្ដង់ដាដែលពួកគេតម្រូវពីអស់អ្នកដែលដើរតាម ថ្វាយបង្គំ និងគោរពកោតសរសើរពួកគេដែរឬទេ? (ទេ)។ មិនថាអ្នកទាំងនោះជាមនុស្សល្ងីល្ងើ មនុស្សវិកលចរិត មនុស្សអាក្រក់ ឬពួកអ្នកមិនជឿក៏ដោយ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ សូម្បីតែរួមទាំងមនុស្សដែលគួរតែត្រូវបានបោសសម្អាតចេញ និងជម្រុះចោលក៏ដោយ ឱ្យតែមនុស្សទាំងនោះអាចដើរតាម ថ្វាយបង្គំ និងលើកតម្កើងពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទទទួលយកពួកគេ ពួកគេចូលចិត្តអ្នកទាំងនោះខ្លាំងណាស់ ហើយទាក់ទាញចិត្ត មនុស្សទាំងនោះឱ្យមកខាងពួកគេ ព្រមទាំងការពារពួកគេទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកមនុស្សទាំងនោះដូចជាចៀមរបស់ពួកគេ ដូចជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ផ្ទេរ លាតត្រដាង ឬចាត់ការមនុស្សទាំងនោះឡើយ។ មិនថាមនុស្សទាំងនោះនិយាយលើកជើង និងយកចិត្តពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងណាក៏ដោយ មិនថាពួកគេនិយាយរឿងដែលគួរឱ្យខ្ពើមរអើម និងគួរឱ្យចង់ក្អួតយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងពេញចិត្តនឹងរឿងទាំងអស់នេះដែរ។ អ្វីៗគឺល្អទាំងអស់សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឱ្យតែមនុស្សទាំងនោះបញ្ជោរពួកគេ។ អ្វីៗគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ និងធ្វើ គឺដើម្បីឱ្យអ្នកដទៃឱ្យតម្លៃពួកគេខ្ពស់ ចូលចិត្តពួកគេ និងដើរតាមពួកគេ ហើយមិនថាមនុស្សដែលដើរតាមពួកគេធ្វើរឿងអាក្រក់ច្រើនប៉ុនណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនដេញដោលពួកគេដែរ ហើយពួកគេក៏មិនខ្វល់ដែរ ទោះបីជាភាពជាមនុស្សរបស់អ្នកទាំងនោះមានល្បិចកល និងព្យាបាទយ៉ាងណាក៏ដោយ។ ឱ្យតែមនុស្សទាំងនោះដើរតាម និងថ្វាយបង្គំពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងចូលចិត្តពួកគេ ហើយឱ្យតែមនុស្សទាំងនោះអាចរក្សាអំណាច និងឋានៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទបាន ហើយមិនប្រឆាំង ឬតទល់នឹងពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងមានអារម្មណ៍ថាពេញចិត្តជាខ្លាំង នេះហើយជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្ត។ ផ្ទុយទៅវិញ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តយ៉ាងណា ចំពោះមនុស្សដែលតែងតែលាតត្រដាងពួកគេ និងរារាំងពួកគេមិនឱ្យលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយដែលមើលងាយពួកគេចំពោះការធ្វើបែបនេះ ក៏ដូចជាអស់អ្នកដែលប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ដែលអាចមើលធ្លុះដល់សារជាតិនៃបញ្ហារបស់ពួកគេ និងដែលមានការញែកដឹងពិតប្រាកដអំពីពួកគេនោះ? ពួកគេខឹងភ្លាមៗដោយសារតែភាពអាម៉ាស់ ហើយពួកគេមានការប្រុងប្រយ័ត្នចំពោះមនុស្សទាំងនោះ ផាត់ពួកគេទាំងនោះចេញ និងវាយប្រហារពួកគេទាំងនោះ ដោយទីបំផុត ពួកគេព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់អស់អ្នកដែលអាចញែកដឹង និងប្រឆាំងនឹងពួកគេ ឱ្យនៅឯកោ។ តើអ្វីជាមូលហេតុនៅពីក្រោយការដែលពួកគេធ្វើបែបនេះ? នោះក៏ព្រោះតែនៅពេលដែលពួកគេកំពុងលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ពួកគេតែងតែគិតថា មនុស្សទាំងនោះគឺជារបស់ទើសភ្នែក និងជាបន្លាចាក់សាច់ពួកគេ ហើយថាមនុស្សទាំងនោះនឹងញែកដឹង និងបដិសេធពួកគេ លាតត្រដាងពួកគេ ព្រមទាំងបំផ្លាញរឿងល្អដែលពួកគេកំពុងមាន។ ពេលដែលពួកគេសម្លឹងឃើញមនុស្សទាំងនោះភ្លាម ពួកទទឹងនឹងព្រះគ្រីស្ទនឹងមានអារម្មណ៍មិនស្ងប់ក្នុងចិត្ត ហើយតែងតែចង់ចាត់ការមនុស្សទាំងនោះ ដោយគិតថា ឱ្យតែពួកគេអាចចាត់ការមនុស្សទាំងនោះបាន នោះនៅពេលដែលពួកគេលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងម្ដងទៀត នឹងគ្មាននរណាម្នាក់មកលាតត្រដាង ឬរារាំងពួកគេឡើយ ហើយពួកគេនឹងអាចប្រព្រឹត្តអំពើអាក្រក់យ៉ាងគឃ្លើនបាន។ នេះគឺជាគោលការណ៍ដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព។ មិនថាមានមនុស្សប្រភេទណាបញ្ជោរ សរសើរ ឬលើកតម្កើងពួកគេឡើយ ទោះបីជាអ្វីដែលមនុស្សទាំងនោះនិយាយស្របតាមការពិត ឬមិនស្របក៏ដោយ សូម្បីតែពួកគេកំពុងនិយាយកុហកក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងស្ម័គ្រចិត្តទទួលយកពួកគេ ពួកគេនឹងរីករាយក្នុងការស្ដាប់អ្នកទាំងនោះ ហើយពួកគេនឹងចូលចិត្តមនុស្សទាំងនោះចេញពីបាតបេះដូងរបស់ពួកគេ។ ពួកគេមិនខ្វល់ថាមនុស្សទាំងនោះមានបញ្ហាអ្វីឡើយ ហើយទោះបីជាពួកគេរកឃើញបញ្ហាជាមួយមនុស្សទាំងនោះក៏ដោយ ក៏ពួកគេនឹងលាក់បាំង និងបិទបាំងបញ្ហាទាំងនោះ ហើយមិនហើបមាត់និយាយមួយម៉ាត់ឡើយ។ ឱ្យតែពួកទទឹងនឹងព្រះគ្រីស្ទមានមនុស្សទាំងនោះនៅក្បែរខ្លួន ដើរតាម និងបញ្ជោរពួកគេ នោះពួកគេនឹងពេញចិត្តហើយ។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងរ៉ាវ។ តើអ្នករាល់គ្នាអាចធ្វើរឿងរ៉ាវទាំងនេះ ដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបានដែរឬទេ? ឧទាហរណ៍ ឧបមាថាអ្នករាល់គ្នាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងពួកជំនុំ ជាមនុស្សដែលមានឋានៈ និងកិត្តិយស ក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើបងប្អូនប្រុសស្រីឱ្យតម្លៃអ្នកខ្ពស់ បញ្ជោរអ្នក និយាយលើកជើងអ្នក និងសរសើរអ្នកជាញឹកញាប់ ដោយនិយាយថា អ្នកធ្វើសេចក្តីអធិប្បាយបានល្អ ថាអ្នកមានរូបរាងស្រស់សង្ហា ហើយថាសម្រាប់ពួកគេ អ្នកគឺជាអ្នកដឹកនាំដ៏ល្អបំផុត តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? តើអ្នកនឹងអាចញែកដឹងពីចេតនានៅពីក្រោយពាក្យសម្ដីរបស់ពួកគេបានដែរឬទេ? តើអ្នកនឹងអាចបដិសេធ និងគេចចេញពីមនុស្សបែបនេះបានដែរឬទេ? ប្រសិនបើមិនអាចទេ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ អ្នកដឹងច្បាស់ថា អ្នកមិនសូវមានរូបរាងស្រស់សង្ហា ប៉ុន្មានទេ ថាអ្នកមិនមានសមត្ថភាពប្រកបគ្នាអំពីតថភាពនៃសេចក្ដីពិតឡើយ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលអ្នកឮមនុស្សបញ្ជោរអ្នកតាមរបៀបនេះ ហើយតែងតែចង់ចូលទៅជិត និងលើកស្ទួយមនុស្សបែបនេះ តើនេះមិនមានន័យថា អ្នកកំពុងមានបញ្ហាទេឬអី? នេះមានន័យថា អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។

នៅពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការកំពុងធ្វើការ ជួនកាលពួកគេត្រូវបានបំភ្លឺ និងត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ពួកគេអាចនិយាយពីបទពិសោធពិតប្រាកដខ្លះៗ ហើយ ពួកគេនឹងមានមនុស្សដែលឱ្យតម្លៃពួកគេខ្ពស់ និងថ្វាយបង្គំពួកគេដោយឯកឯង ពួកគេនឹងមានមនុស្សដើរតាមពួកគេដោយឯកឯង ដោយស្អិតរមួតនឹងពួកគេដូចជាស្រមោលអន្ទោលតាមប្រាណអ៊ីចឹង។ នៅពេលបែបនេះ តើពួកគេគួរប្រព្រឹត្តចំពោះរឿងទាំងនេះយ៉ាងដូចម្តេច? មនុស្សគ្រប់រូបសុទ្ធតែមានចំណូលចិត្តរៀងៗខ្លួន មនុស្សគ្រប់រូបសុទ្ធតែចង់បានមុខមាត់។ ប្រសិនបើមនុស្សឮនរណាម្នាក់និយាយសរសើរ និងបញ្ជោរពួកគេ នោះពួកគេនឹងពេញចិត្តជាខ្លាំង។ នេះគឺជាអារម្មណ៍ធម្មតា ហើយវាមិនមែនជារឿងធំដុំនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេលើកស្ទួយនរណាម្នាក់ដែលពូកែលើកសរសើរពួកគេ ហួសហេតុ និងបញ្ជោរពួកគេ ហើយពួកគេដាក់មនុស្សបែបនេះឱ្យកាន់តួនាទីសំខាន់ នោះគឺជារឿងគ្រោះថ្នាក់ហើយ។ នេះក៏ព្រោះតែមនុស្សដែលចូលចិត្តបញ្ជោរ និងលើកសរសើរអ្នកដទៃហួសហេតុ សុទ្ធតែជាមនុស្សដែលមានល្បិចកល និងបោកបញ្ឆោតខ្លាំងណាស់ ហើយពួកគេមិនមែនជាមនុស្សស្មោះត្រង់ ឬទៀងត្រង់ឡើយ។ ពេលដែលមនុស្សបែបនេះទទួលបានឋានៈភ្លាម ពួកគេគ្មានប្រយោជន៍អ្វីដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬដល់កិច្ចការពួកជំនុំឡើយ។ មនុស្សទាំងនេះមានល្បិចកល ហើយពួកគេពូកែធ្វើឱ្យខូចការបំផុត។ ចំណែកឯមនុស្សដែលមានភាពទៀងត្រង់គួរសមវិញ ពួកគេមិនដែលលើកសរសើរអ្នកដទៃហួសហេតុឡើយ។ សូម្បីតែពួកគេពេញចិត្តនឹងអ្នកនៅក្នុងចិត្តក៏ដោយ ក៏ពួកគេមិននិយាយវាចេញមកក្រៅដែរ ហើយប្រសិនបើពួកគេរកឃើញថា អ្នកមានចំណុចខ្វះខាត ឬថាអ្នកបានធ្វើរឿងខុសឆ្គង នោះពួកគេនឹងចង្អុលបង្ហាញប្រាប់អ្នក។ ក៏ប៉ុន្តែ មនុស្សមួយចំនួនមិនចូលចិត្តមនុស្សត្រង់ទេ ហើយនៅពេលដែលមាននរណាម្នាក់ចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ពួកគេ ឬស្ដីបន្ទោសពួកគេ ពួកគេនឹងសង្កត់សង្កិន និងផាត់បុគ្គលនោះចេញ ហើយថែមទាំងចាប់ចំណុចខ្វះខាត និងចំណុចខ្សោយរបស់បុគ្គលនោះ ដើម្បីជំនុំជម្រះ និងថ្កោលទោសពួកគេជានិច្ចទៀតផង។ តាមរយៈការធ្វើបែបនេះ តើពួកគេមិនមែនកំពុងសង្កត់សង្កិន និងធ្វើបាបមនុស្សល្អទេឬអី? ការប្រព្រឹត្តបែបនេះ និងការធ្វើទុក្ខបុកម្នេញមនុស្សល្អបែបនេះ គឺជារឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើមបំផុត។ ការធ្វើទុក្ខបុកម្នេញមនុស្សល្អ គឺជាទង្វើដ៏កំណាច! ហើយប្រសិនបើនរណាម្នាក់ធ្វើទុក្ខបុកម្នេញមនុស្សល្អជាច្រើន នោះពួកគេគឺជាអារក្សហើយ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយយុត្តិធម៌ និងដោយក្ដីស្រឡាញ់ ហើយពួកគេគួរតែចាត់ការរឿងរ៉ាវនានាស្របតាមគោលការណ៍។ ជាពិសេស នៅពេលដែលមានមនុស្សបញ្ជោរ និងលើកជើងអ្នក ហើយចោមរោមអ្នក អ្នកត្រូវតែប្រព្រឹត្តចំពោះពួកគេឱ្យបានត្រឹមត្រូវ ជួយពួកគេដោយក្ដីស្រឡាញ់ និងឱ្យពួកគេបំពេញភារកិច្ចត្រឹមត្រូវរបស់ខ្លួន ហើយមិនត្រូវបញ្ជោរ មនុស្សដូចដែលពួកគ្មានជឿធ្វើឡើយ។ ចូរអ្នកបញ្ជាក់ពីជំហរ និងទស្សនៈរបស់អ្នកឱ្យបានច្បាស់លាស់ ធ្វើឱ្យពួកគេមានអារម្មណ៍ខ្មាសអៀន និងអាប់មុខ ដើម្បីកុំឱ្យពួកគេធ្វើបែបនេះម្ដងទៀត។ ប្រសិនបើអ្នកអាចប្រកាន់ខ្ជាប់នូវគោលការណ៍ និងប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ តើពួកត្លុកដ៏គួរឱ្យស្អប់ខ្ពើមដែលជាពូជអម្បូររបស់សាតាំងទាំងនេះ មិនមានអារម្មណ៍អាម៉ាស់មុខទេឬអី? ការធ្វើបែបនេះនឹងធ្វើឱ្យសាតាំងមានអារម្មណ៍អាម៉ាស់មុខ ហើយវានឹងបំពេញព្រះហឫទ័យព្រះជាម្ចាស់។ អស់អ្នកដែលចូលចិត្តបញ្ជោរអ្នកដទៃ ជឿថាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងអស់ សុទ្ធតែចូលចិត្តមនុស្សដែលបញ្ជោរពួកគេ ហើយនៅពេលណាក៏ដោយដែលមាននរណាម្នាក់និយាយពាក្យអ្វីដែលបញ្ជោរ ឬលើកជើងពួកគេ នោះភាពចង់បានមុខមាត់ និងបំណងប្រាថ្នាចង់បានឋានៈរបស់ពួកគេ ត្រូវបានបំពេញហើយ។ មនុស្សដែលស្រឡាញ់សេចក្ដីពិត មិនចូលចិត្តរឿងទាំងអស់នេះទេ ហើយពួកគេស្អប់ខ្ពើម និងខ្ពើមរអើមនឹងរឿងទាំងអស់នេះខ្លាំងណាស់។ មានតែពួកអ្នកដឹកនាំក្លែងក្លាយប៉ុណ្ណោះ ដែលរីករាយនឹងការបញ្ជោរ។ ដំណាក់របស់ព្រះជាម្ចាស់ប្រហែលជាមិនទះដៃសាទរ ឬសរសើរពួកគេទេ ប៉ុន្តែប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទះដៃសាទរ និងសរសើរពួកគេ នោះពួកគេមានអារម្មណ៍ត្រេកអរ និងពេញចិត្តជាខ្លាំង ហើយទីបំផុត ពួកគេទទួលបានការកម្សាន្តចិត្តខ្លះពីរឿងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទរឹតតែរីករាយនឹងការបញ្ជោរទៅទៀត ហើយអ្វីដែលពួកគេពេញចិត្តបំផុតនោះគឺ នៅពេលដែលមនុស្សបែបនេះចូលមកជិតពួកគេ និងចោមរោមពួកគេ។ តើនេះមិនមែនជារឿងមានបញ្ហាទេឬអី? នេះហើយជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេចូលចិត្តឱ្យមនុស្សសរសើរ និងទះដៃសាទរពួកគេ ថ្វាយបង្គំ និងដើរតាមពួកគេ ចំណែកឯអ្នកដែលដេញតាមសេចក្ដីពិត និងអ្នកដែលមានភាពទៀងត្រង់គួរសម មិនចូលចិត្តរឿងទាំងអស់នេះឡើយ។ អ្នកត្រូវតែចូលទៅជិតមនុស្សដែលអាចនិយាយដោយស្មោះត្រង់ប្រាប់អ្នក។ ការមានមនុស្សបែបនេះនៅក្បែរអ្នក គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នក។ ជាពិសេស ការមានមនុស្សល្អបែបនេះនៅជុំវិញអ្នក ដែលនៅពេលពួកគេរកឃើញបញ្ហាជាមួយអ្នក ពួកគេមានភាពក្លាហានក្នុងការស្ដីបន្ទោសអ្នក និងលាតត្រដាងអ្នក នោះអាចការពារអ្នកមិនឱ្យដើរផ្លូវខុសបាន។ ពួកគេមិនខ្វល់ថាអ្នកមានឋានៈអ្វីឡើយ ហើយពេលដែលពួកគេរកឃើញថា អ្នកបានធ្វើរឿងអ្វីមួយផ្ទុយនឹងគោលការណ៍សេចក្ដីពិត ពួកគេនឹងស្ដីបន្ទោស និងលាតត្រដាងអ្នក ប្រសិនបើចាំបាច់។ មានតែមនុស្សបែបនេះទេ ទើបជាមនុស្សទៀងត្រង់ ជាមនុស្សដែលមានស្មារតីយុត្តិធម៌។ មិនថាពួកគេលាតត្រដាង និងស្ដីបន្ទោសអ្នកយ៉ាងណាក៏ដោយ វាសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក ហើយវាសុទ្ធតែជាការមើលការខុសត្រូវលើអ្នក និងជំរុញអ្នកឱ្យឆ្ពោះទៅមុខ។ អ្នកត្រូវតែចូលទៅជិតមនុស្សបែបនេះ។ ដោយមានមនុស្សបែបនេះនៅក្បែរដើម្បីជួយអ្នក នោះអ្នកនឹងមានសុវត្ថិភាពជាងមុនច្រើន នេះហើយជាអត្ថន័យនៃការមានការការពាររបស់ព្រះជាម្ចាស់។ ការមានមនុស្សដែលយល់ពីសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍នៅក្បែរអ្នករាល់ថ្ងៃ ដើម្បីមើលការខុសត្រូវលើអ្នក គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ការបំពេញភារកិច្ច និងកិច្ចការរបស់អ្នកបានល្អ។ អ្នកដាច់ខាតមិនត្រូវយកមនុស្សដែលមានល្បិចកល បោកបញ្ឆោត ដែលយកចិត្ត និងបញ្ជោរអ្នក ធ្វើជាជំនួយការរបស់អ្នកឡើយ។ ការមានមនុស្សបែបនេះនៅស្អិតជាប់នឹងអ្នក គឺប្រៀបដូចជាមានរុយស្អុយទុំលើអ្នកអ៊ីចឹង អ្នកនឹងឆ្លងបាក់តេរី និងវីរុសជាច្រើនមិនខាន! មនុស្សបែបនេះងាយនឹងរំខានអ្នក និងប៉ះពាល់ដល់កិច្ចការរបស់អ្នក ពួកគេអាចធ្វើឱ្យអ្នកធ្លាក់ចូលក្នុងការល្បួង និងដើរផ្លូវខុស ហើយពួកគេអាចនាំគ្រោះមហន្តរាយ និងសេចក្ដីវិនាសមកដល់អ្នក។ អ្នកត្រូវតែជៀសឱ្យឆ្ងាយពីពួកគេ កាន់តែឆ្ងាយ កាន់តែល្អ ហើយប្រសិនបើអ្នកអាចញែកដឹងថា ពួកគេមានសារជាតិជាពួកអ្នកមិនជឿ ហើយបោសសម្អាតពួកគេចេញពីពួកជំនុំ នោះរឹតតែល្អទៅទៀត។ ពេលដែលមនុស្សទៀងត្រង់ដែលដេញតាមសេចក្ដីពិត ឃើញថាអ្នកមានបញ្ហា ពួកគេនឹងប្រាប់អ្នកពីការពិត ដោយមិនខ្វល់ថាអ្នកមានឋានៈអ្វីឡើយ មិនខ្វល់ថាអ្នកនឹងប្រព្រឹត្តចំពោះពួកគេយ៉ាងណាឡើយ ហើយទោះបីជាអ្នកនឹងដកហូតតំណែងពួកគេក៏ដោយ។ ពួកគេនឹងមិនព្យាយាមបិទបាំង ឬនិយាយបង្វែងដានឡើយ។ ការមានមនុស្សបែបនេះច្រើននៅជុំវិញអ្នក គឺមានប្រយោជន៍ខ្លាំងណាស់! នៅពេលដែលអ្នកធ្វើរឿងអ្វីមួយដែលផ្ទុយនឹងគោលការណ៍ ពួកគេនឹងលាតត្រដាងអ្នក ផ្ដល់យោបល់លើបញ្ហារបស់អ្នក ហើយចង្អុលបង្ហាញពីបញ្ហា និងកំហុសរបស់អ្នកដោយត្រង់ៗ និងដោយស្មោះត្រង់។ ពួកគេនឹងមិនព្យាយាមជួយអ្នកឱ្យរក្សាមុខមាត់ឡើយ ហើយពួកគេថែមទាំងមិនផ្ដល់ឱកាសឱ្យអ្នកគេចផុតពីភាពខ្មាសគេ នៅចំពោះមុខមនុស្សជាច្រើនទៀតផង។ តើអ្នកគួរប្រព្រឹត្តចំពោះមនុស្សបែបនេះយ៉ាងដូចម្តេច? តើអ្នកគួរធ្វើបាបពួកគេ ឬចូលទៅជិតពួកគេ? (ចូលទៅជិតពួកគេ)។ ត្រូវហើយ។ អ្នកគួរបើកចិត្ត និងប្រកបគ្នាជាមួយពួកគេ ដោយនិយាយថា៖ «បញ្ហាដែលខ្ញុំមានដែលអ្នកបានចង្អុលបង្ហាញប្រាប់ខ្ញុំនោះ គឺត្រឹមត្រូវហើយ។ នៅពេលនោះ ខ្ញុំពោរពេញដោយភាពចង់បានមុខមាត់ និងគំនិតចង់បានឋានៈ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្វើជាអ្នកដឹកនាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកមិនត្រឹមតែមិនព្យាយាមជួយខ្ញុំឱ្យរក្សាមុខមាត់ប៉ុណ្ណោះទេ ថែមទាំងចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំនៅចំពោះមុខមនុស្សជាច្រើនទៀត ដូច្នេះហើយទើបខ្ញុំមិនអាចទទួលយកបាន។ ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំឃើញថា អ្វីដែលខ្ញុំបានធ្វើពិតជាផ្ទុយនឹងគោលការណ៍ និងសេចក្ដីពិតមែន ហើយថាខ្ញុំមិនគួរធ្វើបែបនោះឡើយ។ តើការមានតំណែងជាអ្នកដឹកនាំ មានតម្លៃអ្វីទៅ? តើនេះមិនមែនគ្រាន់តែជាភារកិច្ចរបស់ខ្ញុំទេឬអី? យើងសុទ្ធតែកំពុងតែបំពេញភារកិច្ចរបស់យើង ហើយយើងសុទ្ធតែមានឋានៈស្មើគ្នា។ ភាពខុសគ្នាតែមួយគត់នោះគឺ ខ្ញុំរ៉ាប់រងទំនួលខុសត្រូវច្រើនជាងបន្តិច វាតែប៉ុណ្ណឹងឯង។ ប្រសិនបើអ្នករកឃើញបញ្ហាណាមួយនៅថ្ងៃអនាគត សូមនិយាយអ្វីដែលអ្នកគួរនិយាយចុះ ហើយរវាងពួកយើងនឹងគ្មានគំនុំផ្ទាល់ខ្លួនឡើយ។ ប្រសិនបើពួកយើងមានការយល់ដឹងពីសេចក្ដីពិតខុសគ្នា នោះពួកយើងអាចប្រកបគ្នាជាមួយគ្នាបាន។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីពិត ពួកយើងត្រូវតែរួបរួមគ្នា មិនមែនឃ្លាតឆ្ងាយពីគ្នាឡើយ»។ នេះគឺជាអាកប្បកិរិយានៃការអនុវត្ត និងការស្រឡាញ់សេចក្ដីពិត។ តើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើអ្នកចង់ជៀសវាងផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទឱ្យបានឆ្ងាយនោះ? អ្នកគួរតែផ្ដួចផ្ដើមគំនិតចូលទៅជិតមនុស្សដែលស្រឡាញ់សេចក្ដីពិត មនុស្សដែលមានភាពទៀងត្រង់ ចូលទៅជិតមនុស្សដែលអាចចង្អុលបង្ហាញពីបញ្ហារបស់អ្នក ដែលអាចនិយាយដោយស្មោះត្រង់ និងស្ដីបន្ទោសអ្នក នៅពេលដែលពួកគេរកឃើញបញ្ហារបស់អ្នក ហើយជាពិសេស មនុស្សដែលអាចលួសកាត់អ្នក នៅពេលដែលពួកគេរកឃើញបញ្ហារបស់អ្នក ពោលគឺមនុស្សទាំងនេះគឺជាអ្នកដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ហើយអ្នកគួរតែឱ្យតម្លៃពួកគេ។ ប្រសិនបើអ្នកផាត់ចេញ និងកម្ចាត់មនុស្សល្អបែបនេះចោល នោះអ្នកនឹងបាត់បង់ការការពាររបស់ព្រះជាម្ចាស់ ហើយគ្រោះមហន្តរាយនឹងខិតមកជិតអ្នកបន្តិចម្ដងៗមិនខាន។ តាមរយៈការចូលទៅជិតមនុស្សល្អ និងមនុស្សដែលយល់ពីសេចក្ដីពិត អ្នកនឹងមានសេចក្ដីសុខសាន្ត និងអំណរ ហើយអ្នកនឹងអាចទប់ស្កាត់គ្រោះមហន្តរាយបាន។ តាមរយៈការចូលទៅជិតមនុស្សថោកទាប មនុស្សឥតអៀនខ្មាស និងមនុស្សដែលបញ្ជោរអ្នក នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ អ្នកមិនត្រឹមតែងាយនឹងត្រូវគេបោកប្រាស់ និងបញ្ឆោតប៉ុណ្ណោះទេ ប៉ុន្តែគ្រោះមហន្តរាយក៏អាចធ្លាក់មកលើអ្នកនៅគ្រប់ពេលដែរ។ អ្នកត្រូវតែដឹងថាតើ មនុស្សប្រភេទណាដែលអាចផ្ដល់ប្រយោជន៍ដល់អ្នកបានច្រើនបំផុត គឺអ្នកដែលអាចក្រើនរំលឹកអ្នក នៅពេលដែលអ្នកធ្វើរឿងខុសឆ្គង ឬនៅពេលដែលអ្នកលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយបំភាន់អ្នកដទៃ នោះទើបអាចផ្ដល់ប្រយោជន៍ដល់អ្នកបានច្រើនបំផុត។ ការចូលទៅជិតមនុស្សបែបនេះ គឺជាផ្លូវដ៏ត្រឹមត្រូវដែលត្រូវដើរតាម។ តើអ្នករាល់គ្នាអាចធ្វើបែបនេះបានដែរឬទេ? ប្រសិនបើនរណាម្នាក់និយាយអ្វីមួយដែលបំផ្លាញកិត្តិយសរបស់អ្នក ហើយអ្នកថ្នាំងថ្នាក់ចិត្តនឹងពួកគេអស់មួយជីវិត ដោយនិយាយថា៖ «ហេតុអ្វីបានជាអ្នកលាតត្រដាងខ្ញុំ? ខ្ញុំមិនដែលប្រព្រឹត្តអាក្រក់ចំពោះអ្នកឡើយ។ ហេតុអ្វីបានជាអ្នកតែងតែធ្វើឱ្យខ្ញុំពិបាកម្ល៉េះ?» ហើយអ្នកមានគំនុំនៅក្នុងចិត្តរបស់អ្នក បង្កើតឱ្យមានការប្រេះឆា ហើយអ្នកតែងតែគិតថា៖ «ខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានអត្តសញ្ញាណ និងឋានៈនេះ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យអ្នកនិយាយបែបនោះឡើយ» ដូច្នេះ តើនេះជាការស្តែងចេញបែបណា? នេះគឺការមិនទទួលយកសេចក្ដីពិត និងការតាំងខ្លួនប្រឆាំងនឹងអ្នកដទៃ វាជាការមិនសូវចេះស្ដាប់ហេតុផល។ តើនេះមិនមែនជាគំនិតចង់បានឋានៈរបស់អ្នក ដែលកំពុងបង្កបញ្ហាទេឬអី? នេះបង្ហាញថា និស្ស័យពុករលួយរបស់អ្នកធ្ងន់ធ្ងរពេកហើយ។ អស់អ្នកដែលតែងតែមានគំនិតចង់បានឋានៈ គឺជាមនុស្សដែលមាននិស្ស័យទទឹងនឹងព្រះគ្រីស្ទយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ផងដែរ នោះពួកគេនឹងត្រូវបានលាតត្រដាង និងជម្រុះចោលយ៉ាងឆាប់រហ័ស។ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សដែលបដិសេធ និងមិនទទួលយកសេចក្ដីពិត! ការដែលតែងតែមានបំណងប្រាថ្នាចង់ដណ្ដើមឋានៈ និងចង់សោយសុខនឹងផលប្រយោជន៍នៃឋានៈ គឺជាសញ្ញានៃគ្រោះថ្នាក់។ នៅពេលដែលចិត្តរបស់មនុស្សម្នាក់តែងតែត្រូវបានរឹតត្បិតដោយឋានៈ តើគេនៅតែអាចអនុវត្តសេចក្ដីពិត និងចាត់ការរឿងរ៉ាវនានាស្របតាមគោលការណ៍បានដែរឬទេ? ប្រសិនបើមនុស្សម្នាក់មិនអាចអនុវត្តសេចក្ដីពិតបាន ហើយតែងតែធ្វើសកម្មភាពដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយតែងតែប្រើអំណាចរបស់ខ្លួនដើម្បីធ្វើរឿងរ៉ាវនានា តើគេមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់ក្រឡែត ដែលកំពុងបង្ហាញពីមុខមាត់ពិតរបស់គេទេឬអី?

ការស្តែងចេញដូចជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង គឺជាការស្តែងចេញទូទៅបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថានៅក្នុងជីវិតប្រចាំថ្ងៃ ឬនៅក្នុងរបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និង ដោះស្រាយរឿងរ៉ាវនានា ឬមិនថានៅក្នុងជីវិតពួកជំនុំឡើយ ការស្តែងចេញទាំងនេះតែងតែអាចត្រូវបានមើលឃើញ ជានិច្ច ពីព្រោះការស្តែងចេញទាំងនេះ គឺជាការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ ឧទាហរណ៍ សេចក្ដីពិតដែលទាក់ទងនឹងរបៀបដែលមនុស្សម្នាក់ប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួន របៀបដែលគេប្រព្រឹត្តចំពោះអ្នកដទៃ និងរបៀបដែលគេញែកដឹងអ្នកដទៃ គឺជាសេចក្ដីពិតដែលយើងបានលើកយកមកប្រកបគ្នា។ តើមកពីអ្នករាល់គ្នាដឹងពីការស្តែងចេញជាក់លាក់នៃរឿងរ៉ាវទាំងនេះនៅក្នុងជីវិតធម្មតារបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមិនអាចញាណដឹងថាវាជាបញ្ហាមែនទេ? ឬមួយក៏មកពីអ្នករាល់គ្នាមិនទាន់ចាប់ផ្ដើមចូលទៅក្នុង ដោយផ្អែកលើបញ្ហាជាក់លាក់ទាំងនេះ? ប្រសិនបើអ្នករាល់គ្នាមិនចាប់ផ្ដើមពីនិស្ស័យទេ ឬជួនកាលអ្នករាល់គ្នាបង្ហាញពីការស្តែងចេញទាំងនេះ ប៉ុន្តែមិនដឹងថាវាជាបញ្ហានិស្ស័យ ឬអត់ ហើយអ្នករាល់គ្នាក៏មិនអើពើនឹងវា នោះអ្នករាល់គ្នានៅឆ្ងាយណាស់ពីការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ ប្រសិនបើអ្នកមិនបានដឹងថា ការស្តែងចេញទាំងនេះគឺជាការដែលអ្នកលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេ ប្រសិនបើអ្នកមិនដឹងថា ការស្តែងចេញទាំងនេះកំពុងត្រូវបានគ្រប់គ្រងដោយនិស្ស័យពុករលួយរបស់អ្នកទេ ហើយអ្នកចាត់ទុកវាថាជាប្រភេទនៃបុគ្គលិកលក្ខណៈ ឬជារបៀបធ្វើរឿងនានា ឬការយល់ដឹងពីកំណើត ហើយមើលស្រាលវា ព្រមទាំងមិនចាត់ទុកវាថាជាការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ និងសារជាតិពុករលួយរបស់អ្នកទេ នោះអ្នកនឹងយល់ឃើញថាពិបាកក្នុងការផ្លាស់ប្ដូរនិស្ស័យពុករលួយដែលពាក់ព័ន្ធនោះ។ អ្វីដែលមនុស្សអាចដឹងថាទាក់ទងនឹងនិស្ស័យ មិនថាវាជារបៀបធ្វើរឿងរ៉ាវនានា ឬសភាពដែលពួកគេកំពុងស្ថិតនៅ មិនថាវាជាឥរិយាបថខាងក្រៅ ឬពាក្យសម្ដី និងការថ្លែង របស់ពួកគេ មិនថាវាជាគំនិត និងទស្សនៈរបស់ពួកគេ ឬការយល់ដឹងរបស់ពួកគេអំពីរឿងណាមួយឡើយ ឱ្យតែវាទាក់ទងនឹងសារជាតិនិស្ស័យ នោះពួកគេគួរតែតែងតែចាត់ទុកវា ថាជាការបង្ហាញឱ្យឃើញ ឬការបញ្ចេញឱ្យឃើញនូវសារជាតិធម្មជាតិរបស់មនុស្ស ហើយតាមរយៈការធ្វើបែបនេះ តើការយល់ដឹងរបស់ពួកគេនឹងមិនត្រូវបានពង្រីកទេឬអី? ពួកគេមិនគួរគ្រាន់តែយល់ពីរឿងធំៗ ដូចជាការដែលមនុស្សម្នាក់ទាស់ទទឹងនឹងព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិត លោភលន់ចង់បានឋានៈ ឬការដែលមនុស្សម្នាក់បំភាន់មនុស្សតាមរយៈអ្វីៗដែលគេនិយាយនោះទេ ប៉ុន្តែគួរតែយល់ពីអ្វីគ្រប់យ៉ាង ចាប់ពីរឿងតូចតាច ដូចជាគំនិត និងចេតនាជាក់លាក់ រហូតដល់រឿងធំៗ ដូចជាការអះអាង ឬការថ្លែង។ អម្បាញ់មិញនេះ ខ្ញុំបានលើកឡើងពីរឿងចំនួនប្រាំមួយសរុបបញ្ចូលគ្នា ដែលក្នុងនោះមានគំនិត និងទស្សនៈ ក៏ដូចជាការយល់ដឹងរបស់មនុស្សម្នាក់អំពីរឿងណាមួយ។ គំនិត និងទស្សនៈ គឺជារឿងដែលមាននៅក្នុងមនសិការ និងការគិតរបស់មនុស្សម្នាក់។ ការយល់ដឹង គឺជាអ្វីមួយដែលត្រូវបានគេទទួលស្គាល់រួចហើយ ហើយដែលមនុស្សម្នាក់អាចបង្កើតជាពាក្យសម្ដី និងការថ្លែងជាក់លាក់បាន។ បន្ទាប់មក គឺមានឥរិយាបថ និងភាសា។ សរុបបញ្ចូលគ្នា ទាំងនេះគឺជារឿងចំនួនបួន។ វាក៏មានការថ្លែង និងការអះអាងផងដែរ។ តើការថ្លែង និងការអះអាង ផ្ទុយគ្នានឹងអ្វី? (ចេតនា និងគំនិត)។ គំនិត គឺជារឿងស្រពេចស្រពិលដែលកើតឡើងនៅក្នុងចិត្តដោយមិនដឹងខ្លួន។ វាមិនទាន់ត្រូវបានកំណត់ថាត្រូវ ឬខុសនៅឡើយទេ អ្នកគ្រាន់តែគិតពីវា ហើយវាមិនទាន់លេចចេញជារូបរាងនៅក្នុងខ្លួនអ្នកនៅឡើយទេ ចំណែកឯការអះអាងដែលនិយាយចេញមក គឺលេចចេញជារូបរាងហើយ។ សរុបបញ្ចូលគ្នា មានបីក្រុម និងប្រាំមួយរឿង។ ចូរយករឿងទាំងប្រាំមួយនេះធ្វើជាផ្លូវឆ្ពោះទៅរកការវែកញែកសារជាតិនៃនិស្ស័យពុករលួយរបស់អ្នករាល់គ្នា និងការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ចាប់ពីពេលនេះតទៅ ចូរចាប់ផ្ដើមស្គាល់ពីនិស្ស័យពុករលួយ និងសារជាតិពុករលួយផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ពីរឿងទាំងប្រាំមួយនេះ ហើយតាមរយៈការធ្វើបែបនេះ អ្នករាល់គ្នានឹងពិតជាស្គាល់ខ្លួនឯង។

តើអ្នករាល់គ្នាត្រូវការពេលវេលាខ្លះ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នានៅថ្ងៃនេះ ដើម្បីត្រិះរិះពិចារណាពីអ្វីដែលអ្នករាល់គ្នាបានស្ដាប់ឮដែរឬទេ? នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា តើអ្នករាល់គ្នាអាចប្រកបគ្នាពីពន្លឺខ្លះៗ ឬការប្រៀបធៀបជាមួយខ្លួនឯង ដោយផ្អែកលើមូលដ្ឋានគ្រឹះនេះបានដែរឬទេ? នេះគឺជាគន្លឹះ ហើយវាមានប្រយោជន៍បំផុតសម្រាប់អ្នករាល់គ្នា។ នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នករាល់គ្នាត្រូវតែប្រកបគ្នា ផ្លាស់ប្ដូរគំនិតគ្នា និងពិភាក្សាពីបទពិសោធ និងការភ្ញាក់ខ្លួន របស់អ្នករាល់គ្នា នេះទើបមានប្រសិទ្ធភាពបំផុត។ ពីមុន យើងតែងតែប្រើពាក្យ «រិះគិត»។ នៅក្នុងភាសានិយាយ យើងនិយាយថា «ទំពារអៀង»។ នេះមានន័យថា ត្រូវអានឱ្យបានច្រើន អានអធិដ្ឋានឱ្យបានច្រើន គិតឱ្យបានច្រើន និងស្វែងរកឱ្យបានច្រើន ត្រូវយកអ្វីដែលអ្នកបានយល់នៅពេលនោះ ក៏ដូចជាអ្វីដែលអ្នកមិនបានយល់ ហើយបានចាត់ទុកថាជាគោលលទ្ធិ ព្រមទាំងចំណុចសំខាន់ៗ ចំណុចដែលមនុស្សគ្រប់គ្នាបានយល់ខុស និងចំណុចដែលអ្នកមិនបានយល់ដឹង ហើយផ្ដោតលើចំណុចទាំងអស់នោះនៅក្នុងការប្រកបគ្នា នេះហើយជាអត្ថន័យនៃ «ការទំពារអៀង»។ តាមរយៈការធ្វើបែបនេះ ការយល់ដឹងរបស់អ្នកអំពីព័ត៌មានលម្អិតនៃសេចក្ដីពិតទាំងនេះ ភាពខុសគ្នាផ្សេងៗរវាងសេចក្ដីពិត និងនិយមន័យនៃសេចក្ដីពិតនីមួយៗ នឹងកាន់តែច្បាស់លាស់ និងត្រឹមត្រូវឡើងៗ។ តើអ្នករាល់គ្នាគិតថា សេចក្ដីពិតផ្សេងៗដែលអ្នករាល់គ្នាបានយល់ និងបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កាន់តែស្រពេចស្រពិល ឬកាន់តែច្បាស់លាស់ បើប្រៀបធៀបនឹងពេលមុន? (កាន់តែច្បាស់លាស់)។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ តើមានការផ្លាស់ប្ដូរធំដុំណាមួយនៅក្នុងផ្លូវនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់ ទិសដៅដែលអ្នករាល់គ្នាប្រព្រឹត្តខ្លួន និងចេតនា ការជំរុញចិត្ត ព្រមទាំងកម្លាំងជំរុញដើមនៅពីក្រោយការបំពេញភារកិច្ចរបស់អ្នករាល់គ្នាដែរឬទេ? (បន្ទាប់ពីឆ្លងកាត់ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅខ្លះៗពីព្រះជាម្ចាស់ ព្រមទាំងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថាមានការផ្លាស់ប្ដូរខ្លះៗ)។ ការដែលមានការផ្លាស់ប្ដូរ គឺជារឿងត្រឹមត្រូវ ហើយវាគឺជាអ្វីដែលគួរតែកើតឡើង។ មនុស្សមួយចំនួនមានភាពព្រងើយកន្តើយរហូតមក ហើយមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនរួចមក។ ពួកគេមិនមានការរំជួលនៅក្នុងជម្រៅចិត្តរបស់ពួកគេឡើយ ពោលគឺ គ្មានការជួបជុំ ឬការប្រកបគ្នាណាមួយ អាចផ្លាស់ប្ដូរទិសដៅដែលពួកគេកំពុងទៅបានឡើយ ពួកគេពិតជាស្ពឹកស្រពន់ និងល្ងង់ខ្លៅណាស់! ផ្លូវឆ្ពោះទៅរកការទទួលបានសេចក្ដីសង្គ្រោះ ឥឡូវនេះគួរតែកាន់តែច្បាស់លាស់ឡើងៗ ហើយអស់អ្នកដែលមានបទពិសោធ មើលឃើញយ៉ាងច្បាស់លាស់ និងក្បោះក្បាយ ពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស និងគោលបំណងរបស់ទ្រង់ក្នុងការធ្វើបែបនេះ។ ប្រសិនបើបន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកនៅតែមិនដឹងពីរបៀបព្រះជាម្ចាស់សង្គ្រោះមនុស្ស និងរបៀបដែលទ្រង់បន្សុទ្ធពួកគេពីសេចក្ដីពុករលួយទេ នោះបង្ហាញថា អ្នកមិនមានការយល់ដឹងពីសេចក្ដីពិតទាល់តែសោះ ហើយក៏មិនមានការយល់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់សូម្បីតែបន្តិច។ តើមនុស្សបែបនេះមិនមែនកំពុងតែវង្វេងវង្វាន់នៅក្នុងសេចក្ដីជំនឿរបស់ពួកគេទេឬអី?

ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៩

ខាង​ដើម៖ ចំណុចទីបី៖ ពួកគេផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត

បន្ទាប់៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បី សិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីមួយ)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ