ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីពីរ)

II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ

ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីចំណុចទីប្រាំបួននៅក្នុងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចំណុចទីប្រាំបួនអំពីការបង្ហាញចេញរបស់ពួកគេមានដូចតទៅ៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង។ កាលពីលើកមុន យើងបានប្រកបគ្នាអំពីផ្នែកតូចមួយនៃចំណុចនេះ ដោយគ្រាន់តែចាប់ផ្ដើម​ប្រធានបទរបស់យើង ហើយប្រកបគ្នាអំពីអ្វីទៅជាផលប្រយោជន៍ ដែលជាចំណុចទីមួយ។ សម្រាប់ចំណុចទីពីរ យើងបានប្រកបគ្នាអំពីអ្វីទៅជាផលប្រយោជន៍របស់មនុស្ស និងអ្វីទៅជាសារជាតិនៃផលប្រយោជន៍របស់មនុស្ស។ ចំណុចទីបីដែលយើងបានប្រកបគ្នាគឺ អ្វីទៅជាផលប្រយោជន៍របស់ព្រះជាម្ចាស់ និងអ្វីទៅជាសារជាតិនៃផលប្រយោជន៍របស់ព្រះជាម្ចាស់ ហើយនេះគឺជាខ្លឹមសារត្រួសៗនៃចំណុចទាំងបីដែលយើងបានប្រកបគ្នា។ អ្វីដែលយើងបានប្រកបគ្នាកាលពីលើកមុន ជាមូលដ្ឋានគឺជាសេចក្ដីពិតបែបគោលគំនិត ដោយឈានដល់ការកំណត់និយមន័យសម្រាប់ទិដ្ឋភាពផ្សេងៗនៃផលប្រយោជន៍ និងផ្ដល់ឱ្យមនុស្សនូវការយល់ដឹងអំពីគោលគំនិតជាមូលដ្ឋាន។ លើកនេះ យើងនឹងមិនពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារដែលបានលើកឡើងខាងលើនេះនោះទេ ពីព្រោះប្រធានបទដែលយើងនឹងប្រកបគ្នាសម្រាប់ចំណុចទីប្រាំបួនរបស់យើង គឺដើម្បីរំលេចពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុដូច្នេះហើយ យើងនឹងបន្តផ្ដោតទៅលើការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងការប្រកបគ្នារបស់យើងអំពីចំណុចនេះ។ ជាចម្បង យើងនឹងវែកញែកអំពីអាកប្បកិរិយា និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះផលប្រយោជន៍ផ្សេងៗដែលពាក់ព័ន្ធនឹងខ្លួនពួកគេ ដោយព្យាយាមកំណត់ឱ្យឃើញពីសារជាតិធម្មជាតិ និងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយវែកញែកពួកគេចេញពីទស្សនៈនេះ។ យើងនឹងចាប់ផ្ដើមដោយប្រកបគ្នាអំពីថា តើនៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីខ្លះជារឿងដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកគេ។

នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រះជាម្ចាស់ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ គ្រាន់តែជាការហៅឈ្មោះប៉ុណ្ណោះ ប្រហែលជាគ្មានអ្វីក្រៅពីឈ្មោះឡើយ ដោយគ្មានតម្លៃពិតប្រាកដណាមួយឡើយ។ ហេតុដូច្នេះហើយ ពួកគេចាត់ទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃពួកជំនុំដោយការមើលងាយ ហើយផលប្រយោជន៍ទាំងនោះមិនសមនឹងឱ្យពួកគេគិតដល់ ឬមិនសមនឹងឱ្យពួកគេយកចិត្តទុកដាក់ឡើយ។ ផ្ទុយទៅវិញ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ ជាលទ្ធផល ពួកទទឹងនឹងព្រះគ្រីស្ទក្បត់ផលប្រយោជន៍នៃពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីដោះដូរយកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ឥឡូវនេះ ចូរយើងចាត់ថ្នាក់ និងវែកញែកឱ្យបានហ្មត់ចត់ថា តើរឿងអ្វីខ្លះដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យមនុស្សបានឃើញយ៉ាងច្បាស់ពីទស្សនៈរបស់ពួកគេលើបញ្ហាផលប្រយោជន៍។ ជាដំបូង និងសំខាន់បំផុត មិនថាពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេដាក់ឈ្មោះយ៉ាងណាក៏ដោយ ទោះជាពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ ឬបុគ្គលដែលមិនអនុវត្តសេចក្ដីពិត ឬមានភាពប្រទូសរ៉ាយចំពោះសេចក្ដីពិតក៏ដោយ ក៏មនុស្សប្រភេទទាំងនេះមិនមែនរស់នៅក្នុងទីកន្លែងដែលដាច់ដោយឡែកពីគេនោះទេ។ ពួកគេរស់នៅក្នុងសាច់ឈាម ហើយមានតម្រូវការដូចគ្នានៃជីវិតមនុស្សធម្មតា។ ហេតុដូច្នេះហើយ មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទដែលរស់នៅក្នុងចំណោមបងប្អូនប្រុសស្រី ឬនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ក៏មានផលប្រយោជន៍ដែលពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ នេះគឺជាផ្នែករងទីមួយអំពីផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ផ្នែករងទីពីរអំពីផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ដែលពាក់ព័ន្ធនឹងសិទ្ធិអំណាចរបស់ពួកគេ។ ផ្នែករងទីបីអំពីផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់ពួកគេ។ តើការវែកញែកផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទតាមរយៈផ្នែករងទាំងបីនេះ មានភាពច្បាស់លាស់ជាង បើប្រៀបធៀបទៅនឹងការប្រកបគ្នាអំពីផលប្រយោជន៍ទាំងនោះតាមរបៀបត្រង់ៗ និងគ្មានរចនាសម្ព័ន្ធដែរឬទេ? (មែនហើយ។) ប្រសិនបើខ្ញុំស្នើឱ្យអ្នករាល់គ្នាប្រកបគ្នាដោយផ្អែកលើផ្នែករងទាំងបីនេះ តើអ្នករាល់គ្នាមានការយល់ឃើញអ្វីខ្លះដែរឬទេ? តើអ្នករាល់គ្នាអាចប្រកបគ្នាពីការយល់ដឹងមួយចំនួនបានដែរឬទេ? (ខ្ញុំប្រហែលជាអាចពិភាក្សាពីការយល់ឃើញខ្លះៗទាក់ទងនឹងផ្នែករងទីពីរ ប៉ុន្តែខ្ញុំមិនសូវច្បាស់អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងផលប្រយោជន៍នោះទេ។) ល្អហើយ នៅពេលដែលខ្ញុំកំពុងប្រកបគ្នា អ្នករាល់គ្នាអាចបន្ថែមនៅត្រង់ណាដែលអ្នករាល់គ្នាអាចនិយាយបានច្បាស់ ហើយខ្ញុំនឹងប្រកបគ្នាអំពីអ្វីដែលអ្នករាល់គ្នាមិនច្បាស់។ តើធ្វើបែបនេះបានទេ? (បាន។)

ក. សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ

យើងនឹងចាប់ផ្ដើមការប្រកបគ្នារបស់យើងជាមួយនឹងផ្នែករងទីមួយនៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ អត្ថន័យនៃផ្នែករងនេះគួរតែច្បាស់សម្រាប់មនុស្សគ្រប់គ្នាហើយ វាពាក់ព័ន្ធនឹងសុវត្ថិភាពខាងផ្លូវកាយរបស់មនុស្ស។ នៅប្រទេសចិនដីគោក ការជឿលើព្រះជាម្ចាស់មានន័យថារស់នៅក្នុងមជ្ឈដ្ឋានដ៏គ្រោះថ្នាក់មួយ។ មនុស្សគ្រប់រូបដែលដើរតាមព្រះជាម្ចាស់ ប្រឈមមុខនឹងហានិភ័យជារៀងរាល់ថ្ងៃក្នុងការត្រូវចាប់ខ្លួន កាត់ទោស និងរងការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅពីនាគដ៏ធំមានសម្បុរក្រហម។ ពួកទទឹងនឹងព្រះគ្រីស្ទក៏គ្មានការលើកលែងដែរ។ ទោះបីជាពួកគេអាចនឹងត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏នាគដ៏ធំមានសម្បុរក្រហម ដោយសហការជាមួយពិភពសាសនា តែងតែធ្វើអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីបង្ក្រាប និងធ្វើទុក្ខបុកម្នេញពួកជំនុំរបស់ព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ទ្រង់ជានិច្ច ហើយជាការពិតណាស់ ពួកទទឹងនឹងព្រះគ្រីស្ទក៏ស្ថិតនៅក្នុងមជ្ឈដ្ឋានបែបនេះដែរ ហើយមិនរួចផុតពីការគំរាមកំហែងនៃការចាប់ខ្លួនឡើយ។ ហេតុដូច្នេះហើយ ពួកគេច្បាស់ជាជួបប្រទះនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេជាញឹកញាប់។ នេះពាក់ព័ន្ធនឹងសំណួរថា តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ចែងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងដូចម្តេច។ សម្រាប់ផ្នែករងនេះ ជាចម្បងយើងកំពុងប្រកបគ្នាអំពីអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ចុះតើពួកគេមានអាកប្បកិរិយាបែបណា? (ពួកគេធ្វើអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។) ពួកទទឹងនឹងព្រះគ្រីស្ទធ្វើអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ អ្វីដែលពួកគេគិតក្នុងចិត្តគឺ៖ «ខ្ញុំដាច់ខាតត្រូវតែធានាសុវត្ថិភាពរបស់ខ្ញុំ។ មិនថាអ្នកណាត្រូវគេចាប់បានក៏ដោយ ក៏មិនត្រូវជាខ្ញុំឡើយ»។ ក្នុងរឿងនេះ ពួកគេឧស្សាហ៍ចូលមកចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋាន ដោយអង្វរព្រះជាម្ចាស់ឱ្យថែរក្សាពួកគេកុំឱ្យមានរឿងអ្វីកើតឡើង។ ពួកគេមានអារម្មណ៍ថា ទោះជាយ៉ាងណាក៏ដោយ តាមពិតពួកគេកំពុងបំពេញកិច្ចការដឹកនាំពួកជំនុំ ហើយថាព្រះជាម្ចាស់គួរតែការពារពួកគេ។ ដើម្បីប្រយោជន៍នៃសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីជៀសវាងការចាប់ខ្លួន គេចផុតពីការធ្វើទុក្ខបុកម្នេញទាំងអស់ និងដាក់ខ្លួននៅក្នុងមជ្ឈដ្ឋានដែលមានសុវត្ថិភាព ពួកទទឹងនឹងព្រះគ្រីស្ទតែងតែអង្វរករ និងអធិដ្ឋានដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ មានតែនៅពេលនិយាយដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេពឹងផ្អែក និងប្រគល់ខ្លួនថ្វាយព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពួកគេមានសេចក្ដីជំនឿពិតប្រាកដនៅពេលនិយាយដល់រឿងនេះ ហើយការពឹងផ្អែករបស់ពួកគេលើព្រះជាម្ចាស់ គឺជាការពិត។ ពួកគេខ្វល់ត្រឹមតែការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ទូលសុំឱ្យទ្រង់ការពារសុវត្ថិភាពរបស់ពួកគេប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយសូម្បីតែបន្តិចដល់កិច្ចការរបស់ពួកជំនុំ ឬភារកិច្ចរបស់ខ្លួនឡើយ។ នៅក្នុងកិច្ចការរបស់ពួកគេ សុវត្ថិភាពផ្ទាល់ខ្លួនគឺជាគោលការណ៍ដែលណែនាំពួកគេ។ ប្រសិនបើកន្លែងណាមួយមានសុវត្ថិភាព នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងជ្រើសរើសកន្លែងនោះដើម្បីធ្វើកិច្ចការ ហើយជាការពិតណាស់ ពួកគេនឹងមើលទៅហាក់ដូចជាសកម្ម និងវិជ្ជមានខ្លាំងណាស់ ដោយសម្ញែងពី «ស្មារតីទទួលខុសត្រូវ» និង «ភាពស្មោះត្រង់» ដ៏អស្ចារ្យរបស់ពួកគេ។ ប្រសិនបើការបំពេញកិច្ចការខ្លះមានន័យថា ពួកគេត្រូវប្រថុយនឹងហានិភ័យ ហើយពួកគេទំនងជានឹងជួបគ្រោះថ្នាក់ ឬពួកគេនឹងត្រូវបាននាគដ៏ធំមានសម្បុរក្រហមរកឃើញ នោះពួកគេនឹងរកលេស និងបដិសេធកិច្ចការនោះ ហើយស្វែងរកឱកាសដើម្បីរត់គេចពីវា។ ពេលមានគ្រោះថ្នាក់ភ្លាម ឬពេលមានតម្រុយនៃគ្រោះថ្នាក់ភ្លាម ពួកគេគិតរកគ្រប់វិធីដែលអាចទៅរួចដើម្បីដកខ្លួនចេញ និងបោះបង់ភារកិច្ចរបស់ចោល ដោយមិនខ្វល់ពីបងប្អូនប្រុសស្រីឡើយ ហើយខ្វល់ខ្វាយត្រឹមតែការគេចចេញពីគ្រោះថ្នាក់ប៉ុណ្ណោះ។ ពួកគេប្រហែលជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងចិត្តរបស់ពួកគេថា៖ ពេលគ្រោះថ្នាក់លេចឡើងភ្លាម ពួកគេនឹងទម្លាក់ចោលកិច្ចការទាំងអស់ដែលពួកគេកំពុងធ្វើភ្លាមៗ ដោយមិនខ្វល់ថាកិច្ចការរបស់ពួកជំនុំទៅជាយ៉ាងណានោះទេ ឬមិនខ្វល់ថាវាអាចនឹងបង្កការខូចខាតអ្វីដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬមិនខ្វល់ពីសុវត្ថិភាពរបស់បងប្អូនប្រុសស្រីឡើយ អ្វីដែលសំខាន់សម្រាប់ពួកគេគឺការរត់គេចខ្លួន។ ពួកគេថែមទាំងមាន «ផែនការសម្ងាត់» មួយទៀតផង ជាផែនការដើម្បីការពារខ្លួនពួកគេ៖ ពេលគ្រោះថ្នាក់មកដល់ពួកគេ ឬពួកគេត្រូវបានចាប់ខ្លួនភ្លាម ពួកគេនឹងនិយាយអ្វីគ្រប់យ៉ាងដែលពួកគេដឹង ដើម្បីលាងខ្លួនឱ្យស្អាត និងដោះសាឱ្យរួចខ្លួន ពីការទទួលខុសត្រូវទាំងអស់ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាផែនការដែលពួកគេបានត្រៀមទុកជាស្រេច។ មនុស្សទាំងនេះមិនសុខចិត្តរងការធ្វើទុក្ខបុកម្នេញដោយសារការជឿលើព្រះជាម្ចាស់ឡើយ ពួកគេខ្លាចត្រូវបានចាប់ខ្លួន រងទារុណកម្ម និងត្រូវកាត់ទោស។ ការពិតគឺថា ពួកគេបានចុះញ៉មនឹងសាតាំងនៅក្នុងចិត្តរបស់ពួកគេជាយូរមកហើយ។ ពួកគេភ័យខ្លាចយ៉ាងខ្លាំងចំពោះអំណាចនៃរបបបែបសាតាំង ហើយកាន់តែខ្លាចថែមទៀតចំពោះរឿងដូចជាការធ្វើទារុណកម្ម និងការសួរចម្លើយយ៉ាងចាស់ដៃដែលធ្លាក់មកលើពួកគេ។ ហេតុដូច្នេះហើយ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន ហើយគ្មានការគំរាមកំហែងទាល់តែសោះចំពោះសុវត្ថិភាពរបស់ពួកគេ ឬគ្មានបញ្ហាអ្វីឡើយ ហើយគ្មានគ្រោះថ្នាក់ដែលអាចកើតមានទេនោះ ពួកគេអាចនឹងថ្វាយសេចក្ដីខ្នះខ្នែង និង «ភាពស្មោះត្រង់» របស់ខ្លួន ហើយថែមទាំងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។ ប៉ុន្តែ ប្រសិនបើកាលៈទេសៈមិនល្អ ហើយពួកគេអាចត្រូវបានចាប់ខ្លួនគ្រប់ពេលដោយសារការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួន ហើយប្រសិនបើការជឿរបស់ពួកគេលើព្រះជាម្ចាស់អាចនឹងធ្វើឱ្យពួកគេត្រូវបានបញ្ឈប់ពីតំណែងមន្រ្តី ឬត្រូវអស់អ្នកដែលស្និទ្ធស្នាលនឹងពួកគេបោះបង់ចោល នោះពួកគេនឹងប្រុងប្រយ័ត្នខ្លាំងជាពិសេស ដោយមិនផ្សាយដំណឹងល្អ និងមិនធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ ហើយក៏មិនបំពេញភារកិច្ចរបស់ពួកគេដែរ។ ពេលមានសញ្ញានៃបញ្ហាបន្តិចបន្តួច ពួកគេដកខ្លួនថយដូចជាអណ្ដើកលាក់ខ្លួនក្បាលក្នុងស្នូករបស់វាអ៊ីចឹង។ ពេលមានសញ្ញានៃបញ្ហាបន្តិចបន្តួច ពួកគេចង់ប្រគល់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីៗដែលពាក់ព័ន្ធនឹងការជឿលើព្រះជាម្ចាស់ទៅឱ្យពួកជំនុំវិញភ្លាមៗ ដើម្បីរក្សាខ្លួនពួកគេឱ្យមានសុវត្ថិភាព និងមិនមានគ្រោះថ្នាក់។ តើមនុស្សបែបនេះមិនមានគ្រោះថ្នាក់ទេឬ? ប្រសិនបើត្រូវបានចាប់ខ្លួន តើពួកគេនឹងមិនក្លាយជាយូដាសទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមានគ្រោះថ្នាក់ខ្លាំងណាស់ ដល់ថ្នាក់ពួកគេអាចនឹងក្លាយជាយូដាសបានគ្រប់ពេល គឺតែងតែមានលទ្ធភាពដែលពួកគេនឹងក្បត់ព្រះជាម្ចាស់ជានិច្ច។ លើសពីនេះទៅទៀត ពួកគេអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមដល់កម្រិតកំពូល។ នេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

អ្នកខ្លះអាចនឹងនិយាយថា៖ «ប្រហែលជាមនុស្សដែលមានការបង្ហាញចេញទាំងនេះ មានតែនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម ក្នុងបរិបទសង្គមនៃប្រទេសចិនប៉ុណ្ណោះ។ ពេលអ្នកទៅដល់ក្រៅប្រទេស គ្មានការធ្វើទុក្ខបុកម្នេញ ឬការចាប់ខ្លួនទេ ដូច្នេះសុវត្ថិភាពផ្ទាល់ខ្លួនលែងជារឿងសំខាន់ហើយ។ តើនៅតែមានភាពចាំបាច់សម្រាប់ប្រធានបទនេះទៀតឬទេ?» តើអ្នករាល់គ្នាគិតថាវាមានភាពចាំបាច់ដែរឬទេ? (មាន។) សូម្បីតែនៅក្រៅប្រទេសក៏ដោយ ក៏មនុស្សជាច្រើនដែលបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បង្ហាញឥរិយាបថទាំងនេះជាញឹកញាប់ដែរ។ ពេលពិភាក្សាដល់ការវាយប្រហារ ការមួលបង្កាច់ និងចលនាប្រឆាំងនឹងដំណាក់របស់ព្រះជាម្ចាស់ដោយរបបនយោបាយនៃប្រទេសណាមួយ ដោយអ្នកគ្មានជំនឿ ឬដោយពិភពសាសនាភ្លាម មនុស្សមួយចំនួនមានអារម្មណ៍ភ័យខ្លាច និងកំសាកយ៉ាងខ្លាំងនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ពួកគេថែមទាំងអាចនឹងមានអារម្មណ៍ថា ពួកគេមុខជាមានភាពប្រសើរជាងនៅពេលនេះ ហើយមានសេរីភាពជាង ប្រសិនបើពួកគេមិនជឿលើព្រះជាម្ចាស់ អ្នកខ្លះស្ដាយក្រោយដែលបានដាក់សេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយនៅក្នុងចិត្តរបស់ពួកគេ អ្នកខ្លះថែមទាំងគិតចង់ដកខ្លួនថយ និងមានគំនិតចង់បោះបង់ទៀតផង។ គ្រប់ពេលវេលា មនុស្សបែបនេះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយមានអារម្មណ៍ថាគ្មានអ្វីសំខាន់ជាងរឿងនេះឡើយ។ ជីវិតរបស់ពួកគេ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ គឺជាក្ដីបារម្ភចម្បងបំផុតនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ដូច្នេះ នៅពេលប្រឈមមុខនឹងការដែលពិភពលោក និងមនុស្សជាតិទាំងមូលបង្ខូចកេរ្តិ៍ឈ្មោះ មួលបង្កាច់ ព្រមទាំងថ្កោលទោសពួកជំនុំ និងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះមិនឈរនៅខាងព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ នៅពេលរឿងទាំងនេះកើតឡើង នៅពេលពួកគេឮពាក្យសម្ដីបង្ខូចកេរ្តិ៍ឈ្មោះ និងថ្កោលទោសព្រះជាម្ចាស់ នៅក្នុងជម្រៅចិត្ត ពួកគេឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេអន្ទះសាយ៉ាងខ្លាំងចង់ផ្ដាច់ទំនាក់ទំនងរវាងខ្លួនពួកគេ និងព្រះជាម្ចាស់ ដំណាក់របស់ទ្រង់ និងពួកជំនុំ។ លើសពីនេះទៅទៀត ក្នុងគ្រាបែបនេះ ការទទួលស្គាល់ថាពួកគេជឿលើព្រះជាម្ចាស់ គឺជាកិច្ចការដ៏លំបាក និងឈឺចាប់មួយសម្រាប់ពួកគេ។ ពួកគេពិតជាមិនចង់មានការពាក់ព័ន្ធណាមួយជាមួយព្រះជាម្ចាស់ ដំណាក់របស់ទ្រង់ ឬពួកជំនុំឡើយ។ ក្នុងពេលបែបនេះ ពួកគេមានអារម្មណ៍មិនស្រួល ហើយថែមទាំងខ្មាសអៀន និងមិនហ៊ានបង្ហាញមុខ ក្នុងការធ្វើជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើមនុស្សបែបនេះពិតជាអ្នកដើរតាមព្រះជាម្ចាស់មែនឬ? តើពួកគេពិតជាបានបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីដើរតាមព្រះជាម្ចាស់មែនឬ? (មិនមែនទេ។) នៅពេលមនុស្សជឿលើព្រះជាម្ចាស់នៅប្រទេសចិនដីគោក ពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនជាញឹកញាប់ ហើយជារឿយៗជួបប្រទះនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ទោះបីជាមជ្ឈដ្ឋាននៅក្រៅប្រទេសមិនសូវអាក្រក់ក៏ដោយ ក៏មនុស្សនៅតែជួបប្រទះនឹងកាលៈទេសៈស្រដៀងគ្នានេះដែរ។ ពួកគេប្រឈមមុខនឹងការមួលបង្កាច់ និងការថ្កោលទោសពីពិភពសាសនា ហើយពួកគេត្រូវតែប្រឈមមុខនឹងភាពព្រងើយកន្តើយ ឬសេចក្ដីថ្លែងដែលបង្ហាញពីការមិនយល់មួយចំនួនពីប្រទេសផ្សេងៗចំពោះពួកជំនុំ។ អ្នកខ្លះមានអារម្មណ៍វង្វេង ហើយថែមទាំងមានភាពមិនច្បាស់លាស់ និងការសង្ស័យថា តើកិច្ចការរបស់ព្រះជាម្ចាស់គឺពិតប្រាកដឬអត់ ដោយចោទសួរពីភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ហេតុដូច្នេះហើយ ដោយសារពួកគេគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេជាញឹកញាប់ ពួកគេមិនអាចបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយចិត្តនឹងនរ និងសុខស្រួលបានឡើយ។ តើបុគ្គលទាំងនេះពិតជាបានប្រគល់ជីវិតរបស់ពួកគេថ្វាយព្រះជាម្ចាស់មែនឬ? (អត់ទេ ពួកគេមិនបានធ្វើដូច្នេះទេ។) អ្នកខ្លះថែមទាំងគិតថា៖ «ការមកក្រៅប្រទេសមានន័យថាគេចផុតពីក្រញ៉ាំរបស់នាគដ៏ធំមានសម្បុរក្រហម តើមែនទេ? តើនៅក្រៅប្រទេសគ្មានសេរីភាពសាសនាទេឬ? តើអ្វីៗគ្រប់យ៉ាងមិនមានសេរីភាព និងរួចរំដោះទេឬ? ដោយសារព្រះជាម្ចាស់បានដឹកនាំយើងមកក្រៅប្រទេសដើម្បីបំពេញភារកិច្ចរបស់យើង ហេតុអ្វីបានជាយើងនៅតែត្រូវប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់ដដែលនេះ? ហេតុអ្វីបានជាយើងនៅតែត្រូវរៀនមេរៀនទាំងនេះ និងឆ្លងកាត់ការរងទុក្ខវេទនានេះនៅក្រៅប្រទេស?» អ្នកខ្លះមានការសង្ស័យនៅក្នុងចិត្ត ហើយអ្នកខ្លះមិនត្រឹមតែសង្ស័យប៉ុណ្ណោះទេ ថែមទាំងទាស់ទទឹងទៀតផង ដោយមានសំណួរក្នុងចិត្តដូចជា៖ «ដោយសារវាជាផ្លូវពិត ដោយសារវាជាកិច្ចការរបស់ព្រះជាម្ចាស់ ហេតុអ្វីបានជាពួកយើង ដែលស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលបានបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នៅតែត្រូវស៊ូទ្រាំនឹងការប្រព្រឹត្តចំពោះដោយអយុត្តិធម៌បែបនេះនៅក្នុងពិភពលោកនេះ?» ពួកគេមិនយល់ឡើយ។ ដោយសារពួកគេមិនយល់ ហើយពួកគេផ្ដល់អាទិភាពលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេលើសអ្វីៗទាំងអស់ ហេតុដូច្នេះហើយ ពួកគេបង្វែរការមិនយល់នេះទៅជាការរអ៊ូរទាំ និងការចោទសួរឆ្ពោះទៅកាន់ព្រះជាម្ចាស់។ តើមិនមែនអ៊ីចឹងទេឬ? (មែនហើយ។) អ្នកខ្លះនៅក្រៅប្រទេស ថែមទាំងខ្លាចមិនហ៊ានប្រថុយនឹងហានិភ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនទៀតផង។ ប្រសិនបើពួកគេត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចដែលពាក់ព័ន្ធនឹងហានិភ័យមួយចំនួន ពួកគេរកលេសដូចជា៖ «ខ្ញុំមិនស័ក្ដិសមនឹងភារកិច្ចនេះទេ។ គ្រួសាររបស់ខ្ញុំនៅប្រទេសចិនដីគោកនៅឡើយ ហើយប្រសិនបើនាគដ៏ធំមានសម្បុរក្រហមរកខ្ញុំឃើញ តើវានឹងមិនមានបញ្ហាសម្រាប់ខ្ញុំទេឬ?» ពួកគេបដិសេធមិនបំពេញភារកិច្ចបែបនេះឡើយ។ ពួកគេជ្រើសរើសរក្សាខ្លួនឯង ការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ និងសង្គ្រោះជីវិតរបស់ពួកគេផ្ទាល់។ ពួកគេទុកផ្លូវក្រោយសម្រាប់ខ្លួនឯង ជំនួសឱ្យការប្រគល់ខ្លួនទាំងស្រុង ការលះបង់អ្វីៗគ្រប់យ៉ាង និងការបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីទទួលយកភារកិច្ចរបស់ខ្លួន។ ពួកគេមិនអាចសម្រេចរឿងនេះបានឡើយ។ ទាំងនេះគឺជាឥរិយាបថខ្លះៗរបស់ពួកគេ នៅពេលនិយាយដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកខ្លះមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត ហើយឧស្សាហ៍អធិដ្ឋានអំពីរឿងនេះ។ អ្នកខ្លះឧស្សាហ៍មានអារម្មណ៍ភ័យខ្លាច និងកំសាក ដោយគិតថាកម្លាំងរបស់សាតាំងខ្លាំងពេក តើមនុស្សធម្មតាដូចជាពួកគេម្ដេចនឹងអាចទប់ទល់បានទៅ? ហេតុដូច្នេះហើយ ពួកគេឧស្សាហ៍ភ័យខ្លាច និងបារម្ភអំពីរឿងនេះ។ អ្នកខ្លះថែមទាំងមានអារម្មណ៍ថា ពេលពួកគេត្រូវគេចាប់ខ្លួនភ្លាម ពួកជំនុំ ឬដំណាក់របស់ព្រះជាម្ចាស់នឹងមិនអាចធ្វើអ្វីបានឡើយ ហើយគ្មាននរណាម្នាក់នឹងអាចជួយអ្វីបានទេ ប្រសិនបើមានរឿងអ្វីកើតឡើង។ ដូច្នេះ ពួកគេគិតថាអ្វីដែលសំខាន់បំផុតគឺត្រូវការពារខ្លួនឯង។ ហេតុដូច្នេះហើយ នៅពេលពួកគេត្រូវចេញមុខ និងទទួលយកភារកិច្ចដែលមានហានិភ័យ ពួកគេលាក់ខ្លួន ហើយគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលពួកគេបានឡើយ។ ពួកគេអះអាងថាពួកគេគ្មានសមត្ថភាព ដោយរកលេស និងហេតុផលគ្រប់បែបយ៉ាងដើម្បីបដិសេធភារកិច្ចសំខាន់ៗដែលដំណាក់របស់ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ។ ប្រសិនបើមជ្ឈដ្ឋានល្អ មនុស្សទាំងនេះប្រហែលជាហ៊ានឈរនៅទីសាធារណៈនៅចំពោះមុខហ្វូងមនុស្សយ៉ាងច្រើនដោយកាន់មីក្រូហ្វូន ហើយស្រែកថា៖ «ខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំគឺជាសមាជិករបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាអាចមកស្វែងយល់ពីផ្លូវពិតនេះបាន»។ ពួកគេអាចធ្វើបែបនេះដោយគ្មានការភ័យខ្លាចអ្វីឡើយ នៅពេលសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេមិនប្រឈមនឹងហានិភ័យ។ ពេលមានតម្រុយនៃការគំរាមកំហែងសូម្បីតែបន្តិច ឬមានស្ថានភាពណាមួយដែលពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ឬនៅពេលមានកាលៈទេសៈកើតឡើងភ្លាមៗ សេចក្ដីក្លៀវក្លារបស់ពួកគេក៏បាត់បង់ «ភាពស្មោះត្រង់» របស់ពួកគេក៏រលាយបាត់ ហើយ «សេចក្ដីជំនឿ» របស់ពួកគេក៏បាត់បង់ទៅដែរ។ ពួកគេដឹងតែពីរត់គេចទីនេះទីនោះប៉ុណ្ណោះ ដោយតែងតែព្យាយាមស្វែងរកកិច្ចការដែលគេមិនងាយកត់សម្គាល់ឃើញ និងនៅពីក្រោយឆាកដើម្បីធ្វើ ដោយរុញច្រានកិច្ចការ និងភារកិច្ចដែលតម្រូវឱ្យចេញមុខ និងប្រថុយនឹងហានិភ័យទៅឱ្យអ្នកដទៃ។ ពេលមជ្ឈដ្ឋានបានប្រសើរឡើងវិញភ្លាម ពួកគេក៏លេចមុខមកវិញដូចជាតួក្រមិចក្រមើមនៅលើឆាកអ៊ីចឹង។ ហេតុអ្វីបានជាពួកគេលេចមុខមកវិញ? គឺដើម្បីចាប់ផ្ដើមបង្ហាញពីខ្លួនឯង ដើម្បីឱ្យមនុស្សដឹងពីអត្ថិភាពរបស់ពួកគេ ដើម្បីបង្ហាញព្រះជាម្ចាស់ពីសេចក្ដីក្លៀវក្លារបស់ពួកគេ ដើម្បីឱ្យព្រះជាម្ចាស់ទតឃើញភាពស្មោះត្រង់របស់ពួកគេនៅពេលនោះ ហើយក្នុងពេលជាមួយគ្នានោះ គឺដើម្បីប៉ះប៉ូវនូវអ្វីដែលពួកគេបានធ្វើពីមុន ដោយខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្រោចស្រង់ស្ថានការណ៍ឡើងវិញ។ ក៏ប៉ុន្តែ ពេលមានសញ្ញានៃបញ្ហាសូម្បីតែបន្តិច ឬមានការផ្លាស់ប្ដូរនៅក្នុងមជ្ឈដ្ឋាន មនុស្សទាំងនេះក៏បាត់មុខម្ដងទៀត ហើយទៅលាក់ខ្លួនបាត់។

នៅពេលដែលកិច្ចការផ្សាយដំណឹងល្អទើបតែចាប់ផ្ដើមសាយភាយ ការផ្សាយដំណឹងល្អគឺមានការលំបាកយ៉ាងខ្លាំង។ នៅពេលនោះ មិនសូវមានមនុស្សច្រើនទេដែលអាចផ្សាយដំណឹងល្អបាន ហើយអស់អ្នកដែលបានផ្សាយនោះ ក៏មានការយល់ដឹងរាក់កំផែលអំពីសេចក្ដីពិតដែរ។ ពួកគេមិនអាចញែកដឹងពីសញ្ញាណសាសនារបស់មនុស្សបានល្អនោះទេ ហើយវាជារឿងលំបាកក្នុងការទទួលបានមនុស្ស។ លើសពីនេះទៅទៀត ការផ្សាយដំណឹងល្អក៏មានហានិភ័យផងដែរ។ នៅពេលជួបប្រទះនឹងមនុស្សដែលមានភាពជាមនុស្សល្អគួរសម យ៉ាងច្រើនបំផុត ពួកគេគ្រាន់តែបដិសេធមិនទទួលយក ហើយក៏ចប់រឿងទៅ ប៉ុន្តែពួកគេនឹងមិនធ្វើបាប ឬប្រមាថអ្នកឡើយ។ ប្រសិនបើអ្នករក្សាទំនាក់ទំនងជាមួយពួកគេ នោះប្រហែលជានៅតែមានសង្ឃឹមក្នុងការទទួលបានពួកគេ ដែលនឹងផ្ដល់លទ្ធផលខ្លះ។ ក៏ប៉ុន្តែ នៅពេលជួបប្រទះនឹងមនុស្សអាក្រក់ ឬគ្រូគង្វាល និងពួកចាស់ទុំមកពីនិកាយផ្សេងៗ មនុស្សទាំងនេះមិនត្រឹមតែបដិសេធមិនទទួលយកប៉ុណ្ណោះទេ ថែមទាំងដឹកនាំការវាយប្រហាររួមគ្នា បង្ខំអ្នកឱ្យសារភាពបាបរបស់ខ្លួន ហើយប្រសិនបើអ្នកមិនសារភាពទេ ពួកគេអាចនឹងវាយដំអ្នកទៀតផង។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ពួកគេថែមទាំងអាចនឹងប្ដឹងប៉ូលិស និងប្រគល់អ្នកទៅប៉ុស្តិ៍ប៉ូលិស ដែលធ្វើឱ្យអ្នកប្រឈមនឹងគ្រោះថ្នាក់នៃការជាប់ឃុំឃាំងបានគ្រប់ពេល។ អ្នកដឹកនាំពួកជំនុំមួយចំនួនមិនត្រូវបានរឹតត្បិតដោយរឿងទាំងនេះឡើយ។ ពួកគេបន្តបំពេញភារកិច្ចរបស់ខ្លួននៅពេលដែលពួកគេគួរធ្វើ ហើយថែមទាំងនាំមុខក្នុងការផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាលព្រះជាម្ចាស់ទៀតផង។ ក៏ប៉ុន្តែ អ្នកដែលគេហៅថាជាអ្នកដឹកនាំមួយចំនួន ឬអ្នកដឹកនាំក្លែងក្លាយទាំងនោះ មិនបានធ្វើបែបនេះឡើយ។ នៅពេលពួកគេប្រឈមមុខនឹងគ្រោះថ្នាក់បែបនេះ ពួកគេនឹងមិនទៅដោយខ្លួនឯងទេ ប៉ុន្តែបែរជាបញ្ជូនអ្នកដទៃទៅវិញ។ ខ្ញុំបានឮអំពីអ្នកដឹកនាំម្នាក់ដែលបានដឹងថា អ្នកដែលអាចទទួលយកដំណឹងល្អម្នាក់ គឺជាអ្នកដឹកនាំនៅក្នុងនិកាយមួយ។ នាងមានបំណងចាត់នរណាម្នាក់ឱ្យទៅផ្សាយដំណឹងល្អដល់គាត់។ បន្ទាប់ពីគិតចុះគិតឡើង នាងរកមនុស្សដែលស័ក្ដិសមមិនបានទេ ហើយគិតថាវាស័ក្ដិសមជាងដែលនាងត្រូវទៅដោយខ្លួនឯង។ ក៏ប៉ុន្តែ នាងខ្លាចគ្រោះថ្នាក់ ហើយមិនចង់ទៅទេ ដូច្នេះនាងក៏បានចាត់ឱ្យប្អូនស្រីវ័យក្មេងអាយុដប់ប្រាំបី ឬដប់ប្រាំបួនឆ្នាំម្នាក់ទៅជំនួសវិញ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ? តើនាងគួរតែចាត់ឱ្យប្អូនស្រីវ័យក្មេងនេះទៅដែរឬទេ? (នាងមិនគួរធ្វើបែបនេះទេ។) ហេតុអ្វីបានជានាងមិនគួរធ្វើបែបនេះ? (ពីព្រោះអ្នកដែលអាចទទួលយកដំណឹងល្អនោះ គឺជាអ្នកដឹកនាំនៅក្នុងនិកាយមួយដែលមានសញ្ញាណសាសនាជាច្រើន។ ប្អូនស្រីវ័យក្មេងនោះមានកម្ពស់តូចទាប មានការយល់ដឹងរាក់កំផែលអំពីសេចក្ដីពិត មិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហារបស់អ្នកដែលអាចទទួលយកដំណឹងល្អនោះបានទេ ហើយនាងមិនត្រឹមតែមិនអាចបង្វែរគំនិតគាត់ឱ្យមកជឿប៉ុណ្ណោះទេ ប៉ុន្តែនាងខ្លួនឯងអាចនឹងត្រូវគេបំភាន់ទៀតផង។) បើគិតពីអាយុរបស់នាង តើប្អូនស្រីវ័យក្មេងនេះពិតជាអាចយល់សេចក្ដីពិតបានកម្រិតណាទៅ? តើនាងមានចំណេះដឹងអំពីព្រះគម្ពីរប៉ុនណាទៅ? តើនាងមានសង្ឃឹមប៉ុនណាក្នុងការបង្វែរគំនិតអ្នកដឹកនាំមកពីនិកាយនោះឱ្យទទួលជឿ? ដោយសារតែអាយុរបស់នាង នាងប្រាកដជាមិនសូវមានបទពិសោធក្នុងការផ្សាយដំណឹងល្អឡើយ។ លើសពីនេះទៅទៀត នាងទើបតែពេញវ័យ ហើយខ្វះបទពិសោធ។ តើនាងអាចមើលធ្លុះពីសញ្ញាណ គំនិត និងការលំបាករបស់មនុស្សធំបានដែរឬទេ? (អត់ទេ នាងមិនអាចមើលធ្លុះទេ។) ប្រាកដជាមិនអាចទេ។ នៅអាយុរបស់នាង នាងពិតជាមិនអាចដោះស្រាយជាមួយនឹងគំនិតរបស់មនុស្សធំបានឡើយ។ ចូរប្រាប់ខ្ញុំមកមើល បើគិតពីអាយុរបស់នាង តើប្អូនស្រីវ័យក្មេងនេះគឺជាជម្រើសដ៏ល្អបំផុតដែរឬទេ? (នាងមិនមែនជាជម្រើសដ៏ល្អបំផុតទេ។) នាងមិនមែនជាជម្រើសដ៏ល្អបំផុតឡើយ។ ដូច្នេះ តាមរយៈការបញ្ជូនប្អូនស្រីវ័យក្មេងនេះទៅ តើអ្នកដឹកនាំរូបនេះមានចេតនាត្រឹមត្រូវដែរឬទេ? (នាងមិនមានចេតនាត្រឹមត្រូវទេ។) នាងមិនមានចេតនាត្រឹមត្រូវឡើយ។ នាងមិនគួរបញ្ជូនប្អូនស្រីវ័យក្មេងនេះទៅទេ។ ក្រោយមក នៅពេលដែលប្អូនស្រីវ័យក្មេងនេះបានទាក់ទងជាមួយអ្នកដឹកនាំនៃនិកាយនោះ ហើយដឹងថាគាត់មិនមែនជាមនុស្សល្អ នាងក៏បានរាយការណ៍ប្រាប់អ្នកដឹកនាំវិញ ដោយបញ្ជាក់ថានាងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយមិនហ៊ានទៅម្ដងទៀតឡើយ។ អ្នកដឹកនាំរូបនេះបានដាក់សម្ពាធលើនាង ដោយទទូចថា៖ «មិនបានទេ នេះគឺជាភារកិច្ចរបស់អ្នក ហើយអ្នកត្រូវតែទៅ!» ប្អូនស្រីវ័យក្មេងនោះត្រូវបានបង្ខំរហូតដល់យំ ហើយនិយាយថា៖ «វាជាភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំគួរតែទៅ ប៉ុន្តែខ្ញុំមិនអាចដោះស្រាយវាបានទេ ខ្ញុំមិនអាចធ្វើបានទេ»។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំរូបនេះមិនព្រមបន្ធូរបន្ថយឡើយ ហើយបន្តនិយាយថា៖ «ទោះបីជាអ្នកមិនអាចធ្វើបានក៏ដោយ ក៏អ្នកត្រូវតែទៅដែរ គ្មាននរណាផ្សេងទៀតទេ ដូច្នេះត្រូវតែជាអ្នក!» តើអ្នករាល់គ្នាគិតថា នេះជាអ្នកដឹកនាំប្រភេទណាទៅ? នាងមិនត្រឹមតែការពារខ្លួនឯងនៅពេលមានគ្រោះថ្នាក់មកដល់ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានធ្វើឱ្យអ្នកដទៃឱ្យជួបគ្រោះថ្នាក់ ខណៈពេលដែលនាងដកខ្លួនថយទៀតផង។ សូម្បីតែក្នុងស្ថានភាពដែលប្អូនស្រីវ័យក្មេងនេះបានបញ្ជាក់ពីភាពអសមត្ថភាពរបស់ខ្លួន ហើយថែមទាំងយំដោយក្ដីភ័យខ្លាចក៏ដោយ ក៏នាងនៅតែមិនព្រមដែរ។ តើនេះជាមនុស្សថោកទាបប្រភេទណាទៅ? តើនេះជាមនុស្សដែរទេ? (មិនមែនទេ។) នាងមិនមែនជាមនុស្សឡើយ។ នាងមិនបានគិតគូរពីសុវត្ថិភាពរបស់បងប្អូនប្រុសស្រីរបស់នាងឡើយ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។ នាងថែមទាំងដោះដូរសុវត្ថិភាពរបស់អ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាឪពុកម្ដាយដែលញៀនល្បែងទាំងនោះអ៊ីចឹង ដែលនៅពេលពួកគេចាញ់អស់ប្រាក់ ហើយគ្មានសល់អ្វីសោះ ពួកគេក៏យកកូនស្រីបង្កើតរបស់ខ្លួនទៅបញ្ចាំដើម្បីសងបំណុល ដើម្បីឱ្យពួកគេអាចឆ្លងកាត់គ្រាលំបាក និងគេចផុតពីមហន្តរាយ ដោយលះបង់មនុស្សដែលពួកគេស្រឡាញ់បំផុត ដើម្បីដោះដូរយកសេចក្ដីសុខផ្ទាល់ខ្លួន។ តើអ្នកដឹកនាំរូបនេះជាមនុស្សថោកទាបប្រភេទណាទៅ? តើនាងនៅមានភាពជាមនុស្សសេសសល់ដែរឬទេ? (គ្មានទេ។) នាងគ្មានភាពជាមនុស្សសូម្បីតែបន្តិចឡើយ។ ផ្អែកលើឥរិយាបថនេះ តើមនុស្សបែបនេះអាចត្រូវបានកំណត់លក្ខណៈជាអាទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? (អាចបាន។) គឺពិតជាបានមែន! អ្នកខ្លះអាចនឹងនិយាយថា៖ «អ្វីដែលពួកគេកំពុងធ្វើ គឺដើម្បីប្រយោជន៍កិច្ចការរបស់ពួកជំនុំ ដើម្បីផ្សាយដំណឹងល្អទេតើ។ តើពួកគេមិនមានចេតនាល្អទេឬ? តើពួកគេមិនកំពុងធ្វើបែបនេះដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើពួកគេម្ដេចនឹងអាចត្រូវបានកំណត់លក្ខណៈជាពួកទទឹងនឹងព្រះគ្រីស្ទទៅ?» តើធ្លាប់មាននរណាម្នាក់គិតបែបនេះដែរឬទេ? តើការជជែកវែកញែកបែបនេះអាចយកជាការបានដែរឬទេ? (អត់ទេ មិនបានទេ។) ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល តើបញ្ហានេះមានធម្មជាតិបែបណា? (អ្នកដឹកនាំរូបនេះ ដើម្បីប្រយោជន៍ និងសុវត្ថិភាពផ្ទាល់ខ្លួន បានប្រើជីវិត និងសុវត្ថិភាពរបស់ប្អូនស្រីវ័យក្មេងនោះធ្វើជាការតថ្លៃ ពោលគឺនាងមានចេតនារុញប្អូនស្រីនោះឱ្យធ្លាក់ជង្ហុកតែម្ដង នាងមានភាពជាមនុស្សដែលព្យាបាទយ៉ាងខ្លាំង។) និយាយឱ្យកាន់តែច្បាស់ទៅ អ្នកដឹកនាំរូបនេះ ដឹងយ៉ាងច្បាស់ថាប្អូនស្រីវ័យក្មេងនោះគ្មានសមត្ថភាពទាល់តែសោះក្នុងការធ្វើកិច្ចការនេះ ប៉ុន្តែនាងនៅតែរៀបចំការចាត់តាំងនេះឡើង ក្នុងគោលបំណងដើម្បីការពារខ្លួនឯង។ ក្នុងពេលជាមួយគ្នានោះ នាងធ្វើបែបនេះដើម្បីអាចរាយការណ៍ពីការបំពេញភារកិច្ចរបស់ខ្លួន ដោយលះបង់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកដទៃ ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន។ នោះហើយគឺជាចេតនារបស់នាង។ នាងមិនបានគិតគូរទាល់តែសោះថា តើនរណាមានសមត្ថភាពធ្វើកិច្ចការនេះ តើនរណាអាចបង្វែរគំនិតបុគ្គលនេះឱ្យទទួលជឿបាន ឬតើនរណាអាចធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ដោយស្វែងរកមនុស្សដែលល្អបំផុតសម្រាប់កិច្ចការនេះឡើយ។ សារជាតិនៃទង្វើរបស់នាង មិនមែនជាការបំពេញភារកិច្ចរបស់នាង ឬការបំពេញភាពស្មោះត្រង់ ឬការទទួលខុសត្រូវរបស់នាងឡើយ ប៉ុន្តែគឺដើម្បីអាចរាយការណ៍ប្រាប់ថ្នាក់លើរបស់នាង និងការពារខ្លួនឯងដោយលះបង់ផលប្រយោជន៍របស់អ្នកដទៃ ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង។ នាងបានប្រព្រឹត្តក្នុងរបៀបមួយដែលធ្វើឱ្យអ្នកដទៃគ្រោះថ្នាក់ ដើម្បីការពារខ្លួនឯង និងសម្រេចគោលដៅផ្ទាល់ខ្លួន តើនេះមិនមែនជាសារជាតិនៃរឿងនេះទេឬ? (មែនហើយ។) នោះហើយគឺជាសារជាតិនៃរឿងនេះ។ ហេតុដូច្នេះហើយ ទង្វើរបស់អ្នកដឹកនាំរូបនេះអាចត្រូវបានកំណត់លក្ខណៈថាជាទង្វើរបស់អាទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាឫសគល់នៃបញ្ហាទេឬ? (មែនហើយ។) នេះគឺប្រាកដជាដូច្នោះហើយ។ ប្រសិនបើគ្មានបេក្ខជនដែលស័ក្ដិសមទេ ហើយប្អូនស្រីវ័យក្មេងនេះក៏មិននៅទីនោះដែរ ប្រសិនបើនាងត្រូវបានគេប្រាប់ឱ្យទៅបង្វែរគំនិតអ្នកដឹកនាំនៃនិកាយនោះឱ្យទទួលជឿដោយខ្លួនឯង តើនាងនឹងទៅដែរឬទេ? តើនាងអាចនិយាយបានដែរឬទេថា៖ «ប្រសិនបើគ្មានបេក្ខជនដែលស័ក្ដិសមទេ នោះខ្ញុំនឹងទៅ។ ខ្ញុំមិនខ្លាចឡើយ។ ទោះបីជាវាមានន័យថាត្រូវលះបង់ជីវិតរបស់ខ្ញុំដើម្បីទទួលបានបុគ្គលនេះក៏ដោយ ក៏ខ្ញុំសុខចិត្តបោះបង់វាចោលដែរ ពីព្រោះនេះគឺជាភារកិច្ច និងជាការទទួលខុសត្រូវរបស់ខ្ញុំ»? តើនាងអាចធ្វើបែបនោះបានដែរឬទេ? (មិនអាចទេ។) ហេតុអ្វីបានជាយើងនិយាយថានាងមិនអាចធ្វើវាបាន? យើងមិនមែនកំពុងស្មាននៅត្រង់នេះទេ។ តើយើងផ្អែកលើអ្វីនៅពេលនិយាយថានាងមិនអាចធ្វើបាន? (ពីព្រោះនៅពេលនាងកំពុងបំពេញភារកិច្ចរបស់ខ្លួន វាមិនមែនដើម្បីសម្រេចបានលទ្ធផល និងបង្វែរគំនិតអ្នកដែលអាចទទួលយកដំណឹងល្អនោះឱ្យទទួលជឿពិតប្រាកដឡើយ។ ហេតុដូច្នេះហើយ នាងគ្រាន់តែធ្វើឱ្យតែរួចពីដៃដោយបញ្ជូនប្អូនស្រីវ័យក្មេងនោះទៅ។ ប្រសិនបើប្អូនស្រីវ័យក្មេងនោះមិននៅទីនោះទេ នាងក៏នឹងមិនទៅដោយផ្ទាល់ខ្លួនឯងដើម្បីទទួលបានបុគ្គលនេះដែរ។) ត្រូវហើយ វានឹងទៅជាបែបនោះឯង។ ប្រសិនបើនាងឃើញថាគ្មានបេក្ខជនដែលស័ក្ដិសមទេ តើនាងមិនគួរទៅដោយខ្លួនឯងទេឬ? (មែនហើយ។) ប្រសិនបើនាងពិតជាស្មោះត្រង់ចំពោះភារកិច្ចរបស់នាងមែន ហើយមិនគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនទេនោះ នាងមុខជាមិនឱ្យប្អូនស្រីវ័យក្មេងនោះទៅឡើយ គឺនាងនឹងទៅដោយខ្លួនឯង។ ដូច្នេះ តើការដែលនាងមិនទៅដោយខ្លួនឯងនេះ បង្ហាញពីបញ្ហាអ្វី? (គឺនាងកំពុងការពារសុវត្ថិភាព និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នាង។) ត្រូវហើយ ដំណើររឿងគឺបែបនេះឯង។ ប្រសិនបើនាងពិតជាស្មោះត្រង់ចំពោះភារកិច្ចរបស់ខ្លួនមែន នាងនឹងរ៉ាប់រងការទទួលខុសត្រូវដ៏ធ្ងន់នេះដោយខ្លួនឯងហើយ។ ក៏ប៉ុន្តែ នាងមិនបានធ្វើបែបនោះទេ ផ្ទុយទៅវិញ នាងបានជ្រើសរើសបេក្ខជនដែលមិនស័ក្ដិសមបំផុតឱ្យទៅជំនួសនាងវិញ។ តើវាជាចេតនារបស់នាងឬ ក្នុងការបញ្ជូនមនុស្សដែលមិនស័ក្ដិសមបំផុតទៅកាន់កន្លែងដែលគ្រោះថ្នាក់បំផុត ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនក្នុងការបិទបាំងខ្លួនឯងពីគ្រោះថ្នាក់ និងការពារខ្លួនឯងនោះ? (មែនហើយ។) នេះគឺជាឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺពាក់ព័ន្ធនឹងការចាត់មនុស្ស។

នៅប្រទេសចិនដីគោក នាគដ៏ធំមានសម្បុរក្រហមតែងតែបង្ក្រាប ចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញអ្នកជឿលើព្រះជាម្ចាស់យ៉ាងឃោរឃៅជានិច្ច ដោយជារឿយៗធ្វើឱ្យពួកគេធ្លាក់ក្នុងមជ្ឈដ្ឋានដ៏គ្រោះថ្នាក់។ ឧទាហរណ៍៖ រដ្ឋាភិបាលប្រើលេសផ្សេងៗដើម្បីចាប់ខ្លួនអ្នកជឿ។ រាល់ពេលដែលពួកគេរកឃើញតំបន់ដែលអាទទឹងនឹងព្រះគ្រីស្ទរស់នៅ តើរឿងដំបូងដែលអាទទឹងនឹងព្រះគ្រីស្ទគិតដល់គឺជាអ្វី? គេមិនបានគិតពីការរៀបចំកិច្ចការរបស់ពួកជំនុំឱ្យបានត្រឹមត្រូវនោះទេ ប៉ុន្តែគិតពីរបៀបរត់គេចពីស្ថានភាពដ៏គ្រោះថ្នាក់នេះ។ នៅពេលពួកជំនុំប្រឈមនឹងការបង្ក្រាប និងការចាប់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលចូលរួមក្នុងការងារដោះស្រាយបញ្ហាក្រោយមានរឿងកើតឡើងឡើយ។ ពួកគេមិនធ្វើការរៀបចំសម្រាប់ធនធាន ឬបុគ្គលិកដ៏សំខាន់របស់ពួកជំនុំឡើយ។ ផ្ទុយទៅវិញ ពួកគេរកលេស និងហេតុផលដើម្បីស្វែងរកកន្លែងដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯង ហើយក៏ចប់រឿងទៅ។ ពេលសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានធានាហើយ ពួកគេកម្រនឹងចូលរួមដោយផ្ទាល់ក្នុងការរៀបចំកិច្ចការ បុគ្គលិក ឬធនធានរបស់ពួកជំនុំណាស់ ហើយពួកគេក៏មិនសាកសួរពីរឿងនេះ ឬធ្វើការរៀបចំជាក់លាក់ណាមួយដែរ។ នេះបណ្ដាលឱ្យធនធាន និងហិរញ្ញវត្ថុរបស់ពួកជំនុំមិនត្រូវបានផ្ទេរទៅកាន់ទីតាំងដែលមានសុវត្ថិភាពទាន់ពេលវេលា ហើយនៅទីបំផុត របស់ជាច្រើនត្រូវបាននាគដ៏ធំមានសម្បុរក្រហមរឹបអូស និងយកទៅបាត់ ដែលបង្កការខាតបង់យ៉ាងធំធេងដល់ពួកជំនុំ និងនាំឱ្យមានការចាប់ខ្លួនបងប្អូនប្រុសស្រីកាន់តែច្រើន។ នេះគឺជាលទ្ធផលនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការ។ នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេតែងតែជាអាទិភាពចម្បង។ វាជាបញ្ហាមួយនៅក្នុងចិត្តរបស់ពួកគេ ដែលជាក្ដីបារម្ភជានិច្ចសម្រាប់ពួកគេ។ ពួកគេគិតក្នុងចិត្តថា៖ «ខ្ញុំមិនត្រូវមានរឿងឡើយ។ ទោះជាអ្នកណាត្រូវគេចាប់ក៏ដោយ ក៏ខ្ញុំមិនត្រូវឱ្យគេចាប់បានដែរ ខ្ញុំត្រូវតែនៅរស់។ ខ្ញុំនៅតែរង់ចាំដើម្បីទទួលបានចំណែកនៃសិរីល្អរបស់ព្រះជាម្ចាស់ នៅពេលដែលកិច្ចការរបស់ព្រះត្រូវបានបញ្ចប់។ ប្រសិនបើខ្ញុំត្រូវគេចាប់ខ្លួន ខ្ញុំនឹងធ្វើខ្លួនដូចជាយូដាស ហើយវានឹងចប់សព្វគ្រប់សម្រាប់ខ្ញុំហើយ។ វានឹងគ្មានលទ្ធផលល្អសម្រាប់ខ្ញុំឡើយ។ ខ្ញុំនឹងត្រូវបានដាក់ទោស»។ ហេតុដូច្នេះហើយ រាល់ពេលដែលពួកគេទៅធ្វើការនៅកន្លែងថ្មី ដំបូងពួកគេស៊ើបសួរមើលថាតើគ្រួសារណាដែលមានសុវត្ថិភាពបំផុត និងមានអំណាចបំផុត ដែលពួកគេអាចលាក់ខ្លួនពីការឆែកឆេររបស់រដ្ឋាភិបាល និងមានអារម្មណ៍ថាមានសុវត្ថិភាព។ ទីពីរ ពួកគេស្វែងរកគ្រួសារដែលមានលក្ខខណ្ឌរស់នៅល្អជាង ដែលមានសាច់ហូបរាល់ពេលញ៉ាំអាហារ មានម៉ាស៊ីនត្រជាក់នៅរដូវក្ដៅ និងមានម៉ាស៊ីនកម្ដៅនៅរដូវរងា។ លើសពីនេះទៅទៀត ពួកគេសាកសួរថាតើក្នុងចំណោមអ្នកជឿ មាននរណាដែលក្លៀវក្លាជាងគេ និងមានមូលដ្ឋានគ្រឹះរឹងមាំជាងគេ ជាមនុស្សដែលអាចផ្ដល់ការការពារនៅពេលមានបញ្ហាកើតឡើង។ ពួកគេស៊ើបសួររឿងទាំងអស់នេះជាមុនសិន។ បន្ទាប់ពីស៊ើបសួររួច ពួកគេរកបានកន្លែងមួយដើម្បីស្នាក់នៅ ហើយធ្វើកិច្ចការសើៗមួយចំនួន ផ្ញើសំបុត្រមួយ ឬបញ្ជូនព័ត៌មាន ឬការរៀបចំចាត់ចែងកិច្ចការខ្លះៗដោយផ្ទាល់មាត់។ ឥឡូវនេះ តើអ្នកគិតថាពួកទទឹងនឹងព្រះគ្រីស្ទមានសមត្ថភាពធ្វើកិច្ចការដែរឬទេ? ពេលមើលពីការដែលពួកគេគិតគូរ និងរៀបចំយ៉ាងល្អិតល្អន់ និងហ្មត់ចត់សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ វាហាក់ដូចជាពួកគេដឹងពីរបៀបធ្វើកិច្ចការលម្អិត ពួកគេដឹងនៅក្នុងចិត្តពីរបៀបធ្វើវា។ ទោះជាយ៉ាងនេះក្ដី ចេតនារបស់ពួកគេមិនត្រឹមត្រូវទេ ពួកគេគិតតែពីលាភសក្ការៈផ្ទាល់ខ្លួន ហើយពួកគេស្អប់ខ្ពើមសេចក្ដីពិត ទោះបីជាពួកគេដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺផ្ទុយនឹងសេចក្ដីពិត ហើយអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយ ក៏ពួកគេទទូចធ្វើរឿងនានាតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ និងប្រព្រឹត្តតាមតែអំពើចិត្ត និងមិនគិតមុខក្រោយដែរ។ អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ទាប់ពីបានរៀបចំកន្លែងស្នាក់នៅសម្រាប់ខ្លួនឯង និងមានអារម្មណ៍ថាពួកគេបានរួចផុតពីគ្រោះថ្នាក់ ថាគ្រោះថ្នាក់បានកន្លងផុតទៅហើយ នោះពួកទទឹងនឹងព្រះគ្រីស្ទក៏បន្តធ្វើកិច្ចការសើៗមួយចំនួន។ ពួកទទឹងនឹងព្រះគ្រីស្ទមានភាពល្អិតល្អន់ណាស់នៅក្នុងការរៀបចំរបស់ពួកគេ ប៉ុន្តែវាអាស្រ័យលើថាតើពួកគេកំពុងដោះស្រាយជាមួយនរណា។ ពួកគេគិតយ៉ាងប្រយ័ត្នប្រយែងពីរឿងដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅពេលនិយាយដល់កិច្ចការរបស់ពួកជំនុំ ឬភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបង្ហាញពីភាពអាត្មានិយម និងភាពគួរឱ្យស្អប់ខ្ពើមរបស់ពួកគេ ហើយមិនបង្ហាញពីការទទួលខុសត្រូវឡើយ ដោយខ្វះសូម្បីតែមនសិការ ឬវិចារណញ្ញាណបន្តិចបន្តួច។ គឺដោយសារតែឥរិយាបថទាំងនេះហើយ ទើបពួកគេត្រូវបានកំណត់លក្ខណៈជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើយើងត្រូវវិនិច្ឆ័យដោយផ្អែកលើគុណសម្បត្តិតែមួយមុខ ដោយពិចារណាពីការដែលពួកគេគិតគូរបានល្អ និងរៀបផែនការយ៉ាងល្អិតល្អន់ និងជាក់ស្ដែងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនខ្វះគុណសម្បត្តិទេ ហើយពួកគេមានប្រាជ្ញា។ ពួកគេគួរតែមានសមត្ថភាពក្នុងការចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ឥឡូវនេះ ប្រសិនបើអ្នកមើលទៅលើរឿងនេះដោយផ្អែកលើសមត្ថភាពរបស់ពួកគេ ពួកគេមិនគួរត្រូវបានហៅថាជាពួកទទឹងនឹងព្រះគ្រីស្ទទេ ចុះហេតុអ្វីបានជាពួកគេនៅតែត្រូវបានហៅបែបនេះ? វាត្រូវបានកំណត់ដោយផ្អែកលើសារជាតិរបស់ពួកគេ លើថាតើពួកគេអាចទទួលយកសេចក្ដីពិត និងអនុវត្តវាបានឬអត់ លើថាតើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតឬអត់។ ពួកគេធ្វើការគិតគូរ និងការរៀបចំយ៉ាងល្អិតល្អន់ និងជាក់លាក់ទាក់ទងនឹងមជ្ឈដ្ឋានរស់នៅ ការហូបចុក និងសុវត្ថិភាពរបស់ពួកគេ។ ក៏ប៉ុន្តែ នៅពេលនិយាយដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេក្លាយជាមនុស្សផ្សេងស្រឡះតែម្ដង ដែលអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង ដោយមិនបង្ហាញពីការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សទាំងនេះប្រាកដជាមិនមែនជាអ្នកដែលដេញតាមសេចក្ដីពិតឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទដោះស្រាយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងកិច្ចការរបស់ខាង​លើ ដោយត្រងយកកិច្ចការទាំងនោះ។ ពួកគេជ្រើសរើសត្រងយកអ្វីដែលពួកគេសុខចិត្តធ្វើ និងមិនសុខចិត្តធ្វើ ព្រមទាំងអ្វីដែលពាក់ព័ន្ធ និងមិនពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ទាប់មក ពួកគេធ្វើកិច្ចការងាយៗមួយចំនួនដែលគ្មានគ្រោះថ្នាក់ គ្រាន់តែដើម្បីជៀសវាងកុំឱ្យខាង​លើដឹងថា ពួកគេពូកែតែស៊ី តែខ្ជិលធ្វើការ ហើយថាពួកគេមិនយកចិត្តទុកដាក់ចំពោះភារកិច្ចត្រឹមត្រូវរបស់ខ្លួនឡើយ។ បន្ទាប់ពីរៀបចំកិច្ចការរួច ពួកគេមិនដែលសាកសួរ ឬមើលការខុសត្រូវថាតើកិច្ចការលម្អិតនានាត្រូវបានអនុវត្តដោយរបៀបណាឡើយ។ ឧទាហរណ៍៖ ដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍ និងបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងតង្វាយ និងធនធានផ្សេងៗ៖ របៀបរៀបចំរបស់ទាំងនោះ កន្លែងដែលត្រូវទុកដាក់ របៀបថែរក្សា និងថាតើនរណាគួរជាអ្នកថែរក្សា។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយតែអំពីរឿងទាំងនេះប៉ុណ្ណោះ ហើយពេលពួកគេបានធ្វើការរៀបចំរួច ពួកគេចាត់ទុកថាវាចប់សព្វគ្រប់ហើយ។ មិនថាមជ្ឈដ្ឋាននោះស័ក្ដិសមឬអត់ក៏ដោយ ក៏ពួកគេមិនដែលចុះទៅមើលដល់កន្លែងឡើយ ពួកគេគ្រាន់តែកម្រើកមាត់ប៉ុណ្ណោះ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនក្ដាប់បាន ហើយក៏មិនសាកសួរ ស៊ើបសួរ ឬខ្វល់ខ្វាយថាតើការរៀបចំជាក់លាក់សម្រាប់ធនធានទាំងនេះនៃដំណាក់របស់ព្រះជាម្ចាស់មានភាពសមស្រប ឬមានសុវត្ថិភាពដែរឬទេ។ ដូច្នេះ ក្នុងអំឡុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើជាអ្នកដឹកនាំ នៅក្នុងវិសាលភាពកិច្ចការរបស់ពួកគេ សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនត្រូវបានមនុស្សអាក្រក់រឹបអូសយក។ សៀវភៅខ្លះដុះផ្សិតដោយសារការទុកដាក់មិនបានត្រឹមត្រូវ ហើយក្នុងករណីខ្លះ សៀវភៅ ឬធនធានមួយចំនួនត្រូវបានទុកនៅកន្លែងដែលគ្មាននរណាម្នាក់មើលថែ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនបានធ្វើការរៀបចំជាក់លាក់សម្រាប់រឿងទាំងនេះប៉ុណ្ណោះទេ ប្រាកដណាស់ថាពួកគេមិនសាកសួរ ស៊ើបសួរ ឬសួរនាំអំពីរឿងទាំងនេះឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកថាកិច្ចការរបស់ពួកគេចប់សព្វគ្រប់ ពេលពួកគេធ្វើការរៀបចំរួច។ ពួកគេគ្រាន់តែនិយាយតែមាត់ ហើយក៏ចប់រឿងទៅ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ ដោយមិនស្វែងរកលទ្ធផលជាក់ស្ដែងណាមួយឡើយ។ តាមរយៈឥរិយាបថទាំងនេះ តើពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញពីភាពស្មោះត្រង់ដែរឬទេ? (អត់ទេ។) ពួកគេគ្មានភាពស្មោះត្រង់ឡើយ។ នៅពេលនិយាយដល់ការរៀបចំធនធានផ្សេងៗរបស់ពួកជំនុំ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលសាកសួរឡើយ។ តើឃ្លាថា «មិនដែលសាកសួរ» មានន័យដូចម្ដេច? តើវាមានន័យថាពួកគេមិនធ្វើការរៀបចំអ្វីទាល់តែសោះមែនទេ? ពួកគេធ្វើឱ្យតែរួចពីដៃ និងធ្វើការរៀបចំដើម្បីបិទបាំងភ្នែកមនុស្ស ក្រែងលោមាននរណាម្នាក់រាយការណ៍ពីពួកគេទៅថ្នាក់លើ។ ប៉ុន្តែពួកគេមិនដែលធ្វើកិច្ចការលម្អិតណាមួយឡើយ។ តើកិច្ចការលម្អិតសំដៅលើអ្វី? វាពាក់ព័ន្ធនឹងការកំណត់ថាតើរបស់ទាំងនេះគួរទុកនៅកន្លែងណា មានសុវត្ថិភាពឬអត់ តើអាចនឹងមានរឿងអ្វីកើតឡើងចំពោះរបស់ទាំងនោះឬអត់ តើអាចនឹងមានសត្វមកកកេរឬអត់ អាចត្រូវទឹកលិច ឬត្រូវគេលួចឬអត់ ថាតើបុគ្គលដែលទទួលខុសត្រូវក្នុងការថែរក្សាស័ក្ដិសមដែរឬទេ និងរឿងផ្សេងៗទៀត។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលសាកសួរ មិនដែលស៊ើបសួរ និងមិនដែលខ្វល់ខ្វាយឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេជឿថារបស់ទាំងនេះមិនមែនសម្រាប់ឱ្យពួកគេសោយសុខឡើយ ពួកគេមិនឱ្យតម្លៃរបស់ទាំងនោះទេ ហើយក៏គ្មានប្រយោជន៍សម្រាប់ពួកគេដែរ។ របស់ទាំងនោះជារបស់អ្នកដទៃ ជារបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយមិនពាក់ព័ន្ធនឹងពួកគេឡើយ។ ពួកគេមិនខ្វល់ទាល់តែសោះ ទុកឱ្យអ្នកណាដែលចង់ខ្វល់ខ្វាយ បារម្ភពីរឿងនេះចុះ ពួកគេមិនខ្វល់ឡើយ។ ពួកគេរៀបចំរឿងរ៉ាវ ហើយក៏ចប់រឿងទៅ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ថែមទាំងមិនខ្ចីរៀបចំទៀតផង។ ពួកគេជឿថា ពួកគេនឹងមិនទទួលបានរង្វាន់អ្វីឡើយ ទោះបីជាពួកគេធ្វើកិច្ចការនេះបានល្អក៏ដោយ ហើយថាក៏គ្មាននរណាម្នាក់ទាមទារឱ្យពួកគេទទួលខុសត្រូវដែរ ប្រសិនបើពួកគេធ្វើមិនបានល្អ។ តើនរណានឹងរាយការណ៍ពីពួកគេចំពោះរឿងតូចតាចបែបនេះ? តើព្រះជាម្ចាស់នឹងដាក់ទោសពួកគេចំពោះរឿងនេះដែរឬទេ? អាកប្បកិរិយា និងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះភារកិច្ចរបស់ខ្លួន គឺបែបនេះឯង៖ ពួកគេធ្វើឱ្យតែរួចពីដៃ និងដោះស្រាយបញ្ហាបែបបង្គ្រប់កិច្ច។ ដរាបណារឿងទាំងនេះមិនប៉ះពាល់ដល់ឋានៈ ឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេទេ ពួកគេមិនខ្វល់ថាវាត្រូវបានចាត់ចែង ឬអត់នោះទេ។ ទោះជារបស់ទាំងនេះបាត់បង់ ថយចុះ ឬខូចខាតក៏ដោយ ក៏វាសុទ្ធតែមិនពាក់ព័ន្ធនឹងពួកគេឡើយ។ នៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ធនធាននៃដំណាក់របស់ព្រះជាម្ចាស់ទាំងនេះ ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិសាធារណៈ។ ពួកគេមិនចាំបាច់ខ្វល់ខ្វាយពីរបស់ទាំងនោះទេ មិនចាំបាច់យកចិត្តទុកដាក់នឹងវាឡើយ ហើយក៏មិនចាំបាច់ចំណាយកម្លាំងដើម្បីចាត់ចែងវាដែរ។ ដូច្នេះ ក្នុងអំឡុងពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើជាអ្នកដឹកនាំ ដោយសារតែការធ្វេសប្រហែសចំពោះភារកិច្ចរបស់ពួកគេ ការផ្ដោតលើការសោយសុខផ្ទាល់ខ្លួន និងការខកខានមិនបានបំពេញកិច្ចការលម្អិត ធនធានផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏ត្រូវបាននាគដ៏ធំមានសម្បុរក្រហមប្លន់ ឬយកទៅបាត់ ឬត្រូវបានមនុស្សអាក្រក់មួយចំនួនរឹបអូសយក។ មានករណីបែបនេះជាច្រើន។ អ្នកខ្លះអាចនឹងនិយាយថា៖ «នៅក្នុងមជ្ឈដ្ឋានដ៏ប្រទូសរ៉ាយបែបនេះ តើនរណាអាចយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អិតល្អន់ទៅ? តើនរណាអាចជៀសផុតពីការធ្វេសប្រហែសបន្តិចបន្តួច ឬការប្រព្រឹត្តកំហុសខ្លះបានទៅ?» តើនេះគ្រាន់តែជារឿងប្រព្រឹត្តកំហុសខ្លះមែនទេ? ខ្ញុំហ៊ាននិយាយថា ប្រសិនបើមនុស្សអាចបំពេញការទទួលខុសត្រូវរបស់ខ្លួន និងបង្ហាញពីភាពស្មោះត្រង់ នោះការខាតបង់ធនធានទាំងនេះនឹងមិនធំធេងបែបនេះឡើយ វាប្រាកដជានឹងថយចុះ ហើយប្រសិទ្ធភាពនៃកិច្ចការនឹងប្រសើរឡើងយ៉ាងច្រើន។

ពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ។ ពួកគេមិនដែលខ្វល់ខ្វាយពីរឿងអ្វីដែលទាក់ទងនឹងដំណាក់របស់ព្រះជាម្ចាស់ ឬផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ អ្វីក៏ដោយដែលពួកគេធ្វើ គឺត្រូវតែវិលជុំវិញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទេ នោះពួកគេគ្រាន់តែមិនខ្វល់ និងមិនសួរនាំពីរឿងនោះឡើយ។ តើពួកគេអាត្មានិយមយ៉ាងណាទៅ! នៅពេលពួកទទឹងនឹងព្រះគ្រីស្ទខ្លះកំពុងធ្វើជាអ្នកដឹកនាំ នាគដ៏ធំមានសម្បុរក្រហមបានលួចប្លន់យកតង្វាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលស្ថិតនៅក្រោមដែននៃការមើលការខុសត្រូវរបស់ពួកគេ ហើយចំនួនដែលបាត់បង់នោះ គឺច្រើនលើសលប់នឹកស្មានមិនដល់។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះមិនបានបន្ទោសខ្លួនឯងទាល់តែសោះ។ ក្រោយមក ពួកគេថែមទាំងនិយាយថា៖ «វាមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំតែម្នាក់ឯងនោះទេ ម្ដេចនឹងអាចទម្លាក់កំហុសទាំងអស់មកលើខ្ញុំបានទៅ? ម្យ៉ាងទៀត ស្ថានភាពបែបនេះគឺមិនអាចចៀសវាងបានឡើយ»។ ពួកគេមិនមានអារម្មណ៍វិប្បដិសារីទាល់តែសោះ ពួកគេបានទម្លាក់កំហុសទៅលើអ្នកដទៃ ហើយដោយពោរពេញទៅដោយលេស ពួកគេព្យាយាមដោះសាឱ្យខ្លួនឯង។ តើពួកគេជាមនុស្សថោកទាបធុនណាទៅ? តើមនុស្សបែបនេះមិនគួរត្រូវបានបណ្ដេញចេញទេឬ? តើពួកគេមិនគួរត្រូវបានដាក់បណ្ដាសា និងដាក់ទោសទេឬ? (មែនហើយ។) បន្ទាប់ពីបានប្រព្រឹត្តកំហុសដ៏ធំបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះពិតជាគ្មានវិប្បដិសារីទាល់តែសោះ! ប្រសិនបើការធ្វេសប្រហែសរបស់ខ្លួនបណ្ដាលឱ្យទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវនាគដ៏ធំមានសម្បុរក្រហមឆក់ប្លន់យកទៅ តើមនុស្សធម្មតា មនុស្សដែលមានភាពជាមនុស្ស មនុស្សដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់ ឬក៏មនុស្សដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ នឹងបង្ហាញការសម្ដែងចេញបែបណា? (ពួកគេនឹងមានអារម្មណ៍វិប្បដិសារី បន្ទោសខ្លួនឯង ហើយមានអារម្មណ៍នៅក្នុងចិត្តថា ពួកគេមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។) តើពួកគេនឹងធ្វើអ្វីបន្ទាប់ទៀត? ពួកគេនឹងគិតរកវិធីដើម្បីប៉ះប៉ូវឡើងវិញ។ ចេញពីជម្រៅដួងចិត្តរបស់ពួកគេ ពួកគេនឹងមានអារម្មណ៍ថាជំពាក់គុណ និងវិប្បដិសារី។ មិនថាអ្នកដទៃនិយាយអ្វីក៏ដោយ ក៏ពួកគេមិនត្អូញត្អែរសូម្បីតែមួយម៉ាត់ ហើយពួកគេក៏មិនដោះសាឱ្យខ្លួនឯងដែរ។ ពួកគេនឹងទទួលស្គាល់ថា វាគឺជាការធ្វេសប្រហែសរបស់ពួកគេ ជាអំពើរំលងរបស់ពួកគេ។ ពួកគេនឹងទទួលយកអ្វីក៏ដោយដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ និងទោះជាដំណាក់របស់ព្រះជាម្ចាស់សម្រេចចិត្តចាត់វិធានការលើពួកគេយ៉ាងណាក៏ដោយ។ ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយករឿងនេះ? ហេតុអ្វីបានជាពួកគេមានអារម្មណ៍ពោរពេញដោយសេចក្ដីថ្នាំងថ្នាក់ចិត្ត បន្ទាប់ពីត្រូវបានបណ្ដេញចេញ? នេះបើកសម្ដែងពីធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបានបង្កឱ្យមានការខាតបង់យ៉ាងធំធេងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ការខិតខំប្រឹងប្រែងយ៉ាងច្រើនរបស់អ្នកដទៃត្រូវរលាយអស់ដោយសារតែការធ្វេសប្រហែសរបស់ពួកគេចំពោះភារកិច្ចរបស់ខ្លួន ហើយតង្វាយយ៉ាងច្រើនត្រូវបាននាគដ៏ធំមានសម្បុរក្រហមយកទៅបាត់ ប៉ុន្តែពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯង គ្មានអារម្មណ៍ថាជំពាក់គុណឡើយ ហើយពួកគេថែមទាំងដោះសាឱ្យខ្លួនឯងទៀតផង។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ចាត់វិធានការលើពួកគេ ពួកគេបដិសេធមិនព្រមចុះចូលឡើយ ហើយពួកគេបានផ្សព្វផ្សាយការរឹងទទឹងរបស់ខ្លួននៅគ្រប់ទីកន្លែង។ តើពួកគេជាមនុស្សថោកទាបធុនណាទៅ? តើនេះមិនមែនជាការស្វែងរកសេចក្ដីស្លាប់ទេឬ? (មែនហើយ។) នេះគឺជាការស្វែងរកសេចក្ដីស្លាប់ហើយ។ បើមើលទៅធាតុពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ សារជាតិធម្មជាតិរបស់ពួកគេ គឺជាភាពប្រទូសរ៉ាយចំពោះសេចក្ដីពិត និងព្រះជាម្ចាស់។ ពួកគេខ្វះភាពជាមនុស្ស។ ពួកគេគឺជាពួកអារក្សរស់ ជាពួកសាតាំង ជាសត្វតិរច្ឆានពាក់ស្បែកជាមនុស្ស។ នៅពេលមនុស្សដែលមានភាពជាមនុស្សប្រព្រឹត្តកំហុសតូចមួយ ឬនិយាយអ្វីមួយខុស ពួកគេមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង។ ប៉ុន្តែពួកអារក្សរស់ ពួកទទឹងនឹងព្រះគ្រីស្ទវិញ មិនមានអារម្មណ៍បែបនេះឡើយ។ សូម្បីតែបន្ទាប់ពីបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរបែបនេះក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះមិនមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងទាល់តែសោះ ហើយពួកគេថែមទាំងព្យាយាមដោះសាឱ្យខ្លួនឯងទៀតផង។ ដូច្នេះ តើសេចក្ដីពិតគឺជាអ្វីសម្រាប់ពួកគេ? តើពួកគេទទួលស្គាល់សេចក្ដីពិតនៅក្នុងដួងចិត្តរបស់ខ្លួនដែរឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយព្រះជាម្ចាស់គឺជាសេចក្ដីពិត តើពួកគេទទួលស្គាល់ការពិតនេះដែរឬទេ? (ពួកគេមិនទទួលស្គាល់ការពិតនេះទេ។) ច្បាស់ណាស់ថាពួកគេមិនទទួលស្គាល់វាឡើយ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេចាត់ទុកខ្លួនឯងថាជាសេចក្ដីពិត ថាជាព្រះជាម្ចាស់។ ពួកគេគិតថា ក្រៅពីពួកគេ គឺគ្មានព្រះជាម្ចាស់ផ្សេងទៀតឡើយ។ តើទាំងនេះមិនមែនជាពួកអារក្សទេឬ? (មែនហើយ។) ទាំងនេះគឺជាពួកអារក្ស ជាពួកអារក្សសុទ្ធសាធតែម្ដង។ ពួកទទឹងនឹងព្រះគ្រីស្ទមិនសួរនាំទាល់តែសោះអំពីធនធានរបស់ពួកជំនុំ ហើយពួកគេក៏មិនធ្វើការរៀបចំអ្វីជាក់លាក់សម្រាប់ធនធានទាំងនោះដែរ។ ប៉ុន្តែ ប្រសិនបើពួកគេមានរបស់មានតម្លៃផ្ទាល់ខ្លួន អ្នកអាចប្រាកដបានថា ពួកគេនឹងថែរក្សាវាបានយ៉ាងល្អឥតខ្ចោះ។ ពួកគេនឹងមិនបង្ហើបប្រាប់មួយម៉ាត់ឡើយ សូម្បីតែនៅពេលពួកគេនិយាយមមើក្នុងពេលដេកលក់ក៏ដោយ ហើយអ្នកមិនទាំងអាចវាយបង្ខំឱ្យពួកគេនិយាយបានដែរ។ ពួកគេយាមកាមវាបានយ៉ាងល្អជាទីបំផុត។ ក៏ប៉ុន្តែ នៅពេលនិយាយដល់ធនធាននៃដំណាក់របស់ព្រះជាម្ចាស់ អាកប្បកិរិយារបស់ពួកគេគឺខុសគ្នាស្រឡះ។ តាមពិត ពួកគេមានអាកប្បកិរិយាបែបនេះ៖ «តើរឿងនោះមានពាក់ព័ន្ធអ្វីនឹងខ្ញុំទៅ? ខ្ញុំមិនបានសោយសុខនឹងធនធាននោះទេ ហើយវាក៏មិនមែនជារបស់ខ្ញុំដែរ។ ទោះបីជាខ្ញុំថែរក្សាវាបានល្អក៏ដោយ ក៏វាអាចនឹងត្រូវប្រគល់ទៅឱ្យអ្នកផ្សេងដែរ! តើការយាមកាមវាឱ្យបានល្អយ៉ាងនេះ មានប្រយោជន៍អ្វីទៅ?» ពួកគេមិនចាត់ទុករឿងនេះជាភារកិច្ចរបស់ខ្លួនឡើយ។ តើនេះមិនមែនជាការខ្វះភាពជាមនុស្សទេឬ? (មែនហើយ។) វាគឺជាការបង្ហាញចេញនៃការខ្វះភាពជាមនុស្ស។ តើនេះហៅថាអ្វី? វាហៅថា ភាពមិនអាចពឹងផ្អែកបាន។ ព្រះជាម្ចាស់បានផ្ទុកផ្ដាក់កិច្ចការនេះដល់អ្នក ហើយបានប្រទានភារកិច្ចដែលអ្នកគួរតែបំពេញដល់អ្នក នេះគឺជាផ្នែកមួយនៃការងាររបស់អ្នក។ អ្នកគួរតែចាត់ចែងបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ ដោយអនុវត្តវាម្ដងមួយៗ ស្របតាមគោលការណ៍ដែលព្រះជាម្ចាស់តម្រូវ និងការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយរៀបចំវាឱ្យបានត្រឹមត្រូវ នោះការទទួលខុសត្រូវរបស់អ្នកនឹងត្រូវបានបំពេញ។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទមានផ្នត់គំនិត ឬគំនិតបែបនេះដែរឬទេ? (អត់ទេ ពួកគេគ្មានឡើយ។) គឺគ្មានទាល់តែសោះ។ នេះគឺជាការខ្វះភាពជាមនុស្សទាំងស្រុង។ តើការបង្ហាញចេញជាក់លាក់នៃការខ្វះភាពជាមនុស្សគឺជាអ្វី? គឺការមិនខ្វល់ខ្វាយអំពីការមានមនសិការ ឬវិចារណញ្ញាណឡើយ ហើយមានភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ខ្វះភាពគួរឱ្យទុកចិត្ត មិនអាចពឹងផ្អែកបាន និងមិនស័ក្ដិសមនឹងឱ្យគេផ្ទុកផ្ដាក់អ្វីមួយឡើយ។

នៅពេលនិយាយដល់បញ្ហាបុគ្គលិកនៅក្នុងពួកជំនុំ ដូចជាអ្នកណាកំពុងធ្វើកិច្ចការអ្វីនៅកន្លែងណា តើពួកគេកំពុងធ្វើកិច្ចការនោះបានត្រឹមត្រូវដែរឬទេ តើពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនមានប្រសិទ្ធភាពដែរឬទេ តើមានករណីនៃការបង្អាក់ ឬការរំខានណាមួយកើតឡើងដែរឬទេ ឬតើមតិកែលម្អរបស់បងប្អូនប្រុសស្រីមានលក្ខណៈបែបណា ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលសួរនាំលម្អិត ឬធ្វើការរៀបចំចាត់ចែងទាក់ទងនឹងរឿងទាំងនេះឡើយ។ ឧទាហរណ៍៖ នៅពេលដំណាក់របស់ព្រះជាម្ចាស់ស្នើឱ្យពួកគេផ្ដល់បុគ្គលមានទេពកោសល្យផ្សេងៗ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែមើលត្រួសៗលើសេចក្ដីណែនាំជាលាយលក្ខណ៍អក្សររបស់បុគ្គលទាំងនេះ ដោយមិនបានស្វែងយល់ ឬសួរនាំជាក់លាក់អំពីស្ថានភាពរបស់បុគ្គលទាំងនេះឡើយ ឧទាហរណ៍ តើបុគ្គលទាំងនេះមានមូលដ្ឋានគ្រឹះនៅក្នុងសេចក្ដីជំនឿរបស់ខ្លួនដែរឬទេ តើភាពជាមនុស្សរបស់បុគ្គលទាំងនេះយ៉ាងម៉េចដែរ តើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ តើទេពកោសល្យ និងជំនាញបច្ចេកទេសជាក់លាក់របស់អ្នកទាំងនោះស្របតាមស្ដង់ដាដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវជាចាំបាច់ដែរឬទេ ហើយតើបុគ្គលទាំងនេះស័ក្ដិសមនឹងការបណ្ដុះបណ្ដាល និងទទួលរ៉ាប់រងភារកិច្ចសំខាន់ៗដែរឬទេ។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែធ្វើរឿងទាំងនេះឱ្យតែរួចពីដៃ ដោយធ្វើឱ្យល្អមើលតែសំបកក្រៅ ពិនិត្យមើលត្រួសៗលើសេចក្ដីណែនាំជាលាយលក្ខណ៍អក្សរ ហើយក៏ចប់តែម្ដង។ ពួកគេមិនដែលប្រាស្រ័យទាក់ទងផ្ទាល់ជាមួយបុគ្គលដែលបានផ្ដល់ឱ្យនោះយ៉ាងពិតប្រាកដទេ ហើយពួកគេក៏មិនស្វែងយល់ឱ្យបានលម្អិត ឬស៊ីជម្រៅពីអ្នកទាំងនោះដែរ។ ជាលទ្ធផល មនុស្សភាគច្រើនដែលពួកទទឹងនឹងព្រះគ្រីស្ទជ្រើសរើស ទីបំផុតក៏ត្រូវបានជម្រុះចោល ពីព្រោះអ្នកទាំងនោះមិនបានបំពេញភារកិច្ចរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់នឹងកិច្ចការត្រឹមត្រូវរបស់ខ្លួនឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញស្ថានភាពនេះយ៉ាងដូចម្ដេច? «វាមិនមែនថាខ្ញុំត្រូវបានគេដំឡើងឋានៈឱ្យធ្វើភារកិច្ចទាំងនេះឯណា ខ្ញុំគ្មានចំណែកក្នុងរឿងទាំងនោះទេ។ អ្នកណាទៅ តើវាមានអ្វីខុសគ្នាទៅ? ឱ្យតែខ្ញុំអនុម័តលើការណែនាំ និងផ្ដល់មនុស្សទាំងនេះ នោះរាប់ថាខ្ញុំបានធ្វើការងាររបស់ខ្ញុំហើយ។ លើសពីនេះទៅទៀត បុគ្គលដែលត្រូវបានដំឡើងឋានៈទាំងនោះ នឹងជំពាក់គុណខ្ញុំ។ ថាតើពួកគេស័ក្ដិសមនឹងការបណ្ដុះបណ្ដាល ឬក៏អត់ វាមិនមែនជារឿងរបស់ខ្ញុំទេ»។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទផ្ដល់បុគ្គលដែលមិនស័ក្ដិសម ដែលបង្កឧបសគ្គដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ តើពួកគេត្រូវទទួលខុសត្រូវដែរឬទេ? (ត្រូវទទួលខុសត្រូវ។) ពួកគេត្រូវទទួលខុសត្រូវយ៉ាងច្រើន ប៉ុន្តែពួកអារក្សកំណាចទាំងនេះមិនបានធ្វើការត្រួតពិនិត្យទាល់តែសោះ។ អ្នកខ្លះនិយាយថា៖ «នៅកន្លែងខ្លះដែលមានមជ្ឈដ្ឋានដ៏លំបាក យើងមិនអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទល់មុខគ្នាបានទេ។ តើយើងអាចត្រួតពិនិត្យពួកគេដោយរបៀបណា?» មិនថាមជ្ឈដ្ឋាននោះលំបាកយ៉ាងណាក៏ដោយ ក៏នៅតែមានវិធីសាស្ត្រ និងរបៀបដើម្បីដោះស្រាយបញ្ហាទាំងនេះដែរ។ វាអាស្រ័យលើថាតើអ្នកទទួលខុសត្រូវ និងប្ដេជ្ញាអស់ពីចិត្តពិតប្រាកដដែរឬទេ។ តើមិនអ៊ីចឹងទេឬ? (មែនហើយ។) ប្រសិនបើអ្នកបង្ហាញភាពស្មោះត្រង់ និងការទទួលខុសត្រូវរបស់អ្នក នោះទោះបីជាលទ្ធផលមិនល្អឥតខ្ចោះក៏ដោយ ក៏ព្រះជាម្ចាស់ពិនិត្យពិច័យ និងជ្រាបពីរឿងនេះដែរ ហើយការទទួលខុសត្រូវនឹងមិនធ្លាក់លើអ្នកឡើយ។ ប៉ុន្តែប្រសិនបើអ្នកមិនបង្ហាញភាពស្មោះត្រង់ និងការទទួលខុសត្រូវរបស់ខ្លួនទេ នោះទោះបីជាគ្មានអ្វីខុសឆ្គង ហើយទីបំផុតវាមិនបណ្ដាលឱ្យមានផលវិបាកអ្វីក៏ដោយ ក៏ព្រះជាម្ចាស់នឹងពិនិត្យពិច័យរឿងនេះដែរ។ លក្ខណៈនៃរបៀបទាំងពីរនេះគឺខុសគ្នា ហើយព្រះជាម្ចាស់នឹងប្រព្រឹត្តចំពោះវាខុសគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ប្រើល្បិចផងដែរ នៅពេលនិយាយដល់ការផ្ដល់មនុស្ស ពួកគេក៏មានចេតនាលាក់កំបាំងដែលអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយពួកគេខ្វះភាពស្មោះត្រង់។ មិនថាពួកគេកំពុងធ្វើអ្វីក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមានការគិតគូរផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេមិនប្រកាន់ខ្ជាប់នូវគោលការណ៍ឡើយ។ លើសពីនេះទៅទៀត ដើម្បីឱ្យកិច្ចការជាក់ស្ដែងត្រូវបានបំពេញឱ្យបានល្អ ពួកគេត្រូវតែបង្ហាញមុខ ធ្វើដំណើរចុះឡើងដើម្បីជួបមនុស្សឱ្យបានច្រើន ស៊ូទ្រាំនឹងការលំបាក និងប្រថុយប្រថាន។ ពេលមានរឿងអ្វីមួយប៉ះពាល់ដល់បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទចាប់ផ្ដើមគិតគូរម្ដងទៀត ហើយធម្មជាតិរបស់ពួកគេត្រូវបានបើកសម្ដែង។ តើអ្វីត្រូវបានបើកសម្ដែង? ពួកគេជឿថា ការប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើនពេក គឺជាហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាពួកគេមិនអាចទាក់ទងជាមួយមនុស្សតាមតែអំពើចិត្តបានឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រាស្រ័យទាក់ទងជាមួយអស់អ្នកដែលពួកគេគួរតែទាក់ទងឡើយ ហើយក៏មិនជួបជាមួយនរណាម្នាក់ដែរ ផ្ទុយទៅវិញ ពួកគេស្វែងរកជម្រកសុវត្ថិភាពដើម្បីស្នាក់នៅ លាក់ខ្លួន និងមិនធ្វើអ្វីក្រៅពីកិច្ចការសាមញ្ញៗនោះទេ។ ចំពោះថាតើទិដ្ឋភាពផ្សេងទៀតនៃកិច្ចការត្រូវបានបំពេញបានល្អកម្រិតណា តើមានមនុស្សបង្កការរំខានដែរឬទេ ឬថាតើការរៀបចំចាត់ចែងកិច្ចការ សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្សេងៗ ឬសេចក្ដីអធិប្បាយដែលបានថតទុក កំពុងត្រូវបានចែកចាយដែរឬទេ គឺពួកទទឹងនឹងព្រះគ្រីស្ទមិនដែលធ្វើការរៀបចំ ឬសួរនាំជាក់លាក់អំពីរឿងទាំងនេះឡើយ។ វាមិនមែនមានន័យថា ពួកគេត្រូវតែប្រថុយប្រថាន បង្ហាញមុខ និងជួបប្រទះបញ្ហា ទើបត្រូវបានចាត់ទុកថាស្មោះត្រង់នោះទេ។ តើបញ្ហានៅត្រង់នេះគឺជាអ្វី? តើនរណាអាចពន្យល់បាន? (នៅពេលពួកគេចាប់ផ្ដើមកិច្ចការនេះដំបូង ពួកគេមិនដែលគិតគូរពីរបៀបធ្វើវាឱ្យបានល្អ ឬថាតើបុគ្គលិកដែលបានណែនាំនោះស័ក្ដិសមឬអត់នោះទេ ហើយពួកគេមិនដែលធ្វើសកម្មភាពដោយអស់ពីចិត្តរបស់ខ្លួន ឬបំពេញការទទួលខុសត្រូវរបស់ខ្លួនឡើយ។ ពួកគេមិនដែលគិតអំពីរឿងទាំងនេះទេ។) ពួកគេគ្រាន់តែមិនបង្ហាញភាពស្មោះត្រង់តែម្ដង។ មានភាពខុសគ្នានៅក្នុងលក្ខណៈនៃរបៀបដែលមនុស្សមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ធ្វើការ បើប្រៀបធៀបទៅនឹងអស់អ្នកដែលគ្មានភាពស្មោះត្រង់។ នៅពេលមនុស្សទាំងពីរប្រភេទនេះជួបប្រទះរឿងដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ អស់អ្នកដែលមានភាពស្មោះត្រង់អាចប្រឈមមុខនឹងគ្រោះថ្នាក់ និងធ្វើកិច្ចការរបស់ពួកគេ ដោយប្រើប្រាជ្ញា និងវិធីសាស្ត្រដើម្បីអនុវត្តការរៀបចំចាត់ចែងកិច្ចការ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើកិច្ចការជាក់ស្ដែងទេ មិនថាមានគ្រោះថ្នាក់ពាក់ព័ន្ធ ឬអត់ក៏ដោយ ហើយការរៀបចំចាត់ចែងកិច្ចការមិនដែលត្រូវបានអនុវត្តដោយពួកគេឡើយ។ នោះហើយគឺជាភាពខុសគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទប្រហែលជាសួរនាំដោយផ្ទាល់មាត់អំពីស្ថានភាពរបស់ពួកជំនុំ ភារកិច្ចផ្សេងៗជាដើម ប៉ុន្តែសូម្បីតែការសួរនាំរបស់ពួកគេក៏គ្រាន់តែធ្វើបង្គ្រប់កិច្ចដែរ ពួកគេគ្រាន់តែខិតខំប្រឹងប្រែងតែសំបកក្រៅប៉ុណ្ណោះ ហើយពួកគេមិនល្អិតល្អន់អំពីរឿងនេះទាល់តែសោះ។ មើលពីសំបកក្រៅ វាអាចនឹងហាក់ដូចជាពួកគេកំពុងធ្វើកិច្ចការជាក់ស្ដែង ប៉ុន្តែតាមការពិត ពួកគេមិនយល់ពីកិច្ចការនោះទេ ពួកគេមិនកត់ត្រា ពួកគេមិនត្រិះរិះពិចារណាពីរឿងនេះ ហើយពួកគេមិនអធិដ្ឋាន ឬស្វែងរកឡើយ។ ពួកគេមិនចំណាយកម្លាំងដើម្បីពិចារណាថា តើផ្នែកផ្សេងៗនៃកិច្ចការកំពុងដំណើរការយ៉ាងដូចម្ដេច ឬអ្នកណាជាអ្នកទទួលខុសត្រូវចំពោះផ្នែកនានាដែលធ្វើមិនបានល្អ ឬអ្នកដឹកនាំពួកជំនុំណាខ្លះដែលអាចនឹងមិនស័ក្ដិសម ឬត្រង់ណាដែលកិច្ចការមិនទាន់ត្រូវបានអនុវត្តនោះទេ។ ពួកគេមិនគិតគូរពីរឿងទាំងនេះទេ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ ហើយនៅពេលពួកគេរកឃើញបញ្ហា ពួកគេមិនដោះស្រាយវាឡើយ។ អ្នកដែលគេហៅថាជាអ្នកដឹកនាំមួយចំនួន គ្រាន់តែប្រមូលមនុស្សមកជួបជុំគ្នា សួរនាំអំពីស្ថានភាព ព្រមទាំងវិភាគ និងស្វែងយល់ពីកិច្ចការប៉ុណ្ណោះ។ ពេលដែលពាក់ព័ន្ធនឹងកិច្ចការជាក់ស្ដែងណាមួយភ្លាម ហើយវាតម្រូវឱ្យពួកគេរងទុក្ខ និងលះបង់ ពាក់ព័ន្ធនឹងការធ្វើឱ្យសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេប្រឈមនឹងហានិភ័យ និងមានកម្រិតនៃការលំបាកណាមួយ ពួកគេមិនធ្វើវាឡើយ។ ពួកគេបញ្ឈប់កិច្ចការត្រឹមចំណុចនោះ ដោយផ្ដល់អាទិភាពលើការការពារខ្លួនឯង។ សូម្បីតែនៅពេលដែលពួកគេសម្គាល់ឃើញបញ្ហាក៏ដោយ ក៏ពួកគេមិនធ្វើការរៀបចំអ្វីជាក់លាក់ដែរ។ ប្រសិនបើពួកគេល្បីឈ្មោះដោយសារសេចក្ដីជំនឿរបស់ពួកគេ ហើយប្រឈមនឹងគ្រោះថ្នាក់នៃការចាប់ខ្លួន តើពួកគេប្រគល់ភារកិច្ចទាំងនេះទៅឱ្យអ្នកដទៃដែរឬទេ? អត់ទេ ពួកគេមិនធ្វើដូច្នេះឡើយ។ ពួកគេមិនរៀបចំឱ្យអ្នកដទៃធ្វើភារកិច្ចទាំងនេះទេ នោះហើយគឺជាបញ្ហា។ ដូច្នេះ តើសារជាតិអ្វីដែលត្រូវបានបើកសម្ដែងដោយមនុស្សបែបនេះ? ពួកគេខ្វះភាពស្មោះត្រង់ ពួកគេអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយគិតគូរតែពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងគ្រប់យ៉ាងទាំងអស់។ ពួកគេមិនដែលសួរនាំថាតើការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តដែរឬទេ ឬអំពីវឌ្ឍនភាពនៃកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ឡើយ ហើយពួកគេមិនខ្វល់ពីរឿងទាំងនេះទេ។ ពួកគេមិនបានផ្ដល់ភាពស្មោះត្រង់របស់ខ្លួនទេ ហើយពួកគេក៏មិនបង្ហាញភាពស្មោះត្រង់របស់ខ្លួនដែរ។ សម្រាប់ពួកគេ ការធ្វើរឿងទាំងនេះឱ្យតែរួចពីដៃ គឺគ្រប់គ្រាន់ហើយ ពួកគេចាត់ទុករឿងនេះថាជាការធ្វើកិច្ចការហើយ។ ប្រសិនបើហានិភ័យតូចតាច ពួកគេអាចនឹងធ្វើកិច្ចការខ្លះទាំងស្ទាក់ស្ទើរ។ ប៉ុន្តែប្រសិនបើហានិភ័យធំ ហើយមានលទ្ធភាពដែលពួកគេអាចនឹងត្រូវចាប់ខ្លួន ពួកគេនឹងមិនធ្វើវាឡើយ មិនថាភារកិច្ចនោះសំខាន់យ៉ាងណាក៏ដោយ។ នោះហើយគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ដរាបណាផលប្រយោជន៍របស់ពួកគេមានសុវត្ថិភាព ពួកគេអាចក្បត់នរណាក៏បានដែរ។ ផលប្រយោជន៍របស់ពួកគេត្រូវសម្រេចបានដោយធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ចំពោះពួកគេ ផលប្រយោជន៍របស់ពួកគេគឺខ្ពស់បំផុត។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចមានភាពស្មោះត្រង់ដែរទេ នៅពេលពួកគេទទួលរ៉ាប់រងភារកិច្ចណាមួយ? (អត់ទេ ពួកគេមិនអាចឡើយ។) ភាពស្មោះត្រង់គឺជារឿងមិនអាចទៅរួចទេសម្រាប់ពួកគេ។ តើពួកគេអាចគិតគូរពីជីវិត និងសុវត្ថិភាពរបស់បងប្អូនប្រុសស្រីរបស់ខ្លួនដែរឬទេ? (ពួកគេមិនអាចឡើយ។) នៅពេលនិយាយដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងការពារតែខ្លួនឯងប៉ុណ្ណោះ ដោយរុញច្រានបងប្អូនប្រុសស្រីរបស់ខ្លួនទៅក្នុងជង្ហុកភ្លើង ហើយប្រើប្រាស់បងប្អូនប្រុសស្រីជាវត្ថុបូជា។ នោះហើយគឺជាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ក្រៅពីការគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ តើពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនក៏គិតអំពីអ្វីទៀតដែរឬទេ? ពួកគេនិយាយថា៖ «ឥឡូវនេះ មជ្ឈដ្ឋានរបស់យើងមិនអំណោយផលទេ ដូច្នេះ ចូរយើងបង្ហាញមុខឱ្យបានតិចជាងមុន និងផ្សាយដំណឹងល្អឱ្យបានតិចជាងមុន។ តាមរបៀបនោះ យើងទំនងជាមិនសូវត្រូវគេចាប់ខ្លួនទេ ហើយកិច្ចការរបស់ពួកជំនុំនឹងមិនត្រូវបានបំផ្លាញឡើយ។ ប្រសិនបើយើងចៀសវាងមិនឱ្យគេចាប់ខ្លួនបាន យើងនឹងមិនក្លាយជាយូដាសទេ ហើយបន្ទាប់មក យើងនឹងអាចនៅសេសសល់នាពេលអនាគត តើមិនអ៊ីចឹងទេឬ?» តើមិនមានពួកទទឹងនឹងព្រះគ្រីស្ទដែលប្រើលេសបែបនេះ ដើម្បីបំភាន់បងប្អូនប្រុសស្រីរបស់ខ្លួនទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនខ្លាចស្លាប់ខ្លាំងណាស់ ហើយតោងរស់ទាំងត្រដាបត្រដួស។ ពួកគេក៏ចូលចិត្តកេរ្តិ៍ឈ្មោះ និងឋានៈផងដែរ ហើយស្ម័គ្រចិត្តទទួលរ៉ាប់រងតួនាទីជាអ្នកដឹកនាំ។ ទោះបីជាពួកគេដឹងថា «កិច្ចការជាអ្នកដឹកនាំមិនងាយស្រួលរ៉ាប់រងឡើយ ប្រសិនបើនាគដ៏ធំមានសម្បុរក្រហមដឹងថាខ្ញុំត្រូវបានតែងតាំងជាអ្នកដឹកនាំ ខ្ញុំនឹងល្បីឈ្មោះ ហើយខ្ញុំអាចនឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីតាមចាប់ខ្លួន ហើយនៅពេលខ្ញុំត្រូវគេចាប់ខ្លួនភ្លាម ជីវិតរបស់ខ្ញុំនឹងស្ថិតក្នុងគ្រោះថ្នាក់» ក៏ដោយ ក៏ដើម្បីតែការសោយសុខនឹងផលប្រយោជន៍នៃឋានៈនេះ ពួកទទឹងនឹងព្រះគ្រីស្ទនោះមិនខ្វល់ពីគ្រោះថ្នាក់ទាំងនេះឡើយ។ នៅពេលពួកគេបម្រើជាអ្នកដឹកនាំ ពួកគេគ្រាន់តែសោយសុខនឹងការសប្បាយខាងសាច់ឈាមរបស់ខ្លួនប៉ុណ្ណោះ ហើយពួកគេមិនធ្វើកិច្ចការជាក់ស្ដែងឡើយ។ ក្រៅពីការទាក់ទងគ្នាជាលាយលក្ខណ៍អក្សរបន្តិចបន្តួចជាមួយពួកជំនុំផ្សេងៗ ពួកគេមិនធ្វើអ្វីផ្សេងទៀតឡើយ។ ពួកគេលាក់ខ្លួននៅកន្លែងណាមួយ ហើយមិនជួបជាមួយនរណាម្នាក់ឡើយ ដោយបិទខ្ទប់ខ្លួនឯងឱ្យជិតឈឹង ហើយបងប្អូនប្រុសស្រីមិនដឹងថាអ្នកដឹកនាំរបស់ពួកគេជានរណាឡើយ នេះហើយគឺជាកម្រិតដែលពួកគេភ័យខ្លាច។ ដូច្នេះ តើវាមិនត្រឹមត្រូវទេឬ ដែលនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទជាអ្នកដឹកនាំតែឈ្មោះនោះ? (ត្រឹមត្រូវហើយ។) ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយក្នុងនាមជាអ្នកដឹកនាំឡើយ ពួកគេខ្វល់តែពីការលាក់ខ្លួនប៉ុណ្ណោះ។ នៅពេលអ្នកដទៃសួរពួកគេថា៖ «តើការធ្វើជាអ្នកដឹកនាំយ៉ាងម៉េចដែរ?» ពួកគេនឹងនិយាយថា៖ «ខ្ញុំរវល់ខ្លាំងណាស់ ហើយដើម្បីសុវត្ថិភាព ខ្ញុំត្រូវតែផ្លាស់ប្ដូរផ្ទះរហូត។ មជ្ឈដ្ឋាននេះពិតជាគួរឱ្យព្រួយបារម្ភណាស់ ដល់ថ្នាក់ខ្ញុំមិនអាចផ្ដោតលើកិច្ចការរបស់ខ្ញុំបានទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះតែងតែមានអារម្មណ៍ថា មានភ្នែកជាច្រើនកំពុងសម្លឹងមើលពួកគេ ហើយមិនដឹងថាកន្លែងណាមានសុវត្ថិភាពដើម្បីលាក់ខ្លួនឡើយ។ ក្រៅពីការក្លែងបន្លំខ្លួន លាក់ខ្លួននៅកន្លែងផ្សេងៗគ្នា និងមិនស្នាក់នៅតែមួយកន្លែង ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយជារៀងរាល់ថ្ងៃ។ តើមានអ្នកដឹកនាំបែបនេះដែរឬទេ? (មាន។) តើពួកគេធ្វើតាមគោលការណ៍អ្វីខ្លះ? មនុស្សទាំងនេះនិយាយថា៖ «ទន្សាយវៃឆ្លាតមានរន្ធបី។ ដើម្បីឱ្យទន្សាយអាចការពារខ្លួនពីការវាយប្រហាររបស់សត្វរំពា វាត្រូវតែរៀបចំរន្ធចំនួនបីដើម្បីលាក់ខ្លួន។ ប្រសិនបើមនុស្សម្នាក់ជួបប្រទះនឹងគ្រោះថ្នាក់ ហើយត្រូវតែរត់គេច ប៉ុន្តែគេគ្មានកន្លែងលាក់ខ្លួន តើនោះអាចទទួលយកបានដែរឬទេ? យើងត្រូវតែរៀនសូត្រពីសត្វទន្សាយ! សត្វដែលព្រះបានបង្កើតមករបស់ព្រះជាម្ចាស់ មានសមត្ថភាពរស់រានមានជីវិតនេះ ហើយមនុស្សគួរតែរៀនសូត្រពីពួកវា»។ ចាប់តាំងពីទទួលរ៉ាប់រងតួនាទីជាអ្នកដឹកនាំមក ពួកគេបានយល់ដឹងពីគោលលទ្ធិនេះ ហើយថែមទាំងជឿថា ពួកគេបានយល់សេចក្ដីពិតទៀតផង។ តាមការពិត ពួកគេភ័យខ្លាចយ៉ាងខ្លាំង។ ភ្លាមៗនៅពេលពួកគេឮថាអ្នកដឹកនាំម្នាក់ដែលត្រូវបានគេរាយការណ៍ប្រាប់ប៉ូលិស ដោយសារតែកន្លែងដែលអ្នកដឹកនាំនោះរស់នៅមិនមានសុវត្ថិភាព ឬឮថាអ្នកដឹកនាំម្នាក់ដែលត្រូវបានកំណត់គោលដៅដោយពួកចារកម្មរបស់នាគដ៏ធំមានសម្បុរក្រហម ដោយសារតែអ្នកដឹកនាំម្នាក់នោះចេញក្រៅញឹកញាប់ពេកដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងបានប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើនពេក ហើយទីបំផុតមនុស្សទាំងនេះត្រូវបានចាប់ខ្លួន និងត្រូវកាត់ទោស ពួកគេក៏មានការភ័យខ្លាចភ្លាមៗតែម្ដង។ ពួកគេគិតថា៖ «វីវរហើយ តើខ្ញុំនឹងក្លាយជាអ្នកបន្ទាប់ដែលត្រូវគេចាប់ខ្លួនដែរទេ? ខ្ញុំត្រូវតែរៀនសូត្រពីរឿងនេះ។ ខ្ញុំមិនគួរសកម្មខ្លាំងពេកទេ។ ប្រសិនបើខ្ញុំអាចចៀសវាងមិនធ្វើកិច្ចការមួយចំនួនរបស់ពួកជំនុំបាន ខ្ញុំនឹងមិនធ្វើវាឡើយ។ ប្រសិនបើខ្ញុំអាចចៀសវាងមិនបង្ហាញមុខបាន ខ្ញុំនឹងមិនបង្ហាញមុខឡើយ។ ខ្ញុំនឹងកាត់បន្ថយកិច្ចការរបស់ខ្ញុំឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន ចៀសវាងការចេញក្រៅ ចៀសវាងការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ ហើយធានាថាគ្មាននរណាម្នាក់ដឹងថាខ្ញុំជាអ្នកដឹកនាំឡើយ។ សព្វថ្ងៃនេះ តើនរណាមានពេលទៅខ្វល់ពីអ្នកដទៃនោះ? គ្រាន់តែរស់រានមានជីវិត គឺជាបញ្ហាប្រឈមមួយបាត់ទៅហើយ!» ចាប់តាំងពីទទួលរ៉ាប់រងតួនាទីជាអ្នកដឹកនាំមក ក្រៅពីការយួរកាបូប និងលាក់ខ្លួន ពួកគេមិនធ្វើកិច្ចការអ្វីឡើយ។ ពួកគេរស់នៅទាំងភ័យព្រួយ ដោយភ័យខ្លាចជាប់ជានិច្ចថានឹងត្រូវចាប់ខ្លួន និងត្រូវកាត់ទោស។ ឧបមាថា ពួកគេឮនរណាម្នាក់និយាយថា៖ «ប្រសិនបើអ្នកត្រូវបានចាប់ខ្លួន អ្នកនឹងត្រូវគេសម្លាប់! ប្រសិនបើអ្នកមិនមែនជាអ្នកដឹកនាំទេ ប្រសិនបើអ្នកគ្រាន់តែជាអ្នកជឿធម្មតាម្នាក់ អ្នកអាចនឹងត្រូវបានដោះលែង បន្ទាប់ពីបង់ប្រាក់ពិន័យបន្តិចបន្តួច ប៉ុន្តែដោយសារតែអ្នកជាអ្នកដឹកនាំ វាពិបាកនឹងនិយាយណាស់។ វាគ្រោះថ្នាក់ពេកហើយ! អ្នកដឹកនាំ ឬអ្នកធ្វើការមួយចំនួនដែលត្រូវគេចាប់ខ្លួន សុខចិត្តស្លាប់ជាជាងផ្ដល់ព័ត៌មានណាមួយ ហើយត្រូវបានប៉ូលិសវាយដំរហូតដល់ស្លាប់»។ នៅពេលពួកគេឮថានរណាម្នាក់ត្រូវបានវាយដំរហូតដល់ស្លាប់ ការភ័យខ្លាចរបស់ពួកគេកាន់តែខ្លាំងឡើង ហើយពួកគេកាន់តែខ្លាចក្នុងការធ្វើកិច្ចការ។ ជារៀងរាល់ថ្ងៃ គ្រប់យ៉ាងដែលពួកគេគិតដល់ គឺធ្វើយ៉ាងណាដើម្បីចៀសវាងកុំឱ្យត្រូវបានចាប់ខ្លួន ធ្វើយ៉ាងណាដើម្បីចៀសវាងការបង្ហាញមុខរបស់ពួកគេ ធ្វើយ៉ាងណាដើម្បីចៀសវាងការតាមដាន និងធ្វើយ៉ាងណាដើម្បីចៀសវាងការទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់ខ្លួន។ ពួកគេប្រឹងប្រើខួរក្បាលគិតពីរឿងទាំងនេះ ហើយភ្លេចភារកិច្ចរបស់ខ្លួនទាំងស្រុង។ តើពួកគេជាមនុស្សស្មោះត្រង់ដែរឬទេ? តើមនុស្សបែបនេះអាចទទួលរ៉ាប់រងកិច្ចការណាមួយបានដែរឬទេ? (អត់ទេ ពួកគេមិនអាចឡើយ។) មនុស្សបែបនេះគ្រាន់តែជាមនុស្សកំសាកប៉ុណ្ណោះ ហើយប្រាកដណាស់ថាយើងមិនអាចកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើការបង្ហាញចេញនេះតែមួយមុខបានឡើយ ប៉ុន្តែតើធម្មជាតិនៃការបង្ហាញចេញនេះគឺជាអ្វី? សារជាតិនៃការបង្ហាញចេញនេះ គឺជាសារជាតិរបស់អ្នកមិនជឿ។ ពួកគេមិនជឿថា ព្រះជាម្ចាស់អាចការពារសុវត្ថិភាពរបស់មនុស្សបានទេ ហើយពួកគេប្រាកដជាមិនជឿថា ការប្ដេជ្ញាលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ គឺជាការលះបង់ខ្លួនឯងចំពោះសេចក្ដីពិត ហើយថាវាជារឿងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឡើយ។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួនឡើយ ពួកគេខ្លាចតែសាតាំង និងគណបក្សនយោបាយដ៏ទុច្ចរិតប៉ុណ្ណោះ។ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទេ ពួកគេមិនជឿថាអ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេប្រាកដជាមិនជឿថា ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យចំពោះមនុស្សដែលលះបង់អ្វីៗទាំងអស់ដើម្បីជាប្រយោជន៍របស់ទ្រង់ និងដើម្បីដើរតាមមាគ៌ារបស់ទ្រង់ ព្រមទាំងបំពេញការផ្ទុកផ្ដាក់របស់ទ្រង់ឡើយ។ ពួកគេមិនអាចមើលឃើញពីរឿងទាំងអស់នេះទេ។ តើពួកគេជឿលើអ្វី? ពួកគេជឿថា ប្រសិនបើពួកគេធ្លាក់ទៅក្នុងដៃរបស់នាគដ៏ធំមានសម្បុរក្រហម ពួកគេនឹងជួបទីបញ្ចប់ដ៏អាក្រក់ ថាពួកគេអាចនឹងត្រូវបានកាត់ទោស ឬថែមទាំងប្រឈមនឹងការបាត់បង់ជីវិតរបស់ខ្លួនទៀតផង។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគិតគូរតែពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយមិនគិតពីកិច្ចការរបស់ពួកជំនុំឡើយ។ តើទាំងនេះមិនមែនជាពួកអ្នកមិនជឿទេឬ? (មែនហើយ ជាពួកអ្នកមិនជឿ។) តើព្រះគម្ពីរចែងយ៉ាងដូចម្ដេច? «អ្នកណាដែលបាត់បង់ជីវិតខ្លួនសម្រាប់ជាប្រយោជន៍នៃខ្ញុំ អ្នកនោះនឹងរកឃើញជីវិតវិញ» (ម៉ាថាយ ១០:៣៩)។ តើពួកគេជឿព្រះបន្ទូលទាំងនេះដែរឬទេ? (អត់ទេ ពួកគេមិនជឿឡើយ។) ប្រសិនបើពួកគេត្រូវបានស្នើឱ្យប្រថុយប្រថានក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេនឹងប្រាថ្នាចង់លាក់ខ្លួន ហើយមិនឱ្យនរណាម្នាក់មើលឃើញពួកគេឡើយ ពោលគឺពួកគេចង់បំបាំងកាយតែម្ដង។ នេះគឺជាកម្រិតដែលពួកគេភ័យខ្លាច។ ពួកគេមិនជឿថា ព្រះជាម្ចាស់គឺជាទីពឹងរបស់មនុស្ស ថាអ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ថាប្រសិនបើមានរឿងអាក្រក់កើតឡើងមែន ឬពួកគេពិតជាត្រូវបានចាប់ខ្លួនមែន នោះវាគឺជាការអនុញ្ញាតដោយព្រះជាម្ចាស់ ហើយថាមនុស្សគួរតែមានដួងចិត្តដែលចុះចូលឡើយ។ មនុស្សទាំងនេះមិនមានដួងចិត្តបែបនេះ ការយល់ដឹងបែបនេះ ឬការត្រៀមខ្លួនបែបនេះឡើយ។ តើពួកគេពិតជាជឿលើព្រះជាម្ចាស់មែនឬ? (អត់ទេ ពួកគេមិនជឿឡើយ។) តើសារជាតិនៃការបង្ហាញចេញនេះ មិនមែនជាសារជាតិរបស់អ្នកមិនជឿទេឬ? (មែនហើយ ជាសារជាតិរបស់អ្នកមិនជឿ។) វាគឺបែបនេះឯង។ មនុស្សបែបនេះគឺកំសាកខ្លាំងណាស់ ភ័យខ្លាចយ៉ាងខ្លាំង ហើយខ្លាចការរងទុក្ខខាងផ្លូវកាយ និងខ្លាចមានរឿងអាក្រក់កើតឡើងចំពោះពួកគេ។ ពួកគេក្លាយជាភ័យខ្លាចដូចជាសត្វស្លាបដែលងាយនឹងភ្ញាក់ផ្អើល ហើយមិនអាចបំពេញកិច្ចការរបស់ពួកគេបានទៀតឡើយ។ ប្រភេទមនុស្សដែលយើងបាននិយាយមុននេះ គឺគ្រាន់តែមិនធ្វើកិច្ចការអ្វីទាល់តែសោះ ទោះបីជាពួកគេមានសមត្ថភាពធ្វើវាក៏ដោយ។ ទោះបីជាពួកគេដឹងថាមានបញ្ហាក៏ដោយ ក៏ពួកគេមិនដោះស្រាយវាដែរ។ ពួកគេគ្រាន់តែការពារខ្លួនឯងប៉ុណ្ណោះ ហើយពួកគេពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ មនុស្សទាំងពីរប្រភេទនេះ សុទ្ធតែជាពួកអ្នកមិនជឿ។ ប្រភេទទីមួយ គឺក្រឡេចក្រឡុច និងមានល្បិចកល ខ្លាចការលំបាក និងការនឿយហត់ គិតគូរពីសាច់ឈាមរបស់ពួកគេ ហើយមិនធ្វើកិច្ចការជាក់ស្ដែងឡើយ។ ប្រភេទទីពីរ គឺកំសាក និងភ័យខ្លាច មិនហ៊ានបំពេញកិច្ចការជាក់ស្ដែងឡើយ ហើយខ្លាចត្រូវគេចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដោយនាគដ៏ធំមានសម្បុរក្រហម។ តើមិនមានភាពខុសគ្នារវាងមនុស្សទាំងពីរប្រភេទនេះទេឬ? (មានភាពខុសគ្នា។)

តើមានឧទាហរណ៍ណាមួយដែលអ្នករាល់គ្នាដឹង អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេដែរឬទេ? (ឱ ព្រះជាម្ចាស់អើយ ទូលបង្គំដឹងពីករណីមួយបែបនេះ។ មានពួកជំនុំមួយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមឆ្មក់ចូលចាប់ ដោយសារតែវាត្រូវបានគ្រប់គ្រងដោយអាទទឹងនឹងព្រះគ្រីស្ទម្នាក់ ដែលកំពុងធ្វើរឿងអាក្រក់យ៉ាងគឃ្លើន ហើយអ្នកដឹកនាំ គ្រូជំនួយ និងបងប្អូនប្រុសស្រីមួយចំនួន សុទ្ធតែត្រូវបានចាប់ខ្លួន។ នៅពេលនោះ អាទទឹងនឹងព្រះគ្រីស្ទនោះខ្លាចត្រូវបានចាប់ខ្លួន។ គាត់បានលាក់ខ្លួននៅទីតាំងដាច់ស្រយាលមួយ ដោយមិនបានធ្វើការរៀបចំចាត់ចែងកិច្ចការសម្រាប់ដោះស្រាយបញ្ហាក្រោយពេលកើតហេតុឡើយ។ គាត់ថែមទាំងបដិសេធមិនព្រមស្នាក់នៅជាមួយគ្រួសារទទួលភ្ញៀវទៀតផង ហើយផ្ទុយទៅវិញ គាត់ទទូចចង់ប្រើប្រាស់តង្វាយដើម្បីជួលកន្លែងស្នាក់នៅ។ ដោយសារតែគាត់មិនបានធ្វើការរៀបចំចាត់ចែងកិច្ចការបន្តបន្ទាប់ឱ្យបានត្រឹមត្រូវ និងមិនបានកម្ចាត់ចោលនូវគ្រោះថ្នាក់ដែលលាក់កំបាំងឱ្យបានទាន់ពេលវេលា ទើបបងប្អូនប្រុសស្រីជាច្រើននាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីនោះ ហើយកិច្ចការរបស់ពួកជំនុំត្រូវបានបង្ខំឱ្យបញ្ឈប់។ វាច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ ក្នុងគ្រាដ៏លំបាក ពួកគេការពារតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទាល់តែសោះ។) ពួកទទឹងនឹងព្រះគ្រីស្ទពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ ពួកគេមិនមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ឡើយ រឹតតែគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ទៅទៀត នៅពេលដែលពួកគេជួបប្រទះនឹងបញ្ហា ពួកគេគ្រាន់តែការពារ និងថែរក្សាខ្លួនឯងប៉ុណ្ណោះ។ សម្រាប់ពួកគេ គ្មានអ្វីសំខាន់ជាងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ដរាបណាពួកគេអាចរស់នៅបាន និងមិនត្រូវបានចាប់ខ្លួន ពួកគេមិនខ្វល់ថាមានការខូចខាតប៉ុនណាដល់កិច្ចការរបស់ពួកជំនុំឡើយ។ មនុស្សទាំងនេះអាត្មានិយមខ្លាំងណាស់ ពួកគេមិនគិតពីបងប្អូនប្រុសស្រីទាល់តែសោះ ឬមិនគិតពីកិច្ចការរបស់ពួកជំនុំឡើយ ពួកគេគិតតែពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ នៅពេលរឿងបែបនេះកើតឡើងចំពោះអ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ និងមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ តើពួកគេដោះស្រាយវាដោយរបៀបណា? តើអ្វីដែលពួកគេធ្វើ ខុសគ្នាពីអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើដូចម្ដេចខ្លះ? (នៅពេលរឿងបែបនេះកើតឡើងចំពោះអ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ពួកគេនឹងគិតរកគ្រប់មធ្យោបាយដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារកុំឱ្យមានការបាត់បង់ដល់តង្វាយរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងធ្វើការរៀបចំចាំបាច់សម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងបងប្អូនប្រុសស្រី ដើម្បីកាត់បន្ថយការខាតបង់ឱ្យនៅតិចបំផុត។ ចំណែកឯពួកទទឹងនឹងព្រះគ្រីស្ទវិញ ពួកគេធានាថាខ្លួនត្រូវបានការពារជាមុន។ ពួកគេមិនខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ឬសុវត្ថិភាពនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ហើយនៅពេលដែលពួកជំនុំប្រឈមមុខនឹងការចាប់ខ្លួន វាបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ។) ពួកទទឹងនឹងព្រះគ្រីស្ទបោះបង់កិច្ចការរបស់ពួកជំនុំ និងតង្វាយរបស់ព្រះជាម្ចាស់ ហើយពួកគេមិនរៀបចំមនុស្សឱ្យដោះស្រាយបញ្ហាក្រោយពេលកើតហេតុឡើយ។ នេះគឺដូចគ្នាទៅនឹងការអនុញ្ញាតឱ្យនាគដ៏ធំមានសម្បុរក្រហម រឹបអូសយកតង្វាយរបស់ព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ទ្រង់អ៊ីចឹង។ តើនេះមិនមែនជាការក្បត់យ៉ាងលាក់កំបាំងចំពោះតង្វាយរបស់ព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ទ្រង់ទេឬ? នៅពេលអស់អ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់ដឹងយ៉ាងច្បាស់ថាមជ្ឈដ្ឋានមានគ្រោះថ្នាក់ ពួកគេនៅតែហ៊ានប្រថុយប្រថានធ្វើកិច្ចការដោះស្រាយបញ្ហាក្រោយពេលកើតហេតុ ហើយពួកគេរក្សាការខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់ឱ្យនៅកម្រិតទាបបំផុត មុនពេលពួកគេដកខ្លួនចេញ។ ពួកគេមិនផ្ដល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ចូរប្រាប់ខ្ញុំមកមើល៍ នៅក្នុងប្រទេសដ៏ទុច្ចរិតនៃនាគដ៏ធំមានសម្បុរក្រហមនេះ តើនរណាអាចធានាបានទៅថា គ្មានគ្រោះថ្នាក់ទាល់តែសោះក្នុងការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចនោះ? ទោះបីជាទទួលរ៉ាប់រងភារកិច្ចអ្វីក៏ដោយ ក៏វាតែងតែមានហានិភ័យខ្លះដែរ ប៉ុន្តែការបំពេញភារកិច្ច គឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយនៅពេលដើរតាមព្រះជាម្ចាស់ មនុស្សត្រូវតែទទួលយកហានិភ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ មនុស្សគួរតែប្រើប្រាជ្ញា ហើយមនុស្សចាំបាច់ត្រូវចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់ខ្លួន ប៉ុន្តែមនុស្សមិនគួរដាក់សុវត្ថិភាពផ្ទាល់ខ្លួនរបស់គេជាអាទិភាពទីមួយឡើយ។ គេគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយដាក់កិច្ចការនៃដំណាក់របស់ទ្រង់ជាអាទិភាពទីមួយ និងដាក់ការផ្សាយដំណឹងល្អជាអាទិភាពទីមួយ។ ការបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ចំពោះពួកគេ គឺជារឿងដែលសំខាន់បំផុត ហើយជារឿងត្រូវមកមុនគេ។ ពួកទទឹងនឹងព្រះគ្រីស្ទផ្ដល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេជឿថាគ្មានអ្វីផ្សេងទៀតដែលពាក់ព័ន្ធនឹងពួកគេឡើយ។ ពួកគេមិនខ្វល់ឡើយនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នកដទៃ មិនថាអ្នកនោះជានរណាក៏ដោយ។ ឱ្យតែគ្មានរឿងអាក្រក់កើតឡើងចំពោះពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯង គឺពួកគេមានអារម្មណ៍ស្ងប់ចិត្តហើយ។ ពួកគេគ្មានភាពស្មោះត្រង់ទាល់តែសោះ ដែលនេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងមជ្ឈដ្ឋាននៃប្រទេសចិនដីគោក តើអាចទៅរួចទេក្នុងការចៀសវាងមិនទទួលយកហានិភ័យណាមួយ ហើយធានាថាគ្មានរឿងអាក្រក់កើតឡើងក្នុងពេលបំពេញភារកិច្ចរបស់ខ្លួននោះ? សូម្បីតែមនុស្សដែលប្រុងប្រយ័ត្នបំផុត ក៏មិនអាចធានារឿងនោះបានដែរ។ ប៉ុន្តែការប្រុងប្រយ័ត្ន គឺជារឿងចាំបាច់។ ការត្រៀមខ្លួនបានល្អជាមុន នឹងធ្វើឱ្យស្ថានភាពប្រសើរឡើងបន្តិច ហើយវាអាចជួយកាត់បន្ថយការខាតបង់ឱ្យនៅតិចបំផុត នៅពេលមានរឿងខុសឆ្គងកើតឡើង។ ប្រសិនបើគ្មានការត្រៀមខ្លួនទាល់តែសោះ ការខាតបង់នឹងមានទំហំធំធេង។ តើអ្នកអាចមើលឃើញភាពខុសគ្នារវាងស្ថានភាពទាំងពីរនេះបានច្បាស់ដែរឬទេ? ហេតុដូច្នេះហើយ មិនថាវាទាក់ទងនឹងការជួបជុំ ឬការបំពេញភារកិច្ចប្រភេទណាក៏ដោយ យកល្អគួរតែប្រុងប្រយ័ត្ន ហើយវាចាំបាច់ណាស់ក្នុងការចាត់វិធានការបង្ការមួយចំនួន។ នៅពេលមនុស្សស្មោះត្រង់បំពេញភារកិច្ចរបស់ខ្លួន ពួកគេអាចគិតបានកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែហ្មត់ចត់បន្តិច។ ពួកគេចង់រៀបចំរឿងទាំងនេះឱ្យបានល្អតាមដែលអាចធ្វើទៅបានដើម្បីថា ប្រសិនបើមានរឿងខុសឆ្គងកើតឡើង ការខាតបង់ត្រូវបានកាត់បន្ថយឱ្យនៅតិចបំផុត។ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែសម្រេចឱ្យបានលទ្ធផលនេះ។ អ្នកដែលខ្វះភាពស្មោះត្រង់ មិនគិតគូរពីរឿងទាំងនេះឡើយ។ ពួកគេគិតថារឿងទាំងនេះមិនសំខាន់ទេ ហើយពួកគេមិនចាត់ទុករឿងទាំងនេះជាការទទួលខុសត្រូវ ឬភារកិច្ចរបស់ខ្លួនឡើយ។ នៅពេលមានរឿងខុសឆ្គងកើតឡើង ពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯងទាល់តែសោះ។ នេះគឺជាការបង្ហាញចេញនៃការខ្វះភាពស្មោះត្រង់។ ពួកទទឹងនឹងព្រះគ្រីស្ទមិនបង្ហាញភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ នៅពេលពួកគេត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការ ពួកគេទទួលយកវាយ៉ាងសប្បាយរីករាយ ហើយធ្វើការប្ដេជ្ញាចិត្តយ៉ាងពីរោះស្ដាប់ ប៉ុន្តែនៅពេលគ្រោះថ្នាក់មកដល់ ពួកគេរត់លឿនជាងគេ ពួកគេគឺជាអ្នករត់មុនគេ ជាអ្នកគេចខ្លួនមុនគេ។ នេះបង្ហាញថា ភាពអាត្មានិយម និងភាពគួរឱ្យស្អប់ខ្ពើមរបស់ពួកគេ គឺធ្ងន់ធ្ងរជាពិសេស។ ពួកគេគ្មានស្មារតីទទួលខុសត្រូវ ឬភាពស្មោះត្រង់ទាល់តែសោះ។ នៅពេលប្រឈមមុខនឹងបញ្ហា ពួកគេដឹងត្រឹមតែរត់គេច និងលាក់ខ្លួនប៉ុណ្ណោះ ហើយគិតតែពីការការពារខ្លួនឯង មិនដែលគិតគូរពីការទទួលខុសត្រូវ ឬភារកិច្ចរបស់ខ្លួនឡើយ។ ដើម្បីតែសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែបង្ហាញពីធម្មជាតិដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមរបស់ខ្លួនជានិច្ច។ ពួកគេមិនផ្ដល់អាទិភាពដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ ពួកគេរឹតតែមិនផ្ដល់អាទិភាពដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទៅទៀត។ ផ្ទុយទៅវិញ ពួកគេផ្ដល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។

តើផ្នែករងដែលយើងទើបតែបានប្រកបគ្នាមិញនេះ មិនទាក់ទងនឹងចំណុចទីប្រាំបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលថា៖ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង ទេឬ? (ទាក់ទងមែន។) ដើម្បីការពារខ្លួនឯង ដើម្បីចៀសវាងគ្រោះថ្នាក់ និងការរងទុក្ខខាងផ្លូវកាយ ពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់យកអាកប្បកិរិយធ្វើឱ្យតែរួចពីដៃចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេក្ដោបក្ដាប់តំណែង ដោយមិនធ្វើកិច្ចការជាក់ស្ដែងឡើយ។ តើនេះមិនមែនជាការក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើវាមិនមែនជាការមិនអើពើនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដោះដូរយកសុវត្ថិភាពផ្ទាល់ខ្លួនទេឬ? (មែនហើយ។) ការបង្ហាញចេញដែលយើងបានវែកញែកនៅក្នុងផ្នែករងនេះ លាតត្រដាងយ៉ាងពេញលេញនូវសារជាតិដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្វីជាចំណុចចម្បងដែលយើងបានប្រកបគ្នានៅទីនេះ? ដោយសារតែខ្លាចមានបញ្ហា និងដើម្បីការពារខ្លួនឯង ពួកទទឹងនឹងព្រះគ្រីស្ទមិនបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយមិនបង្ហាញភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ តើមានតថភាពនៃសេចក្ដីពិតណាមួយនៅក្នុងការបង្ហាញចេញនេះដែរឬទេ? តើវាមិនមែនជាការបាត់បង់មនសិការ និងវិចារណញ្ញាណទេឬ? នេះគឺជាការខ្វះភាពជាមនុស្សទាំងស្រុង!

ខ. កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ

ចូរយើងបន្តប្រកបគ្នាអំពីចំណុចរងទីពីរគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះក៏ពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ ឥឡូវនេះ ចំណុចរងទាំងបីនេះដែលយើងកំពុងពិភាក្សា៖ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណុចទាំងអស់នេះគឺសុទ្ធតែទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើចំណុចទាំងនេះមានទំនាក់ទំនងអ្វីនឹងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (មាន។) តើមានទំនាក់ទំនងអ្វីខ្លះ? (ដើម្បីការពារខ្លួនឯង ព្រមទាំងការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ។) ពួកទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ បើមើលទៅលើធម្មជាតិដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើមនុស្សប្រភេទនេះស្រឡាញ់ថ្នាក់ថ្នមអ្វី ក្រៅពីការការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេជាពិសេសនោះ? (ពួកគេចូលចិត្តកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងណាស់។) ត្រឹមត្រូវហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងណាស់។ កេរ្តិ៍ឈ្មោះ និងឋានៈគឺជាដង្ហើមជីវិតរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា ជីវិតគឺគ្មានន័យទេ ប្រសិនបើគ្មានកេរ្តិ៍ឈ្មោះ និងឋានៈ ហើយពួកគេគ្មានកម្លាំងកំហែងធ្វើអ្វីទាំងអស់ ប្រសិនបើគ្មានកេរ្តិ៍ឈ្មោះ និងឋានៈ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ទាំងកេរ្តិ៍ឈ្មោះ និងឋានៈ គឺត្រូវបានចងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ របស់ទាំងនេះគឺជាចំណុចខ្សោយរបស់ពួកគេ។ ហេតុនេះហើយបានជាអ្វីៗគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺវិលជុំវិញឋានៈ និងកេរ្តិ៍ឈ្មោះ។ ប្រសិនបើមិនមែនដើម្បីរបស់ទាំងនេះទេ ពួកគេប្រហែលជាមិនធ្វើកិច្ចការអ្វីទាល់តែសោះ។ មិនថាតើពួកទទឹងនឹងព្រះគ្រីស្ទមានឋានៈ ឬគ្មានឋានៈនោះទេ ក៏គោលដៅដែលពួកគេកំពុងតស៊ូដើម្បី និងទិសដៅដែលពួកគេកំពុងខិតខំប្រឹងប្រែង គឺឆ្ពោះទៅរករបស់ពីរយ៉ាងនេះ គឺកេរ្តិ៍ឈ្មោះ និងឋានៈ។ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋានផ្ដាច់ការ ដូចជានៅចិនដីគោក ពួកទទឹងនឹងព្រះគ្រីស្ទមិនគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ផ្នែកមួយនៃអ្វីដែលពួកគេធ្វើ គឺការដេញតាមឋានៈអស់ពីកម្លាំងកាយចិត្ត ក្ដោបក្ដាប់អំណាចយ៉ាងតឹងរ៉ឹង និងគ្រប់គ្រងពួកជំនុំ។ ផ្នែកមួយទៀត គឺពួកគេតែងតែនិយាយ ធ្វើការ រត់ចុះរត់ឡើង និងពុះពារធ្វើការធ្ងន់ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាចំណុចស្នូលដែលអ្វីៗគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយនិងធ្វើ នៅវិលជុំវិញ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលធ្វើកិច្ចការជាក់ស្ដែងណាមួយសម្រាប់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនដែលធ្វើកិច្ចការជាក់ស្ដែងណាមួយដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះដែរ។ នៅពេលដែលពួកគេលះបង់ ចូរមើលថាតើហេតុអ្វីបានជាពួកគេលះបង់។ នៅពេលដែលពួកគេប្រកែកវែកញែកយ៉ាងខ្លាំងអំពីរឿងអ្វីមួយ ចូរមើលថាតើហេតុអ្វីបានជាពួកគេប្រកែកវែកញែកគ្នា។ នៅពេលដែលពួកគេវិនិច្ឆ័យ ឬថ្កោលទោសនរណាម្នាក់ ចូរមើលថាតើពួកគេមានចេតនា និងគោលដៅអ្វី។ នៅពេលដែលពួកគេអន់ចិត្ត ឬខឹងអំពីរឿងអ្វីមួយ ចូរមើលថាតើពួកគេបើកសម្ដែងនិស្ស័យអ្វី។ មនុស្សមិនអាចមើលឃើញខាងក្នុងដួងចិត្តរបស់មនុស្សទេ ប៉ុន្តែព្រះជាម្ចាស់អាចទតឃើញ។ នៅពេលដែលព្រះជាម្ចាស់ទតមើលខាងក្នុងដួងចិត្តរបស់មនុស្ស តើព្រះអង្គប្រើអ្វីដើម្បីវាស់ស្ទង់សារជាតិនៃអ្វីដែលមនុស្សនិយាយ និងធ្វើ? ព្រះអង្គប្រើសេចក្ដីពិតដើម្បីវាស់ស្ទង់វា។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ការការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន គឺជារឿងត្រឹមត្រូវ។ ចុះហេតុអ្វីបានជានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ រឿងនេះត្រូវបានកំណត់លក្ខណៈថាជាការបើកសម្ដែង និងការសម្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ? នេះគឺផ្អែកលើដើមចម និងចេតនាបង្កប់សម្រាប់អ្វីៗគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ ព្រះជាម្ចាស់ពិនិត្យពិច័យដើមចម និងចេតនាបង្កប់សម្រាប់អ្វីដែលពួកគេធ្វើ ហើយនៅទីបំផុត ក៏កំណត់ថា អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ជាជាងដើម្បីបំពេញភារកិច្ចរបស់ខ្លួន ហើយរឹតតែមិនមែនដើម្បីអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ទៅទៀត។

ពួកទទឹងនឹងព្រះគ្រីស្ទដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ដូច្នេះ ពួកគេប្រាកដជានិយាយ និងធ្វើការដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេមិនខាន។ ពួកគេឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន លើសអ្វីៗទាំងអស់។ ប្រសិនបើនរណាម្នាក់នៅជុំវិញពួកគេមានគុណសម្បត្តិល្អ និងដេញតាមសេចក្ដីពិត ហើយបុគ្គលនេះទទួលបានកិត្យានុភាពខ្លះៗក្នុងចំណោមបងប្អូនប្រុសស្រី និងត្រូវបានជ្រើសរើសជាប្រធានក្រុម ហើយបងប្អូនប្រុសស្រីពិតជាកោតសរសើរ និងពេញចិត្តនឹងបុគ្គលនេះ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងមានប្រតិកម្មយ៉ាងណា? ប្រាកដណាស់ ពួកគេនឹងមិនសប្បាយចិត្តអំពីរឿងនេះទេ ហើយសេចក្ដីច្រណែននឹងកើតឡើងនៅក្នុងចិត្តពួកគេ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទមានសេចក្ដីច្រណែន ចូរប្រាប់ខ្ញុំមកមើល៍ តើពួកគេអាចនៅស្ងៀមបានទេ? តើពួកគេមិនត្រូវធ្វើអ្វីមួយអំពីរឿងនេះទេឬ? (មែនហើយ។) តើពួកគេនឹងធ្វើអ្វី ប្រសិនបើពួកគេពិតជាច្រណែននឹងបុគ្គលនេះមែននោះ? នៅក្នុងគំនិតរបស់ពួកគេ ពួកគេប្រាកដជានឹងគិតគូរបែបនេះថា៖ «បុគ្គលនេះមានគុណសម្បត្តិល្អគួរសម គេមានការយល់ដឹងខ្លះៗអំពីជំនាញនេះ ហើយគេខ្លាំងជាងខ្ញុំ។ នេះមានប្រយោជន៍សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែមិនមានប្រយោជន៍សម្រាប់ខ្ញុំទេ! តើគេនឹងដណ្ដើមយកតំណែងរបស់ខ្ញុំឬ? ប្រសិនបើថ្ងៃណាមួយ គេពិតជាមកជំនួសខ្ញុំមែន តើនោះនឹងមិនមែនជាបញ្ហាស្មុគស្មាញទេឬ? ខ្ញុំគួរតែចាត់វិធានការមុន។ ប្រសិនបើថ្ងៃណាមួយ គេអាចឈរជើងបានរឹងមាំ ខ្ញុំនឹងមិនងាយស្រួលចាត់ការគេឡើយ។ យកល្អ ខ្ញុំគួរតែវាយលុកមុន។ ប្រសិនបើខ្ញុំពន្យារពេល ហើយបណ្ដោយឱ្យបុគ្គលនោះលាតត្រដាងពីខ្ញុំ នរណាទៅដឹងថានឹងមានផលវិបាកអ្វីនោះ។ ដូច្នេះ តើខ្ញុំអាចវាយលុកដោយរបៀបណា? ខ្ញុំត្រូវតែរកលេស រកឱកាស»។ ចូរប្រាប់ខ្ញុំមកមើល៍ ប្រសិនបើមនុស្សចង់ធ្វើបាបនរណាម្នាក់ តើវាមិនងាយស្រួលទេឬ សម្រាប់ពួកគេក្នុងការស្វែងរកលេស និងឱកាសដើម្បីធ្វើបែបនេះ? តើល្បិចកលមួយរបស់អារក្សគឺជាអ្វី? («មនុស្សមានពុតត្បុត មិនខ្វះមធ្យោបាយធ្វើបាបគេឡើយ»។) ត្រឹមត្រូវណាស់ «មនុស្សមានពុតត្បុត មិនខ្វះមធ្យោបាយធ្វើបាបគេឡើយ»។ នៅក្នុងពិភពលោករបស់សាតាំង តក្កវិជ្ជាប្រភេទនេះមានពិតមែន ហើយរឿងប្រភេទនេះក៏កើតឡើងដែរ។ រឿងនេះមិនមានទាល់តែសោះចំពោះព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាកម្មសិទ្ធិសាតាំង ហើយពួកគេជំនាញបំផុតក្នុងការធ្វើរឿងទាំងនេះ។ ពួកគេនឹងរិះគិតអំពីរឿងនេះថា៖ «មនុស្សមានពុតត្បុត មិនខ្វះមធ្យោបាយធ្វើបាបគេឡើយ។ ខ្ញុំនឹងទម្លាក់កំហុសលើអ្នក រកឱកាសដើម្បីធ្វើបាបអ្នក បង្ក្រាបភាពក្រអឺតក្រទម និងភាពអំនួតរបស់អ្នក ហើយបញ្ឈប់បងប្អូនប្រុសស្រីមិនឱ្យគោរពអ្នក និងមិនឱ្យជ្រើសរើសអ្នកជាប្រធានក្រុមនៅពេលក្រោយទៀត។ ពេលនោះ អ្នកនឹងលែងជាការគំរាមកំហែងដល់ខ្ញុំទៀតហើយ មែនទេ? ប្រសិនបើខ្ញុំជម្រុះបញ្ហាដែលនឹងអាចកើតមាននេះចោល ហើយដកគូប្រជែងនេះចេញ តើខ្ញុំមិនមានអារម្មណ៍ស្ងប់ចិត្តទេឬ?» ប្រសិនបើក្នុងចិត្តរបស់ពួកគេកំពុងតែគិតខ្វាត់ខ្វែងបែបនេះ តើពួកគេអាចទប់ចិត្តមិនឱ្យបញ្ចេញសកម្មភាពមកក្រៅបានដែរឬទេ? ដោយផ្អែកលើធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេអាចកប់គំនិតនេះទុកក្នុងចិត្ត ហើយមិនធ្វើអ្វីសោះបានដែរឬទេ? គឺមិនអាចដាច់ខាត។ ពួកគេច្បាស់ជានឹងរកវិធីដើម្បីធ្វើសកម្មភាពមិនខាន។ នេះហើយគឺជាទង្វើកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនត្រឹមតែគិតបែបនោះទេ ពួកគេក៏ចង់សម្រេចគោលដៅនេះផងដែរ។ ដូច្នេះ ពួកគេនឹងរិះគិតអំពីរឿងនេះយ៉ាងខ្លាំង ដោយប្រឹងប្រែងប្រើខួរក្បាលគិតរកគ្រប់មធ្យោបាយ។ ពួកគេមិនគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនគិតគូរដល់កិច្ចការរបស់ពួកជំនុំដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទរឹតតែមិនខ្វល់ថាតើសកម្មភាពរបស់ពួកគេស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬយ៉ាងណានោះទេ។ គ្រប់យ៉ាងដែលពួកគេគិត គឺមានតែរបៀបរក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន និងរបៀបការពារអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេគិតថា គូប្រជែងរបស់ពួកគេបានបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេរួចទៅហើយ ដូច្នេះ ពួកគេព្យាយាមរកឱកាសដើម្បីទាញអ្នកនោះទម្លាក់។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទដឹងថា គូប្រជែងរបស់ពួកគេបានដកហូតតំណែងនរណាម្នាក់ដែលតែងតែបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ដោយមិនបានពិគ្រោះជាមួយពួកគេ នោះពួកគេនឹងចាត់ទុករឿងនេះថាជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីទម្លាក់កំហុសលើគូប្រជែងរបស់ខ្លួន។ នៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេនិយាយថា៖ «ដោយសារតែថ្ងៃនេះអ្នកគ្រប់គ្នានៅទីនេះ ចូរយើងលើករឿងនេះមកវែកញែកមើល។ តើវាមិនមែនជាទង្វើផ្ដាច់ការទេឬ ក្នុងការដកហូតតំណែងនរណាម្នាក់ដោយគ្មានការអនុញ្ញាត ដោយមិនបានពិភាក្សាជាមួយសហការី ឬដៃគូរបស់អ្នកនោះ? ហេតុអ្វីបានជាមានអ្នកប្រព្រឹត្តកំហុសបែបនេះ? តើនិស្ស័យរបស់អ្នកនោះមិនមានបញ្ហាទេឬ? តើគេមិនគួរត្រូវបានលួសកាត់ទេឬ? តើបងប្អូនប្រុសស្រីមិនគួរបោះបង់គេចោលទេឬ?» ពួកទទឹងនឹងព្រះគ្រីស្ទចាប់យកបញ្ហានេះ ហើយបំប៉ោងវាឱ្យធំ ដើម្បីបង្អាប់គូប្រជែងរបស់ពួកគេ និងលើកតម្កើងខ្លួនឯង។ តាមពិតទៅ ស្ថានភាពនេះមិនធ្ងន់ធ្ងរបែបនោះទេ។ វាជារឿងអាចទទួលយកបានទាំងស្រុងក្នុងការធ្វើសេចក្ដីរាយការណ៍ បន្ទាប់ពីសមាជិកក្រុមណាម្នាក់ត្រូវបានដកហូតតំណែង ឬត្រូវបានកែសម្រួលការចាត់តាំងភារកិច្ចរបស់ពួកគេ ដរាបណាការដកហូតតំណែង ឬការកែសម្រួលនោះ ប្រកាន់ខ្ជាប់តាមគោលការណ៍។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទបំប៉ោងរឿងនេះឱ្យធំ។ ពួកគេវាយប្រហារគូប្រជែងរបស់ខ្លួនដោយចេតនា និងលើកតម្កើងខ្លួនឯង។ តើនេះមិនមែនជាការបង្ហាញចេញនៃការធ្វើបាបអ្នកដទៃទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទលួសកាត់គូប្រជែងរបស់ខ្លួនយ៉ាងកាចសាហាវ ហើយធ្វើការចោទប្រកាន់យ៉ាងបំផ្លើសទៅលើអ្នកនោះ។ បន្ទាប់ពីបានឮពីរឿងនេះ បងប្អូនប្រុសស្រីគិតថា៖ «តើមានរឿងអ្វីកើតឡើងនៅទីនេះ? ហាក់ដូចជាមានអ្វីមួយមិនត្រឹមត្រូវទេ។ អ្វីដែលពួកគេកំពុងនិយាយ មិនស្របនឹងការពិតឡើយ! បុគ្គលដែលត្រូវបានកែសម្រួលការចាត់តាំងភារកិច្ចនោះ គឺមិនបានបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវឡើយ នោះគឺជាការពិតដែលត្រូវបានទទួលស្គាល់។ ពួកគេត្រូវបានដកហូតតំណែង ដើម្បីការពារកិច្ចការរបស់ពួកជំនុំ។ ការបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះ គឺជាវិធីសាស្ត្រដ៏ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ ហើយក៏ជាការបង្ហាញចេញនូវភាពស្មោះត្រង់ផងដែរ។ ដូច្នេះ ហេតុអ្វីបានជាចាត់ទុករឿងនេះថាជាទង្វើផ្ដាច់ការទៅវិញ? នេះច្បាស់ណាស់ថាជាករណី 'មនុស្សមានពុតត្បុត មិនខ្វះមធ្យោបាយធ្វើបាបគេឡើយ'!» អ្នកណាដែលមានការយល់ដឹងខ្លះៗអំពីសេចក្ដីពិត និងមានការញែកដឹងបន្តិចបន្តួច អាចមើលដឹងភ្លាមៗថា ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះគ្រាន់តែប្រើអំណាចរបស់ខ្លួនផ្ដេសផ្ដាស ហើយបញ្ចេញកំហឹងរបស់ពួកគេទៅលើគូប្រជែងរបស់ខ្លួនប៉ុណ្ណោះ។ តើនេះជាការទទួលខុសត្រូវចំពោះកិច្ចការយ៉ាងដូចម្ដេចទៅ? តើនេះជាការលួសកាត់បុគ្គលនោះយ៉ាងដូចម្ដេចទៅ? ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះកំពុងតែបង្កើតរឿងតូចឱ្យក្លាយជារឿងធំ៖ វាគ្រាន់តែជាការសងសឹក និងជាគំនុំផ្ទាល់ខ្លួនសុទ្ធសាធ។ រឿងនេះកើតចេញពីឆន្ទៈរបស់មនុស្ស និងចេញពីសាតាំង វាមិនមែនមកពីព្រះជាម្ចាស់ឡើយ។ វាប្រាកដណាស់ថាមិនមែនកើតចេញពីអាកប្បកិរិយានៃការទទួលខុសត្រូវចំពោះកិច្ចការ និងចំពោះភារកិច្ចរបស់ពួកគេឡើយ នោះមិនមែនជាចេតនារបស់ពួកគេទេ។ ពួកទទឹងនឹងព្រះគ្រីស្ទលាតត្រដាងចេតនារបស់ខ្លួនយ៉ាងច្បាស់ក្រឡែត ហើយមនុស្សមួយចំនួនអាចមើលឃើញរឿងនេះ។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចដឹងពីរឿងនោះដែរឬទេ? (អាច។) នោះហើយគឺជាភាពល្បិចកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេជំនាញបំផុតក្នុងការការពារឋានៈរបស់ខ្លួន ក្នុងការប្រើវោហារសាស្ត្របោកប្រាស់ ក្នុងការទិញទឹកចិត្តមនុស្ស និងជាពិសេស ក្នុងការមាន «ការយល់ដឹង» ពីដួងចិត្តរបស់មនុស្ស។ ពួកគេគិតក្នុងចិត្តថា៖ «ខ្ញុំអាចមើលធ្លុះរាល់គំនិតដែលអ្នករាល់គ្នាមាននៅក្នុងចិត្តរបស់ខ្លួន។ អ្នករាល់គ្នាប្រហែលជាយល់សេចក្ដីពិត ប៉ុន្តែអ្នករាល់គ្នាមិនអាចមើលខ្ញុំធ្លុះឡើយ។ ខ្ញុំអាចមើលអ្នករាល់គ្នាធ្លុះ។ ខ្ញុំអាចដឹងថា នរណាមិនជឿជាក់លើអ្វីដែលខ្ញុំនិយាយ»។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទនិយាយរឿងទាំងនេះចេញមកដែរឬទេ? អត់ទេ ពួកគេមិននិយាយឡើយ។ ពួកគេប្រើពាក្យសម្ដី និងការបញ្ចេញមតិដែលគួរឱ្យចង់ស្ដាប់មួយចំនួន ដើម្បីបញ្ចុះបញ្ចូលមនុស្សគ្រប់គ្នា ដើម្បីធ្វើឱ្យអ្នកគ្រប់គ្នាគិតថា ពួកគេមានហេតុផលត្រឹមត្រូវក្នុងការលួសកាត់បុគ្គលនោះ។ តើពួកទទឹងនឹងព្រះគ្រីស្ទប្រើពាក្យសម្ដីអ្វីខ្លះ? ពួកគេនិយាយថា៖ «ខ្ញុំមិនមែនលួសកាត់អ្នក ដោយសារតែចេតនាលាក់កំបាំងដ៏អាត្មានិយម និងផ្ទាល់ខ្លួននោះទេ។ តាមពិតទៅ គ្មានគំនុំផ្ទាល់ខ្លួនរវាងពួកយើងឡើយ។ គ្រាន់តែថានៅពេលដែលអ្នកដកបុគ្គលនោះចេញពីភារកិច្ចរបស់ពួកគេតាមតែអំពើចិត្ត វាបានធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ តើខ្ញុំអាចធ្វើមិនដឹងមិនឮចំពោះរឿងនោះបានទេ? ប្រសិនបើខ្ញុំបណ្ដោយឱ្យអ្នកធ្វើបែបនោះ វានឹងក្លាយជាការមិនទទួលខុសត្រូវពីសំណាក់រូបខ្ញុំហើយ។ ខ្ញុំមិនមែនធ្វើបែបនេះដើម្បីកំណត់គោលដៅលើអ្នក ឬនរណាម្នាក់ជាពិសេសនោះទេ។ ប្រសិនបើខ្ញុំខុស បងប្អូនប្រុសស្រីអាចរិះគន់ និងស្ដីបន្ទោសខ្ញុំបាន។ ខ្ញុំនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតលើកក្រោយឡើយ»។ នៅពេលដែលមនុស្សមួយចំនួនឮបែបនេះ ពួកគេទាំងអស់គ្នាក៏មានភាពច្របូកច្របល់។ អ្នកទាំងនោះគិតថា៖ «ខ្ញុំហាក់ដូចជាបានយល់ច្រឡំលើពួកគេហើយ។ ពួកគេថែមទាំងសុខចិត្តមិនឈរឈ្មោះក្នុងការបោះឆ្នោតទៀតផង។ ពួកគេមិនមែនលួសកាត់បុគ្គលនោះដើម្បីប្រជែងយកឋានៈឡើយ សកម្មភាពរបស់ពួកគេគឺផ្អែកលើអាកប្បកិរិយានៃការទទួលខុសត្រូវចំពោះកិច្ចការរបស់ពួកជំនុំ។ គ្មានអ្វីខុសឆ្គងនៅក្នុងរឿងនេះទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះអាចបំភាន់មនុស្សមួយចំនួនបានម្ដងទៀត។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនមានល្បិចកលទេឬ? (មានល្បិចកលមែន។) ពួកគេមានល្បិចកលខ្លាំងណាស់! គេអាចនិយាយបានថា ពួកទទឹងនឹងព្រះគ្រីស្ទប្រឹងប្រែងប្រើខួរក្បាលគិតរកគ្រប់មធ្យោបាយ គិតយ៉ាងស៊ីជម្រៅ ហើយប្រើគ្រប់មធ្យោបាយដែលចាំបាច់ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។ មានពាក្យពោលមួយឃ្លាថា៖ «ទះមួយកំផ្លៀង រួចឱ្យល្ម៉ើផ្អែមមួយគ្រាប់»។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនប្រើកលល្បិចនេះទេឬ? បន្ទាប់ពីពួកគេវាយប្រហារអ្នក ពួកគេប្រហែលជានិយាយពាក្យសម្ដីពីរោះៗមួយចំនួន ដើម្បីលួងលោមអ្នក កម្សាន្តចិត្តអ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថា ពួកគេពិតជាមានការអត់ឱន ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់ខ្លាំងណាស់។ ទីបំផុត អ្នកត្រូវតែពេញចិត្តនឹងពួកគេ ហើយនិយាយថា៖ «មើលចុះ បុគ្គលនេះមានគោលបំណងច្បាស់លាស់ណាស់នៅក្នុងកិច្ចការរបស់ខ្លួន ហើយគេពិតជាស្ទាត់ជំនាញណាស់ ពិតជាមានជំនាញអស្ចារ្យមែន! ច្បាស់ណាស់ថា បុគ្គលនេះមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ ហើយពួកយើងទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនអន់ជាង បើប្រៀបធៀបនឹងគេ»។ អ៊ីចឹងតើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះមិនបានសម្រេចគោលដៅរបស់ខ្លួនទៅហើយទេឬ? ទាំងនេះគឺជាល្បិចកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ពួកទទឹងនឹងព្រះគ្រីស្ទគឺពិតជាមានល្បិចកល និងពុតត្បុតខ្លាំងណាស់។ គ្រប់យ៉ាងដែលពួកគេនិយាយ គឺត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ហើយគ្មាននរណាម្នាក់ពូកែធ្វើពុតជាងពួកគេឡើយ។ ប៉ុន្តែ នៅពេលរឿងពិតត្រូវបានលាតត្រដាង នៅពេលមនុស្សបានមើលធ្លុះពីធាតុពិតរបស់ពួកគេ ពួកគេនឹងខិតខំអស់ពីសមត្ថភាពដើម្បីដោះសាឱ្យខ្លួនឯង ហើយពួកគេគិតរកវិធីដើម្បីកែខៃស្ថានការណ៍ និងបោកបញ្ឆោតឱ្យរួចខ្លួន ដើម្បីជាមធ្យោបាយស្រោចស្រង់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទរស់នៅរាល់ថ្ងៃដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ពួកគេរស់នៅគ្រាន់តែដើម្បីសោយសុខនឹងផលប្រយោជន៍នៃឋានៈប៉ុណ្ណោះ នេះគឺជាអ្វីទាំងអស់ដែលពួកគេគិត។ ទោះបីជាពេលខ្លះពួកគេរងទុក្ខលំបាកបន្តិចបន្តួច ឬធ្វើការលះបង់តូចតាចខ្លះក៏ដោយ នេះក៏ដើម្បីទទួលបានឋានៈ និងកេរ្តិ៍ឈ្មោះដែរ។ ការដេញតាមឋានៈ ការក្ដោបក្ដាប់អំណាច និងការមានជីវិតស្រណុកសុខស្រួល គឺជារឿងសំខាន់ដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែរៀបផែនការដើម្បីទទួលបាន នៅពេលពួកគេជឿលើព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ឡើយ រហូតទាល់តែពួកគេសម្រេចបានគោលដៅរបស់ខ្លួន។ ប្រសិនបើអំពើអាក្រក់របស់ពួកគេត្រូវបានលាតត្រដាង ពួកគេភ័យស្លន់ស្លោ ហាក់ដូចជាមេឃហៀបនឹងធ្លាក់សង្កត់លើពួកគេអ៊ីចឹង។ ពួកគេហូបមិនចូល ដេកមិនលក់ ហើយពួកគេហាក់ដូចជាភ្លឹកស្មារតី ហាក់ដូចជាពួកគេកំពុងទទួលរងការធ្លាក់ទឹកចិត្តអ៊ីចឹង។ នៅពេលដែលមានមនុស្សសួរពួកទទឹងនឹងព្រះគ្រីស្ទថាមានរឿងអ្វី ពួកគេក៏ប្រឌិតពាក្យកុហក ហើយនិយាយថា៖ «ម្សិលមិញ ខ្ញុំរវល់ខ្លាំងពេក រហូតដល់មិនបានដេកពេញមួយយប់ ដូច្នេះខ្ញុំហត់នឿយណាស់»។ ប៉ុន្តែតាមពិតទៅ គ្មានរឿងណាមួយជាការពិតឡើយ វាសុទ្ធតែជាការបោកបញ្ឆោតទាំងអស់។ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍បែបនេះ ដោយសារតែពួកគេតែងតែរិះគិតថា៖ «រឿងអាក្រក់ដែលខ្ញុំបានធ្វើ ត្រូវបានលាតត្រដាងបាត់ទៅហើយ ដូច្នេះ តើខ្ញុំអាចស្ដារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំឡើងវិញដោយរបៀបណា? តើខ្ញុំអាចប្រើមធ្យោបាយអ្វីដើម្បីស្រោចស្រង់ខ្លួនឯងបាន? តើខ្ញុំអាចប្រើទឹកដមសំឡេងបែបណាជាមួយមនុស្សគ្រប់គ្នា ដើម្បីពន្យល់ពីរឿងនេះ? តើខ្ញុំអាចនិយាយអ្វីខ្លះ ដើម្បីកុំឱ្យមនុស្សមើលខ្ញុំធ្លុះបាន?» អស់រយៈពេលយ៉ាងយូរ ពួកគេគិតមិនចេញថាត្រូវធ្វើអ្វីឡើយ ដូច្នេះ ពួកគេក៏ធ្លាក់ទឹកចិត្ត។ ជួនកាល ភ្នែករបស់ពួកគេសម្លឹងមើលភ្លឹកទៅមួយកន្លែង ហើយគ្មាននរណាម្នាក់ដឹងថាពួកគេកំពុងមើលអ្វីនោះទេ។ បញ្ហានេះធ្វើឱ្យពួកគេប្រឹងប្រែងប្រើខួរក្បាលគិតរកគ្រប់មធ្យោបាយ គិតអស់គ្រប់ច្រកល្ហក ហើយមិនចង់ហូប ឬផឹកអ្វីឡើយ។ ទោះជាយ៉ាងនេះក្ដី ពួកទទឹងនឹងព្រះគ្រីស្ទនៅតែធ្វើពុតជាខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ហើយសួរគេឯងថា៖ «តើកិច្ចការផ្សាយដំណឹងល្អដំណើរការទៅយ៉ាងម៉េចហើយ? តើការផ្សាយដំណឹងល្អមានប្រសិទ្ធភាពយ៉ាងណាដែរ? ថ្មីៗនេះ តើបងប្អូនប្រុសស្រីទទួលបានការចូលទៅក្នុងជីវិតខ្លះដែរឬទេ? តើមាននរណាម្នាក់បង្កការបង្អាក់ ឬការរំខានណាមួយដែរឬទេ?» ការសាកសួររបស់ពួកគេអំពីកិច្ចការរបស់ពួកជំនុំទាំងនេះ គឺគ្រាន់តែធ្វើឡើងដើម្បីបង្ហាញឱ្យអ្នកដទៃឃើញប៉ុណ្ណោះ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទពិតជាបានដឹងពីបញ្ហាមែននោះ ពួកគេក៏គ្មានវិធីដោះស្រាយបញ្ហាទាំងនោះដែរ ដូច្នេះ សំណួររបស់ពួកគេគ្រាន់តែជាទម្រង់ការប៉ុណ្ណោះ ដែលសួរឡើងដើម្បីធ្វើឱ្យមើលទៅហាក់ដូចជាពួកគេខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ។ ប្រសិនបើនរណាម្នាក់ធ្វើសេចក្ដីរាយការណ៍អំពីបញ្ហារបស់ពួកជំនុំដើម្បីឱ្យពួកគេដោះស្រាយ ពួកគេមុខជាគ្រាន់តែក្រវីក្បាលប៉ុណ្ណោះ។ គ្មានល្បិចកលណាមួយអាចជួយពួកគេបានឡើយ ហើយទោះបីជាពួកគេចង់ក្លែងខ្លួនក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ ហើយពួកគេនឹងជួបហានិភ័យនៃការត្រូវបានលាតត្រដាង និងបើកសម្ដែង។ នេះគឺជាបញ្ហាដ៏ធំបំផុតដែលពួកទទឹងនឹងព្រះគ្រីស្ទប្រឈមមុខនៅក្នុងមួយជីវិតរបស់ពួកគេ។ នៅពេលនេះ ពួកទទឹងនឹងព្រះគ្រីស្ទគឺប្រៀបដូចជាស្រមោចនៅលើខ្ទះក្ដៅ ដោយជួនកាលក្រវីក្បាល ហាក់ដូចជាចង់និយាយថា៖ «មិនអាចបន្តបែបនេះទៀតទេ»។ បន្ទាប់មក ពួកគេយកដៃគោះក្បាលរបស់ខ្លួន ហាក់ដូចជាកំពុងគិតថា៖ «ម្ដេចបានជាខ្ញុំល្ងង់ខ្លៅម្ល៉េះ? តើខ្ញុំអាចភ្លាត់ស្នៀតលើរឿងនេះយ៉ាងម៉េចបានទៅ?» ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកការពិតនេះបានទេ ហើយអាចត្រឹមតែដកដង្ហើមធំប៉ុណ្ណោះ។ ពួកគេធ្វើការដោយកម្លាំង រងទុក្ខ និងលះបង់ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ដោយបណ្ដោយខ្លួនឱ្យប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ។ ការត្រូវបានលាតត្រដាងដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គឺជាលទ្ធផលដែលជៀសមិនរួចឡើយ។ មិនយូរមិនឆាប់ មនុស្សច្បាស់ជាដួលរលំដោយសារតែការមិនដេញតាមសេចក្ដីពិត។ ពាក្យសម្ដីនេះបានក្លាយជាការពិតយ៉ាងល្អឥតខ្ចោះចំពោះពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាពួកគេពូកែក្នុងការក្លែងបន្លំ ហើយអាចនិយាយបញ្ចុះបញ្ចូល និងបំភាន់អ្នកដទៃក៏ដោយ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យល់សេចក្ដីពិត ហើយពួកគេអាចញែកដឹងពីសារជាតិរបស់មនុស្សម្នាក់បាន នោះមិនថាពួកទទឹងនឹងព្រះគ្រីស្ទលាក់ខ្លួនជ្រៅប៉ុនណា ឬធ្វើសេចក្ដីអាក្រក់ច្រើនប៉ុនណានោះទេ ពួកគេអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទបានទាំងស្រុង។ មានពាក្យពោលពីរឃ្លាថា៖ «ការបន្តធ្វើអំពើអាក្រក់ នាំមកនូវការបំផ្លាញខ្លួនឯង» និង «អ្នកលេងភ្លើង នឹងរលាកខ្លួន»។ ទាំងនេះគឺជាច្បាប់សត្យានុម័តដែលគ្រប់គ្រងការវិវត្តនៃរឿងរ៉ាវ ដែលត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ សម្រាប់ការវិវត្តនៃរបស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់។ គ្មាននរណាម្នាក់អាចគេចផុតពីច្បាប់ទាំងនេះបានឡើយ។ ទោះបីជាកិច្ចការរបស់ពួកជំនុំបន្តក្រោមការគ្រប់គ្រងរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ប្រសិទ្ធភាពរបស់វាបានថយចុះយ៉ាងខ្លាំងដែរ។ កិច្ចការសំខាន់ៗមួយចំនួននៅតែត្រូវបានគ្រប់គ្រងដោយបុគ្គលអាក្រក់ ហើយការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនត្រូវបានអនុវត្តឡើយ។ ទោះបីជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ម្នាក់ៗកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏គ្មានលទ្ធផលពិតប្រាកដដែរ ហើយកិច្ចការផ្សេងៗបានធ្លាក់ចូលទៅក្នុងស្ថានភាពជាប់គាំងជាយូរមកហើយ។ តើអ្វីជាមូលហេតុឫសគល់នៃបញ្ហាទាំងនេះ? គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទបានចូលគ្រប់គ្រងពួកជំនុំ។ នៅទីណាដែលពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាច មិនថាវិសាលភាពនៃឥទ្ធិពលរបស់ពួកគេធំប៉ុនណានោះទេ ទោះបីជាវាគ្រាន់តែជាក្រុមមួយក៏ដោយ ក៏ពួកគេនឹងជះឥទ្ធិពលដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងមួយចំនួនរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាចនៅក្នុងពួកជំនុំណាមួយ កិច្ចការរបស់ពួកជំនុំ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងត្រូវបានរារាំងនៅទីនោះ។ ហេតុអ្វីបានជាការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ មិនអាចត្រូវបានអនុវត្តនៅក្នុងពួកជំនុំមួយចំនួន? គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាចនៅក្នុងពួកជំនុំទាំងនេះ។ នរណាក៏ដោយដែលជាអាទទឹងនឹងព្រះគ្រីស្ទ នឹងមិនលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ ការបំពេញភារកិច្ចរបស់ពួកគេនឹងគ្រាន់តែធ្វើជាទម្រង់ការ និងបង្គ្រប់កិច្ចប៉ុណ្ណោះ។ ពួកគេនឹងមិនធ្វើកិច្ចការជាក់ស្ដែងឡើយ ទោះបីជាពួកគេជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការក៏ដោយ ហើយពួកគេនឹងគ្រាន់តែនិយាយ និងប្រព្រឹត្តដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈប៉ុណ្ណោះ ដោយមិនការពារកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះពេញមួយថ្ងៃ? ពួកគេធ្វើខ្លួនរវល់តែនឹងការសម្ដែង និងការអួតសម្ញែងប៉ុណ្ណោះ។ ពួកគេធ្វើតែរឿងដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេរវល់នឹងការបំភាន់អ្នកដទៃ អូសទាញមនុស្ស ហើយនៅពេលដែលពួកគេបានប្រមូលកម្លាំងរបស់ពួកគេហើយ ពួកគេនឹងបន្តទៅគ្រប់គ្រងពួកជំនុំកាន់តែច្រើន។ ពួកគេគ្រាន់តែប៉ងចង់សោយរាជ្យជាស្ដេច និងប្រែក្លាយពួកជំនុំឱ្យទៅជានគរឯករាជ្យរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេគ្រាន់តែប៉ងចង់ធ្វើជាអ្នកដឹកនាំខ្ពង់ខ្ពស់ មានសិទ្ធិអំណាចផ្ដាច់មុខទាំងស្រុង ដើម្បីគ្រប់គ្រងពួកជំនុំកាន់តែច្រើនប៉ុណ្ណោះ។ ពួកគេមិនខ្វល់ខ្វាយសូម្បីតែបន្តិចអំពីរឿងអ្វីផ្សេងទៀតឡើយ។ ពួកគេមិនខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនខ្វល់ថាតើព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានប្រតិបត្តិឬអត់នោះទេ។ ពួកគេខ្វល់ខ្វាយតែពីពេលណាដែលពួកគេអាចក្ដោបក្ដាប់អំណាចផ្ដាច់មុខ គ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងឈរស្មើមុខស្មើមាត់ជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទពិតជាធំធេងណាស់! មិនថាពួកទទឹងនឹងព្រះគ្រីស្ទមើលទៅហាក់ដូចជាខិតខំធ្វើការយ៉ាងណាក៏ដោយ ក៏ពួកគេគ្រាន់តែរវល់នឹងរឿងផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើអ្វីដែលពួកគេចូលចិត្តធ្វើ និងរវល់នឹងរឿងដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនទាំងគិតអំពីទំនួលខុសត្រូវរបស់ខ្លួន ឬភារកិច្ចដែលពួកគេគួរតែបំពេញផង ហើយពួកគេមិនធ្វើអ្វីដែលត្រឹមត្រូវទាល់តែសោះ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាប្រភេទបែបហ្នឹងឯង ពួកគេគឺជាពួកអារក្ស និងពួកសាតាំង ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។

កាលពីមុន មានអ្នកដឹកនាំម្នាក់ដែលខ្ញុំបានផ្ទុកផ្ដាក់កិច្ចការប្រាំយ៉ាងឱ្យគាត់ ក្នុងអំឡុងពេលគាត់កាន់តំណែង។ ក៏ប៉ុន្តែ ពីរខែក្រោយមក គ្មានរឿងណាមួយក្នុងចំណោមកិច្ចការទាំងនេះត្រូវបានអនុវត្តឡើយ។ មើលពីសំបកក្រៅ អ្នកដឹកនាំរូបនេះហាក់ដូចជាមិននៅទំនេរទេ គាត់រវល់ និងហត់នឿយខ្លាំងណាស់ ហើយអ្នកស្ទើរតែមិនដែលឃើញមុខគាត់ឡើយ។ ដូច្នេះ តើគាត់រវល់នឹងរឿងអ្វី ហើយហេតុអ្វីបានជាគាត់មិនអាចបំពេញកិច្ចការដែលខ្ញុំបានចាត់តាំងឱ្យគាត់បាន? មានបញ្ហាមួយនៅត្រង់នេះ។ អ្នកដឹកនាំរូបនោះមិនបានធ្វើកិច្ចការមួយចំនួនទេ ដោយសារតែគាត់មិនចូលចិត្តធ្វើវា ដោយចាត់ទុកថាកិច្ចការទាំងនោះមិនស្ថិតក្នុងភារកិច្ចរបស់គាត់ឡើយ។ នេះគឺជាបញ្ហាមួយ។ លើសពីនេះ គាត់មានមតិខុសគ្នាលើកិច្ចការមួយចំនួន ដោយមានចេតនាទុកវាចោល។ ក៏មានកិច្ចការខ្លះដែលបង្កជាបញ្ហាប្រឈម ដែលទាមទារជំនួយពីអ្នកដទៃ និងមានភាពសាំញ៉ាំបន្តិចបន្តួច ដែលអ្នកដឹកនាំរូបនេះមិនព្រមចាត់ចែងឡើយ។ ទាំងនេះគឺជាស្ថានភាពដែលបានកើតឡើង។ ដូច្នេះ ពេលវេលាពីរខែបានកន្លងផុតទៅ ហើយគ្មានកិច្ចការណាមួយត្រូវបានសម្រេចឡើយ។ មនុស្សមួយចំនួនបាននិយាយថា៖ «តើអាចទៅរួចដែរឬទេក្នុងការសម្រេចកិច្ចការទាំងអស់នេះក្នុងរយៈពេលពីរខែ?» គឺអាចទៅរួច កិច្ចការទាំងនេះសុទ្ធតែអាចសម្រេចបានក្នុងរយៈពេលពីរខែ ហើយកិច្ចការភាគច្រើនអាចត្រូវសម្រេចបានក្នុងរយៈពេលមួយ ឬពីរថ្ងៃប៉ុណ្ណោះ ប៉ុន្តែអ្នកដឹកនាំរូបនេះមិនបានអនុវត្តវាឡើយ។ នៅពេលដែលអ្នកផ្សេងមកជំនួស ហើយបំពេញកិច្ចការទាំងនេះ កិច្ចការទាំងប្រាំត្រូវសម្រេចបានក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំបែបនេះគួរតែត្រូវបានដកហូតតំណែងដែរឬទេ? (គួរតែត្រូវបានដកហូតតំណែង។) ប្រសិនបើអ្នករាល់គ្នាជួបប្រទះមនុស្សបែបនេះ ដែលមិនសម្រេចកិច្ចការណាមួយដែលខាងលើបានចាត់តាំងឱ្យសោះ ប៉ុន្តែមើលពីសំបកក្រៅ គេហាក់ដូចជារវល់ខ្លាំងណាស់ នោះគេគឺជាអ្នកដឹកនាំក្លែងក្លាយហើយ។ បុគ្គលបែបនេះគួរតែត្រូវបានដកហូតតំណែង ឬជម្រុះចោលជាបន្ទាន់។ តើអ្នកគិតយ៉ាងណាដែរចំពោះគោលការណ៍នេះ? (គឺល្អ។) ចូរកុំមើលទៅលើសេចក្ដីក្លៀវក្លាពីសំបកក្រៅរបស់ពួកគេ និងការដែលពួកគេមើលទៅហាក់ដូចជារវល់ខ្លាំងពេញមួយថ្ងៃឱ្យសោះ។ តាមពិតទៅ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ពួកគេគ្រាន់តែធ្វើខ្លួនឱ្យរវល់នឹងរឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ។ តើពួកគេធ្វើអ្វីខ្លះ? សកម្មភាពរបស់អ្នកដឹកនាំក្លែងក្លាយនោះត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា។ ទីមួយ ពួកគេទទួលរ៉ាប់រងកិច្ចការដែលពួកគេជឿថាពួកគេអាចចាត់ចែងបាន ជាកិច្ចការដែលមានសុវត្ថិភាព ហើយមិនពាក់ព័ន្ធនឹងហានិភ័យច្រើន។ តើខ្ញុំមានន័យយ៉ាងណាចំពោះឃ្លាថា «មិនពាក់ព័ន្ធនឹងហានិភ័យច្រើន»? ខ្ញុំមានន័យថា តាមរយៈការធ្វើកិច្ចការទាំងនេះ វាងាយស្រួលក្នុងការជៀសវាងការប្រព្រឹត្តកំហុស ពួកគេមិនចាំបាច់ទាក់ទងជាមួយខាងលើឡើយ ហើយពួកគេអាចជៀសវាងការធ្វើរឿងខុស និងការត្រូវបានលួសកាត់។ លើសពីនេះ អ្នកដឹកនាំក្លែងក្លាយនោះចាត់ចែងកិច្ចការដែលពួកគេស្ទាត់ជំនាញ ដែលពួកគេមិនងាយនឹងប្រព្រឹត្តកំហុស។ តាមរបៀបនេះ ពួកគេអាចជៀសវាងមិនរ៉ាប់រងការទទួលខុសត្រូវ ហើយភាគច្រើន អាចការពារខ្លួនមិនឱ្យត្រូវបានលួសកាត់ បោសសម្អាតចេញ ឬបណ្ដេញចេញ។ កិច្ចការទាំងនេះគ្មានហានិភ័យ និងមិនពាក់ព័ន្ធនឹងការទទួលខុសត្រូវឡើយ ដូច្នេះ ពួកគេអាចដោះស្រាយ និងចាត់ចែងវាបាន។ តាមពិតទៅ មានធាតុលាក់កំបាំងមួយនៅក្នុងរឿងនេះ។ តើពួកគេនឹងធ្វើកិច្ចការទាំងនេះដែរឬទេ ប្រសិនបើពួកគេអាចធ្វើវាដោយគ្មាននរណាម្នាក់មើលឃើញនោះ? ប្រសិនបើគ្មានផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ពួកគេទេ តើពួកគេនឹងធ្វើវាដែរឬទេ? ពួកគេប្រាកដជាមិនធ្វើឡើយ។ តើពួកគេចូលចិត្តកិច្ចការប្រភេទណា? ពួកគេចូលចិត្តកិច្ចការដែលរាងងាយស្រួល សាមញ្ញ និងអាចសម្រេចបានដោយមិនបាច់រងទុក្ខច្រើនពេក។ លើសពីនេះ អ្នកដឹកនាំក្លែងក្លាយនោះសុខចិត្តស្ដាប់ និងទន្ទេញសេចក្ដីអធិប្បាយបន្ថែមទៀត ដែលពួកគេចាប់អារម្មណ៍ និងដែលស្របតាមសញ្ញាណរបស់ពួកគេ។ នៅពេលដែលពួកគេយល់ពីសេចក្ដីអធិប្បាយទាំងនោះ ពួកគេអាចយកវាទៅប្រកបគ្នាជាមួយអ្នកដទៃ ដោយធ្វើបែបនេះដើម្បីអួតសម្ញែងខ្លួនឯង និងទទួលបានការកោតសរសើរពីអ្នកដទៃ។ ជាងនេះទៅទៀត ប្រសិនបើការបំពេញកិច្ចការទាំងនេះអនុញ្ញាតឱ្យពួកគេទាក់ទងជាមួយមនុស្សកាន់តែច្រើន ហើយធ្វើឱ្យអ្នកដទៃដឹងថា ពួកគេកំពុងរវល់ធ្វើការ ថាពួកគេស្ថិតក្នុងតំណែងជាអ្នកដឹកនាំ និងមានឋានៈ ព្រមទាំងអត្តសញ្ញាណនេះ នោះពួកគេនឹងធ្វើវា។ ពួកគេជ្រើសរើសកិច្ចការដែលមានលក្ខណៈបែបនេះ។ ក៏ប៉ុន្តែ ប្រសិនបើកិច្ចការដែលអ្នកដឹកនាំក្លែងក្លាយនោះត្រូវបំពេញមានភាពស្មុគស្មាញ និងហួសពីសមត្ថភាពរបស់ខ្លួន ហើយប្រសិនបើមានអ្នកផ្សេងស្ទាត់ជំនាញជាងពួកគេ ព្រមទាំងមានហានិភ័យនៃការបាត់បង់មុខមាត់ ប្រសិនបើពួកគេធ្វើមិនបានល្អ និងត្រូវបានអ្នកដទៃមើលងាយ នោះពួកគេមិនសុខចិត្តធ្វើកិច្ចការទាំងនេះឡើយ។ ពួកគេខ្លាចកិច្ចការលំបាក ខ្លាចហត់នឿយ និងខ្លាចភាពអាម៉ាស់នៃការធ្វើមិនបានល្អ។ លើសពីនេះ ពួកគេខ្ជិលច្រអូសខ្លាំងណាស់ ហើយតែងតែជៀសវាងកិច្ចការដែលហត់នឿយ និងប្រើកម្លាំង ដោយលាក់ខ្លួនឱ្យឆ្ងាយពីរឿងទាំងនេះ។ ផ្ទុយទៅវិញ អ្នកដឹកនាំក្លែងក្លាយនោះចូលចិត្តធ្វើកិច្ចការដែលជួយលើកមុខមាត់របស់ពួកគេ ជាកិច្ចការងាយៗ ដែលពួកគេអាចធ្វើឱ្យតែរួចពីដៃ និងទិញទឹកចិត្តមនុស្ស ដោយមិនឱ្យខាងលើមើលពួកគេធ្លុះ។ ទាំងនេះសុទ្ធតែជាលក្ខណៈពីកំណើតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់ពួកគេ ពួកគេរើសប្រភេទកិច្ចការ។ ពួកគេមានជម្រើសផ្ទាល់ខ្លួន មានផែនការ និងថែមទាំងមានល្បិចកលទៀតផង។ ពួកគេមិនមែនស្ដាប់បង្គាប់ទាល់តែសោះនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ ផ្ទុយទៅវិញ ពួកគេធ្វើការជ្រើសរើសដោយខ្លួនឯង។ ទាក់ទងនឹងការរៀបចំមួយចំនួនពីខាងលើ ប្រសិនបើពួកគេមិនយល់ស្របនឹងការរៀបចំទាំងនោះទេ ពួកគេនឹងមិនអនុវត្តវាដាច់ខាត។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យរឿងទាំងនេះជាប់គាំងទាំងស្រុង ហើយបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំមិនបានដឹងពីរឿងទាំងនេះឡើយ។ ប្រសិនបើការអនុវត្តការរៀបចំពីខាងលើទាំងនេះ នឹងមានជម្លោះជាមួយបុគ្គលមួយចំនួន ឬធ្វើឱ្យមនុស្សអន់ចិត្ត តើពួកទទឹងនឹងព្រះគ្រីស្ទនឹងអនុវត្តវាដែរឬទេ? ពួកគេនឹងមិនអនុវត្តឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ប្រសិនបើខាងលើចង់ឱ្យធ្វើរឿងនេះ ខ្ញុំនឹងមិនធ្វើទេ។ ទោះបីជាខ្ញុំធ្វើក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើក្នុងនាមខាងលើ ដោយអះអាងថាវាត្រូវបានបញ្ជាមកពីពួកគេដែរ។ ខ្ញុំមិនអាចប្រថុយធ្វើឱ្យមនុស្សទាំងនោះអន់ចិត្តឡើយ»។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាប្រភេទដែលមានល្បិចកល មែនទេ? ចំពោះអ្វីទាំងអស់ដែលពួកគេធ្វើ ពួកគេរៀបល្បិច និងគិតគូរថ្លឹងថ្លែងប្រាំបី ឬដប់ដង ឬសូម្បីតែច្រើនជាងនេះទៅទៀត។ ខួរក្បាលពួកគេពោរពេញទៅដោយការគិតធ្វើយ៉ាងម៉េចឱ្យខ្លួនមានជំហរស្ថិតស្ថេរក្នុងបណ្តាជន ធ្វើម៉េចមានកេរ្តិ៍ឈ្មោះល្អ និងមានកិត្យានុភាពខ្ពង់ខ្ពស់ ធ្វើម៉េចអែបអបខាងលើ ធ្វើម៉េចឱ្យបងប្អូនប្រុសស្រីគាំទ្រ ស្រឡាញ់ និងគោរពពួកគេ ហើយពួកគេធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានលទ្ធផលទាំងនេះ។ តើពួកគេកំពុងដើរលើផ្លូវអ្វីទៅ? សម្រាប់ពួកគេ ប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ប្រយោជន៍នៃក្រុមជំនុំ និងកិច្ចការនៃដំណាក់ព្រះជាម្ចាស់ មិនមែនជាការពិចារណាចម្បងរបស់ពួកគេនោះទេ រឹតតែមិនមែនជាកិច្ចការដែលពួកគេខ្វល់ខ្វាយទៅទៀត។ តើពួកគេគិតយ៉ាងណាដែរ? «រឿងទាំងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់ មនុស្សត្រូវរស់នៅដើម្បីខ្លួនឯង និងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន។ នោះគឺជាគោលដៅដ៏ខ្ពស់បំផុត។ ប្រសិនបើនរណាម្នាក់មិនដឹងថា គេគួរតែរស់នៅដើម្បីខ្លួនឯង និងការពារខ្លួនទេ នោះគេជាមនុស្សល្ងីល្ងើ។ ប្រសិនបើគេសុំឱ្យខ្ញុំអនុវត្តតាមគោលការណ៍សេចក្ដីពិត ហើយចុះចូលចំពោះព្រះជាម្ចាស់ និងការរៀបចំនៃដំណាក់របស់ទ្រង់ នោះវាអាស្រ័យលើថាតើវានឹងមានផលប្រយោជន៍ឬអត់សម្រាប់ខ្ញុំ ហើយថាតើនឹងមានអត្ថប្រយោជន៍ឬអត់ក្នុងការធ្វើបែបនេះ។ ប្រសិនបើការមិនចុះចូលចំពោះការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ នាំមកនូវឱកាសដែលគេអាចនឹងបោសសម្អាតខ្ញុំចេញ ហើយបាត់បង់ឱកាសដើម្បីទទួលបានព្រះពរ នោះខ្ញុំនឹងចុះចូល»។ ដូច្នេះ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទតែងតែជ្រើសរើសធ្វើការសម្របសម្រួលមួយចំនួន។ អ្នកអាចនិយាយបានថា ដើម្បីជាប្រយោជន៍ដល់ឋានៈ ពួកទទឹងនឹងព្រះគ្រីស្ទអាចស៊ូទ្រាំនឹងការរងទុក្ខគ្រប់យ៉ាង ហើយដើម្បីមានកេរ្តិ៍ឈ្មោះល្អ ពួកគេអាចលះបង់គ្រប់យ៉ាង។ ពាក្យចាស់ពោលថា «មនុស្សអស្ចារ្យដឹងថាពេលណាគួរចុះញ៉ម និងពេលណាមិនគួរចុះញ៉ម» នេះជាការពិតចំពោះពួកគេ។ តើនេះជាតក្កវិជ្ជារបស់សាតាំងមែនទេ? នេះជាទស្សនវិជ្ជារបស់សាតាំងនៃការរស់នៅក្នុងលោកីយ៍ ហើយវាក៏ជាគោលការណ៍នៃការរស់រានមានជីវិតរបស់សាតាំងផងដែរ។ គោលការណ៍នេះគួរឱ្យស្អប់ខ្ពើមមែនទែន!

ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសំខាន់ជាងអ្វីទាំងអស់។ មនុស្សទាំងនេះមិនគ្រាន់តែបោកបញ្ឆោត មានល្បិចកល និងទុច្ចរិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានធម្មជាតិកាចសាហាវខ្លាំងបំផុតផងដែរ។ នៅពេលដែលពួកគេដឹងថា ឋានៈរបស់ពួកគេកំពុងជួបហានិភ័យ ឬនៅពេលដែលពួកគេបាត់បង់កន្លែងនៅក្នុងចិត្តមនុស្ស នៅពេលដែលពួកគេបាត់បង់ការគាំទ្រ និងការស្រឡាញ់ពេញចិត្តពីមនុស្ស នៅពេលដែលមនុស្សលែងគោរពស្រឡាញ់ពួកគេ ហើយពួកគេបានធ្លាក់ទៅក្នុងសេចក្ដីអាម៉ាស់ តើពួកគេធ្វើអ្វីខ្លះ? ពួកគេប្រែជាប្រទូសរ៉ាយមួយរំពេច។ ឱ្យតែពួកគេបាត់បង់ឋានៈភ្លាម ពួកគេមិនព្រមបំពេញភារកិច្ចណាមួយទេ គ្រប់យ៉ាងដែលពួកគេធ្វើ គឺធ្វើឱ្យតែរួចពីដៃ ហើយពួកគេគ្មានចំណាប់អារម្មណ៍ចង់ធ្វើអ្វីឡើយ។ ប៉ុន្តែ នេះមិនមែនជាការបើកបង្ហាញដ៏អាក្រក់បំផុតឡើយ។ តើការបើកបង្ហាញដ៏អាក្រក់បំផុតជាអ្វីទៅ? ឱ្យតែមនុស្សទាំងនេះបាត់បង់ឋានៈរបស់ខ្លួនភ្លាម និងគ្មាននរណាម្នាក់គោរពពួកគេ ហើយគ្មាននរណាម្នាក់ត្រូវបានពួកគេបំភាន់ទៀត នោះចិត្តស្អប់ ចិត្តឈ្នានីស និងការសងសឹកចាប់ផ្ដើមលេចចេញមក។ ពួកគេមិនត្រឹមតែគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះទេ តែក៏គ្មានការចុះចូលសូម្បីបន្តិចសោះឡើយ។ ជាងនេះទៅទៀត នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេស្អប់ដំណាក់របស់ព្រះជាម្ចាស់ ពួកជំនុំ ព្រមទាំងអ្នកដឹកនាំ និងអ្នកធ្វើការមិនខាន។ ពួកគេបន់ឱ្យតែកិច្ចការនៃពួកជំនុំជួបបញ្ហា ឬជាប់គាំងទេ។ ពួកគេចង់សើចចំអកដាក់ពួកជំនុំ និងដាក់បងប្អូនប្រុសស្រី។ ពួកគេក៏ស្អប់អ្នកដែលដេញតាមសេចក្តីពិត និងកោតខ្លាចព្រះជាម្ចាស់ផងដែរ។ ពួកគេវាយប្រហារ និង ចំអកឡកឡាយដាក់អ្នកណាដែលស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន និងព្រមលះបង់។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនកាចសាហាវទេឬអី? អ្នកទាំងអស់នេះគឺជាមនុស្សអាក្រក់យ៉ាងប្រាកដ ហើយពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិជាមនុស្សអាក្រក់។ សូម្បីតែនៅពេលដែលការជួបជុំត្រូវបានធ្វើឡើងតាមអនឡាញក៏ដោយ ប្រសិនបើពួកគេឃើញថាសេវាអ៊ីនធឺណិតដើរល្អ ពួកគេនឹងដាក់បណ្ដាសាស្ងាត់ៗ ហើយនិយាយក្នុងចិត្តថា៖ «បន់ឱ្យតែដាច់សេវាទៅ! បន់ឱ្យតែដាច់សេវាទៅ! យកល្អ កុំឱ្យមាននរណាម្នាក់អាចស្ដាប់ឮសេចក្ដីអធិប្បាយទាំងនេះអី!» តើមនុស្សទាំងនេះជាអ្វីទៅ? (ជាពួកអារក្ស។) ពួកគេគឺជាពួកអារក្ស! ពួកគេប្រាកដណាស់ថាមិនមែនជារាស្ដ្រនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកអារក្ស និងមនុស្សអាក្រក់ប្រភេទនេះ បង្កការរំខានតាមរបៀបនេះ មិនថាពួកគេនៅក្នុងពួកជំនុំមួយណានោះទេ។ ទោះបីជាមនុស្សដែលមានការញែកដឹង លាតត្រដាង និងដាក់កំហិតពួកគេក៏ដោយ ក៏ពួកគេនឹងមិនឆ្លុះបញ្ចាំងពីខ្លួនឯង ឬទទួលស្គាល់កំហុសរបស់ពួកគេដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងគិតថា វាគ្រាន់តែជាការភ្លាត់ស្នៀតមួយពេលរបស់ពួកគេប៉ុណ្ណោះ ហើយថាពួកគេគួរតែរៀនសូត្រពីរឿងនេះ។ បុគ្គលបែបនេះ ដែលបដិសេធដាច់ខាតមិនព្រមប្រែចិត្ត នឹងមិនចុះចូលឡើយ មិនថានរណាជាអ្នកញែកដឹង និងលាតត្រដាងពួកគេនោះទេ។ ពួកគេនឹងស្វែងរកការសងសឹកចំពោះបុគ្គលដែលមានការញែកដឹងនោះ។ នៅពេលពួកគេមានអារម្មណ៍មិនស្រួល ពួកគេក៏មិនចង់ឱ្យបងប្អូនប្រុសស្រីបានសុខស្រួលដែរ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេថែមទាំងលួចដាក់បណ្ដាសាបងប្អូនប្រុសស្រី ដោយប៉ងចង់ឱ្យរឿងអាក្រក់កើតឡើងចំពោះបងប្អូនប្រុសស្រី ហើយពួកគេដាក់បណ្ដាសាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយប៉ងចង់ឱ្យមានបញ្ហាកើតឡើងនៅក្នុងកិច្ចការនោះ។ នៅពេលដែលមានរឿងអ្វីខុសឆ្គងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេលួចអរសប្បាយ និងអបអរសាទរ ដោយគិតថា៖ «ហ៊ឹស! ទីបំផុត មានរឿងខុសឆ្គងកើតឡើងហើយ។ រឿងទាំងអស់នេះកើតឡើង ដោយសារតែអ្នកបានដកហូតតំណែងខ្ញុំ។ ល្អហើយដែលអ្វីៗគ្រប់យ៉ាងកំពុងតែដួលរលំ!» ពួកគេមានអារម្មណ៍សប្បាយចិត្ត និងត្រេកអរក្នុងការឃើញអ្នកដទៃចុះខ្សោយ និងក្លាយជាអវិជ្ជមាន ពួកគេនិយាយពាក្យចំអក និងឡកឡាយដើម្បីបង្អាប់មនុស្ស ហើយថែមទាំងផ្សព្វផ្សាយពាក្យសម្ដីអវិជ្ជមាន និងសេចក្ដីស្លាប់ទៀតផង ដោយនិយាយថា៖ «ពួកយើងជាអ្នកជឿ បានលះបង់គ្រួសារ និងអាជីពរបស់យើង ដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងស៊ូទ្រាំនឹងទុក្ខលំបាក។ តើអ្នកគិតថា ដំណាក់របស់ព្រះជាម្ចាស់ពិតជាអាចទទួលខុសត្រូវចំពោះអនាគតរបស់យើងបានដែរឬទេ? តើអ្នកធ្លាប់គិតអំពីរឿងនោះដែរឬទេ? តើវាស័ក្ដិសមនឹងតម្លៃដែលយើងកំពុងលះបង់ដែរឬទេ? សុខភាពរបស់ខ្ញុំមិនសូវល្អទេនៅពេលនេះ ហើយប្រសិនបើខ្ញុំធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺ តើនរណានឹងមើលថែខ្ញុំនៅពេលខ្ញុំចាស់ទៅ?» ពួកគេនិយាយរឿងបែបនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍អវិជ្ជមាន មានតែពេលនោះទេ ទើបពួកគេមានអារម្មណ៍សប្បាយចិត្ត។ តើពួកគេមិនមែនកំពុងតែមានគំនិតអាក្រក់ទេឬ តើពួកគេមិនពិសពុល និងមានគំនិតព្យាបាទទេឬ? តើមនុស្សបែបនេះមិនគួរទទួលកម្មពៀរទេឬ? (មែនហើយ គួរតែទទួលកម្មពៀរ។) តើអ្នករាល់គ្នាគិតថា មនុស្សបែបនេះពិតជាមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ? ពួកគេមើលទៅមិនដូចជាអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ ពួកគេមិនជឿទាល់តែសោះថា ព្រះជាម្ចាស់ពិនិត្យពិច័យជម្រៅដួងចិត្តរបស់មនុស្សឡើយ។ តើពួកគេមិនមែនជាពួកអ្នកមិនជឿទេឬ? ប្រសិនបើពួកគេពិតជាជឿលើព្រះជាម្ចាស់មែន តើពួកគេម្ដេចនឹងអាចនិយាយរឿងបែបនេះបានទៅ? អ្នកខ្លះប្រហែលជានិយាយថា នេះគឺដោយសារតែពួកគេខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ តើត្រឹមត្រូវដែរឬទេ? (អត់ទេ មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាវាមិនត្រឹមត្រូវ? (ព្រះជាម្ចាស់គឺពិតជាមិនមាននៅក្នុងចិត្តរបស់ពួកគេឡើយ ពួកគេកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់។) តាមពិតទៅ ពួកគេហ៊ាននិយាយរឿងបែបនេះ ដោយសារតែពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់។ ពួកគេរឹតតែមិនជឿថា ព្រះជាម្ចាស់កំពុងពិនិត្យពិច័យមនុស្សគ្រប់គ្នា ហើយពួកគេមិនជឿថា ព្រះជាម្ចាស់កំពុងអង្កេតគ្រប់ពាក្យសម្ដី និងអំពើ ព្រមទាំងគ្រប់ការគិត និងគំនិតរបស់ពួកគេឡើយ។ ពួកគេមិនជឿរឿងទាំងនេះទេ ដូច្នេះពួកគេមិនខ្លាចឡើយ ហើយអាចនិយាយពាក្យរបស់អារក្សបែបនេះចេញមកយ៉ាងសេរី និងដោយគ្មានការអៀនខ្មាស។ សូម្បីតែអ្នកគ្មានជំនឿក៏ឧស្សាហ៍និយាយថា «ស្ថានសួគ៌មានភ្នែក» និង «នៅពេលមនុស្សធ្វើសកម្មភាព ស្ថានសួគ៌កំពុងសម្លឹងមើល»។ អ្នកណាដែលមានសេចក្ដីជំនឿពិតប្រាកដសូម្បីតែបន្តិច ក៏នឹងមិននិយាយពាក្យរបស់អារក្សនៃពួកអ្នកមិនជឿទាំងនេះចេញមកផ្ដេសផ្ដាសដែរ។ តើនឹងមិនមានផលវិបាកធ្ងន់ធ្ងរទេឬ សម្រាប់អ្នកជឿដែលគិត និងនិយាយបែបនេះ? តើធម្មជាតិនៃរឿងនេះមិនធ្ងន់ធ្ងរទេឬ? គឺធ្ងន់ធ្ងរណាស់! ការដែលពួកគេអាចបដិសេធព្រះជាម្ចាស់តាមរបៀបបែបនេះមានន័យថា ពួកគេគឺជាពួកអារក្សយ៉ាងពិតប្រាកដ និងជាមនុស្សអាក្រក់ដែលបានជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មានតែពួកអារក្ស និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលហ៊ានស្រែកឡូឡាប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងចំហ។ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ តំណាងឱ្យផលប្រយោជន៍របស់ព្រះជាម្ចាស់ ហើយអ្វីៗគ្រប់យ៉ាងដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើ គឺស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ការអនុញ្ញាតរបស់ទ្រង់ និងការណែនាំរបស់ទ្រង់ គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយមិនអាចបំបែកចេញពីវាបានឡើយ។ មនុស្សដែលដាក់បណ្ដាសាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់យ៉ាងចំហតាមរបៀបនេះ ដែលមួលបង្កាច់វានៅក្នុងចិត្តរបស់ពួកគេ ហើយចង់សើចចំអកដាក់ដំណាក់របស់ព្រះជាម្ចាស់ ដែលប៉ងចង់ឃើញរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ត្រូវបានចាប់ខ្លួន ចង់ឃើញកិច្ចការរបស់ពួកជំនុំត្រូវជាប់គាំងទាំងស្រុង ហើយចង់ឃើញអ្នកជឿងាកចេញពីសេចក្ដីជំនឿរបស់ខ្លួន ដែលនឹងសប្បាយចិត្តនៅពេលរឿងនេះកើតឡើង តើមនុស្សទាំងនេះជាមនុស្សប្រភេទណា? (ជាពួកអារក្ស។) ពួកគេគឺជាពួកអារក្ស ពួកគេគឺជាពួកអារក្សកំណាចចាប់ជាតិ! មនុស្សធម្មតាមាននិស្ស័យពុករលួយ ជួនកាលពួកគេបះបោរ ហើយពួកគេមានគំនិតតូចតាចមួយចំនួននៅពេលពួកគេមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ គឺមានតែប៉ុណ្ណឹងឯង ប៉ុន្តែមនុស្សធម្មតាមិនអាក្រក់ដល់ថ្នាក់នេះ ឬបង្កើតឱ្យមានគំនិតទុច្ចរិត និងព្យាបាទបែបនេះឡើយ។ សារជាតិប្រភេទនេះ មានតែនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ និងពួកអារក្សប៉ុណ្ណោះ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមានគំនិតទាំងនេះ តើពួកគេសង្ស័យថាខ្លួនប្រហែលជាយល់ខុសដែរឬទេ? (អត់ទេ ពួកគេមិនសង្ស័យទេ។) ហេតុអ្វីបានជាមិនសង្ស័យ? (ពីព្រោះពួកគេចាត់ទុកអ្វីដែលពួកគេគិត និងនិយាយ ថាជាសេចក្ដីពិត។ ពួកគេមិនជឿលើព្រះជាម្ចាស់ទេ ពួកគេខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ ហើយធម្មជាតិរបស់ពួកគេគឺទាស់ទទឹងនឹងព្រះជាម្ចាស់។) ត្រឹមត្រូវណាស់ នោះគឺជាធម្មជាតិរបស់ពួកគេ។ តើសាតាំងធ្លាប់ចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់តាំងពីពេលណា? តើវាធ្លាប់ជឿថាព្រះជាម្ចាស់គឺជាសេចក្ដីពិតតាំងពីពេលណា? វាមិនដែលជឿឡើយ ហើយវាក៏នឹងមិនជឿជារៀងរហូត។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាពួកអារក្សទាំងនេះ ក៏ដូចគ្នាដែរ ពួកគេមិនចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ ឬជឿថាទ្រង់គឺជាសេចក្ដីពិតឡើយ។ ពួកគេមិនជឿថា ព្រះជាម្ចាស់គឺជាព្រះដែលបានបង្កើត និងមានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ នោះហើយជាមូលហេតុដែលពួកគេគិតថា អ្វីក៏ដោយដែលពួកគេនិយាយ គឺសុទ្ធតែត្រឹមត្រូវ។ ពួកគេគិត និងធ្វើសកម្មភាពតាមរបៀបនេះដោយគ្មានការអៀនខ្មាសឡើយ នេះហើយគឺជាធម្មជាតិរបស់ពួកគេ។ នៅពេលដែលមនុស្សពុករលួយធ្វើរឿងដូចគ្នា ពួកគេជួបប្រទះនឹងការទាស់ទែងក្នុងចិត្ត។ ពួកគេមានមនសិការ និងការដឹងខុសត្រូវរបស់មនុស្ស។ មនសិការ ការដឹងខុសត្រូវ និងសេចក្ដីពិតដែលពួកគេយល់ មានឥទ្ធិពលលើពួកគេនៅខាងក្នុង ហើយនេះបង្កើតឱ្យមានការទាស់ទែង។ នៅពេលដែលការទាស់ទែងនេះកើតឡើង ការប្រយុទ្ធគ្នារវាងភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវ ខុស និងត្រូវ ព្រមទាំងយុត្តិធម៌ និងសេចក្ដីទុច្ចរិត ក៏កើតឡើង ហើយលទ្ធផលមួយត្រូវបានសម្រេចគឺ៖ អស់អ្នកដែលដេញតាមសេចក្ដីពិត ឈរនៅខាងព្រះជាម្ចាស់ ចំណែកឯអស់អ្នកដែលមិនដេញតាមសេចក្ដីពិត ឈរនៅខាងកម្លាំងទុច្ចរិតរបស់សាតាំង។ អ្វីៗគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺដើម្បីសហការជាមួយសាតាំង។ ពួកគេបញ្ចេញភាពអវិជ្ជមាន ផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងសើចចំអកដាក់ដំណាក់របស់ព្រះជាម្ចាស់។ ពួកគេដាក់បណ្ដាសា និងមួលបង្កាច់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយដាក់បណ្ដាសាបងប្អូនប្រុសស្រី។ ពួកគេថែមទាំងមានអារម្មណ៍ស្ងប់ចិត្តក្នុងការធ្វើរឿងទាំងអស់នេះ ដោយគ្មានការចោទប្រកាន់ពីមនសិការរបស់ពួកគេ ដោយគ្មានវិប្បដិសារីសូម្បីតែបន្តិចឡើយ ហើយពួកគេជឿថាសកម្មភាពរបស់ពួកគេគឺត្រឹមត្រូវទាំងស្រុង។ ការណ៍នេះបើកសម្ដែងយ៉ាងពេញលេញនូវធម្មជាតិបែបសាតាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយបើកសម្ដែងពីមុខមាត់ដ៏អាក្រក់របស់ពួកគេដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ហេតុដូច្នេះហើយ វាមិនមែនជាការនិយាយបំផ្លើសទេ ដែលថាពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកអារក្ស និងពួកសាតាំងដ៏ពិតប្រាកដ។ ពួកទទឹងនឹងព្រះគ្រីស្ទកើតមកជាពួកអារក្ស ហើយដាច់ខាតមិនមែនជាអ្នកទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេដាច់ខាតមិនមែនជាផ្នែកមួយនៃមនុស្សជាតិពុករលួយធម្មតាឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកអារក្សចាប់ជាតិ ពួកគេកើតមកជាពួកអារក្សកំណាច។ រឿងរ៉ាវគឺបែបនេះឯង។

ការយកចិត្តទុកដាក់ចម្បងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺផ្ដោតទៅលើកេរ្តិ៍ឈ្មោះ និងឋានៈ។ នៅពេលនិយាយដល់កេរ្តិ៍ឈ្មោះ និងឋានៈ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាពអ្វីខ្លះ? ពួកគេធ្វើសកម្មភាពដោយឥតអៀនខ្មាស ប្រឹងប្រែងប្រើខួរក្បាលគិតរកគ្រប់មធ្យោបាយ គិតអស់គ្រប់ច្រកល្ហក ហើយមិនញញើតនឹងលះបង់គ្រប់យ៉ាងដើម្បីគ្រប់គ្រងកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ របស់ទាំងពីរនេះគឺជាដង្ហើមជីវិតរបស់ពួកគេ ជាអ្វីៗគ្រប់យ៉ាងរបស់ពួកគេ។ ពួកគេជឿថា ការទទួលបានរបស់ទាំងពីរនេះ មានន័យថាពួកគេទទួលបានអ្វីៗគ្រប់យ៉ាងហើយ។ នៅក្នុងពិភពលោករបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែឋានៈ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ គ្មានអ្វីផ្សេងទៀតសំខាន់សម្រាប់ពួកគេឡើយ។ ហេតុដូច្នេះហើយ តើវាមានប្រយោជន៍ដែរឬទេ ក្នុងការប្រកបគ្នាអំពីសេចក្ដីពិត ភាពជាមនុស្ស យុត្តិធម៌ ឬអ្វីៗដែលវិជ្ជមាន ជាមួយមនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទនោះ? (គឺគ្មានប្រយោជន៍ទេ។) ត្រឹមត្រូវហើយ គឺគ្មានប្រយោជន៍ទេ។ វាប្រៀបដូចជាការព្យាយាមប្រាប់ស្ដ្រីពេស្យាម្នាក់អំពីរបៀបធ្វើជាស្ដ្រីនៅក្នុងគ្រួសារដ៏ថ្លៃថ្នូរ ឬបង្រៀននាងឱ្យធ្វើជាប្រពន្ធ និងជាម្ដាយដ៏មានគុណធម៌ម្នាក់អ៊ីចឹង នាងមិនចង់ស្ដាប់ទេ នាងមិនចូលចិត្តទេ ហើយនាងយល់ថាវាជារឿងគួរឱ្យស្អប់ខ្ពើម។ តើនាងចាត់ទុកថាវាជារឿងគួរឱ្យស្អប់ខ្ពើមដល់កម្រិតណា? នាងជេរប្រទេចអ្នកនៅក្នុងចិត្តរបស់នាង ហើយចាប់យកឱកាសដើម្បីចំអកអ្នក ឡកឡាយឱ្យអ្នក វាយប្រហារអ្នក និងផាត់អ្នកចោល។ សព្វថ្ងៃនេះ នៅក្នុងពួកជំនុំ តើមិនមានមនុស្សដែលឱ្យតែឮនរណាម្នាក់ប្រកបគ្នាអំពីសេចក្ដីពិត ឬអំពីសេចក្ដីពិតដូចជាការចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឬការស្ដាប់បង្គាប់ការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ ស្រាប់តែបង្ហាញអាកប្បកិរិយាបះបោរយ៉ាងខ្លាំងទេឬ? (គឺមានមែន។) គឺគួរតែមានហើយ។ ចូរអង្កេត និងកំណត់អត្តសញ្ញាណអស់អ្នកដែលបង្ហាញឥរិយាបថបែបនេះចុះ។ នៅពេលអ្នកប្រកបគ្នាអំពីតម្រូវការក្នុងការចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ អ្នកទាំងនោះមានប្រតិកម្មដោយការស្អប់ខ្ពើមយ៉ាងខ្លាំង ដោយគិតថា៖ «ពេញមួយថ្ងៃ ពួកគេចេះតែនិយាយអំពីការចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់ ហាក់ដូចជាអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំដោយព្រះជាម្ចាស់អ៊ីចឹង ហើយមនុស្សគ្មានជម្រើសទាល់តែសោះ!» ឱ្យតែអ្នកប្រកបគ្នាអំពីសេចក្ដីពិត ឬតម្រូវការក្នុងការសហការយ៉ាងចុះសម្រុងគ្នា ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិតនៅក្នុងភារកិច្ចរបស់ខ្លួន ពួកគេក្លាយជាមានការស្អប់ខ្ពើមយ៉ាងខ្លាំង និងមិនសុខចិត្តស្ដាប់ឡើយ។ ទោះបីជាពួកគេស្ដាប់ទាំងបង្ខំចិត្តក៏ដោយ ក៏ពួកគេមិនអាចអង្គុយឱ្យស្ងៀមបានដែរ ហើយប្រសិនបើពួកគេអាចអង្គុយស្ងៀមបានដោយរបៀបណាមួយ នោះស្ទើរតែប្រាកដណាស់ថា ពួកគេបានដេកលក់បាត់ទៅហើយ។ នៅពេលអ្នកប្រកបគ្នាអំពីសេចក្ដីពិត និងអំពីការធ្វើតាមគោលការណ៍នៅពេលចាត់ចែងរឿងរ៉ាវ ពួកគេប្រែជាងងុយដេក ហើយងោកងុយ។ បន្ទាប់ពីមួយរយៈពេលដែលគ្មានការប្រកបគ្នាអំពីសេចក្ដីពិត គ្មានការលួសកាត់ ពួកគេក្លាយជាមានកម្លាំងពេញខ្លួន។ ពួកគេធ្វើសកម្មភាពតាមតែអំពើចិត្ត និងមិនគិតមុខគិតក្រោយ ធ្វើការសម្រេចចិត្តតែឯង ហើយដៃម្ខាងក្ដោបយកកេរ្តិ៍ឈ្មោះ ចំណែកដៃម្ខាងទៀតក្ដោបយកឋានៈ។ ពួកគេលោតខ្ពស់ជាងនរណាៗទាំងអស់ ហើយបណ្ដោយខ្លួនឱ្យបង្កបញ្ហាគ្រប់បែបយ៉ាង។ មនុស្សទាំងនេះសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេទាំងអស់សុទ្ធតែទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយអាចបង្កបញ្ហាធំបានគ្រប់ពេល។

អ្នកណាដែលមានធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គួរតែត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលគេចង់ធ្វើសកម្មភាពតែឯង គេគួរតែត្រូវបានដាក់កំហិត និងបញ្ឈប់ នេះគឺជារឿងដែលមិនគួរឱ្យសង្ស័យឡើយ។ អ្នកខ្លះប្រហែលជានិយាយថា៖ «ចុះបើពួកយើងមិនអាចបញ្ឈប់គេបានវិញ តើពួកយើងគួរធ្វើដូចម្ដេច?» ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវវិធីដ៏ពិតប្រាកដមួយដើម្បីបញ្ឈប់បុគ្គលនោះដោយប្រើត្រឹមតែមួយប្រយោគប៉ុណ្ណោះ។ នៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនេះ គ្រាន់តែនិយាយថា៖ «ប្រសិនបើអ្នកឈប់ធ្វើសកម្មភាពដោយមិនគិតមុខគិតក្រោយ ឈប់ធ្វើការសម្រេចចិត្តតែឯង និងឈប់ធ្វើជាអ្នកសម្រេចចុងក្រោយ តើអ្នកនឹងស្លាប់ឬ?» តើស្ដាប់ទៅយ៉ាងម៉េចដែរ? (ស្ដាប់ទៅល្អ។) តើអ្នករាល់គ្នាគិតថា អាទទឹងនឹងព្រះគ្រីស្ទពិតជាអាចនឹងស្លាប់មែនទេ ប្រសិនបើគេត្រូវបានរារាំងមិនឱ្យធ្វើសកម្មភាពតែឯងនោះ? (អាចនឹងស្លាប់មែន។) តើអ្នករាល់គ្នាបានចម្លើយ «អាចនឹងស្លាប់មែន» នេះមកយ៉ាងដូចម្ដេច? (ពួកទទឹងនឹងព្រះគ្រីស្ទគឺបែបនេះឯងតាំងពីឫសគល់មក ប្រសិនបើពួកគេមិនអាចធ្វើសកម្មភាពតែឯងបានទេ ពួកគេមានអារម្មណ៍វេទនា ហើយពួកគេមិនអាចបន្តរស់នៅបានឡើយ។) ត្រឹមត្រូវណាស់ នោះហើយជាធាតុពិតពីឫសគល់របស់ពួកគេ ហើយប្រសិនបើពួកគេមិនអាចធ្វើសកម្មភាពតាមរបៀបនេះបានទេ ពួកគេមានអារម្មណ៍វេទនា។ ដូច្នេះ តើមនុស្សទាំងនេះធម្មតាដែរឬទេ? (អត់ទេ។) ពួកគេមិនធម្មតាឡើយ។ តើមនុស្សធម្មតានឹងគិតយ៉ាងដូចម្ដេច? «ប្រសិនបើខ្ញុំមិនអាចធ្វើសកម្មភាពតែឯងបានទេ នោះខ្ញុំនឹងបោះបង់វាចោលតែម្ដង តើមានអ្វីលំបាកទៅ? វាថែមទាំងធ្វើឱ្យជីវិតខ្ញុំកាន់តែងាយស្រួលទៀតផង!» នោះហើយជារបៀបដែលមនុស្សធម្មតានឹងគិត។ ប៉ុន្តែ អាទទឹងនឹងព្រះគ្រីស្ទនឹងមានអារម្មណ៍វេទនា ប្រសិនបើអ្នកមិនបណ្ដោយឱ្យគេធ្វើសកម្មភាពតាមរបៀបនេះទេនោះ។ តើមិនមានអារក្សសណ្ឋិតនៅក្នុងគេទេឬ? (មាន។) ដូច្នេះ ការមិនបណ្ដោយឱ្យគេធ្វើសកម្មភាពតែឯង អាចធ្វើឱ្យគេមានអារម្មណ៍ហាក់ដូចជាគេកំពុងតែស្លាប់អ៊ីចឹង។ តើពាក្យ «ស្លាប់» នេះមានន័យដូចម្ដេច? វាមានន័យថា អារក្សធ្វើបាប និងរំខានអាទទឹងនឹងព្រះគ្រីស្ទនៅក្នុងចិត្តរបស់គេ ដោយធ្វើឱ្យគេមានអារម្មណ៍ថាមិនអាចទ្រាំទ្របាន ឬមិនអាចបន្តរស់នៅបាន ហាក់ដូចជាគេកំពុងស្ថិតនៅលើមាត់ជ្រោះនៃសេចក្ដីស្លាប់អ៊ីចឹង នោះហើយជាអត្ថន័យរបស់វា។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងពួកអារក្សទាំងនោះដែលស្វែងរកការរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ការនិយាយមួយប្រយោគនេះទៅកាន់ពួកគេ គឺមានប្រសិទ្ធភាពជាងការពិភាក្សាពីសេចក្ដីពិតណាមួយជាមួយពួកគេទៅទៀត។ សេចក្ដីថ្លែងមួយនេះគឺមានប្រយោជន៍ចំពោះមនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងពួកអារក្ស ដែលរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ តើការនិយាយសេចក្ដីពិតទៅកាន់មនុស្សទាំងនេះមានប្រយោជន៍ដែរឬទេ? (អត់ទេ គឺគ្មានប្រយោជន៍ទេ។) «អ្នកត្រូវតែសហការយ៉ាងចុះសម្រុងគ្នា ហើយបំពេញភារកិច្ចរបស់អ្នក ព្រមទាំងចាត់ចែងរឿងរ៉ាវស្របតាមគោលការណ៍សេចក្ដីពិត» ពាក្យសម្ដីប្រភេទនេះត្រូវបាននិយាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ តើមាននរណាម្នាក់ដែលមិនយល់ ឬមិនចងចាំវាដែរឬទេ? គួរតែគ្មានទេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែធ្វើសកម្មភាពតែឯង? នេះអាចមានន័យតែម្យ៉ាងគត់គឺ៖ ពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ពួកគេមិនមែនជាមនុស្សធម្មតាឡើយ។ គំនិត និងដួងចិត្តរបស់ពួកគេមិនអាចគ្រប់គ្រងពួកគេបានឡើយ មានអ្វីផ្សេងទៀតនៅខាងក្នុងដែលកំពុងគ្រប់គ្រងពួកគេ ដោយបញ្ជាពួកគេយ៉ាងកាចសាហាវ និងដោយបង្ខំ ឱ្យធ្វើសកម្មភាពតាមរបៀបនេះ ដែលច្បាស់ណាស់ថាដើម្បីបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ធ្វើឱ្យខូចខាតដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងធ្វើឱ្យផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់។ តើនរណាអាចធ្វើរឿងបែបនេះបានទៅ? មានតែពួកសាតាំង និងពួកអារក្សប៉ុណ្ណោះ។ អស់អ្នកដែលដើរតាមព្រះជាម្ចាស់ មនុស្សធម្មតា ភាវៈដែលព្រះបានបង្កើតពិតប្រាកដ នឹងមិនមានចេតនាបង្កប់ក្នុងការធ្វើរឿងបែបនេះឡើយ មានតែពួកសាតាំង និងពួកអារក្សប៉ុណ្ណោះដែលមានចេតនាបង្កប់ និងធ្វើរឿងទាំងនេះដោយចេតនា។ តើអ្នកចងចាំសេចក្ដីថ្លែងមួយនេះហើយឬនៅ? (ចងចាំហើយ។) បើដូច្នេះ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមនេះសម្រាប់ថ្ងៃនេះ។ លាហើយ!

ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០

ខាង​ដើម៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បី សិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីមួយ)

បន្ទាប់៖ ចំណុចក្រៅប្រធានបទទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួ២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ