ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សទុច្ចរិត មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីបី)
ផ្នែកបំពេញបន្ថែម៖ អំណោយ
មុននឹងខ្ញុំចូលទៅដល់ប្រធានបទសំខាន់នៃការប្រកបនេះ ខ្ញុំសូមនិទានរឿងមួយ។ តើខ្ញុំគួរនិទានរឿងបែបណា? ប្រសិនបើរឿងនោះគ្មានផលជះលើមនុស្ស ឬមិនបានអប់រំ ឬផ្ដល់ប្រយោជន៍ដល់អ្នកដែលជឿលើព្រះជាម្ចាស់ អំពីច្រកចូលទៅក្នុងជីវិត និងការស្គាល់ព្រះជាម្ចាស់នោះទេ នោះក៏គ្មានន័យអ្វីដែលត្រូវនិទានរឿងនេះដែរ។ បើខ្ញុំត្រូវនិទានរឿងមួយ រឿងនោះត្រូវតែមានខ្លឹមសារអប់រំមួយចំនួនមានគុណតម្លៃ និងអត្ថន័យល្អនៅក្នុងនោះ។ ដូច្នេះ សូមស្ដាប់រឿងនេះនៅថ្ងៃនេះ ហើយមើលថាតើវាអាចអប់រំ និងមានប្រយោជន៍ដល់អ្នករាល់គ្នាដែរឬអត់។ រឿងខ្លះគឺជារឿងពិត ចំណែករឿងខ្លះទៀតគឺជារឿងប្រឌិតចេញពីហេតុការណ៍ពិតៗ។ រឿងទាំងនោះមិនមែនជារឿងពិតទេ ប៉ុន្តែវាតែងកើតឡើងក្នុងជីវិតរស់នៅ ដូច្នេះវាមិនឃ្លាតឆ្ងាយពីការពិតឡើយ។ មិនថាវាជារឿងប្រឌិត ឬជារឿងដែលបានកើតឡើងពិតនោះទេ រឿងទាំងនោះសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតមនុស្ស។ ដូច្នេះ ហេតុអ្វីបានជាត្រូវនិទានរឿងបែបនេះប្រាប់អ្នករាល់គ្នា? (ដើម្បីឱ្យយើងអាចយល់ពីសេចក្តីពិត។) ត្រូវហើយ៖ គឺដើម្បីឱ្យអ្នករាល់គ្នាអាចយល់សេចក្តីពិតពីរឿងទាំងនោះ ជាពិសេសសេចក្តីពិតខ្លះដែលមនុស្សពិបាកនឹងដឹងក្នុងជីវិតពិត។ សូមឱ្យយើងប្រើការនិទានរឿង ដើម្បីធ្វើឱ្យការយល់ដឹងរបស់មនុស្សអំពីសេចក្ដីពិតនិងព្រះជាម្ចាស់កាន់តែស្របតាមការពិត និងឱ្យពួកគេកាន់តែងាយយល់អំពីសេចក្ដីពិតនិងព្រះជាម្ចាស់។
នៅពេលដែលខ្ញុំមានទំនាក់ទំនងជាមួយមនុស្សច្រើនជាយូរមក ហេតុការណ៍ចម្លែក និងគួរឱ្យអស់សំណើចតែងកើតមានជៀសមិនផុត។ រឿងនេះបានកើតឡើងនៅរដូវផ្ការីកក្នុងឆ្នាំនេះ។ នៅពេលរដូវរងារបានកន្លងផុតទៅ ហើយរដូវផ្ការីកជិតចូលមកដល់ អាកាសធាតុលែងសូវត្រជាក់បន្ដិចម្ដងៗ ហើយរុក្ខជាតិគ្រប់ប្រភេទបានចាប់ផ្ដើមដុះពន្លក និងលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃក្រោមពន្លឺថ្ងៃនិងទឹកភ្លៀង។ រុក្ខជាតិខ្លះជារុក្ខជាតិព្រៃ ចំណែកឯរុក្ខជាតិខ្លះទៀតត្រូវបានដាំដុះ។ មានរុក្ខជាតិសម្រាប់ចំណីសត្វ រុក្ខជាតិសម្រាប់មនុស្សបរិភោគ និងរុក្ខជាតិសម្រាប់ទាំងសត្វនិងមនុស្សបរិភោគ។ វាជាទេសភាពរដូវផ្ការីក៖ ទេសភាពបៃតងរស់រវើក។ ហើយនេះជាកន្លែងដែលសាច់រឿងចាប់ផ្ដើម។ ថ្ងៃមួយ ខ្ញុំបានភ្ញាក់ផ្អើលដោយទទួលបានអំណោយទានដ៏ពិសេសមួយ។ តើអំណោយទាននោះជាអ្វី? គឺថង់មួយដែលមានបន្លែព្រៃ។ អ្នកដែលបានជូនអំណោយទាននេះមកខ្ញុំ បាននិយាយថា “នេះគឺជាស្ពៃព្រៃដែលអាចបរិភោគបាន ហើយល្អសម្រាប់សុខភាពរបស់អ្នក។ អ្នកអាចឆាវាជាមួយនឹងស៊ុតបាន។” ទំនងដែរតើ។ ខ្ញុំក៏បានយកបន្លែនោះទៅប្រៀបធៀបជាមួយនឹងស្ពៃព្រៃដែលខ្ញុំបានទិញពីមុន ហើយពេលនោះខ្ញុំក៏បានរកឃើញបញ្ហាភ្លាម។ តើអ្នករាល់គ្នាអាចទាយបានទេថាវាជាអ្វី? ខ្ញុំបានជួបនឹង “រឿងអាថ៌កំបាំង” មួយ។ តើជារឿងអាថ៌កំបាំងអ្វី? ស្ពៃព្រៃនៅបរទេសមើលទៅខុសពីស្ពៃព្រៃនៅប្រទេសចិន។ មានអ្វីទាស់ខុសដែរទេ? (មែនហើយ មាន។) ប្រសិនបើវាជារបស់តែមួយ នោះគូរតែមើលទៅដូចគ្នា ដូច្នេះតើអ្នកនឹកឃើញដល់អ្វីមុនគេ នៅពេលអ្នកមើលឃើញថាវាខុសគ្នា? តើនេះគឺជាស្ពៃព្រៃ ឬមិនមែនទេ? ខ្ញុំមិនដឹងច្បាស់ទេ។ តើខ្ញុំមិនចាំបាច់សួរបុរសម្នាក់នោះថាមានអ្វីកើតឡើងទេឬ? ដូច្នេះ ក្រោយមក ខ្ញុំក៏បានទៅសួរគាត់ថា “តើអ្នកដឹងច្បាស់ទេថា នេះគឺជាស្ពៃព្រៃ?” គាត់បានគិតរឿងនេះ ហើយឆ្លើយថា “អូ! ខ្ញុំមិនដឹងច្បាស់ទេថាវាជាស្ពៃព្រៃមែនឬអត់។” ប្រសិនបើគាត់មិនដឹងច្បាស់ ហេតុដូចម្ដេចបានជាគាត់យកវាមកឱ្យខ្ញុំ? ហេតុអ្វីបានជាគាត់ហ៊ានឱ្យវាមកខ្ញុំ? សំណាងល្អហើយ ដែលខ្ញុំមិនបានបរិភោគវាភ្លាមនោះ។ ពីរថ្ងៃក្រោយមក ខ្ញុំបានប្រាកដចិត្តថាវាមិនមែនជាស្ពៃព្រៃពិតប្រាកដទេ។ តើបុរសម្នាក់នោះបាននិយាយថាម៉េច? គាត់បាននិយាយថា “ធ្វើដូចម្ដេចបានជាអ្នកដឹងថាវាមិនមែនជាស្ពៃព្រៃ? ខ្ញុំមិនប្រាកដទេ ប៉ុន្តែកុំខ្វល់ពីវាអី។ កុំបរិភោគវា។” តើរបស់បែបនេះនៅតែអាចបរិភោគបានដែរឬទេ? (មិនបានទេ។) មិនអាចបរិភោគវាបានទេ។ ប្រសិនបើខ្ញុំនិយាយថា “អ្នកមិនប្រាកដទេ ប៉ុន្តែខ្ញុំនឹងប្រថុយញ៉ាំវា ព្រោះអ្នកមានចិត្តល្អណាស់” តើវាសមរម្យទេ? (មិនសមរម្យទេ) ទង្វើបែបនោះមានលក្ខណៈដូចម្ដេច? តើវាជាការឆោតល្ងង់ឬ? (ជាការឆោតល្ងង់។) មែនហើយ នេះគឺជាភាពឆោតល្ងង់។ សំណាងល្អ ខ្ញុំមិនបានញ៉ាំវា ហើយក៏មិនបានរវល់នឹងរឿងនោះទៀតដែរ ដូច្នេះរឿងហ្នឹងក៏ចប់ទៅ។
មួយរយៈពេលក្រោយមក រុក្ខជាតិព្រៃគ្រប់ប្រភេទបានចាប់ផ្ដើមដុះនៅក្នុងទីវាល៖ រុក្ខជាតិខ្ពស់និងទាប រុក្ខជាតិមានផ្កានិងគ្មានផ្កា និងរុក្ខជាតិគ្រប់ពណ៌និងគ្រប់ទម្រង់។ ពួកវាបានកើនឡើងច្រើនរាប់មិនអស់ ហើយដុះកាន់តែក្រាស់ និងមានរូបរាងកាន់តែស្រស់ស្អាត។ ថ្ងៃមួយ ខ្ញុំបានទទួលថង់អំណោយមួយទៀត ប៉ុន្តែថង់នេះមិនមែនជាថង់ស្ពៃព្រៃទេ។ ផ្ទុយទៅវិញ វាមានជីរតាំងឱដែលផ្ញើមកពីបុរសដដែលនោះ។ គាត់មានចិត្តល្អណាស់ដែលបានផ្ញើថង់មួយទៀតមក រួមជាមួយការណែនាំថា “សូមល្បងលរបស់នេះ។” នេះគឺជាជីរតាំងឱ៖ វាបំបាត់ជំងឺផ្តាសាយ ហើយអ្នកក៏អាចញ៉ាំវាជាមួយស៊ុតចៀនបានដែរ។” ខ្ញុំបានមើលវា៖ តើនេះមិនមែនជាជីរតាំងឱដែលដុះរាល់ឆ្នាំទេឬ? ជីរតាំងឱមានដុះច្រើនកន្លែងនៅប្រទេសចិន ហើយស្លឹកវាមានក្លិនឈ្ងុយពិសេស ប៉ុន្តែនេះមិនមែនជាអ្វីដែលបុរសនោះផ្ញើមកទេ។ តើនេះអាចជាជីរតាំងឱម្ដេចបាន?” ស្លឹករបស់វាស្រដៀងគ្នាបន្តិច ប៉ុន្តែតើវាពិតមែនឬក៏អត់? ខ្ញុំបានសួរបុរសដែលបានឱ្យវាមកខ្ញុំ ប៉ុន្តែគាត់បាននិយាយថា គាត់មិនដឹងទេ ការនិយាយបែបនេះ គឺគាត់ដាក់ទំនួលខុសត្រូវទាំងអស់មកលើខ្ញុំ។ គាត់ថែមទាំងបានសួរថា “ហេតុអ្វីបានជាអ្នកមិនទាន់បានបរិភោគវា? ទោះបីជាខ្ញុំមិនដឹងច្បាស់ថាវាជាអ្វីក៏ដោយ ក៏អ្នកត្រូវបរិភោគវាខ្លះដែរ។ ខ្ញុំបានបរិភោគវាខ្លះហើយ ហើយវាពិតជាឆ្ងាញ់។” គាត់មិនដឹងច្បាស់ផង ប៉ុន្តែគាត់បានជំរុញឱ្យខ្ញុំបរិភោគវា។ តើអ្នករាល់គ្នាគិតថា ខ្ញុំគួរធ្វើដូចម្ដេច? តើខ្ញុំគួរបង្ខំចិត្តបរិភោគវាឬ? (ទេ) ជាការពិតណាស់ មិនគួរបរិភោគវាឡើយ ពីព្រោះអ្នកដែលបានផ្ញើវាមកក៏មិនដឹងថាវាជាអ្វីផង។ ប្រសិនបើខ្ញុំប្រថុយបរិភោគវាដើម្បីសាកល្បងអ្វីដែលថ្មី នោះក៏គ្មានអ្វីកើតឡើងដែរ ពីព្រោះអ្នកដែលបានបរិភោគវានោះបាននិយាយថាមិនអីទេ។ ប៉ុន្តែ ចុះបើខ្ញុំគិតថាវាមិនអី ហើយបរិភោគវាដោយមិនដឹងខ្លួនវិញនោះ? តើនោះមិនមែនជាការប្រព្រឹត្តអ្វីមួយទាំងងងឹតងងល់ទេឬ? តើមនុស្សប្រភេទណាដែលធ្វើរឿងបែបនេះទាំងងងឹតងងល់? មានតែមនុស្សធ្វេសប្រហែស និងគ្មានការពិចារណាទេ ទើបធ្វើរឿងបែបនេះ គឺជាមនុស្សដែលគិតថា “ទោះយ៉ាងណាក៏វាមិនអីដែរ ត្រឹមតែប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ”។ តើអ្នករាល់គ្នាគិតថា ខ្ញុំគួរធ្វើរឿងនេះឬ? (ទេ) ហេតុអ្វីបានជាមិនគួរ? មានរបស់ជាច្រើនដែលត្រូវបរិភោគ ហេតុអ្វីត្រូវប្រថុយបរិភោគរុក្ខជាតិដែលមិនស្គាល់? នៅក្នុងគ្រាទុរ្ភិក្ស នៅពេលដែលគ្មានអាហារនៅសេសសល់ទាល់តែសោះនោះ អ្នកអាចដកបន្លែព្រៃផ្សេងៗដើម្បីល្បងលបរិភោគ ហើយអ្នកអាចប្រថុយប្រថានខ្លះ។ នៅក្នុងស្ថានការណ៍បែបនេះ អ្នកអាចបរិភោគរុក្ខជាតិដែលមិនស្គាល់។ ប៉ុន្តែ តើឥឡូវនេះជាស្ថានការណ៍បែបនោះដែរឬទេ? (អត់ទេ) មានរបស់ជាច្រើនដែលអ្នកអាចបរិភោគបាន ដូច្នេះហេតុអ្វីបានជាត្រូវទៅដកបន្លែព្រៃ? តើចាំបាច់អីត្រូវប្រថុយប្រថានសម្រាប់តែប្រយោជន៍បន្តិចបន្តួចដែលមើលមិនឃើញ ចាប់មិនបាន និងជាការស្រមើស្រមៃ? (អត់ទេ) ដូច្នេះ ខ្ញុំបានសម្រេចចិត្តមិនបរិភោគវា។ សំណាងល្អ ខ្ញុំមិនបានបរិភោគវា ហើយក៏មិនបានរវល់នឹងរឿងនោះទៀតដែរ ដូច្នេះរឿងហ្នឹងក៏ចប់ទៅ។
លុះក្រោយមក បុរសនោះបានឱ្យអំណោយមួយទៀតដល់ខ្ញុំ នេះជាលើកទីបីហើយ។ អំណោយលើកនេះ ពិតជាពិសេសណាស់៖ វាមិនបានដុះពីដី ឬចេញផ្លែនៅលើដើមឈើទេ។ តើវាជាអ្វី? វាគឺជាស៊ុតបក្សីពីរគ្រាប់ វេចខ្ចប់យ៉ាងល្អនៅក្នុងថង់ក្រដាសមួយ មានសរសេរអក្សរថា “ស៊ុតបក្សីថ្វាយព្រះជាម្ចាស់”។ ពិតជាគួរឱ្យអស់សំណើចមែនទេ? ពេលខ្ញុំបើកថង់ក្រដាស ខ្ញុំឃើញថាសំបកស៊ុតទាំងពីរនោះមានពណ៌ស្រស់ស្អាតណាស់។ ខ្ញុំមិនដែលឃើញស៊ុតបក្សីបែបនេះពីមុនមកទេ ដូច្នេះខ្ញុំមិនដឹងថាជាស៊ុតរបស់បក្សីអ្វីឡើយ។ ខ្ញុំបានព្យាយាមស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិតដែរ តែរកពុំឃើញទេ ព្រោះមានស៊ុតជាច្រើនដែលមានលំនាំ និងពណ៌ដូចគ្នានេះ ហេតុនេះហើយទើបមិនអាចកំណត់បានដោយផ្អែកលើទំហំនិងពណ៌។ តើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្ញុំគួរតែសួរបុរសនោះថាតើវាជាស៊ុតបក្សីប្រភេទណាដែរទេ? (ទេ) ហេតុអ្វីបានជាមិនគួរ? (គាត់ក៏មិនដឹងដែរ។) អ្នករាល់គ្នាទាយត្រូវហើយ គាត់ក៏មិនដឹងដែរ។ ដូច្នេះ ខ្ញុំមិនបានសួរគាត់ទេ។ បើខ្ញុំបានសួរ ម៉្លេះសមខ្ញុំបានធ្វើឱ្យគាត់ឈឺចិត្ត ហើយគាត់អាចគិតថា៖ “ខ្ញុំមានចេតនាល្អ ហើយយកចិត្តទុកដាក់យ៉ាងនេះហើយ ប៉ុន្តែអ្នកនៅតែសង្ស័យខ្ញុំទៀត។ ហេតុអ្វីបានជាអ្នកត្រូវរកមើលស៊ុតនោះតាមអ៊ិនធឺណិត? គួរតែបរិភោគទៅ ដ្បិតអីខ្ញុំឱ្យវាទៅអ្នកហើយ!” តើអ្នករាល់គ្នាគិតថា ខ្ញុំគួរតែបរិភោគស៊ុតនោះ ឬក៏មិនគួរ? (មិនគួរទេ។) បើគាត់បានឱ្យស៊ុតនោះដល់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបរិភោគដែរឬទេ? (ទេ) ខ្ញុំក៏មិនបរិភោគដែរ។ ស៊ុតទាំងនេះសម្រាប់ភ្ញាស់ និងបន្តពូជសត្វបក្សី។ តើការបរិភោគវាមិនឃោរឃៅទេឬ? (មែនហើយ។) ខ្ញុំបរិភោគមិនកើតទេ ដូច្នេះរឿងស៊ុតបក្សីហ្នឹងក៏ចប់ទៅ ប៉ុន្តែរឿងបែបនោះនៅតែឡើងទៀត។
ថ្ងៃមួយ ខ្ញុំបានប្រទះឃើញរុក្ខជាតិម្យ៉ាងដែលដុះរៀងរាល់ឆ្នាំ កំពុងក្រៀមស្វិតនៅលើរបងផ្ទះមួយកន្លែង រុក្ខជាតិនោះមានរូបរាងដូចជីរតាំងឱអ៊ីចឹងដែរ ដូច្នេះខ្ញុំក៏បានសួរទៅបងស្រីម្នាក់ថាតើរុក្ខជាតិនោះសម្រាប់ធ្វើអ្វី។ គាត់បានឆ្លើយថា៖ “តើនេះមិនមែនជាជីរតាំងឱប្រភេទតែមួយដែលបុរសម្នាក់នោះបានឱ្យអ្នកកាលពីលើកមុនទេឬ? ជីរតាំងឱអាចបំបាត់អាការលើសជាតិសំណើម និងបណ្ដេញភាពត្រជាក់បាន។ តើអ្នកមិនចាញ់នឹងភាពត្រជាក់ទេឬ? បុរសនោះបាននិយាយថា ពេលវាក្រៀម គាត់នឹងទុកវាសម្រាប់ឱ្យអ្នកប្រើដោយត្រាំជើងក្នុងទឹកក្ដៅ ដើម្បីបណ្ដេញភាពត្រជាក់។” តើអ្នករាល់គ្នាគិតថា ប្រតិកម្មរបស់ខ្ញុំយ៉ាងណា ពេលបានឮដូច្នេះ? ពាក្យមួយម៉ាត់។ (និយាយលែងចេញ។) មែនហើយ ខ្ញុំនិយាយលែងចេញ។ ក្នុងកាលៈទេសៈបែបនេះ ខ្ញុំគួរណាស់តែបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់បុរសម្នាក់នេះ និងពីការខិតខំប្រឹងប្រែងដែលគាត់បានធ្វើចំពោះរូបខ្ញុំ។ ម្តេចបានជាខ្ញុំនិយាយលែងចេញដូច្នេះ? នោះក៏ព្រោះតែបុរសម្នាក់នេះមិនបានយល់ពីបញ្ហាទាំងនេះប៉ុន្មានដងកន្លងមកនេះ ហើយបន្ទាប់មកក៍បានផ្លាស់ប្ដូរវិធីសាស្រ្ត ហាក់ដូចជាចង់និយាយថា៖ “ខ្ញុំបានឱ្យបន្លែ និងស៊ុតទៅឱ្យអ្នកបរិភោគ ប៉ុន្តែអ្នកមិនបានបរិភោគទេ ដូច្នេះខ្ញុំបានហាលជីរតាំងឱទុកឱ្យអ្នកសម្រាប់ត្រាំជើងក្នុងទឹកក្ដៅវិញ ដើម្បីកុំឱ្យការខិតខំរបស់ខ្ញុំទៅជាឥតប្រយោជន៍។” ដោយឃើញទង្វើនេះ ខ្ញុំពិតជានិយាយលែងចេញមែន។ ក្រោយមក ខ្ញុំបានប្រាប់អ្នកផ្សេងម្នាក់ទៀតថា ហាងលក់ថ្នាំជាច្រើន ឥឡូវនេះមានលក់ជីរតាំងឱហើយ។ អ្នកអាចទិញបានតាមចិត្តចង់៖ មានការវេចខ្ចប់ខុសៗគ្នា ផលិតដោយប្រទេសជាច្រើន និងបានកែច្នៃដោយមានអនាម័យ។ វាប្រសើរជាងអ្វីដែលបុរសនោះបានផ្ញើឱ្យខ្ញុំទៅទៀត ដូច្នេះតើវាជាការឥតប្រយោជន៍ទេឬ ដែលទៅបេះវានៅតាមដងផ្លូវ ហើយយកវាទៅហាលនៅលើរបងឱ្យត្រូវកម្ដៅថ្ងៃនោះ? បើគាត់ហាលវាស្ងួត ហើយយកមកឱ្យខ្ញុំ តើអ្នកគិតថាខ្ញុំចង់បានវាទេ? (អ្នកមិនគិតអ៊ីចឹងទេ។) ខ្ញុំមិនចង់បានវាទេ។ ក្រោយមកទៀត ជីរតាំងឱលែងមានហាលនៅលើរបងទៀតហើយ ព្រោះអ្វីដែលខ្ញុំបាននិយាយនោះបានលេចឮទៅដល់គាត់ ហើយគាត់ក៏ឈប់ផ្ញើវាមកទៀត។ ក្រោយមក នៅពេលដែលមានបន្លែព្រៃច្រើននៅតាមទីវាល បន្លែព្រៃទាំងនោះច្បាស់ជាលែងជារបស់កម្រទៀតហើយ ដូច្នេះគ្មាននរណាម្នាក់ផ្ញើពួកវាមកឱ្យខ្ញុំទៀតទេ។ ហើយខ្ញុំគិតថា ស៊ុតបក្សីអាចនឹងភ្ញាស់រួចរាល់ហើយក្នុងពេលនោះ ហើយលែងអាចប្រមូលបានទៀតហើយ ដូច្នេះរហូតមកដល់ពេលនេះ ខ្ញុំមិនបានទទួលស៊ុតបក្សី ឬបន្លែព្រៃអ្វីទៀតទេ។ ហើយនេះគឺជារឿងរ៉ាវរបស់ខ្ញុំ។
នៅក្នុងរឿងទាំងមូល មានហេតុការណ៍ចំនួនបួន ដែលហេតុការណ៍ទាំងអស់សុទ្ធតែទាក់ទងនឹងរបស់របរដែលបានផ្ញើមកឱ្យខ្ញុំ៖ ហេតុការណ៍ពីរគឺរឿងផ្ញើបន្លែព្រៃដែលមិនស្គាល់ ហេតុការណ៍មួយគឺជារឿងផ្ញើស៊ុតបក្សីដែលមិនស្គាល់ ហើយហេតុការណ៍មួយទៀតគឺជារឿង “ឱសថបុរាណចិន” ដែលហាលថ្ងៃ។ ការនិយាយពីរឿងរ៉ាវទាំងនេះ អាចស្ដាប់ទៅដូចជាគួរឱ្យអស់សំណើចបន្តិច ប៉ុន្តែបើនិយាយពីហេតុការណ៍ទាំងនោះវិញ តើអ្នករាល់គ្នាមានចំណាប់អារម្មណ៍ដូចម្តេច បន្ទាប់ពីបានឮរឿងទាំងនេះ? តើមានអ្វីដែលអ្នករាល់គ្នាគួរតែយល់ ឬរៀនសូត្រពីក្នុងហេតុការណ៍ទាំងនេះទេ? តើអ្នករាល់គ្នាបានគិតអ្វីខ្លះ នៅពេលដែលកំពុងស្ដាប់? តើរឿងរ៉ាវដែលខ្ញុំបាននិទាននេះ សំដៅទៅលើបុគ្គលណាម្នាក់ជាពិសេសដែរទេ? ច្បាស់ជាអត់ទេ។ ប៉ុន្តែបើសិនរឿងរ៉ាវទាំងនោះមិនសំដៅទៅលើបុគ្គលណាម្នាក់ជាពិសេសទេ ហេតុអ្វីបានជាខ្ញុំនិយាយពីវា? តើមានប្រយោជន៍ដែរទេ? ឬក៏គ្រាន់តែជាការនិយាយឥតបានការ? (មិនមែនទេ។) ដ្បិតអ្នករាល់គ្នាគិតថាវាមិនមែនជាការនិយាយឥតបានការ តើអ្នករាល់គ្នាដឹងទេថា ហេតុអ្វីបានជាខ្ញុំនិយាយពីវា? ហេតុអ្វីបានជាបុរសម្នាក់នេះធ្វើរឿងបែបនេះ? តើអ្វីជាធម្មជាតិនៃឥរិយាបថរបស់គាត់? តើគាត់មានគោលបំណងអ្វី? តើបញ្ហាទាំងនេះជាអ្វី? តើចាំបាច់ត្រូវពន្យល់បកស្រាយអំពីបញ្ហាទាំងនេះទេ? អ្នករាល់គ្នានឹងអាចយល់ពីសេចក្តីពិតបាន បើអ្នករាល់គ្នាយល់ច្បាស់ពីមនុស្ស និងធម្មជាតិនៃហេតុការណ៍ទាំងនោះទៅតាមស្ថានការណ៍។ តើអ្នករាល់គ្នាគិតថា បុរសម្នាក់ដែលបានធ្វើរឿងទាំងនេះ មានចេតនាល្អ ឬចេតនាមិនល្អ? (ចេតនាល្អ។) ទីមួយ រឿងមួយដែលដឹងច្បាស់នោះគឺ៖ គាត់មានចេតនាល្អ។ តើមានអីទាស់ខុសនឹងចេតនាល្អរបស់គាត់? តើការធ្វើអ្វីៗដោយចេតនាល្អ មានន័យថាអ្នករាល់គ្នាជាមនុស្សដែលយកចិត្តទុកដាក់ដែរទេ? (មិនប្រាកដទេ។) បើចេតនាល្អជាគោលបំណងរបស់នរណាម្នាក់សម្រាប់ធ្វើអ្វីមួយនោះ តើអាចនិយាយថាពុំមានភាពមិនបរិសុទ្ធនៃនិស្ស័យពុករលួយបានដែរទេ? មិនបានទេ។ ដូច្នេះ ខ្ញុំសួរអ្នករាល់គ្នាថា បើអ្នកគោរព និងស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួន ហេតុអ្វីបានជាអ្នកមិនផ្ញើរបស់ទាំងនេះឱ្យគាត់បរិភោគ? ឬបើអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះចៅហ្វាយនាយ និងអ្នកដឹកនាំរបស់អ្នក ហេតុអ្វីបានជាអ្នកមិនឱ្យរបស់ទាំងនោះទៅពួកគេបរិភោគ? ហេតុអ្វីបានជាអ្នកមិនហ៊ានធ្វើដូច្នេះ? គឺដោយសារតែអ្នកខ្លាចក្រែងថានឹងមានបញ្ហាអ្វីមួយ។ អ្នកខ្លាចធ្វើបាបឪពុកម្ដាយរបស់អ្នក អ្នកដឹកនាំរបស់អ្នក និងចៅហ្វាយនាយរបស់អ្នក ដូច្នេះតើអ្នកមិនខ្លាចធ្វើបាបព្រះជាម្ចាស់ទេឬ? តើចេតនារបស់អ្នកជាអ្វី? តើចិត្តសប្បុរសធម៌របស់អ្នកបង្កប់ន័យអ្វីខ្លះ? តើអ្នកកំពុងតែព្យាយាមបញ្ឆោតព្រះជាម្ចាស់ឬ? តើអ្នកកំពុងតែព្យាយាមឡកឡឺយឱ្យទ្រង់ឬ? តើអ្នកហ៊ានធ្វើរឿងបែបនេះជាមួយព្រះជាម្ចាស់ដែលជាអង្គវិញ្ញាណទេ? តើអ្នកមានចិត្តកោតខ្លាចព្រះជាម្ចាស់ទេ បើអ្នកបានឃើញសាច់ឈាមរបស់ព្រះជាម្ចាស់ដែលជាសាច់ឈាមមនុស្សធម្មតា ហើយអ្នកហ៊ានធ្វើរឿងបែបនេះជំនួសការខ្លាចទ្រង់? បើអ្នកមិនមានចិត្តកោតខ្លាចព្រះជាម្ចាស់ទេ តើការធ្វើបែបនេះអាចហៅបានថាជាការយកចិត្តទុកដាក់ពិតប្រាកដរបស់អ្នកដែរឬ? នោះមិនមែនជាការយកចិត្តទុកដាក់ទេ៖ នេះជាការបញ្ឆោត និងឡកឡឺយឱ្យព្រះជាម្ចាស់ ហើយជាការហ៊ានជ្រុលពេក! បើអ្នកពិតជាបុគ្គលម្នាក់ដែលទទួលខុសត្រូវ ហេតុអ្វីបានជាមិនបរិភោគ និងភ្លក្សវាដោយខ្លួនឯងជាមុនសិន ដើម្បីឱ្យប្រាកដថាពុំមានបញ្ហាអ្វី មុននឹងយកវាទៅថ្វាយព្រះជាម្ចាស់? បើអ្នកយកវាទៅថ្វាយព្រះជាម្ចាស់ផ្ទាល់ ដោយមិនបានបរិភោគ និងភ្លក្សដោយខ្លួនឯង តើនេះមិនមែនជាការឡកឡឺយឱ្យព្រះជាម្ចាស់ទេឬ? តើអ្នកមិនមានអារម្មណ៍ថា អ្នកកំពុងប្រមាថដល់ព្រះនិស្ស័យរបស់ព្រះជាម្ចាស់ដោយការធ្វើបែបនេះទេឬ? តើនេះជារឿងដែលព្រះជាម្ចាស់អាចបំភ្លេចបានទេ? ទោះបីជាអ្នកភ្លេចវាក៏ដោយ តែព្រះជាម្ចាស់មិនភ្លេចទេ។ នៅពេលធ្វើរឿងបែបនេះ តើអ្នកកំពុងគិតអ្វី? អ្នកមិនបានភ្លក្សវាទេ ហើយអ្នកក៏គ្មានភស្តុតាងវិទ្យាសាស្ត្រអ្វីដែរ តែអ្នកបែរជាហ៊ានយកវាទៅថ្វាយព្រះជាម្ចាស់។ តើនេះជាឥរិយាបថដែលទទួលខុសត្រូវឬ? បើអ្នកធ្វើបាបព្រះជាម្ចាស់ តើអ្នកអាចនឹងទទួលខុសត្រូវអ្វីខ្លះ? ទោះបីជាច្បាប់មិនអាចចាត់ការលើអ្នកបានក៏ដោយ តែព្រះជាម្ចាស់នឹងដាក់ទោសអ្នកអស់កល្បជានិច្ច។ អ្នកមិនបានគិតថា សូម្បីតែរបស់គ្មានប្រយោជន៍នេះក៏ល្អល្មមនឹងឱ្យទៅអ្នកដឹកនាំ និងមន្ត្រីដែលគ្មានសេចក្តីជឿ ហើយអ្នកក៏ចាត់ទុកថាជារឿងដែលគ្មានសេចក្តីថ្លៃថ្នូរដែរ ដូច្នេះតើអ្នកមានចេតនាបែបណាក្នុងការយកវាទៅថ្វាយព្រះជាម្ចាស់? តើតម្លៃរបស់ខ្ញុំតិចតួចដូច្នេះឬ? បើអ្នកយកបន្លែព្រៃមួយថង់ទៅឱ្យចៅហ្វាយនាយរបស់អ្នក តើគាត់អាចនឹងគិតយ៉ាងណា? “តើខ្ញុំមានតម្លៃត្រឹមតែប៉ុណ្ណឹងទេឬ?” មនុស្សឱ្យលុយ និងរបស់ម៉ាកល្បីៗមកខ្ញុំ តែអ្នកបែរជាឱ្យបន្លែព្រៃមួយក្ដាប់មកខ្ញុំទៅវិញ?” តើអ្នកអាចធ្វើរឿងនេះបានទេ? ច្បាស់ជាអត់ទេ។ ប៉ុន្តែបើអ្នកបានធ្វើរឿងនេះមែន តើអ្នកអាចព្រួយបារម្ភអំពីអ្វី? រឿងដំបូងដែលអ្នកត្រូវគិតគឺ៖ “តើចៅហ្វាយនាយចូលចិត្តអ្វី?” តើគាត់ត្រូវការរបស់នេះទេ? បើគាត់មិនត្រូវការវាទេ ហើយខ្ញុំនៅតែឱ្យវាដល់គាត់ តើគាត់នឹងធ្វើឱ្យខ្ញុំលំបាកទេ? តើគាត់នឹងបៀតបៀន និងធ្វើបាបខ្ញុំនៅកន្លែងធ្វើការទេ? បើបញ្ហានេះធ្ងន់ធ្ងរ តើគាត់នឹងបណ្ដេញខ្ញុំចេញ ដោយរកលេស និងចាប់កំហុសខ្ញុំដែរឬទេ?” តើអ្នកគិតអំពីបញ្ហាទាំងនេះទេ? (គិត។) បើអ្នកចង់ផ្គាប់ចិត្តចៅហ្វាយនាយរបស់អ្នក តើរបស់ដំបូងដែលអ្នកគួរឱ្យគាត់គឺជាអ្វី? (អ្វីដែលគាត់ចូលចិត្ត។) គ្រាន់តែឱ្យអ្វីដែលគាត់ចូលចិត្ត មិនទាន់គ្រប់គ្រាន់ទេ។ ឧទាហរណ៍ បើឥឡូវនេះគាត់ត្រូវការកែវមួយ តើអ្នកអាចចំណាយ 10 ឬ 20 RMB ដើម្បីទិញកែវមួយជូនគាត់បានទេ? (ទេ) អ្នកត្រូវតែឱ្យគាត់នូវអ្វីដែលធ្វើពីមាស អ្វីដែលធ្វើពីប្រាក់ ឬអ្វីដែលសមរម្យ។ ហេតុអ្វីបានជាត្រូវឱ្យគាត់នូវអ្វីដែលអ្នកមិនចង់ទិញឱ្យខ្លួនឯងទៅវិញ? (ដើម្បីផ្គាប់ចិត្តគាត់។) តើការផ្គាប់ចិត្តគាត់មានគោលបំណងអ្វី? ជាដំបូង យ៉ាងហោចណាស់ គាត់អាចទទួលអ្នកឱ្យនៅក្រោមការការពាររបស់គាត់ ហើយដោយអំណាចដែលគាត់មាន គាត់អាចការពារអ្នក និងធ្វើឱ្យការងារនិងប្រាក់ខែរបស់អ្នកមានស្ថិរភាព និងសុវត្ថិភាព។ យ៉ាងហោចណាស់ គាត់នឹងមិនធ្វើឱ្យអ្នកលំបាកទេ។ ដូច្នេះ អ្នកមិនដែលយកបន្លែព្រៃមួយបាច់ដែលមិនស្គាល់ទៅឱ្យគាត់ទេ។ មិនអ៊ីចឹងទេឬ? (មែនហើយ។) អ្នកមិនទាំងអាចធ្វើអ៊ីចឹងដាក់ចៅហ្វាយនាយរបស់អ្នកផង ហេតុអ្វីបានជាបុរសដែលបានឱ្យបន្លែព្រៃមកខ្ញុំ ធ្វើដូច្នេះដាក់ខ្ញុំ? តើគាត់បានគិតពីផលវិបាកទេ? គាត់ប្រាកដជាមិនបានគិតទេ។ ហើយហេតុអ្វីបានជាមិនគិត? អ្នកខ្លះអាចនិយាយថា៖ “ព្រោះអ្នកមិនធ្វើបាបយើងទេ។” តើវាសាមញ្ញដូច្នេះឬ? ព្រោះខ្ញុំមិនធ្វើឱ្យគាត់លំបាក គឺដូច្នេះឬ? ហេតុអ្វីបានជាគាត់ហ៊ានឱ្យរបស់ដូចនេះ? (គាត់គិតថាចេតនារបស់គាត់ល្អ។) ត្រឹមត្រូវហើយ គាត់បានលាក់បាំងភាពអាក្រក់ និងភាពទុច្ចរិតទាំងអស់របស់គាត់នៅពីក្រោមចេតនាល្អ មានន័យថា៖ “ខ្ញុំមានចេតនាល្អចំពោះអ្នក តែអ្នកផ្សេងគឺមិនមានចេតនាល្អទេ! សូមមើលបន្លែព្រៃទាំងអស់នេះ។ តើនរណាបានដកវាជូនអ្នក? មិនមែនខ្ញុំទេឬ?” តើនេះជាអាកប្បកិរិយាបែបណា? តើនេះជាការគិតបែបណា? តើចេតនាល្អទាំងនេះស្របតាមភាពជាមនុស្សទេ? បើវាមិនទាន់ស្របតាមភាពជាមនុស្សផង តើវាអាចស្របតាមសេចក្ដីពិតបានទេ? (មិនអាចទេ។) វាមិនអាចនៅឆ្ងាយពីសេចក្ដីពិតនោះទេ! តើចេតនាល្អទាំងនេះជាអ្វី? តើវាពិតជាចេតនាល្អមែនឬ? (មិនមែនទេ។) ដូច្នេះ តើចេតនាទាំងនោះជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាបែបណា? តើចេតនាទាំងនោះមានភាពមិនបរិសុទ្ធ និងខ្លឹមសារបែបណាខ្លះ? សូម្បីតែអ្នករាល់គ្នាជាយុវវ័យដែលបានឃើញពិភពលោកតិចតួច ក៏យល់ដែរថា អ្នកមិនអាចឱ្យវត្ថុអនុស្សាវរីយ៍ដល់ចៅហ្វាយនាយរបស់អ្នកតាមតែចិត្តទេ អ្នកត្រូវតែគិតអំពីផលវិបាក។ ដូច្នេះ បើបុរសចំណាស់វ័យសែសិបឬហាសិបឆ្នាំម្នាក់ផ្ដល់របស់បែបនេះមកឱ្យខ្ញុំ តើតាមទស្សនៈរបស់អ្នករាល់គ្នាគិតថាចរិតលក្ខណៈនេះយ៉ាងម៉េចដែរ? តើវាគួរឱ្យពួកយើងពិភាក្សានៅទីនេះទេ? (មែនហើយ។) ដូច្នេះ ទីបំផុត តើចរិតលក្ខណៈបែបនេះយ៉ាងម៉េចដែរ? បុរសនោះបានផ្ដល់បន្លែព្រៃខ្លះឱ្យខ្ញុំដោយមិនបានប្រុងប្រយ័ត្ន ដោយសុំឱ្យខ្ញុំបរិភោគវា ដោយខ្លួនគាត់ផ្ទាល់ក៏មិនបានដឹងថាវាជាអ្វីដែរ។ នៅពេលដែលខ្ញុំនិយាយថា ពួកវាមិនមានរូបរាងដូចបន្លែព្រៃប្រភេទនោះទេ គាត់មិនបានបង្អង់យូរ ក៏ប្រាប់ខ្ញុំកុំឱ្យបរិភោគ ហើយមិនទាន់អស់ទេ។ គាត់បានផ្ញើបន្លែព្រៃប្រភេទផ្សេងទៀតឱ្យខ្ញុំបរិភោគ។ ខ្ញុំមិនបានបរិភោគវា ហើយគាត់ក៏ប្រាប់ថា៖ “ញ៉ាំទៅ វាឆ្ងាញ់ណាស់។ ខ្ញុំបានភ្លក្សរួចហើយ។” តើនេះជាអាកប្បកិរិយាបែបណា? (ជាការមិនគោរព និងមិនទទួលខុសត្រូវ។) ត្រឹមត្រូវហើយ។ តើអ្នករាល់គ្នាមានអារម្មណ៍ដឹងអំពីអាកប្បកិរិយានេះដែរទេ? (យើងមានអារម្មណ៍ដឹង។) តើវាជាចេតនាល្អទេ? គ្មានអ្វីជាចេតនាល្អនោះទេ! គាត់បានយករបស់អ្វីមួយតាមតែអំពើចិត្តដោយមិនបានចំណាយអ្វីសោះ ហើយបន្ទាប់មក៏ដាក់វាទៅក្នុងថង់ប្លាស្ទិក ហើយឱ្យវាមកខ្ញុំ ដោយសុំឱ្យខ្ញុំបរិភោគវា។ បើទោះជាអ្នកទៅបេះបន្លែព្រៃខ្លះសម្រាប់ឱ្យចៀម និងទន្សាយស៊ីក៏ដោយ ក៏អ្នកនៅតែត្រូវគិតពិចារណាថា៖ “តើសត្វទាំងនេះអាចពុលទេ បើពួកវាស៊ីរបស់នេះ?” តើនោះមិនមែនជាអ្វីដែលអ្នកគួរពិចារណាទេឬ? បើអ្នកមិនទាំងហ៊ានប្រថុយនៅពេលឱ្យចំណីសត្វចិញ្ចឹមផងនោះផង ហេតុអ្វីបានជាអ្នកកាន់បន្លែព្រៃធម្មតាមួយបាច់ ហើយយកវាទៅឱ្យខ្ញុំបរិភោគទៅវិញ? តើនេះជានិស្ស័យបែបណា? តើអ្វីជាធម្មជាតិនៃបញ្ហានេះ? តើអ្នករាល់គ្នាយល់ទេ? បើបុរសម្នាក់នេះប្រព្រឹត្តមកលើខ្ញុំដូច្នេះ តើអ្នករាល់គ្នាគិតថាគាត់នឹងប្រព្រឹត្តចំពោះអ្នកក្រោមបង្គាប់ ឬអ្នកដែលគាត់ចាត់ទុកថាជាមនុស្សធម្មតាយ៉ាងដូចម្តេច? វាគ្រាន់តែជាការលេងសើចធម្មតាប៉ុណ្ណោះ។ តើនេះជានិស្ស័យបែបណា? វាជានិស្ស័យទុច្ចរិត និងអាក្រក់។ តើអាចចាត់ទុកគាត់ជាមនុស្សល្អដែរទេ? (ទេ គាត់មិនអាចទេ។) មិនចាត់ទុកគាត់ជាមនុស្សល្អទេ។ ការមិនចាត់ទុកជីវិត និងរូបកាយរបស់មនុស្សជាការសំខាន់ ការប្រថុយនឹងជីវិត និងរូបកាយរបស់ពួកគេ ហើយបន្ទាប់មកមិនមានអារម្មណ៍អ្វីទាំងអស់ចំពោះវា និងការគ្មានភាពឈឺចាប់ក្នុងសតិសម្បជញ្ញៈទាល់តែសោះ ប៉ុន្តែបែរជាអាចធ្វើរឿងដដែលនេះម្ដងហើយម្ដងទៀតបាន៖ នេះពិតជាចម្លែកមែន។
នៅដើមដំបូងនៃសាច់រឿងនេះ ខ្ញុំបាននិយាយពាក្យពីរបីម៉ាត់ ដែលអ្នករាល់គ្នាប្រហែលជាមិនសូវបានយកចិត្តទុកដាក់ស្ដាប់។ ខ្ញុំបាននិយាយថា បន្លែព្រៃពណ៌បៃតងទាំងនោះខ្លះគឺសម្រាប់មនុស្សបរិភោគ ខ្លះសម្រាប់សត្វស៊ី ហើយខ្លះទៀតគឺសម្រាប់ទាំងមនុស្សបរិភោគ និងសត្វស៊ី។ នេះគឺជា «ពាក្យពោលដែលគេតែងនិយាយ» ហើយវាមានប្រភពរបស់វា។ តើដឹងទេថាវាមានប្រភពមកពីណា? វាគឺជាការនិយាយយោងជាប្រយោលទៅលើសាច់រឿងមួយ។ វាមានប្រភពមកពីបុរសដែលបានជូនអំណោយពីរបីមុខនេះ នៅក្នុងសាច់រឿងនោះ។ បុរសនេះទទួលបន្ទុកខាងដាំដុះ ហើយគាត់បានដាំពោតបីប្រភេទ។ តើបីប្រភេទនោះមានអ្វីខ្លះ? ប្រភេទដែលមនុស្សបរិភោគ ប្រភេទដែលសត្វស៊ី និងប្រភេទដែលទាំងមនុស្សបរិភោគ និងសត្វស៊ី៖ គឺបីប្រភេទហ្នឹងឯង។ ពោតទាំងបីប្រភេទនេះគឺគួរឱ្យចាប់អារម្មណ៍ណាស់។ តើអ្នករាល់គ្នាធ្លាប់បានឮពីពោតទាំងនេះពីមុនមកដែរឬទេ? អ្នករាល់គ្នាមិនធ្លាប់ឮទេ ហើយវាក៏ជាលើកទីមួយដែលខ្ញុំបានឮពីពោតទាំងនេះដែរ ពោលគឺដោយសារតែវាជារបស់កម្រ។ នៅទីបំផុត ដោយសារតែអ្នកដាំពោតទាំងនោះគ្មានការទទួលខុសត្រូវខ្លាំងពេក ពោតទាំងបីប្រភេទក៏ត្រូវលាយឡំបញ្ចូលគ្នា៖ ពោតសម្រាប់សត្វស៊ី ត្រូវបានយកទៅឱ្យមនុស្សបរិភោគ ចំណែកឯពោតសម្រាប់មនុស្សបរិភោគ ត្រូវបានយកទៅឱ្យសត្វស៊ី។ បន្ទាប់ពីបានបរិភោគរួច មនុស្សគ្រប់គ្នាក៏ត្អូញត្អែរថា ពោតនោះមិនឆ្ងាញ់សោះ ថាវាគ្មានរសជាតិដូចជាគ្រាប់ធញ្ញជាតិទេ ហើយថាវាមានរសជាតិដូចស្មៅបន្តិចៗ។ តើអ្នកដែលដាំពោតទាំងនោះបានធ្វើរឿងអ្វីទៅ? ដោយសារតែភាពគ្មានការទទួលខុសត្រូវរបស់ពួកគេ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេបានលាយឡំបញ្ចូលគ្នានូវពោតសម្រាប់មនុស្សបរិភោគ និងពោតសម្រាប់សត្វស៊ី រហូតដល់គ្មាននរណាម្នាក់អាចបែងចែកវាទាំងពីរដាច់ពីគ្នាបាន ហើយពួកគេត្រូវទិញគ្រាប់ពូជបន្ថែម និងដាំវាឡើងវិញម្ដងទៀត។ តើអ្នករាល់គ្នាសុទ្ធតែគិតថា កិច្ចការនេះត្រូវបានអនុវត្តយ៉ាងម្តេច? តើមនុស្សប្រភេទនេះ គ្មានគោលការណ៍នៅក្នុងសកម្មភាពរបស់ពួកគេទេឬ? (ពួកគេគ្មានទេ)។ នៅក្នុងសកម្មភាពរបស់ពួកគេ តើពួកគេស្វែងរកសេចក្ដីពិតដែរឬទេ? (ពួកគេមិនស្វែងរកទេ)។ ដោយមានអាកប្បកិរិយាបែបនេះនៅក្នុងរបៀបដែលពួកគេធ្វើសកម្មភាព ដោយមិនគោរព និងគ្មានការទទួលខុសត្រូវចំពោះមនុស្សគ្រប់គ្នាយ៉ាងដូច្នេះ តើមនុស្សដូចជាអ្នកទាំងនេះ គិតយ៉ាងណាអំពីការជឿលើព្រះជាម្ចាស់? តើប្រព្រឹត្តរបស់ពួកគេចំពោះសេចក្ដីពិតគឺយ៉ាងដូចម្ដេច? នៅក្នុងដួងចិត្តរបស់ពួកគេ តើសេចក្ដីពិតមានសារៈសំខាន់កម្រិតណា? តើអត្តសញ្ញាណរបស់ព្រះជាម្ចាស់ មានសារៈសំខាន់កម្រិតណា? តើពួកគេដឹងដែរឬទេ? (ពួកគេមិនដឹងទេ)។ តើពួកគេមិនគួរដឹងអំពីបញ្ហាដ៏ធំដុំបែបនេះទេឬ? ចុះហេតុអ្វីបានជាពួកគេមិនដឹង? វាពាក់ព័ន្ធនឹងនិស្ស័យរបស់ពួកគេ។ តើជានិស្ស័យអ្វីទៅ? (គឺសេចក្តីទុច្ចរិត)។ វាគឺជាសេចក្តីទុច្ចរិត ហើយវាគឺជាការស្អប់ខ្ពើមសេចក្ដីពិត។ ពួកគេមិនដឹងខ្លួនពីធម្មជាតិនៃអ្វីដែលពួកគេធ្វើនោះទេ ហើយពួកគេមិនដែលព្យាយាមត្រិះរិះ ឬស្វែងរកឡើយ ក៏មិនពិនិត្យពិច័យខ្លួនឯង បន្ទាប់ពីធ្វើរឿងរ៉ាវនានារួចនោះដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើអ្វីក៏ដោយដែលពួកគេចង់ធ្វើ ដោយគិតថា ដរាបណាពួកគេមានចេតនាល្អ និងត្រឹមត្រូវ ពួកគេមិនត្រូវការនរណាម្នាក់មកមើលការខុសត្រូវ ឬរិះគន់ពួកគេឡើយ ពួកគេគិតថា ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេ ត្រូវបានបំពេញរួចរាល់ហើយ។ តើវាពិតជាដូច្នេះមែនឬ? មនុស្សខ្លះនិយាយថា៖ «យើងយល់ពីសាច់រឿងដែលព្រះអង្គបានប្រាប់យើង ប៉ុន្តែយើងនៅតែមិនយល់បន្តិចសោះពីចំណុចដែលយើងខ្វល់ខ្វាយបំផុតដដែល ហើយនោះគឺ៖ តើអាកប្បកិរិយារបស់ព្រះអង្គចំពោះរឿងបែបនេះដែលកើតឡើង គឺយ៉ាងដូចម្ដេច? តើអាកប្បកិរិយារបស់ព្រះអង្គចំពោះបុគ្គលដែលធ្វើរឿងបែបនេះ គឺយ៉ាងដូចម្ដេច? តើវាជាកំហឹង ការស្អប់ខ្ពើមនិងបដិសេធ និងការខ្ពើមរអើមឬ? ឬមួយក៏ព្រះអង្គសព្វព្រះហឫទ័យនឹងមនុស្សប្រភេទនេះ?» (គឺការស្អប់ខ្ពើម)។ តើរឿងបែបនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? (គួរតែស្អប់ខ្ពើម)។ តើអ្នករាល់គ្នានឹងគិតយ៉ាងណា ប្រសិនបើរឿងបែបនេះកើតឡើងចំពោះអ្នករាល់គ្នា? ឧបមាថា មនុស្សចិត្តល្អម្នាក់ ឱ្យរបស់ដែលមិនស្គាល់ខ្លះៗទៅអ្នកម្ដងហើយម្ដងទៀត ដោយខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលអ្នកថា៖ «ហូបវាទៅ វាល្អសម្រាប់រាងកាយរបស់អ្នក។ ហូបវាទៅ វានឹងជួយអ្នកឱ្យរក្សាបាននូវសុខភាពល្អ។ ហូបវាទៅ វានឹងធ្វើឱ្យរូបរាង និងថាមពលរបស់អ្នកកាន់តែប្រសើរឡើង។ អ្នកគួរតែស្ដាប់ខ្ញុំទៅ មិនខុសទេ!» តើអ្នកនឹងគិតយ៉ាងណា ប្រសិនបើក្រោយពីបានផ្ទៀងផ្ទាត់ទៅ លទ្ធផលបានបង្ហាញថា របស់ទាំងនោះគ្មានតម្លៃអ្វីសោះនោះ? (ប្រសិនបើជាខ្ញុំ ខ្ញុំប្រហែលជាមិនចង់រវីរវល់ជាមួយមនុស្សប្រភេទនេះទៀតទេ ខ្ញុំនឹងធុញថប់នឹងគាត់ ហើយនិយាយលែងចេញ គឺអារម្មណ៍បែបហ្នឹងឯង)។ គេគួរតែស្អប់ខ្ពើម និងខ្ពើមរអើមនឹងមនុស្សបែបនេះ។ តើមានអ្វីទៀត? តើគេគួរតែមានអារម្មណ៍ខឹង ក្រៀមក្រំ ឬឈឺចាប់ដែរឬទេ? (គ្មានប្រយោជន៍ទេ)។ វាគ្មានប្រយោជន៍ទេ តើមែនទេ? តើគ្មានមនុស្សដែលនិយាយថា «បុគ្គលនេះប្រហែលជាធ្វើបែបនេះ ដោយសារតែគាត់មិនយល់ពីសេចក្ដីពិតទេ»ឬ? មនុស្សភាគច្រើនមិនយល់ពីសេចក្ដីពិតទេ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោមពួកគេ ដែលអាចធ្វើរឿងបែបនេះបាន? តើមនុស្សមិនខុសគ្នាពីម្នាក់ទៅម្នាក់ទេឬ? (ពួកគេខុសគ្នា)។ មនុស្សគឺខុសៗគ្នា។ វាប្រៀបដូចជានៅពេលមនុស្សមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកអ៊ីចឹងដែរ៖ នៅពេលមានការផ្លាស់ប្ដូរទំនិញសម្ភារៈ មនុស្សខ្លះស្វែងរកភាពយុត្តិធម៌ និងភាពសមហេតុផល។ សូម្បីតែមនុស្សទាំងនេះបណ្ដោយឱ្យភាគីម្ខាងទៀតកេងចំណេញពីពួកគេបន្តិចបន្តួចក៏ដោយ ក៏វាមិនមែនជាបញ្ហាសម្រាប់ពួកគេដែរ។ តាមរបៀបនេះ ទំនាក់ទំនងរបស់ពួកគេនៅស្ថិតស្ថេរ។ ពួកគេមានភាពជាមនុស្ស ហើយមានអារម្មណ៍ថា វាមិនមែនជាការលំបាកធំដុំទេ ក្នុងការខាតបង់បន្តិចបន្តួចនោះ។ មនុស្សផ្សេងទៀតខ្វះភាពជាមនុស្ស ហើយតែងតែចូលចិត្តកេងចំណេញពីអ្នកដទៃ៖ ទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ គឺដើម្បីតែកេងចំណេញ និងស្វែងរកផលប្រយោជន៍ដោយធ្វើឱ្យអ្នកដទៃខាតបង់សុទ្ធសាធ។ ប្រសិនបើពួកគេអាចទាញយកផលប្រយោជន៍ខ្លះៗពីអ្នកបាន ពួកគេនឹងផ្គាប់ចិត្តអ្នក ហើយរក្សាទំនាក់ទំនងជាមួយអ្នក ប៉ុន្តែប្រសិនបើពួកគេមិនអាចទេ នោះពួកគេនឹងទាត់អ្នកចេញ។ ពួកគេមិនបង្ហាញភាពស្មោះត្រង់ចំពោះអ្នកឡើយ។ មនុស្សបែបនេះគឺគ្មានភាពជាមនុស្សទេ។
តើអ្នករាល់គ្នាគិតយ៉ាងណា ចំពោះមនុស្សប្រភេទដែលជូនអំណោយ ដូចនៅក្នុងសាច់រឿងដែលបាននិទាននៅថ្ងៃនេះ? ហេតុអ្វីបានជាមនុស្សដូចជាអ្នកទាំងនេះ ជូនរបស់ទាំងនេះជាអំណោយ ដូច្នេះ? តើវាជារឿងចៃដន្យឬ? ប្រសិនបើវាកើតឡើងម្ដងក្នុងរយៈពេលជាច្រើនឆ្នាំ វាប្រហែលជាការចៃដន្យ ប៉ុន្តែ តើវានៅតែអាចចាត់ទុកថាជាការចៃដន្យដែរឬទេ ប្រសិនបើរឿងដដែលនេះកើតឡើងដល់ទៅបួនដងក្នុងមួយរដូវនោះ? (មិនអាចទេ)។ ឥរិយាបថរបស់គាត់នេះ មិនមែនជារឿងចៃដន្យឡើយ ហើយនិស្ស័យបែបនោះ ក៏មិនអាចហៅថាជាការបញ្ចេញឱ្យឃើញ និងការសម្តែងចេញនូវសេចក្ដីពុករលួយមួយភ្លែតនោះដែរ។ ចុះតើធម្មជាតិនៃឥរិយាបថរបស់គាត់ គឺជាអ្វីទៅ? ដូចដែលយើងបាននិយាយពីមុនមក ឥរិយាបថរបស់គាត់គឺមិនគោរព គ្មានការទទួលខុសត្រូវ ធ្វេសប្រហែស ធ្វើដោយតក់ក្រហល់ និងតាមតែសន្ទុះចិត្ត ហើយជានិស្ស័យដែលគ្មានបែបបទរៀបរយ។ ដូច្នេះ ហេតុអ្វីបានជាគាត់ធ្វើបែបនេះ? ហេតុអ្វីបានជាគាត់មិនឱ្យរបស់ទាំងនោះទៅនរណាម្នាក់ផ្សេង តែបែរជាឱ្យមកខ្ញុំតែម្នាក់ឯងទៅវិញ? អត្តសញ្ញាណ និងឋានៈដ៏ខុសប្លែករបស់ខ្ញុំ បានធ្វើឱ្យខ្ញុំស័ក្តិសមនឹងទទួលអំណោយ ទាំងនេះ។ តើរឿងនេះធ្វើឱ្យចេតនារបស់បុរសដែលជូនអំណោយ និងធម្មជាតិនៃអ្វីដែលគាត់បានធ្វើ លេចឡើងយ៉ាងច្បាស់ដែរឬទេ? តើគោលបំណងរបស់គាត់គឺជាអ្វី? (ដើម្បីយកមុខយកមាត់)។ ត្រឹមត្រូវហើយ។ តើពាក្យអ្វីដែលត្រឹមត្រូវបំផុត ដើម្បីពិពណ៌នាពីការយកមុខយកមាត់របស់គាត់នេះ? វាគឺជាល្បិចថោកទាប៖ ការយកមុខយកមាត់ និងការឆ្លៀតឱកាស។ វាគឺជាវិធីដ៏ឆ្លាតវៃមួយក្នុងការយកមុខយកមាត់ជាមួយអ្នក ដោយទាក់ទាញអ្នកឱ្យធ្លាក់ចូលទៅក្នុងរណ្ដៅដែលគាត់បានជីក ដោយអ្នកមិនបានដឹងខ្លួន និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អចំពោះគាត់ ខណៈដែលតាមការពិត គាត់មិនបរិសុទ្ធពិតប្រាកដ សូម្បីតែបន្តិចសោះឡើយ គឺគាត់ចង់សម្រេចគោលបំណងផ្ទាល់ខ្លួនរបស់គាត់ ដោយមិនលះបង់អ្វីទាំងអស់។ គាត់បានធ្វើបែបនេះដោយមិនបានគិតគូរល្អិតល្អន់ពីផលវិបាកឡើយ ហើយគ្រាន់តែឱ្យរបស់ដែលគាត់រើសបានដោយឥតគិតថ្លៃទៅអ្នក ដោយធ្វើឱ្យអ្នកមានអារម្មណ៍ថាគាត់ជាមនុស្សចេះយកចិត្តទុកដាក់ និងលួងលោមអ្នកឱ្យស្ថិតក្នុងសភាពសប្បាយចិត្ត។ តើនេះពិតជាមានន័យយ៉ាងដូចម្ដេច? វាមានន័យថា ដោយមិនបាច់ចំណាយប្រាក់សូម្បីមួយកាក់មួយសេន គាត់បានធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការចំណាយរបស់គាត់ ដែលនេះច្បាស់ណាស់ថា គាត់កំពុងចាត់ទុកអ្នកដូចជាមនុស្សល្ងីល្ងើ។ តើវាមិនមានន័យដូច្នេះទេឬ? គាត់កំពុងគិតក្នុងចិត្តថា៖ «ខ្ញុំមិនចំណាយប្រាក់សូម្បីមួយកាក់មួយសេនទេ ហើយខ្ញុំក៏មិនលំបាកខ្លួនឯងដែរ ខ្ញុំគ្មានភាពស្មោះត្រង់ចំពោះព្រះអង្គឡើយ។ ខ្ញុំគ្រាន់តែថ្វាយរបស់អ្វីមួយដល់ព្រះអង្គ ដើម្បីឱ្យព្រះអង្គនឹកចាំពីខ្ញុំ ដើម្បីឱ្យព្រះអង្គគិតថាខ្ញុំជាមនុស្សចិត្តល្អ ចេះយកចិត្តទុកដាក់ និងមានភាពស្មោះត្រង់ ហើយថាខ្ញុំមានសេចក្ដីស្រឡាញ់ចំពោះព្រះអង្គនៅក្នុងដួងចិត្តរបស់ខ្ញុំ»។ ការធ្វើឱ្យអ្នកយល់ច្រឡំថា គាត់ជាមនុស្សបែបនេះ គឺជាល្បិចថោកទាបមួយ ហើយវាក៏ជាការឆ្លៀតឱកាសផងដែរ។ ការប្រើប្រាស់អ្វីដែលហៅថាសេចក្ដីសប្បុរសដ៏ថោកបំផុត ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំបំផុត និងផលចំណេញបំផុត ដោយមិនបាច់ចំណាយអ្វីទាំងអស់ ឬគ្មានភាពស្មោះត្រង់សោះនោះ គឺជាល្បិចថោកទាប។ តើមានអ្នករាល់គ្នាណាម្នាក់នឹងធ្វើបែបនេះដែរឬទេ? មនុស្សគ្រប់គ្នាសុទ្ធតែធ្វើ គ្រាន់តែអ្នករាល់គ្នាមិនបានធ្វើរឿងដូចគ្នាដែលគាត់បានធ្វើប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នានឹងធ្វើវា ប្រសិនបើអ្នករាល់គ្នាមានឱកាស។ នោះគឺជារឿងទីមួយដែលខ្ញុំបានសន្និដ្ឋាន នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សប្រភេទនេះ ពោលគឺពួកគេពូកែណាស់ខាងប្រើល្បិចថោកទាប។ ពួកគេមិនមែនជឿលើព្រះជាម្ចាស់ទេ អ្វីដែលពួកគេដើរតាម គឺជានរណាម្នាក់ដែលពួកគេគិតថានឹងផ្ដល់ផលប្រយោជន៍ដល់ពួកគេ ប្រទានពរដល់ពួកគេ និងជាអ្នកដែលស័ក្តិសមនឹងដើរតាម។ ហេតុការណ៍មួយនេះ បានលាតត្រដាងយ៉ាងទាំងស្រុងនូវសេចក្ដីជំនឿរបស់មនុស្សប្រភេទនេះ និងការពិតអំពីលក្ខណៈពិតប្រាកដរបស់ពួកគេ។ ការយល់ដឹងរបស់មនុស្សបែបនេះអំពីសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងការចុះចូលនឹងព្រះជាម្ចាស់ គឺសាមញ្ញពេកហើយ ហើយពួកគេចង់ប្រើវិធីសាស្ត្រនៃល្បិចថោកទាប ដើម្បីទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ និងទទួលបានព្រះពរ។ តើពួកគេស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានចិត្តកោតខ្លាចព្រះជាម្ចាស់តាមរបៀបណាមួយដែរឬទេ? (ពួកគេគ្មានទេ)។ ដូច្នេះ រឿងផ្សេងទៀតគឺកាន់តែមិនបាច់និយាយដល់ទៅទៀត។ នោះគឺជារឿងទីមួយដែលខ្ញុំបានសន្និដ្ឋាន។ តាមទស្សនៈរបស់អ្នករាល់គ្នា តើខ្ញុំនិយាយត្រូវដែរឬទេ? (ព្រះអង្គមានបន្ទូលត្រូវហើយ)។ តើខ្ញុំកំពុងចោទប្រកាន់គាត់ដោយអយុត្តិធម៌ឬ? តើខ្ញុំកំពុងពន្លើសរឿងតូចឱ្យក្លាយជារឿងធំឬ? មិនមែនទាល់តែសោះ។ បើផ្អែកលើសារជាតិរបស់គាត់ វាគឺធ្ងន់ធ្ងរជាងនេះទៅទៀត។ យ៉ាងហោចណាស់ គាត់កំពុងតែបោកបញ្ឆោត និងលេងសើចជាមួយព្រះជាម្ចាស់។
រឿងទីពីរដែលខ្ញុំបានសន្និដ្ឋាន គឺជាអ្វីដែលអាចមើលឃើញពីមនុស្សបែបនេះ។ ដួងចិត្តមនុស្សគឺគួរឱ្យខ្លាចណាស់! ប្រាប់ខ្ញុំមកមើល៍ តើភាពគួរឱ្យខ្លាចនេះគឺជាអ្វី? ហេតុអ្វីបានជាខ្ញុំនិយាយថា ដួងចិត្តមនុស្សគឺគួរឱ្យខ្លាច? (បុគ្គលនេះយកមុខយកមាត់ជាមួយព្រះជាម្ចាស់ ដើម្បីបំពេញចេតនា និងបំណងប្រាថ្នារបស់គាត់ក្នុងការទទួលបានព្រះពរ ហើយបន្ទាប់មក គាត់គ្មានការទទួលខុសត្រូវ និងមិនបានគិតគូរថាតើនឹងមានអ្វីកើតឡើងចំពោះព្រះកាយរបស់ព្រះជាម្ចាស់ បន្ទាប់ពីទ្រង់សោយរបស់ទាំងនេះ ឬថាតើផលវិបាកនឹងទៅជាយ៉ាងណានោះទេ។ គាត់តែងតែគិតគូរពីផលវិបាកនៃអ្វីក៏ដោយដែលគាត់ឱ្យគ្រួសាររបស់គាត់ហូប ប៉ុន្តែនៅពេលដែលគាត់ថ្វាយអ្វីមួយដល់ព្រះជាម្ចាស់ គាត់មិនបានគិតគូរពីផលវិបាកទាល់តែសោះ។ គាត់ធ្វើដូច្នេះទាំងស្រុងដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់គាត់ ដោយការយកមុខយកមាត់ជាមួយព្រះជាម្ចាស់ មិនថាតាមមធ្យោបាយល្អ ឬ អាក្រក់ឡើយ។ គេអាចមើលឃើញថា គាត់ពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់ ថាគាត់គ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គាត់ទេ ហើយថាគាត់មិនចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ឡើយ)។ ដោយអត្ថន័យបង្កប់ តើវាមិនមានន័យថា មិនចាត់ទុកខ្ញុំដូចជាមនុស្សទេឬ? តើអាចនិយាយបែបនោះបានទេ? (អាចនិយាយបាន)។ ពិតជាចេតនាដ៏គួរឱ្យខ្លាចមែន! (មែនហើយ គាត់នឹងមិនបោកបញ្ឆោតព្រះជាម្ចាស់ទេ ប្រសិនបើគាត់ចាត់ទុកព្រះជាម្ចាស់ដូចជាសាច់ញាតិរបស់គាត់នោះ)។ នោះពិតជាគួរឱ្យខ្លាចមែន។ ប្រសិនបើនរណាម្នាក់ជាមិត្តរបស់អ្នក តើពួកគេនឹងប្រព្រឹត្តចំពោះអ្នកបែបនោះដែរឬទេ? ពួកគេនឹងមិនធ្វើទេ។ ពួកគេនឹងប្រាប់អ្នកថាអ្វីដែលល្អសម្រាប់ហូប ហើយប្រសិនបើមានផលប៉ះពាល់ក្នុងការហូបអ្វីមួយ ពួកគេនឹងហាមឃាត់អ្នកយ៉ាងដាច់អហង្ការមិនឱ្យហូបវាឡើយ។ នោះគឺជារឿងដែលសូម្បីតែមិត្តភក្ដិក៏អាចធ្វើបានដែរ។ ប៉ុន្តែ តើបុគ្គលនេះអាចធ្វើបែបនោះបានទេ? ទេ មិនបានទេ។ ដោយសារតែគាត់បានធ្វើរឿងបែបនេះចំពោះខ្ញុំ គាត់ប្រាកដជានឹងធ្វើវាចំពោះអ្នករាល់គ្នាមិនខាន។ តើមានភាពគួរឱ្យខ្លាចអ្វីផ្សេងទៀតអំពីគាត់? (គាត់ជាមនុស្សដែលមានល្បិចកលជ្រៅ។ គាត់លាក់បាំងវាដោយភាពកក់ក្ដៅនៅសំបកក្រៅ ប៉ុន្តែនៅខាងក្នុង គាត់កំពុងគិតគូរល្បិចកល ដោយព្យាយាមទាញយកផលប្រយោជន៍ដ៏ធំបំផុតពីរឿងដែលថោកបំផុតតាមដែលគាត់អាចធ្វើបាន ហើយវាពិតជាគួរឱ្យខ្លាចណាស់)។ វាជារឿងល្អដែលមើលឃើញតាមរបៀបនោះ។ អ្វីដែលអ្នកបានលើកឡើងពីមុន គឺជាផ្នែកអាត្មានិយមរបស់គាត់ ចំណែកឯចំណុចនេះ សំដៅទៅលើការគិតគូរល្បិចកលរបស់គាត់។ គ្រាន់តែផ្អែកលើអ្វីដែលអ្នករាល់គ្នាបាននិយាយ តើរឿងទាំងនេះដែលមាននៅជ្រៅក្នុងខ្លួនមនុស្ស រឿងទាំងនេះដែលត្រូវបានបញ្ចេញឱ្យឃើញពីភាពជាមនុស្សរបស់ពួកគេ រឿងដែលពួកគេអាច ឬ មិនអាចប៉ះពាល់បាន ហើយដែលអ្នកដទៃអាច ឬ មិនអាចមើលឃើញ ឬបកស្រាយបាននោះ មានប្រភពមកពីណា? តើឪពុកម្ដាយរបស់គេជាអ្នកបង្រៀនរឿងទាំងនេះឬ? តើសាលាជាអ្នកបង្រៀនឬ? ឬមួយក៏សង្គមជាអ្នកបណ្ដុះវាឡើង? តើរឿងទាំងនេះកើតឡើងដោយរបៀបណា? មានរឿងមួយដែលប្រាកដច្បាស់៖ រឿងទាំងនេះគឺមានពីកំណើត។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើរឿងដែលមានពីកំណើត ពាក់ព័ន្ធនឹងអ្វី? វាពាក់ព័ន្ធនឹងសារជាតិធម្មជាតិរបស់មនុស្សម្នាក់។ ដូច្នេះ ការដែលគាត់គិតបែបនេះ តើវាជាការគិតទុកជាមុនដ៏យូរ ឬ ជាការនឹកឃើញភ្លាមៗ? តើគាត់ទទួលបានការជំរុញចិត្ត ពីអ្វីដែលគាត់បានឃើញនរណាម្នាក់ផ្សេងទៀតធ្វើ ឬតើគាត់ចាំបាច់ត្រូវធ្វើវាក្រោមស្ថានភាពជាក់លាក់ណាមួយ? ឬមួយក៏ខ្ញុំបានណែនាំគាត់ឱ្យធ្វើដូច្នេះ? មិនមែនទាំងអស់។ ទោះបីជារឿងតូចតាចទាំងនេះ អាចមើលទៅហាក់ដូចជាសាមញ្ញនៅសំបកក្រៅក៏ដោយ ប៉ុន្តែធម្មជាតិដែលស្ថិតនៅពីក្រោយរឿងនីមួយៗទាំងនេះ គឺមិនសាមញ្ញឡើយ។ តើបុគ្គលដែលបានធ្វើរឿងទាំងនេះ អាចដឹងពីផលវិបាកនៃការធ្វើរឿងទាំងនោះដែរឬទេ? គាត់មិនដឹងទេ។ ហេតុអ្វីបានជាមិនដឹង? ឧបមាថា អ្នកទិញរបស់ថោកមួយនៅតាមតូបលក់តាមផ្លូវ ដើម្បីជូនចៅហ្វាយរបស់អ្នក។ មុននឹងជូន តើអ្នកមិនត្រូវគិតគូរពីរឿងរ៉ាវ និងសួរខ្លួនឯងទេឬថា៖ «តើចៅហ្វាយអាចរកឃើញរបស់នេះនៅតាមតូបលក់តាមផ្លូវដែរឬទេ? តើគាត់អាចចូលមើលតាមអ៊ីនធឺណិត និងដឹងថាវាមានតម្លៃប៉ុន្មានដែរឬទេ? តើមាននរណាម្នាក់អាចប្រាប់គាត់ថាវាមានតម្លៃប៉ុន្មានដែរឬទេ? តើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំ បន្ទាប់ពីគាត់បានឃើញវា?» តើទាំងនេះមិនមែនជារឿងដែលអ្នកត្រូវគិតគូរទេឬ? អ្នកនឹងគិតគូរវាជាមុនសិន ហើយទិញវានៅពេលក្រោយ។ ប្រសិនបើបន្ទាប់ពីគិតគូររួច អ្នកមានអារម្មណ៍ថា ការជូនរបស់នេះជាអំណោយ នឹងមានផលវិបាកមិនល្អ តើអ្នកនៅតែជូនវាដែរឬទេ? អ្នកប្រាកដជាមិនជូនទេ។ ប្រសិនបើអ្នកគិតថា ការជូនរបស់នេះទៅចៅហ្វាយរបស់អ្នក នឹងមិនអស់ប្រាក់ច្រើន ហើយវានឹងធ្វើឱ្យចៅហ្វាយរបស់អ្នកសប្បាយចិត្ត នោះអ្នកប្រាកដជានឹងជូនវាមិនខាន។ ប៉ុន្តែបុរសនៅក្នុងសាច់រឿងនេះ មិនបានគិតគូរពីរឿងទាំងនេះទេ ចុះតើគាត់កំពុងគិតអ្វីទៅ? អ្វីដែលគាត់កំពុងគិត គឺថា នេះជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចចេតនារបស់គាត់។ ឥឡូវនេះ តាមរយៈការវិភាគវា ធម្មជាតិនៃបញ្ហានេះក៏លេចចេញមក។ តើគេអាចមើលឃើញអ្វីខ្លះ តាមរយៈធម្មជាតិនៃបញ្ហានេះ? លទ្ធផលទីពីរដែលត្រូវបានមើលឃើញនៅក្នុងមនុស្ស តាមរយៈការប្រាស្រ័យទាក់ទងជាមួយពួកគេ គឺថាដួងចិត្តរបស់ពួកគេគួរឱ្យខ្លាចណាស់។ តើគេអាចទាញសេចក្ដីសន្និដ្ឋានអំពីនិស្ស័យពុករលួយដែលមនុស្សបែបនេះបញ្ចេញឱ្យឃើញ មិនថាវាជាចេតនា ឬដោយអចេតនា បានដែរឬទេ? តើអ្វីដែលបណ្ដាលឱ្យដួងចិត្តមនុស្សគួរឱ្យខ្លាចយ៉ាងនេះ? តើមកពីវាស្ពឹកស្រពន់ពេកឬ? មនុស្សដែលស្ពឹកស្រពន់ គឺជាអ្នកដែលខ្វះការយល់ដឹង។ តើវាត្រឹមត្រូវដែរឬទេ ក្នុងការពិពណ៌នាថាពួកគេជាមនុស្សស្ពឹកស្រពន់នោះ? (មិនត្រឹមត្រូវទេ)។ ដូច្នេះ តើវាដោយសារតែភាពល្ងង់ខ្លៅឬ? (មិនមែនទេ)។ ចុះតើមូលហេតុនេះ ទីបំផុតគួរតែចាត់ទុកថាបណ្ដាលមកពីអ្វីទៅ? វាគឺបណ្ដាលមកពីនិស្ស័យទុច្ចរិតរបស់មនុស្ស។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថា ភាពគួរឱ្យខ្លាចរបស់មនុស្សស្ថិតនៅត្រង់ណា៖ វាស្ថិតនៅត្រង់ការពិតដែលថា ពួកអារក្សរស់នៅក្នុងដួងចិត្តរបស់ពួកគេ។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាចំពោះរឿងនោះ? ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកអារក្សរស់នៅក្នុងដួងចិត្តរបស់មនុស្ស? តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? តើអ្នករាល់គ្នាមិនគិតថា នេះគឺជាសេចក្តីថ្លែងដ៏គួរឱ្យខ្លាចទេឬ? តើអ្នករាល់គ្នាមិនភ័យខ្លាចទេឬ នៅពេលដែលអ្នករាល់គ្នាឮវា? ពីមុន អ្នករាល់គ្នាមិនបានគិតថា ពួកអារក្សបានរស់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាទេ អ្នករាល់គ្នាគ្រាន់តែបានគិតថា អ្នករាល់គ្នាមាននិស្ស័យពុករលួយ ប៉ុន្តែមិនដឹងថា ពួកអារក្សបានរស់នៅក្នុងអ្នករាល់គ្នាឡើយ។ ឥឡូវនេះ អ្នករាល់គ្នាដឹងហើយ។ តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬ? តើអ្នករាល់គ្នាគិតថា ខ្ញុំនិយាយត្រូវដែរឬទេ? (ទ្រង់មានបន្ទូលត្រូវហើយ)។ តើនេះមិនមែនជាការឈានដល់ឫសគល់នៃបញ្ហាទេឬ? (មែនហើយឈានដល់)។ ចូរត្រិះរិះអំពីមូលហេតុដែលខ្ញុំបាននិយាយថា ពួកអារក្សរស់នៅក្នុងដួងចិត្តរបស់មនុស្ស។ ចូរគិតអំពីវា៖ តើមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ នឹងបោកបញ្ឆោតព្រះជាម្ចាស់តាមរបៀបនេះដែរឬទេ? តើនេះជាការចុះចូលនឹងព្រះជាម្ចាស់ឬ? នេះគឺជាការទាស់ទទឹងនឹងព្រះជាម្ចាស់ទាំងដឹងច្បាស់ ហើយមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ទាល់តែសោះ។ ឥឡូវនេះ ដោយសារព្រះជាម្ចាស់បានយាងមកផែនដីដើម្បីសង្គ្រោះមនុស្សជាតិ តើទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ គឺជាអ្វីទៅ? តើវាជាទំនាក់ទំនងរវាងថ្នាក់លើ និងថ្នាក់ក្រោមឬ? ជាមិត្តភាពឬ? ជាសាច់ញាតិឬ? តើវាពិតជាទំនាក់ទំនងប្រភេទអ្វីទៅ? តើអ្នកចាត់ការ និងប្រព្រឹត្តចំពោះទំនាក់ទំនងនេះយ៉ាងដូចម្តេច? តើអ្នកគួរមានផ្នត់គំនិតបែបណា នៅពេលប្រាស្រ័យទាក់ទង និងចុះសម្រុងជាមួយព្រះជាម្ចាស់? តើអ្នកគួររក្សាអ្វីនៅក្នុងដួងចិត្តរបស់អ្នក ដើម្បីចុះសម្រុងជាមួយព្រះជាម្ចាស់? (ការកោតខ្លាច)។ ការកោតខ្លាច ហាក់ដូចជាមិនប្រាកដប្រជាសម្រាប់មនុស្សគ្រប់គ្នាទេ។ (ការភ័យខ្លាច)។ ការភ័យខ្លាច មិនអាចសម្រេចបានឡើយ។ ប្រសិនបើអ្នកចាត់ទុកខ្ញុំជាមនុស្សសាមញ្ញម្នាក់ គ្រាន់តែជាអ្នកស្គាល់គ្នា មិនសូវយល់ពីគ្នាទៅវិញទៅមកច្បាស់ និងមិនទាន់គ្រប់គ្រាន់ដើម្បីក្លាយជាមិត្តភក្ដិនឹងគ្នាផងនោះ ដូច្នេះ តើទំនាក់ទំនងរវាងពួកយើងអាចសុខដុម និងរាក់ទាក់នឹងគ្នាដោយរបៀបណា? មនុស្សដែលមានមនសិការ គួរតែដឹងពីរបៀបធ្វើរឿងបែបនេះឱ្យបានសមរម្យ។ (ចាំបាច់ត្រូវមានការគោរព)។ នេះគឺជារឿងតិចតួចបំផុតដែលអ្នកគួរតែមាន។ ឧបមាថា មនុស្សពីរនាក់ជួបគ្នា៖ ពួកគេមិនទាន់ស្និទ្ធស្នាលនឹងគ្នា ហើយមិនស្គាល់ឈ្មោះគ្នាទៅវិញទៅមកទេ។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគេ ឃើញថាម្នាក់ទៀតជាមនុស្សគ្មានល្បិច ហើយចង់បញ្ឆោតលេងគាត់ តើនេះមិនមែនជាការយាយីគេទេឬ? ប្រសិនបើគ្មានសូម្បីតែការគោរពតិចតួចបំផុត តើមានភាពជាមនុស្សនៅសេសសល់ដែរឬទេ? ដើម្បីឱ្យមនុស្សចុះសម្រុងនឹងគ្នា មិនថាជម្លោះ ឬ ការខ្វែងគំនិតគ្នាអាចកើតមានឡើងក៏ដោយ យ៉ាងហោចណាស់ ពួកគេត្រូវតែគោរពគ្នាទៅវិញទៅមក។ ការគោរព គឺជាសុភនិច្ឆ័យជាមូលដ្ឋាននៃការប្រព្រឹត្តខ្លួន ហើយមានការគោរពជាអប្បបរមារវាងមនុស្សទាំងអស់។ ដូច្នេះ តើការគោរពនេះមានដែរឬទេ នៅពេលដែលមនុស្សប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់? ប្រសិនបើអ្នកមិនអាចសូម្បីតែឈានដល់ចំណុចនេះទេ នោះនៅក្នុងគំនិតរបស់អ្នក តើទំនាក់ទំនងរវាងព្រះជាម្ចាស់ និងអ្នក ពិតជាយ៉ាងដូចម្ដេចទៅ? ដូច្នេះ គឺគ្មានទំនាក់ទំនងទាល់តែសោះ សូម្បីតែទំនាក់ទំនងជាអ្នកក្រៅក៏គ្មានដែរ។ ហេតុដូច្នេះហើយ បុគ្គលដែលជូនអំណោយនោះ អាចប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបនេះ៖ គាត់មិនត្រឹមតែមិនគោរពព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងចង់បោកបញ្ឆោតទ្រង់ទៀតផង។ នៅក្នុងដួងចិត្តរបស់គាត់ គាត់មិនមានអារម្មណ៍ថា ព្រះជាម្ចាស់គួរតែត្រូវបានគោរព ឬថាគួរតែមានការគិតគូរយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ចំពោះព្រះរាជសុខភាពរបស់ទ្រង់ និងចំពោះផលវិបាកនៃការដែលទ្រង់សោយអំណោយទាំងនោះឡើយ រឿងទាំងនេះមិនស្ថិតនៅក្នុងវិសាលភាពនៃការគិតគូររបស់គាត់ទេ។ សម្រាប់គាត់ ត្រឹមតែប្រើល្បិចដើម្បីបោកប្រាស់ព្រះជាម្ចាស់ឱ្យសព្វព្រះហឫទ័យនឹងគាត់ គឺគ្រប់គ្រាន់ទៅហើយ រឿងដែលល្អបំផុតសម្រាប់គាត់ គឺអាចបោកបញ្ឆោតព្រះជាម្ចាស់បាន។ នោះគឺជាដួងចិត្តរបស់គាត់។ តើវាមិនអាក្រក់ទេឬ ដែលមនុស្សមានដួងចិត្តបែបនេះ? វាគួរឱ្យខ្លាចណាស់!
មនុស្សខ្លះជឿលើព្រះជាម្ចាស់ ហើយនៅសំបកក្រៅ ពួកគេហាក់ដូចជាដើរតាមទ្រង់។ ប៉ុន្តែ ជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេ តើពួកគេធ្លាប់បានឆ្លុះបញ្ចាំងពីផ្លូវដែលពួកគេបានដើរ និងតម្លៃដែលពួកគេបានលះបង់ដែរឬទេ? តើពួកគេធ្លាប់បានពិនិត្យពិច័យ និងស្វែងរកមើលថាតើពួកគេបានបំពេញភារកិច្ចដែលព្រះជាម្ចាស់បាន ផ្ទុកផ្តាក់ដល់ពួកគេដែរឬទេ? តើអាកប្បកិរិយារបស់មនុស្សក្នុងការប្រព្រឹត្តចំពោះព្រះជាម្ចាស់ គឺយ៉ាងដូចម្ដេចទៅឱ្យប្រាកដ? បើវិនិច្ឆ័យ តាមរឿងរ៉ាវផ្សេងៗដែលមនុស្សបង្ហាញ និងបញ្ចេញឱ្យឃើញ សូម្បីតែការគិតគូរល្បិចកលដ៏ជ្រៅបំផុតរបស់ពួកគេ មិនបាច់និយាយដល់និស្ស័យទាំងអស់ដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងរឿងទាំងនេះដែលពួកគេធ្វើក្នុងការប្រព្រឹត្តចំពោះព្រះជាម្ចាស់ផងនោះ តើមនុស្សបានធ្វើអ្វីខ្លះសម្រាប់ព្រះជាម្ចាស់? ក្រៅពីការលះបង់ និងការគិតគូរយ៉ាងល្អិតល្អន់ពីរឿងដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង តើអាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់គឺយ៉ាងដូចម្ដេច ហើយតើពួកគេថ្វាយអ្វីដល់ទ្រង់? គឺគ្មានអ្វីក្រៅពីការគិតគូរល្បិចកល ការគិតគូរផលប្រយោជន៍ ការមានចិត្តប្រយ័ត្ន និងអាកប្បកិរិយាមើលងាយឡើយ។ ការមើលងាយគឺជាអាកប្បកិរិយាមួយ ចុះតើឥរិយាបថដែលកើតចេញពីអាកប្បកិរិយានេះ គឺជាអ្វីទៅ ប្រសិនបើត្រូវបានសម្តែងចេញជាកិរិយាសព្ទនោះ? «ការចំអក»។ តើអ្នករាល់គ្នាធ្លាប់បានឮពាក្យនេះពីមុនមកដែរឬទេ? (ពួកយើងធ្លាប់បានឮ)។ «ការចំអក» គឺជាពាក្យរាងផ្លូវការបន្តិច។ តើយើងនិយាយយ៉ាងដូចម្ដេចនៅក្នុងភាសានិយាយ? យើងនិយាយថា «ការចំអកលេង» «ការបញ្ឆោតលេងលើនរណាម្នាក់» «ការលេងសើចជាមួយនរណាម្នាក់»។ សម្រាប់ពួកគេ អ្នកមើលទៅស្ងៀមស្ងាត់មិនអួតអាង អ្នកមើលទៅដូចជាមនុស្សគ្មានល្បិច នៅក្នុងកែវភ្នែករបស់ពួកគេ អ្នកគ្មានតម្លៃអ្វីសោះ ហើយពួកគេហ៊ានចំអកឱ្យអ្នកយ៉ាងចំហ តើនេះជានិស្ស័យប្រភេទអ្វីទៅ? សម្រាប់នរណាម្នាក់ដែលមាននិស្ស័យបែបនេះ តើវាជាទេវតាឬដែលរស់នៅក្នុងដួងចិត្តរបស់ពួកគេ ឬមួយក៏ជាអារក្ស? (គឺអារក្ស)។ វាគឺជាអារក្ស។ ប្រសិនបើពួកគេអាចប្រព្រឹត្តចំពោះព្រះជាម្ចាស់បែបនេះ ដូច្នេះ តើតាមពិតពួកគេជាអ្វីទៅ? តើពួកគេអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? ជាឧទាហរណ៍ មាននរណាម្នាក់ដូចជាបុរសដែលបានជូនអំណោយមកខ្ញុំ គាត់មិនស្វែងរកសេចក្ដីពិតទេ ហើយគាត់ក៏មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ គាត់មិនដឹងសូម្បីតែបន្តិចសោះថា តើព្រះជាម្ចាស់តម្រូវអ្វីខ្លះពីមនុស្ស តើព្រះជាម្ចាស់ចង់ទតឃើញអ្វី ឬតើព្រះជាម្ចាស់ចង់ទទួលបានអ្វីពីមនុស្ស។ គាត់ប្រៀបដូចជានរណាម្នាក់ដែលកំពុងប្រាស្រ័យទាក់ទងជាមួយចៅហ្វាយរបស់គាត់ ដោយផ្ដោតលើរបៀបបញ្ជោរ និងបោកបញ្ឆោតចៅហ្វាយ ដោយប្រព្រឹត្តចំពោះចៅហ្វាយ តាមរបៀបណាក៏ដោយដែលអនុញ្ញាតឱ្យគាត់សម្រេចគោលដៅរបស់គាត់បាន តើតាមពិតមនុស្សបែបនេះរស់នៅដោយពឹងផ្អែកលើអ្វីទៅ? គាត់រស់នៅដោយការអែបអប ដោយរស់នៅក្នុងជីវិតដ៏គួរឱ្យស្អប់ខ្ពើមមួយ តាមរយៈការបញ្ជោរ ពួកអ្នកដឹកនាំរបស់គាត់។ ហេតុអ្វីបានជាគាត់ថ្វាយ «ការយកចិត្តទុកដាក់» និង «សេចក្ដីសប្បុរស» បែបនេះមកខ្ញុំ? គាត់មិនអាចធ្វើផ្សេងពីនេះបានទេ តើមែនទេ? តើគាត់អាចទាយដឹងទុកជាមុនថា ខ្ញុំនឹងមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះដែរឬទេ? (មិនអាចទេ)។ ត្រឹមត្រូវហើយ គាត់មិនយល់ទេ។ គាត់ខ្វះគំនិតជាមនុស្សធម្មតាទាំងស្រុង។ គាត់មិនបានដឹង ឬ ខ្វល់ខ្វាយថា តើខ្ញុំអាចនឹងយល់ឃើញ កំណត់ ឬវាយតម្លៃឥរិយាបថ និងនិស្ស័យរបស់គាត់យ៉ាងដូចម្ដេចឡើយ។ តើគាត់ខ្វល់ខ្វាយពីរឿងអ្វីទៅ? គាត់ខ្វល់ខ្វាយពីរបៀបបញ្ជោរខ្ញុំ ដើម្បីសម្រេចគោលដៅរបស់គាត់ ហើយបន្ទាប់មក បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អអំពីគាត់មកលើខ្ញុំ។ នោះគឺជាចេតនារបស់គាត់ នៅពេលធ្វើរឿងរ៉ាវនានា។ តើនេះជាភាពជាមនុស្សប្រភេទអ្វីទៅ? តើនេះជារឿងដែលមនុស្សមានមនសិការ និងវិចារណញ្ញាណពិតប្រាកដនឹងធ្វើឬ? អ្នករស់នៅបានច្រើនឆ្នាំមកហើយ ដូច្នេះ អ្នកគួរតែយល់ថា៖ ទីមួយ ខ្ញុំមិនត្រូវការការបញ្ជោររបស់អ្នកទេ។ ទីពីរ ខ្ញុំមិនត្រូវការឱ្យអ្នកថ្វាយអ្វីមកខ្ញុំឡើយ។ ទីបី និងសំខាន់បំផុត អ្នកគួរតែយល់ថា មិនថាអ្នកធ្វើអ្វីក៏ដោយ មិនថាចេតនា និងគោលដៅរបស់អ្នកគឺជាអ្វី ហើយធម្មជាតិនៃអ្វីដែលអ្នកធ្វើគឺជាអ្វីនោះទេ ខ្ញុំជាអ្នកកំណត់ និងទាញសេចក្ដីសន្និដ្ឋានលើរឿងទាំងអស់នេះ។ វាមិនមែនជារឿងដែលអ្នកធ្វើអ្វីមួយ ហើយបន្ទាប់មកវាក៏ចប់នោះទេ ផ្ទុយទៅវិញ ខ្ញុំត្រូវតែមើលឱ្យឃើញច្បាស់ថា តើចេតនា និងហេតុផលជំរុញចិត្តរបស់អ្នកគឺជាអ្វី។ ខ្ញុំមើលតែទៅលើនិស្ស័យរបស់អ្នកប៉ុណ្ណោះ។ មនុស្សខ្លះប្រហែលជានឹងនិយាយថា៖ «ព្រះអង្គពិតជាតឹងរ៉ឹងចំពោះមនុស្សណាស់!» តើខ្ញុំតឹងរ៉ឹងឬ? ខ្ញុំមិនគិតដូច្នេះទាល់តែសោះ។ គឺដោយសារតែខ្ញុំមិនតឹងរ៉ឹងទាល់តែសោះ ទើបមនុស្សខ្លះព្យាយាមកេងចំណេញពីស្ថានភាពនេះ។ តើវាមិនដូច្នេះទេឬ? ភ្លាមៗនៅពេលដែលមនុស្សខ្លះចូលមកប្រាស្រ័យទាក់ទងជាមួយខ្ញុំ ពួកគេត្រិះរិះថា៖ «ខ្ញុំមើលឃើញអ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ មិនចាំបាច់យកចិត្តទុកដាក់ខ្លាំងចំពោះអ្នកទេ។ អ្នកគឺស្ទើរតែដូចជាខ្ញុំអ៊ីចឹង៖ អ្នកក៏ហូបបាយបីពេលក្នុងមួយថ្ងៃដែរ ហើយខ្ញុំមិនឃើញថាអ្នកមានសិទ្ធិអំណាច ឬអំណាចអ្វីឡើយ។ អ្នកនឹងគ្មានអ្វីត្រូវនិយាយទេ មិនថាខ្ញុំប្រព្រឹត្តចំពោះអ្នកយ៉ាងណាក៏ដោយ។ តើអ្នកអាចធ្វើអ្វីខ្ញុំបាន?» តើនេះជាការគិតបែបណាទៅ? តើវាមានប្រភពមកពីណា? វាមានប្រភពមកពីនិស្ស័យរបស់មនុស្ស។ ហេតុអ្វីបានជាមនុស្សមាននិស្ស័យបែបនេះ? គឺដោយសារតែមានពួកអារក្សរស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ដោយមានពួកអារក្សរស់នៅក្នុងដួងចិត្តរបស់ពួកគេ មិនថាពួកគេគិតថាព្រះជាម្ចាស់អស្ចារ្យប៉ុនណា មិនថាពួកគេគិតថាឋានៈរបស់ព្រះជាម្ចាស់ខ្ពង់ខ្ពស់ប៉ុនណា មិនថាពួកគេជឿយ៉ាងណាចំពោះការដែលព្រះជាម្ចាស់សម្ដែងចេញនូវ សេចក្ដីពិតដើម្បីសង្គ្រោះមនុស្ស មិនថាពួកគេសម្តែងចេញនូវសេចក្ដីដឹងគុណរបស់ពួកគេតាមរយៈពាក្យសម្ដីខ្លាំងប៉ុនណា ហើយមិនថាពួកគេបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការរងទុក្ខ និងលះបង់ខ្លាំងប៉ុនណានោះទេ នៅពេលដល់ពេលដែលត្រូវបំពេញភារកិច្ចរបស់ពួកគេ ពួកអារក្សនឹងធ្វើជាអ្នកគ្រប់គ្រងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយគឺពួកអារក្សនេះហើយដែលចាប់ផ្ដើមធ្វើការ។ តាមទស្សនៈរបស់អ្នករាល់គ្នា តើមនុស្សប្រភេទណាដែលហ៊ានបោកបញ្ឆោត និងសូម្បីតែចំអកឱ្យព្រះជាម្ចាស់នោះ? (គឺអារក្ស)។ វាគឺជាអារក្ស រឿងនេះគឺប្រាកដច្បាស់ណាស់។
នៅក្នុងការប្រកបគ្នារបស់យើងពីមុន តើការសន្ទនាមួយណារវាងសាតាំង និងព្រះជាម្ចាស់ ដែលយើងអាចមើលឃើញពីនិស្ស័យរបស់សាតាំង? ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «សាតាំង តើឯងមកពីណា?» តើសាតាំងបានឆ្លើយតបយ៉ាងដូចម្ដេច? (ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី (យ៉ូប ១:៧)។) តើនេះជាការនិយាយស្ដីប្រភេទអ្វីទៅ? (ការនិយាយស្ដីបែបអារក្ស)។ វាគឺជាការនិយាយស្ដីបែបអារក្ស! ប្រសិនបើសាតាំងចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ វាច្បាស់ជានិយាយថា៖ «ព្រះជាម្ចាស់បានសួរខ្ញុំ ដូច្នេះ ខ្ញុំនឹងទូលប្រាប់ពីកន្លែងដែលខ្ញុំមក ដោយអាកប្បកិរិយាសុភាពរាបសា»។ តើនេះមិនមែនជាការនិយាយស្ដីប្រកបដោយហេតុផលទេឬ? (មែនហើយ)។ វាគឺជាប្រយោគដែលស្របទៅនឹងការគិតរបស់មនុស្សធម្មតា៖ ជាប្រយោគពេញលេញ ត្រឹមត្រូវតាមវេយ្យាករណ៍ និងអាចយល់បានភ្លាមៗ។ តើសាតាំងបាននិយាយបែបនោះឬ? (ទេ)។ តើវាបាននិយាយអ្វីខ្លះ? «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។» តើអ្នករាល់គ្នាយល់ប្រយោគនេះដែរឬទេ? (មិនយល់ទេ)។ សូម្បីតែរហូតមកដល់ពេលនេះ ក៏គ្មាននរណាម្នាក់យល់ពីអត្ថន័យរបស់វាដែរ។ ដូច្នេះ តើសាតាំងមកពីណា? តើវាទៅនិងមកនៅកន្លែងណា? តើវាមកពីណា ហើយវាកំពុងទៅផ្លូវណា? តើមានចម្លើយសន្និដ្ឋានច្បាស់លាស់ណាមួយចំពោះសំណួរទាំងនេះដែរឬទេ? រហូតមកដល់សព្វថ្ងៃនេះ អស់អ្នកដែលបកស្រាយព្រះគម្ពីរ មិនអាចរកឃើញថាតាមពិតសាតាំងមកពីណា ឬថាតើវាចំណាយពេលប៉ុន្មានដើម្បីមកដល់ចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងទូលទៅកាន់ទ្រង់ឡើយ រឿងទាំងនេះគឺគ្មាននរណាដឹងទេ។ ចុះហេតុអ្វីបានជាសាតាំងអាចឆ្លើយតបនឹងការសួររបស់ព្រះជាម្ចាស់ចំពោះវា ដោយទឹកដមសំឡេង និងភាសាបែបនេះទៅវិញ? តើព្រះជាម្ចាស់បានសួរវាដោយភាពម៉ឺងម៉ាត់ដែរឬទេ? (ទ្រង់បានសួរ)។ ចុះតើវាបានឆ្លើយតបក្នុងរបៀបប្រហាក់ប្រហែលគ្នាដែរឬទេ? (វាមិនបានឆ្លើយតបទេ)។ តើវាមានអាកប្បកិរិយាបែបណានៅក្នុងការឆ្លើយតបទៅកាន់ព្រះជាម្ចាស់? គឺជាអាកប្បកិរិយាចំអក។ វាប្រៀបដូចជានៅពេលអ្នកសួរនរណាម្នាក់ថា៖ «តើអ្នកមកពីណា?» ហើយគាត់ឆ្លើយតបថា៖ «ទាយមើល»។ «ខ្ញុំទាយមិនត្រូវទេ»។ គាត់ដឹងថាអ្នកមិនអាចទាយត្រូវទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែឱ្យអ្នកទាយដដែល។ គាត់គ្រាន់តែបញ្ឆោតលេងជាមួយអ្នកប៉ុណ្ណោះ។ គឺអាកប្បកិរិយានេះហើយ ដែលត្រូវបានគេហៅថា ការលេងសើចជាមួយនរណាម្នាក់ ឬការចំអកឱ្យពួកគេ។ គាត់មិនស្មោះត្រង់ទេ ហើយគាត់មិនចង់ឱ្យអ្នកដឹងឡើយ គាត់គ្រាន់តែចង់លេងល្បិចលើអ្នក និងបញ្ឆោតលេងជាមួយអ្នកប៉ុណ្ណោះ។ សាតាំងពិតជាមាននិស្ស័យបែបនេះមែន។ ខ្ញុំបាននិយាយថា មនុស្សខ្លះមានពួកអារក្សរស់នៅក្នុងដួងចិត្តរបស់ពួកគេ តើនេះមិនមែនជារបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ទេឬ? បើមើលតាមសំបកក្រៅរបស់ពួកគេ ដែលរត់ចុះរត់ឡើង ធ្វើរឿងរ៉ាវនានា ហើយជួនកាលស៊ូទ្រាំនឹងការលំបាកខ្លះៗ និងលះបង់បន្តិចបន្តួច ពួកគេហាក់ដូចជាមិនមែនជាមនុស្សបែបនេះទេ ពួកគេហាក់ដូចជាមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ប៉ុន្តែ តាមរយៈអាកប្បកិរិយារបស់ពួកគេ នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត អ្នកឃើញថា អ្វីដែលរស់នៅក្នុងដួងចិត្តរបស់ពួកគេ គឺជាអារក្ស ហើយរឿងគឺមានតែប៉ុណ្ណឹងឯង។ ពួកគេមិនអាចសូម្បីតែឆ្លើយសំណួររបស់ព្រះជាម្ចាស់ដោយផ្ទាល់បាន ពួកគេគឺជាប្រភេទមនុស្សដែលនិយាយក្រឡេចក្រឡុចដូចជាសត្វពស់ រហូតដល់អ្នកមិនអាចរកចម្លើយឃើញ និងមិនអាចយល់ពីអ្វីដែលពួកគេកំពុងនិយាយបានទាល់តែសោះ។ តើអ្នកទាំងនេះជាមនុស្សប្រភេទណាទៅ? តើពួកគេអាចស្មោះត្រង់ក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់បានដែរឬទេ? ដោយមានអាកប្បកិរិយាមើលងាយ និងការមើលងាយ ដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ តើមនុស្សបែបនេះអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតបានដែរឬទេ? (មិនបានទេ)។ ហេតុអ្វីបានជាមិនបាន? ពីព្រោះពួកអារក្សរស់នៅក្នុងដួងចិត្តរបស់ពួកគេ។ តើវាមិនដូច្នេះទេឬ? (មែនហើយ ពួកគេមិនចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ទាល់តែសោះ)។ នោះគឺជាសេចក្តីទុច្ចរិតរបស់មនុស្សទាំងនេះ។ សេចក្តីទុច្ចរិតរបស់ពួកគេ ស្ថិតនៅត្រង់ការគិតថា សេចក្ដីសុចរិត ការបន្ទាបខ្លួន ភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ ដែលពួកគេមើលឃើញ មិនមែនជាអ្វីដែលធ្វើឱ្យព្រះជាម្ចាស់គួរឱ្យស្រឡាញ់នោះទេ ប៉ុន្តែចុះតើវាជាអ្វីទៅវិញ? ពួកគេគិតថា ទាំងនេះគឺជាចំណុចខ្វះខាតរបស់ព្រះជាម្ចាស់ ថាទាំងនេះគឺជាផ្នែកដែលធ្វើឱ្យមនុស្សងាយនឹងបង្កើតជាសញ្ញាណ ថាទាំងនេះគឺជាភាពមិនល្អឥតខ្ចោះដ៏ធំបំផុតនៅក្នុងព្រះជាម្ចាស់ដែលពួកគេជឿ ថាទាំងនេះគឺជាភាពខ្វះខាត បញ្ហា និងកំហុស។ តើមនុស្សដូចជាអ្នកទាំងនេះ គួរត្រូវបានចាត់ទុកយ៉ាងដូចម្ដេច? នេះគឺជាមធ្យោបាយ និងអាកប្បកិរិយាដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ វាគឺជាការធ្វើឱ្យព្រះជាម្ចាស់អាប់កិត្តិយស ប៉ុន្តែចុះចំពោះខ្លួនពួកគេវិញ? តើពួកគេទទួលបានផលប្រយោជន៍អ្វីពីវាដែរឬទេ? វាក៏ជាការប្រមាថដល់ខ្លួនពួកគេផងដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ក្នុងនាមជាមនុស្សសាមញ្ញម្នាក់ ប្រសិនបើនរណាម្នាក់ចេះតែឱ្យអ្វីមួយមកអ្នកហូប ហើយអ្នកយកវាទៅហូបដូចជាមនុស្សល្ងីល្ងើ ដោយមិនខ្វល់ពីការពិតនៃបញ្ហានេះ និងដោយមិនទាំងសួរថាតើវាជារឿងអ្វីផងនោះ តើវាមិនបញ្ជាក់ថាមានអ្វីមួយខ្វះខាតពីភាពជាមនុស្សរបស់អ្នកទេឬ? តើមនុស្សដែលខ្វះខាតអ្វីមួយពីភាពជាមនុស្សរបស់ពួកគេ គឺជាមនុស្សធម្មតាដែរឬទេ? ទេ មិនមែនទេ។ ប្រសិនបើព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស មិនមានសូម្បីតែភាពជាមនុស្សធម្មតាបែបនេះ តើទ្រង់នៅតែស័ក្តិសមនឹងឱ្យនរណាម្នាក់ជឿដែរឬទេ? ទ្រង់នឹងមិនស័ក្តិសមឡើយ។ តើសញ្ញានៃភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាអ្វីទៅ? ភាពមានវិចារណញ្ញាណ ការគិត និងមនសិការរបស់ទ្រង់ គឺធម្មតាបំផុត។ តើទ្រង់មានសមត្ថភាពក្នុងការវិនិច្ឆ័យដែរឬទេ? (មាន)។ ប្រសិនបើខ្ញុំមិនមានរឿងនោះទេ ប្រសិនបើខ្ញុំគ្រាន់តែជាមនុស្សភ្លេចភ្លាំង ដែលគ្មានទាំងសុភនិច្ឆ័យ ឬការយល់ដឹងជ្រៅ មិនអាចគិតបាននៅពេលមានរឿងរ៉ាវកើតឡើងចំពោះខ្ញុំ តើខ្ញុំនៅតែអាចចាត់ទុកថាជាមនុស្សធម្មតាបានដែរឬទេ? នោះគឺជាភាពជាមនុស្សដែលមានចំណុចខ្វះខាត មិនមែនជាភាពជាមនុស្សធម្មតាឡើយ។ តើមនុស្សបែបនេះអាចហៅថាព្រះគ្រីស្ទបានដែរឬទេ? នៅពេលព្រះជាម្ចាស់យកកំណើតជាមនុស្ស តើទ្រង់នឹងជ្រើសរើសសាច់ឈាមបែបនេះដែរឬទេ? (ទេ)។ ប្រាកដជាមិនជ្រើសរើសទេ។ ប្រសិនបើខ្ញុំធ្វើបែបនោះដោយមិនខ្វល់ខ្វាយ តើព្រះជាម្ចាស់បែបនេះ ជាអង្គដែលត្រូវបានគេស្គាល់ថាជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ស័ក្តិសមនឹងដើរតាមដែរឬទេ? ទេ មិនស័ក្តិសមទេ ហើយអ្នករាល់គ្នានឹងដើរលើផ្លូវខុសហើយ។ នេះគឺជាទិដ្ឋភាពមួយ ពីទស្សនៈរបស់ខ្ញុំ។ ម្យ៉ាងវិញទៀត ពីទស្សនៈរបស់អ្នករាល់គ្នា ប្រសិនបើអ្នកចាត់ទុកទ្រង់ជាព្រះជាម្ចាស់ ជាគោលដៅនៃការដើរតាមរបស់អ្នក ហើយក្នុងនាមជាអ្នកដើរតាមទ្រង់ អ្នកប្រព្រឹត្តចំពោះទ្រង់បែបនេះ ដូច្នេះ តើអ្នកកំពុងដាក់ខ្លួនឯងនៅកន្លែងណា? តើវាមិនមែនជាការធ្វើឱ្យអ្នកអាប់កិត្តិយសទេឬ? (មែនហើយ)។ ប្រសិនបើព្រះជាម្ចាស់ដែលអ្នកជឿ មិនស័ក្តិសមនឹងទទួលបានការគោរពពីអ្នកទាល់តែសោះនៅក្នុងកែវភ្នែករបស់អ្នក ប៉ុន្តែអ្នកនៅតែជឿលើទ្រង់ ដូច្នេះ តើវាធ្វើឱ្យអ្នកក្លាយជាអ្វីទៅ? តើអ្នកជាមនុស្សវង្វេងវង្វាន់ឬ? តើអ្នកជាអ្នកដើរតាមដែលភាន់ច្រឡំឬ? តើអ្នកមិនកំពុងធ្វើឱ្យខ្លួនឯងអាប់កិត្តិយសទេឬ? (ពួកយើងកំពុងធ្វើឱ្យខ្លួនឯងអាប់កិត្តិយសហើយ)។ ប៉ុន្តែ ប្រសិនបើអ្នកគិតថា ទ្រង់មានទិដ្ឋភាពទាំងអស់នេះនៃភាពជាមនុស្សធម្មតា ថាទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយអ្នកនៅតែធ្វើបែបនោះដដែល តើអ្នកមិនកំពុងធ្វើឱ្យព្រះជាម្ចាស់អាប់កិត្តិយសទេឬ? ទស្សនៈទាំងពីរនេះ សុទ្ធតែត្រឹមត្រូវ។ អ្នកអាចមើលឃើញបញ្ហានេះ មិនថាអ្នកមើលវាពីទស្សនៈរបស់ព្រះជាម្ចាស់ ឬពីទស្សនៈរបស់មនុស្សឡើយ ហើយបញ្ហានៅទីនេះ គឺជាបញ្ហាធ្ងន់ធ្ងរ! តើវាមិនដូច្នេះទេឬ? (មែនហើយ ដូច្នេះ)។ ពីទស្សនៈរបស់មនុស្ស ប្រសិនបើអ្នកចាត់ទុកទ្រង់ជាព្រះជាម្ចាស់ ហើយបន្ទាប់មកប្រព្រឹត្តចំពោះទ្រង់បែបនេះ ដូច្នេះ អ្នកកំពុងធ្វើឱ្យព្រះជាម្ចាស់អាប់កិត្តិយសយ៉ាងចំហហើយ។ ប្រសិនបើអ្នកគិតថា ទ្រង់មិនមែនជាព្រះជាម្ចាស់ទេ តែជាមនុស្ស ប៉ុន្តែអ្នកនៅតែដើរតាមទ្រង់ ដូច្នេះ តើវាមិនមែនជាភាពផ្ទុយគ្នាទេឬ? តើអ្នកមិនកំពុងធ្វើឱ្យខ្លួនឯងអាប់កិត្តិយសទេឬ? ចូរត្រិះរិះពីទិដ្ឋភាពទាំងពីរនេះ តើខ្ញុំនិយាយត្រូវដែរឬទេ? តើវាមិនដូច្នេះទេឬ? ហេតុអ្វីបានជាមនុស្សមិនអាចគិតពីរឿងទាំងនេះបាន? ហេតុអ្វីបានជាពួកគេនៅតែធ្វើសកម្មភាពបែបនេះ? តើវាគ្រាន់តែដោយសារតែពួកគេមិនយល់ពីសេចក្ដីពិតឬ? កុំឱ្យយើងចូលទៅក្នុងរឿងនេះជ្រៅពេកអី គ្រាន់តែមើលវាពីទស្សនៈនៃគុណសម្បត្តិ ពួកគេគឺជាមនុស្សល្ងីល្ងើដែលគ្មានគំនិត។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេគ្មានគំនិត? តើគំនិតអ្វីដែលខ្ញុំកំពុងសំដៅដល់? វាគឺអំពីការគិត។ ការធ្វើអ្វីមួយដោយមិនគិត ដោយមិនដឹងពីរបៀបថ្លឹងថ្លែងពីផលចំណេញនិងផលប៉ះពាល់ ដោយមិនដឹងពីរបៀបគិតគូរពីធម្មជាតិនៃអ្វីដែលអ្នកកំពុងធ្វើ ឬថាតើអ្នកគួរធ្វើវាឬអត់ គឺជាការគ្មានគំនិត។ តើអ្វីទៅដែលគ្មានគំនិត? សត្វពាហនៈ និងសត្វតិរច្ឆាន គ្មានគំនិតទេ ប៉ុន្តែមនុស្សនឹងគិតគូរពីរឿងទាំងនេះ។ មនុស្សប្រហែលជាធ្វើរឿងល្ងង់ខ្លៅនៅក្នុងពេលដែលមានសន្ទុះចិត្ត ប៉ុន្តែប្រសិនបើពួកគេធ្វើរឿងល្ងង់ខ្លៅដដែលៗម្ដងហើយម្ដងទៀត នោះពួកគេអាចចាត់ទុកថាជាមនុស្សគ្មានគំនិតហើយ។ មនុស្សគ្មានគំនិត គឺជានរណាម្នាក់ដែលមានវិចារណញ្ញាណខ្សោយ ឬនិយាយតាមភាសាសាមញ្ញ គឺជានរណាម្នាក់ដែលឡប់សតិ។ ប៉ុន្តែភាពអាត្មានិយមរបស់ពួកគេគឺច្បាស់ក្រឡែត ហើយល្បិចកលដ៏ប៉ិនប្រសប់របស់ពួកគេ ក៏មិនខ្វះខាតទាល់តែសោះដែរ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា ពួកអារក្សរស់នៅក្នុងដួងចិត្តរបស់មនុស្ស។
តើអ្នករាល់គ្នាសុទ្ធតែគិតថា វាជាការពន្លើសរឿងតូចឱ្យក្លាយជារឿងធំដែរឬទេ ក្នុងការលើកឡើងពីបញ្ហានៃការជូនអំណោយមកប្រកបគ្នានោះ? ប្រសិនបើខ្ញុំមិនបានប្រកបគ្នាអំពីវា ហើយគ្រាន់តែលើកឡើងពីវាដោយចៃដន្យ តើវានឹងមានឥទ្ធិពលបែបនេះមកលើអ្នករាល់គ្នាដែរឬទេ បន្ទាប់ពីបានស្ដាប់វារួចនោះ? (មិនមានទេ)។ យ៉ាងច្រើនបំផុត បន្ទាប់ពីបានស្ដាប់រួច អ្នករាល់គ្នានឹងត្រិះរិះថា៖ «តើបុរសនេះអាចធ្វើរឿងបែបនេះបានដោយរបៀបណា? ខ្ញុំមិនធ្វើរឿងបែបនោះទេ ពិតជាមានមនុស្សគ្រប់ប្រភេទមែន!» យ៉ាងច្រើនបំផុត នោះគឺជាអ្វីដែលអ្នករាល់គ្នានឹងគិត។ អ្នកប្រហែលជានិយាយអំពីវាបន្តិចបន្តួច ហើយរឿងគឺមានតែប៉ុណ្ណឹងឯង ប៉ុន្តែតើអ្នកនឹងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវាដែរឬទេ? (ទេ)។ អ្នកនឹងមិនមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវាឡើយ។ ដូច្នេះ តើព្រះបន្ទូលរបស់ខ្ញុំនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់អ្នករាល់គ្នា? តើអ្នករាល់គ្នាទទួលបានសេចក្ដីពិតអ្វីខ្លះ? ជាបឋម ខ្ញុំត្រូវតែរំលឹកអ្នករាល់គ្នាថា៖ រវាងមនុស្ស និងព្រះជាម្ចាស់ តើទំនាក់ទំនងប្រភេទណាដែលល្អបំផុតដើម្បីបង្កើតឡើង? នៅពេលនរណាម្នាក់ចូលទៅជិតព្រះជាម្ចាស់ តើពួកគេគួរចុះសម្រុងជាមួយព្រះជាម្ចាស់ដោយរបៀបណា នៅពេលពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយទ្រង់? តើវាមិនចាំបាច់ក្នុងការស្វែងរកគោលការណ៍សម្រាប់រឿងនេះទេឬ? (ចាំបាច់)។ លើសពីនេះទៅទៀត ដោយបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តើមានហេតុការណ៍អ្វីខ្លះដែលបានកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សដែលមានធម្មជាតិដូចគ្នាទៅនឹងអ្វីដែលបុរសនៅក្នុងសាច់រឿងបានធ្វើនោះ? តើសំណួរទាំងនេះមិនស័ក្តិសមនឹងការត្រិះរិះពិចារណាទេឬ? តើមាននរណាម្នាក់អាចរៀនសូត្រពីមេរៀននេះ ហើយនិយាយថា៖ «ព្រះជាម្ចាស់មិនអត់ឱនឱ្យសូម្បីតែកំហុសបន្តិចបន្តួច ដូច្នេះ នេះគឺជារឿងធ្ងន់ធ្ងរណាស់។ យកល្អយើងកុំចូលទៅជិតទ្រង់ មានទំនាក់ទំនងជិតស្និទ្ធជាមួយទ្រង់ ឬប្រាស្រ័យទាក់ទងជាមួយទ្រង់អី ព្រះអង្គមិនមែនជាអ្នកដែលយើងអាចលេងសើចជាមួយបានទេ! ប្រសិនបើអ្នកធ្វើខុស ទ្រង់នឹងពន្លើសរឿងតូចឱ្យក្លាយជារឿងធំ ហើយអ្នកនឹងធ្លាក់ចូលទៅក្នុងបញ្ហាដ៏ធ្ងន់ធ្ងរមិនខាន។ ខ្ញុំប្រាកដជាមិនថ្វាយអ្វីដល់ទ្រង់ឡើយ!» ដែរឬទេ? តើវាអាចទទួលយកបានទេ ក្នុងការគិតបែបនេះ? (មិនអាចទេ)។ តាមពិត អ្នករាល់គ្នាមិនចាំបាច់បារម្ភទេ៖ យើងមិនសូវមានឱកាសច្រើនសម្រាប់ការទំនាក់ទំនងជិតស្និទ្ធឡើយ ហើយយើងរឹតតែមានពេលតិចតួចក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដូច្នេះ នេះមិនមែនជារឿងដែលអ្នករាល់គ្នាត្រូវបារម្ភនោះទេ។ ប្រសិនបើថ្ងៃណាមួយ ខ្ញុំប្រាស្រ័យទាក់ទងជាមួយអ្នករាល់គ្នាមែន សូមកុំបារម្ភអី ខ្ញុំនឹងប្រាប់អ្នកនូវអាថ៌កំបាំងមួយ។ មិនថាអ្នកចុះសម្រុងជាមួយខ្ញុំ ឬអធិដ្ឋាន និងស្វែងរកជាឯកជននោះទេ តើអាថ៌កំបាំងទីមួយគឺជាអ្វីទៅ? ទោះបីជាអ្នកធ្វើអ្វីក៏ដោយ កុំលេងល្បិចប្រាជ្ញាជាមួយខ្ញុំឱ្យសោះ ប្រសិនបើអ្នកមានចរិតចូលចិត្តតទល់ សូមនៅឱ្យឆ្ងាយពីខ្ញុំ។ មានមនុស្សខ្លះដែលនិយាយដោយល្បិចកលយ៉ាងខ្លាំង ដោយគិតគូរល្បិចកលជាច្រើនក្នុងមួយប៉ព្រិចភ្នែក ហើយរាល់ប្រយោគដែលពួកគេនិយាយ សុទ្ធតែលាយឡំដោយភាពមិនបរិសុទ្ធ ប្រសិនបើពួកគេនិយាយកាន់តែច្រើន អ្នកនឹងមិនដឹងថាពាក្យមួយណាពិត និងពាក្យមួយណាក្លែងក្លាយនោះទេ។ មនុស្សបែបនេះ មិនត្រូវមកក្បែរខ្ញុំឡើយ។ នៅពេលអ្នកចូលមកទាក់ទងជាមួយព្រះជាម្ចាស់ និងប្រាស្រ័យទាក់ទងជាមួយទ្រង់ តើរឿងសំខាន់ទីមួយដែលអ្នកគួរធ្វើ និងគោលការណ៍សំខាន់ទីមួយដែលអ្នកគួរគោរពតាម គឺជាអ្វីទៅ? ត្រូវមានដួងចិត្តស្មោះត្រង់ នៅក្នុងការប្រព្រឹត្តរបស់អ្នកចំពោះព្រះជាម្ចាស់។ ម្យ៉ាងទៀត ត្រូវរៀនពីការគោរពប្រតិបត្តិ។ ការគោរពប្រតិបត្តិ មិនមែនជាភាពគួរសមទេ វាមិនមែនជាការបញ្ជោរ ឬការផ្គាប់ផ្គុនឡើយ ហើយវាក៏មិនមែនជាការយកមុខយកមាត់ ឬការអែបអបដែរ។ ដូច្នេះ តើវាជាអ្វីទៅឱ្យប្រាកដ? (គឺការចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់)។ ការចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ គឺជាគោលការណ៍ដ៏សំខាន់មួយ។ ចុះចំណែកឯចំណុចលម្អិតវិញ? (រៀនស្ដាប់ព្រះជាម្ចាស់)។ នោះគឺជាទិដ្ឋភាពមួយនៃការអនុវត្ត។ មនុស្សខ្លះចូលមកទាក់ទងជាមួយខ្ញុំ ហើយពួកគេចាប់ផ្ដើមនិយាយកាត់ខ្ញុំ ដូច្នេះ ខ្ញុំបណ្ដោយឱ្យពួកគេនិយាយឱ្យចប់សិន មុននឹងខ្ញុំបន្ត។ ចុះតើពួកគេប្រព្រឹត្តចំពោះខ្ញុំយ៉ាងដូចម្ដេច នៅពេលខ្ញុំកំពុងនិយាយ? ពួកគេស្ដាប់ទាំងបិទភ្នែក។ តើនេះសបញ្ជាក់យ៉ាងដូចម្ដេច? វាហាក់ដូចជានិយាយថា៖ «អ្វីដែលអ្នកកំពុងនិយាយ គឺជារឿងមិនសមហេតុផលទេ។ តើអ្នកដឹងអ្វីខ្លះទៅ?» នោះគឺជាអាកប្បកិរិយារបស់ពួកគេ។ ខ្ញុំប្រហែលជាមិនដឹងគ្រប់យ៉ាងទេ ប៉ុន្តែខ្ញុំមានគោលការណ៍ ហើយខ្ញុំប្រាប់អ្នកពីអ្វីដែលខ្ញុំបានរៀនសូត្រ បានឃើញ និងអាចយល់បាន ក៏ដូចជាគោលការណ៍ដែលខ្ញុំដឹង ហើយអ្នកអាចទទួលបានប្រយោជន៍យ៉ាងច្រើនពីវា។ ប៉ុន្តែ ប្រសិនបើអ្នកតែងតែក្រឡេកមើលមកខ្ញុំ ដោយគិតថាខ្ញុំមិនដឹងអ្វីសោះ ហើយអ្នកមិនស្ដាប់ខ្ញុំដោយយកចិត្តទុកដាក់ទេ នោះអ្នកនឹងមិនទទួលបានអ្វីឡើយ ពោលគឺ អ្នកនឹងត្រូវស្វែងយល់ពីរឿងរ៉ាវដោយខ្លួនឯងប៉ុណ្ណោះ។ តើវាមិនដូច្នេះទេឬ? ដូច្នេះ អ្នករាល់គ្នាត្រូវតែរៀនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នករាល់គ្នាស្ដាប់ តើខ្ញុំមានរឹតត្បិតអ្នករាល់គ្នាក្នុងការសម្តែងចេញនូវទស្សនៈរបស់អ្នករាល់គ្នាដែរឬទេ? ខ្ញុំមិនរឹតត្បិតទេ។ ពេលដែលខ្ញុំនិយាយចប់ ខ្ញុំសួរអ្នករាល់គ្នាថាតើអ្នករាល់គ្នាមានសំណួរអ្វីដែរឬទេ ហើយប្រសិនបើមាននរណាម្នាក់មានសំណួរ នោះខ្ញុំនឹងឆ្លើយតបភ្លាមៗ ហើយប្រាប់អ្នករាល់គ្នាពីគោលការណ៍ដែលពាក់ព័ន្ធនឹងសំណួរទាំងនោះ។ ជួនកាល ខ្ញុំមិនត្រឹមតែប្រាប់អ្នករាល់គ្នាពីគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាដោយផ្ទាល់ពីអ្វីដែលអ្នករាល់គ្នាគួរធ្វើ ដោយរៀបរាប់លម្អិតពីទិដ្ឋភាពនីមួយៗ។ ទោះបីជាមានវិស័យខ្លះដែលខ្ញុំមិនយល់ក៏ដោយ ក៏ខ្ញុំមានគោលការណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែរ ហើយខ្ញុំមានទស្សនៈ និងវិធីផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការចាត់ការលើបញ្ហាបែបនេះ ដូច្នេះ ខ្ញុំកំពុងបង្រៀនអ្នករាល់គ្នាដោយផ្អែកលើអ្វីដែលខ្ញុំគិតថាជាទស្សនៈ និងគោលការណ៍ដ៏ត្រឹមត្រូវ។ ហេតុអ្វីបានជាខ្ញុំអាចបង្រៀនអ្នករាល់គ្នាបាន? គឺដោយសារតែអ្នករាល់គ្នាមិនទាំងយល់ពីរឿងទាំងនេះផង។ ពេលដែលសំណួរទាំងនេះត្រូវបានឆ្លើយរួចរាល់ ខ្ញុំនឹងសួរម្ដងទៀតថាតើមានសំណួរអ្វីបន្ថែមទៀតដែរឬទេ ប្រសិនបើមាន នោះខ្ញុំនឹងឆ្លើយតបសំណួរទាំងនោះម្ដងទៀតដោយមិនបង្អង់យូរឡើយ។ ខ្ញុំមិនត្រឹមតែចង់ឱ្យអ្នកស្ដាប់ខ្ញុំប៉ុណ្ណោះទេ ខ្ញុំផ្ដល់ឱកាសឱ្យអ្នកនិយាយ ប៉ុន្តែអ្វីដែលអ្នកនិយាយត្រូវតែសមហេតុផល មិនមែនជារឿងមិនសមហេតុផល និងមិនមែនជាការខ្ជះខ្ជាយពេលវេលាឡើយ។ ជួនកាល ខ្ញុំកាត់សម្ដីមនុស្សខ្លះដោយសារតែអស់ការអត់ធ្មត់។ តើស្ថិតក្នុងកាលៈទេសៈបែបណាទៅ? គឺនៅពេលពួកគេនិយាយវែងអន្លាយ ដោយប្រើដប់ប្រយោគសម្រាប់រឿងដែលអាចនិយាយត្រឹមតែប្រាំប្រយោគ។ តាមពិត ខ្ញុំយល់ភ្លាមៗនៅពេលខ្ញុំឮពួកគេ ខ្ញុំដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ ដូច្នេះ ពួកគេមិនចាំបាច់និយាយអ្វីបន្ថែមទៀតទេ។ ត្រូវនិយាយឱ្យខ្លី និងចំចំណុច កុំខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃ។ ពេលដែលអ្នកនិយាយចប់ ខ្ញុំនឹងផ្ដល់ចម្លើយដល់អ្នក ហើយប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ និងគោលការណ៍ដែលត្រូវអនុវត្តស្របទៅតាម។ នោះគួរតែជាទីបញ្ចប់នៃបញ្ហានេះហើយ តើមែនទេ? ប៉ុន្តែមនុស្សខ្លះមិនយល់ពីកាលៈទេសៈទេ ហើយនិយាយថា៖ «ទេ ព្រះអង្គត្រូវតែគោរពខ្ញុំ ការគោរពរបស់យើងគឺទៅវិញទៅមក។ អ្នកនិយាយចប់ហើយ ប៉ុន្តែខ្ញុំមិនទាន់បានសម្តែងចេញនូវ ទស្សនៈរបស់ខ្ញុំចប់នៅឡើយទេ។ ទស្សនៈរបស់ខ្ញុំគឺបែបនេះ ខ្ញុំត្រូវតែចាប់ផ្ដើមពីដើមម្ដងទៀត»។ ពួកគេតែងតែចង់សម្តែងចេញនូវទស្សនៈរបស់ពួកគេ ដោយជឿថាខ្ញុំមិនដឹងពីទស្សនៈទាំងនោះ ខណៈដែលតាមពិត ភ្លាមៗនៅពេលពួកគេចាប់ផ្ដើមនិយាយ ខ្ញុំដឹងថាទស្សនៈរបស់ពួកគេគឺជាអ្វីទៅហើយ ដូច្នេះ តើពួកគេចាំបាច់ត្រូវបន្តនិយាយទៀតទេ? គឺមិនចាំបាច់ទេ។ មនុស្សខ្លះមានកម្រិតបញ្ញាទាបខ្លាំងណាស់ រហូតដល់ពួកគេត្រូវការដប់ប្រយោគសម្រាប់រឿងដែលត្រូវការត្រឹមតែពីរប្រយោគប៉ុណ្ណោះ ហើយប្រសិនបើខ្ញុំមិនកាត់សម្ដីពួកគេទេ ពួកគេនឹងបន្តនិយាយមិនខាន។ អ្នកផ្សេងទៀតបានយល់អស់ទៅហើយ តើខ្ញុំនៅតែមិនយល់ទៀតឬ? ប៉ុន្តែទោះជាយ៉ាងនេះក្តី ពួកគេនៅតែចង់សម្តែងចេញពីខ្លួនឯង ដូច្នេះ វាមិនត្រឹមតែមកពីកម្រិតបញ្ញារបស់ពួកគេទាបប៉ុណ្ណោះទេ វិចារណញ្ញាណរបស់ពួកគេក៏ទន់ខ្សោយដែរ! តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សបែបនេះដែរឬទេ? (ធ្លាប់)។ ពួកគេគិតថាពួកគេឆ្លាត ទោះបីជាពួកគេមានវិចារណញ្ញាណខ្សោយ និងកម្រិតបញ្ញាទាបក៏ដោយ។ តើវាមិនគួរឱ្យជិនឆ្អន់ទេឬ? វាគួរឱ្យខ្ពើមរអើម និងគួរឱ្យជិនឆ្អន់ណាស់។ នៅពេលមនុស្សចូលមកទាក់ទងជាមួយព្រះជាម្ចាស់ រឿងទីមួយគឺត្រូវប្រព្រឹត្តចំពោះទ្រង់ដោយដួងចិត្តស្មោះត្រង់ រឿងទីពីរគឺមនុស្សត្រូវតែរៀនពីការគោរពប្រតិបត្តិ ហើយរឿងទីបី និងសំខាន់បំផុត គឺត្រូវរៀនស្វែងរកសេចក្ដីពិត។ តើនេះមិនមែនជារឿងដែលសំខាន់បំផុតទេឬ? (មែនហើយ)។ តើមានប្រយោជន៍អ្វីក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិតនោះ? តើមានតម្លៃអ្វីក្នុងការជឿលើទ្រង់? តើវាមានអត្ថន័យនៅត្រង់ណា? ចំណុចនេះ គឺជារឿងដែលមនុស្សភាគច្រើនប្រហែលជានៅខ្វះខាត ដូច្នេះ ហេតុអ្វីបានជាត្រូវលើកវាឡើងមកនិយាយ? វាគឺជាការរៀបចំសម្រាប់ពេលអនាគត អ្នករាល់គ្នាត្រូវរៀនអនុវត្តតាមរបៀបនេះ នៅពេលរឿងរ៉ាវបែបនេះកើតឡើងចំពោះអ្នករាល់គ្នានៅពេលអនាគត។
នៅឯពួកជំនុំ ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ដែលក្នុងចំណោមនោះ ខ្ញុំបានប្រគល់ភារកិច្ចមួយចំនួនឱ្យពួកគេធ្វើ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានផ្ដល់ព័ត៌មានត្រឡប់មកខ្ញុំវិញ ដោយបង្ហាញខ្ញុំថា ពួកគេបានកត់ត្រារាល់អ្វីៗដែលខ្ញុំបានចាត់តាំង ហើយថាពេលនេះ ពួកគេកំពុងស្ថិតក្នុងដំណើរការនៃការអនុវត្តកិច្ចការនីមួយៗ។ នៅពេលពួកគេជួបខ្ញុំ ពួកគេបានរាយការណ៍ប្រាប់ខ្ញុំអំពីវឌ្ឍនភាពនៃការអនុវត្ត អំពីបញ្ហាអ្វីខ្លះដែលទាមទារការស្វែងរក និងបញ្ហាណាខ្លះដែលនៅរង់ចាំលទ្ធផលនៅឡើយ ដោយផ្ដល់ឱ្យខ្ញុំនូវបច្ចុប្បន្នភាពយ៉ាងពេញលេញ។ ពួកគេបានពន្យល់ពីព័ត៌មានលម្អិតយ៉ាងច្បាស់លាស់ ហើយទោះបីជាជួនកាលរឿងទាំងនោះជារឿងតូចតាចបន្តិចក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេបានបង្ហាញថា ពួកគេមានភាពម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាពួកគេដឹងពីអ្វីដែលជាទំនួលខុសត្រូវ ភារកិច្ច និងកាតព្វកិច្ចរបស់ពួកគេ។ មនុស្សខ្លះគឺខុសពីនេះ៖ ខ្ញុំបានប្រគល់កិច្ចការពីរឱ្យពួកគេ ហើយពួកគេបានកត់ត្រាទុកនៅក្នុងសៀវភៅសរសេររបស់ពួកគេ ប៉ុន្តែមួយសប្ដាហ៍ក្រោយមក នៅពេលពួកគេនៅតែមិនទាន់បានអនុវត្តអ្វីសោះ ពួកគេទើបតែនឹកឃើញពេលដែលខ្ញុំសួរនាំពួកគេអំពីវាប៉ុណ្ណោះ ហើយបន្ទាប់មក ពួកគេក៏កត់ត្រាវាទាំងអស់ចូលទៅក្នុងសៀវភៅសរសេររបស់ពួកគេម្ដងទៀត។ មួយសប្ដាហ៍ក្រោយមកទៀត នៅពេលខ្ញុំបានសួរពួកគេថា ហេតុអ្វីបានជាបញ្ហានេះនៅតែមិនទាន់បានបញ្ចប់ ពួកគេបានរកលេស ដោយលើកឡើងពីការលំបាកនេះ និងការលំបាកនោះ មុននឹងខិតខំកត់ត្រាអ្វីៗគ្រប់យ៉ាងចូលទៅក្នុងសៀវភៅសរសេររបស់ពួកគេម្ដងទៀត។ តើពួកគេបានខិតខំកត់ត្រាអ្វីៗគ្រប់យ៉ាងទុកនៅឯណា? (នៅក្នុងសៀវភៅសរសេររបស់ពួកគេ)។ ប៉ុន្តែពួកគេមិនបានខិតខំកត់ត្រាអ្វីទុកនៅក្នុងគំនិតរបស់ពួកគេឡើយ។ តើនេះមិនមែនជាការផ្ទុកផ្តាក់អ្វីមួយដល់មនុស្សខុសទេឬ? មនុស្សទាំងនេះមិនមែនជាមនុស្សទេ។ អ្វីក៏ដោយដែលខ្ញុំបានផ្ទុកផ្តាក់ដល់ពួកគេ គឺចូលត្រចៀកឆ្វេង ចេញត្រចៀកស្ដាំ គឺពួកគេមិនបានយកចិត្តទុកដាក់ទាល់តែសោះ។ រាល់កិច្ចការដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈជាក់លាក់ណាមួយ ឬកិច្ចការទូទៅ រួមជាមួយនឹងបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ដែលខ្ញុំបានចាត់តាំងដល់មនុស្ស គឺស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលពួកគេអាចសម្រេចបាន គ្មានកិច្ចការណាមួយដែលមានបំណងធ្វើឱ្យមានការលំបាកសម្រាប់ពួកគេឡើយ។ ទោះជាយ៉ាងនេះក្តី ជារឿយៗ នៅពេលខ្ញុំផ្ទុកផ្តាក់ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការឱ្យធ្វើរឿងរ៉ាវនានា ភាគច្រើននៃពួកគេមិនបានរាយការណ៍ប្រាប់ខ្ញុំទេ បន្ទាប់ពីទទួលយកការផ្ទុកផ្តាក់នោះ ហើយខ្ញុំក៏មិនបានឮព័ត៌មានត្រឡប់មកវិញអំពីស្ថានភាពនៃកិច្ចការនោះដែរ។ មិនថាវាត្រូវបានរៀបចំចាត់ចែងយ៉ាងណា ធ្វើដោយរបៀបណា មានកំហុសអ្វីខ្លះបានកើតឡើង លទ្ធផលបច្ចុប្បន្នយ៉ាងណានោះទេ ពួកគេមិនដែលបានរាយការណ៍ត្រឡប់មកវិញអំពីបញ្ហាណាមួយទាំងនេះ ឬចូលរួមក្នុងការស្វែងរកឡើយ។ ពួកគេគ្រាន់តែទុក ការផ្ទុកផ្តាក់របស់ពួកគេមួយឡែក ហើយខ្ញុំមិនសូម្បីតែបានឮអំពីលទ្ធផលណាមួយផង។ មនុស្សខ្លះមានបញ្ហាកាន់តែធ្ងន់ធ្ងរទៅទៀត ត្រង់ថា ក្រៅពីខកខានក្នុងការអនុវត្តអ្វីដែលខ្ញុំបានចាត់តាំងឱ្យពួកគេ ពួកគេថែមទាំងមកបញ្ជោរ និងបោកបញ្ឆោតខ្ញុំ ដោយប្រាប់ខ្ញុំពីកន្លែងដែលពួកគេបានទៅ និងអ្វីដែលពួកគេបានធ្វើកាលពីម្សិលមិញ អ្វីដែលពួកគេបានធ្វើកាលពីម្សិលម្ង៉ៃ និងអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ។ ចូរមើលថាតើពួកគេពូកែធ្វើពុត និងប្រើវោហារសាស្ត្របោកប្រាស់កម្រិតណា ពួកគេមិនបានធ្វើរឿងណាមួយដែលខ្ញុំបានចាត់តាំងឱ្យពួកគេជាពិសេសនោះទេ ផ្ទុយទៅវិញ ពួកគេរវល់តែនឹងកិច្ចការដែលគ្មានប្រយោជន៍ ខណៈដែលការងារសំខាន់ៗកំពុងស្ថិតក្នុងភាពច្របូកច្របល់ទាំងស្រុង។ តើនេះជាអាកប្បកិរិយាប្រភេទអ្វីទៅ? ពួកគេបានព្រងើយកន្តើយទាំងស្រុងចំពោះកិច្ចការចម្បងរបស់ពួកគេ ហើយពួកគេពោរពេញទៅដោយការកុហក និងការបោកបញ្ឆោត!
មានបុរសម្នាក់ទទួលបន្ទុកខាងដាំដុះ។ ខ្ញុំបានសួរគាត់ថា៖ «ឆ្នាំនេះមានបន្លែពណ៌បៃតងខ្លះមើលទៅល្អណាស់។ តើអ្នកបានទុកគ្រាប់ពូជខ្លះដែរឬទេ?» គាត់បានឆ្លើយតបថា៖ «ខ្ញុំបានទុក»។ ខ្ញុំបាននិយាយថា៖ «ខ្ញុំឮថា ពួកគេបានប្រមូលផលបន្លែពណ៌បៃតងទាំងអស់តាំងពីយូរមកហើយ ហើយមិនបានទុកគ្រាប់ពូជអ្វីឡើយ»។ គាត់បាននិយាយថា៖ «ពួកគេមិនទាន់ប្រមូលផលចប់ទេ។ នៅសល់ខ្លះទៀត!» បន្ទាប់មក ខ្ញុំក៏បានសួរថា៖ «តើបន្លែពណ៌បៃតងដែលនៅសល់នោះនៅឯណា? ឱ្យខ្ញុំមើលបន្តិចមកមើល៍»។ គាត់បាននិយាយថា៖ «អូ? អឺ... ចាំខ្ញុំទៅមើលសិន»។ តើគាត់ពិតជាបានទុកគ្រាប់ពូជខ្លះមែនឬអត់? គាត់មិនបានទុកទេ។ ក្នុងចំណោមពាក្យពីរបីម៉ាត់ដែលគាត់បាននិយាយនេះ តើសម្ដីទីមួយរបស់គាត់ដែលថា «ខ្ញុំបានទុក» គឺជាការកុហកឬ? (មែនហើយ)។ ហើយសម្ដីទីពីររបស់គាត់ដែលថា «ពួកគេមិនទាន់ប្រមូលផលចប់ទេ។ នៅសល់ខ្លះទៀត!» តើវាមិនមែនជាការកុហកទេឬ? គាត់មិនដឹងថាតើពួកគេបានទុកគ្រាប់ពូជខ្លះឬអត់ទេ ហើយបាននិយាយថា៖ «ចាំខ្ញុំទៅមើលសិន»។ ដូច្នេះ សម្ដីទីបី គឺជាការកុហកមួយទៀត។ ការកុហកកាន់តែធ្ងន់ធ្ងរឡើងពីសម្ដីមួយទៅសម្ដីមួយ គាត់កំពុងតែកុហកត្រួតលើការកុហក ដោយកាន់តែជ្រៅទៅៗ គឺពេញមាត់សុទ្ធតែការកុហក! តើអ្នករាល់គ្នាសុខចិត្តប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ដែលពេញមាត់សុទ្ធតែការកុហកដែរឬទេ? (ទេ)។ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលនិយាយ និងធ្វើការជាមួយមនុស្សដែលពោរពេញទៅដោយការកុហក? តើអ្នកខឹងដែរឬទេ? គាត់ថ្លើមធំណាស់ក្នុងការបោកបញ្ឆោតនរណាក៏ដោយ គាត់គិតខុសហើយ ប្រសិនបើគាត់គិតថាខ្ញុំមិនដឹងនោះ! តើបញ្ហានេះស័ក្តិសមនឹងការបោកបញ្ឆោតដែរឬទេ? តើគាត់ទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការបោកបញ្ឆោតយ៉ាងដូច្នេះ? ប្រសិនបើអ្នកបានឃើញអាកប្បកិរិយានេះនៅក្នុងរបៀបដែលគាត់ធ្វើសកម្មភាព ប្រសិនបើគាត់បានប្រព្រឹត្តចំពោះអ្នកបែបនេះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ប្រសិនបើស្ទើរតែ ៩៩ ភាគរយនៃអ្វីដែលមនុស្សម្នាក់និយាយ គឺជាការកុហក មិនថាពួកគេកំពុងនិយាយដើមគេ ឬនិយាយអំពីកិច្ចការ ឬបញ្ហាសំខាន់ៗ ឬការប្រកបគ្នាអំពីសេចក្ដីពិតនោះទេ ដូច្នេះ មនុស្សនេះគឺអស់សង្ឃឹមហើយ។ គាត់អាចបោកបញ្ឆោតនរណាក៏ដោយ តើវាធ្វើឱ្យគាត់ក្លាយជាអ្វីទៅ? តើគាត់ជឿលើព្រះជាម្ចាស់បានរយៈពេលប៉ុន្មានហើយ? អ្នកគ្មានជំនឿខ្លះ តែងតែនិយាយថា «តាមដែលខ្ញុំដឹង» ឬ «និយាយចេញពីចិត្ត» ហើយជាមួយនឹងការផ្ដើមបែបនោះ ពួកគេកំពុងនិយាយអ្វីដែលជាការពិត។ បុរសនោះបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគាត់បានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ប៉ុន្តែគាត់មិនអាចសូម្បីតែនិយាយពាក្យពិតមួយម៉ាត់ អ្វីគ្រប់យ៉ាងដែលគាត់និយាយ គឺជាការកុហក។ ដូច្នេះ តើគាត់ជាសត្វលោកប្រភេទណាទៅ? តើវាមិនគួរឱ្យជិនឆ្អន់ និងគួរឱ្យស្អប់ខ្ពើមទេឬ? តើមានមនុស្សបែបនេះច្រើនដែរឬទេ? តើអ្នករាល់គ្នាមានលក្ខណៈបែបនេះដែរឬទេ? នៅពេលអ្នករាល់គ្នាប្រាស្រ័យទាក់ទងជាមួយខ្ញុំ តើស្ថិតក្នុងកាលៈទេសៈបែបណា ដែលអ្នកនឹងកុហកខ្ញុំ? ប្រសិនបើអ្នកបានបង្កមហន្តរាយខ្លះ ហើយអ្នកដឹងថាផលវិបាកគឺធ្ងន់ធ្ងរ ហើយថាអ្នកអាចនឹងត្រូវបណ្ដេញចេញ ដូច្នេះ ភ្លាមៗនៅពេលអ្នកដទៃលើកឡើងពីវា អ្នកក៏កុហកដើម្បីលាក់បាំងវា។ នរណាក៏អាចកុហកអំពីរឿងបែបនោះបានដែរ។ តើមនុស្សអាចកុហកអំពីរឿងអ្វីផ្សេងទៀត? គឺការកុហកដើម្បីលើកតម្កើងមុខមាត់របស់ពួកគេ និងដើម្បីទទួលបានការគោរពខ្ពស់ពីអ្នកដទៃ។ បន្ទាប់មក មានអស់អ្នកដែលដឹងថា ពួកគេគ្មានសមត្ថភាពក្នុងកិច្ចការរបស់ពួកគេទេ ប៉ុន្តែពួកគេមិនប្រាប់ខាងលើឱ្យបានច្បាស់លាស់ឡើយ ដោយខ្លាចថាពួកគេនឹងត្រូវបានដកហូតតំណែង ប្រសិនបើពួកគេប្រាប់។ នៅពេលរាយការណ៍ពីកិច្ចការរបស់ពួកគេទៅខាងលើ ពួកគេធ្វើពុតជាស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហា ដោយផ្ដល់ឱ្យអ្នកដទៃនូវចំណាប់អារម្មណ៍ក្លែងក្លាយ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺជាការកុហក ហើយជាមូលដ្ឋានគ្រឹះ ពួកគេគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការឡើយ។ ប្រសិនបើពួកគេមិនសួរសំណួរខ្លះទេ ពួកគេខ្លាចថាខាងលើនឹងកត់សម្គាល់ឃើញភាពមិនប្រក្រតី ហើយដកហូតតំណែងពួកគេ ដូច្នេះ ពួកគេក៏ប្រញាប់ប្រញាល់ធ្វើពុត។ នេះហើយជាផ្នត់គំនិតរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ។
ចូរត្រិះរិះពិចារណាអំពីគោលការណ៍ទាំងបីនៃការប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ដែលខ្ញុំទើបតែបានប្រកប។ តើមួយណាដែលអ្នករាល់គ្នាមិនអាចធ្វើបាន ហើយតើមួយណាដែលងាយស្រួលសម្រាប់អ្នកក្នុងការសម្រេចបាន? តាមពិត វាមិនងាយស្រួលទេក្នុងការពិតជាអនុវត្តគោលការណ៍ណាមួយ ពីព្រោះពួកអារក្សរស់នៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកនឹងមិនអាចសម្រេចវាបានទេ មុនពេលអ្នកបានដកអារក្សចេញពីដួងចិត្តរបស់អ្នក។ អ្នកត្រូវតែប្រយុទ្ធជាមួយអារក្សនៅក្នុងដួងចិត្តរបស់អ្នក ហើយប្រសិនបើអ្នកអាចយកឈ្នះវាបានរាល់ដង នោះអ្នកអាចសម្រេចវាបាន។ ប្រសិនបើរាល់ដងអ្នកបរាជ័យ ហើយត្រូវបានវាចាប់ជាឈ្លើយ នោះអ្នកនឹងមិនអាចសម្រេចវាបានឡើយ អ្នកនឹងមិនអាចអនុវត្តគោលការណ៍ណាមួយបានទេ។ ប្រសិនបើអ្នករាល់គ្នាអាចសម្រេចបានទាំងបី មិនត្រឹមតែនៅពេលចុះសម្រុង ឬប្រាស្រ័យទាក់ទងជាមួយខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការប្រាស្រ័យទាក់ទងជាប្រចាំរបស់អ្នករាល់គ្នាជាមួយបងប្អូនប្រុសស្រី ដោយអនុវត្តតាមគោលការណ៍ទាំងនេះ តើមនុស្សគ្រប់គ្នានឹងមិនទទួលបានប្រយោជន៍ពីវាទេឬ? (ទទួលបាន)។ ឥឡូវនេះ ដោយសារសាច់រឿងបានបញ្ចប់ហើយ ចូរយើងបន្តទៅប្រធានបទចម្បងវិញ។
ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត
កាលពីលើកមុន យើងបានប្រកបគ្នាអំពីការបង្ហាញចេញទីប្រាំពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ ពួកគេជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត។ ចំណុចនេះត្រូវបានប្រកបគ្នាចំនួនពីរដងរួចមកហើយ។ ការពិភាក្សាលើកទីមួយ គឺអំពីធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើអ្វីជាចំណុចសំខាន់នៃការពិភាក្សានោះ? (គឺការប្រទូសរ៉ាយ និងការស្អប់ខ្ពើមសេចក្ដីពិត។) ពួកទទឹងនឹងព្រះគ្រីស្ទប្រទូសរ៉ាយ និងស្អប់ខ្ពើមសេចក្ដីពិត ដោយស្អប់របស់វិជ្ជមានទាំងអស់ ដែលស្របតាមសេចក្ដីពិត និងតាមព្រះជាម្ចាស់ ដែលនេះគឺជាការបង្ហាញចេញដំបូង និងចម្បងបំផុតនៃសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ការពិភាក្សាលើកទីមួយ គឺអំពីអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើម។ មនុស្សសាមញ្ញស្អប់ខ្ពើមរបស់អវិជ្ជមាន និងកម្លាំងទុច្ចរិត ពួកគេស្អប់ខ្ពើមអ្វីៗដែលស្មោកគ្រោក ងងឹត និងទុច្ចរិត។ ក៏ប៉ុន្តែ ផ្ទុយពីនេះ ភស្តុតាងដ៏រឹងមាំបំផុតនៃការបង្ហាញចេញដំបូងនៃធម្មជាតិទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺថា គេមិនស្អប់ខ្ពើមរបស់អវិជ្ជមាននោះទេ ប៉ុន្តែបែរជាស្អប់ខ្ពើមរបស់វិជ្ជមានទាំងអស់ ដែលទាក់ទងនឹងសេចក្ដីពិត និងព្រះជាម្ចាស់ទៅវិញ ដែលនេះគឺជាភស្តុតាងដ៏រឹងមាំទីមួយទាក់ទងនឹងសេចក្តីទុច្ចរិតរបស់ពួកគេ។ ការពិភាក្សាលើកទីពីររបស់យើង គឺអំពីភស្តុតាងដ៏រឹងមាំទីពីរ ទាក់ទងនឹងការបង្ហាញចេញនូវសេចក្តីទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើពួកគេស្អប់ខ្ពើមរបស់វិជ្ជមាន តើពួកគេស្រឡាញ់អ្វីទៅវិញ? (របស់អវិជ្ជមាន។) តើមនុស្សដែលមានភាពជាមនុស្សធម្មតាស្រឡាញ់អ្វី? ពួកគេស្រឡាញ់យុត្តិធម៌ សេចក្ដីសប្បុរស និងភាពស្រស់ស្អាត ព្រមទាំងសេចក្ដីស្រឡាញ់ ការអត់ធ្មត់ និងការអត់ឱនដែលទាក់ទងនឹងភាពជាមនុស្ស ក៏ដូចជាសុភនិច្ឆ័យ និងចំណេះដឹងដែលវិជ្ជមាន ហើយមានប្រយោជន៍ដល់មនុស្ស ព្រមទាំងរបស់វិជ្ជមានទាំងអស់មកពីព្រះជាម្ចាស់ រួមទាំងក្រឹត្យវិន័យនិង ច្បាប់ទម្លាប់ដែលព្រះជាម្ចាស់បានបង្កើតឡើងសម្រាប់របស់សព្វសារពើ ក្រឹត្យវិន័យ និងបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ និងគ្រប់ទាំងសេចក្ដីពិត ព្រមទាំងផ្លូវនៃជីវិតដែលត្រូវបានសម្តែងចេញដោយព្រះជាម្ចាស់ ក៏ដូចជារឿងផ្សេងៗទៀតដែលទាក់ទងនឹងព្រះជាម្ចាស់ផងដែរ។ ធម្មជាតិទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺផ្ទុយពីនេះ គេមិនចូលចិត្តរឿងទាំងនេះទេ តើគេចូលចិត្តអ្វីទៅវិញ? (ការកុហក និងល្បិចកល។) ត្រូវហើយ ពួកគេចូលចិត្តការកុហក និងល្បិចកល ព្រមទាំងការឃុបឃិត និងការគិតគូរល្បិចកល មធ្យោបាយផ្សេងៗសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ការបញ្ជោរមនុស្ស ការអែបអប ក៏ដូចជាការឈ្លោះប្រកែក ឋានៈ និងសិទ្ធិអំណាច។ គេស្រឡាញ់របស់អវិជ្ជមានទាំងអស់នេះ ដែលប្រឆាំងនឹងសេចក្ដីពិត និងរបស់វិជ្ជមាន ដែលនេះបង្ហាញយ៉ាងច្បាស់អំពីធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើភស្តុតាងទាំងនេះមិនរឹងមាំទេឬអី? (មែនហើយ។) ទោះបីជាភស្តុតាងទាំងនេះសុទ្ធតែរឹងមាំក៏ដោយ ក៏ការដែលមានត្រឹមតែពីរផ្នែកនេះ មិនទាន់អាចចាត់ទុកថាពេញលេញនៅឡើយទេ។ ថ្ងៃនេះ យើងនឹងបន្តពិភាក្សាអំពីផ្នែកទីបីនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត។ ផ្នែកទីបីនេះ ពិតជាខុសពីផ្នែកទីមួយ និងទីពីរ ប៉ុន្តែវាមានទំនាក់ទំនងនឹងគ្នា។ តើវាមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេច? ផ្នែកទាំងបីនេះពិភាក្សាអំពីសារជាតិនេះ ពោលគឺធម្មជាតិទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ។ តើវាខុសគ្នាយ៉ាងដូចម្ដេច? នៅក្នុងផ្នែកនេះ អ្វីដែលធម្មជាតិទុច្ចរិតរបស់គេស្រឡាញ់ និងត្រូវការ ក៏ដូចជារឿងដែលគេស្អប់ខ្ពើម គឺខុសពីអ្វីដែលផ្នែកទាំងពីរមុនបានពិភាក្សា ពោលគឺខ្លឹមសារគឺខុសគ្នា។ ភាពខុសគ្នានេះ មិនមែនមានន័យថា ពួកទទឹងនឹងព្រះគ្រីស្ទក៏ចូលចិត្ត របស់វិជ្ជមានមួយចំនួន ឬថាពួកគេក៏ស្អប់ខ្ពើមរបស់អវិជ្ជមានមួយចំនួននោះទេ ផ្ទុយទៅវិញ វាមានផ្នែកមួយទៀត ដែលមិនត្រឹមតែនិយាយអំពីអ្វីដែលពួកគេស្រឡាញ់ ឬត្រូវការប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានលើកកម្ពស់ដល់អ្វីដែលកម្លាំងទុច្ចរិតនៃពួកទទឹងនឹងព្រះគ្រីស្ទនេះឱ្យតម្លៃ បើនិយាយម្យ៉ាងទៀត គឺអ្វីដែលពួកគេថ្វាយបង្គំ ឬកោតសរសើរ។ មនុស្សមួយចំនួនអាចនិយាយថា៖ «ពាក្យដូចជា ‘ឱ្យតម្លៃ’ ’ថ្វាយបង្គំ’ និង ’កោតសរសើរ’ គួរតែត្រូវបានប្រើដើម្បីសំដៅទៅលើរបស់វិជ្ជមាន ដូច្នេះ តើពាក្យទាំងនេះអាចយកមកប្រើចំពោះពួកទទឹងនឹងព្រះគ្រីស្ទបានយ៉ាងដូចម្ដេច? តើពាក្យទាំងនេះស័ក្ដិសមដែរឬទេ?» ពាក្យទាំងនេះមិនមែនជាការសរសើរ ឬការបង្អាប់ឡើយ គឺវាជាពាក្យអព្យាក្រឹត។ ហេតុដូច្នេះហើយ ការប្រើប្រាស់ពាក្យទាំងនេះនៅទីនេះ មិនបំពានគោលការណ៍ណាមួយឡើយ ហើយអាចទទួលយកបាន។
III. ការវែកញែកអំពីរឿងដែលពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំ និងកោតសរសើរ
តើពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំ និងកោតសរសើរអ្វី? ជាបឋម វាច្បាស់ណាស់ថា ពួកគេមិនថ្វាយបង្គំសេចក្ដីពិត ព្រះជាម្ចាស់ ឬអ្វីដែលស្រស់ស្អាត ឬល្អដែលទាក់ទងនឹងព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើពួកគេថ្វាយបង្គំអ្វីឱ្យប្រាកដ? តើអ្នករាល់គ្នាអាចនឹកឃើញអ្វីដែរឬទេ? ចាំខ្ញុំប្រាប់តម្រុយដល់អ្នករាល់គ្នា។ មនុស្សទាំងនោះនៅក្នុងសាសនាដែលជឿលើព្រះអម្ចាស់ តើពួកគេបានលិចលង់ចូលទៅក្នុងគ្រីស្ទសាសនា ដោយរបៀបណា? ហេតុអ្វីបានជាពេលនេះ ពួកគេត្រូវបានកំណត់លក្ខណៈថាជាសាសនាមួយ ជានិកាយមួយ ហើយមិនមែនជាពួកជំនុំរបស់ព្រះជាម្ចាស់ ជាដំណាក់របស់ព្រះជាម្ចាស់ ឬជាកម្មវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ? ពួកគេមានសេចក្ដីបង្រៀនខាងសាសនា ពួកគេចងក្រងកិច្ចការដែលព្រះជាម្ចាស់ធ្លាប់បានធ្វើ និងព្រះបន្ទូលដែលព្រះជាម្ចាស់ធ្លាប់បានថ្លែង ទៅជាសៀវភៅមួយ ទៅជាឯកសារបង្រៀន ហើយបន្ទាប់មក ពួកគេបើកសាលារៀន ព្រមទាំងជ្រើសរើស និងបណ្ដុះបណ្ដាលសាសនវិទូផ្សេងៗ។ តើសាសនវិទូទាំងនេះសិក្សាអំពីអ្វី? តើវាជាសេចក្ដីពិតឬ? (ទេ។) ចុះតើពួកគេសិក្សាអំពីអ្វីទៅ? (ចំណេះដឹងខាងសាសនវិទ្យា។) ពួកគេសិក្សាអំពីចំណេះដឹង និងទ្រឹស្ដីខាងសាសនវិទ្យា ដែលមិនមានពាក់ព័ន្ធអ្វីទាល់តែសោះនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតដែលត្រូវបានថ្លែងដោយព្រះជាម្ចាស់។ ពួកគេយកចំណេះដឹងខាងសាសនវិទ្យាមកជំនួសព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនោះហើយជារបៀបដែលពួកគេលិចលង់ចូលទៅក្នុង គ្រីស្ទសាសនា ឬសាសនាកាតូលិក។ តើអ្វីដែលត្រូវបានឱ្យតម្លៃនៅក្នុងសាសនា? ប្រសិនបើអ្នកទៅពួកជំនុំមួយ ហើយមាននរណាម្នាក់សួរថា តើអ្នកជឿលើព្រះជាម្ចាស់បានយូរប៉ុនណាហើយ ហើយអ្នកនិយាយថា អ្នកទើបតែបានចាប់ផ្ដើមជឿ នោះពួកគេនឹងមិនយកចិត្តទុកដាក់ចំពោះអ្នកឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកដើរចូលទៅដោយកាន់ព្រះគម្ពីរមួយក្បាល ហើយនិយាយថា៖ «ខ្ញុំទើបតែបានបញ្ចប់ការសិក្សាពីសិក្ខាសាលាខាងសាសនវិទ្យានេះ ឬ សាលាខាងសាសនវិទ្យានោះ» នោះពួកគេនឹងអញ្ជើញអ្នកឱ្យអង្គុយនៅកន្លែងកិត្តិយសមិនខាន។ ប្រសិនបើអ្នកគ្រាន់តែជាអ្នកជឿធម្មតាម្នាក់ លុះត្រាតែអ្នកមានឋានៈក្នុងសង្គមខ្ពង់ខ្ពស់ បើមិនដូច្នេះទេ ពួកគេនឹងមិនរវីរវល់នឹងអ្នកឡើយ។ នេះហើយជាគ្រីស្ទសាសនា ហើយពិភពសាសនាគឺបែបនេះឯង។ អស់អ្នកនៅក្នុងពួកជំនុំ ដែលអធិប្បាយ ហើយមានឋានៈ តំណែង និងកិត្យានុភាព គឺជាក្រុមមនុស្សដែលត្រូវបានបណ្ដុះបណ្ដាលនៅក្នុងសិក្ខាសាលាខាងសាសនវិទ្យា ឱ្យមានចំណេះដឹង និងទ្រឹស្ដីខាងសាសនវិទ្យា ហើយជាសំខាន់ ពួកគេគឺជាតួអង្គចម្បងដែលទ្រទ្រង់គ្រីស្ទសាសនា។ គ្រីស្ទសាសនា បណ្ដុះបណ្ដាលមនុស្សបែបនេះឱ្យឡើងឆាក និងអធិប្បាយ ឱ្យផ្សាយមាគ៌ា និងធ្វើកិច្ចការនៅគ្រប់ទីកន្លែង។ ពួកគេជឿថា ដោយមានមនុស្សមានទេពកោសល្យដូចជា និស្សិតខាងសាសនវិទ្យា គ្រូគង្វាលដែលអធិប្បាយ និងសាសនវិទូទាំងនេះ ទើបអត្ថិភាពនៃគ្រីស្ទសាសនា ត្រូវបានធានារហូតមកដល់សព្វថ្ងៃនេះ ហើយមនុស្សទាំងនេះក្លាយជាតម្លៃ និងជាទុននៃអត្ថិភាពរបស់គ្រីស្ទសាសនា។ ប្រសិនបើគ្រូគង្វាលរបស់ពួកជំនុំណាមួយ ជាអ្នកបញ្ចប់ការសិក្សាពីសិក្ខាសាលាខាងសាសនវិទ្យា ពិភាក្សាអំពីព្រះគម្ពីរបានយ៉ាងល្អ ធ្លាប់អានសៀវភៅខាងវិញ្ញាណមួយចំនួន ព្រមទាំងមានចំណេះដឹង និងវោហារសាស្ត្រ នោះចំនួនអ្នកចូលរួមក្នុងពួកជំនុំនោះនឹងកើនឡើងយ៉ាងខ្លាំង ហើយវានឹងក្លាយជាពួកជំនុំដែលមានភាពល្បីល្បាញជាងពួកជំនុំដទៃទៀតជាមិនខាន។ តើមនុស្សទាំងនេះនៅក្នុងគ្រីស្ទសាសនាឱ្យតម្លៃលើអ្វី? គឺចំណេះដឹង ជាចំណេះដឹង ខាងសាសនវិទ្យា។ តើចំណេះដឹងនេះមកពីណា? តើវាមិនមែនត្រូវបានបន្សល់ទុកតាំងពីសម័យបុរាណមកទេឬ? មានបទគម្ពីរតាំងពីសម័យបុរាណមក ដែលត្រូវបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ហើយនោះជារបៀបដែលមនុស្សគ្រប់គ្នាអាន និងរៀនពីបទគម្ពីរទាំងនោះរហូតមកដល់សព្វថ្ងៃនេះ។ មនុស្សបែងចែកព្រះគម្ពីរជាផ្នែកផ្សេងៗ ចងក្រងជាកំណែផ្សេងៗគ្នា ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សា និងការរៀនសូត្រ ប៉ុន្តែការសិក្សាព្រះគម្ពីររបស់ពួកគេ មិនមែនដើម្បីយល់ពីសេចក្ដីពិត ដើម្បីស្គាល់ព្រះជាម្ចាស់នោះទេ ហើយក៏មិនមែនដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នោះដែរ ផ្ទុយទៅវិញ គឺដើម្បីសិក្សាពីចំណេះដឹង និងសេចក្ដីអាថ៌កំបាំងនៃព្រះគម្ពីរ ដើម្បីរកឱ្យឃើញថា តើព្រឹត្តិការណ៍ណាខ្លះនៅពេលវេលាណាខ្លះ ដែលបានបំពេញតាមទំនាយណាមួយនៃកណ្ឌគម្ពីរវិវរណៈ ហើយថាតើពេលណាដែលភយន្តរាយដ៏ធំសម្បើម និងរាជ្យមួយពាន់ឆ្នាំនឹងមកដល់គឺពួកគេសិក្សាអំពីរឿងទាំងនេះឯង។ តើការសិក្សារបស់ពួកគេទាក់ទងនឹងសេចក្ដីពិតដែរឬទេ? (ទេ។) ហេតុអ្វីបានជាពួកគេសិក្សាអំពីរឿងរ៉ាវដែលមិនមានពាក់ព័ន្ធអ្វីទាល់តែសោះនឹងសេចក្ដីពិត? នោះគឺដោយសារតែ កាលណាពួកគេកាន់តែសិក្សា ពួកគេកាន់តែមានអារម្មណ៍ថាពួកគេយល់ ហើយកាលណាពួកគេកាន់តែបំពាក់បំប៉នដោយពាក្យពេចន៍ និងគោលលទ្ធិ នោះគុណវុឌ្ឍិរបស់ពួកគេក៏កាន់តែខ្ពស់ដែរ។ កាលណាគុណវុឌ្ឍិរបស់ពួកគេកាន់តែខ្ពស់ ពួកគេកាន់តែមានអារម្មណ៍ថាសមត្ថភាពរបស់ពួកគេកាន់តែអស្ចារ្យ ហើយពួកគេកាន់តែជឿជាក់ថា ទីបំផុត ពួកគេនឹងទទួលបានព្រះពរ នៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ថាពួកគេនឹងបានឡើងទៅស្ថានសួគ៌បន្ទាប់ពីស្លាប់ទៅ ឬថាអ្នកដែលនៅរស់នឹងត្រូវបានលើកឡើងទៅលើអាកាសដើម្បីជួបនឹងព្រះអម្ចាស់។ ទាំងនេះគឺជាសញ្ញាណខាងសាសនារបស់ពួកគេ ដែលមិនស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាល់តែសោះ។
គ្រូគង្វាល និងចាស់ទុំនៃពិភពសាសនា សុទ្ធតែជាមនុស្សដែលសិក្សាអំពីចំណេះដឹងព្រះគម្ពីរ និង សាសនវិទ្យា ពួកគេគឺជាពួកផារិស៊ីលាក់ពុតដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ដូច្នេះ តើពួកគេខុសពីពួកទទឹងនឹងព្រះគ្រីស្ទដែលលាក់ខ្លួននៅក្នុងពួកជំនុំយ៉ាងដូចម្ដេច? បន្ទាប់មកទៀត ចូរយើងនិយាយអំពីទំនាក់ទំនងរវាងអ្នកទាំងពីរនេះ។ តើអ្នកទាំងនោះនៅក្នុងគ្រីស្ទសាសនា និងសាសនាកាតូលិក ដែលសិក្សាព្រះគម្ពីរ សាសនវិទ្យា និងសូម្បីតែប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ ពិតជាអ្នកជឿមែនឬ? តើពួកគេខុសពីអ្នកជឿ និងអ្នកដើរតាមព្រះជាម្ចាស់ ដែលទ្រង់បានមានបន្ទូលអំពីអ្នកទាំងនោះឬទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើពួកគេជាអ្នកជឿដែរឬទេ? ទេ ពួកគេសិក្សាសាសនវិទ្យា ពួកគេសិក្សាអំពីព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនដើរតាមព្រះជាម្ចាស់ ឬធ្វើបន្ទាល់ថ្វាយទ្រង់ឡើយ។ ការសិក្សារបស់ពួកគេអំពីព្រះជាម្ចាស់ គឺដូចគ្នាទៅនឹងអ្នកដែលសិក្សាប្រវត្តិសាស្ត្រ ទស្សនវិជ្ជា ច្បាប់ ជីវវិទ្យា ឬតារាសាស្ត្រដែរ។ គ្រាន់តែថាពួកគេមិនចូលចិត្តវិទ្យាសាស្ត្រ ឬមុខវិជ្ជាផ្សេងទៀតទេ គឺពួកគេចូលចិត្តសិក្សាសាសនវិទ្យាជាពិសេស។ តើអ្វីជាលទ្ធផលនៃការដែលពួកគេស្វែងរកកិច្ចការបន្តិចបន្តួចរបស់ព្រះជាម្ចាស់ ដើម្បីសិក្សាអំពីព្រះជាម្ចាស់នោះ? តើពួកគេអាចរកឃើញអត្ថិភាពរបស់ព្រះជាម្ចាស់ដែរឬទេ? ទេ មិនអាចទាល់តែសោះ។ តើពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ។) ហេតុអ្វី? ពីព្រោះពួកគេរស់នៅក្នុងពាក្យពេចន៍ នៅក្នុងចំណេះដឹង នៅក្នុងទស្សនវិជ្ជា នៅក្នុងគំនិតមនុស្ស និងនៅក្នុងការគិតរបស់មនុស្ស ពួកគេនឹងមិនអាចមើលឃើញព្រះជាម្ចាស់ ឬត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធឡើយ។ តើព្រះជាម្ចាស់កំណត់លក្ខណៈពួកគេយ៉ាងដូចម្ដេច? ជាអ្នកមិនជឿ ជាអ្នកគ្មានជំនឿ។ អ្នកគ្មានជំនឿ និងអ្នកមិនជឿទាំងនេះ លាយឡំនៅក្នុងអ្វីដែលហៅថាសហគមន៍គ្រីស្ទបរិស័ទ ដោយធ្វើខ្លួនជាអ្នកជឿលើព្រះជាម្ចាស់ ជាគ្រីស្ទបរិស័ទ ប៉ុន្តែក្នុងតថភាព តើពួកគេមានការថ្វាយបង្គំពិតប្រាកដចំពោះព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានការចុះចូលពិតប្រាកដដែរឬទេ? (ទេ។) ហេតុអ្វីបានជាដូច្នេះ? រឿងមួយដែលច្បាស់លាស់នោះគឺ៖ មនុស្សមួយចំនួនធំក្នុងចំណោមពួកគេ មិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ ពួកគេមិនជឿថាព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយមានអធិបតេយ្យភាពលើរបស់សព្វសារពើទេ ហើយពួកគេរឹតតែមិនជឿថា ព្រះជាម្ចាស់អាចយកកំណើតជាមនុស្សបានទៅទៀត។ តើការមិនជឿនេះមានន័យដូចម្ដេច? វាមានន័យថា សង្ស័យ និងបដិសេធ។ ពួកគេថែមទាំងប្រកាន់យកអាកប្បកិរិយាមិនសង្ឃឹមថា ទំនាយដែលត្រូវបានថ្លែងដោយព្រះជាម្ចាស់ ជាពិសេសទំនាយដែលទាក់ទងនឹងភយន្តរាយ នឹងត្រូវបានបំពេញ ឬកើតឡើងនោះទេ។ នេះគឺជាអាកប្បកិរិយារបស់ពួកគេចំពោះការជឿលើព្រះជាម្ចាស់ ហើយវាគឺជាសារជាតិ និងជាមុខមាត់ពិតនៃអ្វីដែលហៅថាសេចក្ដីជំនឿរបស់ពួកគេ។ មនុស្សទាំងនេះសិក្សាអំពីព្រះជាម្ចាស់ ពីព្រោះពួកគេចាប់អារម្មណ៍ជាពិសេសទៅលើមុខវិជ្ជា និងចំណេះដឹងខាងសាសនវិទ្យា ព្រមទាំងការពិតជាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែជាក្រុមបញ្ញវន្តដែលសិក្សាសាសនវិទ្យាសុទ្ធសាធ។ បញ្ញវន្តទាំងនេះមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទេ ដូច្នេះ តើពួកគេមានប្រតិកម្មយ៉ាងណា នៅពេលព្រះជាម្ចាស់យាងមកធ្វើការ នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានបំពេញនោះ? តើប្រតិកម្មដំបូងរបស់ពួកគេគឺជាអ្វី នៅពេលពួកគេឮថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយចាប់ផ្ដើមកិច្ចការថ្មី? «មិនអាចទៅរួចទេ!» អ្នកណាដែលអធិប្បាយអំពីព្រះនាមថ្មីរបស់ព្រះជាម្ចាស់ និងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ពួកគេថ្កោលទោសបុគ្គលនោះ ហើយពួកគេថែមទាំងចង់សម្លាប់ ឬជម្រុះគាត់ចោលទៀតផង។ តើនេះជាការបង្ហាញចេញប្រភេទណា? តើនេះមិនមែនជាការបង្ហាញចេញនៃអាទទឹងនឹងព្រះគ្រីស្ទធម្មតាទូទៅម្នាក់ទេឬ? តើមានភាពខុសគ្នាអ្វីខ្លះរវាងពួកគេ និងពួកផារិស៊ី ពួកនាយកបូជាចារ្យ និងពួកអាចារ្យពីសម័យមុន? ពួកគេប្រទូសរ៉ាយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ប្រទូសរ៉ាយនឹងការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ប្រទូសរ៉ាយនឹងការដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយលើសពីនេះទៅទៀត ពួកគេប្រទូសរ៉ាយនឹងការបំពេញតាមទំនាយរបស់ព្រះជាម្ចាស់។ ពួកគេជឿថា៖ «ប្រសិនបើអ្នកមិនយកកំណើតជាមនុស្សទេ ប្រសិនបើអ្នកស្ថិតក្នុងទម្រង់ជារូបកាយខាងវិញ្ញាណ នោះអ្នកគឺជាព្រះ ប្រសិនបើអ្នកយកកំណើតជាមនុស្ស ហើយក្លាយជាមនុស្ស នោះអ្នកមិនមែនជាព្រះទេ ហើយពួកយើងមិនទទួលស្គាល់អ្នកឡើយ។» តើនេះសបញ្ជាក់ពីអ្វី? វាមានន័យថា ដរាបណាពួកគេនៅទីនេះ ពួកគេនឹងមិនអនុញ្ញាតឱ្យព្រះជាម្ចាស់យកកំណើតជាមនុស្សឡើយ។ តើនេះមិនមែនជាអាទទឹងនឹងព្រះគ្រីស្ទធម្មតាទូទៅម្នាក់ទេឬ? នេះគឺជាអាទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ តើពិភពសាសនាចូលរួមក្នុងការជជែកវែកញែកបែបនេះដែរឬទេ? សំឡេងនៃការជជែកវែកញែកនេះគឺឮខ្លាំង និងខ្លាំងក្លាណាស់ ដោយនិយាយថា៖ «ការដែលព្រះយកកំណើតជាមនុស្ស គឺខុសឆ្គង ហើយមិនអាចទៅរួចទេ! ប្រសិនបើគាត់យកកំណើតជាមនុស្ស នោះគាត់ច្បាស់ជាក្លែងក្លាយមិនខាន!» ក៏មានមនុស្សដែលនិយាយថា៖ «ពួកគេច្បាស់ជាជឿលើមនុស្សម្នាក់ហើយ ពួកគេគ្រាន់តែត្រូវបានគេបំភាន់ប៉ុណ្ណោះ!» ប្រសិនបើពួកគេអាចនិយាយបែបនេះ នោះប្រសិនបើពួកគេមានវត្តមានក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និង បានធ្វើការកាលពីពីរពាន់ឆ្នាំមុន ពួកគេក៏នឹងមិនជឿលើព្រះអម្ចាស់យេស៊ូវដែរ។ ឥឡូវនេះ ពួកគេជឿលើព្រះអម្ចាស់យេស៊ូវ ប៉ុន្តែតាមការពិត ពួកគេគ្រាន់តែជឿលើព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ លើពាក្យពីរម៉ាត់ថា «ព្រះអម្ចាស់យេស៊ូវ» ប៉ុណ្ណោះ ហើយពួកគេជឿលើព្រះដ៏ស្រពេចស្រពិលមួយអង្គនៅស្ថានសួគ៌។ ហេតុដូច្នេះហើយ ពួកគេមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ទេ ពួកគេគឺជាអ្នកមិនជឿ។ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ លើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ លើកិច្ចការនៃការបង្កើតរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនជឿលើកិច្ចការនៃការប្រោសលោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងមូល តាមរយៈការជាប់ឆ្កាងនៅលើឈើឆ្កាងទៅទៀត។ សាសនវិទ្យាដែលពួកគេសិក្សា គឺជាប្រភេទនៃទ្រឹស្ដី ឬសារណាខាងសាសនា ដែលគ្មានអ្វីក្រៅពីសេចក្ដីខុសទំនង ដែលស្ដាប់ទៅហាក់ដូចជាសមហេតុផល ដែលបំភាន់មនុស្សនោះទេ។ តើពួកដែលគេហៅថាបញ្ញវន្តខាងសាសនវិទ្យាទាំងនេះនៅក្នុងគ្រីស្ទសាសនា មានទំនាក់ទំនងដែលមិនអាចជៀសវាងបានអ្វីខ្លះ ជាមួយនឹងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំរបស់យើង? តើមានទំនាក់ទំនងអ្វីខ្លះរវាងឥរិយាបថផ្សេងៗរបស់ពួកគេ និងសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទដែលយើងពិភាក្សា? ហេតុអ្វីបានជានិយាយអំពីពួកគេ? ចូរយើងផ្អាកនិយាយអំពីមនុស្សនៅក្នុងគ្រីស្ទសាសនាសិនចុះ ផ្ទុយទៅវិញ ចូរយើងមើលពីរបៀបដែលអស់អ្នកដែលត្រូវបានកំណត់លក្ខណៈជាពួកទទឹងនឹងព្រះគ្រីស្ទ ប្រព្រឹត្តចំពោះសេចក្ដីពិត ហើយតាមរយៈអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត ចូរយើងមើលថាតើពួកគេពិតជាឱ្យតម្លៃលើអ្វីឱ្យប្រាកដ។ ជាបឋម បន្ទាប់ពីពួកគេចាប់យល់ពីសេចក្ដីពិតមួយចំនួន តើពួកគេយល់ដឹងពីសេចក្ដីពិតទាំងនេះយ៉ាងដូចម្ដេច? តើពួកគេប្រព្រឹត្តចំពោះសេចក្ដីពិតទាំងនេះយ៉ាងដូចម្ដេច? តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះសេចក្ដីពិតទាំងនេះ? តើពួកគេទទួលយកព្រះបន្ទូលទាំងនេះជាផ្លូវនៃការអនុវត្តរបស់ពួកគេ ឬ ក៏ពួកគេយកព្រះបន្ទូលទាំងនេះមកបំពាក់បំប៉នខ្លួនឯងជាប្រភេទនៃទ្រឹស្ដីមួយ ហើយបន្ទាប់មកក៏ទៅអធិប្បាយប្រាប់អ្នកដទៃ? (ពួកគេចាត់ទុកព្រះបន្ទូលទាំងនេះជាប្រភេទនៃទ្រឹស្ដីមួយដើម្បីអធិប្បាយ។) ពួកគេចាត់ទុកព្រះបន្ទូលទាំងនេះជាប្រភេទនៃទ្រឹស្ដីមួយដើម្បីរៀនសូត្រ វិភាគ និងសិក្សា ហើយបន្ទាប់ពីសិក្សារួច ពួកគេរៀនសូត្រព្រះបន្ទូលទាំងនេះនៅក្នុងគំនិត និងនៅក្នុងការគិតរបស់ពួកគេ ពួកគេចងចាំព្រះបន្ទូលទាំងនេះ អាចពិភាក្សាអំពីព្រះបន្ទូលទាំងនេះ និងនិយាយព្រះបន្ទូលទាំងនេះបានយ៉ាងស្ទាត់ជំនាញ ហើយបន្ទាប់មក ពួកគេយកព្រះបន្ទូលទាំងនេះទៅដើរអួតបង្ហាញនៅគ្រប់ទីកន្លែង។ ទោះបីជាពួកគេបន្តនិយាយយូរប៉ុនណាក៏ដោយ ក៏មានរឿងមួយដែលអ្នកមិនអាចមើលឃើញដែរ នោះគឺទោះបីជាពួកគេនិយាយគោលលទ្ធិច្រើនប៉ុនណា ទោះបីជាពួកគេអាចនិយាយបានល្អប៉ុនណា ទោះបីជាពួកគេនិយាយទៅកាន់មនុស្សច្រើនប៉ុនណា និយាយបានស្ទាត់ជំនាញប៉ុនណា មានខ្លឹមសារច្រើនប៉ុនណា ឬទោះបីជាវាស្របតាមសេចក្ដីពិតក៏ដោយ ក៏អ្នកមិនអាចមើលឃើញលទ្ធផលណាមួយពីពួកគេឡើយគឺអ្នកមិនអាចមើលឃើញការអនុវត្តរបស់ពួកគេទេ។ តើនេះបញ្ជាក់ពីអ្វី? ពួកគេមិនទទួលយកសេចក្ដីពិតទេ។ តើពួកគេចាត់ទុកសេចក្ដីពិតជាអ្វី? ជាឧបករណ៍ដើម្បីអួតខ្លួនឯង។ ឧទាហរណ៍ ព្រះជាម្ចាស់ប្រាប់មនុស្សឱ្យធ្វើជាមនុស្សស្មោះត្រង់ ហើយពន្យល់អំពីការបង្ហាញចេញដែលមនុស្សស្មោះត្រង់មាន របៀបដែលមនុស្សស្មោះត្រង់គួរនិយាយ ធ្វើសកម្មភាព និងបំពេញភារកិច្ចរបស់ពួកគេ។ បន្ទាប់ពីបានស្ដាប់រឿងនេះហើយ តើពួកគេមានប្រតិកម្មយ៉ាងណា? តើព្រះបន្ទូលទាំងនេះមានឥទ្ធិពលអ្វីខ្លះមកលើពួកគេ? ទីមួយ ពួកគេមិនដែលទទួលយកព្រះបន្ទូលទាំងនេះឡើយ។ តើពួកគេមានអាកប្បកិរិយាយ៉ាងណា? «ខ្ញុំយល់ហើយ៖ មនុស្សស្មោះត្រង់មិនកុហកទេ មនុស្សស្មោះត្រង់និយាយការពិតប្រាប់អ្នកដទៃ និងអាចបើកចំហចិត្តរបស់ពួកគេបាន មនុស្សស្មោះត្រង់បំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ មិនមែនឱ្យតែរួចពីដៃនោះទេ»។ ពួកគេរក្សាព្រះបន្ទូលទាំងនេះជាទ្រឹស្ដីមួយនៅក្នុងចិត្តរបស់ពួកគេ។ តើទ្រឹស្ដីប្រភេទនេះ នៅពេលដែលវាចាក់ឫសនៅក្នុងចិត្តរបស់ពួកគេ អាចផ្លាស់ប្ដូរពួកគេបានដែរឬទេ? (ទេ។) ចុះហេតុអ្វីបានជាពួកគេនៅតែចងចាំវា? ពួកគេចូលចិត្តភាពត្រឹមត្រូវនៃព្រះបន្ទូលទាំងនេះ ហើយពួកគេប្រើប្រាស់ទ្រឹស្ដីដ៏ត្រឹមត្រូវទាំងនេះដើម្បីវេចខ្ចប់ខ្លួនឯង ដើម្បីសម្រេចបានការគោរពកាន់តែខ្ពស់ពីអ្នកដទៃ។ តើអ្វីទៅដែលមនុស្សកំពុងតែគោរពឱ្យតម្លៃខ្ពស់នោះ? នោះគឺសមត្ថភាពរបស់ពួកគេក្នុងការនិយាយពាក្យត្រឹមត្រូវ បានយ៉ាងស្ទាត់ជំនាញ និងយ៉ាងក្បោះក្បាយ ពោលគឺនោះហើយជាអ្វីដែលមនុស្សទាំងនេះចង់បាន។ បន្ទាប់ពីបានឮព្រះបន្ទូលទាំងនេះហើយ តើពួកគេបានយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទាំងនេះដែរឬទេ? (ទេ ពួកគេមិនបានយកចិត្តទុកដាក់ទេ។) ហេតុអ្វីមិនយកចិត្តទុកដាក់? តើអ្នកដឹងដោយរបៀបណា? (ពួកគេមិនអនុវត្តតាមព្រះបន្ទូលទាំងនេះទេ។) ហេតុអ្វីបានជាពួកគេមិនអនុវត្តតាមព្រះបន្ទូលទាំងនេះ? នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «អូ៎ នេះជាព្រះបន្ទូលរបស់ព្រះឬ? ងាយស្រួលណាស់ ខ្ញុំចាំព្រះបន្ទូលទាំងនេះបាត់ទៅហើយ បន្ទាប់ពីបានឮត្រឹមតែម្ដង។ ខ្ញុំអាចសូត្រពីរបៀបដែលមនុស្សស្មោះត្រង់គួរប្រព្រឹត្ត បន្ទាប់ពីបានឮត្រឹមតែម្ដង ចំណែកអ្នករាល់គ្នានៅតែត្រូវកត់ត្រា និងត្រិះរិះពិចារណាអំពីរឿងនេះ ប៉ុន្តែខ្ញុំមិនចាំបាច់នោះទេ!» ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រភេទនៃទ្រឹស្ដី ឬ ចំណេះដឹង ពួកគេមិនត្រិះរិះពិចារណាពីរបៀបធ្វើជាមនុស្សស្មោះត្រង់នៅក្នុងចិត្តរបស់ពួកគេទេ ពួកគេមិនប្រៀបធៀបខ្លួនឯងជាមួយនឹងរឿងនេះទេ ពួកគេមិនពិនិត្យពិច័យសកម្មភាពរបស់ពួកគេ ដើម្បីមើលថាតើពួកគេមានចំណុចខ្វះខាតអ្វីខ្លះក្នុងការធ្វើជាមនុស្សស្មោះត្រង់ ឬ សកម្មភាពអ្វីខ្លះដែលពួកគេធ្វើ ដែលប្រឆាំងនឹងគោលការណ៍នៃការធ្វើជាមនុស្សស្មោះត្រង់នោះឡើយ ហើយពួកគេមិនដែលគិតថា៖ «ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិត។ មនុស្សគួរតែស្មោះត្រង់ ដូច្នេះ តើគេគួរប្រព្រឹត្តយ៉ាងដូចម្ដេច ដើម្បីក្លាយជាមនុស្សស្មោះត្រង់? តើខ្ញុំអាចប្រព្រឹត្តតាមរបៀបណាដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ? តើខ្ញុំបានធ្វើអ្វីខ្លះដែលមិនស្មោះត្រង់? តើ ឥរិយាបថណាខ្លះដែលមិនមែនជារបស់មនុស្សស្មោះត្រង់?» តើពួកគេគិតបែបនេះដែរឬទេ? (ទេ ពួកគេមិនគិតបែបនេះទេ។) ចុះតើពួកគេគិតអ្វីទៅវិញ? ពួកគេគិតថា៖ «អូ៎ នេះឬជាមនុស្សស្មោះត្រង់? នេះឬជាសេចក្ដីពិត? តើនេះមិនមែនគ្រាន់តែជាទ្រឹស្ដី ជាពាក្យស្លោកទេឬអី? គ្រាន់តែនិយាយឱ្យស្ដាប់ទៅមានសីលធម៌ខ្ពស់ទៅបានហើយ មិនចាំបាច់យកវាទៅអនុវត្តនោះទេ»។ ហេតុអ្វីបានជាពួកគេមិនយកវាទៅអនុវត្ត? ពួកគេមានអារម្មណ៍ថា៖ «ប្រសិនបើខ្ញុំប្រាប់អ្នកដទៃនូវអ្វីក៏ដោយដែលមាននៅក្នុងចិត្តរបស់ខ្ញុំ តើខ្ញុំមិនមែនកំពុងតែលាតត្រដាងពីខ្លួនឯងទេឬ? ប្រសិនបើខ្ញុំលាតត្រដាងពីខ្លួនឯង ហើយអ្នកដទៃមើលធ្លុះពីខ្ញុំ តើពួកគេនៅតែឱ្យតម្លៃខ្ញុំខ្ពស់ទៀតដែរឬទេ? ប្រសិនបើខ្ញុំនិយាយ តើអ្នកដទៃនៅតែស្ដាប់ដែរឬទេ? អត្ថន័យនៃព្រះបន្ទូលរបស់ព្រះ គឺថាមនុស្សស្មោះត្រង់មិនអាចកុហកបានទេ បើគ្មានការកុហក តើមិនមែនមានន័យថាគ្មានភាពឯកជនសេសសល់នៅក្នុងចិត្តរបស់មនុស្សទេឬ? តើការធ្វើបែបនោះ មិនមែនបណ្ដោយឱ្យអ្នកដទៃមើលធ្លុះពីពួកគេទេឬ? តើការរស់នៅបែបនោះ មិនមែនជាភាពល្ងង់ខ្លៅទេឬ?» នេះគឺជាទស្សនៈរបស់ពួកគេ។ វាមានន័យថា នៅពេលពួកគេទទួលយកទ្រឹស្ដីមួយដែលពួកគេចាត់ទុកថាត្រឹមត្រូវ ពួកគេមានគំនិតនៅក្នុងចិត្តរបស់ពួកគេ។ តើគំនិតទាំងនេះគឺជាអ្វី? ហេតុអ្វីបានជាខ្ញុំនិយាយថាពួកគេជាមនុស្សទុច្ចរិត? ជាដំបូង ពួកគេវិភាគពីឥទ្ធិពលដែលព្រះបន្ទូលទាំងនេះអាចមានមកលើពួកគេ គុណសម្បត្តិ និងគុណវិបត្តិដែលព្រះបន្ទូលទាំងនេះផ្ដល់ដល់ពួកគេ។ នៅពេលពួកគេវិភាគព្រះបន្ទូល ហើយឃើញថាវាមិនផ្ដល់ប្រយោជន៍ដល់ពួកគេទេ ពួកគេគិតថា៖ «ខ្ញុំមិនអាចអនុវត្តបែបនេះបានទេ ខ្ញុំនឹងមិនធ្វើបែបនេះទេ ខ្ញុំមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ ខ្ញុំនឹងមិនល្ងង់ និងសាមញ្ញដូចជាអ្នករាល់គ្នាឡើយ! មិនថាពេលណាក៏ដោយ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ និងរក្សាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ អ្នកអាចមានផែនការដ៏អស្ចារ្យមួយពាន់ ប៉ុន្តែខ្ញុំមានច្បាប់ទម្លាប់ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំមិនអាចលាតត្រដាងពីការគិតគូរល្បិចកលនៅក្នុងចិត្តរបស់ខ្ញុំបានទេ ពោលគឺការធ្វើជាមនុស្សស្មោះត្រង់ គឺសម្រាប់តែមនុស្សល្ងង់ប៉ុណ្ណោះ!» ក្នុងទិដ្ឋភាពមួយពួកគេមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ម្យ៉ាងទៀត ពួកគេចងចាំឃ្លាដែលសំខាន់ៗគួរសមមួយចំនួន ដើម្បីវេចខ្ចប់ខ្លួនឯង ដោយធ្វើឱ្យមនុស្សមើលមកពួកគេកាន់តែដូចជាអ្នកជឿពិតប្រាកដលើព្រះជាម្ចាស់ កាន់តែដូចជាមនុស្សខាងវិញ្ញាណ។ នេះហើយជាអ្វីដែលពួកគេគិតគូរនៅក្នុងចិត្តរបស់ពួកគេ។
ពួកទទឹងនឹងព្រះគ្រីស្ទក៏ឧស្សាហ៍ស្ដាប់សេចក្ដីអធិប្បាយ ក៏ដូចជាការប្រកបរបស់អ្នកដទៃអំពីសេចក្ដីពិតដែរ ប៉ុន្តែពួកគេហាក់ដូចជាមិនមានប្រតិកម្មអ្វីចំពោះសេចក្ដីពិតឡើយ។ ទោះបីជាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាក៏ដោយ ក៏វាហាក់ដូចជាពួកគេមិនដែលបានស្ដាប់ទាល់តែសោះដែរ ហើយពួកគេនៅតែបន្តប្រព្រឹត្តអំពើអាក្រក់យ៉ាងគឃ្លើន ទៅតាមការនឹកឃើញរបស់ពួកគេដូចពីមុនដដែល។ នេះបញ្ជាក់ថា ពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទេ ហើយក៏មិនស្រឡាញ់សេចក្ដីពិតដែរ។ តើពួកគេស្រឡាញ់អ្វី? ពួកគេស្រឡាញ់ចំណេះដឹងខាងទ្រឹស្ដីដែលត្រឹមត្រូវ ថ្មីៗ និងរាងស៊ីជម្រៅបន្តិច ដែលអាចវេចខ្ចប់ពួកគេឱ្យកាន់តែល្អឥតខ្ចោះ កាន់តែមានកិត្តិយស កាន់តែមានសេចក្ដីថ្លៃថ្នូរ និងធ្វើឱ្យមនុស្សកាន់តែថ្វាយបង្គំពួកគេ។ តើនេះមិនទុច្ចរិតទេឬ? (មែនហើយ។) តើវាទុច្ចរិតត្រង់ណា? មិនថាអាទទឹងនឹងព្រះគ្រីស្ទប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតនោះទេ គេតែងតែអាចបង្កើតនូវទ្រឹស្ដី ឬពាក្យពេចន៍ត្រឹមត្រូវមួយចំនួន ដែលស្ដាប់ទៅហាក់ដូចជាសមហេតុផល ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យមនុស្សដើរតាមពួកគេ ដែលនេះគឺទុច្ចរិតដូចជាសាតាំងអ៊ីចឹង។ សេចក្តីទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ ត្រូវបានបង្ហាញចេញតាមរយៈការគិតគូរល្បិចកលទុច្ចរិត ការគិតទុកជាមុន និងផែនការទាំងស្រុងរបស់គេ ដោយចង់យកលេសនៃការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកមូលដ្ឋានទ្រឹស្ដី សម្រាប់អនុវត្តសេចក្តីទុច្ចរិតរបស់គេ នេះហើយគឺជាសេចក្តីទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ។ គេដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមិនខ្វល់ពីបរិបទ ក្នុងគោលបំណងតែមួយគត់គឺដើម្បីបំភាន់មនុស្ស និងអួតសម្ញែងពីខ្លួនឯងប៉ុណ្ណោះ។ នៅពេលគេស្ដាប់ការប្រកបគ្នា និងសេចក្ដីអធិប្បាយ ហើយឮឃ្លាថ្មីមួយដែលគេអាចយកមកប្រើប្រាស់បាន គេក៏កត់ត្រាវាទុកភ្លាម។ មនុស្សល្ងង់ខ្លៅឃើញឥរិយាបថបែបនេះ ក៏គិតថា៖ «គេពិតជាស្រេកឃ្លានសេចក្ដីសុចរិតមែន ដោយកត់ត្រារាល់ពេលគេឮសេចក្ដីអធិប្បាយ ហើយគេច្បាស់ជាមានការយល់ដឹងខាងវិញ្ញាណច្រើនណាស់ ដោយកត់ត្រារាល់ចំណុចសំខាន់ៗទាំងអស់!» តើការកត់ត្រារបស់គេ ដូចគ្នានឹងការកត់ត្រារបស់អ្នកដទៃដែរឬទេ? ទេ មិនដូចគ្នាទេ។ មនុស្សមួយចំនួនកត់ត្រា ពីព្រោះពួកគេគិតថា៖ «នេះគឺជាពាក្យសម្ដីដ៏ល្អមួយ។ ខ្ញុំមិនយល់ពីវាទេ ដូច្នេះ ខ្ញុំត្រូវតែកត់ត្រាវាទុក ហើយយកវាទៅអនុវត្តនៅពេលក្រោយ ដើម្បីឱ្យខ្ញុំមានផ្លូវ និងគោលការណ៍នៅក្នុងការអនុវត្តរបស់ខ្ញុំ»។ តើពួកទទឹងនឹងព្រះគ្រីស្ទគិតបែបនេះដែរឬទេ? តើអ្វីជាការជំរុញចិត្តរបស់ពួកគេ? ពួកគេគិតថា៖ «ថ្ងៃនេះ ខ្ញុំបានកត់ត្រាចំណុចនៃសេចក្ដីពិតមួយ ដែលអ្នករាល់គ្នាមិនបានឮ ហើយខ្ញុំនឹងមិនប្រាប់នរណាម្នាក់ ឬ ប្រកបគ្នាអំពីវាជាមួយអ្នកដទៃឡើយ ពោលគឺ ខ្ញុំទទួលបានវាហើយ ហើយថ្ងៃណាមួយ ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាអំពីវា ហើយអួតសម្ញែងដើម្បីឱ្យអ្នករាល់គ្នាដឹងថា ខ្ញុំពិតជាយល់ពីសេចក្ដីពិតមែន ហើយមនុស្សគ្រប់គ្នានឹងបង្ហាញការកោតសរសើរមិនខាន»។ អ្នកប្រហែលជាគិតថា ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ និងស្រេកឃ្លានសេចក្ដីពិត ពីព្រោះពួកគេកត់ត្រាបែបនេះ ហើយការកត់ត្រារបស់ពួកគេគឺត្រឹមត្រូវណាស់ ប៉ុន្តែតើមានអ្វីកើតឡើង បន្ទាប់ពីពួកគេកត់ត្រារួច? ពួកគេបិទសៀវភៅសរសេររបស់ពួកគេ ហើយក៏ចប់ត្រឹមហ្នឹងទៅ។ នៅពេលពួកគេក្លាយជាអ្នកអធិប្បាយនៅថ្ងៃណាមួយ ហើយពួកគេមិនដឹងថាត្រូវអធិប្បាយអំពីអ្វី ពួកគេក៏ប្រញាប់បើកសៀវភៅសរសេររបស់ពួកគេ រៀបចំខ្លឹមសារនៃសេចក្ដីអធិប្បាយរបស់ពួកគេ អានវា ទន្ទេញវា និងសរសេរវាចេញពីការចងចាំ រហូតដល់ពួកគេចងចាំវាបានយ៉ាងច្បាស់នៅក្នុងគំនិតរបស់ពួកគេ។ មានតែពេលនោះទេ ទើបពួកគេមានអារម្មណ៍ថា «ជឿជាក់លើខ្លួនឯង» ដោយគិតថា ទីបំផុត ពួកគេមាន «សេចក្ដីពិត» ហើយអាចទៅអួតអាងនៅទីណាក៏បាន។ លក្ខណៈសម្គាល់មួយនៃអ្វីដែលមនុស្សទាំងនេះនិយាយ គឺវាសុទ្ធតែជាគោលលទ្ធិ ការជជែកវែកញែក និងបទប្បញ្ញត្តិទទេស្អាតប៉ុណ្ណោះ។ នៅពេលអ្នកមានការលំបាកជាក់លាក់ ឬរកឃើញបញ្ហា ហើយស្វែងរកដំណោះស្រាយពីពួកគេ ពួកគេនៅតែផ្ដល់ឱ្យអ្នកនូវគោលលទ្ធិមួយគំនរ ដោយនិយាយយ៉ាងច្បាស់លាស់ និងមានហេតុផល។ ប្រសិនបើអ្នកសួរពួកគេពីរបៀបយកវាទៅអនុវត្ត ពួកគេក៏ទាល់តម្រិះ រកពាក្យនិយាយមិនចេញ។ ប្រសិនបើពួកគេមិនអាចបកស្រាយវាបានទេ នោះមានន័យថាមានបញ្ហាធ្ងន់ធ្ងរហើយ ហើយវាបញ្ជាក់ថា ពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ មនុស្សដែលមិនយល់ពីសេចក្ដីពិត និងមិនស្រឡាញ់សេចក្ដីពិត ជារឿយៗចាត់ទុកសេចក្ដីពិតគ្រាន់តែជាពាក្យពោល ឬទ្រឹស្ដីមួយប្រភេទប៉ុណ្ណោះ។ ហើយតើមានអ្វីកើតឡើងនៅទីបញ្ចប់? បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេមិនអាចមើលធ្លុះពីរឿងនោះទេ ពួកគេមិនអាចចុះចូលបានទេ ហើយពួកគេមិនដឹងពីរបៀបស្វែងរកសេចក្ដីពិតឡើយ។ នៅពេលមាននរណាម្នាក់ប្រកបគ្នាជាមួយពួកគេ ពួកគេមាន «ពាក្យពោលដ៏ល្បីល្បាញ» មួយ ដែលពួកគេយកមកឆ្លើយតបថា៖ «កុំប្រាប់ខ្ញុំអី ខ្ញុំយល់គ្រប់យ៉ាងហើយ។ កាលនោះដែលខ្ញុំកំពុងអធិប្បាយ អ្នកមិនទាន់ទាំងចេះដើរស្រួលបួលផង!» នេះគឺជា «ពាក្យពោលដ៏ល្បីល្បាញ» របស់ពួកគេ។ ពួកគេអះអាងថាយល់គ្រប់យ៉ាង ចុះហេតុអ្វីបានជាពួកគេទាល់តម្រិះរាល់ពេលមានបញ្ហាកើតឡើង? ក្នុងនាមជាអ្នកដែលយល់ដឹងម្នាក់ ហេតុអ្វីបានជាអ្នកមិនអាចធ្វើសកម្មភាពអ្វីមួយបានសោះ? ហេតុអ្វីបានជារឿងនេះរារាំង និងធ្វើឱ្យអ្នកច្របូកច្របល់? តើអ្នកយល់ពីសេចក្ដីពិតដែរឬទេ? ប្រសិនបើអ្នកយល់ពីវា ហេតុអ្វីបានជាអ្នកមិនអាចទទួលយកវាបាន? ប្រសិនបើអ្នកយល់ពីវា ហេតុអ្វីបានជាអ្នកមិនអាចចុះចូលបាន? តើអ្វីជារឿងដំបូងដែលមនុស្សគួរធ្វើ ពេលដែលពួកគេយល់ពីសេចក្ដីពិត? ពួកគេគួរតែចុះចូល គ្មានអ្វីផ្សេងទៀតឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំយល់គ្រប់យ៉ាងហើយ កុំប្រកបគ្នាជាមួយខ្ញុំអី ខ្ញុំមិនត្រូវការជំនួយពីអ្នកដទៃទេ»។ វាមិនអីទេ ប្រសិនបើពួកគេមិនត្រូវការមនុស្សមកជួយពួកគេ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺ នៅពេលពួកគេទន់ខ្សោយ គោលលទ្ធិទាំងនោះដែលពួកគេយល់ គឺគ្មានប្រយោជន៍ទាល់តែសោះ។ សូម្បីតែភារកិច្ចរបស់ពួកគេ ក៏ពួកគេមិនចង់បំពេញផង ហើយបំណងប្រាថ្នាដ៏អាក្រក់ក្នុងការបោះបង់ចោលសេចក្ដីជំនឿរបស់ពួកគេ ក៏លេចឡើងនៅក្នុងពួកគេដែរ។ បន្ទាប់ពីអធិប្បាយទ្រឹស្ដីខាងសាសនវិទ្យាអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែពួកគេឈប់ជឿ ហើយដើរចេញទៅបាត់យ៉ាងងាយៗបែបនេះ តើពួកគេមានកម្ពស់ដែរឬទេ? (ទេ ពួកគេមិនមានទេ។) បើគ្មានកម្ពស់ទេ នោះក៏គ្មានជីវិតដែរ។ ប្រសិនបើអ្នកមានជីវិត ហេតុអ្វីបានជាអ្នកមិនអាចជម្នះរឿងតូចតាចបែបនេះបាន? អ្នកពូកែនិយាយណាស់ តើមែនទេ? អ៊ីចឹង ចូរបញ្ចុះបញ្ចូលខ្លួនឯងទៅ។ ប្រសិនបើសូម្បីតែខ្លួនឯង អ្នកមិនអាចបញ្ចុះបញ្ចូលខ្លួនឯងបានផង នោះតើអ្វីទៅឱ្យប្រាកដដែលអ្នកយល់នោះ? តើវាជាសេចក្ដីពិតឬ? សេចក្ដីពិតអាចដោះស្រាយការលំបាកពិតសម្រាប់មនុស្ស ហើយវាក៏អាចដោះស្រាយនិស្ស័យពុករលួយរបស់មនុស្សបានដែរ។ ហេតុអ្វីបានជា «សេចក្ដីពិត» ទាំងនោះដែលអ្នកយល់ មិនអាចដោះស្រាយសូម្បីតែការលំបាកផ្ទាល់ខ្លួនរបស់អ្នកបានផង? តើអ្វីទៅឱ្យប្រាកដដែលអ្នកយល់នោះ? វាគ្រាន់តែជាគោលលទ្ធិប៉ុណ្ណោះ។
ទាក់ទងនឹងការបង្ហាញ ចេញទីប្រាំពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលថាពួកគេជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោតខ្ញុំទើបតែបាននិយាយអំពីផ្នែកទីបីនៃការបង្ហាញចេញនេះ៖ ពួកគេឱ្យតម្លៃលើចំណេះដឹង និងការសិក្សាជ្រៅជ្រះ។ ពួកទទឹងនឹងព្រះគ្រីស្ទឱ្យតម្លៃលើចំណេះដឹង និងការសិក្សាជ្រៅជ្រះ តើចំណុចនេះអាចបង្ហាញពីនិស្ស័យទុច្ចរិតរបស់ពួកគេយ៉ាងដូចម្ដេច? ហេតុអ្វីបានជាគេនិយាយថា ការឱ្យតម្លៃលើចំណេះដឹង និងការសិក្សាជ្រៅជ្រះ មានន័យថាពួកគេមានសារជាតិទុច្ចរិត? យើងច្បាស់ជាត្រូវនិយាយអំពីការពិតនៅទីនេះ ពីព្រោះប្រសិនបើយើងពិភាក្សាត្រឹមតែពាក្យសម្ដី ឬទ្រឹស្ដីទទេ នោះមនុស្សអាចនឹងប្រកាន់យកការយល់ដឹងដែលលម្អៀង និងមិនសូវស៊ីជម្រៅអំពីរឿងនេះ។ ជាបឋម ចូរយើងចាប់ផ្ដើមជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្ត្រកាលពីយូរលង់ណាស់មកហើយ។ ខណៈពេលខ្ញុំកំពុងនិយាយ ចូរយកព្រះបន្ទូលរបស់ខ្ញុំទៅប្រៀបធៀបជាមួយនឹងសកម្មភាព និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយយកវាទៅប្រៀបធៀបជាមួយនឹងការបង្ហាញចេញ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជាដំបូង ចូរយើងនិយាយអំពីពួកផារិស៊ីកាលពីពីរពាន់ឆ្នាំមុន។ នៅពេលនោះ ពួកផារិស៊ីគឺជាមនុស្សលាក់ពុត។ នៅពេលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស បានលេចមក និងបានធ្វើកិច្ចការជាលើកដំបូង ពួកផារិស៊ីមិនត្រឹមតែមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចប៉ុណ្ណោះទេ ពួកគេថែមទាំងថ្កោលទោស និង ទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវយ៉ាងខ្លាំងក្លាទៀតផង ហើយហេតុនេះហើយទើបពួកគេត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា។ នេះអាចបញ្ជាក់បានថា ពួកផារិស៊ីគឺជាតំណាងដ៏ស័ក្ដិសមបំផុតនៃពួកទទឹងនឹងព្រះគ្រីស្ទ។ «ពួកទទឹងនឹងព្រះគ្រីស្ទ» បានក្លាយជាឈ្មោះមួយទៀតសម្រាប់ពួកផារិស៊ី ហើយតាមសារជាតិ ពួកផារិស៊ីគឺជាប្រភេទមនុស្សដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ហេតុដូច្នេះហើយ ការចាប់ផ្ដើមជាមួយនឹងពួកផារិស៊ី ដើម្បីវែកញែកពីធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាផ្លូវកាត់មួយ។ ដូច្នេះ តើពួកផារិស៊ីបានធ្វើអ្វីខ្លះ ដែលបង្ហាញឱ្យមនុស្សឃើញថា ពួកគេមានធម្មជាតិទុច្ចរិតនៃអាទទឹងនឹងព្រះគ្រីស្ទ? អម្បាញ់មិញនេះ ខ្ញុំបានលើកឡើងថា ពួកទទឹងនឹងព្រះគ្រីស្ទឱ្យតម្លៃលើចំណេះដឹង និងការសិក្សាជ្រៅជ្រះ តើចំណេះដឹង និងការសិក្សាជ្រៅជ្រះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សប្រភេទណា? តើនរណាជាតួអង្គតំណាងនៃរឿងទាំងនេះ? តើវាសំដៅទៅលើនិស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតឬ? ទេ នោះគឺខុសស្រឡះហើយ ពោលគឺវាសំដៅទៅលើពួកផារិស៊ី។ មូលហេតុដែលពួកផារិស៊ីលាក់ពុត មូលហេតុដែលពួកគេជាមនុស្សទុច្ចរិត គឺដោយសារតែពួកគេស្អប់ខ្ពើមសេចក្ដីពិត ប៉ុន្តែស្រឡាញ់ចំណេះដឹង ដូច្នេះ ពួកគេគ្រាន់តែសិក្សាព្រះគម្ពីរ និងដេញតាមចំណេះដឹងព្រះគម្ពីរប៉ុណ្ណោះ ប៉ុន្តែមិនដែលទទួលយកសេចក្ដីពិត ឬ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទេ នៅពេលអានព្រះបន្ទូលរបស់ទ្រង់ ហើយពួកគេក៏មិនស្វែងរក ឬ ប្រកបអំពីសេចក្ដីពិតដែរ។ ផ្ទុយទៅវិញ ពួកគេសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសិក្សាពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល និងបានធ្វើ ដោយហេតុនេះហើយ ទើបប្រែក្លាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាទ្រឹស្ដី ជាគោលលទ្ធិដើម្បីបង្រៀនដល់អ្នកដទៃ ដែលនេះហៅថាការសិក្សាស្រាវជ្រាវជ្រៅជ្រះ។ ហេតុអ្វីបានជាពួកគេចូលរួមក្នុងការសិក្សាជ្រៅជ្រះនេះ? តើពួកគេកំពុងសិក្សាអំពីអ្វី? នៅក្នុងក្រសែភ្នែករបស់ពួកគេ នេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការសម្ដែងចេញរបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនមែនជាសេចក្ដីពិតទៅទៀត។ ផ្ទុយទៅវិញ វាគឺជាប្រភេទនៃការសិក្សាជ្រៅជ្រះ ឬគេអាចនិយាយបានថា វាគឺជាចំណេះដឹងខាងសាសនវិទ្យា។ តាមទស្សនៈរបស់ពួកគេ ការផ្សាយចំណេះដឹងនេះ ការសិក្សាជ្រៅជ្រះនេះ គឺស្មើនឹងការផ្សាយមាគ៌ារបស់ព្រះជាម្ចាស់ ការផ្សាយដំណឹងល្អ ពោលគឺ នេះហើយជាអ្វីដែលពួកគេហៅថាការអធិប្បាយ ប៉ុន្តែអ្វីទាំងអស់ដែលពួកគេអធិប្បាយ គឺគ្រាន់តែជាចំណេះដឹងខាងសាសនវិទ្យាប៉ុណ្ណោះ។
តើផ្នែកទុច្ចរិតរបស់ពួកផារិស៊ីត្រូវបានបង្ហាញចេញយ៉ាងដូចម្ដេច? ជាបឋម ចូរយើងចាប់ផ្ដើមការពិភាក្សារបស់យើងអំពីរបៀបដែលពួកផារិស៊ីបានប្រព្រឹត្តចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយបន្ទាប់មក អ្នករាល់គ្នាប្រហែលជាអាចយល់បានច្រើនជាងនេះបន្តិច។ និយាយអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង យើងត្រូវនិយាយអំពីប្រភេទគ្រួសារ និងប្រវត្តិដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានប្រសូតមក កាលពីពីរពាន់ឆ្នាំមុន។ ជាបឋម ព្រះអម្ចាស់យេស៊ូវមិនបានប្រសូតក្នុងគ្រួសារស្តុកស្តម្ភ ទាល់តែសោះ ពោលគឺពូជពង្សរបស់ទ្រង់មិនមែនជាអ្នកខ្ពង់ខ្ពស់នោះទេ។ ឪពុកចិញ្ចឹមរបស់ទ្រង់ គឺលោកយ៉ូសែប ជាជាងឈើ ហើយម្ដាយរបស់ទ្រង់ គឺនាងម៉ារី ជាអ្នកជឿសាមញ្ញ ម្នាក់។ អត្តសញ្ញាណ និងឋានៈក្នុងសង្គមរបស់មាតាបិតាទ្រង់ តំណាងឱ្យប្រវត្តិគ្រួសារដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក ហើយវាច្បាស់ណាស់ថា ទ្រង់បានប្រសូតក្នុងគ្រួសារសាមញ្ញមួយ។ តើពាក្យ «សាមញ្ញ» មានន័យដូចម្ដេច? វាសំដៅទៅលើមហាជនទូទៅ ទៅលើគ្រួសារធម្មតានៅថ្នាក់ទាបបំផុតនៃសង្គម ដែលមិនមានពាក់ព័ន្ធអ្វីទាល់តែសោះនឹងគ្រួសារខ្ពង់ខ្ពស់ មិនជាប់ពាក់ព័ន្ធនឹងឋានៈខ្ពង់ខ្ពស់សូម្បីតែបន្តិច ហើយច្បាស់ណាស់ថាមិនមែនជាវណ្ណៈអភិជនឡើយ។ ដោយប្រសូតក្នុងគ្រួសារសាមញ្ញមួយ មានមាតាបិតាសាមញ្ញ គ្មានឋានៈក្នុងសង្គមខ្ពង់ខ្ពស់ ឬប្រវត្តិគ្រួសារល្បីល្បាញ វាច្បាស់ណាស់ថា ប្រវត្តិ និងគ្រួសារដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក គឺសាមញ្ញ។ តើព្រះគម្ពីរមានកត់ត្រាថា ព្រះអម្ចាស់យេស៊ូវទទួលបានការអប់រំពិសេសណាមួយដែរឬទេ? តើទ្រង់ទទួលបានការអប់រំពីសិក្ខាសាលាដែរឬទេ? តើទ្រង់ត្រូវបានបណ្ដុះបណ្ដាលដោយបូជាចារ្យថ្នាក់ខ្ពស់ដែរឬទេ? តើទ្រង់បានអានសៀវភៅជាច្រើនដូចប៉ុលដែរឬទេ? តើទ្រង់មានទំនាក់ទំនងជិតស្និទ្ធ ឬការប្រាស្រ័យទាក់ទងជាមួយអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម ឬពួកបូជាចារ្យថ្នាក់ខ្ពស់នៃសាសនាយូដាដែរឬទេ? ទេ ទ្រង់មិនមានទេ។ ដោយមើលទៅលើឋានៈក្នុងសង្គមនៃគ្រួសារដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក វាច្បាស់ណាស់ថា ទ្រង់នឹងមិនមានទំនាក់ទំនងជាមួយពួកអាចារ្យ និងពួកផារិស៊ីជាន់ខ្ពស់នៃសាសនាយូដាឡើយ ជាមូលដ្ឋាន ទ្រង់ត្រូវបានកម្រិតឱ្យគង់រស់នៅក្នុងចំណោមជនជាតិយូដាសាមញ្ញ។ ម្ដងម្កាល ទ្រង់យាងទៅវិហារសាសនាយូដា ហើយមនុស្សដែលទ្រង់បានជួប សុទ្ធតែជាមនុស្សសាមញ្ញ។ តើនេះបង្ហាញពីអ្វី? កាលដែលព្រះអម្ចាស់យេស៊ូវកំពុងចម្រើនវ័យ មុនពេលទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ ប្រវត្តិដែលទ្រង់ត្រូវបានចិញ្ចឹមបីបាច់ នៅតែមិនផ្លាស់ប្ដូរដដែល។ បន្ទាប់ពីព្រះជន្មដប់ពីរវស្សា គ្រួសាររបស់ទ្រង់មិនបានចាប់ផ្ដើមមានភាពរុងរឿងទេ ហើយទ្រង់ក៏មិនបានក្លាយជាស្តុកស្តម្ភដែរ រឹតតែមិនមានឱកាសប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងវណ្ណៈខ្ពង់ខ្ពស់នៃសង្គម ឬពិភពសាសនាទៅទៀត ហើយទ្រង់ក៏មិនមានឱកាសទទួលបានការអប់រំកម្រិតខ្ពស់ ក្នុងអំឡុងពេលទ្រង់ត្រូវបានចិញ្ចឹមបីបាច់ដែរ។ តើនេះផ្ដល់សារអ្វីដល់មនុស្សជំនាន់ក្រោយ? បុគ្គលដ៏សាមញ្ញ និងធម្មតារូបនេះ ដែលជាព្រះជាម្ចាស់យកកំណើតជាមនុស្ស មិនមានឱកាស ឬលក្ខខណ្ឌដើម្បីទទួលបានការអប់រំកម្រិតខ្ពស់ឡើយ។ ទ្រង់គឺដូចគ្នាទៅនឹងមនុស្សសាមញ្ញដែរ ទ្រង់រស់នៅក្នុងបរិយាកាសសង្គមសាមញ្ញ ក្នុងគ្រួសារសាមញ្ញមួយ ហើយគ្មានអ្វីពិសេសអំពីទ្រង់ឡើយ។ គឺដោយសារតែហេតុនេះហើយ ទើបបន្ទាប់ពីបានឮអំពីសេចក្ដីអធិប្បាយ និងសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវ ពួកអាចារ្យ និងពួកផារិស៊ីទាំងនោះហ៊ានក្រោកឈរឡើង ហើយវិនិច្ឆ័យ ប្រមាថ និងថ្កោលទោសទ្រង់យ៉ាងចំហ។ តើពួកគេមានមូលដ្ឋានអ្វីសម្រាប់ការថ្កោលទោសរបស់ពួកគេ? គ្មានអ្វីគួរឱ្យសង្ស័យឡើយ វាគឺផ្អែកលើក្រឹត្យវិន័យ និងបទប្បញ្ញត្តិនៃសញ្ញាចាស់។ ទីមួយ ព្រះអម្ចាស់យេស៊ូវបានដឹកនាំសិស្សរបស់ទ្រង់មិនឱ្យគោរពថ្ងៃសប្ប័ទទេ—ទ្រង់នៅតែធ្វើការនៅថ្ងៃសប្ប័ទដដែល។ បន្ថែមពីលើនេះ ទ្រង់មិនបានគោរពតាមក្រឹត្យវិន័យ និងបទប្បញ្ញត្តិទេ ហើយក៏មិនបានយាងទៅព្រះវិហារដែរ ហើយនៅពេលទ្រង់បានជួបនឹងមនុស្សមានបាប មនុស្សមួយចំនួនបានទូលសួរទ្រង់ពីរបៀបដោះស្រាយជាមួយពួកគេ ប៉ុន្តែទ្រង់មិនបានចាត់ការលើពួកគេតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភាពមេត្តាករុណាដល់ពួកគេ។ គ្មានទិដ្ឋភាពណាមួយនៃសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវ ដែលស្របតាមសញ្ញាណខាងសាសនារបស់ពួកផារិស៊ីឡើយ។ ដោយសារតែពួកគេមិនបានស្រឡាញ់សេចក្ដីពិត ហើយហេតុនេះទើបស្អប់ព្រះអម្ចាស់យេស៊ូវ ពួកគេបានយកលេសថាព្រះអម្ចាស់យេស៊ូវបំពានក្រឹត្យវិន័យ ដើម្បីថ្កោលទោសទ្រង់យ៉ាងខ្លាំងក្លា ហើយបានសម្រេចថាទ្រង់ត្រូវតែទទួលទោសប្រហារជីវិត។ ប្រសិនបើព្រះអម្ចាស់យេស៊ូវបានប្រសូតក្នុងគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់ និងល្បីល្បាញ ប្រសិនបើទ្រង់ទទួលបានការអប់រំខ្ពស់ ហើយប្រសិនបើទ្រង់មានទំនាក់ទំនងជិតស្និទ្ធជាមួយពួកអាចារ្យ និងពួកផារិស៊ីទាំងនេះ នោះរឿងរ៉ាវនៅពេលនោះនឹងមិនកើតឡើងចំពោះទ្រង់ដូចពេលក្រោយមកនោះទេ ពោលគឺរឿងរ៉ាវទាំងនោះប្រហែលជាអាចផ្លាស់ប្ដូរ។ គឺដោយសារតែភាពសាមញ្ញរបស់ទ្រង់ ភាពធម្មតារបស់ទ្រង់ និងប្រវត្តិនៃការប្រសូតរបស់ទ្រង់នេះហើយ ទើបទ្រង់ត្រូវបានពួកផារិស៊ីថ្កោលទោស។ តើពួកគេមានមូលដ្ឋានអ្វីសម្រាប់ការថ្កោលទោសព្រះអម្ចាស់យេស៊ូវ? គឺបទប្បញ្ញត្តិ និងក្រឹត្យវិន័យទាំងនោះដែលពួកគេប្រកាន់ខ្ជាប់ ដែលពួកគេបានជឿថានឹងមិនផ្លាស់ប្ដូរឡើយសម្រាប់អស់កល្បជានិច្ច។ ពួកផារិស៊ីបានចាត់ទុកទ្រឹស្ដីខាងសាសនវិទ្យាដែលពួកគេចាប់យល់ ថាជាចំណេះដឹង និងជាឧបករណ៍សម្រាប់វាយតម្លៃ និងថ្កោលទោសមនុស្ស ដោយថែមទាំងប្រើវាទៅលើព្រះអម្ចាស់យេស៊ូវទៀតផង។ នេះជារបៀបដែលព្រះអម្ចាស់យេស៊ូវត្រូវបានគេថ្កោលទោស។ របៀបដែលពួកគេវាយតម្លៃ ឬប្រព្រឹត្តចំពោះបុគ្គលណាម្នាក់ មិនដែលអាស្រ័យលើសារជាតិរបស់បុគ្គលនោះទេ ឬក៏មិនអាស្រ័យលើថាតើអ្វីដែលបុគ្គលនោះអធិប្បាយគឺជាសេចក្ដីពិតដែរឬអត់នោះឡើយ ហើយរឹតតែមិនអាស្រ័យលើប្រភពនៃពាក្យសម្ដីដែលបុគ្គលនោះបាននិយាយទៅទៀត ពោលគឺរបៀបដែលពួកផារិស៊ីបានវាយតម្លៃ ឬបាថ្កោលទោសបុគ្គលណាម្នាក់ គឺអាស្រ័យតែលើបទប្បញ្ញត្តិ ពាក្យពេចន៍ និងគោលលទ្ធិដែលពួកគេចាប់យល់ នៅក្នុងសញ្ញាចាស់នៃព្រះគម្ពីរប៉ុណ្ណោះ។ ទោះបីជាពួកផារិស៊ីបានដឹងនៅក្នុងចិត្តរបស់ពួកគេថា អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងបានធ្វើ មិនមែនជាអំពើបាប ឬជាការបំពានក្រឹត្យវិន័យក៏ដោយ ក៏ពួកគេនៅតែថ្កោលទោសទ្រង់ដដែល ពីព្រោះសេចក្ដីពិតដែលទ្រង់បានសម្ដែងចេញ ព្រមទាំងទីសម្គាល់ និងមហស្ចារ្យដែលទ្រង់បានសម្តែង បានធ្វើឱ្យមនុស្សជាច្រើនដើរតាម និងសរសើរតម្កើងទ្រង់។ ពួកផារិស៊ីកាន់តែស្អប់ទ្រង់ខ្លាំងឡើងៗ ហើយថែមទាំងចង់កម្ចាត់ទ្រង់ចេញទៀតផង។ ពួកគេមិនបានទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះមែស៊ីដែលត្រូវយាងមកនោះទេ ហើយពួកគេក៏មិនបានទទួលស្គាល់ថាព្រះបន្ទូលរបស់ទ្រង់មានសេចក្ដីពិតដែរ រឹតតែមិនទទួលស្គាល់ថាកិច្ចការរបស់ទ្រង់ប្រកាន់ខ្ជាប់នូវសេចក្ដីពិតទៅទៀត។ ពួកគេបានវិនិច្ឆ័យថាព្រះអម្ចាស់យេស៊ូវមានបន្ទូលពាក្យអួតអាងប្រមាថ និងបណ្ដេញអារក្សតាមរយៈបេលសេប៊ូល ដែលជាមេនៃអារក្សទាំងឡាយ។ ការដែលពួកគេអាចទម្លាក់កំហុសអំពើបាបទាំងនេះទៅលើព្រះអម្ចាស់យេស៊ូវ បង្ហាញពីកម្រិតនៃការស្អប់ដែលពួកគេមានចំពោះទ្រង់។ ហេតុដូច្នេះហើយ ពួកគេបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបដិសេធថា ព្រះអម្ចាស់យេស៊ូវត្រូវបានចាត់ឱ្យមកដោយព្រះជាម្ចាស់ ថាទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងថាទ្រង់គឺជាព្រះមែស៊ី។ អ្វីដែលពួកគេចង់មានន័យនោះគឺ៖ «តើព្រះនឹងធ្វើរឿងបែបនេះឬ? ប្រសិនបើព្រះយកកំណើតជាមនុស្ស គាត់ច្បាស់ជាប្រសូតក្នុងគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់មិនខាន។ ហើយគាត់ច្បាស់ជាត្រូវទទួលការបង្រៀនពីពួកអាចារ្យ និងពីពួកផារិស៊ី។ គាត់ច្បាស់ជាត្រូវសិក្សាព្រះគម្ពីរឱ្យបានជាប្រព័ន្ធ មានការចាប់យល់អំពីចំណេះដឹងព្រះគម្ពីរ និងត្រូវបានបំពាក់បំប៉នដោយចំណេះដឹងទាំងអស់នៅក្នុងព្រះគម្ពីរ មុននឹងអាចទទួលព្រះនាមថាជា ’ព្រះដែលយកកំណើតជាមនុស្ស’ បាន។» ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវមិនត្រូវបានបំពាក់បំប៉នដោយចំណេះដឹងនេះទេ ដូច្នេះ ពួកគេក៏បានថ្កោលទោសទ្រង់ ដោយនិយាយថា៖ «ទីមួយ អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បែបនោះទេ ដូច្នេះ អ្នកមិនអាចជាព្រះបានឡើយ ទីពីរ បើគ្មានចំណេះដឹងព្រះគម្ពីរនេះទេ អ្នកមិនអាចបំពេញកិច្ចការរបស់ព្រះបានឡើយ រឹតតែមិនអាចជាព្រះទៅទៀត ទីបី អ្នកមិនត្រូវធ្វើការនៅក្រៅព្រះវិហារឡើយ គឺឥឡូវនេះ អ្នកមិនកំពុងធ្វើការនៅក្នុងព្រះវិហារទេ ប៉ុន្តែតែងតែនៅចំណោមមនុស្សមានបាប ដូច្នេះ កិច្ចការដែលអ្នកធ្វើគឺហួសពីវិសាលភាពនៃព្រះគម្ពីរ ដែលធ្វើឱ្យវារឹតតែមិនអាចទៅរួចដែលថាអ្នកគឺជាព្រះ»។ តើមូលដ្ឋាននៃការថ្កោលទោសរបស់ពួកគេមកពីណា? គឺមកពីព្រះគម្ពីរ មកពីគំនិតរបស់មនុស្ស និងមកពីការអប់រំខាងសាសនវិទ្យាដែលពួកគេទទួលបាន។ ដោយសារតែពួកផារិស៊ីពោរពេញទៅដោយសញ្ញាណ ការស្រមើស្រមៃ និងចំណេះដឹង ពួកគេបានជឿថាចំណេះដឹងនេះគឺត្រឹមត្រូវ គឺជាសេចក្ដីពិត គឺជាមូលដ្ឋានដ៏ត្រឹមត្រូវ ហើយព្រះជាម្ចាស់មិនអាចល្មើសរឿងទាំងនេះបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬទេ? ពួកគេមិនបានស្វែងរកទេ។ តើពួកគេបានស្វែងរកអ្វី? គឺព្រះអធិធម្មជាតិមួយអង្គ ដែលបានលេចមកក្នុងទម្រង់ជារូបកាយខាងវិញ្ញាណ។ ហេតុដូច្នេះហើយ ពួកគេបានកំណត់ព្រំដែនសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ បានបដិសេធកិច្ចការរបស់ទ្រង់ ហើយបានវិនិច្ឆ័យថាព្រះជាម្ចាស់ត្រូវ ឬខុស ដោយផ្អែកលើសញ្ញាណ ការស្រមើស្រមៃ និងចំណេះដឹងរបស់មនុស្ស។ ហើយតើអ្វីជាលទ្ធផលចុងក្រោយនៃរឿងនេះ? ពួកគេមិនត្រឹមតែថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ពួកគេថែមទាំងបានឆ្កាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅលើឈើឆ្កាងទៀតផង។ នេះហើយជាលទ្ធផលនៃការដែលពួកគេប្រើប្រាស់សញ្ញាណ ការស្រមើស្រមៃ និងចំណេះដឹងរបស់ពួកគេ ដើម្បីវាយតម្លៃព្រះជាម្ចាស់ ហើយនេះហើយជាសេចក្តីទុច្ចរិតរបស់ពួកគេ។
ដោយមើលទៅលើការដែលពួកផារិស៊ីឱ្យតម្លៃលើចំណេះដឹង និងការសិក្សាជ្រៅជ្រះ តើសេចក្តីទុច្ចរិតរបស់ពួកគេស្ថិតនៅត្រង់ណា? តើវាត្រូវបានបង្ហាញចេញយ៉ាងដូចម្ដេច? តើយើងអាចជីកកកាយ និងវែកញែកពីធម្មជាតិទុច្ចរិតរបស់មនុស្សបែបនេះបានយ៉ាងដូចម្ដេច? ការដែលពួកផារិស៊ីគោរពឱ្យតម្លៃលើចំណេះដឹង និងការសិក្សាជ្រៅជ្រះ ត្រូវបានគេដឹងយ៉ាងច្បាស់ហើយ ហើយមិនចាំបាច់និយាយលម្អិតអំពីវាទេ។ ដូច្នេះ តើធម្មជាតិទុច្ចរិតអ្វីឱ្យប្រាកដ ដែលត្រូវបានបើកឱ្យដឹងនៅទីនេះ? តើយើងអាចវែកញែក និងមើលធ្លុះពីធម្មជាតិទុច្ចរិតរបស់មនុស្សបែបនេះបានយ៉ាងដូចម្ដេច? សូមនរណាម្នាក់និយាយមក។ (ពួកគេប្រើប្រាស់ចំណេះដឹងខាងទ្រឹស្ដដើម្បីប្រឆាំងនឹងសារជាតិរបស់ព្រះជាម្ចាស់ នេះគឺជាការបង្ហាញចេញមួយនៃសេចក្តីទុច្ចរិតរបស់ពួកគេ។) ការប្រឆាំងគឺជាសកម្មភាពមួយ ដូច្នេះ ហេតុអ្វីបានជាពួកគេប្រឆាំង? ការប្រឆាំងមានលាយឡំនឹងនិស្ស័យកាចសាហាវបន្តិច ប៉ុន្តែអ្នកនៅតែមិនទាន់និយាយដល់សេចក្តីទុច្ចរិតនៅឡើយទេ។ ហេតុអ្វីបានជាពួកគេប្រឆាំង? តើវាជារឿងទាក់ទងនឹងដែលពួកគេចូលចិត្ត ឬមិនចូលចិត្តទ្រង់ឬ? ពួកគេមិនចូលចិត្តព្រះជាម្ចាស់បែបនេះទេ ដោយជឿថា៖ «ព្រះគួរតែគង់នៅស្ថានសួគ៌ ជាស្ថានសួគ៌ជាន់ទីបី ដែលមនុស្សគ្រប់គ្នាកោតសរសើរ ដែលមនុស្សមិនអាចឈោងដល់ ដែលពួកគេមិនអាចយល់បាន ជាអង្គដែលមនុស្សជាតិទាំងមូល ភាវៈទាំងអស់ដែលព្រះបានបង្កើត និងសូម្បីតែភាវៈមានជីវិតទាំងអស់នៅក្នុងចក្រវាល គួរតែគោរព ពោលគឺ នោះទើបជាព្រះ! ឥឡូវនេះ ព្រះបានមកហើយ ប៉ុន្តែអ្នកបែរជាកើតក្នុងផ្ទះរបស់ជាងឈើ ឪពុកម្ដាយរបស់អ្នកគ្រាន់តែជាមនុស្សសាមញ្ញ ហើយអ្នកថែមទាំងកើតនៅក្នុងក្រោលសត្វទៀតផង។ ប្រវត្តិនៃការកើតរបស់អ្នក មិនត្រឹមតែសាមញ្ញនោះទេ គឺវាទាបជាងភាពសាមញ្ញ និងទាបជាងភាពធម្មតាទៅទៀត—តើមនុស្សអាចទទួលយករឿងនេះបានយ៉ាងដូចម្ដេច? ប្រសិនបើព្រះពិតជាមកមែន គាត់មិនអាចមកបែបនេះឡើយ!» តើនេះមិនមែនជារបៀបដែលមនុស្សដាក់កំហិតព្រះជាម្ចាស់ទេឬអី? មនុស្សគ្រប់គ្នាដាក់កំហិតព្រះជាម្ចាស់តាមរបៀបនេះឯង។ តាមពិតទៅ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេក៏មានអារម្មណ៍ស្រពេចស្រពិលដែរថា ព្រះអម្ចាស់យេស៊ូវមិនមែនជាមនុស្សសាមញ្ញទេ ថាអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលគឺត្រឹមត្រូវ ហើយថាអំពើបាបមួយចំនួនដែលមនុស្សបានចោទប្រកាន់ទ្រង់ តាមពិតមិនស្របនឹងការពិតឡើយ។ ព្រះអម្ចាស់យេស៊ូវអាចប្រោសអ្នកជំងឺឱ្យសះស្បើយ និងបណ្ដេញអារក្សបាន ហើយពួកគេមិនអាចរកកំហុសណាមួយឃើញ ឬ ចាប់កំហុសអ្វីមួយបានឡើយ នៅក្នុងព្រះបន្ទូល និងសេចក្ដីអធិប្បាយដែលទ្រង់បានមានបន្ទូល និងបានថ្លែង ប៉ុន្តែពួកគេនៅតែមិនអាចទទួលយកវាបានដដែល ហើយពួកគេនៅតែបានសង្ស័យនៅក្នុងចិត្តរបស់ពួកគេថា៖ «តើព្រះពិតជាមានលក្ខណៈបែបនេះមែនឬ? ព្រះពិតជាអស្ចារ្យណាស់នៅស្ថានសួគ៌ ដូច្នេះ ប្រសិនបើគាត់យកកំណើតជាមនុស្ស ហើយមកផែនដី គាត់គួរតែអស្ចារ្យជាងនេះទៅទៀត ដែលមនុស្សគ្រប់គ្នាកោតសរសើរ ដើរក្នុងចំណោមគ្រួសារខ្ពង់ខ្ពស់ និយាយដោយមានវោហារសាស្ត្រ ហើយមិនដែលបញ្ចេញឱ្យឃើញនូវចំណុចខ្វះខាត ឬភាពទន់ខ្សោយណាមួយរបស់មនុស្សឡើយ។ លើសពីនេះទៅទៀត គាត់គួរតែប្រើប្រាស់ចំណេះដឹង ការសិក្សាជ្រៅជ្រះ និងជំនាញរបស់គាត់ជាមុនសិន ដើម្បីបង្ក្រាបពួកបព្វជិតនៅក្នុងព្រះវិហារ។ គាត់គួរតែយកឈ្នះលើមនុស្សទាំងនេះជាមុនសិន នោះទើបជាបំណងរបស់ព្រះ។» ចំពោះអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ពួកគេមិនជឿវាទេ ហើយពួកគេក៏មិនចង់ទទួលយក ឬទទួលស្គាល់ការពិតនេះដែរ។ ការមិនចង់ទទួលស្គាល់ការពិតនេះ មិនមែនជាបញ្ហាធំដុំទេ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមានអ្វីមួយដែលកាន់តែគ្រោះថ្នាក់ទៅទៀត៖ ប្រសិនបើមនុស្សបែបនេះគឺជាព្រះ នោះពួកបព្វជិតទាំងអស់ក៏អាចជាព្រះបានដែរ ពួកគេទាំងអស់គ្នាដូចជាព្រះ ជាងព្រះជាម្ចាស់អង្គទ្រង់ទៅទៀត ហើយពួកគេទាំងអស់គ្នាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាគ្រីស្ទ ជាងព្រះអម្ចាស់យេស៊ូវទៅទៀត។ តើនេះមិនមែនជាបញ្ហាទេឬអី? (មែនហើយ។) ស្របពេលដែលពួកគេកំពុងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ពួកគេក៏កំពុងប្រឆាំង និងមើលងាយគ្រប់ទិដ្ឋភាពនៃប្រវត្តិដែលទាក់ទងនឹងសាច់ឈាម ដែលព្រះជាម្ចាស់បានជ្រើសរើសសម្រាប់ការយកកំណើតជាមនុស្សរបស់ទ្រង់នៅពេលនេះផងដែរ។ យើងនៅមិនទាន់បានពិភាក្សាថា តើសេចក្តីទុច្ចរិតរបស់ពួកផារិស៊ីស្ថិតនៅត្រង់ណានៅឡើយទេ ចូរយើងបន្តការប្រកបគ្នារបស់យើងទៀត។
ព្រះជាម្ចាស់យកកំណើតជាមនុស្សសាមញ្ញម្នាក់ ដែលមានន័យថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ពីរូបអង្គ អត្តសញ្ញាណ និងឋានៈដ៏ខ្ពង់ខ្ពស់លើសរបស់សព្វសារពើ ដើម្បីក្លាយជាមនុស្សសាមញ្ញទាំងស្រុង។ នៅពេលទ្រង់ក្លាយជាមនុស្សសាមញ្ញ ទ្រង់មិនបានជ្រើសរើសប្រសូតក្នុងគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់ ស្តុកស្តម្ភឡើយ ប្រវត្តិនៃការប្រសូតរបស់ទ្រង់គឺធម្មតាបំផុត ហើយថែមទាំងកម្សត់កម្រទៀតផង។ ប្រសិនបើយើងមើលរឿងនេះពីទស្សនៈរបស់មនុស្សសាមញ្ញម្នាក់ ជាអ្នកដែលមានមនសិការ ភាពមានវិចារណញ្ញាណ និងភាពជាមនុស្ស នោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺស័ក្ដិសមនឹងទទួលបានការគោរព និងសេចក្ដីស្រឡាញ់ពីមនុស្ស។ តើមនុស្សគួរប្រព្រឹត្តចំពោះរឿងនេះយ៉ាងដូចម្ដេច? (ដោយការគោរព។) មនុស្សសាមញ្ញ និងធម្មតាម្នាក់ដែលដើរតាមព្រះជាម្ចាស់ គួរសរសើរតម្កើងពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ចំពោះការពិតដែលថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ពីឋានៈដ៏ខ្ពង់ខ្ពស់ មកជាមនុស្សធម្មតាដ៏សាមញ្ញបំផុត ពោលគឺ ការបន្ទាបអង្គទ្រង់ និងការលាក់កំបាំងរបស់ព្រះជាម្ចាស់ ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់! នេះគឺជារឿងដែលគ្មានមនុស្សពុករលួយណាម្នាក់ ឬពួកអារក្ស និងសាតាំងអាចធ្វើបានឡើយ។ តើនេះជារឿងវិជ្ជមាន ឬអវិជ្ជមាន? (ជារឿងវិជ្ជមាន។) តើរឿងវិជ្ជមាននេះ បាតុភូតនេះ និងការពិតនេះ បង្ហាញយ៉ាងច្បាស់ពីអ្វី? គឺការបន្ទាបអង្គទ្រង់ និងការលាក់កំបាំងរបស់ព្រះជាម្ចាស់ ព្រមទាំងភាពគួរឱ្យស្រឡាញ់ និងភាពជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ការពិតមួយទៀតគឺថា ព្រះជាម្ចាស់ស្រឡាញ់មនុស្ស សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺពិតប្រាកដ វាមិនមែនក្លែងក្លាយឡើយ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនមែនជាពាក្យសម្ដីទទេស្អាត មិនមែនជាពាក្យស្លោក ឬជាការបំភាន់ឡើយ ប៉ុន្តែវាគឺជាក់ស្តែង និងជាការពិត។ ព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់យកកំណើតជាមនុស្ស ហើយស៊ូទ្រាំនឹងការយល់ច្រឡំរបស់មនុស្សជាតិ ក៏ដូចជាការចំអក ការមួលបង្កាច់ និងការប្រមាថរបស់ពួកគេ។ ទ្រង់បន្ទាបអង្គទ្រង់ ហើយក្លាយជាមនុស្សសាមញ្ញម្នាក់ ដែលមិនមានរូបរាងខ្ពង់ខ្ពស់ គ្មានទេពកោសល្យពិសេស ហើយច្បាស់ណាស់ថាគ្មានចំណេះដឹងជ្រាលជ្រៅ ឬការសិក្សាជ្រៅជ្រះឡើយ ពោល តើក្នុងគោលបំណងអ្វី? គឺដើម្បីចូលទៅជិតមនុស្សដែលទ្រង់បានជ្រើសរើស និងមានបំណងចង់សង្គ្រោះ ជាមួយនឹងអត្តសញ្ញាណនេះ និងរូបរាងជាមនុស្ស ដែលងាយស្រួលបំផុតក្នុងការចូលទៅកាន់ពួកគេ។ តើអ្វីៗទាំងអស់នេះដែលព្រះជាម្ចាស់ធ្វើ មិនមែនជាតម្លៃដែលទ្រង់បានលះបង់ទេឬអី? (មែនហើយ។) តើមាននរណាម្នាក់ផ្សេងទៀតអាចធ្វើបែបនេះបានដែរឬទេ? គ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ឧទាហរណ៍ ស្ត្រីមួយចំនួនដែលស្រឡាញ់ភាពស្រស់ស្អាតជាពិសេស តែងតែផាត់មុខជានិច្ច ហើយមិនចេញក្រៅទេ ប្រសិនបើមិនបានផាត់មុខ។ ប្រសិនបើអ្នកសុំឱ្យស្ត្រីបែបនេះចេញក្រៅដោយមុខទទេ ឬ ឡើងឆាកដោយមិនបានផាត់មុខ តើនាងអាចធ្វើបានដែរឬទេ? នាងមិនអាចធ្វើបានឡើយ។ ក្នុងករណីនេះ សូម្បីតែត្រូវគេធ្វើឱ្យអាម៉ាស់មុខ ក៏នាងមិនទាន់ធ្លាប់ផង គ្រាន់តែការចេញក្រៅដោយមិនបានផាត់មុខ គឺជារឿងមិនអាចទៅរួចសម្រាប់នាងទៅហើយ សូម្បីតែភាពចង់បានមុខមាត់បន្តិចបន្តួចនោះ ផលប្រយោជន៍ខាងសាច់ឈាមបន្តិចបន្តួចនោះ ក៏នាងមិនអាចលះបង់ចោលបានផង។ ចុះចំណែកព្រះជាម្ចាស់វិញ? នៅពេលព្រះជាម្ចាស់បន្ទាបអង្គទ្រង់ ដើម្បីប្រសូតក្នុងចំណោមថ្នាក់ទាបបំផុតនៃសង្គម ជាមនុស្សដ៏សាមញ្ញបំផុតម្នាក់ តើទ្រង់លះបង់អ្វីខ្លះ? ទ្រង់លះបង់សេចក្ដីថ្លៃថ្នូររបស់ទ្រង់។ ហេតុអ្វីបានជាព្រះជាម្ចាស់អាចលះបង់សេចក្ដីថ្លៃថ្នូររបស់ទ្រង់បាន? (គឺដើម្បីស្រឡាញ់ និងសង្គ្រោះមនុស្ស)។ គឺដើម្បីស្រឡាញ់មនុស្ស និងសង្គ្រោះពួកគេ ដែលនេះបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់។ ដូច្នេះ តើរឿងនេះពាក់ព័ន្ធនឹងការបាត់បង់សេចក្ដីថ្លៃថ្នូរយ៉ាងដូចម្ដេច? តើរឿងនេះគួរត្រូវបានយល់ឃើញយ៉ាងដូចម្ដេច? មនុស្សមួយចំនួននិយាយថា៖ «តើព្រះជាម្ចាស់បាត់បង់សេចក្ដីថ្លៃថ្នូរអ្វីខ្លះទៅ? ទោះបីជាយកកំណើតជាមនុស្សហើយក៏ដោយ តើព្រះអង្គមិននៅតែមានអត្តសញ្ញាណជាព្រះជាម្ចាស់ដដែលទេឬ? តើព្រះអង្គមិននៅតែមានមនុស្សដើរតាម និងស្ដាប់សេចក្ដីអធិប្បាយរបស់ព្រះអង្គដដែលទេឬ? តើព្រះអង្គមិននៅតែបំពេញកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ដដែលទេឬ ពោលគឺ តើព្រះអង្គបាត់បង់សេចក្ដីថ្លៃថ្នូរអ្វីទៅ?» «ការបាត់បង់សេចក្ដីថ្លៃថ្នូរ» នេះ រួមមានទិដ្ឋភាពមួយចំនួន។ ក្នុងទិដ្ឋភាពមួយ ការជំរុញចិត្តរបស់ព្រះជាម្ចាស់ក្នុងការធ្វើរឿងទាំងអស់នេះ គឺដើម្បីជាប្រយោជន៍ដល់មនុស្ស ប៉ុន្តែតើមនុស្សអាចយល់ពីរឿងនេះបានដែរឬទេ? សូម្បីតែមនុស្សដែលដើរតាមទ្រង់ ក៏មិនអាចយល់ពីរឿងនេះបានដែរ។ តើមានអ្វីខ្លះដែលបង្កប់នៅក្នុងការមិនយល់នេះ? គឺមានការយល់ច្រឡំ ការបកស្រាយខុស និងការសម្លឹងមើលដោយចម្លែក ឬ ការសម្លឹងមើលដោយការមើលងាយពីមនុស្សមួយចំនួន។ ព្រះជាម្ចាស់គង់នៅពិភពខាងវិញ្ញាណ គង់នៅកណ្ដាលរបស់សព្វសារពើ ហើយមនុស្សជាតិទាំងមូលស្ថិតនៅក្រោមព្រះ បាទារបស់ព្រះជាម្ចាស់ ប៉ុន្តែឥឡូវនេះ ដោយសារព្រះជាម្ចាស់បានយកកំណើតជាមនុស្ស វាស្មើនឹងការដែលទ្រង់រស់នៅក្នុងមជ្ឈដ្ឋានតែមួយជាមួយមនុស្ស ក្នុងឋានៈស្មើគ្នា។ ទ្រង់ត្រូវប្រឈមមុខនឹងការចំអក ការមួលបង្កាច់ ការយល់ច្រឡំ និងការនិយាយផ្លែផ្កាយ៉ាងចាក់ដោតរបស់មនុស្សជាតិ ក៏ដូចជាសញ្ញាណ ភាពជាសត្រូវ និងការវិនិច្ឆ័យរបស់ពួកគេផងដែរ ពោលគឺ ទាំងនេះហើយគឺជាអ្វីដែលទ្រង់ត្រូវប្រឈមមុខ។ ខណៈពេលទ្រង់កំពុងប្រឈមមុខនឹងរឿងទាំងនេះ តើអ្នករាល់គ្នាគិតថាទ្រង់មានសេចក្ដីថ្លៃថ្នូរដែរឬទេ? យោងតាមអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ទ្រង់មិនគួររងទុក្ខនឹងរឿងទាំងនេះទេ មនុស្សមិនគួរប្រព្រឹត្តចំពោះព្រះជាម្ចាស់បែបនេះឡើយ ហើយទ្រង់ក៏មិនគួរស៊ូទ្រាំនឹងរឿងទាំងនេះដែរ ទាំងនេះមិនមែនជារឿងដែលព្រះជាម្ចាស់គួរស៊ូទ្រាំឡើយ ប៉ុន្តែនៅពេលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទ្រង់ត្រូវតែទទួលយករឿងទាំងនេះ ទ្រង់ត្រូវតែស៊ូទ្រាំនឹងរឿងទាំងអស់នេះ ដោយមិនអាចចៀសវាងបានឡើយ។ មនុស្សជាតិពុករលួយអាចនិយាយរឿងដែលស្ដាប់ទៅពីរោះៗជាច្រើនទៅកាន់ព្រះជាម្ចាស់នៅស្ថានសួគ៌ ប៉ុន្តែពួកគេមិនគោរពដល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទាល់តែសោះ។ ពួកគេគិតថា៖ «ព្រះយកកំណើតជាមនុស្សឬ? អ្នកពិតជាសាមញ្ញ និងធម្មតាណាស់ ដោយគ្មានអ្វីអស្ចារ្យទាល់តែសោះ មើលទៅអ្នកមិនអាចធ្វើអ្វីខ្ញុំបានឡើយ!» ពួកគេហ៊ាននិយាយគ្រប់យ៉ាង! នៅពេលដែលប៉ះពាល់ដល់ផលប្រយោជន៍ ឬ កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេហ៊ានបញ្ចេញការវិនិច្ឆ័យ ឬ ការថ្កោលទោសគ្រប់បែបយ៉ាង។ ហេតុដូច្នេះហើយ នៅពេលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទោះបីជាទ្រង់មានឋានៈនេះ និងទទួលបានអត្តសញ្ញាណនេះ នៅពេល ទ្រង់ប្រាស្រ័យទាក់ទងជាមួយមនុស្ស និងរស់នៅរួមគ្នាជាមួយមនុស្សជាតិពុករលួយក៏ដោយ ក៏ក្នុងពេលជាមួយគ្នានោះ តាមពិត ទ្រង់ត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខគ្រប់បែបយ៉ាង ដែលបណ្ដាលមកពីអត្តសញ្ញាណរបស់ទ្រង់។ ទ្រង់បាត់បង់សេចក្ដីថ្លៃថ្នូរទាំងអស់របស់ទ្រង់ពោល នេះគឺជារឿងទីមួយដែលព្រះជាម្ចាស់ត្រូវស៊ូទ្រាំ ដោយប្រឈមមុខនឹងរាល់ភាពច្របូកច្របល់ ការយល់ច្រឡំ ការសង្ស័យ ការតេស្ត ការបះបោរ ការវិនិច្ឆ័យ ភាពមានពុតត្បុត។ល។ ដែលមនុស្សជាតិពុករលួយបានប្រព្រឹត្តចំពោះទ្រង់។ ទ្រង់ត្រូវស៊ូទ្រាំនឹងរឿងទាំងអស់នេះ ពោលនោះហើយគឺជាការបាត់បង់សេចក្ដីថ្លៃថ្នូររបស់ទ្រង់។ តើមានអ្វីទៀត? ជាសំខាន់ គឺគ្មានភាពខុសគ្នារវាងការយកកំណើតជាមនុស្ស និងព្រះវិញ្ញាណឡើយ តើនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) ជាសំខាន់ គឺគ្មានភាពខុសគ្នាទេ ប៉ុន្តែមានទិដ្ឋភាពមួយ៖ សាច់ឈាមមិនអាចជំនួសព្រះវិញ្ញាណបានឡើយ។ ពោលគឺ សាច់ឈាមត្រូវបានដាក់កម្រិតនៅក្នុងមុខងារជាច្រើនរបស់ទ្រង់។ ឧទាហរណ៍ ព្រះវិញ្ញាណអាចធ្វើដំណើរឆ្លងកាត់លំហអាកាស មិនទទួលរងឥទ្ធិពលពីពេលវេលា អាកាសធាតុ ឬ បរិយាកាសផ្សេងៗឡើយ ហើយមានវត្តមាននៅគ្រប់ទីកន្លែង ចំណែកឯសាច់ឈាមវិញ គឺត្រូវស្ថិតនៅក្រោមការដាក់ ដែនកំណត់ទាំងនេះ។ តើមានការបាត់បង់អ្វីខ្លះចំពោះសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់? តើមានការលំបាកអ្វីខ្លះនៅក្នុងរឿងនេះ? ព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់មានសមត្ថភាពនេះ ប៉ុន្តែដោយសារតែទ្រង់ត្រូវបានដាក់ដែនកំណត់ដោយសាច់ឈាម ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ ទ្រង់ត្រូវតែប្រកាន់ខ្ជាប់នូវកិច្ចការនៃសាច់ឈាមដោយយកចិត្តទុកដាក់ ដោយស្ងៀមស្ងាត់ និងដោយការស្តាប់បង្គាប់ រហូតដល់កិច្ចការនោះត្រូវបានបញ្ចប់។ ក្នុងអំឡុងពេលព្រះជាម្ចាស់កំពុងធ្វើការ នៅក្នុងសាច់ឈាម អ្វីដែលមនុស្សអាចមើលឃើញពីព្រះជាម្ចាស់ និងអ្វីដែលពួកគេអាចយល់ដឹងពីទ្រង់នៅក្នុងសញ្ញាណរបស់ពួកគេ គឺសាច់ឈាមនេះដែលភ្នែករបស់ពួកគេអាចមើលឃើញ។ ដូច្នេះ នៅក្នុងការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ តើភាពអស្ចារ្យ សព្វានុភាព ព្រះប្រាជ្ញាញាណ និងសូម្បីតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មិនត្រូវស្ថិតនៅក្រោមការដាក់ដែនកំណត់ជាក់លាក់ណាមួយទេឬ? (មែនហើយ។) ក្នុងកម្រិតដ៏ធំមួយ រឿងទាំងនោះត្រូវស្ថិតនៅក្រោមការដាក់ដែនកំណត់ជាក់លាក់។ តើអ្វីដែលបណ្ដាលឱ្យមានការដាក់ដែនកំណត់ទាំងនេះ? (ការយកកំណើតជាមនុស្ស។) ការដាក់ដែនកំណត់ទាំងនេះ គឺបណ្ដាលមកពីការដែលទ្រង់យកកំណើតជាមនុស្ស។ គេអាចនិយាយបានថា ការយកកំណើតជាមនុស្ស បង្កជាបញ្ហាមួយប្រភេទដល់ព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់។ ជាការពិតណាស់ ពាក្យថា «បញ្ហា» គឺមិនសូវចំ ទេក្នុងការយកមកប្រើនៅទីនេះ ប៉ុន្តែវាស័ក្ដិសមក្នុងការនិយាយបែបនេះ ពោលគឺ វាអាចនិយាយបានតែបែបនេះប៉ុណ្ណោះ។ តើបញ្ហានេះមានឥទ្ធិពលជាក់លាក់ណាមួយ ទៅលើការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ និងទៅលើការប្រាស្រ័យទាក់ទង ព្រមទាំងអន្តរកម្មពិតប្រាកដរបស់មនុស្សជាមួយព្រះជាម្ចាស់ ដើម្បីស្រឡាញ់ និងចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? (មែនហើយ។) វាពិតជាមានឥទ្ធិពលជាក់លាក់មែន។ ដរាបណាមនុស្សម្នាក់បានឃើញសាច់ឈាមរបស់ព្រះជាម្ចាស់ ដរាបណាពួកគេមានទំនាក់ទំនងជាមួយសាច់ឈាមរបស់ព្រះជាម្ចាស់ ដរាបណាពួកគេបានឮសាច់ឈាមរបស់ព្រះជាម្ចាស់មានបន្ទូល នោះវាអាចទៅរួចដែលថា នៅក្នុងមួយជីវិតរបស់ពួកគេ រូបអង្គរបស់ព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ព្រះជាម្ចាស់ នឹងស្ថិតស្ថេរជារៀងរហូតនៅក្នុងអ្វីដែលពួកគេទទួលស្គាល់ មើលឃើញ និងយល់ដឹងនៅក្នុងសាច់ឈាមនេះ។ នេះគឺជារឿងអយុត្តិធម៌ចំពោះព្រះជាម្ចាស់។ តើវាមិន បែបនេះទេឬ? (មែនហើយ គឺបែបនេះឯង។) វាជារឿងអយុត្តិធម៌ចំពោះព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែធ្វើបែបនេះ? ពីព្រោះមានតែតាមរយៈការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សប៉ុណ្ណោះ ទើបលទ្ធផលល្អបំផុតនៃការដែលព្រះជាម្ចាស់បន្សុទ្ធ និងសង្គ្រោះមនុស្ស អាចសម្រេចបាន គឺព្រះជាម្ចាស់ជ្រើសរើសផ្លូវនេះ។ ព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយរស់នៅដោយផ្ទាល់ក្នុងចំណោមមនុស្ស ដោយអនុញ្ញាតឱ្យមនុស្សឮព្រះបន្ទូលរបស់ទ្រង់ ឃើញរាល់សកម្មភាពរបស់ទ្រង់ និងឃើញនិស្ស័យរបស់ទ្រង់ សូម្បីតែបុគ្គលិកលក្ខណៈរបស់ទ្រង់ ព្រមទាំងសេចក្ដីអំណរ និងសេចក្ដីសោកសង្រេងរបស់ទ្រង់ផងដែរ។ ទោះបីជានិស្ស័យនេះ ព្រមទាំងសេចក្ដីអំណរ និងសេចក្ដីសោកសង្រេងទាំងនេះ អាចធ្វើឱ្យកើតមានសញ្ញាណនៅពេលដែលមនុស្សឃើញផ្ទាល់ភ្នែក ដែលជះឥទ្ធិពលដល់ការយល់ដឹងរបស់មនុស្សអំពីសារជាតិរបស់ព្រះជាម្ចាស់ និងដាក់កំហិតដល់ការយល់ដឹងរបស់មនុស្សក៏ដោយ ក៏ព្រះជាម្ចាស់សុខចិត្តឱ្យមនុស្សយល់ច្រឡំពីទ្រង់ ហើយនៅតែជ្រើសរើសវិធីសាស្ត្រនេះ ដើម្បីសម្រេចបាននូវលទ្ធផលល្អបំផុតក្នុងការសង្គ្រោះមនុស្សដដែល។ ហេតុដូច្នេះហើយ ពីទស្សនៈនៃការយល់ដឹងរបស់មនុស្សអំពីមុខមាត់ដើមរបស់ព្រះជាម្ចាស់ ព្រមទាំងអត្តសញ្ញាណ ឋានៈ និងសារជាតិពិតរបស់ព្រះជាម្ចាស់ ទ្រង់បានលះបង់សេចក្ដីថ្លៃថ្នូររបស់ទ្រង់។ តើគេមិនអាចនិយាយបែបនេះបានទេឬ? នោះគឺមកពីទស្សនៈនេះឯង។ ចូរត្រិះរិះពិចារណាអំពីរឿងនេះឱ្យបានដិតដល់៖ នៅក្នុងទិដ្ឋភាពផ្សេងៗនៃអ្វីដែលព្រះជាម្ចាស់បានលះបង់ និងបានធ្វើ យោងតាមការយល់ដឹងរបស់មនុស្ស តើមានអ្វីដែលស្មើនឹងទ្រឹស្ដី និងពាក្យស្លោកទាំងនោះរបស់ពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? គឺគ្មានឡើយ។ ឧទាហរណ៍ នៅពេលដែលពួកផារិស៊ីនិយាយថា៖ «ព្រះមានសេចក្ដីថ្លៃថ្នូរ» តើពួកគេយល់ពីសេចក្ដីថ្លៃថ្នូរនេះយ៉ាងដូចម្ដេច? តើសេចក្ដីថ្លៃថ្នូររបស់ព្រះគួរត្រូវបានដឹងនៅក្នុងក្រសែភ្នែករបស់ពួកគេយ៉ាងដូចម្តេច? គឺគ្រាន់តែថាទ្រង់មានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះ។ តើវាមិនមែនជាគោលលទ្ធិទេឬ ដែលថា «ព្រះមានសេចក្ដីថ្លៃថ្នូរ ព្រះពិតជាមានសេចក្ដីថ្លៃថ្នូរណាស់» នោះ? (មែនហើយ។) តើពួកគេជឿថាសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់គឺជាអ្វី? គឺថា ប្រសិនបើព្រះជាម្ចាស់មកកាន់ពិភពលោក ទ្រង់នឹងមានឋានៈលេចធ្លោ មានចំណេះដឹង និងទេពកោសល្យកំពូល មានសមត្ថភាពកំពូល មានវោហារសាស្ត្រដ៏អស្ចារ្យ ព្រមទាំងមានរូបរាងដ៏ស្រស់សង្ហា និងល្អឥតខ្ចោះ។ តើសេចក្ដីថ្លៃថ្នូរដែលពួកគេបានជឿនោះគឺជាអ្វី? គឺជាអ្វីដែលមនុស្សអាចមើលឃើញ។ តើសេចក្ដីថ្លៃថ្នូរបែបនេះ មិនមែនជារឿងដែលសាតាំងធ្វើទេឬអី? (មែនហើយ។) ព្រះជាម្ចាស់មិនធ្វើបែបនោះឡើយ! ចូរមើលថាតើមនុស្សប្រភេទណាដែលព្រះជាម្ចាស់បានជ្រើសរើស សម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះ ហើយចូរមើលថាតើមនុស្សប្រភេទណាដែលជាឥស្សរជនឆ្នើមនៅក្នុងពិភពលោករបស់សាតាំង។ តាមរយៈការប្រៀបធៀបពួកគេផ្ទុយគ្នាតាមរបៀបនេះ អ្នកនឹងដឹងថាតើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សង្គ្រោះ ហើយមនុស្សប្រភេទណាដែលមិនអាចត្រូវបានសង្គ្រោះ។ អ្នកដែលក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត មានអំណោយទាន និងមានទេពកោសល្យជាពិសេស គឺជាអ្នកដែលពិបាកនឹងទទួលយកសេចក្ដីពិតបំផុត។ ពាក្យសម្ដីរបស់ពួកគេពោរពេញទៅដោយចំណេះដឹង មានវោហារសាស្ត្រខ្លាំងណាស់ ហើយធ្វើឱ្យមនុស្សថ្វាយបង្គំ និងគោរពពួកគេ ប៉ុន្តែភាពទន់ខ្សោយខ្លាំងរបស់ពួកគេ គឺការមិនទទួលយកសេចក្ដីពិត ហើយពួកគេស្អប់ខ្ពើមសេចក្ដីពិត ព្រមទាំងស្អប់វា ដែលនេះកំណត់ថាពួកគេនឹងដើរតាមផ្លូវនៃសេចក្ដីវិនាស។ ដូច្នេះ ជាថ្មីម្តងទៀតគ្មាននរណាម្នាក់ក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មានអំណោយទាន ឬទេពកោសល្យពិសេសណាមួយឡើយ ប៉ុន្តែពួកគេអាចទទួលយកសេចក្ដីពិត ចុះចូលនឹងព្រះជាម្ចាស់ លះបង់កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេដើម្បីដើរតាមព្រះជាម្ចាស់ ហើយសុខចិត្តបំពេញភារកិច្ចរបស់ពួកគេ។ ទាំងនេះគឺជាប្រភេទមនុស្សដែលត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ តើអ្នកគ្មានជំនឿថ្វាយបង្គំនរណា? ពួកគេទាំងអស់គ្នាថ្វាយបង្គំបញ្ញវន្តជាន់ខ្ពស់ និងមនុស្សដែលមានឋានៈគ្រួសារខ្ពង់ខ្ពស់។ ចំពោះអំណោយទាន ជំនាញពិសេស និងឋានៈគ្រួសារវិញ ពួកយើងមិនមានរឿងទាំងនេះឡើយ ពោលគឺ ពួកយើងគឺដូចគ្នា។ តើអ្នករាល់គ្នាគិតយ៉ាងណាអំពីរឿងនេះ? ព្រះជាម្ចាស់មិនធ្វើរឿងបែបនេះទេ តើវាសាមញ្ញបែបនេះឬ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនរៀបចំចាត់ចែងវាតាមរបៀបនេះ? បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺស្ថិតនៅក្នុងរឿងនេះ។ វាគឺជារឿងងាយស្រួលបំផុតសម្រាប់ព្រះជាម្ចាស់ ក្នុងការរៀបចំចាត់ចែងថាតើមនុស្សម្នាក់កើតក្នុងគ្រួសារណា ហើយពួកគេអាចរៀនចំណេះដឹងអ្វីខ្លះ។ តើព្រះជាម្ចាស់អាចធ្វើបែបនេះបានដែរឬទេ? (មែនហើយ។) ទ្រង់ពិតជាអាចធ្វើបានមែន! ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនរៀបចំឱ្យពួកយើងកើតក្នុងគ្រួសារស្តុកស្តម្ភ និងមានឋានៈខ្ពង់ខ្ពស់? នេះគឺជាភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ នេះគឺជាការបើកសម្ដែងពីសារជាតិរបស់ព្រះជាម្ចាស់ ហើយមានតែអ្នកដែលយល់ពីសេចក្ដីពិតប៉ុណ្ណោះ ទើបអាចមើលធ្លុះពីរឿងនេះបាន។ បន្ទាប់ពីព្រះជាម្ចាស់យកកំណើតជាមនុស្ស មិនថាសញ្ញាណរបស់មនុស្សអាចធំប៉ុនណាក៏ដោយ មិនថាការលំបាកដែលព្រះជាម្ចាស់ជួបប្រទះនៅក្នុងកិច្ចការរបស់ទ្រង់ធំប៉ុនណាក៏ដោយ មិនថាឧបសគ្គដែលទ្រង់ប្រឈមមុខធំប៉ុនណាក៏ដោយ មិនថាការចំអក និងការមួលបង្កាច់ដែលទ្រង់ទទួលបានធំប៉ុនណាក៏ដោយ ហើយមិនថាទ្រង់បាត់បង់សេចក្ដីថ្លៃថ្នូរប៉ុនណា បន្ទាប់ពីទ្រង់យកកំណើតជាមនុស្សតាមរបៀបនេះក៏ដោយ តើទ្រង់ខ្វល់ដែរឬទេ? ទ្រង់មិនខ្វល់ឡើយ។ ដូច្នេះ តើទ្រង់ខ្វល់អំពីអ្វី? ប្រសិនបើអ្នករាល់គ្នាអាចយល់ពីចំណុចនេះ នោះអ្នករាល់គ្នាពិតជាដឹងថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់មែន។ តើព្រះជាម្ចាស់ខ្វល់អំពីអ្វី? តើអ្វីទៅជាបំណងព្រះហឫទ័យយកចិត្តទុកដាក់ខ្ពស់របស់ព្រះជាម្ចាស់ ក្នុងការលះបង់នេះ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងបែបនេះ? តើទ្រង់ធ្វើបែបនេះដើម្បីអ្វីឱ្យប្រាកដ? (គឺដើម្បីឱ្យក្រុមមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើសនេះ អាចយល់ពីព្រះជាម្ចាស់កាន់តែច្បាស់ ដើម្បីមានទំនាក់ទំនងកាន់តែល្អជាមួយព្រះជាម្ចាស់ តាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ ហើយបន្ទាប់មក អាចមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់)។ មានការយល់ដឹងអំពីព្រះជាម្ចាស់ ដូច្នេះ តើរឿងនេះនៅតែមានប្រយោជន៍ច្រើនសម្រាប់ព្រះជាម្ចាស់ដែរឬទេ? តើព្រះជាម្ចាស់លះបង់យ៉ាងច្រើន ដើម្បីគោលដៅតែមួយនេះឬ? មែន ឬមិនមែន? តើព្រះជាម្ចាស់ខិតខំប្រឹងប្រែងធ្វើការអស់រយៈពេល ៦០០០ ឆ្នាំ គ្រាន់តែដើម្បីឱ្យមនុស្សយល់ពីព្រះជាម្ចាស់ឬ? ចូរប្រាប់ខ្ញុំមកមើល៍ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សមក បន្ទាប់ពីមនុស្សជាតិបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយដើរតាមសាតាំង ហើយមនុស្សម្នាក់ៗបានចាប់ផ្ដើមរស់នៅដូចជាអារក្សរស់ តើនរណាជាអ្នកដែលសប្បាយចិត្តបំផុត? (សាតាំង។) តើនរណាជាជនរងគ្រោះ? (មនុស្ស)។ ចុះតើនរណាជាអ្នកដែលសោកសង្រេងបំផុត? (ព្រះជាម្ចាស់។) តើអ្នករាល់គ្នាជាអ្នកដែលសោកសង្រេងបំផុតឬ? (ទេ។) ក្នុងតថភាព គ្មាននរណាម្នាក់អាចមើលធ្លុះពីរឿងទាំងនេះឡើយ។ គ្មាននរណាម្នាក់ដឹងពីរឿងទាំងនេះដោយខ្លួនឯងទេ៖ ពួកគេទទួលយកអ្វីៗគ្រប់យ៉ាងទៅតាមដំណើរជីវិតដែលពួកគេរស់នៅ។ នៅពេលអ្នកសុំឱ្យពួកគេអនុវត្តសេចក្ដីពិត ពួកគេមិនគិតថារឿងនេះអាចផ្ដល់ប្រយោជន៍អ្វីឡើយ។ ពួកគេរឹងត្អឹងរស់នៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ហើយតែងតែបះបោរទាស់នឹងព្រះជាម្ចាស់ជានិច្ច។ អ្នកដែលសោកសង្រេង និងឈឺចាប់បំផុត តាមពិតគឺព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់ខ្វល់អំពីសភាពបច្ចុប្បន្ននៃអត្ថិភាពរបស់មនុស្ស ឬថាតើជីវិតរបស់ពួកគេល្អឬអត់ដែរឬទេ? (ទ្រង់ខ្វល់។) ព្រះជាម្ចាស់គឺជាអ្នកដែលខ្វល់ខ្វាយបំផុត ហើយប្រហែលជាមនុស្សដែលពាក់ព័ន្ធមិនមានអារម្មណ៍ដឹងពីរឿងនេះទេ ហើយតាមពិត ពួកគេមិនយល់ពីរឿងនេះដោយខ្លួនឯងឡើយ។ ដោយរស់នៅក្នុងពិភពលោកនេះ មនុស្សជាតិមានលក្ខណៈបែបនេះកាលពីមួយរយឆ្នាំមុន ហើយឥឡូវនេះ ពួកគេនៅតែមានលក្ខណៈបែបនេះដដែល ដោយបន្តពូជពង្សពីមួយជំនាន់ទៅមួយជំនាន់ ហើយរស់នៅបែបនេះពីមួយជំនាន់ទៅមួយជំនាន់ មនុស្សខ្លះរស់នៅបានសុខស្រួល មនុស្សខ្លះក្រីក្រ ពោល ជីវិតគឺពោរពេញទៅដោយភាពជូរចត់ និងភាពផ្អែមល្ហែម។ មនុស្សមកដល់ពីមួយជំនាន់ទៅមួយជំនាន់ ស្លៀកពាក់សម្លៀកបំពាក់ខុសៗគ្នា ហូបអាហារដូចគ្នា ប៉ុន្តែរចនាសម្ព័ន្ធ និងប្រព័ន្ធសង្គមផ្លាស់ប្ដូរបន្តិចម្ដងៗ មនុស្សមកដល់បច្ចុប្បន្ននេះដោយមិនដឹងខ្លួនសោះ តើពួកគេដឹងដែរឬទេ? ពួកគេមិនដឹងឡើយ។ ដូច្នេះ តើនរណាជាអ្នកដែលដឹងច្បាស់ជាងគេ? (ព្រះជាម្ចាស់។) គឺព្រះជាម្ចាស់ដែលខ្វល់ខ្វាយបំផុតអំពីរឿងនេះ។ រឿងមួយដែលព្រះជាម្ចាស់មិនភ្លេច គឺថាតើមនុស្សដែលទ្រង់បានបង្កើតមករស់នៅយ៉ាងដូចម្ដេច តើសភាពបច្ចុប្បន្ននៃជីវិតរបស់មនុស្សមានលក្ខណៈបែបណា តើពួកគេរស់នៅបានសុខស្រួលដែរឬទេ តើមនុស្សហូប និងស្លៀកពាក់អ្វី តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា ហើយតើមនុស្សគិតអំពីអ្វីរៀងរាល់ថ្ងៃនៅក្នុងចិត្តរបស់ពួកគេ។ ប្រសិនបើអ្វីៗទាំងអស់ដែលមនុស្សគិតរៀងរាល់ថ្ងៃសុទ្ធតែជារឿងអាក្រក់ គិតតែពីរបៀបផ្លាស់ប្ដូរ និងប្រឆាំងនឹងច្បាប់ធម្មជាតិ របៀបប្រយុទ្ធប្រឆាំងនឹងស្ថានសួគ៌ របៀបដើរតាមនិន្នាការដ៏អាក្រក់នៃពិភពលោក តើព្រះជាម្ចាស់ទតមើលរឿងនេះ ហើយមានព្រះហឫទ័យសប្បាយចិត្តដែរឬទេ? (ទេ ទ្រង់មិនសប្បាយព្រះហឫទ័យឡើយ។) ដូច្នេះ ព្រះជាម្ចាស់មិនសប្បាយព្រះហឫទ័យ ហើយក៏ចប់ត្រឹមហ្នឹងឬ? តើទ្រង់មិនត្រូវធ្វើអ្វីមួយអំពីរឿងនេះទេឬ? (មែនហើយ ទ្រង់ត្រូវតែធ្វើ។) ទ្រង់ត្រូវតែរកវិធីដើម្បីធ្វើឱ្យមនុស្សទាំងនេះរស់នៅបានល្អ ដើម្បីឱ្យពួកគេយល់ពីគោលការណ៍នៃការប្រព្រឹត្តខ្លួន ឱ្យពួកគេដឹងពីការថ្វាយបង្គំព្រះជាម្ចាស់ ចុះចូលនឹងច្បាប់ធម្មជាតិទាំងអស់ ចុះចូលនឹងការចាត់ចែង និងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សអាចរស់នៅដោយមានលក្ខណៈជាមនុស្ស ហើយព្រះជាម្ចាស់នឹងបានធូរព្រះហឫទ័យ។ សូម្បីតែព្រះជាម្ចាស់ចាកចេញពីមនុស្សទាំងនេះក៏ដោយ ក៏ពួកគេនៅតែអាចរស់នៅក្នុងបរិយាកាសបែបនេះបានយ៉ាងធម្មតា ដោយមិនរងទុក្ខអ្វីពីសាតាំងឡើយ ពោល នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលសាតាំងឃើញថាមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់ និងសម្តែងចេញនូវលក្ខណៈជាមនុស្ស វាត្រូវទទួលរងការអាប់កិត្តិយស និងបរាជ័យទាំងស្រុង ដូច្នេះ វាបោះបង់មនុស្សទាំងនេះចោលទាំងស្រុង ហើយមិនយកចិត្តទុកដាក់ចំពោះពួកគេទៀតឡើយ។ ដូច្នេះ តើសាតាំងខ្វល់អំពីនរណា? វាខ្វល់តែអំពីអស់អ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដេញតាមសេចក្ដីពិត អស់អ្នកដែលមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ អស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេដោយមិនអស់ពីចិត្ត និងអស់អ្នកដែលតែងតែចង់រកនរណាម្នាក់ដើម្បីរៀបការ បង្កើតគ្រួសារ និងកសាងអាជីពប៉ុណ្ណោះ។ វាចង់ល្បួងមនុស្សទាំងនេះ ដើម្បីបំភាន់ពួកគេឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ មិនបំពេញភារកិច្ចរបស់ពួកគេ និងក្បត់ព្រះជាម្ចាស់ រហូតដល់ពួកគេត្រូវបានទ្រង់ជម្រុះចោល គឺពេលនោះទើបវាសប្បាយចិត្តយ៉ាងខ្លាំង។ កាលណាអ្នកកាន់តែមិនដេញតាមសេចក្ដីពិត វាកាន់តែសប្បាយចិត្ត កាលណាអ្នកកាន់តែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយកាលណាអ្នកកាន់តែធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់អ្នក វាកាន់តែសប្បាយចិត្ត។ ប្រសិនបើអ្នកឃ្លាតឆ្ងាយ និងក្បត់ព្រះជាម្ចាស់ វាកាន់តែសប្បាយចិត្តថែមទៀត តើនេះមិនមែនជាផ្នត់គំនិតរបស់សាតាំងទេឬ? តើផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនបែបនេះទេឬ? ពួកដែលជាបក្សពួករបស់សាតាំង សុទ្ធតែមានផ្នត់គំនិតបែបនេះ។ ពួកគេចង់ល្បួងនរណាដែលពួកគេឃើញថាមិនជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ នរណាដែលយកចិត្តទុកដាក់លើការរៀនសូត្រចំណេះដឹង និងការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ និងនរណាដែលមិនយកចិត្តទុកដាក់លើកិច្ចការត្រឹមត្រូវរបស់ពួកគេ ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ នៅពេលពួកគេជួបមនុស្សបែបនេះ ពួកគេនិយាយចុះសម្រុងគ្នា ពួកគេមានរឿងជាច្រើនត្រូវនិយាយនៅពេលពួកគេនៅជាមួយគ្នា ហើយពួកគេនិយាយអ្វីដែលមាននៅក្នុងចិត្តដោយសេរី ដោយគ្មានការរារែកឡើយ។ តើព្រះជាម្ចាស់មានព្រះហឫទ័យយ៉ាងណា នៅពេលទ្រង់ទតឃើញមនុស្សទាំងនេះមិនដេញតាមសេចក្ដីពិត? ទ្រង់មានព្រះហឫទ័យខ្វល់ខ្វាយ! ហេតុដូច្នេះហើយ តើអ្វីទៅជាមូលហេតុនៃតម្លៃទាំងអស់នេះដែលព្រះជាម្ចាស់បានលះបង់? គឺដោយសារតែការខ្វល់ខ្វាយ ការយកព្រះហឫទ័យទុកដាក់ និងក្ដីបារម្ភរបស់ទ្រង់ចំពោះមនុស្សជាតិ។ ព្រះជាម្ចាស់មានការខ្វល់ខ្វាយ ការយកព្រះហឫទ័យទុកដាក់ និងក្ដីបារម្ភអំពីមនុស្សទាំងនេះនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ហើយដោយសារតែព្រះជាម្ចាស់មានអាកប្បកិរិយាបែបនេះចំពោះមនុស្ស ទើបកិច្ចការរបស់ទ្រង់ត្រូវបានបង្កើតឡើងមួយជំហានម្ដងៗ។ មិនថានៅក្នុងក្រសែភ្នែករបស់មនុស្ស ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់កំបាំង ទ្រង់ពិតជាស្រឡាញ់មនុស្ស ទ្រង់ស្មោះត្រង់ ឬទ្រង់អស្ចារ្យយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់ជឿថា ការលះបង់ទាំងអស់នេះគឺស័ក្ដិសម ហើយអាចទទួលបានផលតបស្នងមកវិញ។ តើផលតបស្នងនេះមានន័យដូចម្ដេច? វាមានន័យថា រឿងដែលទ្រង់បារម្ភនៅក្នុងព្រះហឫទ័យរបស់ទ្រង់ នឹងមិនកើតឡើងម្ដងទៀតឡើយ ហើយមនុស្សដែលទ្រង់ខ្វល់ខ្វាយនៅក្នុងព្រះហឫទ័យរបស់ទ្រង់ អាចរស់នៅស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ ស្របតាមរបៀបដែលទ្រង់បានបង្រៀនពួកគេ និងទិសដៅដែលទ្រង់បានដឹកនាំពួកគេ ហើយមនុស្សទាំងនេះនឹងលែងត្រូវបានសាតាំងធ្វើឱ្យពុករលួយទៀតហើយ ពោលគឺ ពួកគេនឹងលែងរស់នៅក្នុងសេចក្ដីទុក្ខវេទនាទៀតហើយ ហើយក្ដីបារម្ភរបស់ព្រះជាម្ចាស់នឹងរលាយបាត់ ហើយព្រះជាម្ចាស់នឹងបានធូរព្រះហឫទ័យ។ ដូច្នេះ ចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ មិនថាការជំរុញចិត្តចម្បងរបស់ទ្រង់គឺជាអ្វី មិនថាផែនការរបស់ទ្រង់ធំ ឬតូចប៉ុនណានោះទេ តើទាំងនេះមិនមែនសុទ្ធតែជារឿងវិជ្ជមានទេឬអី? (មែនហើយ ជារឿងវិជ្ជមាន។) ទាំងនេះសុទ្ធតែជារឿងវិជ្ជមាន។ មិនថារបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការ មិនត្រូវបានមនុស្សចាប់អារម្មណ៍ មិនថាវាស័ក្ដិសមនឹងលើកយកមកនិយាយ ឬអត់ មិនថាមនុស្សវិនិច្ឆ័យយ៉ាងណាទៅលើរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការដើម្បីជំនុំជម្រះ និងសង្គ្រោះមនុស្សនោះទេ ដោយមើលទៅលើអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ និងតម្លៃទាំងអស់ដែលទ្រង់អាចលះបង់ តើព្រះជាម្ចាស់មិនស័ក្ដិសមនឹងទទួលបានការសរសើរតម្កើងទេឬ? (មែនហើយ ទ្រង់ស័ក្ដិសម។) ដូច្នេះ តើព្រះជាម្ចាស់អស្ចារ្យ ឬតូចតាច? (ទ្រង់អស្ចារ្យ។) អស្ចារ្យណាស់! គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិ អាចលះបង់តម្លៃបែបនេះបានឡើយ។ មនុស្សមួយចំនួននិយាយថា «ក្ដីស្រឡាញ់របស់ម្ដាយ គឺអស្ចារ្យបំផុតក្នុងចំណោមមនុស្សជាតិ»។ តើក្ដីស្រឡាញ់របស់ម្ដាយអស្ចារ្យដូចនេះដែរឬទេ? ជាទូទៅ បន្ទាប់ពីកូនៗបានរស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេដោយឯករាជ្យ ម្ដាយរបស់ពួកគេគ្រាន់តែមិនខ្វល់ខ្វាយពីពួកគេច្រើនពេកទេ ដរាបណាពួកគេអាចរស់នៅបាន។ តាមពិតទៅ ពួកគេមិនអាចខ្វល់ខ្វាយពីកូនៗរបស់ពួកគេបានឡើយ ទោះបីជាពួកគេចង់ក៏ដោយ។ ដូច្នេះ តើព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សជាតិនេះយ៉ាងដូចម្ដេច? តើទ្រង់បានស៊ូទ្រាំនឹងពួកគេអស់រយៈពេលប៉ុន្មានពាន់ឆ្នាំមកហើយ? ព្រះជាម្ចាស់បានស៊ូទ្រាំនឹងពួកគេអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកហើយ ហើយទ្រង់មិនបានបោះបង់ចោលឡើយ សូម្បីតែពេលនេះក៏ដោយ។ គ្រាន់តែសម្រាប់ក្ដីបារម្ភ និងការខ្វល់ខ្វាយបន្តិចបន្តួចនោះ ព្រះជាម្ចាស់បានលះបង់តម្លៃដ៏ធំធេងបែបនេះ។ តើតម្លៃដ៏ធំធេងបែបនេះ មានលក្ខណៈបែបណានៅក្នុងក្រសែភ្នែករបស់ពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ? វាត្រូវបានពួកគេថ្កោលទោស ត្រូវបានពួកគេវិនិច្ឆ័យ ហើយថែមទាំងត្រូវបានពួកគេប្រមាថទៀតផង។ ពីទស្សនៈនេះ តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះមិនមានធម្មជាតិទុច្ចរិតទេឬអី? (មែនហើយ។) ព្រះជាម្ចាស់បានធ្វើរឿងដែលគួរឱ្យសរសើរតម្កើងបែបនេះ ហើយសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ពិតជាស័ក្ដិសមនឹងទទួលបានការសរសើរតម្កើងពីមនុស្សណាស់។ ពួកគេមិនត្រឹមតែមិនសរសើរតម្កើងទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងប្រើប្រាស់លេស និងទ្រឹស្ដីផ្សេងៗដើម្បីថ្កោលទោស និងវិនិច្ឆ័យទ្រង់ ហើយថែមទាំងមិនទទួលស្គាល់ថាទ្រង់គឺជាព្រះគ្រីស្ទទៀតផង។ តើមនុស្សទាំងនេះមិនគួរឱ្យស្អប់ទេឬ? (មែនហើយ។) តើពួកគេមិនទុច្ចរិតទេឬ? ដោយមើលទៅលើឥរិយាបថទុច្ចរិតរបស់ពួកគេ តើពួកគេមិនថ្វាយបង្គំចំណេះដឹង និងការសិក្សាទេឬ? តើពួកគេមិនថ្វាយបង្គំអំណាច និងឋានៈទេឬ? (មែនហើយ។) កាលណារឿងអ្វីមួយកាន់តែវិជ្ជមាន ហើយកាន់តែស័ក្ដិសមនឹងទទួលបានការសរសើរតម្កើង ការចងចាំ និងការផ្សព្វផ្សាយពីមនុស្ស នោះវានឹងកាន់តែត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទថ្កោលទោស។ នេះគឺជាការបញ្ចេញឱ្យឃើញធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ គេត្រូវតែនិយាយថា កម្រិតនៃសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺហួសពីមនុស្សសាមញ្ញដែលមាននិស្ស័យពុករលួយទៅទៀត។
ចូរយើងបន្តការពិភាក្សាអំពីប៉ុល។ តើប៉ុលកើតក្នុងគ្រួសារប្រភេទណា? គាត់កើតក្នុងគ្រួសារបញ្ញវន្ត ជាគ្រួសារដែលមានការសិក្សា។ គាត់កើតក្នុងគ្រួសារបែបនេះ ហើយប្រវត្តិនៃការកើតរបស់គាត់ត្រូវបានចាត់ទុកថាល្អ។ គាត់ទទួលបានការអប់រំខ្ពស់។ ស្របតាមស្ដង់ដាបច្ចុប្បន្ន គាត់ប្រហែលជាប្រភេទមនុស្សដែលសិក្សាសាសនវិទ្យា ឬចូលរៀននៅសាកលវិទ្យាល័យ។ ចុះតើចំណេះដឹង និងការសិក្សារបស់គាត់ ខ្ពស់ជាងមនុស្សភាគច្រើនដែរឬទេ? (មែនហើយ។) ដោយមើលទៅលើចំណេះដឹង និងការសិក្សារបស់ប៉ុល តើវានឹងងាយស្រួលសម្រាប់គាត់ក្នុងការទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទដែរឬទេ? (មែនហើយ វានឹងងាយស្រួល។) ងាយស្រួលណាស់។ ប៉ុន្តែ ហេតុអ្វីបានជាគាត់មិនទទួលស្គាល់ព្រះអម្ចាស់យេស៊ូវថាជាព្រះគ្រីស្ទ? (គាត់បានថ្វាយបង្គំចំណេះដឹង ហើយមានអារម្មណ៍ថាព្រះអម្ចាស់យេស៊ូវមិនមានចំណេះដឹងដូចគាត់ទេ ដូច្នេះ គាត់នឹងមិនអាចទទួលស្គាល់ទ្រង់ឡើយ។) ការនិយាយបែបនេះគឺសាមញ្ញពេកហើយ។ ប្រសិនបើព្រះអម្ចាស់យេស៊ូវមិនមានចំណេះដឹងដូចគាត់ទេ គាត់នឹងមិនអាចទទួលស្គាល់ទ្រង់ឡើយ។ ប្រសិនបើទ្រង់ពិតជាមានចំណេះដឹងមែន គាត់ប្រហែលជាអាចទទួលស្គាល់ទ្រង់បាន។ នេះគឺជាការសន្និដ្ឋានមិនពេញលេញ។ ឥឡូវនេះ យើងគ្រាន់តែនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំចំណេះដឹង ពោលគឺ នៅពេលពួកគេស្ដាប់មនុស្ស និងប្រាស្រ័យទាក់ទងជាមួយមនុស្ស និងដោះស្រាយរឿងរ៉ាវផ្សេងៗ ពួកគេមានទស្សនៈមួយដែលអនុញ្ញាតឱ្យអ្នកដទៃមើលឃើញថា ពួកគេថ្វាយបង្គំចំណេះដឹង និងការសិក្សា។ ឧទាហរណ៍ ប្រសិនបើពាក្យសម្ដីរបស់អ្នកមានលក្ខណៈសមហេតុផល កម្រិតខ្ពស់ ឆ្លាតវៃ មិនអាចវាស់ស្ទង់បាន និងអរូបី នោះនេះហើយគឺជាអ្វីដែលគាត់ចូលចិត្ត។ អរូបី ហើយស្របតាមតក្កវិជ្ជា ទស្សនវិជ្ជា និងសូម្បីតែស្របតាមការសិក្សាជាក់លាក់ណាមួយ ពោល នេះហើយគឺជាអ្វីដែលគាត់ចង់បាន។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយអ្វីៗទាំងអស់ដែលទ្រង់មានបន្ទូល គឺជាព្រះបន្ទូល និងជាសេចក្ដីពិតរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលមនុស្សដែលមានចំណេះដឹង និងការសិក្សា មើលទៅលើព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ តើពួកគេវាយតម្លៃវាយ៉ាងដូចម្តេច? «ពាក្យសម្ដីដែលអ្នកនិយាយ គឺសាមញ្ញ និងរាក់កំភែលពេកហើយ។ វាសុទ្ធតែជារឿងកំប៉ិកកំប៉ុកអំពីការជឿលើព្រះ។ វាមិនស៊ីជម្រៅ ឬមិនអាចវាស់ស្ទង់បានឡើយ។ គ្មានសេចក្ដីអាថ៌កំបាំងអ្វីទេ។ ប៉ុន្តែ អ្នកបែរជានិយាយថាវាគឺជាសេចក្ដីពិតទៅវិញ។ តើសេចក្ដីពិតមានអ្វីខ្ពង់ខ្ពស់ទៅ? ខ្ញុំក៏អាចនិយាយរឿងទាំងនេះបានដែរ!» តើពួកទទឹងនឹងព្រះគ្រីស្ទមិនជឿបែបនេះទេឬ? (មែនហើយ។) ពួកគេថ្លឹងថ្លែងវាតាមរបៀបនេះ ដោយគិតថា៖ «ចាំខ្ញុំមើលថាតើរឿងដែលអ្នកកំពុងនិយាយ ទីបំផុតទៅវាខ្ពស់ជាង ឬទាបជាងចំណេះដឹងរបស់ខ្ញុំ»។ ពេលពួកគេឮភ្លាម ពួកគេក៏ប្រជែងតវ៉ា ដោយនិយាយថា៖ «អ្នកនិយាយស្ដាប់ទៅដូចជាសិស្សបឋមសិក្សាអ៊ីចឹង។ ខ្ញុំជានិស្សិតសាកលវិទ្យាល័យ ដូច្នេះ អ្នកមិនពូកែដូចខ្ញុំទេ!» បន្ទាប់មក ពួកគេក៏រកឃើញកំហុសមួយចំនួនលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយនិយាយថា៖ «វាហាក់ដូចជាអ្នកមិនយល់ពីវេយ្យាករណ៍ទេ ហើយជួនកាល ពាក្យដែលអ្នកប្រើពេលកំពុងនិយាយ គឺមិនត្រឹមត្រូវឡើយ។ អ្នកហាក់ដូចជាមិនដូចជាព្រះទេ។» ពួកគេមើលទៅលើរូបរាងរបស់ទ្រង់ ដើម្បីមើលថាតើទ្រង់គឺជាព្រះជាម្ចាស់ឬក៏អត់ ពួកគេមិនស្ដាប់ខ្លឹមសារនៃព្រះបន្ទូលរបស់ទ្រង់ទេ ពួកគេមិនស្ដាប់ថាតើអ្វីដែលទ្រង់បានសម្ដែងចេញគឺជាសេចក្ដីពិត ឬថាតើព្រះបន្ទូលទាំងនោះមកពីព្រះជាម្ចាស់ឬក៏អត់ឡើយ។ តើនេះមិនមែនជាការគ្មានការយល់ដឹងខាងវិញ្ញាណទេឬអី? (មែនហើយ គឺបែបនេះឯង។) ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទក៏មានលក្ខណៈសម្គាល់មួយទៀតដែរ៖ ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ដោយសារតែពួកគេឱ្យតម្លៃលើចំណេះដឹង និងការសិក្សា ពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ពួកគេនឹងមិនអាចយល់ពីសេចក្ដីពិតបានជារៀងរហូត។ មនុស្សទាំងនេះត្រូវបានកំណត់ទុកជាមុនថាជាប្រភេទមនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ។ ពួកគេប្រើប្រាស់ចំណេះដឹងរបស់ពួកគេ ដើម្បីថ្លឹងថ្លែងគ្រប់ប្រយោគដែលព្រះជាម្ចាស់មានបន្ទូល។ តើពួកគេអាចយល់ពីសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចដឹងថា នេះគឺជាសេចក្ដីពិតបានដែរឬទេ? តើទីបំផុត ពួកគេអាចឈានដល់ការសន្និដ្ឋានមួយ ហើយនិយាយថា ព្រះបន្ទូលទាំងអស់នេះដែលព្រះជាម្ចាស់បានថ្លែង គឺជាសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចទទួលស្គាល់រឿងនេះបានដែរឬទេ? ពួកគេមិនអាចទទួលស្គាល់រឿងនេះបានឡើយ។ ដូច្នេះ នៅក្នុងក្រសែភ្នែករបស់ពួកគេ តើពួកគេមើលឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សយ៉ាងដូចម្ដេច? ពួកគេគិតថា៖ «ទោះបីជាខ្ញុំមើលយ៉ាងណាក៏ដោយ ក៏គាត់គឺជាមនុស្សម្នាក់ដែរ។ ទោះបីជាខ្ញុំមើលយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចមើលឃើញពីលក្ខណៈជាព្រះឡើយ។ ទោះបីជាខ្ញុំស្ដាប់យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចប្រាប់បានថា ពាក្យសម្ដីណាខ្លះរបស់គាត់ស្របតាមសេចក្ដីពិត ហើយពាក្យសម្ដីណាខ្លះគឺជាសេចក្ដីពិតនោះទេ»។ ហេតុដូច្នេះហើយ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ប្រសិនបើអ្នកមានអ្វីដែលថ្មី និងប្លែក ហើយខ្ញុំអាចទទួលបានទ្រឹស្ដីខ្លះៗ និងទាញយកទុនខ្លះៗពីអ្នក នោះខ្ញុំនឹងដើរតាមអ្នកសិន ហើយចាំមើលថាតើលទ្ធផលទៅជាយ៉ាងណា»។ ប៉ុន្តែ តើពួកគេអាចទទួលយកព្រះអម្ចាស់យេស៊ូវចេញពីជម្រៅចិត្តរបស់ពួកគេបានដែរឬទេ? (ទេ ពួកគេមិនអាចទេ)។ ពួកគេនឹងមិនទទួលយកទ្រង់ជាដាច់ខាត។ ហេតុអ្វីបានជាពួកគេមិនទទួលយកទ្រង់? តើអ្វីទៅជាមូលហេតុនៃរឿងនេះ? គឺដោយសារតែពួកគេចូលចិត្តចំណេះដឹងខ្លាំងពេក។ ការចូលចិត្តរបស់ពួកគេ ព្រមទាំងចំណេះដឹងដែលពួកគេត្រូវបានបំពាក់បំប៉ន និងបានរៀនសូត្រ ធ្វើឱ្យភ្នែក និងគំនិតរបស់ពួកគេងងឹតងងល់ ដែលរារាំងពួកគេមិនឱ្យមើលឃើញអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ។ សូម្បីតែអ្វីដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្ដីពិតយ៉ាងច្បាស់ក្រឡែតក៏ដោយ សូម្បីតែកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សម្ដែងចេញយ៉ាងច្បាស់ពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចមើលឃើញវាផងដែរ។ ហេតុអ្វីបានជាពួកគេមិនអាចមើលឃើញវា? ពីព្រោះចំណេះដឹង និងការសិក្សារបស់ពួកគេ ធ្វើឱ្យពួកគេពោរពេញទៅដោយសញ្ញាណ ការស្រមើស្រមៃ និងការវិនិច្ឆ័យអំពីព្រះជាម្ចាស់។ នៅទីបញ្ចប់ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយ ឬប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលឡើយ កុំថាឡើយឱ្យពួកគេទទួលស្គាល់ថា អ្វីដែលបុគ្គលនេះបាននិយាយអាចផ្លាស់ប្ដូរមនុស្សបាន ឬថាវាគឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិតនោះ។ នេះគឺជារឿងដែលពួកគេមិនអាចទទួលយកបានឡើយ។ ពួកគេមិនអាចទទួលយកវាបានឡើយ ដែលនេះកំណត់ទុកជាមុនថាពួកគេនឹងមិនត្រូវបានសង្គ្រោះឡើយ ដូចជាប៉ុលអ៊ីចឹង។ តើប៉ុលបានទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទដែរឬទេ? សូម្បីតែនៅទីបញ្ចប់ ក៏គាត់មិនបានទទួលស្គាល់ផង។ មនុស្សមួយចំនួននិយាយថា៖ «តើគាត់មិនបានអំពាវនាវរកព្រះអម្ចាស់ទេឬ នៅពេលគាត់ត្រូវបានវាយផ្ដួលនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាសនោះ? គាត់គួរតែបានសារភាពហើយ។ តើគេអាចនិយាយថាគាត់មិនបានសារភាពយ៉ាងដូចម្ដេចទៅ?» ការពិតមួយបញ្ជាក់ថា ប៉ុលមិនដែលបានទទួលស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទថាជាព្រះសង្គ្រោះរបស់គាត់ឡើយ។ ពោលគឺ សូម្បីតែបន្ទាប់ពីគាត់ត្រូវបានវាយផ្ដួលហើយក៏ដោយ ក៏គាត់នៅតែបានដេញតាមការព្យាយាមធ្វើជាព្រះគ្រីស្ទដដែល។ តើព្រះគ្រីស្ទគឺជាបុគ្គលដែលមនុស្សអាចក្លាយជាបានយ៉ាងងាយៗឬ? ព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទ្រង់គឺជាព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចក្លាយជាទ្រង់បាន គ្រាន់តែដោយសារតែពួកគេចង់នោះឡើយ។ តើនរណាមិនចង់ធ្វើជាព្រះគ្រីស្ទ ប៉ុន្តែតើនោះជារឿងដែលមនុស្សអាចធ្វើបានដែរឬទេ? នេះមិនមែនជារឿងដែលមនុស្សចង់ធ្វើនោះទេ។ សូម្បីតែប៉ុល ក៏ចង់ធ្វើជាព្រះគ្រីស្ទផងដែរ។ ដោយមើលទៅលើការដេញតាមរបស់ប៉ុល តើគាត់អាចទទួលស្គាល់ថាព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះអម្ចាស់បានដែរឬទេ? (ទេ គាត់មិនអាចទេ។) ចុះតើគាត់បានចាត់ទុកអត្តសញ្ញាណ និងឋានៈរបស់ព្រះអម្ចាស់យេស៊ូវនៅត្រង់ណា? គឺក្នុងនាមជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ តើព្រះរាជបុត្រារបស់ព្រះជាម្ចាស់គឺជាអ្វី? គឺថា «អ្នកមិនមែនជាព្រះទេ អ្នកគឺជាកូនរបស់ព្រះ អ្នកតូចជាងព្រះ អ្នកគឺដូចគ្នាទៅនឹងយើងដែរ យើងគឺជាកូនរបស់ព្រះ ហើយអ្នកក៏ជាកូនរបស់ព្រះដែរ ប៉ុន្តែព្រះបានប្រគល់ការផ្ទុកផ្តាក់ផ្សេងមួយដល់អ្នក ហើយអ្នកបានបំពេញកិច្ចការផ្សេង។ ប្រសិនបើព្រះប្រគល់ការងារនេះឱ្យខ្ញុំ ខ្ញុំក៏អាចធ្វើវា និងរែកពុនវាបានដូចគ្នា»។ តើនេះមិនមានន័យថា ប៉ុលមិនបានទទួលស្គាល់ការពិតដែលថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាព្រះជាម្ចាស់ទេឬអី? (មែនហើយ គឺបែបនេះឯង។) គាត់បានជឿថា ព្រះនៃសេចក្ដីជំនឿរបស់គាត់គឺនៅស្ថានសួគ៌ ថាព្រះគ្រីស្ទនេះមិនមែនជាព្រះទេ ហើយថាអត្តសញ្ញាណ និងឋានៈរបស់ព្រះ មិនមានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយព្រះគ្រីស្ទនេះ។ តើការយល់ដឹង និងអាកប្បកិរិយារបស់គាត់ចំពោះព្រះអម្ចាស់យេស៊ូវ កើតឡើងយ៉ាងដូចម្ដេច? រឿងទាំងនេះត្រូវបានសន្និដ្ឋានចេញពីចំណេះដឹង និងការស្រមើស្រមៃរបស់គាត់។ តើគាត់ទាញសេចក្ដីសន្និដ្ឋានទាំងនោះយ៉ាងដូចម្ដេច? តើគាត់បានឃើញរឿងទាំងនោះនៅក្នុងប្រយោគណា? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ព្រះវរបិតារបស់ខ្ញុំមានលក្ខណៈបែបនេះ ឬបែបនោះ» និង «ខ្ញុំធ្វើរឿងនេះ ឬ រឿងនោះដោយសារព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌» ហើយគាត់បានឮដូច្នេះ ក៏គិតថា៖ «អ្នកក៏ហៅព្រះថាជាព្រះដែរឬ? អ្នកក៏ហៅព្រះនៅស្ថានសួគ៌ថាជាឪពុកដែរឬ? ក្នុងករណីនោះ អ្នកគឺជាកូនរបស់ព្រះឬ?» តើនេះមិនមែនជាការស្រមើស្រមៃនៃខួរក្បាលរបស់មនុស្សទេឬ? នេះគឺជាការសន្និដ្ឋានដែលទាញចេញដោយមនុស្សដែលមានចំណេះដឹង៖ «ប្រសិនបើអ្នកហៅព្រះនៅស្ថានសួគ៌ថាជាឪពុក ហើយយើងក៏ហៅគាត់ថាជាឪពុកដែរ នោះយើងគឺជាបងប្អូននឹងគ្នាហើយ។ អ្នកគឺជាកូនប្រុសច្បង យើងគឺជាកូនប្រុសទីពីរ ហើយព្រះនៅស្ថានសួគ៌គឺជាព្រះរួមរបស់យើង។ ដូច្នេះ អ្នកមិនមែនជាព្រះទេ ហើយយើងទាំងអស់គ្នាគឺស្ថិតក្នុងឋានៈស្មើគ្នា។ ហេតុដូច្នេះហើយ មិនមែនអម្ចាស់យេស៊ូវគ្រីស្ទទេដែលជាអ្នកសម្រេចនៅទីបញ្ចប់ថា នរណាទទួលបានរង្វាន់ នរណាត្រូវទទួលទោស និងថាតើលទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណានោះ គឺព្រះនៅស្ថានសួគ៌ឯណោះទេ»។ ការសន្និដ្ឋាន និងទស្សនៈដ៏មិនសមហេតុផលទាំងនេះរបស់ប៉ុល សុទ្ធតែទទួលបានដោយការប្រើប្រាស់គំនិតរបស់គាត់ដើម្បីវិនិច្ឆ័យ និងវិភាគ បន្ទាប់ពីបានសិក្សាសាសនវិទ្យា និងចំណេះដឹង។ នេះហើយគឺជាលទ្ធផល។
ប៉ុលបានចាត់ទុកចំណេះដឹងថាជាទីពឹងសង្គ្រោះជីវិត ជាទុនរបស់គាត់ ហើយលើសពីនេះទៅទៀត គឺជាគោលដៅនៃការដេញតាមរបស់គាត់។ ប្រសិនបើប៉ុលមិនបានថ្វាយបង្គំចំណេះដឹងទេ ប៉ុន្តែអាចលះបង់ចោលនូវចំណេះដឹងដែលគាត់បានរៀនពីមុន ចាត់ទុកព្រះអម្ចាស់យេស៊ូវថាជាព្រះអម្ចាស់ ជាអង្គដែលគេអាចដើរតាមបាន ជាអង្គដែលអាចសម្ដែងចេញនូវសេចក្ដីពិត ហើយចាត់ទុកព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថាជាសេចក្ដីពិត ដើម្បីចុះចូល និងអនុវត្តតាម ពោលគឺ នោះលទ្ធផលមុខជាខុសពីនេះ។ ការដែលពេត្រុសអាចបដិសេធព្រះអម្ចាស់បីដង ម្យ៉ាងគឺដោយសារតែគាត់មានការភ័យខ្លាច ហើយម្យ៉ាងទៀត គាត់បានឃើញថា ព្រះអម្ចាស់យេស៊ូវគឺជាមនុស្សសាមញ្ញម្នាក់ ដែលត្រូវបានគេចាប់ខ្លួន និងកំពុងរងទុក្ខវេទនា។ គាត់មានភាពទន់ខ្សោយនៅក្នុងចិត្តរបស់គាត់ នោះមិនមែនជា កំហុសឆ្គងដ៏ធ្ងន់ធ្ងររហូតដល់ថ្នាក់ស្លាប់នោះឡើយ។ ការដែលគាត់អាចបដិសេធទ្រង់មួយរំពេចនោះ ក៏មិនមែនជាកំហុសឆ្គងដ៏ធ្ងន់ធ្ងររហូតដល់ថ្នាក់ស្លាប់ដែរ។ នេះមិនមែនជាភស្តុតាងដែលអាចកំណត់ ពីលទ្ធផលរបស់មនុស្សនៅទីបញ្ចប់បានឡើយ។ តើអ្វីទៅដែលកំណត់ពីលទ្ធផលរបស់ពួកគេនៅទីបញ្ចប់នោះ? គឺថាតើពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ ថាតើពួកគេអាចទទួលយក ស្តាប់បង្គាប់ និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាសេចក្ដីពិតដែរឬទេ។ ប៉ុល និងពេត្រុស គឺជាគំរូពីរដែលខុសគ្នាស្រឡះ។ ពេត្រុសធ្លាប់ទន់ខ្សោយ គាត់ធ្លាប់បដិសេធព្រះអម្ចាស់ ហើយធ្លាប់សង្ស័យព្រះអម្ចាស់ ប៉ុន្តែលទ្ធផលចុងក្រោយគឺ ពេត្រុសត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុលបានធ្វើការសម្រាប់ព្រះអម្ចាស់ ហើយបានរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំ។ តាមហេតុផល គាត់គួរតែអាចទទួលបានមកុដមួយ ប៉ុន្តែហេតុអ្វីបានជានៅទីបញ្ចប់ គាត់បែរជាត្រូវព្រះជាម្ចាស់ដាក់ទោសទៅវិញ? ហេតុអ្វីបានជាលទ្ធផលរបស់គាត់ និងពេត្រុសខុសគ្នា? នេះគឺអាស្រ័យលើសារជាតិធម្មជាតិរបស់មនុស្ស និងផ្លូវដែលពួកគេដេញតាម។ តើសារជាតិធម្មជាតិរបស់ប៉ុលគឺជាអ្វី? យ៉ាងហោចណាស់ ក៏មានចំណុចនៃសេចក្តីទុច្ចរិតមួយដែរ។ គាត់បានដេញតាមចំណេះដឹង និងឋានៈយ៉ាងងប់ងល់ គាត់បានដេញតាមរង្វាន់ និងមកុដ ហើយគាត់បានរត់ចុះរត់ឡើង ធ្វើការ និងលះបង់សម្រាប់មកុដនោះ ដោយមិនបានដេញតាមសេចក្ដីពិតទាល់តែសោះ។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលនៃកិច្ចការរបស់គាត់ គាត់មិនដែលធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវឡើយ ហើយគាត់ក៏មិនបានធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ គឺជាព្រះជាម្ចាស់ ឬជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថាព្រះអម្ចាស់យេស៊ូវតំណាងឱ្យព្រះជាម្ចាស់ ហើយគ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល គឺជាព្រះបន្ទូលដែលត្រូវបានថ្លែងដោយព្រះជាម្ចាស់ឡើយ។ ប៉ុលមិនអាចយល់ពីរឿងទាំងនេះបានទេ។ ដូច្នេះ តើផ្លូវដែលប៉ុលបានដើរគឺជាអ្វី? គាត់បានដេញតាមចំណេះដឹង និង សាសនវិទ្យាយ៉ាងរឹងរូស បានទាស់ទទឹងនឹងសេចក្ដីពិត បានបដិសេធមិនទទួលយកសេចក្ដីពិត ហើយបានប្រើប្រាស់អំណោយទាន និងចំណេះដឹងរបស់គាត់ដើម្បីធ្វើកិច្ចការ ដើម្បីគ្រប់គ្រង រក្សា និងធ្វើឱ្យឋានៈរបស់គាត់មានស្ថិរភាព។ តើលទ្ធផលចុងក្រោយរបស់គាត់គឺជាអ្វី? ប្រហែលជាអ្នកមិនអាចមើលឃើញពីសំបកក្រៅទេថា តើគាត់ទទួលបានការដាក់ទោសអ្វីខ្លះមុនពេលគាត់ស្លាប់ ឬថាតើគាត់មានការបង្ហាញចេញខុសប្រក្រតីណាមួយដែរឬទេ ប៉ុន្តែលទ្ធផលចុងក្រោយរបស់គាត់ គឺខុសពីពេត្រុស។ តើ «ភាពខុសគ្នា» នេះអាស្រ័យលើអ្វី? ទីមួយគឺសារជាតិធម្មជាតិរបស់មនុស្ស ហើយមួយទៀតគឺផ្លូវដែលពួកគេដើរ។ ទាក់ទងនឹងអាកប្បកិរិយា និងទស្សនៈរបស់ប៉ុលចំពោះព្រះអម្ចាស់យេស៊ូវ តើការទាស់ទទឹងរបស់គាត់ខុសពីមនុស្សធម្មតាយ៉ាងដូចម្ដេច? ម្យ៉ាងទៀត តើមានភាពខុសគ្នាអ្វីខ្លះរវាងការដែលប៉ុលបដិសេធ និងមិនទទួលព្រះអម្ចាស់ និងការដែលពេត្រុសបដិសេធ ព្រះនាមព្រះជាម្ចាស់ ហើយមិនព្រមទទួលស្គាល់ព្រះអម្ចាស់បីដង ដោយសារតែភាពទន់ខ្សោយ និងការភ័យខ្លាចនោះ? ប៉ុលបានប្រើប្រាស់ចំណេះដឹង ការសិក្សា និងអំណោយទានរបស់គាត់ ដើម្បីបំពេញកិច្ចការរបស់គាត់។ គាត់មិនបានអនុវត្តសេចក្ដីពិតទាល់តែសោះ ហើយគាត់ក៏មិនបានដើរតាមផ្លូវរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយ តើអ្នកអាចមើលឃើញពីភាពទន់ខ្សោយរបស់គាត់ដែរឬទេ ក្នុងអំឡុងពេលដែលគាត់ចំណាយពេលរត់ចុះរត់ឡើង និងធ្វើការ ឬនៅក្នុងសំបុត្ររបស់គាត់? អ្នកមិនអាចមើលឃើញទេ តើមែនទេ? ម្ដងហើយម្ដងទៀត គាត់បានបង្រៀនមនុស្សពីអ្វីដែលត្រូវធ្វើ ហើយបានលើកទឹកចិត្តមនុស្សឱ្យដេញតាមដើម្បីទទួលបានរង្វាន់ មកុដ និងគោលដៅដ៏ល្អមួយ។ គាត់មិនមានចំណេះដឹងពីបទពិសោធ ឬ បទពិសោធណាមួយឡើយ នៅក្នុងការអនុវត្តសេចក្ដីពិត។ ក៏ប៉ុន្តែ ពេត្រុសមិនសូវចេញមុខចេញមាត់ឡើយនៅក្នុងសកម្មភាពរបស់គាត់។ គាត់មិនមានទ្រឹស្ដីដ៏ជ្រាលជ្រៅទាំងនោះ ឬសំបុត្រដែលល្បីល្បាញខ្លាំងពេកនោះទេ។ គាត់មានការយល់ដឹងជាក់ស្តែង និងការអនុវត្តសេចក្ដីពិតមួយចំនួន។ ទោះបីជាគាត់បានជួបប្រទះនឹងភាពទន់ខ្សោយ និងសេចក្ដីពុករលួយនៅក្នុងជីវិតរបស់គាត់ក៏ដោយ បន្ទាប់ពីការល្បងលជាច្រើនលើកច្រើនសា ទំនាក់ទំនងដែលគាត់បានបង្កើតជាមួយព្រះជាម្ចាស់ គឺជាទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ ដែលខុសគ្នាស្រឡះពីករណីរបស់ប៉ុល។ ទោះបីជាប៉ុលបានធ្វើការក៏ដោយ ក៏គ្មានអ្វីដែលគាត់បានធ្វើ មានពាក់ព័ន្ធនឹងព្រះជាម្ចាស់ឡើយ។ គាត់មិនបានធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ សេចក្ដីស្រឡាញ់របស់ទ្រង់ ឬសេចក្ដីសង្រ្គោះរបស់ទ្រង់ចំពោះមនុស្សជាតិឡើយ ហើយរឹតតែមិនបានធ្វើបន្ទាល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ឬ ការទាមទាររបស់ទ្រង់ទៅទៀត។ គាត់ថែមទាំងឧស្សាហ៍ប្រាប់មនុស្សថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលនៅទីបញ្ចប់ បានធ្វើឱ្យមនុស្សចាត់ទុកព្រះជាម្ចាស់ថាជាព្រះត្រីឯក។ ពាក្យ «ព្រះត្រីឯក» នេះ មានប្រភពមកពីប៉ុល។ ប្រសិនបើគ្មានរឿងដូចជា «ព្រះវរបិតា និងព្រះរាជបុត្រា» ទេ តើអាចមាន «ព្រះត្រីឯក» ដែរឬទេ? គឺមិនអាចមានឡើយ។ ការស្រមើស្រមៃរបស់មនុស្ស គឺពិតជា «សម្បូរបែប» ពេកហើយ។ ប្រសិនបើអ្នកមិនអាចយល់ពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទេ កុំធ្វើការវិនិច្ឆ័យទាំងងងឹតងងល់ ឬធ្វើការសន្និដ្ឋានបែបងងឹតងងល់ឱ្យសោះ។ គ្រាន់តែស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ហើយចាត់ទុកទ្រង់ថាជាព្រះជាម្ចាស់ ជាព្រះជាម្ចាស់ដែលលេចមកក្នុងសាច់ឈាម និងក្លាយជាមនុស្សទៅបានហើយ។ ការប្រព្រឹត្តបែបនេះ គឺមានភាពសត្យានុម័តជាង។
នៅពេលទីបន្ទាល់ត្រូវបានធ្វើឡើងជាលើកដំបូង អំពីការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សជាស្ត្រី នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មនុស្សជាច្រើនមិនអាចទទួលយកវាបានទេ ហើយក៏ជាប់គាំងនៅត្រង់ចំណុចនេះ។ ពួកគេមានអារម្មណ៍ថា៖ «ព្រះបន្ទូលដែលកំពុងត្រូវបានថ្លែង សុទ្ធតែជាសេចក្ដីពិត កិច្ចការដែលកំពុងត្រូវបានធ្វើ គឺជាការជំនុំជម្រះដោយព្រះបន្ទូល ពោលគឺ រឿងទាំងនេះហាក់ដូចជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយខ្ញុំអាចទទួលស្គាល់ថា បុគ្គលនេះគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គ្រាន់តែថា ភេទនេះមិនងាយនឹងទទួលយកបានឡើយ»។ ប៉ុន្តែដោយសារតែព្រះបន្ទូលទាំងនេះសុទ្ធតែជាសេចក្ដីពិត ពួកគេនៅតែទទួលយកទ្រង់ទាំងស្ទាក់ស្ទើរ ហើយពួកគេគិតនៅក្នុងចិត្តរបស់ពួកគេថា៖ «ខ្ញុំនឹងដើរតាមសិន ហើយមើលថាតើទ្រង់ពិតជាព្រះជាម្ចាស់មែនឬអត់» គឺមនុស្សជាច្រើនបានដើរតាមតាមរបៀបនេះ។ ការបង្កើតមនុស្សជាតិរបស់ព្រះជាម្ចាស់ គឺមានពីរភេទ គឺប្រុស និងស្រី ហើយការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏មិនមានការលើកលែងដែរ គឺមិនថាជាបុរស ឬជាស្ត្រីឡើយ។ ស្រាប់តែថ្ងៃមួយ មាននរណាម្នាក់បានសួរខ្ញុំថា៖ «តើគេអាចយល់បានយ៉ាងដូចម្ដេចថា ការយកកំណើតជាមនុស្សនៅពេលនេះ គឺជាស្ត្រី?» ខ្ញុំបានឆ្លើយថា៖ «ចុះ តើអ្នកយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះ? ព្រះជាម្ចាស់មិនធ្វើការស្របតាមសញ្ញាណរបស់មនុស្សទេ៖ ប្រសិនបើអ្នកច្បាស់ថានេះគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើ នោះអ្នកមិនគួរស្រាវជ្រាវពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ហើយប្រសិនបើអ្នកមិនយល់ពីរឿងនេះទេ នោះអ្នកគួរតែរង់ចាំ។ ប្រសិនបើអ្នកស្វែងរក ហើយនៅតែមិនទទួលបានលទ្ធផល នោះគ្រាន់តែមើលថាតើអ្នកអាចចុះចូលបានដែរឬទេ។ ប្រសិនបើអ្នកអាចចុះចូលបាន នោះអ្នកគឺជាមនុស្សដែលមានតម្រិះប្រកបដោយវិចារណញ្ញាណ ប៉ុន្តែប្រសិនបើអ្នកជាប់គាំងដោយសារតែរឿងនេះ ហើយបដិសេធរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើ នោះអ្នកមិនមែនជាមនុស្សដែលមានតម្រិះប្រកបដោយវិចារណញ្ញាណទេ អ្នកមិនមែនជាអ្នកជឿពិតប្រាកដលើព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ធ្វើរឿងដប់ដែលអ្នកចាត់ទុកថាត្រឹមត្រូវ និងស្របតាមសញ្ញាណរបស់អ្នក ប៉ុន្តែប្រសិនបើមានរឿងមួយមិនស្របតាមសញ្ញាណរបស់អ្នក អ្នកក៏ទាត់ចោលរឿងទាំងដប់នោះ ពោល តើនេះជាមនុស្សអាក្រក់ប្រភេទណាទៅ? តើនេះមិនមែនជាអារក្សទេឬ?» នៅពេលខ្ញុំបានប្រកបគ្នាបែបនេះ ពួកគេក៏បាននិយាយថា៖ «មែនហើយ អ៊ីចឹង ខ្ញុំគួរតែទទួលយករឿងនេះឥឡូវនេះ»។ បន្ទាប់ពីខ្ញុំបានបញ្ចប់ការប្រកបគ្នារបស់ខ្ញុំ ពួកគេក៏បានយល់ដឹង និងបានទទួលយកវាភ្លាមៗ តើគុណសម្បត្តិរបស់ពួកគេមិនល្អគួរសមទេឬ? ចូរយើងនិយាយថាវាល្អចុះ។ ពួកគេបានបន្តនិយាយថា៖ «ព្រះជាម្ចាស់បានបង្កើតបុរស និងស្ត្រី ហើយលើកទីមួយដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស គាត់គឺជាបុរស ជាកូនប្រុសរបស់ព្រះជាម្ចាស់។ លើកនេះ គាត់បានយកកំណើតជាមនុស្សជាស្ត្រី ពោលគឺ តើនោះមិនមែនជាកូនស្រីរបស់ព្រះជាម្ចាស់ទេឬ? សូមប្រាប់ខ្ញុំឱ្យដឹងផង ថាតើរបៀបយល់របស់ខ្ញុំនេះត្រឹមត្រូវដែរឬទេ។ នៅពេលមនុស្សមានកូន ពួកគេប្រាថ្នាចង់បានទាំងកូនប្រុស និងកូនស្រី តើព្រះជាម្ចាស់ក៏ចង់បានទាំងពីរដែរឬ?» តើខ្ញុំគួរឆ្លើយតបទៅពួកគេ និងពន្យល់ពីរឿងនេះយ៉ាងដូចម្ដេច? តើរឿងនេះមិនគួរត្រូវបានយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ទេឬ? តើវាមិនចាំបាច់ត្រូវតែកែតម្រូវទេឬ? តើមានបញ្ហាអ្វីដែរឬទេ ចំពោះអ្វីដែលពួកគេកំពុងនិយាយនោះ? គឺមានបញ្ហា។ ពួកគេបាននិយាយថា៖ «ព្រះជាម្ចាស់មានកូនប្រុសមួយ គឺព្រះអម្ចាស់យេស៊ូវ ហើយលើកនេះ ការយកកំណើតជាមនុស្សគឺជាស្ត្រី ដូច្នេះ ក្នុងករណីនោះ គឺជាកូនស្រីរបស់គាត់។ ដូច្នេះ ព្រះជាម្ចាស់មានកូនប្រុស និងកូនស្រី គាត់មានទាំងពីរ ដូច្នេះ មិនចាំបាច់មានព្រះវិញ្ញាណបរិសុទ្ធឡើយ។ មានឪពុកដ៏បរិសុទ្ធ កូនប្រុសដ៏បរិសុទ្ធ និងកូនស្រីដ៏បរិសុទ្ធ ព្រះត្រីឯកនេះ ពោលគឺ តើវាស័ក្ដិសម និងមានសេចក្ដីថ្លៃថ្នូរប៉ុនណាទៅ! បើគ្មានកូនស្រីទេ វានឹងមិនពេញលេញឡើយ»។ តើអ្នកមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានស្ដាប់រឿងនោះ? អ្នកមិនដឹងថាគួរតែសើច ឬគួរតែយំឡើយ។ ប្រាប់ខ្ញុំមកមើល៍ តើនេះមិនមែនជារឿងកំប្លែងទេឬ? (មែនហើយ។) តើមានភាពខុសគ្នាអ្វីខ្លះរវាងការយល់ដឹងរបស់ពួកគេអំពីការយកកំណើតជាមនុស្ស និងការយល់ដឹងរបស់ប៉ុល? (ទេ។) គឺគ្មានភាពខុសគ្នាឡើយ។ ប្រសិនបើមនុស្សតែងតែពឹងផ្អែកលើភាពឆ្លាតវៃ ការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ ដើម្បីធ្វើការសន្និដ្ឋាន និងការទាញសេចក្ដីសន្និដ្ឋាន អំពីបញ្ហានៃការយល់ដឹងពីព្រះជាម្ចាស់ ជាពិសេសនៅពេលនិយាយដល់បញ្ហានៃអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយពួកគេយកវាមកប្រើប្រាស់ដោយមានទស្សនៈជាក់លាក់មួយចំនួន នោះវានឹងមានភាពស្មុគស្មាញ ហើយពួកគេនឹងធ្វើខុស ព្រមទាំងជួបប្រទះនឹងបញ្ហាមិនខាន។ ដូច្នេះ តើវិធីដែលសមស្រប បំផុតដើម្បីដោះស្រាយបញ្ហានេះ គឺជាអ្វី? បញ្ហាមួយចំនួនមានភាពជ្រាលជ្រៅ និងអរូបីជាង វាមិនងាយស្រួលសម្រាប់មនុស្សក្នុងការយល់ឡើយ ហើយវាមិនងាយស្រួលក្នុងការមើលធ្លុះដល់សារជាតិ និងឫសគល់នៃបញ្ហានេះទេ ប្រសិនបើរឿងទាំងនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិត ឬ មិនប៉ះពាល់ដល់ការដេញតាមសេចក្ដីពិតរបស់អ្នកទេ នោះតើអ្នកគួរធ្វើដូចម្ដេច? ចូរទុកវាចោលសិនទៅ។ តើការស្រាវជ្រាវពីរឿងទាំងនោះមានប្រយោជន៍អ្វីទៅ? វាមិនមែនជារឿង របស់អ្នកដែលត្រូវស្រាវជ្រាវឡើយ។ អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ គឺផ្ដោតលើការចូលទៅក្នុងជីវិត និងអាចបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ។ ថ្ងៃណាមួយ អ្នកនឹងយល់ពីរឿងទាំងនេះដោយឯកឯងមិនខាន។ មនុស្សមួយចំនួននិយាយថា ពួកគេមិនអាចទុកវាចោលបានទេ ហើយចង់ស្រាវជ្រាវពីរឿងទាំងនោះ ដែលនេះគឺជារឿងស្មុគស្មាញ។ អ្នកមិនត្រូវស្រាវជ្រាវពីរឿងទាំងនោះឡើយ។ មនុស្សមិនត្រូវនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និងឋានៈរបស់ព្រះជាម្ចាស់ ដោយអាកប្បកិរិយាស្រាវជ្រាវឡើយ។ ប្រសិនបើអ្នកបន្តស្រាវជ្រាវ វានឹងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកនឹងប្រមាថព្រះជាម្ចាស់មិនខាន។ តើមនុស្សគួរដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ចូរធ្វើខ្លួនឱ្យសាមញ្ញ ហើយសូម្បីតែអ្នកមិនសូវច្បាស់ពីរឿងនេះក៏ដោយ ក៏មានរឿងមួយដែលច្បាស់លាស់ដែរ៖ ទ្រង់អាចតំណាងឱ្យព្រះជាម្ចាស់បាន ទ្រង់គឺជាការលេចមករបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់សម្ដែងចេញគឺជាសេចក្ដីពិត អ្វីដែលមនុស្សគួរទទួលយកគឺជាសេចក្ដីពិត ហើយការទទួលបានសេចក្ដីពិត គឺគ្រប់គ្រាន់ហើយ។
បើមើលពីសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើអ្វីទៅដែលពួកគេថ្វាយបង្គំបំផុត? គឺអ្វីដែលហៅថាទ្រឹស្ដីខាងទេវវិទ្យាដ៏ខ្ពង់ខ្ពស់ ទទេ និងអរូបី។ សម្រាប់ពួកគេ ទ្រឹស្ដីទាំងនេះមានតម្លៃខ្លាំងណាស់។ ពួកគេឱ្យតម្លៃ និងស្រឡាញ់រឿងទាំងនេះខ្លាំងណាស់ ហើយពួកគេគិតរកគ្រប់មធ្យោបាយដើម្បីទទួលបានរឿងទាំងនេះ ដើម្បីឱ្យលេចធ្លោជាងគេ។ ពួកគេកត់ត្រារឿងទាំងនេះទុកក្នុងចិត្តរបស់ពួកគេ ហើយចាត់ទុកវាជាទុន ជាឈ្នាន់សម្រាប់សម្រេចគោលដៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនដឹងថា រឿងទាំងនេះជាមូលដ្ឋាន មិនមែនជាសេចក្ដីពិតឡើយ។ ប៉ុន្តែពួកគេចូលចិត្តបំពាក់ខ្លួនឯងដោយទ្រឹស្ដីខាងទេវវិទ្យាទាំងនេះ ដែលក្លាយជាគំនិតដែលពួកគេបានគិតទុកជាមុន ហើយពួកគេចាត់ទុកវាថាជាសេចក្ដីពិត។ ពួកគេប្រើប្រាស់ចំណេះដឹងខាងទេវវិទ្យានេះ ដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ។ នៅពេលពួកគេឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មិនស្របនឹងទ្រឹស្ដីខាងទេវវិទ្យាដែលពួកគេគាំទ្រទេ ពួកគេមិនអាចទប់ចិត្តមិនឱ្យវិនិច្ឆ័យ និងថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ពួកគេគ្មានចិត្តកោតខ្លាចឡើយ ដោយជឿថា ពួកគេមានមូលដ្ឋានព្រះគម្ពីរក្នុងការធ្វើបែបនេះ។ ពួកគេមួយចំនួនថែមទាំងថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគួរឱ្យធុញទ្រាន់ពេកហើយ។ ព្រះបន្ទូលមួយចំនួនមិនសមហេតុផលទេ មួយចំនួនមិនត្រូវតាមវេយ្យាករណ៍ទេ ហើយសូម្បីតែវាក្យសព្ទមួយចំនួនដែលទ្រង់ប្រើ ក៏មិនសូវសមស្របផង»។ ពួកគេគ្រាន់តែរស់នៅក្នុងខួរក្បាល និងគំនិតរបស់ពួកគេប៉ុណ្ណោះ ដោយប្រើប្រាស់ចំណេះដឹង និងចំណេះវិជ្ជាដែលពួកគេមាន ដើម្បីវិភាគ និងសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេជាច្រើនថែមទាំងប្រើប្រាស់ការស្រមើស្រមៃ និងការវិនិច្ឆ័យរបស់ពួកគេ ដើម្បីស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាព្រះជាម្ចាស់កំណត់លក្ខណៈមនុស្សមួយចំនួនយ៉ាងដូចម្ដេច ឬ គោលដៅអ្វីសម្រាប់មនុស្សមួយចំនួន ហើយបន្ទាប់មកក៏វិភាគ និងថ្កោលទោសចំណុចទាំងនោះ យោងទៅតាមអ្វីដែលព្រះគម្ពីរចែង ដោយហេតុនេះ ក៏ចាប់ផ្ដើមបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលពួកគេវិភាគ និងថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានរឿងដ៏គួរឱ្យខ្លាចមួយកើតឡើង។ តើអ្នករាល់គ្នាដឹងថាវាជារឿងអ្វីទេ? នៅពេលមនុស្សវិភាគ និងសិក្សាអំពីព្រះជាម្ចាស់ ហើយនៅពេលផ្នត់គំនិតនៃការថ្កោលទោសកើតឡើងនៅក្នុងមនុស្ស ព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធមនុស្សទាំងនេះ ហើយមិនធ្វើការនៅក្នុងពួកគេឡើយ។ តើនេះមិនមែនជារឿងដ៏គួរឱ្យខ្លាចទេឬ? ហើយអ្នករាល់គ្នាដឹងហើយថា វាបង្ហាញពីអ្វី នៅពេលព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនោះ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការ ទ្រង់ចៀសចេញឆ្ងាយពីមនុស្សទាំងនេះ ដែលស្មើនឹងការដែលពួកគេត្រូវបានបោះបង់ចោល។ និយាយម្យ៉ាងទៀត ព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេឡើយ។ យើងអាចវិភាគពីមូលហេតុបាន។ តើទ្រឹស្ដីខាងទេវវិទ្យាទាំងនេះ ដែលពួកគេបានបំពាក់ខ្លួនឯងអស់ពាក់កណ្ដាលជីវិតរបស់ពួកគេមកពីណា? តើទ្រឹស្ដីទាំងនោះតំណាងឱ្យនរណា? ពួកគេមិនច្បាស់ពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ។ តាមការពិត រឿងទាំងនេះមិនមែនមកពីព្រះជាម្ចាស់ទាល់តែសោះ ហើយវាក៏មិនមែនជាការយល់ដឹងសុទ្ធសាធរបស់មនុស្សដែរ។ រឿងទាំងនេះគឺជាការបកស្រាយខុសទំនងរបស់មនុស្ស ហើយដូចនេះ គេអាចនិយាយបានថា រឿងទាំងនេះមកពីសាតាំង និងតំណាងឱ្យសាតាំងទាំងស្រុង។ តើចំណេះដឹងខាងទេវវិទ្យានេះ រួមបញ្ចូលអ្វីខ្លះទៀត? ក្រៅពីការបកស្រាយខុសទំនងអំពីព្រះគម្ពីរ វាមានរួមបញ្ចូលតក្កវិជ្ជា និងការវែកញែករកហេតុផលរបស់មនុស្ស សញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ក៏ដូចជាបទពិសោធ ក្រមសីលធម៌ សីលធម៌ និងគំនិតទស្សនវិជ្ជារបស់មនុស្សផងដែរ។ នៅពេលពួកគេប្រើប្រាស់រឿងទាំងនេះ ដើម្បីវាយតម្លៃអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងវាយតម្លៃកិច្ចការរបស់ទ្រង់ យ៉ាងច្បាស់ក្រឡែត ពួកគេកំពុងឈរនៅខាងសាតាំង ក្នុងរបៀបដែលពួកគេចំពោះព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់លាក់ព្រះភក្ត្ររបស់ទ្រង់ពីពួកគេ ហើយព្រះវិញ្ញាណបរិសុទ្ធក៏បោះបង់ពួកគេចោលដែរ។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធបែបនេះដែរឬទេ? កាលពីមុន មនុស្សមួយចំនួនបាននិយាយអំពីបទពិសោធរបស់ពួកគេទាក់ទងនឹងរឿងនេះ ដោយនិយាយថា៖ «នៅពេលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូងៗ ខ្ញុំចូលចិត្តសិក្សាអំពីព្រះជាម្ចាស់ណាស់ ខ្ញុំបានសិក្សាពីអ្វីដែលទ្រង់មានបន្ទូល ការប្រើប្រាស់ពាក្យពេចន៍របស់ទ្រង់ របៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស តើទ្រង់ល្អចំពោះនរណា ហើយតើទ្រង់ចូលចិត្ត ឬស្អប់មនុស្សប្រភេទណា។ ជាលទ្ធផលនៃការសិក្សាទាំងអស់នេះ ចិត្តរបស់ខ្ញុំប្រែជាងងឹត ខ្ញុំមិនអាចទទួលអារម្មណ៍ពីព្រះជាម្ចាស់នៅក្នុងការអធិដ្ឋានរបស់ខ្ញុំបានទេ ស្ថានភាពនៃសេរីភាព និងការរំដោះនៅក្នុងចិត្តរបស់ខ្ញុំបានបាត់បង់អស់ ហើយខ្ញុំលែងមានអារម្មណ៍សុខសាន្ត ឬអំណរទៀតហើយ។ វាហាក់ដូចជាមានដុំមួយសង្កត់លើចិត្តរបស់ខ្ញុំអ៊ីចឹង»។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធបែបនេះដែរឬទេ? (ធ្លាប់។) អស់អ្នកដែលសិក្សាឥតឈប់អំពីព្រះជាម្ចាស់ មិនទទួលបានការបំភ្លឺ ឬការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ សូម្បីតែការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មិននាំមកនូវពន្លឺអ្វីដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទស្ទាត់ជំនាញខាងសិក្សាអំពីព្រះជាម្ចាស់ណាស់ ប៉ុន្តែពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ នៅក្នុងពួកជំនុំ ពួកគេមិនមានទំនាក់ទំនងធម្មតារវាងមនុស្សនិងមនុស្សឡើយ ដោយតែងតែតាំងខ្លួនខ្ពស់ជាងអ្នកដទៃ ដើម្បីស្ដីប្រដៅពួកគេ។ ពួកគេឧស្សាហ៍អួតអាងពីចំណេះដឹងរបស់ពួកគេ ហើយមើលងាយបងប្អូនប្រុសស្រីសាមញ្ញ។ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទប្រាស្រ័យទាក់ទងជាមួយអ្នក ហើយដឹងថាអ្នកមិនមានការអប់រំខ្ពស់ទេ នោះគេនឹងមិនខ្វល់ខ្វាយនឹងអ្នកឡើយ។ សូម្បីតែអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកដឹកនាំពួកជំនុំ ឬ ប្រធានក្រុមក៏ដោយ ក៏គេមិនប្រើប្រាស់អ្នកដែរ។ តើគេប្រើប្រាស់មនុស្សប្រភេទណា? ពួកគេស្វែងរកមនុស្សដែលមានឋានៈក្នុងសង្គម មានអំណាច ចំណេះដឹង និងអំណោយទាន ដែលអាចនិយាយបានដោយមានវោហារសាស្ត្រ ពោលគឺ គេសម្លឹងរកមើលមនុស្សបែបនេះ ហើយក៏ចាប់ផ្ដើមប្រើប្រាស់ពួកគេ។ ប្រសិនបើវាអាស្រ័យលើគេក្នុងការជ្រើសរើស និងប្រើប្រាស់មនុស្ស គេជ្រើសរើសតែបុគ្គលណាដែលពូកែនិយាយ មានការអប់រំខ្ពស់ មានចំណេះដឹង និងមានឋានៈក្នុងសង្គមប៉ុណ្ណោះ។ សូម្បីតែមនុស្សបែបនេះមិនដេញតាមសេចក្ដីពិត ឬ មិនអាចធ្វើការងារអ្វីបានក៏ដោយ ក៏គេនៅតែចូលចិត្តមនុស្សទាំងនោះដែរ។ តើនេះបញ្ជាក់ពីអ្វី? ពួកគេស្ថិតក្នុងប្រភេទដូចគ្នា។ យ៉ាងណាមិញ មនុស្សប្រភេទដូចគ្នា តែងតែប្រមូលផ្ដុំគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនយល់ពីពាក្យពេចន៍ និងគោលលទ្ធិមួយចំនួន ហើយបន្ទាប់មក ពួកគេគិតរកគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបានដើម្បីអនុវត្តការអធិប្បាយសេចក្តីអធិប្បាយ។ តើពួកគេអនុវត្តដល់កម្រិតណា? ដល់កម្រិតដែលពួកគេអាចនិយាយបានយ៉ាងក្បោះក្បាយ និងយ៉ាងទូលំទូលាយ ដោយឡើងឆាកមិនបាច់មើលកំណត់ត្រា ហើយនិយាយរាប់ម៉ោងក្នុងពេលតែមួយ។ ពួកគេគិតថានេះគឺជាការធ្វើកិច្ចការ នេះគឺជាពេលវេលាដ៏រុងរឿងបំផុតរបស់ពួកគេ ជាពេលវេលាដែលពួកគេអាចអួតបង្ហាញពីខ្លួនឯងបានល្អបំផុត។ ពួកគេចាប់យកឱកាសបែបនេះ ហើយមិនដែលបណ្ដោយឱ្យកន្លងផុតទៅឡើយ។ ក៏ប៉ុន្តែ ទាក់ទងនឹងប្រធានបទដែលព្រះជាម្ចាស់ឧស្សាហ៍ប្រកបគ្នាអំពី រឿងដែលទាក់ទងនឹងភាពជាមនុស្សធម្មតា ទាក់ទងនឹងមនសិការ និងវិចារណញ្ញាណរបស់មនុស្ស និងរឿងដែលទាក់ទងយ៉ាងជិតស្និទ្ធបំផុតទៅនឹងភាពជាមនុស្ស នៅក្នុងជីវិតជាក់ស្តែងរបស់មនុស្សធម្មតា ពោលគឺ ទោះបីជារឿងទាំងនេះហាក់ដូចជារឿងតូចតាច និងមិនសំខាន់សម្រាប់មនុស្សក៏ដោយ តាមពិត វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុករឿងទាំងនេះយ៉ាងដូចម្ដេច? ពួកគេស្អប់ខ្ពើមរឿងទាំងនេះពីក្នុងចិត្ត ពួកគេមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទាំងនេះទេ ហើយថ្កោលទោសរឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេ ដោយមានអារម្មណ៍ថាវាគ្មានន័យឡើយ។ ទោះបីជាអ្នកប្រកបគ្នាអំពីតថភាពនៃសេចក្ដីពិតយ៉ាងណាក៏ដោយ ដូចជាការធ្វើជាមនុស្សទៀងត្រង់ មនុស្សស្មោះត្រង់ ឬមនុស្សដែលជាក់ស្ដែង និងបំពេញភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ ទោះបីជាអ្នកប្រកបគ្នាអំពីរឿងទាំងនេះយ៉ាងណាក៏ដោយ ក៏ទស្សនៈរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល។ ពួកគេចង់ក្លាយជាមនុស្សដែលអាចនិយាយបានដោយមានវោហារសាស្ត្រ ដែលមើលទៅហាក់ដូចជាហៀរហូរទៅដោយទេពកោសល្យ និងមានសមត្ថភាពពិសេសៗ ឬ សូម្បីតែក្លាយជាមនុស្សដែលមានសមត្ថភាពអធិធម្មជាតិ ដូចជាការនិយាយភាសាដទៃ ការដែលអាចអានបានយ៉ាងលឿនអស្ចារ្យ ការមានការចងចាំមិនភ្លេច ជាដើម។ ប្រសិនបើពួកគេមានសមត្ថភាពទាំងនេះដែរ នោះចិត្តរបស់ពួកគេនឹងពោរពេញដោយអំណរមិនខាន។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេដេញតាម និងឱ្យតម្លៃលើរឿងទាំងនេះ។ ឧទាហរណ៍ ខ្ញុំទើបតែនិយាយរឿងអ្វីមួយរួច ហើយមួយសន្ទុះក្រោយមក ខ្ញុំក៏ភ្លេចវាបាត់ទៅ។ នៅពេលខ្ញុំសួរមនុស្សគ្រប់គ្នា ក៏គ្មាននរណាម្នាក់ផ្សេងទៀតចងចាំដែរ។ អ្នកឃើញទេ ការចងចាំរបស់យើងគឺស្រដៀងៗគ្នា តើមែនទេ? (មែនហើយ។) ប៉ុន្តែ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញបែបនេះ ពួកគេនិយាយថា៖ «ការចងចាំរបស់អ្នកក៏មិនល្អដែរ! មើលមនុស្សខាងវិញ្ញាណនេះ ឬមនុស្សខាងវិញ្ញាណនោះចុះ ពួកគេអាចអានបានយ៉ាងលឿន ហើយពួកគេមានការចងចាំមិនភ្លេច។ អ្នកគឺជាគ្រីស្ទ ពោល តើអ្នកអាចអានបានប៉ុន្មានបន្ទាត់ ដោយគ្រាន់តែមើលមួយភ្លែតនោះ?» ខ្ញុំនិយាយថា៖ «ខ្ញុំមិនមានសមត្ថភាពអធិធម្មជាតិនោះទេ។ ជួនកាល ខ្ញុំមិនចាំប្រយោគណាមួយទេ បន្ទាប់ពីអានវារួច ហើយខ្ញុំត្រូវអានវាម្តងទៀត»។ ពួកគេនិយាយថា៖ «តើព្រះជាម្ចាស់មិនគួរតែមានគ្រប់ចេស្ដាទេឬ?» នេះជារបៀបដែលពួកគេចាប់ផ្ដើមបង្កើតសញ្ញាណ។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ តើពួកគេយល់ឃើញយ៉ាងណាចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស? «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គ្រាន់តែជាមនុស្សសាមញ្ញ និងធម្មតាទាំងស្រុងប៉ុណ្ណោះ។ ការចងចាំរបស់ទ្រង់មិនល្អទេ សុខភាពកាយសម្បទារបស់ទ្រង់ក៏មិនសូវល្អដែរ ទ្រង់មើលទៅមិនដូចជាព្រះជាម្ចាស់ទាល់តែសោះ មិនថាក្នុងទិដ្ឋភាពណាក៏ដោយ»។ ហេតុដូច្នេះហើយ នៅពេលពួកគេឮនរណាម្នាក់អធិប្បាយអំពីការស្រឡាញ់ព្រះជាម្ចាស់ ពួកគេគិតថា៖ «ប្រសិនបើមនុស្សខាងវិញ្ញាណម្នាក់នេះម្នាក់នោះ ឬ មនុស្សល្បីល្បាញនេះម្នាក់នោះគឺជាព្រះជាម្ចាស់ នោះខ្ញុំអាចទទួលយក និងស្រឡាញ់គាត់បាន។ ប៉ុន្តែ ប្រសិនបើព្រះគ្រីស្ទបច្ចុប្បន្ននេះគឺជាព្រះជាម្ចាស់ ខ្ញុំមិនអាចស្រឡាញ់ទ្រង់បានទេ ពីព្រោះទ្រង់មើលទៅមិនដូចជាព្រះជាម្ចាស់ទាល់តែសោះ»។ នៅក្នុងចិត្តរបស់ពួកគេ ដើម្បីក្លាយជាព្រះជាម្ចាស់ គេត្រូវតែមើលទៅដូចជាព្រះជាម្ចាស់ គាត់ត្រូវតែនិយាយ ធ្វើសកម្មភាព និងមានរូបរាងដូចជាព្រះជាម្ចាស់ ដើម្បីឱ្យនៅពេលមនុស្សឃើញទ្រង់ ពួកគេមិនមានសញ្ញាណអ្វីទាល់តែសោះ នេះហើយជាអ្វីដែលពួកគេគិត។ ហេតុអ្វី? ពួកគេគិតថា៖ «ទីមួយ អ្នកមិនមានសមត្ថភាពអធិធម្មជាតិទេ។ ទីពីរ អ្នកមិនមានទេពកោសល្យពិសេសទេ។ ទីបី អ្នកមិនមានអំណោយទានដូចមនុស្សនៅក្នុងលោកីយ៍ទាំងនោះ ដែលសម្រេចកិច្ចការដ៏អស្ចារ្យឡើយ។ អ្នកមិនមានអ្វីអស្ចារ្យទាល់តែសោះ ដូច្នេះ ហេតុអ្វីបានជាខ្ញុំត្រូវស្ដាប់អ្វីដែលអ្នកនិយាយ? ហេតុអ្វីបានជាខ្ញុំត្រូវគោរពអ្នក? ហេតុអ្វីបានជាខ្ញុំត្រូវចុះចូលនឹងអ្នក? ខ្ញុំមិនអាចចុះចូលបានទេ»។ តើនេះជាបញ្ហាអ្វី? តើនេះជានិស្ស័យប្រភេទណា? ទោះបីជាពួកគេមិនយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេនៅតែគួរមានមនសិការ និងវិចារណញ្ញាណរបស់មនុស្សធម្មតាដែរ។ មនុស្សមានសញ្ញាណ ហើយព្រះជាម្ចាស់មិនថ្កោលទោសពួកគេចំពោះរឿងនោះទេ ប៉ុន្តែនៅពេលមនុស្សរក្សាសញ្ញាណទុកក្នុងចិត្ត ហើយបន្ទាប់មកក៏ទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់ដោយចេតនា នោះវាងាយនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ណាស់។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទអាចថ្កោលទោស និងទាស់ទទឹងនឹងព្រះជាម្ចាស់ដោយសេរី គឺបណ្ដាលមកពីធម្មជាតិទុច្ចរិតរបស់ពួកគេ។ បន្ទាប់ពីទទួលបានចំណេះដឹង ពួកគេមានការស្រមើស្រមៃកាន់តែសម្បូរបែប កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយអំពីព្រះជាម្ចាស់ និងអំពីភាពខ្ពង់ខ្ពស់ សារជាតិ សិទ្ធិអំណាច និងសព្វានុភាពរបស់ទ្រង់។ បន្ទាប់មក ពួកគេព្យាយាមយកការស្រមើស្រមៃទាំងនេះ ទៅផ្គូផ្គងជាមួយនឹងព្រះជាម្ចាស់ដែលពួកគេអាចមើលឃើញ និងប្រាស្រ័យទាក់ទងជាមួយ។ តើពួកគេអាចផ្គូផ្គងវាបានដែរឬទេ? ពួកគេមិនអាចផ្គូផ្គងវាបានឡើយ។ កាលណាពួកគេកាន់តែសិក្សាអំពីព្រះជាម្ចាស់ ពួកគេកាន់តែបដិសេធព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយអាចថ្កោលទោស និងទាស់ទទឹងនឹងព្រះជាម្ចាស់ ដែលនេះគឺជារឿងដែលមិនអាចជៀសវាងបានឡើយ។
តាមរយៈអ្វីដែលអ្នករាល់គ្នាបានឃើញនៅក្នុងព្រះគម្ពីរ និងព្រះសូរសៀងបច្ចុប្បន្នទាំងអស់របស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់គាំទ្រអំណោយទាន ការសិក្សា និងចំណេះដឹងដែរឬទេ? (ទេ។) ផ្ទុយទៅវិញ ព្រះជាម្ចាស់វែកញែកពីចំណេះដឹង និងការសិក្សារបស់មនុស្ស។ តើព្រះជាម្ចាស់កំណត់អត្ថន័យអំណោយទានយ៉ាងដូចម្ដេច? តើទ្រង់កំណត់អត្ថន័យសមត្ថភាពអធិធម្មជាតិ និងទេពកោសល្យពិសេសយ៉ាងដូចម្ដេច? អ្នករាល់គ្នាគួរយល់ថា អំណោយទាន សមត្ថភាពអធិធម្មជាតិ និងទេពកោសល្យពិសេស មិនតំណាងឱ្យជីវិតទាល់តែសោះ។ តើការដែលរឿងទាំងនេះមិនតំណាងឱ្យជីវិត មានន័យដូចម្ដេច? វាមានន័យថា រឿងទាំងនេះមិនមែនជាលទ្ធផលនៃការដែលមនុស្សទទួលបានសេចក្ដីពិតឡើយ។ តាមការពិត តើរឿងទាំងនេះមកពីណា? តើវាមកពីព្រះជាម្ចាស់ឬ? ទេ ព្រះជាម្ចាស់មិនផ្ដល់ចំណេះដឹង ឬការសិក្សាដល់មនុស្សទេ ហើយទ្រង់ច្បាស់ជាមិនប្រទានអំណោយទានកាន់តែច្រើនដល់មនុស្ស ដើម្បីឱ្យពួកគេអាចដេញតាមសេចក្ដីពិតនោះឡើយ។ ព្រះជាម្ចាស់មិនប្រព្រឹត្តតាមរបៀបនេះទេ។ ឥឡូវនេះ អ្នករាល់គ្នាយល់ហើយ បន្ទាប់ពីខ្ញុំបាននិយាយបែបនេះ តើមែនទេ? ដូច្នេះ តើសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញចេញនៅត្រង់ណា? តើពួកគេយល់ឃើញយ៉ាងណាចំពោះអំណោយទាន ការសិក្សា និងចំណេះដឹង? ពួកគេឱ្យតម្លៃ ដើរតាម និងថែមទាំងប្រាថ្នាចង់បានរឿងទាំងនេះទៀតផង ជាពិសេសគឺអំណោយទាន និងសមត្ថភាពអធិធម្មជាតិ។ ប្រសិនបើអ្នកប្រាប់អាទទឹងនឹងព្រះគ្រីស្ទថា៖ «ប្រសិនបើអ្នកមានសមត្ថភាពអធិធម្មជាតិ អ្នកនឹងទាក់ទាញវិញ្ញាណអាក្រក់មិនខាន» ពួកគេនឹងនិយាយថា៖ «ខ្ញុំមិនខ្លាចទេ!» អ្នកនឹងឆ្លើយតបថា៖ «អ៊ីចឹង វានឹងគ្មានសង្ឃឹមទទួលបានសេចក្ដីសង្រ្គោះឡើយសម្រាប់អ្នកនៅថ្ងៃអនាគត អ្នកនឹងត្រូវទម្លាក់ទៅក្នុងនរកជាន់ទីដប់ប្រាំបី នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រមិនខាន» ហើយពួកគេនឹងនៅតែនិយាយថា៖ «ខ្ញុំមិនខ្លាចទេ!» ប្រសិនបើអ្នកអាចឱ្យពួកគេនិយាយភាសាដទៃដប់ផ្សេងគ្នា ហើយអួតសម្ញែងដើម្បីឱ្យអ្នកដទៃគោរពពួកគេ នោះពួកគេនឹងយល់ព្រម និង សុខចិត្តមិនខាន។ ព្រះជាម្ចាស់មានបន្ទូលយ៉ាងសាមញ្ញណាស់ ហើយធ្វើការយ៉ាងជាក់ស្ដែងណាស់ នៅក្នុងភាពជាមនុស្សធម្មតា ហើយពួកគេមិនទទួលយកវិធីសាស្ត្រ ទម្រង់ និងខ្លឹមសារនៃកិច្ចការនេះទេ ពោលគឺ ពួកគេស្អប់ខ្ពើមវា។ តើមនុស្សគួរញែកដឹងរឿងទាំងនេះយ៉ាងដូចម្ដេច? ឧទាហរណ៍ មនុស្សមួយចំនួនអាចនិយាយភាសាដទៃផ្សេងៗ។ តើអ្នកអាចទទួលយកការពិតនេះបានដែរឬទេ? តើអ្នកគិតថាវាជារឿងធម្មតា ឬជារឿងចម្លែក? (ចម្លែក។) ហេតុដូច្នេះហើយ នៅក្នុងកម្រិតតម្រិះប្រកបដោយវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា នេះគឺជារឿងដែលមិនអាចទទួលយកបានឡើយ។ នរណាម្នាក់ដែលចងចាំគ្រប់យ៉ាង ដូចជាពណ៌ រូបរាង មុខមាត់ និងឈ្មោះ ហើយអាចចងចាំសៀវភៅរាប់រយទំព័រ បន្ទាប់ពីអានវារួច ដោយរៀបរាប់ពីដើមដល់ចប់ ពោលគឺ បន្ទាប់ពីប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះ តើអ្នកនឹងមិនមានអារម្មណ៍ថា អ្នកបានជួបប្រទះនឹងរឿងខុសប្រក្រតីទេឬអី? (មែនហើយ។) ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តរឿងទាំងនេះ។ ប្រាប់ខ្ញុំមកមើល៍ នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សទាំងនោះនៅក្នុងពិភពសាសនា ដែលហៅថាអ្នកផ្សាយមាគ៌ា អ្នកអធិប្បាយ និងគ្រូគង្វាល ដែលត្រូវបានគេស្គាល់ជារួមថាជាពួកផារិស៊ី តើអ្នកមានអារម្មណ៍ថា មនុស្សទាំងនេះគឺជាអ្វីដែលចិត្តរបស់អ្នកត្រូវការ ឬ ក៏ព្រះដ៏ជាក់ស្ដែងគឺជាអ្វីដែលចិត្តរបស់អ្នកត្រូវការ? (ការប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ គឺជាអ្វីដែលចិត្តរបស់យើងត្រូវការ។) ព្រះដ៏ប្រក្រតី និងជាក់ស្ដែង គឺកាន់តែខិតជិតទៅនឹងតម្រូវការខាងក្នុងរបស់អ្នក តើមែនទេ? ដូច្នេះ ចូរនិយាយអំពីអារម្មណ៍របស់អ្នក នៅពេលអ្នករាល់គ្នាប្រាស្រ័យទាក់ទងជាមួយពួកផារិស៊ី ពីគុណសម្បត្តិ និងគុណវិបត្តិ ហើយថាតើវានាំមកនូវអត្ថប្រយោជន៍អ្វីខ្លះ។ (ប្រសិនបើខ្ញុំប្រាស្រ័យទាក់ទងជាមួយពួកផារិស៊ី វាមានអារម្មណ៍ថាក្លែងក្លាយ និងឃ្លាតឆ្ងាយ។ រឿងដែលពួកគេនិយាយ គឺទទេ និងក្លែងក្លាយពេកហើយ ការស្ដាប់វាច្រើនពេក ធ្វើឱ្យមានអារម្មណ៍ចង់ក្អួត ហើយខ្ញុំមិនចង់ប្រាស្រ័យទាក់ទងជាមួយពួកគេទៀតទេ។) តើទស្សនៈដែលពួកផារិស៊ីបានសម្ដែងចេញ គឺត្រឹមត្រូវ ឬ ក៏មិនសមហេតុផលទាល់តែសោះ? (មិនសមហេតុផលទាល់តែសោះ។) សារជាតិនៃទស្សនៈរបស់ពួកគេ គឺមិនសមហេតុផលទាល់តែសោះឡើយ។ ម្យ៉ាងទៀត តើរឿងដែលពួកគេនិយាយ ភាគច្រើនជាការជាក់ស្ដែង ឬទទេ? (ទទេ។) តើមនុស្សភាគច្រើនស្អប់ខ្ពើម ឬ ចូលចិត្តស្ដាប់រឿងដែលមិនសមហេតុផលទាល់តែសោះ និងទទេ ក៏ដូចជារឿងដែលពោរពេញដោយការស្រមើស្រមៃ និងសញ្ញាណ ដែលពួកគេនិយាយនោះ? (មនុស្សភាគច្រើនស្អប់ខ្ពើមការស្ដាប់រឿងទាំងនេះ។) មនុស្សភាគច្រើនមិនចូលចិត្តពួកគេទេ ហើយក៏មិនសុខចិត្តស្ដាប់ដែរ។ បន្ទាប់ពីបានឮទស្សនៈ និងពាក្យសម្ដីរបស់ពួកគេ ហើយសង្កេតមើលនិស្ស័យរបស់ពួកគេ ក៏ដូចជាឥរិយាបថក្លែងក្លាយ និងលាក់ពុតរបស់ពួកគេ តើអ្នកមានអារម្មណ៍យ៉ាងណានៅក្នុងចិត្តរបស់អ្នក? តើអ្នកសុខចិត្តស្ដាប់បន្ថែមទៀតដែរឬទេ? តើអ្នកសុខចិត្តចូលទៅជិតពួកគេ មានការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅជាមួយពួកគេ និងយល់ដឹងបន្ថែមអំពីពួកគេដែរឬទេ? (ទេ។) អ្នកមិនសុខចិត្តប្រាស្រ័យទាក់ទងជាមួយពួកគេឡើយ។ បញ្ហាសំខាន់គឺថា ពាក្យសម្ដីរបស់ពួកគេគឺទទេពេកហើយ ពោរពេញដោយទ្រឹស្ដី និងពាក្យស្លោក បន្ទាប់ពីស្ដាប់អស់រយៈពេលយ៉ាងយូរ អ្នកនៅតែមិនយល់ទាល់តែសោះថាពួកគេកំពុងនិយាយអំពីអ្វី។ ម្យ៉ាងទៀត និស្ស័យរបស់ពួកគេគឺក្លែងក្លាយ និងមានល្បិចកល ពួកគេធ្វើពុតជាបន្ទាបខ្លួន អត់ធ្មត់ និងមានសេចក្ដីស្រឡាញ់ ធ្វើពុតជាមានអត្តចរិតដូចជាអ្នកជឿចាស់វស្សា ជាអ្នកដែល «មុតមាំ» ខ្លាំងជាពិសេស។ នៅពេលអ្នកបានឃើញមុខមាត់ពិតរបស់ពួកគេនៅទីបំផុត អ្នកមានអារម្មណ៍ខ្ពើមរអើម។ អ្នករាល់គ្នាមិនសូវមានការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅជាមួយខ្ញុំទេ តើអ្នករាល់គ្នាយល់ឃើញយ៉ាងណាចំពោះសេចក្ដីអធិប្បាយដែលខ្ញុំបានផ្ដល់ឱ្យ? តើមានភាពខុសគ្នាដែរឬទេ រវាងសេចក្ដីអធិប្បាយទាំងនេះ និងអ្វីដែលពួកផារិស៊ីនិយាយនោះ? (មាន។) តើខុសគ្នាយ៉ាងដូចម្ដេច? (សេចក្ដីអធិប្បាយរបស់ព្រះជាម្ចាស់គឺជាក់ស្ដែង។) នោះគឺជាចំណុចមូលដ្ឋាន។ លើសពីនេះទៅទៀត អ្វីដែលខ្ញុំនិយាយ គឺទាក់ទងនឹងការអនុវត្ត បទពិសោធរបស់អ្នករាល់គ្នា និងទិដ្ឋភាពផ្សេងៗនៃបញ្ហាដែលបានត្រូវបានជួបប្រទះ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នករាល់គ្នា និងនៅក្នុងជីវិតជាក់ស្តែង។ វាមិនមែនជារឿងដែលមិនជាក់ស្ដែង និងស្រពេចស្រពិលឡើយ។ ម្យ៉ាងទៀត តើរាល់សេចក្ដីពិតដែលខ្ញុំពិភាក្សា ឬទស្សនៈដែលខ្ញុំមានចំពោះបញ្ហាផ្សេងៗ គឺជាក់ស្ដែង ឬទទេ? (ជាក់ស្ដែង។) ហេតុអ្វីបានជាអ្នកនិយាយថាវាជាក់ស្ដែង? ពីព្រោះវាមិនឃ្លាតឆ្ងាយពីជីវិតជាក់ស្តែងទេ វាមិនមែនជាការនិយាយទ្រឹស្ដីទទេ ដែលហួសពីជីវិតជាក់ស្តែងឡើយ។ វាសុទ្ធតែទាក់ទងនឹងការញែកដឹង ការយល់ដឹង និងការអនុវត្តរបស់មនុស្សនៅក្នុងជីវិតជាក់ស្តែង និងសភាពដែលកើតឡើងនៅក្នុងពួកគេ នៅពេលជួបប្រទះនឹងបញ្ហាផ្សេងៗ ក្នុងអំឡុងពេលបំពេញភារកិច្ចរបស់ពួកគេ។ ជារួមមក វាពាក់ព័ន្ធនឹងប្រធានបទដែលទាក់ទងនឹងរបៀបដែលមនុស្សអនុវត្តសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ជីវិតរបស់ពួកគេនៃការជឿលើព្រះជាម្ចាស់ និងសភាពផ្សេងៗរបស់ពួកគេ ក្នុងអំឡុងពេលបំពេញភារកិច្ចរបស់ពួកគេ។ យើងមិនយកព្រះគម្ពីរមកបកស្រាយយ៉ាងទទេ អំពីកណ្ឌគម្ពីរលោកុប្បត្តិ ឬកណ្ឌគម្ពីរអេសាយទេ ហើយយើងក៏មិននិយាយយ៉ាងទទេ អំពីកណ្ឌគម្ពីរវិវរណៈដែរ។ ខ្ញុំមិនចូលចិត្តអានកណ្ឌគម្ពីរវិវរណៈបំផុត ហើយមិនចង់និយាយអំពីវាឡើយ។ តើការនិយាយអំពីវាមានប្រយោជន៍អ្វីទៅ? ប្រសិនបើខ្ញុំប្រាប់អ្នកថា តើគ្រោះកាចណាមួយបានកើតឡើង តើវាមានពាក់ព័ន្ធអ្វីនឹងអ្នកទៅ? នោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ សូម្បីតែកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបំពេញក៏ដោយ តើវានឹងប៉ះពាល់ដល់អ្នកយ៉ាងដូចម្ដេច? តើអ្នកមិននៅតែជាខ្លួនអ្នកដដែលទេឬ? ប្រសិនបើខ្ញុំប្រាប់អ្នកថា តើគ្រោះកាចណាមួយបានកើតឡើង តើអ្នកនឹងអាចបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នកបានដែរឬទេ? តើវានឹងអស្ចារ្យបែបនោះឬ? ទេ។ ហេតុដូច្នេះហើយ នៅពេលមនុស្សដើរតាមរហូតដល់ទីបញ្ចប់ ពួកគេម្នាក់ៗនឹងត្រូវចាត់ថ្នាក់ស្របទៅតាមប្រភេទរបស់ពួកគេ។ អស់អ្នកដែលអាចទទួលយកសេចក្ដីពិត ចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចអនុវត្តសេចក្ដីពិតបាន នឹងប្រកាន់ខ្ជាប់មិនខាន។ អស់អ្នកដែលមិនសុខចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬ ស្ដាប់សេចក្ដីអធិប្បាយ ដែលបដិសេធមិនព្រមទទួលយកសេចក្ដីពិតយ៉ាងរឹងរូស និងមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេ នៅទីបំផុត នឹងត្រូវបានបើកសម្ដែង និងជម្រុះចោលមិនខាន។ ទោះបីជាពួកគេចូលរួមការជួបជុំ និងស្ដាប់សេចក្ដីអធិប្បាយក៏ដោយ ក៏ពួកគេមិនដែលអនុវត្តសេចក្ដីពិតដែរ ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ហើយស្អប់ខ្ពើមការស្ដាប់សេចក្ដីអធិប្បាយ ពោលគឺពួកគេមិនសុខចិត្តស្ដាប់វាឡើយ។ ដូច្នេះ សូម្បីតែនៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេ ក៏ពួកគេធ្វើឱ្យតែរួចពីដៃដែរ ដោយមិនដែលផ្លាស់ប្ដូរឡើយ។ មនុស្សទាំងនេះ គ្រាន់តែជាពួកអ្នកមិនជឿប៉ុណ្ណោះ។ ប្រសិនបើមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះសរ ឧស្សាហ៍ប្រាស្រ័យទាក់ទង និងរស់នៅជាមួយពួកអ្នកមិនជឿ តើពួកគេនឹងមានអារម្មណ៍យ៉ាងណា? ពួកគេមិនត្រឹមតែមិនទទួលបានអត្ថប្រយោជន៍ ឬការជួយស្អាងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងកាន់តែមានអារម្មណ៍ស្អប់ខ្ពើមពីក្នុងចិត្តចំពោះមនុស្សទាំងនោះផងដែរ។ ឧបមាថា អ្នកប្រាស្រ័យទាក់ទងជាមួយពួកផារិស៊ី ហើយឮពួកគេនិយាយ ហើយអ្នកឃើញថា ពួកគេនិយាយបានយ៉ាងច្បាស់លាស់ និងមានហេតុផល ថាពួកគេពន្យល់ពីច្បាប់ទម្លាប់ និងបទប្បញ្ញត្តិផ្សេងៗទាំងអស់ ក្នុងរបៀបមួយដែលអាចយល់បាន ហើយថាពាក្យសម្ដីរបស់ពួកគេហាក់ដូចជាមានផ្ទុកនូវទ្រឹស្ដីដ៏ជ្រាលជ្រៅ ប៉ុន្តែនៅពេលវិភាគឱ្យបានហ្មត់ចត់ គ្មានអ្វីមួយក្នុងចំណោមនោះ គឺជាតថភាពនៃសេចក្ដីពិតឡើយ ហើយវាសុទ្ធតែជាទ្រឹស្ដីទទេប៉ុណ្ណោះ។ ឧទាហរណ៍ ពួកគេពិភាក្សាអំពីទ្រឹស្ដីនៃព្រះត្រីឯក សាសនវិទ្យា ទ្រឹស្ដីអំពីព្រះជាម្ចាស់ ថាតើព្រះជាម្ចាស់មានលក្ខណៈបែបណានៅស្ថានសួគ៌ជាមួយពួកទេវតា ស្ថានភាពនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូវ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានឮការនិយាយទាំងអស់នេះ? លទ្ធផលគឺស្រដៀងនឹងការស្ដាប់រឿងទេវកថាអ៊ីចឹង។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តស្ដាប់ និងពិភាក្សាអំពីរឿងទាំងនេះ ហើយហេតុអ្វីបានជាពួកគេសុខចិត្តប្រាស្រ័យទាក់ទងជាមួយបុគ្គលបែបនេះ? តើនេះមិនមែនជាសេចក្តីទុច្ចរិតរបស់ពួកគេទេឬ? (មែនហើយ។) តើគេអាចសង្កេតឃើញអ្វីខ្លះពីសេចក្តីទុច្ចរិតរបស់ពួកគេ? នៅក្នុងជម្រៅចិត្ត ពួកគេមានតម្រូវការជាក់លាក់មួយ ដែលនាំឱ្យពួកគេថ្វាយបង្គំចំណេះដឹង និងការសិក្សានេះ និងថ្វាយបង្គំរឿងទាំងនេះដែលពួកផារិស៊ីមាន។ ដូច្នេះ តើតម្រូវការរបស់ពួកគេគឺជាអ្វី? (ដើម្បីទទួលបានការគោរពឱ្យតម្លៃខ្ពស់ពីអ្នកដទៃ។) ពួកគេមិនត្រឹមតែត្រូវការឱ្យអ្នកដទៃគោរពឱ្យតម្លៃពួកគេខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេតែងតែចង់ក្លាយជាកំពូលមនុស្ស ក្លាយជាបុគ្គលខ្ពង់ខ្ពស់ ឬ ជាបុគ្គលល្បីល្បាញដែលមានចំណេះដឹង ពោលគឺ ពួកគេគ្រាន់តែមិនចង់ក្លាយជាមនុស្សសាមញ្ញប៉ុណ្ណោះ។ តើបំណងប្រាថ្នារបស់ពួកគេក្នុងការក្លាយជាកំពូលមនុស្ស សបញ្ជាក់ពីអ្វី? និយាយតាមភាសាសាមញ្ញ វាមានន័យថា ពួកគេឃ្លាតឆ្ងាយពីតថភាព។ ឧទាហរណ៍ មនុស្សភាគច្រើន យ៉ាងច្រើនបំផុតអាចប្រាថ្នាថា «ប្រសិនបើខ្ញុំអាចហោះហើរយ៉ាងខ្ពស់នៅលើមេឃតាមយន្តហោះបាន តើល្អយ៉ាងណាទៅ។» ពួកគេប្រហែលជាមានប្រាថ្នាបែបនេះ តើមែនទេ? ប៉ុន្តែ តើប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? «ថ្ងៃណាមួយ ខ្ញុំចង់ដុះស្លាប ហើយហោះហើរទៅកាន់ទីកន្លែងដ៏ឆ្ងាយ!» ពួកគេមានសេចក្តីប្រាថ្នាបែបនេះ—ចុះអ្នកវិញ? (ទេ។) ហេតុអ្វីបានជាអ្នកមិនមាន? ពីព្រោះវាមិនប្រាកដនិយមទេ។ សូម្បីតែអ្នកត្រូវបានបំពាក់ដោយស្លាបដ៏ធំពីរក៏ដោយ តើអ្នកអាចហោះហើរបានដែរឬទេ? អ្នកមិនមែនជាភាវៈប្រភេទនោះទេ តើមែនទេ? (មែនហើយ។) មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ តែងតែពឹងផ្អែកលើការស្រមើស្រមៃរបស់ពួកគេ ដោយដេញតាមបំណងប្រាថ្នារបស់ពួកគេឥតឈប់។ តើពួកគេអាចត្រូវបានសង្គ្រោះដែរឬទេ? (ទេ។) ទាំងនេះមិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់សង្គ្រោះឡើយ។ ព្រះជាម្ចាស់សង្គ្រោះអស់អ្នកដែលស្រឡាញ់សេចក្ដីពិត ផ្ដោតលើតថភាព និងដេញតាមសេចក្ដីពិតក្នុងរបៀបមួយដែលប្រាកដនិយម។ អស់អ្នកដែលតែងតែប្រាថ្នាចង់ក្លាយជាកំពូលមនុស្ស ឬ បុគ្គលខ្ពង់ខ្ពស់គឺជាមនុស្សមានជំងឺផ្លូវចិត្ត ពួកគេមិនមែនជាមនុស្សធម្មតាទេ ហើយព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេឡើយ។
នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពួកគេតែងតែសួរសំណួរចម្លែកៗ។ ការដែលពួកគេអាចសួរសំណួរបែបនេះ បង្ហាញពីតម្រូវការដ៏ស៊ីជម្រៅរបស់ពួកគេ និងអ្វីដែលពួកគេថ្វាយបង្គំនៅក្នុងចិត្តរបស់ពួកគេ។ កាលពីដំបូង នៅពេលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មនុស្សមួយចំនួនតែងតែសួរនាំថា៖ «តើព្រះអានព្រះគម្ពីរនៅផ្ទះដែរឬទេ? វាមិនមែនថាខ្ញុំសួរសម្រាប់ខ្លួនឯងនោះទេ តាមពិត ខ្ញុំមិនចង់ដឹងអំពីរឿងនេះទេ ខ្ញុំគ្រាន់តែសួរតំណាងឱ្យបងប្អូនប្រុសស្រីប៉ុណ្ណោះ។ ពួកគេជាច្រើនក៏មានគំនិតនេះដែរ។ ពួកគេកំពុងត្រិះរិះនៅក្នុងចិត្តរបស់ពួកគេថា ប្រសិនបើព្រះពិតជាអានព្រះគម្ពីរញឹកញាប់មែន នោះការដែលអាចនិយាយអំពីព្រះគម្ពីរ និងសម្ដែងចេញនូវសេចក្ដីពិត គឺជារឿងធម្មតាណាស់។ ក៏ប៉ុន្តែ ប្រសិនបើព្រះមិនអានព្រះគម្ពីរទេ តែនៅតែអាចបកស្រាយវាបាន នោះទើបជាអព្ភូតហេតុ ពេលនោះ គាត់ពិតជាព្រះមែន!» ជាការពិតណាស់ ពួកគេមិនបានប្រើពាក្យពេចន៍បេះបិទបែបនេះទេ ពួកគេគ្រាន់តែបានសួរដោយផ្ទាល់ថា៖ «តើព្រះអានព្រះគម្ពីរនៅផ្ទះដែរឬទេ?» តើអ្នករាល់គ្នាគិតយ៉ាងណា? តើខ្ញុំគួរអានវាដែរឬទេ? តើអ្នករាល់គ្នាអានវាដែរឬទេ? ប្រសិនបើអ្នករាល់គ្នាមិនដែលជឿលើព្រះយេស៊ូវទេ ការដែលមិនអានវា គឺជារឿងធម្មតាណាស់។ តើមនុស្សដែលបានជឿ អានវាដែរឬទេ? (មែនហើយ។) អ្នកដែលបានជឿ ច្បាស់ជាអានហើយ។ ខ្ញុំបានចាប់ផ្ដើមជាមួយនឹងសេចក្ដីជំនឿលើព្រះយេស៊ូវ ដូច្នេះ តើខ្ញុំមិនអានព្រះគម្ពីរយ៉ាងដូចម្ដេចទៅ? ចុះប្រសិនបើខ្ញុំមិនបានអានវាវិញ? (នោះក៏ជារឿងធម្មតាដែរ។) ការអានព្រះគម្ពីរគឺជារឿងធម្មតា ការមិនអានវា ក៏ជារឿងធម្មតាដែរ។ តើការអាន ឬមិនអានវា កំណត់ពីអ្វីទៅ? ប្រសិនបើខ្ញុំមិនស្ថិតក្នុងឋានៈនេះទេ តើមាននរណាម្នាក់ខ្វល់ថាខ្ញុំបានអានព្រះគម្ពីរ ឬអត់ដែរឬទេ? (ទេ។) គ្មាននរណាម្នាក់សួរនាំពីអ្វីដែលខ្ញុំបានអានឡើយ។ ដោយសារតែស្ថិតក្នុងឋានៈដ៏ពិសេសនេះ មនុស្សមួយចំនួនក៏សិក្សាស្រាវជ្រាវអំពីរឿងនេះ។ ពួកគេតែងតែស៊ើបសួរអំពីរឿងនេះ ដោយសួរថា៖ «តើគាត់បានអានព្រះគម្ពីរទេ កាលគាត់នៅក្មេង?» តើពួកគេចង់ដឹងពីអ្វីឱ្យប្រាកដ? វាមានការពន្យល់ពីរយ៉ាង អាស្រ័យលើថាខ្ញុំបានអានវា ឬក៏អត់។ ប្រសិនបើខ្ញុំបានអានវា ពួកគេមានអារម្មណ៍ថា ការដែលអាចបកស្រាយព្រះគម្ពីរបាន មិនមែនជារឿងអស្ចារ្យអ្វីនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំមិនបានអានព្រះគម្ពីរទេ តែនៅតែអាចបកស្រាយវាបាន នោះរាងដូចជាព្រះបន្តិច។ នេះគឺជាលទ្ធផលដែលពួកគេចង់បាន។ ពួកគេចង់ដឹងរឿងនេះឱ្យដល់ឫសគល់ ពួកគេគិតថា៖ «ប្រសិនបើអ្នកមិនបានអានព្រះគម្ពីរទេ ហើយនៅតែអាចពិភាក្សាអំពីវាបានទាំងវ័យក្មេងបែបនេះ នោះវាពិតជាស័ក្ដិសមនឹងការស៊ើបអង្កេតមែន។ នេះទើបជាព្រះ!» នោះគឺជាទស្សនៈរបស់ពួកគេ ហើយពួកគេសិក្សាស្រាវជ្រាវអំពីព្រះជាម្ចាស់តាមរបៀបនេះឯង។ ឥឡូវនេះ ចូរពិចារណាអំពីពួកផារិស៊ីទាំងនោះ ដែលស្ទាត់ជំនាញខាងបទគម្ពីរ។ តើពួកគេពិតជាយល់ដឹងពីព្រះបន្ទូលនៃបទគម្ពីរមែនឬ? តើពួកគេបានរកឃើញសេចក្ដីពិតពីបទគម្ពីរដែរឬទេ? (ទេ។) ឥឡូវនេះ តើមាននរណាម្នាក់ដែលបានសួរខ្ញុំថា តើខ្ញុំបានអានព្រះគម្ពីរឬអត់នោះ ធ្លាប់គិតអំពីរឿងនេះដែរឬទេ? ប្រសិនបើពួកគេបានពិចារណាអំពីរឿងនេះ ពួកគេនឹងមិនស៊ើបសួររឿងនេះជាប់រហូតនោះទេ ពួកគេនឹងមិនធ្វើរឿងដ៏ល្ងង់ខ្លៅបែបនេះឡើយ។ មនុស្សដែលមិនចាប់យល់សេចក្ដីពិត ឬ គ្មានការយល់ដឹងខាងវិញ្ញាណ ហើយមិនអាចយល់ច្បាស់ពីសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ទីបំផុត ក៏ងាកទៅរកវិធីសាស្ត្របែបនេះដើម្បីដោះស្រាយវា។ តើវិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានដែរឬទេ? ទេ មិនអាចទេ។ វាអាចដោះស្រាយបានត្រឹមតែបញ្ហានៃការចង់ដឹងចង់ឃើញបន្តិចបន្តួចប៉ុណ្ណោះ។ តាមពិត ខ្ញុំក៏អានព្រះគម្ពីរដែរ។ ក្នុងចំណោមអ្នកជឿ តើមាននរណាដែលមិនអានព្រះគម្ពីរនោះ? ខ្ញុំអានវាជាមូលដ្ឋាន។ យ៉ាងហោចណាស់ ខ្ញុំអានកណ្ឌគម្ពីរដំណឹងល្អទាំងបួននៃសញ្ញាថ្មី បើកមើលកណ្ឌគម្ពីរវិវរណៈ និងលោកុប្បត្តិ ហើយមើលកណ្ឌគម្ពីរអេសាយ។ តើអ្នករាល់គ្នាគិតថា ខ្ញុំចូលចិត្តអានអ្វីជាងគេ? (កណ្ឌគម្ពីរយ៉ូប។) ត្រឹមត្រូវហើយ។ សាច់រឿងនៅក្នុងកណ្ឌគម្ពីរយ៉ូប គឺពេញលេញ និងជាក់លាក់ ពាក្យពេចន៍ងាយយល់ ហើយម្យ៉ាងទៀត សាច់រឿងនេះមានតម្លៃ ហើយអាចមានប្រយោជន៍ និងជួយស្អាងដល់មនុស្សសព្វថ្ងៃនេះ។ ឥឡូវនេះ ការពិតបានបង្ហាញថា សាច់រឿងរបស់យ៉ូប ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សជំនាន់ក្រោយមែន។ ពួកគេបានចាប់យល់សេចក្ដីពិតជាច្រើនតាមរយៈយ៉ូប គឺចាប់ពីអាកប្បកិរិយារបស់គាត់ចំពោះព្រះជាម្ចាស់ ក៏ដូចជាអាកប្បកិរិយា និងការកំណត់ លក្ខណៈរបស់ព្រះជាម្ចាស់ចំពោះគាត់ ពួកគេបានយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រភេទផ្លូវដែលពួកគេគួរដើរ បន្ទាប់ពីជឿលើព្រះជាម្ចាស់។ ខ្ញុំប្រើកណ្ឌគម្ពីរយ៉ូបជាបរិបទ ដើម្បីប្រកបគ្នាអំពីរឿងមួយចំនួនទាក់ទងនឹងផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាផ្លូវនៃការចុះចូលនឹងព្រះជាម្ចាស់ ពោលគឺសាច់រឿងនេះពិតជាមានតម្លៃណាស់។ វាជារឿងដែលគេគួរអាននៅពេលទំនេរ។ មនុស្សមួយចំនួន នៅពេលពួកគេឃើញព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយបានឃើញពីភាពជាក់ស្ដែង និងភាពប្រក្រតីរបស់ព្រះជាម្ចាស់ ពួកគេប្រហែលជាមិនអាចដឹងច្បាស់ទាំងស្រុងថា តើទ្រង់ពិតជាព្រះជាម្ចាស់មែន ឬ ថានឹងមានអ្វីកើតឡើងនៅពេលអនាគតនោះទេ។ ក៏ប៉ុន្តែ បន្ទាប់ពីយល់សេចក្ដីពិតមួយចំនួន ពួកគេក៏លែងខ្វល់ពីសំណួរទាំងនេះទៀត។ ពួកគេឈប់សិក្សាស្រាវជ្រាវ ឬ ខ្វល់ខ្វាយអំពីរឿងទាំងនេះ ហើយផ្ដោតលើការបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ ដើរលើផ្លូវដែលពួកគេគួរដើរឱ្យបានត្រឹមត្រូវ និងធ្វើកិច្ចការដែលពួកគេគួរធ្វើឱ្យបានល្អ។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន ពួកគេនឹងមិនព្រមលែងរឿងនេះឡើយ ពួកគេនៅតែទទូចចង់សិក្សាវា។ តើអ្នករាល់គ្នាគិតយ៉ាងណា តើខ្ញុំគួររវីរវល់នឹងរឿងនេះដែរឬទេ? តើខ្ញុំគួរយកចិត្តទុកដាក់នឹងវាដែរឬទេ? មិនចាំបាច់យកចិត្តទុកដាក់នឹងវាឡើយ។ អស់អ្នកដែលទទួលយកសេចក្ដីពិត តាមធម្មជាតិ ឈប់ស្រាវជ្រាវអំពីវា ចំណែកអ្នកដែលមិនទទួលយកសេចក្ដីពិត នៅតែបន្តធ្វើវាដដែល។ តើការស្រាវជ្រាវនេះបញ្ជាក់ពីអ្វី? ការស្រាវជ្រាវ គឺជាទម្រង់នៃការទាស់ទទឹងមួយ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានពាក្យមួយឃ្លា។ តើអ្វីជាលទ្ធផលនៃការទាស់ទទឹង? (សេចក្ដីស្លាប់។) ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់។
ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ទោះបីជាពួកគេបានទទួលយកកិច្ចការដំណាក់កាលនេះក៏ដោយ ក៏ពួកគេជារឿយៗខ្វល់ខ្វាយថា តើព្រះបន្ទូលដែលត្រូវបានថ្លែង និងកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានធាតុអធិធម្មជាតិណាមួយដែរឬទេ តើមានធាតុដែលហួសពីដែនកំណត់នៃភាពជាមនុស្សធម្មតាដែរឬទេ ហើយថាតើមានធាតុដែលអាចយកមកបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ជាព្រះជាម្ចាស់ដែរឬទេ។ ពួកគេជារឿយៗស្រាវជ្រាវអំពីរឿងទាំងនេះ ដោយសិក្សាយ៉ាងមិនចេះនឿយហត់ពីរបៀបដែលខ្ញុំនិយាយ កាយវិការឫកពា និងទឹកមុខរបស់ខ្ញុំនៅពេលខ្ញុំនិយាយ ក៏ដូចជាគោលការណ៍នៃសកម្មភាពរបស់ខ្ញុំ។ តើពួកគេប្រើប្រាស់អ្វីសម្រាប់ការស្រាវជ្រាវនេះ? ពួកគេវាស់ស្ទង់ និងសិក្សាវា ដោយធៀបនឹងរូបភាព ឬស្ដង់ដានៃបុគ្គលល្បីល្បាញ និងអស្ចារ្យ ដែលពួកគេបានចាប់យល់។ អ្នកខ្លះថែមទាំងសួរថា៖ «ដោយសារតែអ្នកគឺជាព្រះដែលយកកំណើតជាមនុស្ស អត្តសញ្ញាណ និងសារជាតិរបស់អ្នក ច្បាស់ជាខុសពីមនុស្សសាមញ្ញមិនខាន។ ដូច្នេះ តើអ្នកពូកែខាងអ្វី? តើអ្នកមានលក្ខណៈពិសេសអ្វីខ្លះ ដែលគ្រប់គ្រាន់នឹងធ្វើឱ្យយើងដើរតាម និងស្ដាប់បង្គាប់អ្នក ហើយធ្វើឱ្យយើងទទួលស្គាល់អ្នកថាជាព្រះរបស់យើងនោះ?» សំណួរនេះពិតជាធ្វើឱ្យខ្ញុំទាល់តម្រិះមែន។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនពូកែខាងអ្វីទាំងអស់។ ខ្ញុំគ្មានភ្នែកដែលអាចមើលឃើញគ្រប់ទិសទី ឬ ត្រចៀកដែលអាចស្ដាប់ឮពីគ្រប់ទិសទីឡើយ។ នៅពេលនិយាយដល់ការអានអត្ថបទ ខ្ញុំមិនអាចអានដប់បន្ទាត់ក្នុងមួយប៉ព្រិចភ្នែកបានទេ ហើយមួយសន្ទុះក្រោយពេលអានរួច ខ្ញុំក៏ភ្លេចអ្វីដែលខ្ញុំបានអានបាត់ទៅ។ ខ្ញុំដឹងបន្តិចបន្តួចអំពីតន្ត្រី ប៉ុន្តែខ្ញុំមិនចេះមើលណោតភ្លេងទេ។ ប្រសិនបើមាននរណាម្នាក់ច្រៀងបទណាមួយពីរឬបីដង ខ្ញុំអាចច្រៀងតាមបាន ប៉ុន្តែ តើនេះអាចចាត់ទុកថាពូកែដែរឬទេ? តើខ្ញុំមានទេពកោសល្យពិសេសអ្វីដែរឬទេ ដូចជាការនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ឬ ការនិយាយភាសាណាមួយនោះ? ខ្ញុំមិនអាចធ្វើរឿងទាំងនេះបានឡើយ។ ចុះតើខ្ញុំពូកែខាងអ្វីទៅ? ខ្ញុំដឹងបន្តិចបន្តួចអំពីតន្ត្រី សិល្បៈសូនរូប របាំ អក្សរសាស្ត្រ ភាពយន្ត និងការរចនា។ ខ្ញុំមានការយល់ដឹងត្រួសៗអំពីវិស័យទាំងនេះ។ នៅពេលពិភាក្សាអំពីទ្រឹស្ដីជាមួយអ្នកជំនាញ វាសុទ្ធតែជាពាក្យបច្ចេកទេសសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំអាចយល់បាននៅពេលខ្ញុំឃើញវា។ ឧទាហរណ៍ នៅក្នុងការរចនាស្ថាបត្យកម្ម ប្រសិនបើវាពាក់ព័ន្ធនឹងទិន្នន័យវិជ្ជាជីវៈ និងបច្ចេកទេស ខ្ញុំមិនយល់ពីវាទេ។ ក៏ប៉ុន្តែ ប្រសិនបើវាទាក់ទងនឹងពណ៌សម្បុរ និងភាពស៊ីគ្នានៃរចនាបថ ខ្ញុំដឹងបន្តិចបន្តួច និងមានការយល់ឃើញខ្លះៗ។ ប៉ុន្តែ ថាតើខ្ញុំអាចសិក្សាដើម្បីក្លាយជាអ្នកជំនាញ ឬបុគ្គលមានទេពកោសល្យនៅក្នុងវិស័យនេះបានឬអត់នោះ វាពិបាកនឹងនិយាយណាស់ ពីព្រោះខ្ញុំមិនបានសិក្សាពីវាឡើយ។ ដោយពិចារណាលើអ្វីដែលមនុស្សអាចទទួលបាននាពេលបច្ចុប្បន្ន ដូចជាតន្ត្រី អក្សរសាស្ត្រ របាំ និងភាពយន្ត ដែលជារឿងស្ថិតក្នុងវិសាលភាពនៃកិច្ចការវិជ្ជាជីវៈរបស់ពួកជំនុំយើង ការរៀនសូត្របន្តិចបន្តួច អាចផ្ដល់ឱ្យខ្ញុំនូវការយល់ដឹងជាមូលដ្ឋានបាន។ មនុស្សមួយចំនួនអាចនិយាយថា៖ «ឥឡូវនេះ ខ្ញុំដឹងពីប្រវត្តិរបស់អ្នកហើយ អ្នកគ្រាន់តែមានការយល់ដឹងជាមូលដ្ឋានប៉ុណ្ណោះ»។ ខ្ញុំមិននិយាយកុហកទេ តាមពិតទៅ ខ្ញុំពិតជាមានត្រឹមតែការយល់ដឹងជាមូលដ្ឋានមែន។ ក៏ប៉ុន្តែ មានរឿងមួយដែលអ្នករាល់គ្នាប្រហែលជាមិនចាប់យល់ ហើយនោះប្រហែលជាជំនាញឯកទេសរបស់ខ្ញុំ។ តើជំនាញឯកទេសនោះគឺជាអ្វី? ខ្ញុំយល់ថា តើវិជ្ជាជីវៈដែលទាក់ទងនឹងវិស័យណាមួយគឺជាអ្វី របៀបដែលសិល្បៈណាមួយត្រូវបានសម្ដែងចេញ និងថាតើវិសាលភាព និងគោលការណ៍ដែលពាក់ព័ន្ធនឹងវាមានអ្វីខ្លះ។ បន្ទាប់ពីស្ទាត់ជំនាញលើរឿងទាំងនេះ ខ្ញុំដឹងពីរបៀបអនុវត្តរឿងដែលមានប្រយោជន៍ទាំងនេះទៅក្នុងកិច្ចការរបស់ពួកជំនុំ ដោយធ្វើឱ្យរឿងទាំងនោះបម្រើដល់កិច្ចការផ្សាយដំណឹងល្អ និងសម្រេចបាននូវប្រសិទ្ធភាពក្នុងការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ តើនេះគឺជាជំនាញឯកទេសដែរឬទេ? (មែនហើយ។) ទាក់ទងនឹងអ្វីដែលមនុស្សជាតិខ្វះខាតបំផុតនាពេលបច្ចុប្បន្ននេះ ប្រសិនបើគេអាចប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវ ហើយបន្ទាប់មកចែកចាយសេចក្ដីពិតដែលពាក់ព័ន្ធ ដោយអនុញ្ញាតឱ្យមនុស្សមើលឃើញ និងទទួលយកវា នោះនេះគឺជាវិធីដែលមានប្រសិទ្ធភាពបំផុត។ ប្រសិនបើអ្នកប្រើវិធីសាស្ត្រមួយដែលមនុស្សអាចទទួលយកបាន ហើយអាចបង្ហាញសេចក្ដីពិតយ៉ាងច្បាស់លាស់ និងពន្យល់ពីកិច្ចការរបស់ព្រះជាម្ចាស់ ទាំងអស់នេះតាមរបៀបដែលការគិតរបស់មនុស្សធម្មតាអាចទទួលយកបាន និងមានសមត្ថភាពឈានដល់ពោល នេះគឺមានប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្ស។ ប្រសិនបើយើងប្រើប្រាស់ចំណេះដឹងរាក់កំភែលដែលយើងមាន ហើយអនុវត្តរឿងដែលមានប្រយោជន៍ទាំងនេះទាំងអស់ នោះវាគ្រប់គ្រាន់ហើយក្នុងការមានជំនាញឯកទេសប្រភេទនេះ។ ខ្ញុំស្ទាត់ជំនាញខាងរឿងមួយ តើអ្នករាល់គ្នារកឃើញហើយឬនៅ? (ព្រះជាម្ចាស់ស្ទាត់ជំនាញខាងការប្រកបគ្នាអំពីសេចក្ដីពិត។) តើការប្រកបគ្នាអំពីសេចក្ដីពិត អាចចាត់ទុកថាជាជំនាញមួយដែរឬទេ? តើវាមិនមែនជាជំនាញឯកទេសទេឬអី? ដូច្នេះ តើខ្ញុំពូកែខាងអ្វីទៅ? ខ្ញុំស្ទាត់ជំនាញខាងការរកឃើញសារជាតិពុករលួយនៅក្នុងអ្នករាល់គ្នា។ ប្រសិនបើខ្ញុំមិនពូកែខាងរឿងនេះទេ ចូរប្រាប់ខ្ញុំមកមើល៍ តើខ្ញុំអាចធ្វើការយ៉ាងដូចម្ដេចទៅ នៅពេលមានបញ្ហាកើតឡើងចំពោះអ្នករាល់គ្នា ហើយខ្ញុំមិនដឹងថា ពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ឬ សារជាតិធម្មជាតិអ្វីនោះ? វាមិនអាចទៅរួចឡើយ។ តើវាត្រឹមត្រូវដែរឬទេក្នុងការនិយាយថា ការរកឃើញសារជាតិពុករលួយរបស់អ្នករាល់គ្នា គឺជាអ្វីដែលខ្ញុំពូកែបំផុតនោះ? (មែនហើយ។) វាគួរតែជាអ្វីដែលខ្ញុំពូកែបំផុតហើយ។ ខ្ញុំពូកែបំផុតខាងការរកឃើញនិស្ស័យពុករលួយរបស់បុគ្គលម្នាក់ៗ និងសារជាតិធម្មជាតិរបស់ពួកគេ។ ខ្ញុំស្ទាត់ជំនាញខាងការញែកដឹងពីផ្លូវដែលនរណាម្នាក់ដើរ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ដោយផ្អែកលើសារជាតិធម្មជាតិរបស់ពួកគេ។ បន្ទាប់មក តាមរយៈការបង្ហាញចេញ ឥរិយាបថ និងសារជាតិរបស់ពួកគេ ខ្ញុំប្រកបគ្នាអំពីសេចក្ដីពិតដល់ពួកគេ ដោយដោះស្រាយបញ្ហាជាក់លាក់ ព្រមទាំងជួយពួកគេឱ្យដោះស្រាយបញ្ហារបស់ពួកគេ និងចេញផុតពីរឿងទាំងនោះ។ ក្នុងតថភាព នេះមិនមែនជាជំនាញទេ វាគឺជាព័ន្ធកិច្ចរបស់ខ្ញុំ វាគឺជាកិច្ចការដែលស្ថិតក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់ខ្ញុំ។ តើអ្នករាល់គ្នាជំនាញខាងរឿងនេះដែរឬទេ? (ទេ ពួកយើងមិនជំនាញទេ។) ដូច្នេះ តើអ្នករាល់គ្នាជំនាញខាងអ្វីទៅ? (ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ។) ការដែលថាអ្នករាល់គ្នាជំនាញខាងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ គឺមិនត្រឹមត្រូវទេ។ អ្នករាល់គ្នាជំនាញខាងការព្រងើយកន្តើយនឹងសេចក្ដីពិត បន្ទាប់ពីអ្នកឮវា ដោយមិនសូវយកចិត្តទុកដាក់នឹងវា ហើយជំនាញខាងការធ្វើឱ្យតែរួចពីដៃ ខណៈពេលបំពេញភារកិច្ចរបស់អ្នក ដោយមិនយកចិត្តទុកដាក់នឹងវាទាល់តែសោះ។ តើមិនមែនអ៊ីចឹងទេឬអី? (មែនហើយ។) ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងទាំងនេះដោយបើកចំហ តើពួកផារិស៊ី និងពួកទទឹងនឹងព្រះគ្រីស្ទអាចនិយាយទៅកាន់អ្នករាល់គ្នាតាមរបៀបនេះបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) ពួកគេដាច់ខាតមិននិយាយបែបនេះឡើយ។ ហេតុអ្វីមិននិយាយ? ពួកគេចាត់ទុកវាជារឿងគួរឱ្យអាម៉ាស់ ជាភាពខ្វះខាតនៅក្នុងភាពជាមនុស្ស ជាបញ្ហាឯកជនភាព និងជាប្រវត្តិរបស់បុគ្គលម្នាក់។ ពួកគេនិយាយថា៖ «តើខ្ញុំអាចឱ្យអ្នកដទៃដឹងពីប្រវត្តិរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ? ប្រសិនបើរឿងនោះកើតឡើង តើខ្ញុំនឹងមិនបាត់បង់មុខមាត់ សេចក្ដីថ្លៃថ្នូរ និងឋានៈទាំងអស់ទេឬ? ពេលនោះ តើខ្ញុំអាចប្រព្រឹត្តខ្លួនយ៉ាងដូចម្ដេចទៅ?» បើតាមពួកគេ ពួកគេសុខចិត្តឈប់រស់នៅតែម្ដងទៅ! ដូច្នេះ បន្ទាប់ពីបានចែករំលែកស្ថានភាពរបស់ខ្ញុំយ៉ាងបើកចំហជាមួយអ្នករាល់គ្នាបែបនេះ តើវាប៉ះពាល់ដល់សេចក្ដីជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់ដែរឬទេ? (ទេ វាមិនប៉ះពាល់ទេ។) សូម្បីតែអ្នករាល់គ្នាមានគំនិតខ្លះៗអំពីរឿងនេះ ក៏ខ្ញុំមិនខ្លាចដែរ។ ហេតុអ្វីបានជាខ្ញុំមិនខ្លាច? ការមានគំនិតខ្លះៗគឺជារឿងធម្មតា វាគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ។ មនុស្សអាចនឹងជួបប្រទះការភាន់ច្រឡំខាងការមើលឃើញ និងការស្ដាប់ឮម្ដងម្កាល។ វាតែងតែមានលទ្ធភាពនៃការយល់ដឹងដែលខុសឆ្គងជាបណ្ដោះអាសន្ន ឬ ការយល់ច្រឡំមួយភ្លែត។ តើនេះមានន័យថា មនុស្សនឹងរៀបចំអីវ៉ាន់ចាកចេញដោយសារតែរឿងនេះ ឬ ក្លាយជាអវិជ្ជមាន និងទន់ខ្សោយឬ? ប៉ុន្តែ ប្រសិនបើអ្នកពិតជាបុគ្គលដែលដេញតាមសេចក្ដីពិតមែន តើអ្នកអាចបដិសេធព្រះជាម្ចាស់ ឬ ចាកចេញពីព្រះជាម្ចាស់ ដោយសារតែសញ្ញាណមួយភ្លែតបានដែរឬទេ? ទេ អ្នកមិនអាចចាកចេញបានឡើយ។ មនុស្សដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ អាចប្រព្រឹត្តចំពោះ និងចាប់យល់រឿងទាំងនេះបានយ៉ាងត្រឹមត្រូវ ពួកគេអាចទទួលយកការពិតទាំងនេះជាធម្មតាដោយមិនដឹងខ្លួន ហើយបន្តិចម្ដងៗ ប្រែក្លាយរឿងទាំងនោះទៅជាការស្គាល់ពិតប្រាកដអំពីព្រះជាម្ចាស់ ជាចំណេះដឹងដែលសត្យានុម័ត និងត្រឹមត្រូវ ពោល នេះគឺជាការយល់ដឹងពិតប្រាកដអំពីសេចក្ដីពិត។ ថ្ងៃណាមួយ មាននរណាម្នាក់អាចនឹងនិយាយថា៖ «ព្រះដែលយកកំណើតជាមនុស្ស ពិតជាគួរឱ្យអាណិតណាស់ គាត់មិនអាចធ្វើអ្វីបានឡើយ ក្រៅពីនិយាយសេចក្ដីពិត»។ តើនេះជាទឹកដមសម្ដីប្រភេទណា? នេះគឺជាទឹកដមសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នករាល់គ្នាស្របតាមពួកគេដែរឬទេ? (ខ្ញុំមិនស្របតាមទេ។) ហេតុអ្វីបានជាអ្នកមិនស្របតាម? (អ្វីដែលពួកគេនិយាយ មិនមែនជាការពិតទេ។) អ្វីដែលពួកគេនិយាយ គឺជាការពិត។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្រៅពីអាចសម្ដែងចេញនូវសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ទ្រង់មិនចេះធ្វើអ្វីផ្សេងទៀតឡើយ ទ្រង់មិនមានជំនាញជាក់លាក់ណាមួយទេ។ តើនេះគួរឱ្យអាណិតដែរឬទេ? តើអ្នករាល់គ្នាគិតដូច្នេះដែរឬទេ? (ទេ។) ចុះតើអ្នករាល់គ្នាគិតយ៉ាងណាវិញ? មនុស្សមួយចំនួននិយាយថា៖ «គឺដោយសារតែព្រះជាម្ចាស់សាមញ្ញ និងធម្មតា ហើយបំពេញកិច្ចការជាក់ស្ដែងនេះហើយ ទើបពួកយើងជាមនុស្សជាតិពុករលួយ មានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ បើមិនដូច្នេះទេ ពួកយើងទាំងអស់គ្នានឹងធ្លាក់នរកមិនខាន។ ឥឡូវនេះ ពួកយើងកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងធំ ដូច្នេះ ចូរលួចសប្បាយចិត្តចុះ!» តើអ្នករាល់គ្នាមានអារម្មណ៍បែបនេះដែរឬទេ? (មែនហើយ។) ប៉ុន្តែ មនុស្សមួយចំនួនគឺខុសពីនេះ។ ពួកគេមានអារម្មណ៍ថា «ព្រះគ្រាន់តែនិយាយប៉ុណ្ណោះ គ្មានអ្វីអធិធម្មជាតិអំពីគាត់ឡើយ។ តើខ្ញុំទទួលបានអ្វីខ្លះ? ខ្ញុំមានសញ្ញាណ និងគំនិតផ្ទាល់ខ្លួនអំពីព្រះ ហើយខ្ញុំវិនិច្ឆ័យព្រះពីក្រោយខ្នងគាត់ ប៉ុន្តែព្រះមិនបានប្រៀនប្រដៅខ្ញុំឡើយ។ ខ្ញុំមិនបានរងទុក្ខ ឬ ត្រូវបានគេដាក់ទោសទេ។» ភាពគឃ្លើនរបស់ពួកគេក៏កើនឡើងជាលំដាប់ ហើយពួកគេហ៊ាននិយាយអ្វីគ្រប់យ៉ាង។ មនុស្សមួយចំនួននិយាយថា៖ «នេះជារបៀបដែលអ្នកគួរស្គាល់ព្រះដែលយកកំណើតជាមនុស្ស៖ នៅពេលគាត់និយាយ ធ្វើការ និងសម្ដែងចេញនូវសេចក្ដីពិត វាគឺជាវិញ្ញាណរបស់ព្រះដែលធ្វើការនៅខាងក្នុង ហើយសាច់ឈាមគ្រាន់តែជាសំបក ជាឧបករណ៍ប៉ុណ្ណោះ។ សារជាតិពិតប្រាកដ គឺជាវិញ្ញាណរបស់ព្រះ វាគឺជាវិញ្ញាណរបស់ព្រះដែលកំពុងនិយាយ។ ប្រសិនបើមិនមែនជាវិញ្ញាណរបស់ព្រះទេ តើសាច់ឈាមអាចនិយាយពាក្យទាំងនោះបានដែរឬទេ?» ពាក្យទាំងនេះស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវនៅពេលអ្នកស្ដាប់ ប៉ុន្តែតើវាមានអត្ថន័យយ៉ាងណា? (ការប្រមាថ។) ត្រឹមត្រូវហើយ វាគឺជាការប្រមាថ ពោលគឺ ជានិស្ស័យដ៏កាចសាហាវមែន! តើពួកគេកំពុងព្យាយាមនិយាយពីអ្វី? «អ្នក ជាមនុស្សដែលគ្មានអ្វីគួរឱ្យកត់សម្គាល់ទេ។ អ្នកមិនមានរូបរាងខ្ពង់ខ្ពស់ទេ អ្នកមើលទៅមិនអស្ចារ្យនោះទេ។ សម្ដីរបស់អ្នកមិនមានវោហារសាស្ត្រ ឬស៊ីជម្រៅខាងទ្រឹស្ដីឡើយ គឺអ្នកត្រូវតែគិតសិន មុននឹងនិយាយអ្វីមួយ។ តើអ្នកអាចជាព្រះដែលយកកំណើតជាមនុស្សយ៉ាងដូចម្ដេចទៅ? ហេតុអ្វីបានជាអ្នកមានពរ និងមានសំណាងម្ល៉េះ? ហេតុអ្វីមិនមែនជាខ្ញុំដែលជាព្រះដែលយកកំណើតជាមនុស្ស?» នៅទីបញ្ចប់ ពួកគេនិយាយថា៖ «វាសុទ្ធតែជាវិញ្ញាណរបស់ព្រះដែលធ្វើការ និងនិយាយ សាច់ឈាមគ្រាន់តែជាច្រកចេញនៃវិញ្ញាណប៉ុណ្ណោះ វាគឺជាឧបករណ៍មួយ»។ ការនិយាយបែបនេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថាស្មើគ្នា។ វាគឺជាការច្រណែន ដែលនាំទៅរកការស្អប់។ អត្ថន័យបង្កប់នោះគឺ៖ «ហេតុអ្វីបានជាអ្នកជាព្រះដែលយកកំណើតជាមនុស្ស? ហេតុអ្វីបានជាអ្នកមានសំណាងម្ល៉េះ? តើអ្នកទទួលបានអត្ថប្រយោជន៍នេះដោយរបៀបណា? ហេតុអ្វីបានជាខ្ញុំមិនទទួលបានវា? ខ្ញុំមិនគិតថាអ្នកគ្រាន់បើជាងខ្ញុំនោះទេ។ អ្នកមិនសូវមានវោហារសាស្ត្រទេ អ្នកមិនមានការអប់រំខ្ពស់ទេ អ្នកមិនសង្ហាដូចខ្ញុំទេ ហើយអ្នកក៏មិនខ្ពស់ដូចខ្ញុំដែរ។ តើអ្នកគ្រាន់បើជាងខ្ញុំត្រង់ណា? ហេតុអ្វីបានជាអ្នកជាព្រះដែលយកកំណើតជាមនុស្ស? ហេតុអ្វីមិនមែនជាខ្ញុំ? ប្រសិនបើអ្នកជាព្រះដែលយកកំណើតជាមនុស្ស នោះមនុស្សជាច្រើនក៏អ៊ីចឹងដែរ។ ខ្ញុំក៏ត្រូវតែដណ្ដើមរឿងនេះដែរ។ មនុស្សគ្រប់គ្នានិយាយថាអ្នកគឺជាព្រះ ខ្ញុំមិនអាចធ្វើអ្វីបានឡើយចំពោះរឿងនោះ ប៉ុន្តែខ្ញុំនៅតែវិនិច្ឆ័យអ្នកបែបនេះដដែល។ ការនិយាយបែបនេះ ធ្វើឱ្យខ្ញុំធូរស្បើយពីការស្អប់!» តើនេះមិនមែនជាភាពកាចសាហាវទេឬ? (មែនហើយ។) ពួកគេហ៊ាននិយាយអ្វីក៏ដោយ ដើម្បីដណ្ដើមឋានៈ ពោលគឺ តើនេះមិនមែនជាការស្វែងរកសេចក្ដីស្លាប់ទេឬ? ប្រសិនបើអ្នកមិនចង់ទទួលស្គាល់ថាទ្រង់គឺជាព្រះជាម្ចាស់ទេ តើមាននរណាបង្ខំអ្នក? តើខ្ញុំបានបង្ខំអ្នកឬ? ខ្ញុំមិនបានបង្ខំអ្នកទេ តើមែនទេ? ទីមួយ ខ្ញុំមិនបានអង្វរអ្នកឱ្យទទួលយកឡើយ។ ទីពីរ ខ្ញុំមិនបានប្រើមធ្យោបាយជ្រុលហួសហេតុ ដើម្បីបង្ខំអ្នកឱ្យទទួលយកនោះទេ។ ទីបី ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបានធ្វើអន្តរាគមន៍ ដោយប្រាប់អ្នកថា អ្នកត្រូវតែទទួលយក បើមិនដូច្នេះទេ អ្នកនឹងត្រូវទទួលទោសឡើយ។ តើព្រះជាម្ចាស់បានធ្វើបែបនេះដែរឬទេ? ទេ។ អ្នកមានសិទ្ធិជ្រើសរើសដោយសេរី អ្នកអាចជ្រើសរើសមិនទទួលយកបាន។ ដូច្នេះ ប្រសិនបើអ្នកមិនចង់ទទួលយកទេ ហេតុអ្វីបានជាទីបំផុតអ្នកនៅតែទទួលយកដដែល? តើអ្នកមិនមែនគ្រាន់តែស្វែងរកព្រះពរទេឬអី? ពួកគេចង់បានព្រះពរ ប៉ុន្តែមិនអាចទទួលយក ឬ ស្តាប់បង្គាប់បាន ឬ ពួកគេនៅតែមានអារម្មណ៍ថាមិនសុខចិត្ត ដូច្នេះ តើពួកគេធ្វើអ្វី? ពួកគេនិយាយពាក្យសម្ដីដ៏ព្យាបាទបែបនេះ។ តើអ្នករាល់គ្នាធ្លាប់ឮពាក្យសម្ដីប្រភេទនេះពីមុនមកដែរឬទេ? ខ្ញុំធ្លាប់ឮពាក្យទាំងនេះមិនមែនត្រឹមតែម្ដង ឬ ពីរដងទេ នៅក្នុងចំណោមមនុស្សមួយចំនួន។ មនុស្សមួយចំនួនគិតថា៖ «យើងបានចាប់ផ្ដើមជឿលើព្រះរួមគ្នាជាមួយអ្នក។ នៅពេលនោះ អ្នកនៅក្មេង ហើយតែងតែកត់ត្រាព្រះបន្ទូលរបស់ព្រះ។ ក្រោយមក អ្នកក៏បានចាប់ផ្ដើមអធិប្បាយ។ អ្នកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ យើងដឹងពីប្រវត្តិរបស់អ្នក»។ តើខ្ញុំមានប្រវត្តិបែបណាទៅ? ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ នោះគឺជាការពិតអំពីខ្ញុំ។ គ្រាន់តែដោយសារខ្ញុំសាមញ្ញ និងធម្មតា ហើយអាចមានមនុស្សជាច្រើនដើរតាមខ្ញុំនៅថ្ងៃនេះ តើមិនមែនដោយសារហេតុនេះទេឬ ដែលធ្វើឱ្យអ្នកមិនសុខចិត្តនោះ? ប្រសិនបើអ្នកមិនសុខចិត្តទេ នោះកុំជឿអី។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ខ្ញុំមិនអាចគេចវេះពីការទទួលខុសត្រូវរបស់ខ្ញុំបានទេ ខ្ញុំគ្មានលេសឡើយ ហើយខ្ញុំក៏មិនបានធ្វើអ្វីដែលធ្វើឱ្យឈឺចាប់ ឬបង្កគ្រោះថ្នាក់ដែរ។ ដូច្នេះ ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះខ្ញុំដោយទស្សនៈបែបនេះ? ប្រសិនបើអ្នកមិនសុខចិត្តទេ នោះកុំជឿអី។ ចង់ជឿនរណា ក៏ជឿទៅ កុំដើរតាមខ្ញុំអី។ ខ្ញុំមិនបានបង្ខំអ្នកទេ។ ហេតុអ្វីបានជាអ្នកដើរតាមខ្ញុំ? អ្នកខ្លះថែមទាំងមកផ្ទះរបស់ខ្ញុំដើម្បីស៊ើបអង្កេតទៀតផង។ តើពួកគេកំពុងស៊ើបអង្កេតពីអ្វី? ពួកគេបានសួរខ្ញុំថា៖ «តើអ្នកត្រឡប់ទៅផ្ទះវិញដែរឬទេ? តើស្ថានភាពសេដ្ឋកិច្ចនៅផ្ទះរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរ? តើសមាជិកគ្រួសាររបស់អ្នកធ្វើការអ្វី? តើពួកគេនៅឯណា? តើជីវិតរបស់ពួកគេយ៉ាងម៉េចដែរ?» មនុស្សមួយចំនួនថែមទាំងពិនិត្យពិច័យភួយក្រាល និងភួយដណ្តប់បន្ថែមនៅក្នុងផ្ទះរបស់ខ្ញុំទៀតផង។ មនុស្សទាំងនេះមិនសុខចិត្តជឿលើព្រះជាម្ចាស់ទាល់តែសោះ! ហេតុអ្វីបានជាពួកគេមិនសុខចិត្ត? ពីព្រោះពួកគេគិតថា៖ «ព្រះមិនគួរមានលក្ខណៈបែបនេះទេ។ ព្រះមិនគួរតូចទាប ធម្មតា និងជាក់ស្ដែង ហើយធម្មតា និងសាមញ្ញបែបនេះឡើយ។ គាត់ធម្មតាពេកហើយ ធម្មតាដល់ថ្នាក់យើងមិនអាចទទួលស្គាល់គាត់ថាជាព្រះបានឡើយ»។ តើភ្នែករបស់អ្នកដែលខ្វះការយល់ដឹងខាងវិញ្ញាណ អាចទទួលស្គាល់ព្រះជាម្ចាស់បានដែរឬទេ? សូម្បីតែព្រះជាម្ចាស់យាងចុះពីស្ថានសួគ៌មកប្រាប់អ្នកពីរឿងនេះ ក៏អ្នកនៅតែមិនអាចទទួលស្គាល់ទ្រង់បានដែរ។ តើអ្នកស័ក្ដិសមនឹងឃើញរូបសណ្ឋានពិតរបស់ព្រះជាម្ចាស់ដែរឬទេ? សូម្បីតែព្រះជាម្ចាស់ប្រាប់អ្នកយ៉ាងច្បាស់ថា ទ្រង់គឺជាព្រះជាម្ចាស់ ក៏អ្នកនឹងមិនទទួលយកវាដែរ។ តើអ្នកអាចទទួលស្គាល់ទ្រង់បានដែរឬទេ? តើអ្នកទាំងនេះជាមនុស្សប្រភេទណា? តើធម្មជាតិរបស់ពួកគេគឺជាអ្វី? (សេចក្តីទុច្ចរិត។) មនុស្សទាំងនេះពិតជា «បើកភ្នែកខ្ញុំឱ្យទូលាយ» មែន។
ចាប់តាំងពីទទួលយកកិច្ចការរបស់ព្រះជាម្ចាស់មក កាលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំដោយអត្តសញ្ញាណ និងតំណែងនេះ ខ្ញុំបានទាក់ទងជាមួយបុគ្គលមួយចំនួន។ នៅពេលប្រឈមមុខនឹង «មនុស្សមានទេពកោសល្យ» ដ៏ចម្រុះទាំងនេះ ខ្ញុំបានសង្កេតឃើញថា មានពាក្យពីរម៉ាត់ដែលមិនអាចកាត់ផ្ដាច់ពីនិស្ស័យពុករលួយរបស់មនុស្សបាន នោះគឺ៖ «អាក្រក់» និង «ទុច្ចរិត» ពោលគឺ ពាក្យទាំងពីរនេះគ្របដណ្ដប់លើវាទាំងអស់។ ហេតុអ្វីបានជាពួកគេសិក្សា ពីខ្ញុំរាល់ថ្ងៃ? ហេតុអ្វីបានជាពួកគេមិនសុខចិត្តទទួលស្គាល់អត្តសញ្ញាណរបស់ខ្ញុំ? តើមិនមែនដោយសារតែខ្ញុំជាមនុស្សសាមញ្ញ និងធម្មតាខ្លាំងពេកទេឬ? ប្រសិនបើខ្ញុំស្ថិតក្នុងទម្រង់ជារូបសណ្ឋានខាងវិញ្ញាណ តើពួកគេហ៊ានដែរឬទេ? ពួកគេនឹងមិនហ៊ានសិក្សាពីខ្ញុំតាមរបៀបនេះឡើយ។ ប្រសិនបើខ្ញុំមានឋានៈក្នុងសង្គមណាមួយ រួមជាមួយនឹងសមត្ថភាពពិសេស រូបភាព និងរូបរាងជាបុគ្គលអស្ចារ្យម្នាក់ ព្រមទាំងមាននិស្ស័យរាងអាក្រក់ ផ្ដាច់ការ និងឃោរឃៅបន្តិច តើមនុស្សទាំងនេះហ៊ានមកផ្ទះរបស់ខ្ញុំ ដើម្បីស៊ើបអង្កេត និងសិក្សាពីខ្ញុំដែរឬទេ? ពួកគេដាច់ខាតមិនហ៊ានឡើយ ពួកគេនឹងគេចវេះពីខ្ញុំ ពួកគេនឹងលាក់ខ្លួននៅពេលឃើញខ្ញុំដើរមក ហើយពួកគេច្បាស់ជាមិនហ៊ានសិក្សាពីខ្ញុំឡើយ តើមែនទេ? ចុះហេតុអ្វីបានជាពួកគេអាចសិក្សាពីខ្ញុំតាមរបៀបនេះបាន? ពួកគេមើលឃើញខ្ញុំជាផ្ទាំងស៊ីបដ៏ងាយស្រួល។ តើការធ្វើជាផ្ទាំងស៊ីបដ៏ងាយស្រួល មានន័យដូចម្ដេច? វាមានន័យថា ខ្ញុំសាមញ្ញពេកហើយ។ តើពាក្យ «សាមញ្ញ» មានន័យបង្កប់យ៉ាងដូចម្ដេច? «អ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ តើអ្នកអាចជាព្រះយ៉ាងដូចម្ដេចទៅ? អ្នកខ្វះខាតទាំងស្រុងនូវចំណេះដឹង ការសិក្សា អំណោយទាន ទេពកោសល្យ និងសមត្ថភាពដែលព្រះគួរតែមាន។ តើអ្នកដូចព្រះត្រង់ណា? អ្នកមិនដូចគាត់ទេ! ហេតុដូច្នេះហើយ វាពិបាកសម្រាប់ខ្ញុំណាស់ក្នុងការទទួលយកថាអ្នកគឺជាព្រះ ក្នុងការដើរតាមអ្នក ស្ដាប់ពាក្យសម្ដីរបស់អ្នក និងចុះចូលនឹងអ្នក។ ខ្ញុំត្រូវតែធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់៖ ខ្ញុំត្រូវតែសង្កេតមើលអ្នក តាមដានមើលអ្នក ហើយមិនបណ្ដោយឱ្យអ្នកធ្វើអ្វីដែលមិនត្រឹមត្រូវឡើយ»។ តើពួកគេកំពុងព្យាយាមធ្វើអ្វី? ប្រសិនបើខ្ញុំមានឋានៈក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញកម្រិតណាមួយ ឧទាហរណ៍ ប្រសិនបើខ្ញុំជាអ្នកចម្រៀងលំដាប់កំពូល ហើយថ្ងៃណាមួយ ខ្ញុំធ្វើបន្ទាល់ដោយនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ ជាព្រះគ្រីស្ទ តើមិនមានមនុស្សមួយចំនួនជឿជាក់ទេឬ? ចំនួនមនុស្សដែលសិក្សាពីខ្ញុំ នឹងមានតិចជាងនេះមិនខាន។ គឺដោយសារតែការពិតដែលថា ខ្ញុំសាមញ្ញ ធម្មតា ជាក់ស្ដែង និងធម្មតាពេកនេះហើយ ដែលបញ្ចេញឱ្យឃើញពីមនុស្សជាច្រើន។ តើវាបញ្ចេញឱ្យឃើញអ្វីខ្លះនៅក្នុងពួកគេ? វាបញ្ចេញឱ្យឃើញពីសេចក្តីទុច្ចរិតរបស់ពួកគេ។ តើសេចក្តីទុច្ចរិតនេះឈានដល់កម្រិតណា? វាឈានដល់កម្រិតដែលថា នៅពេលខ្ញុំដើរកាត់ពួកគេ ពួកគេនឹងសិក្សាពីខ្ញុំអស់រយៈពេលយ៉ាងយូរ ដោយសម្លឹងរកមើលរូបអង្គរបស់ព្រះជាម្ចាស់ពីក្រោយខ្នងរបស់ខ្ញុំ ដោយពិនិត្យមើលថាតើមានអព្ភូតហេតុណាមួយកើតឡើងអមជាមួយសម្ដីរបស់ខ្ញុំដែរឬទេ។ ពួកគេជារឿយៗស្មាននៅក្នុងចិត្តរបស់ពួកគេថា៖ «តើពាក្យសម្ដីទាំងនេះមកពីណា? តើគាត់បានរៀនវាឬ? វាមិនទំនងសោះថា៖ គាត់ហាក់ដូចជាមិនមានពេលដើម្បីសិក្សាឡើយ។ គាត់បានផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាមិនហាក់ដូចជារឿងដែលបានរៀនសូត្រនោះទេ។ ដូច្នេះ តើពាក្យសម្ដីទាំងនេះមកពីណា? វាពិបាកនឹងវាស់ស្ទង់ណាស់ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន» ហើយពួកគេក៏បន្តសិក្សា។ អស់អ្នកដែល សិក្សាឥតឈប់ មិនចូលរួម មិនប្រាស្រ័យទាក់ទង ឬ មិនសន្ទនាជាមួយខ្ញុំទល់មុខគ្នាឡើយ ពួកគេតែងតែត្រិះរិះពីក្រោយខ្នងរបស់ខ្ញុំ តែងតែចង់រកកំហុសនៅក្នុងពាក្យសម្ដីរបស់ខ្ញុំ និងរកចំណុចខ្សោយដើម្បីយកប្រៀប។ ពួកគេអាចសិក្សាពីប្រយោគមួយដែលមិនស្របតាមសញ្ញាណរបស់ពួកគេអស់រយៈពេលជាច្រើនថ្ងៃ ហើយសម្ដីរាងតឹងតែងបន្តិច អាចធ្វើឱ្យពួកគេកើតមានសញ្ញាណបាន។ តើរឿងទាំងនេះមកពីណា? វាមកពីគំនិត និងចំណេះដឹងរបស់មនុស្ស។ តើមនុស្សដែលអាចសិក្សាពីព្រះជាម្ចាស់ ដែលអាចប្រើប្រាស់ឥតឈប់នូវគំនិតរបស់ពួកគេដើម្បីស្មានអំពីព្រះជាម្ចាស់ ជាមនុស្សប្រភេទណា? តើពួកគេអាចត្រូវបានកំណត់លក្ខណៈថាជាមនុស្សដែលមាននិស្ស័យទុច្ចរិតបានដែរឬទេ? ពិតប្រាកដណាស់! ដោយសារតែអ្នកមានពេលវេលា និងកម្លាំង វាពិតជាល្អណាស់ ប្រសិនបើអ្នកអាចត្រិះរិះពិចារណាអំពីសេចក្ដីពិតបាននោះ! តើសេចក្ដីពិតមួយណា ដែលមិនត្រូវការពេលវេលាខ្លះសម្រាប់អ្នកដើម្បីប្រកបគ្នា និងត្រិះរិះពិចារណាអំពីវានោះ? មានសេចក្ដីពិតជាច្រើន ដែលអ្នកប្រហែលជាមិនអាចត្រិះរិះពិចារណាអំពីវាទាំងអស់បានឡើយនៅក្នុងមួយជីវិតនេះ។ មានសេចក្ដីពិតច្រើនពេកហើយ ដែលមនុស្សម្នាក់ត្រូវយល់។ ពួកគេមិនមានអារម្មណ៍ថាមានបន្ទុកអ្វីទាល់តែសោះអំពីរឿងនេះ ប៉ុន្តែពួកគេមិនដែលភ្លេចពីរឿងខាងក្រៅ និងរាក់កំភែលទាំងនោះឡើយ ហើយតែងតែសិក្សាពីរឿងទាំងនោះជានិច្ច។ ពេលខ្ញុំនិយាយភ្លាម ពួកគេព្រិចភ្នែក សម្លឹងមើលទឹកមុខរបស់ខ្ញុំ ពិនិត្យពិច័យសកម្មភាព និងការបញ្ចេញមតិរបស់ខ្ញុំ ហើយស្មាននៅក្នុងចិត្តរបស់ពួកគេថា៖ «តើគាត់មានលក្ខណៈដូចព្រះដែរឬទេ នៅក្នុងទិដ្ឋភាពនេះ? សម្ដីរបស់គាត់មិនដូចព្រះទេ ទឹកមុខរបស់គាត់ក៏មិនសូវស៊ីគ្នាដែរ។ តើខ្ញុំអាចវាស់ស្ទង់គាត់ដោយរបៀបណា? តើខ្ញុំអាចមើលឃើញពីអ្វីដែលគាត់គិតអំពីខ្ញុំ នៅក្នុងជម្រៅចិត្តរបស់គាត់ដោយរបៀបណា? តើគាត់គិតយ៉ាងណាអំពីរឿងនេះ និងរឿងនោះ? តើគាត់កំណត់លក្ខណៈខ្ញុំយ៉ាងដូចម្ដេច?» ពួកគេតែងតែលាក់ទុកគំនិតទាំងនេះ។ តើនេះមិនទុច្ចរិតទេឬ? (មែនហើយ។) នេះគឺហួសពីការសង្គ្រោះទៅហើយ—វាទុច្ចរិតពេកហើយ!
មនុស្សពិតប្រាកដ ស្រឡាញ់ និងដេញតាមរឿងដែលស្របតាមភាពជាមនុស្ស មនសិការ ការគិតរបស់មនុស្សធម្មតា និងជីវិតពិត ដែលជារឿងធម្មតា និងជាក់ស្ដែង គ្មានភាពវៀចវេរ ឬភាពចម្លែក មិនអរូបី មិនទទេ និងមិនអធិធម្មជាតិ។ ទាក់ទងនឹងរឿងទាំងនេះ មនុស្សធម្មតាគួរតែអាចឱ្យតម្លៃ ចាត់ការបានយ៉ាងត្រឹមត្រូវ និងទទួលយករឿងទាំងនេះជាទម្លាប់ ដោយចាត់ទុកវាជារឿងវិជ្ជមាន។ ផ្ទុយទៅវិញ បុគ្គលមួយចំនួន នៅពេលត្រូវបានប្រឈមមុខនឹងសេចក្ដីពិតទាំងនេះ ដែលទាក់ទងយ៉ាងជិតស្និទ្ធនឹងទិដ្ឋភាពផ្សេងៗនៃជីវិតពិត ដូចជាការហូបចុក ការស្លៀកពាក់ ទីជម្រក ការធ្វើដំណើរ ឥរិយាបថ និងការប្រព្រឹត្តផ្ទាល់ខ្លួន ពួកគេបែរជាមើលងាយ មិនអើពើ និងមិនយកចិត្តទុកដាក់ទៅវិញ។ តើមានបញ្ហាអ្វីនៅទីនេះ? វាគឺជាបញ្ហាជាមួយនឹងចំណូលចិត្ត និងសារជាតិធម្មជាតិរបស់ពួកគេ។ កាលណារឿងមួយកាន់តែវិជ្ជមាន កាន់តែជារឿងដែលព្រះជាម្ចាស់ស្រឡាញ់ ជារឿងដែលទ្រង់ចង់បាន និងជារឿងដែលទ្រង់ធ្វើ ហើយវាកាន់តែស្របតាមអ្វីដែលព្រះជាម្ចាស់សង្ឃឹមនៅក្នុងបំណងព្រះហឫទ័យរបស់ទ្រង់ ថាមនុស្សនឹងសម្រេចបាន និងទទួលយក នោះមនុស្សទាំងនេះកាន់តែសង្ស័យ សិក្សា ប្រឆាំង និងថ្កោលទោសរឿងនោះ ពោល តើនេះមិនទុច្ចរិតទេឬ? វាទុច្ចរិតខ្លាំងណាស់! ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានប្រជាប្រិយភាពណាស់ក្នុងចំណោមអ្នកគ្មានជំនឿ។ ប្រសិនបើខ្ញុំស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ រវាងពួកទទឹងនឹងព្រះគ្រីស្ទ និងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តើមួយណាដែលអ្នកគ្មានជំនឿងាយនឹងទទួលយកជាង? (ពួកទទឹងនឹងព្រះគ្រីស្ទ។) ហេតុអ្វី? តើអ្នកគ្មានជំនឿ ចូលចិត្តមនុស្សទៀងត្រង់ ឬមនុស្សទុច្ចរិត? (មនុស្សទុច្ចរិត។) តើពួកគេចូលចិត្តអ្នកដែលបញ្ជោរ និងបញ្ចើចបញ្ចើ ឬ អ្នកដែលស្មោះត្រង់? (អ្នកដែលបញ្ជោរ និងបញ្ចើចបញ្ចើ។) ត្រឹមត្រូវហើយ ពួកគេពេញចិត្តបុគ្គលបែបនេះ។ ប្រសិនបើអ្នកមិនចេះប្រើប្រាស់យុទ្ធវិធីដើម្បីគ្រប់គ្រងទំនាក់ទំនងអន្តរបុគ្គលផ្សេងៗនៅក្នុងក្រុមទេ ហើយអ្នកមិនចេះប្រើកល ឬ គ្រប់គ្រងមនុស្សផ្សេងៗតាមរយៈយុទ្ធសាស្ត្រទេ តើក្រុមនោះអាចទទួលយកអ្នកបានដែរឬទេ? ប្រសិនបើអ្នកទៀងត្រង់ពេក តែងតែនិយាយការពិត អាចមើលធ្លុះដល់សារជាតិនៃបញ្ហាជាច្រើន ហើយបន្ទាប់មកនិយាយចេញនូវសេចក្ដីពិតដែលអ្នកបានមើលធ្លុះ និងយល់ តើមាននរណាម្នាក់អាចទទួលយកវាបានដែរឬទេ? ទេ គ្មាននរណាម្នាក់នៅក្នុងលោកីយ៍នេះអាចទទួលយកវាបានឡើយ។ នៅក្នុងលោកីយ៍នេះ កុំរំពឹងថានឹងនិយាយការពិតឱ្យសោះ ពោលគឺ ការធ្វើបែបនេះនឹងនាំមកនូវបញ្ហា ឬ បណ្តាលឱ្យមានមហន្តរាយ។ កុំរំពឹងថានឹងក្លាយជាមនុស្សស្មោះត្រង់ឱ្យសោះ គ្មានអនាគតទេក្នុងការធ្វើជាមនុស្សស្មោះត្រង់នោះ។ ចុះចំណែកពួកទទឹងនឹងព្រះគ្រីស្ទវិញ? ពួកគេស្ទាត់ជំនាញខាងការនិយាយកុហក ពូកែបន្លំ និងវេចខ្ចប់ខ្លួនឯង ដោយវេចខ្ចប់ខ្លួនឯងឱ្យមើលទៅអស្ចារ្យ មានសេចក្ដីថ្លៃថ្នូរ និងមានគុណធម៌ ដែលធ្វើឱ្យមនុស្សថ្វាយបង្គំពួកគេ។ ពួកគេស្ទាត់ជំនាញខាងរឿងទាំងនេះ ហើយអ្វីដែលពួកគេចូលចិត្តក៏ស្រដៀងគ្នាដែរ គឺពួកគេចូលចិត្តពិភាក្សាអំពីចំណេះដឹង និងការសិក្សាទទេ ក៏ដូចជាការប្រៀបធៀបអំណោយទាន និងយុទ្ធសាស្ត្រផងដែរ។ ជាឧទាហរណ៍ នៅក្នុងក្រុមហ៊ុនមួយ ឬ មនុស្សមួយក្រុម ការមានចំណេះដឹង និងការសិក្សាខ្ពស់បំផុត មិនមែនជារឿងចម្បងនោះទេ ហើយវាក៏មិនមែនជាកត្តាចម្បងក្នុងការកំណត់ពីតំណែងរបស់បុគ្គលណាម្នាក់នៅក្នុងក្រុមហ៊ុននោះដែរ។ តើអ្វីជាកត្តាចម្បង? (យុទ្ធសាស្ត្រ និងទេពកោសល្យ។) ប្រាកដហើយ គឺយុទ្ធសាស្ត្រ និងទេពកោសល្យ។ បើគ្មានរឿងទាំងនេះទេ ការមានការសិក្សាយ៉ាងទូលំទូលាយ គឺគ្មានប្រយោជន៍ឡើយ។ ឧទាហរណ៍ ឧបមាថាអ្នកទើបតែត្រឡប់មកពីបរទេសវិញ ហើយមិនដឹងអ្វីសោះអំពីច្បាប់ទម្លាប់ផ្ទៃក្នុងនៅក្នុងក្រុមមនុស្សនៅឯស្រុកកំណើតនេះ។ ប្រសិនបើអ្នកអនុវត្តច្បាប់ទម្លាប់ បទប្បញ្ញត្តិ និងគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួនរបស់ក្រុមហ៊ុននៅបរទេស នោះអ្នកនឹងជួបឧបសគ្គមិនខាន។ តើវាមិនដូច្នឹងទេឬ? (មែនហើយ។) វាដូច្នឹងឯង។ អ្នកត្រូវតែមានយុទ្ធសាស្ត្រ ហើយអ្នកត្រូវតែអាក្រក់ និងទុច្ចរិត ដើម្បីឡើងទៅកាន់តំណែងខ្ពស់ជាងនេះ។ វាដូចជាស្ត្រីមួយចំនួនអ៊ីចឹង៖ ទោះបីជាពួកគេមានស្វាមីផ្គត់ផ្គង់ពួកគេក៏ដោយ ក៏ពួកគេមិនស្កប់ស្កល់ដែរ។ ដើម្បីលេចធ្លោ និងទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ពួកគេងាកទៅរកគ្រប់មធ្យោបាយដែលចាំបាច់។ ពួកគេថែមទាំងចូលរួមក្នុងកាបញ្ជោរ ហើយនៅពេលចាំបាច់ ពួកគេផ្ដល់សេវាកម្មកំដរទៀតផង ដោយមិនមានអារម្មណ៍ខ្មាសអៀនសូម្បីបន្តិចនៅពេលក្រោយមក ឬ មានអារម្មណ៍ខុស ឬ ជំពាក់ស្វាមី ឬ គ្រួសាររបស់ពួកគេឡើយ។ តើអ្នកអាចធ្វើបែបនោះបានដែរឬទេ? វាស្ដាប់ទៅគួរឱ្យខ្ពើមរអើមណាស់សម្រាប់អ្នក ហើយអ្នកមិនអាចធ្វើវាបានឡើយ។ ដូច្នេះ តើអ្នកអាចឡើងទៅកាន់តំណែងខ្ពស់ជាងនេះក្នុងចំណោមពួកគេដោយរបៀបណា? គ្មានផ្លូវទេ។ ទាំងអស់នោះត្រូវបានសម្រេចបានតាមរយៈការលក់ព្រលឹងរបស់ខ្លួន និងការប្រើប្រាស់វិធីសាស្ត្រទុច្ចរិតផ្សេងៗ។ តើអ្នកចូលចិត្តរបៀបធ្វើរឿងរ៉ាវបែបនោះដែរឬទេ? (ទេ។) ឥឡូវនេះ អ្នកនិយាយថាអ្នកមិនចូលចិត្តវាទេ ប៉ុន្តែនៅពេលអ្នកត្រូវបានគេរុញច្រានដល់កម្រិតកំណត់ណាមួយនៅថ្ងៃណាមួយ អ្នកនឹងចាប់ផ្ដើមចូលចិត្តវាមិនខាន។ ប្រសិនបើមនុស្សយាយី និងធ្វើបាបអ្នកពេញមួយថ្ងៃ ធ្វើឱ្យអ្នកជួបការលំបាក រកកំហុសរបស់អ្នក ហើយចង់បណ្ដេញអ្នកចេញ នោះអ្នកប្រហែលជាត្រូវលក់ខ្លួន ដើម្បីរក្សាការងាររបស់អ្នក។ អ្នកនឹងត្រូវរៀនពីល្បិចកលទុច្ចរិតណាក៏ដោយដែលពួកគេប្រើ ហើយនៅទីបញ្ចប់ អ្នកនឹងក្លាយជាដូចជាពួកគេអ៊ីចឹង។ ឥឡូវនេះ អ្នកប្រកាសយ៉ាងតឹងរ៉ឹងថា៖ «ខ្ញុំមិនចូលចិត្តយុទ្ធវិធីបែបនោះទេ។ ខ្ញុំមិនចង់ក្លាយជាមនុស្សប្រភេទនោះឡើយ។ ខ្ញុំមិនទុច្ចរិតដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំមិនចង់លក់ខ្លួនទេ។ ខ្ញុំមិនចូលចិត្តលុយទេ ការមានហូបចុក និងស្លៀកពាក់គ្រប់គ្រាន់ គឺល្មមហើយ»។ តើអ្នកជាមនុស្សប្រភេទណា? អ្នកមិនមែនជាអ្វីទាំងអស់។ អ្នកគឺជាអ្វីដែលសាតាំងបានធ្វើឱ្យអ្នកពុករលួយប៉ុណ្ណោះ។ តើអ្នកគិតថាអ្នកអាចធ្វើជាម្ចាស់លើខ្លួនឯងបានដែរឬទេ? មនុស្សផ្លាស់ប្ដូរទៅតាមបរិយាកាស ពួកគេមាននិស្ស័យពុករលួយ ហើយអ្នកគ្រាន់តែមិនអាចយកឈ្នះលើកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ លុយកាក់ និងការល្បួងគ្រប់ប្រភេទបានឡើយ។ ប្រសិនបើអ្នកស្ថិតក្នុងបរិយាកាសនោះ អ្នកក៏មិនអាចគ្រប់គ្រងខ្លួនឯងបានដូចគ្នាដែរ។ ឆាកសម្រាប់អ្នកគ្មានជំនឿនាពេលបច្ចុប្បន្ននេះ គឺប្រៀបដូចជាម៉ាស៊ីនកិនសាច់អ៊ីចឹង។ នៅពេលមនុស្សម្នាក់ត្រូវបានគេកិនចូលទៅហើយ នោះគ្មានផ្លូវរស់រានមានជីវិតឡើយ។ ឥឡូវនេះ តាមរយៈការបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយមានការថែរក្សាពីព្រះជាម្ចាស់ និងដោយគ្មាននរណាម្នាក់យាយីអ្នក អ្នកអាចរស់នៅយ៉ាងសុខសាន្តនៅចំពោះព្រះជាម្ចាស់បាន។ អ្នកទទួលបានព្រះពរយ៉ាងធំធេង ដូច្នេះ ចូររីករាយនឹងវាដោយស្ងៀមស្ងាត់ចុះ! ប្រសិនបើអ្នកមិនបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ហើយប្រឈមមុខនឹងការលួសកាត់បន្តិចបន្តួច អ្នកមិនគួរមានអារម្មណ៍ថាគេធ្វើអយុត្តិធម៌ដាក់អ្នកឡើយ។ អ្នកទទួលបានព្រះពរយ៉ាងធំធេង តើអ្នកមិនដឹងទេឬ? (មែនហើយ។) ប្រាប់ខ្ញុំមកមើល៍ តើការដែលអ្នកគ្មានជំនឿស្ថិតនៅក្នុង «ម៉ាស៊ីនកិនសាច់» នោះ មានលក្ខណៈបែបណា? ពួកគេស្លាប់ទៅទើបប្រសើរជាង។ ការរងទុក្ខបន្តិចបន្តួចដែលអ្នកស៊ូទ្រាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាអ្វីដែលមនុស្សគួរស៊ូទ្រាំ វាមិនឈឺចាប់ខ្លាំងពេកទាល់តែសោះ។ ក៏ប៉ុន្តែ មនុស្សមិនស្កប់ស្កល់ទេ ហើយពួកគេមិនសុខចិត្តប្រែចិត្តឡើយ ទោះបីជាពួកគេត្រូវបានលួសកាត់យ៉ាងណាក៏ដោយ។ ប៉ុន្តែ នៅពេលពួកគេត្រូវបានគេបញ្ជូនទៅផ្ទះវិញ ពួកគេមិនសុខចិត្តត្រឡប់ទៅរកអ្នកគ្មានជំនឿវិញទេ ពីព្រោះពួកគេមានអារម្មណ៍ថា អ្នកទាំងនោះអាក្រក់ និងមិនល្អពេក។ នៅពេលប្រឈមមុខនឹងសេចក្ដីស្លាប់ជាក់ស្ដែង មនុស្សមិនចង់ស្លាប់ទេ មនុស្សគ្រប់គ្នាឱ្យតម្លៃលើជីវិត ហើយអនុវត្តតាមគោលការណ៍ដែលថា «រស់នៅទាំងលំបាក ប្រសើរជាងស្លាប់បាត់បង់ជីវិត»។ ពេលឃើញផ្នូររបស់ពួកគេភ្លាម ពួកគេក៏ស្រក់ទឹកភ្នែក។ ឥឡូវនេះ មនុស្សដឹងហើយថា វាមិនងាយស្រួលទេក្នុងការរស់រានមានជីវិតក្នុងចំណោមអ្នកគ្មានជំនឿ។ ប្រសិនបើអ្នកចង់រស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងរកស៊ីចិញ្ចឹមជីវិតដោយផ្អែកលើសមត្ថភាពរបស់អ្នក នោះគ្មានផ្លូវធ្វើវាបានឡើយ។ ការមានសមត្ថភាពតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវតែទុច្ចរិត អាក្រក់ និងមានគំនិតអាក្រក់គ្រប់គ្រាន់ ដើម្បីទទួលបានជោគជ័យផងដែរ។ តើអ្នកមានអ្វីខ្លះ? មនុស្សមួយចំនួននិយាយថា៖ «ឥឡូវនេះ ខ្ញុំមានសេចក្តីទុច្ចរិតបន្តិចបន្តួច ប៉ុន្តែមិនទាន់អាក្រក់គ្រប់គ្រាន់ទេ»។ នោះងាយស្រួលណាស់។ ចូរដាក់ខ្លួនអ្នកទៅក្នុង «ម៉ាស៊ីនកិនសាច់» ទៅ នោះមិនដល់មួយខែផង អ្នកនឹងក្លាយជាមនុស្សអាក្រក់មិនខាន។ ប្រសិនបើអ្នកជាមនុស្សល្អ ពួកគេនឹងចង់សម្លាប់អ្នក អ្នកលើកលែងឱ្យពួកគេ ប៉ុន្តែពួកគេនឹងមិនលើកលែងឱ្យអ្នកទេ ដូច្នេះ អ្នកត្រូវតែវាយបកវិញ ដើម្បីរស់រានមានជីវិត។ នៅពេលអ្នកប្រែជាអាក្រក់ហើយ នោះគ្មានផ្លូវត្រឡប់ក្រោយវិញទេ ហើយអ្នកក៏ក្លាយជាអារក្សដែរ។ សេចក្តីទុច្ចរិត ត្រូវបានបង្កើតឡើងតាមរបៀបនេះឯង។ លោកីយ៍របស់អ្នកគ្មានជំនឿ គឺងងឹត និងទុច្ចរិតណាស់។ តើមនុស្សអាចបំបែកខ្លួនចេញពីឥទ្ធិពលបែបសាតាំងនៃសេចក្ដីងងឹត និងសេចក្តីទុច្ចរិតបានដោយរបៀបណា? ពួកគេត្រូវយល់ពីសេចក្ដីពិត ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ ឥឡូវនេះ ដោយសារអ្នកជឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកចង់ត្រូវបានសង្គ្រោះ និងរំដោះចេញពីឥទ្ធិពលរបស់សាតាំង វាមិនមែនជារឿងសាមញ្ញឡើយ។ អ្នកត្រូវតែរៀនចុះចូលនឹងព្រះជាម្ចាស់ មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ មើលធ្លុះពីរឿងជាច្រើន ហើយលើសពីនេះទៅទៀត គោលការណ៍នៃការប្រព្រឹត្តរបស់អ្នក ម្យ៉ាងត្រូវតែមានប្រាជ្ញា ហើយម្យ៉ាងទៀត មិនត្រូវប្រមាថព្រះជាម្ចាស់ឡើយ។ ហើយកុំតែងតែខិតខំស្វែងរកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ឬ តែងតែស្វែងរកការរីករាយនឹងអត្ថប្រយោជន៍នៃឋានៈឱ្យសោះ។ គ្រាន់តែមានហូបចុកគ្រប់គ្រាន់ និងមិនដាច់ពោះស្លាប់ គឺល្មមហើយ។ អ្នកត្រូវអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសុំព្រះគុណដែលត្រូវប្រទានឱ្យតាមរបៀបនេះ ដើម្បីទទួលបានការថែរក្សា។ ប្រសិនបើអ្នកតែងតែលាក់ទុកបំណងប្រាថ្នាដ៏ហួសហេតុ នោះវាមិនសមហេតុផលទេ ហើយព្រះជាម្ចាស់នឹងមិនស្ដាប់ការអធិដ្ឋានរបស់អ្នកឡើយ។
ទាក់ទងនឹងធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ថ្ងៃនេះ យើងប្រកបគ្នាជាចម្បងអំពីការបង្ហាញចេញទីបី ដែលជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំ។ តើពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំអ្វី? (ចំណេះដឹង និងការសិក្សា។) គឺចំណេះដឹង និងការសិក្សា ហើយក៏មានរឿងមួយទៀតដែរ នោះគឺអំណោយទាន។ តើចំណេះដឹង និងការសិក្សារួមមានអ្វីខ្លះ? វារួមបញ្ចូលនូវអ្វីដែលត្រូវបានរកឃើញនៅក្នុងសៀវភៅទាំងនោះដែលគេសិក្សានៅក្នុងលោកីយ៍ បទពិសោធដែលទទួលបានពីការចូលរួមក្នុងវិស័យដែលពាក់ព័ន្ធនឹងចំណេះដឹង ក៏ដូចជាការរឹតត្បិត ច្បាប់ទម្លាប់ និងបទប្បញ្ញត្តិផ្សេងៗដែលគេផ្សាយនៅក្នុងសង្គម ទាក់ទងនឹងសីលធម៌ ភាពជាមនុស្ស ឥរិយាបថ និងរឿងផ្សេងៗទៀត។ បន្ថែមពីលើនេះ វាក៏រួមបញ្ចូលទាំងចំណេះដឹងមកពីវិស័យវិទ្យាសាស្ត្រផ្សេងៗផងដែរ។ ឧទាហរណ៍ មនុស្សមួយចំនួនមិនជឿលើការយកកំណើតជាមនុស្សឡើងវិញ ដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ប្រសិនបើថ្ងៃណាមួយ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររកឃើញថាមនុស្សមានព្រលឹង ពីព្រោះបន្ទាប់ពីស្លាប់ទៅ មានអ្វីមួយចាកចេញពីរាងកាយ ហើយទម្ងន់របស់បុគ្គលនោះថយចុះក្នុងកម្រិតណាមួយ ដែលអាចជាទម្ងន់នៃព្រលឹង នោះពួកគេប្រហែលជានឹងជឿមិនខាន។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលយ៉ាងណាក៏ដោយ ក៏ពួកគេមិនជឿដែរ ប៉ុន្តែឱ្យតែអ្នកវិទ្យាសាស្ត្រវាស់វែងអ្វីមួយដោយផ្អែកលើទម្ងន់ភ្លាម ពួកគេក៏ជឿ។ ពួកគេទុកចិត្តតែលើវិទ្យាសាស្ត្រប៉ុណ្ណោះ។ មនុស្សមួយចំនួនជឿតែលើរដ្ឋ រដ្ឋាភិបាល និងការបកស្រាយនូវព័ត៌មាន ទ្រឹស្ដី និងបុគ្គលល្បីៗដែលពាក់ព័ន្ធប៉ុណ្ណោះ។ ពួកគេទុកចិត្តតែលើរឿងទាំងនេះប៉ុណ្ណោះ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូល ការបង្រៀន ការណែនាំ ឬ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ឱ្យតែពួកគេឮបុគ្គលល្បីល្បាញណាម្នាក់និយាយភ្លាម ពួកគេក៏ទទួលយកភ្លាម ហើយថែមទាំងថ្វាយបង្គំពួកគេ និងផ្សព្វផ្សាយពាក្យសម្ដីរបស់ពួកគេទៀតផង។ ឧទាហរណ៍ ព្រះជាម្ចាស់បានមានបន្ទូលថា នំម៉ាណាដែលទ្រង់បានទម្លាក់សម្រាប់ប្រជារាស្ត្រជារៀងរាល់ថ្ងៃ មិនអាចរក្សាទុកបានទេ ហើយមិនគួរហូបនៅថ្ងៃបន្ទាប់ឡើយ ព្រោះវានឹងលែងស្រស់ ប៉ុន្តែពួកគេមិនជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេគិតថា៖ «ចុះបើព្រះមិនទម្លាក់នំម៉ាណាឱ្យ ហើយពួកយើងត្រូវដាច់ពោះនោះ គិតយ៉ាងម៉េចទៅ?» ដូច្នេះ ពួកគេក៏រកវិធីប្រមូល និងរក្សាទុកវា។ ព្រះជាម្ចាស់បានទម្លាក់នំម៉ាណានៅថ្ងៃទីពីរ ហើយពួកគេនៅតែបានបន្តប្រមូលវា។ ព្រះជាម្ចាស់បានទម្លាក់នំម៉ាណានៅថ្ងៃទីបី ហើយពួកគេនៅតែបន្តប្រមូលវាទៀត។ ព្រះជាម្ចាស់មានបន្ទូលដដែលៗជារៀងរាល់ថ្ងៃ ហើយពួកគេតែងតែបានប្រព្រឹត្តផ្ទុយពីអ្វីដែលព្រះជាម្ចាស់បានបង្គាប់ពួកគេជានិច្ច។ ពួកគេមិនដែលបានជឿ ឬ បានស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ថ្ងៃមួយ អ្នកវិទ្យាសាស្ត្រម្នាក់បានធ្វើការស្រាវជ្រាវ ហើយបាននិយាយថា៖ «ប្រសិនបើនំម៉ាណាមិនត្រូវបានហូបនៅថ្ងៃតែមួយទេ ហើយទុកដល់ថ្ងៃបន្ទាប់ ទោះបីជាមើលទៅខាងក្រៅនៅស្រស់ក៏ដោយ ក៏វាមានផ្ទុកបាក់តេរី ដែលអាចបណ្ដាលឱ្យឈឺពោះបានដែរ ប្រសិនបើហូបវា»។ ចាប់ពីថ្ងៃនោះមក ពួកគេក៏បានឈប់ប្រមូលវាទៀត។ សម្រាប់ពួកគេ សម្ដីមួយម៉ាត់របស់អ្នកវិទ្យាសាស្ត្រ មានទម្ងន់ជាងព្រះបន្ទូលដប់ម៉ាត់របស់ព្រះជាម្ចាស់ទៅទៀត។ តើនេះមិនទុច្ចរិតទេឬ? (មែនហើយ។) ពួកគេទទួលស្គាល់ដោយផ្ទាល់មាត់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយពួកគេបានទទួលស្គាល់ព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងប្រាថ្នាចង់ទទួលបានព្រះពរពីព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នានេះ ពួកគេបានសោយសុខនឹងព្រះគុណ និងព្រះពរ ដែលព្រះជាម្ចាស់បានប្រទានឱ្យ ដោយរីករាយនឹងការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ ប៉ុន្តែក្រៅពីនោះ ពួកគេមិនបានស្ដាប់ព្រះបន្ទូលសូម្បីតែមួយឃ្លា ដែលព្រះជាម្ចាស់បានមានបន្ទូល អ្វីដែលទ្រង់បានប្រាប់ផ្លូវ បានបង្គាប់ ឬ បានផ្ទុកផ្តាក់ឱ្យពួកគេធ្វើឡើយ។ ប្រសិនបើបុគ្គលដែលមានចំណេះដឹង និងការសិក្សា ដែលមានសិទ្ធិអំណាច និងតំណែង បាននិយាយអ្វីមួយ ឬ បញ្ចេញសេចក្ដីខុសទំនងណាមួយ ពួកគេក៏ទទួលយកវាភ្លាម ដោយមិនខ្វល់ថាត្រូវ ឬខុសឡើយ។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? នេះគឺទុច្ចរិត ទុច្ចរិតខ្លាំងណាស់! ឧទាហរណ៍ ខ្ញុំបានប្រាប់មនុស្សមួយចំនួនកុំឱ្យហូបដំឡូងជ្វាជាមួយស៊ុត ព្រោះវាអាចបណ្ដាលឱ្យពុលអាហារបាន។ តើសម្ដីរបស់ខ្ញុំផ្អែកលើអ្វី? ខ្ញុំមិនមែនប្រឌិតរឿងនោះទេ ធ្លាប់មានករណីមនុស្សពុលអាហារ ដោយសារតែហូបរបស់ទាំងពីរនេះក្នុងពេលតែមួយ។ បន្ទាប់ពីបានឮដូច្នេះ តើមនុស្សធម្មតានឹងមានប្រតិកម្មយ៉ាងណា? ពួកគេនឹងគិតថា៖ «ទៅថ្ងៃមុខ ខ្ញុំនឹងមិនហូបស៊ុតទេ នៅពេលខ្ញុំហូបដំឡូងជ្វា យ៉ាងហោចណាស់ក៏ក្នុងរយៈពេលពីរទៅបីម៉ោងបន្ទាប់ដែរ»។ ពួកគេនឹងយកចិត្តទុកដាក់ចំពោះវា ហើយផ្លាស់ប្ដូរទម្លាប់នៃការហូបរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី មនុស្សមួយចំនួនមិនជឿឡើយ។ ពួកគេនឹងនិយាយថា៖ «ពុលអាហារដោយសារតែហូបស៊ុត និងដំឡូងជ្វាជាមួយគ្នាឬ? មិនអាចទៅរួចទេ។ ខ្ញុំនឹងហូបវាជាមួយគ្នា ហើយអ្នកចាំមើលទៅថាតើខ្ញុំពុលអាហារឬក៏អត់!» តើមនុស្សប្រភេទនេះជាមនុស្សបែបណា? (ទុច្ចរិត។) ខ្ញុំយល់ថាបុគ្គលនេះរាងថោកទាបបន្តិចហើយ! ខ្ញុំនិយាយរឿងនេះមួយម៉ាត់ ហើយពួកគេនៅតែទទូចហូបវាជាមួយគ្នា តើនេះមិនថោកទាបទេឬ? ពួកគេប្រឆាំង តវ៉ា និងប្រកែកដោយចំៗចំពោះអ្វីដែលត្រឹមត្រូវ ល្អ និងវិជ្ជមាន ពោលគឺ នេះហើយគឺទុច្ចរិត។ មនុស្សជាតិដែលពុករលួយ ឱ្យតម្លៃលើសេចក្តីទុច្ចរិត និងអំណាច។ ទោះបីជាពួកអារក្ស និងពួកសាតាំងបញ្ចេញសេចក្ដីខុសទំនង យ៉ាងណាក៏ដោយ ក៏មនុស្សអាចទទួលយកវាដោយគ្មានការសង្ស័យដែរ ខណៈពេលព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតជាច្រើន ប៉ុន្តែមនុស្សមិនសុខចិត្តទទួលយកឡើយ ហើយថែមទាំងបង្កើតជាសញ្ញាណជាច្រើនទៀតផង។ នេះជាឧទាហរណ៍មួយទៀត។ នៅតំបន់ជនបទជាច្រើនក្នុងសហរដ្ឋអាមេរិក មានព្រៃស្រោងដែលសត្វព្រៃជារឿយៗដើរចុះឡើង។ ពេលចេញទៅក្រៅ គួរតែមានគ្នាទៅជាមួយ ហើយយកល្អមិនគួរចេញទៅក្រៅនៅពេលយប់ទេ លុះត្រាតែចាំបាច់។ ប្រសិនបើអ្នកត្រូវចេញទៅក្រៅ អ្នកត្រូវតែប្រុងប្រយ័ត្ន ទៅជាមួយនរណាម្នាក់ ឬ យកអាវុធការពារខ្លួនទៅជាមួយ ពោលគឺ ការពារប្រសើរជាងព្យាបាល។ មនុស្សមួយចំនួននិយាយថា៖ «គ្មានរឿងអ្វីនឹងកើតឡើងទេ ព្រះជាម្ចាស់នឹងការពារខ្ញុំ»។ តើនេះមិនមែនជាការតេស្តព្រះជាម្ចាស់ទេឬ? ការប្រុងប្រយ័ត្នទាំងនេះ គឺជាអ្វីដែលមនុស្សគួរធ្វើ។ អ្នកមានក្បាល មានបេះដូង និងមានវិញ្ញាណ ចុះហេតុអ្វីបានជាទទូចទាមទារការការពារពីព្រះជាម្ចាស់? កុំតេស្តព្រះជាម្ចាស់អី។ ចូរធ្វើអ្វីដែលអ្នកគួរធ្វើទៅ។ ប្រសិនបើចៃដន្យ អ្នកជួបនឹងសត្វព្រៃដ៏កាចសាហាវ ដែលសូម្បីតែមនុស្សមួយក្រុមមានគ្នាបួន ឬ ប្រាំនាក់ ក៏មិនអាចទប់ទល់បានផងនោះ អ្នកប្រហែលជានៅតែអាចរស់រានមានជីវិតបាន ពោល នោះហើយគឺជាការការពាររបស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនពិតជាធ្លាប់បានឃើញចចក ហើយបានឮសំឡេងចចក និងខ្លាឃ្មុំស្រែកមែន ដែលនេះបញ្ជាក់ពីវត្តមានរបស់សត្វព្រៃទាំងនេះ។ ដូច្នេះ នៅពេលខ្ញុំនិយាយថាកុំចេញទៅក្រៅនៅពេលយប់ ព្រោះវាងាយនឹងជួបសត្វព្រៃ តើខ្ញុំគ្រាន់តែប្រឌិតរឿងឬ? (ទេ។) ខ្ញុំមិនមែនកំពុងតែព្យាយាមបន្លាចមនុស្សទេ។ មនុស្សមួយចំនួន បន្ទាប់ពីបានឮដូច្នេះ ក៏និយាយថា៖ «ខ្ញុំគួរតែប្រុងប្រយ័ត្នជាងនេះ។ ពេលចេញទៅក្រៅ ខ្ញុំនឹងរកនរណាម្នាក់ទៅជាមួយ ឬ យកអាវុធការពារខ្លួនទៅជាមួយ ក្រែងលោជួបសត្វព្រៃ»។ មនុស្សមួយចំនួន បន្ទាប់ពីបានឮដូច្នេះ ក៏យកចិត្តទុកដាក់ ជឿ និងទទួលយកវា ហើយបន្ទាប់មកក៏យកអ្វីដែលខ្ញុំបាននិយាយទៅអនុវត្ត។ នេះគឺជាការទទួលយកដ៏សាមញ្ញ វាមិនមានអ្វីងាយស្រួលជាងនេះទៀតទេ។ ទោះជាយ៉ាងនេះក្តី មានមនុស្សមួយប្រភេទដែលមិនព្រមស្ដាប់ឡើយ។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមិនដែលឃើញសត្វព្រៃសោះអ៊ីចឹង? តើពួកវានៅឯណា? ឱ្យវាមកមួយមើល ខ្ញុំនឹងតទល់ជាមួយវា ហើយមើលថាតើនរណាសាហាវជាង។ តើសត្វព្រៃមានអ្វីគួរឱ្យខ្លាចទៅ? អ្នករាល់គ្នាគ្រាន់តែជាមនុស្សកំសាក និងមានសេចក្ដីជំនឿតិចតួចប៉ុណ្ណោះ។ មើលសេចក្ដីជំនឿរបស់ខ្ញុំចុះ ខ្ញុំមិនខ្លាចខ្លាឃ្មុំទេ!» ពួកគេមានចេតនាចេញទៅក្រៅតែម្នាក់ឯង ដោយគ្រាន់តែដើរលេងដោយគ្មានហេតុផល។ បន្ទាប់ពីហូបអាហាររួច ពួកគេត្រូវតែដើរលេងនៅខាងក្រៅ ហើយទទូចទៅតែម្នាក់ឯង។ នៅពេលអ្នកដទៃស្នើឱ្យរកនរណាម្នាក់ទៅជាមួយ ពួកគេឆ្លើយតបថា៖ «មិនអាចទេ ហេតុអ្វីខ្ញុំត្រូវការអ្នកទៅជាមួយ? ការមានអ្នកទៅជាមួយ នឹងធ្វើឱ្យខ្ញុំមើលទៅគ្មានតម្លៃ! ខ្ញុំនឹងចេញទៅក្រៅដោយខ្លួនឯង!» ពួកគេត្រូវតែសាកល្បងវា។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? កុំនិយាយដល់រឿងថាពួកគេជួបសត្វព្រៃ ឬក៏អត់អី តើអាកប្បកិរិយារបស់ពួកគេចំពោះរឿងបែបនេះ មិនមែនជាបញ្ហាទេឬ? (មែនហើយ។) តើមានបញ្ហាអ្វី? (និស្ស័យរបស់មនុស្សបែបនេះគឺទុច្ចរិត។) អ្នកព្យាយាមនិយាយជាមួយពួកគេអំពីរឿងសំខាន់ៗ ប៉ុន្តែពួកគេចាត់ទុកវាជារឿងកំប្លែងទៅវិញ។ តើមានប្រយោជន៍អ្វីក្នុងការនិយាយជាមួយមនុស្សបែបនេះ? មនុស្សបែបនេះអាក្រក់ជាងសត្វតិរច្ឆានទៅទៀត មិនចាំបាច់ខ្វល់ជាមួយពួកគេឡើយ។
អម្បាញ់មិញនេះ យើងបាននិយាយអំពីការពិតដែលថា មនុស្សដែលមាននិស្ស័យទុច្ចរិតនៃពួកទទឹងនឹងព្រះគ្រីស្ទ គឺងាយនឹងចាប់អារម្មណ៍ជាពិសេសចំពោះចំណេះដឹង និងការសិក្សា អំណោយទាន និងទេពកោសល្យពិសេសមួយចំនួន ពួកគេកោតសរសើរ និងឱ្យតម្លៃជាពិសេសចំពោះអ្នកដែលមានទេពកោសល្យពិសេស ហើយពួកគេស្ញប់ស្ញែង និងស្ដាប់បង្គាប់ទាំងស្រុងចំពោះអ្វីដែលមនុស្សបែបនេះនិយាយ។ តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះចំណេះដឹងទូទៅ ការយល់ដឹង និងការសិក្សាពិតប្រាកដ ដែលមានប្រយោជន៍ដល់មនុស្ស ហើយដែលអស់អ្នកដែលមានភាពជាមនុស្សធម្មតាត្រូវតែមាន ឬ រឿងជាក់ស្ដែង និងវិជ្ជមានដែលអាចយល់ដឹងបាននៅក្នុងការគិតរបស់មនុស្សធម្មតានោះ? ពួកគេមើលងាយរឿងទាំងនេះ ដោយមិនយកចិត្តទុកដាក់ចំពោះវាឡើយ។ រាល់ពេលព្រះបន្ទូល និងសេចក្ដីពិតទាំងនេះត្រូវបានប្រកបគ្នានៅក្នុងអំឡុងពេលនៃការជួបជុំ តើពួកគេកំពុងធ្វើអ្វី? ពួកគេអេះក្បាល អ្នកខ្លះបើកភ្នែកពាក់កណ្ដាល មើលទៅស្ពឹកស្រពន់ និងល្ងង់ខ្លៅ ហើយអ្នកខ្លះទៀតហាក់ដូចជាកំពុងភ្លឹកគិតពីរឿងអ្វីផ្សេង។ កាលណាដំណាក់របស់ព្រះជាម្ចាស់ពិភាក្សាអំពីរឿងសំខាន់ៗកាន់តែច្រើន ពួកគេកាន់តែមិនចាប់អារម្មណ៍។ កាលណាមានការប្រកបគ្នាអំពីសេចក្ដីពិតកាន់តែច្រើន ពួកគេកាន់តែងងុយដេក និងងោកងុយ។ វាច្បាស់ណាស់ថា មនុស្សទាំងនេះមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទាល់តែសោះ។ តើទាំងនេះមិនមែនជាពួកមិនជឿដែលមិនអាចសង្គ្រោះបានទេឬ? កាលពួកគេនៅក្នុងសាសនា មនុស្សមួយចំនួនចូលចិត្តតែស្ដាប់អ្នកដទៃនិយាយភាសាដទៃ ឬ ឃើញរឿងចម្លែកៗ ហើយការឃើញរឿងដែលមិនគួរឱ្យជឿ ធ្វើឱ្យពួកគេមានស្មារតីឡើងវិញភ្លាមៗ។ មនុស្សមួយចំនួន ពេលឃើញខ្ញុំ ចូលចិត្តនិយាយថា៖ «ខ្ញុំបានបញ្ចប់បរិញ្ញាបត្រ និងរៀនជំនាញទស្សនវិជ្ជា។ ចុះអ្នករៀនជំនាញអ្វីដែរ?» ខ្ញុំនិយាយថា៖ «ខ្ញុំមិនបានរៀនមុខវិជ្ជាជាក់លាក់ណាមួយទេ ខ្ញុំគ្រាន់តែអាចយល់អក្សរមួយចំនួន និងអានសៀវភៅបានប៉ុណ្ណោះ»។ ពួកគេនិយាយថា៖ «បើអ៊ីចឹង អ្នកមិនដល់កម្រិតទេ»។ ខ្ញុំឆ្លើយតបថា៖ «ការប្រៀបធៀបរឿងនេះគឺគ្មានប្រយោជន៍ទេ ប៉ុន្តែចូរយើងប្រកបគ្នាបន្តិចមើល តើបច្ចុប្បន្ននេះ អ្នកមានការលំបាកអ្វីខ្លះដែរឬទេ?» តើពួកគេឆ្លើយតបយ៉ាងដូចម្ដេច? «ហឺស តើខ្ញុំមានការលំបាកអ្វីទៅ? ខ្ញុំមិនមានការលំបាកអ្វីទេ។ ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំបានយ៉ាងល្អ!» នៅពេលប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ពួកគេក៏បាត់បង់ចំណាប់អារម្មណ៍ ស្ងាប និងហូរទឹកភ្នែក ហាក់ដូចជាត្រូវខ្មោចចូលអ៊ីចឹង។ ប្រសិនបើខ្ញុំបន្តលាតត្រដាងពីនិស្ស័យពុករលួយរបស់ពួកគេ ពួកគេគ្រាន់តែចាប់យកកែវរបស់ពួកគេ ហើយដើរចេញ ដោយមិនចង់ស្ដាប់ទៀតឡើយ។ កាលណាខ្ញុំកាន់តែព្យាយាមចុះសម្រុង និងសន្ទនាដោយស្មើភាពជាមួយពួកគេ ពួកគេកាន់តែមើលងាយខ្ញុំ។ តើនេះមិនមែនជាការមិនដឹងគុណចំពោះបំណងល្អទេឬ? មាននរណាម្នាក់ដែលចេះបើកបរ។ ខ្ញុំបានសួរថា៖ «តើអ្នកបើកបរបានប៉ុន្មានឆ្នាំហើយ?» គាត់និយាយថា៖ «ខ្ញុំបានទិញឡានមួយ បន្ទាប់ពីខ្ញុំធ្វើការបានពីរឆ្នាំ ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ»។ ខ្ញុំនិយាយថា៖ «អ៊ីចឹង អ្នកបើកបរបានច្រើនឆ្នាំគួរសមហើយ។ ខ្ញុំនៅតែមិនទាន់ចេះបើកបរនៅឡើយទេ»។ តើការនិយាយបែបនេះ មិនមែនជាការចុះសម្រុងដោយស្មើភាពទេឬ? តើវាមិនមែនជាការសន្ទនារបស់មនុស្សដែលមានភាពជាមនុស្សធម្មតាទេឬអី? (មែនហើយ។) បន្ទាប់ពីបានឮដូច្នេះ គាត់និយាយថា៖ «ហាស? អ្នកនៅតែមិនទាន់ចេះបើកបរទៀតឬ? ចុះអ្នកអាចធ្វើអ្វីបានទៅ?» ខ្ញុំនិយាយថា៖ «ខ្ញុំមិនអាចធ្វើអ្វីបានច្រើនទេ។ ខ្ញុំគ្រាន់តែចេះជិះឡានប៉ុណ្ណោះ»។ ខ្ញុំបានសួរគាត់ថា៖ «តើបច្ចុប្បន្ននេះ អ្នកកំពុងបំពេញភារកិច្ចអ្វី?» គាត់និយាយថា៖ «ខ្ញុំធ្វើការផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។ គំនិតរបស់ខ្ញុំពោរពេញទៅដោយតួលេខ។ នៅមហាវិទ្យាល័យ ខ្ញុំស្ទាត់ជំនាញខាងគណិតវិទ្យា ហើយខ្លាំងជាងគេខាងវិទ្យាសាស្ត្រ។ ខ្ញុំមានសក្ដានុពលអាចចូលរៀននៅសាកលវិទ្យាល័យស៊ីងហួ (Tsinghua) ឬសាកលវិទ្យាល័យប៉េកាំង (Peking) បាន»។ ខ្ញុំបាននិយាយថា៖ «ខ្ញុំខ្សោយគណិតវិទ្យាណាស់។ តួលេខធ្វើឱ្យខ្ញុំឈឺក្បាល។ ខ្ញុំចូលចិត្តសិក្សាអំពីពាក្យពេចន៍ រៀនពាក្យវាក្យសព្ទ និងរឿងបែបនេះច្រើនជាង»។ គាត់បាននិយាយថា៖ «ការរៀនរឿងនោះគឺគ្មានប្រយោជន៍ទេ។ មនុស្សដែលរៀនផ្នែកអក្សរសាស្ត្រ ជាទូទៅគ្មានអនាគតឡើយ»។ មើលអ្វីដែលគាត់បាននិយាយចុះ។ តើវាមានហេតុផលនៃភាពជាមនុស្សធម្មតាដែរឬទេ? (ទេ មិនមានទេ។) នៅពេលខ្ញុំបាននិយាយ និងបានប្រាស្រ័យទាក់ទងជាមួយគាត់ក្នុងលក្ខណៈស្ងប់ស្ងាត់ និងរាក់ទាក់បែបនេះ គាត់មិនអាចប្រព្រឹត្តចំពោះរឿងនេះបានត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ គាត់បានមើលងាយខ្ញុំ និងបន្ទាបបន្ថោកខ្ញុំ។ ប្រសិនបើគាត់ជួបនរណាម្នាក់ដែលមានឋានៈ ឬ ចំណេះដឹង នោះវាប្រហែលជាខុសពីនេះមិនខាន។ បន្ទាប់ពីចំណាយពេលជាមួយគ្នាមួយរយៈ គាត់នឹងចាប់ផ្ដើមមានអារម្មណ៍ថា៖ «ខ្ញុំបានស្និទ្ធស្នាលជាមួយព្រះ បានជជែកជាមួយគាត់ និងមានទំនាក់ទំនងជាមួយគាត់»។ គាត់នឹងគិតថា ឥឡូវនេះគាត់មានទុនខ្លះហើយ។ ជាលទ្ធផល ទឹកដមសំឡេងរបស់គាត់នឹងផ្លាស់ប្ដូរ។ ម្ដងនោះ ខ្ញុំបានសួរគាត់ថា៖ «ខ្ញុំបានឮថានរណាម្នាក់មិនចង់បំពេញភារកិច្ចរបស់ពួកគេទៀតទេ ហើយចង់ត្រឡប់ទៅផ្ទះវិញ។ តើបុគ្គលនោះបានត្រឡប់ទៅផ្ទះវិញហើយឬនៅ?» គាត់បានឆ្លើយតបថា៖ «អូ៎ បុគ្គលនោះឬ? គាត់មិនដែលមានបំណងចង់ត្រឡប់ទៅផ្ទះវិញទេ!» តើទឹកដមសំឡេងបែបនេះជាអ្វីទៅ? តើវាបានផ្លាស់ប្ដូរដែរឬទេ? ពេលខ្ញុំបានជួបគាត់ដំបូង គាត់មានអារម្មណ៍ថាគាត់មិនអាចស្ទាបស្ទង់ពីខ្ញុំបានឡើយ៖ គាត់មានការគោរព និងបានប្រព្រឹត្តខ្លួនបានល្អ ដោយចេះដាក់ខ្លួន។ ឥឡូវនេះ ដោយសារតែគាត់កាន់តែស្និទ្ធស្នាល គាត់ក៏ឡើងចាង។ តើទឹកដមសំឡេងបែបនេះជាអ្វីទៅ? នៅពេលគាត់និយាយមកកាន់ខ្ញុំ គាត់មានលាយឡំនូវការប្រឆាំង ភាពព្រងើយកន្តើយ ការមិនខ្វល់ខ្វាយ និងអាកប្បកិរិយាមើលងាយ និងបន្ទាបបន្ថោក។ តើនេះជានិស្ស័យបែបណា? គឺជាសេចក្តីទុច្ចរិត។ តើនេះជាមនុស្សដែលមានភាពជាមនុស្សធម្មតាដែរឬទេ? (ទេ មិនមែនទេ។) មនុស្សសាមញ្ញ ធម្មតា អាចប្រាស្រ័យទាក់ទង និងសន្ទនាជាមួយអ្នកបានយ៉ាងធម្មតា ពោលគឺ វាជារឿងធម្មតាបំផុត។ ប្រសិនបើពួកគេយាយីអ្នក គាបសង្កត់អ្នក ឬ មើលងាយអ្នក តើអ្នកមានអារម្មណ៍យ៉ាងណា? តើការប្រព្រឹត្តចំពោះអ្នកបែបនេះ បង្ហាញពីភាពជាមនុស្សធម្មតាណាមួយនៅក្នុងពួកគេដែរឬទេ? ប្រាប់ខ្ញុំមកមើល៍ ប្រសិនបើមនុស្សបែបនេះជួបនឹងបុគ្គលល្បីល្បាញលើពិភពលោក អ្នកដែលមានឋានៈ និងកេរ្តិ៍ឈ្មោះ ឬ ចៅហ្វាយនាយ ឬ ថ្នាក់លើរបស់គេ តើគេហ៊ានប្រព្រឹត្តចំពោះអ្នកទាំងនោះតាមរបៀបនេះដែរឬទេ? ពួកគេច្បាស់ជាមិនហ៊ានឡើយ។ ពួកគេនឹងប្រញាប់ក្រាបលុតជង្គង់ ដោយត្រូវប្រើងារដូចជា កូនចៅ អ្នកបម្រើ ទាសករ មនុស្សទាបទាប រាស្ត្រសាមញ្ញ ឬ ជនសាមញ្ញ ដើម្បីហៅខ្លួនឯង និងសន្ទនាជាមួយមនុស្សទាំងនេះ។ នៅក្នុងចំណោមពួកអ្នកគ្មានជំនឿ មន្ត្រីជាន់ខ្ពស់ជាន់ឈ្លីមនុស្សដែលនៅក្រោមបង្គាប់ពួកគេ ហើយក្នុងនាមជាមនុស្សគ្មានតម្លៃដូចជាអ្នក តើមាននរណានឹងសន្ទនាជាមួយអ្នកក្នុងលក្ខណៈស្ងប់ស្ងាត់ និងរាក់ទាក់នោះ? សូម្បីតែពួកគេនិយាយជាមួយអ្នកម្ដងម្កាលនៅពេលពួកគេសប្បាយចិត្តក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ចំពោះអ្នកដែរ ពួកគេប្រព្រឹត្តចំពោះអ្នកដូចជាសត្វធាតុ ដោយទាត់ធាក់អ្នកចោលដោយគ្មានហេតុផល។ នៅពេលខ្ញុំនិយាយ និងជជែកជាមួយបុគ្គលនោះក្នុងលក្ខណៈស្ងប់ស្ងាត់ និងរាក់ទាក់ ខ្ញុំមិនត្រឹមតែមិនទទួលបានការឆ្លើយតបជាវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងប្រឈមមុខនឹងការមើលងាយ ការបន្ទាបបន្ថោក ការស្អប់ខ្ពើម និងការចំអកឡកឡឺយទៀតផង។ តើនេះគឺដោយសារតែមានអ្វីខុសឆ្គងនៅក្នុងរបៀបដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយបុគ្គលនោះ ឬក៏ជាបញ្ហានៃនិស្ស័យរបស់គេ? (គឺដោយសារតែនិស្ស័យរបស់បុគ្គលនោះក្រអឺតក្រទមពេក។) ត្រូវហើយ ខ្ញុំក៏គិតបែបនេះដែរ។ ខ្ញុំប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដូចៗគ្នា ចុះហេតុអ្វីបានជាអ្នកខ្លះឆ្លើយតបបានត្រឹមត្រូវ ខណៈពេលអ្នកខ្លះទៀតមិនធ្វើដូច្នេះ? ជាទូទៅ មនុស្សអាចត្រូវបានបែងចែកជាពីរប្រភេទ៖ អស់អ្នកដែលមានភាពជាមនុស្ស ដែលដឹងពីរបៀបគោរពអ្នកដទៃ យល់ពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ និងដឹងថាពួកគេជានរណា និងអស់អ្នកដែលទុច្ចរិត និងក្រអឺតក្រទម ដែលខ្វះការស្គាល់ខ្លួនឯង។ ប្រាប់ខ្ញុំមកមើល៍ តើអ្នកហៅអ្វីមួយដែលពាក់ស្បែកជាមនុស្ស ប៉ុន្តែមិនទាំងដឹងថាខ្លួនវាជានរណាផងនោះ ថាជាអ្វី? នោះគឺជាសត្វតិរច្ឆានដែលគ្មានភាពមានវិចារណញ្ញាណ។ ម្ដងទៀត ខ្ញុំបានសួរគាត់ថា៖ «តើរឿងដែលខ្ញុំបានប្រាប់ផ្លូវឱ្យអ្នកដោះស្រាយកាលពីប៉ុន្មានថ្ងៃមុន ទៅជាយ៉ាងណាហើយ? តើអ្នកបានចាត់ការលើរឿងទាំងនោះហើយឬនៅ?» គាត់បានឆ្លើយតបថា៖ «តើអ្នកកំពុងនិយាយពីរឿងអ្វី?» ខ្ញុំបាននិយាយថា៖ «រឿងប៉ុន្មាននោះ តើអ្នករាល់គ្នាបានចាត់ចែងវាហើយឬនៅ? តើវាត្រូវបានចាត់ការហើយឬនៅ?» ខ្ញុំបានរំលឹកគាត់ពីរដង ហើយទីបំផុតគាត់ក៏បាននឹកឃើញ៖ «អូ៎ អ្នកកំពុងនិយាយពីរឿងទាំងនោះឬ? រឿងទាំងនោះត្រូវបានចាត់ការយូរណាស់មកហើយ»។ តើពាក្យដំបូង «អូ៎» នេះ បង្ហាញពីទឹកដមសំឡេងបែបណា? វានៅតែជាទឹកដមសំឡេង នៃការមើលងាយដដែល ដោយធម្មជាតិជាអារក្សរបស់គាត់បានលេចឡើងម្ដងទៀត។ ធម្មជាតិរបស់គាត់នៅតែមិនផ្លាស់ប្ដូរ គាត់គ្រាន់តែជាមនុស្សថោកទាបបែបនេះឯង។ ខ្ញុំបានបន្តសួរគាត់ពីរបៀបដែលគាត់ចាត់ការវា ហើយគាត់បានឆ្លើយតបថា៖ «មានមនុស្សមួយចំនួនបានមើលវា ហើយចាត់ការវាតាមរបៀបនោះ» ដោយគ្មានព័ត៌មានលម្អិតអ្វីបន្ថែមទៀតឡើយ។ ប្រសិនបើខ្ញុំព្យាយាមសួររកព័ត៌មានលម្អិតបន្ថែម សូម្បីតែខ្ញុំសួរដេញដោលពួកគេ ក៏ខ្ញុំនឹងមិនទទួលបានអ្វីដែរ។ ខ្ញុំបានប្រាប់ផ្លូវគាត់ឱ្យចាត់ការកិច្ចការមួយ តើខ្ញុំគ្មានសិទ្ធិដឹងឮទេឬ? (មែនហើយ។) ដូច្នេះ តើអ្វីជាការទទួលខុសត្រូវរបស់គាត់? បន្ទាប់ពីទទួលយកកិច្ចការពីខ្ញុំ តើគាត់មិនចាំបាច់រាយការណ៍ត្រឡប់មកវិញពីរបៀបដែលគាត់បានចាត់ការវាទេឬ? (មែនហើយ។) ប៉ុន្តែគាត់មិនបានរាយការណ៍ត្រឡប់មកវិញទេ ហើយខ្ញុំមិនអាចទទួលបានព័ត៌មានថ្មីៗណាមួយឡើយតាំងពីដើមរហូតដល់ចប់។ ខ្ញុំបានត្រឹមតែចាត់នរណាម្នាក់ឱ្យទៅសួរនាំពីរបៀបដែលរឿងនេះត្រូវបានចាត់ការ ប៉ុន្តែនៅតែគ្មានការឆ្លើយតបដដែល។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំគិតថា៖ «បាន ខ្ញុំនឹងចងចាំអ្នក។ អ្នកមិនគួរឱ្យទុកចិត្តទេ។ ខ្ញុំមិនអាចផ្ទុកផ្តាក់រឿងអ្វីឱ្យអ្នកបានឡើយ។ អ្នកខ្វះភាពគួរឱ្យទុកចិត្តខ្លាំងណាស់!» តើនេះជាអារក្សប្រភេទណា? តើនិស្ស័យរបស់មនុស្សបែបនេះជាអ្វី? គឺជាសេចក្តីទុច្ចរិត។ នៅពេលអ្នកប្រព្រឹត្តចំពោះគាត់ដោយស្មើភាព ពិភាក្សារឿងរ៉ាវជាមួយគាត់ដោយគួរសម និងព្យាយាមធ្វើជាមិត្ត តើគាត់យល់ឃើញយ៉ាងណា? គាត់មើលឃើញថាវាជាភាពអសមត្ថភាព និងភាពទន់ខ្សោយរបស់អ្នក ហើយចាត់ទុកថាអ្នកជាមនុស្សដែលគេងាយនឹងជិះជាន់។ តើនេះមិនមែនជាសេចក្តីទុច្ចរិតទេឬ? (មែនហើយ។) វាគឺជាសេចក្តីទុច្ចរិតសុទ្ធសាធ។ ទោះបីជាមនុស្សទុច្ចរិតប្រភេទនេះមិនមានច្រើនពាសពេញក៏ដោយ ក៏ពួកគេមានវត្តមាននៅក្នុងគ្រប់ពួកជំនុំទាំងអស់។ ចិត្តរបស់ពួកគេរឹងទទឹង ក្រអឺតក្រទម ស្អប់ខ្ពើមសេចក្ដីពិត ហើយនិស្ស័យរបស់ពួកគេគឺកាចសាហាវ។ ច្បាស់ណាស់ គឺនិស្ស័យ និងអាកប្បកិរិយាទាំងនេះហើយ ដែលបញ្ជាក់ថាមនុស្សបែបនេះគឺជាមនុស្សទុច្ចរិត។ ពួកគេមិនត្រឹមតែមិនចូលចិត្តទិដ្ឋភាពវិជ្ជមាននៃភាពជាមនុស្សធម្មតា ដូចជាសេចក្ដីសប្បុរស ការអត់ឱន ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេលាក់ទុកនូវការរើសអើង និងការមើលងាយនៅក្នុងចិត្តរបស់ពួកគេ។ តើមានអ្វីលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្សបែបនេះ? គឺជាសេចក្តីទុច្ចរិត។ ពួកគេទុច្ចរិតខ្លាំងណាស់! នេះគឺជាការបង្ហាញចេញមួយទៀតនៃសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ថ្ងៃនេះ ខ្លឹមសារនៃការប្រកបគ្នារបស់យើងអំពីការបង្ហាញចេញដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានភាពខុសគ្នាបន្តិចបន្តួចពីការប្រកបគ្នាពីរលើកមុន ហើយការប្រកបគ្នានីមួយៗសង្កត់ធ្ងន់លើទិដ្ឋភាពមួយ។ ប្រាប់ខ្ញុំមកមើល៍ យ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេឱ្យតម្លៃលើចំណេះដឹង និងការសិក្សា អំណោយទាន និងទេពកោសល្យពិសេស ពោលគឹ ពួកគេមានអារម្មណ៍ឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះរឿងទាំងនេះ ដូច្នេះ តើពួកគេមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ដែរឬទេ? (ទេ ពួកគេមិនមានទេ។) អ្នកខ្លះប្រហែលជានិយាយថា យូរៗទៅ ពួកគេអាចនឹងផ្លាស់ប្ដូរ។ តើពួកគេនឹងផ្លាស់ប្ដូរដែរឬទេ? ទេ ពួកគេនឹងមិនផ្លាស់ប្ដូរទេ ពួកគេមិនអាចផ្លាស់ប្ដូរបានឡើយ។ វាស្ថិតនៅក្នុងធម្មជាតិរបស់ពួកគេ ក្នុងការមើលងាយការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ ភាពស្មោះត្រង់របស់ទ្រង់ ព្រមទាំងភាពមេត្តាករុណា និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះមនុស្សជាតិ។ តើមានអ្វីទៀត? ពួកគេមើលងាយភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ ដែលរស់នៅក្នុងចំណោមមនុស្ស ហើយលើសពីនេះទៅទៀត ពួកគេស្អប់ខ្ពើមគ្រប់ទាំងសេចក្ដីពិត ដែលមិនមានពាក់ព័ន្ធនឹងចំណេះដឹង និងការសិក្សា វិទ្យាសាស្ត្រ និងអំណោយទាន។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? (ទេ មិនអាចទេ។) ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានសង្គ្រោះ? ពីព្រោះនេះមិនមែនជាការបញ្ចេញឱ្យឃើញមួយភ្លែតនូវនិស្ស័យពុករលួយណាមួយនោះទេ វាគឺជាការបញ្ចេញឱ្យឃើញនូវសារជាតិធម្មជាតិរបស់ពួកគេ។ ទោះបីជាអ្នកដទៃទូន្មានពួកគេយ៉ាងណាក៏ដោយ ឬ ទោះបីជាមានការប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេច្រើនប៉ុនណា ក៏ដោយ ក៏រឿងទាំងនេះមិនអាចផ្លាស់ប្ដូរពួកគេបានឡើយ។ នេះមិនមែនជាចំណង់ចំណូលចិត្តបណ្ដោះអាសន្ននោះទេ ប៉ុន្តែជាតម្រូវការដ៏ជ្រាលជ្រៅនៅក្នុងខ្លួនពួកគេចំពោះរឿងទាំងនេះ។ គឺដោយសារតែពួកគេត្រូវការចំណេះដឹង និងការសិក្សា អំណោយទាន និងទេពកោសល្យពិសេសនេះហើយ ទើបអនុញ្ញាតឱ្យពួកគេឱ្យតម្លៃលើរឿងទាំងនេះ។ តើការឱ្យតម្លៃមានន័យដូចម្ដេច? វាមានន័យថា សុខចិត្តដើរតាម និងទទួលបានរឿងទាំងនេះ ទោះក្នុងតម្លៃណាក៏ដោយ នោះហើយជាអត្ថន័យនៃការឱ្យតម្លៃ។ ដើម្បីទទួលបានរឿងទាំងនេះ ពួកគេសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់គ្រប់យ៉ាងដើម្បីទទួលបានវា ពីព្រោះទាំងនេះគឺជារឿងដែលពួកគេឱ្យតម្លៃ។ អ្នកខ្លះថែមទាំងនិយាយថា៖ «ទោះព្រះប្រាប់ឱ្យខ្ញុំធ្វើអ្វីក៏ដោយ ក៏មិនអីដែរ។ ខ្ញុំអាចបំពេញចិត្តព្រះបាន ដរាបណាគាត់មិនតម្រូវឱ្យខ្ញុំដេញតាមសេចក្ដីពិត»។ ពួកគេសង្ឃឹមចង់បានរឿងនេះ។ មនុស្សទាំងនេះនឹងមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិតឡើយ សូម្បីតែពួកគេអង្គុយនៅទីនោះយ៉ាងស្ងៀមស្ងាត់ ដើម្បីស្ដាប់សេចក្ដីអធិប្បាយ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្វីដែលពួកគេទទួលបានពីរឿងទាំងនេះ មិនមែនជាសេចក្ដីពិតដែរ។ នេះគឺដោយសារតែពួកគេតែងតែវាស់វែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមួយនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ដោយសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយប្រើចំណេះដឹងខាងសាសនវិទ្យា ដែលធ្វើឱ្យពួកគេមិនអាចទទួលបានសេចក្ដីពិតឡើយ។ ពួកគេសង្ឃឹមថានឹងទទួលបានចំណេះដឹង និងការសិក្សា និងព័ត៌មាន ឬ សេចក្ដីអាថ៌កំបាំងណាមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺជាប្រភេទនៃការសិក្សាណាមួយដែលពួកគេប្រាថ្នាចង់បាន និងស្វែងរក ដែលមហាជនទូទៅមិនបានដឹង។ បន្ទាប់ពីទទួលបានការសិក្សា ដែលមនុស្សមិនបានដឹងនេះហើយ ពួកគេក៏ដើរអួតសម្ញែង នៅគ្រប់ទីកន្លែង ដោយសង្ឃឹមយ៉ាងអសារបង់ថានឹងបំពាក់បំប៉ន និងវេចខ្ចប់ខ្លួនឯងជាមួយនឹងការសិក្សា និងចំណេះដឹងនេះ ដើម្បីឱ្យពួកគេអាចរស់នៅក្នុងជីវិតដែលគួរឱ្យគោរព និងមានន័យពេញលេញជាងមុន មានកិត្យានុភាព និងឋានៈកាន់តែខ្ពស់ក្នុងចំណោមមនុស្ស ព្រមទាំងធ្វើឱ្យមនុស្សជឿលើពួកគេ និងថ្វាយបង្គំពួកគេកាន់តែខ្លាំង។ ហេតុដូច្នេះហើយ ពួកគេអួតអាងដោយមិនចេះនឿយហត់អំពីរឿងសំខាន់ៗមួយចំនួនដែលពួកគេបានធ្វើ ជារឿងដែលពួកគេចាត់ទុកថាមានសិរីល្អ ក៏ដូចជារឿងដែលពួកគេជឿថាគួរឱ្យស្ញប់ស្ញែង ដែលពួកគេអាចអួតអាង និងប្រើដើម្បីអួតបង្ហាញពីសមត្ថភាព និងភាពពិសេសផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះទៅដល់ទីណាក៏ដោយ ពួកគេផ្សាយនូវទ្រឹស្ដីដដែលៗ។ មនុស្សទាំងនេះ ទោះបីជាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬចូលរួមការជួបជុំ និងស្ដាប់ឮសេចក្ដីអធិប្បាយយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ សូម្បីតែពួកគេចាប់យល់ សេចក្ដីពិតបន្តិចបន្តួចក៏ដោយ ក៏ពួកគេនឹងមិនយកវាទៅអនុវត្តជាដាច់ខាត។ នេះគឺជាសារជាតិរបស់មនុស្សបែបនេះ ហើយវាជារឿងដែលគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ នេះគឺដោយសារតែពួកគេមានពីកំណើតនូវអ្វីមួយដែលអ្នកដទៃមិនមាន ហើយអ្វីដែលពួកគេស្រឡាញ់ គឺទាក់ទងនឹងសារជាតិទុច្ចរិតរបស់ពួកគេ ពោលនេះគឺជា កំហុសឆ្គងដ៏ធ្ងន់ធ្ងររហូតដល់ថ្នាក់ស្លាប់របស់ពួកគេ។ ពួកគេត្រូវបានកំណត់មកថាមិនទទួលយកសេចក្ដីពិត ត្រូវបានកំណត់មកឱ្យដើរតាមផ្លូវរបស់ប៉ុល ហើយត្រូវបានកំណត់មកឱ្យប្រឆាំងនឹងសេចក្ដីពិត និងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនស្រឡាញ់សេចក្ដីពិត ពួកគេនឹងមិនទទួលយកវាឡើយ។
តើអ្នករាល់គ្នាធ្លាប់ជួបប្រទះនឹងសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើអ្នករាល់គ្នាមានមនុស្សបែបនេះនៅជុំវិញខ្លួនដែរឬទេ? តើអ្នករាល់គ្នាធ្លាប់មានទំនាក់ទំនងជាមួយមនុស្សបែបនេះដែរឬទេ? ហេតុអ្វីបានជាយើងចំណាយពេលក្នុងការជួបជុំជាច្រើនដង ដើម្បីពិភាក្សាអំពីប្រធានបទនេះ? ជាធម្មតា នៅពេលមនុស្សនិយាយអំពីការស្គាល់ខ្លួនឯង ខ្ញុំជារឿយៗឮពួកគេលើកឡើងអំពីនិស្ស័យនៃភាពក្រអឺតក្រទម ការរាប់ខ្លួនឯងជាសុចរិត និងសេចក្តីបញ្ឆោត។ ទោះជាយ៉ាងនេះក្តី កម្រនឹងឮមនុស្សនិយាយអំពីសេចក្តីទុច្ចរិតណាស់។ ឥឡូវនេះ នៅពេលយើងប្រកបគ្នាអំពីនិស្ស័យទុច្ចរិត ខ្ញុំជារឿយៗឮមនុស្សនិយាយថានិស្ស័យរបស់នរណាម្នាក់គឺទុច្ចរិត។ វាហាក់ដូចជា អ្នករាល់គ្នាទទួលបានការយល់ដឹងខ្លះៗហើយ។ កាលពីមុន នៅពេលមនុស្សនិយាយអំពីការស្គាល់ខ្លួនឯង ពួកគេតែងតែលើកឡើងអំពីភាពក្រអឺតក្រទម។ បើមើលនៅពេលនេះ តើនិស្ស័យមួយណាដែលធ្ងន់ធ្ងរជាង រវាងភាពក្រអឺតក្រទម និងសេចក្តីទុច្ចរិត? (សេចក្តីទុច្ចរិត។) ត្រូវហើយ។ កាលពីមុន មនុស្សមិនបានដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានៃសេចក្តីទុច្ចរិតឡើយ។ តាមពិត និស្ស័យ និងសារជាតិនៃសេចក្តីទុច្ចរិត គឺធ្ងន់ធ្ងរជាងភាពក្រអឺតក្រទមទៅទៀត។ ប្រសិនបើនិស្ស័យ និងសារជាតិធម្មជាតិរបស់មនុស្សម្នាក់ទុច្ចរិតយ៉ាងសាហាវ ចាំខ្ញុំប្រាប់អ្នកចុះ អ្នកត្រូវតែជៀសវាងការទាក់ទងជាមួយពួកគេ ពោលគឺ ត្រូវរក្សាចម្ងាយរបស់អ្នក។ មនុស្សបែបនេះនឹងមិនដើរលើផ្លូវត្រូវឡើយ។ តើអ្នកអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីការសេពគគប់ និងការរក្សាទំនាក់ទំនងជាមួយមនុស្សទុច្ចរិតនោះ? ប្រសិនបើគ្មានអត្ថប្រយោជន៍អ្វីទេ ប៉ុន្តែអ្នកមាន «អង្គបដិប្រាណ» ដើម្បីទប់ទល់នឹងសេចក្តីទុច្ចរិតរបស់ពួកគេ នោះអ្នកអាចប្រាស្រ័យទាក់ទងជាមួយពួកគេបាន។ តើអ្នកមានការធានានេះដែរឬទេ? (ទេ។) ហេតុអ្វីបានជាអ្នកគួរជៀសវាងការប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះ ប្រសិនបើអ្នកមិនមានការធានានេះ? ពីព្រោះនៅពីក្រោយសេចក្តីទុច្ចរិត មានរឿងពីរផ្សេងទៀតពោលគឺសេចក្តីពិសពុល និងសេចក្តីបញ្ឆោត។ មនុស្សភាគច្រើនដែលខ្វះការយល់ដឹងអំពីសេចក្ដីពិត និងខ្វះបទពិសោធ ព្រមទាំងការយល់ដឹង គឺងាយនឹងត្រូវបានបំភាន់ណាស់។ អ្នកគ្រាន់តែអាចត្រូវបានពួកគេបង្ក្រាបប៉ុណ្ណោះ ហើយនៅទីបញ្ចប់ អ្នកនឹងក្លាយជាឈ្លើយរបស់ពួកគេ។ ការក្លាយជាឈ្លើយរបស់ពួកគេ អាចកើតឡើងតាមពីររបៀប៖ ទីមួយ អ្នកមិនអាចយកឈ្នះពួកគេបានទេ ហើយអ្នកមានអារម្មណ៍ថាមិនសុខចិត្តនៅក្នុងចិត្តរបស់អ្នក ប៉ុន្តែដោយសារតែភាពចាំបាច់ អ្នកត្រូវតែចុះចូលនឹងពួកគេដោយផ្ទាល់មាត់ ឬ មានរបៀបមួយទៀត ដែលអ្នកត្រូវបានពួកគេបង្ក្រាបទាំងស្រុង។ នេះគឺដោយសារតែនៅក្នុងធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានអ្វីមួយដែលមនុស្សមិនបានដឹង៖ ពួកគេអាចប្រើប្រាស់មធ្យោបាយ សម្តី វិធីសាស្ត្រ យុទ្ធសាស្ត្រ របៀបរបប និងសេចក្ដីខុសទំនងផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលអ្នកឱ្យស្ដាប់ពួកគេ ដើម្បីធ្វើឱ្យអ្នកជឿថាពួកគេត្រឹមត្រូវ ល្អ និងវិជ្ជមាន ហើយសូម្បីតែពួកគេធ្វើអាក្រក់ បំពានគោលការណ៍សេចក្ដីពិត និងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយក៏ដោយ ក៏នៅទីបញ្ចប់ ពួកគេនឹងបង្វែរស្ថានការណ៍ ហើយធ្វើឱ្យមនុស្សគិតថាពួកគេត្រឹមត្រូវផងដែរ។ ពួកគេមានសមត្ថភាពនេះ។ តើសមត្ថភាពនេះជាអ្វី? គឺការបំភាន់យ៉ាងខ្លាំង។ នេះគឺជាសេចក្តីទុច្ចរិតរបស់ពួកគេ ដែលពួកគេបំភាន់យ៉ាងខ្លាំង។ នៅក្នុងចិត្តរបស់ពួកគេ អ្វីដែលពួកគេចូលចិត្ត មិនចូលចិត្ត ស្អប់ខ្ពើម និងឱ្យតម្លៃ ព្រមទាំងថ្វាយបង្គំ ត្រូវបានបង្កើតឡើងដោយទស្សនៈដែលវៀចវេរមួយចំនួន។ ទស្សនៈទាំងនេះមានផ្ទុកនូវទ្រឹស្ដីមួយចំនួននៅក្នុងនោះ ដែលសុទ្ធសឹងតែជាសេចក្ដីខុសទំនងដែលស្ដាប់ទៅហាក់ដូចជាសមហេតុផល ដែលពិបាកសម្រាប់មនុស្សសាមញ្ញក្នុងការច្រានចោល ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយថែមទាំងអាចបង្ហាញអំណះអំណាងដ៏ស្មុគស្មាញសម្រាប់កំហុសផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។ បើគ្មានតថភាពនៃសេចក្ដីពិតទេ អ្នកមិនអាចបញ្ចុះបញ្ចូលពួកគេ ដោយការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេបានឡើយ។ លទ្ធផលចុងក្រោយគឺថា ពួកគេប្រើប្រាស់ទ្រឹស្ដីទទេរបស់ពួកគេដើម្បីច្រានចោលអ្នក ដោយធ្វើឱ្យអ្នកនិយាយលែងចេញ ហើយបន្តិចម្ដងៗក៏ចុះចាញ់ពួកគេ។ សេចក្តីទុច្ចរិតរបស់មនុស្សបែបនេះ គឺស្ថិតនៅត្រង់ការពិតដែលថា ពួកគេបំភាន់យ៉ាងខ្លាំង។ ច្បាស់ណាស់ ពួកគេគ្មានតម្លៃអ្វីឡើយ ហើយធ្វើឱ្យខូចភារកិច្ចគ្រប់យ៉ាងដែលពួកគេធ្វើ ប៉ុន្តែនៅទីបញ្ចប់ ពួកគេនៅតែអាចបំភាន់មនុស្សមួយចំនួនឱ្យថ្វាយបង្គំពួកគេ «លុតជង្គង់» នៅក្រោមជើងរបស់ពួកគេ និងធ្វើឱ្យមនុស្សក្លាយជាអ្នកស្ដាប់បង្គាប់ពួកគេ។ មនុស្សប្រភេទនេះអាចបង្វែរខុសទៅជាត្រូវ ខ្មៅទៅជាស។ ពួកគេអាចបង្វែរសេចក្ដីពិត និងការនិយាយកុហក ទម្លាក់កំហុសដែលពួកគេបានធ្វើទៅលើអ្នកដទៃ និងយកស្នាដៃពីអំពើល្អរបស់អ្នកដទៃ ហាក់ដូចជាវាជារបស់ពួកគេផ្ទាល់អ៊ីចឹង។ យូរៗទៅ អ្នកនឹងមានភាពច្របូកច្របល់ ដោយមិនដឹងថាពួកគេពិតជាអ្នកណាឡើយ។ ដោយវិនិច្ឆ័យតាមពាក្យសម្ដី សកម្មភាព និងរូបរាងរបស់ពួកគេ អ្នកប្រហែលជាគិតថា៖ «បុគ្គលនេះពិតជាអស្ចារ្យណាស់ ពួកយើងមិនអាចប្រៀបផ្ទឹមនឹងពួកគេបានទេ!» តើនេះមិនមែនជាការត្រូវបានបំភាន់ទេឬ? ថ្ងៃដែលអ្នកត្រូវបានបំភាន់ គឺជាថ្ងៃដែលអ្នកធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់។ តើមនុស្សប្រភេទនេះដែលបំភាន់អ្នកដទៃ មិនទុច្ចរិតពេកទេឬ? នរណាក៏ដោយដែលស្ដាប់ពាក្យសម្ដីរបស់ពួកគេ អាចនឹងត្រូវបានបំភាន់ និងរំខាន ដោយពិបាកនឹងងើបឡើងវិញក្នុងរយៈពេលមួយ។ បងប្អូនប្រុសស្រីមួយចំនួនអាចញែកដឹងពួកគេបាន ហើយមើលឃើញថាពួកគេគឺជាអ្នកបំភាន់ ពួកគេអាចលាតត្រដាង និងបដិសេធពួកគេបាន ប៉ុន្តែអ្នកផ្សេងទៀតដែលត្រូវបានបំភាន់ ថែមទាំងអាចការពារពួកគេទៀតផង ដោយនិយាយថា៖ «ទេ ដំណាក់របស់ព្រះកំពុងតែអយុត្តិធម៌ចំពោះគាត់ហើយ ខ្ញុំត្រូវតែឈរការពារគាត់»។ តើមានបញ្ហាអ្វីនៅទីនេះ? ច្បាស់ណាស់ ពួកគេត្រូវបានបំភាន់ ប៉ុន្តែពួកគេការពារ និងដោះសារឱ្យអ្នកដែលបានបំភាន់ពួកគេ។ តើមនុស្សទាំងនេះមិនមែនជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែដើរតាមមនុស្សទេឬ? ពួកគេអះអាងថាជឿលើព្រះជាម្ចាស់ ប៉ុន្តែហេតុអ្វីបានជាពួកគេថ្វាយបង្គំបុគ្គលនេះយ៉ាងដូច្នេះ ហើយការពារគេជាពិសេស? ប្រសិនបើពួកគេមិនអាចមើលឃើញរឿងដ៏ច្បាស់លាស់បែបនេះទេ តើពួកគេមិនត្រូវបានបំភាន់ដល់កម្រិតណាមួយទេឬ? អាទទឹងនឹងព្រះគ្រីស្ទបានបំភាន់មនុស្សដល់ថ្នាក់ពួកគេលែងមានលក្ខណៈដូចជាមនុស្ស ឬ មានគំនិតចង់ដើរតាមព្រះជាម្ចាស់ទៀតហើយ ផ្ទុយទៅវិញ ពួកគេថ្វាយបង្គំ និងដើរតាមអាទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សទាំងនេះមិនមែនកំពុងក្បត់ព្រះជាម្ចាស់ទេឬ? ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែទ្រង់មិនបានទទួលអ្នកទេ ហើយ អាទទឹងនឹងព្រះគ្រីស្ទបានទទួលដួងចិត្តរបស់អ្នក ហើយអ្នកដើរតាមពួកគេដោយអស់ពីចិត្ត នោះវាបញ្ជាក់ថា គេបាននាំអ្នកចេញពីដំណាក់របស់ព្រះជាម្ចាស់ហើយ។ នៅពេលអ្នកចាកចេញពីការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ ចេញពីដំណាក់របស់ព្រះជាម្ចាស់ អាទទឹងនឹងព្រះគ្រីស្ទអាចគ្រប់គ្រងដោយកល និងលេងសើចជាមួយអ្នកតាមដែលគេចង់បាន។ នៅពេលគេលេងសើចជាមួយអ្នករួចរាល់ គេនឹងមិនត្រូវការអ្នកទៀតទេ ហើយគេនឹងបន្តទៅបំភាន់អ្នកដទៃទៀត។ ប្រសិនបើអ្នកនៅតែបន្តស្ដាប់ពាក្យសម្ដីរបស់គេ ហើយមានតម្លៃឱ្យគេកេងប្រវ័ញ្ច គេប្រហែលជាអនុញ្ញាតឱ្យអ្នកដើរតាមមួយរយៈទៀត។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគេលែងមើលឃើញតម្លៃណាមួយក្នុងការកេងប្រវ័ញ្ចពីអ្នកទៀត ប្រសិនបើគេលែងយកចិត្តទុកដាក់ចំពោះអ្នកទៀត នោះគេនឹងបោះបង់អ្នកចោល។ តើអ្នកនៅតែអាចត្រឡប់មកជឿលើព្រះជាម្ចាស់វិញបានដែរឬទេ? (ទេ មិនអាចទេ។) ហេតុអ្វីបានជាអ្នកមិនអាចជឿបានទៀត? ពីព្រោះសេចក្ដីជំនឿដំបូងរបស់អ្នកបានបាត់បង់ទៅហើយ វាបានរលាយបាត់ទៅហើយ។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងធ្វើបាបមនុស្ស។ ពួកគេប្រើប្រាស់ចំណេះដឹង និងការសិក្សាដែលមនុស្សថ្វាយបង្គំ រួមជាមួយនឹងអំណោយទានរបស់ពួកគេ ដើម្បីបំភាន់ និងគ្រប់គ្រងមនុស្ស ដូចជាសាតាំងបានបំភាន់អ័ដាម និងអេវ៉ាអ៊ីចឹង។ ទោះបីជាសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទជាអ្វីក៏ដោយ ទោះបីជាពួកគេចូលចិត្ត ស្អប់ខ្ពើម និងឱ្យតម្លៃអ្វីនៅក្នុងសារជាតិធម្មជាតិរបស់ពួកគេក៏ដោយ ក៏មានរឿងមួយដែលច្បាស់លាស់ដែរ៖ អ្វីដែលពួកគេចូលចិត្ត និងអ្វីដែលពួកគេប្រើដើម្បីបំភាន់មនុស្ស គឺប្រឆាំងនឹងសេចក្ដីពិត មិនមានពាក់ព័ន្ធអ្វីទាល់តែសោះនឹងសេចក្ដីពិត ហើយប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ពោលគឺ រឿងនេះគឺច្បាស់ណាស់។ ចូរចងចាំរឿងនេះ៖ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់បានឡើយ។
ចូរប្រាប់ខ្ញុំមក តើមនុស្សប្រភេទណាដែលបង្ហាញពីសញ្ញា និងលក្ខណៈសម្គាល់នៃសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (មនុស្សដែលមានអំណោយទាន។) តើមាននរណាទៀត? (អស់អ្នកដែលចូលចិត្តអួតសម្ញែង។) អស់អ្នកដែលចូលចិត្តអួតសម្ញែង គឺមិនទាន់ទុច្ចរិតគ្រប់គ្រាន់នោះទេ។ ទោះបីជាពួកគេប្រហែលជាចូលចិត្តអួតសម្ញែងក៏ដោយ ក៏ពួកគេមិនមានបំណងប្រាថ្នាចង់គ្រប់គ្រងអ្នកដទៃដែរ ពួកគេមិនទាន់ឈានដល់កម្រិតនោះទេ ពោល នេះគឺជានិស្ស័យពុករលួយ។ ចូរពិចារណាឱ្យបានល្អិតល្អន់៖ តើមនុស្សណាខ្លះដែលបង្ហាញពីសញ្ញា និងលក្ខណៈសម្គាល់ ដែលអនុញ្ញាតឱ្យអ្នករកឃើញតាំងពីដំបូង តាមរយៈឥរិយាបថ និងការបង្ហាញផ្សេងៗនៅក្នុងពួកគេ ថាមនុស្សចង្រៃនេះគឺជាអាទទឹងនឹងព្រះគ្រីស្ទ? (មនុស្សក្រអឺតក្រទមដែលស្រឡាញ់ឋានៈ។) ភាពក្រអឺតក្រទម និងការស្រឡាញ់ឋានៈ មានទំនាក់ទំនងខ្លះៗដែរ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេ។ ចាំខ្ញុំនិយាយអំពីរឿងមួយ ហើយអ្នករាល់គ្នាស្តាប់ និងមើលថាតើចំណុចនេះសំខាន់ដែរឬទេ។ មនុស្សមួយចំនួនតែងតែលើកឡើងនូវទស្សនៈដែលខុសពីសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន។ មើលពីសំបកក្រៅ វាអាចហាក់ដូចជាពួកគេតែងតែចង់ទាក់ទាញចំណាប់អារម្មណ៍ និងធ្វើខ្លួនឱ្យលេចធ្លោជាងគេ ប៉ុន្តែវាមិនប្រាកដថាអ៊ីចឹងនោះទេ។ វាអាចមកពីទស្សនៈរបស់ពួកគេ ដែលបង្កើតឱ្យមានឥរិយាបថខាងក្រៅបែបនេះ។ តាមការពិត ប្រសិនបើពួកគេពិតជាប្រកាន់ខ្ជាប់នូវទស្សនៈបែបនេះមែន នោះវានឹងមានបញ្ហាធ្ងន់ធ្ងរមិនខាន។ ឧទាហរណ៍ នៅពេលមនុស្សគ្រប់គ្នាកំពុងប្រកបគ្នារួមគ្នា ដោយនិយាយថា៖ «យើងត្រូវតែទទួលយករឿងនេះពីព្រះជាម្ចាស់។ ប្រសិនបើយើងមិនយល់ទេ យើងគួរតែចុះចូលសិន» ហើយមនុស្សគ្រប់គ្នាយល់ស្របនឹងរឿងនេះ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (មែនហើយ។) តើគោលការណ៍នៃការអនុវត្តនេះខុសឆ្គងដែរឬទេ? (ទេ។) ចុះតើមនុស្សនិយាយពាក្យសម្ដីបែបណា ដែលបង្ហាញថាពួកគេមានសញ្ញា និងលក្ខណៈសម្គាល់នៃនិស្ស័យទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទ? «ការចុះចូលគឺជារឿងមួយ ប៉ុន្តែអ្នកត្រូវតែយល់ពីអ្វីដែលកំពុងកើតឡើង តើមែនទេ? ត្រូវចាត់ទុករឿងគ្រប់យ៉ាងឱ្យបានម៉ត់ចត់ តើមែនទេ? អ្នកមិនអាចចុះចូលដោយងងឹតងងល់បានទេ ព្រះមិនតម្រូវឱ្យយើងចុះចូលផ្ដេសផ្ដាសឡើយ»។ តើនេះមិនមែនជាប្រភេទនៃការដេញដោលទេឬ? (មែនហើយ។) មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើមានរឿងអ្វីមួយដែលយើងមិនយល់ យើងអាចរង់ចាំដោយអត់ធ្មត់ ដោយស្វែងរកការប្រកបគ្នាជាមួយអ្នកដែលយល់។ ពេលនេះ ពួកយើងគ្មាននរណាម្នាក់យល់ទេ ហើយយើងក៏រកមិនឃើញនរណាដែលយល់ ដើម្បីប្រកបគ្នាជាមួយដែរ។ ដូច្នេះ ចូរយើងចុះចូលសិនចុះ»។ តើទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? «អ្នករាល់គ្នាដែលជាមនុស្សទន់ខ្សោយ ចុះចូលនឹងរឿងគ្រប់យ៉ាង ហើយស្ដាប់តាមព្រះក្នុងរឿងគ្រប់យ៉ាង។ ស្ដាប់ខ្ញុំនេះ! ហេតុអ្វីបានជាគ្មាននរណាម្នាក់លើកឡើងពីខ្ញុំសោះ? ចាំខ្ញុំបង្ហាញមតិដ៏ស៊ីជម្រៅមួយដល់អ្នក!» ពួកគេចង់ចែករំលែកទស្សនៈខ្ពង់ខ្ពស់របស់ពួកគេ។ ពួកគេប្រឆាំងនឹងមនុស្សដែលអនុវត្តសេចក្ដីពិត ប្រឆាំងនឹងពួកគេដែលប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត។ ពួកគេតែងតែចង់តម្កើងខ្លួន រករឿងឈ្លោះ ប្រើល្បិចកលអាក្រក់ ចែករំលែកទស្សនៈខ្ពង់ខ្ពស់ និងធ្វើឱ្យមនុស្សមើលមកពួកគេក្នុងផ្លូវផ្សេង។ តើនេះមិនមែនជាសញ្ញានៃនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើនេះមិនមែនជាលក្ខណៈសម្គាល់របស់ពួកគេទេឬ? ហេតុអ្វីបានជាការដែលមនុស្សគ្រប់គ្នាចុះចូល គឺជារឿងខុសឆ្គង? សូម្បីតែពួកគេចុះចូលដោយល្ងង់ខ្លៅក៏ដោយ ពោល តើនេះខុសឆ្គងដែរឬទេ? តើព្រះជាម្ចាស់នឹងថ្កោលទោសរឿងនេះដែរឬទេ? (ទេ ទ្រង់មិនថ្កោលទោសទេ។) ព្រះជាម្ចាស់មិនថ្កោលទោសរឿងនេះឡើយ។ តើពួកគេមានសិទ្ធិអ្វីមករំខាន និងធ្វើឱ្យវឹកវរនោះ? នៅពេលពួកគេឃើញមនុស្សចុះចូលនឹងព្រះជាម្ចាស់ តើពួកគេមានអារម្មណ៍ខឹងសម្បានៅក្នុងចិត្តដែរឬទេ? នៅពេលពួកគេឃើញមនុស្សចុះចូលនឹងព្រះជាម្ចាស់ នៅក្នុងចិត្ត ពួកគេមានអារម្មណ៍ថ្នាំងថ្នាក់ចិត្ត មិនពេញចិត្តដែលពួកគេមិនទទួលបានផលប្រយោជន៍អ្វីសោះ ដែលមនុស្សមិនស្ដាប់បង្គាប់ពួកគេ មិនស្ដាប់ពួកគេ មិនស្វែងរកដំបូន្មានពីពួកគេ ហើយពួកគេក៏ក្លាយជាមិនសប្បាយចិត្ត ពោលគឺ ពួកគេទាស់ទទឹងនៅក្នុងចិត្ត ដោយគិតថា៖ «តើអ្នកចុះចូលនឹងនរណា? តើអ្នកចុះចូលនឹងសេចក្ដីពិតឬ? ការចុះចូលនឹងសេចក្ដីពិតគឺជារឿងល្អហើយ ប៉ុន្តែយើងត្រូវតែសិក្សាវា។ ដូច្នេះ តើសេចក្ដីពិតគឺជាអ្វី? តើអ្នកចុះចូលបានត្រឹមត្រូវដែរឬទេ? តើអ្នកមិនគួរយល់ពីដំណើររឿងឱ្យបានច្បាស់លាស់ទេឬ?» តើនេះមិនមែនជាការដេញដោលរបស់ពួកគេទេឬ? តើពួកគេកំពុងព្យាយាមធ្វើអ្វី? ពួកគេចង់ធ្វើឱ្យមានភាពវឹកវរ ដើម្បីបំភាន់មនុស្ស។ មនុស្សស្ពឹកស្រពន់ យឺតយ៉ាវ និងល្ងង់ខ្លៅមួយចំនួន ពេលបានឮដូច្នេះ ក៏ត្រូវបានបំភាន់ ចំណែកឯអ្នកដែលមានការញែកដឹង ក៏តបតទៅពួកគេវិញ ដោយនិយាយថា៖ «តើអ្នកកំពុងព្យាយាមធ្វើអ្វី? តើអ្នកច្រណែ និងនឈ្នានីសដែលខ្ញុំចុះចូលនឹងព្រះជាម្ចាស់ឬ? អ្នកមិនសប្បាយចិត្តទេនៅពេលខ្ញុំចុះចូលនឹងព្រះជាម្ចាស់ ប៉ុន្តែពេញចិត្តនៅពេលដែលខ្ញុំស្ដាប់បង្គាប់អ្នក? តើវាត្រឹមត្រូវតែប្រសិនបើ មនុស្សគ្រប់គ្នាស្ដាប់បង្គាប់អ្នក ស្ដាប់អ្នក និងធ្វើតាមអ្វីដែលអ្នកនិយាយឬ? តើអ្វីដែលអ្នកនិយាយ ស្របតាមសេចក្ដីពិតដែរឬទេ?» ពេលឃើញដូច្នេះ ពួកគេគិតថា៖ «មនុស្សមួយចំនួនមានការញែកដឹង—ខ្ញុំនឹងរង់ចាំសិន»។ សរុបមក នៅពេលមនុស្សគ្រប់គ្នាកំពុងអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត ពួកគេអន្ទះសាចង់លោតចេញមក។ កាលណាមនុស្សគ្រប់គ្នាកាន់តែចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការរៀបចំចាត់ចែងនៃដំណាក់របស់ព្រះជាម្ចាស់ អនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោះស្រាយបញ្ហាស្របតាមការរៀបចំចាត់ចែងការងារ និងគោលការណ៍ នោះពួកគេកាន់តែមានអារម្មណ៍មិនស្រួល មិនសប្បាយចិត្ត និងខ្វាយខ្វល់។ នេះគឺជាសញ្ញានៃសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ឱ្យតែមនុស្សគ្រប់គ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អនុវត្តសេចក្ដីពិត និងដោះស្រាយបញ្ហាស្របតាមគោលការណ៍ ពួកគេមានអារម្មណ៍មិនស្រួល និងរសាប់រសល់។ តើនេះមិនមែនជាបញ្ហាទេឬ? (មែនហើយ។) ប្រសិនបើគ្មាននរណាម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ឬ ប្រសិនបើពួកគេអាន ហើយមិនប្រកបគ្នាអំពីព្រះបន្ទូលទាំងនោះទេ ប្រសិនបើពួកគេគ្រាន់តែស្ដាប់ពួកទទឹងនឹងព្រះគ្រីស្ទ នោះពួកគេត្រេកអរណាស់។ តើនេះបង្ហាញពីបញ្ហាអ្វី? ពួកគេមិនដែលប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ឱ្យតែមនុស្សគ្រប់គ្នាកំពុងប្រកបគ្នាដោយស្ងប់ស្ងាត់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកទទឹងនឹងព្រះគ្រីស្ទឃើញថាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះពួកគេ ថាអ្នកទាំងនោះមិនស្ដាប់ពួកគេ ថាពួកគេមិនអាចទទួលបានការថ្វាយបង្គំពីមនុស្ស ឋានៈរបស់ពួកគេត្រូវបានគំរាមកំហែង ហើយពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ ពោលគឺ នោះហើយជាពេលដែលពួកគេចូលមករំខាន និងធ្វើឱ្យវឹកវរ ដោយលើកឡើងនូវសេចក្ដីខុសឆ្គង ឬ សេចក្ដីខុសទំនង ដើម្បីបំភាន់ និងរំខានអ្នក ធ្វើឱ្យអ្នកមិនប្រាកដថា អ្វីដែលអ្នកទើបតែបានពិភាក្សា គឺត្រូវ ឬខុស។ ស្របពេលដែលមនុស្សគ្រប់គ្នាទីបំផុតបានយល់ពីរឿងអ្វីមួយតាមរយៈការប្រកបគ្នា ពួកគេក៏និយាយពាក្យសម្ដីរបស់អារក្សពីរបីម៉ាត់ ដើម្បីធ្វើឱ្យវឹកវរ។ តើនេះមិនមែនជានិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើនិស្ស័យទុច្ចរិតនេះ ត្រូវគ្នានឹងការបង្ហាញចេញមួយណា? (ការប្រទូសរ៉ាយនឹងសេចក្ដីពិត។) ត្រឹមត្រូវហើយ។ កាលណាមនុស្សគ្រប់គ្នាកាន់តែយល់ពីសេចក្ដីពិត ពួកគេកាន់តែមានអារម្មណ៍មិនសប្បាយចិត្ត។ តើនេះមិនមែនជាការប្រទូសរ៉ាយនឹងសេចក្ដីពិតទេឬ? តើនេះមិនត្រូវគ្នាទេឬ? (មែនហើយ។) តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សបែបនេះដែរឬទេ? ខណៈពេលមនុស្សគ្រប់គ្នាកំពុងប្រកបគ្នាអំពីរឿងអ្វីមួយ ពួកគេនៅស្ងៀមអស់រយៈពេលយ៉ាងយូរ។ ទីបំផុត នៅពេលមានភាពច្បាស់លាស់ខ្លះៗនៅក្នុងការប្រកបគ្នា ពួកគេក៏លេចមុខមក ហើយបន្ទាប់ពីលេចមុខមក ពួកគេក៏លើកឡើងនូវសំណួរដ៏លំបាកមួយ ដើម្បីធ្វើឱ្យមនុស្សទាំងនេះជួបការលំបាក។ បំណងរបស់ពួកគេគឺចង់និយាយថា៖ «ចាំខ្ញុំបង្ហាញអ្នករាល់គ្នា ខ្ញុំនឹងឱ្យអ្នករាល់គ្នាឃើញពីអ្វីដែលខ្ញុំអាចធ្វើបាន! អ្នករាល់គ្នាប្រកបគ្នាអំពីសេចក្ដីពិត អ្នករាល់គ្នាមិនស្ដាប់ខ្ញុំ អ្នករាល់គ្នាមិនអើពើនឹងខ្ញុំ អ្នករាល់គ្នាមិនខ្វល់ពីខ្ញុំ ហើយអ្នករាល់គ្នាមិនយកចិត្តទុកដាក់ចំពោះខ្ញុំ ដូច្នេះ ខ្ញុំនឹងចោទសួរនូវសំណួរដ៏លំបាកមួយ ឱ្យអ្នករាល់គ្នាប្រកបគ្នា ហើយធ្វើឱ្យអ្នករាល់គ្នាច្របូកច្របល់ទាំងអស់គ្នា!» តើនេះមិនមែនជាអារក្សទេឬ? (មែនហើយ។) នេះគឺជាអារក្ស ជាបុគ្គលទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។
មនុស្សមួយចំនួន រាល់ពេលពួកគេឮថាមាននរណាម្នាក់អវិជ្ជមាន ឬ ទន់ខ្សោយ ពួកគេមានអារម្មណ៍សប្បាយចិត្តជាខ្លាំង។ ជាពិសេស នៅពេលពួកគេឃើញនរណាម្នាក់រំខានដល់ជីវិតពួកជំនុំ នរណាម្នាក់ធ្វើរឿងអាក្រក់ដើម្បីធ្វើឱ្យកិច្ចការរបស់ពួកជំនុំធ្លាក់ចូលក្នុងភាពវឹកវរ ឬ ឃើញនរណាម្នាក់ធ្វើឱ្យមានភាពវឹកវរដោយងងឹតងងល់ គឺ ពួកគេមានអារម្មណ៍ត្រេកអរជាខ្លាំង ដោយចង់តែដុតកាំជ្រួច និងអបអរសាទរប៉ុណ្ណោះ។ តើមនុស្សបែបនេះមានបញ្ហាអ្វី? ហេតុអ្វីបានជាពួកគេត្រេកអរនឹងភាពអកុសលរបស់អ្នកដទៃម្ល៉េះ? ហេតុអ្វីបានជា នៅពេលដ៏សំខាន់នេះ ពួកគេមិនអាចឈរនៅខាងព្រះជាម្ចាស់ ដោយការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បាន? តើមនុស្សបែបនេះមិនមែនជាពួកមិនជឿទេឬ? តើពួកគេមិនមែនជាអ្នកបម្រើសាតាំងទេឬ? អ្នករាល់គ្នាគួរតែឆ្លុះបញ្ចាំងថាតើអ្នកមានឥរិយាបថបែបនេះដែរឬទេ ហើយក៏ត្រូវពិនិត្យមើលថាតើមានមនុស្សបែបនេះនៅជុំវិញអ្នកដែរឬទេ ព្រមទាំងមើលពីរបៀបញែកដឹងមនុស្សបែបនេះ ជាពិសេសនៅពេលអ្នកឃើញមនុស្សអាក្រក់ធ្វើអំពើអាក្រក់ ពោលគឺ តើអាកប្បកិរិយារបស់អ្នករាល់គ្នាគឺជាអ្វី? តើអ្នកគ្រាន់តែជាអ្នកឈរមើលដែលរីករាយនឹងទស្សនីយភាពនេះ ឬ ក៏អ្នកអាចនឹងដើរតាមផ្លូវនេះដែរ? តើអ្នកជាមនុស្សបែបនេះឬ? មនុស្សមួយចំនួនមិនព្រមឆ្លុះបញ្ចាំងពីខ្លួនឯងតាមរបៀបនេះឡើយ។ ពួកគេមិនចូលចិត្តឃើញចំណុចល្អនៅក្នុងមនុស្សទេ ពួកគេចូលចិត្តនៅពេលមនុស្សគ្រប់គ្នាអន់ជាងពួកគេ គឺនោះហើយជាពេលដែលពួកគេមានអារម្មណ៍សប្បាយចិត្ត។ ឧទាហរណ៍ នៅពេលពួកគេឃើញនរណាម្នាក់ដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ត្រូវបានលួសកាត់ ឬ នៅពេលនរណាម្នាក់ដែលពិតជាជឿលើព្រះជាម្ចាស់ ប្រព្រឹត្តអំពើរំលង ពួកគេលួចត្រេកអរនៅក្នុងចិត្ត ហើយនិយាយថា៖ «ហ៊ឺស ថ្ងៃរបស់អ្នកក៏បានមកដល់ដែរ។ អ្នកបានលះបង់ខ្លួនដើម្បីព្រះ តើវាផ្តល់លទ្ធផលយ៉ាងណាដែរសម្រាប់អ្នក? អ្នករងភាពអយុត្តិធម៌ តើមែនទេ? អ្នកបានរងការខាតបង់ តើមែនទេ? តើការលះបង់ខ្លួនមានប្រយោជន៍អ្វីទៅ? អ្នកតែងតែនិយាយការពិត ហើយឥឡូវនេះ អ្នកកំពុងត្រូវបានលួសកាត់ តើមែនទេ? អ្នកសមនឹងទទួលបានវាហើយ!» ហេតុអ្វីបានជាពួកគេត្រេកអរម្ល៉េះ? តើពួកគេមិនមែនកំពុងស្វែងរកសេចក្ដីអំណរពីភាពអកុសលរបស់អ្នកដទៃទេឬ? តើមនុស្សបែបនេះមិនមែនមានចិត្តគំនិតខុសឆ្គងទេឬ? នៅពេលពួកគេឃើញនរណាម្នាក់បង្កការរំខាននៅក្នុងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេសប្បាយចិត្ត។ នៅពេលពួកគេឃើញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់ ពួកគេសប្បាយចិត្ត។ តើអ្វីទៅដែលធ្វើឱ្យពួកគេសប្បាយចិត្ត? ពួកគេគិតថា៖ «ទីបំផុត មាននរណាម្នាក់ដែលមិនស្រឡាញ់សេចក្ដីពិតដូចជាខ្ញុំ បានធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះ ហើយពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯងទាល់តែសោះ»។ នោះហើយជាអ្វីដែលធ្វើឱ្យពួកគេសប្បាយចិត្ត។ តើនេះមិនទុច្ចរិតទេឬ? (មែនហើយ។) វាទុច្ចរិតខ្លាំងណាស់! តើមានមនុស្សបែបនេះក្នុងចំណោមអ្នករាល់គ្នាដែរឬទេ? មានមនុស្សមួយចំនួនដែលមិនសូវច្រៀងលេងទេភាគច្រើន ប៉ុន្តែភ្លាមៗនៅពេលពួកគេឃើញនរណាម្នាក់ធ្វើខុស ពួកគេស្រាប់តែចាប់ផ្ដើមច្រៀង រេខ្លួនចុះឡើង មើលទៅសប្បាយចិត្តជាខ្លាំង ហើយគិតថា៖ «ថ្ងៃនេះ ទីបំផុតខ្ញុំមានដំណឹងល្អខ្លះហើយ។ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំនឹងហូបបាយថែមពីរចានទៀត!» តើនេះជានិស្ស័យប្រភេទណា? គឺសេចក្តីទុច្ចរិត។ ពួកគេនឹងមិនស្រក់ទឹកភ្នែកមួយតំណក់ ឬ មានអារម្មណ៍សោកសៅសូម្បីតែមួយវិនាទី ដោយសារតែផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បានរងការខាតបង់ឡើយ។ ពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯង គ្មានសេចក្ដីសោកសៅ ឬការឈឺចាប់ឡើយ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍សប្បាយចិត្ត និងស្កប់ស្កល់ ពីព្រោះកំហុសរបស់នរណាម្នាក់បានបណ្ដាលឱ្យមានការខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងនាំភាពអាម៉ាស់ដល់ព្រះនាមរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាសេចក្តីទុច្ចរិតទេឬ? តើនេះមិនមែនជាសញ្ញានៃការមានធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? នេះក៏ជាសញ្ញាមួយដែរ។
គេនិយាយថា មនុស្សមួយចំនួននៅក្នុងក្រុមផ្សាយដំណឹងល្អ គឺជាអ្នកនិយាយដែលមានវោហារសាស្ត្រ។ ពួកគេបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ ហើយបានសង្ខេបនូវគោលលទ្ធិមួយឈុត ពួកគេពោរពេញទៅដោយការអួតអាងនៅគ្រប់ទីកន្លែងដែលពួកគេទៅ មិនដែលទាល់តម្រិះរកពាក្យនិយាយមិនចេញឡើយនៅពេលពួកគេផ្សាយ ដែលនេះបង្ហាញយ៉ាងពេញលេញពីអំណោយទាន និងវោហារសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សមួយចំនួនឃើញបុគ្គលបែបនេះថាមានសមត្ថភាពណាស់ ហើយក៏សម្រេចចិត្តដើរតាមពួកគេ។ តើទីបំផុតពួកគេនិយាយអ្វី? «ពួកយើងស្ដាប់ការប្រកបគ្នារបស់បុគ្គលនោះ ដូច្នេះ យើងមិនចាំបាច់ស្ដាប់សេចក្ដីអធិប្បាយពីខាងលើទេ ហើយយើងក៏មិនចាំបាច់ស្ដាប់ព្រះបន្ទូលរបស់ព្រះដែរ។ ការប្រកបគ្នារបស់បុគ្គលនោះ ជំនួសរឿងទាំងនេះហើយ»។ តើមនុស្សទាំងនេះមិនកំពុងស្ថិតក្នុងគ្រោះថ្នាក់ទេឬ? (មែនហើយ។) មនុស្សទាំងនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង។ ពួកគេស្រឡាញ់សកម្មភាព និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏ដូចជាសេចក្តីព្រហើន ភាពព្រៃផ្សៃ និងសេចក្តីទុច្ចរិតរបស់ពួកគេ។ ពួកគេស្រឡាញ់អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ ហើយស្អប់ខ្ពើមអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើម។ ពួកគេស្រឡាញ់ចំណេះដឹង ការសិក្សា គោលលទ្ធិ និងទ្រឹស្ដីខាងសាសនវិទ្យា សេចក្ដីខុសឆ្គង និងសេចក្ដីខុសទំនងផ្សេងៗ ដែលពួកទទឹងនឹងព្រះគ្រីស្ទផ្សាយ។ ពួកគេថ្វាយបង្គំរឿងទាំងនេះ។ តើពួកគេថ្វាយបង្គំរឿងទាំងនេះដល់កម្រិតណា? សូម្បីតែនៅក្នុងសុបិនរបស់ពួកគេនៅពេលយប់ ក៏ពួកគេនិយាយពាក្យទាំងនេះដែរ។ តើនេះធ្ងន់ធ្ងរដែរឬទេ? នៅពេលការថ្វាយបង្គំរបស់ពួកគេឈានដល់កម្រិតនេះ តើមនុស្សទាំងនេះនៅតែអាចដើរតាមព្រះជាម្ចាស់បានដែរឬទេ? អ្នកខ្លះប្រហែលជានិយាយថា៖ «នោះគឺខុសហើយ។ ពួកគេនៅតែនៅក្នុងពួកជំនុំ ពួកគេនៅតែជឿលើព្រះជាម្ចាស់»។ ពួកគេគ្រាន់តែមិនទាន់មានឱកាសប៉ុណ្ណោះ។ ពេលដែលពួកគេរកឃើញបុគ្គល ឬវត្ថុដែលពួកគេចង់ថ្វាយបង្គំ ពួកគេអាចចាកចេញពីព្រះជាម្ចាស់នៅពេលណាក៏បាន។ តើនេះមិនមែនជាសញ្ញានៃការមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? (មែនហើយ។) តើអ្នករាល់គ្នាអាចញែកដឹងមនុស្សបែបនេះបានទេ នៅពេលដែលអ្នករាល់គ្នាឃើញពួកគេ? (មែនហើយ ពួកយើងអាចធ្វើបាន។) កាលពីមុន អ្នកប្រហែលជាមិនបានដឹងពីធម្មជាតិដ៏ធ្ងន់ធ្ងរនៃរឿងបែបនេះទេ។ ឥឡូវនេះ នៅពេលអ្នករាល់គ្នាជួបមនុស្សបែបនេះម្ដងទៀត តើអ្នករាល់គ្នានៅតែមានចម្ងល់នៅក្នុងចិត្តអំពីពួកគេដែរឬទេ? តើអ្នករាល់គ្នានឹងមិនអើពើនឹងពួកគេដែរឬទេ? (ទេ ពួកយើងនឹងមិនធ្វើបែបនោះទេ។) ដូច្នេះ តើអ្នករាល់គ្នាទទួលបានការញែកដឹងខ្លះៗទាក់ទងនឹងមនុស្សបែបនេះដែរឬទេ? (មែនហើយ ខ្ញុំទទួលបាន។) ទាំងនេះគឺជាសញ្ញា និងព័ត៌មានមួយចំនួនដែលពួកគេបញ្ចេញឱ្យឃើញ។ ពោលគឺ ពេលដែលមនុស្សទាំងនេះមានឱកាស ឬ ឋានៈ ឬ មាននរណាម្នាក់បំភាន់ពួកគេ ពួកគេអាចក្បត់ព្រះជាម្ចាស់គ្រប់ពេលវេលា គ្រប់ទីកន្លែង។ តើមនុស្សអាចមើលឃើញការបញ្ចេញឱ្យឃើញ និងសារជាតិទុច្ចរិតរបស់ពួកគេដែរឬទេ? តើមានដានខ្លះៗដែលមនុស្សអាចមើលឃើញដែរឬទេ? (មែនហើយ មាន។) វាគួរតែមានហើយ។ ប្រសិនបើខ្ញុំមិនបានលើកឡើងពីរឿងទាំងនេះទេ អ្នករាល់គ្នាប្រហែលជាគិតថា៖ «តើនរណាបង្ហាញពីលក្ខណៈសម្គាល់ទាំងនេះ? តើនរណាបើកឱ្យដឹងសញ្ញាទាំងនេះ? គ្មាននរណាម្នាក់ទេ ខ្ញុំមិនដែលឃើញនរណាម្នាក់សោះ»។ តាមរយៈការពិភាក្សារបស់ខ្ញុំអំពីសញ្ញាទាំងនេះ តើអ្នករាល់គ្នាមិនបានរកឃើញថាមានមនុស្សបែបនេះទេឬ? អ្នកខ្លះក្នុងចំណោមពួកគេគឺជាអ្នកដើរតាម ហើយអ្នកខ្លះទៀតគឺជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ នេះគឺជាសញ្ញាទីបីនៃការមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
មនុស្សដែលមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានសញ្ញាដ៏លេចធ្លោមួយទៀត ដែលពួកគេទាំងអស់គ្នាមានដូចគ្នា។ មនុស្សទាំងនេះ ក្រោមរូបភាពបោកបញ្ឆោតថាស្រឡាញ់សេចក្ដីពិត និងប្រាថ្នាចង់បានផ្លូវពិត បានមកស្ដាប់សេចក្ដីអធិប្បាយ រៀនសូត្រចំណេះដឹង និងខ្លឹមសារផ្សេងៗដែលទាក់ទងនឹងសេចក្ដីពិត ហើយបំពាក់បំប៉នទ្រឹស្ដី និងចំណេះដឹងខាងសាសនវិទ្យា បន្ទាប់មក ពួកគេប្រើប្រាស់ទ្រឹស្ដី និងចំណេះដឹងទាំងនេះ ដើម្បីប្រកែកគ្នាដោយពាក្យសម្ដីជាមួយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដោយប្រើប្រាស់វាដើម្បីថ្កោលទោសបុគ្គលមួយចំនួន ដើម្បីបំភាន់ និងបញ្ចុះបញ្ចូលអ្នកដទៃ ហើយសូម្បីតែផ្ដល់អ្វីដែលហៅថាការផ្គត់ផ្គង់ ការជួយជ្រោមជ្រែង និងការស្រោចស្រពដល់មនុស្សមួយចំនួនផងដែរ។ ទោះជាយ៉ាងនេះក្តី មានចំណុចមួយដែលបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនមែនជាអ្នកស្រឡាញ់សេចក្ដីពិតឡើយ។ តើចំណុចនោះគឺជាអ្វី? នោះគឺទោះបីជាមនុស្សទាំងនេះបំពាក់បំប៉នខ្លួនឯង និងផ្សាយ យ៉ាងណាក៏ដោយ ក៏ពួកគេគ្រាន់តែនិយាយ និងពោលពាក្យសម្ដី ដោយគ្រាន់តែបំពាក់បំប៉នខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលដោះស្រាយបញ្ហាស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ តើពាក្យថា «មិនដែល» បង្ហាញពីអ្វី? វាមានន័យថា ពួកគេមិនអាចនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ មិនដែលស្មោះត្រង់ ហើយមិនដែលលះបង់ដើម្បីបោះបង់ចោលផលប្រយោជន៍នៃឋានៈឡើយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ពេលដែលពួកគេនិយាយ និងធ្វើសកម្មភាព ពួកគេតែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ទោះបីជាមើលពីសំបកក្រៅ ពួកគេហាក់ដូចជាលះបង់ និងស្រឡាញ់សេចក្ដីពិតយ៉ាងណាក៏ដោយ ក៏សារជាតិទុច្ចរិតរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល។ តើបញ្ហានៅត្រង់ណា? ក្នុងទិដ្ឋភាពមួយ មនុស្សទាំងនេះមិនដែលស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងសកម្មភាពរបស់ពួកគេឡើយ។ ក្នុងទិដ្ឋភាពមួយទៀត សូម្បីតែពួកគេដឹងពីគោលការណ៍សេចក្ដីពិត និងផ្លូវនៃការអនុវត្តក៏ដោយ ក៏ពួកគេមិនអនុវត្តតាមផងដែរ។ នេះគឺជាសញ្ញាដែលបង្ហាញថា ពួកគេមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថាពួកគេមានឋានៈ ឬអត់នោះទេ ហើយមិនថាពួកគេបំពេញភារកិច្ចផ្សាយដំណឹងល្អ ឬជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនោះទេ តើលក្ខណៈរបស់ពួកគេគឺជាអ្វី? ពួកគេអាចត្រឹមតែនិយាយគោលលទ្ធិដែលត្រឹមត្រូវប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលធ្វើរឿងដែលត្រឹមត្រូវឡើយ។ នោះហើយជាលក្ខណៈរបស់ពួកគេ។ ពួកគេនិយាយគោលលទ្ធិបានច្បាស់ជាងអ្នកណាៗទាំងអស់ ប៉ុន្តែពួកគេធ្វើកិច្ចការបានអន់ជាងអ្នកណាៗទាំងអស់ ពោល តើនេះមិនទុច្ចរិតទេឬ? នេះគឺជាសញ្ញាទីបួននៃការមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចូរពិនិត្យមើលដោយខ្លួនឯងចុះ ហើយវាយតម្លៃថាតើមានមនុស្សជាច្រើននៅជុំវិញអ្នករាល់គ្នា ដែលមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ។ បន្ទាប់ពីខ្ញុំបានរៀបរាប់ពីរឿងទាំងនេះហើយ អ្នករាល់គ្នាអាចវាយតម្លៃបានថា តើមានមនុស្សបែបនេះច្រើនគួរសមនៅជុំវិញអ្នករាល់គ្នាដែរឬទេ។ តើពួកគេមានចំនួនប៉ុន្មានភាគរយ? តើមានពួកអ្នកដឹកនាំច្រើនជាង ឬ អ្នកជឿធម្មតាច្រើនជាង? តើកាលពីមុន អ្នករាល់គ្នាមួយចំនួនមិនបានគិតថា មានតែពួកអ្នកដឹកនាំទេដែលមានឱកាសក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? (កាលពីមុនគឺបែបនេះមែន។) ដូច្នេះ តើទស្សនៈនេះបានផ្លាស់ប្ដូរហើយឬនៅ នាពេលឥឡូវនេះ? ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយសារតែពួកគេមានឋានៈនោះទេ ពួកគេគឺជាមនុស្សចង្រៃនេះតាំងពីពេលដែលពួកគេមិនទាន់មានឋានៈមកម៉្លេះ។ គ្រាន់តែថា ដោយចៃដន្យ ពួកគេបានទទួលតំណែងជាអ្នកដឹកនាំ ហើយមុខមាត់ពិតរបស់ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ ក៏ត្រូវបានលាតត្រដាងយ៉ាងឆាប់រហ័ស ដូចជាផ្សិតដែលទទួលបានសីតុណ្ហភាព និងដីដ៏ស័ក្ដិសម វាក៏ដុះឡើងយ៉ាងលឿន ដោយបញ្ចេញឱ្យឃើញមុខមាត់ពិតរបស់វាអ៊ីចឹង ដែរ។ ប្រសិនបើគ្មានបរិយាកាសស័ក្ដិសមទេ វាអាចនឹងត្រូវការពេលយូរបន្តិច ដើម្បីឱ្យសារជាតិធម្មជាតិរបស់ពួកគេត្រូវបានបញ្ចេញឱ្យឃើញ ប៉ុន្តែការបញ្ចេញឱ្យឃើញយឺតយ៉ាវនេះ មិនមែនមានន័យថាពួកគេគ្មានធម្មជាតិនោះឡើយ។ ដោយមានធម្មជាតិបែបនេះ មនុស្សច្បាស់ជានឹងធ្វើសកម្មភាព និងបញ្ចេញឱ្យឃើញរឿងផ្សេងៗមិនខាន ហើយឥរិយាបថដែលត្រូវបានបញ្ចេញឱ្យឃើញទាំងនេះ គឺជាសញ្ញា និងលក្ខណៈសម្គាល់នៃសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពេលដែលពួកគេមានសញ្ញា និងលក្ខណៈសម្គាល់ទាំងនេះ ពួកគេអាចត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទហើយ។
ចូរប្រាប់ខ្ញុំមកមើល៍ តើការអនុវត្តសេចក្ដីពិត និងការចាត់ការលើបញ្ហាស្របតាមគោលការណ៍សេចក្ដីពិត តម្រូវឱ្យមានលេស និងការដោះសារផ្សេងៗដែរឬទេ? (ទេ មិនតម្រូវទេ។) ដរាបណាមនុស្សម្នាក់មានចិត្តស្មោះសរ ពួកគេអាចយកសេចក្ដីពិតទៅអនុវត្តបាន។ តើមនុស្សដែលមិនអនុវត្តសេចក្ដីពិត បង្កើតលេសផ្សេងៗដែរឬទេ? ឧទាហរណ៍ នៅពេលពួកគេធ្វើអ្វីមួយខុស ប្រឆាំងនឹងគោលការណ៍ ហើយមាននរណាម្នាក់កែតម្រូវពួកគេ តើពួកគេអាចស្ដាប់ដែរឬទេ? ពួកគេមិនស្ដាប់ឡើយ។ តើការដែលពួកគេមិនស្ដាប់ គឺមានតែប៉ុណ្ណឹងទេឬ? តើពួកគេទុច្ចរិតយ៉ាងដូចម្ដេច? (ពួកគេរកលេសដើម្បីបញ្ចុះបញ្ចូលអ្នក ធ្វើឱ្យអ្នកគិតថាពួកគេត្រឹមត្រូវ។) ពួកគេនឹងស្វែងរកការបកស្រាយមួយដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក បន្ទាប់មក ពួកគេប្រើប្រាស់ទ្រឹស្ដីខាងវិញ្ញាណមួយឈុត ដែលអ្នកអាចទទួលស្គាល់ និងទទួលយកបាន ហើយដែលស្របតាមសេចក្ដីពិត ដើម្បីបញ្ចុះបញ្ចូលអ្នក ធ្វើឱ្យអ្នកយល់ស្របជាមួយពួកគេ និងធ្វើឱ្យអ្នកជឿជាក់យ៉ាងស្មោះសរថាពួកគេត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការបំភាន់ និងគ្រប់គ្រងមនុស្ស។ តើនេះមិនមែនជាភាពទុច្ចរិតទេឬ? (មែនហើយ។) នេះពិតជាសេចក្តីទុច្ចរិតមែន។ យ៉ាងច្បាស់ណាស់ ពួកគេបានធ្វើរឿងខុសឆ្គង ប្រឆាំងនឹងគោលការណ៍ និងសេចក្ដីពិតនៅក្នុងសកម្មភាពរបស់ពួកគេ ហើយមិនបានអនុវត្តសេចក្ដីពិតទេ ប៉ុន្តែពួកគេបែរជាបង្កើតនូវការដោះសារខាងទ្រឹស្ដីមួយឈុតទៅវិញ។ នេះពិតជាទុច្ចរិតមែន។ វាប្រៀបដូចជាចចកស៊ីចៀមអ៊ីចឹង ដើមឡើយ វាជាធម្មជាតិរបស់ចចកក្នុងការស៊ីចៀម ហើយព្រះជាម្ចាស់បានបង្កើតសត្វប្រភេទនេះមកដើម្បីស៊ីចៀម ពោលគឺ ចៀមគឺជាអាហាររបស់វា។ ប៉ុន្តែ បន្ទាប់ពីស៊ីវាហើយ ចចកនៅតែរកលេសផ្សេងៗដដែល។ តើអ្នកមានគំនិតអ្វីអំពីរឿងនេះដែរឬទេ? អ្នកគិតថា៖ «ឯងបានស៊ីចៀមរបស់ខ្ញុំ ហើយឥឡូវនេះ ឯងចង់ឱ្យខ្ញុំគិតថា ឯងគួរតែស៊ីវា ថាវាជារឿងសមហេតុផល និងស័ក្ដិសមសម្រាប់ឯងក្នុងការស៊ីវា ហើយខ្ញុំថែមទាំងគួរតែអរគុណឯងទៀតផង»។ តើអ្នកមិនមានអារម្មណ៍ខឹងទេឬ? (មែនហើយ ខ្ញុំខឹង។) ខណៈពេលអ្នកកំពុងខឹង តើអ្នកមានគំនិតអ្វីខ្លះ? អ្នកគិតថា៖ «អាមួយនេះទុច្ចរិតពេកហើយ! ប្រសិនបើឯងចង់ស៊ីវា ស៊ីទៅ នោះហើយជាលក្ខណៈរបស់ឯង ការស៊ីចៀមរបស់ខ្ញុំគឺជារឿងមួយ ប៉ុន្តែឯងថែមទាំងបង្កើតហេតុផល និងលេសមួយគំនរ ហើយសុំឱ្យខ្ញុំមានអារម្មណ៍ដឹងគុណចំពោះឯងវិញទៀតផង។ តើនេះមិនមែនជាការបន្លំខុសនិងត្រូវទេឬអី?» នេះគឺជាសេចក្តីទុច្ចរិត។ នៅពេលចចកចង់ស៊ីចៀម តើវារកលេសអ្វីខ្លះ? ចចកនិយាយថា៖ «កូនចៀមតូច ថ្ងៃនេះ ខ្ញុំត្រូវតែស៊ីឯង ពីព្រោះខ្ញុំត្រូវសងសឹកឯង ដែលបានប្រមាថខ្ញុំកាលពីឆ្នាំមុន»។ កូនចៀម ដោយមានអារម្មណ៍ថារងភាពអយុត្តិធម៌ ក៏និយាយថា៖ «ខ្ញុំមិនទាន់ទាំងកើតផង កាលពីឆ្នាំមុននោះ»។ នៅពេលដែលចចកដឹងខ្លួនថាវាបាននិយាយខុស ហើយរាប់អាយុរបស់កូនចៀមខុស វាក៏និយាយថា៖ «អ៊ីចឹង យើងមិនគិតរឿងនោះទេ ប៉ុន្តែខ្ញុំនៅតែត្រូវស៊ីឯងដដែល ពីព្រោះកាលពីលើកមុន នៅពេលខ្ញុំបានផឹកទឹកពីទន្លេនេះ ឯងបានធ្វើឱ្យទឹកល្អក់ ដូច្នេះ ខ្ញុំត្រូវតែសងសឹកឯង»។ កូនចៀមនិយាយថា៖ «ខ្ញុំនៅខាងក្រោមខ្សែទឹក ហើយឯងនៅខាងលើខ្សែទឹក។ តើខ្ញុំអាចធ្វើឱ្យទឹកនៅខាងលើខ្សែទឹកកខ្វក់បានដោយរបៀបណា? ប្រសិនបើឯងចង់ស៊ីខ្ញុំ ស៊ីទៅ។ កុំរកលេសផ្សេងៗអី»។ នោះហើយជាធម្មជាតិរបស់ចចក។ តើវាមិនមែនជាសេចក្តីទុច្ចរិតទេឬ? (មែនហើយ។) តើសេចក្តីទុច្ចរិតរបស់ចចក ដូចគ្នាទៅនឹងសេចក្តីទុច្ចរិតរបស់នាគដ៏ធំមានសម្បុរក្រហមដែរឬទេ? (មែនហើយ។) ការពិពណ៌នានេះស័ក្ដិសមបំផុតសម្រាប់នាគដ៏ធំមានសម្បុរក្រហម។ នាគដ៏ធំមានសម្បុរក្រហមចង់ចាប់ខ្លួនមនុស្សដែលជឿលើព្រះជាម្ចាស់ វាចង់ចោទប្រកាន់មនុស្សទាំងនេះពីបទឧក្រិដ្ឋ។ ដូច្នេះ ជាដំបូង វាបង្កើតរឿងប្រឌិតមួយចំនួន វាប្រឌិតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានមួយចំនួន ហើយបន្ទាប់មកផ្សព្វផ្សាយរឿងទាំងនោះទៅកាន់ពិភពលោក ដើម្បីធ្វើឱ្យពិភពលោកទាំងមូលក្រោកឈរឡើង និងថ្កោលទោសអ្នក។ វាទម្លាក់ការចោទប្រកាន់ជាច្រើនទៅលើអ្នកដែលជឿលើព្រះជាម្ចាស់ ដូចជា «ការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ» «ការទម្លាយអាថ៌កំបាំងរដ្ឋ» និង «ការផ្ដួលរំលំអំណាចរដ្ឋ»។ វាក៏ផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានថា អ្នកបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗ ហើយទម្លាក់ការចោទប្រកាន់ទាំងនេះមកលើអ្នក។ តើវាមិនអីទេឬ ប្រសិនបើអ្នកបដិសេធមិនព្រមទទួលស្គាល់ការចោទប្រកាន់ទាំងនោះ? តើវាអាស្រ័យលើថាអ្នកទទួលស្គាល់វា ឬអត់នោះឬ? ទេ មិនមែនទេ។ ពេលដែលវាបានតាំងចិត្តចាប់ខ្លួនអ្នកហើយ នោះវាប្រៀបដូចជាចចកដែលតាំងចិត្តស៊ីចៀមអ៊ីចឹង វាស្វែងរកលេសផ្សេងៗ។ នាគដ៏ធំមានសម្បុរក្រហមបង្កើតរឿងប្រឌិតមួយចំនួន ដោយអះអាងថាយើងបានធ្វើរឿងអាក្រក់អ្វីមួយ ទាំងដែលតាមការពិត គឺអ្នកដទៃសោះដែលជាអ្នកធ្វើ។ វាទម្លាក់កំហុស និងមួលបង្កាច់ពួកជំនុំ។ តើអ្នកអាចនិយាយហេតុផលជាមួយវាបានទេ? (ទេ។) ហេតុអ្វីបានជាអ្នកមិនអាចនិយាយហេតុផលជាមួយវាបាន? តើអ្នកអាចនិយាយហេតុផលឱ្យបានច្បាស់លាស់ជាមួយវាបានទេ? តើអ្នកគិតថា តាមរយៈការនិយាយហេតុផលជាមួយវា និងការពន្យល់ពីស្ថានភាពប្រាប់វា វានឹងមិនចាប់ខ្លួនអ្នកទេឬ? អ្នកគិតល្អពីវាពេកហើយ។ មុនពេលអ្នកនិយាយចប់ វាចាប់ទាញសក់អ្នក ទង្គិចក្បាលអ្នកទៅនឹងជញ្ជាំង ហើយបន្ទាប់មកសួរអ្នកថា៖ «តើឯងដឹងថាអញជានរណាទេ? អញគឺជាអារក្ស!» បន្ទាប់ពីនោះ វានឹងមានការវាយដំយ៉ាងធ្ងន់ធ្ងរ ព្រមទាំងការសួរចម្លើយ និងការធ្វើទារុណកម្មឆ្លាស់គ្នាទាំងយប់ទាំងថ្ងៃ ហើយបន្ទាប់មក អ្នកនឹងលែងហ៊ានរើបម្រះ។ នៅពេលនេះ អ្នកនឹងដឹងថា៖ «គ្មានកន្លែងសម្រាប់ការនិយាយហេតុផលនៅទីនេះទេ នេះគឺជាអន្ទាក់!» នាគដ៏ធំមានសម្បុរក្រហមមិននិយាយហេតុផលជាមួយអ្នកទេ តើអ្នកគិតថាវាបង្កើតរឿងប្រឌិតទាំងនោះដោយអចេតនា ដោយចៃដន្យឬ? វាមានការឃុបឃិតនៅពីក្រោយរឿងនេះ ហើយវាមានផែនការសម្រាប់ជំហានបន្ទាប់រួចទៅហើយ។ នេះគ្រាន់តែជាការចាប់ផ្ដើមនៃសកម្មភាពរបស់វាប៉ុណ្ណោះ។ មនុស្សមួយចំនួនប្រហែលជានៅតែគិតថា៖ «ពួកគេមិនយល់ពីរឿងដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់ទេ ប្រសិនបើខ្ញុំពន្យល់ប្រាប់ពួកគេ នោះអ្វីៗនឹងល្អប្រសើរមិនខាន»។ តើអ្នកអាចពន្យល់វាឱ្យបានច្បាស់លាស់ដែរឬទេ? វាបានទម្លាក់កំហុសដាក់អ្នកចំពោះរឿងដែលអ្នកមិនបានធ្វើ ពោល តើអ្នកនៅតែអាចពន្យល់រឿងរ៉ាវឱ្យបានច្បាស់លាស់ទៀតឬ? នៅពេលវាទម្លាក់កំហុសដាក់អ្នក តើវាមិនដឹងទេឬថាអ្នកមិនបានធ្វើរឿងនោះ? តើវាមិនដឹងទេឬថានរណាជាអ្នកធ្វើ? វាដឹងច្បាស់ណាស់! ចុះហេតុអ្វីបានជាវាទម្លាក់កំហុសមកលើអ្នក? អ្នកគឺជាអ្នកដែលវាកំពុងចាប់ខ្លួន។ តើអ្នកគិតថា នៅពេលវាទម្លាក់កំហុសមកលើអ្នក វាមិនដឹងថាអ្នកកំពុងត្រូវបានប្រព្រឹត្តចំពោះដោយអយុត្តិធម៌ទេឬ? វាចង់ធ្វើឱ្យអ្នកត្រូវបានប្រព្រឹត្តចំពោះដោយអយុត្តិធម៌ ហើយចង់ចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញអ្នក។ នោះហើយគឺជាសេចក្តីទុច្ចរិត។
នរណាដែលមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើម និងស្អប់សេចក្ដីពិតនៅក្នុងសារជាតិរបស់ពួកគេ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ហើយគ្មានបំណងចង់អនុវត្តវាឡើយ។ ប្រសិនបើអ្នកគិតថាពួកគេខ្វះការយល់ដឹងអំពីសេចក្ដីពិត ហើយព្យាយាមប្រកបគ្នាអំពីវាជាមួយពួកគេ តើនឹងមានលទ្ធផលអ្វីកើតឡើង? អ្នកនឹងជួបឧបសគ្គមិនខាន ពោលគឺ អ្នករកខុសមនុស្សហើយ។ ពួកគេមិនមែនជាអ្នកដែលទទួលយកសេចក្ដីពិតទេ ហើយអ្នកមិនគួរប្រកបគ្នាជាមួយពួកគេឡើយ ផ្ទុយទៅវិញ អ្នកគួរតែប្រដៅពួកគេ និងតឹងរ៉ឹងជាមួយពួកគេ ដោយនិយាយថា៖ «តើអ្នកបំពេញភារកិច្ចរបស់អ្នកបានយូរប៉ុនណាហើយ? តើអ្នកអាចចាត់ទុកភារកិច្ចរបស់អ្នកជារឿងលេងសើចបានដោយរបៀបណា? តើវាជាកិច្ចការផ្ទាល់ខ្លួនរបស់អ្នកឬ? តើអ្នកកំពុងតែតតាំងនឹងនរណា? អ្នកមិនមែនកំពុងប្រឆាំងនឹងខ្ញុំទេ អ្នកកំពុងប្រឆាំងនឹងព្រះជាម្ចាស់ និងសេចក្ដីពិត!» តើអ្នកមិនចាំបាច់ប្រដៅពួកគេទេឬ? តើការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ មានប្រយោជន៍ដែរឬទេ? ទេ គ្មានប្រយោជន៍ទេ។ ហេតុអ្វីបានជាវាគ្មានប្រយោជន៍? ពួកគេគឺជាចចក មិនមែនជាចៀមដែលវង្វេង ឬអនាថាឡើយ។ តើចចកអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? ទេ។ តើធម្មជាតិរបស់ចចកគឺជាអ្វី? (សេចក្តីទុច្ចរិត។) ពេលដែលវាឃើញចៀមភ្លាម វាចាប់ផ្ដើមហៀរទឹកមាត់ ភ្នែករបស់វាពោរពេញទៅដោយរូបភាពនៃអាហារដ៏ឈ្ងុយឆ្ងាញ់ ហើយចៀមនោះត្រូវបានកំណត់ថាជាចំណីរបស់វា។ នោះហើយជាធម្មជាតិរបស់វា នោះហើយគឺជាសេចក្តីទុច្ចរិត។ ប្រសិនបើអ្នកប្រាប់វាថា៖ «ចៀមគួរឱ្យអាណិត និងស្លូតបូតណាស់ សូមកុំស៊ីពួកវាអី។ ជ្រើសរើសសត្វសាហាវផ្សេងទៀតដើម្បីស៊ីទៅ បានទេ?» តើវាអាចយល់បានទេ? វាមិនអាចយល់បានឡើយ។ នោះហើយជាធម្មជាតិរបស់វា។ មនុស្សមួយចំនួនមិនអនុវត្តសេចក្ដីពិត ហើយរកលេសផ្សេងៗ ពោលគឺ នោះហើយជាធម្មជាតិរបស់ពួកគេ។ តើធម្មជាតិនេះគឺជាអ្វី? គឺសេចក្តីទុច្ចរិត។ ទោះបីជាសកម្មភាពរបស់ពួកគេថោកទាប បះបោរ ឬ ប្រឆាំងនឹងគោលការណ៍យ៉ាងចំហក៏ដោយ ក៏ពួកគេនៅតែចង់រក្សាមុខមាត់ដដែល សូម្បីតែពួកគេប្រឆាំងនឹងសេចក្ដីពិតក៏ដោយ ក៏ពួកគេចង់ធ្វើវាដោយរបៀបដ៏អស្ចារ្យ និងមានសេចក្ដីថ្លៃថ្នូរដែរ។ តើនេះមិនមែនជាសេចក្តីទុច្ចរិតទេឬ? តើការបំពានសេចក្ដីពិត ជារឿងវិជ្ជមាន ឬអវិជ្ជមាន? (អវិជ្ជមាន។) តើរឿងអវិជ្ជមានអាចធ្វើឡើងដោយរបៀបដ៏អស្ចារ្យ មានសេចក្ដីថ្លៃថ្នូរ និងមានកិត្តិយសបានយ៉ាងដូចម្ដេច? តើវាមិនរាងឆ្គងបន្តិចទេឬអី ក្នុងការព្យាយាមបញ្ចូលទិដ្ឋភាពទាំងពីរនេះចូលគ្នា? នេះគឺជាសេចក្តីទុច្ចរិត៖ នេះគឺជាឥរិយាបថ និងការបង្ហាញចេញរបស់អស់អ្នកដែលមានសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ វាប្រហែលជាស្ដាប់ទៅផ្ទុយគ្នា ប៉ុន្តែនោះជារបៀបដែលពួកគេធ្វើសកម្មភាព នោះជានិស្ស័យរបស់ពួកគេ និងអ្វីដែលពួកគេបញ្ចេញឱ្យឃើញ។ ពួកគេលាក់ទុកនូវសេចក្តីស្អប់ចំពោះសេចក្ដីពិត ដោយមិនដែលទទួលយកវាឡើយ ពោលគឺ ទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ នេះគឺជាសារជាតិធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានប៉ុន្មានចំណុច? (បួនចំណុច។) សរុបមានបួនចំណុច។ តើសញ្ញាទាំងបួននេះ មិនគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នាក្នុងការញែកដឹងទេឬ? សេចក្តីទុច្ចរិតមានផ្ទុកនូវធាតុពិសពុល និងបោកបញ្ឆោតពីធម្មជាតិ ហើយនៅពេលធាតុពិសពុល និងបោកបញ្ឆោតឈានដល់កម្រិតខ្លាំងបំផុត ពួកវាត្រូវបានកំណត់លក្ខណៈជានិស្ស័យទុច្ចរិត។ ពួកទទឹងនឹងព្រះគ្រីស្ទបង្កប់នូវនិស្ស័យទុច្ចរិតប្រភេទនេះ។
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩