ចំណុចទីពីរ៖ ពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ
យើងបានប្រកបគ្នារួចរាល់ហើយអំពីការយកឈ្នះចិត្តមនុស្ស ដែលជាការបង្ហាញចេញទីមួយនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងមនុស្ស ហើយឥឡូវនេះ យើងនឹងប្រកបគ្នាអំពីការបង្ហាញចេញទីពីរ។ មធ្យោបាយទីពីរដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីគ្រប់គ្រងមនុស្ស គឺការវាយប្រហារ និងផាត់អ្នកជំទាស់ចេញ។ មធ្យោបាយទីមួយពាក់ព័ន្ធនឹងការបំភាន់មនុស្ស និងការយកឈ្នះចិត្តរបស់ពួកគេ។ មើលពីសំបកក្រៅ មនុស្សបែបនេះនឹងហាក់ដូចជានិយាយស្ដីយ៉ាងទន់ភ្លន់ និងស្របតាមសញ្ញាណរបស់មនុស្ស ហើយមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ពួកគេនឹងប៉ិនប្រសប់ក្នុងការនិយាយស្ដី និងលាក់កំបាំងគួរសម។ អ្នកដទៃមិនអាចមើលឃើញពីចេតនាអាក្រក់ និងការបង្ហាញចេញដ៏ព្យាបាទ ឃោរឃៅ និងចូលចិត្តបង្កជម្លោះរបស់ពួកគេឡើយ ហើយពួកគេមិនប្រើអ្វីក្រៅពីវិធីសាស្ត្រល្បិចកលនោះទេ។ មធ្យោបាយទីពីរ ដែលជាការវាយប្រហារ និងផាត់អ្នកជំទាស់ចេញ គឺកាន់តែច្បាស់ក្រឡែត។ តាមន័យពាក្យ «វាយប្រហារ និងផាត់ចេញ» គេអាចដឹងថា ពាក្យទាំងនេះមិនមែនជាពាក្យវិជ្ជមានទេ ប៉ុន្តែជាពាក្យបន្ទាបបន្ថោក។ មធ្យោបាយនៃការវាយប្រហារ និងការផាត់ចេញនេះ គឺជារឿងដែលធ្វើឡើងជាសាធារណៈយ៉ាងច្បាស់ ហើយមនុស្សគ្រប់គ្នាអាចមើលឃើញ។ វាប្រៀបដូចជាស្រីឆ្នាស់ជេរប្រទេចគ្នានៅតាមដងផ្លូវ ដោយលាតត្រដាងចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក ពាក្យសម្ដីរបស់ពួកគេគឺត្រង់ៗ និងច្បាស់ៗ ដែលអ្នកស្ដាប់ឮទាំងអស់សុទ្ធតែយល់។ ពាក្យសម្ដីទាំងនោះមានចរិតចង់វាយប្រហារ ដោយមិនបង្ហាញការអត់ឱនឡើយ ផ្ទុយទៅវិញគឺការផ្ដើមវាយប្រហារមុន។ ការគាបសង្កត់មនុស្សដោយបើកចំហ ការផាត់មនុស្សចេញ ការវាយប្រហារលើមនុស្ស និងការលាតត្រដាងពីបញ្ហារបស់មនុស្ស ដែលធ្វើឡើងដោយពួកទទឹងនឹងព្រះគ្រីស្ទ គឺសុទ្ធតែមានទិសដៅ។ មិនបាច់ឆ្ងល់នោះទេ ពួកគេប្រើមធ្យោបាយទាំងនេះ ដើម្បីតម្រង់ឆ្ពោះទៅរកអស់អ្នកណាដែលដេញតាមសេចក្តីពិត និងអាចញែកដឹងពីពួកគេ។ តាមរយៈការវាយផ្ដួលមនុស្សទាំងនេះ ពួកគេសម្រេចបាននូវគោលដៅក្នុងការពង្រឹងតំណែងរបស់ពួកគេ។ ការវាយប្រហារ និងការផាត់ មនុស្សចេញបែបនេះ គឺមានធម្មជាតិជាការព្យាបាទ។ ភាសា និងរបៀបនៃការនិយាយស្ដីរបស់ពួកគេ បង្កប់នូវភាពឈ្លានពាន ដូចជា៖ ការលាតត្រដាង ការថ្កោលទោស ការមួលបង្កាច់ និងការបង្កាច់បង្ខូចដ៏អាក្រក់។ ពួកគេថែមទាំងបំភ្លៃការពិតទៀតផង ដោយនិយាយពីរឿងវិជ្ជមាន ហាក់ដូចជាវាជារឿងអវិជ្ជមាន ហើយរឿងអវិជ្ជមាន ហាក់ដូចជាវាជារឿងវិជ្ជមាន។ ការបញ្ច្រាសសទៅជាខ្មៅ និងការបន្លំខុសឱ្យទៅជាត្រូវបែបនេះ គឺសម្រេចបាននូវគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការយកឈ្នះលើមនុស្ស និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេ។ តើការវាយប្រហារ និងការផាត់ចេញអ្នកជំទាស់នេះ កើតចេញពីផ្នត់គំនិតបែបណា? ភាគច្រើន វាកើតចេញពីផ្នត់គំនិតច្រណែនឈ្នានីស។ នៅក្នុងនិស្ស័យកាចសាហាវ ការច្រណែននាំមកនូវសេចក្ដីស្អប់យ៉ាងខ្លាំង ហើយដោយសារតែការច្រណែនរបស់ពួកគេនេះហើយ ទើបពួកទទឹងនឹងព្រះគ្រីស្ទ វាយប្រហារ និងផាត់មនុស្សចេញ។ នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាង ត្រូវបានរាយការណ៍ បាត់បង់ឋានៈរបស់ខ្លួន និងរងការប៉ះទង្គិច នោះពួកគេនឹងប្រឆាំងរឹងទទឹង និងមិនពេញចិត្តឡើយ ហើយពួកគេនឹងកាន់តែងាយក្លាយជាមនុស្សដែលមានគំនុំសងសឹកយ៉ាងសាហាវ។ គំនុំសងសឹក គឺជាប្រភេទនៃផ្នត់គំនិតមួយ ហើយវាក៏ជាប្រភេទនៃនិស្ស័យពុករលួយមួយផងដែរ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញថា អ្វីដែលនរណាម្នាក់បានធ្វើ គឺកំពុងបំផ្លាញពួកគេ ឃើញថាអ្នកដទៃមានសមត្ថភាពពូកែជាងខ្លួន ឬឃើញថា អំណះអំណាង និងមតិយោបល់របស់អ្នកណាម្នាក់ប្រសើរជាង ឬឈ្លាសវៃជាងខ្លួន ហើយមនុស្សគ្រប់គ្នាយល់ស្របជាមួយនឹងអំណះអំណាង និងមតិយោបល់របស់បុគ្គលនោះ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា តំណែងរបស់ពួកគេរងការគំរាមកំហែង ហើយការច្រណែនឈ្នានីស និងសេចក្ដីស្អប់ ក៏កើតមាននៅក្នុងចិត្តរបស់ពួកគេ រួចពួកគេក៏វាយប្រហារ និងសងសឹក។ នៅពេលសងសឹក ជាទូទៅ ពួកទទឹងនឹងព្រះគ្រីស្ទតែងវាយប្រហារបង្ការទុកមុនទៅលើគោលដៅរបស់ពួកគេ។ ពួកគេវាយប្រហារ និងវាយផ្ដួលមនុស្សយ៉ាងសកម្មទុកជាមុន រហូតដល់ភាគីម្ខាងទៀតព្រមចុះចូល។ ពេលនោះទើបពួកគេមានអារម្មណ៍ថា ពួកគេបានធូរទ្រូង។ តើមានការបង្ហាញចេញអ្វីខ្លះទៀតនៃការវាយប្រហារ និងការផាត់មនុស្សចេញ? (ការមើលងាយអ្នកដទៃ។) ការមើលងាយអ្នកដទៃ គឺជាវិធីមួយដែលវាត្រូវបានបង្ហាញចេញមក។ មិនថាអ្នកធ្វើការងារបានល្អប៉ុនណានោះទេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងនៅតែមើលងាយអ្នក ឬថ្កោលទោសអ្នកដដែល រហូតដល់អ្នកប្រែជាអវិជ្ជមាន និងទន់ខ្សោយ ហើយមិនអាចឈររឹងប៉ឹងបាន។ ពេលនោះ ពួកគេនឹងសប្បាយចិត្ត ហើយពួកគេនឹងសម្រេចបាននូវគោលដៅរបស់ពួកគេ។ តើការថ្កោលទោស គឺជាផ្នែកមួយនៃការមើលងាយអ្នកដទៃមែនទេ? (មែនហើយ។) តើពួកទទឹងនឹងព្រះគ្រីស្ទថ្កោលទោសមនុស្សដោយរបៀបណា? ពួកគេយករឿងតូចធ្វើឱ្យទៅជារឿងធំ។ ឧទាហរណ៍៖ អ្នកបានធ្វើរឿងអ្វីមួយដែលមិនមែនជាបញ្ហាអ្វីនោះទេ ប៉ុន្តែពួកគេចង់ធ្វើជាខឹងសម្បារអ៊ូរទាំអំពីរឿងនេះដើម្បីវាយប្រហារអ្នក ដូច្នេះ ពួកគេរិះរកវិធីគ្រប់បែបយ៉ាងដើម្បីប្រើរឿងនេះយកប្រៀបលើអ្នក ហើយថ្កោលទោសអ្នក ដោយធ្វើឱ្យរឿងតូចក្លាយជារឿងធំ ដើម្បីឱ្យអ្នកដទៃដែលស្ដាប់គិតថា អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ គឺសមហេតុផល ហើយយល់ថាអ្នកបានធ្វើអ្វីមួយខុសមែន។ តាមរយៈការធ្វើបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទបានសម្រេចគោលដៅរបស់ពួកគេហើយ។ នេះគឺជាការថ្កោលទោស ការវាយប្រហារ និងការផាត់ អ្នកជំទាស់ចេញ។ តើការផាត់ចេញមានន័យដូចម្ដេច? វាមានន័យថា នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងថាអ្វីដែលអ្នកបានធ្វើគឺត្រឹមត្រូវ ប៉ុន្តែពួកគេច្រណែន និងស្អប់អ្នក មានចេតនាព្យាយាមវាយប្រហារអ្នក ដូច្នេះពួកគេនិយាយថា អ្វីដែលអ្នកបានធ្វើនោះគឺខុស។ បន្ទាប់មក ពួកគេនឹងប្រើទស្សនៈ និងសេចក្ដីខុសទំនងរបស់ពួកគេ ដើម្បីជជែកវែកញែកយកឈ្នះលើអ្នក ដោយនិយាយក្នុងលក្ខណៈយ៉ាងទាក់ទាញ ដើម្បីឱ្យមនុស្សគ្រប់គ្នាដែលកំពុងស្ដាប់មានអារម្មណ៍ថា អ្វីដែលពួកគេនិយាយ គឺជារឿងត្រឹមត្រូវ និងនិយាយបានល្អ ពេលនោះ មនុស្សទាំងអស់នោះនឹងពេញចិត្តពួកគេ ហើយនឹងឈរនៅខាងពួកគេ ដើម្បីប្រឆាំងនឹងអ្នក។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីនេះមកវាយប្រហារអ្នក ដើម្បីធ្វើឱ្យអ្នកប្រែជាអវិជ្ជមាន និងទន់ខ្សោយ។ តាមរយៈការធ្វើបែបនេះ ពួកគេបានសម្រេចគោលដៅរបស់ពួកគេក្នុងការវាយប្រហារ និងផាត់ចេញអ្នកជំទាស់។ ការផាត់ចេញអ្នកជំទាស់ ជួនកាលអាចកើតឡើងក្នុងទម្រង់ជាការជជែកវែកញែកទល់មុខគ្នា ឬជួនកាលទៀតក្នុងលក្ខណៈជាការវិនិច្ឆ័យលើបុគ្គលណាម្នាក់ ការចាក់រុកញុះញង់ ការមួលបង្កាច់ពួកគេ និងការប្រឌិតរឿងរ៉ាវអំពីពួកគេនៅពីក្រោយខ្នង។ ឧទាហរណ៍ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទចង់ផាត់អ្នកជំទាស់ម្នាក់ចេញ ដំបូង ពួកគេស្វែងយល់ថាតើអ្នកជំទាស់នោះមានទំនាក់ទំនងល្អជាមួយនរណាខ្លះ។ បន្ទាប់មក ពួកគេទៅរកបុគ្គលនោះ ហើយនិយាយថា៖ «អ្នកដឹងទេ អ្នកនេះអ្នកនោះបាននិយាយថា អ្នកខ្វះគុណសម្បត្តិ មានសមត្ថភាពយល់ដឹងខ្សោយ និងគ្មានការយល់ដឹងខាងវិញ្ញាណ ហើយបំពេញភារកិច្ចរបស់អ្នកដោយគ្មានគោលការណ៍។ ខ្ញុំបានជជែកវែកញែកជាមួយពួកគេពីព្រោះខ្ញុំគិតថា តាមពិតទៅ អ្នកគឺជាមនុស្សល្អម្នាក់»។ បន្ទាប់ពីញុះញង់បំបែកបំបាក់បែបនេះហើយ ទំនាក់ទំនងរវាងមនុស្សទាំងពីរនាក់នេះក៏ប្រែជាអាក្រក់។ អាទទឹងនឹងព្រះគ្រីស្ទនោះនៅឈរមើលពីក្រៅ ដោយបន្តចាក់រុកបន្ថែមរហូតទាល់តែទំនាក់ទំនងនោះបែកបាក់ទាំងស្រុង។ តាមរបៀបនេះ អាទទឹងនឹងព្រះគ្រីស្ទញុះញង់បំបែកបំបាក់រវាងមនុស្សទូទៅ និងអ្នកជំទាស់ ដោយធ្វើឱ្យមនុស្សម្នានៅឱ្យឆ្ងាយពីអ្នកជំទាស់ ដើម្បីសម្រេចគោលដៅក្នុងការធ្វើឱ្យពួកគេនៅឯកោ។ ពួកគេបន្តស្វែងរកឱកាសដើម្បីយកប្រៀបលើអ្នកជំទាស់ រហូតទាល់តែអ្នកទាំងនោះត្រូវបរាជ័យ ហើយកេរ្តិ៍ឈ្មោះរបស់អ្នកទាំងនោះត្រូវបំផ្លាញ។ អាទទឹងនឹងព្រះគ្រីស្ទចាត់ទុកទង្វើនេះថាជាការផ្ដួលគូប្រជែង ដើម្បីកុំឱ្យបុគ្គលនេះក្លាយជាការគំរាមកំហែងដល់ឋានៈរបស់ពួកគេ។ អាទទឹងនឹងព្រះគ្រីស្ទជឿថា វាជារឿងល្អបំផុតក្នុងការបង្ក្រាបអ្នកជំទាស់ ប៉ុន្តែប្រសិនបើមិនអាចបង្ក្រាបអ្នកទាំងនោះបានទេ នោះអាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីធ្វើឱ្យពួកគេនៅឯកោ ហើយបន្ទាប់មកផាត់ពួកគេចេញ។ ប្រសិនបើមិនអាចផាត់ពួកគេចេញបានទេ អាទទឹងនឹងព្រះគ្រីស្ទបន្តធ្វើឱ្យពួកគេនៅឯកោ ដែលទីបំផុតធ្វើឱ្យពួកគេចុះញ៉ម និងអង្វរសុំក្ដីមេត្តា។ អាទទឹងនឹងព្រះគ្រីស្ទអូសទាញ និងប្រើប្រាស់កម្លាំងខ្លះៗដើម្បីវាយប្រហារមនុស្សដែលដេញតាមសេចក្ដីពិត ឬអ្នកដែលមានមតិមិនស្របនឹងពួកគេ។ ពួកគេបំផ្លាញពួកជំនុំ និងបំបែកពួកជំនុំជាបក្ខពួក ហើយនៅទីបំផុត ពួកជំនុំត្រូវបានបែងចែកជាពីរ ឬបីក្រុម គឺក្រុមមួយដែលស្ដាប់ពួកគេ ក្រុមមួយដែលមិនស្ដាប់ពួកគេ និងក្រុមមួយដែលអព្យាក្រឹត។ នៅក្រោមការណែនាំដ៏ «ឈ្លាសវៃ» របស់ពួកគេ មនុស្សកាន់តែច្រើនឡើងៗស្ដាប់ពួកគេ ហើយមនុស្សដែលមិនស្ដាប់ពួកគេមានកាន់តែតិចទៅៗ។ មនុស្សកាន់តែច្រើនចុះចាញ់ពួកគេ ហើយអស់អ្នកដែលមានមតិខុសពីអាទទឹងនឹងព្រះគ្រីស្ទ ក្លាយជាឯកោ ហើយមិនហ៊ាននិយាយស្ដីឡើយ។ មនុស្សដែលអាចញែកដឹង ឬប្រឆាំងនឹងពួកគេមានកាន់តែតិចទៅៗ ហើយតាមរបៀបនេះ អាទទឹងនឹងព្រះគ្រីស្ទទទួលបានការគ្រប់គ្រងបន្តិចម្ដងៗលើមនុស្សភាគច្រើននៅក្នុងពួកជំនុំ ដោយក្ដោបក្ដាប់សិទ្ធិអំណាច។ នេះហើយគឺជាគោលដៅដែលអាទទឹងនឹងព្រះគ្រីស្ទចង់បាន។ នៅពេលដោះស្រាយជាមួយមនុស្សដែលមានមតិខុសពីពួកគេ អាទទឹងនឹងព្រះគ្រីស្ទមិនបង្ហាញការអត់ឱនសោះឡើយ។ ពួកគេគិតថា៖ «ទោះបីជាអ្នកមានមតិផ្សេងគ្នាក៏ដោយ ក៏អ្នកត្រូវតែចុះចូលនឹងការដឹកនាំរបស់ខ្ញុំដែរ ពីព្រោះឥឡូវនេះ ខ្ញុំគឺជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ។ អ្នកស្ថិតនៅក្រោមបង្គាប់ខ្ញុំ។ បើអ្នកជានាគ អ្នកត្រូវតែក្រាបចុះ បើអ្នកជាខ្លា អ្នកត្រូវតែក្រាបចុះ មិនថាអ្នកមានសមត្ថភាពអ្វីនោះទេ ដរាបណាខ្ញុំនៅទីនេះ អ្នកកុំសង្ឃឹមថានឹងមានប្រៀប ឬបង្កបញ្ហាបានឱ្យសោះ!» នេះគឺជាគោលដៅដែលអាទទឹងនឹងព្រះគ្រីស្ទចង់បាន គឺការគ្រប់គ្រងពួកជំនុំតែឯង និងការគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។
តើអ្វីទៅជាគោលបំណងចម្បងរបស់អាទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ? ពួកគេស្វះស្វែងបង្កើតស្ថានភាពមួយនៅក្នុងពួកជំនុំ ដែលគ្មានសំឡេងប្រឆាំងនឹងពួកគេ ដែលពួកគេមានអំណាច និងឋានៈជាអ្នកដឹកនាំដាច់ខាត ដែលពាក្យសម្ដីរបស់ពួកគេគឺដាច់ខាត ហើយមនុស្សគ្រប់គ្នាត្រូវតែស្ដាប់តាម ហើយដែលទោះបីជានរណាម្នាក់មានមតិផ្សេងក៏ដោយ ក៏ពួកគេមិនត្រូវសម្ដែងចេញឡើយ ប៉ុន្តែត្រូវលាក់ទុកក្នុងចិត្តរបស់ពួកគេ។ អ្នកណាដែលហ៊ានមិនយល់ស្របជាមួយពួកគេដោយចំហ ក្លាយជាសត្រូវរបស់ពួកគេ ហើយពួកគេនឹងប្រើគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបានដើម្បីធ្វើបាបអ្នកនោះ ហើយចង់កម្ចាត់ពួកគេចោលយ៉ាងខ្លាំង។ នេះគឺជាវិធីមួយដែលអាទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងផាត់អ្នកជំទាស់ចេញ ពង្រឹងឋានៈរបស់ពួកគេ និងការពារអំណាចរបស់ខ្លួន។ ពួកគេគិតថា៖ «អ្នកអាចមានមតិផ្សេងបាន ប៉ុន្តែអ្នកមិនអាចដើរនិយាយអំពីមតិទាំងនោះតាមតែចិត្តចង់បានឡើយ ហើយកាន់តែមិនអាចធ្វើឱ្យប៉ះពាល់ដល់អំណាច និងឋានៈរបស់ខ្ញុំទៅទៀត។ ប្រសិនបើអ្នកមានការជំទាស់ អ្នកអាចប្រាប់ខ្ញុំស្ងាត់ៗបាន។ ប្រសិនបើអ្នកនិយាយវានៅចំពោះមុខមនុស្សគ្រប់គ្នា ហើយធ្វើឱ្យខ្ញុំបាក់មុខ នោះអ្នកកំពុងតែរករឿងដាក់ខ្លួនហើយ ហើយខ្ញុំនឹងត្រូវតែចាត់ការអ្នកមិនខាន!» តើនេះជានិស្ស័យបែបណា? អាទទឹងនឹងព្រះគ្រីស្ទមិនអនុញ្ញាតឱ្យអ្នកដទៃនិយាយដោយសេរីឡើយ។ ប្រសិនបើអ្នកដទៃមានការជំទាស់នឹងអាទទឹងនឹងព្រះគ្រីស្ទ ឬមានមតិអំពីអ្វីផ្សេងទៀត ពួកគេមិនអាចចេះតែលើកឡើងដោយសេរីបានឡើយ ពួកគេត្រូវតែគិតដល់មុខមាត់របស់អាទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើមិនដូច្នេះទេ អាទទឹងនឹងព្រះគ្រីស្ទនឹងចាត់ទុកពួកគេជាសត្រូវ ដោយវាយប្រហារ និងផាត់ពួកគេចេញ។ តើនេះជាធម្មជាតិបែបណា? វាគឺជាធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ហើយហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ពួកគេមិនអនុញ្ញាតឱ្យពួកជំនុំមានសំឡេងផ្សេងឡើយ ពួកគេមិនអនុញ្ញាតឱ្យមានអ្នកជំទាស់ណាម្នាក់នៅក្នុងពួកជំនុំទេ ហើយពួកគេមិនអនុញ្ញាតឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិត និងញែកដឹងពីមនុស្សដោយបើកចំហឡើយ។ អ្វីដែលពួកគេខ្លាចបំផុតគឺការត្រូវបានគេលាតត្រដាង និងញែកដឹង។ ពួកគេចង់ធានាថា អំណាច និងឋានៈដែលពួកគេមាននៅក្នុងចិត្តមនុស្ស តែងតែត្រូវបានពង្រឹងជានិច្ច និងមិនត្រូវបានបំផ្លាញឡើយ។ ពួកគេមិនអាចអត់ឱនចំពោះអ្វីដែលគំរាមកំហែង ឬប៉ះពាល់ដល់មុខមាត់ កេរ្តិ៍ឈ្មោះ ឬឋានៈ និងតម្លៃរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំឡើយ។ តើនេះមិនមែនជាការបង្ហាញចេញនៃធម្មជាតិដ៏ព្យាបាទរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដោយមិនស្កប់ស្កល់នឹងអំណាចដែលពួកគេមានស្រាប់ ពួកគេចង់ពង្រឹង និងរក្សាអំណាចនោះ ហើយតាមរយៈនេះ ក៏សម្រេចបាននូវការត្រួតត្រាអស់កល្បជានិច្ច។ ពួកគេមិនត្រឹមតែចង់គ្រប់គ្រងឥរិយាបថរបស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់គ្រប់គ្រងចិត្តរបស់អ្នកដទៃទៀតផង។ វិធីសាស្ត្រទាំងនេះដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ គឺដើម្បីការពារអំណាច និងឋានៈរបស់ពួកគេទាំងស្រុង ហើយវាគឺជាលទ្ធផលទាំងស្រុងនៃបំណងប្រាថ្នារបស់ពួកគេក្នុងការក្ដោបក្ដាប់អំណាច។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាពដោយបើកចំហ ត្រង់ទៅត្រង់មក និងស្របតាមសេចក្ដីពិត នោះហេតុអ្វីបានជាពួកគេខ្លាចអ្នកដទៃបញ្ចេញមតិ ផ្ដល់យោបល់ផ្សេងៗ និងលាតត្រដាងពួកគេទៅវិញ? វាគឺដោយសារតែពួកគេមានចេតនាអាក្រក់ និងមានវិប្បដិសារីក្នុងចិត្តដោយសារកំហុសរបស់ខ្លួន។ ពួកទទឹងនឹងព្រះគ្រីស្ទដឹងថា ពួកគេបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន ហើយនៅពេលដែលពួកគេត្រូវបានលាតត្រដាង វានឹងមិនត្រឹមតែពិបាកក្នុងការរក្សាឋានៈរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគ្រោះថ្នាក់នៃការត្រូវបានបោសសម្អាត ឬបណ្ដេញចេញទៀតផង។ ហេតុដូច្នេះហើយ ពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរឹតត្បិត និងដាក់កំហិតអ្នកដទៃ ដោយរារាំងពួកគេមិនឱ្យប្រកបគ្នាអំពីសេចក្ដីពិត និងអនុវត្តការញែកដឹងឡើយ។ ជាពិសេស អស់អ្នកដែលមានស្មារតីយុត្តិធម៌ខ្លាំង ឬអ្នកដែលហ៊ានលាតត្រដាងមនុស្សអាក្រក់ គឺជាបន្លាក្នុងភ្នែករបស់អាទទឹងនឹងព្រះគ្រីស្ទ ជាការរំខានជានិច្ចសម្រាប់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា ប្រសិនបើអស់អ្នកដែលមានស្មារតីយុត្តិធម៌ត្រូវបានវាយបំបាក់ឱ្យចុះចូល និងត្រូវបាត់បង់កេរ្តិ៍ឈ្មោះ នោះនឹងគ្មាននរណាម្នាក់ហ៊ានលាតត្រដាងពួកគេទៀតឡើយ ហើយនឹងលែងមានសំឡេងជំទាស់ទៀតហើយ ដែលនេះផ្ដល់ឱ្យអាទទឹងនឹងព្រះគ្រីស្ទនូវអារម្មណ៍សុវត្ថិភាព។ នេះគឺជាស្នៀតដ៏ខ្ជាប់ខ្ជួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេនឹងមិនបន្ធូរបន្ថយការក្ដោបក្ដាប់អំណាចរបស់ខ្លួនជាដាច់ខាត ហើយមិនដែលបន្ធូរបន្ថយការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រឹងវាឡើយ គឺរាល់ប្រយោគដែលពួកគេនិយាយ និងរាល់អ្វីដែលពួកគេធ្វើ គឺមានគោលបំណងការពារអំណាច និងឋានៈរបស់ខ្លួន។ នេះគឺជាការពិតជាពិសេស នៅពេលដែលមានវត្តមានអ្នកជំទាស់ ហើយអាទទឹងនឹងព្រះគ្រីស្ទឮថា អ្នកជំទាស់នោះបាននិយាយអ្វីមួយអំពីពួកគេ ឬបានរិះគន់ពួកគេនៅពីក្រោយខ្នង។ ក្នុងករណីនេះ ពួកគេនឹងដោះស្រាយបញ្ហានេះភ្លាមៗ ទោះបីជាវាមានន័យថាត្រូវអត់ងងុយមួយយប់ និងអត់បាយមួយថ្ងៃក៏ដោយ។ តើហេតុអ្វីបានជាពួកគេអាចខិតខំប្រឹងប្រែងយ៉ាងនេះ? វាគឺដោយសារតែពួកគេមានអារម្មណ៍ថា ឋានៈរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ ថាវាបានរងការគំរាមកំហែង។ ពួកគេមានអារម្មណ៍ថា ប្រសិនបើពួកគេមិនចាត់វិធានការបែបនេះទេ អំណាច និងឋានៈរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ គឺថានៅពេលដែលអំពើអាក្រក់ និងការប្រព្រឹត្តខ្លួនដ៏អាស្រូវរបស់ពួកគេត្រូវបានលាតត្រដាង ពួកគេនឹងមិនត្រឹមតែមិនអាចរក្សាឋានៈ និងអំណាចរបស់ខ្លួនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំទៀតផង។ នោះហើយជាមូលហេតុដែលពួកគេអន្ទះសាយ៉ាងខ្លាំងក្នុងការគិតរកវិធីដើម្បីបិទបាំងរឿងនេះ និងកម្ចាត់រាល់គ្រោះថ្នាក់លាក់កំបាំងចំពោះពួកគេ។ នេះគឺជាវិធីតែមួយគត់ដែលពួកគេអាចរក្សាឋានៈរបស់ខ្លួនបាន។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈគឺជាខ្យល់ដង្ហើមនៃជីវិត។ នៅពេលដែលពួកគេឮថានរណាម្នាក់នឹងលាតត្រដាង ឬរាយការណ៍ពីពួកគេភ្លាម ពួកគេមានការភ័យខ្លាច និងមិនស្រួលចិត្ត ដោយខ្លាចថានៅថ្ងៃស្អែក ពួកគេនឹងបាត់បង់ឋានៈរបស់ខ្លួន ហើយលែងបានសោយសុខនូវអារម្មណ៍នៃឯកសិទ្ធិដែលឋានៈបាននាំមកឱ្យពួកគេ ឬផលប្រយោជន៍នៃឋានៈទៀតឡើយ។ ពួកគេខ្លាចថានឹងគ្មាននរណាម្នាក់គោរពកោតខ្លាច ឬដើរតាមពួកគេទៀតទេ ថានឹងគ្មាននរណាម្នាក់បញ្ចើចបញ្ចើពួកគេ ឬធ្វើតាមបញ្ជារបស់ពួកគេទៀតឡើយ។ ប៉ុន្តែ អ្វីដែលពួកគេមិនអាចទ្រាំទ្របានបំផុតនោះ គឺមិនត្រឹមតែពួកគេនឹងបាត់បង់ឋានៈ និងអំណាចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចនឹងត្រូវបានបោសសម្អាត ឬបណ្ដេញចេញទៀតផង។ ប្រសិនបើរឿងនោះកើតឡើងមែន រាល់អត្ថប្រយោជន៍ និងអារម្មណ៍នៃឯកសិទ្ធិទាំងអស់ដែលឋានៈ និងអំណាចបានផ្ដល់ឱ្យពួកគេ ក៏ដូចជាក្ដីសង្ឃឹមក្នុងការទទួលបានព្រះពរ និងរង្វាន់ទាំងអស់ដោយការជឿលើព្រះជាម្ចាស់ នឹងត្រូវបាត់បង់ក្នុងមួយប៉ព្រិចភ្នែក។ រឿងនេះគឺជារឿងដែលពិបាកទ្រាំទ្របំផុតសម្រាប់ពួកគេ។ នៅពេលដែលពួកគេបាត់បង់អត្ថប្រយោជន៍ និងអារម្មណ៍នៃឯកសិទ្ធិដែលអំណាច និងឋានៈបានផ្ដល់ឱ្យពួកគេ នោះថ្ងៃស្រណុកសុខស្រួលរបស់ពួកគេនឹងត្រូវចប់ហើយ។ លើសពីនេះ ដោយសារតែបានប្រព្រឹត្តអំពើអាក្រក់ជាច្រើន ពួកគេនឹងធ្លាក់ចូលទៅក្នុងមហន្តរាយ ដោយរង់ចាំការដាក់ទោសរបស់ព្រះជាម្ចាស់។
តើអ្នកជំទាស់គឺជានរណា? តើមនុស្សប្រភេទណាដែលអាទទឹងនឹងព្រះគ្រីស្ទចាត់ទុកថាជាអ្នកជំទាស់? យ៉ាងហោចណាស់ ពួកគេគឺជាអស់អ្នកដែលមិនចាត់ទុកអាទទឹងនឹងព្រះគ្រីស្ទជាអ្នកដឹកនាំយ៉ាងពិតប្រាកដឡើយ មានន័យថា ពួកគេមិនគោរពកោតខ្លាច ឬថ្វាយបង្គំពួកគេទេ ប៉ុន្តែប្រព្រឹត្តចំពោះពួកគេដូចជាមនុស្សធម្មតាម្នាក់។ នោះគឺជាប្រភេទមួយ។ បន្ទាប់មក ក៏មានអ្នកដែលស្រឡាញ់សេចក្ដីពិត ដេញតាមសេចក្ដីពិត ដេញតាមការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងដេញតាមសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ពួកគេដើរលើផ្លូវខុសពីអាទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេគឺជាអ្នកជំទាស់នៅក្នុងភ្នែករបស់អាទទឹងនឹងព្រះគ្រីស្ទ។ តើមានអ្នកណាផ្សេងទៀតទេ? (អស់អ្នកដែលតែងតែផ្ដល់យោបល់ដល់ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលហ៊ានលាតត្រដាងពួកគេ។) អ្នកណាដែលហ៊ានផ្ដល់យោបល់អាពួកទទឹងនឹងព្រះគ្រីស្ទ និងលាតត្រដាងពួកគេ ឬអ្នកដែលមានទស្សនៈខុសពីពួកគេ ត្រូវបានពួកគេចាត់ទុកថាជាអ្នកជំទាស់។ ហើយមានមួយប្រភេទទៀត៖ គឺអ្នកដែលមានគុណសម្បត្តិ និងសមត្ថភាពស្មើនឹងអាទទឹងនឹងព្រះគ្រីស្ទ ដែលសមត្ថភាពក្នុងការនិយាយ និងការធ្វើសកម្មភាពរបស់អ្នកទាំងនោះគឺស្រដៀងនឹងពួកគេដែរ ឬអ្នកដែលពួកគេមើលឃើញថាខ្ពស់ជាងពួកគេ និងអាចញែកដឹងពីពួកគេបាន។ សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ នេះជារឿងដែលមិនអាចទទួលយកបានឡើយ ហើយជាការគំរាមកំហែងដល់ឋានៈរបស់ពួកគេ។ មនុស្សបែបនេះគឺជាអ្នកជំទាស់ដ៏ធំបំផុតរបស់អាទទឹងនឹងព្រះគ្រីស្ទ។ អាទទឹងនឹងព្រះគ្រីស្ទមិនហ៊ានមើលស្រាលមនុស្សបែបនេះ ឬធ្វេសប្រហែសសូម្បីតែបន្តិចឡើយ។ ពួកគេចាត់ទុកអ្នកទាំងនោះថាជាបន្លាក្នុងភ្នែករបស់ពួកគេ ជាការរំខានជានិច្ច ដោយប្រុងប្រយ័ត្ន និងការពារខ្លួនពីអ្នកទាំងនោះគ្រប់ពេលវេលា ហើយជៀសពីអ្នកទាំងនោះក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ជាពិសេស នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទឃើញថា អ្នកជំទាស់ណាម្នាក់នឹងញែកដឹង ហើយលាតត្រដាងពួកគេ ភាពភ័យស្លន់ស្លោជាពិសេសក៏កើតមានចំពោះពួកគេ ពួកគេអន្ទះសាយ៉ាងខ្លាំងក្នុងការផាត់ចេញ និងវាយប្រហារអ្នកជំទាស់បែបនេះ រហូតដល់ពួកគេនឹងមិនស្កប់ចិត្តឡើយ ទាល់តែពួកគេបានបោសសម្អាតអ្នកជំទាស់នោះចេញពីពួកជំនុំ។ ដោយមានផ្នត់គំនិតបែបនេះ និងមានចិត្តពោរពេញដោយរឿងទាំងនេះ តើពួកគេអាចធ្វើរឿងបែបណាខ្លះទៅ? តើពួកគេនឹងចាត់ទុកបងប្អូនប្រុសស្រីទាំងនេះជាសត្រូវ ហើយគិតរកវិធីដើម្បីផ្ដួលពួកគេ និងកម្ចាត់ពួកគេចោលដែរឬទេ? ពួកគេច្បាស់ជាធ្វើបែបនោះមិនខាន។ ពួកគេនឹងប្រើខួរក្បាលគិតយ៉ាងខ្លាំងរកវិធីដើម្បីធ្វើឱ្យអ្នកជំទាស់ចុះញ៉ម ហើយធ្វើគ្រប់មធ្យោបាយដើម្បីយកឈ្នះពួកគេ មែនទេ? ការធ្វើឱ្យអ្នកជំទាស់ចុះញ៉ម មានន័យថា អាទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យមនុស្សគ្រប់គ្នាស្ដាប់ពួកគេ ដោយធ្វើយ៉ាងណាឱ្យគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីផ្សេង ឬមានមតិផ្សេងឡើយ កុំថាឡើយដល់លាតត្រដាងពួកគេ។ ការយកឈ្នះលើអ្នកជំទាស់ មានន័យថា អាទទឹងនឹងព្រះគ្រីស្ទមួលបង្កាច់ និងថ្កោលទោសពួកគេ ដោយបង្កើតការបំភាន់មួយចំនួន ដើម្បីឱ្យអ្នកជំទាស់នោះត្រូវគេធ្វើឱ្យអាម៉ាស់ និងត្រូវបានលួសកាត់ ដែលបណ្ដាលឱ្យកេរ្តិ៍ឈ្មោះរបស់ពួកគេធ្លាក់ដល់ចំណុចសូន្យ។ តើការធ្វើរឿងបែបនេះ មិនមែនជាទម្រង់ដ៏ធំបំផុតនៃអំពើអាក្រក់ទេឬអី? តើវាមិនប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? អាទទឹងនឹងព្រះគ្រីស្ទមានល្បិច និងវិធីសាស្ត្រជាច្រើនសម្រាប់ការវាយប្រហារ និងផាត់ចេញអ្នកជំទាស់។ ក្រៅពីការប្រឈមមុខដាក់គ្នា និងការមិនទទួលស្គាល់ជាសាធារណៈ ល្បិចដ៏មានឥទ្ធិពលបំផុតរបស់ពួកគេរួមមានការអូសទាញ និងការបញ្ចុះបញ្ចូលអ្នកជំទាស់ ដោយធ្វើឱ្យពួកគេទាំងអស់ស្ដាប់តាមខ្លួន។ ប្រសិនបើអ្នកជំទាស់មិនស្ដាប់ទេ អាទទឹងនឹងព្រះគ្រីស្ទនឹងគាបសង្កត់ពួកគេ បង្ក្រាបពួកគេ និងធ្វើឱ្យពួកគេខូចឈ្មោះ តាមរបៀបដូចគ្នាដែលពួកអ្នកមិនជឿដោះស្រាយជាមួយគូប្រជែងនយោបាយដែរ។ នេះហើយបង្ហាញថាពួកទទឹងនឹងព្រះគ្រីស្ទមានភាពកាចសាហាវ និងឃោរឃៅប៉ុនណា។ ប៉ុន្តែ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទនឹងប្រើវិធីសាស្ត្រទន់ភ្លន់ដើម្បីអូសទាញមនុស្ស។ ឧទាហរណ៍ ប្រសិនបើមានអ្នកជំទាស់ណាម្នាក់ដែលមានមតិមិនស្របនឹងពួកគេ ពួកគេនឹងមើលថាតើបុគ្គលនោះចូលចិត្តអ្វី និងមានចំណុចខ្សោយនៅត្រង់ណាខ្លះ ដោយប្រើគ្រប់មធ្យោបាយដ៏ថោកទាបដើម្បីធ្វើឱ្យពួកគេចុះញ៉ម។ ឬពួកគេនឹងធ្វើពុតជាចុះចូល និងទទួលស្គាល់កំហុសរបស់ពួកគេនៅចំពោះមុខអ្នកជំទាស់ ឬធ្វើគ្រប់មធ្យោបាយដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកជំទាស់ និងបំពេញចិត្តពួកគេ ឬប្រហែលជាឱ្យមិត្តភក្តិជិតស្និទ្ធរបស់ពួកគេទៅបញ្ចុះបញ្ចូលអ្នកជំទាស់ ហើយបន្ទាប់មក ពួកគេធ្វើពុតជាកំពុងប្រកបគ្នាអំពីសេចក្ដីពិតជាមួយអ្នកជំទាស់នោះ ដោយនិយាយថា៖ «ការពួតដៃគ្នារបស់យើងសម្រាប់កិច្ចការពួកជំនុំគឺល្អឥតខ្ចោះណាស់ យើងអាចចែកគ្នាគ្រប់គ្រងពួកជំនុំនេះពាក់កណ្ដាលម្នាក់នៅពេលអនាគត។ ទោះបីជាខ្ញុំជាអ្នកដឹកនាំក៏ដោយ ក៏ខ្ញុំនឹងស្ដាប់រាល់យោបល់ដែលអ្នកមានដែរ។ តាមពិតទៅ គឺខ្ញុំទេដែលនឹងសហការជាមួយអ្នក»។ ប្រសិនបើអ្នកជំទាស់គឺជាមនុស្សដែលមិនយល់ពីសេចក្ដីពិត នោះវានឹងងាយស្រួលសម្រាប់អាទទឹងនឹងព្រះគ្រីស្ទក្នុងការបញ្ចុះបញ្ចូលពួកគេ។ អស់អ្នកដែលយល់ពីសេចក្ដីពិត នឹងមើលធ្លុះរឿងនេះ ហើយនិយាយថា «ម្នាក់នេះពិតជាអ្នកប្រើល្បិចមែន ពួកគេមិនវាយប្រហារដោយបើកចំហទេ ប៉ុន្តែប្រើល្បិច ជំនួសឱ្យការប្រើវិធីសាស្ត្ររឹងត្អឹង ពួកគេចូលមកយ៉ាងទន់ភ្លន់»។ សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ អ្នកជំទាស់គឺជាការគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេ។ អ្នកណាដែលគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេ មិនថាជាអ្នកណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើគ្រប់មធ្យោបាយដើម្បី «ចាត់ការ» ពួកគេដែរ។ ប្រសិនបើមនុស្សទាំងនេះពិតជាមិនអាចធ្វើឱ្យចុះញ៉ម ឬបញ្ចុះបញ្ចូលបានទេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងផ្ដួលពួកគេ ឬបោសសម្អាតពួកគេចេញ។ នៅទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទនឹងសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការមានអំណាចដាច់ខាត និងតាំងខ្លួនជាច្បាប់។ នេះគឺជាបច្ចេកទេសមួយដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រើជាទម្លាប់ ដើម្បីរក្សាឋានៈ និងអំណាចរបស់ពួកគេ គឺពួកគេវាយប្រហារ និងផាត់ចេញអ្នកជំទាស់។
តើអ្វីខ្លះជាដើមចមនៃវិធីសាស្ត្រ ការបង្ហាញចេញ បំណងចិត្តនៃការធ្វើសកម្មភាព ហើយតើសកម្មភាពក្នុងការវាយប្រហារ និងផាត់ចេញអ្នកជំទាស់របស់ពួកទទឹងនឹងព្រះគ្រីស្ទមានប្រភពមកពីណា? (សាតាំង។) និយាយឱ្យចំទៅ គឺវាមកពីមហិច្ឆិតា និងបំណងប្រាថ្នារបស់មនុស្ស និងមកពីធម្មជាតិរបស់សាតាំង។ ចុះតើគោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? គោលដៅរបស់ពួកគេគឺការដណ្ដើមអំណាច គ្រប់គ្រងចិត្តមនុស្ស និងសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេ។ នេះហើយគឺជាអ្វីដែលធ្វើឱ្យក្លាយជាអាទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ តាមទស្សនៈនៃចំណុចទាំងពីរនៃការយកឈ្នះចិត្តមនុស្ស ព្រមទាំងការវាយប្រហារ និងផាត់ចេញអ្នកជំទាស់ តើអាទទឹងនឹងព្រះគ្រីស្ទបកស្រាយអត្ថន័យនៃពាក្យថា «អ្នកដឹកនាំ» និងតួនាទីដែលអ្នកដឹកនាំត្រូវបំពេញយ៉ាងដូចម្ដេច? ពួកគេជឿថា អ្នកដឹកនាំគឺជាមនុស្សម្នាក់ដែលមានអំណាច និងឋានៈ គឺថាពួកគេមានអំណាចក្នុងការបញ្ជា អូសទាញ បំភាន់ គំរាមកំហែង និងគ្រប់គ្រងមនុស្សដែលពួកគេដឹកនាំ។ នេះជារបៀបដែលពួកគេយល់ពីពាក្យថា «អ្នកដឹកនាំ»។ ដូច្នេះ នៅពេលដែលពួកគេស្ថិតក្នុងតួនាទីជាអ្នកដឹកនាំ ពួកគេអនុវត្តយុទ្ធសាស្ត្រទាំងនេះនៅក្នុងកិច្ចការរបស់ពួកគេ ហើយនេះជារបៀបដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ ចុះតើពួកគេកំពុងធ្វើអ្វីឱ្យប្រាកដ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួននោះ? គេអាចនិយាយបានយ៉ាងជឿជាក់ថា ពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់ ហើយនិយាយឱ្យចំទៅ ពួកគេកំពុងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួន ដោយប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំង ដណ្ដើមចិត្តមនុស្ស និងដណ្ដើមឋានៈ។ ពួកគេចង់ជំនួសតំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តមនុស្ស ដើម្បីឱ្យមនុស្សថ្វាយបង្គំពួកគេ។ តើអ្នករាល់គ្នាមិនតែងតែមានចេតនា និងបំណងចិត្តបែបនេះ ហើយបង្ហាញឥរិយាបថ និងការអនុវត្តបែបនេះទេឬអី? តើអ្នកមិនតែងតែបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់សាតាំងទាំងនេះទេឬអី? (ពួកយើងមាន។) តើការបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់សាតាំងទាំងនេះ អាចធ្ងន់ធ្ងរដល់កម្រិតណា? តើវាឈានដល់ចំណុចដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានហើយឬនៅ? នៅពេលរឿងនេះកើតឡើង តើអ្នករាល់គ្នាអាចមានការដឹងខ្លួន ការគ្រប់គ្រងចិត្ត និងការដាក់វិន័យលើខ្លួនឯងខ្លះៗដែរឬទេ? (ចាស/បាទ។) ប្រាប់ខ្ញុំមកមើល៍ តើមាននរណាម្នាក់ដែលមិនចង់បានអំណាចទាល់តែសោះដែរឬទេ? តើមាននរណាម្នាក់ដែលមិនចូលចិត្តអំណាចដែរឬទេ? តើមាននរណាម្នាក់ដែលមិនលោភលន់ចង់បានផលប្រយោជន៍នៃឋានៈដែរឬទេ? ទេ គឺគ្មានឡើយ។ តើអ្វីជាមូលហេតុនៃរឿងនេះ? គឺដោយសារតែមនុស្សទាំងអស់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ពួកគេទាំងអស់គ្នាមានធម្មជាតិជាសាតាំង។ រឿងមួយដែលមនុស្សទាំងអស់មានដូចគ្នា គឺពួកគេចូលចិត្តអំណាច ឋានៈ និងការសោយសុខនឹងផលប្រយោជន៍នៃឋានៈ។ នេះគឺជាលក្ខណៈដែលមនុស្សទាំងអស់មានដូចគ្នា។ ចុះហេតុអ្វីបានជាមនុស្សមួយចំនួនត្រូវបានចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទ ចំណែកឯអ្នកផ្សេងទៀតគ្រាន់តែបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ឬដើរលើផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទទៅវិញ? តើមានភាពខុសគ្នាអ្វីខ្លះរវាងក្រុមទាំងពីរនេះ? ជាដំបូង ខ្ញុំនឹងនិយាយអំពីភាពខុសគ្នានៃភាពជាមនុស្សរបស់ពួកគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សដែរឬទេ? តើមានភាពខុសគ្នាអ្វីខ្លះរវាងភាពជាមនុស្សរបស់មនុស្សដែលដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងពួកទទឹងនឹងព្រះគ្រីស្ទផ្ទាល់តែម្ដង? (ពួកទទឹងនឹងព្រះគ្រីស្ទមិនមានមនសិការ និងវិចារណញ្ញាណទេ ពួកគេមិនមានភាពជាមនុស្សឡើយ ចំណែកឯមនុស្សដែលដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅមានមនសិការ និងវិចារណញ្ញាណបន្តិចបន្តួច។ ពួកគេនៅអាចទទួលយកសេចក្ដីពិត និងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយក៏បង្ហាញការប្រែចិត្តពិតប្រាកដផងដែរ។) ការបង្ហាញការប្រែចិត្ត គឺជាចំណុចនៃភាពខុសគ្នា។ តើពួកទទឹងនឹងព្រះគ្រីស្ទចេះប្រែចិត្តដែរឬទេ? (ទេ ពួកគេមិនចេះទេ។) ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ទោះបីជាពួកគេទាល់ច្រកក៏ដោយ ក៏ពួកគេមិនប្រែចិត្តដែរ។ ពួកគេនឹងគ្មានថ្ងៃស្គាល់ខ្លួនឯងឡើយ។ នៅពេលនិយាយដល់ភាពជាមនុស្ស មានចំណុចមួយទៀតដែលមនុស្សដែលដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ខុសពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាភាពខុសគ្នារវាងមនុស្សល្អធម្មតា និងមនុស្សអាក្រក់។ មនុស្សល្អនិយាយ និងធ្វើរឿងរ៉ាវដោយមានមនសិការ និងវិចារណញ្ញាណ ចំណែកឯមនុស្សអាក្រក់មិនមានមនសិការ និងវិចារណញ្ញាណឡើយ។ នៅពេលដែលមនុស្សអាក្រក់ធ្វើរឿងអាក្រក់អ្វីមួយ ហើយត្រូវបានគេលាតត្រដាង ពួកគេមិនព្រមទទួលកំហុសឡើយ៖ «ហ៊ឹះ ទោះបីជាមនុស្សគ្រប់គ្នាដឹងក៏ដោយ តើពួកគេអាចធ្វើអ្វីបានទៅ? ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ! ខ្ញុំមិនខ្វល់ថាអ្នកណាលាតត្រដាង ឬរិះគន់ខ្ញុំឡើយ។ តើមានអ្នកណាអាចធ្វើអ្វីខ្ញុំបានទៅ?» មិនថាមនុស្សអាក្រក់ធ្វើរឿងអាក្រក់ច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ខ្មាសអៀនឡើយ។ នៅពេលដែលមនុស្សធម្មតាធ្វើរឿងអាក្រក់ ពួកគេចង់បិទបាំង និងលាក់បាំងវា។ ប្រសិនបើមាននរណាម្នាក់លាតត្រដាងពួកគេ ពួកគេខ្មាសអៀនខ្លាំងណាស់មិនហ៊ានប្រឈមមុខនឹងអ្នកណាម្នាក់ឡើយ ហើយថែមទាំងមិនចង់រស់នៅបន្តទៀតផង៖ «អា៎ តើខ្ញុំអាចធ្វើរឿងបែបនេះបានដោយរបៀបណា? ខ្ញុំពិតជាគ្មានភាពអៀនខ្មាសមែន!» ពួកគេមានវិប្បដិសារីយ៉ាងខ្លាំង ហើយថែមទាំងដាក់បណ្ដាសាខ្លួនឯង ដោយស្បថថាពួកគេនឹងមិនធ្វើរឿងបែបនេះទៀតឡើយ។ ឥរិយាបថប្រភេទនេះ គឺជាភស្តុតាងបញ្ជាក់ថា ពួកគេមានអារម្មណ៍ខ្មាសអៀន ថាពួកគេនៅមានភាពជាមនុស្សខ្លះៗ។ អ្នកដែលគ្មានភាពអៀនខ្មាស គឺមិនមានមនសិការ និងវិចារណញ្ញាណឡើយ ហើយមនុស្សអាក្រក់ទាំងអស់សុទ្ធតែគ្មានភាពអៀនខ្មាស។ មិនថាមនុស្សអាក្រក់ប្រព្រឹត្តអំពើអាក្រក់បែបណាក៏ដោយ ក៏វាមិនធ្វើឱ្យពួកគេចេះខ្មាសអៀន ឬបេះដូងលោតញាប់ឡើយ ហើយពួកគេនៅតែការពារសកម្មភាពរបស់ខ្លួនដោយគ្មានការអៀនខ្មាស ដោយបំភ្លៃទិដ្ឋភាពអវិជ្ជមានឱ្យទៅជាវិជ្ជមាន និងនិយាយពីអំពើអាក្រក់ហាក់ដូចជាវាជារឿងល្អអ៊ីចឹង។ តើមនុស្សប្រភេទនេះមានអារម្មណ៍ខ្មាសអៀនដែរឬទេ? (ទេ)។ ប្រសិនបើពួកគេមានអាកប្បកិរិយាបែបនេះ តើពួកគេនឹងប្រែចិត្តយ៉ាងពិតប្រាកដនៅពេលអនាគតដែរឬទេ? ទេ ពួកគេនឹងបន្តធ្វើសកម្មភាពដូចដែលពួកគេធ្លាប់ធ្វើប៉ុណ្ណោះ។ នេះមានន័យថា ពួកគេគ្មានភាពអៀនខ្មាសឡើយ ហើយការគ្មានភាពអៀនខ្មាស មានន័យថាគ្មានមនសិការ និងវិចារណញ្ញាណ។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណ ខ្មាសអៀនខ្លាំងណាស់ មិនហ៊ាននឹងប្រឈមមុខនឹងអ្នកណាម្នាក់ទេ បន្ទាប់ពីពួកគេត្រូវបានគេលាតត្រដាងពីការធ្វើរឿងអាក្រក់ ហើយពួកគេគ្មានថ្ងៃធ្វើរឿងនេះម្ដងទៀតឡើយ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែពួកគេមានអារម្មណ៍ថា នេះជាទង្វើដ៏គួរឱ្យខ្មាសអៀន ហើយពោរពេញដោយភាពខ្មាសអៀនពេកក្នុងការប្រឈមមុខនឹងអ្នកណាម្នាក់ គឺមានអារម្មណ៍ខ្មាសអៀននៅក្នុងភាពជាមនុស្សរបស់ពួកគេ។ តើនេះមិនមែនជាស្ដង់ដាអប្បបរមាសម្រាប់ភាពជាមនុស្សធម្មតាទេឬអី? (មែនហើយ។) តើអ្នកដែលមិនទាំងមានអារម្មណ៍ខ្មាសអៀន អាចនៅតែត្រូវបានគេហៅថាមនុស្សបានដែរឬទេ? ពួកគេមិនអាចទេ។ តើអ្នកដែលមិនមានអារម្មណ៍ខ្មាសអៀន មានគំនិតប្រក្រតីដែរឬទេ? (ពួកគេមិនមានទេ។) ពួកគេមិនមានគំនិតប្រក្រតីទេ កុំថាឡើយមានសេចក្ដីស្រឡាញ់ចំពោះរឿងវិជ្ជមាននោះ។ សម្រាប់ពួកគេ ការមានមនសិការ និងវិចារណញ្ញាណ គឺជាស្ដង់ដាដែលខ្ពស់ពេក ដែលពួកគេមិនអាចឈានដល់។ ឥឡូវនេះ តើអ្វីជាភាពខុសគ្នាជាមូលដ្ឋានបំផុតរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងអស់អ្នកដែលដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? នៅពេលដែលមនុស្សម្នាក់ដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ ត្រូវបានអ្នកដទៃលាតត្រដាងពីការប្រជែងជាមួយព្រះជាម្ចាស់ដើម្បីឋានៈ ពួកគេនឹងមិនគិតថាពួកគេបានធ្វើខុសឡើយ។ ក្រោយមក មិនត្រឹមតែពួកគេនឹងមិនរៀនសូត្រពីមេរៀនរបស់ពួកគេ ហើយងាកមករកព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពេលដែលពួកគេមានឱកាសត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពួកគេនឹងបន្តប្រជែងជាមួយព្រះជាម្ចាស់ដើម្បីឋានៈ ដោយបន្តធ្វើដូចមុន សុខចិត្តស្លាប់ជាជាងប្រែចិត្ត។ តើមនុស្សទាំងនេះមានតម្រិះប្រកបដោយវិចារណញ្ញាណដែរឬទេ? (ពួកគេមិនមានទេ។) ហើយតើមនុស្សដែលគ្មានតម្រិះប្រកបដោយវិចារណញ្ញាណ មានអារម្មណ៍ខ្មាសអៀនដែរឬទេ? (ពួកគេមិនមានទេ។) មនុស្សបែបនេះគ្មានតម្រិះប្រកបដោយវិចារណញ្ញាណ និងគ្មានអារម្មណ៍ខ្មាសអៀនឡើយ។ នៅពេលដែលមនុស្សដែលមានភាពជាមនុស្សធម្មតា មនសិការ និងវិចារណញ្ញាណ ឮអ្នកដទៃនិយាយថា ពួកគេកំពុងប្រជែងជាមួយព្រះជាម្ចាស់ដើម្បីឋានៈ ពួកគេនឹងគិតថា «អូ ទេ! នេះជារឿងធ្ងន់ធ្ងរណាស់! ខ្ញុំជាអ្នកដើរតាមព្រះជាម្ចាស់! តើខ្ញុំអាចប្រជែងឋានៈជាមួយទ្រង់បានដោយរបៀបណា? គួរឱ្យខ្មាសអៀនណាស់ដែលប្រជែងជាមួយព្រះជាម្ចាស់ដើម្បីឋានៈ! ខ្ញុំពិតជាស្ពឹកស្រពន់ខាងវិញ្ញាណ ល្ងង់ខ្លៅ និងគ្មានវិចារណញ្ញាណមែនដែលធ្វើបែបនេះ! តើខ្ញុំអាចធ្វើរឿងបែបនេះបានដោយរបៀបណា?» ពួកគេនឹងមានអារម្មណ៍អៀនខ្មាស និងអាម៉ាស់មុខចំពោះអ្វីដែលពួកគេបានធ្វើ ហើយនៅពេលជួបប្រទះស្ថានភាពស្រដៀងគ្នានេះ អារម្មណ៍ខ្មាសអៀនរបស់ពួកគេនឹងគ្រប់គ្រងឥរិយាបថរបស់ពួកគេ។ សារជាតិធម្មជាតិរបស់មនុស្សទាំងអស់ គឺជាសារជាតិធម្មជាតិរបស់សាតាំង ប៉ុន្តែអ្នកដែលមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា នឹងមានអារម្មណ៍ខ្មាសអៀន ហើយឥរិយាបថរបស់ពួកគេនឹងត្រូវបានគ្រប់គ្រង។ នៅពេលដែលការយល់ដឹងរបស់មនុស្សម្នាក់អំពីសេចក្ដីពិតកាន់តែស៊ីជម្រៅបន្តិចម្ដងៗ ហើយនៅពេលដែលចំណេះដឹង និងការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ និងការចុះចូលចំពោះសេចក្ដីពិតកាន់តែស៊ីជម្រៅ នោះអារម្មណ៍ខ្មាសអៀននេះនឹងលែងជាស្ដង់ដាអប្បបរមាទៀតហើយ។ ពួកគេនឹងត្រូវបានគ្រប់គ្រងកាន់តែខ្លាំងឡើងដោយសេចក្ដីពិត និងដោយចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ។ ពួកគេនឹងបន្តកែលម្អខ្លួនឯង ហើយធ្វើសកម្មភាពកាន់តែស្របតាមសេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងដេញតាមសេចក្ដីពិតដែរឬទេ? ពួកគេនឹងមិនដេញតាមជាដាច់ខាត។ ពួកគេមិនមានវិចារណញ្ញាណជាមនុស្សធម្មតាទេ មិនដឹងថាការដេញតាមសេចក្ដីពិតមានន័យដូចម្ដេចឡើយ ហើយស្អប់ខ្ពើមសេចក្ដីពិត និងមិនមានសេចក្ដីស្រឡាញ់សូម្បីតែបន្តិចចំពោះសេចក្ដីពិត ដូច្នេះតើពួកគេអាចដេញតាមសេចក្ដីពិតបានដោយរបៀបណា? ការដេញតាមសេចក្ដីពិត គឺជាតម្រូវការនៃភាពជាមនុស្សធម្មតា មានតែអ្នកដែលស្រេកឃ្លានសេចក្ដីសុចរិតប៉ុណ្ណោះ ទើបស្រឡាញ់សេចក្ដីពិត និងដេញតាមវា។ អស់អ្នកដែលមិនមានភាពជាមនុស្សធម្មតា នឹងគ្មានថ្ងៃដេញតាមសេចក្ដីពិតឡើយ។
មនុស្សដែលដើរលើផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺខុសពីពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ មនុស្សមួយចំនួនឃើញថា ពួកគេពោរពេញទៅដោយនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេដេញតាម និងស្រឡាញ់ងប់ងល់ចំពោះកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ហើយមិនអាចលះបង់វាចោលបានឡើយ។ ពួកគេជឿជាក់យ៉ាងមុតមាំថា ពួកគេមានធម្មជាតិជាអាទទឹងនឹងព្រះគ្រីស្ទ ហើយមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ប្រសិនបើអ្នកមិនស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយមិនដឹងថាអ្នកជាអាទទឹងនឹងព្រះគ្រីស្ទ ឬជាមនុស្សអាក្រក់ទេ នោះអ្នកគួរតែឆ្លុះបញ្ចាំងពីថាតើអ្នកមានអារម្មណ៍ ឬសេចក្ដីអៀនខ្មាសដែរឬទេ។ ប្រសិនបើអ្នកមិនមានទេ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ ហើយអាចនិយាយបានថា អ្នកមានសារជាតិធម្មជាតិជាមនុស្សអាក្រក់ ឬជាអាទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាអ្នកមិនមែនជាអាទទឹងនឹងព្រះគ្រីស្ទនៅពេលនេះក៏ដោយ ក៏អ្នកអាចនឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទនៅពេលអនាគតដែរ។ រឿងដែលអស់អ្នកដែលមិនដេញតាមសេចក្ដីពិតមិនចង់ធ្វើបំផុតនោះ គឺការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។ ពួកគេនិយាយថា៖ «ខ្ញុំមិនខ្វល់ថាអ្នកណានិយាយថាខ្ញុំជាអាទទឹងនឹងព្រះគ្រីស្ទឡើយ។ តើអ្នកណាមិនចូលចិត្តកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈទៅ? អ្នកណាដែលនិយាយថាពួកគេមិនចូលចិត្តកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ គឺកំពុងកុហកហើយ។ តើអ្នកណាអាចមានឋានៈ ហើយមិនសោយសុខនឹងផលប្រយោជន៍របស់វាទៅ? មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលអាចធ្វើបែបនោះបាន។ ការដែលអាចសោយសុខនឹងផលប្រយោជន៍នៃឋានៈ នោះទើបហៅថាសមត្ថភាព!» តើមនុស្សប្រភេទណាដែលនិយាយរឿងបែបនេះ? តើមិនមែនជាអ្នកដែលស្អប់ខ្ពើមសេចក្ដីពិតទេឬអី? មនុស្សប្រភេទនេះរឹងរូសខ្លាំងណាស់ តើពួកគេអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? ពួកគេមិនអាចទទួលបានសេចក្ដីសង្គ្រោះជាដាច់ខាត ពីព្រោះព្រះជាម្ចាស់មិនសង្គ្រោះមនុស្សអាក្រក់ឡើយ។ មនុស្សបែបនេះគឺជាពូជអម្បូររបស់សាតាំង ពួកគេគឺជាសត្វតិរច្ឆាន។ មនុស្សមួយចំនួនមិនដឹងថាតើពួកគេអាចជាអ្នកដែលទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអត់នោះទេ។ ក្នុងករណីនេះ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងពីសារជាតិធម្មជាតិ និងនិស្ស័យពុករលួយរបស់អ្នក ចូរសង្កេតមើលថាតើអ្នកអាចមានញាណដឹងពីរឿងនេះ និងមានអារម្មណ៍ខ្មាសអៀននៅក្នុងចិត្តដែរឬទេ ហើយថាតើអ្នកគិតថាអ្វីដែលព្រះជាម្ចាស់លាតត្រដាងគឺជាខ្លួនអ្នកពិតប្រាកដ ដែលបន្ទាប់មកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ខ្មាសអៀន និងមានអារម្មណ៍ថាអ្នកគ្មានកន្លែងលាក់ខ្លួនដែរឬទេ។ ប្រសិនបើអ្នកមានអារម្មណ៍ខ្មាសអៀននេះ ប្រសិនបើអ្នកមានការដឹងខ្លួននេះ នេះជារឿងល្អ។ មានមនុស្សមួយចំនួនថែមទាំងនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងខ្ញុំយ៉ាងហ្មត់ចត់។ ខ្ញុំខ្មាសអៀនខ្លាំងណាស់ មិនហ៊ាននឹងប្រឈមមុខនឹងអ្នកណាម្នាក់ ហើយគ្មានកន្លែងសម្រាប់ខ្ញុំលាក់ខ្លួនឡើយ។ ខ្ញុំគិតថាខ្ញុំគួរតែត្រូវបានបញ្ជូនទៅនរក ខ្ញុំមិនស័ក្តិសមនឹងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ភាពអវិជ្ជមានរបស់ខ្ញុំគឺដល់កម្រិតដែលខ្ញុំមិនទាំងគិតថាខ្ញុំស័ក្តិសមនឹងរស់នៅផង។ ខ្ញុំគួរតែស្លាប់ឱ្យផុតៗទៅ»។ តើការមានអារម្មណ៍បែបនេះជារឿងល្អ ឬអាក្រក់? វាជារឿងល្អ។ មនុស្សមួយចំនួនមិនយល់ ហើយនិយាយថា៖ «តើនេះអាចជារឿងល្អបានដោយរបៀបណា?» (វាបង្ហាញថាបុគ្គលនេះមានអារម្មណ៍ខ្មាសអៀន។) វាមិនមែនអាស្រ័យលើភាពអៀនខ្មាសតែមួយមុខនោះទេ។ ជាបឋម ការមានអារម្មណ៍បែបនេះ មានន័យថា យ៉ាងហោចណាស់អ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីពីរ តើអ្វីជាមូលដ្ឋានគ្រឹះសម្រាប់ការស្គាល់ខ្លួនឯងរបស់អ្នក? (ការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ អ្នកទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ដែលមានន័យថា អ្នកកំពុងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាស្ដង់ដាដើម្បីវាយតម្លៃថាតើអ្នកអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ និងថាតើអ្នកជាមនុស្សប្រភេទណា គឺអ្នកបានយកព្រះបន្ទូលរបស់ទ្រង់ធ្វើជាស្ដង់ដាសម្រាប់ការវាយតម្លៃខ្លួនឯងរួចទៅហើយ។ នេះបង្ហាញថាអ្នកមានសេចក្ដីជំនឿពិតប្រាកដលើព្រះបន្ទូលទាំងនោះ។ លុះត្រាតែអ្នកមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ ទើបអ្នកអាចចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីពិត ជាស្ដង់ដាសម្រាប់ការវាយតម្លៃខ្លួនឯងបាន។ អ្នកដែលធ្វើបែបនេះ មានឱកាសទទួលបានសេចក្ដីសង្គ្រោះ វាមិនសាមញ្ញត្រឹមតែថាតើមនុស្សម្នាក់មានអារម្មណ៍ខ្មាសអៀន ឬអត់នោះទេ។
ចំពោះការបង្ហាញចេញនេះ ដែលជាការដែលពួកទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងផាត់ចេញអ្នកជំទាស់ យើងបានពិភាក្សាគ្នារួចហើយអំពីនិយមន័យនៃពាក្យថា «អ្នកជំទាស់»។ ដូច្នេះ តើមនុស្សណាខ្លះដែលចាត់ចូលក្នុងប្រភេទមនុស្សនេះ? ភាគច្រើនគឺអ្នកដែលមានទស្សនៈលើរឿងរ៉ាវនានាខុសពីពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលដើរលើផ្លូវខុសពីពួកគេ។ នៅក្នុងភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សទាំងនេះសុទ្ធតែក្លាយជាអ្នកជំទាស់ ហើយពួកគេគឺជាគោលដៅនៃការវាយប្រហាររបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ការវាយប្រហារ និងផាត់ចេញអ្នកជំទាស់ គឺជារឿងត្រឹមត្រូវទាំងស្រុង ថាវាគឺជាការការពារកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ និងការពារជីវិតពួកជំនុំ ប៉ុន្តែជាក់ស្ដែង វាគឺជាមធ្យោបាយ និងវិធីសាស្ត្រក្នុងការការពារឋានៈ និងអំណាចផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ វាមិនបម្រើដល់ការការពារកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ទាល់តែសោះ ហើយកាន់តែមិនរក្សាសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅទៀត។ អ្នកជំទាស់មួយចំនួនដែលបានរៀបរាប់នៅទីនេះ គឺជាមនុស្សដែលដេញតាមសេចក្ដីពិត។ យើងអាចប្រាកដពីរឿងនេះ ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទប្រឆាំងនឹងមនុស្សដែលដេញតាមសេចក្ដីពិត ហើយមានតែអ្នកដែលដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទបាន។
ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩