ចំណុចទីមួយ៖ ពួកគេព្យាយាមយកឈ្នះចិត្តមនុស្ស

សេចក្ដីបន្ថែម៖ សេចក្ដីពិតបន្ថែមក្នុងការផ្សាយដំណឹងល្អ

ប្រធានបទដែលបានពិភាក្សានៅក្នុងការជួបជុំប៉ុន្មានដងកាលពីលើកមុន គឺនិយាយអំពីការបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបមួយដែលត្រូវតាមស្តង់ដា ហើយយើងបានបែងចែកប្រភេទនៃភារកិច្ចដែលមនុស្សគួរតែបំពេញ ក៏ដូចជាបុគ្គលិកផងដែរ។ តើមានប្រភេទជាក់លាក់អ្វីខ្លះ? (ប្រភេទទីមួយ គឺអ្នកធ្វើការខាងផ្សាយដំណឹងល្អ ប្រភេទទីពីរ រួមមានពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគ្រប់លំដាប់ថ្នាក់នៅក្នុងពួកជំនុំ ប្រភេទទីបី គ្របដណ្ដប់លើបុគ្គលិកដែលបំពេញភារកិច្ចពិសេសផ្សេងៗ ប្រភេទទីបួន រួមមានអស់អ្នកដែលបំពេញភារកិច្ចទូទៅ ប្រភេទទីប្រាំ ពាក់ព័ន្ធនឹងអស់អ្នកដែលបំពេញភារកិច្ចនៅពេលទំនេររបស់ខ្លួន និងប្រភេទទីប្រាំមួយ សំដៅលើអ្នកដែលមិនបំពេញភារកិច្ច។) សរុបទាំងអស់ មានប្រាំមួយប្រភេទ។ កាលពីលើកមុន យើងបានពិភាក្សាគ្នាអំពីប្រភេទទីមួយ ដែលទាក់ទងនឹងគោលការណ៍ និងសេចក្ដីពិតដែលពាក់ព័ន្ធនឹងភារកិច្ចនៃការផ្សាយដំណឹងល្អ ដោយរួមបញ្ចូលទាំងខ្លឹមសារដែលចេញពីគ្រប់ទិដ្ឋភាពនៃការផ្សាយដំណឹងល្អ រួមទាំងចំណុចដែលត្រូវយកចិត្តទុកដាក់ គោលការណ៍ និងសេចក្ដីពិតដែលពាក់ព័ន្ធ និងផ្នែកដែលមនុស្សគួរតែប្រុងប្រយ័ត្ន ព្រមទាំងកំហុស និងសេចក្ដីវៀចវេរទូទៅ ដែលកើតឡើងនៅក្នុងដំណើរការនៃការបំពេញភារកិច្ចនេះផងដែរ។ បន្ទាប់ពីបានស្ដាប់ការបង្រៀនអំពីប្រធានបទជាក់លាក់មួយហើយ តើអ្នករាល់គ្នាអាចសង្ខេបចំណុចសំខាន់ៗនៅក្នុងការបង្រៀននោះបានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាអាចចាប់យល់ខ្លឹមសារសំខាន់នៃប្រធានបទមួយបានហើយចងចាំទុកក្នុងចិត្តនូវសេចក្ដីពិតនានាដែលពាក់ព័ន្ធ បន្ទាប់មក ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់អ្នក ចូរប្រែក្លាយសេចក្ដីពិតទាំងនោះបន្តិចម្ដងៗឱ្យទៅជាតថភាពផ្ទាល់ខ្លួនរបស់អ្នកទៅជាជីវិតរបស់អ្នក និងទៅជាផ្លូវនៃការអនុវត្តរបស់អ្នក នោះអ្នករាល់គ្នាពិតជាបានស្រូបយកខ្លឹមសារដែលខ្ញុំបានកំពុងប្រកបគ្នានេះហើយ។ ប្រសិនបើបន្ទាប់ពីបានប្រកបគ្នាអំពីការបង្រៀនមួយហើយ អ្នករាល់គ្នាគ្រាន់តែមានគំនិតទូទៅ ឬចងចាំព្រឹត្តិការណ៍ និងរឿងរ៉ាវមួយចំនួន ប៉ុន្តែមិនយល់ថាសេចក្ដីពិត និងគោលការណ៍ដែលបង្កប់នៅក្នុងការបង្រៀននោះជាអ្វី ហើយហេតុអ្វីបានជារឿងទាំងនេះត្រូវបានយកមកពិភាក្សាទេនោះ តើនោះរាប់ថាជាការមានការយល់ដឹងដែរឬទេ? តើនោះរាប់ថាជាការយល់សេចក្ដីពិតដែរឬទេ? (មិនរាប់ទេ។) វាមិនរាប់ថាជាការយល់សេចក្ដីពិតឡើយ ពោលគឺអ្នកមិនបានយល់ថាសេចក្ដីពិតអ្វីខ្លះដែលកំពុងត្រូវបានថ្លែងប្រាប់នោះទេ អ្នកមិនបានយល់សេចក្ដីពិតទាំងនោះឡើយ ហើយអ្នកក៏មិនបានទទួលយកសេចក្ដីពិតទាំងនោះដែរ។ ចុះតើអ្នករាល់គ្នាអាចធ្វើការសង្ខេបបានដែរឬទេ? តើមាននរណាម្នាក់អាចប្រាប់ខ្ញុំអំពីចំណុចសំខាន់ៗពីការប្រកបគ្នារបស់យើងកាលពីលើកមុនបានដែរឬទេ? (ពួកយើងបានសង្ខេបជាប្រាំពីរចំណុច៖ ទីមួយ គឺរបៀបកំណត់និយមន័យអ្នកធ្វើការខាងផ្សាយដំណឹងល្អ ទីពីរ គឺសារជាតិនៃភារកិច្ចផ្សាយដំណឹងល្អ ទីបី គឺអាកប្បកិរិយារបស់មនុស្សចំពោះភារកិច្ចនេះ ព្រមទាំងទស្សនៈខាងក្នុងរបស់ពួកគេ ទីបួន គឺគោលការណ៍ជាក់លាក់នៃការអនុវត្តសម្រាប់ការផ្សាយដំណឹងល្អ ដូចជាថាតើនរណាស្របតាមគោលការណ៍សម្រាប់ការទទួលការផ្សាយដំណឹងល្អ ហើយនរណាមិនស្រប ទីប្រាំ គឺរបៀបប្រព្រឹត្តចំពោះអ្នកដែលស្របតាមគោលការណ៍នៃការទទួលការផ្សាយដំណឹងល្អ ទីប្រាំមួយ គឺផលវិបាកនៅពេលដែលអ្នកធ្វើការខាងផ្សាយដំណឹងល្អបោះបង់តួនាទីរបស់ខ្លួន ហើយរត់គេចក្នុងអំឡុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្លួន ទីប្រាំពីរ គឺការលះបង់របស់ពួកបរិសុទ្ធនៅក្នុងប្រវត្តិសាស្ត្រក្នុងការផ្សាយដំណឹងល្អ និងរបៀបដែលយើងគួរតែឱ្យតម្លៃទៅលើឱកាសនានាក្នុងពេលបច្ចុប្បន្ននៅក្នុងការបំពេញភារកិច្ចរបស់យើង ហើយប្រញាប់ប្រញាល់បំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិត។) ការសង្ខេបរបស់អ្នកគឺគ្របដណ្ដប់ជាមូលដ្ឋានលើទិដ្ឋភាពសំខាន់ៗនៃការប្រកបគ្នារបស់យើងកាលពីលើកមុនគឺពិជាល្អខ្លាំងណាស់។ តើមានអ្វីដែលមិនត្រូវបានរួមបញ្ចូលដែរឬទេ? (នៅមានចំណុចមួយទៀតគឺ៖ ការកែប្រែទស្សនៈរបស់មនុស្ស ដើម្បីឱ្យពួកគេយល់ថា ការផ្សាយដំណឹងល្អមិនមែនគ្រាន់តែជាភារកិច្ចរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវដែលអស់អ្នកដែលជឿ និងដើរតាមព្រះជាម្ចាស់ មិនអាចគេចវេះបានឡើយ។ នេះគឺជាសេចក្ដីពិតដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវតែចាប់យល់។) ការផ្សាយដំណឹងល្អ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់បុគ្គលគ្រប់រូបនេះក៏ជាទិដ្ឋភាពមួយនៃការប្រកបគ្នារបស់យើងកាលពីលើកមុននោះដែរ។ តើអ្នករាល់គ្នាដឹងពីគោលបំណងនៃការប្រកបគ្នាអំពីសេចក្ដីពិតនេះដែរឬទេ? គឺដើម្បីដោះស្រាយសេចក្ដីវៀចវេរនៅក្នុងការយល់ដឹងរបស់មនុស្ស។ តើអ្នកដឹងទេថាមានសេចក្ដីវៀចវេរនៅក្នុងទិដ្ឋភាពណាខ្លះ? (ខ្ញុំមិនដឹងទេ។) ការមិនដឹងបញ្ជាក់ថា អ្នករាល់គ្នាមិនយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ។ ដូច្នេះ ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវប្រកបគ្នាអំពីសេចក្ដីពិតនេះ? បើគិតបែបវិជ្ជមាន វាគឺជាទិដ្ឋភាពមួយនៃសេចក្ដីពិតដែលមនុស្សគួរតែយល់។ បើគិតបែបអវិជ្ជមានវិញ វាគឺដើម្បីដោះស្រាយសេចក្ដីវៀចវេរដែលមនុស្សគ្រប់គ្នាមាន នៅក្នុងការយល់ដឹងរបស់ពួកគេអំពីការផ្សាយដំណឹងល្អ។

មនុស្សជាច្រើនមានសេចក្ដីវៀចវេរនៅក្នុងការយល់ដឹងរបស់ពួកគេអំពីបញ្ហានៃការផ្សាយដំណឹងល្អនេះ។ មនុស្សមួយចំនួនគិតថា៖ «បច្ចុប្បន្ននេះ ខ្ញុំកំពុងបំពេញភារកិច្ចពិសេស ដូច្នេះ ការផ្សាយដំណឹងល្អមិនពាក់ព័ន្ធនឹងខ្ញុំទេ។ វាមិនមែនជារឿងដែលខ្ញុំត្រូវខ្វល់នោះទេ។ ហេតុដូច្នេះហើយ សេចក្ដីពិត គោលការណ៍ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដែលចាំបាច់ត្រូវយល់ដឹងដើម្បីផ្សាយដំណឹងល្អ គឺមិនពាក់ព័ន្ធនឹងខ្ញុំឡើយ។ ខ្ញុំមិនចាំបាច់យល់ពីរឿងទាំងនេះទេ»។ ដូច្នេះ នៅពេលដែលទិដ្ឋភាពនៃសេចក្ដីពិតអំពីការផ្សាយដំណឹងល្អនេះត្រូវបានលើកយកមកប្រកបគ្នា ពួកគេមានការធ្វេសប្រហែស ពួកគេមិនធ្វើការពិចារណាដោយយកចិត្តទុកដាក់ ហើយពួកគេមិនផ្ដោតអារម្មណ៍ឡើយ។ ទោះបីជាពួកគេស្ដាប់ក៏ដោយ ក៏ពួកគេមិនដឹងថាគេពិភាក្សាគ្នាអំពីអ្វីដែរ។ ក៏មានអ្នកដែលនិយាយដែរថា៖ «បន្ទាប់ពីជឿលើព្រះជាម្ចាស់មក ខ្ញុំតែងតែធ្វើជាអ្នកដឹកនាំរហូតមក។ ខ្ញុំមានគុណសម្បត្តិ និងសមត្ថភាពការងារ។ ខ្ញុំកើតមកដើម្បីធ្វើជាអ្នកដឹកនាំ។ វាហាក់បីដូចជាភារកិច្ចដែលព្រះជាម្ចាស់ប្រទានមកឱ្យខ្ញុំ ហើយបេសកកម្មជីវិតរបស់ខ្ញុំគឺធ្វើជាអ្នកដឹកនាំ»។ ពួកគេចង់មានន័យដោយប្រយោលថា ការផ្សាយដំណឹងល្អមិនពាក់ព័ន្ធនឹងពួកគេឡើយ។ ដូច្នេះ នៅពេលដែល សេចក្ដីពិតអំពីការផ្សាយដំណឹងល្អត្រូវបានលើកយកមកប្រកបគ្នា ពួកគេមិនយកចិត្តទុកដាក់ឡើយ។ នៅពេលសុំឱ្យសង្ខេបនូវអ្វីដែលបានប្រកបគ្នានៅក្នុងការជួបជុំកាលពីលើកមុន មនុស្សមួយចំនួនបើកមើលសៀវភៅកត់ត្រារបស់ខ្លួនត្រឡប់ចុះត្រឡប់ឡើងអស់ពេលយ៉ាងយូរ ហើយនៅតែមិនដឹងដដែល។ ហេតុអ្វីបានជារឿងនេះកើតឡើង? តើមកពីការចងចាំរបស់ពួកគេខ្សោយឬ? (អត់ទេ)។ តើមកពីពួកគេមានការងារច្រើនពេក ហើយខួរក្បាលរបស់ពួកគេពេញណែនឬ? (អត់ទេ)។ មិនមែនទេ។ នេះបង្ហាញថា អាកប្បកិរិយារបស់មនុស្សចំពោះសេចក្ដីពិតគឺជាអាកប្បកិរិយាដែលមិនពេញចិត្តនឹងសេចក្ដីពិត និងមិនស្រឡាញ់សេចក្ដីពិត។ ហេតុដូច្នេះហើយ ខ្ញុំដាស់តឿនអ្នករាល់គ្នា និងឱ្យមនុស្សគ្រប់គ្នាដឹងថា ការផ្សាយដំណឹងល្អមិនមែនជាទំនួលខុសត្រូវពិសេសសម្រាប់មនុស្សប្រភេទណាមួយ ឬក្រុមមនុស្សណាមួយឡើយ ប៉ុន្តែជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូបដែលដើរតាមព្រះជាម្ចាស់។ ហេតុអ្វីបានជាមនុស្សត្រូវតែយល់សេចក្ដីពិតនៃការផ្សាយដំណឹងល្អ? ហេតុអ្វីបានជាមនុស្សចាំបាច់ត្រូវដឹងពីសេចក្ដីពិតទាំងនេះ? ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ក្នុងនាមជាមនុស្សម្នាក់ក្នុងចំណោមអស់អ្នកដែលដើរតាមព្រះជាម្ចាស់ មិនថាមានអាយុប៉ុន្មាន មិនថាជាស្រីឬប្រុស ឬមិនថាក្មេង ឬចាស់ឡើយ ការផ្សាយដំណឹងល្អ គឺជាបេសកកម្ម និងជាទំនួលខុសត្រូវដែលមនុស្សគ្រប់គ្នាត្រូវតែទទួលយក។ ប្រសិនបើបេសកកម្មនេះធ្លាក់មកលើអ្នក ហើយតម្រូវឱ្យអ្នកលះបង់ខ្លួន បង់ថ្លៃ ឬសូម្បីតែលះបង់ជីវិតរបស់អ្នក តើអ្នកគួរធ្វើដូចម្ដេច? អ្នកគួរតែទទួលយកវា ព្រោះវាជាភារកិច្ចរបស់អ្នក។ នេះគឺជាសេចក្ដីពិត វាគឺជាអ្វីដែលអ្នកគួរតែយល់។ នេះមិនមែនជាគោលលទ្ធិសាមញ្ញឡើយ វាគឺវាជាសេចក្ដីពិត។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាជាសេចក្ដីពិត? ពីព្រោះមិនថាពេលវេលាផ្លាស់ប្ដូរយ៉ាងណា មិនថាប៉ុន្មានទសវត្សរ៍កន្លងផុតទៅយ៉ាងណា ឬមិនថាទីកន្លែង និងបរិយាកាសផ្លាស់ប្ដូរយ៉ាងណានោះទេ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នឹងនៅតែជារឿងវិជ្ជមានជានិច្ច។ អត្ថន័យ និងតម្លៃរបស់វានឹងមិនផ្លាស់ប្ដូរឡើយ៖ វាដាច់ខាតនឹងមិនរងឥទ្ធិពលដោយសារការផ្លាស់ប្ដូរពេលវេលា ឬទីតាំងភូមិសាស្ត្រឡើយ។ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្នុងនាមជាភាវៈដែលព្រះបានបង្កើត អ្នកគួរតែទទួលយក និងអនុវត្តវា។ នេះគឺជាសេចក្ដីពិតដ៏អស់កល្បជានិច្ច។ មនុស្សមួយចំនួននិយាយថា៖ «ការផ្សាយដំណឹងល្អមិនមែនជាភារកិច្ចដែលខ្ញុំបំពេញនោះទេ»។ ក៏ប៉ុន្តែ សេចក្ដីពិតដែលទាក់ទងនឹងការផ្សាយដំណឹងល្អនេះ គឺជាអ្វីដែលមនុស្សគួរតែយល់ ពីព្រោះវាជាសេចក្ដីពិតដែលទាក់ទងនឹងនិមិត្ត ហើយអស់អ្នកដែលជឿលើព្រះជាម្ចាស់គួរតែយល់ដឹងអំពីវាទាំងអស់គ្នា។ វាគឺជាមូលដ្ឋានគ្រឹះនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ និងមានផលប្រយោជន៍ដល់ការចូលទៅក្នុងជីវិត។ លើសពីនេះទៅទៀត មិនថាអ្នកបំពេញភារកិច្ចអ្វីនៅក្នុងពួកជំនុំនោះទេ អ្នកនឹងមានឱកាសទាក់ទងជាមួយអ្នកគ្មានជំនឿ ហេតុដូច្នេះហើយ អ្នកមានទំនួលខុសត្រូវក្នុងការផ្សាយដំណឹងល្អទៅកាន់ពួកគេ។ នៅពេលដែលអ្នកយល់សេចក្ដីពិតនៃការផ្សាយដំណឹងល្អ អ្នកនឹងដឹងនៅក្នុងចិត្តរបស់អ្នកថា៖ «វាគឺជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការផ្សាយកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងដំណឹងល្អអំពីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ មិនថានៅពេលណា ឬនៅទីកន្លែងណានោះទេ ហើយមិនថាឋានៈ ឬតួនាទីរបស់ខ្ញុំអាចជាអ្វីនោះឡើយ ប្រសិនបើខ្ញុំកំពុងដើរតួជាអ្នកបម្រើ ខ្ញុំមានកាតព្វកិច្ចផ្សាយដំណឹងល្អ ហើយប្រសិនបើបច្ចុប្បន្ននេះ ខ្ញុំជាអ្នកដឹកនាំពួកជំនុំ ខ្ញុំក៏មានកាតព្វកិច្ចផ្សាយដំណឹងល្អដែរ។ មិនថាបច្ចុប្បន្ននេះ ខ្ញុំកំពុងបំពេញភារកិច្ចអ្វីនោះទេ ខ្ញុំមានកាតព្វកិច្ចផ្សាយដំណឹងល្អអំពីនគរព្រះ។ នៅពេលណាដែលមានឱកាស ឬមានពេលទំនេរ ខ្ញុំគួរតែទៅផ្សាយដំណឹងល្អ។ នេះគឺជាទំនួលខុសត្រូវដែលខ្ញុំមិនអាចគេចវេះបានឡើយ»។ តើបច្ចុប្បន្ននេះ មនុស្សភាគច្រើនគិតបែបនេះមែនទេ? (មិនមែនទេ)។ ចុះតើមនុស្សភាគច្រើនគិតយ៉ាងដូចម្ដេច? «ឥឡូវនេះ ខ្ញុំជាប់ភារកិច្ចមួយ។ ខ្ញុំកំពុងសិក្សា និងជីកកកាយអំពីវិជ្ជាជីវៈជាក់លាក់មួយ ដែលជាផ្នែកមួយនៃការសិក្សា ដូច្នេះ ការផ្សាយដំណឹងល្អមិនពាក់ព័ន្ធនឹងខ្ញុំឡើយ»។ តើនេះជាអាកប្បកិរិយាប្រភេទណា? វាគឺជាអាកប្បកិរិយានៃការគេចវេះពីទំនួលខុសត្រូវ និងបេសកកម្មរបស់ខ្លួន ដែលជាអាកប្បកិរិយាអវិជ្ជមានមួយ។ មនុស្សទាំងនេះមិនចេះគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទេ ពួកគេបះបោរទាស់នឹងព្រះជាម្ចាស់។ មិនថាអ្នកជានរណានោះទេ ប្រសិនបើអ្នកគ្មានបន្ទុកក្នុងការផ្សាយដំណឹងល្អទេ តើនេះមិនមែនជាសញ្ញាបញ្ជាក់ថាអ្នកខ្វះមនសិការ និងវិចារណញ្ញាណទេឬ? ប្រសិនបើអ្នកមិនសហការ មិនទទួលយកភារកិច្ច និងមិនចុះចូលយ៉ាងសកម្មទេ នោះអ្នកកំពុងតែធ្វើឱ្យតែរួចពីដៃ ដោយអវិជ្ជមាន និងអសកម្មហើយ អាកប្បកិរិយានេះគឺមិនអាចទទួលយកបានឡើយ។ មិនថាអ្នកបំពេញភារកិច្ចអ្វីនោះទេ មិនថាវាពាក់ព័ន្ធនឹងវិជ្ជាជីវៈ ឬផ្នែកសិក្សាអ្វីនោះទេ លទ្ធផលចម្បងមួយដែលអ្នកសម្រេចបាន គួរតែជាសមត្ថភាពរបស់អ្នកក្នុងការធ្វើបន្ទាល់ និងផ្សាយដំណឹងល្អអំពីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ នេះគឺជាសេចក្ដីតម្រូវអប្បបរមាសម្រាប់ភាវៈដែលព្រះបានបង្កើត។ ប្រសិនបើអ្នកមិនអាចសូម្បីតែបំពេញតាមសេចក្ដីតម្រូវអប្បបរមានេះផង តើអ្នកទទួលបានអ្វីខ្លះពីការបំពេញភារកិច្ចរបស់អ្នក ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះដែលអ្នកជឿលើព្រះជាម្ចាស់? តើអ្នកទទួលបានអ្វីខ្លះ? តើអ្នកយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ? ទោះបីជាអ្នកបានបំពេញភារកិច្ចរបស់អ្នកអស់រយៈពេលជាច្រើនឆ្នាំ ហើយបានក្លាយជាអ្នកជំនាញនៅក្នុងវិជ្ជាជីវៈរបស់អ្នកក៏ដោយ ប្រសិនបើអ្នកមិនអាចនិយាយអ្វីបាន ឬមិនអាចប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតបាន នៅពេលគេសុំឱ្យធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ តើបញ្ហានៅត្រង់ណា? បញ្ហាគឺនៅត្រង់ថា អ្នកមិនយល់សេចក្ដីពិត។ មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថា វាមិនយុត្តិធម៌ទេដែលនិយាយថាពួកគេមិនយល់សេចក្ដីពិត។ ពួកគេអាចនឹងគិតថា ពួកគេបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែពួកគេមិនយល់ពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះរាជបំណងរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិឡើយ។ តើការនេះរាប់ថាជាការយល់សេចក្ដីពិតដែរឬទេ? អ្នកមិនទាន់ទាំងបានបង្កើតមូលដ្ឋានគ្រឹះនៅក្នុងផ្លូវពិតសម្រាប់ជំនឿរបស់អ្នកលើព្រះជាម្ចាស់បន្តិចផង។ អ្នកគ្មានបន្ទុកក្នុងការផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ និងដំណឹងល្អអំពីសេចក្ដីសង្គ្រោះរបស់ទ្រង់សម្រាប់មនុស្សជាតិឡើយ ហើយអ្នកខ្វះការយល់ឃើញ ការយល់ដឹង ឬការយល់ធ្លុះជ្រៅជ្រះ។ បើដូច្នេះ តើអ្នកអាចចាត់ទុកថាជាអ្នកដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដបានដែរឬទេ? តើអ្នកបានបង្កើតទំនាក់ទំនងប្រក្រតីជាមួយព្រះជាម្ចាស់ហើយឬនៅ? ប្រសិនបើអ្នកមិនទាន់សម្រេចបានរឿងទាំងនេះណាមួយទេ នោះអ្នកមិនមានតថភាពនៃសេចក្ដីពិតឡើយ។

ឥឡូវនេះ សូមត្រឡប់មកប្រធានបទដែលយើងបានពិភាក្សាគ្នាមុននេះវិញ។ ការផ្សាយដំណឹងល្អ គឺជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់រាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់។ ដោយបានពិភាក្សាអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះហើយ តើអ្វីទៅជាចំណុចមួយដែលមនុស្សគ្រប់គ្នាគួរតែយល់? មិនថាមនុស្សម្នាក់បង់ថ្លៃ លះបង់គ្រួសារ និងការងាររបស់ខ្លួនដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ឬថ្វាយសូម្បីតែជីវិតរបស់ខ្លួនក៏ដោយ ជាក់ស្ដែង រឿងទាំងនេះសុទ្ធតែជារឿងខាងក្រៅប៉ុណ្ណោះ។ តើនៅទីបំផុតព្រះជាម្ចាស់ទាមទារអ្វីពីមនុស្ស? គឺថា នៅពេលដែលកម្ពស់របស់អ្នកកើនឡើង ហើយជីវិតរបស់អ្នកចាស់ទុំ នៅពេលដែលពេលវេលាកន្លងផុតទៅ អ្នកចាប់ផ្ដើមយល់បន្តិចម្ដងៗអំពីសេចក្ដីពិតផ្សេងៗអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះរាជបំណងរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិ។ បន្ទុករបស់អ្នកក្នុងការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ លេចរូបរាងកាន់តែច្បាស់ឡើងៗ ហើយការតាំងចិត្តរបស់អ្នកក្នុងការទទួលភារកិច្ចនេះ កាន់តែរឹងមាំឡើង។ ប្រសិនបើអ្នកដឹកនាំពួកជំនុំម្នាក់បាន និងកំពុងធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅពេលដែលការដឹកនាំពួកជំនុំរបស់ពួកគេកន្លងផុតទៅកាន់តែច្រើនឆ្នាំ ពួកគេមានកម្លាំងចិត្តកាន់តែតិចទៅៗ មានការរំជួលចិត្តកាន់តែតិចទៅៗ និងមានបន្ទុកកាន់តែតិចទៅៗនៅពេលនិយាយដល់ការផ្សាយដំណឹងល្អ តើពួកគេបំពេញភារកិច្ចរបស់ខ្លួនបានល្អកម្រិតណា? (មិនបានល្អនោះទេ។) ហេតុអ្វីបានជាបែបនោះ? តើមានបញ្ហាអ្វីកើតឡើង? ប្រសិនបើពួកគេធ្លាក់ទៅក្នុងសភាពបែបនេះ ឬរស់នៅក្នុងសភាពបែបនេះ យ៉ាងហោចណាស់ច្បាស់ជាមានរឿងមួយគឺ៖ បុគ្គលនេះមិនបានដេញតាមសេចក្ដីពិតទេក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ ហើយមិនបានធ្វើការងារជាក់ស្ដែងឡើយ។ ពួកគេគឺដូចជាកម្មាភិបាលការិយាល័យធិបតេយ្យរបស់នាគដ៏ធំមានសម្បុរក្រហម។ ជាលទ្ធផល ពួកគេគ្មានបន្ទុក និងគ្មានការយល់ដឹងដើម្បីធ្វើការប្រកាសព្រះនាមរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់ឡើយ។ តើនេះមិនមែនជាលទ្ធផលទេឬ? (មែនហើយ។) វាគឺជាលទ្ធផលដែលមិនអាចជៀសផុត។ មិនថាបុគ្គលនេះបានធ្វើការអស់រយៈពេលប៉ុន្មានឆ្នាំនោះទេ ទោះបីជាពួកគេគិតថាខ្លួនមានកម្ពស់ខ្ពស់ ថាពួកគេអាចចេះគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ និងអាចបម្រើស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែនៅពេលនិយាយដល់ការផ្សាយដំណឹងល្អ ពួកគេបែរជារួញរា ពួកគេមិនដឹងថាត្រូវធ្វើដូចម្ដេចឡើយ។ នៅពេលដែលពួកគេជួបមនុស្សដែលស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ ហើយមកស្វែងរក និងពិនិត្យមើលផ្លូវពិត ពួកគេនិយាយមិនចេញ។ ពួកគេនិយាយមិនចេញសូម្បីមួយម៉ាត់ ហើយ មិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណា។ តើបញ្ហានៅត្រង់ណា? គឺថា ពួកគេមិនយល់សេចក្ដីពិត ហើយមិនទាន់ទទួលបានសេចក្ដីពិត ដូច្នេះពួកគេមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានឡើយ។ មានតែអស់អ្នកដែលយល់សេចក្ដីពិតប៉ុណ្ណោះ ទើបអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បាន។ ការផ្សាយដំណឹងល្អ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺស្ថិតនៅក្នុងដែននៃភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកយល់សេចក្ដីពិត ប្រសិនបើអ្នកទទួលបានសេចក្ដីពិត ហេតុអ្វីបានជាអ្នកគ្មានពាក្យនិយាយ នៅពេលដែលអ្នកជួបមនុស្សដែលកំពុងពិនិត្យមើលផ្លូវពិត? តើនេះមិនមែនជាបញ្ហាទេឬ? តើអ្នករាល់គ្នាឧស្សាហ៍ជួបប្រទះស្ថានភាពបែបនេះដែរឬទេ? (ចាស/បាទ។) តើបញ្ហានៅត្រង់ណា? គឺអ្នកគ្មានបន្ទុក។ តើការគ្មានបន្ទុកគឺជាបញ្ហាដែរឬទេ? តើអ្នកអាចបំពេញភារកិច្ចរបស់អ្នកដោយគ្មានបន្ទុកបានដែរឬទេ? ទោះបីជាអ្នកបំពេញភារកិច្ចរបស់អ្នកក៏ដោយ តើអ្នកអាចធ្វើវាដោយស្មោះត្រង់បានដែរឬទេ? តើអ្នកអាចធ្វើវាតាមរបៀបមួយដែលត្រូវតាមស្តង់ដាបានដែរឬទេ? ទោះបីជាការគ្មានបន្ទុកអាចមិនមែនជាបញ្ហាស្លាប់រស់ក៏ដោយ ក៏វានៅតែជាបញ្ហាធ្ងន់ធ្ងរដែរ ពីព្រោះវាប៉ះពាល់ទៅដល់ថាតើអ្នកបំពេញភារកិច្ចរបស់អ្នកបានល្អកម្រិតណា។ តើបញ្ហានេះមិនចាំបាច់ត្រូវដោះស្រាយទេមែនទេ? (វាចាំបាច់។) អ៊ីចឹង តើអ្នកត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា? អ្នកត្រូវតែកែប្រែទស្សនៈខុសឆ្គងរបស់អ្នកអំពីការផ្សាយដំណឹងល្អ ហើយយល់សេចក្ដីពិតអំពីវា។ កិច្ចការទាំងអស់ដែលអ្នករាល់គ្នាកំពុងធ្វើនៅពេលបច្ចុប្បន្ននេះ គឺទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចការផ្សាយដំណឹងល្អ ហើយស្ថិតនៅក្នុងដែននៃការផ្សាយដំណឹងល្អ។ វាមានគោលបំណងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ផ្សាយអំពីកិច្ចការផ្សាយដំណឹងល្អ ធ្វើបន្ទាល់អំពីព្រះនាមរបស់ព្រះជាម្ចាស់ និងផ្សាយដំណឹងល្អអំពីកិច្ចការក្នុងការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់នេះ ដើម្បីឱ្យមនុស្សកាន់តែច្រើនបានដឹង ហើយមនុស្សកាន់តែច្រើនមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ទទួលយកការយកឈ្នះរបស់ព្រះជាម្ចាស់ ទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយនៅទីបំផុត ប្រសិនបើពួកគេមានសំណាងអាចទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះពួកគេ នោះកាន់តែប្រសើរ។ តើការដែលមានមនុស្សកាន់តែច្រើនមកចំពោះព្រះភក្ត្រព្រះជាម្ចាស់មានន័យដូចម្ដេច ហើយតើលទ្ធផលចុងក្រោយដែលការនេះគួរសម្រេចបានគឺជាអ្វី? (គឺធ្វើឱ្យមនុស្សកាន់តែច្រើនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។) ហេតុអ្វីបានជាត្រូវសម្រេចគោលដៅនេះ? ពីព្រោះវាជាព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ហេតុនេះហើយបានជាយើងពន្យល់អំពីសេចក្ដីពិតទាំងនេះដោយមិនខ្លាចនឿយហត់។ ប្រសិនបើវាមិនពាក់ព័ន្ធនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់ទេ ការនិយាយអំពីរឿងទាំងនេះនឹងគ្មានប្រយោជន៍ និងឥតន័យឡើយ។ ដោយសារតែវាជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ទើបយើងពន្យល់ឱ្យច្បាស់ និងជួយឱ្យមនុស្សគ្រប់គ្នាយល់ ដើម្បីឱ្យពួកគេដឹងថា នេះគឺជាសេចក្ដីពិត និងដឹងថាមនុស្សគ្រប់គ្នាគួរតែខិតខំប្រឹងប្រែងនៅក្នុងសេចក្ដីពិតនៃការផ្សាយដំណឹងល្អនេះ ដើម្បីឱ្យមនុស្សគ្រប់រូបមានការយល់ដឹងបែបនេះ និងចាប់ផ្ដើមទទួលបន្ទុកបែបនេះ។

សំណួរបន្ទាប់គឺ ហេតុអ្វីបានជាយើងគួរឱ្យមនុស្សកាន់តែច្រើនយល់អំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ពួកគេបាន? ហេតុអ្វីបានជាត្រូវធ្វើបែបនេះ? មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយមិនសព្វព្រះទ័យចង់ឱ្យនរណាម្នាក់ទៅរកសេចក្ដីហិនវិនាសឡើយ ដូច្នេះ យើងគួរតែឱ្យមនុស្សកាន់តែច្រើនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់»។ ប្រយោគនេះគឺត្រឹមត្រូវ ប៉ុន្តែវាមិនមែនជាចម្លើយជាសារជាតិទៅនឹងសំណួរនេះទេ។ ដូច្នេះ តើអ្វីជាចម្លើយជាសារជាតិទៅនឹងសំណួរនេះ? តើអ្នករាល់គ្នាដឹងទេ? (ព្រះជាម្ចាស់សព្វព្រះទ័យចង់បានមនុស្សមួយក្រុមដែលមានចិត្ត និងគំនិតតែមួយដូចទ្រង់។) ព្រះជាម្ចាស់សព្វព្រះទ័យចង់បានមនុស្សមួយក្រុមដែលមានចិត និងគំនិតតែមួយដូចទ្រង់ ហើយការនេះត្រូវតែសម្រេចបានតាមរយៈការផ្សាយដំណឹងល្អ។ អ្វីដែលយើងកំពុងនិយាយនៅពេលនេះ គឺការផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ។ តើមានភាពខុសគ្នាដែរឬទេ រវាងការផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ និងការទទួលបានមនុស្សមួយក្រុម? (មាន។) ដូច្នេះ តើអ្វីជាគោលបំណងនៃការផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ? (ដើម្បីសង្គ្រោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។) ការសង្គ្រោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គឺជាគោលការណ៍មួយនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនជាចម្លើយទៅនឹងសំណួរនេះទេ។ ចាប់តាំងពីពេលដែលកិច្ចការនេះបានចាប់ផ្ដើម ខ្ញុំបាននិយាយដដែលៗថា ពេលនេះ ព្រះជាម្ចាស់បានយាងមកធ្វើកិច្ចការ ដើម្បីបើកយុគសម័យមួយ គឺនាំមកនូវយុគសម័យថ្មី និងបញ្ចប់យុគសម័យចាស់ គឺនាំមកនូវយុគសម័យនៃនគរព្រះ និងបញ្ចប់យុគសម័យនៃព្រះគុណ។ អស់អ្នកដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នាគ្រាចុងក្រោយ បានឃើញការពិតនេះ។ ព្រះជាម្ចាស់បាន និងកំពុងធ្វើកិច្ចការថ្មី គឺការសម្ដែងចេញនូវសេចក្ដីពិត ដើម្បីជំនុំជម្រះមនុស្សជាតិ ការបន្សុទ្ធ និងការសង្គ្រោះមនុស្សជាតិ។ ដំណឹងល្អអំពីនគរព្រះ បានចាប់ផ្ដើមផ្សាយទៅកាន់ប្រទេសជាច្រើន។ មនុស្សជាតិនេះ បានចេញផុតពីយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណហើយ។ ពួកគេលែងអានព្រះគម្ពីរ ពួកគេលែងរស់នៅក្រោមឈើឆ្កាង ហើយពួកគេលែងហៅព្រះនាមព្រះសង្គ្រោះយេស៊ូវទៀតហើយ។ ផ្ទុយទៅវិញ ពួកគេអធិស្ឋានក្នុងព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយស្របពេលជាមួយគ្នានោះក៏ទទួលយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាគោលការណ៍ វិធីសាស្ត្រ និងគោលដៅនៃការរស់រាននៅក្នុងជីវិតរបស់ពួកគេ។ ក្នុងន័យនេះ តើមនុស្សទាំងនេះមិនបានចូលទៅក្នុងយុគសម័យថ្មីមួយរួចហើយទេឬ? (បានចូលរួចហើយ។) ពួកគេបានចូលទៅក្នុងយុគសម័យថ្មីមួយ។ ដូច្នេះ តើមនុស្សកាន់តែច្រើនដែលមិនទាន់ទទួលយកដំណឹងល្អនាគ្រាចុងក្រោយ និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់ កំពុងរស់នៅក្នុងយុគសម័យណានៅឡើយ? ពួកគេកំពុងរស់នៅក្នុងយុគសម័យនៃព្រះគុណនៅឡើយ។ ឥឡូវនេះ តើអ្វីជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា? គឺនាំពួកគេចេញពីយុគសម័យនៃព្រះគុណ និងចូលទៅក្នុងយុគសម័យថ្មីមួយ។ តើអ្នករាល់គ្នាអាចបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់បាន ដោយគ្រាន់តែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងហៅព្រះនាមរបស់ទ្រង់បានដែរឬទេ? តើការគ្រាន់តែផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីម៉ាត់គ្រប់គ្រាន់ហើយមែនទេ? វាពិតជាមិនគ្រប់គ្រាន់ទេ។ ការនេះតម្រូវឱ្យអ្នករាល់គ្នាមានបន្ទុក ដើម្បីទទួលការផ្ទុកផ្ដាក់ក្នុងការផ្សាយដំណឹងល្អនេះ ដើម្បីផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានទូលំទូលាយ ដើម្បីផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមវិធីសាស្ត្រផ្សេងៗ និងដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ តើការផ្សាយមានន័យដូចម្ដេច? វាមានន័យថាជាការនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់អស់អ្នកដែលមិនទាន់ទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នាគ្រាចុងក្រោយ ជាការឱ្យមនុស្សកាន់តែច្រើនដឹងថា ព្រះជាម្ចាស់បាន និងកំពុងធ្វើកិច្ចការថ្មី ហើយបន្ទាប់មកជាការធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ពួកគេ ជាការប្រើប្រាស់បទពិសោធរបស់អ្នករាល់គ្នាដើម្បីធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងនាំពួកគេចូលទៅក្នុងយុគសម័យថ្មីមួយផងដែរ តាមវិធីសាស្ត្រនេះ ពួកគេនឹងចូលទៅក្នុងយុគសម័យថ្មីដូចអ្នករាល់គ្នាដែរ។ ព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺច្បាស់លាស់។ វាមិនមែនសម្រាប់តែអ្នករាល់គ្នាដែលបានឮព្រះបន្ទូលរបស់ទ្រង់ បានទទួលយកព្រះបន្ទូលទាំងនោះ ហើយដើរតាមទ្រង់ ដើម្បីចូលទៅក្នុងយុគសម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែទ្រង់នឹងដឹកនាំមនុស្សជាតិទាំងមូលចូលទៅក្នុងយុគសម័យថ្មីនេះ។ នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយវាជាសេចក្ដីពិតដែលមនុស្សគ្រប់រូបដែលកំពុងដើរតាមព្រះជាម្ចាស់ឥឡូវនេះ គួរតែយល់។ ព្រះជាម្ចាស់មិនមែនកំពុងដឹកនាំមនុស្សមួយក្រុម មនុស្សមួយពួកតូច ឬ ជនជាតិភាគតិចមួយក្រុមតូច ចូលទៅក្នុងយុគសម័យថ្មីទេ ផ្ទុយទៅវិញ ទ្រង់មានព្រះរាជបំណងដឹកនាំមនុស្សជាតិទាំងមូលចូលទៅក្នុងយុគសម័យថ្មី។ តើគោលដៅនេះអាចសម្រេចបានដោយរបៀបណា? (ដោយការផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ។) ពិតណាស់ វាត្រូវតែសម្រេចបានដោយការផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ ដោយប្រើប្រាស់វិធីសាស្ត្រ និងផ្លូវផ្សេងៗដើម្បីផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ។ ការនិយាយអំពីការផ្សាយដំណឹងល្អឱ្យបានទូលាយគឺងាយស្រួល ប៉ុន្តែតើវាគួរធ្វើដោយរបៀបណាឱ្យប្រាកដ? (វាទាមទារឱ្យមានការសហការពីមនុស្ស។) ត្រឹមត្រូវហើយ ការនេះទាមទារឱ្យមានការសហការពីមនុស្ស។ ប្រសិនបើមនុស្សតែងតែប្រកាន់ខ្ជាប់នូវអ្វីដែលចាស់ៗនៅក្នុងចិត្តរបស់ពួកគេ តែងតែទុកនូវសេចក្ដីវៀចវេរមួយចំនួន ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ និងការអនុវត្តចាស់ៗ ប៉ុន្តែមិនយកចិត្តទុកដាក់ចំពោះកិច្ចការផ្សាយដំណឹងល្អ ហើយមិនទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដោយចាត់ទុកកិច្ចការផ្សាយដំណឹងល្អថាមិនពាក់ព័ន្ធនឹងខ្លួន តើមនុស្សបែបនេះអាចត្រូវបានព្រះជាម្ចាស់លើកស្ទួយ និងប្រើបានដែរឬទេ? តើពួកគេអាចមានលក្ខណៈសម្បត្តិដើម្បីរស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់បានដែរឬទេ? ដាច់ខាតគឺមិនអាចទេ។ ហេតុដូច្នេះហើយ ខ្ញុំត្រូវតែផ្ដល់ដំបូន្មានដល់អ្នកទៅលើរបៀបនៃការគិតរបស់អ្នករាល់គ្នា ដោយកត់សម្គាល់អំពីធាតុនានាដែលអ្នករាល់គ្នាមិនយល់ និងពន្យល់អំពីសេចក្ដីពិតនានាដែលពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ឡើយ រហូតដល់អ្នករាល់គ្នាចាប់យល់នូវសេចក្ដីពិតទាំងនោះ។ មិនថាអ្នករាល់គ្នាអាចនឹងស្ពឹកស្រពន់ និងល្ងិតល្ងង់យ៉ាងណានោះទេ ខ្ញុំត្រូវតែបន្តនិយាយទៅកាន់អ្នករាល់គ្នា និងធ្វើឱ្យអ្នករាល់គ្នាយល់ថា នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ នេះគឺជាភារកិច្ចដែលអ្នករាល់គ្នាត្រូវតែបំពេញ ហើយវាជាបេសកកម្ម និងកាតព្វកិច្ចរបស់អ្នករាល់គ្នានៅក្នុងជីវិតនេះ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនិយាយ ឬមិនយល់ទេនោះ ខ្ញុំត្រូវតែបន្តនិយាយ។ ទោះបីជាអ្នកធុញទ្រាន់នឹងវាក៏ដោយ ខ្ញុំត្រូវតែបន្តនិយាយ រហូតដល់អ្នកយល់សេចក្ដីពិត។ តើអ្វីទៅជាសេចក្ដីពិត? សេចក្ដីពិត គឺជាអ្វីដែលព្រះជាម្ចាស់សម្ដែងចេញ វាគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងជាតថភាពនៃសេចក្ដីពិតដែលមនុស្សនៅក្នុងយុគសម័យថ្មីត្រូវតែមាន។ តើមនុស្សគួរប្រព្រឹត្តបែបណាចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់? ពួកគេគួរតែទទួលយកព្រះរាជបំណងទាំងនោះដោយមិនមានការកាត់បន្ថយ និងជាដាច់ខាត បន្ទាប់មកចុះចូល និងសហការ ដើម្បីបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ នេះគឺជាកាតព្វកិច្ចរបស់មនុស្សម្នាក់។ តើអ្នករាល់គ្នាយល់ទេ នៅពេលដែលខ្ញុំនិយាយបែបនេះ? មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «អូ៎ ទេ! ព្រះជាម្ចាស់តម្រូវឱ្យមនុស្សទទួលយកការផ្ទុកផ្ដាក់របស់ទ្រង់ ប៉ុន្តែតើការនោះមានពាក់ព័ន្ធអ្វីនឹងយើងដែលជាមនុស្សតូចតាចទៅ?» តើអ្នករាល់គ្នាគិតថា វាមានពាក់ព័ន្ធនឹងពួកគេដែរឬទេ? (គឺវាមាន។) តើវាមានពាក់ព័ន្ធអ្វីនឹងពួកគេ? ចាំខ្ញុំពន្យល់។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយមនុស្សគឺជាភាវៈដែលទ្រង់បានបង្កើត។ តើទំនាក់ទំនងរវាងពាក្យថា «បង្កើត» និង «បានបង្កើត» គឺជាអ្វី? វាគឺជាទំនាក់ទំនងរវាងការធ្វើអំពើ និងការទទួលរងអំពើ រវាងការបង្កើត និងការត្រូវបានបង្កើត។ ដោយសារព្រះរាជបំណងរបស់ព្រះអាទិករត្រូវបានបង្ហាញឱ្យអ្នកដឹងហើយ តើអ្នកគួរតែឆ្លើយតបដោយអាកប្បកិរិយាបែបណា? (ទទួលយក ហើយសហការឱ្យអស់ពីកម្លាំងរបស់ខ្ញុំ។) ត្រឹមត្រូវហើយ អ្នកគួរតែចុះចូលនឹងព្រះរាជបំណងទាំងនោះ និងទទួលយកព្រះរាជបំណងទាំងនោះ ដោយសហការឱ្យអស់ពីកម្លាំងរបស់អ្នក មិនថាត្រូវបង់ថ្លៃយ៉ាងណាក៏ដោយ។ តើការសហការនេះ រាប់បញ្ចូលទាំងការស្វែងរកសេចក្ដីពិតដែរឬទេ? តើវារាប់បញ្ចូលទាំងការយល់សេចក្ដីពិតដែរឬទេ? វារាប់បញ្ចូលទាំងពីរ។ ដោយសារអ្នកយល់ពីសេចក្ដីតម្រូវ និងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ហើយ រឿងទាំងនេះទាក់ទងនឹងបេសកកម្មរបស់អ្នក គឺជាភារកិច្ចរបស់អ្នក ដោយសារអ្នកដឹងរឿងនេះ អ្នកគួរតែទទួលយកវា។ នេះគឺជាអ្វីដែលមនុស្សម្នាក់ដែលមានមនសិការ និងវិចារណញ្ញាណគួរតែធ្វើ។ ប្រសិនបើអ្នកដឹងពីសេចក្ដីតម្រូវ និងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចទទួលយកសេចក្ដីតម្រូវ និងការផ្ទុកផ្ដាក់ទាំងនោះបានទេនោះ អ្នកគ្មានទាំងមនសិការ និងវិចារណញ្ញាណ ហើយអ្នកមិនស័ក្តិសមនឹងហៅថាមនុស្សទេ។ មនុស្សមួយចំនួនប្រហែលជានៅតែមិនយល់ ដោយគិតថា៖ «តើព្រះរាជបំណងរបស់ព្រះជាម្ចាស់មានពាក់ព័ន្ធអ្វីនឹងយើង?» ប្រសិនបើព្រះរាជបំណងរបស់ព្រះជាម្ចាស់មិនពាក់ព័ន្ធនឹងអ្នកទេ នោះអ្នកមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ ឬជាសមាជិកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ឧទាហរណ៍ ឪពុកម្ដាយរបស់អ្នកបានបង្កើតអ្នក និងបានចិញ្ចឹមបីបាច់អ្នកអស់រយៈពេលជាច្រើនឆ្នាំ អ្នកបានញ៉ាំបាយរបស់គាត់ រស់នៅក្នុងផ្ទះរបស់គាត់ និងចាយលុយរបស់គាត់។ ប៉ុន្តែនៅពេលមានបញ្ហានៅក្នុងផ្ទះ ហើយអ្នកនិយាយថាវាមិនពាក់ព័ន្ធនឹងអ្នក អ្នកមិនអើពើនឹងវា ហើយរត់គេចបាត់ តើនេះជាមនុស្សគួរឱ្យស្អប់ខ្ពើមបែបណាទៅ? និយាយថាអ្នកជាអ្នកក្រៅ គឺស្ដាប់ទៅពិរោះ ជាក់ស្ដែង អ្នកគឺជាជនបះបោរដ៏គួរឱ្យស្អប់ខ្ពើម ជាសត្វតិរច្ឆានក្នុងសំបកមនុស្ស ដែលអន់ជាងសត្វទៅទៀត។ ព្រះរាជបំណងរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញយ៉ាងច្បាស់ដល់អ្នក ហើយព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាបានទទួលយកកិច្ចការដំណាក់កាលនេះ ហើយខ្ញុំបានប្រទានព្រះបន្ទូលទាំងនេះដល់អ្នករាល់គ្នាជាមុនរួចហើយ ដើម្បីឱ្យអ្នករាល់គ្នាអាចឮព្រះបន្ទូលទាំងនេះជាមុន ហើយអ្នករាល់គ្នាបានឮ បានយល់ និងបានយល់ធ្លុះជ្រៅជ្រះពីព្រះបន្ទូលទាំងនេះហើយ។ ឥឡូវនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីព្រះរាជបំណងរបស់ខ្ញុំ និងសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាផងដែរ។ អ្នករាល់គ្នាគួរតែផ្សាយកិច្ចការរបស់ខ្ញុំ ព្រះបន្ទូលរបស់ខ្ញុំ និងអ្វីៗដែលខ្ញុំនឹងសម្រេច ដើម្បីឱ្យមនុស្សជាតិទាំងមូលបានឮសូរសៀងរបស់ខ្ញុំ។ អ្នកគួរតែផ្សាយដំណឹងល្អអំពីនគរព្រះរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងមូលឆាប់ទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងយុគសម័យនៃនគរព្រះ។ នេះគឺជាព្រះរាជបំណង និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់»។ តើអ្នកគួរពិចារណាយ៉ាងណានៅពេលឮបែបនេះ? តើអ្នកគួរមានអាកប្បកិរិយាបែបណា? តើអ្នកគួរជ្រើសរើសដោយរបៀបណា? តើអ្នកគួរបំពេញភារកិច្ចដែលភាវៈដែលព្រះបានបង្កើតគួរបំពេញដោយរបៀបណា? មនុស្សមួយចំនួនអាចមានអារម្មណ៍ថាបន្ទុកនេះធ្ងន់ ប៉ុន្តែអារម្មណ៍តែមួយមុខគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវការសកម្មភាព និងការយល់ដឹងដ៏ពិតប្រាកដ។ អ្នកគួរតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់បែបនេះថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គបានផ្ទុកផ្ដាក់ទំនួលខុសត្រូវក្នុងការផ្សាយដំណឹងល្អដល់ខ្ញុំ នេះគឺជាការលើកតម្កើងរបស់ព្រះអង្គ។ ទោះបីជាខ្ញុំយល់សេចក្ដីពិតតិចតួចស្ដួចស្ដើងក៏ដោយ ក៏ខ្ញុំសុខចិត្តខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញការផ្ទុកផ្ដាក់នេះដែរ។ ខ្ញុំបានឮការបង្រៀនជាច្រើន ហើយបានយល់សេចក្ដីពិតខ្លះៗ នេះសុទ្ធតែជាព្រះពររបស់ព្រះអង្គ ហើយឥឡូវនេះ ខ្ញុំមានទំនួលខុសត្រូវនេះក្នុងការធ្វើបន្ទាល់អំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីបំពេញការផ្ទុកផ្ដាក់នេះ»។ នោះគឺត្រឹមត្រូវហើយ នៅពេលដែលមនុស្សមានចិត្តចុះចូលនឹងព្រះជាម្ចាស់ ទ្រង់ដឹកនាំពួកគេ។ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សយ៉ាងច្បាស់រួចហើយថា ការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ គឺជាកាតព្វកិច្ច និងជាទំនួលខុសត្រូវដែលគ្មាននរណាម្នាក់អាចគេចវេះបានឡើយ។ វាគឺជាភារកិច្ចពេញមួយជីវិត ជាភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតគ្រប់រូប។ តើព្រះបន្ទូលទាំងនេះមានសេចក្ដីបង្គាប់មកពីព្រះជាម្ចាស់ដែរឬទេ? តើវាមានការដាស់តឿនរបស់ទ្រង់ដែរឬទេ? (មាន។) តើវាមានព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ? (មាន។) តើវាមានសេចក្ដីពិតដែលមនុស្សគួរយល់ដែរឬទេ? (មាន។) តើមានគោលការណ៍ និងផ្លូវនៃការអនុវត្តនៅទីនេះ ដែលមនុស្សអាចធ្វើតាមបានដែរឬទេ? (មាន។) តើខ្ញុំបានលើកឡើងសរុបប៉ុន្មានចំណុច? (បួនចំណុច៖ ទីមួយ គឺសេចក្ដីបង្គាប់ និងការដាស់តឿនរបស់ព្រះជាម្ចាស់។ ទីពីរ គឺព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ទីបី គឺសេចក្ដីពិតដែលយើងគួរយល់។ ទីបួន គឺគោលការណ៍ និងផ្លូវនៃការអនុវត្តដែលមនុស្សគួរធ្វើតាម។) ត្រឹមត្រូវហើយ ខ្ញុំបានលើកឡើងបួនចំណុចនេះសរុបទាំងអស់។ បន្ទាប់មក ចូរយើងប្រកបគ្នាអំពីខ្លឹមសារជាក់លាក់នៃចំណុចនីមួយៗ។

ចំណុចទីមួយ គឺព្រះរាជបង្គាប់របស់ព្រះជាម្ចាស់។ តើព្រះរាជបង្គាប់របស់ព្រះជាម្ចាស់គឺជាអ្វី? (គឺផ្សាយដំណឹងល្អអំពីនគរព្រះ។) វាគឺជាការផ្សាយដំណឹងល្អអំពីនគរព្រះឱ្យបានទូលំទូលាយ។ ចំណុចទីពីរ គឺព្រះរាជបំណងរបស់ព្រះជាម្ចាស់។ តើព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺជាអ្វី? វាគឺជាការឱ្យមនុស្សកាន់តែច្រើនបានដឹងថា ព្រះជាម្ចាស់បានយាងមកហើយ ថាទ្រង់កំពុងធ្វើកិច្ចការថ្មី ថាព្រះជាម្ចាស់មានព្រះរាជបំណងផ្លាស់ប្ដូរយុគសម័យ បញ្ចប់យុគសម័យចាស់ និងដឹកនាំមនុស្សជាតិចូលទៅក្នុងយុគសម័យថ្មីមួយ។ នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ មែនទេ? តើគេអាចនិយាយបានទេថា ព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺផ្សាយដំណឹងល្អ? វាមិនសាមញ្ញដូច្នោះទេ។ ការផ្សាយដំណឹងល្អមានគោលបំណង និងលទ្ធផលចុងក្រោយ តើវាគួរតែជាអ្វី? (គឺឱ្យមនុស្សកាន់តែច្រើនបានដឹងថា ព្រះជាម្ចាស់បានយាងមកហើយ ទ្រង់កំពុងធ្វើកិច្ចការថ្មី ហើយទ្រង់មានព្រះរាជបំណងបញ្ចប់យុគសម័យចាស់ និងដឹកនាំមនុស្សជាតិទាំងមូលចូលទៅក្នុងយុគសម័យថ្មីមួយ។) ត្រឹមត្រូវហើយ គឺដឹកនាំមនុស្សជាតិទាំងមូលចូលទៅក្នុងយុគសម័យថ្មីមួយ។ តើរឿងនេះមានផលប៉ះពាល់អ្វីខ្លះដល់មនុស្សជាតិ? មនុស្សជាតិចូលទៅក្នុងយុគសម័យថ្មី យុគសម័យនេះត្រូវបានផ្លាស់ប្ដូរ។ ដូច្នេះ តើព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺជាអ្វី? សូមនិយាយម្ដងទៀត។ (ព្រះជាម្ចាស់មានព្រះរាជបំណងផ្លាស់ប្ដូរយុគសម័យ បញ្ចប់យុគសម័យចាស់ និងដឹកនាំមនុស្សជាតិចូលទៅក្នុងយុគសម័យថ្មីមួយ។) អ្នកមិនអាចរំលងអ្វីបានឡើយ តើអ្នកបានកត់ត្រាទុកទាំងអស់ហើយឬនៅ? (ចាស/បាទ។) ចំណុចទីបីគឺសេចក្ដីពិតដែលមនុស្សគួរយល់។ តើសេចក្ដីពិតនេះគួរតែជាអ្វី? (ការផ្សាយដំណឹងល្អ គឺជាភារកិច្ច និងទំនួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើតគ្រប់រូប។) នោះគឺជាសេចក្ដីពិត។ នៅក្នុងសេចក្ដីពិតនេះ អ្វីដែលមនុស្សគួរធ្វើ គឺទទួលយកភារកិច្ចនៃការផ្សាយដំណឹងល្អ ហើយបន្ទាប់មកស្វែងរកគោលការណ៍ និងផ្លូវនៃការអនុវត្តនៅក្នុងប្រយោគនេះ។ ប្រយោគនេះគឺជាសេចក្ដីពិតសម្រាប់មនុស្ស។ តើប្រយោគនោះគឺជាអ្វី? (ការផ្សាយដំណឹងល្អ គឺជាភារកិច្ច និងទំនួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើតគ្រប់រូប។) វាគួរតែជាភារកិច្ច និងបេសកកម្ម។ តើអ្នកយល់យ៉ាងណាចំពោះភារកិច្ច និងបេសកកម្ម? ភារកិច្ច គឺជាទំនួលខុសត្រូវដែលមនុស្សម្នាក់គួរបំពេញ ហើយទំនួលខុសត្រូវដែលមនុស្សម្នាក់គួរបំពេញ ក៏ជាភារកិច្ចរបស់ពួកគេដែរ។ ប៉ុន្តែ បេសកកម្មគឺខុសគ្នា បេសកកម្មគឺធំជាង ស័ក្តិសមជាង មានន័យជ្រាលជ្រៅជាង និងមានទម្ងន់ធ្ងន់ជាងទំនួលខុសត្រូវ។ តើអ្នកបានកត់ត្រាចំណុចនេះទុកហើយឬនៅ? (ចាស/បាទ។) ឥឡូវនេះ ខ្ញុំបានសម្គាល់ឃើញរឿងមួយ ខ្លឹមសារទាំងអស់នេះដែលយើងកំពុងពិភាក្សា ចាំបាច់ត្រូវកត់ត្រាទុកជាលាយលក្ខណ៍អក្សរ ទើបអ្នករាល់គ្នាមានគំនិតអំពីវា។ ប្រសិនបើអ្នកមិនកត់ត្រាខ្លឹមសារទាំងអស់នេះទុកទេ គ្រាន់តែស្ដាប់បែបនេះ វាមិនទាំងដក់ជាប់ក្នុងចិត្តផង។ តើរឿងនេះបង្ហាញពីអ្វី? វាបង្ហាញថា មនុស្សមិនយល់ សេចក្ដីពិតទេ ពួកគេគ្រាន់តែចាប់យល់គោលលទ្ធិបន្តិចបន្តួច និងដឹងពីនិយមន័យ សញ្ញាណ និងគ្រោងនៃសេចក្ដីពិតមួយចំនួនប៉ុណ្ណោះ។ នៅពេលនិយាយដល់សេចក្ដីលម្អិតជាក់លាក់នៃសេចក្ដីពិតទាំងនេះ របៀបអនុវត្ត និងរបៀបប្រើប្រាស់សេចក្ដីពិតទាំងនេះ ពួកគេងងឹតឈឹង មែនទេ? សម្រាប់អ្នករាល់គ្នាភាគច្រើន ការនិយាយអំពីគោលលទ្ធិ រយៈពេលពីរ ឬបីម៉ោង មិនមែនជារឿងពិបាកទេ ប៉ុន្តែនៅពេលនិយាយដល់ការប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយស្ថានការណ៍ ដោយប្រើគោលការណ៍ និងផ្លូវនៃការអនុវត្តដែលអ្នករាល់គ្នាបានឆ្លងកាត់បទពិសោធ និងបានយល់ នោះគឺជាការពិបាក។ តើបញ្ហានៅត្រង់ណា? គឺការមិនយល់សេចក្ដីពិត ត្រូវទេ? ឥឡូវនេះ ចូរយើងបន្តទៅចំណុចទីបួន។ តើចំណុចទីបួនគឺជាអ្វី? (គោលការណ៍ និងផ្លូវនៃការអនុវត្តដែលមនុស្សគួរធ្វើតាម។) តើគោលការណ៍ និងផ្លូវទាំងនេះត្រូវបានកំណត់ដោយរបៀបណា? គោលការណ៍ និងផ្លូវទាំងនេះគឺត្រូវបានកំណត់ដោយផ្អែកលើរឿងពីរយ៉ាង៖ មួយគឺព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងមួយទៀត គឺសេចក្ដីពិត។ រឿងពីរយ៉ាងនេះ គឺជាអ្វីដែលមនុស្សត្រូវតែយល់។ ឧទាហរណ៍ ប្រសិនបើអ្នកស្ទាក់ស្ទើរក្នុងការផ្សាយដំណឹងល្អ នៅពេលដែលគេសុំឱ្យអ្នកធ្វើ ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា ការផ្សាយដំណឹងល្អគឺជាព្រះរាជបំណងរបស់ទ្រង់ តើអ្នកគួរធ្វើដូចម្ដេច? តើគោលការណ៍នៃការអនុវត្តរបស់អ្នកគួរតែជាអ្វី? តើអាកប្បកិរិយារបស់អ្នកគួរតែជាអ្វី? អ្នកគួរតែចុះចូល និងទទួលយកវាទាំងស្រុង ដោយមិនបដិសេធ ដោយមិនវិភាគ ឬពិនិត្យពិច័យ ដោយមិនសួររកហេតុផល។ នេះគឺជាការចុះចូលពិតប្រាកដ។ វាគឺជាគោលការណ៍ដ៏សំខាន់មួយដែលត្រូវតែធ្វើតាមនៅក្នុងការអនុវត្តសេចក្ដីពិត។ នៅពេលដែលយើងនិយាយអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ក្នុងរបៀបនិយមន័យ តើជាធម្មតាវាសំដៅទៅលើអ្វី? ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ជាសារជាតិគឺជាបំណងប្រាថ្នារបស់ព្រះជាម្ចាស់ គឺជាគោលបំណង ប្រភព និងចំណុចចាប់ផ្ដើមសម្រាប់សកម្មភាពរបស់ទ្រង់។ នៅក្នុងពាក្យពេចន៍ខាងវិញ្ញាណ វាត្រូវបានហៅថា «ព្រះរាជបំណង» របស់ទ្រង់ ឬ «និមិត្ត»។ នៅពេលដែលព្រះជាម្ចាស់បើកសម្ដែងព្រះរាជបំណងរបស់ទ្រង់ដល់អ្នក ទ្រង់ប្រទានឱ្យអ្នកនូវទិសដៅទូទៅមួយ ដោយឱ្យអ្នកដឹងពីអ្វីដែលទ្រង់មានព្រះរាជបំណងចង់ធ្វើ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើព្រះជាម្ចាស់មិនប្រទាននូវសេចក្ដីលម្អិត ឬគោលការណ៍ទេ តើអ្នកដឹងពីផ្លូវ និងទិសដៅជាក់លាក់ដើម្បីអនុវត្តដែរឬទេ? អ្នកនឹងមិនដឹងឡើយ។ ហេតុនេះហើយបានជាពេលដែលខ្ញុំប្រាប់មនុស្សឱ្យធ្វើអ្វីមួយ អ្នកដែលមានគំនិត អ្នកដែលមានចិត្ត និងមានវិញ្ញាណ នឹងស្វែងរកសេចក្ដីលម្អិត និងរបៀបធ្វើវាឱ្យបានជាក់លាក់ភ្លាមៗបន្ទាប់ពីបានទទួលយកវា។ អ្នកដែលគ្មានគំនិត គ្មានចិត្ត និងគ្មានវិញ្ញាណ អាចនឹងគិតថាវាងាយស្រួល ហើយប្រញាប់ធ្វើដោយមិនរង់ចាំសេចក្ដីលម្អិតបន្ថែម។ នេះហើយជាអត្ថន័យនៃការគ្មានគំនិត និងការធ្វើកិច្ចការដោយងងឹតងងល់។ នៅពេលដែលអ្នកទទួលការផ្ទុកផ្ដាក់ពីព្រះជាម្ចាស់ ហើយមានបំណងបំពេញភារកិច្ចរបស់អ្នក និងបំពេញបេសកកម្មរបស់អ្នក អ្នកត្រូវតែយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ជាមុនសិន។ អ្នកត្រូវតែដឹងថា ការផ្ទុកផ្ដាក់នេះមកពីព្រះជាម្ចាស់ ថាវាជាព្រះរាជបំណងរបស់ទ្រង់ ហើយអ្នកគួរតែទទួលយកវា គិតគូរដល់វា និងសំខាន់ជាងនេះទៅទៀតនោះ គឺចុះចូលនឹងវា។ ទីពីរ អ្នកគួរតែស្វែងរកថាតើសេចក្ដីពិតអ្វីខ្លះដែលអ្នកត្រូវយល់ ដើម្បីបំពេញភារកិច្ចនេះ តើគោលការណ៍អ្វីខ្លះដែលអ្នកគួរធ្វើតាម និងរបៀបអនុវត្តតាមរបៀបដែលមានប្រយោជន៍ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ ទាំងនេះគឺជាគោលការណ៍នៃការអនុវត្ត។ បន្ទាប់ពីយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អ្នកគួរតែស្វែងរក និងស្វែងយល់ជាបន្ទាន់នូវសេចក្ដីពិតដែលទាក់ទងនឹងការបំពេញភារកិច្ចនេះ ហើយបន្ទាប់ពីយល់សេចក្ដីពិតហើយ ត្រូវពិនិត្យបញ្ជាក់គោលការណ៍ និងផ្លូវនៃការអនុវត្តសេចក្ដីពិតទាំងនេះ។ តើ «គោលការណ៍» សំដៅលើអ្វី? បើនិយាយឱ្យជាក់លាក់ទៅ គោលការណ៍សំដៅលើអ្វីមួយដែលគេត្រូវតែផ្អែកលើ ដើម្បីសម្រេចបាននូវគោលដៅ ឬបង្កើតបានជាលទ្ធផល នៅពេលអនុវត្តសេចក្ដីពិត។ ឧទាហរណ៍ ប្រសិនបើគេឱ្យអ្នកទៅទិញទំនិញមួយ តើគោលការណ៍ជាក់លាក់នៃការអនុវត្តគឺជាអ្វី? ជាដំបូង អ្នកត្រូវយល់ពីលក្ខណៈ និងម៉ូដែលនៃទំនិញដែលត្រូវទិញ ស្តង់ដាគុណភាពដែលទំនិញនោះត្រូវតែបំពេញតាម និងថាតើតម្លៃសមរម្យដែរឬទេ។ នៅក្នុងដំណើរការនៃការស្វែងរក អ្នកនឹងទទួលបានភាពច្បាស់លាស់អំពីគោលការណ៍ជាក់លាក់នៃការអនុវត្ត។ គោលការណ៍ទាំងនេះផ្ដល់ឱ្យអ្នកនូវខ្នាត និងដែនកំណត់ អ្នកនឹងមិនអីទេ ដរាបណាអ្នកស្ថិតនៅក្នុងដែនកំណត់នេះ។ នៅពេលដែលអ្នកបានយល់ពីគោលការណ៍មូលដ្ឋានទាក់ទងនឹងលក្ខណៈ គុណភាព និងតម្លៃនៃទំនិញនោះ វាបង្ហាញថាអ្នកបានចាប់យល់នូវស្តង់ដាដែលតម្រូវសម្រាប់កិច្ចការនេះហើយ។ វាមានន័យថា អ្នកបានរៀនចេះពីរបៀបអនុវត្តជាមូលដ្ឋានហើយ។ មនុស្សម្នាក់ត្រូវតែចាប់យល់នូវគោលការណ៍ ដើម្បីអនុវត្តសេចក្ដីពិត៖ គោលការណ៍គឺជាគន្លឹះ ជាធាតុផ្សំមូលដ្ឋានបំផុត។ នៅពេលដែលអ្នកបានចាប់យល់នូវគោលការណ៍មូលដ្ឋាននៃការបំពេញភារកិច្ចរបស់អ្នក វាបង្ហាញថាអ្នកយល់ពីស្តង់ដាដែលតម្រូវសម្រាប់ការបំពេញភារកិច្ចនោះ។ ការចេះស្ទាត់នូវគោលការណ៍ទាំងនេះ គឺស្មើនឹងការដឹងពីរបៀបអនុវត្តសេចក្ដីពិត។ ដូច្នេះ តើសមត្ថភាពក្នុងការអនុវត្តនេះ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានអ្វី? គឺនៅលើមូលដ្ឋាននៃការយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ តើវាចាត់ទុកថាជាការយល់សេចក្ដីពិតដែរឬទេ ប្រសិនបើអ្នកដឹងត្រឹមតែមួយឃ្លានៃអ្វីដែលព្រះជាម្ចាស់តម្រូវនោះ? ទេ មិនរាប់ទេ។ តើត្រូវបំពេញតាមស្តង់ដាអ្វីខ្លះ ទើបចាត់ទុកថាជាការយល់សេចក្ដីពិត? អ្នកត្រូវតែយល់អត្ថន័យ និងតម្លៃនៃការបំពេញភារកិច្ចរបស់អ្នក ហើយនៅពេលដែលអ្នកបានយល់ច្បាស់អំពីទិដ្ឋភាពទាំងពីរនេះហើយ នោះអ្នកបានយល់ សេចក្ដីពិតនៃការបំពេញភារកិច្ចរបស់អ្នកហើយ។ លើសពីនេះទៅទៀត បន្ទាប់ពីយល់សេចក្ដីពិត អ្នកក៏ត្រូវចាប់យល់នូវគោលការណ៍នៃការបំពេញភារកិច្ចរបស់អ្នក និងផ្លូវនៃការអនុវត្តផងដែរ។ នៅពេលដែលអ្នកអាចចាប់យល់ និងអនុវត្តគោលការណ៍នៃការបំពេញភារកិច្ចរបស់អ្នកបាន ហើយជួនកាលប្រើប្រាស់ប្រាជ្ញាបន្តិចបន្តួច អ្នកអាចធានាបាននូវប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់អ្នក។ ដោយការចាប់យល់នូវគោលការណ៍ទាំងនេះ និងការធ្វើសកម្មភាពស្របតាមគោលការណ៍ទាំងនេះ អ្នកអាចឈានដល់ការអនុវត្តសេចក្ដីពិតបាន។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកដោយមិនលាយឡំដោយបំណងរបស់មនុស្ស ប្រសិនបើវាត្រូវបានធ្វើឡើងដោយការចុះចូលទាំងស្រុងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងស្របតាមការរៀបចំកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយស្របគ្នាទាំងស្រុងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកបានបំពេញភារកិច្ចរបស់អ្នកបានពេញលេញត្រូវតាមស្តង់ដាហើយ ហើយទោះបីជាអាចមានភាពមិនស្របគ្នាមួយចំនួននៅក្នុងលទ្ធផល បើធៀបនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការនេះនៅតែរាប់ថាជាការសម្រេចបានតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកស្របតាមគោលការណ៍ទាំងស្រុង ប្រសិនបើអ្នកស្មោះត្រង់ ដោយអស់ពីសមត្ថភាពរបស់អ្នក នោះការបំពេញភារកិច្ចរបស់អ្នក គឺស្របទាំងស្រុងទៅនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់។ អ្នកបានបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត យ៉ាងអស់ពីចិត្ត គំនិត និងកម្លាំងរបស់អ្នក ដែលជាលទ្ធផលសម្រេចបានដោយការអនុវត្តសេចក្ដីពិត។ ឥឡូវនេះ ដើម្បីចាប់យល់នូវគោលការណ៍ និងផ្លូវនៃការអនុវត្ត តើអ្នកគួរយល់ពីអ្វីជាមុនសិន ដើម្បីសម្រេចបានលទ្ធផលនេះ? (ជាដំបូង យើងគួរយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកទទួលយក និងចុះចូលនឹងព្រះរាជបំណងនោះទាំងស្រុង និងដោយមិនបដិសេធ។) នេះគឺជាអ្វីដែលមនុស្សគួរមាន នៅក្នុងលក្ខខណ្ឌនៃការអនុវត្ត និងអាកប្បកិរិយា។ តើអ្វីដែលគួរយល់បន្ទាប់ទៀត? អ្នកគួរយល់សេចក្ដីពិត ហើយសេចក្ដីលម្អិតនៅក្នុងសេចក្ដីពិត បង្កើតបានជាគោលការណ៍ និងផ្លូវនានា។ ដើម្បីចាប់យល់នូវគោលការណ៍ និងផ្លូវនៃការអនុវត្តដែលអ្នកគួរធ្វើតាម រឿងទីមួយដែលអ្នកត្រូវយល់គឺព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកគឺសេចក្ដីពិត។ ទាំងនេះគឺជាចំណុចសំខាន់ទាំងពីរ ហើយអ្វីៗផ្សេងទៀត គឺជាខ្លឹមសារលម្អិតដែលមាននៅក្នុងចំណុចទាំងនេះ។

ប្រភេទទីមួយដែលទាក់ទងនឹងអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេក្នុងការផ្សាយដំណឹងល្អ នឹងត្រូវបញ្ចប់ជាបណ្ដោះអាសន្ននៅត្រឹមនេះ។ ថ្ងៃនេះ ខ្ញុំបានបន្ថែមបន្តិចទៀតជាសេចក្ដីបន្ថែម ដើម្បីធ្វើជាការរំលឹកសម្រាប់ខ្លឹមសារសំខាន់ដែលបានពិភាក្សាកាលពីលើកមុន។ ក្នុងពេលជាមួយគ្នានេះ វាដើរតួជាការដាស់តឿន ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលស្គាល់ពីសារសំខាន់នៃសេចក្ដីពិតនេះ ដើម្បីឱ្យរាល់ការងារដែលអ្នកកំពុងធ្វើនៅពេលបច្ចុប្បន្ន និងរាល់ភារកិច្ចដែលអ្នកបំពេញ ត្រូវបានតម្រង់ទៅរកទិសដៅ និងគោលដៅនេះ ហើយអនុវត្តនៅលើមូលដ្ឋាននេះ ពោលគឺសុទ្ធតែទាក់ទងនឹងការផ្សាយដំណឹងល្អ។ ទោះបីជាអ្នកមិនស្ថិតនៅជួរមុខក្នុងការទាក់ទងជាមួយអ្នកដែលអាចទទួលដំណឹងល្អក៏ដោយ ក៏ភារកិច្ចទាំងអស់ដែលអ្នកកំពុងបំពេញនៅពេលបច្ចុប្បន្ន អាចនិយាយបានថាទាក់ទងនឹងការងារផ្សាយដំណឹងល្អដែរ។ នៅលើមូលដ្ឋាននេះ តើមនុស្សគ្រប់គ្នាមិនគួរតែមានការយល់ដឹងកាន់តែច្បាស់ និងកាន់តែភ្លឺស្វាងអំពីសេចក្ដីពិតដែលទាក់ទងនឹងការផ្សាយដំណឹងល្អទេឬ? (ចាស/បាទ។) តាមរយៈសេចក្ដីបន្ថែមនៅថ្ងៃនេះ តើអ្នករាល់គ្នាទទួលបានការមើលឃើញច្បាស់អំពីទម្ងន់ និងសារសំខាន់នៃភារកិច្ចក្នុងការផ្សាយដំណឹងល្អហើយឬនៅ? (ចាស/បាទ។) ដូច្នេះ តើអាកប្បកិរិយាដ៏ស័ក្តិសម និងសមស្របបំផុតដែលត្រូវមានចំពោះសេចក្ដីពិតនេះនៅពេលអនាគត គឺជាអ្វី? ការផ្សាយដំណឹងល្អ គឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានព្រះរាជបំណងបញ្ចប់យុគសម័យចាស់នេះ និងដឹកនាំមនុស្សកាន់តែច្រើនមកចំពោះព្រះភក្ត្រព្រះអង្គ ឱ្យចេញពីយុគសម័យចាស់ និងចូលទៅក្នុងយុគសម័យថ្មី។ នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយវាគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរយល់។ មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «ខ្ញុំយល់ហើយ ប៉ុន្តែខ្ញុំគ្មានកម្លាំងចិត្តដើម្បីផ្សាយដំណឹងល្អទេ ហើយខ្ញុំគ្មានចិត្តដើម្បីសហការឡើយ»។ តើបញ្ហានៅត្រង់ណា? (គ្មានភាព ជា មនុស្ស។) ត្រឹមត្រូវហើយ។ អ្នកទទួលស្គាល់ខ្លួនឯងថាជា ភាវៈដែលព្រះបានបង្កើត និងជាអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែនៅពេលនិយាយដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ដែលទ្រង់តែងតែដាស់តឿនមនុស្សគ្រប់គ្នា ជាព្រះរាជបំណងដ៏បន្ទាន់របស់ទ្រង់ ដែលបានពន្យល់យ៉ាងច្បាស់ដល់មនុស្សទាំងអស់ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ និងមិនអើពើ តើអ្នកជាមនុស្សប្រភេទណាទៅ? វាគឺជាការបង្ហាញចេញនូវការគ្មានភាពជាមនុស្ស។ អ្នកចង់គោរពព្រះជាម្ចាស់ទុកថាអស្ចារ្យ និងនិយាយថាទ្រង់គឺជាព្រះជាម្ចាស់របស់អ្នក និងជាព្រះអម្ចាស់របស់អ្នក ប៉ុន្តែនៅពេលនិយាយដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ អ្នកមិនអើពើសោះឡើយ គ្មានការគិតគូរអ្វីទាល់តែសោះ។ នេះគឺជាការគ្មានភាពជាមនុស្ស ហើយមនុស្សបែបនេះគ្មានចិត្តថ្លើមឡើយ។ ប្រធានបទនេះបញ្ចប់នៅត្រឹមនេះ។

និយមន័យរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងមូលហេតុនៃការរៀបចំឱ្យមានពួកគេ

បន្ទាប់មក សូមយើងពិភាក្សាអំពីប្រភេទទីពីរ៖ គឺអស់អ្នកដែលបំពេញភារកិច្ចជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ទោះបីជាមានចំនួនតិចតួចក៏ដោយ ក៏មនុស្សប្រភេទនេះដើរតួនាទីយ៉ាងសំខាន់ទាក់ទងនឹងធម្មជាតិនៃកិច្ចការរបស់ពួកគេ។ ភារកិច្ចរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ក៏ពាក់ព័ន្ធនឹងសេចក្ដីពិតជាច្រើនផងដែរ គឺថែមទាំងមានសេចក្ដីពិតច្រើនជាងការផ្សាយដំណឹងល្អទៅទៀត។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ភារកិច្ចទាំងនេះ មានវិសាលភាពទូលំទូលាយណាស់។ ទិដ្ឋភាពមួយនៃភារកិច្ចទាំងនេះ គឺការផ្សាយកិច្ចការដំណឹងល្អទៅខាងក្រៅ ហើយទិដ្ឋភាពមួយទៀត គឺការស្រោចស្រព និងការផ្គត់ផ្គង់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅខាងក្នុង ការគ្រប់គ្រងជីវិតពួកជំនុំឱ្យបានល្អ ព្រមទាំងការចាត់ចែងកិច្ចការពួកជំនុំ និងការដោះស្រាយបញ្ហាគ្រប់ប្រភេទ។ ពោលគឺ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែយល់ពីសេចក្ដីពិតឱ្យបានកាន់តែច្រើន ហើយមានការទាមទារកាន់តែតឹងរ៉ឹងចំពោះពួកគេទាក់ទងនឹងគោលការណ៍នៃការអនុវត្តមួយចំនួន ហើយទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ត្រូវតែជិតស្និទ្ធជាងមុន។ ការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពាក់ព័ន្ធនឹងការអនុវត្ត និងការចូលទៅក្នុងទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិត ផ្លូវដែលមនុស្សដើរ ព្រមទាំងទិដ្ឋភាពជាច្រើនផ្សេងទៀត។ បើប្រៀបធៀបទៅនឹងការបំពេញភារកិច្ចផ្សាយដំណឹងល្អ ការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ គឺមានទំនាក់ទំនងកាន់តែជិតស្និទ្ធទៅនឹងការចូលទៅក្នុងជីវិត ហើយក៏តម្រូវឱ្យសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យផងដែរ។ នេះមានន័យថា សេចក្ដីពិតផ្សេងៗដែលទាក់ទងនឹងរបៀបធ្វើកិច្ចការរបស់ពួកអ្នកដឹកនាំឱ្យបានល្អ គឺមានចំនួនកាន់តែច្រើន និងវិសាលភាពធំជាងមុន។ ប៉ុន្តែ មិនថាមានចំនួនច្រើនប៉ុនណាក៏ដោយ ក៏សេចក្ដីពិតទាំងនោះនៅតែស្ថិតនៅក្រោមប្រធានបទសំខាន់ៗមួយចំនួនដដែល ដូច្នេះ សូមយើងពិនិត្យមើលចំណុចទាំងនោះម្ដងមួយៗ មួយចំណុចម្ដងៗ ហើយអ្នករាល់គ្នានឹងយល់ពីចំណុចទាំងនោះជាបណ្ដើរៗមិនខាន។ សូមយើងចាប់ផ្ដើមដោយនិយាយអំពីនិយមន័យរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ហេតុអ្វីបានជាចាំបាច់ត្រូវកំណត់និយមន័យរបស់ពួកគេ? ការកំណត់និយមន័យ គឺស្មើនឹងការកំណត់តួនាទីរបស់អ្វីមួយ ពោលគឺវាប្រាប់មនុស្សអំពីធម្មជាតិ និងវិសាលភាពនៃទំនួលខុសត្រូវនៃភារកិច្ចទាំងនេះ ក៏ដូចជាឈ្មោះរបស់ពួកគេផងដែរ និយាយម្យ៉ាងទៀត ថាតើត្រូវហៅពួកគេថាយ៉ាងដូចម្ដេច។ តាមរយៈការកំណត់និយមន័យភារកិច្ចទាំងនេះឱ្យបានត្រឹមត្រូវ មនុស្សអាចទទួលបានភាពច្បាស់លាស់នៅក្នុងគំនិតទាក់ទងនឹងឋានៈដែលមនុស្សប្រភេទនេះមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់ទាមទារពីពួកគេ និងសេចក្ដីតម្រូវអ្វីខ្លះដែលទ្រង់មានចំពោះការបំពេញភារកិច្ចទាំងនេះរបស់ពួកគេ ផ្លូវដែលពួកគេគួរដើរ និងគោលការណ៍ដែលពួកគេគួរអនុវត្ត។ មិនថាពួកគេនៅក្មេង ឬចាស់ មានឋានៈខ្ពង់ខ្ពស់ និងថ្លៃថ្នូរ ឬមានឋានៈតូចទាបយ៉ាងណាក៏ដោយ ហើយមិនថាពួកគេមានប្រវត្តិបែបណាក៏ដោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រះជាម្ចាស់មានស្ដង់ដាតម្រូវជាចាំបាច់សម្រាប់មនុស្សប្រភេទនេះ។ និយាយម្យ៉ាងទៀត មានសេចក្ដីពិតដែលមនុស្សដែលបំពេញភារកិច្ចប្រភេទនេះត្រូវតែយល់ មានគោលការណ៍សេចក្ដីពិតដែលពួកគេគួរតែក្ដាប់ឱ្យបានជាប់ និងអនុវត្ត ហើយមានផ្លូវជាក់លាក់មួយដែលពួកគេគួរតែដើរតាម។ ដូច្នេះ តើអស់អ្នកដែលត្រូវបានជ្រើសរើសចេញពីចំណោមអ្នកដើរតាមព្រះជាម្ចាស់ ដើម្បីដឹកនាំ និងធ្វើការ ជាទូទៅត្រូវបានកំណត់និយមន័យយ៉ាងដូចម្ដេច? តើនិយមន័យដ៏ច្បាស់លាស់គឺជាអ្វី? តើមនុស្សជឿថានិយមន័យនោះគឺជាអ្វី? ហើយតើមនុស្សប្រភេទនេះមានឋានៈអ្វីឱ្យប្រាកដនៅក្នុងចិត្តរបស់អ្នកដទៃ? តើនេះមិនទាក់ទងនឹងការកំណត់អត្តសញ្ញាណ និងឋានៈរបស់មនុស្សប្រភេទនេះទេឬអី? តើអ្នកដទៃចាត់ទុកមនុស្សមួយក្រុមនេះនៅក្នុងចិត្តរបស់ពួកគេយ៉ាងដូចម្ដេច? តើក្នុងនាមជាសាវ័កឬ? ទេ។ តើក្នុងនាមជាសិស្សឬ? ក៏មិនមែនក្នុងនាមជាសិស្សដែរ។ តើមាននរណាម្នាក់ហៅពួកគេថាជាអ្នកគង្វាលដែរឬទេ? (មាន)។ តើ «អ្នកគង្វាល» ជាឈ្មោះដ៏ស័ក្តិសមដែរឬទេ? (មិនស័ក្តិសមទេ)។ ហេតុអ្វីបានជាមិនស័ក្តិសម? (វាជាតួនាទីខុស)។ តើមនុស្សមានសមត្ថភាពទទួលយកតួនាទីជាអ្នកគង្វាលដែរទេ? (ទេ)។ ដោយសារពួកគេមិនមែនជាសាវ័ក ឬជាសិស្ស ហើយឈ្មោះជា «អ្នកគង្វាល» ក៏មិនស័ក្តិសមដែរ តើឈ្មោះអ្វីឱ្យប្រាកដដែលស័ក្តិសមបំផុតសម្រាប់មនុស្សដែលបំពេញភារកិច្ចទាំងនេះ? តើពាក្យអ្វីដែលស័ក្តិសមជាង? (អ្នកយាម)។ តើ «អ្នកយាម» ស័ក្តិសមដែរទេ? ខ្ញុំមើលមិនឃើញមានភាពខុសគ្នាណាមួយរវាងឈ្មោះនេះ និងឈ្មោះជា «អ្នកគង្វាល» ឡើយ។ វាគឺជាឈ្មោះដែលស្ដាប់ទៅអស្ចារ្យណាស់ ប៉ុន្តែកិច្ចការដែលមនុស្សទាំងនេះធ្វើ គឺតូចតាចណាស់។ គ្មានឈ្មោះណាមួយក្នុងចំណោមឈ្មោះទាំងនេះស័ក្តិសមឡើយ។ ដូច្នេះ ដោយផ្អែកលើធម្មជាតិនៃភារកិច្ចដែលមនុស្សទាំងនេះបំពេញ តើឈ្មោះ និងនិយមន័យអ្វីដែលស័ក្តិសមជាង? តើគោលការណ៍សម្រាប់ការកំណត់និយមន័យមនុស្សប្រភេទនេះគឺជាអ្វី? និយមន័យត្រូវតែស៊ីសង្វាក់នឹងធម្មជាតិនៃកិច្ចការរបស់ពួកគេ ព្រមទាំងអត្តសញ្ញាណ និងឋានៈរបស់ពួកគេផងដែរ ហើយវាត្រូវតែសមល្មម និងមិនសម្បើមពេកឡើយ។ ប្រសិនបើយើងកំណត់និយមន័យមនុស្សទាំងនេះថាជា «សាវ័ក» តើវានឹងសម្បើមពេកដែរទេឬ? (មែនហើយ)។ ចុះចំណែក «អ្នកយាម» វិញ? (នោះរឹតតែធំពេកទៅទៀត)។ តើអ្នកមានសមត្ថភាពយាមកាមមនុស្សដែរទេ? ប្រសិនបើគ្មានទេ នោះអ្នកមិនមែនជាអ្នកយាមឡើយ។ ចុះចំណែក «អ្នកគង្វាល» វិញ? តើ «អ្នកគង្វាល» សំដៅលើអ្វី? (មនុស្សដែលមើលថែហ្វូងចៀម។) វាសំដៅលើមនុស្សដែលមើលថែ និងយាមកាមហ្វូងចៀម។ តាមពិត ឈ្មោះនេះស័ក្តិសមនឹងក្រុមនេះណាស់ ដោយគ្រាន់តែផ្អែកលើធម្មជាតិនៃកិច្ចការរបស់ពួកគេប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បើគិតពីអ្វីដែលមនុស្សសព្វថ្ងៃអាចទទួលបន្ទុកបាន អ្វីដែលពួកគេអាចសម្រេចបាន និងនិស្ស័យពុករលួយរបស់ពួកគេ តើឈ្មោះជា «អ្នកគង្វាល» ស័ក្តិសមដែរទេ? (ទេ)។ វាសម្បើមពេកបន្តិចហើយ។ ពួកគេគ្មានសមត្ថភាពធ្វើរឿងនេះទេ ហើយវាក៏មិនស៊ីសង្វាក់នឹងធម្មជាតិ ឬវិសាលភាពនៃកិច្ចការដែលមនុស្សធ្វើក្នុងពេលសព្វថ្ងៃនេះដែរ។ ជាក់ស្ដែង ឈ្មោះនេះមិនស័ក្តិសមនឹងពួកគេឡើយ។ ចុះបើដូច្នេះ តើវិធីដែលស័ក្តិសមបំផុតក្នុងការកំណត់និយមន័យមនុស្សប្រភេទនេះគឺជាអ្វី? (ជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។) ឃ្លានេះគឺស័ក្តិសមគួរសម។

តើអ្វីទៅជាមូលហេតុនៃការលេចឡើងនូវប្រភេទមនុស្សដែលជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ? តើពួកគេលេចឡើងដោយរបៀបណា? បើនិយាយក្នុងកម្រិតធំ យើងត្រូវការពួកគេសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ បើនិយាយក្នុងកម្រិតតូច យើងត្រូវការពួកគេសម្រាប់កិច្ចការរបស់ពួកជំនុំ ដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវការពួកគេ។ មិនថាពួកគេមានអត្តសញ្ញាណ ឬឋានៈអ្វីនោះទេ ហើយមិនថាពួកគេដើរតួនាទីអ្វីក៏ដោយ ពួកគេគឺស្មើនឹងសមាជិកធម្មតានៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ អត្តសញ្ញាណ និងឋានៈរបស់ពួកគេនៅចំពោះព្រះជាម្ចាស់ គឺដូចគ្នា។ ទោះបីជាពាក្យ «ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ» មាននៅក្នុងពួកជំនុំក៏ដោយ ហើយទោះបីជាបុគ្គលទាំងនេះគឺជា «ពួកអ្នកដឹកនាំ» និង «ពួកអ្នកធ្វើការ» ដែលបំពេញភារកិច្ចខុសពីបងប្អូនប្រុសស្រីរបស់ពួកគេក៏ដោយ ក៏ឈ្មោះរបស់ពួកគេជា «ភាវៈដែលព្រះបានបង្កើត» នៅចំពោះព្រះជាម្ចាស់នៅតែដូចគ្នាដដែល អត្តសញ្ញាណនេះនឹងមិនផ្លាស់ប្ដូរឡើយ។ ភាពខុសគ្នារវាងអ្នកដឹកនាំនិងអ្នកធ្វើការ និងសមាជិកធម្មតានៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ គឺត្រឹមជាលក្ខណៈពិសេសមួយនៅក្នុងភារកិច្ចដែលពួកគេបំពេញប៉ុណ្ណោះ។ លក្ខណៈពិសេសនេះ សំខាន់បំផុតគឺបង្ហាញនៅក្នុងតួនាទីដឹកនាំរបស់ពួកគេ។ ឧទាហរណ៍ មិនថាក្រុមជំនុំមួយមានមនុស្សច្រើនប៉ុនណានោះទេ អ្នកដឹកនាំគឺជាក្បាលម៉ាស៊ីន។ ដូច្នេះ តើអ្នកដឹកនាំដើរតួនាទីអ្វីខ្លះក្នុងចំណោមសមាជិក? ពួកគេដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់នៅក្នុងក្រុមជំនុំ។ ដូច្នេះ តើពួកគេមានឥទ្ធិពលបែបណានៅក្នុងក្រុមជំនុំទាំងមូល? ប្រសិនបើអ្នកដឹកនាំដើរផ្លូវខុស អ្នកទាំងនោះនៅក្នុងពួកជំនុំ ក៏នឹងដើរតាមពួកគេទៅតាមផ្លូវខុសដែរ ដែលនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់រាស្រ្ដរើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំ។ យកលោកប៉ុល មកធ្វើជាឧទាហរណ៍ចុះ។ គាត់បានដឹកនាំពួកជំនុំជាច្រើនដែលគាត់បានបង្កើតឡើង ទាំងបានដឹកនាំរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ផង។ ពេលប៉ុលដើរខុសផ្លូវ ពួកជំនុំ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ដែលគាត់បានដឹកនាំនោះ ក៏ដើរខុសផ្លូវដែរ។ ដូច្នេះ នៅពេលដែលពួកអ្នកដឹកនាំដើរតាមផ្លូវខុសរបស់ខ្លួន ពួកគេមិនមែនជាមនុស្សតែម្នាក់ដែលទទួលផលប៉ះពាល់នោះទេ ពួកជំនុំ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ដែលពួកគេបានដឹកនាំនោះ ក៏រងផលប៉ះពាល់ផងដែរ។ ប្រសិនបើអ្នកដឹកនាំគឺជាបុគ្គលត្រឹមត្រូវ ជាបុគ្គលដែលកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ហើយដេញតាម និងអនុវត្តតាមសេចក្តីពិត នោះមនុស្សដែលពួកគេដឹកនាំ នឹងហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាធម្មតា ហើយដេញតាមសេចក្តីពិតបានជាធម្មតា ហើយក្នុងពេលជាមួយគ្នានោះដែរ បទពិសោធជីវិត និងវឌ្ឍនភាពរបស់អ្នកដឹកនាំ នឹងអាចឱ្យអ្នកដទៃមើលឃើញបាន ហើយក៏នឹងមានឥទ្ធិពលលើអ្នកដទៃផងដែរ។ ដូច្នេះ តើអ្វីទៅជាផ្លូវត្រឹមត្រូវដែលអ្នកដឹកនាំគួរដើរ? គឺផ្លូវដែលអាចដឹកនាំអ្នកដទៃឱ្យមានការយល់ដឹងអំពីសេចក្តីពិត និងការចូលទៅក្នុងសេចក្តីពិត ហើយដឹកនាំអ្នកដទៃនៅចំពោះព្រះជាម្ចាស់។ តើអ្វីទៅជាផ្លូវមិនត្រឹមត្រូវ? គឺជាផ្លូវដែលដេញតាមឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ បង្អួតខ្លួនឯងជារឿយៗ ធ្វើបន្ទាល់ដើម្បីខ្លួនឯង និងមិនដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។ តើចំណុចនេះមានឥទ្ធិពលអ្វីខ្លះលើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់? (វានាំពួកគេមកចំពោះខ្លួនឯង)។ ពួកគេនឹងដើរផ្លូវខុសឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយធ្លាក់នៅក្រោមការត្រួតត្រារបស់អ្នកដឹកនាំរូបនេះ។ ប្រសិនបើអ្នកដឹកនាំមនុស្សឱ្យចូលមកចំពោះអ្នក នោះអ្នកកំពុងតែដឹកនាំពួកគេឱ្យចូលមកចំពោះមនុស្សដ៏ពុករលួយ ហើយអ្នកកំពុងតែដឹកនាំពួកគេឱ្យចូលមកចំពោះសាតាំង មិនមែនចំពោះព្រះជាម្ចាស់ឡើយ។ មានតែការដឹកនាំមនុស្សឱ្យចូលមកចំពោះសេចក្តីពិតប៉ុណ្ណោះ ទើបជាការដឹកនាំពួកគេចូលមកចំពោះព្រះជាម្ចាស់។ មិនថាអ្នកដឹកនាំ និងអ្នកធ្វើការដើរលើផ្លូវត្រូវ ឬផ្លូវខុសឡើយ ពួកគេសុទ្ធតែជះឥទ្ធិពលដោយផ្ទាល់លើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលដែលពួកគេមិនទាន់យល់ពីសេចក្តីពិតនៅឡើយ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ភាគច្រើន ដើរតាមទាំងងងឹតងងុល។ អ្នកដឹកនាំអាចជាមនុស្សល្អ ហើយពួកគេនឹងដើរតាមអ្នកដឹកនាំនោះ។ អ្នកដឹកនាំអាចជាមនុស្សអាក្រក់ ហើយពួកគេក៏នឹងដើរតាមអ្នកដឹកនាំនោះដែរ។ ពួកគេមិនបែងចែងខុសត្រូវនោះទេ។ គេដឹកនាំទៅណា ក៏ចេះតែដើរតាមទៅ មិនខ្វល់ថាអ្នកដឹកនាំនោះជានរណាឡើយ។ ដូច្នេះហើយ ការដែលពួកជំនុំជ្រើសរើសមនុស្សល្អធ្វើជាអ្នកដឹកនាំរបស់ពួកគេ គឺពិតជាសំខាន់ណាស់។ ផ្លូវដែលមនុស្សម្នាក់ៗដែលជឿព្រះជាម្ចាស់ដើរ ជាប់ទាក់ទងដោយផ្ទាល់ទៅនឹងផ្លូវដែលពួកអ្នកដឹកនាំរបស់ពួកគេដើរ ហើយក៏ទទួលរងឥទ្ធិពលពីពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងនោះក្នុងកម្រិតផ្សេងៗគ្នាដែរ។ សូមយើងចាប់ផ្ដើមប្រកបតាមខ្សែគំនិតទាំងពីរនេះ អំពីសេចក្ដីពិតផ្សេងៗដែលពាក់ព័ន្ធនឹងភារកិច្ចរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ម្ខាងគឺផ្លូវដ៏ត្រឹមត្រូវ និងម្ខាងទៀតគឺផ្លូវដែលមិនត្រឹមត្រូវ។ តើមួយណាក្នុងចំណោមផ្លូវទាំងពីរនេះ ដែលយើងគួរប្រកបជាមុន? (ផ្លូវដែលមិនត្រឹមត្រូវ)។ ហេតុអ្វីបានជាអ្នកជ្រើសរើសផ្លូវនេះ? តើការពិភាក្សាអំពីផ្លូវដ៏ត្រឹមត្រូវជាមុន ឬផ្លូវដែលមិនត្រឹមត្រូវជាមុន មួយណាល្អជាង? (ផ្លូវដែលមិនត្រឹមត្រូវ)។ តាមពិត ទាំងពីរគឺត្រឹមត្រូវ ប៉ុន្តែថាតើយើងពិភាក្សាមួយណាមុន វានឹងមានឥទ្ធិពលខុសគ្នា។ ប្រសិនបើយើងចាប់ផ្ដើមដោយការពិភាក្សាអំពីផ្លូវដែលមិនត្រឹមត្រូវ មនុស្សអាចរកឃើញបន្ថែមអំពីផ្លូវដ៏ត្រឹមត្រូវនៅក្នុងផ្លូវដែលមិនត្រឹមត្រូវនោះ ហើយក៏អាចរកឃើញរឿងអវិជ្ជមាន ឬចំណេះដឹងជាច្រើន ដែលពួកគេអាចប្រើដើម្បីដាស់តឿនខ្លួនឯងបាន។ ពួកគេអាចទាញយករឿងវិជ្ជមានចេញពីចំណុចនេះ ហើយប្រសិនបើយើងបន្តពិភាក្សាអំពីផ្លូវដ៏ត្រឹមត្រូវ នោះមនុស្សនឹងអាចយល់ពីអ្វីដែលវិជ្ជមានក្នុងកម្រិតកាន់តែស៊ីជម្រៅ និងកាន់តែឆាប់រហ័ស។ ជាមូលដ្ឋាន វិធីសាស្រ្តនេះគឺអាចអនុវត្តបាន ហើយវាមានប្រយោជន៍ដល់មនុស្ស។ ហេតុដូច្នេះហើយ សូមយើងចាប់ផ្ដើមដោយការពិភាក្សាអំពីផ្លូវដែលមិនត្រឹមត្រូវ។

បច្ចេកទេសដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីគ្រប់គ្រងមនុស្ស

នៅពេលដែលមនុស្សម្នាក់ត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយបានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន តើពួកគេគួរតែបង្ហាញឫកពាជាក់លាក់ណាមួយដែរទេ? អ្នកខ្លះសួរថា៖ «ឫកពាបែបណាទៅ? តើពួកគេគួរជិះលើពពក ឬបញ្ជាខ្យល់ និងភ្លៀងឬ?» ទាំងពីរនេះគឺមិនត្រឹមត្រូវឡើយ។ ទោះបីជាពួកគេមិនគួរជិះលើពពក ឬបញ្ជាខ្យល់ និងភ្លៀង ហើយពួកគេច្បាស់ជាមិនគួរប្រកាសអួតអាងប្រាប់គេឯងក៏ដោយ តែដោយសារពួកគេគឺជាមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយដែលមាននិស្ស័យពុករលួយ និងសារជាតិរបស់សាតាំង ក៏នៅពេលបែបនេះ មនុស្សគ្រប់រូបពិតជាមានអារម្មណ៍ថាមានកម្លាំងដ៏ខ្លាំងក្លានៅជ្រៅក្នុងចិត្តរបស់ពួកគេមែន។ ពួកគេសុទ្ធតែមានមហិច្ឆតាខ្ពស់ត្រដែត ហើយមានអារម្មណ៍ចង់ជោគជ័យក្នុងអាជីពរបស់ខ្លួន ចង់បង្អួតសមត្ថភាពរបស់ខ្លួន ចង់ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងចង់ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ សម្រាប់ពេលនេះ ចូរយើងកុំទាន់អាលពិភាក្សាថា តើកម្លាំងជំរុញចិត្តបែបនេះត្រឹមត្រូវ ឬខុសឱ្យសោះ។ នៅពេលដែលនរណាម្នាក់ត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពួកគេលាក់ទុកនូវអារម្មណ៍ស្មុគស្មាញយ៉ាងខ្លាំងនៅជ្រៅក្នុងចិត្តរបស់ពួកគេ។ តើខ្ញុំចង់មានន័យយ៉ាងណាចំពោះពាក្យថា ស្មុគស្មាញ? អ្នកខ្លះជឿថា វាមិនងាយស្រួលទាល់តែសោះក្នុងការត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ហើយទោះបីជាពួកគេមិនប្រាកដថាពួកគេអាចធ្វើកិច្ចការបានល្អ ឬអត់ ហើយមិនដឹងថាផ្លូវអនាគតរបស់ខ្លួននឹងទៅជាយ៉ាងណាក៏ដោយ ក៏ធម្មជាតិពីកំណើតរបស់ពួកគេគឺបែបនេះឯង ដែលពួកគេត្រេកអរយ៉ាងខ្លាំងចំពោះឱកាសនេះ ហើយសប្បាយចិត្តយ៉ាងខ្លាំងក្នុងការទទួលយកទំនួលខុសត្រូវដ៏មានកិត្តិយស និងបន្ទុកដ៏ធ្ងន់នេះ។ ម្យ៉ាងទៀត នៅក្នុងជម្រៅចិត្ត ពួកគេមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងបន្តិចបន្តួច និងមានអារម្មណ៍ថាខ្លួនមានសំណាង។ តើពួកគេមានអារម្មណ៍ថាមានសំណាងអំពីរឿងអ្វី? ពួកគេជឿថា៖ «ខ្ញុំត្រូវបានជ្រើសរើសចេញពីចំណោមមនុស្សរាប់សិបនាក់ផ្សេងទៀត ខ្ញុំច្បាស់ជាអស្ចារ្យ និងមានសមត្ថភាពណាស់ហើយ។ ខ្ញុំច្បាស់ជាល្អជាងមនុស្សសាមញ្ញ ហើយមានការយល់ដឹងល្អជាង និងមានការយល់ដឹងខាងវិញ្ញាណច្រើនជាងមនុស្សភាគច្រើនមិនខាន។ ខ្ញុំបានជឿលើព្រះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំបានលះបង់ និងខិតខំប្រឹងប្រែងយ៉ាងច្រើន។ ការពិតបញ្ជាក់ថា ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំនៅក្នុងពួកជំនុំ ដោយណែនាំមនុស្សឱ្យចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ និងយល់ពីសេចក្ដីពិត។ មានមនុស្សជាច្រើនដែលឆ្លាតជាង មានការអប់រំប្រសើរជាង និងពូកែនិយាយស្ដីជាងខ្ញុំ ចុះហេតុអ្វីបានជាខ្ញុំត្រូវបានជ្រើសរើសជំនួសពួកគេទៅវិញ? វាបង្ហាញថា ខ្ញុំមានសមត្ថភាព និងមានភាពជាមនុស្សល្អ។ នេះគឺជាព្រះគុណរបស់ព្រះ»។ នេះគឺជាការគិតក្នុងចិត្តរបស់ពួកគេ។ ពាក្យថា «ព្រះគុណរបស់ព្រះ» ត្រូវបានបន្ថែមនៅចុងបញ្ចប់ ប៉ុន្តែតាមពិតទៅ គំនិតពិត និងការយល់ដឹងពិតរបស់ពួកគេ គឺស្ថិតនៅផ្នែកដំបូងនៃការគិតរបស់ពួកគេ។ ពួកគេគិតថា៖ «ទោះបីជាខ្ញុំមិនបានប្រកួតប្រជែង ឬដណ្ដើមយកតំណែងនេះក៏ដោយ ក៏ខ្ញុំនៅតែត្រូវបានជ្រើសរើសដដែល។ ចុះតើខ្ញុំគួរធ្វើអ្វីឥឡូវនេះ? ខ្ញុំមិនអាចធ្វើឱ្យអ្នករាល់គ្នាខកចិត្តឡើយ ខ្ញុំត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព!» ហើយតើពួកគេខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពយ៉ាងដូចម្តេច? នៅថ្ងៃដំបូងដែលពួកគេចាប់ផ្ដើមធ្វើកិច្ចការ ពួកគេហៅអ្នកមើលការខុសត្រូវក្រុមនីមួយៗមកជួបជុំគ្នា ហើយពួកគេមានឫកពា និងថាមពលជាក់លាក់មួយ។ តើជាថាមពលប្រភេទណា? ពួកគេធ្វើសកម្មភាពយ៉ាងរហ័ស និងដាច់ស្រេច ហើយនិយាយម៉ាត់ណាម៉ាត់ហ្នឹង ដោយខ្នះខ្នែងចង់ចាប់ផ្ដើមការងារឱ្យបានល្អគួរឱ្យចាប់អារម្មណ៍។ ជាដំបូង ពួកគេព្យាយាមបង្ហាញឱ្យអ្នកគ្រប់គ្នាឃើញថា ពួកគេមានសមត្ថភាពប៉ុនណា បន្ទាប់មក ពួកគេព្យាយាមធ្វើឱ្យមនុស្សញែកដឹង និងបោះបង់ចោលអ្នកដឹកនាំមុនរបស់ពួកគេ។ ពួកគេនិយាយថា៖ «ថ្ងៃនេះ ជាបឋម ចូរយើងចំណាយពេលខ្លះដើម្បីវែកញែកអំពីអ្នកដឹកនាំមុនរបស់ខ្ញុំ ឧទាហរណ៍ របៀបដែលគាត់បានដាក់កំហិតលើមនុស្ស តើទិដ្ឋភាពណានៃកិច្ចការដែលគាត់មានចំណុចខ្វះខាត ឬធ្វេសប្រហែស និងអ្វីៗផ្សេងទៀត ដែលយើងអាចប្រកបគ្នាអំពីរឿងទាំងអស់នេះបាន។ នៅពេលដែលយើងបានប្រកបគ្នារួចរាល់ ហើយអ្នករាល់គ្នាមានការញែកដឹងយ៉ាងច្បាស់លាស់អំពីអ្នកដឹកនាំមុន អាចបោះបង់គាត់ចោល លែងត្រូវបានដាក់កំហិតដោយគាត់ទៀត ហើយលែងអាឡោះអាល័យគាត់ទៀត នោះអ្នករាល់គ្នាអាចត្រូវបានចាត់ទុកថាជាអ្នកដែលមានការយល់ដឹង ព្រមទាំងមានភាពស្មោះត្រង់ និងចុះចូលចំពោះព្រះហើយ។ នៅក្នុងការជួបជុំថ្ងៃនេះ យើងនឹងចាប់ផ្ដើមដោយការរិះគន់អ្នកដឹកនាំក្លែងក្លាយ និងបុគ្គលទទឹងនឹងព្រះគ្រីស្ទមុននោះ។ ចូរយើងលាតត្រដាងគាត់»។ ជាការឆ្លើយតប មនុស្សគ្រប់គ្នានិយាយថា ពួកគេបានប្រកបគ្នាអំពីរឿងនេះរួចហើយ ហើយបានញែកដឹងថា អ្នកដឹកនាំមុននោះគឺជាអ្នកដឹកនាំក្លែងក្លាយ និងជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ដូច្នេះគ្មានអ្វីដែលពួកគេត្រូវលាតត្រដាងទៀតឡើយ។ ប៉ុន្តែ ពួកអ្នកដឹកនាំថ្មីទាំងនេះមិនយល់ព្រមទេ ហើយពួកគេចាប់ផ្ដើមហៅឈ្មោះមនុស្សម្នាក់ៗចេញមក និងឱ្យពួកគេធ្វើការប្រកបគ្នា។ ការប្រកបគ្នារបស់មនុស្សមួយចំនួនមិនត្រូវចិត្តពួកគេឡើយ ដូច្នេះពួកគេសុំឱ្យបងប្អូនប្រុសស្រីម្នាក់ដែលស្និទ្ធស្នាលបំផុតជាមួយអ្នកដឹកនាំមុននោះ ឱ្យលាតត្រដាង និងវែកញែកអំពីគាត់ ប៉ុន្តែបន្ទាប់ពីបានឮការប្រកបគ្នានេះហើយ ពួកអ្នកដឹកនាំថ្មីទាំងនេះគិតថា៖ «បុគ្គលនេះមិនមានការញែកដឹងអំពីអ្នកដឹកនាំមុនរបស់ខ្ញុំទេ ហើយពួកគេក៏មិនបានបោះបង់គាត់ចោលដែរ។ មើលទៅហាក់ដូចជាគាត់នៅតែមានកន្លែងមួយនៅក្នុងចិត្តរបស់បុគ្គលនេះអ៊ីចឹង។ វាមិនអាចបែបនេះបានទេ ថ្ងៃនេះ ខ្ញុំត្រូវតែគិតរកវិធីមួយដើម្បីលាតត្រដាងអ្នកដឹកនាំមុនរបស់ខ្ញុំឱ្យបានទាំងស្រុង»។ បន្ទាប់ពីនោះមក ពួកគេហៅនរណាម្នាក់ដែលមានទំនាក់ទំនងអាក្រក់បំផុតជាមួយអ្នកដឹកនាំមុន ឱ្យក្រោកឈរឡើង និងលាតត្រដាងគាត់។ នៅពេលដែលបុគ្គលនោះបានលាតត្រដាងអ្នកដឹកនាំមុនរួចហើយ ពួកគេមានអារម្មណ៍ពេញចិត្ត ហើយគិតថាបុគ្គលនេះស័ក្តិសមនឹងទទួលបានការបណ្ដុះបណ្ដាល។ ហើយតើពួកគេចង់បណ្ដុះបណ្ដាលអ្វី? ពួកគេចង់បណ្ដុះបណ្ដាលអ្នកសមគំនិតម្នាក់ ដើម្បីបង្កើតបក្សពួកផ្ទាល់ខ្លួនរបស់ពួកគេ។ នេះជារបៀបដែលការជួបជុំលើកដំបូងប្រព្រឹត្តទៅ។ ហើយតើពួកគេអាចសម្រេចគោលដៅរបស់ពួកគេបានដែរឬទេ បន្ទាប់ពីការជួបជុំនេះ? មិនបានទាំងស្រុង ឬលឿនយ៉ាងនេះទេ។ តើពួកគេកំពុងរៀបចំផែនការលាក់កំបាំងអ្វីនៅក្នុងចិត្តរបស់ពួកគេ? «គ្មានអ្វី ពិបាកស្វែងយល់ជាងចិត្តមនុស្សឡើយ ហើយក៏គ្មានអ្វីពិសពុលជាងនេះដែរ។ ខ្ញុំត្រូវតែរកឱ្យឃើញច្បាស់ថា តើមនុស្សម្នាក់ៗគិតយ៉ាងណាអំពីអ្នកដឹកនាំមុនរបស់ខ្ញុំ ហើយខ្ញុំត្រូវតែដឹងឱ្យច្បាស់ថា តើពួកគេគិតយ៉ាងណាអំពីខ្ញុំ តើពួកគេដឹងអំពីអតីតកាលរបស់ខ្ញុំដែរទេ ហើយតើពួកគេដឹងពីរឿងរ៉ាវលម្អិតអំពីខ្ញុំដែរទេ ហើយទីបំផុត ខ្ញុំត្រូវបង្ហាញពួកគេទាំងអស់គ្នាថា ខ្ញុំមិនមែនជាមនុស្សដែលអាចមើលងាយបានឡើយ។ ប៉ុន្តែ ខ្ញុំត្រូវតែជ្រើសរើសវិធីសាស្រ្ត និងយុទ្ធសាស្រ្តរបស់ខ្ញុំដោយប្រុងប្រយ័ត្ន។ ខ្ញុំមិនអាចលាតត្រដាងពីចេតនារបស់ខ្ញុំបានទេ ខ្ញុំត្រូវតែលាក់បាំងវា»។ ហើយតើគំនិត វិធីសាស្រ្តនៃការធ្វើកិច្ចការ និងហេតុផលជំរុញទាំងអស់នេះមកពីណា? គឺមកពីធម្មជាតិបែបសាតាំងរបស់ពួកគេ។ តើអ្នករាល់គ្នាមានការបង្ហាញចេញបែបនេះដែរទេ? នៅថ្ងៃដែលអ្នករាល់គ្នាត្រូវបានជ្រើសរើសជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការ អ្នករាល់គ្នាប្រហែលជាបានចាប់ផ្ដើមដោយដាស់តឿនខ្លួនឯងកុំឱ្យដើរផ្លូវខុស កុំឱ្យដើរតាមផ្លូវរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នករាល់គ្នាប្រហែលជាបានប្រាប់ខ្លួនឯងថា អ្នករាល់គ្នាត្រូវតែលះបង់ឋានៈចោល ហើយមិនត្រូវធ្វើកិច្ចការដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈផ្ទាល់ខ្លួនឡើយ ឬត្រូវបានដឹកនាំដោយបំណងប្រាថ្នាខណៈពេលធ្វើកិច្ចការឡើយ តែផ្ទុយទៅវិញ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់អ្នករាល់គ្នា និងមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ក៏ប៉ុន្តែ កាលវេលាកន្លងផុតទៅ មានអ្នកដែលមិនអាចទប់ចិត្តខ្លួនឯងបាន ហើយភ្លាមៗនៅពេលដែលពួកគេនិយាយ ឬធ្វើសកម្មភាព គោលដៅរបស់ពួកគេក៏លេចចេញយ៉ាងច្បាស់ គឺពួកគេព្យាយាមពង្រឹងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ និងទាក់ទាញចិត្តមនុស្សភ្លាមៗតែម្ដង។ ភ្លាមៗនៅពេលដែលមាននរណាម្នាក់បញ្ចេញឱ្យឃើញតម្រុយសូម្បីតែបន្តិចបន្តួចនៃការមិនពេញចិត្ត ឬការប្រឆាំង វាធ្វើឱ្យពួកគេទើសទាល់យ៉ាងខ្លាំង ហើយទោះបីជាពួកគេប្រហែលជាមិនផាត់ចោល ឬវាយប្រហារបុគ្គលនោះដោយចំហក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត ពួកគេមានអារម្មណ៍សោះអង្គើយនឹងបុគ្គលនោះយ៉ាងខ្លាំងដែរ។ តើពួកគេបង្ហាញចេញនូវអារម្មណ៍សោះអង្គើយនេះយ៉ាងដូចម្តេច? (ពួកគេមិនអើពើនឹងបុគ្គលនោះទេ)។ ការមិនអើពើនឹងបុគ្គលនោះគឺជាការបង្ហាញចេញដោយស្ងៀមស្ងាត់ ដូច្នេះតើការសោះអង្គើយនេះពាក់ព័ន្ធនឹងសកម្មភាពជាក់លាក់អ្វីខ្លះ? ឧទាហរណ៍ ពួកគេឱ្យមនុស្សដែលពួកគេចូលចិត្តអង្គុយបែរមុខមករកពួកគេនៅពេលជួបជុំ ហើយពួកគេរកហេតុផលដើម្បីឱ្យមនុស្សដែលពួកគេមិនចូលចិត្តអង្គុយនៅកៀនៗ។ តើនេះជាការវាយប្រហារដែរឬទេ? (មែនហើយ)។ នេះគឺជាការចាប់ផ្ដើមនៃការវាយប្រហាររបស់ពួកគេ។ ពួកគេកំពុងធ្វើសកម្មភាព តើមែនទេ? (មែនហើយ)។ សកម្មភាពគឺធ្ងន់ធ្ងរ និងអាក្រក់ជាងពាក្យសម្ដី ឬការគិតទៅទៀត។ ហេតុអ្វីបានជាវាអាក្រក់ជាង? ការគិតអ្វីមួយ ប៉ុន្តែមិនធ្វើសកម្មភាពតាមការគិតនោះ គឺវាកើតចេញពីគំនិត និងការគិតរបស់មនុស្សម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ពេលដែលមានសកម្មភាពភ្លាម វាក្លាយជាការពិត។ នៅពេលដែលវាក្លាយជាឥរិយាបថ វាមិនមែនគ្រាន់តែជានិស្ស័យពុករលួយរបស់សាតាំងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអំពើអាក្រក់។ បន្ទាប់ពីមនុស្សត្រូវបានជ្រើសរើសជាពួកអ្នកដឹកនាំ ពួកគេនាំយកសេចក្តីប៉ងប្រាថ្នា មហិច្ឆតា និង សេចក្កីប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ចូលទៅក្នុងកិច្ចការដែលពួកគេធ្វើ និងភារកិច្ចដែលពួកគេបំពេញ។ ប៉ុន្តែ តើអ្វីទៅជាការ បង្ហាញចេញរួមមួយ ដែលមនុស្សទាំងអស់ដែលមាននិស្ស័យពុករលួយរបស់សាតាំងមាន? តើពួកគេទាំងអស់គ្នាមានចំណុចអ្វីដូចគ្នា? គឺពួកគេព្យាយាមចាប់យកអំណាច និងពង្រឹងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ តើពួកគេព្យាយាមចាប់យកអំណាចដោយមធ្យោបាយអ្វីខ្លះ? ជាបឋម ពួកគេសង្កេតមើលនៅក្នុងក្រុម ថាតើនរណាខ្លះដែលកំពុងព្យាយាមផ្គាប់ផ្គុន និងចង់ចូលទៅជិតពួកគេ។ បន្ទាប់មក ពួកគេក៏ចូលទៅជិតមនុស្សទាំងនោះយ៉ាងសកម្ម ហើយមិនថាតាមរយៈការបញ្ជោរ ឬតាមរយៈការផ្ដល់ជាប្រយោជន៍តូចតាចនោះទេ ពួកគេបង្កើតទំនាក់ទំនងលាក់កំបាំង និងយកចិត្តមនុស្សទាំងនោះ ដើម្បីឱ្យមនុស្សទាំងនេះ ដែលមានចំណូលចិត្ត ផលប្រយោជន៍ និងមហិច្ឆតាព្រៃផ្សៃ ឬមានធម្មជាតិដូចគ្នាជាមួយពួកគេ ក្លាយជាអ្នកដើរតាមដ៏ងប់ងល់របស់ពួកគេ ហើយចូលដៃជាមួយពួកគេ។ ហើយតើពួកគេមានគោលដៅអ្វី ក្នុងការធ្វើឱ្យមនុស្សទាំងនេះចូលដៃជាមួយពួកគេ? គឺដើម្បីពង្រឹងឋានៈរបស់ពួកគេ និងពង្រីកវិសាលភាពនៃបក្សពួករបស់ពួកគេ។ នៅពេលដែលពួកគេទទួលបានអំណាច វាមិនមែនគ្រាន់តែជារឿងដែលពួកគេមានសិទ្ធិសម្រេចចុងក្រោយ ហើយចប់ត្រឹមហ្នឹងនោះទេ ពោលគឺពួកគេក៏ចង់ឱ្យមានមនុស្សកាន់តែច្រើនដើរតាមពួកគេ គាំទ្រពួកគេ និងនិយាយជំនួសពួកគេផងដែរ ដើម្បីថា សូម្បីតែនៅពេលដែលពួកគេនិយាយអ្វីខុស ធ្វើរឿងអាក្រក់ ឬវាយប្រហារ និងដាក់កំហិតលើមនុស្សក៏ដោយ ក៏នឹងនៅតែមានអ្នកដែលធ្វើតាមអ្វីដែលពួកគេនិយាយ និងយល់ស្របជាមួយពួកគេដែរ។ នេះគឺជាគោលដៅរបស់ពួកគេ។ បន្ទាប់មក ប្រសិនបើខាងលើរកឃើញបញ្ហារបស់ពួកគេ ហើយដកហូតតំណែងពួកគេនៅថ្ងៃណាមួយ នោះនឹងនៅតែមានមនុស្សដែលខិតខំអស់ពីសមត្ថភាពដើម្បីនិយាយជំនួសពួកគេ ដែលចេញមុខការពារពួកគេ និងព្យាយាមការពារកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ហើយតើពួកគេកំពុងប្រើវិធីសាស្រ្តអ្វីសម្រាប់សកម្មភាពទាំងនេះរបស់ពួកគេ ដើម្បីសម្រេចបានលទ្ធផលបែបនេះ? គឺការទាក់ទាញចិត្តមនុស្ស។ ពួកគេប្រើវិធីសាស្រ្តទាក់ទាញចិត្តមនុស្ស ដើម្បីពង្រឹងឋានៈរបស់ពួកគេ និងពង្រីកវិសាលភាពនៃបក្សពួករបស់ពួកគេ។ នេះគឺជាវិធីសាស្រ្តមួយ ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីដណ្ដើមអំណាច។

នៅពេលនិយាយដល់ល្បិចកលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីពង្រឹងឋានៈរបស់ពួកគេ ល្បិចកលទីមួយគឺការទាក់ទាញចិត្តមនុស្ស ហើយទីពីរគឺការវាយប្រហារ និងការផាត់ចោលអ្នកដែលមានគំនិតផ្ទុយពីខ្លួន។ ការទាក់ទាញចិត្តមនុស្ស មានន័យថា ពួកគេប្រើវិធីសាស្រ្តទាក់ទាញមនុស្ស ទៅលើអ្នកណាដែលយកចិត្តពួកគេ ដែលចូលទៅជិតពួកគេ ដែលទុកចិត្តពួកគេ និងអ្នកដែលដើរតាមពួកគេ មិនថាពួកគេត្រូវ ឬខុសក៏ដោយ។ ការវាយប្រហារ និងការផាត់ចោលអ្នកដែលមានគំនិតផ្ទុយពីខ្លួន មានន័យថា ពួកគេចាត់ទុកអស់អ្នកដែលយល់ពីសេចក្ដីពិត ហើយជាលទ្ធផល អាចញែកដឹងពួកគេ មិនព្រមដើរតាមពួកគេ និងនៅឆ្ងាយពីពួកគេ ថាជាសត្រូវ។ ពួកគេចាត់ទុកមនុស្សទាំងនេះដូចជាបន្លាក្នុងភ្នែក និងជាឆ្អឹងទទឹងករបស់ពួកគេ ហើយល្បិចកលដែលពួកគេប្រើទៅលើមនុស្សទាំងនេះ គឺការវាយប្រហារ និងការផាត់ពួកគេចោល។ ឧទាហរណ៍ ឧបមាថាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់កត់សម្គាល់ឃើញថា រាល់ពេលដែលគាត់ប្រកបគ្នា មនុស្សមានភាពក្លៀវក្លាខ្លាំងណាស់ ដោយអ្នកខ្លះកត់ត្រា ឬថតសំឡេងគាត់ទុកក្នុងម៉ាស៊ីនថតសំឡេង។ មានតែបងស្រីវ័យក្មេងម្នាក់ប៉ុណ្ណោះ ដែលមិនដែលកត់ត្រា ឬនិយាយស្ដីអ្វីសោះ។ ដូច្នេះ គាត់គិតក្នុងចិត្តថា៖ «តើនាងមានបញ្ហាជាមួយខ្ញុំឬ? ឬមួយនាងគិតថា ខ្ញុំប្រកបគ្នាមិនបានល្អ? លើសពីនេះទៅទៀត រាល់ពេលដែលខ្ញុំមកដល់ អ្នកដទៃស្វាគមន៍ខ្ញុំ និងងក់ក្បាលដាក់ខ្ញុំយ៉ាងរាក់ទាក់ ចាក់ទឹកឱ្យខ្ញុំ និងរៀបចំកន្លែងអង្គុយឱ្យខ្ញុំ ប៉ុន្តែនាងមិនដែលប្រព្រឹត្តចំពោះខ្ញុំបែបនេះឡើយ។ មើលទៅហាក់ដូចជានាងមិនព្រមចុះចូលនឹងខ្ញុំទេ ខ្ញុំត្រូវតែគិតរកវិធី និងរកឱកាសដើម្បីបង្រៀនមេរៀនដល់នាង! តើខ្ញុំគួររកឱកាសបែបណាទៅ? ខ្ញុំនឹងចាត់ចែងឱ្យនាងទៅចាត់ការរឿងអ្វីមួយ ដែលនាងច្បាស់ជាធ្វើមិនបានល្អមិនខាន នោះវានឹងផ្ដល់ហេតុផលឱ្យខ្ញុំដើម្បីស្ដីបន្ទោសនាងបាន។ នេះគឺជាឱកាសដ៏ល្អបំផុតរបស់ខ្ញុំ ដើម្បីធ្វើឱ្យនាងចុះចូលនឹងខ្ញុំ»។ បន្ទាប់មក គាត់ក៏ចាត់ចែងឱ្យបងស្រីនេះទៅធ្វើកិច្ចការនៅកន្លែងដែលមានគ្រោះថ្នាក់។ គាត់គិតថា៖ «ខ្ញុំនឹងឱ្យនាងទៅផ្សាយដំណឹងល្អដល់គ្រូគង្វាលសាសនាចាស់ម្នាក់ ដែលមានចរិតព្រាននារីបន្តិច និងមិនទទួលយកសេចក្ដីពិត។ ចាំមើលថាតើនាងអាចធ្វើឱ្យគាត់ប្រែចិត្តបានឬអត់។ តើនាងនឹងមានលេសអ្វីសម្រាប់ខ្លួនឯង ប្រសិនបើនាងធ្វើមិនបាននោះ? ប្រសិនបើនាងមិនចុះចូលនឹងខ្ញុំទេ ខ្ញុំនឹងដេញនាងចេញ!» បន្ទាប់មក គាត់ក៏បន្តនិយាយទៅកាន់នាងថា៖ «ឥឡូវនេះ បងប្អូនប្រុសស្រីផ្សេងទៀតភាគច្រើន វាយតម្លៃអ្នកខ្ពស់ណាស់។ អ្នកបានជឿលើព្រះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកយល់ពីសេចក្ដីពិតជាច្រើន។ មានគ្រូគង្វាលសាសនាម្នាក់ដែលស្គាល់ព្រះគម្ពីរច្បាស់ ហើយអ្នកគឺជាអ្នកដែលស័ក្តិសមបំផុតក្នុងការទៅផ្សាយដំណឹងល្អដល់គាត់»។ នៅពេលដែលនាងជួបជាមួយគ្រូគង្វាល គ្រូគង្វាលឃើញថានាងនៅក្មេង និងមានរូបសម្រស់ស្រស់ស្អាត ក៏ចាប់អារម្មណ៍លើនាង ហើយគាត់ថែមទាំងលូកលាន់នាងទៀតផង។ បន្ទាប់ពីនាងត្រឡប់មកវិញ នាងនិយាយថានាងមិនចង់ត្រឡប់ទៅទីនោះម្ដងទៀតទេ ហើយអ្នកទទឹងនឹងព្រះគ្រីស្ទក៏ឆ្លើយតបវិញថា៖ «ពួកជំនុំបានចាត់តាំងអ្នកឱ្យទៅផ្សាយដំណឹងល្អដល់គាត់។ នេះគឺជាភារកិច្ចរបស់អ្នក អ្នកត្រូវតែទៅ!» ពេលឮដូច្នេះ នាងគ្មានជម្រើសអ្វីក្រៅពីស្ដាប់បង្គាប់ឡើយ ហើយជាលទ្ធផល នាងយំរាល់ពេលដែលនាងត្រឡប់មកពីជួបគាត់ម្ដងៗ។ អ្នកដឹកនាំនេះមានសមត្ថភាពធ្វើរឿងបែបនេះ ដើម្បីវាយប្រហារ និងសងសឹកអ្នកដទៃ។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? គឺជាមនុស្សអាក្រក់។ ប្រសិនបើគាត់ជាស្ត្រី តើគាត់នឹងទៅក្នុងស្ថានភាពបែបនេះដែរទេ? (អត់ទេ)។ ច្បាស់ណាស់ថាមិនទៅទេ។ គាត់នឹងគេចវេះពីរឿងនេះជាងនរណាៗទាំងអស់។ គាត់មើលថាតើនរណាដែលធ្វើឱ្យគាត់មិនពេញចិត្ត នរណាដែលងាយនឹងធ្វើបាប នរណាដែលមិនចុះចូលនឹងគាត់ និងមិនយកចិត្តគាត់ រួចហើយក៏រកឱកាសដើម្បីរៀបចំផែនការប្រឆាំងនឹងមនុស្សទាំងនេះ និងសងសឹកពួកគេ។ ប្រាប់ខ្ញុំមកមើល៍ នៅពេលដែលនរណាម្នាក់មានចេតនាអាក្រក់ និងទុច្ចរិត តើពួកគេមិនមានសមត្ថភាពធ្វើរឿងអាក្រក់គ្រប់បែបយ៉ាងទេឬអី? ហើយតើចេតនាអាក្រក់ និងទុច្ចរិតទាំងនេះកើតឡើងដោយរបៀបណា? មូលហេតុចម្បងមួយគឺថា សារជាតិធម្មជាតិរបស់ពួកគេអាក្រក់ និងមានគំនិតព្យាបាទខ្លាំងពេក ហើយមូលហេតុមួយទៀតគឺថា ពួកគេមិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ នៅពេលដែលមនុស្សមិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ នោះគ្មានអ្វីដែលពួកគេមិនហ៊ានធ្វើឡើយ ពួកគេមិនត្រឹមតែធ្វើបាបអ្នកដទៃប៉ុណ្ណោះទេ ពួកគេថែមទាំងអាចធ្វើរឿងដូចជាការជំនុំជម្រះ និងការក្បត់ព្រះជាម្ចាស់ទៀតផង ការធ្វើបាបមនុស្សគឺជារឿងងាយស្រួលដូចបកចេកសម្រាប់ពួកគេ។ ពួកគេនឹងមិនគិតថាវាជារឿងធំដុំឡើយ មិនថាពួកគេធ្វើបាបអ្នកដទៃខ្លាំងប៉ុនណាក៏ដោយ ពួកគេគ្មានក្ដីអាណិតអាសូរចំពោះអ្នកដទៃឡើយ ហើយមានគំនិតព្យាបាទយ៉ាងខ្លាំងនៅក្នុងចិត្តរបស់ពួកគេ។ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទនេះមានគោលដៅអ្វី នៅពេលដែលពួកគេរុញច្រានបងស្រីវ័យក្មេងនេះទៅក្នុងភ្នក់ភ្លើង? ពួកគេមិនបានធ្វើបែបនេះដើម្បីផ្សាយដំណឹងល្អ និងទទួលបានមនុស្សឡើយ គឺគ្រាន់តែដើម្បីធ្វើបាបនាងប៉ុណ្ណោះ។ តើពួកគេធ្វើបាបមនុស្សប្រភេទណា? ប្រសិនបើជាមនុស្សដែលយល់ស្របតាមពួកគេ និងស្ដាប់បង្គាប់គាត់ តើពួកគេនឹងធ្វើបាបអ្នកនោះដែរទេ? ទេ ពួកគេនឹងមិនធ្វើបាបឡើយ។ ដូច្នេះ ហេតុអ្វីបានជាបងស្រីនោះត្រូវរងការប្រព្រឹត្តបែបនេះ? (ពីព្រោះនាងមិនបានចុះចូលនឹងពួកគេ)។ ដោយសារតែនាងមិនបានចុះចូលនឹងពួកគេ មិនបានយកចិត្តពួកគេ មិនធ្វើតាមអ្វីដែលពួកគេនិយាយ ឬមិនចាត់ទុកពួកគេថាសំខាន់ ហើយបែរជាមើលងាយពួកគេទៅវិញ ទើបនាងត្រូវបានគេប្រព្រឹត្តបែបនេះ ហើយជាលទ្ធផលត្រូវបានគេធ្វើបាប។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបមនុស្សតាមរបៀបនេះ តើអ្នកដែលមានកម្ពស់តិចតួច និងមិនយល់ពីសេចក្ដីពិត ជាទូទៅនឹងមានប្រតិកម្មយ៉ាងដូចម្ដេច? ពួកគេនឹងគិតក្នុងចិត្តថា៖ «មន្ដ្រីរដ្ឋការមិនអាចបញ្ជាមនុស្សនៅជុំវិញបានដូចអ្នកស្រុកនៅទីនោះឡើយ។ ឥឡូវនេះ យើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលនេះ ដូច្នេះយើងគួរតែធ្វើតាមអ្វីដែលពួកគេនិយាយ ហើយទៅកន្លែងណាដែលពួកគេប្រាប់ឱ្យយើងទៅ។ ទោះបីជាអ្នកដទៃប្រព្រឹត្តចំពោះពួកគេយ៉ាងណាក៏ដោយ យើងក៏គួរប្រព្រឹត្តចំពោះពួកគេយ៉ាងនោះដែរ។ យើងត្រូវតែចុះសម្រុងជាមួយក្រុម។ យើងគួរតែយកចិត្តពួកគេ តាមរបៀបដូចគ្នាដែលអ្នកដទៃធ្វើ ហើយយើងគួរតែធ្វើវាឱ្យបានល្អជាង និងយកចិត្តទុកដាក់ជាងអ្នកដទៃ។ មានតែពេលនោះទេ ទើបយើងអាចជៀសវាងកុំឱ្យអ្នកដឹកនាំនេះមករករឿងយើងបាន។ អ្នកដឹកនាំនេះមិនងាយនឹងបម្រើទេ យើងមិនគួរទាស់ទទឹងនឹងពួកគេឡើយ!» ហើយតើនេះមិនមែនជាលទ្ធផលដែលអ្នកទទឹងនឹងព្រះគ្រីស្ទចង់ឃើញទេឬអី? (មែនហើយ)។ ត្រង់ចំណុចនេះ ពួកគេបានសម្រេចគោលដៅរបស់ពួកគេហើយ។ តើនេះមិនដូចគ្នាទៅនឹងល្បិចកលដែលសាតាំងប្រើដើម្បីធ្វើបាបមនុស្សទេឬអី? (ដូចគ្នា)។ តើនេះបង្ហាញពីអ្វី? គឺបង្ហាញថាសកម្មភាពរបស់ពួកគេតំណាងឱ្យសាតាំង។ ពួកគេបានក្លាយជាឧបករណ៍ និងជាតំណាងរបស់សាតាំង ពួកគេធ្វើសកម្មភាពក្នុងនាមវា។ តើការបំពេញភារកិច្ចតាមរបៀបនោះ គឺជាការបំពេញភារកិច្ចពិតប្រាកដដែរទេ? តើវាជាការបម្រើព្រះជាម្ចាស់ដែរទេ? (ទេ)។ ពួកអ្នកដឹកនាំបែបនេះ មិនស័ក្តិសមនឹងត្រូវបានហៅថាជាពួកអ្នកដឹកនាំឡើយ ពួកគេគឺជាមនុស្សអាក្រក់ និងជាពួកសាតាំង។

នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទក្លាយជាពួកអ្នកដឹកនាំភ្លាម រឿងដំបូងដែលពួកគេធ្វើគឺ ព្យាយាមអូសទាញយកចិត្តមនុស្ស ដើម្បីឱ្យមនុស្សជឿលើពួកគេ ទុកចិត្តពួកគេ និងគាំទ្រពួកគេ។ នៅពេលដែលឋានៈរបស់ពួកគេរឹងមាំហើយ ពួកគេចាប់ផ្ដើមប្រែជាមិនប្រក្រតី។ ដើម្បីការពារឋានៈ និងអំណាចរបស់ខ្លួន ពួកគេចាប់ផ្ដើមវាយប្រហារ និងផាត់អ្នកជំទាស់ចេញ។ ចំពោះអ្នកជំទាស់ ជាពិសេសចំពោះមនុស្សដែលដេញតាមសេចក្ដីពិត ពួកគេនឹងព្យាយាមធ្វើគ្រប់យ៉ាង ដោយប្រើវិធីសាស្រ្តជាប់លាប់ ច្បាស់លាស់ និងមិនបង្អង់ដៃ ដើម្បីគាបសង្កត់ និងវាយប្រហារពួកគេ ព្រមទាំងធ្វើបាបពួកគេ។ លុះត្រាតែពួកគេបានផ្ដួលរំលំ និងបង្ខូចកេរ្តិ៍ឈ្មោះអ្នកណាដែលគំរាមកំហែងដល់ឋានៈរបស់ពួកគេ ទើបពួកគេមានអារម្មណ៍ស្ងប់ចិត្ត។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រប់រូបសុទ្ធតែបែបនេះឯង។ តើពួកគេមានគោលបំណងអ្វី ក្នុងការប្រើប្រាស់ល្បិចកលរាប់មិនអស់ទាំងនេះ ដើម្បីអូសទាញយកចិត្ត និងគាបសង្កត់មនុស្ស? គោលដៅរបស់ពួកគេគឺដើម្បីទទួលបានអំណាច ដើម្បីពង្រឹងឋានៈរបស់ខ្លួន និងដើម្បីបំភាន់ ព្រមទាំងត្រួតត្រាមនុស្ស។ តើចេតនា និងបំណងជំរុញចិត្តរបស់ពួកគេតំណាងឱ្យអ្វី? ពួកគេប្រាថ្នាចង់បង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេចង់ឈរប្រឆាំងទាស់នឹងព្រះជាម្ចាស់។ សារជាតិបែបនេះគឺកាន់តែធ្ងន់ធ្ងរជាងនិស្ស័យពុករលួយទៅទៀត៖ មហិច្ឆតាដ៏ព្រៃផ្សៃ និងឧបាយកលក្បត់របស់សាតាំង ត្រូវបានលាតត្រដាងទាំងស្រុង។ នេះមិនមែនគ្រាន់តែជាបញ្ហានៃការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយប៉ុណ្ណោះទេ។ ឧទាហរណ៍ នៅពេលដែលមនុស្សមានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតបន្តិចបន្តួច ឬជួនកាលមានភាពបោកបញ្ឆោត និងភូតកុហកបន្តិចបន្តួច ទាំងនេះគ្រាន់តែជាការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺដើម្បីអូសទាញយកចិត្តមនុស្ស ដើម្បីវាយប្រហារ និងផាត់អ្នកជំទាស់ចេញ ដើម្បីពង្រឹងឋានៈរបស់ខ្លួន ដើម្បីដណ្ដើមអំណាច និងដើម្បីត្រួតត្រាមនុស្ស។ តើអំពើទាំងនេះមានធម្មជាតិបែបណា? តើពួកគេកំពុងអនុវត្តសេចក្ដីពិតឬ? តើពួកគេកំពុងដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលមកចំពោះព្រះជាម្ចាស់ឬ? (ទេ)។ ចុះតើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ទ្រង់ កំពុងប្រជែងយកចិត្តមនុស្ស និងព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ តើនរណាគួរតែមានកន្លែងនៅក្នុងចិត្តរបស់មនុស្ស? ព្រះជាម្ចាស់គួរតែមានកន្លែងនៅទីនោះ។ ប៉ុន្តែ អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺផ្ទុយស្រឡះពីរឿងនេះតែម្ដង។ ពួកគេមិនអនុញ្ញាតឱ្យព្រះជាម្ចាស់ ឬសេចក្ដីពិតមានកន្លែងនៅក្នុងចិត្តរបស់មនុស្សឡើយ ផ្ទុយទៅវិញ ពួកគេចង់ឱ្យមនុស្ស ឱ្យខ្លួនពួកគេផ្ទាល់ដែលជាអ្នកដឹកនាំ និងឱ្យសាតាំង មានកន្លែងនៅក្នុងចិត្តរបស់មនុស្សទៅវិញ។ ភ្លាមៗនៅពេលដែលពួកគេរកឃើញថា ពួកគេគ្មានកន្លែងនៅក្នុងចិត្តរបស់នរណាម្នាក់ ថាបុគ្គលនេះមិនចាត់ទុកពួកគេជាអ្នកដឹកនាំទេ ពួកគេមានការមិនពេញចិត្តយ៉ាងខ្លាំង ហើយប្រហែលជានឹងព្យាយាមគាបសង្កត់ និងធ្វើបាបបុគ្គលនោះមិនខាន។ អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ និងនិយាយ គឺវិលជុំវិញឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ហើយមានគោលបំណងធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ ធ្វើឱ្យមនុស្សចំណែន និងថ្វាយបង្គំពួកគេ ថែមទាំងធ្វើឱ្យមនុស្សខ្លាចពួកគេទៀតផង។ ពួកគេចង់ធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះពួកគេដូចជាព្រះជាម្ចាស់ ដោយគិតថា៖ «មិនថាខ្ញុំនៅក្នុងពួកជំនុំណាក៏ដោយ មនុស្សត្រូវតែស្ដាប់ខ្ញុំ ពួកគេត្រូវតែធ្វើតាមការចង្អុលបង្ហាញរបស់ខ្ញុំ។ មិនថាអ្នកណារាយការណ៍ពីបញ្ហាអ្វីទៅខាងលើទេ វាត្រូវតែឆ្លងកាត់ខ្ញុំសិន ពួកគេត្រូវបានអនុញ្ញាតឱ្យរាយការណ៍មកតែខ្ញុំប៉ុណ្ណោះ ហើយមិនអាចរាយការណ៍ដោយផ្ទាល់ទៅខាងលើឡើយ។ ប្រសិនបើនរណាម្នាក់និយាយថា «ទេ» មកកាន់ខ្ញុំ ខ្ញុំនឹងដាក់ទោសពួកគេ ដើម្បីឱ្យគ្រប់គ្នាដែលឃើញខ្ញុំ មានអារម្មណ៍ភ័យខ្លាច តក់ស្លុត និងញាប់ញ័រនៅក្នុងចិត្ត។ លើសពីនេះទៅទៀត ប្រសិនបើខ្ញុំចេញបញ្ជា ឬអះអាងពីរឿងអ្វីមួយ មិនត្រូវមាននរណាម្នាក់ហ៊ានជំទាស់ឡើយ ទោះខ្ញុំនិយាយអ្វីក៏ដោយ មនុស្សត្រូវតែធ្វើតាម។ ពួកគេត្រូវតែស្ដាប់ខ្ញុំដាច់ខាត ពួកគេត្រូវតែគោរពតាមខ្ញុំក្នុងគ្រប់កិច្ចការទាំងអស់ ហើយខ្ញុំត្រូវតែជាអ្នកសម្រេចកិច្ចការនៅទីនោះ»។ នេះហើយគឺជាសំនៀងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ នេះគឺជាសំឡេងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមធ្វើជាចៅហ្វាយនាយលើពួកជំនុំ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ធ្វើតាមអ្វីដែលពួកគេនិយាយ និងគោរពតាមពួកគេ តើពួកជំនុំបែបនេះមិនក្លាយជានគររបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? ពួកគេនិយាយថា៖ «ការរៀបចំកិច្ចការដែលចេញដោយខាងលើ ត្រូវតែពិនិត្យសម្រេចដោយខ្ញុំសិន ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះអ្នករាល់គ្នា ខ្ញុំត្រូវតែជាអ្នកវិភាគខុសនិងត្រូវ លទ្ធផលត្រូវតែសម្រេចដោយរូបខ្ញុំ។ អ្នករាល់គ្នាមានកម្ពស់មិនទាន់គ្រប់គ្រាន់ទេ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ។ ខ្ញុំគឺជាអ្នកដឹកនាំពួកជំនុំ ហើយអ្វីៗទាំងអស់គឺស្រេចតែខ្ញុំ»។ តើមនុស្សដែលនិយាយរឿងទាំងនេះ មិនមែនកំពុងតែអួតអាងខ្លាំងពេកទេឬអី? ពួកគេពិតជាក្រអឺតក្រទមខ្លាំងណាស់ រហូតដល់គ្មានវិចារណញ្ញាណសោះ! តើពួកគេមិនមែនកំពុងព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេទេឬអី? តើមនុស្សប្រភេទណាដែលងាយនឹងព្យាយាមបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ? តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដទេឬអី? តើមិនមែនអ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ និងធ្វើ គឺដើម្បីការពារឋានៈផ្ទាល់ខ្លួនរបស់ពួកគេទេឬអី? តើពួកគេមិនមែនកំពុងព្យាយាមបំភាន់ និងត្រួតត្រាមនុស្សទេឬអី? ហេតុអ្វីបានជាពួកគេត្រូវបានគេហៅថា ពួកទទឹងនឹងព្រះគ្រីស្ទ? តើពាក្យ «ទទឹង» មានន័យដូចម្ដេច? វាមានន័យថា ការប្រឆាំង និងការស្អប់ខ្ពើម។ វាមានន័យថា ភាពប្រទូសរ៉ាយចំពោះព្រះគ្រីស្ទ ភាពប្រទូសរ៉ាយចំពោះសេចក្ដីពិត និងភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់។ តើ «ភាពប្រទូសរ៉ាយ» មានន័យដូចម្ដេច? វាមានន័យថា ការឈរនៅភាគីម្ខាងទៀត ការប្រព្រឹត្តចំពោះអ្នកដូចជាសត្រូវ ហាក់ដូចជាបុគ្គលនោះពោរពេញទៅដោយការស្អប់ខ្ពើមដ៏ធំធេង និងជ្រាលជ្រៅ វាមានន័យថា ការប្រឆាំងទាស់នឹងអ្នកទាំងស្រុង។ នេះគឺជាផ្នត់គំនិតដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះជាម្ចាស់។ តើមនុស្សបែបនេះដែលស្អប់ព្រះជាម្ចាស់ មានអាកប្បកិរិយាយ៉ាងណាចំពោះសេចក្ដីពិត? តើពួកគេអាចស្រឡាញ់សេចក្ដីពិតបានដែរទេ? តើពួកគេអាចទទួលយកសេចក្ដីពិតបានដែរទេ? ច្បាស់ណាស់ថាមិនអាចទេ។ ហេតុដូច្នេះហើយ មនុស្សដែលឈរប្រឆាំងទាស់នឹងព្រះជាម្ចាស់ គឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ចំណុចចម្បងបំផុតដែលត្រូវបានបង្ហាញចេញនៅក្នុងពួកគេ គឺការមិនពេញចិត្តចំពោះសេចក្ដីពិត និងការស្អប់សេចក្ដីពិត។ ភ្លាមៗនៅពេលដែលពួកគេឮសេចក្ដីពិត ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានការស្អប់ខ្ពើមនៅក្នុងចិត្តរបស់ពួកគេ ហើយនៅពេលដែលនរណាម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ទឹកមុខខឹងសម្បារ និងក្ដៅក្រហាយក៏លេចឡើងនៅលើមុខរបស់ពួកគេ ដូចជានៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានអានឱ្យអារក្សស្ដាប់ នៅពេលដែលមនុស្សកំពុងផ្សាយដំណឹងល្អអ៊ីចឹង។ នៅក្នុងចិត្តរបស់ពួកគេ មនុស្សដែលមិនពេញចិត្តចំពោះសេចក្ដីពិត និងស្អប់សេចក្ដីពិត មានអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងបំផុតចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ពួកគេមានអាកប្បកិរិយាទាស់ទទឹង ហើយពួកគេថែមទាំងឈានដល់ការស្អប់អ្នកណាដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ឬប្រកបគ្នាអំពីសេចក្ដីពិតដល់ពួកគេទៀតផង ពួកគេថែមទាំងប្រព្រឹត្តចំពោះបុគ្គលនោះដូចជាសត្រូវទៀតផង។ ពួកគេមានអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីពិតផ្សេងៗ និងចំពោះរបស់វិជ្ជមាន។ សេចក្ដីពិតទាំងអស់ ដូចជាការចុះចូលនឹងព្រះជាម្ចាស់ ការបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ការធ្វើជាមនុស្សស្មោះត្រង់ ការស្វែងរកសេចក្ដីពិតក្នុងគ្រប់កិច្ចការទាំងអស់ជាដើម តើពួកគេមានសេចក្ដីប្រាថ្នា ឬសេចក្ដីស្រឡាញ់ចេញពីចិត្តសូម្បីតែបន្តិចដែរឬទេ? ទេ គឺគ្មានសូម្បីតែបន្តិចសោះឡើយ។ ហេតុដូច្នេះហើយ ដោយសារតែសារជាតិធម្មជាតិបែបនេះដែលពួកគេមាន ពួកគេកំពុងតែឈរប្រឆាំងទាស់ដោយផ្ទាល់នឹងព្រះជាម្ចាស់ និងសេចក្ដីពិតរួចទៅហើយ។ ដោយគ្មានការសង្ស័យ មនុស្សបែបនេះ នៅក្នុងជម្រៅចិត្តរបស់ពួកគេ មិនស្រឡាញ់សេចក្ដីពិត ឬរបស់វិជ្ជមានណាមួយឡើយ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេថែមទាំងមានអារម្មណ៍មិនពេញចិត្តចំពោះសេចក្ដីពិត និងស្អប់វាទៀតផង។ ឧទាហរណ៍ មនុស្សដែលមានតួនាទីជាអ្នកដឹកនាំ ត្រូវតែអាចទទួលយកមតិយោបល់ផ្សេងៗរបស់បងប្អូនប្រុសស្រីរបស់ពួកគេ ពួកគេត្រូវតែអាចបើកចំហចិត្តខ្លួនឯង និងលាតត្រដាងខ្លួនឯងចំពោះបងប្អូនប្រុសស្រី ហើយអាចទទួលយកការស្ដីបន្ទោសរបស់ពួកគេ ហើយពួកគេមិនត្រូវប្រកាន់ឋានៈរបស់ខ្លួនឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងនិយាយយ៉ាងដូចម្ដេច ចំពោះរបៀបនៃការអនុវត្តដ៏ត្រឹមត្រូវទាំងអស់នេះ? ពួកគេនឹងនិយាយថា៖ «ប្រសិនបើខ្ញុំស្ដាប់មតិយោបល់របស់បងប្អូនប្រុសស្រី តើខ្ញុំនៅតែជាអ្នកដឹកនាំទៀតឬទេ? តើខ្ញុំនៅតែមានឋានៈ និងកិត្យានុភាពដែរឬទេ? ប្រសិនបើខ្ញុំគ្មានកិត្យានុភាពទេ តើខ្ញុំអាចធ្វើកិច្ចការអ្វីបាន?» នេះហើយគឺជាប្រភេទនិស្ស័យដែលពួកទទឹងនឹងព្រះគ្រីស្ទមាន ពួកគេមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចសោះឡើយ ហើយកាលណាវិធីអនុវត្តណាត្រឹមត្រូវជាង នោះពួកគេកាន់តែទាស់ទទឹងនឹងវា។ ពួកគេមិនទទួលយកថាការប្រព្រឹត្តស្របតាមគោលការណ៍ គឺជាការអនុវត្តសេចក្ដីពិតឡើយ។ តើពួកគេគិតថា ការអនុវត្តសេចក្ដីពិតគឺជាអ្វីទៅ? ពួកគេគិតថា ពួកគេត្រូវតែប្រើការឃុបឃិត ល្បិចកល និងអំពើហិង្សាលើមនុស្សគ្រប់គ្នា ជាជាងការពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងសេចក្ដីស្រឡាញ់។ រាល់មធ្យោបាយ និងផ្លូវរបស់ពួកគេ គឺសុទ្ធតែទុច្ចរិត។ អ្វីៗទាំងអស់នេះតំណាងឱ្យសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពេញលេញ។ បំណងជំរុញចិត្ត មតិយោបល់ ទស្សនៈ និងចេតនាដែលពួកគេតែងតែបញ្ចេញឱ្យឃើញ សុទ្ធតែជានិស្ស័យនៃការមិនពេញចិត្ត និងការស្អប់សេចក្ដីពិត ដែលនេះគឺជាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចុះតើការឈរប្រឆាំងទាស់នឹងសេចក្ដីពិត និងព្រះជាម្ចាស់ មានន័យដូចម្ដេច? វាមានន័យថា ការស្អប់សេចក្ដីពិត និងរបស់វិជ្ជមាន។ ឧទាហរណ៍ នៅពេលដែលនរណាម្នាក់និយាយថា៖ «ក្នុងនាមជាភាវៈដែលព្រះបានបង្កើត គេគួរតែបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតមក។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណាក៏ដោយ មនុស្សគួរតែចុះចូល ដ្បិតយើងគឺជាភាវៈដែលព្រះបានបង្កើត» តើពួកទទឹងនឹងព្រះគ្រីស្ទគិតយ៉ាងដូចម្ដេច? «ចុះចូលឬ? វាជារឿងពិតមែនហើយដែលថាខ្ញុំជាភាវៈដែលត្រូវបានបង្កើតមក ប៉ុន្តែនៅពេលនិយាយដល់ការចុះចូល វាអាស្រ័យលើស្ថានភាព។ ជាបឋម និងសំខាន់បំផុត វាត្រូវតែមានផលប្រយោជន៍ខ្លះសម្រាប់ខ្ញុំ ខ្ញុំមិនត្រូវទទួលរងការខាតបង់ឡើយ ហើយផលប្រយោជន៍របស់ខ្ញុំត្រូវតែមកមុនគេ។ ប្រសិនបើមានរង្វាន់ ឬព្រះពរដ៏ធំធេងដែលត្រូវទទួលបាន នោះខ្ញុំអាចចុះចូលបាន ប៉ុន្តែបើគ្មានរង្វាន់ និងគ្មានគោលដៅទេ ហេតុអ្វីបានជាខ្ញុំត្រូវចុះចូល? ខ្ញុំមិនអាចចុះចូលបានទេ»។ នេះគឺជាអាកប្បកិរិយានៃការមិនទទួលយកសេចក្ដីពិត។ ការចុះចូលរបស់ពួកគេចំពោះព្រះជាម្ចាស់គឺមានលក្ខខណ្ឌ ហើយប្រសិនបើលក្ខខណ្ឌរបស់ពួកគេមិនត្រូវបានបំពេញទេ មិនត្រឹមតែពួកគេមិនចុះចូលប៉ុណ្ណោះទេ ពួកគេថែមទាំងងាយនឹងតបត និងទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតផង។ ឧទាហរណ៍ ព្រះជាម្ចាស់ទាមទារឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះជឿថា មានតែមនុស្សល្ងង់ទេដែលព្យាយាមធ្វើជាមនុស្សស្មោះត្រង់ ហើយថាមនុស្សឆ្លាតមិនព្យាយាមធ្វើជាមនុស្សស្មោះត្រង់ឡើយ។ តើសារជាតិនៃអាកប្បកិរិយាបែបនេះគឺជាអ្វី? គឺជាការស្អប់សេចក្ដីពិត។ នេះហើយគឺជាសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ ហើយសារជាតិរបស់ពួកគេកំណត់ពីផ្លូវដែលពួកគេដើរ ហើយផ្លូវដែលពួកគេដើរកំណត់ពីអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិធម្មជាតិនៃការស្អប់សេចក្ដីពិត និងព្រះជាម្ចាស់ តើពួកគេងាយនឹងធ្វើរឿងប្រភេទណាខ្លះ? ពួកគេងាយនឹងព្យាយាមអូសទាញយកចិត្តមនុស្ស វាយប្រហារ និងផាត់អ្នកជំទាស់ចេញ ព្រមទាំងធ្វើបាបមនុស្ស។ គោលដៅដែលពួកគេកំពុងព្យាយាមសម្រេចបានក្នុងការធ្វើរឿងទាំងនេះ គឺដើម្បីក្ដោបក្ដាប់អំណាច ដើម្បីត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដើម្បីបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ ចំពោះរឿងនេះ គឺគ្មានការសង្ស័យឡើយ។ បុគ្គលណាក៏ដោយ ដែលនៅពេលពួកគេមានឋានៈហើយ មិនមានសមត្ថភាពចុះចូលនឹងព្រះជាម្ចាស់ដាច់ខាត ហើយមិនអាចដើរតាមព្រះជាម្ចាស់ ឬដេញតាមសេចក្ដីពិតបានទេ បុគ្គលនោះជាពួកទទឹងនឹងព្រះគ្រីស្ទ។

តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងប្រភេទណាខ្លះ ក្នុងពេលកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំ? យើងទើបតែបាននិយាយអំពីរបៀបដែលពួកគេព្យាយាមអូសទាញយកចិត្តមនុស្ស ព្រមទាំងវាយប្រហារ និងផាត់អ្នកជំទាស់ចេញ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមានការសម្ដែងចេញរួមមួយទៀត តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះអ្នកដែលដេញតាមសេចក្ដីពិត? (ការស្អប់)។ ហើយតើការនោះធ្វើឱ្យពួកគេធ្វើអ្វី? តើពួកគេគ្រាន់តែស្អប់មនុស្សទាំងនោះ ហើយចប់ត្រឹមហ្នឹងឬ? ទេ ពួកគេស្វែងរកវិធីដើម្បីផាត់ចេញ និងគាបសង្កត់អ្នកទាំងនោះ។ ពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ។ អ្នកជំទាស់ទាំងនេះ អាចជាមនុស្សដែលមិនសូវដឹងអី ដែលមិនដឹងពីរបៀបយកចិត្តអ្នកដទៃ ឬប្រើប្រាស់ទស្សនៈវិជ្ជាសម្រាប់ការរស់នៅ។ ពួកគេក៏អាចជាមនុស្សដែលមានចិត្តខ្នះខ្នែងគួរសម និងជាអ្នកដែលដេញតាមសេចក្ដីពិតច្រើនគួរសមដែរ។ ដូច្នេះ តើអ្វីទៅជាវិធីសាស្ត្រទីបីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? ពួកគេផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត។ មានមួយទៀតផងដែរ៖ ពួកគេព្យាយាមដណ្ដើមកន្លែងមួយសម្រាប់ខ្លួនឯងនៅក្នុងចិត្តរបស់មនុស្ស។ តើនេះហៅថាអ្វី? (ការកាន់កាប់ចិត្តមនុស្ស)។ នេះគឺជាអ្វីដែលពួកគេកំពុងព្យាយាមសម្រេចឱ្យបាន។ តើពួកគេប្រើមធ្យោបាយអ្វីដើម្បីធ្វើរឿងនេះ? (ពួកគេលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង។) ហើយតើពួកទទឹងនឹងព្រះគ្រីស្ទមានគោលបំណងអ្វី ក្នុងការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? គឺដើម្បីកាន់កាប់ចិត្តមនុស្ស និងត្រួតត្រាពួកគេ។ តើមនុស្សជាទូទៅនិយាយអំពីរឿងប្រភេទណា នៅពេលដែលពួកគេលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? រឿងមួយគឺការនិយាយអំពីលក្ខណៈសម្បត្តិរបស់ពួកគេ។ ឧទាហរណ៍ មនុស្សមួយចំនួននិយាយអំពីរបៀបដែលពួកគេធ្លាប់ទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំពួកជំនុំជាន់ខ្ពស់មួយចំនួន។ អ្នកខ្លះថែមទាំងនិយាយថា៖ «ខ្ញុំធ្លាប់ទទួលបដិសណ្ឋារកិច្ចព្រះជាម្ចាស់ផ្ទាល់ ហើយព្រះអង្គល្អចំពោះខ្ញុំណាស់ ខ្ញុំច្បាស់ជាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍មិនខាន»។ តើពួកគេមានន័យយ៉ាងដូចម្ដេច ពេលនិយាយបែបនេះ? (ពួកគេកំពុងព្យាយាមធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់)។ ពួកគេមានគោលបំណងក្នុងការនិយាយរឿងទាំងនេះ។ អ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំធ្លាប់បានទាក់ទងជាមួយខាងលើ ពួកគេវាយតម្លៃខ្ញុំខ្ពស់ណាស់ ហើយបានជំរុញឱ្យខ្ញុំខិតខំប្រឹងប្រែងក្នុងការដេញតាមរបស់ខ្ញុំ»។ តាមពិតទៅ គ្មាននរណាម្នាក់ដឹងថាខាងលើគិតយ៉ាងណាចំពោះពួកគេឡើយ។ មនុស្សមួយចំនួនពិតជានិយាយបំផ្លើសរឿងរ៉ាវមែន ហើយជួនកាលថែមទាំងប្រឌិតរឿងទៀតផង។ ពួកគេនឹងមិនដឹងថាត្រូវធ្វើអ្វីឡើយ ប្រសិនបើមានមនុស្សមួយក្រុមមកជុំគ្នា ដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យមើលរឿងរ៉ាវរបស់ពួកគេនោះ។ ខាងលើប្រហែលជាអាចនិយាយទៅកាន់នរណាម្នាក់ថា៖ «អ្នកមានគុណសម្បត្តិល្អ ហើយអ្នកមានសមត្ថភាពក្នុងការយល់ដឹង។ អ្នកគួរតែហាត់សរសេរទីបន្ទាល់តាមរយៈបទពិសោធរបស់អ្នក។ នៅពេលដែលអ្នកមានបទពិសោធជីវិត អ្នកអាចក្លាយជាអ្នកដឹកនាំបាន»។ តើនេះមានអត្ថន័យបង្កប់យ៉ាងដូចម្ដេច? ទោះបីជាបុគ្គលនេះមានទេពកោសល្យក៏ដោយ ក៏ពួកគេនៅតែត្រូវហ្វឹកហាត់ និងឆ្លងកាត់បទពិសោធរឿងរ៉ាវមួយរយៈសិនដែរ។ នៅពេលដែលបុគ្គលនោះអួតអាង និងសម្ញែងនៅចំពោះមុខអ្នកដទៃ មុនពេលហ្វឹកហាត់ ឬទទួលបានបទពិសោធ តើនេះមានធម្មជាតិបែបណា? ពួកគេកំពុងតែក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ហើយបានបាត់បង់វិចារណញ្ញាណរបស់ខ្លួនហើយ មែនទេ? ទោះបីជាបងប្អូនថ្នាក់លើនិយាយថា បុគ្គលនេះមានគុណសម្បត្តិ និងមានទេពកោសល្យក៏ដោយ នេះគ្រាន់តែជាការផ្ដល់ការលើកទឹកចិត្ត ឬការវាយតម្លៃដល់ពួកគេប៉ុណ្ណោះ។ តើបុគ្គលនោះមានគោលបំណងអ្វី ក្នុងការដើរសម្ញែងគ្រប់កន្លែងបែបនេះ? គឺដើម្បីធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ ដើម្បីធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកគេ។ អ្វីដែលពួកគេកំពុងនិយាយគឺ៖ «មើលចុះ បងប្អូនថ្នាក់លើវាយតម្លៃខ្ញុំខ្ពស់ណាស់ ចុះហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះដែរ? ឥឡូវនេះ ខ្ញុំបានប្រាប់អ្នកពីរឿងនេះហើយ ដូច្នេះអ្នកក៏គួរតែវាយតម្លៃខ្ញុំខ្ពស់ដែរ»។ នេះគឺជាគោលដៅដែលពួកគេចង់សម្រេចឱ្យបាន។ ក៏មានអ្នកដែលនិយាយថា៖ «ខ្ញុំធ្លាប់ជាអ្នកដឹកនាំម្នាក់។ ខ្ញុំជាអ្នកដឹកនាំតំបន់ ស្រុក ពួកជំនុំ ខ្ញុំចេះតែធ្លាក់ចុះ និងឡើងតំណែងជាបន្តបន្ទាប់ ខ្ញុំត្រូវបានគេដំឡើង និងទម្លាក់តំណែងជាច្រើនដង។ ទីបំផុត ស្ថានសួគ៌បានរំជួលចិត្តដោយសារភាពស្មោះត្រង់របស់ខ្ញុំ ហើយថ្ងៃនេះ ខ្ញុំបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ម្ដងទៀត។ ហើយខ្ញុំមិនដែលអវិជ្ជមានម្ដងណាឡើយ»។ នៅពេលដែលអ្នកសួរពួកគេថា ហេតុអ្វីបានជាពួកគេមិនដែលមានអារម្មណ៍អវិជ្ជមាន ពួកគេឆ្លើយថា៖ «ខ្ញុំមានសេចក្ដីជំនឿថា មាសសុទ្ធគង់តែនឹងចែងចាំងនៅទីបំផុត»។ នេះគឺជាសេចក្ដីសន្និដ្ឋានដែលពួកគេសន្និដ្ឋានឡើង។ តើនេះជាតថភាពនៃសេចក្ដីពិតឬ? (ទេ)។ ចុះតើវាជាអ្វីទៅ ប្រសិនបើវាមិនមែនជាតថភាពនៃសេចក្ដីពិតនោះ? វាគឺជាទ្រឹស្ដីដ៏ចម្លែកមួយ យើងក៏អាចនិយាយបានថា វាគឺជាពាក្យខុសទំនងមួយ។ តើអាចមានផលវិបាកអ្វីខ្លះ ពីការដែលពួកគេនិយាយបែបនេះ? មនុស្សមួយចំនួនប្រហែលជានិយាយថា៖ «បុគ្គលនេះពិតជាដេញតាមសេចក្ដីពិតមែន។ ពួកគេមិនបានក្លាយជាអវិជ្ជមានទេ បន្ទាប់ពីត្រូវបានគេដំឡើង និងទម្លាក់តំណែងជាច្រើនដងមក។ ហើយឥឡូវនេះ ពួកគេត្រូវបានតែងតាំងជាអ្នកដឹកនាំម្ដងទៀត មាសសុទ្ធពិតជាចែងចាំងមែន។ គ្រាន់តែរង់ចាំពេលប៉ុណ្ណោះ ពួកគេនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍»។ តើនេះមិនមែនជាអ្វីដែលបុគ្គលនោះមានគោលបំណងចង់បានទេឬអី? តាមពិតទៅ នេះពិតជាអ្វីដែលពួកគេមានគោលបំណងចង់បានមែន។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទនិយាយក្នុងរបៀបណាក៏ដោយ គឺតែងតែដើម្បីធ្វើឱ្យមនុស្សវាយតម្លៃពួកគេខ្ពស់ និងថ្វាយបង្គំពួកគេ ដើម្បីកាន់កាប់កន្លែងជាក់លាក់ណាមួយនៅក្នុងចិត្តរបស់ពួកគេ សូម្បីតែដណ្ដើមយកទីតាំងរបស់ព្រះជាម្ចាស់នៅទីនោះផងដែរ ទាំងនេះសុទ្ធតែជាគោលដៅដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចឱ្យបាន នៅពេលដែលពួកគេធ្វើបន្ទាល់អំពីខ្លួនឯង។ នៅពេលណាក៏ដោយដែលបំណងជំរុញចិត្តនៅពីក្រោយអ្វីដែលមនុស្សនិយាយ ផ្សាយ និងប្រកបគ្នា គឺដើម្បីធ្វើឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់ និងថ្វាយបង្គំពួកគេ អាកប្បកិរិយាបែបនេះគឺជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយវាត្រូវបានធ្វើឡើងដើម្បីកាន់កាប់កន្លែងមួយនៅក្នុងចិត្តរបស់អ្នកដទៃ។ ទោះបីជារបៀបដែលមនុស្សទាំងនេះនិយាយ មិនដូចគ្នាទាំងស្រុងក៏ដោយ ក៏ពួកគេមានឥទ្ធិពលតិចឬច្រើន ក្នុងការធ្វើបន្ទាល់អំពីខ្លួនឯង និងធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកគេដែរ។ អាកប្បកិរិយាបែបនេះមាននៅក្នុងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការស្ទើរតែទាំងអស់ ក្នុងកម្រិតខុសៗគ្នា។ ប្រសិនបើពួកគេឈានដល់ចំណុចមួយដែលពួកគេមិនអាចបញ្ឈប់ខ្លួនឯងបាន ហើយយល់ថាពិបាកក្នុងការទប់ចិត្តខ្លួនឯង ហើយពួកគេមានចេតនា និងគោលដៅដ៏ខ្លាំងក្លា និងច្បាស់លាស់ជាពិសេស ដោយចង់ធ្វើឱ្យមនុស្សប្រព្រឹត្តចំពោះពួកគេហាក់ដូចជាពួកគេជាព្រះជាម្ចាស់ ឬជារូបព្រះ ដើម្បីឱ្យពួកគេអាចដាក់កំហិត និងត្រួតត្រាអ្នកដទៃ ព្រមទាំងធ្វើឱ្យអ្នកដទៃគោរពតាម និងថ្វាយបង្គំពួកគេ នោះធម្មជាតិនៃរឿងទាំងអស់នេះ គឺជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយវាមានលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងនោះ។ តើមនុស្សជាទូទៅប្រើមធ្យោបាយអ្វី ដើម្បីលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង? (ពួកគេនិយាយអំពីដើមទុន)។ តើការនិយាយអំពីដើមទុនរួមមានអ្វីខ្លះ? គឺការនិយាយអំពីថាតើពួកគេបានជឿលើព្រះជាម្ចាស់យូរប៉ុនណា ថាតើពួកគេបានរងទុក្ខប៉ុនណា ថាតើពួកគេបានលះបង់ប៉ុនណា ថាតើពួកគេបានធ្វើកិច្ចការប៉ុនណា ថាតើពួកគេបានរត់ចុះរត់ឡើងប៉ុនណា ក៏ដូចជាថាតើពួកគេទទួលបានមនុស្សប៉ុន្មាននាក់ និងថាតើពួកគេបានស៊ូទ្រាំនឹងភាពអាម៉ាស់ប៉ុនណា ក្នុងពេលផ្សាយដំណឹងល្អ។ មនុស្សមួយចំនួនក៏តែងតែនិយាយអំពីថាតើពួកគេត្រូវបានគេចាប់ខ្លួន ឬដាក់គុកប៉ុន្មានដង ដោយមិនដែលក្បត់ពួកជំនុំ ឬបងប្អូនប្រុសស្រីឡើយ ដោយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនជាដើម។ រឿងទាំងនេះសុទ្ធតែជាការនិយាយអំពីដើមទុន។ ក្រោមស្លាកនៃការធ្វើកិច្ចការរបស់ពួកជំនុំ ពួកគេពាក់ព័ន្ធក្នុងរឿងផ្ទាល់ខ្លួន ដោយពង្រឹងឋានៈរបស់ខ្លួន និងបង្កើតរូបភាពដ៏ល្អមួយនៅក្នុងចិត្តរបស់មនុស្ស។ ក្នុងពេលជាមួយគ្នានេះ ពួកគេប្រើប្រាស់វិធីសាស្រ្ត និងល្បិចកលគ្រប់បែបយ៉ាង ដើម្បីអូសទាញយកចិត្តមនុស្ស សូម្បីតែឈានដល់ការវាយប្រហារ និងផាត់ចេញអ្នកណាដែលមានទស្សនៈខុសពីពួកគេ ជាពិសេសគឺធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីផាត់ចេញ និងគាបសង្កត់អស់អ្នកដែលដេញតាមសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍។ ហើយចំណែកឯអ្នកដែលល្ងង់ខ្លៅ និងមិនដឹងអី ហើយស្រពិចស្រពិលនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ក៏ដូចជាអ្នកដែលទើបតែជឿលើព្រះជាម្ចាស់បានមួយរយៈពេលខ្លី និងមានកម្ពស់ខាងវិញ្ញាណទាប តើពួកគេប្រើវិធីសាស្រ្តអ្វីលើមនុស្សទាំងនេះ? ពួកគេបំភាន់ អូសទាញ និងថែមទាំងគំរាមកំហែងពួកគេទៀតផង ដោយប្រើមធ្យោបាយទាំងនេះដើម្បីសម្រេចគោលដៅរបស់ពួកគេ ក្នុងការពង្រឹងឋានៈរបស់ខ្លួន។ ទាំងនេះសុទ្ធតែជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

រឿងប្រភេទនេះតែងតែកើតឡើងនៅក្នុងពួកជំនុំ៖ បងប្អូនប្រុសស្រីមួយចំនួនស្ដាប់ការបង្រៀន និងការប្រកបគ្នា ដែលនៅក្នុងនោះ ខាងលើនិយាយថា ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការធ្វើរឿងអ្វីមួយដែលបំពានលើការរៀបចំកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានសិទ្ធិរាយការណ៍អំពីរឿងនោះ។ បន្ទាប់ពីបានឮដូច្នេះ និងមើលឃើញថាអ្នកដឹកនាំនៅក្នុងពួកជំនុំរបស់ពួកគេកំពុងធ្វើការក្នុងរបៀបមួយដែលមិនស្របតាមការរៀបចំកិច្ចការ មនុស្សមួយចំនួនក្នុងចំណោមពួកគេសម្រេចចិត្តថា ពួកគេចង់រាយការណ៍ពីអ្នកដឹកនាំនោះ។ បន្ទាប់មក អ្នកដឹកនាំនោះក៏ដឹងអំពីរឿងនេះ ហើយគិតក្នុងចិត្តថា៖ «តាមពិតទៅ មានមនុស្សដែលនៅតែថ្លើមធំហ៊ានរាយការណ៍ពីខ្ញុំ។ ពួកគេពិតជាថ្លើមធំមែន! តើមនុស្សទាំងនេះជានរណា?» ជាបន្តបន្ទាប់ ពួកគេស៊ើបអង្កេតសមាជិកពួកជំនុំរាប់សិបនាក់ម្នាក់ម្ដងៗ។ តើពួកគេស៊ើបអង្កេតដល់កម្រិតណា? ពួកគេស្វែងរកអាយុរបស់មនុស្សគ្រប់គ្នា ថាតើពួកគេបានជឿលើព្រះជាម្ចាស់យូរប៉ុនណា ថាតើពួកគេធ្លាប់បំពេញភារកិច្ចអ្វីខ្លះកាលពីមុន ថាតើភារកិច្ចបច្ចុប្បន្នរបស់ពួកគេគឺជាអ្វី ថាតើពួកគេកំពុងទាក់ទងជាមួយនរណា ថាតើពួកគេអាចទាក់ទងជាមួយខាងលើបានឬអត់ ជាដើម។ ពួកគេស្វែងរករឿងទាំងអស់នេះ ដោយខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងល្អិតល្អន់របស់ពួកគេត្រូវបានបញ្ចប់ ពួកគេរកឃើញថាមនុស្សពីរឬបីនាក់ហាក់ដូចជាគួរឱ្យសង្ស័យ ដូច្នេះក្នុងអំឡុងពេលនៃការជួបជុំលើកក្រោយ អ្នកដឹកនាំនោះនឹងបង្រៀនដោយផ្ដោតជាពិសេសលើបញ្ហានេះ។ ពួកគេនិយាយថា៖ «មនុស្សត្រូវតែមានមនសិការ។ នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះ តើនរណាជាអ្នកដឹកនាំអ្នករហូតមកដល់ពេលនេះ? ឥឡូវនេះ អ្នកយល់ពីសេចក្ដីពិតជាច្រើន ប្រសិនបើខ្ញុំមិនបានរៀបចំការជួបជុំ និងប្រកបគ្នាជាមួយអ្នកទេ តើអ្នកអាចយល់ពីសេចក្ដីពិតទាំងនេះបានដែរទេ? ពួកជំនុំរបស់យើងបាននាំមនុស្សជាច្រើនចូលមក តាមរយៈការផ្សាយដំណឹងល្អដល់ពួកគេ ហើយកិច្ចការផ្សាយដំណឹងល្អរបស់យើងមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រសិនបើខ្ញុំមិននៅទីនេះដើម្បីដឹកនាំទេ តើអ្នករាល់គ្នាអាចនាំនរណាម្នាក់ចូលមកបានដែរឬទេ? ជារួម តើអ្នកត្រូវអរគុណនរណាចំពោះរឿងទាំងអស់នេះ?» មនុស្សមួយចំនួនរិះគិតអំពីរឿងនេះ ហើយគិតថា៖ «ព្រះជាម្ចាស់គឺជាអង្គដែលខ្ញុំគួរតែអរព្រះគុណ តើមនុស្សបានចូលរួមចំណែកអ្វីខ្លះទៅ?» ប៉ុន្តែបន្ទាប់មក អ្នកដឹកនាំនោះបន្តនិយាយថា៖ «ប្រសិនបើខ្ញុំមិនបានយកសៀវភៅព្រះបន្ទូលរបស់ព្រះទាំងនេះមកឱ្យអ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចទទួលបានវាដែរទេ? បើគ្មានខ្ញុំរៀបចំការជួបជុំទេ តើអ្នករាល់គ្នាអាចប្រមូលផ្ដុំគ្នាបានដែរឬទេ? មនុស្សត្រូវតែមានមនសិការ! ដូច្នេះ ប្រសិនបើអ្នកមានមនសិការ តើអ្នកគួរធ្វើអ្វី? នៅពេលដែលអ្នកដឹកនាំរបស់អ្នកជួនកាលធ្វើខុសបន្តិចបន្តួច អ្នកមិនគួរស៊ើបអង្កេតវាឱ្យល្អិតល្អន់ពេកទេ។ បើអ្នកចាប់កំហុសរបស់ពួកគេ ហើយមិនព្រមលែង តើអ្នកកំពុងព្យាយាមបះបោរប្រឆាំងនឹងពួកគេឬ? ប្រសិនបើមានរឿងតូចតាចកើតឡើង យើងគួរតែដោះស្រាយវានៅផ្ទៃក្នុង។ តើការរាយការណ៍មានប្រយោជន៍អ្វី? មនុស្សដែលរាយការណ៍ពីរឿងរ៉ាវ គឺជាមនុស្សអសមត្ថភាព និងមានកម្ពស់ខាងវិញ្ញាណទាប។ តើវាសមរម្យដែរទេ ដែលរាយការណ៍គ្រប់រឿងទៅខាងលើនោះ? តើខាងលើអាចមានពេលដោះស្រាយបញ្ហាបែបនេះដោយរបៀបណា? ប្រសិនបើបញ្ហាទាំងនោះត្រូវតែដោះស្រាយ នោះពួកអ្នកដឹកនាំពួកជំនុំនឹងដោះស្រាយវា។ តើរឿងរ៉ាវមិនអាចពិភាក្សាគ្នាជាសម្ងាត់បានទេឬអី? តើអ្នកត្រូវតែរាយការណ៍គ្រប់រឿងទៅខាងលើឬ? តើនេះមិនមែនគ្រាន់តែជារំខានដល់ខាងលើទេឬអី? ស្ដាប់ណា ប្រសិនបើអ្នករាយការណ៍រឿងអ្វីមួយមកខ្ញុំ ខ្ញុំនឹងស្វែងរកដំណោះស្រាយដោយស្ងប់ស្ងាត់ និងដោយសន្តិវិធី ដោយមិនលួសកាត់អ្នកឡើយ។ ប៉ុន្តែ តើអ្នកដឹងទេថា ខាងលើនឹងមានអាកប្បកិរិយាយ៉ាងណា ប្រសិនបើអ្នករាយការណ៍រឿងនោះទៅពួកគេ? ខាងលើមិនមែនជាអ្នកដែលត្រូវលេងសើចជាមួយឡើយ ពួកគេប្រៀបដូចជាសត្វតោ និងសត្វឥន្ទ្រីអ៊ីចឹង។ តើមនុស្សដែលមានកម្ពស់ខាងវិញ្ញាណទាបដូចជាពួកយើង អាចឈានដល់កម្រិតរបស់ពួកគេបានដែរទេ? គ្មានរឿងល្អណាមួយកើតឡើងពីការដែលអ្នករាយការណ៍បញ្ហាទៅខាងលើឡើយ អ្នកច្បាស់ជាត្រូវគេលួសកាត់មិនខាន។ រឿងនេះធ្លាប់កើតឡើងចំពោះខ្ញុំជាច្រើនដងមកហើយ តើមនុស្សដែលមានកម្ពស់ខាងវិញ្ញាណទាបដូចជាអ្នក អាចដោះស្រាយវាបានដោយរបៀបណា? អ្នកថែមទាំងអាចឈប់ជឿទៀតផង ហើយតើនរណានឹងជាអ្នកទទួលរងផលវិបាកនៃរឿងនោះ? ប្រសិនបើអ្នកចង់រាយការណ៍រឿងអ្វីមួយ អ្នកនឹងទទួលរងផលវិបាក។ នៅពេលដែលពេលវេលាមកដល់ ហើយអ្នកត្រូវបានលួសកាត់ ហើយក្លាយជាអវិជ្ជមាន និងទន់ខ្សោយ កុំមកបន្ទោសខ្ញុំឱ្យសោះ។ ប្រសិនបើអ្នកចង់រាយការណ៍ ខ្ញុំនឹងមិនឃាត់អ្នកទេ។ ធ្វើទៅចុះ ខ្ញុំនឹងចាំមើលថាតើនរណាជាអ្នករាយការណ៍!» តើមាននរណាម្នាក់ហ៊ានរាយការណ៍ដែរឬទេ នៅពេលដែលអ្នកដឹកនាំរូបនេះកំពុងគំរាមកំហែងយ៉ាងនេះ? (ទេ)។ មនុស្សមួយចំនួនចង់រាយការណ៍ ប៉ុន្តែពួកគេភ័យខ្លាចពេក។ តើមនុស្សទាំងនេះមិនមែនជាមនុស្សដែលគ្មានប្រយោជន៍ទេឬអី? តើពួកគេខ្លាចអ្វី? តើហេតុអ្វីបានជាពួកគេភ័យខ្លាចអ្នកដឹកនាំដល់ម្ល៉ឹង? ទោះបីជាអ្នកដឹកនាំនោះចង់ធ្វើបាបពួកគេរហូតដល់ស្លាប់ក៏ដោយ ក៏ជីវិតរបស់ពួកគេមិនស្ថិតនៅក្នុងដៃរបស់អ្នកដឹកនាំនោះដែរ តើអ្នកដឹកនាំនោះហ៊ានធ្វើបាបពួកគេដោយគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ដោយរបៀបណា? បន្ទាប់ពីឮពាក្យគំរាមកំហែងពីរបីម៉ាត់ពីអ្នកដឹកនាំនោះមក មានមនុស្សដែលពិតជាភ័យខ្លាចពេកមិនហ៊ានរាយការណ៍មែន ពួកគេនឹងគិតក្នុងចិត្តថា៖ «យើងមើលមិនឃើញព្រះជាម្ចាស់នៅទីណាឡើយ។ តើខាងលើនឹងចាត់ការអ្នកដឹកនាំដែរឬទេ ប្រសិនបើខ្ញុំរាយការណ៍នោះ? ចុះបើពួកគេមិនចាត់ការ តើអ្នកដឹកនាំនឹងសងសឹកខ្ញុំឬទេ? តើខ្ញុំនៅតែអាចបំពេញភារកិច្ចរបស់ខ្ញុំជាធម្មតាបានដែរទេ នៅពេលនោះ? ដូច្នេះ ខ្ញុំមិនត្រូវរាយការណ៍ឡើយ។ ម្យ៉ាងទៀត រឿងនេះមិនមែនជារឿងរបស់ខ្ញុំទេ។ គ្មាននរណាម្នាក់ផ្សេងទៀតបានរាយការណ៍វាឡើយ ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវរាយការណ៍?» ពួកគេនឹងដកខ្លួនថយ ដោយមិនហ៊ានរាយការណ៍ឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទងាយនឹងបង្ហាញក្ដីមេត្តាករុណាដល់មនុស្សបែបនេះដែរទេ? (ទេ)។ តើពួកគេនឹងធ្វើអ្វីចំពោះមនុស្សទាំងនោះ? ពេលដែលពួកគេបានដឹងច្បាស់ថា នរណាកំពុងមានគម្រោងរាយការណ៍ពីពួកគេ នរណាមិនមានគំនិតតែមួយជាមួយពួកគេ ពួកគេនឹងចាប់ផ្ដើមគិតថា៖ «អ្នកតែងតែមានល្បិចកលជានិច្ច អ្នកតែងតែចង់និយាយសម្ដីធំដុំ អ្នកតែងតែស្វែងរកការបង្កបញ្ហា តែងតែចង់រាយការណ៍ពីបញ្ហារបស់ខ្ញុំ នេះគឺជារឿងហួសហេតុពេកហើយ! អ្នកតែងតែស្វែងរកឱកាសដើម្បីទាក់ទងជាមួយខាងលើ ដើម្បីឱ្យអ្នកអាចរាយការណ៍ពីស្ថានភាពរបស់ខ្ញុំទៅពួកគេ។ ឥឡូវនេះ អ្នកកំពុងដកខ្លួនថយ អ្នកមិនហ៊ានធ្វើវាទេ ប៉ុន្តែអ្នកណាទៅដឹង ប្រសិនបើអ្នករកឃើញឱកាសដ៏ស័ក្តិសម អ្នកប្រហែលជានៅតែរាយការណ៍ពីខ្ញុំមិនខាន។ អូ ខ្ញុំនឹងចាត់ការអ្នកមិនខាន!» ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទនឹងស្វែងរកលេស និងឱកាសដើម្បីបង្អាប់មនុស្សទាំងនោះ ដើម្បីធ្វើឱ្យបងប្អូនប្រុសស្រីមានអារម្មណ៍ខ្ពើមរអើមចំពោះពួកគេ។ បន្ទាប់មក ពួកគេនឹងគិតរកវិធីគ្រប់បែបយ៉ាងដើម្បីចាប់កំហុសពួកគេ ដើម្បីបង្កបញ្ហាដល់ពួកគេ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ហើយតើមនុស្សទាំងនោះគិតយ៉ាងណាក្នុងចិត្តនៅពេលក្រោយមក? «នេះគឺជារឿងដ៏អាក្រក់ណាស់! ខ្ញុំមិនបានស្ដាប់បង្គាប់អ្នកដឹកនាំ ខ្ញុំបានព្យាយាមរាយការណ៍ពីពួកគេទាំងងងឹតងងល់ ហើយឥឡូវនេះខ្ញុំត្រូវបានគេធ្វើបាប។ ខ្ញុំត្រូវតែចងចាំមេរៀននេះ៖ ខ្ញុំដាច់ខាតមិនត្រូវប្រមាថអ្នកដឹកនាំឡើយ! ឥឡូវនេះ គឺអ្នកដឹកនាំរូបនេះហើយដែលជាអ្នកសម្រេចគ្រប់យ៉ាង។ ប្រសិនបើពួកគេនិយាយថា «ខាងកើត» ខ្ញុំមិនអាចនិយាយថា «ខាងលិច» ទេ ប្រសិនបើពួកគេនិយាយថា «មួយ» ខ្ញុំមិនអាចនិយាយថា «ពីរ» ទេ។ ខ្ញុំត្រូវតែធ្វើអ្វីក៏ដោយដែលអ្នកដឹកនាំប្រាប់ឱ្យខ្ញុំធ្វើ។ ខ្ញុំដាច់ខាតមិនត្រូវទាក់ទងខាងលើដើម្បីរាយការណ៍ពីបញ្ហាឡើយ។ នេះពិតជារឿងធ្ងន់ធ្ងរណាស់! ខ្ញុំត្រូវបានអ្នកដឹកនាំធ្វើបាប ហើយខាងលើមិនដឹងអំពីរឿងនេះទេ តើនរណានឹងចេញមុខការពារខ្ញុំ? ដូចពាក្យគេនិយាយថា «មន្ត្រីធំនៅឆ្ងាយ មិនមានអំណាចដូចមេកើយផ្ទាល់នៅជិតឡើយ!»» មនុស្សទាំងនេះបានក្លាយជាអវិជ្ជមាន។ ពួកគេមិនជឿថាសេចក្ដីពិតគ្រប់គ្រងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយកាន់តែមិនជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើទៀតផង។ តើពួកគេនៅតែមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ? ទេ ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ។ ពួកគេខ្វះសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ ពួកគេចង់រាយការណ៍ពីបញ្ហាមួយ ប៉ុន្តែពួកគេខ្លាចមនុស្សអាក្រក់នោះ ពួកគេគ្មានការញែកដឹងទាល់តែសោះចំពោះកម្លាំងទុច្ចរិត ពួកគេត្រូវបានមនុស្សអាក្រក់នោះធ្វើបាបនៅកន្លែងដែលពួកគេកាន់អំណាច ហើយពួកគេបានក្លាយជាមនុស្សដែលគ្មានប្រយោជន៍។ ដើមឡើយ ពួកគេមានស្មារតីយុត្តិធម៌បន្តិចបន្តួច ដែលជាគុណសម្បត្តិដ៏គួរឱ្យចង់បាន ប៉ុន្តែដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត និងមិនដឹងពីរបៀបធ្វើសកម្មភាពស្របតាមគោលការណ៍ ពួកគេត្រូវបានមនុស្សអាក្រក់ អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទនោះជាន់ឈ្លី រហូតដល់ថ្នាក់ពួកគេបាត់បង់សេចក្ដីជំនឿទាំងអស់ ពួកគេមិនដឹងពីរបៀបពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីស្វែងរកសេចក្ដីពិត ឬធ្វើសកម្មភាពដោយផ្អែកលើប្រាជ្ញាឡើយ។ ឥឡូវនេះ ពួកគេក្លាយជាមនុស្សដែលភ័យខ្លាច និងកំសាក នៅពេលណាក៏ដោយដែលពួកគេឃើញពួកទទឹងនឹងព្រះគ្រីស្ទ។ តើពួកគេភ័យខ្លាចដល់កម្រិតណា? ពួកគេគិតថា៖ «មនុស្សអាក្រក់កាន់អំណាចនៅក្នុងពិភពលោកនេះ។ មិនថាខ្ញុំនៅក្នុងក្រុមណាទេ ខ្ញុំត្រូវតែប្រព្រឹត្តខ្លួនឱ្យបានល្អ។ ខ្ញុំខ្វះភាពកាចសាហាវ និងគ្មានភាពក្លាហានបែបនោះទេ ដូច្នេះទោះខ្ញុំទៅទីណាក៏ដោយ ខ្ញុំនឹងត្រូវសុខចិត្តស៊ូទ្រាំនឹងការធ្វើបាប និងស្ដាប់បង្គាប់អ្នកដទៃដោយស្ម័គ្រចិត្ត ខ្ញុំត្រូវតែប្រព្រឹត្តចំពោះពួកគេដូចជាដូនតារបស់ខ្ញុំអ៊ីចឹង។ ប្រសិនបើពួកគេនិយាយថា «ខាងកើត» ខ្ញុំមិនអាចនិយាយថា «ខាងលិច» ទេ។ ខ្ញុំមិនអាចបញ្ចេញមតិយោបល់ដែលខុសពីគេបានទេ ខ្ញុំមិនអាចរាយការណ៍ពីបញ្ហារបស់អ្នកដទៃបានទេ ហើយខ្ញុំមិនអាចលូកដៃចូលក្នុងកិច្ចការរបស់អ្នកដទៃបានឡើយ។ ខ្ញុំអាចត្រឹមតែផ្ដោតលើការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនត្រូវប្រមាថអ្នកដឹកនាំ និងអ្នកធ្វើការ ប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ប្រាថ្នាចង់បានពន្លឺ ឬស្រឡាញ់យុត្តិធម៌ឡើយ គឺគ្មានពន្លឺ ឬយុត្តិធម៌នៅក្នុងពិភពលោកនេះទេ។ ខ្ញុំនឹងគ្រាន់តែផ្ដោតលើការស៊ូទ្រាំរហូតដល់ទីបញ្ចប់ ហើយចងចាំថា ទោះខ្ញុំទៅទីណានៅថ្ងៃអនាគត ត្រូវតែចាត់ទុកការរក្សាសន្ដិភាពជាអាទិភាពជានិច្ច!» នេះគឺជាសេចក្ដីសន្និដ្ឋានដែលពួកគេទទួលបាន។ តើពួកគេមិនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនោះវាយបំបាក់ទេឬអី? (មែនហើយ។) តើអ្វីបញ្ជាក់ពីរឿងនេះ? បន្ទាប់ពីត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនោះគាបសង្កត់មក ពួកគេបានក្លាយជាភ័យខ្លាចរហូតដល់លស់ព្រលឹង ពួកគេខ្លាចពេកមិនហ៊ាននិយាយ ឬធ្វើអ្វីឡើយ។ ពួកគេបានបាត់បង់សេចក្ដីជំនឿពិតរបស់ពួកគេ ហើយលែងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ទៀតហើយ នៅក្នុងចិត្តរបស់ពួកគេ អណ្ដាតភ្លើងដ៏តូចនៃសេចក្ដីស្រឡាញ់របស់ពួកគេចំពោះយុត្តិធម៌ ត្រូវបានរលត់បាត់ទៅហើយ ពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនោះផ្ដួលរំលំ និងវាយបំបាក់យ៉ាងទាំងស្រុង។ តើពួកគេមិនមែនជាមនុស្សដែលគ្មានប្រយោជន៍ទេឬអី? តើពួកគេមិនមែនជាមនុស្សកំសាកទេឬអី? (មែនហើយ)។ តើអ្នកអាចដឹងដោយរបៀបណា? ប្រសិនបើអ្នកសួរពួកគេថា៖ «តើអ្នកនេះឬអ្នកនោះនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នាយ៉ាងម៉េចដែរ?» ពួកគេនឹងឆ្លើយថា៖ «មិនអីទេ»។ ប្រសិនបើអ្នកនិយាយថា៖ «ចុះចំណែកអ្នកដឹកនាំពួកជំនុំថ្មីនោះ ដែលអ្នករាល់គ្នាបានជ្រើសរើសវិញ តើអ្នកស្គាល់ពួកគេដែរទេ?» ពួកគេនឹងឆ្លើយតបថា៖ «ខ្ញុំមិនសូវស្គាល់ពួកគេច្បាស់ទេ»។ ប្រសិនបើអ្នកសួរថា៖ «តើជីវិតពួកជំនុំនៅទីនោះឥឡូវនេះយ៉ាងម៉េចដែរ? តើមាននរណាម្នាក់បង្កការរំខានដែរទេ?» ពួកគេនឹងនិយាយថា៖ «ល្អទេ អ្វីៗដំណើរការទៅដោយរលូន»។ ទោះអ្នកសួរពួកគេអ្វីក៏ដោយ ពួកគេនឹងគ្រាន់តែឆ្លើយតបដោយពាក្យពីរបីម៉ាត់ទាំងនេះប៉ុណ្ណោះ។ តើនេះមិនមែនដោយសារតែពួកគេត្រូវបានគេគំរាមកំហែងឱ្យភ័យខ្លាចទេឬអី? ហេតុអ្វីបានជាពួកគេភ័យខ្លាចដល់ម្ល៉ឹង? គឺដោយសារតែពួកគេមិនស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ពួកគេមិនអាចមើលធ្លុះពីភាពទុច្ចរិត ភាពឃោរឃៅ ភាពគ្មានក្ដីមេត្តា និងភាពងងឹតរបស់សាតាំងឡើយ ពួកគេមិនដឹងថាការឱ្យសេចក្ដីពិតគ្រប់គ្រងមានន័យដូចម្ដេច ហើយក៏មិនដឹងថាវាមានអត្ថន័យសំខាន់អ្វីដែរ ដូច្នេះហើយទើបពួកគេភ័យខ្លាច។ ហេតុដូច្នេះហើយ ទោះអ្នកសួរអ្វីក៏ដោយ ចម្លើយរបស់ពួកគេនឹងមានភាពស្រពិចស្រពិល និងមិនច្បាស់លាស់ អ្នកនឹងមិនទទួលបានចម្លើយអំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនៅក្នុងពួកជំនុំពីពួកគេឡើយ ឬមិនអាចដឹងពីអ្វីដែលពួកគេកំពុងគិតពិតប្រាកដនៅក្នុងចិត្តនោះទេ។ ពួកគេនឹងបិទបាំងខ្លួនឯងយ៉ាងជិតឈឹង រហូតដល់អ្នកមិនទាំងប្រាកដថាពួកគេកំពុងនិយាយអំពីអ្វីផង។ ពួកគេនឹងមិននិយាយអ្វីសោះអំពីបញ្ហាដែលមាននៅក្នុងពួកជំនុំ ឬថាតើអ្នកដឹកនាំ និងអ្នកធ្វើការមានលក្ខណៈបែបណា ហើយអ្នកនឹងមិនដឹងអ្វីសោះអំពីការលំបាកដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កំពុងជួបប្រទះ។ អ្នកនឹងមិនដឹងពីរឿងទាំងនេះឡើយ ពួកគេនឹងគ្រាន់តែសន្ទនាជាមួយអ្នកក្នុងរបៀបនេះប៉ុណ្ណោះ។ ហើយតើអ្នកនឹងមានអារម្មណ៍យ៉ាងណា ពេលដែលអ្នកស្ដាប់ពួកគេ? អ្នកនឹងមានអារម្មណ៍ថា មានគម្លាតរវាងដួងចិត្តរបស់អ្នកទាំងពីរ។ ផ្នត់គំនិតរបស់ពួកគេគឺ៖ «កុំព្យាយាមចង់ដឹងអ្វីអំពីខ្ញុំ ខ្ញុំមិនចង់លាតត្រដាងព័ត៌មានណាមួយ ឬអ្វីដែលកំពុងកើតឡើងពិតប្រាកដប្រាប់អ្នកឡើយ។ នៅឱ្យឆ្ងាយពីខ្ញុំ ប្រសិនបើអ្នកព្យាយាមចង់ដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងពួកជំនុំពីខ្ញុំ នោះអ្នកកំពុងព្យាយាមបង្កបញ្ហាដល់ខ្ញុំ និងរំខានដល់បរិយាកាសរស់នៅ ទម្លាប់ និងស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំហើយ។ កុំលូកដៃចូលក្នុងទិដ្ឋភាពណាមួយនៃជីវិតរបស់ខ្ញុំឡើយ ទុកឱ្យខ្ញុំដោះស្រាយរឿងទាំងនេះដោយខ្លួនឯងចុះ»។ ពួកគេខ្លាចថាពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើបាបពួកគេ ឬសងសឹកពួកគេ ហើយពួកគេខ្លាចមិនហ៊ានរាយការណ៍ពីបញ្ហាណាមួយអំពីពួកជំនុំរបស់ពួកគេឡើយ។ តើនេះមិនមែនជាការចុះចាញ់នឹងពួកទទឹងនឹងព្រះគ្រីស្ទនោះទេឬអី? តើពួកគេមិនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនោះបំភាន់ និងត្រួតត្រាទេឬអី? (មែនហើយ)។ ហើយវាធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទនោះពេញចិត្តនៅពេលឃើញបែបនេះ។ ពួកគេបានធ្វើបាបមនុស្សរហូតដល់ថ្នាក់ពួកគេមិនហ៊ានរាយការណ៍ពីបញ្ហារបស់ខ្លួនទៀតឡើយ ដូច្នេះពួកគេមានការត្រួតត្រាយ៉ាងរឹងមាំលើពួកជំនុំ។ តើមានមនុស្សជាច្រើននៅក្នុងពួកជំនុំត្រូវបានត្រួតត្រាដោយពួកទទឹងនឹងព្រះគ្រីស្ទតាមរបៀបនេះដែរឬទេ? តើអ្នករាល់គ្នាផ្ទាល់ធ្លាប់ឃាត់នរណាម្នាក់មិនឱ្យរាយការណ៍ពីបញ្ហាមួយដែរឬទេ? អ្នកប្រហែលជាធ្លាប់ធ្វើ ប៉ុន្តែមិនដឹងខ្លួន ឬអ្នកប្រហែលជានឹងធ្វើដូច្នេះនៅថ្ងៃអនាគត។ ដូច្នេះ តើការដែលមនុស្សត្រូវបានអូសទាញយកចិត្ត និងត្រួតត្រាដោយពួកទទឹងនឹងព្រះគ្រីស្ទ អាចចាត់ទុកថាជាបញ្ហាដែរឬទេ? (មែនហើយ)។ មនុស្សខ្លះនិយាយថា៖ «មនុស្សមួយចំនួននៅក្នុងពួកជំនុំខ្លាចពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេមិនជឿលើពួកទទឹងនឹងព្រះគ្រីស្ទនោះ ឬដើរតាមពួកទទឹងនឹងព្រះគ្រីស្ទនោះឡើយ ហើយកាន់តែមិនបម្រើពួកទទឹងនឹងព្រះគ្រីស្ទនោះទៀតផង។ គ្រាន់តែថាពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនោះដាក់កំហិតបន្តិចបន្តួច និងត្រូវបានពន្យារពេលក្នុងការចូលទៅក្នុងគន្លងដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ ហេតុអ្វីបានជាទ្រង់មានបន្ទូលថា នេះគឺជាបញ្ហា?» ម្យ៉ាង តាមរយៈការមើលទៅលើវិធីសាស្រ្តដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ ដើម្បីអូសទាញយកចិត្ត និងត្រួតត្រាមនុស្ស អ្នកគួរតែអាចមើលឃើញថា សារជាតិធម្មជាតិរបស់ពួកគេគឺជាសារជាតិរបស់សាតាំង វាប្រទូសរ៉ាយចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទចង់ដណ្ដើមមនុស្សពីព្រះជាម្ចាស់ ដើម្បីប្រជែងយករាស្ដ្ររើសតាំងរបស់ទ្រង់។ ម្យ៉ាងទៀត មធ្យោបាយ និងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព ពិតជាអាចមានឥទ្ធិពលលើមនុស្សដែលល្ងង់ខ្លៅ មិនដឹងអី វង្វេងវង្វាន់ និងមិនយល់ពីសេចក្ដីពិតមែន។ ពួកគេពិតជាអាចបំភាន់មនុស្សទាំងនោះ ធ្វើឱ្យពួកគេនៅឱ្យស្ងៀមនៅក្រោមការត្រួតត្រារបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងធ្វើឱ្យពួកគេត្រូវតែពិគ្រោះជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងធ្វើតាមពួកគេក្នុងគ្រប់កិច្ចការទាំងអស់។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែបិទមាត់មនុស្សទាំងនេះប៉ុណ្ណោះទេ ពួកគេថែមទាំងគ្រប់គ្រងសកម្មភាពរបស់ពួកគេ ជះឥទ្ធិពលដល់គំនិត និងយោបល់របស់ពួកគេ និងជះឥទ្ធិពលដល់ទិសដៅដែលពួកគេដើរឆ្ពោះទៅរកទៀតផង។ ទាំងនេះគឺជាឥទ្ធិពល និងផលវិបាកដែលសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទនាំមកលើអ្នកដែលល្ងង់ខ្លៅ និងមិនដឹងអី។

អម្បាញ់មិញនេះ ខ្ញុំបាននិយាយអំពីសេចក្ដីពិតផ្សេងៗដែលទាក់ទងនឹងការបំពេញភារកិច្ចជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ ខ្ញុំក៏បានលាតត្រដាងបញ្ហាមួយចំនួនដែលអ្នកដឹកនាំ និងអ្នកធ្វើការមានផងដែរ ដោយផ្ដោតជាចម្បងលើការសម្ដែងចេញរបស់មនុស្សប្រភេទដែលធ្ងន់ធ្ងរបំផុត ហើយតើមនុស្សប្រភេទនោះជាអ្នកណា? (ពួកទទឹងនឹងព្រះគ្រីស្ទ។) តើអ្វីទៅជាការសម្ដែងចេញរួមមួយ ដែលពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់មាន? ពួកគេព្យាយាមដណ្ដើមអំណាចសម្រាប់ខ្លួនឯង និងត្រួតត្រាពួកជំនុំ។ បំណងប្រាថ្នារបស់ពួកគេចំពោះអំណាច គឺលើសពីអ្វីៗទាំងអស់ អំណាចគឺជាជីវិតរបស់ពួកគេ ជាឫសគល់របស់ពួកគេ វាគឺជាប្រធានបទ ជាទិសដៅ និងជាគោលដៅដែលអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើនៅក្នុងជីវិត វិលជុំវិញរឿងនេះ។ ហេតុដូច្នេះហើយ សកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងនិស្ស័យដែលពួកគេបញ្ចេញឱ្យឃើញ គឺដូចគ្នាបេះបិទទៅនឹងល្បិចកលដែលសាតាំងប្រើ ដើម្បីបំភាន់ អូសទាញយកចិត្ត និងត្រួតត្រាមនុស្ស។ អាចនិយាយបានថា អ្វីគ្រប់យ៉ាងដែលមនុស្សប្រភេទនេះធ្វើ ធ្វើឱ្យពួកគេមិនខុសពីឧបករណ៍ ជាតំណាង និងជាការសម្ដែងចេញរបស់សាតាំងឡើយ គោលដៅចម្បងនៃរាល់សកម្មភាព និងអាកប្បកិរិយាទាំងអស់របស់ពួកគេ គឺដើម្បីក្ដោបក្ដាប់អំណាច។ ហើយតើពួកគេព្យាយាមត្រួតត្រានរណា? គឺមនុស្សដែលពួកគេដឹកនាំ ដែលជាអ្នកដើរតាមព្រះជាម្ចាស់ គឺជាមនុស្សដែលស្ថិតនៅក្រោមវិសាលភាពនៃអំណាចរបស់ពួកគេ ដែលពួកគេអាចត្រួតត្រាបាន។ មុននេះបន្ដិច យើងក៏បាននិយាយអំពីវិធីសាស្រ្តដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ ដើម្បីត្រួតត្រាមនុស្សផងដែរ។ ទីមួយគឺ អូសទាញយកចិត្តមនុស្ស ទីពីរគឺ វាយប្រហារ និងផាត់អ្នកជំទាស់ចេញ ទីបីគឺ ផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត ទីបួនគឺ តែងតែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង និងទីប្រាំគឺ បំភាន់ អូសទាញ គំរាមកំហែង និងត្រួតត្រាមនុស្ស។ ការសម្ដែងចេញដ៏សំខាន់ទាំងប្រាំនេះ គឺជាវិធីសាស្រ្ត និងមធ្យោបាយជាមូលដ្ឋានដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ ដើម្បីទទួលបានអំណាច ព្រមទាំងកាន់កាប់ និងត្រួតត្រាមនុស្ស។ ទាំងនេះគឺជាប្រភេទធំៗ។ បន្ទាប់មក យើងនឹងវែកញែក និងប្រកបគ្នាអំពីប្រភេទធំៗទាំងនេះឱ្យបានកាន់តែលម្អិត។

ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមយកឈ្នះចិត្តមនុស្ស

ក. ការអូសទាញមនុស្សដោយការផ្ដល់ផលប្រយោជន៍បន្តិចបន្តួច

បច្ចេកទេសទីមួយដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីត្រួតត្រាមនុស្ស គឺការយកឈ្នះចិត្តរបស់ពួកគេ។ តើមានប៉ុន្មានវិធីដើម្បីយកឈ្នះចិត្តមនុស្ស? វិធីមួយគឺការអូសទាញពួកគេដោយការផ្ដល់ផលប្រយោជន៍បន្តិចបន្តួច។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទឱ្យរបស់ល្អៗខ្លះដល់មនុស្ស ជួនកាលពួកគេសរសើរមនុស្ស ជួនកាលពួកគេសន្យាតិចតួចចំពោះមនុស្ស។ ហើយជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទឃើញថា ភារកិច្ចមួយចំនួនអាចធ្វើឱ្យមនុស្សលេចមុខលេចមាត់ ឬអ្នកដទៃគិតថាភារកិច្ចទាំងនេះអាចនាំមកនូវអត្ថប្រយោជន៍ដល់អ្នកណាដែលធ្វើវា ហើយធ្វើឱ្យមនុស្សគ្រប់គ្នាគោរពពួកគេ នោះពួកគេក៏ចាត់តាំងភារកិច្ចទាំងនេះដល់អ្នកដែលពួកគេចង់យកឈ្នះចិត្ត។ «ការផលប្រយោជន៍បន្តិចបន្តួច» រួមមានរឿងជាច្រើន៖ ជួនកាលវាជារបស់របរប្រើប្រាស់ ជួនកាលវាជារឿងអរូបី ជួនកាលវាជាពាក្យសម្ដីពីរោះៗដែលមនុស្សចង់ស្ដាប់។ ឧទាហរណ៍ មនុស្សម្នាក់ក្លាយជាទន់ខ្សោយនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ហើយបាត់បង់កម្លាំងចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយនៅពេលដែលពួកគេយកភាពទន់ខ្សោយរបស់ខ្លួននេះទៅប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេដឹងថាវាគឺជាភាពមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ ជាការមិនស្ម័គ្រចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាការខ្វះការចុះចូលពិតប្រាកដ ហើយពួកគេមានអារម្មណ៍បន្ទោសខ្លួនឯងយ៉ាងខ្លាំង។ អ្នកដឹកនាំម្នាក់ ពេលឃើញដូច្នេះ អាចនិយាយថា «អ្នកគ្រាន់តែមានកម្ពស់ខាងវិញ្ញាណនៅទាបប៉ុណ្ណោះ។ ព្រះជាម្ចាស់នឹងមិនទតមើលរឿងនេះតាមរបៀបនោះឡើយ។ អ្នកទើបតែជឿបានរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកមិនអាចរំពឹងច្រើនពេកពីខ្លួនឯងបានទេ។ រឿងបែបនេះត្រូវការពេលវេលា អ្នកមិនអាចប្រញាប់ប្រញាល់បានឡើយ។ ព្រះជាម្ចាស់មិនមានសេចក្ដីតម្រូវខ្ពស់សម្រាប់មនុស្សទេ ហើយសម្រាប់អ្នក ដែលជាមនុស្សទើបតែជឿលើទ្រង់បានរយៈពេលខ្លី ការទន់ខ្សោយបន្តិចបន្តួចជួនកាលគឺជារឿងធម្មតាទេ ហើយអ្នកមិនគួរព្រួយបារម្ភពីរឿងនេះឡើយ»។ អត្ថន័យនៃរឿងនេះគឺថា គ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយក្នុងការទន់ខ្សោយ កាន់តែមិនបាច់ព្រួយបារម្ភក្នុងការបន្តទន់ខ្សោយ ហើយថាអ្វីៗទាំងអស់នេះគឺជាភាពអវិជ្ជមានធម្មតា ហើយព្រះជាម្ចាស់មិនចងចាំវាឡើយ។ មនុស្សមួយចំនួនមានមនោសញ្ចេតនាជ្រុល ហើយពួកគេតែងតែត្រូវបានរឹតត្បិតដោយអារម្មណ៍របស់ពួកគេនៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយអ្នកដឹកនាំរបស់ពួកគេនិយាយថា «នេះគឺដោយសារតែកម្ពស់ខាងវិញ្ញាណដ៏ទាបរបស់អ្នក វាមិនអីទេ»។ មនុស្សមួយចំនួនខ្ជិលច្រអូស និងមិនស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែអ្នកដឹកនាំរបស់ពួកគេមិនស្ដីបន្ទោសពួកគេឡើយ ផ្ទុយទៅវិញ ពួកគេនិយាយពាក្យល្អៗដែលមនុស្សទាំងនោះចង់ឮគ្រប់ពេល ដើម្បីផ្គាប់ចិត្តពួកគេ និងដើម្បីឱ្យពួកគេហៅថាល្អ ហើយដើម្បីបង្ហាញពួកគេថា ខ្លួនមានការយោគយល់ និងមានក្ដីស្រឡាញ់ប៉ុនណា។ មនុស្សទាំងនោះគិតថា «អ្នកដឹកនាំរបស់យើងប្រៀបដូចជាម្ដាយដ៏មានក្ដីស្រឡាញ់អ៊ីចឹង។ ពួកគេពិតជាមានក្ដីស្រឡាញ់ចំពោះយើងមែន ពួកគេពិតជាតំណាងឱ្យព្រះជាម្ចាស់មែន។ ពួកគេពិតជាមកពីព្រះជាម្ចាស់មែន!»។ អត្ថន័យដែលលាក់កំបាំងនៅក្នុងសម្ដីនេះគឺថា អ្នកដឹកនាំរបស់ពួកគេអាចដើរតួជាអ្នកនាំពាក្យរបស់ព្រះជាម្ចាស់ ថាពួកគេអាចតំណាងឱ្យព្រះជាម្ចាស់បាន។ តើនេះជាគោលដៅរបស់អ្នកដឹកនាំនេះឬ? ប្រហែលជាវាមិនច្បាស់លាស់បែបនោះទេ ប៉ុន្តែគោលដៅមួយរបស់ពួកគេគឺច្បាស់ណាស់៖ ពួកគេចង់ឱ្យមនុស្សនិយាយថា ពួកគេគឺជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ដែលចេះគិតគូរដល់អ្នកដទៃ អាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្ស និងយល់ពីចិត្តរបស់ពួកគេយ៉ាងច្បាស់។ នៅពេលដែលអ្នកដឹកនាំពួកជំនុំខ្លះឃើញបងប្អូនប្រុសស្រីបំពេញភារកិច្ចឱ្យតែរួចពីដៃ ពួកគេមិនស្ដីបន្ទោសអ្នកទាំងនោះទេ ទោះបីជាពួកគេគួរតែស្ដីបន្ទោសក៏ដោយ។ នៅពេលដែលពួកគេឃើញយ៉ាងច្បាស់ថា ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់កំពុងរងការខូចខាត ពួកគេពុំខ្វាយខ្វល់នឹងបញ្ហានេះ ឬសួរនាំអ្វីឡើយ ហើយពួកគេក៏ពុំធ្វើឱ្យអ្នកដទៃអន់ចិត្តសូម្បីតែបន្តិចដែរ។ តាមពិត ពួកគេពិតជាមិនបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះភាពទន់ខ្សោយរបស់មនុស្សទេ តែផ្ទុយទៅវិញ បំណងនិងគោលដៅរបស់ពួកគេ គឺដើម្បីយកឈ្នះចិត្តមនុស្សទៅវិញទេ។ ពួកគេដឹងយ៉ាងច្បាស់ថា៖ «ឱ្យតែខ្ញុំធ្វើបែបនេះ ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្ត នោះពួកគេមុខជាគិតថា ខ្ញុំគឺជាអ្នកដឹកនាំល្អហើយ។ ពួកគេនឹងមានការយល់ឃើញល្អៗមកលើខ្ញុំ។ ពួកគេនឹងពេញចិត្ត និងចូលចិត្តខ្ញុំមិនខាន»។ ពួកគេពុំខ្វល់ថា ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតប៉ុនណា ឬថាការខាតបង់ធំប៉ុនណាត្រូវបានបង្កឡើងដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬថាជីវិតពួកជំនុំរបស់ពួកគេរងការរំខានខ្លាំងបែបណានោះទេ ពួកគេគ្រាន់តែប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាបែបសាតាំងរបស់ខ្លួន ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្តប៉ុណ្ណោះ។ នៅក្នុងចិត្តពួកគេ គ្មានការស្ដីបន្ទោសខ្លួនឯងសោះឡើយ។ នៅពេលពួកគេឃើញនរណាម្នាក់បង្កការរំខាន និងការបង្អាក់ យ៉ាងច្រើនណាស់ពួកគេនិយាយត្រឹមពីរបីម៉ាត់ជាមួយពួកនោះ សម្រាលបញ្ហា ហើយបន្ទាប់មកក៏ឈប់ត្រឹមនោះ។ ពួកគេនឹងមិនប្រកបគ្នាអំពីសេចក្ដីពិត ឬបង្ហាញពីសារជាតិនៃបញ្ហាប្រាប់បុគ្គលនោះ រឹតតែមិនវិភាគវែកញែកសភាពរបស់គេឱ្យល្អិតល្អន់ទៅទៀត ហើយក៏មិនដែលប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីនោះដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដែលលាតត្រដាង ឬវែកញែកកំហុសដែលមនុស្សធ្វើជារឿយៗ ឬនិស្ស័យពុករលួយដែលមនុស្សបើកសម្ដែងជាញឹកញាប់នោះឱ្យបានល្អិតល្អន់ឡើយ។ ពួកគេពុំបានដោះស្រាយបញ្ហាជាក់ស្ដែងណាមួយទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេតែងតែបណ្តោយតាមការអនុវត្តមិនត្រឹមត្រូវ និងការបើកសម្ដែងសេចក្ដីពុករលួយរបស់មនុស្ស ហើយមិនថាមនុស្សនោះអវិជ្ជមាន ឬទន់ខ្សោយប៉ុនណាទេ ពួកគេមិនព្រមយកចិត្តទុកដាក់លើបញ្ហានេះឡើយ។ ពួកគេចេះតែអធិប្បាយពាក្យពេចន៍និងគោលលទ្ធិមួយចំនួន និងនិយាយពាក្យដាស់តឿនពីរបីម៉ាត់ប៉ុណ្ណោះ ដើម្បីដោះស្រាយស្ថានការណ៍ឱ្យតែបានៗ ដោយព្យាយាមរក្សាឱ្យបាននូវការចុះសម្រុងគ្នា។ ហេតុនេះហើយទើបរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ពុំដឹងថាត្រូវឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងដោយរបៀបណា ពុំមានដំណោះស្រាយទាល់តែសោះចំពោះនិស្ស័យពុករលួយដែលពួកគេបង្ហាញចេញ ហើយពួកគេរស់នៅតាមពាក្យពេចន៍ និងគោលលទ្ធិ សញ្ញាណ និងការស្រមើស្រមៃ ដោយគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ពួកគេថែមទាំងជឿនៅក្នុងចិត្តទៀតថា៖ «អ្នកដឹកនាំរបស់យើងមានការយល់ដឹងអំពីភាពទន់ខ្សោយរបស់យើង ច្រើនជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងតូចទាបខ្លាំងណាស់ ដើម្បីរស់នៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ យើងគ្រាន់តែបំពេញតាមសេចក្ដីតម្រូវរបស់អ្នកដឹកនាំ គ្រាន់តែចុះចូលនឹងអ្នកដឹកនាំយើង នោះយើងកំពុងចុះចូលនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើនៅថ្ងៃណាមួយខាងលើដកអ្នកដឹកនាំរបស់យើងចេញពីតំណែង យើងនឹងបញ្ចេញយោបល់របស់យើង ហើយដើម្បីរក្សាអ្នកដឹកនាំរបស់យើង និងការពារពួកគេពីការដកចេញពីតំណែង យើងនឹងចរចាជាមួយខាងលើ និងបង្ខំពួកគេឱ្យយល់ស្របតាមការទាមទាររបស់យើង។ នេះជារបៀបដែលយើងនឹងធ្វើការត្រឹមត្រូវសម្រាប់អ្នកដឹកនាំយើង»។ កាលណាមនុស្សមានគំនិតបែបនេះនៅក្នុងចិត្តពួកគេ កាលណាពួកគេបង្កើតទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំពួកគេ ហើយកាលណាពួកគេមានប្រភេទនៃការពឹងអាង ការកោតសរសើរ និងការថ្វាយបង្គំបែបនេះនៅក្នុងចិត្តចំពោះអ្នកដឹកនាំពួកគេ នោះពួកគេមានសេចក្ដីជំនឿកាន់តែខ្លាំងឡើងចំពោះអ្នកដឹកនាំរបស់ខ្លួន ហើយតែងតែចង់ស្ដាប់ពាក្យសម្ដីរបស់អ្នកដឹកនាំ ជំនួសឲ្យការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំបែបនេះស្ទើរតែយកតំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តមនុស្សទៅហើយ។ ប្រសិនបើអ្នកដឹកនាំសុខចិត្តរក្សាទំនាក់ទំនងបែបនេះជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប្រសិនបើនៅក្នុងចិត្តពួកគេទទួលបានអារម្មណ៍សប្បាយរីករាយចេញពីរឿងនេះ ហើយជឿថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គប្បីប្រព្រឹត្តមកលើពួកគេបែបនេះ ដូច្នេះ រវាងអ្នកដឹកនាំបែបនេះ និងប៉ុល គ្មានអ្វីខុសគ្នានោះទេ ពួកគេបានបោះជំហានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទនេះបំភាន់រួចជាស្រេចទៅហើយ ព្រមទាំងខ្វះនូវការវិនិច្ឆ័យទាំងស្រុងតែម្ដង។ តាមពិតទៅ អ្នកដឹកនាំនោះគ្មានតថភាពនៃសេចក្ដីពិតទេ ហើយពួកគេក៏គ្មានបន្ទុកទាល់តែសោះចំពោះការចូលទៅក្នុងជិវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ ពួកគេចេះត្រឹមតែអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ហើយនិងថែរក្សាទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃប៉ុណ្ណោះ។ ពួកគេពូកែសម្ញែងខ្លួនដោយប្រើវិធីសាស្រ្តពុតត្បុត សម្ដីនិងទង្វើរបស់ពួកគេស្របតាមសញ្ញាណរបស់មនុស្ស ដូច្នេះហើយ ទើបពួកគេបំភាន់មនុស្ស។ ពួកគេមិនចេះប្រកបគ្នាពីសេចក្ដីពិត ឬមិនស្គាល់ខ្លួនឯង ហើយចំណុចនេះធ្វើឱ្យពួកគេមិនអាចដឹកនាំអ្នកដទៃឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឡើយ។ ពួកគេធ្វើការដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ហើយពួកគេនិយាយតែពាក្យពីរោះៗដើម្បីទាក់មនុស្សឱ្យជាប់អន្ទាក់ ដែលជាហេតុធ្វើឱ្យមនុស្សថ្វាយបង្គំ និងលើកតម្កើងពួកគេ ហើយការណ៍នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងពន្យារដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជិវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើមនុស្សបែបនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? មនុស្សមួយចំនួនប្រព្រឹត្តដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ ប៉ុន្តែនៅពេលដែលពួកគេឃើញបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់ត្រូវបានលាតត្រដាង ពួកគេអាចយកខ្លួនឯងទៅប្រៀបធៀបនឹងបុគ្គលទទឹងនឹងព្រះគ្រីស្ទនោះបាន។ ពួកគេមានអារម្មណ៍ថា ផ្លូវដែលពួកគេកំពុងដើរ ក៏ជាផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ ថាពួកគេគួរតែទប់ខ្លួនពីមាត់ជ្រោះនៃគ្រោះមហន្តរាយ ហើយប្រែចិត្តចំពោះព្រះជាម្ចាស់ជាបន្ទាន់ ហើយឈប់ផ្ដោតលើឋានៈ និងរូបភាពផ្ទាល់ខ្លួនរបស់ពួកគេទៀត ពួកគេគិតថា ពួកគេគួរតែលើកតម្កើង និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ក្នុងគ្រប់របស់សព្វសារពើ ហើយធ្វើឱ្យមនុស្សមានកន្លែងមួយសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ និងគោរពទ្រង់ជាធំឧត្តម។ ពួកគេមានអារម្មណ៍ថា ទាល់តែធ្វើបែបនោះ ទើបពួកគេស្គាល់សេចក្ដីសុខសាន្តពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេ។ មានតែមនុស្សដែលធ្វើបែបនេះទេ ទើបជាអ្នកដែលស្រឡាញ់ និងអាចទទួលយកសេចក្ដីពិតបាន។ ប្រសិនបើមនុស្សម្នាក់មានធម្មជាតិជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ពួកគេក៏នឹងមានអារម្មណ៍មិនស្រួលក្នុងចិត្តដែរ នៅពេលដែលពួកគេឮព្រះបន្ទូលដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេនឹងមិនអាចទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬបើកចំហ និងលាតត្រដាងនិស្ស័យពុករលួយរបស់ពួកគេបានឡើយ។ នេះបង្ហាញថា ពួកគេមិនអាចទទួលយកសេចក្ដីពិតបានទេ ហើយការប្រែចិត្តពិតប្រាកដ គឺមិនអាចទៅរួចឡើយសម្រាប់ពួកគេ។ ពួកគេនឹងបន្តប្រកាន់ខ្ជាប់ក្នុងការអះអាងពីឋានៈរបស់ពួកគេ សោយសុខនឹងផលប្រយោជន៍នៃឋានៈ និងរីករាយនឹងការដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ថ្វាយបង្គំ និងគោរពពួកគេ។ នេះបណ្ដាលឱ្យអ្នកដែលត្រូវបានពួកគេបំភាន់ ងាកចេញពីផ្លូវពិត និងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេវង្វេងចេញពីផ្លូវពិត និងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគេចចេញពីព្រះជាម្ចាស់ ហើយបែរជាដើរតាមបុគ្គលនោះទៅវិញ។ ប៉ុន្តែ បុគ្គលនោះមិនឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ។ ដោយមិនដឹងខ្លួនថា ពួកគេបានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់រួចទៅហើយ ពួកគេនៅតែគិតថាខ្លួនឯងល្អណាស់ ហើយបន្តបំភាន់អ្នកដទៃ និងយកឈ្នះចិត្តពួកគេ។ ដរាបណាមនុស្សស្ដាប់តាមអ្វីដែលពួកគេនិយាយ និងស្ដាប់បង្គាប់ពួកគេ នោះមិនថាមនុស្សទាំងនោះធ្វើឱ្យតែរួចពីដៃ ឬមិនទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ពួកគេនឹងធ្វើជាមើលមិនឃើញដែរ។ លើសពីនេះទៅទៀត ពួកគេនឹងត្រេកអរក្នុងការសោយសុខនឹងការដែលមនុស្សល្ងង់ខ្លៅ និងល្ងីល្ងើទាំងនោះថ្វាយបង្គំ និងគោរពពួកគេ ហើយថែមទាំងផ្ដល់ការការពារដល់ពួកគេ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់លាតត្រដាង ឬញែកដឹងពីពួកគេឡើយ។ ក្នុងការធ្វើបែបនេះ តើអ្នកទទឹងនឹងព្រះគ្រីស្ទមិនមែនកំពុងបង្កើតនគរឯករាជ្យសម្រាប់ខ្លួនឯងទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទ ពុំធ្វើកិច្ចការជាក់ស្ដែងឡើយ ពួកគេពុំប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ពួកគេពុំណែនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពសេចក្ដីពិតឡើយ។ ពួកគេធ្វើការ ដើម្បីតែឋានៈបុណ្យស័ក្តិ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ប៉ុណ្ណោះ ពួកគេខ្វល់តែអំពីការតាំងខ្លួនឯងឡើង ការការពារតំណែងរបស់ខ្លួននៅក្នុងចិត្តមនុស្ស និងធ្វើឱ្យមនុស្សគ្រប់គ្នាថ្វាយបង្គំពួកគេ លើកសរសើរពួកគេ និងធ្វើតាមពួកគេគ្រប់ពេលប៉ុណ្ណោះ។ ទាំងនេះគឺជាគោលបំណងដែលពួកគេចង់សម្រេចបាន។ នេះហើយគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមធ្វើ ដើម្បីយកឈ្នះចិត្តមនុស្ស និងគ្រប់គ្រងលើរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់។ តើវិធីធ្វើការបែបនេះ មិនទុច្ចរិតទេឬអី? វាជារឿងដែលគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់! ពួកគេធ្វើការបែបនេះមួយរយៈ ដោយធ្វើឱ្យមនុស្សមានចិត្តល្អចំពោះពួកគេ ទុកចិត្តពួកគេ ពឹងផ្អែកលើពួកគេ ប៉ុន្តែតើមានផលវិបាកអ្វីខ្លះ? មនុស្សទាំងនោះមិនត្រឹមតែមិនអាចយល់ពីសេចក្ដីពិតប៉ុណ្ណោះទេ ពួកគេមិនត្រឹមតែបរាជ័យក្នុងការរីកចម្រើនទាល់តែសោះនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេចាត់ទុកបុគ្គលទទឹងនឹងព្រះគ្រីស្ទជាឪពុកម្ដាយខាងវិញ្ញាណរបស់ពួកគេ ជាអ្នកជំនួសព្រះជាម្ចាស់ ដោយអនុញ្ញាតឱ្យបុគ្គលទទឹងនឹងព្រះគ្រីស្ទជំនួសឋានៈរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលនរណាម្នាក់មានបញ្ហា ពួកគេលែងមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ទៀតហើយ ហើយមិនថាពួកគេជួបប្រទះបញ្ហាអ្វីក៏ដោយ ពួកគេមិនអធិស្ឋានដល់ព្រះជាម្ចាស់ ឬពឹងផ្អែកលើទ្រង់ឡើយ ហើយពួកគេក៏មិនស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេទៅសួរអ្នកដឹកនាំនេះអំពីរឿងនោះ។ ពួកគេសុំឱ្យអ្នកដឹកនាំបង្ហាញផ្លូវដល់ពួកគេ ហើយពួកគេកាន់តែរំពឹងលើអ្នកដឹកនាំនេះ និងពឹងផ្អែកលើពួកគេកាន់តែខ្លាំងឡើងៗ។ ពួកគេមិនដឹងពីរបៀបស្វែងរកព្រះជាម្ចាស់ទេ ហើយពួកគេមិនដឹងពីរបៀបសម្លឹងមើលទ្រង់ និងពឹងផ្អែកលើទ្រង់ឡើយ កុំថាឡើយដឹងពីរបៀបធ្វើសកម្មភាពស្របតាមសេចក្ដីពិត និងគោលការណ៍នោះ។ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេទេ ពួកគេរង់ចាំស្ដាប់បញ្ជាដោយយកចិត្តទុកដាក់ឱ្យអ្នកដឹកនាំសម្រេចចិត្តអំពីរឿងនោះ។ ពួកគេធ្វើអ្វីក៏ដោយដែលអ្នកដឹកនាំប្រាប់ពួកគេថាពួកគេគួរធ្វើ ហើយពួកគេធ្វើតាមរាល់ការណែនាំរបស់អ្នកដឹកនាំ។ តាមរយៈការនាំមនុស្សមកដល់ចំណុចនេះ តើបុគ្គលទទឹងនឹងព្រះគ្រីស្ទមិនមែនកំពុងបំភាន់ និងត្រួតត្រាពួកគេទេឬអី? ហេតុអ្វីបានជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនស្វែងរកសេចក្ដីពិតពីព្រះជាម្ចាស់ នៅពេលមានរឿងកើតឡើងចំពោះពួកគេ? ហេតុអ្វីបានជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស្ដាប់បង្គាប់យ៉ាងងងឹតងងល់នូវអ្វីដែលអ្នកដឹកនាំរបស់ពួកគេនិយាយ ដោយមិនយកពាក្យសម្ដីរបស់ពួកគេទៅពិនិត្យ ឬអនុវត្តការញែកដឹង? ហេតុអ្វីបានជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចចុះចូលនឹងពាក្យសម្ដីរបស់អ្នកដឹកនាំរបស់ពួកគេភ្លាមៗបន្ទាប់ពីបានឮ ប៉ុន្តែមិនអាចធ្វើបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? ពួកគេកំពុងស្វែងរកបំណងប្រាថ្នារបស់អ្នកដឹកនាំរបស់ពួកគេ ជំនួសឱ្យការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពួកគេកំពុងស្ដាប់ពាក្យសម្ដីរបស់អ្នកដឹកនាំរបស់ពួកគេ ជំនួសឱ្យការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជំនួសឱ្យការស្វែងរក និងចុះចូលនឹងសេចក្ដីពិត។ ពួកគេពឹងផ្អែកលើអ្នកដឹកនាំរបស់ពួកគេដើម្បីធ្វើសកម្មភាព ក៏ដូចជាដើម្បីគាំទ្រពួកគេ និយាយជំនួសពួកគេ និងធ្វើការសម្រេចចិត្តសម្រាប់ពួកគេ ជំនួសឱ្យការពឹងផ្អែកលើព្រះជាម្ចាស់ សម្លឹងមើលទ្រង់ និងចុះចូលនឹងទ្រង់។ តើអ្នកដែលហៅថាអ្នកដឹកនាំទាំងនេះ មិនបានកាន់កាប់ទីតាំងជាក់លាក់ណាមួយនៅក្នុងចិត្តមនុស្សទេឬអី? នេះគឺជាផលវិបាកនៃការដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទដែលបំភាន់មនុស្ស និងដាក់អន្ទាក់ពួកគេ។

នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះមនុស្សមួយចំនួន ហើយអ្នកប្រាប់ពួកគេឱ្យអធិស្ឋានដល់ព្រះជាម្ចាស់ ពួកគេនិយាយថា ពួកគេមានកម្ពស់ទាបពេក ហើយមិនដឹងពីរបៀបស្វែងរកឡើយ។ ប្រសិនបើអ្នកប្រាប់ពួកគេឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនិយាយថា ពួកគេគ្មានគុណសម្បត្តិទេ ហើយមិនអាចទទួលបានពន្លឺដ៏អស្ចារ្យឡើយ។ ប្រសិនបើអ្នកប្រាប់ពួកគេឱ្យស្ដាប់សេចក្ដីអធិប្បាយ ពួកគេនិយាយថា ខ្លឹមសារនៃសេចក្ដីអធិប្បាយគឺខ្ពង់ខ្ពស់ និងជ្រាលជ្រៅពេកសម្រាប់ពួកគេ គឺថាវាហួសពីសមត្ថភាពរបស់ពួកគេ។ ពួកគេជឿថា ប្រសិនបើមនុស្សម្នាក់មានគុណសម្បត្តិអន់ ហើយមានភាពទន់ខ្សោយ ហើយពួកគេមិនគ្រប់គ្រាន់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នោះពួកគេចាំបាច់ត្រូវស្វែងរកអ្នកដឹកនាំ។ ឧបមាថាអ្នកសួរពួកគេថា «ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវស្វែងរកអ្នកដឹកនាំ? ហេតុអ្វីបានជាអ្នកមិនស្វែងរកព្រះជាម្ចាស់ ហើយមកចំពោះទ្រង់?» ពួកគេនិយាយថា «វាលំបាកណាស់សម្រាប់មនុស្សក្នុងការមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់៖ យើងមានសញ្ញាណ គុណសម្បត្តិរបស់យើងអន់ ហើយយើងយឺតយ៉ាវ និងស្ពឹកស្រពន់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនតែងតែត្រង់ៗនោះទេ ហើយមិនមានឧទាហរណ៍ណាមួយនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីបង្ហាញពីអត្ថន័យរបស់វាឡើយ។ អ្នកដឹកនាំរបស់យើងគ្រាន់តែប្រាប់យើងត្រង់ៗពីអ្វីដែលត្រូវធ្វើ តាមរបៀបដែលត្រង់ៗមែនទែន ដូចជាមួយបូកមួយស្មើពីរអ៊ីចឹង។ នៅពេលនិយាយដល់ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើខ្ញុំអាចអានវាឮៗបាន នោះគឺល្អណាស់ទៅហើយ ប៉ុន្តែខ្ញុំមិនដឹងទាល់តែសោះថាវាមានន័យយ៉ាងណា ហើយខ្ញុំមិនដឹងថាព្រះជាម្ចាស់តម្រូវអ្វីពីមនុស្ស ឬត្រូវអនុវត្តយ៉ាងដូចម្ដេចឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនដែលរកឃើញចម្លើយទេ។ ដោយសារតែខ្ញុំជាមនុស្សដែលមានគុណសម្បត្តិអន់ ជាអ្នកដែលមានកម្ពស់ទាបខ្លាំង ដែលស្ពឹកស្រពន់ និងល្ងង់ខ្លៅ ដែលមិនអាចមើលធ្លុះរឿងអ្វីសោះ ខ្ញុំត្រូវតែសួរអ្នកដឹកនាំរបស់យើងអំពីរឿងគ្រប់យ៉ាងដែលកើតឡើង ហើយឱ្យពួកគេជាអ្នកមានសិទ្ធិសម្រេច។ អ្នកដឹកនាំរបស់យើងអាចរកចម្លើយឱ្យខ្ញុំបាន ខ្ញុំគ្រាន់តែធ្វើអ្វីក៏ដោយដែលពួកគេប្រាប់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែជាមនុស្សប្រភេទនោះឯង គឺសាមញ្ញ និងចេះស្ដាប់បង្គាប់»។ «ការធ្វើជាមនុស្សសាមញ្ញ និងចេះស្ដាប់បង្គាប់ គឺមិនមានអ្វីខុសនោះទេ ប៉ុន្តែតើអ្នកដឹកនាំរបស់អ្នករាល់គ្នាពិតជាមានតថភាពនៃសេចក្ដីពិតមែនឬ? តើពួកគេពិតជាអ្នកដែលចុះចូលនឹងព្រះជាម្ចាស់មែនឬ? ប្រសិនបើអ្វីដែលពួកគេអាចធ្វើបានគឺគ្រាន់តែផ្សាយពាក្យពេចន៍ និងគោលលទ្ធិ ហើយពួកគេមិនមែនជាអ្នកដែលចុះចូលនឹងព្រះជាម្ចាស់ទេ នោះតើការដែលអ្នកចុះចូលនឹងពួកគេ មានន័យថាអ្នកកំពុងចុះចូលនឹងព្រះជាម្ចាស់ដែរឬ?» ពួកគេនិយាយថា «អ្នកដឹកនាំរបស់យើងមានគុណសម្បត្តិខ្ពស់ ហើយអ្វីគ្រប់យ៉ាងដែលពួកគេនិយាយគឺត្រឹមត្រូវ។ នោះបញ្ជាក់ថា ពួកគេយល់ពីសេចក្ដីពិត និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ មានហេតុផលសមស្របបន្តិចបន្តួចនៅក្នុងអ្វីដែលពួកគេកំពុងនិយាយ តើមែនទេ? វាសុទ្ធតែផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ គុណសម្បត្តិរបស់ពួកគេអន់ ហើយពួកគេខ្វះការញែកដឹង ដូច្នេះប្រសិនបើពិតជាមានអ្វីខុសឆ្គងជាមួយអ្នកដឹកនាំរបស់ពួកគេមែន ពួកគេនឹងមិនអាចមើលឃើញឡើយ។ មនុស្សភាគច្រើនល្ងង់ខ្លៅ ល្ងីល្ងើ និងមានគុណសម្បត្តិអន់ ប៉ុន្តែសូមទុកហេតុផលនោះមួយឡែកសិន។ បើមើលក្នុងន័យរបស់អ្នកដឹកនាំ ប្រសិនបើមនុស្សបង្ហាញការសម្ដែងចេញទាំងនេះ មានការពឹងផ្អែកបែបនេះលើអ្នកដឹកនាំរបស់ពួកគេ ហើយមានទស្សនៈ និងអាកប្បកិរិយាបែបនេះចំពោះពួកគេ តើវាមិនមានទំនាក់ទំនងខ្លះទៅនឹងយុទ្ធសាស្ត្រ និងវិធីសាស្ត្ររបស់អ្នកដឹកនាំក្នុងការយកឈ្នះចិត្តមនុស្សទេឬអី? (មាន)។ តើមានទំនាក់ទំនងធំប៉ុនណា? តើវាទាក់ទងដោយផ្ទាល់ទៅនឹងរបៀបធ្វើការរបស់អ្នកដឹកនាំដែរឬទេ? យើងអាចនិយាយដោយភាពជឿជាក់ថា មានទំនាក់ទំនងផ្ទាល់ និងដាច់ខាត ថារឿងទាំងនេះមានទំនាក់ទំនងគ្នាមួយរយភាគរយ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? មានអ្នកដឹកនាំជាច្រើន ដែលបើនិយាយពីឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ គឺចង់នាំមនុស្សមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ប៉ុន្តែដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ឬមិនដឹងពីរបៀបដោះស្រាយបញ្ហាជាក់ស្ដែងផ្សេងៗ អាចត្រឹមតែចាត់ការកិច្ចការរដ្ឋបាល និងកិច្ចការទូទៅមួយចំនួន ហើយសម្ដែងធ្វើជាល្អដើម្បីឱ្យមនុស្សគោរពពួកគេ ពួកគេក៏បានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួន។ ពួកគេប្រើវិធីសាស្ត្រ និងមធ្យោបាយផ្ទាល់ខ្លួន ដើម្បីបន្តព្យាយាមយកឈ្នះចិត្តមនុស្ស និងគ្រប់គ្រងចិត្ត អាកប្បកិរិយា និងគំនិតរបស់ពួកគេ ដើម្បីឱ្យមនុស្សតែងតែធ្វើតាមអ្វីដែលពួកគេនិយាយនៅក្នុងសកម្មភាពរបស់ពួកគេ ក្នុងការអនុវត្តសេចក្ដីពិតរបស់ពួកគេ និងនៅក្នុងគ្រប់ទិដ្ឋភាពនៃការបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើមនុស្សចុះចូលនឹងបុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយមិនចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ ប្រសិនបើពួកគេចុះចូលនឹងបុគ្គលទទឹងនឹងព្រះគ្រីស្ទខ្លាំងជាងព្រះជាម្ចាស់ឆ្ងាយ ហើយការបំពេញភារកិច្ចរបស់ពួកគេមិនទទួលបានលទ្ធផលអ្វីសោះ ហើយពួកគេមិនបំពេញភារកិច្ចរបស់មនុស្សឱ្យបានល្អទេ នោះតើមនុស្សបែបនេះគឺជាអ្នកដែលនឹងទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? មនុស្សមានផ្លូវនៃការអនុវត្តដ៏ «ត្រឹមត្រូវ» សម្រាប់ការស្ដាប់បង្គាប់ និងការមានភាពស្មោះត្រង់ចំពោះពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ប៉ុន្តែពួកគេមិនទាំងអនុវត្តបានត្រឹមត្រូវផង នៅពេលនិយាយដល់ការចុះចូលនឹងព្រះជាម្ចាស់ និងការមានភាពស្មោះត្រង់ចំពោះទ្រង់ គឺគ្មាននរណាម្នាក់ប្រកបគ្នាអំពីរឿងនេះទេ ហើយគ្មាននរណាម្នាក់បំពេញកិច្ចការជាក់ស្ដែងក្នុងទិដ្ឋភាពនេះឡើយ។ មនុស្សគ្រប់គ្នាចូលចិត្តនិយាយ និងធ្វើសកម្មភាពដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេប្រើខួរក្បាលគិតយ៉ាងខ្លាំង និងភ្លេចហូប ឬភ្លេចដេក ធ្វើការដើម្បីធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស្ដាប់បង្គាប់ និងថ្វាយបង្គំពួកគេ។ ជាក់ស្ដែង ពួកគេធ្វើរឿងទាំងអស់នេះដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការក្ដោបក្ដាប់អំណាចនៅក្នុងពួកជំនុំក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ តើអ្វីជាមូលហេតុនៃរឿងនេះ? គឺថាមនុស្សជាតិដែលពុករលួយទាំងអស់ មាននិស្ស័យដូចគ្នា និងចំណូលចិត្តដូចគ្នា។ នៅពេលដែលនរណាម្នាក់ចង្អុលបង្ហាញផ្លូវសម្រាប់អ្នក ហើយអ្នកស្ម័គ្រចិត្តអនុវត្តវាយ៉ាងខ្លាំង នោះមិនមានន័យថាអ្នកកំពុងអនុវត្តសេចក្ដីពិតឡើយ វាមានន័យថាអ្នកកំពុងធ្វើតាមអ្វីដែលបុគ្គលនោះនិយាយ និងស្ដាប់បង្គាប់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមិនព្រមមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ឬស្វែងរកទ្រង់? ពីព្រោះគ្មានអ្វីដែលស្របតាមសេចក្ដីពិតនៅក្នុងភាពជាមនុស្សរបស់មនុស្សឡើយ។ អ្វីដែលមនុស្សចូលចិត្ត អ្វីដែលពួកគេប្រាថ្នាចង់បាន និងអ្វីដែលពួកគេរក្សាទុកក្នុងចិត្តរបស់ពួកគេ សុទ្ធតែផ្ទុយពីសេចក្ដីពិត គឺផ្ទុយស្រឡះពីវា។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកសុំឱ្យនរណាម្នាក់ស្វែងរកសេចក្ដីពិតនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេនឹងយល់ថាវាពិបាកជាងការឡើងទៅឋានព្រះចន្ទទៅទៀត ប៉ុន្តែប្រសិនបើអ្នកសុំឱ្យពួកគេស្ដាប់តាមមនុស្សម្នាក់ ពួកគេនឹងយល់ថាវាងាយស្រួលជាងឆ្ងាយណាស់។ វាច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទសម្រេចបានលទ្ធផលយ៉ាងឆាប់រហ័ស នៅពេលដែលពួកគេប្រើបច្ចេកទេសនៃការយកឈ្នះចិត្តមនុស្សដើម្បីត្រួតត្រាមនុស្ស។ ដោយគ្រាន់តែនិយាយមួយម៉ាត់លេងៗ ពួកគេអាចធ្វើឱ្យនរណាម្នាក់មានមតិល្អចំពោះពួកគេ ដោយគ្រាន់តែនិយាយមួយម៉ាត់លេងៗដែលបង្កប់នូវចេតនា ឬទស្សនៈណាមួយ ពួកគេអាចធ្វើឱ្យនរណាម្នាក់មើលមកពួកគេក្នុងផ្លូវមួយផ្សេងទៀត។ នេះបង្ហាញយ៉ាងច្បាស់ពីអ្វីដែលមាននៅខាងក្នុងមនុស្ស។ នេះមានន័យថា ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ហើយបែរជាដើរលើផ្លូវនៃការដេញតាមឋានៈ និងអំណាចវិញ នោះឥទ្ធិពល និងផលវិបាកពីអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងមានលើសមាជិកណាម្នាក់នៃមនុស្សជាតិដែលពុករលួយ គឺធ្វើឱ្យពួកគេងាកចេញពីផ្លូវពិត ងាកចេញពីសេចក្ដីពិត ងាកចេញពីព្រះជាម្ចាស់ និងបដិសេធព្រះជាម្ចាស់។ នោះគឺជាផលវិបាកតែមួយគត់ ជាលទ្ធផលតែមួយគត់។ រឿងនេះគឺច្បាស់ក្រឡែត។

ការស្ដែងចេញទីមួយនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមយកឈ្នះចិត្តមនុស្ស គឺការអូសទាញមនុស្សដោយការផ្ដល់ផលប្រយោជន៍បន្ដិចបន្ដួច។ ផលប្រយោជន៍បន្ដិចបន្ដួច មិនចាំបាច់ជារបស់របរប្រើប្រាស់នោះទេ វាអាចមានច្រើនយ៉ាង។ ជួនកាល វាជាពាក្យសម្ដីដែលគិតគូរដល់អ្នកដទៃ។ ជួនកាល វាជាការបំពេញបំណងប្រាថ្នា ឬចំណូលចិត្តរបស់នរណាម្នាក់ ហើយជួនកាល វាជាការស្ទាបស្ទង់គំនិតរបស់នរណាម្នាក់ ហើយនិយាយរឿងពីរោះៗដែលបុគ្គលនោះចង់ស្ដាប់ ដើម្បីធ្វើឱ្យបុគ្គលនោះគិតថាអ្នកដឹកនាំរបស់ពួកគេល្អណាស់ និងយល់ពីពួកគេណាស់។ និយាយម្យ៉ាងទៀត ពួកទទឹងនឹងព្រះគ្រីស្ទផ្ដល់ការអត់ឱន សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងអ្វីដែលហៅថាការគិតគូរយ៉ាងច្រើន ដើម្បីលាក់បាំងមហិច្ឆតាសម្ងាត់របស់ពួកគេក្នុងការត្រួតត្រាមនុស្ស។ ឧទាហរណ៍ ប្រសិនបើបងប្អូនប្រុសស្រីបានបរិច្ចាគរបស់ល្អៗមួយចំនួន ពួកគេអាចនឹងចែករំលែករបស់ទាំងនោះបន្តិចបន្តួចជាមួយអ្នកណាដែលពួកគេមានទំនាក់ទំនងល្អជាមួយ។ ពួកគេប្រើផលប្រយោជន៍បន្ដិចបន្ដួចទាំងនេះដើម្បីយកឈ្នះចិត្តមនុស្ស និងទិញចិត្តពួកគេ។ ប្រសិនបើមានការងារដែលមិនទាមទារកម្លាំងច្រើននៅក្នុងពួកជំនុំ ដែលមិនពាក់ព័ន្ធនឹងការហាលក្ដៅហាលភ្លៀង និងអាចធ្វើឱ្យនរណាម្នាក់លេចមុខលេចមាត់ ពួកគេនឹងឱ្យអ្នកណាដែលពួកគេមានទំនាក់ទំនងល្អជាមួយទៅធ្វើវា។ ហេតុអ្វីបានជាពួកគេអាចធ្វើបែបនេះបាន? មួយផ្នែកគឺដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិតពីធម្មជាតិ ហើយប្រព្រឹត្តដោយគ្មានគោលការណ៍។ មួយផ្នែកទៀតគឺថា ពួកគេទុកភារកិច្ចដ៏ល្អនេះសម្រាប់អ្នកដែលពួកគេមានទំនាក់ទំនងល្អជាមួយ ហើយបន្ទាប់មកនិយាយរឿងពីរោះៗមួយចំនួនទៅកាន់ពួកគេ ដើម្បីឱ្យមនុស្សទាំងនោះមានអារម្មណ៍ដឹងគុណចំពោះពួកគេ។ ក្នុងការធ្វើបែបនេះ ពួកគេសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការយកឈ្នះចិត្តមនុស្សទាំងនេះ។ យុទ្ធសាស្ត្រនេះមិនមែនគ្រាន់តែជាការផ្ដល់របស់តូចតាច និងការនិយាយពាក្យផ្អែមល្ហែមនៅទីនេះ ឬទីនោះប៉ុណ្ណោះទេ គឺមានចេតនានៅក្នុងនោះ មានគោលដៅ។ ហើយតើគោលដៅនោះគឺជាអ្វី? វាមានគោលបំណងបន្សល់ទុកឱ្យមនុស្សនូវការវាយតម្លៃដ៏ល្អចំពោះពួកគេនៅក្នុងចិត្តរបស់ខ្លួន។ ប្រសិនបើមានមនុស្សមួយក្រុមដែលមានគ្នាដប់នាក់ ពួកគេនឹងចាប់ផ្ដើមដោយការវាយតម្លៃពួកគេថា៖ «ក្នុងចំណោមមនុស្សដប់នាក់នេះ មានពីរនាក់ដែលពូកែផ្គាប់ចិត្តមនុស្ស។ ខ្ញុំមិនចាំបាច់ខ្វល់ខ្វាយជាមួយពួកគេទេ ពួកគេនឹងផ្គាប់ចិត្តខ្ញុំដោយខ្លួនឯង។ បន្ទាប់មក មានមនុស្សវង្វេងវង្វាន់ពីរនាក់ ពួកគេនឹងធ្វើតាមអ្វីដែលខ្ញុំនិយាយ ប្រសិនបើខ្ញុំផ្ដល់អត្ថប្រយោជន៍បន្តិចបន្តួចដល់ពួកគេ។ ពីរនាក់ទៀតគឺជាមនុស្សដែលមានគុណសម្បត្តិខ្លះៗ ដរាបណាខ្ញុំផ្សាយពីគោលលទ្ធិដ៏ខ្ពង់ខ្ពស់មួយចំនួន និងនិយាយពាក្យសម្ដីដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនទៅកាន់ពួកគេ ពួកគេនឹងចុះញ៉មនឹងខ្ញុំ។ បន្ទាប់មក មានបីនាក់ដែលហាក់ដូចជាដេញតាមសេចក្ដីពិត ដោយពួកគេរាងពិបាកដោះស្រាយបន្តិច។ ខ្ញុំនឹងត្រូវស្វែងយល់ឱ្យច្បាស់ពីស្ថានភាពជាក់ស្ដែងរបស់ពួកគេ មើលថាតើពួកគេត្រូវការអ្វី ហើយបន្ទាប់មកបំពេញចិត្តពួកគេ។ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកគេមិនទទួលយករឿងនេះ ហើយមិនស្ដាប់បង្គាប់ខ្ញុំទេ ទីបំផុតខ្ញុំនឹងចាត់ការពួកគេ ហើយបោសសម្អាតពួកគេចេញ។ ទោះបីជាអ្នកចុងក្រោយប្រឆាំងនឹងខ្ញុំក៏ដោយ ក៏ពួកគេអាចបង្កបញ្ហាឱ្យខ្ញុំបានត្រឹមតែប៉ុណ្ណឹងឯង ហើយពួកគេនឹងងាយស្រួលក្នុងការដោះស្រាយ»។ ដោយគ្រាន់តែក្រឡេកមើលមួយភ្លែត ពួកគេអាចកំណត់បានថាតើនរណានៅក្នុងក្រុមដែលពួកគេអាចចាត់ការបាន និងនរណាដែលពួកគេមិនអាចចាត់ការបាន។ តើពួកគេអាចដឹងរឿងនេះយ៉ាងលឿនបែបនេះដោយរបៀបណា? ពួកគេអាចធ្វើបែបនេះបាន ពីព្រោះចិត្តរបស់ពួកគេពោរពេញទៅដោយល្បិចនយោបាយ និងទស្សនវិជ្ជារបស់សាតាំង។ គោលការណ៍នៃឥរិយាបថរបស់ពួកគេ និងរបៀបនៃការប្រព្រឹត្តខ្លួន និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មិនមែនជាការចុះសម្រុងជាមួយមនុស្សដោយចុះសម្រុងគ្នា ឬការមានទំនាក់ទំនងអន្តរបុគ្គលធម្មតានោះទេ វាមិនមែនជាការជួយ ឬការផ្គត់ផ្គង់ដល់អ្នកដទៃ ឬការស្អាងពួកគេឡើង ឬការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយស្មើភាពគ្នា ឬការប្រើប្រាស់គោលការណ៍សេចក្ដីពិតដើម្បីចាត់ការបញ្ហា និងដោះស្រាយជាមួយមនុស្សផ្សេងទៀតឡើយ។ ពួកគេពិតជាមិនមានគោលការណ៍ទាំងនេះសូម្បីតែបន្តិច។ តើគោលការណ៍របស់ពួកគេគឺជាអ្វី? «តើមនុស្សម្នាក់ៗចាត់ទុកខ្ញុំយ៉ាងដូចម្ដេចនៅក្នុងចិត្តរបស់ពួកគេ? ខ្ញុំមិនចាំបាច់ខ្វល់ខ្វាយជាមួយអ្នកដែលឱ្យតម្លៃខ្ញុំខ្ពស់ ដែលមានខ្ញុំនៅក្នុងចិត្តរបស់ពួកគេ ហើយដែលខ្លាចខ្ញុំ គោរពខ្ញុំ និងកោតខ្លាចខ្ញុំឡើយ។ ខ្ញុំគួរតែធ្វើបែបនេះ ឬបែបនោះជាបន្តជាមួយអ្នកដែលមិនកោតខ្លាចខ្ញុំ ហើយខ្ញុំគួរតែធ្វើបែបនេះ ឬបែបនោះចំពោះអ្នកដែលកោតខ្លាចខ្ញុំ ប៉ុន្តែមិនទាន់ចុះញ៉មនឹងខ្ញុំទាំងស្រុងនៅឡើយ។ ហើយចំពោះអ្នកដែលជាទូទៅមិនសូវយកចិត្តទុកដាក់ចំពោះអ្នកដទៃ ខ្ញុំគួរតែធ្វើបែបនេះ ឬបែបនោះចំពោះពួកគេ»។ ពួកគេមាននីតិវិធីមួយជំហានម្ដងៗដើម្បីត្រួតត្រាមនុស្ស។ ហេតុអ្វីបានជាពួកគេបង្កើតជំហាន និងគំនិតទាំងនេះឡើង? ពីព្រោះបំណងប្រាថ្នាចង់បានអំណាចនៅក្នុងចិត្តរបស់ពួកគេ គឺមិនអាចត្រួតត្រាបានឡើយ។ ប្រសិនបើពួកគេត្រូវចុះសម្រុងដោយចុះសម្រុងគ្នាជាមួយមនុស្សនៅក្នុងក្រុម ពួកគេនឹងមានអារម្មណ៍ថាមិនបានសម្រេចបំណង និងគ្មានសេចក្ដីថ្លៃថ្នូរឡើយ។ ដូច្នេះ តើគោលដៅរបស់ពួកគេគឺជាអ្វី? គឺដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាមានកន្លែងមួយសម្រាប់ពួកគេនៅក្នុងចិត្តរបស់ខ្លួន បើមិនមែនជាកន្លែងទីមួយទេ គឺកន្លែងទីពីរ ហើយបើមិនមែនទីពីរទេ គឺទីបី។ ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយស្មើភាពគ្នា គឺមិនអាចទៅរួចឡើយ។ ក្នុងនាមជាអ្នកដឹកនាំ តើមនុស្សទាំងនេះអាចស្ដាប់មតិខុសៗគ្នារបស់អ្នកដទៃបានដែរឬទេ? ពួកគេមិនអាចទេ។ តើអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ វិលជុំវិញអ្វី? (អំណាច)។ អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺវិលជុំវិញអំណាច។ តើពួកគេធ្វើរឿងអ្វីខ្លះដែលវិលជុំវិញអំណាច? ដំបូង ពួកគេស្ទាបស្ទង់មើលចិត្តរបស់អ្នក ហើយក្ដាប់យកចិត្តអ្នក ពោលគឺពួកគេទិញទឹកចិត្តអ្នកជាមុន ហើយធ្វើឱ្យអ្នកបើកចំហចំពោះពួកគេ ធ្វើឱ្យអ្នកបង្ហាញអារម្មណ៍ពិតរបស់អ្នក ហើយស្វែងយល់ថាអ្នកគិតយ៉ាងណាចំពោះពួកគេ។ ពេលក្ដាប់បានរឿងនេះហើយ ពួកគេកែសម្រួលវិធីសាស្ត្ររបស់ពួកគេទៅតាមស្ថានភាពនីមួយៗ ដោយធ្វើសកម្មភាពលើករណីនីមួយៗដោយឡែកពីគ្នា។ ពួកគេចង់គ្រប់គ្រងចិត្តមនុស្ស ហើយនៅពេលដែលពួកគេរកឃើញនរណាម្នាក់ដែលមិនមានគំនិតគិតដូចពួកគេ នរណាម្នាក់ដែលមិនកោតខ្លាចពួកគេ នរណាម្នាក់ដែលមិនស្មោះត្រង់នឹងពួកគេ នោះហើយគឺជាពេលដែលពួកគេវាយប្រហារ និងធ្វើបាបបុគ្គលនោះ។ ដូច្នេះ កម្លាំងជំរុញរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការយកឈ្នះចិត្តមនុស្ស គឺអំណាច។ ហើយតើវិធីសាស្ត្រ និងបច្ចេកទេសអ្វីខ្លះដែលពួកគេប្រើដើម្បីទទួលបានអំណាច? ពួកគេយល់ ក្ដាប់បាន និងគ្រប់គ្រងចិត្តមនុស្សយ៉ាងហ្មត់ចត់។ តើគំនិតរបស់មនុស្សត្រូវបានគ្រប់គ្រងដោយអ្វី? ដោយចិត្ត និងធម្មជាតិរបស់ពួកគេ។ នៅពេលដែលចិត្តរបស់នរណាម្នាក់ត្រូវបានគ្រប់គ្រងដោយបុគ្គលទទឹងនឹងព្រះគ្រីស្ទ នោះគំនិត និងការគិតរបស់បុគ្គលនោះ លែងជាក្ដីបារម្ភទៀតហើយ។ ពេលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងចិត្តរបស់នរណាម្នាក់ ពួកគេគ្រប់គ្រងបុគ្គលនោះទាំងមូលតែម្ដង។

ខ. ការអួតអាងពីចំណុចខ្លាំងរបស់ពួកគេ ដើម្បីឱ្យមនុស្សថ្វាយបង្គំពួកគេ

ក្រៅពីការប្រើប្រាស់ការផ្ដល់ប្រយោជន៍បន្ដិចបន្ដួច ដែលយើងទើបតែបាននិយាយរួចមក តើមានបច្ចេកទេសអ្វីផ្សេងទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែ ឬទម្លាប់ប្រើ ដើម្បីយកឈ្នះចិត្តមនុស្ស? ឧទាហរណ៍ ឧបមាថាមនុស្សគ្រប់គ្នាមានចំណាប់អារម្មណ៍មិនល្អចំពោះអ្នកដឹកនាំម្នាក់។ មនុស្សគិតថាអ្នកដឹកនាំរូបនេះខ្វះទេពកោសល្យ ថាពួកគេអាចត្រឹមតែនិយាយពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយថាពួកគេគ្មានការយល់ដឹងពិតប្រាកដអំពីសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកដឹកនាំរូបនោះដឹងថាមនុស្សមានចំណាប់អារម្មណ៍បែបនេះចំពោះពួកគេ តើពួកគេនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលាក់បាំងកំហុស និងចំណុចខ្វះខាតទាំងនេះដែរឬទេ? (មែនហើយ)។ តើពួកគេនឹងធ្វើអ្វីខ្លះ? តើពួកគេនឹងនិយាយរឿងបែបណាខ្លះ? ការធ្វើពុតជាបើកចំហ គឺជាទិដ្ឋភាពមួយនៃរឿងនេះ។ តើមានអ្វីផ្សេងទៀត? (ការដោះសារ)។ ការដោះសារក៏បម្រើជាមធ្យោបាយនៃការលាក់បាំងផងដែរ។ បន្ថែមពីនេះ អ្នកដឹកនាំអាចប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួន និងរឿងដែលអ្នកដទៃមើលឃើញថាអស្ចារ្យ ដើម្បីលាក់បាំងចំណុចខ្សោយរបស់ខ្លួន។ តើនេះគឺជាបច្ចេកទេសដែលគេប្រើទូទៅដែរឬទេ? (មែនហើយ)។ ឧទាហរណ៍ មនុស្សម្នាក់និយាយថា «ខ្ញុំទើបតែជឿលើព្រះជាម្ចាស់បានរយៈពេលខ្លីប៉ុណ្ណោះ ចុះហេតុអ្វីបានជាខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំ? គឺដោយសារតែខ្ញុំធ្លាប់គ្រប់គ្រងក្រុមហ៊ុនមួយនៅក្នុងពិភពលោកីយ៍ ហើយបុគ្គលិករបស់យើងបានកើនឡើងពី១០នាក់ ដល់២០០នាក់ ដែលបង្ហាញថាខ្ញុំមានសមត្ថភាពដឹកនាំ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់មិនផ្ដល់សារៈសំខាន់លើរឿងបែបនេះក៏ដោយ ក៏សមត្ថភាពនេះមានប្រយោជន៍ក្នុងស្ថានភាពមួយចំនួនដែរ មែនទេ?» បន្ទាប់ពីបានឮដូច្នេះ អ្នកដទៃមិនយល់ស្របឡើយ ដូច្នេះបុគ្គលនេះក៏បន្តការសម្ដែងរបស់ខ្លួន ដោយនិយាយថា «ឧទាហរណ៍ ប្រសិនបើអ្នកនិយាយទៅកាន់បុគ្គលិករបស់អ្នក ប៉ុន្តែពួកគេមិនស្ដាប់ តើអ្នកគួរធ្វើដូចម្ដេច? ពួកគេនឹងស្ដាប់អ្នក នៅពេលដែលអ្នកសម្រេចបានលទ្ធផលល្អ។ ខ្ញុំបានបង្ហាញភស្តុតាងរបស់ខ្ញុំរួចហើយ៖ ក្រុមហ៊ុនរបស់ខ្ញុំបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហើយ!» ដំបូងឡើយ អ្នកខ្លះប្រហែលជានិយាយថា នេះគឺជាអំណោយទាន ថានេះជារបៀបដែលអ្នកគ្មានជំនឿធ្វើការ ប៉ុន្តែពិតជាមានវិធីសាស្ត្រ និងលទ្ធផលចំពោះរបៀបដែលបុគ្គលនេះប្រព្រឹត្តមែន ដូច្នេះមនុស្សមួយចំនួនបានផ្លាស់ប្ដូរពីការសង្ស័យពួកគេ ទៅជាការទុកចិត្តពួកគេ ហើយចាប់ផ្ដើមថ្វាយបង្គំពួកគេដោយមិនដឹងខ្លួនបន្តិចម្ដងៗ តាមរយៈសកម្មភាពរបស់ពួកគេ។ បន្ថែមពីនេះ បុគ្គលនេះបំភាន់អ្នកដទៃ និងលាក់បាំងចំណុចខ្វះខាតរបស់ខ្លួនឯង។ ចិត្តរបស់មនុស្សត្រូវបានពួកគេទិញយកដោយមិនដឹងខ្លួន ពួកគេត្រូវបានបុគ្គលនេះបំភាន់ ហើយពួកគេក៏ក្រាបថ្វាយបង្គំនៅចំពោះមុខបុគ្គលនេះ។ តើនេះមិនមែនជាបច្ចេកទេសទេឬអី? (មែនហើយ)។ តើវាជាអ្វី? វាគឺជាការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្អួតពីជំនាញ និងអំណោយទានរបស់ខ្លួន និងអួតអាងពីសមត្ថភាព និងជំនាញរបស់ខ្លួន។ តើគោលបំណងនៃសកម្មភាពទាំងនេះគឺជាអ្វី? វាក៏ដើម្បីយកឈ្នះចិត្តរបស់អ្នកដទៃផងដែរ។ ដើម្បីយកឈ្នះចិត្តរបស់អ្នកដទៃ ក្រៅពីការផ្ដល់របស់ល្អៗមួយចំនួន ពួកគេក៏ត្រូវធ្វើឱ្យអ្នកដទៃគោរពកោតសរសើរពួកគេផងដែរ។ ប្រសិនបើពួកគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ ឬជាមនុស្សដែលមិនសូវមានការអប់រំ និងមិនសូវបានរៀនសូត្រច្រើន តើអ្នកណានឹងគោរពកោតសរសើរពួកគេទៅ? ហេតុដូច្នេះហើយ បុគ្គលនេះមានចេតនាបង្ហាញសញ្ញាបត្ររបស់ខ្លួន ដើម្បីឱ្យមនុស្សដឹងថាពួកគេមានសញ្ញាបត្រជាន់ខ្ពស់ និងមានគុណវុឌ្ឍិសិក្សាជាន់ខ្ពស់ ហើយជាលទ្ធផល ពួកគេក៏បំភាន់មនុស្សមួយចំនួន។ ពួកគេខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអួតអាងពីអំណោយទាន ជំនាញ និងសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃវាយតម្លៃខ្ពស់ និងមានចំណាប់អារម្មណ៍ល្អចំពោះខ្លួន ហើយថែមទាំងធ្វើឱ្យមនុស្សតែងតែគិត ឬមានអារម្មណ៍ចង់សុំយោបល់ពីពួកគេនៅពេលធ្វើកិច្ចការផ្សេងៗទៀតផង។ តើអ្វីគ្រប់យ៉ាងដែលពួកគេធ្វើដើម្បីសម្រេចគោលដៅនេះ មិនមែនជាយុទ្ធសាស្ត្រសម្រាប់ការយកឈ្នះចិត្តមនុស្សទេឬអី? ទាំងនេះគឺជាការសម្ដែងចេញចំនួនពីរនៃពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការយកឈ្នះចិត្តមនុស្ស។ ទីមួយ គឺការផ្ដល់ប្រយោជន៍បន្ដិចបន្ដួច។ ទីពីរ គឺការបង្អួតពីសមត្ថភាព និងអំណោយទានរបស់ខ្លួនឯង ម្យ៉ាងវិញទៀត គឺជារបស់ដែលធ្វើឱ្យពួកគេអស្ចារ្យជាងគេ ហើយប្រើប្រាស់វិធីសាស្ត្រនេះដើម្បីយកឈ្នះអ្នកដទៃ ដើម្បីឱ្យពួកគេលេចធ្លោជាងគេ ហើយដើម្បីឱ្យមនុស្សគ្រប់គ្នាគោរពកោតសរសើរពួកគេ កោតស្ញប់ស្ញែងពួកគេ ស្ម័គ្រចិត្តមកចំពោះមុខពួកគេដើម្បីធ្វើតាមបញ្ជារបស់ពួកគេ និងទទួលយកការដឹកនាំរបស់ពួកគេ ហើយថែមទាំងស្ម័គ្រចិត្តទទួលយក និងស្ដាប់បង្គាប់រាល់ការរៀបចំទាំងអស់របស់ពួកគេទៀតផង។ តើនេះមិនមែនជាទម្រង់នៃការវាយប្រហារផ្លូវចិត្តទេឬអី? (មែនហើយ)។ ការយកឈ្នះចិត្តរបស់អ្នកដទៃ គឺជាប្រភេទនៃការវាយប្រហារផ្លូវចិត្ត។ តើ «ការវាយប្រហារផ្លូវចិត្ត» មានន័យដូចម្ដេច? វាគឺជាមធ្យោបាយដែលសាតាំងប្រើដើម្បីកាន់កាប់ និងត្រួតត្រាចិត្តមនុស្ស។ ព្រះជាម្ចាស់ពិនិត្យពិច័យជម្រៅចិត្តរបស់មនុស្ស។ ទ្រង់យកឈ្នះ និងទទួលបានចិត្តមនុស្ស។ ចុះហេតុអ្វីបានជាមិនប្រើឃ្លា «ទទួលបានចិត្តមនុស្ស» នៅពេលសំដៅលើសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ? នេះគឺដោយសារតែសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់បច្ចេកទេសមិនប្រក្រតី និងទុច្ចរិត ដើម្បីដណ្ដើមយក បំភាន់ អូសទាញ និងត្រួតត្រាចិត្តមនុស្ស ដើម្បីឱ្យមនុស្សទប់ចិត្តមិនបានក្នុងការវាយតម្លៃខ្ពស់ចំពោះពួកគេ ព្រមទាំងគោរព និងកោតស្ញប់ស្ញែងពួកគេយ៉ាងជ្រាលជ្រៅ។

យើងទើបតែបានប្រកបគ្នាអំពីយុទ្ធសាស្ត្រចំនួនពីរសម្រាប់ការយកឈ្នះចិត្តមនុស្ស។ តើមានយុទ្ធសាស្ត្រសំខាន់ៗអ្វីផ្សេងទៀត? ប្រសិនបើអ្នករាល់គ្នាមិនធ្លាប់ជួបប្រទះនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីបំភាន់ និងរឹតត្បិតមនុស្សទេ នោះអ្នករាល់គ្នាអាចមើលមកខ្លួនឯង ដើម្បីផ្ទៀងផ្ទាត់មើលខ្លួនឯង។ ចូរមើលថាតើអ្នកមានការស្ដែងចេញទាំងនេះនៅក្នុងខ្លួនអ្នកដែរឬទេ។ មនុស្សគ្រប់រូបដែលរស់នៅក្នុងចំណោមនិស្ស័យពុករលួយ សុទ្ធតែមានរឿងទាំងនេះ។ ការផ្ដល់ប្រយោជន៍បន្ដិចបន្ដួច ការបំភាន់មនុស្ស ការអូសទាញមនុស្សចូលមក តើរឿងទាំងនេះមិនមែនជារឿងដែលអ្នកតែងតែធ្វើទេឬអី? ហើយការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្អួតពីអំណោយទាន និងចំណុចខ្លាំងរបស់អ្នក តើនោះក៏មិនមែនជារឿងដែលអ្នកតែងតែធ្វើដែរឬអី? (មែនហើយ)។ ជាពិសេស នៅពេលដែលអ្នកធ្វើអ្វីមួយដែលប្រឆាំងនឹងសេចក្ដីពិត នៅពេលដែលចំណុចខ្សោយ និងកំហុសរបស់អ្នកត្រូវបានលាតត្រដាង ហើយសូម្បីតែនៅពេលដែលអ្នកត្រូវបានគេលួសកាត់ ហើយពិតជាបាត់បង់មុខមាត់ ហើយកិត្យានុភាពរបស់អ្នកគ្រប់ចំណែកត្រូវបានបាត់បង់អស់រលីង តើអ្នករាល់គ្នាមិនធ្វើរឿងដូចជាការប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកទេសទាំងនេះ ដើម្បីកែខៃស្ថានភាព និងស្ដារឋានៈ ព្រមទាំងកិត្យានុភាពរបស់អ្នកនៅក្នុងចិត្តមនុស្សឡើងវិញទេឬអី? (ពួកយើងក៏ធ្វើរឿងបែបនេះដែរ)។ នៅពេលដែលអ្នករាល់គ្នាធ្វើរឿងទាំងនេះ តើអ្នកមានការដឹងខ្លួន និងមានអារម្មណ៍ថានេះគឺជាផ្លូវខុស ហើយថាអ្នកមិនអាចធ្វើបែបនេះបានដែរឬទេ? តើអ្នកមានអារម្មណ៍បន្ទោសខ្លួនឯងដែរឬទេ? តើអ្នកតែងតែស្ពឹកស្រពន់ចំពោះរឿងនេះ ឬមួយក៏អ្នកមានការបន្ទោសខ្លួនឯង ប៉ុន្តែនៅតែត្រូវធ្វើរឿងទាំងនេះ ទោះបីជាអ្នកមិនចង់ធ្វើក៏ដោយ ពីព្រោះកេរ្តិ៍ឈ្មោះ និងមុខមាត់របស់អ្នកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក? តើមួយណាទៅ? (ពួកយើងធ្វើវាទាំងមិនចង់ធ្វើ)។ អ្នកធ្វើរឿងទាំងនោះ ទាំងអ្នកមិនចង់ធ្វើ ចុះតើអ្នកមានអារម្មណ៍បន្ទោសខ្លួនឯងដែរឬទេ? ឬមួយក៏អ្នកមិនមានអារម្មណ៍សោះឡើយ ប៉ុន្តែមើលស្រាលចំពោះរឿងទាំងនោះ បន្ទាប់ពីអ្នកបានធ្វើរួច ហើយបន្តហូប និងគេងដូចដែលអ្នកធ្លាប់ធ្វើពីមុន? (ពួកយើងមានអារម្មណ៍បន្ទោសខ្លួនឯង)។ ប្រសិនបើអ្នកមានអារម្មណ៍បន្ទោសខ្លួនឯងបន្តិចបន្តួច នោះវាមិនអាក្រក់ពេកទេ។ វាបង្ហាញថាភាពស្ពឹកស្រពន់របស់អ្នករាល់គ្នា មិនទាន់ជ្រៅពេកទេ គឺអ្នកនៅតែមានការដឹងខ្លួន។ មនុស្សដែលមានការដឹងខ្លួន មានក្ដីសង្ឃឹមថានឹងត្រូវបានសង្គ្រោះ ចំណែកឯអ្នកដែលគ្មានការដឹងខ្លួន គឺគ្មានភាពជាមនុស្សឡើយ ដូច្នេះពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។

គ. ការប្រើប្រាស់សំបកក្រៅដើម្បីបំភាន់មនុស្ស និងទទួលបានចំណាប់អារម្មណ៍ល្អពីពួកគេ

តើមានបច្ចេកទេសអ្វីផ្សេងទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែទម្លាប់ប្រើ ដើម្បីយកឈ្នះចិត្តមនុស្ស? មានស្ថានភាពមួយទៀត គឺថាមិនថាពួកទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើអ្វីក៏ដោយ ក៏ពួកគេមិនធ្វើវានៅចំពោះព្រះជាម្ចាស់ឡើយ ប៉ុន្តែធ្វើនៅចំពោះមុខមនុស្ស។ តើគោលដៅរបស់ពួកគេក្នុងការធ្វើបែបនោះគឺជាអ្វី? (ដើម្បីអូសទាញមនុស្ស)។ គឺដើម្បីអូសទាញចិត្តមនុស្ស។ មើលពីសំបកក្រៅ ពួកគេហាក់ដូចជាស្ម័គ្រចិត្តរងទុក្ខ និងលះបង់ជាងអ្នកដទៃ ពួកគេហាក់ដូចជាមានភាពខាងវិញ្ញាណជាងអ្នកដទៃ មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ជាងអ្នកដទៃ និងយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួនជាងអ្នកដទៃ។ ប៉ុន្តែនៅពេលដែលគ្មាននរណាមើលពួកគេ នោះពួកគេមិនប្រព្រឹត្តបែបនោះឡើយ។ វាមិនមែនជាចេតនាពិតប្រាកដរបស់ពួកគេក្នុងការប្រព្រឹត្តបែបនោះទេ ផ្ទុយទៅវិញ ពួកគេមានបំណងលាក់កំបាំង។ ពួកគេប្រព្រឹត្តបែបនោះនៅចំពោះមុខអ្នកដទៃ ដើម្បីឱ្យមនុស្សទាំងនោះឃើញថាពួកគេកំពុងធ្វើសកម្មភាពបានល្អប៉ុនណា ហើយថាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយ ភាពស្មោះត្រង់បែបនេះ ទាំងដែលតាមពិតទៅ ភាពស្មោះត្រង់មិនមែនជាកម្លាំងជំរុញចិត្តខាងក្នុងរបស់ពួកគេទាល់តែសោះ។ គោលបំណងរបស់ពួកគេគឺដើម្បីឱ្យមនុស្សមើលឃើញថាពួកគេមានភាពស្មោះត្រង់ និងមានការទទួលខុសត្រូវ។ ពួកគេបញ្ចុះបញ្ចូលអ្នកដទៃទាំងស្រុង តាមរយៈការលះបង់តាមរបៀបនេះ។ ជាលទ្ធផល អ្នកដទៃស្ម័គ្រចិត្តទទួលយកការដឹកនាំរបស់ពួកគេ ហើយអត់ទោសឱ្យពួកគេ មិនថាពួកគេធ្វើខុសយ៉ាងណាក៏ដោយ។ តើនេះជាឥរិយាបថភេទណា? នេះគឺជាការប្រើប្រាស់សំបកក្រៅដើម្បីបំភាន់មនុស្ស។ តើពាក្យ «សំបកក្រៅ» នៅទីនេះមានន័យដូចម្ដេច? វាមានន័យថា ឥរិយាបថល្អ និងសកម្មភាពដែលហាក់ដូចជាស្របតាមសេចក្ដីពិត។ ការប្រើប្រាស់សំបកក្រៅដែលហាក់ដូចជាស្របតាមសេចក្ដីពិត ដើម្បីបំភាន់មនុស្ស និងទទួលបានចំណាប់អារម្មណ៍ល្អពីពួកគេ នេះសង្ខេបពីលក្ខណៈនៃឥរិយាបថនេះ មែនទេ? គោលដៅរបស់ពួកគេគឺដើម្បីទទួលបានចំណាប់អារម្មណ៍ល្អពីមនុស្សនៅទីបំផុត។ នៅពេលដែលមនុស្សមានចំណាប់អារម្មណ៍ល្អចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមានអារម្មណ៍គោរពចំពោះពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងកាន់កាប់ឋានៈជាក់លាក់ណាមួយនៅក្នុងចិត្តរបស់ពួកគេ ដោយប្រើប្រាស់វិធីសាស្ត្រនេះ។ ឧទាហរណ៍ មានមនុស្សប្រភេទមួយដែលស្ម័គ្រចិត្តលះបង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ភាគច្រើនពឹងផ្អែកលើបទពិសោធនៅក្នុងសកម្មភាពរបស់ពួកគេ ហើយជាទូទៅមិនបំពានគោលការណ៍សំខាន់ៗណាមួយឡើយ ប៉ុន្តែនៅពេលដែលអ្នកប្រកបគ្នាជាមួយពួកគេអំពីការស្វែងរកគោលការណ៍សេចក្ដីពិត តើពួកគេនិយាយអ្វីខ្លះ? «មិនចាំបាច់ប្រកបគ្នាអំពីរឿងនេះជាមួយខ្ញុំទេ។ ខ្ញុំចងចាំរឿងទាំងនេះអស់ហើយ!» នៅពេលដែលពួកគេពិតជាជួបប្រទះបញ្ហាមែន ពួកគេមិនត្រឹមតែមិនស្វែងរកប៉ុណ្ណោះទេ ពួកគេថែមទាំងបដិសេធមិនស្ដាប់ដំបូន្មានរបស់អ្នកដទៃទៀតផង កុំថាឡើយដល់មតិយោបល់អ្នកដទៃ ពួកគេគ្រាន់តែធ្វើអ្វីដែលពួកគេគិតថាល្អប៉ុណ្ណោះ។ នៅពេលដែលពួកគេលះបង់ នៅពេលដែលសកម្មភាពរបស់ពួកគេធ្វើឱ្យពួកគេមើលទៅរហ័ស និងម៉ឺងម៉ាត់ ហើយមានសិទ្ធិអំណាចជាក់លាក់ តើអ្នកដទៃមើលមកពួកគេយ៉ាងដូចម្ដេចនៅក្នុងចិត្ត? តើពួកគេមានចំណាប់អារម្មណ៍ល្អចំពោះពួកគេ ឬអត់? តាមទស្សនៈរបស់អ្នកដទៃ ពួកគេមិនបានបំពានសេចក្ដីពិតក្នុងរបៀបជាក់ស្ដែងណាមួយឡើយ ហើយពួកគេមានជំនាញយ៉ាងខ្លាំងនៅក្នុងរបៀបដែលពួកគេធ្វើកិច្ចការ។ កម្រិតនៃ «ភាពស្មោះត្រង់» របស់ពួកគេ និងបទពិសោធរបស់ពួកគេក្នុងការបំពេញភារកិច្ច គឺគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ។ មនុស្សគិតថា «មើលពួកគេចុះ៖ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពួកគេមានបទពិសោធក្នុងការបំពេញភារកិច្ចនេះ។ ពួកគេមានបទពិសោធច្រើន។ ពួកយើងមិនអាចធ្វើបែបនោះបានឡើយ»។ នៅពេលដែលមនុស្សមានទស្សនៈវិជ្ជមានបែបនេះចំពោះពួកគេ តើពួកគេមានទម្ងន់ច្រើន ឬតិចនៅក្នុងចិត្តរបស់មនុស្សទាំងនោះ? (ច្រើន)។ ច្រើន ពួកគេមានទម្ងន់នៅក្នុងចិត្តរបស់ពួកគេ។ មនុស្សមួយចំនួនមិនដែលស្វែងរកសេចក្ដីពិតឡើយ មួយផ្នែកគឺដោយសារតែពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ ហើយមួយផ្នែកទៀតគឺដោយសារតែពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះ ព្រមទាំងមិនយល់ទាល់តែសោះថាគោលការណ៍សេចក្ដីពិតគឺជាអ្វី។ ពួកគេពឹងផ្អែកទាំងស្រុងលើភាពក្លៀវក្លាមួយឆាវរបស់ពួកគេ ចេតនាល្អរបស់ពួកគេផ្ទាល់ និងបទពិសោធជាច្រើនឆ្នាំរបស់ពួកគេ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនចង់ឱ្យអ្នកដទៃដឹងពីរឿងទាំងនេះឡើយ ដូច្នេះពួកគេខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចេញការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងលះបង់។ ប្រសិនបើនរណាម្នាក់រកឃើញថាពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ ឬថាពួកគេមិនយល់ពីសេចក្ដីពិត ហើយធ្វើកិច្ចការដោយគ្មានគោលការណ៍ ពួកគេប្រញាប់បង្កើតសមិទ្ធផលមួយចំនួនឱ្យមនុស្សមើលឃើញ។ ពួកគេនិយាយថា «ចូរមើលចុះ ថាតើខ្ញុំពិតជាមានការយល់ដឹងខាងវិញ្ញាណ ឬអត់។ សាកមើលទៅ មើលថាតើខ្ញុំពិតជាធ្វើសកម្មភាពដោយមានគោលការណ៍ ឬអត់ ថាតើខ្ញុំពិតជាយល់ពីសេចក្ដីពិត ឬអត់»។ នៅពេលដែលពួកគេធ្វើសកម្មភាពបែបនេះ មនុស្សមួយចំនួនធំត្រូវបានពួកគេបំភាន់។ ពួកគេនិយាយថា «មនុស្សទាំងនោះមានបទពិសោធក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយយល់ពីគោលការណ៍ ពួកយើងទេដែលជាអ្នកមិនយល់នោះ»។ «ពួកយើងទេដែលជាអ្នកមិនយល់នោះ» តើសេចក្ដីថ្លែងនេះបង្ហាញពីអ្វី? វាបង្ហាញថា នៅក្នុងជម្រៅចិត្ត ពួកគេយល់ស្របនឹងឥរិយាបថល្អពីសំបកក្រៅរបស់មនុស្សទាំងនោះ។ តើការយល់ស្របនេះស្មើនឹងអ្វី? វាស្មើនឹងការគិតថា ពួកគេគឺជាមនុស្សដែលអនុវត្តសេចក្ដីពិត ដែលស្រឡាញ់ព្រះជាម្ចាស់ និងដែលទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើការដែលអ្នកដទៃវាយតម្លៃពួកគេបែបនេះ មិនមានន័យថាពួកគេបានកាន់កាប់ឋានៈណាមួយក្នុងចិត្តមនុស្សទៅហើយទេឬអី? និយាយឱ្យកាន់តែច្បាស់ អាចនិយាយបានថា ពួកគេមានកិត្យានុភាពមួយប្រភេទ។ ដូច្នេះ តើកិត្យានុភាពនេះនាំមកនូវអ្វីដល់ពួកគេ? វាធ្វើឱ្យអ្នកដទៃសម្លឹងមើលទៅពួកគេ គោរពកោតសរសើរពួកគេ និងថែមទាំងពឹងផ្អែកលើពួកគេទៀតផង។ តើអ្នកដទៃពឹងផ្អែកលើពួកគេដោយរបៀបណា? ពេលដែលពួកគេមានបញ្ហាភ្លាម ពួកគេប្រញាប់ទៅរកអ្នកទាំងនោះភ្លាម។ ឧបមាថានរណាម្នាក់និយាយថា «នេះគឺជាបញ្ហាធំ ហើយពួកយើងមិនយល់ពីវាទេ ពួកយើងគួរតែសួរខាងលើ មែនទេ?» បន្ទាប់មក អ្នកខ្លះនឹងនិយាយថា «មិនបាច់ទេ។ ពួកយើងគ្រាន់តែសួរអ្នកដឹកនាំរបស់យើងទៅបានហើយ។ អ្នកដឹកនាំរបស់យើងយល់គ្រប់យ៉ាង»។ មនុស្សគ្រប់គ្នាមានគំនិតថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរវល់នឹងកិច្ចការរបស់ពួកគេភាគច្រើន ហើយមិនបានធ្វើអាក្រក់ឡើយ ហើយជាលទ្ធផល ពួកគេគិតថាអ្នកទាំងនោះច្បាស់ជាមនុស្សដែលយល់ពីសេចក្ដីពិត និងប្រព្រឹត្តដោយមានគោលការណ៍មិនខាន។ តើអ្នកយល់យ៉ាងណាចំពោះទស្សនៈនេះ? ប្រសិនបើនរណាម្នាក់មិនបានធ្វើអាក្រក់ពីសំបកក្រៅ តើវាមានន័យថាពួកគេយល់ពីសេចក្ដីពិតមែនទេ? មិនប្រាកដទេ។ ការយល់ដឹងរបស់មនុស្សណាម្នាក់អំពីសេចក្ដីពិត គឺមានកម្រិត។ ប្រសិនបើអ្នកជឿថាអ្នកដឹកនាំយល់គ្រប់យ៉ាង មិនអធិស្ឋានទៅកាន់ព្រះជាម្ចាស់ មិនស្វែងរកពីទ្រង់ ឬមិនស្វែងរកនៅក្នុងព្រះបន្ទូលរបស់ទ្រង់ មិនថាអ្នកមានបញ្ហាអ្វីក៏ដោយ ប៉ុន្តែទៅសួរអ្នកដឹកនាំដោយផ្ទាល់ តើនេះមិននាំឱ្យកិច្ចការយឺតយ៉ាវទេឬអី? ប្រសិនបើអ្នកតែងតែធ្វើតាមអ្វីដែលពួកអ្នកដឹកនាំនិយាយ តែងតែសម្លឹងមើលទៅពួកគេ នោះរឿងមួយចំនួនអាចនឹងខុសឆ្គង ហើយអ្នកអាចនឹងនាំមកនូវការខាតបង់ដល់កិច្ចការរបស់ពួកជំនុំមិនខាន។ នេះហើយជាមូលហេតុដែលការថ្វាយបង្គំ និងការសម្លឹងមើលទៅមនុស្ស គឺជាវិធីងាយស្រួលបំផុតក្នុងការវង្វេងផ្លូវ និងធ្វើខុស ដើម្បីនាំមកនូវការខាតបង់ដល់ជីវិតរបស់អ្នកផ្ទាល់ និងដល់ដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងកិច្ចការរបស់ពួកជំនុំ។

មានការស្ដែងចេញចម្បងចំនួនបីនៃពួកទទឹងនឹងព្រះគ្រីស្ទដែលយកឈ្នះចិត្តមនុស្ស៖ ទីមួយ គឺការអូសទាញមនុស្សដោយការផ្ដល់ប្រយោជន៍បន្ដិចបន្ដួច ទីពីរ គឺការបង្អួតពីចំណុចខ្លាំង អំណោយទាន និងទេពកោសល្យរបស់ពួកគេ ទីបី គឺការប្រើប្រាស់សំបកក្រៅដើម្បីបំភាន់មនុស្ស និងទទួលបានចំណាប់អារម្មណ៍ល្អពីពួកគេ។ ការស្ដែងចេញទាំងនេះអាចត្រូវបានរកឃើញនៅក្នុងមនុស្សគ្រប់រូប។ មនុស្សមួយចំនួនតែងតែទម្លាយរឿងចចាមអារ៉ាមខ្លះៗដែលអ្នកដទៃមិនដឹង និយាយអំពីប្រធានបទគ្រប់ប្រភេទ ឬចែករំលែកយោបល់ជាលក្ខណៈអ្នកជំនាញដែលប្លែកពីគេ។ តើនេះហៅថាអ្វី? មានពាក្យស្លោកមួយឃ្លាពោលថា៖ «យាយចាស់លាបក្រែមមាត់ គ្រាន់តែចង់បង្អួតភ្នែកគេ»។ មនុស្សទាំងនេះតែងតែចង់បង្ហាញជំនាញរបស់ពួកគេ និងទទួលបានការគោរពកោតសរសើរពីមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលពួកគេមិនបានធ្វើរឿងនេះបានល្អឡើយ ហើយមនុស្សមើលឃើញចំណុចខ្វះខាតនៅក្នុងពួកគេ ដូច្នេះជាលទ្ធផល ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីកែខៃស្ថានភាព និងរកលេសដោះសារឱ្យរួចខ្លួន។ មិនថាពួកគេបានធ្វើរឿងអ្វីដែលប្រឆាំងនឹងមនសិការរបស់ពួកគេ និងប្រឆាំងនឹងសេចក្ដីពិត ឬដែលមិនពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនដែលចេះទទួលកំហុស ឬឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តឡើយ ហើយពួកគេក៏មិនដែលដឹងថាបញ្ហានេះធ្ងន់ធ្ងរប៉ុនណាដែរ។ ផ្ទុយទៅវិញ ពួកគេគិតយ៉ាងខ្លាំង និងប្រឹងប្រែងគិតរកវិធីដើម្បីដោះសារឱ្យខ្លួនឯង និងសម្រួលស្ថានការណ៍។ ពួកគេអន្ទះសាចង់សម្រេចគោលដៅរបស់ពួកគេ រហូតដល់ថ្នាក់មិនអាចហូប ឬគេងបាន ដោយខ្លាចថាកេរ្តិ៍ឈ្មោះល្អរបស់ពួកគេនៅក្នុងក្រសែភ្នែកអ្នកដទៃ អាចនឹងធ្លាក់ចុះយ៉ាងគំហុក និងវិនាសអន្តរាយ។ ឧទាហរណ៍ មនុស្សមួយចំនួនគិតថាការសរសេររបស់ពួកគេល្អ ថាពួកគេជាអ្នកសរសេរដ៏ជំនាញ អ្នកខ្លះគិតថាពួកគេជាអ្នកដឹកនាំដ៏ល្អ ថាពួកគេគឺជាសសរទ្រទ្រង់ពួកជំនុំ ចំណែកឯអ្នកផ្សេងទៀតគិតថាពួកគេជាមនុស្សល្អ។ ពេលដែលមនុស្សទាំងនេះបាត់បង់រូបភាពល្អរបស់ខ្លួនឯងដោយសារហេតុផលណាមួយ ពួកគេចំណាយការគិតយ៉ាងច្រើន និងបង់ថ្លៃដើម្បីរូបភាពនោះ ដោយប្រឹងប្រែងគិតរកវិធីកែខៃស្ថានភាព។ ទោះជាយ៉ាងណា ពួកគេមិនដែលមានអារម្មណ៍អាម៉ាស់ ឬបន្ទោសខ្លួនឯង ឬមានអារម្មណ៍ថាខ្លួនបានធ្វើខុសចំពោះព្រះជាម្ចាស់ចំពោះផ្លូវខុសដែលពួកគេបានដើរ ឬចំពោះរឿងផ្សេងៗដែលពួកគេបានធ្វើដែលប្រឆាំងនឹងសេចក្ដីពិតឡើយ។ ពួកគេមិនដែលមានអារម្មណ៍បែបនោះទេ។ ពួកគេប្រើប្រាស់យុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីបំភាន់មនុស្ស និងយកឈ្នះចិត្តរបស់ពួកគេ។ តើនេះជាការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ឬ? មិនមែនទាល់តែសោះ។ តើនោះជាកិច្ចការដែលអ្នកដឹកនាំពួកជំនុំគួរតែធ្វើឬ? មិនមែនទាល់តែសោះ។ ពួកគេកំពុងរស់នៅដោយនិស្ស័យរបស់សាតាំង ធ្វើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់។ ដោយវិនិច្ឆ័យផ្អែកលើសកម្មភាព និងឥរិយាបថរបស់ពួកគេ ផ្លូវដែលពួកគេដើរ និងឥរិយាបថផ្សេងៗរបស់ពួកគេដែលបំភាន់មនុស្ស និងត្រួតត្រាពួកគេ ពួកគេមិនកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំឡើយ ប៉ុន្តែកំពុងរុះរើ និងបង្អាក់កិច្ចការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ កំពុងរារាំងមនុស្សមិនឱ្យមកចំពោះព្រះជាម្ចាស់ និងកំពុងព្យាយាមរក្សាមនុស្សឱ្យស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេផ្ទាល់ ក្រោមការត្រួតត្រារបស់ពួកគេ។ តើទាំងនេះមិនមែនជាសកម្មភាព និងឥរិយាបថរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬអី? គ្មានអ្វីគួរឱ្យសង្ស័យអំពីរឿងនេះឡើយ។ នេះគឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ពួកទទឹងនឹងព្រះគ្រីស្ទដើរតួជាសាតាំងបានយ៉ាងពេញលេញ។ ដោយវិនិច្ឆ័យតាមសារជាតិនៃរឿងទាំងនេះដែលពួកគេធ្វើ ពួកគេមិនត្រឹមតែបរាជ័យក្នុងការបំពេញភារកិច្ចដែលពួកគេគួរតែធ្វើឱ្យបានល្អប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេកំពុងដើរតួជាសាតាំង។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺពិតជាការប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមយករាស្ដ្ររើសតាំងរបស់ទ្រង់។ ចៀមដែលជារបស់ព្រះជាម្ចាស់ គួរតែដើរតាមព្រះជាម្ចាស់ និងឈ្នះបានមកវិញដោយព្រះជាម្ចាស់ ប៉ុន្តែមនុស្សទាំងនេះរារាំងអ្នកដទៃមិនឱ្យដើរតាមព្រះជាម្ចាស់ ពួកគេយកចៀមរបស់ព្រះជាម្ចាស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេផ្ទាល់ និងត្រួតត្រាពួកគេ ហើយធ្វើឱ្យមនុស្សថ្វាយបង្គំ និងដើរតាមពួកគេ។ នោះគឺជាសារជាតិនៃសកម្មភាពរបស់ពួកគេ។ តើមនុស្សបែបនេះអាចត្រូវបានគេហៅថា «អ្នកដឹកនាំ» ដែរឬទេ? (មិនបានទេ)។ ចុះតើយើងគួរហៅពួកគេថាអ្វី? (អ្នកបម្រើដ៏អាក្រក់)។ «អ្នកបម្រើដ៏អាក្រក់» នោះគឺជាឈ្មោះដ៏ស័ក្តិសម។ «ពួកទទឹងនឹងព្រះគ្រីស្ទ» «អ្នកបម្រើដ៏អាក្រក់» ងារទាំងពីរនេះសុទ្ធតែអាចប្រើបាន មែនទេ? មនុស្សទាំងនេះជ្រកក្រោមស្លាកនៃការបំពេញភារកិច្ចជាអ្នកដឹកនាំ ប៉ុន្តែពួកគេមិនធ្វើអ្វីដែលអ្នកដឹកនាំគួរធ្វើឡើយ។ អ្វីដែលពួកគេធ្វើ មិនមែនជាការបំពេញភារកិច្ចរបស់អ្នកដឹកនាំទាល់តែសោះ វាគឺជាការដើរតួជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ឈរជំនួសសាតាំងដើម្បីរំខាន និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យងាកចេញពីផ្លូវពិត និងងាកចេញពីព្រះជាម្ចាស់។ រាល់សកម្មភាព និងឥរិយាបថរបស់ពួកគេ បើកសម្ដែងពីនិស្ស័យ និងធម្មជាតិរបស់សាតាំង ហើយសម្រេចបានលទ្ធផលក្នុងការធ្វើឱ្យមនុស្សងាកចេញពីព្រះជាម្ចាស់ បដិសេធសេចក្ដីពិត និងព្រះជាម្ចាស់ ហើយថ្វាយបង្គំ និងដើរតាមពួកគេ។ ថ្ងៃណាមួយ នៅពេលដែលពួកគេបានបំភាន់មនុស្សទាំងស្រុង និងនាំពួកគេឱ្យស្ថិតក្រោមការត្រួតត្រារបស់ពួកគេ មនុស្សនឹងចាប់ផ្ដើមថ្វាយបង្គំ ដើរតាម និងស្ដាប់បង្គាប់ពួកគេ។ ពេលនោះ ពួកគេនឹងសម្រេចបានគោលដៅរបស់ខ្លួនក្នុងការដាក់អន្ទាក់ចិត្តមនុស្ស។ ពួកគេគឺជាអ្នកដឹកនាំពួកជំនុំ ប៉ុន្តែពួកគេមិនធ្វើកិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេឡើយ។ ពួកគេមិនធ្វើកិច្ចការរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើសកម្មភាពទៅលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយបំភាន់ពួកគេ ដាក់អន្ទាក់ពួកគេ និងត្រួតត្រាពួកគេ ដោយយកចៀមដែលច្បាស់ណាស់ថាជារបស់ព្រះជាម្ចាស់ មកក្នុងកណ្ដាប់ដៃរបស់ពួកគេផ្ទាល់ ក្រោមការត្រួតត្រារបស់ពួកគេ។ តើពួកគេមិនមែនជាចោរ និងជាចោរប្លន់ទេឬអី? ក្នុងការប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមយករាស្ដ្ររើសតាំងរបស់ទ្រង់ដូចដែលពួកគេធ្វើបែបនេះ តើពួកគេមិនមែនកំពុងបម្រើជាអ្នកបម្រើរបស់សាតាំងទេឬអី? តើពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ មិនមែនជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអី? តើពួកគេមិនមែនជាសត្រូវនៃរាស្ដ្ររើសតាំងរបស់ទ្រង់ទេឬអី? (មែនហើយ)។ ពួកគេពិតជាសត្រូវមួយរយភាគរយ។ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ទ្រង់។ រឿងនេះគឺគ្មានអ្វីគួរឱ្យសង្ស័យឡើយ។

កាលពីពេលដែលខ្ញុំកំពុងមានបន្ទូល និងធ្វើកិច្ចការនៅគ្រប់ពួកជំនុំទាំងអស់ក្នុងប្រទេសចិនដីគោក ខ្ញុំមានមនុស្សម្នាក់នៅជាមួយខ្ញុំ ដែលទទួលខុសត្រូវលើការថតសំឡេង និងការចម្លងសេចក្ដីអធិប្បាយជាអត្ថបទ។ បុគ្គលនេះមានអំណោយទានខ្លះៗ គាត់មានគំនិតរហ័សរហួន និងការឆ្លើយតបរហ័ស។ ប៉ុន្តែមានរឿងមួយអំពីគាត់៖ គាត់ពូកែណាស់ខាងនិយាយរឿងពីរោះៗដែលមនុស្សចង់ស្ដាប់។ ប្រសិនបើអ្នកនិយាយថាមានអ្វីមួយមានរសជាតិឆ្ងាញ់ គាត់នឹងនិយាយថា «អ្នកនិយាយត្រូវហើយ។ ខ្ញុំធ្លាប់ញ៉ាំវាហើយ។ វាពិតជាឆ្ងាញ់ណាស់»។ ប្រសិនបើអ្នកនិយាយថាអាកាសធាតុក្ដៅ គាត់នឹងនិយាយថា «ពិតមែនហើយ។ ខ្ញុំបែកញើសជោកខ្លួនហើយ»។ ប្រសិនបើអ្នកនិយាយថាអាកាសធាតុត្រជាក់ គាត់នឹងនិយាយថា «ត្រជាក់មែន។ ខ្ញុំពាក់ស្បែកជើងរោមសត្វហើយ»។ គាត់ពិបាកនឹងនិយាយអ្វីដែលពិត ឬស្មោះត្រង់ណាស់។ គាត់ហាក់ដូចជាមនុស្សដែលពិតជាដេញតាមសេចក្ដីពិតមែន ប៉ុន្តែនៅពេលដែលមានរឿងអ្វីមួយកើតឡើងដែលតម្រូវឱ្យមានការបង់ថ្លៃ គាត់បែរជាលាក់ខ្លួនទៅវិញ។ គាត់ជាមនុស្សមានល្បិចកល និងបោកប្រាស់។ គាត់គឺជាមនុស្សប្រភេទនោះឯង។ អ្នកខ្លះប្រហែលជាសួរថា «ចុះហេតុអ្វីបានជាទ្រង់ជ្រើសរើសមនុស្សបែបនេះ?» ខ្ញុំមិនបានជ្រើសរើសគាត់ទេ គឺវាត្រូវបានសម្រេចដោយកាលៈទេសៈនៅពេលនោះ។ កាលនោះ សូម្បីតែរកមនុស្សដូចគាត់ក៏ពិបាកដែរ ហើយយ៉ាងហោចណាស់គាត់មានការឆ្លើយតបរហ័ស គាត់នឹងចុច «ថត» រាល់ពេលដែលខ្ញុំចាប់ផ្ដើមមានបន្ទូល។ គាត់បានដើរតាមខ្ញុំគ្រប់ទីកន្លែង ដោយថត និងចម្លងសេចក្ដីអធិប្បាយ គាត់បានធ្វើកិច្ចការជាក់ស្ដែងមួយចំនួន។ ប៉ុន្តែរបៀបដែលគាត់ប្រព្រឹត្តនៅចំពោះមុខខ្ញុំ និងអ្វីៗដែលគាត់បានធ្វើនៅក្នុងពួកជំនុំ គឺដូចជាសកម្មភាពរបស់មនុស្សពីរនាក់ដែលខុសគ្នាស្រឡះ។ នៅចំពោះមុខខ្ញុំ គាត់ធ្វើខ្លួនជាអ្នកស្ដាប់បង្គាប់ មានឥរិយាបថល្អ ឧស្សាហ៍ព្យាយាម មានសតិសម្បជញ្ញៈ និងមានការទទួលខុសត្រូវ ប៉ុន្តែតើគាត់មានលក្ខណៈបែបនោះដែរឬទេ នៅពេលដែលគាត់បំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំ? ដោយសារតែគាត់មានលក្ខណៈបែបនោះនៅពេលដែលគាត់ទាក់ទងជាមួយខាងលើ តើគាត់ក៏មានលក្ខណៈបែបនោះដែរឬទេ នៅពេលដែលគាត់ស្ថិតក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់? តើអ្នកហ៊ានផ្ដល់ចម្លើយច្បាស់លាស់អំពីរឿងនេះដែរឬទេ? ទេ អ្នកមិនហ៊ានឡើយ។ ដូច្នេះ តើអ្នកអាចដឹងពីស្ថានភាពពិតរបស់គាត់ដោយរបៀបណា? ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវតែទាក់ទងជាមួយគាត់។ បន្ទាប់ពីអ្នកប្រាស្រ័យទាក់ទងជាមួយគាត់មួយរយៈ អ្វីៗទាំងអស់នៅក្នុងសារជាតិធម្មជាតិរបស់គាត់នឹងលេចចេញមក។ គាត់ស្រឡាញ់ឋានៈជាពិសេស ហើយគិតពីមុខមាត់ខ្លាំងណាស់ រាល់ពេលដែលគាត់នៅជាមួយនរណាម្នាក់ គាត់ពិតជាចូលចិត្តនិយាយអំពីគុណសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ និងបង្អួតពីរឿងដែលគាត់អាចធ្វើបាន រឿងដែលគាត់បានធ្វើ ថាតើគាត់បានរងទុក្ខប៉ុនណា និងថាតើគាត់អស្ចារ្យប៉ុនណា។ គាត់បានធ្វើរឿងទាំងនេះ និងនិយាយបែបនេះញឹកញាប់ណាស់ ហើយគាត់គឺជាមនុស្សខុសគ្នាស្រឡះ បើប្រៀបធៀបទៅនឹងពេលដែលខ្ញុំនៅក្បែរ។ បន្ថែមពីនេះ អ្នកណាដែលនៅក្បែរគាត់ មានអារម្មណ៍ថាត្រូវគេរឹតត្បិត និងសម្លុត ហើយមិនហ៊ាននិយាយអ្វីអំពីរឿងនេះឡើយ។ តើអ្វីជាបញ្ហាធំបំផុតនៅទីនេះ? គាត់បានយកកិច្ចការបន្តិចបន្តួចដែលគាត់កំពុងធ្វើនេះ ភារកិច្ចបន្តិចបន្តួចដែលគាត់កំពុងធ្វើនេះ ហើយចាត់ទុកវាជាគុណសម្បត្តិផ្ទាល់ខ្លួនដើម្បីបង្អួតនៅគ្រប់ទីកន្លែងដែលគាត់ទៅ។ តើគាត់បង្អួតដល់កម្រិតណា? មនុស្សគ្រប់គ្នាគោរពកោតសរសើរគាត់ ថ្វាយបង្គំគាត់ និងច្រណែនគាត់។ ទីបំផុត ពួកគេនិយាយថា «បុរសម្នាក់នេះបានរងទុក្ខយ៉ាងច្រើនដើម្បីព្រះជាម្ចាស់។ គ្រាន់តែមើលសេចក្ដីជំនឿដែលគាត់មាន និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់ទៅ! ពួកយើងមិនអាចប្រៀបផ្ទឹមសូម្បីតែសក់មួយសរសៃនៅលើក្បាលរបស់គាត់ផង។ ពួកយើងអន់ជាងគាត់ឆ្ងាយណាស់!» គាត់តែងតែត្រូវបានមនុស្សលើកឡើង ហើយអ្នកដែលមិនអាចជួបខ្ញុំ គិតថាការជួបគាត់គឺល្អដូចការជួបខ្ញុំអ៊ីចឹង។ ឥទ្ធិពលដែលគាត់មានលើចំណេះដឹង គំនិត និងចិត្តគំនិតរបស់មនុស្ស ទីបំផុតបានឈានដល់កម្រិតនេះ។ ដើម្បីឈានដល់ចំណុចនេះ គាត់ច្បាស់ជាបាននិយាយ និងធ្វើរឿងមិនតិចទេ មែនទេ? គាត់ច្បាស់ជាមិនគ្រាន់តែប្រើពាក្យពីរបីម៉ាត់ដើម្បីលើកឡើងពីភារកិច្ចដែលគាត់បានធ្វើនោះទេ គាត់ច្បាស់ជានិយាយ និងរៀបរាប់អំពីរឿងទាំងនេះយ៉ាងក្បោះក្បាយ។ លើសពីនេះទៅទៀត គាត់មានចេតនា និងគោលបំណងផ្ទាល់ខ្លួន។ គាត់បាននិយាយរឿងមួយចំនួនដែលអាចល្បួង និងបំភាន់មនុស្ស ធ្វើឱ្យមនុស្សថ្វាយបង្គំគាត់ ហើយនៅទីបំផុតគាត់សម្រេចបានគោលដៅរបស់គាត់។ តើអ្នកគិតយ៉ាងណាចំពោះមនុស្សប្រភេទនេះ? ការដែលគាត់បានបំពេញភារកិច្ចនៅក្បែរខ្ញុំ គឺជារឿងល្អសម្រាប់គាត់ មិនថាក្នុងន័យនៃការរៀនពីរបៀបប្រព្រឹត្តខ្លួន ឬការទទួលបានសេចក្ដីពិតនោះទេ។ វាគឺជាឱកាសមួយសម្រាប់គាត់ក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឱ្យបានឆាប់។ គួរឱ្យស្ដាយ គាត់មិនបានឱ្យតម្លៃលើឱកាសនេះឡើយ។ គាត់មិនបានមើលឃើញថាឱកាសនេះមានតម្លៃ និងសំខាន់ប៉ុនណាទេ ហើយក៏មិនបានឃើញថាវាគឺជាផ្លូវ ជាមូលដ្ឋានគ្រឹះ និងជាប្រភពសម្រាប់ការទទួលបានសេចក្ដីពិត និងការទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ គាត់បានប្រើឱកាសនេះដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់គាត់ ក្នុងការធ្វើឱ្យខ្លួនឯងលេចធ្លោជាងគេ និងយកឈ្នះចិត្តមនុស្ស។ នោះបង្កឱ្យមានបញ្ហា គាត់កំពុងដើរលើផ្លូវខុសហើយ។ ប្រាប់ខ្ញុំមកមើល៍ នៅពេលដែលគាត់កំពុងផ្សព្វផ្សាយយ៉ាងគឃ្លើនអំពីការរងទុក្ខរបស់គាត់ អំពីរបៀបដែលព្រះជាម្ចាស់ដឹកនាំគាត់ និងរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះគាត់ ព្រមទាំងរបៀបដែលព្រះជាម្ចាស់ទុកចិត្តគាត់ តើគាត់អាចដឹងថាមានចេតនាផ្ទាល់ខ្លួននៅក្នុងរឿងនេះដែរឬទេ? (ដឹង)។ គាត់គួរតែអាចដឹងហើយ។ វាមិនមែនជារឿងដែលមិនអាចដឹងបាននោះទេ។ គាត់អាចដឹង ចុះហេតុអ្វីបានជាគាត់មិនអាចទប់ស្កាត់អំពើអាក្រក់របស់គាត់បាន? ពីព្រោះគាត់មិនស្រឡាញ់សេចក្ដីពិត គាត់គ្រាន់តែចូលចិត្តឥទ្ធិពល និងឋានៈប៉ុណ្ណោះ។ នៅពេលដែលមនុស្សដែលពិតជាស្រឡាញ់សេចក្ដីពិត បញ្ចេញឱ្យឃើញសេចក្ដីពុករលួយ នៅពេលដែលពួកគេកំពុងធ្វើបន្ទាល់ពីរបៀបដែលពួកគេបានរងទុក្ខ ពួកគេមានអារម្មណ៍បន្ទោស និងចោទប្រកាន់ខ្លួនឯង។ ពួកគេមានអារម្មណ៍ថាអ្វីដែលពួកគេបានធ្វើ គឺគួរឱ្យស្អប់ខ្ពើម និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយថាពួកគេមិនត្រូវធ្វើវាម្ដងទៀតឡើយ។ នៅពេលដែលពួកគេចង់ធ្វើវាម្ដងទៀតនៅថ្ងៃអនាគត ពួកគេអាចទប់ចិត្តខ្លួនឯង និងបញ្ឈប់ការធ្វើរឿងបែបនេះបាន។ នោះជារឿងធម្មតាណាស់។ ប៉ុន្តែនៅពេលបែបនោះ ទោះបីជាមនសិការរបស់ពួកគេស្ដីបន្ទោសពួកគេក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចគ្រប់គ្រងមហិច្ឆិតា និងបំណងប្រាថ្នាដ៏ព្រៃផ្សៃរបស់ពួកគេបានឡើយ ហើយទោះបីជាពួកគេត្រូវបានគេលួសកាត់ក៏ដោយ ក៏ពួកគេមិនទទួលយកសេចក្ដីពិតដែរ។ ហេតុអ្វីបានជាធម្មជាតិរបស់ពួកគេកាន់តែរីកធំឡើងៗដោយមិនអាចកែប្រែបាន? (ពីព្រោះពួកគេមិនស្រឡាញ់សេចក្ដីពិត)។ នៅក្នុងធម្មជាតិរបស់ពួកគេ ពួកគេមិនស្រឡាញ់សេចក្ដីពិតឡើយ។ ចុះតើពួកគេស្រឡាញ់អ្វីទៅ? (ពួកគេស្រឡាញ់ឋានៈ)។ តើឋានៈនឹងនាំមកនូវអ្វីដល់ពួកគេ? វានឹងធ្វើឱ្យមនុស្សថ្វាយបង្គំពួកគេ គោរពកោតសរសើរពួកគេ និងច្រណែនពួកគេ។ ទីបំផុត គោលដៅរបស់ពួកគេគឺដើម្បីទទួលបានឋានៈ និងការប្រព្រឹត្ដចំពោះពួកគេដូចព្រះជាម្ចាស់ ព្រមទាំងកិត្តិយស សុភមង្គល និងសេចក្ដីអំណរដែលឋានៈនេះនាំមកឱ្យពួកគេ។ បន្ទាប់ពីបានស្ដាប់អ្វីគ្រប់យ៉ាងដែលខ្ញុំទើបតែបាននិយាយ តើអ្នករាល់គ្នាមិនមានអារម្មណ៍ខ្ពើមរអើមទេឬអី? (មាន)។ មានរឿងមួយទៀតដែលបុគ្គលនោះបានធ្វើ ដែលគួរឱ្យខ្ពើមរអើមជាងនេះទៅទៀត។ ក្រោយមក គាត់មានជំងឺ ហើយបានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ហើយរឿងនោះធ្វើឱ្យគាត់កាន់តែមានអារម្មណ៍ថា គាត់ស័ក្តិសមនឹងទទួលបានផលប្រយោជន៍ពីឋានៈ។ តើអ្នកគិតថាគាត់នឹងប្រព្រឹត្តយ៉ាងដូចម្ដេច នៅពេលស្ថិតក្រោមការត្រួតត្រានៃគំនិតនេះ? តើគាត់មិនទាមទារឱ្យមនុស្សផ្ដល់ការប្រព្រឹត្តកាន់តែច្រើន និងកាន់តែល្អដល់គាត់ទេឬអី? (មែនហើយ)។ ហេតុអ្វីបានជាគាត់ទាមទារបែបនេះ? តើគាត់មិនមានអារម្មណ៍ថាវាហួសហេតុ ឬមិនសមហេតុផលទេឬអី? គាត់មានអារម្មណ៍ថាគាត់ស័ក្តិសមនឹងទទួលបានវា។ គាត់គិតថា «ខ្ញុំបានរងទុក្ខយ៉ាងច្រើនដើម្បីព្រះជាម្ចាស់ និងដើម្បីបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំមានសិទ្ធិទទួលបានរឿងនេះ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារតែខ្ញុំបានរងទុក្ខយ៉ាងច្រើន ដូច្នេះបងប្អូនប្រុសស្រីរបស់ខ្ញុំត្រូវតែបម្រើខ្ញុំ»។ ពេលគាត់ឈឺ គាត់មិនកម្រើកដៃសូម្បីបន្ដិច គាត់គ្រាន់តែដេកនៅលើគ្រែពេញមួយថ្ងៃ ដោយឱ្យអ្នកដទៃមើលថែគាត់ និងបញ្ចុកអាហារគាត់។ បន្ទាប់ពីគាត់បានដេកនៅទីនោះអស់រយៈពេលយ៉ាងយូរ គាត់ចាប់ផ្ដើមមានអារម្មណ៍ធុញថប់ ដូច្នេះគាត់ក៏ឱ្យមនុស្សយកអាហារ និងភេសជ្ជៈមក ហើយចេញទៅក្រៅជាមួយគាត់ដើម្បីបំបាត់ភាពធុញថប់របស់គាត់។ នេះពិតជាគួរឱ្យខ្ពើមរអើមណាស់ មែនទេ? ប្រសិនបើគាត់ពិតជាឈឺធ្ងន់បែបនោះមែន នោះវាក៏មិនមែនជារឿងធំដុំដែរ។ ប៉ុន្ដែប្រសិនបើគាត់មិនឈឺធ្ងន់បែបនោះទេ នោះច្បាស់ណាស់ថាឥរិយាបថរបស់គាត់ គឺខ្វះវិចារណញ្ញាណខ្លាំងពេកហើយ មែនទេ?

មនុស្សមួយចំនួនហាក់ដូចជាមានចិត្តក្លៀវក្លាណាស់នៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ពួកគេចូលចិត្តយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ហើយពួកគេតែងតែរត់ទៅមុខមុនអ្នកដទៃជានិច្ច។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក ពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាខកបំណង នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ។ ពួកគេមិនផ្ដោតលើការដោះស្រាយបញ្ហាជាក់ស្ដែងរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីធ្វើសកម្មភាពសម្រាប់កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួន។ ពួកគេចូលចិត្តបង្អួតដើម្បីឱ្យអ្នកដទៃកោតសរសើរពួកគេ ហើយពួកគេតែងតែនិយាយអំពីរបៀបដែលពួកគេលះបង់ខ្លួនឯង និងរងទុក្ខដើម្បីព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនបានខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងជីវិតរបស់ពួកគេឡើយ។ នេះមិនមែនជាអ្វីដែលនរណាម្នាក់រំពឹងទុកពីពួកគេនោះទេ។ ទោះបីជាពួកគេរវល់នឹងការងាររបស់ខ្លួន បង្អួតគ្រប់ឱកាស ផ្សាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ទទួលបានការកោតសរសើរ និងការថ្វាយបង្គំពីមនុស្សមួយចំនួន បំភាន់ចិត្តមនុស្ស និងពង្រឹងឋានៈរបស់ខ្លួនក៏ដោយ តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? មិនថាពួកគេប្រើប្រាស់អំណោយតិចតួចដើម្បីសូកប៉ាន់អ្នកដទៃ ឬអួតអំពីអំណោយទាន និងសមត្ថភាពរបស់ខ្លួន ឬប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីបំភាន់មនុស្ស ដើម្បីឱ្យមនុស្សយល់ឃើញល្អពីពួកគេយ៉ាងណាក្ដី មិនថាពួកគេប្រើវិធីសាស្ត្រអ្វីដើម្បីទិញទឹកចិត្តមនុស្ស និងដណ្ដើមយកឋានៈនៅក្នុងចិត្តរបស់ពួកគេយ៉ាងណាក្ដី តើពួកគេបានបាត់បង់អ្វីខ្លះ? ពួកគេបានបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត ក្នុងពេលកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំ។ ក្នុងពេលជាមួយគ្នានេះ ដោយសារតែការសម្ដែងចេញផ្សេងៗរបស់ពួកគេ ពួកគេក៏បានសន្សំអំពើអាក្រក់ដែលនឹងនាំមកនូវលទ្ធផលចុងក្រោយរបស់ពួកគេផងដែរ។ បើមើលឥឡូវនេះ មិនថាពួកគេកំពុងប្រើអំណោយតិចតួចដើម្បីសូកប៉ាន់ និងដាក់អន្ទាក់មនុស្ស ឬអួតអំពីខ្លួនឯង ឬប្រើការក្លែងបន្លំដើម្បីបំភាន់មនុស្សនោះទេ ហើយមិនថាពួកគេមើលទៅហាក់ដូចជាទទួលបានផលប្រយោជន៍ និងការពេញចិត្តច្រើនប៉ុនណាពីការធ្វើបែបនេះនៅសំបកក្រៅក៏ដោយ តើផ្លូវនេះគឺជាផ្លូវដ៏ត្រឹមត្រូវដែរឬទេ? តើវាជាផ្លូវនៃការដេញតាមសេចក្ដីពិតដែរឬទេ? តើវាជាផ្លូវដែលអាចនាំមកនូវសេចក្ដីសង្រ្គោះដល់មនុស្សម្នាក់ដែរឬទេ? ច្បាស់ណាស់ គឺមិនមែនទេ។ មិនថាវិធីសាស្ត្រ និងល្បិចទាំងនេះឆ្លាតវៃប៉ុនណានោះទេ វាមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ ហើយទីបំផុត វិធីសាស្ត្រទាំងនោះសុទ្ធតែត្រូវបានព្រះជាម្ចាស់កាត់ទោស និងស្អប់ខ្ពើម ពីព្រោះអ្វីដែលលាក់នៅពីក្រោយឥរិយាបថបែបនេះ គឺជាមហិច្ឆិតាដ៏ព្រៃផ្សៃរបស់មនុស្ស ព្រមទាំងអាកប្បកិរិយា និងសារជាតិនៃការប្រឆាំងនឹងព្រះជាម្ចាស់។ នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងមិនទទួលស្គាល់មនុស្សទាំងនេះថាជាអ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយផ្ទុយទៅវិញ ទ្រង់កំណត់លក្ខណៈពួកគេថាជាអ្នកប្រព្រឹត្តអំពើអាក្រក់។ តើព្រះជាម្ចាស់សម្រេចយ៉ាងណានៅពេលដោះស្រាយជាមួយអ្នកប្រព្រឹត្តអំពើអាក្រក់? «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ នៅពេលព្រះជាម្ចាស់មានបន្ទូលថា «ចូរចេញពីខ្ញុំទៅ» តើព្រះអង្គចង់ឱ្យមនុស្សបែបនេះទៅទីណា? ព្រះអង្គកំពុងប្រគល់ពួកគេទៅឱ្យសាតាំង ទៅកាន់កន្លែងដែលពោរពេញទៅដោយហ្វូងពួកសាតាំង។ តើលទ្ធផលចុងក្រោយសម្រាប់ពួកគេគឺជាអ្វី? ពួកគេត្រូវបានវិញ្ញាណអាក្រក់ធ្វើទុក្ខទោសរហូតដល់ស្លាប់ ដែលមានន័យថា ពួកគេត្រូវបានសាតាំងលេបត្របាក់។ ព្រះជាម្ចាស់មិនត្រូវការមនុស្សទាំងនេះទេ ដែលមានន័យថា ព្រះអង្គនឹងមិនសង្រ្គោះពួកគេឡើយ ពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ទេ កុំថាឡើយជាអ្នកដើរតាមព្រះអង្គ ដូច្នេះពួកគេមិនស្ថិតក្នុងចំណោមអ្នកដែលព្រះអង្គនឹងសង្រ្គោះឡើយ។ នេះជារបៀបដែលព្រះជាម្ចាស់កំណត់និយមន័យមនុស្សទាំងនេះ។ ដូច្នេះ តើអ្វីជាធម្មជាតិនៃការព្យាយាមទិញទឹកចិត្តអ្នកដទៃ? វាគឺជាការដើរលើផ្លូវរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ វាគឺជាឥរិយាបថ និងសារជាតិរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺជាសារជាតិនៃការប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះអង្គ មនុស្សបែបនេះគឺជាសត្រូវរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានកំណត់លក្ខណៈ និងចាត់ថ្នាក់ ហើយវាត្រឹមត្រូវទាំងស្រុង។

ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩

បន្ទាប់៖ ចំណុចទីពីរ៖ ពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ