ចំណុចទីដប់មួយ៖ ពួកគេមិនទទួលយកការលួសកាត់ឡើយ ហើយពួកគេក៏មិនមានអាកប្បកិរិយានៃការប្រែចិត្តដែរ នៅពេលពួកគេប្រព្រឹត្តកំហុសណាមួយ ប៉ុន្តែ ផ្ទុយទៅវិញពួកគេផ្សាយពីសញ្ញាណ ហើយធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ

ថ្ងៃនេះ យើងនឹងប្រកបគ្នានូវចំណុចទីដប់មួយនៃការស្តែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេមិនទទួលយកការលួសកាត់ឡើយ ហើយពួកគេក៏មិនមានអាកប្បកិរិយានៃការប្រែចិត្តដែរ នៅពេលពួកគេប្រព្រឹត្តកំហុសណាមួយ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេផ្សាយពីសញ្ញាណ ហើយធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ។ ខ្លឹមសារជាក់លាក់នៃចំណុចនេះ គឺអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការលួសកាត់ ពោលគឺអាកប្បកិរិយារបស់ពួកគេនៅពេលដែលពួកគេប្រឈមមុខនឹងរឿងនេះ និងអ្វីដែលពួកគេបន្តធ្វើ ព្រមទាំងការស្តែងចេញអ្វីខ្លះដែលពួកគេមានក្នុងពេលដែលប្រកាន់អាកប្បកិរិយានេះ។ តើយើងធ្លាប់បានប្រកបគ្នានូវខ្លឹមសារអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការលួសកាត់រួចហើយឬនៅ? (មែនហើយ រឿងនេះត្រូវបានលើកឡើងក្នុងអំឡុងពេលនៃការប្រកបគ្នាអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះអនាគត និងវាសនារបស់ពួកគេ។) ដូច្នេះ តើអ្វីជាអាកប្បកិរិយារបស់អាទទឹងនឹងព្រះគ្រីស្ទចំពោះការលួសកាត់? តើយើងមិនបានប្រកបគ្នានៅពេលនោះអំពីពាក្យសម្ដីល្បីៗដែលពួកទទឹងនឹងព្រះគ្រីស្ទពោលឡើង នៅពេលដែលពួកគេត្រូវបានលួសកាត់ទេឬ? (មែនហើយ។) ពួកគេមានពាក្យសម្ដីល្បីៗចំនួនពីរសម្រាប់ស្ថានភាពបែបនេះ។ ទីមួយគឺ៖ «ព្រះជាម្ចាស់គឺសុចរិត ហើយខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណានោះឡើយ!» ហើយមួយទៀតគឺ៖ «អ្នកនៅក្មេងខ្ចីពេកហើយ មិនអាចមកលួសកាត់ខ្ញុំបានទេ។ ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្វល់ពីអ្នកណាទាំងអស់!» ម្យ៉ាងទៀត ពួកគេស្អប់អ្នកណាដែលលួសកាត់ពួកគេ ហើយបន្ថែមពីលើនេះ ភ្លាមៗនៅពេលដែលពួកគេត្រូវបានលួសកាត់ ពួកគេសង្ស័យថាពួកគេនឹងត្រូវគេជម្រុះចោល។ នៅចុងបញ្ចប់ យើងក៏បានប្រកបគ្នាអំពីរបៀបដែលពួកគេមិនត្រឹមតែបដិសេធមិនព្រមទទួលយកការលួសកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សាយពីសញ្ញាណនៅគ្រប់ទីកន្លែងទៀតផង។ តើនេះមិនមែនជារឿងដែលយើងបាននិយាយគ្នាទេឬ? (មែនហើយ។)

I. មូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់

ខ្ញុំទើបតែបានពិនិត្យសារឡើងវិញភ្លាមៗ អំពីការប្រកបគ្នារបស់យើងកាលពីពេលមុនទាក់ទងនឹងរបៀប ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការលួសកាត់ នៅពេលដែលរឿងនេះប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ថ្ងៃនេះ យើងនឹងប្រកបគ្នា ហើយវែកញែករឿងនេះពីជ្រុងមួយទៀត ព្រមទាំងក្រឡេកមើលនិស្ស័យជាក់លាក់អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទបើកសម្តែង នៅពេលដែលពួកគេត្រូវបានលួសកាត់ ហើយថាតើពួកគេមានអាកប្បកិរិយាបែបណា ក៏ដូចជាថាតើទស្សនៈជាក់លាក់របស់ពួកគេគឺជាអ្វី ហើយយើងនឹងវែកញែកនិស្ស័យរបស់ពួកគេដោយផ្អែកលើទស្សនៈទាំងនេះ។ ដោយសាររឿងនេះពាក់ព័ន្ធនឹងប្រធានបទនៃការលួសកាត់ ជាដំបូង ចូរយើងប្រកបគ្នាអំពីមូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់។ ការលួសកាត់មិនមែនជារឿងដែលធ្វើឡើងដោយគ្មានមូលដ្ឋាននោះទេ ដូច្នេះ តើរឿងនេះនឹងកើតឡើងចំពោះអាទទឹងនឹងព្រះគ្រីស្ទ នៅក្នុងបរិបទអ្វី និងក្នុងកាលៈទេសៈបែបណា? តើវាគ្រាន់តែដោយសារតែបុគ្គលនោះគឺជាអាទទឹងនឹងព្រះគ្រីស្ទមែនទេ? មនុស្សមួយចំនួននិយាយថា៖ «អ្នកណាដែលមានឋានៈ អ្នកណាដែលលេចធ្លោនឹងត្រូវគេលួសកាត់នៅទីបញ្ចប់»។ តើរឿងនេះពិតដែរឬទេ? (ទេ។) ចុះតើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ ទើបបណ្ដាលឱ្យពួកគេត្រូវបានលួសកាត់? តើពួកគេនឹងត្រូវបានលួសកាត់យ៉ាងធ្ងន់ធ្ងរដែរឬទេ ប្រសិនបើពួកគេប្រព្រឹត្តកំហុសធម្មតាមួយនោះ? តើរឿងនេះមិនគួរត្រូវបានយកមកប្រកបគ្នាទេឬ? (មែនហើយ។) ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់? ដោយមើលតាមទ្រឹស្ដី ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យក្រអឺតក្រទម ពួកគេមិនចុះចូលនឹងសេចក្ដីពិត ពួកគេមិនស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬរឿងវិជ្ជមានឡើយ ពួកគេមិនពេញចិត្តនឹងសេចក្ដីពិត ពួកគេស្អប់សេចក្ដីពិត ហើយពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេគួរតែត្រូវបានលួសកាត់ ឬថែមទាំងត្រូវបានលាតត្រដាងដោយគ្មានក្ដីមេត្តាករុណាឡើយ។ តើសេចក្ដីថ្លែងអះអាងនេះត្រឹមត្រូវដែរឬទេ? ដោយផ្អែកលើការស្តែងចេញ និងការបើកសម្តែងរបស់ពួកគេ ពួកគេអាចត្រូវបានកំណត់លក្ខណៈជាពួកទទឹងនឹងព្រះគ្រីស្ទ ដូច្នេះ ពួកគេសមនឹងត្រូវបានលួសកាត់ និងថែមទាំងត្រូវបានលាតត្រដាងដោយគ្មានក្ដីមេត្តាទៀតផង។ មិនថាពួកគេត្រូវបានលួសកាត់ដោយរបៀបណានោះទេ ពួកគេមិនស័ក្ដិសមនឹងទទួលបានការអាណិតអាសូរឡើយ ពួកគេគួរតែត្រូវបានបដិសេធចោល ហើយអ្នកណាក៏ដោយ ក៏មានហេតុផលត្រឹមត្រូវក្នុងការលួសកាត់ពួកគេដែរ។ តើរឿងរ៉ាវគឺបែបនេះមែនទេ? (មិនមែនទេ។) តើអ្នករាល់គ្នាប្រាកដទេ? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់? ខ្ញុំទើបតែបានលើកឡើងពីមូលហេតុមួយចំនួនសម្រាប់រឿងនេះ។ អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា អាចមានអារម្មណ៍ថាមូលហេតុទាំងនោះមិនត្រឹមត្រូវទេ ប៉ុន្តែអ្នករាល់គ្នាមិនប្រាកដអំពីរឿងនេះឡើយ។ នេះគឺដោយសារតែអ្នករាល់គ្នាគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ហើយមិនអាចមើលធ្លុះដល់សារជាតិនៃរឿងនេះបានឡើយ។ ការពិតដែលថាអ្នករាល់គ្នាមិនបានទទួលស្គាល់រឿងនេះ បង្ហាញថា អ្នករាល់គ្នាមិនបានមើលធ្លុះដល់បញ្ហាដែលថា ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់នោះទេ។ មនុស្សភាគច្រើនគ្រាន់តែយល់ពីគោលលទ្ធិទាក់ទងនឹងបញ្ហានេះប៉ុណ្ណោះ ហើយពួកគេដឹងនៅក្នុងដួងចិត្តរបស់ពួកគេថា អាទទឹងនឹងព្រះគ្រីស្ទគួរតែត្រូវបានលួសកាត់ និងលាតត្រដាងដោយគ្មានក្ដីមេត្តាករុណា ប៉ុន្តែពួកគេខ្វះការវែកញែកចំពោះទង្វើជាក់ស្ដែងរបស់អាទទឹងនឹងព្រះគ្រីស្ទ។ នេះបង្ហាញថា ពួកគេមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហានេះ ឬសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ។ អស់អ្នកដែលមិនមានតថភាពនៃសេចក្ដីពិត គឺគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ពួកគេអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ ដូច្នេះ ប្រសិនបើពិតជាមានអា ទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើអ្វីមួយមែននោះ ពួកគេមុខជាមិនអាចមើលធ្លុះដល់រឿងនេះបានឡើយ។

ហេតុអ្វីបានជាអាទទឹងនឹងព្រះគ្រីស្ទអាចត្រូវបានលួសកាត់? មូលហេតុគឺសាមញ្ញណាស់ ពោលគឺដោយសារតែការស្តែងចេញផ្សេងៗរបស់ពួកគេ និងការអនុវត្ត ព្រមទាំងទង្វើផ្សេងៗដែលត្រូវបានបើកសម្ដែងចេញពីសារជាតិរបស់ពួកគេ។ ចុះតើអ្វីខ្លះជាការអនុវត្ត ទង្វើ និងការស្តែងចេញទាំងនេះ? ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយសារតែសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ ពួកគេដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីទ្រង់ ហើយពួកគេដណ្ដើមដែនដី និងដណ្ដើមយកចិត្តរបស់មនុស្ស ពោលទាំងអស់នេះ គឺជាការដែលពួកគេបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលដែលនរណាម្នាក់កំពុងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ តើពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? (ទេ។) ពួកគេកំពុងធ្វើកិច្ចការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គ្រប់គ្រងដែនឥទ្ធិពល និងអំណាចផ្ទាល់ខ្លួនរបស់ពួកគេ ដោយព្យាយាមក្ដោបក្ដាប់ការគ្រប់គ្រងផ្ដាច់មុខលើដែនដីរបស់ពួកគេ បង្កើតបក្សពួកផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យពួកគេបដិសេធព្រះជាម្ចាស់ ហើយងាកមកដើរតាមពួកគេវិញ។ នេះមិនមែនជាការបំពេញភារកិច្ចរបស់ពួកគេទេ វាគឺជាការប្រឈមមុខតទល់ជាមួយព្រះជាម្ចាស់ដោយផ្ទាល់។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទបង្ហាញការស្តែងចេញទាំងនេះ នៅពេលដែលពួកគេធ្វើរឿងទាំងនេះ តើពួកគេគួរតែត្រូវបានលួសកាត់ដែរឬទេ? (មែនហើយ។) តើនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការលួសកាត់អាទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើនេះគឺជាការស្តែងចេញជាក់លាក់មួយរបស់ពួកគេដែរឬទេ? (មែនហើយ គឺអ៊ីចឹងហើយ។) ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចនិយាយបែបនេះបានអម្បាញ់មិញនេះ? តើពាក្យសម្ដីទាំងនេះ មិនមែននៅលើបបូរមាត់ និងនៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នាទេឬ? (មែនហើយ។) តើការស្តែងចេញនេះ ផ្ទុយនឹងមូលហេតុតាមទ្រឹស្ដីដែលខ្ញុំទើបតែបានលើកឡើងដែរឬទេ? តើពួកវាមានភាពខុសគ្នាដូចម្ដេចខ្លះ? (មូលហេតុទាំងនោះមានលក្ខណៈទូទៅ ចំណែកឯការស្តែងចេញដែលព្រះជាម្ចាស់ទើបតែបានលើកឡើង គឺមានភាពលម្អិត វាគឺជាការស្តែងចេញជាក់ស្ដែងរបស់អាទទឹងនឹងព្រះគ្រីស្ទ។) មូលហេតុដែលបានលើកឡើងពីមុនទាំងនោះ គឺមានលក្ខណៈទូទៅ ពួកវាគ្រាន់តែជាគោលលទ្ធិមួយចំនួនប៉ុណ្ណោះ ពួកវាមិនមែនជាមូលហេតុជាក់លាក់ដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ទាល់តែសោះ។ ការស្តែងចេញនេះ គឺជាមូលហេតុពិតប្រាកដមួយក្នុងចំណោមមូលហេតុផ្សេងៗ។ ការស្តែងចេញទីមួយ គឺពួកគេកំពុងព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ ការស្តែង ចេញទីពីរ គឺការលួចលាក់ប្រើឧបាយកលរបស់ពួកគេ។ រឿងនេះមានធម្មជាតិដូចគ្នាទៅនឹងការព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនដែរ ប៉ុន្តែការអនុវត្តជាក់លាក់គឺខុសគ្នា។ ដូច្នេះ តើការលួចលាក់ប្រើឧបាយកលមានន័យដូចម្ដេច? តើនេះជាពាក្យវិជ្ជមាន ឬអវិជ្ជមាន? តើវាមានអត្ថន័យកោតសរសើរ ឬបង្អាប់? (អត្ថន័យបង្អាប់។) ជាទូទៅ តើការលួចលាក់ប្រើឧបាយកលមានន័យដូចម្ដេច? តើរឿងនេះរួមបញ្ចូលការស្តែងចេញប្រភេទណាខ្លះ? (ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងផ្សេងៗនៅពីក្រោយខ្នង ដើម្បីពង្រឹងឋានៈរបស់ពួកគេ។ ឧទាហរណ៍ ក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងពួកជំនុំ ពួកគេលួចកៀងគរសំឡេងឆ្នោតនៅពីក្រោយឆាក។) នេះគឺជារឿងមួយក្នុងចំណោមរឿងដែលវាបានរួមបញ្ចូល។ សរុបមក ការស្តែងចេញប្រភេទនេះមានន័យថា ការធ្វើរឿងមួយចំនួនដោយលួចលាក់ ដោយមិនពិភាក្សាជាមួយអ្នកដទៃ ដោយគ្មានតម្លាភាព ប្រើឧបាយកលគ្រប់គ្រងស្ថានការណ៍នៅពីក្រោយខ្នងមនុស្សគ្រប់គ្នា ជាពិសេស មិនអនុញ្ញាតឱ្យអ្នកដឹកនាំខាងលើ ឬថ្នាក់លើដឹងពីរឿងនេះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងមួយចំនួនដោយសម្ងាត់ ដោយដឹងច្បាស់ថា រឿងទាំងនោះបំពាននឹងគោលការណ៍ ហើយមិនស្របតាមសេចក្ដីពិតទេ ថារឿងទាំងនោះធ្វើឱ្យប៉ះពាល់ដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយថាព្រះជាម្ចាស់ស្អប់ខ្ពើមរឿងទាំងនោះ។ ពួកគេនៅតែទទូចធ្វើរឿងទាំងនេះ ដោយប្រើល្បិចរបស់សាតាំង និងកលល្បិចរបស់មនុស្ស ដើម្បីប្រើឧបាយកលគ្រប់គ្រងស្ថានការណ៍ ហើយបន្ទាប់មក ពួកគេធ្វើសកម្មភាពដោយសម្ងាត់។ តើអ្វីជាគោលដៅរបស់ពួកគេនៅពីក្រោយការធ្វើរឿងផ្សេងៗដោយសម្ងាត់? គោលដៅមួយគឺដើម្បីដណ្ដើមយកអំណាច ហើយមួយទៀតគឺដើម្បីទទួលបានផលប្រយោជន៍អ្វីក៏ដោយដែលពួកគេចង់បាន។ ដើម្បីសម្រេចគោលដៅទាំងនេះ ពួកគេធ្វើរឿងដែលបំពាននឹងគោលការណ៍សេចក្ដីពិត ច្បាប់ទម្លាប់របស់ពួកជំនុំ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត គឺបំពាននឹងមនសិការរបស់ពួកគេផ្ទាល់។ គ្មានតម្លាភាពនៅក្នុងសកម្មភាពរបស់ពួកគេឡើយ ពោលគឺពួកគេលាក់បាំងរឿងរ៉ាវពីមនុស្សគ្រប់គ្នា ឬពួកគេគ្រាន់តែប្រាប់បក្សពួកមួយចំនួនតូចនៅក្នុងដែនឥទ្ធិពលរបស់ពួកគេប៉ុណ្ណោះ ដើម្បីឱ្យពួកគេអាចសម្រេចគោលដៅរបស់ពួកគេក្នុងការគ្រប់គ្រងស្ថានការណ៍ ក្នុងការបិទបាំងភ្នែកអ្នកដឹកនាំថ្នាក់លើ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ការលួចលាក់ប្រើឧបាយកលមានន័យថា ពួកគេធ្វើការសម្រេចចិត្តមួយចំនួន និងចាត់ចែងរឿងមួយចំនួន ស្របពេលដែលមនុស្សភាគច្រើនមិនបានដឹងខ្លួនទាល់តែសោះ ហើយបន្ទាប់ពីរឿងទាំងនេះបានកើតឡើង មនុស្សភាគច្រើនមិនដឹងពីប្រភពរបស់វា ឬមិនដឹងថាអ្នកណាជាអ្នកផ្ដើមរឿងទាំងនោះ ឬមិនដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដនោះទេ។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនដឹងរឿងអ្វីសោះដូច្នេះ? នេះគឺជាភាពទុច្ចរិត គឺជាទង្វើ កាចសាហាវរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមានចេតនាបោកបញ្ឆោតបងប្អូនប្រុសស្រី អ្នកដឹកនាំថ្នាក់លើ និងខាងលើនៅក្នុងសកម្មភាពរបស់ពួកគេ។ មិនថាអ្នកព្យាយាមស៊ើបសួរអំពីរឿងទាំងនេះយ៉ាងណា ឬសួរអ្នកណានោះទេ គឺគ្មានអ្នកណាដឹងពីដើមចមនៃរឿងទាំងនោះឡើយ ហើយជាពិសេស ចំពោះរឿងជាច្រើនដែលបានកើតឡើងជាយូរមកហើយ មនុស្សភាគច្រើននៅតែមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ។ នេះហើយគឺជាការលួចលាក់ប្រើឧបាយកល។ វាគឺជាកលល្បិចទូទៅមួយដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ ពោលនៅពេលដែលពួកគេចង់ធ្វើអ្វីមួយ ពួកគេរៀបចំគម្រោងការ និងផែនការយ៉ាងសម្ងាត់ ដោយមិនពិភាក្សាជាមួយអ្នកណាផ្សេងឡើយ។ ពួកគេរៀបចំគ្រោងការនៅក្នុងក្បាលរបស់ពួកគេ ប្រសិនបើពួកគេគ្មានអ្នកណាដែលពួកគេទុកចិត្តនោះទេ។ ប្រសិនបើពួកគេមានបក្សពួក នោះពួកគេនឹងរៀបចំគ្រោងការ និងផែនការ ជាមួយអ្នកទាំងនោះដោយសម្ងាត់ ហើយអ្នកណាក៏ដោយដែលស្ថិតនៅក្នុងដែនឥទ្ធិពលរបស់ពួកគេ អាចក្លាយជាគោលដៅនៃការប្រើឧបាយកលរបស់ពួកគេ នៃល្បិចកលរបស់ពួកគេ។ តើអ្វីជាលក្ខណៈចម្បងនៃការអនុវត្តប្រភេទនេះ? វាគឺជាកង្វះតម្លាភាព ដោយមនុស្សភាគច្រើនមិនទទួលបានសិទ្ធិក្នុងការដឹងថាមានរឿងអ្វីកំពុងកើតឡើងឡើយ ហើយត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទលេងសើច ប្រើឧបាយកល និងបំភាន់ក្នុងពេលដែលពួកគេស្ថិតក្នុងស្ថានភាពវង្វេងវង្វាន់។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តការលួចលាក់ប្រើឧបាយកល ហើយមិនធ្វើសកម្មភាពដោយបើកចំហ ឬតាមវិធីតម្លាភាព ឬអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាមានសិទ្ធិដឹងលឺថាមានរឿងអ្វីកំពុងកើតឡើងដូច្នេះ? នេះគឺដោយសារតែពួកគេដឹងយ៉ាងច្បាស់លាស់ថា អ្វីដែលពួកគេកំពុងធ្វើ គឺមិនស្របតាមគោលការណ៍ ឬច្បាប់ទម្លាប់នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថាពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់ដោយឥតញញើត។ ពួកគេដឹងថា ប្រសិនបើមនុស្សភាគច្រើនបានដឹងអំពីអ្វីដែលពួកគេកំពុងធ្វើ នោះអ្នកខ្លះក្នុងចំណោមពួកគេនឹងក្រោកឈរឡើង ហើយប្រឆាំងនឹងពួកគេ ហើយប្រសិនបើអ្នកដឹកនាំថ្នាក់លើដឹង ពួកគេនឹងត្រូវបានលួសកាត់ និងដកហូតតំណែង ហើយបន្ទាប់មក ឋានៈរបស់ពួកគេនឹងជួបគ្រោះថ្នាក់។ ហេតុនេះហើយទើបពួកគេប្រើប្រាស់វិធីសាស្ត្រនៃការលួចលាក់ប្រើឧបាយកល នៅក្នុងរឿងមួយចំនួនដែលពួកគេធ្វើ ហើយមិនអនុញ្ញាតឱ្យអ្នកដទៃដឹងពីរឿងទាំងនោះឡើយ។ តើលទ្ធផលនៃការលួចលាក់ប្រើឧបាយកលរបស់ពួកគេ មានប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ? តើវាផ្តល់ការបំភ្លឺដល់មនុស្សគ្រប់គ្នាដែរឬទេ? ច្បាស់ណាស់គឺទេ។ មនុស្សភាគច្រើនត្រូវបានបំភាន់ និងបោកបញ្ឆោត ហើយមិនទទួលបានប្រយោជន៍អ្វីទាល់តែសោះពីរឿងនេះ។ តើវិធីសាស្ត្រនៃការលួចលាក់ប្រើឧបាយកល ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់នេះ ស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? តើនេះជាការធ្វើសកម្មភាពស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ។) ដូច្នេះ នៅពេលដែលការស្តែងចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលប្រព្រឹត្តការលួចលាក់ប្រើឧបាយកលត្រូវបានគេរកឃើញ តើពួកទទឹងនឹងព្រះគ្រីស្ទគួរតែត្រូវបានលួសកាត់ដែរឬទេ? តើពួកគេគួរតែត្រូវបានលាតត្រដាង និងបដិសេធចោលដែរឬទេ? (មែនហើយ។) ការប្រព្រឹត្តការលួចលាក់ប្រើឧបាយកល គឺជាការស្តែងចេញជាក់ស្ដែងមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

តើមានការស្ដែងចេញអ្វីផ្សេងទៀតដែលកើតមានទូទៅ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើការ? (ពួកទទឹងនឹងព្រះគ្រីស្ទសង្កត់សង្កិន និងធ្វើបាបមនុស្ស ដើម្បីតែឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។) វាជារឿងទូទៅបំផុតមួយដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបអ្នកដទៃ ហើយវាគឺជាការស្តែងចេញជាក់ស្ដែងមួយរបស់ពួកគេ។ ដើម្បីរក្សាឋានៈរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែទាមទារឱ្យមនុស្សគ្រប់គ្នាស្ដាប់បង្គាប់ និងស្ដាប់តាមពួកគេ។ ប្រសិនបើពួកគេឃើញថាមាននរណាម្នាក់មិនស្ដាប់តាមពួកគេ ឬស្អប់ខ្ពើម និងទាស់ទទឹងនឹងពួកគេ ពួកគេនឹងប្រើប្រាស់កលល្បិចនៃការសង្កត់សង្កិន និងធ្វើបាបបុគ្គលនោះ ដើម្បីបង្ក្រាបគេ។ ជាញឹកញាប់ ពួកទទឹងនឹងព្រះគ្រីស្ទសង្កត់សង្កិនអ្នកណាដែលមានមតិខុសពីពួកគេ។ ជាញឹកញាប់ ពួកគេសង្កត់សង្កិនមនុស្សដែលដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់។ ជាញឹកញាប់ ពួកគេសង្កត់សង្កិនមនុស្សដែលមានភាពថ្លៃថ្នូរ និងទៀងត្រង់បង្គួរ ដែលមិនបញ្ជោរ ឬអែបអបពួកគេ។ ពួកគេសង្កត់សង្កិនអ្នកណាដែលមិនចុះសម្រុង ឬមិនចុះញ៉មនឹងពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រព្រឹត្តចំពោះអ្នកដទៃ ដោយផ្អែកលើគោលការណ៍សេចក្ដីពិតឡើយ។ ពួកគេមិនអាចប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌បានទេ។ នៅពេលដែលពួកគេមិនចូលចិត្តនរណាម្នាក់ នៅពេលដែលនរណាម្នាក់ហាក់ដូចជាមិនបានចុះញ៉មនឹងពួកគេចេញពីចិត្ត ពួកគេស្វែងរកឱកាស និងលេស ហើយថែមទាំងបង្កើតលេសផ្សេងៗ ដើម្បីវាយប្រហារ និងធ្វើបាបបុគ្គលនោះ រហូតដល់លើកបដានៃការធ្វើកិច្ចការពួកជំនុំមកសង្កត់សង្កិនបុគ្គលនោះទៀតផង។ ពួកគេមិនព្រមឈប់ឡើយ រហូតទាល់តែមនុស្សបានចុះញ៉ម ហើយមិនហ៊ានបដិសេធពួកគេ។ ពួកគេមិនព្រមឈប់ឡើយ រហូតទាល់តែមនុស្សបានទទួលស្គាល់ឋានៈ និងអំណាចរបស់ពួកគេ រាក់ទាក់ពួកគេដោយស្នាមញញឹម បង្ហាញការគាំទ្រ និងការព្រមតាមពួកគេ ហើយមិនហ៊ានមានគំនិតអ្វីប្រឆាំងនឹងពួកគេ។ នៅក្នុងស្ថានភាពណាមួយ នៅក្នុងក្រុមណាមួយ ពាក្យថា «យុត្តិធម៌» គឺមិនមានឡើយនៅក្នុងការប្រព្រឹត្តរបស់អាទទឹងនឹងព្រះគ្រីស្ទចំពោះអ្នកដទៃ ហើយពាក្យថា «សេចក្ដីស្រឡាញ់» ក៏មិនមានឡើយនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះបងប្អូនប្រុសស្រីដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពួកគេចាត់ទុកអ្នកណាក៏ដោយដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេ ថាជាដែកគោលក្នុងភ្នែក និងជាបន្លាក្នុងសាច់របស់ពួកគេ ហើយពួកគេនឹងស្វែងរកឱកាស និងលេសដើម្បីធ្វើបាបបុគ្គលនោះ។ ប្រសិនបើបុគ្គលនោះមិនចុះញ៉មទេ ពួកគេនឹងធ្វើបាប បុគ្គលនោះ ហើយមិនព្រមឈប់ឡើយ រហូតទាល់តែបុគ្គលនោះត្រូវបានបង្ខំឱ្យចុះញ៉ម។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបែបនេះ គឺខុសឆ្ងាយពីគោលការណ៍សេចក្ដីពិត ហើយស្ថិតក្នុងភាពជាសត្រូវនឹងសេចក្ដីពិត ដូច្នេះ តើពួកគេគួរតែត្រូវបានលួសកាត់ដែរឬទេ? មិនត្រឹមតែប៉ុណ្ណោះទេ គឺត្រូវតែលាតត្រដាង វែកញែក និងកំណត់លក្ខណៈពួកគេ ទើបគ្រប់គ្រាន់។ អាទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាទៅតាមចំណូលចិត្ត បំណង និងគោលដៅផ្ទាល់ខ្លួនរបស់ខ្លួន។ នៅក្រោមសិទ្ធិអំណាចរបស់ពួកគេ អ្នកណាដែលមានស្មារតីយុត្តិធម៌ អ្នកណាដែលអាចនិយាយដោយយុត្តិធម៌ អ្នកណាដែលហ៊ានតស៊ូប្រឆាំងនឹងភាពអយុត្តិធម៌ អ្នកណាដែលប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត អ្នកណាដែលមានទេពកោសល្យ និងចំណេះដឹងយ៉ាងពិតប្រាកដ អ្នកណាដែលអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ មនុស្សទាំងអស់នេះនឹងជួបប្រទះនឹងការច្រណែនរបស់អា ទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេនឹងត្រូវបានសង្កត់សង្កិន ផាត់ចេញ និងថែមទាំង ត្រូវបានជាន់ឈ្លីនៅក្រោមបាតជើងរបស់អាទទឹងនឹងព្រះគ្រីស្ទរហូតដល់ថ្នាក់ពួកគេមិនអាចងើបឡើងវិញបាន។ នេះហើយគឺជាសេចក្ដីស្អប់ ដែលអាទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះមនុស្សល្អ និងអ្នកដែលដេញតាមសេចក្ដីពិត។ គេអាចនិយាយបានថា តិចឬច្រើន ភាគច្រើននៃអ្នកដែលអាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ច្រណែន និងសង្កត់សង្កិន គឺជាបុគ្គលវិជ្ជមាន និងជាមនុស្សល្អ។ ភាគច្រើននៃពួកគេ គឺជាមនុស្សដែលព្រះជាម្ចាស់នឹងសង្គ្រោះ ដែលព្រះជាម្ចាស់អាចប្រើប្រាស់បាន ដែលព្រះជាម្ចាស់នឹងធ្វើឱ្យគ្រប់លក្ខណ៍។ ក្នុងការប្រើប្រាស់កលល្បិចនៃការសង្កត់សង្កិន និងការផាត់ចេញបែបនេះ ចំពោះអ្នកដែលព្រះជាម្ចាស់នឹងសង្គ្រោះ ប្រើប្រាស់ និងធ្វើឱ្យគ្រប់លក្ខណ៍ តើពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? តើពួកគេមិនមែនជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ? ដោយសារពួកគេមានអារម្មណ៍ច្រណែន វាយប្រហារ និងផាត់អ្នកដែលដេញតាមសេចក្ដីពិតចេញបែបនេះ ពួកគេកំពុងរំខានដោយផ្ទាល់ដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ អាទទឹងនឹងព្រះគ្រីស្ទប្រភេទនេះ មិនត្រឹមតែមានការប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រទូសរ៉ាយចំពោះអ្នកទាំងឡាយដែលដើរតាមព្រះជាម្ចាស់ និងអ្នកដែលដេញតាមសេចក្ដីពិតផងដែរ។ នេះគឺជាអាទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមានការវែកញែកចំពោះការស្តែងចេញប្រភេទនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើពួកគេគួរតែលាតត្រដាង និងបដិសេធចោលពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើប្រភេទនិស្ស័យដែលពួកទទឹងនឹងព្រះគ្រីស្ទមាន អាចត្រូវបានដោះស្រាយតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិតដែរឬទេ? និស្ស័យរបស់ពួកគេគឺជានិស្ស័យដែលស្អប់សេចក្ដីពិត និងព្រះជាម្ចាស់ ហើយពួកគេដាច់ខាតនឹងមិនទទួលយក ឬចុះចូលនឹងសេចក្ដីពិតឡើយ។ ហេតុដូច្នេះ វិធីតែមួយគត់ដើម្បីដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដបែបនេះ គឺត្រូវលាតត្រដាងពួកគេ វែកញែកពួកគេ ហើយបន្ទាប់មកបដិសេធមនុស្សបែបនេះចោល។ នេះគឺស្របតាមគោលការណ៍សេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់តាមរបៀបនេះ គឺច្បាស់ណាស់ថាពួកគេកំពុងតាំងខ្លួនប្រឈមមុខ នឹងព្រះជាម្ចាស់ ហើយប្រជែងជាមួយព្រះជាម្ចាស់ ដណ្ដើមរាស្ដ្ររើសតាំងរបស់ទ្រង់។ ពួកគេច្រណែន និងស្អប់អ្នកណាដែលពួកគេមិនអាចបំភាន់ និងត្រួតត្រាបាន។ ពួកគេមិនអាចទទួលបានមនុស្សទាំងនេះទេ ប៉ុន្តែពួកគេក៏មិនអនុញ្ញាតឱ្យព្រះជាម្ចាស់ទទួលបានអ្នកទាំងនោះដែរ។ តាមរបៀបនេះ តើពួកគេមិនមែនកំពុងដើរតួជាសាតាំងនៅក្នុងពួកជំនុំ ដែលប្រជែងជាមួយព្រះជាម្ចាស់ ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនាំមកនូវគ្រោះថ្នាក់ និងសេចក្ដីវិនាសដល់រាស្ដ្រទាំងនោះទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទចង់ក្ដោបក្ដាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលដេញតាមសេចក្ដីពិត ឱ្យស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេ ដោយរារាំងមិនឱ្យព្រះជាម្ចាស់ឈ្នះបានអ្នកទាំងនោះមកវិញ ហើយពួកគេក៏ចង់បំភាន់អ្នកដែលដើរតាមព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សទាំងនេះដើរតាមពួកគេ ដោយបំផ្លាញឱកាសរបស់ពួកគេក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ មានតែពេលនោះទេ ទើបពួកគេសម្រេចបាននូវគោលដៅរបស់ពួកគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទដែលធ្វើបាបមនុស្សរហូតដល់ស្លាប់ មិនមែនជាសត្រូវ ធំបំផុតរបស់ព្រះជាម្ចាស់ទេឬ? អ្នករាល់គ្នាគួរតែអាចវែកញែកពួកគេបាន។

តើពួកទទឹងនឹងព្រះគ្រីស្ទមានការស្តែងចេញអ្វីផ្សេងទៀត? (ពួកគេប្រឆាំងនឹងការរៀបចំកិច្ចការ ហើយគ្រាន់តែធ្វើអ្វីៗតាមតែរបៀបផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។) មានភាពស្រដៀងគ្នាខ្លះៗរវាងរឿងនេះ និងការបង្កើតនគរឯករាជ្យផ្ទាល់ខ្លួន ព្រមទាំងការលួចលាក់ប្រើឧបាយកល ប៉ុន្តែវាក៏ជាការស្តែងចេញជាក់លាក់មួយផ្សេងទៀតដែរ។ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីៗតាមតែរបៀបផ្ទាល់ខ្លួនរបស់ពួកគេដោយរបៀបណា? (ខាងលើទម្លាក់ការរៀបចំកិច្ចការ ដើម្បីតម្រូវឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់វែកញែកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនមិនអនុវត្តការរៀបចំកិច្ចការទាំងនេះទេ ផ្ទុយទៅវិញ ពួកគេយកលេសថា៖ «អ្នកអាចវែកញែកអ្នកដទៃបាន លុះត្រាតែអ្នកអាចវែកញែកខ្លួនឯងបានសិន» ដើម្បីឱ្យមនុស្សគ្រប់គ្នាស្គាល់ខ្លួនឯង ដោយរារាំងបងប្អូនប្រុសស្រីមិនឱ្យវែកញែកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។) នេះគឺជាការប្រឆាំងនឹងការរៀបចំកិច្ចការរបស់ខាងលើ ក៏ដូចជាការធ្វើអ្វីៗតាមតែរបៀបផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ តើមានអ្វីទៀត? (ពួកទទឹងនឹងព្រះគ្រីស្ទមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេអំពីការរៀបចំកិច្ចការរបស់ខាងលើ។ មើលពីសំបកក្រៅហាក់ដូចជាពួកគេអាចអនុវត្តការរៀបចំទាំងនេះបាន ហើយថាពួកគេកំពុងប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ប៉ុន្តែពួកគេមិនដែលតាមដាន ឬសាកសួរអំពីរឿងទាំងនេះទេ ហើយក្រោយមក ក៏ទុករឿងទាំងនោះចោលមិនអើពើ។) ការដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីៗតាមតែរបៀបផ្ទាល់ខ្លួនរបស់ពួកគេ ជាចម្បងមានន័យថា មិនថាខាងលើកំពុងរៀបចំកិច្ចការអ្វី ឬខាងលើតម្រូវឱ្យថ្នាក់ក្រោមអនុវត្តកិច្ចការអ្វីនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងទុកវាចោលមួយឡែក ព្រងើយកន្តើយនឹងវា មិនបញ្ជូនបន្ត និងមិនអនុវត្តវាឡើយ ហើយបន្ទាប់មក ពួកគេនឹងធ្វើអ្វីដែលពួកគេចង់ធ្វើ អ្វីដែលពួកគេ សុខចិត្តធ្វើ និងអ្វីដែលនឹងផ្ដល់ប្រយោជន៍ដល់ពួកគេ។ ជាឧទាហរណ៍ ក្នុងការចែកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់យោងតាមគោលការណ៍នៃការបែងចែកសៀវភៅរបស់ពួកជំនុំ មនុស្សគ្រប់គ្នាដែលរស់នៅក្នុងជីវិតពួកជំនុំជាធម្មតា ត្រូវតែទទួលបានសៀវភៅមួយក្បាល។ ប៉ុន្តែនៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទឃើញបែបនេះ គេគិតថា៖ «សៀវភៅមួយក្បាលសម្រាប់មនុស្សម្នាក់ៗឬ? តើវាមិនធ្វើឱ្យខ្ញុំខាត ទេឬ? មិនអាចឱ្យសៀវភៅមួយក្បាលក្នុងម្នាក់បានទេ ខ្ញុំត្រូវតែអនុវត្ត និងប្រតិបត្តិកិច្ចការនេះ ដោយផ្អែកលើអ្វីដែលមនុស្សម្នាក់ៗគិតមកលើខ្ញុំជាពិសេស។ វាមិនគួរគ្រាន់តែផ្អែកលើការរស់នៅក្នុងជីវិតពួកជំនុំជាធម្មតានោះទេ ប៉ុន្តែត្រូវផ្អែកលើថាតើជាទូទៅអ្នកណាថ្វាយដង្វាយច្រើនជាង។ ដោយគ្មានការលើកលែង មនុស្សដែលមិនថ្វាយដង្វាយសោះ ឬមនុស្សក្រីក្រមិនគួរទទួលបានសៀវភៅឡើយ។ ប្រសិនបើពួកគេអង្វរសុំសៀវភៅមួយក្បាលពីខ្ញុំ ហើយបង្ខំចិត្តហុចលុយខ្លះ នោះដោយផ្អែកលើរបៀបដែលពួកគេប្រព្រឹត្ត ខ្ញុំនឹងសម្រេចចិត្តថាតើត្រូវឱ្យសៀវភៅទៅពួកគេឬក៏អត់»។ តើនេះជាការធ្វើអ្វីៗស្របតាមគោលការណ៍ដែរឬទេ? តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងធ្វើអ្វីៗតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ការធ្វើ អ្វីៗតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេមានន័យថា ការបង្កើតគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេនៅក្រៅការរៀបចំកិច្ចការដែលមានស្រាប់ ការធ្វើសកម្មភាពស្របតាមគោលនយោបាយទាំងនោះនៅក្នុងពួកជំនុំ មូលដ្ឋានរបស់ពួកគេ ដោយមិនអនុវត្តការរៀបចំកិច្ចការ និងគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវទាល់តែសោះ ហើយផ្ទុយទៅវិញ ធ្វើសកម្មភាពស្របតាមបំណង និងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ មើលពីសំបកក្រៅ ពួកគេបាននិងកំពុងចែកសៀវភៅ ហើយមើលទៅហាក់ដូចជាភារកិច្ចនោះត្រូវបានបញ្ចប់រួចរាល់ហើយ។ ប៉ុន្តែតើពួកគេផ្អែកលើអ្វីដើម្បីធ្វើដូច្នេះ? វាមិនមែនផ្អែកលើការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬបទប្បញ្ញត្តិរបស់ពួកជំនុំឡើយ វាគឺផ្អែកលើគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ វិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ។ នេះហើយគឺជាការធ្វើអ្វីៗតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនបង្ហាញការចុះចូលទាល់តែសោះចំពោះការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនអាចអនុវត្ត ឬប្រតិបត្តិតាមការរៀបចំទាំងនោះយ៉ាងម៉ឺងម៉ាត់បានឡើយ ហើយផ្ទុយទៅវិញ ពួកគេបង្កើតច្បាប់ និងបទប្បញ្ញត្តិផ្ទាល់ខ្លួនជាច្រើនដោយសម្ងាត់ ដែលពួកគេអនុវត្ត និងប្រតិបត្តិនៅក្នុងពួកជំនុំមូលដ្ឋានរបស់ពួកគេ។ នេះមិនត្រឹមតែជាការបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះទេ លើសពីនេះទៅទៀត វាគឺជាការធ្វើអ្វីៗតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងវិញទៀត នៅពេលដែលពួកគេអនុវត្តការរៀបចំកិច្ចការនៅក្នុងពួកជំនុំមូលដ្ឋានរបស់ពួកគេ ការរៀបចំទាំងនេះគឺជាការរៀបចំផ្ទាល់ខ្លួនរបស់ពួកគេ ដែលជារឿងខុសប្លែកពីការរៀបចំកិច្ចការដែលត្រូវបានទម្លាក់ដោយខាងលើ និងដែលត្រូវបានអនុវត្តនៅក្នុងពួកជំនុំផ្សេងទៀត។ មើលពីសំបកក្រៅ ពួកគេបានធ្វើឱ្យតែរួចពីដៃ ពួកគេបានទទួលការរៀបចំកិសច្ចការ និងបានអានការរៀបចំទាំងនោះ ប៉ុន្តែចំពោះរបៀបអនុវត្តជាក់លាក់ ពួកគេមានវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេគ្រាន់តែមិនអើពើនឹងការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបំពានការរៀបចំទាំងនោះដោយចំហ។ នេះហៅថា ការធ្វើកិច្ចការតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងផ្សេងៗតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ? (ពួកគេចង់កាន់អំណាចនៅក្នុងពួកជំនុំ ហើយពួកគេចង់មានសិទ្ធិសម្រេចចុងក្រោយលើអ្វីៗទាំងអស់។) ត្រូវហើយ។ ពួកគេគ្រាន់តែចង់កាន់អំណាចប៉ុណ្ណោះ ពួកគេស្វែងរក និងចាប់យកគ្រប់ឱកាសទាំងអស់ដើម្បីទទួលបានអំណាច និងគ្រប់គ្រងអ្នកដទៃ ដើម្បីឱ្យអ្នកដទៃស្ដាប់តាមពួកគេ ស្ដាប់បង្គាប់ពួកគេ និងខ្លាចពួកគេ។ ពួកគេប្រាថ្នាចង់ប្រើប្រាស់វិធីអនុវត្តខុសប្លែករបស់ពួកគេដើម្បីគ្រប់គ្រងអ្នកដទៃ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថា មានតែពួកគេប៉ុណ្ណោះដែលកាន់អំណាចនៅកន្លែងនេះ ហើយគ្មានអ្នកណាផ្សេងទៀតឡើយ ថាអ្នកដទៃមិនអាចមិនឆ្លងកាត់ពួកគេបាន ហើយក៏មិនអាចរំលងក្បាលពួកគេបានទេ ហើយថាគ្មានអ្នកណាអាចលើសពួកគេឡើយ។ ជាចម្បង ពួកគេចង់គ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដណ្ដើមអំណាច។ វាច្បាស់ណាស់ថា ការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តបែបនេះ មិនមែនជាការដោះស្រាយកិច្ចការស្របតាមគោលការណ៍សេចក្ដីពិត ឬតម្រូវការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ វាមិនមែនជារឿងដែលអ្នកដឹកនាំម្នាក់ ឬអ្នកណាម្នាក់ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី គួរធ្វើនោះទេ។ ដូច្នេះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមានការស្ដែងចេញបែបនេះ តើពួកគេគួរតែត្រូវបានលួសកាត់ដែរឬទេ? តើពួកគេគួរតែត្រូវបានលាតត្រដាង និងបដិសេធចោលដែរឬទេ? (មែនហើយ។)

តើការស្តែងចេញផ្សេងៗទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានអ្វីខ្លះ? (ពួកទទឹងនឹងព្រះគ្រីស្ទលួចដង្វាយ ចំណាយលុយនៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការសប្បាយផ្ទាល់ខ្លួន ហើយរីករាយនឹងឯកសិទ្ធិពិសេស។) ការរីករាយនឹងឯកសិទ្ធិពិសេស គឺជាការស្តែងចេញជាក់លាក់មួយ។ ភ្លាមៗនៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទទទួលបានឋានៈ នោះគ្មានអ្វីអាចឃាត់ឃាំងពួកគេបានឡើយ ពោលគឺ ពួកគេចាត់ទុកអ្នកដទៃជារបស់ ដែលត្រូវជាន់ឈ្លីនៅក្រោមបាតជើង ហើយនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ពួកគេចង់ដណ្ដើមយកមុខមាត់ ដើម្បីទាញយកប្រយោជន៍ឱ្យបានពេញលេញ។ ពួកគេខិតខំប្រឹងប្រែងដើម្បីមានប្រៀបជាងគេនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ក៏ដូចជានៅពេលដែលពួកគេនិយាយស្ដីផងដែរ។ មិនថាពួកគេអង្គុយនៅកន្លែងណាទេ ពួកគេចង់ឱ្យកន្លែងនោះមានលក្ខណៈពិសេស។ មិនថាពួកគេទទួលបានការប្រព្រឹត្តិបែបណានៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេចង់ឱ្យវាល្អជាងអ្វីដែលអ្នកដទៃទទួលបាន។ ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាវាយតម្លៃពួកគេខ្ពស់ជាង និងមានទស្សនៈខ្ពស់ចំពោះពួកគេជាងអ្នកណាៗទាំងអស់។ នៅពេលដែលពួកគេមិនមានឋានៈ ពួកគេចង់ឆ្លៀតដណ្ដើមយកវា ហើយភ្លាមៗនៅពេលដែលពួកគេមានឋានៈ គេប្រែជាក្រអឺតក្រទមយ៉ាងខ្លាំង។ អ្នកណាដែលនិយាយទៅកាន់គេ ត្រូវតែងើយមើលគេ គ្មានអ្នកណាអាចដើរទន្ទឹមនឹងគេបានឡើយ ហើយផ្ទុយទៅវិញ ត្រូវតែដើរពីក្រោយមួយ ឬពីរជំហាន។ គ្មានអ្នកណាអាចនិយាយទៅកាន់ពួកគេខ្លាំងៗ ឬគំរោះគំរើយពេក ប្រើពាក្យខុស ឬសម្លឹងមើលពួកគេដោយក្រសែភ្នែកមិនសមរម្យនោះឡើយ។ ពួកគេនឹងចាប់កំហុសរឿងទាំងអស់នេះ ហើយនឹងមានរឿងត្រូវនិយាយស្ដីបន្ទោសពួកគេមិនខាន។ គ្មានអ្នកណាអាចប្រមាថ ឬរិះគន់ពួកគេបានឡើយ ផ្ទុយទៅវិញ មនុស្សគ្រប់គ្នាត្រូវតែគោរព បញ្ចើចបញ្ចើ និងបញ្ជោរពួកគេ។ ពេលដែលអាទទឹងនឹងព្រះគ្រីស្ទទទួលបានឋានៈ ពួកគេនឹងធ្វើសកម្មភាពតាមតែអំពើចិត្ត និងតាមទំនើងចិត្តនៅគ្រប់ទីកន្លែងដែលពួកគេទៅ ហើយអួតខ្លួន ដើម្បីឱ្យអ្នកដទៃគោរពកោតសរសើរពួកគេ។ ពួកគេមិនត្រឹមតែរីករាយនឹងឋានៈ និងពិតជាឱ្យតម្លៃលើការគោរពពីអ្នកដទៃប៉ុណ្ណោះទេ សេចក្ដីរីករាយខាងសម្ភារៈ ក៏មានសារៈសំខាន់ជាពិសេសសម្រាប់ពួកគេផងដែរ។ ពួកគេចង់ស្នាក់នៅជាមួយអ្នកទទួលភ្ញៀវណាដែលផ្ដល់ការទទួលល្អបំផុត។ មិនថាអ្នកទទួលភ្ញៀវរបស់ពួកគេជានរណានោះទេ ពួកគេ ទាមទារជាពិសេសទាក់ទងនឹងអ្វីដែលពួកគេហូប ហើយប្រសិនបើម្ហូបអាហារមិនល្អគ្រប់គ្រាន់ទេ ពួកគេនឹងរកឱកាសដើម្បីលួសកាត់អ្នកទទួលភ្ញៀវរបស់ពួកគេមិនខាន។ គេបដិសេធមិនទទួលយកការសប្បាយខាងសម្ភារៈដែលក្រោមស្ដង់ដារឡើយ ពោលដូចជា អាហារហូបចុក សម្លៀកបំពាក់ ការស្នាក់នៅ និងការធ្វើដំណើរ ត្រូវតែល្អលើសគេ របស់ធម្មតាៗនឹងមិនអាចទទួលយកបានឡើយ។ គេមិនអាចទទួលយករបស់របរដែលដូចគ្នាទៅនឹងអ្វីដែលបងប្អូនប្រុសស្រីធម្មតាទទួលបានឡើយ។ ប្រសិនបើអ្នកដទៃក្រោកពីដំណេកនៅម៉ោង ៥ ឬ ៦ ព្រឹក ពួកគេនឹងក្រោកនៅម៉ោង ៧ ឬ ៨ ព្រឹក។ ម្ហូបអាហារ និងរបស់របរដែលល្អបំផុត ត្រូវតែទុកសម្រាប់ពួកគេ។ សូម្បីតែដង្វាយដែលមនុស្សថ្វាយ ក៏ត្រូវតែឱ្យពួកគេរើសសិនដែរ ហើយពួកគេនឹងទុករបស់ណាដែលល្អ ឬមានតម្លៃ ឬក៏របស់ណាដែលត្រូវភ្នែករបស់ពួកគេ ព្រមទាំងទុករបស់ដែលនៅសល់ឱ្យពួកជំនុំ។ ហើយមានរឿងដ៏គួរឱ្យស្អប់ខ្ពើមបំផុតមួយទៀត ដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ តើវាជាអ្វី? ពេលដែលពួកគេមានឋានៈ ចំណង់របស់ពួកគេកាន់តែធំ ការយល់ដឹងរបស់ពួកគេកាន់តែទូលាយ ហើយពួកគេរៀនពីរបៀបស្វែងរកការសប្បាយសម្រាប់ខ្លួនឯង បន្ទាប់មក ពួកគេកើតមានចំណង់ក្នុងការចំណាយ លុយ ក្នុងការប្រើប្រាស់ ហើយជាលទ្ធផល ពួកគេចង់ក្ដោបក្ដាប់លុយទាំងអស់ដែលពួកជំនុំប្រើប្រាស់សម្រាប់កិច្ចការរបស់ខ្លួន ទុកជារបស់ខ្លួនឯង ដើម្បីបែងចែកវាតាមតែពួកគេចូលចិត្ត ដើម្បីគ្រប់គ្រងវាតាមបំណងប្រាថ្នារបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទពិតជារីករាយនឹងអំណាចប្រភេទនេះ និងការប្រព្រឹត្តជាពិសេសប្រភេទនេះណាស់ ហើយពេលដែលពួកគេមានអំណាច ពួកគេចង់ចុះហត្ថលេខារបស់ពួកគេនៅលើអ្វីៗទាំងអស់ដូចជាមូលប្បទានប័ត្រទាំងអស់ និងកិច្ចព្រមព្រៀងផ្សេងៗ។ ពួកគេចង់រីករាយនឹងអារម្មណ៍នៃការចុះហត្ថលេខា ដោយប៊ិចមិនឈប់ឈរនៃការចាយវាយលុយកាក់ខ្ជះខ្ជាយដូចទឹក។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទមិនមានឋានៈ គ្មានអ្នកណាអាចមើលឃើញការស្តែងចេញទាំងនេះនៅក្នុងខ្លួនពួកគេឡើយ ឬដឹងថាពួកគេគឺជាមនុស្សប្រភេទនេះ ថាពួកគេមាននិស្ស័យប្រភេទនេះ ថាពួកគេនឹងធ្វើរឿងបែបនេះឡើយ។ ប៉ុន្តែភ្លាមៗនៅពេលដែលគេទទួលបានឋានៈ អ្វីៗទាំងអស់នេះក៏ត្រូវបានបើកឱ្យដឹង។ ប្រសិនបើពួកគេត្រូវបានបោះឆ្នោតជ្រើសរើសនៅពេលព្រឹក ត្រឹមពេលរសៀលប៉ុណ្ណោះ ពួកគេប្រែជាក្រអឺតក្រទមយ៉ាងខ្លាំង គេងើបមុខឡើងលើ ពួកគេវាយឫកធំ ហើយពួកគេគ្មានការគោរពចំពោះមនុស្សធម្មតាឡើយ។ ការផ្លាស់ប្ដូរកើតឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែតាមពិតទៅ ពួកគេមិនបានផ្លាស់ប្ដូរទេ គឺពួកគេគ្រាន់តែត្រូវបានបង្ហាញឱ្យដឹងប៉ុណ្ណោះ។ ពួកគេបញ្ចេញឫកពាក្រអឺតក្រទមទាំងនេះ ហើយតើពួកគេនឹងធ្វើអ្វីបន្តទៀត? គេចង់រស់នៅពឹងលើពួកជំនុំ ដើម្បីសោយសុខនឹងផលប្រយោជន៍នៃឋានៈ។ រាល់ពេលដែលមាននរណាម្នាក់រៀបចំម្ហូបអាហារដ៏ឆ្ងាញ់ពិសា ពួកគេចាប់ផ្ដើមត្របាក់វាភ្លាមៗ ស្របពេលដែលទាមទារអាហារបំប៉នសុខភាព ដើម្បីថែរក្សាសាច់ឈាមដ៏ស្អុយរលួយរបស់ពួកគេ។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទរីករាយនឹងឯកសិទ្ធិពិសេស កើតឡើងជាញឹកញាប់ គ្រាន់តែមានភាពខុសគ្នានៅត្រង់កម្រិតនៃភាពធ្ងន់ធ្ងរប៉ុណ្ណោះ។ នៅពេលដែលបុគ្គលណាម្នាក់ដែលតោងជាប់នឹងសេចក្ដីរីករាយខាងសាច់ឈាមក្លាយជាអ្នកដឹកនាំ ពួកគេចង់រីករាយនឹងឯកសិទ្ធិពិសេស។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ភ្លាមៗនៅពេលដែលពួកគេទទួលបានឋានៈ ពួកគេប្រែជាខុសប្លែកស្រឡះពីមុន។ ពួកគេសម្លឹងមើល និងក្ដោបក្ដាប់សេចក្ដីរីករាយ និងការប្រព្រឹត្តជាពិសេសទាំងអស់ដែលកើតមានមកជាមួយឋានៈ យ៉ាងជាប់លាប់ និងយ៉ាងរឹងមាំ ហើយនឹងមិនលែងដៃ មិនបន្ធូរការក្ដោបក្ដាប់របស់ខ្លួនសូម្បីតែបន្តិច ឬអនុញ្ញាតឱ្យរបស់ទាំងនោះរបូតបាត់សូម្បីតែបន្តិចឡើយ។ តើការស្តែងចេញ និងការអនុវត្តណាខ្លះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាការធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិត? គឺគ្មានសូម្បីតែមួយ។ រាល់ការស្តែងចេញនីមួយៗរបស់ពួកគេ គឺគួរឱ្យចង់ក្អួត និងគួរឱ្យស្អប់ខ្ពើមនៅពេលដែលបានឃើញ។ មិនត្រឹមតែការអនុវត្ត និងការស្តែងចេញរបស់ពួកគេមិនស្របតាមគោលការណ៍សេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេច្បាស់ជាមិនមានមនសិការ វិចារណញ្ញាណ ឬក្ដីអៀនខ្មាសសូម្បីតែបន្តិចឡើយ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមានឋានៈ ក្រៅពីប្រព្រឹត្តអំពើអាក្រក់ដោយឥតញញើត និងធ្វើការដើម្បីតែអំណាច និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនត្រឹមតែខកខានមិនបានធ្វើអ្វីដែលផ្ដល់ប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ ពួកគេថែមទាំងរីករាយនឹងផលប្រយោជន៍នៃឋានៈ សេចក្ដីរីករាយខាងសាច់ឈាម និងការដែលមនុស្សគោរពស្ញប់ស្ញែងពួកគេ និងគោរពសក្ការៈពួកគេទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះថែមទាំងរកមនុស្សមកបម្រើពួកគេ ដោយឱ្យអ្នកដទៃឆុងតែឱ្យពួកគេផឹក ឱ្យអ្នកដទៃបោកគក់សម្លៀកបំពាក់ដែលពួកគេពាក់ ហើយថែមទាំងមានអ្នកបម្រើដាច់ដោយឡែកម្នាក់ចាំដុសខ្នងឱ្យពួកគេនៅពេលពួកគេងូតទឹក និងម្នាក់ទៀតចាំបម្រើពួកគេនៅពេលពួកគេហូបអាហារទៀតផង។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ អ្នកខ្លះថែមទាំងមានបញ្ជីមុខម្ហូបកំណត់ទុកសម្រាប់អាហារទាំងបីពេលប្រចាំថ្ងៃ ហើយលើសពីនេះទៅទៀត ពួកគេចង់ញ៉ាំអាហារបំប៉នសុខភាព និងចង់ឱ្យគេស្ងោរស៊ុបគ្រប់ប្រភេទសម្រាប់ពួកគេផងដែរ។ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពអាម៉ាស់ដែរឬទេ? ទេ ពួកគេគ្មានឡើយ! តើអ្នករាល់គ្នាយល់ថា ការគ្រាន់តែលួសកាត់មនុស្សប្រភេទនោះ គឺជារឿងធូររលុងពេកដែរឬទេ? តើការលួសកាត់ពួកគេនឹងធ្វើឱ្យពួកគេមានអារម្មណ៍អាម៉ាស់ដែរឬទេ? (ទេ មិនធ្វើឱ្យអាម៉ាស់ឡើយ។) ដូច្នេះ តើបញ្ហានេះអាចដោះស្រាយដោយរបៀបណា? គឺសាមញ្ញណាស់។ បន្ទាប់ពីលួសកាត់ហើយ ត្រូវលាតត្រដាងពួកគេ ហើយឱ្យពួកគេដឹងថាពួកគេជាអ្វី។ ទោះបីជាពួកគេព្រមចុះញ៉មនឹងរឿងនេះ ឬក៏អត់ក៏ដោយ ពួកគេគួរតែត្រូវបានដកហូតតំណែង ហើយមនុស្សគ្រប់គ្នាគួរតែបដិសេធពួកគេចោល។ ពេលដែលអ្នករាល់គ្នាបានរកឃើញអាទទឹងនឹងព្រះគ្រីស្ទម្នាក់ តើអ្នករាល់គ្នាអាចបដិសេធពួកគេចោលបានដែរឬទេ? តើអ្នករាល់គ្នាហ៊ានក្រោកឈរឡើង រាយការណ៍ និងលាតត្រដាងពួកគេដែរឬទេ? (ហ៊ាន។) តើអ្នកពិតជាហ៊ាន ឬក៏អត់? នៅពេលដែលអ្នកមានអ្នកដទៃចាំគាំទ្រអ្នកនៅពីក្រោយពេលនេះ អ្នកនឹងហ៊ានក្រោកឈរឡើង ហើយលាតត្រដាងពួកគេ ប៉ុន្តែ ប្រសិនបើគ្មានការគាំទ្រទេ តើអ្នកនៅតែមានសេចក្ដីក្លាហាននោះដែរឬទេ? កន្លែងដែលអ្នកនៅពេលនេះគឺមានសុវត្ថិភាព ដោយគ្មាននាគដ៏ធំមានសម្បុរក្រហមកំពុងគ្រប់គ្រងអំណាចឡើយ ដូច្នេះ អ្នកគិតថា៖ «តើខ្ញុំមានអ្វីត្រូវខ្លាចទៅ? តើគេមិនមែនគ្រាន់តែជាអាទទឹងនឹងព្រះគ្រីស្ទម្នាក់ទេឬ? ដោយមានព្រះជាម្ចាស់ជាបង្អែករបស់យើង ខ្ញុំមានសេចក្ដីក្លាហានក្នុងការលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទនេះ ហើយខ្ញុំមិនខ្លាចឡើយ!» ទោះជាយ៉ាងណាក៏ដោយ វាគឺខុសគ្នានៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ប្រសិនបើអ្នកលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេបាត់បង់ឋានៈរបស់ពួកគេ នោះពួកគេនឹងហ៊ានធ្វើបាបអ្នក លក់អ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អាជ្ញាធរមិនខាន។ តើអ្នកនៅតែហ៊ានលាតត្រដាងពួកគេទៀតដែរឬទេ? (ប្រហែលជាមិនហ៊ានទេ។) ប្រហែលជាមិនហ៊ានទេ។ អាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្ដូរភ្លាមៗ។ នៅក្នុងមជ្ឈដ្ឋាននោះ អ្នកមុខជាមិនហ៊ានលាតត្រដាងពួកគេឡើយ។ ដូច្នេះ តើការមិនហ៊ានលាតត្រដាងពួកគេ គឺជារឿងត្រឹមត្រូវដែរឬទេ? វាមិនត្រឹមត្រូវទេ អ្នកគ្មានទីបន្ទាល់ឡើយ ហើយវាមានន័យថា អ្នកមិនមែនជាអ្នកឈ្នះទេ វាពុំមែនជារឿងដែលអ្នកដើរតាមព្រះជាម្ចាស់គួរនិយាយឡើយ។ ឧបមាថា អ្នកនៅស្ងៀម ប៉ុន្តែដួងចិត្តរបស់អ្នកស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «នែ៎ អាទទឹងនឹងព្រះគ្រីស្ទ នែ៎ អារក្ស និងសាតាំង ខ្ញុំនឹងលាតត្រដាងឯង។ ខ្ញុំនឹងប្រើប្រាជ្ញាដើម្បីបដិសេធឯងចោល ហើយបោសសម្អាតឯង ចេញពីពួកជំនុំ! ឯងមិនស័ក្ដិសមនឹងរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ឯងគឺជាអារក្ស ឯងគឺជាសាតាំង! ទោះបីជាខ្ញុំមិនលាតត្រដាងឯងជាសាធារណៈដោយពាក្យសម្ដីរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំបដិសេធឯងចោលចេញពីក្រអៅបេះដូងរបស់ខ្ញុំដែរ។ ខ្ញុំនឹងស្វែងរកបងប្អូនប្រុសស្រីបន្ថែមទៀតដែលយល់ពីសេចក្ដីពិត ហើយពួកយើងនឹងរួមគ្នាបដិសេធឯងចោល។ ពួកយើងនឹងមិនទទួលយកការដឹកនាំរបស់ឯង ឬការប្រើឧបាយកលរបស់ឯងឡើយ!» តើនេះជារបៀបធ្វើសកម្មភាពដ៏ត្រឹមត្រូវដែរឬទេ? (មែនហើយ។) មជ្ឈដ្ឋានអាចនឹងមិនអំណោយផល ហើយការលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទជាសាធារណៈ អាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់ ប៉ុន្តែការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ គោលការណ៍សេចក្ដីពិត និងភារកិច្ចរបស់អ្នក មិនអាចត្រូវបានលះបង់ ឬបោះបង់ចោលឡើយ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទដែលរីករាយនឹងឯកសិទ្ធិពិសេស ដែលក្រេបជញ្ជក់នឹងផលប្រយោជន៍នៃឋានៈដោយគ្មានក្ដីអៀនខ្មាស យើងគួរតែបដិសេធពួកគេចោល ហើយមិនត្រូវអនុញ្ញាតឱ្យពួកគេក្លាយជាមនុស្សបញ្ញើក្អែក នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬធ្វើឱ្យប៉ះពាល់ ឬបំភាន់បងប្អូនប្រុសស្រីណាទៀតឡើយ។ យើងគួរតែជម្រះពួកគេចេញ។ ធនធាននៃដំណាក់របស់ព្រះជាម្ចាស់មិនមែនសម្រាប់ចិញ្ចឹមមនុស្សបញ្ញើក្អែកទាំងនេះឡើយ។ ពួកគេមិនស័ក្ដិសមនឹងហូបចុកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនស័ក្ដិសមនឹងរីករាយជាមួយអ្វីៗគ្រប់យ៉ាងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេគឺជាអារក្ស ហើយពួកគេសមនឹងត្រូវបានគេបដិសេធចោល។ នេះគឺជាការស្តែងចេញមួយទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺការរីករាយនឹងឯកសិទ្ធិពិសេស ជាការរីករាយនឹងឯកសិទ្ធិពិសេសដោយគ្មានភាពអាម៉ាស់។ ដោយមិនបានចូលរួមចំណែកអ្វីសោះ ភ្លាមៗនៅពេលដែលពួកគេទទួលបានតំណែងជាអ្នកដឹកនាំ ពួកគេដណ្ដើមអំណាច សោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេ ហើយបង្ខំបងប្អូនប្រុសស្រីឱ្យចម្អិន និងទិញម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ពួកគេ ដោយប្លន់យកទ្រព្យសម្បត្តិដែលបងប្អូនរកបានដោយលំបាក និងគាបទារលុយកាក់ ព្រមទាំងរបស់របរពីពួកគេទៀតផង។ សម្រាប់ពួកគេ វាគឺជារឿងធម្មតា ជាឱកាសដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាឱកាសដែលនឹងមិនកើតមានម្ដងទៀតឡើយ។ តើនេះមិនមែនជារបៀបគិតរបស់អារក្សទេឬ? វាពិតជាការគិតដ៏គ្មានភាពអាម៉ាស់មែន។ មនុស្សប្រភេទនេះគួរតែត្រូវបានលួសកាត់ លាតត្រដាង និងបដិសេធចោលដោយបងប្អូនប្រុសស្រី។

តើការស្តែងចេញផ្សេងៗទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានអ្វីខ្លះ? តើការបោកបញ្ឆោតថ្នាក់លើ និងលាក់បាំងថ្នាក់ក្រោម គឺជាការស្តែង ចេញជាក់លាក់មួយដែរឬទេ? (មែនហើយ។) ពួកទទឹងនឹងព្រះគ្រីស្ទទុច្ចរិតជាប់ជាមួយ។ ពួកគេមិនមានដួងចិត្តស្មោះត្រង់ ស្រឡាញ់សេចក្ដីពិត ឬស្រឡាញ់រឿងវិជ្ជមានឡើយ។ ពួកគេរស់នៅក្នុងជ្រុងងងឹតជាញឹកញាប់ ពោលគឺពួកគេមិនធ្វើសកម្មភាពដោយអាកប្បកិរិយាស្មោះត្រង់ទេ ពួកគេមិននិយាយការពិតឡើយ ហើយពួកគេលាក់ទុកដួងចិត្តដ៏ទុច្ចរិត និងបោកបញ្ឆោតចំពោះទាំងអ្នកដទៃ និងព្រះជាម្ចាស់។ ពួកគេចង់បោកបញ្ឆោតអ្នកដទៃ ហើយក៏ចង់បោកបញ្ឆោតព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងមិនទទួលយកការមើលការខុសត្រូវរបស់អ្នកដទៃឡើយ ហើយរឹតតែមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទៅទៀត។ នៅពេលដែលពួកគេស្ថិតក្នុងចំណោមអ្នកដទៃ ពួកគេមិនដែលចង់ឱ្យអ្នកណាដឹងពីអ្វីដែលពួកគេកំពុងគិត និងរៀបចំផែនការនៅក្នុងជម្រៅចិត្តរបស់ពួកគេ ថាពួកគេជាមនុស្សប្រភេទណា និងថាពួកគេមានអាកប្បកិរិយាបែបណាចំពោះសេចក្ដីពិត និងរឿងផ្សេងៗទៀតឡើយ។ ពួកគេមិនចង់ឱ្យអ្នកដទៃដឹងពីរឿងទាំងនេះទេ ហើយពួកគេក៏ចង់បោកបញ្ឆោតព្រះជាម្ចាស់ ដើម្បីលាក់បាំងពីទ្រង់ផងដែរ។ ហេតុនេះហើយ នៅពេលដែលអា ទទឹងនឹងព្រះគ្រីស្ទមិនមានឋានៈ នៅពេលដែលគេមិនមានឱកាសប្រើឧបាយកលគ្រប់គ្រងស្ថានការណ៍នៅក្នុងក្រុមមនុស្ស នោះគ្មានអ្នកណាអាចដឹងច្បាស់ពីអ្វីដែលនៅពីក្រោយពាក្យសម្ដី និងសកម្មភាពរបស់គេឡើយ។ មនុស្សនឹងឆ្ងល់ថា៖ «តើពួកគេកំពុងគិតអ្វីខ្លះជារៀងរាល់ថ្ងៃ? តើមានបំណងអ្វីនៅពីក្រោយការបំពេញភារកិច្ចរបស់ពួកគេដែរឬទេ? តើពួកគេកំពុងបើកសម្តែងសេចក្ដីពុករលួយដែរឬទេ? តើពួកគេមានអារម្មណ៍ច្រណែន ឬស្អប់អ្នកដទៃដែរឬទេ? តើពួកគេមានការលម្អៀងចំពោះអ្នកដទៃដែរឬទេ? តើពួកគេមានទស្សនៈបែបណាចំពោះអ្វីដែលអ្នកដទៃនិយាយ? តើពួកគេគិតយ៉ាងណានៅពេលប្រឈមមុខនឹងរឿងមួយចំនួន?» ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលឱ្យអ្នកដទៃដឹងអំពីរឿងពិតដែលកំពុងកើតឡើងចំពោះពួកគេឡើយ។ ទោះបីជាពួកគេបញ្ចេញមតិពីរបីម៉ាត់អំពីរឿងអ្វីមួយក៏ដោយ ក៏ពួកគេនឹងនិយាយយ៉ាងស្រពេចស្រពិល និងមិនច្បាស់លាស់ដែរ ពួកគេនឹងនិយាយវិលវល់ ដើម្បីកុំឱ្យអ្នកដទៃអាចដឹងអំពីអ្វីដែលពួកគេកំពុងព្យាយាមប្រាប់ ហើយមិនដឹងថាពួកគេចង់និយាយអ្វី ឬពួកគេកំពុងព្យាយាមបញ្ចេញមតិអ្វីឡើយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង។ បន្ទាប់ពីមនុស្សបែបនោះទទួលបានឋានៈ ពួកគេកាន់តែមានទង្វើលាក់លៀមថែមទៀតនៅពេលនៅក្បែរអ្នកដទៃ។ ពួកគេចង់ការពារមហិច្ឆតា កេរ្តិ៍ឈ្មោះ មុខមាត់ និងឈ្មោះរបស់ពួកគេ ឋានៈ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ និងរឿងផ្សេងៗទៀត។ ហេតុនេះហើយទើបពួកគេមិនចង់បើកចំហអំពីរបៀបដែលពួកគេធ្វើរឿងផ្សេងៗ ឬចេតនាដែលពួកគេធ្វើរឿងទាំងនោះឡើយ។ សូម្បីតែនៅពេលដែលគេធ្វើខុស បើកសម្តែងនិស្ស័យពុករលួយ ឬនៅពេលដែលចេតនា និងបំណងនៅពីក្រោយសកម្មភាពរបស់ពួកគេគឺខុសឆ្ងាយក៏ដោយ ក៏គេមិនចង់បើកចំហ និងអនុញ្ញាតឱ្យអ្នកដទៃដឹងអំពីរឿងនេះដែរ ហើយគេតែងតែសម្ដែងធ្វើជាមានភាពស្អាតស្អំ និងគ្រប់លក្ខណ៍ ដើម្បីបោកបញ្ឆោតបងប្អូនប្រុសស្រី។ ហើយចំពោះខាងលើ និងចំពោះព្រះជាម្ចាស់ ពួកគេគ្រាន់តែនិយាយពាក្យពីរោះៗប៉ុណ្ណោះ ហើយប្រើកលល្បិចបោកបញ្ឆោត និងពាក្យកុហកជាញឹកញាប់ ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេជាមួយខាងលើ។ នៅពេលដែលពួកគេរាយការណ៍ប្រាប់ខាងលើអំពីកិច្ចការរបស់ពួកគេ ហើយនិយាយទៅកាន់ខាងលើ ពួកគេមិនដែលនិយាយរឿងអ្វីដែលមិនល្អឡើយ ដើម្បីកុំឱ្យអ្នកណាអាចរកឃើញចំណុចខ្សោយណាមួយរបស់ពួកគេបាន។ ពួកគេនឹងមិនដែលលើកឡើងអំពីអ្វីដែលពួកគេបានធ្វើនៅថ្នាក់ក្រោម បញ្ហាណាមួយដែលបានកើតឡើងនៅក្នុងពួកជំនុំ បញ្ហា ឬចំណុចខ្វះខាតនៅក្នុងកិច្ចការរបស់ពួកគេ ឬរឿងដែលពួកគេមិនអាចយល់ ឬក៏មើលធ្លុះនោះឡើយ។ ពួកគេមិនដែលសួរ ឬស្វែងរកការណែនាំពីខាងលើអំពីរឿងទាំងនេះទេ ហើយផ្ទុយទៅវិញ ពួកគេគ្រាន់តែបង្ហាញមុខមាត់ និងសម្បកក្រៅថាមានសមត្ថភាពនៅក្នុងកិច្ចការរបស់ពួកគេ ថាមានសមត្ថភាពអាចទទួលរ៉ាប់រងកិច្ចការរបស់ពួកគេបានទាំងស្រុងប៉ុណ្ណោះ។ ពួកគេមិនរាយការណ៍អំពីបញ្ហាណាមួយដែលមាននៅក្នុងពួកជំនុំប្រាប់ខាងលើឡើយ ហើយមិនថារឿងរ៉ាវនៅក្នុងពួកជំនុំមានភាពវឹកវរយ៉ាងណា ទំហំនៃចំណុចខ្វះខាតដែលបានលេចឡើងនៅក្នុងកិច្ចការរបស់ពួកគេធំប៉ុនណា ឬពួកគេកំពុងធ្វើអ្វីឱ្យប្រាកដនៅថ្នាក់ក្រោមនោះទេ ពួកគេតែងតែលាក់បាំងរឿងទាំងអស់នោះម្ដងហើយម្ដងទៀត ដោយខិតខំប្រឹងប្រែងមិនឱ្យខាងលើដឹងឮ ឬក៏ឮដំណឹងណាមួយអំពីរឿងទាំងនេះឡើយ សូម្បីតែឈានដល់ការផ្លាស់ប្ដូរមនុស្សដែលពាក់ព័ន្ធនឹងរឿងទាំងនេះ ឬអ្នកដែលដឹងរឿងពិតអំពីពួកគេទៅកន្លែងឆ្ងាយៗក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលាក់បាំងនូវអ្វីដែលកំពុងកើតឡើងពិតប្រាកដទៀតផង។ តើនេះជាការអនុវត្តប្រភេទអ្វី? តើនេះជាទង្វើ ប្រភេទអ្វី? តើវាជាប្រភេទនៃការស្តែងចេញ ដែលមនុស្សដេញតាមសេចក្ដីពិតគួរតែមានដែរឬទេ? ច្បាស់ណាស់ គឺមិនមែនទេ។ នេះគឺជាទង្វើរបស់អារក្ស។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើអស់ពីសមត្ថភាពដើម្បីលាក់បាំង ដើម្បីបិទបាំងរឿងអ្វីក៏ដោយដែលអាចជះឥទ្ធិពលដល់ឋានៈ ឬកេរ្តិ៍ឈ្មោះរបស់ពួកគេ ដោយលាក់បាំងរឿងទាំងនេះពីអ្នកដទៃ និងពីព្រះជាម្ចាស់។ នេះហើយគឺជាការបោកបញ្ឆោតខាងលើ និងលាក់បាំងថ្នាក់ក្រោម។ ពួកគេតែងតែនិយាយទៅកាន់អ្នកនៅថ្នាក់ក្រោមគេថា៖ «ខាងលើវាយតម្លៃខ្ញុំខ្ពស់ណាស់ ហើយឱ្យតម្លៃខ្ញុំខ្លាំងណាស់។ ខាងលើបានចាត់តាំងភារកិច្ចនេះនិងនោះដល់ខ្ញុំ ដោយផ្ទុកផ្ដាក់កិច្ចការដ៏សំខាន់បែបនេះដល់ខ្ញុំ។ ពួកគេមើលថែខ្ញុំបានយ៉ាងល្អ ដោយចង្អុលបង្ហាញ សម្រាប់កិច្ចការរបស់ខ្ញុំ ហើយពួកគេក៏ពិតជាបានទទួលខុសត្រូវចំពោះជីវិតរបស់ខ្ញុំផងដែរ។ ខាងលើបានលួសកាត់ខ្ញុំដោយសារតែរឿងនេះនិងនោះ ហើយខ្ញុំបានទទួលយកវាតាមរបៀបនេះនិងនោះ ហើយការយល់ដឹងរបស់ខ្ញុំអំពីរឿងនេះគឺបែបនេះនិងបែបនោះ។ ចូរមើលថាតើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងប៉ុនណា គាត់បានលួសកាត់ខ្ញុំដោយផ្ទាល់ ហើយបានផ្ដល់ការណែនាំដោយផ្ទាល់ដល់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំ»។ ហើយចំពោះខាងលើ គេធ្វើឫកពាទទួលខុសត្រូវយ៉ាងខ្លាំងចំពោះកិច្ចការរបស់ពួកគេ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រុសស្រី និងលះបង់អស់ពីចិត្ត និងកម្លាំងរបស់ពួកគេ ប៉ុន្តែពួកគេនឹងមិនហើបមាត់សូម្បីមួយម៉ាត់អំពីបងប្អូនប្រុសស្រីណាម្នាក់ដែលបញ្ចេញគំនិត ឬមតិខុសពីពួកគេ ឬអំពីចំណុចខ្វះខាត ឬសេចក្ដីវៀចវេរណាមួយនៅក្នុងកិច្ចការរបស់ពួកគេឡើយ។ ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីរក្សាទំនាក់ទំនងល្អជាមួយអ្នកនៅថ្នាក់ក្រោមពួកគេ ស្របពេលដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលាក់បាំងរឿងពិតផ្សេងៗអំពីពួកគេពីខាងលើ ដោយភ័យខ្លាចយ៉ាងខ្លាំងថានឹងត្រូវដកហូតតំណែង ប្រសិនបើខាងលើដឹងអំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដចំពោះពួកគេ។ តើនេះមិនមែនជាការបោកបញ្ឆោតខាងលើ និងលាក់បាំងថ្នាក់ក្រោមទេឬ? ភ្លាមៗនៅពេលដែលអា ទទឹងនឹងព្រះគ្រីស្ទដណ្ដើមបានអំណាច ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីលាក់បាំងរឿងពិតអំពីខ្លួនគេ ដើម្បីកុំឱ្យអ្នកណាអាចមើលធ្លុះដល់សភាពពិតរបស់ពួកគេ ស្ថានភាពពិតរបស់ពួកគេ ឬភាពជាមនុស្សពិតប្រាកដ ឬក៏សមត្ថភាពការងាររបស់ពួកគេបានឡើយ។ ពួកគេប្រើប្រាស់កលល្បិច និងមធ្យោបាយគ្រប់ប្រភេទដើម្បីលាក់បាំងរឿងទាំងនេះ ដើម្បីឱ្យពួកគេអាចទទួលបានជំហររឹងមាំ និងរីករាយនឹងអំណាច ព្រមទាំងផលប្រយោជន៍នៃឋានៈរបស់ពួកគេជារៀងរហូត។ ការបោកបញ្ឆោតខាងលើ និងលាក់បាំងថ្នាក់ក្រោម គឺជារឿងដែលមានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលធ្វើ។ តើវាស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? តើនេះជាការស្តែងចេញដែលអ្នកបម្រើព្រះជាម្ចាស់គួរតែមានដែរឬទេ? តើវាជាការស្តែងចេញដែលអ្នកដេញតាមសេចក្ដីពិតគួរតែមានដែរឬទេ? (ទេ។) ដូច្នេះ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទមានការស្តែងចេញប្រភេទនេះ និស្ស័យប្រភេទនេះ តើពួកគេគួរតែត្រូវបានលួសកាត់ដែរឬទេ? (មែនហើយ។)

យើងទើបតែបាននិយាយអំពីមូលហេតុចំនួនប្រាំមួយ ដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់។ ទីមួយគឺ ការបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ ទីពីរ ការប្រព្រឹត្តការលួចលាក់ប្រើឧបាយកល។ ទីបី ការធ្វើបាបអ្នកដទៃ។ ទីបួន ការធ្វើរឿងផ្សេងៗតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ទីប្រាំ ការរីករាយនឹងឯកសិទ្ធិពិសេស។ និងទីប្រាំមួយ ការបោកបញ្ឆោតខាងលើ និងលាក់បាំងថ្នាក់ក្រោម។ តើមានអ្វីផ្សេងទៀតដែរឬទេ? (ការផ្សាយសេចក្ដីបង្រៀនអញ្ញទិដ្ឋិ និងសេចក្ដីខុសទំនង ដើម្បីបំភាន់បងប្អូនប្រុសស្រី។) (មិនដែលលើកតម្កើង ឬធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ ហើយផ្ទុយទៅវិញ តែងតែធ្វើបន្ទាល់ពីខ្លួនឯង ហើយនិយាយពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីបំភាន់មនុស្ស។) (ការវិនិច្ឆ័យ ការវាយប្រហារ និងការស្អប់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។) ក្នុងចំណោមរឿងទាំងបីនេះ តើមួយណាដែលមានសារជាតិប្រហាក់ប្រហែលគ្នាទៅនឹងមូលហេតុទាំងប្រាំមួយ ដែលយើងបានពិភាក្សារួចហើយ? (ការតែងតែលើកតម្កើង និងធ្វើបន្ទាល់ពីខ្លួនឯង ហើយមិនដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។) មួយនោះមានធម្មជាតិរាងធ្ងន់ធ្ងរ។ ទីពីរបន្ទាប់ពីនោះ គឺការវាយប្រហារ និងការវិនិច្ឆ័យមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ដោយបន្ទាប់មកទៀត គឺការផ្សាយសេចក្ដីខុសទំនង ដើម្បីបំភាន់មនុស្ស។ គួរតែមានការស្តែងចេញជាក់លាក់ផ្សេងៗទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែចំណុចទាំងនេះតិច ឬច្រើន គឺតំណាងឱ្យអ្វីៗទាំងអស់ទៅហើយ ដូច្នេះ យើងមិនចាំបាច់ទៅលម្អិតព័ត៌មានមិនចាំបាច់អំពីរឿងនីមួយៗនៅថ្ងៃនេះឡើយ។ នោះមិនមែនជាចំណុចសំខាន់សម្រាប់ការប្រកបគ្នានៅថ្ងៃនេះទេ។ ផ្ទុយទៅវិញ ចំណុចសំខាន់នៅថ្ងៃនេះ គឺផ្តោតលើរបៀបដែលអាទទឹងនឹងព្រះគ្រីស្ទមិនទទួលយកការលួសកាត់ឡើយ ហើយពួកគេក៏មិនមានអាកប្បកិរិយានៃការប្រែចិត្តដែរ នៅពេលពួកគេប្រព្រឹត្តកំហុស ហើយផ្ទុយទៅវិញ ពួកគេផ្សាយពីសញ្ញាណ ហើយធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ។ ម្យ៉ាងវិញទៀត អាកប្បកិរិយារបស់អាទទឹងនឹងព្រះគ្រីស្ទបន្ទាប់ពីពួកគេត្រូវបានលួសកាត់ ឫសគល់នៃអាកប្បកិរិយានេះ និងថាតើសារជាតិនិស្ស័យរបស់ពួកគេពិតជាអ្វីឱ្យប្រាកដ នេះគឺជាចំណុចសំខាន់ដែលយើងគួរតែប្រកបគ្នា។ រឿងផ្សេងៗទៀតដែលយើងទើបតែបានលើកឡើង គឺជាប្រធានបទតូចៗដែលពាក់ព័ន្ធខ្លះៗនឹងរឿងនេះ។ ដោយសារយើងបានពិភាក្សាអំពីរឿងទាំងនោះយ៉ាងលម្អិតគ្រប់គ្រាន់ពីមុនមកហើយ ថ្ងៃនេះយើងគ្រាន់តែប្រកបគ្នាអំពីរឿងទាំងនោះក្នុងលក្ខណៈទូលំទូលាយ និងជាទូទៅប៉ុណ្ណោះ ដោយសង្ខេបពីការស្តែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលយើងបានប្រកបគ្នាពីមុនមក។ ពួកទទឹងនឹងព្រះគ្រីស្ទមានការស្តែងចេញទាំងនេះ និស្ស័យ និងសារជាតិទាំងនេះ ហើយពួកគេបានធ្វើរឿងប្រភេទទាំងនេះ ដូច្នេះ ពួកគេត្រូវតែត្រូវបានលួសកាត់ និងបដិសេធចោល។ ទោះបីជាយ៉ាងណា តើអាទទឹងនឹងព្រះគ្រីស្ទពិតប្រាកដជាអ្នកដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ នឹងទទួលស្គាល់រឿងទាំងនេះដែលពួកគេបានធ្វើ ឬទទួលស្គាល់ថា ការស្តែងចេញទាំងនេះរបស់ពួកគេ គឺជាការស្តែងចេញរបស់អាទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (ទេ ពួកគេមិនទទួលស្គាល់ឡើយ។) តើអ្នកធ្លាប់ឃើញសាតាំង និងពួកអារក្សទទួលស្គាល់ថា ពួកវាប្រឆាំងនឹងព្រះជាម្ចាស់ដែរឬទេ? ពួកវានឹងមិនដែលទទួលស្គាល់ថាពួកវាប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ហើយមិនថាពួកវាបានប្រព្រឹត្តកំហុសប្រភេទណានោះទេ ពួកវានឹងមិនដែលទទួលស្គាល់ថាពួកវាខុសឡើយ។ ដូច្នេះ ចូរយើងចាប់ផ្ដើមប្រធានបទសម្រាប់ការប្រកបគ្នានៅថ្ងៃនេះ ពីទស្សនៈនៃសារជាតិនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

II. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្ត នៅពេលដែលពួកគេមិនព្រមទទួលយកការលួសកាត់

ក. ការបដិសេធមិនទទួលស្គាល់ថាពួកគេបានធ្វើខុស

មិនថាអាទទឹងនឹងព្រះគ្រីស្ទបានធ្វើកំហុសធំប៉ុនណាក៏ដោយ ហើយមិនថាគេបានប្រព្រឹត្តអំពើអាក្រក់ច្រើនប៉ុនណាក៏ដោយ នៅពេលដែលគេត្រូវបានលួសកាត់ ឥរិយាបថដំបូងដែលគេបញ្ចេញមក គឺការបដិសេធទាំងស្រុងថា គេមិនបានធ្វើខុស ដោយប្រើពាក្យដោះសាទាំងបំពានដើម្បីការពារខ្លួនឯង។ នេះសបញ្ជាក់ឱ្យឃើញពីការខ្វះអាកប្បកិរិយានៃការប្រែចិត្តនៅពេលដែលគេប្រព្រឹត្តកំហុសណាមួយ ដែលចំណុចនេះត្រូវបានលើកឡើងនៅក្នុងការស្តែង ចេញទីដប់មួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានអាកប្បកិរិយានៃការប្រែចិត្តឡើយ ដូច្នេះ តើពួកគេកំពុងគិតអ្វីនៅក្នុងជម្រៅចិត្ត? ហេតុអ្វីបានជាពួកគេមិនមានអាកប្បកិរិយានៃការប្រែចិត្ត? (ពីព្រោះពួកគេជឿថា ពួកគេមិនបានធ្វើអ្វីខុសឡើយ។) ត្រូវហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពួកគេបានធ្វើអ្វីខុស។ ដូច្នេះ តើពួកគេអាចទទួលស្គាល់ថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? នេះគឺជារឿងដែលរឹតតែពិបាកទៅទៀត។ ប្រសិនបើអ្នកអាចរៀបរាប់ពីការពិតជាហូរហែដើម្បីលាតត្រដាងពីអាទទឹងនឹងព្រះគ្រីស្ទ តើគេអាចទទួលយកវាបានដែរឬទេ? ដោយគ្មានការសង្ស័យសូម្បីតែបន្តិច គេរឹតតែមិនអាចទទួលយកវាបានទៅទៀត។ តាមរយៈការស្តែងចេញប្រភេទទាំងនេះ យើងអាចមើលឃើញថា សារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺជាការប្រឆាំង និងការក្បត់ព្រះជាម្ចាស់ ហើយថានិស្ស័យរបស់គេ គឺជានិស្ស័យដែលស្អប់ខ្ពើម សេចក្ដីពិត ស្អប់សេចក្ដីពិត និងគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ។ ហេតុដូច្នេះហើយ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាង និងលួសកាត់ រឿងដំបូងដែលពួកគេធ្វើ គឺស្វែងរកហេតុផលផ្សេងៗដើម្បីការពារខ្លួន ស្វែងរកលេសគ្រប់បែបយ៉ាងដើម្បីព្យាយាមដោះខ្លួន ដែលធ្វើឱ្យពួកគេសម្រេចបាន គោលដៅក្នុងការគេចចេញពីការទទួលខុសត្រូវរបស់ពួកគេ និងសម្រេចបាននូវបំណងរបស់ពួកគេក្នុងការទទួលបានការលើកលែងទោស។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទខ្លាចបំផុតនោះគឺ ការដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងមើលធ្លុះដល់ចរិតលក្ខណៈរបស់ពួកគេ ដល់ភាពទន់ខ្សោយ និងកំហុសឆ្គងរបស់ពួកគេ ដល់ចំណុចគ្រោះថ្នាក់របស់ពួកគេ ដល់គុណសម្បត្តិ និងសមត្ថភាពការងារពិតប្រាកដរបស់ពួកគេ ដូច្នេះ ពួកគេព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្កើតរូបភាពក្លែងក្លាយសម្រាប់ខ្លួនឯង ដើម្បីលាក់បាំងនូវចំណុចខ្វះខាត បញ្ហា និងនិស្ស័យពុករលួយរបស់ពួកគេ។ នៅពេលដែលអំពើអាក្រក់របស់ពួកគេត្រូវបានលាតត្រដាង និងបើកកកាយ រឿងដំបូងដែលពួកគេធ្វើ គឺមិនមែនទទួលស្គាល់ ឬទទួលយកការពិតនេះ ឬខិតខំអស់ពីសមត្ថភាពដើម្បីកែប្រែ និងប៉ះប៉ូវកំហុសរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេព្យាយាមរកវិធីសាស្ត្រផ្សេងៗដើម្បីបិទបាំងកំហុសទាំងនោះ ដើម្បីបោកបញ្ឆោត និងបំភាន់អ្នកដែលបានដឹងពីសកម្មភាពរបស់ពួកគេ ដើម្បីកុំឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មើលឃើញពីទិដ្ឋភាពពិតនៃបញ្ហានេះ ដើម្បីកុំឱ្យពួកគេដឹងថា សកម្មភាពរបស់ពួកគេ បានបង្កការខូចខាតដល់ដំណាក់របស់ព្រះជាម្ចាស់កម្រិតណា និងថាពួកគេបានបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំកម្រិតណានោះឡើយ។ ជាការពិតណាស់ អ្វីដែលពួកគេខ្លាចបំផុតនោះគឺ ការដែលខាងលើដឹងរឿងនេះ ពីព្រោះនៅពេលដែលខាងលើដឹង ពួកគេនឹងត្រូវបានចាត់វិធានការទៅតាមគោលការណ៍ ហើយអ្វីៗនឹងត្រូវបញ្ចប់សម្រាប់ពួកគេ ហើយពួកគេច្បាស់ជាត្រូវបានដកហូតតំណែង និងជម្រុះចោលជាមិនខាន។ ដូច្នេះហើយ នៅពេលដែលអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាង រឿងដំបូងដែលពួកគេធ្វើ គឺមិនមែនឆ្លុះបញ្ចាំងពីកន្លែងដែលពួកគេបានធ្វើខុស កន្លែងដែលពួកគេបានបំពានគោលការណ៍ ហេតុអ្វីបានជាពួកគេ ធ្វើអ្វីដែលពួកគេបានធ្វើ ថាតើពួកគេត្រូវបានគ្រប់គ្រងដោយនិស្ស័យអ្វី ថាតើអ្វីជាចេតនារបស់ពួកគេ ថាតើសភាពរបស់ពួកគេនៅពេលនោះជាអ្វី ថាតើវាបណ្ដាលមកពីភាពរឹងរូស ឬដោយសារ ភាពមិនបរិសុទ្ធនៃចេតនារបស់ពួកគេនោះទេ។ ជំនួសឱ្យការវែកញែករឿងទាំងនេះ ហើយរឹតតែមិនឆ្លុះបញ្ចាំងអំពីរឿងទាំងនេះទៅទៀតនោះ ពួកគេបែរជាប្រឹងប្រើខួរក្បាលរបស់ពួកគេដើម្បីរកវិធីបិទបាំងការពិតទៅវិញ។ ក្នុងពេលជាមួយគ្នានេះ ពួកគេខិតខំអស់ពីសមត្ថភាពបំផុតដើម្បីពន្យល់ និងរកលេសដោះសាការពារខ្លួន នៅចំពោះមុខរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីបោកបញ្ឆោតពួកគេ ដោយធ្វើឱ្យបញ្ហាធំមើលទៅដូចជាបញ្ហាតូចតាច ហើយបញ្ហាតូចតាចមើលទៅដូចជាគ្មានបញ្ហា និងនិយាយភូតភរ ដើម្បីដោះខ្លួន ដើម្បីឱ្យពួកគេអាចបន្តនៅក្នុង ដំណាក់របស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើខុសឆ្គង និងរំលោភអំណាចយ៉ាងគឃ្លើន ព្រមទាំងបន្តបំភាន់ និងគ្រប់គ្រងមនុស្ស ហើយធ្វើឱ្យមនុស្សគោរពស្ញប់ស្ញែងពួកគេ និងធ្វើតាមអ្វីដែលពួកគេនិយាយ ដើម្បីបំពេញមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ។ តាំងពីដើមរហូតដល់ចប់ តើពួកទទឹងនឹងព្រះគ្រីស្ទពិតជាកំពុងធ្វើអ្វីឱ្យប្រាកដ? អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺប្រឹងប្រើខួរក្បាលរបស់ពួកគេដើម្បីព្យាយាមនិយាយ ព្យាយាមធ្វើរឿងនានា និងធ្វើឱ្យខ្លួនឯងរវល់ដើម្បីតែឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ជំនួសឱ្យការចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន និងទទួលស្គាល់កំហុស និងអំពើរំលងរបស់ពួកគេ ព្រមទាំងស្គាល់ពីចេតនា និងនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់។ ពួកគេក៏មិនទទួលស្គាល់ពីផលអាក្រក់ ដែលកំហុសរបស់ពួកគេបានបង្កដល់កិច្ចការរបស់ពួកជំនុំ និងបងប្អូនប្រុសស្រីដែរ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្វែងរកយ៉ាងវីវក់ម្ដងហើយម្ដងទៀតនៅក្នុងជម្រៅចិត្តរបស់ពួកគេថា៖ «តើខ្ញុំបានធ្វើខុសនៅត្រង់ណាឱ្យប្រាកដ? តើខ្ញុំមិនបានប្រុងប្រយ័ត្ននៅត្រង់ណា ដែលបណ្ដាលឱ្យនរណាម្នាក់ចាប់កំហុសខ្ញុំបាន? តើខ្ញុំមិនបានខិតខំប្រឹងប្រែងឱ្យបានគ្រប់គ្រាន់ ឬមិនបានពិចារណារឿងរ៉ាវឱ្យបានពេញលេញនៅត្រង់ណា ដែលបណ្ដាលឱ្យមានកំហុសឆ្គងកើតឡើង ហើយក្លាយជាប្រភពនៃការរិះគន់ ឬជាចំណុចខ្សោយដែលគេអាចយកមកប្រើប្រឆាំងនឹងខ្ញុំ?»។ ពួកគេគិត និងត្រិះរិះអំពីរឿងទាំងនេះម្ដងហើយម្ដងទៀត រហូតដល់ហូបមិនចូល ដេកមិនលក់។ ប៉ុន្តែ អាទទឹងនឹងព្រះគ្រីស្ទមិនដែលឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងឡើយ ហើយរឹតតែមិនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងទទួលស្គាល់ថា គេបានធ្វើអ្វីខុសទៅទៀត ហើយគេមិនស្វែងរកចម្លើយដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនស្វែងរកសេចក្ដីពិតដែលពួកគេគួរអនុវត្ត ឬគោលការណ៍សេចក្ដីពិតដែលពួកគេគួរប្រកាន់ខ្ជាប់ឡើយ ហើយរឹតតែមិនស្វែងរកបងប្អូនប្រុសស្រីដែលយល់ពីសេចក្ដីពិត ដើម្បីបើកចំហចិត្តក្នុងការប្រកបគ្នា និងស្វែងរកសេចក្ដីពិតជាមួយ ដើម្បីដោះស្រាយបញ្ហាទៅទៀត។ នៅពេលដែលគេប្រឈមមុខនឹងបញ្ហាណាមួយ គេមិនស្វែងរក ឬចុះចូលឡើយ ផ្ទុយទៅវិញ គេព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដែលគេមាន ដើម្បីលាក់បាំងបញ្ហារបស់គេ ដោយគិតថា កាន់តែមានមនុស្សតិចដែលដឹងអំពីរឿងទាំងនេះ គឺកាន់តែល្អ ហើយការរក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ គេ គឺជាគោលការណ៍ដ៏ល្អបំផុត។ ដួងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺងងឹតបែបនេះឯង ហើយពួកគេពោរពេញទៅដោយទង្វើបះបោរ និងសេចក្ដីទុច្ចរិត ដោយគ្មានចេតនាសូម្បីតែបន្តិចក្នុងការចុះចូលនឹងព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែស្វែងរកវិធីដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេមិនឱ្យរងគ្រោះថ្នាក់។ មិនថាមាននរណា ប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ដើម្បីគាំទ្រ និងជួយពួកគេនោះទេ ក៏ពួកគេមិនទទួលយកវាដែរ ដោយគិតក្នុងចិត្តថា៖ «ខ្ញុំយល់គ្រប់យ៉ាង ខ្ញុំមិនត្រូវការជំនួយរបស់អ្នករាល់គ្នាទេ! សូម្បីតែពេលដែលខ្ញុំមានបញ្ហា ក៏ខ្ញុំនៅតែល្អជាងអ្នករាល់គ្នាដែរ។ តើអ្នករាល់គ្នាគិតថា អ្នករាល់គ្នាអាចជួយខ្ញុំបាន ជាមួយនឹងការយល់ដឹងដ៏តិចតួចរបស់អ្នករាល់គ្នាមែនទេ? អ្នករាល់គ្នាពិតជាប៉ាន់ស្មានសមត្ថភាពខ្លួនឯងខុស ហើយ!»។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតបែបនេះឯង។ ពួកគេធ្វើរឿងអាក្រក់ជាច្រើន ប៉ុន្តែនៅតែបដិសេធមិនព្រមទទួលស្គាល់ថា ពួកគេបានធ្វើអ្វីខុស ឬថាពួកគេមានបញ្ហាអ្វីឡើយ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេរឹងទទឹងខ្លាំងពេក ហើយមិនព្រមស្ដាប់អ្វីដែលនរណាម្នាក់និយាយឡើយ។ រឿងតែមួយគត់ដែលពួកគេមិនអាចទម្លាក់ចោលពីក្នុងចិត្តគំនិតរបស់ពួកគេបានគឺ ថាតើសកម្មភាពរបស់ពួកគេនឹងមានផលប៉ះពាល់បែបណាដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេនៅពេលក្រោយ។ នេះគឺជារឿងដែលធ្វើឱ្យពួកគេព្រួយបារម្ភបំផុត និងជារឿងដែលពួកគេខ្វាយខ្វល់បំផុត។

មិនថាអាទទឹងនឹងព្រះគ្រីស្ទធ្វើរឿងខុសឆ្គងច្រើនប៉ុនណាក៏ដោយ មិនថាគេធ្វើរឿងខុសឆ្គងប្រភេទណាក៏ដោយ ថាតើជាការប្រើប្រាស់មិនត្រឹមត្រូវ ការខ្ជះខ្ជាយ ឬការប្រើប្រាស់ខុសគោលដៅនូវតង្វាយរបស់ព្រះជាម្ចាស់ក៏ដោយ ឬក៏ប្រសិនបើគេកំពុងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំដោយធ្វើឱ្យមានភាពវឹកវរយ៉ាងខ្លាំង និងបញ្ឆេះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គេតែងតែរក្សាភាពស្ងប់ស្ងាត់ ស្មឹងស្មាធ និងមិនខ្វាយខ្វល់ទាល់តែសោះ។ មិនថាអា ទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តសេចក្ដីអាក្រក់ប្រភេទណាក៏ដោយ ឬមិនថា វានាំមកនូវផលវិបាកអ្វីក៏ដោយ ក៏គេមិនដែលចូលមកចំពោះព្រះជាម្ចាស់ភ្លាមៗ ដើម្បីលន់តួបាបរបស់គេ និងប្រែចិត្ត ឬចូលមកចំពោះបងប្អូនប្រុសស្រីដោយអាកប្បកិរិយាលាតត្រដាងខ្លួនឯង និងបើកចំហចិត្តដើម្បីទទួលស្គាល់អំពើខុសឆ្គងរបស់គេ ស្គាល់ពីអំពើរំលង និងសេចក្ដីពុករលួយរបស់គេ ហើយស្ដាយក្រោយចំពោះអំពើអាក្រក់របស់គេឡើយ។ ផ្ទុយទៅវិញ គេប្រឹងប្រើប្រាស់ខួរក្បាលរបស់ខ្លួន ដើម្បីស្វែងរកលេសផ្សេងៗ ដើម្បីគេចវេះពីការទទួលខុសត្រូវ និងទម្លាក់កំហុសទៅលើអ្នកដទៃ ដើម្បីស្ដារមុខមាត់ និងឋានៈរបស់គេឡើងវិញ។ អ្វីដែលគេខ្វាយខ្វល់ គឺមិនមែនជាកិច្ចការរបស់ពួកជំនុំនោះទេ ប៉ុន្តែគឺថាតើកេរ្តិ៍ឈ្មោះ និងឋានៈរបស់គេត្រូវបានខូចខាត ឬរងផលប៉ះពាល់តាមរបៀបណាមួយឬអត់ប៉ុណ្ណោះ។ គេមិនពិចារណាទាល់តែសោះ ឬគិតរកវិធីដើម្បីប៉ះប៉ូវការខូចខាតដែលបានបង្កដល់ដំណាក់របស់ព្រះជាម្ចាស់ ដោយសារតែអំពើរំលងរបស់គេឡើយ ហើយគេក៏មិនព្យាយាមសងបំណុលរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែរ។ ពោលគឺ គេមិនដែលទទួលស្គាល់ថា គេអាចធ្វើរឿងខុសឆ្គង ឬថាគេបានប្រព្រឹត្តកំហុសឡើយ។ នៅក្នុងដួងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការផ្តួចផ្តើមទទួលស្គាល់កំហុស និងការរៀបរាប់អំពីការពិតដោយស្មោះត្រង់ គឺជាការអសមត្ថភាព និងភាពល្ងង់ខ្លៅ។ ប្រសិនបើអំពើអាក្រក់របស់ពួកគេត្រូវបានរកឃើញ និងលាតត្រដាង ពួកទទឹងនឹងព្រះគ្រីស្ទនឹងទទួលស្គាល់ត្រឹមតែកំហុស ដោយការធ្វេសប្រហែសមួយភ្លែតតែប៉ុណ្ណោះ ដោយមិនដែលទទួលស្គាល់ពីការធ្វេសប្រហែសក្នុងភារកិច្ច និងភាពគ្មានការទទួលខុសត្រូវរបស់ពួកគេឡើយ ហើយពួកគេនឹងព្យាយាមទម្លាក់ការទទួលខុសត្រូវទៅលើនរណាម្នាក់ផ្សេងទៀត ដើម្បីលុបបំបាត់ស្នាមប្រឡាក់ចេញពីប្រវត្តិរបស់ពួកគេ។ នៅពេលវេលាបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វាយខ្វល់អំពីរបៀបប៉ះប៉ូវការខូចខាតដែលបានបង្កដល់ដំណាក់របស់ព្រះជាម្ចាស់ របៀបបើកចំហចិត្ត ទទួលស្គាល់កំហុសរបស់ពួកគេ ឬរៀបរាប់ពីរឿងនេះប្រាប់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេខ្វាយខ្វល់តែពីការស្វែងរកវិធីដើម្បីធ្វើឱ្យបញ្ហាធំមើលទៅដូចជាបញ្ហាតូចតាច ហើយបញ្ហាតូចតាចមើលទៅដូចជាគ្មានបញ្ហាតែប៉ុណ្ណោះ។ ពួកគេលើកឡើងពីហេតុផលជាក់ស្ដែង ដើម្បីធ្វើឱ្យអ្នកដទៃយល់ និងអាណិតអាសូរពួកគេ។ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញនៅក្នុងគំនិតរបស់អ្នកដទៃ កាត់បន្ថយឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងនៃអំពើរំលងរបស់ពួកគេមកលើខ្លួនឯង មិនបណ្ដោយឱ្យខាងលើមានចំណាប់អារម្មណ៍មិនល្អចំពោះពួកគេ និងធានាថា ខាងលើមិនដែល ឱ្យពួកគេទទួលខុសត្រូវ ដកហូតតំណែងពួកគេ ស៊ើបអង្កេតស្ថានការណ៍ ឬចាត់ការពួកគេឡើយ។ ដើម្បីស្ដារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេឡើងវិញ ដើម្បីកុំឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេរងការខូចខាត ពួកទទឹងនឹងព្រះគ្រីស្ទសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខទោះបីជាច្រើនប៉ុនណាក៏ដោយ ហើយពួកគេនឹងគិតរកគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយរាល់ការលំបាកនានា។ ចាប់តាំងពីដើមដំបូងនៃអំពើរំលង ឬកំហុសរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលមានចេតនាណាមួយក្នុងការទទួលខុសត្រូវចំពោះរឿងខុសឆ្គងដែលពួកគេធ្វើឡើយ ពួកគេមិនដែលមានចេតនាទទួលស្គាល់ ប្រកបគ្នា លាតត្រដាង ឬវែកញែកអំពីបំណងចិត្ត ចេតនា និងនិស្ស័យពុករលួយនៅពីក្រោយរឿងខុសឆ្គងដែលពួកគេធ្វើឡើយ ហើយពួកគេប្រាកដជាមិនដែលមានចេតនាណាមួយ ក្នុងការប៉ះប៉ូវការខូចខាតដែលពួកគេបានបង្កដល់កិច្ចការរបស់ពួកជំនុំ និងការបាត់បង់ដែលពួកគេបានបង្កដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ហេតុដូច្នេះហើយ មិនថាមើលបញ្ហានេះពីជ្រុងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សដែលបដិសេធយ៉ាងរឹងរូសមិនព្រមទទួលស្គាល់អំពើខុសឆ្គងរបស់ពួកគេ ហើយសុខចិត្តស្លាប់ជាជាងប្រែចិត្ត។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺគ្មានភាពអាម៉ាស់ និងមុខក្រាស់ហួសពីក្ដីសង្ឃឹមនៃការប្រោសលោះ ហើយពួកគេគ្មានអ្វីក្រៅពីពួកសាតាំងរស់នោះទេ។ មិនថាកំហុសដែលពួកគេធ្វើនៅក្នុងពួកជំនុំមានទំហំធំប៉ុនណានោះទេ ក៏ពួកគេនៅតែពើងទ្រូង និងងើបក្បាលឡើងខ្ពស់ ពួកគេព្រងើយកន្តើយចំពោះរឿងនេះទាំងស្រុង ដោយជឿថា ពួកគេមិនបានធ្វើអ្វីខុសឡើយ ហើយខ្វះចេតនាសូម្បីតែបន្តិចក្នុងការប្រែចិត្ត។ ពួកគេមិនដែលសម្រក់ទឹកភ្នែកចំពោះអំពើខុសឆ្គងដែលពួកគេបានប្រព្រឹត្តសោះឡើយ ហើយពួកគេក៏មិនដែលមានអារម្មណ៍សោកសៅ ឬវិប្បដិសារីណាមួយដោយសារតែរឿងទាំងនេះដែរ។ ផ្ទុយទៅវិញ ពួកគេពិតជាមានអារម្មណ៍ឈឺចាប់ ឬសោកសៅ ប្រសិនបើពួកគេចៃដន្យលាតត្រដាងពីខ្លួនឯង ដែលធ្វើឱ្យមនុស្សភាគច្រើនមើលឃើញពីមុខមាត់ពិតរបស់ពួកគេ ហើយបដិសេធពួកគេ។ បន្ទាប់ពីពួកគេបានប្រព្រឹត្តកំហុស ហើយសកម្មភាពរបស់ពួកគេបាននាំមកនូវការ ប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំ រាល់ពាក្យសម្ដីដែលពួកគេនិយាយ និងអ្វីគ្រប់យ៉ាង ដែលពួកគេធ្វើ គឺមិនមែនដើម្បីប៉ះប៉ូវកំហុសទាំងនេះ ឬដើម្បីស្ដារការខូចខាតឡើងវិញនោះទេ ផ្ទុយទៅវិញ ពួកគេកំពុងលាក់ទុកចេតនាផ្ទាល់ខ្លួនរបស់ពួកគេ ហើយរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីការពារខ្លួនឯង ដើម្បីសម្ដែង និងធ្វើពុត។ គោលបំណងរបស់ពួកគេ គឺដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនមើលឃើញថា អ្វីដែលពួកគេបានធ្វើគឺអចេតនា ថាពួកគេគ្រាន់តែធ្វេសប្រហែសមួយភ្លែតតែប៉ុណ្ណោះ ដើម្បីឱ្យពួកគេអាចទទួលបានការលើកលែងទោសឱ្យអ្នកទាំងនោះនិយាយជំនួសពួកគេ និងទទួលបានការទុកចិត្ត និងការពេញចិត្តពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយតាមរយៈនោះ ពួកគេក៏អាចសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការវិលត្រឡប់មកវិញយ៉ាងពេញលេញ។

ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន បន្ទាប់ពីត្រូវបានលួសកាត់ មិនបានឆ្លុះបញ្ចាំងពីខ្លួនឯង ដើម្បីយល់ពីមូលហេតុដែលពួកគេត្រូវបាន លួសកាត់ ដើម្បីស្វែងរកថាតើកំហុសរបស់ពួកគេពិតជាស្ថិតនៅត្រង់ណាឱ្យប្រាកដនៅក្នុងរឿងដែលត្រូវបានលាតត្រដាងនោះ និងរបៀបដែលពួកគេគួរប៉ះប៉ូវវាទៅថ្ងៃខាងមុខឡើយ។ ផ្ទុយទៅវិញ ពួកគេកេងចំណេញពីការត្រូវបានលួសកាត់ ពួកគេប្រកបគ្នាជាមួយអ្នកដទៃអំពីរបៀបដែលពួកគេបានទទួលយកការលួសកាត់ របៀបដែលពួកគេបានរៀនសូត្រមេរៀនពីវា របៀបដែលពួកគេអាចចុះចូល និងរបៀបដែលពួកគេទទួលបានការកោតសរសើរពីខាងលើ បន្ទាប់ពីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយខាងលើ។ ក្នុងពេលជាមួយគ្នានេះ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះក៏បង្កើតរូបភាពក្លែងក្លាយតាមរយៈការប្រកបគ្នា អំពីរបៀបដែលពួកគេបានទទួលយកការលួសកាត់ ដើម្បីចែកចាយពីការមិនពេញចិត្ត និងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេចំពោះខាងលើ ដោយបន្សល់ទុកឱ្យមនុស្សនូវចំណាប់អារម្មណ៍ថា ខាងលើមិនមានគោលការណ៍សម្រាប់ការលួសកាត់មនុស្សទេ ថាខាងលើលួសកាត់មនុស្សដោយចៃដន្យ ហើយគ្មានក្ដីអាណិតអាសូរ មិនគិតគូរពីអារម្មណ៍របស់មនុស្ស និងមិនគិតគូរពីភាពទន់ខ្សោយរបស់មនុស្សឡើយ ហើយថា ទោះបីជាមានរឿងទាំងអស់នេះក៏ដោយ ក៏ពួកគេនៅតែចុះចូលទាំងស្រុង ហើយនៅតែអាចធ្វើកិច្ចការដែលធ្លាក់មកលើពួកគេបានយ៉ាងល្អបំផុត ពួកគេមិនបានក្លាយជាអវិជ្ជមាន ទន់ខ្សោយ ឬទាស់ទទឹងឡើយ ហើយពួកគេក៏មិនបានបោះបង់ចោលភារកិច្ចរបស់ពួកគេដែរ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទនិយាយរឿងទាំងអស់នេះ វាមិនត្រឹមតែមិនអាចធ្វើឱ្យមនុស្សចុះចូលនឹងសេចក្ដីពិត និងស្ម័គ្រចិត្តទទួលយកការលួសកាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យមនុស្សបង្កើតសញ្ញាណ និងមតិយោបល់អំពីព្រះជាម្ចាស់ ហើយក្លាយជាមានការប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ ខណៈពេល បង្កើតឱ្យមានការច្រណែន ការកោតសរសើរ និងការគោរពចំពោះអា ទទឹងនឹងព្រះគ្រីស្ទខ្លួនឯងទៅវិញ។ នៅពេលដែលលទ្ធផលទាំងពីរនេះត្រូវបានបង្កើតឡើង ការមើលរំលងដ៏ធំបំផុតដែលមនុស្សធ្វើ គឺថាតើអាទទឹងនឹងព្រះគ្រីស្ទបានប្រព្រឹត្តអំពើរំលងអ្វី ថាតើគេបានធ្វើខុសអ្វីខ្លះ និងការពិតដែលថាគេបានបង្កការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ ដល់ដំណាក់របស់ព្រះជាម្ចាស់ ដោយសារតែគេគ្មានសមត្ថភាពក្នុងការងាររបស់គេ និងប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន។ នេះគឺជាកលល្បិចមួយរបស់អាទទឹងនឹងព្រះគ្រីស្ទ ពោលគឺការចោទប្រកាន់តបវិញទាំងមិនពិត ហើយតាមរយៈនោះ គេក៏បំភាន់អ្នកដទៃ។ គេមិនដែលលើកឡើងពីការពិតដែលថា គេបានបង្កបញ្ហាជាច្រើនដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបង្កការខាតបង់យ៉ាងធំធេងដល់ជីវិតរបស់បងប្អូនប្រុសស្រី ដោយសារតែ គេធ្វេសប្រហែសក្នុងភារកិច្ចរបស់គេ ដោយសារតែគេល្ងង់ខ្លៅ និងល្ងីល្ងើ ដោយសារតែគេព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់គេឡើយ។ គេមិនដែលទទួលស្គាល់ ឬវែកញែកអំពីរឿងទាំងនេះទេ គេមិនដែលលើកឡើងអំពីការពិតនៃបញ្ហាទាំងនេះទេ គេមិនដែលលើកឡើងពីមូលហេតុនៃការដកហូតតំណែងរបស់គេ ឬមូលហេតុដែលគេត្រូវបានលួសកាត់ឡើយ។ អ្វីដែលគេនិយាយ គឺមានតែរឿងដែលខាងលើបានលួសកាត់ គេ ថាតើការលួសកាត់របស់ខាងលើមានភាពឃោរឃៅកម្រិតណា ថាតើខាងលើបាននិយាយយ៉ាងតឹងរ៉ឹងដាក់ពួកគេកម្រិតណា ថាតើគេបានយំខ្លាំងប៉ុនណា ថាតើគេត្រូវទទួលរងថ្មបាក់ដោយរបៀបណា និងថាតើគេបានរងទុក្ខខ្លាំងប៉ុនណា ថាតើគេនៅតែតស៊ូដូចសព្វដង ដោយបន្តបំពេញភារកិច្ចរបស់គេដោយមិនរុញរាដោយរបៀបណា។ តាំងពីដើមរហូតដល់ចប់ តើអាទទឹងនឹងព្រះគ្រីស្ទធ្លាប់មានអាកប្បកិរិយាសូម្បីតែបន្តិច ដោយទទួលស្គាល់ទង្វើខុសឆ្គងរបស់ខ្លួនដែរឬទេ? គេមិនមានឡើយ។ នៅពេលដែលមនុស្សល្ងង់ខ្លៅ និងល្ងីល្ងើ ដែលមិនដឹងពីស្ថានភាពពិត មិនយល់ពីសេចក្ដីពិត បានឮរឿងនេះ គេគិតថា៖ «ខាងលើមិនមានគោលការណ៍ណាមួយនៅក្នុងរបៀបដែលគេលួសកាត់មនុស្សឡើយ។ មិនថានរណាម្នាក់បំពេញកិច្ចការ របស់គេបានល្អយ៉ាងណា ឬមិនថាគេលះបង់យ៉ាងណានោះទេ ក៏គេនៅតែត្រូវបានលួសកាត់ដដែល ហើយបន្ទាប់មក គេមិនអាចបង្ហាញភាពទន់ខ្សោយណាមួយឡើយ គេត្រូវចុះចូលតែប៉ុណ្ណោះ»។ បន្ទាប់ពីការប្រកបគ្នា និងការបំភាន់របស់អាទទឹងនឹងព្រះគ្រីស្ទមួយវគ្គ និងបន្ទាប់ពីគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើរឿងនានា លទ្ធផលដែល គេសម្រេចបាន គឺធ្វើឱ្យមានការយល់ច្រឡំ និងការមានចិត្តការពារខ្លួនចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឱ្យនៅពេលដែលមនុស្សត្រូវបានលួសកាត់ គេនឹងមានអារម្មណ៍មិនពេញចិត្ត ហើយ ទាស់ទទឹងកាន់តែខ្លាំង ជំនួសឱ្យការអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានកាន់តែច្បាស់ ឬអាចចុះចូល និងទទួលយកការលួសកាត់ដោយក្ដីរីករាយ ហើយបន្ទាប់មក ស្គាល់ពីនិស្ស័យពុករលួយរបស់គេផ្ទាល់ ភាពល្ងង់ខ្លៅ និងល្ងីល្ងើរបស់គេ និងស្គាល់ថាគេពិតជានរណា។ តាមរយៈការប្រកបគ្នាទាំងមូលរបស់អាទទឹងនឹងព្រះគ្រីស្ទនេះ តើគេធ្លាប់លើកឡើងអំពីអ្វីដែលពួកគេបានធ្វើខុសដែរឬទេ? តើ គេធ្លាប់បង្ហាញអាកប្បកិរិយាសូម្បីតែបន្តិចក្នុងការទទួលស្គាល់ទង្វើខុសឆ្គងរបស់គេដែរឬទេ? មិនមានសូម្បីតែបន្តិច។ ពេញមួយដំណើរការនេះ គេមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនឡើយ។ តើអ្នករាល់គ្នាធ្លាប់ឮពីអាទទឹងនឹងព្រះគ្រីស្ទណាម្នាក់ បន្ទាប់ពីត្រូវបានដកហូតតំណែង ទទួលស្គាល់ថា កំហុសរបស់គេបានបង្កការខាតបង់ដល់ ដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (មិនធ្លាប់ទេ។) ប្រសិនបើបុគ្គលនោះជាអាទទឹងនឹងព្រះគ្រីស្ទ គេនឹងមិនទទួលស្គាល់ឡើយ។ ពីមុន យើងធ្លាប់និយាយអំពីពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដូចជា «អ្នកដឹកនាំស្រី» នោះ និងពួកទទឹងនឹងព្រះគ្រីស្ទល្បីៗមួយចំនួនទៀត ដែលសកម្មភាពរបស់ពួកគេបានបណ្ដាលឱ្យបាត់បង់តង្វាយរបស់ព្រះជាម្ចាស់រាប់ម៉ឺន ប៉ុន្តែនៅទីបញ្ចប់ ពួកគេមិនដែលទទួលស្គាល់ថា ពួកគេបានធ្វើអ្វីខុសឡើយ។ ពួកគេមិនបាននិយាយសូម្បីតែមួយម៉ាត់អំពីអ្វីដែលពួកគេបានធ្វើខុស ហើយផ្ទុយទៅវិញ ពួកគេមិនបានធ្វើអ្វីសោះ ក្រៅពីត្អូញត្អែរអំពីរបៀបដែលអ្នកដទៃមិនបានធ្វើការជាមួយពួកគេ។ ពួកគេបានរុញអំរែងនៃការទទួលខុសត្រូ ទង្វើខុសឆ្គង និងកំហុសទាំងអស់ទៅលើអ្នកដទៃ ខណៈពេលដែលយកមុខមាត់ចំពោះរឿងល្អៗទាំងអស់ អ្វីក៏ដោយដែលបានធ្វើត្រឹមត្រូវ និងការសម្រេចចិត្តត្រឹមត្រូវទាំងអស់។ ពេញមួយហេតុការណ៍ទាំងមូល ទោះបីជាពួកគេជាអ្នកទទួលខុសត្រូវចម្បងក៏ដោយ ក៏ពួកគេអះអាងថា កំហុសទាំងអស់ត្រូវបានធ្វើឡើងដោយអ្នកដទៃដែរ។ ប្រសិនបើដូច្នេះមែន ចុះតើពួកគេកំពុងធ្វើអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទបង្កការខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នកដទៃត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ ប៉ុន្តែ នៅពេលណាដែលមានសមិទ្ធផល តែបន្តិចបំផុតក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទក៏លេចមុខមកភ្លាម ដោយនិយាយថា ពួកគេគឺជាអ្នកដែលបានធ្វើវា ដោយរមាស់មាត់ចង់ឱ្យមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំដឹងអំពីរឿងនេះ សូម្បីតែអ្នកមិនជឿក៏ដោយ។ នៅពេលដែលពួកគេធ្វើខុសតែបន្តិចបន្តួចបំផុត ពួកគេប្រញាប់ប្រញាល់ស្វែងរកអ្នកទទួលកំហុសជំនួស ដើម្បីទម្លាក់ការទទួលខុសត្រូវ។ ពួកគេធ្វើឱ្យបញ្ហាធំមើលទៅដូចជាបញ្ហាតូចតាច ហើយបញ្ហាតូចតាចមើលទៅដូចជាគ្មានបញ្ហា ដោយព្យាយាមពន្លត់បញ្ហាណាមួយតាំងពីដើមទីមក។ នេះគឺដើម្បីកុំឱ្យមាននរណាម្នាក់ដឹងអំពីរឿងនេះ ហើយដើម្បីឱ្យមនុស្សគ្រប់គ្នាភ្លេចអំពីរឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ដឹងអំពីអ្វីដែលបានកើតឡើងពិតប្រាកដឡើយ ដើម្បីឱ្យពួកគេអាចទទួលបានការគោរពពីអ្នកដទៃឡើងវិញភ្លាមៗ និងស្ដារឋានៈ និងអំណាចដើមរបស់ពួកគេឡើងវិញយ៉ាងឆាប់រហ័ស។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទបានធ្វើអ្វីមួយខុស មិនថាមនុស្សលួសកាត់គេ ឬនិយាយចំចំណុចយ៉ាងជាក់ស្ដែងប៉ុនណាក៏ដោយ ក៏ គេនឹងទាស់ទទឹងប្រឆាំង និងមិនទទួលយកទាំងស្រុង ហើយទោះបីជាមានសាក្សី ឬភស្តុតាងក៏ដោយ ក៏គេនឹងរឹងរូសបដិសេធមិនព្រមទទួលស្គាល់កំហុសរបស់គេដែរ ហើយគេនឹងមិនទទួលស្គាល់ ឬទទួលយកការលួសកាត់នោះនៅក្នុងដួងចិត្តរបស់គេឡើយ។ អាទទឹងនឹងព្រះគ្រីស្ទនឹងនិយាយថា៖ «ទោះបីជាខ្ញុំខុសក្នុងរឿងនេះក៏ដោយ ក៏មានអ្នកផ្សេងទៀតពាក់ព័ន្ធដែរ។ ហេតុអ្វីបានជាពួកគេមិនត្រូវបានលួសកាត់ ប៉ុន្តែមានតែខ្ញុំទៅវិញ? ហេតុអ្វីបានជាមានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលត្រូវបាន ស៊ើបអង្កេតដើម្បីទាមទារការទទួលខុសត្រូវ ហើយមិនមែនអ្នកផ្សេងទៅវិញ?»។ ទោះបីជាការលួសកាត់នោះស្របតាមសេចក្ដីពិត និងស្របតាមភាពជាក់ស្ដែងប៉ុនណាក៏ដោយ ក៏គេនឹងមានអារម្មណ៍ថា គេត្រូវបានចោទប្រកាន់ខុស ថាគេកំពុងរងភាពអយុត្តិធម៌ ថាគេមិនគួរត្រូវបានប្រព្រឹត្តដាក់បែបនេះទេ បន្ទាប់ពីរងទុក្ខ និងលះបង់យ៉ាងច្រើន ហើយគេមិនគួរត្រូវបានស្ដីបន្ទោសយ៉ាងចាស់ដៃបែបនេះទេចំពោះកំហុសដ៏តូចមួយ។ គេជឿថា គេមិនគួរត្រូវទទួលយកការលួសកាត់ប្រភេទនោះឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីធម្មតាម្នាក់លួសកាត់ពួកគេ នោះពួកគេនឹងវាយបក ហើយទាស់ទទឹងនឹងវាភ្លាមៗ ដោយបញ្ចេញកំហឹង និងបញ្ចេញឱ្យឃើញភាពឆាប់ច្រឡោតរបស់ពួកគេ ឬប្រហែលជាហ៊ានលើកដៃវាយអ្នកទាំងនោះទៀតផង។ ប្រសិនបើខាងលើជាអ្នកលួសកាត់ពួកគេ ពួកគេនឹងនៅស្ងៀមទាំងបង្ខំចិត្ត ប៉ុន្តែនៅក្នុងចិត្ត ពួកគេមានអារម្មណ៍ថារងភាពអយុត្តិធម៌យ៉ាងខ្លាំង។ ពួកគេមិនពេញចិត្ត និងមិនសុខចិត្តឡើយ ហើយជារឿយៗ ពួកគេនឹងលើកឡើងពីហេតុផលវៀចវេរ ដោយនិយាយថា៖ «ខ្ញុំគិតថា វាគ្រាន់តែជាសំណាងអាក្រក់របស់ខ្ញុំប៉ុណ្ណោះ ដែលអ្នករាល់គ្នាបានដឹងអំពីរឿងនេះ។ តាមពិត អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រុសស្រីជាច្រើន បានធ្វើរឿងដ៏អាក្រក់បែបនេះ ដែលអ្នករាល់គ្នាមិនដឹង ហើយខ្ញុំគឺជាអ្នកដែលត្រូវបានគេចាប់បានប៉ុណ្ណោះ។ នោះជាសំណាង អាក្រក់របស់ខ្ញុំតែប៉ុណ្ណោះ!»។ មិនថាខាងលើ ឬបងប្អូនប្រុសស្រីលួសកាត់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចគ្រាន់តែទទួលយកវាដោយងាយៗនោះទេ ពួកគេមិនអាចទទួលស្គាល់ការពិតនៃបញ្ហានេះ និងទទួលយកការទទួលខុសត្រូវឡើយ។ វាហាក់ដូចជាការទទួលស្គាល់ការទទួលខុសត្រូវ និងអ្វីដែលបានកើតឡើងពិតប្រាកដនឹងសម្លាប់ពួកគេអ៊ីចឹង។ ពួកគេនឹងមិនទទួលស្គាល់ថា ពួកគេបានប្រព្រឹត្តកំហុស ថាពួកគេទទួលខុសត្រូវចំពោះបញ្ហានេះឡើយ ហើយរឹតតែមិនទទួលស្គាល់ថា វាបានបង្កការខាតបង់យ៉ាងធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់ទៅទៀត។ តើនេះមិនមែនជានិស្ស័យរបស់អា ទទឹងនឹងព្រះគ្រីស្ទទេឬ? (មែនហើយ។) នេះគឺជានិស្ស័យរបស់អា ទទឹងនឹងព្រះគ្រីស្ទហើយ។

បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ចំពោះការធ្វើអ្វីមួយខុសគេ មិនទទួលយកវា និងមិនចុះចូលចេញពីជម្រៅដួងចិត្តរបស់គេឡើយ ហើយគេក៏មិនយល់ពីសេចក្ដីពិត និងគោលការណ៍សេចក្ដីពិតដែលគេគួរប្រកាន់ខ្ជាប់តាមរយៈរឿងនេះដែរ ហើយគេក៏មិនទទួលស្គាល់ថា គេក៏អាចធ្វើអ្វីមួយខុសដែរ។ លក្ខណៈចម្បងរបស់ គេ គឺការមិនងាយជឿជាក់ ការមិនទទួលយក និងការមិនទទួលស្គាល់។ ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តតាមរបៀបទាំងនេះ ជាចម្បងដោយសារតែពួកគេជឿថា ពួកគេគឺជាមនុស្សគ្រប់លក្ខណ៍ ថាពួកគេមិនអាចធ្វើអ្វីមួយខុសឡើយ។ ចំពោះពួកគេ អ្នកណាក៏ដោយដែលចោទប្រកាន់ពួកគេថាបានប្រព្រឹត្តកំហុស គឺជាអ្នកដែលខុសទៅវិញទេ ពោលគឺបុគ្គលនោះហើយជាអ្នកដែលមានទស្សនៈខុស ដែលមានការយល់ឃើញ និងជំហរខុសគ្នាចំពោះរឿងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា អ្នកណាដែលលួសកាត់ពួកគេ ធ្វើដូច្នេះ ដោយសារតែអ្នកទាំងនោះមិនទាន់បានឃើញពីចំណុចខ្លាំងរបស់ពួកគេ ថាអ្នកទាំងនោះកំពុងធ្វើឱ្យពួកគេលំបាក ចាប់កំហុសពួកគេ និងផ្ដោតគោលដៅលើពួកគេដោយចេតនា។ តើនេះមិនមែនជានិស្ស័យដែលអាទទឹងនឹងព្រះគ្រីស្ទមានទេឬ? (មែនហើយ។) អាទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកការលួសកាត់ចំពោះរឿងនេះឡើយ ហើយគេក៏នឹងមិនមានការប្រែចិត្តណាមួយដែរ ជាចម្បង ដោយសារតែគេមិនដែលចាត់ទុកខ្លួនឯងថាជាមនុស្សដែលអាចធ្វើខុសឡើយ គេជឿថារូបគេគ្រប់លក្ខណ៍ ហើយថាមានតែគេម្នាក់គត់ដែលមិនអាចធ្វើខុសបាន។ នេះសបញ្ជាក់ឱ្យឃើញថា គេពិតជាជឿថា គេសុចរិត ថាគេគឺជាមនុស្សបរិសុទ្ធ។ ប្រសិនបើគេពិតជាទទួលស្គាល់ថា គេគឺជាមនុស្សពុករលួយមែន នោះ គេគួរតែទទួលស្គាល់ថា គេមានសេចក្ដីពុករលួយ ថាគេអាចធ្វើរឿងខុសឆ្គង ហើយដោយសារតែគេជាមនុស្ស គេក៏ប្រាកដជាធ្វើខុសមិនខាន។ មនុស្សមួយចំនួនមើលទៅហាក់ដូចជាគ្មានល្បិចទាល់តែសោះ ប៉ុន្តែមានអ្វីមួយនៅក្នុងភាពជាមនុស្សរបស់ពួកគេ ដែលមនុស្សចាត់ទុកនៅក្នុងសញ្ញាណរបស់ពួកគេថាជាចំណុចខ្លាំង នោះគឺការប្រកួតប្រជែង និងការចង់យកឈ្នះអ្នកដទៃយ៉ាងខ្លាំងក្លា។ មនុស្សទាំងនេះមានការគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ និងមានការទាមទារយ៉ាងខ្ពស់ចំពោះខ្លួនឯង។ ពួកគេតឹងរ៉ឹងចំពោះខ្លួនឯងណាស់ នៅក្នុងគ្រប់យ៉ាង ដែលពួកគេធ្វើ ពួកគេទាមទារភាពល្អឥតខ្ចោះ និងភាពល្អបំផុត ដោយមិនអនុញ្ញាតឱ្យមានចំណុចខ្វះខាត ឬការមើលរំលងសូម្បីតែបន្តិចឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ ពួកគេជឿដោយមិនដឹងខ្លួនថា ពួកគេមិនអាចធ្វើខុសឡើយ ពីព្រោះពួកគេមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅក្នុងគ្រប់យ៉ាង ដែលពួកគេធ្វើ ពួកគេពូកែក្នុងការគិតពិចារណាអំពីរឿងរ៉ាវ ហើយធ្វើដូច្នេះបានយ៉ាងល្អិតល្អន់បំផុត។ ពួកគេធ្វើគ្រប់យ៉ាងដោយគ្មានចំណុចខ្វះខាតឡើយ ស្របពេលដែលពិចារណាគ្រប់បញ្ហាបានយ៉ាងល្អិតល្អន់ និងល្អឥតខ្ចោះ។ ជាលទ្ធផល ពួកគេជឿថា ពួកគេនឹងមិនដែលធ្វើខុសឡើយ។ នៅពេលពួកគេត្រូវបានលួសកាត់ អ្វីដែលពិបាកបំផុតសម្រាប់ពួកគេក្នុងការទទួលយក គឺការពិតដែលថា ពួកគេអាចប្រព្រឹត្តកំហុស។ នេះហើយជាមូលហេតុដែលមនុស្សបែបនេះមិនដឹងពីរបៀបឆ្លុះបញ្ចាំងពីខ្លួនឯង ហើយពួកគេក៏នឹងមិនធ្វើដូច្នេះដែរ។ ពួកគេចាត់ទុកការប្រកួតប្រជែង និងការចង់យកឈ្នះអ្នកដទៃនៅក្នុងភាពជាមនុស្សរបស់ពួកគេ ថាជាអ្វីៗដែលវិជ្ជមាន ហើយប្រកាន់ខ្ជាប់តាមវា ហាក់ដូចជាវាជាគោលការណ៍សេចក្ដីពិតអ៊ីចឹង។ ពួកគេគិតថា ប្រសិនបើពួកគេធ្វើរឿងនានា និងបំពេញភារកិច្ចរបស់ពួកគេដោយផ្អែកលើគោលការណ៍ទាំងនេះ ពួកគេនឹងមិនដែលភ្លាត់ស្នៀតឡើយ ហើយទោះបីជាមានកំហុសកើតឡើងក៏ដោយ ក៏ពួកគេចាត់ទុកវាថាជាបញ្ហានៃការយល់ឃើញ ជាការដែលមនុស្សមានទស្សនៈខុសគ្នា ហើយគិតថា នេះប្រាកដជាមិនមានន័យថា អ្វីដែលពួកគេបានធ្វើគឺខុសនោះទេ។ ហេតុដូច្នេះហើយ មិនថានរណាជាអ្នកលួសកាត់ពួកគេឡើយ ទោះបីជាការលួសកាត់ ឬអ្វីដែលត្រូវបានលាតត្រដាងនោះស្របតាមការពិតក៏ដោយ ក៏ពួកគេនឹងមិនទទួលយកវាដែរ។ ប្រសិនបើពួកគេដឹងថា ពួកគេពិតជាបានធ្វើអ្វីមួយខុសមែន តើពួកគេនឹងទទួលស្គាល់វាដែរឬទេ? (ពួកគេនឹងមិនទទួលស្គាល់ឡើយ។) ពួកគេនឹងមិនទទួលស្គាល់វាទេ ពួកគេនឹងនៅស្ងៀមភ្លាមៗ ហើយពួកគេនឹងមិនលើកឡើងពីរឿងនេះជាដាច់ខាត។ ពួកគេនឹងមិនហើបមាត់និយាយសូម្បីតែមួយម៉ាត់។ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទជួបប្រទះនរណាម្នាក់ដែលលាតត្រដាងពីកំហុស ឬចំណុចខ្វះខាតមួយចំនួននៅក្នុងកិច្ចការរបស់គេ ហើយឃើញថា គេមិនអាចលាក់បាំងពីរឿងនេះបានទេ គេនឹងធ្វើពុតជាបន្តជីកកកាយរកមើលថាតើនរណាជាអ្នកធ្វើខុស ហើយដោយនឹកស្មានមិនដល់សោះ បន្ទាប់ពីស្វែងរកចុះស្វែងរកឡើង ក៏រកឃើញថា រូបគេគឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។ ប្រសិនបើមាននរណាម្នាក់និយាយថា៖ «អ្នកនេះហើយគឺជាអ្នកដែលបានធ្វើវា មិនមែនអ្នកណាផ្សេងទេ គ្រាន់តែអ្នកភ្លេចពីរឿងនេះប៉ុណ្ណោះ» តើអាទទឹងនឹងព្រះគ្រីស្ទនឹងឆ្លើយតបចំពោះរឿងនេះយ៉ាងដូចម្ដេច? តើមនុស្សធម្មតាគួរធ្វើដូចម្ដេចក្នុងកាលៈទេសៈទាំងនេះ? មនុស្សធម្មតាដែលមានភាពអាម៉ាស់ គួរតែមុខឡើងក្រហម មានអារម្មណ៍ខ្មាសអៀន និងឆ្គង ហើយទទួលស្គាល់វាភ្លាមៗ ដោយនិយាយថា៖ «ខ្ញុំភ្លេចរឿងហ្នឹងបាត់ហើយ។ ខ្ញុំបានធ្វើវា វាគឺជាកំហុសរបស់ខ្ញុំ។ ចូរយើងប្រញាប់រកវិធីប៉ះប៉ូវរឿងនេះ និងកែតម្រូវវាឱ្យបានត្រឹមត្រូវទៅ ដើម្បីកុំឱ្យកំហុសនេះបន្តកើតមានទៀត»។ អ្នកដែលមានភាពអាម៉ាស់ មានមនសិការ និងវិចារណញ្ញាណនឹងទទួលស្គាល់កំហុសរបស់ខ្លួនភ្លាមៗ បន្ទាប់មកដោះស្រាយ និងកែតម្រូវវា។ ផ្ទុយទៅវិញ អាទទឹងនឹងព្រះគ្រីស្ទ គឺគ្មានភាពអាម៉ាស់ឡើយ។ ពេលដែលនរណាម្នាក់រកឃើញថា គេគឺជាអ្នកដែលបានប្រព្រឹត្តកំហុស ពេលដែលគេត្រូវបាននរណាម្នាក់លាតត្រដាង ហើយមាននរណាម្នាក់ដឹងអំពីរឿងនេះ គេនឹងផ្លាស់ប្ដូរសម្ដីរបស់គេភ្លាមៗ ហើយគិតរកវិធីផ្សេងៗដើម្បីជៀសវាងការទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីជៀសវាងការទទួលយកថា គេគឺជាអ្នកដែលបានប្រព្រឹត្តកំហុសនោះ ពោលគឺគេនឹងនិយាយកុហកទាំងបំពាន និងប្រកែកការពារខ្លួនឯង។ មនុស្សគ្រប់គ្នានៅជុំវិញគេនឹងយល់ថា រឿងនេះគួរឱ្យខ្មាសអៀន និងឆ្គង ប៉ុន្តែអា ទទឹងនឹងព្រះគ្រីស្ទនោះនឹងមិនមានអារម្មណ៍អ្វីទាល់តែសោះ។ គេនឹងធ្វើឱ្យបញ្ហាធំមើលទៅដូចជាបញ្ហាតូចតាច ហើយបញ្ហាតូចតាចមើលទៅដូចជាគ្មានបញ្ហា បន្ទាប់មកមិនដែលលើកយករឿងនេះមកនិយាយម្ដងទៀតឡើយ។ នៅក្នុងរឿងនេះ ភាពល្ងង់ខ្លៅរបស់គេត្រូវបានបញ្ចេញឱ្យឃើញ ដូច្នេះ គេនឹងបដិសេធកំហុសរបស់ខ្លួនយ៉ាងចំហ និងនិយាយកុហកនៅចំពោះមុខមនុស្សជាច្រើន ដោយព្យាយាមគេចវេះពីការទទួលខុសត្រូវ ដោយមិនមានមុខឡើងក្រហមដោយក្ដីអាម៉ាស់ និងដោយមិនមានអារម្មណ៍ភ័យព្រួយសូម្បីតែបន្តិចឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពអាម៉ាស់ដែរឬទេ? (មិនមានទេ។)

នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទខ្លះទើបតែត្រូវបានគេដកហូតតំណែង ពួកគេពោរពេញទៅដោយការថ្នាំងថ្នាក់ ពួកគេមានអារម្មណ៍បាត់បង់ ថាពួកគេលែងមានឋានៈទៀតហើយ ថាគ្មាននរណាម្នាក់គោរព ឬបម្រើពួកគេទៀតទេ ហើយថាពួកគេលែងអាចទទួលបានផលប្រយោជន៍នៃឋានៈទៀតហើយ។ ពួកគេមានអារម្មណ៍ថា រាល់ការលះបង់ដែលពួកគេបានធ្វើ និងរាល់ការរងទុក្ខកន្លងមករបស់ពួកគេ គឺមិនស័ក្ដិសមឡើយ ហើយដួងចិត្តរបស់ពួកគេពោរពេញទៅដោយអារម្មណ៍អយុត្តិធម៌។ ទោះជាយ៉ាងណា ពួកគេមិនមានអារម្មណ៍ខុសឆ្គងសូម្បីតែបន្តិចចំពោះការស្តែងចេញ ដែលពួកគេបានបង្ហាញ នៅពេលដែលពួកគេត្រូវបានលួសកាត់ ឬចំពោះអ្វីក៏ដោយដែលពួកគេបានធ្វើខុស។ ពួកគេមានអារម្មណ៍ថា វាមិនយុត្តិធម៌ឡើយ ដួងចិត្តរបស់ពួកគេពោរពេញទៅដោយការថ្នាំងថ្នាក់ និងការត្អូញត្អែរ ព្រមទាំងការយល់ច្រឡំចំពោះព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែបដិសេធមិនព្រមទទួលស្គាល់កំហុសរបស់ពួកគេ ហើយគ្មានគម្រោងប៉ះប៉ូវកំហុសរបស់ពួកគេ ឬទទួលយកការលួសកាត់ ទទួលយកការដកហូតតំណែងនេះប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេគិតថា៖ «ព្រះជាម្ចាស់មិនសុចរិតទេ។ មិនថានរណាបានរងទុក្ខច្រើនប៉ុនណា ឬរងភាពអយុត្តិធម៌ធំធេងប៉ុនណានោះទេ ក៏ពួកគេគ្មានកន្លែងសម្រាប់រៀបរាប់ពីរឿងនេះដែរ។ នេះពិតជាឈឺចាប់ណាស់! សូម្បីតែព្រះជាម្ចាស់ក៏មិនអាចពឹងផ្អែកបានដែរ ខ្ញុំគ្មាននរណាម្នាក់សម្រាប់ពឹងផ្អែកឡើយ។ ទោះបីជាខ្ញុំបន្តបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៅថ្ងៃមុខក៏ដោយ ក៏ខ្ញុំនឹងត្រូវបន្តដោយការប្រុងប្រយ័ត្នបំផុតដែរ ហើយគ្មាននរណាម្នាក់អាចទុកចិត្តបានឡើយ»។ ពួកគេពោរពេញទៅដោយការ ការពារខ្លួន និងការយល់ច្រឡំចំពោះព្រះជាម្ចាស់។ តើនេះជានិស្ស័យប្រភេទអ្វី? មិនថាពួកគេបានធ្វើរឿងខុសឆ្គងច្រើនប៉ុនណា បង្កការខាតបង់យ៉ាងធំធេងដល់កិច្ចការរបស់ពួកជំនុំប៉ុនណា ឬបង្កគ្រោះថ្នាក់ដល់កិច្ចការរបស់ពួកជំនុំកម្រិតណានោះទេ ក៏ពួកគេគិតថា រឿងទាំងនេះអាចត្រូវបានមើលរំលងយ៉ាងងាយ ហើយពួកគេនឹងមិនទទួលខុសត្រូវ ឬទទួលស្គាល់កំហុសណាមួយរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងយកការថ្នាំងថ្នាក់សូម្បីតែបន្តិចបន្តួច ដែលពួកគេមានការលះបង់ដ៏ស្ដួចស្ដើង និងគ្មានតម្លៃដែលពួកគេបានធ្វើ មកបំប៉ោងឱ្យធំហួសហេតុ ដោយជឿថា ដំណាក់របស់ព្រះជាម្ចាស់ទេដែលបានធ្វើឱ្យពួកគេខកចិត្ត ហើយថាព្រះជាម្ចាស់បានចោទប្រកាន់ពួកគេខុស។ ការខាតបង់ដោយកំហុសរបស់ពួកគេបានបង្កដល់ដំណាក់របស់ព្រះជាម្ចាស់ គឺជារឿងមិនសំខាន់ទាល់តែសោះនៅក្នុងចិត្តគំនិតរបស់ពួកគេ។ ពួកគេគិតថា៖ «មិនចាំបាច់គិតគូរអំពីរឿងនោះ ឬខ្វាយខ្វល់អំពីវា ទេ។ តើនរណានឹងហៅរឿងនោះថាជាការខាតបង់ទៅ? ចុះតើអ្នកដឹកនាំណាមួយដែលមិនខ្ជះខ្ជាយតង្វាយខ្លះនោះ? ហេតុអ្វីបានជាមានតែខ្ញុំ? តើអ្នកដឹកនាំណាមួយដែលមិនធ្លាប់បង្កការខាតបង់ដល់ ដំណាក់របស់ព្រះនោះ? តើតង្វាយរបស់ព្រះជាម្ចាស់ជាអ្វី? លុយនោះជារបស់មនុស្សគ្រប់គ្នា ដូច្នេះ ប្រសិនបើអ្នកដទៃត្រូវបានអនុញ្ញាតឱ្យចាយវា ហេតុអ្វីបានជាខ្ញុំមិនអាចបាន? អ្នកដទៃត្រូវបានអនុញ្ញាតឱ្យខ្ជះខ្ជាយវា ប៉ុន្តែខ្ញុំមិនបានឬ? ប្រសិនបើយើងនិយាយអំពីការខាតបង់ដែលបានបង្កដល់ដំណាក់របស់ព្រះជាម្ចាស់ អ្នកដទៃបង្កច្រើនជាងខ្ញុំទៅទៀត។ ហេតុអ្វីបានជាមានតែខ្ញុំម្នាក់គត់ដែលត្រូវបានលួសកាត់យ៉ាងចាស់ដៃ និងត្រូវបានដកហូតតំណែង? ចំណែកឯការមិនធ្វើសកម្មភាពស្របតាមគោលការណ៍ ប៉ុន្តែប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើនវិញ មនុស្សខ្លះអាក្រក់ជាងខ្ញុំឆ្ងាយណាស់ក្នុងរឿងនោះ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនត្រូវបានដកហូតតំណែង នៅពេលដែលពួកគេត្រូវបានលួសកាត់? ចំណែកឯការលះបង់វិញ ខ្ញុំបានលះបង់ច្រើនជាងមនុស្សភាគច្រើនទៅទៀត។ ប្រសិនបើនិយាយពីភាពស្មោះត្រង់ តើអ្នកណាអាចប្រៀបផ្ទឹមនឹងខ្ញុំបាន? ចុះរឿងការអធិប្បាយវិញ? ខ្ញុំបានអធិប្បាយច្រើនជាងអ្នកផ្សេងទៅទៀត។ ហើយចំណែកឯការយល់ដឹងពីសេចក្ដីពិតវិញ តើអ្នកណាយល់ដឹងច្រើនជាងខ្ញុំ? នៅពេលនិយាយដល់ការទទួលយកការលួសកាត់ពីខាងលើ តើអ្នកណាទទួលយកវាច្រើនជាងខ្ញុំ? ប្រសិនបើនិយាយពីការបោះបង់ តើអ្នកណាបានបោះបង់ច្រើនជាងខ្ញុំ? ចំណែកឯការជួយបងប្អូនប្រុសស្រី និងការដោះស្រាយបញ្ហារបស់ពួកគេ តើអ្នកណាធ្វើរឿងនោះច្រើនជាងខ្ញុំ? នៅពេលនិយាយដល់ការរត់ចុះរត់ឡើង និងការធ្វើកិច្ចការនៅក្នុងពួកជំនុំ គ្មាននរណាម្នាក់អាចប្រៀបនឹងខ្ញុំបានឡើយ។ នៅពេលនិយាយដល់ថាតើបងប្អូនប្រុសស្រីបោះឆ្នោតឱ្យគាំទ្រ និងយល់ព្រមលើអ្នកណា តើអ្នកណាទទួលបានសំឡេងឆ្នោតច្រើនជាងខ្ញុំ?»។ អ្នកឃើញទេ ទាំងនេះគឺជាការប្រៀបធៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើឡើង។ នៅពេលដែលពួកគេទើបតែប្រឈមមុខនឹងការលួសកាត់ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយតែពីរឿងដែលពាក់ព័ន្ធប៉ុណ្ណោះ។ ប្រសិនបើអ្នកទទួលស្គាល់កំហុសទាំងអស់ដែលអ្នកបានធ្វើ និងគោលការណ៍សេចក្ដីពិតទាំងអស់ដែលអ្នកបានបំពាន ប្រសិនបើអ្នកអាចទទួលយក និងចុះចូលនឹងការលួសកាត់ ប្រសិនបើអ្នកធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ចាប់ពីពេលនោះមក ហើយខិតខំអស់ពីសមត្ថភាពបំផុត ដើម្បីប៉ះប៉ូវការខាតបង់ដែលអ្នកបានបង្កដល់កិច្ចការរបស់ពួកជំនុំ តើដំណាក់របស់ព្រះជាម្ចាស់នឹងបន្តស៊ើបអង្កេតបញ្ហារបស់អ្នកទៀតដែរឬទេ? តើដំណាក់ព្រះជាម្ចាស់នឹងថ្កោលទោសអ្នកដែរឬទេ? តើដំណាក់ព្រះជាម្ចាស់នឹងបោះអ្នកទៅក្នុងនរកដែរឬទេ? តើមានការចាំបាច់ណាមួយសម្រាប់អ្នក ក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្យល់ពីខ្លួនឯង និងរកលេសដែរឬទេ? តើមានការចាំបាច់ណាមួយសម្រាប់អ្នក ក្នុងការបន្តត្អូញត្អែរអំពីការថ្នាំងថ្នាក់របស់អ្នកតាមរបៀបនិយាយបញ្ឆិតបញ្ឈៀងនេះដែរឬទេ? តើវាពិតជាអាចទៅរួចទេដែលអ្នកមិនមាននិស្ស័យពុករលួយ និងមិនអាចធ្វើខុសនោះ? បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន តើអ្នកនៅតែមិនដឹងថាអ្នកពិតជាមនុស្សប្រភេទណាទៀតឬ? ក្រោយពីត្រូវបានលួសកាត់បន្តិចបន្តួច អ្នកមានអារម្មណ៍ថារងភាពអយុត្តិធម៌ ប្រសិនបើអ្នកមិនបានប្រព្រឹត្តអំពើអាក្រក់ណាមួយទេ តើនរណានឹងសុខចិត្ត ឬចង់លួសកាត់អ្នកទៅ? ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនមែនជាអ្នកដឹកនាំ ដែលទទួលខុសត្រូវទេ តើនរណានឹងសុខចិត្តលួសកាត់អ្នកទៅ? ព្រះជាម្ចាស់ប្រទានសិទ្ធិឱ្យមនុស្សជ្រើសរើសដោយសេរី ដោយអនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតពួកជំនុំ ហើយចំណែកឯផ្លូវដែលមនុស្សដើរ និងអ្វីដែលពួកគេដេញតាម នោះគឺជារឿងផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មាននរណាម្នាក់នឹងជ្រៀតជ្រែកក្នុងរឿងនេះឡើយ។ ប៉ុន្តែ ពេលនេះ ក្នុងនាមជាអ្នកដឹកនាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ជាអ្នកមើលការខុសត្រូវ ប្រសិនបើអ្នកធ្វើខុស ការខាតបង់ដែលរឿងនេះបង្កដល់ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនមែនជាបញ្ហាតូចតាចឡើយ ហើយប្រសិនបើអ្នកនិយាយអ្វីមួយខុស ផលប៉ះពាល់ដែលរឿងនោះមានមកលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក៏នឹងមិនមែនជាបញ្ហាតូចតាចដែរ ពីព្រោះការទទួលខុសត្រូវដែលអ្នកមាន គឺខុសពីការទទួលខុសត្រូវរបស់មនុស្សធម្មតា។ នោះហើយជាមូលហេតុដែលវាជារឿងធម្មតាបំផុតសម្រាប់ខាងលើលួសកាត់អ្នក។ តើខាងលើនឹងធ្វើបែបនោះដែរឬទេ ប្រសិនបើអ្នកមិនមានឋានៈនេះ ឬមិនទទួលយកការទទួលខុសត្រូវនេះ? តើខាងលើបានលួសកាត់អ្នកជឿធម្មតាប៉ុន្មាននាក់ហើយ? ដោយសារតែអ្នកមានការទទួលខុសត្រូវធំ ហើយទំហំកិច្ចការ របស់អ្នកក៏ធំដែរ នៅពេលណាដែលអ្នកធ្វើខុសផលប៉ះពាល់គឺធំណាស់ ដូច្នេះ អ្នកច្បាស់ជាត្រូវបានលួសកាត់មិនខាន។ នេះគឺជារឿងធម្មតាណាស់។ ប្រសិនបើអ្នកមិនអាចទទួលយកសូម្បីតែការលួសកាត់ តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកដឹកនាំដែរឬទេ? អ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រឿងនោះទេ អ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យបងប្អូនប្រុសស្រីបោះឆ្នោតជ្រើសរើសឡើយ អ្នកមិនស័ក្ដិសមនឹងរឿងនេះទេ! នៅពេលដែលអ្នកធ្វើខុស អ្នកមិនទាំងមានភាពក្លាហានទទួលខុសត្រូវចំពោះវា ទទួលស្គាល់វាផង។ អ្នកមិនទាំងមានវិចារណញ្ញាណបែបនេះផង ដូច្នេះ តើអ្នកអាចធ្វើជាអ្នកដឹកនាំដោយរបៀបណា? អ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមិនស័ក្ដិសមឡើយ!

គឺពិតតែម្តង ដោយសារតែពួកគេមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទនេះហើយ ទើបពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលស្គាល់ថា ពួកគេបានប្រព្រឹត្តកំហុស ហើយដូច្នេះ នៅពេលដែលពួកគេត្រូវបានលួសកាត់ ពួកគេមិនតាំចិត្តទទួលខុសត្រូវ ឬស្វែងរកគោលការណ៍សេចក្ដីពិតឡើយ។ ដោយសារតែពួកគេមិនតាំងចិត្តធ្វើរឿងទាំងនេះ ហើយពួកគេបដិសេធមិនព្រមទទួលស្គាល់ទង្វើខុសឆ្គងរបស់ពួកគេ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចអនុវត្តតាមការរៀបចំកិច្ចកានៃដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? មិនអាចជាដាច់ខាត។ ហេតុដូច្នេះហើយ នៅពេលដែលអា ទទឹងនឹងព្រះគ្រីស្ទធ្វើជាអ្នកដឹកនាំ ក្រៅពីធ្វើរឿងផ្ទាល់ខ្លួនរបស់គេ គេមិនអាចធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយគេនឹងមិនធ្វើរឿងនានាស្របតាមគោលការណ៍សេចក្ដីពិតឡើយ ហើយគេក៏នឹងមិនអនុវត្តកិច្ចការស្របតាមការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ ថាតើអាទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ចំពោះកំហុសតូចតាច ឬចំពោះកំហុសដ៏ធំដែលបង្កការខាតបង់យ៉ាងធំធេងដល់កិច្ចការពួកជំនុំយ៉ាងណានោះទេ ក៏គេមិនអាចទទួលស្គាល់កំហុសរបស់គេបានដែរ ហើយគេមិនអាចទទួលស្គាល់ថា គេបានប្រព្រឹត្តអំពើរំលង និងជំពាក់ព្រះជាម្ចាស់នៅក្នុងរឿងនេះឡើយ។ ផ្ទុយទៅវិញ មិនថានៅពេលណាក៏ដោយ គេសុខចិត្តស្លាប់ជាជាងទទួលស្គាល់ថា គេពាក់ព័ន្ធនឹងការខាតបង់ដែលបង្កឡើងដោយរឿងនេះ ហើយគេនឹងមិនទទួលស្គាល់ថា គេមានការទទួលខុសត្រូវចម្បង ថាសកម្មភាពរបស់គេគឺខុស ថាគេបានជ្រើសរើសផ្លូវខុស ឬទទួលស្គាល់កំហុសរបស់គេក្នុងការប្រព្រឹត្តអំពើអាក្រក់ដោយចេតនា ទោះបីជាដឹងច្បាស់ពីសេចក្ដីពិតក៏ដោយ ហើយគេរឹតតែមិនទទួលស្គាល់ថា គេមានការទទួលខុសត្រូវដែលមិនអាចគេចវេះបាននៅក្នុងរឿងនេះទៅទៀត។ គេនឹងមិនទទួលស្គាល់ថា គេមានចេតនាមិនត្រឹមត្រូវនៅពេលដែលពួកគេធ្វើសកម្មភាព ថាគេមិនអាចសហការជាមួយនរណាម្នាក់បាន ថាគេធ្វើសកម្មភាពតាមតែអំពើចិត្ត និងរឹងរូស ថាគេបានសោយសុខនឹងផលប្រយោជន៍នៃឋានៈ ធ្វេសប្រហែសក្នុងភារកិច្ចរបស់គេ និងបង្កការខាតបង់ដល់កិច្ចការនៃ ដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីគេបានធ្វើខុស គេតែងតែពន្យល់គ្រប់ពេលថា គេបានរងទុក្ខច្រើនប៉ុនណា ថាគេបានជាប់គុក ប៉ុន្តែមិនដែលក្លាយជាយូដាសឡើយ ថាគេបានលះបង់ច្រើនប៉ុនណា និងថាគេបានចូលរួមចំណែកយ៉ាងធំធេងប៉ុនណាចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ គេនឹងផ្សាយ ហើយប្រកាសអំពីរឿងទាំងនេះនៅគ្រប់ទីកន្លែង។ ក្រៅពីការផ្សព្វផ្សាយពីការចូលរួមចំណែក និងការលះបង់របស់ពួកគេជាសាធារណៈ គេក៏នឹងផ្សាយថា ដំណាក់របស់ព្រះជាម្ចាស់គឺខុស និងអយុត្តិធម៌ចំពោះ ការលួសកាត់ពួកគេ និងនៅក្នុងរបៀបដែលដំណាក់ព្រះជាម្ចាស់ប្រព្រឹត្តដាក់គេផងដែរ។ បន្ថែមពីលើកង្វះអាកប្បកិរិយានៃការប្រែចិត្ត គេនឹងរិះគន់ ហើយ វិនិច្ឆ័យព្រះជាម្ចាស់ និងរបៀបដែលដំណាក់របស់ព្រះជាម្ចាស់ដោះស្រាយចំពោះគេនៅគ្រប់ទីកន្លែង។ ប្រសិនបើមានមនុស្សកាន់តែច្រើនជឿលើអ្វីដែលគេកំពុងនិយាយ ប្រសិនបើមានមនុស្សកាន់តែច្រើនព្យាយាមការពារគេ ទទួលស្គាល់ និងទទួលយកការលះបង់ដែល គេបានធ្វើសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ហើយជឿថា ដំណាក់របស់ព្រះជាម្ចាស់អយុត្តិធម៌ និងបានធ្វើខុសចំពោះអាទទឹងនឹងព្រះគ្រីស្ទនៅក្នុងការប្រព្រឹត្តដាក់គេ នោះអាទទឹងនឹងព្រះគ្រីស្ទនឹងសម្រេចបានគោលដៅរបស់គេហើយ។ គេនឹងមិនរារែកក្នុងការធ្វើរឿងទាំងនេះឡើយ ហើយរឹតតែមិនទប់ខ្លួនឯងទៅទៀត។ គេមិនមានចិត្ត កោតខ្លាចព្រះជាម្ចាស់ឡើយ ហើយរឹតតែគ្មានចេតនាក្នុងការប្រែចិត្តទៅទៀត។ បន្ទាប់ពីគេធ្វើអ្វីមួយខុស គេមិនត្រឹមតែបដិសេធមិនព្រមទទួលស្គាល់វាប៉ុណ្ណោះទេ ផ្ទុយទៅវិញ គេថែមទាំងព្យាយាមគេចវេះពីការទទួលខុសត្រូវ ហើយក្នុងពេលជាមួយគ្នានេះ គេកាន់តែខ្វាយខ្វល់អំពីគោលដៅនាពេលអនាគតរបស់គេទៀតផង។ នៅពេលដែលអា ទទឹងនឹងព្រះគ្រីស្ទឃើញថា គោលដៅរបស់គេកំពុងរងការគំរាមកំហែង ឬឮថាដំណាក់របស់ព្រះជាម្ចាស់នឹងលែងបណ្ដុះបណ្ដាលមនុស្សដូចជាគេទៀត គេនឹងមានអារម្មណ៍ស្អប់កាន់តែខ្លាំងនៅក្នុងជម្រៅដួងចិត្តរបស់គេ ចំពោះមនុស្សដែលបានលួសកាត់ និងលាតត្រដាងគេ ព្រមទាំងមនុស្សដែលបានធ្វើឱ្យគេបាត់បង់មុខមាត់។ ពេញមួយដំណើរការទាំងមូលនៃការដែលគេត្រូវបានលួសកាត់ អាទទឹងនឹងព្រះគ្រីស្ទនឹងមិនប្រែចិត្តទាល់តែសោះ។ ប្រសិនបើគេពិតជាដឹងថា ឋានៈ និងគោលដៅរបស់គេនឹងមិនមានសុវត្ថិភាព ថាមហិច្ឆិតា និងបំណងប្រាថ្នារបស់គេនឹងមិនអាចសម្រេចបានទេ នោះគេនឹងបញ្ចេញចង្កូម ហើយគេនឹងចាប់ផ្ដើមផ្សាយពីសញ្ញាណ និងភាពអវិជ្ជមានរបស់ គេដោយសម្ងាត់។ គេនឹងរិះគន់ ហើយវិនិច្ឆ័យបងប្អូនប្រុសស្រី ឬអ្នកដឹកនាំថ្នាក់លើដែលបានលួសកាត់គេ ហើយគេក៏នឹងរិះគន់ ព្រមទាំង វាយប្រហារមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ផងដែរ ដោយនិយាយថា គាត់គ្មានហេតុផលដើម្បីលួសកាត់គេទេ ថាគាត់មិនបានទុកមុខឱ្យគេទាល់តែសោះ។ គេពិតជាគ្មានវិចារណញ្ញាណ ទាល់តែសោះ។ មនុស្សប្រភេទនេះមិនអាចយល់ពីសេចក្ដីពិត ឬមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ មិនថាគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាក៏ដោយ គេមិនអាចមានសូម្បីតែមនសិការ ឬវិចារណញ្ញាណ ដែលគេគួរមានឡើយ មិនថាគេជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ។ គេពិតជាគួរឱ្យអាណិត និងគួរឱ្យស្អប់ខ្ពើមណាស់! ចាប់តាំងពីពេលដែលអាទទឹងនឹងព្រះគ្រីស្ទត្រូវបាន លួសកាត់យ៉ាងចាស់ដៃចំពោះការប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន គេមិនដែលទទួលស្គាល់ថា គេបានធ្វើអ្វីខុសឡើយ ហើយគេក៏ពោរពេញទៅដោយអារម្មណ៍អយុត្តិធម៌ ស្របពេលដែលគេត្អូញត្អែរ និងវិនិច្ឆ័យដោយខុសឆ្គងលើដំណាក់របស់ព្រះជាម្ចាស់ថាអយុត្តិធម៌ចំពោះគេ ហើយទីបំផុត គេចាប់ផ្ដើមផ្សាយសញ្ញាណរបស់គេយ៉ាងចំហ ដោយបញ្ចេញចង្កូម និងស្រែកតវ៉ាប្រឆាំងនឹងដំណាក់របស់ព្រះជាម្ចាស់ ហើយនៅទីបញ្ចប់ គេក៏ត្រូវបានបណ្ដេញចេញ។ តើមានភាពជាមនុស្សធម្មតាសូម្បីតែបន្តិចនៅក្នុងទង្វើរបស់អាទទឹងនឹងព្រះគ្រីស្ទ នៅក្នុងដំណាក់កាលណាមួយនៃរឿងទាំងនេះដែរឬទេ? ចុះចំណែកឯមនសិការ និងវិចារណញ្ញាណវិញ? តើមានការស្តែងចេញណាមួយនៃការស្រឡាញ់សេចក្ដីពិត និងរបស់វិជ្ជមានដែរឬទេ? តើមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិចដែរឬទេ? ទេ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះមានវត្តមានឡើយ។ អាទទឹងនឹងព្រះគ្រីស្ទ គឺគួរឱ្យស្អប់ខ្ពើមដល់កម្រិតបំផុត គ្មានភាពអាម៉ាស់ និងគ្មានវិចារណញ្ញាណទាល់តែសោះ! នៅពេលដែលគេលែងអាចទទួលបាន ផលប្រយោជន៍នៃឋានៈ គេបណ្ដោយខ្លួនតាមយថាកម្ម ហើយចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងគឃ្លើន។ ទោះបីជាគេគ្មានសមត្ថភាពក្នុងកិច្ចការរបស់គេ និងខ្វះសមត្ថភាពការងារប៉ុនណាក៏ដោយ ក៏គេនៅតែចង់ទទួលបានផលប្រយោជន៍នៃឋានៈ និងការគោរពពីអ្នកដទៃដែរ។ គេចាត់ទុកឋានៈ និងកេរ្តិ៍ឈ្មោះថាសំខាន់ជាងជីវិតរបស់គេទៅទៀត ហើយមិនថាគេធ្វើខុសធំប៉ុនណានោះទេ ក៏គេមិនមានអារម្មណ៍ខុសឆ្គងទាល់តែសោះ។ តើគេជាមនុស្សដែរឬទេ? គេគឺជាចចកពាក់ស្បែកចៀម។ នៅខាងក្រៅ គេពាក់ស្បែកជាមនុស្ស និងមើលទៅដូចជាមនុស្ស ប៉ុន្តែនៅខាងក្នុងគេមិនមែនជាមនុស្សឡើយ។ គេពិតជាគួរឱ្យស្អប់ណាស់ គេគួរឱ្យខ្ពើមរអើម និងគួរឱ្យស្អប់ខ្ពើម!

ខ. ការបដិសេធមិនទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយ

នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ គេមិនត្រឹមតែមិនប្រែចិត្តប៉ុណ្ណោះទេ ប៉ុន្តែ គេថែមទាំងផ្សាយសញ្ញាណ ហើយវិនិច្ឆ័យយ៉ាងចំហទៀតផង។ មូលហេតុចម្បងទីមួយសម្រាប់រឿងនេះ គឺថាគេបដិសេធមិនព្រមទទួលស្គាល់ថាគេបានធ្វើខុសឡើយ។ តើអ្វីជាមូលហេតុទីពីរ? នោះគឺថា អាទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ថា គេមាននិស្ស័យពុករលួយឡើយ។ តើនេះមិនធ្ងន់ធ្ងរជាង និងជាក់ស្ដែងជាងការបដិសេធមិនព្រមទទួលស្គាល់ថា គេបានធ្វើអ្វីមួយខុសទេឬ? ចំណេះដឹងអប្បបរមាដែលអ្នកទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ អ្នកទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់គួរតែមាន គឺដំបូងត្រូវទទួលស្គាល់ថា មនុស្សគឺពុករលួយ ថាពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយ ថាពួកគេខ្វះវិចារណញ្ញាណ និងភាពជាមនុស្ស មិនមានសេចក្ដីពិត និងមិនស្គាល់ព្រះជាម្ចាស់ ហើយគឺជាអ្នកដែលទាស់ទទឹងព្រះជាម្ចាស់។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលមិនដែលទទួលស្គាល់ថា ពួកគេពុករលួយយ៉ាងជ្រាលជ្រៅពេក ហើយថាមនុស្សពុករលួយសុទ្ធតែជារបស់សាតាំង ហើយរឹតតែមិនទទួលស្គាល់ថា ពួកគេផ្ទាល់គឺជាពួកអារក្ស និងពួកសាតាំងទៀតផង។ ជាពិសេស នៅពេលដែលមនុស្សភាគច្រើនអាចឆ្លុះបញ្ចាំងពីខ្លួនឯង ស្គាល់ខ្លួនឯង និងទទួលយកការត្រូវបានលួសកាត់ ពួកទទឹងនឹងព្រះគ្រីស្ទមិនទាំងអាចទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយផង ពោលនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាធ្ងន់ធ្ងរ? ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលស្គាល់សេចក្ដីពិត និងមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ពួកគេបដិសេធមិនព្រមទទួលយកអ្វីដែលបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីជម្រៅចិត្តរបស់ពួកគេឡើយ។ មនុស្សមួយចំនួននិយាយថា៖ «តើព្រះអង្គអាចមានបន្ទូលថាពួកគេបដិសេធមិនទទួលយករឿងនោះដោយរបៀបណា? ពួកគេបានទទួលស្គាល់ថា ពួកគេគឺជាពួកអារក្ស និងពួកសាតាំង ថាពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់»។ តើរឿងនោះរាប់ថាជាការទទួលស្គាល់យ៉ាងដូចម្ដេច? សូម្បីតែអ្នកមិនជឿក៏អាចនិយាយថា ពួកគេមិនមែនជាមនុស្សល្អដែរ ប៉ុន្តែតើរឿងនោះរាប់ថាជាការទទួលស្គាល់ថាមាននិស្ស័យពុករលួយដែរឬទេ? វាមិនមែនទេ។ ការទទួលស្គាល់ពិតប្រាកដថា មាននិស្ស័យពុករលួយមានន័យថា ជាដំបូងត្រូវដឹងថា អ្នកគឺជាមនុស្សប្រភេទណា។ វាក៏មានន័យថា អាចផ្សារភ្ជាប់ខ្លួនអ្នកទៅនឹងនិស្ស័យពុករលួយខុសៗគ្នា ដែលព្រះជាម្ចាស់បានរៀបរាប់ក្នុងកម្រិតផ្សេងៗគ្នា ហើយឈានទៅទទួលស្គាល់និស្ស័យពុករលួយខុសៗគ្នា ដែលអ្នកបើកសម្តែង ខណៈពេលស្ថិតនៅក្នុងសភាពខុសៗពីគ្នាផងដែរ។ តើទាំងនេះមិនមែនជាការស្តែង ចេញដ៏ជាក់ស្ដែងទេឬយ៉ាងណា? (មែនហើយ។) ប៉ុន្តែ អាទទឹងនឹងព្រះគ្រីស្ទមិនមានរឿងទាំងនេះទេ ពីព្រោះគេមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ពោលគឺផ្ទុយទៅវិញ គេប្រមាថព្រះបន្ទូលទាំងនោះ។ នោះហើយជាមូលហេតុដែលគេគ្រាន់តែស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្សជាតិ ហើយក៏ចប់ត្រឹមហ្នឹង គេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯង វែកញែកពីខ្លួនឯង ឬប្រៀបធៀបខ្លួនឯងទៅនឹងព្រះបន្ទូលទាំងនេះចេញពីជម្រៅចិត្តរបស់គេឡើយ។ ម្យ៉ាងវិញទៀត គេមិនវែកញែក និងប្រៀបធៀបការស្តែងចេញ ចេតនា គំនិត និងទស្សនៈនានារបស់ គេ ទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះឡើយ គឺគេមិនធ្វើរឿងទាំងនេះទាល់តែសោះ។ តើការដែលគេមិនធ្វើរឿងទាំងនេះជាសញ្ញាបញ្ជាក់អំពីអ្វី? វាជាសញ្ញាបញ្ជាក់ថា សម្រាប់គេ ព្រះបន្ទូលទាំងនេះ ដែលព្រះជាម្ចាស់បានថ្លែង គ្រាន់តែជារបៀបនិយាយមួយ គ្រាន់តែជាទស្សនៈមួយផ្សេងទៀតប៉ុណ្ណោះ ពោលគឺវាគ្រាន់តែជារបៀបមួយផ្សេងទៀតក្នុងការរៀបរាប់ពីនិស្ស័យ បុគ្គលិកលក្ខណៈ ការអនុវត្ត និងសារជាតិរបស់មនុស្សប៉ុណ្ណោះ វាពិតជាមិនមែនមានន័យថា ជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់កំណត់ពីនិស្ស័យរបស់មនុស្សឡើយ។ នេះគឺជាការរៀបរាប់ដ៏ត្រឹមត្រូវមួយអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែមានការយល់ដឹងប្រហាក់ប្រហែលនៅក្នុងគំនិតរបស់ពួកគេអំពីការលាតត្រដាងរបស់ព្រះជាម្ចាស់ចំពោះនិស្ស័យពុករលួយផ្សេងៗរបស់មនុស្សជាតិប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលទទួលយកវាចេញពីជម្រៅចិត្តរបស់ពួកគេឡើយ។ ដោយសារតែពួកគេមិនទទួលយកវា នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ តើពួកគេអាចប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីទប់និស្ស័យរបស់ពួកគេ ផ្លាស់ប្ដូរការអនុវត្តរបស់ពួកគេ និងដោះស្រាយទស្សនៈមិនត្រឹមត្រូវរបស់ពួកគេបានដែរឬទេ? មិនអាចដាច់ខាត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតទេ ដែលនេះមានន័យថា ពួកគេមិនទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយឡើយ។ ឧទាហរណ៍៖ ភាពក្រអឺតក្រទម ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីនិស្ស័យនេះ បាននិយាយអំពីរបៀបមួយចំនួនដែលវាត្រូវបានស្តែងចេញ និងបញ្ចេញឱ្យឃើញនៅក្នុងមនុស្ស។ មនុស្សដែលដេញតាមសេចក្ដីពិត និងទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត នឹងថ្លឹងថ្លែងទង្វើ ហើយនិងនិស្ស័យរបស់ពួកគេផ្ទាល់ធៀបនឹងព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់។ ពួកគេនឹងថ្លឹងថ្លែងរឿងទាំងនេះម្ដងហើយម្ដងទៀត រួចហើយទទួលស្គាល់ថា៖ «ខ្ញុំមាននិស្ស័យក្រអឺតក្រទម។ វាជានិស្ស័យដែលខ្ញុំបានបើកសម្តែងនៅពេលដែលខ្ញុំធ្វើរឿងនេះ។ គំនិត សកម្មភាព និងអាកប្បកិរិយារបស់ខ្ញុំទាំងនេះ គឺក្រអឺតក្រទម។ របៀបដែលខ្ញុំប្រព្រឹត្តដាក់អ្នកដទៃ ធ្វើកិច្ចការរបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ខ្ញុំ គឺក្រអឺតក្រទម»។ តើនេះមិនមែនជាការទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេឬ? (មែនហើយ។) ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាស្ដង់ដារ ហើយប្រើវាដើម្បីប្រៀបធៀបទៅនឹងទង្វើរបស់ពួកគេផ្ទាល់ ហើយនៅពេលដែលពួកគេរកឃើញតំណភ្ជាប់ទំនាក់ទំនង ពួកគេក៏ទទួលស្គាល់ដោយមិនដឹងខ្លួនថា ពួកគេមាននិស្ស័យពុករលួយ ថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលគឺជាការពិត ហើយមិនខុសទាល់តែសោះ។ សម្រាប់ពេលនេះ យើងកុំទាន់និយាយអំពីថាតើមនុស្សអាចប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ បន្ទាប់ពីពួកគេបានទទួលស្គាល់ថា ពួកគេមាននិស្ស័យនេះឬអត់។ ជាដំបូង យើងគ្រាន់តែនិយាយអំពីថាតើមនុស្សទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយឬអត់ជាមុនសិន។ នៅពេលនិយាយដល់ការទទួលស្គាល់ មនុស្សភាគច្រើនដែលមានវិចារណញាណ មនសិការ និងការគិតធម្មតា អាចទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ទទួលយកដោយមិនដឹងខ្លួន និងនិយាយថា៖ «អាម៉ែន» ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយតាមរយៈការនោះ ក៏ទទួលស្គាល់ថា ពួកគេគឺជាមនុស្សពុករលួយម្នាក់ និងថាពួកគេមាននិស្ស័យពុករលួយ ហើយដូច្នេះ ក៏ចូលមកក្រាបថ្វាយបង្គំនៅចំពោះព្រះជាម្ចាស់។ នៅពេលដែលពួកគេបានទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយ ពួកគេនឹងមានអាកប្បកិរិយាត្រឹមត្រូវ ហើយស័ក្ដិសមចំពោះព្រះជាម្ចាស់ ចំពោះសេចក្ដីពិត ព្រមទាំងជាពិសេសចំពោះការត្រូវបានលួសកាត់។ នោះគឺមានន័យថា ខណៈពេលដែលទទួលស្គាល់ថាពួកគេមាននិស្ស័យពុករលួយ នៅពេលដែលពួកគេត្រូវបាន លួសកាត់ ពួកគេនឹងអាចចុះចូលចេញពីដួងចិត្តចំពោះការលួសកាត់នេះដោយពិតជាមិនដឹងខ្លួន ហើយស្ម័គ្រចិត្តទទួលយកវា។ ថែមទាំងមានមនុស្សមួយចំនួនដែលប្រាថ្នាចង់ឱ្យអ្នកដទៃទប់ និងប្រៀនប្រដៅពួកគេតាមរយៈការលួសកាត់ទៀតផង ហើយពួកគេបង្កើតអារម្មណ៍វិជ្ជមានពីធម្មជាតិចំពោះការត្រូវបានលួសកាត់ គឺពួកគេមានអាកប្បកិរិយាវិជ្ជមានចំពោះវា។ ទាំងនេះគឺជាមនុស្សធម្មតា។ មនុស្សមិនធម្មតាតែមួយគត់ គឺពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សបែបនេះមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ជារឿយៗតែងតែសើចចំអកមើលងាយព្រះបន្ទូលទាំងនោះ ហើយទាស់ទទឹង វិនិច្ឆ័យ និងថ្កោលទោសព្រះបន្ទូលទាំងនោះនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុដូច្នេះហើយ ពួកគេមានអាកប្បកិរិយាដូចគ្នាចំពោះការលាតត្រដាង និងការកំណត់លក្ខណៈរបស់ព្រះជាម្ចាស់ចំពោះនិស្ស័យពុករលួយរបស់មនុស្ស។ តើអ្វីជាអាកប្បកិរិយានោះ? ឧទាហរណ៍៖ ព្រះជាម្ចាស់មានបន្ទូលថា មនុស្សមាននិស្ស័យក្រអឺតក្រទម ហើយនិយាយអំពីការស្តែងចេញជាក់លាក់របស់វា។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទឮអំពីការស្តែងចេញជាក់លាក់ទាំងនេះ គេមិនត្រឹមតែបដិសេធមិនព្រមទទួលយកវាប៉ុណ្ណោះទេ ផ្ទុយទៅវិញ គេឈានដល់ការប្រមាថការស្តែងចេញជាក់លាក់ទាំងនេះដែលព្រះជាម្ចាស់មានបន្ទូលទៀតផង។ ហេតុអ្វីបានជា គេធ្វើបែបនោះ? ពីព្រោះគេធ្វើតាមភាពសមហេតុផលរបស់សាតាំង ពោលគឺអាកប្បកិរិយារបស់សាតាំងចំពោះសេចក្ដីពិត និងរបស់វិជ្ជមាន។ គេនិយាយថា៖ «អ្នកហៅរឿងនេះថាជាភាពក្រអឺតក្រទម ប៉ុន្តែក្នុងចំណោមអ្នកដែលមានសមត្ថភាព តើអ្នកណាមិនសម្ញែងអួតអាងនោះ? ក្នុងចំណោមមនុស្សដែលមានទេពកោសល្យជាអ្នកដឹកនាំ តើអ្នកណាមិននិយាយក្នុងរបៀបក្អេងក្អាងនោះ? ក្នុងចំណោមមនុស្សដែលមានឋានៈ តើអ្នកណាមិនសម្ញែងអួតអាងបន្តិចបន្តួចនោះ? ទាំងនេះមិនមែនជារឿងធំដុំឡើយ។ ទាំងអស់នេះគឺជារឿងធម្មតាទាំងស្រុងនៅក្នុងពិភពដែលមិនជឿ ប៉ុន្តែនៅទីនេះ អ្នករាល់គ្នាបែរជាធ្វើឱ្យរឿងតូចក្លាយជារឿងធំទៅវិញ។ ម្យ៉ាងទៀត តើការធ្វើសកម្មភាពដោយមិនបានពិភាក្សាជាមួយអ្នកដទៃ ពិតជារាប់ថាជាភាពក្រអឺតក្រទមដែរទេ? តើវាពិតជាការធ្វើអ្វីតាមតែអំពើចិត្តមែនឬ? មនុស្សដែលមានសមត្ថភាពគួរតែជាអ្នកសម្រេចចិត្ត ហើយការដែលអាចក្ដោបក្ដាប់អំណាចផ្ដាច់មុខ ត្រូវបានគេហៅថា ជាភាពមានសមត្ថភាព។ តើមានប្រយោជន៍អ្វីក្នុងការពិភាក្សាជាមួយអ្នករាល់គ្នាដែលជាមនុស្សធម្មតានោះ? តើអ្នករាល់គ្នាដឹងអ្វីខ្លះ? ដូច្នេះ ខ្ញុំមិនមែនក្រអឺតក្រទមទេ ខ្ញុំគ្រាន់តែមានសមត្ថភាព និងអាចធ្វើបានប៉ុណ្ណោះ។ វាត្រូវបានហៅថា មានសមត្ថភាពដឹកនាំ ហើយវាគឺជាទេពកោសល្យពីកំណើត។ ខ្ញុំមានសម្បទាល្អណាស់ ខ្ញុំអាចធ្វើអ្វីក៏បាន។ មិនថាក្នុងកាលៈទេសៈណា ឬនៅក្នុងក្រុមណាក៏ដោយ ក៏ខ្ញុំអាចមើលការខុសត្រូវបាន នេះហើយជាបុគ្គលមានទេពកោសល្យ! បុគ្គលមានទេពកោសល្យមិនគួរត្រូវបានជាន់ឈ្លីឡើយ ហើយក៏មិនគួរត្រូវបានលាតត្រដាងដែរ។ ផ្ទុយទៅវិញ មិនថាពួកគេនៅក្នុងក្រុមណាក៏ដោយ ពួកគេគួរតែត្រូវបានណែនាំស្នើឡើង លើកតម្កើង និងផ្ដល់តួនាទីសំខាន់ៗ! ដោយសារតែពួកគេជាបុគ្គលមានទេពកោសល្យ និងមានសមត្ថភាពដឹកនាំ ពួកគេគួរតែមានឫកពាជាអ្នកដឹកនាំ ជាប្រធាន។ ប្រសិនបើពួកគេកប់ទុករឿងទាំងនេះ តើវាមិនមែនជាការធ្វើពុតទេឬ?»។ ពួកគេប្រើហេតុផលវៀចវេរ និងទស្សនៈខុសឆ្គងទាំងនេះ ដើម្បីរិះគន់ វិនិច្ឆ័យ និងថ្កោលទោសការលាតត្រដាងរបស់ព្រះជាម្ចាស់អំពីនិស្ស័យក្រអឺតក្រទម ដូច្នេះ មិនថាអ្នកនិយាយអ្វីក៏ដោយ ក៏ពួកគេនឹងមិនទទួលស្គាល់ការស្តែង ចេញផ្សេងៗនៃនិស្ស័យពុករលួយ ដែលព្រះជាម្ចាស់បានរៀបរាប់ និងកំណត់លក្ខណៈឡើយ។ ពួកគេគិតថា៖ «អ្វីដែលព្រះជាម្ចាស់បានមានបន្ទូល គ្រាន់តែជារបៀបនិយាយមួយប៉ុណ្ណោះ។ វាពិតជាវិជ្ជមាន ត្រឹមត្រូវតាមក្បួនខ្នាត និងតាមប្រពៃណីមែន ប៉ុន្តែវាមិនអាចត្រូវបានកំណត់ថាជាសេចក្ដីពិតឡើយ។ វាស័ក្ដិសមសម្រាប់តែមនុស្សមួយចំនួនប៉ុណ្ណោះ។ ឧទាហរណ៍៖ មនុស្សខ្លះគ្មានល្បិចទាល់តែសោះ និងពួកគេមិនមានទេពកោសល្យអ្វីទេ ហើយក៏មិនសូវពូកែ ឬឆ្លាតដែរ លើសពីនេះ ពួកគេមិនមានសមត្ថភាពដឹកនាំឡើយ។ ប្រសិនបើពួកគេមិនមានដៃគូសហការដែលស័ក្ដិសមទេ ពួកគេត្រូវតែពិគ្រោះយោបល់ជាមួយអ្នកដទៃនៅពេលពួកគេធ្វើសកម្មភាព ហើយប្រសិនបើពួកគេមិនធ្វើដូច្នេះទេ ពួកគេមិនអាចរែកពន់កិច្ចការរបស់ពួកគេបានឡើយ នេះហើយជាប្រភេទមនុស្សដែលបន្ទូលរបស់ព្រះជាម្ចាស់ស័ក្ដិសមជាមួយ»។ អំណះអំណាងបែបនេះ សុទ្ធតែជាទស្សនៈខុសឆ្គង និងភាពខុសទំនងរបស់សាតាំង។

ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ដូច្នេះ នៅពេលណាដែលពួកគេឮព្រះបន្ទូលទាំងនោះ ពួកគេគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ ពួកគេគឺដូចជាពួកផារិស៊ីអ៊ីចឹង ដែលប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីរក្សាមុខមាត់។ ពួកគេមិនទទួលយកព្រះបន្ទូលទាំងនោះចេញពីជម្រៅចិត្តរបស់ពួកគេ ឬចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិត និងជាគោលដៅសម្រាប់ការអនុវត្តរបស់ពួកគេឡើយ។ នេះហើយជាមូលហេតុដែលនៅពេលអា ទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តកំហុស គេនឹងមិនទទួលស្គាល់ថា គេបានធ្វើអ្វីមួយខុសឡើយនៅពេលអ្នកលួសកាត់ និងលាតត្រដាងគេអំពីរឿងនោះ ហើយគេរឹតតែមិនទទួលយកវាថែម ទៀត នៅពេលដែលអ្នកលួសកាត់ គេទាក់ទងនឹងនិស្ស័យ និងសារជាតិដែលគេបានបើកសម្តែងនៅក្នុងរឿងនោះ។ ដូចគ្នានឹងការដែលគេបដិសេធមិនព្រមទទួលស្គាល់ថា គេបានធ្វើអ្វីមួយខុសដែរ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទបើកសម្តែង និស្ស័យពុករលួយ គេតែងតែមានហេតុផល លេស និងការពន្យល់មួយចំនួន ដើម្បីបដិសេធថា គេមាននិស្ស័យពុករលួយ។ ឧទាហរណ៍៖ នៅពេលដែលគេបើកសម្តែងនិស្ស័យក្រអឺតក្រទមនៅក្នុងរឿងជាក់លាក់ណាមួយគេនិយាយថា គេកំពុងប្រញាប់ ថាវាជាការប្រើពាក្យសម្ដីមិនបានល្អ ហើយ គេបានតម្លើងសំឡេងខ្លាំងបន្តិច។ នៅពេលដែលមាននរណាម្នាក់និយាយថា គេបានបោកបញ្ឆោតនៅក្នុងរឿងមួយផ្សេងទៀត ហើយមិនបើកចំហ គេនិយាយថា មនុស្សភាគច្រើនមានគុណសម្បត្តិខ្សោយ ដូច្នេះ ប្រសិនបើ គេនិយាយពីអ្វីដែលកំពុងកើតឡើង អ្នកដទៃនឹងមិនយល់ដឹងពីគេទេ ហើយនឹងយល់ច្រឡំលើអ្វីដែលគេបាននិយាយ នេះហើយជាមូលហេតុដែលគេមិនបើកចំហ។ មិនថាគេបើកសម្តែងនិស្ស័យពុករលួយបែបណាក៏ដោយ ក៏គេតែងតែអាចរកលេស និងការពន្យល់បានជានិច្ច។ សរុបមក មិនថាគេបើកសម្តែងនិស្ស័យពុករលួយបែបណាក៏ដោយ មិនថាវាច្បាស់លាស់ ឬធ្ងន់ធ្ងរប៉ុនណាក៏ដោយ ក៏គេនឹងមិនទទួលស្គាល់ថា វាជានិស្ស័យពុករលួយឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទជារឿយៗនិយាយកុហក ដោយនិយាយមួយបែបនៅចំពោះមុខមនុស្ស និងមួយបែបទៀតនៅពីក្រោយខ្នង ហើយគ្មាននរណាម្នាក់អាចមើលដឹង និងគ្មាននរណាម្នាក់ដឹងថា ពេលណាពួកគេកំពុងនិយាយការពិត និងពេលណាពួកគេកំពុងនិយាយកុហកឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងមិនទទួលស្គាល់ថា ពួកគេគឺជាមនុស្សដែលបោកបញ្ឆោត ជាជាងធ្វើជាមនុស្សស្មោះត្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេជារឿយៗដោះសាខ្លួនឯង និងពន្យល់ថាពួកគេជាមនុស្សគ្មានល្បិចទាល់តែសោះ ថាពួកគេមានភាពស្មោះត្រង់ជាពិសេសជាមួយអ្នកដទៃ ហើយនៅពេលដែលអ្នកផ្សេងមានការលំបាកណាមួយ ពួកគេចង់ជួយអ្នកទាំងនោះចេញពីចិត្តសប្បុរសរបស់ពួកគេខ្លាំងប៉ុនណា។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយប៉ុណ្ណោះទេ ពួកគេតែងតែព្យាយាមបិទបាំងកំហុសខ្លួនឯង ដោយអួតអាងថា ពួកគេគឺជាមនុស្សល្អ និងមានចិត្តសប្បុរសប៉ុនណា។ ពួកគេមិនត្រឹមតែមិនទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយប៉ុណ្ណោះទេ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏អួតអាងអំពីភាពអស្ចារ្យរបស់ពួកគេក្នុងការធ្វើកិច្ចការ លើមនុស្ស អំពីភាពពូកែរបស់ពួកគេចំពោះ ការទទួលបានការពេញចិត្តពីមនុស្ស និងការយកឈ្នះលើ ទឹកចិត្តមនុស្សផងដែរ។ ពួកគេអួតអាងអំពីភាពពូកែខាងយុទ្ធសាស្ត្រ និងសមត្ថភាពរបស់ពួកគេ នៅពេលនិយាយដល់ការធ្វើសកម្មភាព និងការនិយាយស្ដីក្នុងចំណោមមនុស្ស អំពីរបៀបដែលគ្មាននរណាម្នាក់អាចពូកែ និងលើសពួកគេបាន អំពីរបៀបដែលគ្មាននរណាម្នាក់មានសមត្ថភាពស័ក្ដិសមនឹងការងាររបស់ពួកគេជាងពួកគេឡើយ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទលះបង់បន្តិចបន្តួច អាចអធិប្បាយពីគោលលទ្ធិ និងទ្រឹស្ដីខ្ពង់ខ្ពស់មួយចំនួន ហើយធ្វើអ្វីមួយក្នុងរយៈពេលខ្លីដែលបំភាន់មនុស្ស និងធ្វើឱ្យមនុស្សភាគច្រើនគោរពគេនោះ គេនឹងគិតថា គេបានលាក់បាំងនិស្ស័យពុករលួយរបស់គេដោយជោគជ័យហើយ ហើយថា គេបានធ្វើឱ្យមនុស្សមើលរំលងនិស្ស័យពុករលួយរបស់ពួកគេបានសម្រេចហើយ។ ដូច្នេះ ដោយផ្អែកលើការស្តែងចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការយល់ដឹង ព្រមទាំងអាកប្បកិរិយាប្រភេទនេះ ដែលពួកគេមានចំពោះនិស្ស័យពុករលួយរបស់ខ្លួន នៅពេលដែលពួកគេត្រូវបានលួសកាត់ ប្រតិកម្មដំបូងរបស់ពួកគេគឺការប្រឆាំង និងទាស់ទទឹងនឹងវា ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីលាងជម្រះកេរ្តី៍ឈ្មោះរបស់ខ្លួន។ បន្ថែមពីលើការបដិសេធមិនព្រមទទួលស្គាល់ការខាតបង់ដែលពួកគេបានបង្កដល់កិច្ចការរបស់ពួកជំនុំ ពួកគេក៏នឹងបដិសេធមិនព្រមទទួលស្គាល់និស្ស័យពុករលួយដែលពួកគេបានបើកសម្តែងនៅក្នុងរឿងនោះ និងកំហុសដែលពួកគេបានប្រព្រឹត្តក្រោមការជំរុញនៃនិស្ស័យពុករលួយរបស់ពួកគេផងដែរ។ ដោយពិចារណាលើការស្តែងចេញ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ តើវាអាចទៅរួចទេ ដែលពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យនោះ? (វាមិនអាចទៅរួចទេ។)

ខ្ញុំធ្លាប់ជួបពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ដែលធ្វើខុសនៅក្នុងកិច្ចការរបស់ពួកគេ ដែលខ្ជិលច្រអូសមិនបំពេញកិច្ចការរបស់ពួកគេ ហើយធ្វេសប្រហែសចំពោះភារកិច្ចជាក់លាក់ ខណៈ ដែលនៅតែបញ្ជាមនុស្សជុំវិញខ្លួនប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន និងធ្វើអ្វីៗតាមតែអំពើចិត្តរបស់ពួកគេ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបែបនេះត្រូវបានលួសកាត់ចំពោះរឿងនេះ មើលពីសំបកក្រៅ ពួកគេហាក់ដូចជាស្ដាប់បង្គាប់ណាស់ ប៉ុន្តែនៅពីក្រោយខ្នង ពួកគេមិនប្រែចិត្តទាល់តែសោះ។ ដោយវិនិច្ឆ័យមើលលើអាកប្បកិរិយាមិនប្រែចិត្តរបស់ពួកគេ ពួកគេមិនបានទទួលយកការលួសកាត់សូម្បីតែបន្តិចឡើយ។ ដោយវិនិច្ឆ័យមើលលើការដែលពួកគេមិនទទួលយកការលួសកាត់ ពួកគេមិនដែលពិនិត្យពិច័យមើលថា តើពួកគេមានការបើកសម្តែងនូវនិស្ស័យពុករលួយអ្វីខ្លះឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីត្រូវបានលួសកាត់ ពួកគេនៅតែបន្តធ្វើអ្វីដែលពួកគេចង់ធ្វើ ធ្វើអ្វីៗតាមតែអំពើចិត្តរបស់ពួកគេ ប្រើល្បិចកលបោកប្រាស់នៅពីក្រោយខ្នង បោកបញ្ឆោតអ្នកខាងលើ និងថ្នាក់ក្រោមរបស់ពួកគេ បង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ ហើយត្រេកត្រអាលនឹងឯកសិទ្ធិពិសេសដោយមិនមានការផ្លាស់ប្ដូរសូម្បីតែបន្តិចឡើយ។ តើហេតុអ្វីបានជាពួកគេមិនផ្លាស់ប្ដូរសូម្បីតែបន្តិច? គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់សូម្បីតែបន្តិចថា ពួកគេមាននិស្ស័យពុករលួយ ហើយពួកគេក៏មិនទទួលយកសេចក្ដីពិតដែរ ដូច្នេះ ពួកគេចាប់យកឱកាសក្ដោបក្ដាប់អំណាចធំ និងទាញយកប្រយោជន៍ឱ្យបានច្រើនបំផុតពីការមានអំណាចនោះ ហើយបន្ទាប់មក កេងចំណេញពីពេលវេលានោះដើម្បីធ្វើអ្វីៗដែលពួកគេចង់ធ្វើ ដើម្បីខិតខំអស់ពីសមត្ថភាព ធ្វើរឿងអាក្រក់ និងដើម្បីរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងបំផ្លាញសណ្ដាប់ធ្នាប់ជាប្រក្រតីនៃដំណាក់របស់ព្រះជាម្ចាស់។ ខណៈពេលទទួលបានការផ្គត់ផ្គង់សម្ភារគ្រប់បែបយ៉ាងពី ដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនធ្វើរឿងល្អណាមួយទាល់តែសោះ។ ក្រៅពីធ្វើកិច្ចការសើៗមិនជាក់ស្តែងមួយចំនួន តើពួកគេលួចធ្វើអ្វីខ្លះនៅពីក្រោយខ្នង? ពួកគេរៀបចំការជួបជុំ ផ្សាយព្រះបន្ទូល និងគោលលទ្ធិ ហើយថែមទាំងជ្រៀតជ្រែកចូលក្នុងកិច្ចការដែលមិនពាក់ព័ន្ធទៀតផង ក្រៅពីនោះ ពួកគេគ្រាន់តែបញ្ជាមនុស្សជុំវិញខ្លួនប៉ុណ្ណោះ។ ពួកគេមិនអនុវត្តកិច្ចការជាក់លាក់ណាមួយដែលខាងលើបានចាត់តាំងឱ្យពួកគេធ្វើឡើយ ហើយពួកគេមិនបង្ហាញខ្លួនផ្ទាល់ដើម្បីផ្ដល់ការណែនាំ ការមើលការខុសត្រូវ ឬការប្រាប់ផ្លូវលម្អិតឡើយ។ ពួកគេគ្រាន់តែបញ្ជាមនុស្សជុំវិញខ្លួនពីខាងលើ ហើយម្ដងម្កាល នៅពេលដែលពួកគេពិតជាគ្មានជម្រើស ពួកគេនឹងបង្ហាញខ្លួននៅកន្លែងធ្វើការដើម្បីធ្វើរឿងខ្លះៗ និងផ្ដល់ការចង្អុលបង្ហាញមួយចំនួន។ នេះគ្រាន់តែជាការបង្ហាញភាពក្លៀវក្លាជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយមិនយូរប៉ុន្មាន ពួកគេក៏បាត់មុខឈឹង។ នៅពេលពួកគេដំឡើងឋានៈនរណាម្នាក់ ឬតែងតាំងនរណាម្នាក់ឱ្យកាន់តំណែងណាមួយ គ្មាននរណាម្នាក់អាចនិយាយថា បុគ្គលនោះមិនល្អ ឬប្រឆាំងនឹងរឿងនោះបានឡើយ ហើយពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដែលត្រួតពិនិត្យ ឬមើលការខុសត្រូវលើកិច្ចការរបស់បុគ្គលនោះឡើយ។ មិនថាបុគ្គលដែលពួកគេបានដំឡើងឋានៈ ឬតែងតាំងនោះធ្វើរឿងអាក្រក់ប៉ុនណាក៏ដោយ ក៏ពួកគេមិនអនុញ្ញាតឱ្យនរណា ផ្សេងទៀតលាតត្រដាងអ្នកទាំងនោះឡើយ គ្មាននរណាម្នាក់អាចដកហូតតំណែងអ្នកទាំងនោះបានទេ ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យរាយការណ៍ពីអ្នកទាំងនោះដែរ។ អ្នកណាដែលរាយការណ៍ពីបុគ្គលនោះ នឹងក្លាយជាសត្រូវរបស់ពួកគេ។ ទោះបីជាបុគ្គលដែលពួកគេកំពុងប្រើប្រាស់ បង្កការខាតបង់ធំធេងប៉ុនណាដល់កិច្ចការរបស់ពួកជំនុំក៏ដោយ បង្កការរំខានធំធេងប៉ុនណាដល់កិច្ចការនោះក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងខិតខំអស់ពីសមត្ថភាព ដើម្បីការពារអ្នកទាំងនោះដែរ ហើយប្រសិនបើពួកគេមិនអាចធ្វើដូច្នេះបានទេ នោះពួកគេនឹងប្រញាប់ផ្ដាច់ខ្លួនចេញពីបុគ្គលនោះ ហើយ ប្រញាប់ដោះខ្លួនពីការទទួលខុសត្រូវយ៉ាងលឿន។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីក៏ដោយ មិនថានៅចំពោះមុខអ្នកដទៃ ឬនៅពីក្រោយខ្នងក៏ដោយ ក៏ពួកគេខ្វះចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទាំងស្រុងដែរ។ ពួកគេគឺជាអ្នកមិនជឿ ពួកអារក្ស និងពួកសាតាំងរស់ ហើយពួកគេនៅតែប្រាថ្នាចង់កាន់កាប់តំណែង និងទទួលបានផលប្រយោជន៍នៃឋានៈយ៉ាងគ្មានភាពអាម៉ាស់ ទៀត ពួកគេគឺជាមនុស្សបញ្ញើក្អែក ដែលរស់នៅពឹងលើ ដំណាក់របស់ព្រះជាម្ចាស់។ ថែមទាំងមានមនុស្សមួយចំនួន នៅពេលដែលពួកគេត្រូវបានលួសកាត់ ហើយឃើញថា ពួកគេនឹងមិនអាចរក្សាឋានៈរបស់ពួកគេបាន ក៏មានអារម្មណ៍បាក់ទឹកចិត្ត ខកចិត្ត និងអស់សង្ឃឹម។ តើហេតុអ្វីបានជាពួកគេមានអារម្មណ៍អស់សង្ឃឹម? ហេតុអ្វីបានជាពួកគេមានអារម្មណ៍បាក់ទឹកចិត្ត? គឺដោយសារតែពួកគេមិនអាចរក្សាឋានៈរបស់ពួកគេបាន ឱកាសរបស់ពួកគេក្នុងការទទួលបានឯកសិទ្ធិពិសេស និងការប្រព្រឹត្តដ៏ពិសេសចំពោះពួកគេបានបាត់បង់ទៅហើយ គ្មាននរណាម្នាក់គោរពពួកគេទៀតទេ ហើយថ្ងៃដែលពួកគេលេងសើចជាមួយនឹងអំណាចបានបញ្ចប់ហើយ។ ពួកគេនឹងត្រូវចាប់ផ្ដើមធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ពួកគេនឹងលែងមានឱកាសគ្រាន់តែឈរនៅទីនោះ ហើយចេញបញ្ជាទៀតហើយ។ ពួកគេមិនមានអារម្មណ៍ថាមានវិប្បដិសារី ឬតូចចិត្តចំពោះផលវិបាកអាក្រក់ដែលបង្កឡើងដោយនិស្ស័យពុករលួយរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេតូចចិត្ត សម្រក់ទឹកភ្នែក និងមានអារម្មណ៍បាត់បង់ចំពោះការដែលលែងមានលទ្ធភាពទទួលបានផលប្រយោជន៍នៃឋានៈទៀត។ ថែមទាំងមានមនុស្សខ្លះ បន្ទាប់ពីត្រូវបានដកហូតតំណែង ស្នើសុំឱកាសម្ដងហើយម្ដងទៀតទាំងមុខក្រាស់។ ប្រាប់ខ្ញុំមើល៍ តើមនុស្សបែបនោះអាចត្រូវបានផ្ដល់ឱកាសម្ដងទៀតដែរឬទេ? តើពួកគេមានចេតនាធ្វើអ្វីជាមួយឱកាសនោះ? ដើម្បីរស់នៅពឹងលើពួកជំនុំ ដើម្បីស៊ីទទេ និងធ្វើសកម្មភាពយ៉ាងគឃ្លើន។ ប្រសិនបើពួកគេត្រូវបានផ្ដល់ឱកាសម្ដងទៀត តើពួកគេនឹងស្គាល់ពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ដែរឬទេ? តើពួកគេនឹងអាចស្គាល់ខ្លួនឯងដែរឬទេ? (ទេ។) ប្រសិនបើពួកគេទទួលបានឱកាសម្ដងទៀត តើពួកគេនឹងមានភាពអាម៉ាស់ សូម្បីតែបន្តិចដែរឬទេ? តើចរិតលក្ខណៈរបស់ពួកគេនឹងផ្លាស់ប្ដូរដែរឬទេ? ជាមួយនឹងឱកាសម្ដងទៀត តើពួកគេនឹងចាប់ផ្ដើមធ្វើរឿងនានា យោងទៅតាមគោលការណ៍សេចក្ដីពិត ហើយលែងព្យាយាមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេទៀតដែរឬទេ? (ពួកគេនឹងមិនធ្វើដូច្នេះទេ។) ពួកគេនឹងមិនធ្វើរឿងណាមួយក្នុងចំណោមរឿងទាំងនេះឡើយ តើពួកគេមិនមែនចប់សព្វគ្រប់ហើយទេឬ? ប្រសិនបើអ្នករាល់គ្នាត្រូវបានលួសកាត់ ហើយវាជារឿងដ៏ធ្ងន់ធ្ងរមួយ ដែលខាងលើគ្មានជម្រើសអ្វីក្រៅពីដកហូតតំណែង អ្នករាល់គ្នា តើអ្នករាល់គ្នានឹងគិតអ្វី? (ថាខ្ញុំពិតជាគួរតែត្រូវបានដកហូតតំណែង មែន ពីព្រោះធម្មជាតិរបស់ខ្ញុំគឺអាក្រក់ណាស់ ខ្ញុំបានធ្វើរឿងជាច្រើនដែលបំពានគោលការណ៍ និងទាស់ទទឺងព្រះជាម្ចាស់ ខ្ញុំបានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន ហើយខ្ញុំបានបង្កការខាតបង់យ៉ាងច្រើនដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំគួរតែត្រូវបានដកហូតតំណែង។) មនុស្សដែលមានវិចារណញ្ញាណនឹងឆ្លុះបញ្ចាំងពីខ្លួនឯងជាមុនសិនថា៖ «តើខ្ញុំពិតជាបានធ្វើអ្វីខ្លះក្នុងអំឡុងពេលនេះ? ហេតុអ្វីបានជាខ្ញុំត្រូវបានលួសកាត់? តើការដែលខ្ញុំត្រូវបានលួសកាត់ចំពោះការធ្វើរឿងទាំងនោះ និងរឿងដែលបុគ្គលនោះបាននិយាយនៅពេលដែលគេលួសកាត់ខ្ញុំ ពិតជាត្រឹមត្រូវដែរឬទេ? តើខ្ញុំគួរទទួលយករឿងទាំងនោះដោយរបៀបណា? តើខ្ញុំគួរប្រឈមនឹងការលួសកាត់នេះដោយរបៀបណា?»។ បន្ទាប់មក គេនឹងពិនិត្យពិច័យមើលអ្វីដែលគេពិតជាបានធ្វើ ថាតើមានការលាយឡំឆន្ទៈរបស់មនុស្សនៅក្នុងសកម្មភាពរបស់គេដែរឬទេ ថាតើមានមនសិការ និងវិចារណញ្ញាណនៅក្នុងរឿងទាំងនោះដែរឬទេ ថាតើអ្វីដែលគេបានធ្វើគឺយោងទៅតាមគោលការណ៍សេចក្ដីពិតដែរឬទេ ថាតើអ្វីដែលគេបានធ្វើ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់កម្រិតណា និងថាតើគេបានធ្វើរឿងប៉ុន្មានស្របតាមឆន្ទៈរបស់គេផ្ទាល់។ មនុស្សដែលមានវិចារណញ្ញាណ គួរតែពិនិត្យពិច័យលើទិដ្ឋភាពទាំងនេះ មិនមែនខ្វាយខ្វល់ពីការដែលគេបានបាត់បង់ឋានៈរបស់គេ ថាតើ ដំណាក់របស់ព្រះជាម្ចាស់យុត្តិធម៌ចំពោះគេឬអត់ ថាតើមនុស្សនឹងគិតយ៉ាងណាចំពោះគេ ប្រសិនបើគេមិនមានឋានៈ ឬថាតើគេនឹងមានអនាគត និងគោលដៅប្រភេទណានោះឡើយ។ មនុស្សដែលមានវិចារណញ្ញាណនឹងមិនខ្វាយខ្វល់ពីរឿងបែបនេះឡើយ។

តើពួកទទឹងនឹងព្រះគ្រីស្ទខ្លះគ្មានភាពអាម៉ាស់ដល់កម្រិតណា? ប្រសិនបើក្រោយពីពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះត្រូវបានដកហូតតំណែង បងប្អូនប្រុសស្រីលែងគោរពកោតក្រែងពួកគេដូចមុន ប្រសិនបើពួកគេមិនរាក់ទាក់ ឬសប្បុរស ហើយបែរជាសោះកក្រោះ និងព្រងើយកន្តើយចំពោះពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនឹងមិនអាចទ្រាំទ្រនឹងរឿងនេះបានឡើយ។ ហេតុអ្វីបានជាពួកគេឆាប់ប្រកាន់នឹងរឿងទាំងនេះម៉្លេះ ខណៈដែលមិនសូវរសើបនឹងនិស្ស័យពុករលួយរបស់ពួកគេសោះនោះ? តើនេះគឺជាផ្នែកមួយនៃធម្មជាតិរបស់ពួកគេឬ? តើពួកគេមានសេចក្ដីថ្លៃថ្នូរដែរឬទេ? តើពួកគេមានភាពអៀនខ្មាសដែរឬទេ? (មិនមានទេ។) រឿងដ៏មានតម្លៃបំផុតពីរយ៉ាងនៅក្នុងភាពជាមនុស្ស គឺភាពអាម៉ាស់ និងភាពទៀងត្រង់។ មិនមានដាននៃរឿងទាំងពីរនេះសូម្បីតែបន្តិច នៅក្នុងអាទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺគ្មានភាពអាម៉ាស់ឡើយ ហើយមិនថាពួកគេបើកសម្តែងនិស្ស័យពុករលួយច្រើនប៉ុនណា ឬប្រព្រឹត្តអំពើអាក្រក់ច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍អ្វីទាល់តែសោះ ហើយក៏មិនមានអារម្មណ៍ថាខ្លួនមានកំហុសដែរ ប៉ុន្តែពួកគេនៅតែចង់ក្រាញននៀលនៅ និងរស់នៅពឹងលើដំណាក់របស់ព្រះជាម្ចាស់ដដែល។ បន្ទាប់ពីពួកគេត្រូវបានលួសកាត់ និងលាតត្រដាង បន្ទាប់ពីពួកគេត្រូវបានដកហូតតំណែង និងលែងមានឋានៈអ្វីទៀត ពួកគេនៅតែចង់ឱ្យបងប្អូនប្រុសស្រីគោរពលើកតម្កើងពួកគេដោយក្តីកោតក្រែង និងគួរសមដដែល។ តើនេះមិនមែនជារឿងគ្មានហេតុផលទេឬ? តើការស្តែងចេញបែបនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ខ្ពើមរអើមដែរឬទេ? (មែនហើយ។) មនុស្សគ្រប់រូបមានអារម្មណ៍បាត់បង់នៅពេលដែលពួកគេត្រូវបានលួសកាត់ ជាពិសេសប្រសិនបើពួកគេត្រូវបានដកហូតតំណែង និងបាត់បង់ឋានៈរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានដាក់ក្នុងស្ថានភាពដ៏ឆ្គងមួយ ហើយអាម៉ាស់មុខបន្តិចនៅចំពោះមុខអ្នកដទៃ ហើយពួកគេខ្មាសអៀនពេក មិនហ៊ានប្រឈមមុខនឹងនរណាម្នាក់ឡើយ។ ក៏ប៉ុន្តែ មនុស្សដែលស្គាល់ភាពអាម៉ាស់នឹងមិននិយាយដោះសាទាំងវៀចវេរឡើយ។ តើការមិននិយាយដោះសាទាំងវៀចវេរ មានន័យដូចម្ដេច? វាមានន័យថា អាចប្រព្រឹត្តចំពោះរឿងគ្រប់យ៉ាងក្នុងរបៀបដ៏ត្រឹមត្រូវ ដោយមិនគិត និងនិយាយអំពីរឿងរ៉ាវក្នុងរបៀបវៀចវេរឡើយ ហើយផ្ទុយទៅវិញ ទទួលស្គាល់ដោយស្មោះត្រង់នូវរឿងដែលពួកគេបានធ្វើខុស ព្រមទាំងប្រព្រឹត្តចំពោះបញ្ហានេះដោយយុត្តិធម៌ និងដោយតម្រិះប្រកបដោយវិចារណញ្ញាណ។ តើយុត្តិធម៌ និងតម្រិះប្រកបដោយវិចារណញ្ញាណមានន័យដូចម្ដេច? វាមានន័យថា ដោយសារតែអ្នកត្រូវបានលួសកាត់ចំពោះរឿងអ្វីមួយ ច្បាស់ជាមានបញ្ហាជាមួយនឹងអ្វីដែលអ្នកបានធ្វើហើយ ពោលគឺទុកនិស្ស័យពុករលួយដែលអ្នកមានមួយឡែកសិន គ្រាន់តែនិយាយថា ប្រសិនបើអ្នកធ្វើខុសក្នុងរឿងនេះ នោះអ្នកច្បាស់ជាមានការទទួលខុសត្រូវខ្លះចំពោះវាហើយ ហើយដោយសារតែអ្នកមានការទទួលខុសត្រូវ អ្នកគួរតែរ៉ាប់រងការទទួលខុសត្រូវនោះ ព្រមទាំង និងទទួលស្គាល់ថា អ្នកបានធ្វើវា។ នៅពេលដែលអ្នកបានទទួលស្គាល់រឿងនេះ អ្នកគួរតែពិនិត្យពិច័យខ្លួនឯង ហើយសួរថា៖ «តើខ្ញុំបានបើកសម្តែងនិស្ស័យពុករលួយអ្វីខ្លះនៅក្នុងរឿងនេះ? ប្រសិនបើខ្ញុំមិនត្រូវបានជំរុញដោយនិស្ស័យពុករលួយទេ តើសកម្មភាពរបស់ខ្ញុំមានលាយឡំដោយឆន្ទៈរបស់មនុស្សដែរឬទេ? តើនេះបណ្ដាលមកពីភាពល្ងង់ខ្លៅឬ? តើវាមានពាក់ព័ន្ធអ្វីនឹងការដេញតាមរបស់ខ្ញុំ ជាមួយនឹងផ្លូវដែលខ្ញុំកំពុងដើរដែរឬទេ?» ការដែលអាចពិនិត្យពិច័យខ្លួនឯងបែបនេះ ត្រូវបានហៅថាជាការមានវិចារណញ្ញាណ ការស្គាល់ភាពអាម៉ាស់ ការមើលរឿងរ៉ាវក្នុងរបៀបយុត្តិធម៌ របៀបមិនលម្អៀង និងក្នុងរបៀបដែលស្របតាមការពិត។ នេះហើយជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទខ្វះខាតយ៉ាងពិតប្រាកដ។ នៅពេលដែលពួកគេកំពុងត្រូវបានលួសកាត់ អ្វីដែលពួកគេគិតមុនគេគឺ៖ «តើអ្នកអាចលួសកាត់អ្នកដឹកនាំដ៏ថ្លៃថ្នូរដូចជាខ្ញុំដោយគ្មានក្ដីមេត្តានៅចំពោះមុខមនុស្សជាច្រើន ថែមទាំងលាតត្រដាងពីរឿងអាថ៌កំបាំងដ៏គួរឱ្យអាម៉ាស់របស់ខ្ញុំបែបនេះបានដោយរបៀបណា? តើកិត្យានុភាពក្នុងនាមជាអ្នកដឹកនាំរបស់ខ្ញុំនៅឯណា? ក្នុងការលួសកាត់ខ្ញុំ តើអ្នកមិនបានបំផ្លាញវាចោលទេឬ? តើអ្នកណានឹងស្ដាប់ខ្ញុំចាប់ពីពេលនេះតទៅ? ប្រសិនបើគ្មាននរណាស្ដាប់ខ្ញុំទេ តើខ្ញុំអាចមានឋានៈជាអ្នកដឹកនាំបានដោយរបៀបណា? តើវាមិនធ្វើឱ្យខ្ញុំគ្រាន់តែជាអ្នកដឹកនាំតែឈ្មោះទេឬ? ចុះតើខ្ញុំនឹងសោយសុខនឹងផលប្រយោជន៍នៃឋានៈបានដោយរបៀបណាទៅ? តើខ្ញុំនឹងលែងសោយសុខនឹងរបស់របរដែលបងប្អូនប្រុសស្រីថ្វាយទៀតហើយមែនទេ?» តើគំនិតនេះត្រឹមត្រូវដែរឬទេ? តើវាស្របតាមសេចក្ដីពិតដែរឬទេ? តើវាសមហេតុផលដែរឬទេ? (អត់ទេ។) នេះគឺជាការគ្មានវិចារណញ្ញាណទាល់តែសោះ ហើយជាការនិយាយដោះសាទាំងវៀចវេរ។ តើអ្នកចង់មានន័យដូចម្ដេចចំពោះពាក្យថាកិត្យានុភាព? តើអ្នកដឹកនាំគឺជាអ្វី? ប្រាកដណាស់ អ្នកមិនមែនគ្មានសេចក្ដីពុករលួយនោះទេ មែនទេ? តើអ្នកចង់មានន័យដូចម្ដេចចំពោះការ «លាតត្រដាងអំពីរឿងអាថ៌កំបាំងដ៏គួរឱ្យអាម៉ាស់របស់អ្នក»? តើអ្វីជារឿងអាថ៌កំបាំងដ៏គួរឱ្យអាម៉ាស់របស់អ្នក? វាគឺជានិស្ស័យពុករលួយរបស់អ្នក។ និស្ស័យពុករលួយរបស់អ្នក គឺដូចគ្នានឹងអ្នកដទៃដែរ នោះហើយជារឿងអាថ៌កំបាំងដ៏គួរឱ្យអាម៉ាស់របស់អ្នក។ អ្នកមិនមានអ្វីខុសប្លែកពីអ្នកដទៃឡើយ ហើយអ្នកក៏មិនប្រសើរជាងអ្នកដទៃដែរ។ ដំណាក់របស់ព្រះជាម្ចាស់គ្រាន់តែឃើញថា អ្នកមានគុណសម្បត្តិបន្តិចបន្តួច និងអាចធ្វើកិច្ចការខ្លះបាន ដូច្នេះ ដំណាក់ក៏បានតម្លើងតួនាទី និងបណ្ដុះបណ្ដាលអ្នក ហើយបានផ្ដល់ឱ្យអ្នកនូវបន្ទុកពិសេសមួយ ដើម្បីរ៉ាប់រងច្រើនជាងមុនបន្តិច។ ប៉ុន្តែ នេះមិនមានន័យទាល់តែសោះថា នៅពេលដែលអ្នកមានឋានៈ អ្នកលែងមាននិស្ស័យពុករលួយទៀតនោះ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទតោងយកចំណុចនេះមកនិយាយថា៖ «ពេលនេះខ្ញុំមានឋានៈហើយ អ្នកមិនគួរលួសកាត់ខ្ញុំទេ ហើយជាពិសេសមិនលួសកាត់ខ្ញុំនៅចំពោះមុខមនុស្សជាច្រើនទេ ដែលនឹងអនុញ្ញាតឱ្យមនុស្សភាគច្រើនដឹងអំពីស្ថានភាពពិតរបស់ខ្ញុំឡើយ»។ តើនេះមិនមែនជាការដោះសាទាំងវៀចវេរទេឬ? តើវិធីសាស្ត្រនេះអាចយកទៅអនុវត្តនៅកន្លែងណាបាន? នៅក្នុងសង្គមខាងក្រៅ នៅពេលដែលអ្នកលើកតម្កើងនរណាម្នាក់ អ្នកត្រូវតែបញ្ជោរពួកគេថាជាមនុស្សល្អឥតខ្ចោះ ហើយបង្កើតរូបភាពដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ដោយគ្មានចំណុចខ្វះខាតសូម្បីតែបន្តិច។ តើនេះមិនមែនជាការបោកបញ្ឆោតទេឬ? តើដំណាក់របស់ព្រះជាម្ចាស់នឹងធ្វើបែបនេះដែរឬទេ? (មិនធ្វើទេ។) នោះគឺជាអ្វីដែលសាតាំងធ្វើ ហើយក៏ជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទតម្រូវផងដែរ។ សាតាំងគឺគ្មានវិចារណញ្ញាណទាល់តែសោះ ហើយពួកទទឹងនឹងព្រះគ្រីស្ទក៏ខ្វះវិចារណញ្ញាណ ស្រដៀងគ្នានេះដែរ នៅក្នុងរឿងនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងបង្កើតការដោះសាទាំងវៀចវេរ និងដាក់ចេញនូវការទាមទារហួសហេតុទៀតផង។ ដើម្បីការពារឋានៈរបស់ពួកគេ ពួកគេសុំឱ្យខាងលើគិតគូរអំពីរបៀបដែលពួកគេត្រូវបានលួសកាត់ និងក្នុងឱកាសណាដែលពួកគេត្រូវបានលួសកាត់ ព្រមទាំងសំនៀងដែលត្រូវបានប្រើប្រាស់។ តើរឿងនេះចាំបាច់ដែរឬទេ? អ្នកគឺជាមនុស្សពុករលួយម្នាក់ ហើយអ្នកកំពុងត្រូវបានលួសកាត់ចំពោះរឿងដែលពិត និងជាក់ស្ដែង ពោលតើមានការចាំបាច់អ្វីដែលត្រូវធ្វើវាតាមរបៀបជាក់លាក់ណាមួយនោះ? តើការលើកតម្កើងអ្នក មិនមែនជាការធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រីទេឬ? តើអ្នកដែលជាមនុស្សអាក្រក់ គួរត្រូវបានលើកតម្កើង និងទទួលបានការការពារឋានៈរបស់អ្នក ដើម្បីឱ្យអ្នកអាចប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើនក្នុងចំណោមអ្នកនៅថ្នាក់ក្រោម ព្រមទាំងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? តើវានឹងយុត្តិធម៌ចំពោះបងប្អូនប្រុសស្រីដែរឬទេ? តើនេះជាការបង្ហាញការទទួលខុសត្រូវចំពោះពួកគេដែរឬទេ? នោះមិនមែនជាវិធីបង្ហាញការទទួលខុសត្រូវចំពោះពួកគេឡើយ។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទដែលប្រព្រឹត្តតាមរបៀបនេះ គិតតាមរបៀបនេះ និងធ្វើការទាមទារប្រភេទទាំងនោះ គឺគ្រាន់តែជាការដែលគេនិយាយដោះសាទាំងវៀចវេរ និងបង្កបញ្ហាដោយចេតនាប៉ុណ្ណោះ ដោយឥតអាម៉ាស់ទាល់តែសោះ។ នៅពេលដែលត្រូវបាន លួសកាត់ចំពោះរឿងដែលគេបានធ្វើខុស អាទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ថា គេមាននិស្ស័យពុករលួយឡើយ ហើយគេក៏មិនពិនិត្យពិច័យមើលថា តើនិស្ស័យពុករលួយអ្វីដែលបណ្ដាលឱ្យគេធ្វើរឿងបែបនេះដែរ។ បន្ទាប់ពីនិយាយដោះសាទាំងវៀចវេរយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក គេមិនត្រឹមតែបដិសេធមិនព្រមពិនិត្យពិច័យខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែ គេថែមទាំងគិតរកវិធីទប់ទល់ទៀតផង។ «តើនរណាជាអ្នករាយការណ៍អំពីរឿងនេះ? តើនរណាជាអ្នកទម្លាយរឿងនេះប្រាប់ខាងលើ? តើនរណាជាអ្នករាយការណ៍ប្រាប់អ្នកដឹកនាំថាខ្ញុំជាអ្នកធ្វើរឿងនេះ? ខ្ញុំត្រូវតែរកឱ្យឃើញថាតើជានរណា ហើយប្រដៅអ្នកនោះឱ្យរាងចាល។ ខ្ញុំត្រូវតែស្ដីបន្ទោសពួកគេក្នុងអំឡុងពេលជួបជុំ ហើយបង្ហាញឱ្យពួកគេឃើញថា ខ្ញុំខ្លាំងប៉ុនណា»។ នៅពេលដែលពួកគេត្រូវបានលួសកាត់ អាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីការពារខ្លួនឯង ដើម្បីរកផ្លូវ រួចខ្លួនដោយគិតថា៖ «លើកនេះខ្ញុំធ្វេសប្រហែស ហើយបានបែកការណ៍ ដូច្នេះ ខ្ញុំត្រូវតែខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកុំឱ្យរឿងនេះកើតឡើងម្ដងទៀតនៅពេលក្រោយ ហើយសាកល្បងវិធីសាស្ត្រផ្សេងដើម្បីបោកបញ្ឆោតខាងលើ ព្រមទាំងបងប្អូនប្រុសស្រីនៅថ្នាក់ក្រោម ដើម្បីកុំឱ្យមាននរណាម្នាក់ដឹងអំពីរឿងនេះ។ នៅពេលដែលខ្ញុំធ្វើរឿងអ្វីមួយត្រូវ ខ្ញុំគួរតែប្រញាប់ចេញមុខ និងយកមុខមាត់ចំពោះរឿងនោះជារបស់ខ្លួន ប៉ុន្តែនៅពេលដែលខ្ញុំធ្វើខុស ខ្ញុំត្រូវតែប្រញាប់រុញការទទួលខុសត្រូវទៅឱ្យអ្នកផ្សេងទៀត»។ តើនេះមិនមែនជាការគ្មានភាពអាម៉ាស់ទេឬ? វាគឺគ្មានភាពអាម៉ាស់ដល់កម្រិតបំផុតហើយ! នៅពេលដែលមនុស្សធម្មតាត្រូវបានលួសកាត់ នៅក្នុងជម្រៅចិត្ត គេសារភាពដោយស្ងាត់ៗចំពោះខ្លួនឯងថា៖ «ខ្ញុំមិនល្អទេ ខ្ញុំមាននិស្ស័យពុករលួយ។ គ្មានអ្វីត្រូវនិយាយទៀតទេ។ ខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង»។ គេប្ដេជ្ញាចិត្តដោយស្ងៀមស្ងាត់ថានឹងធ្វើសកម្មភាពស្របតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ប្រសិនបើគេជួបប្រទះស្ថានភាពបែបនេះម្ដងទៀត។ ទោះបីជាគេអាចសម្រេចរឿងនេះបាន ឬមិនបានក៏ដោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅពេលដែលគេត្រូវបានលួសកាត់ គេទទួលយកវានៅក្នុងដួងចិត្តរបស់គេតាម របៀបនៃតម្រិះប្រកបដោយវិចារណញាណ ហើយភាពមានវិចារណញ្ញាណរបស់ គេប្រាប់ថា គេពិតជាបានធ្វើអ្វីមួយខុសមែន ហើយដោយសារតែគេមាននិស្ស័យពុករលួយ គេត្រូវតែទទួលស្គាល់វា។ គេចុះចូលនៅក្នុងដួងចិត្ត ដោយគ្មានការទាស់ទទឹងណាមួយឡើយ ហើយទោះបីជាគេមានអារម្មណ៍ថា រងភាពអយុត្តិធម៌បន្តិចបន្តួចក៏ដោយ ក៏អាកប្បកិរិយាចម្បងរបស់គេ គឺជាអាកប្បកិរិយាវិជ្ជមានដែរ។ គេអាចឆ្លុះបញ្ចាំងពីខ្លួនឯង មានអារម្មណ៍ថាមានវិប្បដិសារី និងប្ដេជ្ញាទៅថ្ងៃមុខ គឺនឹងខិតខំមិនធ្វើកំហុសដដែលនៅក្នុងរឿងនេះទៀតឡើយ។ ម្យ៉ាងវិញទៀត អាទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនមានអារម្មណ៍ថាមានវិប្បដិសារីប៉ុណ្ណោះទេ គេថែមទាំងទាស់ទទឹងនៅក្នុងដួងចិត្តរបស់គេទៀតផង ហើយគេមិនត្រឹមតែមិនអាច បោះបង់អំពើអាក្រក់ដែលគេកំពុងប្រព្រឹត្តប៉ុណ្ណោះទេ ប៉ុន្តែ គេថែមទាំងព្យាយាមរកផ្លូវផ្សេងទៀតទៅមុខ ដើម្បីឱ្យគេអាចបន្តប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន ដោយបន្តទង្វើដ៏អាក្រក់របស់គេទៀតផង។ នៅពេលដែល គេត្រូវបានលួសកាត់ គេមិនពិនិត្យពិច័យពីនិស្ស័យពុករលួយរបស់គេផ្ទាល់ ប្រភពនៃទង្វើខុសឆ្គងរបស់គេ ចេតនានានារបស់ខ្លួន ឬសភាព និងទស្សនៈផ្សេងៗដែលបានកើតឡើងនៅក្នុងខ្លួនគេ នៅពេលដែលនិស្ស័យពុករលួយរបស់គេត្រូវបានបើកសម្តែងឡើយ។ គេមិនដែលពិនិត្យពិច័យ ឬត្រិះរិះអំពីរឿងទាំងនេះទេ ហើយគេក៏មិនទទួលយកដែរ នៅពេលដែលមាននរណាផ្ដល់យោបល់ ដំបូន្មាន ឬលាតត្រដាងគេនោះ។ ផ្ទុយទៅវិញ គេបង្កើនការខំស្វែងរកវិធីមធ្យោបាយ និងកលល្បិចផ្សេងៗ ដើម្បីបោកបញ្ឆោតអ្នកខាងលើ និងថ្នាក់ក្រោមរបស់គេ ដើម្បីឱ្យគេអាចការពារឋានៈរបស់ខ្លួនបាន។ គេបង្កើនការខិតខំប្រឹងប្រែងរបស់គេក្នុងការបង្កការរំខាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងប្រើប្រាស់ឋានៈរបស់គេ ដើម្បីប្រព្រឹត្តអំពើអាក្រក់។ គេពិតជាគ្មានសង្ឃឹមអ្វីទៀតឡើយ!

នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលខុសត្រូវលើផ្នែកណាមួយនៃកិច្ចការ ពួកគេធ្វើឱ្យតែរួចពីដៃ ហើយពួកគេធ្វើមិនដឹងមិនឮចំពោះមនុស្សអាក្រក់ និងអ្នកដែលរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬពួកគេថែមទាំងអាចបិទបាំងឱ្យពួកគេ បណ្ដែតបណ្ដោយពួកគេ និងការពារពួកគេទៀតផង។ បន្ទាប់ពីត្រូវបានដកហូតតំណែង តើអា ទទឹងនឹងព្រះគ្រីស្ទនឹងផ្លាស់ប្ដូរដែរឬទេ នៅពេលដែលពួកគេបំពេញភារកិច្ចផ្សេង? (មិនផ្លាស់ប្ដូរទេ។) ហេតុអ្វីបានជាដូច្នេះ? (ព្រោះសារជាតិធម្មជាតិរបស់បុគ្គលនោះមានបញ្ហា។) បន្ទាប់ពីប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរបែបនេះ ពួកគេនៅតែមិនប្រែចិត្ត ហើយពួកគេនៅតែលាក់ទុកសញ្ញាណ និងការថ្នាំងថ្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ដូច្នេះ តើបុគ្គលនោះអាចមានភាពស្មោះត្រង់សូម្បីតែបន្តិចក្នុងការបំពេញភារកិច្ចណាមួយបានទេ? ពួកគេប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើននៅក្នុងភារកិច្ចរបស់ពួកគេ សូម្បីតែមុនពេលដែលពួកគេមានសញ្ញាណ ឬការថ្នាំងថ្នាក់ណាមួយក៏ដោយ ដូច្នេះ នៅពេលដែលពួកគេកំពុងលាក់ទុករឿងទាំងនេះ តើវាអាចទៅរួចទេដែលពួកគេមានភាពស្មោះត្រង់នៅក្នុងភារកិច្ចរបស់ពួកគេនោះ? (មិនអាចទេ។) ហើយប្រសិនបើគ្មានភាពស្មោះត្រង់ទេ តើពួកគេនឹងធ្វើឱ្យតែរួចពីដៃដែរឬទេ? តើពួកគេនឹងប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើនដែរឬទេ? (ពួកគេនឹងធ្វើបែបនោះ។) អ្នករាល់គ្នាខ្លះប្រហែលជាមិនជឿទេ ដូច្នេះ ចូរសង្កេតមើលដោយខ្លួនឯងចុះ ហើយថ្ងៃណាមួយ អ្នកនឹងជឿមិនខាន។ អាទទឹងនឹងព្រះគ្រីស្ទមិនអាចផ្លាស់ប្ដូរបានឡើយ ហើយមិនថាគេត្រូវបាន ដាក់នៅទីណាក៏ដោយ ក៏គេតែងតែមិនល្អជានិច្ច។ បន្ទាប់ពីអ្នកដែលដេញតាមសេចក្ដីពិតត្រូវបានលួសកាត់ចំពោះការបើកសម្តែងនិស្ស័យពុករលួយ គេឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន។ សភាពរបស់គេកាន់តែល្អប្រសើរឡើងៗ អាកប្បកិរិយារបស់គេកាន់តែសកម្មឡើងៗ ទស្សនៈរបស់ គេកាន់តែវិជ្ជមានឡើងៗ គោលដៅ និងការចង្អុលបង្ហាញនៃការដេញតាមរបស់គេកាន់តែត្រឹមត្រូវឡើងៗ គេកាន់តែមានចិត្តកោតខ្លាចព្រះជាម្ចាស់ ហើយភាពជាមនុស្សរបស់គេមើលទៅកាន់តែស័ក្ដិសមនឹងទទួលបានការគោរព។ ផ្ទុយទៅវិញ អាទទឹងនឹងព្រះគ្រីស្ទកាន់តែត្រូវបានលួសកាត់ ការថ្នាំងថ្នាក់ខាងក្នុងរបស់គេកាន់តែកើនឡើង គេកាន់តែមានចិត្តការពារខ្លួន គេកាន់តែមានអារម្មណ៍ថា រងភាពអយុត្តិធម៌នៅក្នុងដួងចិត្តរបស់គេ ហើយសញ្ញាណ ការស្អប់ និងការត្អូញត្អែររបស់គេអំពីព្រះជាម្ចាស់ កាន់តែរីកធំឡើងៗ។ នៅពេលដែលគេមិនត្រូវបានលួសកាត់ សាច់ឈាមរបស់គេអាចលះបង់បានបន្តិចបន្តួច ប៉ុន្តែនៅពេលដែលគេត្រូវបានលួសកាត់ច្រើន គេមិនមានភាពស្មោះត្រង់សូម្បីតែបន្តិចឡើយ។ គេពិតជាហួសពីការកែប្រែហើយ! ចូរសង្កេតមើលរឿងនេះដោយខ្លួនឯងចុះ អ្នកដែលដូចជាមនុស្សនេះ តែងតែអធិប្បាយដើម្បីគាំទ្រអ្នកដទៃ ប៉ុន្តែ គេផ្ទាល់មិនអនុវត្តទាល់តែសោះ ឬមិនមានការចូលទៅក្នុងណាមួយឡើយ នេះគឺជាលក្ខណៈមួយ។ លក្ខណៈមួយទៀតគឺថា មិនថាគេកំពុងធ្វើកិច្ចការអ្វីក៏ដោយ ពេលដែលគេមានឋានៈ គេអាចចេញមុខ និងបង្ហាញភាពក្លៀវក្លាខ្លះ ប៉ុន្តែ គេតែងតែធ្វើឱ្យតែរួចពីដៃ និងប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើននៅក្នុងកិច្ចការរបស់ខ្លួនជានិច្ច។ នៅពេលដែលគេបាត់បង់ឋានៈ គេបញ្ចេញចង្កូម គេបណ្ដោយខ្លួនតាមយថាកម្ម ហើយថែមទាំងធ្វើសកម្មភាពយ៉ាងគឃ្លើន និងឥតកោតក្រែងអ្វីទាំងអស់ និងធ្វើខ្លួនដូចជាមនុស្សព្រៃផ្សៃដែលគ្មានច្បាប់ទម្លាប់ ដោយខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង។ ក្នុងចំណោមមនុស្សជាតិទាំងអស់ មនុស្សប្រភេទនេះគឺជាអាទទឹងនឹងព្រះគ្រីស្ទដ៏ពិតប្រាកដ។ គេអាចវែកញែកពីសភាពរបស់អ្នកដទៃបានយ៉ាងច្បាស់លាស់ និងដោយមានហេតុផលក្នុងរបៀបមួយដែលងាយយល់ និងធ្វើឱ្យអ្នកមានអារម្មណ៍ថា គេក៏មានការយល់ដឹងបែបនេះអំពីខ្លួនឯងដែរ។ ប៉ុន្តែ នៅពេលដែលគេធ្វើកំហុសប្រភេទណាមួយ នៅពេលដែលគេបានបើកសម្តែងនិស្ស័យពុករលួយ ហើយអ្នកព្យាយាមលាតត្រដាង និងវែកញែកគេ ចូរមើលថាតើគេមានអាកប្បកិរិយាប្រភេទណា។ គេនឹងមិនស្ម័គ្រចិត្តទទួលយកវាទាំងស្រុងឡើយ ហើយគេនឹងគិតរកគ្រប់វិធីដែលគេអាចធ្វើបាន ដើម្បីប្រកែកតវ៉ានឹងវា ហើយការពារខ្លួនឯង ដោយមិនទទួលស្គាល់វាឡើយ។ គ្មាននរណាម្នាក់អាចប៉ះគេបានឡើយ ហើយអ្នកណាដែលចាក់ចំចំណុចរសើបរបស់គេ ឬលាតត្រដាងអំពីបញ្ហារបស់គេ នឹងជួបបញ្ហាមិនខាន ហើយត្រូវបានចាត់ទុកថា ជាសត្រូវរបស់គេទៀតផង។

នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទមានឋានៈ គេអាចស៊ូទ្រាំនឹងការលំបាកបន្តិចបន្តួច និងលះបង់បន្តិចបន្តួចដើម្បីការពារវា។ គេក៏អាចធ្វើមុខមាត់សប្បុរស ដោយមានសេចក្ដីករុណាដល់មនុស្សគ្រប់គ្នានៅលើលោកនេះ ដោយចង់សង្គ្រោះមនុស្សគ្រប់គ្នា ដែលនេះជាមុខមាត់ដ៏មានពុតត្បុត។ ក៏ប៉ុន្តែ ពេលដែលគេបាត់បង់ឋានៈរបស់ខ្លួន សេចក្ដីសប្បុរសទាំងអស់របស់គេក៏រលាយបាត់ទៅ ប៉ុន្តែ គេនៅតែចង់តោងជាប់ ហើយ ទទួលបានការគាំទ្រ ការគោរព និងការយកចិត្តទុកដាក់ពិសេស ដែល គេធ្លាប់ទទួលបានកាលពីអតីតកាលដដែល។ គេពិតជាគ្មានភាពអាម៉ាស់ ដល់កម្រិតបំផុតមែន! ទោះបីជាអាទទឹងនឹងព្រះគ្រីស្ទស្ថិតនៅក្នុងក្រុមណាក៏ដោយ ក៏គេមិនផ្ដល់ជំនួយ ឬការអប់រំកសាងគំនិតស្មារតី សូម្បីតែបន្តិចដល់នរណាម្នាក់ឡើយ ប៉ុន្តែ គេនៅតែចង់ទទួលបានការគាំទ្រ និងការគោរពពីមនុស្សគ្រប់គ្នាដដែល។ មិនថាមានអ្នកផ្សេងទៀតទទួលស្គាល់ថា គេមាននិស្ស័យពុករលួយក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទនឹងមិនហើបមាត់និយាយថា គេក៏មាននិស្ស័យពុករលួយដែរ ឬនិយាយអំពីប្រភេទនៃនិស្ស័យពុករលួយដែលគេបានបើកសម្តែងកាលពីអតីតកាលឡើយ។ គេមិនដែលវែកញែកពីខ្លួនឯងទេ ហើយនៅពេលដែលគេត្រូវបានរុញឱ្យទាល់ច្រក គេនឹងគ្រាន់តែនិយាយអ្វីមួយដូចជា៖ «មែនហើយ ខ្ញុំគឺជាអារក្ស ខ្ញុំគឺជាសាតាំង» ហើយក៏ចប់តែប៉ុណ្ណឹង។ គេគ្រាន់តែពោលពាក្យដ៏ពិរោះស្តាប់តែគ្មានខ្លឹមសារបែបនេះ តែបន្តិចបន្តួចប៉ុណ្ណោះ។ ប្រសិនបើអ្នកសួរគេថា៖ «តើអ្នកមានការស្តែងចេញ និងបើកសម្តែង ជាក់លាក់អ្វីខ្លះ នៃការធ្វើជាអារក្ស និងសាតាំង? តើអ្នកមានគំនួចចិត្ត និងចេតនាប្រភេទណាខ្លះ នៅពេលដែលអ្នកធ្វើសកម្មភាព?» នោះគេនឹងមិននិយាយអ្វីទាល់តែសោះ។ តើគេមិនមែនជាសាតាំងទេឬ? ចាប់តាំងពីវាបានឡើងកាន់អំណាចមក នាគដ៏ធំមានសម្បុរក្រហមបានប្រព្រឹត្តអំពើអាក្រក់រាប់មិនអស់ ហើយការគ្រប់គ្រងទាំងមូលរបស់វា វាបានទទួលស្គាល់ និងកែតម្រូវទង្វើខុសឆ្គងរបស់វាជានិច្ច ស្របពេលដែលវាកំពុងបង្កើនការធ្វើបាបប្រជាជនរបស់វាកាន់តែខ្លាំងឡើងៗជានិច្ច។ នៅពេលដែលអ្នកឃើញវាទទួលស្គាល់ទង្វើខុសឆ្គងរបស់វា អ្នកប្រហែលជាគិតថា វានឹងប្រែចិត្ត ហើយកែប្រែខ្លួនជាថ្មី ថាវាមានអាកប្បកិរិយានៃការលន់តួបាប ហើយថា វាប្រហែលជានឹងមិនប្រព្រឹត្តកំហុសបែបនេះទៀតទេ។ ប៉ុន្តែ ប្រសិនបើមើលតាមរឿងរ៉ាវដែលកើតឡើងបន្ទាប់ និងរបៀបដែលរឿងរ៉ាវវិវឌ្ឍទៅមុខ ការដែលនាគដ៏ធំមានសម្បុរក្រហមទទួលស្គាល់ទង្វើខុសឆ្គងរបស់វា គឺគ្រាន់តែដើម្បីការពារមុខមាត់ និងឋានៈរបស់វាប៉ុណ្ណោះ ដោយត្រួសត្រាយផ្លូវសម្រាប់ឱ្យវាបន្តកាន់អំណាច និងធ្វើរឿងដ៏គួរឱ្យខ្លាចជាច្រើនទៀត ដែលធ្វើបាបប្រជាជនរបស់វា។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ដូចគ្នាដែរ ពោលគឺពួកគេមានសារជាតិធម្មជាតិដូចគ្នានឹងពួកអារក្ស សាតាំង និងនាគដ៏ធំមានសម្បុរក្រហម។ ពួកគេពូកែបន្លំខ្លួន ហើយពួកគេគឺជាអ្នកកុហកជាទម្លាប់ ពួកគេមិនស្គាល់ភាពអាម៉ាស់ ស្អប់ខ្ពើមសេចក្ដីពិត និងរបស់វិជ្ជមាន ហើយមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ បន្ថែមលើនេះ ពួកគេមិននិយាយអ្វីក្រៅពីពាក្យសម្ដីដែលស្ដាប់ទៅពីរោះៗនោះទេ ហើយចេះតែធ្វើរឿងអាក្រក់គ្រប់បែបយ៉ាងប៉ុណ្ណោះ។ នៅក្បែរបងប្អូនប្រុសស្រី ពួកទទឹងនឹងព្រះគ្រីស្ទតែងតែនិយាយរឿងដែលត្រឹមត្រូវ ហើយធ្វើរឿងដែលមើលទៅត្រឹមត្រូវពីសំបកក្រៅ ប៉ុន្តែនៅពេលដែលពួកគេត្រូវបានស្នើសុំឱ្យអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត ដើម្បីអនុវត្តការរៀបចំកិច្ចការនៃ ដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនធ្វើរឿងបែបនេះឡើយ ហើយផ្ទុយទៅវិញ ពួកគេនឹងបាត់ខ្លួនដោយគ្មានបន្សល់ដានអ្វីឡើយ។ ប្រសិនបើអ្នកទុកពួកគេចោលដោយគ្មានការមើលការខុសត្រូវ ឬការជំរុញទេ នោះពួកគេនឹងប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន ហើយបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការកាន់អំណាច ពួកគេនឹងស៊ូទ្រាំនឹងការលំបាកណាមួយ ហើយលះបង់ទោះក្នុងតម្លៃណាក៏ដោយ។ តាមរយៈរឿងនេះ យើងអាចមើលឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិធម្មជាតិមួយប្រភេទទៀត នោះគឺពួកគេអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម។ ក្រៅពីការលះបង់បន្តិចបន្តួចនៅពេលធ្វើអ្វីមួយសម្រាប់ខ្លួនឯង ប្រសិនបើពួកគេត្រូវបានស្នើសុំឱ្យធ្វើ ឬនិយាយអ្វីមួយសម្រាប់បងប្អូនប្រុសស្រី សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ដោយមិនទទួលបានអ្វីមកវិញ តើពួកគេនឹងមានចិត្តល្អបែបនេះដែរឬទេ? តើពួកគេនឹងរ៉ាប់រងបន្ទុកនោះដែរឬទេ? (មិនធ្វើទេ។) ដូច្នេះ នៅពេលនិយាយដល់រឿងដែលខាងលើបានស្នើសុំឱ្យពួកគេអនុវត្ត នៅពេលដល់ពេលត្រូវត្រួតពិនិត្យកិច្ចការ នោះពួកគេនឹងមិនបានអនុវត្តរឿងណាមួយក្នុងចំណោមរឿងទាំងនោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះការធ្វើបែបនេះ នឹងតម្រូវឱ្យពួកគេធ្វើឱ្យខ្លួនឯងនឿយហត់ និងរងទុក្ខ ពួកគេនឹងត្រូវលះបង់ ហើយពួកគេប្រហែលជានឹងមិនទទួលបានផលប្រយោជន៍ច្រើនពីរឿងនេះឡើយ។ ដូច្នេះ ពួកគេទំនងមិនធ្វើវាឡើយ។ ប្រសិនបើមនុស្សភាគច្រើននឹងទទួលបានផលចំណេញពីវា ប្រសិនបើមនុស្សភាគច្រើននឹងទទួលបានផលប្រយោជន៍ពីវា តើអាទទឹងនឹងព្រះគ្រីស្ទនឹងស្ម័គ្រចិត្តលះបង់ចំពោះរឿងនេះដែរឬទេ? គេនឹងមិនធ្វើឡើយ។ ប្រសិនបើវាជារឿងដែលមនុស្សភាគច្រើននឹងគោរព ហើយចងចាំគេ ព្រមទាំងថ្វាយបង្គំ និងសរសើរគេ ហើយប្រសិនបើគេនឹងត្រូវបានចងចាំចំពោះរឿងល្អដែលគេបានធ្វើនេះសម្រាប់មនុស្សជំនាន់ក្រោយ តើគេនឹងធ្វើសកម្មភាពយ៉ាងដូចម្ដេច? គេនឹងប្រញាប់ប្រញាល់ធ្វើសកម្មភាព ហើយធ្វើដូច្នេះដោយក្ដីរីករាយជាងអ្នកណាៗទាំងអស់។ នេះគឺគ្មានភាពអាម៉ាស់ទេ មែនទេ? សាតាំងដែលជាអារក្សពិតជាគ្មានភាពអាម៉ាស់មែន។ វាបានប្រព្រឹត្តអំពើអាក្រក់រាប់មិនអស់ ប៉ុន្តែនៅតែចង់ឱ្យមនុស្សគ្រប់គ្នាដឹងគុណវាយ៉ាងជ្រាលជ្រៅ ចង់ឱ្យមនុស្សដើរតាមវាយ៉ាងស្អិតរមួត និងបញ្ជោរវា។ វាធ្វើបាបមនុស្សយ៉ាងខ្លាំង ប៉ុន្តែនៅតែចង់ឱ្យពួកគេសរសើរវាដដែល។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ដូចគ្នាដែរ។ វាមិនសំខាន់ទេថា តើអាទទឹងនឹងព្រះគ្រីស្ទបានស្ដាប់សេចក្ដីអធិប្បាយប៉ុន្មានដង ឬយល់ដឹងពីគោលលទ្ធិប៉ុន្មាននោះទេ ប្រសិនបើអ្នកសុំឱ្យគេធ្វើកិច្ចការ ឬភារកិច្ចខ្លះដោយមិនធ្វើឱ្យតែរួចពីដៃ គេមិនអាចចាត់ចែងបានឡើយ។ ប្រសិនបើអ្នកសុំឱ្យគេចៀសវាងពីការបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់គេ ឬការប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន គេមិនអាចធ្វើបានឡើយ។ ប្រសិនបើអ្នកសុំឱ្យគេចៀសវាងពីការទទួលបានផលប្រយោជន៍នៃឋានៈ ការសម្ងំយកសុខក្នុងភាពស្រណុកស្រួល ការត្រេកត្រអាលនឹងឋានៈ និងឯកសិទ្ធិពិសេស គេមិនអាចធ្វើបានឡើយ។ ប្រសិនបើអ្នកសុំកុំឱ្យគេធ្វើបាបអ្នកដទៃ ឬកុំឱ្យកុហក គេមិនអាចធ្វើបានឡើយ។ ប្រសិនបើអ្នកសុំកុំឱ្យគេខ្ជះខ្ជាយតង្វាយ ហើយឱ្យការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ គេមិនអាចធ្វើបានឡើយ។ ប្រសិនបើអ្នកសុំកុំឱ្យគេធ្វើបន្ទាល់ពីខ្លួនឯង គេនឹងមិនអាចធ្វើបែបនោះបានឡើយ។ ប្រសិនបើអ្នកសុំឱ្យ គេលះបង់បន្តិចបន្តួចសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយមិនទទួលបានអ្វីមកវិញ ឬធ្វើកិច្ចការបន្តិចបន្តួចដោយស្ងាត់កំបាំង គេនឹងមិនអាចធ្វើវាបានឡើយ។ តើគេអាចធ្វើអ្វីបានខ្លះ? គេអាចប្រព្រឹត្តអំពើខុសឆ្គងយ៉ាងគឃ្លើន បង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់គេ ធ្វើបន្ទាល់ពីខ្លួនឯង ខ្ជះខ្ជាយតង្វាយ រស់នៅពឹងលើពួកជំនុំ ធ្វើបាបអ្នកដទៃ ស្រែកពាក្យស្លោក និយាយគោលលទ្ធិ ផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងដើម្បីបំភាន់មនុស្ស និងរឿងជាច្រើនទៀត ពោលគឺវាជារឿងងាយស្រួលបំផុតសម្រាប់គេក្នុងការធ្វើរឿងទាំងនេះ។ តើមាននរណាម្នាក់បែបនោះនៅជុំវិញអ្នករាល់គ្នាដែរឬទេ? ពេលដែលគេកាន់អំណាច ពេលដែលគេមានអំណាចបន្តិចបន្តួច គេចង់ក្ដោបក្ដាប់ហិរញ្ញវត្ថុនៃដំណាក់របស់ព្រះជាម្ចាស់។ មិនថាគេទិញអ្វីនោះទេ គេចង់បានរបស់ដែលមានគុណភាពខ្ពស់ ថ្លៃៗ និងមានម៉ាកយីហោល្បីៗ ហើយគេមិនពិភាក្សារឿងនេះជាមួយនរណាផ្សេងទៀត ឬស្ដាប់អ្វីដែលអ្នកដទៃនិយាយឡើយ។ ពេលដែល គេត្រូវបានផ្ដល់អំណាចបន្តិចបន្តួច គេក៏ត្រេកត្រអាលនឹងវា។ ពេលដែល គេត្រូវបានផ្ដល់អំណាចបន្តិចបន្តួច គេចង់បង្កើតបក្សពួក និងធ្វើរឿងរ៉ាវតាមតែអំពើចិត្តរបស់គេ ហើយបដិសេធមិនព្រមស្ដាប់ខាងលើ ឬនរណាម្នាក់ផ្សេងទៀតឡើយ។ ពេលដែលគេត្រូវបានផ្ដល់អំណាចបន្តិចបន្តួច គេមានអារម្មណ៍ថា គេបានក្លាយជាព្រះជាម្ចាស់ ហើយចង់ធ្វើបន្ទាល់ពីខ្លួនឯង ដើម្បីឱ្យអ្នកដទៃគាំទ្រគេ ហើយគេចង់បង្កើតបក្សពួក បង្កើតក្រុមផ្ទាល់ខ្លួនរបស់គេ។ ពេលដែលគេត្រូវបានផ្ដល់អំណាចបន្តិចបន្តួច គេចង់ឱ្យបងប្អូនប្រុសស្រីស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន។ ប្រសិនបើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យមានការផ្លាស់ប្ដូរនរណាម្នាក់ចេញពីគេ នោះវានឹងជារឿងដ៏លំបាកណាស់។ គេត្រូវតែយល់ព្រមលើរឿងនេះ ហើយនរណាម្នាក់នឹងត្រូវពិភាក្សារឿងនេះជាមួយគេ ហើយគេនឹងមិនទទួលយកអាកប្បកិរិយាដែលខ្លួន មិនចូលចិត្តពីបុគ្គលនោះឡើយ។ គេចង់ឱ្យពិភពលោកទាំងមូលដឹងថា គេមានអំណាច និងឥទ្ធិពល ហើយមនុស្សគ្រប់គ្នាត្រូវតែគោរព និងកោតក្រែង គេ។ នេះគឺជាការពិតដែលត្រូវបានទទួលស្គាល់ជាទូទៅ។ អាទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលស្គាល់ថា គេមាននិស្ស័យពុករលួយឡើយ។ ចូរសង្កេតមើលរឿងនេះដោយខ្លួនឯងចុះ ពោលចូរមើលចុះថាតើអ្នកដែលមិនទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយ អាចប្រែចិត្តបានដែរឬទេ បន្ទាប់ពីធ្វើអ្វីមួយខុស និងបើកសម្តែងនិស្ស័យពុករលួយ ហើយថាតើពួកគេវិវឌ្ឍទៅរកការចង្អុលបង្ហាញអ្វី និងដើរលើផ្លូវប្រភេទណានៅទីបញ្ចប់ ថាតើពួកគេមានអាកប្បកិរិយាយ៉ាងដូចម្ដេចនៅពេលបំពេញភារកិច្ចរបស់ពួកគេ និងនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ថាតើពួកគេធ្វើសកម្មភាពយ៉ាងដូចម្ដេចទាក់ទងនឹងឋានៈ ហើយថាតើរបៀប និងវិធីសាស្ត្រក្នុងការធ្វើរឿងរ៉ាវរបស់ពួកគេមានលក្ខណៈបែបណា។ តើអ្នករាល់គ្នាអាចវែកញែករឿងនេះបានដែរឬទេ? ប្រសិនបើអ្នកអាចទាញសេចក្ដីសន្និដ្ឋានលើរឿងទាំងនេះបាន នោះអ្នកមានការវែកញែកខ្លះហើយ។

គ. ការបដិសេធមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាលក្ខណៈវិនិច្ឆ័យដែលអ្វីៗទាំងអស់ត្រូវបានវាស់វែង

មានមូលហេតុទីបីដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលយកការលួសកាត់ និងខ្វះអាកប្បកិរិយានៃការប្រែចិត្តនៅពេលដែលពួកគេប្រព្រឹត្តកំហុសណាមួយ ដែលនោះគឺថាពួកគេបដិសេធមិនទទួលស្គាល់ថ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាលក្ខណៈវិនិច្ឆ័យដែលអ្វីៗទាំងអស់ត្រូវបានវាស់វែង។ ខ្ញុំបានប្រកបគ្នាយ៉ាងលម្អិតគួរសមអំពីមូលហេតុពីរមុន។ មូលហេតុមួយនេះមានភាពខុសប្លែកគ្នាបន្តិចបន្តួចពីមូលហេតុចំនួនពីរដំបូង ប្រសិនបើមើលតាមន័យត្រង់របស់វា ប៉ុន្តែតាមសារជាតិ ពួកវាពាក់ព័ន្ធនឹងមូលហេតុមួយនេះ ដែលពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ដូច្នេះ យើងអាចធ្វើការប្រកបគ្នាឱ្យខ្លី និងសង្ខេបបាន។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ ហើយអ្នកប្រកបគ្នាជាមួយ គេអំពីសេចក្ដីពិត និយាយអំពីគោលការណ៍សេចក្ដីពិត និងគោលការណ៍សម្រាប់ការធ្វើរឿងនានា តើគេនឹងអាចទទួលយកវាបានដែរឬទេបន្ទាប់ពីបានឮរឿងនេះ? (មិនអាចទេ។) ទោះបីជាពេល ដែលអាទទឹងនឹងព្រះគ្រីស្ទឮសេចក្ដីពិតនោះក៏ដោយ ក៏គេតែងតែមានអាកប្បកិរិយាដូចគ្នាចំពោះវាជានិច្ច ពោលគឺការថ្កោលទោស និងការទាស់ទទឹង។ តើអ្វីជាគោលការណ៍សេចក្ដីពិត? ពួកវាគឺជាស្ដង់ដារសម្រាប់វាស់វែងពីរបៀបធ្វើអ្វីមួយ។ ដរាបណាវាត្រូវបានធ្វើឡើងស្របតាមសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង នោះអ្វីដែលមនុស្សម្នាក់ធ្វើ នឹងមានគោលការណ៍។ នេះគឺជាការធ្វើរឿងនានាស្របតាមគោលការណ៍។ ប្រសិនបើការប្រកបគ្នារបស់អ្នកស្របតាមគោលការណ៍សេចក្ដីពិត នោះអាទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកវាដាច់ខាត។ ការប្រកបគ្នារបស់អ្នកកាន់តែវិជ្ជមាន ជាក់ស្ដែង យុត្តិធម៌ ត្រឹមត្រូវ និងផ្អែកលើការពិតកម្រិតណា នោះវាកាន់តែមិនអាចទទួលយកបានសម្រាប់អាទទឹងនឹងព្រះគ្រីស្ទកម្រិតនោះដែរ។ គេនឹងឆ្លើយតបដោយការដោះសាទាំងវៀចវេរ ដោយបដិសេធមិនព្រមទទួលយកសេចក្ដីពិត ឬការពិតឡើយ។ ប្រសិនបើអ្នកនិយាយជាមួយគេអំពីរបៀបធ្វើសកម្មភាព ដើម្បីបំពេញការទទួលខុសត្រូវរបស់គេនៅក្នុងបញ្ហានេះ គេនឹងប្រាប់អ្នកអំពីរបៀបដែលគេបានរងទុក្ខ និងលះបង់។ ប្រសិនបើអ្នកនិយាយជាមួយគេអំពីរបៀបធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិត នោះ គេនឹងប្រាប់អ្នកថា គេបានរត់ចុះរត់ឡើងច្រើនប៉ុនណា ថាតើគេបានរងទុក្ខច្រើនប៉ុនណា និងថាតើគេបាននិយាយច្រើនប៉ុនណា។ ប្រសិនបើអ្នកនិយាយជាមួយ គេអំពីរបៀបធ្វើជាមនុស្សស្មោះត្រង់ របៀបធ្វើសកម្មភាព និងបំពេញភារកិច្ចដោយដួងចិត្តស្មោះត្រង់ និងស្មោះស្ម័គ្រ គេនឹងមិនចាប់អារម្មណ៍ឡើយ ហើយគេនឹងមិនអើពើនឹងអ្នកទេ។ នៅពេលដែលគេធ្វើសកម្មភាព គេនឹងផ្ដោតតែលើកលល្បិច គម្រោងការឧបាយកល និងល្បិចបោកបញ្ឆោតប៉ុណ្ណោះ។ សរុបមក អាទទឹងនឹងព្រះគ្រីស្ទមានគោលការណ៍ពិសេសមួយឈុតផ្ទាល់ខ្លួនសម្រាប់សកម្មភាពរបស់ខ្លួនគេ ហើយទោះបីជាវាខុសឆ្គង ថោកទាប គួរឱ្យអស់សំណើច និងមិនសមហេតុផលយ៉ាងណានៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ឬក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ ក៏គេនឹងមិនដែលនឿយណាយក្នុងការប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ និងគោលការណ៍ទាំងនេះឡើយ។ គេនឹងមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាគោលការណ៍សេចក្ដីពិតឡើយ ហើយគេក៏នឹងមិនបោះបង់ចោលគោលការណ៍ផ្ទាល់ខ្លួនរបស់គេដែរ ដូច្នេះ មិនថាអ្នកលួសកាត់គេ លាតត្រដាងគេ ឬដកហូតតំណែងគេយ៉ាងណាក៏ដោយ ក៏លក្ខណៈវិនិច្ឆ័យ ទស្សនៈ និងការយល់ឃើញរបស់គេសម្រាប់ការវាស់វែងរឿងរ៉ាវនឹងមិនផ្លាស់ប្ដូរឡើយ។ លក្ខណៈវិនិច្ឆ័យទាំងនេះខ្លះ គឺជារបស់វិទ្យាសាស្ត្រមនុស្ស ខ្លះជារបស់ចំណេះដឹង ខ្លះជារបស់វប្បធម៌ប្រពៃណី ហើយខ្លះទៀតជារបស់និន្នាការដ៏អាក្រក់នៃពិភពលោកនេះ ប៉ុន្តែទោះបីជារឿងទាំងនេះអាចខុសឆ្គងយ៉ាងណាក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទមិនអាចលះបង់ពួកវាចោលបានដែរ។ គេនឹងទទួលយកនិន្នាការដ៏អាក្រក់ណាមួយ ហើយនិងពាក្យសម្ដី ព្រមទាំងទស្សនៈណាមួយដែលពេញនិយមនៅក្នុងសង្គម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិត មិនមែនជាលក្ខណៈវិនិច្ឆ័យរបស់គេសម្រាប់វាស់វែងរបស់ផ្សេងៗ និងព្រឹត្តិការណ៍ទាំងអស់សម្រាប់វាស់វែងអ្វីៗទាំងអស់ឡើយ។ ខណៈពេលដែលគេកំពុងដើរតាមព្រះជាម្ចាស់ និងរស់នៅពឹងលើដំណាក់របស់ព្រះជាម្ចាស់ គេកំពុងបដិសេធ និងថ្កោលទោសសេចក្ដីពិត។ ខណៈពេលដែលបដិសេធ និងថ្កោលទោសសេចក្ដីពិត គេកំពុងគោរព និងលើកតម្កើងសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងគ្រប់បែបយ៉ាងពីពិភពលោកនេះ។ រឿងតែមួយគត់ដែលគេមិនអាចទទួលយកបាន គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាសេចក្ដីពិត។ ប្រសិនបើមើលតាមសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទនេះ ទោះបីជាពួកគេចូលរួមការជួបជុំ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចនៅក្នុងដំណើរនៃសេចក្ដីជំនឿរបស់ពួកគេក៏ដោយ ក៏មានរឿងមួយដែលច្បាស់លាស់ដែរ នោះគឺនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ ហើយទស្សនៈរបស់ពួកគេ ដែលជារបស់ពិភពលោក និងនិន្នាការដ៏អាក្រក់ ក៏នឹងមិនផ្លាស់ប្ដូរដែរ។ ប្រសិនបើអ្នកសុំឱ្យអាទទឹងនឹងព្រះគ្រីស្ទនិយាយអំពីការចូលទៅក្នុងជីវិត ឬការផ្លាស់ប្ដូរនិស្ស័យ អ្នកនឹងឆ្ងល់ថាតើហេតុអ្វីបានជាពាក្យសម្ដីរបស់គេស្ដាប់ទៅចម្លែក គួរឱ្យខ្ពើមរអើម និងឆ្គងម៉្លេះ។ ពាក្យសម្ដីទាំងនោះនឹងស្ដាប់ទៅដូចជាពាក្យសម្ដីរបស់អ្នកក្រៅ ហើយ គេគ្រាន់តែជាមនុស្សច្របូកច្របល់ ដែលគ្មានការយល់ដឹងខាងវិញ្ញាណ ប៉ុន្តែធ្វើពុតជាមនុស្សខាងវិញ្ញាណ និងមានជីវិតប៉ុណ្ណោះ។ វាពិតជាគួរឱ្យខ្ពើមរអើមដល់កម្រិតបំផុតមែន! តើអ្នកដែលមិនធ្លាប់ទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិត ឬមិនធ្លាប់ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេអាចមានជីវិតដែរឬទេ? នោះគឺជារឿងកំប្លែងទេ មែនទេ? ចូរសម្លឹងមើលជុំវិញអ្នករាល់គ្នាចុះ ហើយពិនិត្យមើលថាតើមាននរណាម្នាក់ដែលចេះតែនិយាយថា៖ «បុគ្គលល្បីឈ្មោះនេះ ឬបុគ្គលល្បីឈ្មោះនោះបាននិយាយបែបនេះ សៀវភៅនេះ ឬសៀវភៅនោះបាននិយាយបែបនេះ រឿងភាគទូរទស្សន៍នេះ ឬរឿងភាគទូរទស្សន៍នោះបាននិយាយបែបនេះ ស្នាដៃឯកនេះ ឬស្នាដៃឯកនោះបាននិយាយបែបនេះ» ឬ «វប្បធម៌ប្រពៃណីរបស់យើងគឺបែបនេះ នៅកន្លែងដែលខ្ញុំមក គេនិយាយបែបនេះ នៅក្នុងគ្រួសាររបស់យើង យើងមានច្បាប់បែបនេះ» និងរឿងជាច្រើនទៀតដែរឬទេ។ ចូរមើលថាតើនរណាតែងតែមានរឿងទាំងនេះមួយគំនរសម្រាប់និយាយ តើនរណាដែលមិនរំជួលចិត្តនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ទាប់ពីបានឮព្រះបន្ទូលទាំងនោះ ហើយគ្រាន់តែនិយាយពាក្យសម្ដីច្របូកច្របល់ ពាក្យសម្ដីមិនសមហេតុផល ព្រមទាំងពាក្យសម្ដីដែលគ្មានការយល់ដឹងខាងវិញ្ញាណ នៅពេលដែលពួកគេព្យាយាមប្រកបគ្នាអំពីការយល់ដឹងរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាតើនរណាដែលទោះបីជាពួកគេគ្មានការស្វែងយល់ ឬការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្យាយាមបង្ខំផ្គុំពាក្យសម្ដីខ្លះបញ្ចូលគ្នា និងធ្វើពុតជាមនុស្សខាងវិញ្ញាណដែរ។ នេះពិតជាគួរឱ្យខ្ពើមរអើមខ្លាំងណាស់! មនុស្សទាំងនេះបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានស្ដាប់សេចក្ដីអធិប្បាយ ព្រមទាំងចូលរួមការជួបជុំអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ មិនគួរឱ្យជឿ ពួកគេនៅតែមិនដឹងថា ពួកគេមាននិស្ស័យពុករលួយ ហើយមិនទាន់រកឃើញថា ពួកគេមានទស្សនៈមិនត្រឹមត្រូវ ឬថាទស្សនៈដ៏ខុសទំនងរបស់ពួកគេ គឺផ្ទុយ និងប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុងឡើយ។ តើអ្វីជាមូលហេតុសម្រាប់រឿងនេះ? វាគឺជាមូលហេតុទីបីនៅពីក្រោយការដែលពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលយកការលួសកាត់ និងខ្វះអាកប្បកិរិយានៃការប្រែចិត្តនៅពេលដែលពួកគេប្រព្រឹត្តកំហុសណាមួយ៖ ពួកគេបដិសេធមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាលក្ខណៈវិនិច្ឆ័យដែលអ្វីៗទាំងអស់ត្រូវបានវាស់វែង។ នេះគឺជាឫសគល់នៃបញ្ហា។

ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលយកការលួសកាត់? ហេតុអ្វីបានជានៅពេលដែលពួកគេប្រឈមមុខនឹងរឿងអ្វីមួយ ពួកគេមិនប្រែចិត្ត និងផ្ទុយទៅវិញ ពួកគេផ្សាយសញ្ញាណផ្សេងៗ ហើយថែមទាំងរិះគន់ ព្រមទាំងវិនិច្ឆ័យព្រះជាម្ចាស់ទៀតផង? មូលហេតុគឺច្បាស់លាស់ណាស់៖ ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលទទួលស្គាល់ថា ពួកគេអាចធ្វើខុសឡើយ។ ទីពីរ ពួកគេមិនដែលទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយឡើយ។ ទីបី ពួកគេបដិសេធមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាលក្ខណៈវិនិច្ឆ័យដែលអ្វីៗទាំងអស់ត្រូវបានវាស់វែង។ សម្រាប់អ្នកដែលមិនទទួលយកការលួសកាត់ អ្នកដែលបើកសម្តែងយ៉ាងច្បាស់នូវនិស្ស័យពុករលួយនៅពេលដែលពួកគេធ្វើកំហុស អ្នកដែលជារឿយៗបង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលពន្យារពេលការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រាប់មិនអស់ និងបង្កការខាតបង់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សទាំងនេះគ្មានវិប្បដិសារី ឬអាកប្បកិរិយានៃការប្រែចិត្តនៅពេលដែលពួកគេត្រូវបានលួសកាត់ទេ នោះមានរឿងមួយដែលច្បាស់លាស់ ដែលថាពួកគេមានការស្តែងចេញទាំងបីនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ត្រូវទេ? (ត្រូវហើយ។) សរុបមក មានមូលហេតុបីយ៉ាងដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលយកការលួសកាត់។ ចូរអានពួកវាម្ដងទៀតចុះ។ (ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលទទួលស្គាល់ថា ពួកគេអាចធ្វើខុសឡើយ។ ទីពីរ ពួកគេមិនដែលទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយឡើយ។ ទីបី ពួកគេបដិសេធមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាលក្ខណៈវិនិច្ឆ័យដែលអ្វីៗទាំងអស់ត្រូវបានវាស់វែង។) សរុបមកមានបី។ យើងបានប្រកបគ្នាយ៉ាងលម្អិតគួរសមអំពីមូលហេតុចំនួនពីរដំបូង។ មូលហេតុចុងក្រោយមានភាពខុសប្លែកគ្នាបន្តិចបន្តួច ប៉ុន្តែប្រសិនបើនិយាយពីសារជាតិ មូលហេតុចំនួនពីរដំបូងពាក់ព័ន្ធនឹងមូលហេតុមួយនេះ ដែលពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ដូច្នេះ យើងនឹងមិនប្រកបគ្នាអំពីមូលហេតុនោះឱ្យកាន់តែលម្អិតទៀតឡើយ។ ល្អហើយ ចូរយើងបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមនេះសម្រាប់ថ្ងៃនេះចុះ។ ជម្រាបលា! (សូមជម្រាបលាព្រះជាម្ចាស់!)

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចក្រៅប្រធានបទទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួ២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ