ចំណុចក្រៅប្រធានបទទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួ២)

នៅក្នុងការជួបជុំលើកមុន ពួកយើងបានប្រកបគ្នាអំពីចំណុចទីដប់នៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលថា៖ «ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ»។ តើសេចក្ដីលម្អិតអ្វីខ្លះដែលពួកយើងបានប្រកបគ្នាជាពិសេស? (ព្រះជាម្ចាស់បានប្រកបគ្នាជាចម្បងពីរបៀបប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។) តើរឿងនេះទាក់ទងនឹងចំណុចទីដប់ដែរឬទេ? (ទាក់ទង។ ពីព្រោះ នៅក្នុងចំណុច «ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ» ឥរិយាបថមួយក្នុងចំណោមឥរិយាបថនានារបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេគ្រាន់តែស្ដាប់អ្វីដែលព្រះគ្រីស្ទមានព្រះបន្ទូលប៉ុណ្ណោះ ប៉ុន្តែមិនស្ដាប់បង្គាប់ ហើយក៏មិនចុះចូលនឹងព្រះបន្ទូលទាំងនោះឡើយ។ ពួកគេមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ នៅក្នុងការជួបជុំលើកមុន ព្រះជាម្ចាស់បានប្រកបគ្នាអំពីរបៀបប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ របៀបស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក របៀបអនុវត្ត និងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។) អ្នករាល់គ្នាយល់ពីរឿងទាំងអស់នេះហើយ តើមែនទេ? ក្នុងអំឡុងការជួបជុំលើកមុនរបស់យើង ខ្ញុំបានប្រាប់រឿងពីរ៖ មួយគឺជារឿងរបស់លោកណូអេ និងមួយទៀតគឺជារឿងរបស់លោកអ័ប្រាហាំ។ ទាំងនេះគឺជារឿងដ៏ល្បីល្បាញចំនួនពីរចេញពីព្រះគម្ពីរ។ មនុស្សជាច្រើនដឹងលឺ និងយល់ពីរឿងទាំងនេះ ប៉ុន្តែបន្ទាប់ពីបានយល់រឿងទាំងនេះហើយ មានមនុស្សតិចតួចណាស់ដែលដឹងពីរបៀបប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ តើគោលបំណងចម្បងនៃការប្រកបគ្នារបស់ពួកយើងអំពីរឿងទាំងពីរនេះ គឺជាអ្វី? គឺដើម្បីធ្វើឱ្យមនុស្សដឹងថា ក្នុងនាមជាមនុស្សម្នាក់ និងជាភាវៈដែលព្រះបានបង្កើត តើពួកគេគួរប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដោយរបៀបណា ហើយដឹងពីជំហរដែលភាវៈដែលព្រះបានបង្កើតគួរតែប្រកាន់យក និងអាកប្បកិរិយាដែលពួកគេគួរតែមាន នៅពេលប្រឈមមុខនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងនៅពេលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជារឿងចម្បង។ នេះគឺជាសេចក្ដីពិតដែលមានបំណងឱ្យមនុស្សបានដឹង និងយល់ នៅពេលដែលពួកយើងបានប្រកបគ្នាអំពីរឿងទាំងពីរនេះកាលពីលើកមុន។ ដូច្នេះ បន្ទាប់ពីពួកយើងបានប្រកបគ្នាអំពីរឿងទាំងពីរនេះហើយ តើពេលនេះ អ្នករាល់គ្នាច្បាស់ហើយឬនៅអំពីរបៀបចុះចូលនឹងព្រះគ្រីស្ទ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ អំពីថាតើមនុស្សគួរតែមានអាកប្បកិរិយាបែបណា និងថាតើទស្សនៈ និងជំហររបស់ពួកគេគួរតែបែបណាចំពោះព្រះគ្រីស្ទ និងចំពោះព្រះបន្ទូលដែលព្រះគ្រីស្ទបានថ្លែង ក៏ដូចជាអំពីរបៀបដែលមនុស្សគួរប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្ដីតម្រូវដែលមកពីព្រះជាម្ចាស់ និងថាតើសេចក្ដីពិតអ្វីខ្លះដែលគួរតែយល់ដឹងនៅក្នុងរឿងនេះ? (ទីមួយគឺ ការមានភាពស្មោះត្រង់នឹងព្រះគ្រីស្ទ ទីពីរគឺ ការរៀនគោរពព្រះគ្រីស្ទ និងទីបីគឺ ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអស់ពីដួងចិត្តរបស់យើង។) ចូរអ្នករាល់គ្នាចងចាំបទប្បញ្ញត្តិទាំងនេះ។ ប្រសិនបើខ្ញុំមិនបាននិយាយពីបទប្បញ្ញត្តិទាំងនេះទេ តើអ្នករាល់គ្នានឹងអាចទាញយកវាចេញពីរឿងទាំងពីរដែលខ្ញុំបានប្រាប់ដែរឬទេ? (រឿងតែមួយគត់ដែលពួកយើងអាចសន្និដ្ឋានបាន គឺថាពួកយើងត្រូវតែស្ដាប់បង្គាប់អ្វីក៏ដោយដែលព្រះជាម្ចាស់មានព្រះបន្ទូល។) អ្វីទាំងអស់ដែលអ្នករាល់គ្នាអាចទាញយកបាន គឺជារបៀបនៃការប្រព្រឹត្តដ៏សាមញ្ញ បែបគោលលទ្ធិ និងបែបទ្រឹស្ដីប៉ុណ្ណោះ។ អ្នករាល់គ្នានៅតែគ្មានសមត្ថភាពយល់ ឬដឹងពីសេចក្ដីពិតនៅក្នុងរឿងនេះ ដែលមនុស្សគួរតែស្វែងរក និងយល់ដឹងឡើយ។ ដូច្នេះ ចូរយើងប្រកបគ្នាយ៉ាងលម្អិតអំពីរឿងរបស់លោកណូអេ និងលោកអ័ប្រាហាំ។

I. ឥរិយាបថរបស់លោកណូអេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់

ជាដំបូង យើងនឹងនិយាយអំពីសាច់រឿងរបស់លោកណូអេ។ កាលពីពេលជួបជុំគ្នាលើកមុន យើងបានសិក្សាជាច្រើនអំពីមូលហេតុ និងលទ្ធផលនៃរឿងរបស់លោកណូអេ។ ហេតុអ្វីបានជាយើងមិនរៀបរាប់ឱ្យបានជាក់លាក់ជាងនេះ? ដោយសារតែមនុស្សភាគច្រើនបានដឹងអំពីមូលហេតុ លទ្ធផល និងព័ត៌មានលម្អិតជាក់លាក់អំពីសាច់រឿងនេះរួចហើយ។ ប្រសិនបើមានព័ត៌មានលម្អិតណាមួយដែលអ្នកមិនសូវច្បាស់ អ្នកអាចរកព័ត៌មាននោះនៅក្នុងព្រះគម្ពីរបាន។ អ្វីដែលយើងកំពុងតែសិក្សាជាមួយគ្នានេះ គឺមិនមែនជាព័ត៌មានលម្អិតជាក់លាក់អំពីដំណើររឿងនេះទេ ប៉ុន្តែយើងកំពុងតែសិក្សាអំពីរបៀបដែលលោកណូអេ ដែលជាតួឯកនៅក្នុងសាច់រឿង បានប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើទិដ្ឋភាពនៃសេចក្ដីពិតអ្វីខ្លះដែលមនុស្សគួរយល់ដឹងពីសាច់រឿងនេះ ថាតើព្រះជាម្ចាស់មានឥរិយាបថបែបណា តើទ្រង់បានគិត និងបានវាយតម្លៃយ៉ាងដូចម្ដេចចំពោះចំពោះលោកណូអេ បន្ទាប់ពីទ្រង់បានទតឃើញគ្រប់សកម្មភាពដែលលោកណូអេបានធ្វើ។ ចំណុចទាំងនេះ គឺជាអ្វីដែលយើងគប្បីសិក្សាជាមួយគ្នា។ លក្ខណៈរបស់ព្រះជាម្ចាស់ចំពោះលោកណូអេ និងការវាយតម្លៃរបស់ទ្រង់ទៅលើរឿងដែលលោកណូអេបានធ្វើ គឺគ្រប់គ្រាន់ដើម្បីប្រាប់យើងអំពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សជាតិ ពីអ្នកដែលដើរតាមទ្រង់ និងពីអ្នកដែលទ្រង់សង្គ្រោះ។ តើមានសេចក្ដីពិតដែលត្រូវស្វែងយល់ក្នុងរឿងនេះដែរឬទេ? កន្លែងណាដែលមានសេចក្តីពិតដែលត្រូវស្វែងយល់ វាពិតជាមានតម្លៃក្នុងការសិក្សាស្វែងយល់ គិតពិចារណា និងការសិក្សាឱ្យបានលម្អិត។ យើងនឹងមិនសិក្សាលម្អិតអំពីសាច់រឿងរបស់លោកណូអេទេ។ អ្វីដែលយើងនឹងសិក្សានៅថ្ងៃនេះ គឺជាសេចក្ដីពិតដែលត្រូវស្វែងយល់អំពីឥរិយាបថផ្សេងៗរបស់លោកណូអេ ចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ទ្រង់ ដែលមនុស្សគួរតែយល់ពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកណូអេ។

លោកណូអេ គឺជាមនុស្សធម្មតាក្នុងចំណោមមនុស្សជាតិដែលបានគោរពប្រណិប័តន៍ និងដើរតាមព្រះជាម្ចាស់។ នៅពេលដែលគាត់ស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់មិនបង្ហាញឥរិយាបថនៃការស្ទាក់ស្ទើរ ពន្យារពេល ឬយឺតយ៉ាវនោះទេ។ ផ្ទុយទៅវិញ គាត់ស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងម៉ឺងម៉ាត់ គាត់ស្តាប់គ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍ខ្លាំង ស្តាប់ដោយយកចិត្តទុកដាក់ និងចងចាំនូវគ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្គាប់គាត់ ដោយមិនហ៊ានព្រងើយកន្តើយសូម្បីតែបន្តិច។ នៅក្នុងឥរិយាបថរបស់គាត់ចំពោះព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ គឺជាឥរិយាបថដែលមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ដែលបង្ហាញថាព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់គាត់ ហើយគាត់ចុះចូលចំពោះព្រះអង្គ។ គាត់ស្តាប់យ៉ាងយកចិត្តទុកដាក់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល ស្ដាប់ពីខ្លឹមសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់ពីអ្វីដែលព្រះបានមានបន្ទូលបង្គាប់គាត់ឱ្យធ្វើ។ គាត់ស្តាប់ដោយយកចិត្តទុកដាក់ ពោលគឺគាត់មិនវិភាគនោះទេ ប៉ុន្តែទទួលយកដោយចេញពីចិត្ត។ មិនមានការបដិសេធ មិនមានការមិនពេញចិត្ត ឬភាពអន្ទះសារនៅក្នុងចិត្តរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់កត់ចំណាំគ្រប់ទាំងព្រះបន្ទូល និងអ្វីៗដែលទាក់ទងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយចិត្តចុះចូល ដោយប្រុងប្រយ័ត្ន និងដោយយកចិត្តទុកដាក់បំផុត។ បន្ទាប់ពីព្រះជាម្ចាស់បានប្រាប់គាត់ពីចំណុចនីមួយៗរួចហើយ លោកណូអេបានកត់ចំណាំយ៉ាងលម្អិត ទៅតាមវិធីផ្ទាល់ខ្លួនរបស់គាត់ នូវអ្វីគ្រប់យ៉ាងដែលព្រះបានមានបន្ទូល និងបានបង្គាប់គាត់។ បន្ទាប់មក គាត់បានលះបង់ការងារផ្ទាល់ខ្លួនរបស់គាត់ បោះចោលទម្លាប់ និងផែនការនៃជីវិតចាស់របស់គាត់ ហើយចាប់ ផ្តើមរៀបចំទៅតាមអ្វីដែលព្រះបានបង្គាប់ឱ្យគាត់ធ្វើ និងសម្ភារៈទាំងអស់ដែលត្រូវការសម្រាប់សាងសង់ទូកធំដែលព្រះជាម្ចាស់បានបង្គាប់គាត់ឱ្យសាងសង់។ គាត់មិនហ៊ានធ្វេសប្រហែសចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអ្វីដែលព្រះបានបង្គាប់ ឬព័ត៌មានលម្អិតណាមួយចំពោះអ្វីដែលតម្រូវឱ្យគាត់ធ្វើទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ គាត់បានកត់ត្រាពីចំណុចសំខាន់ៗ និងចំណុចពិសេសទាំងអស់ដែលព្រះជាម្ចាស់បានបង្គាប់ និងប្រគល់ឱ្យគាត់ទៅតាមវិធីរបស់គាត់ បន្ទាប់មក គាត់បានសញ្ជឹងគិត និងឆ្លុះបញ្ចាំងពីចំណុចទាំងនោះម្តងហើយម្តងទៀតៗ។ បន្ទាប់មក លោកណូអេបានស្វែងរកសម្ភារៈទាំងអស់ដែលព្រះបានបង្គាប់គាត់ឱ្យរៀបចំ។ តាមធម្មជាតិ បន្ទាប់ពីព្រះជាម្ចាស់បានណែនាំគាត់ពីចំណុចនីមួយៗរួចហើយ គាត់បានធ្វើផែនការ និងការរៀបចំលម្អិតតាមវិធីរបស់គាត់ ទៅតាមអ្វីដែលព្រះបានបង្គាប់ និងបានណែនាំគាត់ឱ្យធ្វើ បន្ទាប់មក គាត់បានអនុវត្ត និងធ្វើតាមផែនការ និងការរៀបចំរបស់គាត់ ទៅតាមគ្រប់ជំហាននីមួយៗដែលព្រះបានបង្គាប់ មួយជំហានម្ដងៗ។ នៅដំណើរការនេះ កិច្ចការដែលលោកណូអេបានធ្វើ មិនថាតូចក្ដី ឬធំក្តី ទោះបីជាគួរឱ្យកត់សម្គាល់ ឬមិនគួរឱ្យកត់សម្គាល់ក៏ដោយ វាគឺជាអ្វីដែលព្រះជាម្ចាស់បានណែនាំគាត់ និងជាអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល និងតម្រូវឱ្យគាត់ធ្វើ។ តាមរយៈកិច្ចការដែលលោកណូអេបានបង្ហាញ បន្ទាប់ពីគាត់បានទទួលយកការចាត់តាំងព្រះជាម្ចាស់ គឺបានបង្ហាញពីឥរិយាបថរបស់គាត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនគ្រាន់តែជាការស្តាប់ ហើយមិនធ្វើអ្វីនោះទេ ពោលគឺជាងនេះទៅទៀត ក្រោយពីបានឮព្រះបន្ទូលទាំងនោះហើយ លោកណូអេមិនរង់ចាំទាល់តែគាត់មានអារម្មណ៍ល្អ ឬបរិយាកាសត្រឹមត្រូវ ឬពេលវេលាអំណោយផលដើម្បីអនុវត្តកិច្ចការនេះនោះទេ។ ផ្ទុយទៅវិញ គាត់បានទុកការងារផ្ទាល់ខ្លួនរបស់គាត់ចោល បោះបង់ទម្លាប់ជីវិតរបស់គាត់ ហើយបានសាងសង់ទូកធំដែលព្រះជាម្ចាស់បានបង្គាប់ឱ្យគាត់ធ្វើជាអាទិភាពធំបំផុតក្នុងជីវិតរបស់គាត់ ហើយចាប់ពីពេលនោះមក គាត់បានធ្វើកិច្ចការទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឥរិយាបថរបស់គាត់ចំពោះការចាត់តាំង និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនព្រងើយកន្តើយ មិនខ្ជិលច្រអូស ឬប្រែប្រួលឡើយ ហើយគាត់មិនបានបដិសេធនោះទេ។ ផ្ទុយទៅវិញ គាត់បានស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់ ហើយដាក់ចិត្តក្នុងការចងចាំ និងសញ្ជឹងគិតអំពីព្រះបន្ទូលទាំងនោះ។ ឥរិយាបថរបស់គាត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការទទួលយក និងការចុះចូល។ ចំពោះព្រះជាម្ចាស់ នេះគឺជាឥរិយាបថដែលសត្តនិករដ៏ពិតមួយរូបគួរតែមានចំពោះព្រះបន្ទូលព្រះអង្គ ជាឥរិយាបថដែលទ្រង់ចង់បាន។ ជាឥរិយាបថដែលគ្មានការបដិសេធ គ្មានភាពធ្វើឱ្យតែរួចពីដៃ គ្មានការធ្វេសប្រហែស គ្មានការរឹងទទឹង ហើយក៏មិនត្រូវបានបំភ្លៃដោយចេតនារបស់មនុស្សដែរ។ ទាំងនេះ គឺជាឥរិយាបថដែលមនុស្សដែលត្រូវបានព្រះជាម្ចាស់បង្កើតមកគួរតែមាន។

បន្ទាប់ពីទទួលយកការចាត់តាំងរបស់ព្រះជាម្ចាស់រួចមក លោកណូអេបានចាប់ផ្ដើមរៀបចំផែនការក្នុងការបង្កើតទូកធំ ដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ធ្វើ។ គាត់បានស្វែងរកសម្ភារៈ ព្រមទាំងមនុស្ស និងឧបករណ៍ដែលចាំបាច់សម្រាប់ការសាងសង់ទូកធំនេះ។ តាមធម្មជាតិ កិច្ចការនេះពាក់ព័ន្ធនឹងរឿងជាច្រើន។ វាមិនងាយស្រួល និងសាមញ្ញដូចដែលយើងអានពីអត្ថបទនោះទេ។ នៅក្នុងយុគសម័យមុនឧស្សាហកម្ម ដែលជាយុគសម័យដែលអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើដោយដៃ ដោយប្រើកម្លាំងបាយ យើងមិនពិបាកក្នុងការស្រមៃទេថា តើវាលំបាកប៉ុនណាក្នុងការសាងសង់ទូកធំបែបនេះ ដើម្បីបញ្ចប់កិច្ចការក្នុងការសាងសង់ទូកធំ ដូចដែលព្រះបានប្រគល់ឱ្យ។ ជាការពិតណាស់ របៀបដែលលោកណូអេបានគ្រោងទុក រៀបចំ រចនា និងស្វែងរករបស់របរ ដូចជាសម្ភារៈ និងឧបករណ៍នានា មិនមែនជារឿងសាមញ្ញនោះទេ ហើយលោកណូអេប្រហែលជាមិនដែលបានឃើញទូកដ៏ធំបែបនេះផង។ បន្ទាប់ពីទទួលយកការចាត់តាំងនេះ និងបានពិចារណាយ៉ាងល្អិតល្អន់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវិនិច្ឆ័យពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល លោកណូអេបានដឹងច្បាស់ថា នេះមិនមែនជារឿងសាមញ្ញ ឬជាកិច្ចការដែលងាយស្រួលនោះទេ។ នេះមិនមែនជាកិច្ចការសាមញ្ញ ឬងាយស្រួលនោះទេ តើប្រយោគនេះបានបង្កប់អត្ថន័យដូចម្ដេច? ទីមួយ វាមានន័យថា បន្ទាប់ពីទទួលយកការចាត់តាំងនេះហើយ លោកណូអេនឹងមានអម្រែកធ្ងន់នៅលើស្មារបស់គាត់។ លើសពីនេះទៅទៀត បើវិនិច្ឆ័យតាមអ្វីដែលព្រះជាម្ចាស់បានត្រាស់ហៅលោកណូអេដោយផ្ទាល់ ហើយបានណែនាំគាត់ផ្ទាល់ពីរបៀបសាងសង់ទូកធំ នេះមិនមែនជារឿងធម្មតាទេ វាមិនមែនជាបញ្ហាតូចតាចនោះទេ។ បើវិនិច្ឆ័យតាមព័ត៌មានលម្អិតទៅលើ ឮព្រះមានបន្ទូលនោះ នេះមិនមែនជាអ្វីដែលមនុស្សធម្មតាអាចទ្រាំទ្របាននោះទេ។ ការដែលព្រះបានត្រាស់ហៅលោកណូអេ ហើយបានចាត់តាំងគាត់ឱ្យសង់ទូកធំមួយនេះ គឺបានបង្ហាញថា លោកណូអេពិតជាសំខាន់ណាស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលនិយាយអំពីរឿងនេះ លោកណូអេពិតជាអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយបន្ទាប់ពីបានយល់ហើយ លោកណូអេបានដឹងថា គាត់នឹងត្រូវជួបរឿងអ្វីខ្លះនៅក្នុងជីវិតរបស់នៅពេលខាងមុខ ហើយដឹងអំពីការលំបាកមួយចំនួនដែលគាត់នឹងត្រូវជួបប្រទះ។ ទោះជាលោកណូអេបានដឹង និងយល់អំពីការលំបាកដ៏ធំដោយសារកិច្ចការដែលព្រះបានប្រគល់ឱ្យគាត់ និងទុក្ខលំបាកដែលគាត់ប្រឈមមុខនឹងមានកម្រិតណាក៏ដោយ ក៏គាត់គ្មានចេតនាបដិសេធដែរ ប៉ុន្តែផ្ទុយមកវិញ គាត់បានដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា។ ហេតុអ្វីបានជាលោកណូអេដឹងគុណ? ដោយសារព្រះជាម្ចាស់បានប្រគល់អ្វីមួយដ៏សំខាន់ដល់គាត់ដោយមិននឹកស្មានដល់ ហើយទ្រង់បានពន្យល់យ៉ាងលម្អិតដល់គាត់ដោយព្រះអង្គផ្ទាល់។ សំខាន់ជាងនេះទៅទៀត ព្រះជាម្ចាស់ក៏បានប្រាប់លោកណូអេអំពីរឿងរ៉ាវទាំងស្រុង តាំងពីដើមដល់ចប់ អំពីមូលហេតុដែលត្រូវសាងសង់ទូកធំនេះដែរ។ នេះគឺជាផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដោយផ្ទាល់ វាគឺជាកិច្ចការផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់បានប្រាប់គាត់អំពីកិច្ចការនេះ ដូច្នេះណូអេបានយល់ពីសារៈសំខាន់របស់កិច្ចការនេះ។ សរុបមក ដោយវិនិច្ឆ័យតាមសញ្ញាទាំងនេះ ដោយវិនិច្ឆ័យតាមសំឡេងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទិដ្ឋភាពផ្សេងៗនៃកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់លោកណូអេ លោកណូអេអាចដឹងពីសារៈសំខាន់អំពីកិច្ចការនៃការសាងសង់ទូកធំដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ គាត់អាចដឹងគុណនៅក្នុងចិត្តរបស់គាត់ ហើយមិនហ៊ានមើលស្រាលកិច្ចការនេះ ឬហ៊ានមើលរំលងព័ត៌មានលម្អិតណាមួយឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់បានណែនាំរួចរាល់ហើយ លោកណូអេបានបង្កើតផែនការរបស់គាត់ ហើយគាត់បានធ្វើការរៀបចំសម្រាប់ការសាងសង់ទូកធំ ស្វែងរកកម្លាំងមនុស្ស រៀបចំសម្ភារៈគ្រប់ប្រភេទ ហើយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បានប្រមូលសត្វមានជីវិតជាច្រើនប្រភេទមកដាក់ក្នុងទូកធំនេះ។

ដំណើរការទាំងមូលនៃការសង់ទូកធំ គឺពោរពេញទៅដោយការលំបាក។ សម្រាប់ពេលនេះ សុំឱ្យយើងទុកមួយឡែកសិនអំពីរបៀបដែលលោកណូអេបានឆ្លងកាត់ខ្យល់បក់បោក កម្ដៅថ្ងៃដ៏ក្ដៅហែង និងភ្លៀងធ្លាក់ជោកជាំ កម្ដៅដ៏ក្ដៅខ្លាំង និងភាពរងាដ៏សែនត្រជាក់ ព្រមទាំងរដូវទាំងបួនដែលផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាដំបូង សុំឱ្យយើងនិយាយអំពី ថាតើការសង់ទូកធំនេះជាកិច្ចការដ៏ធំសម្បើមប៉ុណ្ណា និងអំពីការរៀបចំសម្ភារៈផ្សេងៗរបស់គាត់ ព្រមទាំងការលំបាករាប់មិនអស់ដែលគាត់បានប្រឈមមុខ នៅក្នុងដំណើរការនៃការសង់ទូកធំនេះ។ តើការលំបាកទាំងនេះរួមមានអ្វីខ្លះ? ផ្ទុយពីការយល់ឃើញរបស់មនុស្ស កិច្ចការខាងផ្នែករាងកាយខ្លះមិនមែនតែងតែបានសម្រេចល្អតាំងពីលើកដំបូងឡើយ ហើយលោកណូអេត្រូវឆ្លងកាត់ការបរាជ័យជាច្រើន។ បន្ទាប់ពីបានបញ្ចប់ការងារខ្លះហើយ ប្រសិនបើវាមើលទៅមិនត្រឹមត្រូវនោះទេ គាត់នឹងរុះរើវា ហើយបន្ទាប់ពីរុះរើវារួចហើយ គាត់ត្រូវរៀបចំសម្ភារៈ ហើយធ្វើវាម្ដងទៀតតាំងពីដើមមកវិញ។ វាមិនដូចជានៅក្នុងយុគសម័យទំនើប ដែលមនុស្សគ្រប់គ្នាធ្វើអ្វីៗគ្រប់យ៉ាងដោយឧបករណ៍អេឡិចត្រូនិក ហើយនៅពេលដែលបានរៀបចំរួចរាល់ហើយ កិច្ចការក៏ត្រូវបានអនុវត្តទៅតាមកម្មវិធីដែលបានកំណត់ទុកនោះទេ។ នៅពេលដែលកិច្ចការបែបនេះត្រូវបានអនុវត្តនាពេលបច្ចុប្បន្ននេះ វាត្រូវបានធ្វើដោយគ្រឿងយន្ត ហើយនៅពេលដែលអ្នកបើកដំណើរការម៉ាស៊ីន វាអាចបំពេញកិច្ចការនោះបាន។ ប៉ុន្តែ លោកណូអេបានរស់នៅក្នុងយុគសម័យសង្គមបុព្វកាល ហើយគ្រប់កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយដៃ ហើយគាត់ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ដោយដៃទាំងពីររបស់គាត់ផ្ទាល់ ដោយប្រើភ្នែក និងគំនិត ព្រមទាំងការព្យាយាម និងកម្លាំងផ្ទាល់ខ្លួនរបស់គាត់។ ជាការពិតណាស់ រឿងដ៏សំខាន់បំផុតនោះគឺ មនុស្សត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់។ ពួកគេត្រូវការស្វែងរកព្រះជាម្ចាស់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។ នៅក្នុងដំណើរការនៃការជួបប្រទះនឹងការលំបាកគ្រប់បែបយ៉ាង និងនៅក្នុងពេលវេលាទាំងថ្ងៃទាំងយប់ដែលបានចំណាយក្នុងការសាងសង់ទូកធំ លោកណូអេមិនត្រឹមតែត្រូវប្រឈមមុខនឹងស្ថានភាពផ្សេងៗដែលបានកើតឡើងក្នុងអំឡុងពេលបំពេញកិច្ចការដ៏ធំសម្បើមនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងបរិស្ថានផ្សេងៗនៅជុំវិញគាត់ ព្រមទាំងការចំអកឡកឡឺយ ការមួលបង្កាច់ និងការជេរប្រមាថពីអ្នកដទៃទៀតផងដែរ។ ទោះបីជាយើងមិនបានជួបប្រទះដោយផ្ទាល់នូវទិដ្ឋភាពទាំងនោះនៅពេលដែលវាកើតឡើងក៏ដោយ តើវាមិនអាចទៅរួចទេឬ ក្នុងការស្រមៃគិតអំពីការលំបាកផ្សេងៗមួយចំនួនដែលលោកណូអេបានជួបប្រទះ និងបានឆ្លងកាត់ ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលគាត់បានជួបប្រទះ? នៅក្នុងដំណើរការនៃការសង់ទូកធំ រឿងដំបូងដែលលោកណូអេត្រូវប្រឈមមុខមុនគេនោះគឺ ការមិនយល់ចិត្តពីគ្រួសាររបស់គាត់ ការរអ៊ូរទាំ ការត្អូញត្អែរ ព្រមទាំងតែការត្មះតេះដៀលរបស់ពួកគេ។ រឿងទីពីរនោះគឺ គាត់ត្រូវបានគេមួលបង្កាច់ ចំអកឡកឡឺយ និងវិនិច្ឆ័យដោយមនុស្សនៅជុំវិញគាត់ ដែលរួមមានសាច់ញាតិ មិត្តភក្តិ និងមនុស្សគ្រប់ប្រភេទផ្សេងទៀត។ ប៉ុន្តែ លោកណូអេមានឥរិយាបថតែមួយគត់ គឺការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើតាមព្រះបន្ទូលទាំងនោះរហូតដល់ទីបញ្ចប់ ហើយមិនដែលរាថយពីកិច្ចការនេះឡើយ។ តើលោកណូអេបានប្ដេជ្ញាចិត្តដូចម្ដេច? «ដរាបណាខ្ញុំនៅមានជីវិត ដរាបណាខ្ញុំនៅតែអាចកម្រើកបាន ខ្ញុំនឹងមិនបោះបង់ចោលបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ»។ នេះគឺជាកម្លាំងចិត្តរបស់គាត់ នៅពេលដែលគាត់ធ្វើកិច្ចការដ៏ធំធេងក្នុងការសង់ទូកធំ ក៏ដូចជាឥរិយាបថរបស់គាត់នៅពេលដែលគាត់បានទទួលព្រះបញ្ជារបស់ព្រះជាម្ចាស់ និងបន្ទាប់ពីបានឮព្រះបន្ទូលរបស់ទ្រង់។ ដោយប្រឈមមុខនឹងបញ្ហា ស្ថានភាពលំបាកៗ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង លោកណូអេមិនបានរាថយឡើយ។ នៅពេលដែលកិច្ចការសាងសង់ដ៏លំបាកៗរបស់គាត់បរាជ័យ និងទទួលរងការខូចខាតជាញឹកញាប់ ទោះបីជាលោកណូអេមានអារម្មណ៍តូចចិត្ត និងព្រួយបារម្ភនៅក្នុងចិត្តក៏ដោយ ក៏នៅពេលដែលគាត់នឹកដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលគាត់នឹកចាំពីគ្រប់ទាំងព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់ និងការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះគាត់ នោះគាត់តែងតែមានអារម្មណ៍ថាមានកម្លាំងចិត្តយ៉ាងខ្លាំងថា៖ «ខ្ញុំមិនអាចចុះចាញ់បានទេ ខ្ញុំមិនអាចបោះបង់ចោលនូវអ្វីដែលព្រះជាម្ចាស់បានបង្គាប់ និងបានប្រគល់ឱ្យខ្ញុំធ្វើឡើយ។ នេះគឺជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយដោយសារខ្ញុំបានទទួលយកបេសកកម្មនេះ ដោយសារខ្ញុំបានឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង និងបានឮព្រះសូរសៀងរបស់ទ្រង់ ហើយដោយសារខ្ញុំបានទទួលយកកិច្ចការនេះពីព្រះជាម្ចាស់ នោះខ្ញុំត្រូវតែចុះចូលទាំងស្រុងជាមួយព្រះជាម្ចាស់ ដែលនេះគឺជាអ្វីដែលមនុស្សម្នាក់ៗគួរតែសម្រេចឱ្យបាន»។ ដូច្នេះ មិនថាគាត់ប្រឈមមុខនឹងការលំបាកបែបណា មិនថាគាត់ជួបប្រទះនឹងការចំអកឡកឡឺយ ឬការមួលបង្កាច់បែបណា មិនថារាងកាយរបស់គាត់អស់កម្លាំង និងនឿយហត់យ៉ាងណាក៏ដោយ ក៏គាត់មិនបានបោះបង់ចោលអ្វីដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ដែរ ហើយបានចងចាំជានិច្ចនៅក្នុងចិត្តនូវគ្រប់ទាំងព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះជាម្ចាស់បានថ្លែង និងបានបង្គាប់។ មិនថាបរិយាកាសរបស់គាត់បានផ្លាស់ប្ដូរយ៉ាងណា មិនថាការលំបាកដែលគាត់ត្រូវប្រឈមនោះធំប៉ុណ្ណាក៏ដោយ ក៏គាត់ជឿជាក់ថា គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះនឹងបន្តជារៀងរហូតឡើយ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ដែលនឹងមិនសាបសូន្យ ហើយមានតែអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឱ្យធ្វើប៉ុណ្ណោះ ដែលនឹងបានសម្រេចជាមិនខាន។ លោកណូអេមានសេចក្ដីជំនឿយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនគាត់ និងការចុះចូលដែលគាត់គួរតែមាន ហើយគាត់បានបន្តសង់ទូកធំដែលព្រះជាម្ចាស់បានបង្គាប់ឱ្យគាត់សាងសង់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ លោកណូអេកាន់តែចាស់ទៅៗ ប៉ុន្តែសេចក្ដីជំនឿរបស់គាត់មិនបានអន់ថយចុះឡើយ ហើយក៏គ្មានការផ្លាស់ប្ដូរណាមួយកើតឡើងនៅក្នុងឥរិយាបថ និងការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការបំពេញតាមបេសកកម្មរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាមានពេលខ្លះដែលរាងកាយរបស់គាត់មានអារម្មណ៍នឿយហត់ និងអស់កម្លាំង ហើយគាត់បានធ្លាក់ខ្លួនឈឺ ហើយនៅក្នុងចិត្តរបស់គាត់មានភាពទន់ខ្សោយក៏ដោយ ក៏ការប្ដេជ្ញាចិត្ត និងការតស៊ូព្យាយាមរបស់គាត់ក្នុងការបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ និងការចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់ មិនបានថយចុះដែរ។ ក្នុងអំឡុងពេលជាច្រើនឆ្នាំដែលលោកណូអេសាងសង់ទូកធំនេះ លោកណូអេកំពុងតែអនុវត្តការស្ដាប់ និងការចុះចូលចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង ហើយគាត់ក៏កំពុងតែអនុវត្តសេចក្ដីពិតដ៏សំខាន់មួយនៃសតនិកដែលព្រះបានបង្កើត និងក្នុងនាមមនុស្សសាមញ្ញម្នាក់ដែលត្រូវបំពេញតាមបេសកកម្មរបស់ព្រះជាម្ចាស់ផងដែរ។ បើមើលពីខាងក្រៅ ដំណើរការទាំងមូលតាមពិតគឺមានតែរឿងមួយគត់ គឺការសាងសង់ទូកធំ ការអនុវត្តតាមអ្វីដែលព្រះជាម្ចាស់បានប្រាប់គាត់ឱ្យធ្វើឱ្យបានល្អ និងរហូតដល់បានសម្រេច។ ប៉ុន្តែ តើវាទាមទារអ្វីខ្លះដើម្បីធ្វើរឿងនេះឱ្យបានល្អ និងដើម្បីសម្រេចវាបានដោយជោគជ័យ? វាមិនបានទាមទារចិត្តខ្នះខ្នែងរបស់មនុស្ស ឬពាក្យស្លោករបស់ពួកគេ និងរឹតតែមិនត្រូវការ សម្បថខ្លះៗដែលធ្វើឡើងដោយអារម្មណ៍មួយឆាវនោះទេ ហើយក៏មិនមែនជាអ្វីដែលគេហៅថាការកោតសរសើររបស់មនុស្សចំពោះព្រះអាទិករដែរ។ វាមិនបានទាមទាររឿងទាំងនេះទេ។ នៅពេលប្រៀបធៀបជាមួយនឹងការសាងសង់ទូកធំរបស់លោកណូអេ អ្វីដែលគេហៅថាជាការកោតសរសើររបស់មនុស្ស ពាក្យសម្បថរបស់ពួកគេ ចិត្តខ្នះខ្នែងរបស់ពួកគេ និងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នៅក្នុងពិភពខាងវិញ្ញាណរបស់ពួកគេ ទាំងអស់នេះគឺគ្មានប្រយោជន៍អ្វីឡើយ។ នៅពេលប្រៀបធៀបជាមួយនឹងសេចក្ដីជំនឿដ៏ពិត និងការចុះចូលដ៏ពិតរបស់លោកណូអេចំពោះព្រះជាម្ចាស់ មនុស្សហាក់ដូចជាក្រខ្សត់ខ្លាំង និងគួរឱ្យអាណិតណាស់ ហើយចំពោះគោលលទ្ធិតិចតួចដែលពួកគេយល់ ហាក់ដូចជាឥតន័យ រាក់កំផែល ខ្សោយ និងគ្មានកម្លាំង នេះមិននិយាយដល់ភាពគួរឱ្យអាម៉ាស់ គួរឱ្យស្អប់ខ្ពើម និងគួរឱ្យថោកទាបផង។

លោកណូអេបានចំណាយពេល ១២០ឆ្នាំ ដើម្បីសាងសង់ទូកធំ។ រយៈពេល ១២០ឆ្នាំនេះ មិនមែន ១២០ថ្ងៃ ឬ១០ឆ្នាំ ឬ២០ឆ្នាំនោះទេ ប៉ុន្តែគឺយូរជាងអាយុរស់រានរបស់មនុស្សធម្មតានាពេលសព្វថ្ងៃនេះទៅទៀត។ តាមរយៈពេលដ៏យូរ ការលំបាកក្នុងការបំពេញកិច្ចការនេះ និងទំហំដ៏ធំធេងនៃការងារជាច្រើនដែលពាក់ព័ន្ធការងារវិស្វកម្ម ប្រសិនបើលោកណូអេគ្មានសេចក្ដីជំនឿដ៏ពិតប្រាកដនោះទេ ប្រសិនបើសេចក្ដីជំនឿរបស់គាត់គ្រាន់តែជាគំនិតមួយ ការផ្ញើក្ដីសង្ឃឹមលើអ្វីមួយ ការប្ដេជ្ញាចិត្ត ឬគ្រាន់តែជាប្រភេទជំនឿស្រពេចស្រពិលនិងអរូបីមួយនោះ តើទូកធំនោះអាចនឹងត្រូវបានសង់រួចរាល់បានដែរឬទេ? ប្រសិនបើការចុះចូលរបស់គាត់ចំពោះព្រះជាម្ចាស់គ្រាន់តែជាការសន្យាតែមាត់ ប្រសិនបើវាគ្រាន់តែជាការកត់ត្រាជាលាយលក្ខណ៍អក្សរដោយប៊ិច ដូចជាអ្វីដែលអ្នករាល់គ្នាកំពុងតែធ្វើនាពេលសព្វថ្ងៃនេះ តើទូកធំនោះអាចត្រូវបានសង់រួចដែរឬទេ? (ទេ។) ប្រសិនបើការចុះចូលរបស់គាត់ក្នុងការទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គ្មានអ្វីក្រៅពីឆន្ទៈ និងការប្ដេជ្ញាចិត្ត ឬជាបំណងប្រាថ្នាមួយ នោះតើទូកធំនោះអាចត្រូវបានសង់ដែរឬទេ? ប្រសិនបើការចុះចូលរបស់លោកណូអេចំពោះព្រះជាម្ចាស់ គ្រាន់តែជាការធ្វើតាមបែបបទនៃការលះបង់ ការចំណាយ និងការបង់ថ្លៃ ឬគ្រាន់តែធ្វើកិច្ចការកាន់តែច្រើន បង់ថ្លៃកាន់តែច្រើន និងស្មោះត្រង់ចំពោះព្រះជាម្ចាស់តាមទ្រឹស្ដី ឬក្នុងន័យជាពាក្យស្លោក តើទូកធំនោះអាចត្រូវបានសង់រួចដែរឬទេ? (ទេ។) ការនេះនឹងលំបាកពេកហើយ! ប្រសិនបើឥរិយាបថរបស់លោកណូអេក្នុងការទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ជាប្រភេទនៃការដោះដូរ ប្រសិនបើលោកណូអេគ្រាន់តែទទួលយកវាមកដើម្បីទទួលបានព្រះពរនិងរង្វាន់ តើទូកធំនោះអាចត្រូវបានសង់ដែរឬទេ? ប្រាកដណាស់គឺពិតជាមិនអាចនោះទេ! ចិត្តខ្នះខ្នែងរបស់មនុស្សម្នាក់អាចបន្តបាន ១០ ឬ២០ឆ្នាំ ឬ៥០ ឬ៦០ឆ្នាំបាន ប៉ុន្តែនៅពេលដែលពួកគេជិតស្លាប់ ដោយមើលឃើញថាពួកគេមិនទទួលបានអ្វីនោះទេ នោះពួកគេនឹងបាត់បង់ជំនឿលើព្រះជាម្ចាស់។ ចិត្តខ្នះខ្នែងនេះដែលតស៊ូអស់រយៈពេល ២០ ៥០ ឬ៨០ឆ្នាំ មិនក្លាយជាការចុះចូល ឬសេចក្ដីជំនឿដ៏ពិតឡើយ។ នេះគឺជារឿងដ៏គួរឱ្យសោកសៅខ្លាំងណាស់។ ក្នុងពេលជាមួយគ្នានេះដែរ សេចក្ដីជំនឿដ៏ពិត និងការចុះចូលដ៏ពិតដែលមាននៅក្នុងលោកណូអេ គឺជាអ្វីដែលជាក់លាក់ដែលមនុស្សនាពេលបច្ចុប្បន្ននេះកំពុងតែខ្វះខាត និងជាអ្វីដែលមនុស្សនាពេលបច្ចុប្បន្ននេះមិនអាចមើលឃើញបានឡើយ ហើយនេះគឺជាអ្វីដែលពួកគេមើលងាយ បន្តុះបង្អាប់ ឬថែមទាំងព្រងើយកន្តើយថែមទៀតផង។ ការដំណាលរឿងរបស់លោកណូអេសាងសង់ទូកធំ តែងតែត្រូវបានពិភាក្សាយ៉ាងក្តៅគគុក។ មនុស្សគ្រប់ៗគ្នាអាចនិយាយអំពីរឿងនេះ មនុស្សគ្រប់ៗគ្នាមានចំណុចដែលត្រូវនិយាយ។ ប៉ុន្តែ គ្មាននរណាគិតពិចារណា ឬព្យាយាមស្វែងយល់ពីអ្វីដែលមាននៅក្នុងខ្លួនរបស់លោកណូអេ ថាតើគាត់មានរបៀបប្រតិបត្តិបែបណា ថាតើគាត់មានឥរិយាបថបែបណាដែលព្រះជាម្ចាស់សព្វព្រះទ័យ និងមានទស្សនៈបែបណាចំពោះព្រះរាជបញ្ជារបស់ទ្រង់ ឬថាតើគាត់មានលក្ខណៈសម្បត្តិបែបណានៅពេលដែលនិយាយដល់ការស្ដាប់ និងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ខ្ញុំសូមនិយាយថា មនុស្សនាពេលបច្ចុប្បន្ននេះ មិនស័ក្តិសមក្នុងការដំណាលរឿងរបស់លោកណូអេនោះទេ ដោយសារតែនៅពេលដែលគេដំណាលអំពីរឿងនេះ ពួកគេចាត់ទុកលោកណូអេត្រឹមតែជាបុគ្គលក្នុងរឿងព្រេងនិទានប៉ុណ្ណោះ ថែមទាំងគ្រាន់តែជាបុរសចំណាស់សាមញ្ញម្នាក់ដែលមានពុកចង្កាពណ៌សប៉ុណ្ណោះ។ ពួកគេមានចម្ងល់ក្នុងចិត្តថាតើពិតជាមានមនុស្សបែបនេះមែនដែរឬទេ ថាតើគាត់ពិតជាមានលក្ខណៈដូចដែលបានរៀបរាប់ ហើយពួកគេមិនព្យាយាមឱ្យតម្លៃអំពីរបៀបដែលលោកណូអេ បានបង្ហាញចេញ បន្ទាប់ពីគាត់បានទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ នៅពេលដែលយើងមើលទៅលើរឿងនៃការសាងសង់ទូកធំរបស់លោកណូអេឡើងវិញ តើអ្នកគិតថាវាជាព្រឹត្តិការណ៍ធំដុំ ឬគ្រាន់តែជារឿងដ៏តូចតាច? តើវាគ្រាន់តែជារឿងនិទានធម្មតាមួយអំពីបុរសចំណាស់ម្នាក់ដែលបានសង់ទូកធំមួយកាលពីជំនាន់មុនមែនដែរឬទេ? (ទេ។) នៅក្នុងចំណោមមនុស្សទាំងអស់ លោកណូអេគឺជាបុគ្គលម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ចុះចូលចំពោះព្រះជាម្ចាស់ និងបំពេញតាមបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដែលស័ក្តិសមបំផុតក្នុងការយកតម្រាប់តាម។ គាត់ត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ហើយគួរតែជាគំរូដល់អស់អ្នកដែលដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។ ហើយតើអ្វីទៅដែលមានតម្លៃបំផុតអំពីគាត់? គាត់មានឥរិយាបថតែមួយគត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺការស្ដាប់ ហើយទទួលយក ទទួលយក ហើយចុះចូល ហើយចុះចូលរហូតដល់ស្លាប់។ ឥរិយាបថនេះហើយ ដែលមានតម្លៃបំផុតលើសអ្វីៗទាំងអស់ ដែលធ្វើឱ្យគាត់ទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ នៅពេលនិយាយដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់មិនធ្វើឱ្យតែរួចពីដៃ គាត់មិនធ្វើដើម្បីបង្គ្រប់កិច្ច ហើយគាត់ក៏មិនបានពិនិត្យពិច័យ វិភាគ ទាស់ទទឹង ឬបដិសេធព្រះបន្ទូលទាំងនោះនៅក្នុងគំនិតរបស់គាត់ រួចមិនអើពើនឹងព្រះបន្ទូលទាំងនោះឡើយ។ ផ្ទុយទៅវិញ គាត់បានស្ដាប់ដោយយកចិត្តទុកដាក់ បានទទួលយកព្រះបន្ទូលទាំងនោះម្ដងបន្តិចៗនៅក្នុងចិត្តរបស់គាត់ បន្ទាប់មកបានរំពឹងគិតអំពីរបៀបក្នុងការយកព្រះបន្ទូលទាំងនោះទៅអនុវត្ត របៀបក្នុងការអនុវត្តព្រះបន្ទូលទាំងនោះ របៀបប្រតិបត្តិតាមព្រះបន្ទូលទាំងនោះតាមព្រះបំណងដើម ដោយគ្មានការងាករេបន្តិចសោះឡើយ។ ហើយនៅពេលដែលគាត់រំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បាននិយាយប្រាប់ខ្លួនឯងក្នុងចិត្តថា៖ «ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីណែនាំរបស់ព្រះអង្គ ជាបញ្ជាបេសកកម្មរបស់ទ្រង់ ខ្ញុំមានកាតព្វកិច្ច ខ្ញុំត្រូវតែចុះចូល ខ្ញុំមិនអាចរំលងព័ត៌មានលម្អិតណាមួយបានឡើយ ខ្ញុំមិនអាចប្រឆាំងនឹងបំណងព្រះហឫទ័យណាមួយរបស់ព្រះជាម្ចាស់បានឡើយ ហើយខ្ញុំក៏មិនអាចមើលរំលងព័ត៌មានលម្អិតណាមួយដែលទ្រង់បានមានបន្ទូលដែរ បើមិនដូច្នេះទេ ខ្ញុំនឹងមិនស័ក្តិសមនឹងត្រូវបានហៅថាជាមនុស្សឡើយ ខ្ញុំនឹងមិនស័ក្តិសមនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងមិនស័ក្តិសមនឹងការលើកតម្កើងរបស់ទ្រង់ឡើយ។ នៅក្នុងជីវិតនេះ ប្រសិនបើខ្ញុំខកខានក្នុងការបំពេញរាល់កិច្ចការដែលព្រះជាម្ចាស់បានមានបន្ទូល និងបានផ្ទុកផ្ដាក់ឱ្យខ្ញុំ នោះខ្ញុំនឹងនៅសល់តែការសោកស្ដាយប៉ុណ្ណោះ។ លើសពីនេះទៅទៀត ខ្ញុំនឹងមិនស័ក្តិសមនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងការលើកតម្កើងរបស់ទ្រង់ចំពោះខ្ញុំឡើយ ហើយនឹងគ្មានមុខទៅឈរនៅចំពោះព្រះភ័ក្ត្រព្រះអាទិករនោះទេ»។ អ្វីៗដែលលោកណូអេបានគិត និងបានរំពឹងគិតនៅក្នុងចិត្តរបស់គាត់ គ្រប់ទស្សនៈ និងគ្រប់ឥរិយាបថនីមួយៗរបស់គាត់ បានកំណត់ថា នៅទីបំផុតគាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្ត ធ្វើឱ្យព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិត ធ្វើឱ្យព្រះបន្ទូលរបស់ទ្រង់បង្កើតបានផលផ្លែ ហើយធ្វើឱ្យព្រះបន្ទូលទាំងនោះបានបំពេញ និងបានសម្រេចតាមរយៈការខិតខំប្រឹងប្រែងរបស់គាត់ ហើយបានក្លាយជាការពិតតាមរយៈរូបគាត់ ហើយដើម្បីឱ្យបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់មិនបានសាបសូន្យទៅវិញឡើយ។ តាមរយៈការវិនិច្ឆ័យតាមអ្វីៗគ្រប់យ៉ាងដែលលោកណូអេបានគិត គ្រប់គំនិតដែលមាននៅក្នុងចិត្ត និងឥរិយាបថរបស់គាត់ចំពោះព្រះជាម្ចាស់ លោកណូអេគឺស័ក្តិសមនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គាត់គឺជាបុរសម្នាក់ដែលព្រះជាម្ចាស់ទុកចិត្ត និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់សព្វព្រះទ័យ។ ព្រះជាម្ចាស់ទតមើលគ្រប់ពាក្យសម្ដី និងទង្វើរបស់មនុស្ស ទ្រង់ទតមើលការគិត និងគំនិតរបស់ពួកគេ។ ដោយសារលោកណូអេអាចគិតបែបនេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់មិនបានជ្រើសរើសខុសឡើយ។ លោកណូអេអាចទទួលបន្ទុកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងការទុកចិត្តរបស់ទ្រង់ ហើយគាត់អាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន៖ គាត់គឺជាជម្រើសតែមួយគត់នៅក្នុងចំណោមមនុស្សជាតិទាំងអស់។

នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ លោកណូអេគឺជាជម្រើសតែមួយគត់របស់ទ្រង់សម្រាប់ការសម្រេចកិច្ចការដ៏ធំធេងការសង់ទូកធំមួយនេះ។ ដូច្នេះ តើមានចំណុចអ្វីខ្លះអំពីលោកណូអេ? គឺមានពីរចំណុច៖ សេចក្ដីជំនឿដ៏ពិត និងការចុះចូលដ៏ពិត។ នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទាំងនេះគឺជាបទដ្ឋានដែលទ្រង់តម្រូវពីមនុស្ស។ ងាយណាស់មែនទេ? (មែនហើយ។) «ជម្រើសតែមួយគត់» នោះគឺត្រូវមានចំណុចទាំងពីរនេះ ជាចំណុចដែលងាយៗបំផុត ប៉ុន្តែក្រៅពីលោកណូអេ ចំណុចទាំងនេះមិនមាននៅក្នុងខ្លួននរណាម្នាក់ផ្សេងទៀតឡើយ។ មនុស្សខ្លះនិយាយថា៖ «តើវាអាចទៅរួចដោយរបៀបណា? ពួកយើងបានលះបង់គ្រួសារ និងអាជីពការងាររបស់ពួកយើង ពួកយើងបានបោះបង់ចោលការងារ អនាគត និងការអប់រំ ពួកយើងបានបោះបង់ចោលទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកយើង។ សូមមើលចុះ ថាតើសេចក្ដីជំនឿរបស់ពួកយើងធំប៉ុណ្ណា ថាតើពួកយើងស្រឡាញ់ព្រះជាម្ចាស់ប៉ុនណា! តើពួកយើងអន់ជាងលោកណូអេត្រង់ណា? ប្រសិនបើព្រះជាម្ចាស់បានបង្គាប់ឱ្យពួកយើងសង់ទូកធំមួយ គឺថា ឧស្សាហកម្មទំនើបមានការអភិវឌ្ឍខ្ពស់ តើពួកយើងគ្មានឈើ និងឧបករណ៍ជាច្រើនទេឬ? ពួកយើងក៏អាចធ្វើការនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅហែងបានដែរ ប្រសិនបើពួកយើងប្រើម៉ាស៊ីន។ ពួកយើងក៏អាចធ្វើការពីព្រលឹមដល់ព្រលប់បានដែរ។ តើការបំពេញការងារតូចតាចបែបនេះជារឿងធំដុំអ្វីទៅ? លោកណូអេបានចំណាយពេល ១០០ឆ្នាំ ប៉ុន្តែពួកយើងនឹងធ្វើវាក្នុងរយៈពេលខ្លីជាងនេះ ដើម្បីកុំឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យ គឺពួកយើងនឹងចំណាយពេលត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ។ ទ្រង់បានមានបន្ទូលថា លោកណូអេគឺជាជម្រើសតែមួយគត់ ប៉ុន្តែសព្វថ្ងៃនេះ មានបេក្ខជនដែលស័ក្តិសមឥតខ្ចោះជាច្រើននាក់។ មនុស្សដូចជាពួកយើងដែលបានលះបង់គ្រួសារ និងអាជីពរបស់ខ្លួន ដែលមានសេចក្ដីជំនឿដ៏ពិតចំពោះព្រះជាម្ចាស់ ដែលលះបង់កម្លាំងកាយចិត្តពិតប្រាកដ ពួកគេទាំងអស់គឺជាបេក្ខជនដ៏ស័ក្តិសមឥតខ្ចោះ។ ហេតុអ្វីបានជាទ្រង់អាចមានបន្ទូលថា លោកណូអេគឺជាជម្រើសតែមួយគត់ដូច្នេះ? ទ្រង់មើលស្រាលពួកយើងពេកហើយ មែនទេ?» តើមានបញ្ហាអ្វីជាមួយពាក្យសម្ដីទាំងនេះមែនទេ? (មាន។) មនុស្សខ្លះនិយាយថា៖ «ត្រឡប់ទៅសម័យលោកណូអេវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅមានការអភិវឌ្ឍទាបនៅឡើយទេ គាត់គ្មានអគ្គិសនី គ្មានម៉ាស៊ីនទំនើប មិនទាំងមានសូម្បីតែម៉ាស៊ីនស្វានអគ្គិសនី និងរណារយន្តធម្មតា ឬសូម្បីតែដែកគោលផង។ តើគាត់អាចសង់ទូកធំនោះបានដោយរបៀបណាទៅ? សព្វថ្ងៃនេះ ពួកយើងមានរបស់ទាំងអស់នេះ។ តើវាមិនមែនជារឿងងាយស្រួលបំផុតសម្រាប់ពួកយើងក្នុងការបំពេញបេសកកម្មនេះទេ មែនទេ? ប្រសិនបើព្រះជាម្ចាស់បានមានព្រះបន្ទូលមកកាន់ពួកយើងពីលើមេឃ ហើយបានប្រាប់ឱ្យពួកយើងសង់ទូកធំមួយ កុំថាឡើយមួយ ពួកយើងអាចសង់ ១០ បានយ៉ាងងាយស្រួល។ វាមិនមែនជារឿងធំដុំនោះទេ វាគឺជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ។ ឱព្រះជាម្ចាស់អើយ សូមទ្រង់បង្គាប់ពួកយើងពីអ្វីក៏បានដែរ តាមដែលទ្រង់សព្វព្រះទ័យទៅចុះ។ អ្វីក៏ដោយដែលទ្រង់តម្រូវ សូមទ្រង់ប្រាប់ពួកយើងមកចុះ។ វានឹងមិនពិបាកទាល់តែសោះសម្រាប់ពួកយើងជាច្រើននាក់ក្នុងការសង់ទូកធំមួយ! ពួកយើងអាចសង់បាន ១០ ២០ សូម្បីតែ ១០០ ក៏បានដែរ តាមតែទ្រង់ចង់បាន»។ តើរឿងគ្រប់យ៉ាងគឺងាយស្រួលដូច្នេះមែនទេ? (ទេ។) នៅពេលដែលខ្ញុំនិយាយភ្លាមថា លោកណូអេគឺជាជម្រើសតែមួយគត់ មនុស្សខ្លះចង់តតាំងជាមួយខ្ញុំ ពួកគេមិនសុខចិត្តនោះទេ៖ «ទ្រង់គិតថាមនុស្សសម័យបុរាណល្អ ដោយសារតែពួកគេមិននៅទីនេះ។ មនុស្សនាពេលបច្ចុប្បន្ននេះ គឺនៅនឹងព្រះនេត្រទ្រង់ស្រាប់ ប៉ុន្តែទ្រង់ទតមិនឃើញថាតើមានអ្វីល្អអំពីពួកគេទាល់តែសោះ។ ទ្រង់មើលមិនឃើញរឿងល្អៗទាំងអស់ដែលមនុស្សនាពេលបច្ចុប្បន្ននេះបានធ្វើ និងអំពើល្អទាំងអស់របស់ពួកគេនោះទេ។ លោកណូអេគ្រាន់តែបានធ្វើរឿងតូចតាចមួយប៉ុណ្ណោះ។ តើមិនមែនដោយសារតែគ្មានឧស្សាហកម្មនៅសម័យនោះទេ ហើយពលកម្មដែលប្រើកម្លាំងទាំងអស់គឺលំបាក ដែលធ្វើឱ្យទ្រង់គិតថា អ្វីដែលគាត់បានធ្វើគឺស័ក្តិសមនឹងត្រូវបានចងចាំ ដែលធ្វើឱ្យទ្រង់គិតថាគាត់ជាគំរូ ជាលំនាំ ហើយមើលមិនឃើញនូវការរងទុក្ខរបស់មនុស្សនាពេលបច្ចុប្បន្ននេះ និងតម្លៃដែលពួកយើងលះបង់សម្រាប់ទ្រង់ និងសេចក្ដីជំនឿរបស់ពួកយើងនាពេលបច្ចុប្បន្ននេះទេ មែនដែរឬទេ?» តើនេះជាការពិតមែនទេ? (ទេ។) ទោះបីនៅក្នុងយុគសម័យនេះ ឬសម័យកាលណាក៏ដោយ មិនថាមនុស្សរស់នៅក្នុងបរិស្ថានដែលមានលក្ខខណ្ឌបែបណាក៏ដោយ សម្ភារៈនិងមជ្ឈដ្ឋានទូទៅទាំងនេះគឺគ្មានតម្លៃអ្វីទាំងអស់ ពួកវាមិនសំខាន់នោះទេ។ តើអ្វីទៅដែលសំខាន់? អ្វីដែលសំខាន់បំផុតនោះ មិនមែនជាយុគសម័យដែលអ្នករាល់គ្នារស់នៅ ឬថាតើអ្នករាល់គ្នាបានចេះដឹងបច្ចេកវិទ្យាប្រភេទណាមួយ ឬក៏ថាអ្នករាល់គ្នាបានអាន ឬបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្មាននោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ថាតើមនុស្សមានសេចក្ដីជំនឿពិត ឬមិនពិត ថាតើពួកគេចុះចូលដ៏ពិតប្រាកដប៉ុនណា។ ចំណុចទាំងពីរយ៉ាងនេះគឺសំខាន់បំផុត ហើយមិនអាចខ្វះចំណុចណាមួយបានឡើយ។ ប្រសិនបើអ្នករាល់គ្នាត្រូវបានដាក់នៅក្នុងសម័យលោកណូអេ តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលអាចបំពេញបេសកកម្មនេះបាន? ខ្ញុំហ៊ាននិយាយថា ទោះបីជាអ្នករាល់គ្នាធ្វើការរួមគ្នាទាំងអស់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនអាចសម្រេចការនេះបានដែរ។ អ្នករាល់គ្នាមិនអាចធ្វើបានសូម្បីតែពាក់កណ្ដាលផង។ មុនពេលដែលការផ្គត់ផ្គង់ទាំងអស់ត្រូវបានរៀបចំរួចរាល់ផងនោះ ពួកអ្នករាល់គ្នាជាច្រើននាក់នឹងរត់គេចបាត់ទៅហើយ ដោយត្អូញត្អែរអំពីព្រះជាម្ចាស់ ព្រមទាំងសង្ស័យពីទ្រង់ថែមទៀតផង។ អ្នករាល់គ្នាមួយចំនួនតូចនឹងអាចព្យាយាមតស៊ូដោយការលំបាកយ៉ាងខ្លាំង គឺព្យាយាមតស៊ូដោយសារតែការតស៊ូអត់ធ្មត់ ចិត្តខ្នះខ្នែង និងគំនិតរបស់អ្នករាល់គ្នា។ ប៉ុន្តែ តើអ្នករាល់គ្នាអាចព្យាយាមតស៊ូបានរយៈពេលយូរប៉ុនណាទៅ? តើអ្នករាល់គ្នាត្រូវការកម្លាំងចិត្តប្រភេទណាដើម្បីបន្តដំណើរទៅមុខ? តើអ្នករាល់គ្នាអាចនឹងនៅបានប៉ុន្មានឆ្នាំដោយគ្មានសេចក្ដីជំនឿដ៏ពិត និងការចុះចូលដ៏ពិតប្រាកដ? ការនេះគឺអាស្រ័យលើចរិតលក្ខណៈរបស់ពួកគេ។ អ្នកណាដែលមានចរិតលក្ខណៈល្អជាង និងមានសតិសម្បជញ្ញៈបន្តិចបន្តួច អាចនៅបានប្រាំបី ឬ១០ឆ្នាំ ២០ ឬ៣០ឆ្នាំ ឬប្រហែលត្រឹមតែ៥០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពី ៥០ឆ្នាំក្រោយ ពួកគេនឹងគិតក្នុងចិត្តខ្លួនឯងថា៖ «តើព្រះជាម្ចាស់យាងមកនៅពេលណា? តើទឹកជំនន់នឹងមកដល់នៅពេលណា? តើសញ្ញាដែលព្រះជាម្ចាស់បានប្រទានឱ្យនឹងលេចឡើងនៅពេលណា? ខ្ញុំបានចំណាយពេលពេញមួយជីវិតរបស់ខ្ញុំធ្វើរឿងតែមួយនេះប៉ុណ្ណោះ។ ចុះបើទឹកជំនន់មិនមក តើនឹងទៅជាយ៉ាងណា? ខ្ញុំបានរងទុក្ខជាច្រើនពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបានព្យាយាមតស៊ូអស់រយៈពេល ៥០ឆ្នាំហើយ គឺគ្រប់គ្រាន់ហើយ ព្រះជាម្ចាស់នឹងមិននឹកចាំ ឬថ្កោលទោសវាទេ ប្រសិនបើខ្ញុំបោះបង់នៅពេលនេះ»។ ដូច្នេះ ខ្ញុំនឹងរស់នៅតាមជីវិតរបស់ខ្ញុំ។ ព្រះជាម្ចាស់មិនមានបន្ទូល ឬមានប្រតិកម្មអ្វីឡើយ។ ខ្ញុំបានចំណាយពេលពេញមួយថ្ងៃសម្លឹងមើលមេឃពណ៌ខៀវ និងពពកស ហើយមើលមិនឃើញអ្វីនោះទេ។ តើព្រះជាម្ចាស់នៅឯណា? ព្រះអង្គដែលធ្លាប់បានបន្លឺសំឡេងដូចរន្ទះ និងបានមានបន្ទូល តើព្រះអង្គនោះគឺជាព្រះជាម្ចាស់មែនដែរឬទេ? តើវាជាការយល់ច្រឡំមែនដែរឬទេ? តើរឿងនេះនឹងបញ្ចប់នៅពេលណា? ព្រះជាម្ចាស់មិនខ្វល់ខ្វាយទេ។ មិនថាខ្ញុំស្រែកហៅរកជំនួយយ៉ាងណាក៏ដោយ អ្វីៗដែលខ្ញុំឮនោះគឺភាពស្ងៀមស្ងាត់ ហើយទ្រង់មិនបំភ្លឺ ឬដឹកនាំខ្ញុំនោះទេ នៅពេលដែលខ្ញុំអធិស្ឋាន។ បំភ្លេចវាចោលទៅ!» តើពួកគេនឹងនៅតែមានសេចក្ដីជំនឿដ៏ពិតដែរឬទេ? យូរៗទៅ ពួកគេទំនងជានឹងចាប់ផ្ដើមមានការសង្ស័យ។ ពួកគេនឹងគិតអំពីការផ្លាស់ប្ដូរ ពួកគេនឹងស្វែងរកផ្លូវចេញ ទុកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់នៅមួយឡែក ហើយបោះបង់ចោលចិត្តខ្នះខ្នែង និងសម្បថមួយឆាវរបស់ពួកគេ។ ដោយចង់គ្រប់គ្រងជោគវាសនាផ្ទាល់ខ្លួន និងរស់នៅតាមជីវិតរបស់ខ្លួន ពួកគេនឹងបំភ្លេចចោលនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ ហើយនៅពេលដែលថ្ងៃណាមួយ ព្រះជាម្ចាស់បានយាងមកដោយផ្ទាល់ ដើម្បីជំរុញពួកគេឱ្យបន្តទៅមុខ នៅពេលដែលទ្រង់បានសួរអំពីការវិវត្តនៃការសង់ទូកធំ ពួកគេនឹងនិយាយថា៖ «អូ! ព្រះជាម្ចាស់ពិតជាមានព្រះជន្មរស់មែន! ដូច្នេះ ពិតជាមានព្រះជាម្ចាស់មែន។ ខ្ញុំត្រូវតែចាប់ផ្ដើមសង់ហើយ!» ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូល ប្រសិនបើទ្រង់មិនបានជំរុញពួកគេទេ ពួកគេនឹងមិនមើលឃើញថានេះជារឿងបន្ទាន់ឡើយ។ ពួកគេនឹងគិតថាវាអាចរង់ចាំបាន។ របៀបគិតដែលប្រែប្រួលបែបនេះ ឥរិយាបថនៃការធ្វើបង្គ្រប់កិច្ចដោយស្ទាក់ស្ទើរនេះ ពោល តើនេះជាឥរិយាបថដែលមនុស្សមានសេចក្ដីជំនឿដ៏ពិតគួរតែបង្ហាញចេញមែនទេ? (ទេ។) ការដែលមានឥរិយាបថបែបនេះ គឺខុស មានន័យថាពួកគេគ្មានសេចក្ដីជំនឿដ៏ពិត គឺមិនបាច់និយាយដល់ការចុះចូលដ៏ពិតនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូលមកកាន់អ្នកដោយផ្ទាល់ ចិត្តខ្នះខ្នែងមួយភ្លែតរបស់អ្នកនឹងបង្ហាញពីសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ទុកអ្នកមួយឡែក ហើយមិនបានជំរុញអ្នក ឬមើលការខុសត្រូវចំពោះអ្នក ឬសាកសួរនោះ នោះសេចក្ដីជំនឿរបស់អ្នកនឹងបាត់បង់អស់។ យូរៗទៅ នៅពេលដែលព្រះជាម្ចាស់មិនបានមានព្រះបន្ទូល ឬបង្ហាញអង្គទ្រង់មកឱ្យអ្នកឃើញ ហើយមិនបានធ្វើការត្រួតពិនិត្យណាមួយលើការងាររបស់អ្នក សេចក្ដីជំនឿរបស់អ្នកនឹងបាត់បង់អស់ទាំងស្រុង។ អ្នកនឹងចង់រស់នៅតាមជីវិតផ្ទាល់ខ្លួនរបស់អ្នក និងធ្វើសហគ្រាសផ្ទាល់ខ្លួនរបស់អ្នក ហើយបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់នឹងត្រូវបានបំភ្លេចចោល។ ចិត្តខ្នះខ្នែង សម្បថ និងការប្ដេជ្ញាចិត្តរបស់អ្នកនៅពេលនោះ គឺគ្មានតម្លៃអ្វីទាំងអស់។ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់នឹងហ៊ានប្រគល់កិច្ចការដ៏ធំធេងមួយទៅឱ្យមនុស្សបែបនេះមែនដែរឬទេ? (ទេ។) ហេតុអ្វី? (ពួកគេមិនគួរឱ្យទុកចិត្តនោះទេ។) ត្រូវហើយ។ និយាយឱ្យខ្លីគឺ៖ មិនគួរឱ្យទុកចិត្ត។ អ្នកគ្មានសេចក្ដីជំនឿដ៏ពិតទេ។ អ្នកមិនគួរឱ្យទុកចិត្តឡើយ។ ដូច្នេះហើយ អ្នកមិនស័ក្តិសមនឹងត្រូវបានព្រះជាម្ចាស់ប្រគល់កិច្ចការឱ្យនោះឡើយ។ មនុស្សខ្លះនិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមិនស័ក្តិសម? ខ្ញុំនឹងអនុវត្តបេសកកម្មអ្វីក៏ដោយដែលព្រះជាម្ចាស់ប្រគល់ឱ្យខ្ញុំ អ្នកណាទៅដឹង ខ្ញុំប្រហែលជាអាចសម្រេចវាបាន!» អ្នកអាចធ្វេសប្រហែសក្នុងការបំពេញកិច្ចការក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបាន ហើយវាមិនចោទជាបញ្ហាអ្វីនោះទេ ប្រសិនបើលទ្ធផលខ្វះខាតតែបន្តិចបន្តួច។ ប៉ុន្តែកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យ គឺជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យឱ្យកើតឡើងជារូបរាង តើកិច្ចការទាំងនោះធ្លាប់មានភាពងាយស្រួលដែរឬទេ? ប្រសិនបើកិច្ចការទាំងនោះត្រូវបានប្រគល់ឱ្យមនុស្សល្ងង់ខ្លៅ ឬមនុស្សបោកប្រាស់ ឱ្យមនុស្សម្នាក់ដែលធ្វើកិច្ចការឱ្យតែរួចពីដៃ ឱ្យម្នាក់ដែលបន្ទាប់ពីទទួលយកបេសកកម្មហើយ ងាយនឹងធ្វើដោយគ្មានសេចក្ដីស្មោះត្រង់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តើការនោះនឹងមិនបង្អាក់ដល់កិច្ចការដ៏ធំធេងមួយនេះទេឬ? ប្រសិនបើអ្នករាល់គ្នាត្រូវបានគេជ្រើសរើស ប្រសិនបើអ្នកត្រូវប្រគល់កិច្ចការដ៏ធំធេងមួយទៅឱ្យនរណាម្នាក់ តើអ្នកនឹងប្រគល់វាទៅឱ្យមនុស្សប្រភេទណា? តើអ្នកនឹងជ្រើសរើសមនុស្សប្រភេទណា? (មនុស្សដែលគួរឱ្យទុកចិត្តម្នាក់។) យ៉ាងហោចណាស់ មនុស្សម្នាក់នេះត្រូវតែអាចពឹងផ្អែកបាន មានចរិតលក្ខណៈល្អ ហើយមិនថាពេលណាក៏ដោយ ឬការលំបាកដែលពួកគេជួបប្រទះធំប៉ុណ្ណាក៏ដោយ ក៏ពួកគេនឹងដាក់អស់ពីចិត្ត និងកម្លាំងកាយចិត្តរបស់ពួកគេទៅក្នុងការបំពេញនូវអ្វីដែលអ្នកបានប្រគល់ឱ្យពួកគេ ហើយរាយការណ៍ប្រាប់អ្នក។ ប្រសិនបើនោះគឺជាប្រភេទមនុស្សដែលគេនឹងជ្រើសរើសដើម្បីប្រគល់ភារកិច្ចឱ្យ មួយ ចុះទម្រាំតែព្រះជាម្ចាស់វិញ! ដូច្នេះ សម្រាប់កិច្ចការដ៏ធំនេះ គឺការបំផ្លាញពិភពលោកដោយទឹកជំនន់ ជាព្រឹត្តិការណ៍ដែលតម្រូវឱ្យមានការសាងសង់ទូកធំមួយ និងមនុស្សម្នាក់ដែលស័ក្តិសមនឹងនៅរស់រានមានជីវិត តើព្រះជាម្ចាស់នឹងជ្រើសរើសនរណា? ជាដំបូង តាមទ្រឹស្ដី ទ្រង់នឹងជ្រើសរើសនរណាម្នាក់ដែលស័ក្តិសមនឹងនៅរស់ ដែលស័ក្តិសមនឹងរស់នៅក្នុងយុគសម័យបន្ទាប់។ តាមការពិត មុននឹងទទួលបានកិច្ចការណាក៏ដោយ ក៏មនុស្សម្នាក់នេះត្រូវតែអាចស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ ពួកគេត្រូវតែមានសេចក្ដីជំនឿដ៏ពិតចំពោះព្រះជាម្ចាស់ ហើយចាត់ទុកអ្វីក៏ដោយដែលព្រះជាម្ចាស់បានមានបន្ទូល ទោះបីជាវាពាក់ព័ន្ធនឹងអ្វីក៏ដោយ ទោះបីជាវាស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ទោះបីជាវាត្រូវនឹងចំណូលចិត្តរបស់ពួកគេក៏ដោយ ទោះបីជាវាស្របតាមឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏វាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ មិនថាព្រះជាម្ចាស់បង្គាប់ឱ្យពួកគេធ្វើអ្វីក៏ដោយ ក៏ពួកគេមិនគួរណាដែលបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ ពួកគេត្រូវតែតែងតែចាត់ទុកខ្លួនឯងថាជាភាវៈដែលព្រះបានបង្កើតជានិច្ច និងចាត់ទុកការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាកាតព្វកិច្ចដែលត្រូវតែបំពេញជានិច្ច។ នេះគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់ប្រគល់កិច្ចការដ៏ពិសេសនេះឱ្យ។ នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ លោកណូអេគឺជាមនុស្សបែបនេះ។ គាត់មិនត្រឹមតែជាមនុស្សម្នាក់ដែលស័ក្តិសមនឹងនៅរស់ក្នុងយុគសម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាមនុស្សម្នាក់ដែលអាចទទួលបន្ទុកដ៏ធ្ងន់ ដែលអាចចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយឥតងាករេ រហូតដល់ទីបញ្ចប់ និងជាអ្នកដែលនឹងប្រើប្រាស់ជីវិតរបស់គាត់ដើម្បីបំពេញកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ផងដែរ។ នេះគឺជាអ្វីដែលទ្រង់បានឃើញនៅក្នុងខ្លួនរបស់លោកណូអេ។ ចាប់ពីពេលដែលលោកណូអេបានទទួលយកបេសកកម្មរបស់ព្រះជាម្ចាស់ រហូតដល់ពេលដែលគាត់បានបំពេញគ្រប់ភារកិច្ចទាំងអស់ដែលទ្រង់បានប្រគល់ឱ្យគាត់ គឺក្នុងអំឡុងពេលនេះ សេចក្ដីជំនឿរបស់លោកណូអេ និងឥរិយាបថនៃការចុះចូលរបស់គាត់ចំពោះព្រះជាម្ចាស់ បានដើរតួនាទីដ៏សំខាន់បំផុត។ បើគ្មានចំណុចទាំងពីរយ៉ាងនេះទេ កិច្ចការនោះនឹងមិនអាចត្រូវបានបំពេញបានឡើយ ហើយបេសកកម្មនេះក៏នឹងមិនត្រូវបានសម្រេចដែរ។

ប្រសិនបើ នៅក្នុងដំណើរការនៃការទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ លោកណូអេមានគំនិត ផែនការ និងសញ្ញាណផ្ទាល់ខ្លួនរបស់គាត់ តើកិច្ចការទាំងមូលនឹងបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច? ដំបូង ប្រឈមមុខនឹងព័ត៌មានលម្អិតនីមួយៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់ ដែលរួមមានលក្ខណៈបច្ចេកទេស និងប្រភេទសម្ភារៈ មធ្យោបាយ និងវិធីសាស្ត្រនៃការសង់ទូកធំទាំងមូល ព្រមទាំងទំហំ និងខ្នាតរបស់ទូកធំទាំងមូល នៅពេលដែលលោកណូអេបានឮទាំងអស់នេះ តើគាត់នឹងបានគិតថា៖ «តើនឹងត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីសង់អ្វីមួយដែលធំបែបនេះ? តើនឹងត្រូវចំណាយកម្លាំង និងការលំបាកប៉ុណ្ណាដើម្បីស្វែងរកសម្ភារៈទាំងអស់នេះ? ខ្ញុំច្បាស់ជាអស់កម្លាំងខ្លាំងណាស់! ការអស់កម្លាំងបែបនេះច្បាស់ជានឹងធ្វើឱ្យអាយុខ្ញុំខ្លី មែនទេ? មើលចុះ ខ្ញុំចាស់ប៉ុណ្ណាទៅហើយ តែព្រះជាម្ចាស់មិនឱ្យខ្ញុំសម្រាកសោះ ហើយបង្គាប់ឱ្យខ្ញុំធ្វើកិច្ចការមួយដែលទាមទារខ្លាំងបែបនេះ តើខ្ញុំអាចទ្រាំទ្របានទេ? អញ្ចឹង ខ្ញុំនឹងធ្វើវា ប៉ុន្តែខ្ញុំមានវិធីរបស់ខ្ញុំ គឺខ្ញុំនឹងធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូលត្រួសៗទៅបានហើយ។ ព្រះជាម្ចាស់បានមានបន្ទូលឱ្យរកឈើស្រល់មួយប្រភេទដែលមិនជ្រាបទឹក។ ខ្ញុំធ្លាប់ឮថាមានកន្លែងមួយដែលខ្ញុំអាចរកបានខ្លះ ប៉ុន្តែវានៅឆ្ងាយណាស់ ហើយគ្រោះថ្នាក់ណាស់ផង។ ការស្វែងរក និងការទទួលបានវានឹងត្រូវចំណាយកម្លាំងច្រើនណាស់ ដូច្នេះ ចុះប្រសិនបើខ្ញុំរកប្រភេទស្រដៀងៗគ្នានៅក្បែរៗនេះធ្វើជារបស់ជំនួស ដែលវាស្រដៀងគ្នា តើបានដែរទេ? វានឹងមានហានិភ័យតិចជាង ហើយចំណាយកម្លាំងតិចជាង ការនេះក៏មិនអីដែរ មែនទេ?» តើលោកណូអេមានគំនិតបែបនេះដែរឬទេ? ប្រសិនបើគាត់មាន តើនេះជាការចុះចូលដ៏ពិតប្រាកដមែនដែរឬទេ? (ទេ។) ឧទាហរណ៍៖ ព្រះជាម្ចាស់បានមានបន្ទូលឱ្យសង់ទូកធំឱ្យមានកម្ពស់ ១០០ ម៉ែត្រ។ បន្ទាប់ពីបានឮដូច្នេះហើយ តើគាត់នឹង គិតថា៖ «មួយរយម៉ែត្រគឺខ្ពស់ពេកហើយ គ្មាននរណាអាចឡើងទៅលើវាបានទេ។ តើវានឹងមិនគ្រោះថ្នាក់ដល់ជីវិតទេឬ ក្នុងការឡើងទៅលើ ហើយធ្វើការនៅលើនោះ? ដូច្នេះ ខ្ញុំនឹងធ្វើឱ្យទូកធំនេះទាបជាងបន្តិច យកត្រឹម ៥០ ម៉ែត្រទៅបានហើយ។ នោះវានឹងគ្រោះថ្នាក់តិចជាង ហើយងាយស្រួលសម្រាប់មនុស្សឡើងទៅលើ។ នោះក៏មិនអីដែរ មែនទេ?» តើលោកណូអេនឹងមានគំនិតបែបនេះទេ? (ទេ។) ដូច្នេះ ប្រសិនបើគាត់មានគំនិតបែបនេះ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់នឹងបានជ្រើសរើសមនុស្សខុសមែនទេ? (មែនហើយ។) សេចក្ដីជំនឿដែលពិតប្រាកដ និងការចុះចូលដ៏ពិតប្រាកដរបស់លោកណូអេចំពោះព្រះជាម្ចាស់ បានអនុញ្ញាតឱ្យគាត់ទុកឆន្ទៈផ្ទាល់ខ្លួនរបស់គាត់នៅមួយឡែក។ ទោះបីជាគាត់ធ្លាប់មានគំនិតបែបនេះក៏ដោយ ក៏គាត់នឹងមិនដែលធ្វើតាមគំនិតទាំងនោះដែរ។ ចំពោះចំណុចនេះ ព្រះជាម្ចាស់បានជ្រាបថា លោកណូអេគឺគួរឱ្យទុកចិត្ត។ ទីមួយ លោកណូអេនឹងមិនធ្វើការផ្លាស់ប្ដូរណាមួយចំពោះព័ត៌មានលម្អិតដែលព្រះជាម្ចាស់បានកំណត់ឡើយ ហើយគាត់ក៏នឹងមិនបន្ថែមគំនិតផ្ទាល់ខ្លួនណាមួយរបស់គាត់ដែរ ហើយរឹតតែមិនផ្លាស់ប្ដូរព័ត៌មានលម្អិតណាមួយដែលព្រះជាម្ចាស់បានកំណត់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទៀតផង។ ផ្ទុយទៅវិញ គាត់នឹងអនុវត្តតាមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្គាប់ យ៉ាងត្រឹមត្រូវតាមព្រះបន្ទូល ហើយទោះបីជាវាលំបាកយ៉ាងណាក៏ដោយក្នុងការចាត់ចែងសម្ភារៈដើម្បីសង់ទូកធំ ទោះបីជាការងារនោះលំបាក ឬនឿយហត់យ៉ាងណាក៏ដោយ គាត់នឹងខិតខំអស់ពីសមត្ថភាព និងប្រើប្រាស់កម្លាំងទាំងអស់របស់គាត់ដើម្បីបំពេញវាឱ្យបានត្រឹមត្រូវ។ តើនេះមិនមែនជាអ្វីដែលធ្វើឱ្យគាត់គួរឱ្យទុកចិត្តទេឬ? ហើយតើនេះជាការសម្ដែងចេញពិតប្រាកដនៃការចុះចូលដ៏ពិតរបស់គាត់ចំពោះព្រះជាម្ចាស់មែនទេ? (មែនហើយ។) តើការចុះចូលនេះគឺទាំងស្រុងមែនទេ? (មែនហើយ។) ហើយវាមិនមានលាយឡំជាមួយអ្វីទាំងអស់ វាមិនមានទំនោរចិត្តផ្ទាល់ខ្លួនរបស់គាត់ វាមិនមានលាយឡំជាមួយផែនការផ្ទាល់ខ្លួន ហើយរឹតតែមិនមានសញ្ញាណផ្ទាល់ខ្លួន ឬផលប្រយោជន៍ទៀតផង។ ផ្ទុយទៅវិញ វាគឺជាការចុះចូលដ៏បរិសុទ្ធ សាមញ្ញ និងការចុះចូលទាំងស្រុង។ ហើយតើការនេះងាយស្រួលសម្រេចបានដែរឬទេ? (ទេ។) មនុស្សខ្លះប្រហែលជាមិនយល់ស្របនោះទេ៖ «តើមានអ្វីដែលពិបាកទៅ? តើវាមិនមែនគ្រាន់តែជាការមិនគិត ធ្វើដូចជាមនុស្សយន្ត ធ្វើអ្វីក៏ដោយដែលព្រះជាម្ចាស់មានបន្ទូលនោះទេឬ? តើវាមិនងាយស្រួលទេឬ?» នៅពេលដល់ពេលត្រូវធ្វើ ការលំបាកក៏កើតឡើង។ គំនិតរបស់មនុស្សតែងតែផ្លាស់ប្ដូរ ពួកគេតែងតែមានទំនោរចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះហើយ ពួកគេងាយនឹងសង្ស័យថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្រេចបានដែរឬទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺងាយស្រួលសម្រាប់ពួកគេក្នុងការទទួលយកនៅពេលដែលពួកគេឮ ប៉ុន្តែនៅពេលដល់ពេលត្រូវធ្វើ វាក្លាយជាលំបាក។ នៅពេលដែលការលំបាកចាប់ផ្ដើមភ្លាម ពួកគេងាយនឹងក្លាយជាអវិជ្ជមាន ហើយវាមិនងាយស្រួលសម្រាប់ពួកគេក្នុងការចុះចូលឡើយ។ ដូច្នេះ វាគឺជាការជាក់ស្ដែងណាស់ថា ចរិតលក្ខណៈរបស់លោកណូអេ និងសេចក្ដីជំនឿពិត ហើយនិងការចុះចូលដ៏ពិតរបស់គាត់ ពិតជាស័ក្តិសមសម្រាប់ការយកតម្រាប់តាមមែន។ ដូច្នេះ តើពេលនេះអ្នកបានយល់ច្បាស់ហើយឬនៅ អំពីរបៀបដែលលោកណូអេបានប្រតិកម្ម និងបានចុះចូល នៅពេលដែលប្រឈមមុខនឹងព្រះបន្ទូល ព្រះបញ្ជា និងអ្វីដែលព្រះជាម្ចាស់ត្រូវការ? ការចុះចូលនេះមិនមានលាយឡំជាមួយគំនិតផ្ទាល់ខ្លួននោះទេ។ លោកណូអេបានទាមទារពីខ្លួនឯងនូវការចុះចូលទាំងស្រុង ការស្ដាប់បង្គាប់ និងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនដើរខុសផ្លូវ ឬប្រើល្បិចឆ្លាតវៃរបស់ខ្លួន ឬព្យាយាមធ្វើខ្លួនជាអ្នកឆ្លាត ដោយមិនលើកតម្កើងខ្លួនឯង ហើយគិតថាគាត់អាចផ្ដល់យោបល់ដល់ព្រះជាម្ចាស់បាន ថាគាត់អាចបន្ថែមគំនិតផ្ទាល់ខ្លួនរបស់គាត់ទៅក្នុងព្រះរាជបញ្ជារបស់ទ្រង់បាន និងដោយមិនបន្ថែមចេតនាល្អផ្ទាល់ខ្លួនរបស់គាត់ឡើយ។ តើនេះមិនមែនជាអ្វីដែលគួរតែត្រូវបានអនុវត្តទេឬ នៅពេលដែលព្យាយាមសម្រេចឱ្យបាននូវការចុះចូលទាំងស្រុងនោះ?

បន្ទាប់ពីព្រះជាម្ចាស់បានបង្គាប់ដល់លោកណូអេឱ្យសង់ទូកធំ តើគាត់បានចំណាយពេលយូរប៉ុណ្ណាដើម្បីសាងសង់ទូកធំនេះ? (មួយរយម្ភៃឆ្នាំ។) ក្នុងអំឡុងពេលមួយរយម្ភៃឆ្នាំនេះ លោកណូអេបានធ្វើរឿងមួយ គឺគាត់បានសង់ទូកធំ និងប្រមូលសត្វមានជីវិតគ្រប់ប្រភេទទាំងអស់។ ហើយទោះបីជានេះ គ្រាន់តែជារឿងមួយ មិនមែនជាកិច្ចការជាច្រើនក៏ដោយខុសៗគ្នាក៏ដោយ ក៏រឿងមួយនេះគឺជារឿងមួយដែលពាក់ព័ន្ធនឹងការងារដ៏ធំអស្ចារ្យផងដែរ។ ដូច្នេះ តើគោលបំណងនៅក្នុងការធ្វើកិច្ចការនេះគឺមានគោលបំណងអ្វី? ហេតុអ្វីបានជាគាត់សាងសង់ទូកធំនេះឡើង? តើគោលដៅ និងអត្ថន័យនៃការធ្វើកិច្ចការនេះគឺជាអ្វី? គឺដើម្បីឱ្យសត្វមានជីវិតគ្រប់ប្រភេទទាំងអស់អាចរស់រានមានជីវិតបាន នៅពេលដែលព្រះជាម្ចាស់ប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោក។ ដូច្នេះ លោកណូអេធ្វើអ្វីដែល គាត់ត្រូវធ្វើ ដើម្បីត្រៀមខ្លួនមុនពេលដែលព្រះជាម្ចាស់បំផ្លាញពិភពលោក ដើម្បីឱ្យសត្វមានជីវិតគ្រប់ប្រភេទទាំងអស់អាចរស់រានមានជីវិតបាន។ ហើយសម្រាប់ព្រះជាម្ចាស់ តើរឿងនេះជារឿងបន្ទាន់ណាស់មែនទេ? តាមរយៈសូរសៀងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងលក្ខណៈនៃការបង្គាប់របស់ព្រះជាម្ចាស់ តើលោកណូអេអាចស្ដាប់ឮថា ព្រះជាម្ចាស់ទ្រង់មានព្រះទ័យអន្ទះអន្ទែង ហើយព្រះរាជបំណងរបស់ព្រះអង្គគឺជាការបន្ទាន់ មែនដែរឬទេ? (មែនហើយ។) ឧបមាថា មានគេប្រាប់អ្នករាល់គ្នាថា «ជំងឺរាតត្បាតកំពុងតែមកដល់ហើយ។ វាបានចាប់ផ្ដើមឆ្លងរាលដាលនៅពិភពខាងក្រៅហើយ។ អ្នករាល់គ្នាមានរឿងមួយដែលត្រូវធ្វើ ហើយត្រូវប្រញាប់ធ្វើវាឡើង គឺប្រញាប់ទៅទិញស្បៀងអាហារ និងម៉ាស់ទុក។ មានតែប៉ុណ្ណឹងឯង!» តើអ្នករាល់គ្នាស្ដាប់ឮអ្វីខ្លះនៅក្នុងការប្រកាសនេះ? តើរឿងនេះគឺជារឿងបន្ទាន់ដែរឬទេ? (វាពិតជាបន្ទាន់។) ដូច្នេះ តើរឿងនេះគួរតែធ្វើនៅពេលណា? តើអ្នករាល់គ្នាគួររង់ចាំដល់ឆ្នាំក្រោយ ឆ្នាំបន្ទាប់ ឬច្រើនឆ្នាំទៅមុខទៀត ឬក៏យ៉ាងណា? មិនមែនទេ នេះគឺជាកិច្ចការបន្ទាន់ ដែលជារឿងដ៏សំខាន់មួយ។ ចូរទុករឿងផ្សេងៗទៀត ឱ្យនៅមួយឡែកសិន ហើយធ្វើរឿងនេះជាមុនសិន។ តើនេះជាអ្វីដែលអ្នករាល់គ្នាបានស្ដាប់ឮចេញពីពាក្យពេចន៍ទាំងនេះមែនដែរឬទេ? (មែនហើយ។) ដូច្នេះ តើអស់អ្នកដែលចុះចូលនឹងព្រះជាម្ចាស់គួរធ្វើដូចម្ដេច? ពួកគេគួរតែទម្លាក់ទុកភ្លាមៗនូវកិច្ចការដែលខ្លួនមានមួយឡែកសិន។ គ្មានអ្វីដែលសំខាន់ជាងនេះនោះទេ។ ព្រះជាម្ចាស់ទ្រង់មានព្រះទ័យអន្ទះអន្ទែងជាខ្លាំង ទៅលើអ្វីដែលទ្រង់ទើបតែបានបង្គាប់ឱ្យធ្វើ ពួកគេមិនគួរខ្ជះខ្ជាយពេលវេលាក្នុងការធ្វើ និងអនុវត្តកិច្ចការនេះ ដែលជាការបន្ទាន់សម្រាប់ព្រះជាម្ចាស់ ហើយដែលទ្រង់កំពុងតែព្រួយព្រះទ័យនោះឡើយ ពួកគេគួរតែបំពេញវាឱ្យបានចប់សព្វគ្រប់ មុននឹងបំពេញការងារផ្សេងទៀត។ នេះហើយជាអត្ថន័យនៃការចុះចូល។ ប៉ុន្តែ ប្រសិនបើអ្នកវិភាគវាថាជា «ជំងឺរាតត្បាតកំពុងតែមកដល់? វាកំពុងតែឆ្លងរាលដាល? បើវារាលដាល ក៏ទុកឱ្យវារាលដាលទៅ វាមិនរាលដាលមកដល់យើងទេ។ បើវារាលដាលមកដល់យើងមែន ចាំដល់ពេលនោះ ចាំដោះស្រាយ។ ទិញម៉ាស់ និងស្បៀងអាហារ? ម៉ាស់មានលក់គ្រប់ពេល។ ហើយមិនថាអ្នកពាក់វាឬអត់នោះទេ ក៏គ្មានបញ្ហាដែរ។ ឥឡូវនេះ យើងនៅមានស្បៀងអាហារនៅឡើយទេ ហេតុអ្វីបានជាត្រូវខ្វល់ខ្វាយអំពីរឿងនេះ? ប្រញាប់ធ្វើអ្វី? ចាំដល់ពេលដែលជំងឺរាតត្បាតមកដល់សិនចាំគិតទៀត។ ឥឡូវនេះ យើងមានរឿងផ្សេងៗដែលត្រូវធ្វើច្រើនណាស់» តើនេះគឺជាការចុះចូលមែនដែរឬទេ? (មិនមែនទេ។) តើនេះជាអ្វី? នេះគឺអ្វីដែលយើតែងតែហៅថាការបះបោរ។ និយាយឱ្យកាន់តែជាក់លាក់ទៅ នេះគឺជាការព្រងើយកន្តើយ ការប្រឆាំង ការវិភាគ និងការពិនិត្យពិច័យ និងការមើលងាយនៅក្នុងចិត្ត ដោយគិតថារឿងនេះនឹងមិនអាចកើតឡើងបានឡើយ ហើយមិនជឿថាវាជារឿងពិតនោះទេ។ តើមានជំនឿពិតនៅក្នុងឥរិយាបថបែបនេះដែរឬទេ? (មិនមានទេ។) នេះគឺជាស្ថានភាពរួមរបស់ពួកគេ៖ ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ពួកគេតែងតែមានឥរិយាបថយឺតយ៉ាវ ព្រងើយកន្តើយ និងមិនខ្វល់ខ្វាយ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនបានចាត់ទុករឿងនេះថាជារឿងសំខាន់ទាល់តែសោះ។ ពួកគេគិតថា «ខ្ញុំនឹងស្ដាប់រឿងដែលទ្រង់មានបន្ទូល ដែលទាក់ទងនឹងសេចក្ដីពិត និងស្ដាប់សេចក្ដីអធិប្បាយដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការកត់ត្រារឿងទាំងនេះទុក ដើម្បីកុំឱ្យខ្ញុំភ្លេចឡើយ។ ប៉ុន្តែ រឿងដែលទ្រង់មានបន្ទូលអំពីការទិញស្បៀងអាហារ និងម៉ាស់ គឺមិនទាក់ទងនឹងសេចក្ដីពិតទេ ដូច្នេះ ខ្ញុំអាចបដិសេធរឿងទាំងនេះបាន ខ្ញុំអាចសើចចំអកដាក់រឿងទាំងនេះនៅក្នុងចិត្តរបស់ខ្ញុំបាន ហើយខ្ញុំអាចមានឥរិយាបថព្រងើយកន្តើយ និងមិនអើពើចំពោះទ្រង់បាន គឺគ្រាន់តែឱ្យខ្ញុំបានស្ដាប់ឮដោយត្រចៀករបស់ខ្ញុំទៅបានហើយ ប៉ុន្តែអ្វីដែលខ្ញុំគិតនៅក្នុងចិត្តរបស់ខ្ញុំ គឺមិនមែនជាសំខាន់សម្រាប់ទ្រង់ទេ វាមិនមែនជារឿងរបស់ទ្រង់ឡើយ»។ តើនេះជាឥរិយាបថរបស់លោកណូអេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនដែរឬទេ? (មិនមែនទេ។) តើមានអ្វីដែលបានបង្ហាញថាគាត់មិនបានធ្វើបែបនេះ? យើងត្រូវតែនិយាយអំពីរឿងនេះ ដើម្បីឱ្យអ្នកបានយល់ថា ឥរិយាបថរបស់លោកណូអេចំពោះព្រះជាម្ចាស់គឺខុសគ្នាទាំងស្រុង។ ហើយមានភស្តុតាងជាច្រើនដើម្បីបញ្ជាក់ពីរឿងនេះ។

នៅក្នុងសម័យដែលគ្មានឧស្សាហកម្មនោះ នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើង និងសម្រេចឡើងដោយដៃ ការងារដោយដៃគ្រប់យ៉ាងគឺពិតជាប្រើកម្លាំងខ្លាំង និងចំណាយពេលយូរ។ នៅពេលដែលលោកណូអេបានឮពីបេសកកម្មរបស់ព្រះជាម្ចាស់ នៅពេលដែលគាត់បានឮរឿងទាំងអស់ដែលព្រះជាម្ចាស់បានរៀបរាប់ គាត់មានអារម្មណ៍ពីភាពសំខាន់របស់រឿងនេះ និងភាពតឹងតែងរបស់ស្ថានភាពនេះ។ គាត់បានដឹងថា ព្រះជាម្ចាស់នឹងបំផ្លាញពិភពលោក។ ហើយហេតុអ្វីបានជាទ្រង់នឹងធ្វើបែបនេះ? ពីព្រោះមនុស្សលោកអាក្រក់ខ្លាំងណាស់ មិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង ហើយព្រះជាម្ចាស់ទ្រង់ស្អប់ខ្ពើមមនុស្សលោកទាំងនោះណាស់។ តើព្រះជាម្ចាស់ទ្រង់បានស្អប់ខ្ពើមមនុស្សលោកនោះត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃមែនទេ? តើព្រះជាម្ចាស់ទ្រង់មានបន្ទូលដោយព្រះទ័យនឹកឃើញភ្លាមៗថា «ថ្ងៃនេះ យើងមិនចូលចិត្តមនុស្សលោកទាំងនេះទេ។ យើងនឹងបំផ្លាញមនុស្សលោកនេះ ដូច្នេះចូរទៅធ្វើទូកធំមួយឱ្យយើង» មែនទេ? តើរឿងនេះពិតជាដូច្នេះមែនដែរឬទេ? មិនមែនទេ។ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ លោកណូអេបានយល់ពីអត្ថន័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនទើបតែស្អប់ខ្ពើមមនុស្សលោកទាំងនោះត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ ទ្រង់មានព្រះទ័យអន្ទះអន្ទែងចង់បំផ្លាញពួកគេ ដើម្បីឱ្យមនុស្សលោកអាចចាប់ផ្ដើមជាថ្មីម្ដងទៀតបាន។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនមានព្រះបំណងចង់បង្កើតមនុស្សលោកមួយផ្សេងទៀតជាថ្មីម្ដងទៀតនោះទេ ផ្ទុយទៅវិញ ទ្រង់បានទុកឱ្យលោកណូអេមានសំណាងបានរស់រានមានជីវិត ក្នុងនាមជាម្ចាស់យុគសម័យបន្ទាប់ ក្នុងនាមជាបុព្វបុរសរបស់មនុស្សលោក។ នៅពេលដែលគាត់បានយល់ពីទិដ្ឋភាពនៃព្រះរាជបំណងរបស់ព្រះជាម្ចាស់នេះហើយ លោកណូអេមានអារម្មណ៍ពីក្នុងជម្រៅចិត្តរបស់គាត់ អំពីព្រះរាជបំណងដ៏បន្ទាន់របស់ព្រះជាម្ចាស់ គាត់ដឹងពីភាពអន្ទះសាររបស់ព្រះជាម្ចាស់ ដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលមកគាត់ ក្រៅពីការស្ដាប់ដោយយកចិត្តទុកដាក់ ដោយផ្ចិតផ្ចង់ និងដោយឧស្សាហ៍ព្យាយាម លោកណូអេមានអារម្មណ៍អំពីអ្វីម្យ៉ាងនៅក្នុងចិត្តរបស់គាត់។ តើគាត់មានអារម្មណ៍ដូចម្ដេច? គឺភាពបន្ទាន់ ជាអារម្មណ៍ដែលសន្តនិករដែលទ្រង់បានបង្កើតមកដ៏ពិតម្នាក់គួរតែមាន បន្ទាប់ពីបានយល់ពីព្រះរាជបំណងដ៏បន្ទាន់របស់ព្រះអាទិករ។ ដូច្នេះ តើលោកណូអេបានគិតអ្វីនៅក្នុងចិត្តរបស់គាត់ នៅពេលដែលព្រះជាម្ចាស់បានបង្គាប់ឱ្យគាត់សង់ទូកធំមួយ? គាត់បានគិតថា «ចាប់ពីថ្ងៃនេះតទៅ គ្មានអ្វីសំខាន់ជាងការសង់ទូកធំនេះទេ គ្មានអ្វីសំខាន់ និងបន្ទាន់ជាងនេះនោះទេ។ ខ្ញុំបានឮពាក្យពេចន៍ចេញពីព្រះហឫទ័យរបស់ព្រះអាទិករ ខ្ញុំទទួលបានមានអារម្មណ៍ពីព្រះរាជបំណងដ៏បន្ទាន់របស់ទ្រង់ ដូច្នេះខ្ញុំមិនត្រូវពន្យារពេលឡើយ ខ្ញុំត្រូវតែសង់ទូកធំដែលព្រះជាម្ចាស់បានមានបន្ទូល និងបានបង្គាប់ឱ្យធ្វើ ដោយបន្ទាន់ជាទីបំផុត»។ តើលោកណូអេមានឥរិយាបថយ៉ាងដូចម្តេច? គឺជាឥរិយាបថមួយដែលមិនហ៊ានធ្វេសប្រហែសនោះទេ។ ហើយតើគាត់បានសាងសង់ទូកធំនោះតាមរបៀបណា? គឺដោយមិនពន្យារពេលនោះទេ។ គាត់បានធ្វើ និងសម្រេចតាមសេចក្ដីលម្អិតពីអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល និងបានណែនាំ ដោយបន្ទាន់ជាទីបំផុត និងដោយអស់ពីកម្លាំងរបស់គាត់ ដោយមិនធ្វើឱ្យតែរួចពីដៃនោះទេ។ សរុបមក ឥរិយាបថរបស់លោកណូអេចំពោះសេចក្ដីបង្គាប់របស់ព្រះអាទិករ គឺជាការចុះចូល។ គាត់មិនបានព្រងើយកន្តើយនឹងរឿងនេះឡើយ ហើយក៏គ្មានការប្រឆាំងនៅក្នុងចិត្តរបស់គាត់ ហើយក៏គ្មានការមិនអើពើដែរ។ ផ្ទុយទៅវិញ គាត់បានព្យាយាមយល់ពីព្រះរាជបំណងរបស់ព្រះអាទិករដោយឧស្សាហ៍ព្យាយាម ស្របពេលដែលគាត់បានចងចាំរាល់សេចក្ដីលម្អិតទាំងអស់។ នៅពេលដែលគាត់បានយល់ពីព្រះរាជបំណងដ៏បន្ទាន់របស់ព្រះជាម្ចាស់ហើយ គាត់បានសម្រេចចិត្តបង្កើនល្បឿន ដើម្បីបំពេញអ្វីដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ធ្វើ ដោយប្រញាប់ប្រញាល់ជាទីបំផុត។ តើ «ដោយប្រញាប់ប្រញាល់ជាទីបំផុត» នេះមានន័យដូចម្ដេច? វាមានន័យថា ការបំពេញការងារដែលពីមុនត្រូវចំណាយពេលមួយខែ ឱ្យបានចប់ ក្នុងរយៈពេលដ៏ខ្លីបំផុតតាមដែលអាចធ្វើទៅបាន ដោយអាចធ្វើវាឱ្យរួចរាល់មុនកាលកំណត់ប្រហែលបីទៅប្រាំថ្ងៃ ដោយមិនយឺតយ៉ាវ ឬពន្យារពេលទោះបីជាបន្តិចក៏ដោយ ប៉ុន្តែជំរុញគម្រោងទាំងមូលទៅមុខឱ្យអស់ពីសមត្ថភាពរបស់គាត់។ ជាទូទៅ ស្របពេលដែលកំពុងតែអនុវត្តការងារនីមួយៗ គាត់នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការខាតបង់ និងកំហុសឆ្គង ហើយមិនធ្វើការងារណាមួយដែលត្រូវធ្វើឡើងវិញនោះទេ គាត់ក៏នឹងបំពេញរាល់កិច្ចការ និងនីតិវិធីនីមួយៗឱ្យបានទាន់ពេលវេលា និងធ្វើវាឱ្យបានល្អ ដោយធានានូវគុណភាពផងដែរ។ នេះគឺជាការបង្ហាញឱ្យឃើញយ៉ាងពិតប្រាកដអំពីការមិនយឺតយ៉ាវ។ ដូច្នេះ ដើម្បីធ្វើឱ្យគាត់អាចមិនយឺតយ៉ាវបាន តើត្រូវមានលក្ខខណ្ឌជាមុនអ្វីខ្លះ? (គាត់បានឮសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់។) មែនហើយ នោះគឺជាលក្ខខណ្ឌជាមុន និងជាបរិបទសម្រាប់រឿងនេះ។ ឥឡូវនេះ ហេតុអ្វីបានជាលោកណូអេអាចមិនយឺតយ៉ាវបាន? មនុស្សមួយចំនួននិយាយថា លោកណូអេមានការចុះចូលដ៏ពិតប្រាកដ។ ដូច្នេះ តើគាត់មានអ្វីខ្លះដែលអនុញ្ញាតឱ្យគាត់សម្រេចបាននូវការចុះចូលដ៏ពិតប្រាកដបែបនេះ? (គាត់ចេះគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។) ត្រូវហើយ! នេះហើយគឺជាអ្វីដែលហៅថាការមានចិត្ត! មនុស្សដែលមានចិត្ត អាចចេះគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន អ្នកណាដែលគ្មានចិត្ត គឺជាមនុស្សដែលគ្រាន់តែជាសំបកទទេ ជាមនុស្សល្ងីល្ងើ ពួកគេមិនចេះគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ។ ផ្នត់គំនិតរបស់ពួកគេគឺ «ខ្ញុំមិនខ្វល់ថារឿងនេះបន្ទាន់ប៉ុណ្ណាសម្រាប់ព្រះជាម្ចាស់នោះទេ ខ្ញុំនឹងធ្វើវាតាមចិត្តខ្ញុំ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបាននៅទំនេរ ឬខ្ជិលច្រអូសឯណា»។ ឥរិយាបថបែបនេះ ភាពអវិជ្ជមានបែបនេះ ការខ្វះភាពសកម្មទាំងស្រុងនេះ មិនមែនជាមនុស្សដែលចេះគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនយល់ពីរបៀបគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ក្នុងករណីនេះ តើពួកគេមានជំនឿដែលពិតប្រាកដដែរឬទេ? ពិតជាមិនមានទេ។ លោកណូអេបានគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គាត់មានជំនឿពិត ដូច្នេះហើយ គាត់អាចបំពេញបេសកកម្មរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ វាមិនគ្រប់គ្រាន់ទេក្នុងការគ្រាន់តែទទួលយកបេសកកម្មរបស់ព្រះជាម្ចាស់ ហើយសុខចិត្តខិតខំប្រឹងប្រែងខ្លះៗនោះ។ អ្នកត្រូវតែគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ផងដែរ ត្រូវលះបង់ឱ្យអស់ពីសមត្ថភាពរបស់អ្នក និងត្រូវស្មោះត្រង់ ដែលតម្រូវឱ្យអ្នកមានសតិសម្បជញ្ញៈ និងហេតុផល វាជារបស់ដែលមនុស្សគួរតែមាន ហើយដែលត្រូវបានរកឃើញនៅក្នុងលោកណូអេ។ តើអ្នករាល់គ្នាយល់ដូចម្ដេច ក្នុងការសង់ទូកធំដ៏ធំបែបនេះនៅសម័យនោះ បើលោកណូអេបានធ្វើការយឺតយ៉ាវ ហើយគ្មានអារម្មណ៍បន្ទាន់ មិនខ្វល់ខ្វាយ គ្មានប្រសិទ្ធភាព តើនឹងត្រូវចំណាយពេលប៉ុន្មានឆ្នាំទៅ? តើអាចសង់រួចក្នុងរយៈពេលមួយរយឆ្នាំដែរឬទេ? (មិនអាចទេ។) វាអាចនឹងត្រូវចំណាយពេលច្រើនជំនាន់ក្នុងការសាងសង់ដោយឥតឈប់ឈរ។ ម្យ៉ាងវិញទៀត ការសង់វត្ថុដ៏រឹងមាំមួយដូចជាទូកធំនេះ នឹងត្រូវចំណាយពេលជាច្រើនឆ្នាំ លើសពីនេះទៅទៀត ការប្រមូល និងការមើលថែសត្វមានជីវិតទាំងអស់ ក៏ត្រូវចំណាយពេលច្រើនឆ្នាំដូចគ្នាដែរ។ តើសត្វទាំងនេះងាយស្រួលប្រមូលដែរឬទេ? (មិនងាយស្រួលទេ។) គឺមិនងាយស្រួលឡើយ។ ដូច្នេះហើយ បន្ទាប់ពីបានឮពីការបង្គាប់របស់ព្រះជាម្ចាស់ និងបានយល់ពីព្រះរាជបំណងដ៏បន្ទាន់របស់ព្រះជាម្ចាស់ លោកណូអេមានអារម្មណ៍ថា រឿងនេះមិនមែនជារឿងងាយស្រួល ឬសាមញ្ញនោះទេ។ គាត់បានដឹងថា គាត់ត្រូវតែសម្រេចរឿងនេះស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងបំពេញបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឱ្យ ដើម្បីឱ្យព្រះជាម្ចាស់ទ្រង់បានស្កប់ព្រះទ័យ និងអាចទុកព្រះទ័យបានថា កិច្ចការជំហានបន្ទាប់របស់ព្រះជាម្ចាស់អាចដំណើរការទៅដោយរលូនបាន។ នេះហើយគឺជាចិត្តរបស់លោកណូអេ។ ហើយតើចិត្តនេះជាចិត្តបែបណា? គឺជាចិត្តមួយដែលចេះគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ដោយវិនិច្ឆ័យតាមអាកប្បកិរិយារបស់លោកណូអេក្នុងការសង់ទូកធំ គាត់ពិតជាមនុស្សម្នាក់ដែលមានជំនឿដ៏ខ្លាំងក្លាបំផុត ហើយមិនបានមានការសង្ស័យណាមួយចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ នៅក្នុងរយៈពេលមួយរយឆ្នាំនោះ។ តើគាត់ពឹងផ្អែកលើអ្វី? គាត់ពឹងផ្អែកលើជំនឿ និងការចុះចូលរបស់គាត់ចំពោះព្រះជាម្ចាស់។ លោកណូអេអាចចុះចូលបានទាំងស្រុង។ តើអ្វីទៅជាសេចក្ដីលម្អិតនៃការចុះចូលទាំងស្រុងរបស់គាត់? គឺជាការចេះគិតគូររបស់គាត់។ តើអ្នករាល់គ្នាមានចិត្តបែបនេះដែរឬទេ? (មិនមានទេ។) អ្នករាល់គ្នាអាចនិយាយពីគោលលទ្ធិ និងស្រែកពាក្យស្លោកបាន ប៉ុន្តែអ្នករាល់គ្នាមិនអាចអនុវត្តបានទេ ហើយនៅពេលប្រឈមមុខនឹងការលំបាក អ្នករាល់គ្នាមិនអាចអនុវត្តតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់បានឡើយ។ នៅពេលអ្នករាល់គ្នានិយាយ អ្នករាល់គ្នានិយាយបានយ៉ាងច្បាស់លាស់ណាស់ ប៉ុន្តែនៅពេលនិយាយដល់ការអនុវត្តជាក់ស្ដែង ហើយអ្នករាល់គ្នាប្រឈមមុខនឹងការលំបាកខ្លះ អ្នករាល់គ្នាក៏ក្លាយជាអវិជ្ជមាន ហើយនៅពេលអ្នករាល់គ្នារងទុក្ខបន្តិចបន្តួច អ្នករាល់គ្នាក៏ចាប់ផ្ដើមរអ៊ូរទាំ ចង់បោះបង់ចោលតែម្ដង។ ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលប្រាំបី ឬដប់ឆ្នាំទេ អ្នករាល់គ្នានឹងក្លាយទៅជាអវិជ្ជមាន និងសង្ស័យលើព្រះជាម្ចាស់ ហើយប្រសិនបើម្ភៃឆ្នាំទៀតបានកន្លងផុតទៅដោយគ្មានភ្លៀងធ្លាក់ខ្លាំង តើអ្នករាល់គ្នានឹងបន្តក្លាយទៅជាអវិជ្ជមានទៀតដែរឬទេ? លោកណូអេបានចំណាយពេលជាងមួយរយឆ្នាំដើម្បីសាងសង់ទូកធំ ហើយមិនដែលក្លាយជាអវិជ្ជមាន ឬសង្ស័យលើព្រះជាម្ចាស់ឡើយ គាត់គ្រាន់តែបន្តសាងសង់ទូកធំប៉ុណ្ណោះ។ តើមាននរណាផ្សេងទៀតក្រៅពីលោកណូអេដែលអាចធ្វើរឿងនេះបាន? តើអ្នករាល់គ្នាខ្វះខាតចំណុចណាខ្លះ? (យើងខ្ញុំមិនមានភាពជាមនុស្សធម្មតា ឬសតិសម្បជញ្ញៈទេ។) ត្រូវហើយ។ អ្នករាល់គ្នាមិនមានចរិតលក្ខណៈដូចលោកណូអេទេ។ តើលោកណូអេបានយល់ពីសេចក្ដីពិតប៉ុន្មាន? តើអ្នករាល់គ្នាគិតថាគាត់បានយល់ពីសេចក្ដីពិតច្រើនជាងអ្នករាល់គ្នាដែរឬទេ? អ្នករាល់គ្នាបានឮសេចក្ដីអធិប្បាយជាច្រើនណាស់។ អាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សេចក្ដីពិតខាងក្នុងនៃកិច្ចការបីដំណាក់កាលរបស់ព្រះជាម្ចាស់ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ទាំងនេះគឺជាអាថ៌កំបាំងដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុតដែលបានសម្ដែងចេញដល់មនុស្សជាតិ ហើយអាថ៌កំបាំងទាំងអស់នេះត្រូវបានធ្វើឱ្យច្បាស់លាស់ដល់អ្នករាល់គ្នាហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នានៅតែមិនមានភាពជាមនុស្សដូចលោកណូអេ ហើយមិនអាចធ្វើដូចលោកណូអេអាចធ្វើបាន? ជំនឿ និងភាពជាមនុស្សរបស់អ្នករាល់គ្នាគឺអន់ជាងលោកណូអេឆ្ងាយណាស់! អាចនិយាយបានថា អ្នករាល់គ្នាមិនមានជំនឿពិត ឬសតិសម្បជញ្ញៈ ឬហេតុផលយ៉ាងហោចណាស់ដែលគួរតែមាននៅក្នុងភាពជាមនុស្សនោះទេ។ ទោះបីជាអ្នករាល់គ្នាបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ហើយបើមើលតែសំបកក្រៅ អ្នករាល់គ្នាហាក់ដូចជាយល់ពីសេចក្ដីពិតក៏ដោយ ក៏គុណភាពនៃភាពជាមនុស្ស និងនិស្ស័យពុករលួយរបស់អ្នករាល់គ្នា មិនអាចផ្លាស់ប្ដូរបានភ្លាមៗដោយគ្រាន់តែស្ដាប់សេចក្ដីអធិប្បាយបន្ថែម ឬដោយការយល់ពីសេចក្ដីពិតនោះដែរ។ បើគ្មានការយល់ដឹងអំពីរឿងទាំងនេះទេ មនុស្សមានអារម្មណ៍ថា ពួកគេមិនអន់ជាងពួកបរិសុទ្ធពីបុរណនោះទេ ដោយគិតក្នុងចិត្តថា «ឥឡូវនេះ យើងក៏កំពុងទទួលយកបេសកកម្មរបស់ព្រះជាម្ចាស់ដែរ ហើយកំពុងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ផ្ទាល់។ យើងក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងគ្រប់យ៉ាងដែលព្រះជាម្ចាស់សុំឱ្យយើងធ្វើដែរ។ មនុស្សគ្រប់គ្នារួមគ្នាប្រកបគ្នាអំពីរឿងទាំងនេះ ហើយបន្ទាប់មកធ្វើការរៀបចំផែនការ ការចាត់ចែង និងការអនុវត្តកិច្ចការផ្សេងៗ។ តើយើងខុសពីពួកបរិសុទ្ធពីបុរាណត្រង់ណា?» តើភាពខុសគ្នាដែលអ្នករាល់គ្នាឃើញឥឡូវនេះធំឬអត់? គឺធំសម្បើមណាស់ ជាចម្បងគឺទាក់ទងនឹងចរិតលក្ខណៈ។ មនុស្សនាពេលបច្ចុប្បន្ននេះពុករលួយ អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់! ពួកគេមិនធ្វើអ្វីឡើយ លុកត្រាតែពួកគេទទួលបានផលប្រយោជន៍! ការធ្វើអំពើល្អ និងការសន្សំអំពើល្អ គឺពិតជាលំបាកណាស់សម្រាប់ពួកគេ! ពួកគេសុខចិត្តបំពេញភារកិច្ច តែគ្មានការតស៊ូ ពួកគេសុខចិត្តរងទុក្ខ តែទ្រាំមិនបានទេ ពួកគេចង់ចំណាយថ្លៃ តែធ្វើមិនកើត ពួកគេសុខចិត្តអនុវត្តសេចក្ដីពិត តែអនុវត្តមិនចេញ ហើយពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ តែអនុវត្តមិនបាន។ សូមប្រាប់ខ្ញុំមក តើភាពជាមនុស្សប្រភេទនេះខ្វះខាតប៉ុណ្ណាទៅ! តើត្រូវយល់ និងមានសេចក្ដីពិតប៉ុណ្ណា ទើបអាចបំពេញចំណុចខ្វះខាតទាំងនេះបាន?

យើងខ្ញុំទើបតែបានសិក្សាជាមួយគ្នាទាក់ទងនឹងការចេះគិតគូររបស់លោកណូអេចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយដ៏មានតម្លៃនៃភាពជាមនុស្សរបស់គាត់។ ក៏នៅមានអ្វីផ្សេងទៀតដែរ តើជាអ្វីទៅ? បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ លោកណូអេបានដឹងពីការពិតមួយ ហើយគាត់ក៏បានដឹងពីផែនការរបស់ព្រះជាម្ចាស់ផងដែរ។ ផែនការនោះមិនមែនគ្រាន់តែជាការសាងសង់ទូកធំមួយដើម្បីទុកជាអនុស្សាវរីយ៍ ឬដើម្បីបង្កើតសួនកម្សាន្ត ឬដើម្បីសាងសង់អគារធំមួយទុកជាទីសម្គាល់នោះទេ គឺមិនមែនបែបនេះទេ។ តាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល លោកណូអេបានដឹងពីការពិតមួយ៖ គឺព្រះជាម្ចាស់ទ្រង់ស្អប់ខ្ពើមមនុស្សលោកដែលអាក្រក់នេះណាស់ ហើយបានសម្រេចព្រះទ័យថាមនុស្សលោកនេះនឹងត្រូវបំផ្លាញដោយទឹកជំនន់។ រីឯអស់អ្នកដែលនឹងរស់រានមានជីវិតដល់យុគសម័យបន្ទាប់ នឹងត្រូវបានសង្គ្រោះពីទឹកជំនន់ដោយសារទូកធំនេះ វានឹងអនុញ្ញាតឱ្យពួកគេរស់រានមានជីវិតបាន។ ហើយថាតើ បញ្ហាសំខាន់នៅក្នុងការពិតនេះគឺជាអ្វី? គឺថាព្រះជាម្ចាស់នឹងបំផ្លាញពិភពលោកដោយសារទឹកជំនន់ ហើយទ្រង់មានព្រះបំណងឱ្យលោកណូអេសាងសង់ទូកដ៏ធំមួយ ហើយឱ្យគាត់នៅរស់រានមានជីវិត ហើយឱ្យសត្វមានជីវិតគ្រប់ប្រភេទទាំងអស់នៅរស់រានមានជីវិត ប៉ុន្តែមនុស្សលោកនឹងត្រូវបំផ្លាញ។ តើរឿងនេះគឺជារឿងធំដុំដែរឬទេ? នេះមិនមែនជារឿងគ្រួសារតូចតាចនោះទេ ហើយក៏មិនមែនជារឿងតូចតាចដែលទាក់ទងនឹងបុគ្គលម្នាក់ ឬកុលសម្ព័ន្ធមួយដែរ ផ្ទុយទៅវិញ វារួមបញ្ចូលទាំងប្រតិបត្តិការដ៏ធំមួយ។ តើជាប្រតិបត្តិការដ៏ធំបែបណា? គឺជាប្រតិបត្តិការមួយដែលទាក់ទងនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងធ្វើអ្វីមួយដ៏ធំ អ្វីមួយដែលពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល ហើយដែលទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះអង្គ ទាក់ទងនឹងឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិ និងចំពោះជោគវាសនារបស់មនុស្សលោក។ នេះគឺជាព័ត៌មានទីបីដែលលោកណូអេបានដឹង នៅពេលដែលព្រះជាម្ចាស់បានប្រគល់កិច្ចការនេះដល់គាត់។ ហើយតើលោកណូអេមានឥរិយាបថយ៉ាងដូចម្តេច នៅពេលដែលគាត់បានឮអំពីរឿងនេះតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើជាការជឿ ការសង្ស័យ ឬក៏ការមិនជឿទាំងស្រុង? (ការជឿ។) តើគាត់ជឿដល់កម្រិតណា? ហើយតើមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាគាត់បានជឿរឿងនេះ? (នៅពេលដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បានចាប់ផ្ដើមអនុវត្តតាមព្រះបន្ទូលទាំងនោះភ្លាម ហើយបានសង់ទូកធំតាមដែលព្រះជាម្ចាស់បានមានបន្ទូល ដែលនេះមានន័យថា ឥរិយាបថរបស់គាត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការជឿ។) តាមរយៈគ្រប់សកម្មភាពទាំងអស់របស់លោកណូអេ ចាប់ពីកម្រិតនៃការប្រតិបត្តិ និងការអនុវត្តបន្ទាប់ពីលោកណូអេបានទទួលយកព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ រហូតដល់ការពិតដែលត្រូវបានសម្រេចនៅទីបំផុត គេអាចមើលឃើញថា លោកណូអេមានការជឿទាំងស្រុងលើគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់ដែលបានមានបន្ទូលមកគាត់។ ហេតុអ្វីបានជាគាត់មានការជឿទាំងស្រុង? ហេតុអ្វីបានជាគាត់គ្មានការសង្ស័យ? ហេតុអ្វីបានជាគាត់មិនព្យាយាមវិភាគ មិនពិនិត្យពិច័យរឿងនេះនៅក្នុងចិត្តរបស់គាត់? តើរឿងនេះទាក់ទងនឹងអ្វី? (ជំនឿលើព្រះជាម្ចាស់។) ត្រូវហើយ នេះគឺជាជំនឿពិតរបស់លោកណូអេលើព្រះជាម្ចាស់។ ដូច្នេះហើយ នៅពេលដែលនិយាយដល់ការដែលព្រះជាម្ចាស់បានមានបន្ទូល និងគ្រប់ព្រះបន្ទូលរបស់ព្រះអង្គ លោកណូអេមិនមែនគ្រាន់តែស្ដាប់ និងទទួលយកប៉ុណ្ណោះទេ ផ្ទុយទៅវិញ គាត់មានការយល់ដឹង និងជំនឿពិតនៅក្នុងជម្រៅចិត្តរបស់គាត់។ ទោះបីជាព្រះជាម្ចាស់មិនបានប្រាប់គាត់ពីសេចក្ដីលម្អិតផ្សេងៗ ដូចជាពេលវេលាដែលទឹកជំនន់នឹងមកដល់ ឬប៉ុន្មានឆ្នាំទៀតទើបវាមកដល់ ឬទំហំនៃទឹកជំនន់នេះនឹងធំប៉ុណ្ណា ឬក៏វានឹងទៅជាយ៉ាងណាបន្ទាប់ពីព្រះជាម្ចាស់បានបំផ្លាញពិភពលោកក៏ដោយ ក៏លោកណូអេជឿថា អ្វីទាំងអស់ដែលព្រះជាម្ចាស់បានមានបន្ទូល នឹងបានក្លាយជាការពិតរួចទៅហើយ។ លោកណូអេមិនបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជារឿងនិទាន ឬទេវកថា ឬពាក្យចចាមអារ៉ាម ឬសំណេរមួយនោះទេ ប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់គាត់ គាត់បានជឿ ហើយប្រាកដក្នុងចិត្តថា ព្រះជាម្ចាស់នឹងធ្វើតាមព្រះបន្ទូល ហើយគ្មាននរណាអាចផ្លាស់ប្ដូរអ្វីដែលព្រះជាម្ចាស់សម្រេចព្រះទ័យថានឹងធ្វើបានឡើយ។ លោកណូអេមានអារម្មណ៍ថា មនុស្សអាចមានឥរិយាបថតែមួយគត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់មានព្រះបំណងចង់សម្រេច គឺការទទួលយកការពិតនេះ ចុះចូលនឹងអ្វីដែលព្រះជាម្ចាស់បានបង្គាប់ និងអនុវត្តឱ្យបានល្អនូវកិច្ចការដែលព្រះជាម្ចាស់ប្រគល់ឱ្យពួកគេធ្វើ នេះហើយគឺជាឥរិយាបថរបស់គាត់។ ហើយច្បាស់ណាស់ដោយសារតែលោកណូអេមានឥរិយាបថបែបនេះ គ្មានការវិភាគ គ្មានការពិនិត្យពិច័យ គ្មានសង្ស័យ តែជឿពីក្នុងជម្រៅចិត្តរបស់គាត់ ហើយបន្ទាប់មកបានសម្រេចចិត្តអនុវត្តតាមអ្វីដែលព្រះជាម្ចាស់បានតម្រូវ និងធ្វើផ្នែករបស់គាត់តាមអ្វីដែលព្រះជាម្ចាស់មានព្រះបំណងចង់សម្រេច ទើបការពិតនៃការសាងសង់ទូកធំ និងការប្រមូល ហើយនិងការរស់រានមានជីវិតរបស់សត្វមានជីវិតគ្រប់ប្រភេទត្រូវបានសម្រេចឡើង។ ប្រសិនបើ នៅពេលដែលលោកណូអេបានឮព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងបំផ្លាញពិភពលោកដោយសារទឹកជំនន់ លោកណូអេមានការសង្ស័យ ប្រសិនបើគាត់មិនហ៊ានជឿរឿងនេះទាំងស្រុង ពីព្រោះគាត់មិនបានឃើញវា ហើយមិនដឹងថាវានឹងកើតឡើងនៅពេលណា ដោយមានរឿងជាច្រើនដែលមិនដឹង នោះតើផ្នត់គំនិត និងការជឿជាក់របស់គាត់ចំពោះការសង់ទូកធំនឹងទទួលរងឥទ្ធិពល នឹងផ្លាស់ប្ដូរដែរឬទេ? (មែនហើយ។) តើវានឹងផ្លាស់ប្ដូរទៅជាយ៉ាងណា? ស្របពេលដែលកំពុងសង់ទូកធំ គាត់អាចនឹងធ្វើបង្គ្រប់កិច្ច គាត់អាចនឹងមិនអើពើនឹងការកំណត់ជាក់លាក់របស់ព្រះជាម្ចាស់ ឬមិនបានប្រមូលសត្វមានជីវិតគ្រប់ប្រភេទទាំងអស់ចូលមកក្នុងទូកធំតាមដែលព្រះជាម្ចាស់បានមានបង្គាប់ ព្រះជាម្ចាស់បានមានបន្ទូលថា ត្រូវតែមានឈ្មោលមួយ និងញីមួយ ហើយគាត់អាចនឹងនិយាយថា «សម្រាប់សត្វខ្លះ មានតែញីមួយទៅបានហើយ។ សត្វខ្លះខ្ញុំរកមិនបានទេ ដូច្នេះបំភ្លេចវាចោលទៅ។ អ្នកណាទៅដឹងថា ទឹកជំនន់ដែលបំផ្លាញពិភពលោកនឹងកើតឡើងនៅពេលណា»។ កិច្ចការដ៏ធំធេងនៃការសង់ទូកធំ និងការប្រមូលសត្វមានជីវិតគ្រប់ប្រភេទទាំងអស់ បានចំណាយពេលមួយរយម្ភៃឆ្នាំ។ តើលោកណូអេនឹងអាចតស៊ូបានរយៈពេលមួយរយម្ភៃឆ្នាំនេះដែរឬទេ បើគាត់គ្មានជំនឿពិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ? ពិតជាមិនអាចទេ។ ជាមួយនឹងការរំខានពីពិភពខាងក្រៅ និងការរអ៊ូរទាំផ្សេងៗពីសមាជិកគ្រួសាររបស់គាត់ សម្រាប់មនុស្សម្នាក់ដែលមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការពិត កិច្ចការសាងសង់ទូកដ៏ធំនេះនឹងពិបាកសម្រេចណាស់ ទម្រាំតែត្រូវចំណាយពេលមួយរយម្ភៃឆ្នាំទៀត។ លើកមុន ខ្ញុំបានសួរអ្នករាល់គ្នាថា តើមួយរយម្ភៃឆ្នាំជាពេលវេលាយូរដែរឬទេ? អ្នកទាំងអស់គ្នាបាននិយាយថា យូរ។ ខ្ញុំបានសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាអាចទ្រាំទ្របានយូរប៉ុណ្ណា ហើយនៅពេលដែលខ្ញុំសួរចុងក្រោយថា តើអ្នករាល់គ្នាអាចទ្រាំទ្របានដប់ប្រាំថ្ងៃដែរឬទេ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាននិយាយថាអាចទ្រាំទ្របាននោះទេ ហើយចិត្តរបស់ខ្ញុំក៏អាក់អន់ស្រពន់ចិត្តដែរ។ អ្នករាល់គ្នាអន់ជាងលោកណូអេឆ្ងាយណាស់។ អ្នករាល់គ្នាមិនបានសូម្បីតែមួយចំណិតគាត់ផង អ្នករាល់គ្នាមិនមានសូម្បីតែមួយភាគដប់នៃជំនឿរបស់គាត់ផង។ ពិតជាគួរឱ្យស្រណោះណាស់! ម្យ៉ាងទៀត ភាពជាមនុស្ស និងសេចក្ដីទៀងត្រង់របស់អ្នករាល់គ្នាគឺទាបពេកហើយ។ ម្យ៉ាងទៀត អាចនិយាយបានថា ការដេញតាមសេចក្ដីពិតរបស់អ្នករាល់គ្នាគឺស្ទើរតែគ្មានសោះឡើយ។ ដូច្នេះហើយ អ្នករាល់គ្នាមិនអាចបង្កើតឱ្យមានជំនឿពិតលើព្រះជាម្ចាស់បានឡើយ ហើយអ្នករាល់គ្នាក៏គ្មានការចុះចូលពិតដែរ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាអាចតស៊ូមកដល់ពេលនេះ ហេតុអ្វីបានជានៅពេលដែលខ្ញុំប្រកបគ្នា អ្នករាល់គ្នានៅតែអង្គុយស្ដាប់នៅទីនេះ? មានទិដ្ឋភាពពីរដែលត្រូវបានរកឃើញនៅក្នុងអ្នករាល់គ្នា។ ម្យ៉ាងវិញទៀត អ្នករាល់គ្នាភាគច្រើននៅតែចង់ធ្វើជាមនុស្សល្អ អ្នករាល់គ្នាមិនចង់ធ្វើជាមនុស្សអាក្រក់ទេ។ អ្នករាល់គ្នាចង់ដើរតាមផ្លូវល្អ។ អ្នករាល់គ្នាមានការប្ដេជ្ញាចិត្តបន្តិចបន្តួចនេះ អ្នករាល់គ្នាមានបំណងប្រាថ្នាល្អបន្តិចបន្តួចនេះ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នករាល់គ្នាភាគច្រើនខ្លាចសេចក្ដីស្លាប់។ តើអ្នករាល់គ្នាខ្លាចសេចក្ដីស្លាប់ដល់កម្រិតណា? នៅពេលមានសញ្ញាអំពីបញ្ហាបន្តិចបន្តួចនៅពិភពខាងក្រៅ មានអ្នករាល់គ្នាមួយចំនួនដែលខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន នៅពេលដែលអ្វីៗស្ងប់ស្ងាត់ទៅវិញ ពួកគេក៏លង់ខ្លួនក្នុងភាពសុខស្រួល ហើយខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនតិចជាងមុនឆ្ងាយណាស់ ពួកគេគិតតែពីរឿងខាងសាច់ឈាមរបស់ខ្លួនជានិច្ច។ បើប្រៀបធៀបនឹងជំនឿពិតរបស់លោកណូអេ តើមានជំនឿពិតណាមួយនៅក្នុងអ្វីដែលបានបង្ហាញឱ្យឃើញនៅក្នុងអ្នករាល់គ្នាដែរឬទេ? (មិនមានទេ។) ខ្ញុំក៏គិតដូច្នេះដែរ។ ហើយទោះបីជាមានជំនឿបន្តិចបន្តួចក៏ដោយ ក៏វាតូចគួរឱ្យអាណិត ហើយមិនអាចឈរមាំបាននៅចំពោះមុខការល្បងលឡើយ។

ខ្ញុំមិនដែលធ្វើការរៀបចំចាត់ចែងការងារណាមួយឡើយ ប៉ុន្តែជារឿយៗខ្ញុំឮអំពីការរៀបចំចាត់ចែងការងារទាំងនោះដែលត្រូវបានចាប់ផ្ដើមដោយពាក្យពេចន៍បែបនេះថា៖ «ឥឡូវនេះ ប្រទេសផ្សេងៗកំពុងស្ថិតក្នុងភាពវឹកវរធ្ងន់ធ្ងរ និន្នាការលោកិយកាន់តែអាក្រក់ទៅៗ ហើយព្រះជាម្ចាស់នឹងដាក់ទោសមនុស្សលោក យើងគួរតែបំពេញភារកិច្ចរបស់យើងឱ្យស្របតាមស្ដង់ដារ ដោយធ្វើបែបនេះ ឬបែបនោះ និងថ្វាយភក្ដីភាពរបស់យើងចំពោះព្រះជាម្ចាស់»។ «សព្វថ្ងៃនេះ ជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរទៅៗ បរិស្ថានកាន់តែអាក្រក់ទៅៗ គ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរទៅៗ មនុស្សប្រឈមមុខនឹងការគំរាមកំហែងពីជំងឺ និងសេចក្ដីស្លាប់ ហើយលុះត្រាតែយើងជឿលើព្រះជាម្ចាស់ និងអធិស្ឋាននៅចំពោះព្រះជាម្ចាស់ឱ្យបានច្រើនប៉ុណ្ណោះ ទើបយើងអាចជៀសផុតពីជំងឺអាសន្នរោគបាន ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាទីពឹងរបស់យើង។ សព្វថ្ងៃនេះ ដោយប្រឈមមុខនឹងកាលៈទេសៈ និងបរិស្ថានបែបនេះ យើងគួរតែធ្វើអំពើល្អដោយធ្វើបែបនេះ ឬបែបនោះ និងបំពាក់ខ្លួនយើងដោយសេចក្ដីពិតដោយធ្វើបែបនេះ ឬបែបនោះ នេះគឺជារឿងចាំបាច់បំផុត»។ «នៅឆ្នាំនេះ ការរាតត្បាតនៃសត្វល្អិតគឺធ្ងន់ធ្ងរណាស់ មនុស្សលោកនឹងប្រឈមមុខនឹងគ្រោះទុរ្ភិក្ស ហើយនឹងជួបប្រទះនឹងអំពើលួចប្លន់ និងអស្ថិរភាពសង្គមក្នុងពេលឆាប់ៗ ដូច្នេះ អស់អ្នកដែលជឿលើព្រះជាម្ចាស់ គួរតែចូលមកចំពោះព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីអធិស្ឋាន និងទូលសូមការការពារពីព្រះជាម្ចាស់ ហើយត្រូវតែរក្សាជីវិតពួកជំនុំតាមធម្មតា និងជីវិតខាងវិញ្ញាណតាមធម្មតា»។ ហើយបន្ទាប់មកទៀត នៅពេលដែលនិយាយពីសេចក្ដីផ្ដើមចប់ ក៏ចូលដល់ការរៀបចំចាត់ចែងជាក់លាក់ម្ដង។ រាល់លើក សេចក្ដីផ្ដើមទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ និងទាន់ពេលវេលានៅក្នុងជំនឿរបស់មនុស្ស។ ដូច្នេះ ខ្ញុំឆ្ងល់ថា ប្រសិនបើសេចក្ដីផ្ដើម និងសេចក្ដីថ្លែងទាំងនេះមិនត្រូវបានធ្វើឡើងទេ តើការរៀបចំចាត់ចែងការងារទាំងនោះនឹងមិនត្រូវបានអនុវត្តដែរឬទេ? បើគ្មានសេចក្ដីផ្ដើមទាំងនេះទេ តើការរៀបចំចាត់ចែងការងារទាំងនោះមិនមែនជាការរៀបចំចាត់ចែងការងារទេឬ? តើនឹងគ្មានហេតុផលដើម្បីចេញការរៀបចំចាត់ចែងការងារទាំងនោះទេឬ? ចម្លើយចំពោះសំណួរទាំងនេះគឺ ទោះបីគ្មានសេចក្តីផ្ដើមក៏ដោយ ក៏ត្រូវអនុវត្តតាមការរៀបចំចាត់ចែងការងារទាំងនោះដែរ។ អ្វីដែលខ្ញុំចង់ដឹងនៅពេលនេះគឺថា តើមនុស្សមានគោលបំណងអ្វីនៅក្នុងការមានជំនឿលើព្រះជាម្ចាស់? តើជំនឿរបស់ពួកគេលើព្រះជាម្ចាស់មានអត្ថន័យដូចម្ដេច? តើពួកគេយល់ ឬមិនយល់ពីការពិតដែលព្រះជាម្ចាស់មានព្រះបំណងចង់សម្រេចដែរឬទេ? តើមនុស្សគួរប្រព្រឹត្តបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើពួកគេគួរប្រព្រឹត្តបែបណាចំពោះអ្វីគ្រប់យ៉ាងដែលព្រះអាទិករបានតម្រូវ? តើសំណួរទាំងនេះមានតម្លៃគួរឱ្យពិចារណាដែរឬទេ? ប្រសិនបើវាស់វែងមនុស្សទៅតាមស្ដង់ដាររបស់លោកណូអេ តាមទស្សនៈរបស់ខ្ញុំ គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេស័ក្តិសមទទួលបានងារជា «ភាវៈដែលព្រះជាម្ចាស់បានបង្កើតមក» នោះទេ។ ពួកគេមិនស័ក្តិសមនឹងចូលមកចំពោះព្រះជាម្ចាស់ឡើយ។ ប្រសិនបើជំនឿ និងការចុះចូលរបស់មនុស្សនាពេលបច្ចុប្បន្ននេះ ត្រូវបានវាស់វែងដោយឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះលោកណូអេ និងស្ដង់ដារដែលព្រះជាម្ចាស់បានជ្រើសរើសលោកណូអេ តើព្រះជាម្ចាស់អាចសព្វព្រះទ័យនឹងពួកគេដែរឬទេ? (មិនអាចទេ។) គឺខុសគ្នាឆ្ងាយណាស់! មនុស្សតែងតែនិយាយថា ពួកគេជឿ និងថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែតើជំនឿ និងការថ្វាយបង្គំនេះបង្ហាញឱ្យឃើញយ៉ាងដូចម្ដេចនៅក្នុងពួកគេ? តាមពិតទៅ វាបង្ហាញឱ្យឃើញនៅក្នុងការពឹងផ្អែករបស់ពួកគេលើព្រះជាម្ចាស់ ការទាមទាររបស់ពួកគេចំពោះទ្រង់ ក៏ដូចជាការបះបោរពិតប្រាកដរបស់ពួកគេទាស់នឹងទ្រង់ ហើយថែមទាំងជាការមើលងាយរបស់ពួកគេចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សថែមទៀតផង។ តើទាំងអស់នេះអាចត្រូវបានចាត់ទុកថាជាការមើលងាយរបស់មនុស្សលោកចំពោះសេចក្ដីពិត និងការរំលោភលើគោលការណ៍ដោយបើកចំហដែរឬទេ? តាមពិតទៅ គឺករណីបែបនេះឯង នេះហើយគឺជាសារជាតិរបស់វា។ រាល់ពេលដែលការរៀបចំចាត់ចែងការងារមានពាក្យពេចន៍ទាំងនេះ គឺមានការកើនឡើងនូវ «ជំនឿ» របស់មនុស្ស រាល់ពេលដែលការរៀបចំចាត់ចែងការងារត្រូវបានចេញផ្សាយ នៅពេលដែលមនុស្សដឹងពីសេចក្ដីតម្រូវ និងអត្ថន័យនៃការរៀបចំចាត់ចែងការងារ ហើយអាចអនុវត្តតាមបាន នោះពួកគេជឿថា មានការកើនឡើងនូវកម្រិតនៃការចុះចូលរបស់ពួកគេ ថាឥឡូវនេះពួកគេមានការចុះចូលហើយ ប៉ុន្តែតាមពិតទៅ តើពួកគេពិតជាមានជំនឿ និងការចុះចូលពិតប្រាកដមែនដែរឬទេ? ហើយតើអ្វីទៅជាជំនឿ និងការចុះចូលដែលគេសន្មតនេះ នៅពេលដែលវាស់វែងដោយស្ដង់ដាររបស់លោកណូអេនោះ? តាមពិតទៅ គឺជាការដោះដូរមួយប្រភេទ។ តើរឿងនេះអាចត្រូវបានចាត់ទុកថាជាជំនឿ និងការចុះចូលពិតប្រាកដបានយ៉ាងដូចម្ដេច? តើជំនឿដ៏ពិតប្រាកដរបស់មនុស្សបែបនេះ គឺជាអ្វីដែរ? «គ្រាចុងក្រោយបានមកដល់ហើយ ខ្ញុំសង្ឃឹមថាព្រះជាម្ចាស់នឹងធ្វើការក្នុងពេលឆាប់ៗនេះ! ពិតជាមានពរណាស់ដែលខ្ញុំនឹងនៅទីនេះ នៅពេលដែលព្រះជាម្ចាស់បំផ្លាញពិភពលោក មានពរណាស់ដែលខ្ញុំនឹងមានសំណាងគ្រប់គ្រាន់នៅរស់រានមានជីវិត ហើយនឹងមិនរងទុក្ខពីការបំផ្លិចបំផ្លាញដ៏ធំមួយនោះ។ ព្រះជាម្ចាស់ទ្រង់ល្អណាស់ ទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ព្រះជាម្ចាស់ទ្រង់អស្ចារ្យណាស់! ទ្រង់បានលើកតម្កើងមនុស្សលោកយ៉ាងខ្លាំង ព្រះជាម្ចាស់ពិតជាព្រះជាម្ចាស់មែន មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើរឿងបែបនេះបាន»។ ចុះចំណែកការចុះចូលពិតប្រាកដរបស់ពួកគេនោះវិញ? «អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលគឺត្រឹមត្រូវ។ ចូរធ្វើតាមអ្វីក៏ដោយដែលទ្រង់ស្នើសូមចុះ បើមិនដូច្នោះទេ អ្នកនឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ហើយអ្វីៗនឹងចប់សព្វគ្រប់សម្រាប់អ្នក គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ»។ ជំនឿរបស់ពួកគេមិនមែនជាជំនឿដ៏ពិតនោះទេ ហើយការចុះចូលរបស់ពួកគេក៏មិនមែនជាការចុះចូលដ៏ពិតនោះដែរ ពោលគឺទាំងនេះគ្មានអ្វីក្រៅពីការកុហកនោះឡើយ។

សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្នានៅលើពិភពលោកដឹងពីសាច់រឿងដែលលោកណូអេបានសង់ទូកធំ មែនទេ? ប៉ុន្តែ តើមានមនុស្សប៉ុន្មាននាក់ដែលបានដឹងពីរឿងរ៉ាវនៅខាងក្នុង? តើមានមនុស្សប៉ុន្មាននាក់ដែលយល់ពីជំនឿដ៏ពិត និងការចុះចូលដ៏ពិតរបស់លោកណូអេ? ហើយតើមាននរណាដឹង ហើយខ្វល់ខ្វាយអំពីអ្វីដែលជាការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកណូអេដែរឬទេ? គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងរឿងនេះទេ។ តើរឿងនេះបង្ហាញពីអ្វីដែរ? វាបង្ហាញថាមនុស្សមិនដេញតាមសេចក្ដីពិត ហើយមិនស្រឡាញ់អ្វីដែលជាភាពវិជ្ជមាននោះទេ។ លើកមុន បន្ទាប់ពីខ្ញុំបានប្រកបគ្នាអំពីរឿងរ៉ាវរបស់បុគ្គលទាំងពីររូបនេះហើយ តើមាននរណាត្រឡប់ទៅអានសេចក្ដីលម្អិតនៃរឿងរ៉ាវទាំងនេះនៅក្នុងព្រះគម្ពីរដែរឬទេ? តើអ្នកបានរំភើបចិត្តដែរឬទេ នៅពេលដែលអ្នករាល់គ្នាបានឮរឿងរ៉ាវរបស់លោកណូអេ លោកអ័ប្រាហាំ និងលោកយ៉ូប? (រំភើបចិត្ត។) តើអ្នករាល់គ្នាច្រណែននឹងអ្នកទាំងបីនាក់នេះដែរឬទេ? (ច្រណែន។) តើអ្នកចង់ធ្វើដូចពួកគេដែរឬទេ? (ចង់។) ដូច្នេះ តើអ្នករាល់គ្នាបានប្រកបគ្នាដោយលម្អិតអំពីរឿងរ៉ាវរបស់ពួកគេ និងអំពីសារជាតិនៃអាកប្បកិរិយារបស់ពួកគេ ឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងជំនឿ និងការចុះចូលរបស់ពួកគេដែរឬទេ? តើមនុស្សដែលចង់ធ្វើដូចមនុស្សប្រភេទទាំងនេះ គួរចាប់ផ្ដើមពីកន្លែងណាដែរ? ខ្ញុំបានអានសាច់រឿងរបស់លោកយ៉ូបជាលើកដំបូងតាំងពីយូរយារណាស់មកហើយ ហើយខ្ញុំក៏បានយល់ដឹងខ្លះៗអំពីរឿងរ៉ាវរបស់លោកណូអេ និងលោកអ័ប្រាហាំដែរ។ រាល់ពេលដែលខ្ញុំអាន និងគិតនៅក្នុងចិត្តរបស់ខ្ញុំ អំពីអ្វីដែលបុរសទាំងបីនាក់បានបង្ហាញឱ្យឃើញ អំពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល និងបានធ្វើចំពោះពួកគេ និងអំពីឥរិយាបថផ្សេងៗរបស់ពួកគេ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ស្រក់ទឹកភ្នែក ខ្ញុំរំភើបចិត្តណាស់។ ដូច្នេះ តើអ្វីដែលបានធ្វើឱ្យអ្នករំភើបចិត្ត នៅពេលដែលអ្នករាល់គ្នាបានអានរឿងទាំងនោះ? (ដោយបានស្ដាប់ការប្រកបគ្នារបស់ព្រះជាម្ចាស់ ទីបំផុតខ្ញុំបានដឹងថា នៅពេលដែលលោកយ៉ូបកំពុងឆ្លងកាត់ការល្បងលរបស់គាត់ គាត់បានគិតថា ព្រះជាម្ចាស់កំពុងតែរងទុក្ខជំនួសគាត់ ហើយដោយសារគាត់មិនចង់ឱ្យព្រះជាម្ចាស់រងទុក្ខ គាត់ក៏បានដាក់បណ្ដាសាដល់ថ្ងៃដែលគាត់បានកើត។ រាល់ពេលដែលខ្ញុំអានរឿងនេះ ខ្ញុំមានអារម្មណ៍ថា លោកយ៉ូបពិតជាបានគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់មែន ហើយខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់។) តើនៅមានអ្វីផ្សេងទៀតដែរឬទេ? (លោកណូអេបានឆ្លងកាត់ការលំបាកបែបនេះនៅពេលសាងសង់ទូកធំ ប៉ុន្តែគាត់នៅតែអាចបង្ហាញពីការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់បានដដែល។ លោកអ័ប្រាហាំបានទទួលកូនម្នាក់នៅអាយុមួយរយឆ្នាំ ហើយពោរពេញដោយសេចក្ដីអំណរ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានសុំឱ្យគាត់ថ្វាយកូនរបស់គាត់ គាត់អាចស្ដាប់បង្គាប់ និងចុះចូលបាន ប៉ុន្តែយើងធ្វើមិនបានទេ។ យើងគ្មានភាពជាមនុស្ស សតិសម្បជញ្ញៈ ឬហេតុផលដូចលោកណូអេ ឬលោកអ័ប្រាហាំនោះទេ។ ខ្ញុំពោរពេញដោយការកោតសរសើរនៅពេលដែលខ្ញុំអានរឿងរ៉ាវរបស់ពួកគេ ហើយពួកគេជាគំរូសម្រាប់យើងដែលត្រូវយកតម្រាប់តាម។) (លើកចុងក្រោយដែលទ្រង់បានប្រកបគ្នា ទ្រង់បានលើកឡើងថា លោកណូអេអាចតស៊ូបានរយៈពេលមួយរយម្ភៃឆ្នាំក្នុងការសង់ទូកធំ និងថាគាត់បានបំពេញកិច្ចការដែលព្រះជាម្ចាស់បានបង្គាប់ឱ្យគាត់ធ្វើបានយ៉ាងល្អឥតខ្ចោះ ហើយមិនបានធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យឡើយ។ បើប្រៀបធៀបរឿងនេះជាមួយនឹងឥរិយាបថរបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្ញុំ ខ្ញុំឃើញថាខ្ញុំគ្មានការតស៊ូទាល់តែសោះ។ រឿងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ខុសឆ្គងផង និងរំភើបចិត្តផង។) អ្នករាល់គ្នារំភើបចិត្ត មែនទេ? (មែនហើយ។) សម្រាប់ពេលនេះ យើងនឹងមិនប្រកបគ្នាអំពីប្រធានបទនេះទេ យើងនឹងពិភាក្សាអំពីរឿងទាំងអស់នេះ បន្ទាប់ពីយើងបានបញ្ចប់រឿងរ៉ាវរបស់លោកណូអេ និងលោកអ័ប្រាហាំ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាថា ផ្នែកណាខ្លះដែលបានធ្វើឱ្យខ្ញុំរំភើបចិត្ត ហើយយើងនឹងមើលថាតើវាជាផ្នែកដូចគ្នាដែលបានធ្វើឱ្យអ្នករំភើបចិត្តដែរឬទេ។

យើងទើបតែបានប្រកបគ្នាអំពីជំនឿដ៏ពិតរបស់លោកណូអេលើព្រះជាម្ចាស់។ ការពិតជាក់ស្ដែងនៃការសង់ទូកធំរបស់គាត់ គឺគ្រប់គ្រាន់ដើម្បីបង្ហាញពីជំនឿដ៏ពិតរបស់គាត់ហើយ។ ជំនឿដ៏ពិតរបស់លោកណូអេត្រូវបានបង្ហាញឱ្យឃើញនៅក្នុងគ្រប់សកម្មភាពរបស់គាត់ នៅក្នុងគ្រប់គំនិតរបស់គាត់ និងនៅក្នុងឥរិយាបថដែលគាត់បានប្រព្រឹត្តចំពោះអ្វីដែលព្រះជាម្ចាស់បានបង្គាប់ដល់គាត់។ នេះគឺគ្រប់គ្រាន់ ដើម្បីបង្ហាញពីជំនឿដ៏ពិតរបស់លោកណូអេលើព្រះជាម្ចាស់ ពោលគឺជាជំនឿមួយដែលលើសពីការសង្ស័យទាំងអស់ និងបរិសុទ្ធទាំងស្រុង។ មិនថាអ្វីដែលព្រះជាម្ចាស់បានសុំឱ្យគាត់ធ្វើ ស្របតាមសញ្ញាណរបស់គាត់ផ្ទាល់ឬអត់ មិនថាវាជាអ្វីដែលគាត់បានគ្រោងនឹងធ្វើនៅក្នុងជីវិតរបស់គាត់ឬអត់ ហើយមិនថាវាប៉ះទង្គិចជាមួយរឿងរ៉ាវក្នុងជីវិតរបស់គាត់បែបណា មិនថាកិច្ចការនេះលំបាកប៉ុនណានោះទេ គាត់មានឥរិយាបថតែមួយប៉ុណ្ណោះគឺ៖ ការទទួលយក ការចុះចូល និងការអនុវត្ត។ ចុងក្រោយ ការពិតបានបង្ហាញថា ទូកធំដែលលោកណូអេបានសាងសង់នោះ បានសង្គ្រោះសត្វមានជីវិតគ្រប់ប្រភេទ រួមទាំងក្រុមគ្រួសាររបស់លោកណូអេផ្ទាល់ផងដែរ។ នៅពេលដែលព្រះជាម្ចាស់បានធ្វើឱ្យមានទឹកជំនន់ ហើយចាប់ផ្ដើមបំផ្លាញមនុស្សលោក ទូកធំបានផ្ទុកគ្រួសាររបស់លោកណូអេ និងសត្វមានជីវិតប្រភេទផ្សេងៗ ដោយអណ្ដែតនៅលើផ្ទៃទឹក។ ព្រះជាម្ចាស់បានបំផ្លាញផែនដីដោយបញ្ជូនទឹកជំនន់ដ៏ធំមួយអស់រយៈពេលសែសិបថ្ងៃ ហើយមានតែគ្រួសាររបស់លោកណូអេដែលមានគ្នាប្រាំបីនាក់ និងសត្វមានជីវិតផ្សេងៗដែលបានចូលទៅក្នុងទូកធំប៉ុណ្ណោះដែលបានរួចជីវិត រីឯមនុស្ស និងសត្វមានជីវិតទាំងអស់ផ្សេងទៀតត្រូវបានបំផ្លាញ។ តើគេមើលឃើញអ្វីខ្លះពីការពិតទាំងនេះ? ដោយសារតែលោកណូអេមានជំនឿដ៏ពិត និងការចុះចូលដ៏ពិតចំពោះព្រះជាម្ចាស់ តាមរយៈការសហការដ៏ពិតប្រាកដរបស់លោកណូអេជាមួយព្រះជាម្ចាស់ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបំណងចង់ធ្វើត្រូវបានសម្រេច គ្រប់យ៉ាងបានក្លាយជាការពិត។ នេះហើយជាអ្វីដែលព្រះជាម្ចាស់បានឱ្យតម្លៃនៅក្នុងលោកណូអេ ហើយលោកណូអេមិនបានធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យឡើយ។ គាត់បានបំពេញតាមបញ្ជាបេសកកម្មដ៏សំខាន់ដែលព្រះជាម្ចាស់បានប្រទានឱ្យគាត់ ហើយបានសម្រេចកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានប្រគល់ដល់គាត់។ ការដែលលោកណូអេអាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន ម្យ៉ាងគឺដោយសារតែសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ វាក៏ដោយសារតែជំនឿដ៏ពិត និងការចុះចូលទាំងស្រុងរបស់លោកណូអេចំពោះព្រះជាម្ចាស់ជាចម្បងផងដែរ។ គឺច្បាស់ណាស់ដោយសារតែលោកណូអេមានរបស់ទាំងពីរយ៉ាងដ៏មានតម្លៃបំផុតនេះហើយ ទើបគាត់បានក្លាយជាទីស្រឡាញ់របស់ព្រះជាម្ចាស់បាន ហើយច្បាស់ណាស់ ដោយសារតែលោកណូអេមានជំនឿដ៏ពិត និងការចុះចូលទាំងស្រុង ទើបព្រះជាម្ចាស់បានទតឃើញគាត់ថាជាមនុស្សម្នាក់ដែលគួរតែនៅរស់រានមានជីវិត និងជាមនុស្សម្នាក់ដែលស័ក្តិសមនឹងរស់រានមានជីវិត។ មនុស្សគ្រប់គ្នាលើកលែងតែលោកណូអេ គឺជាកម្មវត្ថុនៃការស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ ដែលមានន័យថា ពួកគេទាំងអស់គ្នាមិនស័ក្តិសមនឹងរស់នៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមកឡើយ។ តើយើងគួរមើលឃើញអ្វីខ្លះពីការសាងសង់ទូកធំរបស់លោកណូអេ? ម្យ៉ាង យើងបានឃើញពីចរិតលក្ខណៈដ៏ថ្លៃថ្នូររបស់លោកណូអេ លោកណូអេមានសតិសម្បជញ្ញៈ និងហេតុផល។ ម្យ៉ាងទៀត យើងបានឃើញពីជំនឿដ៏ពិត និងការចុះចូលដ៏ពិតរបស់លោកណូអេចំពោះព្រះជាម្ចាស់។ ទាំងអស់នេះគឺស័ក្តិសមនឹងការយកតម្រាប់តាម។ គឺច្បាស់ណាស់ដោយសារតែជំនឿ និងការចុះចូលរបស់លោកណូអេចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ទើបលោកណូអេបានក្លាយជាទីស្រឡាញ់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ជាភាវៈដែលបានបង្កើតមកដែលព្រះជាម្ចាស់ទ្រង់ស្រឡាញ់ ដែលនេះគឺជារឿងដ៏មានសំណាង និងមានពរមួយ។ មានតែមនុស្សបែបនេះប៉ុណ្ណោះដែលស័ក្តិសមនឹងរស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះជាម្ចាស់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មានតែពួកគេប៉ុណ្ណោះដែលស័ក្តិសមនឹងរស់នៅ។ មនុស្សដែលស័ក្តិសមនឹងរស់នៅ៖ តើនេះមានន័យដូចម្ដេចដែរ? វាមានន័យថា អ្នកណាដែលស័ក្តិសមនឹងរីករាយនឹងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សលោក អ្នកនោះស័ក្តិសមនឹងរស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះជាម្ចាស់ ស័ក្តិសមនឹងទទួលបានព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះគឺជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកយ៉ាងពិតប្រាកដ ហើយគឺជាមនុស្សដែលព្រះជាម្ចាស់មានព្រះបំណងចង់ទទួលបាន។

២. ឥរិយាបថរបស់អ័ប្រាហាំចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់

ឥឡូវនេះ ចូរយើងពិនិត្យមើលចំណុចនានានៅក្នុងអ័ប្រាហាំ ដែលស័ក្តិសមនឹងឱ្យមនុស្សជំនាន់ក្រោយយកជាគំរូតាម។ សកម្មភាពចម្បងរបស់អ័ប្រាហាំនៅចំពោះព្រះជាម្ចាស់ គឺជាសកម្មភាពមួយដែលមនុស្សជំនាន់ក្រោយស្គាល់យ៉ាងច្បាស់ និងដឹងយ៉ាងច្បាស់ នោះគឺជាការថ្វាយអ៊ីសាកជាយញ្ញបូជា។ គ្រប់ទិដ្ឋភាពទាំងអស់នៃអ្វីដែលអ័ប្រាហាំបានបង្ហាញនៅក្នុងរឿងនេះ មិនថាជាអត្តចរិត សេចក្តីជំនឿ ឬការចុះចូលរបស់គាត់នោះទេ គឺសុទ្ធតែស័ក្តិសមនឹងឱ្យមនុស្សជំនាន់ក្រោយយកជាគំរូ។ ដូច្នេះ តើគាត់បានបង្ហាញនូវការសម្ដែងចេញជាក់លាក់អ្វីខ្លះ ដែលស័ក្តិសមនឹងយកជាគំរូ? ជាធម្មតា រឿងផ្សេងៗដែលគាត់បានបង្ហាញទាំងនេះ មិនមែនជារឿងប្រហោងក្នុងនោះទេ ហើយរឹតតែមិនមែនជារឿងអរូបី ហើយពិតណាស់ក៏មិនមែនជារឿងដែលប្រឌិតឡើងដោយនរណាម្នាក់ដែរ គឺមានភស្តុតាងសម្រាប់រឿងទាំងអស់នេះ។ ព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់អ័ប្រាហាំ។ ព្រះជាម្ចាស់ផ្ទាល់បានមានបន្ទូលប្រាប់អ័ប្រាហាំអំពីរឿងនេះ ហើយនៅពេលដែលអ័ប្រាហាំមានអាយុ ១០០ ឆ្នាំ កូនប្រុសម្នាក់ឈ្មោះអ៊ីសាកបានចាប់កំណើតមកឱ្យគាត់។ ច្បាស់ណាស់ ដើមកំណើតនៃក្មេងនេះគឺមិនធម្មតាទេ គាត់មិនដូចនរណាផ្សេងទៀតឡើយ ពោលគឺគាត់ត្រូវបានប្រទានដោយព្រះជាម្ចាស់ផ្ទាល់។ នៅពេលដែលក្មេងម្នាក់ត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់ផ្ទាល់ មនុស្សគិតថាព្រះជាម្ចាស់ប្រាកដជានឹងធ្វើអ្វីមួយដ៏អស្ចារ្យនៅក្នុងពួកគេ ថាព្រះជាម្ចាស់នឹងប្រគល់ឱ្យពួកគេនូវកិច្ចការដ៏អស្ចារ្យ ថាព្រះជាម្ចាស់នឹងធ្វើសកម្មភាពដ៏អស្ចារ្យលើពួកគេ ថាទ្រង់នឹងធ្វើឱ្យក្មេងនោះក្លាយជាមនុស្សអស្ចារ្យ។ល។ ទាំងនេះគឺជារឿងដែលអ័ប្រាហាំ និងមនុស្សផ្សេងទៀតមានសេចក្តីសង្ឃឹមយ៉ាងខ្លាំង។ ប៉ុន្តែ ដំណើររឿងបានប្រែទៅជាខុសពីការរំពឹងទុក ហើយមានរឿងមួយបានកើតឡើងចំពោះអ័ប្រាហាំ ដែលគ្មាននរណាម្នាក់អាចនឹកស្មានដល់ឡើយ។ ព្រះជាម្ចាស់បានប្រទានអ៊ីសាកដល់អ័ប្រាហាំ ហើយនៅពេលដែលពេលថ្វាយយញ្ញបូជាបានមកដល់ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់អ័ប្រាហាំថា «ឯងមិនចាំបាច់ថ្វាយអ្វីនៅថ្ងៃនេះទេ គឺគ្រាន់តែថ្វាយអ៊ីសាកបានហើយ»។ តើនេះមានន័យដូចម្តេច? ព្រះជាម្ចាស់បានប្រទានកូនប្រុសមួយដល់អ័ប្រាហាំ ហើយនៅពេលដែលកូនប្រុសនេះហៀបនឹងធំពេញវ័យ ព្រះជាម្ចាស់ចង់យកគាត់ត្រឡប់ទៅវិញ។ ទស្សនៈរបស់មនុស្សផ្សេងទៀតអំពីរឿងនេះនឹងទៅជា៖ «ទ្រង់គឺជាអ្នកដែលបានប្រទានអ៊ីសាក។ ខ្ញុំមិនបានជឿរឿងនេះទេ ប៉ុន្តែទ្រង់បានទទូចចង់ប្រទានក្មេងនេះ។ ឥឡូវនេះ ទ្រង់កំពុងសុំឱ្យយកគាត់មកធ្វើជាយញ្ញបូជា។ តើនេះមិនមែនជាការដែលទ្រង់យកគាត់ត្រឡប់ទៅវិញទេឬ? តើទ្រង់អាចយកត្រឡប់ទៅវិញនូវអ្វីដែលទ្រង់បានប្រទានឱ្យមនុស្សដោយរបៀបណា? ប្រសិនបើទ្រង់ចង់យកគាត់ទៅវិញ នោះសូមយកគាត់ទៅចុះ។ ទ្រង់គ្រាន់តែអាចយកគាត់ត្រឡប់ទៅវិញដោយស្ងៀមស្ងាត់បាន។ មិនចាំបាច់ធ្វើឱ្យខ្ញុំឈឺចាប់ និងលំបាកបែបនេះទេ។ តើទ្រង់អាចសុំឱ្យខ្ញុំបូជាគាត់ដោយដៃខ្ញុំផ្ទាល់ដោយរបៀបណា?» តើនេះជាការទាមទារដ៏លំបាកមួយមែនទេ? វាពិតជាលំបាកខ្លាំងណាស់។ នៅពេលបានឮការទាមទារនេះ មនុស្សមួយចំនួននឹងនិយាយថា «តើនេះពិតជាព្រះជាម្ចាស់មែនឬ? ការធ្វើបែបនេះគឺពិតជាមិនសមហេតុផលសោះ! ទ្រង់គឺជាអ្នកដែលបានប្រទានអ៊ីសាក ហើយឥឡូវនេះទ្រង់កំពុងសុំយកគាត់ត្រឡប់ទៅវិញ។ តើទ្រង់ពិតជាត្រឹមត្រូវជានិច្ចមែនឬ? តើអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើគឺត្រឹមត្រូវជានិច្ចមែនឬ? មិនមែនអ៊ីចឹងរហូតទេ។ ជីវិតរបស់មនុស្សស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ទ្រង់បានមានបន្ទូលថានឹងប្រទានកូនប្រុសមួយដល់ខ្ញុំ ហើយទ្រង់ក៏បានធ្វើដូច្នោះមែន។ ទ្រង់មានសិទ្ធិអំណាចនោះ ដូចដែលទ្រង់ក៏មានសិទ្ធិអំណាចក្នុងការយកគាត់ត្រឡប់ទៅវិញដែរ ប៉ុន្តែតើរបៀបដែលទ្រង់យកគាត់ត្រឡប់ទៅវិញ និងរឿងនេះ មិនមែនជារឿងដែលគ្មានហេតុផលត្រឹមត្រូវបន្តិចទេឬ? ទ្រង់បានប្រទានក្មេងនេះ ដូច្នេះទ្រង់គួរតែអនុញ្ញាតឱ្យគាត់ធំឡើង ធ្វើរឿងអស្ចារ្យ និងឃើញព្រះពររបស់ទ្រង់។ តើទ្រង់អាចសុំឱ្យគាត់ស្លាប់ដោយរបៀបណា? ជំនួសឱ្យការបញ្ជាឱ្យគាត់ស្លាប់ បើទ្រង់មិនបានប្រទានគាត់ឱ្យខ្ញុំទេ នោះកាន់តែល្អជាងនេះទៅទៀត! ដូច្នេះ ហេតុអ្វីបានជាទ្រង់ប្រទានគាត់ឱ្យខ្ញុំ? ទ្រង់បានប្រទានអ៊ីសាកឱ្យខ្ញុំ ហើយឥឡូវនេះទ្រង់កំពុងប្រាប់ខ្ញុំឱ្យយកគាត់ធ្វើជាយញ្ញបូជា តើនេះមិនមែនជាការដែលទ្រង់នាំមកនូវការឈឺចាប់បន្ថែមទៀតដល់ខ្ញុំទេឬ? តើទ្រង់មិនកំពុងធ្វើឱ្យរឿងពិបាកសម្រាប់ខ្ញុំទេឬ? ដូច្នេះ តើអ្វីទៅជាគោលបំណងដែលទ្រង់ប្រទានកូនប្រុសនេះឱ្យខ្ញុំតាំងពីដំបូងមក?» ពួកគេមិនអាចយល់ពីហេតុផលនៅពីក្រោយការទាមទារនេះបានទេ ទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ។ ទោះបីជាពួកគេនិយាយវាយ៉ាងណាក៏ដោយ ក៏វាស្តាប់ទៅដូចជារឿងដែលមិនអាចទទួលយកបានសម្រាប់ពួកគេ ហើយគ្មាននរណាម្នាក់អាចយល់ពីរឿងនេះបានឡើយ។ ប៉ុន្តែ តើព្រះជាម្ចាស់បានប្រាប់អ័ប្រាហាំអំពីហេតុផលនៅពីក្រោយរឿងនេះដែរឬទេ? តើទ្រង់បានប្រាប់គាត់អំពីមូលហេតុ និងបំណងព្រះហឫទ័យរបស់ទ្រង់ដែរឬទេ? តើទ្រង់បានប្រាប់ទេ? ទេ គឺអត់ទេ។ ព្រះជាម្ចាស់គ្រាន់តែមានបន្ទូលថា «ក្នុងអំឡុងពេលថ្វាយយញ្ញបូជានៅថ្ងៃស្អែក ចូរថ្វាយអ៊ីសាក» គឺមានតែប៉ុណ្ណឹង។ តើព្រះជាម្ចាស់បានផ្តល់ការពន្យល់ដែរឬទេ? (អត់ទេ។) ដូច្នេះ តើព្រះបន្ទូលទាំងនេះមានលក្ខណៈដូចម្តេច? បើមើលតាមអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ព្រះបន្ទូលទាំងនេះគឺជាបញ្ជា ដែលត្រូវតែអនុវត្ត ត្រូវតែស្តាប់បង្គាប់ និងចុះចូល។ ប៉ុន្តែ បើមើលតាមអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល និងរឿងនេះផ្ទាល់ តើវាមិនពិបាកសម្រាប់មនុស្សក្នុងការធ្វើអ្វីដែលពួកគេគួរតែធ្វើទេឬ? មនុស្សគិតថារឿងដែលគួរតែធ្វើ ត្រូវតែសមហេតុផល និងស្របតាមអារម្មណ៍របស់មនុស្ស និងការយល់ដឹងរួមរបស់មនុស្សជាតិ ប៉ុន្តែតើមានចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះ ដែលអនុវត្តចំពោះអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលដែរឬទេ? (អត់ទេ។) ដូច្នេះ តើព្រះជាម្ចាស់គួរតែបានផ្តល់ការពន្យល់ និងបង្ហាញពីគំនិត និងអត្ថន័យរបស់ទ្រង់ ឬបង្ហាញសូម្បីតែបន្តិចអំពីអ្វីដែលទ្រង់មានន័យនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យមនុស្សអាចយល់បានដែរឬទេ? តើព្រះជាម្ចាស់បានធ្វើរឿងណាមួយក្នុងចំណោមរឿងទាំងនេះដែរឬទេ? ទ្រង់មិនបានធ្វើទេ ហើយទ្រង់ក៏មិនបានគ្រោងនឹងធ្វើដែរ។ ព្រះបន្ទូលទាំងនេះមានផ្ទុកនូវអ្វីដែលព្រះអាទិករបានតម្រូវ អ្វីដែលទ្រង់បានបញ្ជា និងអ្វីដែលទ្រង់បានរំពឹងទុកពីមនុស្ស។ ព្រះបន្ទូលដ៏សាមញ្ញទាំងនេះ ព្រះបន្ទូលដែលមិនសមហេតុផលទាំងនេះ បញ្ជា និងការទាមទារដែលខ្វះការគិតគូរដល់អារម្មណ៍របស់មនុស្សនេះ ចំពោះមនុស្សផ្សេងទៀត ចំពោះអ្នកដែលមើលទៅកាន់ទិដ្ឋភាពនេះ គេនឹងគិតថា វាជាការលំបាក លំបាកខ្លាំង និងមិនសមហេតុផលសោះឡើយ។ ប៉ុន្តែចំពោះអ័ប្រាហាំ ដែលជាអ្នកពាក់ព័ន្ធផ្ទាល់ អារម្មណ៍ដំបូងរបស់គាត់បន្ទាប់ពីបានឮរឿងនេះ គឺការឈឺចាប់ចាក់ដោតដល់ក្នុងបេះដូង! គាត់បានទទួលកូននេះដែលព្រះជាម្ចាស់បានប្រទានឱ្យ គាត់បានចំណាយពេលជាច្រើនឆ្នាំចិញ្ចឹមគាត់ និងបានរីករាយនឹងសេចក្តីសុខក្នុងគ្រួសារ។ ប៉ុន្តែដោយសារតែប្រយោគមួយ បញ្ជាមួយពីព្រះជាម្ចាស់ សុភមង្គលនេះ មនុស្សរស់ម្នាក់នេះ នឹងត្រូវបាត់បង់ និងត្រូវបានដកយកទៅ។ អ្វីដែលអ័ប្រាហាំបានប្រឈមមុខ មិនមែនគ្រាន់តែជាការបាត់បង់សេចក្តីសុខក្នុងគ្រួសារនេះប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឈឺចាប់នៃភាពឯកោ និងការនឹករឭកដ៏អស់កល្បជានិច្ចបន្ទាប់ពីបានបាត់បង់កូននេះ។ សម្រាប់បុរសចំណាស់ម្នាក់ នេះគឺជារឿងដែលមិនអាចទ្រាំទ្របាន។ បន្ទាប់ពីបានឮពាក្យសម្ដីបែបនេះ មនុស្សសាមញ្ញណាក៏ដោយ ក៏នឹងយំយ៉ាងខ្លាំងដែរ មែនទេ? លើសពីនេះទៅទៀត នៅក្នុងចិត្តរបស់ពួកគេ ពួកគេនឹងដាក់បណ្តាសាព្រះជាម្ចាស់ ត្អូញត្អែរអំពីព្រះជាម្ចាស់ យល់ខុសពីព្រះជាម្ចាស់ និងព្យាយាមប្រកែកជាមួយព្រះជាម្ចាស់។ ពួកគេនឹងបង្ហាញនូវអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន សមត្ថភាពទាំងអស់របស់ពួកគេ និងគ្រប់ទង្វើបះបោរ ភាពឈ្លើយ និងភាពមិនសមហេតុផលរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាគាត់ឈឺចាប់ដូចគ្នាក៏ដោយ ក៏អ័ប្រាហាំមិនបានធ្វើបែបនេះដែរ។ ដូចមនុស្សធម្មតាដែរ គាត់មានអារម្មណ៍ឈឺចាប់នោះភ្លាមៗ គាត់បានទទួលបទពិសោធន៍នៃអារម្មណ៍ដែលបេះដូងរបស់គាត់ត្រូវបានចាក់ទម្លុះភ្លាមៗ និងមានអារម្មណ៍ឯកោនៃការបាត់បង់កូនប្រុសភ្លាមៗ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ គឺមិនបានគិតគូរពីអារម្មណ៍របស់មនុស្ស ជាអ្វីដែលមនុស្សមិនអាចនឹកស្មានដល់ និងមិនស្របតាមសញ្ញាណរបស់មនុស្សឡើយ ព្រះបន្ទូលទាំងនោះមិនត្រូវបានមានបន្ទូលចេញពីទស្សនៈនៃអារម្មណ៍របស់មនុស្សទេ។ ព្រះបន្ទូលទាំងនោះមិនបានគិតគូរពីការលំបាករបស់មនុស្ស ឬតម្រូវការផ្នែកអារម្មណ៍របស់មនុស្ស ហើយពិតណាស់ក៏មិនបានគិតគូរពីការឈឺចាប់របស់មនុស្សដែរ។ ព្រះជាម្ចាស់បានបោះព្រះបន្ទូលទាំងនេះទៅកាន់អ័ប្រាហាំដោយព្រះទ័យត្រជាក់ តើព្រះជាម្ចាស់បានខ្វល់ខ្វាយថាព្រះបន្ទូលទាំងនេះឈឺចាប់ប៉ុនណាសម្រាប់គាត់ដែរឬទេ? ពីខាងក្រៅ ព្រះជាម្ចាស់ហាក់ដូចជាមិនខ្វល់ខ្វាយ និងមិនអើពើឡើយ។ អ្វីទាំងអស់ដែលគាត់បានឮគឺបញ្ជារបស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់។ ចំពោះនរណាម្នាក់ ការទាមទារនេះហាក់ដូចជាមិនស្របតាមវប្បធម៌ ទំនៀមទម្លាប់ ការយល់ដឹងរបស់មនុស្ស សូម្បីតែសីលធម៌ និងគុណធម៌របស់មនុស្សឡើយ។ វាបានឆ្លងកាត់ព្រំដែននៃសីលធម៌ និងគុណធម៌ ហើយបានប្រឆាំងនឹងបទដ្ឋានសង្គម និងច្បាប់របស់មនុស្សសម្រាប់ការដោះស្រាយជាមួយមនុស្ស ក៏ដូចជាអារម្មណ៍របស់មនុស្សផងដែរ។ មានអ្នកខ្លះថែមទាំងជឿថា «ព្រះបន្ទូលទាំងនេះមិនត្រឹមតែមិនសមហេតុផល និងអសីលធម៌ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ព្រះបន្ទូលទាំងនេះគ្រាន់តែជាការបង្កបញ្ហាដោយគ្មានហេតុផលសមរម្យសោះ! តើព្រះបន្ទូលទាំងនេះអាចត្រូវបានមានបន្ទូលចេញពីព្រះជាម្ចាស់ដោយរបៀបណា? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គួរតែសមហេតុផល និងយុត្តិធម៌ ហើយគួរតែធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ព្រះបន្ទូលទាំងនោះមិនគួរបង្កបញ្ហាដោយគ្មានហេតុផលសមរម្យ ហើយក៏មិនគួរជាព្រះបន្ទូលដែលគ្មានសីលធម៌ អសីលធម៌ ឬគ្មានតក្កវិជ្ជានោះដែរ។ តើព្រះបន្ទូលទាំងនេះពិតជាត្រូវបានមានបន្ទូលចេញពីព្រះអាទិករមែនឬ? តើព្រះអាទិករអាចមានបន្ទូលអំពីរឿងបែបនេះបានទេ? តើព្រះអាទិករអាចប្រព្រឹត្តចំពោះមនុស្សដែលទ្រង់បានបង្កើតមកបែបនេះបានទេ? គ្មានផ្លូវទេ»។ ប៉ុន្តែ ព្រះបន្ទូលទាំងនេះពិតជាបានចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់មែន។ ដោយវិនិច្ឆ័យតាមឥរិយាបថរបស់ព្រះជាម្ចាស់ និងតាមសំឡេងនៃព្រះបន្ទូលរបស់ទ្រង់ ព្រះជាម្ចាស់បានសម្រេចព្រះទ័យរួចហើយនូវអ្វីដែលទ្រង់ចង់បាន ហើយគ្មានចន្លោះសម្រាប់ការពិភាក្សាទេ ហើយមនុស្សក៏គ្មានសិទ្ធិជ្រើសរើសនោះដែរ។ ទ្រង់មិនបានផ្តល់សិទ្ធិឱ្យមនុស្សជ្រើសរើសឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការទាមទារមួយ គឺជាបញ្ជាមួយដែលទ្រង់បានចេញឱ្យមនុស្ស។ ចំពោះអ័ប្រាហាំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ គឺមិនអាចត្រូវបានចរចា ឬសង្ស័យបានឡើយ។ ព្រះបន្ទូលទាំងនោះគឺជាការទាមទារដែលមិនអាចត្រូវបានចរចា ដែលព្រះជាម្ចាស់កំពុងធ្វើចំពោះគាត់ ហើយមិនអាចលើកយកមកពិភាក្សាបានឡើយ។ ហើយចុះតើអ័ប្រាហាំបានធ្វើការជ្រើសរើសអ្វីដែរ? នេះគឺជាចំណុចសំខាន់ដែលយើងនឹងជជែកពិភាក្សាគ្នា។

បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ័ប្រាហាំបានចាប់ផ្ដើមការរៀបចំរបស់គាត់ ដោយមានអារម្មណ៍ឈឺចាប់ខ្លោចផ្សា និងដូចជាមានបន្ទុកដ៏ធ្ងន់មួយសង្កត់លើគាត់។ គាត់បានអធិស្ឋានដោយស្ងៀមស្ងាត់នៅក្នុងចិត្តរបស់គាត់ថា៖ «ឱព្រះអម្ចាស់របស់ទូលបង្គំអើយ ឱព្រះជាម្ចាស់របស់ទូលបង្គំអើយ។ អ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺស័ក្តិសមនឹងទទួលការសរសើរតម្កើង។ ព្រះអង្គបានប្រទានកូននេះមក ហើយប្រសិនបើព្រះអង្គសព្វព្រះហឫទ័យយកគេ ទៅវិញ នោះទូលបង្គំគួរតែប្រគល់គេទៅវិញ»។ អ័ប្រាហាំប្រហែលជាឈឺចាប់ ប៉ុន្តែតើឥរិយាបថរបស់គាត់មិនបានបង្ហាញឱ្យឃើញច្បាស់តាមរយៈពាក្យសម្ដីទាំងនេះទេឬ? តើមនុស្សអាចមើលឃើញអ្វីខ្លះនៅត្រង់នេះ? ពួកគេអាចមើលឃើញពីភាពទន់ខ្សោយនៃភាពជាមនុស្សធម្មតា តម្រូវការផ្នែកអារម្មណ៍នៃភាពជាមនុស្សធម្មតា ក៏ដូចជាផ្នែកខាងតម្រិះប្រកបដោយវិចារណញ្ញាណរបស់អ័ប្រាហាំ និងផ្នែក ដែលគាត់មានសេចក្ដីជំនឿពិត ព្រមទាំងការចុះចូលចំពោះព្រះជាម្ចាស់ផង។ តើអ្វីទៅផ្នែកខាងតម្រិះប្រកបដោយវិចារណញ្ញាណរបស់គាត់? អ័ប្រាហាំដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់បានប្រទានអ៊ីសាកមក គឺថាព្រះជាម្ចាស់មានអំណាចក្នុងការប្រព្រឹត្តចំពោះគាត់តាមដែលព្រះអង្គសព្វព្រះហឫទ័យ ដែលមនុស្សមិនគួរ វិនិច្ឆ័យ អំពីរឿងនេះឡើយ។ គាត់ដឹងយ៉ាងច្បាស់ថាអ្វីៗទាំងអស់ដែលព្រះអាទិករបានមានបន្ទូល គឺតំណាងឱ្យព្រះអាទិករ ហើយទោះបីជាវាសមហេតុផលចំពោះមនុស្សឬអត់ក៏ដោយ ទោះបីជាវាស្របនឹងចំណេះដឹង វប្បធម៌ និងសីលធម៌របស់មនុស្សឬអត់ក៏ដោយ ក៏អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងលក្ខណៈនៃព្រះបន្ទូលរបស់ទ្រង់មិនផ្លាស់ប្ដូរដែរ។ គាត់ដឹងយ៉ាងច្បាស់ថា ប្រសិនបើមនុស្សមិនអាចយល់ មិនអាចយល់ដឹង ឬមិនអាចស្វែងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ នោះគឺជារឿងរបស់ពួកគេ គឺថាគ្មានហេតុផលអ្វីដែលព្រះជាម្ចាស់ត្រូវពន្យល់ ឬបកស្រាយព្រះបន្ទូលទាំងនេះឡើយ ហើយថាមនុស្សមិនគួរចុះចូលតែនៅពេលដែលពួកគេយល់ព្រះបន្ទូល និងព្រះរាជបំណងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេគួរតែមានឥរិយាបថតែមួយគត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាកាលៈទេសៈណាក៏ដោយ នោះគឺ៖ ការស្ដាប់ បន្ទាប់មកការទទួលយក បន្ទាប់មកទៀតការចុះចូល។ នេះគឺជាឥរិយាបថដែលមើលឃើញយ៉ាងច្បាស់របស់អ័ប្រាហាំចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានប្រាប់ឱ្យគាត់ធ្វើ ហើយនៅក្នុងឥរិយាបថនោះមានបង្កប់នូវតម្រិះប្រកបដោយវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា ក៏ដូចជាសេចក្ដីជំនឿពិត និងការចុះចូលពិតប្រាកដ។ ជាចម្បង តើអ័ប្រាហាំត្រូវធ្វើអ្វី? គឺគាត់មិនត្រូវវិភាគថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវ ឬខុសនោះទេ ហើយក៏មិនត្រូវពិនិត្យពិច័យមើលថាតើព្រះបន្ទូលទាំងនោះត្រូវបានថ្លែងលេងសើច ឬដើម្បីល្បងលគាត់ ឬអ្វីផ្សេងទៀតនោះដែរ។ អ័ប្រាហាំមិនបានពិនិត្យពិច័យរឿងបែបនេះទេ។ តើគាត់ឥរិយាបថភ្លាមៗយ៉ាងដូចម្ដេចចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់? គឺថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចត្រូវបានវែកញែកដោយតក្កវិជ្ជាបានឡើយ ទោះបីជាព្រះបន្ទូលទាំងនោះសមហេតុផលឬអត់ក៏ដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនគួរមានជម្រើស ហើយមនុស្សក៏មិនគួរមាន ឥរិយាបថពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ វិចារណញ្ញាណដែលមនុស្សគួរមាន និងអ្វីដែលពួកគេគួរធ្វើ គឺស្ដាប់ ទទួលយក និងចុះចូល។ នៅក្នុងចិត្តរបស់គាត់ អ័ប្រាហាំបានដឹងយ៉ាងច្បាស់អំពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះអាទិករ ហើយនិងទីតាំងដែលមនុស្សគួរតែស្ថិតនៅ។ ច្បាស់ណាស់ ដោយសារតែអ័ប្រាហាំមានតម្រិះប្រកបដោយវិចារណញ្ញាណបែបនេះ និងឥរិយាបថប្រភេទនេះហើយ ទើបគាត់ព្រមថ្វាយអ៊ីសាកដល់ព្រះជាម្ចាស់ដោយគ្មានសង្ស័យ ឬស្ទាក់ស្ទើរណាមួយឡើយ ដោយប្រគល់គាត់ទៅព្រះជាម្ចាស់វិញតាមដែលព្រះអង្គសព្វព្រះហឫទ័យ ទោះបីជាគាត់បានស៊ូទ្រាំនឹងការឈឺចាប់ដ៏ធំធេងក៏ដោយ។ គាត់មានអារម្មណ៍ថា ដោយសារព្រះជាម្ចាស់បានសុំ ដូច្នេះគាត់ត្រូវតែប្រគល់អ៊ីសាកទៅទ្រង់វិញ ហើយមិនគួរព្យាយាមប្រកែកនឹងទ្រង់ ឬមានបំណងប្រាថ្នា ឬការទាមទារផ្ទាល់ខ្លួនរបស់គាត់ឡើយ។ នេះច្បាស់ណាស់គឺជាឥរិយាបថដែលភាវៈដែលបានបង្កើតមកគួរតែមានចំពោះព្រះអាទិករ។ អ្វីដែលពិបាកបំផុតក្នុងការធ្វើរឿងនេះ គឺជារឿងដ៏មានតម្លៃបំផុតរបស់អ័ប្រាហាំ។ ព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់បានថ្លែង គឺមិនសមហេតុផល និងមិនបានគិតគូរពីអារម្មណ៍របស់មនុស្សឡើយ មនុស្សមិនអាចស្វែងយល់ ឬទទួលយកព្រះបន្ទូលទាំងនោះបានទេ ហើយមិនថានៅក្នុងយុគសម័យណា ឬកើតឡើងចំពោះនរណានោះទេ ព្រះបន្ទូលទាំងនេះមិនសមហេតុផល មិនអាចសម្រេចបានទេ ប៉ុន្តែ ព្រះជាម្ចាស់នៅតែសុំឱ្យធ្វើរឿងនេះដដែល។ ដូច្នេះ តើគួរធ្វើដូចម្ដេច? មនុស្សភាគច្រើននឹងពិនិត្យពិច័យព្រះបន្ទូលទាំងនេះ ហើយបន្ទាប់ពីបានធ្វើដូច្នេះអស់ជាច្រើនថ្ងៃ ពួកគេនឹងគិតក្នុងចិត្តថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនសមហេតុផលទេ តើព្រះជាម្ចាស់អាចប្រព្រឹត្តដូច្នេះដោយរបៀបណា? តើនេះមិនមែនជាទម្រង់នៃការធ្វើទារុណកម្មទេឬ? តើព្រះជាម្ចាស់មិនស្រឡាញ់មនុស្សទេឬ? តើទ្រង់អាចធ្វើបាបមនុស្សយ៉ាងដូច្នេះដោយរបៀបណា? ខ្ញុំមិនជឿលើព្រះជាម្ចាស់ដែលធ្វើបាបមនុស្សយ៉ាងដូច្នេះទេ ហើយខ្ញុំអាចជ្រើសរើសមិនចុះចូលនឹងព្រះបន្ទូលទាំងនេះបាន»។ ប៉ុន្តែ អ័ប្រាហាំមិនបានធ្វើបែបនេះទេ គឺគាត់បានជ្រើសរើសចុះចូលវិញ។ ទោះបីជាមនុស្សគ្រប់គ្នាជឿថាអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល និងបានតម្រូវគឺខុស ដែលថាព្រះជាម្ចាស់មិនគួរទាមទារបែបនេះពីមនុស្សក៏ដោយ ក៏អ័ប្រាហាំអាចចុះចូលបានដែរ ដែលនេះគឺជាអ្វីដ៏មានតម្លៃបំផុតរបស់គាត់ ហើយក៏ជាអ្វីដែលមនុស្សដទៃខ្វះខាតយ៉ាងពិតប្រាកដដែរ។ នេះគឺជាការចុះចូលពិតប្រាកដរបស់អ័ប្រាហាំ។ លើសពីនេះទៅទៀត បន្ទាប់ពីបានឮអ្វីដែលព្រះជាម្ចាស់បានតម្រូវឲ្យគាត់ធ្វើហើយ រឿងដំបូងដែលគាត់ប្រាកដក្នុងចិត្តនោះគឺថា ព្រះជាម្ចាស់មិនបានមានបន្ទូលលេងសើចក្នុងរឿងនេះទេ ថាវាមិនមែនជាល្បែងកម្សាន្តឡើយ។ ហើយដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជារឿងទាំងនេះ តើព្រះបន្ទូលទាំងនោះជាអ្វីទៅ? គឺជាជំនឿដ៏ជ្រាលជ្រៅរបស់អ័ប្រាហាំ ដែលថាវាជាការពិតដែលគ្មានមនុស្សណាម្នាក់អាចផ្លាស់ប្ដូរអ្វីដែលព្រះជាម្ចាស់បានកំណត់ថាត្រូវតែធ្វើបានឡើយ ថាគ្មានការលេងសើច ការសាកល្បង ឬការធ្វើបាបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ថាព្រះជាម្ចាស់គឺគួរឱ្យទុកចិត្ត ហើយអ្វីៗទាំងអស់ដែលទ្រង់មានបន្ទូល ទោះបីជាវាហាក់ដូចជាសមហេតុផលឬអត់ក៏ដោយ គឺសុទ្ធតែជាការពិត។ តើនេះមិនមែនជាសេចក្ដីជំនឿពិតរបស់អ័ប្រាហាំទេឬ? តើគាត់បាននិយាយថា «ព្រះជាម្ចាស់បានប្រាប់ខ្ញុំឱ្យថ្វាយអ៊ីសាក។ បន្ទាប់ពីខ្ញុំបានអ៊ីសាកមក ខ្ញុំមិនបានអរព្រះគុណព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវទេ តើនេះជាការដែលព្រះជាម្ចាស់កំពុងស្នើសុំការដឹងគុណរបស់ខ្ញុំឬ? ដូច្នេះ ខ្ញុំត្រូវតែបង្ហាញការអរគុណរបស់ខ្ញុំឱ្យបានត្រឹមត្រូវ។ ខ្ញុំត្រូវតែបង្ហាញថាខ្ញុំសុខចិត្តថ្វាយអ៊ីសាក ថាខ្ញុំសុខចិត្តអរព្រះគុណព្រះជាម្ចាស់ ថាខ្ញុំដឹង និងចងចាំព្រះគុណរបស់ព្រះជាម្ចាស់ ហើយថាខ្ញុំនឹងមិនធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យឡើយ។ ដោយគ្មានការសង្ស័យ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលទាំងនេះដើម្បីពិនិត្យពិច័យ និងសាកល្បងខ្ញុំ ដូច្នេះ ខ្ញុំគួរតែធ្វើបង្គ្រប់កិច្ច។ ខ្ញុំនឹងរៀបចំអ្វីៗទាំងអស់ បន្ទាប់មកខ្ញុំនឹងនាំយកចៀមមួយក្បាលទៅជាមួយអ៊ីសាក ហើយប្រសិនបើនៅពេលថ្វាយយញ្ញបូជា ព្រះជាម្ចាស់មិនមានបន្ទូលអ្វីសោះ ខ្ញុំនឹងថ្វាយចៀម។ គ្រាន់តែធ្វើបង្គ្រប់កិច្ចគឺគ្រប់គ្រាន់ហើយ។ ប្រសិនបើព្រះជាម្ចាស់ពិតជាសុំឱ្យខ្ញុំថ្វាយអ៊ីសាកមែន នោះខ្ញុំគួរតែឱ្យគាត់ធ្វើពុតជានៅលើអាសនា នៅពេលដែលពេលនោះមកដល់ ព្រះជាម្ចាស់ប្រហែលជានៅតែឱ្យខ្ញុំថ្វាយចៀម គឺមិនមែនឱ្យខ្ញុំថ្វាយកូនរបស់ខ្ញុំទេ» ដូច្នេះឬ? តើនេះជាអ្វីដែលអ័ប្រាហាំបានគិតមែនទេ? (ទេ) ប្រសិនបើគាត់បានគិតដូច្នេះមែន នោះនឹងគ្មានការឈឺចាប់ខ្លោចផ្សានៅក្នុងចិត្តរបស់គាត់ឡើយ។ ប្រសិនបើគាត់បានគិតរឿងបែបនេះ តើគាត់នឹងមានសេចក្ដីសុចរិតបែបណាទៅ? តើគាត់នឹងមានសេចក្ដីជំនឿពិតដែរឬទេ? តើគាត់នឹងមានការចុះចូលពិតប្រាកដដែរឬទេ? ទេ គាត់នឹងមិនមានឡើយ។

ដោយវិនិច្ឆ័យតាមការឈឺចាប់ដែលអ័ប្រាហាំបានទទួលអារម្មណ៍ និងបានកើតមាននៅពេលនិយាយដល់រឿងថ្វាយអ៊ីសាកជាយញ្ញបូជា នោះបង្ហាញយ៉ាងច្បាស់ ថាគាត់ជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ថាគាត់ជឿលើគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល និងយល់ពីអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានមានព្រះបន្ទូល តាមរបៀបដែលព្រះជាម្ចាស់បានសព្វព្រះហឫទ័យចង់បានចេញពីក្រអៅបេះដូងរបស់គាត់ ហើយគាត់គ្មានការសង្ស័យអ្វីចំពោះព្រះជាម្ចាស់ឡើយ។ តើនេះជាជំនឿពិតឬមិនមែន? (គឺជាជំនឿពិតមែន។) អ័ប្រាហាំមានជំនឿពិតលើព្រះជាម្ចាស់ ហើយនេះបង្ហាញពីចំណុចមួយដែលបញ្ជាក់ថាអ័ប្រាហាំជាមនុស្សស្មោះត្រង់។ អាកប្បកិរិយាតែមួយគត់របស់គាត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់ ទទួលយក និងចុះចូល ពោលគឺគាត់នឹងស្ដាប់បង្គាប់តាមគ្រប់អ្វីៗដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថាវត្ថុអ្វីមួយមានពណ៌ខ្មៅ ទោះបីជាអ័ប្រាហាំមិនអាចមើលឃើញថាវាមានពណ៌ខ្មៅក៏ដោយ ក៏គាត់នឹងជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការពិត ហើយជឿជាក់ថាវាមានពណ៌ខ្មៅមែនដែរ។ ប្រសិនបើព្រះជាម្ចាស់ប្រាប់គាត់ថាវត្ថុអ្វីមួយមានពណ៌ស គាត់នឹងជឿជាក់ថាវាមានពណ៌ស។ អ្វីៗគឺងាយស្រួលបែបនេះឯង។ ព្រះជាម្ចាស់បានប្រាប់គាត់ថា ទ្រង់នឹងប្រទានកូនមួយដល់គាត់ ហើយអ័ប្រាហាំបានគិតក្នុងចិត្តថា៖ «ខ្ញុំមានអាយុ ១០០ ឆ្នាំហើយ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងប្រទានកូនមួយដល់ខ្ញុំ នោះខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះជាម្ចាស់!» គាត់គ្មានគំនិតអ្វីច្រើនផ្សេងទៀតទេ គាត់គ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ តើសារជាតិនៃជំនឿនេះគឺជាអ្វី? គាត់ជឿលើសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយការយល់ដឹងរបស់គាត់អំពីព្រះអាទិករ គឺជាការយល់ដឹងពិតប្រាកដ។ គាត់មិនដូចមនុស្សទាំងនោះ ដែលនិយាយថាខ្លួនជឿថាព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា និងជាព្រះអាទិករនៃមនុស្សជាតិ ប៉ុន្តែបែរជាមានការសង្ស័យនៅក្នុងចិត្តរបស់ខ្លួនទៅវិញ ដូចជា «តើមនុស្សពិតជាវិវត្តមកពីសត្វស្វាឬ? មានគេនិយាយថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ប៉ុន្តែមនុស្សមិនបានឃើញរឿងនេះនឹងភ្នែករបស់ពួកគេផ្ទាល់ទេ»។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលអ្វីក៏ដោយ មនុស្សទាំងនោះតែងតែជឿខ្លះសង្ស័យខ្លះ ហើយពឹងផ្អែកលើអ្វីដែលពួកគេមើលឃើញ ដើម្បីកំណត់ថាតើរឿងទាំងនោះពិតឬមិនពិត។ ពួកគេសង្ស័យលើអ្វីៗដែលពួកគេមិនអាចមើលឃើញនឹងភ្នែករបស់ពួកគេ ដូច្នេះហើយបានជានៅពេលណាដែលពួកគេឮព្រះជាម្ចាស់មានព្រះបន្ទូល ពួកគេតែងតែដាក់សញ្ញាសួរនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់។ ពួកគេពិនិត្យពិច័យ និងវិភាគដោយយកចិត្តទុកដាក់ ដោយឧស្សាហ៍ព្យាយាម និងដោយប្រុងប្រយ័ត្ន ចំពោះគ្រប់ការពិត គ្រប់រឿងរ៉ាវ និងគ្រប់ទាំងបញ្ញត្តិដែលព្រះជាម្ចាស់បានដាក់ចេញ។ ពួកគេគិតថា នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេគួរតែពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតរបស់ទ្រង់ ដោយអាកប្បកិរិយានៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីមើលថាតើព្រះបន្ទូលទាំងនេះពិតជាសេចក្ដីពិតមែនឬយ៉ាងណា បើមិនដូច្នេះទេ ពួកគេងាយនឹងត្រូវគេបោកប្រាស់ និងបញ្ឆោត។ ប៉ុន្តែលោកអ័ប្រាហាំមិនមែនបែបនេះទេ គាត់បានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តបរិសុទ្ធ។ ក៏ប៉ុន្តែ ក្នុងឱកាសនេះ ព្រះជាម្ចាស់បានសុំឱ្យអ័ប្រាហាំថ្វាយអ៊ីសាកកូនប្រុសតែមួយគត់របស់គាត់ជាយញ្ញបូជាដល់ទ្រង់។ ការណ៍នេះបានធ្វើឱ្យអ័ប្រាហាំឈឺចាប់ ប៉ុន្តែគាត់នៅតែជ្រើសរើសចុះចូល។ អ័ប្រាហាំជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរបានឡើយ ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិត។ មនុស្សដែលត្រូវបានបង្កើតមក គួរតែទទួលយក និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជារឿងធម្មតា ហើយនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សដែលត្រូវបានបង្កើតមក គ្មានសិទ្ធិជ្រើសរើសឡើយ ហើយក៏មិនគួរវិភាគ ឬពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាអាកប្បកិរិយាដែលអ័ប្រាហាំមានចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាអ័ប្រាហាំមានការឈឺចាប់យ៉ាងខ្លាំង ហើយទោះបីជាសេចក្ដីស្រឡាញ់ និងការមិនដាច់ចិត្តរបស់គាត់ក្នុងការលះបង់កូនប្រុសរបស់គាត់ បានធ្វើឱ្យគាត់មានសម្ពាធខ្លាំង និងការឈឺចាប់ក៏ដោយ ក៏គាត់នៅតែជ្រើសរើសប្រគល់កូនរបស់គាត់ទៅឱ្យព្រះជាម្ចាស់វិញដែរ។ ហេតុអ្វីបានជាគាត់ត្រូវប្រគល់អ៊ីសាកទៅឱ្យព្រះជាម្ចាស់វិញដូច្នេះ? នៅពេលដែលព្រះជាម្ចាស់មិនបានសុំឱ្យអ័ប្រាហាំធ្វើបែបនេះ នោះគាត់មិនចាំបាច់ផ្ដើមគំនិតប្រគល់កូនប្រុសរបស់គាត់វិញទេ ប៉ុន្តែដោយសារព្រះជាម្ចាស់បានសុំ នោះគាត់ត្រូវតែប្រគល់កូនប្រុសរបស់គាត់ទៅឱ្យព្រះជាម្ចាស់វិញ ដោយគ្មានលេសណាមួយត្រូវលើកឡើងឡើយ ហើយគាត់ក៏មិនគួរព្យាយាមប្រកែកជាមួយព្រះជាម្ចាស់ដែរ នេះហើយជាអាកប្បកិរិយាដែលអ័ប្រាហាំមាន។ គាត់បានចុះចូលនឹងព្រះជាម្ចាស់ដោយចិត្តបរិសុទ្ធបែបនេះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់បាន និងជាអ្វីដែលព្រះជាម្ចាស់ចង់ឃើញ។ អាកប្បកិរិយារបស់អ័ប្រាហាំ និងអ្វីដែលគាត់បានសម្រេច នៅពេលនិយាយដល់រឿងថ្វាយអ៊ីសាកជាយញ្ញបូជា គឺជាអ្វីដែលព្រះជាម្ចាស់ចង់ឃើញយ៉ាងពិតប្រាកដ ហើយរឿងនេះគឺជាការសាកល្បង និងជាការផ្ទៀងផ្ទាត់របស់ព្រះជាម្ចាស់ចំពោះគាត់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រព្រឹត្តចំពោះអ័ប្រាហាំ ដូចដែលទ្រង់បានប្រព្រឹត្តចំពោះណូអេឡើយ។ ទ្រង់មិនបានប្រាប់អ័ប្រាហាំពីមូលហេតុនៅពីក្រោយរឿងនេះ ពីដំណើរការ ឬពីអ្វីៗទាំងអស់អំពីរឿងនេះទេ។ អ័ប្រាហាំដឹងត្រឹមតែរឿងមួយប៉ុណ្ណោះ គឺថាព្រះជាម្ចាស់បានសុំឱ្យគាត់ប្រគល់អ៊ីសាកវិញ គឺមានតែប៉ុណ្ណឹង។ គាត់មិនបានដឹងថាការធ្វើបែបនេះ ព្រះជាម្ចាស់កំពុងសាកល្បងគាត់នោះទេ ហើយគាត់ក៏មិនបានដឹងអំពីអ្វីដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងគាត់ និងនៅក្នុងកូនចៅរបស់គាត់ បន្ទាប់ពីគាត់បានឆ្លងកាត់ការសាកល្បងនេះដែរ។ ព្រះជាម្ចាស់មិនបានប្រាប់អ័ប្រាហាំអំពីរឿងទាំងអស់នេះទេ ទ្រង់គ្រាន់តែបានប្រទានបញ្ញត្តិដ៏សាមញ្ញមួយដែលជាការស្នើសុំមួយដល់គាត់ប៉ុណ្ណោះ។ ហើយទោះបីជាព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់សាមញ្ញណាស់ និងមិនបានគិតគូរដល់អារម្មណ៍របស់មនុស្សក៏ដោយ ក៏អ័ប្រាហាំបានធ្វើតាមការរំពឹងទុករបស់ព្រះជាម្ចាស់ ដោយធ្វើតាមអ្វីដែលព្រះជាម្ចាស់ចង់បាន និងតម្រូវដែរ គឺគាត់បានថ្វាយអ៊ីសាកជាយញ្ញបូជានៅលើអាសនា។ គ្រប់ទាំងសកម្មភាពរបស់គាត់បានបង្ហាញថា ការដែលគាត់ថ្វាយអ៊ីសាកជាយញ្ញបូជា មិនមែនជាការធ្វើបង្គ្រប់កិច្ច ហើយក៏មិនមែនជាការធ្វើឱ្យតែរួចពីដៃនោះទេ គឺដោយស្មោះអស់ពីចិត្ត និងចេញពីក្រអៅបេះដូងរបស់គាត់វិញ។ ទោះបីជាគាត់មិនអាចទ្រាំទ្រនឹងការលះបង់អ៊ីសាកបាន ទោះបីជាវាធ្វើឱ្យគាត់ឈឺចាប់ក៏ដោយ នៅពេលប្រឈមមុខនឹងអ្វីដែលព្រះអាទិករបានសុំ អ័ប្រាហាំបានជ្រើសរើសវិធីសាស្ត្រដែលគ្មានមនុស្សណាផ្សេងទៀតនឹងធ្វើឡើយ គឺការចុះចូលទាំងស្រុងចំពោះអ្វីដែលព្រះអាទិករបានសុំ ការចុះចូលដោយគ្មានការសម្រុះសម្រួល ដោយគ្មានការដោះសា និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ពោលគឺគាត់បានធ្វើតាមរបៀបដែលព្រះជាម្ចាស់បានសុំឱ្យគាត់ធ្វើ។ តើអ័ប្រាហាំមានអ្វីខ្លះ នៅពេលដែលគាត់អាចធ្វើតាមអ្វីដែលព្រះជាម្ចាស់បានសុំ? ម្យ៉ាង គឺនៅក្នុងចិត្តរបស់គាត់មានជំនឿពិតលើព្រះជាម្ចាស់។ គាត់ជឿជាក់ថា ព្រះអាទិករគឺជាព្រះជាម្ចាស់ ជាព្រះរបស់គាត់ ជាព្រះអម្ចាស់របស់គាត់ ជាព្រះអង្គដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើ និងជាព្រះអង្គដែលបានបង្កើតមនុស្សជាតិ។ នេះគឺជាជំនឿពិត។ ម្យ៉ាងទៀត គាត់មានចិត្តបរិសុទ្ធ។ គាត់ជឿលើគ្រប់ទាំងព្រះបន្ទូលដែលព្រះអាទិករបានថ្លែង ហើយអាចទទួលយកគ្រប់ព្រះបន្ទូលដែលទ្រង់បានថ្លែង ដោយសាមញ្ញ និងដោយផ្ទាល់។ ហើយម្យ៉ាងទៀត មិនថាអ្វីដែលព្រះអាទិករបានសុំនោះលំបាកប៉ុណ្ណា មិនថាវាធ្វើឱ្យគាត់ឈឺចាប់ប៉ុណ្ណានោះទេ អាកប្បកិរិយាដែលគាត់បានជ្រើសរើសនោះ គឺការចុះចូលមិនព្យាយាមតវ៉ាជាមួយព្រះជាម្ចាស់ ឬទាស់ទទឹង ឬបដិសេធឡើយ ប៉ុន្តែជាការចុះចូលទាំងស្រុងដោយប្រព្រឹត្ត និងអនុវត្តស្របតាមអ្វីដែលព្រះជាម្ចាស់បានសុំ ស្របតាមគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ និងបទបញ្ជារបស់ទ្រង់។ ដូចដែលព្រះជាម្ចាស់បានសុំ និងចង់ឃើញ អ័ប្រាហាំបានថ្វាយអ៊ីសាកជាយញ្ញបូជានៅលើអាសនា គឺគាត់បានថ្វាយអ៊ីសាកដល់ព្រះជាម្ចាស់ ហើយអ្វីៗទាំងអស់ដែលគាត់បានធ្វើ បានបញ្ជាក់ថា ព្រះជាម្ចាស់បានជ្រើសរើសមនុស្សត្រូវហើយ ហើយថានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គាត់គឺជាមនុស្សសុចរិត។

តើនិស្ស័យ និងសារជាតិអ្វីខ្លះរបស់ព្រះអាទិករ ដែលត្រូវបានបើកសម្ដែង នៅពេលដែលព្រះជាម្ចាស់បានសុំឱ្យអ័ប្រាហាំថ្វាយអ៊ីសាក? នោះគឺការដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នកដែលសុចរិត អ្នកដែលទ្រង់បានទទួលស្គាល់ទាំងស្រុងស្របតាមស្ដង់ដាតម្រូវរបស់ទ្រង់ផ្ទាល់ ដែលការនេះគឺស្របទាំងស្រុងនឹងនិស្ស័យ និងសារជាតិរបស់ទ្រង់។ មិនអាចមានការសម្រុះសម្រួលនៅក្នុងស្ដង់ដាទាំងនេះបានឡើយ ហើយក៏មិនអាចមានការលើសលស់បានដែរ។ ស្ដង់ដាទាំងនេះត្រូវតែសម្រេចឱ្យបានត្រឹមត្រូវពិតប្រាកដ។ វាមិនគ្រប់គ្រាន់ទេសម្រាប់ព្រះជាម្ចាស់ ដែលគ្រាន់តែឃើញអំពើដ៏សុចរិតដែលអ័ប្រាហាំបានប្រព្រឹត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់នោះ ព្រះជាម្ចាស់នៅមិនទាន់បានឃើញការចុះចូលពិតប្រាកដរបស់អ័ប្រាហាំចំពោះទ្រង់នៅឡើយទេ ហើយដោយសារហេតុនេះហើយ ទើបព្រះជាម្ចាស់បានធ្វើអ្វីដែលទ្រង់បានធ្វើ។ ហេតុអ្វីបានជាព្រះជាម្ចាស់ចង់ឃើញការចុះចូលពិតប្រាកដនៅក្នុងខ្លួនអ័ប្រាហាំ? ហេតុអ្វីបានជាទ្រង់ដាក់អ័ប្រាហាំឱ្យឆ្លងកាត់ការសាកល្បងចុងក្រោយនេះ? ពីព្រោះ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ព្រះជាម្ចាស់ចង់ឱ្យអ័ប្រាហាំធ្វើជាឪពុកនៃសាសន៍ជាច្រើន។ តើ «ឪពុកនៃសាសន៍ជាច្រើន» ជាងារមួយដែលមនុស្សសាមញ្ញណាអាចរែកពន់បានដែរឬទេ? មិនបានទេ។ ព្រះជាម្ចាស់មានស្ដង់ដាតម្រូវរបស់ទ្រង់ ហើយស្ដង់ដាដែលទ្រង់តម្រូវពីបុគ្គលណាដែលទ្រង់ចង់បាន និងធ្វើឱ្យគ្រប់លក្ខណ៍ និងបុគ្គលណាដែលទ្រង់ទតឃើញថាជាមនុស្សសុចរិត គឺដូចគ្នាទាំងអស់ ពោលគឺត្រូវមានជំនឿពិត និងការចុះចូលទាំងស្រុង។ ដោយសារព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើរឿងដ៏ធំបែបនេះនៅក្នុងអ័ប្រាហាំ តើទ្រង់នឹងធ្វើដោយប្រញាប់ប្រញាល់ ដោយមិនបានឃើញរឿងទាំងពីរនេះនៅក្នុងគាត់ឬ? មិនមែនដូច្នោះជាដាច់ខាត។ ដូច្នេះ បន្ទាប់ពីព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់គាត់ អ័ប្រាហាំច្បាស់ជាត្រូវឆ្លងកាត់ការសាកល្បងបែបនេះជាមិនខាន។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បានកំណត់នឹងធ្វើ ហើយជាអ្វីដែលព្រះជាម្ចាស់បានរៀបចំផែនការរួចជាស្រេចហើយ។ លុះត្រាតែរឿងរ៉ាវបានប្រព្រឹត្តទៅតាមអ្វីដែលព្រះជាម្ចាស់ចង់បាន ហើយអ័ប្រាហាំបានបំពេញតាមសេចក្ដីតម្រូវជាចាំបាច់របស់ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់ចាប់ផ្ដើមរៀបចំផែនការធ្វើកិច្ចការជំហានបន្ទាប់របស់ទ្រង់ គឺធ្វើឱ្យកូនចៅរបស់អ័ប្រាហាំមានចំនួនច្រើនដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពោលគឺធ្វើឱ្យគាត់ក្លាយជាឪពុកនៃសាសន៍ជាច្រើន។ ខណៈពេលដែលលទ្ធផលនៃការដែលទ្រង់បានសុំឱ្យអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា នៅមិនទាន់ដឹង និងមិនទាន់កើតឡើងនៅឡើយ ព្រះជាម្ចាស់នឹងមិនធ្វើការដោយប្រញាប់ប្រញាល់ឡើយ។ ប៉ុន្តែនៅពេលដែលលទ្ធផលនោះបានកើតឡើងហើយ អ្វីដែលអ័ប្រាហាំមាន គឺបានបំពេញតាមស្ដង់ដារបស់ព្រះជាម្ចាស់ហើយ ដែលមានន័យថា គាត់នឹងទទួលបានព្រះពរទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំផែនការសម្រាប់គាត់។ ដូច្នេះ តាមរយៈការថ្វាយអ៊ីសាក គេអាចមើលឃើញថា ព្រះជាម្ចាស់មានការរំពឹងទុក និងស្ដង់ដាតម្រូវពីមនុស្ស ចំពោះកិច្ចការអ្វីក៏ដោយដែលទ្រង់ធ្វើនៅក្នុងពួកគេ ឬតួនាទីអ្វីក៏ដោយដែលទ្រង់តម្រូវឱ្យពួកគេធ្វើ ឬបេសកកម្មអ្វីក៏ដោយដែលទ្រង់តម្រូវឱ្យពួកគេទទួលយកនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់។ មានលទ្ធផលពីរប្រភេទចំពោះការរំពឹងទុករបស់ព្រះជាម្ចាស់ចំពោះមនុស្ស៖ មួយគឺ ប្រសិនបើអ្នករាល់គ្នាមិនអាចធ្វើតាមអ្វីដែលទ្រង់សុំពីអ្នករាល់គ្នាបានទេ នោះអ្នករាល់គ្នានឹងត្រូវជម្រុះចោល។ មួយទៀតគឺ ប្រសិនបើអ្នកអាចធ្វើបាន នោះព្រះជាម្ចាស់នឹងបន្តសម្រេចនៅក្នុងអ្នក នូវអ្វីដែលទ្រង់ចង់ធ្វើ ស្របតាមផែនការរបស់ទ្រង់។ ជំនឿពិត និងការចុះចូលទាំងស្រុងដែលព្រះជាម្ចាស់ទាមទារពីមនុស្ស តាមពិតទៅ មិនពិបាកពេកសម្រាប់មនុស្សដើម្បីសម្រេចបាននោះទេ។ ប៉ុន្តែទោះបីជាវាពិបាក ឬងាយស្រួលក៏ដោយ ទាំងនេះគឺជារឿងពីរយ៉ាងដែលសម្រាប់ព្រះជាម្ចាស់ ត្រូវតែមាននៅក្នុងមនុស្ស។ ប្រសិនបើអ្នកអាចឆ្លងផុតការសាកល្បងនេះបាន នោះព្រះជាម្ចាស់នឹងចាត់ទុកអ្នកថាបានដល់ស្ដង់ដារហើយ ហើយព្រះជាម្ចាស់នឹងមិនសុំអ្វីទៀតឡើយ។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ នោះគឺជារឿងមួយផ្សេងទៀតហើយ។ ការដែលព្រះជាម្ចាស់បានសុំឱ្យអ័ប្រាហាំថ្វាយកូនប្រុសរបស់គាត់ បង្ហាញថា ទ្រង់មិនបានចាត់ទុកថា ការដែលអ័ប្រាហាំមានចិត្តកោតខ្លាចព្រះជាម្ចាស់ និងមានជំនឿពិតលើទ្រង់កន្លងមក គឺជាអ្វីៗទាំងអស់ដែលទ្រង់ត្រូវការនោះទេ ហើយថាការធ្វើត្រឹមប្រហែលៗគឺគ្រប់គ្រាន់ហើយនោះឡើយ។ នោះពិតជាមិនមែនជារបៀបនៃការទាមទាររបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់ធ្វើការទាមទារតាមរបៀបរបស់ទ្រង់ និងស្របតាមអ្វីដែលមនុស្សអាចសម្រេចបាន ហើយការនេះគឺមិនអាចតថ្លៃបានឡើយ។ តើនេះមិនមែនជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ទេឬ? (គឺពិតជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់មែន។) ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺបែបនេះឯង។

សូម្បីតែមនុស្សល្អដូចជាអ័ប្រាហាំ ដែលបរិសុទ្ធ មានសេចក្ដីជំនឿពិត ហើយមានតម្រិះប្រកបដោយវិចារណញាណក៏ត្រូវតែទទួលយកការសាកល្បងរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ នៅក្នុងក្រសែភ្នែករបស់មនុស្សជាតិ ការសាកល្បងនេះហាក់ដូចជាមិនសូវគិតគូរដល់អារម្មណ៍របស់មនុស្សលោកមែនទេ? ប៉ុន្តែ ការខ្វះការគិតគូរដល់អារម្មណ៍របស់មនុស្សលោកនេះ គឺជាការបង្ហាញយ៉ាងជាក់លាក់នូវនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយអ័ប្រាហាំបានឆ្លងកាត់ការសាកល្បងបែបនេះ។ នៅក្នុងការសាកល្បងនេះ អ័ប្រាហាំបានបង្ហាញដល់ព្រះជាម្ចាស់នូវសេចក្ដីជំនឿមុតមាំ និងការចុះចូលឥតងាករេចំពោះព្រះអាទិករ។ អ័ប្រាហាំបានឆ្លងផុតការសាកល្បងនេះ។ ជាធម្មតា អ័ប្រាហាំមិនដែលបានជួបប្រទះនូវឧបសគ្គជីវិតទេ ប៉ុន្តែក្រោយពីព្រះជាម្ចាស់បានសាកល្បងគាត់បែបនេះ ជំនឿ និងការចុះចូលធម្មតាៗរបស់គាត់ ត្រូវបានបញ្ជាក់ពិតប្រាកដ ដែលវាមិនមែនជាការបង្ហាញតែសម្បកក្រៅ ឬត្រឹមជាពាក្យសំដីនោះទេ។ អ័ប្រាហាំនៅតែអាចចុះចូលដោយឥតងាករេ ក្នុងកាលៈទេសៈនេះ ក្រោយពីព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះ និងបានទាមទារបែបនេះពីគាត់ គឺបានបញ្ជាក់ន័យច្បាស់ពីរឿងមួយ៖ នៅក្នុងចិត្តរបស់អ័ប្រាហាំ ព្រះជាម្ចាស់គឺនៅតែជាព្រះជាម្ចាស់ ហើយនឹងនៅតែជាព្រះជាម្ចាស់ជានិច្ច អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ គឺមិនប្រែប្រួលដោយសារកត្តាផ្លាស់ប្ដូរណាមួយឡើយ។ នៅក្នុងចិត្តរបស់គាត់ មនុស្សលោកនឹងនៅតែជាមនុស្សលោកជារៀងរហូត ហើយមិនមានសិទ្ធិប្រឆាំង តទល់ ឬប្រកួតប្រជែងជាមួយនឹងព្រះអាទិករឡើយ ហើយក៏មិនមានសិទ្ធិវែកញែកព្រះបន្ទូលដែលមានបន្ទូលដោយព្រះអាទិករបានដែរ។ អ័ប្រាហាំជឿថា ពេលនិយាយអំពីព្រះបន្ទូលរបស់ព្រះអាទិករ ឬអ្វីក៏ដោយដែលព្រះអាទិករទាមទារ មនុស្សលោកគ្មានសិទ្ធិជ្រើសរើសទេ រឿងតែមួយគត់ដែលពួកគេត្រូវធ្វើគឺស្តាប់បង្គាប់។ អាកប្បកិរិយារបស់អ័ប្រាហាំបានបញ្ជាក់យ៉ាងច្បាស់ គឺគាត់មានសេចក្ដីជំនឿពិតចំពោះព្រះជាម្ចាស់ ហើយនៅក្នុងសេចក្ដីជំនឿពិតនេះ បានបង្កើតឲ្យមានការចុះចូលពិត ដូច្នេះមិនថាព្រះជាម្ចាស់ធ្វើអ្វីចំពោះគាត់ ឬទាមទារអ្វីពីគាត់ ឬអំពើអ្វីដែលព្រះជាម្ចាស់បានធ្វើ មិនថាជាអ្វីដែលអ័ប្រាហាំបានឃើញ បានឮ ឬបានជួបប្រទះផ្ទាល់ខ្លួនទេ រឿងទាំងអស់នេះមិនអាចប៉ះពាល់ដល់សេចក្ដីជំនឿពិតរបស់គាត់ចំពោះព្រះជាម្ចាស់ឡើយ ហើយក៏មិនអាចប៉ះពាល់ដល់អាកប្បកិរិយានៃការចុះចូលរបស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ នៅពេលព្រះអាទិករមានព្រះបន្ទូលដែលមិនគិតគូរពីអារម្មណ៍របស់មនុស្សលោក អ្វីមួយដែលទាមទារនូវតម្រូវការមិនសមហេតុផលពីមនុស្សលោក មិនថាមានមនុស្សប៉ុន្មាននាក់ដែលមិនពេញចិត្តនឹងព្រះបន្ទូលទាំងនេះ ប្រឆាំងនឹងព្រះបន្ទូលទាំងនេះ ត្រិះរិះ និងពិចារណាលើព្រះបន្ទូលទាំងនោះ ឬថែមទាំងមើលងាយព្រះបន្ទូលទាំងនោះក៏ដោយ ក៏អាកប្បកិរិយារបស់អ័ប្រាហាំនៅតែមិនត្រូវបានរំខានដោយបរិស្ថាននៃពិភពខាងក្រៅដែរ។ សេចក្ដីជំនឿ និងការស្តាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ មិនបានផ្លាស់ប្ដូរឡើយ ហើយជំនឿទាំងនោះមិនមែនត្រឹមតែជាពាក្យសម្ដីដែលនិយាយចេញពីមាត់គាត់ ឬជាបែបបទប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ គាត់បានប្រើភាពពិតដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់ដែលគាត់ជឿ គឺជាព្រះអាទិករ ថាព្រះជាម្ចាស់ដែលគាត់ជឿ គឺជាព្រះនៅស្ថានសួគ៌។ តើយើងឃើញអ្វីពីអ្វីៗទាំងអស់ដែលបានសម្ដែងចេញនៅក្នុងអ័ប្រាហាំ? តើយើងឃើញការសង្ស័យរបស់គាត់ចំពោះព្រះជាម្ចាស់ទេ? តើគាត់មានការសង្ស័យទេ? តើគាត់បានចោទសួរព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ? តើគាត់បានត្រិះរិះព្រះបន្ទូលទាំងនោះទេ? (គាត់មិនបានទេ។) មនុស្សមួយចំនួននិយាយថា «បើគាត់មិនបានចោទសួរ ឬត្រិះរិះអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើគាត់មានទុក្ខព្រួយអ្វី?» តើអ្នករាល់គ្នាមិនអនុញ្ញាតឲ្យគាត់មានទុក្ខព្រួយទេឬ? គាត់មានទុក្ខព្រួយយ៉ាងខ្លាំង ហើយនៅតែអាចស្តាប់បង្គាប់បានចុះតើអ្នករាល់គ្នាអាចស្តាប់បង្គាប់បានទេ បើទោះជាពេលដែលអ្នករាល់គ្នាមិនមានអារម្មណ៍ទុក្ខព្រួយផង? តើការចុះចូលនៅក្នុងខ្លួនអ្នករាល់គ្នាមានកម្រិតណាដែរ? ការដែលការពិបាកចិត្ត និងការឈឺចាប់បែបនេះ មិនបានប៉ះពាល់ដល់ការចុះចូលរបស់អ័ប្រាហាំ បញ្ជាក់ថា ការចុះចូលនេះគឺជាការពិត មិនមែនជាការភូតកុហកឡើយ។ នេះគឺជាទីបន្ទាល់របស់មនុស្សដែលត្រូវបានបង្កើតមកថ្វាយព្រះជាម្ចាស់ នៅចំពោះសាតាំង នៅចំពោះរបស់សព្វសារពើ នៅចំពោះគ្រប់ទាំងអស់ដែលត្រូវបានបង្កើត ហើយទីបន្ទាល់នេះពិតជាមានអំណាចខ្លាំងណាស់ ពិតជាមានតម្លៃខ្លាំងណាស់

នៅក្នុងរឿងរបស់ណូអេ និងអ័ប្រាហាំ និងនៅក្នុងរឿងរបស់លោកយ៉ូប តើមានអ្វីខ្លះនៅក្នុងអាកប្បកិរិយា និងពាក្យសម្ដីរបស់ពួកគេ និងនៅក្នុងឥរិយាបទ និងគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់ពួកគេ នៅពេលដែលព្រះបន្ទូល និងសកម្មភាពរបស់ព្រះជាម្ចាស់បានកើតឡើងចំពោះពួកគេ ដែលបានធ្វើឱ្យមនុស្សជំនាន់ក្រោយមានការរំជួលចិត្តយ៉ាងខ្លាំងនោះ? អ្វីដែលបានធ្វើឱ្យមនុស្សរំជួលចិត្តបំផុតទាក់ទងនឹងឥរិយាបថរបស់បុគ្គលទាំងបីរូបនេះ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាកប្បកិរិយា ពាក្យសម្ដី និងឥរិយាបថរបស់ពួកគេ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបន្ទាប់ពីបានឮអ្វីដែលព្រះជាម្ចាស់បានបង្គាប់ និងតម្រូវនោះ គឺភាពបរិសុទ្ធ និងភាពខ្ជាប់ខ្ជួននៃចិត្តស្មោះរបស់ពួកគេចំពោះព្រះជាម្ចាស់ដែលជាព្រះអាទិករ។ ចំពោះមនុស្សសព្វថ្ងៃនេះ ភាពបរិសុទ្ធ និងភាពខ្ជាប់ខ្ជួននេះ អាចត្រូវបានគេហៅថាជាភាពល្ងង់ខ្លៅ និងជាការឈ្លក់វង្វេង។ ប៉ុន្តែសម្រាប់ខ្ញុំ ភាពបរិសុទ្ធ និងភាពខ្ជាប់ខ្ជួនរបស់ពួកគេ គឺជារឿងដែលគួរឱ្យរំជួលចិត្ត និងប៉ះពាល់ចិត្តបំផុតអំពីពួកគេ ហើយរឹតតែខ្លាំងជាងនេះទៅទៀត គឺជារឿងដែលហាក់ដូចជាឆ្ងាយហួសពីសមត្ថភាពរបស់មនុស្សដទៃទៀត។ តាមរយៈបុគ្គលទាំងនេះ ខ្ញុំពិតជាបានកោតសរសើរ និងបានឃើញថាតើមនុស្សល្អម្នាក់មានលក្ខណៈបែបណា។ តាមរយៈអាកប្បកិរិយា និងពាក្យសម្ដីរបស់ពួកគេ ក៏ដូចជាអាកប្បកិរិយារបស់ពួកគេនៅពេលប្រឈមមុខនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅពេលដែលពួកគេបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំឃើញថាតើមនុស្សដែលព្រះជាម្ចាស់ចាត់ទុកថាជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នោះ មានលក្ខណៈបែបណា។ ហើយតើអ្វីទៅជាអារម្មណ៍ដែលគួរឱ្យកត់សម្គាល់បំផុត ដែលខ្ញុំបានទទួល បន្ទាប់ពីបានអាន និងយល់ពីរឿងរ៉ាវរបស់មនុស្សទាំងនេះ? នោះគឺជាការនឹករឭកយ៉ាងជ្រាលជ្រៅ ការស្រឡាញ់រាប់អាន និងការគោរពស្រឡាញ់ចំពោះបុគ្គលទាំងនេះ។ តើនេះមិនមែនជាអារម្មណ៍នៃការរំជួលចិត្តទេឬ? ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍បែបនេះ? នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់មនុស្សជាតិ មិនដែលមានសៀវភៅប្រវត្តិសាស្ត្រណាមួយដែលផ្ដោតលើការកត់ត្រា ការសរសើរតម្កើង និងការផ្សព្វផ្សាយរឿងរ៉ាវរបស់មនុស្សទាំងបីនាក់នេះទេ ហើយក៏គ្មានអ្នកនរណាម្នាក់បានប្រើរឿងរ៉ាវរបស់ពួកគេ ដើម្បីអប់រំមនុស្សជំនាន់ក្រោយ ដោយចាត់ទុកពួកគេជាមនុស្សដែលមនុស្សជំនាន់ក្រោយគួរយកតម្រាប់តាមនោះដែរ។ ប៉ុន្តែមានរឿងមួយដែលមនុស្សលោកមិនបានដឹង គឺថា នៅពេលខុសៗគ្នា ម្នាក់ៗក្នុងចំណោមមនុស្ស ទាំងបីនាក់នេះបានឮរឿងខុសគ្នាពីព្រះជាម្ចាស់ គឺម្នាក់ៗបានទទួលបេសកកម្មខុសគ្នា ពីព្រះជាម្ចាស់ ម្នាក់ៗមានសេចក្ដីតម្រូវខុសគ្នាពីព្រះជាម្ចាស់ ម្នាក់ៗបានធ្វើរឿងខុសគ្នាសម្រាប់ព្រះជាម្ចាស់ និងបានបំពេញកិច្ចការខុសគ្នាដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេ ប៉ុន្តែពួកគេទាំងអស់គ្នាមានរឿងមួយដូចគ្នា។ តើរឿងនោះគឺជាអ្វី? ពួកគេទាំងអស់គ្នាបានធ្វើតាមការរំពឹងទុករបស់ព្រះជាម្ចាស់។ បន្ទាប់ពីបានឮព្រះជាម្ចាស់មានព្រះបន្ទូល ពួកគេអាចទទួលយកនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេ និងបានសុំពីពួកគេ ហើយបន្ទាប់ពីនោះ ពួកគេអាចចុះចូលនឹងអ្វីៗដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ពួកគេអាចចុះចូលនឹងគ្រប់ទាំងរឿងដែលពួកគេបានឮព្រះជាម្ចាស់ទាមទារពីពួកគេ។ តើពួកគេបានធ្វើអ្វីខ្លះ ដែលបានបំពេញតាមការរំពឹងទុករបស់ព្រះជាម្ចាស់? នៅក្នុងចំណោមមនុស្សជាតិទាំងអស់ ពួកគេបានក្លាយជាគំរូសម្រាប់ការស្ដាប់ ការទទួលយក និងការចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសម្រាប់ការធ្វើបន្ទាល់ដ៏ល្បីរន្ទឺថ្វាយដល់ព្រះជាម្ចាស់ នៅចំពោះសាតាំង។ ដោយសារពួកគេជាគំរូសម្រាប់មនុស្សជាតិ ហើយជាមនុស្សគ្រប់លក្ខណ៍ និងសុចរិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដូច្នេះ តើអ្វីទៅជាព័ត៌មានដ៏សំខាន់បំផុតដែលរឿងនេះប្រាប់យើង? គឺថា នេះគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះចង់បាន ជាមនុស្សដែលមានសមត្ថភាពយល់ពីអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ជាអ្នកដែលប្រើដួងចិត្តរបស់ខ្លួនដើម្បីស្ដាប់ ដើម្បីចាប់យក ដើម្បីយល់ដឹង ដើម្បីយល់ ដើម្បីចុះចូល និងអនុវត្តព្រះបន្ទូលរបស់ព្រះអាទិករ។ មនុស្សប្រភេទនេះ គឺជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់។ មិនថាការសាកល្បង និងការល្បងលដែលព្រះជាម្ចាស់ដាក់ឱ្យពួកគេឆ្លងកាត់នោះធំប៉ុណ្ណានោះទេ មុនពេលដែលទ្រង់បានបញ្ជាក់ពីអំពើដ៏សុចរិតរបស់ពួកគេ នៅពេលដែលពួកគេធ្វើបន្ទាល់ដ៏ល្បីរន្ទឺថ្វាយដល់ព្រះជាម្ចាស់ ពួកគេបានក្លាយជារបស់ដែលមានតម្លៃបំផុតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងជាអ្នកដែលនឹងរស់នៅជារៀងរហូតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលរឿងនេះប្រាប់យើង។ នេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នា តាមរយៈការប្រកបគ្នាអំពីរឿងរបស់ណូអេ និងអ័ប្រាហាំ ហើយជាអ្វីដែលអ្នករាល់គ្នាគួរតែយល់។ នេះមានន័យថាអស់អ្នកណាដែលនៅតែមិនយល់ពីព្រះបន្ទូលរបស់ព្រះអាទិករ ហើយនៅតែមិនដឹងថាការស្ដាប់ព្រះបន្ទូលរបស់ព្រះអាទិករគឺជាការទទួលខុសត្រូវ ជាកាតព្វកិច្ច និងជាភារកិច្ចរបស់ខ្លួន ហើយមិនដឹងថាការទទួលយក និងការចុះចូលនឹងព្រះបន្ទូលរបស់ព្រះអាទិករគឺជាឥរិយាបថដែលមនុស្សដែលត្រូវបានបង្កើតមកគួរតែមាន ទោះបីជាពួកគេបានដើរតាមព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ មនុស្សបែបនេះគឺជាអ្នកដែលនឹងត្រូវបានព្រះជាម្ចាស់ជម្រុះចោល។ ព្រះជាម្ចាស់មិនចង់បានមនុស្សបែបនេះទេ ទ្រង់ស្អប់ខ្ពើមមនុស្សបែបនេះ។ ដូច្នេះ តើមានមនុស្សប៉ុន្មាននាក់ដែលនៅទីបំផុតអាចស្ដាប់ អាចទទួលយក និងអាចចុះចូលទាំងស្រុងនឹងព្រះបន្ទូលរបស់ព្រះអាទិករបាន? មានប៉ុន្មាននាក់ក៏ប៉ុណ្ណឹងទៅ។ អស់អ្នកណាដែលបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមើលងាយសេចក្ដីពិត បំពានគោលការណ៍ដោយឥតអៀនខ្មាស និងអ្នកដែលមិនអាចទទួលយក និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីជាព្រះបន្ទូលទាំងនោះត្រូវបានថ្លែងនៅក្នុងសាច់ឈាម ឬនៅក្នុងពិភពខាងវិញ្ញាណក៏ដោយ នៅទីបំផុតនឹងប្រឈមមុខនឹងលទ្ធផលមួយ គឺការជម្រុះចោល។

មកទល់ពេលនេះគឺមានរយៈពេលសាមសិបឆ្នាំហើយ ចាប់តាំងពីព្រះជាម្ចាស់បានយកកំណើតជាសាច់ឈាម ហើយបានយាងមកធ្វើកិច្ចការនៅលើផែនដី។ ទ្រង់បានមានបន្ទូលជាច្រើន និងបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន។ មិនថាទ្រង់មានព្រះបន្ទូលដោយរបៀបណា មិនថាទ្រង់ប្រើវិធីសាស្ត្រអ្វីដើម្បីមានព្រះបន្ទូល ហើយមិនថាទ្រង់មានព្រះបន្ទូលខ្លឹមសារច្រើនប៉ុណ្ណានោះទេ ទ្រង់មានសេចក្ដីតម្រូវតែមួយគត់ពីមនុស្ស គឺថាពួកគេអាចស្ដាប់ អាចទទួលយក និងអាចចុះចូលបាន។ យ៉ាងណាម៉ិញ មានមនុស្សជាច្រើនដែលមិនអាចចាប់យក ឬអនុវត្តតាមសេចក្ដីតម្រូវដ៏សាមញ្ញបំផុតនេះបានឡើយ។ នេះគឺជារឿងដែលពិបាកដោះស្រាយណាស់ ហើយវាបង្ហាញថាមនុស្សជាតិគឺពុករលួយយ៉ាងខ្លាំង មានការលំបាកយ៉ាងខ្លាំងក្នុងការទទួលយកសេចក្ដីពិត ហើយមិនអាចសេចក្ដីសង្គ្រោះដោយងាយស្រួលនោះឡើយ។ សូម្បីតែឥឡូវនេះ នៅក្នុងបរិបទដែលមនុស្សទទួលស្គាល់ថាមនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ និងការពិតដែលថាព្រះជាម្ចាស់នៅក្នុងសាច់ឈាមគឺជាព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ក៏មនុស្សនៅតែប្រឆាំង និងបះបោរទាស់នឹងព្រះជាម្ចាស់ ហើយបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ ពួកគេថែមទាំងពិនិត្យ វិភាគ បដិសេធ និងព្រងើយកន្តើយចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានមានបន្ទូល ដោយមិនបានយល់ថាតើមនុស្សដែលត្រូវបានបង្កើតមកគួរតែប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា និងគួរតែមានឥរិយាបថបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ការនេះពិតជាគួរឱ្យសោកសៅណាស់។ សូម្បីតែឥឡូវនេះ មនុស្សមិនដឹងថាពួកគេជានរណា គួរតែឈរនៅទីតាំងណា ឬគួរតែធ្វើអ្វីនោះទេ។ មនុស្សខ្លះថែមទាំងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ដោយនិយាយថា «ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែសម្ដែងចេញនូវសេចក្ដីពិតនៅក្នុងកិច្ចការរបស់ទ្រង់ដូច្នេះ?ហេតុអ្វីបានជាទ្រង់តែងតែទាមទារឱ្យយើងទទួលយកសេចក្ដីពិត? នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើកិច្ចការ ទ្រង់គួរតែពិគ្រោះជាមួយយើង ហើយទ្រង់មិនគួរតែងតែធ្វើឱ្យយើងពិបាកនោះទេ។យើងគ្មានហេតុផលដើម្បីស្ដាប់បង្គាប់ទ្រង់ដាច់ខាតនោះទេយើង ចង់បានសិទ្ធិមនុស្ស និងសេរីភាព យើងគួរតែបោះឆ្នោតដោយលើកដៃចំពោះសេចក្ដីទាមទារដែលព្រះជាម្ចាស់ដាក់ចេញសម្រាប់យើង ហើយយើងទាំងអស់គ្នាក៏គួរតែមានការពិភាក្សា និងឈានដល់ការឯកភាពគ្នាដែរ។ ដំណាក់របស់ព្រះជាម្ចាស់គួរតែអនុវត្តលទ្ធិប្រជាធិបតេយ្យ ហើយមនុស្សគ្រប់គ្នាគួរតែធ្វើការសម្រេចចិត្តចុងក្រោយរួមគ្នា»។ សូម្បីតែឥឡូវនេះ មនុស្សជាច្រើនមានទស្សនៈបែបនេះហើយទោះបីជាពួកគេមិនបាននិយាយវាដោយបើកចំហក៏ដោយ ក៏ពួកគេមានទស្សនៈនេះនៅក្នុងចិត្តរបស់ពួកគេដែរ។ ប្រសិនបើខ្ញុំគ្មានសិទ្ធិសុំអ្វីពីអ្នក ប្រសិនបើខ្ញុំគ្មានសិទ្ធិសុំឱ្យអ្នកស្ដាប់តាមអ្វីដែលខ្ញុំនិយាយ និងទាមទារឱ្យអ្នកចុះចូលដាច់ខាតចំពោះអ្វីដែលខ្ញុំនិយាយទេ ដូច្នេះ តើនរណាទៅដែលមានសិទ្ធិ? ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មានសិទ្ធិធ្វើដូច្នេះ ហើយថាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មានសិទ្ធិមានបន្ទូលមកកាន់អ្នករាល់គ្នាពីលើមេឃតាមរយៈផ្គរលាន់នោះគឺប្រសើរណាស់! នោះមានន័យថាខ្ញុំមិនចាំបាច់មានចិត្តអត់ធ្មត់ និងចិត្តស្មោះទទូចអង្វរដោយ ឬខ្ជះខ្ជាយទឹកមាត់និយាយជាមួយអ្នកឡើយ ខ្ញុំមិនចង់និយាយអ្វីបន្ថែមទៀតជាមួយអ្នកទេ។ ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មានសិទ្ធិមានបន្ទូលមកកាន់អ្នករាល់គ្នាពីលើមេឃ ពីលើពពក ដូច្នេះចូរទៅស្ដាប់ចុះ ចូរទៅស្វែងរកព្រះបន្ទូលរបស់ទ្រង់ចុះ ចូររង់ចាំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មានបន្ទូលមកកាន់អ្នករាល់គ្នានៅលើមេឃ នៅលើពពក នៅកណ្ដាលភ្លើងចុះ។ ប៉ុន្តែមានរឿងមួយដែលអ្នករាល់គ្នាត្រូវតែយល់ឱ្យច្បាស់ថា៖ ប្រសិនបើថ្ងៃនោះមកដល់ពិតមែន ពេលវេលានៃការស្លាប់របស់អ្នករាល់គ្នានឹងមកដល់ហើយ។ យកល្អ កុំឱ្យថ្ងៃនោះមកដល់អី។ «យកល្អ កុំឱ្យថ្ងៃនោះមកដល់អី» តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? ព្រះជាម្ចាស់បានក្លាយជាមនុស្ស ដើម្បីមានព្រះបន្ទូលដោយផ្ទាល់ជាមួយមនុស្សទល់មុខគ្នានៅលើផែនដី ដើម្បីសម្ដែងចេញនូវសេចក្ដីពិតដែលប្រាប់មនុស្សពីអ្វីៗទាំងអស់ដែលពួកគេគួរធ្វើ ប៉ុន្តែមនុស្សបែរជាមើលងាយ និងចាត់ទុករឿងនេះថាជាការលេងសើច។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេលួចទាស់ទទឹង និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់។ ពួកគេមិនចង់ស្ដាប់ ដោយជឿថាព្រះជាម្ចាស់នៅលើផែនដីគ្មានសិទ្ធិព្យាយាមគ្រប់គ្រងមនុស្សឡើយ។ តើអាកប្បកិរិយាដែលមនុស្សមាននេះ ធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ឬធ្វើឱ្យទ្រង់ខ្ញាល់? (ធ្វើឱ្យទ្រង់ខ្ញាល់។) ហើយតើព្រះជាម្ចាស់នឹងធ្វើអ្វី នៅពេលដែលទ្រង់ខ្ញាល់? មនុស្សនឹងប្រឈមមុខនឹងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាយល់ពីរឿងនេះហើយមែនទេ? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ មិនមែនជាការល្បួងរបស់ព្រះជាម្ចាស់ទេ។ ទាំងនេះគឺជាគោលគំនិតពីរផ្សេងគ្នា។ នៅពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់មកលើមនុស្ស នោះពួកគេស្ថិតក្នុងគ្រោះថ្នាក់ហើយ។ តើអ្នករាល់គ្នាគិតថាព្រះជាម្ចាស់ក្រោធចំពោះអ្នកដែលទ្រង់ស្រឡាញ់ដែរឬទេ? តើទ្រង់ក្រោធចំពោះអ្នកដែលស័ក្តិសមនឹងរស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះជាម្ចាស់ដែរឬទេ? (មិនក្រោធទេ។) តើព្រះជាម្ចាស់ក្រោធចំពោះមនុស្សប្រភេទណា? ចំពោះអស់អ្នកណាដែលបានដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលនៅតែមិនដឹងថាខ្លួនគួរតែស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលខ្វះការយល់ដឹងដើម្បីទទួលយក និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់មានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមមនុស្សបែបនេះ ហើយមិនចង់សង្គ្រោះពួកគេឡើយ។ អ្នករាល់គ្នាយល់រឿងនេះហើយមែនទេ? ដូច្នេះ តើមនុស្សគួរតែមានឥរិយាបថបែបណាចំពោះព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងចំពោះសេចក្ដីពិត? (យើងគួរតែស្ដាប់ ទទួលយក និងចុះចូល។) ត្រូវហើយ។ អ្នករាល់គ្នាត្រូវតែស្ដាប់ ទទួលយក និងចុះចូល។ គ្មានអ្វីដែលសាមញ្ញជាងនេះទៀតទេ។ បន្ទាប់ពីស្ដាប់ អ្នកត្រូវតែទទួលយកនៅក្នុងចិត្ត។ ប្រសិនបើអ្នកមិនអាចទទួលយកអ្វីមួយបានទេ នោះអ្នកត្រូវតែបន្តស្វែងរករហូតដល់អ្នកអាចទទួលយកដ៏ពេញលេញ នោះនៅពេលដែលអ្នកទទួលយកវា អ្នកត្រូវតែស្ដាប់បង្គាប់។ តើពាក្យថាត្រូវស្ដាប់បង្គាប់មានន័យដូចម្ដេច? មានន័យថាត្រូវអនុវត្ត និងប្រតិបត្តិតាម។ កុំព្រងើយកន្តើយនឹងរឿងរ៉ាវបន្ទាប់ពីបានឮហើយ ដោយសន្យាតែមាត់ថានឹងធ្វើ កត់ត្រាទុក សរសេរទុក ស្ដាប់ឮនឹងត្រចៀក ប៉ុន្តែមិនយកទុកក្នុងចិត្ត ហើយនៅតែធ្វើតាមទម្លាប់ចាស់របស់ខ្លួន និងធ្វើអ្វីក៏ដោយតាមតែចិត្តចង់នៅពេលដល់ពេលត្រូវធ្វើដោយមិនអើពើនឹងអ្វីដែលអ្នកបានសរសេរទុក និងចាត់ទុកថាមិនសំខាន់នោះឡើយ។ នេះមិនមែនជាការចុះចូលទេ។ ការចុះចូលពិតប្រាកដចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យថាស្ដាប់ព្រះបន្ទូលទាំងនោះ និងយល់ព្រះបន្ទូលទាំងនោះដោយអស់ពីចិត្ត ហើយទទួលយកព្រះបន្ទូលទាំងនោះយ៉ាងពិតប្រាកដ ពោលគឺទទួលយកព្រះបន្ទូលទាំងនោះជាការទទួលខុសត្រូវដែលមិនអាចគេចវេះបាន។ ការដែលមនុស្សម្នាក់និយាយថាខ្លួនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះមិនគ្រប់គ្រាន់ទេ ផ្ទុយទៅវិញគឺត្រូវទទួលយកព្រះបន្ទូលរបស់ទ្រង់ចេញពីចិត្ត ដោយបង្វែរការទទួលយកព្រះបន្ទូលរបស់ទ្រង់ទៅជាសកម្មភាពជាក់ស្ដែង និងប្រតិបត្តិតាមព្រះបន្ទូលរបស់ទ្រង់ដោយគ្មានការងាករេអ្វីទាំងអស់។ ប្រសិនបើអ្វីដែលអ្នកគិត អ្វីដែលអ្នកដាក់ដៃធ្វើ និងតម្លៃដែលអ្នកបានបង់ គឺសុទ្ធតែដើម្បីបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះហើយជាការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើ «ការចុះចូល» បង្កប់ន័យអ្វី? វាបង្កប់ន័យថាការអនុវត្ត និងការប្រតិបត្តិតាម ដោយបង្វែរព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យទៅជាតថភាព។ ប្រសិនបើអ្នករាល់គ្នាសរសេរព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល និងសេចក្ដីតម្រូវរបស់ទ្រង់ទុកក្នុងសៀវភៅកំណត់ត្រា ហើយដាក់លើក្រដាស ប៉ុន្តែមិនបានកត់ត្រាទុកក្នុងចិត្តទេ ហើយអ្នកធ្វើតាមតែចិត្តចង់នៅពេលដល់ពេលត្រូវធ្វើ ហើយមើលពីខាងក្រៅទៅហាក់ដូចជាអ្នករាល់គ្នាបានធ្វើតាមអ្វីដែលព្រះជាម្ចាស់បានសុំ ប៉ុន្តែអ្នករាល់គ្នាបានធ្វើវាតាមចិត្តរបស់ខ្លួនឯងវិញ នោះការធ្វើដូច្នេះមិនមែនជាការស្ដាប់ មិនមែនជាការទទួលយក និងមិនមែនជាការចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នេះជាការមើលងាយសេចក្ដីពិត ជាការបំពានគោលការណ៍ដោយឥតអៀនខ្មាស និងជាការមិនអើពើនឹងការរៀបចំរបស់ដំណាក់របស់ព្រះជាម្ចាស់។ វាគឺជាការបះបោរ។

មានម្ដង ខ្ញុំបានផ្ទុកផ្ដាក់ឱ្យអ្នកណាម្នាក់ធ្វើរឿងមួយ។ នៅពេលខ្ញុំពន្យល់កិច្ចការនោះដល់គាត់ គាត់បានកត់ត្រាវាដោយយកចិត្តទុកដាក់នៅក្នុងសៀវភៅកំណត់ត្រារបស់គាត់។ខ្ញុំបានឃើញថាគាត់កត់ត្រាវាដោយយកចិត្តទុកដាក់ប៉ុណ្ណា ហាក់ដូចជាគាត់មានបន្ទុកចំពោះការងារ និងមានអាកប្បកិរិយាយកចិត្តទុកដាក់ និងទទួលខុសត្រូវ។ បន្ទាប់ពីបានប្រគល់ការងារឱ្យគាត់ហើយ ខ្ញុំក៏ចាប់ផ្ដើមរង់ចាំដំណឹងពីគាត់។ ពីរសប្ដាហ៍បានកន្លងផុតទៅ គាត់នៅតែមិនបានផ្ដល់ដំណឹងត្រឡប់មកវិញសោះ។ ដូច្នេះខ្ញុំក៏បានទៅរកគាត់ដោយខ្លួនឯង ហើយបានសួរថាតើកិច្ចការដែលខ្ញុំបានប្រគល់ឱ្យគាត់នោះទៅដល់ណាហើយ។ គាត់បាននិយាយថា៖ «អូ៎ ខ្ញុំភ្លេចបាត់ទៅហើយ!សូមប្រាប់ខ្ញុំម្ដងទៀតមកថាជារឿងអ្វី»។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាចំពោះចម្លើយរបស់គាត់? នោះហើយជាអាកប្បកិរិយាដែលគាត់មាននៅពេលធ្វើការងារ។ ខ្ញុំបានគិតថា៖ «មនុស្សនេះពិតជាមិនគួរឱ្យទុកចិត្តសោះ។ ចេញឱ្យឆ្ងាយពីខ្ញុំភ្លាមទៅ! ខ្ញុំមិនចង់ឃើញអ្នកទៀតទេ!» នោះហើយជាអារម្មណ៍របស់ខ្ញុំ។ ដូច្នេះខ្ញុំនឹងប្រាប់អ្នករាល់គ្នាពីការពិតមួយថា៖ អ្នករាល់គ្នាដាច់ខាតកុំផ្សារភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពាក្យកុហករបស់អ្នកបោកប្រាស់ឱ្យសោះ ការធ្វើដូច្នេះគឺគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ មានអ្នកខ្លះនិយាយថា ខ្លួនជាមនុស្សដែលរក្សាពាក្យសម្ដី ហើយថាខ្លួននិយាយម៉ាត់ណាម៉ាត់ហ្នឹង។ បើដូច្នេះមែន នោះនៅពេលនិយាយដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេអាចធ្វើតាមព្រះបន្ទូលទាំងនោះ នៅពេលដែលពួកគេបានឮដែរឬទេ? តើពួកគេអាចប្រតិបត្តិតាមព្រះបន្ទូលទាំងនោះដោយយកចិត្តទុកដាក់ដូចដែលពួកគេធ្វើចំពោះរឿងផ្ទាល់ខ្លួនរបស់ពួកគេដែរឬទេ? គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺសំខាន់ណាស់។ ទ្រង់មិនមានព្រះបន្ទូលលេងសើចទេ។ អ្វីដែលទ្រង់មានព្រះបន្ទូល មនុស្សត្រូវតែប្រតិបត្តិតាម និងអនុវត្ត។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល តើទ្រង់កំពុងពិគ្រោះជាមួយមនុស្សឬ? ពិតជាមិនមែនទេ។ តើទ្រង់កំពុងសួរអ្នកនូវសំណួរដែលមានជម្រើសច្រើនឬ? ពិតជាមិនមែនទេ។ ប្រសិនបើអ្នកអាចដឹងថាព្រះបន្ទូល និងបេសកកម្មរបស់ព្រះជាម្ចាស់ជាបញ្ជាបេសកកម្មដែលមនុស្សត្រូវតែធ្វើដូចដែលគេបាននិយាយ និងប្រតិបត្តិតាម នោះអ្នករាល់គ្នាមានកាតព្វកិច្ចត្រូវប្រតិបត្តិតាម និងអនុវត្តវា។ ប្រសិនបើអ្នករាល់គ្នាគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជារឿងលេងសើច គ្រាន់តែជាពាក្យនិយាយលេង ដែលអាចធ្វើក៏បានមិនធ្វើក៏បាន តាមតែចិត្តចង់ ហើយអ្នកប្រព្រឹត្តចំពោះព្រះបន្ទូលទាំងនោះបែបនេះ នោះអ្នករាល់គ្នាពិតជាគ្មានហេតុផល និងមិនស័ក្តិសមនឹងត្រូវបានគេហៅថាមនុស្សឡើយ។ ព្រះជាម្ចាស់នឹងមិនមានព្រះបន្ទូលមកកាន់អ្នកទៀតឡើយ។ ប្រសិនបើមនុស្សម្នាក់តែងតែធ្វើការជ្រើសរើសដោយខ្លួនឯងនៅពេលនិយាយដល់សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ចំពោះបញ្ញតិ្ត និងបញ្ជាបេសកកម្មរបស់ទ្រង់ ហើយប្រព្រឹត្តចំពោះវាដោយអាកប្បកិរិយាឱ្យតែរួចពីដៃ នោះពួកគេគឺជាមនុស្សប្រភេទដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ នៅក្នុងរឿងដែលខ្ញុំបង្គាប់ និងប្រគល់ឱ្យអ្នកដោយផ្ទាល់ ប្រសិនបើអ្នកតែងតែត្រូវការឱ្យខ្ញុំមើលការខុសត្រូវ និងជំរុញអ្នក តាមដានអ្នកតែងតែធ្វើឱ្យខ្ញុំព្រួយបារម្ភ និងសាកសួរដោយតម្រូវឱ្យខ្ញុំពិនិត្យគ្រប់យ៉ាងសម្រាប់អ្នកនៅគ្រប់ជំហាន នោះអ្នកគួរតែត្រូវបានជម្រុះចោលហើយ។ មានមនុស្សប្រភេទនេះជាច្រើននាក់ណាស់នៅក្នុងចំណោមអ្នកដែលបច្ចុប្បន្ននេះ ត្រូវបានជម្រុះចោលពីដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំណែនាំពួកគេពីរឿងមួយចំនួន ហើយបន្ទាប់មកខ្ញុំសួរពួកគេថា៖ «តើអ្នកកត់ត្រាទុកទាំងអស់ហើយឬនៅ? តើនេះច្បាស់លាស់ហើយឬនៅ? តើអ្នកមានសំណួរអ្វីទេ?» ដែលពួកគេឆ្លើយតបថា៖ «ខ្ញុំកត់ត្រាទុកទាំងអស់ហើយ គ្មានបញ្ហាអ្វីទេ មិនចាំបាច់ព្រួយបារម្ភទេ!» ពួកគេយល់ព្រមធ្វើដោយងាយស្រួលណាស់ សូម្បីតែដាក់ដៃលើទ្រូង ហើយស្បថចំពោះខ្ញុំក៏មានដែរ។ ប៉ុន្តែ តើពួកគេពិតជាអនុវត្តរឿងទាំងនេះ បន្ទាប់ពីពួកគេយល់ព្រមហើយឬទេ? មិនបានទេ ពួកគេក៏បាត់ស្រមោលឈឹង ហើយគ្មានដំណឹងអ្វីពីពួកគេទៀតឡើយ។ ពួកគេធ្វើរឿងដែលពួកគេចូលចិត្តភ្លាមៗ ដោយធ្វើសកម្មភាពយ៉ាងរហ័ស និងម៉ឺងម៉ាត់។ ពួកគេងាយយល់ព្រមចំពោះរឿងដែលខ្ញុំប្រគល់ឱ្យពួកគេ ប៉ុន្តែបន្ទាប់មក ពួកគេមិនអើពើនឹងវាឡើយ ហើយនៅពេលដែលខ្ញុំតាមដានពួកគេអំពីរឿងនេះនៅពេលក្រោយ ខ្ញុំឃើញថាពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ មនុស្សប្រភេទនេះគ្មានសតិសម្បជញ្ញៈ ឬហេតុផលអ្វីបន្តិចសោះឡើយ។ ពួកគេគឺជាមនុស្សគ្មានបានការ ហើយមិនស័ក្តិសមនឹងបំពេញភារកិច្ចឡើយ។ ពួកគេអន់ជាងជ្រូក ឬឆ្កែទៅទៀត។ នៅពេលមនុស្សម្នាក់ចិញ្ចឹមឆ្កែយាមផ្ទះ នៅពេលពួកគេមិននៅ ឆ្កែអាចជួយយាមផ្ទះ និងទីធ្លាបាន កាលណាមានមនុស្សចម្លែកមក។ មានមនុស្សជាច្រើនដែលមិនល្អដូចឆ្កែផងក្នុងការធ្វើរឿងផ្សេងៗ។ មនុស្សខ្លះត្រូវតែមាននរណាម្នាក់មើលការខុសត្រូវជានិច្ច ទើបពួកគេធ្វើភារកិច្ចរបស់ខ្លួនបានបន្តិចបន្តួច ហើយពួកគេត្រូវតែមាននរណាម្នាក់លួសកាត់ និងមើលការខុសត្រូវពួកគេ មុនពេលពួកគេធ្វើអ្វីមួយ។ តើនេះជាការបំពេញភារកិច្ចឬ? មនុស្សទាំងនេះគឺជាអ្នកកុហក! ប្រសិនបើពួកគេមិនបានគ្រោងនឹងធ្វើវាទេ ចុះដូច្នេះហេតុអ្វីបានជាពួកគេយល់ព្រម? តើនេះមិនមែនជាការបោកបញ្ឆោតមនុស្សដោយចេតនាទេឬ? ប្រសិនបើពួកគេគិតថាកិច្ចការនោះនឹងពិបាក ហេតុអ្វីបានជាពួកគេមិននិយាយវាតាំងពីដំបូង? ហេតុអ្វីបានជាពួកគេសន្យាថានឹងធ្វើវា ហើយបន្ទាប់មកមិនបានធ្វើវា? ប្រសិនបើពួកគេបោកបញ្ឆោតអ្នកដទៃ ក៏អ្នកដទៃក៏មិនអាចធ្វើអ្វីចំពោះពួកគេបានដែរ ប៉ុន្តែប្រសិនបើពួកគេបោកបញ្ឆោតព្រះជាម្ចាស់ តើផលវិបាកជាអ្វីទៅ? មនុស្សប្រភេទនេះគួរតែត្រូវបានចាត់ការ និងជម្រុះចោល! តើអ្នករាល់គ្នាមិនគិតថា មនុស្សដែលមើលងាយសេចក្ដីពិត និងបំពានគោលការណ៍ដោយឥតអៀនខ្មាស គឺជាមនុស្សអាក្រក់ទេឬ? ពួកគេទាំងអស់គឺជាមនុស្សអាក្រក់ ពួកគេទាំងអស់គឺជាអារក្ស ហើយពួកគេគួរតែត្រូវបានជម្រុះចោល! ដោយសារមនុស្សទាំងនេះប្រព្រឹត្តតាមតែអំពើចិត្ត បំពានគោលការណ៍ បះបោរនិងមិនស្ដាប់បង្គាប់ បង្កើតនគរផ្ទាល់ខ្លួន ហើយដោយសារពួកគេខ្ជិលច្រអូស និងគ្មានការទទួលខុសត្រូវ ពួកគេបាននាំមកនូវការខាតបង់យ៉ាងធំធេងដល់ពួកជំនុំ! តើអ្នកណាអាចសងការខាតបង់បែបនេះបាន? គ្មានអ្នកណាម្នាក់អាចទទួលខុសត្រូវបែបនេះបានទេ។ មនុស្សទាំងនេះត្អូញត្អែរ ហើយនៅតែមិនសុខចិត្ត និងមិនពេញចិត្តឡើយ នៅពេលដែលពួកគេត្រូវបានលួសកាត់។ តើមនុស្សទាំងនេះមិនមែនជាអារក្សដែលគ្មានហេតុផលទេឬ? ពួកគេពិតជាមិនអាចជួយសង្គ្រោះបានឡើយ ហើយគួរតែត្រូវបានជម្រុះចោលតាំងពីយូរមកហើយ!

តើអ្នករាល់គ្នាបានយល់ពីចំណុចសំខាន់នៃរឿងរបស់ណូអេ និងអ័ប្រាហាំ ដែលយើងបានប្រកបគ្នានៅថ្ងៃនេះហើយឬនៅ? តើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សខ្ពស់ដែរឬទេ? (មិនខ្ពស់ទេ។) អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សគឺជាអ្វីដែលគួរតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៅក្នុងមនុស្សដែលត្រូវបានបង្កើតមក។ សេចក្ដីតម្រូវរបស់ទ្រង់មិនខ្ពស់ទាល់តែសោះ ហើយវាជាក់ស្ដែងបំផុត និងពិតប្រាកដបំផុត។ មនុស្សត្រូវតែមានជំនឿពិត និងការចុះចូលទាំងស្រុង ដើម្បីឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ មានតែអស់អ្នកណាដែលមានរឿងទាំងពីរនេះទេ ទើបបានសង្គ្រោះយ៉ាងពិតប្រាកដ។ ប៉ុន្តែសម្រាប់អស់អ្នកណាដែលបានពុករលួយយ៉ាងខ្លាំង អស់អ្នកណាដែលមើលងាយសេចក្ដីពិត ហើយខ្ពើមរអើមនឹងរឿងវិជ្ជមាន និងសម្រាប់អស់អ្នកណាដែលប្រឆាំងនឹងសេចក្ដីពិត គឺគ្មានអ្វីដែលពិបាកជាងរឿងទាំងពីរនេះឡើយ! ការនេះអាចសម្រេចបានតែដោយអស់អ្នកណាដែលមានចិត្តបរិសុទ្ធ និងបើកចំហចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកដែលមានភាពជាមនុស្សហេតុផល និងសតិសម្បជញ្ញៈ និងអ្នកដែលស្រឡាញ់រឿងវិជ្ជមានប៉ុណ្ណោះ។ តើរឿងទាំងនេះមាននៅក្នុងខ្លួនអ្នករាល់គ្នាដែរឬទេ? ចុះតើនៅក្នុងខ្លួននរណាទៅ ដែលមានភាពខ្ជាប់ខ្ជួន និងភាពបរិសុទ្ធ ដែលមនុស្សគួរតែមានទាក់ទងនឹងព្រះជាម្ចាស់នោះ? បើនិយាយពីអាយុ អ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះគឺក្មេងជាងណូអេ និងអ័ប្រាហាំ ប៉ុន្តែបើនិយាយពីភាពបរិសុទ្ធវិញ អ្នករាល់គ្នាមិនអាចប្រៀបផ្ទឹមនឹងពួកគេបានឡើយ។ ភាពបរិសុទ្ធ បញ្ញា និងប្រាជ្ញា គឺមិនមាននៅក្នុងខ្លួនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ល្បិចកលតូចតាចបែរជាមានច្រើនទៅវិញ។ ដូច្នេះ តើបញ្ហានេះអាចដោះស្រាយដោយរបៀបណា? តើមានវិធីណាដើម្បីបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានផ្លូវទេ? តើត្រូវចាប់ផ្ដើមពីកន្លែងណា? (ដោយការស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ត្រូវហើយ គឺដោយការរៀនស្ដាប់ និងចុះចូល។ មនុស្សខ្លះនិយាយថា៖ «ពេលខ្លះ អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលមិនមែនជាសេចក្ដីពិតទេ ហើយក៏មិនងាយស្រួលក្នុងការចុះចូលដែរ។ ប្រសិនបើព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលសេចក្ដីពិតខ្លះ ការចុះចូលនឹងងាយស្រួលហើយ»។ តើពាក្យសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើអ្នករាល់គ្នាបានរកឃើញអ្វីខ្លះនៅក្នុងរឿងរបស់លោកណូអេនិងលោកអ័ប្រាហាំ ដែលយើងបាននិយាយគ្នានៅថ្ងៃនេះ? ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការចុះចូលនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់គឺជាកាតព្វកិច្ចពីកំណើតរបស់មនុស្ស។ហើយប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលអ្វីមួយដែលមិនស្របតាមគំនិតរបស់មនុស្សមនុស្សមិនគួរវិភាគ ឬពិនិត្យវាឡើយ។ ទោះបីជាព្រះជាម្ចាស់ផ្ដន្ទាទោស ឬជម្រុះអ្នកណាចោល ហើយទោះជាការនោះធ្វើឱ្យមនុស្សជាច្រើនមានគំនិត និងការទាស់ទទឹងក៏ដោយ ក៏អត្តសញ្ញាណ សារជាតិ និស្ស័យ និងឋានៈរបស់ទ្រង់មិនផ្លាស់ប្ដូរជារៀងរហូតឡើយ។ ទ្រង់គឺជាព្រះជាម្ចាស់ជារៀងរហូត។ដោយសារអ្នកគ្មានការសង្ស័យថាទ្រង់គឺជាព្រះជាម្ចាស់ ការទទួលខុសត្រូវតែមួយគត់របស់អ្នក រឿងតែមួយគត់ដែលអ្នកគួរធ្វើ គឺត្រូវស្ដាប់បង្គាប់តាមអ្វីដែលទ្រង់មានព្រះបន្ទូល និងអនុវត្តស្របតាមព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាផ្លូវនៃការអនុវត្ត។ មនុស្សដែលត្រូវបានបង្កើតមក មិនគួរពិនិត្យ វិភាគ ពិភាក្សា បដិសេធ ទាស់ទទឹង បះបោរទាស់នឹង ឬប្រកែកនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការនេះជាអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម ហើយមិនមែនជាអ្វីដែលទ្រង់ចង់ឃើញនៅក្នុងខ្លួនមនុស្សឡើយ។ តើគួរប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណាឱ្យពិតប្រាកដ? តើអ្នកគួរអនុវត្តដោយរបៀបណា? តាមពិតវាសាមញ្ញណាស់ គឺត្រូវរៀនស្ដាប់បង្គាប់ព្រះបន្ទូលទាំងនោះ ស្ដាប់ដោយអស់ពីចិត្តទទួលយកដោយអស់ពីចិត្ត យល់ និងស្វែងយល់ដោយអស់ពីចិត្ត ហើយបន្ទាប់មក ចូរទៅអនុវត្ត និងប្រតិបត្តិតាមដោយអស់ពីចិត្ត។ អ្វីដែលអ្នកបានឮ និងស្វែងយល់នៅក្នុងចិត្តគួរតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអនុវត្តរបស់អ្នករាល់គ្នា។ កុំបំបែករឿងទាំងពីរនេះឱ្យសោះ។ អ្វីៗទាំងអស់ អ្វីដែលអ្នកអនុវត្ត អ្វីដែលអ្នកចុះចូល អ្វីដែលអ្នកធ្វើដោយដៃផ្ទាល់ គ្រប់កិច្ចការដែលអ្នករវល់ធ្វើ គួរតែផ្សារភ្ជាប់ទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ រួចហើយអ្នករាល់គ្នាគួរតែអនុវត្តស្របតាមព្រះបន្ទូលរបស់ទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះតាមរយៈទង្វើរបស់អ្នក។ នោះហើយជាការចុះចូលនឹងព្រះបន្ទូលរបស់ព្រះអាទិករ។នេះហើយជាផ្លូវនៃការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីពីរ)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ