សេចក្ដីអធិប្បាយទីប្រាំ៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីពីរ)
II. ភាពខុសគ្នារវាងចរិតលក្ខណៈ និងសារជាតិនិស្ស័យ
លើកមុន យើងបានសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នករាល់គ្នាអាចប្រាប់បានទេថា វារួមមានអ្វីខ្លះ? (ចំណុចទីមួយ គឺការនិយាយកុហកជាទម្លាប់ ចំណុចទីពីរ គឺពិសពុល និងឃោរឃៅ ចំណុចទីបី គឺគ្មានសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់ ចំណុចទីបួន គឺអាត្មានិយម និងថោកទាប ចំណុចទីប្រាំ គឺការតោងទាមអ្នកមានអំណាច និងការជិះជាន់អ្នកទន់ខ្សោយ ហើយចំណុចទីប្រាំមួយ គឺមានបំណងប្រាថ្នាចង់បានសម្ភារៈខ្លាំងជាងមនុស្សធម្មតា។) សរុបទាំងអស់មានប្រាំមួយចំណុច។ បើមើលទៅលើចំណុចទាំងប្រាំមួយនេះ ចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺគ្មានភាពជាមនុស្ស មនសិការ និងវិចារណញ្ញាណឡើយ។ ពួកគេមានសេចក្ដីទៀងត្រង់កម្រិតទាប ហើយចរិតលក្ខណៈរបស់ពួកគេគឺគួរឱ្យស្អប់ខ្ពើម។ ឧបមាថា អ្នកមិនដឹង ឬមិនអាចស្ទង់ដឹងពីនិស្ស័យរបស់មនុស្សម្នាក់ ឬមិនដឹងថាវាល្អឬអាក្រក់នោះទេ ប៉ុន្តែតាមរយៈការស្វែងយល់អំពីចរិតលក្ខណៈរបស់ពួកគេ ជាឧទាហរណ៍ អ្នករកឃើញថា ពួកគេមានចរិតលក្ខណៈគួរឱ្យស្អប់ខ្ពើម ដូចជាការនិយាយកុហកជាទម្លាប់ គ្មានសេចក្ដីថ្លៃថ្នូរ ឬពិសពុល និងឃោរឃៅ។ ពេលនោះ អ្នកអាចកំណត់លក្ខណៈពួកគេជាបឋមថា ជាមនុស្សដែលគ្មានមនសិការ គ្មានចិត្តសប្បុរស ឬគ្មានចរិតលក្ខណៈខ្ពង់ខ្ពស់ ផ្ទុយទៅវិញ ជាមនុស្សដែលមានភាពជាមនុស្សអាក្រក់ អន់ថយខ្លាំង និងទុច្ចរិត។ ប្រសិនបើមនុស្សបែបនេះមិនមានឋានៈទេ នោះពួកគេអាចត្រូវបានកំណត់លក្ខណៈជាបណ្ដោះអាសន្នថាជាមនុស្សអាក្រក់។ បើមើលតាមចរិតលក្ខណៈរបស់ពួកគេ តើពួកគេអាចត្រូវបានកំណត់លក្ខណៈទាំងស្រុង និងពេញលេញថាជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ប្រសិនបើយើងពិចារណាតែការសម្ដែងចេញនៃភាពជាមនុស្សរបស់ពួកគេ មនុស្សបែបនេះអាចត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមានភាពប្រាកដប្រជា ៨០ភាគរយ។ ពួកគេមិនត្រឹមតែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ហើយវាក៏មិនមែនគ្រាន់តែជារឿងដែលថាភាពជាមនុស្សរបស់ពួកគេគឺទុច្ចរិត អាក្រក់ និងអន់ថយនោះដែរ ដូច្នេះហើយ ទើបយើងអាចកំណត់លក្ខណៈពួកគេជាបឋមថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពីព្រោះគ្មាននរណាម្នាក់ដែលត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទ មានភាពជាមនុស្សល្អ ភាពស្មោះត្រង់ សេចក្ដីសប្បុរស ភាពសាមញ្ញ ភាពទៀងត្រង់ ភាពស្មោះស្ម័គ្រចំពោះអ្នកដទៃ ឬសេចក្ដីថ្លៃថ្នូរឡើយ ហើយក៏គ្មាននរណាម្នាក់ដែលមានទិដ្ឋភាពនៃចរិតលក្ខណៈទាំងនេះ ជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាបឋម និងសំខាន់បំផុត គឺអន់ថយខ្លាំងណាស់។ ពួកគេខ្វះមនសិការ និងវិចារណញ្ញាណ ហើយប្រាកដណាស់ ពួកគេក៏មិនមានចរិតលក្ខណៈរបស់មនុស្សដែលមានភាពជាមនុស្ស និងមានសេចក្ដីទៀងត្រង់ដ៏ថ្លៃថ្នូរនោះឡើយ។ ហេតុដូច្នេះហើយ បើមើលតាមចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើពួកគេមិនមានឋានៈ ហើយពួកគេគ្រាន់តែជាអ្នកដើរតាមធម្មតា ឬជាសមាជិកសាមញ្ញម្នាក់នៃក្រុមណាមួយដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែប្រសិនបើចរិតលក្ខណៈរបស់ពួកគេអន់ថយខ្លាំង ហើយពួកគេមានលក្ខណៈទាំងនោះនៃចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះយើងអាចកំណត់លក្ខណៈមនុស្សទាំងនេះជាបឋមថាជាពួកទទឹងនឹងព្រះគ្រីស្ទបាន។ តើគួរធ្វើដូចម្ដេចចំពោះអ្នកដែលគេមិនអាចមើលធ្លុះបាន? ពួកគេមិនគួរត្រូវបានដំឡើងឋានៈ ឬផ្ដល់ឋានៈឱ្យឡើយ។ អ្នកខ្លះអាចនិយាយថា៖ «ប្រសិនបើយើងផ្ដល់ឋានៈឱ្យពួកគេ តើនោះមិនមែនជាការកំណត់ថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី?»។ តើការលើកឡើងនោះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) ប្រសិនបើយើងផ្ដល់ឋានៈឱ្យមនុស្សបែបនេះ ពួកគេនឹងធ្វើរឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ហើយអ្វីក៏ដោយដែលពួកទទឹងនឹងព្រះគ្រីស្ទមានសមត្ថភាពធ្វើ ពួកគេនឹងធ្វើវា។ ទីមួយ ពួកគេនឹងបង្កើតនគរឯករាជ្យ ហើយបន្ថែមពីលើនេះ ពួកគេនឹងគ្រប់គ្រងមនុស្ស។ តើមនុស្សប្រភេទនេះនឹងធ្វើរឿងដែលផ្ដល់ប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (ទេ ពួកគេមិនធ្វើឡើយ។) នៅពេលដែលមនុស្សបែបនេះទទួលបានឋានៈ ពួកគេអាចបង្កើតនគរឯករាជ្យ ធ្វើតាមតែអំពើចិត្ត បង្កការរំខាន និងការបង្អាក់ បង្កើតបក្សពួក និងប្រព្រឹត្តគ្រប់អំពើរបស់មនុស្សអាក្រក់។ វាប្រៀបបាននឹងការលែងសត្វកញ្ជ្រោងឱ្យចូលទៅក្នុងចម្ការទំពាំងបាយជូរ ដោយដាក់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយប្រគល់ពួកគេទៅឱ្យពួកអារក្ស និងពួកសាតាំងអ៊ីចឹងដែរ។ នៅពេលដែលមនុស្សទាំងនេះឡើងកាន់អំណាច វាជារឿងដែលច្បាស់រួចទៅហើយថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទដោយគ្មានការសង្ស័យឡើយ។ ប្រសិនបើនរណាម្នាក់កំណត់ថាតើមនុស្សម្នាក់ជាបុគ្គលទទឹងនឹងព្រះគ្រីស្ទឬក៏អត់ ដោយផ្អែកតែលើចរិតលក្ខណៈរបស់អ្នកនោះ សម្រាប់មនុស្សជាច្រើនដែលមិនដឹងពីការពិត ដែលមិនយល់ ឬមិនអាចវែកញែកពីសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទបាន ការធ្វើបែបនេះអាចហាក់ដូចជាហួសហេតុបន្តិច។ ពួកគេអាចនឹងគិតថា៖ «ហេតុអ្វីបានជាច្រានចោល ឬថ្កោលទោសនរណាម្នាក់ទាំងស្រុង ដោយផ្អែកតែលើចំណុចនេះដូច្នេះ? វាហាក់ដូចជាមិនយុត្តិធម៌ទេ ក្នុងការចាត់ទុកអ្នកនោះថាជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ មុនពេលដែលអ្នកនោះបានធ្វើអ្វីមួយ»។ ទោះជាយ៉ាងណាក៏ដោយ បើវិនិច្ឆ័យតាមសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះច្បាស់ណាស់ថា ពួកគេគ្មានភាពជាមនុស្សល្អឡើយ។ ទីមួយ ពួកគេច្បាស់ជាមិនមែនជាអ្នកដេញតាមសេចក្ដីពិតឡើយ។ ទីពីរ យ៉ាងច្បាស់ណាស់ ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ។ លើសពីនេះទៅទៀត ពួកគេពិតជាមិនមែនជាប្រភេទមនុស្សដែលចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ សម្រាប់អ្នកដែលមិនមានលក្ខណៈសម្បត្តិបែបនេះ វាច្បាស់ណាស់ថាតើចរិតលក្ខណៈរបស់ពួកគេថ្លៃថ្នូរ ឬថោកទាប ល្អ ឬអាក្រក់នោះ។
នៅការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីអាកប្បកិរិយា របៀបនៃការនិយាយ និងការដោះស្រាយកិច្ចការផ្សេងៗ ជាដើម ដែលត្រូវបានសម្ដែងចេញតាមរយៈចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើយើងមិនអាចកំណត់ទាំងស្រុងថាតើមនុស្សម្នាក់ជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើចរិតលក្ខណៈរបស់ពួកគេទេនោះ វាជារឿងចាំបាច់សម្រាប់យើងក្នុងការប្រកបគ្នាបន្ថែមទៀតអំពីសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តាមរយៈការពិនិត្យមើល និងការវែកញែកចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងទិដ្ឋភាពមួយ និងសារជាតិនិស្ស័យរបស់ពួកគេក្នុងទិដ្ឋភាពមួយទៀត តាមរយៈការរួមបញ្ចូលចំណុចទាំងពីរនេះ យើងអាចកំណត់ថាតើមនុស្សម្នាក់គ្រាន់តែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែន។ ថ្ងៃនេះ ចូរយើងសង្ខេបថាតើពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិនិស្ស័យអ្វីខ្លះ។ នេះគឺជាលក្ខណៈដ៏សំខាន់ជាង ដែលអនុញ្ញាតឱ្យយើងស្គាល់ ញែកដឹង ឬកំណត់ថាតើមនុស្សម្នាក់ជាពួកទទឹងនឹងព្រះគ្រីស្ទបានកាន់តែប្រសើរ។
ទាក់ទងនឹងនិស្ស័យ ពីមុនយើងបានធ្វើការសង្ខេបជាក់លាក់មួយអំពីវា តើនិស្ស័យពុករលួយរបស់មនុស្សមានអ្វីខ្លះ? (ការរឹងទទឹង ភាពក្រអឺតក្រទម សេចក្ដីបញ្ឆោត ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងសេចក្ដីទុច្ចរិត។) ជាទូទៅ គឺមានចំណុចទាំងប្រាំមួយនេះ ហើយការបកស្រាយផ្សេងទៀតអំពីនិស្ស័យ ដូចជាភាពអាត្មានិយម និងភាពថោកទាប គឺមានទំនាក់ទំនង ឬស្រដៀងគ្នាទៅនឹងចំណុចណាមួយក្នុងចំណោមចំណុចទាំងប្រាំមួយនេះ។ ចូរប្រាប់ខ្ញុំមើល តើមានភាពខុសគ្នារវាងចរិតលក្ខណៈរបស់មនុស្សម្នាក់ និងសារជាតិនិស្ស័យរបស់ពួកគេដែរឬទេ? តើមានភាពខុសគ្នាដូចម្ដេចខ្លះ? ចរិតលក្ខណៈ ត្រូវបានវាស់ស្ទង់ជាចម្បងដោយមនសិការ និងវិចារណញ្ញាណ។ វាពាក់ព័ន្ធនឹងថាតើមនុស្សម្នាក់មានសេចក្ដីទៀងត្រង់ដែរឬទេ ថាតើសេចក្ដីទៀងត្រង់របស់ពួកគេខ្ពង់ខ្ពស់ដែរឬទេ ថាតើពួកគេមានសេចក្ដីថ្លៃថ្នូរដែរឬទេ ថាតើពួកគេមានសីលធម៌ជាមនុស្សដែរឬទេ កម្រិតនៃសីលធម៌របស់ពួកគេ ថាតើពួកគេមានដែនកំណត់ និងគោលការណ៍នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តខ្លួនដែរឬទេ ថាតើភាពជាមនុស្សរបស់ពួកគេល្អ ឬអាក្រក់ ហើយថាតើពួកគេសាមញ្ញ និងស្មោះត្រង់ដែរឬទេ ទិដ្ឋភាពទាំងនេះគឺពាក់ព័ន្ធនឹងចរិតលក្ខណៈរបស់មនុស្ស។ ជាសារវន្ត ចរិតលក្ខណៈត្រូវបានបង្កើតឡើងដោយជម្រើស និងទំនោរទៅរកសេចក្ដីល្អ និងសេចក្ដីអាក្រក់ ទៅរកអ្វីៗដែលវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងទៅរកភាពត្រូវ និងខុស ដែលមនុស្សសម្ដែងចេញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទាំងនេះហើយជារឿងដែលវាពាក់ព័ន្ធ។ ជាទូទៅ នេះមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ វាគ្រាន់តែត្រូវបានវាស់ស្ទង់ដោយប្រើស្ដង់ដារនៃមនសិការ រួមជាមួយនឹងភាពជាមនុស្សល្អ និងអាក្រក់ប៉ុណ្ណោះ ហើយវាមិនទាន់ឈានដល់កម្រិតនៃសេចក្ដីពិតឡើយ។ បើនិយាយអំពីនិស្ស័យវិញ វាត្រូវតែវាស់ស្ទង់ដោយប្រើសារជាតិរបស់មនុស្សម្នាក់។ ថាតើពួកគេចូលចិត្តសេចក្ដីល្អ ឬសេចក្ដីអាក្រក់ ហើយនៅពេលនិយាយដល់យុត្តិធម៌ និងសេចក្ដីទុច្ចរិត ក៏ដូចជាអ្វីៗដែលវិជ្ជមាន និងអវិជ្ជមាន តើពួកគេសម្ដែងចេញអ្វីខ្លះ តើជម្រើសរបស់ពួកគេ និងនិស្ស័យដែលពួកគេបញ្ចេញឱ្យឃើញពិតជាអ្វីឱ្យប្រាកដ ពួកគេអាចមានប្រតិកម្មយ៉ាងណាខ្លះ រឿងទាំងនេះត្រូវតែវាស់ស្ទង់ដោយប្រើសេចក្ដីពិត។ ប្រសិនបើមនុស្សម្នាក់មានចរិតលក្ខណៈសប្បុរសគួរសម ប្រសិនបើពួកគេមានមនសិការ និងវិចារណញ្ញាណ តើគេអាចនិយាយថាពួកគេមិនមាននិស្ស័យពុករលួយបានដែរឬទេ? (ទេ គេមិនអាចនិយាយដូច្នេះបានទេ។) ប្រសិនបើមនុស្សម្នាក់មានចិត្តសប្បុរសខ្លាំង តើពួកគេមានភាពក្រអឺតក្រទមដែរឬទេ? (មែនហើយ ពួកគេមាន។) ប្រសិនបើមនុស្សម្នាក់ស្មោះត្រង់ខ្លាំង តើពួកគេមាននិស្ស័យរឹងទទឹងដែរឬទេ? (មែនហើយ ពួកគេមាន។) គេអាចនិយាយបានថា មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់ល្អយ៉ាងណានោះទេ មិនថាសេចក្ដីទៀងត្រង់របស់ពួកគេខ្ពង់ខ្ពស់យ៉ាងណានោះទេ ទាំងអស់នេះមិនមានន័យថាពួកគេគ្មាននិស្ស័យពុករលួយឡើយ។ ប្រសិនបើមនុស្សម្នាក់មានមនសិការ និងវិចារណញ្ញាណ តើនេះមានន័យថាពួកគេមិនដែលទាស់ទទឹងទាស់នឹងព្រះជាម្ចាស់ ឬបះបោរទាស់នឹងទ្រង់ទេឬអី? (ទេ វាមិនមានន័យដូច្នេះទេ។) ដូច្នេះ តើការបះបោរនេះកើតឡើងដោយរបៀបណា? គឺដោយសារតែមនុស្សមាននិស្ស័យពុករលួយ ហើយនៅក្នុងសារជាតិនិស្ស័យរបស់ពួកគេ មានការរឹងទទឹង ភាពក្រអឺតក្រទម សេចក្ដីទុច្ចរិត និងអ្វីៗផ្សេងទៀត។ ហេតុដូច្នេះហើយ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់ល្អយ៉ាងណានោះទេ វាមិនមានន័យថាពួកគេមានសេចក្ដីពិត ថាពួកគេគ្មាននិស្ស័យពុករលួយ ឬថាពួកគេអាចចៀសវាងពីការទាស់ទទឹង ការក្បត់ និងការបះបោរទាស់នឹងព្រះជាម្ចាស់ ហើយអាចចុះចូលនឹងព្រះជាម្ចាស់ដោយមិនបាច់ដេញតាមសេចក្ដីពិតនោះឡើយ។ ប្រសិនបើពួកគេមានចរិតលក្ខណៈល្អ មានភាពសាមញ្ញគួរសម ស្មោះត្រង់ ទៀងត្រង់ មានចិត្តសប្បុរស និងមានសេចក្ដីថ្លៃថ្នូរ នេះគ្រាន់តែមានន័យថា ពួកគេអាចទទួលយកសេចក្ដីពិត ស្រឡាញ់សេចក្ដីពិត និងចុះចូលនឹងអ្វីដែលព្រះជាម្ចាស់ធ្វើប៉ុណ្ណោះ ពីព្រោះពួកគេមានចរិតលក្ខណៈដែលអាចទទួលយកសេចក្ដីពិតបាន។
ចរិតលក្ខណៈល្អ ឬអាក្រក់ ត្រូវបានវាស់ស្ទង់ដោយប្រើលក្ខណៈវិនិច្ឆ័យជាមូលដ្ឋាន ដូចជាមនសិការ សីលធម៌ និងសេចក្ដីទៀងត្រង់។ ទោះជាយ៉ាងណាក៏ដោយ សារជាតិនិស្ស័យរបស់មនុស្សម្នាក់ ត្រូវតែវាស់ស្ទង់ដោយប្រើនិស្ស័យពុករលួយទាំងប្រាំមួយដែលបានរៀបរាប់ពីមុន។ ប្រសិនបើមនុស្សម្នាក់មានស្ដង់ដារសីលធម៌ខ្ពស់ សេចក្ដីទៀងត្រង់ មនសិការ វិចារណញ្ញាណ និងចិត្តសប្បុរស គេអាចនិយាយបានត្រឹមតែថា ចរិតលក្ខណៈរបស់ពួកគេគឺល្អគួរសមប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានន័យថាបុគ្គលនេះយល់ពីសេចក្ដីពិត មានសេចក្ដីពិត ឬអាចដោះស្រាយកិច្ចការស្របតាមគោលការណ៍សេចក្ដីពិតឡើយ។ តើនេះបញ្ជាក់ពីអ្វី? ទោះបីជាពួកគេមានចរិតលក្ខណៈល្អ សេចក្ដីទៀងត្រង់ដែលថ្លៃថ្នូរគួរសម និងស្ដង់ដាសីលធម៌ដែលមានកម្រិតខ្ពស់ជាងសម្រាប់របៀបដែលពួកគេប្រព្រឹត្តខ្លួន និងធ្វើសកម្មភាពក៏ដោយ ក៏វាមិនមានន័យថាពួកគេគ្មាននិស្ស័យពុករលួយ ថាពួកគេមានសេចក្ដីពិត ឬថានិស្ស័យរបស់ពួកគេស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទាំងស្រុងនោះដែរ។ ប្រសិនបើនិស្ស័យពុករលួយរបស់មនុស្សម្នាក់មិនបង្ហាញពីការផ្លាស់ប្ដូរ ហើយពួកគេមិនយល់ពីសេចក្ដីពិតទេនោះ មិនថាចរិតលក្ខណៈរបស់ពួកគេល្អយ៉ាងណានោះទេ ពួកគេមិនមែនជាមនុស្សល្អពិតប្រាកដឡើយ។ ឧបមាថាមនុស្សម្នាក់មានការផ្លាស់ប្ដូរនិស្ស័យក្នុងកម្រិតមួយ ពោលគឺពួកគេស្វែងរកសេចក្ដីពិតនៅក្នុងសកម្មភាពរបស់ពួកគេ ដោយធ្វើតាមគោលការណ៍សេចក្ដីពិតយ៉ាងសកម្មនៅក្នុងរបៀបដែលពួកគេដោះស្រាយកិច្ចការ ព្រមទាំងចុះចូលនឹងសេចក្ដីពិត និងព្រះជាម្ចាស់ ហើយទោះបីជានិស្ស័យពុករលួយរបស់ពួកគេនៅតែលេចឡើងនៅពេលខ្លះ ពួកគេបញ្ចេញឱ្យឃើញភាពក្រអឺតក្រទម និងសេចក្ដីបញ្ឆោត ហើយក្នុងករណីធ្ងន់ធ្ងរ គឺនិស្ស័យកាចសាហាវក៏ដោយ ក៏ជារួម ប្រភព ទិសដៅ និងគោលដៅនៃសកម្មភាពរបស់ពួកគេ គឺស្របតាមគោលការណ៍សេចក្ដីពិត ហើយនៅពេលដែលពួកគេធ្វើសកម្មភាព ពួកគេធ្វើដូច្នេះដោយការស្វែងរក និងការចុះចូល។ ដូច្នេះ តើគេអាចនិយាយបានទេថា ចរិតលក្ខណៈរបស់ពួកគេថ្លៃថ្នូរជាងអ្នកដែលមិនបង្ហាញពីការផ្លាស់ប្ដូរនិស្ស័យនោះ? (មែនហើយ។) ប្រសិនបើចរិតលក្ខណៈរបស់មនុស្សម្នាក់គ្រាន់តែល្អពីធម្មជាតិ ហើយនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ភាពជាមនុស្សរបស់ពួកគេគឺល្អ ប៉ុន្តែពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ ពួកគេពោរពេញទៅដោយសញ្ញាណ និងការស្រមើស្រមៃអំពីព្រះជាម្ចាស់ ពួកគេមិនដឹងពីរបៀបទទួលបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនដឹងពីរបៀបទទួលយកការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ កុំថាឡើយដល់ការចុះចូលនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនោះ តើនេះជាមនុស្សល្អពិតប្រាកដដែរឬទេ? និយាយឱ្យចំទៅ ពួកគេមិនមែនជាមនុស្សល្អពិតប្រាកដទេ ប៉ុន្តែគេអាចនិយាយបានយ៉ាងត្រឹមត្រូវថា ចរិតលក្ខណៈរបស់ពួកគេគឺល្អគួរសម។ តើការមានចរិតលក្ខណៈល្អគួរសម មានន័យដូចម្ដេច? វាមានន័យថា មានសេចក្ដីទៀងត្រង់គួរសម មានភាពយុត្តិធម៌ និងត្រឹមត្រូវគួរសមនៅក្នុងសកម្មភាព និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មិនកេងចំណេញពីអ្នកដទៃ មានភាពស្មោះត្រង់គួរសម មិនធ្វើឱ្យអ្នកដទៃឈឺចាប់ ឬប៉ះពាល់ដល់អ្នកដទៃ ធ្វើសកម្មភាពដោយមានមនសិការ និងមានស្ដង់ដារសីលធម៌ជាក់លាក់ លើសពីការគ្រាន់តែចៀសវាងការបំពានច្បាប់ និងការបំពានទំនាក់ទំនងសីលធម៌ គឺវាជារឿងដែលខ្ពស់ជាងស្ដង់ដារទាំងពីរនេះបន្តិច។ នៅពេលដែលមនុស្សប្រាស្រ័យទាក់ទងជាមួយបុគ្គលបែបនេះ ពួកគេមានអារម្មណ៍ថាបុគ្គលនោះមានភាពទៀងត្រង់គួរសម ហើយពួកគេមិនចាំបាច់ប្រុងប្រយ័ត្នចំពោះបុគ្គលនោះទេនៅពេលដែលពួកគេនៅជាមួយគ្នា ពីព្រោះបុគ្គលនោះមិនធ្វើឱ្យអ្នកដទៃឈឺចាប់ ឬប៉ះពាល់ដល់អ្នកដទៃឡើយ ហើយចិត្តរបស់មនុស្សមានភាពស្ងប់សុខរាល់ពេលដែលពួកគេប្រាស្រ័យទាក់ទងជាមួយបុគ្គលនោះ ការមានលក្ខណៈសម្បត្តិទាំងនេះ គឺជាសញ្ញាបង្ហាញពីមនុស្សដែលល្អគួរសម។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងអ្នកដែលយល់ពីសេចក្ដីពិត ហើយអាចអនុវត្ត និងចុះចូលនឹងសេចក្ដីពិត ភាពជាមនុស្សបែបនេះមិនមែនជាអ្វីដែលថ្លៃថ្នូរឡើយ។ ម្យ៉ាងវិញទៀត មិនថាភាពជាមនុស្សរបស់មនុស្សម្នាក់ល្អយ៉ាងណានោះទេ វាមិនអាចជំនួសការយល់ពីសេចក្ដីពិត ឬការអនុវត្តសេចក្ដីពិតបានឡើយ ហើយវាពិតជាមិនអាចជំនួសការផ្លាស់ប្ដូរនិស្ស័យបានទេ។
ចរិតលក្ខណៈ សំដៅលើមនសិការ សីលធម៌ និងសេចក្ដីទៀងត្រង់របស់មនុស្ស។ ដើម្បីវាស់ស្ទង់ចរិតលក្ខណៈរបស់មនុស្សម្នាក់ គេចាំបាច់ត្រូវវាយតម្លៃលើមនសិការ សីលធម៌ និងសេចក្ដីទៀងត្រង់របស់ពួកគេ។ ប៉ុន្តែ តើនិស្ស័យសំដៅលើអ្វី ហើយតើវាត្រូវបានវាស់ស្ទង់ដោយរបៀបណា? វាត្រូវបានវាស់ស្ទង់ដោយប្រើសេចក្ដីពិត ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឧបមាថា ចរិតលក្ខណៈរបស់មនុស្សម្នាក់គឺល្អខ្លាំងណាស់នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ មនុស្សគ្រប់គ្នាជឿថាពួកគេជាមនុស្សល្អ ហើយគេអាចនិយាយបានថា ពួកគេល្អឥតខ្ចោះ និងពេញលេញនៅក្នុងក្រសែភ្នែករបស់មនុស្សជាតិពុករលួយ ដោយមើលទៅហាក់ដូចជាគ្មានកំហុស ឬចំណុចខ្វះខាតឡើយ ប៉ុន្តែ នៅពេលវាស់ស្ទង់ដោយប្រើសេចក្ដីពិត អ្វីដែលគេហៅថាសេចក្ដីល្អបន្តិចបន្តួចរបស់ពួកគេ គឺសឹងតែមិនមានតម្លៃគួរឱ្យលើកយកមកនិយាយឡើយ។ នៅពេលពិនិត្យមើលនិស្ស័យរបស់ពួកគេ គេអាចនឹងរកឃើញភាពក្រអឺតក្រទម ការរឹងទទឹង សេចក្ដីបញ្ឆោត សេចក្ដីទុច្ចរិត សូម្បីតែការស្អប់ខ្ពើមសេចក្ដីពិត ហើយលើសពីនេះទៅទៀត គឺការសម្ដែងចេញនូវនិស្ស័យកាចសាហាវ។ តើនេះមិនមែនជាការពិតទេឬអី? (មែនហើយ គឺជាការពិត។) តើសារជាតិនិស្ស័យរបស់មនុស្សម្នាក់ត្រូវបានវាស់ស្ទង់ដោយរបៀបណា? វាត្រូវបានវាស់ស្ទង់ដោយប្រើសេចក្ដីពិត តាមរយៈការវាយតម្លៃលើអាកប្បកិរិយារបស់មនុស្សម្នាក់ចំពោះសេចក្ដីពិត និងព្រះជាម្ចាស់។ តាមរបៀបនេះ និស្ស័យពុករលួយរបស់បុគ្គលនោះ ត្រូវបានលាតត្រដាងយ៉ាងពេញលេញ និងទាំងស្រុង។ ទោះបីជាមនុស្សអាចមើលឃើញថាពួកគេមានមនសិការ សេចក្ដីទៀងត្រង់ និងស្ដង់ដារសីលធម៌ខ្ពស់ ហើយពួកគេត្រូវបានគេលើកតម្កើងជាមនុស្សបរិសុទ្ធ ឬជាមនុស្សល្អឥតខ្ចោះក្នុងចំណោមអ្នកដទៃក៏ដោយ ក៏ប៉ុន្តែនៅពេលពួកគេមកចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ និស្ស័យពុករលួយរបស់ពួកគេត្រូវបានលាតត្រដាង ពួកគេគ្មានគុណសម្បត្តិអ្វីឡើយ ហើយត្រូវបានបង្ហាញឱ្យឃើញថា មាននិស្ស័យពុករលួយដូចគ្នាទៅនឹងមនុស្សជាតិដទៃទៀតដែរ។ នៅពេលដែលព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត លេចមកឱ្យមនុស្សឃើញ និងធ្វើកិច្ចការ ពួកគេសម្ដែងចេញនូវនិស្ស័យពុករលួយគ្រប់យ៉ាងដូចមនុស្សដទៃទៀតដែរ គឺការរឹងទទឹង ភាពក្រអឺតក្រទម សេចក្ដីបញ្ឆោត ការស្ងប់ខ្ពើមសេចក្ដីពិត សេចក្ដីទុច្ចរិត និងទង្វើកាចសាហាវ ដូចទៅនឹងមនុស្សដទៃទៀតដែរ។ តើមនុស្សបែបនេះមិនមែនជាមនុស្សល្អឥតខ្ចោះទេឬអី? តើពួកគេមិនមែនជាមនុស្សបរិសុទ្ធទេឬអី? តើពួកគេមិនមែនជាមនុស្សល្អទេឬអី? ពួកគេគ្រាន់តែល្អនៅក្នុងក្រសែភ្នែករបស់អ្នកដទៃប៉ុណ្ណោះ ពីព្រោះមនុស្សខ្វះសេចក្ដីពិត និងមាននិស្ស័យពុករលួយដូចគ្នា ស្ដង់ដាដែលពួកគេប្រើដើម្បីវាស់ស្ទង់គ្នាទៅវិញទៅមក គឺផ្អែកតែលើមនសិការ សេចក្ដីទៀងត្រង់ និងសីលធម៌ប៉ុណ្ណោះ មិនមែនផ្អែកលើសេចក្ដីពិតឡើយ។ តើចរិតលក្ខណៈរបស់មនុស្សម្នាក់លេចឡើងយ៉ាងដូចម្ដេច នៅពេលដែលវាមិនត្រូវបានវាស់ស្ទង់ដោយប្រើសេចក្ដីពិតនោះ? តើពួកគេជាមនុស្សល្អពិតប្រាកដដែរឬទេ? ច្បាស់ណាស់គឺមិនមែនទេ ពីព្រោះមនុស្សដែលត្រូវបានវាយតម្លៃ និងវិនិច្ឆ័យថាល្អនៅតែមាននិស្ស័យពុករលួយគ្រប់យ៉ាង។ ដូច្នេះ តើនិស្ស័យពុករលួយរបស់មនុស្សកើតមានឡើង និងត្រូវបានលាតត្រដាងដោយរបៀបណា? នៅពេលដែលព្រះជាម្ចាស់មិនសម្ដែងចេញសេចក្ដីពិត ឬមិនលេចមកឱ្យមនុស្សជាតិឃើញទេនោះ និស្ស័យពុករលួយរបស់មនុស្សហាក់ដូចជាមិនមានឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត និងលេចមកឱ្យមនុស្សឃើញ និស្ស័យពុករលួយរបស់អ្នកដែលគេហៅថាមនុស្សបរិសុទ្ធ ឬមនុស្សល្អឥតខ្ចោះនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ត្រូវបានលាតត្រដាងយ៉ាងពេញលេញ។ បើមើលពីទិដ្ឋភាពនេះ និស្ស័យពុករលួយរបស់មនុស្ស មានទន្ទឹមគ្នាជាមួយនឹងចរិតលក្ខណៈរបស់ពួកគេ។ វាមិនមែនមានន័យថា មនុស្សមាននិស្ស័យពុករលួយតែនៅពេលដែលព្រះជាម្ចាស់លេចមកនោះទេ ផ្ទុយទៅវិញ នៅពេលដែលព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត លេចមក និងធ្វើកិច្ចការក្នុងចំណោមមនុស្សជាតិ នោះនិស្ស័យពុករលួយ និងភាពអាក្រក់របស់ពួកគេ ត្រូវបានលាតត្រដាង។ នៅចំណុចនេះ មនុស្សចាប់ផ្ដើមដឹង និងរកឃើញថា នៅពីក្រោយចរិតលក្ខណៈដ៏ល្អ ក៏មាននិស្ស័យពុករលួយផងដែរ។ មនុស្សល្អ មនុស្សល្អឥតខ្ចោះ ឬមនុស្សបរិសុទ្ធនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ មាននិស្ស័យពុករលួយដូចមនុស្សគ្រប់គ្នាដែរ ហើយមិនតិចជាងមនុស្សដទៃឡើយ និស្ស័យពុករលួយរបស់មនុស្សទាំងនេះ ថែមទាំងលាក់បាំងយ៉ាងជ្រៅជាងនិស្ស័យពុករលួយរបស់មនុស្សដទៃ និងមានសមត្ថភាពក្នុងការបំភាន់កាន់តែខ្លាំងទៀតផង។ ដូច្នេះ តើនិស្ស័យពុករលួយគឺជាអ្វីឱ្យប្រាកដ ហើយតើសារជាតិនិស្ស័យគឺជាអ្វី? និស្ស័យពុករលួយរបស់មនុស្សម្នាក់ គឺជាសារជាតិរបស់បុគ្គលនោះ ចរិតលក្ខណៈរបស់មនុស្សម្នាក់គ្រាន់តែតំណាងឱ្យវិធាននៃការប្រព្រឹត្តខ្លួនមួយចំនួនដែលស្ថិតនៅលើផ្ទៃខាងក្រៅប៉ុណ្ណោះ ហើយវាមិនឆ្លុះបញ្ចាំងពីសារជាតិមនុស្សជាតិរបស់មនុស្សម្នាក់ឡើយ។ នៅពេលដែលយើងនិយាយអំពីសារជាតិមនុស្សជាតិរបស់មនុស្សម្នាក់ យើងកំពុងសំដៅលើនិស្ស័យរបស់ពួកគេ។ នៅពេលដែលយើងពិភាក្សាអំពីចរិតលក្ខណៈរបស់មនុស្សម្នាក់ យើងកំពុងសំដៅលើទិដ្ឋភាពដែលស្ដែងចេញមកក្រៅ ដូចជាថាតើពួកគេមានចេតនាល្អ និងមានចិត្តសប្បុរសឬអត់ តើសេចក្ដីទៀងត្រង់របស់ពួកគេមានលក្ខណៈបែបណា ហើយថាតើពួកគេមានស្ដង់ដាសីលធម៌ដែរឬអត់។ តើពេលនេះ អ្នករាល់គ្នាយល់ពីអ្វីដែលហៅថាចរិតលក្ខណៈ និងអ្វីដែលហៅថាសារជាតិនិស្ស័យហើយឬនៅ? រឿងនេះអាចត្រឹមតែយល់ឃើញដោយខ្លួនឯងនៅក្នុងចិត្តប៉ុណ្ណោះ វាមិនអាចកំណត់ន័យដោយពាក្យមួយម៉ាត់ ឬឃ្លាមួយបានឡើយ។ វាជារឿងដ៏ស្មុគស្មាញមួយ។ ប្រសិនបើគេកំណត់ន័យ និងពន្យល់វាឱ្យតូចចង្អៀតពេក វាអាចមើលទៅហាក់ដូចជាត្រូវបានកំណត់ជាស្ដង់ដា ប៉ុន្តែតាមពិតគឺមិនច្បាស់លាស់ឡើយ។ ខ្ញុំនឹងមិនកំណត់ន័យឱ្យវាទេ ខ្ញុំបានពន្យល់វាតាមរបៀបនេះ ហើយប្រសិនបើអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងនៅក្នុងចិត្ត នោះអ្នករាល់គ្នានឹងយល់ពីវា។
និស្ស័យពុករលួយរបស់មនុស្សមានសរុបទាំងអស់ប្រាំមួយចំណុច៖ ការរឹងទទឹង ភាពក្រអឺតក្រទម សេចក្ដីបញ្ឆោត ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងសេចក្ដីទុច្ចរិត។ ក្នុងចំណោមចំណុចទាំងប្រាំមួយនេះ តើចំណុចណាខ្លះដែលធ្ងន់ធ្ងរគួរសម ហើយចំណុចណាខ្លះដែលធម្មតា ឬទូទៅជាង ដែលស្រាលជាងបើគិតពីកម្រិតរបស់វា ហើយមិនសូវខ្លាំងក្លាបើគិតពីកាលៈទេសៈ? (ការរឹងទទឹង ភាពក្រអឺតក្រទម និងសេចក្ដីបញ្ឆោត គឺស្រាលជាងបន្តិច។) ត្រូវហើយ។ មើលទៅអ្នករាល់គ្នាមានការយល់ឃើញ និងការយល់ដឹងខ្លះៗអំពីការសម្ដែងចេញផ្សេងៗនៃនិស្ស័យពុករលួយរបស់មនុស្ស។ ទោះបីជាចំណុចទាំងបីនេះក៏ស្ថិតក្នុងចំណោមនិស្ស័យពុករលួយដែលមនុស្សជាតិដែលសាតាំងបានធ្វើឱ្យពុករលួយមាន ហើយបើនិយាយពីសារជាតិវិញ ពួកវាក៏ត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម មិនស្របតាមសេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់ក៏ដោយ ក៏ពួកវាមានកម្រិតស្រាល និងរាក់គួរសមដែរ ពោលគឺពួកវាមានលក្ខណៈទូទៅជាងបន្តិច ហើយមនុស្សជាតិពុករលួយគ្រប់រូបសុទ្ធតែមាននិស្ស័យទាំងនេះក្នុងកម្រិតខុសៗគ្នា។ ក្រៅពីចំណុចទាំងបីនេះ ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងសេចក្ដីទុច្ចរិត គឺមានកម្រិតធ្ងន់ធ្ងរជាងខ្លាំង បើប្រៀបធៀបគ្នា។ ប្រសិនបើចំណុចបីដំបូងត្រូវបានគេចាត់ទុកជានិស្ស័យពុករលួយធម្មតា នោះចំណុចបីចុងក្រោយគឺជានិស្ស័យពុករលួយមិនធម្មតា ដែលមានកម្រិតធ្ងន់ធ្ងរជាង។ តើការដែលពួកវាមានភាពធ្ងន់ធ្ងរជាង មានន័យដូចម្ដេច? វាមានន័យថា ចំណុចទាំងបីនេះមានភាពធ្ងន់ធ្ងរជាងបើគិតពីកាលៈទេសៈ សារជាតិ និងកម្រិតដែលបុគ្គលម្នាក់ៗទាស់ទទឹង បះបោរទាស់ និងប្រឆាំងនឹងព្រះជាម្ចាស់។ ចំណុចទាំងបីនេះ ជានិស្ស័យធ្ងន់ធ្ងរជាង ដែលមនុស្សសម្ដែងចេញតាមរយៈការបដិសេធសេចក្ដីពិតដោយផ្ទាល់ ការបដិសេធព្រះជាម្ចាស់ ការស្រែកប្រឆាំងនឹងព្រះជាម្ចាស់ ការវាយប្រហារព្រះជាម្ចាស់ ការល្បងលព្រះជាម្ចាស់ ការវិនិច្ឆ័យព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត។ តើនិស្ស័យពុករលួយទាំងបីនេះរបស់មនុស្ស ខុសពីចំណុចបីដំបូងយ៉ាងដូចម្ដេច? ចំណុចបីដំបូងមានលក្ខណៈទូទៅជាង ពួកវាជាលក្ខណៈនៃនិស្ស័យពុករលួយដែលមានដូចគ្នានៅក្នុងមនុស្សពុករលួយទាំងអស់ ពោលគឺបុគ្គលម្នាក់ៗ មិនថាមានអាយុ ភេទ ទីកន្លែងកំណើត ពូជសាសន៍ ឬជនជាតិអ្វីនោះទេ សុទ្ធតែមាននិស្ស័យទាំងបីនេះ។ ចំណុចបីចុងក្រោយ មានវត្តមានក្នុងកម្រិតផ្សេងៗគ្នា និងតិចឬច្រើននៅក្នុងមនុស្សគ្រប់រូប អាស្រ័យលើសារជាតិរបស់ពួកគេ ប៉ុន្តែនៅក្នុងចំណោមមនុស្សជាតិពុករលួយ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលមាននិស្ស័យទាំងបីនេះ គឺសេចក្ដីទុច្ចរិត ការស្អប់ខ្ពើមសេចក្ដីពិត និងទង្វើកាចសាហាវ ក្នុងកម្រិតធ្ងន់ធ្ងរបំផុត។ ក្រៅពីពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សពុករលួយធម្មតាគ្រាន់តែបញ្ចេញឱ្យឃើញនិស្ស័យនៃសេចក្ដីទុច្ចរិត ការស្អប់ខ្ពើមសេចក្ដីពិត និងទង្វើកាចសាហាវក្នុងកម្រិតណាមួយ ឬនៅក្នុងមជ្ឈដ្ឋានណាមួយ ឬបរិបទពិសេសណាមួយប៉ុណ្ណោះ។ ទោះបីជាពួកគេមាននិស្ស័យទាំងនេះក៏ដោយ ក៏ពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ សារជាតិរបស់ពួកគេមិនទុច្ចរិត ឬកាចសាហាវឡើយ ហើយវាច្បាស់ជាមិនស្អប់ខ្ពើមសេចក្ដីពិតនោះទេ។ នេះមានពាក់ព័ន្ធនឹងចរិតលក្ខណៈរបស់ពួកគេ។ មនុស្សទាំងនេះមានចិត្តសប្បុរសគួរសម ពួកគេមានសេចក្ដីទៀងត្រង់ ពួកគេមានភាពត្រឹមត្រូវ ពួកគេមានសេចក្ដីថ្លៃថ្នូរ និងអ្វីៗផ្សេងទៀត ចរិតលក្ខណៈរបស់ពួកគេគឺល្អគួរសម។ ហេតុដូច្នេះហើយ ពួកគេគ្រាន់តែបញ្ចេញឱ្យឃើញនិស្ស័យពុករលួយដ៏ធ្ងន់ធ្ងរទាំងបីចុងក្រោយនេះម្ដងម្កាល ឬតែនៅក្នុងមជ្ឈដ្ឋាន និងបរិបទមួយចំនួនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ និស្ស័យទាំងនេះមិនត្រួតត្រាសារជាតិរបស់ពួកគេឡើយ។ ជាឧទាហរណ៍ នៅពេលដែលបុគ្គលដែលមាននិស្ស័យពុករលួយធម្មតា ធ្វើសកម្មភាពឱ្យតែរួចពីដៃនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ពួកគេអាចនឹងបដិសេធមិនព្រមចុះញ៉មនឹងការប្រៀនប្រដៅនោះ ដោយគិតថា៖ «អ្នកដទៃក៏ធ្វើឱ្យតែរួចពីដៃដែរ ហេតុអ្វីបានជាពួកគេមិនត្រូវបានប្រៀនប្រដៅ? ហេតុអ្វីបានជាខ្ញុំជាអ្នកទទួលសេចក្ដីប្រៀនប្រដៅ និងការវាយផ្ចាលបែបនេះទៅវិញ?»។ តើការបដិសេធមិនព្រមចុះញ៉មនេះ ជានិស្ស័យប្រភេទណា? យ៉ាងច្បាស់ណាស់ វាជានិស្ស័យកាចសាហាវ។ ពួកគេរអ៊ូរទាំអំពីភាពអយុត្តិធម៌ និងការប្រព្រឹត្តលម្អៀងរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈនៃការប្រឆាំង និងការស្រែកប្រឆាំងនឹងព្រះជាម្ចាស់បន្តិចបន្តួច នេះគឺជានិស្ស័យកាចសាហាវ។ និស្ស័យកាចសាហាវរបស់មនុស្សបែបនេះ បញ្ចេញឱ្យឃើញនៅក្នុងស្ថានភាពទាំងនេះ ប៉ុន្តែភាពខុសគ្នាគឺថា មនុស្សទាំងនេះមានចិត្តសប្បុរស ការដឹងពីមនសិការ សេចក្ដីទៀងត្រង់ និងភាពទៀតត្រង់គួរសម។ នៅពេលដែលពួកគេរអ៊ូរទាំប្រឆាំងនឹងព្រះជាម្ចាស់ និងបញ្ចេញឱ្យឃើញនិស្ស័យកាចសាហាវ មនសិការរបស់ពួកគេក៏មានឥទ្ធិពល។ នៅពេលដែលមនសិការរបស់ពួកគេមានឥទ្ធិពល វាប្រឆាំងគ្នាជាមួយនឹងនិស្ស័យកាចសាហាវរបស់ពួកគេ ហើយគំនិតមួយចំនួនចាប់ផ្ដើមកើតមានឡើងនៅក្នុងចិត្តរបស់ពួកគេ៖ «ខ្ញុំមិនគួរគិតបែបនេះទេ។ ព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំយ៉ាងច្រើន ហើយទ្រង់បានប្រទានព្រះគុណដល់ខ្ញុំ។ តើការដែលខ្ញុំគិតបែបនេះ មិនមែនជាការខ្វះមនសិការទេឬអី? តើនេះមិនមែនជាការទាស់ទទឹងនឹងព្រះជាម្ចាស់ និងធ្វើឱ្យទ្រង់ឈឺព្រះទ័យទេឬអី?»។ តើនេះមិនមែនជាមនសិការរបស់ពួកគេកំពុងធ្វើការទេឬអី? នៅចំណុចនេះ ចរិតលក្ខណៈល្អរបស់ពួកគេក៏មានឥទ្ធិពល។ ពេលដែលមនសិការរបស់ពួកគេចាប់ផ្ដើមធ្វើការភ្លាម កំហឹង ការរអ៊ូរទាំ និងការបដិសេធមិនព្រមចុះញ៉មរបស់ពួកគេ ក៏រលាយបាត់ទៅ ហើយត្រូវបានទុកមួយឡែក និងជម្រុះចោលបន្តិចម្ដងៗ។ តើនេះមិនមែនជាឥទ្ធិពលនៃមនសិការរបស់ពួកគេទេឬអី? (មែនហើយ។) ដូច្នេះ តើពួកគេកំពុងបញ្ចេញឱ្យឃើញនិស្ស័យកាចសាហាវដែរឬទេ? (មែនហើយ។) ពួកគេកំពុងបញ្ចេញឱ្យឃើញនិស្ស័យកាចសាហាវ ប៉ុន្តែដោយសារតែបុគ្គលបែបនេះមានមនសិការ និងភាពជាមនុស្ស មនសិការរបស់ពួកគេអាចទប់និស្ស័យកាចសាហាវរបស់ពួកគេបាន ហើយធ្វើឱ្យពួកគេក្លាយជាមនុស្សមានវិចារណញ្ញាណ។ នៅពេលដែលពួកគេក្លាយជាមនុស្សមានវិចារណញ្ញាណ និងស្ងប់ចិត្ត ពួកគេនឹងឆ្លុះបញ្ចាំង និងដឹងថា ពួកគេក៏អាចទាស់ទទឹងនឹងព្រះជាម្ចាស់ផងដែរ។ នៅពេលនេះ អារម្មណ៍ជំពាក់គុណ និងវិប្បដិសារី នឹងកើតឡើងនៅក្នុងពួកគេដោយពួកគេមិនដឹងខ្លួន៖ «អម្បាញ់មិញ ខ្ញុំរំជួលចិត្តពេកហើយ ដែល ទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់។ តើការដែលព្រះជាម្ចាស់ប្រៀនប្រដៅខ្ញុំ មិនមែនជាសេចក្ដីស្រឡាញ់របស់ទ្រង់ទេឬអី? តើនេះមិនមែនជាសេចក្ដីអនុគ្រោះរបស់ទ្រង់ទេឬអី? ហេតុអ្វីបានជាខ្ញុំធ្វើសកម្មភាពមិនប្រកបដោយវិចារណញ្ញាណបែបនេះ? តើខ្ញុំមិនបានធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ទេឬអី? ខ្ញុំមិនអាចបន្តធ្វើបែបនេះទៀតទេ ខ្ញុំត្រូវតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ប្រែចិត្ត លះបង់អំពើអាក្រក់ដែលខ្ញុំកំពុងធ្វើ ហើយបញ្ចប់ការបះបោររបស់ខ្ញុំ។ ដោយសារខ្ញុំទទួលស្គាល់ថាខ្ញុំកំពុងធ្វើសកម្មភាពឱ្យតែរួចពីដៃ ខ្ញុំត្រូវតែឈប់ធ្វើឱ្យតែរួចពីដៃ ធ្វើកិច្ចការដោយម៉ត់ចត់ ហើយស្វែងរករបៀបថ្វាយភាពស្មោះត្រង់របស់ខ្ញុំតាមរយៈសកម្មភាពរបស់ខ្ញុំ ក៏ដូចជាស្វែងរកថាតើគោលការណ៍សម្រាប់ការបំពេញភារកិច្ចរបស់ខ្ញុំមានអ្វីខ្លះ»។ តើនេះមិនមែនជាឥទ្ធិពលនៃចរិតលក្ខណៈល្អរបស់ពួកគេទេឬអី? គ្មានអ្វីគួរឱ្យសង្ស័យឡើយ មនុស្សទាំងនេះក៏មាននិស្ស័យកាចសាហាវដែរ ប៉ុន្តែតាមរយៈឥទ្ធិពលនៃមនសិការរបស់ពួកគេ និងការថ្លឹងថ្លែងរឿងរ៉ាវដោយផ្អែកលើភាពមានវិចារណញ្ញាណរបស់ពួកគេ ទីបំផុត ចរិតលក្ខណៈដ៏ល្អ និងស្រឡាញ់សេចក្ដីពិតរបស់ពួកគេ ក៏ទទួលបានជ័យជម្នះ។ បុគ្គលទាំងនេះមានទង្វើកាចសាហាវនៅក្នុងចំណោមនិស្ស័យពុករលួយរបស់ពួកគេ ដូច្នេះ តើគេអាចនិយាយបានទេថា ពួកគេមានសារជាតិកាចសាហាវដោយសារហេតុនេះដែរឬទេ? តើគេអាចនិយាយបានទេថា សារជាតិរបស់ពួកគេគឺកាចសាហាវ? ទេ មិនអាចទេ។ បើនិយាយតាមសត្យានុម័ត ទោះបីជានិស្ស័យពុករលួយដែលពួកគេបញ្ចេញឱ្យឃើញរួមមានទង្វើកាចសាហាវក៏ដោយ ក៏ដោយសារតែពួកគេមានមនសិការ ភាពមានវិចារណញ្ញាណ និងសេចក្ដីស្រឡាញ់គួរសមចំពោះសេចក្ដីពិត ទង្វើកាចសាហាវរបស់ពួកគេគ្រាន់តែជាប្រភេទនៃនិស្ស័យពុករលួយប៉ុណ្ណោះ ហើយមិនមែនជាសារជាតិរបស់ពួកគេឡើយ។ ហេតុអ្វីបានជាវាមិនមែនជាសារជាតិរបស់ពួកគេ? គឺដោយសារតែនិស្ស័យពុករលួយរបស់ពួកគេនេះអាចផ្លាស់ប្ដូរបាន។ ទោះបីជាពួកគេបញ្ចេញឱ្យឃើញប្រភេទនៃនិស្ស័យពុករលួយនេះ ហើយពួកគេអាច ទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់ មិនថាក្នុងរយៈពេលយូរ ឬខ្លីក៏ដោយ ក៏ឥទ្ធិពលនៃមនសិការ សេចក្ដីទៀងត្រង់ វិចារណញ្ញាណ និងអ្វីៗផ្សេងទៀតនៅក្នុងចរិតលក្ខណៈរបស់ពួកគេ រារាំងនិស្ស័យកាចសាហាវរបស់ពួកគេមិនឱ្យត្រួតត្រាអាកប្បកិរិយា ឬអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិតឡើយ។ តើលទ្ធផលចុងក្រោយគឺជាអ្វី? ពួកគេអាចលន់តួបាបរបស់ពួកគេ ប្រែចិត្ត ធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិត ចុះចូលនឹងសេចក្ដីពិត និងទទួលយកការចាត់ចែងរបស់ព្រះជាម្ចាស់ ដោយគ្មានការរអ៊ូរទាំឡើយ។ ទោះបីជាបញ្ចេញឱ្យឃើញនិស្ស័យកាចសាហាវក៏ដោយ ក៏លទ្ធផលចុងក្រោយគឺថា ពួកគេមិនបះបោរទាស់នឹងព្រះជាម្ចាស់ ឬប្រឆាំងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ គឺពួកគេចុះចូល។ នេះគឺជាការសម្ដែងចេញនៃមនុស្សពុករលួយធម្មតា។ មនុស្សបែបនេះគ្រាន់តែមាននិស្ស័យពុករលួយប៉ុណ្ណោះ ពួកគេមិនមានសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ នេះគឺជារឿងត្រឹមត្រូវ។
យកនិស្ស័យទុច្ចរិតជាឧទាហរណ៍៖ តើអ្វីទៅជានិស្ស័យទុច្ចរិតបំផុតដែលមនុស្សបញ្ចេញឱ្យឃើញនៅចំពោះព្រះជាម្ចាស់? គឺការល្បងលព្រះជាម្ចាស់។ មនុស្សមួយចំនួនបារម្ភថា ពួកគេប្រហែលជាមិនមានគោលដៅល្អទេ ហើយថាលទ្ធផលរបស់ពួកគេប្រហែលជាមិនត្រូវបានធានាឡើយ ពីព្រោះពួកគេបានវង្វេងផ្លូវ បានធ្វើអំពើអាក្រក់ខ្លះ និងបានប្រព្រឹត្តអំពើរំលងជាច្រើន បន្ទាប់ពីបានជឿលើព្រះជាម្ចាស់។ ពួកគេបារម្ភថាពួកគេនឹងធ្លាក់នរក ហើយស្ថិតក្នុងភាពខ្លាចជានិច្ចអំពីលទ្ធផល និងគោលដៅរបស់ពួកគេ។ ពួកគេខ្វល់ខ្វាយជាប់ជានិច្ច ហើយពួកគេតែងតែរិះគិតថា៖ «តើលទ្ធផល និងគោលដៅនាពេលអនាគតរបស់ខ្ញុំនឹងល្អ ឬអាក្រក់? តើខ្ញុំនឹងធ្លាក់នរក ឬឡើងឋានសួគ៌? តើខ្ញុំជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ ឬជាអ្នកបម្រើការ? តើខ្ញុំនឹងវិនាស ឬត្រូវបានសង្គ្រោះ? ខ្ញុំត្រូវស្វែងរកមើលថាតើព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ដែលនិយាយអំពីរឿងនេះ»។ ពួកគេឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្ដីពិត ហើយថាព្រះបន្ទូលទាំងនោះសុទ្ធតែលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្ស ហើយពួកគេរកមិនឃើញចម្លើយដែលពួកគេស្វែងរកឡើយ ដូច្នេះ ពួកគេបន្តពិចារណាថាតើត្រូវទៅសួរនៅកន្លែងណាទៀត។ ក្រោយមក នៅពេលដែលពួកគេទទួលបានឱកាសដើម្បីត្រូវបានដំឡើងឋានៈ និងដាក់ឱ្យបំពេញតួនាទីដ៏សំខាន់មួយ ពួកគេចង់ស្ទាបស្ទង់មតិរបស់ខាងលើ ដោយគិតថា៖ «តើខាងលើមានមតិយ៉ាងណាចំពោះខ្ញុំ? ប្រសិនបើមតិរបស់ពួកគេមានភាពវិជ្ជមាន វាបញ្ជាក់ថាព្រះជាម្ចាស់មិនបានចងចាំអំពើអាក្រក់ដែលខ្ញុំបានធ្វើកាលពីអតីតកាល និងអំពើរំលងដែលខ្ញុំបានប្រព្រឹត្តនោះទេ។ វាបញ្ជាក់ថាព្រះជាម្ចាស់នឹងនៅតែសង្គ្រោះខ្ញុំ ថាខ្ញុំនៅតែមានសង្ឃឹម»។ បន្ទាប់មក ដោយធ្វើតាមគំនិតរបស់ពួកគេ ពួកគេនិយាយដោយផ្ទាល់ថា៖ «នៅកន្លែងដែលយើងនៅ បងប្អូនប្រុសស្រីភាគច្រើនមិនសូវមានជំនាញក្នុងវិជ្ជាជីវៈរបស់ពួកគេទេ ហើយពួកគេទើបតែជឿលើព្រះជាម្ចាស់បានរយៈពេលខ្លីប៉ុណ្ណោះ។ ខ្ញុំបានជឿលើព្រះជាម្ចាស់យូរជាងគេ។ ខ្ញុំធ្លាប់ដួល និងបរាជ័យ ខ្ញុំមានបទពិសោធខ្លះៗ និងបានរៀនសូត្រមេរៀនមួយចំនួន។ ប្រសិនបើមានឱកាស ខ្ញុំសុខចិត្តរែកពុនបន្ទុកដ៏ធ្ងន់ និងបង្ហាញពីការគិតគូរដល់បំណងព្រះជាម្ចាស់ហឫទ័យរបស់ព្រះជាម្ចាស់»។ ពួកគេប្រើពាក្យសម្ដីទាំងនេះជាការល្បងល ដើម្បីមើលថាតើខាងលើមានបំណងដំឡើងឋានៈពួកគេដែរឬទេ ឬថាតើខាងលើបានបោះបង់ពួកគេចោលហើយឬនៅ។ តាមពិត ពួកគេមិនចង់ទទួលយកការទទួលខុសត្រូវ ឬបន្ទុកនេះដោយពិតត្រង់ឡើយ គោលបំណងរបស់ពួកគេក្នុងការនិយាយពាក្យទាំងនេះ គឺគ្រាន់តែដើម្បីស្ទាបស្ទង់មើលស្ថានការណ៍ និងមើលថាតើពួកគេនៅតែមានសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះដែរឬទេប៉ុណ្ណោះ។ នេះគឺជាការល្បងល។ តើនិស្ស័យអ្វីដែលនៅពីក្រោយវិធីសាស្ត្រនៃការល្បងលនេះ? វាគឺជានិស្ស័យទុច្ចរិត។ មិនថាវិធីសាស្ត្រនេះត្រូវបានបញ្ចេញឱ្យឃើញក្នុងរយៈពេលយូរប៉ុនណា របៀបដែលពួកគេធ្វើវា ឬវាត្រូវបានអនុវត្តដល់កម្រិតណានោះទេ ទោះក្នុងករណីណាក៏ដោយ និស្ស័យដែលពួកគេបញ្ចេញឱ្យឃើញគឺពិតជាទុច្ចរិត ពីព្រោះពួកគេមានគំនិត ការមន្ទិលសង្ស័យ និងការបារម្ភជាច្រើននៅក្នុងដំណើរការនៃការធ្វើវា។ នៅពេលដែលពួកគេបញ្ចេញឱ្យឃើញនិស្ស័យទុច្ចរិតនេះ តើពួកគេធ្វើអ្វីដែលបង្ហាញថាពួកគេជាមនុស្សដែលមានភាពជាមនុស្ស និងអាចអនុវត្តសេចក្ដីពិតបាន ហើយបញ្ជាក់ថាពួកគេគ្រាន់តែមាននិស្ស័យពុករលួយនេះប៉ុណ្ណោះ ប៉ុន្តែមិនមែនមានសារជាតិទុច្ចរិតឡើយ? បន្ទាប់ពីបានធ្វើ និងនិយាយរឿងបែបនេះ អ្នកដែលមានមនសិការ វិចារណញ្ញាណ សេចក្ដីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូរ មានអារម្មណ៍មិនស្រួល និងឈឺចាប់នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេរងទុក្ខទារុណ ដោយគិតថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់ជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តើខ្ញុំអាចល្បងលព្រះជាម្ចាស់ជាម្ចាស់ដោយរបៀបណា? ហេតុអ្វីបានជាខ្ញុំនៅតែគិតតែពីគោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយប្រើវិធីសាស្ត្របែបនេះដើម្បីទទួលបានអ្វីមួយពីព្រះជាម្ចាស់ជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់ជាម្ចាស់ផ្ដល់ចម្លើយដ៏ច្បាស់លាស់មួយដល់ខ្ញុំដោយរបៀបណា? នេះគឺថោកទាបពេកហើយ!»។ ពួកគេមានអារម្មណ៍មិនស្ងប់នៅក្នុងចិត្តរបស់ពួកគេ ប៉ុន្តែទង្វើត្រូវបានធ្វើរួចហើយ ហើយពាក្យសម្ដីក៏ត្រូវបាននិយាយរួចរាល់ដែរ មិនអាចដកយកមកវិញបានឡើយ។ បន្ទាប់មក ពួកគេយល់ថា៖ «ទោះបីជាខ្ញុំអាចមានបំណងល្អបន្តិចបន្តួច និងមានស្មារតីយុត្តិធម៌ក៏ដោយ ក៏ខ្ញុំនៅតែមានសមត្ថភាពធ្វើរឿងដ៏ថោកទាបបែបនេះដែរ ទាំងនេះគឺជាទង្វើរបស់មនុស្សថោកទាប! តើនេះមិនមែនជាការប៉ុនប៉ងល្បងលព្រះជាម្ចាស់ជាម្ចាស់ទេឬអី? តើវាមិនមែនជាការជំរិតទារពីព្រះជាម្ចាស់ជាម្ចាស់ទេឬអី? នេះពិតជាថោកទាប និងគ្មានភាពអៀនខ្មាសមែន!»។ នៅក្នុងស្ថានភាពបែបនេះ តើសកម្មភាពអ្វីដែលសមហេតុផល? តើវាជាការចូលមកចំពោះព្រះជាម្ចាស់ជាម្ចាស់ដើម្បីអធិស្ឋាន ដោយលន់តួបាបរបស់ខ្លួន ឬក៏ជាការប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវវិធីសាស្ត្រផ្ទាល់ខ្លួន? (ការអធិស្ឋាន និងការលន់តួបាប។) ដូច្នេះ នៅក្នុងដំណើរការទាំងមូល ចាប់តាំងពីពេលដែលពួកគេមានគំនិត រហូតដល់ពេលដែលពួកគេចាប់ផ្តើមធ្វើវា ហើយបន្តរហូតដល់ពេលពួកគេអធិស្ឋាន និងការលន់តួបាប តើដំណាក់កាលណាដែលជាការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយតាមធម្មតា តើដំណាក់កាលណាដែលមនសិការចាប់ផ្តើមមានឥទ្ធិពល ហើយតើដំណាក់កាលណាដែលសេចក្ដីពិតត្រូវបានយកទៅអនុវត្ត? ដំណាក់កាលពីការបង្កើតគំនិតរហូតដល់ការធ្វើសកម្មភាព គឺត្រូវបានគ្រប់គ្រងដោយនិស្ស័យទុច្ចរិត។ ដូច្នេះ តើដំណាក់កាលនៃការពិនិត្យពិច័យខ្លួនឯង មិនមែនត្រូវបានគ្រប់គ្រងដោយឥទ្ធិពលនៃមនសិការរបស់ពួកគេទេឬអី? ពួកគេចាប់ផ្ដើមពិនិត្យពិច័យខ្លួនឯង ដោយមានអារម្មណ៍ថាអ្វីដែលពួកគេបានធ្វើគឺខុស នេះគឺត្រូវបានគ្រប់គ្រងដោយឥទ្ធិពលនៃមនសិការរបស់ពួកគេ។ បន្ទាប់ពីនេះ គឺការអធិស្ឋាន និងការលន់តួបាប ដែលត្រូវបានគ្រប់គ្រងផងដែរដោយឥទ្ធិពលនៃសេចក្ដីទៀងត្រង់ មនសិការ និងចរិតលក្ខណៈរបស់ពួកគេ។ ពួកគេអាចមានអារម្មណ៍វិប្បដិសារី ប្រែចិត្ត និងមានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់ ហើយពួកគេក៏អាចឆ្លុះបញ្ចាំង និងយល់ពីភាពជាមនុស្ស និងនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ ព្រមទាំងឈានដល់ចំណុចដែលពួកគេអាចអនុវត្តសេចក្ដីពិតបាន។ តើនេះមិនមានបីដំណាក់កាលទេឬអី? ចាប់ពីការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ រហូតដល់ឥទ្ធិពលនៃមនសិការរបស់ពួកគេ ហើយបន្ទាប់មកដល់សមត្ថភាពក្នុងការលះបង់អំពើអាក្រក់ដែលពួកគេកំពុងធ្វើ ប្រែចិត្ត លះបង់បំណងប្រាថ្នា និងគំនិតខាងសាច់ឈាមរបស់ពួកគេផ្ទាល់ បះបោរទាស់នឹងនិស្ស័យពុករលួយរបស់ពួកគេ និងអនុវត្តសេចក្ដីពិត ដំណាក់កាលទាំងបីនេះ គឺជាអ្វីដែលមនុស្សធម្មតាដែលមានភាពជាមនុស្ស និងនិស្ស័យពុករលួយគួរតែសម្រេចឱ្យបាន។ ដោយសារតែការដឹងពីមនសិការរបស់ពួកគេ និងភាពជាមនុស្សដ៏ល្អគួរសមរបស់ពួកគេ មនុស្សទាំងនេះអាចអនុវត្តសេចក្ដីពិតបាន។ ការដែលអាចអនុវត្តសេចក្ដីពិតបាន បង្កប់ន័យថាមនុស្សបែបនេះមានសង្ឃឹមសម្រាប់សេចក្ដីសង្គ្រោះ។ ម្យ៉ាងវិញទៀត លទ្ធភាពទទួលបានសេចក្ដីសង្គ្រោះ គឺខ្ពស់គួរសមសម្រាប់អ្នកដែលមានភាពជាមនុស្សល្អ។
តើអ្វីដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទ ខុសពីអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? នៅក្នុងដំណាក់កាលទីមួយ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញ គឺស្ទើរតែដូចគ្នាបេះបិទនៅខាងក្រៅ ទៅនឹងការបញ្ចេញឱ្យឃើញរបស់មនុស្សពុករលួយណាម្នាក់ដែរ ប៉ុន្តែដំណាក់កាលពីរជាបន្តបន្ទាប់ គឺមានភាពខុសគ្នា។ ជាឧទាហរណ៍ នៅពេលដែលមនុស្សម្នាក់បញ្ចេញឱ្យឃើញនិស្ស័យពុករលួយកាចសាហាវ ក្នុងពេលកំពុងត្រូវបានលួសកាត់ ជំហានបន្ទាប់តម្រូវឱ្យមនសិការរបស់ពួកគេមានឥទ្ធិពល។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានមនសិការទេ ដូច្នេះ តើពួកគេនឹងគិតអ្វី? តើពួកគេនឹងមានការសម្ដែងចេញអ្វីខ្លះ? ពួកគេនឹងរអ៊ូរទាំអំពីព្រះជាម្ចាស់ថាមិនយុត្តិធម៌ ដោយចោទប្រកាន់ថាព្រះជាម្ចាស់កំពុងព្យាយាមរកកំហុសរបស់ពួកគេ ហើយបង្កើតការលំបាក និងបញ្ហាដល់ពួកគេគ្រប់ពេលវេលា។ បន្ទាប់ពីនេះ ពួកគេនឹងនៅតែមិនព្រមប្រែចិត្តយ៉ាងរឹងរូស ដោយបដិសេធមិនទទួលស្គាល់សូម្បីតែកំហុស ឬនិស្ស័យពុករលួយដ៏ច្បាស់ក្រឡែតបំផុតរបស់ពួកគេ មិនដែលទទួលស្គាល់កំហុសរបស់ខ្លួន ហើយថែមទាំងរឹតតែធ្វើខ្លាំងឡើង និងព្យាយាមគ្រប់មធ្យោបាយដើម្បីបន្តសកម្មភាពរបស់ពួកគេដោយសម្ងាត់ទៀតផង។ បើមើលតាមនិស្ស័យពុករលួយដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញ តើចរិតលក្ខណៈរបស់ពួកគេមានលក្ខណៈបែបណា? ពួកគេគ្មានមនសិការ ពួកគេមិនចេះពិនិត្យពិច័យខ្លួនឯង ហើយពួកគេបញ្ចេញឱ្យឃើញទង្វើកាចសាហាវ ការព្យាបាទ ការវាយប្រហារ និងការសងសឹក។ ពួកគេប្រឌិតពាក្យកុហកដើម្បីលាក់បាំងការពិត ដោយទម្លាក់ការទទួលខុសត្រូវទៅលើអ្នកដទៃ ពួកគេបង្កើតល្បិចដើម្បីដាក់អន្ទាក់អ្នកដទៃ ដោយលាក់បាំងការពិតពីបងប្អូនប្រុសស្រី ហើយពួកគេក៏ការពារខ្លួនយ៉ាងខ្លាំងក្លា និងរកលេសដោះសារសម្រាប់ខ្លួនឯង ដោយផ្សព្វផ្សាយអំណះអំណាងរបស់ពួកគេនៅគ្រប់ទីកន្លែង។ នេះគឺជាការបន្តនៃនិស្ស័យកាចសាហាវរបស់ពួកគេ។ ពួកគេមិនត្រឹមតែខ្វះការដឹងពីមនសិការ ហើយមិនចេះពិនិត្យពិច័យ ឆ្លុះបញ្ចាំង និងយល់ពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងធ្វើខ្លាំងឡើង និងបន្តបញ្ចេញឱ្យឃើញនិស្ស័យកាចសាហាវរបស់ពួកគេ ដោយស្រែកប្រឆាំងនឹងដំណាក់របស់ព្រះជាម្ចាស់ ស្រែកប្រឆាំង និងប្រឆាំងទាស់នឹងបងប្អូនប្រុសស្រី ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មួយរយៈក្រោយមក នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ តើពួកគេនឹងប្រែចិត្ត និងលន់តួបាបរបស់ពួកគេដែរឬទេ? ទោះបីជាហេតុការណ៍នោះបានកន្លងផុតទៅហើយក៏ដោយ ការពិតត្រូវបានលាតត្រដាង គេបានដឹងជាទូទៅថាពួកគេជាអ្នកទទួលខុសត្រូវ ហើយពួកគេគួរតែទទួលខុសត្រូវចំពោះរឿងនេះ តើពួកគេអាចទទួលស្គាល់វាបានដែរឬទេ? តើពួកគេអាចមានអារម្មណ៍វិប្បដិសារី ឬអារម្មណ៍ថាខ្លួនជំពាក់ដែរឬទេ? (ទេ មិនអាចទេ។) ពួកគេនៅតែបន្តការប្រឆាំងទាស់ ដោយគិតថា៖ «ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនដែលខុសទេ ប៉ុន្តែទោះបីជាខ្ញុំខុសក៏ដោយ ក៏បំណងរបស់ខ្ញុំគឺល្អដែរ ទោះបីជាខ្ញុំខុសក៏ដោយ ក៏គេមិនអាចបន្ទោសខ្ញុំតែម្នាក់ឯងបានដែរ។ ហេតុអ្វីបានជាអ្នកមិនបន្ទោសអ្នកដទៃ ហេតុអ្វីបានជាសំដៅមកលើខ្ញុំ? តើខ្ញុំខុសនៅត្រង់ណា? ខ្ញុំមិនបានធ្វើអ្វីខុសដោយចេតនាឡើយ។ អ្នករាល់គ្នាសុទ្ធតែធ្លាប់ធ្វើខុស ដូច្នេះ ហេតុអ្វីបានជាអ្នកមិនទទួលខុសត្រូវខ្លួនឯង? លើសពីនេះទៅទៀត តើនរណាអាចរស់មួយជីវិតដោយមិនធ្លាប់ប្រព្រឹត្តកំហុសណាមួយបានទៅ?»។ តើពួកគេប្រែចិត្តដែរឬទេ? តើពួកគេមានអារម្មណ៍ជំពាក់គុណដែរឬទេ? ពួកគេមិនមានអារម្មណ៍ជំពាក់គុណទេ ហើយពួកគេក៏មិនប្រែចិត្តដែរ។ អ្នកខ្លះថែមទាំងនិយាយថា៖ «ខ្ញុំបានលះបង់យ៉ាងច្រើន ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានកត់សម្គាល់? ហេតុអ្វីបានជាគ្មាននរណាម្នាក់សរសើរខ្ញុំ? ហេតុអ្វីបានជាខ្ញុំមិនទទួលបានរង្វាន់? នៅពេលមានរឿងអ្វីកើតឡើង អ្នកតែងតែបន្ទោសខ្ញុំ និងរកកំហុសរបស់ខ្ញុំជានិច្ច។ តើអ្នកមិនមែនគ្រាន់តែស្វែងរកចំណុចចាប់កំហុសដើម្បីប្រើប្រាស់ប្រឆាំងនឹងខ្ញុំទេឬអី?»។ នេះគឺជាផ្នត់គំនិត និងសភាពរបស់ពួកគេ។ យ៉ាងច្បាស់ណាស់ នេះគឺជានិស្ស័យកាចសាហាវ ពួកគេរឹងរូសមិនព្រមប្រែចិត្ត ពួកគេបដិសេធមិនទទួលស្គាល់ការពិតនៅពេលដែលវាត្រូវបានលាតត្រដាងនៅចំពោះមុខពួកគេ ហើយពួកគេស្ថិតក្នុងការប្រឆាំងទាស់យ៉ាងខ្ជាប់ខ្ជួន។ ទោះបីជាពួកគេប្រហែលជាមិនជេរប្រទេចនរណាម្នាក់ឮៗក៏ដោយ ក៏នៅក្នុងចិត្ត ពួកគេប្រហែលជាបានធ្វើដូច្នេះរាប់មិនអស់ទៅហើយ ដោយជេរប្រទេចអ្នកដឹកនាំថាខ្វាក់ភ្នែក និងជេរប្រទេចបងប្អូនប្រុសស្រីថាមិនមែនជាមនុស្សល្អ ហើយថាបងប្អូនប្រុសស្រីទាំងនោះបានអែបអបពួកគេនៅពេលដែលពួកគេមានឋានៈ ប៉ុន្តែក្រោយពីពួកគេបានបាត់បង់ឋានៈ បងប្អូនប្រុសស្រីទាំងនោះបែរជាមិនយកចិត្តទុកដាក់ចំពោះពួកគេ មិនប្រកបគ្នាជាមួយពួកគេ ហើយថែមទាំងមិនញញឹមដាក់ពួកគេទៀតផង។ ពួកគេថែមទាំងជេរប្រទេចព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយវិនិច្ឆ័យព្រះជាម្ចាស់ ដោយនិយាយថាទ្រង់មិនសុចរិតឡើយ។ តាំងពីដើមរហូតដល់ចប់ និស្ស័យដែលពួកគេបញ្ចេញឱ្យឃើញគឺកាចសាហាវ ដោយមនសិការរបស់ពួកគេមិនមានឥទ្ធិពលលើពួកគេសូម្បីតែបន្តិច ហើយគ្មានសញ្ញានៃវិប្បដិសារី ឬការប្រែចិត្តឡើយ។ ពួកគេច្បាស់ជាគ្មានបំណងបែរត្រឡប់មកវិញ ស្វែងរកគោលការណ៍សេចក្ដីពិត ចូលមកចំពោះព្រះជាម្ចាស់ដើម្បីលន់តួបាប និងប្រែចិត្ត ឬចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តប្រកែក ប្រឆាំងទាស់ និងរអ៊ូរទាំយ៉ាងខ្ជាប់ខ្ជួន។ ទាំងពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលអាចប្រែចិត្តបាន សុទ្ធតែបញ្ចេញឱ្យឃើញនិស្ស័យពុករលួយដូចគ្នា ប៉ុន្តែតើមិនមានភាពខុសគ្នានៅក្នុងធម្មជាតិនៃការបញ្ចេញឱ្យឃើញទាំងនេះទេឬអី? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងនេះដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយក្រុមណាដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (អ្នកដែលមិនប្រែចិត្ត មានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) តើនរណាជាអ្នកដែលអាចប្រែចិត្តបាន? ពួកគេគឺជាមនុស្សពុករលួយដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ អ្នកដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ចំណែកឯអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សពុករលួយធម្មតា។ រវាងក្រុមទាំងពីរ តើក្រុមណាដែលផ្សំឡើងដោយមនុស្សអាក្រក់? (អ្នកដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) អ្នកមានសមត្ថភាពវែកញែករឿងនេះ តើមែនទេ? វាអាស្រ័យលើថាតើក្រុមណាមួយដែលមិនបង្ហាញសញ្ញានៃការចោទប្រកាន់ពីមនសិការរបស់ពួកគេ នៅតែបន្តប្រកែកដោយបែរត្រឡប់មកវិញ ឬឆ្លុះបញ្ចាំង ហើយវិនិច្ឆ័យ និងផ្សព្វផ្សាយអំណះអំណាងរបស់ពួកគេដោយគ្មានការអៀនខ្មាស នៅពេលដែលពួកគេធ្វើអ្វីមួយខុស ហើយប្រឈមមុខនឹងកាលៈទេសៈដូចជាការត្រូវបានលួសកាត់ ការត្រូវបានដកហូតតំណែង ឬការត្រូវបានប្រៀនប្រដៅ និងអ្វីៗផ្សេងទៀត។ ប្រសិនបើគ្មាននរណាម្នាក់ទប់ពួកគេទេ តើពួកគេនឹងបញ្ឈប់សកម្មភាពរបស់ពួកគេដែរឬទេ? ទេ ពួកគេមិនបញ្ឈប់ឡើយ។ ចិត្តរបស់ពួកគេនឹងពោរពេញទៅដោយភាពអវិជ្ជមាន និងការប្រឆាំងទាស់ ហើយពួកគេនឹងនិយាយថា៖ «ដោយសារមនុស្សប្រព្រឹត្តចំពោះខ្ញុំដោយអយុត្តិធម៌ ហើយព្រះជាម្ចាស់មិនបង្ហាញព្រះគុណដល់ខ្ញុំ ឬធ្វើចេញមុខជួយខ្ញុំ ខ្ញុំនឹងគ្រាន់តែធ្វើឱ្យតែរួចពីដៃនៅពេលដែលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនាពេលអនាគត។ ទោះបីជាខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំបានល្អក៏ដោយ ក៏ខ្ញុំនឹងមិនទទួលបានរង្វាន់ដែរ គ្មាននរណាម្នាក់នឹងសរសើរខ្ញុំឡើយ ហើយខ្ញុំនៅតែត្រូវបានគេលួសកាត់ដដែល ដូច្នេះ ខ្ញុំនឹងគ្រាន់តែធ្វើវាឱ្យតែរួចពីដៃប៉ុណ្ណោះ។ កុំសូម្បីតែគិតចង់សុំឱ្យខ្ញុំដោះស្រាយកិច្ចការស្របតាមគោលការណ៍ ឬពិភាក្សា និងសហការជាមួយអ្នកដទៃនៅក្នុងកិច្ចការរបស់ខ្ញុំ ឬស្វែងរកសេចក្ដីពិតឱ្យសោះ! ខ្ញុំនឹងនៅតែព្រងើយកន្តើយ មិនក្រអឺតក្រទម ហើយក៏មិនបន្ទាបខ្លួនដែរ។ ប្រសិនបើអ្នកសុំឱ្យខ្ញុំធ្វើអ្វីមួយ ខ្ញុំនឹងធ្វើវា ប្រសិនបើអ្នកមិនសុំឱ្យខ្ញុំធ្វើអ្វីមួយទេ ខ្ញុំនឹងគ្រាន់តែទុកវាចោល។ អ្នករាល់គ្នាចង់ធ្វើបែបណាក៏ធ្វើទៅ ខ្ញុំនៅតែជាខ្ញុំដដែល។ កុំទាមទារពីខ្ញុំច្រើនពេក ប្រសិនបើការទាមទាររបស់អ្នកខ្ពស់ ខ្ញុំនឹងមិនអើពើនឹងការទាមទារទាំងនោះឡើយ»។ តើនេះមិនមែនជាការបន្តនៃនិស្ស័យកាចសាហាវទេឬអី? តើមនុស្សបែបនេះអាចប្រែចិត្តបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) នេះគឺជាការសម្ដែងចេញរបស់អ្នកដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ វាដូចគ្នាដែរនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញនិស្ស័យទុច្ចរិត ពួកគេក៏មិនដែលឆ្លុះបញ្ចាំងដែរ ពីព្រោះពួកគេខ្វះមនសិការ។ មិនថាពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយអ្វី ឬមានចេតនា បំណងប្រាថ្នា និងមហិច្ឆិតាអ្វីនោះទេ នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ មនសិការរបស់ពួកគេមិនដែលទប់ពួកគេឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលពេលវេលាសមស្រប និងអំណោយផលដល់ពួកគេ ពួកគេធ្វើតាមតែអំពើចិត្តរបស់ពួកគេ។ មិនថាលទ្ធផលនៃសកម្មភាពរបស់ពួកគេយ៉ាងណានោះទេ ពួកគេមិនបែរត្រឡប់ឡើយ ហើយពួកគេនៅតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ពួកគេ និងរក្សាមហិច្ឆិតា បំណងប្រាថ្នា និងចេតនារបស់ពួកគេ ក៏ដូចជាមធ្យោបាយ និងវិធីសាស្ត្រដែលពួកគេតែងតែប្រើក្នុងការធ្វើកិច្ចការ ដោយមិនមានអារម្មណ៍បន្ទោសខ្លួនឯងសូម្បីតែបន្តិច។ ហេតុអ្វីបានជាពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯង? ពីព្រោះមនុស្សបែបនេះខ្វះមនសិការ ពួកគេគ្មានសេចក្ដីថ្លៃថ្នូរ ហើយពួកគេអស់ភាពខ្មាសអៀន។ នៅក្នុងភាពជាមនុស្សទាំងមូលរបស់ពួកគេ គ្មានអ្វីដែលអាចទប់និស្ស័យពុករលួយរបស់ពួកគេបានទេ ហើយគ្មានអ្វីដែលពួកគេអាចប្រើដើម្បីវាយតម្លៃថាតើនិស្ស័យពុករលួយដែលពួកគេបញ្ចេញឱ្យឃើញនោះត្រូវ ឬខុសឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលមនុស្សទាំងនេះបញ្ចេញឱ្យឃើញនិស្ស័យទុច្ចរិត មិនថាអ្នកដទៃមើលមកវាយ៉ាងណា ឬដំណើរការ និងលទ្ធផលនឹងទៅជាយ៉ាងណានោះទេ តាំងពីដើមរហូតដល់ចប់ ពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯង មិនសោកសៅ គ្មានវិប្បដិសារី គ្មានអារម្មណ៍ជំពាក់គុណ ហើយនៅក្នុងចិត្តរបស់ពួកគេ ប្រាកដជាមិនបែរត្រឡប់ឡើយ។ ទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ បើមើលតាមឧទាហរណ៍ទាំងពីរនេះ តើអ្វីជាលក្ខណៈពិសេសដ៏ច្បាស់ក្រឡែតបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (ការខ្វះមនសិការ និងវិចារណញ្ញាណរបស់ពួកគេ។) តើការខ្វះមនសិការ និងវិចារណញ្ញាណនេះ នាំឱ្យមានការសម្ដែងចេញបែបណា? តើលទ្ធផលនៃនិស្ស័យដែលពួកគេបញ្ចេញឱ្យឃើញគឺជាអ្វី? (ពួកគេមិនអាចឆ្លុះបញ្ចាំង ឬប្រែចិត្តបានទេ។) តើអ្នកដែលមិនអាចឆ្លុះបញ្ចាំង ឬប្រែចិត្ត អាចអនុវត្តសេចក្ដីពិតបានដែរឬទេ? មិនអាចដាច់ខាត!
មនុស្សដែលមានត្រឹមតែនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទដោយសារជាតិឡើយ។ មានតែអ្នកដែលមានសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ទើបជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ ប្រាកដណាស់ មានភាពខុសគ្នានៅក្នុងភាពជាមនុស្សរបស់មនុស្សទាំងពីរប្រភេទ ហើយនៅក្រោមការគ្រប់គ្រងនៃប្រភេទភាពជាមនុស្សផ្សេងគ្នា អាកប្បកិរិយាដែលមនុស្សទាំងនោះមានចំពោះសេចក្ដីពិត ក៏មិនដូចគ្នាដែរ ហើយនៅពេលដែលអាកប្បកិរិយាដែលមនុស្សមានចំពោះសេចក្ដីពិតមិនដូចគ្នា ផ្លូវដែលពួកគេជ្រើសរើសក៏ខុសគ្នាដែរ ហើយនៅពេលដែលផ្លូវដែលមនុស្សជ្រើសរើសខុសគ្នា គោលការណ៍ និងផលវិបាកនៃសកម្មភាពរបស់ពួកគេ ក៏ខុសគ្នាដែរ។ ពីព្រោះមនុស្សដែលមានត្រឹមតែនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានមនសិការកំពុងធ្វើការ ហើយមានវិចារណញ្ញាណ និងសេចក្ដីថ្លៃថ្នូរ ហើយបើប្រៀបធៀបទៅ គឺពួកគេស្រឡាញ់សេចក្ដីពិត នៅពេលដែលពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេ ពួកគេមានអារម្មណ៍ស្ដីបន្ទោសចំពោះរឿងនេះនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលបែបនេះ ពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង ហើយពួកគេអាចទទួលស្គាល់និស្ស័យពុករលួយរបស់ពួកគេ និងការបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយរបស់ពួកគេ ដែលធ្វើឱ្យពួកគេអាចបះបោរទាស់នឹងសាច់ឈាម និងនិស្ស័យពុករលួយរបស់ពួកគេ ហើយឈានដល់ការអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងពួកទទឹងនឹងព្រះគ្រីស្ទ វាមិនមែនបែបនេះទេ។ ពីព្រោះពួកគេគ្មានមនសិការធ្វើការក្នុងខ្លួន ឬការដឹងពីមនសិការ ហើយពួកគេកាន់តែគ្មានសេចក្ដីថ្លៃថ្នូរទៅទៀត នៅពេលដែលពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេ ពួកគេមិនវាស់ស្ទង់ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាតើការបញ្ចេញឱ្យឃើញរបស់ពួកគេត្រូវ ឬខុស ឬថាតើរបស់ពួកគេជានិស្ស័យពុករលួយ ឬជាភាពជាមនុស្សធម្មតា ឬថាតើវាស្របតាមសេចក្ដីពិតនោះឡើយ។ ពួកគេមិនដែលឆ្លុះបញ្ចាំងពីរឿងទាំងនេះទេ។ ដូច្នេះ តើពួកគេមានអាកប្បកិរិយាយ៉ាងដូចម្ដេច? ពួកគេតែងតែប្រកាន់ខ្ជាប់ថានិស្ស័យពុករលួយដែលពួកគេបញ្ចេញឱ្យឃើញ និងផ្លូវដែលពួកគេជ្រើសរើស គឺជាផ្លូវដែលត្រឹមត្រូវ។ ពួកគេគិតថាអ្វីក៏ដោយដែលពួកគេធ្វើគឺត្រឹមត្រូវ ថាអ្វីក៏ដោយដែលពួកគេនិយាយគឺត្រឹមត្រូវ ពួកគេតាំងចិត្តប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះ មិនថាពួកគេអាចធ្វើខុសធ្ងន់ធ្ងរយ៉ាងណានោះទេ មិនថានិស្ស័យពុករលួយដែលពួកគេអាចបញ្ចេញឱ្យឃើញធ្ងន់ធ្ងរយ៉ាងណានោះទេ ពួកគេនឹងមិនទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះឡើយ ហើយពួកគេច្បាស់ជានឹងមិនយល់ពីនិស្ស័យពុករលួយដែលពួកគេបានបញ្ចេញឱ្យឃើញនោះដែរ។ ពិតណាស់ ពួកគេក៏នឹងមិនទុកបំណងប្រាថ្នារបស់ខ្លួនមួយឡែក ហើយក៏មិនបះបោរទាស់នឹងមហិច្ឆិតា ឬនិស្ស័យពុករលួយរបស់ខ្លួន ដើម្បីជ្រើសរើសផ្លូវនៃការចុះចូលនឹងព្រះជាម្ចាស់ជាម្ចាស់ និងសេចក្ដីពិតឡើយ។ គេអាចមើលឃើញពីលទ្ធផលផ្សេងគ្នាទាំងពីរនេះថា ប្រសិនបើមនុស្សដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ស្រឡាញ់សេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេ ពួកគេមានឱកាសដើម្បីទទួលបានការយល់ដឹងអំពីវា និងអនុវត្តវា ព្រមទាំងទទួលបានសេចក្ដីសង្គ្រោះ ចំណែកឯប្រភេទមនុស្សដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចយល់ពីសេចក្ដីពិត ឬយកវាទៅអនុវត្តបានឡើយ ហើយពួកគេក៏មិនអាចទទួលបានសេចក្ដីសង្គ្រោះនោះដែរ។ នោះគឺជាភាពខុសគ្នារវាងមនុស្សទាំងពីរប្រភេទ។
III. សារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ
ចំណុចសំខាន់នៃការប្រកបគ្នានៅថ្ងៃនេះ នៅតែផ្ដោតជាចម្បងលើការសង្ខេបឱ្យបានប្រាកដថាតើសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជារឿងអ្វី។ ក្នុងចំណោមនិស្ស័យពុករលួយទាំងប្រាំមួយរបស់មនុស្សដែលយើងទើបតែបានពិភាក្សា តើនិស្ស័យទាំងបីណាដែលត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវជាងគេ ដើម្បីកំណត់លក្ខណៈមនុស្សដែលមានសារជាតិនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ? (ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងភាពទុច្ចរិត។) ដោយសារយើងបានបង្រួមវិសាលភាពមកត្រឹមបីនេះ នោះនិស្ស័យបីដំបូងនឹងមិនមែនជាផ្នែកនៃការប្រកបគ្នានេះឡើយ។ ចុះតើមនុស្សដែលមានសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ខ្វះនិស្ស័យពុករលួយនៃការរឹងទទឹង ភាពក្រអឺតក្រទម និងសេចក្ដីបោកបញ្ឆោតដែរឬទេ? (ទេ។) ចុះហេតុអ្វីបានជាមិនប្រើបីចំណុចដំបូង ដើម្បីកំណត់លក្ខណៈសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (ពីព្រោះមនុស្សពុករលួយធម្មតាក៏មានបីចំណុចដំបូងនេះដែរ ហើយចំណុចទាំងនោះមិនតំណាងឱ្យសារជាតិរបស់មនុស្សម្នាក់ឡើយ។) នេះគឺជាការសង្ខេបដ៏ត្រឹមត្រូវបំផុត។ ទាក់ទងនឹងប្រធានបទនៃសារជាតិនិស្ស័យ និស្ស័យពុករលួយបីដំបូងមានកម្រិតស្រាលជាង ចំណែកឯនិស្ស័យដែលអាចសង្ខេបសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានយ៉ាងពិតប្រាកដ គឺនិស្ស័យបីចុងក្រោយ ពោលគឺ ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងភាពទុច្ចរិត។ និស្ស័យពុករលួយទាំងបីនេះ អាចកំណត់លក្ខណៈសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានកាន់តែត្រឹមត្រូវ។ ទោះបីជាបីចំណុចដំបូងមិនត្រូវបានប្រើដើម្បីកំណត់លក្ខណៈសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏និស្ស័យពុករលួយទាំងបីនោះនីមួយៗ សុទ្ធតែមាននៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ ហើយមានសភាពធ្ងន់ធ្ងរជាងនិស្ស័យដូចគ្នានៅក្នុងមនុស្សទូទៅ។ ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងភាពទុច្ចរិត សុទ្ធតែអាចត្រូវបានប្រើប្រាស់ដើម្បីសង្ខេប និងកំណត់លក្ខណៈនៃការរឹងទទឹងរបស់ពួកគេ ព្រមទាំងដើម្បីពិពណ៌នាពីកម្រិតនៃការរឹងទទឹងរបស់ពួកគេផងដែរ។ ម្យ៉ាងទៀត និស្ស័យបីចុងក្រោយ ក៏អាចត្រូវបានប្រើប្រាស់ស្រដៀងគ្នា ដើម្បីសង្ខេប និងកំណត់លក្ខណៈនៃភាពក្រអឺតក្រទម និងសេចក្ដីបោកបញ្ឆោតរបស់ពួកគេផងដែរ។ ជាក់ស្ដែងណាស់ថា លក្ខណៈចម្បងនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងភាពទុច្ចរិត។
ក. ភាពទុច្ចរិត
ក្នុងចំណោមនិស្ស័យពុករលួយទាំងបីនេះ ពោលគឺ ការស្អប់ខ្ពើមសេចក្ដីពិត ទង្វើកាចសាហាវ និងភាពទុច្ចរិត ភាពទុច្ចរិតគឺជានិស្ស័យដែលអាចសង្ខេបសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានទូលំទូលាយបំផុត ហើយក៏ជានិស្ស័យដែលមានជាទូទៅបំផុតនៅក្នុងសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុអ្វីបានជាភាពទុច្ចរិតត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាពីសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? ប្រសិនបើគេនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាទុច្ចរិតមែននោះ ដូច្នេះ បើវិនិច្ឆ័យតាមគំនិតរបស់ពួកគេ តើពួកគេគិត និយាយ និងធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃ ដែលបញ្ជាក់ថាពួកគេគឺជាមនុស្សដែលមានសារជាតិទុច្ចរិត? តើនេះមិនមែនជាសំណួរដែលគួរពិចារណាទេឬអី? (មែនហើយ។) ដូច្នេះ យើងគួរតែចាប់ផ្ដើមការវិភាគ និងការសង្កេតរបស់យើងពីអ្វីដែលពួកគេគិត ពាក្យសម្ដី និងអាកប្បកិរិយារបស់ពួកគេ ព្រមទាំងរបៀបដែលពួកគេប្រព្រឹត្តខ្លួន និងដោះស្រាយកិច្ចការនៅក្នុងលោកីយ៍ ដើម្បីវិនិច្ឆ័យថាតើសារជាតិទុច្ចរិតពិតជាមាននៅក្នុងមនុស្សទាំងនេះមែនឬក៏អត់។ ដំបូង ចូរយើងក្រឡេកមើលថាតើពួកទទឹងនឹងព្រះគ្រីស្ទគិតអំពីអ្វីខ្លះជារៀងរាល់ថ្ងៃ។ មនុស្សមួយចំនួនគិតនៅក្នុងចិត្តរបស់ពួកគេថា៖ «ក្នុងចំណោមក្រុមមនុស្សនេះ ខ្ញុំមិនត្រូវបានគេចាត់ទុកថាជាអ្នកដែលមានសមត្ថភាពបំផុតនោះទេ ហើយខ្ញុំក៏មិនមានអំណោយទានខ្ពស់បំផុតដែរ ដូច្នេះ តើខ្ញុំអាចកាន់តែមានប្រជាប្រិយភាព ទទួលបានការគោរពពីមនុស្សគ្រប់គ្នា នាំកិត្តិយសដល់ដូនតារបស់ខ្ញុំ និងមានរស្មីនៅលើក្បាលរបស់ខ្ញុំដោយរបៀបណា? តើខ្ញុំអាចបញ្ចុះបញ្ចូលអ្នកដទៃ ហើយធ្វើឱ្យពួកគេស្ដាប់ខ្ញុំ និងគោរពកោតសរសើរខ្ញុំដោយរបៀបណា? មើលទៅ ការមានឋានៈគឺជារឿងល្អមួយ។ ពាក្យសម្ដីរបស់មនុស្សមួយចំនួនពិតជាមានទម្ងន់មែន ហើយនៅពេលដែលអ្នកដទៃមានបញ្ហា ពួកគេទៅរកអ្នកទាំងនោះ ចុះហេតុអ្វីបានជាគ្មាននរណាម្នាក់មករកខ្ញុំសោះអ៊ីចឹង? ហេតុអ្វីបានជាគ្មាននរណាម្នាក់កត់សម្គាល់ខ្ញុំ? ខ្ញុំមានប្រាជ្ញានិងមានគំនិត។ ខ្ញុំធ្វើអ្វីៗមានលំដាប់លំដោយ ហើយខ្ញុំក៏ចេះវិនិច្ឆ័យរឿងរ៉ាវនានាដែរ។ ចុះហេតុអ្វីបានជាគ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងខ្ញុំ ឬវាយតម្លៃខ្ញុំខ្ពស់សោះអ៊ីចឹង? តើនៅពេលណាទើបខ្ញុំអាចលេចធ្លោជាងអ្នកដទៃបាន? តើនៅពេលណាទើបមនុស្សគ្រប់គ្នាមករកខ្ញុំដើម្បីសុំជំនួយ និងគាំទ្រខ្ញុំ?»។ តើមនុស្សទាំងនេះកំពុងគិតអំពីអ្វី? តើពួកគេកំពុងគិតអំពីរឿងវិជ្ជមាន ឬរឿងអវិជ្ជមាន? (រឿងអវិជ្ជមាន។) នៅពេលដែលមនុស្សមួយចំនួនឃើញថាអ្នកដទៃមានទំនាក់ទំនងល្អជាមួយគ្នា ពួកគេគិតថា៖ «ហេតុអ្វីបានជាទំនាក់ទំនងរបស់ពួកគេល្អម៉្លេះ? ខ្ញុំត្រូវតែរកវិធីញុះញង់ឱ្យពួកគេបែកបាក់គ្នា និងធ្វើឱ្យទំនាក់ទំនងរបស់ពួកគេល្អក់កករ។ ធ្វើរបៀបនេះ ខ្ញុំនឹងលែងឯកោ ហើយខ្ញុំនឹងមាន គូកន»។ តើមនុស្សទាំងនេះកំពុងធ្វើអ្វី? មិនថាពួកគេប្រើវិធីសាស្ត្រអ្វីនោះទេ ជារួមគឺសុទ្ធតែជាការញុះញង់ឱ្យអ្នកដទៃបែកបាក់គ្នា។ នៅពេលដែលពួកគេឃើញនរណាម្នាក់បំពេញភារកិច្ចរបស់ខ្លួនដោយភាពក្លៀវក្លា និងស្វាហាប់ ហើយទទួលបានពន្លឺមិនថាពួកគេធ្វើអ្វីក្នុងពេលបំពេញភារកិច្ចរបស់ខ្លួននោះទេ ពួកគេក៏មានចិត្តច្រណែន ហើយគិតរកវិធីវាយបំបាក់បុគ្គលនោះ រិះរកវិធីបំបាក់ទឹកចិត្តពួកគេ និងធ្វើឱ្យពួកគេមានអារម្មណ៍អវិជ្ជមាន។ គំនិតទាំងនេះ មិនថាពួកគេបានអនុវត្តតាម ឬមិនបានអនុវត្តតាមនោះទេ សុទ្ធតែជាគំនិតអវិជ្ជមាន។ ក៏មានអ្នកដែលគិតផងដែរថា៖ «តើអ្នកដឹកនាំដែលទើបនឹងជាប់ឆ្នោតថ្មី មើលមកខ្ញុំយ៉ាងដូចម្ដេចដែរ? ខ្ញុំត្រូវតែចូលទៅជិតអ្នកដឹកនាំម្នាក់នេះ។ ទំនាក់ទំនងរបស់យើងមិនសូវល្អទេ ហើយយើងក៏មិនសូវស្និទ្ធស្នាលដែរ ដូច្នេះ តើខ្ញុំអាចយកចិត្តពួកគេដោយរបៀបណា? ខ្ញុំមានលុយខ្លះនៅក្នុងដៃ ដូច្នេះ ខ្ញុំនឹងស្វែងយល់ថាតើពួកគេត្រូវការអ្វី រួចទិញវាឱ្យពួកគេ។ ប៉ុន្តែ ប្រសិនបើពួកគេត្រូវការកុំព្យូទ័រ ខ្ញុំមិនសុខចិត្តចំណាយលុយច្រើនបែបនេះទេ ប្រសិនបើពួកគេឈប់ធ្វើជាអ្នកដឹកនាំនៅថ្ងៃអនាគត តើលុយនោះមិនខ្ជះខ្ជាយទេឬអី? ប្រសិនបើពួកគេត្រូវការរបស់ដូចជាស្រោមដៃ ឬសម្លៀកបំពាក់ ខ្ញុំអាចមានលទ្ធភាពទិញបាន ហើយវាសមនឹងការចំណាយ។ លុយគួរចំណាយឱ្យចំកន្លែង មិនត្រូវចំណាយដោយខ្ជះខ្ជាយទេ។ ខ្ញុំក៏ត្រូវតែបញ្ចើចបញ្ចើ និងផ្គាប់ចិត្តអ្នកដឹកនាំ មិនត្រឹមតែដោយពាក្យសម្ដីទទេៗប៉ុណ្ណោះទេ ប៉ុន្តែដោយសកម្មភាពពិតប្រាកដ ខ្ញុំត្រូវតែចាំសង្កេតមើលថាតើអ្នកដឹកនាំម្នាក់នេះចូលចិត្តអ្វី។ បន្ថែមពីនេះ ខ្ញុំនឹងជួយរៀបអាហារដាក់ចានឱ្យអ្នកដឹកនាំនៅពេលដល់ម៉ោងញ៉ាំជារៀងរាល់ថ្ងៃ ហើយលាងចានឱ្យពួកគេនៅពេលដែលពួកគេញ៉ាំរួច។ ប្រសិនបើអ្នកដឹកនាំរិះគន់នរណាម្នាក់ ខ្ញុំនឹងចូលរួមរិះគន់ ហើយនិយាយបន្ទរតាមអ្នកដឹកនាំ ប្រសិនបើអ្នកដឹកនាំសរសើរនរណាម្នាក់ ខ្ញុំនឹងប្រញាប់ណែនាំបុគ្គលនោះ ហើយសរសើរពីគុណធម៌របស់ពួកគេ»។ តើមនុស្សទាំងនេះកំពុងគិតអំពីអ្វី? (ការផ្គាប់ចិត្តអ្នកដឹកនាំ និងការបន្ទាបខ្លួនផ្គាប់ផ្គុនពួកគេ។) ក៏មានអ្នកខ្លះទៀត ដែលនៅពេលកំពុងធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «អ្នកដទៃធ្វើការយ៉ាងលំបាក និងយ៉ាងស្មោះស្ម័គ្រ ខ្ញុំត្រូវតែឆ្លាត ខ្ញុំមិនអាចល្ងង់បានទេ ហើយខ្ញុំមិនអាចឱ្យខ្លួនឯងធ្វើការខ្លាំងពេកឡើយ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការខ្ញុំនៅថ្ងៃអនាគតទេ នោះតើការខិតខំប្រឹងប្រែងនេះមិនអសារបង់ទេឬអី? តើខ្ញុំមិនមែនកំពុងធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេឬអី? ប៉ុន្តែ ប្រសិនបើខ្ញុំមិនធ្វើការទាល់តែសោះ ខ្ញុំនឹងត្រូវបានដំណាក់របស់ព្រះជាម្ចាស់ដេញចេញមិនខាន។ តើខ្ញុំគួរធ្វើដូចម្ដេចទៅ? នៅពេលដែលអ្នកដឹកនាំនៅទីនេះ ខ្ញុំនឹងធ្វើការឱ្យអស់ពីសមត្ថភាព បែកញើសធ្លាក់ផ្លោតៗ ហើយឱ្យអ្នកដឹកនាំឃើញ នៅពេលដែលពួកគេមិននៅទីនេះ ខ្ញុំនឹងទៅបន្ទប់ទឹក ផឹកទឹក ចេញទៅដើរលេង ឬរកកន្លែងណាមួយដើម្បីសម្រាក។ ប្រសិនបើអ្នកដទៃជីកដីបានបីប៉ែល ខ្ញុំនឹងជីកត្រឹមតែកន្លះប៉ែល ប្រសិនបើអ្នកដទៃដើរចុះដើរឡើងលីសែងរបស់របរបីឬប្រាំដង ខ្ញុំនឹងធ្វើវាតែម្ដងប៉ុណ្ណោះ។ ខ្ញុំនឹងសម្រាក និងលួចខ្ជិលនៅពេលណាដែលខ្ញុំអាចធ្វើបាន។ ខ្ញុំមិនគួរខិតខំយកចិត្តទុកដាក់ពេកទេ ប្រសិនបើខ្ញុំឈឺ ឬអស់កម្លាំងដោយសារការធ្វើការធ្ងន់ពេក តើអ្នកណានឹងអាណិតខ្ញុំ? តើអ្នកណានឹងមើលថែខ្ញុំពេលខ្ញុំឈឺ? តើអ្នកដឹកនាំនឹងមើលថែខ្ញុំឬ? តើព្រះជាម្ចាស់នឹងមើលថែខ្ញុំឬ? តើព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះរឿងទាំងនេះឬ? ហេតុដូច្នេះហើយ ក្នុងពេលកំពុងធ្វើការ ខ្ញុំត្រូវតែរកមើលថាតើកន្លែងណាដែលខ្ញុំអាចធ្វើការឱ្យគេឃើញច្បាស់បំផុត។ នៅពេលដែលខ្ញុំចង់លួចខ្ជិល ខ្ញុំត្រូវតែរកមើលថាតើកន្លែងណាដែលខ្ញុំមិនងាយនឹងត្រូវបានគេចាប់បាន កន្លែងណាដែលខ្ញុំមិនងាយនឹងទាក់ទាញចំណាប់អារម្មណ៍គេ»។ តើមនុស្សទាំងនេះកំពុងគិតអំពីអ្វី? (ការលួចខ្ជិល និងការប្រព្រឹត្តដោយល្បិចកល។)
១. អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើចំពោះមនុស្ស
តើចរិតលក្ខណៈរបស់មនុស្សដែលមានគំនិតទុច្ចរិតពេញមួយថ្ងៃ គឺជាអ្វី? វាគឺជាចរិតលក្ខណៈដែលខ្វះសេចក្ដីសុចរិត និងមានភាពពិសពុល។ ដោយវិនិច្ឆ័យតាមនិស្ស័យរបស់ពួកគេ តើនេះជារឿងអ្វី? (ភាពទុច្ចរិត។) តើមានអ្វីដែលទៀងត្រង់នៅក្នុងធម្មជាតិនៃរឿងទាំងនេះដែលពួកគេគិតដែរឬទេ? តើមានអ្វីដែលស្ដាប់ទៅថ្លៃថ្នូរ បើកចំហ និងទៀងត្រង់ដែរឬទេ? តើមានអ្វីល្អដែរឬទេ? (ទេ គ្មានអ្វីសោះឡើយ។) ដូច្នេះ ជារួម រឿងដំបូងដែលត្រូវបានសម្ដែងចេញនៅក្នុងនិស្ស័យទុច្ចរិតរបស់មនុស្សដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ គឺថាអ្វីៗទាំងអស់ដែលពួកគេគិតពេញមួយថ្ងៃ គឺជាសេចក្ដីអាក្រក់។ មិនថាពួកគេប្រឈមមុខនឹងបញ្ហាធំ ឬតូចនោះទេ គំនិតរបស់ពួកគេគឺពោរពេញទៅដោយសេចក្ដីអាក្រក់។ និយាយឱ្យចំទៅ ពួកគេធ្វើរឿងមួយចំនួនចំពោះមនុស្ស ហើយពួកគេក៏មានការសម្ដែងចេញ និងការអនុវត្តផ្សេងៗចំពោះព្រះជាម្ចាស់ផងដែរ។ ដូច្នេះ តើពួកគេធ្វើរឿងអ្វីខ្លះចំពោះមនុស្ស? តើពួកគេបង្កើតវិធីអនុវត្តបែបណាខ្លះនៅក្នុងគំនិតរបស់ពួកគេ? នៅក្នុងឧទាហរណ៍មួយចំនួនដែលទើបតែបានលើកឡើងអម្បាញ់មិញ តើអ្នករាល់គ្នាអាចមើលឃើញពីរបៀបដែលមនុស្សប្រភេទនេះតែងតែគ្រោងល្បិចប្រឆាំងនឹងអ្នកដទៃដែរឬទេ? ពួកគេគ្រោងល្បិចឥតឈប់ឈរ ហើយអ្នកណាក៏ដោយដែលពួកគេមានការពាក់ព័ន្ធ ឬទាក់ទងជាមួយ ក៏ក្លាយជាមុខសញ្ញានៃល្បិចកលរបស់ពួកគេដែរ។ ទីពីរ ទោះបីជាពេលខ្លះពួកគេធ្វើអ្វីៗដោយមិននិយាយស្ដីក៏ដោយ ក៏របៀប វិធីសាស្ត្រ និងប្រភពនៃសកម្មភាពរបស់ពួកគេ មិនពិតប្រាកដឡើយ ហើយពួកគេមិនមែនកំពុងអនុវត្តសេចក្ដីពិតទេ វាគ្រាន់តែជារូបភាពបំភាន់ប៉ុណ្ណោះ។ តើធម្មជាតិនៃរឿងនេះគឺជាអ្វី ហើយតើការអនុវត្តនេះគឺជាអ្វី? វាគឺជាល្បិចកល និងការធ្វើពុត ហើយពួកគេក៏កំពុងល្បួងអ្នកដទៃផងដែរ។ ដោយសារពួកគេអាចធ្វើពុត និងបោកប្រាស់មនុស្ស តើពួកគេក៏អាចអូសទាញ និងបំភាន់មនុស្សបានដែរឬទេ? (មែនហើយ ពួកគេអាចធ្វើបាន។) បន្ថែមពីនេះ មនុស្សប្រភេទនេះតែងតែតស៊ូប្រជែងជាមួយអ្នកដទៃ ដើម្បីដណ្ដើមឋានៈ កេរ្តិ៍ឈ្មោះ មុខមាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ ដណ្ដើមគ្នាថានរណាមានសិទ្ធិសម្រេចចុងក្រោយ ដណ្ដើមគ្នាថានរណាមានគំនិតច្រើនជាង ដណ្ដើមគ្នាថាមតិរបស់អ្នកណាមានភាពឈ្លាសវៃ និងសមហេតុផលជាង ដណ្ដើមគ្នាថានរណាទទួលបានការគាំទ្រពីមនុស្សគ្រប់គ្នាច្រើនជាង និងដណ្ដើមគ្នាថានរណាអាចទទួលបានផលប្រយោជន៍ច្រើនជាង ទាំងនេះហើយជាអ្វីដែលពួកគេប្រជែងដណ្ដើមគ្នា។ សូម្បីតែគ្មានឋានៈ ក៏ពួកគេនៅតែប្រើល្បិចប្រឆាំងនឹងមនុស្សបែបនេះដែរ ចុះទម្រាំតែពេលដែលពួកគេមានឋានៈវិញនោះ? ពេលនោះ មនុស្សដែលនៅក្រោមការត្រួតត្រារបស់ពួកគេ នឹងត្រូវបានគេធ្វើបាបយ៉ាងឥតឈប់ឈរ ពួកគេទាក់ទាញ និងទិញទឹកចិត្តអ្នកដែលមិនស្រឡាញ់សេចក្ដីពិត ហើយពួកគេវាយប្រហារ និងផាត់ចោលអ្នកដែលអាចទទួលយកសេចក្ដីពិត ក្នុងគោលបំណងធ្វើឱ្យមនុស្សគ្រប់គ្នាស្ដាប់ពួកគេ និងស្ដាប់បង្គាប់ពួកគេ ពួកគេតែងតែបង្កើតបក្សពួក និងញុះញង់ឱ្យមានការបែកបាក់នៅក្នុងក្រុម ហើយនៅទីបញ្ចប់ ពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាក្លាយជារបស់ពួកគេ។ រឿងទាំងអស់នេះ សុទ្ធតែស្ថិតក្នុងវិសាលភាពនៃការធ្វើបាបរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតតែសេចក្ដីអាក្រក់ពេញមួយថ្ងៃ ហើយរាល់និស្ស័យដែលពួកគេបញ្ចេញឱ្យឃើញ សុទ្ធតែជាសេចក្ដីអាក្រក់។ ដូច្នេះ តើវាត្រឹមត្រូវដែរឬទេដែលនិយាយថា និស្ស័យរបស់មនុស្សបែបនេះគឺទុច្ចរិត? (មែនហើយ គឺត្រឹមត្រូវ។) នៅក្នុងក្រុមមួយដែលមនុស្សគ្រប់គ្នាស្គាល់តួនាទីរបស់ខ្លួន ផ្ដោតលើកិច្ចការរៀងៗខ្លួន និងធ្វើអ្វីដែលពួកគេគួរធ្វើ នោះភ្លាមៗនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទលេចមុខមក ពួកគេក៏ញុះញង់បង្កការបែកបាក់ពីខាងក្នុង ដោយនិយាយអាក្រក់ពីបុគ្គល «ក» នៅចំពោះមុខបុគ្គល «ខ» និងនិយាយអាក្រក់ពីបុគ្គល «ខ» នៅចំពោះមុខបុគ្គល «ក» វិញ ដែលធ្វើឱ្យអ្នកទាំងពីរឈ្លោះប្រកែកគ្នា។ តើនេះមិនមែនជាលទ្ធផលនៃការញុះញង់ឱ្យមានការបែកបាក់ទេឬអី? ដូច្នេះ តើការសម្ដែងចេញមួយចំនួននៃល្បិចកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានអ្វីខ្លះ? ឧទាហរណ៍៖ នៅពេលដែលមានការបោះឆ្នោតនៅក្នុងពួកជំនុំ មនុស្សធម្មតាដែលគ្មានមហិច្ឆិតាអាចនឹងគិតថា៖ «ទោះជានរណាជាប់ឆ្នោតក៏ដោយ ខ្ញុំនឹងចុះចូលចំពោះលទ្ធផលនោះ ខ្ញុំនឹងគាំទ្រនរណាក៏ដោយដែលព្រះជាម្ចាស់អនុញ្ញាតឱ្យធ្វើជាអ្នកដឹកនាំ ហើយខ្ញុំនឹងមិនធ្វើជាអ្នករំខាន ឬបង្កបញ្ហាឡើយ»។ ប៉ុន្តែ អ្នកដែលមានចេតនាអាក្រក់ មិនគិតបែបនេះទេ។ ប្រសិនបើពួកគេឃើញថា ពួកគេគ្មានសង្ឃឹមនឹងឈ្នះនៅក្នុងការបោះឆ្នោតនេះទេ ពួកគេក៏ចាប់ផ្ដើមគិតគូរនៅក្នុងចិត្តរបស់ពួកគេថា៖ «ខ្ញុំត្រូវតែទិញរបស់ល្អៗខ្លះឱ្យមនុស្សគ្រប់គ្នា។ តើសព្វថ្ងៃនេះ ពួកជំនុំកំពុងខ្វះខាតអ្វីខ្លះ? ខ្ញុំនឹងទិញម៉ាស៊ីនបន្សុទ្ធខ្យល់មួយ ហើយដាក់វានៅកន្លែងជួបជុំ ដើម្បីឱ្យពេលដែលមនុស្សគ្រប់គ្នាដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធ ពួកគេនឹងនឹកឃើញដល់ខ្ញុំ។ តាមរបៀបនេះ នៅពេលដល់ការបោះឆ្នោត តើខ្ញុំមិនមែនជាបេក្ខជនដំបូងគេដែលពួកគេនឹកឃើញទេឬអី? ហេតុដូច្នេះហើយ អ្វីដែលខ្ញុំធ្វើ និងលុយដែលខ្ញុំចំណាយនឹងមិនឥតប្រយោជន៍ទេ»។ ពេលគិតដល់រឿងនេះ ពួកគេក៏ប្រញាប់ទៅទិញម៉ាស៊ីនបន្សុទ្ធខ្យល់ដែលថោកបំផុត និងមានរូបរាងទាក់ទាញបំផុត។ បន្ថែមពីនេះ ពួកគេគិតថា៖ «ក្នុងអំឡុងពេលនេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន។ ខ្ញុំមិនត្រូវនិយាយរឿងខុសឡើយ ហើយខ្ញុំមិនត្រូវនិយាយរឿងដែលអវិជ្ជមាន និងមិនស្ថាបនាមនុស្សឡើយ ខ្ញុំត្រូវតែនិយាយពាក្យបញ្ជោរនៅពេលណាដែលខ្ញុំជួបមនុស្ស ហើយឧស្សាហ៍សរសើរអ្នកដទៃដោយពាក្យសម្ដីដូចជា៖ “អ្នកមើលទៅពិតជាល្អណាស់! អ្នកពិតជាកំពុងដេញតាមសេចក្ដីពិតមែន! ទោះបីជាអ្នកមិនទាន់បានជឿលើព្រះជាម្ចាស់យូរដូចខ្ញុំក៏ដោយ ក៏អ្នកបានដេញតាមសេចក្ដីពិតច្រើនជាងខ្ញុំដែរ។ ភាពជាមនុស្សរបស់អ្នកគឺល្អ ហើយមនុស្សដែលមានភាពជាមនុស្សល្អដូចជាអ្នក អាចត្រូវបានសង្គ្រោះ មិនដូចជាខ្ញុំទេ។” ខ្ញុំគួរតែបង្ហាញភាពបន្ទាបខ្លួន ហើយសរសើរអ្នកដទៃថាល្អជាងខ្លួនខ្ញុំលើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេទទួលបានការគោរពគ្រប់គ្រាន់»។ តើនេះមិនមែនជាល្បិចកលទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងបែបនេះដោយងាយស្រួល មនុស្សធម្មតាមិនអាចប្រើល្បិចយកឈ្នះពួកគេបានឡើយ។ តើអ្នកមិនជឿមានពាក្យពោលអ្វី? (អ្នកត្រូវបានគេលក់បាត់ទៅហើយ តែនៅតែជួយរាប់លុយឱ្យគេទៀត។) ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តរឿងបែបនេះ ហើយមនុស្សភាគច្រើនគឺជាមុខសញ្ញនៃអំពើក្បត់ និងល្បិចកលរបស់ពួកគេ។
ចូរប្រាប់ខ្ញុំមើល តើពួកទទឹងនឹងព្រះគ្រីស្ទទទួលយកការលួសកាត់ដែរឬទេ? តើពួកគេទទួលស្គាល់ថាពួកគេមាននិស្ស័យពុករលួយដែរឬទេ? (ទេ ពួកគេមិនទទួលស្គាល់ឡើយ។) ពួកគេមិនទទួលស្គាល់ថាមាននិស្ស័យពុករលួយទេ ប៉ុន្តែបន្ទាប់ពីពួកគេត្រូវបានគេលួសកាត់ ពួកគេនៅតែធ្វើពុតជាស្គាល់ខ្លួនឯងដដែល។ ពួកគេនិយាយថា ពួកគេគឺជាអារក្ស និងជាសាតាំង ដែលគ្មានភាពជាមនុស្ស និងមានគុណសម្បត្តិខ្សោយ ហើយថាពួកគេមិនអាចពិចារណារឿងរ៉ាវបានល្អិតល្អន់ ពួកគេមិនស័ក្ដិសមនឹងកិច្ចការដែលពួកជំនុំបានរៀបចំឱ្យ ហើយពួកគេមិនបានបំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវឡើយ។ បន្ទាប់មក នៅចំពោះមុខមនុស្សភាគច្រើន ពួកគេទទួលស្គាល់និស្ស័យពុករលួយរបស់ពួកគេ ពួកគេទទួលស្គាល់ថាពួកគេគឺជាអារក្ស ហើយចុងក្រោយ ពួកគេក៏និយាយផងដែរថា នេះគឺជាការដែលព្រះជាម្ចាស់កំពុងបន្សុទ្ធ និងសង្គ្រោះពួកគេ។ តាមរយៈការនេះ ពួកគេបង្ហាញឱ្យមនុស្សឃើញពីសមត្ថភាពរបស់ពួកគេក្នុងការទទួលយកការលួសកាត់ និងភាពចុះចូលរបស់ពួកគេចំពោះសេចក្ដីពិត។ ពួកគេមិនបានលើកឡើងពីមូលហេតុដែលពួកគេត្រូវបានគេលួសកាត់ ឬពីការខូចខាត និងការខាតបង់ដែលសកម្មភាពរបស់ពួកគេបានបង្កដល់កិច្ចការរបស់ពួកជំនុំឡើយ។ ពួកគេគេចវេះពីបញ្ហាទាំងនេះ ហើយនិយាយពាក្យទទេៗ គោលលទ្ធិ ការបង្វែរហេតុផល និងពាក្យបកស្រាយ ដើម្បីធ្វើឱ្យមនុស្សយល់ខុសចំពោះការលួសកាត់ដែលពួកគេទទួលបានពីដំណាក់របស់ព្រះជាម្ចាស់ ថាជារឿងដែលពួកគេមិនសមនឹងទទួល ហើយវាជារឿងអយុត្តិធម៌ ហាក់ដូចជាពួកគេបានរងនូវភាពអយុត្តិធម៌ដ៏ធំធេងណាមួយអ៊ីចឹង។ បន្ទាប់ពីត្រូវបានគេលួសកាត់ ពួកគេនៅតែរឹងរូសនៅក្នុងចិត្តរបស់ពួកគេ ដោយមិនទទួលស្គាល់អំពើអាក្រក់ផ្សេងៗរបស់ពួកគេសូម្បីតែបន្តិច។ ដូច្នេះ តើពាក្យសម្ដីទាំងអស់នេះដែលពួកគេបានប្រកបគ្នាគ្នាអំពីការទទួលស្គាល់និស្ស័យពុករលួយរបស់ពួកគេ ការស្ម័គ្រចិត្តទទួលយកសេចក្ដីពិត និងការអាចចុះចូលនឹងការលួសកាត់ គឺជារឿងអ្វីទៅ? តើទាំងនេះជាអារម្មណ៍ពិតរបស់ពួកគេឬ? មិនមែនទាល់តែសោះ។ ទាំងនេះសុទ្ធតែជាពាក្យកុហក ការធ្វើពុត និងពាក្យរបស់អារក្ស ដែលមានបំណងបំភាន់មនុស្ស និងអន្ទងពួកគេប៉ុណ្ណោះ។ តើគោលបំណងនៃការបំភាន់មនុស្សរបស់ពួកគេគឺជាអ្វី? (ដើម្បីធ្វើឱ្យមនុស្សគោរពបូជា និងដើរតាមពួកគេ។) ពិតប្រាកដណាស់ គឺដើម្បីបំភាន់ និងអន្ទងមនុស្សឱ្យដើរតាម និងស្ដាប់ពួកគេ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាគិតថាពួកគេត្រឹមត្រូវ និងល្អ។ តាមរបៀបនេះ គ្មាននរណាម្នាក់មើលធ្លុះពួកគេ ឬប្រឆាំងនឹងពួកគេឡើយ។ ផ្ទុយទៅវិញ មនុស្សជឿថាពួកគេគឺជាអ្នកដែលទទួលយកសេចក្ដីពិត ទទួលយកការលួសកាត់ និងបានប្រែចិត្ត។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនទទួលស្គាល់អំពើអាក្រក់របស់ពួកគេ ឬទទួលស្គាល់ការខាតបង់ដែលពួកគេបានបង្កដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់? ហេតុអ្វីបានជាពួកគេមិនលើកយករឿងទាំងនេះមកប្រកបគ្នាដោយបើកចំហ? (ប្រសិនបើពួកគេនិយាយរឿងទាំងនេះ មនុស្សនឹងញែកដឹងពួកគេមិនខាន។) ប្រសិនបើមនុស្សញែកដឹងពួកគេ មើលធ្លុះពួកគេ ហើយមើលធ្លុះភាពជាមនុស្ស និងសារជាតិនិស្ស័យរបស់ពួកគេ នោះមនុស្សនឹងបោះបង់ពួកគេចោលមិនខាន។ តើមនុស្សនៅតែចាញ់បោកល្បិចរបស់ពួកគេ និងត្រូវបានពួកគេបំភាន់ទៀតដែរឬទេ? តើមនុស្សនៅតែឱ្យតម្លៃខ្ពស់ដល់ពួកគេទៀតដែរឬទេ? តើមនុស្សនៅតែសរសើរពួកគេដល់កម្រិតកំពូលទៀតដែរឬទេ? តើមនុស្សនៅតែគោរពបូជាពួកគេទៀតដែរឬទេ? មនុស្សនឹងមិនធ្វើរឿងទាំងនេះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជាស្គាល់ខ្លួនឯង ប៉ុន្តែតាមពិតទៅ ទាំងអស់នេះសុទ្ធតែជាការបង្វែរហេតុផល និងការបកស្រាយការពារខ្លួនឯង ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យមនុស្សចេញមុខការពារពួកគេ ដែលនេះគឺជាចេតនាលាក់កំបាំងរបស់ពួកគេ។ ពួកគេគេចវេះពីរឿងសំខាន់ៗ ហើយនិយាយអំពីការស្គាល់ខ្លួនឯង និងការទទួលយកការលួសកាត់តែបែបសើៗ ដើម្បីបំភាន់មនុស្ស និងអន្ទងពួកគេ ដើម្បីធ្វើឱ្យមនុស្សគោរពរាប់អាន និងគោរពបូជាពួកគេ។ តើវិធីសាស្ត្រនេះមិនទុច្ចរិតខ្លាំងទេឬអី? មនុស្សមួយចំនួនពិតជាចាញ់បោកមែន ហើយបន្ទាប់ពីត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ពួកគេនិយាយថា៖ «បុគ្គលនោះនិយាយបានល្អណាស់ ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំយំជាច្រើនដង!»។ នៅពេលនោះ មនុស្សទាំងនេះគោរពបូជា និងគោរពរាប់អានពួកគេយ៉ាងខ្លាំង ប៉ុន្តែនៅទីបញ្ចប់ ទើបដឹងថាអ្នកទាំងនោះគឺជាពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ នេះគឺជាផលវិបាកនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់អ្នកដទៃ និងអន្ទងពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទអាចបំភាន់មនុស្សបែបនេះបាន ហើយច្បាស់ណាស់ថា មិនខ្វះទេអ្នកដែលចាញ់បោក និងត្រូវបានគេបោកប្រាស់នោះ។ ប្រសិនបើនរណាម្នាក់អាចញែកដឹងពួកទទឹងនឹងព្រះគ្រីស្ទក្នុងរឿងនេះបាន នោះពួកគេគឺជាអ្នកដែលយល់ពីសេចក្ដីពិត និងមានការញែកដឹងហើយ។
ពួកទទឹងនឹងព្រះគ្រីស្ទតែងតែធ្វើបាបមនុស្ស។ ពួកគេមានពាក្យសម្ដីដ៏ល្បីមួយ នោះគឺ៖ «អាល្អិតអើយ ដោយសារអ្នកមិនព្រមចុះញ៉មនឹងខ្ញុំ ខ្ញុំនឹងប្រើល្បិចតែពីរបីប៉ុណ្ណោះដើម្បីធ្វើឱ្យអ្នកលុតទាំងដៃទាំងជង្គង់គោរពបូជាខ្ញុំ ប្រសិនបើអ្នកមិនព្រមចុះញ៉មទេ នោះខ្ញុំនឹងធ្វើបាបឯងឱ្យដល់ស្លាប់មិនខាន!»។ តើពួកទទឹងនឹងព្រះគ្រីស្ទចង់ធ្វើអ្វី? ពួកគេចង់ធ្វើបាបមនុស្ស។ តើពួកគេចង់ធ្វើបាបមនុស្សប្រភេទណា? ប្រសិនបើអ្នកស្ដាប់បង្គាប់ពួកគេ បញ្ជោរពួកគេ និងគោរពបូជាពួកគេ តើពួកគេនឹងធ្វើបាបអ្នកដែរឬទេ? ប្រសិនបើអ្នកស្លូតបូត និងស្ដាប់បង្គាប់ពួកគេ ប្រសិនបើពួកគេមើលឃើញថាអ្នកមិនបង្កការគំរាមកំហែងដល់ពួកគេ ហើយថាអ្នកគ្រាន់តែជាមនុស្សដែលងាយឱ្យគេជិះជាន់ ឬជាទាសករ នោះពួកគេនឹងមិនរវល់ធ្វើបាបអ្នកឡើយ។ ប្រសិនបើពួកគេធ្វើរឿងអាក្រក់ ឬប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើពួកគេរកឃើញនរណាម្នាក់ដែលញែកដឹងពួកគេ ដែលនឹងលាតត្រដាង និងបើកកកាយពួកគេ ដែលនឹងទាញពួកគេទម្លាក់ពីតំណែង ដែលនឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេ និងរារាំងសកម្មភាពរបស់ពួកគេ នោះពួកគេនឹងគិតរកវិធីធ្វើបាបបុគ្គលនោះមិនខាន។ ពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើបាបមនុស្សតាមតែអំពើចិត្តឡើយ ផ្ទុយទៅវិញ ពួកគេតែងតែសង្កេត និងស្ទាបស្ទង់មនុស្សជានិច្ច ដោយមើលថាតើអ្នកណាកំពុងនិយាយអាក្រក់ពីពួកគេនៅពីក្រោយខ្នង អ្នកណាដែលមិនព្រមចុះញ៉មនឹងពួកគេ អ្នកណាដែលញែកដឹងពីសកម្មភាពរបស់ពួកគេ អ្នកណាដែលមិនអើពើនឹងពួកគេ និងអ្នកណាមិនព្រមចូលស្និទ្ធដើម្បីផ្គាប់ផ្គុនពួកគេ។ បន្ទាប់ពីសង្កេតមើលមួយរយៈ និងរកឃើញបុគ្គលបែបនេះពីរឬបីនាក់ ពួកគេក៏ចាប់ផ្ដើមប្រកបគ្នាអំពីបញ្ហារបស់មនុស្សទាំងនេះក្នុងអំឡុងពេលជួបជុំ។ ទោះបីជាអ្វីដែលពួកគេនិយាយមើលទៅហាក់ដូចជាត្រឹមត្រូវនៅសំបកក្រៅក៏ដោយ ប៉ុន្តែតាមពិតទៅ ពាក្យសម្ដីទាំងនោះសំដៅលើមនុស្សជាក់លាក់ ហើយមានហេតុផល និងមានគោលបំណង។ តើហេតុផលគឺជាអ្វី? ពួកគេបានស៊ើបអង្កេតយ៉ាងល្អិតល្អន់រួចហើយ បុគ្គលទាំងនេះមិនព្រមចុះញ៉មនឹងពួកគេទេ ហើយថែមទាំងអាចញែកដឹងពីពួកគេទៀតផង ដោយតែងតែព្យាយាមលាតត្រដាង និងបើកកកាយពួកគេ ដើម្បីដកពួកគេចេញពីតំណែង។ ពួកគេនិយាយរឿងទាំងនេះ ដើម្បីជាការព្រមានដល់បុគ្គលទាំងនោះ ដើម្បីដាស់តឿនពួកគេ។ ប្រសិនបើមនុស្សទាំងនេះដកថយ ហើយមិនហ៊ានបន្តទៅមុខទៀត ហើយអ្វីៗដំណើរការទៅតាមបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនអើពើនឹងពួកគេឡើយ។ ប៉ុន្តែ ប្រសិនបើបុគ្គលទាំងនេះនៅតែបន្តដូចមុន ដោយមិនព្រមអែបអបពួកគេ ហើយនៅតែមានបំណងលាតត្រដាងពួកគេ រាយការណ៍ពីពួកគេទៅខាងលើ និងធ្វើឱ្យពួកគេត្រូវបានដកចេញពីតំណែង នោះបុគ្គលទាំងនេះនឹងក្លាយជាមុខសញ្ញាបន្ទាប់ដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវធ្វើបាប។ ពួកគេគិតរកវិធីសាស្ត្រផ្សេងទៀត ហើយប្រើប្រាស់វិធីសាស្ត្រដែលកាន់តែខ្លាំងក្លា និងធ្ងន់ធ្ងរ ដោយព្យាយាមគិតរកវិធីដើម្បីចាប់បានចំណុចខ្សោយរបស់ពួកគេ និងស្វែងរកឱកាសដើម្បីធ្វើបាបពួកគេ ដោយមិនឈប់ឡើយ រហូតទាល់តែពួកគេអាចបណ្ដេញអ្នកទាំងនោះចេញពីពួកជំនុំបាន។ ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះអ្នកដែលមិនយល់ស្របតាម ដោយការធ្វើបាបបែបនេះ ហើយពួកគេនឹងមិនឈប់ឡើយ រហូតទាល់តែពួកគេសម្រេចបានគោលដៅរបស់ខ្លួន។ វិធីសាស្ត្រដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីធ្វើបាបមនុស្ស គឺឃោរឃៅណាស់។ ពួកគេចាប់ផ្ដើមដោយរកលេស និងចោទប្រកាន់មនុស្ស រួចចាប់ផ្ដើមធ្វើបាបពួកគេ ដោយមិនឈប់ឡើយ រហូតទាល់តែមនុស្សស្ដាប់បង្គាប់ និងចុះញ៉មនឹងពួកគេទាំងស្រុង បើមិនដូច្នេះទេ វាមិនទាន់ចប់ឡើយ។ នៅក្នុងពួកជំនុំ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែញុះញង់មានការបែកបាក់ និងបង្កើតបក្សពួកជានិច្ច ក្នុងគោលបំណងបង្កើតបក្សពួកមួយ និងក្ដោបក្ដាប់អំណាចលើពួកជំនុំ។ តើនេះមិនមែនជារឿងដែលកើតឡើងជាទូទៅទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតបក្សពួក ញុះញង់ឱ្យមានការបែកបាក់ ទាញកម្លាំងមនុស្សមកខាងខ្លួន ឃុបឃិតជាមួយអ្នកដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេ ដែលអាចនិយាយការពារពួកគេ លាក់បាំងអំពើអាក្រក់របស់ពួកគេ និងការពារពួកគេនៅពេលសំខាន់ៗ។ ពួកគេប្រើមនុស្សទាំងនេះឱ្យធ្វើរឿងផ្សេងៗសម្រាប់ពួកគេ សូម្បីតែរាយការណ៍ពីអ្នកដទៃ និងធ្វើជាអ្នកនាំសាររបស់ពួកគេក៏ដោយ។ ប្រសិនបើពួកគេមានឋានៈ ក្រុមនេះនឹងក្លាយជានគរឯករាជ្យរបស់ពួកគេ។ ប្រសិនបើពួកគេគ្មានឋានៈទេ ពួកគេ និងក្រុមរបស់ពួកគេនឹងបង្កើតជាកម្លាំងមួយនៅក្នុងពួកជំនុំ ដោយរំខាន និងជ្រៀតជ្រែកដល់សណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ ព្រមទាំងរំខានដល់ជីវិត និងកិច្ចការធម្មតារបស់ពួកជំនុំផងដែរ។
ការសម្ដែងចេញទូទៅបំផុតនៃសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺថាពួកគេពូកែជាពិសេសខាងធ្វើពុត និងភាពពុតត្បុត។ ទោះបីជាពួកគេមាននិស្ស័យកាចសាហាវ ពិសពុល ឃោរឃៅ និងក្រអឺតក្រទមជាពិសេសក៏ដោយ ក៏ពួកគេបង្ហាញខ្លួននៅសំបកក្រៅថាជាមនុស្សបន្ទាបខ្លួន និងស្លូតបូតជាពិសេសដែរ។ តើនេះមិនមែនជាការធ្វើពុតទេឬអី? មនុស្សទាំងនេះពិចារណាក្នុងចិត្តជារៀងរាល់ថ្ងៃ ដោយគិតថា៖ «តើខ្ញុំគួរពាក់សម្លៀកបំពាក់បែបណា ដើម្បីធ្វើឱ្យខ្ញុំមើលទៅកាន់តែដូចជាគ្រីស្ទបរិស័ទ កាន់តែសុចរិតថ្លៃថ្នូរ កាន់តែមានលក្ខណៈខាងវិញ្ញាណ កាន់តែមានបន្ទុក និងកាន់តែដូចជាអ្នកដឹកនាំ? តើខ្ញុំគួរញ៉ាំដោយរបៀបណា ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ថា ខ្ញុំមានភាពថ្លៃថ្នូរ ទន់ភ្លន់ សមរម្យ និងខ្ពង់ខ្ពស់គ្រប់គ្រាន់? តើខ្ញុំគួរមានឥរិយាបថពេលដើរបែបណា ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ និងភាពទាក់ទាញ ដើម្បីមើលទៅដូចជាមនុស្សអស្ចារ្យម្នាក់ មិនមែនជាមនុស្សធម្មតា? នៅក្នុងការសន្ទនារបស់ខ្ញុំជាមួយអ្នកដទៃ តើទឹកដមសំឡេង ពាក្យពេចន៍ ក្រសែភ្នែក និងទឹកមុខបែបណា ដែលអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថា ខ្ញុំជាមនុស្សជាន់ខ្ពស់ ដូចជាឥស្សរជនក្នុងសង្គម ឬបញ្ញវន្តជាន់ខ្ពស់? តើសម្លៀកបំពាក់ ស្ទីល ការនិយាយស្ដី និងអាកប្បកិរិយារបស់ខ្ញុំ អាចធ្វើឱ្យមនុស្សគោរពខ្ញុំខ្ពស់ បន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចលុបបំបាត់បានចំពោះពួកគេ និងធានាថាខ្ញុំនៅស្ថិតក្នុងចិត្តរបស់ពួកគេជារៀងរហូតដោយរបៀបណា? តើខ្ញុំគួរនិយាយអ្វីខ្លះ ដើម្បីឈ្នះចិត្តមនុស្ស និងធ្វើឱ្យចិត្តពួកគេកក់ក្ដៅ ព្រមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែង? ខ្ញុំត្រូវតែជួយអ្នកដទៃឱ្យបានច្រើនជាង និងនិយាយល្អពីពួកគេ ឧស្សាហ៍និយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រើប្រាស់ពាក្យពេចន៍ខាងវិញ្ញាណខ្លះៗនៅចំពោះមុខមនុស្ស អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យអ្នកដទៃស្ដាប់ឱ្យបានច្រើន អធិស្ឋានសម្រាប់ពួកគេឱ្យបានច្រើន និយាយដោយសំឡេងខ្សឹបៗ ដើម្បីធ្វើឱ្យមនុស្សផ្ចង់ត្រចៀកស្ដាប់ខ្ញុំ និងធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្ញុំជាមនុស្សទន់ភ្លន់ ចេះយកចិត្តទុកដាក់ ពោរពេញដោយក្ដីស្រឡាញ់ ចិត្តទូលាយ និងចេះអភ័យទោស»។ តើនេះមិនមែនជាការធ្វើពុតទេឬអី? ទាំងនេះគឺជាគំនិតដែលស្ថិតនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ គំនិតរបស់ពួកគេ គឺគ្មានអ្វីក្រៅពីនិន្នាការនៃពិភពអ្នកមិនជឿឡើយ ដែលបញ្ជាក់ទាំងស្រុងថា គំនិត និងទស្សនៈរបស់ពួកគេ គឺជារបស់លោកីយ៍ និងសាតាំង។ មនុស្សមួយចំនួនអាចលួចស្លៀកពាក់ដូចជាស្រីពេស្យា ឬសូម្បីតែស្ត្រីដែលមានចរិតរាយមាយ។ សម្លៀកបំពាក់របស់ពួកគេតម្រូវទៅតាមនិន្នាការអាក្រក់ជាពិសេស ហើយមានភាពទាន់សម័យខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេមកពួកជំនុំ នៅក្នុងចំណោមបងប្អូនប្រុសស្រី ពួកគេបង្ហាញខ្លួនក្នុងស្លៀកពាក់ និងឫកពាខុសគ្នាស្រឡះទាំងស្រុង។ តើពួកគេមិនពូកែធ្វើពុតខ្លាំងណាស់ទេឬអី? (មែនហើយ។) អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទពិចារណានៅក្នុងចិត្តរបស់ពួកគេ អ្វីដែលពួកគេធ្វើ ការសម្ដែងចេញផ្សេងៗរបស់ពួកគេ និងនិស្ស័យដែលពួកគេបញ្ចេញឱ្យឃើញ សុទ្ធតែបង្ហាញថា សារជាតិនិស្ស័យរបស់ពួកគេគឺទុច្ចរិត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនពិចារណាអំពីសេចក្ដីពិត រឿងវិជ្ជមាន ផ្លូវត្រូវ ឬសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ គំនិតរបស់ពួកគេ ព្រមទាំងវិធីសាស្ត្រ របៀប និងគោលដៅដែលពួកគេជ្រើសរើស សុទ្ធតែទុច្ចរិត។ ទាំងអស់នេះសុទ្ធតែងាកចេញពីផ្លូវត្រូវ ហើយមិនស្របនឹងសេចក្ដីពិតឡើយ។ ទាំងអស់នេះថែមទាំងប្រឆាំងនឹងសេចក្ដីពិតទៀតផង ហើយជារួម អាចសង្ខេបថាជាសេចក្ដីអាក្រក់ គ្រាន់តែថាធម្មជាតិនៃសេចក្ដីអាក្រក់នេះគឺទុច្ចរិត ហេតុដូច្នេះហើយ វាត្រូវបានហៅជារួមថា ភាពទុច្ចរិត។ ពួកគេមិនពិចារណាអំពីការធ្វើជាមនុស្សស្មោះត្រង់ ការមានភាពសាមញ្ញ និងបើកចំហ ឬការមានភាពស្មោះស្ម័គ្រ និងស្មោះត្រង់ឡើយ ផ្ទុយទៅវិញ ពួកគេគិតអំពីវិធីសាស្ត្រទុច្ចរិត។ តោះលើកយកឧទាហរណ៍អំពីបុគ្គលម្នាក់ដែលអាចបើកចំហអំពីខ្លួនឯងក្នុងរបៀបដ៏សាមញ្ញ ដែលនេះជារឿងវិជ្ជមាន និងជាការអនុវត្តសេចក្ដីពិត។ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងនេះដែរឬទេ? (ទេ។) តើពួកគេធ្វើអ្វីខ្លះ? ពួកគេតែងតែធ្វើពុតជានិច្ច ហើយនៅពេលដែលពួកគេធ្វើរឿងអាក្រក់ណាមួយ ហើយចាប់ផ្ដើមលេចចេញនូវធាតុពិត ពួកគេក៏លាក់បាំងវាយ៉ាងសស្រាក់សស្រាំ ដោះសា និងការពារខ្លួនឯង ព្រមទាំងលាក់បាំងការពិត បន្ទាប់មក ទីបំផុតពួកគេក៏លើកហេតុផលរបស់ខ្លួនឡើង។ តើការអនុវត្តណាមួយក្នុងចំណោមការអនុវត្តទាំងនេះ អាចចាត់ទុកជាការអនុវត្តសេចក្ដីពិតដែរឬទេ? (ទេ។) តើមានការអនុវត្តណាមួយក្នុងចំណោមទាំងនេះដែលស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? រឹតតែមិនស្របទៅទៀត។
អម្បាញ់មិញនេះ យើងបានប្រកបគ្នា និងវែកញែកអំពីទិដ្ឋភាពទីមួយនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺ ភាពទុច្ចរិត។ យើងបានចាប់ផ្ដើមជាមួយនឹងការវែកញែកអំពីអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទគិតពេញមួយថ្ងៃ ដោយប្រើប្រាស់គំនិត ទស្សនៈ ព្រមទាំងរបៀប និងវិធីសាស្ត្រដែលពួកគេឆ្លើយតបទៅនឹងបញ្ហាផ្សេងៗ ដើម្បីវែកញែកនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ យើងក៏បានវែកញែកធម្មជាតិនៃរឿងផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ដោយផ្អែកលើអ្វីដែលមាននៅក្នុងគំនិតរបស់ពួកគេផងដែរ។ យើងក៏បានផ្ដល់ឧទាហរណ៍មួយចំនួន ដើម្បីវែកញែកសារជាតិនិស្ស័យរបស់ពួកគេ ដែលត្រូវបានបញ្ចេញឱ្យឃើញតាមរយៈករណីទាំងនេះផងដែរ។ ទាក់ទងនឹងឧទាហរណ៍ទាំងនេះ តើអ្នករាល់គ្នាធ្លាប់ឃើញនរណាម្នាក់ដែលមានភាពជាមនុស្សល្អគួរសម ក្នុងចំណោមអ្នកដែលបង្ហាញអាកប្បកិរិយាទាំងនេះ និងបញ្ចេញឱ្យឃើញនិស្ស័យទាំងនេះដែរឬទេ? នៅពេលនិយាយដល់បុគ្គលម្នាក់ដែលមានការបញ្ចេញឱ្យឃើញ និងការសម្ដែងចេញបែបនេះ តើចរិតលក្ខណៈរបស់ពួកគេមានភាពស្មោះត្រង់ សេចក្ដីសប្បុរស ភាពសាមញ្ញ ភាពស្មោះស្ម័គ្រ ភាពទៀងត្រង់ និងលក្ខណៈផ្សេងៗទៀតដែរឬទេ? (គឺមិនមានឡើយ។) ជាក់ស្ដែងណាស់ ពួកគេខ្វះលក្ខណៈសម្បត្តិទាំងនេះ។ ផ្ទុយទៅវិញ ចរិតលក្ខណៈរបស់ពួកគេគឺពិសពុល ឃោរឃៅ ងាយនឹងនិយាយកុហកជាទម្លាប់ អាត្មានិយម ថោកទាប និងខ្វះសេចក្ដីថ្លៃថ្នូរ។ លក្ខណៈពិសេសទាំងនេះនៃចរិតលក្ខណៈរបស់ពួកគេ គឺច្បាស់ក្រឡែតតែម្ដង។ គេអាចនិយាយបានយ៉ាងត្រឹមត្រូវថា អ្នកដែលមានគំនិតទុច្ចរិតពេញមួយថ្ងៃ ហើយដែលអាចធ្វើរឿងទុច្ចរិតផ្សេងៗ សុទ្ធតែមានចរិតលក្ខណៈអន់ខ្សោយខ្លាំងណាស់។ តើវាអន់ខ្សោយដល់កម្រិតណា? វាខ្វះមនសិការ សេចក្ដីទៀងត្រង់ និងជាពិសេសគឺភាពមានវិចារណញាណធម្មតា។ តើមនុស្សដែលគ្មានរឿងទាំងនេះ អាចចាត់ទុកថាជាមនុស្សបានដែរឬទេ? គេអាចនិយាយបានយ៉ាងច្បាស់ថា មនុស្សដែលខ្វះរឿងទាំងនេះ មិនមែនជាមនុស្សឡើយ ពួកគេគ្រាន់តែពាក់សំបកក្រៅរបស់មនុស្សប៉ុណ្ណោះ។ អ្នកខ្លះអាចនឹងសួរថា៖ «តើនោះមិនដូចជាឆ្កែចចកពាក់ស្បែកចៀមទេឬអី?»។ នោះគ្រាន់តែជាពាក្យប្រៀបធៀបប៉ុណ្ណោះ។ តើឆ្កែចចកពាក់ស្បែកចៀមគឺជាអ្វី? តាមសារជាតិ ពួកវាគឺជាឆ្កែចចក។ តើមានភាពខុសគ្នាជាសារជាតិរវាងឆ្កែចចក និងពួកអារក្ស ឬពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ឆ្កែចចកប្រមាញ់ និងស៊ីគោក្របី និងចៀម មិនមែនដោយសារតែភាពលោភលន់នោះទេ ប៉ុន្តែជាផ្នែកមួយនៃធម្មជាតិរបស់ពួកវាដែលព្រះជាម្ចាស់បានកំណត់ទុក។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលឆ្កែចចកមាន ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនមានឡើយ។ ប្រសិនបើនរណាម្នាក់យកឆ្កែចចកមកចិញ្ចឹម ឬបានជួយសង្គ្រោះជីវិតរបស់វា នោះឆ្កែចចកនឹងមិនធ្វើបាបបុគ្គលនោះឡើយ ហើយវានឹងបង្ហាញការដឹងគុណមិនខាន។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទទទួលបានព្រះគុណ ការដឹកនាំ និងការផ្គត់ផ្គង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេប្រើល្បិចប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ ដោយតែងតែប្រឆាំង និងធ្វើជាសត្រូវជាមួយទ្រង់ជានិច្ច។ ពួកគេមិនអាចចុះចូលនឹងអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ពួកគេមិនអាចនិយាយពាក្យអាម៉ែនចំពោះរឿងនោះបានទេ ពួកគេចង់ឈរប្រឆាំង។ តើវាសមរម្យដែរឬទេដែលនិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាឆ្កែចចកពាក់ស្បែកចៀម? តើពាក្យប្រៀបធៀបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវឡើយ។) កាលពីមុន នៅក្នុងសាសនា អ្នកណាក៏ដោយដែលត្រូវបានគេហៅថាជាពួកទទឹងនឹងព្រះគ្រីស្ទ ឬជាមនុស្សអាក្រក់ ត្រូវបានគេចាត់ទុកថាជាឆ្កែចចកពាក់ស្បែកចៀម។ នេះគ្រាន់តែជាពាក្យប្រៀបធៀបដែលមនុស្សប្រើប្រាស់ នៅពេលដែលពួកគេមិនយល់ពីសេចក្ដីពិត ព្រមទាំងសារជាតិមនុស្សជាតិ និងនិស្ស័យរបស់បុគ្គលផ្សេងៗប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការប្រកបគ្នាអំពីសេចក្ដីពិតឈានដល់កម្រិតនេះ ការប្រើប្រាស់ពាក្យប្រៀបធៀបនេះ ក្លាយជាមិនសូវស័ក្ដិសមឡើយ។ ពួកអារក្សគឺជាពួកអារក្ស ហើយពួកទទឹងនឹងព្រះគ្រីស្ទគឺស្មើនឹងពួកអារក្ស ហើយពួកគេមិនស័ក្ដិសមនឹងត្រូវបានប្រៀបធៀបទៅនឹងភាវៈមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកឡើយ។ តើមានភាវៈណាមួយដែលព្រះជាម្ចាស់បានបង្កើតមក ដូចជាឆ្កែចចក ឬសត្វស៊ីសាច់ដទៃទៀត ធ្លាប់ទាស់ទទឹង ឬបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដែរឬទេ? តើពួកវានឹងស្រែកតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់ ឬប្រឆាំងនឹងទ្រង់ដែរឬទេ? តើពួកវានឹងវិនិច្ឆ័យ ថ្កោលទោស ឬវាយប្រហារអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលដែរឬទេ? ពួកវាមិនធ្វើរឿងបែបនេះឡើយ ពួកវារស់នៅស្របតាមសភាវគតិ និងបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់ពួកវាប៉ុណ្ណោះ។ ទោះព្រះជាម្ចាស់បានបង្កើតពួកវាមកឱ្យទៅជាយ៉ាងណាក៏ដោយ ពួកវាក៏ទៅជាយ៉ាងនោះឯង ដោយគ្មានការធ្វើពុតឡើយ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា៖ ពួកគេមានធម្មជាតិរបស់សាតាំង ហើយពួកគេជំនាញខាងធ្វើសកម្មភាពប្រឆាំងនឹងរឿងវិជ្ជមាន និងសេចក្ដីពិត។ ពួកគេគឺដូចជានាគដ៏ធំមានសម្បុរក្រហមតែម្ដង៖ ពួកគេជំនាញខាងប្រព្រឹត្តអំពើទាស់ទទឹងនឹងព្រះជាម្ចាស់។
២. អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើចំពោះព្រះជាម្ចាស់
បន្ទាប់ពីបានប្រកបគ្នាអំពីការសម្ដែងចេញទុច្ចរិតផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចំពោះមនុស្សរួចមក ចូរយើងប្រកបគ្នាអំពីថាតើពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញការសម្ដែងចេញអ្វីខ្លះចំពោះព្រះជាម្ចាស់ ក្នុងន័យដែលពួកគេគិតតែពីរឿងទុច្ចរិតពេញមួយថ្ងៃ។ យើងធ្លាប់បានប្រកបគ្នាច្រើនអំពីប្រធានបទនេះពីមុនមក ដូច្នេះ ចូរយើងសង្ខេបវា។ យើងនឹងចាប់ផ្ដើមពីករណីស្រាលៗ ហើយបន្ទាប់មកប្ដូរជាបណ្ដើរៗទៅរកករណីដែលធ្ងន់ធ្ងរជាងនេះ។ ទីមួយគឺការសង្ស័យ បន្ទាប់មកគឺការពិនិត្យពិច័យព្រះជាម្ចាស់ ហើយក៏មានការមានមន្ទិល ការប្រយ័ត្នខ្លួន ការទាមទារ និងការតថ្លៃផងដែរ។ តើមានអ្វីផ្សេងទៀតដែរឬទេ? (ការល្បងលព្រះជាម្ចាស់។) ធម្មជាតិនៃអាកប្បកិរិយានេះគឺធ្ងន់ធ្ងរណាស់។ ពេលយើងបន្តទៅមុខ ធម្មជាតិនៃអាកប្បកិរិយានីមួយៗកាន់តែមានភាពធ្ងន់ធ្ងរឡើងៗ ពោលគឺ ការបដិសេធ ការថ្កោលទោស ការជំនុំជម្រះ ការប្រមាថ ការជេរប្រមាថ ការវាយប្រហារ ការស្រែកតវ៉ា និងការប្រឆាំង។ ទោះបីជាពាក្យមួយចំនួនក្នុងចំណោមពាក្យទាំងនេះ អាចមើលទៅហាក់ដូចជាមានអត្ថន័យស្រដៀងគ្នានៅសំបកក្រៅក៏ដោយ ប៉ុន្តែនៅពេលពិនិត្យមើលឱ្យបានដិតដល់ ជម្រៅ ឬចំណុចផ្ដោតរបស់ពាក្យទាំងនោះគឺខុសគ្នា។ តាមរយៈការប្រកាន់យកទស្សនៈផ្សេងៗ ឬការពិចារណាលើវិធីសាស្ត្រផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ យើងអាចបែងចែកធម្មជាតិនៃពាក្យទាំងនេះឱ្យដាច់ពីគ្នាបាន។
ក. ការសង្ស័យ
ការសង្ស័យ ការពិនិត្យពិច័យ និងការមានមន្ទិល គឺជាការសម្ដែងចេញដែលស្ថិតក្នុងកម្រិតដំបូងៗ។ មនុស្សមួយចំនួនគ្រាន់តែមានការសង្ស័យនៅក្នុងចិត្តរបស់ពួកគេ ដោយគិតថា៖ «តើសាច់ឈាមដែលយកកំណើតជាមនុស្ស ពិតជាព្រះជាម្ចាស់មែនឬ? តាមខ្ញុំមើល ទ្រង់ហាក់ដូចជាមនុស្សម្នាក់។ តើព្រះបន្ទូលរបស់ទ្រង់ទាំងអស់សុទ្ធតែជាសេចក្ដីពិតឬ? តើព្រះបន្ទូលណាខ្លះដែលស្ដាប់ទៅដូចជាសេចក្ដីពិត? អ្វីដែលទ្រង់មានព្រះបន្ទូលខ្លះ អាចហួសពីការនិយាយ និងចំណេះដឹងរបស់មនុស្ស។ មនុស្សប្រហែលជាមិនអាចពន្យល់ពីសេចក្ដីអាថ៌កំបាំង និងទំនាយបានច្បាស់លាស់ទេ ប៉ុន្តែ តើពួកហោរាមិនអាចនិយាយរឿងបែបនេះបានដែរឬទេ? គេនិយាយថា ព្រះជាម្ចាស់គឺសុចរិត ប៉ុន្តែ តើព្រះជាម្ចាស់សុចរិតដោយរបៀបណា? គេនិយាយថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ប៉ុន្តែ ចុះហេតុអ្វីបានជាសាតាំងតែងតែធ្វើរឿងអាក្រក់ជានិច្ច? នៅពេលដែលសាតាំងចាប់ និងបៀតបៀនយើង នៅពេលដែលវាធ្វើបាបយើង ហេតុអ្វីបានជាព្រះជាម្ចាស់មិនចូលមកអន្តរាគមន៍? តើព្រះជាម្ចាស់នៅឯណា? តើព្រះជាម្ចាស់ពិតជាមានមែនឬ?»។ នៅពេលដែលមនុស្សខ្វះសេចក្ដីជំនឿពិតប្រាកដ មិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ មិនស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ ឬសារជាតិរបស់ព្រះជាម្ចាស់ ហើយមិនយល់ពីសេចក្ដីពិត នោះការសង្ស័យបែបនេះនឹងកើតឡើងនៅក្នុងចិត្តរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សបន្តិចម្ដងៗឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីសេចក្ដីពិត និងទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះការសង្ស័យទាំងនេះត្រូវបានដោះស្រាយជាបណ្ដើរៗ ហើយនឹងប្រែទៅជាសេចក្ដីជំនឿពិតប្រាកដ។ នេះគឺជាផ្លូវដែលជៀសមិនរួចសម្រាប់មនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់។ ប៉ុន្តែ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទដែលមានសារជាតិទុច្ចរិត តើការសង្ស័យរបស់ពួកគេអាចផ្លាស់ប្ដូរបានដែរឬទេ? (ទេ មិនអាចផ្លាស់ប្ដូរបានឡើយ។) ហេតុអ្វីបានជាមិនអាចផ្លាស់ប្ដូរបាន? (ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកមិនជឿពិតប្រាកដ ពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់ឡើយ។) តាមទ្រឹស្ដី ពួកគេគឺជាពួកមិនជឿពិតប្រាកដ ដូច្នេះ ពួកគេសង្ស័យព្រះជាម្ចាស់ជានិច្ច។ មូលហេតុសត្យានុម័តគឺថា មនុស្សបែបនេះបដិសេធមិនទទួលយកសេចក្ដីពិត និងអ្វីៗដែលវិជ្ជមានពីកំណើតតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាអ្វីៗដែលវិជ្ជមាន និងជាសេចក្ដីពិត។ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើម និងប្រទូសរ៉ាយនឹងសេចក្ដីពិត ទោះបីជាមនុស្សគ្រប់គ្នាទទួលស្គាល់ថា រាល់កិច្ចការនីមួយៗដែលព្រះជាម្ចាស់ធ្វើគឺជាការពិត ថាអ្វីៗទាំងអស់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយថាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដូចជាព្រះជាម្ចាស់ដែរ គឺពិតជាមានមែនក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ ឬទទួលយកថាទាំងនេះគឺជាការពិតឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ការសង្ស័យអំពីព្រះជាម្ចាស់នៅតែមានជារៀងរហូត។ ជាក់ស្ដែង ទាំងនេះគឺជាការពិតដែលមនុស្សគ្រប់ក្នាបានធ្វើបន្ទាល់បញ្ជាក់ ហើយសូម្បីតែអ្នកដែលជាទូទៅមានសេចក្ដីជំនឿតិចតួចបំផុតក៏ដោយ ក៏អាចលុបបំបាត់ការសង្ស័យរបស់ពួកគេអំពីព្រះជាម្ចាស់បានដែរ បន្ទាប់ពីឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេបង្កើតបាននូវសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលមិនអាចផ្លាស់ប្ដូរការសង្ស័យរបស់ពួកគេអំពីព្រះជាម្ចាស់បាន។ និយាយតាមសត្យានុម័ត តាមទ្រឹស្ដី បុគ្គលទាំងនេះគឺជាពួកមិនជឿដែលមិនទទួលយកសេចក្ដីពិត ប៉ុន្តែតាមពិតទៅ គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមនឹងសេចក្ដីពិត និងមានសារជាតិទុច្ចរិត នេះហើយគឺជាមូលហេតុចម្បង។ មិនថាមានមនុស្សប៉ុន្មាននាក់បញ្ជាក់ ឬធ្វើបន្ទាល់អំពីអ្វីដែលព្រះជាម្ចាស់បានធ្វើ ឬមិនថាភស្តុតាងដែលដាក់នៅចំពោះមុខពួកទទឹងនឹងព្រះគ្រីស្ទមានទម្ងន់ខ្លាំងប៉ុនណានោះទេ ក៏ពួកគេនៅតែបដិសេធមិនជឿលើសារជាតិរបស់ព្រះជាម្ចាស់ ឬមិនជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ដែរ នេះគឺទុច្ចរិតហួសហេតុពេកហើយ។ ចំណុចមួយអាចបញ្ជាក់រឿងនេះបាន៖ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញពីការពិតដ៏មានទម្ងន់ខ្លាំង និងជាក់ច្បាស់នៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗទាំងអស់ ពួកគេមិនជឿ ឬមិនទទួលស្គាល់វាឡើយ ហើយពួកគេថែមទាំងសង្ស័យព្រះជាម្ចាស់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយដល់ទង្វើរបស់អ្វីដែលហៅថាព្រះពុទ្ធ ឬពួកអមតៈ ដែលអ្នកមិនជឿ ពួកអារក្ស និងវិញ្ញាណអាក្រក់តែងតែលើកឡើង ដែលជាទង្វើដែលពួកទទឹងនឹងព្រះគ្រីស្ទមិនធ្លាប់បានឃើញផ្ទាល់ភ្នែក ហើយដែលខ្វះភស្តុតាងជាក់ស្ដែងណាមួយនោះ ពួកគេបែរជាជឿយ៉ាងងាយទៅវិញ។ នេះគឺជាការបង្ហាញចេញនូវភាពទុច្ចរិតយ៉ាងខ្លាំង។ មិនថាសកម្មភាពរបស់ព្រះជាម្ចាស់អស្ចារ្យ ឬកក្រើកផែនដីយ៉ាងណានោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនៅតែសង្ស័យ និងបង្ហាញការមើលងាយ ដោយតែងតែមានការសង្ស័យនៅក្នុងចិត្តរបស់ពួកគេជានិច្ច។ ប៉ុន្តែ នៅពេលដែលពួកអារក្ស ឬសាតាំងធ្វើរឿងចម្លែកណាមួយ ពួកគេបែរជាជឿស៊ប់ ហើយឱនក្បាលដោយក្ដីស្ងើចសរសើរទៅវិញ។ ពួកគេមិនអាចបង្កើតឱ្យមានសេចក្ដីកោតខ្លាច ឬសេចក្ដីជំនឿពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេបានឡើយ មិនថាព្រះជាម្ចាស់ធ្វើរឿងអស្ចារ្យយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ ពួកគេជឿយ៉ាងងាយលើរាល់ការប្រឌិតទាំងអស់របស់សាតាំង ហើយគោរពរឿងទាំងនេះដោយអស់ពីចិត្ត។ នេះគឺជាការបង្ហាញចេញនូវភាពទុច្ចរិត។ ការពិតដែលថាពួកទទឹងនឹងព្រះគ្រីស្ទសង្ស័យព្រះជាម្ចាស់ គឺតែងតែមានជានិច្ច។ ពួកគេមិនដែលជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ឡើយ ហើយពួកគេមិនដែលទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ មិនថាមានមនុស្សប៉ុន្មាននាក់ធ្វើបន្ទាល់អំពីរឿងទាំងនេះ ឬមានភស្តុតាងច្រើនប៉ុនណាត្រូវបានបង្ហាញក៏ដោយ ក៏ពួកគេមិនអាចទទួលស្គាល់ ឬជឿរឿងទាំងនោះបានឡើយ។ ម្យ៉ាងគឺដោយសារតែសារជាតិនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយម្យ៉ាងទៀតគឺវាបញ្ជាក់ថាបុគ្គលបែបនេះពិតជាមិនមែនជាមនុស្សមែន ពីព្រោះពួកគេខ្វះដំណើរការនៃការគិតនៃភាពជាមនុស្សធម្មតា។ តើការដែលពួកគេមិនមានដំណើរការនៃការគិតនៃភាពជាមនុស្សធម្មតា មានន័យដូចម្ដេច? វាមានន័យថា ពួកគេខ្វះការវិនិច្ឆ័យ និងការយល់ដឹងដ៏ត្រឹមត្រូវអំពីអ្វីៗដែលវិជ្ជមាន សេចក្ដីពិត ព្រមទាំងសារជាតិ និងប្រភពដើមនៅពីក្រោយអ្វីៗទាំងអស់។ សូម្បីតែតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការស្ដាប់ធម្មទេសនា និងការឆ្លងកាត់បទពិសោធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចបញ្ជាក់ ឬជឿបានដែរ តែនៅតែស្ថិតក្នុងការសង្ស័យដដែល។ ជាក់ស្ដែងណាស់ បុគ្គលទាំងនេះខ្វះដំណើរការនៃការគិតនៃភាពជាមនុស្សធម្មតា។ តើមនុស្សដែលខ្វះដំណើរការនៃការគិតធម្មតា ដែលមិនអាចយល់ពីសេចក្ដីពិត ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងអ្វីៗដែលវិជ្ជមាន និងការពិតនោះនៅតែជាមនុស្សដែរឬទេ? (ទេ ពួកគេមិនមែនជាមនុស្សឡើយ។) ពួកគេមិនមែនជាមនុស្សទេ ប៉ុន្តែគេមិនអាចនិយាយថាពួកគេជាសត្វបានឡើយ ពីព្រោះសត្វខ្វះនិស្ស័យទុច្ចរិត។ ដោយសារបុគ្គលទាំងនេះពិតជាមាននិស្ស័យទុច្ចរិតមែន ដូច្នេះ សេចក្ដីថ្លែងនេះគឺត្រឹមត្រូវ៖ បុគ្គលទាំងនេះពិតជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដមែន ដែលមានធម្មជាតិជាអារក្ស។ ការសង្ស័យ គឺជាសភាពមួយនៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលពួកគេសម្ដែងចេញចំពោះព្រះជាម្ចាស់ ហើយវាក៏ជាប្រភេទនៃសារជាតិនិស្ស័យដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងអាកប្បកិរិយារបស់ពួកគេផងដែរ ដែលនេះគឺជាការសម្ដែងចេញដ៏រាក់កំផែល ជាមូលដ្ឋាន នៅសំបកក្រៅ និងទូទៅបំផុត។
ខ. ការពិនិត្យពិច័យ
នៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយការសង្ស័យទាក់ទងនឹងព្រះជាម្ចាស់ ដូច្នេះ តើពួកគេពិតជាទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ដែរឬទេ? តើពួកគេពិតជាចុះចូលនឹងរឿងទាំងអស់នេះដែរឬទេ? តើពួកគេពិតជាដើរតាមព្រះជាម្ចាស់ដែរឬទេ? ជាក់ស្ដែងណាស់ ចម្លើយគឺទេ។ តើអ្វីជាលទ្ធផលដែលកើតចេញពីរឿងនេះ? នៅពេលដែលបុគ្គលទាំងនេះមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «តើព្រះជាម្ចាស់នៅឯណា? ខ្ញុំមិនអាចមើលឃើញគាត់ទេ ខ្ញុំអាចត្រឹមតែឮសំឡេងរបស់គាត់ប៉ុណ្ណោះ។ ដោយវិនិច្ឆ័យតាមសំឡេង មើលទៅហាក់ដូចជាមនុស្សស្រី ដោយវិនិច្ឆ័យតាមពាក្យសម្ដី នាងហាក់ដូចជាបានរៀនសូត្រ ហើយមិនមែនជាអ្នកមិនចេះអក្សរទេ ប៉ុន្តែដោយវិនិច្ឆ័យតាមរបៀបនៃការនិយាយ និងខ្លឹមសារនៃពាក្យសម្ដីរបស់នាង តើនាងកំពុងនិយាយអ្វី? ហេតុអ្វីបានជាវាស្ដាប់ទៅគួរឱ្យច្របូកច្របល់ម៉្លេះ? បន្ទាប់ពីបានស្ដាប់រួច មនុស្សជាច្រើននិយាយថាវាគឺជាសេចក្ដីពិត ប៉ុន្តែហេតុអ្វីបានជាវាស្ដាប់ទៅមិនដូចជាសេចក្ដីពិតសម្រាប់ខ្ញុំសោះអ៊ីចឹង? វាសុទ្ធតែជារឿងអំពីភាពជាមនុស្ស អំពីនិស្ស័យរបស់មនុស្ស អំពីសភាពផ្សេងៗដែលមនុស្សបញ្ចេញឱ្យឃើញនៅក្នុងសកម្មភាពរបស់ពួកគេ តើមានជីវិត និងផ្លូវនៅក្នុងរឿងនេះដែរឬទេ? ខ្ញុំមិនសូវយល់ទេ។ បន្ទាប់ពីបានស្ដាប់រួច មនុស្សគ្រប់គ្នានិយាយ ថា ពួកគេគួរតែបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ បំពេញព្រះទ័យព្រះជាម្ចាស់ និងដេញតាមសេចក្ដីសង្គ្រោះ។ មនុស្សជាច្រើនថែមទាំងសរសេរអត្ថបទអំពីទីបន្ទាល់តាមរយៈបទពិសោធ និងធ្វើបន្ទាល់ទៀតផង។ តើបុគ្គលនេះគឺជាព្រះជាម្ចាស់ឬ? តើនាងមានលក្ខណៈដូចជាព្រះជាម្ចាស់ដែរឬទេ? ខ្ញុំមិនទាន់បានឃើញមុខនាងទេ ប្រសិនបើខ្ញុំបានឃើញ ប្រហែលជាខ្ញុំអាចមើលលក្ខណៈទម្រង់មុខរបស់នាង និងទទួលបានចម្លើយច្បាស់លាស់មួយ។ ពេលនេះ គ្រាន់តែឮសំឡេងរបស់នាង និងស្ដាប់អ្វីដែលនាងនិយាយ ខ្ញុំនៅតែមានអារម្មណ៍ថាមិនសូវប្រាកដប្រជាដដែល»។ តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងពិនិត្យពិច័យ ល្បងល ព្យាយាមស្វែងយល់ពីស្ថានភាពជាក់ស្ដែង ដើម្បីមើលថាតើនេះពិតជាព្រះជាម្ចាស់មែនឬក៏អត់ ហើយបន្ទាប់មកកំណត់ថាតើត្រូវដើរតាមទ្រង់ឬអត់ តើត្រូវដើរតាមទ្រង់ដោយរបៀបណា ហើយបញ្ជាក់ថាតើពួកគេអាចស្វែងរកចម្លើយនៅក្នុងបុគ្គលនេះ សម្រាប់ព្រះពរ និងគោលដៅដែលពួកគេចង់ទទួលបាន ព្រមទាំងសម្រាប់បំណងប្រាថ្នារបស់ពួកគេបានដែរឬទេ ហើយថាតើពួកគេអាចដឹងយ៉ាងត្រឹមត្រូវតាមរយៈបុគ្គលនេះថា តើព្រះជាម្ចាស់នៅស្ថានសួគ៌មានលក្ខណៈបែបណា តើទ្រង់ពិតជាមានមែនឬអត់ តើនិស្ស័យរបស់ទ្រង់គឺជាអ្វី តើវិធីសាស្ត្រ និងអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សអាចជាអ្វី ហើយតើទ្រង់មានសមត្ថភាព ជំនាញ និងសិទ្ធិអំណាចប្រភេទណាខ្លះ។ តើនេះមិនមែនជាការពិនិត្យពិច័យព្រះជាម្ចាស់ទេឬអី? ជាក់ស្ដែងណាស់ គឺមែនហើយ។
ក្នុងពេលកំពុងពិនិត្យពិច័យដព្រះជាម្ចាស់ តើពួកទទឹងនឹងព្រះគ្រីស្ទអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ ហើយចាត់ទុកព្រះបន្ទូលទាំងនោះជាការណែនាំ និងជាគោលដៅសម្រាប់ជីវិតប្រចាំថ្ងៃ និងអាកប្បកិរិយារបស់ពួកគេបានដែរឬទេ? (ទេ។) មនុស្សពុករលួយធម្មតា អាចនឹងពិនិត្យពិច័យព្រះជាម្ចាស់មួយរយៈ ហើយបន្ទាប់មកគិតថា៖ «ផ្លូវនេះគឺខុសហើយ ខ្ញុំមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តទេ ខ្ញុំមិនអាចស្វែងរកចម្លើយតាមរយៈពិនិត្យពិច័យព្រះជាម្ចាស់តាមរបៀបនេះបានឡើយ។ តើអ្នកជឿលើព្រះជាម្ចាស់ អាចពិនិត្យពិច័យទ្រង់ដោយរបៀបណាទៅ? តើអាចទទួលបានអ្វីខ្លះពីការពិនិត្យពិច័យព្រះជាម្ចាស់? នៅពេលដែលអ្នកជឿពិនិត្យពិច័យព្រះជាម្ចាស់ ព្រះជាម្ចាស់លាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីពួកគេ ហើយពួកគេមិនអាចទទួលបានសេចក្ដីពិតឡើយ។ គេនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថាមនុស្សអាចស្វែងរកផ្លូវ និងទទួលបានជីវិតពីក្នុងព្រះបន្ទូលរបស់ទ្រង់។ វាមិនល្អទេសម្រាប់ខ្ញុំដែលធ្វើបែបនេះ ខ្ញុំមិនអាចបន្តពិនិត្យពិច័យទ្រង់ទៀតឡើយ»។ នៅពេលដែលពួកគេស្ដាប់សេចក្ដីអធិប្បាយ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏រកឃើញជាបណ្ដើរៗថា មនុស្សមាននិស្ស័យពុករលួយ ហើយពួកគេដឹងជាបណ្ដើរៗថា ពួកគេមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ឬធ្វើអ្វីមួយបានល្អឡើយ លុះត្រាតែនិស្ស័យពុករលួយទាំងនេះត្រូវបានដោះស្រាយ។ ពួកគេរកឃើញជាបណ្ដើរៗថា មូលហេតុដែលមនុស្សមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ គឺដោយសារតែនិស្ស័យពុករលួយ និងការបះបោររបស់ពួកគេកំពុងរារាំងពួកគេ ហើយដោយសារតែពួកគេកំពុងធ្វើសកម្មភាពស្របតាមនិស្ស័យពុករលួយរបស់ពួកគេ និងមិនអាចដោះស្រាយកិច្ចការស្របតាមគោលការណ៍សេចក្ដីពិតបាន។ បន្ទាប់មក ពួកគេចាប់ផ្ដើមគិតថា៖ «តើខ្ញុំអាចធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិតដោយរបៀបណា? នៅពេលដែលនិស្ស័យពុករលួយរបស់ខ្ញុំបញ្ចេញឱ្យឃើញ តើខ្ញុំអាចដោះស្រាយវាដោយរបៀបណា?»។ ដំណោះស្រាយដ៏ល្អបំផុតចំពោះនិស្ស័យពុករលួយរបស់មនុស្ស គឺសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វិធីសាស្ត្រដ៏ផ្ទាល់បំផុតសម្រាប់មនុស្សក្នុងការចូលទៅក្នុងសេចក្ដីពិត គឺពួកគេត្រូវស្វែងរកគោលការណ៍សេចក្ដីពិត និងស្វែងរកគោលការណ៍សម្រាប់អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ។ រឿងនេះបង្កើតបានជាគោលដៅ ទិសដៅ ផ្លូវ និងវិធីសាស្ត្រនៃការអនុវត្ត។ នៅពេលដែលរឿងទាំងនេះត្រូវបានបង្កើតឡើង មនុស្សមានផ្លូវត្រូវដើរតាម ហើយនៅពេលដែលពួកគេធ្វើសកម្មភាព ពួកគេមិនងាយនឹងបំពានបញ្ញត្តិរដ្ឋបាល បញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេ ឬបង្កការរំខាន និងការបង្អាក់ឡើយ ហើយពួកគេរឹតតែមិនងាយទាស់ទទឹងនឹងព្រះជាម្ចាស់ទៅទៀត។ បន្ទាប់ពីឆ្លងកាត់បទពិសោធបែបនេះ ពួកគេមានអារម្មណ៍ថា ពួកគេបានរកឃើញផ្លូវដ៏ស័ក្ដិសមមួយសម្រាប់សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយថាវាគឺជាផ្លូវដែលពួកគេត្រូវការ ជាផ្លូវដែលពួកគេគួរតែចូលទៅ ជាផ្លូវត្រូវសម្រាប់សេចក្ដីជំនឿលើព្រះជាម្ចាស់ និងសម្រាប់ជីវិត ហើយថាវាល្អប្រសើរជាងការពិនិត្យពិច័យទ្រង់ និងការតែងតែប្រកាន់យកវិធីសាស្ត្ររង់ចាំមើលចំពោះទ្រង់ទៅទៀត។ ពួកគេដឹងខ្លួនថា ការពិនិត្យពិច័យព្រះជាម្ចាស់គឺឥតប្រយោជន៍ ហើយថាមិនថាគេពិនិត្យពិច័យទ្រង់ច្រើនប៉ុនណានោះទេ វានឹងមិនដោះស្រាយនិស្ស័យពុករលួយផ្សេងៗដែលពួកគេបញ្ចេញឱ្យឃើញ ឬបញ្ហាដែលកើតឡើងនៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ហេតុដូច្នេះហើយ ពួកគេផ្លាស់ប្ដូរជាបណ្ដើរៗពីការពិនិត្យពិច័យព្រះជាម្ចាស់ ទៅរកផ្លូវនៃការស្វែងរកគោលការណ៍សេចក្ដីពិតវិញ។ នេះគឺជាមាគ៌ាធម្មតានៃការចូល និងជាដំណើរការនៃបទពិសោធសម្រាប់មនុស្សពុករលួយធម្មតា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ គឺខុសគ្នា។ ចាប់តាំងពីថ្ងៃដំបូងដែលពួកគេចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ និងឈានជើងចូលតាមមាត់ទ្វារ ពួកគេគិតថា៖ «អ្វីៗគ្រប់យ៉ាងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺគួរឱ្យចាប់អារម្មណ៍ណាស់ អ្វីៗគ្រប់យ៉ាងគឺថ្មីស្រឡាង វាខុសពីពិភពដែលមិនជឿ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សគ្រប់គ្នាត្រូវតែស្មោះត្រង់ វាដូចជាគ្រួសារដ៏ធំមួយអ៊ីចឹង ហើយមានភាពរស់រវើកណាស់!»។ បន្ទាប់ពីពិនិត្យពិច័យ ស្គាល់ច្បាស់ និងយល់យ៉ាងស៊ីជម្រៅពីបងប្អូនប្រុសស្រីរបស់ពួកគេ វាដល់ពេលដែលពួកគេត្រូវពិនិត្យពិច័យព្រះជាម្ចាស់ហើយ។ ពួកគេគិតក្នុងចិត្តថា៖ «តើព្រះជាម្ចាស់នៅឯណា? តើព្រះជាម្ចាស់កំពុងធ្វើអ្វី? តើគាត់កំពុងធ្វើវាដោយរបៀបណា? ការពិនិត្យពិច័យព្រះជាម្ចាស់នៅស្ថានសួគ៌គឺពិបាកណាស់ គាត់ពិបាកនឹងវាស់ស្ទង់ណាស់ ហើយសមត្ថភាពរបស់យើងក៏មិនដល់ដែរ។ ប៉ុន្តែពេលនេះ មានផ្លូវកាត់ដ៏ងាយស្រួលមួយ ព្រះជាម្ចាស់បានយាងមកផែនដី ដែលធ្វើឱ្យវាងាយស្រួលក្នុងការពិនិត្យពិច័យគាត់»។ អ្នកខ្លះក្នុងចំណោមពួកគេមានសំណាងបានទាក់ទងជាមួយព្រះជាម្ចាស់នៅលើផែនដី ដោយបានឃើញបុគ្គលនេះផ្ទាល់ភ្នែក ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងពិនិត្យពិច័យការពិនិត្យពិច័យទ្រង់។ តើពួកគេធ្វើរឿងនេះដោយរបៀបណា? ពួកគេពិនិត្យពិច័យការសន្ទនាដ៏រីករាយរបស់ព្រះជាម្ចាស់នៅលើផែនដី ពិនិត្យពិច័យថាតើក្នុងបញ្ហាអ្វីខ្លះដែលទ្រង់ប្រើរបៀបនៃការនិយាយមួយបែប ហើយក្នុងបញ្ហាអ្វីខ្លះដែលទ្រង់ប្រើរបៀបនៃការនិយាយមួយបែបទៀត បរិបទដែលទ្រង់សើច និងសប្បាយព្រះទ័យ ហើយថាតើទ្រង់កំពុងមានព្រះបន្ទូលអំពីអ្វីនៅពេលនោះ ក៏ដូចជាអ្វីដែលទ្រង់មានព្រះបន្ទូលនៅពេលដែលទ្រង់មិនសប្បាយព្រះទ័យ ឬនៅពេលដែលទ្រង់ខ្ញាល់។ ពួកគេពិនិត្យពិច័យថាតើក្នុងស្ថានភាពបែបណាដែលទ្រង់មិនអើពើនឹងមនុស្ស ឬមានភាពរួសរាយរាក់ទាក់ជាមួយពួកគេ នៅពេលណាដែលទ្រង់លួសកាត់មនុស្ស និងនៅពេលណាដែលទ្រង់មិនធ្វើបែបនេះ តើបញ្ហាអ្វីខ្លះដែលទ្រង់យកព្រះទ័យទុកដាក់ និងអ្វីដែលទ្រង់មិនខ្វល់ ក៏ដូចជាថាតើទ្រង់ជ្រាបដែរឬទេនៅពេលដែលមនុស្សពិនិត្យពិច័យទ្រង់ បោកប្រាស់ទ្រង់ ឬធ្វើឱ្យទ្រង់ឈឺចាប់នៅពីក្រោយខ្នងទ្រង់។ បន្ទាប់ពីពិនិត្យពិច័យទិដ្ឋភាពទូលំទូលាយរួច ពួកទទឹងនឹងព្រះគ្រីស្ទក៏ចូលទៅពិនិត្យពិច័យចំណុចលម្អិត ដូចជាថាតើព្រះជាម្ចាស់នៅលើផែនដីសោយអ្វី ស្លៀកពាក់អ្វី និងទម្លាប់ប្រចាំថ្ងៃរបស់ទ្រង់។ ពួកគេពិនិត្យពិច័យថាតើទ្រង់សព្វព្រះទ័យនឹងអ្វី ទ្រង់សព្វព្រះទ័យយាងទៅទីណា ហើយសូម្បីតែពណ៌អ្វីដែលទ្រង់សព្វព្រះទ័យ ឬមិនសព្វព្រះទ័យ ថាតើទ្រង់សព្វព្រះទ័យនឹងអាកាសធាតុស្រឡះ ឬមានពពកច្រើន ហើយថាតើទ្រង់យាងចេញក្រៅនៅពេលអាកាសធាតុអាក្រក់ដែរឬទេ គឺពិនិត្យពិច័យព័ត៌មានលម្អិតជាក់លាក់ទាំងអស់នេះតែម្ដង។ តាំងពីដើមដល់ចប់ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែពិនិត្យពិច័យជានិច្ច ដោយមិនអើពើនឹងអ្វីដែលបុគ្គលដែលកាន់អត្តសញ្ញាណរបស់ព្រះជាម្ចាស់នេះ បានយាងមកដើម្បីធ្វើឡើយ។ ពួកគេនិយាយថា៖ «ខ្ញុំមិនខ្វល់ទេថាអ្នកមកទីនេះដើម្បីធ្វើអ្វី នៅពេលណាដែលខ្ញុំឃើញអ្នក អ្នកនឹងក្លាយជាកម្មវត្ថុនៃការពិនិត្យពិច័យរបស់ខ្ញុំមិនខាន»។ តើគោលបំណងនៃការពិនិត្យពិច័យរបស់ពួកគេគឺជាអ្វី? ពួកគេគិតថា៖ «ប្រសិនបើខ្ញុំអាចបញ្ជាក់បានថាអ្នកពិតជាព្រះជាម្ចាស់មែន នោះខ្ញុំអាចលះបង់អ្វីៗគ្រប់យ៉ាងដោយឥតងាករេ និងដោយអស់ពីចិត្ត ដើម្បីដើរតាមអ្នក។ ពីព្រោះការជឿលើព្រះជាម្ចាស់ គឺដូចជាការភ្នាល់អ៊ីចឹង ហើយដោយសារអ្នកអះអាងថាជាព្រះជាម្ចាស់ និងជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដូច្នេះ ការជឿលើអ្នកគឺស្មើនឹងការភ្នាល់លើអ្នកអ៊ីចឹងដែរ។ តើខ្ញុំអាចមិនពិនិត្យពិច័យអ្នកបានយ៉ាងដូចម្ដេចទៅ? ប្រសិនបើខ្ញុំមិនពិនិត្យពិច័យទេ វានឹងអយុត្តិធម៌សម្រាប់ខ្ញុំហើយ។ ប្រសិនបើខ្ញុំមិនពិនិត្យពិច័យទេ ខ្ញុំនឹងមិនទទួលខុសត្រូវចំពោះគោលដៅ អនាគត និងវាសនារបស់ខ្ញុំឡើយ។ ខ្ញុំត្រូវតែពិនិត្យពិច័យឱ្យដល់ទីបញ្ចប់»។ សូម្បីតែសព្វថ្ងៃនេះ បន្ទាប់ពីការពិនិត្យពិច័យទាំងអស់របស់ពួកគេ ក៏ពួកគេនៅតែមិនប្រាកដប្រជាដដែល៖ «តើបុគ្គលនេះពិតជាព្រះគ្រីស្ទមែនឬ? តើគាត់ពិតជាព្រះដែលយកកំណើតជាមនុស្សមែនឬ? វាមិនសូវច្បាស់ទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនកំពុងដើរតាមគាត់ ហើយស្ថានភាពនៃការផ្សាយដំណឹងល្អគឺមានសង្ឃឹមគួរសម។ មើលទៅដូចជាដំណឹងល្អអាចនឹងផ្សាយកាន់តែទូលំទូលាយ ដូច្នេះ ខ្ញុំមិនគួរបណ្ដោយឱ្យខ្លួនឯងត្រូវគេទុកចោលឡើយ។ ប៉ុន្តែ ខ្ញុំនៅតែត្រូវបន្តពិនិត្យពិច័យគាត់ដដែល»។ ពួកគេមិនអាចកែប្រែបានឡើយ។
ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិនិស្ស័យទុច្ចរិត ដូច្នេះ ពួកគេមិនដែលបញ្ឈប់ការពិនិត្យពិច័យរបស់ពួកគេឡើយ។ នៅក្នុងអង្គការ ឬសហគមន៍របស់អ្នកគ្មានជំនឿ ពួកគេពិនិត្យពិច័យ និងកេងប្រវ័ញ្ចមនុស្សគ្រប់ប្រភេទ ដោយស្វែងយល់ថាតើថ្នាក់លើរបស់ពួកគេចូលចិត្តអ្វី រកមើលចំណុចខ្សោយរបស់ពួកគេ ហើយបន្ទាប់មកកែសម្រួលសកម្មភាពរបស់ពួកគេ និងតម្រូវតាមចំណូលចិត្តរបស់ថ្នាក់លើ ដើម្បីអែបអបយកចិត្តពួកគេ។ បន្ទាប់ពីចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ធម្មជាតិរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ពួកគេនៅតែបន្តការពិនិត្យពិច័យដដែល។ ពួកគេមិនយល់ថា ការពិនិត្យពិច័យព្រះជាម្ចាស់ មិនមែនជាផ្លូវដែលអ្នកជឿគួរតែដើរតាមឡើយ។ នៅក្នុងការពិនិត្យពិច័យព្រះជាម្ចាស់ ពួកគេនឹងមិនយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់ ឬមើលឃើញថាអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់សម្ដែងចេញគឺជាសេចក្ដីពិត ឬយល់ថាសេចក្ដីពិត និងសកម្មភាពទាំងអស់នេះរបស់ព្រះជាម្ចាស់ គឺសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនយល់ពីចំណុចនេះឡើយ។ អ្វីដែលពួកគេមើលឃើញ គឺមានតែរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បន្តរងការបៀតបៀន និងការតាមប្រមាញ់របស់សាតាំងប៉ុណ្ណោះ។ ពួកគេគ្រាន់តែសង្កេតមើលមនុស្សអាក្រក់ប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខាននៅក្នុងពួកជំនុំ ព្រមទាំងកម្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា ដែលបន្តមួលបង្កាច់ និងថ្កោលទោសព្រះជាម្ចាស់ ខណៈដែលព្រះជាម្ចាស់មិនដែលដោះស្រាយរឿងណាមួយក្នុងចំណោមរឿងទាំងនេះឡើយ។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទនៅតែបន្តប្រកាន់ខ្ជាប់នូវសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ ដោយបដិសេធយ៉ាងដាច់អហង្ការមិនទទួលយកសេចក្ដីពិតណាមួយដែលព្រះជាម្ចាស់បានសម្ដែងចេញឡើយ។ តើលទ្ធផលគឺជាអ្វី? សញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ក្លាយជាភស្តុតាងដែលពួកគេយកមកប្រឆាំងនឹងព្រះជាម្ចាស់។ នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីដែលហៅថាភស្តុតាងទាំងនេះ គឺជាមូលហេតុដែលពួកគេមិនជឿ ឬមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ គឺដោយសារតែពួកគេបដិសេធមិនទទួលយកសេចក្ដីពិតហើយ ទើបពួកគេនឹងមិនដែលអាចមើលឃើញសេចក្ដីពិតជាដាច់ខាតដែលបង្កប់នៅក្រោមការពិតទាំងនេះ ជាសេចក្ដីពិតដែលមនុស្សគួរតែយល់ និងដឹង ព្រមទាំងបំណងរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាលទ្ធផលនៃការពិនិត្យពិច័យរបស់ពួកគេ។ នៅពេលប្រឈមមុខនឹងការពិតទាំងនេះ អ្នកដែលដេញតាមសេចក្ដីពិត ស្រឡាញ់សេចក្ដីពិត និងមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ អាចទទួលយកអ្វីៗពីព្រះជាម្ចាស់ និងឆ្លើយតបបានយ៉ាងត្រឹមត្រូវ មិនថាមានរឿងអ្វីកើតឡើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយពួកគេអាចរង់ចាំព្រះជាម្ចាស់ ស្ងប់ចិត្តនៅចំពោះព្រះជាម្ចាស់ និងអធិស្ឋានទៅកាន់ទ្រង់ ស្វែងរកដើម្បីឈ្វេងយល់ពីបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងយល់ និងដឹងថា ចេតនាល្អរបស់ព្រះជាម្ចាស់គឺនៅពីក្រោយការកើតឡើងនៃរឿងទាំងអស់នេះ។ ដើម្បីបើកសម្ដែង និងកាត់កាល់មនុស្សអាក្រក់ចេញ ព្រះជាម្ចាស់ធ្វើរឿងជាច្រើនដែលមនុស្សនឹកស្មានមិនដល់។ ក្នុងពេលជាមួយគ្នានេះ ដើម្បីប្រោសរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យគ្រប់លក្ខណ៍ និងធ្វើឱ្យពួកគេអាចទទួលបានការវែកញែក និងរៀនសូត្រមេរៀន ទ្រង់ក៏ប្រើប្រាស់មនុស្សអាក្រក់ និងអំពើអាក្រក់របស់ពួកគេដើម្បីបម្រើការផងដែរ។ ម្យ៉ាងគឺព្រះជាម្ចាស់បើកសម្ដែង និងកាត់កាល់ពួកគេចេញ ហើយម្យ៉ាងទៀតគឺទ្រង់ធ្វើឱ្យរាស្ដ្ររើសតាំងរបស់ទ្រង់មើលឃើញថាតើរឿងអ្វីខ្លះជារឿងវិជ្ជមាន និងរឿងអ្វីខ្លះជារឿងអវិជ្ជមាន អ្នកណាដែលព្រះជាម្ចាស់សព្វព្រះទ័យ អ្នកណាដែលព្រះជាម្ចាស់ស្អប់ខ្ពើម អ្នកណាដែលត្រូវបានព្រះជាម្ចាស់ជម្រុះចោល និងអ្នកណាដែលទ្រង់ប្រទានពរ។ ទាំងនេះសុទ្ធតែជាមេរៀនដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវរៀនសូត្រ ជាលទ្ធផលវិជ្ជមានដែលអ្នកដេញតាមសេចក្ដីពិតគួរតែសម្រេចបាន និងជាសេចក្ដីពិតដែលមនុស្សគួរតែយល់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសារជាតិនិស្ស័យទុច្ចរិតរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនអាចទទួលបានរឿងដ៏មានតម្លៃបំផុតទាំងនេះឡើយ។ ហេតុដូច្នេះហើយ ពួកគេមានសភាពតែមួយគត់ ពោលគឺ ខណៈពេលដែលពួកគេនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ក្រៅពីការសង្ស័យទ្រង់ ពួកគេតែងតែពិនិត្យពិច័យទ្រង់ជានិច្ច។ សូម្បីតែពួកគេមិនអាចស្វែងយល់ពីរឿងនេះឱ្យដល់ឫសគល់ក៏ដោយ ក៏ពួកគេនៅតែបន្តពិនិត្យពិច័យទ្រង់ដដែល។ ប្រសិនបើអ្នកសួរពួកគេថាតើពួកគេហត់ដែរឬទេ ពួកគេនិយាយថា៖ «មិនហត់ទាល់តែសោះ។ ការពិនិត្យពិច័យព្រះ គឺជារឿងដ៏សប្បាយ គួរឱ្យចាប់អារម្មណ៍ គួរឱ្យចង់ដឹង និងទាក់ទាញណាស់!»។ តើនេះមិនមែនជាពាក្យរបស់អារក្សទេឬអី? ពួកគេមានទឹកមុខរបស់សាតាំង ពួកគេមានសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគ្មានបំណងទទួលយកសេចក្ដីពិត ឬសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ ពួកគេមកទីនេះគ្រាន់តែដើម្បីពិនិត្យពិច័យព្រះជាម្ចាស់ប៉ុណ្ណោះ។
គ. ការមានមន្ទិល
បន្ទាប់មក យើងនឹងប្រកបគ្នាអំពីការមានមន្ទិលរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះជាម្ចាស់។ តាមន័យត្រង់ តើការមានមន្ទិលមានន័យដូចម្ដេច? មានការសម្ដែងចេញ ការគិត និងអាកប្បកិរិយាជាក់លាក់មួយចំនួនសម្រាប់ការពិនិត្យពិច័យព្រះជាម្ចាស់ ហើយចំពោះការមានមន្ទិល ក៏មិនខុសគ្នាដែរ។ បន្ទាប់ពីបានពិនិត្យពិច័យព្រះជាម្ចាស់ មនុស្សមួយចំនួននៅតែមិនដឹងថាតើនិស្ស័យរបស់ព្រះជាម្ចាស់ពិតជាអ្វីឱ្យប្រាកដ ឬថាតើព្រះជាម្ចាស់មានអារម្មណ៍បែបណានោះទេ ហើយពួកគេមិនប្រាកដថាតើព្រះជាម្ចាស់ពិតជាមានមែនឬក៏អត់ឡើយ។ ពួកគេកាន់តែមិនអាចកំណត់ថាតើមនុស្សសាមញ្ញម្នាក់នេះគឺជាព្រះគ្រីស្ទ ឬថាតើទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ដែរឬទេនោះឡើយ។ ពួកគេមិនយល់ និងមិនច្បាស់ពីរឿងទាំងនេះទេ។ ក្រោយមក នៅពេលដែលពួកគេមានឱកាសប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ពួកគេគិតថា៖ «ព្រះគ្រីស្ទបានប្រកបគ្នាជាមួយខ្ញុំអំពីមនុស្សដែលបំពេញភារកិច្ចឱ្យតែរួចពីដៃ តើអាចទេថាមាននរណាម្នាក់បាននិយាយអំពីការដែលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំឱ្យតែរួចពីដៃ ហើយគ្រីស្ទបានដឹងពីរឿងនេះ? តើនេះជាមូលហេតុដែលគាត់លើករឿងនេះមកនិយាយនៅពេលដែលយើងជួបគ្នាឬ? នេះច្បាស់ជាដោយសារតែមាននរណាម្នាក់បានរាយការណ៍ពីខ្ញុំ ហើយបន្ទាប់ពីគ្រីស្ទបានដឹង គាត់ក៏សំដៅមកលើខ្ញុំដើម្បីធ្វើការលាតត្រដាង។ ដោយដឹងថាខ្ញុំជាមនុស្សប្រភេទណា តើគ្រីស្ទនៅតែចូលចិត្តខ្ញុំដែរឬទេ? តើគាត់មានអារម្មណ៍ស្អប់ខ្ពើមខ្ញុំ ឬតើគាត់មើលស្រាលខ្ញុំដែរឬទេ? តើគាត់កំពុងរៀបចំដកហូតតំណែងខ្ញុំឬ?»។ បន្ទាប់ពីរង់ចាំមួយរយៈ និងឃើញថាពួកគេមិនត្រូវបានដកហូតតំណែង ពួកគេក៏គិតថា៖ «ហ៊ូ ខ្ញុំពិតជាភ័យណាស់។ ខ្ញុំគិតថាព្រះគ្រីស្ទប្រហែលជាចិត្តចង្អៀត ប៉ុន្តែគាត់មិនបានធ្វើដូច្នេះទេ។ ពេលនេះ ខ្ញុំអាចធូរចិត្តបានហើយ»។ អ្នកខ្លះអាចនិយាយថា៖ «នៅពេលដែលខ្ញុំជួបជាមួយព្រះគ្រីស្ទកាលពីលើកមុន ខ្ញុំបាននិយាយមិនដឹងរឿង ដូចជាមនុស្សគ្មានការអប់រំ ហើយសម្ដីរបស់ខ្ញុំមិនសូវត្រូវទំនងដែរ។ ខ្ញុំបានលាតត្រដាងពីធាតុពិតរបស់ខ្ញុំ។ តើព្រះគ្រីស្ទនឹងមានចំណាប់អារម្មណ៍មិនល្អចំពោះខ្ញុំដែរឬទេ? តើគាត់នឹងជម្រុះខ្ញុំចោលនៅពេលក្រោយដែរឬទេ? អ្វីៗគឺល្អធម្មតានៅពេលដែលខ្ញុំមិនជួបគាត់ បញ្ហារបស់ខ្ញុំកើតឡើងតែនៅពេលដែលខ្ញុំជួបជាមួយគាត់ប៉ុណ្ណោះ។ ខ្ញុំមិនត្រូវជួបជាមួយគាត់ម្ដងទៀតទេ ខ្ញុំត្រូវតែចៀសវាងគាត់នៅពេលដែលខ្ញុំឃើញគាត់ ហើយនៅឱ្យឆ្ងាយពីគាត់តាមដែលអាចធ្វើទៅបាន ហើយខ្ញុំដាច់ខាតមិនត្រូវមានការទាក់ទង ការប្រាស្រ័យទាក់ទង ឬការទាក់ទងជិតស្និទ្ធជាមួយព្រះគ្រីស្ទឡើយ។ បើមិនដូច្នេះទេ គាត់អាចនឹងមើលស្រាលខ្ញុំ»។ តើគំនិត និងវិធីសាស្ត្រទាំងនេះជាអ្វី? (ការមានមន្ទិល។) ទាំងនេះគឺជាការមានមន្ទិល។ ក៏មានអ្នកដែលនិយាយផងដែរថា៖ «នៅក្នុងការជួបជុំលើកមុន ព្រះជាម្ចាស់ដបានសួរនូវសំណួរសាមញ្ញមួយ ប៉ុន្តែខ្ញុំឆ្លើយមិនបានល្អ ដែលលាតត្រដាងពីចំណុចខ្វះខាតរបស់ខ្ញុំ។ តើព្រះជាម្ចាស់នឹងគិតថាខ្ញុំមិនមានគុណសម្បត្តិល្អ ហើយតើគាត់នឹងមិនបណ្ដុះបណ្ដាលខ្ញុំនៅថ្ងៃខាងមុខទេឬអី? លើកមុន មាននរណាម្នាក់បានលាតត្រដាងពីរឿងដែលខ្ញុំបានធ្វើ ដោយនិយាយថាខ្ញុំល្ងង់ខ្លៅ និងប្រព្រឹត្តដោយមិនបានគិតពិចារណា។ ប្រសិនបើព្រះដឹងពីរឿងនេះ តើគាត់នឹងនៅតែប្រោសខ្ញុំឱ្យគ្រប់លក្ខណ៍នាពេលអនាគតដែរឬទេ? តើឋានៈរបស់ខ្ញុំនៅក្នុងចិត្តរបស់ព្រះជាម្ចាស់គឺជាអ្វី តើវាខ្ពស់ ឬទាប ឧត្ដម ឬអន់ថយ? តើខ្ញុំស្ថិតក្នុងចំណាត់ថ្នាក់មួយណា? នាពេលអនាគត រាល់ពេលដែលខ្ញុំនិយាយជាមួយព្រះជាម្ចាស់ ខ្ញុំត្រូវរៀបចំពាក្យសម្ដីរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយដោយមិនបានគិតគូរ ឬនិយាយអ្វីក៏ដោយដែលនៅក្នុងចិត្តរបស់ខ្ញុំបានឡើយ។ ខ្ញុំត្រូវតែពិចារណាឱ្យបានច្រើន គិតគូរពីរឿងរ៉ាវឱ្យបានច្រើន ថ្លឹងថ្លែងឱ្យបានច្រើន រៀបចំពាក្យសម្ដីរបស់ខ្ញុំឱ្យបានល្អ ហើយបង្ហាញពីផ្នែកដ៏លេចធ្លោ និងប៉ិនប្រសប់បំផុតរបស់ខ្ញុំឱ្យព្រះគ្រីស្ទឃើញ។ តើវានឹងអស្ចារ្យ និងល្អឥតខ្ចោះយ៉ាងណាទៅ!» នេះក៏ជាការមានមន្ទិលផងដែរ។
ការមានមន្ទិល គឺជាលក្ខណៈពិសេសមួយទៀតនៃនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ក្រៅពីការសង្ស័យ និងការពិនិត្យពិច័យ ពួកទទឹងនឹងព្រះគ្រីស្ទក៏មានការមានមន្ទិលផងដែរ។ និយាយឱ្យខ្លី មិនថាទិដ្ឋភាពណាមួយដែលត្រួតត្រាគំនិតរបស់ពួកគេនោះទេ គ្មានទិដ្ឋភាពណាមួយក្នុងចំណោមនោះដែលមានការពាក់ព័ន្ធនឹងការអនុវត្ត និងការស្វែងរកសេចក្ដីពិតឡើយ។ ដូច្នេះ តើវិធីសាស្ត្រ គំនិត ឬមធ្យោបាយទាំងនេះ អាចបញ្ជាក់ថាសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺទុច្ចរិតដែរឬទេ? (មែនហើយ។) មិនថាពួកទទឹងនឹងព្រះគ្រីស្ទកំពុងសង្ស័យព្រះជាម្ចាស់ ពិនិត្យពិច័យព្រះជាម្ចាស់ ឬមានការមានមន្ទិលចំពោះព្រះជាម្ចាស់នោះទេ ទោះក្នុងករណីណាក៏ដោយ ពួកគេតែងតែមិនផ្ដោតលើសេចក្ដីពិត មិនដែលងាកត្រឡប់ក្រោយឡើយ ហើយនៅតែទទូចប្រើវិធីសាស្ត្រទាំងនេះ ដើម្បីពិចារណាពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ និងប្រព្រឹត្តចំពោះព្រះជាម្ចាស់ ដោយមិនស្វែងរកសេចក្ដីពិតទាល់តែសោះ។ មិនថាសកម្មភាពទាំងនេះអាចធ្វើឱ្យពួកគេហត់នឿយ និងលំបាកយ៉ាងណានោះទេ ពួកគេនៅតែបន្តធ្វើវា និងធ្វើវាម្ដងហើយម្ដងទៀតដោយមិនចេះនឿយហត់ឡើយ។ មិនថាពួកគេបានពិនិត្យពិច័យ ឬមានមន្ទិលចំពោះព្រះជាម្ចាស់អស់រយៈពេលយូរប៉ុនណា ឬថាតើពួកគេទទួលបានលទ្ធផលណាមួយឬក៏អត់នោះទេ ពួកគេនៅតែបន្តដើរតាមផ្លូវនេះដូចពីមុន ដោយបន្តធ្វើបែបនេះ និងធ្វើសកម្មភាពរបស់ពួកគេដដែលៗ។ ពួកគេមិនដែលពិនិត្យពិច័យខ្លួនឯង ដោយគិតថា៖ «តើនេះជាវិធីសាស្ត្រ និងអាកប្បកិរិយាដែលភាវៈដែលព្រះបានបង្កើត គួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ដែរឬទេ? តើរបៀបដែលខ្ញុំប្រព្រឹត្តចំពោះព្រះជាម្ចាស់នេះមានធម្មជាតិជាអ្វី? តើខ្ញុំកំពុងបញ្ចេញឱ្យឃើញនិស្ស័យប្រភេទណា? តើការប្រព្រឹត្តចំពោះទ្រង់បែបនេះ ស្របតាមសេចក្ដីពិតដែរឬទេ? តើព្រះជាម្ចាស់ស្អប់ខ្ពើមវាដែរឬទេ? ប្រសិនបើខ្ញុំនៅតែបន្តធ្វើរឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? តើខ្ញុំនឹងត្រូវបានព្រះជាម្ចាស់បោះបង់ និងជម្រុះចោលដែរឬទេ? ដោយសារតែវានឹងមានផលវិបាកអវិជ្ជមាន ហេតុអ្វីបានជាខ្ញុំមិនអាចប្រព្រឹត្ត និងអនុវត្តតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន?» តើពួកគេឆ្លុះបញ្ចាំងពីរឿងទាំងនេះដែរឬទេ? (ទេ ពួកគេមិនធ្វើឡើយ។) ហេតុអ្វីបានជាពួកគេមិនឆ្លុះបញ្ចាំង? ពីព្រោះពួកគេខ្វះមនសិការ និងតម្រិះប្រកបដោយវិចារណញាណនៅក្នុងចរិតលក្ខណៈរបស់ពួកគេ។ ពួកគេមិនមានមនសិការទេ ដូច្នេះ ពួកគេធ្វើសកម្មភាពដែលគ្មានហេតុផល និងមិនសមហេតុផលបែបនេះ ដោយមិនដឹងខ្លួនឡើយ។ ការខ្វះភាពមានវិចារណញាណ ធ្វើឱ្យពួកគេមិនដែលយល់ថាពួកគេជានរណា ឬទីតាំង ទស្សនៈ និងឋានៈដែលពួកគេគួរតែប្រកាន់យកនោះឡើយ។ ពួកគេមិនដែលមានអារម្មណ៍ថា ពួកគេគឺជាមនុស្សធម្មតា ជាមនុស្សពុករលួយ ឬជាពូជពង្ស និងកូនចៅរបស់សាតាំងដែលត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនោះទេ។ រឿងដែលមនុស្សគួរតែទទួលយក គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់ពួកគេ ពួកគេមិនគួរពិនិត្យពិច័យព្រះជាម្ចាស់ ហាក់ដូចជាពួកគេស្មើនឹងទ្រង់ ហើយសើច និងនិយាយជាមួយព្រះជាម្ចាស់ ហាក់ដូចជាពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយមនុស្សម្នាក់ទៀតនោះឡើយ តើទាំងនេះមិនមែនជាអ្វីដែលមនុស្សគ្មានភាពជាមនុស្សនឹងធ្វើទេឬអី? នៅពេលនេះ ចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលាតត្រដាង ហើយសារជាតិនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រួតត្រាពួកគេ ដែលធ្វើឱ្យពួកគេចូលរួមធ្វើដោយមិនចេះនឿយហត់នូវសកម្មភាពដែលគ្មានតម្លៃ និងគ្មានន័យទាំងនេះ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនផ្ដល់ប្រយោជន៍ដល់ពួកគេឡើយ។ ប៉ុន្តែ ពួកគេមិនអាចបោះបង់វាបានឡើយ ពួកគេនៅតែមិនដឹងពីកំហុសនៃផ្លូវនេះ និងធម្មជាតិដែលនៅពីក្រោយសកម្មភាពទាំងនេះដដែល។ មិនថាមានការខិតខំប្រឹងប្រែង ការរងទុក្ខ និងការបរាជ័យប៉ុនណាដែលពាក់ព័ន្ធនឹងរឿងនេះនោះទេ ពួកគេមិនបន្ទោសខ្លួនឯង មិនមានអារម្មណ៍ថាត្រូវចោទប្រកាន់ និងក៏មិនមានអារម្មណ៍ថាខ្លួនជំពាក់អ្វីឡើយ។ ពួកគេទទូចឈរនៅទីតាំងស្មើនឹងព្រះជាម្ចាស់ ថែមទាំងពិនិត្យពិច័យ និងមើលងាយព្រះជាម្ចាស់ពីទីខ្ពស់ ដោយសង្ស័យ និងមានមន្ទិលចំពោះទ្រង់ម្ដងហើយម្ដងទៀត។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះទេ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងរបៀបដែលពួកគេប្រព្រឹត្តចំពោះទ្រង់ មិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេមិនសង្ស័យទ្រង់ទេ ពួកគេពិនិត្យពិច័យទ្រង់ ហើយប្រសិនបើពួកគេមិនពិនិត្យពិច័យទ្រង់ទេ ពួកគេមានការមានមន្ទិលចំពោះទ្រង់។ វាហាក់ដូចជាពួកគេត្រូវបានអារក្សចូល ឬត្រូវគេធ្វើអំពើអ៊ីចឹង ទាំងនេះគឺជាការសម្ដែងចេញមួយចំនួននៃសារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺទុច្ចរិតពីធម្មជាតិ មនុស្សមួយចំនួនដែលមិនអាចមើលធ្លុះដល់សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចនឹងនិយាយថា៖ «តើអ្នកមិនអាចចៀសវាងពីការពិនិត្យពិច័យព្រះជាម្ចាស់បានទេឬអី? តើអ្នកមិនអាចឈប់សង្ស័យទ្រង់បានទេឬអី? តើអ្នកមិនអាចឈប់មានការមានមន្ទិលចំពោះទ្រង់បានទេឬអី? ប្រសិនបើអ្នកឈប់ធ្វើរឿងទាំងនេះ អ្នកនឹងអាចយល់ពីសេចក្ដីពិត ប្រព្រឹត្តចំពោះព្រះជាម្ចាស់ក្នុងនាមជាព្រះជាម្ចាស់ បង្កើតសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ និងក្លាយជាម្នាក់ក្នុងចំណោមរាស្ដ្ររបស់ព្រះជាម្ចាស់ដោយស្របច្បាប់។ អ្នកនឹងមានឱកាសក្លាយជាភាវៈដែលព្រះបានបង្កើតដែលស្របតាមស្ដង់ដា ហើយតើពេលនោះ អ្នកនឹងមិនស័ក្ដិសមនឹងឈ្មោះជាម្នាក់ក្នុងចំណោមរាស្ដ្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់ទេឬអី? តើវានឹងអស្ចារ្យយ៉ាងណាទៅ!» ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទតបតវិញថា៖ «ខ្ញុំមិនល្ងង់បែបនេះទេ។ តើការក្លាយជាភាវៈដែលព្រះបានបង្កើតដែលស្របតាមស្ដង់ដា មានប្រយោជន៍អ្វីទៅ? នោះគឺគួរឱ្យធុញណាស់។ វាគួរឱ្យចាប់អារម្មណ៍តែនៅពេលដែលខ្ញុំសង្ស័យ ពិនិត្យពិច័យ និងមានការមានមន្ទិលចំពោះព្រះប៉ុណ្ណោះ!» ការសម្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ គឺដូចជាអ្វីដែលនាគដ៏ធំមានសម្បុរក្រហមនិយាយថា៖ «ការប្រយុទ្ធជាមួយមនុស្សដទៃ និងជាមួយស្ថានសួគ៌ គឺជាប្រភពនៃភាពសប្បាយរីករាយដែលគ្មានទីបញ្ចប់»។ នេះគឺជានិយមន័យដ៏ត្រឹមត្រូវ និងជាការឆ្លុះបញ្ចាំងពិតប្រាកដនៃសារជាតិធម្មជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ សរុបមក ពួកទទឹងនឹងព្រះគ្រីស្ទគឺទុច្ចរិតខ្លាំងណាស់ ពួកគេទុច្ចរិតដល់កម្រិតកំពូល។ អ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែបដិសេធទាំងស្រុងមិនទទួលយកសេចក្ដីពិត គឺជាមនុស្សទុច្ចរិត។ មនុស្សជាច្រើនតែងតែចង់ផ្ដល់ឱកាសឱ្យពួកទទឹងនឹងព្រះគ្រីស្ទប្រែចិត្ត ដោយគិតថាពួកគេនឹងប្រែចិត្តនៅថ្ងៃណាមួយ តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ? ដូចពាក្យចាស់ពោលថា៖ «ខ្លាមិនអាចប្ដូរឆ្នូតរបស់វាបានទេ» និង «ខ្លារខិនមិនអាចប្ដូរអុចៗរបស់វាបានឡើយ»។ ហេតុដូច្នេះហើយ អ្នកមិនអាចប្រើស្ដង់ដា និងវិធីសាស្ត្រដែលប្រើចំពោះមនុស្ស មកប្រើចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ឬដាក់ការទាមទារលើពួកគេបានឡើយ។ ពួកគេគឺបែបនេះឯង។ ប្រសិនបើពួកគេមិនពិនិត្យពិច័យ ឬសង្ស័យព្រះជាម្ចាស់ទេ ឬប្រសិនបើពួកគេមិនមានការមានមន្ទិលចំពោះទ្រង់ទេ ពួកគេមានអារម្មណ៍មិនស្រួល ពីព្រោះពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិទុច្ចរិតរបស់ពួកគេ។
ឃ. ការប្រុងប្រយ័ត្នការពារខ្លួន
បន្ទាប់មក យើងនឹងប្រកបគ្នាអំពីការប្រុងប្រយ័ត្នការពារខ្លួន។ ពួកទទឹងនឹងព្រះគ្រីស្ទមានគំនិត និងទស្សនៈមួយដ៏លេចធ្លោ និងច្បាស់លាស់បំផុត។ ពួកគេនិយាយថា៖ «មនុស្សមិនត្រូវបណ្ដោយឱ្យព្រះជាម្ចាស់គ្រប់គ្រង ឬមានអធិបតេយ្យភាពលើវាសនារបស់ពួកគេឡើយ ប្រសិនបើព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សម្នាក់ នោះបុគ្គលនោះនឹងអស់ផ្លូវហើយ។ មនុស្សត្រូវតែជាអ្នកគ្រប់គ្រងលើខ្លួនឯង ដើម្បីឱ្យពួកគេអាចទទួលបានសុភមង្គល និងដើម្បីឱ្យពួកគេអាចហូប ផឹក និងសប្បាយដោយមិនបាច់បារម្ភ។ ព្រះជាម្ចាស់មិនឱ្យមនុស្សហូប ផឹក និងសប្បាយទេ ទ្រង់មិនឱ្យពួកគេរស់នៅបានសុខឡើយ ទ្រង់គ្រាន់តែធ្វើឱ្យមនុស្សរងទុក្ខលំបាកប៉ុណ្ណោះ។ ហេតុដូច្នេះហើយ យើងត្រូវគ្រប់គ្រងលើសុភមង្គលផ្ទាល់ខ្លួនរបស់យើង យើងមិនអាចផ្ញើវាសនារបស់យើងលើព្រះជាម្ចាស់ ឬរង់ចាំអ្វីៗគ្រប់យ៉ាងដោយអសកម្ម ឬបណ្ដោយឱ្យព្រះជាម្ចាស់រៀបចំ បំភ្លឺ និងដឹកនាំយើងឡើយ យើងមិនអាចធ្វើជាមនុស្សបែបនោះបានទេ។ យើងមានសិទ្ធិមនុស្ស មានសិទ្ធិធ្វើសកម្មភាពដោយស្វ័យភាព និងមានឆន្ទៈសេរី។ យើងមិនចាំបាច់រាយការណ៍អ្វីៗគ្រប់យ៉ាងប្រាប់ព្រះជាម្ចាស់ និងស្វែងរកពីព្រះជាម្ចាស់លើគ្រប់បញ្ហាទាំងអស់ឡើយ។ ការធ្វើបែបនោះនឹងធ្វើឱ្យយើងមើលទៅដូចជាអសមត្ថភាពខ្លាំងណាស់ មានតែមនុស្សល្ងង់ទេដែលធ្វើបែបនោះ!» តើពួកគេកំពុងធ្វើអ្វី? (ប្រុងប្រយ័ត្នការពារខ្លួនពីព្រះជាម្ចាស់។) មនុស្សមួយចំនួននិយាយថា៖ «ត្រូវប្រយ័ត្ននៅពេលដែលអ្នកស្បថនៅចំពោះព្រះជាម្ចាស់ ត្រូវគិតឱ្យបានម៉ត់ចត់អំពីពាក្យសម្ដីរបស់អ្នក។ នៅពេលមនុស្សធ្វើសកម្មភាព ស្ថានសួគ៌កំពុងតែមើល!» អ្នកខ្លះអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំសូមលះបង់ជីវិត និងភាពជាយុវវ័យរបស់ខ្ញុំថ្វាយទ្រង់ ខ្ញុំនឹងមិនរកគូស្រករ ឬរៀបការឡើយ»។ ប៉ុន្តែ បន្ទាប់ពីនិយាយបែបនេះហើយ ពួកគេក៏ស្ដាយក្រោយ ដោយគិតថា៖ «តើព្រះជាម្ចាស់នឹងធ្វើឱ្យពាក្យសម្ដីរបស់ខ្ញុំក្លាយជាការពិតឬ? ចុះបើខ្ញុំពិតជាត្រូវការគូស្រករ ឬចង់រៀបការវិញ? តើព្រះជាម្ចាស់នឹងដាក់ទោសខ្ញុំឬ? នេះយ៉ាប់ហើយ!» ចាប់ពីពេលនោះមក ពួកគេក៏ធ្លាក់ទឹកចិត្ត និងគ្មានក្ដីអំណរ ដោយគេចវេះពីមនុស្សភេទផ្ទុយ និងខ្លាចការដាក់ទោស។ តើពួកគេកំពុងធ្វើអ្វី? (ប្រុងប្រយ័ត្នការពារខ្លួនពីព្រះជាម្ចាស់។) មនុស្សមួយប្រភេទទៀតនិយាយថា៖ «ការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ មិនមែនជារឿងងាយស្រួល ឬសាមញ្ញឡើយ។ អ្នកត្រូវតែមានផែនការបម្រុង អ្នកត្រូវតែរៀបចំផ្លូវចេញសម្រាប់ខ្លួនឯង មុននឹងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ បើមិនដូច្នេះទេ នៅពេលដែលអ្នកអស់ធនធាន ព្រះជាម្ចាស់នឹងមិនមើលថែអ្នកឡើយ! ការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ គឺជារឿងរបស់អ្នក ចំណែកឯការដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ គឺជារឿងមួយផ្សេងទៀត។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ តើទ្រង់នឹងមើលថែមនុស្សតូចតាចដូចជាអ្នកដែរឬទេ? ព្រះជាម្ចាស់មើលថែតែរឿងធំៗប៉ុណ្ណោះ ទ្រង់មិនខ្វល់ពីរឿងតូចតាចទាំងនេះឡើយ។ ហេតុដូច្នេះហើយ អ្នកត្រូវតែគិតគូរ និងរៀបចំផ្លូវចេញរបស់អ្នក ប្រសិនបើព្រះជាម្ចាស់លែងត្រូវការអ្នកនៅពេលក្រោយ ហើយបញ្ជូនអ្នកចេញ នោះទ្រង់នឹងមិនបង្ហាញក្ដីមេត្តាដល់អ្នកឡើយ»។ តើនេះជាគំនិតបែបណា? (ការប្រុងប្រយ័ត្នការពារខ្លួនពីព្រះជាម្ចាស់។) មនុស្សពិតជាចេះគិតគូរដើម្បីផលប្រយោជន៍ខ្លួនឯងណាស់។ អ្នកខ្លះ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ ពួកគេបានលះបង់តម្លៃខ្លះៗ ហើយពិតជាបានលះបង់ខ្លួនបន្តិចបន្តួចមែន ប៉ុន្តែដោយសារតែភាពជាមនុស្សអាក្រក់ និស្ស័យគួរឱ្យស្អប់ខ្ពើម និងនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទដែលពួកគេមាន ពួកគេបាននាំមកនូវការខាតបង់យ៉ាងច្រើនដល់ដំណាក់របស់ព្រះជាម្ចាស់។ ជាលទ្ធផល ពួកគេត្រូវបានបញ្ជូនចេញ។ ក្រោយមក ពួកគេរៀនប្រព្រឹត្តខ្លួនឱ្យបានល្អ និងមិនបញ្ចេញមុខមាត់ ដោយមិននិយាយប្រាប់នរណាម្នាក់ពីក្នុងចិត្តឡើយ ហើយនិយាយថា៖ «កាលពីមុន ខ្ញុំតែងតែបើកចិត្តប្រាប់អ្នកដទៃ ដូច្នេះ មនុស្សគ្រប់គ្នាដឹងពីស្ថានភាពពិតរបស់ខ្ញុំ ប៉ុន្តែបន្ទាប់មក មាននរណាម្នាក់បានរាយការណ៍ពីខ្ញុំទៅដំណាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំក៏ត្រូវបានបញ្ជូនចេញ។ ដូច្នេះ ពេលនេះ ខ្ញុំត្រូវតែរៀនបិទខ្លួនឯងពីអ្នកដទៃ លាក់បាំងខ្លួនឯង ព្រមទាំងការពារ និងថែរក្សាខ្លួនឯង។ ខ្ញុំត្រូវតែប្រុងប្រយ័ត្នក្នុងការបើកចិត្តនិយាយប្រាប់អ្នកដទៃ ហើយខ្ញុំមិនគួរបើកចិត្តនិយាយប្រាប់សូម្បីតែព្រះជាម្ចាស់ក៏ដោយ។ ខ្ញុំលែងជឿថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាទ្រង់ស្មោះត្រង់ទៀតហើយ។ ខ្ញុំរឹតតែមិនទុកចិត្តបងប្អូនប្រុសស្រីទៅទៀត។ គ្មាននរណាម្នាក់ស័ក្ដិសមនឹងទទួលបានការទុកចិត្តពីខ្ញុំឡើយ សូម្បីតែសមាជិកគ្រួសារ ឬសាច់ញាតិរបស់ខ្ញុំក៏ដោយ ចុះទម្រាំតែអ្នកដែលដេញតាមសេចក្ដីពិតនោះ»។ តើពួកគេកំពុងធ្វើអ្វី? (ពួកគេកំពុងប្រុងប្រយ័ត្នការពារខ្លួន។) នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឆ្លងកាត់ការលួសកាត់ ការបរាជ័យ ការដួលរលំ និងត្រូវបានលាតត្រដាង ពួកគេបូកសរុបរឿងនេះ ហើយបង្កើតបានជាពាក្យសម្ដីមួយឃ្លាថា៖ «កុំមានបំណងធ្វើបាបអ្នកដទៃឱ្យសោះ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នការពារខ្លួនជានិច្ចពីការធ្វើបាបដែលពួកគេអាចនឹងធ្វើមកលើអ្នក»។ តាមពិតទៅ ពួកគេបានធ្វើបាបអ្នកដទៃយ៉ាងច្រើន ហើយនៅទីបញ្ចប់ ពួកគេបន្លំខ្លួន និងបង្កើតទស្សនៈខុសទំនងនេះឡើង។ បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងឆ្លងកាត់ការបរាជ័យ និងឧបសគ្គជាច្រើន ព្រមទាំងការលាតត្រដាង និងការលួសកាត់របស់ព្រះជាម្ចាស់ ក្នុងកាលៈទេសៈធម្មតា មនុស្សគួរតែឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងតាមរយៈមេរៀននៃការបរាជ័យទាំងនេះ ដោយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា និងរកឱ្យឃើញមូលហេតុនៃការបរាជ័យ និងការជំពប់ដួលរបស់ពួកគេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាផ្លូវនៃការអនុវត្តដែលពួកគេគួរតែដើរតាម។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ បន្ទាប់ពីភ្លាត់ស្នៀត និងបរាជ័យជាច្រើនលើកច្រើនសា ពួកគេបង្កើនអាកប្បកិរិយារបស់ពួកគេ ការសង្ស័យរបស់ពួកគេអំពីព្រះជាម្ចាស់កើនឡើងកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ការពិនិត្យពិច័យរបស់ពួកគេលើព្រះជាម្ចាស់កាន់តែខ្លាំងក្លា ការមានមន្ទិលរបស់ពួកគេលើព្រះជាម្ចាស់កាន់តែជ្រាលជ្រៅ ហើយដូចគ្នានេះដែរ ចិត្តរបស់ពួកគេពោរពេញទៅដោយការប្រុងប្រយ័ត្នការពារខ្លួនពីព្រះជាម្ចាស់។ ការប្រុងប្រយ័ត្នការពារខ្លួនរបស់ពួកគេ ពោរពេញទៅដោយការរអ៊ូរទាំ កំហឹង ការប្រឆាំង និងការខឹងសម្បា ហើយពួកគេថែមទាំងបង្កើតការបដិសេធ ការវិនិច្ឆ័យ និងការថ្កោលទោសព្រះជាម្ចាស់ បន្ដិចម្ដងៗទៀតផង។ តើពួកគេមិនស្ថិតក្នុងគ្រោះថ្នាក់កាន់តែខ្លាំងទេឬអី? (មែនហើយ។)
ដោយវិនិច្ឆ័យតាមអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះជាម្ចាស់ ចំពោះមជ្ឈដ្ឋាន និងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលត្រូវបានព្រះជាម្ចាស់រៀបចំ ចំពោះការបើកសម្ដែង និងសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ចំពោះពួកគេ និងរឿងផ្សេងៗទៀត តើពួកគេមានបំណងស្វែងរកសេចក្ដីពិតសូម្បីតែបន្ដិចដែរឬទេ? តើពួកគេមានបំណងចុះចូលនឹងព្រះជាម្ចាស់សូម្បីតែបន្ដិចដែរឬទេ? តើពួកគេមានសេចក្ដីជំនឿសូម្បីតែបន្តិចថា រឿងទាំងអស់នេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានការយល់ដឹង និងការជ្រាបដឹងនេះដែរឬទេ? ជាក់ស្ដែងណាស់ថា ពួកគេគ្មានទេ។ គេអាចនិយាយបានថា ឫសគល់នៃការប្រុងប្រយ័ត្នការពារខ្លួនរបស់ពួកគេ គឺកើតចេញពីការសង្ស័យរបស់ពួកគេអំពីព្រះជាម្ចាស់។ គេក៏អាចនិយាយបានដែរថា ឫសគល់នៃការមានមន្ទិលរបស់ពួកគេលើព្រះជាម្ចាស់ គឺកើតចេញពីការសង្ស័យរបស់ពួកគេអំពីព្រះជាម្ចាស់។ លទ្ធផលដែលកើតចេញពីការពិនិត្យពិច័យរបស់ពួកគេលើព្រះជាម្ចាស់ ធ្វើឱ្យពួកគេកាន់តែមានមន្ទិលលើព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ ពួកគេកាន់តែប្រុងប្រយ័ត្នការពារខ្លួនពីព្រះជាម្ចាស់។ ដោយវិនិច្ឆ័យតាមគំនិត និងទស្សនៈផ្សេងៗដែលកើតចេញពីការគិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងវិធីសាស្ត្រ និងឥរិយាបថផ្សេងៗដែលកើតចេញពីការត្រួតត្រានៃគំនិត និងទស្សនៈទាំងនេះ មនុស្សទាំងនេះពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ ពួកគេមិនអាចយល់ពីសេចក្ដីពិត ពួកគេមិនអាចបង្កើតសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ ពួកគេមិនអាចជឿ និងទទួលស្គាល់យ៉ាងពេញលេញពីវត្តមានរបស់ព្រះជាម្ចាស់ ហើយពួកគេមិនអាចជឿ និងទទួលស្គាល់ថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើភាវៈទាំងអស់ដែលព្រះបានបង្កើត ថាទ្រង់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ឡើយ។ ទាំងអស់នេះគឺដោយសារតែសារជាតិនិស្ស័យទុច្ចរិតរបស់ពួកគេ។
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០