ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាង គឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីប្រាំពីរ)
III. ការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់
ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីចំណុចទីដប់នៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ កាលពីលើកមុន យើងបានប្រកបគ្នារហូតដល់ផ្នែកទីបីនៃប្រធានបទដ៏ធំនេះ ដែលនិយាយអំពីពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការប្រកបគ្នា និងការវិភាគរបស់យើងលើផ្នែកនេះ ត្រូវបានបែងចែកជាប្រធានបទរងចំនួនបី។ តើប្រធានបទរងទាំងបីនោះមានអ្វីខ្លះ? (ទីមួយគឺ ពួកទទឹងនឹងព្រះគ្រីស្ទកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត។ ទីពីរគឺ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមិនស្របតាមសញ្ញាណរបស់ពួកគេ។ ហើយទីបីគឺ ពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់។) តើប្រធានបទរងទាំងបីនេះ គឺជាអត្ថន័យទាំងស្រុងនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? (គួរតែមានចំណុចខ្លះទៀត។) តើមានសេចក្ដីថ្លែង និងការបង្ហាញចេញអ្វីផ្សេងទៀត? (គឺពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការគោរព។) តើការប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការគោរព គឺជាការបង្ហាញចេញមួយនៃការដែលពួកគេប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើការប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការគោរព មិនមែនជាការបកស្រាយនៃការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? នៅទីនេះ យើងមិនត្រូវការការបកស្រាយឡើយ ប៉ុន្តែយើងត្រូវការការបង្ហាញចេញ និងការអនុវត្តផ្សេងៗនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលអ្នកអាចមើលឃើញ និងប៉ះពាល់បាន ហើយដែលអ្នកធ្លាប់បានឮ។ មើលទៅ អ្នករាល់គ្នាហាក់ដូចជាមិនសូវមានការយល់ដឹងច្រើនអំពីការបង្ហាញចេញផ្សេងៗ ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាប្រហែលជាមានការយល់ដឹងតាមន័យត្រង់ខ្លះៗអំពីចំណុចទាំងបីដែលខ្ញុំបានប្រកបគ្នាកាលពីមុន ប៉ុន្តែអ្នករាល់គ្នាមិនអាចនឹកឃើញថា តើអាចនឹងមានការបង្ហាញចេញអ្វីផ្សេងទៀតនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ តើមែនទេ? អ្នករាល់គ្នាគួរតែបានចងចាំការបង្ហាញចេញទាំងបីដែលយើងបានប្រកបគ្នាកាលពីមុន។ តើឥរិយាបថ និងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជារឿងត្រឹមត្រូវនិងបើកចំហដែរឬទេ? តើទាំងនេះជាអ្វីដែលមនុស្សទៀងត្រង់គួរធ្វើដែរឬទេ? (មិនមែនទេ។) ទាំងនេះមិនមែនជាការបង្ហាញចេញដែលគួរតែមាននៅក្នុងភាពជាមនុស្សធម្មតានោះទេ។ វាមិនមែនជារឿងវិជ្ជមានឡើយ ប៉ុន្តែជារឿងអវិជ្ជមាន។ សារជាតិដែលលាក់នៅពីក្រោយឥរិយាបថទាំងប៉ុន្មាននេះ សំដៅទៅលើសាតាំង ទៅលើពួកអារក្ស និងទៅលើពួកសត្រូវរបស់ព្រះជាម្ចាស់។ នៅក្នុងការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្មានការចុះចូល គ្មានការទទួលយក គ្មានការដកបទពិសោធ គ្មានការទុកសញ្ញាណផ្ទាល់ខ្លួនមួយឡែក ហើយទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយភាពសាមញ្ញ និងបើកចំហឡើយ។ ផ្ទុយទៅវិញ ពួកគេបង្កើតឱ្យមានអាកប្បកិរិយាបែបសាតាំងផ្សេងៗចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ និស្ស័យដែលត្រូវបានបញ្ចេញឱ្យឃើញតាមរយៈការបង្ហាញចេញ និងឥរិយាបថទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពិតជាអ្វីដែលសាតាំងបានបញ្ចេញឱ្យឃើញនៅក្នុងពិភពខាងវិញ្ញាណមែន។ ឥរិយាបថទាំងនេះ មិនថានៅក្នុងស្ថានភាពណាមួយ នៅក្នុងសម័យកាលណាមួយ ឬក្នុងចំណោមក្រុមមនុស្សណាមួយនោះទេ គឺសុទ្ធតែមិនមែនជារឿងវិជ្ជមានឡើយ។ វាជារឿងទុច្ចរិត និងអវិជ្ជមាន ហើយមិនមែនជាការបង្ហាញចេញ ឬឥរិយាបថដែលភាវៈដែលព្រះបានបង្កើត ឬមនុស្សធម្មតាគួរតែមានឡើយ។ ហេតុនេះហើយ យើងក៏កំណត់លក្ខណៈរឿងទាំងនោះថាជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់ពីបានប្រកបគ្នាអំពីចំណុចទាំងបីនេះរួច មនុស្សភាគច្រើនអាចនឹងគិតថា ការបង្ហាញចេញទាំងបីនេះ ប្រហែលជាគ្របដណ្ដប់លើអាកប្បកិរិយាជាមូលដ្ឋានទាំងអស់របស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ ក៏ប៉ុន្តែ មានចំណុចមួយដែលអ្នករាល់គ្នាបានមើលរំលងគឺ៖ ការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនមែនមានត្រឹមតែវិធីសាស្ត្រទាំងបីនេះឡើយ។ មានការបង្ហាញចេញ និងឥរិយាបថមួយទៀត ដែលបង្ហាញផងដែរថា ពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើការបង្ហាញចេញនេះគឺជាអ្វី? នោះគឺ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ ប្រសិនបើយើងមើលទៅលើន័យត្រង់នៃចំណុចនេះ មនុស្សមួយចំនួនប្រហែលជាមានរូបភាពខ្លះៗនៅក្នុងចិត្តរបស់ពួកគេ ដែលសំដៅទៅលើបុគ្គលមួយចំនួន ប៉ុន្តែការបង្ហាញចេញជាក់លាក់ និងពិតប្រាកដនៃរឿងនេះ នៅតែមិនទាន់ច្បាស់លាស់ខ្លាំងនៅឡើយទេ។ វាហាក់នៅតែស្រពេចស្រពិល និងជារឿងទូទៅខ្លាំងណាស់។ ដូច្នេះ នៅថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។
ឃ. ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ
ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ គេក៏អាចនិយាយបានដែរថា ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកសេចក្ដីពិតផ្ទាល់ជាទំនិញ។ តើការចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតជាទំនិញ មានន័យដូចម្ដេច? វាមានន័យថា គ្រាន់តែនិយាយអួតអាងដោយពាក្យសម្តី ដើម្បីសម្ញែងខ្លួន ហើយបន្ទាប់មកបោកប្រាស់យកការទុកចិត្ត ការគាំទ្រ និងការយល់ព្រមពីមនុស្ស ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ក៏ក្លាយជាឈ្នាន់របស់ពួកគេ។ នេះគឺជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះសេចក្ដីពិត។ ពួកគេកេងប្រយោជន៍ លេងសើច និងជាន់ឈ្លីលើសេចក្ដីពិត ដែលនេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត គឺជាអ្វីឱ្យប្រាកដទៅ? តើយើងគួរកំណត់និយមន័យសេចក្ដីពិតឱ្យបានត្រឹមត្រូវដោយរបៀបណា? ចូរប្រាប់ខ្ញុំមក តើសេចក្ដីពិតគឺជាអ្វី? (សេចក្ដីពិតគឺជាលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន សកម្មភាព និងការថ្វាយបង្គំរបស់មនុស្សចំពោះព្រះជាម្ចាស់។) នេះគឺជានិយមន័យដ៏ត្រឹមត្រូវ និងជាក់លាក់នៃសេចក្ដីពិត។ តើអ្នករាល់គ្នាយល់យ៉ាងណាចំពោះសេចក្ដីថ្លែងនេះ? តើអ្នកគួរអនុវត្តសេចក្ដីថ្លែងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក និងពេញមួយជីវិតរបស់អ្នកដោយរបៀបណា? តើអ្នកគួរដកបទពិសោធពីសេចក្ដីថ្លែងនេះដោយរបៀបណា? ចូរនិយាយពីអ្វីដែលអ្នករាល់គ្នាអាចគិតដល់ និងយល់បានភ្លាមៗ ដោយមិនចម្រាញ់ ឬកែច្នៃឡើយ។ នៅក្នុងភាសានៃបទពិសោធរបស់អ្នករាល់គ្នា តើសេចក្ដីពិតគឺជាអ្វី? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វី? (សេចក្ដីពិតអាចផ្លាស់ប្ដូរទស្សនៈរបស់មនុស្សម្នាក់ចំពោះជីវិត និងគុណតម្លៃរបស់គេ ធ្វើឱ្យគេអាចសម្ដែងចេញនូវលក្ខណៈជាមនុស្សធម្មតាបាន។) ទោះបីជាមិនគ្រប់ជ្រុងជ្រោយក៏ដោយ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាបាននិយាយ បង្ហាញឱ្យឃើញការយល់ដឹងពីបទពិសោធអំពីសេចក្ដីពិត។ វាគឺជាការយល់ដឹង និងការយល់ឃើញដែលអ្នករាល់គ្នាបានដកបទពិសោធ និងទទួលបានពីជីវិតប្រចាំថ្ងៃ។ តើមានអ្នកណាផ្សេងទៀតចង់ចែករំលែកដែរឬទេ? (សេចក្ដីពិតអាចបន្សុទ្ធនិស្ស័យពុករលួយរបស់យើង ធ្វើឱ្យយើងអាចធ្វើសកម្មភាពតាមគោលការណ៍ និងធ្វើអ្វីៗស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។) សេចក្ដីថ្លែងនេះគឺល្អ និងមុតស្រួចណាស់។ សូមបន្តទៀត។ (សេចក្ដីពិតគឺជាជីវិត ជាផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ច។ មានតែតាមរយៈការដេញតាមសេចក្ដីពិត និងការរស់នៅតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចទទួលបានជីវិត។) (សេចក្ដីពិតធ្វើឱ្យមនុស្សអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដើម្បីក្លាយជាមនុស្សពិតប្រាកដម្នាក់។) ចំណុចទាំងពីរនេះ សុទ្ធតែពាក់ព័ន្ធនឹងគោលការណ៍នៃការអនុវត្តសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ទោះបីជាការបកស្រាយរាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បន្តិចក្ដី ប៉ុន្តែវាពិតជាជាក់ស្ដែងណាស់។ (សេចក្ដីពិតអាចលាតត្រដាងនិស្ស័យពុករលួយនៅខាងក្នុងយើង ផ្លាស់ប្ដូរទស្សនៈមិនត្រឹមត្រូវរបស់យើងចំពោះរឿងរ៉ាវនានា និងធ្វើឱ្យយើងអាចសម្ដែងចេញនូវលក្ខណៈជាមនុស្សពិតប្រាកដបាន។) សេចក្ដីថ្លែងទាំងនេះគឺជាក់ស្ដែង ហើយពាក់ព័ន្ធនឹងគុណតម្លៃ និងសារៈសំខាន់នៃសេចក្ដីពិតចំពោះមនុស្ស ក៏ដូចជាឥទ្ធិពលដែលសេចក្ដីពិតអាចមានមកលើមនុស្សផងដែរ។ អ្វីដែលអ្នករាល់គ្នាបានលើកឡើង យើងធ្លាប់បាននិយាយជាញឹកញាប់រួចមកហើយកាលពីមុន។ ទោះបីជាការសង្កត់ធ្ងន់របស់មនុស្សម្នាក់ៗមានភាពខុសគ្នាក្ដី ប៉ុន្តែវាសុទ្ធតែទាក់ទងនឹងសេចក្ដីថ្លែងដែលត្រូវបានបកស្រាយ និងកំណត់និយមន័យកាលពីមុនអំពីសេចក្ដីពិត ពោលគឺ សេចក្ដីពិតគឺជាលក្ខណៈវិនិច្ឆ័យសម្រាប់វាស់ស្ទង់អ្វីៗទាំងអស់។ តើសេចក្ដីពិតអាចស្មើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (អាច) ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ដោយផ្អែកលើការយល់ដឹងពីបទពិសោធដែលអ្នករាល់គ្នាបានចែករំលែកនៅក្នុងការប្រកបគ្នារបស់ខ្លួន តើយើងអាចនិយាយបានទេថា សេចក្ដីពិតគឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់? (បាន។) សេចក្ដីពិតគឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់។ វាអាចជាជីវិតរបស់មនុស្សម្នាក់ និងជាទិសដៅដែលពួកគេដើរ។ វាអាចអនុញ្ញាតឱ្យមនុស្សម្នាក់បោះបង់និស្ស័យពុករលួយរបស់ពួកគេ ដើម្បីមកកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដើម្បីក្លាយជាអ្នកដែលចុះចូលនឹងព្រះជាម្ចាស់ ជាអ្នកដែលត្រូវតាមស្តង់ដាជាភាវៈដែលព្រះបានបង្កើត ហើយជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងគាប់ព្រះហឫទ័យ។ ដោយសារសេចក្ដីពិតមានតម្លៃយ៉ាងនេះ តើមនុស្សគួរមានអាកប្បកិរិយា និងទស្សនៈបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត? គឺច្បាស់ក្រឡែតណាស់ថា៖ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងអស់អ្នកដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់គឺជាប្រភពជីវិតរបស់ពួកគេ។ មនុស្សគួរតែឱ្យតម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហូប និងផឹកព្រះបន្ទូលទាំងនោះ រីករាយនឹងព្រះបន្ទូលទាំងនោះ ហើយទទួលយកព្រះបន្ទូលទាំងនោះជាជីវិតរបស់ពួកគេ ជាទិសដៅដែលពួកគេដើរ ជាជំនួយ និងការផ្គត់ផ្គង់ដែលមានគ្រប់ពេលវេលា។ មនុស្សគួរតែអនុវត្ត និងដកបទពិសោធស្របតាមសេចក្ដីថ្លែង និងសេចក្ដីតម្រូវនៃសេចក្ដីពិត ហើយចុះចូលនឹងសេចក្ដីតម្រូវ និងគោលការណ៍ផ្សេងៗដែលសេចក្ដីពិតផ្ដល់ឱ្យពួកគេ។ មានតែធ្វើដូច្នេះទេ ទើបមនុស្សម្នាក់អាចទទួលបានជីវិត។ ការដេញតាមសេចក្ដីពិត ជាចម្បងគឺជាការអនុវត្ត និងការដកបទពិសោធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាជាងការយកព្រះបន្ទូលទាំងនោះទៅពិនិត្យពិច័យ វិភាគ ស្មាន និងសង្ស័យ។ ដោយសារសេចក្ដីពិតគឺជាជំនួយ និងការផ្គត់ផ្គង់ដែលមានគ្រប់ពេលវេលារបស់មនុស្ស ហើយអាចជាជីវិតរបស់ពួកគេ ពួកគេគួរតែចាត់ទុកសេចក្ដីពិតជារបស់ដ៏មានតម្លៃបំផុត។ នេះគឺដោយសារពួកគេត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីរស់នៅ ដើម្បីមកបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីមកកោតខ្លាចដល់ទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងដើម្បីស្វែងរកផ្លូវនៃការអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ព្រមទាំងក្ដាប់ឱ្យបាននូវគោលការណ៍នៃការអនុវត្ត ដោយសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់។ មនុស្សក៏ត្រូវតែពឹងផ្អែកលើសេចក្ដីពិត ដើម្បីបោះបង់និស្ស័យពុករលួយរបស់ពួកគេ ដើម្បីក្លាយជាអ្នកដែលត្រូវបានសង្គ្រោះ និងជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាផងដែរ។ មិនថាវាត្រូវបានបង្ហាញចេញពីពីជ្រុងណា ឬតាមរបៀបណានោះទេ ក៏អាកប្បកិរិយាដែលមនុស្សមិនគួរមានបំផុតចំពោះសេចក្ដីពិត គឺការចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតជាផលិតផល ឬសូម្បីតែជាទំនិញសម្រាប់ជួញដូរតាមតែអំពើចិត្ត។ នេះគឺជាអ្វីដែលព្រះជាម្ចាស់មិនចង់ទតឃើញបំផុត ហើយវាក៏ជាឥរិយាបថ និងការបង្ហាញចេញដែលភាវៈដែលព្រះបានបង្កើតពិតប្រាកដមិនគួរមានបំផុតផងដែរ។
តើគោលបំណង និងចេតនានៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ គឺជាអ្វី? តើពួកគេពិតជាមានបំណងចង់ធ្វើអ្វី ហើយតើអ្វីជាកម្លាំងជំរុញចិត្តរបស់ពួកគេ? នៅពេលឈ្មួញម្នាក់ទទួលបានទំនិញ ក្ដីសង្ឃឹមរបស់គេចំពោះទំនិញនោះ គឺថាវានឹងនាំមកឱ្យគេនូវផលប្រយោជន៍ និងចំនួនប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលគេប្រាថ្នាចង់បាន។ ហេតុដូច្នេះហើយ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ ពួកគេប្រាកដណាស់ថាកំពុងចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារបស់ខាងសម្ភារៈដែលអាចយកទៅដោះដូរជាផលប្រយោជន៍ និងប្រាក់កាស។ ពួកគេមិនឱ្យតម្លៃ មិនទទួលយក មិនអនុវត្ត ឬមិនដកបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាផ្លូវនៃជីវិតដែលពួកគេគួរប្រកាន់ខ្ជាប់ ក៏មិនចាត់ទុកជាសេចក្ដីពិតដែលពួកគេត្រូវតែអនុវត្តដើម្បីបោះបង់និស្ស័យពុករលួយរបស់ខ្លួននោះដែរ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ សម្រាប់ឈ្មួញម្នាក់ តម្លៃដ៏ធំធេងបំផុតនៃទំនិញ គឺការយកវាទៅដោះដូរជាប្រាក់ ដើម្បីទទួលបានប្រាក់ចំណេញដែលខ្លួនប្រាថ្នាចង់បាន។ ហេតុដូច្នេះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ ចេតនា និងកម្លាំងជំរុញចិត្តរបស់ពួកគេ ជាសារជាតិគឺដូចគ្នាបេះបិទ។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ ដែលមានន័យថា ពួកគេមិនមែនប្រើប្រាស់ព្រះបន្ទូលទាំងនោះដើម្បីហូប ផឹក និងរីករាយ ឬសម្រាប់ការដកបទពិសោធ ឬការអនុវត្តរបស់ពួកគេឡើយ ប៉ុន្តែពួកគេចាត់ទុកព្រះបន្ទូលទាំងនោះជាទំនិញនៅក្នុងដៃរបស់ខ្លួន ដើម្បីយកទៅជួញដូរ និងលក់ដូរគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយផ្ដល់ឱ្យអស់អ្នកណាដែលពួកគេអាចទាញយកផលចំណេញបាន។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ បើយល់តាមន័យត្រង់ វាមានន័យថា ការចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាទំនិញ ដែលប្រើសម្រាប់ធ្វើប្រតិបត្តិការដោះដូរជាប្រាក់កាស។ ពួកគេប្រែក្លាយការទិញ និងការលក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាអាជីពរបស់ពួកគេ។ បើមើលតាមន័យត្រង់ ចំណុចនេះគឺច្បាស់លាស់តែម្ដង។ ទង្វើ និងឥរិយាបថបែបនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺគួរឱ្យអាម៉ាស់ណាស់ ដែលធ្វើឱ្យមនុស្សមានការស្អប់ខ្ពើម និងខ្ពើមរអើម។ ដូច្នេះ តើការបង្ហាញចេញជាក់លាក់នៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ មានអ្វីខ្លះ? នេះគឺជាចំណុចសំខាន់ដែលយើងនឹងប្រកបគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទមានការបង្ហាញចេញយ៉ាងច្បាស់ក្រឡែតមួយចំនួននៃការចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ ដើម្បីធ្វើឱ្យវាកាន់តែច្បាស់ និងកាន់តែងាយយល់សម្រាប់អ្នករាល់គ្នា យើងនឹងនៅតែពិភាក្សាអំពីចំណុចទាំងនោះម្ដងមួយៗដដែល។ ហេតុអ្វីបានជាខ្ញុំប្រើវិធីសាស្ត្រនេះ? ដោយផ្អែកលើបទពិសោធជាច្រើនឆ្នាំរបស់ខ្ញុំក្នុងការបំពេញកិច្ចការ និងការថ្លែងព្រះបន្ទូល មនុស្សភាគច្រើនមានគំនិតច្របូកច្របល់ និងខ្វះសមត្ថភាពក្នុងការគិតដោយឯករាជ្យ។ ដោយផ្អែកលើចំណុចនេះ ខ្ញុំបាននឹកឃើញវិធីសាស្ត្រដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុត នោះគឺការពន្យល់ និងបកស្រាយបញ្ជាក់ពីបញ្ហា ឬប្រធានបទណាមួយ មិនថាជាអ្វីក៏ដោយ គឺធ្វើឡើងមួយចំណុចម្ដងៗ ដើម្បីជួយអ្នករាល់គ្នាឱ្យគិតឱ្យបានដិតដល់ និងត្រិះរិះពិចារណាអំពីវា។ តើវិធីនេះស័ក្ដិសមដែរឬទេ? (ស័ក្ដិសម។) មនុស្សមួយចំនួននិយាយថា៖ «វិធីនេះគឺល្អឥតខ្ចោះតែម្ដង វាជួយពួកទូលបង្គំមិនឱ្យលំបាកក្នុងការប្រឹងគិត និងគិតឱ្យបានស៊ីជម្រៅ។ ពួកទូលបង្គំរវល់ពេក ហើយគ្មានពេលសម្រាប់រឿងនោះទេ! កម្លាំង និងគំនិតរបស់ពួកទូលបង្គំ ត្រូវបានចំណាយលើរឿងធំៗ មិនមែនលើរឿងកំប៉ិកកំប៉ុកប៉ុនគ្រាប់សណ្ដែកទាំងនេះឡើយ។ ការឱ្យពួកទូលបង្គំរិះគិតលើរឿងតូចតាចទាំងនេះ មើលទៅហាក់ដូចជាព្រះអង្គកំពុងមើលស្រាលពួកទូលបង្គំ និងប្រើប្រាស់ទេពកោសល្យដ៏អស្ចារ្យរបស់ពួកទូលបង្គំមិនអស់ពីសមត្ថភាពអ៊ីចឹង»។ តើវាពិតជាអ៊ីចឹងមែនទេ? (មិនមែនទេ។) ចុះវាជារឿងអ្វីទៅវិញ? (កម្រិតសមត្ថភាពរបស់ពួកទូលបង្គំទាបពេក ដល់ថ្នាក់ជួនកាលពួកទូលបង្គំមិនអាចយល់ដឹងពីសេចក្ដីពិតបាន ហើយពួកទូលបង្គំត្រូវការឱ្យព្រះជាម្ចាស់ប្រកបគ្នាជាមួយពួកទូលបង្គំយ៉ាងលម្អិត មួយម៉ាត់ម្ដងៗ មួយប្រយោគម្ដងៗ ទើបពួកទូលបង្គំអាចយល់បានខ្លះ។) ឃើញទេ ខ្ញុំបានរៀបរាប់ពីស្ថានភាពជាក់ស្ដែងនៃរឿងរ៉ាវដោយអចេតនា ដោយបើកសម្ដែងពីអ្វីដែលកំពុងកើតឡើងពិតប្រាកដចំពោះអ្នករាល់គ្នា ប៉ុន្តែការពិតគឺបែបនេះឯង។ ទោះបីជាខ្ញុំមិនបានលាតត្រដាងវា ក៏វានៅតែបែបនេះដដែល។ គ្មានវិធីណាផ្សេងក្រៅពីធ្វើបែបនេះឡើយ។ ប្រសិនបើខ្ញុំគ្រាន់តែមានបន្ទូលអំពីប្រធានបទធំៗដោយសាមញ្ញ និងជាទូទៅៗ នោះខ្ញុំនឹងមានបន្ទូលដោយឥតប្រយោជន៍ និងខ្ជះខ្ជាយការខិតខំប្រឹងប្រែងរបស់ខ្ញុំមិនខាន។ នោះគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ តើមែនទេ? ចូរត្រឡប់មកប្រធានបទសំខាន់វិញ។ ទាក់ទងនឹងការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ យើងនឹងបែងចែករឿងនេះជាប្រធានបទរងមួយចំនួន ដើម្បីពន្យល់ និងបកស្រាយបញ្ជាក់មួយជំហានម្ដងៗអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងនេះ និងថាតើមានឧទាហរណ៍ និងការបង្ហាញចេញជាក់លាក់អ្វីខ្លះ ដែលអាចបញ្ជាក់បានយ៉ាងគ្រប់គ្រាន់ថា ពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏បញ្ជាក់ផងដែរថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាមានសារជាតិបែបនេះមែន។ យើងនឹងប្រកបគ្នាអំពីចំណុចនេះជាពីរផ្នែកធំៗ។
១. ការចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាឧបករណ៍សម្រាប់ទទួលបានឋានៈ កេរ្តិ៍ឈ្មោះ និងមុខមាត់
ទិដ្ឋភាពចម្បងទីមួយគឺ ការបង្ហាញចេញទូទៅបំផុតនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ គឺការប្រើប្រាស់ព្រះបន្ទូលទាំងនោះជាឧបករណ៍សម្រាប់ទទួលបានឋានៈ កេរ្តិ៍ឈ្មោះ មុខមាត់ផ្ទាល់ខ្លួនរបស់ពួកគេ និងលើសពីនេះទៅទៀត គឺសម្រាប់ការសប្បាយខាងសម្ភារៈ ហើយថែមទាំងឈានដល់ការទទួលបានប្រាក់កាសថែមទៀតផង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ គ្រប់ប្រយោគសុទ្ធតែប្រកបដោយវិចារណញ្ញាណ និងត្រឹមត្រូវ។ ព្រះបន្ទូលទាំងនេះមិនអាចត្រូវបានមនុស្សនិយាយចេញមកបានឡើយ ហើយព្រះបន្ទូលទាំងនេះក៏មិនអាចត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរដែរ»។ នៅក្នុងយុគសម័យទាំងពីរកន្លងមក ព្រះជាម្ចាស់មិនបានថ្លែងព្រះបន្ទូលទាំងនេះឡើយ។ ទាំងនៅក្នុងសញ្ញាចាស់ និងសញ្ញាថ្មី សុទ្ធតែមិនមានព្រះបន្ទូលដែលថ្លែងយ៉ាងច្បាស់លាស់ និងចំៗបែបនេះទេ។ ព្រះគម្ពីរកត់ត្រាព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយផ្នែកតូចប៉ុណ្ណោះ។ បើមើលទៅលើអ្វីដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូលនៅពេលនេះ ខ្លឹមសារគឺសម្បូរបែបណាស់។ ពេលនោះ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ច្រណែន និងឈ្នានីសនៅក្នុងចិត្តរបស់ខ្លួន ហើយពួកគេចាប់ផ្ដើមរៀបចំផែនការនៅក្នុងចិត្តថា៖ «មនុស្សធម្មតាម្នាក់នេះអាចនិយាយបានច្រើនយ៉ាងនេះ។ តើពេលណាទើបខ្ញុំអាចនិយាយពាក្យទាំងនេះបានដែរ? តើពេលណាទើបខ្ញុំអាចនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងមិនចេះចប់ ដូចជាមនុស្សម្នាក់នេះដែរ?» ពួកគេមានកម្លាំងជំរុញ និងបំណងប្រាថ្នាបែបនេះនៅក្នុងចិត្តរបស់ខ្លួន។ បើវិនិច្ឆ័យតាមកម្លាំងជំរុញ និងបំណងប្រាថ្នានេះ នៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ច្រណែន និងគោរពបូជាចំពោះព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់បានថ្លែង។ ខ្ញុំប្រើពាក្យ «ច្រណែន» និង «គោរពបូជា»។ បើមើលទៅលើការប្រើពាក្យទាំងពីរនេះ អ្វីដែលខ្ញុំចង់និយាយនោះគឺថា ពួកទទឹងនឹងព្រះគ្រីស្ទមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ ហើយពួកគេមិនមានបំណងទទួលយកព្រះបន្ទូលទាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេច្រណែននឹងខ្លឹមសារដ៏សម្បូរបែបនៃព្រះបន្ទូលទាំងនេះ ច្រណែននឹងអត្ថបទដ៏វែងអន្លាយ ហើយច្រណែននឹងភាពជ្រាលជ្រៅនៃព្រះបន្ទូលទាំងនេះ ដែលឆ្លុះបញ្ចាំងពីជម្រៅដែលមនុស្សមិនអាចឈានដល់ ហើយលើសពីនេះទៅទៀត ពួកគេច្រណែនដែលព្រះបន្ទូលទាំងនេះគឺជាពាក្យដែលពួកគេផ្ទាល់មិនអាចនិយាយបាន។ តាមរយៈទិដ្ឋភាពនៃ «ការច្រណែន» ទាំងនេះ វាច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនចាត់ទុកព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ជាការសម្ដែងចេញនៃភាពជាព្រះ ជាសេចក្ដីពិត ឬជាជីវិត និងជាសេចក្ដីពិតដែលព្រះជាម្ចាស់មានព្រះរាជបំណងប្រើដើម្បីសង្គ្រោះមនុស្សជាតិ និងផ្គត់ផ្គង់ដល់មនុស្សជាតិឡើយ។ ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទអាចច្រណែននឹងព្រះបន្ទូលទាំងនេះ ដូច្នេះវាច្បាស់ណាស់ថា នៅក្នុងចិត្តរបស់ពួកគេ ពួកគេក៏ប្រាថ្នាចង់ក្លាយជាអ្នកដែលសម្ដែងចេញនូវព្រះបន្ទូលបែបនេះផងដែរ។ ដោយផ្អែកលើចំណុចនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅពីក្រោយខ្នង ដោយអធិដ្ឋានជារៀងរាល់ថ្ងៃ អានព្រះបន្ទូលទាំងនេះជារៀងរាល់ថ្ងៃ កត់ត្រា ទន្ទេញឱ្យចាំ សង្ខេប និងរៀបចំ។ ពួកគេបានចំណាយកម្លាំងយ៉ាងច្រើនទៅលើព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់បានថ្លែង ដោយធ្វើកំណត់ត្រារាប់មិនអស់ និងកត់ត្រាទុកនូវការយល់ដឹងជាច្រើនក្នុងអំឡុងការចំណាយពេលខាងវិញ្ញាណរបស់ពួកគេ ក៏ដូចជាអធិដ្ឋានរាប់ដងមិនអស់ដើម្បីចងចាំព្រះបន្ទូលទាំងនេះ។ តើគោលបំណងរបស់ពួកគេក្នុងការធ្វើរឿងទាំងអស់នេះ គឺជាអ្វី? គឺដើម្បីឱ្យថ្ងៃណាមួយ ពួកគេអាចនឹងមានការបណ្ដាលចិត្តផុសឡើងភ្លាមៗ ហើយអាចនិយាយយ៉ាងមិនចេះចប់នូវព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង ដូចជាទ្វារទំនប់ទឹកដែលត្រូវបានបើកអ៊ីចឹង។ ពួកគេសង្ឃឹមថា ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ពាក្យសម្ដីរបស់ពួកគេអាចផ្គត់ផ្គង់នូវអ្វីដែលមនុស្សត្រូវការ ផ្គត់ផ្គង់ជីវិតដល់មនុស្ស ផ្គត់ផ្គង់នូវអ្វីដែលមនុស្សគួរសម្រេចឱ្យបាន និងដាក់សេចក្ដីតម្រូវលើមនុស្ស។ គឺដើម្បីឱ្យពួកគេអាចឈរនៅក្នុងទស្សនៈ និងឋានៈរបស់ព្រះជាម្ចាស់ ដូចជាសាច់ឈាមដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដែរ ហើយនិយាយរឿងដូចដែលព្រះជាម្ចាស់មានព្រះបន្ទូល ដោយប្រើសំនៀង និងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ ដូចដែលពួកគេប្រាថ្នាចង់បាន។ ពួកទទឹងនឹងព្រះគ្រីស្ទបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើរឿងនេះ ហើយវាមិនមែនជាការនិយាយបំផ្លើសទេដែលថា ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនថែមទាំងឧស្សាហ៍យកសៀវភៅសរសេរចេញមកដោយសម្ងាត់ ដើម្បីកត់ត្រាពាក្យពេចន៍ដែលពួកគេចង់និយាយ ជាពាក្យដែលពួកគេកំពុងរង់ចាំឱ្យព្រះជាម្ចាស់ប្រទានដល់ពួកគេ។ ក៏ប៉ុន្តែ មិនថាពួកគេធ្វើអ្វីនោះទេ បំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមិនបានសម្រេចឡើយ ហើយក្ដីប្រាថ្នារបស់ពួកគេមិនដែលក្លាយជាការពិតនោះទេ។ មិនថាពួកគេខិតខំប្រឹងប្រែងខ្លាំងប៉ុនណា មិនថាពួកគេអធិដ្ឋានច្រើនប៉ុនណា មិនថាពួកគេកត់ត្រាព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណា ឬទន្ទេញចាំ និងរៀបចំព្រះបន្ទូលទាំងនោះបែបណានោះទេ គឺសុទ្ធតែឥតប្រយោជន៍ទាំងអស់។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលសូម្បីតែមួយប្រយោគតាមរយៈពួកគេ ហើយព្រះជាម្ចាស់ក៏មិនដែលអនុញ្ញាតឱ្យពួកគេឮព្រះសូរសៀងរបស់ទ្រង់សូម្បីតែម្ដងដែរ។ មិនថាពួកគេប្រាថ្នាចង់បានខ្លាំងប៉ុនណា ឬថប់បារម្ភខ្លាំងប៉ុនណានោះទេ ក៏ពួកគេមិនអាចនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសោះឡើយសូម្បីតែមួយឃ្លា។ កាលណាពួកគេកាន់តែថប់បារម្ភ និងច្រណែន ហើយកាលណាពួកគេកាន់តែបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន នោះពួកគេកាន់តែក្ដៅក្រហាយនៅក្នុងចិត្ត។ តើពួកគេក្ដៅក្រហាយពីរឿងអ្វី ហើយហេតុអ្វីបានជាពួកគេថប់បារម្ភម៉្លេះ? ពួកគេឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងនាំមនុស្សកាន់តែច្រើនឡើងៗមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកការជំនុំជម្រះ និងការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ ហើយទទួលយកព្រះបន្ទូលរបស់ទ្រង់ជាជីវិត ប៉ុន្តែបែរជាគ្មានមនុស្សសូម្បីតែម្នាក់ថ្វាយបង្គំ ឬកោតសរសើរពួកគេនៅក្រោមជើងរបស់ពួកគេ និងនៅចំពោះមុខពួកគេសោះ។ នេះហើយជារឿងដែលធ្វើឱ្យពួកគេថប់បារម្ភ និងក្ដៅក្រហាយ។ នៅក្នុងភាពក្ដៅក្រហាយ និងការថប់បារម្ភរបស់ពួកគេ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទអាចគិតដល់ និងត្រិះរិះបានគឺនៅតែថា៖ «ហេតុអ្វីបានជាមនុស្សទាំងនេះបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ហេតុអ្វីបានជាវាខុសគ្នា នៅពេលពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ បើប្រៀបធៀបទៅនឹងពិភពដែលគ្មានជំនឿ? ហេតុអ្វីបានជាមនុស្សភាគច្រើន បន្ទាប់ពីបានមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ចាប់ផ្ដើមមានឥរិយាបថត្រឹមត្រូវ និងកាន់តែល្អប្រសើរឡើងៗដូច្នេះ? ហេតុអ្វីបានជាមនុស្សភាគច្រើនលះបង់ខ្លួន និងលះបង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយគ្មានសំណង ហើយសូម្បីតែពេលពួកគេត្រូវបានគេលួសកាត់ ក៏ពួកគេមិនចាកចេញដែរ ហើយអ្នកខ្លះថែមទាំងមិនចាកចេញទៀត បន្ទាប់ពីត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញនោះ? ជារួម មូលហេតុតែមួយគត់គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាគឺជាឥទ្ធិពល និងតួនាទីដែលបានបំពេញដោយសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម»។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញចំណុចនេះ ពួកគេកាន់តែច្រណែននឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត។ ហេតុដូច្នេះហើយ បន្ទាប់ពីបានបញ្ចេញកម្លាំងយ៉ាងច្រើន តែនៅតែមិនអាចនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬក្លាយជាអ្នកនាំពាក្យរបស់ព្រះជាម្ចាស់បាន ពួកទទឹងនឹងព្រះគ្រីស្ទក៏បង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ៖ «ទោះបីជាខ្ញុំមិនអាចនិយាយពាក្យផ្សេងក្រៅពីអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលក៏ដោយ ប្រសិនបើខ្ញុំអាចនិយាយពាក្យដែលស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីជាវាគ្រាន់តែជាគោលលទ្ធិ ឬគ្មានខ្លឹមសារក៏ដោយ ឱ្យតែវាស្ដាប់ទៅត្រឹមត្រូវសម្រាប់មនុស្ស ឱ្យតែវាហាក់ដូចជាស្របនឹងព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ តើខ្ញុំមិនអាចធានាបាននូវកន្លែងមួយក្នុងចំណោមមនុស្សទេឬ? តើខ្ញុំមិនអាចឈរយ៉ាងរឹងមាំក្នុងចំណោមពួកគេទេឬ? ឬប្រសិនបើខ្ញុំឧស្សាហ៍អធិប្បាយ និងពន្យល់ពីព្រះបន្ទូលនៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម ដោយឧស្សាហ៍ប្រើព្រះបន្ទូលទាំងនេះដើម្បីជួយមនុស្ស ហើយអ្វីៗគ្រប់យ៉ាងដែលខ្ញុំនិយាយ និងអធិប្បាយ ស្ដាប់ទៅដូចជាចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងត្រឹមត្រូវ នោះតើឋានៈរបស់ខ្ញុំក្នុងចំណោមមនុស្សនឹងមិនកាន់តែរឹងមាំឡើងៗទេឬ? តើខ្ញុំនឹងមិនទទួលបានកិត្យានុភាពកាន់តែច្រើនក្នុងចំណោមពួកគេទេឬ?» ដោយគិតបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា ពួកគេបានរកឃើញផ្លូវមួយដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការទទួលបានឋានៈ កេរ្តិ៍ឈ្មោះ និងការកោតសរសើរកាន់តែធំធេង ហើយពួកគេមើលឃើញក្ដីសង្ឃឹមក្នុងការសម្រេចរឿងនេះ។ បន្ទាប់ពីមើលឃើញក្ដីសង្ឃឹម ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ត្រេកអរជាសម្ងាត់នៅក្នុងចិត្តរបស់ពួកគេថា៖ «តើខ្ញុំឆ្លាតប៉ុនណាទៅ? គ្មានអ្នកណាផ្សេងដឹងពីរឿងនេះទេ។ តើហេតុអ្វីបានជាអ្នកដទៃមិនដឹងពីវិធីនេះ? ខ្ញុំពិតជាឆ្លាតណាស់! ប៉ុន្តែទោះបីជាខ្ញុំឆ្លាតយ៉ាងណាក៏ដោយ ខ្ញុំមិនអាចប្រាប់អ្នកណាពីរឿងនេះបានទេ។ ត្រឹមតែខ្ញុំដឹងនៅក្នុងចិត្ត គឺគ្រប់គ្រាន់ហើយ»។ ដោយមានគោលដៅ និងផែនការបែបនេះនៅក្នុងចិត្ត ពួកទទឹងនឹងព្រះគ្រីស្ទចាប់ផ្ដើមខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគិតថា៖ «កាលពីមុន ខ្ញុំគ្រាន់តែមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រួសៗ ស្ដាប់លេងៗ ហើយនិយាយអ្វីដែលនឹកឃើញប៉ុណ្ណោះ។ ឥឡូវនេះ ខ្ញុំត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្ញុំ។ ខ្ញុំមិនអាចធ្វើបែបនោះទៀតទេ វាខ្ជះខ្ជាយពេលណាស់។ ការធ្វើបែបនោះកាលពីមុន មិនបានផ្ដល់លទ្ធផលណាមួយឡើយ។ ការបន្តធ្វើបែបនោះទៀត ពិតជាល្ងង់ខ្លៅណាស់!» ដូច្នេះ ពួកគេក៏ប្រមូលចិត្តគំនិតឡើងវិញ ដោយប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេឱ្យបានអស្ចារ្យ។ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេឱ្យបានអស្ចារ្យ? ពួកគេពិនិត្យពិច័យរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសំនៀងនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយក៏ពិនិត្យពិច័យខ្លឹមសារជាក់លាក់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាល និងសម័យកាលនីមួយៗផងដែរ។ ក្នុងពេលជាមួយគ្នានេះ ពួកគេរៀបចំរបៀបពន្យល់ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ហើយនៅពេលពួកគេអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេរៀបចំរបៀបនិយាយ និងពន្យល់ព្រះបន្ទូលទាំងនោះតាមវិធីដែលធ្វើឱ្យមនុស្សកោតសរសើរ និងគោរពបូជាពួកគេ។ ហេតុដូច្នេះ បន្តិចម្ដងៗ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន។ ក៏ប៉ុន្តែ មានរឿងមួយដែលប្រាកដគឺ៖ ដោយសារតែកម្លាំងជំរុញចិត្តនៅពីក្រោយការខិតខំប្រឹងប្រែងនេះគឺខុសឆ្គង ហើយចេតនារបស់ពួកគេគឺអាក្រក់ ទើបពាក្យដែលពួកគេនិយាយ មិនថាអ្នកដទៃស្ដាប់ទៅយ៉ាងណានោះទេ គឺគ្រាន់តែជាគោលលទ្ធិប៉ុណ្ណោះ ពួកវាគ្រាន់តែជាពាក្យពេចន៍ និងឃ្លាដែលចម្លងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ដូច្នេះ មិនថាពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងខ្លាំងប៉ុនណាទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ពួកគេមិនសម្រេចបានលាភសក្ការៈផ្ទាល់ខ្លួនណាមួយឡើយ។ តើការមិនទទួលបានលាភសក្ការៈ មានន័យដូចម្ដេច? វាមានន័យថា ពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ។ ពួកគេមិនអនុវត្តទេ គឺគ្រាន់តែអធិប្បាយប៉ុណ្ណោះ ដូច្នេះ គ្មាននរណាម្នាក់ឃើញការផ្លាស់ប្ដូរណាមួយនៅក្នុងពួកគេឡើយ។ គំនិត និងទស្សនៈខុសឆ្គងរបស់ពួកគេមិនផ្លាស់ប្ដូរ ទស្សនៈមិនត្រឹមត្រូវរបស់ពួកគេចំពោះជីវិតក៏មិនផ្លាស់ប្ដូរ ពួកគេគ្មានការយល់ដឹងទាល់តែសោះអំពីនិស្ស័យពុករលួយរបស់ខ្លួនឯង ហើយពួកគេបរាជ័យទាំងស្រុងក្នុងយកខ្លួនឯងទៅធៀបទៅនឹងសភាពផ្សេងៗរបស់មនុស្ស ដូចដែលព្រះជាម្ចាស់បានរៀបរាប់។ ហេតុដូច្នេះហើយ មិនថាពួកទទឹងនឹងព្រះគ្រីស្ទពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុនណានោះទេ ក៏មានតែលទ្ធផលពីរប៉ុណ្ណោះដែលអាចមើលឃើញនៅក្នុងពួកគេនោះគឺ៖ ទីមួយ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេនិយាយគឺត្រឹមត្រូវ ហើយសូម្បីតែការពន្យល់របស់ពួកគេអំពីព្រះបន្ទូលទាំងនេះក៏មិនខុសក្ដី ប៉ុន្តែអ្នកមិនអាចមើលឃើញការផ្លាស់ប្ដូរណាមួយនៅក្នុងពួកគេឡើយ។ ទីពីរ មិនថាពួកគេលើកស្ទួយ និងអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងក្លៀវក្លាប៉ុនណានោះទេ ពួកគេគ្មានការស្គាល់ខ្លួនឯងទាល់តែសោះ។ នេះគឺជារឿងដែលអាចសង្កេតឃើញយ៉ាងច្បាស់។ មូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញឥរយាបថបែបនេះគឺថា ទោះបីជាពួកគេឧស្សាហ៍លើកស្ទួយ និងអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់អ្នកដទៃក៏ដោយ ក៏ប៉ុន្តែពួកគេផ្ទាល់មិនទទួលយកថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ។ ពួកគេផ្ទាល់មិនបានទទួលយកព្រះបន្ទូលទាំងនេះទេ។ ពួកគេគ្រាន់តែចង់ប្រើប្រាស់ព្រះបន្ទូលទាំងនោះ ដើម្បីសម្រេចបំណងលាក់កំបាំងរបស់ពួកគេប៉ុណ្ណោះ។ ពួកគេសង្ឃឹមថានឹងទទួលបានឋានៈ និងផលប្រយោជន៍ដែលពួកគេប្រាថ្នាចង់បាន តាមរយៈការអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើមនុស្សប្រព្រឹត្ត និងថ្វាយបង្គំពួកគេ ហាក់ដូចជាពួកគេជាព្រះជាម្ចាស់ នោះមុខជារឿងដ៏ល្អឥតខ្ចោះហើយ។ ទោះបីជាពួកគេមិនទាន់អាចសម្រេចគោលបំណង ឬលទ្ធផលនេះបានក្ដី ក៏នេះគឺជាគោលដៅចុងក្រោយរបស់អ្នកទទឹងនឹងព្រះគ្រីស្ទគ្រប់រូប។
ពួកទទឹងនឹងព្រះគ្រីស្ទបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនប្រហែលជាយល់ច្រឡំនៅពេលឮដូច្នេះ ដោយសួរថា៖ «តើនេះមានន័យថា គ្រប់គ្នាដែលខិតខំប្រឹងប្រែងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែជាអ្នកទទឹងនឹងព្រះគ្រីស្ទមែនទេ?» ប្រសិនបើអ្នកយល់ពីរឿងនេះបែបនេះ នោះអ្នកគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ តើរវាងការខិតខំប្រឹងប្រែងដែលពួកទទឹងនឹងព្រះគ្រីស្ទដាក់ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការខិតខំប្រឹងប្រែងរបស់អស់អ្នកដែលដេញតាមសេចក្ដីពិត មានភាពខុសគ្នាដូចម្ដេច? (ចេតនា និងគោលបំណងគឺខុសគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីផលប្រយោជន៍ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបំពេញមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេ។) តើពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងអ្វីខ្លះទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់? ពួកគេទន្ទេញឱ្យចាំនូវផ្នែកខ្លះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលស្របតាមសញ្ញាណរបស់ពួកគេ រៀនពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយប្រើភាសាមនុស្ស ហើយសរសេរកំណត់ត្រាខាងវិញ្ញាណ និងការយល់ដឹងមួយចំនួន។ ពួកគេក៏ចម្រាញ់ តម្រៀប និងរៀបចំសេចក្ដីថ្លែងព្រះបន្ទូលផ្សេងៗរបស់ព្រះជាម្ចាស់ផងដែរ ដូចជាព្រះបន្ទូលដែលមនុស្សជឿថារាងស្របនឹងសញ្ញាណរបស់មនុស្ស ព្រះបន្ទូលដែលងាយនឹងមើលឃើញថាមានសំនៀងនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលមួយចំនួនអំពីសេចក្ដីអាថ៌កំបាំង និងព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ដែលពេញនិយម និងឧស្សាហ៍ត្រូវបានគេអធិប្បាយមួយរយៈនៅក្នុងពួកជំនុំ។ ក្រៅពីការទន្ទេញចាំ ការរៀបចំ និងការតម្រៀបរឿងទាំងនេះ ព្រមទាំងការសរសេរការយល់ដឹងអំពីព្រះបន្ទូលទាំងនោះ ពិតណាស់ ពួកគេធ្វើរឿងជាច្រើនទៀត រួមទាំងសកម្មភាពចម្លែកៗមួយចំនួនផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងលះបង់ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទទួលបានឋានៈ បំពេញមហិច្ឆតារបស់ពួកគេ និងសម្រេចគោលដៅរបស់ពួកគេក្នុងការគ្រប់គ្រងពួកជំនុំ និងធ្វើជាព្រះជាម្ចាស់។ ពួកគេឧស្សាហ៍ធ្វើការរហូតដល់យប់ជ្រៅ ហើយងើបពីព្រលឹមស្រាងៗ ដោយខំប្រឹងដល់យប់ជ្រៅ និងហាត់សមសេចក្ដីអធិប្បាយរបស់ពួកគេនៅពេលព្រលឹម ហើយពួកគេក៏កត់ត្រាទុករឿងដ៏ឆ្លាតអស្ចារ្យដែលអ្នកដទៃបាននិយាយផងដែរ ទាំងអស់នេះគឺដើម្បីបំពាក់បំប៉នខ្លួនពួកគេដោយគោលលទ្ធិដែលពួកគេត្រូវការ ដើម្បីធ្វើសេចក្ដីអធិប្បាយដ៏ខ្ពង់ខ្ពស់។ ពួកគេរិះគិតជារៀងរាល់ថ្ងៃអំពីរបៀបធ្វើសេចក្ដីអធិប្បាយដ៏ខ្ពង់ខ្ពស់ទាំងនេះ ដោយត្រិះរិះពិចារណាថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណាដែលនឹងមានប្រយោជន៍បំផុតក្នុងការជ្រើសរើស ហើយនឹងជំរុញឱ្យមានការកោតសរសើរ និងការសរសើរតម្កើងក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ រួចហើយ ពួកគេក៏ទន្ទេញព្រះបន្ទូលទាំងនោះឱ្យចាំក្នុងចិត្ត។ បន្ទាប់មក ពួកគេពិចារណាពីរបៀបបកស្រាយព្រះបន្ទូលទាំងនោះ តាមរបៀបមួយដែលបង្ហាញពីភាពឈ្លាសវៃ និងភាពឆ្លាតអស្ចារ្យរបស់ពួកគេ។ ដើម្បីចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទុកក្នុងចិត្តរបស់ពួកគេឱ្យបានច្បាស់ ពួកគេខិតខំស្ដាប់ព្រះបន្ទូលរបស់ទ្រង់ឱ្យបានច្រើនដងថែមទៀត។ ពួកគេធ្វើរឿងទាំងអស់នេះ ដោយការខិតខំប្រឹងប្រែងដូចជាសិស្សដែលប្រកួតប្រជែងដណ្ដើមកន្លែងរៀននៅមហាវិទ្យាល័យអ៊ីចឹង។ នៅពេលនរណាម្នាក់ធ្វើសេចក្ដីអធិប្បាយល្អ ឬសេចក្ដីអធិប្បាយដែលផ្ដល់នូវការស្រាយបំភ្លឺខ្លះៗ ឬសេចក្ដីអធិប្បាយដែលផ្ដល់នូវទ្រឹស្ដីខ្លះៗ នោះអ្នកទទឹងនឹងព្រះគ្រីស្ទនឹងប្រមូល និងចងក្រងវា ហើយប្រែក្លាយវាទៅជាសេចក្ដីអធិប្បាយផ្ទាល់ខ្លួនរបស់គេ។ សម្រាប់អ្នកទទឹងនឹងព្រះគ្រីស្ទ គ្មានការខិតខំប្រឹងប្រែងណាដែលធំធេងខ្លាំងពេកនោះទេ។ ចុះតើអ្វីជាកម្លាំងជំរុញចិត្ត និងចេតនានៅពីក្រោយការខិតខំប្រឹងប្រែងនេះរបស់គេ? គឺដើម្បីអាចអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីនិយាយព្រះបន្ទូលទាំងនោះយ៉ាងច្បាស់លាស់ និងដោយងាយស្រួល ដើម្បីប្រើប្រាស់ព្រះបន្ទូលទាំងនោះយ៉ាងស្ទាត់ជំនាញ ដើម្បីឱ្យអ្នកដទៃអាចឃើញថា អ្នកទទឹងនឹងព្រះគ្រីស្ទមានភាពខាងវិញ្ញាណជាងពួកគេ ឱ្យតម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាងពួកគេ និងស្រឡាញ់ព្រះជាម្ចាស់ជាងពួកគេ។ តាមរបៀបនេះ អ្នកទទឹងនឹងព្រះគ្រីស្ទអាចទទួលបានការកោតសរសើរ និងការគោរពបូជាពីមនុស្សមួយចំនួននៅជុំវិញខ្លួន។ អ្នកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា នេះជារឿងដែលស័ក្ដិសមនឹងធ្វើ ហើយស័ក្ដិសមនឹងការខិតខំប្រឹងប្រែង ការលះបង់ ឬការលំបាកណាមួយ។ បន្ទាប់ពីបានដាក់ការខិតខំប្រឹងប្រែងទាំងនេះអស់រយៈពេលពីរឆ្នាំ បីឆ្នាំ ឬប្រាំឆ្នាំមក ពួកទទឹងនឹងព្រះគ្រីស្ទក៏កាន់តែស៊ាំឡើងៗបន្តិចម្ដងៗទៅនឹងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងខ្លឹមសារ និងសំនៀងនៃព្រះបន្ទូលរបស់ទ្រង់។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ថែមទាំងអាចត្រាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសូត្រព្រះបន្ទូលទាំងនោះបានពីរបីឃ្លាទៀតផង នៅពេលណាក៏ដោយដែលពួកគេហើបមាត់និយាយ។ ជាការពិតណាស់ នេះមិនមែនជារឿងសំខាន់បំផុតសម្រាប់ពួកគេឡើយ។ តើអ្វីជារឿងសំខាន់បំផុត? នៅពេលពួកគេអាចត្រាប់តាម និងសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមតែចិត្ត របៀបនៃការនិយាយ សំនៀង និងសូម្បីតែការលើកដាក់សំឡេងរបស់ពួកគេ ក៏កាន់តែស្រដៀងនឹងព្រះជាម្ចាស់ កាន់តែដូចព្រះគ្រីស្ទឡើងៗ។ ពួកទទឹងនឹងព្រះគ្រីស្ទត្រេកអរអំពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេ។ តើពួកគេកំពុងត្រេកអរអំពីរឿងអ្វី? ពួកគេកាន់តែមានអារម្មណ៍ថា វានឹងអស្ចារ្យយ៉ាងណាទៅក្នុងការធ្វើជាព្រះជាម្ចាស់ ដោយមានមនុស្សជាច្រើនគោរពបូជា និងចោមរោមពួកគេ តើវានឹងមានសិរីល្អយ៉ាងណាទៅ! ពួកគេចាត់ទុកសមិទ្ធផលទាំងអស់នេះថាបានមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេជឿថា គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយដែលបានប្រទានឱកាសដល់ពួកគេ ដែលបានបណ្ដាលចិត្តពួកគេ ហើយលើសពីនេះទៅទៀត គឺដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ទើបពួកគេបានរៀនត្រាប់តាមរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសំនៀងរបស់ព្រះជាម្ចាស់។ ទីបំផុត រឿងនេះធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែដូចជាព្រះជាម្ចាស់ឡើងៗ ដោយខិតកាន់តែជិតទៅនឹងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត វាធ្វើឱ្យពួកគេមានអារម្មណ៍ថា ការដែលអាចត្រាប់តាមរបៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់ ការនិយាយ និងការរស់នៅដោយមានរបៀបនៃការថ្លែងព្រះបន្ទូល និងការលើកដាក់សំឡេងរបស់ព្រះជាម្ចាស់ គឺជារឿងគួរឱ្យត្រេកអរខ្លាំងក្រៃលែង ដែលបង្កើតបានជាពេលវេលាដ៏រីករាយបំផុតរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទបានឈានដល់ចំណុចនេះហើយ តើអ្នករាល់គ្នាយល់ថាវាគ្រោះថ្នាក់ដែរឬទេ? (គ្រោះថ្នាក់។) តើគ្រោះថ្នាក់នោះស្ថិតនៅត្រង់ណា? (ពួកគេចង់ធ្វើជាព្រះជាម្ចាស់។) ការចង់ធ្វើជាព្រះជាម្ចាស់ គឺជារឿងគ្រោះថ្នាក់ ដូចជាប៉ុលអ៊ីចឹង ដែលបាននិយាយថា សម្រាប់គាត់ ការរស់នៅគឺជាព្រះគ្រីស្ទ។ មនុស្សម្នាក់គឺមិនអាចទទួលបានការប្រោសលោះបានឡើយ នៅពេលពាក្យបែបនេះត្រូវបាននិយាយចេញមក។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាផ្លូវមួយដើម្បីក្លាយជាព្រះជាម្ចាស់។ នៅក្នុងដំណើរការនេះ តើពួកទទឹងនឹងព្រះគ្រីស្ទបានធ្វើអ្វីខ្លះ? ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំណាយកម្លាំង និងពេលវេលាយ៉ាងច្រើនទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងពេលនេះ ពួកគេបានពិនិត្យពិច័យ និងវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអាន ទន្ទេញឱ្យចាំ និងរៀបចំព្រះបន្ទូលទាំងនោះម្ដងហើយម្ដងទៀត។ ពួកគេថែមទាំងបានត្រាប់តាមរបៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់ ខណៈពេលកំពុងអានព្រះបន្ទូលរបស់ទ្រង់ទៀតផង ជាពិសេសឃ្លាដែលត្រូវបានប្រើជាទូទៅនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើសារជាតិនៃទង្វើទាំងអស់នេះគឺជាអ្វី? នៅត្រង់នេះ ខ្ញុំរៀបរាប់វាថាជាសារជាតិនៃឈ្មួញម្នាក់ដែលទិញទំនិញក្នុងតម្លៃបោះដុំ ពោលគឺ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីថោកបំផុត ដើម្បីប្រែក្លាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជារបស់ខាងសម្ភារៈដែលពួកគេជាម្ចាស់។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនទទួលយកព្រះបន្ទូលទាំងនោះជាសេចក្ដីពិតឡើយ ហើយក៏មិនចាត់ទុកព្រះបន្ទូលទាំងនោះជាផ្លូវដែលមនុស្សគួរតែចូលទៅក្នុងនោះដែរ។ ផ្ទុយទៅវិញ ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីទន្ទេញព្រះបន្ទូលទាំងនេះឱ្យចាំ ព្រមទាំងរបៀប និងសំនៀងនៃការថ្លែងព្រះបន្ទូល ក្នុងបំណងការប៉ុនប៉ងប្រែក្លាយខ្លួនពួកគេឱ្យទៅជាអ្នកដែលសម្ដែងចេញនូវព្រះបន្ទូលបែបនេះ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទអាចត្រាប់តាមសំនៀង និងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចប្រើប្រាស់របៀប និងសំនៀងនៃការថ្លែងព្រះបន្ទូលនេះយ៉ាងពេញលេញនៅក្នុងពាក្យសម្ដី និងទង្វើរបស់ពួកគេ ដោយរស់នៅក្នុងចំណោមមនុស្ស អ្វីដែលពួកគេមានបំណងចង់សម្រេច គឺមិនមែនដើម្បីបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ ធ្វើអ្វីៗដោយមានគោលការណ៍ ឬដើម្បីស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ តាមរយៈការត្រាប់តាមសំនៀង និងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈការអធិប្បាយព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ពួកគេចង់ចូលទៅជ្រៅក្នុងចិត្តរបស់មនុស្ស ហើយក្លាយជាគោលដៅដែលមនុស្សគោរពបូជា។ ពួកគេប្រាថ្នាចង់ឡើងលើបល្ល័ង្កនៅក្នុងចិត្តរបស់មនុស្ស និងសោយរាជ្យជាស្ដេចនៅទីនោះ ហើយគ្រប់គ្រងគំនិត និងឥរិយាបថរបស់មនុស្សដោយឧបាយ ដោយហេតុនេះ ពួកគេក៏សម្រេចគោលដៅក្នុងការគ្រប់គ្រងមនុស្ស។
ប្រសិនបើយើងរៀបរាប់ពីការដែលពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាដូចជាការដែលឈ្មួញទិញព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងតម្លៃថោកជាទំនិញ នោះតើការដែលពួកទទឹងនឹងព្រះគ្រីស្ទត្រាប់តាមការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការដែលពួកគេប្រើប្រាស់របៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់ដើម្បីអធិប្បាយព្រះបន្ទូលរបស់ទ្រង់ មិនមែនដូចគ្នានឹងការលក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញទេឬ? (មែនហើយ។) គ្មានឈ្មួញណាទិញទំនិញមក ហើយមិនលក់វាចេញវិញនោះទេ។ គោលបំណងរបស់ឈ្មួញក្នុងការទិញយកទំនិញទាំងនេះ និងការធ្វើជាម្ចាស់លើទំនិញទាំងនេះ គឺដើម្បីទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ពីរបស់ទាំងនេះ ដើម្បីយកទៅដោះដូរជាប្រាក់កាន់តែច្រើន។ ហេតុដូច្នេះ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដែលពួកទទឹងនឹងព្រះគ្រីស្ទដាក់ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលទាំងនោះ គឺគ្មានអ្វីក្រៅពីការដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើខ្លួនដូចជាឈ្មួញ ដើម្បីទទួលបានព្រះបន្ទូលទាំងនោះដោយប្រើមធ្យោបាយថោកបំផុត ចំណាយតិចបំផុត និងងាយស្រួលបំផុត ដោយប្រែក្លាយព្រះបន្ទូលទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់ ហើយបន្ទាប់មកលក់វាក្នុងតម្លៃខ្ពស់ ដើម្បីទទួលបានផលប្រយោជន៍ដែលពួកគេប្រាថ្នាចង់បាន។ ហើយតើផលប្រយោជន៍ទាំងនេះគឺជាអ្វី? គឺជាការវាយតម្លៃខ្ពស់ ការគោរពបូជា ការកោតសរសើរ និងជាពិសេសគឺការដើរតាមពីមនុស្ស។ ហេតុដូច្នេះហើយ ជារឿងធម្មតានៅក្នុងពួកជំនុំ គេតែងតែឃើញមានបាតុភូតមួយ ដែលបុគ្គលម្នាក់ដែលជាមូលដ្ឋាន មិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនស្គាល់ខ្លួនឯងឡើយ ប៉ុន្តែបែរជាមានអ្នកដើរតាមជាច្រើន មានមនុស្សជាច្រើនដែលពឹងផ្អែក និងគោរពបូជាគេទៅវិញ។ តើអ្វីជាមូលហេតុនៃរឿងនេះ? គឺដោយសារតែបុគ្គលនេះមានមាត់រអិល ពូកែវោហារ និងងាយនឹងបំភាន់មនុស្ស។ គេមិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏មិនចាត់ចែងរឿងរ៉ាវតាមគោលការណ៍ដែរ ព្រមទាំងបរាជ័យក្នុងការអនុវត្តកិច្ចការរបស់ពួកជំនុំ និងការរៀបចំពីខាងលើទៀតផង។ ប៉ុន្តែ ហេតុអ្វីបានជាគេនៅតែអាចធ្វើឱ្យមនុស្សមួយចំនួនមានចំណាប់អារម្មណ៍ល្អចំពោះគេបាន? នៅពេលមានរឿងអ្វីមួយពិតជាកើតឡើងចំពោះគេមែន ហេតុអ្វីបានជាមានមនុស្សជាច្រើនជួយបិទបាំងឱ្យគេ និងការពារគេដូច្នេះ? ហេតុអ្វីបានជាមនុស្សមួយចំនួនការពារគេ នៅពេលគេធ្វើជាអ្នកដឹកនាំ? ហេតុអ្វីបានជាមនុស្សមួយចំនួនរារាំង និងប្រឆាំងនឹងការដកហូតតំណែងគេ? មូលហេតុដែលបុគ្គលម្នាក់ដែលពោរពេញដោយកំហុស ពេញទៅដោយនិស្ស័យពុករលួយរបស់សាតាំង និងមិនដែលអនុវត្តសេចក្ដីពិតសោះ នៅតែអាចទទួលបានការប្រព្រឹត្តដាក់បែបនេះនៅក្នុងពួកជំនុំ គឺមានតែដោយសារបុគ្គលនេះពូកែនិយាយពេក ពូកែធ្វើពុតពេក និងប៉ិនប្រសប់ក្នុងការបំភាន់មនុស្សពេកប៉ុណ្ណោះ ពួកទទឹងនឹងព្រះគ្រីស្ទ គឺពិតជាជាមនុស្សបែបនេះឯង។ ដូច្នេះ តើយើងអាចនិយាយថា មនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? អាចបាន មនុស្សបែបនេះពិតជាពួកទទឹងនឹងព្រះគ្រីស្ទមែន។ ពួកគេឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឧស្សាហ៍ទន្ទេញឱ្យចាំ និងអធិប្បាយព្រះបន្ទូលទាំងនោះ ឧស្សាហ៍ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីស្ដីប្រដៅ និងលួសកាត់អ្នកដទៃ ហើយតាំងខ្លួននៅក្នុងទស្សនៈ និងគោលជំហររបស់ព្រះជាម្ចាស់ដើម្បីស្ដីប្រដៅមនុស្ស ដោយធ្វើឱ្យមនុស្សស្ដាប់បង្គាប់ និងស្របតាមពួកគេទាំងស្រុង ព្រមទាំងធ្វើឱ្យមនុស្សគ្មានពាក្យនិយាយ បន្ទាប់ពីបានឮគោលលទ្ធិដ៏ធំដុំដែលពួកគេនិយាយ។ ប៉ុន្តែ មនុស្សបែបនេះគឺជាអ្នកដែលមិនដែលស្គាល់ខ្លួនឯង និងមិនដែលចាត់ចែងរឿងរ៉ាវតាមគោលការណ៍ឡើយ។ ប្រសិនបើពួកគេជាអ្នកដឹកនាំ នោះអ្នកដឹកនាំថ្នាក់លើរបស់ពួកគេនឹងត្រូវក្លាយជាគ្មានប្រសិទ្ធភាព។ វាក្លាយជារឿងមិនអាចទៅរួចឡើយ ក្នុងការស្វែងយល់ពីស្ថានភាពនៅក្នុងពួកជំនុំដែលស្ថិតក្រោមការដឹកនាំរបស់ពួកគេ។ ដោយមានវត្តមានរបស់ពួកគេ ការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ គោលការណ៍ និងសេចក្ដីតម្រូវដែលបានកំណត់ដោយដំណាក់របស់ព្រះជាម្ចាស់ មិនអាចត្រូវបានអនុវត្តឡើយ។ តើមនុស្សបែបនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែរឬទេ? (អត់ទេ ពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ។) ពួកគេបានខិតខំប្រឹងប្រែងក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចសូត្រព្រះបន្ទូលទាំងនោះបានខ្លះ។ ក្នុងអំឡុងពេលប្រកបគ្នានៅឯការជួបជុំ ពួកគេឧស្សាហ៍លើកឡើងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលទំនេរ ពួកគេស្ដាប់សំឡេងថតនៃការសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលពួកគេនិយាយទៅកាន់អ្នកដទៃ ពួកគេត្រាប់តែតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយមិននិយាយអ្វីផ្សេងឡើយ។ អ្វីៗគ្រប់យ៉ាងដែលពួកគេអធិប្បាយ និងនិយាយ គឺគ្មានកំហុសឡើយ។ បុគ្គលបែបនេះ ដែលមើលទៅហាក់ដូចជាល្អឥតខ្ចោះពីសំបកក្រៅ ជាអ្នកដែលគេហៅថា «បុគ្គលដែលត្រឹមត្រូវ» ធ្វើឱ្យការរៀបចំចាត់ចែងកិច្ចការ សេចក្ដីតម្រូវ និងគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ ត្រូវជួបនឹងឧបសគ្គនៅពេលធ្លាក់មកដល់ដៃគេ។ មនុស្សដែលនៅក្រោមបង្គាប់គេ មិនទទួលស្គាល់អ្នកណាផ្សេងក្រៅពីគេឡើយ។ អស់អ្នកដែលនៅក្រោមបង្គាប់គេ ក្រៅពីគោរពបូជាគេ និងព្រះដ៏ស្រពេចស្រពិលនៅស្ថានសួគ៌ គឺមិនស្ដាប់អ្នកណាផ្សេងឡើយ ហើយមិនអើពើនឹងមនុស្សគ្រប់គ្នា។ តើនេះមិនមែនជាអ្នកទទឹងនឹងព្រះគ្រីស្ទទេឬ? តើគេបានប្រើប្រាស់មធ្យោបាយអ្វីខ្លះដើម្បីសម្រេចរឿងទាំងអស់នេះ? គេបានកេងប្រយោជន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អស់អ្នកដែលមានភាពច្របូកច្របល់នៅក្នុងសេចក្ដីជំនឿរបស់ខ្លួន ដែលគ្មានការយល់ដឹងខាងវិញ្ញាណ ដែលល្ងង់ខ្លៅ ដែលមានគំនិតច្របូកច្របល់ ក៏ដូចជាអស់អ្នកដែលមិនដេញតាមសេចក្ដីពិត ពួកអ្នកមិនជឿ និងអស់អ្នកដែលប្រៀបដូចជាដើមត្រែងដែលរេតាមខ្យល់ ចាត់ទុកអ្នកទទឹងនឹងព្រះគ្រីស្ទជាបុគ្គលខាងវិញ្ញាណ។ ពួកគេចាត់ទុកពាក្យពេចន៍ និងគោលលទ្ធិដែលអ្នកទទឹងនឹងព្រះគ្រីស្ទបានអធិប្បាយ ជាតថភាពសេចក្ដីពិត ហើយចាត់ទុកអ្នកទទឹងនឹងព្រះគ្រីស្ទជាគោលដៅដែលពួកគេត្រូវដើរតាម។ ខណៈដែលពួកគេដើរតាមអ្នកទទឹងនឹងព្រះគ្រីស្ទ ពួកគេជឿថាខ្លួនកំពុងដើរតាមព្រះជាម្ចាស់។ ពួកគេប្រើប្រាស់ការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីជំនួសឱ្យការដើរតាមព្រះជាម្ចាស់។ សូម្បីតែមនុស្សមួយចំនួនក៏និយាយថា៖ «អ្នកដឹកនាំរបស់យើងមិនទាន់បាននិយាយ ឬប្រកបគ្នានៅឡើយទេ ទោះបីជាយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏យើងមិនអាចយល់ព្រះបន្ទូលទាំងនោះដោយខ្លួនឯងបានដែរ»។ «អ្នកដឹកនាំរបស់យើងមិននៅទីនេះទេ យើងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់អំពីរឿងអ្វីមួយ ប៉ុន្តែយើងមិនអាចទទួលបានពន្លឺឡើយ។ យើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចយល់ពីផ្លូវនោះទេ។ យើងត្រូវរង់ចាំអ្នកដឹកនាំរបស់យើងត្រឡប់មកវិញសិន»។ «ប៉ុន្មានថ្ងៃនេះ អ្នកដឹកនាំរបស់យើងរវល់ណាស់ ហើយគ្មានពេលដើម្បីដោះស្រាយបញ្ហារបស់យើងទេ»។ បើគ្មានចៅហ្វាយរបស់ពួកគេទេ មនុស្សទាំងនេះមិនដឹងពីរបៀបអធិដ្ឋាន ឬរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ពួកគេមិនរៀនស្វែងរក និងពឹងផ្អែកលើព្រះជាម្ចាស់ ឬរកឱ្យឃើញផ្លូវនៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងនោះទេ។ បើគ្មានចៅហ្វាយរបស់ពួកគេទេ ពួកគេប្រៀបដូចជាមនុស្សខ្វាក់ វាហាក់ដូចជាបេះដូងរបស់ពួកគេត្រូវបានគេខ្វេះយកចេញអ៊ីចឹង។ ចៅហ្វាយរបស់ពួកគេគឺជាភ្នែករបស់ពួកគេ ក៏ដូចជារបស់ដ៏មានតម្លៃបំផុតរបស់ពួកគេផងដែរ។ ពួកគេជឿថា ចៅហ្វាយរបស់ពួកគេគឺជាអ្នកដែលពូកែបំផុតក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើចៅហ្វាយរបស់ពួកគេមិនមានវត្តមានទេ នោះពួកគេគ្មានចំណាប់អារម្មណ៍ក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងឡើយ ហើយត្រូវតែរង់ចាំចៅហ្វាយរបស់ពួកគេត្រឡប់មកវិញសិន ដើម្បីអានអធិដ្ឋាន និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់ពួកគេ ដើម្បីឱ្យពួកគេអាចយល់បាន។ នៅក្នុងជម្រៅចិត្ត មនុស្សទាំងនេះជឿថា ចៅហ្វាយរបស់ពួកគេគឺជាអ្នកនាំសាររបស់ពួកគេ ដែលអាចជួយពួកគេឱ្យមកចំពោះព្រះជាម្ចាស់បាន។ ការសម្រេចបាននូវ «ផល» បែបនេះ គឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទយល់ថាស័ក្ដិសមឱ្យត្រេកអរបំផុតនៅក្នុងជម្រៅចិត្តរបស់ពួកគេ៖ «ការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់ខ្ញុំ ទីបំផុតទទួលបានផលហើយ។ នៅទីបំផុត ពេលវេលាដែលខ្ញុំបានចំណាយ គឺមិនឥតប្រយោជន៍ឡើយ។ ការខិតខំប្រឹងប្រែងពិតជាផ្ដល់រង្វាន់ដល់អស់អ្នកដែលតស៊ូព្យាយាមមែន សូម្បីតែដុំដែកក៏អាចសំលៀងឱ្យទៅជាម្ជុលបានដែរ ប្រសិនបើមានការតស៊ូព្យាយាមគ្រប់គ្រាន់។ ការខិតខំប្រឹងប្រែងនេះពិតជាសមតម្លៃណាស់!» នៅពេលឮថាអ្នកដើរតាមរបស់ពួកគេមិនអាចរស់នៅដោយគ្មានពួកគេបាន ពួកទទឹងនឹងព្រះគ្រីស្ទមិនមានអារម្មណ៍ថាមានកំហុសណាមួយនៅក្នុងជម្រៅចិត្តឡើយ។ ផ្ទុយទៅវិញ ពួកគេត្រេកអរជាសម្ងាត់ ដោយគិតថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យមែន។ ការសម្រេចចិត្តរបស់ខ្ញុំកាលពីពេលនោះគឺត្រឹមត្រូវហើយ។ ការខិតខំប្រឹងប្រែងដែលខ្ញុំបានចំណាយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះគឺត្រឹមត្រូវ ហើយវិធីសាស្ត្ររបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ត្រូវបានគេទទួលស្គាល់ និងទទួលបានផ្លែផ្កាហើយ»។ ពួកគេមានអារម្មណ៍ពេញចិត្តជាសម្ងាត់។ ពួកគេមិនត្រឹមតែមិនមានអារម្មណ៍ថាមានកំហុស ស្ដាយក្រោយ ឬមានសេចក្ដីស្អប់ចំពោះទង្វើដ៏អាក្រក់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងកាន់តែជឿជាក់ និងប្រាកដចិត្តថា វិធីសាស្ត្ររបស់ពួកគេគឺត្រឹមត្រូវទៀតផង។ ហេតុដូច្នេះហើយ នៅក្នុងពេលខាងមុខ នៅក្នុងជីវិតអនាគតរបស់ពួកគេ ពួកគេមានគម្រោងសិក្សាពីរបៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់ ដូចដែលពួកគេធ្លាប់បានធ្វើកាលពីមុន ហើយធ្វើបែបនេះឱ្យកាន់តែឧស្សាហ៍ព្យាយាមជាងអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល ព្រមទាំងត្រាប់តាមរបៀបនៃការថ្លែងព្រះបន្ទូល និងការជ្រើសរើសពាក្យពេចន៍របស់ព្រះជាម្ចាស់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀតផង។
នៅពេលពួកទទឹងនឹងព្រះគ្រីស្ទអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការផ្ដោត និងចេតនារបស់ពួកគេ គឺផ្ទុយស្រឡះពីអស់អ្នកដែលដេញតាមសេចក្ដីពិត។ អស់អ្នកដែលដេញតាមសេចក្ដីពិត មិនថារបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ពួកគេចាប់អារម្មណ៍តែក្នុងការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គោលការណ៍សេចក្ដីពិត និងអ្វីដែលមនុស្សគួរប្រកាន់ខ្ជាប់ និងធ្វើតាមប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនយករឿងទាំងនេះទុកក្នុងចិត្តឡើយ ហើយមិនអើពើនឹងរឿងទាំងនោះទេ ថែមទាំងមានអារម្មណ៍ស្អប់ខ្ពើមចំពោះឃ្លាដែលទាក់ទងនឹងរឿងទាំងនេះ ហើយលួចទាស់ទទឹងជាសម្ងាត់នឹងឃ្លា និងពាក្យពេចន៍ដែលពាក់ព័ន្ធនឹងរឿងទាំងនេះទៀតផង។ បន្ទាប់ពីសម្រេចបាន «លទ្ធផល» មួយចំនួន ពួកគេបន្តស្វែងយល់កាន់តែស៊ីជម្រៅ និងកាន់តែល្អិតល្អន់ក្នុងការពិនិត្យពិច័យថាតើរបៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់មានលក្ខណៈបែបណា តើការលើកដាក់ព្រះសូរសៀងរបស់ទ្រង់មានភាពខុសប្លែកគ្នាបែបណា តើទ្រង់ជ្រើសរើសពាក្យពេចន៍អ្វីខ្លះ ដោយមិនរំលងសូម្បីតែចំណុចលម្អិតនៃវេយ្យាករណ៍ និងវាក្យសម្ព័ន្ធដែលទ្រង់តែងតែប្រើ ដោយប្រើប្រាស់វិធីសាស្ត្រដូចកាលពីមុនដែរ។ ដើម្បីខិតកាន់តែជិតទៅនឹងគោលដៅរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទតាំងចិត្តយ៉ាងមុតមាំជាសម្ងាត់នៅក្នុងចិត្តរបស់ខ្លួន ក្នុងការពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែខ្លាំង កាន់តែម៉ត់ចត់ និងកាន់តែស៊ីជម្រៅ ដោយពិនិត្យពិច័យគោលបំណង និងគោលដៅនៅពីក្រោយការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងពិនិត្យពិច័យរបៀបដែលព្រះជាម្ចាស់ ដែលជាអ្នកថ្លែងព្រះបន្ទូលទៅកាន់មនុស្សជាតិ និងចក្រវាលទាំងមូល សម្ដែងចេញនូវព្រះអង្គទ្រង់ទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទពិនិត្យពិច័យដោយមិនចេះនឿយហត់នូវគ្រប់ទិដ្ឋភាពនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយប៉ុនប៉ងត្រាប់តាមការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបន្លំថាខ្លួនឯងមានសារជាតិរបស់ព្រះជាម្ចាស់ មានកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ព្រមទាំងមាននិស្ស័យរបស់ព្រះជាម្ចាស់។ រឿងទាំងអស់នេះហាក់ដូចជាកើតឡើងយ៉ាងធម្មជាតិ និងយ៉ាងរលូន។ ពួកគេធ្វើការ និងធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅរបស់ពួកគេជារឿងធម្មតា ហើយក៏ជារឿងធម្មតា និងដោយមិនដឹងខ្លួនផងដែរ ដែលពួកគេប្រែក្លាយខ្លួនឯងទៅជាព្រះជាម្ចាស់ ទៅជាបុគ្គលដែលអ្នកដទៃកោតសរសើរ និងដើរតាម។ ពួកគេពិនិត្យពិច័យថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់ដោតចិត្តរបស់មនុស្ស និងលាតត្រដាងនិស្ស័យពុករលួយរបស់មនុស្សដោយរបៀបណា ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងពីសភាពផ្សេងៗរបស់មនុស្សដោយរបៀបណា ហើយលើសពីនេះទៅទៀត ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រេចបានផលនៅក្នុងមនុស្សដោយរបៀបណា។ តើគោលបំណងរបស់ពួកគេក្នុងការពិនិត្យពិច័យរឿងទាំងអស់នេះគឺជាអ្វី? គឺដើម្បីចូលទៅក្នុងចិត្តរបស់មនុស្ស ក្ដាប់ឱ្យបាននូវស្ថានភាពជាក់ស្ដែងរបស់មនុស្ស ហើយខណៈពេលដែលមើលធ្លុះដល់គំនិតខាងក្នុងរបស់មនុស្ស ពួកគេអាចបំភាន់ និងគ្រប់គ្រងមនុស្សបាន។ នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងនិស្ស័យពុករលួយរបស់មនុស្ស និងវាយចំចំណុចខ្សោយរបស់មនុស្ស ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «ព្រះបន្ទូលទាំងនេះ របៀបនេះ ពិតជាអស្ចារ្យ និងល្អឥតខ្ចោះណាស់! ខ្ញុំក៏ចង់និយាយបែបនេះដែរ ខ្ញុំចង់ប្រើប្រាស់របៀបនៃការនិយាយនេះ និងប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះ»។ ពេញទាំងរយៈពេលជាច្រើនឆ្នាំនៃការអាន និងការផ្ស៊ាំនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែចាត់ទុកក្ដីប្រាថ្នា និងបំណងប្រាថ្នារបស់ពួកគេក្នុងការក្លាយជាព្រះជាម្ចាស់ ថាជាគោលដៅតែមួយគត់របស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់។ ហេតុដូច្នេះហើយ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងអំពីការតម្រូវឱ្យមនុស្សដេញតាមសេចក្ដីពិត និងធ្វើរឿងរ៉ាវតាមគោលការណ៍ ក៏ដូចជាតថភាពផ្សេងៗទៀតនៃអ្វីៗដែលវិជ្ជមានយ៉ាងណានោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយករឿងនេះឡើយ ហើយពួកគេមិនខ្វល់ខ្វាយនឹងវាទេ។ ពួកគេផ្ដោតចិត្តតែទៅលើការដេញតាមគោលដៅរបស់ខ្លួនផ្ទាល់ ដោយធ្វើអ្វីដែលពួកគេចង់ធ្វើ ស្របតាមកម្លាំងជំរុញចិត្តរបស់ខ្លួនផ្ទាល់សម្រាប់ធ្វើសកម្មភាព ហាក់ដូចជាគ្មានអ្នកណាផ្សេងសំខាន់ឡើយ។ គ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់សូម្បីតែមួយប្រយោគ ដែលអាចធ្វើឱ្យរំជួលដល់ចិត្តរបស់ពួកគេ ឬផ្លាស់ប្ដូរទស្សនៈរបស់ពួកគេចំពោះជីវិត និងទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់ពួកគេឡើយ ហើយរឹតតែគ្មានប្រយោគណាមួយ សេចក្ដីអធិប្បាយណាមួយ ឬការថ្លែងព្រះបន្ទូលណាមួយពីព្រះជាម្ចាស់ ដែលអាចដឹកនាំពួកគេឱ្យមានចិត្តដែលប្រែចិត្តនោះទេ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងពីអ្វី មិនថាព្រះបន្ទូលទាំងនោះលាតត្រដាងពីនិស្ស័យពុករលួយអ្វីខ្លះរបស់មនុស្សនោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែពិនិត្យពិច័យរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សំនៀងរបស់ទ្រង់ ផលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានព្រះរាជបំណងសម្រេចឱ្យបាននៅក្នុងមនុស្ស និងរឿងផ្សេងៗទៀតប៉ុណ្ណោះ ដែលរឿងទាំងអស់នេះសុទ្ធតែមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ហេតុដូច្នេះហើយ កាលណាពួកទទឹងនឹងព្រះគ្រីស្ទកាន់តែជួបប្រទះនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំណងប្រាថ្នាខាងក្នុងរបស់ពួកគេក្នុងការធ្វើជាព្រះជាម្ចាស់ ក៏កាន់តែខ្លាំងក្លាឡើង។ តើបំណងប្រាថ្នានេះខ្លាំងក្លាប៉ុនណាទៅ? វាឈានដល់ចំណុចដែលពួកគេថែមទាំងសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសុបិនរបស់ពួកគេទៀតផង ឧស្សាហ៍និយាយម្នាក់ឯង និងហាត់សមអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយប្រើប្រាស់របៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ទ្រង់។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេតែងតែថាតាមដដែលៗនូវរបៀបនៃការថ្លែងព្រះបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់ ហាក់ដូចជាត្រូវខ្មោចសណ្ឋិតអ៊ីចឹង។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺបែបនេះឯង។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជាក់លាក់ ស្មោះស្ម័គ្រ ឬពិតប្រាកដយ៉ាងណានោះទេ មិនថាព្រះបន្ទូលទាំងនោះផ្ដល់ជំនួយ ឬការបណ្ដាលចិត្តដល់មនុស្សច្រើនប៉ុនណានោះទេ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនៅតែព្រងើយកន្តើយ និងមិនខ្វល់ខ្វាយនឹងរឿងទាំងអស់នេះឡើយ។ ពួកគេមិនឱ្យតម្លៃព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ទេ។ តើចិត្តរបស់ពួកគេនៅឯណា? ពួកគេផ្ដោតទៅលើរបៀបត្រាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមវិធីមួយដែលធ្វើឱ្យមនុស្សគោរពបូជាពួកគេ។ កាលណាបំណងប្រាថ្នារបស់ពួកគេកាន់តែខ្លាំងក្លា ពួកគេកាន់តែសង្ឃឹមថានឹងបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអាចយល់ពីគោលបំណង ក្ដីប្រាថ្នា និងគំនិតនៅពីក្រោយរាល់ប្រយោគដែលព្រះជាម្ចាស់បានថ្លែង ថែមទាំងព្រះតម្រិះដ៏ជ្រាលជ្រៅបំផុតរបស់ទ្រង់ទៀតផង។ កាលណាបំណងប្រាថ្នា និងក្ដីប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែខ្លាំងក្លា ពួកគេកាន់តែចង់ត្រាប់តាមរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេកាន់តែប្រាថ្នាចង់ប្រែក្លាយខ្លួនឯងយ៉ាងឆាប់រហ័សឱ្យកាន់តែដូចជាព្រះជាម្ចាស់ក្នុងរយៈពេលដ៏ខ្លី ដោយមានរបៀបនៃការថ្លែង និងសំនៀងរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត អ្នកខ្លះថែមទាំងចង់យកបែបបថ និងឥរិយាបថរបស់ព្រះជាម្ចាស់ មកប្រើប្រាស់នៅក្នុងសកម្មភាពរបស់ខ្លួនទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទស្ថិតក្នុងស្ថានភាពបែបនេះ ដោយរស់នៅជារៀងរាល់ថ្ងៃក្រោមការគិត គំនិត ចេតនា និងកម្លាំងជំរុញចិត្តទាំងនេះ។ តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងបង្ខំខ្លួនឯងជារៀងរាល់ថ្ងៃឱ្យដើរលើផ្លូវនៃការក្លាយជាព្រះជាម្ចាស់ ក្លាយជាព្រះគ្រីស្ទ។ ពួកគេជឿថាផ្លូវនេះគឺត្រឹមត្រូវ និងបើកចំហ ថាវាគឺជាផ្លូវដ៏ភ្លឺស្វាង។ ដូច្នេះ មិនថានៅឯការជួបជុំ ឬការប្រជុំនោះទេ មិនថាអ្នកដទៃប្រកបគ្នាអំពីការយល់ដឹងរបស់ខ្លួនចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអារម្មណ៍របស់អ្នកទាំងនោះអំពីការដកបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏គ្មានអ្វីអាចធ្វើឱ្យពួកគេរំជួលចិត្ត ឬផ្លាស់ប្ដូរគោលដៅ និងក្ដីប្រាថ្នារបស់ពួកគេបានឡើយ។ ពួកគេបោះជំហានលើផ្លូវឆ្ពោះទៅរកការក្លាយជាព្រះគ្រីស្ទ ឆ្ពោះទៅរកការក្លាយជាព្រះជាម្ចាស់ ហាក់ដូចជាពួកគេត្រូវខ្មោចសណ្ឋិត ហាក់ដូចជាពួកគេត្រូវបានគ្រប់គ្រងដោយវិញ្ញាណដែលមើលមិនឃើញ ហាក់ដូចជាពួកគេពាក់ខ្នោះដែលមើលមិនឃើញអ៊ីចឹង។ តើនេះជាផ្នត់គំនិតប្រភេទអ្វីទៅ? តើវាមិនគួរឱ្យស្អប់ខ្ពើមទេឬ? (គួរឱ្យស្អប់ខ្ពើមមែន។)
ខណៈពេលកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទស្រូបយកគ្រប់ទិដ្ឋភាពនៃព្រះបន្ទូលទាំងនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់ ដោយចាត់ទុកព្រះបន្ទូលទាំងនោះជាទំនិញដែលអាចជួយពួកគេឱ្យទទួលបានផលប្រយោជន៍កាន់តែខ្ពស់ និងប្រាក់កាន់តែច្រើន។ នៅពេលទំនិញទាំងនេះត្រូវបានលក់ចេញ នៅពេលរឿងទាំងនេះត្រូវបានយកទៅអួតអាង ពួកគេទទួលបានផលប្រយោជន៍ដែលពួកគេប៉ងប្រាថ្នា។ កាលណាពួកគេកាន់តែធ្វើបែបនេះ ពួកគេកាន់តែមានអារម្មណ៍ពេញចិត្តនៅក្នុងចិត្ត។ កាលណាពួកគេកាន់តែធ្វើបែបនេះ បំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើជាព្រះជាម្ចាស់ ក៏កាន់តែធំធេង និងកាន់តែខ្លាំងក្លាឡើង។ តើនេះជាអាកប្បកិរិយាប្រភេទអ្វី តើនេះជាស្ថានភាពបែបណាទៅ? ហេតុអ្វីបានជាបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការធ្វើជាព្រះជាម្ចាស់ មានភាពខ្លាំងក្លាម៉្លេះ? តើវាជារឿងដែលមាននរណាម្នាក់បានបង្រៀនពួកគេឬ? តើអ្នកណាជាអ្នកញុះញង់ ឬណែនាំពួកគេ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវរឿងនេះដែរឬទេ? (អត់ទេ។) នេះគឺជាផ្លូវដែលពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯងជាអ្នកជ្រើសរើស។ ទោះបីជាពួកគេគ្មានជំនួយពីខាងក្រៅក៏ដោយ ក៏ពួកគេនៅតែមានកម្លាំងជំរុញចិត្តខ្លាំងបែបនេះ តើនេះមកពីហេតុអ្វី? វាត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទដើរលើផ្លូវនេះដោយមិននឿយហត់ ដោយមិនស្ទាក់ស្ទើរ និងដោយគ្មានការស្ដាយក្រោយឡើយ ដោយមិនចាំបាច់មានជំនួយពីខាងក្រៅនោះទេ។ មិនថាអ្នកថ្កោលទោសពួកគេយ៉ាងណានោះទេ គឺគ្មានប្រយោជន៍ឡើយ។ មិនថាវែកញែកពួកគេយ៉ាងណានោះទេ ក៏ពួកគេមិនទទួលយក ឬមិនយល់ឡើយ។ ហាក់ដូចជាពួកគេត្រូវខ្មោចសណ្ឋិតអ៊ីចឹង។ រឿងទាំងនេះត្រូវបានកំណត់ដោយធម្មជាតិរបស់ពួកគេ។ ការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មើលពីសំបកក្រៅទៅ គឺមិនមែនជាការទាស់ទទឹង ឬការមួលបង្កាច់ឡើយ។ ពួកគេបានខិតខំប្រឹងប្រែង ថែមទាំងប្រឹងប្រែងច្រើនជាងមនុស្សធម្មតាទៅទៀត។ ប្រសិនបើអ្នកមិនដឹងពីអ្វីដែលពួកគេកំពុងគិតនៅក្នុងចិត្ត ឬផ្លូវដែលពួកគេកំពុងដើរតាមទេ នោះដោយផ្អែកលើការបង្ហាញចេញនៅសំបកក្រៅ ការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាការស្រេកឃ្លានមួយយ៉ាងដូច្នេះដែរ យ៉ាងហោចណាស់ ពាក្យនេះអាចត្រូវបានប្រើដើម្បីកំណត់លក្ខណៈរបស់វាបាន។ ប៉ុន្តែ តើសារជាតិរបស់មនុស្សម្នាក់អាចត្រូវបានមើលឃើញត្រឹមតែសំបកក្រៅរបស់គេដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើអាចមើលឃើញនៅត្រង់ណា? ទោះបីជាមើលទៅហាក់ដូចជាពួកគេស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយឧស្សាហ៍អាន និងស្ដាប់ព្រះបន្ទូលទាំងនោះ ព្រមទាំងថែមទាំងទន្ទេញឱ្យចាំទៀតផង ហើយទោះបីជាវិនិច្ឆ័យពីសកម្មភាពខាងក្រៅទាំងនេះ ពួកគេមិនគួរត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ប៉ុន្តែនៅពេលនិយាយដល់ការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងស្ថានភាពជាក់ស្ដែង តើពួកគេធ្វើដូច្នេះដែរឬទេ? (មិនធ្វើទេ។) បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទន្ទេញឱ្យចាំរួច នៅពេលពួកគេប្រឈមនឹងស្ថានភាពជាក់ស្ដែង ជួនកាលពួកគេប្រហែលជាដកស្រង់មួយវគ្គ ឬសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីប្រយោគ ហើយជួនកាលថែមទាំងដកស្រង់ ឬសូត្របានយ៉ាងត្រឹមត្រូវទៀតផង។ ប៉ុន្តែ បន្ទាប់ពីពួកគេដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ចូរសង្កេតមើលអ្វីដែលពួកគេធ្វើ ផ្លូវដែលពួកគេដើរ និងជម្រើសដែលពួកគេជ្រើសរើសនៅពេលប្រឈមមុខនឹងស្ថានភាពនានា។ ប្រសិនបើវាពាក់ព័ន្ធនឹងឋានៈរបស់ពួកគេ ឬរឿងអ្វីមួយដែលអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ឬមុខមាត់របស់ពួកគេ ពួកគេដាច់ខាតនឹងមិនធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេការពារមុខមាត់ និងឋានៈរបស់ខ្លួនផ្ទាល់។ ប្រសិនបើពួកគេធ្វើរឿងអ្វីមួយខុស ពួកគេដាច់ខាតនឹងមិនទទួលស្គាល់ឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងរកវិធីគ្រប់បែបយ៉ាងដើម្បីបិទបាំងវា ឬគេចវេះពីបញ្ហា ដោយមិនលើកវាមកនិយាយ ហើយថែមទាំងទម្លាក់កំហុសចំពោះរឿងដែលពួកគេបានធ្វើទៅលើអ្នកដទៃ ជាជាងទទួលស្គាល់កំហុសរបស់ខ្លួនឯងទៀតផង។ ពួកគេខិតខំប្រឹងប្រែងក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការពារឋានៈរបស់ពួកគេ ប៉ុន្តែនៅពេលនិយាយដល់ការទុកផលប្រយោជន៍របស់ខ្លួនផ្ទាល់មួយឡែក ព្រមទាំងការស៊ូទ្រាំនឹងទុក្ខលំបាកខាងសាច់ឈាម ដើម្បីអនុវត្តសេចក្ដីពិត និងធ្វើសកម្មភាពតាមគោលការណ៍សេចក្ដីពិត ចូរសង្កេតមើលថាតើពួកគេជ្រើសរើសបែបណា។ ប្រសិនបើពួកគេត្រូវធ្វើសកម្មភាពតាមគោលការណ៍ ដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដោយមិនខ្វល់ថាវាធ្វើឱ្យប៉ះពាល់ ឬធ្វើឱ្យអាក់អន់ចិត្តដល់អ្នកណានោះទេ តើពួកគេនឹងធ្វើវាដែរឬទេ? ដាច់ខាតគឺមិនធ្វើឡើយ។ ជម្រើសដំបូងរបស់ពួកគេ គឺតែងតែការពារខ្លួនឯងជានិច្ច។ ទោះបីជាពួកគេដឹងថាអ្នកណាជាអ្នកខុស ឬអ្នកណាបានប្រព្រឹត្តសេចក្ដីអាក្រក់ក៏ដោយ ក៏ពួកគេនឹងមិនលាតត្រដាងពីអ្នកទាំងនោះដែរ។ ពួកគេថែមទាំងអាចត្រេកអរជាសម្ងាត់នៅក្នុងចិត្តរបស់ខ្លួនទៀតផង។ ប្រសិនបើនរណាម្នាក់លាតត្រដាងពីមនុស្សអាក្រក់ ពួកគេនឹងថែមទាំងការពារ ហើយរកលេសដោះសារឱ្យមនុស្សអាក្រក់ទាំងនោះទៀតផង។ ច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សដែលត្រេកអរនឹងរឿងអកុសលរបស់អ្នកដទៃ។ មិនថាពួកគេប្រឈមមុខនឹងស្ថានភាពបែបណានោះទេ ចូរសង្កេតមើលអ្វីដែលពួកគេជ្រើសរើស និងផ្លូវណាដែលពួកគេដើរ។ ប្រសិនបើពួកគេជ្រើសរើសធ្វើសកម្មភាពតាមគោលការណ៍សេចក្ដីពិត នោះការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់ខ្លួន ក៏ទទួលបានផ្លែផ្កា។ ប្រសិនបើមិនដូច្នេះទេ នោះមិនថាពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណា ឬទន្ទេញព្រះបន្ទូលទាំងនោះចាំបានល្អប៉ុនណានោះទេ គឺគ្មានប្រយោជន៍ឡើយ ពួកគេនៅតែមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដដែល។ លើសពីនេះទៅទៀត តើពួកទទឹងនឹងព្រះគ្រីស្ទស្គាល់ខ្លួនឯងដែរឬទេ? (មិនស្គាល់ទេ។) មនុស្សមួយចំនួននិយាយថា៖ «ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទថែមទាំងទទួលស្គាល់ពីភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតរបស់ពួកគេទៀតផង ដោយនិយាយថាពួកគេគឺជាពួកអារក្ស និងជាពួកសាតាំង»។ ពួកគេគ្រាន់តែនិយាយរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែតើពួកគេពិតជាធ្វើអ្វីទៅ នៅពេលប្រឈមមុខនឹងស្ថានភាពជាក់ស្ដែងនោះ? ប្រសិនបើនរណាម្នាក់កំពុងសហការជាមួយអ្នកទទឹងនឹងព្រះគ្រីស្ទ ហើយនិយាយអ្វីដែលត្រឹមត្រូវ អ្វីដែលស្របតាមគោលការណ៍សេចក្ដីពិត ដែលផ្ទុយពីរឿងខុសឆ្គងដែលអ្នកទទឹងនឹងព្រះគ្រីស្ទបាននិយាយ ហើយប្រសិនបើបុគ្គលនោះបដិសេធមិនធ្វើតាមអ្វីដែលអ្នកទទឹងនឹងព្រះគ្រីស្ទនិយាយ នោះអ្នកទទឹងនឹងព្រះគ្រីស្ទនឹងមានអារម្មណ៍ថាមុខមាត់ និងឋានៈរបស់គេត្រូវបានធ្វើឱ្យខូចខាត។ ដូច្នេះ តើគេជ្រើសរើសបែបណា? តើគេអាចជ្រើសរើសទុកខ្លួនឯងមួយឡែក ដើម្បីស្ដាប់បុគ្គលនោះ ហើយធ្វើសកម្មភាពតាមគោលការណ៍សេចក្ដីពិតដែរឬទេ? ដាច់ខាតគឺមិនអាចឡើយ។ ដូច្នេះ តើពាក្យត្រឹមត្រូវដែលគេនិយាយទាំងនោះ មានប្រយោជន៍ណាមួយដែរឬទេ? តើពាក្យទាំងនោះឆ្លុះបញ្ចាំងពីតថភាពរបស់គេ កម្ពស់ពិតប្រាកដរបស់គេ ជម្រើសរបស់គេ ឬផ្លូវដែលគេដើរដែរឬទេ? អត់ទេ ពាក្យទាំងនោះមិនត្រូវបានកើតចេញពីបទពិសោធរបស់គេឡើយ វាគ្រាន់តែជាពាក្យដែលគេបានរៀនសូត្រមកប៉ុណ្ណោះ។ អ្វីដែលចេញពីមាត់របស់គេ គឺគ្រាន់តែជាគោលលទ្ធិ ជាពាក្យបោកបញ្ឆោតប៉ុណ្ណោះ។ នៅពេលពាក់ព័ន្ធនឹងឋានៈ ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេភ្លាម ជម្រើសដំបូងរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ គឺតែងតែរក្សា និងការពារខ្លួនឯង ធ្វើឱ្យអ្នកដទៃស្ពឹកស្រពន់ និងបំភាន់អ្នកដទៃ ព្រមទាំងគេចវេះពីការទទួលខុសត្រូវណាមួយ ឬគេចវេះពីការទទួលស្គាល់អំពើរំលងណាមួយជានិច្ច។ ដោយពិចារណាលើសារជាតិទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេកំពុងដេញតាមសេចក្ដីពិតដែរឬទេ? តើពួកគេកំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីយល់ដឹងពីសេចក្ដីពិត និងដើម្បីឈានដល់ចំណុចមួយដែលពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? មិនមែនទេ។ ដោយផ្អែកលើចេតនា និងគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនឹងមិនដែលសម្រេចបានការយល់ដឹងអំពីព្រះបន្ទូលទាំងនោះឡើយ។ នេះគឺដោយសារតែពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែលត្រូវយល់ដឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេចាត់ទុកព្រះបន្ទូលទាំងនោះជាមធ្យោបាយមួយដើម្បីសម្រេចគោលដៅរបស់ខ្លួនផ្ទាល់។ ទោះបីជាអ្នកទទឹងនឹងព្រះគ្រីស្ទមិនបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចង់ធ្វើជាព្រះជាម្ចាស់ ខ្ញុំចង់ធ្វើជាព្រះគ្រីស្ទ» ក៏ដោយ ក៏គោលដៅរបស់ពួកគេក្នុងការក្លាយជាព្រះគ្រីស្ទ គឺច្បាស់លាស់ណាស់ តាមរយៈសារជាតិនៃសកម្មភាពរបស់ពួកគេ និងសារជាតិនៃរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើរឿងនេះអាចត្រូវបានសង្កេតឃើញដោយរបៀបណា? ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្វីដែលពួកគេឃើញដែលព្រះជាម្ចាស់បានបញ្ចេញឱ្យឃើញ ដូចជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ជាដើម ដើម្បីបំភាន់មនុស្ស បំភាន់អ្នកដែលមិនយល់ដឹងពីសេចក្ដីពិត អ្នកដែលល្ងង់ខ្លៅ អស់អ្នកដែលមានកម្ពស់ទាប អស់អ្នកដែលមិនដេញតាមសេចក្ដីពិត ពួកអ្នកមិនជឿ និងសូម្បីតែមនុស្សអាក្រក់មួយចំនួន។ ពួកគេដឹកនាំមនុស្សទាំងនេះឱ្យជឿថា ពួកគេមានសេចក្ដីពិត ថាពួកគេគឺជាមនុស្សដែលត្រឹមត្រូវ ហើយថាពួកគេគឺជាបុគ្គលដែលស័ក្ដិសមនឹងទទួលបានការគោរពកោតសរសើរ និងការពឹងផ្អែក។ ពួកទទឹងនឹងព្រះគ្រីស្ទមានគោលបំណងធ្វើឱ្យមនុស្សទាំងនេះដាក់ក្ដីសង្ឃឹម និងស្វែងរកពីពួកគេ ហើយនៅពេលរឿងនេះកើតឡើង ពួកគេមានអារម្មណ៍ពេញចិត្តនៅក្នុងចិត្ត។
ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលទទួលស្គាល់ថាព្រះជាម្ចាស់គឺមានតែមួយអង្គនោះទេ។ ពួកគេមិនដែលទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនដែលទទួលស្គាល់ថាមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចសម្ដែងចេញនូវសេចក្ដីពិតបាននោះដែរ។ ដោយវិនិច្ឆ័យពីអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការខិតខំប្រឹងប្រែងដែលពួកគេដាក់ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើជាព្រះជាម្ចាស់ ក្នុងការក្លាយជាព្រះគ្រីស្ទ អ្នកទទឹងនឹងព្រះគ្រីស្ទជឿថា វាជារឿងងាយស្រួលណាស់សម្រាប់មនុស្សម្នាក់ក្នុងការក្លាយជាព្រះជាម្ចាស់ ថាវាជារឿងដែលមនុស្សអាចសម្រេចបាន។ ពួកគេនិយាយថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេហៅថាព្រះគ្រីស្ទ គ្រាន់តែដោយសារតែទ្រង់អាចថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តិចបន្តួចប៉ុណ្ណោះ តើមែនទេ? តើទ្រង់មិនមែនគ្រាន់តែជាអ្នកនាំពាក្យរបស់ព្រះជាម្ចាស់ទេឬ? តើវាមិនមែនគ្រាន់តែជារឿងដែលមានមនុស្សជាច្រើនដើរតាមទ្រង់ទេឬ? ដូច្នេះ ប្រសិនបើមនុស្សម្នាក់ក៏មានឋានៈ និងកេរ្តិ៍ឈ្មោះដូចគ្នាក្នុងចំណោមមនុស្សដែរ ប្រសិនបើគេក៏ត្រូវបានមនុស្សជាច្រើនគោរពបូជា និងគោរពកោតសរសើរដូចគ្នាដែរ តើគេមិនអាចទទួលបានការប្រព្រឹត្តដាក់ដូចជាព្រះគ្រីស្ទ ការប្រព្រឹត្តដាក់ដូចជាព្រះជាម្ចាស់ទេឬ? ការដែលអាចទទួលបានការប្រព្រឹត្តដាក់ដូចជាព្រះគ្រីស្ទ ទទួលបានការប្រព្រឹត្តដាក់ដូចជាអ្នកដែលមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ តើវាមិនធ្វើឱ្យមនុស្សម្នាក់ក្លាយជាព្រះជាម្ចាស់ទេឬ? តើរឿងហ្នឹងមានអ្វីពិបាកទៅ?» ហេតុដូច្នេះ បំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការធ្វើជាព្រះជាម្ចាស់ គឺមានពីកំណើត។ ពួកគេមានមហិច្ឆតា និងសារជាតិដូចគ្នានឹងសាតាំងដែរ។ គឺពិតជាដោយសារតែពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ និងមានសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទនេះហើយ ទើបពួកគេបង្ហាញប្រតិកម្មទាំងនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីដែលធ្វើឱ្យពួកគេសប្បាយចិត្ត គឺការដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ព្រះបន្ទូលរបស់ទ្រង់អាចត្រូវបានមនុស្សស្ដាប់ឮ ហើយក្នុងពេលជាមួយគ្នានេះ ទ្រង់អាចត្រូវបានមនុស្សមើលឃើញ។ ទ្រង់គឺជាមនុស្សធម្មតាម្នាក់ដែលអាចប៉ះពាល់ និងមើលឃើញបាន ហើយគឺពិតជាដោយសារតែមនុស្សធម្មតា តូចតាច និងមិនលេចធ្លោម្នាក់នេះ អាចនិយាយបានយ៉ាងច្រើន ហើយដូច្នេះត្រូវបានគេហៅថាព្រះជាម្ចាស់នេះហើយ ទើបអ្នកទទឹងនឹងព្រះគ្រីស្ទមើលឃើញថា ឱកាសរបស់ខ្លួនក្នុងការក្លាយជាព្រះជាម្ចាស់ ទីបំផុតបានមកដល់ហើយ។ ប្រសិនបើមនុស្សធម្មតាម្នាក់នេះមិនបាននិយាយទេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងគិតថាក្ដីសង្ឃឹមរបស់ពួកគេក្នុងការក្លាយជាព្រះជាម្ចាស់ ឬព្រះគ្រីស្ទ គឺមានតិចតួចណាស់។ ប៉ុន្តែ គឺពិតជាដោយសារតែមនុស្សធម្មតាម្នាក់នេះបាននិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានបំពេញកិច្ចការរបស់ព្រះជាម្ចាស់ ដោយតំណាងឱ្យព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សក្នុងចំណោមពួកគេនេះហើយ ទើបអ្នកទទឹងនឹងព្រះគ្រីស្ទមើលឃើញរឿងនេះថាជាឱកាសរបស់ពួកគេ ជាឱកាសដើម្បីទាញយកផលប្រយោជន៍ ដោយផ្ដល់ឱ្យពួកគេនូវតម្រុយបន្ថែមទៀតដើម្បីត្រាប់តាមការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សំនៀង និងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងសូម្បីតែនិស្ស័យរបស់ទ្រង់ ដោយធ្វើឱ្យខ្លួនពួកគេកាន់តែដូចជាព្រះជាម្ចាស់ កាន់តែដូចជាព្រះគ្រីស្ទបន្តិចម្ដងៗ។ ហេតុដូច្នេះ នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមានអារម្មណ៍ថា ពួកគេកាន់តែដូចជាព្រះជាម្ចាស់ឡើងៗ ថាពួកគេកាន់តែខិតជិតទៅនឹងព្រះជាម្ចាស់ហើយ។ ពួកគេមានអារម្មណ៍ច្រណែនយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់មួយអង្គ ដែលត្រូវបានគេគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដើរតាម និងពឹងផ្អែកលើក្នុងគ្រប់រឿងទាំងអស់ ជាព្រះជាម្ចាស់ដែលមនុស្សស្វែងរក និងពឹងផ្អែកទៅលើក្នុងគ្រប់រឿងរ៉ាវទាំងអស់។ ពួកគេច្រណែននឹងអត្តសញ្ញាណ និងគុណតម្លៃផ្ទាល់ខ្លួនរបស់ព្រះគ្រីស្ទ។ តើអ្នកទទឹងនឹងព្រះគ្រីស្ទកំពុងគិតអ្វីនៅក្នុងចិត្តរបស់ពួកគេ? តើជម្រៅចិត្តរបស់ពួកគេមិនងងឹត និងទុច្ចរិតទេឬ? តើជម្រៅចិត្តរបស់ពួកគេមិនគួរឱ្យស្អប់ខ្ពើម ថោកទាប និងគួរឱ្យអាម៉ាស់ទេឬ? (មែនហើយ។) ពួកគេពិតជាគួរឱ្យខ្ពើមរអើមខ្លាំងណាស់!
មនុស្សមួយចំនួននិយាយថា៖ «ពួកទូលបង្គំបានស្ដាប់ព្រះអង្គមានបន្ទូលអំពីពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែម្ដេចបានជាពួកទូលបង្គំមិនដែលឃើញមនុស្សបែបនេះសោះអ៊ីចឹង? តើព្រះអង្គគ្រាន់តែមានបន្ទូលនិទានរឿងទេឬ? មានបន្ទូលពីរឿងដែលមិនទំនងទាល់តែសោះឬ?» តើអ្នករាល់គ្នាគិតថាមនុស្សបែបនេះមានដែរឬទេ? (មាន។) តើអ្នករាល់គ្នាធ្លាប់ជួបប៉ុន្មាននាក់ហើយ? តើអ្នករាល់គ្នាជាមនុស្សម្នាក់ក្នុងចំណោមពួកគេដែរឬទេ? (ពួកយើងក៏បង្ហាញសភាពទាំងនេះ និងបញ្ចេញឱ្យឃើញទិដ្ឋភាពបែបនេះដែរ។ វាមិនធ្ងន់ធ្ងរដូចពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែសារជាតិធម្មជាតិគឺដូចគ្នា។) តើអ្នករាល់គ្នាគិតថាការមានសភាពទាំងនេះគ្រោះថ្នាក់ដែរឬទេ? (គ្រោះថ្នាក់។) ប្រសិនបើអ្នករាល់គ្នាដឹងថាវាមានគ្រោះថ្នាក់ អ្នករាល់គ្នាត្រូវតែផ្លាស់ប្ដូរ។ តើវាងាយស្រួលក្នុងការផ្លាស់ប្ដូរដែរឬទេ? តាមពិតទៅ វាអាចទាំងងាយស្រួល និងលំបាក។ ប្រសិនបើអ្នកចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែលត្រូវប្រកាន់ខ្ជាប់ យ៉ាងសាមញ្ញដូចដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ប៉ុន្ដែចូរឱ្យការនិយាយស្ដីរបស់អ្នក មែនគឺមែន ទេគឺទេ ដ្បិតអ្វីៗដែលលើសពីនេះ គឺមកពីអារក្សហើយ» នោះអ្នកអាចប្រែចិត្តយ៉ាងពិតប្រាកដបាន។ ឧទាហរណ៍ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់អ្នកឱ្យអនុវត្តរឿងអ្វីមួយ ដោយថ្លែងថា៖ «បន្ទាប់ពីហូបរួច ចូរលិទ្ធចានឱ្យស្អាត ហាក់ដូចជាវាត្រូវបានគេលាងអ៊ីចឹង។ នេះគឺជាការសន្សំសំចៃអាហារ ហើយក៏មានអនាម័យផងដែរ»។ តើការណែនាំទាំងនេះសាមញ្ញដែរឬទេ? តើវាងាយស្រួលក្នុងការអនុវត្តដែរឬទេ? (ងាយស្រួល។) ប្រសិនបើព្រះជាម្ចាស់ដាក់សេចក្ដីតម្រូវបែបនេះ ដោយមានត្រឹមតែព្រះបន្ទូលពីរបីប្រយោគនេះ ដោយមិនលើកឡើងពីការលំបាករបស់មនុស្ស ឬសភាពរបស់ពួកគេ ឬក៏មានព្រះបន្ទូលអំពីនិស្ស័យពុករលួយ ហើយមិនបែងចែកកាលៈទេសៈផ្សេងៗទេនោះ តើអ្នកនឹងអនុវត្ត និងធ្វើតាមរឿងមួយនេះដោយរបៀបណា? សម្រាប់អ្នក ប្រយោគទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាគឺជាសេចក្ដីពិត ហើយវាជារឿងដែលអ្នកគួរប្រកាន់ខ្ជាប់។ អ្វីដែលអ្នកគួរធ្វើ គឺធ្វើតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រាល់ពេលបន្ទាប់ពីហូបរួច នោះអ្នកកំពុងដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ដោយចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ជាអ្វីដែលអ្នកគួរតែស្ដាប់បង្គាប់ហើយ។ អ្នកក្លាយជាមនុស្សដែលអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងរឿងដ៏សាមញ្ញបំផុតនេះ អ្នកបានបោះបង់និស្ស័យរបស់អ្នកទទឹងនឹងព្រះគ្រីស្ទចោលហើយ។ ម្យ៉ាងវិញទៀត បន្ទាប់ពីបានឮព្រះបន្ទូលពីរបីម៉ាត់នេះ អ្នកប្រហែលជាយល់ស្របតាមមាត់ និងចងចាំវា ប៉ុន្តែបន្ទាប់ពីហូបរួច នៅពេលអ្នកឃើញបាយពីរបីគ្រាប់នៅសល់ក្នុងចាន អ្នកគិតថា៖ «ខ្ញុំរវល់នឹងរឿងផ្សេង!» ហើយក៏ទុកចាននោះចោលទៅ។ ហើយនៅពេលហូបអាហារពេលបន្ទាប់ អ្នកក៏ធ្វើបែបនេះដដែល។ អ្នកចងចាំការណែនាំពីរបីចំណុចនេះពីព្រះជាម្ចាស់ទុកក្នុងចិត្ត ប៉ុន្តែមិនមានថ្ងៃច្បាស់លាស់ណាមួយដែលអ្នកពិតជានឹងអនុវត្តវាឡើយ។ យូរៗទៅ អ្នកក៏ភ្លេចព្រះបន្ទូលទាំងនេះ។ ដូច្នេះ អ្នកមិនត្រឹមតែមិនបានអនុវត្តព្រះបន្ទូលទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបានបោះបង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោលទៀតផង។ តើនេះធ្វើឱ្យអ្នកក្លាយជាមនុស្សប្រភេទណា? ប្រសិនបើអ្នកមិនអនុវត្តព្រះបន្ទូលទាំងនេះទេ តើអ្នកជាមនុស្សដែលអាចដើរតាមផ្លូវរបស់ព្រះជាម្ចាស់ នៅពេលបានឮព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិតដែរឬទេ? ច្បាស់ណាស់គឺមិនមែនទេ។ ប្រសិនបើមនុស្សម្នាក់មិនដេញតាមសេចក្ដីពិតទេ តើគេអាចត្រូវបានកំណត់លក្ខណៈថាជាអ្នកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើការមិនអាចអនុវត្តសេចក្ដីពិត ចាំបាច់ត្រូវតែស្មើនឹងការធ្វើជាអ្នកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (មិនមែនទេ។) មនុស្សប្រភេទនេះចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាខ្យល់បក់កាត់ត្រចៀករបស់ខ្លួន ជារឿងដែលមិនសំខាន់ មិនអនុវត្តព្រះបន្ទូលទាំងនោះ ហើយមិនសូវខ្វល់ខ្វាយពីវាឡើយ គេភ្លេចវាតែម្ដង។ នេះមិនមែនជាអ្នកទទឹងនឹងព្រះគ្រីស្ទទេ។ មានមនុស្សមួយប្រភេទទៀត ដែលបន្ទាប់ពីបានឮការណែនាំទាំងនេះពីព្រះជាម្ចាស់ គេគិតថា៖ «លិទ្ធចានបន្ទាប់ពីហូបរួចឬ? គួរឱ្យខ្មាសគេណាស់! ខ្ញុំមិនមែនជាអ្នកសុំទានទេ ហើយម្យ៉ាងទៀត វាមិនមែនដូចជាគ្មានអាហារឯណា។ ខ្ញុំប្រាកដជានឹងមិនធ្វើបែបនោះទេ! អស់អ្នកណាដែលសុខចិត្តលិទ្ធចានរបស់ពួកគេឱ្យស្អាត អាចធ្វើទៅចុះ»។ នៅពេលនរណាម្នាក់និយាយថា៖ «នេះគឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់» គេក៏គិតថា៖ «ទោះបីជាវាជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ក៏ដោយ ក៏វាមិនអាចទទួលយកបានដែរ។ ព្រះជាម្ចាស់មិនគួរតម្រូវរឿងបែបនេះទេ។ ព្រះបន្ទូលទាំងនេះមិនមែនជាសេចក្ដីពិតទេ! ព្រះជាម្ចាស់ក៏មានព្រះបន្ទូលពីរឿងដែលមិនលេចធ្លោ គ្មានហេតុផល និងមិនសូវអស្ចារ្យដែរ។ មិនមែនគ្រប់សេចក្ដីតម្រូវទាំងអស់របស់ព្រះជាម្ចាស់មកលើមនុស្ស ប្រាកដថាសុទ្ធតែជាសេចក្ដីពិតនោះទេ។ សេចក្ដីតម្រូវមួយនេះ មើលទៅមិនដូចជាសេចក្ដីពិតសម្រាប់ខ្ញុំឡើយ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ដ្បិតអស់អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។ ព្រះបន្ទូលបែបនេះទើបជាសេចក្ដីពិត! ការលិទ្ធចានឱ្យស្អាតបន្ទាប់ពីហូបរួច គឺជាការមានអនាម័យឬ? គ្រាន់តែលាងវាដោយផ្ទាល់ទៅ គឺគ្រប់គ្រាន់បាត់ទៅហើយ។ ហេតុអ្វីបានជាឱ្យយើងលិទ្ធចាន? សេចក្ដីតម្រូវនេះមិនស្របនឹងសញ្ញាណ ឬការស្រមើស្រមៃរបស់ខ្ញុំទេ។ វាមិនអាចទទួលយកបានឡើយទោះនៅទីណាក៏ដោយ។ ឱ្យខ្ញុំលិទ្ធចានឬ កុំសង្ឃឹមឱ្យសោះ! តើអនាម័យត្រូវបានកំណត់និយមន័យបែបនេះឬ? ខ្ញុំយកទឹកលាងចានរបស់ខ្ញុំ ដោយប្រើថ្នាំសម្លាប់មេរោគ នោះហើយទើបខ្ញុំហៅថាអនាម័យ!» បន្ទាប់ពីបានឮព្រះបន្ទូលទាំងនេះហើយ មនុស្សប្រភេទនេះមានគំនិត និងការទាស់ទទឹងរបស់ខ្លួនផ្ទាល់នៅក្នុងចិត្ត គេថែមទាំងធ្វើការចំអក និងមួលបង្កាច់ទៀតផង។ ដោយសារតែព្រះបន្ទូលទាំងនេះមកពីព្រះជាម្ចាស់ គេមិនហ៊ានវិនិច្ឆ័យព្រះបន្ទូលទាំងនោះដោយចំហទេ ប៉ុន្តែវាមិនមែនមានន័យថាគេគ្មានមតិ ឬសញ្ញាណចំពោះព្រះបន្ទូលទាំងនោះឡើយ។ តើមតិ និងសញ្ញាណរបស់គេបង្ហាញចេញនៅត្រង់ណា? គេមិនទទួលយក ឬអនុវត្តព្រះបន្ទូលទាំងនេះទេ។ គេមានគំនិតរបស់ខ្លួនផ្ទាល់ចំពោះព្រះបន្ទូលទាំងនោះ ហើយអាចវិនិច្ឆ័យ និងបង្កើតសញ្ញាណចំពោះព្រះបន្ទូលទាំងនោះ។ ហេតុដូច្នេះហើយ នៅពេលគេហូបអាហាររួច ហើយឃើញមនុស្សមួយចំនួនលិទ្ធចានរបស់ខ្លួនឱ្យស្អាត គេមិនធ្វើដូច្នេះតាមឡើយ ថែមទាំងរក្សាទុកការមើលងាយនៅក្នុងចិត្តចំពោះអស់អ្នកដែលអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ សំបកក្រៅរបស់គេ ជារឿយៗបញ្ចេញឱ្យឃើញពីការចំអក និងការឡកឡាយ ហើយថែមទាំងមានអាកប្បកិរិយាចង់កែតម្រូវឥរិយាបថរបស់អ្នកដទៃទៀតផង។ គេមិនត្រឹមតែមិនធ្វើសកម្មភាពតាមអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើសកម្មភាពផ្ទុយពីនេះ ដោយធ្វើសកម្មភាពផ្ទុយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ គេប្រើប្រាស់សកម្មភាពរបស់ខ្លួនដើម្បីបដិសេធសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីទាស់ទទឹងនឹងអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ហើយគេក៏ស្វែងរកការទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតតាមរយៈសកម្មភាពរបស់ខ្លួន ដោយបញ្ចុះបញ្ចូលមនុស្សកាន់តែច្រើនថា អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលគឺមិនត្រឹមត្រូវទេ ហើយថាមានតែវិធីរបស់គេប៉ុណ្ណោះទើបត្រឹមត្រូវ ដែលនាំឱ្យមនុស្សកាន់តែច្រើនទាស់ទទឹង និងថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេមិនធ្វើតាមអ្វីដែលព្រះជាម្ចាស់បានណែនាំតែម្ដង។ រាល់ពេលបន្ទាប់ពីហូបរួច គេមិនត្រឹមតែយកទឹកលាងចានរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាងវាម្ដងហើយម្ដងទៀតដោយថ្នាំសម្លាប់មេរោគ និងសាប៊ូលាងចាន ហើយបន្ទាប់មកសម្លាប់មេរោគនៅក្នុងទូសម្លាប់មេរោគទៀតផង។ ខណៈពេលកំពុងធ្វើបែបនេះ ពួកគេក៏បង្កើតសេចក្ដីថ្លែងមួយចំនួនដោយមិនដឹងខ្លួន ដោយប្រាប់មនុស្សគ្រប់គ្នាថា៖ «តាមពិតទៅ ការលិទ្ធមិនអាចកម្ចាត់មេរោគបានទេ ហើយការលាងដោយទឹកក៏មិនអាចកម្ចាត់មេរោគបានដែរ។ មានតែការប្រើថ្នាំសម្លាប់មេរោគ រួមផ្សំជាមួយនឹងសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះ ទើបអាចសម្លាប់មេរោគបានទាំងស្រុង។ នោះហើយទើបហៅថាមានអនាម័យ»។ គេមិនត្រឹមតែបដិសេធមិនទទួលយកអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ឬអនុវត្តដូចដែលព្រះជាម្ចាស់ណែនាំប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងប្រើប្រាស់ពាក្យសម្ដី និងទង្វើរបស់ខ្លួនផ្ទាល់ ដើម្បីទាស់ទទឹង ថ្កោលទោស និងវិនិច្ឆ័យអ្វីដែលព្រះជាម្ចាស់តម្រូវទៀតផង។ អ្វីដែលកាន់តែជ្រុលហួសហេតុនោះគឺ គេប្រើប្រាស់មតិមួយចំនួនដែលគេចាត់ទុកថាត្រឹមត្រូវ ដើម្បីញុះញង់ និងបំភាន់មនុស្សកាន់តែច្រើនឱ្យចូលរួមជាមួយគេក្នុងការថ្កោលទោស ទាស់ទទឹង និងវិនិច្ឆ័យសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តើគេកំពុងដើរតួជាអ្វីនៅទីនេះ? វាមិនមែនដើម្បីដឹកនាំមនុស្សកាន់តែច្រើនឱ្យស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលនឹងព្រះជាម្ចាស់ដោយគ្មានលក្ខខណ្ឌនោះទេ ហើយក៏មិនមែនដើម្បីដោះស្រាយសញ្ញាណរបស់មនុស្សនៅពេលវាលេចឡើង ឬដើម្បីដោះស្រាយភាពផ្ទុយគ្នារវាងមនុស្ស និងព្រះជាម្ចាស់ ឬនិស្ស័យពុករលួយរបស់មនុស្សនៅពេលភាពផ្ទុយគ្នាបែបនេះកើតឡើងនោះដែរ។ ផ្ទុយទៅវិញ ពួកគេញុះញង់ និងបំភាន់មនុស្សកាន់តែច្រើនឱ្យវិនិច្ឆ័យព្រះជាម្ចាស់ ដោយចូលរួមជាមួយពួកគេក្នុងការវិភាគ និងពិនិត្យពិច័យភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មើលពីសំបកក្រៅ គេហាក់ដូចជាអ្នកការពារយុត្តិធម៌ ដោយចូលរួមក្នុងអ្វីដែលហាក់ដូចជាត្រឹមត្រូវ។ ប៉ុន្តែ តើទង្វើដ៏ត្រឹមត្រូវនេះ ស័ក្ដិសមនឹងអ្នកដែលដើរតាមព្រះជាម្ចាស់ដែរឬទេ? តើនេះជាស្មារតីយុត្តិធម៌របស់មនុស្សឬ? (មិនមែនទេ។) ចុះតើសារជាតិរបស់មនុស្សប្រភេទនេះនៅពីក្រោយឥរិយាបថរបស់ពួកគេ គឺជាអ្វីឱ្យប្រាកដទៅ? (ពួកគេមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាពួកអារក្ស។) បុគ្គលទាំងនេះមិនត្រឹមតែមិនបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្មាសអៀនជាងនេះទៅទៀតនោះគឺ ពួកគេអាចបន្លំខ្លួនជាមនុស្សខាងវិញ្ញាណ ឧស្សាហ៍ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីណែនាំអ្នកដទៃ ដោយហេតុនេះ ពួកគេក៏អាចតុបតែងខ្លួនឯង និងទទួលបានការកោតសរសើរ។ ពួកគេផ្ទាល់មិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនចាត់ទុកព្រះបន្ទូលទាំងនោះជាសេចក្ដីពិតដើម្បីដកបទពិសោធ និងអនុវត្តនោះដែរ។ ប៉ុន្តែ ពួកគេឧស្សាហ៍ប្រាប់អ្នកដទៃយ៉ាងម៉ឺងម៉ាត់ និងយ៉ាងហ្មត់ចត់ថា៖ «ព្រះជាម្ចាស់បានមានព្រះបន្ទូលថា បន្ទាប់ពីហូបរួច ចូរលិទ្ធចានរបស់អ្នកឱ្យស្អាត វាគឺជាទម្លាប់ល្អ និងសន្សំសំចៃអាហារ»។ គ្រប់ពាក្យ គ្រប់ប្រយោគ ពួកគេលើកស្លាកថា «ព្រះជាម្ចាស់បានមានព្រះបន្ងូលថា» «នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់» ឬ «នេះគឺជាសេចក្ដីពិត» ប៉ុន្តែពួកគេផ្ទាល់មិនទទួលយក ឬអនុវត្តវាទាល់តែសោះ។ លើសពីនេះទៅទៀត ពួកគេបង្កើតឱ្យមានការវិនិច្ឆ័យ និងការបកស្រាយខុសទំនងផ្សេងៗចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះហើយជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។
បន្ទាប់ពីបានវិភាគការបង្ហាញចេញរបស់មនុស្សទាំងបីប្រភេទនេះរួច តើប្រភេទមួយណាដែលធ្ងន់ធ្ងរបំផុត? (គឺប្រភេទចុងក្រោយ។) មនុស្សប្រភេទនេះមិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងឡើយ ហើយពោរពេញទៅដោយការទាស់ទទឹង និងការវិនិច្ឆ័យផ្សេងៗចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីបំភាន់អ្នកដទៃ និងសម្រេចគោលដៅរបស់ខ្លួនផ្ទាល់។ មនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថាទិដ្ឋភាពណានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ទោះបីជាព្រះបន្ទូលទាំងនេះស្របតាមសញ្ញាណរបស់ពួកគេក៏ដោយ ក៏ពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ។ ជាពិសេសចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនោះ ដែលផ្ទុយស្រឡះពីសញ្ញាណរបស់មនុស្ស វប្បធម៌ប្រពៃណី និងទស្សនវិជ្ជា ពួកទទឹងនឹងព្រះគ្រីស្ទរឹតតែមិនសូវឱ្យតម្លៃលើព្រះបន្ទូលទាំងនេះទៅទៀត។ ហេតុអ្វីបានជាពួកគេអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនចាត់ទុកព្រះបន្ទូលទាំងនោះថាសំខាន់ផងនោះ? ពួកគេចង់ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ប្រភេទដែលគ្រោះថ្នាក់បំផុតក្នុងចំណោមមនុស្សទាំងបីប្រភេទនេះ គឺប្រភេទចុងក្រោយ។ ចុះចំណែកប្រភេទទីមួយវិញ? (ពួកគេស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម។) តើអ្នករាល់គ្នាគិតថា អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម សុទ្ធតែជាមនុស្សល្ងង់មែនទេ? មើលពីសំបកក្រៅ តើការស្ដាប់បង្គាប់យ៉ាងតឹងរ៉ឹងចំពោះអ្វីក៏ដោយដែលព្រះជាម្ចាស់មានព្រះបន្ទូល និងឱ្យមនុស្សធ្វើ ហាក់ដូចជាល្ងង់ខ្លៅបន្តិចដែរឬទេ? (អត់ទេ។) អស់អ្នកដែលអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលឆ្លាតបំផុត។ មនុស្សប្រភេទទីពីរផ្ដោតលើសកម្មភាព។ ពួកគេមិនអនុវត្តសេចក្ដីពិតទេ ប៉ុន្តែគ្រាន់តែធ្វើសកម្មភាពតាមបំណងប្រាថ្នារបស់ខ្លួនផ្ទាល់ និងធ្វើការដោយកម្លាំងខ្លះប៉ុណ្ណោះ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះអត្ថន័យ ឬសេចក្ដីតម្រូវ និងស្ដង់ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬព្រះសូរសៀងខាងក្នុងរបស់ទ្រង់ទេ ហើយគ្រាន់តែផ្ដោតលើការធ្វើប៉ុណ្ណោះ។ ពួកគេគិតថា៖ «ទូលបង្គំដឹងថាព្រះអង្គមានព្រះរាជបំណងល្អសម្រាប់ពួកទូលបង្គំ។ អ្វីៗគ្រប់យ៉ាងដែលព្រះអង្គមានព្រះបន្ទូលគឺត្រឹមត្រូវ។ ពួកទូលបង្គំគួរតែចុះចូល និងអនុវត្តតាមអ្វីដែលព្រះអង្គមានព្រះបន្ទូល។ ព្រះអង្គគ្រាន់តែផ្ដោតលើការមានព្រះបន្ទូលទៅ ហើយពួកទូលបង្គំទាំងអស់គ្នានឹងស្ដាប់តាម»។ ប៉ុន្តែ តាមពិតទៅ ពួកគេមិនយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ឬសេចក្ដីតម្រូវលម្អិតដែលព្រះជាម្ចាស់មានសម្រាប់មនុស្សឡើយ។ ពួកគេគ្រាន់តែធ្វើសកម្មភាពដោយមិនគិតប៉ុណ្ណោះ។ ការធ្វើសកម្មភាពដោយមិនគិត ជួនកាលអាចនាំឱ្យមានការធ្វើសកម្មភាពយ៉ាងព្រហើន និងគ្មានកោតក្រែង បង្កឱ្យមានការបង្អាក់ និងការរំខាន។ វាអាចនាំឱ្យមានការទាស់ទទឹងនឹងព្រះជាម្ចាស់។ ការទាស់ទទឹងនឹងព្រះជាម្ចាស់ដល់កម្រិតធ្ងន់ធ្ងរ ជួនកាលបង្កឱ្យមានបញ្ហាយ៉ាងធំធេង ហើយរឿងនេះអាចនាំឱ្យមានការបំផ្លិចបំផ្លាញ។ នេះគឺជាផលវិបាកដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អស់អ្នកដែលមិនដេញតាមសេចក្ដីពិត ហើយមនុស្សមួយចំនួនអាចឈានដល់ចំណុចនេះបាន។ មនុស្សប្រភេទទីបី គឺពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាអ្នកដើរតាមសាតាំងយ៉ាងស្មោះស្ម័គ្រ។ ពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ មិនថាយ៉ាងណាក៏ដោយ។ ទោះបីជាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវក៏ដោយ ក៏ពួកគេនឹងមិនស្ដាប់ដែរ កុំថាឡើយនៅពេលពួកគេមានសញ្ញាណរបស់ខ្លួនផ្ទាល់នោះ។ ពួកគេគឺជាសត្រូវសួពូជរបស់ព្រះជាម្ចាស់ ជាសត្រូវសួពូជនៃសេចក្ដីពិត។ មើលពីសំបកក្រៅ អ្នកដែលល្បិចកល និងឆ្លាតវៃបំផុត ហាក់ដូចជាមនុស្សទាំងនេះឯង។ ពួកគេញែកដឹង និងពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង ដោយត្រិះរិះ និងខិតខំស្វែងយល់ពីរឿងរ៉ាវទាំងអស់។ ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីបានពិនិត្យពិច័យយ៉ាងច្រើន ចុងក្រោយពួកគេបែរជាពិនិត្យពិច័យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដោយបង្កើតឱ្យមានសញ្ញាណ និងមតិចំពោះទ្រង់ទៅវិញ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ ប្រសិនបើវាមិនឆ្លងកាត់ការវិនិច្ឆ័យរបស់ខ្លួនពួកគេផ្ទាល់ទេ នោះពួកគេថ្កោលទោសវាដោយគ្មានការលើកលែងឡើយ។ ពួកគេបដិសេធមិនអនុវត្តវាទេ ដោយខ្លាចថាវាអាចនឹងបង្កផលប៉ះពាល់ដល់ពួកគេ។ ម្យ៉ាងវិញទៀត អស់អ្នកដែលមើលទៅហាក់ដូចជាល្ងង់ខ្លៅពីសំបកក្រៅ ហាក់ដូចជាខ្វះបញ្ញា បែរជាធ្វើតាមយ៉ាងដូចទៅនឹងអ្វីដែលព្រះជាម្ចាស់មានបន្ទូលទៅវិញ។ ពួកគេមើលទៅហាក់ដូចជាសាមញ្ញ និងស្មោះត្រង់ខ្លាំងណាស់ ដោយចែករំលែកយ៉ាងបើកចំហសូម្បីតែរឿងដែលមិនគួរចែករំលែក រាយការណ៍សូម្បីតែរឿងដែលមិនចាំបាច់រាយការណ៍ ហើយជួនកាលថែមទាំងបង្ហាញឥរិយាបថស្លូតត្រង់មិនដឹងអីបន្តិចទៀតផង។ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា ចិត្តរបស់មនុស្សបែបនេះគឺបើកចំហចំពោះព្រះជាម្ចាស់ មិនមែនបិទជិត ឬរារាំងពីទ្រង់ឡើយ។ តាមរយៈការពិភាក្សាពីឧទាហរណ៍ដ៏សាមញ្ញនេះ គោលបំណងគឺដើម្បីជួយអ្នករាល់គ្នាឱ្យយល់ថា តើអ្នកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វីឱ្យប្រាកដ ហើយតើអាកប្បកិរិយារបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាយ៉ាងណា។ គឺដើម្បីជួយអ្នករាល់គ្នាឱ្យញែកដឹងថា តើមនុស្សប្រភេទណាជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយប្រភេទណាមិនអនុវត្តសេចក្ដីពិត ប៉ុន្តែមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ។ គឺដើម្បីឱ្យមានការញែកដឹងបែបនេះ។ ខ្ញុំគ្រាន់តែលើកឡើងលេងៗនូវឧទាហរណ៍នេះ ដើម្បីឱ្យអ្នករាល់គ្នាងាយយល់ឱ្យកាន់តែប្រសើរពីប្រធានបទដែលយើងកំពុងប្រកបគ្នានៅថ្ងៃនេះប៉ុណ្ណោះ។ វាមិនមែនមានន័យថា ខ្ញុំពិតជាកំពុងស្នើឱ្យអ្នករាល់គ្នាលិទ្ធចានរបស់ខ្លួនឱ្យស្អាតបន្ទាប់ពីហូបអាហាររួចនោះទេ។ ហើយខ្ញុំក៏មិនបានកំណត់ន័យថា ការលិទ្ធចានគឺមានន័យដូចគ្នានឹងការមានអនាម័យ ឬការមិនខ្ជះខ្ជាយអាហារនោះដែរ។ អ្នករាល់គ្នាមិនចាំបាច់ធ្វើបែបនេះទេ។ អ្នករាល់គ្នាមិនត្រូវយល់ខុសឡើយ។
ថ្ងៃនេះ ចំណុចបន្ថែមមួយទាក់ទងនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានប្រកបគ្នាគឺ៖ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ នៅពេលនិយាយដល់ទំនិញ វាពាក់ព័ន្ធនឹងការលក់ ការជួញដូរ ប្រាក់ចំណេញ និងប្រាក់កាស។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ គឺជារឿងដែលមិនគួរធ្វើដាច់ខាត វាគឺជាអំពើបាបយ៉ាងពិតប្រាកដ។ ហេតុអ្វីក៏ដូច្នេះ? នៅពេលយើងទើបតែចាប់ផ្ដើមការជួបជុំ មនុស្សគ្រប់គ្នាបានប្រកបគ្នាអំពីការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតជាភាសារបស់ខ្លួនផ្ទាល់ ដោយសង្ខេបជាពាក្យសាមញ្ញបំផុត។ ជារួម ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ សម្រាប់មនុស្សជាតិ សេចក្ដីពិតគឺមានសារៈសំខាន់ខ្លាំងណាស់។ សេចក្ដីពិតអាចជាជីវិតរបស់មនុស្ស វាអាចសង្គ្រោះមនុស្ស និងនាំពួកគេឱ្យរស់ឡើងវិញពីសេចក្ដីស្លាប់ ហើយធ្វើឱ្យមនុស្សម្នាក់អាចក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា។ តម្លៃនៃសេចក្ដីពិតចំពោះមនុស្សជាតិ មិនអាចត្រូវបានវាស់វែងជាពាក្យសម្ដី ជារបស់ខាងសម្ភារៈ ឬជាប្រាក់កាសបានឡើយ។ វាសមនឹងទទួលបានការថ្នាក់ថ្នម និងការឱ្យតម្លៃ ហើយវាស័ក្ដិសមឱ្យមនុស្សចាត់ទុកវាជាអ្នកណែនាំ ជាទិសដៅ និងជាគោលដៅសម្រាប់សកម្មភាព ការប្រព្រឹត្ត ជីវិត និងអត្ថិភាពទាំងមូលរបស់ពួកគេ។ មនុស្សគួរតែសម្រេចបានផ្លូវនៃការអនុវត្ត ក៏ដូចជាផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ក្នុងចំណោមផ្លូវផ្សេងៗទៀត ពីសេចក្ដីពិត។ ចំពោះមនុស្ស សេចក្ដីពិតគឺស្មើនឹងជីវិតផ្ទាល់តែម្ដង។ គ្មានវត្ថុខាងសម្ភារៈ ឬទ្រព្យសម្បត្តិណាមួយ អាចយកមកប្រៀបធៀបជាមួយសេចក្ដីពិតបានឡើយ។ នៅក្នុងពិភពខាងសម្ភារៈនេះ ឬនៅក្នុងពិភពចក្រវាលទាំងមូល គ្មានអ្វីដែលស័ក្ដិសមនឹងយកមកប្រៀបធៀបជាមួយសេចក្ដីពិតឡើយ ហើយក៏គ្មានអ្វីដែលអាចស្មើនឹងសេចក្ដីពិតបានដែរ។ តាមរយៈរឿងនេះ វាច្បាស់ណាស់ថា សម្រាប់មនុស្សជាតិដែលត្រូវការសេចក្ដីសង្គ្រោះ សេចក្ដីពិតគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ហើយវាពិតជាមិនអាចកាត់ថ្លៃបានឡើយ។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ មានបុគ្គលដែលចាត់ទុករឿងដ៏មិនអាចកាត់ថ្លៃបានបែបនេះ ជាទំនិញសម្រាប់លក់ និងជួញដូរដើម្បីប្រាក់ចំណេញទៅវិញ។ តើបុគ្គលបែបនេះអាចត្រូវបានកំណត់លក្ខណៈថាជាពួកអារក្ស ជាពួកសាតាំងដែរឬទេ? ពិតប្រាកដណាស់! នៅក្នុងពិភពខាងវិញ្ញាណ បុគ្គលបែបនេះគឺជាពួកអារក្ស និងសាតាំង។ នៅក្នុងចំណោមមនុស្សវិញ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។
យើងទើបតែបានប្រកបគ្នាអំពីការបង្ហាញចេញមួយចំនួននៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញសម្រាប់លក់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ ពិតណាស់ រឿងនេះត្រូវបាននិយាយក្នុងន័យណាមួយ ហើយមិនស្របទាំងស្រុងនឹងន័យត្រង់នោះទេ វាមិនអាចមើលឃើញយ៉ាងច្បាស់ក្រឡែតថា ពួកគេកំពុងចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញសម្រាប់លក់ឡើយ។ ក៏ប៉ុន្តែ តាមពិតទៅ បើវិនិច្ឆ័យតាមឥរិយាបថ វិធីសាស្ត្រ និងសូម្បីតែសារជាតិរបស់ពួកគេ គឺពួកគេបានចាត់ទុក ឬប្រាកដបំផុតថាបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ ជារបស់ខាងសម្ភារៈដែលត្រូវកាន់កាប់រួចទៅហើយ។ នៅពេលបានក្លាយជាកម្មសិទ្ធិរបស់ពួកគេហើយ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារបស់មួយនៅក្នុងហាងតូចរបស់ពួកគេ ដោយលក់វានៅពេលដ៏ស័ក្ដិសមទៅឱ្យអ្នកណាដែលត្រូវការ និងទាញយកប្រាក់ចំណេញពីវា។ តើពួកទទឹងនឹងព្រះគ្រីស្ទទទួលបានផលប្រយោជន៍អ្វីខ្លះពីរឿងនេះ? ផលប្រយោជន៍ទាំងនេះរួមមាន កេរ្តិ៍ឈ្មោះរបស់ពួកគេ ការវាយតម្លៃខ្ពស់ និងការគោរពបូជាពីអ្នកដទៃ ការសម្លឹងមើលទៅពួកគេដោយក្ដីកោតសរសើរ និងការការពារដែលអ្នកដទៃផ្ដល់ឱ្យ ដូចជាការការពារដល់ឋានៈ និងមុខមាត់របស់ពួកគេជាដើម។ សូម្បីតែពេលពួកគេត្រូវបានដកហូតតំណែង និងជម្រុះចោលក៏ដោយ ក៏មនុស្សនឹងនិយាយជំនួស និងការពារពួកគេដែរ។ ទាំងនេះគឺជាផលប្រយោជន៍ដែលពួកទទឹងនឹងព្រះគ្រីស្ទទាញយកបានពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ផលប្រយោជន៍ទាំងនេះ គឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទចង់បាន និងដេញតាមយ៉ាងពិតប្រាកដ ជាអ្វីដែលពួកគេបានរៀបចំផែនការនៅក្នុងចិត្តរបស់ខ្លួនជាយូរមកហើយ។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ សកម្មភាព និងឥរិយាបថរបស់ពួកគេ ត្រូវបានជំរុញ និងគ្របដណ្ដប់ដោយធម្មជាតិរបស់ពួកគេ ហើយតាមរយៈការបង្ហាញចេញទាំងនេះ សារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចត្រូវបានមើលឃើញ។
២. ការលក់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ប្រាក់ចំណេញផ្ទាល់ខ្លួន
បន្ទាប់មកទៀត យើងនឹងប្រកបគ្នាអំពីទិដ្ឋភាពទីពីរ ដែលជាឥរិយាបថ និងវិធីសាស្ត្រជាក់ស្ដែងនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ វិធីសាស្ត្រនេះពាក់ព័ន្ធនឹងការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រភេទនេះ ចាត់ទុកសៀវភៅប្រភេទផ្សេងៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ នៅពេលពួកគេទទួលបានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ពួកគេជឿថា ពួកគេទទួលបានដើមទុនដើម្បីរកលុយ ដោយមានទ្រព្យសម្បត្តិដែលត្រូវការដើម្បីធ្វើរឿងនេះ។ សៀវភៅទាំងនេះ ដែលបានបោះពុម្ពព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ ជាទំនិញដែលពួកគេមានបំណងចង់លក់ និងជាវត្ថុដែលពួកគេប្រើប្រាស់ដើម្បីទាញយកប្រាក់ចំណេញហួសហេតុ។ ពួកទទឹងនឹងព្រះគ្រីស្ទលាក់ទុកសៀវភៅទាំងនេះ មិនចែកចាយវាស្របតាមគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេស្វែងរកការទាញយកប្រាក់ចំណេញទាំងមិនត្រឹមត្រូវ ដោយផ្អែកលើចេតនារបស់ខ្លួនផ្ទាល់។ តើគោលការណ៍នៃការចែកចាយសៀវភៅនៅក្នុងដំណាក់របស់ព្រះជាម្ចាស់គឺជាអ្វី? គឺការចែកចាយសៀវភៅទាំងនោះដល់អស់អ្នកណាដែលចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដែលស្រេកឃ្លានសេចក្ដីពិត ហើយចែកចាយដោយឥតគិតថ្លៃ។ មិនថាមានមនុស្សប៉ុន្មាននាក់ទទួលបានសៀវភៅទាំងនោះ ឬមានសៀវភៅប៉ុន្មានក្បាលត្រូវបានចែកចាយនោះទេ គឺតែងតែឥតគិតថ្លៃជានិច្ច។ នៅពេលជឿលើព្រះជាម្ចាស់នៅក្នុងគ្រីស្ទសាសនា ព្រះគម្ពីរមិនមែនឥតគិតថ្លៃទេ គឺត្រូវតែទិញ។ ប៉ុន្តែឥឡូវនេះ ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ និងសៀវភៅទាំងនេះ ត្រូវបានចែកចាយដោយឥតគិតថ្លៃដោយដំណាក់របស់ព្រះជាម្ចាស់ ដែលនេះគឺជាចំណុចសំខាន់មួយ។ ក៏ប៉ុន្តែ បញ្ហាកើតឡើងនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលបានសៀវភៅទាំងនេះ ហើយមិនបានចែកចាយវាដោយឥតគិតថ្លៃ ស្របតាមគោលការណ៍។ ក្នុងកាលៈទេសៈធម្មតា អស់អ្នកដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់បន្តិចបន្តួច នឹងចែកចាយសៀវភៅទាំងនេះដោយឥតគិតថ្លៃស្របតាមគោលការណ៍ ដោយមិនយកប្រាក់ ឬស្វែងរកការទាញយកប្រាក់ចំណេញហួសហេតុដោយមិនត្រឹមត្រូវឡើយ។ ក៏ប៉ុន្តែ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលនៅពេលទទួលបានសៀវភៅទាំងនេះ គិតថាឱកាសធ្វើជំនួញបានមកដល់ហើយ។ ហេតុដូច្នេះ មហិច្ឆតា និងភាពលោភលន់របស់ពួកគេក៏លេចឡើង៖ «ការឱ្យសៀវភៅដ៏ក្រាស់ និងល្អបែបនេះដោយឥតគិតថ្លៃ តើវាមិនខាតទេឬ? តើវាមិនល្ងង់ទេឬ ដែលមិនរកលុយខ្លះពីសៀវភៅទាំងនេះ? លើសពីនេះទៅទៀត សៀវភៅទាំងនេះមិនអាចរកទិញបាននៅកន្លែងផ្សេងទេ ហើយមនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ មុខជាចង់អានសៀវភៅទាំងនេះ ទោះក្នុងតម្លៃណាក៏ដោយ»។ នៅពេលពួកគេដឹងថាមនុស្សមានផ្នត់គំនិតបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទចាប់ផ្ដើមបង្កើតគំនិតមួយចំនួនគឺ៖ «ខ្ញុំមិនអាចខកខានឱកាសរកលុយនេះបានទេ។ ឱកាសបែបនេះគឺកម្រមានណាស់។ នៅពេលចែកចាយសៀវភៅ ខ្ញុំគួរតែបែងចែកមនុស្សជាកម្រិត ដោយយកថ្លៃខ្ពស់ពីអ្នកមាន យកថ្លៃមធ្យមពីអ្នកធម្មតា យកថ្លៃទាបពីអ្នកក្រ ឬមិនចែកចាយឱ្យពួកគេទាល់តែសោះ បញ្ចុះតម្លៃឱ្យអ្នកដែលបញ្ជោរខ្ញុំ ហើយយកថ្លៃខ្ពស់ពីអ្នកដែលមិនចុះសម្រុងជាមួយខ្ញុំ»។ តើនេះស្របតាមបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការចែកចាយសៀវភៅដែរឬទេ? (មិនស្របទេ។) នេះគឺជាការធ្វើជំនួញហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតឱ្យមានគំនិតបែបនេះឡើង។ ដោយទុកមួយឡែកសិនថាតើពួកគេចែកចាយសៀវភៅស្របតាមបទប្បញ្ញត្តិ និងគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ឬអត់នោះ ចូរយើងនិយាយជាមុនសិនអំពីរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងដៃរបស់ពួកគេ តើពួកគេឱ្យតម្លៃសៀវភៅទាំងនោះដែរឬទេ? (មិនឱ្យតម្លៃទេ។) ពួកគេមិនចាប់អារម្មណ៍នឹងផ្លូវនៃជីវិត ឬសេចក្ដីពិតដែលត្រូវបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនឱ្យតម្លៃព្រះបន្ទូលទាំងនោះទេ ហើយសូម្បីតែចង់ដឹងចង់ឮបន្តិចបន្តួចអំពីព្រះបន្ទូលទាំងនោះ ក៏គ្មានដែរ។ ពួកគេគ្រាន់តែមើលសៀវភៅទាំងនោះត្រួសៗពីសំបកក្រៅ ដោយបើកមើល និងក្រឡេកមើលទំព័រនានាបែបលេងៗ៖ «វាគ្រាន់តែនិយាយអំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះមនុស្ស របៀបដែលទ្រង់បានយកឈ្នះមនុស្សមួយក្រុម និងរបៀបដែលទ្រង់ប្រទានគោលដៅដ៏ល្អមួយដល់មនុស្សប៉ុណ្ណោះ។ ចំណែកឯអនាគតរបស់មនុស្សជាតិវិញ គឺមិនមានសេចក្ដីលម្អិតទាំងនេះក្នុងសៀវភៅនេះទេ ដូច្នេះ សៀវភៅនេះមិនគួរឱ្យចាប់អារម្មណ៍ខ្លាំងប៉ុន្មានឡើយ។ ទោះបីជាសៀវភៅនេះមិនគួរឱ្យចាប់អារម្មណ៍ខ្លាំងក៏ដោយ ប៉ុន្តែមានមនុស្សជាច្រើនសុខចិត្តអានវា។ នេះជារឿងល្អ។ ខ្ញុំអាចទាញយកប្រាក់ចំណេញពីវាបាន»។ នៅពេលសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្លាក់ចូលក្នុងដៃរបស់ពួកគេ វាក្លាយជាទំនិញ ដែលបង្កប់ន័យថា មនុស្សជាច្រើន យ៉ាងហោចណាស់ក៏មនុស្សមួយផ្នែកដែរ នឹងត្រូវចំណាយលុយដើម្បីទិញសៀវភៅទាំងនេះ។ ក្រោមលេសនៃការជឿលើព្រះជាម្ចាស់ ការបំពេញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងការទទួលខុសត្រូវចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទបានលូកដៃចូល ហើយប្រែក្លាយការចែកចាយសៀវភៅទាំងនេះដោយឥតគិតថ្លៃពីដំណាក់របស់ព្រះជាម្ចាស់ ទៅជាប្រតិបត្តិការដោះដូរ ទៅជាការទិញនិងលក់។ ចំពោះព្រះជាម្ចាស់ ព្រះបន្ទូលដែលទ្រង់បានថ្លែង ត្រូវបានផ្គត់ផ្គង់ដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់។ ព្រះបន្ទូលទាំងនោះគឺឥតគិតថ្លៃ ដោយមិនតម្រូវឱ្យមានការដោះដូរនឹងអ្វីឡើយ។ អ្វីដែលតម្រូវពីមនុស្ស គឺគ្រាន់តែទទួលយក អនុវត្ត និងដកបទពិសោធ ដើម្បីសម្រេចបាននូវការចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក្លាយជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ពេលនោះ ព្រះជាម្ចាស់នឹងគាប់ព្រះហឫទ័យ គោលដៅរបស់ទ្រង់ត្រូវបានសម្រេច ហើយព្រះបន្ទូលរបស់ទ្រង់មិនត្រូវបានថ្លែងដោយឥតប្រយោជន៍ឡើយ។ ទ្រង់ទទួលបានការកម្សាន្តព្រះហឫទ័យពីរឿងនេះ។ នេះគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយក៏ជាគោលដៅនៃកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដែលបានអនុវត្តមកលើមនុស្សផងដែរ ដែលជាព្រះរាជបំណងដ៏ស្រស់បំព្រងបំផុតរបស់ព្រះអាទិករសម្រាប់ភាវៈដែលព្រះបានបង្កើត។ ព្រះជាម្ចាស់ផ្គត់ផ្គង់ព្រះបន្ទូលរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងបំណងព្រះហឫទ័យរបស់ទ្រង់ដោយឥតគិតថ្លៃ និងជាបន្តបន្ទាប់ដល់អស់អ្នកដែលដើរតាមទ្រង់។ នេះគឺជាទង្វើដ៏ស្អាតស្អំ និងបរិសុទ្ធ ជាអំពើដ៏អស្ចារ្យមហិមា គឺគ្មានប្រតិបត្តិការដោះដូរណាមួយពាក់ព័ន្ធនៅត្រង់នេះឡើយ។ សម្រាប់មនុស្សគ្រប់រូបដែលស្ដាប់ដោយយកចិត្តទុកដាក់ និងប្រាថ្នាចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្រប់ប្រយោគដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺមិនអាចកាត់ថ្លៃបានឡើយ។ មនុស្សទទួលបានសេចក្ដីពិត និងព្រះបន្ទូលរបស់ទ្រង់ពីព្រះជាម្ចាស់ដោយឥតគិតថ្លៃ ហើយនៅជ្រៅក្នុងចិត្តរបស់ពួកគេ អ្វីដែលពួកគេចង់ធ្វើថ្វាយព្រះជាម្ចាស់ គឺការតបស្នងសងគុណទ្រង់ បំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងធ្វើឱ្យទ្រង់មានការកម្សាន្តព្រះហឫទ័យ ដើម្បីឱ្យកិច្ចការដ៏អស្ចារ្យរបស់ទ្រង់អាចត្រូវបានសម្រេចក្នុងពេលឆាប់ៗ។ នេះគឺជាភាពយល់ចិត្តគ្នា ដែលគួរតែមានរវាងព្រះអាទិករ និងមនុស្សជាតិដែលព្រះបានបង្កើត។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទប្រែក្លាយរឿងនេះទៅជាប្រតិបត្តិការដោះដូរទៅវិញ។ ពួកគេកេងចំណេញឱកាសនៃការដែលព្រះជាម្ចាស់មានព្រះបន្ទូល និងបំពេញកិច្ចការ ក៏ដូចជាតម្រូវការរបស់មនុស្សសម្រាប់ការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន ដោយទទួលបានប្រាក់កាស និងផលប្រយោជន៍ដែលពួកគេមិនគួរទទួលបាន។ តើឥរិយាបថបែបនេះ មិនធ្វើឱ្យពួកគេសមនឹងទទួលបណ្ដាសាទេឬ? តើចេញពីសេចក្ដីថ្លែងព្រះបន្ទូលមួយណាខ្លះរបស់ព្រះជាម្ចាស់ ដែលអ្នកធ្លាប់បានឃើញ ឬបានឮថា ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សជាតិ ជាការដោះដូរនឹងសំណងនោះ? តើមួយប្រយោគតម្លៃប៉ុន្មាន តើតម្លៃប៉ុន្មានសម្រាប់មួយវគ្គ សម្រាប់សេចក្ដីអធិប្បាយមួយ សម្រាប់សៀវភៅមួយក្បាល ឬសម្រាប់ការលួសកាត់ម្ដង ឬការជំនុំជម្រះ និងការដាក់ទណ្ឌកម្ម ឬការបន្សុទ្ធ ឬការផ្គត់ផ្គង់ជីវិត? តើព្រះជាម្ចាស់ធ្លាប់ថ្លែងព្រះបន្ទូលបែបនេះដែរឬទេ? (មិនធ្លាប់ទេ។) ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលពីរឿងបែបនេះឡើយ។ គ្រប់ប្រយោគ គ្រប់វគ្គ និងគ្រប់ផ្នែកដែលព្រះជាម្ចាស់បានបញ្ចេញមក គ្រប់ដងនៃការត្រូវបានលួសកាត់ ការត្រូវបានដាក់ទណ្ឌកម្ម និងការត្រូវបានជំនុំជម្រះ ព្រមទាំងការត្រូវបានល្បងល និងការត្រូវបានបន្សុទ្ធដែលមនុស្សទទួលបានពីព្រះជាម្ចាស់ ក៏ដូចជាការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាដើម ក្នុងចំណោមរឿងទាំងអស់នេះ តើមានរឿងមួយណាដែលអាចត្រូវបានវាស់ស្ទង់ជាលុយកាក់បាននោះ? តើមានរឿងមួយណាក្នុងចំណោមរឿងទាំងនេះដែលមនុស្សអាចទទួលបាន ជាការដោះដូរនឹងលុយកាក់ ឬរបស់ខាងសម្ភារៈ ឬក៏តាមរយៈការលះបង់ខាងសាច់ឈាមបាននោះ? គឺគ្មានសូម្បីតែមួយ។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់សម្ដែងចេញ គឺមិនអាចកាត់ថ្លៃបានឡើយ។ គឺពិតជាដោយសារតែវាមិនអាចកាត់ថ្លៃបាន ដោយសារតែគ្មានមនុស្សណាម្នាក់អាចប្រើប្រាស់លុយកាក់ ឬរបស់ខាងសម្ភារៈណាមួយ ដើម្បីដោះដូរនឹងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បាននេះហើយ ទើបព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់ផ្គត់ផ្គង់ព្រះបន្ទូលរបស់ទ្រង់ដល់មនុស្សដោយឥតគិតថ្លៃ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចមើលឃើញពីលក្ខណៈដែលមិនអាចកាត់ថ្លៃបាន និងដ៏មានតម្លៃនៃសេចក្ដីពិត ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ដែលទ្រង់សម្ដែងចេញឡើយ។ ផ្ទុយទៅវិញ ពួកគេស្វែងរកការទាញយកប្រាក់ចំណេញហួសហេតុដោយមិនត្រឹមត្រូវពីរឿងទាំងនេះទៅវិញ ដែលនេះជារឿងគួរឱ្យអាម៉ាស់បំផុត!
ដើម្បីធ្វើបាបមនុស្ស ដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខ្លួនផ្ទាល់ និងដើម្បីធ្វើឱ្យអ្នកដទៃមានអារម្មណ៍ដឹងពីភាពគួរឱ្យភ័យខ្លាច និងអំណាចរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនលាក់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចែកចាយព្រះបន្ទូលទាំងនោះដល់បងប្អូនប្រុសស្រីដែលនៅក្រោមបង្គាប់ពួកគេឡើយ។ ដូច្នេះហើយ នៅក្នុងពួកជំនុំមួយចំនួនដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទបែបនេះកាន់អំណាច បងប្អូនប្រុសស្រីគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអាន ឬគ្មានសេចក្ដីអធិប្បាយរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់ឡើយ។ តើមនុស្សបែបនេះមិនស័ក្ដិសមនឹងទទួលបណ្ដាសាទេឬ? តើពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វី? គឺចាត់ទុកជាទ្រព្យសម្បត្តិឯកជនរបស់ពួកគេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលជឿ និងដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់។ ព្រះបន្ទូលទាំងនោះមិនត្រូវបានប្រទានដល់បុគ្គលណាម្នាក់ផ្ដាច់មុខឡើយ ហើយព្រះបន្ទូលទាំងនោះក៏ប្រាកដជាមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់បុគ្គលណាម្នាក់ដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានថ្លែងទៅកាន់មនុស្សជាតិទាំងមូល ហើយគ្មាននរណាម្នាក់អាចលាក់ទុកការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារមូលហេតុ ឬលេសណាមួយឡើយ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាបានដើរតួបែបនេះមែន ដោយបំពានច្បាប់ទម្លាប់ដើម្បីធ្វើរឿងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន បន្ទាប់ពីទទួលបានខ្សែអាត់សំឡេងនៃសេចក្ដីអធិប្បាយថ្មីបំផុត ពួកគេស្ដាប់ខ្សែអាត់ទាំងនោះមុនគេ ហើយនៅពេលរកឃើញពន្លឺថ្មីខ្លះ និងដឹងថាមានខ្លឹមសារខ្លះដែលពួកគេមិនធ្លាប់ដឹង ពួកគេក៏សម្រេចចិត្តមិនចែកចាយស៊េរីនៃសេចក្ដីអធិប្បាយនេះ ដល់អស់អ្នកដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេឡើយ។ ដោយមិនឱ្យអ្នកណាផ្សេងដឹង ពួកគេបានលាក់ទុកខ្សែអាត់សំឡេងនៃសេចក្ដីអធិប្បាយទាំងនោះ។ តើគោលបំណងនៃការលាក់ទុកនេះគឺជាអ្វី? គោលបំណងគឺអួតសម្ញែងក្នុងអំឡុងពេលជួបជុំ ដែលស្មើនឹងការចូលរួមក្នុងការលក់ដូរ។ តាមរយៈទង្វើនៃការអួតសម្ញែងនេះ នៅពេលមនុស្សដែលនៅក្រោមបង្គាប់ពួកគេ ឮខ្លឹមសារដែលខ្លួនមិនធ្លាប់បានឮពីមុនមក ដែលសុទ្ធសឹងតែជារឿងថ្មី អ្នកទាំងនោះក៏ចាប់ផ្ដើមវាយតម្លៃខ្ពស់ដល់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយតាមរបៀបនេះ គោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ត្រូវបានសម្រេច។ វាជារឿងដែលមិនអាចប្រកែកបានទេថា នៅក្នុងពួកជំនុំគ្រប់ទីកន្លែង ពិតជាមានមនុស្សមួយចំនួនដែលមិនចែកចាយសេចក្ដីអធិប្បាយនៃការប្រកបគ្នា ឬខ្សែអាត់សំឡេងឱ្យបានទាន់ពេលវេលា ឬឱ្យបានទាំងស្រុងមែន បុគ្គលបែបនេះពិតជាមានមែន។ លើសពីនេះទៅទៀត ពួកទទឹងនឹងព្រះគ្រីស្ទខ្លះចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្អែកលើអាកប្បកិរិយារបស់មនុស្សចំពោះពួកគេ ដោយផ្ដល់សៀវភៅទាំងនោះដល់អស់អ្នកណាដែលអែបអប ឬបញ្ជោរពួកគេ។ ទោះបីជាសៀវភៅទាំងនោះឥតគិតថ្លៃក្ដី ក៏មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានវាយ៉ាងងាយស្រួលនោះដែរ។ គោលការណ៍នៃការចែកចាយដោយឥតគិតថ្លៃ និងទាន់ពេលវេលា ត្រូវបានរំលោភបំពាននៅក្នុងដៃរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយត្រូវរងនូវលក្ខខណ្ឌផ្សេងៗ។ ពួកគេប្រហែលជាផ្ដល់សៀវភៅទាំងនោះទាំងស្ទាក់ស្ទើរដល់អស់អ្នកដែលនៅខាងពួកគេ ឬដែលស្ដាប់តាមពួកគេ ប៉ុន្តែមិនប្រាកដថាទាន់ពេលវេលានោះទេ។ ចំណែកឯអស់អ្នកដែលមិនយល់ស្របនឹងទស្សនៈរបស់ពួកគេ ឬថែមទាំងប្រឆាំងនឹងពួកគេទៀតផងនោះ ពួកទទឹងនឹងព្រះគ្រីស្ទប្រហែលជាផ្ដល់សៀវភៅទាំងនោះដល់អ្នកទាំងនោះដោយរើសមុខ ឬសូម្បីតែមិនផ្ដល់ឱ្យទាល់តែសោះ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែស្វែងរកការទាញយកប្រាក់ចំណេញហួសហេតុដោយមិនត្រឹមត្រូវ នៅក្នុងការចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ការចែកចាយនេះជាមធ្យោបាយដើម្បីទាក់ទាញមនុស្ស អូសទាញយកចិត្តមនុស្ស ក៏ដូចជាដើម្បីគាបសង្កត់ និងធ្វើបាបអ្នកដទៃផងដែរ ពួកគេអាចធ្វើទង្វើខុសឆ្គងគ្រប់បែបយ៉ាង។ ពួកគេថែមទាំងអាចគំរាមកំហែងមនុស្ស ដោយនិយាយថា ប្រសិនបើនរណាម្នាក់និយាយអាក្រក់ពីពួកគេ មិនបោះឆ្នោតឱ្យពួកគេ ឬបោះឆ្នោតប្រឆាំងនឹងពួកគេ ពួកគេប្រហែលជានឹងលាក់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមធ្យោបាយដើម្បីធ្វើបាបបុគ្គលនោះ។ ហេតុដូច្នេះហើយ មនុស្សមួយចំនួន ដោយសារតែខ្លាចមិនអាចទទួលបានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬខ្សែអាត់សំឡេងនៃសេចក្ដីអធិប្បាយទាន់ពេលវេលា ក៏ភ័យខ្លាចចំពោះពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើសេចក្ដីអាក្រក់ ហើយពួកគេផ្ទាល់រងនូវការប្រព្រឹត្តដាក់ដោយអយុត្តិធម៌ក្ដី ក៏ពួកគេមិនហ៊ានរាយការណ៍ពីពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះដែរ ដោយខ្លាចត្រូវពួកទទឹងនឹងព្រះគ្រីស្ទគាបសង្កត់ និងធ្វើបាប បាត់បង់ទំនាក់ទំនងជាមួយខាងលើ និងខកខានមិនទទួលបានការស្រោចស្រព និងការផ្គត់ផ្គង់ពីខាងលើ។ តើមានមនុស្សបែបនេះដែរឬទេ? ពិតជាមានមែន មួយរយភាគរយតែម្ដង។ ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ។ ពួកគេមិនត្រឹមតែប្រជែងដណ្ដើមអំណាច និងផលចំណេញ បង្កើតបក្សពួក និងបង្កើតនគរឯករាជ្យរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនលើកលែងដែរ ចំពោះការចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីក៏ដោយដែលអាចធ្វើឱ្យពួកគេទទួលបានផលប្រយោជន៍ដោយមិនត្រឹមត្រូវ និងទទួលបានឋានៈ ព្រមទាំងអំណាចរបស់ពួកគេ គឺត្រូវបានពួកគេកេងចំណេញទាំងអស់។ ពួកគេមិនលើកលែងអ្វីទាំងអស់ រួមទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ តើរឿងទាំងនេះធ្លាប់កើតឡើងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា ឬនៅជុំវិញអ្នករាល់គ្នាដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនគំរាមកំហែងអស់អ្នកដែលនៅក្រោមបង្គាប់ពួកគេ ដោយនិយាយថា៖ «ប្រសិនបើអ្នកមិនបោះឆ្នោតឱ្យខ្ញុំទេ ប្រសិនបើអ្នករាយការណ៍ពីខ្ញុំទៅខាងលើ ប្រសិនបើអ្នកមិនចូលចិត្តខ្ញុំ ប្រសិនបើអ្នកយករឿងទៅប្រាប់គេ ហើយខ្ញុំដឹង នោះអ្នកនឹងមិនទទួលបានខ្សែអាត់សំឡេងនៃសេចក្ដីអធិប្បាយទៀតឡើយ។ ខ្ញុំនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់របស់អ្នកចោល ទុកឱ្យអ្នកគ្មានការចិញ្ចឹមបីបាច់ ធ្វើឱ្យអ្នកស្រេកឃ្លានរហូតដល់ស្លាប់!» តើនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនកាចសាហាវទេឬ? វាពិតជាកាចសាហាវខ្លាំងណាស់! ពួកគេអាចធ្វើរឿងអាក្រក់គ្រប់បែបយ៉ាង។
ប្រសិនបើអ្នករាល់គ្នាជួបប្រទះពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ តើអ្នករាល់គ្នានឹងចាត់ការពួកគេដោយរបៀបណា? តើអ្នករាល់គ្នាហ៊ានរាយការណ៍ពីពួកគេទៅខាងលើដែរឬទេ? តើអ្នករាល់គ្នាហ៊ានរួបរួមគ្នា និងបដិសេធពួកគេដែរឬទេ? (ហ៊ាន។) ឥឡូវនេះ អ្នកនិយាយថាហ៊ាន ប៉ុន្តែនៅពេលអ្នកពិតជាប្រឈមមុខនឹងពួកគេ អ្នកប្រហែលជាមិនហ៊ានឡើយ។ អ្នកនឹងដកខ្លួនថយ ដោយគិតថា៖ «ខ្ញុំមានកម្ពស់តូចទាប ខ្ញុំនៅក្មេង ខ្ញុំទន់ខ្សោយ និងនៅម្នាក់ឯង។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទពិតជារួមដៃគ្នាធ្វើបាបខ្ញុំមែន តើខ្ញុំមិនចប់ទេឬ? តើព្រះជាម្ចាស់នៅឯណា? តើអ្នកណានឹងស្ដាប់ការត្អូញត្អែររបស់ខ្ញុំ? តើអ្នកណានឹងដោះស្រាយការត្អូញត្អែររបស់ខ្ញុំ និងសងសឹកឱ្យខ្ញុំ? តើអ្នកណានឹងចេញមកការពារខ្ញុំ?» ហេតុអ្វីបានជាសេចក្ដីជំនឿរបស់អ្នកស្ដួចស្ដើងម៉្លេះ? អ្នកក្លាយជាកំសាកនៅពេលប្រឈមមុខនឹងអ្នកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែចុះប្រសិនបើសាតាំងគំរាមកំហែងអ្នកដោយផ្ទាល់វិញ តើអ្នកនឹងឈប់ជឿលើព្រះជាម្ចាស់ឬ? តើអ្នកនឹងធ្វើដូចម្ដេច ប្រសិនបើអ្នកទទឹងនឹងព្រះគ្រីស្ទមិនចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នក? ចុះប្រសិនបើគេតម្រូវឱ្យអ្នកបង់លុយសម្រាប់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ? ចុះប្រសិនបើរាល់ពេលដែលអ្នកទទឹងនឹងព្រះគ្រីស្ទចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នក គេតែងតែធ្វើឱ្យអ្នកជួបការលំបាក និងនិយាយពាក្យគំរោះគំរើយដាក់អ្នកវិញនោះ? តើស្ថានភាពនេះងាយស្រួលចាត់ការដែរឬទេ? ខ្ញុំប្រាប់អ្នកពីយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយទៅចុះថា៖ នៅពេលណាដែលជិតដល់ពេលចែកចាយសៀវភៅ អ្នកគួរតែឈរនៅក្បែរអ្នកទទឹងនឹងព្រះគ្រីស្ទ ដោយនិយាយពាក្យផ្អែមល្ហែមយ៉ាងក្លៀវក្លា ដោយសរសើរ និងបញ្ជោរពួកគេយ៉ាងខ្លាំង ដើម្បីទទួលបានការទុកចិត្តពីពួកគេ។ នៅពេលពួកគេចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងខ្សែអាត់សំឡេងនៃសេចក្ដីអធិប្បាយដល់អ្នកហើយ បន្ទាប់មក ចូររកឱកាសរាយការណ៍ពីពួកគេទៅខាងលើ។ ប្រសិនបើគ្មានមធ្យោបាយដើម្បីរាយការណ៍ពីពួកគេទៅខាងលើទេ ចូរស្វែងរកឱកាសដើម្បីរួបរួមជាមួយបងប្អូនប្រុសស្រីដែលមានការញែកដឹង ដើម្បីរឹតត្បិត និងចងអ្នកទទឹងនឹងព្រះគ្រីស្ទនោះ។ នេះពិតជាការកម្ចាត់គ្រោះថ្នាក់សម្រាប់ពួកជំនុំមែន ហើយស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បំផុត។ អ្នកខ្លះប្រហែលជាសួរថា ចុះប្រសិនបើអ្នកទទឹងនឹងព្រះគ្រីស្ទដឹងពីផែនការនេះវិញ? ប្រសិនបើអ្នកមិនមានទំនុកចិត្តនៅពេលនេះទេ នោះរង់ចាំឱកាសលើកក្រោយចុះ។ នៅពេលអ្នកមានភាពក្លាហាន ហើយលក្ខខណ្ឌអំណោយផល នោះគឺជាពេលដែលអ្នកត្រូវចាត់វិធានការហើយ។ សរុបមក ប្រសិនបើអ្នកខ្លាចថាអ្នកទទឹងនឹងព្រះគ្រីស្ទនឹងកាត់ផ្ដាច់ការចិញ្ចឹមបីបាច់របស់អ្នកចោល នោះកុំទាន់អាលធ្វើឱ្យរឿងរ៉ាវក្លាយជាធំដុំនៅពេលដំបូងឡើយ។ កុំលាតត្រដាងខ្លួនឯង ឬបណ្ដោយឱ្យអ្នកទទឹងនឹងព្រះគ្រីស្ទមើលធ្លុះពីអ្នកឱ្យសោះ។ នៅពេលអ្នកទទួលបានកម្ពស់គ្រប់គ្រាន់ នៅពេលអ្នកមានមនុស្សដែលស័ក្ដិសម មនុស្សដែលត្រឹមត្រូវ និងមនុស្សកាន់តែច្រើន ដែលអាចឈរជាមួយអ្នកក្នុងការប្រឆាំងនឹងអ្នកទទឹងនឹងព្រះគ្រីស្ទ ដែលអាចញែកដឹង និងបដិសេធអ្នកទទឹងនឹងព្រះគ្រីស្ទ នោះគឺជាពេលដែលអ្នកអាចផ្ដាច់ទំនាក់ទំនងជាមួយអ្នកទទឹងនឹងព្រះគ្រីស្ទបានហើយ។ តើយុទ្ធសាស្ត្រនេះស្ដាប់ទៅយ៉ាងម៉េចដែរ? (ល្អ។) អ្នកខ្លះប្រហែលជានិយាយថា៖ «តើនេះមិនមែនជាការបោកបញ្ឆោតអ្នកដទៃទេឬ? តើព្រះជាម្ចាស់មិនចង់ឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ទេឬ? នេះហាក់ដូចជាមិនស្មោះត្រង់សោះ»។ តើនេះជាការបោកបញ្ឆោតអ្នកដទៃឬ? (មិនមែនទេ។) នេះគឺជាការលេងសើចជាមួយអារក្ស។ វិធីសាស្ត្រណាមួយក៏អាចទទួលយកបានដែរ នៅពេលប្រព្រឹត្តចំពោះអ្នកទទឹងនឹងព្រះគ្រីស្ទ ដែលជាអារក្សនោះ។
តើអ្នករាល់គ្នាខ្លាចពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ឧបមាថា ពិតជាមានអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់នៅជុំវិញអ្នក នៅក្នុងពួកជំនុំរបស់អ្នកផ្ទាល់។ អ្នកបានកត់សម្គាល់ឃើញគេ គេមានអំណាច និងឋានៈ ហើយមានមនុស្សជាច្រើនគាំទ្រគេ។ គេមានបក្សពួក និងអ្នកដើរតាមដ៏ស្មោះត្រង់មួយចំនួន។ តើអ្នកនឹងខ្លាចគេដែរឬទេ? អ្នកខ្លះនិយាយថា ពួកគេនឹងខ្លាច។ តើការភ័យខ្លាចជារឿងត្រឹមត្រូវដែរឬទេ? យ៉ាងហោចណាស់ក៏មានទិដ្ឋភាពល្អ និងត្រឹមត្រូវមួយចំពោះការភ័យខ្លាចនេះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ប្រសិនបើអ្នកខ្លាចគេ យ៉ាងហោចណាស់វាបង្ហាញថា នៅក្នុងចិត្តរបស់អ្នក អ្នកជឿថាគេជាមនុស្សអាក្រក់ ថាគេអាចធ្វើបាបអ្នក និងធ្វើឱ្យអ្នករងគ្រោះថ្នាក់ ថាគេមិនមែនជាមនុស្សល្អ ឬជាអ្នកដែលដេញតាមសេចក្ដីពិតឡើយ ពោលគឺយ៉ាងហោចណាស់ អ្នកមានការយល់ដឹង និងការញែកដឹងអំពីរឿងនេះនៅក្នុងចិត្តរបស់អ្នក។ ទោះបីជាអ្នកប្រហែលជាមិនអាចកំណត់លក្ខណៈរបស់គេថាជាអ្នកទទឹងនឹងព្រះគ្រីស្ទ ឬញែកដឹងថាគេជាអ្នកទទឹងនឹងព្រះគ្រីស្ទក្ដី ប៉ុន្តែយ៉ាងហោចណាស់ អ្នកក៏ដឹងថាគេមិនមែនជាមនុស្សល្អ មិនមែនជាអ្នកដែលដេញតាមសេចក្ដីពិត មិនមែនជាមនុស្សទៀងត្រង់ ឬចិត្តល្អ ឬក៏ជាមនុស្សស្មោះត្រង់ឡើយ ដូច្នេះហើយទើបអ្នកខ្លាចគេ។ ជាធម្មតា តើមនុស្សប្រភេទណាដែលមនុស្សធម្មតា និងសាមញ្ញ ឬមនុស្សគ្មានល្បិច តែងតែខ្លាច ក្រៅពីពួកអារក្សនោះ? (មនុស្សអាក្រក់។) គ្រប់គ្នាសុទ្ធតែខ្លាចមនុស្សអាក្រក់។ យ៉ាងហោចណាស់ អ្នកដឹងនៅក្នុងចិត្តរបស់អ្នកថា បុគ្គលនេះគឺជាមនុស្សអាក្រក់។ ដោយផ្អែកលើចំណុចនេះ ចូរសង្កេតមើលអាកប្បកិរិយារបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត។ ចូរមើលថាតើគេអនុវត្តសេចក្ដីពិតដែរឬទេ ហើយញែកដឹងពីឥរិយាបថផ្សេងៗរបស់គេ ព្រមទាំងឈានទៅដល់ការយល់ដឹង និងការញែកដឹងពីសារជាតិរបស់គេ តាមរយៈឥរិយាបថរបស់គេ។ នៅទីបំផុត ប្រសិនបើអ្នកអាចកំណត់បានថា គេគឺជាអ្នកទទឹងនឹងព្រះគ្រីស្ទ នោះការភ័យខ្លាចរបស់អ្នកនឹងរួមបញ្ចូលនូវសមាសធាតុមួយទៀត គឺការញែកដឹងចំពោះគេ។ ទោះបីជាអ្នកប្រហែលជាខ្លាចគេនៅក្នុងចិត្តរបស់អ្នកក្ដី ប៉ុន្តែអ្នកនឹងមិននៅខាងគេឡើយ ហើយអ្នកនឹងបដិសេធគេនៅក្នុងចិត្តរបស់អ្នក តើនេះជារឿងល្អ ឬរឿងអាក្រក់? (ជារឿងល្អ។) ប្រសិនបើគេស្នើឱ្យអ្នកចូលរួមជាមួយគេក្នុងការធ្វើសេចក្ដីអាក្រក់ តើអ្នកនឹងយល់ព្រមដែរឬទេ? តើអ្នកនឹងមានការញែកដឹងចំពោះរឿងនេះនៅក្នុងចិត្តរបស់អ្នកដែរឬទេ? ប្រសិនបើគេស្នើឱ្យអ្នកចូលរួមជាមួយគេក្នុងការជេរប្រមាថព្រះជាម្ចាស់ ឬវិនិច្ឆ័យទ្រង់ តើអ្នកនឹងយល់ព្រមដែរឬទេ? ប្រសិនបើគេស្នើឱ្យអ្នកសហការជាមួយគេក្នុងការធ្វើបាបអ្នកដទៃ និងមិនចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បុគ្គលមួយចំនួន តើអ្នកនឹងយល់ព្រមដែរឬទេ? ទោះបីជាអ្នកប្រហែលជាមិនប្រាកដ ១០០% ថាអ្នកនឹងមិនយល់ព្រមធ្វើរឿងទាំងនេះក្ដី ប៉ុន្តែយ៉ាងហោចណាស់ អ្នកនឹងមានការញែកដឹងអំពីទង្វើរបស់គេនៅក្នុងចិត្តរបស់អ្នក។ អ្នកប្រហែលជាធ្វើរឿងមួយចំនួនជាមួយគេទាំងស្ទាក់ស្ទើរ និងក្រោមការបង្ខិតបង្ខំ ប៉ុន្តែវានឹងកើតឡើងតែដោយសារអ្នកត្រូវបានបង្ខំឱ្យធ្វើដូច្នេះប៉ុណ្ណោះ ហើយវានឹងមិនមែនជាការស្ម័គ្រចិត្តឡើយ។ យ៉ាងហោចណាស់ អ្នកនឹងមិនមែនជាជនល្មើសចម្បងនោះទេ យ៉ាងច្រើនបំផុត អ្នកគ្រាន់តែជាអ្នកសមគំនិតក្នុងអំពើអាក្រក់របស់គេប៉ុណ្ណោះ។ ទោះបីជាអ្នកប្រហែលជាមិនលាតត្រដាង ឬញុះញង់គេដោយផ្ទាល់ក្ដី ប៉ុន្តែអ្នកក៏នឹងមិនធ្វើជាអ្នកដើរតាម ឬជាអ្នកសមគំនិតរបស់គេដែរ។ ក្នុងកម្រិតណាមួយ នេះគឺជាការបដិសេធអ្នកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សភាគច្រើន ដោយសារតែការភ័យខ្លាចរបស់ពួកគេចំពោះមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ គឺអាចត្រឹមតែធ្វើការសម្របសម្រួលដើម្បីការពារខ្លួនប៉ុណ្ណោះ ដូច្នេះ ការដែលអ្នកអាចធ្វើរឿងនេះជាវិធានការបណ្ដោះអាសន្ន និងទប់ទល់សិន គឺចាត់ទុកថាល្អគួរសមទៅហើយ។ ប៉ុន្តែ តើការឈានដល់កម្រិតនេះ រាប់ថាជាការប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកដែរឬទេ? តើវារាប់ថាជាការប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិតដែរឬទេ? តើវារាប់ថាជាការយកឈ្នះលើសាតាំងដែរឬទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គឺមិនមែនទេ។ ដូច្នេះ តើអ្នកអាចឈានទៅដល់ការប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកដោយរបៀបណា? អ្នករាល់គ្នាសុទ្ធតែខ្វះផ្លូវ ហើយគ្រាន់តែធ្វើការសម្របសម្រួលដើម្បីការពារខ្លួនប៉ុណ្ណោះ៖ «ពួកគេធ្វើសេចក្ដីអាក្រក់ ប៉ុន្តែខ្ញុំមិនហ៊ានចូលរួមជាមួយពួកគេក្នុងការធ្វើសេចក្ដីអាក្រក់ឡើយ។ ខ្ញុំខ្លាចត្រូវដាក់ទោស។ ពួកគេជាមនុស្សអាក្រក់។ ពួកគេធ្វើរឿងអាក្រក់ដើម្បីធ្វើបាបមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនអីទេ ឱ្យតែខ្ញុំផ្ទាល់មិនបានធ្វើបាបនរណាម្នាក់។ សេចក្ដីអាក្រក់នោះនឹងមិនត្រូវបន្ទោសមកលើខ្ញុំឡើយ»។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើបានយ៉ាងច្រើនបំផុតត្រឹមប៉ុណ្ណេះ នោះចាត់ទុកថាល្អគួរសមទៅហើយ។ អ្នកគ្រាន់តែជាមនុស្សផ្គាប់ចិត្តអ្នកដទៃ និងប្រកាន់ខ្ជាប់នូវវិធីសាស្ត្រកណ្ដាលនិយមប៉ុណ្ណោះ ហើយអ្នកមិនអាចធ្វើបន្ទាល់បានឡើយ។ ចុះតើគួរធ្វើដូចម្ដេច ដើម្បីធ្វើបន្ទាល់បាន? បើនិយាយតាមគោលលទ្ធិ អ្នកគួរតែបដិសេធមនុស្សអាក្រក់ បដិសេធ និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ហើយរារាំងពួកទទឹងនឹងព្រះគ្រីស្ទមិនឱ្យធ្វើរឿងអាក្រក់តាមតែអំពើចិត្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងបង្កការខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ តើអ្នកដឹងពីរបៀបធ្វើរឿងនេះឱ្យបានជាក់លាក់ដែរឬទេ? (គឺរាយការណ៍ និងប្រាប់ខាងលើអំពីរឿងនេះ។) តើនេះគឺជាកម្រិតនៃការទទួលខុសត្រូវ និងកាតព្វកិច្ចដែលអ្នករាល់គ្នាអាចបំពេញបានមែនទេ? តើនេះគឺជាទីបន្ទាល់ទាំងអស់ដែលអ្នករាល់គ្នាអាចប្រកាន់ខ្ជាប់ ជាកម្ពស់ទាំងអស់ដែលអ្នកមានមែនទេ? ក្រៅពីរាយការណ៍ពីអ្នកទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាអាចធ្វើអ្វីផ្សេងទៀតបាន? (ដំបូង យើងអាចប្រមូលការពិតអំពីឥរិយាបថ និងអំពើអាក្រក់យ៉ាងជាប់លាប់ដែលអ្នកទទឹងនឹងព្រះគ្រីស្ទតែងតែធ្វើ ហើយបន្ទាប់មក ប្រកបគ្នាអំពីការញែកដឹងពីអ្នកទទឹងនឹងព្រះគ្រីស្ទជាមួយបងប្អូនប្រុសស្រី ដោយផ្អែកលើការពិតទាំងនេះ។ នៅពេលដែលបងប្អូនប្រុសស្រីមានការញែកដឹងចំពោះអ្នកទទឹងនឹងព្រះគ្រីស្ទហើយ ពួកគេទាំងអស់គ្នាអាចចាត់វិធានការដើម្បីលាតត្រដាងអ្នកទទឹងនឹងព្រះគ្រីស្ទ ហើយបន្ទាប់មក យើងអាចបណ្ដេញគេចេញពីពួកជំនុំបាន។) ជំហាន និងនីតិវិធីគឺត្រឹមត្រូវហើយ ប៉ុន្តែចុះករណីពិសេសមួយចំនួនវិញ? អ្នកកំពុងនិយាយពីជំហរជាអ្នកដឹកនាំម្នាក់ ប៉ុន្តែចុះប្រសិនបើអ្នកជឿធម្មតាម្នាក់ជួបប្រទះនឹងអ្នកទទឹងនឹងព្រះគ្រីស្ទវិញនោះ? តើវាមិនដូចជាពងមាន់ជល់នឹងថ្មទេឬ? តើអ្នករាល់គ្នានឹងធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយទៅចុះដែលទាក់ទងនឹងការចុះបញ្ជី និងការរាយការណ៍ពីចំណូល និងចំណាយ។ មានអ្នកទទួលបន្ទុកកត់ត្រាគណនេយ្យម្នាក់ ដែលមានបញ្ជីមួយសម្រាប់ប្រើប្រាស់ខាងក្រៅ និងបញ្ជីមួយទៀតសម្រាប់ប្រើប្រាស់ផ្ទៃក្នុង។ នៅថ្ងៃមួយ មានការខុសគ្នាចំនួនពីររយដុល្លារនៅក្នុងបញ្ជីផ្ទៃក្នុង។ ក្រោយមក អ្នកមើលការខុសត្រូវបានមកពិនិត្យបញ្ជី ហើយឃើញការខុសគ្នានេះ ពួកគេក៏និយាយថា៖ «ហែកបញ្ជីផ្ទៃក្នុងនោះចោលទៅ។ ទុកតែបញ្ជីខាងក្រៅបានហើយ ដើម្បីកុំឱ្យមានភស្តុតាង»។ បុគ្គលម្នាក់ក្នុងចំណោមបុគ្គលនៅទីនោះមិនយល់ស្របឡើយ ដោយនិយាយថា៖ «នេះគឺជាតង្វាយ។ មិនថាវាមានលុយចំនួនប៉ុន្មាននោះទេ វាគឺជាលុយរបស់ព្រះជាម្ចាស់។ អ្នកមិនអាចធ្វើបែបនេះបានទេ»។ អ្នកមើលការខុសត្រូវមិនបាននិយាយអ្វីឡើយ ខណៈពេលដែលមនុស្សម្នាក់ទៀតបានបញ្ចេញមតិថា៖ «លុយពីររយដុល្លារមានអីធំដុំទៅ? នៅពេលពួកទទឹងនឹងព្រះគ្រីស្ទកិបកេង គឺម្ដងរាប់ម៉ឺនដុល្លារឯណោះ»។ ដូច្នេះ មនុស្សទាំងនោះក៏ដោះស្រាយបញ្ហានេះតាមរបៀបនោះទៅ។ ក៏ប៉ុន្តែ ក្រោយមក មនុស្សម្នាក់មានអារម្មណ៍ថាវិធីសាស្ត្រនេះគឺខុសឆ្គង ហើយក៏បានរាយការណ៍រឿងនេះទៅកាន់ក្រុមសម្រេចចិត្ត។ ក្រុមនោះបាននិយាយថា លុយពីររយដុល្លារមិនមែនជាចំនួនច្រើននោះទេ ហើយថាពួកគេរវល់ពេក មិនអាចដោះស្រាយរឿងនេះបានឡើយ។ នៅពេលរឿងនេះត្រូវបានរាយការណ៍ទៅកាន់អ្នកដឹកនាំពួកជំនុំ ពួកគេក៏មិនបានដោះស្រាយវាដែរ ហើយពួកគេទាំងអស់គ្នាមិនអើពើនឹងបញ្ហានេះឡើយ។ បុគ្គលដែលបានរាយការណ៍ពីបញ្ហានេះ មានអារម្មណ៍តូចចិត្ត ដោយនិយាយថា៖ «តើមនុស្សទាំងនេះអាចទៅជាបែបនេះទាំងអស់គ្នាយ៉ាងម៉េចកើតទៅ? តើពួកគេម្ដេចនឹងអាចគ្មានការទទួលខុសត្រូវចំពោះតង្វាយរបស់ព្រះជាម្ចាស់យ៉ាងនេះទៅ? ពួកគេថែមទាំងហ៊ានចូលរួមក្នុងការបោកបញ្ឆោតយ៉ាងគឃ្លើនបែបនេះទៀតផង!» គាត់មានអារម្មណ៍តូចចិត្តពីរឿងនេះ។ ថ្ងៃមួយ នៅពេលខ្ញុំបានទៅសួរសុខទុក្ខមនុស្សទាំងនោះ បុគ្គលនោះបានរាយការណ៍ពីបញ្ហានេះមកខ្ញុំ ដោយនិយាយថា អ្នកដែលធ្វើគណនេយ្យនោះមានការធ្វេសប្រហែស ថាគេបានធ្វើឱ្យបញ្ជីមានភាពរញ៉េរញ៉ៃ ហើយថា នៅទីបំផុតក៏មានការខុសគ្នាកើតឡើង។ ទោះបីជាបញ្ហានេះមិនសូវធំដុំក្ដី ប៉ុន្តែអាកប្បកិរិយារបស់បុគ្គលម្នាក់ៗដែលពាក់ព័ន្ធ គឺមានភាពខុសគ្នា។ អ្នកដែលគេហៅថាអ្នកមើលការខុសត្រូវ និងអ្នកដឹកនាំទាំងនេះ មិនបានដោះស្រាយបញ្ហានេះឡើយ។ ពួកគេមិនត្រឹមតែមិនបានបញ្ជូនអ្នកដែលធ្វើគណនេយ្យនោះចេញប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងរកលេសដើម្បីការពារអ្នកនោះទៀតផង។ បុគ្គលដែលបានរាយការណ៍ពីបញ្ហានេះ នៅតែបន្តរាយការណ៍ពីរឿងនេះ។ ក៏ប៉ុន្តែ គាត់ត្រូវបានមនុស្សជាច្រើនផាត់ចេញ។ ចូរប្រាប់ខ្ញុំមកមើល៍ តើបុគ្គលនេះមានផ្នត់គំនិតបែបណា នៅពេលគាត់រាយការណ៍ពីបញ្ហានេះ? ប្រសិនបើគាត់មានអាកប្បកិរិយាដូចបុគ្គលម្នាក់ទៀត ដែលបាននិយាយថា៖ «លុយពីររយដុល្លារមានអីធំដុំទៅ? ហេតុអ្វីបានជាអ្នកធ្វើឱ្យរឿងធំដុំម៉្លេះ? នៅពេលពួកទទឹងនឹងព្រះគ្រីស្ទកិបកេង គឺម្ដងរាប់ម៉ឺនដុល្លារឯណោះ» តើគាត់នៅតែរាយការណ៍ពីរឿងនេះដែរឬទេ? គាត់មុខជាមិនរាយការណ៍ឡើយ។ ប្រសិនបើគាត់និយាយថា៖ «វាមិនមែនជាលុយរបស់ខ្ញុំទេ។ ទុកឱ្យអ្នកណាដែលចង់កិបកេង ក៏កិបកេងទៅចុះ គេនឹងទទួលខុសត្រូវចំពោះរឿងនេះ។ យ៉ាងណាក៏ខ្ញុំមិនបានកិបកេងអ្វីឡើយ ដូច្នេះ ខ្ញុំមិនចាំបាច់ទទួលខុសត្រូវលើរឿងនេះទេ» ឬ «ខ្ញុំបានរាយការណ៍រឿងនេះទៅកាន់ក្រុមសម្រេចចិត្ត និងអ្នកដឹកនាំពួកជំនុំរួចហើយ ប៉ុន្តែពួកគេទាំងអស់គ្នាមិនអើពើនឹងខ្ញុំឡើយ ដូច្នេះ ខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំហើយ មិនចាំបាច់ខ្វាយខ្វល់ទៀតទេ» ប្រសិនបើគាត់មានអាកប្បកិរិយាបែបនេះ តើគាត់នៅតែអាចបន្តរាយការណ៍ពីរឿងនេះឥតឈប់ឈរបែបនេះបានដែរឬទេ? ប្រាកដជាមិនអាចឡើយ។ មនុស្សភាគច្រើន យ៉ាងច្រើនបំផុត នឹងឈប់រាយការណ៍ បន្ទាប់ពីបានរាយការណ៍ទៅកាន់ក្រុមសម្រេចចិត្តរួច។ ប៉ុន្តែ ស្របពេលដែលបុគ្គលនេះបានរាយការណ៍ទៅកាន់ក្រុមសម្រេចចិត្ត គាត់បានឮការប្រកបគ្នារបស់ខ្ញុំអំពីរឿងរ៉ាវរបស់ណូអេ និងអ័ប្រាហាំ។ បន្ទាប់ពីបានស្ដាប់រួច គាត់រំជួលចិត្ត ដោយគិតថា៖ «បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ណូអេបានប្រកាន់ខ្ជាប់នូវព្រះបន្ទូលទាំងនោះអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនដកខ្លួនថយឡើយ។ ប៉ុន្តែ ខ្ញុំជួបប្រទះនឹងការលំបាកបន្តិចបន្តួចនេះសោះ បែរជាមិនអាចតស៊ូបានទៅវិញ នេះមិនមែនជាអ្វីដែលមនុស្សម្នាក់គួរធ្វើឡើយ!» ដូច្នេះ គាត់ក៏បន្តរាយការណ៍រហូតដល់ទីបំផុតរឿងនេះបានទៅដល់ខាងលើ ហើយខាងលើក៏បានដោះស្រាយបញ្ហានេះ។ តើអ្នករាល់គ្នាគិតថា មានមនុស្សបែបនេះច្រើនដែរឬទេក្នុងចំណោមអ្នករាល់គ្នា? ប្រសិនបើអ្នករាល់គ្នាបានជួបប្រទះស្ថានភាពបែបនេះ តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលនឹងតស៊ូដូចបុគ្គលនេះ? តើអ្នករាល់គ្នាក៏នឹងជឿថា លុយពីររយដុល្លារមិនមែនជាចំនួនច្រើន ថាវាមិនមែនជារឿងធំដុំ ហើយជាលទ្ធផល ក៏គិតថាមិនចាំបាច់ប្រកាន់ខ្ជាប់នូវគោលការណ៍យ៉ាងមុតមាំ ឬម៉ឺងម៉ាត់ខ្លាំងពេកនោះទេ ហើយថាអ្នករាល់គ្នាអាចរង់ចាំរហូតដល់មានការខុសគ្នាធំដុំ ទើបរាយការណ៍ដែរឬទេ? តើអ្នករាល់គ្នានឹងគិតថា៖ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានបំពេញការទទួលខុសត្រូវរបស់ខ្ញុំហើយ។ ថាតើរឿងនេះត្រូវបានដោះស្រាយឬអត់ វាអាស្រ័យលើអ្នកដឹកនាំទេ។ ខ្ញុំគ្រាន់តែជាអ្នកជឿធម្មតាម្នាក់ ខ្ញុំមានអំណាចតែប៉ុណ្ណឹង ខ្ញុំអាចធ្វើបានតែប៉ុណ្ណឹង។ ខ្ញុំបានរាយការណ៍ហើយ ខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំហើយ។ រឿងផ្សេងទៀតមិនមែនជាកង្វល់របស់ខ្ញុំទេ» ដែរឬទេ? តើនេះមិនមែនជារបៀបដែលអ្នករាល់គ្នានឹងគិតទេឬ? ហើយប្រសិនបើនរណាម្នាក់គាបសង្កត់អ្នក តើអ្នកមិនហ៊ានរាយការណ៍ពីរឿងនេះទេ មែនទេ? បុគ្គលនេះបានប្រឈមមុខនឹងការគាបសង្កត់ក្នុងអំឡុងដំណើរការរាយការណ៍ពីបញ្ហានេះ ដោយមានមនុស្សមួយចំនួនចោទប្រកាន់ និងថ្កោលទោសគាត់ ហើយតែងតែរកឱកាសធ្វើបាបគាត់ជានិច្ច។ តើមនុស្សទាំងនេះមានចិត្តព្យាបាទយ៉ាងណាទៅ! ខ្ញុំចាំបានពីបុគ្គលពីរបីនាក់នេះ ហេតុអ្វីបានជាខ្ញុំចាំពួកគេ? ពួកគេបានហូបអាហារនៃដំណាក់របស់ព្រះជាម្ចាស់ និងរីករាយនឹងសេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ ប៉ុន្តែពួកគេបែរជាមានអាកប្បកិរិយាបែបនេះចំពោះតង្វាយរបស់ព្រះជាម្ចាស់ទៅវិញ។ តើពួកគេអាចត្រូវបានចាត់ទុកជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់បានដែរឬទេ? ពួកគេមិនស័ក្ដិសមឡើយ! ពួកគេមិនត្រូវបានតម្រូវឱ្យប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេទេ ដោយសារពួកគេមិនមានចរិតលក្ខណៈបែបនេះឡើយ។ ប៉ុន្តែ ដោយសារពួកគេមិនអាចសូម្បីតែធ្វើអ្វីដែលពួកគេគួរធ្វើបានផង តើពួកគេនៅតែសមនឹងស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតដែរឬទេ? តើមនុស្សបែបនេះគួរត្រូវបានគេចងចាំដែរឬទេ? តើអ្នករាល់គ្នាចូលចិត្តមនុស្សបែបនេះដែរឬទេ? (មិនចូលចិត្តទេ។) ចុះតើអ្នករាល់គ្នាចូលចិត្តមនុស្សប្រភេទណាវិញ? (គឺអស់អ្នកដែលប្រកាន់ខ្ជាប់នូវគោលការណ៍ អស់អ្នកដែលតស៊ូការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។) ខ្ញុំខ្ពើមរអើមនឹងមនុស្សគ្មានបានការទាំងនោះ ដែលភ័យខ្លាចនៅពេលឃើញអ្នកខ្លាំងពូកែ ប៉ុន្តែបែរជាធ្វើខ្លួនក្លាហាននៅចំពោះមុខមនុស្សគ្មានល្បិចទៅវិញ។ ខ្ញុំក៏ខ្ពើមរអើមនឹងអស់អ្នកដែលរមិលគុណ អស់អ្នកដែលមិនចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយជាពិសេសគឺអស់អ្នកដែលបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនបានយល់ពីសេចក្ដីពិតទាល់តែសោះ ឬមិនផ្លាស់ប្ដូរសូម្បីតែបន្តិច ហើយនៅតែទាស់ទទឹង និងប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ប្រសិនបើគ្មានករណីដែលមនុស្សបែបនេះធ្វើអំពើអាក្រក់យ៉ាងច្បាស់ក្រឡែតទេ ពួកគេប្រហែលជាមិនត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ ប៉ុន្តែខ្ញុំខ្ពើមរអើមនឹងពួកគេ។ តើខ្ពើមរអើមប៉ុនណាទៅ? គឺស្មើនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ហេតុអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញសម្រាប់លក់ ជួញដូរ និងដោះដូរ ដោយទាញយកប្រាក់ចំណេញពីព្រះបន្ទូលទាំងនោះ។ ទោះបីជាមនុស្សប្រភេទនេះប្រហែលជាមិនទាញយកប្រាក់ចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្ដី ប៉ុន្តែយើងអាចសន្និដ្ឋានបានពីអាកប្បកិរិយាដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ពួកគេគឺដូចជាពួកទទឹងនឹងព្រះគ្រីស្ទដែរ ថាពួកគេមិនដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ឬមិនមានសូម្បីតែអាកប្បកិរិយាសាមញ្ញ និងជាមូលដ្ឋានបំផុតដែលពួកគេគួរមានចំពោះតង្វាយរបស់ព្រះជាម្ចាស់ឡើយ ហើយថាពួកគេរមិលគុណ។ តើពួកគេជារបស់ប្រភេទណាទៅ? ពួកគេគឺជាយូដាស ដែលក្បត់ព្រះអម្ចាស់ និងមិត្តភក្ដិរបស់ពួកគេ។ បន្ទាប់ពីបានឮរឿងនេះ តើអ្នករាល់គ្នាមានគំនិតយ៉ាងណាដែរ? តើអ្នករាល់គ្នាអាចប្រកាន់ខ្ជាប់នូវគោលការណ៍ និងរក្សាជំហររបស់ខ្លួនក្នុងស្ថានភាពបែបនេះបានដែរឬទេ? ប្រសិនបើអ្នកជាមនុស្សគ្មានបានការ ដែលតែងតែដកខ្លួនថយ តែងតែខ្លាចកម្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ខ្លាចត្រូវពួកគេធ្វើបាប ខ្លាចកម្លាំងរបស់ពួកគេធ្វើឱ្យអ្នករងគ្រោះថ្នាក់ ហើយអ្នកតែងតែភ័យខ្លាចនៅក្នុងចិត្តរបស់អ្នក ហើយអ្នកខ្វះប្រាជ្ញាក្នុងការឆ្លើយតបនឹងរឿងនេះ ដោយតែងតែធ្វើការសម្របសម្រួលដល់ពួកទទឹងនឹងព្រះគ្រីស្ទ មិនហ៊ានរាយការណ៍ ឬមិនហ៊ានលាតត្រដាងពួកគេ ឬក៏មិនហ៊ានស្វែងរកអ្នកដទៃដើម្បីរួបរួមជាមួយអ្នកក្នុងការបដិសេធពួកគេ នោះអ្នកមិនមែនជាមនុស្សដែលអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកថ្វាយព្រះជាម្ចាស់ឡើយ អ្នកគឺជាមនុស្សគ្មានបានការ ជារបស់ដែលរមិលគុណ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ ដោយប្រើប្រាស់ព្រះបន្ទូលទាំងនោះដើម្បីទាញយកប្រាក់ចំណេញហួសហេតុដោយមិនត្រឹមត្រូវសម្រាប់ខ្លួនពួកគេ ដើម្បីគំរាមកំហែងអ្នក និងកាត់ផ្ដាច់ការចិញ្ចឹមបីបាច់របស់អ្នកចោល ប្រសិនបើអ្នកនៅតែមិនអាចបដិសេធពួកគេក្នុងស្ថានភាពបែបនេះបានទេ តើអ្នកជាអ្នកមានជ័យជម្នះដែរឬទេ? តើអ្នកសមជាអ្នកដើរតាមព្រះគ្រីស្ទដែរឬទេ? ប្រសិនបើអ្នកខ្វះសូម្បីតែសមត្ថភាពក្នុងការទទួលបានព្រះបន្ទូល និងការចិញ្ចឹមបីបាច់ខាងវិញ្ញាណដែលព្រះជាម្ចាស់ប្រទានដល់អ្នកដោយឥតគិតថ្លៃ ហើយមិនអាចសូម្បីតែហូប ផឹក ឬរីករាយនឹងរឿងទាំងនេះផង តើអ្នកគ្មានតម្លៃប៉ុនណាទៅ?
ការពិតដែលខ្ញុំទើបតែបានប្រកបគ្នា គឺជាការបង្ហាញចេញមួយចំនួននៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទំនិញ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនទទួលយកសេចក្ដីពិតឡើយ ពួកគេគ្រាន់តែមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រួសៗ និងក្រឡេកមើលព្រះបន្ទូលទាំងនោះ ដើម្បីលម្អខ្លួនពួកគេប៉ុណ្ណោះ។ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាកម្មសិទ្ធិ និងជាទ្រព្យសម្បត្តិឯកជនរបស់ពួកគេ ដើម្បីឱ្យពួកគេអាចចូលរួមក្នុងប្រតិបត្តិការដោះដូរ ដើម្បីទទួលបានប្រាក់កាស និងផលប្រយោជន៍ដែលពួកគេប្រាថ្នាចង់បាន ហើយដើម្បីឱ្យពួកគេអាចគ្រប់គ្រងសេរីភាពនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ក្នុងការអាន ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ គឺជាមនុស្សអាក្រក់ ជាពួកអារក្ស និងជាពួកអ្នកមិនជឿ។ ពួកគេគឺជាប្រភេទនៃពួកអ្នកគ្មានជំនឿ! អ្នកណាដែលលេចឡើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គួរតែត្រូវបានបណ្ដេញចេញ បណ្ដេញចេញជារៀងរហូត! តើអ្នករាល់គ្នាហ៊ានបដិសេធមនុស្សបែបនេះដែរឬទេ នៅពេលអ្នករាល់គ្នាជួបប្រទះពួកគេ? តើអ្នករាល់គ្នាហ៊ានរួបរួមគ្នា និងលាតត្រដាងពួកគេដែរឬទេ? ពួកគេគួរតែត្រូវបានលាតត្រដាង។ ពួកគេគួរតែត្រូវបានបដិសេធ។ ដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានសោយរាជ្យដោយសេចក្ដីពិត។ ប្រសិនបើអ្នកមិនមានកម្ពស់បែបនេះទេ វាបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត មិនទាន់បានក្លាយជាជីវិតនៅខាងក្នុងអ្នកឡើយ។ ប្រសិនបើអ្នកជាមនុស្សកំសាក ខ្លាចពួកសាតាំង ខ្លាចមនុស្សអាក្រក់ ដោយសុខចិត្តធ្វើការសម្របសម្រួលដើម្បីការពារខ្លួន ជាជាងប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីជាវាមានន័យថាមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនទទួលបានព្រះបន្ទូលទាំងនោះក្ដី នោះអ្នកសមនឹងស្រេកឃ្លានដល់ស្លាប់ ហើយនឹងគ្មាននរណាម្នាក់អាណិតអ្នកឡើយ ប្រសិនបើអ្នកស្លាប់នោះ។ ប្រសិនបើអ្នករាល់គ្នាជួបប្រទះស្ថានភាពបែបនេះ តើអ្នករាល់គ្នាគួរជ្រើសរើស និងអនុវត្តដោយរបៀបណា? អ្នករាល់គ្នាគួរតែលាតត្រដាងពួកគេភ្លាមៗ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាទំនិញទេ។ ព្រះបន្ទូលទាំងនោះត្រូវបានផ្គត់ផ្គង់សម្រាប់រាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ព្រះបន្ទូលទាំងនោះមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់បុគ្គលណាម្នាក់ឡើយ។ គ្មាននរណាម្នាក់មានសិទ្ធិលាក់ទុក ឬកាន់កាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ខ្លួនឯងឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គួរតែត្រូវបានចែកចាយដោយឥតគិតថ្លៃ និងដោយគ្មានសំណង ដល់រាស្ដ្ររើសតាំងទាំងអស់ដែលដើរតាមព្រះជាម្ចាស់។ អ្នកណាដែលលាក់ទុកព្រះបន្ទូលទាំងនោះ ស្វែងរកការទាញយកប្រាក់ចំណេញហួសហេតុដោយមិនត្រឹមត្រូវពីព្រះបន្ទូលទាំងនោះ ឬមានផែនការផ្ទាល់ខ្លួនទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺស័ក្ដិសមនឹងរងបណ្ដាសាហើយ។ ពួកគេគឺជាបុគ្គលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែក្រោកឈរឡើងដើម្បីលាតត្រដាង និងបដិសេធ ហើយពួកគេគួរតែត្រូវបានបោសសម្អាតចេញ និងកាត់ចេញ។
តើចំណុចទាំងពីរដែលខ្ញុំបានប្រកបគ្នានៅថ្ងៃនេះ បង្ហាញយ៉ាងគ្រប់គ្រាន់ពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (មែនហើយ។) ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនថ្នាក់ថ្នម មិនឱ្យតម្លៃ ឬមិនប្រព្រឹត្តចំពោះព្រះបន្ទូលទាំងនោះ ដូចជាព្រះបន្ទូលរបស់ព្រះអាទិករដែរ។ ផ្ទុយទៅវិញ ពួកគេបង្ហាញពីចេតនាដែលមិនអាចនិយាយបាន គួរឱ្យស្អប់ខ្ពើម និងថោកទាបរបស់ពួកគេនៅគ្រប់ជំហាន។ ពួកគេចង់តែប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្រេចគោលដៅដែលមិនអាចនិយាយបានរបស់ខ្លួនប៉ុណ្ណោះ ហើយមិនថាទាក់ទងនឹងរបស់ខាងសម្ភារៈ ឬមិនមែនសម្ភារៈក្ដី ក៏ពួកគេចង់ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទាញយកប្រាក់ចំណេញដោយមិនត្រឹមត្រូវសម្រាប់ខ្លួនពួកគេ ដើម្បីទទួលបានប្រាក់កាស និងរបស់ខាងសម្ភារៈ ឬដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការធ្វើឱ្យមនុស្សបញ្ជោរ គោរពកោតសរសើរ គោរពបូជា និងដើរតាមពួកគេ។ រឿងទាំងនេះគឺគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ ហើយគួរតែត្រូវបានមនុស្សបដិសេធ។ នៅពេលណាក៏ដោយដែលនរណាម្នាក់រកឃើញបុគ្គលបែបនេះ ឬរឿងបែបនេះកំពុងកើតឡើង គេគួរតែក្រោកឈរឡើងដើម្បីលាតត្រដាង និងបដិសេធមនុស្សទាំងនោះ ដោយរារាំងបុគ្គលបែបនេះមិនឱ្យឈរយ៉ាងរឹងមាំក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ អ្នកខ្លះនិយាយថា ពួកគេនឹងរាយការណ៍ពីរឿងនេះទៅខាងលើ ប្រសិនបើពួកគេជួបប្រទះរឿងទាំងនេះ ប៉ុន្តែការធ្វើបែបនោះគឺអសកម្ម និងយឺតយ៉ាវពេកហើយ។ ប្រសិនបើអ្នកគ្រាន់តែរាយការណ៍ពីរឿងទាំងនេះទៅខាងលើ នោះអ្នកពិតជាគ្មានតម្លៃទាល់តែសោះ! អ្នកបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើន និងបានស្ដាប់ឮសេចក្ដីអធិប្បាយយ៉ាងច្រើន ប៉ុន្តែអ្នកដឹងត្រឹមតែការរាយការណ៍ប៉ុណ្ណោះ នេះមានន័យថា កម្ពស់របស់អ្នកគឺតូចទាបពេកហើយ! ប្រាកដណាស់ថា អ្នកមានវិធីសាស្ត្រផ្សេងទៀតដើម្បីប្រព្រឹត្តចំពោះពួកទទឹងនឹងព្រះគ្រីស្ទ តើមែនទេ? ការរាយការណ៍ទៅខាងលើ គឺជាជម្រើសចុងក្រោយ ជាជំហានដែលត្រូវធ្វើឡើងតែនៅពេលចាំបាច់បំផុតប៉ុណ្ណោះ។ ប្រសិនបើអ្នកមានគ្នាតិចជាង ចាញ់ប្រៀបគេ និងខ្វះការញែកដឹង ហើយមិនប្រាកដថាបុគ្គលណាម្នាក់ជាអ្នកទទឹងនឹងព្រះគ្រីស្ទឬអត់នោះ អ្នកប្រហែលជាមិនហ៊ានលាតត្រដាងពីការបង្ហាញចេញ និងទង្វើផ្សេងៗរបស់គេឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកប្រាកដថាគេគឺជាអ្នកទទឹងនឹងព្រះគ្រីស្ទ ហើយនៅតែមិនហ៊ានក្រោកឈរឡើងដើម្បីប្រយុទ្ធប្រឆាំង បដិសេធ និងយកឈ្នះលើគេទៀត តើអ្នកមិនមែនជាមនុស្សគ្មានតម្លៃទេឬ? សេចក្ដីពិតបន្តិចបន្តួចដែលអ្នកយល់ មិនត្រូវបានយកមកប្រើប្រាស់ឡើយ។ តើអ្នកប្រាកដទេថា អ្វីដែលអ្នកយល់ និងស្ដាប់ឮ គឺជាសេចក្ដីពិតនោះ? ប្រសិនបើជាសេចក្ដីពិតមែន ហេតុអ្វីបានជាអ្នកមិនហ៊ានក្រោកឈរឡើងយ៉ាងម៉ឺងម៉ាត់ និងយ៉ាងសុចរិត ហើយប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទ? ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជាអាជ្ញាធរគ្រប់គ្រងរដ្ឋឯណា តើអ្នកខ្លាចពួកគេធ្វើអ្វី? លើកលែងតែមានស្ថានភាពមួយដែលពួកគេអាចប្រគល់អ្នកទៅឱ្យអាជ្ញាធរ ប្រសិនបើអ្នកលាតត្រដាងពួកគេដោយតក់ក្រហល់ ក្នុងកាលៈទេសៈនោះ អ្នកគួរតែប្រុងប្រយ័ត្ន កុំញុះញង់ពួកគេ ហើយប្រើប្រាស់វិធីសាស្ត្រប្រកបដោយប្រាជ្ញា ដើម្បីរិះគន់ និងធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទបាត់បង់កិត្តិយសដោយស្ងាត់ៗ ដោយជម្រុះពួកគេចោលបន្តិចម្ដងៗ។ តើការជម្រុះពួកគេចោលដោយស្ងាត់ៗ មិនអស្ចារ្យជាងទេឬ? (មែនហើយ។) ល្អហើយ ការប្រកបគ្នានៅថ្ងៃនេះមានតែប៉ុណ្ណឹងទេ។ លាហើយ!
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០